កូនផ្សោត – Meysansotheary

រឿង៖ កូនផ្សោត
ពេលទៀបភ្លឺ…

«សុខៈ! ភ្ញាក់ឡើងកូន!»

ម៉ែហៅខ្ញុំ។ សំឡេងមាន់រងាវកឺតៗជួយបន្ទរតាមក្រោយ។ មិនឃើញខ្ញុំមានប្រតិកម្មតបវិញ ម៉ែយកដៃអង្រួនស្មាខ្ញុំស្រាលៗ។ ខ្ញុំបង្ខំចិត្តបើកភ្នែកទាំងមិនចង់ ដ្បិតថ្មើរនេះកំពុងពេញលក់ស្រួលផង។ ម៉ែលូកដៃទាញភួយចេញពីខ្លួនខ្ញុំ រួចនិយាយ៖

«ឆាប់ទៅជួយដោះមងពុកឯង ព្រឹកនេះម៉ែត្រូវយកខ្នុរទៅលក់នៅផ្សារ។»

ខ្ញុំយកដៃញីភ្នែកទាំងនៅសឺៗមិនទាន់ស្រឡះ តែក៏ក្រោកដើរទៅតាមពុកទាំងមិនរវល់លុបមុខលុបភក់អីផង។ ម៉ែយកក្រមាមកដណ្តប់ខ្លួនខ្ញុំការពារអាកាសត្រជាក់ពេលទៀបភ្លឺ។ ពុកចេញទូកនាំខ្ញុំទៅកន្លែងគាត់ដាក់មងពីល្ងាច។ ខ្ញុំគ្មានទៅបើកភ្នែកមើលថាទូកចេញទៅដល់ណាទេ បើកំពុងងងុយសឹងស្លាប់។

ភ្នែកខ្ញុំបើកមើលពិភពលោកវិញក្រោយពេលពុកពន្លត់ម៉ាស៊ីនទូក។ ខ្ញុំកំពុងនៅត្រង់ដៃទន្លេដែលមានលក្ខណៈជាកូនព្រែកបែកទៅម្ខាង។ ពុកយកច្រវាចែវទូកថ្នមៗអែបទៅក្បែរខាងរួចចាប់ផ្តើមដកបង្គោលមង។ ខ្ញុំជួយស្រាវមងមកលើទូក តែ…ម៉េចក៏សាច់មងរមូរចូលគ្នាអស់អ៊ីចឹង? ខ្ញុំប្រឹងទាញវាឡើងដែរ តែទាញមិនរួចសោះ។

«មងទើបទិញដាក់បានបីដង ឥឡូវខូចខ្ទេច។»

ពុកបង្ហើរស្នៀងកំហឹង។ គាត់ប្រើកម្លាំងអស់ពីខ្លួនទាញសាច់មងមកលើទូក។ ខ្ញុំតាមមើលសាច់មងដែលងើបចេញពីទឹកដោយយកចិត្តទុកដាក់ តែគ្មានឃើញជាប់ត្រីអីមួយទេ។ សាច់មងសឹងតែទាំងអស់រួញខ្ញុល ជំពាក់វាក់វិន។

«មងខូចអស់ទៅហើយ ត្រីណាវាមកជាប់។ ថ្ងៃនេះស៊ីអំបិលហើយ។»

ពុកបន្តនិយាយទាំងមួរម៉ៅ។ គាត់បង្ខំស្រាវមងឡើងលើយកមួយឈ្នះដៃ ស្រាប់តែ…អ្វីមួយផុសឡើងពីក្នុងទឹកជាប់មកជាមួយមង។ ខ្ញុំបើកភ្នែកធំ ភ័យបុកពោះ ព្រោះគិតថាវាជាក្រពើ។

«កូនផ្សោត!»

ពុកលាន់មាត់ក្រោយពេលពិនិត្យមើលវារួចរាល់។ ខ្ញុំបន្ធូរដង្ហើមលែងសូវភ័យវិញ។

«អាចង់បានមិនជាប់ទេ អាមិនចង់បានបែរជាជាប់។»

ពុករអ៊ូបណ្តើរ ប្រឹងលើកកូនផ្សោតដែលជាប់មងមកដាក់លើទូកបណ្តើរ។ ខ្ញុំអង្គុយស្ងៀមមិនបានជួយគាត់ទេ ព្រោះខ្លាចផ្សោតនៅរស់ខាំដៃខ្ញុំ។

«ធ្ងន់គ្រាន់បើ ហោចណាស់ក៏ជាងដប់គីឡូដែរ។ កូនឯងឆាប់ដោះវាចេញពីមងនឹងអាលបោះចោលក្នុងទន្លេវិញ កុំឱ្យគេដឹងខ្លាចមានរឿង។»

ពុកប្រើខ្ញុំ។ ខ្ញុំសម្លឹងមើលកូនផ្សោតទាំងនៅរអើលៗក្នុងចិត្ត។ វាដេកស្ងៀមឥតកម្រើកខ្លួនអីបន្តិច។ ខ្ញុំលូកដៃខិតទៅរកខ្លួនវា តែក៏នឹកឆ្ងល់នឹងសម្តីពុកមុននេះ។ ផ្សោតមកជាប់មងងាប់ដោយខ្លួនឯង ម៉េចក៏គាត់ខ្លាចមានរឿង? មិនអស់ចិត្ត ខ្ញុំសួរគាត់៖

«ខ្លាចមានរឿងអីទៅពុក?»

«ផ្សោតជាសត្វកម្រ គេហាមមិនឱ្យចាប់ទេ គេអភិរក្សម៉េចទេពុកមិនសូវច្បាស់ដែរ។ ឯងឆាប់ស្រាយពីមងឱ្យឆាប់ទៅ។ ពុកស្តាយមងទើបទិញនៅថ្មីទើបមិនចង់បោះចោលទាំងមង។»

«បាទពុក!»

