កន្រ្ទាញឥនុចារ្ស – Meysansotheary

រឿង៖ កន្រ្ទាញឥនុចារ្ស
ដូច្នេះហើយ នាង​ក៏និយាយគ្រប់រឿងប្រាប់ទៅម្តាយថា៖

«នៅសុខៗកណ្តាលអាធ្រាត្រ​ យាយមិន គាត់ឃើញក្នុងផ្ទះខ្ញុំមាន​​មនុស្សស្រីបុរាណម្នាក់ មកឈរកណ្តាលផ្ទះគួរឱ្យខ្លាច គាត់ក៏ខំរត់គេចឡើងមកជាន់លើតែរត់មិនរួច ក៏ត្រូវទាញទម្លាក់មកធ្លាក់ដល់ស្លាប់! ម៉ាក់! ហើយ…មុនស្លាប់គាត់ខំប្រឹង​ផ្តាំប្រាប់ខ្ញុំថា ឱ្យប្រយ័ត្នរឿងមិនល្អបម្រុង​កើត​ឡើងក្នុងផ្ទះ!​ ខ្ញុំភ័យណាស់ម៉ាក់»

បន្ថែមពីនេះជំទាវស៊ីណា​ក៏និយាយរៀបរាប់កាលពីប៉ុន្មានម៉ោង មុនពេលយាយមិនធ្លាក់ពីលើផ្ទះ មានរឿងចម្លែកគឺពេលព្រលប់​ៗកូនប្រុសតូចស្រាប់តែចង្អុលទៅក្រៅហើយស្រែកថាមានខ្មោច។

«បើយ៉ាងនេះ…ទាក់ទងចិញ្ចៀនភ្លុក​ដែល​ប្តីកូនបាន​ទិញមកហ្នឹងទេ?»

ម្តាយ​សួរបកវិញដូច្នេះ ជំទាវក៏នឹកឃើញភ្លាមដល់រឿងចិញ្ចៀន។

«ខ្ញុំ…ខ្ញុំមិនដឹងទេម៉ាក់! របស់ហ្នឹង​ថ្លៃសិបម៉ឺនដុល្លារ! ជារបស់សាងពីភ្លុកសោះ ប៉ុន្តែមើលទៅ មិនដឹងថាជាបន្តោងខ្សែក ឬក៏ជាជាតិបណ្តូលថ្ម​ធម្មជាតិអ្វីមិនដឹង មានអក្សរតូចបាលីនៅហ្នឹងទៀត អានមិនដាច់តូចពេក!»

«អ៊ីចឹង ចាំម្ដាយនៅផ្ទះណ៎ាកូន! ចាំម្តាយទៅដល់ ចាំយើងចេញក្រៅជាមួយគ្នា ទៅរកលោកគ្រូបាលីឱ្យជួយមើល!»

មិនយូរប៉ុន្មាន​ទេ ម្តាយកូនពីរនាក់នេះត្រូវបានកូនឈ្នួលវ័យកណ្តាលម្នាក់មកពីស្រុកកោះធំ នាំទៅកាន់ផ្ទះគ្រូបុរាណចូលរូប។

ភូមិករ​ដែលគ្រូនេះស្នាក់នៅ មាន​ចម្ងាយប្រមាណជាសែសិបគីឡូម៉ែត្រពីក្រុងភ្នំពេញ។

«គាត់ឈ្មោះថា តាគង្គលោកជំទាវ! ចេះអាន​អាថ័ន បាលី អក្សរខ្មោចកាត់សុបិន គឺសព្វសារពើ!»

