ខ្ញុំគឺជាអ្នកសម្លាប់នាង – Meysansotheary

វគ្គ៖ ខ្ញុំគឺជាអ្នកសម្លាប់នាង!
ព្រលឹមភ្លឺច្បាស់ ព្រះសុរិយាកំពុងតែបញ្ចេញពន្លឺយ៉ាងចិញ្ចាចគងមាត់ព្រៃមកពីទិសបូព៌។ ខ្យល់ជំនោរកត្តិកបក់មករហៀកៗប៉ះកាយា ហាក់បីដូចជាកំពុងតែសណ្តំចិន្តាឱ្យទោរទន់ពិបាកនឹងហា វាចាបដិសេធចំពោះបំណងមួយនេះណាស់។ នៅរដូវរំហើយមិនសូវជាមានកម្តៅខ្លាំងពេកនោះទេ ព្រោះវាយោបានស្ម័គ្រកាយ​សង្គ្រោះ​មនុស្សលោករួចបាត់ទៅហើយ។

ប្រជាកសិករទាំងឡាយក៏ចាប់ផ្តើមញញឹមសារជាថ្មីបន្ទាប់ពីការសញ្ជឹងរង់ចាំអស់រយៈពេលជាច្រើនខែ។ ខ្ញុំអង្គុយពុះឧសបណ្តើរ ស្រង់ក្លិនពិដោររបស់ផ្កាស្រូវបណ្តើរយ៉ាងមានក្តីសុខ។ តែរំពេចនោះ ស្រាប់តែត្រចៀករបស់ខ្ញុំបានស្តាប់ឮនូវសំឡេងម្យ៉ាងដែលខុសពីប្រក្រតី។

សំឡេងអ្នកភូមិស្រែកកោកកាកៗយ៉ាងទ្រហឹង មិនដឹងថាមានរឿងអាសន្នអ្វីកើតមានឡើងនៅក្នុងភូមិនោះទេ។ ក្នុងនោះមានវត្តមានអ៊ំសាយ ដែលគេបានស្គាល់យ៉ាងច្បាស់ថា ជានិសារពាំនាំដំណឹងយ៉ាងលឿនប្រចាំភូមិ។ គ្រប់សំឡេងដែលបានបន្លឺឡើងមកនេះបានឮត្រឹមតែចុងកន្ទុយនៃប្រយោគថា​ “ ជួយផងៗ! តែប៉ុណ្ណោះ”។ ធ្លាប់តែសំឡេងអ៊ំសាយលេចឮគ្មានគូប្រៀប តែម្តងនេះគាត់បែរជាមិនអាចប្រណាំងជាមួយសំឡេង​ឧឃ្ឃោសន​សព្ទបានទៅវិញ។ អ្នកភូមិដទៃទៀតផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ នៅតែមិនដឹងពីបញ្ហាមួយនេះឱ្យបានប្រាកដឡើយទេ។

ខ្ញុំក៏បានទម្លាក់ប៉ូវថៅពីដៃចុះ រួចផ្ទៀងស្តាប់ម្តងទៀត​ ក្រែងលោស្រុកទេសមានរឿងកើតឡើង។ ប៉ូវថៅមិនទាន់ទាំងបានធ្លាក់ផុតពីដៃរបស់ខ្ញុំស្រួលបួលផង ស្រាប់តែអ៊ំសាយរត់ដល់មុខផ្ទះខ្ញុំល្មម។ ឃើញដូច្នេះខ្ញុំក៏ប្រញាប់សួរដើម្បីឱ្យអស់មន្ទិល។

“អ៊ំ! អ៊ំឈប់សិនអ៊ំ! មានរឿងអ្វីមែនដែរទេ?”

ចង្វាក់ជើងរបស់គាត់ក៏បានបញ្ឈប់ទ្រឹង។ គាត់ងាកមើលមកខ្ញុំទាំងដង្ហើមហត់គឃូសស្ទើរតែមិនចង់ដល់គ្នា។ ពេលខ្លះខ្ញុំដូចជាឆ្ងល់គាត់ដល់ហើយ បើដឹងថាការពាំនាំដំណឹងពិបាក ហេតុអីក៏គាត់ប្រឹងប្រែងម្ល៉េះ? តែ…បើសិនជាក្នុងភូមិនេះគ្មានគាត់ក៏ស្ងាត់ដែរ ហើយដំណឹងក៏មិនជារហ័សទៀត។ គាត់សម្រួលដង្ហើមបន្តិចរួចក៏ឆ្លើយនឹងសំណួររបស់ខ្ញុំ…

“គឺ…គឺនាងយ៉ាស្លាប់ហើយ!”

សម្តីរបស់អ៊ំសាយចប់ ជំហររបស់ខ្ញុំក៏លែងមានហើយដែរ។ ខួរក្បាលរបស់ខ្ញុំពេលនេះដូចជាវិលវល់រកទិសតំបន់គ្មាន។ ខណៈនេះសំឡេងតាអាចារ្យក៏បានប្រកាសយ៉ាងច្បាស់ៗថា អូនចរិយាសង្សារបណ្តូលចិត្តរបស់ខ្ញុំពិតជាបានស្លាប់មែន។ តែខ្ញុំមិនជឿត្រឹមតែសំឡេងនោះទេ ខ្ញុំត្រូវតែទៅមើលឱ្យឃើញផ្ទាល់ភ្នែកទើបបាន។         ខ្ញុំយកក្រម៉ាដែលនៅចូតក្បាលមកចងចង្កេះ រួចស្ទុះយ៉ាងលឿនទៅកាន់ផ្ទះចរិយា។ ពេលដើរដល់មុខផ្ទះ ម៉ូតូសមត្ថកិច្ចក៏បានមកដល់ល្មម។

“ឯងចង់រត់ទៅណា?” សំឡេងប៉ូលិសម្នាក់ក្នុងចំណោម៣នាក់សួរខ្ញុំដោយកាយវិការយ៉ាងមាំ។

ខ្ញុំញញឹមស្រាលបន្តិច រួចក៏តបទៅគាត់វិញយ៉ាងសុភាព

“ខ្ញុំគិតថាទៅចូលរួមបុណ្យសពអ្នកភូមិបន្តិច! ពូមកផ្ទះខ្ញុំមានការអ្វីមែនដែរឬទេ?”

“ឯងមិនបាច់ទៅទេ! ឯងត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់ជីវិតមនុស្សតាមមាត្រាទី២៧នៃក្រមព្រហ្មទណ្ឌហើយ!”

ឮប្រយោគនេះហើយ ខ្ញុំប្រែជាបើកភ្នែកធំៗប៉ុនពងមាន់ តែខួរក្បាលបែរជាឆ្ងល់ទៅវិញ។ ខ្ញុំក៏ប្រញាប់សួរបកទៅវិញ

“លោកពូច្រឡំមនុស្សទេដឹង? ខ្ញុំមិនដែលសម្លាប់នរណាទេ! សូម្បីតែសត្វក៏ខ្ញុំមិនដែលយកដៃពាល់ផង ចុះរឿងអីខ្ញុំហ៊ានលើកដៃសម្លាប់គេនោះ!”

