រូបខ្មៅស្រអាប់ – Meysansotheary

រឿង៖ រូបខ្មៅស្រអាប់ ភាគ៣២ (ភាគបញ្ចប់)
Roy នៅអង្គុយឈ្ងោកសម្លឹងឥដ្ឋ។

«ធីតា! ក្រៅពីរកអធិការនោះនិងប្អូនប្រុសគេមិនឃើញ ដំណើររឿងទាំងមូលចប់ហើយ!» ហ្សឺឌី​ខ្សឹប​តិច​ៗក្នុងលក្ខណៈជាមនុស្ស​យល់ចិត្តគ្នា។

សម្តីនេះ ធ្វើឱ្យនាងបែរមករកនាយ​ហើយចាប់ដៃនាយទាំងសង។ ​កាយវិការនេះ ក្រៅពីធ្វើឱ្យសាមីខ្លួនខាងប្រុស​រីកថ្លើម អ្នកស្រីAnn ចាប់ផ្តើមចាកចេញ ឯRoy ក៏ក្រោកយឺតៗតាមដែរ។

មុនចេញ​គេនិយាយផ្តាំមិត្ត៖

«និយាយជាមួយ​ហ្សឺឌីក៏ល្អ! ចាំគេពន្យល់ឱ្យយល់រឿងទៅ! ហើយកុំភ្លេចសម្រាកឱ្យច្រើនផង!»

នាង​នៅស្លឺពេលពួកគេសណ្តាក់គ្នា​រំសៀកខ្លួនគេចចេញ។ ដៃស្រីលែងសន្សឹមៗពីបុរសដោយលើកជង្គង់ឡើងហើយសាកល្បងជើងរបស់ខ្លួន។

«ជើងខ្ញុំកម្រើកបានវិញហើយ?!» នាង​ថាទាំងអំណរ​ដាក់កែវភ្នែកស្រទន់របស់នាយ។

កម្លោះទំនើបស្អាតបាតរូបនេះ យល់ន័យរបស់ RoyនិងAnn។

«យើងរកឃើញបងឧត្តមហើយ!»

សម្តីគេខ្សឹបតិចសែនតិចៗ…..ប៉ុន្តែដូចរន្ទះបាញ់ចំពីមុខនាង​។

ថាទោះបីបានសន្លប់នៅផ្ទះប៉ាស្រីភា ក្រោយមកនៅគ្លីនិក រួចធ្លាក់ដល់រូងក្រោមដី ប៉ុន្តែប្រាកដជានាង​នៅមាន​បញ្ញា​ថ្លឹងថ្លែងអ្វីៗទាំងនេះបាន។

«មនុស្សស្រីដែលមានសម្បុរសស្លេកស្លាំងស្លៀកខ្មៅធីតាឃើញនោះ សង្ស័យថាជាសម្ភស្ស ​កូនស្រី​របស់តាសំភិន!»

នាង​បើកភ្នែកមូលក្លំសម្លឹងអ្នករៀបរាប់។

«មិញ ហ្សឺឌីថា​រកបងខ្ញុំឃើញ?!»

នាង​មិនចាប់អារម្មណ៍នឹងរឿងផ្សេងទេ។ បុរសងក់ក្បាល។

ស្រីស្អាត​រលីងរលាងទាំងមាត់ញញឹម៖

«ជូនខ្ញុំទៅរកបងខ្ញុំ!»

ហ្សឺឌីដកដង្ហើមវែងៗពន្យល់៖

«តិចទៀតសិន! គេមិនអីទេ គេមានបងចរិយានៅមើលហើយ!»

ឃ្លារបស់គេ បាន​បញ្ជាក់ច្បាស់លាស់​ហើយ​ថា បួនខែមកនេះបងប្រុសជីដូនមួយរបស់នាងមិនបានស្លាប់ទេ។

ទាំងញញឹម​ពព្រាយ ធីតាសាជាថ្មីនឹកឃើញដល់ មនុស្សស្រីម្នាក់នោះ នាង​ខ្សឹបសួរហ្សឺឌី៖

«ពាក់ព័ន្ធនឹងមនុស្សស្រីដូចខ្មោចដែលខ្ញុំឃើញហើយសន្លប់?»

ហ្សឺឌីងក់ក្បាលហើយរៀបរាប់យឺតៗខ្សឹបៗ៖

«Ann មានទូរសព្ទរបស់តាសំភិន! ទីបំផុតកូនគាត់នៅក្រោមដីខលមក! មិនដឹងឪពុកខ្លួនស្លាប់ទេ! ​ស្រីនោះគិតថា តានោះខឹងបានជាមិនមក!»

«ខឹង?» ធីតាសួរកាត់ ក្នុងចិត្ត​នឹកឃើញ​តែនារីស្លេកអាវខ្មៅដែលចេញមករហ័ស​ដូចវិញ្ញាណក្នុងច្រកងងឹតលេណដ្ឋាន។

ហ្សឺឌីនិយាយបកស្រាយ៖

«អំពីចិញ្ចៀនរៀបការនោះ! ​សំភិនបានខឹងកូនស្រីគាត់ ​ដែលលាក់ខ្លួនជាមួយចំណាប់ខ្មាំង តែបាន​ទៅបញ្ជាទិញរបស់មានតម្លៃដោយ​ប្រើ​ Account​ បងឧត្តម! គឺនាងនោះ​ចាញ់ពាក្យលួងលោមរៀបការ​របស់ឧត្តម ​តាមពិតបងប្រុស​របស់ធីតាចង់ឱ្យសញ្ញាមកប្រពន្ធខ្លួនឱ្យដឹង! តាសំភិនទើបនឹង​បានដឹងពីរឿង​បញ្ជាទិញរបស់នេះ គាត់សង្ស័យថាជាអន្ទាក់ ទើបយប់នោះផ្ញើសារចេញទៅពេទ្យសានឱ្យជិះ​ទៅភ្នំពេញរកវិក័យបត្រនៅផ្ទះចាស់បឹងកេងកង។»

ធីតារេភ្នែកគិតយ៉ាងរហ័សរហួន តាមពិតរឿងរ៉ាវគឺជាព្រហ្មលិខិត។ មនុស្សស្រីឈឺម្នាក់នោះបាន​ចាញ់បោក រឿងបញ្ជាទិញចិញ្ចៀនថ្លៃកប់ពពក​ទើបគ្រប់យ៉ាង​ចេញក្រឡាសារ។

វិក័យបត្រមួយនោះ ជួយបានច្រើនណាស់ក្នុងសំណុំរឿងនេះ។

ហ្សឺឌីនិយាយបន្ថែម៖

«កូនស្រីគាត់ ឆ្លេឆ្លារកឪពុកដែលបាត់ដំណឹង​! នាងអស់ថ្នាំ ហើយទាក់ទងមក!   ដូច្នេះយើងក៏ចាប់ផ្ដើមស្វែងរកវិធីដើម្បីបញ្ចប់រឿង! បងចរិយាថា ធ្លាប់ឃើញមនុស្សស្រីឡើងមកលេងសួន យើងក៏ប្រើមធ្យោបាយហៅក្មេងស្រីនេះថា ​ឱ្យឡើងមកជួបប៉ានៅកន្លែងចាស់ក្បែរស្ពាន! មើលទៅនាង​ជាមនុស្សដែលមិនសូវមានការគិតជ្រៅវែងឆ្ងាយអ្វី! ដោយ​មិនបានគិតអ្វីទាំងអស់ហើយគ្មានល្បិចល្បង នាងស្តាប់តាមឪពុកនាំប្តីឡើងមកទាំង​ច្រវាក់ជើង។»

«គេដាក់ច្រវាក់គាត់?!»

នាង​ភ្លាត់មាត់ទាំងអួលអាក់។

ហ្សឺឌី​ទម្លាក់ភ្នែក​ដោយទោមនស្សហើយនៅស្ងៀមកំដរនាង​សោយសោក។

​ធីតា​យល់ហើយថាអ្នកនៅខាងក្រៅ គឺម៉ៅនិងធឿន មកឈររេរាក្បែរៗបានន័យ​ថា បងនាង​កំពុងព្យាបាលក្បែរៗនេះ។

«ឥឡូវនេះ​យើងកំពុង​តែ​នៅរតនគិរីឬភ្នំពេញ?!»

«ភ្នំពេញ!»

គេឆ្លើយ។

វគ្គទី៤៧

កំណត់ហេតុជូនពូ

១៦ខែក្រោយមក…..

ធីតាបានចូលបម្រើការក្នុងអង្គភាពសារព័ត៌មាន​ថ្មីមួយ។ អត្ថបទដំបូងគេ​របស់នាងប្រចាំ​សប្តាហ៍​នេះ​គឺ ​«កំណត់ហេតុជូនពូ»។

…..ជូនពូវុទ្ធី…..

បើគ្មានរូបថតរបស់ពូ សំណុំរឿងនេះប្រហែលស្មុគពេកហើយ ក្នុងការ​បំបែកចេញ​តាមវិធីធម្មតា​ៗ។

ខ្ញុំគួរតែចាប់ផ្ដើមសរសេរ ចាប់ពីពេលដែលពូ​កើតគំនិត​សង្ស័យពីរឿងបាត់ខ្លួនរបស់បងឧត្ដម និងមនុស្ស​ជិតដិតក្នុងផ្ទះ​ រហូតដល់ពេលមួយ​ដែលពូតាមដានដឹង ពីទំនាក់ទំនងមិនប្រក្រតី​រវាងអ៊ំសំភិន ជាមួយនឹងជំនួយការវណ្ណរីម្នាក់នោះ។

តាមពិតពូសង្ស័យត្រូវណាស់! ពួកគេបានត្រូវរ៉ូវគ្នាមកតាំងពីដំបូង ដើម្បីរៀបគម្រោងនៅក្នុងការចូលមកនៅកៀកនឹងខ្លួនពូ។​ ពីរនាក់នេះបានស៊ើបរកអ្វីៗសព្វបែបទាក់ទងនឹងពូ និងគ្រួសារយើង រហូត​ឈានទៅដល់ការផ្សំគំនិតគ្នា នៅក្នុងការចាប់ខ្លួនបងឧត្តមបានសម្រេច។​ គាត់ត្រូវ​គេ​យកទៅបង្ខាំងឱ្យ ទៅរស់នៅជាមួយនឹងកូនស្រីពិការម្នាក់ដែលមិនអាចឃើញពន្លឺថ្ងៃបាន។​ តាចាស់នោះ បានយកលេសលើពាក្យសន្យាចាស់ ដោយមិនបានគិតអំពី ការពិតជាក់ស្ដែងដែលបងឧត្តមមានភរិយាជាមនុស្សគាត់ស្រលាញ់ដោយបេះដូងហើយនោះទេ។

ចំណែកវណ្ណរីម្នាក់នោះវិញ ហេតុតែជាមនុស្សមិនដឹងគុណទោស បានស្ម័គ្ររួមដៃជាមួយនឹងគាត់ ធ្វើអ្វីៗជាច្រើន​បង្កចលាចល​នៅក្នុងផ្ទះក្រអូប ឱ្យគ្រប់គ្នាខឹងទាស់ទៅជាបំណែកៗ។

នៅពេលម្នាក់ស្រីនោះមានផ្ទៃពោះជាមួយនឹងអ៊ំចាស់ចិត្តមារម្នាក់នោះហើយ ពូបានដឹងការសម្ងាត់អប្រិយ​ពួកគេ ហើយបានទៅរករឿងពួកគេ បែរជាអ៊ំសំភិនមកនិយាយបំភាន់ប្រាប់ខ្ញុំថា ថ្ងៃនោះគឺពូទៅនិយាយនឹង​គាត់ ព្រោះខឹង និងបានបណ្តេញ​វណ្ណរី។

ឆ្លៀតពេលរឿងឈានដល់ ពូចាប់បានទំនាក់ទំនងពួកគេ ការធ្វើឃាតលើជណ្តើរបាក់បាន​ត្រូវគេរៀបចំឡើង។ បន្ទាប់មក គេបាន​ភ្ជាប់ការស្លាប់របស់ពូទៅនឹងការឈ្លោះជាមួយវណ្ណរីទៅវិញ។ មានន័យថា សូម្បីតែមនុស្សស្រីម្នាក់នោះក៏ត្រូវបានថាសំភិនបោកមកប្រើប្រាស់ដែរ។ ដូច្នេះពូកុំតូចចិត្តអី អ៊ំសំភិននេះ មិនបានស្រឡាញ់វណ្ណរីផង នៅតែអាចរួមរស់ជាមួយគាត់រហូតដល់មានផ្ទៃពោះហើយចុងក្រោយក៏ខ្ចីដៃពេទ្យសាន​ទៅសម្លាប់គាត់បន្តទាំងម្តាយទាំងកូន។

និយាយពីពេទ្យសានម្នាក់នេះ គេនេះ  មានជំងឺអភ័ព្វតាំងពីកំណើត  មិនខុសអ្វីពីកូនស្រីរបស់អ៊ំសំភិន មិនសមណាថា អ៊ំសំភិនមិនចេះអាណិតអាសូរក្មេង។ ចាប់ពីស្គាល់គេ ក្រៅពី​មិនព្រមព្យាបាលឱ្យជា ថែមទាំងមិនឱ្យដំណឹងដល់គ្រួសារនិងបងប្រុសគេថាមើលមិនបាន ដោយទុកឱ្យគេមានជំងឺស្ពឹកស្រពន់ឈឺចាប់រហូតដល់សរសៃប្រសាទខូច ការគិតមានលក្ខណៈខុសពីមនុស្សធម្មតា មើលពីក្រៅឆ្លាតវាងវៃ អាចយល់ការរាក់ជ្រៅគ្រប់យ៉ាង តែការគិតរបស់គេសុទ្ធតែជារឿងអវិជ្ជមាន។ គេបានយល់ព្រមក្លាយទៅជាកញ្ជះនៃការចូលរួមជាមួយនឹងអ៊ំនោះ ក្នុងការធ្វើឱ្យបាក់បង្កាន់ដៃដោយចេតនា ព្រមទាំងផ្សារភ្ជាប់ដោយកាវបំភាន់ភ្នែក ហើយបោកប្រាស់ទូរសព្ទទៅពូ ហើយពូក៏បានឡើងទៅផ្អែកទីនោះតាមទម្លាប់ បន្ទាប់មកបាក់ជំហ​ររអិល ដួលស្លាប់នៅកណ្ដាលចំណោមមនុស្ស។

ពេទ្យសានបានក្លាយទៅជាកូនអុកដ៏សំខាន់ សម្រាប់ឱ្យបងប្រុសរបស់គេដែល​ជាប៉ូលិស ព្រមបិទចោលនូវរឿងដ៏អាស្រូវនៅក្នុងផ្ទះរបស់យើង ព្រោះពេទ្យសាន នៅតែសង្ឃឹមថាថ្ងៃណាមួយតាចាស់អាចនឹងព្យាបាលជើងរបស់គេ រំងាប់ចោលការឈឺចាប់ជារៀងរាល់យប់ចេញ។

នៅពេលចុងក្រោយបំផុត ដែលគេបានស្មាន​ដឹងថា គ្រប់យ៉ាងគឺជាសេណារីយ៉ូនៃ មនុស្សចាស់ អសិរពិសម្នាក់នេះ ពេទ្យសានចាប់ផ្តើមបង្វែរកំហឹងរបស់គេទៅជាគំនុំសងសឹក សាហាវ និងជាសម្ងាត់ បង្កើតឡើងជាបញ្ហាបន្ថែម​ ច្រើនលើសលប់ នាំទុក្ខទាំងបងប្រុសឱ្យបកក្រោយ​លែងរួច។

អធិការ​ភារម្យ គេជាមនុស្សល្អគួរឱ្យសោកស្ដាយ ត្រូវបាន​ចូលរួមក្នុងឧក្រិដ្ឋកម្មនេះ​ដោយមិនដឹងខ្លួន និងពិបាក​គេចចេញ។

និយាយពីជំទាវវត្តីភរិយារបស់ពូ  នៅពេលដែលពេទ្យសានចាប់ផ្តើមបង្វែរទិសមកសងសឹក  អ៊ំ​សំភិន​ ដោយសារដឹងអំពីចិត្តមិនស្មោះរបស់តាចាស់ម្នាក់នោះ ថាជាប្រភេទមនុស្សអាត្មានិយមគិតតែគោលដៅខ្លួនឯងមិនរក្សាសន្យា ថែមទាំងទាញខ្លួនគេនិងបងប្រុសគេ ឱ្យជាប់នៅក្នុងឧក្រិដ្ឋកម្មដែលគេគ្មានបំណង ពេទ្យសានបានផ្តើម​ទម្លាក់ នូវដានស្នាមភស្តុតាងមួយចំនួន ឱ្យជំទាវមីងដឹង អំពីប្រវត្តិសាវតាររបស់តាសំភិន  រហូតដល់អ្នកមីងបានទៅស្រាវជ្រាវដល់កន្លែងដើម ហើយដឹងច្បាស់ឡើងៗ  អំពីទំនាក់ទំនងរវាងរឿងចាស់ និងការពង្រត់បងឧត្ដម។

នៅថ្ងៃដែលពេទ្យសាន​ដឹងថា ​តាចាស់បានណាត់ជួបនៅបឹងយក្ខឡោមជាមួយជំទាវមីង គេក៏ចាប់ផ្ដើមប្រើលេស ប្រើវិធីបញ្ចូលថ្នាំជាតិស្ពឹកសងសឹកទៅលើបុរសចំណាស់ ដែលកាលពីជាងម្ភៃឆ្នាំមុនធ្លាប់សន្យាថានឹងព្យាបាលគេឱ្យជាពីជំងឺនេះ។ ដោយសារតែអ៊ំកំណាចនោះ​មិនដែលនឹកស្មានថា ជើងខ្លួនដែលធ្វើពុត​ ដល់មែនទែន​បែរជាស្ពឹក​មិនអាចហែលទឹករួចគាត់បានស្លាប់ព្រោះហក់ទៅក្នុងទឹក។

តានេះស្លាប់បាត់បង់ជីវិតទៅ ក្នុងគម្រោង​ដែលពេទ្យសានសង្ឃឹមថា ការស្លាប់នេះនឹងក្លាយទៅជា ការដាក់បន្ទុកមួយថ្មីផ្នែកព្រហ្មទណ្ឌទៅលើភរិយារបស់ពូ និងបញ្ចប់គ្រប់យ៉ាង​រវាងគេនិង​តាចាស់នោះ​ទៅតាមការស្លាប់ទាន់ហន់ គេមិននឹកស្មានថា បងអានដែលជាអ្នកស៊ើបរបស់ខ្ញុំ បានទុកទូរសព្ទហើយថែមទាំងមានភស្តុតាងផ្សេងទៀត នៅក្នុងការការពារជំទាវមីងពីអន្ទាក់របស់គេ។ រឿងដែលខ្ញុំ អាក់អន់ស្រពន់ចិត្តខ្លួនឯង និងខាតពេលវេលា គឺខ្ញុំនេះដែលមិនដឹងអំពីអត្ថន័យពិតនៃរូបពូទុកឱ្យក្នុងម៉ាស៊ីនថត រហូតដល់បានជួបហ្សឺឌីដែលគេជាអ្នកជំនាញខាងនេះ គេបានចាប់ផ្តើមរកវាឃើញ ក៏ជារូបដែលអ្នកបងចរិយាបានរកឃើញនៅក្នុងបន្ទប់អ៊ំសំភិន​កាលគាត់នៅរស់។

បងចរិយាគឺជាមនុស្សស្រីដែលមានភក្តីមុះមុតចំពោះសេចក្ដីស្នេហារហូតមក។ គាត់មិនដែលបញ្ឈប់ការរុករក ការស្វែងរកព័ត៌មាន និង​វិភាគទៅលើបញ្ហា ដែលនាំទៅដល់ការបាត់ខ្លួនរបស់ប្តីគាត់ឡើយ​។  គាត់ថែមទាំងនឹកឃើញដល់សម្តីរបស់បងឧត្តម ដែលធ្លាប់និយាយអំពីអតីតកាលនៃការភ្ជាប់ពាក្យលេងសើចជាមួយនឹងកូនស្រីរបស់អ៊ំសំភិន។

ដូចឈាមស្រែកស្បែកហៅ បងចរិយាបានឃើញផ្ទាល់ភ្នែកនូវ​ទិដ្ឋភាព មនុស្សស្រីម្នាក់រត់លេង កណ្តាលយប់ស្ងាត់ក្បែរស្ពានយោល។

នៅពេលគាត់មិនបោះបង់ចោល ​ហើយបានផ្សារភ្ជាប់រឿងទាំងអស់នោះចូលគ្នាជាគន្លាក់ៗ ថែមទាំងបានចំណាយលុយកាក់នៅក្នុងការរកមនុស្សមកជួយថែមជាដៃជើងសម្រាប់តាមដាន ស្វែងរកការពិតនៅក្រោយរឿងចម្លែកៗនៅក្នុងផ្ទះក្រអូបរបស់យើង អ្វីៗលែងពិបាកយល់ហើយ។

រឿងដ៏អស្ចារ្យមួយ គឺបងចរិយានិងបងឧត្ដមបានព្រមព្រៀងគ្នាតាំងពីមុនមកថា ពួកគេបានបង្កើត គណនេយ្យសម្ងាត់មួយដែលទោះបីថា មានរឿងអ្វីកើតឡើងពួកគេនឹងមិនបិទវាទេ ប្រសិនបើAccountនេះត្រូវបានដកលុយប្រើ មានន័យថា អ្នកណាម្នាក់ក្នុងចំណោមពួកគេឱ្យសញ្ញាមកដៃគូថា ខ្លួនកំពុងមាន​គ្រោះថ្នាក់ ឬត្រូវបានមនុស្សអាក្រក់ចាប់ជំរិតចាប់បង្ខំឱ្យចេញសែក។ ដោយសារបែបនេះ បានជានៅក្នុងដីរយៈពេលជាងបួនខែ បងឧត្តម​បាន​ព្យាយាមរកគ្រប់វិធីនៅក្នុងការលួងលោមមនុស្សស្រី កូនរបស់អ៊ំសំភិនឱ្យប្រើប្រាក់ដែលគាត់ចេញសែក។

ហេតុតែម្នាក់ស្រីនោះជាមនុស្សមិនយល់ការរាក់ជ្រៅ រស់នៅឆ្ងាយពេកពីសង្គមមនុស្ស មានភាពមិនធម្មតានៅក្នុងការគិត ហើយជាខ្សែញាក់របស់ឪពុកខ្លួនជាច្រើនឆ្នាំមកហើយ ចិត្តនាងរំភើបចង់បានបងឧត្តមជាស្វាមីពេក បាន​ព្រមឱ្យបងឧត្តមបោកប្រើ ដោយជ្រើសវិធីថានឹងទិញចិញ្ចៀនគូ មកភ្ជាប់ពាក្យជាមួយគ្នា។

ដោយសាររឿងនេះធ្លាយដល់ឪពុកកំណាច អ៊ំសំភិន​ចាប់ផ្តើមមានអារម្មណ៍ថា ហេតុភេទមិនល្អនឹងកើតមានឡើងតាមរយៈសែកនោះ ព្រោះតាមធម្មតាមនុស្សម្នាក់ដែល​បានបាត់ខ្លួនទៅ មានការផ្សព្វផ្សាយទូទាំងប្រទេស ហេតុអីអាចភរិយា​ប្រើអាខោនធនាគារចាស់ចាយលុយមួយគំនរ​បាន​។ គាត់បានចាប់គេឱ្យតាមដានជំទាវចរិយាជានិច្ច ចុងក្រោយគាត់បានដឹងថាជំទាវនេះមានវិក័យបត្រនៅក្នុងដៃ។

គាត់បានស្ដីបន្ទោសកូនស្រីជាខ្លាំង ហើយលែងទៅជួបនាងជាការព្រមានកុំឱ្យថ្ងៃក្រោយនាងធ្វើអ្វីមិនស្ដាប់គាត់។  ដោយសារតែអន់ចិត្តនាងបានព្យាយាមសម្លាប់ខ្លួន ទើបធ្វើឱ្យឪពុកទ្រាំមិនបានព្រមចេញ​ទៅយកចិញ្ចៀនគូដែលផ្ញើមកនោះ ដោយប្រើប្រាស់ពេទ្យសាន។

នៅយប់មួយ ដែលខ្ញុំបានសង្ស័យដោយសារឃើញបងចរិយាជួបជាមួយមនុស្សប្រុសម្នាក់ ខ្ញុំបានរត់ចេញនៅក្នុងសួនច្បារ ដើម្បីស្វែងរកតម្រុយ ខ្ញុំស្មានថា ជាម៉ៅឬក៏ធឿន ដែលជាមនុស្សខ្ញុំមិនចូលចិត្តតាំងពីដំបូងមក ប៉ុន្តែតាមពិត ខ្ញុំបានជួបពេទ្យសានហើយមិនបានសង្ស័យ​សូម្បីតែបន្តិចណាថាគេនោះហើយ ដែលតែងតែលឹបលមើលខ្ញុំនៅឯចង្ក្រានបាយរាល់ការនិយាយរបស់ខ្ញុំជាមួយជំទាវមីង ឬក៏អ្នកបងចរិយាក្ដី។ គេមិនដែលឱ្យរំលងពីភ្នែកត្រចៀកឡើយ។  គេដដែលនេះដែលបានទទួលសារពីអ៊ំសំភិន អំពីផ្ទះចាស់របស់យើងនៅសង្កាត់បឹងកេងកង។ ដូច្នេះហើយដោយសារតែអ្នកស្រីអានបានឱ្យប្រដាប់ Tracking មួយ ខ្ញុំក៏បានប្រើវាភ្លាមៗ ហើយចាប់សារពួកគេបានមួយឃ្លាខ្លី។

នៅថ្ងៃបន្ទាប់ខ្ញុំបានសម្រេចចិត្ត ចេញទៅផ្ទះចាស់របស់យើងនៅភ្នំពេញ នៅទីនោះខ្ញុំបានតាមទាន់មនុស្សប្រុសស្លៀកខ្មៅពាក់ខ្មៅ ដែលតាមពិតខ្ញុំគួរ​គិតថាជាពេទ្យសាន។

ពូអើយ! នេះហើយខ្ញុំ ក្មួយពូ! មនុស្ស​ដែលមានចរិតសុភាពៗ មានចំណេះជំនាញ​ ខ្ញុំមិនដែលសង្ស័យអ្វីបន្តិចណាលើគេ ​ខ្ញុំសង្ស័យតែលើពួកអ្នកបម្រើ មនុស្ស​រូបមិនល្អ​មុខកាចៗ ប្លែកៗ ដែលតាមពិត​ គ្នាត្រង់ល្ងង់ និងមាន​សកម្មភាពភ័យៗ។ នេះជាមេរៀនដ៏សំខាន់សម្រាប់ជីវិតទៅមុខរបស់ខ្ញុំ។

ពេទ្យសាន​បាន​ធ្វើតាមបញ្ជារបស់អ៊ំសំភិន ជិះមកតាមរកវិក័យបត្រដែលបងចរិយាបានលាក់។ សំណាងល្អ ពួកគេមិនដែលស្គាល់កន្លុកកន្លៀត  ដឹងថាកន្លែងណា ពួកយើងទម្លាប់លាក់របស់កាលពីនៅក្មេង ថែមទាំងលេងបិទពួនរត់ចុះរត់ឡើងឆ្លងពីបន្ទប់មួយទៅបន្ទប់មួយបាន។ ចុងក្រោយ ដោយសារចង់ឱ្យ បងចរិយាស្លាប់បំបិទមាត់ តាចាស់នោះក៏បានបំភាន់ម៉ៅ ដោយការផ្តើម​សេណារីយ៉ូ សម្លាប់ម្ដាយរបស់គេជាមុន។ នៅចំថ្ងៃដែលខ្ញុំវិលមករតនគិរី ល្ងាចនោះខ្ញុំត្រូវសន្លប់ហើយ​បាន ភារម្យនាំយកទៅសម្រាក នៅក្នុងប៉ុស្តិ៍ធ្វើការរបស់គេ។ ចិត្តខ្ញុំតាមពិតចង់តាមដានទូរស័ព្ទរបស់គេ ដោយប្រើប្រព័ន្ធដែល Ann ឱ្យមកខ្ញុំ តែខ្ញុំមិនដាច់ចិត្តធ្វើការតាមដានទៅលើមនុស្សដែលខ្ញុំមើលទៅឃើញថា ពិតជាមនុស្សល្អម្នាក់។

តានោះ បានរង់ចាំក្រោយពេលដែលខ្ញុំបានណាត់បងចរិយាចេញទៅសួរនាំរឿងវិក័យបត្រនោះ ហើយខ្ញុំបានទៅជួបម៉ៅនៅវត្ត​ដើម្បីសួរនាំការពិតផង ទើបចាប់អ្នកទាំងពីរក្នុងពេល ជាមួយគ្នាដោយល្បិចគម្រក់របស់គាត់ ហើយចង់ទម្លាក់កំហុសទាំងអស់មកលើខ្ញុំ ដើម្បីឱ្យអធិការភារម្យចាប់ខ្ញុំ។ សូម្បីតែក្រយៅដៃខ្ញុំនៅលើចានម្នាស់ទឹកឃ្មុំ ក៏គេយកទៅដាក់ផ្លុងនៅក្នុងផ្ទះបងវណ្ណរីបាន។ អធិការភារម្យដ្បិតតែបានលាក់បាំងនូវរឿងជាច្រើន ដើម្បីរារាំងការចាប់ទោសអូសដំណើរប្អូនប្រុសរបស់គេ ប៉ុន្តែគេនៅតែដៃម្ខាងទៀតការពារសុវត្ថិភាពរបស់ខ្ញុំ រហូតដល់ពេលម៉ៅបានដឹងខ្លួន ហើយសារភាពប្រាប់ពីរឿងអាថ៌កំបាំងនៃការដើរបានរបស់អ៊ំសំភិន ហើយបងអាននិងJoe ដែលជាអ្នកស៊ើបរបស់បងចរិយា និងរបស់ខាងខ្ញុំ បានពិភាក្សាជាមួយហ្សឺឌីយើងហាក់យល់សាច់រឿងទាំងអស់។

យើងបានសម្រេច​ធ្វើការរាយការណ៍ទៅស្នងការខេត្ត ព្រមទាំងទាមទារឱ្យមានការបើកការស៊ើបអង្កេតឡើងវិញ។ ពេលនោះហើយ អធិការភារម្យទំនងជាដឹងថា គាត់យឺត​ពេលនៅក្នុងការជួយបិទបាំងឱ្យប្អូនប្រុសរបស់ខ្លួនបានទៀត ដូច្នេះហើយគាត់បានចាប់ផ្ដើមសារភាពទទួលម្នាក់ឯង។

ការវាយប្រហារផ្លូវចិត្តដ៏គំហុកមួយនេះ បានធ្វើឱ្យខ្ញុំដួលសន្លប់ ហើយនៅពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើងខ្ញុំនៅតែមិនដឹងថាពេទ្យ​សាន មានពាក់ព័ន្ធអ្វីទៅនឹងសំណុំរឿងដ៏ធំសម្បើមនេះ។ នៅពេលដែលខ្ញុំឃើញរូបថតគេកាលពីក្មេងនៅក្នុងបន្ទប់របស់គេ ទើបខ្ញុំនឹកឃើញដល់រូបថតដែលហ្សឺឌីបានHack និងរូបថតពីលើតុធ្វើការ​របស់អធិការភារម្យ ខ្ញុំដឹងថាពួកគេពាក់ព័ន្ធគ្នា ។ ពេលនោះហើយដែលខ្ញុំភ្លេចខ្លួនហើយរលះរលាំងស្លន់ស្លោចាប់ផ្តើម Track ទូរសព្ទរបស់គេ ប្រហែលបែបនេះហើយបានជាគេដឹងខ្លួន ហើយឡើងមកស្ងាត់ៗ និងប្រើថ្នាំសន្លប់ មកលើខ្ញុំ ។ បងប្រុសរបស់គេ បានរងសម្ពាធបង្ខំពីមិត្តភក្តិខ្ញុំម្នាក់ឈ្មោះRoy ដែលខ្ញុំបានស្គាល់នៅបរទេស។ គេនោះគឺជាឧត្តមសេនីយ៍ប៉ូលិសល្បីឈ្មោះ មានបទពិសោធជាច្រើនឆ្នាំ លើរឿងក្ដីព្រហ្មទណ្ឌធំៗ ថែមទាំងជាមនុស្សជិតស្និទ្ធ និងលោកស្នងការបច្ចុប្បន្នរបស់ខេត្តរតនគិរីយើង។ ពួកគេបានបញ្ចុះបញ្ចូលភារម្យ ឱ្យយល់ព្រមនាំប្អូនមកទទួលទោសចំពោះមុខច្បាប់។ ចុងក្រោយ​ភារម្យបានទៅរកខ្ញុំឃើញដល់កន្លែងពិតមែនគឺ នៅក្នុងលេណដ្ឋាននោះ។

គ្មានអ្នកណាដឹងថា នៅក្រោមដី មានផ្លូវមួយដែលអាចតភ្ជាប់ពីគ្លីនិករបស់ពេទ្យសានទៅដល់ភូមិគ្រឹះផ្កាក្រអូបរបស់យើងនោះទេពូ។

ការពិតមួយនេះ ពិតជាធ្វើឱ្យស្រឡាំងកាំង និងរន្ធត់ញាប់ញ័រ។ ចុងក្រោយទៅ ដោយសារតែបងប្រុសគេមិនព្រមនៅខាងគេទៀតដូចលើកមុនៗ គេចាប់ផ្តើមបាញ់រារាំងបងប្រុសគេនៅក្នុងការនាំខ្ញុំចាកចេញ។

តាំងពីពេលដែលបងប្រុសគេត្រូវរងរបួសឈាមស្រោចខ្លួន គ្មានអ្នកណា បាន​ឃើញបងប្អូនគេរហូតមកដល់ពេលនេះ។

ខ្ញុំតែងតែព្យាយាមស្វែងរកដំណឹងរបស់ភារម្យ  ប៉ុន្តែប៉ូលិសនិងអ្នកពាក់ព័ន្ធទាំងឡាយ គ្មានអ្នកណាម្នាក់មានចម្លើយអំពីរឿងរបស់ពួកគេទេ។

ខ្ញុំបានវារចេញ​ដោយ​ប្រើដៃ ដោយសារជើងខ្ញុំកាលណោះនៅតែរងឥទ្ធិពលថ្នាំស្ពឹកដែលមនុស្សកំណាចនោះ បានប្រើមកលើខ្ញុំ។

ខ្ញុំវារបញ្ច្រាសទិសជាមួយស្នាមឈាមរបស់បងគេ ព្រោះខ្ញុំខ្លាចណាស់ ខ្លាចត្រូវគេចាប់ខ្ញុំឡើងទៅលើគ្រែនរកនោះវិញសារជាថ្មី ។

នៅក្នុងភាពភ័យខ្លាចនិងភាពងងឹតដែលពិបាកនឹងមើលឃើញគ្នា ខ្ញុំបានវារ​ទៅជួបនឹង​មនុស្សស្រីម្នាក់សម្បុរស្លេក សក់វែងសឹងដល់ក្បាលជង្គង់ ហើយស្លៀកពាក់ខ្មៅ មាន​ទឹកមុខស្លេកស្លាំង។ គ្រាន់តែឃើញនាងភ្លាម ខ្ញុំបានរន្ធត់ដល់បាត់ស្មារតី។

នៅពេលដែលខ្ញុំភ្ញាក់ឡើងអ្វីៗបានក្លាយទៅជាល្អរៀបរយ។ Royបានប្រាប់ថា យើងបានរកឃើញបងឧត្តម របស់យើងត្រឡប់មកវិញហើយ។ បួនខែមកនេះគាត់ត្រូវគេដាក់ច្រវាក់ជើងប៉ុន្ដែគាត់មិនមានបញ្ហាធ្ងន់ធ្ងរចំពោះសុខភាពអ្វីឡើយ។ គ្រាន់តែបងឧត្តមត្រូវប្រើរយៈពេល ព្យាយាមដើរឡើងវិញ ដោយសារដំណាក់កាលនោះ បងឧត្ដមតែងតែព្យាយាមធ្វើខ្លួនឱ្យរឹងមាំ ការពារសុខភាពផ្លូវកាយ និងចិត្តដើម្បីរកផ្លូវចាកចេញមកវិញ។

សរសើរបងចរិយាដែលជាភរិយាដ៏គំរូម្នាក់។ នៅខណៈពេលដែលផ្លូវចូលលេណដ្ឋានត្រូវបានប៉ូលិសបិទ បន្ទាប់ពីបាត់ដានរបស់ពេទ្យសាននិងបងប្រុសគេ បងចរិយានៅតែមានៈជឿថាបន្ទប់ក្រោមដី ដែលពួកគេរាវរកដោយឧបករណ៍មិនឃើញសោះនោះ ពិតជានៅម្ដុំៗលេណដ្ឋាននោះមិនខាន។

ថ្ងៃមួយគាត់បាននាំJoe រកឃើញផ្លូវងងឹតមួយទៀតឆ្ពោះទៅកាន់កន្លែងដែលគេទុកប្ដីគាត់។ ការព្យាយាមតែងតែបានសម្រេច។ ជំនឿចិត្តច្បាស់លាស់ ចេះវិភាគត្រឹមត្រូវ និងភាពស្មោះត្រង់របស់គាត់ ចំពោះគ្រួសារយើង បានធ្វើឱ្យប្តីប្រពន្ធគាត់មានថ្ងៃវិលមកជុំគ្នាវិញសឹងមិនគួរឱ្យជឿ។

សូមពូទៅបានស្ងប់ និងបំភ្លេចចោលនូវមិត្តទុរយសម្នាក់ ដែលពូធ្លាប់គិតថាអាចរស់នៅ ញ៉ាំតែ ញ៉ាំកាហ្វេក្ដៅ ជជែកគ្នាលេងរហូតដល់ចាស់រៀងខ្លួន ថែមទាំងយកគេមកថែរក្សានៅក្នុងផ្ទះដោយសារតែអាសូរភាពឯកោរបស់គេ។

តាមពិតទៅអ្វីៗទាំងនេះគ្រាន់តែជាការបំភាន់ភ្នែកនៅលើលោកយើង។ ដូចជាមិនមានអ្វីមួយដែលច្បាស់លាស់ ចែកដាច់ទេរវាងការពិត និងអំពើស្មោកគ្រោកនានាបង្កប់ក្នុងសន្តានចិត្តមនុស្ស។

តួយ៉ាងដូចជាអធិការភារម្យម្នាក់នោះ ដៃគេដែលប៉ះមកលើថ្ពាល់របស់ខ្ញុំ ទុកថាជាការប៉ះពាល់ចុងក្រោយ ក៏ជាអារម្មណ៍​នៃ​ការលាគ្នាមួយជាសម្ងាត់។ ១៤ខែមកនេះ ខ្ញុំតែងតែមានអារម្មណ៍ថា គេដូចជានៅក្បែរៗ។ អារម្មណ៍​ថា ថ្ងៃនោះ ពេលរបួសធ្ងន់ គេហាក់ចង់សារភាពប្រាប់ខ្ញុំពីអ្វីមួយ តែបែរជាគេមិននិយាយចេញមក ព្រោះគេគិតថា គេគ្មានសិទ្ធិ។

ខ្ញុំពិតជាចង់ដឹងណាស់ពូ! នៅក្នុងចំណោមមនុស្សប្រុសប៉ុន្មាននាក់ដែលនៅជុំវិញខ្លួនខ្ញុំនេះ តើអ្នកណាម្នាក់ទៅដែលសមឱ្យខ្ញុំស្រលាញ់?

ខ្ញុំលែងជឿលើអ្វីដែលខ្លួនឯងមើលឃើញនេះ​តទៅទៀតហើយ!

វិថីស្នេហ៍នៃជីវិតរបស់ខ្ញុំនេះ​ទុកឱ្យអនាគតជាអ្នកសម្រេចទៅចុះ!

អូ៎ ខ្ញុំភ្លេចជម្រាបពូរឿងមួយទៀត! ខ្ញុំបានចូលហ៊ុនជាមួយមនុស្សជំនាញពីរបីនាក់ មកបើកក្រុមហ៊ុនកាសែតឈ្មោះថា The Bunker ។ ឈ្មោះនេះ ជាអនុស្សាវរីយ៍នៃសំណុំរឿងនៅផ្ទះក្រអូប កុំឱ្យខ្ញុំភ្លេចខ្លួន និងពូកែជឿអ្វីដែលភ្នែកខ្លួនមើលឃើញ។

ខ្ញុំរៀនបានច្រើនអំពីរឿងនេះ ពិសេសខ្ញុំរៀនថា ជួនកាលយើង​ជឿលើការវិភាគរបស់ខ្លួនឯងខ្លាំងពេក មនុស្សដែលយើងជួប យើងគិតថាគេគ្មានថ្ងៃធ្វើអាក្រក់បាន តែទោះបីចិត្តគេមិនចង់ប៉ុន្តែស្ថានភាពជាច្រើនទៀតនៃជីវិត យើងមិនដឹងទេថា គេបានជួបអ្វីខ្លះ គ្រប់យ៉ាងគឺជារបៀបរស់នៅ វិធី​ជ្រើសរើសដោយឯកសិទ្ធិនៃមនុស្សម្នាក់ៗ។

ជំពូក ៤៨

បាច់ផ្ការំយោលស្វាយ

«ធីតាមានគេផ្ញើរបស់ឱ្យ»

ស្រីស្អាតងើបមុខ។

ពីតុធ្វើការនាង​មើលឃើញនិពន្ធនាយ​កខ្លួន​ដើរមកដោយមាន ផ្ការំយោលពណ៌ស្វាយមួយបាច់មកផង។

ពិតជាប្លែក! មិនដឹងយ៉ាងម៉េច នាងឈប់ដៃ ហើយ​នឹកឃើញដល់អ្វីមួយ​។

រតនគិរី?

ត្រូវហើយ! រឿងដែលបានកន្លងហួសជាងមួយឆ្នាំមកហើយ អនុស្សាវរីយ៍នៃសំណុំរឿងផ្ទះក្រអូបដែលបង្អួតទៅដោយលម្អគន្ធា បុស្បាគ្រប់ប្រភេទ កណ្ដាលបេះដូងមួយនេះហាក់ដូចជាហេងហាងស្រពាប់ស្រពោន មិនដឹងត្រូវពណ៌នា​បែបណា​ អាចជាទូកដែលតែលតោលកណ្តាលទន្លេ មិនមានអ្វីមួយបញ្ចប់បានច្បាស់ មិនទាន់ដល់ត្រើយ មិនរួចរាល់ សឹងមិនដាច់ស្រេច។

បាច់ផ្កាដាក់មកដល់លើតុ ធីតា​ងើបមុខសម្លឹងទៅម្ចាស់សំឡេង។

«កុំលេងសើចជាមួយខ្ញុំមើល៍! ច្រើនម៉េះ មិញនេះទើបបានទទួលមួយហើយតើ!?»

«លេងសើចអី! សន្តិសុខយកឡើងមកទៀត! យើងជាស្រីស្អាត​សម្បូរគេជូន!»

នារីងាកទៅសម្លឹងផ្កាពណ៌ស្វាយ ខណៈនិពន្ធនាយកគោះតុឌឺហើយដើរចេញទៅបំពេញការងាររបស់គាត់វិញ។​ ធីតាងាកទៅរកមើលបាច់ផ្កាផ្សេងទៀតជាប្រភេទកុលាប ដែលហ្សឺឌី​ទើបនឹងផ្ញើមកមុននេះប្រមាណជាកន្លះម៉ោង។

ចិត្តមួយលួចត្រិរិះដោយស្ងប់ស្ងាត់ចំពោះម្ចាស់ផ្កាទាំងទ្វេ។

មិនយូរប៉ុន្មាននារីបែរ​មើលតាមបង្អួចកញ្ចក់ចុះទៅក្រោម។ ពីជាន់ទីមួយទៅ នាងឃើញហ្សឺឌីនៅក្នុងឡានរបស់គេដោយដាក់ដៃចេញមកក្រៅ។ ប្រហែលជាគេចង់ឱ្យនាង​ឃើញថា គេកំពុងរង់ចាំ។

ចុះមកដល់ពេលណា បាន​ឱកាសនាងចូលអង្គុយ​ហើយ​និយាយទៅកាន់បុរសនេះ ៖

«មកដល់ឆាប់ម៉េះអត់ដឹងម៉ោងធ្វើការទេ?»

បុរសដៀងសម្លឹង​វត្តមាន​ស្រីស្អាត។ អ្វីដែលគេចាប់អារម្មណ៍មិនមែនរូបរាង និង​សម្តីរបស់នាងទេ​ប៉ុន្តែបាច់ផ្កាមួយទៀត។

«អ្នកណាឱ្យ?»

គេសួរភ្លាម បើមិនសួរ មិនមែនជាហ្សឺឌី​ដែលនាង​ស្គាល់នោះឡើយ។

«មិនទាន់ជាសង្សារខ្ញុំទេកុំចង់សួរចម្លើយ!»

«ហើយប៉ុណ្ណឹងមិនទាន់ជាសង្សារទៀត?!»

«ខ្ញុំមិនទាន់សម្រេចចិត្តទេកុំទាន់វាយស្មាន!»

«គិតយូរម៉េះ?!»

បុរសនេះចេញឡានង៉ោង ហើយនិយាយបន្ថែម​៖

«គិតជួលពួកឯកជនឱ្យជួយស៊ើបប្រវត្តិអីមុនពេលឆ្លើយ Yes ហ្មែន!»

