ព្រោះគេគ្មានបេះដូង – Meysansotheary

រឿង៖ ព្រោះគេគ្មានបេះដូង (ភាគបញ្ចប់)
មនុស្សដូចជាខ្ញុំតែងតែឈ្លក់វង្វេងនឹងទង្វើល្អរបស់គេ ដល់ថ្នាក់ច្រឡំថាគេស្រលាញ់ខ្ញុំវិញដែរ។ ពីរមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែព្យាយាមបំភ្លេចបងវង្សបាន ចំណែកបងរាជក៏តែងតែមកលេងនឹងសួរសុខទុក្ខខ្ញុំជាមួយម៉ាលីជានិច្ច។ ពេលខ្លះខ្ញុំមានបញ្ហាមួយចំនួន គាត់តែងតែជួយខ្ញុំ សូម្បីតែពេលខ្លះក៏គាត់មកយកខ្ញុំទៅសាលារៀនដែរ។

ខ្ញុំមិនដឹងថាយ៉ាងម៉េច ពេលដែលបងវង្សចាកចេញពីខ្ញុំទៅ បងរាជតែងតែបង្ហាញខ្លួនគ្រប់ពេល នៅពេលដែលខ្ញុំមានបញ្ហា។

ថ្ងៃមួយនោះខ្ញុំដើរទៅផ្សារ ត្រលប់មកវិញស្រាប់តែឡានស៊ីផ្លេទីត ទីត ខ្ញុំគេចឡានស្រាប់តែរអិលជើង ដួលខ្លួនបោកទៅនឹងខឿនថ្ម តែក៏មិនត្រូវអីដែរ គឺគ្រាន់តែគ្រេចជើង។ បងរាជក៏គាត់មិនដឹងមកពីណា ស្ទុះស្ទារជួយលើកខ្ញុំក្រាកឈរ តែដោយសារជើងខ្ញុំឈឺ គាត់ក៏ជួយគ្រាខ្ញុំឡើងលើម៉ូតូ ហើយដឹកទៅមន្ទីរពេទ្យ ឱ្យពេទ្យជួយពិនិត្យ។

ម៉ាលីនិងរិទ្ធគ្រាន់តែឮខ្ញុំដួលគ្រេចជើងម្នាក់ៗបារម្ភពីខ្ញុំណាស់ បម្រុងនឹងមកមើលខ្ញុំនៅមន្ទីរពេទ្យ តែខ្ញុំឃាត់មិនឱ្យមក ចាំខ្ញុំទៅដល់ផ្ទះជួលតែម្តងទៅ។ ក្រោយពីពេទ្យពិនិត្យអីអស់ បងរាជក៏ដឹកខ្ញុំត្រលប់មកផ្ទះជួល។ ខ្ញុំត្រូវសម្រាកនៅផ្ទះជិតមួយអាទិត្យ ទម្រាំតែជើងបានជាសះស្បើយ។

មួយរយៈក្រោយមកបន្ទាប់ពីជើងខ្ញុំជា បងរាជបានមកដឹកខ្ញុំទៅសាលាសឹងរាល់ថ្ងៃ ឡើងរិទ្ធិដែរជាសង្សារម៉ាលីច្រណែនខ្ញុំ មិនចង់ឱ្យបងរាជឌុបខ្ញុំទេ ខ្លាចខ្ញុំស្រលាញ់បងរាជដែលជាមិត្តភក្តិបងវង្ស គិតថាចរិតបងរាជដូចតែគ្នា ជាមួយបងវង្ស។

ខ្ញុំចាំបានថានៅថ្ងៃមួយ ខ្ញុំជិះម៉ូតូឌុបមកពីទិញខោអាវវិញ មិនឆ្ងាយប៉ុន្មានទេ ជិតដល់ផ្ទះហើយស្រាប់តែមានចោរមកឆក់កាបូប ធ្វើឱ្យខ្ញុំធ្លាក់ពីលើម៉ូតូ ដួលរណេងរណោងបោកខ្លួនដួលនៅហ្នឹងចញ្ចើមផ្លូវ។

អ្នកនៅទីនោះបានជួយស្រែកឆោឡោគ្រប់គ្នា។ មានមីងៗជិតនោះគាត់មកជួយលើកខ្ញុំ ខ្ញុំក៏បានស្រវាទូរសព្ទកាន់នៅដៃជាប់ ជាមួយនឹងទឹកមុខភ័យតក់ស្លុតមិនដឹងខលទៅអ្នកណា ក៏ចុចទៅបងរាជ។

បងរាជគ្រាន់តែឮថាខ្ញុំត្រូវចោរឆក់កាបូប មានត្រូវរបួសគាត់ជិះម៉ូតូមករកខ្ញុំភ្លាម។ អ្នកនៅទីនោះជួយលើកខ្ញុំដាក់លើម៉ូតូបងរាជ បងរាជក៏ជូនខ្ញុំទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើលរបួសរបស់ខ្ញុំ។ ខ្ញុំត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយៈ ដំបូងខ្ញុំគិតថារបួសស្រាល តែពេទ្យពិនិត្យរួចខ្ញុំគ្រាំក្នុង ត្រូវលេបថ្នាំនិងតាមដានជំងឺនៅមន្ទីរពេទ្យមួយរយៈសិន។ មិនយូរប៉ុន្មានម៉ាលីនិងណារិទ្ធិពួកគេក៏បានមកដល់មន្ទីរពេទ្យដែរ ប្រហែលជាបងរាជអ្នកខលទៅប្រាប់ម៉ាលី។

ម៉ាលីស្ទុះរត់មកក្បែរខ្ញុំជាមួយនឹងទឹកមុខបារម្ភខ្ញុំជាខ្លាំង តែដោយសារខ្ញុំឈឺពេញខ្លួន ម៉ាលីក៏មិនរំខានសួរនាំខ្ញុំច្រើនដែរ គេឱ្យខ្ញុំសម្រាកទៅ។ បងវង្សក៏លាខ្ញុំទៅវិញ ខ្ញុំពិតជាខឹងខ្លួនឯងដែរ គាត់តែងតែជួយខ្ញុំគ្រប់ពេល តែខ្ញុំមិនដែលបាននិយាយអរគុណគាត់សោះ។ ម៉ាលីនៅមើលថែទាំខ្ញុំ ហើយភាគច្រើនណារិទ្ធិតែងតែជាអ្នកទិញអីយកមកឱ្យពួកខ្ញុំញ៉ាំជានិច្ច។

នៅយប់មួយស្រាប់តែបងរាជគាត់មកសួរសុខទុក្ខខ្ញុំ គាត់ក៏បានកាន់ក្រូចពោធិ៍សាត់មួយថង់ ដាក់លើតុ ចំណែកម៉ាលីគេងលើសាឡុងក្បែរនោះ បងរាជក៏បានទាញភួយដណ្តប់ឱ្យម៉ាលីពីលើដោយសារតែភួយម៉ាលីដណ្តប់ធ្លាក់មកខាងក្រោម។ រួចគាត់ក៏មកអង្គុយនៅក្បែរខ្ញុំ៖

«ម៉េចហើយបានធូរច្រើននៅ?»

«រាងធូរហើយបង តែនៅឈឺតិចៗបង!»

«ល្អហើយអ៊ីចឹង ឆាប់បានត្រលប់ទៅផ្ទះវិញ!»

«អូរខ្ញុំភ្លេច អរគុណបងខ្លាំងណាស់ ដែលតែងតែជួយខ្ញុំគ្រប់ពេល។ បើមិនមានបងទេ ប្រហែលជាមិនដឹងបានអ្នកណាជួយជូនខ្ញុំមកមន្ទីរពេទ្យទេ!»

«គុណស្រ័យអីអូន មនុស្សស្គាល់គ្នារាប់អានគ្នា ជួយគ្នាជារឿងល្អ បងរកទៅវិញហើយណា មើលទៅម៉ាលីគេគេងលក់ស្រួលណាស់ហាសហា!»

«ម៉ាលីប៉ុន្មានថ្ងៃហ្នឹង ហត់ច្រើនណាស់រវល់តែមើលថែទាំខ្ញុំ បងត្រលប់ទៅវិញចុះយប់ជ្រៅណាស់ហើយ ខ្ញុំរំខានបងទៀតហើយ តែយ៉ាងណាក៏អរគុណណាស់សម្រាប់ក្រូចមួយស្បោងនេះ!»

«អ៊ីចឹងបងទៅវិញសិនហើយ!»

គាត់ក៏បានចាកចេញទៅបាត់ទៅ។ តែបើគិតទៅមនុស្សដូចបងរាជអីក៏ជាមនុស្សល្អម្ល៉េះ ជួយគេមិនចង់បានគុណស្រ័យអីសោះ តែប្រហែលជាខ្ញុំគ្មានសំណាងបាននៅក្បែរគាត់មួយជីវិតនោះទេ។ ខ្ញុំមានអារម្មណ៍ថាស្រលាញ់គាត់ តែក៏មានអារម្មណ៍មិនស័កិ្តសមនឹងគាត់ដែរ។ ខ្ញុំទៅវិញទេដែលខ្លាចធ្វើឱ្យគាត់ឈឺចាប់ដោយសារតែខ្ញុំ ខ្ញុំមិនមែនជាមនុស្សល្អបរិសុទ្ធដូចពីមុន ខ្ញុំខ្លាចធ្វើឱ្យគាត់ខកចិត្តណាស់។

បន្ទាប់ពីខ្ញុំបានចេញពីមន្ទីរពេទ្យ សុខភាពក៏បានល្អប្រសើរឡើងវិញ។ កំពុងតែអង្គុយធ្វើមេរៀនម្នាក់ឯងសុខៗ បងរាជគាត់ក៏មិនដឹងមកពីណា ញញឹមញញែម មកឈរនៅមុខបន្ទប់ខ្ញុំ។

«ចូលមកខាងក្នុងមកបង សប្បាយចិត្តម្ល៉េះថ្ងៃនេះ មានរឿងអីគេបង?»

«គ្មានរឿងអីទេ គ្រាន់តែដឹងថាថ្ងៃហ្នឹងខួបកំណើតម៉ាលី បងមានកាដូផ្ញើឱ្យម៉ាលីផង តែក៏មិនភ្លេចអូនឯងដែរ!»

«អួយអរគុណបងណាស់! ម៉ាលីដឹងសប្បាយចិត្តស្លាប់ហើយ មានអ្នកឱ្យកាដូអ៊ីចឹង មើលសុំមើលកាដូតិចមើល!»

ខ្ញុំក៏បានយកពីដៃគាត់បើកមើលប្រអប់នោះ «ខ្សែកស្អាតណាស់បង ហ្នឹងហើយចាំខ្ញុំទុកឱ្យម៉ាលី នាងចេញទៅក្រៅជាមួយណារិទ្ធិទៅណាបាត់ហើយ!»

«អ៊ីចឹងបងទៅវិញហើយណា!»

«ចាសបងអរគុណ បាយៗ»

ខ្ញុំក៏ជូនដំណើរគាត់ គាត់ក៏ឡើងជិះម៉ូតូចេញទៅបាត់ទៅ។ ដល់យប់ជ្រៅខ្ញុំក៏បានស៊ុបប្រាយម៉ាលី ដោយយកខ្សែកដែលបងរាជជូនយកឱ្យម៉ាលី។ នាងរំភើបណាស់ យកមកពាក់នឹងកទៀត។ ខ្ញុំក៏មានដែរ តែមិនពាក់ទេ ខ្ញុំអត់សូវចូលចិត្តពាក់វារាល់ថ្ងៃទេ បានតែមានកម្មវិធីប៉ុណ្ណោះ។ ម៉ាលីគេពាក់បណ្តើរមើលកញ្ចក់បណ្តើរ សប្បាយចិត្តជាមួយកាដូខ្សែករបស់បងរាជជូន។

រំលងបានមួយអាទិត្យ ខ្ញុំមិនដឹងថាម៉ាលីនិងណារិទ្ធិមានរឿងអ្វីទេ ស្រាប់តែពួកគេឈ្លោះគ្នា មិននិយាយរកគ្នា។ ចៃដន្យអីថ្ងៃនោះខ្ញុំនៅផ្ទះម្នាក់ឯង ស្រាប់តែបងរាជក៏បានមកលេងខ្ញុំនៅបន្ទប់។ ខ្ញុំបាននិយាយលេងជាមួយគាត់ឡើងយូរ តែនិយាយចុះនិយាយឡើងខ្ញុំនេះវាភ្លាត់មាត់រម្លឹករឿងបងវង្សឡើងវិញ ទើបបងរាជបានប្រាប់ការពិតមកខ្ញុំពីមូលហេតុដែលបងវង្សមានសង្សារថ្មី៖

«វង្សធ្លាប់មានសង្សារយូរហើយ តាំងពីរៀនវិទ្យាល័យជាមួយគ្នា តែពួកគេទាំងពីរទើបតែដាក់ចិត្តស្រលាញ់គ្នា ជាសង្សារទេ តែពេលចូលមកដល់សកលបានមួយឆ្នាំ ពួកគេក៏ឈ្លោះគ្នា មិនដឹងថាមានរឿងអ្វីទេ អាចនឹងមានរឿងយល់ច្រឡំជាមួយគ្នា។ ពួកគេបានបែកគ្នារយៈពេលមួយឆ្នាំហើយ តែបងវង្សនៅតែស្រលាញ់សង្សារគេជានិច្ច។ ចៃដន្យអមរាឯងជាស្នេហាទីពីររបស់គេ។ ខ្ញុំឃើញអ្នកទាំងពីរស្រលាញ់គ្នាខ្ញុំសប្បាយចិត្តណាស់ តែស្រាប់តែម្នាក់ស្រីនោះដឹងថាវង្សមានសង្សារថ្មីគេក៏មកសុំវង្សត្រូវគ្នាវិញ ដោយមកចួបនឹងវង្សហើយយំលុតជង្គង់ឱ្យវង្សលើកលែងឱ្យគេ ដើម្បីបានត្រូវគ្នាវិញ។ វង្សចិត្តទន់ ក៏បានយល់ព្រមទៅរកអ្នកចាស់វិញ ហើយបោះបង់អមរាឯង ខ្ញុំពិតជាមិនយល់ថាគេធ្វើបែបនោះសោះ!»

បងរាជនិយាយរឿងនេះចប់ ទើបខ្ញុំយល់ថាស្នេហាមិនមែនជាការបង្ខំទេ ក្តីស្រលាញ់វាពិតជាពិបាកយល់ណាស់ ហើយខ្ញុំក៏មិនអាចហាមឃាត់ចិត្តបងវង្សឱ្យមករកខ្ញុំវិញដែរ តែអ្វីដែលខ្ញុំឈឺចាប់នោះ ហេតុអ្វីបានជាគាត់ដឹងថាគាត់នៅតែមិនភ្លេចអ្នកចាស់បាន គាត់ចាប់ផ្តើមជាមួយខ្ញុំធ្វើអី? បើខ្ញុំដឹងថាបងវង្សគាត់មានមនុស្សដែលគាត់ស្រលាញ់នៅក្នុងចិត្តហើយ ក៏ខ្ញុំមិនចូលក្នុងជីវិតបងវង្សដែរ។

មួយរយៈដែលបងរាជមកលេងខ្ញុំកន្លងមកក៏ ស្រាប់តែស្ងាត់ឈឹង បាត់ទាំងណារិទ្ធិ និងបងរាជថែមទៀត។ ខ្ញុំមិនយល់ថាពីរនាក់គេមានរឿងអ្វីទេ។ ទោះបីជាខ្ញុំព្យាយាមទាក់ទងទៅបងរាជ ក៏គាត់មិនតប ណារិទ្ធិក៏ដូច្នេះ គេប្រុងលេងឆាកល្ខោនអីហ្នឹង។ ពេលខ្ញុំសួរម៉ាលីទើបដឹងថា ម៉ាលីមានរឿងអ្វីជាមួយណារិទ្ធិ។

ពួកគេយល់ច្រឡំប្រចណ្ឌជាមួយគ្នាទាំងសងខាង ណារិទ្ធិយល់ច្រឡំថាម៉ាលីកំពុងតែទាក់ទងអ្នកថ្មី ធ្វើឱ្យម៉ាលីអន់ចិត្តខឹង ក៏ព្យាយាមនៅឆ្ងាយពីគ្នាមួយរយៈ ដើម្បីផ្សះផ្សាគ្នាវិញ។ តែការព្យាយាមនៅឆ្ងាយពីគ្នាមួយរយៈនេះ វាមិនល្អទេ យូរៗទៅកាន់តែធ្ងន់ធ្ងរលើសដើមមិនខានទេ។

ខ្ញុំព្យាយាមចួបណារិទ្ធិដើម្បីនិយាយគ្នាឱ្យបានច្បាស់លាស់។ ខ្ញុំបានទំនាក់ទំនងទៅណារិទ្ធិ ហើយក៏បានរកកន្លែងដើម្បីនិយាយគ្នាពីរឿងគេនិងម៉ាលី។ ខ្ញុំបានណាត់ណារិទ្ធិនៅហាងកាហ្វេមួយ នៅក្នុងសាលាភូមិន្ទក្រោមដើមជ្រៃ។ គ្រាន់តែខ្ញុំទៅដល់ភ្លាម ឃើញគេអង្គុយចុចទូរសព្ទបណ្តើរក្រេបកាហ្វេបណ្តើរ។ គេស្រាប់តែងាកមកឃើញខ្ញុំ គេសប្បាយចិត្តណាស់ ពីព្រោះពួកយើងខានចួបគ្នាយូរហើយ តាំងពីគេមានរឿងជាមួយម៉ាលីមក។

«មកចាំខ្ញុំយូរហាស?»

«ចាំយូរហើយ នេះផាសិនសូដា!»

«ដឹងថាខ្ញុំចូលចិត្តផាសិនសូដាទៀត ហើយខ្ញុំចង់សួរថាមានរឿងអីបានឈ្លោះគ្នាជាមួយម៉ាលី?»

«មកចួបខ្ញុំដើម្បីសួររឿងហ្នឹងទេ ខ្ចិលឆ្លើយ!»

«ណារិទ្ធិឥឡូវប្លែកណាស់ មានសង្សារថ្មីមែនបានចង់បែកពីម៉ាលី?»

«ប្រហែលហើយ!»

«ម៉ាលីល្អប៉ុណ្ណឹងដែរ ណារិទ្ធិឯងនៅយកអ្នកថ្មីទៀត ចរិតដូចបងវង្សម៉្លេះ?»

ស្រាប់តែណារិទ្ធិខឹងច្រឡោត

«ចរិតខ្ញុំអត់មានដូចអាមួយហ្នឹងទេ កុំមៃមនុស្ស ចង់ដឹងទៅសួរមិត្តភក្តិអមរាខ្លួនឯងទៅដឹងហើយ ថាគេបានធ្វើអីខ្លះ មុននឹងថាខ្ញុំមិនស្មោះ មានតែម៉ាលីទេដែលមិនស្មោះនោះ!» ខ្ញុំមិនយល់អ្វីគ្រប់យ៉ាងដែរណារិទ្ធិនិយាយសោះ។

«ម៉ាលីគេមានមនុស្សដែលគេស្រលាញ់ហើយ នៅឡើយតែខ្ញុំទេ អមរាគួរតែដឹងថាខ្ញុំមានអារម្មណ៍បែបម៉េចដែរលើអមរាឯងកន្លងមក!»

«មានអារម្មណ៍អីលើខ្ញុំ? និយាយឱ្យច្បាស់មើល!»

«ខ្ញុំតាមស្រលាញ់អមរាយូរហើយ តើអមរាឯងមានដឹងខ្លួនអត់? ខ្ញុំធ្វើគ្រប់យ៉ាងឱ្យអមរាឯងមើលឃើញ តែអ្វីគ្រប់យ៉ាងនោះ បែរជាអមរាទៅរើសអាវង្សដែរគេបានក្បត់អមរាឯងទៅវិញ!»

«ណារិទ្ធិ ណារិទ្ធិឯងនិយាយអី? ម៉េចប្រុងបែកពីម៉ាលីមកស្រលាញ់ខ្ញុំមែន ខ្ញុំមិនមែនជាមនុស្សក្បត់មិត្តភក្តិខ្លួនឯងទេ ណារិទ្ធិឯងបញ្ឈប់គំនិតនេះទៅ!»

«ចុះបើម៉ាលីគេមានមនុស្សដែលគេស្រលាញ់ហើយ អមរាព្រមទទួលយកខ្ញុំដែរទេ?»

ខ្ញុំមិនតបអ្វីទាំងអស់ ខ្ញុំដើរចេញពីគេ ព្រមទាំងដាក់លុយថ្លៃផាសិនសូដានៅលើតុ។ ខ្ញុំមិនយល់ថាគ្រប់គ្នាកំពុងតែធ្វើអី ណារិទ្ធិស្រលាញ់ខ្ញុំ ព្រមបែកពីម៉ាលីមកយកខ្ញុំ ចុះម៉ាលីគេមានសង្សារថ្មីម្តេចក៏ខ្ញុំមិនដឹង?

«មនុស្សដែលនៅក្បែរអមរាឯងនឹងហើយ ទើបជាមនុស្សដែលម៉ាលីស្រលាញ់ពិតប្រាកដ!»

ខ្ញុំកាន់តែឆ្ងល់ពាក្យណារិទ្ធិនិយាយ តើអ្នកណានៅក្បែរខ្ញុំ ដែលធ្វើឱ្យម៉ាលីស្រលាញ់។ ខ្ញុំមានតែមិត្តភក្តិប្រុសពីរបីនាក់ដែលស្គាល់ប៉ុណ្ណោះ តែមិនដែលឮម៉ាលីនិយាយពីឈ្មោះពួកគេសោះ។ ពាក្យដែលណារិទ្ធិប្រាប់ថាស្រលាញ់ខ្ញុំ ក៏ខ្ញុំមិនអាចឆ្លើយថាព្រមដែរ ទោះបីជាពេលខ្លះខ្ញុំមានចិត្តលើគេក៏ដោយ។

ប៉ុន្តែមួយរយៈនេះ ទោះបីជាខ្ញុំទាក់ទងទៅបងរាជចូល ក៏និយាយគ្នាបានមិនប៉ុន្មានម៉ាត់ដែរ គាត់បានប្រាប់ថា៖

«កុំស្រលាញ់ខ្ញុំអី ខ្ញុំមិនស័ក្កិសមនឹងឱ្យអមរាឯងស្រលាញ់ខ្ញុំទេ។ អំពើល្អរបស់ខ្ញុំ ចាត់ទុកថាខ្ញុំធ្វើសងជំនួសមិត្តភក្តិខ្ញុំទៅចុះ ទោះបីជាអមរាព្យាយាមបង្ខំខ្ញុំឱ្យជ្រើសរើសអមរា ក៏មានតែការឈឺចាប់ដែរ!»

ខ្ញុំបាននិយាយមែន ថាខ្ញុំស្រលាញ់បងរាជ នៅពេលដែលបាត់មុខគាត់មួយរយៈ ខ្ញុំពិតជានឹកគាត់ តែចម្លើយបងរាជឆ្លើយ ធ្វើឱ្យខ្ញុំដកចិត្តវិញ។ ចួនកាលអំពើល្អរបស់គេធ្វើមកលើយើង គឺមិនមែនដើម្បីឱ្យយើងទៅស្រលាញ់គេទេ វាគ្រាន់តែជាសទ្ធាគេធ្វើមកលើយើងតែប៉ុណ្ណោះ។

ខ្ញុំក៏លែងសួរនាំម៉ាលី តែមួយរយៈនេះម៉ាលីសប្បាយចិត្តជាងមុន គេតែងតែទៅដើរលេងរាល់ថ្ងៃ មិនសូវនៅផ្ទះទេ។ ខួរក្បាលខ្ញុំសឹងតែឆ្កួត មិនយល់រឿងរបស់ពួកគេសោះ។ ក្នុងចិត្តពួកគេសម្តែងល្ខោនអីបោកខ្ញុំទៀតហើយ។ ខ្ញុំកំពុងអង្គុយអានសៀវភៅសុខៗ ស្រាប់តែបងរាជនិងម៉ាលីពួកគេកាន់ដៃគ្នាឈរនៅមាត់ទ្វារមើលមកខ្ញុំ។

ខ្ញុំនេះស្មានតែអានសៀវភៅឡើងស្រវាំងភ្នែក ហើយខ្ញុំក៏បានយកដៃញីភ្នែក។ គេក៏ដើរទៅឈរមុខផ្ទះ ស្រាប់តែខ្ញុំក៏ដើរចេញទៅក្រៅតាមពួកគេ។

ព្រះអើយ…ខ្ញុំសឹងស្រក់ទឹកភ្នែក ណារិទ្ធិគេឈរមុខឡានទំនើបមួយ កាន់បាច់ផ្កាកូឡាបនៅដៃមួយបាច់ធំ ហើយមាននំខេកនិងមានរូបថតខ្ញុំនៅលើកញ្ចក់ឡាន។ ខ្ញុំដើរចេញទៅគេយឺតៗ យកដៃជូតទឹកភ្នែក។

«ហើយអ្នកទាំងអស់គ្នាលេងអីហ្នឹង? ឈប់សម្តែងទៅ ឈប់សម្តែងទៅ!»

«អូនអមរានេះមិនមែនជាការសម្តែងទេ បងស្រលាញ់អូន!» ណារិទ្ធិហៅមកកាន់ខ្ញុំអូនអមរា ខ្ញុំរលីងរលោងមើលទៅម៉ាលី កំពុងតែមានក្តីសុខផ្អែកក្បាលទៅបងរាជ

«ណារិទ្ធិលេងអីឆ្កួតហ្នឹងៗ? ខ្ញុំខ្មាសគេណាស់ គេមើលមកហ៎រ!»

«ពួកយើងព្រមធ្វើជាប្តីប្រពន្ធរស់នៅជាមួយគ្នាអស់មួយជីវិតទេ?» ណារិទ្ធិស្រាប់តែលុតជង្គង់បង្ហាញចិញ្ចៀនមួយវង់ មានត្បូងនៅកណ្តាលធំចង់ប៉ុនកូនដៃ ដូចជាត្បូងពេជ្យអ៊ីចឹង។

«ព្រមទៅអមរា ណារិទ្ធិគាត់ស្រលាញ់ឯងពិតប្រាកដ!» ម៉ាលីឈរស្រែកពីម្ខាងទៀតឱ្យខ្ញុំយល់ព្រម

«អមរាព្រមជាមួយណារិទ្ធិទៅ គេជាមនុស្សប្រុសល្អខ្លាំងណាស់ សម្រាប់អមរា!»

ចំណែកបងរាជក៏បន្ទរពីក្រោយខ្ញុំងក់ក្បាល ហុចដៃឱ្យគេពាក់ចញ្ចៀន ហើយគាត់ក៏ក្រោកឈរហុចបាច់ផ្កាឱ្យខ្ញុំ។ គាត់បានឱបខ្ញុំ និងថើបថ្ងាសខ្ញុំ យ៉ាងមានភាពកក់ក្តៅ។ ក្រោយពីរឿងថ្ងៃនោះបញ្ចប់ ទើបខ្ញុំបានដឹងរឿងគ្រប់យ៉ាង គឺរឿងវាបែបនេះ ម៉ាលីធ្លាប់ស្រលាញ់បងរាជ តាំងពីចួបគ្នាដំបូងម៉្លេះ តែម៉ាលីបានតែស្រលាញ់មិនហ៊ានសារភាព ហើយខ្ញុំគិតថាបងរិទ្ធិគាត់បានលើម៉ាលី ទើបធ្វើឱ្យបងរាជគាត់ដកខ្លួនចេញ។

ហើយមួយរយៈក្រោយនេះ បងរាជតាមទាក់ទងម៉ាលី ទើបធ្វើឱ្យបងរិទ្ធិដឹងថាម៉ាលីមិនបានស្រលាញ់គាត់ គឺនាងនៅស្រលាញ់បងរាជ។ គេតែងតែទាក់ទងគ្នារហូតនៅពេលដែលចាប់ផ្តើមលេចមុខបងរាជមកនៅក្បែរខ្ញុំ។ ខ្ញុំដឹងថាបងរិទ្ធិស្រលាញ់ខ្ញុំ តែដោយសារតែរឿងខ្ញុំយល់ច្រឡំលើបងរិទ្ធិនិងម៉ាលី ខ្ញុំមិនអាចទទួលយកបងរិទ្ធិបានទេ ចំពេលដែលបងវង្សមកសាកភាពស្រលាញ់ខ្ញុំមុន។

បងរិទ្ធិគាត់បានសន្យាជាមួយខ្ញុំនៅពេលដែលរៀនចប់ គាត់នឹងឱ្យម៉ាក់ប៉ាគាត់ចូលស្តីដណ្តឹងខ្ញុំ។ យើងទាំងបួននាក់ក៏មានទំនាក់ល្អជាមួយគ្នាហើយព្យាយាមបំភ្លេចអតីតកាលដែលមិនល្អចោល។ ពួកយើងតែងតែធ្វើអីញ៉ាំ ឬដើរលេងជាមួយគ្នាទោះបីជាទៅលេងកន្លែងណាក៏ដោយ។

«មនុស្សចុងក្រោយគឺជាបង»

បើឱ្យខ្ញុំជ្រើសរើសម្តងទៀត ថាខ្ញុំនឹងជ្រើសរើសអ្នកណា? ចម្លើយ គឺជារូបបង

មកដល់ពេលនេះ ខ្ញុំបានកាត់ចិត្តពីវង្សពិតប្រាកដ ហើយម្នាក់ទៀតគឺបងរាជ មនុស្សដែលខ្ញុំជ្រើសរើសចុងក្រោយ គឺជាបងណារិទ្ធិ ដែលជាមនុស្សដំបូងគេដែលខ្ញុំបានស្គាល់នៅភ្នំពេញ ហើយក៏ជាមនុស្សចុងក្រោយគេដែលខ្ញុំបានស្រលាញ់យកធ្វើជាគូអនាគតនៅថ្ងៃខាងមុខ។

ម៉ាលីក៏មានមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដគឺបងរាជ។ កន្លងមកគ្រប់សកម្មភាពបងរាជគាត់តែងតែបារម្ភម៉ាលីជាងខ្ញុំ សូម្បីតែកាដូក៏គាត់ទិញឱ្យម៉ាលី ប្រសិនបើគាត់ទិញឱ្យខ្ញុំ។ បងរាជចូលមកក្បែរខ្ញុំ គឺគ្រប់យ៉ាងគាត់ចង់នៅក្បែរម៉ាលីទេ តែដោយសារខ្ញុំគិតច្រើនពេកពីបំណងល្អរបស់បងរាជធ្វើមកលើខ្ញុំ ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អចំពោះគាត់។

ម៉ាលីក៏គេធ្លាប់និយាយថាស្រលាញ់បងរាជតាំងពីចួបដំបូងមកម៉្លេះ តែម៉ាលីបានគិតថាគេមិនអាចទៅស្រលាញ់បងរាជ ដែលជាកូនអ្នកមាន និងមានចំណេះដឹងខ្ពស់ទៀត គិតថាមិនស័កិ្តសមជាមួយនាង ទើបធ្វើឱ្យនាងសម្រេចចិត្តលាក់ទុកក្ដីស្រលាញ់មួយនេះនៅក្នុងចិត្តរហូតមក។

តែអ្វីៗវាបានកន្លងហួសទៅហើយ ចុងក្រោយបងរាជក៏ត្រលប់មកជ្រើសរើសម៉ាលីជាគូអនាគតនៅថ្ងៃមុខវិញ។ ខ្ញុំពិតជាសប្បាយចិត្តជំនួសម៉ាលីណាស់។

មួយរយៈនេះខ្ញុំមិនដែលនឹកឃើញ គ្រប់រូបភាពដែលខ្ញុំធ្លាប់មានអនុស្សាវរីយជាមួយបងវង្សទេ។ តែស្រាប់តែថ្ងៃមួយ ខ្ញុំឃើញបងវង្សឈរនៅមុខបន្ទប់ជួលរបស់ខ្ញុំ ទិញផ្កាកូលាប និងនំខេកមួយប្រអប់ដែលខ្ញុំចូលចិត្តញ៉ាំ។

ខ្ញុំស្រាប់តែស្ទុះទៅឱបគាត់។ ខ្ញុំព្យាយាមទប់ខ្លួនឯងមិនជាប់សោះ ចំពេលដែលណារិទ្ធិ បងរាជ និងម៉ាលីមកដល់ ឈរកាន់នំ ទុកស៊ុបបា្រយខួបកំណើតខ្ញុំ។

បងរិទ្ធិទម្លាក់ទឹកមុខចុះ ប្រហែលជាគាត់អន់ចិត្ត ពេលឃើញខ្ញុំកំពុងឱបបងវង្ស។ ប្រហែលជាគាត់គិតថាបងវង្សមកសុំខ្ញុំត្រូវគ្នាវិញទើបបងរិទ្ធិរកដើរចេញ៖

«បងរិទ្ធិ បងឯងបម្រុងទៅណា?» បងរិទ្ធិគាត់ឈរ តែគាត់មិនបែរមុខមករកខ្ញុំទេ។

«រិទ្ធិឯងកុំយល់ច្រឡំណា ខ្ញុំមកលេងអមរាលើកចុងក្រោយប៉ុណ្ណោះ។ មួយអាទិត្យទៀត ខ្ញុំនឹងទៅរៀននៅអូស្រ្តាលីហើយ។ ខ្ញុំគ្រាន់តែចង់មកជូនពរថ្ងៃខួបអមរា។ ខ្ញុំមិនដឹងថាថ្ងៃណាទេ ដែលខ្ញុំអាចចួបអមរាទៀត។ ឯងជួយថែទាំនាងឱ្យបានល្អផងកុំឱ្យនាងឈឺចាប់។ ខ្ញុំលាពួកឯងសិនហើយ។ រាជគ្នាសុំទោស សង្ឃឹមថាថ្ងៃណាមួយយើងនឹងបានចួបគ្នាទៀត!» និយាយចប់បងវង្សក៏ឡើងជិះឡានបើកចេញទៅបាត់។

«ម៉េច បងឯងបម្រុងទៅណាទៀត? នឹងហ្អីថាស្មោះស្រលាញ់តែខ្ញុំ យកចិញ្ចៀនបងឯងទៅវិញចុះ!» ខ្ញុំដោះចិញ្ចៀនបោះទៅដី ហើយដើរចូលក្នុងបន្ទប់។

«អមរា អូនឈប់ បងសុំទោសដែលយល់ច្រឡំលើអូន បងសន្យាគ្មានលើកទីពីរធ្វើដាក់អូនបែបនេះទេ អមរាបើកទ្វារមកអូន!» ដោយពាក្យអង្វរកខ្ញុំក៏ព្រមបើកទ្វារឱ្យគេ គេកំពុងតែលុតជង្គង់នៅមុខខ្ញុំ សុំទោសខ្ញុំ។

«ឆ្កួត! អូនធ្វើលេងតាស៎ អូនចង់សាកចិត្តបង ក្រោកឡើងមកកុំយំអី!»