ប៉ូលិសម្នាក់ដែលមានវ័យជ្រេជាងគេ ក្បាលពោះប៉ោងស្ពីងដូចហ៊ីង ភ្នែកធំសមនិងចិញ្ចើមក្រាស់ បញ្ជាក់ថាគាត់ជាមនុស្សម៉ឺងម៉ាត់ បានលូកយកក្រដាសមួយសន្លឹកចេញពីសឺមីប្លាស្ទិកមកអានមួយៗច្បាស់ៗ

“ឈ្មោះ ឌឿន ដន ភេទប្រុស អាយុ១៩ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិ ពោធិ៍តេជៈ ឃុំ ត្រពាំង  ត្រូវចាំខ្លួនពីបទ ការប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា តាមការប្តឹងរបស់ម្តាយជនរងគ្រោះ”។

ចិញ្ចើមខ្ញុំខ្ញង់ចូលគ្នាបញ្ជាក់ភាពមិនយល់ពីលិខិតមួយនេះ។ ឈ្មោះខ្ញុំជាឃាតករសម្លាប់មនុស្ស​ទាំងដែលខ្ញុំមិនដែលសូម្បីតែគិត។

“កូនខ្ញុំសម្លាប់នរណា?” ម្តាយរបស់ខ្ញុំវាចាយ៉ាងឮៗ​ពីខាងក្រោយខ្នង។

“កូនរបស់អ៊ំត្រូវជាប់ចោទពីបទសម្លាប់កញ្ញា ផល ចរិយា!”

ខ្ញុំបើកភ្នែកធំៗបញ្ជាក់ពីអារម្មណ៍ដែលភ្ញាក់ផ្អើលចំពោះអ្វីមិនគួរឱ្យជឿ។ អណ្តាតត្រូវជាប់គាំងដោយក្រអូមមាត់បិទបាំងមិនឱ្យនិយាយចេញ តែខ្ញុំគិតនៅក្នុងចិត្តថា ខ្ញុំស្រឡាញ់អូនយ៉ាស្មើនឹងជីវិត តើឱ្យខ្ញុំលើកដៃសម្លាប់នាងបានដោយរបៀបណា?​បើខ្ញុំសម្លាប់នាង ខ្ញុំសុខចិត្តសម្លាប់ខ្លួនឯងប្រសើរជាង។

“កូនខ្ញុំមិនបានសម្លាប់នាងយ៉ាទេ! លោកប៉ូលិសកុំចេះតែថា!” ម្តាយរបស់ខ្ញុំនិយាយទាំងដំឡើងសរសៃក

“តែខ្ញុំមានលិខិតបណ្តឹងច្បាស់លាស់!”

“ហើយអាលិខិតឆ្កួតឡប់ហ្នឹងបានមកពីណា បើកូនខ្ញុំមិនបានធ្វើផងនោះ!”

“នែអ៊ំ! ពួកខ្ញុំមកនេះសុទ្ធតែមានលិខិតត្រឹមត្រូវ មិនមែននឹកចេះតែចង់មកនោះទេ!” ប៉ូលិសម្នាក់ដំឡើងសរសៃកដាក់ម្តាយរបស់ខ្ញុំ។

លោកមេប៉ុស្តិ៍សាវិនទៅចាប់ស្មារបស់គ្នាគាត់បង្ហាញពីកាយវិការឱ្យចេះទប់អារម្មណ៍ រួចគាត់និយាយយ៉ាងសុភាព

“សូមទោសផងមីង! បើគ្នាខ្ញុំបញ្ចេញសម្តីជ្រុលជ្រួស! តែពួកខ្ញុំមកនេះគឺតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះនោះទេ សូមមីងយោគយល់ផង!”

ខ្ញុំងាកមើលទៅម៉ែ ឃើញថាគាត់កំពុងតែសម្រក់ទឹកភ្នែកបាត់ទៅហើយ។ ធម្មតាគាត់រឹងមាំណាស់មិនដូចជាពាក្យគេនិយាយថា មនុស្សស្រីអាងទឹកភ្នែកនោះទេ។ ដោយមិនចង់ឱ្យម៉ែនិងប៉ូលិសមើលមុខគ្នាលែងចំ ខ្ញុំក៏ចាប់ផ្តើមនិយាយកាត់ស្ថានការណ៍មុន

“មុននឹងចាប់ខ្លួនខ្ញុំ ខ្ញុំសុំទៅឃើញមុខអូនយ៉ាបន្តិចបានទេ!” ខ្ញុំនិយាយទាំងតម្អូញ ព្រោះអារម្មណ៍កំពុងតែចង់ឃើញមុខមនុស្សជាទីស្រឡាញ់ជាលើកចុងក្រោយ។

“មិនបានទេ…”

“ក្មួយទៅចុះ! តែត្រូវសន្យាជាមួយពូសិនថាមិនរត់ទៅណា!” លោកមេប៉ុស្តិ៍សាវិននិយាយកាត់សម្តីលោកប៉ូលិសម្នាក់ទៀត។

សម្តីរបស់លោកមេប៉ុស្តិ៍បានធ្វើឱ្យខ្ញុំអត់សរសើរមិនបាន ស័ក្តិសមហើយដែលគាត់បានឡើងតំណែងជាមេប៉ុស្តិ៍បែបនេះ។ ខ្ញុំញញឹមទៅកាន់គាត់ រួចនិយាយបន្ត “បាទពូ! ខ្ញុំសន្យា!”

ខ្ញុំរត់មកដល់ផ្ទះគូសង្សារទាំងដង្ហើមដង្ហក់ស្ទើរតែចង់គាំងទៅហើយ។ ខ្ញុំប្រញាប់ដើរសំដៅទៅខាងលើផ្ទះ ក៏បានឃើញសាកសពរបស់ចរិយាគ្របក្រណាត់ពណ៌សត្រឹមក ដៃលើកប្រណម្យជាមួយនឹងទៀនធូប ដោយទឹកមុខនៅញញឹមស្រស់នៅឡើយ។ ដោយមិនអាចទប់ចិត្តចំពោះស្ថានភាពនៅចំពោះមុខដែលមិនគួរឱ្យជឿមួយនេះបាន ទឹកភ្នែករបស់ខ្ញុំក៏បានរមៀលម៉ាត់ៗស្រក់បន្តបន្ទាប់ឥតដាច់ដូចជាមនុស្សស្រី។​

