ឆាវឆាវ – Meysansotheary

រឿង៖ យុទ្ធសាស្រ្តនយោបាយគ្មានមេត្តា ឆាវឆាវ
ជំពូកទី១ សុបិនចង់ក្លាយជានាគ

ឆាវ​ឆាវ តាំងពីនៅវ័យក្មេង តែង​តែ​មានកិរិយាស្ងប់ស្ងាត់ខុស​ប្លែកពីក្មេង​នានា​ក្នុង​ភូមិ​ផង​របង​ជា​មួយ​​។ ប្រវត្តិវិទូសរសេរថា គេតែងតែទៅឈរនៅលើភ្នំមួយឈ្មោះថា ចូវ Qiao។ កវីពណ៌នា​ថា ខ្យល់​បក់​បោកលើអាវផាយរបស់​កុមារឆាវឆាវ ដូច​ជា​ស្លាបរបស់នាគ​ឬ​ហង្ស ​ដែល​ប្រុង​តែ​ស្ទុះ​ហោះ​ហើរ​​ឡើង។

លុះដល់ពេញវ័យជំទង់ ឆាវឆាវ មិនមែនជាយុវកំលោះ​ដ៏ថ្លៃថ្នូរ​រាបសា​ដូចត្រកូលនាម៉ឺន​​ដទៃ​ទៀត​ឡើយ​​។ ​គេជាក្មេង​ដែល​ស្ងប់ស្ងាត់ចិត្តតែ​ពេលណាដែលគេដាក់គោលដៅជីវិតនិងខំ​រៀនគម្ពីរ ​ប៉ុន្តែ​​ខាងក្រៅគេ​ធ្វើ​ដូចជាមនុស្ស​​លង់​ក្នុង​សេចក្តី​រីករាយ ដើរមើល ដើរស្តាប់ ចរចា​​នឹង​​រាស្ត្រ​ ​អង្គុយ​សំកុក​នឹង​​​អ្នក​សុំទាន អង្គុយអុកស្រាតាមតៀម ទៅបនស្រី ហើយសម្គាល់​មើល​មន្ត្រី​​អាវ៉ាសែ​​ស្រវឹង​និយាយ​រឿង​អំណាច និងប្លន់រាស្ត្រ ស្តាប់និង​រៀន។ ​

ក្មេងប្រុសឆាវឆាវ ​បាន​ឃើញ​អំពើ​ពុករលួយ​ជ្រាប​ចូល​ក្នុង​សរសៃ​​សសូង​នៃ​រាជការ​ហាន។ ៤០​​ជំនាន់​​មក​ហើយ រាជការ​ហាន​បាននិយាយអំពីលីវ​ប៉ាង​ដែល​ជា​ស្តេច​សង្គ្រាម​និង​ជាអ្នក​សាង​ជំនាន់​​ហាន​ដំបូង លះបង់សូម្បីកូនប្រុសស្រីខ្លួនឯង ច្រានទម្លាក់រទេះដើម្បីគេចពីសត្រូវ។

រឿងពិសពុលទាំងអស់ក្នុងលោកត្រូវបានឆាវឆាវរៀនដោយការស្តាប់និងឃ្លាំមើល។ រៀន​​មិន​​ចេះ​ចប់​ ​​គឺការនិយាយជាមួយអ្នកក្រ​។ គេដឹងថាប្រជាជនចិន​មាន៩៨ភាគរយជាអ្នកក្រលំបាក ព្រោះ​​មិន​​មាន​អំណាច​និងជីវិតមាន​តម្លៃស្មើចុងស្មៅ ក្រោម​ការ​បំពុល​អ្វីៗ​ដោយពួកអ្នកវាំងនិងត្រកូលធំ ស្តេច​ត្រាញ់។ល។

គេគិតសូម្បីរឿង​ដែលលីវប៉ាងក្បត់សន្យា បញ្ជាឱ្យភរិយា​សម្លាប់ហានស៊ីញ​កាល​ពី​រាប់​រយ​ឆ្នាំ​មុន​​។ តើ​​បុរសខ្លាំងម្នាក់ ​ត្រូវ​ធ្វើ​អ្វីទើបអាចជោគជ័យនៅ​ក្នុង​ពិភព​លោក​ដែល​​«ភក្ដីភាព»​មាន​ន័យ​ថា ​ជា​​​ការ​​​បម្រើ​អ្នកដទៃ​?

ជា​រៀងរាល់បបរល្ងាច គេបានរអ៊ូរទាំដាក់ម្តាយថា​៖

«អ្នកម៉ែ! ពិភពលោកនេះធំធេងណាស់ ប៉ុន្តែគ្រប់គ្រងវាមិនពិបាកទេ! វា​មិន​អាច​គ្រប់​គ្រង​ដោយ​អំពើ​​ល្អ​ឡើយ តែល្បិចកលដែលខ្ពស់​ឥតគូប្រដូច នឹងកំណត់ជោគវាសនាអ្នកសាងរាជ្យវង្សថ្មី!»

ម្ដាយ​​របស់​គាត់​ឈ្មោះថា អ្នកស្រី ទីង Lady Ding​។ ស្ត្រីនេះ​បាន​សង្កេត​មើល​ការ​បង្ហាញគំនិត​​របស់​​កូន​​ប្រុស​​គាត់ ហើយ​បាន​ដកចានចេញឱនទៅខ្សឹបសួរក្នុងសព្ទ​សំឡេង​ដែល​ពោរពេញ​ដោយ​ប្រាជ្ញា​ស្ងប់ស្ងាត់៖

«កូនប្រុស! ម៉ែឃើញភ្លើងមហិច្ឆតា​នៅក្នុងភ្នែកទាំងគូរបស់ឯង!​ ប៉ុន្តែ…ឆាវឆាវអើយ! ភ្លើង​អាច​​ក្តៅ​ ឬ​ឆាបឆេះរលាក កូនខ្លាចដែរទេ?​»

ឆាវ​ឆាវឆ្លើយតបវិញនឹងម្តាយ៖

«អ្នកម៉ែ! ពិភពលោកនេះធ្លុះធ្លាយ! រាជការ​ហានមិនមែនអាណាព្យាបាល តែជាសត្វសាហាវ ដែល​​សម្លាប់​យកសាច់ប្រជាជនឯង​! ពួក​គេ​ស្រោប​មាស តែ​រស់នៅជាមួយសពរាស្ត្ររលួយ​ហើយ​​​ចិញ្ចឹម​​​សត្វ​ត្មាតវិលវល់! ខ្ញុំមិនព្រមក្លាយជាម្នាក់ក្នុងចំណោមពួកគេទេ! ខ្ញុំនឹងក្លាយជាអ្នកប្រមាញ់​​​ដែល​​បញ្ចប់រជ្ជកាលសត្វ​សាហាវទាំងនេះ!»

