MSTWriter​រដូវកាលទី៦ – Meysansotheary

រឿង៖ ព្រះអង្គម្ចាស់ឆ្លងភព
ជាវេលាដែលហ្សាលី​បានរង់ចាំអស់ប្រមាណជា១៨ឆ្នាំមកហើយ។ គ្រួសារនាងទាំងមូលតែងតែគាំទ្រនាងឱ្យក្លាយជាអ្នកសិល្ប។

ដៃស្រី ​កែ​សម្រួល​ផ្នត់នៃ​រ៉ូប​សូត្រ​ដ៏​ប្រណិត​សណ៌ស្វាយខ្ចី បន្ទាប់ពីបានសម្រាកចេញពី​ការថត​ឈុត​ខ្លីៗ​។​ ពណ៌​មាសនៃព្រះទិនករ​ចែងចាំងលម្អមកលើប្រាង្គ​​ប្រាសាទ​ខ្មែរ ជា​ទិដ្ឋភាព​ដ៏ប្រណីត មិនថាមកប៉ុន្មាន​ដង ចិត្ត​នេះនៅតែគួរជាទីគយគន់ និង​​ភ្ញាក់​ផ្អើលចង់តែថតផ្តិត។

​សម្រាប់ឱកាស​ថតជា​មួយផលិតកម្ម​អន្តរជាតិ​ធំ​ដំបូង​របស់​នាងតរុណីយើង រមែងតែងបាន​ប្តេជ្ញាចិត្ត​ថា នឹង​បង្ហាញ​ទេពកោសល្យ​របស់​នាង​ឱ្យ​ឃើញទៅដល់​ពិភពលោក។ យ៉ាងណាក៏ដោយ នៅពេលដែលក្រមុំបានឱនមកពិនិត្យ​អត្ថបទភាពយន្តដ៏វែងអន្លាយនោះ អ្វីមួយអំពីប្រាសាទបុរាណបានធ្វើឱ្យនាងចាប់អារម្មណ៍។

ដូចជាអ្នកណាម្នាក់នៅទីនោះ…គេកំពុងមើលមកនាង​…ក្នុង​ចំណោម​ក្រុម​កាងារ​កំពុងប្រញឹករៀបចំឆាកសម្រាប់ថត​ ហ្សាលីបានក្រឡេកផុតពីពួកគេ​ទៅនាង​ឃើញ…ពីចម្ងាយនេះទៅ…បុរស​ម្នាក់​ឈរបង្ហាញខ្លួនយ៉ាងសង្ហា​និង…ទាក់ទាញ។

ឥរិយាបថរបស់គេនោះ គឺសមរម្យណាស់។ ចលនារបស់គេដោយចេតនាគឺញញឹមមករកនាង។ ការស្លៀកពាក់ ទោះបីជារចនាលាយបញ្ចូលគ្នាបុរណានិងសម័យ ក៏គ្រប់គ្រាន់ដើម្បីមើលទៅដូចជាផ្នែកមួយនៃការច្នៃម៉ូតឬអាចថា​ជាតួសម្រាប់ផលិតកម្មទោះនាង​នឹកមិនឃើញថាជាអ្នកណាក៏ដោយ។

លក្ខណៈ​ពិសេស​របស់​គេគឺ ស្បែកដែលស្រគាំរលោងសឹងប្រៀបបាននឹង​ពណ៌​សំរិទ្ធ និង​ហើយភ្នែក​ដ៏មុតថ្លា​សម្លឹងមកចំៗបាន​ធ្វើ​ឱ្យ​ហ្សាលីត្រូវ​ផ្អាកកាយវិកា​ទៅជាភាំងៗ។

«ប្រុសម្នាក់នោះ…ជា…អ្នកណា?»

នាងបានឱនមកខ្សឹបសួរជំនួយការរបស់នាងដែលកំពុងជួយសម្រួលក្បិន។  ជំនួយការងើបមុខមើលបន្តិចទើបគ្រវីក្បាលឆ្ងល់ដែរ៖

«តួថ្មី? ឮមកថា មានជួលតួថែមមកពីក្រៅពីរបីនាក់!!»

ប៉ុន្តែហ្សាលី មិន​អាច​ទាញការអង្រួន​អារម្មណ៍​លើវត្តមាន​ប្រុសស្អាតប្លែកបានងាយទេ។

ខណៈ​ដែលអ្នកដឹកនាំរឿងស្រែកប្រកាសឱ្យក្រុមផ្អាក បានសម្រាកបន្តិច​ នាង​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​ជិត​គេ។

«សួស្តី!» នាងនិយាយទាំងសំឡេងកក់ក្តៅ ស្រទន់ ប៉ុន្តែចង់ដឹងចង់ស្គាល់។

«ខ្ញុំហ្សាលី! តើ…ហើយដើរតួអីដែរ?»

បុរស​នោះ​ងាក​មក​រក​នាង​ទាំងកែវភ្នែកពេញចិត្ត​ជាខ្លាំង។ ការមួយនេះ គឺដូចជាមានចិត្តមិនខុសពីជម្រៅបេះដូងរបស់នាងទេ ពួកគេដូចជាសន្និវាស បានគូសតែងឱ្យមកចួបគ្នា។

​ជាមួយការសម្លឹងដែលមិនឆ្អែត​បុរសបានឆ្លើយតបថា៖

«ខ្ញុំ…ណារ៉េត!»

ទឹកដមសំឡេងរបស់គេស្រទន់និងមានអត្ថន័យពេញចិត្ត​ពេញថ្លើមនឹងវត្តមាន​ខាងស្រី។

ស្នេហា​ផ្លេកបន្ទោរដែលជ្រាលជ្រៅមួយបញ្ចេញសំឡេងយ៉ាងរហ័សជាសម្ងាត់លើពួកគេ ដែលហាក់ដូចជា មិនធ្លាប់ព្រាងទុកមក។

«ខ្ញុំមកមើលគេថតទេ!»

ចម្លើយបន្ថែមធ្វើឱ្យនាងរឹតភ្ញាក់ផ្អើល។ នាង​ចង់ដឹងថា​អ្នកដឹកនាំរឿងបានឃើញបុរសនេះកាលណាគិតដូចនាងដែរទេ ទស្សនិកជនអីក៏សង្ហាម៉្លេះ?

ប្រុសម្នាក់ចម្លែកនេះ​សម្លឹងស្នាមញញឹម​របស់នាងកាន់តែស៊ីជម្រៅ។ ខាងនាងវិញនឹកឆ្ងល់ម្នាក់ឯងថា តើ​គេ​នេះ​ជា​នរណា ហើយ​ហេតុ​អ្វី​បាន​​ហាក់​ដូច​ជាមានសម្រស់ស្មើក្សត្របុរាណ ទាំងរូបរាង ពណ៌សម្បុរនិងការនិយាយស្តីថ្លៃថ្នូរ​រៀបរយ?

«មកវិញ! ឆាប់ថត មេឃជិតភ្លៀងហើយ!»

នាង​ត្រូវចាកចោលគូសន្ទនាទាំងចិត្តមិនចង់ទេ។

លុះដល់ល្ងាចនោះ ខណៈដែលក្រុមការងារ កំពុងពួតដៃគ្នា​រៀបចអីវ៉ាន់ហ្សាលី ឃើញថា ខ្លួននាងត្រូវបានអ្វីម្យ៉ាងអន្ទងទាញចូលទៅក្នុងប្រាសាទដោយមិនដឹងខ្លួន។

នាង​ដើរយ៉ាងស្រាល តែរហ័សដូចស្គាល់តំបន់នេះច្បាស់ណាស់ទាំងមិនដែលមកទីនេះសោះពីមុនមក។

ខាងក្នុង​នេះខ្យល់ហាក់បីដូចជា ត្រជាក់ជាងសីតុណ្ហភាពនៅក្រៅ។

មេឃនៅក្រៅ ទើបតែអស្តង្គត​ទេ ចុះម្តេចក៏ទីនេះ​ផ្តើមងងឹតទៅហើយ? គ្រប់យ៉ាងមើលទៅគួរឱ្យខ្លាច ព្រោះក្រឡេកមកក៏បានប្រទះឃើញចម្លាក់ថ្មប្រាសាទ ហាក់ដូចជាភ្លឺឡើងៗ និងរស់រវើកឡើងៗនៅក្រោមពន្លឺភ្លើងគប់។

រកផ្លូវចេញវិញសិន! នៅមិននៅហេតុអ្វីបានជាយើងត្រូវមកទីនេះ មកធ្វើអី វរគឺវរហើយ។

ងាកមកទាំងស្លឺតស្លក់ នាងក៏ឈប់ដំណើរដោយក្តី​ភ្ញាក់ផ្អើលព្រោះពីនេះទៅមុខ​ស្រាប់តែក្រឡេកឃើញ​​ណារ៉េត។

គេ…ពិតមែន! គេ​​នៅ​ទី​នោះពិតមែន​ ដោយ​ឈរស្ងាត់​ស្ងៀម​នៅនឹង​មុខ​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័នទី៧ ដែល​ជា​ព្រះចៅ​អធិរាជដ៏​អស្ចារ្យ​បំផុតនៃ​​អាណាចក្រ​ខ្មែរ។

«ណារ៉េត?»

ហ្សាលីនិយាយដោយបំបែកភាពស្ងៀមស្ងាត់។

ណារ៉េត​ងាក​មក​រក​នាង​ទាំង​ទឹក​មុខ​ភ្លឺថ្លាមាត់គេនិយាយ៖

«មើលចុះហ្សាលី! ទ្រង់ ជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់របស់ខ្មែរ! ទ្រង់វាងវៃ និងយុត្តិធម៌ជាមួយចក្ខុវិស័យដែលបានបន្សល់នូវភាពអស្ចារ្យមកទល់ឥឡូវ!»

ហ្សាលីភ្លឹក​។ គេនេះ នៅមិននៅមកនិយាយដូចជាអ្នកបុរាណវិទ្យា ឬអ្នកស្គាល់ប្រវត្តិសាវតា នៃព្រះចៅអធិរាជច្បាស់?

នាងឈានតិចៗ ខណៈបុរសនោះលេចស្នាម​ញញឹម​​លើ​បបូរមាត់សង្ហា​របស់គេ។

​ណារ៉េត ហុចរបស់មួយមកឱ្យនាង។ ​អ្វីមួយ ធ្វើ​ពី​មាស និង​ឆ្លាក់​ដោយ​និមិត្តសញ្ញាបុរាណ​សែន​​ស្មុគស្មាញ។

«អីគេហ្នឹង?»

នាងខ្សឹប​​សួរ​ដោយ​ឈានក្បែរ​តាម​​សភាវគតិឆ្ងល់។ បុរសនិយាយស្រាលៗ៖

«អនុស្សាវរីយ៍ល្អឯកនៃរាជនគរ! គ្រួសារខ្ញុំ! មាន​គន្លឹះនៃរឿងជាច្រើនបង្កប់ក្នុងនិម្មិតសញ្ញានេះ!»

ជាមួយនឹង​ការចង់ដឹងចង់ឃើញ នាងពិនិត្យបុរាណវត្ថុសែនមានតម្លៃ ហើយមិនយូរមិនឆាប់​​ទឹកមុខនិងកែវភ្នែករបស់នាងដែលងើបមកបានប្រែទៅជាការសង្ស័យសន្សឹមៗ។

«តើ…ណារ៉េត! ជា…ជានរណា?»

ណារ៉េត​បានថ្ពក់កែវភ្នែក​ចួប​នឹង​ការ​ក្រឡេក​មើល​របស់​នាង ហើយ​ជា​លើក​ដំបូង​ដែល​ហ្សាលី មានអារម្មណ៍ចុះចាញ់នឹងអំណាចស្នេហ៍ក្នុងកែវ​ភ្នែក​របស់​គេ។

គេខ្សឹប…«បើខ្ញុំនិយាយការពិត តើ…ហ្សាលី…ជឿខ្ញុំដែរទេ?»

ដោយក្តីសង្ស័យ នាង​សម្លឹងគេមិនមាត់មិនក។

«ខ្ញុំ…ខ្ញុំសុំទៅក្រៅវិញហើយ!»

នាង​ថាបែបនោះមែន តែក្រោយមកបែរជាឃើញខ្លួនឯង​អង្គុយ​ផ្អៀង​ជើង​លើ​ខឿន​ថ្មទាំងរបស់នោះក្តោប​ភ្លឺទែង​ក្នុង​ដៃ។

ទីបំផុត ណារ៉េត បាន​ឱកាស​​រៀបរាប់ប្រាប់​នាង​ពី​រឿង​របស់​គេថា ជា​រឿងមួយ​មិន​គួរ​ឱ្យ​ជឿព្រោះហេតុភេទ​​ដូចគ្នាទៅនឹង​ទេវកថា។

«ប្រមាណមួយពាន់ឆ្នាំមុន» គេបានចាប់ផ្តើមហើយបន្តរៀបរាប់ទៅកាន់ភ្នែកភ្លឺផ្លេកៗរបស់នាង​ទៀតថា៖

«យើង​នេះ គឺជាព្រះអង្គម្ចាស់មួយអង្គ នៃអាណាចក្រខ្មែរ»

នាងលេបទឹកមាត់ភ័យ ព្រោះគិតថា យល់សប្តិច្បាស់ហើយតែនាងមិនអាចទៅណាបាន។ គេនិយាយទៀត៖

«នៅយប់មួយពេញបូណ៌មី! បិតាបានប្រារព្ធរាជពិធីមួយដើម្បីស្វែងរកពរជ័យសម្រាប់រាជនគរនិងមេទ័ពធំៗតាមព្រំប្រទល់ដែនសីម៉ារបស់យើង! ប៉ុន្តែមានអ្វីមួយខុសប្រក្រតីកើតឡើង! ផ្ទៃមេឃស្រាប់តែរហែកបើកហើយយើងនេះត្រូវបានកួចចូលទៅកាន់ពិភពលោកមួយផ្សេង ដែលយើងគិតក៏មិនយល់»

ហ្សាលីស្ទាបមុខ​របស់​ខ្លួន ស្វែងរក​សញ្ញាថា​នេះជាការពិតឬសុបិន​បំភាន់​តែ​នាងពិតជាក្តិចទៅឈឺ។

ស្រីបែកញើសហើយនិយាយ៖

«គិតថា ចង់ឱ្យខ្ញុំជឿ…ថា…ខ្លួន…ឆ្លង…ឆ្លងភពមក?»

ណារ៉េតព្រិចភ្នែក​ហើយ សម្លឹងនាង​ស្រទន់ៗ។ នាងងាកចេញថែមទាំងនិយាយបន្លប់៖

«កុំលេងសើចជាមួយរាជវង្សថ្លៃថ្លានៅទីនេះ!»

«ព័ស្តុតាងនៅក្នុងដៃនាង!»

គេនិយាយខ្សឹបៗក្រអួនៗក្នុងបេះដូងហ្សាលី។ នារីជាអ្នកសិល្បឱន​មករក​មេដាយក្នុងបាតដៃដែលភ្លែលឡើងរន្ទាលៗជាលំដាប់។

«នេះ គឺជានិមិត្តសញ្ញាផ្កាយ និងថាមពលដែលអាចគ្រប់គ្រងពេលវេលា បើគ្មានវាទេ ខ្ញុំនឹងមិនអាចមកចួបនាង​នៅទីនេះបានទេ»

នាងទៅជា​ចង់​សើច ព្រោះចង់ប្រាប់ខ្លួនឯងថា​លេងកុនច្រើន អានអត្ថបទឆ្លងភពច្រើន​ ពេលនេះបានមកដេកយល់សប្តិ តែបេះដូងនាងមានសន្ធឹកអ្វីមួយប្លែក។

បើជាយល់សប្តិក៏មិនទុកថាជាការយល់សប្តិធម្មតាដែរ។

«ជឿខ្ញុំដែរ?»

គេសួរមកធ្វើឱ្យនាងងើបមុខទៅសម្លឹងភ្នែកស្រទន់របស់គេ​។ ជ្រៅទៅៗ ហើយទំនាក់ទំនងខ្សែនេត្រានេះ ដូចជាអ្វីមួយ អំពីគេធ្វើឱ្យនាងវាក់។

អាកប្បកិរិយារបស់គេ…ចំណេះបុរសនេះ កាយសម្បទា  វត្តមានរបស់គេក្នុងរបៀបបែបនេះមានអារម្មណ៍ថា…បុរាណ។

តួស្រីនិយាយ​យឺតៗសឹងមិនស្តាប់ឮ៖

«​បើ​សម្តីទាំងនេះ​ជា​ការពិត ចុះហេតុអ្វី​បានជាមក…នៅកន្លែងនេះ​?​ ម្តេច…​មិនវិលទៅអាណាចក្រខ្មែរវិញ?»

មុខគេ​ គឺណារ៉េត​ងងឹតឈឹង។

«វិលមិនបាន! ​ខ្ញុំ​ជាប់គាំង​ហើយ»

គេនាំនាងទៅកាន់វីឡាបុរាណមួយ​ក្បែរៗប្រាសាទដោយមានឡាន​បារាំងនិងអ្នកបើកបរដូចជាគេពិតជាមកពីគ្រួសារអភិជនជាន់ខ្ពស់។

មកដល់ហើយ​គេបានអញ្ជើញនាង​អង្គុយ ហើយពិសារអាហារ​នឹង​បានណែនាំនាង​អំពីសម័យកាលចាស់​ខណៈនាងក៏ប្រាប់វិញ អំពីភាពអស្ចារ្យនៃពិភពសម័យទំនើប      ចាប់ពីចរន្តអគ្គិសនី រហូតដល់បទភ្លេងនិងAI។

ហ្សាលីបានចាក់ទូរសព្ទឱ្យគេស្តាប់បណ្តាបទចម្រៀងដែលនាងចូលចិត្ត។ រាត្រីនេះជាពេលវេលា​ល្អបំផុតសម្រាប់មាណវីយើងព្រោះជាលើកដំបូងក្នុងជីវិតដែលបានចែករំលែករឿងរ៉ាវនៃពេលវេលាខុសសម័យកាលជាមួយគ្នាដោយស្និទ្ធស្នាលបំផុត​។

នាង​ចូលចិត្ត​រឿងដែលគេបាននិទាននូវភាពអស្ចារ្យ សេចក្តីក្លាហានការពារជាតិ  និងភាពសាមញ្ញនៃជីវិតរស់នៅដោយសុខដុមជាមួយធម្មជាតិ។ ទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅជាមួយនឹងពេលវេលាដែលឆ្លងកាត់យឺតៗមកជាមួយគ្នា។

ណារ៉េតបានពោល​ កោតសរសើរចំពោះភាពរឹងមាំ និងឯករាជ្យភាពរបស់នារីយើង ដែលជាគុណសម្បត្តិដ៏កម្រមិនងាយមាន​ក្នុងចំណោមនារីនាសម័យកាលពិតរបស់គេ។

ផ្ទុយទៅវិញ ហ្សាលីត្រូវបានបុរសនេះទាក់ទាញដោយប្រាជ្ញានិងភាពថ្លៃថ្នូរបស់គេដែរ។

«អូ! ជិតភ្លឺហើយ ខ្ញុំត្រូវទៅថតវិញ! គេមានឆាកមើលថ្ងៃរះលើភ្នំ អូ! ពួកគេរកខ្ញុំណាស់ហើយ!»

ណារ៉េតស្រពោន តែគេបានជូននាង​ដល់ឡាន​។

គេឈរនៅទីនោះ វីឡាបុរាណនិងលក្រអូបក្លិនចម្ប៉ា។ រថយន្តជូននាង​ចាកចេញដល់គោលដៅ តែចិត្តនាងទន្ទេញចង់ចួបគេ។

បន្ទាប់ពីនោះមក ហ្សាលីមិនដែលឮអ្នកណានិយាយឬធ្លាប់ឃើញមនុស្សប្រុសឈ្មោះណារ៉េតទេ។

នាង​មិនអស់ចិត្ត​ឡើយ។ វាមិនមែនជាសុបិនដាច់ខាត។

ប៉ុន្មាន​ខែក្រោយៗមក នាងបានមកលេងខេត្តនេះ។ ហើយប្រាសាទបុរាណដែលឥឡូវនេះត្រូវបានបំភ្លឺដោយពន្លឺនៃផ្កាយរាប់មិនអស់ ហាក់ដូចជាបង្ហាញនាងថា អនុស្សាវរីយ៍និងក្បាច់ចម្លាក់ មានព្រលឹងនៅរស់។

បើនាងនិយាយ គេនឹងថានាងឆ្កួត តែនាងវិញ គឺច្បាស់ចំពោះបេះដូងខ្លួនឯង។

នាងជិះច្រើនលើកហើយ រកមិនឃើញវីឡារបស់គេទេ។

ថ្ងៃមួយមាន​ការសម្ពោធតាំង​សារៈមន្ទីរថ្មី។ អ្វីមួយខ្សឹបនាង​ឱ្យចង់ចូលទស្សនា។

ចម្លាក់នៅលើជញ្ជាំងថ្មដែលនាង​ភ្លឹកមើល បានបញ្ចេញជាពន្លឺតិចៗ ហាក់បីដូចជាមានថាមពលនៃសតវត្សចាស់។

ទឹក​ភ្នែក​ស្រក់​លើ​មុខ​ហ្សាលី  ពេល​នាងនឹកឃើញកែវភ្នែក​​ណារ៉េត។ ម្រាម​ដៃនាង​ញ័រ​ពេលប៉ះលើចម្លាក់ នាងខ្សឹប​ញ័រ៖

«ខ្ញុំនេះមានរឿងអី? ខ្ញុំជាមនុស្ស​មានបញ្ហា​សតិឬម៉េច?»