ខ្ញុំសម្រក់វាចុះដើម្បីបង្ហាញពីភាពឈឺចាប់និងការសោកស្តាយ ដែលវាកើតឡើងលឿនពេកពិបាកនឹងគ្រប់គ្រងអារម្មណ៍បាន។ ម្សិលមិញនាងនៅនិយាយលេងជាមួយខ្ញុំសោះ តែហេតុនេះពេលនេះបែរជាលែងដឹងខ្លួនទៅវិញ។ ខ្ញុំស្រវាចាប់ឱបចរិយាបណ្តើរ រួចនិយាយទាំងយំសសិតបណ្តើរ

“ហេតុអីអូនដាច់ចិត្តទៅចោលបងបែបនេះ? នរណាទៅ! នរណាទៅហ៊ានសម្លាញ់សង្សារខ្ញុំបែបនេះ? ហ៊ឺស…”

“ចេញ! ចេញទៅឆ្ងាយពីកូនអញភ្លាម! អាឃាតកៈ!” មីងសុខដែលជាម្តាយរបស់ចរិយា និយាយបណ្តើរព្រមទាំងចង្អុលមុខខ្ញុំផងដែរ។

“ទេ! ខ្ញុំមិនទៅណានោះទេ ខ្ញុំនឹងនៅជាមួយអូនយ៉ា!” ខ្ញុំនិយាយដាច់ខាត ដោយចាប់ដៃសាកសពចរិយាជាប់។

“អញថាឱ្យលែង!” មីងសុខចាប់កន្តា្រក់ខ្ញុំពីកូនរបស់គាត់។ ដោយមិនអាចទ្រាំនឹងកម្លាំងរបស់គាត់បាន ដៃរបស់យើងទាំងពីរក៏របេះចេញពីគ្នាដោយមិនចង់។ គាត់សម្លឹងមើលមុខខ្ញុំដោយក្រសែភ្នែកមុតមាំ រួចនិយាយបន្ត

“ឯង! ឯងសម្លាញ់កូនអញ! អាឃាតកៈ!”

ខ្ញុំមិនអាចនិយាយអ្វីចេញឡើយក្រៅពីឈរសម្លឹងមើលមុខគូសង្សារទាំងខ្លោចចិត្ត។ មិនមែនថាខ្ញុំមិនចង់និយាយអ្វីនោះទេ តែបំពង់កណែនអស់ទៅហើយ។

ខណៈនេះក្រុមប៉ូលិសក៏មកដល់ល្មម។ គាត់ចាប់វាយខ្នោះខ្ញុំភ្លាមៗ។

តើខ្ញុំគួរតែទ្រាំនឹងរឿងអយុត្តិធម៌មួយនេះឬក៏យ៉ាងណា? ធម្មតាខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តនិយាយច្រើននោះទេ តែម្តងនេះខ្ញុំត្រូវតែលះបង់ចរិតបែបហ្នឹងចោលសិនហើយ ព្រោះថាសង្គមមួយនេះកំពុងតែបញ្ជាឱ្យខ្ញុំក្លាយជាមនុស្សថ្មីក្នុងដែនចាស់ហើយមើលទៅ។ ខ្ញុំនិយាយទៅកាន់លោកប៉ូលិសទាំងដៃជាប់ខ្នោះ

“ខ្ញុំមិនបានសម្លាប់អូនយ៉ាទេ! នាងជាសង្សាររបស់ខ្ញុំ រឿងអីដែលខ្ញុំដាច់ចិត្តហ៊ានសម្លាប់គាត់នោះ!”

លោកមេប៉ុស្តិ៍យកស្រោមថង់ពណ៌សមកបង្ហាញ ដែលក្នុងនោះមានកូនកាំបិតស្នៀតមួយនៅមានស្នាមប្រឡាក់ឈាមជាប់នៅឡើយ។ គាត់សម្លឹងមើលមកខ្ញុំរួចនិយាយ

“នេះជាភស្តុតាងបញ្ចាក់ថា ឯងជាអ្នកសម្លាប់ចរិយា!”

“មិនពិត! កូនខ្ញុំមិនបានសម្លាប់នាងយ៉ាទេ! លោកប៉ូលិសបានកាំបិតនេះមកពីណា?” ម្តាយរបស់ខ្ញុំនិយាយទាំងទឹកភ្នែក។ ខ្ញុំមិនដឹងថាគាត់តាមមកដល់បុណ្យនេះតាំងពីពេលណានោះទេ គ្រាន់តែដឹងថាគាត់កំពុងតែព្យាយាមជួយខ្ញុំទាំងដែលដឹងថាមិនអាចទៅរួច។

“ខ្ញុំបានរកវាឃើញនៅជិតសាកសពក្មួយយ៉ា…”

“គ្រាន់តែឃើញកាំបិតមួយហ្នឹង អាចចោទប្រកាន់ថាកូនខ្ញុំជាអ្នកសម្លាប់នាងមែនដែរឬទេ?”

“នែអ្នក! បើមិនមែនអាដន តើមាននរណាទៀត? នរណាក៏ដឹងថាកូនរបស់អ្នកតាមស្រឡាញ់កូនខ្ញុំបីបួនឆ្នាំមកហើយ ដល់ពេលខ្ញុំលើកកូនយ៉ាឱ្យទៅគេ វាខឹងរួចក៏សម្លាប់ចោលប្រាកដណាស់! វាព្យាយាមធ្វើជាឆ្កែកាងឆ្អឹងមករហូត អ្នកភូមិនេះនរណាក៏គេដឹងឮដែរ!”

“តែកាំបិតប្រភេទនេះនរណាក៏គេមានដែរ! ហើយយប់មិញអាដនវានៅផ្ទះពេញមួយយប់ ខ្ញុំតាមឃ្លាំមើលវារហូត ខ្ញុំអាចធ្វើជាសាក្សីបានក្មួយសាវិន!”

ខ្ញុំសម្លឹងមើលទៅមុខម៉ែទាំងក្នុងបំពង់កអួលណែនរកនិយាយមិនចេញ។ ខ្ញុំមិនដឹងសោះថាគាត់តាមដានខ្ញុំរាល់យប់ តើគាត់និយាយកុហកឬក៏យ៉ាងណា?​ បើទង្វើជាក់ស្តែងរបស់គាត់ដូចជាមិនបានបង្ហាញឱ្យខ្ញុំបានឃើញផង។

“ស្នាមក្រយៅដៃនៅលើកាំបិតនេះគឺមានតែរបស់នាយដនតែប៉ុណ្ណោះ!” ស្ងាត់បន្តិច

“ខ្ញុំសុំទោសមីងផង” គាត់លើកដៃសំពះម្តាយខ្ញុំ រួចនិយាយបន្ត

“ម្តាយគ្រប់រូបនរណាក៏ស្រឡាញ់កូនដែរ តែមីងគួរតែដាក់ចិត្តព្រមទទួលស្គាល់ព្រោះវាបានកើតឡើងរួចទៅហើយ!”