កូនឈ្នួលប្រាប់មកម្តាយនិងជំទាវស៊ីណា​បែបនេះ ប៉ុន្តែនៅពេលទៅដល់ បានប្រគល់ភ្លុកឱ្យពិនិត្យ គាត់ចាំងពិល​ពិនិត្យ​​ចុះឡើងច្រើនសា ទីបំផុត​សារភាពដោយ​គ្រវីក្បាលថា៖

«អានមិនដាច់ទេ! គ្មានអ្នកណាអាចធ្វើឱ្យដឹងពីប្រវត្តិរបស់នេះឡើយ! ចូរអ្នកទៅរកគ្រូពូកែៗលើសខ្ញុំណា ដែលគេប្រហែលជាអាចស្មឹងស្មាធិ៍សួរនាំម្ចាស់របស់អ្នកដឹង! កុំទុកយូរ! ឆាប់ទៅណា៎»

ជំទាវក្តោបដៃម្តាយទាំងភ័យ។ ម្តាយងាកទៅសួរគ្រូដោយមុខស្លេក​ដូចគ្នា៖

«បានន័យថាម៉េចទាន? របស់នេះមានម្ចាស់? ហេតុអី…បានជា…ហ៊ឹម!»

ម្ដាយជំទាវសួរឡើងទាំងបារម្ភ៖

«ជាស្ត្រីបារាំងមែនទេ?»

ស៊ីណាភ្លាត់មាត់ទាំងក្ដុកក្ដួលក្នុងចិត្ត

«គាត់របួសក្បាល» ស៊ីណាតោងដៃម្ដាយទាំងភ័យបារម្ភអាក់ៗ…លុះមិនឃើញគ្រូតប ក៏សួរបន្ថែម៖

«ម្ចាស់ហ្នុង…ជា…ជាស្ត្រីបុរាណមែនទេ?! »

ពេលសម្គាល់ឃើញថា គ្រូគង្គងាកមក​ហាក់យកចិត្ត​ទុកដាក់នឹងពាក្យចុងក្រោយនេះ   ម្តាយជំទាវ​ក៏និយាយបន្តឡើងភ្លាម៖

«បម្រើក្នុងផ្ទះខ្ញុំទើបស្លាប់ម្សិលមិញអ៊ំគ្រូ! មុនពេលគាត់ស្លាប់…គាត់ប្រាប់ថា ឃើញ​មនុស្ស​បុរាណម្នាក់លេចមកឈរកណ្ដាលផ្ទះកណ្តាលយប់ស្ងាត់!»

«ប្រើម្រាមសោះ ស្រូបទាញឱ្យគាត់ធ្លាក់ពីលើជណ្តើរផ្ងារក្រោយ!»

ជំទាវស៊ីណាថែមពីលើសម្តីម្តាយ។ ពាក្យទាំងនេះញ៉ាំងឱ្យ​តាគង្គជ្រួញចិញ្ចើម ហើយគ្រវីក្បាលឡើង។

«ខ្ញុំមិនស្គាល់ប្រវត្តិ ខ្ញុំដោះស្រាយមិនចេញទេ!»

«ចុះមិញនេះ…លោកអ៊ំគ្រូមានប្រសាសន៍ពី…ម្ចាស់…!»

ជំទាវនិយាយមិនទាន់បានត្រឹមត្រង់ផង ត្រូវ​តាគ្រូ​លូកមាត់ផ្តាច់សម្តី៖

«របស់មានម្ចាស់…គ្រាន់តែប៉ះគេក៏ឱ្យយើងដឹងទៅហើយ ប៉ុន្ដែបើគេមិនឱ្យដឹងច្រើនជាងនេះ…យើងមិនអាចដឹងបានទេ!!»

ម្តាយនិង​កូនងាកមើលមុខគ្នា រួចអ្នកស៊ីណាពោលសួរគ្រូគង្គ៖

«​ធ្វើម៉េចទៅអ៊ីចឹង?…តើ…យើងត្រូវលក់របស់នេះចេញឬក៏យ៉ាងម៉េច?»

«…ខ្ញុំមិនចង់ឱ្យលោកជំទាវពន្យារពេល…របស់មកដល់ផ្ទះ មិនអាចលក់ចេញរួចខ្លួនឯណា? គួរតែរកបាន​អ្នកដែលគេចេះជាន់រូបស្ទាត់ចំណាប់ ឱ្យគេជួយសួរនាំ និយាយឆ្លើយឆ្លងជាមួយម្ចាស់វត្ថុសិន​ ទើបមានដំណោះស្រាយ!»

