ទាយាទស្នងត្រកូល – Meysansotheary

រឿង៖ ទាយាទស្នងត្រកូល
គ.ស១៨៦០
សំឡេងបរទេះគោបន្លឺឡើងនាព្រឹកព្រលឹមស្រាងៗព្រះអាទិត្យមិនទាន់បង្ហាញភ័ក្រ្ត បញ្ជារទេះដោយបុរសចំណាស់វ័យប្រមាណ៥០ឆ្នាំប្លាយដឹកម្ចាស់ទាំងពីរគឺលោកសេដ្ឋីប៊ុននិងភរិយារួមទាំងអ្នកបម្រើ ពីរបីនាក់ទៀតសំដៅស្រុក “ឈើត្បែង” ឯទិសនារតីនៃភូមិកំណើតខ្លួនដែលត្រូវចំណាយពេលមួយកំណាត់ថ្ងៃទើបទៅដល់ក្នុងបំណងទៅធ្វើពិធីសុំបុត្រ។
ដំណើរផ្លូវឆ្ងាយអស់មួយព្រឹកធំទម្រាំនឹងមកដល់ ទីបំផុតរទេះគោក៏មកឈប់ពីមុខខ្ទមប្រក់ស្បូវស្មុគទទ្រុកមួយ ផ្ទះចាស់សឹងនឹងរលំទៅ ហើយ។ ខាងក្នុងមានមនុស្ស៤ទៅ៥នាក់ខ្លះមកសុំកូនដូចពាក្យគេល្បីខ្លះក៏យកតង្វាយមកថ្វាយព្រោះបំណងបានសម្រេចហើយ មកលាមាត់លាកជាមួយគ្រូ។ នៅចំហៀងផ្ទះមានអសនៈរៀបយ៉ាងខ្ពស់ចំនួនប្រាំជាន់តាមលំដាប់លំដោយ។ ស្រ្ដីវ័យជាងហាសិបឆ្នាំក្នុងឈុតស ពាក់ខ្សែកអង្កាំខ្មៅ គ្រាប់ប៉ុនៗមេដៃ សក់ក្បាលកន្រ្តើងកណ្ដាញ់ចូលគ្នា មានដាក់ថាស ជើងពានចំពីមុខព្រមជាមួយផ្តិលទឹកទន្ទឹមគ្នា បិទភ្នែកសូត្របួងសួង ញាប់មាត់ត្របាញ់ផ្លុំទៅលើក្មេងប្រុសម្នាក់សូភាំងៗហើយក៏ប្រោស ទឹកមន្តឱ្យរួចជាការស្រេច។ គាត់គឺជាយាយទិព្វដែលគេល្បីថាពូកែ ខ្លាំង ឈឹថ្កាត់ក៏ចេះព្យាបាល ខ្មោចចូលក៏ចេះដេញ អំពើក៏ចេះដោះ រឿងមន្តអាគមងងឹតគឺគាត់ជំនាញលេខ១។
យូរក្រែលដែរទម្រាំនឹងមនុស្សត្រលប់ទៅវិញអស់សល់តែលោកសេដ្ឋីនិងភរិយាព្រមជាមួយបាវបម្រើបួនទៅប្រាំនាក់។ យាយទិព្វបិទ ភ្នែកសូត្រមន្តស្មឹងស្មាតឥតស្ដីមួយម៉ាត់ខណៈដែលសេដ្ឋីនីភួងចាប់ជើងពានដាក់ទៀនប្រាំដើមនិងធូបបីសរសៃព្រមជាមួយនឹងកញ្ចប់ក្រណាត់ពណ៌ក្រហមដែលមានវត្ថុមានតម្លៃទៅជាមួយថ្លៃទ្រនឹបរកគ្រូមើលថាតើជាតិនេះនឹងមានវាសនាមានបុត្រនឹងគេដែរឬអត់?
