ចិត្តដែលលង់ស្នេហ៍ – Meysansotheary

រឿង៖ ចិត្តដែលលង់ស្នេហ៍
ទោះបីនៅឆ្ងាយគ្នាយ៉ាងណាក៏ដោយ ហោចណាស់ពេលអូនមើលមេឃក៏សង្ឃឹមថាបងកំពុងងើយមើលដួងចន្ទដូចគ្នា លុះដល់ថ្ងៃមួយគឺថ្ងៃមួយដែលអូសបន្លាយរហូតដល់ដប់ឆ្នាំក្រោយ។

“មើលមេរៀនផង Babe ប្រយ័ត្នគ្រូសួរ”

ខ្ញុំមិនទាន់ចូលតុអង្គុយស្រួលបួលផងក៏តបវិញ

“ខ្ញុំឯណាសំណាងអាក្រក់ដល់ម្លឹង”

តាមថាខ្ញុំនឹងមើលមេរៀនបើសិនគេមិនប្រាប់ តែឥឡូវខ្ញុំមិនខ្ចីមើល។ ពេលអ្នកគ្រូដើរចូលមកខ្ញុំរាងភ័យតិចៗដែរ មកពីម៉ោងគាត់ថ្ងៃមុនអត់បានមករៀនហើយអត់បានខ្ចីគេចម្លងទៀត។

“បូភា! ថ្ងៃមុនយើងរៀនដល់មេរៀនណា?”

OMG ខ្ញុំស្ដាប់ច្រឡំទេដឹង? ថ្ងៃល្អរបស់ខ្ញុំអើយត្រូវប្រុសឈ្មោះវិច្ឆិកាហ្នឹងបំផ្លាញហើយ។ ខ្ញុំក្រោកញញឹមខ្ចាយដាក់អ្នកគ្រូ

“អ្នកគ្រូ! ខ្ញុំសុំឆ្លើយជំនួស”

មានសំឡេងអ្នកណាទៀតគឺគេហ្នឹងហើយ រួចខ្លួន!

“គេឆ្លើយសំណួរជំនួស Babe គេទៀតណ៎”

“ឈប់! ឈប់សិន Babe ហ្នឹងមានន័យថាម៉េច?”

“Babe មកពីពាក្យថា baby ក្មេងតូច”

បូផាបកប្រែមិនទាន់ចប់ទេឈាមក្នុងបេះដូងខ្ញុំរត់ត្របាញ់ឡើងពេញថ្ពាល់ក្រពុំៗរបស់ខ្ញុំហើយទេដឹង ទើបគ្រប់គ្នាហ៊ោអឺងកងផ្អើលថ្នាក់។ ping ម្ល៉េះ?

ល្ងាចនេះរាងមានន័យបន្តិចហើយ មើលត្រចៀកកាំហិចហើរក៏ស្រស់ស្អាតម្យ៉ាងដែរ ស្រាប់តែ…

“ដល់បន្ទប់នៅ?”

បេះដូងនារីអាយុ១៨ឆ្នាំម្នាក់នេះលោតកញ្រ្ជោលស្ទើរធ្លាយចេញពីទ្រូង បាតដៃខ្ញុំចាប់ផ្ដើមបែកញើសត្រជាក់ៗយ៉ាងចម្លែក។ ហើយកើតអីបានឈែតមកសួរអ៊ីចឹង? មិនយូរប៉ុន្មានគេ​ sent link មួយខ្សែមក ពេលខ្ញុំចុចមើលទើបដឹងថាជា Facebook private នរណាមិនដឹងរូបព្រាលៗអត់ច្បាស់

“Facebook ណាគេ ឈ្មោះដូចក្មេងបែកស្លុយ”

“free add”

“អត់ដឹងរបស់អ្នកណាផង lock account ហ្នឹង”

“អនាគតសង្សារយើងហ្នឹង”

ហាស៎?

ចុងក្រោយខ្ញុំចុចaddទៅទើបដឹងថាម្ចាស់វាគឺប្រុសអាយុ១៨ឆ្នាំកំពុងឈែតជាមួយខ្ញុំហ្នឹងហើយ ខ្ញុំត្រលប់មកមើលពាក្យមួយឃ្លាចុងក្រោយអម្បាញ់មិញ អានឡើងវិញជិតដប់ដង។ និយាយពីថាយប់នេះណាគឺរៀនដល់ម៉ោង១។ ធ្វើម៉េចនឹងងងុយ បើមនុស្សកំពុងមានអារម្មណ៍ល្អធ្វើការងារអីក៏ល្អមិនថាអ៊ីចឹង? ឬក៏និយាយថា…មកពីឈែតជាមួយគ្នាដល់យប់ជ្រៅពេកមិនបានមើលមេរៀនទើបហួសរៀនដល់ម៉ោង១ទើបសមជាង? ហ៊ើយ! បិទភ្នែកបន្តិចសោះមេឃភ្លឺបាត់។

ព្រឹកឡើងទៅរៀនវិច្ឆិកានៅតែជាវិច្ឆិកាធម្មតា តែអ្នកមិនធម្មតាគឺបូភាខ្ញុំឯណេះវិញនៀក។ ឃើញមុខគេពេលណា…ពិបាកពណ៌នាណាស់។

“គ្រាន់តែប៉ុន្នឹងគិតថាគេស្រឡាញ់ឯង?”

នេះជាសំឡេងមិត្តសម្លាញ់តែម្នាក់របស់ខ្ញុំតាមទូរសព្ទ។ នាងជាមិត្តតាំងពីវិទ្យាល័យរបស់ខ្ញុំ យើងមានរឿងអ្វីតែងចែករំលែកគ្នាទោះរឿងល្អឬអាក្រក់យើងជាមិត្តយល់ចិត្ត ជាបងប្អូនស្រី ជាមនុស្សដែលទុកចិត្តគ្នានិយាយរឿងក្នុងចិត្តបាន។ ជាធម្មតាយុវវ័យដូចយើងនិយាយរឿងក្នុងចិត្តប្រាប់មិត្តភក្ដិយល់ចិត្តឃើញថាស្រួលចិត្ត ស្និទស្នាលជាងអ្នកផ្ទះ។ ដឹងអី នាងសួរបែបនេះធ្វើឱ្យខ្ញុំមិនដឹងជាឆ្លើយយ៉ាងណាទេតែខ្ញុំដឹងថាពេលក្បែរគេមានអារម្មណ៍ថាសុវត្ថិភាពៗ គេCare ខ្ញុំ។ នាងតមកទៀត

“ស្អីគេ? គ្រាន់គេឆ្លើយសំណួរជំនួសពីរបីដងថាគេ care ?”