នាងមិនឆ្លើយនឹងសំណួរ​របស់គេ ក៏ដូចជាកែវភ្នែកទាំងទ្វេនៃបុរស ​ដែលងាកមកបង្កើយនេះទេ។ បែរ​ជាយកចិត្ត​ទុកដាក់នឹងសំណុំផ្កាស្វាយដែលឱបក្នុងដៃដោយ ​ទុកបាច់កុលាបរបស់គេទៅពូកខាងក្រោយ។

«ផ្កានេះកម្រមានកម្រឃើញ ដូចធ្លាប់ឃើញនៅរតនគិរី?!»

ហ្សឺឌីដាក់ភ្នែកពិនិត្យ​។

បើកឡានផងគេនឹកដល់អតីតកាលផង។  ផ្កាដ៏សែនក្រអូបប្រភេទនេះ ជាតម្រុយដែលរកឃើញ​នៅក្នុងបន្ទប់សង្គ្រោះម៉ៅ ហើយចុងក្រោយឈាន​ធ្វើឱ្យគេអាចស្វែងរកកន្លែងជំទាវចរិយា ត្រូវថ្នាំបំពុលនោះបាន។

អ្វីមួយលាក់បាំងក្នុងភ្នែករបស់គេ ប៉ុន្ដែនាងមើលយល់។

ទោះបីនាងមិនដែលនិយាយថា ព្រមស្រឡាញ់ហ្សឺឌី ហើយបើទោះបីជាគេនេះតែងតែរង់ចាំរហូតមក ដើម្បីឱ្យចិត្តនាងដាច់ស្រេចថា តើនាងចង់មានស្នេហាដែរឬអត់?

«ស្មានថារបស់ស្នងការ Royនោះ!»

តាមពិតគេធ្វើជានិយាយ ប៉ុន្តែធីតាដឹងហើយថាចិត្តហ្សឺឌីដូចនាង ម្នាក់ៗ​គិតឃើញ​ឡើងវិញ​ដល់រឿងចាស់។

«មិនមែនរបស់Roy ទេ! Royឯណាមានទម្លាប់ជូនផ្កាជូនអីនោះ?!» ធីតាតបនឹងហ្សឺឌីស្រាលៗ។

អាចថាជារបស់ម្នាក់នោះមែនអត់?  អធិការភារម្យ! នេះគឺ​នាងបាន​គិតស្ងាត់ៗម្នាក់ឯង ទាំងម្តងៗលួចតាមដានហ្សឺឌី។ គេស្ងាត់ស្ងៀម​បើកឡាន តែក៏ប្រហែលជាអាចថា​កំពុង​គិតដល់ឈ្មោះបុរសម្នាក់នោះដូចគ្នា គ្រាន់តែ​រវាងពីរនាក់គេ ​គ្មានអ្នកណាម្នាក់និយាយចេញមក។

កុំឱ្យស្ងាត់ពេក នៅពេលដែលបុរសចាប់ផ្ដើមជាន់បញ្ជាឡានបន្ថែមល្បឿន គេចាប់ហាតិចៗ ៖

«Style ចម្លែក! ជូនផ្កាស្អីដូចផ្ញើសារអីមកអ៊ីចឹង!»

នារីនៅស្ងៀមស្ងាត់។ នាង​រុញផ្កានេះ​ទៅក្រោយមួយទៀត ទាំងចង់បញ្ចប់នូវ​អារម្មណ៍មួយថា ហេតុភេទមិនទាន់ស្រេច មិនទាន់ដាច់ស្រឡះ អ្វីមួយនៅតែលងក្នុងការ​គិត​រហូត​ដល់សូម្បីបាច់ផ្កាមួយនេះក៏ធ្វើឱ្យចិត្ត​វិភាគចុះឡើងបានមែន!

រវាងRoy ដែលធ្លាប់ឡើងយន្តហោះ ព្រោះការឈឺចាប់ចំពោះសេចក្ដីស្រឡាញ់លើនារីម្នាក់ឈ្មោះRose មនុស្សស្រីពេញដោយគំនុំ ហើយភារម្យវិញ  បុរសដែលតែង​រស់នៅស្ងប់ស្ងាត់ជាមួយនឹងការឈឺចាប់ដោយសារតែឃើញប្អូនប្រុសរបស់ខ្លួន ត្រូវដេកឈឺស្ពឹក ហ្សឺឌីក្បែរខ្លួននេះទៀត​សោត ជាមនុស្ស​មានចរិតងាយៗ ប្រហែលជាយើងគួរតែជួបគ្នាបន្តទៀតនៅក្នុងសំណុំក្ដីព្រហ្មទណ្ឌថ្មីរបស់សុភាប្រុស​ ដើម្បីរកគូស័ក្ដិសមសម្រាប់ឱ្យនាង​?

អរគុណសម្រាប់ការតាមដាន​អានរឿងនេះតាំងពីដើមរហូត​ដល់វគ្គចុងក្រោយនៅតែមិនអស់ចិត្ត។ អ៊ីចេះទៅ យើងទុកពេលឱ្យប្រុសស្រីទាំងបួនមានឱកាសនៅក្នុងការសម្រេចចិត្ត ល្អទេ? ជួបគ្នាជាមួយពួកគេឡើងវិញ នៅក្នុងសំណុំរឿងថ្មី  បន្ទប់ពិសោធន៍ L-34។

រឿង៖ រូបខ្មៅស្រអាប់ ភាគ៣១
ជំពូក៤៥

លេណដ្ឋាន​

«ស្នងការចាន់ដា និង Roy បានសន្យាមិនតាម​ភារម្យចូលទៅទេ ព្រោះខ្លាចថា ពេលឃើញប៉ូលិស ភាពឆ្កួតលីលា​របស់ប្អូនប្រុសគេ​អាចនាំគ្រោះថ្នាក់ដល់ធីតា!»

ហ្សឺឌីស្តាប់សម្តីAnn ដែលប្រាប់ផង​ភ្នែកសម្លឹងទៅក្រុមអ្នកឯកទេសផ្នែក​លេណដ្ឋាន ដែលនៅមិនដល់១០ម៉ែត្រពីនេះ។

ពួកគេកំពុងតែជជែកវែកញែកលើអ្វីមួយក្នុងកុំព្យូទ័រ។

បុរសដែលកំពុង​បារម្ភអំពីស្រីស្នេហ៍ពេញមួយ​ថ្ងៃមកហើយ ​បានជជែកតិចៗវិញ ឆ្លើយ​តបនឹងពាក្យរាយការណ៍នៃ​ស្ត្រីអ្នកស៊ើប៖

«ខ្ញុំសង្ឃឹមថា អធិការនោះអាចនាំធីតាត្រឡប់មកវិញបាន!»

ថាចប់គេ​ដើរមួយៗសំដៅទៅកាន់ក្រុមអ្នកឯកទេស។

«ចំណុចស្ពាននេះ​អាចសង្ស័យពិតមែន!​»

ម្នាក់ក្នុងចំណោមគេ រាងចំណាស់ ចូលមកក្បែរហ្សឺឌីហើយនិយាយ។

«រកឃើញអីទេពូ?» ហ្សឺឌី​សួរបក។

បុរសចំណាស់ខ្សឹបប្រាប់នាយតិចៗ៖

«ធម្មតាតំបន់នេះ មិនពិបាកពន្យល់ទេ ថាអាចមាន​លេណដ្ឋានការពារ ពីព្រោះថាតំបន់នេះធ្លាប់រងការទម្លាក់គ្រាប់បែក និងការវាយប្រហារផ្សេងៗទៀតមកតាំងពីជំនាន់សង្គ្រាម! នេះខ្ញុំមិនសំដៅតែសង្គ្រាមនៅវៀតណាមទេ!​ ​អាចតាំងពីសង្គ្រាមលោកមក! ភាគច្រើនគឺ អ្នកមាន​ជំនាន់នោះ ជារាជការ ឬស្និទ្ធនឹងរាជការ គេភ័យខ្លាចចំពោះអាវុធជីវសាស្ត្រ គ្រាប់ប្លោង។ល។ អ៊ីចឹងហើយបានជាការជីក​ទៅក្រោមដីកាន់តែជ្រៅកាន់តែល្អ! លេណដ្ឋាននីមួយៗ ធម្មតាអ្នកមានជំនាន់នោះ ជាអភិជនក្តី ជាមេទ័ព អ្នកគ្រប់គ្រងខេត្តខណ្ឌគេនិយមប្រើវាស្តុកស្បៀងអាហារ បម្រើទ័ព ឬក៏អាចគេលាក់ទុកអាវុធយុទ្ធភណ្ឌ វត្ថុមានតម្លៃ ឬពេលខ្លះទុកសម្រាប់រស់នៅគេចខ្លួន! អ៊ីចឹងធម្មតាគេត្រូវការប្រភពទឹក!​ ការសិក្សា​ពន្យល់ថា លេណដ្ឋានមិនអាចនៅឆ្ងាយពីប្រភពទឹកបាន ពីព្រោះគេត្រូវការទឹកដើម្បីប្រើប្រាស់!!»

ហ្សឺឌីងក់ក្បាលតិចៗ​​ហើយឈានទៅ​មុខបន្តិច ដោយ​ចូលក្បែរកុំព្យូទ័រពួកគេ ​ដើម្បីឈ្ងោកទៅពិនិត្យ​មើលការសិក្សាស្រាវជ្រាវ។

តាមរយៈប្រព័ន្ធទំនើបមួយដែលនឹង​ឱ្យសញ្ញានៅលើApp  ប្រសិនបើគេអាចរកឃើញសំណង់ក្រោមដីណាមួយ។

«Appនេះអាចរាវក្នុងជម្រៅណា?!» គេសួរតិចៗ។

ម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវឆ្លើយតបភា្លម៖

«ខ្ញុំគិតថា ជម្រៅចាប់ពីប្រាំពីរម៉ែត្រឡើងមកលើវិញ យើងអាចរកឃើញ!»

«ចុះបើសិនជាវា ត្រូវបានគេក្រាលជាដីខ្សាច់ពីលើ ឬមួយក៏ស្រទាប់ទឹក?!»

«សំណួររបស់លោក ដូចជាលោកមានបច្ចេកទេសទាក់ទងជាមួយនឹងឧបករណ៍រាវរក ឬAppច្បាស់?»

ហ្សឺឌីឆ្លើយខ្លីៗទាំងញឹមៗ៖

«ខ្ញុំសិក្សាខ្លះៗអំពីផ្នែកនេះដែរ!»

«តាមពិតអាចអ៊ីចឹងដែរ!» អ្នកស្រាវជ្រាវឆ្លើយតបហើយចាប់ផ្ដើមងាកទៅជំនុំគ្នា។ មិនយូរប៉ុន្មាន​ពួកគេ ងាកមកប្រាប់វិញថា៖

«បើសិនជាអ្នកនោះ គេបានគិតហ្មត់ចត់ ​ហើយចាក់ខ្សាច់មួយជាន់ពីលើ ឬក៏កសាង​អាងរលកទឹក​នៅពីលើមែន ឱ្យតែបានកម្រាស់ប្រហែលជាបីទឹកឡើងលើ គឺ Appយើងអត់អាចរកឃើញទេ»

«ធ្វើម៉េចទៅអ៊ីចឹង?» ហ្សឺឌីសួរទាំងញាក់ស្មាផង។

«លុងដី ជាជម្រើសចុងក្រោយ! លោកមាន​កន្លែងណាសង្ស័យបំផុតដែរ?!»

«លុងដី​ទៅរួចដែរ បើដីផ្ទះក្រអូបធំយ៉ាងនេះ?!» សួរផ្ទាន់ហើយ ​ហ្សឺឌីក៏ធ្វើមុខអស់សំណើចដោយក្រឡេកងាកមក​សម្លឹងបណ្តា​វាលជុំវិញផ្ទះនេះ។

នៅឯណេះវិញ ធីតាបើកភ្នែកព្រឹមៗឡើងវិញ។ នារីរងគ្រោះតែងតែសង្ឃឹមថា រាល់ការបើកភ្នែកឡើងវិញរបស់នាង នឹងឃើញខ្លួនឯងនៅកន្លែងផ្សេង។

ប៉ុន្តែទៀតហើយ…..

នាងនៅតែ​ឃើញពន្លឺដ៏ចាំងស្រវាំងភ្នែក និងខ្លួនប្រាណល្ហិតល្ហៃជាដដែល។ សេចក្ដីសង្ឃឹមកាន់តែថមថយអសារឥតការ ទៅតាមកម្លាំងចិត្តនិងកម្លាំងកាយនៅលើគ្រែគម្រក់នេះ។

ដៃជើងនៅតែកម្រើកមិនរួច។ រាងកាយពីត្រឹម​ទ្រូងចុះក្រោមណែនណាន់ធ្ងន់ពាប់។

«ឯងប្រើថ្នាំស្អី មកលើយើង?!»

នាងសួរខ្សាវៗដោយឈឺចាប់ ដោយខ្លោចផ្សាពេញក្នុងចិត្ត។

«បន្តិចទៀត មាត់នេះក៏នឹងលែងនិយាយបានដែរ!»

សំឡេងពេទ្យសាន​ឆ្លើយមកបញ្ឈឺ។

«តើឯងចង់បានស្អី? អាមនុស្សចង្រៃ!» នារីកម្សត់នឹកដូច្នេះនៅក្នុងចិត្ត តែនាង​ហានិយាយមិនបានទៀតដោយសារហត់ចិត្ត​ហត់កាយ ណែនថប់។

សេចក្តីឈឺចាប់ ដែលត្រូវមករង់ចាំបញ្ចប់ជីវិតយ៉ាងសោកសៅ តាមរបៀបមួយសែនវេទនា និងមិនសុខចិត្ត នាង​ទទួលយក​ដោយស្ងប់ស្ងាត់ម៉េចនឹងបាន?

នាងរេភ្នែក​ដោយភ័យរន្ធត់ សម្លឹង​ខ្នង​បុរសនេះដែល​កំពុងឈរក្បែរទូថ្នាំកញ្ច​ស់ៗព្យួរជាប់នឹង​ជញ្ជាំងកាន់ស្លែខ្មៅស្រអាប់។

ដៃគេទាំងសងហាក់កំពុងធ្វើសកម្មភាព​បូមបញ្ចូលថ្នាំ។ ​ធីតាមិនអាចទប់ការក្រេវក្រោធបានតទៅទៀតទេ ៖

«គ្រប់គ្នា​នឹងបកអាក្រាតឯង អាពេទ្យឆ្កួត! ឯងនឹងជាប់គុក!»

ស្នូរធាក់ទ្វារដែលលាន់ផាំង…..

គ្រូពេទ្យត្បាញអាយញ័រដៃរបូតសឺរ៉ាំងទៅលើដី។ គេទំនងជាគិតថា គ្មាន​អ្នកណាម្នាក់នឹង​រកអាចមានតម្រុយ​មករកឃើញបន្ទប់នេះទេ។

«បើកទ្វារអាសាន!»

ដឹងហើយថា ជាសំឡេងអធិកា​រភារម្យ ​ដែលនឹង​ចូលមកបញ្ចប់នូវរាល់អំពើខុសច្បាប់ និងសកម្មភាពឆ្កួតឡប់របស់គេ នារីនេះ​សែនត្រេកអរដូចមនុស្សស្រេក​ទឹកជិតស្លាប់មកដួលជំពប់នឹង​ទន្លេធំល្វឹងល្វើយថ្លាឆ្វង់។

​ស្នូរគោះទ្វារកាន់តែរន្ថើន នាងឃើញដៃពេទ្យវិកល​កាន់តែរញីរញ័រ។ នារីខំប្រឹងងើយមុខឡើងសម្លឹងទ្វារ ប៉ុន្តែត្រឹមស្មាចុះក្រោម នាង​កម្រើកមិនបានទាំងអស់។ ចុងក្រោយ​មានតែប្រមូលកម្លាំង​ស្រែកអស់ពីចិត្ត៖

«ជួយ…..ជួយខ្ញុំផង! លឿនឡើងភារម្យ! ជួយខ្ញុំផង!!!!»

ទោះបីស្អកស្អាតឹងទ្រូងប៉ុនណ្ណា នាង​នៅតែជម្នះស្រែកម្តងហើយម្តងទៀត​ចំណែក​ម្ចាស់បន្ទប់ឧក្រិដ្ឋ​ឈរទ្រឹងសម្លឹងទ្វារ​គិតចុះឡើងម្នាក់ឯង។

«អាចង្រៃ! ឯងបើកទ្វារ!»

នេះគឺជាសំឡេងរបស់អធិការភារម្យ ដែលធ្វើឱ្យប្អូនគេ​ត្រូវភាន់ភាំងរវាងការសម្រេចចិត្ត​ថា អ្នកហៅទ្វារជាញាតិរបស់គេតែមួយគត់ដែលតែងតែការពារគេ ពេលនេះគួរបើកឱ្យដែរ?

ផ្ទុយពីការគិតរបស់ធីតា គេនេះស្រាប់តែ​យ៉ាងលឿនស្លេវទៅសំដៅទ្វារហើយ ទាញ​បើកគន្លឹះធ្វើឱ្យដង្ហើមធីតាចាប់ផ្តើម​ធូរខ្សាកៗសារជាថ្មីពីសេចក្តីស្លាប់។ រូបរាងបងប្រុសសក់ក្បាលកន្ទ្រីង ជាមួយឯកសណ្ឋានស៊ីវិល បង្ហាញខ្លួននៅទីនោះ ដោយទឹកមុខខឹងសម្បាសម្លឹងមកប្អូន​រួច​សន្សឹមៗ​ដៀងមកមើល​នារីនៅលើគ្រែ។

«ភារម្យនាំខ្ញុំចេញ​ពីកន្លែង​នរកនេះ!»

នាង​អង្វរដោយយំគគ្រូក។

តាមថា ភារម្យចង់យារដៃទះកំផ្លៀងអ្នកបើកទ្វារម្នាក់នេះ ប៉ុន្តែអ្វីមួយធ្វើឱ្យគេប្រញាប់ជាង គឺ​កៀសប្អូនចេញ​ និង​ងើបមុខដើរ​ហួសតម្រង់ទៅកាន់មនុស្សស្រីនៅលើគ្រែពេទ្យកខ្វក់ទក់ទី។

ទីពិសោធន៍នៃពពួកពេទ្យឆ្កួតលីលា ដែល​នាយ​អធិការ​ធ្លាប់តែឃើញនៅក្នុងកុនរន្ធត់ព្រឺព្រួច មិននឹកស្មានថា មកបានឃើញ​ទាំងភ្នែកស្រស់ នៅស្រុកឯង ហើយបង្កឡើងដោយសារប្អូនប្រុសសំណព្វចិត្តរបស់ខ្លួនទៀត?

«អ្ហែង!»

នាយ​លើកដៃចង្អុលមុខហាមប្រាមខណៈពេលដែលពេទ្យសាន​ប្រុងថាស្ទុះចូលមក។ បុរស​ចម្កួត ហាក់លែងមានសភាពជាមនុស្ស​នឹងនរអ្វី​សូម្បីក្នុងភាគរយតិចតួចណា។ គេនេះ​ឈរចម្ងាយប្រមាណ​ ៤ទៅ៥ម៉ែត្រពីបងប្រុស ​ហើយចាប់ផ្តើម​យំស្ពេបស្ប៉ាប។

«សួរថាប៉ុន្មានលើកហើយ? ប៉ុន្មានលើកហើយ?»

ភារម្យសម្លុតទាំង​ឈ្ងោកកាយ​ទៅរក​នារីរងគ្រោះ ឯក្បាលបែរមកចំហៀង​សម្លឹងនិងខាំមាត់ពោលសម្លុត​ដាក់ប្អូន។

ដោយ​ត្រូវបងប្រុសពោល​សម្លុត ពេទ្យហេងស៊យ នៅឈរធ្វើអេះម៉េះគ្មានពាក្យហាស្តី។

«អ្ហែងមាន​ពាក្យស្អីនិយាយជាមួយអញ?!»

គ្មានចម្លើយ….ភារម្យចាប់ផ្តើមឱនមកសម្លឹងធីតា។

ដៃជើងនាង​គ្មានចំណងនោះទេ ប៉ុន្តែទឹកភ្នែកធ្លាក់ហូរសស្រាក់ពាសពេញ​ផ្ទៃមុខនារីនេះ។

«ខ្ញុំកម្រើកដៃជើងមិនរួចទេ! មនុស្ស​សរសៃប្រសាទនេះ មិនដឹងវាបានធ្វើអីលើខ្ញុំទេភារម្យ!»

បុរសសម្លឹងនាងទាំងកែវភ្នែកសង្វេគ។ ចិត្តគេសែនខ្លោចផ្សានឹកដល់សភាពស្រស់បំព្រងនៃមនុស្សស្រីម្នាក់ ដែលបានមកជួបគេ ស្វែងរកយុត្តិធម៌ឱ្យពូនាង​។

ក្នុងគំរូស្ថានភាពអាក្រក់បំផុតមួយ​ដែលឧក្រិដ្ឋជន​ ជាប្អូនខ្លួនឯង ហើយអ្នករងគ្រោះ​ដកដង្ហើមមិនពេញលេញម្នាក់នេះ ជាមនុស្ស​ស្រីដែលខ្លួនបានមានចិត្តថ្លើមឱ្យ តើបែបនេះមិនឱ្យទ្រូងបុរសរន្ធត់?

សារជាថ្មី គេងាកក្បាលបែរទៅរកប្អូនប្រុសទាំងស្រែកសួរហួសចិត្ត៖

«អ្ហែងធ្វើអីគេ?»

ពេទ្យសានគ្រវីក្បាលតិចៗយំរហេមរហាម​។ បងប្រុសស្រែកគំហកជាងមុន៖

«អញសួរថា អ្ហែង​ចាក់ថ្នាំស្អីឱ្យគេ? ហេតុអីបានដៃជើងគេ​កម្រើកមិនរួច?!»

រាងកាយ​របស់ពេទ្យសានរញីរញ័រ សូម្បីតែធ្លាយទឹកនោម​ចេញមកក្រោមការសម្លុតរបស់បងប្រុស​។ ជាមួយ​បទពិសោធន៍សមត្ថកិច្ច​ជាច្រើនឆ្នាំ ភារម្យ​អស់សង្ឃឹមថា អាចនិយាយស្តីដឹងរឿង​ជាមួយគ្នាទៀតហើយ។

ទាំងចិត្ត​នៅក្តុកក្តួលអណោចអាធម៌នឹងជំងឺ​របស់ប្អូនមិនស្មានថាធ្ងន់ធ្ងរដល់កម្រិតនេះផង គេរេភ្នែក​រវាសរវៃ ជុំវិញបន្ទប់…..

សម្តី Roy បានលាន់ឡើងមកវិញនៅក្នុងការចងចាំរបស់គេ

«នៅក្នុងឈាមរបស់អ្នកស្លាប់ ក្រុមកោសល្យវិច័យរកឃើញជាតិថ្នាំម្យ៉ាងសំយោគពី អម្បូរជាតិ Phenytoin  ដែលធ្វើឱ្យ​អវៈយវៈសំភិនក្លាយទៅជាស្ពឹកស្រពន់ នៅចំពេលដែលគាត់ប្រុងលោតទៅក្នុងបឹងដើម្បីហែលគេចខ្លួន!»

Phenytoin ដបថ្នាំនេះពិតជានៅលាយឡំ​ជាមួយកូនដបឱសថបារាំង​តូចៗជាច្រើនមុខ​ទៀតនៅលើទូទីនេះពិតប្រាកដមែន។ បុរស​លូកដៃ​ទាញមួយ​មកពិនិត្យទាំងចិត្តហេងហាង​ ផ្ទៃមុខ​ក្រោធខឹងដល់ថ្នាក់ស្លេកស្លាំង។

ចម្លើយបានប្រាប់ច្បាស់ៗហើយ ថាប្អូនប្រុសរបស់គេ បានប្រើប្រាស់បណ្តា​ថ្នាំទាំងអស់នេះ មកលើនារីអ្នកកាសែត ដូចដែលគេបានប្រើជាតិថ្នាំដដែលនេះ ទៅលើបុរសឈ្មោះសំភិនមុនពេលជននោះធ្លាក់ទឹកស្លាប់ដូច្នេះដែរ។

«គឺមកពីវា! វាកុហកខ្ញុំ! ច្រើនឆ្នាំមកនេះ វាមិនបានព្យាបាលខ្ញុំពិតប្រាកដទេ! រាល់យប់ ខ្ញុំនៅតែស្ពឹក កម្រើកមិនបាន! វាកុហកខ្ញុំម្តងហើយម្តងទៀត! ឥឡូវនេះ ខ្ញុំចង់ឱ្យវាស្គាល់រសជាតិស្ពឹកវិញម្តង! ​វាស្លាប់ហើយ វាធ្លាក់ទៅក្នុងទឹកហើយវាហែលទឹកមិនកើតទេបង»

គ្មាននរណាទាន់និយាយចេញមករំឭកអំពីអ៊ំសំភិននោះនៅឡើយ ហេតុអ្វីពេទ្យសានម្នាក់នេះ ឃើញតែដបថ្នាំបងគេកាន់ឡើង ក៏និយាយវាចេញមកដោយខ្លួនឯង?

ធីតាស្តាប់ពួកគេ ទាំងនាង​ត្រូវស្រឡាំងកាំងហើយ​ភ្លេចយំ។

ភារម្យខាំមាត់។

គេ​សម្លឹងមកប្អូនដោយភ្នែកក្រហម គេចង់ស្រែកខ្លាំងៗដាក់ ចង់ជេរថា

«ឯងក្លាយជាឃាតករទៀតហើយ!» តែ​ដោយសារ​ហត់ចិត្ត និងឆ្អែតចិត្តពេក​គេខ្ជិលហាមាត់តែម្តង។

បុរសនេះបែរខ្នង​ដាក់ប្អូនប្រុស ហើយចាប់ផ្តើមវាយកំទេចបណ្តាដបថ្នាំចោលដោយទោសៈ។  សំឡេងពេទ្យសាននៅតែទទូចមក៖

«វាធ្វើខុសមកលើខ្ញុំមុន! វានោះបោកប្រាស់ខ្ញុំហ្នឹង ដែលថានឹងព្យាបាលខ្ញុំ មិនបាន! រាល់អាធ្រាត្រ​ត្រជាក់ ខ្ញុំក្រោកពីគ្រែមិនរួចទេ!»

ភារម្យលែងរវល់។ គេ​វាយកម្ទេចទូថ្នាំ និងបរិក្ខារនានាអស់ចិត្តស្រន់កំហឹង នាងចាប់ផ្តើមបែរមក​រកគ្រែនារី​ហើយ​ដើរទៅ​រៀបចំបីត្រកងនាងឡើង។

«បងឯងធ្វើអី?​ ធីតាដឹងរឿងយើងពីរនាក់ហើយ! កុំយកស្រីម្នាក់នេះ​ចេញទៅណា! វាគង់តែប្រាប់ប៉ូលិស​ឱ្យទម្លាក់សក្តិបងឯង! វាដឹងរឿងបងប្អូន​យើង​អស់ហើយ!»

ភារម្យបិទភ្នែកទាំងសងខាងបន្តិច។​ គេ​​សម្រាកចិត្ត​ដែលហត់នឿយ។

គេពិបាកចិត្តណាស់! មនុស្សនេះ ម្ដងឆ្កួតម្ដងជា ប៉ុន្តែគ្រប់យ៉ាងនៅចាំច្បាស់។

«ហេតុអីបងឯងជួយអ្នកដទៃ មិនជួយប្អូនខ្លួនឯងទេ?!»

«ជួយឯង! អញកំពុងតែជួយឯងហើយ!​ កំពុងជួយកុំឱ្យឯងសម្លាប់មនុស្សទៀត!»

គេនិយាយ​តិចៗ មិនឮដូចពាក្យសម្លុតទាំងប៉ុន្មាន​មុននេះទេ។

បន្ទាប់ពីនិយាយខ្លីៗផុតៗ គេឱនមកលើកបីធីតាឡើង។ ខណៈពេលដែលសំឡេងមួយលាន់ឡើងខ្ទរត្រចៀក ហើយ​អ្វីមួយក្តៅតិចៗបុកមកទម្លុះខ្នងនាយ។

«កុំយក​ស្រីនេះ ឱ្យទៅប៉ូលិស!»

គ្រាប់សំណរ បានបុកធ្លុះពីក្រោយខ្នងរបស់ភារម្យដាន​ចរន្តឈាម ត្របាញ់គំហុកមកលើអាវនិងដៃនាង ដែលកំពុងតែប្រឹងតោងខ្នងគេទទួលយកការបីត្រកងឡើង។

ភារម្យដឹងថា របស់ក្តៅគគុកនោះ បានបញ្ចប់ការព្យាយាមជួយរបស់គេសម្រាប់មនុស្សស្រីគ្មានកំហុសម្នាក់នេះ។

អធិការ​នៅគាំងធ្មឹង ជាមួយនឹងការខូចចិត្តហួសចិត្តស្មាន។

ដៃគេម្ខាងស្តាំចាប់ផ្ដើមលូកស្ទាបមុខ ថ្ពាល់ និង​កែវភ្នែកតក់ស្លុត​របស់ស្រស់ស្រី។  ​ ​     នារីនេះ​​ប្រលាក់ស្រម៉កទៅដោយទឹកភ្នែក។ ដៃបុរស​ មើលពីក្រៅទៅ គឺដូចជាកំពុងស្ទាបអង្អែលនាង    ជាកិច្ច​ស្តាយ​ស្រណោះ លាគ្នាជាចុងក្រោយ ប៉ុន្តែតាមពិតទៅ នៅពេលដែលដៃគេអូសមកដល់បបូរមាត់នាង គ្រាប់ថ្នាំពីរបី បានធ្លាក់មកទើរលើអណ្តាតធីតា។

នាង​មិនដឹងថា គេបានត្រៀមថ្នាំទាំងនេះ តាំងពីពេលចូលមក ឬទើបតែយកចេញពីទូ​ដែលគេបោកកម្ទេចនោះឡើយ។

ប៉ុន្តែគេបានខ្សឹបប្រាប់នាង តាមរយៈពន្លឺភ្នែក ដោយមិនចាំបាច់វាចាចេញនូវសន្តានចិត្ត​សោកស្តាយ និង «សុំទោស» ​ដែលមិនអាចបំពេញ​បេសកកម្មចុងក្រោយក្នុងការនាំនាង​ចេញពីកន្លែងនេះបាន​។

រាងកាយអធិការរបូត​ ដួលសន្សឹមៗស្រុតចុះទៅក្រោម ចាកចោល​កែវភ្នែកស្រឡាំងកាំងរបស់នាង​។ ទោះជាដៃគេខំប្រទាញទប់នឹងគ្រែដែករហូតដល់វាវិលខ្ញាល់ជុំវិញកន្លែងតំកល់​ ចុងក្រោយ​គេនៅតែត្រូវរបូតដៃ ហើយដេកដួលលែងដឹងខ្លួន។

បុរសជាប្អូន កំពុងក្តោបក្បាលចុះឡើងជាមួយកាំភ្លើងខ្លីក្នុងដៃ។

«ឯងមិនជួយគាត់! អាមនុស្សចង្រៃ! ឆាប់ជួយគាត់ឡើង!»

មិនយូរប៉ុន្មានម្ចាស់មជ្ឈមណ្ឌលដ៏ឆ្កួតលីលាមួយនេះ​បានទម្លាក់ដៃ ហើយ​ដើរមកយឺតៗ។

មកជិតដល់គេទុចដំណើរ​នៅឈរសម្លឹងរាងកាយ​បងប្រុស ដែលសន្លប់ស្ដូកស្ដឹងច្រង៉ាងៗនៅលើថ្លុកឈាម។

នារីនៅលើគ្រែសុំសស្រាក់ស្រែកហៅ៖

«ភារម្យក្រោកឡើងៗ ក្រោកឡើងភារម្យ! ត្រូវនាំខ្ញុំចេញពីកន្លែងនេះ! ខ្ញុំសូមអង្វរ! ខលហៅឡានពេទ្យមក​! ហៅពេទ្យ​មកភ្លាម! គេស្លាប់ឥឡូវហើយ! ឮអត់? ​បងប្រុសឯងស្លាប់ឥឡូវហើយ!»

ពេទ្យកំណាចលើកដៃជូតទឹកភ្នែក។ សៀតកាំភ្លើងទុកហើយ ឱនបីបងប្រុសឡើង តែគេបីភារម្យមិនរួចសោះ។

«កុំស្លាប់បងប្រុស! បងប្រុសកុំស្លាប់!»

គេនេះយំរហេមរហាម ហើយចាប់ផ្តើមអូសនាំរាងកាយនោះចេញទៅទាំងត្រដាបត្រដួស។

ធីតាបិទភ្នែក​ស្រែកយំសោកសៅ។

បានបន្តិចនាង​ចាប់អារម្មណ៍​ថាខ្លួនឯងចាប់ផ្ដើមលើកដៃវាយពូកភូសៗព្រោះមិនអាចធ្វើអ្វីបាន។ ក្នុងចិត្តនារីនេះ ប្រសិនបើនាងអាចក្រោករួច ស្រីអាចប្រវាយប្រតប់ ឬរកឱកាស​ផ្តួលជននេះពីក្រោយខ្នងដើម្បីសង្គ្រោះភារម្យ ប៉ុន្តែពេលនេះ…..

«ហេតុអីបានជាដៃយើងកម្រើកបានលឿនម្ល៉េះ?»

នារីខំប្រមូលស្មារតីមកវិញ​ពិចារណា​ឈប់យំ ហើយ​ចាប់ផ្ដើមច្រត់ដៃសន្សឹមៗ។

មែនហើយ! នាងអរណាស់ ដៃទាំងពីរ ពិតជា​អាចធ្វើចលនាបាន ទ្រូងក៏ដកដង្ហើមធូរស្រាលជាងមុនឡើង បរិវេណចង្កេះនាងអាចកម្រើកបាន។

ប្រាកដណាស់ថ្នាំប៉ុន្មានគ្រាប់ដ៏ហឹរ ល្វីងដែលភារម្យបានទម្លាក់នៅក្នុងមាត់អម្បាញ់មិញនេះ រលាយខ្សុលកាលណា រាងកាយដូចផុតពីបណ្តាសាជាមនុស្ស​រុក្ខជាតិ?

ធីតា​ក្រឡេកភ្លាម​ទៅរកទ្វារ។

ជននោះនាំបងគេចេញផុតហើយ។

ឈាមនៅដាម​សឹងងងឹតមុខ។

នារីខំប្រមូលស្មារតីបង្កើនភាពរឹងមាំ ឈានជើងចុះយ៉ាងរហ័ស គោលដៅគឺរត់ចេញ។ ប៉ុន្តែនៅពេលជើងប៉ះឥដ្ឋ វាមិនដំណើរការទេ គ្មានកម្លាំងសោះ មិនអាចទប់ជំហររបស់នាងបានសូម្បីមួយភាគណា។

រាងកាយ​តក់ក្រហល់របស់​ស្រីស្អាតដួលបោក​ភីងទៅលើឥដ្ឋ  ។​ នាង​អាច​បោកក្បាលសន្លប់បាន ប្រសិន​មិនព្យាយាមតោងគ្រែទប់ខ្លួនឱ្យប៉ើងតាមជើងគ្រែដែលជាប្រភេទកង់វិលវល់ចុះឡើងទេនោះ។

ទីបំផុត​នាង​យល់ហើយថា ថ្នាំគ្រាប់នេះ នៅមានឥទ្ធិពលតិចណាស់ នៅក្នុងការសង្គ្រោះនាងបើប្រៀបធៀបជាមួយទំហំសារជាតិកំណាចដែល​មនុស្ស​វិកល​ បានចាក់មកបំពុលឈាមនាង​។

ស្រីស្អាតចាប់ផ្ដើមវារដោយដៃ សំដៅ​ទៅរកទ្វារ។

ទ្វារមិនបានចាក់សោទេ។

នាង​វារទាំងភ័យរន្ធត់​ពី​លើដានស្នាមឈាម​នៃអធិការអភ័ព្វ។

ជំពូក៤៦

មនុស្ស​ស្រីក្នុងបន្ទប់ក្រោមដី

ធីតា ភ្ញាក់ដឹងខ្លួនឡើងពីដំណេកយ៉ាងជ្រៅមួយដោយសារស្នូរទូរសព្ទរោទិ៍។ នេះជាការដឹងខ្លួនជាលើកទីបីហើយ តែលើកនេះនាងមិនគិតថា​មានអ្វីប្រសើរឡើងទេ។

គេបាញ់សូម្បីតែបងប្រុសគេ?

ភារម្យឈាមហូរគំហុក មិនលែងអីរបួសប៉ះចំសរសៃឈាមកន្លែងគ្រោះថ្នាក់។ គេមិនដឹងយ៉ាងណាទៅហើយ។ ​​ការដឹងខ្លួនពាក់កណ្តាលសន្សឹមៗនេះ​ នាងនឹកដល់ថ្នាំល្វីងហឹរដែលគេដាក់មកក្នុងមាត់នាង​ជាចុងក្រោយ​​សង្ឃឹមនាងអាចកម្រើកបាន តែនាងចាំថា​បានត្រឹមតែ​ប្រើវារចេញទៅក្រៅ។

ចុងក្រោយមកដឹងខ្លួនឡើងវិញលើកនេះ ធីតាលើកដៃញីថ្ងាសដែលខ្សោយនិងវិលឈឺឆៀប​ៗ​។

ច្បាស់ណាស់យើងត្រូវមនុស្ស​ចង្រៃនោះចាប់បាន​ ហើយដាក់មកលើគ្រែនរកនេះវិញ។

នាង​គ្រវីដៃក្បាលទាំងសៅហ្មង កំហឹង និងសេចក្តីអស់សង្ឃឹម។ មាត់សាបគ្មានរស តើខានបានអាហារមកយូរប៉ុណ្ណាហើយ។

ទោះយ៉ាងណា​អ្វីមួយ​ជ្រាបចូលក្នុងខួរក្បាលរបស់នាង។ ស្នាមចងចាំចុងក្រោយរំឭកមកវិញ…..

ធីតាស្រែកវ៉ាសក្រោកឡើងអង្គុយ…..

នៅចំពោះមុខនាង​ មនុស្ស​ប្រុសម្នាក់ដែលកំពុងកាន់ទូរសព្ទ ចាប់ផ្តើមទម្លាក់ដៃចុះយឺតៗ លែងនិយាយទូរសព្ទហើយងាកមកសម្លឹងនាង។

«ដឹងខ្លួនហើយ??!»

ថ្ពាល់របស់នាងចេញចំហាយក្តៅៗខណៈបានឃើញវត្តមាន​បុរសនេះ។

«Roy? ខ្ញុំយល់សប្តិទេដឹង?!»

នាងនិយាយយឺតៗ ទាំងបបូរមាត់ក្រៀមប្រេះ។

អតីតស្នងការ​ដើរមករកនាង​យ៉ាងរហ័ស​ហើយ​ទាញកៅអីអង្គុយក្បែរ។

«ធីតានៅក្នុងពេទ្យ! ពួកយើងយកធីតាចេញពីលេណដ្ឋាននោះ!»

នាង​រេភ្នែក​សម្លឹងបុរសនេះ។ ហើយ​សម្លឹងហួសទៅក្រៅបង្អួច។ ​នៅទីនោះនាង​ឃើញខ្នងហ្សឺឌី​ កំពុង​ឈរនិយាយនឹង Ann។

«ទីបំផុត ខ្ញុំបានចេញពីកន្លែងនរកនោះហើយ?!»

Roy ងក់ក្បាល។

នាង​មានសំណួរជាច្រើន ​ប៉ុន្តែ​អណ្តាត និងបំពង់សំឡេង​នៅហាក់រអាក់រអួល ដូចជាដែកប្រហោង​ទោះបីការចងចាំ​ និងភ្ញាក់ដឹងខ្លួនមានកាន់តែច្បាស់ថែមទៀត។

តើមានអ្វីកើតឡើងមុននេះ?

មនសិការដឹងខ្លួននៅក្នុងសភាពច្របូកច្របល់​។ នារីកម្សត់​មាន​អារម្មណ៍ថាចម្លែក ពិបាកពិចារណាអ្វីៗឱ្យបាន​ច្បាស់លាស់​ជាងធម្មតា។

ទោះយ៉ាងណា ខ្យល់ ក្លិន និងពន្លឺ នៅពេលនេះ​មិនដូចជាកន្លែងមរណៈរបស់ពេទ្យកំណាចវិកលម្នាក់នោះទេ។

ដង្ហើមរបស់នាងចាប់លោតញាប់ពេលនឹកដល់គេ។

«គេបាញ់ភារម្យ គេបាញ់បងប្រុសគេ!»

Roy ហាក់ភ្ញាក់ និងត្រូវ​សម្តីនាងទាញអារម្មណ៍យ៉ាងខ្លាំង។ គេបែរមកសម្លឹងនារីអ្នកជំងឺ ​ដោយកែវភ្នែកមុតថ្លា។ កាយវិការទាំងនេះ​បាន​នឹងកំពុង​បង្កើតជាការភ័យខ្លាចថ្មី ហើយធ្ងន់ ​មកហ៊ុំព័ទ្ធនាង…. មានអ្វីមួយ ចាប់ទាញរោមចិញ្ចើមរបស់នាងឱ្យកើតងឿងឆ្ងល់ ៖

«បានន័យថា ប៉ូលិស​ចូលមករកខ្ញុំឃើញ តែមិនឃើញភារម្យនិងពេទ្យសាននោះទេ?!»

សារជាថ្មី Roy ងក់ក្បាល។

អ្វីៗគឺងងឹតឈឹងឡើងវិញ​សម្រាប់នាង។ រូបភាព​ចុងក្រោយពេលនាងព្យាយាម​វារទៅលើផ្លូវក្រាលដោយឈាម…..ភ្លឹបភ្លែតៗតែនឹកមិនទាន់ឃើញ​ទេ។​ សភាពងងឹតនៅតែស្ថិតស្ថេរក្នុងការគិតពិចារណា​។

«ខ្ញុំយោងខ្លួន​វារចេញ​ត្រដាបត្រដួស​មកខាងក្រៅទ្វារ! នៅចន្លោះផ្លូវតូចវែងងងឹតស្លុបមួយ ខ្ញុំមិនឃើញ​អ្វី​ទាំងអស់ ប៉ុន្តែយូរបន្តិច​ក៏ឃើញ​គ្រប់យ៉ាង​ដោយ​ ស្រពេចស្រពិល! ដៃខ្ញុំស្អិតប៉ះដានឈាមដែលហូរនៅលើថ្ម! ខ្ញុំសម្រេចថា មិនវារចេញទៅតាមតំណក់ឈាមទាំងអស់នោះទេ មិនចង់ឱ្យពេទ្យសាននោះឃើញខ្ញុំ! ខ្ញុំបាន​ចាប់ផ្ដើមបកក្រោយ​ទៅក្នុងទិសដៅផ្ទុយ! នៅក្នុងកន្លែងងងឹតអួរអាប់មួយ មនុស្សស្រីម្នាក់បង្ហាញខ្លួននៅពីមុខខ្ញុំ! គេនោះសក់វែងពេក ដូចជាខ្មោចព្រាយ ហើយមានអាវវែងជារ៉ូបខ្មៅ! ខ្ញុំភ័យស្រែកខ្លាំងៗ ហើយខ្ញុំលែងដឹងអីទៀត ប្រហែលជាសន្លប់ពេលនោះហើយ!»

នាងនិយាយមួយៗ ខណៈAnn និងហ្សឺឌីស្ទុះចូលមកដល់។ នាង​សម្លឹងពួកគេ​ជាមួយកែវភ្នែក​យំសោក​។ ស្ត្រី Ann ស្ទុះមកឱបធីតា​ដោយគ្មាន​ពាក្យស្រដី​ ចំណែកបុរសដែលសែនស្រលាញ់នាង​ឈរផ្អែកនឹងជញ្ជាំងសម្លឹងមកនារីនេះ​ដោយទឹកមុខឈឺចាប់។

Roy នៅអត់ធន់គិតចុះឡើងមុនពេលនិយាយមួយៗប្រាប់វិញ៖

«ព្រោះបាត់ភារម្យយូរពេកយើងចូលទៅតាម!​ ក្រោយមកយើងរកឃើញធីតាសន្លប់ម្នាក់ឯង​មិនឃើញភារម្យមិនឃើញពេទ្យនោះទេ! ចាន់ដា និងគ្នាគេកំពុងរុករកដល់ពេលនេះ!»

ធីតា​ងើបចេញពីAnn។​ នាងបង្ហាញភាពងឿងឆ្ងល់។ Royរៀបរាប់បន្ថែម​យឺតៗ៖

«ក្រៅពីធីតានិង​បន្ទប់គ្លីនីកបោះបង់ចោលនោះដែរ! គ្មាន​កន្លែងផ្សេងទេ មនុស្ស​ស្រីនោះចេញតាមណាមក!»

ធីតាប្រកែកញ៉ាញ៖

«នៅចុងផុតនៃផ្លូវក្រោមដីនោះប្រាកដជាមានច្រកផ្សេងទៀត! ឬអាចជាបន្ទប់អ្វីមួយ មានមនុស្ស! ខ្ញុំឃើញច្បាស់ណាស់!»

Ann ងាកសម្លឹងRoy ខណៈធីតា​លើកដៃឡើងជូត​សម្អាត​ភ្នែកទឹករបស់នាង។

អ្វីដែលនាងអាចមើលឃើញ គឺRoyហាក់កំពុង​ពិចារណាដំណាលជាមួយAnnដែរ ពីព័ត៌មាន​ដែលនាង​ប្រាប់។

នាង​ងាកមកហ្សឺឌី ហើយនិយាយឱ្យគេជឿ៖

«ហ្សឺឌី ខ្ញុំឃើញមនុស្ស​ស្រីមុខស្លេកម្នាក់ពិតមែន!»

ហ្សឺឌីងក់ក្បាល។

«គ្មានអ្នកណាគិតថា​ធីតាកុហកឬរវើរវាយទេ! ឥឡូវ​​ប៉ូលិស​ក៏បានបិទផ្លូវនោះហើយ​ដែរ! នៅតែរក​ស្រមោល​មនុស្ស​ម្នាក់មិនឃើញ! ពេលនេះគ្រប់គ្នា កំពុងតែខ្វល់ខ្វាយពីសុវត្ថិភាពភារម្យ!»