បន្តិចមកនាងដកដៃហើយជូតទឹកភ្នែក៖

«តែខ្ញុំ មិនស្តាយក្រោយទេ!»

របស់មួយបង្ហាញខ្លួនលើខ្នងទូកញ្ចក់ពីចុងម្ខាង។ នាង​ងាកទៅ ហើយសឹងគាំងដង្ហើម។

ហ្សាលីមើលស្គាល់នូវ​មេដាយ​តូច​មួយ​ដែល​ស្រដៀង​គ្នា​នឹង…​នាងឈានទៅ ដូចកំពុងអណ្តែតខ្លួន។ ទីនេះគ្មានអ្នកណាទេ។

នាង​បានលូកដៃរកប៉ះរបស់នោះ តែវាថ្លៃពេកណាស់​អ្នកភ្លេចវាលើនេះ?

«នេះគឺជាអំណោយ​របស់យើងចំពោះនាង! ថ្ងៃណាមួយ យើងនឹងចួបគ្នា! ពេល​វេលា​មិន​អាច​ធ្វើ​ឱ្យ​យើង​បែក​គ្នា​រហូត​បាន​ទេ» អ្នកណាម្នាក់និយាយបែបនេះប្រាប់នាង​តែនាងមិនឃើញអ្នកណាទាំងអស់ កើតសង្ស័យសូម្បីតែត្រចៀកខ្លួនឯង។

នាង​ក្តាប់របស់នេះដាក់ក្បែរ​ទ្រូងហើយ​យំ​ញ័រ​ខ្លួន។

«ណារ៉េត!»​ ហ្សាលី​ខ្សឹបជាមួយ​សំឡេង​ដែលនៅតែក្នុងចិត្ត​យ៉ាងជ្រៅមិន​បែក​ធ្លាយតែនាង​ងាករេមើលជុំវិញ។

«មិននៅក្នុងជីវិតនេះ ឬជីវិតណាផ្សេងទៀតទេ យើងនឹងចួបគ្នា!»

ស្រីខ្សឹបប្រាប់បេះដូងហើយបិទភ្នែកដែលប្រៃផ្សា។ មានអារម្មណ៍ថា មានក្លិនខ្លឹមចន្ទលើខ្លួនគេ ដែលនាងចាំបាន​គឺ ណារ៉េតបានឱនមក​​ចុច​ថើប​ថ្នមៗ​លើ​ថ្ងាស​របស់​នាង ។

នាង​បើកភ្នែកមកវិញមួយរំពេចដើម្បីរេក្រឡេកមើលយ៉ាងក្រៀមក្រំជាចុងក្រោយមុនពេល​ឈានជើងចេញពីទីនេះ។

«វាជាការស្រមៃ តែមានសុភមង្គលណាស់!»

ពេលចេញមកក្រៅនាងសាកសួរបុគ្គលិកតែគ្មានអ្នកណាស្គាល់វត្តុនោះទេ។ នាងប្រគល់វាហើយចាកចេញដោយ​បេះដូង​​លោត​ញាប់។

ប៉ុន្មាន​ថ្ងៃក្រោយមក នាង​ទទួលបានអំណោយមួយប្រអប់​ដែលមាន​វត្ថុដដែលជាប់នឹងខ្សែករមាសតូចស្អាត ផ្ញើមកដល់កន្លែងថតកុន។

បន្ទះនៅក្រោមចម្លាក់បានសរសេរថា ណារ៉េត។

នាង​យំ ហើយពាក់របស់នេះជាប់ទ្រូង។ ពីរឆ្នាំក្រោយនាងបាន​រកឃើញស្លឹករឹត​ដែលថតមកដោយជនជាតិបារាំងជាមួយនឹង​រឿងព្រេងនៃការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ព្រះអង្គម្ចាស់រាជទ័យយគ្គនារ៉េតរាម។

កែវ​ភ្នែក​របស់ហ្សាលី​ពោរពេញ​ទៅ​ដោយ​ទឹក​ភ្នែក។

អានហើយអានទៀតរាប់រយដងក៏ចិត្ត​របស់​នាង​ហូរអមជាមួយទឹកភ្នែក ​ពេញ​ដោយ​ការ​ចង​ចាំ។

ខ្យល់ក្តៅមួយរំពេចបានបក់មកប៉ះស្រាលៗលើថ្ពាល់នាង ទោះបីជាគ្មានបង្អួចបើកក៏ដោយ។ ហ្សាលីនាងបិទភ្នែក ប៉ុន្តែពេលនាងបើកឡើងវិញ បុរសម្នាក់កំពុងតែបានឈរមើលនាង ក្នុងរាងកាយជាមនុស្ស ពោរពេញដោយភាពទន់ភ្លន់និងស្រស់សង្ហា​។
គេយកដៃមកប៉ះលើថ្ងាសនាង។

អាវគេជាអាវពេទ្យ។

នាងឈឺច្រើនថ្ងៃហើយ។ ស្ទើរតែមិនបើកភ្នែកព្រោះជាប់ក្នុងក្តីភាន់ភាំង ហ្សាលីហារមិនចេញបានត្រឹមសម្លឹងមើល។ ណារ៉េតម្នាក់នេះជាមនុស្ស? យើងឈឺដល់មើលគេវង្វេងឬគេពិតមែន។

ពេទ្យប្រុសញញឹម​ ហើយនិយាយស្រទន់ៗ៖

«ស្នេហារបស់យើងបានឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងអស់ហើយ ឥឡូវនេះមកធ្វើជាព្រះនាង យើងទេ ជាភរិយាយើង!»

ទឹកភ្នែកមួយឆ្វាច ធ្លាក់ហូរចុះតាម​ថ្ពាល់សងខាងរបស់នាង ប៉ុន្តែបបូរមាត់នាងបានញញឹម។ ហ្សាលីដឹងថា មិនមែនជាការស្រមៃទេ។ នេះជាការពិត។

ស្នេហារបស់ពួកគេបានឆ្លងកាត់ពេលវេលា កើតឡើងវិញក្នុងជីវិតមួយថ្មី។

ខ្ញុំនៅកន្លែងណា?

«ឆ្នាំ១៨៥០»គេឆ្លើយ។

ពេលនាងក្រោកមកវិញ នាងកំពុងស្ថិតក្នុងសម័យកាលមួយផ្សេង។ ពួកគេដើរចេញពីបន្ទប់ពេទ្យ មកផ្ទះវីឡាមួយមានរចនាបថបារាំង មានបាវព្រាវក្នុងឈុត​បុរាណ​រង់ចាំទទួលនិងបម្រើ។

មិនថាកើតប៉ុន្មានជាតិ ក៏គេនេះនៅតែជាបុរសអភិជន​មានអំណាចនិងយសសក្តា។

មេដាយស្ថិតលើបន្តោងជុំវិញករបស់នាងភ្លឺរលោង ដូចជាសញ្ញានៃព្រលឹងស្នេហា ដែលពួកគេបានចែករំលែកក្នុងស្ថានភាពថ្មីជាស្វាមីនិងភរិយា។

«បងបានសម្រេចវិជ្ជាការបញ្ជាពេលវេលា! នាងមើលចុះ! នាងចង់ទៅអាណាចក្រខ្មែរវិញជាមួយបង ឬនៅឆ្នាំ១៨៥០នេះជាប្តីប្រពន្ធ ឬឆ្នាំ២០២៥ ជាមនុស្ស​ទើបនឹងស្គាល់គ្នា?»

នាង​ញញឹមសម្លឹងភ្នែកគេ។

«មួយណាក៏ល្អទាំងអស់!»

ចប់

រឿង៖ រត់គេច
នាព្រឹកថ្ងៃមួយ ខ្ញុំភ្ញាក់ដោយអារម្មណ៍ធេងធោង ព្រោះមនុស្សមិនទាន់ដាច់ស្វាងងងុយពីយប់មិញសោះ។ ខ្ញុំស្ទើរតែមិនចង់បើកភ្នែក ភ្ញាក់ក្រោកពីគ្រែគេងខ្លួនឯងឡើយ ប៉ុន្ដែពេលក្រឡេកម៉ោងនាឡិការោទ៍ ដែលដាក់នៅក្បែរក្បាលដំណេករបស់ខ្លួននោះ វាចង្អុលម៉ោង ៦និង៣០ នាទីព្រឹកទៅហើយ។

រឿងដែលចម្លែក គឺទ្រនិចវិនាទីមិនកម្រើក ដើរទៅមុខសោះ…វាហាក់ដូចជានាឡិកាអស់ថ្ម។ ខ្ញុំរកទាញភួយដណ្ដប់នឹកចង់គេងបន្ត ប៉ុន្ដែខ្ញុំស្រាប់តែភ្ញាក់វឹងដឹងខ្លួនកំព្រឹស ព្រោះទើបតែនឹកឃើញថា ថ្ងៃនេះថ្នាក់ខ្ញុំមានការប្រលងប្រចាំត្រីមាស!

– ពុទ្ធោអើយ! នេះចេះយឺតម៉ោងទៅសាលាទៅកើត! អញនេះ! ណ្ហើយ…មិនគួរណាយប់មិញ រវល់មើលរឿងខ្មោចរន្ធត់ខ្លាំងយូរបែបហ្នឹងសោះ! មើលចុះ ចំហាយខ្លាច ភ័យនៅព្រឺសម្បុរនៅឡើយទេ។

ខ្ញុំក្រោកពីលើគ្រែ រៀបចំកន្លែងគ្រែគេងដោយបត់ភួយ ខ្នើយខ្លួនឯង ទុក ហើយដើរហួសទៅបើករូតវាំងនន បើកបង្អួចទទួលពន្លឺព្រះអាទិត្យរះ ពេលព្រឹកព្រលឹម ប៉ុន្ដែអ្វីដែលខ្ញុំឃើញពេលនេះ វារឹតតែធ្វើឱ្យខ្ញុំចម្លែកចិត្ត រឹតតែខ្លាំងឡើង

– ព្រះអង្គអើយ ស្រុកខ្ញុំមានធ្លាក់អ័ព្ទដែរឬ?

ខ្ញុំលួចឧទានឡើង ព្រោះវាចម្លែកដែរឬអត់ ទីក្រុងភ្នំពេញធ្លាក់អ័ព្ទ ផ្សែងសស្គុសនោះ? ខ្ញុំធ្លាប់ឮព័ត៌មានដែលចុះពីទីក្រុងបាងកក ដែលធ្លាប់ ឆ្លងកាត់ផ្សែងអ័ព្ទនិងខ្យល់ពុល កង្វក់ ងងឹតមើលអ្វីនៅខាងក្រៅ មិនឃើញដោយធូលីដី ដែលបក់កើតចេញពីផ្សែងឧស្សាហកម្មរោងចក្រ សហគ្រិន ឬ ការដុតបើកចំហ គ្របដណ្ដប់តំបន់ទីក្រុងទាំងមូល ធ្វើឱ្យប្រជាជនរស់នៅក្នុងទីក្រុងព្រួយបារម្ភពីបញ្ហាសុខភាព ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម។

ខ្ញុំងាកដៀងភ្នែកមើលទៅក្រៅបន្ទប់ ឃើញមេឃអ័ព្ទពណ៌សក្បុស គ្របដណ្ដប់មកតំបន់ខ្ញុំរស់នៅ បាំងបិទរកមើលអ្វីស្ទើរតែមិនឃើញ។ សភាពពេលនេះស្ងាត់ជ្រងំ ព្រឺព្រួចគួរឱ្យខ្លាច វាខុសពីពេលរាល់ដង ដែលថ្មើរនេះ វាគួរតែឮសូរពេញដោយសម្រែកពីម៉ាស៊ីនរថយន្ត ស៊ីផ្លេម៉ូតូ កូនសិស្សទៅសាលាឡើយ។ ប៉ុន្ដែមើលចុះ សភាពពេលនេះ មិនខុសពីរឿងខ្មោចហូលីវូដអាមេរិក silent hill នោះទេ…រឿងដែលខ្ញុំមើលហើយគេងមិនលក់ជាប់ៗគ្នា៣យប់ហ្នឹងឡើយ!

– យី? ព្រឹកនេះម្ដេចក៏ស្ងប់ស្ងាត់ចម្លែកម្ល៉េះ?

ខ្ញុំនៅតែមិនអស់ចិត្តពីរឿងចម្លែកព្រឹកនេះ រហូតភ្លេចគិតថាថ្ងៃនេះ ខ្ញុំត្រូវមានមុខវិជ្ជាត្រូវប្រលងផង! សំណាងដែលខ្ញុំដើរប៉ះតុក្បាលដំណេក ខ្លួនឯងមួយទំហឹង ធ្វើឱ្យទូរសព្ទដែលដាក់នៅទីនោះ ជ្រុះធ្លាក់ចុះមក។ ខ្ញុំឱនរើសវាមកមើល ស្រាប់តែក្រឡេកឃើញម៉ោងនៅលើអេក្រង់បង្ហាញ ខ្វះ១០នាទីទៀត ម៉ោង៧ព្រឹក!!!

– អ្ហាកក! សំណាង ទូរសព្ទនេះមានដាក់បិទកញ្ចក់ការពារ (Temper glass)!

ខ្ញុំជូតពិនិត្យមើលវា…កញ្ចក់អេក្រង់ដែលធ្លាប់រលោងស្រិល ពេលនេះ ប្រែក្លាយជាបែកដូចសំណាញ់ពីងពាង!

– ណ្ហើយ…អញនេះ វាហេងតាំងពីព្រឹកតែម្ដង! អ្ហាកកក! ប្រលង…ខើចម៉ោងហើយនេះ!

ខ្ញុំប្រញាប់ដោះសម្លៀកបំពាក់ខ្លួនឯងចេញ លែងខ្លួនទទេរត់វឹង ស្ទុះទៅបន្ទប់ទឹក។ ងូតទឹកចាក់ច្រូចពីបីកាទឹក ដុះធ្មេញមិនត្រឹមពីរនាទី ទាញកន្សែងរុំ ជូតខ្លួនស្ងួត ស្លៀកពាក់ឯកសណ្ឋានសិស្ស។ ខ្ញុំប្រញាប់ស្រវាទាញយកកាតាបរៀនរបស់ខ្លួន ចុះពីលើផ្ទះមកក្រោម។ ក្លិនឈ្ងុយប៉ះច្រមុះ ខ្ញុំងាកទៅចង្ក្រានបាយ ឃើញម៉ាក់ខ្ញុំកំពុងតែ ឈរកូរបបរក្នុងឆ្នាំងតែម្នាក់ឯង គាត់គ្រហឹមៗតិចៗស្ទើរតែមិនឮ ហាក់បី ដូចជាគាត់កំពុងនិយាយអ្វីតែម្នាក់ឯងយ៉ាងចម្លែក។

ខ្ញុំទច់ជើងឈប់ នៅក្បែរមាត់ទ្វារ រួចស្រែកនិយាយប្រាប់ទៅគាត់។

– ម៉ាក់! ខ្ញុំទៅសាលារៀនសិនហើយ។ ព្រឹកនេះ ខ្ញុំមិនបាន ញុំាអាហារពេលព្រឹកជាមួយនឹងម៉ាក់ទេ។

គ្រាន់តែឮសំឡេងរបស់ខ្ញុំប្រាប់គាត់បែបនេះភ្លាម ស្រាប់តែគាត់ និយាយដោយសំឡេងធំ ស្អកៗ ហើយខឹងឡើងថា៖

– យី! ព្រឹកបែបនេះ ឯងប្រញាប់ទៅណាម្ល៉េះ? ស្អប់ឯងណាស់ ជាកូនប្រុសបែបណាវិញ ម្ដេចមិនស្រលាញ់ឪពុកខ្លួនឯងសោះអ៊ីចឹង? នេះនៅផ្ទះរង់ចាំឪពុកវាត្រលប់មកវិញបន្ដិចសិនមិនបាន។ ថ្ងៃនេះប៉ាឯងខំត្រលប់មកផ្ទះវិញពីព្រលឹម! មើលចុះ! ម៉ែក៏បបរជិតឆ្អិនផងដែរ គ្រួសារយើងបីនាក់នឹងបានហូបបបរជុំគ្នាតែម្ដង!

ឮពាក្យប្រាប់ម៉ែខ្ញុំហើយ ខ្ញុំប្រញាប់សួរទៅកាន់គាត់វិញភ្លាម៖

– អ្នកម៉ាក់ មិនកើតអីទេឬថ្ងៃនេះ? ម៉ាក់មានបានផឹកថ្នាំហើយឬនៅ?

គាត់នៅស្ងៀម គិតតែឈរកូរបបរនៅក្នុងឆ្នាំងរបស់ខ្លួន មិនខ្វល់ពី សំណួរដែលខ្ញុំបានសួរទៅកាន់គាត់ឡើយ។

– អ្នកម៉ាក់?

ខ្ញុំស្រែកសួរបញ្ជាក់ទៅកាន់គាត់ម្ដងទៀត ប៉ុន្ដែគាត់មិនងាកឬឆ្លើយតបនឹងខ្ញុំឡើយ…គាត់នៅធ្វើកាយវិការចម្លែកៗ រវល់កូរបបរ វិតៗ នៅក្នុងឆ្នាំងនិងនិយាយដោយសំឡេងខ្សឹបខ្សៀវតែម្នាក់ឯង ទុកឱ្យខ្ញុំងឿងឆ្ងល់ចម្លែក តែម្នាក់ឯងនឹងពាក្យសម្ដីរបស់គាត់លើកឡើងអំបាញ់មិញ ព្រោះថា

…ប៉ាខ្ញុំបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនមកហើយ។ ថ្ងៃនេះក៏មិនមែនជាថ្ងៃខួបការស្លាប់របស់គាត់ផងដែរ។ គ្រួសារយើង បច្ចុប្បន្នគឺមានតែខ្ញុំនិងគាត់រស់នៅតែផ្ទះធំនេះទេ ហើយដូចម្ដេចក៏ម៉ាក់ខ្ញុំ ប្រាប់ថា ប៉ាខ្ញុំមកផ្ទះនោះ? ឬជំងឺវង្វេងវង្វាន់របស់គាត់រើឡើងវិញ ទៀតហើយ?

ខ្ញុំងាកក្រឡេកមើលម៉ោងនាឡិកា។ ខ្ញុំបកទៅរកថ្នាំរបស់គាត់ដែលដាក់នៅក្នុងថតទូខាងក្រោមផ្ទះ។ ខ្ញុំដកដង្ហើមធំ រួចនិយាយដោយ សំឡេងបារម្ភ៖

– អ្នកម៉ាក់…ថ្នាំរបស់ម៉ាក់ខ្ញុំរៀបដាក់នៅលើតុរួចហើយ ម៉ាក់កុំភ្លេច លេបថ្នាំផងណា? ខ្ញុំសុំទៅសាលារៀនមុនសិនហើយ ព្រោះថ្ងៃនេះ ថ្នាក់ខ្ញុំមានការប្រឡង!

គាត់នៅស្ងៀម ធ្វើដូចជាមិនឮនឹងពាក្យរបស់ខ្ញុំ។

– ម៉ាក់? ខ្ញុំសុំទៅសាលាហើយណ៎ា?

ខ្ញុំប្រាប់បញ្ជាក់គាត់ម្ដងទៀត ខ្ញុំសម្លឹងមើលគាត់ចុងក្រោយ រួចទាញ ទ្វារបិទ ស្រវាទាញកង់ខ្លួនជិះទៅសាលា។ ពេលខ្ញុំនៅខាងក្រៅផ្ទះនោះទើបខ្ញុំដឹងថា…ខ្ញុំមើលមិនឃើញអ្វីនៅពីមុខខ្លួនឯងលើសពី១ម៉ែត្រនោះទេ! ទីនេះអ័ព្ទ ធ្លាក់ចុះខ្លាំងណាស់…សក្បុសតែម្ដង!