ខ្ញុំលូកដៃស្ទាបខ្លួនកូនផ្សោតតិចៗ។ ខ្លួនវានៅស្ងៀមគ្មានធ្វើចលនាអីសោះ។ ប្រហែលជាវាងាប់បាត់មែនទែនហើយ។ ខ្ញុំក៏យកដៃទាំងពីរដោះក្រឡាមងចេញ។ ពុទ្ធោអើយ! ជំពាន់ជំពិនរកមុខរកមាត់មិនឃើញសោះ ឱ្យខ្ញុំស្រាយយ៉ាងម៉េចចេញ។ ណាមួយកូនផ្សោតខ្លួនធំទៀត ខ្ញុំបង្ហើបវាមិនរួចទេ។

«ពុក! ខ្ញុំដោះមិនបានទេ។»

ពុកទម្លាក់សាច់មងដែលគាត់កំពុងស្រាវចុះ រួចលូកដៃមកដោះជំនួសខ្ញុំ។​ ខ្ញុំឃើញគាត់ទាញក្រឡាមងចុះឡើង បង្វិលខ្លួនកូនផ្សោតវិលជុំ។ មួយសន្ទុះធំហើយ ពួកយើងនៅតែស្រាយមងពីខ្លួនវាមិនបាន។

សំឡេងម៉ាស៊ីនទូករបស់អ្នកភូមិផ្សេងៗទៀតឮមកកាន់តែកៀក។ ពុកលើកដៃទះខ្លួនកូនផ្សោតមួយដៃផាំងដើម្បីរំសាយកំហឹង មុនពេលបញ្ឈប់សកម្មភាព។ គាត់ប្រញាប់និយាយមកខ្ញុំ៖

«ឆាប់ដោះក្រមាមកគ្របពីលើខ្លួនវាឱ្យជិតទៅ។»

«គ្របធ្វើអីពុក ខ្មោចត្រីសោះ។» ខ្ញុំតប។

«យើងយកវាទៅផ្ទះសឹមដោះមងចេញតាមក្រោយ។ ថ្មើរនេះមនុស្សចាប់ផ្តើមចុះទន្លេច្រើន បើយើងនៅទីនេះទៀត ក្រែងមានគេឃើញ។»

«បាទ!»

ខ្ញុំដោះក្រមាពីខ្លួនមកគ្របពីលើខ្លួនកូនផ្សោត ឯពុកបន្តស្រាវមងរហូតអស់ពីទឹក។ គាត់បញ្ឆេះម៉ាស៊ីនលាន់ទ្រុល បញ្ជាទូកត្រលប់ទៅផ្ទះវិញ។ ថ្ងៃនេះចំជាស៊យណាស់។

សំឡេងម៉ាស៊ីនទូករលត់បាត់សូន្យពេលពុកអែបទូកប្របកំពង់ទឹកខាងមុខផ្ទះ។ ខ្ញុំក្រោកឡើងបោះជើងជាន់លើកំពង់ ខណៈដែលក្នុងចិត្តចេះតែឆ្ងល់ថាពុកនឹងធ្វើអីចំពោះខ្មោចកូនផ្សោត។ គាត់យកក្រមារុំជុំវិញខ្លួនវា រួចលើកបីយ៉ាងប្រុងប្រយ័ត្នដើរទៅផ្ទះ។ ខ្ញុំដើរតាមជួយកាន់សាច់មងដែលធ្លាក់អូសដីក្រោយខ្នងពុក។

«ថ្ងៃនេះបានត្រីច្រើនដល់ថ្នាក់បីដាក់ក្រមាផង។ អ៊ីចឹងតើបានជាខ្ញុំញាក់ភ្នែកស្តាំមិនឈប់។»

ម៉ែនិយាយមកពួកយើង ខណៈដែលគាត់កំពុងដាក់ច្រវាក់កង់នៅខាងមុខផ្ទះ។ ខ្ញុំឃើញបបូរមាត់គាត់ញញឹម ទឹកមុខស្រស់ប្រឹមប្រិយ។ ម៉ែអើយម៉ែ! ម៉ែរំភើបចិត្តខុសហើយ។

«បានច្រើនណាស់ថ្ងៃនេះ!»

ពុកឆ្លើយចាក់បណ្តោយតាមម៉ែ។ ខ្ញុំនឹកសើចក្នុងចិត្តតិចៗ។​ ពុកបីខ្មោចត្រីទៅក្រោយផ្ទះ រួចដាក់វាចុះផ្ទាល់ដី។ គាត់យកក្រមាដែលរុំខ្លួនវាចេញ ទើបស្រែកហៅម៉ែ៖

«ម៉ែវាមកណេះ!»

ម៉ែផ្អាកដាក់ច្រវាក់កង់។ គាត់យកដៃញីគ្រាប់ខ្សាច់សម្អាតប្រេងម៉ាស៊ីនដែលប្រឡាក់ដៃ រួចដើរទៅរកពុកនៅក្រោយផ្ទះ។ ខ្ញុំដើរទៅពាងទឹក បំណងលុបមុខលុបមាត់ឱ្យអស់ពពឹកភ្នែក។ កំពុងតែអង្គុយលុបមុខក្បែរគុម្ភស្លឹកគ្រៃ ខ្ញុំឃើញម៉ែដើររលះរលាំងពីក្រោយផ្ទះមកវិញ រួចចូលក្នុងរោងបាយ។ គាត់ដើរចេញវិញដោយមានកាន់ចេកមួយស្និត និងធូបបីបួនសរសៃ រួចដើរទៅក្រោយផ្ទះ។ ខ្ញុំមិនដឹងថាពុកម៉ែកំពុងធ្វើអីទេ តែមើលទៅសភាពម៉ែអម្បាញ់មិញនេះដូចជាភិតភ័យណាស់។

«សុខៈ មកណេះមកកូន ហើយយកកាំបិតមកផង!»