និយាយរួចគាត់ចាប់វាយខ្នោះខ្ញុំជាប់ រួចប​ណ្តើរឡើងម៉ូតូបើកចេញទៅ។ ពេលឡើងម៉ូតូភ្លាម ខ្ញុំតាមមើលមុខម៉ែរហូតដល់ក្រសែភ្នែករបស់ខ្ញុំឃើញអ្វីផ្សេងក្រៅពីគាត់។ ខ្ញុំបានឃើញអ្នកម្តាយដ៏កម្សត់យំបណ្តើរបក់ដៃហៅខ្ញុំបណ្តើរយ៉ាងគួរឱ្យអាណិត។ តាំងពីកើតមកដល់អាយុប៉ុណ្ណេះ លើកទីមួយហើយដែលខ្ញុំបានធ្វើឱ្យម៉ែខកចិត្តដោយសារតែខ្ញុំដល់ថ្នាក់នេះ។ តើខ្ញុំជាកូនអកតញ្ញូណាស់មែនទេ ដែលធ្វើឱ្យទឹកភ្នែកអ្នកមានគុណស្រក់ចុះដោយសារខ្ញុំ?ពេលនេះប្រហែលជាវេលាចុងក្រោយ ដែលខ្ញុំបានឃើញភូមិកំណើតមួយនេះ មិនដឹងថាពេលណាខ្ញុំមានឱកាសបានឃើញវាម្តងទៀតទេ ព្រោះតាមមើលស្ថានភាពគឺពិបាកណាស់។

មិនយូរប៉ុន្មានខ្ញុំក៏បានស្ថិតនៅក្នុងគុកដែលមានជញ្ជាំងចម្រឹងដែកនៅឯអធិការស្រុក។ ខ្ញុំត្រូវឃុំខ្លួនជា​បណ្តោះ​អាសន្នរង់ចាំការស៊ើបអង្កេតក្តីបន្តទៀត។ តែខ្ញុំបានគិតរួចមកហើយ ថាខ្ញុំប្រាកដជាត្រូវផ្លាស់ប្តូរកន្លែងរស់នៅទៀតជាក់ជាមិនខាន ព្រោះសង្គមមួយនេះពោរពេញទៅដោយភាពខ្មៅងងឹត។ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ តើនរណាហ៊ានសម្លាប់អូនយ៉ា បើមើលទៅនាងជានារីដែលមានចរិតស្លូតបូត ចាស់ទុំ ហើយនៅក្នុងភូមិអ្នកណាក៏ស្រឡាញ់ចូលចិត្តដែរ។ ពេលនេះខ្ញុំមិនដឹងជាត្រូវសង្ស័យនរណានោះទេ ព្រោះគ្មានសិទ្ធិនោះឡើយ។

ខួរក្បាលរបស់ខ្ញុំគិតរឿងឡប់ឡែជាច្រើន មិនដឹងថាមួយណាឱ្យពិតប្រាកដនោះទេ រហូតធ្វើឱ្យកែវភ្នែករបស់ខ្ញុំហាក់គាំងនឹងថ្កល់។ រំពេចនេះសំឡេងមួយក៏បានបន្លឺឡើងក្បែរត្រចៀក ធ្វើឱ្យខ្ញុំភ្ញាក់ព្រើតចេញពីការស្រមើស្រមៃទាំងមិនបានត្រៀម។

“ដន! ឯងដល់ពេលត្រូវសួរចម្លើយហើយ!”

ខ្ញុំងាកមើលទៅម្ចាស់សំឡេងទាំងទឹកមុខស្ងួតចែស។ ពេលនេះខ្ញុំមិនអាចផ្តល់ស្នាមញញឹមទៅកាន់នរណាបានទេ ព្រោះសម្ពាធផ្លូវចិត្តវាបានគ្របសង្កត់រួចបាត់ទៅហើយ។

ក្រុមប៉ូលិសបានយកខ្ញុំមកបន្ទប់មួយកន្លែង ដែលមានពន្លឺព្រាលៗតែប៉ុណ្ណោះ។ ខ្ញុំអង្គុយនៅលើកៅអីពីមុខលោកមេប៉ុស្តិ៍សាវិន ដោយដៃទាំងគូកំពុងតែជាប់ខ្នោះនៅឡើយ។ ខ្ញុំរេភ្នែកទៅជុំវិញបន្ទប់គឺមានឧបករណ៍ដែលគួរឱ្យខ្លាចជាច្រើន ដែលសុទ្ធសឹងតែខ្ញុំមិនធ្លាប់ស្គាល់។ ចំពោះអ្នកផ្សេងខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំដូចជាមិនបានខ្លាចញញើតចំពោះបរិយាយកាសបែបហ្នឹងឡើយ។

“យប់មិញឯងបានចួបនាងចរិយាដែរឬទេ?”

“លោកសួរខ្ញុំធ្វើអី? បើពេលនេះខ្ញុំក្លាយជាអ្នកទោសហើយហ្នឹង! ទោះបីជាដឹងចម្លើយក៏គ្មានន័យដែរ!” ខ្ញុំនិយាយបែបហីៗ មិនមែនថាខ្ញុំមិនខ្លាចនោះទេ តែខ្ញុំព្យាយាមតាំងអារម្មណ៍។

លោកមេប៉ុស្តិ៍បែរមុខចេញ ប្រហែលជាគាត់គិតថា បើមិនធ្វើបែបនេះទេ គាត់ប្រាកដជាទ្រាំមិនបានជាក់ជាមិនខាន។ គាត់យកទឹកញ៉ាំបន្តិច ទើបវាចាបន្ត

“ខ្ញុំដឹងថាឯងកំពុងតែមានសម្ពាធផ្លូវចិត្ត តែត្រូវដឹងថាប្រទេសមានច្បាប់ ហើយពួកយើងធ្វើតាមតួនាទីប៉ុណ្ណោះ! ហ៊ើយ…ឯងកុំពិបាកចិត្តអី! ចាំខ្ញុំព្យាយាមជួយឱ្យពេញទំហឹង!”

“ហេតុអីបានជាពូចង់ជួយខ្ញុំ?”

សំណួរមួយនេះបានធ្វើឱ្យគាត់ចូលមកជិតទាំងដែលក្រសែភ្នែកសម្លឹងមើលមកខ្ញុំស្ទើរតែមិនចង់ព្រិច។

“ខ្ញុំមិនជឿថាឯងជាឃាតកៈទេ!”