ម្តាយងក់ក្បាលទាំងបារម្ភខ្វល់ខ្វាយ៖

«កូនប្រុស! មហិច្ឆតា បើគ្មានប្រាជ្ញា វាត្រឹមតែជាសេះដែលគ្មានស្នែងប៉ុណ្ណោះ ណាកូន!!!​»

ឆាវឆាវជម្រាបម្តាយ៖

«ប្រជាជនមិនចង់បានការបំផុសគំនិតទេអ្នកម៉ែ! ពួកគេចង់បានសណ្តាប់ធ្នាប់​!!! អ្នក​ខ្លាំង​ទើប​​អាច​​​​រក​​​សន្តិ​សុខ​ឱ្យពួកគេបាន គេនឹងគាំទ្រអ្នកដឹកនាំបែបនោះ! ដ្បិត​អ្នកទន់ខ្សោយដឹងតែធ្វើតាម បើ​​ខ្ញុំ​​មិន​​គ្រប់​គ្រង អ្នកផ្សេងគេ​​នឹងគ្រប់គ្រងខ្ញុំ!»

«ប៉ុន្តែការគ្រប់គ្រងមិនមែនជាសង្រ្គាមទេកូនប្រុសរបស់ខ្ញុំ! អំណាចដូចជាបន្ទុកដ៏ធំ។ សូម្បី​តែ​​មនុស្ស​​ខ្លាំងយ៉ាងណា​ក៏នឹង​ ត្រូវកម្ទេច​នៅក្រោមទម្ងន់អំណាចដែរ!»

ឆាវឆាវញញឹមហើយឆ្លើយ៖

«ទេ​! នោះ​គឺសម្រាប់គេ តែសម្រាប់ខ្ញុំ នៅក្រោមអំណាច​ខ្ញុំ​នឹងកាន់តែរឹងមាំឡើង​ព្រោះ​បាន​បន្សាំ​​តាម​​ទម្ងន់​វា!  ពិភពលោកនឹងចងចាំខ្ញុំ មិនមែនក្នុងរូបភាព​ជា​អ្នកបំរើ​រាជវង្ស​មួយ​ដែល​ទន់ជ្រាយ​នោះ​​ទេ​ ប៉ុន្តែ​ជា​អ្នកដែលកែប្រែជោគវាសនាប្រទេសមួយនេះ!»

ការ​សន្ទនានេះ លោកស្រីទីងបានសិក្សាអំពីចិត្តសាស្ត្ររបស់កូនប្រុសច្បាស់លាស់ហើយ​។ ​បាន​​មួយ​សន្ទុះ គាត់ក៏ញញឹម បន្ទាប់មកដកដង្ហើមធំ សម្លឹងគេទាំងមោទនភាព​និងទុក្ខព្រួយ។

ស្ត្រីជាម្តាយ​និយាយមួយៗ៖

«ដឹងហើយមែនទេកូន? ផ្លូវដែលកូនដើរនឹងប្រឡាក់ទៅដោយឈាម​! កាន់តែខ្ពស់ កូន​កាន់​តែ​ឯកោ​ ហើយនៅពេលដែលអំណាចក្លាយមកជារបស់អ្នក កូននឹង​យល់ពេលនោះថា វា​មិន​ដូចអ្វី​ដែល​​គ្រប់​​គ្នា​​ធ្លាប់ស្រមៃចង់បាននោះទេ»

Cao Cao ញញឹមតិចៗ ហើយឱន​ក្បាលទៅរកម្តាយរបស់គាត់។

«ប្រហែល​​ជាពេលនោះ ក៏​ខ្ញុំនៅតែ​មិន​ឈប់​!  ទាល់​តែ​មេឃ​ទទួល​ស្គាល់​ឆន្ទៈ​របស់​ខ្ញុំ គ្រប់គ្នា​ឱន​ក្បាល​ជាមួយឆន្ទៈ​នោះ»

នៅ​ខាងក្រៅផ្ទះ ខ្យល់បក់បោកមកប្រាវៗ ហាក់បីដូចជាខ្សឹបប្រាប់ឈ្មោះបុរសម្នាក់នេះ ថា​នៅ​ថ្ងៃ​ណា​មួយនរណាក្តីដែលនឹងឈរប្រឆាំងនឹងគេ គឺដួលត្មោលនៅចំពោះមុខគេ។

ជំពូកទីពីរ ការប្រឆាំងនឹង​តុងជួ

បម្រើនៅក្រោមរបបហានដែលកាន់កាប់ដោយ តុង ជួ Dong Zhuo ពី១៨៩មុនគ.ស ឆាវឆាវ​បាន​ប្រលង​ជាមន្ត្រី ប៉ុន្តែភាពឃោរឃៅរបស់តុងជួបានធ្វើឱ្យឆាវឆាវ មានការខកចិត្តរឹតខ្លាំង ​ថែម​បាន​ជំរុញ​ឱ្យគាត់ចាប់ផ្តើមបង្កើតបក្សពួកជាសម្ងាត់ ប្រឆាំងនឹងមន្ត្រីធំពុករលួយផ្តាច់ការរូបនេះ។