មិត្តខ្ញុំមួយនេះស៊ាំណាស់បើដឹងបែបហ្នឹងគ្មានប្រាប់ទេ។

“ចុះ គ្រាន់គេនិយាយថាយកផ្លែឈើ៣៦មុខទៅផ្ទះសោះ ឯងនេះយកជាការដែរ? គ្រាន់យើងស្ដាប់ក៏ដឹងគេថាលេងដែរបូភាអើយឈប់ស្រមៃ ៧ថ្ងៃដឹងខ្លួនហើយនាង”

កាន់តែមែនហើយតើ ដំបូងអត់អីទេតែស្ដាប់យូរៗទៅខ្ញុំកើតអីក្នុងខ្លួនម៉េចក៏រាងអន់ៗចិត្តហើយចង់ទាញទូរសព្ទឈែតសួរគេភ្លាមថាការពិតឬអត់? មិត្តខ្ញុំបន្ដមកទៀត

“ក្រែងធ្លាប់និយាយថាអ្នកណាប៉ះឯងដំបូង ឯងយកអ្នកនោះជាសង្សារហី” នាងបន្ដមកទៀត

“មែន! ខ្ញុំធ្លាប់និយាយបែបនេះតែនិយាយលេងសោះហើយខ្ញុំក៏ធ្លាប់និយាយទៀតថា អ្នកដែលជួយសង្រ្គោះខ្ញុំពេលមានគ្រោះថ្នាក់ខ្ញុំច្បាស់ជាទទួលអ្នកនោះហើយ។ ចុះសួរថាទៅស្រមើស្រមៃដូចតួស្រីក្នុងប្រលោមលោកម៉េចកើត? ចុះបើមានមែន? អ៊ីចឹងមានតែបន់ឱ្យខ្លួនឯងចួបគ្រោះថ្នាក់អាងបានបុរសក្នុងក្ដីស្រមៃបង្ហាញខ្លួន? ផ្ដេសផ្ដាសណាស់ខ្ញុំ ឥឡូវមិត្តខ្ញុំមករំលឹករឿងផ្ដេសផ្ដាសជាងខ្ញុំទៀត

Hero ខ្ញុំអើយ where are you?

គេដើរចូលក្នុងថ្នាក់ជាមួយរាងខ្ពស់ស្រឡះរបស់គេ ក្រៅពីលើកដៃវែកសក់ហើយញញឹមពព្រាយដាក់មិត្តរួមថ្នាក់គេធ្វើអីបានទៀត?

“រាងគេស្គមយ៉ាងនេះ បើខ្ញុំមានគ្រោះថ្នាក់មែនគេជួយខ្ញុំបានរបៀបម៉េចណ៎”

ខ្ញុំគិតក្នុងចិត្តរហូតដល់ថ្ងៃមួយ…

ហេតុការណ៍ដូចព្រេងនិទានមួយធ្វើឱ្យខ្ញុំបានចួបមនុស្សម្នាក់ ខ្ញុំស្រាប់តែយល់ថាទ្វីបលោកជាអ្នករុញច្រានគេឱ្យមកក្បែរខ្ញុំបន្ទាប់មកក៏ច្រឡំថាខ្លួនឯងគឺជាតួឯងស្រីក្នុងរឿងនិទាន។ទោះជាយ៉ាងណាក៏ដោយប្រលោមលោកវាមានផ្ដើមមានបញ្ចប់មិនថាអ៊ីចឹង? រឿងខ្ញុំដូចគ្នាគឺចាប់ផ្ដើមដោយភាសាបេះដូងដ៏រំជើបរំជួលនិង…

“ខ្យល់ចុះត្រជាក់ នាំចិត្តខ្ញុំធ្លាក់ ជាប់ស្នេហ៍ជីវា លង់ល្ងង់ល្ងីល្ងើ ចង់ចួបភក្ត្រា ប្រុសឈ្មោះវិច្ចិកា ស្ម័គ្ររាមរហូត”

ខ្ញុំនិយាយតិចៗម្នាក់ឯងប្រាប់ទៅទន្លេ។ មិនថានៅពេលនឹកឃើញឈ្មោះគេឬផ្ដោតអារម្មណ៍លើស្មាខ្លួនឯង ស្មានដៃរបស់គេដែលទ្រពីក្រោមខ្ញុំវាផុសពេញខួរក្បាល។ ការពិតខ្ញុំបានណាត់មិត្តភ័ក្ដិរបស់វិច្ឆិកាមកអង្គុយលេងនៅមាត់ទន្លេនេះ តែមិនបានហៅគេមកជាមួយឡើយ។

“បើគេមក គឺមានន័យថាគេក៏ចង់ចួបខ្ញុំហើយគេក៏ចាប់អារម្មណ៍ខ្ញុំដែរ” ខ្ញុំផ្សងក្នុងចិត្តស្ងាត់ៗ។

អង្គុយសុខៗក្លិនប្រហើៗរម្យ៉ាងបក់ឆួលប៉ះច្រមុះ ខ្ញុំស្គាល់ច្បាស់ជាក្លិនដែលខ្ញុំថតទុកក្នុងខួរក្បាលជាក្លិនទឹកអប់របស់គេ។ បេះដូងនេះលោតឌុកដាក់ៗពេលងាកទៅប្រសព្វភ្នែកជាមួយគេ។ គេពិតជាមកមែន តើការអធិដ្ឋានរបស់ខ្ញុំជាការពិតមែនទេ? គួរធ្វើម៉េចទៅ ថ្ពាល់ខ្ញុំឡើងក្រហមៗទៀតហើយទេដឹង? បើនៅក្នុងថ្នាក់មិនដឹងជាមិត្តភ័ក្ដិហ៊ោបង្អាប់យ៉ាងណាទេពេលឃើញមុខខ្ញុំអ៊ីចឹង។

ល្ងាចនេះមានន័យទៀតហើយព្រោះវត្តមានគេ។ ទីណាក្ដីរាល់ពេលមានគេ ខ្ញុំមានសង្ឃឹមខ្ញុំសុវត្ថិភាពលែងល្ហល្ហេវលែងឯកាតែតើគេដឹងទេ បើដឹងហើយគេនឹងចាកចេញមែនអត់?