ខ្ញុំកាន់ផ្តិលទឹកដាក់លើពាងវិញ រួចដើរទៅយកកាំបិតត្នោតក្នុងរោងបោយ។ ក្នុងចិត្តចេះតែគិតថា ម៉ែយកកាំបិតធ្វើអី? ឬក៏គាត់ប្រុងភ្លះសាច់ផ្សោត? តាំងពីកើតមក ដូចមិនដែលឮអ្នកភូមិណាហូបសាច់ហ្នឹងទេ។ ក្នុងមាត់ខ្ញុំចាប់ប្រែជាភ្លាវមួយរំពេចដោយនឹកឆ្អើមពេក។

ខ្ញុំហុចកាំបិតត្នោតឱ្យម៉ែ។ គាត់ប្រាប់ខ្ញុំឱ្យកាន់វាជាប់ក្នុងដៃ​ រួចបង្គាប់បន្ថែម៖

«កូនឯងកាត់សាច់វាចោលខ្លះទើបដោះចេញពីមងបាន។»

និយាយត្រង់ ខ្ញុំមិនចង់ធ្វើតាមគាត់ទេ ត្រីប៉ុនណាណីមិនមែនងាយកាត់ឯណា។ បែបនេះខ្ញុំក៏សួរបកទៅគាត់វិញ៖

«ចុះម៉េចពុកម៉ែមិនធ្វើខ្លួនឯង?»

«យីកូននេះ! ពុកឯងប្រញាប់ទៅបើកទូកឱ្យគេ។ ឯម៉ែត្រូវយកខ្នុរទៅលក់នៅផ្សារ។ នេះម៉ែយឺតផងព្រោះរវល់តែកង់ធ្លាក់ច្រវាក់។ ថ្នាក់ទី៦ «ខ» ដែលកូនរៀនត្រូវចូលវេនរសៀលឯណោះ។ ព្រឹកនេះឯងនៅផ្ទះដោះផ្សោតនេះទៅ។ ពេលដោះបានហើយ យកចបកាប់រណ្តៅកប់សាច់វាឱ្យជិតកុំឱ្យអ្នកណាដឹង។»

«តែម៉ែខ្ញុំខ្លាច…»

«កុំខ្លាចអី! ម៉ែដុតធូបសុំខមាទោសលោកតារួចហើយ។​ ធ្វើម៉េចវាមកជាប់មងដោយខ្លួនឯង មិនមែនយើងចង់ដាក់យកវាឯណា។ លោកតាគាត់មិនប្រកាន់កូនចាបកូនព្រាបមិនដឹងអីទេ។»

«បាទ!»

ខ្ញុំឆ្លើយកំបុតឆ្កុយទាំងសូញសាញ ខណៈភ្នែកខ្ញុំសម្លឹងមើលទៅចេកទុំនិងធូបបីសរសៃដែលឆេះជិតបានពាក់កណ្តាល។

«ពេលធូបឆេះអស់ ឯងយកចេកទុកក្នុងផ្ទះវិញផង កុំឱ្យមាន់ចឹក។»

ម៉ែបង្ហើរឃ្លាចុងក្រោយ មុនពេលគាត់ចេញយកខ្នុរទៅលក់នៅផ្សារ។​ ឯពុកក៏ចេញទៅធ្វើការបើកទូកឱ្យគេ។ រាល់ថ្ងៃពុកម៉ែខំធ្វើការណាស់ តែខ្ញុំមិនដឹងថាគាត់រកលុយបានប៉ុណ្ណាទេ។ បើតាមខ្ញុំគិតប្រាកដជាមិនច្រើនឡើយ ព្រោះបើពួកគាត់បានលុយច្រើន ម៉្លេះលើកផ្ទះធំដូចគេទៅហើយ។ មិនមែននៅផ្ទះតូចជណ្តើរបីកាំពីដីដូចពេលនេះទេ។

ខ្ញុំសម្លឹងមើលផ្សែងធូបដែលកំពុងហុយជុកដោយក្នុងចិត្តគិតឃើញរឿងម្យ៉ាង។ ម៉ែសុំកុំឱ្យលោកតាប្រកែប្រកាន់រឿងកូនផ្សោតមកជាប់មង ចុះម៉េចក៏ម៉ែមិនសុំផ្ទះធំពីលោកតាតែម្តងទៅ? គិតឃើញបែបនេះ ខ្ញុំដាក់កាំបិតត្នោតក្នុងដៃចុះ លុតជង្គង់ពីមុខចេកទុំនិងធូប រួចលើកដៃសំពះបន់៖

«លោកតាៗ កូនចៅចង់បានផ្ទះធំដូចគេ។ សូមលោកតាឱ្យផ្ទះធំកូនចៅមួយមក។ រាល់ថ្ងៃនៅផ្ទះតូច កូនចៅខ្មាសគេណាស់។»

បន់ស្រន់រួច ខ្ញុំក្រាបសំពះលោកតាប៉ូតៗ។ ភ្នែកខាងស្តាំខ្ញុំចាប់ផ្តើមញាក់ព្រើតៗដូចជាឱ្យប្រផ្នូលថាជិតមានលាភ។​ ខ្ញុំអរណាស់។ បណ្តោយបបូរមាត់ឱ្យញញឹមពព្រាយមួយសន្ទុះ ទើបខ្ញុំចាប់ផ្តើមធ្វើការដែលម៉ែពុកប្រើមុននេះ។ ខ្ញុំអង្គុយចោងហោងក្បែរសពកូនផ្សោត ពិនិត្យមើលក្រឡាមងដែលជំពាក់ចូលគ្នារកមុខស្រាយមិនឃើញ។

ខ្ញុំលូកដៃកាន់កាំបិតត្នោតមុខសស្ញាចរបស់ពុកបម្រុងនឹងកាត់សាច់កូនផ្សោតចេញខ្លះ ស្រាប់តែ…ស្រាប់តែភ្នែកវាបើកក្រឡោត។ ខ្ញុំភ័យស្ទើរលស់ព្រលឹងរហ័សថយគូទឆ្ងាយពីខ្លួនវា។