“មកសុំកូនមែនទេ?” មិនទាន់ទាំងបាននិយាយសួរនាំអ្វីផងយាយ ទិព្វ ក៏ចោទសួរផូងធ្វើឱ្យសេដ្ឋីទាំងពីរភ្លឺភ្នែកជឿស្លុបថាគ្រូនេះពិតជា ពូកែដូចដែលគេល្បីពិតមែន។
“តើពួកយើងអាចនឹងមានកូនទេ… អ្នកគ្រូ?” លោកសេដ្ឋីសន្សឹមៗ ដាក់ជើងពានទៅមុខយាយទិព្វព្រមទាំងសួរនូវសំនួរដែលចង់បាន ចម្លើយពិរោះស្ដាប់។ យាយទិព្វបើកភ្នែកសម្លក់ទៅសេដ្ឋីដូចជាខឹង ក្រោធពេលបានឮដូច្នេះ ទាញកន្ថោរមកស្ដោះទឹកម្លូចេញរួចក៏តប ផាំងដោយឥតបន្ធូបន្ថយដៃ។
“កាលមុនគ្មានទេ! តែឥឡូវមកដល់ទីនេះហើយលោកសេដ្ឋីគិត ថានឹងនៅតែគ្មានទៀតមែនទេ?”
មិនដឹងជាភ័ព្វវាសនាអ្វីទេ លោកសេដ្ឋីនិងភរិយារបស់គាត់រៀបអាពិពិពាហ៍មកច្រើនឆ្នាំហើយតែពុំមានកូនសោះ លោកទាំងពីរធ្លាប់សាក ទាំងថ្នាំបុរាណខ្មែរ ថ្នាំចិនសែ ថ្នាំបារាំងគ្រប់មុខអស់ហើយក៏នៅតែ គ្មានកូនទៀត។ មិនតែប៉ុណ្ណោះទេថែមទាំងធ្វើពិធីបួងសួងបន់ស្រន់ សូមកូនតាំងពីទេវតា លោកតាតូចធំ សូមពីដើមឈើ ព្រះសង្ឃ គ្រូគ្រប់កន្លែងដែលល្បីថាអាចប្រទានបុត្រឱ្យដោយឥតស្ដាយរឿង តង្វាយសោះបន្តិចឡើយតែក៏នៅសុំមិនបាន ជាច្រើនលើកច្រើន សាររហូត អស់តម្រិះមិនដឹងគួរធ្វើយ៉ាងណានឹងមានបុត្រនឹងគេ ត្បិតរាល់ថ្ងៃនេះ ទ្រព្យធន មាសប្រាក់ មានច្រើនពោពាសចាយ មិនអស់ឡើយខ្វះតែកូនស្នងតំណែងបន្តនេះឯង ខ្វល់ចិត្តពីមួយថ្ងៃ ទៅមួយថ្ងៃព្រោះលោកទាំងពីរក៏កាន់តែចាស់ទៅហើយ នឹកខ្លាចថានឹងគ្មានកូនស្នងមរតកដ៏ច្រើនមហាសាល។
ទ័លប្រាជ្ញាខ្លាំងសេដ្ឋីនីចង់សុំកូនគេមកចិញ្ចឹមតែលោកសេដ្ឋីមិនព្រម ព្រោះមិនចង់ចិញ្ចឹមកូនដែលមិនជាប់ឈានជ័រឯង។ រហូតដល់ថ្មីៗ នេះ ស្រាប់តែលេចឮដំណឹងពីគ្រូស្រីម្នាក់ដែលល្បីខ្លាំងរឿងសុំកូន អ្នកទៅសុំ១០នាក់បានទាំង១០មិនដែលថាអត់ម្ដងណាឡើយ។ ដោយល្បី ថាស័ក្តិសិទ្ធិខ្លាំងដូច្នេះទើបលោកទាំងពីរខំស្កាត់ពីនាយ ដល់អាយតាមទៅរកផ្ទះគ្រូខ្លាំងពូកែនេះ។