ខ្ញុំយកដៃជូតទឹកភ្នែកគាត់ ហើយគាត់ក៏ទាញដៃខ្ញុំបំពាក់ចិញ្ចៀនវិញ។ ស្នេហាក្មេងៗ សាកលវិទ្យាល័យស្តាប់មើលទៅគួរឱ្យអស់សំណើចណាស់ ស្រលាញ់អ្នកនោះបានអ្នកនេះ រញ៉េរញៃជាងមុខវិជ្ជារៀនទៀតទៅ។ ពេលខ្ញុំចួបបងរិទ្ធិដំបូង គ្មានទៅចាប់អារម្មណ៍អីប៉ុន្មានទេ គ្រាន់តែគេជាមនុស្សនិយាយច្រើន សួរនាំច្រើន ខ្ញុំតែងហៅគេអាប៉ិនិយាយច្រើន តែគាត់ជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងទៅលើចំណងមិត្តភាពណាស់។

ខ្ញុំចាំថា ពេលខ្ញុំអត់ចេះលំហាត់កិច្ចការគ្រូ ពេលនោះខ្ញុំបានសុំតេឡេក្រាមពីម៉ាលីរួចក៏បានឈែតទៅបងរិទ្ធិរួចហើយដែរ។ ខ្ញុំបានចម្លងរួចអស់ហើយពីបងរិទ្ធិ ទើបបងវង្សផ្ញើមកតាមក្រោយ។ ខ្ញុំមិនបានអរគុណគាត់ហើយ ថែមទាំងមិនខ្វល់ជាមួយគាត់ទៀត ធ្វើជាមិនដឹងពេលចួបមុខគាត់។

គាត់ធ្លាប់សារភាពថាស្រលាញ់ខ្ញុំ ក្រោយពីដឹងថាខ្ញុំចាប់ផ្តើមស្រលាញ់បងវង្ស។ បងរិទ្ធិបានប្រាប់ម៉ាលី តែពេលនោះខ្ញុំបានជ្រើសរើសបងវង្ស ចោលបងរិទ្ធិទៅហើយ។ បើពេលនោះខ្ញុំជ្រើសរើសបងរិទ្ធិ ប្រហែលជាខ្ញុំមិនចួបរឿងខកបំណងច្រើនដូចរឿងដែលកន្លងផុតទៅទេ។ ហើយអ្នកដែលតែងតែបារម្ភពីខ្ញុំគឺបងរិទ្ធិ។ គាត់តែងតែឈែតមកសួរនាំខ្ញុំពេលខ្ញុំនៅម្នាក់ឯង ណាស់តែខ្ញុំមិនខ្វល់ខ្វាយជាមួយគាត់។

ម៉ាលីបានប្រាប់ខ្ញុំថា ថ្ងៃខួបដែលខ្ញុំបានទៅជាមួយបងវង្សនាថ្ងៃនោះ ម៉ាលីបានបបួលខ្ញុំទៅញ៉ាំអីដែរ ហើយបងរិទ្ធិក៏បានត្រៀមនំខេកសម្រាប់ស៊ុបប្រាយខ្ញុំដែរ តែខ្ញុំមិនបានទៅ។ មិត្តភក្តិដែលទៅនោះ ក៏យកចែកគ្នាញ៉ាំអស់ទៅ ឡើងបងរិទ្ធិគាត់ស្រងូតស្រងាត់អន់ចិត្តដែលខ្ញុំមិនបានទៅ។

ពេលដែលខ្ញុំឈ្លោះជាមួយបងវង្សនៅហាងកាហ្វេ បងរិទ្ធិគាត់បានដឹងរឿងនេះ គាត់បានទៅរករឿងបងវង្ស ធ្វើឱ្យបងវង្សមកលុតជង្គង់សុំទោសខ្ញុំ ហើយបងវង្សក៏សន្យាថាឈប់មកក្បែរខ្ញុំទៀត។ បងរាជប្រាប់រឿងរ៉ាវនេះដល់ខ្ញុំ ខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់។

ហើយក៏ខ្ញុំចាប់ផ្តើមត្រលប់មកស្រលាញ់បងរិទ្ធិវិញ នៅពេលដែលខ្ញុំចង់សម្លាប់ខ្លួន។ ពេលមានរឿងជាមួយបងវង្សនៅឯមុខវាំង គឺមានតែបងរិទ្ធិទេដែលបាននិយាយលួងលោមខ្ញុំ ឱ្យខ្ញុំរឹងមាំឡើងវិញ ទើបធ្វើឱ្យខ្ញុំមានកម្លាំងចិត្តមកដល់សព្វថ្ងៃនេះ។

បន្ទាប់មកគាត់ក៏បានសារភាពថាស្រលាញ់ តែខ្ញុំមិនអាចទទួលយកគាត់បាន ដោយសារតែបេះដូងខ្ញុំកំពុងឈឺចាប់ មិនអាចទទួលយកអ្នកណាបានទេ។ ខ្ញុំដឹងថាគាត់ខកចិត្ត ប្រហែលជាគាត់មិនអាចត្រលប់មកស្រលាញ់ខ្ញុំម្តងទៀតបានទេ តែឥឡូវគាត់ស្រាប់តែបន្តមកស្រលាញ់ខ្ញុំ មិនបោះបង់ការស្រលាញ់មួយនេះសោះ។

នៅមានរឿងជាច្រើនទៀត ដែលបងរិទ្ធិខំធ្វើ អំពើល្អ និងទង្វើល្អៗរបស់គាត់ នៅពីក្រោយខ្នងខ្ញុំ ដែលខ្ញុំមើលមិនឃើញទេ។ ទើបមកដល់ពេលនេះ ខ្ញុំដឹងថាទង្វើទាំងនោះគាត់ធ្វើដើម្បីខ្ញុំទាំងអស់។ ពិតជាអរគុណណាស់សម្រាប់ការលះបង់របស់គាត់មកលើខ្ញុំ។

បងរាជនិងម៉ាលីក្រោយពីបញ្ចប់ការសិក្សាភ្លាម បងរាជក៏បានឱ្យម៉ាក់ប៉ារបស់គាត់ចូលស្តីដណ្តឹងម៉ាលីធ្វើជាភរិយាតាមប្រពៃណី។ ពួកគេទាំងពីរនាក់បានរៀបចំអាពាហ៍ពិពាហ៍ជាមួយគ្នាមុនខ្ញុំទៅទៀត។ ខ្ញុំបានទៅចូលរួមពិធីមង្គលការម៉ាលីនិងបងរាជ ហើយជូនពរឱ្យពួកគេរកស៊ីមានបាននិងមានកូន ដើម្បីឱ្យមីងដូចជាខ្ញុំនេះបានពរឆាប់ៗមក។  នៅពិធីមង្គលការនោះខ្ញុំក៏បានលួចសួរបងរិទ្ធិដែរ ថាពេលណាទើបរៀបចំនិងឱ្យម៉ាក់ប៉ាគាត់ចូលស្តីដណ្តឹងខ្ញុំនិងរៀបការ តែគាត់ថាចាំមួយឆ្នាំពីរទៀត គាត់សល់លុយខ្លះ កុំឱ្យយកលុយម៉ាក់ប៉ាមកការទាំងស្រុងពេក។ ខ្ញុំយល់ស្របនឹងគំនិតរបស់គាត់។ ធ្វើបែបនេះល្អ បើយើងស្រលាញ់គ្នាមែន យើងគួរតែព្យាយាមទាំងសងខាង ដើម្បីការរៀបការនិងអនាគតរបស់ពួកយើង។

រំលងបានប្រហែលជាពីរឆ្នាំនៃថ្ងៃពិធីមង្គលការម៉ាលីនិងបងរាជ បងរិទ្ធិក៏ឱ្យប៉ាម៉ាក់គាត់ ចូលស្តីដណ្តឹងខ្ញុំតាមប្រពៃណី។ ចំណែកឯថ្ងៃដែលលោកអាចារ្យបានដេញវេលាឱ្យពួកយើងរៀបអាពាហ៍ពិពាហ៍នោះ គឺក្រោយមួយអាទិត្យ ដែលពួកយើងទាំងពីរទទួលសញ្ញាបត្របញ្ចប់ការសិក្សា។

ក្រោយពីទទួលសញ្ញាបត្រហើយ ពួកយើងទាំងពីរក៏បានចូលរោងជ័យ។ មនុស្សច្រើនណាស់មកចូលរួមពិធីមង្គលការរបស់ពួកយើង។ ចំណែកម៉ាលីវិញ គេក៏បានបីកូនដែលមានអាយុជិតមួយខួបមកញ៉ាំការខ្ញុំជាមួយបងរាជដែរ។ ខ្ញុំសែនរំភើបណាស់ ជាថ្ងៃដែលមនុស្សគ្រប់គ្នាចង់បាន មិនមែនគ្រាន់តែចង់បានផ្កាកូលាបមួយបាច់យើងមានក្តីសុខជាមួយគ្នាមួយជីវិតទេ គឺត្រូវមានចាស់ទុំដឹងឮ បានរៀបការផ្ទឹមជាមួយគ្នាជាមួយនឹងបាចផ្កាស្លា។

យ៉ាងណាវិញបើយើងមិនចេះស្រលាញ់គ្នា ស្មោះត្រង់ជាមួយគ្នា ទុកចិត្តលើគ្នានិងចៀសវៀងការប្រើប្រាស់សម្ដីតូចធំដាក់គ្នាទៅវិញទៅមកទេនោះៗយើងនឹងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខពិតប្រាកដ។

ខ្ញុំមិននឹកស្មានសោះថា យប់ថ្ងៃរៀបការរបស់ខ្ញុំ បងវង្សគាត់បានខលមកពីអូស្រ្តាលី ដើម្បីជូនពរខ្ញុំក្នុងពីធីមង្គលការ ថែមទាំងផ្ញើលុយចំណងដៃឱ្យពួកខ្ញុំទៀត។ ខ្ញុំនិយាយជាមួយវង្សឡើងស្រក់ទឹកភ្នែកនៅជុំគ្នាជាមួយម៉ាលីនិងបងរិទ្ធិដែរ។ កន្លងមកគាត់ក៏បានព្យាយាមប៉ះប៉ូវឱ្យខ្ញុំច្រើនណាស់ដែរដើម្បីសុំការអធ្យាស្រ័យពីខ្ញុំចំពោះទង្វើដែលគាត់បានធ្វើដាក់លើខ្ញុំ ទោះបីជាដឹងថាខ្ញុំមិនព្រមក៏ដោយ។ តែតាមការពិតទៅ ខ្ញុំបានអធ្យាស្រ័យឱ្យគាត់យូរមកហើយ។ ខ្ញុំក៏លែងទុករឿងនេះក្នុងចិត្តទៀតដែរ សំខាន់ពេលនេះខ្ញុំត្រូវកសាងសុភមង្គលជាមួយបងរិទ្ធិដែលជាមនុស្សចុងក្រោយរបស់ខ្ញុំ។

វាជារឿងពិតរបស់ខ្ញុំមួយ មិនមែនជាការតាក់តែង ប្រតិដ្ឋឡើងដើម្បីកុហកអ្នកទាំងអស់គ្នានោះទេ តែវាក៏ជាមេរៀនជីវិតសម្រាប់ខ្ញុំកន្លងមកដែរ។ ជាក់ស្ដែងទៅវាក៏ជាមេរៀនសម្រាប់មនុស្សស្រីគ្រប់រូបដែរ។ កុំលះបង់ខ្លាំងពេកចំពោះមនុស្សដែលតែងតែទាមទារនិងស្រែកឃ្លានក្តីស្រលាញ់ពីយើង តែក្តីស្រលាញ់ដែលគេផ្តល់ឱ្យយើង ជាក្តីស្រលាញ់ក្លែងក្លាយទៅវិញ៕

ចប់

រឿង៖ ព្រោះគេគ្មានបេះដូង (ភាគ៤)
«ព្រោះគេគ្មានបេះដូង»

ហេតុអ្វីខ្ញុំនៅតែស្រលាញ់អ្នក?

ព្រោះដឹងហើយថា អ្នកគ្មានបេះដូង

ខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺ ងើបពីគ្រែមិនរួច គិតតែក្អកម្តងកាល និយាយចេះតែឆាប់ហត់។ ខ្ញុំអស់កម្លាំងពីខ្លួន ទឹកមុខប្រែជាស្លេកស្លាំង ខ្ញុំក្តៅខ្លួនខ្លាំង។ ប្រហែលជាខ្ញុំត្រូវទឹកភ្លៀងមួយយប់ ទើបខ្ញុំប្រែជាបែបនេះ។ ម៉ាលីបានទៅទិញថ្នាំ ឱ្យណារិទ្ធិមកជួយមើលថែខ្ញុំ។ ណារិទ្ធិបានដួសបបរបញ្ចុកខ្ញុំ តែខ្ញុំញ៉ាំមិនបានច្រើនទេ គឺក្អួតចេញមកវិញទាំងអស់។ ទោះបីជាពួកគេនាំខ្ញុំទៅពេទ្យពិនិត្យជំងឺ ក៏បានត្រឹមតែព្យួរសេរ៉ូមនិងយកថ្នាំមកលេបនៅផ្ទះប៉ុណ្ណោះ។ សុខភាពខ្ញុំកាន់តែខ្សោយទៅៗ ខ្ញុំក៏មិនដឹងថាខ្ញុំទៅមុខទៀតយ៉ាងម៉េចដែរ។

ស្រាប់តែថ្ងៃមួយ ខ្ញុំឃើញបងវង្ស យួរក្រូចពោធិ៍សាត់មួយថង់ និងទឹកដោះគោឆៅ នៅមុខបន្ទប់សម្លឹងមកមើលខ្ញុំ ទាំងទឹកមុខស្រពោន។ ម៉ាលីចេញពីបន្ទប់ទឹក គ្រាន់តែឃើញបងវង្សភ្លាមគេស្ទុះចេញមកឈរពាំងមិនឱ្យចូលក្នុងបន្ទប់។

«លោកឯងមានមុខអីមកចួបអមរាទៀត នេះហើយលទ្ធផលដែលលោកឯងធ្វើដាក់អមរា ឥឡូវមើលសភាពនាងឥឡូវមើល ឃើញទេ សមបំណងរបស់លោកឯងហើយ!»

«ឱ្យខ្ញុំសុំទោសម៉ាលី ដែលខ្ញុំធ្វើដាក់អមរាបែបនេះ ខ្ញុំពិតជាមិនសមត្រលប់មកចួបមុខអមរាទៀតទេ ខ្ញុំពិតជាសុំទោស!»

«លោកឯងឆាប់ចាកចេញទៅ អមរាមិនចង់ចួបលោកឯងទេ!» ខ្ញុំដេកមើលបងវង្សពីចម្ងាយទាំងស្រក់ទឹកភ្នែក។ ម៉ាលីបានស្តីឱ្យគាត់ខ្លាំងៗ ទាំងគាត់លើកដៃសំពះសុំទោសនៅមុខម៉ាលី។

«ខ្ញុំអាចទៅចួបមុខអមរាលើកចុងក្រោយបានទេ!»

«ខ្ញុំប្រាប់ឱ្យលោកឯងចេញទៅ អមរាមិនចង់ចួបលោកទេ មនុស្សក្បត់ មនុស្សអាក្រក់!»

«ខ្ញុំសុំអង្វរម៉ាលី ខ្ញុំសុំចួបអមរាលើកចុងក្រោយមក!»

«លោកឯងចង់បានអីឱ្យពិតប្រាកដ ក្រែងលោកឯងមានអ្នកថ្មីដែលលោកឯងស្រលាញ់ហើយតើហី?»

ដោយខ្ញុំមិនអាចទ្រាំមើលការអង្វរករបស់បងវង្ស ទាំងស្រក់ទឹកភ្នែកបាន៖

«ម៉ាលី! ម៉ាលីឱ្យគាត់ចូលមក!»

«អមរាឯងនៅតែចង់ចួបមនុស្សដែលធ្វើបាបចិត្តឯងធ្វើអីទៀត ឯងគួរតែបំភ្លេចគេទៅ គេគ្មានតម្លៃឱ្យឯងនៅស្រណោះនិងអាណិតរូបគេទេ គឺឯទេដែលគួរឱ្យអាណិតពេលនេះ!»

«ឱ្យគេចូលមក បើគេមានរឿងអ្វីចង់និយាយជាមួយខ្ញុំ!» ម៉ាលីក៏ឈរទៅម្ខាង គេក៏ដើរចូលមកឈរជិតខ្ញុំ។ ស្រាប់តែគេទម្លាក់ជង្គង់ចុះ ហើយចាប់ដៃខ្ញុំ ទឹកភ្នែកគេស្រក់តក់ៗ។

«មិនបាច់ខំសម្តែងឱ្យគេអាណិតទេ យើងធ្វើអីខ្លះគួរតែដឹងខ្លួនឯងហើយ!» ម៉ាលីនិយាយចប់ក៏ចេញទៅខាងក្រៅ។

«បងត្រលប់មករកខ្ញុំធ្វើអីទៀត ខ្ញុំនៅជំពាក់អ្វីបងមិនទាន់សងអស់ទៀត?!»

«បងមកនេះមិនមែនចង់បានអ្វីពីអូន ឬការលើកលែងទោសឱ្យបងទេ គឺបងមកគ្រាន់តែចង់សុំទោសអូនលើកចុងក្រោយតែប៉ុណ្ណោះ!»

«ខ្ញុំមិនបានស្អប់ឬខឹងបងទេ ខ្ញុំបានសម្រេចចិត្តលើកលែងទោសឱ្យបងហើយ ហើយបងក៏មិនបាច់មករកខ្ញុំទៀតដែរ ទំនាក់ទំនងរបស់យើងក៏បានបញ្ចប់ដែរ!»

«អរគុណអូនដែលលើកលែងទោសឱ្យបង មើលថែខ្លួនណា ឆាប់ជាឡើងវិញ!»

«ខ្ញុំសង្ឃឹមថាបងមើលថែអ្នកក្រោយឱ្យល្អជាងខ្ញុំនៅពេលនេះ កុំក្បត់ចិត្តដូចដែលបងបានធ្វើមកលើខ្ញុំ!» ស្រាប់តែណារិទ្ធិមិនដឹងមកពីណា ដើរចូលមកក្នុងបន្ទប់។

«ឯងមានមុខអីមកសុំឱ្យអមរាលើកទោសឱ្យឯងទៀត ឯងនេះមិនចេះខ្មាសគេទេអី អាមនុស្សក្បត់!» បងវង្សក្រោកឈរសម្លឹងមើលទៅមុខណារិទ្ធិ ហើយក៏ងាកមកមើលមុខខ្ញុំ។

«ខ្ញុំលាអមរាទៅវិញហើយណា ថែរក្សាខ្លួនផង!»

«ឆាប់ចេញទៅ គ្មានអ្នកណាមកស្វាគមន៍ឯងនៅទីនេះទេ!» បងវង្សក៏ចាកចេញ ឡើងម៉ូតូជិះទៅបាត់ទៅ។

«វាមានមុខអីមកទីនេះទៀត វាមិនចេះខ្មាសទង្វើដែលវាធ្វើទេអី!»

ខ្ញុំមើលទៅណារិទ្ធិដូចជាខឹងបងវង្សខ្លាំងណាស់។ តែចំពោះខ្ញុំពេលខ្លះ ខ្ញុំទទួលយករឿងគ្រប់យ៉ាង ខ្ញុំអធ្យាស្រ័យឱ្យមនុស្សគ្រប់គ្នា ខ្ញុំហត់ខ្ញុំលែងចង់មានគំនិតគុំគួនអីទៀតហើយ ក្រោយពីអាធ្យាស្រ័យឱ្យបងវង្ស ខ្ញុំមានអារម្មណ៍ថាធូរស្រាលជាងមុនបន្តិចទោះបីជាសុខភាព នៅតែមិនទាន់ប្រក្រតីក៏ដោយ។ ណារិទ្ធិបានហុច ថង់បបរឱ្យទៅម៉ាលីដាក់ចានដើម្បីឱ្យខ្ញុំញ៉ាំ។ ម៉ាលីជាអ្នកបម្រើខ្ញុំ ខ្ញុំពិតជាខ្មាសអៀនណាស់ដែលឱ្យម៉ាលីជាអ្នកបម្រើខ្ញុំ គេដួសបបរបញ្ចុកខ្ញុំ យកថ្នាំឱ្យខ្ញុំលេប និងជួយគ្រាហ៍ពេលខ្ញុំចង់ចូលបន្ទប់ទឹក។

ណារិទ្ធិនិងម៉ាលីយកចិត្តទុកដាក់មើលថែខ្ញុំណាស់ ជំងឺរបស់ខ្ញុំក៏រាងធូរបន្តិចម្តងៗ ទោះបីជាវាមិនទាន់ជាសះស្បើយ ក៏ខ្ញុំអាចក្រាកអង្គុយបាន អាចដួសអាហារញ៉ាំដោយខ្លួនឯងបានដោយជួយបន្ធូរការងាររបស់ម៉ាលីមកលើខ្ញុំ។ ម៉ាលីអង្គុយក្បែរខ្ញុំ ចាំហុចថ្នាំឱ្យខ្ញុំលេប។

«ខ្ញុំឆ្ងល់ឯង ហេតុអ្វីបានជាលើកលែងទោសឱ្យទៅអាមនុស្សអាក្រក់ដែលគេក្បត់ឯងនោះ ឯងនេះពិតជាចិត្តទន់ពេកហើយ!» ខ្ញុំភ្ញាក់នឹងសម្តីម៉ាលី ចង់ឈ្លក់ទឹក

«គ្នាក៏មិនចង់សន្សំកម្មជាមួយគេទៀតគ្នាអហោសិកម្មឱ្យគេទៅចុះ!»

«បើគ្នាវិញប្រាប់ឱ្យហើយ មិនលើកលែងទោសទៅឱ្យអាមនុស្សគ្មានបេះដូងទេ!»

ម៉ាលីនិយាយដល់ចំណុចនេះ ខ្ញុំបែរជានឹកឃើញ រឿងរ៉ាវដល់ឈឺចាប់ព្រោះសម្តីគេគ្មានបេះដូងនឹងហើយ។ នៅថ្ងៃមួយបន្ទាប់ពីខ្ញុំបានទៅចួបបងវង្សនៅហាងកាហ្វេ ខ្ញុំបានទាក់ទងទៅបងរាជចង់ដឹងគាត់នៅក្បែរនឹងទេ ដើម្បីទៅនិយាយជាមួយគាត់ម្តងទៀតឱ្យច្បាស់។ ខ្ញុំបានទៅចួបគាត់នៅកន្លែងតារាងបាល់មួយ គ្រាន់តែគាត់ឃើញខ្ញុំភ្លាម គាត់នាំខ្ញុំមកកន្លែងស្ងាត់ស្រួលនិយាយគ្នា។

«អូនឯងមកទីនេះធ្វើអី ក្រែងយើងចប់គ្នាហើយតើ?»

«ចប់គ្នា? បងឯងនិយាយអី បងឯងកើតអីបានជានិយាយពាក្យនេះដាក់អូន?»

«យើងបែកគ្នាត្រឹមហ្នឹងហើយ អូនឯងមិនបាច់មកតាមចួបមុខបងទៀតទេ គឺយើងគ្មានទំនាក់ទំនងអ្វីទៀតទេ!»

ខ្ញុំស្រាប់តែស្រក់ទឹកភ្នែក ហើយលុតជង្គង់អង្វរគេ។

«បងឯងលែងស្រលាញ់អូនហើយមែនទេ ចុះពាក្យពីមុនបងថាស្រលាញ់អូន ជាពាក្យអីទៅ ឬក៏ជាពាក្យនិយាយលេងរបស់បង ត្រលប់មករកអូនវិញមកណាបង អូនសុំទោស!» ខ្ញុំថែមទាំងលើកដៃសំពះអង្វរគេ ទាំងខ្ញុំគ្មានអ្វីខុសទាល់តែសោះ។

«ឆាប់ក្រាកមក ហើយត្រលប់ទៅវិញទៅ!» ខ្ញុំស្រក់ទឹកភ្នែក ទាំងខ្លួនញាក់ញ័រ និយាយទាំងញ័រមាត់ចង់ឱ្យគេត្រលប់មកដូចដើមវិញ។

«បងឯងកុំធ្វើជាមនុស្សចិត្តដាច់ពីអូនមើល សូម្បីតែអ្វីក៏អូនប្រគល់ឱ្យបង សូម្បីតែខ្លួនប្រាណអូន!»

«យប់នោះខ្ញុំស្រវឹងទេ ឱ្យខ្ញុំសុំទោស តាំងពីដើមមកខ្ញុំគ្រាន់តែមានចិត្តស្រលាញ់មួយឆាវ តើមករកខ្ញុំនេះចង់បានអីត្រលប់ទៅវិញនិយាយមក!»

«ខ្ញុំគ្មានចង់បានអ្វីពីបងទេ គ្រាន់តែចង់ឱ្យបងត្រលប់មកដូចពីមុន អូននៅរង់ចាំបងត្រលប់មកវិញ!»

គេក៏ដើរចាកចេញពីខ្ញុំបាត់ទៅ។ ខ្ញុំខំលុតជង្គង់ លើកដៃសំពះអង្វរគេទាំងគេមិនខ្វល់ ព្រោះតែគេគ្មានបេះដូង នេះហើយក៏ព្រោះតែស្រលាញ់ ស្នេហាធ្វើឱ្យខ្ញុំក្លាយជាមនុស្សថោកយំអង្វរគេ ទាំងខ្លួនឯងមិនខុសអីសោះ បែរជាទទួលកំហុសគ្រប់យ៉ាង។ ខ្ញុំយកដៃជូតទឹកភ្នែកនឹកដល់រឿងមួយនេះ៖

«ហ្នឹង! នៅនឹកអាល័យគេទៀតហើយអង្គុយសុខៗយំនោះ រៀនបំភ្លេចគេចោលទៅអមរាអើយ កុំឱ្យឈឺចាប់ទៀត!» ខ្ញុំស្តាប់ម៉ាលីហើយងក់ក្បាល។ ប្រហែលជាខ្ញុំត្រូវធ្វើតាមដូចសម្តីម៉ាលីហើយ ខ្ញុំគួរតែរៀនបំភ្លេចគេចោល កុំឱ្យមានការឈឺចាប់។

ស្រាប់តែបងរាជគេបានខលមកខ្ញុំ គេចង់មកសួរសុខទុក្ខខ្ញុំ ក្រោយពីដឹងថាខ្ញុំធ្លាក់ខ្លួនឈឺ មួយរយៈដោយសារតែរឿងបញ្ហាជាមួយបងវង្ស។ ខ្ញុំក៏ព្រមឱ្យគេមកលេងបន្ទប់ជួលរបស់ខ្ញុំ ខ្ញុំក៏ផ្ញើទីតាំងផ្ទះជួលតាមសារឱ្យទៅគេ។ ចំថ្ងៃនេះ ម៉ាលីនិងណារិទ្ធិគេបបួលគ្នាចេញទៅក្រៅ តាំងពីថ្ងៃ មិនទាន់ឃើញគេមកវិញសោះ។ សំឡេងម៉ូតូលាន់ឮនៅចំពីមុខបន្ទប់ខ្ញុំ ស្រាប់តែសំឡេងទូរសព្ទខ្ញុំបានបន្លឺឡើង៖

«អាឡូអមរា!! ខ្ញុំមកដល់ហើយ អមរានៅបន្ទប់មួយណា?»

«បងរាជកំពុងតែឈរនៅមុខបន្ទប់ខ្ញុំនឹងហើយ!»

គាត់ក៏ងាកក្រោយមក ឃើញខ្ញុំកំពុងតែអង្គុយលើគ្រែកាន់ទូរសព្ទនិយាយ។ គាត់ក៏ដោះមួកដាក់លើម៉ូតូ ហើយកាន់ផ្លែឈើមួយកន្រ្តក ហុចជូនខ្ញុំ ខ្ញុំក៏លើកវាដាក់ចំហៀងខ្លួន គាត់បានទាញកៅអីមកអង្គុយជិតក្បែរខ្ញុំ។ បងរាជងាកឆ្វេង ងាកស្តាំ ខ្ញុំនេះឃើញគាត់ចម្លែកមិនដឹងថាគាត់កំពុងតែរកមើលអ្វី។

«បងកំពុងរកអ្នកណា?»

«អូនឯងនៅម្នាក់ឯង ចុះម៉ាលីនាងទៅណា?»

«នាងទៅក្រៅជាមួយណារិទ្ធិបាត់ហើយ!»

«ណារិទ្ធិមួយណា អមរា?»

«ណារិទ្ធិជាសង្សារនាង ម្នាក់ដែរឧស្សាហ៍ដើរតាមខ្ញុំរហូតនោះ!»

«អូ! បងចាំហើយ ម្នាក់ហ្នឹង! អូនបានធូរខ្លះនៅ?»

«បានធូរច្រើនហើយបង ហើយថ្ងៃនេះបងមិនធ្វើអីទេ បានជាមកលេងខ្ញុំ”

“ថ្ងៃនេះបងទំនេរ បានជាចង់មកសួរសុខទុក្ខអមរាហ្នឹងណា ម៉េចអត់ចង់ឱ្យបងមកលេងមែន?»

«មានណា អត់មានបានថាអីទេ!»

«បើមិនពេញចិត្តបងទៅវិញឥឡូវនេះ!»

«បងរាជពូកែនិយាយលេងសើចណាស់ បើដេញបងទៅវិញ ខ្ញុំឱ្យទីតាំងបន្ទប់ជួលខ្ញុំឱ្យបងមកលេងធ្វើអី!»

«ក្រែងល៎…គ្រាន់តែចង់ឃើញមុខបងហើយ ដេញបងទៅវិញ យ៉ាងម៉េចហើយទំនាក់ទំនងជាមួយអាវង្ស?»

«បងឯងកុំនិយាយពីឈ្មោះគាត់ទៀត!» ខ្ញុំប្រែជាមុខស្រពោន បែរមុខចេញពីគាត់។

«បងសុំទោសដែររម្លឹក អាហ្នឹងវាមិនចោលចរិតក្បត់ហ្នឹងសោះ លើកមុនម្តងដែរ!» ខ្ញុំព្យាយាមស្តាប់គាត់ចង់ដឹងរឿងបងវង្សពីមុន។

«ឈប់និយាយពីគាត់ទៅបង រឿងវាកន្លងផុតហើយ!»

«អាកាលមុននោះ វាលះបង់ឱ្យគេច្រើនពេក ដល់ពេលគេមានអ្នកថ្មីវាខូចចិត្តជិតកន្លះឆ្នាំ ឥឡូវវាចង់សងសឹកទេ!»

«ពុទ្ធោមានរឿងបែបនេះទៀត ម្តេចក៏ខ្ញុំមិនដែលដឹង ឬក៏ដោយសារតែមូលហេតុនេះហើយគាត់យកខ្ញុំមកលេងសើចដើម្បីសងសឹកចំពោះមនុស្សស្រីវិញ?» ខ្ញុំគិតក្នុងចិត្ត

«អមរាឯងកុំទៅគិតអាណិតវាអីទៀត ត្រូវតែរឹងមាំមានមនុស្សស្រលាញ់អមរាឯងច្រើនណាស់ នៅរង់ចាំអមរាឯង សម្លឹងមើលជិតៗហ្នឹងផង!»

«ខ្ញុំគ្មានអារម្មណ៍ស្នេហាអីទៀតទេបង ខ្ញុំដូចជាឆ្អែតនឹងស្នេហាណាស់!»

«មិនអីទេ ចាំរបួសវាជាវិញ គង់តែចួបស្នេហាពិតប្រាកដមួយសមបំណងទេ អ៊ីចឹងបងរកទៅវិញហើយណា ចាំទំនេរបងមកលេងទៀត!»

«ចាស! ចាសបងខ្ញុំមិនបានជូនដំណើរបងទេ សុខសប្បាយតាមផ្លូវបង!» គ្រាន់តែបងរាជចេញផុតបានបន្តិចម៉ាលីនិងណារិទ្ធិមកដល់ភ្លាម ម៉ាលីឆ្ងល់ជាមួយនឹងផ្លែឈើមួយកន្រ្តកដែលនៅក្បែរខ្លួនខ្ញុំ។

«អាមួយដែលក្បត់ឯង វាមកទៀតមែន ម៉េចក៏គ្នាប្រាប់ឯងមិនស្តាប់អ៊ីចឹងថាកុំទៅទាក់ទងជាមួយវា ខ្ញុំពិតមិនយល់ពីឯងសោះ!»

«មកអង្គុយឱ្យបាត់ហត់សិនមើល ណារិទ្ធិគេទៅវិញហាស?»

«គាត់មានការរវល់គាត់ទៅវិញបាត់ហើយ ឥឡូវកុំនិយាយបង្វែងផ្លូវ ឮគ្នាសួរឯងឬអត់?»

«មិនមែនបងវង្សទេ ដែលមកលេងគ្នាអម្បាញ់មិញនេះ គឺអ្នកផ្សេងទេ!»

«មិនមែនបងវង្សតើអ្នកណាទៅ?»

«គឺបងរាជគាត់មកសួរសុខទុក្ខគ្នាតើ!»

«បងរាជទេ? គ្នាខំតែភ័យស្មានតែឯងនៅទាក់ទងអាម្នាក់ហ្នឹងទៀត ហើយបងរាជគាត់មកនិយាយអីខ្លះ ម៉េចគាត់ចង់ឱ្យឯងត្រូវគ្នាជាមួយអាម្នាក់ហ្នឹងវិញមែន?»

«ទេគាត់មកគ្រាន់តែសួរសុខទុក្ខគ្នាតើ! គ្មាននិយាយអីផ្សេងទេ ឯងកុំបារម្ភច្រើនពេក!» ម៉ាលីជជែកជាមួយខ្ញុំសួរដេញដោលមួយសន្ទុះ នាងក៏អស់ចិត្តបារម្ភខ្លាចខ្ញុំទៅទាក់ទងជាមួយបងវង្សម្តងទៀត ខ្លាចចួបរឿងដូចមុន។

រំលងបានមួយអាទិត្យ ខ្ញុំបានដើរទៅផ្សារដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេ ប្រហែលជា២០០ម៉ែត្រ ខ្ញុំយួរបន្លែត្រីសាច់រណេងរណោង។ ស្រាប់តែមានអ្នកស្រែកហៅពីក្រោយខ្នងខ្ញុំ ទាំងខ្ញុំកំពុងដើរសំដៅទៅផ្ទះ៖

«អមរា! អមរា!» ខ្ញុំងាកទៅក្រោយ ឃើញបងរាជកំពុងតែជិះម៉ូតូនៅពីក្រោយខ្ញុំ មិនដឹងគាត់មកពីណា

«មកចាំបងជូនទៅផ្ទះ!»

«មិនអីទេ! ផ្ទះខ្ញុំនៅជិតហ្នឹងជិតដល់ហើយ!»

«មកឡើងមក ទើបតែស្រួលខ្លួនមួយរយៈនេះផង ប្រយ័ត្នជំងឺរើឡើងវិញ!»

«វាមិនដែលបង អ៊ីចឹងឌុបខ្ញុំទៅផ្ទះផង!» ខ្ញុំក៏ឡើងម៉ូតូជិះពីក្រោយគាត់។ ទៅដល់ផ្ទះ ឃើញណារិទ្ធិកំពុងតែអង្គុយជជែកគ្នាជាមួយម៉ាលី ណារិទ្ធិគេចេញមកយកថង់បន្លែពីដៃខ្ញុំ ហើយសម្លឹងមើលទៅបងរាជមិនដាក់ភ្នែក។

«បងទៅវិញហើយណាអមរា!»

«ចាសអរគុណបងដែលជូនមកដល់ផ្ទះ!» បងរាជក៏បើកម៉ូតូចេញទៅ។

«អមរាម្នាក់នឹងមិត្តភក្តិអាវង្សមែន?» សម្តីណារិទ្ធិសួរមកខ្ញុំទាំងមាំ

«ចាស! តែបងរាជគាត់លែងមានទំនាក់ទំនងជាមួយបងវង្សហើយ ដោយសារតែឈ្លោះគ្នា គាត់ខឹងបងរាជដែលនាំខ្ញុំទៅចួបគាត់ហើយធ្វើឱ្យខ្មាសគេ!»

«ខ្ញុំមើលទៅគេ មិនគួរឱ្យទុកចិត្តសោះ អមរាគួរនៅឱ្យឆ្ងាយពីពួកហ្នឹង!»

ខ្ញុំគិតក្នុងចិត្តបម្រុងថាឱ្យណារិទ្ធិអីក៏ចេះដឹងរឿងខ្ញុំម៉្លេះ យូរៗទៅចង់បិទសិទ្ធិមិនឱ្យនិយាយជាមួយអ្នកណា ច្រឡំសង្សារទេអី។

«មិនអីទេណារិទ្ធិ គាត់ជាមនុស្សល្អទេ!» ណារិទ្ធិក៏យួរបន្លែចូលក្នុងផ្ទះ។

«ចួបគ្នានៅកន្លែងណាបងរាជជូនឯងមកផ្ទះ?»

«តាមផ្លូវមកពីផ្សារ គាត់ឃើញគ្នាយួររណេងរណោងពេក!»

«យ៉ាងណាបងរាជចរិតក៏គ្រាន់បើជាងអាមួយនោះដែរ!»

«តែខ្ញុំថាពួកវាដូចតែគ្នាហ្នឹង!» ណារិទ្ធិនិយាយកាត់

«ដូចតែគ្នា មានតែបងឯងដូចគេដែរ!»

«ទេបងខុសពីពួកគេ ហាសហា!»

«ទៅឈប់ប្រកែកគ្នាទៅ បេះបន្លែធ្វើម្ហូបបាយទឹកទៅ ថ្ងៃត្រង់ហើយ!»

ពួកគេក៏ជួយគ្នាជាមួយខ្ញុំរៀបចំធ្វើម្ហូបបាយថ្ងៃត្រង់។ ដោយក្នុងចិត្តរសេសរសល់ ចង់សម្រាកនិងដើរលម្ហែកាយ ដើម្បីព្យាយាមបំភ្លេចគ្រប់រឿងរ៉ាវ។ ថ្ងៃអាទិត្យខ្ញុំប្រាប់ណារិទ្ធិនិងម៉ាលី ចង់ទៅអង្គុយលេងមុខវាំងម្នាក់ឯង ដើម្បីបន្ធូរអារម្មណ៍។

ដំបូងគេហាមឃាត់បារម្ភ ខ្ញុំដើរម្នាក់ឯង តែក្រោយមកពួកគេក៏ព្រមខ្លាចខ្ញុំអារម្មណ៍មិនល្អគិតច្រើនដោយសារតែការហាមឃាត់របស់ពួកគេ។ ដំបូងណារិទ្ធិរកជូនខ្ញុំទៅដាក់មុខវាំងហើយគេត្រលប់មកវិញ តែខ្ញុំខ្ចិលរំខានណារិទ្ធិ ក៏ហៅកង់បីជិះវិញ។ កង់បីជូនខ្ញុំមកដល់មុខវាំង ខ្ញុំសម្លឹងមើលទេសភាព ដ៏ស្ងប់ស្ងៀមនៅថ្ងៃនេះ មិនសូវមានមនុស្សច្រើនប៉ុន្មានទេ។

ខ្ញុំឈរនៅប្រកាន់ដៃមាត់ទន្លេ សម្លឹងមើលពីចម្ងាយ ឃើញអគារខ្ពស់ជាងគេមួយមាន ភ្លើងហ្វាចេញពីកំពូលខាងលើ។ នោះជាអគារដែលបងវង្សនិងខ្ញុំធ្លាប់ទៅទីនោះ ជាថ្ងៃដែលគាត់ស៊ុបប្រាយខួបកំណើតដល់ខ្ញុំ ជាលើកដំបូងក្នុងជិវិត ដែលមិនធ្លាប់មានកន្លងមក។

ខ្ញុំដើរមកខាងឆ្វេងដៃនេះ ឃើញមុខហាងស្រាមួយមានមនុស្សអ៊ូអរនៅខាងមុខហាង។ នេះក៏ជាហាងដែលបងវង្សនាំខ្ញុំចូល ពេលដែលគាត់មានរឿងជាមួយអ្នកផ្ទះរបស់គាត់ ហើយក៏ជាថ្ងៃដែលខ្ញុំបានប្រគល់ព្រហ្មចារីទៅឱ្យគាត់ ជាមនុស្សដំបូងគេ ដែលខ្ញុំស្រលាញ់នៅក្នុងជីវិតរបស់ខ្ញុំ។

កន្លែងដែលបោះចំណីឱ្យព្រាបជាមួយគាត់ គឺនៅដដែលមិនប្រែប្រួលសោះ ដើមផ្កាត្របែកព្រៃនៅតែរីកផ្កាស្គុសស្គាយ ពេលនោះគាត់បានងាកមកថើបខ្ញុំ មនុស្សគ្រប់គ្នាមើលមកខ្ញុំ ខ្ញុំឡើងអៀនគេ។ ខ្ញុំព្យាយាមដើរទៅមុខឱ្យហួសនឹងបន្តិច មិនចង់ឃើញហាងស្រាមួយហ្នឹងទេ។ ដើរបានបន្តិច ខ្ញុំស្រាប់តែឈប់ទ្រឹងមួយកន្លែង ទឹកភ្នែកស្រាប់តែស្រក់ចុះមកមិនដឹងខ្លួន ប្រែជារឹងខ្លួនមិនចង់ដើរទៅមុខទៀត។

កន្លែងនេះ ជាកន្លែងដែលខ្ញុំឱបខ្លួនអង្គុយយំចង់សម្លាប់ខ្លួន នៅពេលដែលដឹងថាបងវង្សគាត់ក្បត់ខ្ញុំទៅយកអ្នកថ្មី។ ខ្ញុំយកដៃជូនទឹកភ្នែក សន្យានឹងខ្លួនឯងឱ្យរឹងមាំ លែងស្រក់ទឹកភ្នែកដោយសារមនុស្សប្រុសម្នាក់នេះទៀតហើយ។

ស្រាប់តែមានមនុស្សម្នាក់ដើរមកបុកខ្ញុំ ខ្ញុំនេះឡើងភ្ញាក់ព្រើត ខ្លាចគេឃើញសភាពខ្ញុំបែបនេះ ខ្ញុំយកដៃជូតទឹកភ្នែក បម្រុងនឹងខឹងបន្តិចអីបន្តិច ដើរមិនចេះមើលផ្លូវទេ ដើរមកបុកមនុស្សទាំងរស់។

«សុំទោសអ្នកនាង ឱ្យខ្ញុំសុំទោស!» ខ្ញុំស្រាប់តែងាកទៅអ្នកនិយាយសុំទោស

«បងរាជ! ហើយបងឯងមកពីណា មកដល់កន្លែងនេះដែរ?»