– ពុទ្ធោអើយ ព្រឹកនេះវាកើតអ្វីឱ្យប្រាកដហ្នឹង? ហើយនេះ ខ្ញុំត្រូវទៅដល់សាលាទាន់ម៉ោងបានយ៉ាងម៉េចវិញ បើពេលនេះរកមើលអ្វី មិនឃើញបែបនេះសោះ? បើអ៊ីចឹង អង្កាល់ទៅ ទើបខ្ញុំអាចបានធ្វើដំណើរទៅដល់សាលារបស់ខ្ញុំនោះ…Sigh…

ខ្ញុំដកដង្ហើមធំ ឧទានរអ៊ូតែម្នាក់ឯង ជិះកង់មិនហ៊ានធាក់លឿនទេ ព្រោះមើលអ្វីមិនឃើញ ក្នុងចិត្តអន្ទះសា ចង់តែប្រញាប់ៗ ជិះឱ្យលឿនៗធ្វើដំណើរទៅដល់សាលា ប៉ុន្តែចង្វាក់ជើងធាក់ និងផ្លូវមើលខាងមុខមិនអនុញ្ញាតឱ្យសោះ…ដូចពេលនេះ ខ្ញុំប្រញាប់ចាប់ហ្វ្រាំងកង់ ព្រោះសុខៗស្រាប់តែឃើញមានស្រមោលអ្វីមួយនៅខាងមុខខ្លួន។

ងឺតៗងឺត! (សំឡេងហ្វ្រាំងកង់កកិតនឹងផ្លូវ)

– ព្រះអើយ! ប៊ិះនឹងបុកប៉ះធុងសំរាមហើយនេះ…ស៊យម្ល៉េះព្រឹកហ្នឹង!

ខ្ញុំឈប់កង់ខ្លួនឯង ពេលឃើញនៅនឹងមុខខ្លួនឯង មិនដល់ចម្ងាយ ៥សង់ទីម៉ែត្រទៀតផង មានធុងសំរាមធំមួយ ហើយនៅ ជុំវិញនោះ ពោរពេញទៅដោយស្បោងខ្មៅតូចធំជាច្រើន រាយពាសចោលដាក់គរ នៅក្បែរនោះ។ អ្វីដែលគួរឱ្យរន្ធត់ គឺក្លិន អសោចនៃសាកសព ឆ្កែស្អុយគគ្រុក សំឡេងងូងៗពីសត្វរុយ រុំរោមខ្មៅជុប សាច់រលួយ ចាប់ផ្ដើមលេចចេញកូនដង្កូវសៗ ចោះស៊ីសាកសពឆ្កែមួយក្បាល ដែលបោះចោលនៅខាងក្នុងថង់ខ្មៅមួយជំហរមាត់ថង់…

*ក្អួត!!!*

– ពុទ្ធោអើយ មិនទាន់បានអីពីព្រឹកផង បែរជាត្រូវចេញ អស់ពីពោះទៀត។ អ្នកណាគេ ថីក៏ឃោរឃៅ គ្មានទឹកចិត្តអីបន្ដិច សោះ ចោលសាកសពសត្វទុកចោលកណ្ដាលផ្លូវបែបនេះទៅវិញ? ហើយនេះ ឯណាទៅក្រុមហ៊ុនសំរាម ម្ដេចមិនប្រមូលសោះ! ទុកវានៅយូររហូតក្លាយជាបែបនេះ? តែនែ! ម្ដេចក៏ខ្ញុំមានអារម្មណ៍ថាទីនេះ ស្ងាត់ ហើយធ្លាក់ ត្រជាក់ខ្លាំងបែបនេះ? មើលចុះ ម្តេចផ្លូវនេះចម្លែកយ៉ាងនេះ! ធម្មតាផ្លូវទៅកាន់សាលារបស់ខ្ញុំ មិនបែបនេះទេ? ម្ដេចក៏ទីនេះមានសំរាមចោល រាត់រាយដាក់នៅទីនេះ គ្មានសណ្ដាប់ធ្នាប់សោះអ៊ីចឹង? តើនេះខ្ញុំកំពុងជិះនៅលើផ្លូវ ទៅសាលារបស់ខ្លួនឯង ឬទេ? ខ្ញុំមិនមែនវង្វេងផ្លូវ ព្រោះតែអ័ព្ទនេះឯណាមែនទេ? មិនអាចទេ ខ្ញុំកើតនៅទីនេះតាំងពីតូច រឿងអ្វីខ្ញុំមិនស្គាល់ផ្លូវ កន្លុកកន្លៀតនៅម្ដុំនេះនោះ?

ខ្ញុំចាប់ផ្ដើមបង្កើតសំណួរ បំភ័យខ្លួនឯង! តែការពិត វាពិតជាគួរឱ្យសង្ស័យថាខ្លួនឯងកំពុងវង្វេងផ្លូវព្រោះតែផ្សែងអ័ព្ទផ្សែងនេះណាស់។ ខ្ញុំប្រញាប់ទាញកង់ចាកចេញពីទីនោះ រួចធាក់ទៅយ៉ាងលឿន មិនហ៊ាន ងាកបកមើលនៅខាងក្រោយ។ ប៉ុន្ដែស្រាប់តែ…

ងឺតៗងឹត!!!

ខ្ញុំចាប់ហ្វ្រាំងកង់ម្ដងទៀត ព្រោះនៅមុខខ្ញុំ…ខ្ញុំឃើញ

បុរសខ្ពស់ រាងស្គម ក្នុងឈុតអាវធំធ្វើការ ស្លៀកខោខ្មៅ ដូចអ្នកធ្វើការកាន់ជំនួញធំ លេចផុសចេញពីអ័ព្ទឡើងមួយរំពេច  ឈរឆ្កឹង នៅពីមុខកង់ខ្ញុំ ដៃម្ខាងកាន់វ៉ាលិសខ្មៅ រីឯដៃម្ខាងទៀត កាន់ឆត្រ ពណ៌ក្រហមឆេះបាំងពីមុខ រកមើលអ្វីមិនឃើញ ព្រោះតែគែមឆត្រ បាំងគ្របមុខបុរសនោះជិត។

ខ្ញុំស្ទុះប្រញាប់និយាយសុំទោសអ្នកខាងមុខ ទាំងក្នុងចិត្តលួចគិត សង្ស័យតែម្នាក់ឯង…យី! នរណាគេហ្នឹង? ម្ដេចក៏គាត់ម្នាក់នេះ ឈររង់ចាំអ្វីនៅទីនេះ? មិនមែនកំពុងរង់ចាំផាសអេបទៅធ្វើការងារទេឬ?

– បង ខ្ញុំសុំទោស! ប៊ិះបុកបងទៅហើយ…សំណាងហ្វ្រាំងកង់ ខ្ញុំចាប់ស៊ី។

ឮខ្ញុំនិយាយបែបនេះ គាត់ឈរឆ្កឹង ធ្វើមិនដឹងហាក់មិនបានឮអ្វីសោះ…ដោយការចង់ដឹងចង់ឃើញ ខ្ញុំធ្វើដូចជាមានអ្វីជ្រុះ ហើយក៏ឱនចុះ ចង់លួចងើយមើលមុខអ្នកម្ខាងទៀត ព្រោះតែចង់ដឹងថា បុរសម្នាក់នោះ ជានរណាគេ? និយាយមែន ខ្ញុំរស់នៅទីនេះយូរឆ្នាំមកហើយ បែបនេះ ខ្ញុំស្គាល់អ្នកនៅម្ដុំនេះមិនតិចនាក់ទេ ប៉ុន្ដែពូម្នាក់នេះវិញ ខ្ញុំមានអារម្មណ៍ប្លែកខ្លាំងណាស់! ចិត្តសង្ស័យកើតឡើង ខ្ញុំដៀងភ្នែកក្រឡេកមើលមុខ នៅក្រោមឆត្ររបស់អ្នកម្ខាងទៀត…

…ហ្អាក? មិនពិតទេមែនទេ?

ខ្ញុំស្លុតក្នុងចិត្ត។ ខ្ញុំស្ទើរតែស្រែកឱ្យអស់ពីពោះ ចុងដៃចុងជើង ឡើងត្រជាក់ស្រេប ព្រោះតែខ្លាចអ្វីដែលខ្លួនឯងឃើញនៅនឹងមុខខ្លួនឯង។ ខ្ញុំយកដៃញីភ្នែកខ្លួនឯងម្ដងទៀត រួចលួចដៀងភ្នែកមើលគាត់ជាថ្មី។

…ពុទ្ធោ! ច្បាស់ណាស់ ខ្ញុំប្រាកដចិត្តហើយ អ្វីដែលខ្ញុំឃើញនោះ វាជាការពិត។ បុរសបាំងឆត្រក្រហម ផ្ទៃមុខគាត់…ផ្ទៃមុខគាត់គឺ…គឺទទេ! លើផ្ទៃមុខគាត់គ្មានអ្វីទាំងអស់…គ្មានកែវភ្នែកទាំងគូ គ្មានច្រមុះ មាត់អ្វីនោះឡើយ! វារលោងស្រិល ក្បាលត្រងោលសស្គុស សូម្បីសក់មួយសសៃក៏គ្មានផង។

បេះដូងខ្ញុំពេលនោះលោតញាប់ ក្ដុងក្ដាំង! ស្ទើរតែលោតកន្ត្រាក់ផ្ទុះ ចេញពីដើមទ្រូងខ្លួនឯងមកខាងក្រៅ ដង្ហើមដកស្ទើរតែមិនដល់គ្នា ខ្នងចាប់ផ្ដើមសើមជោកញើស…

– ខ្ម…ខ្មោចលង!

ខ្ញុំស្រែកស្ទើរតែបែកបំពង់ក ជើងមិនដឹងមានកម្លាំងថាមពលមកពីណា ប្រឹងធាក់…ធាក់កង់…ធាប់ញាប់ស្មេដូចម៉ាស៊ីនដេរផុង ប្រឹងបង្កើនល្បឿន រត់ចាកចេញពីទីនេះ! ខ្ញុំដឹងតែពីធាក់កង់ បង្វិលទិសជៀសឱ្យឆ្ងាយ ពីបុរសម្នាក់នោះ…ទេ! គួរជាបិសាចម្នាក់នោះវិញ! ប៉ុន្តែទោះបីជាខ្ញុំ ប្រឹងធាក់ ជិះលឿនខ្លាំងប៉ុនណាក៏ដោយ បុរសដែលឈរកាន់ឆត្រក្រហម នៅតែបង្ហាញខ្លួនឱ្យខ្ញុំឃើញនៅខាងមុខនោះជានិច្ច។ ញើសចាប់ផ្ដើម មាននៅលើថ្ងាស ខាងក្រោយខ្នងខ្ញុំសើមពេញដោយញើសជោក។

-នេះស្អីហ្នឹង? ម្ដេចបានវាតាមទាន់ខ្ញុំ គ្រប់ពេលបែបនេះ…ម៉ាក់អើយ ជួយកូនផង! ខ្ញុំត្រូវខ្មោចលង!

ខ្ញុំព្យាយាមសូត្រព្រះធម៌ក្នុងចិត្ត រម្លឹកគុណម៉ែនៅក្នុងពោះ។ ប្រឹងបន្ដ ធាក់កង់បន្ថែមល្បឿនទៀត…មិនដឹងថា ធាក់បានយូរប៉ុនណាទេ ខ្ញុំមិនហ៊ានងាកសម្លឹងមើលអ្វីពីខាងក្រោយ ចំហៀងខ្លួនឬជុំវិញបរិវេណនេះឡើយ។ ភ្នែកខ្ញុំគិតតែមើលត្រង់ សម្លឹងតែផ្លូវខាងមុខ រហូតដល់…កង់ខ្ញុំឈប់!

ក្ឌុក!!!

កង់ខ្ញុំដាច់ច្រវ៉ាក់…ច្រវ៉ាក់កង់ជ្រុះរាយអូសនៅលើផ្លូវ។

ខ្ញុំឈប់…គួរថាកង់ខ្ញុំទៅមុខទៀតលែងបានហើយ។ ចិត្តខ្ញុំខ្លាចផង ស្ទាក់ស្ទើរផង លួចគិតក្នុងចិត្តថា តើខ្ញុំនឹងគួរបោះបង់កង់ខ្លួនឯងនៅទីនេះ រួចរត់ប្រាសជើងសវិញតែម្ដងល្អទេ?

ខ្ញុំយកដៃខ្លួនឯងជូតញើសដែលកំពុងហូរស្រក់តក់ៗដូចគេគាបរឹតផ្កាត្នោត ហើយ…ហើយខ្ញុំងាកក្រឡេកមើលទៅជុំវិញនោះ ដោយយកចិត្តទុកដាក់។ ខ្ញុំមិនហ៊ានបើកភ្នែក មើលចំៗនោះទេ។ ខ្ញុំលួចដៀងបើកភ្នែកតិចៗ ងាករេភ្នែកស្វែងរកវត្តមានរបស់បុរសឆត្រក្រហមនោះ។

…មិនឃើញគាត់ទេ?

ខ្ញុំបើកភ្នែកមើលឱ្យច្បាស់ម្ដងទៀត។ ខ្ញុំងាកក្រឡេកមើលជុំវិញ

-មែនហើយ វារលាយបាត់ហើយ! វា…វាមិនមានវត្តមាន នៅទីនេះទៀតឡើយ! ខ្ញុំគេចផុតពីវាហើយ!

ខ្ញុំសប្បាយចិត្តឡើងពេលដឹងថាខ្លួនឯងលែងឃើញបុរស ឆត្រពណ៌ក្រហម នៅទីនេះទៀតទេ។ ខ្ញុំដាក់គូថអង្គុយចុះ ក្បែរកង់ រួចនិយាយសួរដោយម្នាក់ឯង៖

-ប៉ុន្ដែនេះអ្វីដែលខ្ញុំឃើញ គេហៅថាជាខ្មោចឬបិសាច?

កំពុងតែគិតម្នាក់ឯង និងឈប់សម្រាកដកដង្ហើមឱ្យបានស្រួលសិន ស្រាប់តែខ្ញុំមានអារម្មណ៍ថា ហាក់បីជាមានអ្វីម្យ៉ាង អណ្តែតនៅលើក្បាលខ្លួនឯង។ ខ្ញុំងើយក្បាល ងើបមើលទៅលើ…ស្រាប់តែខ្ញុំឃើញ ឆត្រក្រហម!!! រំពេចនោះ ក្បាលរបស់បុរសម្នាក់នោះ សំយ៉ុងចុះមកក្រោម ហាក់បីជាខ្លួនគាត់ស្រាល គ្មានទំនាញផែនដី ទម្លាក់មុខស្របនឹងមុខខ្ញុំ។ ផ្ទៃមុខដែលទទេរបស់វា ស្រាប់តែបង្ហាញរូបភាពគួរឱ្យព្រឺរោមមួយកើតឡើង…ខាងក្រោម ចាប់ផ្ដើមប្រេះរហែក លេចជាបបូរមាត់! នៅក្រអូមមាត់វា បង្ហាញពេញដោយគ្រាប់ល្អិតធ្មេញតូចៗ ដុះស្រួច ឆ្លាស់គ្នាជាច្រើនដូចចង្កូមត្រីឆ្លាម។ វាហើបមាត់និយាយ បន្លឺសូរសំឡេង យ៉ាងគ្រលួចគួរឱ្យខ្លាច សួរមកកាន់ខ្ញុំថា…

-Did you see me? [តើអ្នកឃើញខ្ញុំមែនទេ?]

និយាយរួច វាស្រាប់តែរំកិលខ្លួនឯងចុះមកខាងក្រោម ហើយពន្លូតខ្លួនឯងកាន់តែខ្ពស់ទៅៗដោយដៃនៅតែកាន់ឆត្រពណ៌ក្រហមជាប់នឹងដៃដដែល។ កម្ពស់វាលូតដូចដើមឬស្សី ដកខ្ពស់រហូតដល់វាពេលនេះមានកម្ពស់ខ្ពស់ខុសពីមនុស្សធម្មតា! វាមានកម្ពស់ចូលជាង៣ម៉ែត្រ ហើយវាឱនក្បាលចុះមកខាងក្រោម បង្ហាញស្នាមញញឹមដ៏គួរឱ្យខ្លាច មកកាន់ខ្ញុំ។ កាយវិការ…វាហាក់ដូចជារង់ចាំចម្លើយរបស់ខ្ញុំ។

ខ្ញុំ…ខ្ញុំញ័រខ្លួនទទ្រើត ដួលក្រាបនៅនឹងដី ហាក់បីចាញ់គំហករបស់វា។ ពេលនេះខ្ញុំ…ខ្ញុំខ្លាចដល់ថ្នាក់មិនដឹងថាខ្ញុំត្រូវធ្វើយ៉ាងណានោះទេ…មាត់ខ្ញុំញ័រ និយាយដោយមិនដឹងខ្លួន

-ខ…ខ្ញុំ…ខ្ញុំ…មិន…ខ្ញុំឃើញឯង!

មាត់ខ្ញុំក្បត់ចិត្ត ហាក់បីត្រូវក្រោមមន្តសណ្ដំរបស់វា។ វាគ្រាន់តែឮឃ្លាចុងក្រោយរបស់ខ្ញុំដែលនិយាយថា «ខ្ញុំឃើញឯង» នោះភ្លាម រង្វង់មូលខ្មៅពីរវិលដូចគូថខ្យងចាប់ផ្ដើមបង្ហាញនៅលើផ្ទៃមុខវា ស្នាមញញឹមប្រែជាបបូរមាត់ បើកហើបឡើងឱ្យខ្ញុំឃើញធ្មេញ ស្នាមចង្កូមតូចៗជាច្រើនរបស់វាម្ដងទៀត…វាហាមាត់ឡើងយ៉ាងធំ ហើយត្របាក់មកកាន់ខ្ញុំ…ខ្ញុំភ្ញាក់ព្រើត ហើយស្រែកវ៉ាកឡើង!

– អ្ហាកក!

ពេលនោះគ្រប់យ៉ាងងងឹតឈឹង សំឡេងមួយស្រាប់តែឮឡើងពេញ ក្រដាសត្រចៀកខ្ញុំតែម្ដង…

«GAME START!!!»

Now loading…

ភាគ១

បេសកកម្មដំបូង: 24h ក្នុងដែនដីមរណៈ

«ទីង!»

សំឡេងមួយបានបន្លឺឡើងដូចគេកំពុងចុចកណ្តឹង។ ខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួន បើកភ្នែកធំៗឡើង ហើយអ្វីដែលខ្ញុំនិយាយជាលើកដំបូងគឺ

-តើនេះខ្ញុំមិនទាន់ស្លាប់ទេ?

ខ្ញុំក្រោកងើបឈរឡើង សម្លឹងក្រឡេកមើលជុំវិញខ្លួនឯង…ពិតានពណ៌ស…ទេ! គួរតែនិយាយថា វាជាបន្ទប់៤ជ្រុងពណ៌ស។ គ្រប់យ៉ាងទីនេះ ភ្លឺចាំងនឹងពណ៌ស ហើយនៅលើជញ្ជាំងគឺមានផ្ទាំងLCD ដ៏ធំមួយ ដែលគេដាក់មិនខុសដូចជា គេផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មទេ…គ្រាន់តែវាមានទំហំធំ ខ្លាំង រហូតស្ទើរតែពេញផ្ទៃជញ្ជាំងនាំបន្ទប់នេះ។ នៅលើកញ្ចក់អេក្រង់LCD នោះ គឺមានពាក្យជា ភាសាអង់គ្លេសនៅចំកណ្តាលជញ្ជាំងនោះថា “កំពុងដំណើរការហ្គេម(Now loading…)”។ លេខ០ នៅពីខាងក្រោមរបាក្បាលខ្មោច ចាប់ផ្តើមរំកិលម្តងបន្តិចជាមួយនឹងលេខកើនម្តង១…

-អ៎! គ្រប់គ្នាអស់ហើយឬ Player នៅទីនេះ?

សំឡេងមនុស្សប្រុសម្នាក់ និយាយឡើងមក! សុខៗស្រាប់តែ ខ្ញុំឃើញមានមនុស្សប្រុសស្រី៣នាក់ផ្សេងទៀតក្រៅពីខ្ញុំ បង្ហាញខ្លួននៅទីនេះ។ ក្នុងចំណោមពួកគេគឺមានអ្នកកំលោះម្នាក់ពាក់វ៉ែនតា ដងខ្មៅក្រាស់ នារីក្រមុំសក់ពណ៌ទង់ដែងជាមួយនឹងរ៉ូបវែងក្រហមពុះឆើតបង្ហាញគល់ភ្លៅ និងពូចំណាស់ម្នាក់ ដែលទំនងជាបុគ្គលិកធ្វើការងារក្រុមហ៊ុន។ អ្នកទាំងបីនាក់ ហាក់បីមកពីទីកន្លែង និងមានមុខរបរផ្សេងៗពីគ្នា ប៉ុន្តែមានតែអ្នកកំលោះពាក់វ៉ែនតាម្នាក់នោះទេដែលបង្ហាញទឹកមុខដូចធម្មតា មិនភិតភ័យ ឬអន្ទះអន្ទែងនឹងរូបភាពចម្លែកដែលកើតឡើងចំពោះខ្លួនគេឡើយ។ គេហាក់បីជាមានបទពិសោធ ធ្លាប់ឆ្លងកាត់វារួចហើយអ៊ីចឹង។ ម្នាក់ៗសម្លឹងមើលមុខគ្នា។ ខ្ញុំងាកសម្លឹងទៅរកម្ចាស់សំឡេង ដែលនិយាយឡើងអម្បាញ់មិញ…

-សួស្តីបង ខ្ញុំវ៉ារាប នេះបងឈ្មោះ…

-ផានុត!