“កូនចៅមិនបានគិតដូច្នោះទេ! សូមអ្នកគ្រូកុំខឹង ជួយឱ្យពួកខ្ញុំមានកូន សមប្រាថ្នាទោះជាអ្នកគ្រូត្រូវការភ្នំមួយទាំងមូលក៏លើកមកជូនជាសាគុណដល់អ្នកគ្រូបានដែរ” សេដ្ឋីនីរហ័សនិយាយសម្របសម្រួលភ្លាម មិនចង់ឱ្យគ្រូខឹងព្រោះពេលនេះខ្លូនកំពុងមកសុំកូនពីគាត់ ខំស្កាត់ផ្លូវ ឆ្ងាយមកមិនចង់ខាតការណ៍ឡើយ។ យាយទិព្វមិនមាត់កអ្វីទេ គាត់លើកដៃប្រណម បិទភ្នែកហើយចាប់ ផ្ដើមសូត្រមន្តអ្វីម្យ៉ាងអស់ មួយស្របក់ទើបតបថា÷
“ខ្ញុំកំពុងសួរផ្លូវ… ថាតើមានកូនណាទំនេរដែលសក្ដិសមនឹងមកចាប់កំណើតជាមួយលោកសេដ្ឋីទាំងពីរបានឬអត់” និយាយទាំងបិទភ្នែក ហើយរាប់ដៃរាប់ជើង។ សេដ្ឋីទាំងពីរឥតហ៊ានមាត់កអ្វីឡើងរងចាំ ស្ដាប់លទ្ធផលមិនចង់រំខានគ្រូខ្លាចក្រែងមិនបានដូចចិត្ត។
“សេដ្ឋីនីអាយុប៉ុន្មាន? កើតថ្ងៃខែឆ្នាំណា?” សេដ្ឋីនីនួនរាកអាក់បន្តិច ព្រោះចាស់ៗប្រកាន់ណាស់រឿងប្រាប់អាយុនិងថ្ងៃខែឆ្នាំកំណើតបែប នេះតែក៏មិនដឹងប្រកែកបែបណាព្រោះពិធីតម្រូវមកបែបហ្នឹង។
“ឆ្នាំរោង ខែមាឃគសិ អាយុ៣០ឆ្នាំ” ដ្បិតតែអាយុទើប៣០តែអ្នកខ្លះ អាយុប៉ុនគ្នាដែរគេមានកូនរាប់តៅមានដល់ចៅទៀត ចំណែកសេដ្ឋីនី ៣០ដែរតែអត់កូនដូច្នេះក៏កើតជាទុក្ខកង្វល់មួយផ្នែកដែរ។
យាយទិព្វឥតនិយាយអ្វីទេ បិទភ្នែកបន្តសូត្រសិល្ប៍អីក៏មិនដឹងជីប អូចៗរួចក៏បញ្ជាឱ្យសេដ្ឋីដេកសណ្ដូកជើងទៅទិសខាងកើត បន្តសូត្រ រង៉ូវៗចុងក្រោយទើបស្ដីសួរថា÷
“ចង់បានកូនប្រុសឬកូនស្រី?”
“កូនប្រុស” លោកសេដ្ឋីឆ្លើយយ៉ាងលឿនពេលបានឮដូច្នេះ។
“មានក្មេងច្រើនណាស់អង្គុយតម្រង់ជួរចាំចង់ចាប់កំណើតជាមួយលោកសេដ្ឋី” យាយទិព្វនិយាយព្រមទាំងចង្អុលទៅជញ្ជាំងកន្លែង ដែលទទេស្អាតគ្មានឃើញអ្វីក្រៅពីជញ្ជាំងផ្ទះបាំងដោយស្បូវ។
“ចង់បានកូនប្រុសអ្នកគ្រូ” សេដ្ឋីនីផ្ទួនពាក្យបញ្ជាក់។ យាយទិព្វបន្ត សូត្រផ្លុំហើយដាក់ដៃសង្កត់ពីលើពោះសេដ្ឋីនីមួយសន្ទុះរួចទើបឈប់ហើយបើកភ្នែក។
“រួចហើយ” ចប់សម្ដីយាយទិព្វក៏ទាញកន្ថោមកស្ដោះម្លូចេញពីមាត់រួច ញុកថ្នាំខ្លាំងបន្ថែមមួយដុំទៀត។
“បើប្រពន្ធខ្ញុំពិតជាមានកូនមែន ខ្ញុំនឹងជូនសាគុណអ្នកគ្រូម្ដងទៀត ប្រាប់មើល៎អ្នកគ្រូចង់បានអ្វី?” លោកសេដ្ឋីពោរពេញដោយស្នាម ញញឹមសប្បាយចិត្តជាពន់ពេកនឹកភ្នក់ថានឹងបានបុត្រដូចបំណងប្រាថ្នាហើយពេលនេះ។