នាង​រឹតតែ​បារម្ភខ្លាំងឡើងៗខណៈឮពាក្យហ្សឺឌី។

បន្តិចម្ដងៗអ្វី​បានចាប់ផ្តើមបង្ហាញមកច្បាស់លាស់។ នាងចងចាំវិញ ១០០ភាគរយនូវសភាពនានា​មុនពេលនាង​វារចេញបាន។

ភារម្យប្រហែលជាពិបាកមានសុវត្ថិភាពណាស់ នាង​ប្រាប់ខ្លួនឯង។

«គេហូរឈាម​ច្រើនណាស់!» នាងទ្រហោយំ។

Roy ក្តាប់មាត់ហើយនិយាយមួយៗ៖

«ឈាមមាន! ​យើងឃើញ តែយើងបាត់ដាន រកទៀតមិនឃើញមនុស្ស!»

ធីតាក្រឡេកមើលទៅមនុស្ស​ទាំងបី​នៅជុំវិញខ្លួន​ដោយក្តីងឿងឆ្ងល់មែនទែន​អំពីអ្វីដែលនាងបានជួប និងបានឮពេលនេះ។

ពួកគេបីនាក់នេះ ​សុទ្ធតែវាងវៃ នឹងមានជំនាញ វាមិនសមទេដែលថា តាមពេទ្យសានមិនទាន់​ហើយគ្មានដំណឹងពីភារម្យនោះ។

ចំណោទបានកើនឡើងជាមួយនឹងដង្ហើមនីមួយៗតឹងថប់។

«ខ្ញុំមិនយល់សោះ! គេហូរឈាម​របួសធ្ងន់ណាស់ គេម៉េចនឹងរស់ទៅ?!»

នៅខាងក្រៅបង្អួចរបស់នាង ម៉ៅនិងធឿនដើរចុះឡើងហាក់កំពុងការពារ។

ហ្សឺឌីទាញបិទវាំងនន។ នៅតាមប្រលោះដែលនៅសល់ពន្លឺព្រះអាទិត្យបានចូលមកជំនួស​ភាពអួរអាប់ក្នុងរូងងងឹតពេញដោយក្តីអស់សង្ឃឹមមួយនោះ។

ដែលមិនចេះឈប់ឈរគឺការគិតមិនយល់របស់នាង វិភាគពិតជាមិនចេញ។

នៅពេលដែលនាងកំពុងតស៊ូវារចេញ នាង​ក៏បានឮស្នូរជើង និងស្នូរអូសបងប្រុសរបស់ពេទ្យនោះ។ បេះដូងរបស់នាងដាច់ឈឺ ក្បាលគ្រវីយ៉ាងឈឺចាប់នៅក្នុងចិត្ត​។

«មានរឿងអ្វីកើតឡើង? តើខ្ញុំចេញមក​របៀបណា ​ហើយភារម្យត្រូវប្អូនគេ​យកទៅទុកឱ្យស្លាប់នៅឯណា?» ប៉ុន្តែគ្មានការឆ្លើយតបទេ។

ពេលដែលនាងក្រឡេកមើលម្នាក់ៗជុំវិញខ្លួនទទូច​ស្វែងរកចម្លើយ ហ្សឺឌី​ចាប់ផ្តើម​ដើរមួយៗមកអង្គុយក្បែរ ធ្វើឱ្យAnnក្រោក​ចេញបើកផ្លូវឱ្យ។

Roy នៅអង្គុយឈ្ងោកសម្លឹងឥដ្ឋ។

រឿង៖ រូបខ្មៅស្រអាប់ ភាគ៣០
សំឡេង​ហ្សឺឌីនិយាយម្តង ៖

«ខ្ញុំបានជួបជាមួយប៉ូលិស​ម្នាក់ ជាមិត្ត​ភក្តិធីតា! ថ្ងៃនេះគេមកដល់រតនៈគិរីហើយ ពេលនេះ​​កំពុង​ចូលរួមក្នុងការស៊ើបបន្ត​ការងារនេះយ៉ាងប្រញឹកជាមួយស្នងការខេត្ត! គេរកឃើញថា  កូនស្រីរបស់អ៊ំសំភិន តាមពិត​មានជំងឺម្យ៉ាង! សាក្សី​អះអាងថា ក្មេងស្រីនោះមានជំងឺ​ស្លេកស្លាំងខ្លាំង ដែល​មិនអាចទៅសាលារៀនបាន!»

ជំទាវវត្តីបន្ទោរ៖

«ដូច​ធ្លាប់ឮ​ប្ដីខ្ញុំធ្លាប់និយាយប្រាប់!»

ហ្សឺឌីនិយាយបន្ថែម៖

«កូនស្រីគាត់មានជំងឺ XERODERMA PIGMENTOSUM គេហៅជំងឺនេះកាត់ថា XP! នៅក្នុងបន្ទប់គាត់ ប៉ូលិស​រកឃើញសៀវភៅស្រាវជ្រាវជាច្រើន​ពាក់ព័ន្ធនឹង​ជំងឺប្រភេទ​កម្រមួយនេះ! ឯកសារបង្ហាញថា ប្រសិនបើអ្នកឈឺ ចេញមក​ត្រូវនឹង​កាំរស្មីយូវី រួមទាំងពន្លឺ​ព្រះអាទិត្យ និងអំពូលភ្លើងប្រភេទ​ខ្លះ វា​អាចបំផ្លាញស្បែកភ្លាមៗ ​ហើយបើធ្ងន់ធ្ងរ គឺត្រូវរស់ជាមួយភាពងងឹតពេញមួយជីវិត!»

ជំទាវវត្តីប្រឹងច្រត់ដៃក្រោក​ជាមួយទឹកមុខភ័យព្រួយ។ ​ស្របពេលនោះ ចរិយា​ងក់ក្បាលហាក់យល់ការណ៍។  ជំទាវក្មេងរូបចាប់ផ្តើមនិយាយព្រោះកាន់តែបំបែកប្រស្នា​តាសំភិនបានម្តងបន្តិចៗ៖

«ក្មេងស្រីនោះអាចនៅក្បែរៗយើង!»

គ្រប់គ្នា​ងាកមករកនាង​។

ចរិយា​ងក់ក្បាល បញ្ជាក់ពីការនិយាយរបស់ខ្លួនថា មិនបានធ្វើឡើង​ព្រោះអារម្មណ៍រវើរវាយទេ៖

«ខ្ញុំកំពុងនិយាយអំពី​កូនស្រីគាត់!»

ដោយឃើញគ្រប់គ្នាហាក់ផ្ចង់យកចិត្ត​ទុកដាក់ស្តាប់ ជំទាវក្មេងនិយាយបន្ថែម៖

«ពេលមួយ​មុនប៉ាក្មេកស្លាប់! មានយប់មួយ ខ្ញុំទើបមកលេងផ្ទះក្រអូបបានប៉ុន្មានខែ ក៏ចេញមកលេងក្រៅ ព្រោះគេងមិនលក់! យប់ជ្រៅរំលងអាធ្រាត្រទៅហើយបែរជា ខ្ញុំឃើញមនុស្សស្រីម្នាក់រត់លេងក្នុងសួន!  ខ្ញុំបាននិយាយរឿងនេះជាមួយអ៊ំសំភិនព្រោះនៅទីនេះភាគច្រើន​ខ្ញុំបាននិយាយលេងជាមួយគាត់ ខ្ញុំមើលទៅគាត់ស្លូតបូតហើយស្រួលនិយាយគ្នា! គាត់ថា ខ្ញុំអាចនឹងស្រមៃឃើញអ្វីមួយ​ដែលមិនមែនជាការពិត​។​»

«តាចាស់នោះលាក់កូនស្រីគាត់ក្បែរៗផ្ទះយើង?»

ជំទាវវត្តី​លាន់មាត់ទាំង​ភ័យព្រួយ។ ចរិយា​គ្រវីក្បាលយឺតៗ ៖

«រឿងនេះ​ខ្ញុំបាននិយាយនឹងអធិការភារម្យដែរ  បើគេចង់រុករកការពិត   ​គេគួរណាស់តែ​រកឃើញ​ស្រាយ​ចម្ងល់​រឿងមនុស្ស​ស្រីម្នាក់នេះ!»

Joe​គ្រវីក្បាលកាត់៖

«លោកជំទាវ! ខ្ញុំថាយើងកុំចាំ! យើងត្រឡប់ទៅផ្ទះរកមើលខ្លួនយើង!»

ចរិយា​ងក់ក្បាល៖

«យល់ស្រប! ទោះបីថា​យប់នោះ ខ្ញុំមើលមិនច្បាស់ ព្រោះនៅឆ្ងាយពីគ្នា ប៉ុន្តែសកម្មភាពគឺក្បែរស្ពានយោល! ជិត​បន្ទប់ជប់លៀង»

ជំទាវងាកមើលមុខកូនប្រុស។

«មិនបានប៉ុន្មាន​ថ្ងៃក្រោយមក ប្តីខ្ញុំក៏បាត់ខ្លួន!» ចរិយានិយាយបន្ថែមដោយទឹកមុខឈឺចាប់។

Annយល់ថា ​ចរិយាចង់និយាយសំដៅលើអ្វី​ទៅហើយពេលនេះ។​ អ្នកស្រីងក់ក្បាលមួយៗស្តាប់ដោយយកចិត្ត​ទុកដាក់ខណៈជំទាវចំណាស់​ហាក់បីដូចជាភ្លាត់មាត់យឺតៗ​ទៅតាម​ការនឹកឃើញ៖

«ចរិយា ចាំទេ? ពីមុនបងវុទ្ធី គាត់ដូចធ្លាប់រំឭកថា ធ្លាប់មានការសន្យារៀបការឧត្តម​ និងកូនស្រីរបស់បងសំភិន ប៉ុន្តែក្រោយមកដោយសារក្មេងមានជំងឺក៏បាត់ខ្លួនរហូតទៅជាមួយម្ដាយគេ! ខ្ញុំតាមសួរអ្នកស្គាល់គ្នា​ចាស់ៗទាំងនោះគេច្បាស់ថា កាលនៅក្មេង កូនស្រីគាត់មានជំងឺមិនមែនជាការចម្លែកទេ! រឿងនេះ​គេដឹងសឹងគ្រប់គ្នា​! មានម្តង​មុនពេលទិញផ្ទះនេះ ប្ដីខ្ញុំធ្លាប់និយាយថា មនុស្សស្រីដែលសំភិនតាម​ស្រឡាញ់រហូតបានជាភរិយា តាមពិត​មានជម្ងឺសួរពូជ​ ខ្ញុំកាលណោះស្តាប់ចោលៗ មិនចាប់អារម្មណ៍​អ្វីថា​ជាជំងឺរបេងមួយដែលពិបាក ព្យាបាលបាន! ក្រោយមកនេះ ជួបអ្នកចាស់ៗ ស្គាល់គាត់នៅមន្ទីរពេទ្យដែលគាត់ធ្វើការ​ គេនិយាយថាសំភិនមិនដែលរស់នៅបាន​សុខទេគាត់លំបាកណាស់​ ព្រោះការខ្នះខ្នែងព្យាបាលប្រពន្ធ! ប៉ុន្តែនៅតែមិនអាចទៅរួច! ចុងក្រោយគាត់ចង់លក់ផ្ទះគាត់ដែរ ប៉ុន្តែដោយសារជំនាន់ហ្នឹងមិនមានអ្នកណាចង់ទិញផ្ទះជាលក្ខណៈបុរាណ ឬរីសតអី​នៅឆ្ងាយនៅឡើយ! ផ្ទះក្បែរជើងភ្នំ នៅក្បែរជ្រលងជ្រោះនេះ​មានតែ​បងវុទ្ធីទេដែលព្រមជឿតាមការបញ្ចុះបញ្ចូលរបស់គាត់ទិញយក! ​​តែពេលយើងទិញហ្នឹង ប្រពន្ធបងសំភិនខូចយូរហើយ! ដំណឹងក្រោយមក ប្ដីខ្ញុំប្រាប់ទៀតថា កូនស្រីរបស់គាត់ មានអ្នកយកទៅចិញ្ចឹមពីព្រោះតែសំភិនគាត់ធ្លាក់ខ្លួនឈឺនិងពិការ បាត់បង់ពលកម្ម ខ្ញុំគិតថាប្រហែលជាគាត់បានផ្ញើលុយទាំងអស់នេះទៅទុកព្យាបាលកាន់កូនស្រីរបស់គាត់ ឬក៏ឱ្យ​អ្នកណាម្នាក់ដើម្បីព្យាបាល និងថែ​កូនស្រីរបស់គាត់ នៅបរទេស!»

Annប្រកែកភ្លាម៖

«មិនមែនទេលោកជំទាវ! នៅពេលដែលធីតា​រៀបចេញទៅជួបពេទ្យសាន បានជួបជាមួយAndrea ហើយក៏​ទទួលបានរូបបំលែងដើមទាំងនេះ ធីតាបាន​ Sent មកខ្ញុំភ្លាម ហើយបញ្ជាឱ្យខ្ញុំស្រាវជ្រាវ! មុននេះបន្តិច មិត្តភក្តិរបស់ខ្ញុំនៅ Agency បានរកឃើញថា​ ទិន្នន័យវិក័យបត្រនេះ មិនមែនរបស់ក្រុមហ៊ុន ក៏មិនមែនរបស់បុគ្គល ក៏មិនមែនជារបស់សហគ្រាសឯកជនណាមួយ តែ​ឈ្មោះនៃក្រុមអ្នកស្រាវជ្រាវមួយ ដែលធ្វើការទៅលើជំងឺកម្រនានានៅប្រទេសបារាំង! នៅឆ្នាំ២0១៩ ពួកគេធ្លាប់មានព័ត៌មាន​ប្រកាសក្ស័យធន និងបញ្ឈប់ការស្រាវជ្រាវរកថ្នាំព្យាបាលលើ គម្រោង​ជំងឺខ្លះ ក្នុងនោះក៏មាន​ជំងឺ​តមកំដៅថ្ងៃ XPមួយដែរ! ខ្ញុំយល់ថា របាយការណ៍នេះ វាដូចជា​ស៊ីសង្វាក់គ្នាជាមួយសម្តី Andrea ពីរឿងជំងឺXP ដែល កូនស្រី​គាត់មិនអាចរស់នៅក្រោមពន្លឺថ្ងៃបាន!»

Joeយល់ស្របភា្លម៖

«ឥឡូវយើង​អាចទាញការសន្និដ្ឋានបានថា ឈ្មោះសំភិនជាឪពុក បានសម្រេចចិត្ត​លក់ផ្ទះកេរ យកលុយ​រាប់លានទៅបរិច្ចាគជាមួយ​ អង្គការស្រាវជ្រាវមួយនោះ! គាត់មិនបានបោះបង់ចោល ស្វែងរកនូវពពួកថ្នាំ និងដូចជាវិធីសាស្ត្រ ព្យាបាលកូនស្រីទេ​ ដូច្នេះនេះ​ក៏ជាការបង្ហាញ ១០០%ថា ការរុករកអំពី​ទីកន្លែង​របស់​កូនស្រីគាត់ថានៅឯណា ជារឿងមួយគួរពិចារណា!  ព្រោះអ៊ំនេះស្លាប់ទៅហើយ កូនស្រីគាត់វិញអាច​នឹងដឹង​អី្វខ្លះជុំវិញទំនាក់ទំនងគាត់ជាមួយនឹងអធិការភារម្យ? ហេតុអ្វីបានជាអធិការនោះ នៅសុខៗទៅព្រម​ចូលដៃជាមួយគាត់នៅក្នុងការលាក់បំពួនរឿងដែលគាត់បានធ្វើ? ចុងក្រោយរឿងឧប្បត្តិហេតុក៏ក្លាយមកជាឃាតកម្ម!»

ជំទាវ​វត្តីហាក់ទោមនស្ស​ខ្លាំងដល់ថ្នាក់រលីងរលោង៖

«គេសម្លាប់ប្ដីរបស់ខ្ញុំព្រោះអី? ប្តីខ្ញុំធ្លាប់ប្រាប់ខ្ញុំថានឹង​ថែរក្សា​មិត្តគាត់ដល់ចាស់ស្លាប់ គេចង់បានអីទៀត? ឬមួយមកពីបងវុទ្ធី​ចាប់ផ្តើមដឹងរឿងសម្ងាត់អំពីគាត់និងកូនគាត់ ​ហើយប្តីខ្ញុំបានតាមដានគាត់?»

ជំទាវបញ្ចប់ប្រយោគដោយទោមនស្ស។

គ្មានអ្នកណា​ឆ្លើយបានទេប៉ុន្តែជំទាវចរិយាលាន់មាត់មក និយាយអំពីករណីផ្សេង៖

«ខ្ញុំជឿថាកូនស្រីរបស់គាត់អាចនៅក្បែរៗយើង! ខ្ញុំគិតថា នៅក្នុងផ្ទះក្រអូប!»

ទាំងអស់គ្នានៅមុខសម្លឹងស្ត្រីរូបល្អ​ធ្វើឱ្យនាងនិយាយបន្ថែម​ដោយមាន​ភាពច្បាស់លាស់និងទំនុកចិត្ត ៖

«យើងទាញហេតុការណ៍ទាំងអស់ចូលគ្នា អ៊ីចឹងហើយនឹង​សន្និដ្ឋានបានថា តានេះបានមានគំនិត​តាំងពី​ដំបូង​ក្នុងការ​លាក់កូនស្រីរបស់គាត់នៅក្បែរៗនេះដើម្បីថែទាំនិងព្យាបាល ប៉ុន្តែគួរតែនៅកន្លែងណាមួយដែលនៅឆ្ងាយពីពន្លឺថ្ងៃ! អាចថា ជា​បន្ទប់ក្រោមដី? ​ឬបន្ទាប់សម្ងាត់ណាមួយ​!»

ទាំងអស់គ្នាងាកសម្លឹងស្ត្រីនេះ​ ហាក់មិនចង់ជឿជាក់ការសន្និដ្ឋាន ​តែ​Joeព្យាយាមការពារចៅហ្វាយ៖

«ពេលជំទាវចរិយារកខ្ញុំមកគិតរឿង​ក្តីនេះ ​ខ្ញុំបានគិតវិភាកលើសូចនាករខ្លះ! បើពន្យល់តាមក្បួនបច្ចេកទេស WIFI និងអ៊ីនធឺណេត គឺមានតែនៅក្នុងបន្ទប់ក្រោមដីប៉ុណ្ណោះ ដែលពិបាកក្នុងចិត្តការចាប់រលកសញ្ញាបាន! មួយទៀតគឺ បើសិនជាកន្លែងនោះមានផ្ទៃទឹកពីលើផង យើងកាន់តែពិបាកនៅក្នុងការស្វែងរក ឬTrackកម្រិតណា​ក៏ដោយ! អ៊ីចឹងមានន័យថា តានេះគាត់អាចលាក់កូនគាត់នៅក្បែរៗខ្លួន ហើយអាចប្រើអ៊ីនធឺណេតបានធម្មតា​សម្រាប់ឆ្លងឆ្លើយ ប៉ុន្តែនៅក្នុងផ្ទះក្រអូបដដែល​គាត់ងាយចេញចូលជួបគ្នាឬយកថ្នាំឱ្យនាង! អាចថាមនុស្សស្រីមានជំងឺ​កំពុង​លាក់ខ្លួនចាំឪពុក នៅក្នុងកន្លែងមួយដែលមិនត្រូវនឹងពន្លឺព្រះអាទិត្យ! បើលោកជំទាវ ចរិយាឃើញក្មេងស្រីនៅក្បែរៗ ស្ពានយោលចាស់នោះ អាចថា វាជា​ផ្លូវឆ្លងទៅកាន់បន្ទប់នោះ ឬក្រោមនោះផង? សំខាន់យើងមិនមែន​ម្ចាស់ដើមនៃផ្ទះបុរាណនេះ មានតែសំភិនទេ គាត់ច្បាស់ជាដឹងរឿងកន្លុកន្លៀត​វិមាននេះជាងអ្នកណាៗទាំងអស់។»

Ann សម្តែងកាយវិការគាំទ្រJoe ហើយនិយាយបន្ត៖

«ទំនងដែរ!​​ តាម្នាក់នេះ គាត់អាចធ្វើរឿងទាំងអស់លាក់បាំងពីពួកយើងបានដោយស្រួល ​បើសិនជាគាត់ពិតជាមាន​ បន្ទប់មួយនៅក្រោមដី​ក្បែរៗស្ពាននោះ!»

ហ្សឺឌីបន្ថែម​តាមសម្តីបច្ចេកទេសរបស់ខ្លួន៖

«សមហេតុផល! ព្រោះតាមលក្ខណៈបច្ចេកទេស! បើវាត្រូវបាំងដោយទឹក គឺអ្នកនៅលើផ្ទះ​មិនអាចចាប់ឃើញ​រលកសញ្ញាគេបានទេ បើទោះជាគេបានឆ្លើយឆ្លងគ្នារាល់ថ្ងៃ!»

«ដល់ថ្នាក់អាចទៅទិញចិញ្ចៀនមួយគូដែលប្រើលុយ ៨ម៉ឺនដុល្លារ ពីAccountប្ដីខ្ញុំ!»

មនុស្ស​ទាំងអស់ស្តាប់ឮប្រយោគចុងក្រោយដោយសព្ទសំឡេងឈឺចាប់ចេញពីបបូរមាត់ស្លេកស្លាំងនៃជំទាវក្មេង​នេះ គ្រប់គ្នា​បើកភ្នែក​ធំៗហើយ​ងាក​មើលមុខគ្នាឡិងឡង់។

ចរិយាចាប់ផ្ដើមបង្ហាញភាពភ្លឺស្វាងលើផ្ទៃមុខ មុនពេល​សម្រេចចិត្ត​បញ្ចេញ​សេចក្តីសរុប​ខ្លីៗក្នុងចិត្តនាងចេញមក៖

«គឺចាប់ប្ដីខ្ញុំ យកទៅរៀបការជាមួយនឹងកូនគេ? នេះបង្ហាញថា​ បងឧត្តមនៅរស់!»

ជំពូកទី៤៤

ជំងឺ Minamata

«ក្មេងប្រុសតូចនេះ មានជំងឺម្យ៉ាងឈ្មោះថា Minamata ជាប្រភេទជំងឺអម្បូរសរសៃប្រសាទ ពាក់ព័ន្ធជាមួយប្រភពដំបូង គឺការពុលបារតនៅក្នុងប្រទេសជប៉ុនសម័យ សង្គ្រាមលោក! ប៉ុន្តែយើងក៏មិនដឹងថា ហេតុអីបានជាមានករណីជំងឺកម្រនេះកើតនៅក្នុងប្រទេសយើងដែរ? លក្ខណៈសំខាន់ជាទូទៅនៃអ្នកជំងឺ គឺមានសភាពទន់ខ្សោយសាច់ដុំទៅៗជាលំដាប់!  អាការៈដែលយើងអាចឃើញដំបូងគឺ     គេនោះមាន​​អាការៈ​ស្ពឹកដៃស្ពឹកជើង ឬមួយក៏មិនដំណើរការ​នូវអវៈយវៈណាមួយដោយការស្ពឹកខ្លាំង! ក្រៅពីគ្មានការរីកចម្រើនលូតលាស់ល្អសម្រាប់សាច់ដុំ គេអាចនឹងគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេល! សំណាងល្អខ្ញុំស្គាល់វេជ្ជបណ្ឌិតមួយរូប គាត់ឈ្មោះហែម! គាត់ជាអ្នកមានឯកទេសផ្នែករោគវិកល ធ្លាប់រៀននៅប្រទេសបារាំង យើងសង្ឃឹមថាគាត់នឹងព្រមមកជួយព្យាបាលជំងឺនេះ! សង្ឃឹមថា គាត់នឹងអាចធ្វើបានជោគជ័យ ដោយសារថា គាត់ធ្លាប់ជួយអ្នកជំងឺបានច្រើននាក់មកហើយ!»

នេះជាអ្វី​ដែលខ្លួនបានចងចាំមកច្រើនឆ្នាំហើយ ព្រោះវាជាដំណឹងសែន​រន្ធត់ដែលបានប៉ះទង្គិចមកក្នុងរង្វង់គ្រួសារ តើ​អ្នកណាអាចភ្លេចវាបាន?

កាលណោះ​ចាំបានថា ខ្លួនបានទៅកាន់មន្ទីរពេទ្យមើលប្អូនប្រុសតូចជាមួយម្តាយ។ ក្នុងនាមជាក្មេងកំព្រាដែល ឪពុកស្លាប់តាំងពីប្អូនទើបនឹងចាប់កំណើត ភារម្យត្រូវបានម្តាយចាត់ទុកថាជាកូនប្រុសធំ ជាបង្គោល​ដែលអាចពឹងពាក់បាននៅក្នុងការថែរក្សាប្អូន។

សេចក្ដីសង្ឃឹមរបស់គ្រួសារនេះ បានចាប់ផ្តើមឡើងវិញសារជាថ្មី នៅពេលដែលពេទ្យឈ្មោះហែម ម្នាក់នោះ បានយល់ព្រមថានឹងប្រើអស់ពីសមត្ថភាពរបស់គាត់ក្នុងការថែរក្សាក្មេងប្រុសដែលមានជំងឺកម្រ។

គាត់អះអាងថា គាត់យល់ចិត្តអ្នកដែលមានបញ្ហានេះព្រោះគាត់ខ្លួនឯងបានបាត់បង់ភរិយាថែមទាំងមានកូនស្រីម្នាក់ កំពុងតស៊ូជាមួយនឹងជំងឺប្លែកមួយដែរ។

នឹកឃើញដល់ត្រង់ណេះ បេះដូង​ភារម្យឈឺឆៀបៗ ដោយសារវិប្បដិសារី។

«ស្ដាយណាស់ដែលម៉ែទុកចិត្តគេ! តាមពិតមនុស្ស​ចំណាស់នោះហើយ ដែល​ទុកប្អូនខ្ញុំឱ្យនៅរ៉ាំរ៉ៃរហូតមក! តានោះមាន​គម្រោង​យូរមកហើយក្នុងការ​ទុកប្អូនខ្ញុំប្រើ សម្រាប់ការងារឧក្រិដ្ឋរបស់គេ!»

ភារម្យនិយាយមួយៗ​ចំពោះកែវភ្នែក​សោកសៅនៃមេកោយខ្លួនគឺចាន់ដា និងRoyដែលនៅអង្គុយផ្ទៀងស្តាប់។

គេនឹកដល់រាត្រីមួយកាលពីពេលថ្មីៗនេះ ដែលគេបានរកឃើញប្អូនប្រឡាក់ខ្លួនស្រម៉កដោយ​ កម្ទេចរុក្ខជាតិស្លឹកឈើក្រៀម និង​មាន​ទឹកមុខភ័យរន្ធត់ហៅខ្លួនឱ្យចេញទៅជួប នៅក្រោយគ្លីនិកទាំងពាក់កណ្តាលយប់។

«យប់នោះហើយ​ឧកញ៉ាវុទ្ធីបានដួលស្លាប់! ខ្ញុំបានទៅជួបវា….ហើយសម្លុតវាថា តើហេតុអ្វីបានជា​មាន​ ស្នាមម្រាមដៃរបស់វានៅពាសពេញ​ទីកន្លែងកើតហេតុ? វាហៅខ្ញុំឱ្យជួយ! ពេលនោះហើយ ខ្ញុំដឹងថា មនុស្ស​ម្នាក់ដែលនិយាយថានឹងព្យាបាលឱ្យវាតាំងពីនៅក្មេង ហើយដែលវាទុកចិត្ត​ ជឿជាក់ស្មើឪពុកទីពីរ​តាមពិត​ បានប្រើប្រាស់វា នៅក្នុងគម្រោង​សម្លាប់មិត្តភក្តិរបស់គាត់នៅឯផ្ទះក្រអូប! គេបានពង្រាយ​ស្នាមដៃប្អូនខ្ញុំគ្រប់កន្លែង ហើយព្រមានថា​បើខ្ញុំរកការពិត ទាំងឡាយនៅក្នុងផ្ទះនេះ  ប្អូនប្រុសតែមួយគត់ម្នាក់នឹងជាប់គុកទាំងជំងឺ។ ចាន់ដាស្រឡាំងកាំង ខណៈ Royចុចស្រាវជ្រាវមិនអស់មិនហើយអំពីឈ្មោះជំងឺចម្លែកដែលទើបនឹងបានឮ។ ពេលភារម្យចប់គេសួរភ្លាម៖

«ឈ្មោះសានហ្នឹង ក្រៅពីអាការៈស្ពឹកខ្លួន គេមានជំងឺឡប់សតិ​ឬ​ធ្វើឧក្រិដ្ឋកម្មមិនដឹងខ្លួនដែរទេ?!»

ភារម្យងើបមុខ​យឺតៗ​សម្លឹងភាពស្រពោនព្រួយភ័យបង្កប់ក្នុងពន្លឺភ្នែក Roy ដែលកំពុង​ទន្ទឹង​រង់ចាំចម្លើយ។  គេដឹងថា​បុរសនេះ កំពុង​គិតអំពីសុវត្ថិភាពធីតា។

គេនិយាយបន្ថែមយឺតៗ៖

«ប្អូនខ្ញុំវាស្ពឹកជើងណាស់ គឺស្ពឹកដល់ស្រែកយំនៅពេលយប់ចុះត្រជាក់!​ វាដើរមិនរួចទេ គឺត្រូវផឹកថ្នាំ​រំងាប់សរសៃប្រសាទរហូតមក ដើម្បីសម្រាក! តើវាវេទនាយ៉ាងណា? ខ្ញុំធ្លាប់មានការសង្ស័យដែលឧស្សាហ៍ឃើញប្អូនខ្ញុំយប់ឡើងម្តងៗ ធ្វើដំណើរកាត់តាមផ្លូវលំតូចក្រោយគ្លីនិកវា ទៅផ្ទះក្រអូប តែមិននឹកថាគ្រប់យ៉ាងជាផែនការរបស់តានោះ​ពន្យារជំងឺវា​ហើយទុកវាប្រើបម្រើឧបាយកលគាត់ទេ!»។

ពួកគេបាន​ចាកចេញពី​កន្លែងសួរចម្លើយ រីឯគោលដៅ គឺផ្លូវលំនៅក្រោយគ្លីនីកមួយនោះ។ នៅក្រោមការរុករកប្រហែលជា១ម៉ោង នៅក្បែរអណ្ដូងទឹកចាស់ មានច្រកមួយដែលអាចចុះបានត្រឹមមនុស្សម្នាក់។

ភារម្យបានចុះទៅតែម្នាក់ឯង…..។

តាមពិត រូងនេះចង្អៀតល្មមមនុស្សមាឌធំម្នាក់ ដូចជាផ្លូវទៅកាន់លេណដ្ឋានយោធាជំនាន់បារាំង តែតាមពិតពេលលូនបានប្រមាណ​១នាទី ក៏មកដល់ច្រកផ្លូវមួយខ្ពស់ស្រឡះលើសមួយជំហរមនុស្ស​ ទទឹងខ្លួនជាងមួយម៉ែត្រ និងស្ងួតស្អាតគ្មានរុក្ខជាតិ គ្មានសម្រាម បង្ហាញថាមានមនុស្ស​ចេញចូលសម្អាតវាជាប្រចាំ។

នៅលើខ្លួនគេ ភារម្យ​រកឃើញកម្ទេច​ស្លឹកឈើ និងដើមត្រែងក្រៀមក្រោះ  ដែលប្រលាក់ជាប់​ស្រម៉ក​​ ទំនងថា​ពេទ្យសាន​តែងតែប្រមូលមកបិទបាំងច្រកនេះមិនឱ្យមាន​អ្នកណាប្រទះឃើញបាន។

«ប្រាកដណាស់ នេះជាច្រកទៅកាន់វិមាន​ក្រអូប? ឬមួយវាមានបន្ទប់ក្រោមនេះ​សម្រាប់លាក់ធីតា?!»

គេគិតទាំង​ចងចាំនូវសំឡេង​ស្រែកហៅរកជំនួយរបស់នាង​។

ជញ្ជាំងថ្មដីឥដ្ឋរឹង និង​មាន​គោលដៅ​ក្រវិចក្រវៀនបាននាំគេឱ្យដើរលុកទៅមុខបន្ត ជាមួយ​ពិលបញ្ជាំងចេញ​ពីទូរសព្ទ​រហូតដល់ស្បែកដៃ​និងក្រណាត់អាវប៉ះត្រូវកម្លាំងខ្យល់។

មានខ្យល់?

មិនយូរប៉ុន្មាន​នាយប៉ូលិស​រកឃើញពន្លឺ។ វាជាប្រលោះទំហំប៉ុនស្លាបព្រិលរាយជាជួរៗនៅចំហៀងខាងស្តាំនៃច្រកនេះ។

ប្រាកដហើយថា ​ប្រសិនវាមិនមែនក្បែរជម្រាល ឬជ្រោះភ្នំ គេមិនអាចបង្កើតប្រលោះខ្យល់បំពួនពីភ្នែកអ្នកផងបាន​យ៉ាងនេះឡើយ។ សភាពរូងនេះ មិនមែន​ងាយកសាងឡើងទេ។​ វាប្រាកដជាសាងដោយដៃទាហាន ឬវិស្វករបច្ចេកទេសត្រឹមត្រូវ​សល់មកពីសង្គមចាស់ ឬតាំងពីសម័យកាលអាណនិគមផងក៏ថាបាន។

«តាចាស់នោះជាអ្នកប្រាប់វាពីកន្លែងចោលម្សៀតអស់នេះ មានតែតាហ្នុងហើយ!»

គេគិតដោយសៅហ្មង។

ទ្វារដែកធំមួយ បង្ហាញ​ខ្លួនពីចម្ងាយ។

ភារម្យរអ៊ូក្នុងចិត្ត៖

«អាចង្រៃ! លើកនេះ ប្រសិនជាឯងធ្វើអ្វីមិនល្អទៅលើមនុស្សស្រីម្នាក់នោះ! អញនឹងប្រគល់ឯងទៅឱ្យតុលាការ ហើយឯងនឹងទៅដេកមើលរោគឆ្កួតរបស់ឯងនៅក្នុងគុកឯកោម្នាក់ដល់ថ្ងៃស្លាប់ ទៅតាមខ្មោចគ្រូចង្រៃរបស់ឯងទៅអាសាន!»

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៩
Roy ឱនពិនិត្យរបាយការណ៍មួយសន្លឹកហើយមួយសន្លឹកទៀតដោយស្ងាត់ស្ងៀម ។

បន្តិចមកគេងើបមុខសួរ៖

«អ្នកណាជាម្ចាស់បណ្តឹង? Andrea?»

«ទេ! ម្ចាស់បណ្ដឹងឈ្មោះហ្សឺឌីមកពីផ្ទះក្រអូប! គេ​បាននិយាយថា គ្រួសារ​ខ្លួនកំពុងកើតការសង្ស័យថាពេទ្យសានម្នាក់នេះ​អាចនឹងមានបំណងមិនល្អចំពោះធីតា ដោយសារគ្រួសារនេះបានតាមដាន​រកឃើញដានស្នាមមួយចំនួនទៀត ដែលពាក់ព័ន្ធជាមួយនឹងអតីតកាលរបស់ពេទ្យនេះ!»

«ដានអីខ្លះ?!» គេសួរខ្លីដោយទឹកមុខស្មើ។

Roy ដឹងថា​មិនមាន​អ្នកណាម្នាក់នៅទីនេះ ស្គាល់ឈ្មោះបរទេសមួយទៀតក្នុងទីផ្សារ Hack របស់ហ្សឺឌី ជាAndrea ទេ។ ភ្លាមៗគេគិតទៅដល់រឿងធីតាដែលធ្លាប់មានរូបបំលែងខ្លះធ្វើការជាមួយបុរសនេះ។

មិនដឹងថា Andrea បានញែករូបពិតនោះចេញមកឬនៅ ប៉ុន្តែពាក្យថាដានទាំងឡាយនៅផ្ទះក្រអូបពេលនេះបានក្លាយជារឿងដ៏សំខាន់សម្រាប់គេ។

អតីតស្នងការដ៏ល្បីឈ្មោះ បានបញ្ជាឡានប៉ុន្មានម៉ោងមិនបាយមិនទឹកមកដល់ទីនេះភ្លាមៗ បានបញ្ជាក់ស្រេចថា ធីតាមិនមែន​ធម្មតាសម្រាប់គេទេ។

ស្នងការចាន់ដា ​ដែលជាមិត្ត​រួមជំនាន់​យល់ច្បាស់អំពី​អាទិភាពនៃសំណុំរឿងនេះ។ នៅពេលត្រូវបានសួរពីដាន ចាន់ដាមិនដឹងត្រូវឆ្លើយបែបណា ព្រោះគេនៅមិនទាន់មាន​របាយការណ៍ដែលបានសាកសួរឈ្មោះហ្សឺឌីនេះ ពីក្រុមកូនចៅនៅឡើយ។

«កំពុងសួរខាងក្រៅ! ម្នាក់ហ្សឺឌីនោះ! គ្នាយើងកំពុងសួរ!»

Roy លើកនាឡិកាមើល។ ទោះបីការចាកចេញទៅរៀនច្រើនឆ្នាំមកនេះគេមើលទៅហាក់ចាស់ទុំ នឹងនរជាងមុនសម្រាប់ភ្នែកចាន់ដា ​​តែទោះយ៉ាងណា​ខណៈនេះភាសាកាយវិការប្រាប់ថា អតីតស្នងការកំពុងអន្ទះសា​ដោយស្ងាត់ៗ។

ចាន់ដាវាចាខ្សោយៗ៖

«របាយការណ៍ពីការស្លាប់បុរសពិការកាលពីម្សិលមិញនៅបឹងយក្ខឡោម​ ខាងកោសល្យវិច័យជឿថា មានថ្នាំម្យ៉ាងដែលត្រូវបានគេប្រើប្រាស់លើគាត់មុនពេលចេញទៅជួបជំទាវនោះរហូតធ្លាក់ទឹកស្លាប់!»

Roy ស្គាល់ក្រដាសរបស់ក្រុមកោសល្យវិច័យច្បាស់។ គេទាញវាចេញមកភ្លាម​ហើយអានស្ងាត់​ៗ​​….​.ការធ្វើកោសល្យវិច័យសព សុខ សំភិន អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះក្រអូបកម្មសិទ្ធិឧកញ៉ាវុទ្ធី បានសល់ក្នុងឈាម​នូវប្រភេទថ្នាំស្ពឹកដែលអាចកំណត់រយៈពេលនៃប្រតិកម្មវា។ ប្រសិនបើអ្នកប្រើវាក្នុងរយៈពេលពី ៣០នាទី ទៅ ១ម៉ោង នឹង​ចាប់ផ្តើមធ្វើឱ្យមានអាការស្ពឹកសន្សឹមៗ  រហូតដល់មិនអាចប្រើប្រាស់​អ​វៈ​យវៈ​បានទាំងស្រុង។

អានចប់គេងើបមុខមកសម្លឹងមិត្ត។ យល់ចិត្តគេ ចាន់ដាប្រញាប់ពន្យល់៖

«នេះបង្ហាញថាអ្នកណាម្នាក់បានប្រើថ្នាំនោះទៅលើអ្នកជនរងគ្រោះមុនពេលដឹងថាគាត់នឹង​ធ្វើដំណើរទៅជួបជំទាវវត្តី! បើសិនជាយើងគិតតាមលក្ខណៈវិទ្យាសាស្រ្តថ្នាំនោះបានស្ពឹកទៅនៅចំពេលដែលជនចំណាស់លោតទៅក្នុងទឹក! តាមសាក្សីឈ្មោះAnn ដែលនៅកន្លែងកើតហេតុផ្ទាល់បាននិយាយថា អ្នករងគ្រោះដែលលោតទៅក្នុងទឹកនោះ លោតដោយមានទំនុកចិត្ត និងមិនមានអារម្មណ៍សង្ស័យថាជើងនិងដៃរបស់ខ្លួនមិនអាចហែលបាននោះសោះ! ដោយសារការ​មិនដឹងខ្លួននេះហើយដែលធ្វើឱ្យគាត់ត្រូវស្លាប់ភ្លាមៗ ដោយការលង់ទឹក!»

ចាន់ដាបញ្ចប់ការពណ៌នា ​ទាំងភ្នែកសម្លឹងទៅកាន់មិត្តសម្លាញ់ជាច្រើនឆ្នាំមកហើយ។ ទោះពេលនេះខ្លួនមានងារ ជាស្នងការទទួលបន្ទុកនៅខេត្តរតនគិរី ប៉ុន្តែភាពល្បីល្បាញនិងបទពិសោធន៍វាងវៃរបស់មិត្តសម្លាញ់ម្នាក់នេះ បានធ្វើឱ្យគេនៅតែចង់បានយោបល់។

ស្នងការ​ចាន់ដានិយាយបន្ថែម៖

«ព័ត៌មានទាំងនេះ មានអី​ប្លែកទេ?»

បានឱកាស​ Roy ចាប់ផ្ដើមងាកមកនិយាយ៖

«បើសិនជាយើងទាញទៅដល់រឿងមនុស្សចាស់ឈ្មោះសំភិននោះ ហើយយើងម្ខាងកំពុងគិតថាពេទ្យសានមានរូបថតកាលនៅក្មេង​ នៅនឹងគាត់ ដែលឈ្មោះចរិយារកឃើញ ចំណែកឯរឿងរបាយការណ៍កោសល្យវិច័យ ប្រើថ្នាំស្ពឹក​ទៅលើរាងកាយដោយមិនដឹងខ្លួន ធ្វើឱ្យស្លាប់នៅពេលខំហែលទឹក  ខ្ញុំទាញរឿងទាំងអស់បុកទៅរកម្នាក់ឈ្មោះអធិការភារម្យហ្នឹងតែម្តង! មានរឿងសំខាន់បី ដែលខ្ញុំយល់ថាយើងអាចធ្វើនៅក្នុងពេលនេះ គឺទីមួយឆែកឆេរកន្លែងអ្នករងគ្រោះស្លាប់ម្សិលមិញ ឆែកឆេរគ្រប់ទីកន្លែងដែលពាក់ព័ន្ធជាមួយគាត់មិនថាកន្លែងគាត់ស្លាប់  កន្លែងគាត់ធ្លាប់រស់នៅ  មនុស្ស   កន្លែងគាត់ស្រឡាញ់​ឧស្សាហ៍​ទៅក្នុងរយៈពេលចុងក្រោយនេះ អ្នកណាខ្លះដែលពាក់ព័ន្ធជាមួយគាត់!»

ចាន់ដាងក់ក្បាលយល់ស្របទាំងអស់។​ Roy បន្តខ្សឹបតិចៗ៖

«ទីពីរ យើងឆែកឆេរថា តើពេទ្យសាននោះ កូនអ្នកណា គ្រួសារ​ប្រវត្តិពីក្មេង!​ បច្ចុប្បន្នមានទំនាក់ទំនងជាមួយនរណាខ្លះ? ​រយៈពេលចុងក្រោយ បានធ្វើអ្វីខ្លះ? ហើយតើគេបាននាំធីតា​ចេញពីហាងឈ្មោះប៉ាស្រីភាទៅកន្លែងណា? ម្ចាស់ហាងនោះក៏អ៊ីចឹង គួរតែសួរគាត់ដដែលៗទៀត បើសិនជាអាចខ្ញុំសុំទៅដល់កន្លែងនោះ!»

ចាន់ដាងក់ក្បាល៖

«បានៗៗៗ! ស្វាគមន៍ជានិច្ច!»

«ចំណែកទីបី! អធិការភារម្យម្នាក់នោះ! បើសិនជាភារម្យសារភាពថា បាន​ពាក់ព័ន្ធជាមួយមនុស្សចាស់ឈ្មោះសំភិន មានន័យថាភារម្យនឹងដឹងថា តើបុរសពិកា​រនេះមានទាក់ទងជាមួយអ្នកណាខ្លះទៀត? តើហេតុអ្វី​បានជាខ្លួនព្រមលះបង់សក្តិយស់ទៅបិទបាំងឧក្រិដ្ឋកម្មរបស់គាត់?  ខ្ញុំឆ្ងល់ពីរឿងពាក់ព័ន្ធរវាងពួកគេទាំងបី គឺ​បីនាក់នេះ ភារម្យ ពេទ្យសាន និងសំភិន!»

«បានតើ យើងទៅជួបអធិការនោះឥឡូវ!»

ចាន់ដាក្រោកនាំផ្លូវមិត្ត។ ដើរផង គេនិយាយបន្ថែម​ផង៖

«និយាយរួមទៅ! Royឯងមិនបាច់សុំការអនុញ្ញាតអី​ពីខ្ញុំទាំងអស់! ចាប់ពីពេលនេះទៅគ្រប់ការសួរចម្លើយអ្នកណា នៅកន្លែងណាពាក់ព័ន្ធនឹងសំណុំរឿងនេះ អាចចូលរួមបានគ្រប់ពេល ដោយសារខ្ញុំបានដាក់សំណើទៅថ្នាក់លើហើយ ខាងលើក៏យល់ដែរថា ករណីព្រហ្មទណ្ឌនៅផ្ទះក្រអូបត្រូវបានអូសបន្លាយពេលជាយូរហួស ឥឡូវនេះទៀតសាធារណជនអ្នកកាសែត និងអ្នករងគ្រោះ គ្រួសារពាក់ព័ន្ធកំពុងតែរង់ចាំដាក់ពិន្ទុលើចំណាត់ការរបស់យើង!»

Roy ងាកមកប្រាប់វិញ៖

«របាយការណ៍ពួកគេ រៀបចំបានយ៉ាងល្អ តែបើមើលមែនទែន វាក្បោះក្បាយពេកក្នុងការដាក់ទោសខ្លួនឯង!»