«កូនផ្សោតនៅរស់ទេតើ។»

ខ្ញុំឧទានឡើង។ ខ្ញុំនឹកដល់ពាក្យលោកគ្រូអ្នកគ្រូនៅសាលាដែលតែងបង្រៀនថា មនុស្សត្រូវចេះដឹងគុណដល់អ្នកដែលធ្លាប់ជួយយកអាសារយើង។ រាល់ថ្ងៃពុកធ្វើការជាអ្នកស៊ីឈ្នួលបើកទូកដឹកភ្ញៀវមើលផ្សោតនៅទន្លេខាងលើ។ ដូច្នេះខ្ញុំមិនគួរសម្លាប់វាទេ ព្រោះវាបានជួយឱ្យពុកមានការងារធ្វើ។ គិតឃើញបែបនេះ ខ្ញុំប្រញាប់យកកាំបិតត្នោតកាត់ក្រឡាមងចេញពីខ្លួនវាលែងខ្វល់ថាខ្លាចខូចមងទើបនឹងទិញថ្មីរបស់ពុកទៀតហើយ។

ចំណាយពេលមួយសន្ទុះធំ ខ្ញុំកាត់ក្រឡាមងចេញអស់។ កូនផ្សោតមានរបួសពេញខ្លួនដោយដិតស្នាមក្រឡាមងកង់ៗខូងសុះសាច់។ ខ្ញុំមិនដឹងត្រូវជួយវាបែបណាទេ បើយកដាក់ចូលទន្លេវិញខ្លាចតែរបួសវាកាន់តែធ្ងន់ ច្បាស់ជារស់មិនបានយូរ។​ គួរធ្វើបែបណា? ច្រមុះខ្ញុំបញ្ចេញដង្ហើមធំមួយបន្ធូរចិត្តដែលកំពុងស្មុគ។ ចៃដន្យអីភ្នែកខ្ញុំក្រឡេកទៅចំកូនពាងមួយនៅសំយ៉ាបក្រោយផ្ទះ។ ខ្ញុំញញឹមមួយ! ពេលនេះខ្ញុំដឹងថាត្រូវធ្វើយ៉ាងណាហើយ។

ខ្ញុំប្រញាប់ដើរទៅរបងផ្ទះរកបេះត្រួយទន្ទ្រានខែត្រមួយក្តាប់ដៃយកមកបុករួចប៉ាតសព្វមុខរបួសលើខ្លួនកូនផ្សោត។ ខ្ញុំឧស្សាហ៍ឃើញម៉ែយកវាបិតដំបៅ ហើយក៏បានជាសះ ដូច្នេះខ្ញុំជឿថាកូនផ្សោតប្រាកដជាលែងអី។ លាបរបួសរួចរាល់ ខ្ញុំប្រឹងលើកខ្លួនវាទាំងត្រដរយកទៅដាក់ក្នុងកូនពាង។ ខ្ញុំមិនទាន់អាចពន្លែងវាចូលទន្លេភ្លាមទេ នៅរង់ចាំមើលរបួសលើខ្លួនវាសិន។ វានៅស្ងៀមគ្មានធ្វើចលនាអីទេ តែភ្នែកវាបន្តបើកក្រឡោតហាក់ចង់ប្រាប់ថាវាអរគុណខ្ញុំ។ ខ្ញុំរហ័សទៅយកកន្ទក់មួយទូកដៃពីក្នុងរោងបាយមកដាក់ជាចំណីវា។

ព្រលប់ឡើង…

ម៉ែលើកថាសបាយពីក្នុងរោងមកដាក់លើគ្រែមុខផ្ទះ។ ខ្ញុំមិនដឹងថាល្ងាចនេះម៉ែធ្វើម្ហូបអីទេ ព្រោះថាសបាយគ្របគម្របជិត។ ខ្ញុំដើរទៅកាច់ស្លឹកមៀននៅចំហៀងផ្ទះទាំងក្នុងចិត្តព្យាយាមទាយពីម្ហូបក្នុងថាសបាយនោះ។ ពុកស្លៀកក្រមាដើរពីក្រោយផ្ទះមកវិញបន្ទាប់ពីគាត់ងូតទឹកពាងក្រោយផ្ទះរួច។​ ខ្ញុំចេះតែបារម្ភខ្លាចគាត់ដឹងថាខ្ញុំលាក់កូនផ្សោតក្នុងកូនពាងតូចក្បែរនោះ។ មិនមែនខ្ញុំចង់លាក់នឹងពុកម៉ែទេ តែថ្ងៃនេះពួកគាត់មួរម៉ៅពេក ខ្ញុំរកប្រាប់មិនកើត។ ព្រឹកមិញចោរលួចកង់ម៉ែនៅផ្សារបាត់។ ម៉ែជិះម៉ូតូឌុបត្រលប់មកផ្ទះវិញទាំងយំសស្រាក់។ គាត់ស្តាយរបស់រហូតមិនរវល់ធ្វើបាយថ្ងៃត្រង់ផង។ ថ្ងៃមិញមុនទៅរៀនខ្ញុំហូបបាយផ្ទះអាចក់អ្នកជិតខាងខ្ញុំទេ។ ឯពុកវិញមិនដឹងថាមានរឿងអីដែរ តែតាំងពីគាត់មកដល់ផ្ទះ ទឹកមុខគាត់មាំខ្លាំងគួរឱ្យខ្លាច។

ខ្ញុំយកមែកមៀនបំពាក់លើអំពូលភ្លើងកុំឱ្យសត្វល្អិតរោមភ្លើងច្រើនពេក។ ក្រោយភ្លៀងរាំងម្តងៗពិបាកតែរឿងសត្វរោមភ្លើងហ្នឹង។ ម៉ែកាន់ចបកាយបង្ហូរទឹកដែលដក់នៅសំយ៉ាបផ្ទះទៅខាងក្រោយ។ គាត់ហាក់មិនរវល់នឹងថាសបាយដែលគាត់ទើបលើកមកដាក់លើគ្រែទេ។

«ម៉ែពិសាបាយ!» ខ្ញុំហៅគាត់។

«ម៉ែអត់ឃ្លានទេ ឯងហៅពុកឯងទៅ។» ម៉ែតប។

«បាទ!»