បងរាជកាន់ស្ករសម្លីនៅដៃ ហើយញញឹមតិចៗមកខ្ញុំ

«អមរា! ហើយអមរាមកលេងទីនេះម្នាក់ឯងទេ?»

«ចាស! ខ្ញុំមកលេងតែម្នាក់ឯងទេ ខ្ញុំនេះវាអួអាប់ពេក ចង់សម្រាកខួរក្បាលខ្លះ ហើយបងមកយូរនៅ!»

«បងទើបមកដល់អម្បាញ់មិញដែរទេ បងអផ្សុកចេះតែជិះម៉ូតូមកទីនេះ ដើរលម្ហែកាយខ្លះទៅ ហើយអូនឯងទៅវិញថ្មើរមណា?»

«ប្រហែលជាបន្តិចទៀត ខ្ញុំនៅដើរលេងមួយសន្ទុះសិន!»

«អូនឯងចង់ជិះទូកលេងអត់?»

ខ្ញុំរាងរេរាបន្តិច ពេលគាត់បបួល ខ្ញុំក៏ងក់ក្បាល។ បងរាជបាននាំខ្ញុំដើរទៅមុខបន្តិច ដល់ចំណតទូកសម្រាប់ភ្ញៀវជិះកម្សាន្ត។ គាត់បានទិញសំបុត្ររួច ក៏ឱ្យខ្ញុំចុះពីចំណោទថ្មចុះទៅខាងក្រោម ដើម្បីឡើងលើទូក។ គាត់បានកាន់ដៃខ្ញុំឡើងជាប់ ខ្លាចខ្ញុំរអិលធ្លាក់ពេលឡើងលើទូក។

ខ្ញុំបានឡើងតាមកាំជណ្តើរ ឡើងទៅខាងលើគេបង្អស់ វាមានខ្យល់បក់ម្តងទៀត ស្រស់ស្រាយខ្លាំងណាស់។ បានចេញពីចំណត ដំបូងទូកបានជិះកាត់តាមមួយជួរមុខវាំង រួចក៏ទៅដល់កោះពេជ្រ ហើយបានត្រលប់មកចំណតវិញ។ ទឹកមុខបងរាជញញឹមជានិច្ច គាត់មើលមកមុខខ្ញុំទាំងទឹកមុខប្លែកៗ ខ្ញុំខំគ្រវីក្បាលមើលទៅមុខគាត់វិញ។ គាត់បានយកស្ករសម្លី ហុចមកឱ្យខ្ញុំញ៉ាំ ខ្ញុំដំបូងគ្រវីក្បាល តែគាត់បង្ខំក៏កាន់យកមកញ៉ាំ មានអីឆ្ងាញ់ខ្លាំង។

គាត់ស្រាប់តែយកដៃមកជូតលើមាត់ខ្ញុំ ដែលប្រឡាក់ស្ករសម្លី ខ្ញុំនេះឡើងអៀនខ្លួន សម្លឹងមើលទៅមុខគាត់ តែបែរជាស្រមៃចេញបងវង្សពេលគាត់បានធ្វើបែបហ្នឹងដាក់ខ្ញុំ។

ខ្ញុំក៏ដើរទៅឈរម្ខាង ហើយត្រដាងដៃដូចស្លាប ថាបើពេលហ្នឹងស្រែកកើតខ្ញុំនឹងស្រែកឱ្យខ្លាំង តែខ្លាចខ្មាសគេ បានតែស្រែកក្នុងចិត្តធម្មតាទេ។ មួយម៉ោងពិតជាលឿនណាស់ ជិះមិនទាន់អស់ចិត្តផង ទូកមកដល់ចំណតវិញបាត់។ ពួកយើងក៏ចេញពីទូកវិញ គាត់ងាកមើលឆ្វេងស្តាំ៖

«រកអីបងរាជ?»

«គ្មានអីទេ បងធ្វើលេងទេតើ! ហើយមានទៅណាទៀតអត់?»

«ខ្ញុំដូចជាចង់ត្រលប់ទៅផ្ទះវិញហើយបង!»

«ឃ្លានអត់? ញ៉ាំអីរួចនៅ?»

«ញ៉ាំអីរួចហើយបង!» និយាយចប់តែពោះខ្ញុំឮសំឡេងគ្រូក គ្រូកកូរពោះឃ្លាន។

«ន៎ក! និយាយកុហកបងហើយ មកបងនាំទៅញ៉ាំអីកន្លែងឆ្ងាញ់មួយ ចាំបងហ្នឹងទៅ បងទៅយកម៉ូតូសិន កុំទៅណាអ្ហាស!»

ខ្ញុំងក់ក្បាល គាត់ក៏ដើរទៅយកម៉ូតូបាត់ទៅ។ ខ្ញុំមើលទៅអត្តចរិតបងរាជ ដូចល្អជាងបងវង្សច្រើនណាស់ គាត់ឯករាជ្យខ្លួនគាត់ ទោះបីពេលខ្លះមិនសូវចេះលួងលោមឬយកចិត្តទុកដាក់ដល់អ្នកដទៃ តែមើលទៅគាត់ជាមនុស្សស្មោះត្រង់ណាស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែចូលចិត្តមនុស្សមានចរិតបែបនេះ ឥឡូវហ្នឹង។

តិចគិតថាខ្ញុំស្រលាញ់បងរាជអីទៅ ទេខ្ញុំសុំកាត់ចិត្តរឿងស្នេហាមួយរយៈសិន ទុកឱ្យពេលវេលាជាអ្នកកំណត់វិញ។

គាត់បានជិះម៉ូតូមកដល់ក្បែរខ្ញុំ ចរិតរបស់គាត់ដូចបងវង្សអ៊ីចឹង គឺចូលចិត្តជិះម៉ូតូអាធំដូចគ្នា។ ខ្ញុំក៏ឡើងម៉ូតូជិះពីក្រោយគាត់ ខ្ញុំមិនហ៊ានឱបចង្កេះគាត់ទេ តែដោយសារគាត់ជិះលឿន ខ្ញុំក៏យកដៃឱបចង្កេះរបស់គាត់ បែបស្ទាក់ស្ទើរ។

គាត់បានជិះមកដល់ត្រើយម្ខាង មកដល់រង្វង់មូលក្បាលព្រហ្មមុខបួន គាត់ក៏ជិះជុំវាមួយជុំ រួចបុកទៅត្រង់។ តាមផ្លូវសម្បូរហាងមានលក់របស់ញ៉ាំច្រើនណាស់។ គាត់ក៏ជិះចូលហាង គ្រឿងសមុទ្រពិសេស ខ្ញុំឆ្ងល់ក្នុងចិត្តម្តេចបានគាត់ដឹងថាខ្ញុំចូលចិត្តញ៉ាំគ្រឿងសមុទ្រ។

អ្នករត់តុគេមកទទួលពួកយើង ហើយក៏រកតុអង្គុយ។ បងរាជគាត់បានរើសតុដែលនៅមិនឆ្ងាយពី ឆាកអ្នកច្រៀងប៉ុន្មានទេ។ គាត់បានកុម្មង់អីហូបរួច យើងក៏អង្គុយចាំហូបបណ្តើរ ស្តាប់គេច្រៀងបណ្តើរ។

«ពូទិញផ្កាជូនសង្សារពូមួយទៅពូ!»

ក្មេងប្រុសកាន់កន្រ្តកផ្កាកូលាបក្រហម ហើយកាន់ហុចទៅឱ្យបងរាជ

«សង្សារអីអូន មិត្តភក្តិពូទេ ហាសហា!»

«ជួយទិញផ្កាមួយទងទៅពូ ពូសង្ហា!»

«ពូកែសម្តីអាក្បាលខូចមកពូជួយទិញ!»

ស្រាប់តែគាត់ទិញពីក្មេងនោះរួច ហុចមកឱ្យខ្ញុំ ខ្ញុំឡើងភ្ញាក់ពេលនោះ តែចេះតែទទួលទៅគាត់ជួយទិញក្មេងគ្រាន់គ្នាបានលុយចាយខ្លះ។ ម្ហូបគេលើកមកដល់ ខ្ញុំនឹងគាត់ក៏នាំគ្នាញ៉ាំ។

ញ៉ាំអីរួច អង្គុយស្តាប់គេច្រៀងសុខៗ ស្រាប់តែបងរាជឡើងទៅសុំគេច្រៀងមួយបទ។ គឺគាត់ចេះច្រៀងបទ ពីដើម មានសេ្នហ៍មានទុក្ខ ខ្ញុំស្តាប់ឡើងជក់ចិត្ត គ្រាន់តែខ្ញុំទះដៃហ៊ោរឱ្យគាត់ភ្លេចខ្លួនបន្តិច គេមើលមកខ្ញុំគ្រប់គ្នា។ ស្រាប់តែមានអ្នកសំណូមពរឱ្យគាត់ច្រៀង១-២បទទៀត គាត់ក៏ច្រៀងតាមគេសំណូមពរ។

គ្រាន់តែពីគាត់ច្រៀងចប់ ពួកយើងអង្គុយជជែកគ្នាមួយសន្ទុះ ក៏ហៅគេគិតលុយ។ គាត់អ្នកសុំចេញលុយប៉ាវសម្រាប់ខ្ញុំ ខ្ញុំឡើងអរគុណបងរាជមែនទែន។ បន្ទាប់មកគាត់ក៏ជូនខ្ញុំត្រលប់មកបន្ទប់ជួលវិញ ទាំងម៉ាលីបើកទ្វារឆ្ងល់ថាខ្ញុំទៅដើរលេងថាទៅម្នាក់ឯង បែបជាទៅដើរលេងជាមួយបងរាជទៅវិញ។

តែម៉ាលីជឿសម្តីខ្ញុំបកស្រាយមិនឱ្យយល់ច្រឡំ សំខាន់ទៀតនោះបងរាជបម្រុងនឹងចេញម៉ូតូហើយនៅស្រែកលាម៉ាលីទៀត កុំឱ្យថាលាតែខ្ញុំ។ មើលទៅបងរាជ គាត់ជាមនុស្សដែលអាចរាប់អានគាត់ទុកជាបងប្រុសដ៏ល្អបានទោះបីជាខ្ញុំដើរលេងជាមួយគាត់មែន តែគាត់ក៏មិនបានរម្លឹកនិយាយអ្វីពីបងវង្សដែរ ទាំងរឿងល្អឬរឿងអាក្រក់របស់បងវង្ស។ ទោះបីខ្ញុំនិយាយឈ្មោះបងវង្សក៏គាត់ធ្វើមិនខ្វល់ មិនចង់រម្លឹកគាត់ខ្លាចខ្ញុំខូចចិត្តមិនសប្បាយចិត្ត ដោយសារទំនាក់ទំនងបងវង្សនិងខ្ញុំក៏បានបញ្ចប់ទៅហើយ។

សួរថាបើខ្ញុំដើរលេងជាមួយបងរាជសប្បាយចិត្ត តើខ្ញុំអាចនឹងផ្តល់ឱកាសបើកទ្វារបេះដូងទទួលបងរាជអត់? ពេលនេះក៏ខ្ញុំមិនដឹងដែរ គ្រាន់តែខ្ញុំមានចិត្តលើគាត់បន្តិច ចំពោះអំពើល្អរបស់គាត់ដែលខ្ញុំបានមើលឃើញ តែបើមានទំនាក់ទំនងស្នេហាមែន ខ្ញុំសុំទុកពេកឱ្យយូរជាងពេលខ្ញុំស្រលាញ់គ្នាជាមួយបងវង្ស ខ្លាចលឿនពេកមិនត្រៀមចិត្ត នោះកាន់តែឈឺចាប់ម្តងទៀតមិនខាន។

«បើមិនស្រលាញ់ ចាំបាច់ធ្វើជាស្រលាញ់ខ្ញុំធ្វើអ្វី?»

មានភាគបន្ត

រឿង៖ ព្រោះគេគ្មានបេះដូង (ភាគ៣)
ខ្ញុំក៏ចាប់ផ្តើមរៀបចំខ្លួន ដើម្បីទៅជាមួយបងវង្ស។ ខ្ញុំស្លៀករ៉ូបដែលបងវង្សបានទិញឱ្យ ផាត់មុខតិចៗ និងកាបូបចំហៀងដែលគាត់បានទិញជូនខ្ញុំ។ ខ្ញុំរៀបចំខ្លួនហើយ ក៏អង្គុយចាំគាត់នៅលើកៅអី អូសហ្វេកបុកលេងបណ្តើរ។ បងវង្សក៏បានមកដល់ គាត់ជិះម៉ូតូអាធំរបស់គាត់មកយកខ្ញុំដូចរាល់ដង។

ខ្ញុំក៏បានបិទទ្វារចាក់សោរ ដើរទៅក្បែរម៉ូតូគាត់ គាត់សម្លឹងមើលខ្ញុំមិនដាក់ភ្នែក គាត់ទាញមួកសុវត្ថិភាពយកមកពាក់ឱ្យខ្ញុំដូចរាល់ដង។ គាត់បានឌុបខ្ញុំ តែមិនដឹងថាគាត់ឌុបខ្ញុំទៅកន្លែងណាទេ ពេលនេះមកដល់វិមានឯករាជ្យ ខ្ញុំគិតក្នុងចិត្តថាប្រហែលជាទៅញ៉ាំអីនៅអេឡនទៀតទេដឹង។

តែមិនមែនផ្លូវទៅអ៊ីអនទេ គឺគាត់បានឆ្លងស្ពានទៅខាងកោះពេជ្រ។ ខ្ញុំមិនដែលមកលេងកោះពេជ្រ ថាវាមានអ្វីខ្លះទេ ខ្ញុំរង់ចាំមើលគាត់ឌុបខ្ញុំទៅណាទៀត។

ពួកយើងក៏មកដល់កន្លែងចតម៉ូតូ នៅចំហៀងខ្ញុំមានអគារខ្ពស់ស្រឡះមួយ ខ្ញុំមានតែដើរតាមគាត់ចូលទៅក្នុងអគារមួយនោះ ឡើងតាមជណ្តើរប្រអប់គាត់ចុចជាន់ទី២៥ គឺខ្ពស់ជាងគេតែម្តង។ ពេលទៅដល់គឺត្រូវឡើងទៅជាន់លើគេបង្អង់ហៅថាស្កាយបារនោះ។

មានអ្នកបម្រើសេវាកម្មគេមកទទួលរាក់ទាក់ជាខ្លាំង គេបាននាំយើងទៅអង្គុយកន្លែងតុមួយ។ អ្នកបម្រើសេវាកម្មបាន លើកម្ហូបម្តងមួយមុខៗ។

ខ្ញុំមើលទៅទេសភាពជុំវិញ គឺស្រស់ស្រាយជាមួយ មើលឃើញថ្ងៃកំពុងតែរៀបលិច មើលឃើញព្រះបរមរាជវាំងពីចម្ងាយ ជាមួយទឹកទន្លេធំល្វីងល្វើយ ជាមួយខ្យល់បក់មកត្រជាក់ ពិតជាមានក្តីសុខណាស់។ ខ្ញុំស្រាប់តែឆ្ងល់បងវង្សគាត់មិននិយាយអ្វីសោះ មើលមកមុខខ្ញុំគិតតែពីញញឹមដាក់ខ្ញុំ ងក់ក្បាលបែបឱ្យខ្ញុំញ៉ាំអាហារដែលខាងអ្នកបម្រើសេវាគេលើកយកមកដាក់។

ខ្ញុំមិនដែលមកហាងបែបអ៊ីចឹងៗទេ មើលទៅវាមានតម្លៃថ្លៃណាស់គ្រាន់តែហូបអាហារមួយពេល មានទាំងខ្មែរនិងបរទេស ដែលមកញ៉ាំអាហារនៅទីនោះ។ បង្គងយក្សដែលជាម្ហូបនៅលើចាន នៅចំពីមុខខ្ញុំតែម្តង មើលទៅទំនងណាស់ តែមិនហ៊ានដួសញ៉ាំទេខ្លាចគេមើលមកឆ្គង។

បងវង្សគាត់ក៏ក្រោកចាប់ដាក់ចានឱ្យខ្ញុំ ខ្ញុំដួសយកមកញ៉ាំឆ្ងាញ់ណាស់តែមិនអាចពិពណ៌នាពីរសជាតិវាបានទេ វាបែបដូចការីខ្មែរតិចៗ ហើយមានរសជាតិហឹរតិចៗក្នុងនោះ។ អង្គុយញ៉ាំមួយសន្ទុះ ស្រាប់តែគាត់សុំទៅបន្ទប់ទឹកសិន។ ខ្ញុំក៏ញញឹមបែបប្រាប់គាត់មិនអីទេ តែក្នុងចិត្តខ្លាចគាត់ទៅចោលខ្ញុំទៅវិញទេ។

តែហេតុអ្វីថ្ងៃនេះគាត់នាំខ្ញុំមកញ៉ាំអាហារនៅលើអាកាសបែបនេះ ជាថ្ងៃអី បើAnniversaryដូចមិនមែនទេ មិនទាន់ស្រលាញ់គ្នាបានមួយឆ្នាំឡើយ ខ្ញុំព្យាយាមរកនឹកយ៉ាងណាក៏នឹកឃើញ។ គាត់ក៏ចេញពីបន្ទប់ទឹកមកវិញ រួចញញឹមដាក់ខ្ញុំ ខ្ញុំនេះនិយាយមែនឱ្យតែគាត់ញញឹមដាក់ពេលណាគឺខ្ញុំនេះទន់ចិត្តតែម្តង។

ស្រាប់តែភ្លេងគេចាក់ចម្រៀងខួបកំណើត ខ្ញុំទះដៃរំភើបមានអ្នកធ្វើខួបនៅលើនេះទៀត។ ក្នុងចិត្តរំភើបជំនួសគេ គេទះដៃតាមចង្វាក់ចម្រៀង ចំណែកបងវង្សគាត់ក៏សើចពេលមើលមកខ្ញុំ។ ខ្ញុំក៏ឃើញខាងបម្រើសេវាគេរុញតុដែកមួយមាននំខេក និងផ្កាកូលាបក្រហមមួយបាច់ធំ។

ខ្ញុំវិញឃើញភ្លាមក្នុងចិត្ត អ្នកណាគេក៏សំណាងម្ល៉េះណ៎ ខ្ញុំងាកមើលជុំវិញខ្លួន រកម្ចាស់ខួបតែមិនដឹងថាជាអ្នកណាសោះ។ ស្រាប់តែគេរុញតុនំនោះមកឈប់ក្បែរតុពួកយើងអង្គុយ បងវង្សលើកនំខេកឡើងមកលើហើយច្រៀងតាមចម្រៀងគេចាក់ គេជុំវិញទះដៃលាន់ ខ្ញុំទឹកភ្នែករលីងរលោង ការពិតថ្ងៃនេះជាខួបកំណើតខ្ញុំ។

ខ្ញុំមិនចាំអ្វីសោះ ដោយសារតាំងពីតូចមកអ្នកផ្ទះមិនដែលធ្វើខួបកំណើតអីទេ។ ខ្ញុំទទួលនំខេកពីដៃគាត់ហើយផ្លុំទាន ខ្ញុំបានដាក់នំលើតុ គាត់បានទាញផ្កាកូលាបក្រហមមួយបាច់ធំ ហុចមកឱ្យខ្ញុំ ស្រាប់តែពេលនោះខ្ញុំទប់ទឹកភ្នែកមិនជាប់ក៏យំហ៊ូ។ បងវង្សគាត់ដើរមកជិត ខ្ញុំឱបគាត់តែម្តង។

«អរគុណបងសម្រាប់ថ្ងៃនេះ ខ្ញុំពិតជាស្រលាញ់បងខ្លាំងណាស់!»

«បាទ! បាទអូន នេះគ្រាន់តែជាក្តីស្រលាញ់បន្តិចបន្តួចសម្រាប់អូននៅថ្ងៃនេះ អូនសម្លាញ់របស់បង»

ខ្ញុំយកដៃជូតទឹកភ្នែក ហើយលើកដៃសំពះអ្នកជុំវិញនិងអ្នករត់តុ។ បងវង្សក៏បានពឹងឱ្យអ្នកនៅក្បែរនោះថតពួកយើងទាំងពីរ។ វាពិតជាពិសេសណាស់ ដែលមានមនុស្សប្រុសម្នាក់ដែលខ្វល់ខ្វាយពីយើង ដឹងសុខដឹងទុក្ខរបស់យើង ចាំថ្ងៃពិសេសរបស់យើងទៅទៀត។ គ្រាន់តែចប់កម្មវិធីដែលគាត់ធ្វើឱ្យភ្លាម ខ្ញុំនេះអង្គុយញ៉ាំអាហារញញឹមបិទមាត់មិនជិត។

វាពិតជាពិសេសណាស់ ដែលនារីមកពីខេត្ត គ្មានទាំងរូបសម្រស់ស្រស់ស្អាតដូចនារីអ្នកភ្នំពេញ គ្រួសារក៏មិនមានជីវភាពអីណាស់ណា គ្រាន់តែបានផ្គង់ផ្គត់ការស៊ីចាយនៅភ្នំពេញតែប៉ុណ្ណោះ។ តែឥឡូវស្រាប់តែចួបបុរសម្នាក់ ដែលគេមិនមើលឃើញអ្វីដែលក្រៅពីខ្លួនខ្ញុំ ស្រលាញ់ខ្ញុំជាខ្ញុំ លះបង់ដើម្បីខ្ញុំ ខ្ញុំពិតជាមិនអាចរកមនុស្សដូចបងវង្សម្នាក់ទៀតបានទេ។

ពួកយើងបាននៅដល់យប់ជ្រៅបន្តិច ខ្ញុំឈរមើលទេសភាពខាងលើអគារ ភ្លើងពណ៌ចម្រុះពិតជាស្រស់ស្អាតណាស់ ទីក្រុងភ្នំពេញ អ៊ីចឹងបានជាចាស់ៗគាត់តែងតែនិយាយកុំឈ្លក់វង្វេងជាមួយភ្លើងពណ៌ឱ្យសោះ វាគ្រាន់តែជាភ្លើងពណ៌បំភាន់ភ្នែកយើងមួយឆាវទេ បើយើងងប់ងុលនឹងវា។ ងាកទៅចំហៀងខ្លួន បងវង្សឈរនៅក្បែរ គាត់ទាញដៃខ្ញុំយកមកថើប ខ្ញុំក្បែរផ្អែកនិងដើមទ្រូងរបស់គាត់ សម្លឹងទៅមើលទេសភាពជុំវិញនោះ។

ខ្ញុំនឹងគាត់ក៏បានចាកចេញពីទីនោះ ត្រលប់មកផ្ទះវិញ ខ្ញុំជិះពីក្រោយគាត់ ដៃឱបបាច់ផ្កាកូលាបឡើងជាប់ ជិះតាមផ្លូវគេមើលមកខ្ញុំគ្រប់គ្នា បែបរំភើបចំពោះខ្ញុំ ឃើញខ្ញុំកាន់បាច់ផ្កាជិះម៉ូតូអាធំជាមួយបុរសសង្ហាទៀត។

រំលងបានមួយអាទិត្យ ម៉ោងប្រហែលជា៦កន្លះ ស្រាប់តែបងវង្សខលមកកាន់ខ្ញុំ និយាយទាំងរអាក់រអួល ដូចកំពុងតែខឹងឬអន់ចិត្តអ្នកណាក៏មិនដឹង។ ចៃដន្យអីថ្ងៃនេះ ម៉ាលីទៅគេងផ្ទះមិត្តភក្តិម្នាក់ទៀត ដោយសារតែគេត្រូវបង្ហើយគម្រោងការងាររបស់គេ ត្រូវប្រគល់ឱ្យទៅខាងសាលាស្អែក ខ្លាចមិនទាន់ហើយ នាងក៏ទៅផ្ទះមិត្តភក្តិនោះតែម្តង ហើយគេងនៅទីនោះ។

និយាយពីបងវង្សវិញ និយាយមិនទាន់បានប៉ុន្មានផង ស្រាប់តែឮសំឡេងហ៊ឹក! ហ៊ឹក!​ ដូចមនុស្សរកយំ៖

«អាឡូអូនថ្ងៃនេះអាចកំដរបងបានទេ»

«បង! មានរឿងអ្វីចំពោះបងមែន»

«អត់ទេ! ឥឡូវបងទៅយកអូន ហើយចាំយើងនិយាយគ្នា»

«ចាស! ចាស!»

ខ្ញុំតក់ស្លុតជាខ្លាំងមិនដឹងថាមានរឿងអ្វីចំពោះគាត់ទេ នៅសុខៗគាត់ខលមកខ្ញុំទាំងយប់ដើម្បីកំដរគាត់ទៅខាងក្រៅ។ ប្រហែលជាមួយសម្ទុះលឿនដែរ គាត់បានមកដល់ ខ្ញុំឡើងលើម៉ូតូ។

ទឹកមុខរបស់គាត់ ប្រែជាស្រពោនមិនដូចពីមុនពេលចួបខ្ញុំ គាត់តែងញញឹម ខ្ញុំក៏មិនទាន់សួរនាំ ថាមានរឿងអ្វីដែរ គាត់បានឌុបខ្ញុំទៅមួយជួរមាត់ទន្លេ រួចគាត់ក៏បត់ក្បាលម៉ូតូចូលហាងផឹកស៊ីជិតនោះមួយ។

ខ្ញុំក៏មិននិយាយអ្វីដែរ គាត់កាន់ដៃខ្ញុំទៅរកតុអង្គុយ ហើយហៅអ្នករត់តុយកស្រានិងគ្រឿងខ្លែម។ ខ្ញុំអង្គុយមើលអាការរបស់គាត់មួយសន្ទុះ គាត់យកដៃខ្ទប់មុខ ប្រៀបដូចកំពុងតែខូចចិត្តនិងរឿងអ្វីមួយ ហើយស្រាប់តែទឹកភ្នែករលីងរលោង។

«អូនឯងមើលប៉ាបងថាបងនេះជាមនុស្សអត់ប្រយោជន៍ គិតតែដើរស៊ីផឹកចាយលុយ មិនគិតចូលផ្ទះសំបែង គាត់រកដេញបងឱ្យទៅរៀនក្រៅប្រទេសទៅដើម្បីបាត់ពីមុខគាត់ បងសួរ បងបានបំផ្លាញអីខ្លះ? គ្រប់យ៉ាងដែលធ្វើគឺតាមគាត់ទាំងអស់ ទាំងរៀនសូត្រ ទាំងរឿងគ្រប់យ៉ាងស្តាប់គាត់ទាំងអស់ សួរថាបងខុស បងខុសត្រង់ណា?»

ខ្ញុំមិនដែលឃើញបងវង្សមានអាការបែបហ្នឹងទេ ជាមនុស្សដែលសុភាពរាបសា មិនសូវមាត់កឬនិយាយឈ្លើយដាក់ចំពោះអ្នកណាគេម្តងឡើង ដើរស៊ីចាយមិនចូលផ្ទះ តើវាពិតឬអត់? ខ្ញុំក៏មិនដឹងដែរ តែខ្ញុំគិតថាបងវង្សមិនមែនជាមនុស្សបែបហ្នឹងជាដាច់ខាត គាត់តែងមកឌុបខ្ញុំហើយត្រលប់ទៅផ្ទះវិញធម្មតា ឬក៏ប៉ារបស់គាត់យល់ច្រឡំអ្វីម៉្យាងចំពោះគាត់ទេដឹង។

«គ្រាន់តែគាត់ចង់ឱ្យបងល្អទេដឹង អាចហ្នឹងគាត់យល់ច្រឡំលើបងទេដឹង»

«ចង់ឱ្យល្អ តែធ្វើដាក់កូនបែបហ្នឹងហ្អី ជាឪរបស់គេបែបហ្នឹងឬ? ដែលគាបសង្កត់កូនគ្រប់គ្នា»

ខ្ញុំឈប់តបខ្លាចកាន់តែធ្ងន់ធ្ងរលើសដើម។ គាត់ទាញដបស្រាហើយចាក់ចូលកែវផឹកយកៗ ខ្ញុំមានតែអង្គុយកំដរគាត់។ គាត់ផឹកអស់មួយដបទៅហើយតែគាត់នៅតែចាក់ផឹកទាំងគាត់កំពុងតែស្រវឹងទៅហើយ។

«បានហើយបង ត្រលប់ទៅផ្ទះវិញទៅ កុំធ្វើបាបខ្លួនឯងអី ស្អែកវានឹងល្អឡើងវិញហើយ»

ខ្ញុំឃើញទូរសព្ទរបស់គាត់ដាក់miss callជិត១០ដង មានទាំងប៉ានិងម៉ាក់គាត់ខលរក។ គាត់ក៏ឱ្យគេគិតលុយចាកចេញពីហាង ហើយជូនខ្ញុំត្រលប់មកបន្ទប់ជួលវិញ។

មកដល់បន្ទប់ជួលគាត់ចុះពីលើម៉ូតូ គាត់នៅស្រវឹងសឺងៗ តែគាត់នៅដឹងខុសត្រូវធម្មតាទេ។

«បងមិនចង់ត្រលប់ទៅផ្ទះវិញទេ បងមិនចង់ចួបមុខពួកគាត់ទេ» ខ្ញុំខ្លាចឡូឡាដល់អ្នកជិតខាង ក៏បើកទ្វារចូលផ្ទះនិយាយគ្នាវិញ។

«បងត្រលប់ទៅវិញទៅ ម៉ាក់ប៉ាគាត់បារម្ភស្លាប់ហើយ បាត់ដំណឹងបងនោះ»

«បងមិនចង់ទៅវិញទេ បងទៅគេងផ្ទះសំណាក់ក៏បានដែរ!»

ខ្ញុំគិតក្នុងចិត្ត បើឱ្យគាត់ចេញទៅជិះតាមផ្លូវខ្លាចមានបញ្ហាតាមផ្លូវយ៉ាងម៉េចយ៉ាងម៉ា ខ្លាចធ្ងន់ធ្ងរគាត់កំពុងតែស្រវឹងផង។

«ឥឡូវបងគេងទីនេះទៅ ចាំព្រឹកស្អែកបងត្រលប់ផ្ទះវិញទៅ!»

«បាទ! បងអរគុណអូន មានតែអូនទេដែលស្រលាញ់បង!»

ស្រាប់តែគាត់ទម្លាក់ខ្លួនលើគ្រែសន្លប់បាត់។ ខ្ញុំចេញទៅអូសម៉ូតូចូលរបងផ្ទះ រួចក៏បានបិទទ្វារ។ ខោអាវរបស់គាត់ ធុំក្លិនស្រាឱ្យហួង ខ្ញុំគ្រាហ៍គាត់ដាក់លើគ្រែឱ្យគាត់គេងលើគ្រែ ខ្ញុំក្រាលភួយនៅក្បែរគ្រែខាងក្រោមគេង។ ខ្ញុំបានដោះអាវគាត់ ហើយយកកន្សែងជ្រលក់ទឹកជូតមុខ និងដៃជើងរបស់គាត់។ ស្រាប់តែគាត់ចាប់ដៃខ្ញុំជាប់៖

«អមរាកុំចាកចេញពីបងណា បងស្រលាញ់អូន!» ប្រៀបដូចមនុស្សគេងលក់តែរវើរវាយ។

ខ្ញុំទាញដៃគាត់ទម្លាក់ទៅលើគ្រែ គាត់យកយកដៃនោះមកឱបខ្លួនរបស់ខ្ញុំឡើងណែន ឡើងខ្លួនខ្ញុំសឹងតែដេកលើខ្លួនគាត់ទៅហើយ។ មុខខ្ញុំកំពុងតែនៅទល់មុខជាមួយគាត់ ខ្ញុំបើកភ្នែកភ្លឹះៗ មើលទៅមុខគាត់ គាត់បើកភ្នែកព្រឹមៗមើលមកមុខខ្ញុំ ហើយគាត់ទាញខ្លួនខ្ញុំទម្លាក់ មាត់គាត់បានថើបមាត់របស់ខ្ញុំ ខ្ញុំស្រាប់តែបេះដូងលោតញាប់ ប្រែជាស្រឡាំងកាំង ចិត្តមួយថាកុំតែចិត្តមួយទៀតប្រែជាទន់ទោរទៅតាមគាត់ ដោយសេចក្តីស្នេហាចំពោះគាត់កើតឡើង។

ខ្ញុំក៏បានទន់ចិត្តជ្រុលខ្លួន គេងជាមួយគាត់ក្នុងយប់នោះទៅ។ ទាំងខ្ញុំដឹងថាវាមិនល្អចំពោះមនុស្សស្រី ដែលលះបង់ខ្លួនឱ្យទៅមនុស្សប្រុសខ្លួនស្រលាញ់ទាំងមិនទាន់រៀបការជាមួយគ្នា តែដោយសារអំពើល្អរបស់គាត់ ខ្ញុំជឿថាគាត់នឹងមិនក្បត់ខ្ញុំទេ គាត់នឹងព្រមស្ម័គ្ររួមរស់ជាមួយគ្នាអស់មួយជីវិតដូចគ្នា។

ព្រហ្មចារីរបស់ខ្ញុំបានប្រគល់ទៅឱ្យមនុស្សប្រុសតែម្នាក់ ជាមនុស្សប្រុសដែលខ្ញុំស្រលាញ់ខ្លាំងស្មើជីវិតខ្ញុំ ខ្ញុំនឹងរស់នៅក្បែរគេអស់មួយជីវិតទោះបីជាមានរឿងអ្វីក៏ដោយ។

សំឡេងម៉ោងរោទ៍របស់ខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត ខ្ញុំស្ទុះស្ទាខ្លាចម៉ាលីមកដល់ឃើញបែបនេះមិនល្អ ខ្ញុំរៀបចំស្លៀកខោឱ្យបងវង្សតែបងវង្សគាត់នៅគេងនៅឡើយ ខ្ញុំសារ៉េភួយដែលនៅក្រោមគ្រែ ដើម្បីបង្ហាញម៉ាលីថាខ្ញុំគេងក្រោម បងវង្សគេងខាងលើ។ ម៉ាលីស្រាប់មកដល់ ឆ្ងល់រឿងម៉ូតូនៅក្នុងរបង។ ម៉ាលីគោះទ្វារឱ្យខ្ញុំបើក ខ្ញុំដើរទៅបើកទ្វារ៖

«អមរាអ្នកណាមកគេងនៅទីនេះ?»

«បងវង្ស! យប់មិញគាត់ឈ្លោះគ្នាជាមួយអ្នកផ្ទះ គាត់សុំគ្នាមកគេងទីនេះណាមួយគាត់ស្រវឹងផង!»

«ឯងគេងជាមួយគាត់?»

«គ្នាគេងនៅខាងក្រោម គាត់គេងនៅខាងលើទេតើ! ឯងកុំគិតអីមិនល្អណា!»

«អឺ! អឺគ្នាមិនថាអីទេ គ្រាន់តែយើងជាស្រី ខ្លាចអ្នកជិតខាងគេនិយាយ!»

«គ្មានអ្នកនិយាយទេ សំខាន់យើងដឹងខ្លួនយើងថាកំពុងធ្វើអី!»

ខ្ញុំក៏ឈប់និយាយជាមួយម៉ាលី ក៏រៀបចំខ្លួន រួចក៏ទៅទិញអីយកមកញ៉ាំ ទាំងបងវង្សនិងខ្ញុំផង រង់ចាំគាត់ក្រោកឡើង។  ខ្ញុំពិតជាមានក្តីសុខណាស់ លើកទីមួយក្នុងឆាកជីវិត ដែលបានគេងជាមួយបងវង្ស មិនដឹងថាខ្ញុំល្ងង់ឬយ៉ាងម៉េចទេ តែវាបានកន្លងទៅហើយ មានតែខំព្យាយាមរក្សាទំនាក់ទំនងជាមួយគាត់បន្តទៀតឱ្យបានល្អ ត្រូវចេះមើលថែគ្នានិងស្រលាញ់គ្នាទៅវិញទៅមក។

«ឆាកល្ខោន ២ឆ្នាំអ្នកសម្តែងហត់ហើយ!»

បើគង់តែត្រលប់ទៅរកអ្នកចាស់ដដែល ហេតុអ្វីក៏អ្នកចាប់ផ្តើមជាមួយអ្នកថ្មី គឺជារូបខ្ញុំទៅវិញ?