គេតបដោយសម្តីកំបុត ហើយមិនខ្វល់ពីយើងឡើង។ ងាកបែរខ្នង សម្លឹងមើលទៅកាន់លើអេក្រង់ ដែលពេលនេះ របាដំណើរការ ឡើងដល់ ២០ភាគរយ!

ខ្ញុំធ្វើមិនខ្វល់ពីគាត់ ហើយដើរទៅសួរកាន់មនុស្ស២នាក់ទៀត។ ពួកយើងបានណែនាំខ្លួនឯង។ អ៊ំប្រុសគាត់មានឈ្មោះ សំណាង អាយុ៤៥ឆ្នាំ ជាប្រធានបុគ្គលិកក្រុមហ៊ុនឯកជនមួយ រីឯនារីក្រមុំម្នាក់នោះវិញនាងឈ្មោះសុពណ៌ មានអាជីពជាតារាសម្តែងនិងម៉ូដែលនៅភ្នាក់ងារកម្សាន្តមួយនៅទីក្រុងនេះ។ ខ្ញុំមិនស្គាល់នាងទេ ប្រហែលជានាងទើបតែចូលក្នុងវិស័យសិល្បៈឬក៏មកពីខ្ញុំមិនសូវចាប់អារម្មណ៍លើវិស័យមួយនេះ? ប៉ុន្ដែតាមពាក្យសម្ដីដែលខ្ញុំនិយាយជាមួយនឹងនាង នាងធ្វើដូចជាខ្លួនឯងជាអ្នកល្បីឈ្មោះម្នាក់អ៊ីចឹង។

-ពួកបងមានដឹងទេ ពេលនេះពួកយើងកំពុងស្ថិតនៅឯណា? ហើយនេះជាអ្វីហ្នឹង…

ខ្ញុំចង្អុលទៅកាន់អេក្រង់ដែលកំពុងលោតលេខផ្លាស់ប្តូរកើនជានិច្ចនោះ! ម្នាក់ៗគ្រវីក្បាលមិនដឹង មើលមកកាន់ខ្ញុំដោយ ក្រសែភ្នែក ងឿងឆ្ងល់ដូចគ្នា។ ខ្ញុំទាល់គ្មានជម្រើសអ្វី ក៏ដើរទៅជិតបងកំលោះ ចិត្តត្រជាក់..

-ផានុត បងដឹងមែនទេ?

សំណាង និង សុពណ៌ ក៏ដើរមកកាន់គេ រង់ចាំចម្លើយពីអ្នកម្ខាងទៀតផងដែរ។ គេបែរមកសម្លឹងខ្ញុំ រួចនិយាយដោយ សំឡេងស្មើ បង្ហាញទឹកមុខសោះកក្រោះ មិនពេញចិត្តឡើង៖

– អ្នកនៅទីនេះ មានអ្នកធ្លាប់អានរឿងម៉េនហ្កាជប៉ុន ហ្គេន(Gantz) ទេ?

សំណាងនិងសុពណ៌ គ្រវីក្បាល ខ្ញុំវិញតក់ស្លុតឡើង រួចក៏ឧទាន៖

– នេះបងមិនមែនចង់សំដៅថា…ពួកយើងនៅទីនេះសុទ្ធតែបានស្លាប់ហើយមែនទេ?

ឮពាក្យរបស់ខ្ញុំឧទានបែបនេះ ផានុតប្ដូរក្រសែភ្នែករាងស្រទន់បន្ដិចរួចសួរបញ្ជាក់៖

– ឯងធ្លាប់មើលរឿងហ្នឹងមែនទេ?

ខ្ញុំងក់ក្បាល។ អ៊ំសំណាងនិងក្រមុំសុពណ៌បែរភ្នែកសម្លឹងមើលមកកាន់ខ្ញុំក្នុងអត្ថន័យចង់សួរបញ្ជាក់ពីរឿងដែលខ្ញុំបានដឹង…ពួកគាត់មើលទៅប្រហែលមិនធ្លាប់បានអានឬមើលរឿងនោះទេ។

ខ្ញុំដកដង្ហើមធំ រួចបកស្រាយប្រាប់ទៅកាន់ពួកគាត់។

– ហ្គេន(Gantz) ជាប្រភេទសាច់រឿងមេនហ្កាជប៉ុន ដែលនិយាយ ពីសាច់រឿងរបស់យុវជនម្នាក់ ឈ្មោះ ឃេ ឃូរ៉ូណូ(Kei Kurono) និង ម៉ាសារ៉ូ ខាតូ(Masaru Kato) ដែលគេទាំងពីរនាក់ចួបឧបទ្ទវហេតុក្នុងចំណតរថភ្លើងក្រោមដី បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះ ប៉ុន្ដែស្រាប់តែភ្ញាក់ឡើងក្នុងបន្ទប់៤ជ្រុងមួយហើយនៅកណ្ដាលបន្ទប់ហ្នឹង មានបាល់ខ្មៅធំមួយ ដែលបង្ហាញពីព័ត៌មានឬបញ្ជីបេសសកកម្មដើម្បីឱ្យពួកគេបំពេញ…វាបែបដូចជាហ្គេមស្លាប់រស់ (Survival Game)។ អ្នកលេងត្រូវបញ្ចប់បេសកម្មមួយនោះ… អ្នកលេងនឹងទទួលបានរង្វាន់ជាពិន្ទុ ផ្ទុយវិញ អ្នកលេងនឹងស្លាប់ប្រសិនបេសកកម្មមួយនោះបរាជ័យ។

ខ្ញុំនិយាយចប់ពួកគាត់ទាំងពីរប្រែទឹកមុខភ័យ។ ខ្ញុំលួចគិតក្នុងចិត្ត៖

…មើលទៅ ពួកគាត់យល់ពីអ្វីដែលខ្ញុំកំពុងនិយាយ។

ខ្ញុំងាកសម្លឹងមើលទៅកាន់ផានុត ហើយរង់ចាំឱ្យគាត់ជួយឆ្លើយប្រាប់នឹងសំណួររបស់ខ្ញុំ។ ប្រហែលជាគាត់ធុញនឹងក្រសែភ្នែកខ្ញុំសម្លឹងមើលទៅកាន់ខ្លួនយូរពេក ឬក៏ប្រហែលជាគាត់មានទឹកចិត្តដែរ ក៏ស្រាយសំណួរខ្ញុំឱ្យដឹង…

-មិនខុសទេ! ទីនេះ វាដូចទៅនឹងពិភពហ្គេមមរណៈហ្គេននោះអ៊ីចឹង! អ្នកលេងទីនេះ ត្រូវប្រឈមមុខនឹងការចូលរួមលេងហ្គេមស្លាប់រស់  ហើយក្លាយជាផ្នែកមួយនៃ “ពិភពហ្គេមអន្តរាយ” មួយនេះ។ រឿងមួយដែលអ្នកនឹងប្រាកដក្នុងចិត្តនោះអ្នកដែលស្លាប់ក្នុងពិភពហ្គេមក៏ត្រូវស្លាប់ក្នុងពិភពការពិតដែរ។

គ្រាន់តែឮពាក្យនេះភ្លាម អ៊ំសំណាងស្លុតស្រុតជើងដួល រួចនិយាយ

– ទេ! វាមិនអាចកើតឡើងទេ? វាមិនមែនជាការពិតទេ ត្រូវទេ? ខ្ញុំ…ខ្ញុំទើបតែបានក្រុមហ៊ុនដំឡើងឋានៈឱ្យកាន់ជាប្រធានផ្នែក! តើនេះ មានដឹងទេថាខ្ញុំតស៊ូប្រឹងប្រែងធ្វើការងារខ្លាំងយ៉ាងណា ទើបអាចបានទទួលតួនាទីមួយនេះទេ? ហេតុអ្វីខ្ញុំមកនៅទីនេះ?

សុពណ៌ និយាយបន្ទរដោយទឹកមុខស្លេក ភ័យខ្លាចញ័រមាត់ដូចគ្នា។

– មែនហើយ មិនពិតទេ! ឬនេះវាគ្រាន់តែជាកម្មវិធី Show បែបReality? មែនហើយ…កាមេរ៉ាបង្កប់! ប្រហែលវាគ្រាន់តែជា Prank របស់ស្ថានីយ៍ប៉ុស្ដិ៍ទូរទស្សន៍មួយណាតែប៉ុណ្ណោះ។ តារាល្បី លំដាប់A ដូចខ្ញុំ ប្រហែលជាគេចង់ឱ្យមកថត ផ្សព្វផ្សាយឱ្យប៉ុស្ដិ៍របស់គេបានល្បីហើយ…!

ម្នាក់ៗព្យាយាមបដិសេធនូវការពិត ដោយរកលេសផ្សេងៗ។ ខ្ញុំព្យាយាមតាំងសតិ អារម្មណ៍ខាងក្នុងរបស់ខ្លួនឯងឱ្យមូលឡើងវិញ។ ខ្ញុំធ្លាប់អានរឿងសៀវភៅមេនហ្កាជប៉ុនជាច្រើន ហើយក៏ធ្លាប់មើលរឿងកុនគេលេងសម្ដែងផងដែរ។

…មែនហើយ! មិនខុសទេ រឿងហេតុដែលកើតឡើងនៅពេលនេះ វាពិតជាចម្លែក មិនគួរឱ្យចង់ជឿខ្លាំងណាស់! តែវាប្រហែលជា មិនមែនជាការកុហកឬវាគ្រាន់តែReality Show របស់ក្រុមហ៊ុន ស្ថានីយទូរទស្សន៍ណាដែរ។ ខ្ញុំនៅចាំបានពីរូបភាពចុងក្រោយ… បុរសទូលឆត្រក្រហម។

– បែបនេះហើយ ទើបបានជាខ្ញុំមិនចូលចិត្តអ្នកលេងថ្មី!

ផានុតរអ៊ូឡើងហើយក៏ដកភ្នែកចេញបែរទៅសម្លឹងមើលអេក្រង់វិញ។ ខ្ញុំដកដង្ហើមធំ សម្រួលអារម្មណ៍ហើយភ្នែកមិនភ្លេចលួចដៀងមើលទៅកាន់ផានុតដែលកំពុងសម្លឹងមើលលើអេក្រង់ដ៏ធំមួយនោះផងដែរ។ ការឈរធ្នឹងរបស់គេ ហាក់មិនខ្វល់ពីប្រតិកម្មរបស់អ្នកដទៃទៀត សបញ្ជាក់ថាអ្វីដែលគេកំពុងនិយាយវាដូចជាមិនកុហកឡើយ។

…មើលទៅ វាប្រហែលមិនអាក្រក់ណាស់មែនទេព្រោះបើតាមខ្ញុំដឹង កម្រិតបេសកកម្មក្នុងរឿង វាអាស្រ័យនឹងចំនួនរបស់អ្នកលេង។ ប៉ុន្ដែបច្ចុប្បន្នចំនួនមនុស្សទីនេះ វាតិច ហើយម្នាក់ៗជាអ្នកលេងថ្មី (Newbie) បែបនេះ វាប្រហែលជាមិនពិបាកនោះទេត្រូវទេ?

ខ្ញុំលួចគិតក្នុងចិត្ត ពេលឃើញរបាក្បាលខ្មោចរំកិលដល់៩៩ភាគរយចូលដល់១០០ភាគតែម្ដង! ផ្ទៃអេក្រង់LCD ត្រូវបានផ្លាស់ប្ដូរទាំងស្រុង…សំឡេង «ទីង» និងសូរចម្រៀងផ្ទៃខាងក្រោយ ឮកក្រើកនៅទីនេះ! មួយសន្ទុះ តួអក្សរចាប់ផ្ដើមរត់បង្ហាញពេញនៅលើអេក្រង់ធំៗតែម្ដង…

«ស្វាគមន៍មកកាន់ហ្គេមនៃដែនសុបិនអាក្រក់-Welcome to The Nightmare’s Game»

ម្នាក់ៗងាកមកផ្ដោតលើកញ្ចក់អេក្រង់…

តួអក្សរចាប់ផ្ដើមលោតបង្ហាញពេញលើអេក្រង់តែម្ដង…អត្ថន័យនៅលើLCD ក៏ត្រូវបានបង្ហាញ៖

ភារកិច្ចចម្បង៖ ហ្ស៊មប៊ី

សាច់រឿងខាងក្រោយនៃការវិនាសលោក៖ គ្មាននរណាម្នាក់ដឹងថា នាពេលវេលាមួយផែនដីដែលធ្លាប់ស្ងប់សុខគ្របដណ្ដប់ដោយពណ៌បៃតងនិងខៀវ បានផ្លាស់ប្ដូរក្លាយជាទីរហោឋាន ព្រោះតែការប៉ះទង្គិចនៃគ្រោះកាចដុំអាចម៌ផ្កាយធ្លាក់ចំ។ វាលតំបន់ប៉ូលទឹកកកបានរលាយ កំណើននីវ៉ូទឹកសមុទ្រខ្ពស់បានបោកជន់លិចដែនកោះជុំវិញ ខណៈតំបន់ ខ្លះត្រូវរងគ្រោះទុរ្ភិក្ស ភ្លើងឆេះបំផ្លាញអស់។ វិនាសកម្មកើតឡើងផ្ទួនៗគ្នា គ្រោះវីរុសចម្លែកជាច្រើនដែលធ្លាប់សំងំស្ងាត់លាក់ខ្លួន(hibernate) បានលេចវត្តមានឡើង វាយប្រហារមនុស្សជាតិ។ នាពេលមួយ វីរុសដែលធ្លាប់តែមានក្នុងរឿងកុនហូលីវូដ បានបង្ហាញឡើង…ហ្ស៊មប៊ី។

កំណើនប្រជាជនលើពិភពលោកត្រូវបានកាត់បន្ថយយ៉ាងគំហុក ពីជាង ៨ពាន់លាននាក់ មកត្រឹមតែជាង៣០០លាននាក់ប៉ុណ្ណោះ ក្នុងពេលត្រឹមតែ១ឆ្នាំនៃការផ្ទុះវីរុសហ្ស៊មប៊ីនេះ រហូតដល់មនុស្សជាតិកំពុងស្ថិតនៅក្នុងភាពព្រួយបារម្ភ…តើអាចទេ មនុស្សជាតិនឹងផុតពូជពីភពផែនដីនេះ?

គោលបំណងភារកិច្ច៖ រស់រានមានជីវិតក្នុងពិភពអន្តរាយនេះក្នុងរយៈពេល២៤ម៉ោង។

រង្វាន់បញ្ចប់៖ ពិន្ទុរង្វាន់មូលដ្ឋាន ១០ពិន្ទុ។

ចំណាំ៖ អ្នកលេងត្រូវបានស្នើសុំឱ្យរុករកកិច្ចការលាក់កំបាំងដោយខ្លួនឯង។ បន្ទាប់ពីឈានដល់ពេលវេលារស់រានមានជីវិត អ្នកលេងអាចជ្រើសរើស ចាកចេញពីពិភពនេះនៅពេលណាក៏បាន។

នៅពេលផ្ទាំងបេសកកម្មបង្ហាញនៅលើកញ្ចក់LCDរួច គ្រប់គ្នានៅទីនេះឡើងស្រឡាំងកាំង! ម្នាក់ៗភ្ញាក់ដឹងខ្លួនវិញ ពេលឃើញថានៅលើ ផ្ទៃអេក្រង់LCD បានផ្លាស់ប្ដូរជាការរាប់ថយក្រោយ…១នាទី វិញ!

… Apocalypse world (ពិភពអន្តរាយ)?

តួលេខនៅកណ្តាលអេក្រង់ចាប់ផ្តើមបង្ហាញផ្លាស់ប្ដូរថយក្រោយ ខ្ញុំងាកទៅសួរទៅកាន់ផានុត

– នេះតែប៉ុណ្ណឹងទេ?

– Huh? ហើយនេះឯងគិតថា គួរតែត្រូវតែមានអ្វីបន្ថែមទៀតមែនទេ?

គេសួរមកកាន់ខ្ញុំវិញ ខ្ញុំក៏ប្រញាប់ប្រាប់អ្វីដែលខ្ញុំកំពុងគិត

– គឺកញ្ចប់សម្រាប់អ្នកលេងថ្មី (New Player’s package) នោះអី? ធម្មតាអ្នកលេងថ្មីចាប់ផ្តើមហ្គេមជាលើកដំបូង គួរតែមានកញ្ចប់ជំនួយបន្ថែម ឬបទបង្ហាញជាមេរៀន (toturial) អ្វីប្រាប់បន្ថែមទេឬ?

– មែនហើយៗ!

សំណាង និងសុពណ៌ក៏បន្លឺសំឡេងគាំទ្រនឹងគំនិតរបស់ខ្ញុំផងដែរ។

គេឮខ្ញុំនិយាយបែបនេះហើយ គេសើចតិចៗ

– ហាហា នេះឯងគិតថា វាគ្រាន់តែជាហ្គេមឬ? តែឯងក៏មិនខុសទាំងស្រុងដែរ អ្នកលេងថ្មីដំបូងដូចជាឯង វាធម្មតានឹងមានជំនួយអ្វីបន្ថែមពីហ្គេមអេដមីន (Game administrator) ប៉ុន្តែរឿងនេះគឺមានតែឯងខ្លួនឯង ត្រូវស្វែងយល់តែប៉ុណ្ណោះ!

– ហា្អស់? ពិតមែនឬ? វាដូចកម្លាំងអច្ឆរិយៈ ឬសមត្ថភាពពិសេស?

គេមិនតបផ្តល់ចម្លើយនឹងខ្ញុំ គ្រាន់តែញញឹម។ ខ្ញុំឃើញរូបរាងគេចាប់ផ្តើមរលាយបន្តិចម្តងៗ អ្នកដទៃក៏ដូចគ្នា…  ខ្ញុំក្រឡេកមើលលើ កញ្ចក់អេក្រង់LCD វិនាទីចុងក្រោយក៏បានមកដល់។ ពេលនេះអក្សរដែល បង្ហាញគឺ…

‘Ready, Go!’

‘Good Luck’

នៅមានត…

ចួបគ្នាជាថ្មីជាមួយនឹងដំណើរបេសកកម្មរបស់ វ៉ារាប ក្នុងដែនដីហ្ស៊មប៊ី

រឿង៖ ប្រាំពីរ
នៅចំកណ្តាលខេត្តកំពង់ធំ ដែលដុះដាលទៅដោយអគារទំនើបខ្ពស់ឡើងៗ បែរជាមានអនុវិទ្យាល័យចាស់មួយ សង់ឡើងក្បែរសំណល់ប្រាង្គប្រាសាទបុរាណ។

ផ្នែកខាងស្តាំនៃបរិវេណនោះ មានសហការជាមួយសាលាអន្តរជាតិឈ្មោះ Main EDU ហើយនៅរបងខាងឆ្វេងជាប់នឹង​វត្តចន្ទកេសរ។

សាលា Main EDU នេះត្រូវបានគេស្គាល់ថា ជាថ្នាលសិក្សា​ទំនើបប្រើភាសាអង់គ្លេស ហើយមានវិន័យតឹងរឹង តែបែរជាមកស្ថិតក្នុងបរិវេនប្រាង្គប្រាសាទដ៏មានប្រវត្តិជ្រាលជ្រៅនៃទំនៀមទម្លាប់បុរណសម្បូរបែប ដែលសិស្សភាគច្រើនមិនបានអើពើ។

ប៉ុន្តែ…ក្នុងចំណោមនោះ សិស្សថ្នាក់ទីប្រាំពីរ ដែលមានជាតិសាសន៍ចម្រុះចំនួនប្រាំពីរនាក់ លីណា គីរី អាឡិច ម៉ី ដារ៉ា សំណាង និងលីឡា បែរជាអង្គុយបើកគម្រោងការ សម្រាប់ដំណើរសមាធិផ្សងព្រេងមួយយ៉ាងស្ងាត់កំបាំង។

នៅល្ងាចនោះ ក្រោមពន្លឺរស្មីនៃព្រះអាទិត្យចុងក្រោយហៀបលិច ពួកគេបានចួបគ្នានៅខាងក្រៅថ្នាក់លេខ ៧០៧។

ទ្វារបន្ទប់ត្រូវបានដោះសោដែលចាក់ជាយូរណាស់មកហើយ ដោយវិធីរបស់ពួកគេ។ ទាំង៧នាក់ បានឈាន​​ចូល​ទៅផ្នែក​ខាងក្នុងនៃបន្ទប់ដែលគ្របដណ្តប់ទៅដោយ​ខ្យល់​ត្រជាក់​ប្លែកពីមជ្ឈដ្ឋាន​ខាងក្រៅ។

ក្លិន​សៀវភៅ​ចាស់ៗ និងផ្កាក្រៀម ថ្នាំបុរាណ និង​អ្វី​ផ្សេងៗ​ទៀតគួរឱ្យចង់ដឹង។

«ហ្គេមចាប់ផ្តើម!» ម្នាក់ក្នុងចំណោមពួកគេ​ខ្សឹបកម្លាចិត្ត​ក្រុមគេដែលកំពុងពិនិត្យ​ស្ថានការណ៍បន្ទប់។

ម៉ី ជាកូនថៅកែឡូនេសាទ ​ដែលមានជាងគេ បានប្រើសំឡេង​ចំអកស្រួយស្រឹប៖

«អើយ! គ្រាន់​តែ​ជា​ថ្នាក់​រៀន​ចាស់គេទុកចោលមួយ! គ្មាន​ខ្មោចអីមក​នៅ​បន្ទំខ្លួននៅហ្នឹងទេ!»