ពាក្យសម្តីគាត់និយាយតិចៗដែលធ្វើឱ្យខ្ញុំពិបាកនឹងស្តាប់ តែខ្ញុំអាចកាត់យល់ន័យតាមរយៈក្រសែភ្នែកថាគាត់ចង់ជួយខ្ញុំចេញពីភាពបរិសុទ្ធ។ ខ្ញុំចាប់ផ្តើមទម្លាក់ក្រសែភ្នែកដែលព្រហើនបន្តិច ជំនួសដោយភាពគួរសមមកវិញ ព្រោះពេលនេះគឺមានតែប្រថុយសាកតែប៉ុណ្ណោះ។ ប្រយោគរបស់គាត់គឺមានន័យណាស់សម្រាប់ខ្ញុំ តែខ្ញុំចង់សួរទៅកាន់គាត់ថា

“គាត់ធ្វើបែបនេះដើម្បីអ្វី បើពេលនេះខ្ញុំជាប់នៅក្នុងគុក ហើយក្លាយជាបុគ្គលអាក្រក់ក្នុងភ្នែកមហាជនទៅហើយហ្នឹង!” ខ្ញុំគ្រាន់តែគិតតែប៉ុណ្ណោះ មិនហ៊ាននិយាយចេញនោះទេ ព្រោះខ្ញុំគ្មានអំណាចអ្វីដែលត្រូវបង្ហើរប្រយោគនេះទៅកាន់គាត់នោះទេ។

“…” ខ្ញុំងក់ក្បាលជំនួសស​ម្តី។

ពូសាវិនចូលកៀកខ្ញុំបន្តិច រួចសួរ

“ក្មួយបានដឹងអត់ថា នរណាធ្លាប់មានទំនាក់ទំនងជាមួយខ្មោចក្មួយចរិយាខ្លះ?”

ម្តងនេះខ្ញុំស្រឡះមុខខ្លាំងជាងមុនទៀត ព្រោះមើលទៅគាត់ដូចជាប្រាកដប្រជាណាស់។ ខ្ញុំនិយាយទៅកាន់គាត់

“ខ្ញុំមិនដឹងទេ! ព្រោះតាំងពីម្តាយរបស់នាងបានលើកនាងឱ្យទៅអ្នកផ្សេងមក ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយនាងឡើយ!”

“ចុះអ្នកដែលជាគូដណ្តឹងរបស់នាងជានរណា? ហើយគេនៅឯណា?”

“ខ្ញុំក៏មិនបានដឹងច្បាស់ដែរ គ្រាន់តែដឹងថាគេជាអ្នកមាន ហើយរស់នៅទីក្រុង!”

“ចុះអ្នកផ្សេងទៀត? ក្មួយមានដឹងទេថានរណាខ្លះពាក់ព័ន្ធនឹងនាង?”

“សូមពូទៅសួរម្តាយនាងទៅ! ខ្ញុំមិនអាចប្រាប់អ្វីបានបន្តទៀតទេ!”

“ក្មួយចង់ចេញពីគុកដែរទេ?”

ខ្ញុំមើលទៅមុខគាត់ជាថ្មីម្តងទៀត។​ ខ្ញុំគិតក្នុងចិត្តថា “នរណាមិនចង់ចេញពីកន្លែងដ៏ស្មោគគ្រោកមួយនេះ តែវាមិនអាចទៅរួច!”។ ស្ងាត់បន្តិច ទើបខ្ញុំតប

“គ្មានប្រយោជន៍ទេពូ! នៅក្នុងនេះល្អជាង!”

“ខ្ញុំដឹងថាពេលនេះក្មួយកំពុងតែពិបាកចិត្ត! អ៊ីចឹងខ្ញុំទៅវិញសិនហើយ! តែពូចង់ប្រាប់ក្មួយថា ពូមិនព្រមបោះបង់ការតាំងចិត្តមួយនេះទេ!” និយាយរួចគាត់ក៏ដើរចេញទៅ។

ខ្ញុំតាមសម្លឹងមើលគាត់ពីក្រោយ។ ភាគច្រើនការជួយតែងតែចង់បានសំណង ហើយមេប៉ុស្តិ៍សាវិនក៏ដូចគ្នា នរណាមិនដឹងថាគាត់ធ្លាប់មានប្រវត្តិមិនល្អក្នុងការដោះស្រាយរឿងក្តីជូនអ្នកភូមិ។ ខ្ញុំមិនព្រមក្លាយជាចំណែកដែលត្រូវមេប៉ុស្តិ៍មុខលុយម្នាក់នេះបោកប្រាស់បានឡើយ។

រស្មីព្រះអាទិត្យក៏បានរះបំភ្លឺទ្វីបលោកសាជាថ្មីទៅតាមកាលវេលាដែលធម្មជាតិបានកំណត់។ នេះជាថ្ងៃទីពីរហើយដែលខ្ញុំត្រូវបានឃុំខ្លួននៅទីនេះ។ រយៈពេលពេញមួយយប់ ខ្ញុំមិនបានដេកសូម្បីតែបន្តិច ព្រោះត្របកភ្នែកដូចជាមិនបានសហការគ្នាសោះ។ រសជាតិនៃការដេកក្នុងគុក ខ្ញុំធ្លាប់តែឮគេនិយាយ តែឥឡូវបានស្គាល់ហើយ​។ វាមិនបានធ្វើឱ្យខ្ញុំមានសម្ពាធនោះទេ តែភាពអយុត្តិធម៌ទៅវិញទេ ដែលធ្វើឱ្យខ្ញុំមិនអស់ចិត្តចំពោះស្ថានភាពរបស់ខ្ញុំនៅពេលនេះ។

ខ្ញុំសម្លឹងមើលទៅរស្មីព្រះអាទិត្យដែលកំពុងតែបង្អួតកាយនៅលើចុងរុក្ខាដែលគ្មានមានអ្វីមកបិទបាំង​សូម្បី​តែបន្តិច។ វាហាក់បីដូចជាខុសប្លែកពីជីវិតរបស់ខ្ញុំដាច់ស្រឡះ។ ជីវិតដែលអភ័ព្វតាំងពីកើតរហូតដល់ពេលនេះ ជីវិតដែលស្រអាប់ដូចនភាល័យពោរពេញទៅដោយផ្ទាំងពពកបិទបាំង។ ខ្ញុំរេក្រសែភ្នែកចុះបន្តិច ក៏ពើបប្រទះជាមួយនឹងមនុស្សម្នាក់ដែលខ្ញុំកំពុងតែនឹកដល់។ ពេលនេះខ្ញុំញញឹមទាំងទឹកភ្នែកទៅកាន់គាត់។

ទេ! ខ្ញុំមិនត្រូវញញឹមបែបនេះទេ! ខ្ញុំត្រូវតែញញឹមដោយគ្មានទឹកនេត្រា។ គិតរួចខ្ញុំក៏យកខ្នងដៃជូតវាយ៉ាងរហ័ស។

“ដន! ម៉ែមកមើលកូនហើយ!” គាត់វាចាមកទាំងទឹកភ្នែកធ្វើឱ្យខ្ញុំកាន់តែតូចចិត្តចំពោះខ្លួនឯងលើសដើមទៀត។

“ម៉ែមកបានដោយរបៀបណា?​ ហើយនរណាជូនម៉ែមក?” និយាយបណ្តើរខ្ញុំក៏រេក្រសែភ្នែករកមើល​បណ្តើរ​។

“ម៉ែមកជាមួយក្មួយធារ៉ា! កូនយ៉ាងម៉េចហើយ? ​យប់មិញដេកលក់ទេ? ហើយមានមូសខាំឬអត់? ចុះបានហូបបាយឬនៅ?!”