មួយរយៈនេះ បងវង្សដូចប្លែកពីមុនខ្លាំងណាស់ មិនសូវឈែតមកលេងខ្ញុំសោះ ឈែតទៅគាត់ពេលណា គាត់តែងប្រាប់រវល់ធ្វើសារណាបញ្ចប់ឆ្នាំ។

រាល់ដងយ៉ាងហោចណាស់មួយអាទិត្យឌុបខ្ញុំដើរលេងម្តង តែឥឡូវខុសពីមុនឆ្ងាយណាស់។ តើមកពីមូលហេតុអ្វីទៅ? ឬក៏ដោយសារតែប៉ុន្មានថ្ងៃមុនខ្ញុំអង្គុយជាមួយបងរាជ ជជែកគ្នា ហើយខ្យល់បក់ត្រូវសក់ខ្ញុំប៉ះមកជាប់និងក្រវិលខ្ញុំ បងរាជគាត់ចិត្តល្អជួយដោះសក់ចេញពីក្រវិលខ្ញុំ។

ស្រាប់តែបងវង្សមកឃើញបែបនេះ គាត់មុខក្រញូវ ងាកមុខចេញពីខ្ញុំ មិននិយាយរកខ្ញុំមួយរយៈធំ។ តែហេតុអ្វីក៏គាត់ធ្វើបែបនេះ ដឹងហើយថាបងរាជជាមិត្តភក្តិជិតស្និទរបស់គាត់ គាត់មិនបានមកស្រលាញ់ខ្ញុំទេ។ យ៉ាងណាគាត់គួរតែស្តាប់ខ្ញុំបកស្រាយសិន តែឥឡូវគាត់ជាមនុស្សឆេវឆាវចេះប្រចណ្ឌ ខឹងច្រើនជាងមុន មិនចេះផ្អែមល្អែមដូចមុនទេ។

ខ្ញុំកាន់តែមានអារម្មណ៍ថាគាត់ នឹងខ្ញុំមិនដឹងថាបន្តទៅមុខបានទៀតឬអត់។ ពេលខ្លះគាត់ចេះរករឿងខ្ញុំ ទាំងខ្ញុំគ្មានខុសអ្វី។ នេះឬជាចរិតមនុស្សប្រុស ហេតុអ្វីក៏ក្តីស្រលាញ់នេះវាមានតែមួយឆាវបែបនេះ។ ជិត១ឆ្នាំហើយដែលយើងស្រលាញ់គ្នា តែការស្រលាញ់យូរទៅវាកាន់តែយូរទៅ មិនល្អដូចពេលចាប់ផ្តើមសោះ។ ខ្ញុំព្យាយាមឈែតទៅសួរនាំគាត់ជារឿយៗ៖

«បងមានរឿងអ្វីបានជាមួយរយៈនេះ មិនឃើញឈែតមកអូនសោះ?» ខ្ញុំចាំឡើងមួយសន្ទុះទើបគាត់តបមកខ្ញុំ។

«អូនឯងគួរតែដឹងហើយថាបងស្រលាញ់អូនឯងប៉ុនណា ម៉េចបានទៅទាក់ទងជាមួយអារាជជាមិត្តភក្តិបងទៅវិញ មានបងម្នាក់អត់ស្កប់ហាស?»

ខ្ញុំអានពាក្យនេះហើយ ខ្ញុំស្ទើស្រក់ទឹកភ្នែកនៅលើកញ្ចាក់ទូរសព្ទ គាត់ថាខ្ញុំមិនចេះស្កប់លើមនុស្សប្រុស ចុះពីដើមឡើយខ្ញុំទៅទាក់ទងអ្នកណាក្រៅពីគាត់នោះ។ ហេតុអ្វីបានជាគាត់និយាយដូច្នេះ? ខ្ញុំព្យាយាមរក្សាទំនាក់ទំនងមួយនេះ៖

«អូនមិនបានទាក់ទងគាត់ទេ បងយល់ច្រឡំនឹងអូនហើយ អូនមានតែបងម្នាក់ទេ!»

«មិនទាក់ទងតែពេលខ្លះឌុបគ្នាទៅផ្ទះ ស្មានតែបងមិនដឹងហ្អី អូនឯងឥឡូវប្លែកណាស់ ចេះកុហកបង មានបំណងចង់ក្បត់បង ឬក៏មានអ្នកថ្មីហើយ? បងសោកស្តាយណាស់ ដែលខំលះបង់គ្រប់យ៉ាងដើម្បីអូន!»

រឿងថ្ងៃមុនបងរាជដឹកខ្ញុំទៅផ្ទះ ដោយសារអ្នកណា គឺគាត់ហ្នឹងហើយ តើខ្ញុំចាំគាត់យូរប៉ុនណាមិនឃើញគាត់មកយកសោះ ឥឡូវគាត់បោះសម្តីបែបនេះខ្ញុំ។

«ទៅអូនព្រមទទួលខុសគ្រប់យ៉ាង ឱ្យអូនសុំទោស យើងគួរតែលែងគិតពីវា ហើយចាប់ផ្តើមម្តងទៀតទៅ អូនសុំអង្វរ!»

ខ្ញុំក្លាយជាមនុស្សចិត្តទន់តាំងពីពេលណា ក៏ខ្ញុំមិនដឹងខ្លួន ខ្ញុំចេះអង្វរគេ ចេះសុំទោសគេទាំងគេជាអ្នកធ្វើខុស ឱ្យគេលើកទោសឱ្យ នេះហើយក៏ព្រោះតែស្រលាញ់ ក្តីស្រលាញ់ធ្វើឱ្យយើងក្លាយជាមនុស្សល្ងង់ មនុស្សល្អក៏ក្លាយទៅជាមនុស្សអាក្រក់ភ្លាម។ គាត់ក៏លែងឆ្លើយតបខ្ញុំ ខ្ញុំក៏មិនបន្តរំខានគាត់ទាន់ទុកឱ្យពេលវេលាជាអ្នកបកស្រាយទៅចុះ។

ទោះបីឥឡូវខ្ញុំនិងបងវង្សត្រូវគ្នាវិញ ក៏ខ្ញុំកាន់តែឃើញបងវង្សចម្លែកៗជាងមុន គាត់លែងសូវឈែតមកលេងឬសួរនាំខ្ញុំដូចពីមុនទៀត។ សូម្បីតែថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ខ្ញុំចាំគាត់ស៊ុបប្រាយដូចលើកមុនទៀត គឺទិញនំខេកជូនខ្ញុំជាមួយផ្កាកូឡាបក្រហមមួយបាច់។

ខ្ញុំរង់ចាំដល់ម៉ោងជិត៧យប់ ស្លៀកពាក់និងផាត់មុខស្អាតបាតចាំគាត់មកឌុប។ ខ្ញុំព្យាយាមខលទៅគាត់ ក៏មិនអាចទាក់ទងបាន ឈែតទៅតាមសារក៏អត់តប តេឡេក្រោមក៏អត់តបដូចគ្នា។ ខ្ញុំក្នុងចិត្តសែនតូចចិត្ត ហេតុអ្វីក៏ចិត្តគាត់ប្រែមិនដូចជាមនុស្សពីមុន ដែលតាមស្រលាញ់ខ្ញុំ ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ។

ខ្ញុំចាប់ផ្តើមរលីងរលោងទឹកភ្នែក ទោះបីមួយរយៈនេះគាត់មិនសូវសប្បាយចិត្តនឹងខ្ញុំ ខ្ញុំមិនដឹងថាមានរឿងអ្វីចំពោះគាត់ទេ តែក៏មិនគិតថាពួកយើងដល់ផ្លូវបំបែកដែរ។ ខ្ញុំនៅតែមានកូនចិត្តមួយគិតថា អាចនឹងគាត់ចាំស៊ុបប្រាយខ្ញុំទេដឹង បានជាគាត់មិនឆ្លើយតបខ្ញុំគ្រប់បែបយ៉ាង។ ខ្ញុំអង្គុយលើគ្រែ ចាំគាត់ទាំងដៃចុចទូរសព្ទខលផង ផ្ញើសារផង ទឹកមុខក៏អត់សប្បាយចិត្ត។

រយៈពេលមួយឆ្នាំហើយដែលយើងបានស្រលាញ់គ្នា គ្មានរឿងអីដែលឈ្លោះគ្នា ឬអន់ចិត្តដាក់គ្នាម្តងណាឡើយ។ ទោះបីជាខ្ញុំស្និទ្ធស្នាលជាមួយបងរាជជាមិត្តភក្តិគាត់ ក៏យើងគ្មានអ្វីៗដែលជាទំនាក់ទំនងស្នេហាជាមួយគ្នាដែរ។ តែបើបងរាជមានចិត្តលើខ្ញុំមែន ខ្ញុំក៏មិនអាចទៅរួចជាមួយបងរាជដែល គឺក្តីស្រលាញ់គឺប្រគល់ជូនបងយ៉ាវង្សតែម្នាក់ប៉ុណ្ណោះ។ ស្រាប់តែម៉ាលីមិនដឹងមកពីណា៖

«ឯងត្រលប់មកវិញជាមួយបងវង្សហាស!»

ខ្ញុំក៏ធ្វើជាឆ្លើយ កុំឱ្យម៉ាលីដឹងថាខ្ញុំកំពុងតែមានបញ្ហាជាមួយបងវង្ស ខ្លាចនាងបារម្ភពីខ្ញុំ។

«ត្រលប់មកវិញហើយ!»

«លឿនម៉្លេះ! គាត់មានទិញកាដូជូនឯងអត់!»

«ខ្ញុំអត់ចង់ឱ្យគាត់ចំណាយលុយច្រើន អ៊ីចឹងទៅអត់ឱ្យគាត់ទិញទេ ឥឡូវគ្នាចង់សម្រាកហើយ!»

ម៉ាលីប្រហែលជាឆ្ងល់នឹងអាការរបស់ខ្ញុំ តែនាងមិននិយាយ ស្រាប់តែក្នុងបន្ទប់ដាច់ភ្លើង ខ្ញុំនេះក៏ឆ្ងល់៖

«យីដាច់ភ្លើងយ៉ាងម៉េច បើកង្ហារនៅវិលហ្នឹង សូម្បីតែភ្លើងក៏លេងសើចនឹងជីវិតខ្ញុំដែរ!»

«Happy birthday to you happy birthday to you Happy birthday Happy birthday Happy birthday to you…!»

សំឡេងមនុស្សប្រុសច្រៀង ហើយមានមនុស្សទះដៃ ខ្ញុំកំពុងគេងលើគ្រែសុខៗ ប្រែជាមានចិត្តរំភើប ប្រហែលជាបងវង្សគាត់មកស៊ុបប្រាយខ្ញុំទេដឹង។ ខ្ញុំក៏ក្រាកពីគ្រែចេញមកមុខមាត់ទ្វារ គឺណារិទ្ធិកំពុងកាន់នំខេកច្រៀងជាមួយម៉ាលី ដែលកំពុងតែទះដៃ។

ខ្ញុំបែបជាស្រក់ទឹកភ្នែក រលីងរលោង មិនមែនរំភើបទេ គឺស្រងាកចិត្តព្រោះមិនមែនជាមនុស្សប្រុសដែលខ្លួនស្រលាញ់ទៅវិញ បែរជាមិត្តភក្តិនិងសង្សារមិត្តភក្តិជាអ្នកធ្វើខួបកំណើតឱ្យខ្ញុំទៅវិញ។ ខ្ញុំពិតជាខកចិត្ត ខកបំណងជាមួយបងវង្សណាស់។

បើថ្ងៃនេះគាត់រវល់ឬមានបញ្ហាអីគួតែប្រាប់ខ្ញុំឱ្យដឹងមុនក៏ខ្ញុំអស់ចិត្ត។ ខ្ញុំក៏លែងខ្វល់អី ខ្ញុំទទួលនំពីដៃណារិទ្ធិ យកមកផ្លុំទៀន ម៉ាលីយកដៃជូតទឹកភ្នែកខ្ញុំ៖

«រំភើបឡើងយំហើយអមរាហាសហា!» ម៉ាលីនិយាយបណ្តើរក៏រលីងរលោងបណ្តើរ។

«ហាសហាអរគុណសម្លាញ់ម៉ាលី និងណារិទ្ធិណាដែលមកស៊ុបប្រាយខ្ញុំ!»

ខ្ញុំនិយាយទាំងអួលដើមករកយំបន្តិចអីបន្តិច តែខា្លចខ្មាសអ្នកទាំងពីរ។ ក្រោយពីផ្លុំទៀនហើយ គេក៏ឱ្យខ្ញុំកាត់នំ ម៉ាលីចុចកុងតាក់ភ្លើងបើកវិញ ណារិទ្ធិបានដើរទៅក្បែរម៉ូតូហើយកាន់ថង់ដែលមានភីហ្សាពីរប្រអប់ និងកូកាមួយដប។ ខ្ញុំនិងគេពីរនាក់ហ្នឹងបាននាំគ្នាញ៉ាំភីហ្សា និងកូកាដែលពួកគេទិញមក។

ខ្ញុំវិញគ្រាន់តែឃើញភីហ្សាមានអារម្មណ៍ថារាងឆ្អែតម៉េចមិនដឹង មានតែគេទេដែលដឹងថ្ងៃចូលចិត្តភីហ្សាគ្រឿងសមុទ្រ ចៃដន្យអីណារិទ្ធិនិងម៉ាលីទិញមកជាភីហ្សាគ្រឿងសមុទ្រដែរ។

ណារិទ្ធិគេហុចភីហ្សាឱ្យខ្ញុំមួយចំណិត ខ្ញុំទទួលយកពីដៃរបស់គេ។ គេតាមមើលមុខខ្ញុំ ប្រហែលគិតថាខ្លាចខ្ញុំមិនញ៉ាំ ខ្ញុំក៏ធ្វើជាយកមកញ៉ាំបន្តិចហើយទម្លាក់ចុះវិញ ហើយទាញកូកាយកមកញ៉ាំវិញ។

«អមរាឥឡូវដូចស្អាតជាងមុនដល់ហើយ ស្អាតជាងកាលពីចួបដំបូង!» ខ្ញុំតបកាត់ភ្លាម និយាយរួមគឺឱ្យតែនិយាយជាមួយណារិទ្ធិគឺដឹងតែប៉ះសម្តីគ្នាតែម្តង។

«ម៉េចអ៊ីចឹងថាខ្ញុំពីមុនអាក្រក់ខ្លាំងមែន!»

«មានណា ពីមុនក៏ស្អាតដែរ ឥឡូវកាន់តែស្អាត!»

«ចុះអូនអត់ស្អាតទេចុះ?” ម៉ាលីនិយាយកាត់

«អូនក៏ស្អាតដែរ!»

«អមរាឥឡូវគេបានសិស្សច្បងមើលថែខ្វល់ខ្វាយ បារម្ភណាស់អ៊ីចឹងហើយបានស្អាតជាងមុន!»

ខ្ញុំប្រុងនឹងខឹងអមរា តែទប់វិញដោយសារពួកគេមិនដឹងថាខ្ញុំនិងបងយ៉ាវង្សកំពុងតែមានបញ្ហាជាមួយគ្នា។

«អើយ ដូចតែគ្នាទេម៉ាលី មើលណារិទ្ធិក៏ជាមនុស្សល្អចំពោះម៉ាលីដែរ គួរតែងថែរក្សាចំណងមួយនេះឱ្យបានយូរអង្វែង!»

«ដូចគ្នាអមរា!» ម៉ាលីនិយាយចប់នាង ក៏ងើបចូលទៅបន្ទប់ទឹក។

ណារិទ្ធិគេសម្លឹងមកមើលមុខខ្ញុំ ខ្ញុំខំងាកមុខចេញបែរខ្លួនទៅយកទូរសព្ទលើគ្រែ។

«អមរានៅដដែលមិនខុសពីមុនសោះ ទឹកមុខអមរាបង្ហាញមកកាន់ខ្ញុំ ខ្ញុំដឹងថាអមរាមានរឿងអីកំពុងតែលាក់ក្នុងចិត្តមិននិយាយ!»

«គ្មានរឿងលាក់ក្នុងចិត្តអីទេ គឺធម្មតាទេ កុំគិតច្រើនពេក!»

«ម្នាក់នោះគេធ្វើឱ្យអមរាឯងអត់សប្បាយចិត្តមែន ម៉េចបានជាគេមានមនុស្សស្រីល្អបែបហ្នឹងហើយមិនចេះថែអ៊ីចឹង!»

ខ្ញុំស្រាប់តែភ្ញាក់នឹងសម្តីណារិទ្ធិនិយាយ ដូចដឹងរឿងខ្ញុំគ្រប់បែបយ៉ាង ខ្ញុំរកតែរលីងរលោងទឹកភ្នែករកពាក្យតបមិនបាន។

«មានឯណា យើងស្រលាញ់គ្នាសឹងអី គ្មានរឿងអីទេ!»

«តែខ្ញុំដឹង ពេលខ្ញុំមើលមុខអមរា បេះដូងខ្ញុំប្រែជាឈឺចាប់ មានរឿងថាមនុស្ស ដែលអមរាឯងកំពុងស្រលាញ់ កំពុងតែក្បត់ចិត្ត!»

ខ្ញុំធ្វើជាមិនឮពាក្យណារិទ្ធិនិយាយ ម៉ាលីក៏ចេញពីបន្ទប់ទឹកល្មម។ ក្រោយពីញ៉ាំអីរួចរាល់ ពួកយើងក៏រៀបចំសម្អាតកន្លែងញ៉ាំអី។ ហើយណារិទ្ធិក៏គេរៀបចំខ្លួនត្រលប់ទៅផ្ទះគេវិញ។

«ថ្ងៃនេះពិតជាអរគុណម៉ាលីនិងរិទ្ធិខ្លាំងណាស់ ដែលមកស៊ុបប្រាយនំខេកដល់ខ្ញុំ អរគុណណា!»

«បាទ! បាទ! អ៊ីចឹងខ្ញុំត្រលប់ទៅវិញហើយ ម៉ាលីបងទៅវិញហើយណាបាយៗ!»

«ចាស! បងសុខសប្បាយតាមផ្លូវ!»

ណារិទ្ធិក៏បើកម៉ូតូចាកចេញទៅ។ ខ្ញុំបែបជាមានកូនចិត្តច្រណែននឹងស្នេហាគេ២នាក់ទៅវិញ ការចាប់ផ្តើមគេសាមញ្ញ ហើយបន្តស្រលាញ់គ្នាមានសុភមង្គលណាស់ ខុសពីខ្ញុំស្រលាញ់គ្នាយូរមកហើយ បែរជាប្រែជាល្អក់កករនឹងគ្នាទៅវិញ។

ខ្ញុំជាមនុស្សអត្មានិយមពេកទេដឹង ដែលមានចិត្តច្រណែននឹងសុភមង្គលរបស់គេ។ មិនមែនទេ វាជាស្នេហារបស់ពួកគេពីរនាក់ ខ្ញុំមិនអាចជ្រៀតចូលបានទេ ទោះបីខ្ញុំធ្លាប់ចាប់អារម្មណ៍ណារិទ្ធិក៏ដោយ ក៏ខ្ញុំដឹងថាគ្មានថ្ងៃដែលណារិទ្ធិទទួលយកខ្ញុំទេ គឺគេចាប់អារម្មណ៍ម៉ាលីតាំងពីដើមមក។

ខ្ញុំមានតែខំបន់ព្រះសំពះទេវតា គិតថាយប់នេះជាយប់យល់សប្តិដ៏អាក្រក់ទៅចុះ ពេលដែលខ្ញុំក្រោកឡើងវានឹងប្រែជាល្អឡើងវិញមិនខាន។

ខ្ញុំក្រឡេកទៅម៉ាលីកំពុងគេងលើគ្រែ ស្តាប់សារសំឡេងជាមួយណារិទ្ធិ យ៉ាងសប្បាយរីករាយជាមួយគ្នា អត់តែខ្ញុំ។ បើបងយ៉ាវង្សគាត់ទៅណា គាត់មានរឿងអ្វីបានជាមិនទាក់ទងមកខ្ញុំអ៊ីចឹង ឬក៏បងលែងស្រលាញ់អូនដូចមុនហើយ ឬក៏បងមានអ្នកថ្មីដែលល្អជាងអូន ហើយពេលនេះបងកំពុងតែនៅក្បែរគេយ៉ាងមានក្តីសុខ។ ខ្ញុំទាញទ្វារបិទ រួចក៏ដើរទៅបិទភ្លើង ហើយសំងំគេងនៅលើគ្រែ។

ខ្ញុំសំងំនៅផ្ទះមិនទៅណាទាំងអស់ ខ្ញុំអូសហ្វេកបុកមើល ស្រាប់តែឃើញបងវង្សគាត់ផុស Happy anniversary 2 years ខ្ញុំឃើញហើយធ្លាក់ថ្លើមក្ដុក ម្នាក់ស្រីដែលគាត់ផុសនោះមិនមែនជាខ្ញុំទេ ជាស្រីម្នាក់ដែលខ្ញុំមិនដែលឃើញពីមុនសោះ។

ក្នុងហ្វេកបុកម្នាក់ស្រីនោះ មានរូបគេនិងបងវង្សថតជាមួយគ្នា ដើរលេងជាមួយគ្នាទៀត។ តើរឿងនេះវាយ៉ាងម៉េចទៅវិញ? តើអ្នកណាអាចបកស្រាយរឿងរ៉ាវទាំងអស់នេះបាន ខ្ញុំសឹងតែមិនជឿហ្នឹងភ្នែក ខ្ញុំបានយកដៃទះថ្ពាល់ខ្លួនឯងឱ្យភ្ញាក់ពីយល់សប្តិ តែវាមិនមែនយល់សប្តិទេ វាគឺជាការពិតអមរា។

តើគេជាមួយម្នាក់នោះ មានទំនាក់ទំនងគ្នា២ឆ្នាំហាស ចុះខ្ញុំជាមួយគាត់មានទំនាក់ទំនងជាមួយគាត់ជិត១ឆ្នាំ ជាស្អីវិញទៅ?

ខ្ញុំគេងលើខ្នើយ ឱបខ្នើយឱបយំតូចចិត្តខ្លួនឯងដែលស្រលាញ់មនុស្សខុស ជឿគេថាគេស្មោះនឹងខ្លួន ខ្ញុំហ៊ានទាំងប្រគល់ខ្លួនប្រាណឱ្យទៅគេទៀត ខ្ញុំពិតជាល្ងង់ណាស់។ ហេតុនេះហើយបានជាគេ ឥឡូវក្លាយជាមនុស្សប្លែកខុសពីមុន ចេះបន្ទោសខ្ញុំនៃរឿងគ្រប់យ៉ាងគេជាអ្នកធ្វើទាំងអស់។

ខ្ញុំគ្មានអារម្មណ៍ឃ្លានបាយ ឃ្លានទឹកទេ ទោះបីជាម៉ាលីដឹងថាខ្ញុំមានរឿងនេះក៏ដោយ ម៉ាលីខំលួងលោមខ្ញុំឱ្យបំភ្លេចមនុស្សដែលអាក្រក់ដូចជាគេ យកក្តីស្រលាញ់មកលេងសើចដូចជារបស់លេង ចង់មកក៏មកចង់ទៅក៏ទៅ។

តើខ្ញុំនេះជាឧបករណ៍សម្រាប់អ្នកលេងសើចមែនទេ? អ្នកដឹងអត់ថាបេះដូងខ្ញុំកំពុងតែឈឺ ខ្ញុំនេះវាល្ងង់ ដោយសារតែស្រលាញ់អ្នកខ្លាំង តែអ្វីដែលអ្នកតបស្នង អ្នកយកភាពក្បត់របស់អ្នកមកតបស្នងខ្ញុំ អ្នកប្រហែលជាសប្បាយចិត្តហើយ អ្នកថ្មីវាល្អជាងម្នាក់នេះ ដែលត្រឹមជាកូនអ្នកស្រែ មិនស្អាត ក្រ ហើយល្ងង់ថែមទៀតឱ្យអ្នកបោកបាន។

ខ្ញុំគ្រាន់តែចង់ដឹងថាមកពីមូលហេតុអ្វីបានជាគាត់ដល់ថ្នាក់ចាកចេញពីខ្ញុំទៅយកអ្នកថ្មី។ ខ្ញុំសម្លឹងទៅមើលផ្កាកូលាបក្រហមដែលក្រៀមស្វិត ដូចជាខ្ញុំពេលនេះ នៅពេលដែលគេស្រលាញ់គឺពេលដែលវានៅស្រស់ តែឥឡូវវាក្រៀមស្វិតតើអ្នកណាត្រូវការទៀតទៅ។

ខ្ញុំព្យាយាមខលទៅគាត់ទាំងញ័រដៃ ញ័រមាត់ទឹកភ្នែករលីងរលោងចង់ដឹងការពិតថា ហេតុអ្វីគាត់ចាកចេញពីខ្ញុំ? ឬគាត់ឈប់ស្រលាញ់ខ្ញុំហើយ។ ចុះក្តីស្រលាញ់ពីមុនបាត់ទៅណាអស់ហើយ ឬក៏គ្រាន់តែជាសុបិនល្អមួយភ្លែត?

គាត់មិនព្រមលើកសោះទោះបីជាខលចូលក៏ដោយ គាត់បានប្លុកលេខខ្ញុំ ខ្ញុំមិនអាចខលទៅគាត់បានទៀត។ សារក៏គាត់មិនតប ទោះបីជាvoiceជាសំឡេង ក៏គាត់មិនព្រមចូលស្តាប់ telegramក៏ដូចគ្នា។ ឬក៏គាត់កំពុងតែមានក្តីសុខជាមួយអ្នកថ្មី ហើយភ្លេចខ្ញុំទេដឹង។

ខ្ញុំមិនដឹងថាធ្វើអ្វីបានទៀតទេ មិនដឹងថាអ្នកណាអាចជួយខ្ញុំបាន។ ម៉ាលី ណារិទ្ធិក៏មិនអាចជួយអ្វីខ្ញុំបានដែរ រឿងនេះគឺជារឿងខ្ញុំនិងបងវង្សតែពីរនាក់ ពួកខ្ញុំជាអ្នកចង មានតែពួកខ្ញុំជាអ្នកស្រាយទេ តែខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ទើបអាចចួបមុខបងវង្សនិយាយគ្នាបាន។ បើឥឡូវមិនអាចទាក់ទងគាត់បាន។ ខ្ញុំក៏នឹកឃើញមុនគេគឺបងរាជ  ពឹងឱ្យគាត់ជួយ ខ្ញុំក៏ចុចទូរសព្ទខលទៅបងរាជ៖

«អាឡូ បងរាជ!» ខ្ញុំនិយាយទាំងអួលដើមក

«បាទ! អាឡូអមរាមានការអីដែរ!»

«ខ្ញុំចង់ពឹងបងឱ្យជួយរឿងមួយ!»

«និយាយមកបងជួយបានបងនឹងជួយ!»

ខ្ញុំក៏និយាយរឿងរ៉ាវរបស់ខ្ញុំនិងបងវង្សឱ្យគាត់ស្តាប់ គាត់ក៏យល់ព្រមជួយខ្ញុំឱ្យបានចួបបងវង្ស។ តែយប់នេះខ្ញុំដេកមិនលក់ទេ ខ្ញុំនឹកឃើញរឿងបងវង្សផុសជាមួយអ្នកថ្មីគាត់ពេលណា ទឹកភ្នែកខ្ញុំស្រក់មិនដឹងខ្លួន ខ្ញុំសឹងតែមិនយល់ខ្លួនឯង ខ្ញុំគេងយំមិនឱ្យម៉ាលីដឹងទេ។ មានតែសំងំដណ្តប់ភួយស្រក់ទឹកភ្នែក នឹកឃើញអនុស្សាវរីយល្អៗដែលគាត់បានធ្វើដាក់ខ្ញុំកន្លងមក។

ខ្ញុំចង់ទៅណា ចង់បានអីគាត់តែងតែទិញឱ្យមិនដែលប្រកែក ឬក៏ដោយសារតែរឿងទាំងនេះឬ ដែលគាត់ចាកចេញពីខ្ញុំ។ ខ្ញុំកាន់តែនឹកឃើញអំពើល្អរបស់គាត់មកលើខ្ញុំច្រើនពេក ខ្ញុំកាន់តែបន្ទោសខ្លួនឯងដែលកន្លងមកគាត់អាចលំបាកដោយសារខ្ញុំ តែគាត់មិនព្រមនិយាយឥឡូវគាត់ឆ្អែត បានជាគាត់ដើរចេញពីខ្ញុំ។

ប្រហែលហើយ ខ្ញុំមិនគួរណាធ្វើអ៊ីចឹងដាក់គាត់សោះ តែចុះអ្វីទៅដែលហៅថាការស្រលាញ់ គ្រាន់តែលះបង់ឱ្យគ្នាទៅវិញទៅមកវាមានកំហុសដែរអី ខ្ញុំដេកយំសឹងតែហើមភ្នែកទៅហើយ។

ខ្ញុំក្រោកឡើង ទាញកញ្ចក់មកមើលមុខខ្លួនឯង ភ្នែកស្លក់ មុខឱ្យខ្មៅស្រអាប់ ខ្លួនក៏ស្គមជាងមុនដោយសារតែមិនញ៉ាំបាយ ញ៉ាំទឹក រយៈពេលតែប៉ុន្មានថ្ងៃសោះ ខ្ញុំធ្លាក់ខ្លួនមកជាបែបនេះទៅហើយ។

ធ្លាប់តែជាមនុស្សដែលតែងតែផាត់មុខ ស្លៀកពាក់ស្អាតៗ តែទាំងអស់នេះខ្ញុំបែបជាលែងមានអារម្មណ៍ចង់ធ្វើវាទៀត ខ្ញុំចង់តែដេក ដេករហូតដល់លែងក្រោកមកវិញ។

បងរាជបានខលមកខ្ញុំ បងវង្សគាត់ព្រមចួបខ្ញុំនៅហាងកាហ្វេធម្មជាតិក្នុងសាលាពេលថ្ងៃ។ ខ្ញុំគ្រាន់តែឮថាបានចួបបងវង្សវិញ ក្នុងចិត្តប្រែជារីករាយមួយរំពេច ខ្ញុំស្ទុះទៅងូតទឹកប្តូរសម្លៀកបំពាក់ស្អាត ហើយផាត់មុខ។

ខ្ញុំខ្លាចបងវង្សឃើញខ្ញុំ ប្រែជាដូច្នេះគាត់កាន់តែលែងស្រលាញ់ខ្ញុំដូចមុន ខ្ញុំនឹងចួបគ្នានិយាយឱ្យច្បាស់ថាម្នាក់ស្រីនោះជាអ្នកណាគេ ឬក៏គាត់គ្រាន់តែយកគេមកលេងសើចមួយឆាវដើម្បីបឈ្ឈឺខ្ញុំតែប៉ុណ្ណោះទេ។

ខ្ញុំនៅតែគិតវិជ្ជមានលើគាត់ជានិច្ច សង្ឃឹមថាគាត់នឹងត្រលប់មកវិញ ជាបងវង្សរបស់ខ្ញុំដូចពីមុន។ ពេលខ្ញុំទៅដល់ហាងកាហ្វេ ឃើញគាត់និងបងរាជកំពុងអង្គុយជាមួយគ្នា បងរាជពេលឃើញខ្ញុំ គាត់ដើរទៅអង្គុយតុម្ខាង។

ខ្ញុំចូលទៅអង្គុយទល់មុខបងវង្ស តែខ្ញុំមិនទាន់និយាយអ្វីទាំងអស់ ខ្ញុំមើលទៅមុខរបស់គាត់។ បងវង្សឥឡូវ មុខប្រែជាស្រអាប់ ភ្នែករាងខ្មៅប្រហែលមិនបានគេងច្រើនថ្ងៃ។ ខ្ញុំធុំក្លិនបារីចេញពីខ្លួនគាត់ ឥឡូវគាត់ចេះជក់បារីទៀត។

«អមរាមានការអីនិយាយមក!»

«ហេតុអ្វីមួយរយៈនេះបងគេចពីអូន មិនព្រមតបឈែតរបស់អូនបងកំពុងតែធ្វើអីឥឡូវនេះ?»

«បងសុំទោស ពួកយើងគួរតែបញ្ចប់ទំនាក់ទំនងមួយនេះទៅ!»

ខ្ញុំឮថាបញ្ចប់ទំនាក់ទំនងមួយនេះ ខ្ញុំប្រែជារលីងរលោង ទោះបីជាអ្នកជុំវិញមើលមកខ្ញុំក៏ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់និយាយឱ្យដឹងរឿងជាមួយបងវង្សឱ្យច្បាស់លាស់។

«ព្រោះតែម្នាក់ស្រីថ្មីនោះមែន ធ្វើឱ្យបងចង់ចាកចេញពីអូន? បងវង្សបងឯងឥឡូវមិនមែនដូចពីមុនទេ ឯណាពាក្យដែលថាធ្លាប់ស្រលាញ់អូននោះ បងឯងបកស្រាយមើល យើងស្រលាញ់គ្នាប៉ុន្មានឆ្នាំហើយ ខ្ញុំអត់យល់ថាហេតុអ្វីបានជានៅសុខៗបងធ្វើបែបហ្នឹងដាក់ខ្ញុំ ខ្ញុំសោកស្តាយណាស់!» គាត់មិនតបអ្វីទាំងអស់ គាត់បានតែយកដៃខ្ទប់មុខ ស្តាប់ខ្ញុំនិយាយ ខ្ញុំវិញកាន់តែខឹងឡើងៗ។

«បងវង្សឮខ្ញុំសួរឬអត់ បងឯងឆ្លើយមើល តើបងឯងនៅស្រលាញ់ខ្ញុំអត់? បងវង្ស អូននៅតែស្រលាញ់បងដូចមុន ទោះបីឥឡូវនេះបងជ្រុលខ្លួនមានរឿងបែបនេះក៏ដោយ ក៏អូនព្រមលើកលែងទោសឱ្យបង ឱ្យតែបងត្រលប់មករកអូនដូចពីមុនវិញ!»

ខ្ញុំកាន់តែនិយាយគាត់កាន់តែខ្ទប់មុខយំមិនតបអ្វីទាំងអស់ ខ្ញុំយកដៃជូតទឹកភ្នែកហើយក្រោកឈរ។

«ឥឡូវអូនមិនទាមទារអ្វីពីបងច្រើនទេ សង្ឃឹមថាបងគិតឡើងវិញ អូននៅតែរង់ចាំបងត្រលប់មកវិញជានិច្ច!»

ខ្ញុំនិយាយចប់ ចាកចេញពីកន្លែងនោះ ទាំងទឹកភ្នែកជោកថ្ពាល់ ដើរបណ្តើរយំបណ្តើរ គេនៅទីនោះតាមមើលមកខ្ញុំបែបចម្លែកដូចគ្នា។ ខ្ញុំមកដល់ផ្ទះវិញ ទាំងឈឺចិត្ត អង្គុយភ្លឹកមួយសន្ទុះ មិនដឹងថាខួរក្បាលខ្ញុំកំពុងតែគិតអ្វីទេ។ ដូចជាមនុស្សគ្មានសតិក្នុងខ្លួនម៉េចមិនដឹងទេ ខ្ញុំឡើងទៅលើគ្រែដេកស្រក់ទឹកភ្នែក  ទាញទូរសព្ទយកមកមើលរូបគាត់ជាមួយនឹងខ្ញុំ។

ពេលគាត់ថតជាមួយខ្ញុំ ស៊ុបប្រាយនំខួបកំណើតនិងឱ្យផ្កាខ្ញុំ រូបដែលឈរថតក្បែរគាត់យ៉ាងមានក្តីសុខ។ ខ្ញុំនឹកឃើញរឿងគ្រប់យ៉ាង គាត់នាំខ្ញុំទៅមើលកុន គាត់ទិញអ្វីដែលខ្ញុំមិនទាមទារតែគាត់ទិញឱ្យខ្ញុំ ជាងនោះទៅទៀត ខ្ញុំនឹកឃើញរឿងរ៉ាវដែលគាត់បានឈ្លោះជាមួយអ្នកផ្ទះទាំងយប់ ខ្ញុំបានទៅហាងផឹកស៊ីកំដរគាត់ ថែមទាំងត្រលប់មកវិញ ខ្ញុំព្រមទាំងប្រគល់ភាពបរិសុទ្ធឱ្យគាត់។

នឹកដល់កន្លែងនេះ ខ្ញុំស្ទុះរត់ចូលទៅបន្ទប់ទឹក ហើយបើកទឹកផ្កាឈូកខ្ញុំអង្គុយយំក្រោមដំណក់ទឹកដែលធ្លាក់មកលើខ្លួនខ្ញុំ។ ទាំងសើមខោអាវជោកខ្លួន ខ្ញុំយកដៃដុសក្អែល ជាក្អែលស្មោកគ្រោគរបស់គេ ដែលដេកជាមួយខ្ញុំ ខ្ញុំយកដៃត្រដុសសឹងតែក្រហមចេញឈាមលើខ្លួន។

«ខ្ញុំស្អប់ខ្លួនឯង ខ្ញុំខ្ពើមខ្លួនឯង ដែលទៅប្រគល់ខ្លួនឱ្យទៅគេ ខ្ញុំល្ងង់ ខ្ញុំពិតជាមនុស្សល្ងង់មែន!»