“មិនចង់បានអីទេ កូននេះជាតង្វាយខ្ញុំថ្វាយលោកសេដ្ឋី” ស្ដីហើយ យាយទិព្វក៏ហុចរូបក្រមួនចងព័ទ្ធដោយអំបោះសជាច្រើនជុំហុចឱ្យ សេដ្ឋីនីដោយប្រាប់ថា÷
“យកទៅទុកក្នុងបន្ទប់ យប់នេះត្រូវបើកទ្វារនិងបង្អួចចំហចោលទាំង អស់”
“ចាស៎” សេដ្ឋីនីទទួលមកកាន់ហើយទាញកន្សែងមកខ្ចប់យ៉ាងល្អ។ ក្រោយពីសួរនាំរួចអស់ហើយសេដ្ឋីទាំងពីរក៏ប្រញាប់លាយាយទិព្វ ត្រលប់ស្រូតមកវិញឱ្យបានមុនព្រះអាទិត្យលិចព្រោះផ្លូវឆ្ងាយគួរសម។ ក្រោយពីប្រាវព្រាវសេដ្ឋីចេញទៅអស់យាយទិព្វក៏ចាប់សូត្រផ្លុំជា ថ្មីម្ដងទៀតញាប់មាត់ត្របាញ់ សូត្រចប់ក៏និយាយខ្សឹបៗតែម្នាក់ឯង។
“អញរកកន្លែងឱ្យឯងនៅហើយ អញជាអ្នកផ្ដល់កន្លែង អញជាម្ចាស់ ឯង អញជាមេឯង ត្រូវស្ដាប់អញ” យាយទិព្វបើកត្រឡាប់ខ្មៅនិល មួយឃើញមានក្រណាត់សមួយផ្ទាំងតូចចារអក្សរបាលីពេញរុំពីលើ អ្វីម្យ៉ាងដែលក្រៀមកំពិត មើលឱ្យជិតទំនងតែជា…
កូនក្រក!!
ស្ដីតែម្នាក់ឯងហើយក៏សើចយ៉ាងរីករាយហាក់ដូចជាយាយម្នាក់នេះ មិនមែនជាមនុស្សមានបំណងល្អទេ គាត់លាក់ពុត ពិបាកនឹងទាយ ណាមួយក៏មិនមែនមនុស្សធម្មតា ចេះអាបធ្មប់ពេញខ្លួន ការមករក គាត់ឱ្យជួយដូច្នេះមិនមែនជាកិច្ចដ៏ប្រសើរឡើយ។
ម៉ោង៨:៤៥នាទីយប់
ផ្ទះលោកសេដ្ឋី
រាងយប់ណាស់ដែរទម្រាំនឹងរទេះលោកសេដ្ឋីបរមកដល់ផ្ទះវិញ។ បាវបម្រើផ្សេងទៀតញាប់ដៃជើងចេញមកទទួលចៅហ្វាយនាយ ឡើងទៅផ្ទះធំដោយមានត្រៀមម្ហូបអាហារនិងទឹកត្រជាក់ចាំរួចជាស្រេច។
ទម្រាំនឹងស្រស់ស្រូបអាហារជម្រះកាយារួចក៏ចង់ពាក់កណ្ដាលអធ្រាត្រទៅហើយ។ ម្ចាស់ផ្ទះបានបញ្ជាឱ្យបើកទ្វារផ្ទះចំហចោលគ្រប់ កន្លែងរួមទាំងបង្អួចផងដែរតាមអ្វីដែលយាយទិព្វបានផ្ដាំ។ លោក សេដ្ឋីដោយហេតុថាហត់នឿយនិងអស់កម្លាំងពេកគ្រាន់តែក្បាល ដល់ខ្នើយក៏លក់ភ្លឹងលែងដឹងអី សល់តែភរិយាដែលកំពុងរៀបចំទុក ដាក់រូបក្រមូនយាយទិព្វក្រោយកញ្ចក់ មិនទាន់ចូលសម្រាក ណាមួយនាងប្រកាន់ខ្ជាប់ នូវពាក្យម្ដាយផ្ដាំថា “ខ្លួនជាស្រីចូរគួរគប្បី ចូលដេកក្រោយប្ដីតែ ស្រស់មាសថ្លៃគប្បីភ្ញាក់ឱ្យបានមុន” ជាទម្លាប់ មួយសម្រាប់នាង។