“បានៗកុំឱ្យគេដឹង” ខ្ញុំដាស់តឿនខ្លួនឯង។

ឥឡូវនេះយើងមានគ្នា៤នាក់គឺខ្ញុំ គេនិងមិត្តរួមថ្នាក់របស់យើងពីរនាក់ទៀត។ យើងអង្គុយនិយាយគ្នាបានបន្តិចមិត្តពីរនាក់ទៅទិញអាហារញ៉ាំនៅសល់តែខ្ញុំ និងគេ​។ មេឃចាប់ផ្ដើមងងឹតយើងមើលឃើញទឹករលករលេញព្រិញៗដោយសារពន្លឺខៀវៗចាំងពីអំពូលតាមបណ្ដោយស្ពានគីហ្សូណា។ ខ្យល់ក៏កាន់តែត្រជាក់បក់ប៉ើងសក់ជំពាក់ជំពិនទៅក្រោយ ខ្ញុំប្រាប់គេថា

“ខ្ញុំមានរឿងចង់និយាយ” ហ៊ើយ! នៅសុខៗនិយាយស្អី? ប្រុងប្រាប់គេពីអីបូភា កុំថា…ណា។ ខ្ញុំគិតថាបើគេចាប់អារម្មណ៍យើងឬអត់គួរតែប្រាប់ឱ្យហើយ កុំឱ្យយើងលង់ជ្រៅជាងនេះតែជ្រុលជាគេមិននិយាយហើយ ខ្ញុំអ្នកផ្ដើមមុខក៏បាន។ ឃើញបងឌីណាអ្នកនិពន្ធនិយាយថា “បើស្រឡាញ់គេសារភាពទៅ ពេលខ្លះគេមិនស្រឡាញ់យើងសោះក៏ថាបាន ស្រួលកាត់ចិត្ត” មែនតើ! ទាន់នៅថ្មីៗមិនទាន់លង់កប់ជ្រៅ។

ខ្ញុំដកដង្ហើមវែងៗគ្រាន់តែគិតក៏មានអារម្មណ៍ថាកម្ដៅភាយៗចេញពីមុខ បេះដូងលោតចង់គាំងម្ដងទៀត។ ឆ្ងល់ណាស់ក្នុងខ្លួនគេម៉េចទៅណ៎?ម៉េ ចក៏នៅអង្គុយស្ងៀមៗដដែលអ៊ីចឹង

“មានរឿងអីនិយាយឱ្យហើយមក ត្រូវសួរៗឱ្យហើយទាន់មានអារម្មណ៍ចង់ឆ្លើយ” គេឆ្លើយបែបនេះ

ប្រុសម្នាក់នេះរៀនចិត្តវិទ្យាដល់កម្រិតហើយមែន បានជាដឹងថាខ្ញុំមានសំណួរសួរ? ក្រៅពីមិត្តរួមថ្នាក់បង្អាប់ហើយមុខក្រហមរៀងខ្លួន សកម្មភាពតិចតួចរបស់គេក៏ខ្ញុំគិតថាពិសេស ពេលគេញញឹមពេលគេធ្វើមុខស្មើៗអារម្មណ៍ខ្ញុំក៏ប្រែប្រួល។ នឹកឃើញដល់ពលកម្មល្ងាចនោះពិតជា special  មែនទែន គឺខ្ញុំយកចបមក ហើយគេជាអ្នកយកទៅវិញ ព្រះអើយ! យើងបានកាន់ដៃគ្នាដោយប្រយោល sweet ពីចម្ងាយ pink pink អ៊ីចឹងបានគេថាស្នេហាជារឿងបេះដូងគេដឹងពីគ្នាដោយសម្ងាត់នោះអី

“ក្រែងមានរឿងចង់និយាយ?”  គេសួរឡើង

ហាស៎ អម្បាញ់មិញមានច្រឡំញញឹមម្នាក់ឯងឬអត់ទេនេះ

“សួរយ៉ាងម៉េចទៅ ខ្មាសយើងណាស់”

រៀបពាក្យថាម៉េច? លោតែគេមានមនុស្សដែលគេត្រូវចិត្តហើយក៏មិនដឹង ឬគេកំពុងទាក់ទងគ្នាក៏យើងមិនដឹងទៀតតែធ្វើម៉េចទៅ?

“សួរមក” គេនិយាយតិចៗ ស្ដាប់មើលទៅពីរោះម្ល៉េះ

“យើងដឹងហើយថាខ្ញុំចង់សួរអី” ខ្ញុំឆ្លើយ

“អត់ដឹងទេ” គេងាកមើលមុខខ្ញុំ សក់វែកចំហៀងរបស់គេ ចិញ្ចើមក្រាស់ៗ ផ្ទៃមុខ ចង្កា ក្រោមពន្លឺពណ៌ពងមាន់ស្រាលៗនៃអំពូលតាមសួនម៉េចក៏សង្ហារយ៉ាងនេះ។ នេះឬheroរបស់ខ្ញុំ?

“ឆ្លើយមួយម៉ាត់មកគឺដឹងតែត្រូវ”

គេនិយាយថាអត់ហ៊ានស្មានទេ ខ្ញុំក៏ចាប់ផ្ដើមនិយាយទៅកាន់គេទាំងមិនដឹងថាការសម្រេចចិត្តនេះត្រូវឬខុស តែដឹងត្រឹមថាតឹងណែនដើមទ្រូង។ ខ្ញុំប្រាប់គេថា កាលរៀននៅវិទ្យាល័យនៅពេលដែលខ្ញុំ Crush អ្នកណាម្នាក់ខ្ញុំចេះតែចង់ដឹងថា គេធ្លាប់ Crush ខ្ញុំវិញអត់? ហើយម៉េចក៏គេមិន Crush ខ្ញុំវិញអ៊ីចឹង? អូទេ ខ្ញុំកំពុងសារភាពហើយទេដឹង?