សំឡេងខ្ញុំស្រែកខ្ទរពេញបន្ទប់ទឹក ជាមួយសម្រែកយំឈឺចាប់ដែលខ្ញុំមិនដែលចេះខូចចិត្តនឹងឈឺចាប់ណា ឈឺចាប់ដូចថ្ងៃនេះ ពិបាកនឹងពណ៌នាឱ្យចេញពីចិត្ត។ បើសួរថាឥឡូវនេះខ្ញុំធ្វើអ្វីបាន គឺខ្ញុំមានតែយំប៉ុណ្ណោះ ខ្ញុំមិនដឹងថាធ្វើអ្វីទេ។ ទោះបីជារឿងនេះ វាបែបនេះមែន ជាការពិតដែលបងវង្សចាកចេញពីខ្ញុំរហូតមែន ខ្ញុំមានតែកាត់ចិត្ត តែក៏មិនដឹងថាតើអាការកាត់ចិត្តនេះ វាឆាប់ឬក៏យូរទេ មានតែពេលវេលាប៉ុណ្ណោះ។

ម៉ាលីគោះទ្វារបន្ទប់ទឹកក្តែងៗ ខ្ញុំជូតទឹកភ្នែក ហើយធ្វើជាដូចមិនមានរឿងអ្វីកើតឡើងទេ តែក្នុងចិត្តនេះ វាសឹងតែឈឺឱ្យស្លាប់បាត់ទៅហើយ៖

«អមរាបើកទ្វារ ឯងធ្វើអីហ្នឹងនៅក្នុងហ្នឹងយូរម៉្លេះ?» ខ្ញុំក៏បើកទ្វារ ទាំងខ្ញុំទទឹកខោអាវជោក។

«គ្មានរឿងអ្វីទេ» ទាំងភ្នែកខ្ញុំក្រហម សក់រញ៉េរញ៉ៃ

«អមរាឯងកុំគិតអីឆ្កួតៗណា ឯងនៅមានគ្នា!»

ម៉ាលីស្ទុះមកឱបខ្ញុំយំ «បើគេក្បត់ឯង ឯងកាត់ចិត្តពីគេទៅណា ឱ្យគេទទួលកម្មដែលគេបានធ្វើមកលើឯងទៅចុះ ឯងត្រូវរឹងមាំ ត្រលប់មកជាអមរាមិត្តភក្តិខ្ញុំពីមុន!» ខ្ញុំងក់ក្បាលស្តាប់ម៉ាលី។

«បន្តពីនេះទៅ ឯងត្រូវថែខ្លួន ថែសុខភាពខ្លួនឯង កុំគិតពីគេទៀត ត្រូវគិតពីខ្លួនឯងនិងស្រលាញ់ខ្លួនឯងឱ្យបានច្រើន មិនខ្វះទេមនុស្សល្អដែលកំពុងរង់ចាំឯង!»

ក្រោយពីខ្ញុំស្តាប់សម្តីម៉ាលីហើយ ខ្ញុំរាងធូរផ្លូវចិត្តជាងមុន ដែលមានមិត្តភក្តិម្នាក់តែងតែបារម្ភនិងខ្វល់ខ្វាយពីខ្ញុំ ខ្ញុំពិតជាសំណាងដែលមានមនុស្សល្អដូចម៉ាលីនៅក្បែរ។

«ម៉ាលីកុំបារម្ភពីខ្ញុំអី ខ្ញុំនឹងរឹងមាំ មិនឱ្យគេឃើញថាខ្ញុំទន់ជ្រាយជាដាច់ខាត ខ្ញុំនឹងឱ្យគេឃើញថាកាលដែលគេមិនជ្រើសរើសខ្ញុំ គេនឹងមានអារម្មណ៍ស្តាយក្រោយមិនខាន!»

ខ្ញុំនិយាយទាំងសំឡេងមាំ តែក្នុងចិត្តខ្ញុំមិនរឹងមាំទេ គឺនៅឈឺនៅឡើយ។ តែខ្ញុំមិនឱ្យម៉ាលីបារម្ភពីខ្ញុំខ្លាំង នាងនៅមានមនុស្សល្អដែលស្រលាញ់នាងគឺណារិទ្ធិ ដូច្នេះខ្ញុំអត់ចង់ឱ្យនាងបារម្ភពីខ្ញុំខ្លាំងពេក។

ខ្ញុំដឹងថាម៉ាលីក៏ធ្លាប់និយាយប្រាប់ខ្ញុំជារឿយៗ ពីបងវង្សថាចង់ឱ្យខ្ញុំឈប់មានទំនាក់ទំនងជាមួយគាត់ទៀត។ ដោយសារតែគាត់ជាមនុស្សដែលមិនគួរឱ្យទុកចិត្ត តែខ្ញុំមិនជឿគ្រប់យ៉ាងនូវអ្វីដែលគេបាននិយាយ ឥឡូវខ្ញុំបានឃើញផ្ទាល់ភ្នែកហើយ គឺជាការពិតដូចដែលនាងនិយាយ។

ខ្ញុំសំងំដេកលើគ្រែ ទាំងដេកមិនលក់សោះ ក្នុងចិត្តរសេលរសល់ មិនដឹងថាទៅមុខទៀតចួបរឿងបែបម៉េចទៀតទេ។ សំឡេងសារក្នុងទូរសព្ទខ្ញុំលោត ខ្ញុំក៏ក្រោកទៅយកទូរសព្ទនៅលើតុ ចុចមកមើល។

វាជាសារបងវង្សឈែតមកខ្ញុំ ក្នុងចិត្តគិតថាគាត់មកសុំខ្ញុំត្រូវគ្នាវិញទេដឹង គាត់ដឹងថាខ្លួនគាត់ខុស។ ខ្ញុំក៏ចុចសំឡេងរបស់គាត់ស្តាប់៖

«ខ្ញុំសុំទោសអមរា ដែលខ្ញុំមិនអាចបំភ្លេចអ្នកចាស់បាន ខ្ញុំនៅស្រលាញ់គេ ខ្ញុំសង្ឃឹមថាអមរានឹងចួបមនុស្សដែលល្អជាងខ្ញុំ ខ្ញុំសុំទោសណា!» សារសំឡេងទី១។

«អមរាជាមនុស្សស្រីដែលល្អ ដែលខ្ញុំមិនដែលបានចួប អមរាគួរតែស័ក្កិសមនៅជាមួយមនុស្សដែលគេស្រលាញ់អមរាជាងខ្ញុំ អមរាមិនស័ក្កិសមប្រគល់បេះដូងឱ្យមនុស្សដូចខ្ញុំជាអ្នកមើលថែទេ!» សារសំឡេងទី២។

«អមរាត្រូវតែរឹងមាំ កុំខូចចិត្តដោយសារខ្ញុំឱ្យសោះ ខ្ញុំមិនស័ក្តិសមឱ្យអមរាខូចចិត្តនឹងស្រក់ទឹកភ្នែកដោយសារខ្ញុំទេ បើសង្ឃឹមថាជាតិក្រោយ បើយើងមាននិស្ស័យនឹងបានចួបគ្នានិងរួមរស់ជាមួយគ្នាណា!» សារសំឡេងទី៣។

ក្រោយពីខ្ញុំស្តាប់ចប់ គេមិនបានសុំខ្ញុំត្រូវគ្នាវិញទេ គឺគេសុំបញ្ចប់ទំនាក់ទំនង។ ខ្ញុំនេះឆោតដែលគិតថាគេឈែតមកសុំត្រូវគ្នាវិញ តែការពិតគេនៅតែជ្រើសអ្នកចាស់គឺមិនមែនជាខ្ញុំ។

ខ្ញុំស្ទុះចាកចេញពីបន្ទប់ជួល ហៅកង់បីជិះទាំងយប់ ទាំងដែលមនុស្សគ្រប់គ្នាកំពុងតែដេកលក់ស្កប់ស្កល់។ ខ្ញុំបែរជាឱ្យកង់បីដឹកខ្ញុំទៅមាត់ទន្លេមុខវាំងទៅវិញ។ ពេលនោះខ្ញុំមិនអាចបញ្ជាខ្លួនឯងបានទេ សូម្បីតែខោអាវស្លៀក គឺជាខោអាវស្លៀកដេកយប់ ខ្ញុំចាកចេញពីបន្ទប់ជួលមិនឱ្យម៉ាលីដឹងទេ។

កង់បីបានដឹកខ្ញុំមកដល់មាត់ទន្លេ ខ្ញុំចុះពីលើកង់បីហើយទៅអង្គុយលើបង់អង្គុយកាន់ទូរសព្ទ ដែលមានសាររបស់គេ ខ្ញុំចង់តបត្រលប់ទៅគេវិញណាស់ តែខ្ញុំចុចសរសេរទាំងញ័រដៃ ហើយក៏លុបវាចោលវិញ។

ខ្ញុំឱបជង្គង់អង្គុយយំ ទាំងម៉ោង១១ មានមនុស្សមួយៗដើរកាត់ពីក្រោយខ្នងខ្ញុំ។ ខ្ញុំយំមួយសន្ទុះ ខ្ញុំក៏ក្រាកឈរដើរសំដៅទៅស្ពានជ្រោយចង្វារ ដើរទាំងគ្មានព្រលឹងក្នុងខ្លួន ដើរបណ្តើរយំបណ្តើរ ហើយក៏មិនដឹងថាអ្នកណាខ្លះកំពុងសម្លឹងមកមើលសភាពខ្ញុំពេលនេះ។ ខ្ញុំដើរមកដល់ផ្សាររាត្រី ស្រាប់តែខ្ញុំភ្ញាក់ព្រើតជាមួយស៊ីផ្លេឡាន ទាំងខ្ញុំកំពុងដើរកណ្តាលថ្នល់។

«នែនាង! នាងឯងចង់ងាប់ខ្លាំងហ្អី បើចង់ងាប់ណាស់ ទៅងាប់ឱ្យឆ្ងាយពីផ្លូវទៅ!»

ខ្ញុំមិនតបអ្វីទាំងអស់ ក្នុងខ្លួនដូចជាអស់កម្លាំងរលីង ខ្ញុំដើរមកអង្គុយនៅមាត់ផ្លូវក្បែរនោះ។ ស្រាប់តែភ្លៀងធ្លាក់ឈូ ដូចគេចាក់ទឹក ខ្ញុំមិនក្រោកទៅណាទាំងអស់ ខ្ញុំអង្គុយផ្អែកបង្គោលភ្លើងជាមួយសភាពដូចមនុស្សសរសៃប្រាសាទមិនដឹងខ្យល់អ្វីអ៊ីចឹង។

ខ្ញុំអង្គុយឱនមុខចុះ មិនចង់ត្រលប់ទៅបន្ទប់ជួលវិញទេ ខ្ញុំក៏មិនដឹងថាពេលហ្នឹងខួរក្បាលខ្ញុំកំពុងតែគិតអ្វីទេ។ មើលសូម្បីតែភ្លៀងក៏កាន់ជើងមនុស្សក្បត់ដែរ ភ្លៀងមកឱ្យខ្ញុំទទឹកជោក ភ្លៀងមកកាន់តែឱ្យខ្ញុំឈឺចាប់ ភ្លៀងមកកាន់តែធ្វើឱ្យខ្ញុំកាន់តែស្អប់រូបគេកាន់តែខ្លាំង។

ភ្លើងហ្វាម៉ូតូជះមកចំពីមុខខ្ញុំ ចំពេលដែលខ្ញុំងើយមុខឡើង ខ្ញុំមើលវិញមិនឃើញទេ ឃើញតែដំណក់ទឹកភ្លៀង ដែលធ្លាក់កាត់ចំពីមុខអំពូលម៉ូតូមើលឃើញដូចពន្លឺពណ៌មាស។ សំឡេងហៅឈ្មោះខ្ញុំពីចម្ងាយ៖

«អមរា!»

ខ្ញុំបែរមុខទៅរកសំឡេងនោះ គឺមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយលើម៉ូតូនៅពីមុខខ្ញុំហ្នឹងហើយ។ ខ្ញុំក៏ក្រោករត់ចេញពីគេ គេក៏ពន្លត់ម៉ូតូហើយរត់មកតាមពីក្រោយខ្ញុំ។

គេចាប់ដៃខ្ញុំជាប់ គេទាញមួយទំហឹង ធ្វើឱ្យខ្ញុំរអិលដួលបែរមករកគេ ដួលខ្លួនលើគេទៅលើឥដ្ឋការ៉ូឡា។ គេពាក់មួយសុវត្ថិភាព ដែលមិនមានកញ្ចក់ ឃើញរង្វង់មុខគេច្បាស់ ខ្លួនវិញទទឹកជោក ខ្ញុំរលាស់ដៃចេញពីគេមុននេះបន្តិច ធ្វើឱ្យរហែកអាវនិងដាច់ឡេវអាវបញ្ចេញសាច់សខ្ចី។ ក្បាលខ្ញុំលើទ្រូងរបស់គេ ខ្ញុំងើបមុខទៅមើលគេ៖

«អមរា ហេតុអ្វីក៏រត់គេចពីខ្ញុំ?» សំឡេងដ៏មាំសួរមកកាន់ខ្ញុំ ជាណារិទ្ធិ មិនដឹងថាហេតុអ្វីគេមកដល់ទីនេះនៅពេលថ្មើរនេះ។

«ខ្ញុំមិនត្រលប់ទៅវិញទេ!» ខ្ញុំងើបខ្លួនឡើង ណារិទ្ធិក៏ក្រោកអង្គុយ។

«ហើយផ្ទះមិនទៅ ចង់ទៅណាវិញ?»

«ខ្ញុំខ្មាសគេគ្រប់គ្នាខ្លាំងណាស់!»

«អមរាឯងត្រូវឈឺចាប់ដោយសារប្រុសដែលក្បត់ចិត្តអមរាឯងមែន អមរាសុខចិត្តបំផ្លាញខ្លួនឯងដោយសារតែគេម្នាក់នោះ?» ខ្ញុំមិនតបទៅណារិទ្ធិ។

«ឯណាទៅអមរាពីមុននោះ ម្នាក់ស្រីដែលមិនចេះចុះចាញ់អ្នកណាទាំងអស់ ចុះហេតុអ្វីពេលនេះទន់ខ្សោយទៅវិញ អមរា អមរានិយាយមើល!» គេទាញស្មាខ្ញុំអង្រួន

«ត្រលប់ទៅវិញ ត្រលប់ធ្វើជាអមរាដ៏រឹងមាំដូចពីមុន ក្រោកមកទៅជាមួយខ្ញុំ!»

«ខ្ញុំមិនទៅទេ លោកឯងចង់ទៅក៏ទៅៗ!»

ខ្ញុំស្រែកឱ្យគេទាំងទឹកភ្នែកហូររហាម «បើលោកឯងមិនមែនជាខ្ញុំពេលនេះ លោកឯងមិនដឹងទេ ថាខ្ញុំកំពុងតែឈឺចាប់ប៉ុនណា!»

«អូ! ហាសហា»

«លោកឯងសើចអី?»

«អមរា! កុំព្រោះតែស្នេហាត្រឹមជាសង្សារសោះ សុខចិត្តឱ្យខ្លួនឯងឈឺចាប់ ចុះម៉ាក់ប៉ាអមរា អមរាមិនស្រលាញ់ពួកគាត់ទេដឹង? បើគាត់ដឹងថាកូនគាត់ព្រោះតែស្នេហាត្រូវគេក្បត់ចិត្ត ហ៊ានចង់បញ្ចប់ជីវិតខ្លួនឯង!»

ខ្ញុំស្តាប់ប្រយោគណារិទ្ធិនិយាយ ក្នុងបេះដូងខ្ញុំកាន់តែចុកជាងមុន ខ្ញុំភ្លេចហើយថាខ្ញុំមានប៉ាម៉ាក់និងប្អូន នៅឯស្រុក អ្វីដែលពួកគាត់ចង់ឃើញ គឺឃើញខ្ញុំត្រលប់ទៅស្រុកវិញ ជាមួយនឹងភាពជោគជ័យរបស់ខ្ញុំ មិនមែនភាពទន់ជ្រាយនិងបរាជ័យរឿងស្នេហាទាំងអស់នេះទេ។ ខ្ញុំរត់ទៅឱបណារិទ្ធិយំមួយទំហឹង គេយកដៃមកអង្អែលក្បាលខ្ញុំថ្នមៗ ខ្ញុំក៏ដឹងថាគេកំពុងស្រក់ទឹកភ្នែកអាណិតខ្ញុំដែរ។

«អមរាយើងទៅផ្ទះវិញទៅណា!» ខ្ញុំងក់ក្បាលស្តាប់សម្តីគេ «ភ្លៀងដែលធ្លាក់មកនេះ គឺវាមកលាងជម្រះរឿងអាក្រក់របស់អមរាចេញឱ្យអស់ ក្រោយពីភ្លៀងមេឃនឹងស្រឡះ អមរានឹងញញឹមជាថ្មី ត្រលប់មកជាអមរាដូចពីមុន ដែលមានតែស្នាមញញឹម!» ខ្ញុំប្រែជាញញឹមទៅមើលគេ ទាំងភ្នែកក្រហមនៅឡើយ។

ខ្ញុំក៏ឡើងលើម៉ូតូជិះត្រលប់មកផ្ទះជួលវិញ ជិះមិនទាន់បានប៉ុន្មានផង ភ្លៀងក៏រាំង ខ្ញុំសម្លឹងទៅមើលព្រះចន្ទមានឥន្ទធនូ នៅព័ន្ធជុំវិញព្រះចន្ទឡើងស្រស់ស្អាត។ ហេតុអ្វីបានជាខ្ញុំ មិនឆាប់ស្រលាញ់ណារិទ្ធិតាំងពីដំបូងមុនបងវង្ស?

ណារិទ្ធិគេជាមនុស្សល្អណាស់ តែគេក៏ស័ក្កិសមជាមួយម៉ាលីដែរ មិនស័កិ្តសមនិងខ្ញុំទេ ម៉ាលីជាស្រីដ៏ល្អម្នាក់ ខ្ញុំគ្មានតម្លៃដែលឱ្យណារិទ្ធិមកស្រលាញ់ខ្ញុំទេ ហើយក៏ខ្ញុំមិនធ្វើជនទីបីបំបែកពួកគេដែរ។

ខ្ញុំពេលនេះហើយ ដោយសារតែជនទី៣ បានជាខ្ញុំក្លាយជាសភាពបែបនេះ។ ខ្ញុំពិតជាហត់នឹងរឿងស្នេហាណាស់ ខ្ញុំឆ្អែតឆ្អន់មិនចង់មានទៀតទេ បើដឹងថាស្នេហានាំតែការឈឺចាប់នោះ ខ្ញុំក៏មិនព្រមសាកល្បងតាំងពីដំបូង។

ណារិទ្ធិបានដឹកខ្ញុំមកដល់ផ្ទះ ម៉ាលីស្ទុះចេញពីក្នុងផ្ទះ ក្នុងផ្ទះមានក្លិននិងផ្សែងធូបហុយទ្រលោម ប្រហែលជាម៉ាលីអុជធូបនៅពេលដែលបាត់ខ្ញុំហើយ។ ម៉ាលីគ្រាហ៍ខ្ញុំ ចូលក្នុងបន្ទប់ទឹក គេឈរជជែកជាមួយណារិទ្ធិមួយសន្ទុះ។ ខ្ញុំចេញពីបន្ទប់ទឹកផ្លាស់ខោអាវរួច ខ្ញុំឡើងទៅសម្រាកលើគ្រែ។

«ខ្ញុំជិះកង់រកម្ដុំៗជិតនេះដែរ តែរកមិនឃើញ សំណាងហើយដែលអូនខលទៅបងឱ្យជួយតាមរកអមរា ពិតជាសំណាងណាស់ដែលអមរានាងមិនកើតអី!»

«មើលថែអមរាផងណា កុំឱ្យនាងគិតអីច្រើនពេក ឱ្យនាងញ៉ាំបាយញ៉ាំទឹកផង ឥឡូវមួយរយៈនេះប្រែប្រួលស្គមខ្លាំង!»

«ចាស! អរគុណដែលបងជួយបារម្ភពីអមរា បងត្រលប់ទៅផ្ទះផ្លាស់ខោអាវទៅទទឹកជោកអស់ហើយ ប្រយ័ត្នឈឺ ណាមួយយប់ហើយរំខានបងខ្លាំងណាស់!»

«អ៊ីចឹងបងលាសិនហើយ!»

គេជជែកគ្នារួច ទើបដឹងថាម៉ាលីជាអ្នកខលទៅណារិទ្ធិឱ្យមកជួយតាមរកខ្ញុំ។ ខ្ញុំភ្លេចឱ្យឈឹង មិនទាន់ទាំងអរគុណណារិទ្ធិនឹងពាក្យគេប៉ុន្មានម៉ាត់សោះ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តមកវិញ មែនហើយខ្ញុំមានម៉ែឪគាត់រង់ចាំមើលអនាគតរបស់ខ្ញុំ ខ្ញុំត្រូវរៀនឱ្យចប់ ត្រូវតបស្នងសងគុណដល់ពួកគាត់ ត្រូវជួយមើលថែប្អូនៗរបស់ខ្ញុំទៀត។ ខ្ញុំនឹងបានចួបមនុស្សល្អជាងបងវង្ស ដូចដែលពាក្យណារិទ្ធិប្រាប់ខ្ញុំ បើខ្ញុំមិនរឹងមាំទេ ខ្ញុំនឹងបាត់បង់ខ្លួនឯងមិនខានទេ ដូច្នេះខ្ញុំត្រូវតែរឹងមាំ។

«អមរាឯងយ៉ាងម៉េចហើយ?»

«គ្នាមិនអីទេ អរគុណដែលបារម្ភពីគ្នា គ្នាផ្ញើអរគុណណារិទ្ធិផងណា គ្នាអស់កម្លាំងណាស់ គ្នាចង់សម្រាក!»

«អឺ! អឺសម្រាកទៅណា!»

មែនទែនទៅខ្ញុំគ្មានអារម្មណ៍គេងទេ តែខ្ញុំបារម្ភពីម៉ាលី មិនបានដេកមិនបានពួនរវល់តែខ្វល់ខ្វាយពីរឿងរបស់ខ្ញុំ ខ្ញុំដឹងថានាងហត់នឿយដោយសារតែខ្ញុំច្រើនហើយ នាងបារម្ភខ្ញុំខ្លាំង។ ដូចខ្ញុំនិយាយអ៊ីចឹង មកភ្នំពេញដំបូងគឺមានតែពីរនាក់ម៉ាលីហ្នឹងហើយ ដែលកម្សត់កម្រជាមួយគ្នា រៀនជាមួយគ្នាតាំងពីតូច ក្រុមគ្រួសារនាងនិងគ្រួសារខ្ញុំដូចតែគ្រួសារតែមួយអ៊ីចឹង។

ខ្ញុំដូចជាស្ពឹកដៃស្ពឹកជើង ដូចឈឺរគ្រាំពេញខ្លួនដល់ហើយ ហើយណាមួយទៀតមិនព្រមហូបបាយហូបទឹកទៀត តែចាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អ ខំប្រឹងញ៉ាំឱ្យមានកម្លាំងឡើងវិញ គិតថាវាជាយល់សប្តិអាក្រក់ទៅចុះ។

មានភាគបន្ត…

រឿង៖ ព្រោះគេគ្មានបេះដូង (ភាគ២)
«បាទ! បាទសុម៉ាលី! មានលំហាត់ណាអត់ចេះឈែតសួរបានណា! បើខ្ញុំអត់ចេះចាំខ្ញុំសុំពីគេផ្ញើឱ្យ!»

«គ្មានអ្នកណាជឿថាណារិទ្ធិឯងមិនចេះទេ សិស្សពូកែផងនោះ»

«កុំប៉ិនបញ្ជោរពេកសុម៉ាលីហាសហា»

«ម៉ាលីតស់! ទៅផ្ទះ» ខ្ញុំធ្វើមុខស្អុយ ឈរសម្លក់គេ គេនិយាយបណ្តើរមើលមកមុខខ្ញុំបណ្តើរ

«អ៊ីចឹងខ្ញុំទៅផ្ទះហើយណា»

«បាទ! បាទ! ហ្នឹងហើយ មើលទៅអ្នកខ្លះដូចមិនសូវសប្បាយចិត្តទេ ពេលម៉ាលីនិយាយជាមួយខ្ញុំ បែបដូចជាមិនសប្បាយចិត្តម៉េចមិនដឹងទេ»

«នែ​!​ ចង់និយាយពីអ្នកណាគេ អាប៉ិនិយាយច្រើន!»

«ខ្ញុំនិយាយជាមួយម៉ាលីតើ! គ្មានបំណងថាឱ្យអមរាឯណា»

«តស់! ម៉ាលីទៅផ្ទះវិញ ខ្ជិលឈ្លោះជាមួយអាប៉ិហ្នឹងណាស់!»

«បាទ! សុខសប្បាយតាមផ្លូវណា»

«ទៅគេអរគុណហើយ!»

«ម៉ាលី បាយៗ គេលាម៉ាលីសោះ»

ខ្ញុំគ្រាន់តែឮគេនិយាយថាលាម៉ាលីសោះ ក្នុងចិត្តក្តៅឆេវ ដើរចេញពីគេ សំដៅទៅកន្លែងទុកកង់តែម្តង មិនចាំម៉ាលីទេ តែអាណិតម៉ាលីដែលគ្នាខំរត់តាមពីក្រោយមកតាមខ្ញុំ។

ពីរនាក់ហ្នឹងត្រូវគ្នាណាស់ ថ្ងៃណាមួយចាប់ពីអ្នកហ្នឹងឱ្យបាន ចាំមើលតែឃើញញ៉ែគ្នានៅកន្លែងណាថតទុកផុសឱ្យអ្នកផ្សេងដឹង ខ្មាសគេហ្មង។ តែដូចជារឿងផ្ទាល់ខ្លួនរបស់គេទេ ចាំបាច់អីខ្ញុំត្រូវខ្វាយខ្វល់ យកពេលទៅជជែកលេងជាមួយសិស្សច្បងល្អជាង។

ក្រោយមកដល់ផ្ទះ ខ្ញុំធ្វើម្ហូបធ្វើអីរួច ងូតទឹកញ៉ាំបាយហើយ ក៏អង្គុយលើកៅអី តុក្បែរបង្អួច អង្គុយកត់មេរៀន។ ចំណែកសុម៉ាលីគេទៅលេងមិត្តភក្តិដែលនៅផ្ទះជួលជាមួយគ្នា។ ខ្ញុំអង្គុយកត់មេរៀនសុខៗ ស្រាប់តែសារលោតទឹង ទឹង…

«H»”

«កំពុងធ្វើអីហ្នឹង មានហ្វេ្រនហ្វេសបុកជាមួយខ្ញុំតាំងពីពេលណាហ្នឹង»

ខ្ញុំមិនទាន់ចូលមើលទេ តែបានអានសារលើកញ្ចក់ទូរសព្ទ។ បម្រុងចង់ចុចចូលតបតែ រង់ចាំគេឈែតមកលើកទី៣មួយទៀត បើគេតាមស្រលាញ់យើងមែនជាច្បាស់ជាឈែតមកទាល់តែយើងតបវិញ។ ខ្ញុំក៏ងាកមកអង្គុយកត់មេរៀនធម្មតាវិញ តែចេះតែងាកទៅទូរសព្ទចាំមើលសារសិស្សច្បងឈែតមកមួយទៀត។

«ពុទ្ធោអើយ យូរណាស់ តិចគេគិតថាខ្ញុំរវល់មិនព្រមតបគេទៅ សង្ស័យណាស់បានគេឈប់ឈែត»

ទឹង ទឹង…

«ផ្ញើលំហាត់ទី៥ឱ្យខ្ញុំមើលផង!»

ខំតែសប្បាយចិត្ត អាមិត្តភក្តិនេះក៏អ៊ីចឹងទៀត ដឹងតែខ្ញុំកំពុងតែរង់ចាំសាររបស់សិស្សច្បងផង ឈែតមកសុំលំហាត់អី ខ្ញុំមិនផ្ញើឱ្យទេ បើសិស្សច្បងឈែតមកម្តងទៀត ចាំខ្ញុំផ្ញើឱ្យ។

ទឹង…

«កំពុងរវល់មែន? ខ្ញុំអត់រំខានទេអ៊ីចឹង!» ខ្ញុំឃើញសារនោះលោតភ្លាមចុចចូលតបភ្លាម ខ្លាចសិស្សច្បងគាត់ខឹង។

«ចាស សួស្តី! មានរវល់ណាខ្ញុំកំពុងកត់មេរៀន ចុះសិស្សច្បងកំពុងធ្វើអីហ្នឹង?»

ផ្ញើភ្លាមគាត់តបភ្លាម៖

«បាទ! ទំនេរអត់ធ្វើអីផងអង្គុយលេងក្រៅផ្ទះ កំពុងនឹកមនុស្សម្នាក់!»

យីអីក៏ចម្លែកម្ល៉េះ កំពុងនឹកអ្នកណា ឈែតទៅគេ គេអត់តបមែនបានឈែតមកខ្ញុំនេះ។

«នឹកគេមិនឈែតទៅគេទៅ!»

«ឈែតហើយហើយតើ!»

«ចុះគេតបនៅ?»

«ឈែតទៅ២ ៣ដងហើយគេទើបតែតបអម្បាញ់មិញនេះ»

«អ៊ីចឹងខ្ញុំអត់រំខានសិស្សច្បងទេ បាយៗ»

«ឥឡូវគេលាខ្ញុំឈប់លេងជាមួយខ្ញុំហើយ ប្រហែលជាគេខឹងខ្ញុំទេដឹង?»

«ខឹងរឿងអីទៅ ម្នាក់ហ្នឹងអីក៏ឆាប់អន់ចិត្តម៉្លេះ?»

«ខ្ញុំក៏អត់ដឹងដែរ! ដឹងអត់ថាអ្នកណាគេដែលឆាប់អន់ចិត្តហ៎?»

«សង្សារសិស្សច្បងមែន? ខ្ញុំម៉េចស្គាល់»

«គឺអ្នកដែលកំពុងលេងជាមួយខ្ញុំនឹងហើយ មានអ្នកណាក្រៅពីអមរា ហាសហា»

«អួយ! សិស្សច្បងប៉ិនណាស់ខ្ញុំស្មានតែនិយាយពីសង្សារសិស្សច្បង!»

«បងមានសង្សារណា គេថាបងសាវាទាំងបងមិនដែលមានស្នេហាហើយបោកអ្នកណាគេផង ឥឡូវព្រមឱ្យបងបោកអត់?»

«ខ្ញុំមែន? អត់ទេ អត់ទេ ខ្លាចឈឺចាប់ ហាសហា»

«អ៊ីចឹងបន្តsingleទៀតហើយសេដណាស់»

«ខ្ញុំចង់បានមនុស្សដែលស្រលាញ់ហើយស្មោះត្រង់ជាមួយគ្នា តែខ្ញុំចូលចិត្តសិស្សច្បងដែរហាសហា!»

«ចូលចិត្តឬក៏ស្រលាញ់? និយាយឱ្យត្រង់មើល តិចខ្ញុំចាប់ធ្វើសង្សារខ្ញុំ»

បេះដូងខ្ញុំលោតឌឹប គាត់និយាយអីហ្នឹង ទើបស្គាល់គ្នាបាន៣អាទិត្យសោះ ខ្ញុំស្រលាញ់គាត់ តិចល៎គាត់ស្រលាញ់ខ្ញុំវិញដែរទៅ។ តែបើគាត់ស្រលាញ់ខ្ញុំវិញដែរ រំភើបណាស់។

«ម៉េចហើយអត់តប គេងលក់ទេដឹង?»

«មានគេងណា រវល់តែញ៉ាំទឹក»

«បើបងសុំធ្វើជាសង្សារបងបានអត់?»

អីក៏លឿនម្ល៉េះ សិស្សច្បងមួយនេះ ប្រហែលខ្លាចគេតាមញ៉ែខ្ញុំ បានទៅគេទេដឹង បានឆាប់ប្រាប់ខ្ញុំលឿនបែបនេះ?

«សង្សារហ្នឹងម៉េចទៅសិស្សច្បង?»

«មនុស្សពីរនាក់ស្រលាញ់គ្នាហ៎! យូរៗទៅក្លាយជាប្តីប្រពន្ធ»

យីប្តីប្រពន្ធទៀត ឃើញសិស្សធ្លាប់តែលេងសើចនៅក្រៅ នៅក្នុងហ្វេកបុកក៏សាហាវទៀត សម្តីក៏ពូកែដែរ។

«ព្រមក៏បាន! ហាសហាអៀនហាស»

«ព្រមហាស? ពីថ្ងៃនេះទៅ យើងក្លាយជាសង្សារហ្នឹងគ្នាណា»

«ចាស! ចាស!»

«តែបងសុំម្យ៉ាង ពួកយើងនៅរៀន  ប្រាយវេតសិនទៅ ពេលណាច្បាស់លាស់ជាមួយគ្នា ចាំបង public ណា»

ខ្ញុំហេតុតែចិត្តស្រលាញ់គេ ណាមួយខ្ញុំគិតថាធ្វើអ៊ីចឹងសិនក៏ល្អ ខ្លាចម៉ាលីអីមិនសប្បាយចិត្តពេលដឹងរឿង តែមិនភ្លេចទេត្រូវឱ្យអាប៉ិនិយាយច្រើនដឹង កុំឱ្យមកតាមខ្ញុំទៀត បើអាច សមគ្នាជាមួយម៉ាលីល្អជាង។

«ចាស អ៊ីចឹងក៏បាន»

«យប់ជ្រៅហើយណា បងលាសិនហើយ Good 9 my love»

សំខាន់ដាក់រូបបេះដូង និងមនុស្សធ្វើមាត់ថើបចេញបេះដូងទៀត។

«ចាស! ចាស! Good 9 បាយៗបង» បើខ្ញុំនៅបន្ទប់ម្នាក់ឯងវិញ ខ្ញុំស្រែកឱ្យណាណីម្តង។

ខ្ញុំយកដៃឱបថ្ពាល់ ទាញកញ្ចក់មកមើលមុខខ្លួនឯង មានអារម្មណ៍មុខខ្លួនឯងក្រហម ក្នុងបន្ទប់ពោសពេញដោយពណ៌ផ្កាឈូកភីង ភីង។ ក្រឡេកទៅមើលកន្លែងគេង ម៉ាលីមិនដឹងថាមកគេងតាំងថ្មើរណា ខ្ញុំភ្ញាក់ឱ្យព្រើត មកអត់មាត់អត់កប្រហែលខ្មោចហើយ។

ខ្ញុំនេះវិញរវល់តែសប្បាយចិត្ត មើលសៀវភៅសុទ្ធតែគំនូសប៊ិក ពេញសៀវភៅ។ ខ្ញុំនេះចូលតួពេក គូសលេងពេញសៀវភៅហើយ ខ្ញុំអើយខ្ញុំ មនុស្សមិនដែលមានអ្នកណាមកសារភាពថាស្រលាញ់លើកទី១ហើយនិយាយមែន ធ្លាប់មានម្តងកាលរៀនអនុវិទ្យាល័យ មានអាមួយនោះវាស្រលាញ់ឯង ការពិតវាបោកឯងឱ្យធ្វើលំហាត់ឱ្យវាសោះ ទាល់ចុងក្រោយបានដឹងថាវាស្រលាញ់ប្រុសស៊ាំតែម្តង។

ម៉ោង១១បាត់ហើយ ខ្ញុំក៏បិទសៀវភៅទុក ហើយបិទអំពូលរៀបចំគេង តែដូចជាគេងមិនលក់យ៉ាងម៉េចមិនដឹងទេយប់នេះ ស្រមៃឃើញតែមុខសិស្សច្បងគេងក្បែរខ្លួន ជាមនុស្សរូបរាងសង្ហាដោះអាវស្លៀកតែខោខ្លី បែរចំហៀងខ្លួនមើលមកខ្ញុំ ហើយបិទភ្នែកគេង យ៉ាងស្រស់ស្អាត មានពន្លឺពណ៌ផ្កាឈូកចេញពីខ្លួនគេព្រិចៗទៀត អួយគេងហើយឈប់ស្រមៃហាសហា។

«គេជាមនុស្សផ្តល់ភាពកក់ក្តៅ»

ពេលដែលខ្ញុំបាននៅក្បែរគេ ខ្ញុំពិតជាពិបាកក្នុងការពណ៌នាពីក្តីសុខមួយនេះណាស់។

ថ្ងៃនេះជាថ្ងៃអាទិត្យ មិនដឹងថាទៅណាទេ ម៉ាលីក៏មិននៅ នាងទៅចួបជុំក្រុមកិច្ចការរបស់នាងតាំងពីព្រឹក។ ខ្ញុំវិញមិនមែនមិនទៅចួបជុំក្រុមកិច្ចការទេ មកពីអាទិត្យមុនប្រជុំហើយ រួចក៏បានចែកការងារគ្នាធ្វើរួចហើយ អផ្សុកដល់ហើយ។ មិនដឹងថាបងវង្សទំនេរឬអត់ទេ ចង់ឈែតទៅលេងគាត់តែខ្លាចរំខានគាត់ មិនដឹងថាគាត់កំពុងធ្វើអីមិនដឹង។

ខ្ញុំអង្គុយអូសហ្វេកបុកសុខៗ ស្រាប់តែឃើញអាខោនដាក់ឈ្មោះ ផ្កាយ ណារិទ្ធិ ដូចប្រហែលៗមុខខ្ញុំសង្ស័យណាស់។ ខ្ញុំក៏ចុចចូលហ្វេកបុកគេ ចូលមើលរូបប្រូហ្វាល់គេ មានអីសង្ហាដែរតើ! ចំណែករូបនៅក្នុងហ្វូតូវិញ គេថតជាមួយប៉ារបស់គេ ដែលជាទាហាន គេមានប្អូនស្រីមួយស្អាតខ្លាំងណាស់ អាយុប្រហែលជា១២-១៣ឆ្នាំខ្ពស់ដូចគេ ម៉ាក់ក៏ក្មេងទៀត។

អូ! អ៊ីចឹងបានគេរៀនពូកែណាស់ សុទ្ធតែរូបមេដៃមាស ជាសិស្សពូកែគណិតទូទាំងប្រទេសទៀត។ តែយ៉ាងណាក៏នៅតែចាញ់បងវង្សទេ បងវង្សមើលទៅជាមនុស្សដែលច្បាស់លាស់ ហើយបែបជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ទៀតផង។ បើឱ្យខ្ញុំរើស ខ្ញុំរើសបងវង្សហើយ បើឱ្យរើសណារិទ្ធិនេះវិញ ខ្លាចតែឈ្លោះជាមួយគ្នារាល់ថ្ងៃទេ។

«គេខំហ្វើមខ្ញុំ ខ្ញុំមិនបានអេដគេទេ?»