និយាយទើបនឹងផុតពីមាត់ ទ្វារដែលបានចំហចោលស្រាប់តែបិទគ្រឹបពីក្រោយខ្នងពួកគេ។ ភ្លើងក្រោមផ្សែងស្តើងហើរមកពីក្រៅតាមប្រលោះស្លាបព្រិលនៃបន្ទប់នេះ សំឡេង​មួយ​ដែលមិនច្បាស់លាស់​តែ​ស្និទ្ធស្នាល ​បាន​ខ្សឹប​ឈ្មោះ​របស់​ពួកគេម្តងម្នាក់ៗ…

«លីណា… គីរី… អាឡិច… ម៉ី… ដារា… សំណាង… លីឡា…»។

ក្មេងៗដែលបើកភ្នែកគ្រលួងៗបានបង្វិលខ្លួនទល់ខ្ន​ងគ្នា​សម្លឹង​ជុំវិញ។

គ្មាននរណាផ្សេង​នៅទីនេះទេ មានតែពួកគេ​។ លីឡាជាកូន​កាត់ខ្មែរ-បារាំង។ ប៉ារបស់នាង ជាអ្នកជំនួញបរទេសដែលបានមក​បើកហាងនំមួយដ៏ល្បីឈ្មោះនៅខេត្តកំពង់ធំនេះ។ លីឡា​បានចាប់ដៃរបស់លីណាដោយភ័យព្រួយហើយបន្ទោសម៉ី៖

«នែ៎! កុំលេងមើល៍! នេះមិនគួរឱ្យអស់សំណើចសោះ មិញឮអីអត់? អ្នកណាហៅឈ្មោះពួកយើង?»

ប៉ុន្តែ​មុន​នឹង​នរណា​ម្នាក់​អាច​ឆ្លើយ​បាន ក្ដារខៀន​ចាប់​ផ្ដើម​សរសេរ​ដោយ​ខ្លួន​វាថា «បន្ទប់ទីប្រាំពីរស្វាគមន៍»។

អាឡិចសម្លក់ទីនោះខណៈសំណាងស្រែកហើយចង្អុលទៅជួរអក្សរបន្ទាប់ថា«ពួកឯងមានពេលមួយម៉ោងដើម្បីបញ្ជាក់!»

ប៊ិកហ្វឺតមួយ​ធ្លាក់ចោលនៅលើ​​ដីចំហគម្រប។

«លេងអន់ៗ»

Alex បាន​រអ៊ូ ។ ប៉ាអាឡិចជាជនជាតិខ្មែរ​តែម្តាយជាចិន ដែលមានរោងចក្រមួយនៅខេត្តនេះ។ សំឡេង​របស់​គេទើបនឹង​​បាន​រសាត់​ទៅ ស្រាប់តែបន្តមកជាមួយស្នូរអ្វីមួយដូចជាអ្នកណាម្នាក់កំពុងកោសកម្រាលឥដ្ឋដោយដែកស្បែង។

ម្តងឮពីក្រៅ ម្តងដូចជាពីខាងក្នុងជញ្ជាំងឬពីលើពិដាន។

​ខ្វាក!

គិរីស្ទុះទៅរុញបើកបង្អួច!

ខាងក្រៅជា​ពេល​រសៀល​ តែមេឃ​មាន​ពពក​ច្រើន។

គិរីបែរមករកបណ្តាមិត្តរបស់គេវិញ ព្រោះឮសំណើចចំអកមកខ្លាំងៗ។

«ខ្លាច?» ម៉ីថាឱ្យគិរី។

ឃើញដូច្នោះ គិរីដែលជាកូនពៅនៃគ្រួសារស្នងការប៉ូលីស បាន​ដើរ​បកវិលម​កវិញដោយសម្រួល ធ្វើជាមាន​ឬកពារមាំហើយនិយាយ៖

«បើគ្រប់គ្នារួចរាល់ហើយ ចាំអីទៀត? ចាប់ផ្តើម!!!»

ពួកគេមើលមុខគ្នា។ លីណាឃើញសំណាងដោះសាក់កាដូមក នាងក៏និយាយក្នុងសំឡេងញ័រតិចៗជាមួយនឹងភាពរំភើប លាយការភ័យខ្លាចលាក់កំបាំងមិនឱ្យមិត្តដឹង។

«សមាធិហ្មងឬម៉េច?»

លីណាជាកូនស្រីច្បងរបស់មន្ត្រីសាលាខេត្តមួយរូប។ ប៉ានាងមានកូនពីរនាក់ប៉ុណ្ណោះ ប្អូននាងទើបតែមានវ័យ៥ឆ្នាំទេ។ គីរី​ដែល​តែង​តែ​មន្ទិល​ស្ទាក់​ស្ទើរតែមិនហ៊ានថាអ្វី ងាកទៅមើលអាឡិច​ខណៈម៉ីដែលឈរក្បែរនោះ នាង​ញញឹម ភ្នែកសងខាងភ្លឺដោយសេចក្តីរំភើបនិងភ្លើតភ្លើន៖

«ចង់ដកថយគីរី?»

«ណាគេថា?» គិរីប្រកែក​ ក្តាប់ដៃធ្វើក្លាហាន។

«តស់!» តារាដែលនៅស្ងៀមស្ងាត់យូរហើយ ពោលពន្យុះ។

«ស្រមៃមើលថា ពួកយើងចេញពីនេះទៅជាមួយថាមពលមួយ Super Power »

សំណាង​ដែល​នៅ​ស្ងៀមក្បែរតារា​ដែរ​នោះ ម្តងៗ​​បែរ​សម្លឹង​ទៅ​មាត់​ទ្វារ​ព្រោះគេទទួល​អារម្មណ៍​ថា ដូចជា​​មាន​អ្វី​មួយ​ដែល​ពួនលាក់​ខ្លួននៅ​ខាង​ក្រៅសំងំមើលមកពួកគេ។

សំណាងជាក្មេងប្រុស​ដែលតែងតែមានអារម្មណ៍ រសើបបំផុត តែមិនចេញប្រតិកម្មពេកទេ។ ម៉ីវិញ  ដោយនាងជាក្មេងស្រីកូនកាត់ដ៏មានបញ្ញាមុតស្រួច និងធំឡើងជាមួយភាពជឿជាក់មិនងាករេ បានបោះជំហានទៅមុខ។

«កុំបន្លំពន្យាពេល!» នាងនិយាយ

«អង្គុយមក!»

ជំទង់ទាំង៧កំពុងប្រុងប្រៀង​នឹងធ្វើតាមការណែនាំពីរបៀបសមាធិ«៧ដួង»ដើម្បីទៅចួបវិញាណទេព។

«ទទួលបញ្ជា» ដារ៉ា រអ៊ូរទាំក្រោមដង្ហើមរបស់នាង ហើយគេគ្រវីភ្នែកមើលប្រតិកម្មមិត្តដទៃ។

ក្នុងបន្ទប់ងងឹតដែស្រាប់តែផ្លាស់មកជា ងងឹតព្រោះបាត់បង់ពន្លឺព្រះអាទិត្យទាំងស្រុង ពួកគេយកទៀនម្នាក់មួយដើមមករៀងខ្លួនដើមមកអុច ហើយរាយគ្នា​អង្គុយ​ពែនជា​រង្វង់​ជុំវិញ​ទៀន ដោយ​ដាក់​សៀវភៅ​បុរាណTវិញាណទេព៧ នៅចំ​កណ្តាល។

សៀវភៅ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុងសសរបាក់នៃតួ​ប្រាសាទ​ចាស់ដែលរាបដល់ដីយូរណាស់មកហើយ។ បើពួកគេមិនលេងកាយដីលាក់របស់​ក៏រកមិនឃើញសៀវភៅបុរាណនេះដែរ។ លីណាជាអ្នកស្ពាយវាមក។

ទំព័រ​របស់​វា​មាន​ពណ៌​លឿង​តាម​អាយុ អាចថា សៀវភៅនេះ​ត្រូវបាន​កប់មកពីជំនាន់បារាំងឬមុនបន្តិចបន្តួចប៉ុណ្ណោះ តែសរសេរគ្រប់យ៉ាងជាភាសាខ្មែរ។

លីណាផ្ទាត់បើកទំព័រដំបូងដែលសរសេរថា​៖

«មគ្គុទ្ទេសក៍​ដើម្បី​ចួប​វិញាណទេព» ក្រោមនោះមាន​សរសេរជាតួតូចៗល្អិតថា «ផ្លូវ​ទៅ​កាន់​អំណាច»។

«អាន!»

ម៉ីបញ្ជាលីឡាដែលជាកូនកាត់បារាំង តែដោយឃើញថានាងលីឡានៅទីទើរ មានតែតារាដែលនៅក្បែរនោះរុញគម្ពីរបង្វិលទៅឱ្យអាឡិច។

ដោយសារសំណាងវាយក្បាលបន្តិចជំរុញផង អាឡិចបង្ខំចិត្តអានតាមគម្ពីរក្នុងនោះជាអត្ថន័យដែលពួកគេមិនយល់ តែមានសំឡេងសព្ទថា «អាត្តាណាម ដាម៉ាយ៉ានទី ប៉ានឌីតា»។

ពួកគេត្រូវសូត្របន្ទោរគ្នាម្តង៧ចប់​ ហើយបកវិលមកសូត្រវិញបន្តថែម៧ដងទៀត។

គ្រប់តាមក្បួន ស្រាប់តែឃើញថា កម្លាំងខ្យល់បោកមកសន្ធប់ក្នុងបន្ទប់រៀន។

«ដាក់ដៃលើជង្គង់ ផ្ងារម្រាមទៅលើ!»

អាឡិចស្រែកស្រួយៗស្រិប។ សំឡេងដូចជាអ្វីមួយ មានអនុភាពមកលើរាងកាយអាឡិច មិនដូចជាអាឡិចធម្មតាទៀតនោះទេ។

កុមារទាំងប្រាំមួយនាក់ផ្សេងទៀតអាចទទួលអារម្មណ៍ចម្លែកនេះ តែពួកគេមិនហ៊ាន​សួរឬងាកសម្លឹងគ្នា​ឡើយ នេះជាត្រណម។ ពេលដែលដង្ហើមរបស់ពួកគេចាប់ញ័រលើងម្តងបន្តិចៗ  រាងកាយរបស់ពួកគេក៏ញ័រតាម ។

«បិទភ្នែក!»

អាឡិចបញ្ជាឮៗ។ មានតែសាមីខ្លួនអាឡិចទេដែលនៅបើកភ្នែកបាន។

ហ្វឺត និងអ្វីៗគ្រប់យ៉ាង​នៅលើឥដ្ឋបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងអ្នកណាដុត ហើយជញ្ជាំងក៏រំកិលទៅក្រោយ ដូចជាសាលារៀននេះ​បន្ទប់នេះមានជីវិត។

សំឡេង​នៃ​ភាពវិលវល់ ការស្រែកដាច់ខាតលើសមរភូមិ សូរសេះបោល ដំរីព្រិច និងការ​ប្រកួតដាវលំពែង​បាន​បន្លឺ​ឡើងរំពង​​តាម​អាកាស។ ខ្យល់​ខ្សឹបមក​ប្រាប់​ពី​សមរភូមិបុរាណ​​ដ៏​ឃោរឃៅ​បំផុត សូរមនុស្ស​រត់ចោលស្រុកកំណើត យំស្រែករន្ធត់។

​​ក្មេងៗនាំគ្នាយំ តែបើកភ្នែកមិនបាន រាងកាយលែងបញ្ជាកើត​។  ចិត្តរបស់ពួកគេលោតញាប់ ប៉ុន្តែនៅខាងក្នុងទីជម្រៅ ម្នាក់ៗដឹងជាស្រេចហើយ មុនពេលមកដល់ទីនេះថា អ្វីដែលពួកគេចង់បាននោះ​ទាមទារឱ្យឆ្លងកាត់ដំណាក់កាលអ្វីខ្លះ។

«ពួកចៅ ចេញពីទីនេះបាន​ដោយត្រូវបន្សល់ទុកវិញ្ញាណមិត្តឯងម្នាក់! គេនោះនឹងមកនៅចាំបន្ទប់នេះជាវិញ្ញាណទេពជារៀងរហូត! សម្រេចទៅថាជាអ្នកណា?»

ចិត្តពួកគេភ័យញាក់តែមិនអាចរើខ្លួនចេញ ថែមមិនអាចនិយាយប្រកែក។ នរណាម្នាក់ក្នុងចំណោមពួកគេនឹងត្រូវទុកចោលអនាថានៅកន្លែងនេះ? ទេ! គ្មានអ្នកណាចង់ទេ។

នោះ​ជា​អ្វី​ដែល​ពួក​គេ​ខំមកធ្វើសមាធិតាមគម្ពីរអំណាច៧មែនទេ? មិនមែនទេ! ពួកគេទើបនឹង​ដឹងខ្លួនថា ត្រូវ​បាន​គេ​បោកមកទីនេះ។

អ្នកណាម្នាក់ ផ្លុងគម្ពីរចាស់ ពង្វក់ក្មេងៗឱ្យមកបន្តធ្វើជាជើងកបនៅបន្ទប់មួយនេះ មែន​ទេ?

គ្រប់គ្នាញ័រញាក់ទៅក្នុងការសម្រេចចិត្ត​។ ម្នាក់ៗនឹកដល់សម្តីទូន្មានរបស់គ្រួសារ។ ឪពុក​របស់​លីណា​តែងតែ​ប្រាប់​នាង​ថា៖

«អ្នក​ក្រ ឬពួកមនុស្ស​ខ្សោយៗ​នឹង​ទាញ​កូនឯង​ឱ្យរវល់ជួយពួកគេគ្មានថ្ងៃចប់ទេ! ចូរចេះសេពគប់ ហើយ​នៅតែ​ជាមួយ​នឹង​ប្រភេទមនុស្ស​ខ្លាំងៗ»​។

ប៉ុន្តែ សម្រាប់ឆន្ទះលីណា នាង​ដឹងថា​ពេលនេះនាង​នៅទីនេះកៀកស្មាជាមួយគីរី ដែលគ្មានអ្វីក្រៅពីកណ្តាប់ដៃ និងភាពរឹងចចេសឡូឡា​។ គេធ្លាប់ជួយនាង បានទាញនាងឡើងនៅពេលនាងដួលក្នុងតារាងបាល់  តើនាងនឹងទុកគិរីចោល​បានទេ? ឥឡូវនេះខាងគិរីវិញ គេគិតដល់សម្តី ឪពុក​របស់​គេ ជា​មេ​ប៉ូលិស​ដែលតែងតែព្រមាន​កូនថា «ធ្វើជាមនុស្ស​ចូរ​កុំ​បង្ហាញ​ភាព​ទន់​ខ្សោយ! ក្នុងកាលៈទេសៈណាក្តី!»។

ប៉ុន្តែធាតុពិត ក្នុងភាពជាប់គាំងនេះ ភាពញាប់ញ័រចំប្រប់កំពុងបញ្ជាដៃជើងរបស់គេ ញើសនៅលើចិញ្ចើម និងមុខរបស់គេ  តើនេះមើលទៅដូចជាកម្លាំងឬការខ្លាច?

អាឡិចវិញកំពុងស្រក់ទឹកភ្នែក។ គេជាក្មេងធាត់បំផុតក្នុងចំណោមអ្នកសមាធិទាំង៧ ក៏ជាអ្នកដែលនឹង​រត់យឺតជាងគេ ទីបំផុតគេនឹងស្លាប់មែនទេ លែងបានឃើញម្តាយឪពុកទៀតហើយ?

នឹកឃើញសម្តីឪពុករបស់គេ គាត់ប្រាប់អាឡិចថា៖

«លុយអាចទិញអ្វីៗបានទាំងអស់កូន! លុយជាផ្លូវដែលនាំឱ្យយើងអាចចេញពីឧបសគ្គទាំងអស់បាន!»

គេយំព្រោះពេលនេះ ​វិញ្ញាណ​មិន​ខ្វល់​ពី​ទ្រព្យសម្បត្តិ​របស់​ប៉ាគេ​ឡើយ។

«ទេ! យើងមិនទុកអ្នកណាទាំងអស់!»

នេះជាសម្រែកលីណាលាន់ឡើងធ្វើឱ្យគ្រប់គ្នាឈប់យំ។ លីណា​តែងតែជាមនុស្ស​អៀន និងភ័យ តែនាងមិនមែនកំសាកទេ។ ម្តាយនាងប្រាប់ថា  មនុស្សគ្រប់រូបគឺអាត្មានិយម តែលីណាតែងប្រកែកថា មិត្តភាពគឺមានពិតមែន។

ម្តងនេះគ្រប់គ្នា​និយាយមិនរួច តែនាង​និយាយរួចព្រោះនាងមិនខ្លាចអ្វីទាំងអស់ដែលចង់មកបំបែកយកមិត្តភក្តិរបស់នាង​។

ប៉ុន្តែនៅពេលដែលនាងអាចបើកភ្នែកមក ហើយឃើញម៉ីកាន់ដៃនាងដោយស្ងៀមស្ងាត់ លីណា​មានអារម្មណ៍ថាមានអ្វីមួយដែលខ្លាំងលុបពីលើជាងការភ័យខ្លាច ពោលគឺ អំពើល្អ ដែលជារឿងដ៏រឹងមាំនៅគ្រប់កាលៈទេសៈ។

លីណាងើបមុខហើយស្រែក៖

«ក្របខាងក្រោយសរសេរថា អំពើល្អឈ្នះ!!!»

បន្ទប់ហាក់បង្ហាញថា វិញ្ញាណកំពុងតែរំជើបរំជួលដោយកំហឹង។  ស្រមោលខ្មៅនៃរាត្រីកាលពន្លូតធំឡើងៗព្រមាននាង ហើយគ្រហឹមបំភ័យក្មេងៗ តែពួកគេបានឮសំឡេងសំណាងស្រែកឡើង៖

«យើងមិនទៅចោលគ្នាទេ!»

បន្ទាប់មកគឺគីរី ​គ្រវី​ធ្មេញញេញបន្តិចទើបគេនិយាយចេញថា៖

«ពួកយើងនឹងរួមគ្នា​បំបែកហ្គេមនេះ!»

ជញ្ជាំងបន្ទប់ផ្តើមរមួល ធរណីញាប់ញ័រ វិញ្ញាណបានចុះចាញ់និងទទួលដឹង ខ្លបខ្លាចជាមួយពីការបះបោរដោយភាពក្លាហាន​របស់ក្មេងៗ។

សំឡេង​របស់ តារា បានញាប់​ញ័រតតាត់ ប៉ុន្តែ​គេ​និយាយចេញវិញហើយ៖

«ពួកយើង! យើង​ចេញ​ទៅវិញទាំងអស់គ្នា!»

វិញ្ញាណបានបោកកម្ចាយទ្វារ។ ខ្យល់ប្រែជាត្រជាក់។ ដីប្រេះនៅក្រោមជើងរបស់ពួកគេ។ ការរត់គេចខ្លួនបានចាប់ផ្តើម លីឡាស្រែកឡើងថា៖

«យើងចាប់ដៃគ្នារត់ព្រមគ្នា!»

គិររីគំហក៖

«មួយ!ពីរ!​ក្រោក!»

ពួកគេ​ទាញគ្នាក្រោក​ហើយ រត់កាត់ថ្នាក់រៀនជាច្រើន។ កម្រាលឥដ្ឋលាតសន្ធឹងគ្មានទីបញ្ចប់ដូចជាសាលារៀននេះ អាគារនេះអស់កល្ប។

ស្រមោល​ដើមឈើបានប្រ​ដេញ​តាម​ពួកគេ។

ម្រាមដៃ​ពួកគេ​ក្តាប់មិនលែងគ្នាទោះជាសំឡេង​ ស្នូរជួងចាស់ ម៉ឺងៗៗៗៗបន្លឺ​ព្រមានមករំពង។

វិញ្ញាណស្រែកសម្លុតមកល្វើយៗក្នុងអារម្មណ៍ពួកគេ៖

​«ពួកឯងនឹងក្បត់គ្នា! ហើយពេលណាពួកឯងបែកបាក់ យើងនឹងយកអ្នកណាដែលនៅក្រោយគេ!»។

គិរីសែនរំជួល​ចិត្ត។ នេះក៏ជាពេលដែលសម្តីជីតា​គេលេចមក​៖

«កុំទុកចិត្តអ្នកណាពេកណាចៅ!» ប៉ុន្តែ​គីរី​មិន​បានដោះដៃចោលពួកគេទេ។

គ្រាមួយ ​អេឡិច បានជួយទប់គេកុំឱ្យធ្លាក់ពេលកំពុងឡើងច្រៀង​នៅ​ចន្លោះ​តុ​។  គីរី​នឹក​ឃើញ​ការ​ចំអក​របស់បងប្រុស​ខ្លួនថា «ភាព​ទន់​ខ្សោយ​ ចិត្ត​ទន់ពេក មាន​ន័យ​ថា មនុស្ស​កំសាក!»