“អាចគិតថានិស្ស័យ” គេឆ្លើយខ្លីបែបនេះហើយងាកមុខចេញ

មែនហើយមកពីនិស្ស័យគឺនិស្ស័យដែលធ្វើឱ្យយើងចួបគ្នានាពេលនោះ កាលពីរខែមុនខ្ញុំរៀបតុដែកដែលយើងអង្គុយរៀនទន្ទឹមគ្នាហើយលើកមួយទៀតបន្ទុកពីលើពីរជាន់ ខ្ញុំឡើងលើតុខ្ពស់នោះដើម្បីដំផ្ទាំងរូបភាពបិទជញ្ជាំងថ្នាក់ ដៃឆ្វេងខ្ញុំកាន់ពូថៅដ៏ធ្ងន់មួយពេលដំរួចមិនទាន់ចុះមកវិញផងស្រាប់តែពេលជើងខ្ញុំកម្រើកវាកម្រើកទាំងខ្លួនប្រាណ ដៃស្ដាំខ្ញុំស្រវេស្រវាអីលែងជាប់ កៅអីដែក ឥដ្ឋ នៅខាងក្រោមកំពុងរងចាំទទួលខ្ញុំ ពូថៅនៅលើដៃក៏កំពុងចាំបន្ថែមពីលើយ៉ាងគឃ្លើន

អ្ហា!

ក្បាលមកមុនពីទីដ៏ខ្ពស់ ខ្ញុំឮតែខ្លួនឯងស្រែកចុងក្រោយរាងកាយខ្ញុំស្ថិតនៅចន្លោះឥដ្ឋនិងពូថៅដែលកំពុងកាន់គឺ…ខ្ញុំនៅក្នុងរង្វង់ដៃគេ គេរត់មកត្រកងទ្រខ្ញុំពីក្រោម។ ខ្ញុំរឹតតែញ័រដៃពេលបើកភ្នែកមកឃើញក្នុងដៃឆ្វេងខ្លួនឯងកាន់ពូថៅដែលកំពុងប្រឈមមុខនឹងខ្ញុំជាប់ដដែរ បើពេលធ្លាក់មកខ្ញុំព្រលែងពូថៅចុះតើមានអ្វីកើតឡើងចំពោះអ្នកកំពុងក្រសោបខ្ញុំ តែគេអត់ខ្វល់ថាគេត្រូវគ្រោះថ្នាក់ឬអត់ទេ គឺគិតតែពីសង្គ្រោះខ្ញុំ។

ខ្ញុំតបទៅគេវិញ

“តែពេលខ្លះនិស្ស័យធ្វើបាបមនុស្សណាស់​ ឱ្យចួបហើយក៏ពង្រាត់ ឱ្យចួបហើយមានចិត្តតែម្ខាង។ ចុះនិស្ស័យពួកយើងវិញ? វិច្ឆិកាធ្លាប់ស្រឡាញ់ខ្ញុំអត់?”

“អត់” រហ័ស លឿន ខ្លី ខ្លឹម

ការបន្លឺក្នុងមួយបន្សាយសំឡេងនេះ ចាក់ឌឹបធ្លុះធ្លាយខ្ទេចខ្ទីបេះដូង គ្មានស្នាម គ្មានរបួស តែវាគ្រាំក្នុងគ្មានអ្នកដឹងគ្មានអ្នកឃើញ។

“ធ្លាប់ឮគេថា love distant អត់?” គេសួរខ្ញុំបែបនេះក្នុងកែវភ្នែកដ៏ល្ហល្ហេវ

រឿងអីខ្ញុំមិនដឹង ខ្ញុំដឹង ខ្ញុំឮ តែខ្ញុំធ្វើមិនបាន។ ឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ពីចម្ងាយក៏មានក្ដីសុខ? មើលគេពីចម្ងាយក្ដីសុខតិចៗ? ច្រមុះខ្ញុំឆួលៗ ភ្នែកខ្ញុំក្រហាយយកតែមែនទែន បន្ដិចទៀតតំណក់ទឹកថ្លាឆ្វង់ទាំងនេះប្រាកដជាប្រជ្រៀតគ្នារមៀលចេញពីភ្នែកមិនខាន។ កុំៗឱ្យសោះ តែ…ខ្ញុំមានអារម្មណ៍ថាថ្ពាល់ខ្ញុំសើមៗ ខ្ញុំព្យាយាមលេបទឹកមាត់ទាំងបំពងកស្ងួតខះល្ហល្ហេវ

“ខ្ញុំធ្លាប់ខូចចិត្តច្រើនដង ខ្ញុំមិនចង់…ខ្ញុំចង់បានស្នេហាមួយច្បាស់លាស់” “បើអាច…បើអាណិត…ឈ្មោះ…”

​ត្រចៀកខ្ញុំហឹង ក្បាលឈឺខ្ទោកៗខ្ញុំឥតដឹង ឥតឮថាគេនិយាយអ្វីទៀតទេ ដឹងត្រឹមថាបន្តិចមកបាតដៃក្ដៅៗរបស់គេចាប់កាន់ទាញ កដៃតូចស្គមរបស់ខ្ញុំឱ្យក្រោកឡើងទាំងដែលខ្ញុំមានៈរឹងទទឹងមិនព្រមក្រោក។

“ទៅផ្ទះវិញ”

ខ្ញុំសម្លឹងមើលដៃរបស់គេនៅក្ដាប់ជាប់កដៃខ្ញុំជាមួយទឹកភ្នែកនៅព្រៀបពេញរង្វង់នេត្រាទាំងគូ។ ដៃនេះហើយដែលទ្ររាងកាយខ្ញុំនាថ្ងៃដ៏រន្ធត់មួយនោះ។ គេទម្លាក់ព្រលែងដៃដោយឥតព្រាងទុក ដៃខ្ញុំធ្លាក់ខ្ពាកដោយគ្មានកម្លាំងកំហែងលើភ្លៅខ្លួនឯងវិញ។

“ទៅផ្ទះវិញ”

គេថាម្ដងទៀតមិនទាន់ចប់ស្រួលបួលផង ស្រាប់តែទាញកញ្ឆក់ កដៃខ្ញុំម្ដងទៀតឱ្យស្ទុះងើបឡើង រូបស្គមល្ហេវនេះវិះនឹងច្រឡោតទៅលើទ្រូងរបស់គេ កុំតែជើងខ្ញុំឈានទៅមុខទាន់។ ចាប់តាំងពីយប់នៅមាត់ទន្លេនោះមកគេគេចៗពីខ្ញុំមិនមើលមុខ មិននិយាយរកចេញពីរៀនមិនទាន់ក៏ទាញម៉ូតូទៅបន្ទប់ជួលវិញ។ ខ្ញុំបានធ្វើអីខ្លះ? គេស្អប់ខ្ញុំ? ខ្ញុំផ្ដើមមិនស្រណុកចិត្តពេលឃើញគេធ្វើបែបនេះមិនមែនឆ្ងាយតែចំពោះខ្ញុំម្នាក់ឯង គឺហីៗចំពោះគ្រប់គ្នាតែម្ដង។