ខ្ញុំឡើងភ្ញាក់ គេឡាយរូបខ្ញុំផុស ហើយគេខំហ្វើមខ្ញុំទើបតែថ្មីៗទេ។ ខ្ញុំសង្ស័យចុចចូលមើលប្រូហ្វាល់គេអម្បាញ់មិញទេដឹង អាចអេដគេនោះ មិនពិតទេខ្ញុំអើយ បើអាន់ហ្វេ្រនក៏មិនកើត យើងអ្នកអេដទៅគេមុន តាមដំណើរចុះ។

ទឹង ទឹង…

«ថ្ងៃនេះទំនេរអត់? បងចង់ជូនទៅញ៉ាំអី»

សារបងវង្សឈែតមកខ្ញុំឡើងរំភើប សំខាន់បបួលខ្ញុំញ៉ាំអីទៀត។

«ចាសបង ទំនេរតើ! ថ្ងៃនេះអត់ធ្វើអីផង ម៉ាលីក៏អត់នៅទៀតអផ្សុកណាស់»

«ចាំបងទៅយកនាំដើរលេង»

«យល់ព្រមបង»

«តិចទៀតចួបគ្នាណា»

«ចាស! ចួបគ្នាឆាប់ៗ»

ប្រហែលជាគេមើលមកគិតខ្ញុំបើកដៃឱ្យគាត់ មិនទាន់ស្គាល់គ្នាយូរផងហ៊ានទៅណាទៅណីជាមួយមនុស្សដែលមិនទាន់ស្គាល់ចិត្តគេច្បាស់លាស់ តែមានតែមនុស្សដែលស្រលាញ់គេខ្លាំងទេ ទើបយល់អារម្មណ៍មួយនេះ។ ទោះបីរយៈពេល ៤-៥ខែនេះទើបស្គាល់គាត់មែន តែគាត់យកចិត្តទុកដាក់លើខ្ញុំណាស់ ពេលខ្លះខ្ញុំថាមិនស្រួលខ្លួន គាត់ទៅទិញថ្នាំយកមកដល់បន្ទប់ខ្ញុំ។

ពេលខ្លះកង់ខូចក៏គាត់មកយកខ្ញុំ ដឹកខ្ញុំទៅសាលារៀនទៀត។ មានគេច្រណែនគាត់និងខ្ញុំគ្រប់គ្នា ពេលឃើញគាត់ឌុបទម្លាក់ខ្ញុំនៅមុខសាលារៀន។ សូម្បីតែម៉ាលីក៏ប្រាប់ថា កុំឱ្យខ្ញុំទុកចិត្តបងយ៉ាវង្សខ្លាំងពេក ក្រែងលដល់ថ្ងៃមួយខ្ញុំឈឺចាប់ខ្លាំង តែគ្មានអ្នកណាដឹងថាថ្ងៃមុខយ៉ាងម៉េចទេ ថាមិនត្រូវថ្ងៃមុខគាត់និងខ្ញុំអាចជាគូព្រេងនឹងគ្នាក៏មើលមិនឃើញ។ ចំណែកសុម៉ាលីមួយរយៈនេះក៏ស្និទ្ធស្នាលជាមួយណារិទ្ធិយ៉ាងចម្លែក អាចថាគេជាសង្សារហ្នឹងគ្នា តែគេលាក់ខ្ញុំក៏មិនដឹង។

សំឡេងម៉ូតូបងយ៉ាវង្សមកដល់ ខ្ញុំក៏រៀបចំស្លៀកពាក់បានរួចរាល់។ គាត់ជិះម៉ូតូអាធំ ថ្មីរបស់គាត់ ចុះពីលើម៉ូតូ ឈរក្បែរម៉ូតូចាំខ្ញុំ ដូចទេវបុត្រចាំព្រះនាងអ៊ីចឹង។ គាត់ទាញមួកយកមកពាក់លើក្បាលខ្ញុំដូចសព្វមួយដង គ្មានអីចម្លែកទេ។

«ចង់ទៅដើរលេងណាវិញ?»

«បងឯងចង់ទៅលេងណា? បងទៅណាខ្ញុំទៅហ្នឹងដែលហាសហា»

ខ្ញុំយកដៃខ្ទប់មាត់សើច អ្នកនៅបន្ទប់ជិតខាងមើលមកពួកខ្ញុំរាងចម្លែក តែខ្ញុំមិនខ្វល់ទេ សម័យណាហើយនៅមានមនុស្សបែបហ្នឹងទៀត។

«ទៅមើលកុនឬអត់?»

«ទៅមើលកុនក៏បាន!»

«អ៊ីចឹងឡើងម៉ូតូមក ទៅញ៉ាំអីនិងមើលកុននៅអ៊ីអន»

ខ្ញុំភ្លេចឱ្យឈឹង!! ភ្លេចទាញទ្វារចាក់សោរបន្ទប់។ បន្ទាប់ពីចាក់រួច ខ្ញុំក៏បានឡើងលើម៉ូតូពីក្រោយគាត់ជិះតម្រង់ចេញទៅ។ គាត់បានឌុបខ្ញុំទៅអ៊ីអន ទាំងដែរខ្ញុំជាមនុស្សមិនដែលចេញពីផ្ទះទេ ចង់ទៅលេងនៅណាទាល់តែមានគ្នាពីរទៅបីនាក់បានបបួលគ្នាទៅលេង។ ដោយសារតែពេលខ្លះខ្លាចវង្វេង ទោះបីជាមករស់នៅបានមួយឆ្នាំជាងហើយ តែនៅតែស្គាល់ច្បាស់ជាងគេគឺផ្លូវពីផ្ទះទៅសាលា និងពីសាលាទៅផ្ទះ។

ចូលឆ្នាំទី២នេះ ខ្ញុំបានចួបរឿងល្អៗជាច្រើន រៀនក៏គ្រាន់បើជាងមុន និងអ្វីដែលសំខាន់បានជួយបងយ៉ាវង្សជាមនុស្សពិសេសមិនដែលចួប ជាស្នេហាលើកដំបូង គាត់លះបង់ដើម្បីខ្ញុំច្រើនណាស់ ពេលខ្លះមិនខ្វល់ពីសម្តីមិត្តភក្តិនិយាយ៖

«អ្ហែងខ្វះមនុស្សស្រីណាស់ហ្អី មនុស្សស្អាតមួយគគោកមកស្រលាញ់មនុស្សស្រីបែបហ្នឹង!»

«អញជឿអ្ហែងហើយ នាងក្រក៏ក្រ បើស្អាតវិញគ្មានបានមួយចំណិតសង្សារចាស់ឯងទេ ចេះតែយកនាងមកធ្វើសង្សារទៅកើត»

ពាក្យសម្តីទាំងអស់នេះ បើខ្ញុំជាគាត់ឈឺចាប់ណាស់ តែខ្ញុំសរសើរគាត់តែងទទួលយកខ្ញុំជាខ្ញុំនៅក្នុងកែវភ្នែករបស់គាត់។ មិនយូរប៉ុន្មានយើងជិះមកដល់វិមានឯករាជ្យ ហួសតែវិមានឯករាជ្យបានទៅដល់អេអនហើយ។

ជាលើកដំបូងហើយដែលស្គាល់គាត់ ធ្លាប់តែគាត់ជូនទៅញ៉ាំអីជិតៗផ្ទះទេ លើកនេះគាត់ជូនទៅមើលកុនទៀត។

ខ្ញុំសម្លឹងមើលអគារខ្ពស់ៗ ខ្ពស់សន្លឹមហាក់បីដូចជាបណ្ដែតខ្លួននៅក្នុងពពក សួនច្បារធំល្វឹងល្វើយ ផ្លូវថ្នល់ក៏ធំលាតសន្ធឹងដាច់កន្ទុយភ្នែក។ ពេលកំពុងជិះតាមផ្លូវវិញ ខ្ញុំរាងអៀនដំបូងៗ មិនហ៊ានឱបគាត់ទេ តែគាត់ជិះលឿនគួរសម ពេលឈប់ស្តុបម្តងៗខ្ញុំនេះបិះហោះតោងក្បាលគាត់។

ខ្ញុំយកដៃឱបចង្កេះគាត់ គាត់ក៏ងាកមករកខ្ញុំ ហើយយកដៃគាត់ទាញដៃខ្ញុំបំណងឱ្យតោងឱ្យជាប់ខ្លាចធ្លាក់។ ខ្ញុំនេះអង្គុយខាងក្រោយលួចញញឹមតែម្នាក់ឯង បើគាត់ដឹងវិញមិនដឹងសើចខ្ញុំយ៉ាងម៉េចទេ។

ពួកយើងក៏បានមកដល់អ៊ីអន រួចជិះតម្រង់ទៅកន្លែងផ្ញើម៉ូតូសិន ទើបឡើងទៅខាងលើមើលកុន។ លើកទី៣ហើយដែលមកលេងទីនេះ តាំងពីមករស់នៅភ្នំពេញកន្លងមក លើកទី១ ទី២មកជាមួយមិត្តភក្តិដើរឡេឡឺៗ ដូចអ្នកស្រែចូលក្រុងអ៊ីចឹងភ្ញាក់ផ្អើលគ្រប់កន្លែង មិនដែលឃើញជាមួយពន្លឺភ្លើងពណ៌ ម្ហូបអាហារ និងសម្ភារៈទំនើបៗ ទាំងខ្ញុំមិនដែលឃើញហើយក៏មិនដែលប្រើប្រាស់កន្លងមកដែរ។ ដើរចូលបានបន្តិច សំឡេងទូរសព្ទរោទ៍៖

«អាឡូម៉ាលី!!»

«អាឡូអមរា!! ឥឡូវនៅណាហ្នឹង?»

«គ្នាឥឡូវនៅអ៊ីអន មិនដឹងថ្មើរណាបានទៅផ្ទះទេ អាចប្រហែលជាយប់តិចណា ថ្ងៃហ្នឹងមិនបាច់ធ្វើម្ហូបទេ គ្នាញ៉ាំអីនៅក្រៅហើយ»

«នៅអ៊ីអន ទៅជាមួយអ្នកណាគេ?»

«ជាមួយបងវង្ស គាត់នាំគ្នាមកមើលកុន»

«អីយ៉ា! អីយ៉ាឡូយណាស់ឯង អ៊ីចឹងដើរលេងឱ្យសប្បាយទៅណា»

«អួយអីយ៉ាអី? ទំនេរឱ្យណារិទ្ធិឌុបដើរលេងទៅហាសហា»

«ណារិទ្ធិហ្អី?? នែ៎!! គ្នាមិនមែនសង្សារណារិទ្ធិឯណា»

«តែព្រឹកមិញគេមកយក ឌុបទៅប្រជុំក្រុមសោះហ្នឹង»

«គ្នាឈប់និយាយជាមួយឯងហើយ បាយៗ»

«អឺម! បាយៗ»

ខ្ញុំកំពុងតែនិយាយ ងាកទៅមើលមុខបងវង្សខ្លាចគាត់អន់ចិត្តនិយាយជាមួយអ្នកផ្សេងមិនខ្វល់ពីគាត់។ ងាកទៅគាត់ញញឹមដាក់ខ្ញុំបែបមុខឆ្ងល់ ខ្ញុំនេះក៏សើច ហើយគាត់ក៏កាន់ដៃខ្ញុំ ឯខ្ញុំនេះអៀនឡើងរមួល។ ឡើងមកដល់ជាន់ទី៣ មកដល់រោងកុន គាត់ក៏បានឱ្យខ្ញុំអង្គុយចាំលើសាឡុង។

«អូនឯងចង់មើលរឿងអី»

«រឿងអីក៏បានដែរ»

«ឥឡូវងើបមកនេះសិនមក»

ខ្ញុំក្រាកឈរ គាត់ទាញដៃខ្ញុំមកឈរខាងមុខLED ដែលគេភ្ជាប់នឹងសសរ ដែលមានរឿងជាច្រើនដែលគេត្រៀមនឹងចាក់បញ្ចាំងនិងមានរាយបញ្ជីម៉ោងរឿងដែលនឹងត្រូវចាក់បញ្ចាំងផងដែរ។

«រឿងមួយនេះមើលអត់ រឿងកូរ៉េបែបស្នេហាស្វីតៗ»

«រឿងហ្នឹងក៏បានដែរ តែស្វីតពេកតិចលើសជាតិស្ករ»

«ហាសហា ស្វីតដូចបងនិងអូនឯងហ្នឹង អ៊ីចឹងសម្រេចមើលរឿងហ្នឹងបងទៅទិញសំបុត្រណា»

«ចាស! អូនអង្គុយចាំទីនោះ«

គាត់ទិញរួចគាត់ក៏ដើរសំដៅមកខ្ញុំ ព្រមទាំងកាន់សំបុត្រ២សន្លឹកនៅដៃ។ នៅមិនយូរប៉ុន្មានទេ គេនឹងចាក់បញ្ចាំងហើយ គាត់ក៏នាំខ្ញុំដើរសំដៅទៅកន្លែងគេលក់ពោត និងកូកា។ គាត់ទិញឈុតកូកា២និងពោត១ប្រអប់។ ខ្ញុំទាញលុយពីកាបូប ហុចទៅឱ្យគាត់ គាត់លើកដៃធ្វើជាសញ្ញា មិនបាច់ចេញទេ។ គាត់ទាញកាបូបរួចទាញកាតធនាគាហើយហុចទៅឱ្យអ្នកគិតលុយ។

ពិតជាពិសេសមែន មិនចាំបាច់ប្រើលុយសុទ្ធទេ ទំនើបមែនទែន។ ដៃគាត់កាន់ពោតមួយចំហៀង និងដៃមួយទៀតកាន់កូកា ដៃខ្ញុំក៏កាន់កូកាដែរ។

ដើរទៅច្រកចូល អ្នកហែកសំបុត្រគេបានពិនិត្យសំបុត្រ គាត់ក៏បានឱ្យខ្ញុំលូកចូលហៅប៉ៅខាងស្តាំរបស់គាត់ ខ្ញុំរាងអៀនបន្តិច ពេលលូកហ្នឹងខ្ញុំយកដៃរាវរកសំបុត្រ តែកុំគិតអីផ្តេសផ្តាស សូម្បីតែពូហែកសំបុត្រក៏គាត់សើចខ្ញុំដែរ។ ពេលហ្នឹងក៏ខ្ញុំល្ងង់ដែរ បើយកពោតពីដៃបងវង្សហើយ ឱ្យគាត់យកសំបុត្រខ្លួនគាត់ទៅ ក៏គេមិនមើលមកខ្ញុំនិងសើចខ្ញុំដែរ។

ពួកយើងត្រូវឡើងជណ្តើរយន្តទៅខាងលើ បន្ទប់ដែលយើងចូលមើលគឺបន្ទប់លេខ៣ កៅអីបងវង្សគាត់យកនៅកណ្តាលគេហើយរាងឆ្ងាយពីកញ្ចក់បញ្ចាំងឆ្ងាយ ស្រួលមើល។ មនុស្សច្រើនគួរសមដែរ។ ពេលដើរចូលទៅអង្គុយហ្នឹង ខ្ញុំមើលមិនសូវឃើញទេ គេជិតចាក់បញ្ចាំងរឿង ខ្ញុំដើរជាន់ជើងគេតាមផ្លូវដើរ ខ្លាចតែគេជេរខ្ញុំទេ តែបានបងវង្សដើរពីក្រោយខ្ញុំ សុំទោសជំនួសខ្ញុំគ្រប់គ្នា គេម្នាក់ៗតាមមើលមុខគាត់គ្រប់គ្នាពេលដើរកាត់ មានអ្នកខ្លះយកដៃខ្ទប់មុខខ្លួនឯងពេលគាត់សើចដាក់ ប្រហែលជាអៀននិងស្នាមញញឹមរបស់គាត់។

គាត់ឱ្យខ្ញុំអង្គុយនៅចំហៀងឆ្វេងដៃរបស់គាត់។ ដំបូងគេបញ្ចាំងឈុតរឿងខ្លី ៣ ៤រឿងខ្ញុំនេះពេលឈុតរឿងខ្មោច ចង់តែស្រែកឱ្យបែករឿងកុនខ្លាចសាហាវ យកដៃទាំងពីរបិទភ្នែកមិនមើលទេ តែក៏នៅតែខ្លាចសំឡេងគេចាក់ពញ្ញាក់ម្តងៗ ឡើងបងវង្សគាត់ទាញក្បាលខ្ញុំនៅផ្អែកនិងស្មាគាត់។

ខ្ញុំនេះមិនចាប់អារម្មណ៍ទេ តែគ្រាន់ឈុតនឹងចប់ ងើបខ្លួនមកវិញ បែបជានឹកឃើញធ្វើរឿងអម្បាញ់មិញបែរជាអៀនទៅវិញ។ ហើយខ្ញុំនិយាយទៅបងវង្សថាមើលរឿងអីក៏បាន សំណាងហើយដែរមើលរឿងស្នេហានោះ តែគាត់ដឹងថាខ្ញុំខ្លាចអ៊ីចឹងច្បាស់ណាស់ លើកក្រោយនាំមកក៏មិនមើលរឿងខ្មោចដែរ។

កុនចាប់ផ្តើមគេចាក់បញ្ចាំង ពោតបងវង្សជាអ្នកកាន់ ខ្ញុំទាញកូកាដែលដាក់ចូលប្រឡោះនៅជិតដៃខាងស្តាំយកមកក្រេបបន្តិចហើយដាក់ចុះវិញ។ គាត់បានងាកមកមើលមុខខ្ញុំ៖

«ញ៉ាំពោតទៅ»

ខ្ញុំងក់ក្បាលហើយយកដៃលូកពីរបីយកមកទំពារបណ្តើរមើលរឿងបណ្តើរ។ ខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំកក់ក្តៅខ្លាំងណាស់ តែមិនដឹងថាវាមានរឿងវិញបែបជាលោតញាប់ម្ល៉េះ ខ្ញុំព្យាយាមសម្រួលអារម្មណ៍។

រឿងស្នេហានេះអីក៏កម្សត់ខ្លះ តួស្រីតួប្រុសល្មមតែបាន ចួបគ្នា ត្រូវលះបង់ទាំងសងខាង សុខចិត្តចាកចេញពីអ្នកផ្ទះ ដើម្បីរស់នៅជាមួយគ្នាទាំងលំបាកវេទនា តែវាជាក្តីសុខរបស់ពួកគេ រស់នៅដោយមានអត្ថន័យ មានទាំងកំប្លែងសើចសប្បាយនិងកើតទុក្ខ កំប្លែងជាងគេ គឺតួប្រុសកុហកតួស្រីពេលញ៉ាំពងមាន់ស្ងោរជាមួយទឹកត្រី ថាវាពងមាន់ផាក់ឡូវ ផាក់ឡូវណាមានពងមាន់នោះ។

តួស្រីស្តាប់ហើយក៏សើច តែពួកគេទាំងពីរតស៊ូជាមួយគ្នាទាល់តែមានអ្វីគ្រប់យ៉ាង ទើបក្រុមគ្រួសារគេទទួលស្គាល់ពួកគេ។ តែស្វីតជាងគេពេលរៀបការ គេថើបមាត់គ្នា ខ្ញុំមើលឡើងអៀន តែបងវង្សគាត់ងាកមកមើលមុខខ្ញុំ ហើយអ្នកមើលស្រែកកន្លែងហ្នឹងឡើងផ្អើលរោងកុន។

រឿងក៏បានចប់ ក្នុងរោងកុនគេបានបើកភ្លើង ដើម្បីឱ្យអ្នកមើលបានចាកចេញ។ បងវង្សនិងខ្ញុំមិនទាន់ក្រោកទេ ចាំគេចេញអស់ទូលាយបន្តិចបានគាត់ក្រាក។ គាត់បានបោះដៃឱ្យខ្ញុំ កាន់ដៃគាត់ក្រោកឡើង ចាកចេញពីរោងកុន។

«ចង់ទៅបន្ទប់ទឹកឬអត់?» គាត់សួរខ្ញុំ។

ខ្ញុំក៏បានងក់ក្បាល គាត់ក៏ចូលបន្ទប់ទឹកដែរ។ ដោយសារនៅក្នុងរោងកុនយូរត្រជាក់ ហើយញ៉ាំកូកាអស់ច្រើនទៀត អ្នកណាក៏ឈឺនោមដែរ។ ខ្ញុំចេញមកចាំគាត់មុននៅខាងក្រៅ ស្រាប់តែឃើញណារិទ្ធិបណ្តើរមនុស្សស្រីម្នាក់ កម្ពស់ប្រហែលគ្នា ខ្ញុំមិនបានឃើញមុខម្នាក់ស្រីហ្នឹងទេ តែគេងាកមុខមកចំពេលដែលខ្ញុំកំពុងតែមើលគេ ហើយបងវង្សចេញមកកាន់ដៃខ្ញុំ គេក៏ងាកទៅវិញ បែបជាមិនស្គាល់ខ្ញុំទេដឹង ហើយគេក៏ដើរចូលរោងកុនបាត់ទៅ។ ខ្ញុំគិតក្នុងចិត្ត៖

«អីយ៉ា! ឃើញអត់មាត់ៗមានសង្សារបាត់ ហើយ ចាំបាច់អីធ្វើជាជិតសិ្នទ្ធនឹងម៉ាលីធ្វើអី ចង់ឱ្យគេខូចចិត្តមែន មនុស្សប្រុសគឺបែបនេះ» ស្រាប់តែបងវង្សឆ្ងល់ ខ្ញុំនិយាយឮត្រង់មនុស្សប្រុសបែបនេះ។

«អីគេមនុស្សប្រុសបែបនេះអូន»

«អូ! គ្មានអីទេបង!! មើលរឿងអម្បាញ់មិញ ក៏បានគិតថា មនុស្សប្រុសបែបហ្នឹងមិនដឹងជានារីនោះសំណាងយ៉ាងម៉េចទេបងអើយ!»

«មនុស្សម្នាក់ហ្នឹងគឺជាបងហើយហាសហា»

«មែន?? ឱ្យដូចមាត់បងនិយាយ»

«ឥឡូវយើងរកអីញ៉ាំសិន អូនចង់ញ៉ាំអី?»

«ញ៉ាំអីក៏បាន!»

«ភីហ្សា ប៊ីហ្គ័រ ឬក៏អីផ្សេងទៀត»

«ថាអីក៏បានដែរ!»

«ញ៉ាំភីហ្សាទៅ» ខ្ញុំងក់ក្បាល។

ខ្ញុំនិយាយមែនពេលហ្នឹងធ្វើដូចខ្លួនឯងព្រះនាងអ៊ីចឹង ឡើងបងវង្សតាមខ្វល់ខ្វាយ។ ចុះមកជាន់ទី២ ក៏ដើរមកដល់ហាងភីហ្សា បងវង្សស្គាល់គ្រប់កន្លែង ហេតុតែគាត់ជាកូនអ្នកមាន ចេញចូលគ្រប់ផ្សារទំនើបនិងកន្លែងល្បីៗប្រេនៗមួយចំនួន។

ចូលទៅដល់ហាង គាត់បានទាញកៅអីឱ្យខ្ញុំអង្គុយ រួចគាត់ដើរទៅកម្មង់ភីហ្សា កុម្មង់រួចគាត់មកអង្គុយទល់មុខខ្ញុំ។

«បងកុម្មង់ភីហ្សារសជាតិអីគេ»

«គឺរសជាតិដែលអូនចូលចិត្តហ្នឹងហើយ»

«គ្រឿងសមុទ្រ អួយបងនៅចាំទៀត»

«ថ្វីមិនចាំ បើអូនជាមនុស្សដែលបងស្រលាញ់ហើយហ្នឹង»

ខ្ញុំនេះឮអ៊ីចឹង អង្គុយញញឹមបិទមាត់មិនជិត។ ប្រហែលជា១០នាទី រៀងយូរដែរ តែមិនយូរប៉ុន្មានទេ ដោយសារជក់និយាយសាសងជាមួយបងវង្ស គាត់សម្តីផ្អែមណាស់និយាយកំប្លែងឱ្យខ្ញុំសើចរហូត ឡើងចង់ជាប់មាត់។

ភីហ្សាគេបានលើកដាក់លើតុ គាត់បានហែកទឹកប៉េងប៉ោះនិងទឹកម្ទេស ដាក់ពីលើភីហ្សា ហើយគាត់បានយកស្លាបព្រានិងសមរបស់គាត់ដួសវាមួយជំនិតយកមកដាក់លើចានខ្ញុំ។ ខ្ញុំចង់រកដួសដាក់ឱ្យចានគាត់ដែរ តែរាងអៀនគាត់ក៏ដួសដាក់ចានខ្លួនឯង។ ខ្ញុំប្រើក្រដាសជូតមាត់ ចាំវាកាន់ញ៉ាំតែម្តង មិនសូវចេះប្រើកាំបិទកាត់ទេ ខ្លាចគេមើលមកឆ្គងៗ។

ខ្ញុំអង្គុយញ៉ាំមើលទឹកមុខគាត់ដែលកំពុងកាត់ភីហ្សាហើយយកសមរបស់គាត់ចាក់ញ៉ាំ គួរឱ្យស្រលាញ់ណាស់។ គាត់ស្រាប់តែងើបឈរហើយទាញក្រដាសជូតមាត់ មកជូតមាត់ខ្ញុំកំពុងតែប្រឡាក់ទឹកម្ទេស ថ្មមៗ ដូចក្នុងរឿងម៉េចគឺបែបហ្នឹង។ ខ្ញុំនេះឡើងធ្វើមុខភ្លើសម្លឹងទៅមើលកែវភ្នែករបស់គាត់ ដែលថ្ងៃនេះគាត់មិនពាក់វ៉ែនតាទេ បើនៅសាលាគឺពាក់រាល់ថ្ងៃ។ ខ្ញុំក៏ឱនមុខចុះ៖

«អរគុណបង»

«បាទ» គាត់ឆ្លើយបាទ មួយម៉ាត់មែនតែពីរោះណាស់ អ្នកល្មមៗនឹងលង់សំឡេងរបស់គាត់មិនខាន។

ក្រោយពីញ៉ាំភីហ្សារួចរាល់ ម៉ោង៧ជាងទៅហើយ គាត់ក៏បានមើលមកមុខខ្ញុំ។

«អូនចង់ទៅលេងណាទៀតអត់?»

«ចុះបងចង់ទៅលេងណា?»

«បងកំពុងសួរអូន ឬក៏អូនចង់សម្រាក យប់ទៅហើយ»

«អ៊ីចឹងក៏បាន ណាមួយថ្ងៃស្អែកចូលរៀនផង អូនក៏អស់កម្លាំងដែរ»

«អ៊ីចឹងចេញពីហ្នឹងទៅចាំបងឌុបអូនដាក់ផ្ទះណា»

«ចាសបង» ការពិតចង់នៅក្បែរគាត់ឱ្យយូរជាងនេះទៀត តែងគង់តែមានឱកាសក្រោយទៀតទេ។

គឺនិយាយថាចង់ទៅផ្ទះវិញ ប្រហែលជាគាត់ចង់សម្រាកអាចហ្នឹងអស់កម្លាំងដែលជូនខ្ញុំមើលកុននឹងដើរលេង។ ក្រោយពីញ៉ាំអីរួចហើយ ពួកយើយក៏ចាកចេញពីហាងភីហ្សាចុះមកជាន់ខាងក្រោមដើម្បីត្រលប់ទៅផ្ទះវិញ។

ចុះមកជាន់ក្រោមគេបង្អស់ ខ្ញុំនេះឃើញហាងខោអាវស្អាតៗណាស់ តាមមើលសឹងមិនដាក់ភ្នែក ជាពិសេសគ្រឿងផាត់មុខ វាចម្លែកអីខ្ញុំនេះស្រីនឹងគេដែរ ចេះតែលាបក្រែម និងផាត់ម្សៅតិចៗលើមុខតែប៉ុណ្ណោះ។ ស្រាប់តែបងវង្សកើតអីក៏មិនដឹង បានចាប់ទាញដៃខ្ញុំចូលហាងលក់គ្រឿងផាត់មុខ។

«អូនឯងស្រលាញ់មួយណាយកមួយហ្នឹងទៅ»

«កុំអីបង»

«ថាមិនអីទេ បងដឹងថាអូនចង់បាន!»

ខ្ញុំនេះឡើងអៀនអ្នកលក់គេដើរមកជិត ហើយនាំខ្ញុំទៅមើលនិងតេស្តផលិតផលទាំងនោះ។ ខ្ញុំក៏តេស្តតាម ដែលអ្នកលក់គេហុចឱ្យតេស្ត គាត់បានយកក្រែមមកតេស្តលើដៃខ្ញុំ ហើយគាត់យកដៃគាត់ជូតថ្មមៗ សាច់ក្រែមម៉ដ្តខៃ ពណ៌ក៏ស្រស់ស្អាត ស្មើសាច់ល្អ។

ងាកទៅបងយ៉ាវង្សគាត់ងក់ក្បាលហើយ សើចតិចៗដាក់ខ្ញុំ មើលទៅដូចជាមានក្តីសុខណាស់ចំពោះគាត់ ដែលបានធ្វើរឿងទាំងអស់នេះឱ្យខ្ញុំ។ គាត់ងើបពីសាឡុងអង្គុយ ដើរមកជិតខ្ញុំ៖

«បើស្រលាញ់យកឈុតហ្នឹងទៅ»

«មិនបាច់ទេបង កុំឱ្យបងចំណាយលុយទៀតអី»

«ថាមិនអីទេ បងជួយខ្ចប់ឈុតហ្នឹងមកបង ហើយគិតលុយទៅ!»

«ចាសអូន!»

ខ្ញុំរាងរំភើបតិច អត់តិចក្នុងចិត្តគិតថា ហេតុអ្វីគាត់ហ៊ានចំណាយលុយ ធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ គ្រាន់តែឈុតអម្បាញ់មិញ ១០០ដុល្លាជាងទៅហើយ លុយច្រើនណាស់មិនមែនតិចទេ គាត់ហ៊ានទិញឱ្យខ្ញុំ។ អ្នកលក់ក៏បានខ្ចប់ បងវង្សយកពីដៃអ្នកលក់ហុចឱ្យខ្ញុំ។

«នេះជាកាដូបងជូនអូន ប្រើវាផងណាកុំទុកមើល សង្ឃឹមថាអូនសប្បាយចិត្ត!»

«ចាសអរគុណបងច្រើនហើយ»

ខ្ញុំសឹងតែពេលនោះឱបគាត់ឱ្យខ្លាំងតែម្តងរំភើបឡើងចង់ស្រក់ទឹកភ្នែក បើអាចថើបថ្ពាល់គាត់ទៀត។ ខ្ញុំបានចាកចេញពីហាង គាត់កាន់ដៃខ្ញុំឡើងជាប់ ជាពិសេសស្នាមញញឹមនិងភាពសង្ហារបស់គាត់គឺមានភាពទាក់ទាញ គេតាមមើលគាត់គ្រប់គ្នា។

ពេលដើរមកយកម៉ូតូជាមួយគាត់ ក៏ស្រាប់តែឃើញណារិទ្ធិទៀត ប្រហែលជាទើបតែចេញពីមើលកុនទេដឹង ឃើញគេបើកទ្វារឡាន ហើយម្នាក់ស្រីដែលដើរជាមួយគេនោះ ចូលឡាន គេធ្វើដូចជាអង្គរក្សនារីនោះអ៊ីចឹង ម្នាក់ស្រីនោះឡើងដូចព្រះនាង។

ហេតុតែគេជាកូនអ្នកមានជិះសុទ្ធតែឡាន ដឹកស្រីដើរលេងមើលកុន។ ខ្ញុំក៏មិនខ្វល់អីច្រើនក៏បានឡើងម៉ូតូបងវង្ស ហើយក៏ជិះចេញពីអ៊ីអនមកផ្ទះជួលខ្ញុំវិញ។ គាត់បានឌុបខ្ញុំជិះកាត់មុខវាំង មើលឃើញយប់ឡើងនៅមុខវាំងស្អាតខ្លាំងណាស់ មានភ្លើងពណ៌ចម្រុះ ជាមួយទេសភាពស្រស់ត្រកាល ខ្យល់បក់រំភើយចេញពីទឹកទន្លេ ជាមួយក្លិនផ្ការំដួលដែលបានដាំមួយជួរតាមមាត់ទន្លេ មានក្លិនក្រអូមឈ្ងុយឈ្ងប់លាយសន្សីមត្រជាក់ចូលមកក្នុងច្រមុះ។

ខ្ញុំនេះភ្លេចខ្លួនលើកដៃត្រដាងដូចស្លាបសត្វ គ្រវីសក់ដូចតួស្រីក្នុងរឿងកុន ជាមួយម៉ូតូបងវង្សជិះរាងលឿនផងនោះ ខ្ញុំបានយកដៃទៅឱបខ្លួនគាត់យ៉ាងណែន ហើយ គាត់ងាកបែរក្បាលមករកខ្ញុំបន្តិច ហើយក៏គាត់ងាកទៅវិញ។ ខ្ញុំបានដាក់ក្បាលរបស់ខ្ញុំគេងលើខ្លួនរបស់គាត់ យ៉ាងមានក្តីសុខនៅក្នុងជីវិត។

ពួកយើងក៏បានជិះមកដល់ផ្ទះជួល ខ្ញុំចុះពីលើម៉ូតូ ហើយគាត់ក៏ចុះពីលើម៉ូតូ។ គាត់ដើរក៏ជិត ខ្ញុំធ្វើមុខឡេឡឺ ការពិតគាត់មកដោះមួកពីក្បាលខ្ញុំសោះ។ ខ្ញុំលើកដៃលាគាត់

«ឈប់សិន!!»

ខ្ញុំងាកខ្លួនបម្រុងនឹងដើរចូលបន្ទប់ហើយ គាត់ហុចកាដូដែលគាត់ទិញឱ្យ ខ្ញុំភ្លេចឱ្យឈឹងថាគាត់ព្យួរនឹងដៃម៉ូតូរបស់គាត់។ ខ្ញុំទទួលពីគាត់ហើយ ទៅក្បែរគាត់ថើបថ្ពាល់គាត់មួយខ្សឺត។ ខ្ញុំថើបហើយមុខប្រែជាក្តៅ ឡើងក្រហមអៀន គាត់ក៏ញញឹមដាក់ខ្ញុំ។

«បងទៅវិញហើយណាអូន»

«ចាស! អរគុណបងសម្រាប់ថ្ងៃនេះ សុខសប្បាយតាមផ្លូវបង បាយៗ»

«បាទ» គាត់ក៏ចេញម៉ូតូទៅបាត់ទៅ ខ្ញុំងាកមកមាត់ទ្វារ ម៉ាលីគេកំពុងឈរនៅមាត់ទ្វារភ្ញាក់ឱ្យព្រឺត។ ចំណែកអ្នកនៅជិតខាងមើលមកខ្ញុំ ខ្ញុំមើលទៅពួកគេវិញ គេចូលផ្ទះបិទទ្វារអស់។

«ស្វីតណាស់គេ សុទ្ធតែថើបគ្នាទៀត»

«ម៉ាលីកុំប៉ិននិយាយពេក តស់!​ ចូលផ្ទះខ្មាសគេណាស់»

«ខ្មាសអី សុទ្ធតែចង្អើតទៅថើបថ្ពាល់គេ»

«ចុះបើកើតមកទាបធ្វើម៉េច ហើយគាត់ខ្ពស់» ខ្ញុំយកកាដូដែលគាត់ទិញឱ្យដាក់លើតុ។

«អីគេហ្នឹង គាត់ទិញឱ្យឯងមែន» ខ្ញុំងក់ក្បាល

«អីយ៉ាគ្រឿងផាត់មុខ ១០០ដុល្លាជាង គាត់ហ៊ានទិញឱ្យឯង»

«គ្នាថាមិនបាច់ទេ តែគាត់ទិញឱ្យជាកាដូគ្នា»

«ឡូយណាស់គេ ហេតុតែសង្សារគេជាអ្នកមាន» ខ្ញុំក៏ដូរខោអាវ រួចក៏អង្គុយលើគ្រែ។

«អឺ និយាយរឿងសង្សារឯងវិញ គ្នាឃើញនៅអ៊ីអន»

«ម្នាក់ណាសង្សារខ្ញុំនោះ? ម៉េចក៏ខ្ញុំមិនដឹង»

«ណារិទ្ធិដែលតាមស្រលាញ់ឯងហ៎ ទៅមើលកុនជាមួយស្រីទៀត គេក្បត់ចិត្តឯងបាត់ហើយ នឹងមិនទាន់ស្រលាញ់គ្នាជាមួយឯងមិនបានប៉ុន្មានផង!»

«ណារិទ្ធិ ចេញពីប្រជុំក្រុមហ្នឹងគេជូនខ្ញុំមកដាក់ផ្ទះតើ! ដោយសារកង់ខូច ក៏ផ្ញើកន្លែងជាងធ្វើទៅ មិនទាន់ទៅយកផង ចាំស្អែកទៅ»

«គេជូនឯងមកផ្ទះរួច អ៊ីចឹងគេឆ្លៀតទៅដឹកស្រីមើលកុនដើរលេង»

«ទេ! គាត់បបួលខ្ញុំទៅមើលដែរ តែមិនស្រួលខ្លួន ហើយបើទៅក៏មិនមែនជាមួយណារិទ្ធិតែម្នាក់ដែរ មានប្អូនស្រីគាត់តើ!»

«ប្អូនស្រី!! គ្នាមិនជឿ»

«នេះមិនជឿមើលទៅ រូបគាត់ផ្ញើឱ្យមើលហេស គាត់មើលកុនរឿងនេះ»

ខ្ញុំឃើញរូបអាប៉ិហ្នឹងហើយហួសចិត្តខ្លួនឯង ការពិតប្អូនស្រីគេមែន។ តែមិនយល់ថាម៉ាលីនិងរិទ្ធិគេជាសង្សារនឹងគ្នាមែនឬអត់ បើទំនាក់ទំនងរបស់គេមិនដូចជាសង្សារនឹងគ្នាសោះ។

«ម៉ាលីគ្នាសួរមួយមើល ឯងនិងណារិទ្ធិស្រលាញ់គ្នាមែនអត់?»