មិនដល់ដប់ប្រាំម៉ោងក្រោយមក ម្តាយនិងញាតិមិត្តមួយចំនួនទៀតជាជំទាវៗដែលមានខ្សែរយៈច្រើន បាននាំអ្នកស៊ីណាមកដល់ទីកន្លែងនៃគ្រូចូលរូបម្នាក់ដ៏ល្បីឈ្មោះនៅតំបន់ដែនទន្លេក្បែរខាង។

គ្រាន់តែឃើញពួកគេមកដល់កាលណា អ្នកចូលរូបដែលមានរូបរាងក្រៅជាក្មេងជំទង់ប៉ុន្តែគ្មានសក់ រូបរាងធាត់ទ្រលុកសើចក្អាកក្អាយទះដៃ​ញាក់ជើងពីលើផ្ទះ។

«ថ្ងៃនេះមានភ្ញៀវ ក៏មាន​មែន!»

គ្រូចូលរូប គេជាក្មេងដែលមានភាពរលីមរលាម​ ទឹកមុខក្រមិចក្រមើម ប៉ុន្តែនៅពេលរូបចូល​ស៊ប់ គាត់ចាប់ផ្ដើមសារសងយ៉ាងចាស់ទុំនិងម៉ឺងម៉ាត់វិញ។

នៅពេលដែលបានចរចាភាសាបាលីបុរាណ​ជាមួយនឹងវិញ្ញាណ​ក្នុងចិញ្ចៀនភ្លុក បានតែ​បន្តិចក្រោយមកគេក៏ដឹងខ្លួនមកវិញ នៅសល់តែសម្បកកាយ។

រួចទើបក្មេងជំទង់ បានដកដង្ហើមគឃូស​រៀបរាប់និយាយប្រាប់ទៅកាន់អ្នកស៊ីណាថា ៖

«របស់លម្អនេះ ដើមឡើយគឺជាកម្មសិទ្ធិរបស់មនុស្សស្រីបុរាណម្នាក់ដែលមានមន្តគាថាជាប់នៅជាប​ណ្តាសា!»

លោកស្រីជាម្តាយ​និងជំទាវស៊ីណាតក់ស្លុតខ្លាំងណាស់។ ដោយ​តោងដៃ​ម្ដាយសឹងតែសន្លប់បាត់ស្មារតីព្រោះអ្វីគាត់និយាយដូចជាត្រូវគ្នាពេក នឹងអ្វីដែលយាយមិនបានឃើញមុនពេលស្លាប់។

«ត្រូវយករបស់នេះចេញពីផ្ទះឱ្យខាងតែបាន!» គ្រូក្មេងបង្គាប់ឡើង។

ម្តាយកូននៅស្តាប់ដោយយកចិត្ត​ទុកដាក់និងងក់ក្បាលយល់ស្របផងព្រោះគ្មានអ្វីត្រូវតវ៉ាជំទាស់ទេ។ គ្រូឃើញ​ដូច្នេះ​ក៏តឹងសំឡេង​និយាយប្រាប់ទៀតថា៖

«ម្ចាស់វត្ថុ មាននាម​ថា​ឥន្ទនុចារ្ស! គេបានសាសងជាមួយរូបជាភាសាបាលី ត្អូញ​ត្អែរនូវប្រវត្តិជីវិត​ជូរចត់កាលពីរាប់ពាន់ឆ្នាំមុន កាយ​ជាមនុស្សតំបន់ភ្នំដ៏មានអំណាច មានទឹកចិត្ត​ក្លាហាន​រឹងមាំ  ត្រូវបានបងស្រីបង្កើត​នៃខ្លួនក្បត់ ដូច្នេះនាងក៏ដាក់បណ្តាសាពួកគេសងគំនុំគ្រប់ជាតិ!»

ត្រលប់មកផ្ទះវិញជំទាវស៊ីណា​ត្រូវយករឿងទាំងនេះ​​ ចរចាប្រាប់ទៅប្តី។

«បង!​ អ្នកចូលរូបប្រាប់ថា យើងត្រូវលក់វាចេញ នៅមុនយប់ដប់បីរោច បើមិនដូច្នោះទេ នឹង​មានរឿងអពមង្គលកើតឡើងចំពោះអ្នកទិញ!»