ពុកឡើងអង្គុយលើគ្រែក្បែរថាសបាយទាំងមុខក្រញូវ។ ខ្ញុំមិនទាំងហ៊ាននិយាយរកគាត់ផង។ ខ្ញុំដោះស្បែកជើងចេញបម្រុងឡើងអង្គុយលើគ្រែ ស្រាប់តែ…

«វូ»

គម្របថាសបាយហើរដល់របង។ ខ្ញុំប្រញាប់ពាក់ស្បែកជើងវិញទាំងតក់ស្លុត។

«ទៅផ្សារទាំងមូលអត់ទិញអីមកស៊ី? អញធ្វើការហត់ចង់ងាប់ មកផ្ទះវិញឱ្យស៊ីផ្អក។ ម្ល៉ឹងៗអីអ្នកណាមានកម្លាំងធ្វើការ?»

ពុកនិយាយទាំងខឹង។ គាត់គ្មានយកដៃទៅប៉ះចានបាយអីបន្តិចទេ។ ខ្ញុំសម្លឹងទៅចានផ្អកចំហុយលើថាសដែលគ្មានទាំងគ្រឿងអន្លក់អមផង។ បេះដូងខ្ញុំលោតដុកដាក់ភ័យខ្លាចតែពុកនិងម៉ែឈ្លោះគ្នា។ ក្នុងចិត្តបន់ឱ្យតែម៉ែអត់តបតពុកវិញ​។ តែគ្មានទេ! ម៉ែផ្អាកកាយបង្ហូរទឹកដោយគាត់កាន់ចបនៅស្ងៀមរួចតបវិញទាំងកំហឹងដូចគ្នា៖

«ចេះហត់តែឯងទេអី ចុះខ្ញុំអត់ចេះហត់ទេ? រាល់ថ្ងៃត្រុកៗជិះកង់យកនេះយកនោះទៅលក់នៅផ្សារដីរាប់សិបគីឡូ។ មកដល់ផ្ទះវិញ​ ត្រូវរ៉ាប់រងការងារផ្ទះសព្វមុខទៀត។»

«ពុក ចោរលួចកង់បាត់ហើយ!»

ខ្ញុំប្រញាប់និយាយបង្វែររឿង កុំឱ្យពុកម៉ែជជែកគ្នាកាន់តែខ្លាំង។​ ម៉ែដើរកាន់ចបយកទៅបញ្ឈរទុកក្បែររោងបាយ ឯពុកក្រឡេកមើលក្បែរជណ្តើរកន្លែងទុកកង់ទើបគាត់និយាយឡើង៖

«អើ! ឱ្យវាហិនហោចព្រមគ្នាទាំងអស់ទៅ។ ថ្ងៃមិញអញឈប់ទូកមិនទាន់ បើកបុកកំពង់បាក់ទូកគេផ្នែកខាងមុខខ្ទេច។ ឥឡូវមេកាត់ប្រាក់ខែអស់ហើយ។»

ម៉ែដើរមកក្បែរពាងនៅសំយ៉ាបផ្ទះ។ គាត់លើកផ្តិលដួលទឹកស្រោចលាងជើងដែលប្រឡាក់ភក់បណ្តើរ តបពុកវិញបណ្តើរ៖

«បែបភ្នែករវល់ធ្លាក់អស់ទេដឹងទើបដល់ថ្នាក់បើកទូកបុកកំពង់? បើឯងឆ្ងាញ់ស្រាបែបហ្នឹង មកខ្វល់រឿងផ្ទះអត់ម្ហូបអីទៀត?»

ពុកលើកដៃស្តាំទះរនាបគ្រែលាន់ផាំង។ ខ្ញុំញ័រជើងទ្រើកៗ។

«កុំខ្លាំងដៃពេក!» ពុកស្រែកគំហក។

ខ្ញុំឃើញគាត់រហ័សចុះពីលើគ្រែដើរសំដៅទៅចបកាប់ដែលម៉ែទើបបញ្ឈរចោលក្បែររោងបាយ។ ខ្ញុំយំហ៊ូ ស្មានថាគាត់ទៅយកចបមកវាយម៉ែ។

«មកពីអាកូនផ្សោតចង្រៃនោះមកធ្វើឱ្យខ្ទេចមងអស់ កុំអីមិនអត់ម្ហូបស៊ីចឹងទេ។ ត្រីហ្នឹងនៅណា អញកាប់ឱ្យខ្ទេច។» ពុកនិយាយទាំងខឹងច្រឡោតតោតតូង។

«ខ្ញុំកប់វាចោលក្បែររបងហើយពុក។»

ខ្ញុំតបដោយកុហកគាត់។ តែយ៉ាងណាចិត្តខ្ញុំបានធូរវិញដឹងថាពុកមិនបានចង់វាយម៉ែ។ គាត់កាន់ចបមកបញ្ឈរទុកនៅកន្លែងដើមវិញដោយមិនមានមាត់កអីទៀតទេ។ ម៉ែក៏ស្ងាត់ដែរ។ ខ្ញុំលើកថាសបាយទៅទុកក្នុងរោងវិញ។ ម៉ែដើរចូលមករកខ្ញុំដោយមានកាន់ត្រួយរាំងសាបមួយដៃផង។ គាត់បើកគម្របថាសបាយ ដាក់ត្រួយរាំងក្នុងចានក្បែរចានផ្អក រួចនិយាយមកខ្ញុំទាំងមុខស្រងូត៖

«ហូបបាយទៅកូន! ចាំស្អែកសឹមម៉ែទិញម្ហូបឆ្ងាញ់!»

