តួស្រីក្នុងរឿងព្រេង – Meysansotheary

រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី៣
«ខ្ញុំដល់ម៉ោងត្រូវទៅហើយ!  ខ្លាចពុកស្តីឱ្យ!»

ថាហើយភ្លាម នាង​ចាប់ផ្តើមពន្លត់ភ្លើងគប់មួយ។ ស្រាប់តែនឹកឃើញដល់រឿងអ្វីម្យ៉ាង នាងក៏ប្រគល់មួយទៀតដែលនៅសល់មកឱ្យគេ។

«បងអ្នកនិពន្ធយកភ្លើងនេះទៅ​ទុកប្រើទៅ!»

ថាហើយ ស្រីតូច​នាងញញឹមជាអំណោយបន្ថែម​នៅពេលដែលខាងបុរសលូកដៃ​មកទទួល​ដោយមិនបង្អន់ ហើយ​មក​ឈរធ្មឹងកាន់គប់សម្លឹងសម្រស់នាង​ទាំង​ភ្នែក​ភ្លឹក​គ្មានមាត់តបមួយអឹះណា។

កេសនា​ចាប់ផ្ដើមបែរខ្នងរត់ចេញទៅ ។

«ហេ៎ យើងជួបគ្នាទៀតអត់ស្អែក!»

គេសួរពីក្រោយខ្នង ធ្វើឱ្យនារីនេះបញ្ឈប់ជើង។

កាយវិកានេះ​បានបញ្ជាក់ហើយថា អារម្មណ៍របស់នាងក៏មិនខុសអ្វី​ពីអារម្មណ៍របស់អ្នកនិពន្ធប្រុសយើងដែរ។ ជារឿងធម្មតារបស់យុវវ័យទៅហើយ ដែលបេះដូងនាង​ប្រាកដជាកំពុង​ច្របូកច្របល់។

នាងបែរក្រោយមកទាំងញញឹមឈ្ងោកមុខ​។ ស្នាមញញឹមរបស់នាងជាចម្លើយ Yes ដែល​បណ្តាលឱ្យបេះដូងរបស់បុរសនេះហោះហើរ វិលវល់។

គេដើរត្រលប់មកផ្ទះសំណាក់វិញទាំងកក់ក្តៅក្នុងអារម្មណ៍ ជាភាព​កក់ក្តៅមួយមិនធ្លាប់មានទេនៅក្នុងលោកយើងនេះ តាំងពីគេចាប់ផ្ដើមចេះធ្វើជាមនុស្ស។ បន្ទាប់មក នេះក៏លើកដំបូងដែលគេបាន​គេងលក់ស្កប់ស្កល់រហូតទល់ភ្លឺក្នុងសភាពមនុស្ស​«មានស្នេហា!»

សូរមាត់អ្នកភូមិឡូឡាអ៊ូអរនៅខាងក្រៅរបងផ្ទះបារាំងពិតជារឿងចម្លែកមួយ ដាស់អ្នកនិពន្ធកំលោះឱ្យភ្ញាក់ក្រោកឡើងដោយមិនយល់ហេតុអីបានជាភូមិដ៏ស្ងប់ស្ងាត់នេះនៅសុខៗមានមនុស្សមកពពាក់ពពូនគ្នា​ច្រើនម្ល៉េះ ?

គេដើរចេញ​ទើមៗ ខណៈទូរសព្ទបង្ហាញ​ម៉ោងជិត​១០ព្រឹកទៅ​ហើយ គ្មានថាស បបរស និងគ្មាន​បាយឆាទេ….

ស្ត្រីឈ្មោះលៀងប្រកបដោយទឹកមុខស្លេកស្លាំង ត្រូវបានចោមរោមទៅដោយអ្នកភូមិស្រីប្រុសប្លែកមុខ​ជាច្រើន។ ភាគច្រើនជាមនុស្សវ័យចំណាស់ ដែលផ្តុំគ្នា​ខាងក្រៅរបងផ្ទះសំណាក់ ។

ពេលដែលឃើញ​គេដើរចេញទៅ គ្រប់គ្នាសម្លឹងមកយុវបុរសយើង។

ក្រោយ​សួរនាំទើបប្រាថ្នា​ដឹងថា គឺបងឆោម​បានបាត់ខ្លួន!

ចម្លែកណាស់! នាឡិកាបង្ហាញម៉ោងជិតដប់ ហើយគេគេងលក់អីងប់ដល់ថ្នាក់នេះ? សូម្បីតែបងឆោមទៅណាក៏គេមិនដឹងមិនឮមួយសម្រឹប?

ថ្វីដ្បិតតែអ្នកធ្វើចម្ការទាំងអស់ មិនហ៊ានស្នាក់នៅក្នុងភូមិនេះ ប៉ុន្តែពួក​គេ បាន​ស្នាក់នៅក្បែរៗ នេះដែរ ដូច្នេះហើយពួកគេត្រូវបានបងលៀងប្រកាសឱ្យជួយតាមរកប្តីរបស់គាត់ដែលបាត់ខ្លួន។

«ទើបតែថ្មើរណេះសោះ ម្តេចឆាប់គិតថាគាត់បាត់? គាត់ទៅចម្ការឬទៅកាប់អុសឯណាដឹង?»គេពោលសួរដោយស៊ើងមមើងជូតមុខជាមួយ​ក្រម៉ាទទឹកមួយ។

គ្រប់គ្នាដៀងភ្នែកសម្លឹងមកកំលោះនេះ ហើយរឹតតែធ្វើឱ្យងឿងឆ្ងល់នៅពេលដែលឮប្រាប់ថា គឺជាភ្ញៀវតែម្នាក់គត់ដែលមកស្នាក់ក្នុងផ្ទះសំណាក់នេះ។

«គាត់បាត់តាំងពីកណ្តាលយប់! ប្រពន្ធគាត់ក្រោកឡើងមិនឃើញប្តី តែចេញមកក្រៅរកឃើញស្បែកជើងមួយចំហៀង​ក្បែរផ្លូវគ្រួសក្រហម!»

ប្រាថ្នារកនឹក​ចុះឡើងមិនអស់ចិត្ត។ យប់មិញគេឮសូរសំឡេងបងឆោមនេះគ្រហែមចុះឡើងមុនសម្រាន្ត ច្បាស់ណាស់ ឯពេលដែលខ្លួនបានចាកចេញទៅតាមប្រភពពន្លឺមួយនោះ ក៏លបឃើញគាត់ប្រះដេកក្បែរប្រពន្ធក្នុងរោងបាយ ស្តាយកាលវិលត្រលប់ពីជួបស្រីស្អាតកេសនា​វិញ ចូលក្នុងបន្ទប់ផ្លុក​ភ្លេចមើលពួកគាត់ម្តងទៀត។

គេបកក្រោយ​ បម្រុងថារកកាបូបលុយនិងទូរសព្ទមកតាមខ្លួននឹងអាចទៅចូលរួមជាមួយ​អ្នកភូមិក្នុងការ​ស្វែងរកបងឆោម ស្រាប់តែ​កន្ទុយ​ភ្នែក​ទទួលអារម្មណ៍ម្យ៉ាង។ អាវហូលរបស់ខ្លួនដែលព្យួរចោលនៅមាត់បង្អួចត្រូវបានបាត់ ?

យប់មិញមកពីជួបស្រីស្អាតវិញ យើងបានដោះអាវនេះហាលសំដិលនៅខាងក្រៅច្បាស់ណាស់ ហេតុអីបានជាឥឡូវមិនឃើញ?

ខ្ជិលរវល់ច្រើនគេក៏ទៅជាមួយអ្នកភូមិដែលចែក​គោលដៅគ្នា​រុករកគ្រប់ទីកន្លែង ទាំងក្នុងចម្ការនិងក្រោយចម្ការរហូតចុងក្រោយគេបានសម្រេចថា នាំគ្នាទៅរកមើលនៅឯទីតាំងដើមឈើទាលដែលជាទីហាមឃាត់។

តាមថា វាលភក់ល្បប់ដែលមាន​ដើមឈើទាលរយឆ្នាំមួយ​នេះ គ្មានអ្នកណាហាមឃាត់ទេ តែមនុស្សមិនហ៊ាន​ទៅក្បែរ។

«កន្លែងហ្នឹងមិនសូវស្រួលទេ បើទៅ ទៅទាំងអស់គ្នា​ កុំបំបែកគ្នា ! មានការអីស្រួលលកលៃជួយគ្នាបាន!»

នេះជាសំឡេងពូម្នាក់ឈ្មោះមឿន វ័យប្រមាណ​៦០ឆ្នាំ ដែលជាអ្នកស្វាហាប់ជាងគេ ក្នុងចំណោមអ្នកស្រុកជាង១០នាកបងហៀងបានពឹងពរ​ហៅមក។

ដោយសារថា នោះគឺជាកន្លែងដែលគេនឹងស្រីស្អាតបានជួបគ្នាពីយប់មិញនេះ ចិត្តអ្នកនិពន្ធប្រាកដណាស់ ថា​បងឆោមមិនទៅកន្លែងនោះ​ ថែមទាំងទីនោះគ្មានអ្វីត្រូវអាថ៌កំបាំងផងដែរ។ ​តែបំណាច់អ្នកផង​សស្រាក់បបួលគ្នាទៅ គេក៏ដើរតត្រុកៗតាមពីក្រោយ។

កំពុងតែដើរតាមផ្លូវចម្ងាយប្រហែលប្រមាណជាប្រាំម៉ែត្រពីក្រោយខ្នងក្រុមអ្នករុករក អ្វីម្យ៉ាងពញ្ញាក់កន្ទុយភ្នែកគេ។ អ្នកនិពន្ធកំលោះ ងាកទៅភ្លាម។ នៅក្នុងព្រៃស្រោង ពីនេះទៅមិនតិចជាង​៣០ម គេបានឃើញរូបរាងនាងពីចម្ងាយ គឺនារីឈ្មោះកេសនា​ដែល​ស្គាល់គ្នា​កាលពីកណ្តាលអធ្រាត្រយប់មិញ។

ប្រាថ្នាខំសង្កេត ដូចជាឃើញនាងបក់ដៃហៅគេ។

បុរស​មិនគិតច្រើនទេ នាយ​ប្រញាប់ប្រញាល់រំ​សៀកខ្លួនចេញពីក្រោយក្រុមអ្នកភូមិ នឹង​រត់វឹងសំដៅចូលទៅក្នុងព្រៃ ។ ឆ្ងាយពីមាត់ផ្លូវលំនេះប្រមាណជាជាង​ម្ភៃម៉ែត្រប៉ុណ្ណោះនាងបានពួនចាំ​ស្រេច​នៅក្បែរគល់ដើមគ្រញូង។

ទឹកមុខ​តូចនារី​ពិត​ជាញញឹមពព្រាយមិនខុសពីកាលច្រៀងលេងលើថ្ម​កណ្តាលអាធា្រតឡើយ។

«ខ្ញុំតាមតកបងឆោម អ្នកយាម​ផ្ទះបារាំង ! ឮប្រពន្ធគាត់ថា​គាត់បាត់ខ្លួនពីយប់មិញ! »

«ខ្ញុំយករបស់មួយមកឱ្យបង!»