ប្តីដកដង្ហើមធំ ក្រោកពីសាឡុង​ខ្មឺតឡើង ទៅវែកពិនិត្យ​ប្រក្រតិទិននៅលើជញ្ជាំង ហើយនិយាយថា៖

«ថ្ងៃប្រាំបីរោចហើយហ្នឹង!»

«ឆាប់លក់ចេញទៅ! ខាតប៉ុន្មាន​ក៏ខាតទៅ!» ប្រពន្ធតឿនទាំងភ័យព្រួយ។

«នៅសល់ប្រាំថ្ងៃទៀតហ្នឹង!» ប្តីតប់ប្រមល់ពេលឃើញ​បែបនេះ។

«មិនដឹងទេ! បងឯងដោះស្រាយយកចេញឱ្យបាត់ទៅ!»

«កុំជឿខ្លាំងពេកមើល៍!»

«មិនដឹងទុកធ្វើស្អីទេ! បើសិនមិនមាន​ម្ចាស់ឬវិញ្ញាណ​ដូចគេថាក៏ដោយ គ្រាន់តែយកមកដល់ផ្ទះ មិនទាន់បាន​មួយយប់​ផង ស្រាប់តែយាយមិនស្លាប់…»

«គាត់ចាស់ហើយ!  រអិលផ្ងារក្រោយរឿងអីមិនទៅស្រុកដើម?»

«អូខេ! ចុះជីមី​ឈឺ? ជីមីចង្អុលទៅក្រៅថាឃើញ…ឃើញ…! កុំឱ្យមានរឿងអីកើតឡើង​លើកូនយើងឱ្យសោះ បើមិនអ៊ីចឹង​ខ្ញុំមិនលើកលែងឱ្យបងឯងទេ!»

ប្តីនៅស្ងៀម​ងាកមកមើលកូនប្រុស​ដែលគេងលើគ្រែក្រោយខ្នងភរិយា។

«ខ្ញុំមិនចង់ចាំទៀតនោះទេ!»

«របស់តម្លៃរាប់សិបម៉ឺនដុល្លារមិនមែនរកម្ចាស់លក់ចេញ ក៏បានភ្លាមៗតាមចិត្ត​នឹកឃើញទេ!»

ពួកគេចូលគេងទាំងមិនសប្បាយចិត្តនឹងបែរខ្នងឱ្យគ្នា។ នៅពេលដែលលង់លក់បានមួយភាំង ទេសកាលអីស្រាប់តែឮសម្រែកខ្លាំងៗគួរឱ្យរន្ធត់ឡើង…អ្នកស៊ីណាដឹងខ្លួនមមិងមមាំងក្រោកឡើងស្ទុះស្ទាញីភ្នែក។

ដោយ​មិនឃើញវត្តមាន​ប្តីនៅក្បែរខ្លួន នាងងាកមកឱបកូនទាំងស្លន់។

«ជួយបងផង ស៊ីណាជួយបងផង!»

ជំទាវ​ឮសម្លឹងប្តីហៅឱ្យជួយ។

ទើបលាដៃពីកូនសន្សឹមៗ ដើរមក​ក្បែរ​បង្អួចសម្លឹង​ទៅខាងក្រោម ស្រាប់តែឃើញអ្នកយាមកំពុងតែរត់ស្រទាំងពីរនាក់មកលើកគ្រាហ៍ស្វាមីរបស់នាងឡើង។

«មានរឿងអី?»

«គាត់ដើរមមើធ្លាក់លោកជំទាវ!»