តុងជួ ដែល​បានដណ្ដើមកាន់កាប់រាជធានីរបស់ចក្រពត្តិ ឡួយ៉ាង Luoyang ក្នុងឆ្នាំ១៨៩​​នៃ​​គ.ស ​​ជា​កំឡុង​ពេលនៃភាពចលាចលនយោបាយ​រាជវង្សហាន។ ការ​​គ្រប់​គ្រង​របស់តុងជួ ​ត្រូវ​បាន​​កត់​​​សម្គាល់​​ឡើងឃើញតែ​អំពើ​ឃោរឃៅ​​និង​ការ​រំលោភ​អំណាច។ តុងជួបានទម្លាក់អធិរាជវ័យ​​ក្មេង ស៊ា​វ​Shao ហើយដាក់អធិរាជអាយ៉ង ស៊ានXian មកលើរាជបល្ល័ង្កហាន។

អំណាច​ផ្តាច់ការរបស់​តុងជួបាននាំឱ្យមានការអាក់អន់ចិត្តយ៉ាងទូលំទូលាយក្នុងចំណោមមន្ត្រី មេ​ដឹ​កនាំ​យោធា​និងប្រជាជនទូទៅ។ សកម្មភាពតុងជួ រួមទាំងការដុតបំផ្លាញរាជធានី និង​កាប់​សម្លាប់​គូ​ប្រជែងនយោបាយ បានបង្កឱ្យមានការមិនសប្បាយចិត្ត ​និង​នាំ​ឱ្យ​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​ដែល​មិនបានសម្រេចជាច្រើនដងប្រឆាំងនឹងបុរសនេះ។

នៅឆ្នាំ​១៩២​នៃគ.ស ការឃុបឃិតមួយបានបង្កើតឡើងក្នុងចំណោមមន្ត្រី​ផ្ទាល់របស់តុងជួ​។ មន្ត្រី​​ Wang Yun បានឃុបឃិតជាមួយ លី ពូ Lü Bu កូនប្រុសចិញ្ចឹមរបស់តុងជួ ដែលជា​អ្នក​ចម្បាំង​​ដ៏​​ជំនាញ​។ ដោយសារតែ លី ពូ Lü Bu មានទំនាក់ទំនងតឹងតែងជាមួយឪពុកចិញ្ចឹម និងចរិតគេក្មេង​​ឆេវ​ឆាវ ក្រអឺត​ក្រទម គេត្រូវបានបញ្ចុះបញ្ចូលបានសម្រេចឱ្យចូលរួមក្នុងផែនការនេះ។

យប់នៃការធ្វើឃាត លោក Wang Yun បានល្បួងតុងជួ ឱ្យ​ទៅកាន់ភូមិគ្រឹះវ៉ាង ជាមួយ​អន្ទាក់​​ស្រីស្អាត​​និងស្រាឆ្ងាញ់។ នៅទីនោះ លីពូ​ បា​នរង់ជាស្រេច​ហើយ​បាន​សម្លាប់​តុងជួ​ដោយ​ចាក់​សម្លាប់​​ពី​​ក្រោយខ្នង​។ ខ្លះបង្ហាញថាលីពូវាយប្រហារតុងជួដោយសារកំហឹង ខណៈ​ខ្លះ​ទៀត​ពិពណ៌នា​ថា ជាការក្បត់ដែលចង់បានអំណាច តែភាពយន្ត​បានដាក់ស្រីស្អាតម្នាក់ឈ្មោះ ទាវឆាន ​ដែល​​មិន​មាន​​ក្នុង​ប្រវត្តិសាស្រ្ត​ថាជាហេតុផល។

ក្រោយ​ពីការស្លាប់របស់តុងជួ ដំបូងឡើយលីពូ បានគ្រប់គ្រងទីក្រុង Luoyang ប៉ុន្តែ​ដោយសារ​​ការ​ខ្វះ​ជំនាញខាងនយោបាយ សកម្មភាពអត្តនោម័តិ​របស់គេ ​បានបណ្តាល​ឱ្យ​ទស្សនៈ​ទ័ព​មាន​ការ​​បែក​បាក់​និងចលាចល ទីបំផុតបានរួមចំណែកដល់ការបែកបាក់នៃរាជវង្សហាន។

នៅឆ្នាំ១៩០នៃគ.ស ឆាវឆាវបានចាប់ផ្តើមលេចចេញជាមេដឹកនាំមានកងទ័ពផ្ទាល់ខ្លួន។ គាត់​​បាន​​ចាប់ផ្តើមជ្រើសរើសទាហាន​និងសម្ព័ន្ធមិត្ត​ ដោយប្រើឥទ្ធិពលនយោបាយ ក៏​ដូច​ជា​កល​ល្បិច​​យោធា​ជាច្រើនជំពូក។

គោលដៅ​ពេលនោះគឺដើម្បី គ្រប់គ្រងភាគខាងជើងប្រទេសចិន។ នៅក្នុងសមរភូមិ គ័ងទូ Guan Du ឆ្នាំ២០០នៃគ.ស ជាប្រវត្តិសាស្ត្រនៃការ​កើនកម្លាំងយោធារបស់ឆាវឆាវជា​កម្លាំង​លេចធ្លោបង្អស់​​នៅ​​​ភាគ​ខាងជើង​ប្រទេស​ចិន។

បន្ទាប់ពីជ័យជម្នះ​មួយនោះមក ឆាវឆាវបានពង្រឹងផែនការគ្រប់គ្រងយកដែនភាគច្រើនទៀត ហើយ​បានចាប់ផ្តើមបង្រួបបង្រួមយកគ្រប់ទឹកដីដែលបែកបាក់ ធ្លាប់​ត្រូវ​បាន​ស្វ័យ​កាន់កាប់​ដោយ​មេកន្ទ្រាញ​ឬមេទ័ពតំបន់តូចៗ  ចុងក្រោយ​គេយកបាន​ទាំងទីក្រុងសំខាន់ៗជាយុទ្ធសាស្ត្ររបស់ចិនគឺ Ye និង Xu ។