​ប៉ុន្តែ តើ​ខ្ញុំ​ជា​មនុស្សកំសាកទេដែលរត់ចោលមិត្ត​?

ជាមួយគ្នា ពួកគេ​បានរត់​គេច​ពី​ក្តារខៀនដែលរលំ ហើយ​ លោតយោងគ្នា​​ពីលើធរណីដែល​​ប្រេះបែក។

ចុងក្រោយពួកគេ​បាន​​ឈានមក​ដល់​ទ្វាររប​ង ដែលជា…វិញ្ញាសា​ចុងក្រោយ។ ប៉ុន្តែ​…វា​ត្រូវ​បាន​ចាក់សោ។ គ្មាន​កូនសោ!!! គ្មាន​វិធី​ដែល​អាច​​បើក​វា​ទេ។

តារា ងាកមើលក្រោយ។ វិញ្ញាណស្រីចាស់ម្នាក់ រូបអាក្រក់ ស្លៀកបុរាណ រហែក មានច្រវ៉ាក់នៅនឹងជើង។ ភ្នែកប្រហោងគ្រហូតាមសម្លឹងមើលមកពួកគេពីចម្ងាយ។

«ពួកឯងចង់ទៅ ត្រូវទុកម្នាក់នៅ!»

ពួកគេបានមើលមុខគ្នាទៅវិញទៅមក។ បន្ទាប់មក បន្តិចម្តងៗ ពួកគេលែងភ័យខ្លាចព្រោះអ៊ំដឿន អ្នកថែសួនបានរត់មកដល់។ ពីក្រោយគាត់សន្តិសុខម្នាក់ដើរមកដែរ។ ពន្លឺ​ភ្លើងត្រូវបាន​បើកភ្លឺ​ពាសពេញ​។

«មិនទាន់ទៅផ្ទះទេ?»

ក្មេងៗរត់សំដៅទៅមនុស្ស​ចាស់ ហើយ​នៅ ដកដង្ហើមធំ។ អគារ​ដែល​នៅ​ពី​ក្រោយ​ពួក​គេ ​បាន​លេច​ឡើង ហាក់ប្រក្រតី គ្មានអ្វីប្រេះស្រាំឬបោកបក់ វិញ្ញាណក៏មិនមាន។

«ពួកខ្ញុំប្រជុំពូ! ខ្ញុំជ្រុលពេលសូមទោស!»

«ចុះមិញម៉េចបានស្រែក?»

ពូសន្តិសុខសួរនៅពេល​ដែលអ៊ំដឿនរេភ្នែកសម្លឹងគម្ពីរក្នុងដៃលីណាដោយសង្ស័យ។

ក្មេង ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយលីណាវិញ ក៏ប្រែជាញញឹម។

«ខ្ញុំភ្លេចសៀវភៅ!»

បីថ្ងៃបានកន្លងផុតទៅ ប៉ុន្តែស្លាកស្នាមរបួសដោយការរត់នៅលើស្បែករបស់ពួកគេនៅមិនទាន់រលុបនៅឡើយ។ ការនេះ នៅតែរំឮកមកវិញនូវសំឡេងខ្សឹបខ្សៀវវិញ្ញាណដែលចង់បោក​យកអ្នកណាម្នាក់ក្នុងចំណោមពួកគេ។

«ចួបគ្នាកុំខាន!»

អេឡិចសរសេរឈែត​ហៅរកគ្នីគ្នា។ បន្ទាប់មក មិត្តទាំង៧ បានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់សិក្សារបស់គីរីនៅផ្ទះ  ដែលជាកន្លែងគ្មានបារម្ភពីវិញ្ញាណព្រោះមានអសនៈព្រះតាំងនៅ។

ពួកគេរួមគ្នាសរសេរអ្វីៗទាំងអស់អំពី ការសាកល្បង ការភ័យខ្លាច និងការពិតដែលពួកគេបានរកឃើញ។ ពីមួយទំព័រទៅ មួយទំព័រ ពួកគេបានចាក់អនុស្សាវរីយ៍នៃមិត្តភាពនិងភាពចាស់ទុំមកលើក្រដាស។

នៅពេលដែលសៀវភៅត្រូវបានបញ្ចប់ តារា បានរុំដោយក្រម៉ាក្រហមមួយ។

«យើង​មិន​អាច​មិនផ្សាយឱ្យក្មេងដទៃបានដឹងនោះទេ ពួកគេ​អាចជាអ្នករងគ្រោះបន្ទាប់!»

ដូច្នេះហើយ ពួកគេទាំង៧បានទៅកាន់កុដិមួយនៃវត្តចន្ទកេសរ។

ក្រោមពន្លឺភ្លើងទៀន ព្រះសង្ឃចំណាស់បានទទួលយកសៀវភៅដោយញញឹម ដូចជាមានញាណដឹងថា នឹងត្រូវធ្វើយ៉ាងណាចំពោះវិញ្ញាណនោះ។

ស្អែកឡើង ពួកគេបានរត់ទៅមើលនាយកសាលាដែលនៅជាមួយព្រះសង្ឃអង្គនោះ ក្នុងការសូត្រ​មន្តនិងស្រាយបំភ្លឺបន្ទប់លេខ៧០៧ឱ្យប្រើប្រាស់ជាទីប្រជុំធម្មតាវិញ ។

ជារហូតមក មិត្ត​ទាំង៧តែងតែអើតមើលទៅទីនោះរាល់ពេលដើរកាត់ម្តងៗ៕

រឿង៖ សាឡនអ៊ំផល្លា
នេះគឺ ឆ្នាំ១៩៣៣ ម្តុំនេះអ្នកស្រុកហៅថា​ភូមិ​កំពង់ទឹក។

នេះជាភូមិមួយតូច ស្ងប់ស្ងាត់ចោមព័ទ្ធទៅដោយ​វាលភក់ល្បាប់។ នៅជ្រុងផ្លូវទៅបឹង​មាន​ហាង​កាត់សក់ចាស់​មួយ ​ដែល​ស្ទើរ​តែត្រូវបាន​គេបំ​ភ្លេចចោលទៅ​តាម​ពេល​វេលា។

ស្លាកសញ្ញានៅពីលើទ្វារឈើឆ្លាក់មកថា «ហាងកាត់សក់ផ្លូវចាស់»។ សំណឹកលើចំណុចលាបពណ៌ បានធ្វើឱ្យប្រវត្តិហាងមួយនេះ​ត្រូវ​រសាត់បាត់ក្នុងអាថ៌កំបាំង។

ហាងនេះ ដើមឡើយមាន​គេដឹងថា ជាកម្មសិទ្ធិរបស់អ្នកស្រី ផល្លាវ័យ២៤ឆ្នាំកាលពីប្តីគាត់ចេញទៅធ្វើសង្គ្រាមប្រឆាំងអាណានិគមហើយមិនដែលវិលមកផ្ទះទេ។

នាង​ ជាស្ត្រីមេម៉ាយស្លូតបូត មានមុខមាត់ឆ្លាតវៃ ភ្នែកមុតស្រួច និងកូនប្រុសម្នាក់ឈ្មោះ សីហា។ ក្រោយៗមក យុគកាលប្រទេសផ្លាស់ប្តូរ ប្រពន្ធមន្ត្រីយោធានៅតំបន់នេះរត់ភៀសអស់ទៅ  គ្មានឃើញអ្នកជិតខាងណានៅសល់ដានទេ។ ទីនេះត្រូវបោះបង់ចោលមួយរយៈ ក៏មិនដែលមាន​អ្នកណាធ្លាប់និយាយអំពីពីរនាក់ម្តាយនិងកូននេះទៀតដែរ។

ក្រោយមក ពេលគ្រប់យ៉ាងមានស្ថិរភាពផ្នែកនយោបាយ អ្នកចំណូលថ្មី បានមកតាំងទី។ ក្រោយមកៗអ្នក​ស្រុកបានតំណាល​អំពីការភ័យ​ខ្លាចរបស់​ពួក​គេ ដោយ​ខ្សឹប​ប្រាប់តៗនូវ​ពាក្យ​ចចាម​អារ៉ាមថា ចុងបឹងមានកូនតៀមកាត់សក់មួយដែលត្រូវ ​បណ្តាសា។

​អ្នកខ្លះរអ៊ូរទាំ ខ្សឹបខ្សៀវ តែបានត្រឹមសម្លឹងមើលហាងចាស់ពីចម្ងាយតែប៉ុណ្ណោះ។ អ៊ំខ្សឹបគ្នា​ថា នេះជាហាងធ្មប់។ ធ្មប់អាចប្រើបណ្តាសា ឱ្យភ្ញៀវដែលកាត់ហើយ បង្កើតទ្រព្យបានបីដង តែលលកទីបួនគ្មានទេព្រោះជីវិតអ្នកនោះនឹងត្រូវបាត់បង់ទៅសែនគ្រូ។

គ្មានអ្នកណានៅទីនេះ​ហ៊ាន​ប្រថុយ​ទៅយកជីវិតខ្លួន​ដូរ​ជាមួយ​បណ្តាសាអ្នកផល្លា ឡើយ។ ណាមួយ​ទីនេះក៏មិន​ដែលខ្វះអ្វី អ្នកស្រុកធ្វើចម្ការហូបផ្លែជួញជិតឆ្ងាយបានផល ពួកគេមិនដឹងយកលុយច្រើនមកធ្វើអ្វីផង សម័យកាលមិនមាន​បច្ចេកវិទ្យា មិនមាន​ការធ្វើដំណើរ។

​ទីបំផុត អ្នកជំនួញបារាំងម្នាក់ ឈ្មោះដេវីដអាយុ៣៨ឆ្នាំ បានមកដល់ជាយក្រុងមួយនេះ។ មេភូមិ គឺអ៊ំហ៊ីង គាត់មិនបានបដិសេធ​អ្វីនឹងពាក្យ​ចចាមអារ៉ាម​នោះ​ទេ។

គាត់នាំដេវីដ ទៅឃ្លាំមើលតៀមកាត់សក់ពីចម្ងាយ។

ស្ត្រីម្នាក់ ទំនងជាដូនផល្លា។ គាត់ធ្វើការដោយស្ងៀមស្ងាត់ ជាមួយឧបករណ៍ក្នុងម្រាមដៃជាកូន កន្ត្រៃ​ភ្លឺ​ថ្លា និងមានក្បាច់​បុរាណសង្ស័យបានថា ​ជាឧបករណ៍នៃ​បណ្តាសា​ដែលគេនិយាយមក។

ល្ងាចដដែល លោកដេវីដមកតែម្នាក់ឯង។

តុៗៗៗ

គាត់គោះទ្វារតៀមតូចចំពេលដែលព្រះអាទិត្យរេលិចនៅខាងក្រោយជើងមេឃ។ ស្រមោលរុក្ខជាតិមាត់បឹង និងសព្វបក្សីបក្សាបានកញ្ច្រៀវដៀលស្តីបុរសនេះ។

«សូមទោសអូនសម្លាញ់និងកូនៗ បងត្រូវតែធ្វើ!»

ខ្យល់បោកបក់មកប្រាវៗរត់រមេញលាតសន្ធឹងពេញភូមិនោះ។ ទ្វារហាងតូចទាប បានរបើកឡើង។ បុរស​ម្នាក់នោះ ​ឈាន​ដើរ​ចូល​ក្នុងទាំង​ទឹកមុខស្លេកស្លាំងហើយសម្លឹងមើលជុំវិញដោយភ័យព្រួយ។  ដៃរបស់គាត់បានក្តាប់ជាកណ្តាប់ដៃដើម្បីតែបង្កើនអំណាចចិត្ត​ទប់នឹងភាពព្រួយបារម្ភ។

ស្ត្រីចំណាស់ម្នាក់ទំនងជាយាយផល្លា​ហើយ គាត់កំពុង​បោស​សក់ជាច្រើននៅលើដី។

«តើអ្នកណាមកកាត់?​ មិនគួរឱ្យជឿទេ! គ្មានអ្នកណាហ៊ានមកផ្ទះគាត់ទាំងអស់!»

នេះជាអ្វីដែល ដេវីដលបគិតហើយងើបមុខពីចុងអំបោសមក​មើល​ឡើងលើ។

«មីងផល្លាមែនដែរទេ?»

«ចា៎ខ្ញុំ! ក្មួយចង់មកកាត់សក់?» ស្ត្រីសួរឡើងក្នុងទឹកដមសំឡេងស្មើ។

លោកដេវីដ​មានភាព​ស្ទាក់ស្ទើរខណៈគាត់សម្លឹងនាយពីលើមកដល់ក្រោមយឺតៗ ឯដេវីដក៏សម្លឹងគាត់វិញដែរ ។

« ប…បា…បាទ»

បារាំងបាននិយាយតបបន្តថា៖

«មកកាត់សក់!»

ពេលនេះ សំឡេងរបស់គាត់ញ័រហើយ។

«ខ្ញុំត្រូវការ…ជំនួយ! លុយ! ខ្ញុំ…រកស៊ីខាត ជំពាក់គេ ខ្ញុំមិនចង់ជាប់គុកទេ! ជួយ…ជួយខ្ញុំផង!»

ខ្យល់បោកបក់បង្អួចនៅក្រៅ។  ភ្នែក​របស់ដូន​ផល្លា​ស្រទន់ ​ពេល​​ដាក់​អំបោសទៅម្ខាងនៅជ្រុងងងឹត។

សំឡេងគាត់នៅតែស្មើ៖

«ដឹងពីតម្លៃជាថ្នូរហើយឬនៅលោក?»

ដេវីដល្វីងមាត់ គេយំ​ហើយ​​ងក់​ក្បាល ​លេបភាពជូរចត់។​

«ខ្ញុំត្រូវសងបំណុល! ត្រូវ​រក្សាផ្ទះឱ្យកូនប្រពន្ធបានរស់នៅ! ឥឡូវ​ខ្ញុំ​អស់​សង្ឃឹមណាស់ យកជីវិតខ្ញុំចុះ!»

ថាហើយ ក៏ថយទៅអង្គុយដោយខ្លួនឯង នៅលើកៅអីសម្រាប់ភ្ញៀវដែលចាំកាត់សក់។

ទឹកមុខខ្មៅ គេរអ៊ូម្នាក់ឯងខ្សាវៗព្រោះគ្មានកម្លាំង៖

«ខ្ញុំមានបំណុល…ច្រើន! ខ្ញុំបានព្យាយាមគ្រប់យ៉ាង…ប៉ុន្តែឥឡូវនេះ ខ្ញុំគ្មានសង្ឃឹមទៀតទេ មេបញ្ជាការដែលរកស៊ីជាមួយខ្ញុំ នឹងសម្លាប់គ្រួសារខ្ញុំចោលប្រសិនណាមិនមាន​…លុយសងគេ!»

ស្រមោលអ្នកណាម្នាក់រត់កាត់ពីក្រោយខ្នង​ ធ្វើឱ្យដេវីដងាកទៅក្រោយវិញភ្លាម​។ គ្មានអ្នកណានៅទីនោះសោះ…មានតែគំនូរយុវជនម្នាក់ឈ្មោះ…សីហា ខាងក្រោម…។

ស្ត្រីបោះជំហានទៅមុខជាមួយ ទឹកមុខត្រជាក់។

ដេវីដងាកមកវិញ។

«បីដង!»

គេផ្ចង់ស្តាប់ទាំងញាក់ក្នុងចិត្ត​។

«វេទមន្តយើង នឹងនាំឱ្យលោកមានអ្វីៗដែលលោកចង់បាន!» គេងក់ក្បាល់ដោយមិនដឹងខ្លួន ភ្នែកស្លឺនឹកឃើញពីដំណោះស្រាយល្អមួយ សម្រាប់ដោះមួយគ្រានៃភាពតឹងតែងក្នុងជីវិត។

«ពេលវេលា…នឹងធ្វើឱ្យលោកទទួលបានទ្រព្យសម្បត្តិ! កេរ្តិ៍ឈ្មោះ…អ្វីគ្រប់យ៉ាង!» យាយបន្ទោរ ឯសែហ្វបារាំងមានទឹកមុខអំណរលង់ក្នុងការគិត។

«បីដង!!!»

គាត់បន្ទររដឹកមកទៀតបណ្តាលឱ្យដេវីដដកអារម្មណ៍មករកតៀមមរណៈចំពោះមុខវិញ។

«មានបទពិសោធន៍ បីដង…នៃការ…បានអ្វីទាំងអស់តាមចិត្ត​នឹកឃើញ!»

លោកបារាំងលើកដៃច្បូតមុខ រសាប់រសល់។

«បីដង» យាយនិយាយទៀត ដដែលៗ។

«ការកាត់សក់លើកទីមួយនឹងនាំមកជូនលោកនូវទ្រព្យសម្បត្តិ។ លើកទីពីរ កាន់តែច្រើន!!!! ប៉ុន្តែទីបី…»

ដេវីដ​និយាយកាត់៖

«​ខ្ញុំដឹង!!! ខ្ញុំនឹងស្រែកទៅជេរស្ថានសួគ៌ថា​គេបានរុញខ្ញុំមកដល់ផ្លូវទ័ល ផ្លូវស្លាប់! ខ្ញុំធ្វើគ្រប់យ៉ាង ដើម្បីផ្តល់ឱកាសដល់កូនៗរបស់ខ្ញុំ!» អ្នកស្រីផល្លាដកដង្ហើមធំ ធ្វើកាយវិការយល់ព្រមដោយឱនក្បាល។

ដៃគាត់កាន់កន្ត្រៃ ហើយ​មាត់គាត់និយាយ៖

«ចាំ!!!កាត់បីដង! គ្រប់យ៉ាងមិនបានបង្ខំ! តែជាការដែលអ្នកចង់បាន!…កាត់សក់តែបីដងប៉ុណ្ណោះ!»

យាយផល្លា​លែងនិយាយ ហើយ​បាន​យក​កន្ត្រៃ​មក​លើកឡើងពីក្រោយសក់ជននេះ។ មុខរបស់​វា​ភ្លឺណាស់ ​ខុសពីកន្ត្រៃធម្មតា។ ​ធម្មជាតិក្រៅហាង​​ងងឹតនិងវិលវល់ នៅពេលដែលយាយចាប់ផ្តើមកាត់ ហើយមាត់គាត់ទន្ទេញអាគម។

ស្នូរខ្យល់ បង្កើតអំណាចមកលើធម្មជាតិកាន់តែធ្ងន់ សូម្បីដង្ហើមរបស់​ដេវីដ។

គាត់បិទភ្នែកពេលសសៃសក់ធ្លាក់មករពុយ។ គាត់សើចលាយយំ៖

«ខ្ញុំស្លាប់ហើយ!»

ហើយ…ស្រមោលមួយនៅក្នុងបន្ទប់តៀមហាក់បីដូចជារំកិលចុះឡើងមកក្បែរៗយាយ តែ…ដេវីដ​លែងបាន​ចាប់អារម្មណ៍ខ្វល់ទៀតហើយ។

«សូមឱ្យខ្ញុំរកស៊ីកប បានលុយជាច្រើនសងគេ ហើយប្រពន្ធកូនខ្ញុំចាយមិនអស់ៗៗៗ!»