នាងនិយាយដូចមិនរវល់នឹងដំណឹងដែលប្រាថ្នាបានប្រាប់មកនោះឡើយ ធ្វើឱ្យយុវបុរស តាមសម្លឹងកេសនាមិនដាក់ភ្នែក ។​ នារី​ជនបទ​លើករបស់មួយពីក្នុងហោប៉ៅមកបង្ហាញ​អ្នកនិពន្ធ។  ជាបន្តោងមួយ​ហាក់ត្រូវបានដំ​ឡើងពីបន្ទះស្ពាន់ដែលមានអក្សរបុរាណ។ របស់នេះ​ត្រូវបាន​ភ្ជាប់ជាយសងខាង​ដោយ​ខ្សែអំបោះរបៀបជាខ្សែ​បាលីឬមួយក៏អ្វីម្យ៉ាងដែលគេសម្រាប់ពាក់ឱ្យទារកតូចៗពេលណាក្មេងៗផ្ទះឧស្សាហ៍ឈឺតាមទម្លាប់គ្រួសារខ្មែរ។

«អីហ្នឹង?!»

គេសួរតិចៗទាំងរំភើបនឹងវត្ថុអំណោយ​ភ្នែកផ្តោតសម្លឹងភក្រ្តាស្រីស្អាតដោយស្រទន់។

«ការពារខ្លួន»នាង​តបមកទាំងញញឹម។ ពេលវេលានេះ អ្នកអាចមើលឃើញថ្ពាល់រលោងៗ ក្រហមង៉ូវដោយ​ចិត្ត​អៀនអន់ពេញដោយសម្រស់របស់នាង​។ យុវជនមើលស្រីតូចភ្លឹកភ្លាំង។ មាត់នាយ​ពោលពាក្យពិរោះព្រោះចិត្ត​ស្នេហា៖

«ការពារពីអី?!»

នាង​ងើបមុខ​មកមិនភ្លេចមាត់ញញឹមចិញ្ចាចបញ្ចេញ​ធ្មេញ​ស។  នៅពេលដែលជំពាក់ភ្នែកគ្នា ពិតជារំលេចចេញ​នូវ​ចេតនា​នៃ​សេចក្ដីស្នេហាឆក់កណ្ដៀត និង​ផ្លេក​បន្ទោរល្មមបន្ទោសថា ឃើញភ្លាមក៏ស្រឡាញ់ភ្លែត ដែល​អ្នកទាំងពីរពិតជាមានអារម្មណ៍ដូចគ្នាបេះដាក់។

«បងយកទៅ! នេះគឺជារបស់ដែល ម្ដាយខ្ញុំបានពាក់ឱ្យខ្ញុំតាំងពីតូចមក!»

បុរសទទួលមកកាន់លើបាតដៃ។ បន្តោងនេះមានទ្រង់ទ្រាយដូចជាស្ពាន់បន្តិច ស្ទើរសំណរបន្តិច ប៉ុន្តែពិតជាស្អាត និងចម្លែក​ដោយ​មាន​អក្សរបុរាណមួយជួរតូច​ដែលអានមិនយល់លម្អជាងខាងស្តាំ។

«ជាអីទៅ?»

«ជាគាថាចាស់ !»

«ជាស្រមោល​កេសនា  ពេលពាក់នៅលើទ្រូងខ្ញុំទៅ​នឹង​មានអារម្មណ៍ថាកេសនា​មកស្នាក់នៅជាមួយខ្ញុំគ្រប់ពេលវេលាមែនអត់?»

នាងញញឹមទៀតពេលនាយ​ស៊កទុកទៅក្នុងហោប៉ៅអាវ។ ភ្នែកបុរសនេះសម្លឹងរហូតបេះដូងនាង ធ្វើឱ្យយុវតីជនបទ​ចាប់ផ្ដើមមុខ​ក្រហមឡើងៗ​

«ប្រាកដណាស់ នារីនេះមិនមែនខ្មោចនោះទេ! កុំច្រឡំឱ្យសោះ! ខ្ញុំអះអាងម្តងហើយម្តងទៀត» អ្នកនិពន្ធគិតដូច្នេះក្នុងចិត្ត ទាំងសម្លឹងមិនដាក់ចំពោះ ស្នាមញញឹមដែលនាង​កំពុងឆក់យកបេះដូងរបស់គេ។

«បងត្រូវទៅសិនហើយ! យប់នេះចេញមកច្រៀងនៅកន្លែងចាស់ទេ!»

«ចុះបងទៅទេ?»

សារជាថ្មី អ្នកនិពន្ធរៀនពីនាងម្តង គឺមិនឆ្លើយនោះទេ ព្រោះស្នាមញញឹមបង្ហាញថា Yes។

គេលានាងហើយក៏ថយមករត់ចាកចេញ​ រត់តាមពួកអ្នកភូមិបន្តទៅមុខទៀត។ នៅពេល​បានឮសម្រឹបជើងជាច្រើន​សំដៅទៅកាន់វាលភក់លាន់ផស់ៗហាក់រត់ឬដើរញាប់ៗ​ធ្ងន់ៗ​ អ្វីមួយយ៉ាងចម្លែកបានផ្ទុះឡើងនៅក្នុងទ្រូងអ្នកនិពន្ធ។

មិនយូរទេ ដូចគេស្មានមែន! សម្រែកឆោឡោ និង​ទួញសោក តក់ស្លុត​របស់បងលៀងបានលាន់ឡើង។ អ្នកភូមិពិតជារកឃើញសាកសព បុរសឈ្មោះឆោម នៅលើវាលភក់នៅក្រោមដើមឈើទាល ជាទី ដែល ដែលមនុស្សប្រុសទាំងអស់នៅក្នុងត្រកូលក្ដុម្ពីក្នុងរឿងនិទានចាស់ ត្រូវបានបានគេអះអាងកត់ត្រាមកថា​ត្រូវវិញ្ញាណសងសឹកតាម​សម្លាប់យកមកព្យួរទីនេះ។

គ្មានអ្វីគួរឱ្យ​តក់ស្លុត​ជាងនេះទៀតនោះឡើយសម្រាប់ អ្នកនិពន្ធមកពីភ្នំពេញ។

ប្រាថ្នា ដែល​ត្រូវសន្ធប់ដោយសម្រែកខ្លោចផ្សាររបស់បងលៀង កំពុង​ឈរ​ ស្រឡាំងកាំង សម្លឹងសាកសពមនុស្សដែលទើបតែនិយាយជាមួយខ្លួនស្និទ្ធកាលពីម្សិលម្ង៉ៃ ហើយរឿងមួយ​ដែលកាន់តែគិតមិនយល់ និយាយមិនរួច​គឺ លើសាកសពបងឆោម​មានពាក់អាវហូលរបស់ខ្លួនទៀត?

ហេតុអី? គាត់លួចមក? គាត់យកវាពាក់ហ៊ឺហារទៅណា? បើជាគាត់ស្រឡាញ់ ក៏មិនសុំខ្ញុំទៅ គាត់យកវាពាក់ចិត្តឯងធ្វើអ្វីទៅ ? ហេតុអីគាត់ស្លៀកពាក់ស្អាត​បាតរួចទើបឡើងមកចងកផ្តាច់ជីវិត​ខ្លួនឯង?