នៅឆ្នាំ២០០នៃគ.ស ឆាវឆាវ​ដែលល្បីឈ្មោះបានឈាន​​កាន់​កាប់​យ៉ាង​រឹងមាំ​លើ​ភាគ​ខាង​ជើង​ប្រទេស​ចិន ក៏បង្ហាញចេញនូវមហិច្ឆតាពង្រីកអំណាច ក៏ដូចជាឥទ្ធិពល ដោយ​ជ្រើសរើស​ប្រមែ​ប្រមូល​​ ទិញទឹកចិត្ត​ក្រុមឧត្តមសេនីយ៍ មេទ័ព ដែលមានទេពកោសល្យ អ្នកពូកែយុទ្ធសាស្ត្រ និស្សិត​ក្មេង គ្រូ អ្នកសិល្បៈតែង​កំណាព្យ និពន្ធប្រវត្តិសាស្ត្រ និងមន្ត្រីចំណានៗមកចុះចូលជាមួយ។

ឆាវឆាវ បានអនុវត្តកំណែទម្រង់ដើម្បីធ្វើឱ្យទឹកដីតំបន់ខ្លួនមានស្ថេរភាព និង​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​យោធា រួមទាំងកសាងរាជវង្ស ឆាវវៃដ៏ល្បីល្បាញ ក៏ជាការចាប់ផ្តើមនៃ នគរ​មួយ​ក្នុង​ចំណោម​នគរទាំងបី។

ការ​ប្រមូលកេណ្ឌផ្តុំកម្លាំងបន្ថែមជានិច្ច​របស់ឆាវឆាវ មិនមែនចេញពីកាតព្វកិច្ចទេ ប៉ុន្តែ​ដើម្បី​ឆ្លាក់​វាសនា​ខ្លួន​គេ។ ចំពោះទាហានរបស់ឆាវឆាវ គេតែងដើរតួជាអ្នកដឹកនាំដ៏សប្បុរស និង​ជា​ចៅក្រម​ដែល​កាត់​ក្តី​គ្មានមេត្តា មិនយល់មុខ។

ឆាវឆាវត្រូវបានគេសរសេរថា ជាបុរសម្នាក់ដែល​ញញឹម​ជាមួយ​នឹង​ដាវ​ដែល​លាក់​នៅក្រោមដៃ​អាវ​​។ គាត់តែងបានខ្សឹបប្រាប់មនុស្ស​ជំនិតជារឿយៗថា «អាណាចក្រ​ហាន​កំពុងដួលរលំ​ហើយ​មាន​តែ​អ្នក​ដែល​យល់ពីលំហូរនៃពេលវេលាប៉ុណ្ណោះដែលនឹងរួចផុតពីការបំផ្លិចបំផ្លាញ​ក្រោមកម្លាំង​ដួល​នេះ​!​​»​។

យប់មួយ ឆាវឆាវបានផឹកស្រានឹងឪពុកហើយ​និយាយទាំងស្រវឹងថា៖

«ពុកអើយ ដែនដីភាគខាងជើងពោរពេញដោយភាពមិនច្បាស់លាស់។ មេទ័ព​ឡើង​ចុះ​ដូច​​ជំនោរ​​​ ហើយ​ខ្ញុំ…​ខ្ញុំ​ត្រូវ​ក្រោក​ឡើង​ដើម្បី​ធានា​អនាគត​ប្រជាជន​របស់​ខ្ញុំ។ អ្នកស្រុកមើលមក ដូចជា​ថា​….​ឋាន​សួគ៌​​បាន​ហៅ​ខ្ញុំ​មក​កន្លែង​នេះ​​….មកដល់ទីនេះ….ប៉ុន្តែ​ខ្ញុំវិញ​ឆ្ងល់​ថា បើយើង​មិន​កំណត់​​​​ជោគ​​វាសនា​​​របស់​យើង​​ផ្ទាល់ហើយជឿលើ ​ជោគ​វាសនា?​»

​ឆាវសុង Cao Song ជាឪពុក បាន​អង្គុយស្ងាត់ស្ងៀមមួយសន្ទុះ ជាមួយទឹកមុខសញ្ជឹងគិត។ បន្ទាប់​មក​គាត់និយាយអមជាមួយអារម្មណ៍ស្ងប់ស្ងាត់៖

«អាឆាវ! ពិភពលោក​កំពុង​ចលាចល​! ប៉ុន្តែ ចូរកូនប្រុសចាំថា ជោគ​វាសនា​មិន​មក​រក​ដល់​ទ្វារ​អ្នក​ដែល​រង់ចាំទេ វាត្រូវបានអូសស្រូបទៅផ្ទះអ្នកខ្លាំង! ចង់ខ្លាំង ត្រូវមានប្រាជ្ញា បើ​គ្មាន​ត្រូវ​ត្រួត​អ្នក​មាន​ប្រាជ្ញា​! អំណាចមិនមែនជាពរឬបណ្តាសាទេ តែជាឧបករណ៍មួយ។ វាជារបៀបដែលយើងម្នាក់ៗ ​អាច​យក​ទៅប្រើកំណត់វាសនា​និងផ្លូវជីវិត​ដែលយើងត្រូវដើរ។ ប៉ុន្តែ​ត្រូវ​ចាំ​ផងកូន! ​អំណាច​ដែល​ឯង​កាន់​ក្នុង​ថ្ងៃ​នេះ អាច​ជា​អំណាច​ដែល​សាកល្បង​ឯងនៅ​ថ្ងៃ​ស្អែក!»

ឆាវឆាវងាកទៅមើលមុខឪពុករបស់គាត់ហើយគោរពដោយឱនក្បាលបង្ហាញ​ការតាំងចិត្ត៖

«ខ្ញុំយល់ហើយលោកឪពុក! ប៉ុន្តែ….​តើ​មនុស្ស​តែ​ម្នាក់​ឯង ​អាច​ទប់ទល់​នឹង​កម្លាំង​នៃ​ភាព​​ចលាចល​​​បាន​​ដោយ​​របៀប​ណា? មនុស្ស​ជុំវិញខ្ញុំ បក្សពួកខ្ញុំ ពួកដែលខ្ញុំកំពុងតែ​ដឹកនាំ ចរិត​ដូច​ត្រី​ចម្រុះ​ពណ៌​ក្នុងទន្លេធំមួយ! ស្វែងរកតែផលប្រយោជន៍រៀង​ៗ​ខ្លួនប៉ុណ្ណោះពុក! ភាព​ស្មោះ​ត្រង់​របស់​អ្នក​ដទៃ​ហាក់ដូចជាផុយស្រួយណាស់ នៅក្នុងចិត្តខ្ញុំ!​»