“I’m sorry” នេះជាពាក្យចុងក្រោយដែលខ្ញុំបានឃើញក្នុង storyគេ មុនពេលគេ unfriend ខ្ញុំចោល។ ខ្ញុំចង់ឈែតសួរគេតែនៅពេលបើក telegram ស្រាប់តែគ្រប់យ៉ាងទទេរស្អាត ពាក្យពេចន៍ឌឺដង សម្ដីផ្អែមល្ហែមទាំងអំបាលម៉ានរលាយទៅណាអស់រលីង។

កន្លងមកខ្ញុំយល់សប្តិមែន? ឬពីមុនជាការពិតតែឥឡូវខ្ញុំកំពុងនៅក្នុងសុបិន្តដ៏អាក្រក់? ៩០ថ្ងៃហើយដែលគេធ្វើមុខស្មើៗ កៅសិបថ្ងៃហើយដែលគេមិននិយាយរកខ្ញុំ។ ខ្ញុំសែនថប់ដង្ហើមពេលឃើញគេបែបនេះ ខ្ញុំបាត់បង់គេហើយមែនទេ ការសម្រេចចិត្តរបស់ខ្ញុំនាល្ងាចនោះខុសហើយមែនទេ  មែនទេវិច្ឆិកា?

ល្ងាចនេះមេឃពណ៌ខៀវស្រាលនៅពីលើពពកក្រហមៗ

បើក្ដីស្រឡាញ់របស់ខ្ញុំធ្វើឱ្យខ្ញុំបាត់បង់មិត្តល្អម្នាក់ ខ្ញុំឈប់ស្រឡាញ់គេក៏បានឱ្យតែប្រគល់គេមកវិញមក។ ខ្ញុំចាប់ផ្ដើមក្រហាយភ្នែកពេលនឹកឃើញគេ។ ប្រាប់ខ្ញុំមកថាខ្ញុំខុសដែលនិយាយពាក្យថាស្រឡាញ់? គេអាចធ្វើធម្មតាហើយនិយាយរករាល់គ្នាលើកលែងតែចំពោះខ្ញុំក៏បាន ព្រោះខ្ញុំចង់ឃើញគេដូចមុន មិននិយាយរកខ្ញុំក៏ហីទៅឱ្យតែញឹញមដាក់អ្នកផ្សេងក៏ខ្ញុំសប្បាយចិត្តដែរ។

“បើអាច ថ្ងៃក្រោយកុំបង្ហាញអារម្មណ៍ខ្លួនឯងឱ្យគេដឹងពេក”

ពាក្យគេឮរងំក្នុងត្រចៀកខ្ញុំ។ ខ្ញុំនិយាយថាស្រឡាញ់ជាពាក្យដំបូងរបស់ខ្ញុំប៉ះចំមនុស្សគល់ឈើ ទោះខ្ញុំព្យាយាមយ៉ាងណាក៏គេមិនរង្គោះរង្គើចិត្តដែរ។ តែ…យប់នោះគេបានសួរខ្ញុំថា

“ដឹងចម្លើយហើយបន្ដឬបញ្ឈប់?”

“បន្ដឬឈប់ជារឿងរបស់ខ្ញុំ” ខ្ញុំសួរគេវិញ “ចុះបើខ្ញុំបន្ដគិតយ៉ាងម៉េចវិញ?”

“រឿងថ្ងៃមុខថ្ងៃក្រោយមានអ្នកណាគេដឹងមុន?”

មេឃប្រែពណ៌បន្តិចម្ដងៗទៅជាស្រអាប់ៗ ខ្យល់បក់មកត្រសៀកៗសែនត្រជាក់តែថ្ពាល់ខ្ញុំក្ដៅ ច្រមុះឆួលៗ បំពង់កដូចជាល្ហល្ហេវៗម្ដងហើយម្ដងទៀតរាល់នឹកគេ។

“កុំខូចចិត្តយូរពេក ត្រូវតែ move on”

ខ្ញុំលេបទឹកមាត់ក្អឹកហើយលើកដៃជូតទឹកភ្នែក។ គេម៉េចនឹងអាចធ្វើឱ្យខ្ញុំយំបាន? នៅពេលយើងចួបមនុស្សល្អម្នាក់ដែលតែងតែជួយយើង បន្ទាប់មកយើងក៏មានចិត្តលើគេទោះបីមិនបានគេមកជាគូជីវិត ត្រឹមរាប់អានគ្នាជាមិត្តក៏ល្អមិនថាអ៊ីចឹង ត្រូវអត់?

ខ្ញុំគិតរួចហើយខ្ញុំជាអ្នកផ្ដើមក៏ជាអ្នកបញ្ចាប់ if I see you happy without me I will leave

ឱ្យតែគេត្រឡប់មកដូចដើមវិញ

“អរគុណ២០២៤ដែលធ្វើឱ្យខ្ញុំស្គាល់យើងវិច្ឆិកា ខ្ញុំ Move on បានសម្រេចហើយ សង្ឃឹមថាយើងនឹងក្លាយជាមិត្តគឺមិត្តដូចមុនគឺមុនថ្ងៃមួយនោះ”

ខ្ញុំសរសេរលុបៗជាច្រើនសារទម្រាំដាច់ចិត្តផ្ញើទៅឱ្យគេ។ យប់នេះជាថ្ងៃឆ្លងឆ្នាំ ខ្ញុំចង់ប្រាប់គេឱ្យច្បាស់ថាខ្ញុំ move on ដើម្បីកុំឱ្យគេគេចពីខ្ញុំទៀត ខ្ញុំមិនចង់ឱ្យគេមានអារម្មណ៍មិនល្អមិនស្រណុកចិត្តព្រោះតែក្ដីស្រឡាញ់របស់ខ្ញុំទេ។ គ្រាន់តែសង្ឃឹមថាចាប់ពីស្អែកទៅរឿងល្អៗនឹងចូលមក។ បើកភ្នែកព្រឹកឡើងស្រាប់តែសាររបស់គេលោតឡើង

“ពេលខ្លះអ្វីដែលយើងឃើញមិនមែនជាការពិតទេ វាជាការសម្ដែងក៏ថាបាន”