សំណួររបស់ម៉ែច្រើនណាស់​ ខ្ញុំមិនដឹងថាត្រូវឆ្លើយមួយណានោះទេ។ តែដំបូងខ្ញុំត្រូវតែសួររកអាធារ៉ាដែលជាមិត្តសម្លាញ់របស់ខ្ញុំសិន។

“ម៉ែ! ចុះឯណាអារ៉ា?”

“វាយកម៉ូតូទៅទុក! កូនឆ្លើយនឹងសំណួររបស់ម៉ែសិនមក៍!”

កែវភ្នែករបស់ខ្ញុំបានផ្អាកពីការរេរកមើលធារ៉ា មកប្រសព្វជាមួយនឹងក្រសែភ្នែកដែលខ្មៅរូងជាំតាមក្រោមត្របកភ្នែកដោយសារតែការយំ ព្រោះស្នាមទឹកភ្នែកមិនទាន់រលុបដានអស់នៅឡើយទេ។ តែខ្ញុំមិនធ្វើមុខក្រៀមក្រំឱ្យគាត់ពិបាកចិត្តឡើយ ខ្ញុំត្រូវតែព្យាយាមញញឹម

“ខ្ញុំមិនអីទេម៉ែ! ខ្ញុំហូបបាយរួចហើយ! ចុះម៉ែមុននឹងមកពិសារបាយហើយនៅ?”

“ម៉ែហូបរួចហើយ! កូនកុំបារម្ភអី គិតតែពីខ្លួនឯងទៅ! ម៉ែបានទៅនិយាយជាមួយក្មួយវិបុលរួចហើយ វាថានឹងរកមធ្យោបាយជួយកូនទាល់តែបាន!”

ខ្ញុំមិនបានរីករាយចំពោះសម្តីរបស់ម៉ែនោះទេ ព្រោះដំណោះស្រាយមួយនេះគឺត្រូវចំណាយលុយជាក់ជាមិនខាន ហើយម៉ែគ្មានលុយនោះទេ បើក្រៅពីខ្ចីគេឬក៏លក់ស្រែដែលនៅសល់តែប៉ុណ្ណោះ។ ខ្ញុំញញឹមទាំងមិនសមរួចនិយាយ

“កុំអីម៉ែ! ខ្ញុំនៅក្នុងនេះសប្បាយសឹងអីហើយ។ ម៉ែកុំចំណាយលុយឥតប្រយោជន៍អី! គ្រួសារយើងកំពុងតែក្រផង!”

“តែម៉ែបាននិយាយជាមួយនឹងគេរួចហើយ! ហើយគេក៏ពេញចិត្តជួយយើងដែរ…”

“មែនហើយសម្លាញ់! មីងសំគាត់និយាយថា គាត់នឹងដកពាក្យបណ្តឹងប្រសិនបើយើងបង់លុយឱ្យគាត់៥០០០$” ធារ៉ានិយាយកាត់សម្តីម៉ែ។

ពេលបានឃើញធារ៉ា ខ្ញុំសប្បាយចិត្តឥតឧបមាព្រោះខ្ញុំមានរឿងជាច្រើនដែលត្រូវពឹងពាក់វា។ តែប្រយោគរបស់វាធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្តខ្លាំងលើសដើម។

“មែនហើយ! អ្នកសំព្រមឱ្យខាងយើងបង់ជំងឺចិត្តហើយ!” ម៉ែមានប្រសាសន៍បន្ទរ។

“តែខ្ញុំគិតថាមិនបាច់ទេម៉ែ! គ្រួសារយើងមិនមានលុយច្រើនដល់ម្ល៉ឹងទេ ឬមួយក៏ម៉ែ…!”

“ពិតណាស់! ម៉ែបានប្រកាសលក់ដីស្រែរួចហើយ!”

“ខ្ញុំមិនព្រមឱ្យម៉ែលក់ដីកេរចុងក្រោយនោះទេ! ម៉ែក៏ដឹងថាគ្រួសារយើងមានតែដីស្រែប៉ុណ្ណឹងសល់ចុងក្រោយ  បើម៉ែលក់ទៀតតើយើងនឹងបានអ្វីហូប?”

“តែកូនសំខាន់ជាង! កូនកុំគិតច្រើនអី! ម៉ែថាលក់ដីជួយកូនគឺលក់ហើយ!”

“អ៊ីចេះចុះ! មីងទុកដីហ្នឹងសិនទៅ! ហើយយកលុយខ្ញុំសិនក៏បានដែរ!” ធារ៉ានិយាយយ៉ាងប្រាកដប្រជា។

គិតៗទៅធារ៉ាពិតជាមិត្តភក្តិដ៏កម្ររកបានមែន។ រាល់ពេលដែលខ្ញុំមានទុក្ខគឺមានវត្តមានវាមកជួយរហូត​។ ខ្ញុំពិតជាសំណាងណាស់ដែលមានមិត្តល្អដូចជាវា។ ខ្ញុំញញឹមរួចនិយាយ

“អរគុណណាស់សម្លាញ់! តែគ្នាមិនអាចយកលុយរបស់ឯងបានទេ។ បើទោះជាយើងបានចេញពីទីនេះ ក៏យើងគ្មានលទ្ធភាពរកអ្វីដើម្បីសងឯងដែរ!” រេក្រសែភ្នែកពីធារ៉ាមកមើលម៉ែម្តង។

“ម៉ែ! ខ្ញុំបានគិតរួចហើយថាខ្ញុំនឹងនៅទីនេះរហូតដល់គ្រប់ចំនួនទោស។ ខ្ញុំចង់លុបលាងកម្មពៀរដែលខ្ញុំបានធ្វើកន្លងមក មិនថាតែជាតិនេះឬក៏ជាតិណានោះទេ។ សូមម៉ែកុំខឹងកូនអី! កូនសន្យាថាកូននឹងមកចួបម៉ែហើយរស់នៅជុំគ្នាដូចពេលមុនទៀតយ៉ាងប្រាកដ!”

ពេលឮសម្តីរបស់ខ្ញុំ ម៉ែប្រែជាយំយ៉ាងសសិតស្ទើរតែទន់ខ្លួន។ ទោះគាត់ចង់និយាយអ្វីក៏និយាយមិនចេញដែរ ព្រោះទឹកភ្នែកបានហូរចូលមាត់ឃាត់អណ្តាតជាប់បាត់ទៅហើយ។ ពេលនេះខ្ញុំបានធ្វើឱ្យទឹកភ្នែកអ្នកមានគុណស្រក់ម្តងទៀតទាំងមិនចង់សោះ។

“អ៊ំអស់ពេលសួរសុខទុក្ខអ្នកទោសហើយ!” សំឡេងឆ្មាំគុកបន្លឺឡើងយ៉ាងឮៗ។

“សូមម៉ែទៅវិញចុះ! ហើយកុំបារម្ភពីខ្ញុំអី គិតតែថែសុខភាពរបស់ម៉ែឱ្យបានល្អទៅ។” ស្ងាត់បន្តិចខ្ញុំក៏និយាយទៅកាន់ធារ៉ាម្តង

“ផ្ញើមើលម៉ែគ្នាផងណាសម្លាញ់!”