ស៊ីណា​ស្លុតលែងនិយាយចេញ។ សូម្បីលោកវិសុទ្ធក៏មិនដឹងថាហេតុអ្វីបានជាគាត់យល់សប្តិដល់ថ្នាក់ឡើងទៅដល់ជាន់ខាងលើបំផុត ហើយលោតចុះមកនោះដែរ។

នេះគ្រាន់តែបាក់ជើង ដោយសារតែមានការរៀបចំនៅខាងក្រៅអំពីពោងការពារ​គ្រោះថ្នាក់នៅពេលធ្លាក់ បើពុំនោះទេប្រហែលជាបាត់បង់ជីវិត ​ចំណែកជំទាវនឹងក្លាយជាស្ត្រីមេម៉ាយត្រឹមតែមួយយប់ទៅហើយ។

នៅក្នុងមន្ទីរពេទ្យប្តីចាប់ផ្តើមព្រមអង្គុយស្ដាប់ប្រពន្ធនិយាយអំពីរឿងចិញ្ចៀននោះ។

ម្ដាយក្មេកនិងម្តាយបង្កើតរបស់ជំទាវស៊ីណាបានមកពិគ្រោះ ជំនុំជជែកគ្នារកវិធីសាស្ត្រ​ដោះគ្រោះលើកនេះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា មានគ្រូមន្តអាគមអូមអាមណាជួយដោះបណ្ដាសាលើចិញ្ចៀននោះបានទេ។

«តើយើងត្រូវធ្វើបែបម៉េចទៅ អ្នកចូលរូបប្រាប់ថា ចិញ្ចៀននេះត្រូវតែលក់ទៅឱ្យអ្នកផ្សេង!»

«បោះវាចោលទៅ» ម្តាយអ្នកស៊ីណា​ឧទាន​ឡើង។

«លែងស្ដាយហើយ!» ប្ដីក៏និយាយបែបនេះដាក់ប្រពន្ធដែល​ដោយភ្នែកសម្លឹងម្ដាយពួកគេ។

ក្រោយ​សម្រេចចិត្តថា យកវាទៅបោះចោលនៅមាត់ទន្លេ។

អ្នកស៊ីណាចេញទៅ​ធ្វើរឿង​នេះខ្លួនឯងដោយបញ្ជេឡើងថា ធ្វើប៉ុណ្ណេះ​ខាតបង់ប្រាក់រាប់សិបម៉ឺនទៅចុះ​ឱ្យតែ​បង់គ្រោះចង្រៃទៅអស់។

ស្រាប់តែត្រលប់មកដល់ផ្ទះវិញ ឃើញប្ដីកំពុងអង្គុយយំចង្អុលទៅចិញ្ចៀនដែលទៅឈរស្ងៀម​នៅលើតុ។

«ខ្ញុំបានបោះចោលវាច្បាស់ណាស់!» លាន់មាត់ដោយ​តក់ស្លុតរួចហើយ នាងចាប់ផ្តើមទន់ជើងអង្គុយលើកៅអីចំណែកម្តាយរបស់ប្តីនាងញីក្បាល​គេ​ដូចមនុស្សា​សន្លប់។

ព្រឹកស្អែកឡើង លោកវិសុទ្ធជាប្តីបាន​ទៅដល់នៅការិយាល័យធនាគាររបស់ខ្លួន។

គេបាន​ជជែកជាមួយលេខាជំនិត៖

«ខ្លួនឯងត្រូវរកមនុស្សម្នាក់ ឱ្យគេមកទិញ​ចិញ្ចៀនពីខ្ញុំ!»

លេខាភ័យខ្លាចខ្លាំងណាស់នឹងបញ្ជានេះ​ ព្រោះដឹងពីតម្លៃចិញ្ចៀនភ្លុក តែមិនដឹងពីបណ្តាសាលើវានោះនៅឡើយ។

«កុំភ័យ! យកលុយ​១លានដុល្លារទៅឱ្យវា ប្រាប់ទៀតថា យកហុកសិបម៉ឺនមកទិញយករបស់នេះ ដែលជាតម្លៃដើម ធ្វើដូចជាចង់បានរបស់នេះ ហើយសល់លុយ​ប៉ុន្មានទុកជារបស់វា!»

«ធ្វើអ៊ីចឹងបានដែរ?»

«អ្នកខ្លះចង់បានលុយខ្លាំងណាស់! គេមិនខ្វល់ថាម៉េចទេ! ​​តាម​ពិតទៅរបស់នោះមិនត្រូវរាសីជាមួយយើង មិនអាចទុក​បាន! យើងចង់ផ្ទេរចេញឆាប់បំផុត! ហើយខាតបង់លុយមួយលានអីក៏ឱ្យមនុស្សនោះមកទទួលយកចុះ មួយលានដុល្លារ មិនថ្លៃជាងអាយុជីវិតរបស់យើងនោះទេ! ជើងយើងបាក់ហើយ ឯងក៏ឃើញ!»