ពេលឃើញពាក្យមួយឃ្លានេះទុកថាផ្លូវចិត្តខ្ញុំប្រសើរជាងមុនទៅចុះ។

នៅពេលខ្ញុំឈានជើងចូលថ្នាក់ ខ្ញុំងើយសម្លឹងមើលជញ្ជាំងគឺកន្លែងនោះហើយ គឺត្រង់នោះខ្ញុំធ្លាក់មកពីលើ​ វិនាទីនោះពូថៅក្នុងដៃខ្ញុំ ខ្ញុំព្រលែងចុះមកខណៈណាក៏គ្មានអ្នកដឹងតែគេវិញគេអត់ខ្វល់ទេ គេរត់មកត្រកងទ្រខ្ញុំពីក្រោម ខ្លួនប្រាណខ្ញុំធ្លាក់ឌឹបលើដៃស្គមៗរបស់គេស្របពេលបេះដូងខ្ញុំធ្លាក់កប់ចូលជ្រៅក្នុងអន្លង់ស្នេហ៍គេដូច្នេះដែរ។

“វិច្ឆិកា!” ខ្ញុំព្យាយាមហៅគេជាលើកទីពីរ

“hah”

ខ្ញុំគ្មានអីបន្ដទេ ព្រោះខ្ញុំគ្រាន់តែចង់ដឹងថាគេនៅរាប់ខ្ញុំដូចមុនឬទេតែប៉ុណ្ណោះ។

តែចាប់តាំងពីថ្ងៃនោះមកទំនាក់ទំនងយើងក៏ល្អម្ដងទៀត

“សន្សំលុយធ្វើផ្ទះហើយចាំរៀបការ”

“ចុះមានលុយឯណាចូលដណ្ដឹងគេ?”

ខ្ញុំចាប់ផ្ដើមញ៉ិកញ៉ក់ដាក់គេម្ដងទៀត។ គេលើកដៃអង្អែលក្បាលក្បាលខ្ញុំថ្នមៗ រូបរាងតួស្រីស្អាតក្និកក្នក់ក្នុងរឿងកូរ៉េចូលមកសណ្ឋិតក្នុងខ្លួនខ្ញុំមួយរំពេច។

“ធ្លាប់ឮគេនិយាយថាបងមួយពាន់អូនមួយពាន់ បងមួយម៉ឺនអូនមួយម៉ឺនអត់?”

ពួកយើងទាំងពីរជជែកគ្នា នៅក្បែរគ្នាជិតស្និទ្ធជាងមុនរហូតដល់គ្រប់គ្នាយល់ថាយើងមានទំនាក់ទំនងលើសពីមិត្ត

“គ្រាន់តែមើលពីចម្ងាយក៏ដឹងថាបេះដូងគេមានភាពកក់ក្ដៅជាងមុនដែរ”

នេះជាសម្ដីមិត្តរួមថ្នាក់ចំអន់ខ្ញុំចង់ឱ្យខ្ញុំប្រាប់ការពិតតែខ្ញុំមានអីប្រាប់នាងបើខ្ញុំខ្លួនឯងក៏យល់ដូចនាងដែរតែការពិតទៅមិនលើសពីនេះផង។ ខ្ញុំចេះតែយល់ថាមានរនាំងអ្វីមួយដែលគ្រប់គ្នាមើលមិនឃើញរួមទាំងខ្ញុំដែលវាខណ្ឌមិនឱ្យយើងទាក់ទងគ្នាបាន ធ្វើឱ្យគេមិនអាចទទួលយកខ្ញុំបានរហូតដល់ថ្ងៃមួយ…

“បូភាអើយ! ឈប់បានឈប់ទៅគ្មានលទ្ធផលទេ”

ខ្ញុំតែងឮពាក្យនេះជារឿយៗពីមិត្តល្អរបស់ខ្ញុំគាត់ជាមិត្តវិច្ឆិកាក៏ជាមិត្តខ្ញុំ មិនដឹងជាគាត់ដឹងរឿងអីពីណាមកទេទើបមកដាស់តឿនខ្ញុំតែបូភានេះមានគិតអ៊ីចឹងឯណា ខ្ញុំឈប់ម៉េចនឹងបានលុះក្រោយៗមក ខ្ញុំលង់ល្ងង់ម្នាក់ឯងទាំងដែលវិច្ឆិកាចេញឆ្ងាយពីខ្ញុំតាមលំនាំមុនជាលើកទីពីរ រហូតដល់ល្ងាចមួយទើបខ្ញុំដឹងការពិត…គឺល្ងាចមួយដែលខ្ញុំអង្គុយនៅមាត់ទន្លេម្នាក់ឯង…

“ម៉េចក៏មកអង្គុយអីម្នាក់ឯងនៅហ្នឹង?” ជាសម្ដីបូផា។

មិនដឹងនាងមកពីពេលណាតែខ្ញុំឃើញដៃនាងក្ដាប់ទូរសព្ទជាប់ ខ្ញុំក្រោកឈរឡើងមិនទាន់ឆ្លើយយ៉ាងណាផងស្រាប់តែនាងហៅឈ្មោះខ្ញុំ

“បូភា!”

ខ្ញុំងាកទៅប្រសព្វភ្នែកនឹងរូបមនុស្សពីរនាក់លើអេក្រង់ទូរសព្ទដែលនាងកំពុងលើកបង្ហាញមក

ឱ!បេះដូងខ្ញុំឈឺខ្ទេចខ្ទាំធ្លុះធ្លាយដូចស្រមោចរោមខាំ ភ្នែកខ្ញុំស្រវាំងមើលលែងឃើញមុខមាត់គេទាំងពីរនោះ

“បូភា!” បូផាស្លន់ស្លោហៅឈ្មោះខ្ញុំ វាជាពាក្យពីរម៉ាត់ចុងក្រោយដែលត្រចៀកខ្ញុំនៅស្ដាប់ឮមុនពេលរាងកាយខ្ញុំដួលថ្មោងទៅលើថ្មដោយជោគជ័យ គ្មានHero គ្មានដៃមួយគូរមកទ្រពីក្រោម គ្មានអ្នកមិនគិតពីគ្រោះថ្នាក់មកជួយខ្ញុំទៀតទេ។

ស្នេហ៍យុវវ័យ ស្នេហាក្មេងខ្ចី កើតពីពេលណា រឿងយើងមួយនេះ ត្រូវចប់ត្រឹមណា ហូរទឹកនេត្រា ប៉ុនណាទើបគ្រប់?