គ្មានអ្នកណាឆ្លើយទេសម្រាប់សំណួរសម្ងាត់អស់ទាំងនេះ។

ពិធីបុណ្យសព ត្រូវបានរៀបចំភ្លាមៗនៅកន្លែងនោះដោយមិនមានការធ្វើកោសល្យអ្វីទេ មានតែ​និមន្តព្រះសង្ឃមកពីភូមិផ្សេង៤អង្គ សូត្រឧបកិច្ច​កាត់ៗ។

ពិធីនេះមិនអាចទុក​យូរឡើយ​ គឺ​មុនពេលដែលមេឃងងឹតពួកគេត្រូវប្រញាប់បូជាសពនៅនឹងវាលភក់ ហើយពពាកពពូនគ្នា​ចាកចេញ ។ កាលនេះ​ធ្វើឱ្យមាណពប្រាកដថា យប់នោះក្តីប្រាថ្នាត្រលប់មកជួបកេសនា​វិញមិនអាចទៅរួចឡើយត្បិតអីទីនេះទើបតែមានមនុស្សស្លាប់។

គេវិលមកបន្ទប់វិញជាមួយអារម្មណ៍ពិភាល់ មិនអស់ចិត្ត និងគ្មានបាយទឹកមួយគ្រាប់។ ម៉ោង៦ល្ងាចហើយ គិតថា គេងូតទឹកនឹងអាលឆុងមីកំប៉ុង​ដែលយកមកតាមខ្លួនតាំងពីភ្នំពេញគ្រាន់សម្រន់សិន គិតថាស្អែកកាលណានឹងខ្ចីម៉ូតូបងលៀងជិះឡើងទៅផ្សាររកស្រស់ស្រូបបង្គ្រប់។

​ប៉ុន្តែករណីអាវរបស់ខ្លួនដែលត្រូវបានឈ្មោះឆោមលួចយកទៅពាក់មុនស្លាប់នោះ នៅតែ​ជាប្រស្នាធំ​មួយ​ធ្វើឱ្យគេមានអារម្មណ៍កាន់តែចម្លែកឡើងៗរករំងាប់មិនកើត។ មុនពេលនឹកនាដល់អាហារ ប្រាថ្នាសរសេររឿងជាច្រើនដែលគេជួបនិងនៅឆ្ងល់ក្នុងថ្ងៃនេះ នៅក្នុងហ្វាល់កំណត់ហេតុហ្វូនណូតរបស់ខ្លួន។

មួយសន្ទុះធំ ក្រពះរើ ។​ យុវបុរសដឹងថា ​បងលៀងមិនបានយកអាហារមកទេ គេក្រោក​ក្រេស​ដើរសំដៅ​ផ្ទះបាយ​ រកសួរនាំគាត់សុំ ទឹកក្ដៅ។

ដឹងថា ស្ត្រី​កំពុងកាន់ទុក្ខ​ជាទម្ងន់ ការទៅសុំរំខាន​ទឹកក្ដៅគាត់ពេលនេះពិតជាមិនសមរម្យ ប៉ុន្តែខ្លួនពិតជាអត់អាហារពេញមួយ​ថ្ងៃមកហើយ។

ឬមួយក៏ទៅរកកេសនាវិញ? ផ្ទះនាងប្រាកដជាមានទឹកក្ដៅ! គេគិតហើយបម្រុងថយក្រោយពីប្របជញ្ជាំងផ្ទះចង្ក្រាន្ត ស្រាប់តែទេសកាល​បាន​ឮសូរសំឡេងមនុស្សប្រុសនិយាយ។

« ឯងចេញទៅណា? ទៅនៅភូមិថ្មី?​ ឯងស្គាល់គេដែរ? អ្នកណាគេឱ្យឯងនៅ ​ឱ្យឯងការងារធ្វើ? ឥឡូវ​ប្តីស្លាប់ហើយ ឯងមានអីទីពឹង? នៅទីនេះទៅ គ្រាន់បានប្រាក់ខែពីប្ដីប្រពន្ធបារាំងនោះ! ចាំមើលពេលថៅកែឯងមក គេគិតគូរសំណងទេរឿងដែល​ប្តី​ឯងមកត្រូវស្លាប់ដោយ​សារមកដេក​ចាំផ្ទះសំណាក់ឱ្យគេទាំងមូលហ្នឹង ! ចាំអញ​ប្តឹងរកខុសត្រូវ​ឱ្យ​​»

កវីកំលោះ​ងាកត្រលប់​មកលបមើលប្រភព​សំឡេងសន្ទនា​វិញ ព្រោះការជជែក​​នេះ​ ហាក់បាន​បង្ហាញ​ថា បងលៀងកំពុងមាន​បំណង​ចង់ចាកចេញ?

ឈ្មោះមឿនេះ គឺជាបងប្រុសបង្កើតរបស់បងលាង ដែលអ្នកនិពន្ធទើបតែបានឃើញនៅវ៉ូកវ៉ាស់ស្វាហាប់នាំមុខក្រុមអ្នកភូមិផ្សេងៗកាលពីព្រឹកមិញនេះ។ ឥឡូវប្អូនស្រីគាត់ ចង់ចាកចេញ គាត់បែរជាមិនព្រមប្រហែលជាមកពីការទ័លក្រហើយ។ ការងារ​នៅទីនេះប្រាកដជាបានទទួលប្រាក់ខែគួរសមផង បានជាបងឆោមនិងបងលាងពីដំបូងសុខចិត្តកាត់ការភ័យខ្លាចមកស្នាក់នៅថែទាំជំនួសបារាំង ដឹងអីទីបំផុតប្តីត្រូវស្លាប់ ឥឡូវនេះបងប្រុសបង្កើតបានទូន្មានប្អូនឱ្យបន្តស្នាក់នៅ?

គេ​រំពៃ រកបាន​កន្លែងសមរម្យមួយ​​នឹងអាលបានទាំងឃើញ​មនុស្ស​នៅក្នុងផ្ទះបាយ​និងបានឮពាក្យចចាររបស់ពួកគេផង។ តាមប្រហោងខ្យល់ចេញចូល​ប៉ុនបាតដៃ ​នាជញ្ជាំងជ្រុង​ខាងកើត​ អ្នកនិពន្ធ​ឱន​មើល​បានច្បាស់ ឃើញបុរសឈ្មោះមឿន​ឈរនៅពីមុខ​បងលាង ​ដែល​អង្គុយត្របោមជង្គង់យំលើគ្រែឬស្សី​។ ក្បែរគាត់មានស្ត្រីចំណាស់ម្នាក់ទៀតសម្បុរខ្មៅ ។​ ស្ត្រីសម្បុរខ្មៅ ម្នាក់នេះ បន្តអង្អែលខ្នង​លួងលោមបងលៀងដែលពេញទៅដោយទុក្ខសោកសង្រេង៖

«បើថៅកែខលមកពីបារាំងហើយ ប្រាប់ដំណើររឿង​ទៅគេ​ទាំងអស់ទៅ ហៅឱ្យ​គេរើសបុគ្គលិកថែមទៀតឱ្យ​មកជួយធ្វើការ ទទួលភ្ញៀវ និង​មករៀបថំ​ការពារ​ សម្អាតទីនេះជាមួយឯងគ្រាន់ជាគ្នា! »

«ឯងនៅជាមួយអាលៀងសិន! ចាំខ្ញុំទៅចាត់ចែង​ចាក់សោរផ្ទះហើយ ខ្ញុំមកជួយនៅជាមួយបណ្តោះអាសន្នដែរ!»បុរសនិយាយបន្ថែម ហាក់ដូចជាស្ត្រីសម្បុរខ្មៅជាភរិយា​គាត់។

« ខ្ញុំខ្លាចណាស់បង! ខ្ញុំខ្លាចខ្លាំងណាស់!​ វិញ្ញាណ​ខ្មោច! វិញ្ញាណរឿងនិទានចាស់ប្រាកដជាមានពិតមែនណ៎ាបង! មិនដឹងជាបងឆោម​នេះអ្វីខុសទេ ម្សិលមិញ? ខ្ញុំធ្លាប់​ប្រាប់ហើយថា កុំឱ្យមកធ្វើការនៅផ្ទះនេះ កុំនិយាយជាមួយអ្នកភ្នំពេញ កុំនិយាយឈ្មោះរបស់មនុស្សស្រីក្នុងរឿងព្រេងនោះជាមួយអ្នកណា! »

បងលៀងនិយាយ​ទាំងយំយែកទាញគេឱ្យទាក់ទាមក្នុងសំណុំរឿង​មរណៈនេះរឿងអីថា​អ្នកនិពន្ធមិនរយៈទ្រូង? ​គេនៅឈរទ្រឹងមិនដឹងគួរចូលទៅ​បកស្រាយ​ទអ្វី ស្រាប់តែ​ឮបុរសដដែល​បដិសេធ៖

«មិនមែនអ៊ីចឹងទេ! តស៊ូនៅយកប្រាក់សំណងពីបារាំងសិនទៅ! ពីព្រោះទៅកន្លែងថ្មីមិនងាយរកអង្ករច្រកឆ្នាំងឯណា​ឯងដឹងហើយ!​យើងមានស្រែមានចម្ការឯណាធ្វើ!»

បុរសយើងមិនទាក់ចិត្ដចំពោះរឿងទាំងនេះទៀតទេ ​វាស្មុគស្មាញ​ណាស់ ប៉ុន្តែគេ​ពិតជាអាណិត។

ដោយ​អសន្ដិសុខនៅក្នុងចិត្តខ្លួនឯងនិង ការ​បន្ត​ចង់ដឹងថា ពួកគេគិតយ៉ាងណាចំពោះរឿងមរណភាពនេះ ទាំងដែល​ការស្លាប់របស់បង​ឆោម គឺឃើញ​ក្នុងសភាពជា​មនុស្ស​ចងក សម្លាប់ខ្លួន បណ្តាលឱ្យភូមិកាន់តែកើត​ភ័យខ្លាច ព្រោះគេបាន​អះអាងថា រូបភាព​ស្លាប់​ដូចគ្នាបេះបិទទៅនឹងពាក្យចចាមអារ៉ាមដែលប្រុសៗត្រកូលក្តុម្ពីទាំងអស់សុទ្ធតែចងកនៅដើមឈើដដែលនេះ ធ្វើឱ្យទីនេះ ក្លាយជាកន្លែងគោលដៅនៃការសម្លាប់ខ្លួនមិនដឹងមូលហេតុ។

អ្នកនិពន្ធពិតជាទាក់ចិត្ដចង់ស្តាប់បន្តទៀត ស្រាប់តែឮដំណឹងមួយចេញពីមាត់ពូមឿន ដែលខ្សឹបខ្សៀវ ទៅកាន់ប្អូនខ្លួនថា៖

« វិញ្ញាណ​នោះប្រហែលជាចង់សម្លាប់អ្នកនិពន្ធមកពីភ្នំពេញ​មិនមែន​អាឆោមទេ តែមកពីប្តីឯងលួចយកអាវគេពាក់បានរងជំនួសគេទៅ! ​អានេះម្នាក់សេងនៅខាងលិចផ្សារគេ​ជួបគ្រូបញ្ជាប់អារក្ស​អ្នកចូលរូបបានប្រាប់ម៉ោអ៊ីចឹង!»