លេខាត្រូវចៅហ្វាយពន្យល់ល្បិចសព្វយ៉ាងដើម្បីនឹងបានរកម្ចាស់ថ្មី​ទទួលបណ្តាសាពីចិញ្ចៀន។ ពេលបានយល់ការសព្វសារពើហើយ ​រួចក៏ចេញទៅរកមនុស្សតាមបង្គាប់ខាងលើ។

ស្អែក​ឡើង លេខា​បានវិលត្រលប់មកវិញហើយជម្រាបប្រាប់លោកវិសុទ្ធថា៖

«ចៅហ្វាយខ្ញុំរកបានមនុស្ស​ម្នាក់ សមនឹង​ការងារនេះ!»

«វាជាអ្នកណា?!»

«អ្នកញៀនល្បែងម្នាក់ ធ្លាប់នៅភូមិជាមួយគ្នាទាន!!»

«ឈ្មោះអី?»

«ឈ្មោះពិទូទាន!»

«ហើយវាអត់មានសួរនាំច្រើនទេ?!»

«សួរនាំដែរ ប៉ុន្ដែវាពិតជាត្រូវការលុយច្រើន! ជាប់បំណុលរុំខ្លួន!»

«ល្អហើយ! រៀបចំទៅ!»

លេខាបានការហើយក៏ចេញទៅភ្លាម ទុកឱ្យលោកវិសុទ្ធដែលនៅក្រៀមក្រំលើរទេះ លូកដៃយកកន្សែងខ្ចប់វត្ថុភ្លុក​នោះ មកលាមើលស្ងាត់ៗម្នាក់ឯងទាំងចិត្ត​អាល័យ​សោកស្តាយ។

«អញណេះ​ជើងដើរក៏មិនដឹងអង្កាល់! អញគ្មាន​ជតា​នឹង​ថែទាំឯងទេ ទៅនៅនឹងម្ចាស់ថ្មី​ទៅ!»

ថាហើយ​ក៏ខ្ចប់ក្រណាត់គ្របវិញ ​ងាកមករាវទូរសព្ទទៅលេខ៖

«ប៊ុនធឿន! កុំភ្លេចរឿងមួយ! រៀបចំឱ្យខ្ញុំអង្គុយក្បាលតុធំវែង ព្រោះកុំឱ្យគេឃើញជើងរបស់ខ្ញុំបាក់!»

«បាទ​ទាន​! ខ្ញុំរៀបចំតាមហ្នឹង​ហើយ!»

ស្អែកឡើង​លោកវិសុទ្ធនៃធនាគារ Main Gold ឱនសរសេរសែក ហើយ​បានហុចមកឱ្យបុរសក្មេង។

«ណេះពិទូ!»

បុរសក្មេងឈ្មោះពិទូសម្លឹងនិងទទួលយក​មូលប្បទានប័ត្រនេះមកកាន់ ភ្នែកក៏លួចអានចុះឡើង​ពីរទៅបីដងដោយផឺតពោះ។

១លាន​?

គំនិតមួយលេចមកភ្លាម​៖

«អត់ទារវិញទេណ៎ា ខ្ញុំមិនឱ្យវិញទេ!»

បុរសអ្នកមាន​និងល្បីឈ្មោះនេះ ងើបមុខ​មកហើយ​និយាយមួយៗ៖

«យកលុយនេះទៅធនាគារខ្ញុំ លោះយកចិញ្ចៀនភ្លុកនោះមក សល់ប៉ុន្មានបានទៅឯង!»

«ចិញ្ចៀនភ្លុកនោះប៉ុន្មាន?!»

«៦០ម៉ឺន!»