ពេលដែលនួនរៀបនឹងចូលដេកហើយនោះក៏ស្រាប់តែធ្លាក់ខ្យល់មួយវឹបបោកទ្វារបង្អួចឱ្យទង្គិចគ្នាសូរតែផាំងៗលាន់ឮឱ្យរណ្ដំ។ នួនស្រី ក្រោកចុះពីលើគ្រែដើរទៅទាញបង្អួចបិទដើម្បីកុំឱ្យឮសំឡេងរំខាន ដល់ស្វាមី។ ងាកទៅមើលស្រីបម្រើវិញដេកលក់ស្កប់ដូចខ្មោចងាប់ ឃើញតែចលនាដង្ហើមផើតផតដែលបញ្ជាក់ថាពួកគេលង់លក់ជ្រៅ ចូលក្នុងស្បៃនិទ្រ្ទាហើយ។ នួនប្រះខ្លួនត្រលប់មករកគ្រែវិញរៀបនឹង ដាក់ខ្លួនដេកហើយ រំពេចនោះនាងក៏ស្រាប់តែឮសំឡេងអ្វីម្យ៉ាង។
ហ៊ិៗ~
សូរកូនក្មេងសើចរសាត់មកប៉ះសោតវិញ្ញាណរបស់នួនស្រីធ្វើឱ្យនាងប្រញាប់ក្រោកអង្គុយហើយសម្លឹងមើលចេញទៅក្រៅតាមរយៈទ្វារដែលចំហចោល។ ស្រមោលខ្មៅកំពុងរត់ចុះឡើងនៅខាងក្រៅ ស្រាប់តែប្រាកដរូបឡើង។ សេដ្ឋីនីជ្រួញចិញ្ចើមសញ្ជឹងគិតថាអាចជា ក្មេងមកពីណាដែលរត់លេងលើផ្ទះថ្មើរនេះនោះ? ជាកូនបាវបម្រើក៏ មិនសមណានឹងមករត់រញ៉េរញ៉ៃកណ្ដាលអធ្រាត្រអ៊ីចឹងដែរ។
ដោយឆ្ងល់ពេកសេដ្ឋីនីក៏បោះជំហានយឺតៗប្រកបដោយចរិយាប្រពៃ ចេញទៅក្រៅតាមសម្លឹងរកមើលក្មេងនោះ ប៉ុន្តែពេលដែលនួនចេញ ទៅដល់ក្រៅក៏ស្រាប់តែ…
បាត់ក្មេង!!
មិនឃើញមាននរណារត់លេងទេ សំឡេងសើចកក្អឹកនោះក៏បាត់ទៅដែរខាងក្រៅស្ងាត់ជ្រងំមានតែភ្លើងចន្លុះបំភ្លឺ ឯបាវបម្រើដែលដេកចាំ ប្រតិបត្តិពេលយប់ព្រលប់លើផ្ទះក៏ដេកលក់ស្ងាត់ឈឹងហាក់ដូចគ្មាននរណាដឹងឬបានឮសំឡេងអ្វីទាំងអស់។
សេដ្ឋីនីដកដង្ហើមធំមួយឃូសបោសវាសភាពរវើរវាយចេញព្រោះ យល់ថាខ្លួនឯងអាចស្រមៃឃើញអ្វីប្លែកៗ។ ដោយមិនឃើញមានអ្វី នួនក៏បែរខ្លួនត្រលប់ចូលមកក្នុងបន្ទប់វិញនឹងអាលបានសម្រាកមិនទាន់ទាំងដល់ផងក៏ស្រាប់តែ…
ហ៊ិៗ~
ម្ដងនេះមិនមែនត្រឹមតែជាសំឡេងក្មេងសើចទេថែមទាំងឮសំឡេងរត់ស្នូរជើងរន្ថាន់កាត់មួយឆ្វាប់ពីក្រោយខ្នងនួនទៀតផង។
ខ្វាប់!!
សេដ្ឋីនីងាកខ្វាប់ទៅរកប្រភពសំឡេងតែក៏ឃើញត្រឹមភាពទទេស្អាត! បេះដូងនួនចាប់ផ្ដើមលោតញាប់រន្ថាន់សឹងនឹងផ្ទុះចេញមកក្រៅ ខួរក្បាលនាងប្រាប់ថាមិនស្រួលទេត្រូវប្រញាប់ចូលទៅក្នុងវិញជា បន្ទាន់។
“អ្នកម៉ែ!”