“មិនអីទេ! ចាំគ្នាមើលថែគាត់ឱ្យ” និយាយរួចម៉ែនិងធារ៉ាក៏បានត្រឡប់ទៅវិញដោយទុកឱ្យខ្ញុំរស់នៅទីងងឹតផ្លូវចិត្តមួយនេះបន្ត។

មួយសប្តាហ៍កន្លងផុតទៅ…

មួយសប្តាហ៍ទៅហើយ ហេតុអ្វីបានជាគេមិនបញ្ជូនខ្ញុំទៅគុកព្រៃសទៀត? ក្រែងថ្ងៃមុនឆ្មាំគុកបានប្រាប់ខ្ញុំថានៅទីនេះត្រឹមមួយអាទិត្យ ថ្នាក់លើនឹងបញ្ជូនខ្ញុំទៅគុកធំនោះអី។ ចិត្តខ្ញុំមិនចង់នៅទីនេះនោះទេ ព្រោះមិនចង់ឱ្យម៉ែមកលេងនាំតែគាត់ឃើញមុខខ្ញុំហើយគាត់ពិបាកចិត្ត។

“អ្នកទោសឈ្មោះ ឌឿន ដន ត្រូវបានរួចទោសហើយ!” សំឡេងរបស់ឆ្មាំគុកបន្លឺឡើងទាំងទឹកមុខញញឹមមកកាន់ខ្ញុំ។

អារម្មណ៍របស់ខ្ញុំពេលនេះដូចជាសប្បាយបន្តិចអីបន្តិច រកថាមិនត្រូវនោះទេ។ ដោយមិនអស់មន្ទិល ខ្ញុំក៏ឈ្លេចសួរបន្ថែម

“ពូហៅឈ្មោះច្រឡំទេដឹង?”

“មិនច្រឡំទេ! គឺឯងហ្នឹងហើយ ណេះ! យកសំបុត្រមួយនេះទៅចួបបុរសម្នាក់នោះទៅ!”

“បុរសណាទៅ?” ខ្ញុំសួរបញ្ជាក់ទាំងដែលដៃមិនទាន់ហ៊ានទទួលយកសំបុត្រនោះទេ។

“គាត់នៅអង្គុយចាំឯងនៅលើបង់ក្រោមដើមស្វាយ!”

“បាទ!” ខ្ញុំឆ្លើយយ៉ាងខ្លីរួចក៏ទទួលយកសំបុត្រមួយនេះដើរសំដៅទៅកាន់ទីតាំងដែលឆ្មាំគុកបានប្រាប់។

ពេលមកដល់ ខ្ញុំស្គាល់យ៉ាងច្បាស់ថា ជាលោកមេប៉ុស្តិ៍សាវិន។ ខ្ញុំហាក់រេរាមិនហ៊ានចូលទៅជិត ព្រោះក្នុងអារម្មណ៍ដូចជាខ្លាចៗយ៉ាងម៉េចមិនដឹងទេ។

“អង្គុយចុះមក!” គាត់និយាយសំឡេងស្មើមកកាន់ខ្ញុំ។

“…” ខ្ញុំងក់ក្បាលជំនួសពាក្យអរគុណ។

“ឯងបានបើកមើលសំបុត្រហ្នឹងហើយឬនៅ?”

“នៅទេ! នៅក្នុងសំបុត្រហ្នឹងមានអីមែនទេ?” ខ្ញុំសួរទាំងឆ្ងល់។

“ឆាប់បើកមើលទៅ!”

ខ្ញុំប្រញាប់បើកមើលសំបុត្រយ៉ាងតល់ក្រហល់។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាងគេក្នុងសំបុត្រមួយនេះគឺតួអក្សរ។ អក្សរនេះជាតួអក្សររបស់ធារ៉ាយ៉ាងប្រាកដព្រោះខ្ញុំធ្លាប់រៀនជាមួយវា។ បើកមើលរួចខ្ញុំក៏អានយ៉ាងយកចិត្តទុកដាក់។

ផ្ញើជូនសម្លាញ់ដនជាពិសេស

មុននឹងចូលដល់អត្ថន័យសំបុត្រមួយនេះ ខ្ញុំចង់និយាយប្រាប់ឯងថា ខ្ញុំពិតជាស្រឡាញ់ឯងខ្លាំងណាស់។ ស្រឡាញ់លើសពីមិត្តធម្មតា គឺដូចជាបងប្អូនរួមផ្ទៃបង្កើតអ៊ីចឹង។ រាល់ពេលដែលខ្ញុំបាននៅជាមួយឯងខ្ញុំតែងតែរីករាយ សប្បាយភ្លេចអស់នូវទុក្ខកង្វល់ផ្សេងៗ។ ឯងចាំទេ កាលនៅតូចយើងជិះលើខ្នងក្របីមួយពីរនាក់ រួចធ្លាក់ចូលក្នុងស្រែមុខប្រឡាក់សុទ្ធតែភក់? ឯងចាំទេ ពេលដែលយើងបាញ់សត្វគ្រាប់ធ្លាក់នៅលើដំបូលផ្ទះគេ ម្ចាស់គេរត់ដេញវាយ? ឯងចាំទេ ពេលទៅរៀនយើងលួចដេក អ្នកគ្រូដាក់ទោសឱ្យយើងលាងបង្គន់?…អនុស្សារវាងពួកយើងរាប់មិនអស់នោះទេ តែឯងត្រូវចាំថាគឺវាសុទ្ធតែរូបភាពល្អៗដែលយើងបានបង្កើតឡើងជាមួយគ្នា។

ខ្ញុំនឹងសារភាពប្រាប់ឯងនូវរឿងមួយ​ ដែលខ្ញុំបានលាក់បាំងយ៉ាងយូរ។ ខ្ញុំលួចស្រឡាញ់ចរិយា ហើយក៏ធ្លាប់បានចាប់រំលោភនាងជាច្រើនលើកផងដែរ។ រឿងមួយទៀតនោះគឺ…គឺខ្ញុំជាអ្នកសម្លាប់នាងហើយទម្លាក់កំហុសឱ្យឯង។ ខ្ញុំពិតជាសូមទោសឯងផងណាដែលធ្វើបែបនេះ តែមកពីគ្នាមិនបានប្រើសតិ ប្រើតែអារម្មណ៍មួយឆាវទើបធ្វើឱ្យកើតរឿងបែបនេះ។

ពេលដែលឯងបានកាន់អានសំបុត្រមួយនេះ ខ្ញុំប្រហែលជាលែងបានចួបឯងរហូតហើយ។ ឱ្យគ្នាសូមទោសផងណាសម្លាញ់! សូមទោសៗៗៗៗៗៗៗៗៗៗៗៗៗ…។

គ្នាលាសិនហើយ!!!