គេ​ដូច​ចង់តវ៉ាថា លុយគេស្រាប់តែសល់ត្រឹម​៤០ម៉ឺន តែហាក់ចេះគិត ក៏ដកថយវិញ ព្រោះតាមពិតខ្លួនជាមនុស្សគ្មានមួយរៀលណាទេ​ នៅសុខៗបានទទួល​៤០ម៉ឺនគឺមហាស្ចារ្យហើយ។

ពិទូរួសរាន់ទៅធនាគារ។

«ជម្រាបសួរ! ខ្ញុំមកលោះអលង្ការ! ​ទាក់ទងលោកវិសុទ្ធរួចហើយ»

គ្រប់គ្នាងាកមកពិទូនៅពេលបើកទ្វារ។ ជននេះមិនដឹងសំណាង​អាក្រក់ដែលខ្លួនកំពុង​ត្រូវ​ទម្លាក់មកឱ្យក្លាយជា​អ្នកទទួលជំនួសទេ។

គេ​ដើរចូលទៅដូចជាប្រធានបទសំខាន់មួយ ធ្វើឱ្យ​ម្នាក់ៗនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ​ចោលការងារ​មើលមកគេរហង់។ ខ្លះមើលចំ ខ្លះមើលដោយ​កន្ទុយភ្នែក។

«ខ្ញុំក្លាយជាអ្នកមាន​ និងជាម្ចាស់ចិញ្ចៀនពិសិដ្ឋទៀត ​ជីវិតខ្ញុំផ្លាស់ប្តូរហើយ!»

គេគិតម្នាក់ឯងសកម្មភាពស្វាហាប់។

«អញ្ជើញមកតាមខ្ញុំ» បុរសម្នាក់ទំនងជាមេគេទាំងអស់ លេចមុខមក​ដោយ​នាំពិទូទៅ ទាំងឱនលំទោនដាក់។ ការនេះ ​ធ្វើឱ្យជនល្មោភល្បែងមាន​អារម្មណ៍ថាខ្លួនឯង ក្លាយមកជាសេដ្ឋីភ្លាមៗ។

នៅពេលធ្វើដំណើរ​ទៅរក​កន្លែងដ៏ប្រណីតមួយ ជាបន្ទប់នៅឆ្ងាយពីគេ​និងបិទជិត។

ចូលដល់ក្នុងកាលណា​គេ​អង្គុយ​​បើកជើង​យ៉ាង​ទូលាយ​ល្មម​ឱ្យអ្នកផង​មើលមកថាសង្ហាតាមទឹកលុយ​។

មិនយូរទេ ក្រោយក្រេបភេសជ្ជៈចំហាយនៃ​ភាព​ត្រជាក់ប៉ះ​ចេញទ្វារអាថ៌កំបាំងដែលរបើកយឺតៗ​ប៉ះនឹង​​ប្រអប់​ជើង​របស់​គេ​។

នេះជាបន្ទប់ដាក់តម្កល់គ្រឿង​អលង្ការសោះ។

កោតវាសនាដែរ ដែលបានមកឃើញបន្ទប់អាថ៌កំបាំងពេញដោយប្រព័ន្ធការពារសន្តិសុខមួយនេះ។

ដោយសារតែខាងក្នុងងងឹត​ ជននេះហាក់ខកបំណងដែលមិនអាចមើលអ្វីឃើញច្រើនសោះ ឃើញតែបុរសពីរនាក់លើកថាសមួយចេញមក។

ពួកគេ​មើលជុំវិញបន្ទប់​រួចលើកថាសមកដាក់លើតុពីមុខភ្ញៀវ។

អ្វីដែលពិទូបានឃើញគឺចិញ្ចៀនវង់ធំមួយ មានត្បូងមួយគ្រាប់គត់ ដូចជាភ្លុកដំរីមែន​។ ពណ៌​សនិងស្រអាប់ តែមើលមាឌ​ទំនងធ្ងន់។

«ចិញ្ចៀននេះ៦០ម៉ឺន?»

គេ​គិត​ក្នុងចិត្ត​មិនបាន​និយាយចេញមកទេ​​ តែទឹកមុខបានសម្តែងអារម្មណ៍ពិតចេញមកហើយ គឺអារម្មណ៍ស្តាយលុយ​។

«ចិញ្ចៀនរបស់មេកន្ទ្រាញឥនុចារ្សនេះ អគ្គនាយកខ្ញុំបានទិញមកនៅឯមហោស្រពគ្រឿងបុរាណប្រទេសនេប៉ាល់!»