អ្នកណាជាអ្នកនិពន្ធភ្នំពេញ​នោះ? ប្រាថ្នាសួរខ្លួនឯង ហើយងាកមកមើលជុំវិញខ្លួន​ នាសួនផ្កាក៏ដូចជាបរិវេណ​ទីផ្ទះសំណាក់ដ៏ស្ងាត់ជ្រងំ ចុងក្រោយគេចាប់ផ្ដើម ហេងហាងក្នុងចិត្ត ។ អ្នកដែលពូមឿន​កំពុងតែនិយាយជាមួយប្អូនស្រីគាត់គឺ យើង?

គាត់ថា យើងនេះគឺជាគោលដៅដែលវិញ្ញាណប៉ុនប៉ងសម្លាប់ ?

«ឯងគិតមើល៍មីលៀង! បាបប្តីឯងទេ នៅមិននៅលួចយកអាវសូត្រគេ​យកទៅពាក់? តែគិតៗទៅ មនុស្សមកពី​ចម្ងាយនេះនាំចង្រៃណាស់…..»

«មិនមែនទេ កុំថាឱ្យគេ !»លៀងឃាត់ទាំងខ្សឹបខ្សៀវស្លន់ស្លោខា្លច​ប៉ះពាល់សតិអារម្មណ៍ភ្ញៀវ ។​ដោយមិនអាចទ្រាំទ្រទៀតបាន​ទាំងហេវទាំង​ហត់ ប្រាថ្នា​សម្រេចចិត្ត​ថាដើរចូលទៅ។

«ខ្ញុំមិនដឹងអីទេបង!»

អ្នកនិពន្ធបង្ហាញខ្លួននៅមាត់ទ្វារចូល​ ហើយនិយាយជាមួយបងលៀង រួចរេភ្នែក​ទៅរកប្រុសស្រីប្តីប្រពន្ធនេះ​ទៀត​ ទាំងទឹកមុខស្លេកស្លាំងព្រោះចង់ដឹងរឿងស៊ីជម្រៅ។

ទាំងបីប្រាណ​ ហាក់ស្រឡាំងកាំងពេលឃើញវត្តមានគេពេលនេះដូច្នេះក៏ ម្នាក់ៗនៅស្ងប់ស្ងៀមសិន​ទុកឱ្យគេបន្តឡើង៖

«ជួយប្រាប់ខ្ញុំផង! តើមានរឿងអីទាក់ទងជាមួយអាវហូល​នោះ? ហើយហេតុអីបានជាមានវិញ្ញាណអីមកពាក់ព័ន្ធជាមួយការនិយាយរបស់បង?»

«អាចចេញពីទីនេះទៅ បើលោកគ្រូចង់រស់សុខ!» បុរសឈ្មោះមឿនងាកមកនិយាយបែបនេះ​ជាមួយអ្នកនិពន្ធធ្វើឱ្យគេ​ឡេះឡះ លែងដឹងត្រូវ​ស្រដីអ្វីតែម្តង។

គាត់មិនត្រឹមគម្រាមទេ ថែមទាំង​ចាប់ផ្ដើមពន្យល់គេថា រឿងព្រេងនិទានចាស់ ធម្មតា មិនអាចប៉ះពាល់បានទេ ឈប់មានបំណងចង់កក្រើករំឭកពីរឿងអតីតកាលនោះ​ឬក៏និយាយឈ្មោះនាងកេសនា​ទៀតទៅ។ នាង​ជាវិញ្ញាណចងពៀរកាចសាហាវនឹងមាន​ឬទ្ធនៅភូមិនេះ គ្មាននរណាដោះបណ្ដាសាររបស់នាងរួចទេនៅលើវាលភក់មួយនោះ សូម្បីតែដើមឈើទាលដ៏អត្តខាត់ដែលរដ្ឋ និង​រាជការច្រើនជំនាន់ប៉ង​​ កាប់ចោល នៅតែម៉ឺងដូចដើម តាំងពីជំនាន់បារាំងមកក៏ដូចសម័យប៉ុលពតទៀត។

ក្រោយមកកងពលវៀតណាមួយបានឆ្លងកាត់ ទីនេះ។ ​មេបញ្ជាការគេម្នាក់ដែលមិនព្រមជឿអ្នកស្រុកបាន​ផឹកស្រាវាមមើរនោមក្បែរនោះនិងច្រៀងប្រមាថឡូឡាព្រឹកឡើង​ក៏ឃើញ​ស្លាប់ក្នុងសភាពដែលអ្នកភូមិមិនអាចបំភ្លេចបានដែរ។

«សូមលោកគ្រូ​សន្សំ​សុខឈប់សរសេរពីរឿងនេះហើយចាកចេញពីភូមិនេះទៅ! លោកគ្រូមិនមែនទាល់ច្រកដូចពួកខ្ញុំទេ ! កុំយកជីវិត​មកប្រថុយ​!»

ដោយគ្មានពាក្យនិយាយ និងពាក់កណ្តាលនៅស្រឡាំងកាំង រឿងជាច្រើនបានក្លាយជាប្រស្នា​រុញអ្នកនិពន្ធកំលោះឱ្យ​បក​ត្រលប់មកអង្គុយសំកុកក្នុងបន្ទប់ខ្លួនវិញសញ្ជឹងគិត​វិលវល់។

ប្រាកដណាស់ គេមិនបកទៅភ្នំពេញ​វិញទេ!

ពាក្យសន្យាជាមួយហ្វេន និង​សេចក្ដីស្នេហារងំពេញទ្រូងបានក្លាយមកជារបងហេតុផលដើម្បី​ការពារការសម្រេចចិត្ត​នៅបន្តនេះ។

ស្រីស្នេហ៍ទើបនឹងស្គាល់គ្នា ឱ្យមកនូវស្នាមញញឹមរបស់នាងផ្តិតជាប់បេះដូងនេះ នាងមិនមែនជាខ្មោចទេដាច់ខាត។

យុវកំលោះបោះដៃមករកហោប៉ៅអាវដែល​ព្យួរចោល​លើជញ្ជាំងរាវរកមើលវត្ថុអនុស្សាវរីយ៍ដែលនាង​បានឱ្យ។

គេថយមកអង្គុយអានរបៀនចាស់ដែលឆ្លាក់មួយជួរតូចឆ្មា នៅលើបន្ទះដែកស្ពាន់នេះ ។ នៅតែអានមិនកើតដដែលជាដដែល។ របស់នេះ តើ​​សេសសល់ពីជំនាន់ណាមក ហេតុអ្វីបានជាបុរាណ​ខ្លាំង ហើយ​តើ​នាង​មានវាមកដោយរបៀបណា?​ ហើយ​ហេតុផលអ្វីបានជានាងព្រម​ឱ្យវាមកគេ បើត្រឹមស្គាល់គ្នាម្តងសោះ?

រឿងដែលគេបន្តគិតនៅស្ទើរគ្រប់ជំហានដើរចុះឡើង​ក្នុងបន្ទប់គឺ ហេតុអ្វីបានជាបងឆោម ប្រឈមគិតខ្លីរហូតដល់ថ្នាក់បញ្ចប់ជីវិតនៅទីនោះ? តើវាមានអាថ៌កំបាំងអ្វីទៅ ឬមួយក៏ប្តីប្រពន្ធនេះ មានវិបត្តិអ្វី​គ្មានអ្នកណាដឹង ពួកគេ​មិនមានកូន មានបំណុលឬជួបប្រទះរឿងអស់សង្ឃឹមអ្វីខ្លះ?

ស្នូរគោះទ្វារលាន់រន្ថើន បន្ទាប់មកមានមនុស្សរុញទ្វារចូលឃ្វាំង ទាំងដែលគេនៅបន្តអង្គុយភ្លឹក ​ដៃក្តោបកាន់បន្តោងនាង​ឱ្យមក មាត់អ្នកនិពន្ធមិនទាន់ទាំងបានស្រដីថាអនុញ្ញាតឱ្យចូលមកនៅឡើយ ….គឺសំឡេងគោះទ្វារញាប់ពេកធ្វើឱ្យគេ​ភាំងបាន….គឺពូមឿន…

«ពូសម្រេចចិត្ត​មកឮតឿនលោកគ្រូទៀត! តាមមើលលោកគ្រូមិនគួរសម្រាន្តនៅទីនេះទៀតទេ ត្រូវចាកចេញភ្លាម​ទៅ ពុំអ៊ីចឹងលោកគ្រូអាចក្លាយជាអ្នករងគ្រោះទីពីរ!»

ដោយង៉េមង៉ាម មិនអស់ចិត្ត​ កំលោះមានសំណួរច្រើន​ណាស់ក្នុងគំនិត​ទោះជាមាត់នៅហាក់គាំងៗ៖

«ហេតុ….ហេតុអី?!»

បុរសចំណាស់​អង្គុយចុះប៉ុកមកលើកៅអី​ ដែល​គេតែង​ប្រើសម្រាប់អង្គុយសរសេរសៀវភៅ​តែម្នាក់ឯងរាល់ៗយប់។ ពេលនេះ គាត់បំបែរខ្លួនមកតទល់នឹង​យុវបុរសយើង ព្រមជាមួយទឹកមុខមធ្យ័ត ខំប្រឹងលួងលោម​ពន្យល់នាយ៖

«លោកគ្រូ ​ប្រហែលជាប៉ះបណ្តាសារគេ! លោកគ្រូបាន​​មកជជីកសួរឬសគល់នូវរឿងរ៉ាវចាស់! ​ឬមួយ​ក៏លោកគ្រូបាន​និយាយស្អីមួយជាមួយ​អ្នកណាម្នាក់ទាកទងនឹងឈ្មោះខ្មោចស្រី…..!»