ចាន់ដារអ៊ូដោយទោមនស្ស៖

«ប្រហែលជា​ គេគិតថាខ្ញុំល្ងង់ឬមួយក៏គេគិតថា គ្មានអ្នកណារវល់ឆែក?!»

«មិនមែន​ទេចាន់ដា! មនុស្ស​នេះអាចថា ទ័លច្រក!»

Roy ប្រាប់វិញតិចៗ។

ជំពូក ៤១

អធិការភារម្យ និងរឿងរ៉ាវនៅផ្ទះក្រអូប

ភារម្យ អធិការដែលធ្លាប់មានការរាប់អានស្រលាញ់ជាច្រើន ក្នុងមូលដ្ឋានរស់នៅនិងបំពេញការងារ​របស់ខ្លួន ពេលនេះមិនមែនថាគេភ័យខ្លាចពន្លឺនោះទេ ប៉ុន្តែប្រហែលជាគេនឿយហត់បន្តិចបានជាសំងំក្នុងជ្រុងងងឹតមួយ។

ស្នូរជើងមកពីចម្ងាយ គេនៅស្តាប់ដឹង គ្រាន់តែគេមិនមាន​ប្រតិកម្ម និងមិនដឹងថាតើ គេមិនរង្គើកាយព្រោះខ្សោះខ្សោយ​ដោយសារមិនបានបរិភោគ មិនមានអាហារក្នុងពោះ​ ឬមិនងងុយគេងជិតម្ភៃម៉ោងមកនេះ ឬមួយគេរ៉ាំរ៉ៃយូរពេកនៅក្នុងវិបត្តិ។

ទ្វារត្រូវមួលសោបើក​និងទម្លាក់ច្រវ៉ាក់សោដឺកចាស់លាន់ក្រោកក្រាក…..

«ម៉េចមិនបើកភ្លើងឱ្យអស់?!»

ចាន់ដាពោលសួរមកពីមាត់ទ្វារ។

ស្នូរចុចកុងតាក់បើកភ្លើងមកបន្ថែម ធ្វើឱ្យបន្ទប់នេះភ្លឺចិញ្ចាចឡើង។ ទោះបីមានសណ្ឋានជាបន្ទប់បិទជិត​មិនមានបង្អួច តែតាមប្រលោះស្លាបព្រិលជាច្រើនដែល​ទុកសម្រាប់ខ្យល់ចេញចូល និងរង្វង់កង្ហាលើពិតាន​វិលយឺតៗ​ ជះពន្លឺលើទឹកមុខស្នងការដែលទើបនឹង​ចូលមកហាក់ស្លេកស្លាំង។ ចាន់ដា បង្ហាញខ្លួន​បង្កប់ភាពបារម្ភ​សឹងលើសពីសាមីខ្លួនអធិការភារម្យទៅទៀត។

នៅពេលពួកគេទាំងពីរទាញកៅអីអង្គុយជុំវិញតុទ្រវែងមួយ។ ភារម្យក៏ទាញកៅអីខ្លួន​មកក្បែរតុវិញដូចគ្នា។  គេនៅមិនស្គាល់ Royទេ ប៉ុន្តែក៏មិនឃើញ​ចាប់អារម្មណ៍​អ្វីពេកនឹង​អ្នកប្លែកមុខម្នាក់នេះដែរ​។ ​ប្រហែល​គេហត់នឿយពេកហើយក្នុងការ​ចាប់អារម្មណ៍​ជាមួយរឿងរ៉ាវក្នុងលោកនេះ។

«កាហ្វេផ្ទះប៉ាស្រីភា!»

Roy និយាយហើយ​ហុចកែវទាំងបី​ចែកគ្នាម្នាក់មួយ។

«អរគុណទាន!»

ភារម្យថាហើយលូកទទួលយកមក។

ក្លិនដ៏ឈ្ងុយរបស់ជាតិទឹកខ្មៅនេះ ពិតជាអុកស៊ីសែនថ្មីសម្រាប់គេ។​ គេបើកគម្របយឺតៗក្រោមកែវភ្នែកពិនិត្យនៃស្នងការ​ចាន់ដា។

«ខ្ញុំញៀនកាហ្វេបន្តិច​សុំអធ្យាស្រ័យ!»

ភារម្យថាចប់ក៏​លើកភេសជ្ជៈមកក្រេបក្អឹបៗមិនអស់ក្រោម​៦០ភាគរយនៃបរិមាណឡើយ។

Royធ្វើមុខស្មើ។ អ្វីមួយ​ខ្សឹបប្រាប់នាយ​ថា អធិការម្នាក់នេះ មានបញ្ហាផ្លូវចិត្ត និងថប់បារម្ភគួរសម បើមើលតាមសកម្មភាពតបតនឹងទស្សនកិច្ច​នៃ​ថ្នាក់លើរបស់គេ។

កាយវិការគេបង្ហាញថា គេស្ថិតក្នុងសភាព «លែងគិតពីខ្លួនឯង»។

«យើងលេងល្បែងនេះជាមួយគ្នា អធិការភារម្យ!» Roy គិតស្ងាត់ៗក្នុងចិត្ត​តែម្នាក់ឯង។

នេះជាសំណុំរឿង​ដំបូង​របស់ខ្ញុំ​បន្ទាប់ពី​ទៅបោះចោលខ្លួនឯង និងជំនាញស៊ើបអង្កេតរយៈពេលបីឆ្នាំនៅអាល្លឺម៉ង់។ ទោះយ៉ាងណា Roy ចូលចិត្ត​ដៃគូខ្លាំងៗ ហើយចូលចិត្ត​សំណុំរឿង​ជ្រៅៗ ស្មុគៗ របៀបឥឡូវនេះ។

«សូស្តី! ​ខ្ញុំឈ្មោះ Roy!»

ភារម្យងើបមុខញញឹមស្រស់ ធ្វើឱ្យRoyនឹកឃើញភា្លមដល់សម្តីមិត្តភក្តិកម្សត់មុននេះ មិនដល់ពីរសប្តាហ៍

«អធិការប៉ូលិស​ភារម្យនាំខ្ញុំស្គាល់ហាងមួយឈ្មោះ កាហ្វេប៉ាស្រីភា! នៅនេះ គេនិយាយថាពូខ្ញុំធ្លាប់មក ជាម៉ូយប្រចាំ! ចំណែក​យប់ពូវុទ្ធីធ្លាក់ ​ខ្លួនគេផ្ទាល់​ក៏បាន​នៅទីកើតហេតុក្នុងនាមជាភ្ញៀវម្នាក់! ពួកគេ​ស្គាល់គ្នា​!​ យោងតាម​របាយការណ៍ ជំនាញ ភស្តុតាង បុព្វហេតុពេលវេលា និងការធ្វើតេស្ត គេថា សមត្ថកិច្ច​មានហេតុផល​គ្រប់គ្រាន់ក្នុងការ​បដិសេធ​ថា វាជាសំណុំរឿងឃាតកម្ម!»

«ស្នងការRoy ខ្ញុំអានសំណុំរឿងក្តី២០៣៥របស់លោកនាយ! ខ្ញុំអានច្រើនលើកណាស់ ខ្ញុំចូលចិត្ត​ចរិតធ្វើការរបស់លោកនាយ!»

Roy ប្រហែលជាមិនភ្ញាក់ផ្អើលស្មើស្នងការចាន់ដាទេ។ គេមិនដែលនឹកស្មាន​ថា​អធិការម្នាក់ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន​ជាមនុស្ស​នឹងនរកម្រិតនេះ​ ឌឺយ៉ាងនេះ​ហើយថែមទាំងតាមដានរឿងធំៗជាច្រើនក្នុងជួរសមត្ថកិច្ចជាតិ​ ​ខុសពីកម្រិតសមត្ថភាព​នៃអធិការប៉ូលិស​ផ្សេងៗ។

«អរគុណ​! ខ្ញុំឥឡូវមិនមែនជាស្នងការទៀតទេ! ហៅធម្មតាៗបានហើយ!»

Roy និយាយដោយចាប់ផ្តើម​លើកកាហ្វេក្រេបកំដរភារម្យដែរ។ ចាន់ដាក៏បើកគម្របតាមពីក្រោយ​។ ភារម្យវិញ គេនៅរក្សាម្រាម​ដៃទាំង១០ នៅលើពែងកាហ្វេក្រដាសជានិច្ច ​ដែលធ្វើឱ្យអតីតស្នងការដឹងថា មានរឿងច្រើនដែលអធិការជាប់ឃុំកំពុងវិភាគ ហើយគេត្រូវការកម្ដៅពីពែងនេះមកជួយ។

គេប្រាកដជាដឹងហើយថា ស្នងការទាំងពីរទើបនឹងមកពីជជីកសួរ«ប៉ាស្រីភា»សារជាថ្មី​ តែគេមិនដឹងនៅឡើយថា ​នារីម្នាក់ត្រូវដួលសន្លប់ភ្លាមៗនិងឈាន​ទៅបាត់ខ្លួន បន្ទាប់​ពីឮគេសារភាពការពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មនៅផ្ទះរបស់ពូនាង។

«Royជាមិត្តភក្កិរបស់ខ្ញុំ!»

ចាន់ដាបន្ថែមស្រាលៗ។

អធិការភារម្យក៏ចាប់ផ្ដើមឱនក្បាលគោរពចាន់ដា តែមិនបានលើកដៃអ្វីទាំងអស់។ ទោះបីថាចាន់​ដា ​​ហាក់មានសំដីទន់ភ្លន់ផ្អែមល្ហែម ប៉ុន្តែរបៀបបោះឯកសារមួយដុំ​ពីដៃ​គេមកលើតុ បានធ្វើឱ្យភារម្យដកខ្លួនត្រង់ ឡើងវិញ ដោយសារមានអារម្មណ៍ដឹងអំពីភាពប្រទាំងប្រទើស ក្នុងទ្រូងមេកោយខ្លួន ​ដែលកន្លងមក ធ្លាប់តែទុកខ្លួនជាមន្ត្រីប៉ូលិស​ពេញដោយមោទនភាពរបស់ខេត្តទាំងមូល។

«ខ្ញុំឆែកទាំងអស់ហើយ! រៀបចំបានល្អឯកសារនេះ!»

ចាន់ដានិយាយខ្លី​ហើយ​ក្តាប់មាត់សម្លឹងភារម្យ។ ឃើញភារម្យមិនឆ្លើយ​គេបន្ត៖

«ប៉ុន្តែខ្ញុំជឿតែ ៣ភាគរយប៉ុណ្ណឹង!»

ភារម្យនៅតែមិនឆ្លើយ ចាន់ដានៅតែបន្ត៖

«៩៧% ទៀតខ្ញុំចង់ឱ្យឯងបកស្រាយ!»

ខណៈភ្នែកស្នងការទាំងទ្វេកំពុងបាញ់មករកគូសន្ទនា ដែលជ្រប់មុខលើគម្របកាហ្វេ ភារម្យដឹងថារក្សាភាពស្ងប់ស្ងាត់មិនបានយូរតទៅទៀតដែរ តែនៅមិនព្រមហើបមាត់។

មិនបង្អង់ចាន់ដានិយាយបន្ថែមមកទៀតតែម្តង៖

«ក្នុងកំណត់ត្រាសារភាព ភារម្យឯងនិយាយថា ឧកញ៉ាវុទ្ធីដួលស្លាប់ គឺជារឿងឃាតកម្ម! របាយការណ៍បានបញ្ជាក់ថា នៅយប់នោះ ប៉ូលិសយើងបានរកឃើញដានស្នាមមួយចំនួន ដែលមនុស្សចាស់ឈ្មោះ សំភិន មានពាក់ព័ន្ធ! បង្កាន់ដៃឈើមាន​គេអារវា​ហើយបិទកាវស្អាតសារជាថ្មី បន្លំឱ្យអ្នករងគ្រោះ​ទៅឈរផ្អែកខ្នង នឹងអាលដួលស្លាប់! មានន័យថា ជនដៃដល់ជាអ្នកនៅក្នុងវិមានក្រអូប ដែលធម្មតា​ដឹងបានថាអ្នកស្លាប់ ទម្លាប់ឡើងទៅឈរនៅកន្លែងនោះដើម្បីនិយាយទូរសព្ទ! ដោយសារសេវាទូរសព្ទនៅផ្ទះក្រអូប មានភាពរអាក់រអួល ឧកញ៉ាវុទ្ធីដឹងថាកន្លែងហ្នឹង គាត់អាចទៅនិយាយទូរសព្ទបានល្អនិងមិនមានគេចូលក្បែរៗ គឺទៅនិយាយការងារសឹង​តែជារៀងរាល់យប់! ដូច្នេះហើយ ប៉ូលិស​បានតាមដានឈ្មោះសំភិន ហើយក្រោយប្រមូលបានភស្តុតាងនិងសាក្សីឈានដល់ការចោទប្តឹង  ភារម្យបានយល់ព្រមទទួលយកប្រាក់មួយចំនួនពីសំភិន ដើម្បីដោះដូរជាមួយនឹងការបិទសំណុំរឿង?»

ភារម្យនៅស្ងៀម ទុកឱ្យ​មេកោយនិយាយបន្ត៖

«ក្នុងនេះ​ឃើញមានឯកសារហិរញ្ញវត្ថុដែលទទួលបានប្រាក់ផ្ទេរពីគណនេយ្យរបស់ឈ្មោះសំភិន! ហើយ មូលហេតុដែលឈ្មោះសំភិន សម្លាប់មិត្តភក្តិគឺដោយសារគំនុំរឿង ស្នេហាត្រីកោណជាមួយនឹងមនុស្សម្នាក់ឈ្មោះវណ្ណរី! ចុងក្រោយករណីឃាតកម្មរបស់ជំនួយការឈ្មោះវណ្ណរីក៏បានបញ្ជាក់ទៀតថា គឺដោយសារតែសំភិនមានភាពប្រចែប្រច័ណ្ឌ ដែលខ្លួនធ្លាប់មានទំនាក់ទំនងពីមុនជាមួយស្ត្រីនេះ ក្រោយមកបានរកការងារឱ្យមកធ្វើជាជំនួយការឧកញ៉ាវុទ្ធី បែរជាលួចក្បត់ខ្លួន ទៅមានផ្ទៃពោះជាមួយនឹងមិត្តភក្តិ​របស់ខ្លួនទៅវិញ? ទ្រាំមិនបាននឹងអំពើផិត សំភិនបានរៀបគម្រោង​​ធ្វើការសម្លាប់អ្នកទាំងពីរម្ដងម្នាក់! របាយការណ៍មានភ្ជាប់នូវលិខិតស្នាម ពាក្យពេចន៍ស្នេហារវាងអ្នកទាំងបីកាលពីមុន មានរឿងហេតុ!»

និយាយដល់ត្រង់ណេះ​ចាន់ដាងើបមុខ ធ្វើឱ្យភារម្យចាប់ផ្តើមក្រេបកាហ្វេបង្ហើយ។

ចាន់ដានិយាយឌឺដង៖

«ខ្ញុំសរសើរថា ការរៀបចំសេណារីយ៉ូទទួលសារភាពនេះ គឺល្អសឹងឥតខ្ចោះ! ក្រុមយើងពូកែ​សរសេរកំណត់ហេតុណាស់! អាចដូរការងារទៅជាអ្នកសរសេរប្រលោម​លោកDetectiveបាន! ប៉ុន្តែ….. ដោយសារថា យើងស្គាល់ភារម្យឯងច្បាស់! ហើយគ្នាយើងដឹងថា អធិការរបស់យើង​មិនមែនជាមនុស្សបែបនោះ! គឺបែបដូចក្នុងរបាយការណ៍នេះ!»

ភារម្យនៅស្ងៀមនៅក្រោមការសម្លឹងយ៉ាងពិនិត្យពិច័យរបស់ស្នងការ Roy។​ គេមិនមែនដឹងទេថា នៅចំពោះមុខរបស់ខ្លួន ក្រៅពីស្នងការចាន់ដាដ៏មានបទពិសោធន៍ ឆ្លងកាត់ការអង្កេតលើសំណុំរឿងព្រហ្មទណ្ឌធំៗជាច្រើន នៅទូទាំងខេត្តរតនគិរី ក៏ដូចជាអតីតកាល​របស់គេ​នៅរាជធានីភ្នំពេញ  មុនពេល​ប្តូរ​មកកាន់តំណែងជាស្នងការនៅទីនេះ ភារម្យថែមទាំងដឹងទៀតថា Royម្នាក់នេះ  មិនមែន​ស្លូត និងទន់ភ្លន់ដូចមេផ្ទាល់របស់ខ្លួនទេ។

គង់តែគេមិនផុតពីការឆ្លើយតប គេសួរស្រាលៗ៖

«តើកន្លែងណាដែលមានចំណុចសង្ស័យ សុំសួរមកមេ! ចំណែករឿងបុគ្គលិកលក្ខណៈ ខ្ញុំសុំដាស់តឿនមេថា ខ្ញុំមានការទ័លច្រកមួយចំនួននៅពេលចុងក្រោយនេះ! ខ្ញុំត្រូវការលុយច្រើន!​ គាប់ជួន សំណូក​របស់តាសំភិន ជាអ្វី​ដែលអាចជួយខ្ញុំដោះទ័លបាន ពេលនោះខ្ញុំគិតថា អ្នកស្លាប់បានស្លាប់ទៅហើយ ដូច្នេះខ្ញុំក៏មិនចង់ឱ្យរឿងស្នេហាត្រីកោណរបស់ពួកគាត់បែកខ្ចរខ្ចាយបន្ថែមការខូចឈ្មោះ ដូច្នេះការបិទចោលសំណុំរឿងនេះ​ល្អទាំង​អស់គ្នា!»

របស់មួយទៀតត្រូវបានបោះមកចំពីមុខខ្លួន។ មនុស្សទាំងពីរដែលកំពុងមានវត្តមាននៅចំពោះមុខភារម្យហាក់មិនភ្ញាក់ផ្អើលទេ ​ប៉ុន្តែ​ភារម្យខ្លួនឯងដែលប្តូរទឹកមុខ។

ទោះបីថា ចាន់ដា​មានសំដីទន់ភ្លន់ផ្អែមល្ហែម តែ​សន្លឹករូបថតស្រាលស្ងើកបោះមកលើតុ ធ្វើឱ្យគេខ្លួនឯងដឹងថា គ្រប់យ៉ាង​ហក់លឿនហួសរំលងពេលវេលា​ដែលគេបានគណនាកន្លងមក។

«ពួកគេ​មិនរកឃើញ​ការពិតលឿនថ្នាក់នេះឯណាហ្អី?!» ទឹកមុខគេ​ដែលរក្សាភាពស្ងប់ស្ងាត់តែភ្នែកទាំងគូធ្វើចលនារហ័សរហួន ​បានលួចសួរខ្លួនឯងនូវសំណួរអស់សង្ឃឹមមួយនេះ។

«ភាពស្ងៀមស្ងាត់មិនអាចជួយអីភារម្យឯង​បានទេ!   មុខមាត់ក្មេងប្រុសក្នុងរូបនេះ  យើងបានផ្ញើឱ្យខាង​បំលែង​រូបភាពយកទៅពិនិត្យរួចហើយ ការកម្លាយទៅចំណាស់ ៣០ឆ្នាំក្រោយ ចេញលទ្ធផលមក​ដូច៨៨%  ទៅនឹងរូបភាពរបស់ពេទ្យសានពេលបច្ចុប្បន្ន!»

ភារម្យសម្លឹងមកមេកោយរបស់ខ្លួនជាមួយកែវភ្នែកក្រហមនិងបបូរមាត់ក្រៀមក្រោះ បង្ហាញថា គេមិនបានលេបទឹកជាច្រើនពេលមកហើយ។ Roy ហុចដបទឹកសុទ្ធមួយទៅឱ្យគេ។

ក្នុងគំនិតរបស់ចាន់ដានិងRoy តាមពិតដឹងច្បាស់ហើយថា ភារម្យនឹងមិនសារភាពអីទាំងអស់ ព្រោះប្រសិនបើគេព្រមនិយាយ ស្មើនឹងបំផ្លាញ​ការ​ខិតខំទាំងអស់ពីមុនចោល។

ប៉ុន្តែមុនពេលចូលមកទីនេះ ពួកគេ​បានជួបជាមួយប៉ាស្រីភា Joe អ្នកស្រីAnn ព្រមទាំងបានបំបែកមនុស្ស​ផ្ទះក្រអូបសាកសួរ​លម្អិតទាំងអស់ សរុបមកស្នងការ​ពិតជាមានអ្វីៗមាំមួនមកតាមខ្លួនទៅហើយ ​តើគេនេះគេចវេះបានដល់ពេលណា?

«ស្នងការRoy និងមេ ចង់ឱ្យខ្ញុំនិយាយពីអី? ពេទ្យសានអី?!»

«ឯងដឹងថា ឯងធ្វើអ៊ីចឹងអូសបន្លាយពេលវេលាឱ្យសាធារណជនមើលងាយសមត្ថកិច្ចខេត្តទេ?  មនុស្សស្លូតត្រង់បានរងគ្រោះមិនទាន់បានទទួលយុត្តិធម៌ ហេតុពិតច្រឡំបល់ទៅជាសេណារីយ៉ូ សក្ខីកម្មមិនពិតយកមកបន្លំធ្វើដូចជា​ពិត ធ្វើឱ្យក្រុមប៉ូលិស​ទាំងមូល​ជាប់ទោស​អូសដំណើរបាត់បង់មុខងារសាធារណៈ លទ្ធផលនេះដែលខ្លួនឯងចង់បាន?»

«ក្រុមខ្ញុំមិនដឹងអីទេ ជាគំនិតខ្ញុំតែម្នាក់ ខ្ញុំបង្ខំកូនចៅកែឯកសារនិងបំផ្លាញភស្តុតាង!»

​«ច្បាស់អត់?!» ចាន់ដាសួរចំអកស្មើៗ។

ភារម្យ​មិនឆ្លើយ​ តែគេ​ងើបមុខសន្សឹមៗសម្លឹងចាន់ដាដោយ​ទទូច ហើយបន្ទាប់មកដៀងភ្នែកសម្លឹងRoy៖

«ខ្ញុំទទួលម្នាក់ឯង! រឿងអស់គឺខ្ញុំបង្ខំកូនចៅខ្ញុំឱ្យកែឯកសារ! ខ្ញុំចង់បានលុយមួយចំនួនពីតាចាស់នោះ!»

«ឯងកុហក!​ ពាក្យកុហករបស់ឯងបើសិនជាកូនក្មេងប្រហែលជឿខ្លះ ប៉ុន្តែការពិតនៅតែជាការពិត! ឯងដឹងហើយមុនពេល​ឯងចូលមកបំពេញតួនាទី មុនពេល​ស្បថកាន់តួនាទីធ្វើជាអ្នករកយុត្តិធម៌ឱ្យសង្គម! ឯងច្បាស់ហើយថា ការពិតលាក់មិនបានយូរទេភារម្យ! ឯងអាចកុហកគេបានមួយថ្ងៃស្មានថាបានមួយជីវិត? ឥឡូវនេះទៀត ឯងថ្លើមធំ​មកកុហកទាំងខ្ញុំដែលធ្លាប់ជាមេកោយរបស់ឯង!!»

ភារម្យគ្រវីក្បាលតបតវិញដោយ​យឺតៗអត់ធន់ខ្ពស់៖

«អ្វីដែលខ្ញុំនិយាយ សុទ្ធតែជាការពិត! ដំបូងឡើយ យើងបានរកឃើញនូវដានស្នាមមួយចំនួន នាទីកើតហេតុ ​គឺកន្លែងប្រាព្ធពិធីឆ្លងឆ្នាំក្នុងផ្ទះក្រអូបនោះ! អ្វីដែលបន្សល់ទុក បង្ហាញថា ម្ចាស់ផ្ទះក្រអូបធ្លាក់មកទង្គិចក្បាលខ្លាំងនិងហូរឈាម!​ គ្រប់យ៉ាង​មានចន្លោះនៃទៅដល់ការសង្ស័យលើ មនុស្ស​ចំណាស់មិត្តភក្តិជិតស្និទ្ធរបស់គាត់ឈ្មោះសំភិន ដូច្នេះយើងបានសួរគ្រប់គ្នា​ហើយរកបានសក្ខីកម្មច្រើនទៀត ប្រុងឈានទៅចោទប្ដឹង ប៉ុន្តែមនុស្ស​នេះដឹងខ្លួនមុន គេបានមកជួបខ្ញុំ គាប់ពេលនោះខ្ញុំត្រូវការលុយមួយចំនួន  ដូច្នេះហើយដើម្បីល្អទាំងអស់គ្នា ខ្ញុំក៏យល់ព្រមបញ្ចប់សំណុំរឿងនេះ!»

ការនិយាយដដែលៗឡើងវិញ​ជាលើកទី២ របស់ភារម្យ បង្ហាញនូវភាពទន់ខ្សោយក្នុងអារម្មណ៍របស់គេដូច្នេះហើយឱកាសល្អនៅក្នុងការធ្វើឱ្យគេកាន់តែរងសម្ពាធឡើងៗ​ គឺ Roy ចាប់ផ្ដើមលូកមាត់ដើម្បីបញ្ចប់ការពន្យារពេលរបស់អធិការម្នាក់នេះ៖

«ធីតាបាត់ខ្លួនហើយ!»

សំឡេង Royធម្មតាៗ តែគេដឹងថា​ភារម្យឮបានច្បាស់។​ អធិការ​ងើបមុខ​ភ្លាម ធ្វើឱ្យ Roy បញ្ជាក់បន្ថែម៖

«បាទ! ស្ដាប់មិនច្រឡំទេ ខ្ញុំនិយាយពីតើអ្នកកាសែតស្រីម្នាក់ហ្នឹង! ក្មួយម្ចាស់ផ្ទះក្រអូប! ​សាក្សីចុងក្រោយ​ដែលឃើញគេ គឺនៅផ្ទះប៉ាស្រីភាកំពុងញ៉ាំកាហ្វេមួយភ្លែតជាមួយពេទ្យសាន! គ្មានអ្នកណាដឹងថា​ ពួកគេនិយាយគ្នា​ពីអីខ្លះទៀតទេ ប៉ុន្តែពេទ្យនោះបាននាំនាងចេញទៅ! យើងបានឆែកគ្លីនិកនោះហើយ តាមបណ្ដឹងរបស់ឈ្មោះហ្សឺឌី  គឺគេសម្រេចចិត្តថា ចោទប្ដឹងពេទ្យសាន​ពីរឿងមួយចំនួនពាក់ព័ន្ធទៀតពាក់ព័ន្ធជាមួយគ្រួសារគេ! ពិសេសរូបភាពដែលជំទាវចរិយារកឃើញសម្ងាត់ក្នុងបន្ទប់ឈ្មោះសំភិន! របាយការណ៍ប្តឹងសរសេរថា នៅក្នុងរូបភាពក្មេងប្រុសស្រី២នាក់ មានម្នាក់ត្រូវគ្នាបេះបិទនឹង​រូបពេទ្យសាន»

ភារម្យ​រេភ្នែកទៅសម្លឹងរូបភាពនៅលើតុ ខណៈចាន់ក្រពាត់ដៃផ្អែកខ្ន​ង​នឹងកៅអី​ដោយ​គ្រវី​ក្បាលតិចៗជាសញ្ញាថា ភារម្យនេះមិនសមណាគិតថា ខ្លួនគេ​អាចយកដៃបាំងមេឃបានដូច្នេះទេ។

Roy ក៏និយាយបន្ថែម៖

«រូបភាពប្អូនប្រុសរបស់អធិការ ដែលអធិការ​តាំងទុកនៅលើតុការិយាល័យប៉ូលិស​ជាយូរមកហើយ គ្មានអ្នកណាចាប់អារម្មណ៍ទេ! ក្មេងប្រុសដដែលនេះមានរូបភាពជាមួយមនុស្ស​ចាស់ដែលទើបនឹង​ស្លាប់ទៅ តើអធិការនិងសំភិន​មានប្រវត្តិទាក់ទងបែបណាខ្លះជាមួយគ្នា?!»

«ឆែកDNAទៅ ពួកយើងគ្មានអីពាក់ព័ន្ធទេ​ កុំស្មានៗ» ភារម្យរអ៊ូតិចៗសឹងថាមិនចង់ឮ។

«កុំសង្ឃឹមថាពួកយើងធ្វើការស្មានៗអី ​អធិការ​! ​ខ្ញុំគ្រាន់តែ​ចង់ដឹងថា តើក្មេងប្រុសនេះ ជាអ្វីដែលខ្លួនឯងសុខចិត្ត​ទម្លាក់សក្តិ​ដែលបានមកដោយកម្រ​ ក្បត់ខ្លួនឯងចោល ហើយការពារគេ?»

«ខ្ញុំចង់ជួបមេធាវី!» ភារម្យ​វាចាកាត់ខ្លី ដោយឡើងសម្លឹងត្រង់ៗមក​ស្នងការ​ទាំងពីរ ហើយ​បញ្ជាក់ច្បាស់ៗតាមកែវភ្នែកថា គេនឹងលែងឆ្លើយឆ្លងអ្វីទៀតហើយ។

Roy និយាយភ្លាម កាត់ផ្ដាច់ការចង់បន្លាយពេលវេលា​របស់ភារម្យ៖

«ភារម្យ!  ធីតាមានគ្រោះថ្នាក់ឬអត់​​ លោកគួរ​ដឹងច្បាស់ណាស់! តាមខ្ញុំដឹង ធីតាអត់មានរៀងអី ពាក់ព័ន្ធជាមួយនឹងប្អូនប្រុសរបស់លោកទេ ដូច្នេះហើយ បើសិនជាពេទ្យ​សានចាប់នាង​ទៅ គឺ​មកពីនាង ដឹងរឿងរបស់គេ! នេះយើងមិនទាន់ដឹងថា នាង​យ៉ាងណានៅឡើយផង​ តើគេបញ្ចប់ធីតាតាមវិធីដែលធ្លាប់ប្រើទៅលើម៉ៅ និងចរិយា ឬតាមវិធី​ប្រើលើសំភិន​នៅបឹងយក្ខឡោម ឬ​តាមលំនាំមីងមៀចនិងវណ្ណរី?»

គេមិនមានអ្វី  Royបន្ថែម៖

«បើលោកអះអាងទទួលទោសជំនួសអ្នកណាម្នាក់ លោកមិនត្រឹមទទួលទោស​លាក់កំបាំងកំហុសឃាតក តែលោកនឹង​ក្លាយជាឃាតកខ្លួនឯង ព្រោះអ្នកដែលលោកជួយលាក់បាំងពេលនេះ ត្រូវគេសម្លាប់បំបិទមាត់ថែមមួយជាន់ទៀតហើយ​! ខ្ញុំនិយាយពីអ៊ំសំភិន»

«សំភិនស្លាប់មកពីគាត់ហែលទឹកមិនរួច ម៉េចចាំទាញរឿង​ចូលគ្នា​ឱ្យរញ៉េរញ៉ៃទៅមេ?!» ​ភារម្យប្រកែក។

ចាន់ដា​សើចស្មើៗហើយនិយាយឡើងម្តង៖

«មើលពីក្រៅទៅ អ៊ីចឹងមែន! ប៉ុន្តែធាតុពិតវិញ ក្លាយជារឿងផ្សេង! ជនពិការម្នាក់នេះ មិនបានពិកា​រតែ​បន្លំ ក្លែងខ្លួនធ្វើជាមនុស្សពិការ​យូរមកហើយ! ការស្រាវជ្រាវបានរកឃើញថា គាត់ធ្លាប់មានរបួសជើងហើយធ្លាប់ដើរមិនរួចរយៈពេល ១៨ខែ ក្រោយមកក៏បានព្យាបាលជាសះជាសម្ងាត់! ភារម្យឯងបានជួបម៉ៅរួចហើយ ម៉ៅធ្លាប់ឃើញគាត់ដើរបានតែរឿងនេះ​ មិនត្រូវបានបើកទូលាយឱ្យអ្នកក្នុង​ផ្ទះ ឬក៏មិត្តភក្ដិណាដឹងតើជនចំណាស់នេះមាន​លេខអី? ក្រោយមក ការ​រស់នៅក្នុងវិមានក្រអូបក្នុងនាម​ជាមនុស្សពិការ យើងមានភស្តុតាងមួយចំនួនដែលបញ្ជាក់ថាមនុស្សនេះ អាចដើររួចហើយគាត់បានបំបិទមាត់មាត់សូម្បីតែពេទ្យសានបាន​!»

ភារម្យ​ដល់វេន​ទន់ខ្លួន នៅស្ងៀមលែងមាត់ហើយ​គេផ្អែកខ្លួនទៅនឹងកៅអីវិញម្តង។ មិននឹកស្មានថារយៈពេលខ្លីសោះ បុរសចំពោះមុខ បាន​ចេញមកពីភ្នំពេញដល់រតនគិរីដូចជប់ ដោយសារការបាត់ខ្លួនទៅនូវ​មិត្តភក្ដិស្រីរបស់គេ ហើយជាមួយពេលមិនប៉ុន្មាន​ម៉ោង គេ​ថែមទាំងរកឃើញនូវជម្រៅសាច់រឿងច្រើនថ្នាក់នេះ?

«មិនទាន់ចប់ទេ!» ចាន់ដានិយាយបន្តកំដរភាព​ឆ្លេឆ្លាក្នុងចិត្ត​ភារម្យ។

«នៅក្នុងឈាមរបស់អ្នកស្លាប់ ក្រុមកោសល្យវិច័យរកឃើញជាតិថ្នាំម្យ៉ាងសំយោគពី អម្បូរជាតិ Phenytoin  ដែលអាចចាក់កំណត់ម៉ោង! ថ្នាំនោះសម្រាប់​ធ្វើឱ្យ​អវៈយវៈសំភិនក្លាយទៅជាស្ពឹកស្រពន់មិនអាចធ្វើដំណើរបាន ហើយគាប់ជួនគឺថ្នាំនេះមានប្រសិទ្ធិភាពទៅលើអ្នករងគ្រោះ នៅចំពេលដែលគាត់ប្រុងលោតទៅក្នុងបឹងដើម្បីហែលគេចខ្លួន!»

ភារម្យរេភ្នែកគិតយ៉ាងរហ័ស។

គេស្គាល់ថ្នាំ Phenytoin នេះច្បាស់។ Phenytoin ជាទូទៅ​ត្រូវបានប្រើដើម្បីគ្រប់គ្រងលើការប្រកាច់មួយចំនួន  ដែលអាចកើតមាន​ក្នុងអំឡុងពេលកំពុងវះកាត់ខួរក្បាល ឬប្រព័ន្ធសរសៃប្រសាទ។ សារជាតិនេះ​ស្ថិតនៅក្នុងចំណាត់ថ្នាក់អម្បូរថ្នាំដែលគេទុកសម្រាប់​តែប្រឆាំង និងបន្ថយសកម្មភាពមិនប្រក្រតីនៅក្នុងខួរក្បាលមនុស្ស​ពេលមាន​បញ្ហា​ប្រឈមខ្ពស់ ប៉ះទង្គិចផ្លូវចិត្ត​។ល។

Royនិយាយ​កាត់ផ្តាច់អារម្មណ៍​ស្លន់របស់អធិការ៖

«រឿងសំខាន់មួយទៀត គឺសម្បកថ្នាំប្រភេទ Phenytoinខ្លះត្រូវបានរកឃើញនៅក្នុងគ្លីនិកពេទ្យសាន»

Royបញ្ចប់ប្រយោគដោយកែវភ្នែកមុតថ្លាសម្លឹងចំៗ ទៅភ្នែកទាំងគូរបស់ភារម្យ ធ្វើឱ្យគេចចេសសម្លឹងមកវិញហើយឆ្លើយ៖

«ខ្ញុំអត់អីត្រូវ​និយាយបកស្រាយទេមេ!  ខ្ញុំមិនស្គាល់រឿងវេជ្ជសាស្ត្រ!»

Royនិយាយទាំងទឹកមុខខឹងតែអត់ធន់៖

«មិនសារភាព? យើងស្មានដឹងពីជំហរលោកហើយអធិការភារម្យ ថែមទាំងដឹងទៀតថា ពេទ្យនោះជាប្អូនប្រុសរបស់លោក! តែខ្ញុំសូមរំឭកថា ការមិនសារភាព ពេលខ្លះធ្វើឱ្យអ្នកដែលលោកកំពុងការពារ រឹតមាន ទោសកំហុសជ្រៅទៅៗ នឹងឃើញកាន់តែច្បាស់ឡើងៗ ដូចពាក្យមួយគេច្រើននិយាយថា ពេលការពារកាន់តែធ្វើរងគ្រោះលើសដើម។

ភារម្យហាក់ដឹង​ខ្លួន គេងើបមុខយ៉ាងរហ័សសម្លឹង​ស្នងការទាំងពីរម្តងម្នាក់ៗ។ សភាពរបស់គេ ​រឹងរឹតតែបង្ហាញ​ចេញមកត្រង់ៗថា គេចាត់ទុកមនុស្សដែលគេកំពុងការពារម្នាក់នោះ ថាសំខាន់យ៉ាងណា សម្រាប់ជីវិតគេ គឺលើសទាំងបណ្ដាយសក្តិ មុខជំនាញដែលគេធ្លាប់តែមានមោទនភាព​ ធ្លាប់ស្រឡាញ់ពេញចិត្តតាំងពីដើមរៀងមក។

«បើសិនជាប្អូនប្រុសរបស់លោកបានសម្លាប់មនុស្សម្នាក់ហើយម្នាក់ទៀត ការការពាររបស់លោកជាអំពើផ្ទុយសម្បញ្ញៈ ផ្ទុយទៅនឹងកាតព្វកិច្ចពាក្យសម្បថរបស់សមត្ថកិច្ច ហើយក៏ខុសទៅនឹងគុណធម៌ក្នុងនាមជាកូនប្រុសម្នាក់! ចុងក្រោយនេះទៀតសោត មនុស្សស្រីដែលមិនដឹងអីម្នាក់ ដែលល្អបរិសុទ្ធ នាងគ្រាន់តែចង់បានយុត្តិធម៌ បែរធ្លាក់ទៅក្នុងដៃប្អូនប្រុសរបស់លោក!»

«ខ្ញុំមិនដឹងប្អូនប្រុសណាទេ! ធីតាគេបាត់ទៅ​ចំ​ពេលខ្ញុំជាប់ឃុំនៅក្នុងបន្ទប់នេះ! មេឃើញហើយ!»

Royនិយាយទាំងខ្សឹបៗ ហើយខាំមាត់ទោមនស្ស៖

«ពិតជាគ្មានបេះដូងមែន! ធីតាគ្មានតម្លៃបន្តិចសោះក្នុងចិត្ត​លោក! អូខេ!!! បើនិយាយមនោសញ្ចេតនាមិនចេញ ឥឡូវនេះនិយាយបែបរកស៊ី!  ខ្ញុំមានអីមួយយកមក ដោះដូរគ្នា! ចង់ស្តាប់ដែរ?»

ពួកគេឃើញមុខភារម្យ​ភ្ញាក់ ហាក់គេពិតជាកំពុង​ចង់បានដំណោះស្រាយមែន។​ ពន្លឺភ្នែក​គេ​បង្ហាញថា ចិត្ត​គេកំពុងតែទ័លច្រក។ បុរសនេះ ដកដង្ហើមវែងៗទាំងភ្នែកសម្លឹងចាន់ដាមេកោយរបស់ខ្លួន​។​

ចាន់ដាងក់ក្បាលហើយពោលវិញម្តង៖

«វាជាការសម្ងាត់រវាងយើង ៣នាក់! បើសិនជាឯង ជួយរកធីតាឃើញ ខ្ញុំនឹងសុំតុលាការ​សម្រាលទោសឱ្យប្អូនប្រុសរបស់ឯង! ចំណែករឿងភារម្យឯង ខ្ញុំចាត់ទុកថា គ្មានអីកើតឡើងទាំងអស់! ខ្ញុំនឹងព្យាយាមសំណូមពរទៅថ្នាក់លើសុំសេរីភាពឱ្យឯងវិញ ព្រោះឯងជួយជីវិតធីតា!»

ភាគរយជឿលើទឹកមុខ ជាភាសាកាយវិការបញ្ជាក់ស្រេចថាគេ «ចង់» ​ព្រោះគេស្គាល់ចាន់ដាច្បាស់ ថាចាន់ដានិយាយម៉ាត់ណា ​ជាម៉ាត់ហ្នឹង។

​ នៅចំពោះមុខស្នងការ​ទាំងពីរដែលសុទ្ធតែមាន​ចិត្តសាស្ត្រជំនាញខាងសួរចម្លើយ ដំណោះស្រាយដែលពួកគេ​បានដាក់មកលើតុស្ដាប់ទៅតឹងចង្អៀត ប៉ុន្តែជាដំណោះស្រាយតែមួយគត់ដែលគ្មាន​ច្រកផ្សេង។

«ធីតាស្លាប់រស់យើងមិនទាន់ដឹងទេ!» Roy រអ៊ូទៅកាន់ភ្នែកគេ ធ្វើឱ្យភារម្យច្របាច់កែវកាហ្វេក្រដាសធ្លាយទឹកក្រមៅប្រលាក់ពាសពេញ​តុ។

ការឆេវឆាវភា្លមៗរបស់គេ បង្ហាញ​ឃើញច្បាស់ហើយ Roy និងចាន់ដា​ក៏អាចស្មាន​ដឹងបាន​ដែរ​ថា បុរសនេះទុកធីតាសំខាន់បែបណា នៅក្នុងការចុះចាញ់នៅពេលនេះរបស់គេ។

គេនឹកដល់សម្តីខ្លួនឯង «អ្នកមិនព្យាបាលមិនមែនមានន័យថាគ្មានរបួសនោះទេធីតា!»

រវាងប្អូនប្រុសកំសត់និងមនុស្សស្រីម្នាក់ ដែលគេចាប់ចិត្តជាសម្ងាត់ ប្រស្នានេះ​ ឈឺចាប់ពេកហើយសម្រាប់ភារម្យ។

«ខ្ញុំខ្ចីទូរស័ព្ទបន្តិច!» គេនិយាយខ្សោយៗទៅកាន់ចាន់ដា។ ស្នងការលូកយក​វឹង ដោយ​ភាពអំណរលើផ្ទៃមុខ។ ភារម្យ​សម្លឹងឧបករណ៍​ដែលរុញមកពីមុខខ្លួន ដោយ​អត់ទាន់ប៉ះអ្វីនៅឡើយ។

ចាន់ដាបន្ថែម៖

«កុំបន្លាយពេលទៀត គិតពីនាង​ផង! លេខនេះ អត់មាន​Trackទេ!​ ធីតាស្លាប់ឬរស់ពឹងលើឯង!»

ជំពូកទី៤២

បន្ទប់ក្រោមដី

នាង​បើកភ្នែកព្រឹមៗទាំងហត់នឿយ ស្រវាំងខ្សោះខ្សោយ​។ ពន្លឺចំពោះមុខ ដូចជាកន្លែង​វះកាត់ ដែលធ្លាប់តែឃើញក្នុងភាពយន្ត។

ស្អីគេហើយ?

ធីតា​ចង់បិទភ្នែកវិញសិនណាស់ ព្រោះវាចាំង​ខ្លាំងពេក​ តែនាង​នៅមិនសុខទេ​ ដរាបណាមិនដឹងច្បាស់ថា ខ្លួនឯងកំពុងនៅឯណា?

នាងគិត ​អ្នកណាលបចាក់ថ្នាំឱ្យយើងសន្លប់? ឯណាពេទ្យសាន​ដែលគួរឱ្យសង្ស័យថាមាន​បញ្ហាម្នាក់នោះ? ​ទីនេះ​ជាកន្លែងណា? មានគេសង្គ្រោះយើងហើយ យើងមកដល់ពេទ្យហើយមែនទេ?

អត់ទេ!​ ហេតុអីយើងត្រូវវះកាត់? យើងមានរបួសធ្ងន់ហើយពិតមែនទេ?

នាង​រេក្បាលរកសម្គាល់មើលទិដ្ឋភាព​ជុំវិញ តែក្បាលឈឺស្ទើរផ្ទុះ។ មិនត្រឹមប៉ុណ្ណឹង​រាងកាយត្រឹមចង្កេះចុះក្រោម រំកិលមិនចង់បាន ព្រោះស្ពឹក​នឹង​ការឈឺចាប់។

វរហើយ! ដៃក៏រើ ធ្ងន់សែនធ្ងន់! ជើងវិញមិនកម្រើកតែម្តង! ហេតុអ្វី?

ជាទូទៅអារម្មណ៍មនុស្ស​យើង រមែង​អាច​ប្រមូលបានមកវិញលឿនជាងរាងកាយ។

ពិតណាស់ ធីតានឹកឃើញឡើងវិញសន្សឹមៗនូវរឿងហេតុគួរឱ្យតក់ស្លុតអស់ទាំងនោះ។  សភាពដ៏គ្រោះថ្នាក់នៃរបកគំហើញថ្មីដែលខ្លួនទើបនឹង​រកឃើញ។ ស្រស់ស្រីកម្សត់ប្រឹងដៀងភ្នែករកមើល។

«ឯណាទៅ ពេទ្យសានដ៏មានបញ្ហាម្នាក់នោះ?»

«ខ្ញុំកើតអីទៅ?»

នាងនិយាយបានក្រងួរៗស្អកៗ។

អ្នកណាម្នាក់បង្ហាញខ្លួននៅឯចុងជើង។

«សង្ឃឹមថា គេនោះ ជាហ្សឺឌី ឬអធិការភារម្យទៅចុះណ៎ា! ហើយសង្ឃឹមថា គ្រប់យ៉ាងរៀបរយពេលដែលខ្ញុំបានសន្លប់នោះទៅ! ឱ្យសាច់រឿងចប់ៗទៅចុះ!»