ឆាវសុង​ដែលជាឪពុក ពោរពេញដោយគំនិតស៊ីជម្រៅ​និងបទពិសោធន៍ ឆ្លើយនឹងកូនគាត់ថា៖

«ឯងកំពុងតែសួរនូវសំណួរមួយ ដែលមនុស្សជាច្រើនបានសួរមកពីមុនហើយ។ ប្រវតិ្តសាស្រ្ត បង្ហាញ​យើងថា កំពូលមនុស្ស​ដ៏អស្ចារ្យ តែងតែក្រោកចេញពីគ្រាដ៏លំបាក ឬយុគដ៏ខ្មៅងងឹតបំផុត។ បើ​​នគរ​​មួយ​មិន​ចង់កែប្រែរជ្ជកាល គេត្រូវ​ធ្វើឱ្យទឹកចិត្ត​​​ប្រជាជន​នឹងនរ​មិនខ្វល់​ខ្វាយអ្វី មាន​បាយ​បី​ពេល​ មានភួយកក់ក្តៅ​»

ឆាវឆាវផឹកស្រាយមួយពែងបង្ហាញថា នេះជារឿងគេពិបាកធ្វើ តែ​បន្តិច​មក​ក៏​តប​វិញ​ដោយ​​សំឡេង​​ស្រទន់​​៖​

«លោកពុក! នៅក្នុងពិភពនៃការក្បត់គ្នា​ឥតឈប់ឈរនេះ ខ្ញុំឆ្ងល់ថា តើការទុកចិត្ត គុណធម៌​ពិត​ជា​មាន​ ឬក៏វាគ្រាន់តែជាការបំភាន់ក្នុងកំណាព្យមួយភ្លែតរបស់ Qu Yuan?​»

ឆាវសុង​សើចក្អាកក្អាយ​ហើយទើបឆ្លើយឡើងក្នុងសព្ទសំឡេង​រឹងមាំតែស្ងប់៖

«កាន់តែខ្ពស់ ឯងរឹត​​ប្រឈម​​មុខ​នឹង​អំពើក្បត់ឆាវឆាវ! វាគឺជាធម្មជាតិនៃអំណាច​! អំណាច​នឹង​បង្ខូច​ បំផ្លាញ​អស់ស្នេហា​ មិត្ត​​ឬទំនាក់ទំនង សូម្បីចរិតលក្ខណៈធម្មជាតិរបស់ឯង! អ្នក​ដែល​ស្វែង​រក​វា​ ដោយមិនយល់ពីទម្ងន់របស់វានឹង​ដួល!  ប៉ុន្តែ​ត្រូវ​ចាំ​ថា សូម្បី​តែ​ពេលត្រូវ​អ្នក​ដទៃ​ក្បត់ ​ក៏​ដោយ​ត្រូវ​ការពារ​ខ្លួន​ឯង មិនមែនបន្ទោសខ្លួនឯង​ទេ! ការជឿទុកចិត្តមិនមែនជាអ្វីស្រួលរក្សាដាច់ខាត! រក​កម្រ​បាន​ បើបាន ឯង​​ត្រូវតែចេះ​ចិញ្ចឹម​វាទៀត! ព្រោះ​វា​ផុយស្រួយ​ដូច​ទងផ្កា នៅ​​ក្នុង​ខ្យល់ព្យុះ​»

ឆាវឆាវឈ្ងោកមុខសើចស្ងាត់ៗគេចពីភ្នែកឪពុកគាត់​។ ភាពជូរចត់កើតមាន​​បន្តិច​បន្តួច​បន្ថែម​នៅ​ក្នុង​សំនៀងរបស់គាត់​៖

«​ផ្កាមួយនៅក្នុងព្យុះ…ផ្កាមួយទង! អ៊ីចឹង​ឱ្យខ្ញុំក្លាយជាព្យុះ​ទៅចុះ! ឆាវឆាវខ្ញុំ មិនមែន​ជា​អ្នក​ថែ​សួន​ទេ​!​»

ពុក​គេទះស្មាមិនមាត់ហើយក្រោកចេញមួយៗ។

«ដៃ​ខ្ញុំ​ប្រឡាក់​​ឈាម​មនុស្សជុំវិញមែនទេ បើខ្ញុំកម្ចាត់ផ្កាទាំងអស់ណាដែលមកទើសមុខខ្ញុំ?​…​តើ​ខ្ញុំ​….​នឹង​ក្លាយជាប្រភេទមនុស្ស​ដែលខ្ញុំធ្លាប់ស្អប់ឬទេម៉ែ?​»

គេសួរសំណួរនេះទៅម្តាយ​ព្រឹកឡើង។

«ក្នុង​ការ​ស្វែង​រក​អំណាច​ តើ​ខ្ញុំ​បាន​បាត់​បង់​ខ្លួន​ឯង​ឬ??»

លោក​ស្រីទីង​សម្លឹង​មើល​របស់​គាត់​ស្រទន់ ហើយ​ដើរមកឈរ​ក្បែរ ពន្យល់៖

«អាឆាវ! យើងអាចក្លាយជាអ្វីមួយ​ដែលពីមុនយើងធ្លាប់ស្អប់និងរិះគន់! នេះ​ជា​ដាន​សម្រាប់​មនុស្ស​​​គ្រប់​រូបដែលស្វែងរកភាពអស្ចារ្យឱ្យខ្លួនឯង!​ ប៉ុន្តែភាពអស្ចារ្យ មិនមែនមាន​​តែ​នៅ​ក្នុង​រង្វង់​នៃ​ការ​​បង្ហូរ​ឈាមនោះទេកូនប្រុស!  គឺនៅក្នុងប្រាជ្ញាដែល​ដឹងថា ពេលណាត្រូវប្រយុទ្ធ និង​ពេល​ណា​ត្រូវ​កសាង​។ លទ្ធផលពិតប្រាកដនៃអ្នកដឹកនាំ មិនមែននៅក្នុងសមរភូមិនិងជ័យជម្នះនោះឡើយ ប៉ុន្តែ​នៅ​ក្នុង​សន្តិភាព!»