«ណារិទ្ធិមែន? គ្នានិយាយត្រង់គ្នាមានចិត្តលើគាត់ តែមិនដឹងថាគាត់មានចិត្តលើគ្នាអត់ទេ តែគាត់ធ្លាប់ប្រាប់គ្នាថាគាត់មានអ្នកស្រលាញ់ តែគាត់សុំលាក់»

«អួយមនុស្សប្រុសតែប៉ុណ្ណឹង ដូចបងវង្សញ៉ែគ្នាដំបូងអ៊ីចឹង ស្រលាញ់តែមិនប្រាប់ទេ លាក់ៗតែព្យាយាមតាមញ៉ែយើងតែប៉ុណ្ណឹង»

«គ្នាមិនដឹងទេ ចាំមើលទៅមុខទៀតសិន»

«គ្នាដូចអស់កម្លាំងណាស់ គ្នាគេងសិនហើយ ថ្ងៃនេះសប្បាយចិត្តណាស់ ចង់ឱ្យមានពេលវេលាបែបនេះមានរាល់ថ្ងៃ» ខ្ញុំក៏ទាញទូរសព្ទយកមកចុចលេងហ្វេកបុក ជាសារបងវង្សឈែតមក។

«បងដល់ផ្ទះហើយណា សម្រាកទៅអូន G9»

«ចាសបង G9 too»

ពិតជាមនុស្សប្រុសដែលស្មោះត្រង់ និងខ្វល់ខ្វាយពីមនុស្សដែលខ្លួនស្រលាញ់ខ្លាំងណាស់។

ថ្ងៃនេះខ្ញុំក្រោកពីព្រឹកព្រលឹម ទាញគ្រឿងផាត់មុខ ដែលបងវង្សទិញជូនម្សិលអម្បាញ់មិញយកមកផាត់លើមុខ។ ខ្ញុំមិនសូវចេះផាត់ទេ បានតែផាត់តិចៗលើមុខ និងលាបក្រែមតែប៉ុណ្ណោះ។

ខ្ញុំដឹកម៉ាលីទៅយកកង់របស់នាង រួចក៏ជិះទៅសាលាដំណាលគ្នា។ ចេញពីរៀនថ្ងៃត្រង់ម៉ោងបាយ ខ្ញុំនិងម៉ាលីទៅហូបបាយថ្ងៃត្រង់នៅអាហារដ្ឋាននៅចំហៀងសាលាដូចរាល់ដង។ ទៅដល់ខ្ញុំក៏ដាក់បាយស្រូបសាច់ជ្រូក ឈរចាំអ៊ីអ្នកលក់គាត់ហុចឱ្យ ខ្ញុំស្មានតែគាត់ដាក់ឱ្យខ្ញុំរួចហើយ ខ្ញុំហុចដៃយកមិនចាប់អារម្មណ៍ថាអ្នកក្រោយខ្ញុំអ្នកណាទេ។ ស្រាប់តែអ៊ីអ្នកលក់៖

«របស់អាអូនមួយក្រោយទេអូន!»

ខ្ញុំងាកទៅអាប៉ិនិយាយច្រើនសោះ ខ្ញុំក៏យកហុចឱ្យគេ គេក៏ហុចឱ្យខ្ញុំវិញ យកមុនខ្ញុំទៅមិនអីទេ។ ខ្ញុំនេះវាឃ្លានដែរ ក៏ទទួលពីគេ។ គិតក្នុងចិត្តនេះ ថ្ងៃនេះគេចិត្តល្អម៉្លេះ យកចិត្តខ្ញុំដើម្បីតាមស្រលាញ់ម៉ាលីហើយ។

«ណារិទ្ធិ ម៉ាលីអង្គុយនេះជាមួយខ្ញុំ!»

គេក៏ស្រាប់តែងក់ក្បាល ខ្ញុំនេះមិនមែនមេអណ្តើកអីទេ។ ម៉ាលីវិញគេកុម្មង់មីឆា ក្រឡេកមកមើលខ្ញុំនិយាយជាមួយរិទ្ធិថាគេអង្គុយកន្លែងនោះស្រាប់។

«អមរាកុំលក់មុខគ្នាពេក!»

«នោះគេមកអង្គុយជិតឯងហើយ»

«ខ្ញុំសុំអង្គុយហ្នឹងដែរ បានអត់?» ក្រោយពីញ៉ាំអីរួច អង្គុយជជែកគ្នាលេងជាមួយពួកគេ។ ណារិទ្ធិគេអង្គុយមើលមកមុខខ្ញុំភ្លឹកៗ។

«អមរាឥឡូវស្អាតម៉្លេះ!»

«ណារិទ្ធិកើតអីថ្ងៃហ្នឹង ក្តៅខ្លួនទេដឹង សុខៗសរសើរខ្ញុំថាស្អាត!»

«រាល់ដងអត់ដែលឃើញផាត់មុខ ថ្ងៃនេះឃើញផាត់មុខមិនប្លែក មែនអត់ម៉ាលី?!»

«អើយ! ណារិទ្ធិអើយ អមរាគេស្អាតឱ្យរាល់តែថ្ងៃ គេមានអ្នកថែមិនមែនដូចខ្ញុំណា!»

«អូ!​ គេមានអ្នកថែទៀត ដឹងហើយសិស្សច្បងមួយសង្ហាហ្នឹង គេសង្ហា មានមនុស្សតាមស្រលាញ់គ្រប់គ្នា ខ្ញុំវិញចប់គ្មានអ្នកមើលឃើញផង!»

«ត្រូវហើយគាត់ឡើងសង្ហា គួរឱ្យស្រលាញ់ណាស់ មិនដូចអ្នកខ្លះទេហាសហា»

«អមរាឯងកុំចេះតែនិយាយអ្នកខ្លះ និយាយពីណារិទ្ធិមែន គ្នាអន់ចិត្តស្លាប់ហើយ ណារិទ្ធិមានទៅចាញ់អីសង្ហាដែរសោះហ្នឹង»

«សង្ហាតែម៉ាលីឯងទៅ ហាសហា»

«ន៎ក! ណារិទ្ធិលែងនិយាយហើយ ណារិទ្ធិកុំតូចចិត្តណា!»

«មិនអីទេ អ្នកខ្លះមើលមិនឃើញ តែក៏មានអ្នកខ្លះមើលឃើញដែរហាសហា!»

ខ្ញុំស្រាប់តែឆ្ងល់ពាក្យសម្តីណារិទ្ធិនិយាយ អ្នកខ្លះមើលមិនឃើញ តែក៏មានអ្នកខ្លះមើលឃើញ ឬក៏បែបស្រលាញ់ខ្ញុំដែរ តែខ្ញុំមើលមិនឃើញ មានតែម៉ាលីទេដែលមើលឃើញណារិទ្ធិហើយស្រលាញ់គេដែរ។ ណារិទ្ធិអើយណារិទ្ធិ បើខ្ញុំអត់បងវង្សក៏ខ្ញុំមិនយកណារិទ្ធិឯងធ្វើសង្សារដែរ ធ្វើជាមិត្តភក្តិទៅល្អជាង។ មានឱកាសយកម៉ាលីទៅ នាងក៏ស្រលាញ់ឯងដែរ។ ទូរសព្ទខ្ញុំដូចជាឮសំឡេងសារ ខ្ញុំចុចចូលមើល។

«អូននៅណា? មកកន្លែងកាហ្វេធម្មជាតិមក បងនៅហ្នឹង!»

«អូននៅកន្លែងញ៉ាំអី ចាំតិចអូនទៅ!»

«អូខេ!»

ខ្ញុំក៏លាពួកគេទៅមើលមុន ថាជាប់ណាត់ហើយ ទៅមុនពួកគេហើយ ស្រាប់តែពួកគេសើច។ ខ្ញុំចេញពីពួកគេ ទុកឱកាសឱ្យគេសាសងគ្នាទៅ ខ្ចិលរំខាន។

គេក៏ដឹងដែរ ថាខ្ញុំទៅចួបអ្នកណាគេ។ ខ្ញុំក៏ដើរមកកាហ្វេធម្មជាតិ មកដល់ឈរស្ញៀមមើលឆ្វេងស្តាំ មិនដឹងថាបងវង្សគាត់អង្គុយណាទេ តែឃើញមនុស្សប្រុសម្នាក់បក់ដៃ គឺបងយ៉ាវង្ស។

ខ្ញុំដើរចូលទៅក្នុងហាងកាហ្វេនោះទៅអង្គុយលើកៅអី គាត់កំពុងតែអង្គុយជាមួយមិត្តភក្តិគាត់ម្នាក់សិស្សច្បងឈ្មោះរាជ។ ខ្ញុំទាញកៅអីអង្គុយក្បែរ គាត់ក៏បានកុម្មង់ផាសិនសូដាឱ្យខ្ញុំរួចជាស្រេច។

«នេះរបស់អូន ញ៉ាំអី? ថ្ងៃនេះដូចប្លែក!«

«ប្លែកត្រង់ណាបង?»

«មែនតើអាវង្ស អមរាថ្ងៃនេះ ស្អាតប្លែក!»

«អួយប៉ិនណាស់ពួកបងឯងនេះ បងឯងហូបអីរួចនៅ?»

«បងរួចហើយ!»

«ចុះថ្ងៃនេះបងអត់បង្រៀនសិស្សប្អូនទេ?»

«អត់ទេថ្ងៃហ្នឹងបងសុំគេសម្រាក មកចួបអូនហ្នឹងនឹកអូនពេក!»

«អួយរងាន់ហាស ការពិតគេយកសាលប្រជុំសោះហ្នឹង!» បងរាជនិយាយ

«កុំចេះអានេះ ហើយមានកិច្ចការអីឱ្យបងជួយអត់!»

«គ្រូប្រមូលរួចអស់ហើយបង ភ្លេចៗខ្លួនជិតចូលឆ្នាំទី៣ហើយគ្មានចេះអីទេហាសហា!»

«ពួកបងកាលរៀនក៏អត់ចេះដែរ តែដូចអត់ឃើញម៉ាលីដើរជាមួយអូនឯង!»

«បងរាជរកម៉ាលីមែន? អីយ៉ា! អីយ៉ា!»

«អីយ៉ាអីបងគ្រាន់តែសួរតើ!»

«ម៉ាលីចេញពីកន្លែងញ៉ាំអីទៅប្រជុំក្រុមបាត់ហើយ គេធ្វើគម្រោងអីទេប្រកួតជាមួយសាលាផ្សេងនោះ អត់តែខ្ញុំទេយកពេលទំនេរ ដេកលេងហាសហា!»

ក្រោយជជែកគ្នាអស់មួយសម្ទុះ ខ្ញុំក៏ដល់ម៉ោងរៀនម៉ោងបន្ទាប់ ខ្ញុំក៏លាបងវង្សនិងបងរាជទៅរៀន។ ខ្ញុំចេញទៅព្រមទាំងកាន់កែវផាសិនសូដាយកតាមខ្លួនញ៉ាំ ដែលបងវង្សបានទិញឱ្យ។ ផាសិនសូដាជូរផ្អែម តែខ្ញុំញ៉ាំទៅផ្អែមទៅៗដោយតែមានសង្សារទិញឱ្យញ៉ាំ អ៊ីចឹងបានផ្អែមខុសពីធម្មតា។

ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តប្លែកខុសពីធម្មតា មិនដឹងថាមានរឿងអី ខ្ញុំញាក់ភ្នែកតាំងពីព្រឹក មិនដឹងថាលាភ ឬលាភអាណិតទេខ្ញុំ។ តែក្នុងចិត្តសប្បាយខុសពីធម្មតា ស្រាប់តែបងវង្សខលមកខ្ញុំ៖

«អាឡូអូន ថ្ងៃនេះទំនេរឬអត់?»

«អាឡូបង ថ្ងៃនេះទំនេរតើ! បងមានការអីមែន?»

ទោះបីជារវល់ក៏ថាទំនេរដែរ ខានបានដើរលេងជាមួយគាត់យូរហើយ។

«ម៉ោង៤ជាង បងទៅយកអូនណា រៀបចំខ្លួនឱ្យស្អាតទៅណា!»

«ទៅណាវិញបង?»

«រៀបចំតែខ្លួនមក ចាំបងប្រាប់តាមផ្លូវ ម៉ោង៤បងទៅយកអូនណា!»

«ចាស! ចាស!” ខ្ញុំនេះភ័យអរ ភ័យមិនដឹងថាគាត់ស៊ុបប្រាយរឿងអីទៀតហើយ ឬក៏នាំទៅមើលកុនដូចលើមុនទៀតមិនដឹង។

«អមរាថ្ងៃនេះឯងដូចសប្បាយចិត្តម៉្លេះ ឃើញថ្ងៃនេះប្លែកជាងរាល់ដង»

«ហាសហា គ្មានអីទេ ថ្ងៃហ្នឹងបងវង្សនាំទៅដើរលេងទៀតហើយ!»

«ឡូយណាស់គេ ស្វីតរហូតច្រណែនឯងណាស់!»

«ចុះណារិទ្ធិសង្សារឯងនោះ?»

«អួយកំពុងតែមើលចិត្តគ្នាសិន មិនដឹងយ៉ាងម៉េចទេ!»

«មើលចិត្តគ្នាយូរៗ ប្រយ័ត្នអត់ទាំងសងខាងហាសហា!»

«បើអត់ក៏អត់តាមហ្នឹងទៅធ្វើម៉េច បើគ្មាននិស្ស័យជាមួយគ្នា បើបានដូចឯងវិញស្នេហាឯងមានសុភមង្គលណាស់ ឥឡូវគ្នាត្រូវទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិពីរបីនាក់ គេហៅទៅញ៉ាំអីជុំគ្នា រកបបួលឯងដែរ តែដោយសារឥឡូវឯងជាប់dateអីហើយ ខ្ចិលបបួលណាស់!»

«អឺ! អឺ! គ្នាមិនបានទៅទេណា ប្រាប់ពួកគេផង!»

«គ្នាទៅសិនហើយណាអ៊ីចឹង!»

«អូខេ!»

មានភាគបន្ត…

រឿង៖ ព្រោះគេគ្មានបេះដូង (ភាគ១)
«គេគួរឱ្យស្រលាញ់»

ក្តីស្រលាញ់ពិត វាពិបាកហាមឃាត់ឱ្យយើងបំភ្លេចមនុស្សដែលយើងស្រលាញ់ខ្លាំងណាស់

ខ្ញុំកំពុងតែអង្គុយក្នុងហាងកាហ្វេធម្មជាតិមួយនៅក្នុងសាលារៀន ស្រាប់តែនឹកឃើញរឿងអតីតកាលកាលពីខ្ញុំនៅរៀនក្នុងសាកលវិទ្យាល័យមួយនេះអស់រយៈពេល៥ឆ្នាំ តែឥឡូវខ្ញុំក៏បានរៀនចប់រយៈពេល៥ឆ្នាំមកហើយ។

សាលាដូចជាគ្មានអ្វីប្លែកបន្តិចសោះ កន្លែងដែលខ្ញុំតែងតែអង្គុយចាំសិស្សច្បងជជែកគ្នាសួរលំហាត់ពីនេះពីនោះក៏នៅដដែល ចំណែកឯតុនិងកៅអីក៏នៅសភាពដើមមិនផ្លាស់ប្តូរសោះ។

ខ្ញុំលើកកែវកាហ្វេមកក្រេបបន្តិច រសជាតិកាហ្វេចាស់ល្វីងតិចៗនៅតែឆ្ងាញ់ដដែលមិនខុសពីមុន តែអ្វីដែលប្រែប្រួលនោះគឺខ្ញុំពេលនេះមិនមែនជាមនុស្សស្រីល្ងង់លង់ខ្លួនជឿជាក់លើគេដូចពីមុន ដល់ថ្នាក់បណ្តោយខ្លួនយំតាមអង្វរគេ ទាំងដែលគេក្បត់នៅចំពោះមុខ។ ឬអាចថាមកពីខ្ញុំជាកូនអ្នកស្រុកស្រែចម្ការ មិនសស្អាត គ្មានសម្ភារស៊ីវិល័យទំនើបដូចគេទេដឹង។

ពេលខ្ញុំមករៀនទីនេះដំបូង ខ្ញុំជាកូនអ្នកខេត្ត ចាកឆ្ងាយចោលស្រុកកំណើតពីខេត្តកំពង់ចាម។ ខ្ញុំបានឮដំណឹងពីសាកលវិទ្យាល័យនេះ តាមរយៈលោកគ្រូអ្នកគ្រូដែលបង្រៀននៅវិទ្យាល័យប្រាប់។ គាត់ថាសាលាតិចណូជាសាលាល្បីនៅស្រុកខ្មែរ បណ្តុះបណ្តាលវិស្វកររាប់ម៉ឺននាក់មកហើយ។

ពេលនោះខ្ញុំក៏ចាប់អារម្មណ៍ដែរ តែគិតថាខ្លួនជាមនុស្សស្រីរាងពិបាកចាកចេញឆ្ងាយពីផ្ទះសំបែង តែចិត្តមួយទៀតប្ដេជ្ញាចិត្តនឹងខ្លួនឯងឡើងមកភ្នំពេញជាមួយមិត្តភក្តិស្រី១នាក់ទៀតត្រូវតែរៀនសាកលនេះឱ្យបាន។

ខ្ញុំនិងមិត្តភក្តិម្នាក់ទៀត បានឡើងមកទិញពាក្យ ហើយក៏ដាក់ពាក្យប្រឡង។ ពិតជាមានភ័ព្វសំណាងណាស់ក៏បានប្រឡងជាប់ជាស្ថាពរ។ ដោយក្តីមេត្តាជាអនេក រដ្ឋមន្រ្តីក្រសួងអប់រំក៏បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតមកពីតាមបណ្តាលខេត្តដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាថែមទៀតផង។

ខ្ញុំនិងមិត្តភក្តិខ្ញុំ បានជាប់អាហារូបករណ៍នៅសាលាតិចណូទាំងពីរនាក់។ គ្រាន់តែឮដំណឹងថាខ្ញុំរៀនមិនបង់លុយភ្លាម ខ្ញុំក៏បានត្រលប់ទៅស្រុកប្រាប់ពុកម៉ែ គាត់បានយល់ព្រមឱ្យខ្ញុំមករៀននៅភ្នំពេញ។ ខ្ញុំបានពឹងពាក់មិត្តភក្តិធ្លាប់រៀនជាមួយគ្នា ដែលគេឡើងមកភ្នំពេញដើម្បីជួយរកផ្ទះជួល។ ខ្ញុំមិនសូវស្គាល់ផ្លូវប៉ុន្មានទេ កម្រមកលេងភ្នំពេញណាស់ ទាល់តែមានការអីចាំបាច់បានមកលេងជាមួយពុកនិងម៉ែ។

ខ្ញុំបានពឹងមិត្តភក្តិជួយរកផ្ទះណាដែលនៅជិតសាលាខ្លួនរៀន ហើយធូរថ្លៃដើម្បីកុំឱ្យចំណាយច្រើន។ មិត្តភក្តិក៏រកបានផ្ទះជួលមួយកន្លែងនៅជិតស្ពាន៧មករា។ គ្រាន់តែដឹងថាផ្ទះគេមានបន្ទប់ទំនេរ ខ្ញុំនិងមិត្តភក្តិម្នាក់ទៀត រៀបចំខោអាវប្រញាប់ឡើងមកភ្នំពេញ ណាមួយសាលាក៏ជិតបើកវិស្សមកាលចូលរៀននៅខែ១២ ថ្ងៃទី១ នៅសល់មិនដល់១០ថ្ងៃទៀតផង។

ខ្ញុំមកដល់កន្លែងផ្ទះជួល កក់លុយថ្លៃបន្ទប់រួច ពួកយើងក៏រៀបចំអីវ៉ាន់ គ្មានគ្រែ គ្មានពូកអីទេ គឺយើងក្រាលកន្ទេលលើការូ រួចក្រាលភួយពីលើ ពេលគេងយប់ឡើង។

សម្រាកបានមួយយប់ ខ្ញុំគិតថាសាលាតិចណូនៅរៀងឆ្ងាយពីផ្ទះជួលគួរសមដែរ ក៏មានបំណងចង់ទិញកង់មួយស្រួលជិះទៅរៀន តែគំនិតនេះក៏ត្រូវបានផ្អាកបន្តិចវិញ ដោយសារតែទើបមកនៅទីក្រុងខែដំបូង ខ្ញុំនិងមិត្តភក្តិត្រូវចំណាយច្រើន លើការទិញចានឆ្នាំង ចង្រ្កានហ្គាសនិងរបស់របរប្រើប្រាស់ផ្សេងៗសព្វមុខ និយាយរួមទៅអីក៏ថ្លៃនិងត្រូវការលុយដែរ មិនដូចនៅខេត្តសោះ របស់ខ្លះសុំតែអ្នកភូមិក៏បាន នៅទីនេះអត់ទេ គល់ស្លឹកគ្រៃក៏យកលុយទៅទិញដែរ។

និយាយពីថ្ងៃខ្ញុំចូលរៀនដំបូងខ្ញុំមិនស្គាល់អ្នកណាទាំងអស់ សូម្បីតែរកថ្នាក់រៀនមិនទាំងឃើញទៀតនិយាយទៅខាតអស់មួយព្រឹក គឺឡើងវល់ខួរតែម្តងជាមួយមិត្តភក្តិខ្ញុំ។ កុំតែបានសួរនាំសិស្សច្បងពីអគាររៀនទេ កុំអីមិនដឹងថាបានរៀនឬអត់។

ថ្ងៃចូលរៀនម៉ោងដំបូង គឺម៉ោងភាសាបារាំងនៅពេលព្រឹក រស្មីពន្លឺនៃព្រះអាទិត្យរះជះទៅប៉ះនឹងផ្លូវដែលមានស្រមោលកង់ខ្ញុំនិងមិត្តភក្តិខ្ញុំ កំពុងជិះយ៉ាងលឿនចូលទៅក្នុងបរិវេណសាលាទៅឈប់នៅកន្លែងផ្ញើកង់។

ខ្ញុំនិងសុម៉ាលីដើរសំដៅទៅបន្ទប់រៀន ខណៈកំពុងតែសួរគ្នាពីអគារដែលខ្លួនត្រូវចូលរៀនដែរ ខ្ញុំមើលទៅម៉ោងនៅលើនាឡិកាដៃនឹងដើរយ៉ាងប្រញាប់ជាមួយដៃម្ខាងកាន់សៀវភៅ និងម្ខាងទៀតកំពុងតែទាញដៃសុម៉ាលី៖

«លឿនជាងនេះតិចមក! ខ្លាចហួសម៉ោងចូលរៀនណា៎!»

ខ្ញុំដើរសំដៅទៅបន្ទប់រៀន ហើយបានទៅរកតុអង្គុយតែពេលនោះដែរ សុម៉ាលីទាញដៃខ្ញុំ ប្រាប់ខ្ញុំកុំអង្គុយតុនេះអីដោយសារជាតុនៅខាងមុខគេពេកព្រោះឯងមិនសូវចេះបារាំងទេ ខ្លាចគ្រូសួរហើយឆ្លើយមិនចេះ ខ្មាសគេណាស់។

ខ្ញុំសម្លឹងមើលមុខរបស់នាងហើយបានអង្គុយចុះ នាងឱនត្រចៀកមកជិតខ្ញុំ ទាំងខ្សែភ្នែកបែបឆ្ងល់មកលើខ្ញុំ ហើយបានផ្តោតអារម្មណ៍ស្តាប់៖

«ជឿជាក់លើមិត្តទៅ អត់ចេះដូចតែគ្នាទេ!»

ខ្ញុំបាននាំគ្នាបែរទៅមើលមិត្តរួមថ្នាក់ជាមួយនឹងស្នាមញញឹក្នុងការចង់រាប់អាននិងមានទំនាក់ទំនងល្អជាមួយគ្នា តែស្របពេលនោះក៏មានសម្រឹបស្បែកជើងកែង តុក តុក…តម្រង់ទៅក្តារខៀន ដែលបានធ្វើឱ្យម្នាក់ៗក្រឡេកទៅមើលមុខរបស់ម្ចាស់ស្បែកជើងយ៉ាងតឹងតែង។

គាត់ពាក់វ៉ែនតាដែលមានវង្វង់ធំជាងមុខរបស់គាត់និងខ្សែភ្នែកបាញ់មកកាន់ខ្ញុំយ៉ាងមុតៗ ខ្ញុំបានគិតក្នុងចិត្តថាគាត់ចង់សួរសំណួរហើយមើលទៅ  គិតមិនចេញទេបើឆ្លើយមិនបាន ដង្ហើមរបស់ខ្ញុំដកបែបផុតៗ និងបេះដូងបុកញ័រៗ។ ខ្ញុំមិនទាន់បានឈប់គិតផងស្រាប់តែមិត្តរបស់ខ្ញុំបានក្ដិចដៃរបស់ខ្ញុំ ហើយបន្លឺឡើងយ៉ាងខ្សឹបៗថា៖

«យើងថាមិនចេះខុស ដឹងតែគាត់សួរពួកយើងមុនគេតែម្តង»

ពេលនោះគាត់ក៏នៅតែបន្តមើលមកពួកខ្ញុំទាំងមិនដាក់ភ្នែកដដែល។ គាត់បានដាក់កាបូបនិងបានទាញកៅអីអង្គុយចុះនិងបាននិយាយយ៉ាងខ្លាំងថា គាត់ជាអ្នកគ្រូបង្រៀនមុខវិជ្ជាបារាំងសម្រាប់ថ្នាក់របស់ខ្ញុំ ប៉ុន្តែអ្នកគ្រូនៅតែមើលមុខខ្ញុំ ក្នុងចិត្តពិតជាមិនដឹងថាគាត់នឹងសួរពីអ្វីទេ។

សំឡេងរបស់អ្នកគ្រូបានបន្លឺឡើង ស្រាប់តែមិត្តរបស់ខ្ញុំ និងមិត្តភក្តិនៅក្នុងថ្នាក់បានសម្លឹងមកខ្ញុំ។ ខ្ញុំគិតក្នុងចិត្តអ្នកគ្រូពិតជាហៅខ្ញុំមែន។ មិត្តរបស់ខ្ញុំនាងបានបើកភ្នែកធំៗដាក់ខ្ញុំជាមួយនឹងការញាក់ចញ្ចើមមួយខាងដាក់ ខ្ញុំប្រឹងញញឹមនិងបែរមុខទៅក្តារខៀន៖

«ប្អូនធា្លប់បានរៀនភាសាបារាំងពីមុនដែរឬអត់?»

«ចាស! អ្នកគ្រូធ្លាប់រៀនបានខ្លះអ្នកគ្រូ»

«ល្អ! សាករាប់លេខបានអត់?»

ខ្ញុំចាប់ផ្តើមបុកពោះមិនដឹងថារាប់បានប៉ុន្មានលេខទេ អ្នកគ្រូបានហៅខ្ញុំម្តងទៀត៖

«តស់ប្អូន!»

«អង ដឺ ទ្រ អឹម…អឹម…អឹម…»

ខណៈនោះក៏មានសំឡេងផាំង គ្រប់គា្នបាននាំគ្នាសម្លឹងរកសំឡេងនៅឯទ្វារ ហើយគ្រប់គ្នាបានសើចនិងខ្សឹបខ្សាវគ្នាពាសពេញបន្ទប់រៀន ខ្ញុំក៏បានងាកទៅតាមទា្វរឃើញសភាពបែបនេះក៏ទប់សើចមិនបានដូចគ្នា ព្រោះបុរសម្នាក់នោះបានដួលទៅនឹងឥដ្ឋហើយកាតាបរបស់គេបានជះសៀវភៅរាយប៉ាយចេញមកក្រៅ ស្បែកជើងក៏របូតចេញពីជើងទៀត។

គេបានក្រោកឡើងនឹងនិយាយសុំទោសសម្រាប់ការមកយឺត សំឡេងសើចក៏បានបាត់ដូចគ្នា គេបានប្រមូលសៀវភៅដាក់ចូលក្នុងកាតាប រួចបានដើរទៅអង្គុយនៅតុខាងក្រោយគេនោះ  អ្នកគ្រូឃើញបែបនេះក៏បានហៅគេ៖

«និយាយថាមកក្រោយគេ តែកុំចង់បន្លំអង្គុយក្រោយគេតិចដេកលក់គ្រូមិនដឹង ពិបាកតែគ្រូបារម្ភណាស់ពេលឃើញសិស្សដេកលក់មិនហ៊ានទៅដាស់ទេ! ខ្លាចរំខានសិស្សយល់សុបិនឃើញក្រាស់ សុខចិត្តឱ្យមេរៀនរត់ទៅចោលសិន! មកអង្គុយតុទីពីរនេះមកទំនេរគ្មានអ្នកចាប់អារម្មណ៍សោះប្រៀបបានដូចស្រីចាស់គ្មានអ្នកយល់សុបិនឃើញ»

ស្ថានភាពពេលនេះគឺម្នាក់ៗសើចនឹងសំដីរបស់អ្នកគ្រូវ៉ែនតាធំៗ ហើយបុរសម្នាក់នោះក៏បានដើរមកអង្គុយតុទីពីរដែលជាតុនៅខាងក្រោយតុរបស់ខ្ញុំ។ ដំណើររបស់គេយឺតៗ រាងដ៍សែនខ្ពស់ សក់ត្រង់រលោង អាវរបស់គេមូលឡើងបន្តិចចេញនាឡិកាដៃ សាច់ស មាត់ញញឹមតិចៗជាមួយនិងពុកមាត់ស្ដើងៗបានធ្វើឱ្យមិត្តភក្តិស្រីៗមើលគេតាំងពីខាងក្រោយរហូតដល់ខាងមុខ។

ខ្ញុំបានងាកទៅនិយាយជាមួយមិត្តសម្លាញ់ខ្ញុំ តែនាងក៏ជាម្នាក់ក្នុងចំណោមមិត្តភក្តិស្រីដែលបានកំពុងតែមើលទៅបុរសនោះមិនដាក់ភ្នែកដែរ។

នាងបានទៅសួរនាំពីឈ្មោះរបស់បុរសនោះ ហើយទោះបីខ្ញុំខំកេះនាងយ៉ាងក៏នាងមិនព្រមបញ្ចប់ការសន្ទនានោះសោះ។ អ្នកគ្រូបានណែនាំពីជីវប្រវត្តិរបស់គាត់ ក្នុងនោះសិស្សទាំងអស់ក៏បានណែនាំម្តងម្នាក់ៗហើយក៏បានហៅវត្តមានដូចគ្នា៖

«អមរា!»

«ចាស! អ្នកគ្រូ»

«សុម៉ាលី! សុម៉ាលី …»

អ្នកគ្រូបានហៅម៉ាលីបីដងហើយ តែនាងមិនឮទេព្រោះនាងនៅសន្ទនាជាមួយបុរសម្នាក់នោះ ខ្ញុំខំទាញដៃនាងតែនាងមិនខ្វល់នឹងខ្ញុំទេ ខ្ញុំក៏បានក្ដិចភ្លៅនាងៗបានស្រែក ហើយអ្នកគ្រូក៏បានហៅម្តងទៀត៖

«ចាស! ចាសអ្នកគ្រូ ខ្ញុំសុម៉ាលី»

«ណារិទ្ធិ!»

«បាទអ្នកគ្រូ!»

ខ្ញុំគ្រាន់តែឮអ្នកដែលអង្គុយក្បែរតុខ្ញុំ ដែលជជែកជាមួយសុម៉ាលី ឈ្មោះណារិទ្ធិ រូបរាងស្អាតបាទ កម្ពស់ខ្ពស់ សង្ហាក៏សង្ហា គេប្រហែលជាអ្នកភ្នំពេញមានជីវភាពគ្រាន់បើហើយមើលទៅ។

តែខ្ញុំនៅតែមិនយល់ ហេតុអ្វីខ្ញុំបែរជាអង្គុយភ្លឹកមើលគេទៅវិញ គេអីក៏សុភាពម្ល៉េះ ក្រាកឈរលើកដៃសំពះអ្នកគ្រូគ្រាន់តែហៅវត្តមានសោះ ឆ្លើយតែបាទទៅរួចហើយ ជោរនោះជោរ។

ក្រោយពីរៀនភាសាបារាំងរយៈពេល២ម៉ោង ខ្ញុំនេះសុំគ្រូទៅបន្ទប់ទឹកចង់៤-៥ម្តង ដោយសារតែភ័យអត់ចេះ ខ្លាចគ្រូហៅឡើងក្តារខៀន ចំណែកសុម៉ាលីនិងម្នាក់អីឈ្មោះណារិទ្ធិនោះគិតតែពីសើចខ្ញុំ មិនថាអានបារាំង គេដូចត្រូវគ្នាណាស់ ទើបតែចួបគ្នាសោះហ្នឹង។

គ្រប់គ្នាបានចេញពីថ្នាក់ នៅតែខ្ញុំជាមួយសុម៉ាលីកំពុងរៀបសៀវភៅដាក់ក្នុងកាតាប។ រៀងយូរជាងគេ ដោយសារខ្ញុំ ត្រូវកត់ពាក្យបារាំង៥០ចប់ឱ្យគ្រូ ថ្ងៃទី១វេទនាប៉ុណ្ណឹងហើយ ចុះល្មមរៀនចប់ អើយមិនហ៊ានស្រមៃទេខ្ញុំតាមដំណើរទៅ។ មកដល់មាត់ទ្វារ ស្រាប់តែភ្ញាក់ព្រើត ណារិទ្ធិស្អីគេនោះ មកពញ្ញាក់ខ្ញុំនិងសុម៉ាលី ឡើងសៀវភៅជ្រុះពីដៃ។

«ខ្ញុំសុំទោស! សុំទោស ខ្ញុំធ្វើលេងទេ!»

«ហើយអ្នកអត់ទៅរៀនម៉ោងផ្សេងទៀតទេ?»

សុម៉ាលីនិយាយជាមួយគេ ខ្ញុំឱនរើសសៀវភៅ ស្រាប់តែគេឱនរើសដែរ។

«ចាំខ្ញុំជួយ សុំទោសណា! អូ!​ អត់ទេ! ម៉ោងទំនេរ ចុះយើងពីរនាក់វិញ?»

ខ្ញុំមើលមុខសុម៉ាលី យើងពីរនាក់ អាប៉ិនេះដូចស្គាល់គ្នាពីអង្កាល់ណាអ៊ីចឹង។

«ពួកខ្ញុំម៉ោងទំនេរដែរហ្នឹង!»

«ហើយរកទៅណាទៀត?»

«សួរនោះសួរ ជំរឿនមែន ខ្ញុំទៅណាជារឿងខ្ញុំ!» ខ្ញុំគិតក្នុងចិត្ត។

«ខ្ញុំរកទៅញ៉ាំអីជាមួយអមរា»

«ខ្ញុំរកទៅដែរ សួស្តីអមរា»

«ចាស! សួស្តី» រួសរាយទៅខ្លាចគេថាយើងខ្មើត «តស់! សុម៉ាលីខ្ញុំឃ្លានណាស់»

«ណារិទ្ធិទៅជាមួយខ្ញុំឬអត់?»

«ទៅ! តស់! ដើរទៅ ខ្ញុំឮថាអាហារដ្ឋាននៅអគារក្រោយគេធ្វើឆ្ងាញ់ ឆាប់ទៅអមរាដូចជាមុខស្អុយដល់ហើយ»

«ហាសហា! មានណានាងតែអ៊ីចឹងទេ ឱ្យតែឃ្លានខ្លាំង» សុម៉ាលីដូចហែកកេរ្តិ៍គ្នាអស់ហើយ។

ដើរតាមផ្លូវខ្ញុំនៅចំហៀងសុម៉ាលី ឱ្យសុម៉ាលីនៅកណ្តាលជជែកគ្នាទៅ។ និយាយពីជជែកគ្នាតាំងពីបន្ទប់រៀនមកដល់កន្លែងញ៉ាំអីហើយ នៅនិយាយមិនឈប់សោះ សំខាន់ញ៉ាំបណ្តើរនិយាយបណ្តើរទៀត។

ទោះបីពេលខ្លះគេថាខ្ញុំឬក មិនសូវនិយាយ តែខ្ញុំមិនសូវស្គាល់គ្នាមិនសូវនិយាយជាមួយទេ មិនមែនមិនហ៊ាននិយាយទេ ខ្លាចនិយាយទៅខុស គេអន់ចិត្ត គេខឹង អ៊ីចឹងទៅទាល់តែអ្នកស្គាល់គ្នាជិតដិត បានខ្ញុំនិយាយជាមួយច្រើន ហើយតាប៉ែហ្មង។ គ្រាន់ញ៉ាំអីរួច ណារិទ្ធិនោះគេលើកទូរសព្ទនិយាយមួយសន្ទុះ៖

«អមរា សុម៉ាលី ខ្ញុំរកទៅផ្ទះមុនហើយ មានការនៅផ្ទះបន្តិច»

«ចាស! ចាស!» សុម៉ាលីងក់ក្បាល។

«ទៅមុនទៅៗ តែថ្លៃបាយគេហ៎?»

«អូ! ខ្ញុំសុំទោស! បិះនឹងភ្លេចនេះ ថ្លៃបាយខ្ញុំ ខ្ញុំទៅមុនហើយ បាយ បាយណា!»

សុម៉ាលីលើកដៃលាគេ តែខ្ញុំធ្វើធម្មតារួចពួកខ្ញុំក៏ចេញពីកន្លែងញ៉ាំបាយ មកអង្គុយក្រោមដើមឈើ អង្គុយមើលមេរៀនមុន ខ្លាចក្រែងគ្រូសួរ។ ខ្ញុំក្រឡេកទៅឃើញបុរសម្នាក់ ជិះម៉ូតូអាសង់ថ្មីច្រឺង គេលើកដៃគ្រវីបាយ បាយ ខ្ញុំនេះវិញសម្លឹងមើលយូរៗពីចម្ងាយ បានដឹងថា អាមួយអីប៉ិននិយាយនោះសោះ។

«អមរា អមរា ភ្លឹកមើលអីហ្នឹងហាស!»