«លោកនេះ គ្មានខ្មោចទេពូ!»គេថាកាត់ទាំងច្របូកច្របល់ក្នុងចិត្ត​។

មិនដឹងថា ជនចំណាស់ម្នាក់នេះ វេលា​នេះ កំពុង​តេ​មាន​ចេតនាបន្លាចខ្លួន ​ឬខំប្រទាញ​ខ្លួន ​ឱ្យចូលជ្រៅទៅក្នុងជំនឿម៉ៃស្មាន​បុរាណ​ហួសហេតុផ្កាប់មុខ​របស់ក្រុមគាត់ ​តែ​ប្រថ្នាយើង ពិតជា​កំពុងទើសទាល់ចិត្ត ថែម​ទាំងមិនយល់ស្របដាច់ខាតហើយ។

គេមិនយល់ស្របចំពោះរឿងថា​«បងឆោមឆ្លាប់ព្រោះពាក់អាវសូត្រមួយនោះ»​ថែមទាំងមិនយល់ស្របផងដែរ នូវ​ហេតុផល​អ្នកបញ្ជាន់រូបនាភូមិផ្សេង ដែលមកអះអាងថា គោលដៅរបស់ខ្មោច​តាមពិតជា «អ្នកនិពន្ធម្ចាស់អាវ»។

រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី២
«មានតែដើមឈើទាលចាស់គ្រឹកមួយ…ស្ងួតច្រឺង…គ្មានស្លឹក គ្មានត្រួយគ្មានអីទាំងអស់! » ប្តីបន្ថែមបន្តពីវាចាភរិយា​។

ថាចប់ ពួកគាត់បែរចែកផ្លូវទៅធ្វើចាប់ធុងទឹក ចាប់ចបបង្គី ចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃ លែងរវល់នឹងកំលោះ​យើងព្រោះខ្លាច​រងសំណួរ​ច្រើនទៀត​ដែលពួកគាត់មិនចង់ឆ្លើយ។

រហូតដល់ពេលយប់ព្រលប់ឡើង ជាវេលាដែលយុវកំលោះវិលមកងូតទឹក​និងចូលសម្រាក។ ប្រុស​អង្គុយ​សរសេរកំណត់ហេតុមួយចំនួន ចងក្រងទុក​នូវបណ្តាសកម្មភាព​ក៏ដូចជាដំណឹង​នានារឿងអ្វីៗដែលគេបានជួបក្នុងថ្ងៃនេះ ។

«រហូតដល់ខ្ញុំរកឃើញសាក្សីណាម្នាក់ ដែលព្រមនិយាយច្បាស់លាស់មិនលាក់លៀម ខ្ញុំនឹងសរសេរសៀវភៅនេះឡើង ជាមួយ​អំណះអំណាងប្រភពច្បាស់លាស់! ហើយតទៅ គ្រប់គ្នានឹងមករស់នៅតំបន់ដ៏ស្រស់ប្រផូនេះ ប្រកបដោយដីមានជីវជាតិ! ពួកគេ នឹងលែងជឿនូវពាក្យចចាមអារ៉ាមចាស់ៗដែលជាការ បង្អាក់នូវឱកាសអភិវឌ្ឍនៅទីនេះ!»

ដោយក្តីហត់នឿយក្រោមបរិយាកាសត្រជាក់ស្រឹប គេចាប់ផ្តើមលង់លក់ភាំងទៅលើតុ ជាមួយនឹងសីតុណ្ហភាពដ៏ទាប​កម្ររកមាន។

ដូចគ្នាបេះបិទទៅនឹងតំបន់ដីខ្ពង់រាប​មណ្ឌលគិរីដែលអ្នកនិពន្ធធ្លាប់​ចូលចិត្ត​ទៅសម្រាកលម្ហែរសរសេររឿង ពេលនេះគេ មានអារម្មណ៍ថារងាណាស់ ត្រជាក់ឡើងៗរកតែស្រមៃថាក្រោកស្រវាភួយក៏ក្រោកមិនរួច ​រហូតដល់សំឡេងច្រៀងមួយបានដាស់គេឲ្យភ្ញាក់មកទាន់ហន់មមីងមមាំង គឺជាបទចម្រៀងដដែលកាលពីម្សិល។

អ្នកនិពន្ធកំលោះរបស់យើងមមីភ្នែក ស្វាងចេញពី​ក្តីលង់លក់ពិនិត្យ​យឺតៗឃើញសៀវភៅរបស់ខ្លួននៅបើកចំកន្លែងដដែល។ ងាកទៅពិនិត្យ​ទាំងពាក់កណ្តាល​មមើ គេឃើញ​បង្អួចសំណាញ់ក៏មិនបានបិទកញ្ចក់ពីក្រៅមួយជាន់ទៀតទេ ដូច្នេះហើយបានជាអាចឮសំនៀងលន្លោចមកបាន​បែបនេះ?

រេភ្នែកមកវិញ ដៃចុចទូរសព្ទមើលម៉ោង។ ម៉ោង១គត់…..ទៀងណាស់ទេតើនៀក?

ប៉ុន្តែ​តើអ្នកណាច្រៀង?

អាកាសធាតុកាន់តែបោល​ចុះស្រឹបៗ ដូចជាមានអ្នកណាម្នាក់ពោរពេញទៅដោយភាពត្រជាក់កំពុងតែឱបគេពីក្រោយខ្នង។ អ្នកនិពន្ធញីភ្នែក លើកដបទឹកសុទ្ធមកមួលបើក​ក្រេប​បង្កើតដើម្បីបង្កើតជាតិសើមនៅក្នុងរាងកាយ តែត្រជាក់ពេកលេបមិនបានច្រើនទេ។

ពេល​ដែលខំផ្ទៀងស្ដាប់បទចម្រៀងសារជាថ្មី គ្រប់យ៉ាង​បានស្ងាត់សូន្យឈឹងវិញ​មិនមានបន្សល់ដានអ្វីទាំងអស់។

គេក៏បានក្រោកដើរទៅក្បែរបង្អួច ដែល​អាចសម្លឹងទៅក្រៅឃើញ​អង្រឹងរបស់បងឆោមនៅកន្លែងនោះដដែល។ ពីចម្ងាយនេះទៅ​អង្រឹងមាន​មនុស្ស​ប៉ុន្តែ​មិនបានយោល​ទេ វា​នៅស្ងៀមមានន័យថាគាត់បានសម្រាន្តលក់ស្កប់ស្កល់ហើយមិនសមណាបើកទ្វារចេញទៅរំខានគាត់ទៀតនោះទេ។

គេបែរខ្នង វិល​មកក្នុងបន្ទប់វិញគិត​ថា ឡើងទៅលើគ្រែដណ្ដប់ភួយគេងបន្ត ចាំភ្លឺចាំគិតទៀត។ ស្រាប់តែប្រភពពន្លឺមួយនៅចុងកន្ទុយភ្នែក បានទាញអារម្មណ៍ប្រាថ្នាត្រឡប់មកវិញ។

គេ​ផ្អៀងក​នៅក្បែរបង្អួចសម្លឹងចេញទៅក្រៅសម្តៅប្រភពពន្លឺ។

ប្រភពនេះ អាចស្មានបានថា​ចោលមក​ពីទិស​ខាងជើង នឹង​ប្រហែលជានៅឆ្ងាយពីទីនេះខ្លាំងគួរសម​ ព្រោះថា នេះគឺជាតំបន់វាលដែលគ្មានអ្វីនៅពាំងចំពោះមុខទេ ។

សូម្បីតែផ្ទះយាមរបស់ក្រុមសន្តិសុខឃុំឃើញនៅផ្លូវចូលភូមិ ប៉ុន្តែគិតថា គ្មានអ្នកណានៅឡើយ ពីព្រោះ គេធ្លាប់ចុះទៅរកកន្លែងបត់ជើងប៉ុន្តែសូម្បីពាងរីងរៃអស់រកទឹកស្អាតមួយតំណក់គ្មាន​ផងតើនឹង​មាន​មនុស្សឯណា​ស្នាក់នៅបាន?

ចុះតើ នោះគឺជាពន្លឺអ្វី អ្នកណាដើរឆ្លុះកង្កែបឬមួយក៏ដើរធ្វើអ្វីក្នុងភូមិនេះ?

គេបែរក្រោយរមពៃរកអាវក្រៅចង់លើកយកតាមខ្លួនដែលបម្រុងថានឹងលក់ដករនុកចេញទៅមើល ស្រាប់តែសំឡេងខ្ជោលដាក់គ្រាប់ភ្លៀងធ្លាក់មកឥតរំពឹង។

សួន​ខាងក្រៅជោគជាំ​ទៅដោយព្រះភិរុណ​គំហុក​ធ្លាក់ ចំណែក​អំពូលសូឡាម្តងភ្លឺម្តងលោតងងឹត។

អាកាសធាតុហាក់មិនសមទំនងសោះ។ គេថយមកវិញលែងគិតចង់ចាកចេញ ទាញ​បិទកញ្ចក់ពីក្រៅ​មួយជាន់ទៀត តែ​នៅបន្ត​ដំអក់ក្បែរបង្អួច ដើម្បីពិនិត្យទិដ្ឋភាព ខាងក្រៅ។

ពន្លឺនោះបាន​រលប់បាត់ទៅហើយ​ ក្រោមសម្ពាធបរិយាកាសនៃព្រះភិរុណកណ្តាល។ អ្នកនិពន្ធដឹងថា​ ភូមិដ៏ស្ងាត់នេះ មិនមានមនុស្ស​បង្ហាញខ្លួននៅពេល​ថ្ងៃ​តែពេលយប់មាន​ពន្លឺនិងបទចម្រៀង​ប្រាកដណាស់មាន​ហេតុផល​ពីក្រោយ​នេះ។

អ្វីមួយកើតឡើងក្នុងចិត្តរបស់គេ «អ្នកណាទៅកំពុងលេងសើចជាមួយយើងដែលជាមនុស្សចំណូលថ្មី? »គេអង្គុយ​ចុះយឺតៗ​តែចាប់សរសេរញាប់ស្មេរទុកទៅក្នុងកំណត់ហេតុទូរសព្ទ« ខ្ញុំមិនជឿថា លោកនេះ​មាន​ខ្មោចទេ! ពីរយប់ហើយ ខ្ញុំឮសំឡេងមនុស្សច្រៀង! លើកទីបី​ខ្ញុំនឹងរកមនុស្ស​នោះ ដល់តែឃើញ  !»។ មនុស្ស​ស្រី​ឈ្មោះកេសនា ក្នុងពាក្យចចាមអារាមចាស់រាប់រយឆ្នាំ នៅតែ​មានឥទ្ធិពលមកលើផ្នត់គំនិតមនុស្ស​តំបន់នេះ រហូតដល់គ្រប់គ្នាដែលកំពុងទ័លក្រ​ សុខចិត្ត​​ទុកចោល​ដីធ្លី​វាលភក់ដ៏មាន​អំណោយទានកសិកម្ម?