ឆាវឆាវនៅទ្រឹងបន្តិចទាំងពែងក្តៅក្នុងដៃ។​ គិតចុះឡើងយ៉ាងយូរ ភ្នែក​មើល​ចុះក្រោម ថ្ងាស​តឹង​តែង​ជាមួយវិញ្ញាសា​​យ៉ាង​ជ្រៅ ទីបំផុតគេមានសំឡេងស្រទន់ ស្ទើរតែដូចកំពុងខ្សឹបដាក់ខ្លួនឯង៖

«​ហើយចុះយ៉ាងណាទៅម៉ែ បើសន្តិភាពត្រឹម​ជាសុបិន? ចុះ​បើ​វា​ជា​ទេវកថាលើលោកនេះ មហិច្ឆតា​​ជាខែល​និងដាវ តើមានសន្តិភាពពិតប្រាកដទេ​?​»

ម្តាយ​អង្អែលខ្នងកូន សំឡេងរបស់គាត់ទន់ភ្លន់៖

«សន្តិភាព អាចថា មានត្រឹម​ជាសុបិន ឆាវឆាវ ប៉ុន្តែវាជាសុបិនដែលគួរស្វែងរក។ បើគ្មានវាទេ មានតែភាពចលាចល…ហើយភាពវឹកវរនាំឱ្យអស់សង្ឃឹម។ បើ​កូន​កាន់​អំណាច​ដោយ​ប្រាជ្ញា នោះ​​​អាច​​​នាំ​​សន្តិភាព​​ដល់​ស្រុកភូមិ​បាន​មួយ​កម្រិត។ ទោះ​បី​ជា​មួយ​ភ្លែត​ក៏​ដោយ ពេល​នោះ​អាច​ផ្លាស់​ប្តូរ​​ដំណើរ​​ប្រវត្តិសាស្ត្រ​​បាន​​»

ឆាវឆាវ ក្រឡេកមើលទៅ​ម្តាយ​ជាមួយពន្លឺភ្លើងឆន្ទៈ​ឆេះក្នុងភ្នែកសងខាង។

«ខ្ញុំនឹងស្វែងរកសន្តិភាពនោះ មកជូនអ្នកម៉ែ!​»

មុនចាកចេញគេងាកមកបង្ហើយ៖

«ទោះបីវាត្រូវបានក្លែងបន្លំ នៅក្នុងភ្លើងនៃសង្គ្រាមក៏ដោយ។ ខ្ញុំ​នឹង​ឆ្លាក់​អនាគតមួយ ​សម្រាប់​ប្រជាជន​របស់​ខ្ញុំដែល​ពួកគេ​មិន​អាច​បំភ្លេច​បានក្នុងប្រវត្តិសាស្ត្រ»

ជំពូកទី៣ ក្លាយជាអ្នកទោស

មុនពេលឆាវឆាវ​ទទួលបាន​ជោគជ័យ គាត់ត្រូវបានកោះហៅទៅចួប​តុងជួកាលនៅរស់។ ឆាវ​ឆាវ​​​ដឹង​ថា​ខ្លួនកំពុងតែដើរចូលទៅក្នុងរូងខ្លា។ ជាមួយនឹងដាវលាក់កំបាំងមួយ គេ​បាន​រៀបចំ​ផែន​ការ​ធ្វើ​ឃាតតុងជួ ប៉ុន្តែបរាជ័យ។ ជោគវាសនានេះ បាន​បង្ខំ​គាត់​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លង​ជីវិត​ជា​អ្នក​ទោស​​រត់គេចខ្លួន ហើយ​ត្រូវបានគេតាម​ប្រមាញ់យ៉ាងឃោរឃៅ។

ប៉ុន្តែ​សូម្បីតែនៅទីរហោស្ថាន ជិតស្លាប់ ក៏ឆាវឆាវត្រូវបានគេឃើញ​កំពុងតែសើចដែរ។

ឆាវឆាវ​ក្រោយមក​បានប្រាប់គ្រប់គ្នាថា «មនុស្ស​ណាក្តីដែលនៅរស់បានពីការ​កាប់សម្លាប់ នឹង​រៀន​ចេះ​ពីរបៀបកាន់អាវុធ ឬប្រើវា»។

ដូច​មាន​គ្រាមួយ ឆាវឆាវបានប្រាប់ទៅ សៀ ហ៊ូទុន ថា​ «ឯងបាន​ឃើញខ្ញុំ​នៅ​ក្នុង​សមរភូមិ​ជា​ច្រើន​ ប៉ុន្តែ​មាន​មេរៀនមួយដែលខ្ញុំបានរៀនហើយដែលខ្ញុំកម្រនិយាយណាស់។ ការ​បរាជ័យ​របស់​ខ្ញុំ​ក្នុង​ការ​ចូលទៅសម្លាប់តុងជួ និងការរត់គេច បានបង្រៀនខ្ញុំពីការពិតដ៏អស្ចារ្យបំផុតមួយ!»

សៀ ហ៊ូទុន គំនាប់ហើយសួរ៖

«អ្វីខ្លះទៅលោកម្ចាស់?​»

ឆាវឆាវបញ្ជាក់៖

«ទាហ៊ានដេញតាមកាប់សម្លាប់ខ្ញុំ តែមិនមែនបង្រៀន​ខ្ញុំអំពីកម្លាំងរបស់ដាវ កាំបិត លំពែងទេ បែរ​ជា​ប្រាប់ខ្ញុំថា ប្រាជ្ញាទេ​ដែលដឹងថា ពេលណាត្រូវដកថយ។ ខ្ញុំគិតថា ខ្ញុំ​អាច​បញ្ចប់​ការ​គំរាម​កំហែង​​របស់តុងជួ ដោយការវាយប្រហារតែមួយដង នៅ​យប់​នោះ​ដោយ​ដាវ​ដែល​មុត​ជាង​គេ​ក្នុង​លោក​ តែវាមិនពិតទាល់តែសោះ! ការដកថយទើបជាប្រាជ្ញា! ផ្លូវទៅកាន់ជ័យជម្នះ​ មិន​មែន​តែង​តែ​ឆ្លង​កាត់​ការ​ប្រឈមមុខគ្នាដោយផ្ទាល់នោះទេ ចួន​កាលវាឆ្លងកាត់ការអត់ធ្មត់ និងការរៀបចំផែនការ ដោយ​រង់ចាំពេលវេលាត្រឹមត្រូវដើម្បីធ្វើ! សមត្ថភាព​ស៊ូទ្រាំ​និង​សម្រប​ខ្លួន សៀហ៊ូ!»