«អូ! ណារិទ្ធិតើ! ន៎!តាមមើលគេឡើងភ្លឹក»

«គ្មានទេ! មើលទីធ្លាសាលាទេ!»

«តែគេខំលើកដៃលាហ៎! អត់លាគេវិញសោះ»

«សុម៉ាលីឯងអត់ចម្លែកទេអី? មនុស្សអីក៏រួសរាយម៉្លេះ មិនដែលទៅស្គាល់គ្នាផង គេថាមនុស្សប្រុសភ្នំពេញមិនគួរឱ្យទុកចិត្តទេ»

«អើយ! គ្រាន់តែមិត្តរួមថ្នាក់ជាមួយគ្នាសោះកុំគិតវែងឆ្ងាយមើល មិនមែនឱ្យតែប្រុសភ្នំពេញអាក្រក់ទាំងអស់ណា!»

«ខ្ញុំប្រាប់អមរាឯងទៅ ណារិទ្ធិហ្នឹងរស់នៅភ្នំពេញ គ្រួសារគេធូរធារដែរ ប៉ាគេទាហាន ចំណែកម៉ាក់ធ្វើការនៅរដ្ឋសភា គេមានតែបងប្អូនបីនាក់ទេ គេកូនទីពីរ បងស្រីគេការរួចហើយ នៅមានប្អូនស្រីពៅមួយទៀត គេមានប៉ុណ្ណឹងហើយតែគេដាក់ខ្លួនណាស់ណ៎ អ្នកណាបានគេសំណាងងាប់ហើយ កូនប្រុសតែមួយទៀត»

«នែ! ឆាប់ភ្ញាក់ឡើង ឈប់ស្រមៃទៅ ហើយអីក៏ដឹងរឿងគេច្បាស់ម៉្លេះ ជំរឿនជាងអាប៉ិហ្នឹងទៀត ខ្ញុំសង្ស័យហាស អាប៉ិហ្នឹងលួចស្រលាញ់ឯងហ្មង បានប្រាប់រឿងគ្រួសារគេ»

«អើយគ្មានទេ! អាណាមកចាប់អារម្មណ៍ស្រែៗដូចយើងនោះ! គ្នាមិនហ៊ានស្រមៃទេ ចួនកាលគេមានគូហើយមិនដឹង ប្រុសភ្នំពេញសម័យឥឡូវហ៎! មានកូនមានអីហើយធ្វើខ្លួនឯងដូចកំលោះ អត់ចេះខ្មាសគេសោះ»

«ឈប់និយាយពីអាប៉ិហ្នឹងទៅ! អង្គុយមើលមេរៀនវិញពេលរៀនគ្រូសួរហ្នឹង ស្លន់រកបន្ទប់ទឹកទៀតឥឡូវហើយ»

រំលងបានមួយអាទិត្យ ខ្ញុំមានអារម្មណ៍ថា មុខវិជ្ជាគិតលេខខ្ញុំ ដូចជាខ្សោយទៅៗយ៉ាងម៉េចទេ រូបវិទ្យាកាន់តែពិបាករៀនជាងគណិតទៀត។ គិតថាក្នុងចិត្ត បើមានអ្នកណាមួយចិត្តល្អហើយមកបង្រៀនបន្ថែមពេលទំនេរមិនដឹងជាល្អយ៉ាងណាទេ។ កំពុងតែអង្គុយរៀនលើសាលអគារF មិនហ៊ានទៅអង្គុយជួរមុខទេ ទោះបីជាមករៀនចូលថ្នាក់មុនគេក៏ដោយ។

បើអង្គុយវិញ ទៅអង្គុយក្រោយគេជួរទី៤ ទី៥ដែរ ខ្លាចតែគ្រូហៅឡើងក្តារខៀនអីចប់បណ្តាយ។ រៀននៅសាកលនេះចម្លែកជាងរៀនវិទ្យាល័យ គេមានម៉ោងមេរៀនផ្សេង ម៉ោងកែលំហាត់ផ្សេង។

ម៉ោងរៀនមានសិស្សច្រើន ៤ទៅ ១០ក្រុមចូលគ្នាប្រហែលជាជិត ២០០នាក់ជាងដែរ តែម៉ោងលំហាត់មាន២ក្រុមចូលគ្នាសិស្ស ៤០សិនជាងអីទេ។

ខ្ញុំអង្គុយជាមួយសុម៉ាលី មិនទាន់ដល់ម៉ោងរៀន ស្រាប់តែក្រឡេកទៅចំហៀងសុម៉ាលី គឺចួបអាប៉ិនិយាយច្រើនទៀត មិនដឹងមកពីពេលណា។ ចិត្តខ្ញុំសង្ស័យតែលួចស្រលាញ់ម៉ាលីទេ ម៉ែអាណាមកតាមគ្នាម្លឹងៗ ហើយចួបមុខរហូត។

«សួស្តីអមរា! ម៉ាលី! ខ្ញុំសុំអង្គុយហ្នឹងដែរអ្ហាស!»

«ចាស! អត់អីទេរិទ្ធិអង្គុយទៅ» ខ្ញុំធ្វើជាហ្អីយមិនតប។

«អមរា ចួបលើកណាក៏អត់ញញឹម សើចដាក់ខ្ញុំដែរ ខឹងខ្ញុំរឿងអីមែន?»

«អត់មានអីទេធម្មតា!»

«តែខ្ញុំឃើញដូចមិនធម្មតាទេ កុំគិតអាក្រក់លើខ្ញុំអី ខ្ញុំមករៀននេះមិនមានមិត្តភក្តិទេ តែបានចួបម៉ាលីនិងអមរាឯងខ្ញុំរំភើបណាស់ មានមិត្តភក្តិគ្រាន់បានគ្នាជជែក»

«ណារិទ្ធិឯងរំភើបអី? យើងមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា បានស្គាល់គ្នារាប់អានគ្នាល្អហើយ ខ្ញុំក៏ចូលចិត្តណារិទ្ធិឯងដែរ រួសរាយដាក់ខ្លួនណាស់ ហើយជាកូនអ្នកមានផង»

«អូយ! មានអីមានតែម៉ាក់ប៉ាខ្ញុំទេ! ខ្ញុំគ្មានអីទេ! ចាយលុយគាត់ដដែលហ្នឹង ខ្ញុំពីដើមមកតែអ៊ីចឹងទេ! មនុស្សដូចតែគ្នារើសអើងប្រកាន់មានក្រអី»

«តែខ្ញុំពេលខ្លះដូចប្រកាន់ ខ្លាចអ្នកខ្លះរាប់អានគិតតែពីប្រយោជន៍ យើងមើលមិនឃើញទេ!»

«អមរាឯងនិយាយអី?  រិទ្ធិកុំអន់ចិត្តណា! អមរាគ្នានិយាយត្រង់ៗអ៊ីចឹងហើយ»

«មិនអីទេ! ខ្ញុំស្រលាញ់មនុស្សនិយាយត្រង់ៗ ឱ្យតែស្មោះត្រង់ បានរាប់អានគ្នាបានយូរ នោះលោកគ្រូមកហើយ»

«កុំមាត់ ខ្លាចគាត់ថាឱ្យ»

ខ្ញុំអង្កេតទៅមើលការនិយាយស្តីរបស់ណារិទ្ធិក៏មិនអាក្រក់ដែរ គេមិនអន់ចិត្តថែមទាំងទទួលយកពាក្យខ្ញុំនិយាយបញ្ឈឺគេទាំងញញឹម។ ខ្លាចណាមួយមកពីខ្ញុំគិតច្រើន បារម្ភព្រោះយើងជាកូនអ្នកស្រុកស្រែ ខ្លាចត្រូវបានគេបោកបញ្ឆោត ដោយសារតែសម្តីផ្អែមប៉ុន្មានម៉ាត់នេះ ខ្ញុំប្រហែលជាត្រូវកែប្រែចិត្តរបស់ខ្ញុំ គិតវិជ្ជមានលើគេខ្លះ ក្រែងគេចូលមករាប់អានជាមួយយើងជាមិត្តភក្តិដ៏ល្អពិតប្រាកដមែន។

ដល់ម៉ោងចេញពីរៀន ខ្ញុំនិងសុម៉ាលីចុះមកខាងក្រោមអគារF ចំណែកណារិទ្ធិគេចាកចេញពីយើងទៅណាបាត់ហើយក៏មិនដឹង។ ខ្ញុំឃើញមនុស្សជុំៗនៅម្ដុំសមាគមនិស្សិតមិនដឹងថាមានរឿងអ្វីទេ។ ខ្ញុំនិងម៉ាលីក៏បានដើរទៅមើលដែរ តែរង់ចាំមនុស្សទូលាយបានចូលទៅមើល។ ខាងសមាគមនិស្សិតគេបិទព័ត៌មាននៅលើក្តារខៀន ថ្នាក់បំប៉នគណិត-រូបបន្ថែម ម៉ោង១១កន្លះ ដល់ ១២កន្លះ។

ស្រាប់តែខ្ញុំឃើញព័ត៌មាននេះ សប្បាយចិត្តជាខ្លាំង ធ្លាប់តែគិតក្នុងចិត្តបើ មានអ្នកមកជួយបង្រៀនបន្ថែមមិនដឹងជាល្អយ៉ាងណា តែឥឡូវមានហើយ។ ការរៀននោះដែរគេអត់កំណត់ចំនួនមនុស្សទេ តែត្រូវចុះឈ្មោះដើម្បីដឹងចំនួនអ្នករៀន ហើយមិនមានគិតប្រាក់ទេ សិស្សច្បងគាត់ចំណាយពេលវេលារបស់គាត់មកជួយបង្រៀនសិស្សប្អូនបន្ថែម។ ខ្ញុំក៏បបួលម៉ាលីចុះឈ្មោះរៀនហ្នឹងគេ អាទិត្យក្រោយបានគេចាប់ផ្តើមរៀន។

ដល់ម៉ោងរៀនគួរបំប៉នបន្ថែម ខ្ញុំស្ទុះស្ទាបាយថ្ងៃរួច ដើរទៅជាមួយម៉ាលី ខ្លាចយឺតម៉ោងចូលរៀន។ ទៅដល់យឺតម៉ោងមែន ខ្ញុំដើររកទៅអង្គុយក្រោយគេ ស្រាប់តែមានបងម្នាក់ហៅខ្ញុំ។

«ប្អូនមករៀនគួរបំប៉នដែរមែន?» ខ្ញុំងក់ក្បាល។

«មកអង្គុយតុមុខមក ស្រួលមើល មកៗអង្គុយខាងមុខនេះមកស្រួលខ្ញុំពន្យល់ បើមានអីឆ្ងល់អាចស្រួលសួរខ្ញុំនៅជិតហ្នឹងបាន»

ខ្ញុំក៏យល់ព្រមតាមគាត់ អង្គុយតុខាងមុខ តែក៏មានសិស្សច្បងដទៃទៀតពីរ ទៅបីនាក់ឈរក្បែរៗនោះដែរ។ តែ…មនុស្សម្នាក់អម្បាញ់មិញនេះ គាត់សង្ហាខ្លាំង សង្ហាជាងអាប៉ិណារិទ្ធិនោះឆ្ងាយណាស់ ខ្ពស់ក៏ខ្ពស់ សង្ហាជាងត្រង់គេពាក់វ៉ែនតានឹងហ្មងឡើងដូចកូនកូរ៉េ។ សំខាន់នោះគាត់រួសរាយ រាក់ទាក់ណាស់ ទើបតែចួបគ្នាសោះ គាត់ចិត្តល្អប៉ុណ្ណឹងហើយ។ នែ!! កុំគិតថាខ្ញុំនេះលួចស្រលាញ់គាត់ បើគ្រប់គ្នាឃើញគាត់វិញក៏លង់ស្រលាញ់ដែរ។ គាត់ជាអ្នកបង្រៀនមេរៀនដល់គ្រប់គ្នា។ សិស្សមករៀនចូល៣០-៤០ នាក់ដែរ។ ដំបូងគាត់បានណែនាំឈ្មោះរបស់គាត់

«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះយ៉ាវង្ស ខ្ញុំជានិស្សិតឆ្នាំទី២ ខ្ញុំបង្រៀនគួរបំប៉នរូបវិទ្យាដល់អ្នកទាំងអស់គ្នា ហើយសិស្សច្បងពីរបីនាក់ទៀត គាត់នៅឈរក្បែរៗនោះ នៅពេលអ្នកទាំងអស់គ្នាមានចម្ងល់អាចហៅពួកគាត់សួរបាន អ៊ីចឹងខ្ញុំចាប់ផ្តើមបង្រៀនហើយណា»

«បាទ! ចាស!» អ្នកមករៀនឆ្លើយ។

ខ្ញុំឮអ្នកអង្គុយនៅក្បែរៗខ្ញុំ សរសើរពីសិស្សច្បងនេះមិនដាច់ពីមាត់ គាត់ជាសិស្សពូកែរូបវិទ្យាទូទាំងប្រទេសលេខ១ ហើយបាននិទ្ទេសAទៀត សំខាន់កាលគាត់រៀនឆ្នាំទី១ បានលេខ១ក្នុងចំណោមសិស្សទាំងអស់ទៀត។ អ្នកណាៗក៏ស្គាល់គាត់ និងចូលចិត្តគាត់ដែរ។ រយៈពេលមួយម៉ោងរៀន ពិតជាលឿនមែនទែន គាត់ពូកែបង្រៀននិងពន្យល់មេរៀនណាស់ ម្នាក់ៗងក់ក្បាលយល់គ្រប់គ្នា តែខ្ញុំគ្រាន់តែអង្គុយធ្វើមុខឆ្ងល់ សម្លឹងមុខគាត់សោះ។

«សិស្សប្អូន មានចម្ងល់អីមែន?» គាត់ដើរចុះពីក្តារខៀនរាងខ្ពស់ កន្លែងគាត់ឈរបង្រៀន។

«ចាស! ចាសអត់មានអីទេ! សិស្សច្បង»

«ខ្ញុំឃើញមុខឆ្ងល់ៗ ហាសហាអត់យល់អីសួរខ្ញុំបានណា! ខ្ញុំសុំមើលសៀវភៅសរសេរបន្តិចមើល»

«មិនបាច់ទេសិស្សច្បង អក្សរអត់ស្អាតផង»

«មិនអីទេ!» គាត់ទាញសៀវភៅខ្ញុំមើល ស្រាប់តែគាត់ទាញខ្មៅដៃហើយឱនមកជិតខ្ញុំ សរសេរអក្សរលើរូបមន្តដែលខ្ញុំកត់ រួចពន្យល់ខ្ញុំបន្ថែម។ គាត់ឱនមក ខ្ញុំមើលមុខគាត់ឡើងភ្លឹក ក្លិនខ្លួនគាត់ក្រអូបណាស់ គាត់យកដៃរុញកញ្ចក់វ៉ែនតាហើយមើលមកមុខខ្ញុំៗ បែរមុខចេញទៅរកសុម៉ាលី។

«អរគុណហើយសិស្សច្បង»

«បើមានចម្ងល់អីអាចសួរបានណា?»

«ចុះបើធ្វើលំហាត់ឆ្ងល់នៅផ្ទះសួរយ៉ាងម៉េចទៅ?»

«យកតេលេក្រាមខ្ញុំក៏បាន នេះខ្ញុំកត់លេខទូរសព្ទខ្ញុំឱ្យ»

ស្រាប់តែគាត់កត់រួចមានមិត្តភក្តិម្នាក់ដើរមកកៀកកគាត់ហើយបន្លឺឡើង៖

«អឺ! អ្ហែងសុទ្ធតែឱ្យលេខទូរសព្ទទៅស្រីទៀត!»

«សិស្សប្អូនសុំតេលេក្រាមសួរលំហាត់តើ!! កុំគិតអីផ្តេសផ្តាសពេកប្រុសរាជ»

ខ្ញុំឆ្ងល់ម៉េចសិស្សច្បងរៀននៅសាលានេះសង្ហាៗម្ល៉េះ សំខាន់សុទ្ធតែប្រុស។ ម្នាក់ឈ្មោះរាជជជែកជាមួយសិស្សច្បងក៏សង្ហា មិនចាញ់គ្នាប៉ុន្មានទេ តែដូចកូនកាត់ចិន ចាញ់បងយ៉ាវង្សដូចកូនកូរ៉េនៅក្នុងរឿង។

«សុម៉ាលីតស់! ចប់ហើយ ទៅផ្ទះ!»

«ចាស! ចាសតស់! រៀបចំទៅ»

ម៉ាលីដូចមើលសិស្សច្បងរាជនោះមិនដាក់ភ្នែកសោះ ថែមទាំងសិស្សច្បងនោះ លើកដៃបាយៗ ញាក់ភ្នែកដាក់ទៀត ដូចជាមិនស្រួលទេពីរនាក់នេះ។ ទើបតែស្គាល់គ្នាថ្ងៃដំបូង តែមានអារម្មណ៍ថាដូចខ្ញុំមានរឿងច្រើនដល់ហើយ មិនមែនរឿងរៀនអីទេ រវល់តែរឿងសិស្សច្បងសង្ហាៗហ្នឹងតែម្តង។

ចុងខែនេះលំហាត់កិច្ចការរបស់គ្រូត្រូវប្រមូលចុងខែ ត្រូវធ្វើលំហាត់ដែលនៅសល់ដើម្បីចងក្រងធ្វើជាសៀវភៅប្រមូលឱ្យគ្រូយកពិន្ទុបន្ថែម ចៃដន្យអីលំហាត់ខាងក្រោមនោះ វាលំបាក សួរម៉ាលីក៏ម៉ាលីមិនចេះ ខ្ញុំនៅក្រុមផ្សេងគ្នាជាមួយម៉ាលី ពឹងឱ្យម៉ាលីសួរគេឱ្យក៏គ្មានអ្នកចេះ អង្គុយបើកសៀវភៅមើល មានលំហាត់ណាស្រដៀងចម្លងដាក់តែម្តងខ្ចិលគិតច្រើនបើមិនចេះទៅហើយ។

«សិស្សច្បងយ៉ាវង្ស!! នេះលេខទូរសព្ទរបស់សិស្សច្បងយ៉ាវង្សឱ្យតេលេក្រាមតើ! តើខ្ញុំគួរតែឈែតទៅសួរគាត់ឬអត់ន៎? តែដល់ដំណាក់កាលនេះហើយ មានតែធ្វើមុខក្រាស់ទៅ បើឈែតទៅគេតប វាមិនល្អ ចុះបើឈែតទៅគេមិនតប អើយបើមិនតបមិនតបទៅ ប្រហែលជាគេមិនរស់ទេដឹងបានមិនតប ឥឡូវឈែតទៅសិន»

ខ្ញុំក៏ចុចលេខគាត់ ហើយsaveលេខគាត់ ដាក់ថាសិស្សច្បងសង្ហា រួចក៏ឈែតទៅគាត់។

«ជម្រាបសួរ សិស្សច្បងខ្ញុំសិស្សប្អូនដែលរៀនគួរបំប៉នជាមួយបង ខ្ញុំអាចសួរលំហាត់បងបានដែរឬទេ? សិស្សច្បង»

ខ្ញុំអង្គុយចាំមួយសន្ទុះ ណាមួយគិតថាថ្ងៃអាទិត្យអ៊ីចឹងក្រែងតែគាត់ដើរលេង ឬមានអ្វីរវល់ហើយបានមិនតប។ ក្រឡេកមើលទៅសុម៉ាលីវិញគេសើចក្អាកក្អាយសប្បាយចិត្តមានចម្លើយស្រាប់។ គេសំណាងហើយបានក្រុមជាមួយអាប៉ិនិយាយច្រើននោះ គេក៏ពូកែដែរ។

ខ្ញុំមិនហ៊ានឈែតសួរទៅអាប៉ិមាត់ច្រើនហ្នឹងទេ មិនសូវចូលចិត្ត តែគិតក្នុងចិត្ត ប្រសិនជាល្ងាចហ្នឹងសិស្សច្បងអត់តប ធ្វើមុខក្រាស់ពឹងម៉ាលីឱ្យឈែតសួរអាប៉ិហ្នឹងក៏បាន។ យូរហើយសិស្សច្បងអត់តបសោះ។

«ម៉ាលីហាស! ខ្ញុំពឹងមួយមើល មានតេលេក្រាមអាប៉ិមួយនិយាយច្រើនតើ!ហ្អី?»

«ម៉េចបានមិនមាន? បើនៅក្រុមជាមួយគ្នាហើយ មានការអីសួរគេមែន?»

«អ៎! មិនមានអីទេ មាន…មាន…ត អូ! អត់ទេចាំបន្តិច»

ខ្ញុំមើលតេលេក្រាម ស្រាប់តែសិស្សច្បងតបមក រាងយូរដែរ អង្គុយចាំឡើងលែងចង់បានចម្លើយហើយ៖

«បាទ! ជួយផ្ញើលំហាត់ឱ្យខ្ញុំបន្តិចមក»

«ចាស! ចាស! នេះសិស្សច្បង អរគុណទុកជាមុនផង»

«ឥឡូវមានអីចង់សួរណារិទ្ធិអត់? ចាំខ្ញុំសួរឱ្យ»

«អត់មានអីទេ! កុំរំខានអាប៉ិហ្នឹង!»

«ទេអមរា ម្តងមានម្តងអត់ហាសហា! សង្ស័យពូកែស្អប់ណារិទ្ធិពេក ប្រយ័ត្នស្អប់ជំពប់លើហាស!»

«មិនអាចទេ! ខ្ញុំចាប់ចិត្តលើសិស្សច្បងហើយ សិស្សច្បងមួយបង្រៀនគួរយើងខ្ពស់ពាក់វ៉ែនតាហ៎! សង្ហាណាស់»

«អើយកុំស្រមៃពេក ហាសហា!»

«ម៉ាលីឯងខ្ញុំក៏ដឹងថា ចាប់អារម្មណ៍លើណាគេដែរ ស្មានតែខ្ញុំមិនដឹងហ្អី»

«អ្នកណា? ណារិទ្ធិមែន អត់ទេមិត្តភក្តិតើ!»

«តែអាប៉ិហ្នឹង! មើលទៅដូចចាប់អារម្មណ៍លើម៉ាលីឯង តាមម៉ាលីឯងរហូតហាសហា បើមិនអាប៉ិហ្នឹងទេ មួយទៀត ខ្ញុំខម្មិនឱ្យឯង សិស្សច្បងរាជដែលបង្រៀនគួរជាមួយសិស្សច្បងខ្ញុំចាប់អារម្មណ៍ហ៎ បងមួយហ្នឹងក៏សង្ហាដែរ កាលចួបគាត់ដំបូង គាត់ញាក់ភ្នែកដាក់ឯងទៀត»

«អើយ! អមរាកុំគិតច្រើនពេក ខ្ញុំកត់លំហាត់មើលមេរៀនវិញ»

«អៀនហើយ អៀនហើយន៎! ស្មានតែខ្ញុំមិនដឹងមែន»

«ហ្នឹងហើយឱ្យដឹង កុំចេះតែចាប់គូឱ្យខ្ញុំមុន ហាសហា» ខ្ញុំនិយាយក្នុងចិត្ត ពីម៉ាលីដែលចាប់គូរខ្ញុំជាមួយអាប៉ិមាត់ច្រើននោះ។ សិស្សច្បងផ្ញើលំហាត់មកហើយ យីសំខាន់គូសរូបបេះដូងកន្លែងចម្លើយចុងក្រោយទៀត។

«អរគុណសិស្សច្បងធំៗ ជូនពរកាន់តែសង្ហា និងមានអ្នកស្រលាញ់ច្រើន!»

ខ្ញុំដាក់រូបកូនឆ្កែមានបេះដូងផ្កាឈូកនៅពីក្រោយ តែកូនឆ្កែនោះលើកដៃសំពះ។

«ឱ្យតែមានម្នាក់នៅក្នុងមនុស្សច្រើនហ្នឹងក៏បាន» គាត់តបវិញ ខ្ញុំនេះឆ្ងល់ម្នាក់ណាទៅណាអីក៏ប្លែកម៉្លេះ

«ម្នាក់ណាទៅសិស្សច្បង?»

«គឺអ្នកដែលកំពុងតែលេងជាមួយនេះហើយ!»

«អូយ! អៀនហាស ខ្ញុំកត់លំហាត់ហើយ អរគុណម្តងទៀតបាយៗសិស្សច្បង»

«បាទ បាយៗ»

ខ្ញុំនេះមុខឡើងក្រហម និយាយអី សំខាន់ខ្ញុំខំក្រាស់លើគាត់ ដល់ពេលគេនិយាយអ៊ីចឹងៗអ្នកណាមិនអៀន។ អង្គុយចម្លងលំហាត់បណ្តើរ មុខក្រហមបណ្តើរ ម៉ាលីក្រឡេកមកមើលខ្ញុំ ហើយក្រវីក្បាលដាក់ខ្ញុំ។

ខ្ញុំក៏ចេះតែសួរលំហាត់គាត់ នៅពេលដែលខ្ញុំអត់ចេះ ហើយទៅរៀនគួររាល់ថ្ងៃគាត់តែងតែមើលមុខ ខ្ញុំនេះអង្គុយញញឹមរៀនគ្មានចូលទេ ហើយបើទៅរៀនវិញ គឺដើម្បីទៅមើលមុខគាត់ទេ មិនមែនទៅរៀនអីទេ។

ពេលខ្លះយប់ឡើងឈែតជាមួយគាត់អត់ដេកក៏មាន សំខាន់គាត់តបរហូតឱ្យតែឈែតទៅគាត់។ ខ្ញុំចាប់ផ្តើមរកហ្វេកបុកគាត់ ដើម្បីដឹងថាគាត់មានសង្សារហើយឬនៅ។ ខ្ញុំបានសុំហ្វេកបុកគាត់ គាត់ក៏ព្រម។

ខ្ញុំបានវាយឈ្មោះគាត់ រូបក្នុងហ្វេកបុកកាន់តែសង្ហា អង្គុយលើដៃស្ពានយកដៃច្រត់ចង្កា ដូចជានៅខាងក្រោយគាត់មានភ្នំមួយដែលល្បីនៅប្រទេសជប៉ុន។ ខ្ញុំមិនទាន់អេដគាត់ទេ ខ្ញុំចូលទៅមើលរូបថតរបស់គាត់ គឺមានតែរូបថត១០សន្លឹកកាលគាត់នៅរៀន និងរូបទទួលមេដាយប្រឡងសិស្សពូកែ។ ខ្ញុំមិនអស់ចិត្ត ខ្ញុំចូលមើលកន្លែងព័ត៌មានផ្ទាល់ខ្លួនទៀត គឺដាក់single ខ្ញុំគ្រាន់តែឃើញsingle ខ្ញុំស្រែក៖

«មានសង្ឃឹមហើយខ្ញុំ»

ឡើងម៉ាលីឆ្ងល់សួរខ្ញុំមានរឿងអី ខ្ញុំគ្រវីបញ្ជាក់ថាគ្មានរឿងអីទេ តែដេកឱបខ្នើយញញឹមម្នាក់ឯងទាំងយប់ រួចក៏ចុចអេដគាត់។

ងើបពីព្រលឹមទៅរៀនបិះហ្នឹងយឺត ចុចមើលហ្វេសបុកគាត់ខំហ្វើមខ្ញុំ ហើយដាក់រូបបក់ដៃហាយមកខ្ញុំទៀត។ ខ្ញុំបានតែចូលមើល តបមិនកើត ខ្លាចទៅរៀនយឺត ក៏រៀបចំខ្លួនទៅរៀន។ ថ្ងៃត្រង់ខ្ញុំចូលទៅញ៉ាំបាយម្នាក់ឯងនៅហាងបាយ ម៉ាលីគេរវល់ទៅប្រជុំក្រុមរបស់គេ។ ខ្ញុំក៏ហៅបាយស្រូបមកញ៉ាំ មិនដឹងថាអាប៉ិមាត់ច្រើនមកពីណាទេ ហុចទឹកប្រទាលកន្ទុយក្រពើឱ្យខ្ញុំ ហើយអង្គុយលើកៅអីជាមួយតុខ្ញុំ។

«នែខ្ញុំឱ្យ! ឃើញភ្នែកអមរាឯងដូចអត់បានគេង ញ៉ាំទឹកនេះទៅល្អ»

«អត់អីទេទុកញ៉ាំទៅខ្លួនឯងទៅ»

«ទៅខ្ញុំឱ្យ! អ៊ីបាយសាច់ជ្រូកពងទាក្រឡុក»

គេក៏ទុកនៅក្បែរខ្ញុំ ខ្ញុំក៏បើកផឹកទៅកុំឱ្យគេអន់ចិត្ត។

«យីអាប៉ិហ៊ានថាឯងភ្នែកជាំៗអត់ដេកទៀត!» ខ្ញុំអត់និយាយមាត់កទេ តែអាប៉ិហ្នឹងមើលមកខ្ញុំ ខ្ញុំអត់តបគេក៏មិននិយាយ។

«អមរាចេញពីហ្នឹងទៅណា?»

«ទៅណារឿងខ្ញុំម៉េចរកដើរតាមមែន?»

«បាទ! បាទ!»

«ទៅរៀនគួរបំប៉ននៅអគារF តែអ្នកពូកែស្រាប់អ៊ីចឹងមិនបាច់ទៅរៀនក៏បានដែរ»

«បាទ! បាទ! ខ្ញុំទៅរៀនរាល់ថ្ងៃតើ»

«ទៅរៀន? អង្គុយនៅណាខ្ញុំរកមិនឃើញ»

«ខ្ញុំអង្គុយនៅក្រោយគេហ៎! ខ្ញុំចូលតាមទ្វារក្រោយ ខ្ញុំឃើញម៉ាលីនិងអមរាអង្គុយនៅខាងមុខគេ ស្រួលមានសិស្សច្បងនៅជិតស្រួលពន្យល់»

«ចាសត្រូវហើយ គាត់រួសរាយណាស់ សំខាន់គាត់សង្ហាទៀត អត់ចេះអីឈែតសួរគាត់ គាត់តបរហូត»

«បាទ! បាទ! អ៊ីចឹងខ្ញុំសុំទៅមុនហើយ ប្រញាប់ទៅចួបមិត្តភក្តិបន្តិច»

«ចាស! អញ្ជើញ!»

គេស្ទុះចាកចេញយ៉ាងលឿន ទឹកមុខក្រញូវ ប្រហែលជាខឹងនឹងខ្ញុំនិយាយលលេងហើយមើលទៅ ឱ្យសមមុខគេ។ ម៉ាលីមកដល់ល្មម យីឆ្លៀតនិយាយជាមួយម៉ាលីទៀត ខ្ញុំសង្ស័យតែនិយាយដើមខ្ញុំប្រាប់ម៉ាលីហ្មង ចាំមើលណា។

ខ្ញុំក៏ស្ទុះដើរទៅរកម៉ាលី ហើយគេក៏ដើរចេញពីម៉ាលីទៅ។

«ឯងនិយាយអីដាក់រិទ្ធិហ្នឹង គេដូចជាមុខមិនស្រស់សោះ»

«គ្មាននិយាយអីទេ គេប្រញាប់ទៅណាខ្លួនគេតើ! តស់! ញ៉ាំអីរួចទៅ ដល់ម៉ោងរៀនគួរហើយ»

សុម៉ាលីដើរទៅទិញសាំងវិច រួចពួកយើងក៏ដើរសំដៅទៅសាលអគារF ដើម្បីរៀនបំប៉នជាមួយសិស្សច្បង។

ទៅដល់ខ្ញុំនិងសុម៉ាលីអង្គុយកៅអីខាងមុខដដែល សិស្សច្បងក៏មកដល់។ ស្រាប់តែសិស្សបងយ៉ាវង្សថ្ងៃនេះសង្ហាប្លែក ខ្ញុំមើលទៅគាត់ឡើងភ្លឹក ស្រាប់តែមិត្តភក្តិគាត់ឈ្មោះរាជនោះដើរកាត់ញាក់ភ្នែកដាក់ខ្ញុំ ខ្ញុំនេះស្ទុះបែរមុខទៅខាងក្រោយឡើងលឿន។

សុម៉ាលីវិញគេឱនមុខធ្វើសរសេរមេរៀន ខ្ញុំងាកទៅក្រោយ ក៏ឃើញម្នាក់អីនិយាយច្រើនទើបតែឈ្លោះគ្នាអម្បាញ់មិញហើយ អង្គុយនៅក្រោយបង្អស់ មើលមកមុខខ្ញុំដោយយកដៃច្រត់ចង្កា ខ្ញុំងាកមកវិញកេះសុម៉ាលី។

«នោះអាមួយឧស្សាហ៍តាមឯង មករៀនដែលតើ! អង្គុយនៅក្រោយគេបង្អស់ហ៎»

ខ្ញុំនិយាយមិនទាន់រួចពីមាត់ផង សុម៉ាលីងាកទៅ គេលើកដៃហេឡូដាក់គ្នា។ ខ្ញុំនេះក្នុងចិត្តគិត ម៉ាលីអើយខ្វះអីមនុស្សរាប់អាន អាប៉ិនេះដូចមនុស្សយ៉ាងម៉េចទេ ខ្ញុំមកទីណា វាមកហ្នឹងដែរ។ ខ្ញុំមិនខ្វល់ជាមួយគេទេ ខ្ញុំដាក់ចិត្តរៀនជាមួយសិស្សច្បងសំណព្វចិត្តខ្ញុំវិញ។

សិស្សច្បងក៏បានចុះមកមុខតុខ្ញុំ និយាយបែបលេងសើចជាមួយខ្ញុំ

«អមរា មេរៀនម៉េចយល់ឬអត់? មានអីឆ្ងល់ឬអត់? ចុះមិត្តភក្តិអមរាយល់ឬអត់ទេហ្នឹង?»

«យល់សិស្សច្បងយល់! សិស្សច្បងពូកែបង្រៀនណាស់ មែនអត់សុម៉ាលី?» ខ្ញុំយកជើងកេះសុម៉ាលី ម៉ាលីងក់ក្បាល។

«ចាស! ចាស!»

«អ៊ីចឹងបើអត់មានអីទេ ប៉ុណ្ណឹងបានហើយ អមរាកុំភ្លេចយប់នេះទំនេរទេ?»

«ចាស! សិស្សច្បងទំនេរ» គាត់និងមិត្តភក្តិគាត់ឯទៀតក៏ដើរចេញទៅអស់ទៅ ចំណែកម៉ាលីឆ្ងល់នឹងសម្តីខ្ញុំរឿងខ្ញុំនិយាយថាយប់ទំនេរ។

«មានរឿងអីមែនម៉ាលី?»

«ទេគ្មានអីទេ! តែឯងដូចជាស្គាល់សិស្សច្បងម្នាក់ហ្នឹងជិតដិតដល់ហើយ គាត់ស្រលាញ់ឯងមែន?»

«ប្រាកដហើយ មនុស្សគាត់ឆ្លាត សង្ហាហើយស្អាតទៀត សំខាន់គ្នាចូលចិត្តគាត់ត្រង់រួសរាយចិត្តល្អ ជាបុរសក្នុងក្តីស្រមៃរបស់គ្នាតែម្តងហាសហា!»

«ឯងកំពុងតែស្រមៃហើយ នេះមុខសញ្ញាប្រយ័ត្នគេបោកណា»

«ចាសសុំទោស! មិនងាយឱ្យអ្នកណាមកបោកបានងាយៗទេ សុំបោកមុនហើយ»

ខ្ញុំនិយាយរួចងាកទៅតុខាងក្រោយមិនឃើញម្នាក់អីនិយាយច្រើនទេ ប្រហែលជាគេចេញទៅមុខបាត់ទៅហើយ។ ខ្ញុំក៏ឈប់និយាយពីសិស្សច្បងជាមួយសុម៉ាលីទៀត ពីព្រោះនិយាយសើចៗ គេមើលមុខមកគ្រប់គ្នា ដូចចម្លែកណាស់ ខ្លាចគេគិតមកលើពីរនាក់ខ្ញុំជាមនុស្សសតិមិនល្អអីចប់តែម្តង។

ខ្ញុំនិងសុម៉ាលីប្រមូលរៀបចំសៀវភៅដាក់កាតាប រួចចុះមកខាងក្រោមអគារ ដើរសំដៅទៅយកកង់ដើម្បីជិះត្រលប់ទៅផ្ទះ ក៏ចួបអាមួយហ្នឹងទៀត។

គេកំពុងតែវាយប៉េងប៉ុង ខ្ញុំឃើញមិនបានរាក់ទាក់ទេ ទោះបីរៀនថ្នាក់ជាមួយគ្នាក៏ដោយ មានតែសុម៉ាលីទេដែលត្រូវគ្នាជាមួយគេ។ ខ្ញុំមិនដឹងថាយ៉ាងម៉េច ខ្ញុំមានអារម្មណ៍ថាមិនត្រូវគ្នាជាមួយគេ ឬមកពីខ្ញុំគិតច្រើនខ្លួនឯងទេដឹង។

គេបក់ដៃសំដៅមកខ្ញុំ ខ្ញុំធ្វើជាមិនឃើញបែរមុខចេញ តែសុម៉ាលីក៏លើកដៃហេឡូទៅគេ។ ខ្ញុំទាញដៃម៉ាលី ចង់ឱ្យចាកចេញពីកន្លែងហ្នឹង ស្រាប់តែគេដើរសំដៅមក។

«ម៉ាលី អមរា អស់ម៉ោងរៀនហើយ រកទៅណាហ្នឹង?»

«ផ្ទះ!» ខ្ញុំនិយាយកំបុត។

«បបួលគ្នាទៅញ៉ាំអីនៅភូមិន្ទហ្អី? ញ៉ាំប្រហិតហាស»

«អើយ! ទៅផ្ទះវិញ បើអាចយកពេលដេកល្អជាង នៅកិច្ចសាលាច្រើនណាស់ រកតែពេលដេកមិនបានផង»

គេលែងមាត់។ «ខ្ញុំនិងអមរាទៅផ្ទះហើយ ត្រូវធ្វើការងារសាលាច្រើនហើយ ចាំលើកក្រោយទៅណាណារិទ្ធិ?»

មានភាគបន្ត…