បុរសនាំមុខគេ​ប្រាប់ភ្ញៀវ។

ឈ្មោះមេកន្ទ្រាញអីនោះពិទូមិនសូវជាចាំបាននិងមិនចាប់អារម្មណ៍ទេ តែ…

«វង់ធំអ៊ីចឹង​ពីណាពាក់កើត?»

គេភ្លាត់មាត់សួរជាមួយទឹកមុខស្តាយលុយ។

«មនុស្សអម្បូរមុន ធំៗណាស់! ចិញ្ចៀននេះមិនមែនសម្រាប់យើងពាក់ទេ!»

ចង់តែសួរថា​ទិញមកធ្វើអីអ៊ីចឹង តែសួរដូច​ពាំត្រណោតខ្លួនឯងដែលត្រូវម៉ូគ្នាជាមួយលោកវិសុទ្ធថា ព្រមទិញយកចេញមកហើយ ជាថ្នូរលុយ៤០ម៉ឺនដុល្លារអាមេរិក។

គេលូកដៃទៅលើកមកមើល។ ព្រឺសម្បុរខ្ញាក ចាប់អារម្មណ៍ត្រជាក់។

នឹកឃើញឡើងវិញកាលពីចួបគាត់ដំបូង​គឺលោកវិសុទ្ធ…

«ឯងត្រូវទៅទិញចិញ្ចៀននេះយកចេញ​ទៅ ខ្ញុំឱ្យទាំងរបស់ទាំងលុយ​សល់ដល់ឯង!»

«ហេតុអីទៅ?» ​គេ​​បាន​សួរ។

«ព្រោះខ្ញុំគ្មាននិស្ស័យ មិនអាចទុកវាបាន  ប៉ះពាល់រាសីជំនួញរបស់ខ្ញុំ!»

«អូ…​រកស៊ីជោគជ័យប៉ុណ្ណឹងហើយ ជឿរឿងចឹងៗទៀត?!»

ពេលនេះ​ពិទូដកអារម្មណ៍មកមើលចិញ្ចៀន។

«របស់នេះ​ហេងឬស៊យ?»

ពួកគេគ្រប់គ្នា​នៅទីនេះស្ងាត់ដូចជាមនុស្ស​យន្តនិងមិនឆ្លង​ឆ្លើយជាមួយសំណួរនេះទេ។ ពេលគេបែរខ្នង​មនុស្សទាំងអស់ក៏លបងាកមើលមុខគ្នា។

ចុងក្រោយ ពិទូបាននាំយករបស់នោះចេញ​ទៅផ្ទះគេ។

លុយដែលនៅសល់ គេបាន​យកទៅទិញ Apartment ក្នុងក្តីស្រមៃមួយដែលមានសរុប​ដល់ទៅ​បីបន្ទប់ ​យ៉ាងប្រណីតនិងបំពាក់ទៅដោយទូរទស្សន៍អេក្រង់ធំ កុំព្យូទ័រ បាស ស្តេរ៉េអូ កៅអី និងសាឡុងទន់របស់អ៊ីតាលី។

គេ​ខំ​លម្អចង្កៀងច្រើនជាន់ និងរៀបចំ​ធ្នើរពេញដោយវត្ថុសិល្បៈស្អាតៗតាំងនៅ។

ចំណែកចិញ្ចៀន គេ​តម្កល់ទុក​លើធ្នើដែលនៅកន្លែង​ដែល​ខ្ពស់ជាងគេ។

«សង្ឃឹមថា​ថ្ងៃណាមួយ​ ឆាប់ៗ អញ​រកបានម្ចាស់ថ្មីមកទិញឯងយកទៅ ក្នុងតម្លៃមួយលានដុល្លារ យើងនឹងបាន​ផុតព្រួយ​ដើរលេងគ្រប់ប្រទេស!»

អានបន្តក្នុងរឿង ព្រោះនាងមិនមែនជានាង​