« ប៉ុន្តែ…បងសុំណ៎ា! កណ្តាលអធ្រាត្រ​អ៊ីចឹងកុំនិយាយ!កុំនិយាយអីលោកគ្រូ!»

អាការៈបងឆោម​កាលពីយប់ម្សិល​ក៏គួរឱ្យហួសចិត្ត​ដូចគ្នាដែរ។ គិតហើយអ្នកនិពន្ធប្តូរដៃទៅរកបណ្តាញសង្គម។ ប្រាថ្នាចាប់ផ្តើមសរសេរប៉ុន្មាន​ឃ្លាជូនអ្នកគាំទ្រខ្លួន​ទាំងរំលង​អធ្រាត្រនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖

«តួស្រីក្នុងរឿងព្រេង» ចេញផ្សាយឆាប់ឆាប់នេះហើយ!

អ្នកទុកចិត្តគេជាច្រើន ដែលជាអ្នកអានដ៏ស្និទ្ធស្នាលតាមមក​ដោយ​ស្មោះស្ម័គ្រនៅមិនទាន់គេងមែន។ ​ពួក​បានឲ្យមេដៃនិងបេះដូង ជាសញ្ញាទុកចិត្ត ដោយសារអ្នកនិពន្ធ ណាំង-ប្រាថ្នា គឺជាស្មេរដែលមិនសរសេរអ្វីៗផ្តេកផ្តួល​ទៅតាមពាក្យចចាមអារ៉ាមគ្មានប្រភពច្បាស់លាស់នោះឡើយ។ គេមានលទ្ធផលសំណេរជាច្រើន​ដែលបានប្រើប្រាស់ការស្រាវជ្រាវសឹងថាច្រើនជាងរយៈពេលដែលគេប្រើប្រាស់សម្រាប់តាក់តែងនិពន្ធសាច់រឿងនោះទៅទៀត។

សុភាពបុរស ថយទៅរកទីដំណេករបស់ខ្លួន ដើម្បីបង្កើនកម្លាំងជំនៈភាពហត់នឿយពេញមួយថ្ងៃដោយការដណ្ដប់ភួយក្រាស់ឃ្មឹកហើយលង់លក់រហូតដល់ភ្លឺព្រលឹមស្រាងៗកាលណាបងលៀងមកដាស់គោះទ្វារដូចពីម្សិលដែរ។

ប៉ុន្តែលើកនេះមិនមែនបបរទៀតទេ គឺជាបាយឆាពេញចាន​តែម្ដង។ កាហ្វេរបស់គាត់នៅតែមានក្លិនឈ្ងុយឆ្ងាញ់ក្រអូបសាយភាយ សូម្បីតែអ្នកនិពន្ធយើងមិនទាន់លុបមុខមាត់ក៏អាចស្វាងវិញបាននិមិត្តបានស្រង់។

« បង! យប់មិញខ្ញុំឮសូរមនុស្សច្រៀង!»

«មនុស្សឯណាមកច្រៀង? ភូមិនេះស្ងាត់ណាស់ លោកគ្រូលេងសើចជាមួយបងហ្មែន?»

«ចឹងបានខ្ញុំប្រាប់បង!»

« ស្រីឬក៏ប្រុស?!»

«ជាសំឡេងមនុស្សស្រី!»

«អ្ហូយ! ច្រៀងបទអីទៅហីក៏គេច្រៀងខារ៉ាអូខេឮពាក្យមកពីភូមិផ្សេងដឹង?»

ស្ត្រីរូបនេះបន្តសួរ​ជាមួយទឹកមុខដូចជាបរិសុទ្ធមិនដឹងរឿងអីទាំងអស់។ ទំនងថាបើសិនជាមានអ្នកលេងល្បិចប្រាកដជាមិនមែនអ្នកលើកម្ហូបម្នាក់នេះឡើយ។

«អត់អីទេបងស្រី! ជួនកាលខ្ញុំយល់សប្តិផងក៏ថាបាន!  ត្រូវហើយ! នៅឆ្ងាយណាស់បានមានផ្ទះភូមិ! បើទោះជាច្រៀងការ៉ាអូខេក៏អត់ឮដល់ដីប៉ុណ្ណឹងដែរ! »

គាត់ញញឹម​ធូរចិត្ត​វិញព្រមជាមួយវាចាតប៖

«មែនតើ! ហើយចុះយប់មិញនៅសរសេរដល់ថ្មើរម៉ាន?»

«ពុំបានសរសេរច្រើនណាស់ណាទេ​រវល់ត្រជាក់ពេក​ឆាប់ងងុយ!»

«ចា៎សធ្លាក់ត្រជាក់ចម្លែក មានភ្លៀងកក់ខែទៀត! លោកគ្រូចង់ទៅចម្ការទៀតទេ? »

នៅពីក្រោយខ្នងគាត់ អ្នកនិពន្ធបានសម្លឹងហួសទៅឃើញបងឆើតកំពុងតែកាន់ចបដើររ៉ុយចេញក្រៅពីរបង។

«ទៅចម្ការខ្ញុំនឹងទៅតាមក្រោយ! ខ្ញុំស្គាល់ផ្លូវហើយ!»

«ចុះលោកគ្រូបានអីជិះ? អូ អ៊ីចេះណា៎ នៅជិតផ្ទះបាយមានកង់ចាស់មួយ បើសិនជាលោកគ្រូជិះអាចយកបានអត់មានដាក់ចាក់សោរអីទេ!»

«បាទ!»

ស្ត្រីចាកចេញ។ ពេញមួយថ្ងៃនេះ​ យុវកំលោះ ចាប់ផ្តើមបន្តពិនិត្យ​គ្រប់យ៉ាងទុកជាទុន សម្រាប់យកមក​សម្រាយអធិប្បាយអំពីភូមិនេះ។ មិនថា​ដើមរុក្ខជាតិប្រភេទអ្វី សណ្ឋានដី លំហូរទឹក កម្លាំងខ្យល់ គឺ​សរសេរទុកទាំងអស់។

ប្រលោមលោកថ្មីនឹងបង្ហាញពណ៌សម្បុរ ទេសកាលនានានៃតំបន់ភូមិករមួយនេះ​ពិតៗ។

ព្រលប់មកដល់គេ​ញញឹមហើយហាត់ប្រាណ បន្ទាប់មកងូតទឹកស្រូបស្រង់ម្នាក់ឯង រួចអង្គុយស្រាវជ្រាវនិងសរសេរទៀត។ យប់កាន់តែជ្រៅកាលណា យុវបុរស​ធ្វើជាដួលខ្ពោកប្រះដេកទ្រោបទៅលើតុ ។ ពាក្យចាស់លោកថា មនុស្សមិនដេកឬធ្វើពុតជាដេគឺដាស់មិនភ្ញាក់នោះទេ ។

គេគិតឃើញដល់ពាក្យនេះហើយ ប្រាថ្នាញញឹមម្នាក់ឯង។ ចិន្តា​ដែល​ប្រាថ្នាទទូចចង់ដឹងអាថ៌កំបាំងនៃសូរសំឡេងចម្រៀងបុរាណមួយនោះ យូរទៅៗឮសូរតែសំឡេងខ្យល់ និងស្លឹកឈើនៅខាងក្រៅ សំឡេងគ្រហឹមរបស់បងឆោម សឹងឱ្យខ្លួនឯងនេះងោកមែនទែន​បាន។

ចុងក្រោយសំឡេងគ្រហឹមក៏បាត់ទៀត បានន័យថាបងឆោម​និងប្រពន្ធលង់លក់ទៅហើយ។

ហេតុអីគ្មានឮនរណាម្នាក់ច្រៀងអ្វីឡើងមក ដូចកាលពីពីរយប់មុន?

ទាំងនោះជាសុបិនពិតប្រាកដមែន? បើជាសុបិនហេតុអីកើតឡើង​ដល់ទៅពីរយប់បន្តគ្នា?

សុបិនដដែលៗ?  មិនសមទេ!

គេបន្តសំងំប្រាប់កម្លាំងងោក​របស់ខ្លួនឯងថា អូខេ!មិនអីទេ! ខ្ញុំអាចចាំបានបន្តិចទៀត ដើម្បីកំដរនាងមកច្រៀង​ ស្រាប់តែភ្លាមៗនោះសំឡេងបទចម្រៀងពិតជាលាន់ឮមកតាមខ្យល់។

អ្នកនិពន្ធបើកភ្នែកខ្វាក……មិនបាច់ផ្ទៀងច្រើនទេ ឮមកពិតណាស់។ នៅក្បែរដៃ រកអ្វីចាប់មិនទាន់ មាន​តែ​អាវហូលដ៏ស្រស់ស្អាត ម្ល៉ោះហើយទាញមកតាម​ ដៃម្ខាងទៀត​ស្រវារកទូរសព្ទមកស៊កក្នុងហោប៉ៅ រួចចាប់ពិលមកថ្នមៗ។

មកក្រៅ​ពិតជា​មិនឃើញ​អង្រឹងបងឆោមទៀតសោះ។

ថ្ងៃនេះ មេឃងងឹតជាងសព្វមួយដង បងឆោមគេងស្រម៉ុកខុរនៅក្នុងផ្ទះបាយ ប្រហែលខ្លាចភ្លៀងទទឹកដូចយប់មិញដឹង?