«ខ្ញុំយល់ហើយលោកម្ចាស់! ទោះបីជាបរាជ័យក៏ដោយ ក៏​អាច​រៀន​បាន​ដែរ! ភាព​អត់​ធ្មត់​អាច​ខ្លាំង​ដូច​ដាវឬជាងអាវុធគ្រប់យ៉ាងផង!»

ឆាវឆាវញញឹមច្បូតពុកមាត់​៖

«ពិត​ហើយ សៀវហ៊ូ សូម​ចាំ​ថា មេទ័ព​ដ៏​ឈ្លាស​វៃ ម្នាក់ៗ ត្រូវ​​ដឹង​ថា​ពេល​ណា​ត្រូវ​ប្រយុទ្ធ និង​​ពេល​ណា​​ត្រូវ​រង់ចាំសិន!​»

ជំពូកទី៤ កៅអីឈាម ​និងអំណាច

ចំណេរក្រោយមក ដោយ​សមរភូមិឆ្ពោះទៅកាន់រាជបល្ល័ង្ក ហ៊ុម​ព័ទ្ធ​ដោយ​ពួក​មេទ័ព​ដែល​ស្រេក​ឃ្លាន​អំណាច  ស្តេចត្រាញ់ និងក្រុមធំៗច្រើនទៀត ឆាវ​ឆាវ បានលេងល្បែងនយោបាយបង្វែរ បំភាន់​ឱ្យ​ពួក​គេ​ប្រឆាំងនឹងគ្នាទៅវិញទៅមក ខ្លួននៅឱបដៃមើល។

យ័ន សាវ Yuan Shao ដែលធ្លាប់ជាមិត្តម្នាក់របស់ឆាវឆាវ បាន​ក្លាយ​ជា​ឧបសគ្គ​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​ឡួយ៉ាង​របស់ឆាវឆាវ។

សមរភូមិ ក្វាន់ទូ មិនមែនគ្រាន់តែជាការប៉ះទង្គិចគ្នានៃកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែជាមនោគមវិជ្ជា។ ពេល​​ធូលី​ជើងសេះ​និងផ្សែងដុត​ ​បាន​រសាត់​ទៅមួយប្រាវនោះ​ ពួកបច្ចាមិត្តណា​ទន់​ខ្សោយ ​ក៏​រលាយ​បាត់​ ឬ​រលំដួល។

ឆាវឆាវ​ឈរនៅលើភ្នំមួយ សម្លឹង​មើលសំណល់នៃការវាយសម្រុករបស់កងទ័ព​ដែល​សល់​តែ​សាកសព​និងវាលពិឃាត ទាញភរិយាខិតមកជិត ហើយញញឹម។

ក្នុងជំហានដោយប្រុងប្រយ័ត្ន​​លោកស្រីប៊ែន Lady Bian ប្រកបដោយទឹកមុខនឹងនរ​វាចាមួយៗ៖

«ធូលីនិងផ្លើងផ្សែង​បាន​រលត់​ហើយ អ្នក​ទន់​ខ្សោយ​ក៏​រលំ​ទៅតាមផេះដែរ នៅសល់តែអ្នកខ្លាំង! លោក​ម្ចាស់​​ឈ្នះ​ហើយ ប៉ុន្តែ​….តើ​ត្រូវ​ចំណាយ​មិត្ត​ភក្តិអស់ប៉ុន្មានទៀត?»

ឆាវឆាវ​សម្លឹងទៅឆ្ងាយហើយឆ្លើយឡើងក្នុងសព្ទសំឡេងទាប និយាយផង​គិតផង៖

«ទន្លេ​ឈាមមួយនេះ….​យើង​…..ចង់មិនចង់ ត្រូវតែឆ្លងកាត់មុនបានទៅដល់រាជបល្ល័ង្ក!»

នាង​រអ៊ូតិចៗ៖

«គ្មានការសោយរាជ្យ គ្មានសិរីរុងរឿង គ្មានការលះបង់ គ្មានអាណាចក្រ ក៏គ្មានទុក្ខ»

ក្នុង​កំឡុងសមរភូមិក្វាន់ទូ (官渡之战, ២០០គ.ស.) មិន​មាន​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ជាក់​លាក់​ណា​មួយ​ដែលនិយាយអំពី ឆាវឆាវ​ធ្វើដំណើរជាមួយប្រពន្ធ​ឬស្នំណាម្នាក់ លើសមរភូមិនោះទេ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងចំណោមភរិយា​និងនារីជាច្រើនរបស់គាត់ Lady Bian (卞夫人) គឺ​ជា​ភរិយា​ដែលគួរឱ្យ​កត់សម្គាល់ និងលះបង់បំផុតម្នាក់ដែលមានសំណៅត្រូវបានសរសេរទុក។

រឿងស្នេហានិងភាពស្មោះត្រង់របស់ Lady Bian គឺ ដើមឡើយនាង​ជាកូនស្រីនៃគ្រួសារមាន​ធនធាន​គួរសម។

មុនពេលក្លាយជាប្រពន្ធចុងរបស់ឆាវឆាវ​ ដែលក្រោយមកជាភរិយាសំខាន់ជាងគេក្នុងជីវិត​​ឆាវឆាវ លោកស្រីប៊ែន មិនដូចជាស្ត្រីអភិជនជាច្រើនទៀតនៅក្នុងសម័យហាន​នោះទេ។

នាងត្រូវបានគេស្គាល់ដោយសារភាពឆ្លាតវៃ សុភាព និង​ភាព​ធន់​របស់​នាង​ជាមួយ​ជីវិត​ឡើង​ចុះ​របស់​ឆាវឆាវ។