សំណាងហើយនាងគិតត្រឹមក្នុងចិត្ត មិនបាន​និយាយពាក្យទាំងនេះចេញមកនៅឡើយ ដោយសារអណ្តាតល្វីងពេក បំពង់កស្ងួតពេក ហើយខួរក្បាលក៏នៅល្ហិតល្ហៃខ្លាំងឥតគណនា។

នៅឯចុងជើង មនុស្សនោះឈរដូចរូបសំណាក ស្ងប់ស្ងៀមសឹងគ្មានដង្ហើមដក។ បន្ទាប់ពីបិទភ្នែកសម្រាកមួយដង្ហើមប៉ុណ្ណោះ ធីតានឹកឃើញមកវិញ។

ចប់ហើយ!

នាងនឹកដល់ពេលចុងក្រោយដែលនាងនៅដឹងខ្លួន។ ចុងស្រួចនៃម្ជុលកំណាចដែលចាក់ចំកញ្ចឹងក គ្មានសញ្ញា គ្មាន​ដំណឹង​ថែមទាំង​គ្មានមេត្តា។ វាជាហេតុដែលធ្វើឱ្យនាងត្រូវមកនៅលើគ្រែនេះ ក្នុងសភាពបែបនេះ?

ស្រីកម្សត់ខំប្រឹងបើកភ្នែក សម្លឹងមើលទៅរកទិសដៅទាំងរេខ្លួនលំបាកលំបិន។

ស្មាទាំងសង នៃបុរសដែលនាង​ស្គាល់ បានបង្ខំឱ្យបណ្តាតំណក់ទឹកភ្នែកតវ៉ារបស់នាងរមៀលធ្លាក់មកខ្ជោកៗ ក្រៅៗ និងផ្សាៗ។

មិនខុសពីអ្វីដែលនាងគិតទុក គេនោះដើរមកដល់មួយៗ ជាមួយទឹកមុខងងើល បានចិត្ត ដែលមានជ័យជម្នះ ហើយចុងដែកស្រួចមុតមួយ កំពុងភ្ជង់មកលើទ្រូងរបស់នាង។ នាងដកភ្នែកចេញពីបុរសនេះ រេមករកមុខកាំបិត ដែលឥឡូវនេះបានបង្អូសដល់ក្បាលពោះរាបស្មើរបស់នាងទៅហើយ។

«ធ្វើស្អីហ្នឹង? កុំសម្លាប់ខ្ញុំ!»

នាងរអាក់រអួល ភ្នែកងងឹតងងល់ដោយកម្លាំងជលនេត្រនិងអារម្មណ៍ភ័យស្លន់។

«មិនឈឺទេ!»

គេនោះនិយាយតិចៗ ជាមួយសំឡេងពីរោះស្រទន់ ធ្វើឱ្យនាងកាន់តែខឹងចិត្តស្រែកទ្រហោ៖

«ពេទ្យសាន! ហេតុអី? ហេតុអីទៅ?!»

«ខ្ញុំមិនចង់ទេ តែនាង​ចេះដឹងពេក នាងពូកែចង់ដឹងរឿងអ្នកដទៃ!»

«ជួយផង!»

នាងចាប់ផ្តើម​ប្រមូលកម្លាំងស្រែក គឺម្តងណេះ​ធីតា​ស្រែក​អស់ពីចិត្ត អស់ពីកម្លាំងកាយ អស់ពីសតិបញ្ញាដែលនៅសេសសល់ តែវាមិនលាន់ឮចេញមកខ្លាំងដូចកាលដែលគិតទេ។

«គ្មានអ្នកណាឮទេ!»

គេនិយាយនិយាយស្រាលៗ ហើយរេកាំបិតវះកាត់នោះមកភ្ជង់ចង្កា មាត់នាង ​ធ្វើឱ្យសំឡេងរកជំនួយរលត់ឈឹងភ្លាមៗ​ដោយសារនាង​បាក់ស្បាតនឹងភាពមុតស្រួចនៅកៀកបង្កើយ។

នាង​សម្លឹងមុខបុរសនេះភ្លឹះៗ ទាំងដៃជើងញ័រចំប្រប់ និងបបូរមាត់ស្លេករន្ធត់។

«ខ្ញុំមិនចង់ធ្វើរឿងទាំងអស់នោះទេ!»

គេចាប់ផ្តើមយំង៉ោង។

ពួកនេះឆ្កួតហើយៗ! នាងគិតទាំង​ញាប់ញ័រ! សុទ្ធតែមនុស្សឆ្កួត។

បណ្តាំកាល​ពីមុន​របស់ ​Ann លាន់មកវិញក្នុងការចងចាំរបស់នាង «ពាក់របស់នេះជាប់ខ្លួន! ធីតានឹង​រកឃើញសញ្ញា​កន្លែងដែលមាន​សេវា Internet!» «ជាអីទៅ? អាច Track ខ្ញុំមែនអត់?!» «អត់ទេ! បើធីតាចង់ឱ្យខ្ញុំ Track ខ្ញុំនឹងធ្វើប្រសិនមានអារម្មណ៍គ្មានសុវត្ថិភាព!»

ជាបន្ទាន់ នារីរងគ្រោះ​ប្រឹងលើកដៃមួយវឹបយ៉ាងខ្លាំង​ប្រឆាំងនឹង​ភាពស្ពឹកស្រពន់ ​ហើយ​រាវ​​រកខ្សែកនោះ  តែមិនឃើញនៅទេ។

ទ្រូងនាង​វាលស្អាត មានតែវត្ថុភ្ជង់ដែលកំពុងបង្អូសចុះមក។

«ខ្សែកនោះមែនទេ? បោះចោលបាត់ហើយ!»

គេនេះយំបានបន្តិច​ ឥឡូវក៏សើចបានមកវិញភ្លាមៗ។ អ្នកណាក៏មិនអាចសម្គាល់ដឹងថា បុរសម្នាក់មើលទៅត្រឹមត្រូវហ្មត់ចត់ បែរជាមានវិកលធ្ងន់ដល់ម្ល៉ឹងដែរ។

នាងនឹកឃើញភា្លមដល់រូប​ថតក្មេងប្រុស​​នៅលើទូតាំងក្នុងផ្ទះជាន់លើរបស់គេ ​និងរូប​នៅលើតុធ្វើការ​របស់ភារម្យ។

«ឯងត្រូវជាស្អីជាមួយអធិការភាម្យ?!»

នាងសួរញ័រៗផុតៗខ្យល់ម្តងៗ ព្រោះភ័យនិងខ្សោះខ្សោយ។

«បងខ្ញុំជាប់គុកហើយ!»​

គេនេះចាប់ផ្តើមយំគគ្រូកសារជាថ្មី។ នាង​អស់សង្ឃឹមហើយ ព្រោះគេនេះនិយាយគ្នាមិនដឹងរឿងទេ។ ហេតុអ្វីគ្រប់យ៉ាង​ទៅជាបែបនេះបាន?

នារីស្រាប់តែ ​នឹកឃើញភា្លម​​ដល់ពាក្យ​ថា

«កុំជឿអ្វីដែលយើងឃើញ ក៏កុំទុកចិត្តនិងការវាយតម្លៃរបស់យើង»

មើលពីក្រៅ គេ​នេះពិតជាមនុស្សសុភាពរាបសា អ្នកណាដឹងថា នៅខាងក្នុង តាមពិតជាមនុស្សមាន មនោសញ្ចេតនាអវិជ្ជមាន ប្រើអារម្មណ៍​ហួសហេតុទៅរកទំនោរអគតិ និង​មានការសង្ស័យខ្ពស់ មានអារម្មណ៍ខ្វះសុវត្ថិភាព និងអ្វីៗ​ជាច្រើនទៀតដែលសុទ្ធសឹងជាសញ្ញាណនៃការឈឺសរសៃប្រសាទធ្ងន់ធ្ងរ​។

ទូរសព្ទគេរោទ៍ ជាសញ្ញាមួយ ដែលធ្វើឱ្យពេទ្យសានភ្ញាក់ខ្លួនព្រើត។

ពេទ្យសាន​បោះបង់ចោលការ​គម្រាមនាង​ដោយចុងកាំបិត​ហើយ​ងាកទៅរកប្រអប់ទូរសព្ទ។   សេច​ក្តី​សង្ឃឹមលេចធ្លោមកក្នុងចិត្តរបស់ធីតា ព្រោះបើទីនេះមាន​សេវាទូរសព្ទ  ច្បាស់ជាមាននរណាម្នាក់អាចរកទីនេះឃើញហើយវាមិននៅឆ្ងាយប៉ុន្មាន​ពីតំបន់មនុស្សរស់នៅច្រើនទេ។

សេចក្តីសង្ឃឹមតិចតួចប៉ុណ្ណា នៅតែមាន​តម្លៃខ្លាំងសម្រាប់ជនរងគ្រោះក្នុងសភាព​ដូចនាង​។

ស្រីស្អាត​គិតហើយ ​ក៏ងាកមកវិញផ្ទៀងស្ដាប់ការសន្ទនារបស់មនុស្សវិកល។

សំឡេង​ស្រួយស្រេះ​បុរសម្នាក់លាន់ចេញមកពីឧបករណ៍ ៖

«អាចង្រៃ! ឯងកំពុង​ធ្វើស្អីឯង? ឯងចាប់ស្រីម្នាក់នោះទៅធ្វើស្អី?!»

ទីបំផុតទៅ នាង​រកចម្លើយពិតបានហើយ។ ពីរនាក់នេះ​ពិតជាមាន​ការ​ទាក់ទងគ្នាដូចដែលនាងបានសង្ស័យតាមរយៈរូបថតនៅលើតុភារម្យ និងរូបថតក្មេងប្រុសដែលពូនាង​បានបំលែង​ផ្ញើមកឱ្យនាង។

គឺជាមនុស្សតែមួយ!

«បងឯងនៅឯណា? ជួយខ្ញុំផង! ជួយខ្ញុំផង! ខ្ញុំភ័យខ្លាំងណាស់!»

ពេទ្យសាននិយាយរញីរញ័រ។

សំឡេងភារម្យលាន់មកទាំងខឹងសម្បា៖

«ហើយឯងឆាប់អោយមនុស្សស្រីម្នាក់ហ្នឹងមកប៉ូលិសវិញអាសាន! ឯងធ្វើអីគេឯងអ្ហះ? ធ្វើអីគេហើយ? អញប្រាប់ឯងប៉ុន្មានដងហើយ? ឈប់ឱ្យឯងសម្លាប់មនុស្ស!»

ពេទ្យវិកលយំគគ្រូក៖

«ខ្ញុំមិនបានសម្លាប់អ្នកណាទេ! អត់មានទេ! បងខ្ញុំជាប៉ូលិស​!!»

ការ​ប្រកែកចុះឡើង​យ៉ាងហួសចិត្ត ជាមួយ​សូរសំឡេងខលស្រួយស្រេះ បញ្ជាក់ថា បន្ទប់មួយ​ដែលអាចប្រើសេវាទូរសព្ទ ឬសេវាអ៊ីនធឺណេតបានច្បាស់​ឥតអាក់បែបនេះ ទោះដោយវិធីណា ក៏​នៅទីនេះ​ច្បាស់ណាស់ជាកន្លែង ដែលនាង​អាចទាក់ទងចេញក្រៅបាន។

ធីតាប្រមូលកម្លាំងប្រឹងក្រោក….នេះជាឱកាសដែលបងប្អូនគេកំពុងនិយាយគ្នា នាង​យល់ថា វាជាឱកាស​ហើយ។

ទោះយ៉ាងណា ស្រីកម្សត់​​ក្រោក​មិនរួចទាល់តែ​សោះទោះបីមិនមាន​ចំណង ​តែនាង​កម្រើកបញ្ជារាងកាយមិនកើតតែម្តង។

«ឯងដាក់ថ្នាំអីមកក្នុងខ្លួនយើង អាមនុស្ស​ឆ្កួត!» ធីតាគិតទាំង​សៅហ្មង​យំយែក។

ពេទ្យសាន​ចាប់ផ្ដើមងាកសន្សឹមៗមកសម្លឹងនាង​ ទំនងជាកន្ទុយភ្នែកគេបានឃើញនាងរើ។ ធីតាសម្លឹងគេតបវិញដោយឈឺចាប់។ មិនយូរប៉ុន្មាន ការអត់ធ្មត់របស់នាងបានអស់ទៅ នាង​លែង​ធ្វើជាសំងំ​ស្ងៀមទៀតហើយ នាង​ស្រែកខ្លាំងៗ៖

«ជួយខ្ញុំផង! ខ្ញុំត្រូវគេចាប់មក មនុស្ស​នេះឆ្កួតទេ! ជួយខ្ញុំផង!»

សានដៀងសម្លឹងទូរសព្ទក្នុងដៃខ្លួន

សំឡេងបងប្រុសលាន់មកដោយតក់ស្លុតខ្លីៗ៖

«ធីតា?!»

​គ្រឹប……

ពេទ្យវិកលឈានចាកចេញពីទីនោះ ដោយបិទទ្វារដែក​ដ៏ធ្ងន់មួយ ចាកចោលសំឡេងដង្ហោយរកជំនួយរបស់នាង។

ជំពូកទី៤៣

អាថ៌កំបាំងក្នុងរូបខ្មៅស្រអាប់

ហ្សឺឌីអង្គុយនៅខាងស្ដាំគ្រែសំរាកព្យាបាលរបស់ម្ដាយខ្លួន។ នៅចំហៀងខាងឆ្វេង ជំទាវចរិយា កំពុងអត់ដង្ហើមពិនិត្យរូបភាពមួយចំនួនដែលត្រូវបានហ្សឺឌីផ្ញើមកឱ្យគ្រប់គ្នាមើល។

«នេះគឺជារូបភាពដែលពូវុទ្ធីបានផ្ញើឱ្យធីតាមុនពេលគាត់ដួលស្លាប់! តែ​កន្លងមក​វាត្រូវបានបំលែងទៅជាច្រើនផ្នែកដែលធ្វើឱ្យធីតាមិនដឹងថារូបអ្វីមានន័យអ្វី! ខ្ញុំត្រូវចំណាយពេលច្រើនក្នុងការរកមើលរូបភាពដើម! ខ្ញុំមិនដឹងថាពូគាត់ចង់និយាយពីរឿងអីនោះទេ អ្វីដែលខ្ញុំដឹង គឺក្នុងចំណោមនោះ មានមួយសន្លឹកដូចគ្នាជាមួយនឹងសន្លឹកដែលប៉ូលិស​ថា​បងចរិយា បាន​រកឃើញនៅក្នុងបន្ទប់របស់អ៊ំសំភិន!»

Ann ក៏កំពុងតែសម្លឹងរូបទាំងអស់នៅក្នុងទូរសព្ទដូចគ្នា។

ស្ត្រីនេះរអ៊ូៗម្នាក់ឯង៖

«ខ្ញុំចាប់អារម្មណ៍ចំពោះសែក ជាងមួយលានដុល្លារនេះ វាតំណាងពីអី?!»

Joe ដែលនៅជ្រុងម្ខាង ក៏ឆ្លើយតប៖

«បើសិនខ្ញុំជាឧកញ្ញ៉ាវុទ្ធី ក៏មានការងឿងឆ្ងល់ដែរ! លុយជាងមួយលានវេរទៅណា? មនុស្សពិការនោះមាន​លុយច្រើនម៉្លេះ? វិក័យបត្រនេះគួរឱ្យទៅប៉ូលិស​ស៊ើប!»

ជំទាវ​ចរិយាងើបមុខសម្លឹងម្តាយក្មេក ខណៈជំទាវត្តីនៅខ្សោយដង្ហើម តែខំរំពឹងគិតទៅដល់រឿងរ៉ាវស៊ីជម្រៅវែងឆ្ងាយនៅពេល​ឮ Joe និង Ann ​រំឭកសួរអំពី​វិក័យបត្រលុយជាងមួយលានដុល្លារនោះ។

«ប្រហែលជា អាចលុយ​ដែល​គាត់លក់ផ្ទះក្រអូបឱ្យមកប្ដីខ្ញុំ?» ជំទាវវត្តី​ឆ្លើយជាសំណួរ បណ្តាលឱ្យគ្រប់គ្នា​សម្លឹងមកគាត់​រង់ចាំចម្លើយបន្ត ប៉ុន្តែគាត់និយាយថែមថា៖

«ចំណែក​បើសិនផ្ញើទៅក្រៅប្រទេស សម្រាប់វិក័យបត្របញ្ហាមួយនេះ ខ្ញុំក៏​ឆ្ងល់ខ្លាំង តើគាត់ផ្ញើទៅអ្នកណាម្នាក់ ឬក៏កូនស្រីរបស់គាត់នៅរស់? ហើយនាងកំពុងតែនៅបរទេស?!»

នេះគឺជាសំណួរដែល​មានប្រសិទ្ធិភាព ធ្វើគ្រប់គ្នាគិត​តាមវិធីរៀងៗខ្លួន។

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៨
ជំពូក ៣៩

អតីតកាល

មិនមានអ្នកណាដឹងអំពីសំណាងអាក្រក់របស់ធីតានៅឡើយ។ ជាពិសេស បុរសម្នាក់ដែលទើបតែចែចង់នាង​កាលពីពេលថ្មីៗនេះ ដោយសារឥឡូវ គេរវល់តែសប្បាយចិត្តដែលអ្នកម្តាយដឹងបានខ្លួនមកវិញ។

បន្ថែមពីលើការកោះហៅកូនប្រុសទាំងព្រលឹមអុរ ជំទាវវត្តីថែមទាំងមានរឿងជាច្រើន ប្រញាប់ប្រញាល់ក្នុងការប្រាប់។

ទោះបីឆ្លងកាត់គ្រោះថ្នាក់ហើយក៏ពិតមែន តែជំទាវវត្តីនៅតែមានសញ្ញាណនៃសុខភាពអន់ខ្សោយ​។ ពីលើគ្រែសម្រាក គាត់ប្រឹងនិយាយទៅកាន់កូនប្រុសតែមួយ៖

«មនុស្ស​តាសំភិននេះមិនមែនធម្មតាដូចយើងស្មានទេកូន កាលណាមិនឃើញសពគាត់ ម៉ាក់មិនជឿទេ ថាគាត់ស្លាប់!»

ហ្សឺឌីនៅស្ងៀមអត់ធ្មត់ស្តាប់ ទោះគេមិនសូវចង់ តែពេលនេះម្តាយបានជារងគ្រោះធំទៅហើយ ស្តាប់គាត់ជាកាតាព្វកិច្ច។ គេសួរមួយៗ៖

«ដែលបាត់អ្នកម៉ាក់ទៅ គឺ​ទៅធ្វើអីខ្លះទាក់ទងនឹងមនុស្សម្នាក់នេះ? ហេតុអីជួបគ្នានៅបឹងយក្ខឡោមក៏មិនប្រាប់កូនឱ្យទៅជាមួយ!?

ជាមួយស្នូរដង្ហើមធំ ភ្នែកបើកភ្លឹះៗរំឭក​រឿងរ៉ាវស៊ីជម្រៅទាំងនោះ ជំទាវនៅស្ងៀមបន្តិចទើបសម្រេចចិត្ត​វាចាតបបកស្រាយ៖

«ដំបូងម៉ាក់និងចរិយា មានរឿងមិនល្អច្រើន​សង្ស័យតាម្នាក់នេះ គ្រាន់តែយើងមិនច្បាស់ និងមិនមាន​​ភស្តុតាង ​ឬហេតុផល! ក្រោយមក បានរកឃើញអតីតអ្នកសិក្សាពេទ្យនៅភ្នំពេញជំនាន់សង្គមចាស់ យូរណាស់ទម្រាំស៊ើបរកពួកគេឃើញណ៎ាកូន! ដុកទ័រវះកាត់ម្នាក់នោះឈ្មោះពូសំអឿន គាត់បានប្រាប់ច្បាស់​ៗថា តាសំភិននេះ កាលពី ៣០ឆ្នាំមុនបានរើមករស់នៅខេត្តរតនគិរី! តែ​ក្រោយបែកពីប៉ុលពត បានទៅធ្វើការជាពេទ្យមធ្យមនៅក្នុងមន្ទីពេទ្យយោធាមួយនៅភ្នំពេញវិញ!​ គាត់មានប្រពន្ធម្នាក់ ជាគិលានុដ្ឋាក  ក្រោយមកគេនិយាយតៗគ្នាថា ប្រពន្ធបានស្លាប់ដោយសារជំងឺរបេង! ពួកគេ​ដឹងថា គាត់នៅសល់កូនស្រីម្នាក់ដែលមានបញ្ហាឈឺថ្កាត់ដូចម្ដាយ មានរូបរាង ស្លេកស្លាំង! ក្រោយមកមិត្តភក្តិចាស់ៗអស់ទាំងនោះ ក៏មិនដែលបានទទួលដំណឹងអ្វីពីគ្រួសារនេះទៀតដែរ ព្រោះពីមុនគាត់មានឈ្មោះផ្សេង!  ឈ្មោះ  ​សំភិននេះ គាត់ដាក់ថ្មីនៅពេលចូលសុំបម្រើការងាររដ្ឋទេ!»

ហ្សឺឌីជាមនុស្ស​មិនសាំញ៉ាំរញ៉េរញ៉ៃ គេចូលចិត្ត​ស្រាវជ្រាវម៉ាស៊ីនជាងយកពេលទៅសង្ស័យមនុស្ស គេមិនដូច​ជាធីតាដែលសង្ស័យច្រើន ឬ Ann ដែលមហាយកចិត្ត​ទុកដាក់ល្អិតគ្រប់ជ្រុងនោះទេ។ ចិត្ត​គេតែងតែទទេស្អាត មិនរវល់នឹងរឿងអ្វីៗណា ក្រៅតែពីជក់ចិត្ត​តាមដានបណ្តាសម្ភារៈបច្ចេកទេសថ្មីៗលើលោកនេះ ស្របទៅតាមជំនាញ​ចម្លែករបស់គេ​នោះឡើយ។​

លើកនេះ​ចូលពេទ្យទាំងព្រលឹមអុរ​ គេនៅតែ​មិនយល់សោះថា ហេតុអ្វីបានជាម្តាយខ្លួន​ក្រោកពីសង្គ្រោះបន្ទាន់រើមកសម្រាកដោយឡែកភ្លាមកាលណា តាំង​និយាយរឿងទាំងអស់នេះប្រាប់គេ? ទោះយ៉ាងណាកម្លោះនៅទ្រាំផ្ទៀងស្តាប់ ព្រោះជំទាវហាក់បីដូចជាចង់និយាយប្រាប់គេ​នូវរឿងទាំងអស់នេះ ម្តងហើយម្តងទៀត ថែមទាំង​ទុកថាសំខាន់ផង។

«ក្រោយមកមានអ្នករកឃើញគាត់រស់នៅជាមួយក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់! ក្រោយមកទៀត​ ពេលម៉ាក់ជួបរៀបការជាមួយប៉ាក្រោយឯង បងវុទ្ធីទើបនឹងវិលមកពីបារាំង គាត់ខានទាក់ទងបងសំភិនយូរមកហើយ ទើបមានរឿងទិញផ្ទះក្រអូបនេះឡើង»

ស្នូរគោះទ្វារតុៗ។

ហ្សឺឌីឈោងដៃទៅបើក អ្នកដែលចូលមកគឺធឿន ក្នុងដំណើរ​ហាក់ខ្សោះខ្សោយព្រោះទើបក្រោក​ពីការសង្គ្រោះដូច​គ្នា។

«ធឿន ឯងមិនសម្រាកសិន?!»

«លោកជំទាវ​ ម្នាក់ស្រីឈ្មោះAnnកំពុងចាំខាងក្រៅសុំជួបទាន!»

ហ្សឺឌីដៀងភ្នែកសម្លឹងជំទាវ  កូនប្រុសឃើញគាត់ងក់ក្បាលជាសញ្ញាយល់ព្រម  ​គេក៏ស៊ីញ៉ូទៅ​ធឿន​។ Annបានចូលមកដល់ភ្លាម​ ចាប់ផ្តើម​រាយការណ៍៖

«លោកជំទាវ ខ្ញុំទើបនឹង​មកពីជួបJoeដែលជាអ្នកស៊ើបឯកជនរបស់ជំទាវចរិយា!»

«ចរិយានៅឯណា?!»

«គាត់សម្រាកនៅក្បែរនេះ​ទេ​ តែប៉ូលិសនៅយាមកាមនៅឡើយ!»

«នៅតែមិនឱ្យគ្រួសារយើងជួបគ្នា?!» ជំទាវសួរហាក់ទោមនស្ស ធ្វើឱ្យAnnតាមសម្គាល់មើល ដើម្បីឱ្យដឹងថា តើទាំងពីរនាក់ម្តាយហើយនិងកូន​ បានឮពីរឿង​សារភាព​របស់ប៉ូលិស​ភារម្យដ៏គួរឱ្យភ្ញាក់ផ្អើលនោះហើយឬនៅ?

«តើJoeនោះនិយាយអីខ្លះទៅAnn? ហើយប្អូនមានការអ្វីជាមួយខ្ញុំ?!»

«ខ្ញុំមានរឿងសំខាន់ច្រើន! ក្មេងប្រុសនៅក្នុងរូបថតដែលជំទាវចរិយាមាន​នោះ ពេលJoeផ្ញើទៅក្រុមអ្នកវិភាគជំនាញ គេផ្ញើលទ្ធផល​មកជារូបមនុស្ស​ពេញវ័យ​ ដែលស្រដៀង៨៨ភាគរយទៅនឹងពេទ្យសាន ពេទ្យប្រចាំសម្រាប់ផ្ទះក្រអូប!»

ជំទាវលើកដៃស្ទាបទ្រូង​ចំណែកហ្សឺឌីចងចិញ្ចើម។

គេនឹកឃើញឡើងវិញភ្លាម​ថា ខ្លួនទើប​តែបានជូនធីតាមកជួបពេទ្យ​ឯកោម្នាក់នោះ ​នៅផ្ទះប៉ាស្រីភា។ ការជួបនៅទីបើកចំហមិនសមថាត្រូវ​បារម្ភអ្វី​ទាំងអស់ ណាមួយរវល់រៀបចំអាហារពេលព្រឹកជាមួយម្តាយរហូតមក ក៏នៅមិនទាន់បានទាក់ទងទៅកាន់នាងនៅឡើយ។

បុរសលូកដៃរាវរកទូរសព្ទ ស្រាប់តែ Ann ប្រាប់ភ្លាម៖

«ខ្ញុំចូលមកបន្ទាន់នេះ ចង់ប្រាប់ថា​ ខ្ញុំទាក់ទងធីតាច្រើនលើកហើយ គ្មាន​ទំនាក់ទំនង​ទេ​!​ ធីតា​បានណាត់ជាមួយពេទ្យសាន ប៉ុន្តែ​គ្លីនិកនោះបិទ ខ្ញុំហៅទ្វារក៏គ្មានអ្នកឆ្លើយទាំងអស់ ខ្ញុំគិតថាអ្វីមួយមិនល្អ​កើតឡើងចំពោះធីតា!»

ហ្សឺឌីក្រោកភ្លែតពីកៅអី ​គេភ្លាត់មាត់ទាំងឆ្លេឆ្លា៖

«ធីតាឱ្យ Location មកខ្ញុំ!»

គេចាប់ផ្តើមចុចទូរសព្ទ តែដូចAnnនិយាយ គឺទាក់ទងមិនបាន!

«ខ្ញុំទៅរកគេ!»

ហ្សឺឌីនិយាយបន្ទាន់ ព្រោះទ្រូងតឹងស្ទះភ្លាមៗជាមួយសំណួរ​អាណិតអាណោចនាង​ថា ហេតុអី?​ នាង​មានរឿងអី បានជាខំផ្ញើ Locationមក? អ្នកណាធ្វើអីនាង?

មិនដឹងនឹកឃើញម៉េចបានជាគេឈប់បង្អង់​ហើយសួរមក Ann៖

«មានបានសួរអធិការម្នាក់នោះឬនៅ? តាមធីតាប្រាប់ព្រឹកមិញគេថា ​គេមានណាត់​ទៅពីរកន្លែង ចេញពីពេទ្យសាន នឹង​ជួប!»

ពេលម្តាយនិងធឿនកំពុងស្រឡាំងកាំង Ann ​ឆ្លើយតបមួយៗ​ទៅកាន់ហ្សឺឌីដោយសំណួរថ្មី៖

«គ្រប់គ្នាមាន​​ដឹងរឿង ​ដែលមុននេះបន្តិចអធិការភារម្យត្រូវស្នងការខេត្តនាំខ្លួនទេ?!»

ដូចរន្ទះបាញ់កណ្តាលបន្ទប់ ក៏ជារន្ទះដែលមុននេះ​បានធ្វើឱ្យធីតាត្រូវទន់ជើងដួលត្មោល ពេលនេះធ្វើឱ្យគ្រប់គ្នាចំហមាត់លែងនិយាយចេញ។

Annបន្ថែមដោយងក់ក្បាលបញ្ជាក់នូវសម្តីរបស់ខ្លួន៖

«ព៌ត័មាន​បឋមដែល Live ពីមុខអធិការដ្ឋាន អធិការភារម្យ​សារភាពអំពីការពាក់ព័ន្ធរបស់គាត់ និងការលាក់ឯកសារព្រមទាំងភស្តុតាងជុំវិញការស្លាប់នៅផ្ទះក្រអូប​! មរណភាពឧកញ៉ាវុទ្ធី!»

សារជាថ្មី​ហ្សឺឌីឆែកទូរសព្ទ…..

«ចង្រៃយក៍!» គេរអ៊ូ​ៗ។​

Annប្រញាប់ពោលប្រាប់៖

«ខ្ញុំនិងJoe បានជួបពិភាក្សាគ្នា​! យើង​សម្រេចថា​ មានចំណុចគួរឱ្យសង្ស័យច្រើន ពីរឿង​ដែល​ថា​ប៉ូលិស​ភារម្យ​ព្រមលក់សក្តិខ្លួនចោល​ជួយការពារឧក្រិដ្ឋករ! ចំណុចមិនទំនង​ មើលទៅសមតែថា​ គេនោះសារភាពដើម្បីបញ្ចប់សាច់រឿង!»

ធឿន​ឱនទៅក្បែរហ្សឺឌី​ ហើយ​ពិនិត្យ​មើលរូបថតនានាដែល​បាន​ថតផ្តិតចេញ​ពីព្រឹត្តិការណ៍គួរឱ្យហួសចិត្តនៅឯអធិការដ្ឋានខេត្ត ដោយវត្តមាន​ហ៊ឹកហ៊ាក់នៃក្រុមសមត្ថកិច្ច​ស្នងការដ្ឋាននគរបាលខេត្តរតនគិរីមកនាំខ្លួននាយប៉ូលិស​ដែលធ្លាប់មាន​គេរាប់អានយ៉ាងច្រើន។

ជំទាវសម្លឹងមុខកូនប្រុស ហើយនិយាយមួយៗមកកាន់ Annវិញ៖

«បើត្រូវគេយកទៅផុសផ្សព្វផ្សាយល្បីពេញប្រទេស ទោះជាអធិការភារម្យចង់កេងបន្លំឆាប់បញ្ចប់រឿង ដោយសារការសារភាពមួយនេះ ប្រាកដជាបានត្រៀមនូវភស្តុតាងគ្រប់គ្រាន់!»

Annងក់ក្បាល៖

«ចង់ការពារអ្នកដៃដល់ ត្រូវការ​អ្វីច្រើនទៀតដើម្បីធ្វើជាអំណះអំណាងទៅលើបទសារភាពរបស់គាត់!»

ហ្សឺឌីដែលភ្នែកប្រឹងសម្លឹងទៅរូបថតនិងព័ត៌មានទាំងអស់ ចាប់ផ្តើម​លែងចង់រវល់។ ទ្រូងអ្នកគិតដល់តែសុវត្ថិភាពស្រីស្អាត ​គេចុចបិទទូរសព្ទហើយនិយាយទៅកាន់អ្នករាល់គ្នា៖

«ធីតាប្រាកដជាមានរឿងបើសិន​អ្នកក្នុងរូបក្មេងនោះជាពេទ្យសាន!»

គេបន្តទៅកាន់កែវភ្នែកភ្លឺមុតរបស់Ann ហើយបញ្ជាក់បន្ថែម៖

«មួយយប់មិញនេះ ខ្ញុំញែករូបពូគេ​រួចរាល់ ក្នុងនោះក៏មាន​រូបក្មេងប្រុស​ដដែលនេះដូចគ្នា​! ខ្ញុំបានផ្ញើទៅឱ្យធីតាទៀត!»

Ann អង្អែលចង្កាគិត ផងនិយាយផង៖

«បានន័យថាសូម្បីឧកញ៉ាវុទ្ធីក៏មានរូបក្មេងនេះ ហើយបានសង្ស័យ ព្រមទាំងបានផ្ញើមកក្មួយស្រីជាសម្ងាត់ទៀត! ​បើនោះពិតជាពេទ្យសាន​តើគេមានទាក់ទងអីនឹង​អ៊ំសំភិន ហើយពេលនេះ​គេយកធីតាទៅណា?!»

«ខ្ញុំចេញទៅសួរវានោះ!»

គេចាកចេញ​វឹងតាមសន្ទុះចិត្តក្រោធ បន្សល់នូវលោកជំទាវ និងAnn ព្រមជាមួយធឿនដែលទន់ខ្សោយដោយរបួសជាតិពុល។ មិនដឹងយ៉ាងម៉េចហ្សឺឌីបកមកវិញផ្តាំ៖

«អ្នកម៉ាក់ ខ្ញុំដាក់មនុស្ស​មកយាមថែម! ញាតិមិត្តអ្នកម៉ាក់នៅចាំខាងក្រៅច្រើនណាស់ កុំបាច់បារម្ភទេ! ចំណែកអ្នកមិនស្គាល់ខ្ញុំមិនឱ្យចូលទេ! ដាច់ខាត!»

គេថាហើយងើបមុខសម្លឹងធឿនជាការបញ្ជាក់ឱ្យមើលម្តាយខ្លួន ហើយក៏ចាកចេញទៅតែម្តង។ កូនប្រុសទៅផុត លោកជំទាវនិយាយមួយៗ មកកាន់អ្នកនៅសល់​ដោយត្រិះរិះយឺតៗ៖

«ខ្ញុំយល់ស្របតាមAnn!​ គឺអ្នកណាម្នាក់នៅក្រៅទ្រុង ត្រូវបានអធិការភារម្យយកខ្លួនគេទៅការពារ!»

Ann ហាតបមកវិញភ្លាម៖

«ម្នាក់នោះជាពេទ្យសានឬអត់?»

ទូរសព្ទAnn លោតសារ គាត់ឱនពិនិត្យ។ ស្ត្រីអ្នកស៊ើបឯកជន​ហាក់ត្រេកអរ នាង​ញញឹមធ្វើឱ្យជំទាវប្រញាប់សួរ៖

«មានដំណឹងអីពីធីតាមែនអត់?»

«អត់ទេ! តែមិត្តម្នាក់របស់ធីតាមកដល់រតន:គិរីហើយ! មកបានលឿនមែន»

ឃើញ​ជំទាវវត្តីហាក់មិនចាប់អារម្មណ៍អី្វនឹងព័ត៌មាន​នេះ Annបន្តប្រាប់៖

«គេម្នាក់នេះហើយ​ដែលបានរកខ្ញុំឱ្យមកជួយធីតា!»

ជំទាវងាកមុខមកភ្លាម​ហាក់ចាប់អារម្មណ៍​ព្រោះប្រសិនមនុស្ស​នេះមិនសំខាន់ មិនដល់ថ្នាក់ធីតាប្រាប់រឿងក្នុងផ្ទះឱ្យគេដឹង រហូតគេរកប៉ូលិសឯកជនឱ្យនោះទេ។

«ក៏ជាគេអ្នកដែលស្គាល់កូនប្រុសលោកជំទាវច្បាស់ ថាចេះជំនាញញែករូបភាពបំលែង! គេជាអ្នកឱ្យដំណឹង​របស់ហ្សឺឌីមកខ្ញុំ!»

ជំទាវមិនចង់ឆ្ងល់បន្ត​គាត់សួរខ្សឹបៗ៖

«អ្នកណាអីក៏ពូកែម៉េះ ដូចប៉ូលិស?!»

«អតីតស្នងការល្បីម្នាក់នៅភ្នំពេញ! គេឈ្មោះRoy!»

ធឿនបើកភ្នែកធំៗឱនមកខ្សឹបដាក់ចៅហ្វាយស្រី៖

«ស្នងការដែលបំបែកក្តី​រឿងកូនស្រីអ្នកមាន​បាត់ខ្លួន សុទ្ធតែឆ្នាំនាគ ក្នុងគម្រោង​ការណ៍២០៣៥របស់តួឯកសប្បុរសមកពីអាមេរិក Lorenzo»

ជំទាវងក់ក្បាល៖

«ឮថាគេចោលតំណែងចេញរៀនត?»

«ប្រហែលជាអ៊ីចឹងហើយ បានជាគេស្គាល់គ្នាជាមួយ​ធីតានៅបរទេស!» Ann ព្រលយប្រាប់បន្ថែម។

ជំពូកទី៤០

ប៉ូលីស​សួរចម្លើយប៉ូលីស

រសៀលហើយ។ ស្នងការដ្ឋានខេត្តបានទទួលវត្តមានភ្ញៀវពិសេសម្នាក់សម្រាប់ពួកគេ។ បុរសនេះ​បើកឡានមកផ្លូវឆ្ងាយណាស់ បានជារថយន្តប្រលាក់ស្រម៉ក។ គេបោលក្ឌុងមកឈប់ក្នុងបរិវេណទីសមត្ថកិច្ច ខណៈសូម្បីស្នងការ សៀក ចាន់ដា ចុះមកទទួលដោយផ្ទាល់ហើយបណ្តើរគេឡើងទៅកាន់ការិយាល័យ​។

តាមផ្លូវ​ស្នងការខេត្តនិយាយខ្សឹបខ្សៀវប្រាប់៖

«រហូតមកដល់ម៉ោងនេះ គ្នាយើងដាក់គ្រប់កន្លែងសង្ស័យ តែនៅគ្មានដាន!»

បុរសទើបមកដល់ត្រូវបានទទួលចូលក្នុងបន្ទប់ស្នងការ ដែលប្រដាប់ដោយសាឡុងទទួលភ្ញៀវនិងថាសកាហ្វេជះក្លិនបង្អួតពីផលិតផលប្រចាំខេត្តដីក្រហមដ៏មានជីវជាតិ។

«គ្លីនិកនោះត្រូវបានឆែកឆេរអស់សូម្បីរន្ធកណ្តុរមួយក៏មិនរំលងតែគ្មាន​អ្វី​សល់ទេ! ពេទ្យម្នាក់នោះបាត់ស្រមោល!»

«អត់មាន​ដានស្នាមអ្វីបញ្ជាក់ថាធីតាបានទៅកន្លែងហ្នឹងទេ?»

គូសន្ទនាសួរធ្វើឱ្យស្នងការគ្រវីក្បាលដោយ​ទោមនស្ស។

«សាក្សីចុងក្រោយ គឺប៉ាស្រីភាដែលជាអ្នកលក់កាហ្វេហើយដែលចាន់ដាខលប្រាប់ខ្ញុំថាជាកន្លែងគេទៅណាត់គ្នាជជែក?!»

«បាទ! នេះតាមចម្លើយរបស់ហ្សឺឌី កូនប្រុស​ជំទាវវត្តីដែលស្នាក់នៅផ្ទះក្រអូបជាមួយធីតា​! គេថាគេជាអ្នកដឹកអ្នកបាត់ខ្លួនមកកាហ្វេ​ផ្ទះប៉ាស្រីភាតែគេមិនបានចុះទេ ប្រញាប់ទៅជួបម្តាយ!»

«ចុះចម្លើយប៉ាស្រីភា?!»

ស្នងការចាន់ដារុញសំណុំឯកសារទៅឱ្យអ្នកសួរទាំងមាត់រៀបរាប់៖ «ប៉ាស្រីភានិយាយថា ធីតាកំពុងហូបកាហ្វេជជែកលេងជាមួយពេទ្យសាន! នាង​ក៏សន្លប់បាត់ស្មារតីចំណែកពេទ្យនោះបានបីនាង ថាយកទៅគ្លីនិក! ម្ចាស់ហាងមិនតាមព្រោះអ្នកណាក៏ដឹងថា មនុស្ស​នេះមាន​នាទីជាពេទ្យប្រចាំនៅវិមានក្រអូបយូរមកហើយ»

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៧
នាង​បានកាន់ឈានទៅ​ដល់ទីនោះទាំងបើកភ្នែកធំៗ សម្លឹងទៅរូបថតក្មេងដែលមានតែម្នាក់ហើយជារូបដូចគ្នានឹងតុ​របស់​អធិការភារម្យ។ ធីតា លូកដៃទាញវាយកមកមើល….

«ព្រះ»

នាង​ពោលបានតែមួយម៉ាត់នេះគត់។  នាង​យល់ហើយ….

ចាប់ផ្តើមសារជាថ្មីចុចទូរស័ព្ទ ហ្សឺឌីមិនឆ្លើយទេ នាង​ចាប់ផ្តើម​ចុចSMS….

«ហ្សឺឌី នៅទីនេះមាន​រូបថតក្មេង​មួយសន្លឹក ដូចគ្នានឹង​រូបក្មេងម្នាក់ដែលឈរក្បែរអ៊ំសំភិន​ក្នុងរូបដែលពូខ្ញុំបានបំលែង!​ ហើយរូបក្មេងនេះ​ក៏មានលើតុអធិការភារម្យដែរ!»​

នាង​សរសេរកាត់ៗខ្លីៗដៃនៅមិនទាន់ទម្លាក់ស៊ុមរូបថត​ចុះវិញនៅឡើយ។

ស្រីស្អាត​រកមើលស្បែកជើង​របស់ខ្លួន ហើយរេទៅរកមាត់ទ្វារច្រកឡើង។  ពេលនេះ ភ្នែកនាងត្រូវដក់ជាប់ទៅនឹងអ្វីមួយនៅមាត់ទ្វារ។ ក្រៅពីគូស្បែកជើងរបស់នាងដែលត្រូវបានរៀបទុកមួយឡែកដោយមានសណ្តាប់ធ្នាប់ នៅក្បែរនោះ អ្វីដែលឆក់ភ្នែកខ្លាំង​រូងដល់ពោះវៀនពោះតាំងនាងគឺ ស្បែកជើងមួយគូផ្សេងទៀត នាង​ចាំបានថា នាងធ្លាប់បានឃើញស្បែកជើងនេះនៅក្រោមគ្រែរបស់ជំទាវវត្តី ពេលដែលនាងជាមួយហ្សឺឌីកំពុងតែពួនជាមួយគ្នា ហើយ​មនុស្សស្លៀកពាក់ខ្មៅបានលបចូលក្នុងផ្ទះ។

ហេតុអ្វីបានជាពេទ្យសានដែលគ្រប់គ្នា​ដឹងថា បាន​រស់នៅឯកោបែរជាមានស្បែកជើងមួយគូនេះ​?

សន្សឹមៗ​ដៃ​ស្រីស្អាតចាប់ផ្ដើមរាវរកខ្សែកដៃនិងត្រៀមចុចបើកគន្លឹះ។

បើសិនជាពេលពេទ្យសាន​នៅទីនេះមានទូរស័ព្ទដៃ ហើយបាន​ពាក់ព័ន្ធនឹង​អ្វីទាំងឡាយដូចក្នុងគំនិតនាងកំពុង​គិត នាង​ចុចរបស់នេះនឹងអាចTrackដឹង រាល់អ្វី​ដែលគេបាននិយាយ ឬធ្លាប់សន្ទនានៅក្នុងទូរស័ព្ទដៃរបស់គេមិនខាន​។ គេនេះមែន​ទេ ដែលយប់នោះបានអង្គុយនៅក្នុងសួនជាមួយ​នាង​និយាយអំពីរឿង​វណ្ណរី តាមពិត​គេលួចតាមដានជំទាវ​ចរិយា ​ហើយ​បានផ្ញើសាររឿង​ផ្ទះចាស់នៅបឹងកេងកងទៅទូរស័ព្ទ​ដៃ​អ៊ំសំភិន?​

«ដេកពាក់ Penetration រាល់ថ្ងៃអ៊ីចឹងអត់ដឹងខូចខ្លួនទេ?!» «Track គេបានច្រើនណាស់ម្តងទេមេ! បើ​វានោះឆ្លាត វាដឹងហើយ ដោះចោលទៅ!»

ពាក្យព្រមាន​របស់ហ្សឺឌីដែលវិលមកវិញនៅក្នុងការចងចាំ ធ្វើឱ្យនាង​ភ័យលេបទឹកមាត់ក្អឹក។ ហ្សឺឌីនេះនិយាយបែបលេងៗ​តែច្រើនជាការពិត។ ប្រសិន​ខ្សែកនាងពិតជា​ត្រូវគេបានគេ Track ឃើញ​ បន្ទាប់ពីប្រើបាន​ម្ដងហើយ មិនអាចប្រើជាលើកទី ២មែន លើកនេះអាចនឹងជាប់ជុចដែរ?

នាង​ដើរថ្នមៗលើកម្រាលបន្ទប់ឆ្ពោះទៅក្បែរ​បង្អួច​បើកប្រើសេវាអ៊ីនធឺណេត​ហើយ ផ្ញើLocationទៅកាន់ហ្សឺឌីជាមុន មុនពេលសម្រេចចិត្តបើកគន្លឹះបន្តោងខ្សែករបស់ខ្លួនដើម្បីតាមដានរាវរកទិន្នន័យ​ក្នុងទូរស័ព្ទរបស់ម្ចាស់ផ្ទះនេះ។

«យើងសង្ឃឹមថា បើសិនជាមានអ្វីកើតឡើងទៅ ហ្សឺឌី​នឹង​ដឹងថា​យើងនៅឯណា!»