គិតហើយ គេយំគគ្រូកតំណាលគ្នានឹងសរសៃសក់ដែលរបូតជ្រុះមកម្តងមួយអន្លើម្តងមួយដុំ។

ចាប់ពីយប់នោះមក ជីវិតរបស់ដេវីដបានផ្លាស់ប្តូរតាមរបៀបដែលគ្មានអ្នកណានឹកស្មានដល់។ ព្រឹកឡើងបន្ទាប់ពីកាត់សក់រួចវិលមកផ្ទះដេកចាំបណ្តាសា  គាត់ស្រាប់តែបានទទួលដំណឹងថា លោកពូម្នាក់នៅប្រទេសបារាំងបានទទួលមរណៈភាព ដោយបន្សល់ទុកនូវមរតកដែលនឹកស្មានមិនដល់។ មិនយូរប៉ុន្មាន​ថ្ងៃ រោងចក្រដែលគាត់ជំពាក់ស្ម័គ្រប្រគល់សិទ្ធិទឹកអប់ច្រើនមុខ​ដែលល្បីៗមកនាំចូលកម្ពុជា។ ធនទាំងនោះ លក់ចេញអស់ត្រឹមពេល២សប្តាហ៍ នាំមកនូវផលចំណេញយ៉ាងមហាសាល។

​មិន​ច្រើន​ទេ តែតែ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បំណុល​ ហើយ​ចាប់​ផ្ដើម​អាជីវកម្មមួយចំនួនទៀត ជាប្រភេទអចលនទ្រព្យនិងគ្រឿងផ្គត់ផ្គង់យោធាបារំាងដែលនាំមកឱ្យដេវីដទាំងអំណាចនឹង​លុយកាក់។

​ពិតណាស់! ភរិយា​និងកូន បានសប្បាយរីករាយ​ដោយមានញាតិចោមរោម តែអ្នកអង្គុយសំកុកគឺ ដេវីដ។

ប្រពន្ធ គាត់ជាស្ត្រីខ្មែរវ័យ៣០ឆ្នាំ ដែលចាប់អារម្មណ៍ឃើញថា ​ប្តីបាន​ធ្វើ​ការ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់នៅពេលថ្ងៃ តែពេលរាត្រីមកដល់ ក្រោយស្និទ្ធប្រលែងប្រពន្ធកូនហើយ ដេវីដទៅអង្គុយ​សំកុកផឹកស្រា។

ជារឿយៗដេវីដបានណែនាំកូនៗលើសពីធម្មតា ជាមួយនោះ គាត់ហៅនិងបង្ខំប្រពន្ធឱ្យទៅធ្វើការនៅរោងចក្រ​និងក្រុមហ៊ុនរាល់ថ្ងៃ។ ការ​វិនិយោគនីមួយៗបន្តជោគជ័យ នឹង​មានការរីកចម្រើន។

ហើយក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះ គ្រួសារនេះ លែងជាកម្រិត​អ្នកជំនួញដែលតស៊ូក្នុងសហគ្រិនភាព​ទៀតហើយ ប៉ុន្តែជាឧកញ៉ាដ៏មានឥទ្ធិពល។

ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​កើន​លើស​ពី​ហេតុផលហើយកេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​ខ្សឹប​ដាក់​គ្នា​ពេញ​ទីក្រុង​ភ្នំពេញ។

យ៉ាងណាក៏ដោយ នៅពេលដែលទ្រព្យសម្បត្តិមានដល់ថ្នាក់ធ្ងន់ ភាពលោភលន់ក៏កើតមានដែរ។ ការ​ភ័យ​ខ្លាច​នៃការវិលបកទៅរក​ភាព​ក្រីក្រ​ បានពង្រីកគំនិតលោភយ៉ាងសាហាវ។ មនុស្ស​យើង នៅពេលណាមួយដែលគេលែងខ្លាចសូម្បីសេចក្តីស្លាប់គេជាមនុស្ស​ដែលយើង​ពិបាកទប់ទល់ណាស់។ ដេវីដ​បាន​ កម្ទេចគូប្រជែង សូកប៉ាន់មន្ត្រី និងថែមទាំងក្បត់ដៃគូជិតដិត​ទៀត។ គាត់ភ្លេចការអស់សង្ឃឹមដ៏ឈឺចាប់ ដែលធ្លាប់នាំគាត់ទៅដល់ហាងកាត់សក់យាយផល្លា។ មនុស្ស​ជាច្រើនបានទៅប្តឹងរដ្ឋមន្ត្រីពាណិជ្ជកម្មគឺ លោក ដារិទ្ធ ដែលជាលោកមារបស់ប្រពន្ធដេវីដ។

លោកដារិទ្ធបានកោះហៅប្តីប្រពន្ធនេះមកជេរស្តីអំពីភាពអប្រិយក្នុងពាណិជ្ជកម្ម។ រាល់ការរំឭកស្តីបន្ទោសមិនបានញ៉ាំងឱ្យដេវីដភ្ញាក់ខ្លួនទេ បែរជាគុំគួននិងមានៈ។

ដូច្នេះ យប់នេះពេលសម្លឹងខ្លួនឯងក្នុងកញ្ចក់ ដេវីដ​បានញញឹម​ហើយនិយាយឡើងថា​ «ដេវីដអើយ! ការកាត់សក់ទីពីរដូចជាដល់ពេលហើយ!»

គេបកទៅរកដូនផល្លា។

ស្ត្រីសួរលោកថា៖

«លើកនេះ លោកចង់បានអ្វី?»

«តួនាទីលោកមាប្រពន្ធខ្ញុំ! ខ្ញុំនឹងក្លាយជារដ្ឋមន្ត្រីពាណិជ្ជកម្ម ទទួលគ្រប់គ្រងលើគ្រប់កិច្ចព្រមព្រៀងអន្តរជាតិ អំណាចនយោបាយ ឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រ។ គ្មានអ្វីអាចរារាំងខ្ញុំបានទៀតទេ។»

«បាន!!» អ្នកផល្លាតបត្រជាក់ស្រឹប។

ដេវីដមិនបានស្តាយក្រោយឡើយ គេកាត់សក់បណ្តើរ​សើចសប្បាយនឹងជោគវាសនា ដោយជឿថា គាត់ជាមនុស្ស​ឆ្លាតជាងបណ្តាសា គ្មានអ្នកណាយកជីវិតគាត់បានទេ សូម្បីដូនចាស់នេះ។ បីឆ្នាំមកនេះ គេបានរស់នៅខ្ពស់ ចង្អុលអ្វីក៏ដូចចិត្ត ហើយបាន​​ច្រានចោល​ការ​ភ័យ​ខ្លាច​ពី​អតីតកាល ដោយ​បញ្ចុះបញ្ចូល​ខ្លួន​គាត់​ថា ការ​ព្រមាន​របស់​ស្ត្រី​ចំណាស់ ​គឺ​គ្រាន់តែ​ជា​អបិយជំនឿ​ប៉ុណ្ណោះ។

តែពេលនេះ…បន្ទាប់ពីកាត់សក់លើកទៅពីររួចស្រាប់តែ…គាត់បានទទួលទូរលេខមួយពីទេសាភិបាលបារាំង អំពីការដាក់សិទ្ធិលើក្រសួងពាណិជ្ជកម្មខ្មែរ ដោយឱ្យគាត់តំណាងទៅកាន់កាប់។

អរភើត!

ការពិតសាឡននោះអស្ចារ្សណាស់? តែ…ការកាត់សក់សំណាងចប់ហើយ គួរតែយើងរង់ចាំដល់ការកាត់សក់អាស្រូវមកដល់ឬចាត់ការមុន?

ដេវីដបានគិតពេញមួយយប់ហើយ​សម្រេចិត្ត​ចេញបញ្ជាដុតកម្ទេចភូមិនោះទាំងមូល…ភូមិកំពង់ទឹកបានត្រូវរាបដល់ដីក្លាយជាផេះ។

គ្មានអ្នកណាត្រូវបានគេរកឃើញ​ថា នៅរស់រានទេ មិនថាតៀមយាយផល្លាឬអ្វីក្តី។

ឧបសគ្គចប់ហើយ! លោកដេវីដពេលនេះមានវ័យជិត៦០ឆ្នាំ រស់នៅសោយសុខជាមួយការធ្វើអំពើអាក្រក់តាមចិត្ត​បាន​ដល់ទៅ៧ឆ្នាំ ដោយភ្លេចខ្លួន។ មិនយូរប៉ុន្មាន គ្រប់យ៉ាង​ដែលដេវីដជំពាក់បានឈាន​មកដល់ពេល​សងវិញទាំងការនិងដើម…

ព្រឹកនេះ​ក្រោកមក គាត់បានឃើញ​ភរិយាដែលធ្លាប់ជាអ្នកគាំទ្រដ៏ធំបំផុតធ្លាក់ខ្លួនឈឺស្តូកភ្លាមៗ​ និយាយមិនរួច​ត្រូវពិការ​។

ដោយគ្មានវេជ្ជបណ្ឌិតបារាំងណាធានាថា អាចព្យាបាលបានគាត់តុកសិកជាខ្លាំង។

មិនយូរល្ងាចឡើងកូនប្រុសច្បងដែលធំធាត់ក្នុងភាពប្រណិត បានបើកឡានប៉ះមនុស្សជាច្រើនបណ្តាលជាគ្រោះថ្នាក់រំពងទីក្រុង។

ការចោទប្តឹង សន្ធប់មកពីគ្រប់ទិសទីហើយព័ត៌មានអាស្រូវនៃគ្រួសារនេះបាន​ផ្ទុះឡើង រហូតដល់រដ្ឋាភិបាលដែលធ្លាប់ការពារដេវីដ ឥឡូវនេះបានស្វែងរកការទម្លាក់គាត់ចោល ។

កូនប្រុសកំពុងត្រូវឃុំខ្លួនរង់ចាំការកាត់ទោស កូនស្រីវិញ នាងនៅយំ​ក្បែរគ្រែម្តាយជាមនុស្ស​រុក្ខជាតិ ប្រាប់ពីរឿងថាគ្រួសារខាងគូដណ្តឹងនាង​បានវាយទូរលេខមកឱ្យផ្តាច់ពាក្យ​លែងរៀបការ​។
យប់នេះ  ដេវីដអង្គុយនៅមុខកញ្ចក់តែម្នាក់ឯង ។

បុរសនេះស្ទើរតែមិនស្គាល់មុខខ្លួនឯងដែលក្លាយពីអ្នកជំនួញជំពាក់បំណុលមកជាមនុស្ស​ដ៏មានឥទ្ធិពលនិងជឿជាក់ខ្លាំង។ គ្រប់យ៉ាង​បានរសាត់បាត់ ជំនួសមកវិញ ដោយបុរសម្នាក់ដែលមានភ្នែកប្រហោងខ្មៅ…វ៉ាស! ដេវីដស្រែករន្ធត់ស្ទើរវង្វេងស្មារតី។

គាត់ថយមកទម្លាក់ខ្លួនលើឥដ្ឋ​ក្រោកមិនរួច។ មនុស្ស​គ្មានភ្នែកនៅក្នុងកញ្ចក់…គឺរូបគាត់ខ្លួនឯងដែលមានសភាព ដូចជាសាកសពចេះឈរ។

ដេវីដខ្មោចនោះ ញញឹម ចំអក។

«ដល់ពេលកាត់សក់លើកទីបីហើយ!»

វាជាសំឡេងនិយាយខ្សាវៗ ធ្វើឱ្យដេវីដវារ​ធាក់ថយៗជានិច្ច​ដោយ​ដង្ហើម​សែន​ញាប់​ញ័រ។  មនុស្ស​ក្នុងកញ្ចក់បានក្លាយសន្សឹមៗមកជាយាយផល្លា។

ដេវីដ ស្រែកមិនចេញទេសំឡេង។ ​គ្មានអ្នកណាឮគាត់​ឡើយ។ លុះព្រឹកឡើង ដេវីដដ៏អស្ចារ្យត្រូវបានគេប្រទះឃើញដួលដេកក្នុងបន្ទប់។

ក្បាលគាត់ត្រង៉ោល សក់រាយពាសពេញក្បែរៗនោះ ព្រោះកាលពីយប់គាត់ខំប្រឹងកោសក់ខ្លួនឯងរំលត់បណ្តាសា!

ម្នាក់ៗឮតែសម្រែកថា៖

«គ្មានសក់កាត់ទេយាយកញ្ចាស់ យើងគ្មានសក់កាត់លើកទីបីទេ! បណ្តាសាក៏ទៅមិនរួចដែរ។»

ក្រោយៗមកទ្រព្យគាត់ត្រូវបានរឹបអូសអស់។ គាត់នៅអង្គុយក្នុងរទេះ នាមន្ទីរពេទ្យសម្រាប់មន្ត្រីបារាំង ហើយសម្លឹងប្រពន្ធដេកក្នុងរបៀបជាមនុស្ស​រុក្ខជាតិ។

ដេវីដរង់ចាំកូនស្រីគាត់មកលេង តែនាងមិនដែលមកទេ…មានគេខ្សឹបថា នាងបានស្លាប់ទៅហើយដោយមិនអាចទទួលយករឿងទាំងនេះបាន។

ឆ្នាំ២០២៤

…«ជម្រាបសួរ! មានអ្នកណានៅទេ? ខ្ញុំមកកាត់សក់!»

«ចូលមក!» ទ្វារតៀមសាឡនយាយផល្លារបើក…សីហាជាកូនប្រុសឈរក្បែរកៅអីកំពុងកាត់សក់ឱ្យម្តាយ។

តើអ្នកចង់សុំអ្វី? ដឹងពីតម្លៃដែលត្រូវបង់ហើយឬនៅ?

រឿង៖ នាងយក្ខ
ជីវិតក្នុងសម័យឆ្នាំ១៩៤៥ ពាក្យខ្សឹបខ្សៀវ និយាយដើម គួបផ្សំជាមួយពាក្យចចាមអារ៉ាម នៃមន្តអាគមអូមមអាម ការវាយតម្លៃអាក្រក់ៗឱ្យកើតការសង្ស័យ​ទៅលើមនុស្ស​ដូចគ្នា ការលាបពណ៌គ្នា​វា​មានទម្ងន់ធ្ងន់ជាងកម្លាំងវាយដំទៅទៀត។

ហ៊ុមព័ទ្ធដោយវាលស្រែខៀវស្រងាត់ និងព្រៃក្រាស់ ភូមិប្រសូត្រដែលល្បីខាងសម្បូរនូវរឿងព្រេង និងពាក្យចចាមអារ៉ាមគួរឱ្យខ្លាច ត្រូវបាន​គេជឿថានៅតែបន្តមកទល់ឥឡូវនូវអម្បូរអ្នកលេងមន្តអាគម​ដែលគេរអា​បំផុត។

គ្រួសារមួយ គេជឿថា មានត្រកូលជាយក្ខ កាន់វិញ្ញាណយក្សាក្នុងទេវកថាចាស់ បានរស់នៅជារូបកាយមនុស្ស​នៅឡើយទោះណាជាត្រូវបានបណ្តេញចូលទៅក្នុងព្រៃជ្រៅយូរណាស់មកហើយ។

អ្នក​ភូមិ​ជឿ​ថា ​គ្រួសារនោះ បានបណ្តាលឱ្យអ្នកផ្សេងណា​​ដែល​ខ្លួន​មិន​ពេញ​ចិត្តត្រូវឈឺថ្កាត់ ស៊យ ឧត្បាតបាន។ ជាច្រើនតំណមកហើយដែលត្រកូលនេះ​ប្រឈម​នឹង​ការ​សង្ស័យ ​ស្អប់ខ្ពើម។

នាង​យ៉ា ជាក្មេងស្រីអាយុដប់ប្រាំឆ្នាំដែលមានសម្បុរសណ្តែកបាយ និងភ្នែកភ្លឺថ្លា ចង់ដឹងចង់ឃើញពិភពលោក នាងចង់ចូលរួមជាមួយក្មេងដទៃ តែមិនអាចទៅរៀនបាន។

ពីតូចមកនាង​ត្រូវពួនសំងំរស់នៅជាមួយឪពុកម្តាយនាជាយព្រៃឆ្ងាយដាច់ពីគេឯង ព្រោះថា គ្រួសាររបស់ចរិយាតែងតែត្រូវបានអ្នកស្រុកព្រួតគ្នា​ស្អប់និងដើរវៀងចេញ ។

ការ​បដិសេធ​របស់​ឪពុក​នាង ​ក្នុង​ការឈប់សមាធិ​​តាម​អបិយ​ជំនឿ​ដ៏​តឹងរ៉ឹង​របស់វង្សត្រកូល បានបណ្តាលឱ្យអ្នក​ភូមិចោទថានោះជាសមាធិសម្លាប់មនុស្ស​ហៅវិញាណ ។

​ទម្លាប់​របស់​ម្ដាយ​នាង​ក្នុង​ការ​ជីកឬសឈើហាលដាំជាថ្នាំ ​​បាន​ធ្វើ​ឱ្យ​ពួក​គេ​មើល​ងាយហើយចោទប្រកាន់ថា សន្សំជាតិពុល​យ៉ាង​ស្ងៀម​ស្ងាត់។

ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល ​ខ្លាំងព្រោះថានៅ​យប់​មួយ ព្រឹទ្ធាចារ្យចាស់ៗក្នុង​ភូមិបាន​​ប្រកាស​ថា គ្រួសារ​របស់​ចរិយា ​​បាន​ដាក់​បណ្តាសាឱ្យកូនក្មេងម្នាក់លង់ទឹកស្លាប់។

​ដោយ​មាន​ការ​ភ័យ​ខ្លាច និង​កំហឹង ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្តុំ​គ្នា​ក្រោម​ភាព​ងងឹត​គ្រប​ដណ្ដប់ជាមួយ ភ្លើង​ចន្លុះ​បំភ្លឺ​ ហើយ​សម្រុក​ចូល​ផ្ទះ​របស់​ចរិយាយកជីវិតឪពុកម្តាយរបស់នាង។

ពុកនាង ហេតុតែព្យាយាមការពារនាងនិងម្តាយ​ ក៏ត្រូវស្លាប់នៅនឹងកន្លែង។ ទោះជាពួកគេ​បាន អង្វរករសុំក្តីមេត្តា ប៉ុន្តែកំហឹងរបស់ហ្វូងមនុស្សកំពុងថ្លង់។

ម្តាយរបស់​នាង​ត្រូវ​បាន​គេ​វាយ​ដំ ពេលរុញនាងឱ្យរត់ ។​ ចរិយារត់ទាំងយំស្រែក ព្រោះបើមិនទៅ គាត់នឹងចាក់ខ្លួនគាត់នៅចំពោះមុខនាង​។

​ចរិយាមិនដឹងថា រត់នេះ មានគោលដៅទៅណាឡើយ។ ហើយទីបំផុត ​សម្រែក​របស់​ម្ដាយ​នាង​ក៏​ត្រូវ​បាន​ស្ងប់ស្ងាត់ក្នុងស្បៃសន្ធិយា។

ចរិយា រងាញាប់ញ័រ និងអស់សង្ឃឹម រអិលដួលដេកក្នុងថ្លុកទឹកកណ្តាលព្រៃ ខណៈអណ្តាតភ្លើងឆាបឆេះផ្ទះរបស់នាងពីចម្ងាយ ។

ព្រលឹមស្រាងៗ ចរិយាដឹងខ្លួន និងព្យាយាមចងចាំបណ្តារឿងរ៉ាវទាំងអស់ដែលបានកើតមានលើជីវិតនាងទាំងងងឹតងងុល។ កំភួនជើងរបស់នាងមានស្នាមជាំ និងហូរឈាម។ អ្នក​ភូមិកម្រោលទាំងអស់នោះ ​មិន​បាន​តាមមក​​ទេ ដោយ​ជឿ​ថា ​នាង​នឹង​បានចួប​ទី​បញ្ចប់​ក្នុង​ព្រៃ​ដែល​សាហាវធ្លាប់មាន​​បណ្ដាសាជួរជាតិ។

ដោយឯកា​ហើយ​ភ័យ​ខ្លាច នាង​ខមរកផ្លូវចាកចេញ ដោយត្រូវ​ដួលច្រើនលើកច្រើនសារ ​ដោយ​ឫស​ដើម​ប្រដេញជាសំណាញ់ក្រាស់ឃ្មឹក។

ពេលយប់មកដល់ជាថ្មី នាងមិនដឹងត្រូវតស៊ូម្នាក់ឯងកាត់ការឈឺចាប់និងស្រេកឃ្លានដោយវិធីណាទេ ទឹក​ភ្នែក​ហូរ​ពេញ​មុខ​ពេល​នាង​ខ្សឹបសួរមេឃ​ថា៖

«ហេតុ​អ្វី? តើពុកម៉ែខ្ញុំបានធ្វើអ្វីខុស?»

នោះហើយជាពេលដែលនាងបានឃើញស្ត្រីម្នាក់។

ចរិយាភ័យ ខ្លាំង​បានខំងើបវារចេញពីស្រមោលដ៏មានទំហំធំ គ្របមកលើនាងសន្សឹមៗ។ ភ្នែកពណ៌មាសរបស់ស្រ្តីភ្លឺដូចអ័ព្ទនៅក្នុងទីងងឹត។ សក់​វែង​របស់​គាត់​ដាញ់ជាផ្នួងធំ ហើយពាក់ឆៀងមាសមកលើ​ស្មាឆ្វេង។

មុខគាត់បួនជ្រុង ដូចជាចម្លាក់យក្ខចាស់ៗលើល្ខោនស្បែក ឯស្បែកពិត​របស់យាយ​បែរជាក្រមៅហើយមាន​ពន្លឺ​ចែងចាំង​ក្រោម​រស្មីដួង​ព្រះចន្ទ។

គាត់ញញឹមម​ដាក់ចរិយា​ដែលកំពុងញ័រខ្លួនចំប្រប់។

នាង​តូចហាក់បានកករឹងទៅណាមិនរួចក្នុងភាពភ័យស្លុត​ដោយរំពឹងថា គាត់នឹងគ្រហឹម ឬវាយប្រហារនាងជាចំណីដូចដែលធ្លាប់ឮអ្នកស្រុកនិយាយបន្លាច  ប៉ុន្តែផ្ទុយទៅវិញ សំឡេងដ៏ជ្រៅរបស់លោកយាយលាន់មកស្រទន់៖

«កុំខ្លាចចៅ!»