«បាទម៉ែ!»

ខ្ញុំហូបបាយជាមួយផ្អកចុចត្រួយរាំងទាំងមិនស្រឡះក្នុងចិត្ត។ ខ្ញុំចេះតែគិតថាពេលនេះកង់ត្រូវចោរលួចបាត់ ពុកក៏ត្រូវគេកាត់ប្រាក់ខែអស់ បែបនេះក្តីសង្ឃឹមដែលថាពួកយើងនឹងអាចលើកផ្ទះធំបានកាន់តែឆ្ងាយហើយ។ ហ៊ឹម!

ហូបបាយរួច ខ្ញុំឡើងទៅដេក តែក៏មិនភ្លេចលួចយកកន្ទក់មួយទូកដៃទៅដាក់ជាចំណីឱ្យកូនផ្សោតដែរ។ ខ្ញុំមិនទាន់ហ៊ាននិយាយប្រាប់ពុកម៉ែពីរឿងនេះទេ រង់ចាំពេលព្រឹកក្រោយពួកគាត់រំសាយកំហឹងអស់សិន។

យប់នេះ ខ្ញុំរសេះរសោះ ប្រះខ្លួនចុះឡើង ដេកមិនលក់សោះ។ មិនដឹងជាម៉េចក្នុងចិត្តចេះតែនឹកច្រណែនដល់មិត្តរួមថ្នាក់ដែលគេមានផ្ទះធំខ្ពស់ ស្លៀកពាក់ខោអាវឡូយៗ មានកង់ល្អជិះទៅរៀន។ ខ្ញុំលួចបន់អ្នកតាក្បាលដំណេក សូមឱ្យពុកម៉ែខ្ញុំមានបានដូចគេឆាប់ៗ។

«កឺតៗៗៗៗៗៗៗ»

សំឡេងមាន់រងាវដាស់ខ្ញុំឱ្យភ្ញាក់។ តែ…ម៉េចក៏ខ្ញុំមកនៅក្នុងទឹក? យប់មិញទឹកទន្លេឡើងពន្លិចផ្ទះខ្ញុំមែនទេ? ខ្ញុំចង់ប្រើដៃហែលងើបឱ្យផុតទឹក តែ…តែខ្ញុំគ្មានដៃទេ។​ អូព្រះ! ខ្ញុំសម្លឹងមើលរូបរាងខ្លួនឯងស្រាប់តែស្រឡាំងកាំង។ លោកអើយ! ម៉េចក៏ខ្ញុំមកនៅក្នុងខ្លួនកូនផ្សោត? ខ្ញុំមិនយល់ទេ។ ឬមួយដូចពាក្យម៉ែឧស្សាហ៍និយាយថា ផ្សោតជាសត្វមានលោកតាកាន់។ លោកតាខឹងនឹងពុកដែលដាក់មងជាប់វា ទើបប្តូរព្រលឹងវាជាមួយខ្ញុំ?

ខ្ញុំប្រឹងហែលឡើងលើផ្ទៃទឹករកមើលពុកម៉ែឱ្យជួយ តែក៏ស្តាប់ឮសម្តីពុកនិយាយ៖

«មងខូចអស់ហើយ បានអីដាក់ត្រីទៀត។ នឹកក្តៅនឹងអាពួកផ្សោតហ្នឹងហ្មង។ ចាំមើលហ៊ានតែជួប កាប់ចិញ្ច្រាំពួកវាឱ្យម៉ដ្ឋ។ កុំទុកនាំវាដើរបំផ្លាញមងថ្មីចោលទៀតទេ។»

សម្រិបជើងគាត់ដើរមកក្បែរកូនពាង បេះដូងខ្ញុំលោតចង់គាំង។ រឿងធំហើយ! ខ្ញុំរហ័សជ្រមុជទឹកទៅសំងំនៅបាតពាង ខ្លាចពុកឃើញក្រែងគាត់សម្លាប់ខ្ញុំ។ ​ពេលនេះខ្ញុំនៅក្នុងខ្លួនកូនផ្សោតនិយាយក៏មិនចេញ ធ្វើម៉េចគាត់ដឹងថាជាខ្ញុំបាន។ យកល្អមានតែការពារខ្លួនសិន សឹមរកវិធីដោះស្រាយតាមក្រោយ។

ផ្គរលាន់ក្តុងក្តាំង ភ្លៀងធ្លាក់ឈូរ។ ខ្ញុំអរស្ទើរហោះ។ ទឹកភ្លៀងធ្លាក់ពីសំយ៉ាបផ្ទះហូរចូលពេញកូនពាង។ ខ្ញុំងើបខ្លួនដោយប្រុងប្រយ័ត្នមកលើមាត់ពាង។ មើលតែគ្មានអ្នកណា ខ្ញុំក៏ហក់មួយទំហឹងចេញពីកូនពាង រួចលូនតាមទឹកហូរសំដៅទៅរកទន្លេ។ បំណងខ្ញុំចង់ហែលទៅរកលោកតាដើម្បីសូមឱ្យគាត់ប្តូរព្រលឹងខ្ញុំទៅរូបរាងដើមវិញ។

ខ្ញុំប្រឹងហែលទាំងរបួសខ្លួនពេញទន្លេអស់ជាច្រើនថ្ងៃ តែរកលោកតាមិនឃើញសោះ។ ស្មុគចិត្តណាស់មិនដឹងថាត្រូវធ្វើអីទៀតទេ ណាមួយនឹកពុកម៉ែណាស់។ ខ្ញុំប្រឹងយកខ្លួនដំទឹកផាំងៗនៅកំពង់ទឹកក្រែងម៉ែឆ្ងល់ចុះមកមើល នឹងអាលខ្ញុំបានឃើញមុខគាត់។ តែគ្មានទេ ខ្ញុំប្រឹងលេងទឹកសឹងបាក់កន្ទុយនៅតែគ្មានអ្នកណាចុះមក។ រំពេចនោះ ខ្ញុំស្រាប់តែនឹកដល់កន្លែងធ្វើការរបស់ពុក។ ពុកស៊ីឈ្នួលបើកទូកដឹកភ្ញៀវនៅទន្លេខាងលើ។ ឱ្យតែខ្ញុំហែលទៅខាងលើប្រាកដជាបានចួបគាត់។