ទូរស័ព្ទរបស់នាង​ឱ្យសញ្ញានៅលើ App។ នាង​បំភ្លេចហ្សឺឌី​ហើយនឹកទៅដល់ពេទ្យសាន។

«ធីតាគិតច្រើនពេកដឹង! ថ្ងៃណាមួយ ការគិតមិនសប្បាយចិត្តហួសហេតុនឹងអាច​បំផ្លាញខ្លួនឯងបាន!»

សម្តីគេ​នៅពេលនិយាយគ្នាក្នុងសួនផ្ទះក្រអូបនាយប់មួយនោះ​ យប់ដែលនាង​រកឃើញ SMSមួយអំពីអ្នកបងចរិយារបស់នាង​។

ពេទ្យសាន! ​តាមពិតយប់នោះ ពេទ្យជាអាម្នាក់ដែលពួនលបមើលខ្ញុំ នឹង​អ្នកបងជជែកគ្នាក្នុងផ្ទះបាយ​ហើយក្រោយមកធ្វើជាព្រមអង្គុយនិយាយជាមួយ​ខ្ញុំអំពីរឿងបងវណ្ណរី?

នាង​ក៏នឹកឃើញភ្លាមដល់ទឹកមុខផ្លាស់ប្ដូរជាច្រើនបែបរបស់គេ នៅពេលគេឃើញព័ត៌មានអំពីអធិការភារម្យ។

នារីខាំមាត់​ទឹកភ្នែកនាង​ដក់សើមៗក្នុងរង្វង់នេត្រាទាំងសង។​ ចិត្ត​នេះខកចិត្ត​ ខូចចិត្ត ច្រើនដងពេកហើយព្រោះតែ​ពាក្យថា ​«ទុកចិត្ត»។ ជាមួយការ​ឈឺចាប់ជ្រាលជ្រៅ រហូត​ដល់ព្រឺក្បាល​ ស្រៀវដៃ នាង​ចាប់ផ្ដើមចុចលើ App របស់ខ្លួនស្វែងរកឧបករណ៍ទូរស័ព្ទដែលនៅក្បែរណាមួយ។

អ្វីមួយតូចធ្លាក់យ៉ាងស្រាលមកលើកញ្ចឹងករបស់នាង….វា​ស្រាលណាស់ ដល់ថ្នាក់នាងមិនដឹងឡើយថា វាជាអ្វីនោះទេ។ បន្ទាប់មកវាចាប់ផ្ដើមស្ពឹកនៅក្រោយកញ្ចឹងក ស្មា ទ្រូង។ នាង​របូតទូរស័ព្ទ​ពីដៃ ហើយជើងទាំងទ្វេ​ដែលហាក់នៅបានយូរជាងគេបន្តិចនោះ ម្ដងទៀតហើយវាស្រុញនឹង​ដួលចុះ….

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៦
នាង​នឹកឃើញវិញនូវពាក្យ​​ ThidaLoveZerdi ហើយសម្លក់នាយមុនពេលចាប់ផ្ដើមចុច។

«រូបថតក្មេងទាំងអស់? ក្មេងម្នាក់នេះដូចធ្លាប់ឃើញនៅឯណា?»

នាង​រអ៊ូរអុះៗមុនពេល​ងើបមុខមកសម្លឹងនាយ។

«មានវិកយបត្រនិងនំខួបកំណើតទៀត នៅចុងក្រោយ!» គេឆ្លើយទាំងចាប់ផ្តើមស្ងាប។

«មានន័យថាម៉េច?!»

នាង​សួរព្រោះចុចពិនិត្យ​ចុះឡើង ឡើងចុះនៅតែគិត​មិនយល់។ ហ្សឺឌីពោលមកវិញដៀមដាម៖

«អ្នកHake រូបឱ្យ ត្រូវយល់ន័យមកពន្យល់ទៀតហ្មែន!»

«គ្រាន់តែសួរតើ ក្រែងអ្នកខ្លះឆ្លាតជាងខ្ញុំ!»

ឡានគេឈប់ង៉ក់។

នារីងើបមុខ​សម្លឹងនាយ​ហើយរេទៅខាងក្រៅ។ គេពិតជាឈប់នៅនឹងមុខ​ហាងប៉ាស្រីភាមែន។

«ម៉េចដឹងខ្ញុំត្រូវមកញ៉ាំកាហ្វេនៅហ្នឹង?»

«នៅណេះ នៅខេត្តនេះមានហាងណា ចំណាំណាត់គ្នាទៅអង្គុយស្រស់ស្រាយជាងកន្លែងនេះទៀត?»

នាង​ទាញគន្លឹះទ្វារបម្រុងចុះ តែហាក់នឹកឃើញ​រឿងអ្វីមួយ​ក៏ងាកមកសួរ។​

«ច្រកកាហ្វេអត់​ខ្ញុំហៅឱ្យ!»

ហ្សឺឌីធ្វើមុខស្មើ។ ​គេដៀងភ្នែកសម្លឹងហួសទៅក្រោយខ្នងនាង ​ហើយងាកមកវិញធ្វើមុខស្មើៗប្រចែ​ប្រចណ្ឌ៖

«ឃើញមនុស្ស​ក៏ឆ្អែត! Bye!»

នារីរេភ្នែក​ទៅក្រោយខ្នង​។ ពីចម្ងាយនាងឃើញ​ពេទ្យសាន​ដែលរៀបចំកង់ទុកក្បែររបងមាន​កម្ពស់ត្រឹមចង្កេះ ដែលតាមបណ្តោយ​នោះ ម្ចាស់ហាងបានដាំផ្កា​នានារាយ​បង្អួតគន្ធានិង​សម្រស់ច្រើនពណ៌ នៅចម្រុះ​គ្នាយ៉ាងស្រស់ប្រផូរ។

ធីតារុញទ្វា​រដើរចុះកាលណា ឡាន​ក៏ចាកចេញង៉ោងវឹង ​ដូចជា​មិនចង់ឱ្យអ្នកដទៃណា​បានឃើញ​សូម្បីមុខអ្នកដែល​បើកជូននាង​មក។

ជំពូកទី ៣៨

គ្រោះថ្នាក់

ក្លិនកាហ្វេព្រឹកនេះ ពិតជាឈ្ងុយឆ្ងាញ់ខ្លាំងណាស់។ ម៉ោងមិនទាន់ ៨ ស្រួលបួលផង ធីតាបានជួបគ្នាអង្គុយញ៉ាំកាហ្វេនៅតុដំបូងដែលនាងបានស្គាល់ហាងប៉ាស្រីភានេះតាមរយៈការណែនាំរបស់អធិការភារម្យ។

នាង​និយាយទាំងញញឹមស្រស់ដាក់កែវភ្នែកពេទ្យឯកោ៖

«អធិការប៉ូលិសនោះ បាន​នាំខ្ញុំមកកន្លែងនេះមុនគេ កាលហ្នឹង​ខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយប្លែកណាស់ពេទ្យសាន​! តាមពិតទៅ ខ្ញុំអត់សូវចូលចិត្តគាត់ទេពីដំបូងៗ តែបែរមកចាប់អារម្មណ៍​ជា​ពិសេស​នៅពេលដែលគាត់និយាយពីរឿងទាំងប៉ុន្មានទាក់ទងជាមួយលោកពូខ្ញុំ ថាឧស្សាហ៍មកហាង​នេះដែរ!»

«គ្រប់គ្នា​!»

ពេទ្យសាន​ឆ្លើយខ្លីៗ មានន័យថា​អ្នកណានៅទីនេះ នៅខេត្តនេះ មិនស្គាល់ហាងប៉ាស្រីភានោះ? នាង​នឹកឃើញភ្លាមដល់ហ្សឺឌី។ គេនេះប្រចែប្រចណ្ឌសូម្បីកាហ្វេខ្ចប់ក៏មិនចង់យក?

នាង​សើចខឹកៗ ធ្វើឱ្យពេទ្យសានលើកចិញ្ចើមបែបឆ្ងល់ ។ ​ធីតាខំនិយាយពន្យល់វិញ៖

«ប៉ុន្តែក្រោយមកខ្ញុំដឹងថា ប៉ូលីសម្នាក់នេះ​គាត់ធ្លាប់ស្និទ្ធស្នាលជាមួយពូខ្ញុំ ដល់ថ្នាក់ជាសាក្សីនៅក្នុងហេតុការណ៍នៃការធ្លាក់ពីលើជណ្ដើររបស់គាត់ទៀត! បន្ទាប់ពីនោះក៏រាងត្រូវគ្នាជាងមុនហើយ!»

«ខ្ញុំដឹង! តាមរយៈពេលនោះធីតាសប្បាយចិត្តពេក ​ចេញមកក៏បើកឡានកៀរកង់ខ្ញុំ!»

ពេទ្យសាន​តបដោយ​ញញឹម  ទាំងភ្នែកសម្លឹងមើលដៃខ្លួនឯងកាន់ពែងហាក់មិនដឹងក្តៅ    ទោះ​ភេសជ្ជៈ​​កំពុង​ហ៊ុយផ្សែងទ្រលោមយ៉ាងណា​។ ធីតាប្រកែកភ្លាម៖

«ឈប់ៗ ពេទ្យសានចង់សំដៅថា ខ្ញុំជួបគេនោះហើយក៏រវើរវាយ សប្បាយចិត្តដល់ថ្នាក់ចេញទៅកៀរកង់ខ្លួន?!»

បុរសញញឹមមិនឆ្លើយ ជាចម្លើយថាអ្វីដែលនាង​យល់នោះត្រូវនឹង​អ្វីដែលគេចង់មានន័យ។

នាង​នៅស្ងៀមក្រេបកាហ្វេកំដៅពោះ​ទាំងលបគិតឡើងវិញ​ថា មានតែ​ខ្លួនឯងទេដែល​ដឹងថា ថ្ងៃនោះនាងកៀរគេ ​ដែល​កំពុងជិះកង់មិនមែនដោយសារមានអារម្មណ៍រវើរវាយនោះទេ គឺ​កំពុងតែរាយការណ៍រឿងដែលភារម្យនិយាយ ទៅកាន់អតីតស្នងការ Roy ដែលជាមនុស្សជិតស្និទ្ធរបស់នាង។

អតីតស្នងការដែលធ្លាប់ល្បីកក្រើកក្នុងសំណុំរឿងមនុស្ស​ស្រីបាត់ខ្លួន ២០៣៥ជាមនុស្សជិតស្និទ្ធរបស់នាងនៅភ្នំពេញ ជាអ្នកដែលនាង​បានប្រាប់អំពី​ អធិការភារម្យលម្អិត​នា​វេលាដំបូងនាងបានមកដល់ខេត្តរតនគិរី ហើយសូម្បីអ្នកស៊ើបស្រីឈ្មោះAnn ក៏គេ​ជាអ្នករកមកឱ្យនាង។

«អ្នកទាំងពីរអត់​បានបើកហ្វេសប៊ុកតាមដានព័ត៌មានជាមួយគេទេ?»

ប៉ាស្រីភាដើរមកសួរទាំងមុខស្លេកស្លាំងខុសពីធម្មតា ធ្វើឱ្យពេទ្យសាន​ងើបមុខសម្លឹងទៅម្ចាស់ហាងកាហ្វេតូចមួយនេះជាមួយនឹងកែវភ្នែកចម្លែក។

ដ្បិតតែពេទ្យសានមិនដឹងថា គាត់ចង់សំដៅទៅលើព័ត៌មានអី ប៉ុន្តែធីតាឃើញគេចាប់ផ្ដើមបើកទូរស័ព្ទដាក់មើល​ពីរនាក់។

កាយវិការ​ភ្លាមៗ​របស់គេ ធ្វើឱ្យនាងនឹកឃើញដល់សម្ដីដំបូងៗ ដែលទើបនឹងជួបស្គាល់គេនៅពេលដែលតាមរកគេឱ្យទៅ​ជួយមើលជំងឺអ៊ំសំភិន

«ហ្វាម៉ាស៊ីគេនេះគួរតែមានទូរស័ព្ទមួយគ្រាន់នឹងទាក់ទងគ្នា»។

អស់ពីមើលទូរស័ព្ទរបស់ពេទ្យសាន នាង​រេទៅពិនិត្យទឹកមុខប្រែប្រួលចុះឡើងរបស់គេ ខណៈសំឡេងពីក្នុងអេក្រង់ មិនអាចលាក់បាំងបានយូរឡើយ។

នោះគឺជាសំឡេងដែលនាងធ្លាប់ស្គាល់។

«អធិការភារម្យធ្វើសន្និសីទកាសែតទៀត?!»

នារីនេះវាចា​សួរភ្លាមៗ ​ទាំងងើបមុខមករកប៉ាស្រីភា​ក្រែងលោ​បានចម្លើយខ្លះព្រោះជាបឋមនាងយល់ថា​ ប៉ូលិស​អាចនឹង​វែកញែកជាសាធារណៈ​ពីមរណភាព​នៃ​បុរសចំណាស់ពិការ​នោះ ឬពី​ការដឹងខ្លួន​ឡើងវិញ​នៃជំទាវវត្តី។ តែតាមពិតមិនមែន​ទេ ទាំងប៉ាស្រីភា ទាំង​ពេទ្យសានបានក្រៀមក្រំប្លែក។

សំឡេងអ្នកផ្សាយព័ត៌មាន​ Live ​ជាអ្វីដែល​នាង​គួរផ្ទៀងមកស្តាប់វិញ​។

«អធិការភារម្យ​នៅព្រឹកព្រហាមនេះ បានសារភាពទៅកាន់ក្រុមការងារស្រាវជ្រាវបណ្តឹង​ព្រហ្មទណ្ឌមកពីស្នងការដ្ឋាននគរបាលខេត្តរតនគិរីថាខ្លួនមានពាក់ព័ន្ធទៅនឹងការលាក់ការណ៍ អំពីរបាយការណ៍ឃាតកម្ម​ការធ្វើឃាតចេតនានៅក្នុងផ្ទះក្រអូប!»

កាហ្វេនៅលើដៃរបស់អ្នកកាសែតស្រីត្រូវរបូតខ្សាក ដូចជាម្រាមដៃទាំងប្រាំត្រូវនឹង​ថ្នាំស្ពឹកមិនអាចធ្វើចលនាបាន។

«ខ្ញុំស្តាប់ច្រឡំ!» ​នាងប្រាប់ខ្លួនឯង។

ប៉ុន្តែអ្វីចំពោះមុខគឺជាការពិត ពេលដែលក្រឡេកទៅពេទ្យ​សាន បានប្រែទឹកមុខទៅជាស្រគាំឡើង​ៗសម្លក់អេក្រង់ទូរស័ព្ទ។

ធីតាលែងខ្វល់ច្រើន នាង​បង្វែរកញ្ចក់ទូរស័ព្ទរបស់គេបែរមកចំ​ណាំង ហើយមើលឱ្យច្បាស់ម្នាក់ឯង មិនខ្វល់ពីអារម្មណ៍ថា ម្ចាស់ទូរស័ព្ទកំពុងគិតបែបណាឡើយ។

សំឡេងអធិការដែលគ្រប់គ្នាបានស្គាល់ច្បាស់បានលាន់និយាយនៅក្នុងនោះទៀត៖

«ខ្ញុំមានអីត្រូវនិយាយទៀត? អ្វីដែលត្រូវប្រាប់ ខ្ញុំបាននិយាយប្រាប់ស្នងការអស់ហើយ! បងៗអ្នកសារព័ត៌មានមិនបាច់សួរខ្ញុំទេ!​ រង់ចាំ​តែរបាយការណ៍ស្នងការខេត្ត​ប្រកាសផ្លូវការទៅ!»

គេឈប់និយាយហើយខណៈត្រូវរុញឡើងឡានទ្រុង។

សំឡេងរបស់អ្នករាយការណ៍ព័ត៌មាននៅលើបណ្ដាញសង្គមចាប់ផ្ដើមបន្ត         ខណៈ​បេះដូង​​​​ទស្សនិក​​ជន​​ម្នាក់​ៗ​​សឹងគាំងម្តងៗនៅទីនេះ ហាងកាហ្វេអនុស្សាហ៍មួយនេះ

«អធិការភារម្យដែលត្រូវបានគេនិយាយថា ជាអ្នកនៅពាក់ព័ន្ធពីក្រោយរឿងសម្លាប់មានគម្រោង​​ដ៏ចម្រូងចម្រាស់​ដែលនាំទៅដល់ការ​ស្លាប់ជាបន្តបន្ទាប់នៃសមាជិក​ក្នុងផ្ទះក្រអូបកម្មសិទ្ធិរបស់អ្នកមានម្នាក់មកពីភ្នំពេញឈ្មោះថាឧកញ៉ាវុទ្ធី! ថ្មីៗនេះទាំង​អ្នកបម្រើក្នុងផ្ទះ និងអតីតជំនួយការរបស់គាត់ត្រូវបានគេរកឃើញស្លាប់ជាបន្តបន្ទាប់គ្នា ហើយ​មុននេះបន្តិចអធិការដ្ឋាននគរបាលដែលដឹកនាំដោយអធិការភារម្យដដែល បានរាយការណ៍ថ្មី​អំពីមរណភាពរបស់មិត្តជិតដិត គាត់ម្នាក់ឈ្មោះសំភិនជាម្ចាស់ដំបូងនៃផ្ទះក្រអូប​។ គេមិនទាន់បានចេញ​ការ​បកស្រាយថាតើអ្នកណាជាឃាតក និងមូលហេតុនៅពីក្រោយការស្លាប់ថាជា​ឃាតកម្មពិតមែន ឬអ្វី​នៅឡើយ ដោយសារបុរសចំណាស់នេះ​ជាជនពិកា​រដើរមិនរួច។ ឥឡូវនេះការបញ្ជាក់បឋម​របស់ស្នងការនគរបាលខេត្ត នៅក្នុងការចុះនាំខ្លួនអធិការភារម្យទៅធ្វើការស៊ើបអង្កេត ទាំងព្រឹកព្រលឹមអុរគឺ​ដោយសារ​ថា ​អធិការដ្ឋាន​នេះ បានធ្វើឱ្យថ្នាក់លើ​មានចម្ងល់ធំៗពីរ ហេតុអ្វីបានជាគាត់ព្រមសារភាព​ថា​មានពាក់ព័ន្ធជាមួយនឹងការបំបិទឯកសារសំខាន់ៗជុំវិញមរណភាពរបស់ឧកញ៉ានេះ ថែមទាំងទទួលស្គាល់ថា នេះគឺជាករណីឃាតកម្មបន្ទាប់ពីប៉ូលិសធ្លាប់បាននិយាយពីមុនថា ជាឧប្បត្តិហេតុ?»

ធីតាច្រត់ដៃ ព្រោះនាងទន់។

សំឡេងនៅតែលាន់មកបុកផ្លូវចិត្តនាង។

«កាលពីម្សិលមិញប៉ូលិស​ទើបតែបាន​រាវរកឃើញសព បុរសចំណាស់ម្នាក់ដែលជាមិត្តភក្កិជិតស្និទ្ធរបស់ឧកញ៉ា​វុទ្ធីមាន​ឈ្មោះថាសំភិន។ គាត់​ត្រូវបានគេដឹងថា ជាជនពិការច្រើនឆ្នាំមកហើយ ក៏ជាអតីតម្ចាស់ផ្ទះក្រអូបដែលបានលក់ទៅឱ្យមិត្តខ្លួនក្នុងតម្លៃ ​ជាង ១លានកន្លះដុល្លារអាមេរិក។ ការស្លាប់របស់គាត់ ដោយសារមូលហេតុអ្វីនៅបឹងយក្ខឡោម  នៅមិនទាន់មាន​របាយការណ៍​សរុបនៅឡើយ   ឯលោកជំទាវ​​វត្តី​ដែលជាអ្នកឃើញ​ការស្លាប់របស់បុរសនេះទើបនឹង​ដឹងខ្លួនពី ICU នៅវេលាទាបភ្លឺនេះដែរ! ពេលនេះរឿងគ្រប់យ៉ាង ដែលលាន់មកទាន់ហន់​ដូចជារន្ទះបាញ់ចំកណ្តាលត្រចៀកប្រជាពលរដ្ឋនៅខេត្តរតនគិរី យើង យើងខ្ញុំនឹងបន្តធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ទៀត នៅពេលដែលទទួលបាននូវការបកស្រាយជាផ្លូវការណាមួយបន្ថែម​ពីអ្នកនាំពាក្យស្នងការដ្ឋានខេត្ត! សូមអរគុណ!»

ធីតាលែងនិយាយអ្វីចេញ លែងបានងាកសម្លឹងមុខពេទ្យសាន ថាតើគេមានប្រតិកម្មបែបណា ក៏លែងដឹងផងដែរថា តើប៉ាស្រីភាដែលជាមនុស្ស​ដំបូង​នាំពួកនាងឱ្យមើលព័ត៌មានកំពុងផ្សាយផ្ទាល់នេះ មានបំណងយ៉ាងណា។ នារីនេះ​ដឹងត្រឹមថា ត្រចៀកនាងចាប់ផ្ដើមងូង ចេញខ្យល់វូៗ ស្ដាប់អីមិនឮ ចាប់ផ្ដើមទន់ក  ធ្ងន់ក្បាល ដៃជើងស្ពឹកៗប្រៀបដូចជាកំពុងតែត្រូវនឹងឥទ្ធិពលអ្វីម្យ៉ាង ធ្វើចលនាមិនបានបញ្ជាមាត់និយាយមិនកើត ហើយជាបន្តបន្ទាប់នាង​ ចាប់ផ្ដើមគ្រប់គ្រងរាងកាយខ្លួនឯងលែងបាន។

សន្សឹមៗរាងកាយនាង​ស្រុញចុះដី​សន្លប់បាត់មាត់។

ពេលដឹងខ្លួនមកវិញ អ្វីដែលនាងមើលឃើញមុនគេ គឺដំបូលពិតានពណ៌ផ្ទៃមេឃព្រឹលៗ ជាមួយនឹងសំឡេងបក្សីបក្សាយំខ្ញៀវខ្ញារ និងប្រាកដថាខ្លួនមិនមែននៅវិមានក្រអូបដាច់ខាត។

នាង​ប្រឹងប្រើដៃម្ខាងមកញីថ្ងាសរំលែកការឈឺចាប់លើក្បាល ក៏​ទើបនឹងដឹងថា ដៃ​ម្ខាងទៀតហាក់ឈឺត្រង់កដៃ។ ត្រូវហើយ​ពេល​ធីតាងាកមើលទៅ វាជា​ម្ជុលសេរ៉ូមដែលកំពុងបង្កើតការឈឺផ្សានេះ។ នាងរអ៊ូតិចៗ៖

«ពេទ្យសាន!»

ទាំងដៃម្ខាងលើកថាសមួយមាន​កែវទឹកមកជាមួយផង​ពេទ្យសានបង្ហាញ​ខ្លួននៅក្បែរបង្អួច​។ នារីយល់ហើយថាគឺគេ ពេទ្យសានជាអ្នកនាំនាង​មក ក្នុងន័យមើលថែសុខភាពនាង គ្រាដែលស្រស់ស្រី ពិតជាអស់សង្ឃឹមទន់ជ្រាយ​ក្នុងការអាចទទួលយកការពិត ដែលពិតជាស្រឡាំងកាំង ពិតជាទទេស្អាតណាស់ គ្រប់យ៉ាង​ពិតជាខូចចិត្ត ប៉ុន្តែមិនដឹងរឿងអីនាងឈឺក្បាល ឈឺយ៉ាងនេះ មិនស្បើយសោះ​ទោះបីជា​ញីឈ្លី​យ៉ាងណា។

«បិទភ្នែកសំងំបន្តិចសិនទៅ កុំបង្ខំក្រោក កុំគិតច្រើន!»

ពេទ្យកម្លោះនិយាយប្រាប់នាងតិចៗ​ ខណៈហេតុការណ៍ចុងក្រោយដែលបានវាយផ្តួលរាងកាយរបស់នាងបាននោះ កំពុង​តែរំឭកឡើងមកវិញ​ខ្លាំងឡើងៗ​ ច្បាស់ឡើងៗ។

រឿង​ដែល​ថា អធិការភារម្យត្រូវបាន​ខាងខេត្តចុះមកចាប់ខ្លួន ហេតុអ្វី​ធ្វើឱ្យយើង​ខូចចិត្ត​បានថ្នាក់នេះ?

​គេត្រូវជាអ្វីនឹងយើងទៅ? ​យើងគួរណាស់តែសប្បាយចិត្ត ដែលការពិតមួយនេះ​ យើងចង់បានមកជាយូរហើយ យើងតែងគិតថាពូយើងមិនបានស្លាប់ដោយឧប្បត្តិហេតុទេ​ ពេលនេះប៉ូលិស​នឹងវែកមុខគេ ហើយ​គេក៏ចៀសមិនផុតពីនិយាយរឿងទាំងអស់ចេញមកដែរ ហេតុអីបេះដូងយើងនៅតែប្រាប់ថា អ្វីម្យ៉ាងខុសៗ អ្វីម្យ៉ាងមិនទំនង​កំពុងកើតឡើងចំពោះមុខយើង?

​«អ្នកប្តឹង​គួរតែជាខ្ញុំ! ប៉ូលិសពួកលោកត្រូវ​តែធ្វើការស៊ើបអង្កេតឡើងវិញ! ខ្ញុំប្រាកដជារកបានភស្តុតាងដាក់បន្ទុក ហើយ​ទីបញ្ចប់អង្គចៅក្រមនឹងឈរខាងខ្ញុំ!»

នាង​នឹកដល់សម្តីនានាដែលខ្លួនឯង​តែងតែចោទសួរសង្កត់ទៅលើ​អធិការនេះនៅពេលជួបគ្នា​​ដំបូង​។ នាង​តែងសង្ស័យ​ពី​ការលាក់លៀមនានា​របស់គេ ជុំវិញ​ព្រឹត្តិការណ៍មរណភាពលោកមា​ខ្លួន ប៉ុន្តែរហូត​ដល់ពេលណា​ទៅដែលនាង​បែរជាយល់ថា​ទុកចិត្ត​គេ?​ គឺយប់ដែលគេនាំនាងសម្រាកក្នុងទីស្នាក់ការប៉ូលិស ការពារនាង​ពីអ្នកណាម្នាក់?

«មិនមែនគាត់ទេ» នាងនិយាយតិចៗ។

«មិនមែនគាត់ទេ» នាងផ្ទួន។

«ខ្ញុំជិតឆ្កួតហើយ!»

នារីនេះវាចាខ្លីដោយ​រេភ្នែកសម្លឹងជុំវិញ។

«ខ្ញុំឈឺក្បាលម៉្លេះ!»

«ធីតាសន្លប់ទើបដឹងខ្លួនមកវិញអ៊ីចឹងហើយ! កុំធ្វើចលនាខ្លាំងពេកសំងំបន្តិចសិនជាការល្អ!»

ពេទ្យទូន្មានបន្ថែមមកទៀត ​តែ​ព័ត៌មាននៅក្នុងហ្វេសប៊ុកនៅតែបន្តវាយប្រហារនាង ​ប្រដំប្រសងទៅនឹងជាតិថ្នាំដែរ។

«រឿងអធិការភារម្យម៉េចហើយ!»

នាង​បោះសំណួរមកធ្វើឱ្យពេទ្យសានលែងមាត់។ នារីនៅស្ងៀមវិញ នាង​ខំ​បិទភ្នែកហើយព្យាយាមរំពឹងគិតដល់រឿងទាំងប៉ុន្មានកន្លងមក សម្តី​ទាំងប៉ុន្មានដែលអធិការម្នាក់នេះធ្លាប់បាននិយាយជាមួយខ្លួន។

«អ្នកមិនលាបថ្នាំ មិនមែនមានន័យថាគ្មានរបួសនោះទេ!»

តើគេចង់មានន័យថាម៉េច? តើមានគេមានការលំបាកអ្វី បានជាគេមិនព្រមនិយាយ មិនព្រមប្រគល់ឯកសារទាំងអស់ចេញមក?

«ពេទ្យសាន! ខ្ញុំស្តាប់ច្រឡំឬមួយក៏យ៉ាងម៉េច? ព្រឹកមិញពេលយើងកំពុងញ៉ាំកាហ្វេនៅផ្ទះប៉ាស្រីភាអ្វីដែលយើងឮនោះ គឺអធិការភារម្យបានសារភាពថាពូខ្ញុំត្រូវគេសម្លាប់ គាត់មិននិយាយថា អ្នកណាជាឃាតកទេប៉ុន្តែគាត់និយាយថា គាត់បានជួយគ្នា លុបបំបាត់ចោលវត្ថុតាងនិងជួយបិទសំណុំរឿង មែនអត់? ខ្ញុំស្ដាប់ច្រឡំ ឬក៏ខ្ញុំយល់សប្តិ ជួយប្រាប់ខ្ញុំផង!»

ប្រហែលជានាង​សួរសំណួរច្រើនពេក ហើយបុរសនេះរវល់ពេកបានជាគេបែរមកវិញជាមួយ​ដៃមាន​កាន់ថ្នាំមួយចំនួន បន្ថែមពីលើ​ថាសទឹកដែលគេយកឡើងមកជាមួយមុននេះ។

«ខ្ញុំចុះទៅក្រោមមើលសិន បបរប្រហែលឆ្អិនហើយមើលទៅ ប្រញាប់ញ៉ាំថ្នាំធីតា!»

«ឆ្លើយនឹងសំណួរខ្ញុំសិន» នាង​បង្ខំ

ពេទ្យសានសម្លឹងគ្រាប់ថ្នាំទាំងឡាយដែលគេដាក់មកលើកូនតុក្បែរនាង​។ បុរសនេះ​ មើលទៅស្ងប់ស្ងាត់ប៉ុន្តែគេហាក់ស្ងប់ប្លែក បន្ទាប់ពីប្រែប្រួលទឹកមុខចម្លែកកាលនៅហាងកាហ្វេ។

«ឆ្លើយមកណា៎ ថាខ្ញុំឮម្នាក់ឯង ឬគ្រប់គ្នាបានឮដែរ?!»

«ខ្ញុំឮថា វាមិនមែនជារឿងឧប្បត្ដិហេតុទេ​រឿងពូធីតា!» គេឆ្លើយស្រពោន។

«ចំណែក​រឿងឃាតកម្មហើយប៉ូលិសម្នាក់ម្នាក់នោះ?!» នាងសួរទៀតធ្វើឱ្យគេ​ងក់ក្បាលទទួលស្គាល់ដោយ​ស្រពោន៖

«គាត់និយាយថា គាត់ជាអ្នកជួយលុបលាងភស្តុតាងបំបិទឯកសារចោលហើយបិទសំណុំរឿងនេះ! ប៉ូលិសភារម្យ!»

«ហេតុអ្វី? ហេតុអ្វី? ហេតុអីទៅ គាត់ធ្វើអ៊ីចឹងព្រោះហេតុអី?» នាង​សួរយ៉ាងញាប់កាត់ផ្ដាច់ឱ្យពេទ្យសានលែងចង់និយាយអ្វី។

គេដកថយ ហើយបែរខ្នង​ដើរទើមៗចាកចេញ។ ប្រសិនជាថាមានអ្វីនៅពីក្រោយហ្នឹង បុរសនេះ​ទំនងជា​ដឹងហើយថា នាងខូចចិត្តណាស់។

ធីតា​កំពុងខូចចិត្ត ព្រោះនាង​ត្រូវ​ទទួលស្គាល់ការពិត​មួយ​ថា គ្មាននរណាគេយករឿងក្លែង​បន្លំមកនិយាយផ្តេសផ្តាស​ជាសាធារណៈ​ថាខ្លួនឯងពាក់ព័ន្ធជាមួយឃាតកម្ម រហូតដល់របូតសក្តិពីស្មានោះទេ។

«ចាំញ៉ាំបបរហើយ ចាំលេបថ្នាំអស់ហ្នឹង!»

គេនិយាយដោយមិនបែរខ្នងនិងមិនឈប់ដំណើរទេ។

ស្រីស្អាតសំងំ​រងាប់ចិត្ត​ក៏មិនស្ងប់ បើកភ្នែកឡើង​ក៏បើកមិនស្រឡះ។ នាងរេភ្នែក​យឺតៗ​សម្លឹងបរិវេណនេះដើម្បីសម្គាល់មើលថា តើគេលើកនាង​យ៉ាងម៉េចមកដល់ជាន់ខាងលើគ្លីនិករបស់គេនេះបាន? ​តើមាន​អ្នកណាជួយគេទៅ?

ហេតុអ្វីបានជាមនុស្សទាំងអស់នៅជុំវិញខ្លួននាង តែងមានសម្តីត្រមុតត្រមុយតែមាន​ចិត្តល្អចំពោះនាងយ៉ាងនេះ ហើយជាចុងក្រោយមនុស្សដែលនាងគោរពឱ្យតម្លៃក្នុងចិត្ត បែរជាក្លាយទៅជាអ្នកដែលនៅពីក្រោយឧក្រិដ្ឋកម្មនៅក្នុងផ្ទះក្រអូបរបស់ពូនាង​ទៅវិញ។

សម្ដីរបស់Ann កាលពីយប់រំលងអាធាត្រ​ពេលនេះ​រំឭកសន្សឹមៗ​ឡើងមកសារជាថ្មី

«យូរណាស់ហើយធីតា រឿងកើតឡើងបន្តបន្ទាប់គ្នា ប៉ុន្តែក្រៅពីករណី ឃាតកម្មលើឈ្មោះវណ្ណរី ស្រុកនេះ ហាក់គ្មានរឿងណាមួយផ្សេង បំបែកចេញនោះទេ! សូម្បីតែការស្លាប់របស់មីងមៀច ជាអ្នកបម្រើក្នុងផ្ទះនេះ!»

ធីតាឈឺក្បាលទៀតហើយ។

នាង​ខំរំងាប់ឈប់វិភាគ ឈប់វាយតម្លៃ ហើយរេភ្នែកចុះឡើង​បំភ្លេចចោល​ការនឹកឃើញឡើងវិញនូវបណ្តា​ពាក្យព្រមាន​ច្រើនទៀតរបស់Ann និងពាក្យនានាឮពីភារម្យ ភ្លាមនោះអ្វីមួយទាក់ភ្នែករបស់នាងយ៉ាងខ្លាំង។

រូបថតក្មេងប្រុសម្នាក់ដាក់នៅលើដំបូលទូតាំង ប្រមាណជា ៣ម៉ែត្រពីចុងជើងនាង។ ដំបូងនាងងាកមុខចេញមកវិញព្រោះមិនមានពេលវេលាពិចារណាថាមានអ្វី​តាំងបង្ហាញ​នៅលើនោះខ្លះ​ទេ​ តែ​ចុងក្រោយនាងបានងាកត្រឡប់ទៅវិញជាបន្ទាន់….

ក្មេងម្នាក់ហ្នឹងទៀតហើយ?

នាងជ្រួញ​ចិញ្ចើមព្រោះឈឺក្បាលខ្ទោកៗ។

ដៃស្រីចាប់ផ្ដើម រាវរកទូរស័ព្ទនៅក្នុងហោប៉ៅសំពត់របស់ខ្លួន ទូរស័ព្ទនៅទីនេះនៅឡើយ។ នាង​ប្រញាប់ប្រញាល់ផ្ទៀងផ្ទាត់រូបថតក្មេងដែលហ្សឺឌីបានឱ្យមក ដោយវាយពាក្យសម្ងាត់ ThidaLoveZerdi ។ ហេតុអ្វី? រូបថតក្មេងម្នាក់ក្នុងឯកសារ​របស់ហ្សឺឌី និងក្មេងលើទូតាំង​នៅក្នុងផ្ទះរបស់ពេទ្យមួយនេះ ជាក្មេងតែម្នាក់?

នាង​បើកភ្នែកធំៗ តែក្នុងបេះដូងកាន់ តែភាន់ភាំងឡើងៗ ប្រៀបដូចជាត្រូវនឹងថ្នាំអ្វីម្យ៉ាង ឬ​ឥទ្ធិពល​អ្វីម្យ៉ាងចម្លែក។ ក្នុងខួរក្បាលនាងស្រាប់តែប្រាប់មកថា

«រូបថតនេះហើយដែលយើងបានឃើញនៅលើតុរបស់អធិការភារម្យ! ​មិនខុសទេ នៅទីនោះពីរដង យើងឃើញទាំង​ពីរដង​ យើង​គិតថាគឺជាកូនប្រុសរបស់គេ? មិនដឹងតាំងពីពេលណាទេ​ដែលការគិត​វិភាគយ៉ាងច្របូកច្របល់ បានធ្វើឱ្យធីតាសម្រេចចិត្តផ្តាច់សេរ៉ូម ​ហើយក្រោក​ទៅ។ ក្បាលនាងនៅធីងធោង នៅពេល​ក្រោកឡើងមក គឺស្រៀវជើងសឹងតែ​ថយវិញ​ តែនាង​បំភ្លេចវា ព្រោះចាប់អារម្មណ៍ខ្លាំងជាមួយ​សំណួរសំខាន់មួយថ្មីក្នុងគំនិតនាង​។

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៥
ធីតាងក់ក្បាលទទួលយកការបកស្រាយនេះ។ ដៃនាងកាន់ពែងទឹកផងភ្នែកស្លុងទៅលើទឹកមុខស្ត្រីអ្នកស៊ើបឯកជនម្នាក់នេះផង។ Ann វាចាប្រាប់បន្ថែម៖

«ណាមួយ ឃើញគាត់ជាមនុស្សពិការ! គិតថា គាត់ដែលធ្វើអីជំទាវវត្តីបាន!»

«បងAnn! បងនិយាយសម្តីពួកគាត់ នៅកន្លែងកើតហេតុ ពីដំបូងដល់ចប់ប្រាប់ខ្ញុំបានទេ?!»

Ann ងក់ក្បាល៖

«ពេលនោះខ្ញុំពិបាកស្ដាប់ដែរ ដោយសារយើងនៅពួនពីចម្ងាយ! សំខាន់យើងអត់ចង់ឱ្យគេឃើញយើង ដែលទៅលបស្តាប់ពួកគេ! យើងមិនដឹងថា រឿងរ៉ាវអាចភ្លាត់ឡើងដល់ថ្នាក់គាត់ត្រូវស្លាប់បាត់បង់ជីវិតចឹងដែលយើងមើលរំលងស្ថានការណ៍ ព្រោះឃើញគាត់អង្គុយតែលើរទេះ មិនស្មានដល់ថាពេល ធឿនដួល គាត់ក៏ក្រោកឈរចេញពីរទេះភ្លាមៗ!»

«គាត់ក្រោកឈរបាន?!» ម្ចាស់បន្ទប់សួរដោយចំហមាត់។

Ann ងក់ក្បាល៖

«ក្រៅពីស្រឡាំងកាំងហើយ ខ្ញុំដឹងថាមិនអាចបណ្តោយទៀតបាន បានជាបង្ហាញខ្លួន! គាត់ស្រាប់តែបង្ហាញកាំបិត ហើយសម្រុកចាក់ជំទាវ ត្រូវរបួសពីរបីកន្លែង!»

«ជំទាវមីងត្រូវរបួសដោយកាំបិតទៀត? មិនដឹងហ្សឺឌីដឹងឬនៅទេ!»

នាងរេភ្នែកសម្លឹងក្រៅបង្អួច ហាក់មានចិត្តមួយ គិតឃើញអាណិតបុរសម្នាក់នេះភ្លាមៗ។

«ខ្ញុំតតាំងជាមួយគាត់ ឃើញខ្ញុំមានកាំភ្លើង គាត់ចាប់ផ្តើមរកច្រកគេច! គាត់រត់ទៅមាត់បឹង ហើយហក់ទឹកប្រូង ដោយជឿជាក់ ដោយច្បាស់លាស់ ដូចជាគាត់ធ្លាប់ស្គាល់ច្រាំងនេះ តំបន់នេះច្បាស់ណាស់! ប៉ុន្តែពេលដែលគាត់ធ្លាក់ទៅក្នុងហ្នឹង ស្រាប់តែគាត់ហែលមិនបាន លិចស្រឹមទៅក្នុងទឹក!»

នៅក្រោមក្រសែភ្នែកភ័យបារម្ភរបស់ធីតា Annបានចាប់ផ្ដើមនិយាយបន្ត៖

«រឿងនេះសម្រាប់ខ្ញុំនៅតែគិតថា ប៉ូលិសសង្ស័យខ្ញុំនិយាយកុហក ព្រោះគ្រប់គ្នាតែងឃើញគាត់ពិការ! ជំទាវវត្តីក៏នៅមិនទាន់ដឹងខ្លួនមកជួយនិយាយអះអាងបាន ប៉ុន្តែសំខាន់ខ្ញុំគិតថា ធឿនប្រហែលដឹងខ្លួនហើយ គ្រាន់តែប៉ូលិសនៅមិនទាន់ព្រមឱ្យយើងជួប!  ធឿនបានឃើញតានោះហក់ទឹក នេះជាការពិត បានជាគេឱ្យខ្ញុំរួចខ្លួន!»

«ប៉ូលិសអស់នោះលាក់បាំងនឹង​ខ្ញុំធ្វើអី? មិនឃើញមកពិភាក្សាអីជាមួយខ្ញុំសោះ!»

ធីតានិយាយស្រាលៗ។

កុំថាឡើយតៃកុងឡានសំខាន់ម្នាក់ក្នុងផ្ទះដែលបានដឹងរឿងច្រើន  សូម្បីតែបងថ្លៃជីដូនមួយ  ដែលឱបរឿងសំខាន់ៗជាងនេះ ក៏នាងនៅមិនទាន់មានឱកាសជួបពិភាក្សាផង។  នារីក្រពាត់ដៃ ក្រោមចំហាយរាត្រីកាលត្រជាក់ស្រិប ហើយចោលភ្នែកចុះឡើងត្រិះរិះ។

«បងឯងគិតថា អ៊ំនេះមានអីទាក់ទិននឹងមរណភាពពូខ្ញុំដែរអត់ បងAnn?»

«១០០ភាគរយ!»

Annឆ្លើយខ្លីតែយ៉ាងរហ័ស ធ្វើឱ្យធីតាបើកភ្នែកធំៗរង់ចាំការបកស្រាយ។ ឃើញដូច្នោះស្ត្រីនិយាយបន្ថែម៖

«ទោះមិនទាន់មានអីមកពន្យល់បានច្បាស់លាស់ ប៉ុន្តែខ្ញុំកំពុងតាមដានជាដំណាក់កាលៗ ស្វែងរកការបញ្ជាក់លើសក្ខីកម្មដែលខ្ញុំខ្លួនឯងមានចម្ងល់!»

«តែបងថា អ៊ំនេះមានទាក់ទងការស្លាប់របស់ពូខ្ញុំមួយរយភាគរយ ខ្ញុំគេងម៉េចលក់?!»

«គាត់ដើរបាន  តែពូធីតាមិនដែលដឹង ហេតុអី្វ? អាចថា ខ្ញុំគ្មានតម្រុយស្វែងរកហេតុផលនៅពីក្រោយ ការដែលគាត់ចង់ឱ្យពូធីតាស្លាប់ ប៉ុន្តែអាថ៌កំបាំងរបស់គាត់និងគ្រប់យ៉ាង គាត់ធ្វើលាក់លៀមក្នុងផ្ទះនេះ ប្រាកដណាស់គាត់បានគិតអ្វីមួយ ក្បត់ការទុកចិត្តម្ចាស់ផ្ទះ ! ហើយ រឿងកូនប្រុសរបស់ពូធីតា….!»

«បងឧត្តមមែនទេ?!»

«ធីតាកុំភ្លេចថា ប្រធានបទសំខាន់ដែលជំទាវតី្ដជជែកវែកញែកគ្នាជាមួយតានេះនៅបឹងយក្ខឡោម គឺរឿងបាត់ខ្លួនបងជីដូនមួយធីតា នេះឯង! ប៉ុន្តែ អូខេ សម្រួលអារម្មណ៍! ស្អែកព្រឹក Joe ដែលជាអ្នកស៊ើបឱ្យជំទាវចរិយា គេបានសុំជួបខ្ញុំ! ខ្ញុំគិតថា ខាងគេមានអ្វីផ្សេងៗដែលបំភ្លឺយើងថែមទៀត! ទៅជាមួយខ្ញុំទេ?»

ធីតាគ្រវីក្បាលយឺតៗ៖

«បងAnnទៅម្នាក់ឯងបានហើយ! ខ្ញុំមានណាត់ជួបពេទ្យសាន គាត់នឹងនិយាយបង្ហើបពីរឿងគាត់រកឃើញថ្មីទាក់ទងនឹងជំនួយការឈ្មោះ វណ្ណរីនោះ! ចេញពីនោះ ចាំមើលខ្ញុំព្យាយាមយកដំណឹងពីពេទ្យសានទៅដូរជាមួយអធិការភារម្យ  សុំចូលជួបអ្នកបងចរិយា!»

Ann ចាប់បិទ Laptop ហើយរៀបសម្ភារៈទាំងអស់ទុកហើយស្ងាបហ៊មៗ។ ខណៈស្ត្រីនេះ គាត់ងាកមកចាក់ទឹកក្រេបក៏ចាប់អារម្មណ៍ឃើញថា ធីតាកំពុងសម្លឹងមកភ្លឹះៗ ធ្វើឱ្យចិត្តចាប់ផ្តើមនឹកឃើញដល់រឿងអ្វីមួយសំខាន់។

បុរសទាំងបីនៅជុំវិញនារីវ័យក្មេង ដ៏មានទ្រព្យសម្បត្តិ និងមានសម្រស់ម្នាក់នេះ ពិតជាប្រធានបទធំមួយ សម្រាប់មនុស្សមានបទពិសោធន៍ដូច Ann។

ក្រោយក្រេបទឹកមួយក្អឹក  Annឆ្លៀតរំលឹកធីតា៖

«កុំទុកចិត្តប្រុសម្នាក់នោះ!»