អ្នកសេ្មរ​រំលៀកខ្លួនឯងចាកចេញទៅរហូតដល់របងផ្ទះសំណាក់  ដែលគេបានចងចាំ​ចំណាំផ្លូវយ៉ាងល្អិតមិនចាំបាច់បើកពិល ។

ក្រោមពន្លឺព្រះចន្ទដ៏ខ្សោយ ប្រភពសំឡេងលាន់មកហាក់កៀកឡើងៗ និងបញ្ចេញ​ទិសដៅ​ ដ៏ទាក់ចិត្ដគឺតំបន់ ដើមស្រឡៅ និងវាលភក់មួយនោះ។

«នៅរាត្រីនេះ ​ជាមួយ​អាវហូលមួយនេះ ម៉ោង​​ថ្មើរណេះទៀត​ យើង​នឹងបានរូបថតមួយទំព័រ ដែលនឹងក្លាយជាទំព័រសំខាន់បំផុតមួយ នៅក្នុងសៀវភៅថ្មី ! បង្ហាញ​ថាអ្នកនិពន្ធពិ​តជាបានទៅដល់តំបន់នោះទាំងកណ្តាលរាត្រីកាល!»

គេគិតទាំងញញឹមហើយអ្នកនិពន្ធបោះជំហានមួយៗសំដៅទៅ។

មិនត្រឹមតែសំឡេង គឺពន្លឺដែលគេបានឃើញកាលពីយប់មិញនៅភាគខាងជើងភូមិ ចាប់ផ្តើម​លេចឡើងជាថ្មី។

ទីនោះប្រាកដណាស់គឺជាតំបន់ដើមឈើទាលដែលជា ម្ចាស់កន្លែងមាន​រឿង​តំណាលដ៏គួរឲ្យព្រឺព្រួចហើយឥឡូវនេះគេកំពុងតែដើរសំដៅទៅ។

«បើធ្វើអ្នកនិពន្ធមិនទៅដល់ប្រភព អ្នកអានគង់តែ​ពិបាកជឿ និងម្តេចមាន​អារ​ម្មណ៍ព្រឺព្រួចបានទៅ ?!»

គេគិតហើយ រួសរាន់ដើរទៅមុខទៀតញាប់ស្មេរ ទាំងមានមោទនភាពជាមួយនឹងស្បែកជើងផ្ទាត់សដែល​ធម្មតា​បងឆោម​ទុកឱ្យភ្ញៀវប្រើក្នុងបន្ទប់ ។

ក្រោមពន្លឺពិលបំភ្លឺរាលដាលមួយរង្វង់ធំ អ្នកនិពន្ធហាក់មិនមានការភ័យខ្លាចអ្វីទាំងអស់ សំខាន់ សព្ទសំឡេងគឺជាមនុស្សស្រីថែមពីរោះលន្លោច​ទៀត ដូច្នេះអ្នកច្រៀងលេងម្នាក់នេះគ្មាន​អ្វីគម្រាម​កំហែង​គួរឲ្យភ័យ​បារម្ភទាំងអស់។

អាចថាជាស្រីស្អាតផងក៏ថាបាន !

ដោយសារដើរយូរទៅត្រជាក់ឡើង អ្នកនិពន្ធចាប់ផ្ដើមរត់តែម្តង។

បាន​មួយសន្ទុះ ពន្លឺភ្លើងកាន់តែមកច្បាស់កៀកឡើងៗ ធ្វើឲ្យគេជឿថា នោះប្រាកដជាពន្លឺភ្លើងគប់ដែលអ្នកភូមិដុត ពីទីនេះទៅយុវបុរស​អាចមើលឃើញច្បាស់ ចុះទម្រាំនៅក្បែរ តើភ្លឺច្រាលយ៉ាងណាទៅ?

ពិតប្រាកដណាស់ នៅក្បែរវាលភក់ដែលបន្សល់នូវផ្ទាំងថ្មភ្នំធំមួយ នារីម្នាក់កំពុងតែអង្គុយបែរខ្នង។

អ្នកនិពន្ធបន្ថយល្បឿនរួច​ឈប់ជើងទាំងស្រុង ពេលឃើញនាង។

មើលពីក្រោយទាំង​ភើតពោះស្រៀវជើង​ អ្នកឃើញសក់បក់រវិចៗក្រោមកម្លាំងខ្យល់។ កេសារបស់នាងវែងសឹងហួសចង្កេះ និង​ហិចហើរចុះឡើង។

ទៅតាមកម្លាំងខ្យល់។ សំពត់នាងវែងហើយស្ដើងល្វត់ ប្រៀប​ប្រដូចបាន​ទៅនឹងសភាពពណ៌នាអំពី​នារីក្នុងរឿងបុរាណដែលស្លៀកស្បៃ ដូច្នោះដែរ។

« បើនេះជាខ្មោចលង ប្រាកដជាខ្មោចដែលស្អាតបំផុតហើយ !»

អ្នកនិពន្ធគិតព្រើលឡើងតាមសភាវៈកំលោះ​របស់ខ្លួន  ពីព្រោះថាមើលត្រង់ណាក៏នៅតែឃើញ ដៃជើងរបស់នាងសោះខ្មោចពីណាមក?

ចុះហេតុអ្វីកណ្តាលយប់​ ឡើងមកអង្គុយម្នាក់ឯងលើថ្មភ្នំ ស្រែកច្រៀងចម្រៀង​លន្លង់លន្លោចយ៉ាងពីរោះជ្រាលជ្រៅដល់ក្នុងបេះដូង ចងភ្លើងគប់ដោយសងខាង បរិយាកាសមើលតែក្នុងគំនូរ?

«យើងចង់អង្គុយក្បែរមនុស្សស្រីម្នាក់នេះ ជាមួយអាវសូត្រ​មួយនេះ ភ្លើងគប់សងខាងដូច្នេះហើយថតរូបផ្ដិតផ្ញើទៅកាន់មិត្តអ្នកអានរបស់យើងដើម្បីជម្រាប​ប្រាប់ថា នេះគឺជាអ្វីដែលកើតឡើងពិតៗ នៅក្នុងភូមិ​មួយ​ពួកគេ​ធ្លាប់តែឮហើយភ័យខ្លាច!»

ចិត្តរបស់ប្រាថ្នា គឺគេ​ជាអ្នកសរសេររឿងខ្មោចដែលមិនចេះខ្លាចខ្មោចទេនៅក្នុងជាតិនេះ។ តើបងឆោមនិងប្រុសៗដទៃទៀតដែលនៅក្បែរៗភូមិនេះ ពិតជា​ត្រូវបានបោកប្រាស់ដោយរឿងនិទានកាលពីរាប់រយឆ្នាំមុនហើយភ័យខ្លាចពេក ដល់ថ្នាក់គ្មានសំណាងបានជួបនាងដូចជាកវី​ខ្ញុំនេះ?

គិតហើយគេចាប់ផ្តើមលើកទូរសព្ទមកចុចផ្តិតយក​គ្រប់យ៉ាង​ទុកតាមចំណង់។  ពិតណាស់រូបរាងរបស់នាងពីចម្ងាយត្រូវមកជាប់ក្នុងទូរសព្ទអេក្រង់ភ្លឺទែង ខ្មោចឯណានឹងថតជាប់បានដូច្នេះទៅ?

« អ្នកណាគេ!»

បុរសហារសួរ​តិចៗ ថ្នមៗ​ជាមួយ​ស្នាម​ញញឹម ស្រាប់តែសូរសំនៀងរលត់ផុតទៅសូន្យ មនុស្សស្រីឈរលើផ្ទាំងថ្មបែរមកក្រោយខ្វាច់។

« ខ្ញុំឈ្មោះប្រាថ្នា! ជាអ្នកចំណូលថ្មី! ទើបនឹង​មកសម្រាក​លម្ហែនៅភូមិនេះ!»

គេចចារ​ផ្តល់ដំណឹង​តាមបែបជាសុភាពបុរសដែលមានទំនុកចិត្ត។ ការ​និយាយដោយជឿជាក់ថាសំឡេងរបស់ខ្លួនពិតជាបង្ហាញជំនួសមុន​ នូវរូបរាងសង្ហាររបស់ខ្លួន ក៏ជាសារបញ្ជូនទៅស្រីស្អាតនូវវិធី​ទាក់ទងដ៏រួសរាយមួយ​ដូច្នេះហើយស្រីក្រមុំដែលបែរក្រោយមកនេះមិនរុញរាក្នុងការសម្លឹង​ប្រឈមនឹងអ្នកនិពន្ធ​យើងវិញឡើយ។

នាងពិតជា ក្មេងជាងអ្វីដែលគេគិតទុក។

ក្រោមពន្លឺភ្លើងគប់ភ្លឺចិញ្ចាចចិញ្ចែង គេមិនពិបាកក្នុងការឃើញមុខរបស់នាងនោះទេ ។ តូចនាងនៅឈរធ្មឹង មិនមាត់មិនក​អ្វីនៅឡើយ ប៉ុន្តែកែវភ្នែករបស់នាងពិតជាភ្លឺថ្លាបង្ហាញចេញនូវសំណួរ ជាច្រើនឃ្លាទាំងគ្មានសំឡេង។

«កុំភ័យអី! ខ្ញុំស្នាក់នៅផ្ទះបារាំង! ស្គាល់ទេ?!»

នាងចាប់ផ្ដើមញញឹម ប្រហែលជានាងស្គាល់ពូម្នាក់ឈ្មោះឆោមនោះ ឬក៏នាងស្គាល់ទាំងផ្ទះបារាំងនោះផង ឬមួយក៏នាងមិនស្គាល់អីទាំងអស់ ប៉ុន្តែនាងចូលចិត្តយើង?