ខ្ញុំឃើញពុកបើកទូកដឹកភ្ញៀវជនបរទេសបួនប្រាំនាក់។ ភ្ញៀវខ្លះមានស្ពាយកាបូបធំៗសង្ស័យជាអ្នកមានខ្លាំង។ ខ្ញុំនឹកដល់គ្រាមួយដែលខ្ញុំធ្លាប់សួរពុកថា កាលណាយើងលើកផ្ទះធំដូចគេ។ ពុកតបថា ចាំគាត់ដឹកចំភ្ញៀវអ្នកមាន ហើយគេភ្លេចលុយមួយកាបូបលើទូកគាត់ ​នោះយើងនឹងអាចលើកផ្ទះធំបាន។ ក្នុងចិត្តខ្ញុំពេលនេះស្រាប់តែបន់ឱ្យភ្ញៀវទាំងនោះភ្លេចកាបូប។

សំឡេងខ្លុយល្វើយៗបន្លឺឡើង។​ ពុកផ្លុំខ្លុយបានពីរោះណាស់។ ខ្ញុំចាំបានថាកាលពីប៉ុន្មានថ្ងៃមុនគាត់រៀនផ្លុំវាដើម្បីទុកផ្លុំកំដរអារម្មណ៍ភ្ញៀវកុំឱ្យធុញ ព្រោះថ្ងៃខ្លះគាត់ដឹកគេពេញទន្លេតែគ្មានឃើញផ្សោតហែលមួយទេ។ ផ្សោតឥឡូវខ្សត់ណាស់។

«ខ្ចាយ!»

ទំហំខ្លួនខ្ញុំធ្លាក់ប៉ះទឹកបែកសំពោងបន្ទាប់ពីខ្ញុំប្រឹងហក់លោតមួយទំហឹង។ ភ្ញៀវទេសចរលើទូកពុកនាំគ្នាទះដៃស្រែកហ៊ោដូចខ្ញុំនេះអស្ចារ្យណាស់។ តាមពិតខ្ញុំគ្មានខ្វល់នឹងពួកគេទេ។ ខ្ញុំហក់មុននេះព្រោះចង់ឱ្យពុកឃើញខ្ញុំទេតើ។

ខ្ញុំឃើញពួកភ្ញៀវបរទេសហុចលុយឱ្យពុក ហើយនិយាយស្អីទេដូចចង់សុំឱ្យគាត់ធ្វើអីមួយ។ ពុកទទួលលុយពីពួកគេរួចចាប់ផ្តើមផ្លុំខ្លុយទៀត។ ខ្ញុំក៏យល់ពីរឿងនេះ។ អ្នកទេសចរទាំងនោះប្រាកដជាគិតថា ដោយសារពុកផ្លុំខ្លុយទើបមានផ្សោតហក់លេងទឹក។ បែបនេះពួកគេក៏ជួលពុកឱ្យផ្លុំខ្លុយទៀត។ ហាហា ពួកនេះចំជាល្ងង់ណាស់។

ខ្ញុំក៏ចាក់បណ្តោយតាមពួកគេសម្តែងជាហក់លេងទឹកដើម្បីឱ្យពួកគេជួលពុកផ្លុំខ្លុយទៀត។ ខ្ញុំធ្វើបែបនេះរាល់ថ្ងៃហើយមិនមែនធ្វើតែឯងទេ ខ្ញុំបញ្ចុះបញ្ចូលឱ្យផ្សោតផ្សេងៗទៀតមកហក់លេងទឹកជាមួយខ្ញុំដែរបើកាលណាយើងឮសំឡេងពុកផ្លុំខ្លុយ។ ខ្ញុំមិនពិបាកបញ្ចុះបញ្ចូលទេ ព្រោះខ្ញុំតែងប្រាប់ពួកវាពីកន្លែងរកចំណីដែលមានសុវត្ថិភាព និងវិធីសម្គាល់ក្រឡាមងកុំឱ្យហែលជាប់ទៀត។ តាំងពីខ្ញុំប្រាប់មក គ្មានផ្សោតណាជាប់មងទៀតទេ។ ពួកគេក៏ជួយខ្ញុំវិញតាមរយៈការមកសម្តែងរកលុយឱ្យពុក។

កេរ្តិ៍ឈ្មោះពុកចាប់ផ្តើមល្បីសុសសាយថាជារីរបុរសខ្លុយទិព្វ។ អ្នកណាៗក៏ស្គាល់គាត់ថា គាត់អាចផ្លុំខ្លុយបញ្ជាផ្សោតបាន។ ក្រៅពីគាត់ គ្មានអ្នកណាអាចធ្វើបែបនេះបានទេ។ គាត់រកលុយបានច្រើនជាងមុនឆ្ងាយ។ ខ្ញុំឮអ្នកបើកទូកខ្លះនិយាយថា ពុកលែងស៊ីឈ្នួលធ្វើការឱ្យគេទៀតហើយ។​ គាត់យកលុយសន្សំ និងលក់របស់ទ្រព្យខ្លះយកលុយទិញទូកប្រកបមុខរបរដោយខ្លួនឯង។ បែបនេះខ្ញុំរឹតតែត្រូវជួយគាត់ទៀត។ ខ្ញុំនាំបក្ខពួកផ្សោតមកហក់លេងពេញទន្លេ។ ផ្សោតខ្លះជោរពេកហក់មិនមើលឆ្វេងស្តាំបុកក្បាលនឹងទូកក៏មានដែរ។ តែខ្ញុំមិនខ្វល់ទេ។ ខ្ញុំជាកូនរបស់ពុកម៉ែ មិនទៅជាប់សាច់ឈាមនឹងពួកគេផង ចង់អ្នកណាប្រកាច់ហក់មិនមើល បុកក្បាលនឹងទូកបែកក្បាលក៏បែកទៅ។ ខ្ញុំខ្វល់តែរឿងជួយរកលុយឱ្យពុកទេ។