«អ្នកណា?!»

«អធិការម្នាក់នោះ!» Annតបដោយមិនរារែកទេ ឯធីតាក៏សួរបកវិញមិនរារែកដូចគ្នា៖

«ពីមុនបងឯងដូចមិននិយាយអ៊ីចឹង!»

Annចាំថា នារីនេះធ្លាប់រអ៊ូដែរ ដែលប៉ូលិសមិនសហការផ្តល់ឯកសារ ឯខ្លួនធ្លាប់ប្រឆាំងធីតា ហើយកាន់ជើងថា ភារម្យធ្វើតាមតួនាទីលាក់ការណ៍របស់ប៉ូលីស។ សម្តីបែបកំប្លែងច្រណែនប្រចណ្ឌ របស់ហ្សឺឌី លេចឡើងមកវិញក្នុងការចងចាំរបស់នាង

«ពួកប៉ូលិសនិងពេទ្យច្រើនតែតួចិត្តអាក្រក់នៅវគ្គចុងក្រោយ!»។

ធីតារេភ្នែកតាមមើលទៅដំណើរមួយៗ នៃអតីតប៉ូលិសស្រីដែលធ្លាប់តែនិយាយការពារអំពី ភាពហ្មត់ចត់ និងឥរិយាបថមានវិន័យ ចេះរក្សាការសម្ងាត់បានល្អរបស់គេ។ ពេលនេះ Ann កំពុងឈរក្បែរមាត់បង្អួច សម្លឹងសួនច្បារដែរ។ មុនពេលទាញវាំងននបិទ គាត់និយាយផ្តាំ៖

«ពេលធីតាជួបគេ កុំនិយាយគ្រប់យ៉ាងខាងយើង ឱ្យគេដឹងឱ្យសោះបើមិនចាំបាច់!!»

ធីតាងក់ក្បាលផ្ងក់ៗ ៖

«ខ្ញុំមិននិយាយទេបង! រឿងរូបថតពូខ្ញុំ ក៏គេមិនដែលដឹងដែរ!»

«កុំប្រាប់!»

«ខ្ញុំកំពុងសួរបងឯង! បើគិតថាប៉ូលិសនាំឱ្យមានបញ្ហា គួរពន្លែងចំណុចខ្លះឱ្យខ្ញុំដឹង ឱ្យខ្ញុំបានប្រយ័ត្ន ឬបានជួយគិតដែរ!» នាង​ថាទាំងទឹកមុខតវ៉ាដាក់ Ann។

Ann ញញឹមគ្រវីក្បាលយឺតៗ ហើយនិយាយទាំងដៃកាន់ពែង៖

«យូរណាស់ហើយធីតា រឿងកើតឡើងបន្តបន្ទាប់គ្នា ប៉ុន្តែក្រៅពីករណីឃាតកម្មលើឈ្មោះវណ្ណរី ស្រុកនេះហាក់គ្មានរឿងណាមួយផ្សេង បំបែកចេញនោះទេ! សូម្បីតែការស្លាប់របស់មីងមៀច ជាអ្នកបម្រើក្នុងផ្ទះនេះ! តាំងពីពេលមានរឿងម៉ៅ និងជំទាវចរិយាទៀត  ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាប៉ូលិសមានរឿងជាច្រើនបានលាក់ជាមួយយើង ដែលកំពុងចង់ដឹងការពិត! ហើយរឿងចុងក្រោយដែលខ្ញុំមិនសប្បាយចិត្ត គឺការដែលគេលាក់ទុកដំណឹងជំទាវចរិយា ពាក្យសារភាពរបស់គាត់ ហើយមិនឱ្យព័ត៌មានមកយើង ដើម្បីបានជួបពិគ្រោះគ្នា! ធីតាគឺជាសាច់ញាតិដែលពាក់ព័ន្ធសំខាន់ជាមួយនឹងសំណុំរឿងមួយនេះ!»។

ធីតាលើកដៃមកដាក់ក្បែរចង្ការ រួចហួសឡើងដល់បបូរមាត់បិទបាំងភាពព្រួយបារម្ភរបស់ខ្លួន។

ជំពូកទី៣៧

ក្មេងប្រុសក្នុងរូបថត

អាធ្រាត្រហើយ ប៉ូលិសឌីណាដែលជាអ្នកក្រោមបង្គាប់របស់អធិការភារម្យ នៅឈរធ្វើទឹកមុខស្មើក្បែរតុធ្វើការរបស់នាយចៅហ្វាយ។

ឯកសារជាច្រើននៅពីមុខមេកោយរបស់គេ បានធ្វើឱ្យគេតឹងទ្រូងនិយាយមិនចេញទេ។

ភារម្យវិញ ក្រៅពីនៅអង្គុយស្ងៀមសម្លឹងឯកសារនានានៅក្នុងដៃម្តងមួយខ្ទាស់ៗ ជាមួយទឹកមុខខ្មៅរោល ពែងកាហ្វេនៅក្បែរនោះហ៊ុយទ្រលោមបានបញ្ជាក់ស្រេចហើយថា គេមិនប្រុងដេកពួនអ្វីឡើយនៅយប់នេះ។

ឌីណាអង្គុយចុះយឺតៗពីមុខភារម្យ។ នៅក្រោមភាពស្ងៀមស្ងាត់របស់គេ កូនចៅម្នាក់នេះដាច់ចិត្តនិយាយខ្សឹបៗ៖

«បង! មេ! ពួកភ្នំពេញប្រហែលជាបាន រកអ្នកបម្លែងរូបថតក្មេងនោះមើលហើយ រនុកយើងប្រាប់ថា រូបដែលនៅជំទាវចរិយា​ពួកគេយកឡើងទៅតាំងពីថ្ងៃហើយ!»

ភារម្យមិនមាត់ ធ្វើឱ្យឌីណាឱ្យមកកាន់តែកៀក ព្រោះខ្លាចថាសំឡេងអាចធ្វើឱ្យបានឮដល់ប៉ូលិសដទៃដែលដេកយាមនៅក្រៅ៖

«មួយទៀត! ខាងស្នងការខេត្តខលមកឱ្យខ្ញុំវិញ ប្រគល់ឯកសារបង្កាន់ដៃបែកបាក់នោះឡើងវិញ! ខ្ញុំគិតថាចង់សារ៉េឱ្យហើយតែមិនដឹងធ្វើរបៀបម៉េច! គេមកយកព្រឹកនេះហើយបង»

ភារម្យនៅតែមិនមាត់។ គេនៅតែបន្តភាពស្ងៀមស្ងាត់ហើយពិនិត្យេកសាររហូតចប់ទើបរៀបទុកឡើងជាគំនរៗ។

ក្រោយក្រេបកាហ្វេក្តៅគគុកក្អឹកៗហាក់មិនដឹងក្តៅ​ និងជំនះជាមួយសន្សើមរាត្រីកាល បុរសនេះក្រោកដើរចេញពីតុទៅឈរក្បែរបង្អួច៖

«ឱ្យគេរបស់ពិតទៅ!»

«ទេ! ធ្វើអ៊ីចឹងម៉េចកើត!?» ឌីណាស្ទុះមកក្បែរមេកោយទាំងរលីងរលោង។ គេនិយាយបន្តខ្សឹបៗឮតែខ្យល់៖

«ខ្ញុំត្រូវ​ឱ្យរបស់ថ្មី ប៉ុន្តែខ្ញុំឱ្យបងជួយគិត ថាធ្វើជារបៀបណា ខ្ញុំធ្វើទាន់!»

«លើលោកនេះគ្មានអាថ៌កំបាំងទេឌីណា» ភារម្យឆ្លើយ​ជាមួយនឹងកែវភ្នែកក្រៀមក្រំ ធ្វើឱ្យឌីណាថយទៅអង្គុយប៉ុកនៅចំពោះមុខតុវិញព្រោះទន់ជើង។ គេដឹងថា ភារម្យគិតអ្វី។

«អត់ទេ!»

គេទ្រោបក្បាលហើយនិយាយពាក្យពីរម៉ាត់នេះ។

ភារម្យវិលមកវិញ  ទាំងទូរស័ព្ទដៃ អាយកូមជាបន្តបន្ទាប់ទៅលើតុធ្វើការ ធ្វើឱ្យឌីណា​ងើបមុខមកវិញភ្លាម។ ចុងក្រោយរបស់មួយដែលធ្វើឱ្យចិត្តគូសន្ទនារឹតស្រងេះស្រងោចនោះគឺ កាតសំគាល់ខ្លួនរបស់គេ។

ម្ចាស់បន្ទប់ដើរមួយៗជំហានស្មើធេងតម្រង់ទៅមាត់បង្អួចវិញ ​ហើយសម្លឹងទៅខាងក្រៅរបងឈើ ។ សំឡេង​ឌីណានៅតែទទូច៖

«ខ្ញុំយល់ថា យើងមិនទាន់ទ័លច្រកទេ! មុនពេលខាងភ្នំពេញនិងស្នងការ​មកដល់យើងនៅមានមធ្យោបាយដោះស្រាយ គ្រាន់តែនឹកមិនទាន់ឃើញ! ខ្ញុំហើយនិងគ្នាយើងនឹងមកជួយគិត!»

អធិការនិយាយខ្លីៗដោយមិនបានបែរ​ខ្នងមក។

«រឿងដល់ទីបញ្ចប់ហើយឌីណា! កុំធ្វើឱ្យមាន​អ្នកពាក់ព័ន្ធច្រើនជាងនេះទៀត! ស្អែកឯងជាអ្នកបកអាក្រាតខ្ញុំ!»

«ធ្វើអ៊ីចឹងដូចដាល់ខ្ញុំចំកណ្តាលមុខអ៊ីចឹងមេ!!» គេយំ ហើយច្បូតមុខខ្លួនឯងយ៉ាងញាប់។

«ខ្ញុំហត់ណាស់ឌីណា ឯងក៏ហត់ដែរ ទៅគេងទៅ!​ ស្អែកអស់អីហើយ!»

ឌីណា​នៅគាំងស្ងៀមខណៈភារម្យលើកដៃពត់ខ្លួនប្រាណ​ដូចហីៗ​ ហើយមិនយូរប៉ុន្មាន​នាយ​ប៉ូលិស​ចាប់ផ្ដើមច្រៀងហួចសម្លឹងទៅខាងក្រៅ បរិយាកាសនៅក្រោមអាកាសធាតុលាយសន្សើមត្រជាក់ល្ហឹមនា​ស្បៃរាត្រីមានចន្ទ១២កើត។

«ប្រឈមមុខមិនហត់ដូចរត់គេចទេ!»

គេនិយាយរអ៊ូៗ។

ទនិករចាប់ផ្ដើមជះចែកចាយពន្លឺភ្លឺស្រាងៗនៅទូទាំងដែនខេត្តខ្ពង់រាបដ៏ស្រស់បំព្រងនេះ។ នៅផ្ទះក្រអូបឯណេះវិញ ហ្សឺឌី​ក៏មិនបានគេងមួយស្រឡេតណាដូចគ្នា។ គេពត់ដៃពត់ជើងទាំងភ្នែកសម្លឹងរូបថតក្មេងៗនៅក្នុងអេក្រង់កុំព្យូទ័ររបស់ខ្លួន។ ក្នុងចំណោមរូបអស់ទាំងនោះ មានច្រើនសន្លឹកគួរសមដែលមានលក្ខណៈសម្បត្ដិផ្សេងៗគ្នាទាំងអស់។

គេ​រៀបចំ​រកកន្លែងប្រះ​គេង នឹងអាលបានស្រម៉ុកបញ្ចេញ​អស់នូវភាពតឹងតែងពីសួតមកក្រៅ។​ ម្រាមដៃស្ទាត់ជំនាញ​ចុចបិទឯកសារជាមួយពាក្យសម្ងាត់ជាច្រើនថ្នាក់ ច្រើនជាន់តែខួរក្បាលនៅតែបង្កប់ទុកសំណួរមកជាច្រើនបន្តបន្ទាប់គ្នា៖

«រូបក្មេងៗ២នាក់នេះច្រើនសន្លឹកជាងគេ​! ជាអ្នកណា? ហើយពូវុទ្ធីផ្ញើវាឱ្យធីតាធ្វើអី?»

«វិក័យបត្រជាង1លានដុល្លារ? លុយច្រើនណាស់ចំណាស់នេះហើយ? នំខួបកំណើត​ម៉ូតយ៉ាប់មើលណាស់​ដូចឆ្នាំ១៩៦០? ប៉ាស្រលាញ់កូន? កូនគាត់មួយណា?»

គេមើលចុះមើលហើយចុចបិទភ្លឹបជាស្ថាពរ​។

ទោះបីយ៉ាងណា ពេញមួយយប់នេះគេបានធ្វើការងាររបស់គេបានសម្រេចហើយ។ រូបថតដើមដែលពូវុទ្ធីផ្ញើមកឱ្យធីតា បានបំបែកហើយ គេនៅតែគិតមិនយល់អំពី​អាថ៌កំបាំងរបស់វា។

ទូរស័ព្ទគេរោទ៍មុនពេលដែលគេចង់ចុចទៅរកស្រីស្អាត គឺទូរស័ព្ទលេខដែលហ្សឺឌីឃើញភ្លាមក៏បុកពោះ

«កូនចេញមករកម៉ាក់នៅមន្ទីរពេទ្យឥឡូវនេះមកហ្សឺឌី!»

ប្រុសស្អាត​ងើយសម្លឹងទ្រនិចនាឡិកា។ វេលាម៉ោង ៥ ទៀបភ្លឺនៅឡើយ ​ល្អហើយអ្នកម្តាយដឹងខ្លួន​។ គេប្រមូលម៉ាស៊ីន រៀបចំដាក់ក្នុងសាក់កាដូ និងស្លៀកពាក់រត់ស្លេវ​ចេញមកក្រៅ។

ម៉ោងមិនទាន់ ៦ ផង មេឃចាប់ផ្ដើមភ្លឺស្រឡះ បង្ហាញរូបសម្រស់ដ៏សែនកម្រនៃសួនត្រសាយត្រសុំនា​វិមាន​ក្រអូបដែលកន្លងមកធ្លាប់តែល្បីឈ្មោះ មានអ្នកចង់ឃើញ ចង់សុំត្រឹម​តែបានដើរកាត់។ តែពេលនេះ វាបាន​ក្លាយមកជាទីកន្លែងដែលបង្កប់នូវករណីព្រហ្មទណ្ឌជាច្រើនមិនច្បាស់លាស់​ និងជាបន្តបន្ទាប់ពាក់ព័ន្ធជាមួយសមាជិកគ្រួសារនេះ។

មកដល់មាត់ជណ្តើរឈើឡើងផ្ទះធំ គេវាក់ជាមួយមនុស្សស្រីដែលគេបានខំធ្វើការពេញមួយយប់ព្រោះគ្រាន់សុំត្រឹមបានឃើញនាង​​ញញឹម។

ធីតាស្លៀកសំពត់ស និងអាវយឺតស្រគាំ ស្របទៅនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនាពេលព្រឹកព្រលឹមនេះ។

បេះដូងគេព្រលយចេញមកនូវឃ្លា​សៀងវាចាភ្លាត់ទាំង​មិនដឹងខ្លួនមកក្រៅ៖

«ស្លៀកពាក់ស្អាតម៉េះ? ស្លៀកសំពត់ទៀត?»

ជាការពិត តាំងពីនាងដល់ខេត្តនេះ គេមិនដែលឃើញនាងប្រើប្រាស់ការតុបតែងអ្វីក្រៅពីខោខូវប៊យអាវយឺត ហើយនិងអាវគ្រប់ក្រៅធម្មតាដូចមនុស្សប្រុស​។ ម្តងណេះ​ធីតាឆ្លើយមកវិញ​ទាំងញញឹម​ស្រស់

«ខ្ញុំចង់បានអារម្មណ៍ល្អ! ត្រូវសុំច្បាប់អ្នកណាដែរអត់?»

«មកពីដឹងថា​មានគេលួចស្រលាញ់ដឹង?!»

«អ្នកណាទៅ? ​ម៉េចខ្ញុំមិនដឹង? មិនឃើញ​មាន​កម្លោះតោកយ៉ាកណាមកសារភាពសោះ!»

មិនដឹងថា​បានឮអត់នូវសម្តីនិយាយឌឺដង តែនាង​ដើរហួសទៅរកស្បែកជើង​ទាំងញញឹម។ តាមពិតហ្សឺឌីកំពុង​ប្រញាប់បំផុតហើយបើតាមដំណើរ និងស្មា​ស្ពាយសាក់កាដូស្រយ៉ាកៗរបស់គេដូចមិនរៀបរយសោះ។ ដៃ​គេឱបទូរសព្ទនិងសោឡាន ប៉ុន្តែរក្សា​បានភាពស្រស់ស្រាយទោះបីជា​កែវភ្នែកបង្ហាញ​ភាពជ្រៅខូងដោយមិនបានគេងពេញមួយយប់នោះទេ។

ឥទ្ធិពលនៃអារម្មណ៍មនោសញ្ចេតនា និងសេរីភាពគ្មានព្រំដែនអារម្មណ៍រវាងប្រុសនិងស្រីក្រមុំ បានធ្វើឱ្យភាគីទាំងសងខាងញញឹមញញែមសឹងភ្លេចបានថា នៅលើស្មាម្នាក់ៗមានបន្ទុកដ៏ធំរៀងៗខ្លួន​។

«អរម៉េះ! ​ហើយចង់ឱ្យគេសារភាពលុតជង្គង់ទៀតហ្មែន?!»

គេឆ្លើយខ្លីៗទាំងបោះជំហានហួសទៅកាន់ជំនិះខណៈ ដៃចុចបញ្ជាតេឡេបើកទ្វារឡានពីចម្ងាយផងផង។ ធីតា​​ឱន​សម្លឹងមើលទូរស័ព្ទខ្លួនឯង ពីព្រោះចាប់អារម្មណ៍ឃើញថាអ្នកណាម្នាក់បានអ្វីមកឱ្យ។

នាង​ងើបមុខសម្លឹងទៅប្រុសម្នាក់នេះ ព្រោះថាជាលេខទូរស័ព្ទ​របស់គេ។

«មាន​ Password ទៀត?!»

តាមទម្លាប់ បុរសនេះថយឡានង៉ោងសន្ធឹក​សឹងរញ្ជួយជាងកាលដែលពូធឿនបើកឡានជូនជំទាវវត្តីកាត់នាង​ជាលើកដំបូងនៅពីមុខគ្លីនិករបស់ពេទ្យសាននោះទៅទៀត។

នៅពេលដែលគេបរឡាន​ចេញមកដល់ក្បែរទ្វារមុខ ហ្សឺឌីបើកកញ្ចក់សន្សឹមៗ​ហើយចាប់ផ្ដើមប្រាប់៖

«Password  Thida Love Zerdi!»

នាង​នៅទ្រឹងព្រោះហួសចិត្ត​ រកសើចក៏មិនចេញ​នឹង​ចរិតរបស់គេ។ បុរស​ញាក់ចិញ្ចើម​ ៖

«ស្តាប់បានឬនៅ? ទៅបាត់លែងឱ្យសួរហើយណា៎!»

នាងនៅក្របួចមាត់​សម្លឹងបុរសនេះទាំងដៃកាន់ទូរស័ព្ទហួសចិត្ត រកពាក្យ​ថាតបមិនចេញ ព្រោះ​​ចរិតដូចក្មេងប្រុស​ញ៉ែស្រីនៅអនុវិទ្យាល័យ។

គេញញឹម​ក្រោមវ៉ែនតាខ្មៅ​ក្រាស់ហើយបរឡានចេញសន្សឹមៗនៅពេលបេះដូងនាង​កាន់តែស្រស់ស្រាយដោយចំហាយស្នេហាថ្មោងថ្មី។

«អត់មានសួរថា គេទៅដែរអត់ទេ? មិនបាច់ក៏បានដែរ!»

នាង​រអ៊ូរង៉ូវៗ ស្រាប់តែឡានថយមកវិញ។

«ទៅអត់?!»

នារីនេះបើកភ្នែកធំៗ​។
«ឡើងឡាន! ចង់សួរអី? ​ឃើញសំណួរច្រើនណាស់នៅលើថ្ងាស!»

នារីឈានទៅបើកទ្វា​រឡាន ចូលអង្គុយទន្ទឹមនាយធ្វើឱ្យបុរសនេះរឹតតែបានចិត្ត​ស្វាងពីការងោកងុយ។

«ខ្ញុំចេះតែឆ្ងល់! ផ្ទះនេះប្លែកៗ!​ ចាប់ពីអ៊ំសំភិនស្លាប់ សូម្បីតែ WIFI 5G អ៊ីនធឺណិត មានគ្រប់កន្លែង!»

«រឿងដែលត្រូវឆ្ងល់មានច្រើនជាងហ្នឹងទៀត!» បុរសឆ្លើយផងហួចសប្បាយនឹងទិដ្ឋភាពស្រស់បំព្រងមានស្រីស្អាត​ក្បែរកាយផង។

«ប៉ុន្តែបើរឿងណាមិនពាក់ព័ន្ធជាមួយយើង ក៏មិនបាច់ឆ្ងល់ដែរ នាំតែហត់ មួយរយៈពេលនេះហត់ណាស់! និយាយអ៊ីចឹងមិញនេះ​ផ្ញើអីឱ្យខ្ញុំ?»

«រូបទាំងអស់របស់ពូខ្លួន!»

នាង​បើកភ្នែកធំៗភ្ញាក់ផ្អើលសម្លឹងនាយ​ដែលដោះវ៉ែនតាចេញបង្ហាញ​ភ្នែកខូងរូង។ គេនេះអត់គេងធ្វើវាទាល់តែបានត្រឹមមួយយប់ទាំងដែលចិត្ត​គេកំពុងតឹងតែងរឿងក្នុងផ្ទះ រឿងម្តាយ ?

យល់ថាគួរតែពន្យល់នាង បុរសនេះចាប់ផ្តើម​ប្រាប់៖

«ពីមុនមកយើងប្រើ WIFI មិនបាន អាចមានអ្នកណាម្នាក់ដាក់ឧបករណ៍រំខាន​ហើយអ្នកផ្ទះ​ក៏ខ្ជិលប្រើតែម្តង! ពេលនេះ​ខ្ញុំឱ្យគេមកដាក់ថ្មី គ្មានអីផង​ប្រើបានតាមធម្មតា!»

«អ្នកណាធ្វើ?​ អ៊ំសំភិន?»

នាងគិតទាំង​ភាំងៗ ហើយឱនមកចុចពិនិត្យ​រូបថតសារជាថ្មី។

«ដាក់Password ធ្វើអី?!»

បុរសធ្វើឫកហីនិយាយតប៖

«កុំឱ្យអ្នកណាឃើញ! ត្រូវចាំថា ពូវុទ្ធីសូម្បីតែប៉ូលិសក៏គាត់មិននិយាយប្រាប់ទៅហើយ បើយើងមើលទៅមិនដឹងថារូបទាំងអស់នេះមានន័យបែបម៉េចជារឿងផ្សេង ប៉ុន្តែខ្ញុំបានយកវាចេញមកគឺមិនងាយស្រួលទេ! ការលាក់មួយនេះអាចបង្ហាញថាពូធីតាមិនទុកចិត្តអ្នកណាទាំងអស់!»

នាង​ចាប់ផ្តើម​អន្ទះសា៖

«Password»

«ប្រាប់មិញហើយ!»

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៤
សភាពការណ៍នេះប៉ូលិសគ្រប់គ្នាសុទ្ធតែជួប​ ហើយ​ពួកគេ​រៀនពីសាលាចិត្តសាស្ត្រមក ​ថែមទាំង​ដឹងជាស្រេចថា ត្រូវដោះស្រាយជាមួយយ៉ាងម៉េចហើយ។

«សុខភាពយ៉ាងម៉េចហើយ?!»

«ខ្ញុំអត់អីទេ ចុះម្តាយក្មេកខ្ញុំ?»

«ខ្ញុំអត់ទាន់បានរបាយការណ៍ថ្មីទេ ដឹងតែថា គាត់មិនគ្រោះថ្នាក់ដល់ជីវិត! តែពេល​ខ្ញុំមកដល់មន្ទីរពេទ្យ ឃើញញាតិគាត់មកពីភ្នំពេញ​នៅលើកទឹកចិត្ត​ពេញមុខបន្ទប់! ខ្ញុំក៏ស្រូតហួសមកណេះមុន!»

«លោកប៉ូលិសចង់បានព័ត៌មានអីខ្លះ?»

«គ្រប់យ៉ាងដែលលោកជំទាវដឹង»

«ហើយវាចាំបាច់ដែរទេ?!»

នាង​សួរ​បកទទឹងទិស  ជាមួយស័ព្ទសំឡេងស្លូតបូតបញ្ជាក់នូវភាពឥតខ្ចោះក្នុងទម្រង់នាំចរិត​លក្ខណៈ​ជា​អភិជន​របស់នាង។ ក៏ជាសំណួរខ្លីចង់ប្រាប់ថា នាង​មិនមាន​ឃើញភាពចាំបាច់ក្នុងការបូរបាច់ប្រាប់ប៉ូលិសនូវអាថ៌កំបាំងនានា​របស់គ្រួសារខ្លួនឡើយ។

ភារម្យអង្គុយចុះសន្សឹមៗជាមួយវាចាតបនឹងកែវភ្នែកមុតៗនៃនារីនេះ ៖

«រឿងដែលខ្ញុំមិនអស់ចិត្ត គឺហេតុអីបានជាធឿនដល់ពេលនេះនៅតែសន្លប់មិនដឹងខ្លួន ចំណែកឯលោកជំទាវវត្តីក៏ធ្ងន់នៅឡើយ ម៉ៅដឹងខ្លួនបានម្ដងមកវិញ និយាយបានប៉ុន្មានម៉ាត់ក៏សន្លប់ឈឹងទៅវិញដល់ឥឡូវ….តែលោកជំទាវចរិយា!»

ចរិយាញញឹមតិចៗ។ ភារម្យសង្ឃឹមថា នាងមិនយល់ច្រឡំថាគេសង្ស័យចំពោះសុខភាពរបស់នាងទេ ទើបគេ​ប្រញាប់បំភ្លឺ៖

«ខ្ញុំមិនមែនមិនចង់ឱ្យលោកជំទាវមានសុខភាពល្អនោះទេ ខ្ញុំសប្បាយចិត្តទោះបីអ្នកណាម្នាក់ ឬក៏ទាំងអស់គ្នាសុទ្ធតែរួចពីគ្រោះថ្នាក់នេះ!»

«ខ្ញុំយល់ចិត្តលោក!»

នារីអភិជន​ឆ្លើយខ្លីហើយបែរទៅបង្អូចវិញ។

«ជម្រាបតាមត្រង់! ខ្ញុំមានការសង្ស័យអ៊ំភិនតាំងពីយូរមកហើយ!»

ភារម្យក្រពាត់ដៃ នៅស្ងៀម​ដោយ​ដកដង្ហើមយឺតៗនៅក្បែរគ្រែដែលនាង​បែរខ្នង​ដាក់។ ខណៈពេលដែលនាងបន្លាយ គេនៅរង់ចាំ និងលាក់ចិត្ត​ដែលអន្ទះសា។ នារីនេះ​ងាកត្រឡប់មកវិញសម្លឹងកាយវិការរបស់នាយ។

«ខ្ញុំចង់ច្បាស់បន្តិចបានទេ ហេតុអីបានជាលោកជំទាវសង្ស័យអ៊ំសំភិន! សំខាន់សង្ស័យរឿងអី? សង្ស័យពីពេលណាមក?!»

«តាំងពីប្ដីខ្ញុំមិនទាន់បាត់ម្ល៉េះ!»

ភារម្យគ្រវីក្បាលយឺតៗដោយហួសចិត្ត៖

«រយៈពេលបួនខែហើយ! បើសិនជាសមាជិកគ្រួសារ​មានឃើញអ្វីមួយមិនប្រក្រតីនៅក្នុងផ្ទះក្រអូប ក៏គួរតែរាយការណ៍ប្រាប់ប៉ូលិស!»

«និយាយបានដែរ? ប៉ូលិសនឹងធ្វើការអត់?»

ភារម្យតាមពិតអន់ចិត្ត ប៉ុន្តែគេទប់វិញ។ ស្ថានភាពនាងនៅមិននឹងនរ ផ្លូវចិត្ត​បាចហាចទន់ខ្សោយ របៀបមនុស្ស​ទើបរួចពីស្លាប់ ដូច្នេះគេគិតថា ការដែល​ឱ្យនាងនិយាយត្រង់ៗចេញមកជាជម្រើស​តែមួយគត់។

«ធម្មតា​ពាក្យត្រង់ៗ​ ប្រាកដណាស់គឺប៉ះពាល់!» នាង​ឆ្លៀតឌឺដងមកថែម ធ្វើឱ្យ​គេដកដង្ហើមធំឆ្លើយ៖

«អូខេ លោកជំទាវមានប្រសាសន៍ទៀតចុះ!»

«មានយប់មួយ! ប្រហែលជាពីរបីខែក្រោយពីខ្ញុំមកស្នាក់នៅផ្ទះក្រអូបជាមួយ​ប្តី! ខ្ញុំអត់ចាំបាន ថាថ្ងៃអ្វីដែរ! តែខ្ញុំចេញមកលេងក្រៅ នោះជាពេលយប់ជ្រៅរំលងអាធ្រាត្រ ខ្ញុំធ្លាប់ឃើញមនុស្សស្រីម្នាក់រត់លេងក្នុងសួន!  ខ្ញុំមិនបាននិយាយរឿងនេះជាមួយអ្នកណាទេ ឪពុកម្ដាយក្មេក ឬសូម្បីតែប្តីខ្ញុំ ដោយសារខ្ញុំគិតថា អាចឱ្យគ្រួសារ​ប្តីខ្ញុំគិតថា​ជំងឹចាស់របស់ខ្ញុំរើឡើង!»

«ខ្ញុំបានមើលរបាយការណ៍​លំអិតហើយ ​លោកជំទាវមាន​ជំងឺរវើរវាយ​ពីក្មេង! តែបានព្យាបាលសះយូរហើយ!»

«តែគ្រួសារនេះ​រួមទាំងប្តីខ្ញុំ ផង​អាចគិតថា ខ្ញុំនៅលាប់ឡើងវិញម្តងៗ! ម្ល៉ោះហើយ ខ្ញុំគិតថា​ អ៊ំសំភិនគាត់ជាមនុស្សចាស់ ហើយរស់នៅផ្ទះនោះយូរជាងគេ នៅផ្ទះរហូត ណាមួយ​ខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់ច្រើនជាងអ្នកផ្សេង! ខ្ញុំមើលទៅគាត់ស្លូតបូតហើយស្រួលនិយាយគ្នា! គាត់អត់ធ្មត់ ចិត្តធ្ងន់​យល់ការណ៍ ខ្ញុំក៏ទៅស្កាត់និយាយជាមួយគាត់! គាត់ប្រាប់ថានេះគឺជារឿងស្រមៃ  ពេលនោះហើយខ្ញុំដឹងថាគាត់ធ្លាប់ជាពេទ្យ! គាត់ថាដ្បិតតែជម្ងឺខ្ញុំជា ​តែម្តងម្កាលខ្ញុំអាចនឹងស្រមៃ ឃើញអ្វីមួយ​ដែលមិនមែនជាការពិត។»

«នាង​គិតថាគាត់លាក់មនុស្សស្រីម្នាក់នោះ?»

នារីនេះគ្រវីក្បាលយឺតៗជាមួយទឹកមុខនឹងនរស្ងួតស្ងប់៖

«កាលហ្នឹង​ក៏នៅមិនសង្ស័យគាត់នៅឡើយ ពីព្រោះខ្ញុំស្នាក់នៅយូរទៅ សួរអ្នកនេះអ្នកនោះ ក៏មិនដែលឃើញមាន​តម្រុយអី ទាក់ទងនឹងរឿង​មនុស្សស្រីម្នាក់ហ្នឹងទៀតសោះ ចឹងខ្ញុំគិតថាវាអាចជាការស្រមៃមែន ឬអាចថាអ្នកភូមិជិតៗនេះ គេលួចចូលមកលេងព្រោះស្រលាញ់ផ្កា!»​

«អាចជាជំនួយការវណ្ណរីទេ?»

ភារម្យសួរបែបនេះ ពីព្រោះតាមចម្លើយនិងអ្វីៗដែលប៉ូលិស​រកឃើញ​គឺ វណ្ណារីមិនត្រឹម​តែ​មានទំនាក់ទំនងជិតស្និទ្ធជាមួយ​ឧកញ៉ាវុទ្ធី តែ​បានស្គាល់ជាមួយ​ អ៊ំសំភិនដោយអាថ៌កំបាំងទៀត។

ចរិយា​គ្រវីក្បាល៖

«ទោះថាយប់នោះ​ ខ្ញុំមើលមិនច្បាស់ព្រោះនៅឆ្ងាយពីគ្នា ប៉ុន្តែសកម្មភាពគឺមនុស្ស​នៅវ័យក្មេងណាស់! រត់លេងសប្បាយក្បែរស្ពានយោល!»

«ស្ពានយោល?»

គេផ្ទួនពាក្យនេះពីព្រោះក្នុងថ្ងៃតែមួយ​គេបាន​ឮវាពីរដងហើយ។

ជំទាវវាចាបន្តមិនរវល់នឹងប្រតិកម្មនាយឡើយ ៖

«ក្រោយមកទៀតប្តីខ្ញុំបាត់ខ្លួន!»

ចរិយានិយាយមួយៗធ្វើឱ្យភារម្យ ដោះលែងអារម្មណ៍ដែលកំពុងតែរុំព័ទ្ធជុំវិញស្ពានមួយ​នោះវិលត្រឡប់មកសម្លឹងសាក្សីម្នាក់នេះវិញ៖

«បងឧត្តមបាត់ខ្លួន ធ្វើឱ្យខ្ញុំចាប់ផ្ដើមងឿងឆ្ងល់ចំពោះមនុស្សទាំងអស់នៅក្នុងផ្ទះនេះ! និយាយដោយការពិត ក្រៅពីឧកញ៉ាវុទ្ធីចេញ អ្នកណាម្នាក់ក៏ខ្ញុំសង្ស័យដែរ! អ៊ំសំភិន មីងមៀច ពូធឿន ម្តាយក្មេកខ្ញុំ កូនប្រុស​ចរិតឈ្លើយរបស់គាត់ អ្នកណាក៏ដោយ គឺខ្ញុំតាមឃ្លាំមើលទាំងអស់! មិនយូរប៉ុន្មានខ្ញុំរកឃើញរឿងចម្លែកមួយ»

«អ្វីទៅ?!»

«ខ្ញុំឆែកឃើញរូបថតចាស់មួយសន្លឹក ជារូប​ក្មេងប្រុសម្នាក់ស្រីម្នាក់នៅក្នុងបន្ទប់អ៊ំសំភិន»

ចរិយាសម្លឹងអធិការភារម្យហើយអាក់ចោល​ការនិយាយព្រោះ នាងឃើញបុរសនេះងើបមុខខ្វាកមកសម្លឹងខ្លួន។ ជាមួយក្រសែភ្នែកចម្លែកជ្រៅសន្លឹមរបស់នាយ ចរិយានឹកឆ្ងល់ថា បើខ្លួនមិនទាន់បានពន្យល់វែងឆ្ងាយផង ហេតុអីគេមានអារម្មណ៍​ជឿតាមនាង​ថា រូបថតនោះមាន​ពាក់ព័ន្ធ?

ទោះយ៉ាងណា បុរសនេះគេក៏មិនបានហើបមាត់មកសួរអ្វីនៅឡើយ។

បានជា​ជ្រុលនិយាយដល់ត្រង់ណេះហើយ ចរិយា​មិនបកក្រោយទេ ជំទាវបានបន្ថែមការតំណាល​របស់ខ្លួន៖

«បងឧត្ដមធ្លាប់ប្រាប់ថា កាលពីក្មេងគាត់ធ្លាប់ភ្ជាប់ពាក្យលេងៗជាមួយកូនស្រីរបស់អ៊ំសំភិន!» នេះឬអី បានជាជំទាវចរិយាគ្រាន់តែឃើញរូបថតក្មេងប្រុសស្រីពីរនាក់នៅក្នុងបន្ទប់បុរសចំណាស់ ក៏ចាប់ផ្តើមទាញយកមកទុកជាចំណុច​សំខាន់នៃរឿង?

គេគិត​ទាំងរេភ្នេក​ចេញ។សំឡេងនាង​បន្លឺមកថែម៖
«សម្រាប់មនុស្សស្រីម្នាក់ៗ នៅពេលដែលមនុស្សដែលយើងស្រលាញ់ និយាយអំពីរឿងអតីតកាល ឬការភ្ជាប់ពាក្យ ការរៀបការ សង្សារដំបូង​អីអស់ហ្នឹង វាសំខាន់ខ្លាំងណាស់! អ៊ីចឹងហើយ​រឿងទាំងអស់នោះ ដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំរហូត ទោះបីគាត់កំពុង​តែ​ជាប្តីរបស់ខ្ញុំក៏ដោយ! លោកគិតម្តងទៀត​ទៅមើល បើលោកអធិការជាខ្ញុំ ប្តីរបស់ខ្ញុំបាត់ខ្លួនគ្មានដំណឹងគ្មានតម្រុយ គ្មានឮអីទាំងអស់ ហើយខ្ញុំធ្លាប់ឃើញមនុស្សស្រីរត់ចុះឡើង អ៊ំសំភិន​ខ្លួនឯងជាអ្នកប្រាប់ខ្ញុំថា វាជាការស្រមៃ ម៉េចក៏គាត់អះអាងបាន? ក្រោយមកខ្ញុំក៏ឃើញរូបថតចាស់ៗរបស់ក្មេងប្រុសស្រីពីរនាក់នៅក្នុងបន្ទប់គាត់ទៀត?»

«ហើយក៏ប្រញាប់ទាញរឿងទាំងអស់ចូលគ្នា?!»

គេសួរតិចៗ​ធ្វើឱ្យនាង​បង្ហាញភាពភ្ញាក់ផ្អើល៖

«ចង់មានន័យថាខ្ញុំទាញរឿង? ខ្ញុំមិនរវីរវល់ជាមួយនឹងករណីនេះក៏បាន វាអត់ខាតអីទេ ប៉ុន្តែ​ចុះបើ….ចុះបើកូនស្រីគាត់នៅរស់ ជា​ក្មេងស្រីម្នាក់នោះដែលខ្ញុំបានឃើញចៃដន្យកាលពីយប់នោះ នាង​ប្រាកដជានៅក្បែរៗផ្ទះក្រអូប? បើមែន​គាត់លាក់នាង​ធ្វើអី?»

អធិការភារម្យដកខ្លួនអង្គុយត្រង់សម្លឹងមុខនាងចំៗ  គ្មាន​យោបល់ធ្លាយចេញមកមួយម៉ាត់ណា  ខណៈពេលដែលនាងក៏សម្លឹងមកគេ ថ្ពក់ខ្សែភ្នែកចូលគ្នា បញ្ជាក់ថាអ្វីដែលនាងកំពុង​ជជែកវែកញែក​ គឺនិយាយចេញពីក្នុងបេះដូង ដោយស្មោះអស់ពីចិត្ត។

«អធិការ! ខ្ញុំប្រាកដណាស់ចំពោះការវិភាគនេះ ដូច្នេះហើយខ្ញុំគេងមិនលក់ទេ បើមិនបានរកការពិតនៃរឿងទាំងនោះ!»

«ជំទាវចាប់ផ្ដើមតាមដានអ៊ំសំភិនដោយវិធីណាខ្លះ?!»

«ខ្ញុំចាប់ផ្ដើមល្អជាមួយគាត់ជាងមុនមានឱកាសនៅក្បែរ​ថែរក្សាគាត់ តាមមើលជំងឺរបស់គាត់ ប៉ុន្តែធាតុពិតខ្ញុំចង់ដឹងរឿងទាំងអស់ដែលទាក់ទងជាមួយគាត់! ចុងក្រោយខ្ញុំសង្ស័យគាត់ជាមួយមនុស្សម្នាក់!»

ភារម្យដៀងភ្នែកដោយសង្ស័យហើយសួរខ្លីនិងយ៉ាងរហ័ស៖

«អ្នកណាគេ?»

គេសួរខ្លីជាមួយដង្ហើមផុតៗ។

«ពេទ្យសាន»

ជំទាវចរិយាឆ្លើយខ្លីដូចគ្នាតែមុតៗច្បាស់ៗ។

នាងសម្លឹងមុខអធិការដែលកំពុង​ភាន់ភាំង ហើយងក់ក្បាលតិចៗបញ្ជាក់ថា គេមិនបានស្តាប់ខុសទេ។

«ពេទ្យសានម្នាក់នេះ គឺជាមនុស្សតែម្នាក់គត់ដែលមានទំនាក់ទំនងជិតដិតនឹងអ៊ំសំភិន!  ពួកគេឡើងចុះឱ្យថ្នាំគ្នា ជជែកគ្នាលេង  ហើយប្រសិនបើអ៊ំសំភិនធ្វើពុតជាឈឺ អ្នកដែលគួរ​ដឹងមុនគេគឺអ្នកណា?!»

ភារម្យងាកមុខចេញ មិនដឹងថា គេចង់គេចវេះពីក្រសែភ្នែករបស់សាក្សីម្នាក់នេះ ដែលកំពុងតែបង្ហាញថា ប៉ូលិសអសមត្ថភាពនៅក្នុងការដឹងរឿងច្រើនយ៉ាងនេះនៅក្រោមក្លៀករបស់ខ្លួន រហូតដល់នាងដើរតួជាប៉ូលិសជំនួស​ជាយូរណាស់មកហើយ។

«ចុងក្រោយ ដោយសារខ្ញុំមានរឿងច្រើនត្រូវធ្វើនៅភ្នំពេញ តួយ៉ាងដូចជា លេចរឿង​ប្រើកុងលុយមួយចំនួនរបស់ប្តី មានអ្នកដកចាយ​ដោយគ្មានមូលហេតុ ខ្ញុំឡើងចុះ អ៊ីចឹងហើយខ្ញុំបែកគំនិតរកជំនួយ!»

«ជំទាវបានឱ្យលុយទៅមីងមៀច! ហើយបញ្ចុះបញ្ចូលគាត់ឱ្យតាមដានអ៊ំសំភិនជំនួស?»

ជំទាវដកដង្ហើមធំ ៖

«ខ្ញុំមិនដឹងថា នេះជាហេតុផលរុញឱ្យគាត់ស្លាប់ទេ! ខ្ញុំដឹងថា មីងមៀចត្រូវការលុយច្រើនហើយគាត់ទ័លច្រក​ ចំណែកខ្ញុំក៏ត្រូវការគាត់»

ភារម្យដកដង្ហើមឃូរបំបាត់ទ្រូងតឹងថប់ គេនិយាយស្រាលៗ៖

«ចឹងហើយបានជារបាយការណ៍កាលពីម្សិលមិញម៉ៅនិយាយថា ម្តាយរបស់គេទទួលបានលុយ ពីលោកជំទាវ ទាំងនេះគឺជាការពិត! ប៉ុន្តែមិញនេះ ហេតុអ្វី​លោកជំទាវ​គិតថា រឿងហ្នឹងជាហេតុ​នាំគាត់ឱ្យស្លាប់?»

ចរិយានៅស្ងៀមជាមួយ​នឹងដំណក់ទឹកចាប់ផ្តើមដក់ថ្លា​ក្នុងកែវ​ភ្នែកទាំងសង ​ទោះបីនាងតាមពិត​ ក្នុងកែវភ្នែកប៉ូលិស ជានារី​ដ៏​រឹងមាំ និងពូកែបន្លំឫកពា​ ទប់ចិត្តបាន​​យ៉ាងណា។

«ឬមួយមីងមៀចស្លាប់ច្រើនថ្ងៃហើយប៉ូលិស​នៅតែរកអ្វីមិនឃើញ?!»

ភារម្យនៅស្ងៀមដោយទឹកមុខ​អត់ធន់។ កែវភ្នែកគេបង្ហាញថា ទោះណាជាប៉ូលិស​មាន​អ្វី ​ក៏មិនបង្ហាញ​ងាយៗដែរ ប្រសិន​ការសន្និដ្ឋាន​ចុងក្រោយមិនទាន់ចេញជាផ្លូវការ​។

ចរិយា​មិនរវល់ថាគេយល់បែបណាឡើយ ​នាង​ចាប់ផ្តើមនិយាយ៖

«ពីរថ្ងៃមុនពេលគាត់ស្លាប់ គាត់បានមកប្រាប់ខ្ញុំថា អ៊ំសំភិនតែងតែបើកទ្វារក្រោយឱ្យពេទ្យសានចូល»

«ទ្វារក្រោយមួយណា?»

ភារម្យសួរភ្លាម ហើយផ្ទួនសួរបន្ថែមជាប់គ្នា៖

«ហេតុអីមិនចូលតាមទ្វារមុខ!»

«ពីព្រោះពួកគេមានរឿងលាក់លៀម! ប្រសិនគេចូលតាម​ធម្មតាគឺគេចូលតាមទ្វារមុខ!»

«ទ្វារក្រោយមួយណា ខ្ញុំសួរម្ដងទៀត?!»

«ខ្ញុំក៏អត់ដឹងដែរ! កុំថាឡើយលោកប៉ូលិស! វិមាន​ក្រអូបធំម្លឹងៗ ហើយវាក៏ធ្លាប់ជាកម្មសិទ្ធិចាស់របស់អ៊ំសំភិន ខ្ញុំគិតថាសូម្បីតែឪពុកក្មេកខ្ញុំនៅរស់ ក៏ប្រហែលជាមិនអាចដឹងថា ផ្ទះនេះមានទ្វារប៉ុន្មាន​ ហើយផ្លូវកាត់ណាខ្លះផងដែលគេអាចវៀងចូលរកគ្នាបាន!»