នៅពេលដែលឆាវឆាវ​​ឡើងកាន់អំណាច នាងបានគ្រប់គ្រងគ្រួសារ និង​ចិញ្ចឹម​កូន​ជាមួយ​ឆាវឆាវ​ដែល​រួមទាំង  ឆាវ ភី Cao Pi (曹丕) ដែលក្រោយមកបានក្លាយជាអធិរាជទីមួយនៃរាជវង្ស​Wei​ ។

ទោះបី​ជាទំនាក់ទំនងរបស់នាង​​និង​​ឆាវឆាវ មិនត្រូវបានបំពេញដោយពេលវេលា​​រ៉ូមែនទិក​ច្រើន​ក៏​ដោយ តែបានសាងឡើងដោយការគោរព​និងការយោគយល់គ្នាយ៉ាងជ្រាលជ្រៅ។

Lady Bian ត្រូវ​បាន​គេ​ស្គាល់តាមរយៈ ​អាកប្បកិរិយា​ស្ងប់ស្ងាត់​និង​គំនិតយោបល់​ដ៏​ឈ្លាស​វៃ​​​របស់​​នាង​ ដែល​ជា​ញឹក​ញាប់​ផ្តល់​ស្ថិរភាព​ទៅ​ក្នុង​ជីវិត​ដ៏​ច្របូកច្របល់​​ឱ្យឆាវឆាវ​។ ក្នុង​អំឡុង​ពេល​តស៊ូ​ រត់គេច និង​យុទ្ធនាការយោធាស្លាប់រស់ច្រើនសមរភូមិ  Lady Bian នៅតែរឹងមាំ និង​តែង​តែ​មាន​វត្តមាន​​នៅ​ក្នុងពេលមានសុខនិងគ្រោះថ្នាក់។

នាង​អាចស៊ូទ្រាំរាល់ការលំបាក ផ្លូវឆ្ងាយ ខ្វះអនាម័យ​ខ្វះស្បៀង ថ្នាំសង្កូវ និង​នូវ​ធានា​សុវត្ថិភាព​គ្រួសារ​របស់​ឆាវឆាវសូម្បីតែពេលដែលសត្រូវមកគំរាមកំហែងគ្រួសារ។

វត្តមាន​នាងដែលអនុញ្ញាតឱ្យឆាវឆាវអាចមានពេលវេលា​ទៅ​ផ្តោត​លើ​បេសកកម្ម​បម្រើ​មហិច្ឆតា​របស់​គាត់​ដោយមិនខ្វល់ពីអ្នកផ្ទះ។

នេះទំនងជាការកិច្ច​សន្ទនា​មួយដែលនាងរំឭកគាត់អំពី​គោលបំណង​ចុងក្រោយ​របស់​គាត់​ថា​តើ​ជា​អ្វី​៖

«ហើយ​អ្នក​ណាក្តី ​ដែល​ស្វែង​រក​ឋានសួគ៌​និងអំណាចលើលោក ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​បល្ល័ង្ក​បាន​មក​​ដោយ​ហែល​កាត់ដល់ច្រាំង​ទន្លេ​​ឈាម​ ឬ​ក៏នឹងឆ្អឹងផ្តុំ​គ្នា​​ក្លាយ​ជា​បល្ល័ង្ក?​»

ឆាវឆាវ​ផ្អាកការសម្លឹងងាកមកនាង រួចញញឹមតិចៗពោលសរសើរ៖

«ពិតជាពាក្យរបស់អ្នកប្រាជ្ញ​! ប៉ុន្តែ….វាមិនបន្ទន់ចិត្ត​ឡើយអ្នកមា្នងប៊ែន! អ្នក​គ្រប់​គ្រង​គេ​មិន​ទទួល​យកជម្រើស​មនោសញ្ចេតនាទេ។ ប្រសិនបើថ្ងៃនេះបងចាញ់វិញ បង​នឹង​មិន​បាន​មក​ឈរ​នៅ​ទីនេះ​ដើម្បីពិចារណាទស្សនវិជ្ជារបស់អូនឡើយ! ពិភពលោក​ជាកម្មសិទ្ធិរបស់អ្នក​ដែលនៅរស់​ក្រោយ​​គេ​!​»

ប្រពន្ធ​ក្រឡេកមើលមុខឆាវឆាវ រកមើលអ្វីដែលកាន់តែស៊ីជម្រៅហើយនាង​ចរចា​៖

«ដូច្នេះ នៅពេលដែលការរឹបអូសរាជ្យ​​បានជោគជ័យ យើងបានឡើងទៅអង្គុយនៅ!  នៅ​ពេល​ដែល​ខ្មាំងសត្រូវនិងមិត្ត​ភក្តិទាំងអស់របស់យើងបានដួលរលំ ស្លាប់ក្លាយជាផេះ  តើ​យើង​នឹង​នៅ​សេស​សល់​អ្វី?»

ឆាវឆាវមិច​ភ្នែកគិតក្នុងសព្ទសំឡេង​ថេរ​៖

«យើង​មិនយកអ្នកដែលដួលទេ! យើង​មិនស្តាយអ្នកណាដែលមិនមែនសម្រាប់យើងឡើយ!​»

ប្រពន្ធញញឹម​ស្រទន់ហើយលែងតប ឆាវឆាវងាកមកនាងវិញ សម្លឹងមើលនាងពិនិត្យពិច័យ​ ហើយ​និយាយ​៖

«ប្រវត្តិសាស្ត្រចងចាំតែអ្នកដែលឈ្នះ ទោះជាគេដឹងហើយថា ជ័យជម្នះ​…​​គឺ​មិនដែល​​ស្អាតស្អំ​​ឡើយ​​»​ ក្រោមភាព​ស្ងៀមស្ងាត់ពួកគេ​ឈរក្បែរគ្នា​សម្លឹង​វាលលម្ហ​ក្រោមសន្ធឹក​ខ្យល់​បក់​បោក​បន្ទរ​នៃ​សមរ​ភូមិ​ដែលបានរសាត់ទៅៗ ក្រោយមកក្លាយជារឿងព្រេង។

បើអ្នកចង់អានបន្ត សូមសរសេរក្នុង comment ខាងក្រោម។