អ្នកទេសចរនាំគ្នាមកជិះទូកមើលផ្សោតភ្លូកទឹកភ្លូកដី។ រំលងតែប៉ុន្មានខែពុកម៉ែលើកផ្ទះធំប៉ុនណាណី។ ខ្ញុំសប្បាយចិត្តណាស់ ទីបំផុតក្តីប្រាថ្នារបស់ខ្ញុំបានសម្រេចហើយ។ ខ្ញុំហក់ដំលេងទឹកចុះឡើងៗនៅមាត់កំពង់ ត្រេកអរនឹងពុកម៉ែ។ កំពុងតែសប្បាយភ្លេចខ្លួនស្រាប់តែ…

«ភូសៗ»

សំឡេងអ្វីម្យ៉ាងលាន់ពីក្រោយផ្ទះដាស់ខ្ញុំឱ្យភ្ញាក់។ ខ្ញុំបើកភ្នែកមើលជុំវិញខ្លួន។ អ្ហាក! ម៉េចក៏ខ្ញុំមកដេកនៅផ្ទះចាស់? ចុះផ្ទះថ្មីដែលពុកម៉ែទើបលើកនោះទៅណាបាត់ហើយ? មិនអស់ចិត្តខ្ញុំក៏ក្រោកអង្គុយមើល។ អូព្រះ! មុននេះខ្ញុំយល់សប្តសោះ។

ខ្ញុំប្រះខ្លួនបម្រុងដេកបន្ត តែក៏ឮសម្តីម្តាយខ្ញុំនិយាយ៖

«ពុកវាឯងប្រស់ស្អីក្នុងកូនពាងហ្មែន បានជាឮលោតបុកមិនឈប់?»

«មិនដឹងទេ! ម៉ែវាឯងទៅមើលមើល៍!» ពុកតប។

ខ្ញុំរហ័សទាញភួយចេញពីខ្លួនស្ទុះរត់ចុះពីលើផ្ទះ។​ លោតែពុកឃើញកូនផ្សោត​ ប្រាកដជារឿងធំមិនខាន។​ ចុះមកដល់ដី ខ្ញុំភ្ញាក់ក្រញាង។​ ពុកកំពុងបីកូនផ្សោតក្នុងដៃ តែមើលទៅទឹកមុខនិងអាកប្បកិរិយាគាត់ដូចជាលែងគុំគួនចង់សម្លាប់វាទៀតហើយ។​

«នេះកូនផ្សោតពីម្សិលមែនទេ?» ពុកសួរខ្ញុំ។

«បាទ!» ខ្ញុំឆ្លើយទាំងញ័រមាត់។

ពុកបីវាដើរសំដៅទៅទន្លេ។ ខ្ញុំប្រញាប់រត់ទៅឈរលើកដៃពាំងមុខគាត់ រួចនិយាយទាំងក្លាហាន៖

«ពុកកុំសម្លាប់វា។»

«អ្នកណាថាពុកសម្លាប់វា? ពុកយកវាទៅពន្លែងក្នុងទន្លេវិញទេតើ។»

«ពុកលែងខឹងនឹងវាហើយ?»

«យប់មិញពុកនិយាយតាមកំហឹងមួយឆាវទេ។ វាជាអ្នកមានគុណរបស់គ្រួសារយើង​។ បើគ្មានវាទេ ពុកក៏គ្មានការងារធ្វើដែរ។ ពុកគិតច្បាស់ហើយ ចាប់ពីថ្ងៃនេះទៅយើងលែងទៅដាក់មងនៅកន្លែងដែលពួកវាចុះរកចំណីទៀត។ យើងនាំគ្នាថែរក្សាត្រីផ្សោត។ ពេលពួកវាកើនច្រើន ភ្ញៀវទេសចរនឹងមកជិះទូកពុកកាន់តែច្រើន ពុកនឹងរកលុយបានកាន់តែច្រើនដូចគ្នា។»

«ហើយយើងនឹងអាចលើកផ្ទះធំដូចគេ។» ខ្ញុំនិយាយកាត់ពុកទាំងត្រេកអរ។

«តែពុកមិនដឹងថាមានវិធីអីទាក់ទាញពួកផ្សោតឱ្យហក់លេងទឹកនឹងអាលភ្ញៀវបានមើល?»

«ខ្ញុំដឹងពុក! ពុកផ្លុំខ្លុយដែលពុកទើបរៀនថ្ងៃមុនទៅ ប្រាកដជាពួកវាចូលចិត្ត។»

ពុកសើចខឹកៗតែមិនមានតបអ្វីទៀតឡើយ។ គាត់បីកូនផ្សោតទៅកំពង់រួចដាក់ខ្លួនវាថ្នមៗទៅក្នុងទឹក។ គ្រាន់តែបានប៉ះទឹកទន្លេភ្លាម កូនផ្សោតហែលវូទៅឆ្ងាយបាត់ដូចភ័យខ្លាចពុកនិងខ្ញុំចាប់វាទុកវិញ។ ខ្ញុំសម្លឹងមើលផ្ទៃទឹកដែលបែកពពុះក្រោយពេលត្រូវកូនផ្សោតរលាស់កន្ទុយហែល។ បបូរមាត់ខ្ញុំញញឹម។ ក្នុងចិត្តសង្ឃឹមយ៉ាងមុតមាំថាត្រីផ្សោតនឹងកើនឡើងច្រើនហើយពួកវានឹងជួយឱ្យគ្រួសារខ្ញុំមានបាន អាចលើកផ្ទះធំបានឆាប់ៗ៕