ចរិយាបាន​ត្រឹម​ក្រឡេក​មើលគាត់ដែលសន្សឹមៗបន្ទន់មក​លុត​ជង្គង់​ក្បែរ​នាង។ ស្ត្រីចំណាស់រូបអាក្រក់បាន​រុំ​នាង​ដោយ​ថ្នមៗ​ក្នុង​ដៃ​ដែល​ស្រោបដោយ​វល្លិ​ទន់ៗ និង​ស្លឹក។

នាង​ភ័យជិតសន្លប់ តែឮគាត់និយាយថា៖

«យាយជាអ្នកដែលបានដឹង និងបានតាម​មើលគ្រួសាររបស់ចៅកន្លងមក!»

«ចុះម៉េចយាយមិនជួយពុកម៉ែខ្ញុំ?» នាងយំញាប់ញ័រ។

«ទេ! ពួកគេមិនបានទៅកន្លែងអាក្រក់ទេ គេអស់កម្មក្នុងលោកិយ៍នេះ! ពុកម៉ែនាងគេទៅកន្លែងចួបជុំហើយ!»

ឮហើយនាងតូចដូចចង់ញញឹម​វិញ តែក៏កើតតូ​ចចិត្ត​វិញបន្ទាប់ពីនោះដោយ​ត្អូញត្អែរថា៖

«ខ្ញុំមានតែម្នាក់ឯង!»

លោកយាយអង្អែលសក់នាង​ហើយនិយាយ៖

«គ្រប់ហើយ ត្រឹមតែនាងម្នាក់ គឺអាចដឹកនាំជីវិតនេះបាន!»

«ហេតុអ្វី?»

«ពុកម្តាយនាងជាអ្នកដែលចុះមកដើម្បីផ្ចុងផ្តើមនាង​! គាត់បានអប់រំ​ បង្រៀនងក្សរនិងក្បួន​ដល់នាង នាំនាងឆ្លងកាត់វ័យ កុមារ ពេលនេះជាការបោះជំហានដ៏ធំមួយរបស់ចៅ គឺដើរទៅមុខយ៉ាងក្លាហាន​ដោយខ្លួនឯង!»

​នាង​គិតអំពីសម្តីរបស់គាត់ហើយនៅស្ងៀម។ ទោះបីជាយក្ខ​នេះមានទំហំប៉ុនណាក៏ដោយ ពេល​ទៅ​ដល់​មាត់​ព្រៃ គាត់ដាក់នាង​ចុះហើយ​និយាយឡើង​ម្ដង​ទៀត៖

«អ្វីៗល្អៗជាច្រើន​ក្នុងលោកនេះ​កំពុងទន្ទឹងផ្លូវនាង  នាង​ត្រូវតែចាកចេញពីកន្លែងកម្សត់ល្ងង់ខ្លៅមួយនេះកសាងជីវិតថ្មីលើទឹកដីធំធេង! ទីនេះមិនទទួលយកចៅទេ ប៉ុន្តែចៅ…គឺមានតម្លៃលើសពីចំណេះដឹង​របស់ពួកគេ! »

លោកយាយបាននាំចរិយាមកដល់រាជធានី។

ការចាប់ផ្តើមថ្មីក្នុងរាជធានីដែលពេញទៅដោយ​ពន្លឺភ្លឺចិញ្ចាច និងដងផ្លូវដ៏មមាញឹកបានធ្វើឱ្យចរិយាសោមនស្សជាពន់ពេក។ មានអ្វីជាច្រើនដែលមាណវីយើងមិនធ្លាប់ឃើញពីមុនមកសោះ។

លោកយាយបាននាំនាងទៅរោងមហោស្រពតូចមួយ ដែលគ្រប់គ្រងដោយបុរស​ចំណាស់ម្នាក់ឈ្មោះ យៀង ដែលត្រូវបានគេស្គាល់ថា ជាអ្នកប្រមូលយកក្មេងៗកំព្រីកំព្រា និងពួកមនុស្សក្រៅផ្ទះមកផ្តុំគ្នាហ្វឹកហាត់សម្តែងរកប្រាក់។

មុនពេលប្រគល់នាងឱ្យបុរសនោះ លោកយាយបានខ្សឹបនឹងចរិយាថា៖

«យាយនឹងតាម​ការពារចៅ! ចៅ និងពួកគេ​ នឹងមើល​មិនឃើញយាយទេ ប៉ុន្តែយាយ​នឹងតាម​មើលចៅជានិច្ច!»

ថាហើយ​​គាត់​ក៏​បាត់​ទៅ​ក្នុងរង្វង់​ស្រមោលខ្លួនគាត់ដែលខ្មៅស្រអាប់រលាយទៅក្នុងសន្ធិយាកាល។

ចរិយា​ត្រូវបានគេទទួលមកធ្វើជាអ្នកបោសសម្អាតនៅក្នុងរោងមហោស្រព ដោយសារនាង​មានរូបរាងមិនស្អាត សម្បុរមិនស និងមុខមាត់មិនស្រទន់។

ការងារ​ប្រចាំថ្ងៃគឺបោសសម្អាតកម្រាល និងកញ្ចក់។ នាងបានរក្សាការតស៊ូ  ប៉ុន្តែបេះដូងរបស់នាងបានឆេះសន្ធោដោយក្តីស្រមៃនិង ការតាំងចិត្តចង់ក្លាយជាសិល្បករ។

នាងបានចំណាយពេលរាល់ល្ងាចៗដើម្បីមកឃ្លាំមើលការហាត់សមរបស់តួសម្តែងម្នាក់ៗ ដោយជក់ចិត្តនឹងសមត្ថភាពរបស់ពួកគេក្នុងការបំប្លែងទៅជាតួអង្គផ្សេងៗ។

ថ្ងៃមួយ ពេលកំពុងសម្អាត នាងបានរកឃើញថា ខ្លួនឯងកំពុងសប្បាយចិត្ត​នឹងធ្វើត្រាប់តាមតួឯកស្រីឈ្មោះល្អងដា នៅមុខកញ្ចក់មួយ។

ដោយមិនដឹងខ្លួននាង​លាបមុខនិងតុបតែងយ៉ាងសប្បាយចិត្តម្នាក់ឯង។  អ្នកដឹកនាំរឿងល្ខោនម្នាក់ជនជាតិគេ ឈ្មោះខេមជិន បានដើរមកវាក់ហើយលបមើលសកម្មភាពរបស់នាង។

ពេលគាត់ឃើញនាង​ក្រឡេកមកតាមកញ្ចក់ លោកខេមក៏បង្ហាញខ្លួនហើយសួរចរិយាថា៖

«ចេះរាំពីអង្កាល់ ហើយរៀនវានៅឯណា?»

ចរិយាមិនដឹងឡើយថា​បុរសនេះហាក់ភ្ញាក់ផ្អើលនឹងទេពកោសល្យនាង ស្រីតូច​ក៏ឱនលំទោនសារភាព៖

«ខ្ញុំ…ខ្ញុំសុំទោស ខ្ញុំមិនមានបំណងលបរៀនទេ!»

នាងគិតថាមុខនឹងត្រូវគេស្តីបន្ទោសផ្ទុយទៅវិញ ខេម ញញឹម។ គាត់បាននិយាយថា៖

«មានអីមិនល្អ? នាង​ពិតជាមានអ្វីមួយដែលសែនប្លែកពីអ្នករាំមុនៗ! ហាត់ទៀត! ​ម៉ោង៨​ថ្ងៃ​ស្អែក ខ្ញុំចង់មមកឃើញថា អ្វីដែលនាងអាចធ្វើបាន!»

ដូច្នេះ​ហើយ​ ជីវិតសិល្បៈរបស់ចរិយា​មមានសញ្ញា​​ចាប់​ផ្ដើម​ដំណើរការ។ ការសម្តែងតាមមលោកខេមបញ្ជា មាន​ទាំងការចូលរួម​​របស់​តារានានាផង។

​លោកខេមបានបង្ហាត់បង្ហាញនាង ជំរុញនាងឱ្យបង្ហាញពីអារម្មណ៍ដែលកប់ជ្រៅនៅខាងក្នុងភាពអៀនប្រៀន​និងមិនមាន​ពិសោធន៍​យកវាចេញមកឱ្យអស់។

មិនស្មាន​ដល់ថា ចរិយា​បានហ្វឹកហាត់ស្ទាត់យ៉ាងឆាប់រហ័សធ្វើឱ្យខេមនិងម្ចាស់រោងគឺលោកឃៀងពេញចិត្តជាខ្លាំង។

ប៉ុន្តែការស្ទុះឡើងរបស់នាង មិនមែនថា គ្មានបញ្ហាប្រឈមនោះដែរ។ នាង​ល្អងដា និងតារា​សម្ដែង​ផ្សេង​ទៀត​បានមក​ចំអក​ឱ្យ​នាង ​ដោយ​ហៅ​នាង​ថា មុខយក្ខ! ស្រី​ស្រុកស្រែ! មនុស្សព្រៃ។ល។

ពេលមេរបស់នាង​អវត្តមាន តួសម្តែងទាំងនោះពួតគ្នាមក​បំផ្លិចបំផ្លាញ​សម្លៀកបំពាក់​របស់​នាង និង​បាន​ខ្សឹបខ្សៀវឌឺដងតិះដៀល​យ៉ាងអបលក្ខណ៍ផង។

​ចិត្តនាង​ធ្លាប់ចុះអំឡុងពេល​ហាត់សម​តែសំឡេងលោកយាយបានលាន់មកក្នុងចិត្ត​របស់នាង៖

«ចូរខំធ្វើការដោយកុំខ្លាចនឿយហត់! ធ្វើឱ្យស្នាដៃរបស់ចៅទៅជាល្អឥតខ្ចោះ ហើយភ្លេចចោលពាក្យពេបជ្រាយទាំងអស់នោះទៅ!»

ពីដំបូង​នាងទទួលបានត្រឹម​តួនាទីសម្តែង​​ជា​តួអង្គ​តូចតាច ​ប៉ុន្តែ​ការ​សម្ដែង​របស់​នាង​បាន​លួច​ចូលជ្រាតចម្លែកក្នុងចិត្ត​លោកខេម។

​អ្នកធ្លាប់តែ​រិះគន់នាង ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​នាង ដោយ​សរសើរ​ពី​ភាព​ស៊ីវីល័យ និង​ក្បាច់រាំ​ដ៏​ពិសេស​របស់​នាងក្រោមរស្មីអំពូល។

ស្បែកនាង​មានភាពបន្សីទៅនឹងតួអង្គបុរាណសម័យ ហើយនឹងសម្លៀកបុរាណគ្រប់ប្រភេទ។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្តូរ​ដ៏​ធំ​របស់ចរិយា ​​បាន​កើត​ឡើងពិតប្រាកដគឺនៅ​ពេលដែលនាង​​​ត្រូវ​បានលោកខេម​ចាត់ឱ្យ​សម្ដែង​ជា​តួ​អាក្រក់​ក្នុង​រឿង​ខ្នាត​ធំមួយ។

ចរិយា ​បាន​ចាក់​បញ្ចូល​ទាំង​ការ​ឈឺ​ចាប់​និង​កំហឹង​របស់​នាងលើអ្នកភូមិ​ចូល​ទៅ​ក្នុង​ការ​សម្ដែង​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ដែល​ទស្សនិកជន​មិន​អាច​បំភ្លេចអារម្មណ៍មួយនោះបាន។

ខណៈពេលដែលអ្នកខ្លះហៅនាងថា «នាង​យក្ខ» ឬ «យក្ខិណី»«ឆន្ទា»អ្នកផ្សេងទៀតបានអបអរសាទរនាងថាជាទេពកោសល្យដ៏ថ្មី ពេលសាច់រឿងលែងមាននាង លេងល្អមើលយ៉ាងពិតប្រាកដ។

តែ ជោគជ័យនេះ ជំរុញឱ្យមានការច្រណែនច្រើនឡើងៗពីមិត្តរួមឆាករបស់នាង​។ ល្អងដា និងពិដោរជាតារា​ស្រី​មាន​រូប​ស្រស់ ​មាន​ទ្រព្យ​សម្បត្តិ​ច្រើនមមកពីគ្រួសារអភិជនបុរាណ បានប្រមូលមនុស្ស​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​លាប​ពណ៌​ប្រឆាំង​នឹង​នាង ដោយ​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារ៉ាម និង​ចំអក​ជា​សាធារណៈថានាងជាអម្បូរយក្ខ បែរជាមកឡើងឆាក ថ្ងៃណាមួយនឹងបង្កបញ្ហា​នៅរាជធានីនេះមិនខាន​។

ប៉ុន្តែ ចរិយា នៅតែរក្សាការផ្តោតអារម្មណ៍។

លោកយាយ​បានបញ្ចេញ​ជាសំឡេងក្នុងបេះដូងនាង​​ថា៖

«ពួកគេ​អាច​ស្អប់​ចៅ ប៉ុន្តែ​កុំ ឱ្យពួកគេ​អាច​បញ្ឈប់ចៅ!»

មិនយូរប៉ុន្មាន  កិត្តិនាមរបស់នាង​បានធ្វើឱ្យលោកខេមសម្រេចចិត្ត​នាំយករូបភាពរបស់នាង​ទៅអួតបង្ហាញ​ជាអន្តរជាតិព្រោះពណ៌សម្បុរនឹងរូបរាងមានលក្ខណៈខុសគេ​ ត្រូវបានចាត់ទុកថា ជារូបភាពពិសេស។

នៅពេលដែលតួរាំទាំងអស់នៅទីនេះមាន​សម្បុរស និងមានការតុបតែងប្រណីត ភាពខុសប្លែករបស់ចរិយា​បានកា្លយជា ឱកាស​ឈានចូលឆាកអន្តរជាតិ បានដោយមិននឹកស្មានដល់។

អ្នកដឹកនាំរឿងបរទេសដ៏ល្បីម្នាក់គឺលោក Antonio Morelli បានមកទស្សនាប្រទេសកម្ពុជាសម្រាប់មហោស្រពភាពយន្តវប្បធម៌ដោយមាន​បំណងពិសេសមួយ​គឺមកមើលការសំដែងរបស់ចរិយា​ នៅក្នុងរឿងចុងក្រោយរបស់នាង ហើយបានចាប់អារម្មណ៍ នាងខ្លាំងជាងកាលពីមុនទៅទៀត។

ដោយ​ភ្ញាក់ផ្អើល​នឹង​សមត្ថភាព​របស់​នាង​ក្នុង​ការ​បង្ហាញ​ទាំង​ភាព​ទន់ភ្លន់ និង​កម្លាំងតស៊ូម៉ឺងម៉ាត់បញ្ចូលគ្នា មួយសប្តាហ៍ក្រោយមក ចរិយា​បានទទួលការអញ្ជើញឱ្យចូលរួមសវនកម្មសម្រាប់តួនាទីនៅក្នុងរឿងភាគប្រវត្តិសាស្ត្រថ្មីរបស់ Morelli ។

ភាពអសន្តិសុខនិងសម្ពាធរបស់នាងកើតមាន​ឡើងម្តងទៀត ប៉ុន្តែ យប់នោះលោកយាយបានលេចឡើង ក្នុងកញ្ចក់។ គាត់បានលើកទឹកចិត្តនាងថា៖

«នេះជាពេលវេលារបស់ចៅដើម្បីទៅដល់អ្វីលើសពីពួកគេដឹង! កុំ​ទុក​ឱ្យ​ការ​ភ័យ​ខ្លាច​រារាំង​ចៅបាន​»។

ការ​ប្រកួត​នេះ​មាន​ភាព​ស្វិតស្វាញ​ដោយ​ខ្លាំងដោយចរិយា​ត្រូវ ប្រកួត​ប្រជែង​ជាមួយ​នឹង​តារា​សម្ដែង​ល្បីៗ​មក​ពី​ជុំវិញ​ពិភពលោក។ ទឹកមុខ​តឹងតែង​របស់​អ្នកដឹកនាំ​រឿង ​បានរសាយ​​ពេល​ដល់ឈុតនាង​សម្តែង។

​ចុងក្រោយ លោក​Morelli បានចូលទៅជិតចរិយា​ដោយស្នាមញញឹមដ៏កម្រ។ ជនបរទេសរូបនេះ​​បាន​និយាយឡើង​ថា​៖

«​ចរិយា នាង​​មាន​អ្វីមួយ ​ដែលសិល្បករ​ផ្សេង​ៗមិន​មាន! រូបរាងពិត និងភាពខុសប្លែកមួយយ៉ាងពិសេស​! ក្បាច់រាំនាង​កើនឡើងកាន់តែល្អជានិច្ច​ពីការសម្តែងមួយទៅមួយ!  ភាពយន្ត​នេះ​ជា​គម្រោង​មហិច្ឆតា​មួយ​ដែល​និយាយ​ពី តួនាទី​របស់ ​ប្អូន​ស្រី​ដ៏​កាច​សាហាវម្នាក់​មិន​ព្រម​ចុះ​សម្រុងជាមួយបងស្រីដែល​ជា​តួឯក ជា​ចំណុច​សំខាន់​ក្នុង​ការ​ដំណើរការល្ខោននេះ ហើយគ្មានតួនេះគឺល្ខោនលែងល្អមើល!»

អស់រយៈពេលជាច្រើនខែ នាងបានហ្វឹកហាត់ឥតឈប់ឈរ រៀនភាសាថ្មី ស្ទាត់ជំនាញក្បាច់រាំ និងស្វែងយល់ពីជម្រៅអារម្មណ៍នៃតួអង្គកាចរបស់នាង។

ការ​ចេញ​ផ្សាយ​របស់​ភាពយន្តដែលថតអំពីពី​ល្ខោនមួយនេះ​ទទួល​បាន​ការ​សាទរ​ទូទាំង​ពិភពលោក។ អ្នក​រិះគន់​សរសើរ​តារាខ្មែររូបនេះ​​ថា ​ជា​តារា​ពិសេស​ សរសើរ​សមត្ថភាពនាង​ដែលដើរតួជំនួសតួអង្គ​ក្នុងនិទានចេញជាមានជីវិតពិតៗហើយ​បញ្ជា​លើ​អេក្រង់សខ្មៅឱ្យ អ្នកទស្សនាចំហមាត់។

ការសម្តែងមួយនេះ បានញ៉ាំងឱ្យចរិយាទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមក្នុងកម្មវិធីពានរង្វាន់ភាពយន្តអន្តរជាតិដែលធ្វើឱ្យនាងក្លាយជាតារាសម្តែងកម្ពុជាដំបូងគេធ្វើដំណើរទៅទទួលយកនៅចក្រភព្រអង់គ្លេស។

ឮក្នុង​រាត្រី​នៃ​ពិធី​ប្រគល់​រង្វាន់​​ចរិយា​​បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ផ្តល់​កិត្តិយស​ដល់ឬស​គល់ពិត​របស់​នាង។

កាមេរ៉ា​រាប់រយនិង​ក្រុមយក​ព័ត៌មាន​បាន​ស្រែក​ហ៊ោ​ដើម្បី​សម្ភាសន៍ ស្ត្រីខ្មែររូបនេះ។

ប៉ុន្តែ​ចំ​ពេលដែលគ្រប់យ៉ាង​ហាក់​មាន​ភាព​អស្ចារ្យ គំនិត​របស់​ចរិយាបាន​​បែរ​មក​រកលោកយាយ។

ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ទទួល​យក ​រូបសំណាក​មាស​ក្នុង​ដៃ​ញាប់​ញ័រ នាង​បាន​និយាយ​ថា៖

«ពាន​មួយនេះ ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ប្រាប់​ថា ខ្លួនឯងអន់ អាក្រក់ និងមិនសមជាមួយសិល្បៈ! នៅពេលមនុស្ស​ដែល ​ស្អប់យើងរាយគ្នា​​នៅ​ជុំវិញ​ លោកយាយគាត់ជឿលើខ្ញុំ! នៅពេលដែលខ្ញុំមិនអាចជឿលើខ្លួនឯងបានផង! ចូររកមនុស្ស​បែបនេះមកនៅក្នុងជីវិតយើង!»

ពាក្យ​សម្ដី​របស់​នាង​បាន​ល្បី​ពាសពេញ​ពិភពលោក​។ រឿងរបស់ចរិយាអំពីភាពធន់ និងជ័យជំនះលើការរើសអើងបានបំផុសគំនិតមនុស្សរាប់លាននាក់ ដោយបង្ហាញថា សូម្បីតែមានជីវិត ឬចាប់ផ្តើមមកក្នុងយុគ​ដ៏ខ្មៅងងឹតបំផុត ក៏អាចនាំទៅដល់អនាគតដ៏ភ្លឺស្វាងបំផុតបានដែរ ដោយការតាំងចិត្ត​៕

ចប់