ពីខ្ញុំធារ៉ាមិត្តសម្លាញ់ឯង

ពេលអានមួយនេះចប់ សំបុត្រក៏ប្រែជាសើមដោយសារតែទឹកភ្នែករបស់ខ្ញុំ។ ជង្គង់ខ្ញុំទន់ បើមិនបានអង្គុយនោះទេ ប្រហែលជាដួលបាត់ទៅហើយ។ ហេតុអីបានជាជីវិតរបស់ខ្ញុំពិបាកអីយ៉ាងនេះ? តើមានរឿងអ្វីចំពោះធារ៉ាទៅ? តែខ្ញុំក៏ឆ្ងល់ផងដែរថាតើធារ៉ាធ្វើបែបណាទើបនៅលើកាំបិតអាចមានស្នាមក្រយៅដៃរបស់ខ្ញុំបាន? ខ្ញុំងាកមើលទៅមុខមេប៉ុស្តិ៍សាវិន…

“អាធារ៉ាវាបានសម្លាប់ចរិយាមកពីកំហឹងដែលនាងមិនព្រមរួមដំណេកជាមួយតាមការសុំរបស់វា។ វាចាក់នាងរួចហើយក៏យកកាំបិតនោះទៅកប់ដីហើយយកកាំបិតថ្មីដែលមានរូបរាងតែមួយ មកចាក់នាងនៅរបួសចាស់ ហើយយកដៃរបស់ឯងមកកាន់។ គិតៗទៅអាធារ៉ាវាឆ្លាតណាស់! វាចេះរៀបចំបានយ៉ាងល្អ ធ្វើឱ្យក្រុមប៉ូលិសស្ទើរតែចាញ់ល្បិចវារួចទៅហើយ…”

“ហេតុអីពូដឹងហេតុការណ៍នេះ?” ខ្ញុំសួរទាំងតក់ក្រហល់កាត់សម្តីរបស់គាត់។

“មុនវាស្លាប់ វាបានសារភាពប្រាប់ម្តាយវាអស់ទៅហើយ!”

“ថាម៉េច?”

“គេបានស្លាប់បាត់ទៅហើយ!” លោកមេប៉ុស្តិ៍វាចាឡើងម្តងទៀត។

“ទេ! ខ្ញុំមិនជឿជាដាច់ខាត!”

“តែវាបានកើតឡើងទៅហើយ! ឯងត្រឡប់ទៅផ្ទះ ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់វាទៅ!”

ខ្ញុំភ្លឹកដូចជារូបសំណាក មិននិយាយអ្វីទាំងអស់ មិនដឹងគួរតែធ្វើអ្វីបន្តទៀតនោះទេ។

“មោះ! ខ្ញុំជូនឯងទៅផ្ទះវិញ!”

ខ្ញុំឡើងជិះម៉ូតូពីក្រោយលោកមេប៉ុស្តិ៍ទាំងដែលគ្មានវិញ្ញាណ។ អារម្មណ៍របស់ខ្ញុំពេលនេះគឺហោះហើររសាត់អណ្តែតពាសវាលពាសកាល ម្តងនឹកដល់ធារ៉ា ម្តងនឹកដល់ចរិយា ម្តងក៏នឹកឃើញរឿងផ្សេង…ដូចជាមនុស្សវិកលចរិតអ៊ីចឹង។

ពេលមកដល់ បុណ្យសពធារ៉ាក៏បានធ្វើរួចទៅហើយ នៅសល់តែធាតុនិងរូបថតដែលដាក់តាំងនៅកៀកគ្នាតែប៉ុណ្ណោះ។ ខ្ញុំលុតជង្គង់ពីមុខធាតុមិត្តសម្លាញ់ ទាំងទឹកភ្នែករាប់លានដំណក់ស្រក់ចុះបន្តគ្នា ដូចភ្លៀងដើមខែអ៊ីចឹង។ ពេលនេះខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ម្តងពីរក្នុងពេលតែមួយ ដែលស្ទើរតែមិនគួរឱ្យជឿថាវាអាចទៅរួច។ ខ្ញុំលុតជង្គង់នៅពីមុខធាតុរបស់ធារ៉ាអស់ជាងកន្លះម៉ោងដោយមិនចង់ក្រោក តែភ្លាមនេះសំឡេងមួយក៏បានបន្លឺឡើងយ៉ាងឭៗ។

“ឱ្យមីងសូមទោសក្មួយផង ដែលចោទប្រកាន់ថាក្មួយជាឃាតកៈសម្លាប់កូនស្រីមីង!”

ខ្ញុំងាកទៅកាន់ប្រភពសំឡេងទាំងដែលជង្គង់នៅលុតនៅឡើយ។ ខ្ញុំស្គាល់គាត់យ៉ាងច្បាស់ថា ជាមីងសំ ជាម្តាយរបស់អូនយ៉ា។ គាត់ញញឹមស្រាលមកកាន់ខ្ញុំ។ ខ្ញុំប្រញាប់ជូតទឹកភ្នែកហើយញញឹម រួចនិយាយទៅកាន់គាត់វិញ​

“បាទមិនអីទេមីង! រឿងដែលបានកន្លងហួសហើយ សូមមីងកុំរំឭកពីវាអី!”

“មីងសូមអរគុណក្មួយហើយដែលមិនប្រកាន់មីង!”

ខ្ញុំស្ទុះងើបឡើង រួចនិយាយទៅកាន់គាត់យ៉ាងសុភាព

“បាទមីង! ខ្ញុំនឹងធ្វើជាអ្នកភូមិដ៏ល្អរបស់មីងបន្តទៀត!”

ម្តាយចរិយាញញឹមរួចក៏ដើរចេញបាត់ទៅ។ ខ្ញុំក្រលេកមើលទៅរូបថតរបស់ធារ៉ាបន្តិច រួចដើរសំដៅមកផ្ទះដើម្បីចួបអ្នកម្តាយដ៏កម្សត់ទាំងផ្ទៃមុខនៅមានស្នាមទឹកភ្នែកនៅឡើយ។ គ្រប់គ្នាដែលនៅក្នុងភូមិមើលមកខ្ញុំហាក់បីដូចជាប្លែកខុសពីមុន បើទោះបីជាការពិតបានលាតត្រដាងហើយក៏ដោយ។ ខ្ញុំដឹងយ៉ាងច្បាស់ថា តំណក់គំនិតរបស់ពួកគាត់មកលើខ្ញុំនៅតែមាន ហើយខ្ញុំក៏មិនចង់បកស្រាយអ្វីច្រើននោះដែរ ទុកឱ្យពេលវេលាជាអ្នករំសាយគំនិតនេះទៅចុះ៕