ខ្ញុំនៅតែក្រហាយភ្នែកម្ដងទៀតពេលអានវាជាថ្មីតែមិនគ្រាំគ្រាដូចប្រាំបួនឆ្នាំមុន។ ខ្ញុំបញ្ចប់កំណត់ហេតុនេះត្រឹមខ្ញុំដួលសន្លប់នៅឯមាត់ទន្លេនោះ។ ម្រាមដៃខ្ញុំនៅបើកបន្ដសន្លឹកសៀវភៅទំនេរសល់ម្ដងមួយៗស្រាប់តែដល់ទំព័រមួយមានអក្សរសរសេរដោយទឹកប៊ិកពណ៌ខ្មៅ អក្សរមួយទំព័រនេះស្អាតណាស់គ្រាន់តែក្រឡេកគឺខ្ញុំស្គាល់ម្ចាស់វា រូបភាពកងដៃនិងអំបោះក្រហមលើកដៃស្គមៗរបស់គេ ចលនាដៃគេដែលធ្លាប់កាន់ប៊ិកឆ្លាក់ឈ្មោះខ្ញុំផុសឡើងជាថ្មីក្នុងការចងចាំ ពុទ្ធិឥន្រ្ទីយ៍ចាស់ៗត្រូវបានសើរើជាថ្មី ជលនេត្រនេះមិនដឹងហូរមកពីណាហ៊ូៗដូចទឹកបាក់ទំនប់

បូភា! ខ្ញុំមិនដឹងថាថ្ងៃណាឆ្នាំណានាងបានអានទេតែខ្ញុំសង្ឃឹមថានាងបានអាននៅពេលណាមួយមិនខាន។

បូភាអរគុណចំពោះក្ដីស្រឡាញ់ ខ្ញុំឯណាស័ក្តិសមទទួលទឹកចិត្តបរិសុទ្ធរបស់នាង។ ខ្ញុំម៉េចនឹងហ៊ាន ទទួលនាងឱ្យមកលំបាកជាមួយខ្ញុំ? នាងនិយាយពាក្យថាស្រឡាញ់ ខ្ញុំឆ្ងល់ថានាងម៉េចក៏ក្លាហានម្ល៉េះ?តែខុសហើយនាងមិនមែនក្លាហានអីទេ ការពិតនាងជាស្រីល្ងីល្ងើមាត់ត្រង់ម្នាក់។ ខ្ញុំខ្លាចណាស់ ខ្ញុំខ្លាចធ្វើឱ្យនាងខូចចិត្ត ខ្ញុំខ្លាចនាងឈឺចាប់ដោយសារខ្ញុំ​​។ បូភា! ខ្ញុំសុំទោសដែលកន្លងមកព្រងើយកន្តើយដាក់នាង មានតែធ្វើបែបនេះទេទើបនាងឆាប់កាត់ចិត្តតែនាងដឹងទេ? ខណៈនោះខ្ញុំពិបាកធ្វើចិត្តកម្រិតណា។ ខ្ញុំមិនចង់ឱ្យនាងនៅក្បែរមនុស្សមិនច្បាស់លាស់ដូចខ្ញុំ ចុងក្រោយខ្ញុំលែងហ៊ាននិយាយរកនាងបានសម្រេច។ ល្ងាចនៅមាត់ទន្លេតែពីរនាក់នាងនោះខ្ញុំទទួលទូរសព្ទពីរឿងមិនល្អដែលកើតឡើងដដែរៗនៅផ្ទះរបស់ខ្ញុំ ខ្ញុំម៉េចនឹងហ៊ានបង្កើតស្នេហាជាមួយនាងកើត? រឿង “សុំទោសសង្សារ” ជានិទានស្នេហារវាងតុរណីលីននិងបងប្រុសដែនសមុទ្រសុខៈដែលនាងដំណាលប្រាប់ខ្ញុំ ខ្ញុំម៉េចនឹងភ្លេចតែខ្ញុំគឺវិច្ឆិកាធ្វើម៉េចនឹងអាចកែប្រែវាសនាដូចសុខៈ។

ឃើញនាងខូចចិត្ត ចិត្តខ្ញុំខ្ទេចខ្ទីអស់ហើយពេលនោះខ្ញុំគិតថានឹងនិយាយរកនាងវិញនិងរាប់អានគ្នាដូចមិត្តឯទៀត ទោះយើងមិនបាននៅជាមួយគ្នាទោះមិនមែនជាគូរជីវិតក៏យើងអាចរក្សាទំនាក់ទំនងជាមិត្តល្អតែ…ការពិតវាមិនដូចការគិត ខ្ញុំកាន់តែស្និទ្ធជាមួយនាងគ្រប់គ្នាកាន់តែយល់ថាយើងជាសង្សារ ទោះខ្ញុំចង់នៅក្បែរនាងយ៉ាងណាក៏ដោយតែនាងជាមនុស្សស្រីម៉េចនឹងអាចមានឈ្មោះជាសង្សាររបស់មនុស្សមិនច្បាស់លាស់ដូចខ្ញុំ។​

ខ្ញុំជាមនុស្សប្រុសយ៉ាងម៉េចក៏បានតែនាងជាមនុស្សស្រី ជាស្រីដែលខ្ញុំតែងស្ងប់ស្ងែង ខ្ញុំមិនឱ្យនាងខូចចិត្ត ខ្ញុំមិនអាចបង្កើតស្នេហាហើយបែកបាក់វិញ មិនឱ្យនាងខូចឈ្មោះធ្លាប់មានសង្សារម្ដងជាពីរដងបានទេ ទើបខ្ញុំចាកចេញពីនាងជាលើកទីពីរខ្ញុំមិនចង់ផ្ដល់ក្ដីសង្ឃឹមឱ្យនាង ទើបខ្ញុំមានចេតនាឱ្យនាងឃើញរូបថតមួយសន្លឹកនោះ…សុំទោស ខ្ញុំស្មានមិនដល់ថារូបនោះមានឥទ្ធិពលធ្វើឱ្យខ្លួនលលៃរបស់នាងដួលមួយជំហរដូច្នោះទេ។ ថ្ងៃដែលនាងដឹងខ្លួនមកវិញជាថ្ងៃដែលសមបំណងខ្ញុំ…គឺថ្ងៃដែលនាងហាក់ដូចមនុស្សថ្មីលែងសូម្បីមើលមុខខ្ញុំ តើខ្ញុំអាចធ្វើអ្វីបានទៀត? តែនាងដឹងទេ…ព្រះចន្ទនៅតែមូលគ្រាន់តែពេលខ្លះយើងមើលមិនឃើញ ក្ដីស្រឡាញ់ខ្ញុំដ៏ដូចគ្នាទោះនាងមិនដឹងតែ…ណ្ហើយចុះ សង្ឃឹមថានាងមិនដឹងរហូតទៅ។