អ្នកនិពន្ធគិតទាំង​ញញឹមតបមិនឈប់ទេ។

យប់នោះពួកគេចាប់ផ្តើមសាងសងគ្នាស្និទស្នាល។ អ្នកនិពន្ធដឹងថា នារីនោះមាន​ឈ្មោះថាកេសនា​។

« សូម្បីតែឈ្មោះ កេសនា​នេះខ្ញុំនិយាយ ក៏អ្នកនៅផ្ទះសំណាកមិនឲ្យខ្ញុំនិយាយផងទម្រាំឡើយ មានស្រីស្អាតម្នាក់បង្ហាញខ្លួនកណ្ដាលអធ្រាត្រហើយឈ្មោះដូច្នេះ!»

«ចុះបងខ្លាចដែរទេ?!»

« ខ្លាចអីទៅ? »

«គឺ…. សំដៅ​លើ​រឿងនិទាន និងឈ្មោះមនុស្សស្រីក្នុងរឿងព្រេងប្រចាំទីនេះ មានឈ្មោះដូចជាខ្ញុំដែរ​!»

«ចង់ថា នេះជារឿងខ្មោចមែនទេ?!»

« អ្នកខ្លះគេគិតថាអ៊ីចឹង! អ្នកខ្លះគេគិតថា គាត់គឺជាវិញ្ញាណតែ….»

«តែអីទៅ?….»

«ខ្ញុំវិញមិនជឿសោះ ព្រោះមកណេះ រាល់យប់មិនដែលឃើញអីផង!»

ដូច្នេះហើយនាងប្រាកដជាមនុស្ស​ម្នាក់ មានការសិក្សាអប់រំល្អ បើយោងតាមសម្តីសម្តៅនិងទស្សនៈរបស់នាង ។ ប្រាថ្នាយល់ដូច្នេះក៏សួរនាងវិញ៖

«កេសនា​បានរស់នៅភូមិនេះយូរហើយ?!»

«ខ្ញុំនៅភូមិក្បែរនេះ! ក្បែរមាត់ព្រែកនោះ»

«ឪពុកម្ដាយធ្វើចម្ការឬធ្វើស្រែ ?!»

«ខ្ញុំមានតែពុកទេ! គាត់ធ្វើចម្ការ! ធ្វើឲ្យគេ! យើងគ្មានចម្ការខ្លួនឯងទេ!»

«ចុះដីនេះ ? ​ដីវាលនេះទំនេរ ​រហូតដល់អ្នកស្រុកមិនហ៊ាន​ដើរកាត់ផង ​កុំថាឡើយមានម្ចាស់ពិតទេ?!»

គេថាហើយងើបមុខសម្លឹងដើមស្រឡៅដែលមាន​តែមែកគ្មានស្លឹកនោះផង។

ភក់ល្បប់ជុំវិញវាលនេះស្ងួតកកដោយសារថ្ងៃក្តៅ អស់ហើយ។

«យើងនៅរៀនទេឬធ្វើចម្ការដែរ?»

«ខ្ញុំប្រឡងបាក់ឌុបឆ្នាំនេះហើយ!»

«ល្អណាស់! បងអបអរសាទរផង! ហើយខំរៀនណា! បើប្រលងជាប់ បងនឹងផ្ញើរង្វាន់មួយជូន! »

នាង​ហាក់រីករាយ នឹងពាក្យរង្វាន់ក៏សួរមកវិញភ្លាម៖

«រង្វាន់អីទៅ?»

«គឺសៀវភៅមួយក្បាល! ចង់អានទេ?!»

«ចង់អានខ្លាំងណាស់! ចង់អានសៀវភៅជាខ្លាំង ប៉ុន្តែគ្មានលុយទិញហើយមិនដឹងត្រូវទិញនៅឯណាទៀត ឃើញគេផុសច្រើនណាស់តាម​ហ្វេសប៊ុក! »

ប្រាថ្នាសម្លឹងនាងដោយ​ពន្លឺ​ចិញ្ចាច ក្នុងភ្នែកទាំងសងខាង។ ចិត្ត​គេអស់សំណើចខ្លាំង។  បើនាងជាខ្មោច នាងស្គាល់ហ្វេសប៊ុកទេ?

ភិនភាគនារីវ័យជំទង់ដ៏ស្រស់ប្រផូ ម្នាក់នេះបញ្ជាក់ថា ​នាងពិតជានារីខ្មែរកូនអ្នកចម្ការ​ដ៏ស្រស់ស្អាត ដែលមិនមានមនុស្ស​ច្រើនទេ​បានឃើញនាង ពុំនោះគេ​ច្បាស់ជាឮបងឆោមប្រាប់។

«សៀវភៅចំណងជើងថាតួស្រីក្នុងរឿងព្រេង!» គេបន្លឺឡើងតិចៗតបនឹង​កែវភ្នែក​រង់ចាំចម្លើយរបស់ស្រីល្អ។

« តួស្រីក្នុងរឿងព្រេង រឿងព្រេងណាមួយទៅ?!»

«គឺរឿងព្រេងប្រចាំភូមិនេះ! នារីទាសករម្នាក់ឈ្មោះកេសនា!»

នាងទម្លាក់ទឹកមុខ ។ សភាពកេសនា​មិនមែនភ័យខ្លាច ដូចរបៀបដែលបងឆោមបង្ហាញកាលពីយប់ដំបូងនៅឯផ្ទះបារាំងនោះទេ ប៉ុន្តែនាងហាក់ដូចជាក្រៀមក្រំ ច្រើនជាង។

ប្រាថ្នាយល់ពីអារម្មណ៍ក្រៀមក្រំរបស់នារីម្នាក់នេះ គេនិយាយដាក់ជាសំណួរបន្ថែមឡើងស្របទៅតាមគំនិត​ចង់សាក​ ចង់ស្ទង់​ក្នុងនាមជាអ្នកនិពន្ធ៖

«ធ្លាប់ឮទេ? ចេះខ្លាចខ្លះអត់?!»

«ធ្លាប់ឮ ប៉ុន្តែមិនខ្លាចទេបែរ មានចិត្តអាណិត ! មានចិត្តសោកស្ដាយ!»

«….អ៊ីចឹង ជឿថា នោះគឺជារឿងមានកើតឡើង​ពិតៗមែន? គឺ….រឿងថា ទាសករកម្សត់ម្នាក់នោះ….!»

នាង​ដូចមិនចង់ឱ្យគេ​រំឮកបានជានិយាយកាត់ភ្លាមៗ៖

«ខ្ញុំមិនដឹងទេ! ប៉ុន្តែ….ពាក្យចចាមអារ៉ាម ឬរឿងនិទានតគ្នាមក តែងតែមានការពិតច្រើនភាគ​រយណាស់  !»

«និយាយដូចជាអ្នកនិពន្ធ!»

«និយាយក្នុងនាមមិត្តភក្តិអ្នកនិពន្ធ!»

នាងឆ្លើយមកផ្ទួន ធ្វើឱ្យបុរសរកពាក្យ​ឆ្លើយលែងឃើញ​ក៏សើចស្ញាញ​សប្បាយចិត្ត​ដោយមិនដឹងខ្លួន។

ពិតណាស់ គេ​ជាមនុស្សលង់សម្រស់ស្រីស្អាតដូចមនុស្សប្រុស​ភាគច្រើន​ដែរ ប៉ុន្តែប្រាថ្នា​មិនដែលមានចេតនាធ្វើបាបមនុស្ស​ស្រី​ឬកេងចំណេញ ​គិត​មាក់ងាយអ្នកណាម្នាក់ទៅ​ក្នុងផ្លូវតណ្ហាឬស្នេហានោះឡើយ។ គេ​មានភាពស្មោះត្រង់ចំពោះវត្ថុសក្ដិសិទ្ធិទាំងអស់នៅក្នុងលោកនេះ និងមានភាពស្មោះត្រង់ចំពោះខ្លួនឯង ដូច្នេះហើយមនុស្ស​ដូចគេ​យាត្រាទៅណា ដើរហើរដល់កន្លែងណា តែង​ជឿលើភាពស្មោះត្រង់បរិសុទ្ធនិងគុណធម៌​ខ្លួនឯង។

គេចង់រាប់អានគ្នា ហើយពាក្យថា«មិត្តភក្តិអ្នកនិពន្ធ»ពិតជាឆ្លាក់ឈឹបភ្លាមៗក្នុងបេះដូងរបស់គេ។

«បើអាច ឬខ្ញុំមានលទ្ធភាព ខ្ញុំចង់បាន​គេធ្វើជាប្រពន្ធ នាំគេចាកចេញពីភូមិនេះ ឬមួយក៏កំដរគេម្ដងម្កាលមកអង្គុយច្រៀងនៅទីរហោស្ថាននេះ ជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់ដូចគ្នា! ស្នេហានេះ ភ្លើងចំបើង?អូទេ! វាមិនមែនជាស្នេហាទេ គ្រាន់តែជាអារម្មណ៍នៃការយល់ចិត្តមនុស្សដូចគ្នា ហើយមានអារម្មណ៍កើនឡើង​មិនឈប់សោះថា ត្រឹមជួបគ្នាពេលខ្លី ដូចជាមានន័យវែងជាងមនុស្សដែលយើងជួបគ្នារាប់សិបឆ្នាំទៅទៀតគេ? គឺជាមនុស្សស្រីដែលមានទឹកចិត្តបរិសុទ្ធ ឯរាងកាយគេប្រាកដជាបរិសុទ្ធជាងនេះទៅទៀត មិនខ្វល់នោះទេ…..!»

ស្នាម​ញញឹម​នាងនៅតែគ្របដណ្តប់មក​កំដរបេះដូង​យុវអ្នកនិពន្ធដែលកំពុងសម្លឹងភ្លឹកក្នុងការ​រិះគិត​អណ្តែងត្រសែតវាលវង់។