ភារម្យនិយាយដោយហួសចិត្ត៖

«ខ្ញុំមិនយល់ថា ហេតុអីបានជាគ្រួសារនេះមិនប្រើសន្ដិសុខ?»

«ពួកគេប្រើប្រព័ន្ធសន្តិសុខការពារ ជាបណ្តាញ​និងកាមេរ៉ា​សុវត្ថិភាព!  ព្រោះអ៊ីចឹងហើយ ខ្ញុំធ្លាប់សង្ស័យ ហ្សឺឌីថា មានបញ្ហាទាក់ទងជាមួយនឹងការបាត់ខ្លួន​បងឧត្តម! បើម្ដាយគេនិងខ្លួនគេ មិនសប្បាយចិត្តចំពោះការស្នងមរតកទាំងអស់របស់ប្តីខ្ញុំ!»

«ចុះជំទាវបានដាក់ការ​តាមដានគេទេ ម្នាក់ហ្សឺឌីនោះ?!»

«មាន ប៉ុន្តែ​មិនឃើញអីទាំងអស់!  តាមពិតទាំងអស់នេះគឺជាល្បិចកល បង្កើតការសង្ស័យរវាងខ្ញុំហើយនិងគ្រួសារម្ដាយក្មេកខ្ញុំតែប៉ុណ្ណោះ ចុងក្រោយ ខ្ញុំក៏យល់រឿងហើយចូល ទៅពិគ្រោះជាមួយម្តាយក្មេកខ្ញុំ ខ្ញុំបានប្រាប់គាត់រឿងទាំងអស់ សូម្បីតែរឿងAccount ធនាគារ​ប្តីខ្ញុំត្រូវគេដកប្រាក់ សូម្បីតែរឿងមីងមៀច​ដែលខ្ញុំឱ្យលុយ ហើយសូម្បីតែរឿងមានទ្វារក្រោយនិងរឿងពេទ្យសានខ្ញុំប្រាប់ទាំងអស់!»

«ដូច្នេះហើយអ្នកទាំងពីរបានចែកផ្លូវគ្នាធ្វើការ! » ភារម្យនិយាយសរុប។

ចរិយា​ងក់ក្បាល៖

«ចា៎ គឺគាត់ទៅតាមដានប្រភពដើមរបស់អ៊ំសំភិន! គាត់ចង់ដឹងអំពី​ទំនាក់ទំនង​ អ៊ំនោះនិងឪពុកក្មេកខ្ញុំកាលពីក្មេង ហើយក៏ស្វែងរកដំណឹងកូនស្រីរបស់គាត់ ហើយនិងក្មេងប្រុសនៅក្នុងរូបថត!»

អធិការភារម្យក្រោកឈរបែរខ្នង។ គេដើរទៅក្បែរបង្អួចមួយផ្សេងទៀតសន្សឹមៗ​ហើយសម្លឹងទៅស្បៃរាត្រីខាងក្រៅ។

សភាពរបស់គេគឺកំពុងគិតពីអ្វីម្យ៉ាងដែលជ្រាលជ្រៅ វែងឆ្ងាយ ឯចរិយាមិនខ្វល់ទៀតទេ ពីព្រោះថានាងបាននិយាយដល់ដំណាក់កាលនេះទៅហើយ នាងក៏និយាយបន្ថែម ៖

«ចុងក្រោយយើងបានព្រមព្រៀងគ្នា​ធ្វើល្បិច ធ្វើជាប្រកាសលក់ផ្ទះនេះចោល! ខ្ញុំដឹងថា ប្រការនេះធ្វើអ៊ំសំភិនកើតទុក្ខក្ដៅក្រហល់ក្រហាយ ហើយគាត់ច្បាស់ជាចេញក្រឡាសាពិតចេញមក! មិននឹកស្មានថា អ្នកដែលគាត់ធ្វើបាបបន្ទាប់ពីជំនួយការនោះ គឺមីងមៀច!»

«លោកជំទាវរកឃើញអីទៀតបានជាគិតថា គាត់នៅពីក្រោយ​ការ​ចង់សម្លាប់លោកជំទាវនិងម៉ៅ?!»

«ពីព្រោះពេលចុងក្រោយដែលខ្ញុំបានជួបជាមួយធីតានៅមាត់អូរ ខ្ញុំបានប្រាប់រឿងខ្លះទៅធីតា! ទោះបីថា ធីតាតាមដានរឿងនេះតាំងពីដើមដល់ចប់ ប៉ុន្តែគេដឹងរឿងតិចណាស់ ប្រៀបធៀបជាមួយខ្ញុំ  ហើយម្តាយក្មេកខ្ញុំនិងខ្ញុំ ក៏មិនចង់ឱ្យធីតាពាក់ព័ន្ធច្រើនជាមួយនឹងរឿងក្នុងគ្រួសារនេះដែរ បានជាខ្ញុំមិននិយាយច្រើនអីជាមួយគេ! តានោះប្រហែលជាបានតាមដាន​ធីតា បានជាគាត់ចាប់ផ្តើម​សង្ស័យម៉ៅ ហើយនិងខ្ចីដៃ​ម៉ៅឱ្យមកសម្លាប់ខ្ញុំ»។

ជំពូកទី៣៦

ការព្រមាន របស់Ann

រាត្រីនេះនៅវិមានក្រអូប ធីតានៅតែគេងមិនលក់ ប្រែខ្លួនចុះឡើងៗចុះ….ធ្វើឱ្យ Ann មានឱកាសនិយាយសួរនាំ៖

«ធីតា ខ្ញុំមានចំណុចខ្លះចង់ជជីកសួរជំទាវចរិយា!!»

«ប៉ូលិសយាមតឹងណាស់បងអាន!»

នារីនេះឆ្លើយក្រងួរៗ។ ចិត្តនាងកំពុងពិចារណា ដល់រឿងជាច្រើន  មិនថាប៉ូលីសភារម្យ  ហ្សឺឌី ឬពេទ្យសាន។  បុរសទាំងបី មុខតែមានអ្នកណាម្នាក់អាចដឹងរឿង អំពីពូខ្លួនកាលនៅរស់  និងទំនាក់ទំនង ចាស់ៗ ជាមួយអ៊ំសំភិន ទុកជាពន្លឺដល់ខ្លួន  មុនពេលជំទាវវត្តីដឹងខ្លួនឡើង។

«បើធីតាខំប្រឹង ប្រហែលអាច!»

«បងចង់ឱ្យខ្ញុំសុំអធិការនោះទៀត?» នាងសួរនារីអ្នកស៊ើបទាំងទីទើរចិត្ត ព្រោះកាលសុំជួបនិយាយជាមួយម៉ៅ គេបានឱ្យនាងសន្យាថា នោះជាលើកចុងក្រោយហើយ។

ពេលនាងកំពុងព្យាយាមរំឭកឡើងមកវិញ នូវរាល់ពាក្យពេចន៍ជាមួយប៉ូលិសម្នាក់នោះ សំឡេងរបស់ Annលាន់មកបន្ថែម៖

«អ៊ីចឹងបានល្ងាចមិញគេទៅជួបសាក្សីម្នាក់ឯង  មិនហៅធីតាទៅស្តាប់ពាក្យជំទាវចរិយានិយាយ!»

ធីតាច្រត់ដៃក្រោកយឺតៗមកផ្អែកខ្នងនឹងក្បាលគ្រែ សម្លឹង Ann ដែលនៅជាមួយ Laptop ទាំងរំលងអាធ្រាត្រទៅហើយ។

«មែនធីតា!»

Ann ភ្លាត់មាត់នៅក្រោយពេលសម្លឹងសញ្ញាលើទូរស័ព្ទ។

ធីតាសម្លឹងមកដៃគាត់ ចំណែកអ្នកស៊ើបនៅតែនិយាយបន្ត៖

«ទូរស័ព្ទតាសំភិនដែលខ្ញុំបានលួចយកនៅកន្លែងកើត ខ្ញុំផ្ញើឱ្យគេរុករកមើលទិន្នន័យក្នុងហ្នុង ឥឡូវវាចេញមកហើយ! ចង់ដឹងអត់!»

ភាពរីករាយលេចឡើងចិញ្ចាចលើទឹកមុខបង Ann របស់នាង ធ្វើឱ្យអ្នកកាសែតស្រីក្រោកមកសន្សឹម​ៗ។

«តាមពិតតានោះប្រាកដមែន ជាអ្នកផ្ញើសារចេញក្រៅ ប្រាប់រឿងជំទាវចរិយាដែលលាក់ឯកសារនៅផ្ទះចាស់បឹងកេងកង!»

ធីតារេភ្នែករំឭកដល់យប់ដែលខ្សែករបស់នាងឱ្យសញ្ញា នាងបានTrack ឃើញសារដែលគ្មានម្ចាស់​។ ជាយូរមកហើយ គាត់អាចប្រើទូរស័ព្ទមិនឱ្យអ្នកផងដឹង ទោះបីជាផ្ទះនេះមានបម្រាម មិនប្រើអ៊ីនធឺណេត ហើយហ្សឺឌី ដែលមានចំណេះដឹងច្រើនផ្នែកនេះ  ម៉េចក៏មិនដឹងរឿងអ៊ំសំភិននេះដែរ?

«បងឯងមានលេខទូរស័ព្ទគាត់?»

«ទាំងម៉ាស៊ីនទាំងលេខ! ខ្ញុំរើសទុកនៅកន្លែងកើតហេតុបឹងយក្ខឡោម! ប៉ូលិសមិនដឹងទេ!»

ធីតាក្រោក ឡើងមកដោយដណ្តប់ភួយវែងអន្លាយរបស់នាង។

នាងមកសម្លឹងសារតិចតួចដែលរកបានជាឯកសារសំណល់នៃមនុស្សចាស់ម្នាក់នោះ។

«សំខាន់គាត់លុបចោលអស់រាល់ឆាត និងសន្ទនា តែយើងនឹងរកមកវិញបានខ្លះៗ! តានេះជាជំពូកមនុស្សចាស់មាន ល្បិចកលច្រើនផុតលេខ។!»

Ann វាចារង៉ូវម្នាក់ឯង។

ធីតា អង្គុយចុះយឺតៗជាមួយសំណួរខ្សឹបៗ៖

«បងនិយាយពីហេតុការណ៍នៅបឹងម្តងទៀតមកបងAnn មានចំណុចខ្លះខ្ញុំមិនច្បាស់ទេលាស់នៅឡើយ! សំណួរគឺ ហេតុអីបងមិនព្រមចាប់គាត់មកឱ្យបានមុនគាត់គេចធ្លាក់ទឹកស្លាប់?  ហេតុអ្វីគាត់សម្រេចចិត្ត លោត បើហែលមិនបានដដែល?!»

«មិនមែនទេ! ខ្ញុំចង់បានរឿង ចង់ឮពួកគេនិយាយគ្នាឱ្យបានច្រើន នៅពេលមិនទាន់ដល់ឫសគល់នៃបញ្ហា  យើងចាប់គាត់មកចោទពីបទអ្វី បើយើងគ្មានភស្តុតាង តើប៉ូលិសលែងគាត់មកវិញដដែលមានន័យអី?  ពេលនោះ និយាយតាមត្រង់ ខ្ញុំមិនទាន់ចែកដាច់ថារវាងគាត់ និងជំទាវវត្តី មួយណាជាតួចិត្តអាក្រក់នៅឡើយធីតា!»

រឿង៖ រូបខ្មៅស្រអាប់ ភាគ២៣
គេចាប់ម្ហូបហើយញ៉ាំឃ្មមៗពមពេញមាត់នៅនឹងមុខនាង។ បុរសនេះមើលយ៉ាងណា ក៏ជាមនុស្សមានចរិតធូរស្រាលស្រួលនៅក្បែរណាស់ បើធៀបនឹង​បុរសមាត់ជិតពីរនាក់ទៀត។

«បងAnnញ៉ាំបាយ!»

នាង​ស្រែកហៅ​ធ្វើឱ្យហ្សឺឌី ចាប់ផ្ដើមដៀងភ្នែកសម្លឹងទៅកាន់ប៉ូលិសឯកជនស្រី ដែលកំពុងដើរឱប​កុំព្យូទ័រ។

«មិនទាន់ទេ! អត់ឃ្លាន ខ្ញុំធ្វើការសិនធីតា កុំរវល់នឹង​ខ្ញុំអី​!»

នារីនោះថាហើយដើរលឿនស្លេវសំដៅបន្ទប់។

«មិនចង់រំខាន​យើងរ៉ូមែនទិក!»

ហ្សឺឌីថាទាំងលើកកែវទឹកក្រេប។

ធីតាងាកមកវិញសម្លឹងគេ នាង​ដឹងថា បុរសនេះឆ្លងកាត់រឿងទុក្ខតឹងតែង​ជាច្រើនមកហើយក្នុងថ្ងៃនេះ។ គេនៅបន្តលេងសើចបាន ជាចរិតបើកទូលាយរបស់គេ។

«បើមាន​អ្នកភ្នំពេញជាញាតិត្រូវមកសម្រាកទីនេះ ប្រាប់ខ្ញុំនឹងបានរៀបចំ!»

«ទាយទៅ មានអ្នកណាហ៊ានមកដេកអត់!»

គេនេះ​ ដ្បិតតែមានទម្លាប់ថាស្តីមកលក្ខណៈសោះកក្រោះ ចំៗ ​ចរិតមិនទុកស្អែក តែនាងក៏​ត្រូវ​ទីទើរ​​រកអ្វីថា មិនរួចវិញពិតមែនព្រោះនាង​នឹកឃើញថា គេមានចិត្តណាស់ ដែលគិតអំពីនាង​នៅម្នាក់ឯងបានជាវិលមកផ្ទះនេះ ដើម្បីកំដរនាងបានគ្នា​។

រង់ចាំ​មើលធីតាញ៉ាំអាហារ​យឺតៗស្ងប់ស្ងាត់បានបន្តិច​ ហ្សឺឌីបន្ថែមសំណួរមករ៉ាវ៖

​«បងAnnនេះ ហេតុអីបានដឹងថា នៅក្នុងកាហ្វេពូធឿនមានថ្នាំពុល បើប៉ូលិសមិនទាន់ចេញរបាយការណ៍មកផង!»

នាងដាក់ស្លាបព្រាចុះថ្នមៗហើយក្រេបទឹក មុនពេលឆ្លើយ៖

«ច្រើនថ្ងៃមកនេះគាត់ទៅតាមដានជំទាវមីងរហូត!»

គេឱនមុខ​ធ្វើស្មើ តែនាង​ដឹងថា​ បុរសនេះនៅផ្ទៀងស្តាប់ជាមួយត្រចៀកទាំងសងដ៏វៃរបស់គេ។  ទោះការតាមដានម្តាយគេ ជារឿងឆ្គងៗសម្រាប់គេ ​តែនាង​មិនចង់លាក់បាំងអ្វី​ពីហ្សឺឌឺម្នាក់នេះទៀតឡើយ​។

នារីវាចាបន្ត៖

«គាត់មិនបានទៅភ្នំពេញដូចដែលប្រាប់អ្នកផ្ទះទេ!​ ជំទាវមីងបានទៅកាន់កន្លែងមួយចំនួន ដែលពូវុទ្ធីកាលពីក្មេងធ្លាប់រៀនជាមួយនឹងអ៊ំសំភិន! កន្លែងដែលពួកគាត់ធ្លាប់ទៅធ្វើការដំបូងជាមួយគ្នា និងកន្លែងជាច្រើនទៀត ដែលពាក់ព័ន្ធជាមួយនឹងការរៀបការរបស់ពូអ៊ំសំភិន និងភរិយារបស់គាត់ ប្រវត្តិក្រុមគ្រួសាររបស់គាត់! ខ្ញុំចេះតែឆ្ងល់ដែរថា ហេតុអីបានជាគោលដៅរបស់ ជំទាវមីង​ គឺទៅស៊ើបពួករឿងចាស់ៗរវាងអ៊ំសំភិននិងពូខ្ញុំ? ចុងក្រោយខ្ញុំដឹងរឿងច្រើនដែលជាទំនាក់ទំនងរញ៉េរញ៉ៃ រវាងអ៊ំសំភិននិងពូខ្ញុំ!»

គេងើបមុខ​ តែមិននិយាយអ្វីទាំងអស់។ បុរសនេះ​ធ្លាប់អះអាងថាគេជិតដិតជាមួយឧកញ៉ាវុទ្ធីជាពូខ្លួន និងគេខ្លួនឯងជាកូនប្រុសទោលនៃជំទាវវត្តីផង មិនដែលថាម្តាយគេមិនធ្លាប់ព្រលយសាច់រឿងខ្លះពិភាក្សាជាមួយគេ?

«បងAnn បាន​សិក្សា​អំពីរឿង​ស្លាប់ភ្លាមៗមិនសមហេតុផល​របស់ជំនួយការឈ្មោះវណ្ណរី ហើយគាត់ចាប់ផ្ដើមសិក្សាអំពីសេណារីយ៉ូទាំងអស់ ដាក់វាបញ្ចូលគ្នា! ខ្ញុំគិតថា គាត់សម្រុកការស៊ើបលើគោលដៅនេះព្រោះរកឃើញ​សក្ខីកម្មថ្មី! ចុងក្រោយ គាត់បាន​តាមដានឃើញជំទាវមីងត្រឡប់មករតនគិរីវិញហើយបានហួសទៅជួបជាមួយនឹងអ៊ំសំភិនស្ងាត់ៗនៅបឹងយក្ខឡោម! នៅពេលអ៊ំសំភិននិងជំទាវមីង កំពុងប្រកែកគ្នាពូធឿនលើកកាហ្វេញ៉ាំហើយ ដួលសន្លប់ទៅលើដី!»

ហ្សឺឌីងក់ក្បាលទទួលយកការបញ្ជាក់ប្រាប់នេះ។

«ខ្ញុំចង់ឱ្យធីតាចាប់អារម្មណ៍ប្រយ័ត្នជាងមុនចំពោះអ្នកទាំងឡាយជុំវិញខ្លួន!»

បុរសនេះនិយាយថមថយសំឡេងជាងមុន ទាំងឱនហាន់សាច់ក្នុងចាន។​ គេមិនបានងើបមុខមកក្តី នាង​ដឹងថា​គេចង់សំដៅ​លើនរណាហើយ។

ធីតារេភ្នែកសម្លឹងបង្អួចបន្ទប់ផ្ការំចេកដែលមានបើកភ្លើង​បញ្ជាក់ថា Ann នៅក្នុងនោះ​រង់ចាំនាង​។

«បងAnnនេះ មិត្តខ្ញុំម្នាក់ណែនាំមក! ជាមិត្ត​ដែលខ្ញុំទុកចិត្តបាន! គេមានជំនាញ….»

«អតីតស្នងការ Roy ក្នុងសំណុំរឿង២០៣៥ហ្នឹងហ្មែនមិត្តភក្តិធីតា?»

បុរសនេះពោលកាត់មកភ្លាម ក្នុងសំនៀងមួយៗធម្មតា ​តែនាង​ភ្ញាក់ផ្អើលខ្លាំង។ ធីតា​ឱនទៅសួរបញ្ជាក់សម្តីរបស់គេ៖

«​ម៉េចបានដឹង? ខ្ញុំមិនដែលនិយាយទេ!»

«លោកនេះគ្មានទេអាថ៌កំបាំង!»

គេតបទាំងញញឹមតិចតួចបង្អួតភាពស្រស់សង្ហា​កម្រឃើញរបស់ខ្លួន។ ធីតាក្រពាត់ដៃញញឹម​តបព្រោះហួសចិត្ត​អស់ពាក្យហាស្តី។ អ្នកផ្តល់យោបល់ខ្លួន​រហូតមកគឺស្នងការ Roy ដែលទើបនឹងវិលពីរៀននៅបន្ថែមនៅបរទេស។ គេបានតាមជួយជ្រោមជ្រែង​នាងច្រើន ឱ្យយោបល់ ពិភាក្សា​ លាក់ការណ៍ ថែមទាំងបញ្ជូន Annមកឱ្យទៀត នាងខ្លួនឯងផ្ទាល់ ក៏​​មិនដែលនិយាយបើកកាយសមាសភាពគេដល់អ្នកណាម្នាក់ទេ ​ដឹងអី​ហ្សឺឌី​បានដឹងស្រេច​ទៅហើយ។

«អូ! មកពីរឿងរូបខ្មៅៗដែលពូវុទ្ធីទុកក្នុងកាម៉េរ៉ា?!»

នាង​វាចាភ្លាត់មាត់ខណៈខាងប្រុសទំពាញ៉ាច់ៗធ្វើហី។

«នែហ្សឺឌី! មិនទាន់ប្រាប់ខ្ញុំអាថ៌កំបាំងរូបថតអស់នោះផងណ៎ា!»

«មិនមែនទេវតាជប់ទេ! ម៉េចក៏ត្រូវការរាប់ខែដែរទានម្ចាស់!»

«ងាប់ហើយ! យូរម៉េះ?»

«លុយមិនដល់!»

គេឆ្លើយហីទាំងទឹកមុខឌឺដង ធ្វើ​ឱ្យនាងផុតពីភ្ញាក់ផ្អើល ទៅជាសើចកខឹកសម្លក់ភ្នែកប្រុសម្នាក់នេះ។

«មុនរអ៊ូហ្នឹងមកស្តាប់ការពន្យល់សិនទានម្ចាស់! »

«ឈប់ហៅខ្ញុំដូចល្ខោន!»

«ធម្មតា រូបភាពប្រភេទ អ៊ីនគ្រីប ជាទូទៅវាមានអ្នកពាក់ព័ន្ធជាមួយ​មនុស្ស​បីនាក់ផ្សេងគ្នាគឺ ម្ចាស់រូប អ្នកដាក់ទិន្នន័យ ឬហៅថាធ្វើរូបបំភាន់នេះ និងអ្នកទទួលវា។ រូបភាពដើម ត្រូវបានគេ​អ៊ីនគ្រីបដោយ មុខងារបច្ចេកទេសដែលអាចរក្សាទុកទិន្នន័យ លើ Cloud ហើយក៏អាចបញ្ចូលទិន្នន័យបន្ថែមទៅបំឡែងបំភាន់វា។ អ្នកទទួលទិន្នន័យបានទទួលនូវលទ្ធផល​ថ្មី ដែលបានបង្កប់រូបភាពដើម មិនបាត់បង់ទេតែគេត្រូវចេះញែករក!»

«ដូច្នេះបានជាខ្ញុំពឹងហ្សឺឌី!»

«អ្នកញែករូបមិនមែន​ទេវតាទេ! រក្សាកាន់តែហ្មត់ចត់ ​ញែក​រកកាន់តែលំបាក!»

«ពូខ្ញុំប្រាកដជាទុកថារូបហ្នឹងសំខាន់ហើយបានជាធ្វើដល់ម្ល៉ឹង!»

«គាត់បានធ្វើផ្លូវកាត់!»

«អត់យល់ទេ!»

«ការអ៊ីនគ្រីបរូបភាពរបស់គាត់មិនឆ្លងកាត់ដៃអ្នកទីពីរទេ គឺត្រូវបានធ្វើឡើងតាមរយៈការរកទិញម៉ាស៊ីនដែល Hider ទិន្នន័យ និងបញ្ចូលទិន្នន័យបន្ថែមបំភាន់ទៅក្នុងប៊ីតសំខាន់ៗ (MSBs) ខ្លួនឯងតែម្តង! គឺ​ចុចមួយគ្រឹប វាបំលែងឱ្យភា្លមៗ!»

ធីតារេភ្នែកគិតសន្សឹមៗ នាង​ងក់ក្បាលមួយៗហើយនិយាយរវើរវាយ៖

«ហ្សឺឌីរូបនេះ​ប្រាកដជាអ្វីមួយសំខាន់ខ្លាំងបានជាគាត់មិនទុកចិត្ត​អ្នកណាទាំងអស់!»

គេងក់ក្បាល៖

«ម៉ាស៊ីនទំនើបនេះ កំណត់ឡើងដោយពពួកIQ ដែលឆ្លាតវៃ អាចប្រើកូនសោលាក់ទិន្នន័យបាន​យ៉ាងល្អឥតខ្ចោះដោយប្រើតែម្រាមចុច។ រូបភាពដើមមិនដែលលេចចេញមកទេ គឺត្រូវបានកសាងឡើងវិញភ្លាម​ៗ​​ដោយលេខកូដអ៊ីនគ្រីបតាំងពីថតមកភ្លាម!  សមត្ថភាពបង្កប់និងលាក់កាន់តែខ្ពស់កាន់តែរហ័ស​ ការរុករកឡើងវិញកាន់តែពិបាក! ខ្ញុំរកកូដប៉ុន្មានយប់ហើយ​នៅតែដោះមិនចេញ   សូម្បីទាក់ទងទៅខាងអ្នក​ផលិត​វាឡើង!​»

នាង​គ្រវីក្បាលយឺតៗ ទាំងសម្លឹងនាយ​ហាក់ស្មុគស្មាញចិត្ត​។

«អូមែនហើយ​ហ្សឺឌី!»

នាង​ហៅដោយនឹកឃើញ​អ្វីមួយសំខាន់។ ឃើញគេសម្លឹងរង់ចាំស្តាប់ធីតាពោលបន្ថែម៖

«ប៉ូលិស​មូលដ្ឋានប្រាប់មកអធិការភារម្យថា​ពួកគេ​ រកឃើញអ្នកបងចរិយាហើយ!»

ហ្សឺឌីមិនបង្ហាញភាពភ្ញាក់ផ្អើលផ្អើលទេ។ គេនិយាយ បន្តពីនាង​៖

«ល្ងាចមិញនេះ!»

«ម៉េចដឹងលឿនម៉េះ!»

គេញញឹម ដៀងភ្នែកហាក់បន្ទោសដែលនាង​តែងយល់ថា ខ្លួនឆ្លាតវាងវៃ ​ក្លាហាន ​ហើយ​គិតថា អ្នកផងយឺត និងល្ងង់ជាងខ្លួន មើលរំលងបញ្ហា​ជាងខ្លួន បើមិនអ៊ីចឹង នាង​មិនមែន​មកដល់ផ្ទះនេះ គិតថា​​គ្រប់គ្នាក្នុងផ្ទះ មិនបាន​តាមដាន​មិនបាន​សង្ស័យ​អ្វីៗ​ដែលបានកើតឡើងលើគ្រួសារពូនាងនោះទេ។

គេគិតមិននិយាយ ហើយបង្វែរទៅរាយការណ៍បន្ត ៖

«ដោយសារថា ប៉ូលិស​រកបានកញ្ចុំផ្កាមួយក្នុងហោប៉ៅអាវម៉ៅ! ខ្ញុំដើរច្រើន ខ្ញុំស្គាល់កន្លែងដែលផ្កាពណ៌ស្វាយនោះដុះ!

«អូ! មែនតើ! ប្រាប់ហើយមែនអត់ថាពេលជួបម៉ៅ ខ្ញុំសម្គាល់ក្លិនក្រអូបចម្លែកនៅក្នុងបន្ទប់នោះ!»

ខាងប្រុសតបវិញ៖

«អ្នករតនគិរីខ្លះ​ក៏អត់ស្គាល់ថាវាជាផ្កាអីដែរបានជាប៉ូលិស​យកវាមកសួរនាំ ចៃដន្យខ្ញុំឃើញ​ ក៏ឆែក​រាល់រូបថតផ្កា​ដែលខ្ញុំដើរថតឱ្យម៉ាក់! ចុងក្រោយ​ប៉ូលិស​បានរកកន្លែងចរិយាឃើញ!»

នាង​ដឹងថា គេនេះចេះផ្គាប់ចិត្តម្តាយ ដោយដើរថតរូបផ្កាចម្លែកៗជាច្រើនទុកមករហូត បានជាគេអាចនឹកឃើញកន្លែងផ្កានោះដុះបាន។

«ល្អហើយ! នៅពេលរកឃើញបងចរិយាមានសភាពមិនខុសគ្នាជាមួយម៉ៅ ឬក៏ធឿនដែរមែនអត់?!»

«ខ្ញុំអត់បានសួរទេ ខ្ញុំហត់ពេករឿងម៉ាក់!»

នាង​ងក់ក្បាលប្រាប់គេវិញ៖

«តាមបង Ann ដែលនិយាយជាមួយអធិការភារម្យ ​​គឺសភាពពុលដូចគ្នាតែគាត់ស្រាលជាង! ខាង​មន្ទីរពេទ្យប្រាប់មកថា គាត់ដឹងខ្លួនហើយខាងប៉ូលិស​គេ​កំពុងតែជួបជាមួយគាត់!»

ទំនងជាដឹងខ្លួនមកវិញថាពាក្យពេចន៍ដូចជាកំពុងតែបន្ថែមទុក្ខព្រួយដល់បុរសនេះ នាងនិយាយ​កាត់វិញ៖

«មិនអីទេ! ឱ្យតែរួចជីវិតសិន! ហ្សឺឌីញ៉ាំបាយៗ ញ៉ាំបាយទៅហ្សឺឌី​ ខ្ញុំឈប់នាំ​និយាយរឿងពិបាកៗចិត្តហើយ!»

បុរសងក់ក្បាលផ្ងក់ៗ ហើយបន្តញ៉ាំអាហារមួយៗតំណាលគ្នាជាមួយនាង​។

ក្នុងចិត្ត​ធីតាវិញ នាងមិនបានស្ងប់ដូចសម្តី​លួងហឺ្សឌីទេ។  ខួរក្បាលដ៏ស្វាហាប់​របស់​នាងនៅតែបន្ត​​គិត​វិភាគ​ ចោទសួរ​ចុះឡើងនូវដំណើរដើមទង ដែលម៉ៅបាននិយាយ​និងសភាព​របស់ចរិយានៅពេលនេះ។

សម្ដីសំដៅ ពាក្យពេចន៍ដែលម៉ៅបាននិយាយប្រាប់ភារម្យ​នៅមុនពេលសន្លប់ ទំនងណាស់ថា​ គ្រប់យ៉ាងអាចជាការរៀបចំរបស់អ៊ំសំភិន ក្នុងការ​រើសយកម៉ៅដើម្បីឱ្យមកទទួលទោសជំនួសខ្លួន ដោយប្រើប្រាស់​បុរសក្មេង​ កូនអ្នកបម្រើឱ្យទៅចាប់បងថ្លៃខ្លួន ហើយបំពុលគេទាំងពីរ។ ប៉ុន្តែឥឡូវនេះ អ្វីៗអាច​នឹង​ត្រូវបានលាតត្រដាងច្បាស់ជាងនេះ ប្រសិនបានជួបជាមួយចរិយាផ្ទាល់មាត់។

នាង​រអ៊ូប្រាប់ហ្សឺឌី៖

«អ្នកបងដឹងរឿងច្រើនណាស់​ បានជាគាត់មានរឿងដល់ខ្លួន! តែគាត់មិននិយាយប្រាប់ខ្លះសោះ​ គាត់ថាខ្ញុំនេះមាត់ច្រើន មិនចេះលាក់ការណ៍ មាន​ចរិតក្មេង! មានតែគាត់ទេ​ដែលនិយាយអ៊ីចឹង! សរុបទៅ ខ្ញុំខំធ្វើការក៏ច្រើន អ្នកដែលលាក់បាំងការពិត​ពីខ្ញុំក៏មានច្រើន​!»

គ្រប់ចរិតលក្ខណៈ​កាយវិការ សម្តីសម្តៅរបស់នាង ហ្សឺឌីពិតជាទាក់ចិត្ត​ណាស់​ តាំងពីបានឃើញគ្នាដំបូងមកឯណោះ។​ សភាព​ស្មុគរបស់នាងមិនមែនជាអ្វីដែលខាងប្រុស​ចង់ឃើញ​ឡើយ គេនិយាយលួងលោម៖

«កុំទាន់អស់សង្ឃឹមមើល៍!  ចាំយប់នេះ ខ្ញុំព្យាយាមរឿងរូបថតហ្នឹងទៀត ថាមិនបាន​ស្អែកព្រឹក ពេលញ៉ាំ​កាហ្វេ​ជាមួយគ្នា ខ្ញុំមានលទ្ធផលមកឱ្យ!»

នាង​រេភ្នែកចេញ​ទាំងក្តាប់មាត់។ វាជាឱកាស​ល្អសម្រាប់គេតាមគយគន់សម្រស់ដ៏ពិសេស នៃនារីរឹងមាំហើយស្មោះសម្នាក់នេះ។

ស្នេហារបស់គេចំពោះនាង ​បង្ហាញមកត្រង់ៗពេកហើយ ។ ​ម្តាយគេកំពុងតែ​មានរឿង ខ្លួនគេទុក្ខសោក ឯយប់នេះគេថានឹង​រុករក​ហ្វាល់នោះឱ្យនាង​បន្ត​វាជាការងារធ្ងន់មួយ  តើមានអីមិនច្បាស់ទៀត?

នារីនេះផាត់សក់បំបាត់ភាពអៀនប្រៀន​ដូចជាកាយវិការដែលធ្វើឱ្យខាងប្រុសដឹងខ្លួនមកវិញ ហើយ​ងាកភ្នែកចេញធ្វើជាហូបបាយបន្ត។

«កុំបាច់បង្ខំក៏បានរឿងរូបហ្នឹង! ហើយស្អែកមិនបាន​កាហ្វេអីជាមួយគ្នាទេ​ ខ្ញុំមានការ​ត្រូវ​ជួបពេទ្យសាន!»

«ឈឺអី?!»

«អត់ទេ!​ គេទាក់ទងមក មានរឿងខ្លះអំពីបងវណ្ណរី!»

«និយាយម៉ានម៉ោង?!»

«ចេញពីគាត់​ខ្ញុំទៅរកអធិការភារម្យទៀត!»

ហ្សឺឌីធ្វើមុខស្មើ ៖

«ទៅៗ តែ​ប្រយ័ត្នផង! ពួកប៉ូលិសនិងពេទ្យ​ច្រើនតែតួចិត្តអាក្រក់នៅវគ្គចុងក្រោយ!»

នាង​ញញឹម​ធ្វើមិនដឹងនឹងពាក្យងរង៉ក់នេះ….

ជំពូកទី៣៥

កុំជឿលើអ្វីដែលអ្នកមើលឃើញ

មេឃងងឹតទៅហើយ មនុស្សម្នាលើផែនដី បាន​នាំគ្នា​​ស្រូបស្រង់អាហារ​ រកទីសម្រាកពីភាពអត់ធន់ នឿយហត់ពេញថ្ងៃចំពោះជីវិត តែដោយឡែកសម្រាប់តួនាទីជាប៉ូលិស ហើយស្ថិតក្នុងពេលវេលាដែលសំណុំរឿងព្រហ្មទណ្ឌបានបុករុក​សឹងរបើកមួក គេ​មិនស្តាប់បញ្ជាក្រពះ ឬសុខភាពរាងកាយអ្វីឡើយ​។​

អធិការ​ភារម្យ នៅក្នុងជំហានញាប់និងស្វាហាប់ដូចមនុស្សដែក គេបង្ហាញវត្តមានសារជាថ្មីក្នុងមន្ទីរពេទ្យខេត្ត ​ហើយដើរផងស្តាប់យោបល់សហការីម្នាក់ដ៏ជំនិតដែលកំពុង​ពន្យល់ផង៖

«ដំណាក់កាលនេះទៅហើយ គួរតែប្រាប់រឿងហេតុទាំងអស់របស់ជំទាវវតី្ត និងមនុស្សក្នុងផ្ទះក្រអូប រួមទាំងការស្លាប់របស់តាចាស់ពិការនោះផង!»

ភារម្យងក់ក្បាល។ គេក៏យល់ស្របដែរថា នេះគឺជាបច្ច័យដែលធ្វើឱ្យចរិយាព្រមបង្ហើបនិយាយនូវអ្វីៗទាំងអស់ក្នុងកញ្ចប់អាថ៌កំបាំងដែលនាង​បានលាក់លៀម ឱ្យប៉ូលិសបានដឹង។

«ត្រូវ! តាមចរិតរបស់ស្រីអ្នកមាន​ម្នាក់នេះ កំណាញ់សម្តីនិងមិនងាយនិយាយអ្វីចេញមកទេឌីណា!»​

គេធ្វើបន្ទោរវិញ​បែបនេះ ញ៉ាំងឱ្យសហការីឈ្មោះឌីណាកាន់តែហ៊ានជូនយោបល់ ៖

«ក្នុងសេណារីយ៉ូនេះ រឿងហេតុ​ដូចជា​កំពុងតែឈានដល់វគ្គ​បញ្ចប់ទៅហើយ! បើយើងបានចម្លើយមកពីគ្រប់ភាគី យើងនឹងអាចរកវិធី​ដោះស្រាយ​បិទចោលសំណុំរឿង​អស់ទាំងនេះបាន!»

«ឌីណាឯង ក៏គិតថា​អ៊ំសំភិនស្លាប់ដោយឃាតកម្ម?»

ឌីដៀងភ្នែកមើលមេ។ គេចង់ឆ្លើយភ្លាមៗតាមរយៈពន្លឺភ្នែកដ៏ចិញ្ចាចរបស់គេ តែគេទ្រាំលេបទុកវិញលែងនិយាយស្តី។ ភារម្យទាញគេថយតាមប្រលោះទ្វារជ្រុងខាងជើង ដែលតាមភ្នែកសម្លឹងក្រឡេកក្រឡាប់នេះ គេដឹងថាគ្មានអ្នកណាកំពុងតាមដានពួកខ្លួនឡើយ។

នៅក្រោមដើមជ្រៃងងឹត ឆ្ងាយពីពន្លឺភ្លើងគោម គេខ្សឹបតិចៗ៖

«គ្នាយើងមិនអីទេ?»

ឌីណាលេបទឹកមាត់ បំបាត់ភាពតឹងតែង។ ពាក្យ «គ្នាយើងមិនអី» គឺសំដៅថា​ពួកគេដឹងរឿងអីខ្លះ? មុនពេលឆ្លើយ គេត្រូវ​ឱនមុខបន្តិច​គេចចោល​កែវភ្នែក​ភ្លឺមុតនៃមេកោយ៖

«ពួកយើងគិតដល់បងឯង! ដៃយើងមិនដឹងបាំងការពិតបានត្រឹមណា តែយើងជ្រុលហើយ!​ យើងសម្អាតវាទៅ! គេអាចថា ប៉ូលិស​មិនបានធ្វើការ! តែយើងឈរខាងបង ពួកយើងទាំងអស់គ្នា!»

«ខ្ញុំមិនដែលគិតថា ​រឿងវារាលដាលធំដល់ថ្នាក់នេះទេ! អាចោលម្សៀតនោះ! អូខេ ឌីណា! ត្រូវពន្យល់ពួកគេជំនួស​ខ្ញុំផង! ខ្ញុំមិនដែលចង់ឱ្យមានអ្នកណាម្នាក់ស្លាប់ទេ!»

ឌីណាបើកភ្នែកភ្លឺទែងសម្លឹង​ភារម្យ។    នៅក្រោមភាពងងឹត    ​បុរសទាំងពីរកាន់តែឃើញ​មនោសញ្ចេតនា​របស់គ្នា​ទៅវិញទៅមក តាមរស្មីកែវភ្នែក។

«ទោះបងរម្យធ្វើខុសឬត្រូវ គ្នាយើងនៅខាងបងជានិច្ច!»

ភារម្យគំហកទាំងខាំមាត់ ទាំងតឹងតែង៖

«ខ្ញុំសួរថា​ឯងយល់ចិត្ត​ខ្ញុំឬអត់? ​អ្ហះ ឌីណា?!»

«ខ្ញុំយល់!​»

ភារម្យលិឍបបូរមាត់ខ្លួនឯង ព្រោះថាគេ​ចង់និយាយពន្យល់ ចង់បកស្រាយ​ច្រើនទៀតតែនិយាយមិនចេញ​។ ​គេតឹងតែងចិត្ត​ណាស់។ ​គេងាកចុះឡើង​ហើយច្រត់ចង្កេះ ដកដង្ហើមធំ ដោយ​ហត់​ៗ​។

«ស្នងការខេត្តដាក់សំណួរមកមិនឈប់ទេ!» ឌីណាខ្សឹបៗ។

ឌីណាធ្លោយរអ៊ូខ្លីៗខ្សឹបៗសោះ ​តែភារម្យបែរមកវិញភ្លាម៖

«បើមានរឿង​ខ្ញុំទទួលម្នាក់ឯង! ​អត់ពាក់ព័ន្ធពួកយើងទេ!»

«មេកុំនិយាយអ៊ីចឹង! យើងជិះទូកនេះជាមួយគ្នា! ខ្ញុំមិនភ្លេចទេគុណ ដែលមេបានធ្វើមកលើពួកយើងទេ! ​មេមិនមែន​តួចិត្ត​អាក្រក់ដូចគេគិតឡើយ! ទោះស្នងការខេត្ត ឬអគ្គស្នងការនៅភ្នំពេញ​​ដាក់មនុស្ស​ចុះមកឆែកទៀតក៏នៅតែ គ្មា​នទេតម្រុយ គ្មានអីសល់ទេ​! យើងមិនធ្វើ  យើងមិនពាក់ព័ន្ធ យើងមិនជាប់ឧក្រិដ្ឋអីទាំងអស់មេ!»

«ខ្ញុំឱ្យគេដកតួនាទី ដេញ​ចោលចុះ!»

«គ្មានរឿងអ៊ីចឹងកើតឡើងទេ! អ្នកផ្ទះនោះ បាន​ដកពាក្យបណ្តឹងខ្លួនគេ​! ខ្ញុំចង់និយាយពីជំទាវចរិយាម្នាក់នោះ! ជាការសម្រេចចិត្ត​របស់ពួកគេ!​ យើងបានខំហើយ!»

ភារម្យនៅស្ងៀម ងាកសម្លឹងគូកន។ គេហាក់ទប់ស្កាត់ភាព​ជ្រួលច្រាលបានឡើងវិញបណ្តើរៗ មុនពេល​លើកដៃមក​​ទះស្មាឌីណាមួយៗ។

តោះ!

សារជាថ្មីពួកគេនាំគ្នា​វិលមកក្នុងមន្ទីរពេទ្យវិញ ហើយគោលដៅ គឺអាគារសង្គ្រោះបន្ទាន់។

ឌីណានៅតែឆ្លៀតឱនមកខ្សឹប៖

«យើងប្រយ័ត្នសម្តីបន្តិច ​ម្នាក់ស្រីនេះ ឆ្លាតណាស់​ក្នុងចំណោមអ្នកនៅផ្ទះក្រអូប!»

ស្តាប់ហើយ ចិត្តអធិការ​រេនឹកភ្លាមដល់ស្រីស្អាតម្នាក់ ដែលមើលទៅល្ងង់ៗ ស៊ូៗ​ ហើយទៀងត្រង់ក្នុងកែវភ្នែកនាយ​។ នាងទំនងជាកូនស្រីគ្រួសារធូរធារមួយដែលធំមកស្មានថា គ្រប់យ៉ាងតែងតែរៀបរយដូចដែលនាង​ចង់ឃើញ។ នារីអ្នកកាសែត​បានចំណាយពេលមួយរាត្រីនៅទីស្នាក់ការខ្លួន​ ហើយ​មានរឿងជាច្រើនដែលខ្លួន​បានចារជាប់ក្នុងចិត្តអំពីពាក្យសម្តីរបស់នាង​។

«ធីតា! ក្មេងស្រី​ដ៏ល្អ! ខ្ញុំធ្វើខុស​ចំពោះនាងច្រើនដល់ថ្នាក់ សូម្បីតែហាប្រាប់ខ្លួនឯងថា ស្រលាញ់នាងក៏ខ្ញុំមិនហ៊ាន​ផង ​កុំថាឡើយឱ្យនាង​ដឹង!»

គេគិតទាំងស្រពោន។

ប៉ូលិសទាំងទ្វេ​មកដល់បន្ទប់មួយ ដែលត្រូវបានរៀបចំឡើងសម្រាប់តែជំទាវចរិយាម្នាក់ឯង។ ឌីណា​លើកដៃគោះឱ្យសញ្ញាហើយងាកមកប្រាប់​ «ខ្ញុំចាំនៅក្រៅមេ!»។

ភារម្យមិនឆ្លើយគេរុញទ្វារចូល។

ស្ត្រីរូបស្អាតអង្គុយបែរខ្នង។ សភាពនាង​គឺ​បើកភ្នែកសម្លឹងទៅឆ្ងាយតាមរយៈបង្អួច។ ភារម្យក្រឡេកឃើញបាយល្ងាចនៅទុកចោលលើតុចុងជើង​មិនមាន​ប៉ះពាល់ទេសូម្បីទឹក។

«បើជំទាវត្រូវការបាយម្ហូបពីក្រៅ អាចប្រាប់ខ្ញុំបាន! អ្វី​ក៏ដោយដែលចាំបាច់!»​

ពិតមែនតែគេគួរសម តែនាងមិនបានឆ្លើយថែមទាំង​មិនងាក។

ភារម្យ​ឈានចូលទៅរកកៅអីនៅជ្រុងស្តាំដៃ​ហើយលើកមកក្បែរគ្រែ។

«ខ្ញុំឈ្មោះភារម្យ!»

«ចា៎ ធ្លាប់ជួបគ្នាហើយ!»

នាងឆ្លើយស្លូតបូតហើយងាកយឺតៗ​សម្លឹងមកកាន់នាយប៉ូលិស។ គេដឹងថា កែវភ្នែក​នាងបង្កប់នូវ​សភាពតឹងតែងមួយ​ដែល នាង​ពិតជា​មានរឿងចង់និយាយតែ​ក៏មានចិត្តចង់លាក់  អ៊ីចឹងចរិយាកំពុងតែនៅទីទើរ ស្មុគស្មាញ ច្របូកច្របល់។