រឿងរ៉ាវស្នេហា បងនិងជីវា វែងឆ្ងាយអន្លាយ បូភាអូនអើយ ស្ងួនថែចិត្តកាយ ភ្លេចចុះឆោមឆាយ បងមិនល្អទេ។

ខ្ញុំបើកមួយទំព័រទៀតយ៉ាងញាប់ដៃតែវាលែងមានអក្សរទៀតហើយ ទឹកថ្លាៗស្រក់តក់ៗពេញព្រៀបសៀវភៅកំណត់ហេតុកម្សត់របស់ខ្ញុំទោះខំបើករកយ៉ាងណាក៏មិនឃើញ។ ខ្ញុំចាំបានថាសៀវភៅ note នេះខ្ញុំបញ្ឃប់សរសេរក្រោយពេលចេញពីពេទ្យហើយទុកចោលលែងនឹកនារកមកអាន ឈប់លើកមកសរសេរតទៀត ខ្ញុំម្ចាស់សៀវភៅមែនតែខ្ញុំមិនដឹងថាសំណេររបស់គេដែលសរសេរបន្ដពីខ្ញុំមានវត្តមានពីពេលណាមកទេ។

ខ្ញុំចាប់ផ្ដើមលើកកាន់ប៊ិកទាំងដៃញ័រទទ្រើកសរសេរបន្ដពីសំណេររបស់គេ។

វិច្ឆិកា! ចាំបានទេរឿងពីរយ៉ាងដែលអូនឱ្យបងចាំ មកដល់ពេលនេះអូនមិនដែលលេបពាក្យខ្លួនឯងម្ដងណាទេ ទោះអូនដឹងថាពេលនោះគ្រាន់ជាសន្យាតែម្ខាងក៏ដោយ។

លើផ្លូវវែងឆ្ងាយ បងនៅឯនាយ មាននឹកអូនទេ រឿងរ៉ាវស្នេហ៍យើង ជាកម្មបុព្វេ ភក្ដីមាសមេ កប់ក្នុងបេះដូង។

ខ្ញុំឱបសៀវភៅផ្អិបជាប់ទ្រូង ខ្ញុំមិនសមណាទុកវាចោលដល់ទៅប្រាំបួនឆ្នាំ គឺប្រាំបួនឆ្នាំក្រោយទើបខ្ញុំបានអានសំណេររបស់គេ​។ មិនដឹងជាគេទៅដល់ទីណាហើយ? គេសុខទុក្ខយ៉ាងណាមាននឹកខ្ញុំខ្លះទេ? ច្រើនឆ្នាំហើយសូម្បី Facebook គេក៏ខ្ញុំនៅតែរកមិនឃើញគេប្រែប្រួលយ៉ាងណាខ្លះក៏ខ្ញុំមិនដឹង។

ថ្ងៃ១២វិច្ឆិកាជាថ្ងៃដែលគេជួយសង្គ្រោះខ្ញុំ ពេលនេះគម្រប់ខួបដប់ឆ្នាំហើយខ្ញុំបានមកឈរមើលក្នុងថ្នាក់ជាថ្មី តែគ្រប់យ៉ាងប្រែប្រួលអស់ហើយផ្ទាំងគំនូរនោះគេដោះចោលដាក់ដំថ្មី ពួកគេមិនដឹងពីប្រវត្តិរបស់វាទេ ស្រមោលអតីតកាលទាំងអស់គ្រប់ពាក្យគ្រប់កាយវិការ… វិច្ឆិកាអើយ។

ច្រមុះខ្ញុំចាប់ផ្ដើមធុំក្លិនក្រអូបប្រហើរម្យ៉ាងដូចប្រហែលៗ ខ្ញុំងាករកមើលប្រភព…ស្រាប់តែ…បេះដូងខ្ញុំលោតកញ្រ្ជោលស្ទើរចេញពីទ្រូងជាថ្មី ទឹកភ្នែកខ្ញុំពេញព្រៀបត្រៀមប្រណាំងគ្នាហូរ បំពង់កខ្ញុំគាំងស្ដូករកពាក្យនិយាយគ្មានឱ្យសមនឹងចិត្តនឹក ស្មាខ្ញុំរង្គីទប់ខ្លួនឯងលែងចង់ជាប់​ គេស្រាប់តែរត់មកលោដៃឱបរាងកាយដែលគេធ្លាប់សង្គ្រោះ គេស្គមជាងមុន រូបរាងគេប្រែប្រួលច្រើនណាស់។ ដប់ឆ្នាំកន្លង ពួកយើងអាយុ២៨ឆ្នាំហើយតែហេតុអ្វីគេមកទីនេះដែរ គេនៅចំណាំខ្ញុំដែរមែនទេ?ខ្ញុំក្ដុកក្ដួលបានត្រឹមគិត

“ថ្ងៃនេះរៀងរាល់ឆ្នាំ បងតែងមកទីនេះចាំអូន” ទឹកភ្នែកខ្ញុំហូរហ៊ូ គេបន្ដ “បងដឹងថាថ្ងៃណាមួយអូននឹងមកទីនេះ”

ទឹកភ្នែកខ្ញុំគិតតែពីហូរច្រាលៗខ្លាំងឡើងៗ រលីងរលោងក្ដុកក្ដួលក្បែរទ្រូងគេ។

កិច្ចសន្យាពីរយ៉ាងដែលខ្ញុំសន្យាជាមួយគេ គឺទីមួយ “បងធ្លាប់ជួយអូន អូនមិនភ្លេចគុណបងទេ” មួយទៀតគឺ “ទោះយើងនៅឆ្ងាយគ្នាទោះបងជាអ្វីទោះអូនប្រែប្រួលយ៉ាងណាតែអូននៅតែស្រឡាញ់បងជានិរន្ដរតទៅ”​ ខ្ញុំមិនដែលភ្លេចទេ តែ…ខ្ញុំមិនដែលមកទីនេះឡើយតែគេវិញ…

“វិច្ឆិកាបង”

“បូភាអូន”

ចប់!!!