ខណៈពេលដែលសេដ្ឋីនីបែរខ្លួនបម្រុងនឹងចូលទៅក្នុងបន្ទប់វិញ សំឡេងហៅល្វើយៗពីកាំជណ្ដើរដែលនៅចម្ងាយជាងប្រាំម៉ែត្រក៏បន្លឺឡើង។ សំឡេងស្រួយស្រេសទំនងជាកូនក្មេង ហៅមួយវើសធ្វើ ឱ្យសេដ្ឋីនីទច់ដំណើរហើយសញ្ជឹងគិត។ នាងគ្មានកូនទេ! ចុះសំលេងហៅ “អ្នកម៉ែ” មុននេះជាសំឡេងអ្នកណា?
“អ្នកម៉ែ!” សំឡេងនោះបន្លឺឡើងម្ដងទៀតចេញពីកន្លែងដដែល គឺនៅ ក្រោយខ្នងសេដ្ឋីនីត្រង់កាំជណ្ដើរ តែវាប្ដូរពីល្វើយៗមកជាបន្ទាន់វិញ ម្ដងហាក់ដូចជាប្រញាប់និងចង់ឱ្យនាងឆ្លើយដោយខានមិនបាន។
ហ្វឹប!!
“…” ទម្រាំនឹងសេដ្ឋីនីដាច់ចិត្តងាកក្រោយសម្លឹងទៅមើលក្រោយខ្នង ។
គឺជាក្មេងប្រុសពិតមែន! កុមារាម្នាក់ទំនងជាអាយុប្រាំឆ្នាំកំពុងឈរ លើកាំជណ្ដើរសម្លឹងមើលមកសេដ្ឋីនីកាត់ទីងងឹតឥតដកក្រសែភ្នែក ព្រមជាមួយនឹងស្នាមញញឹមខ្ជឹប តែវាញញឹមយ៉ាងព្រហើន។ នួនស្រី ហាក់ភាន់ភាំងនឹងអ្វីដែលខ្លួនបានឃើញ ក្មេងគ្មានប្រភពមិនដឹងជា មកពីណា ឡើងមកលើផ្ទះឈរញញឹមក្នុងទឹកមុខព្រហើនហើយនៅ ហ៊ានហៅនាងថាអ្នកម៉ែទៀត។
“ឯងជាអ្នកណា?” សេដ្ឋីនីស្រែកសួរពីចម្ងាយដោយមិនចូលទៅជិត គេឡើយព្រោះទោះជាត្រឹមជាកូនក្មេងតែក៏មិនដឹងថាវាមានបំណងអ្វីឱ្យប្រាកដ។
“អ្នកម៉ែ!” មើលកាន់តែជិតទើបដឹងថាកែវភ្នែកក្មេងនេះមានស្នាមដក់ ខ្មៅដូចមនុស្សអត់ងងុយ វាបន្តហៅសេដ្ឋីនីថាអ្នកម៉ែជាលើកទី៣មុន នឹងសើចកក្អឹកហើយសម្លឹងមើលមកសេដ្ឋីនីយ៉ាងព្រហើន។
“យើងមិនមែនជាអ្នកម៉ែឯងទេ!” នួនស្រីបដិសេធហើយក៏ប្រែជាស្រឡាំងកាំងពេលបានឃើញផ្ទាល់ភ្នែកថាក្មេងចម្លែកនោះបានបាត់ខ្លួនទៅហើយ។ ស្រស់ៗខ្លាំងណាស់! សុខៗក៏បាត់ទៅដែលធ្វើឱ្យសេដ្ឋី នីប្រាកដក្នុងចិត្តហើយថាក្មេងមុននេះមិនមែនមនុស្សទេ តែជា…
ខ្មោច!!
នួនភ័យញ័រចំប្រប់ មិនរងចាំយូរក៏រហ័សបែរខ្លួនត្រលប់បម្រុងចូល បន្ទប់វិញព្រោះខាងក្រៅមិនស្រួលខ្លាំង រំពេចនោះក៏ស្រាប់តែវ៉ាក់ អឺនឹងក្មេងចម្លែកនោះមកឈរ កៀកបង្កើយនឹងមុខនាងព្រមទាំង គ្រហឹមខ្លាំងៗថា÷
“ខ្ញុំជាកូនអ្នកម៉ែ!”
“អ្ហា៎!!!”
សេដ្ឋីនីខ្ទប់មុខស្រែកអស់សំឡេងព្រោះរន្ធត់នឹងផ្ទៃមុខដ៏គួរឱ្យខ្លាច របស់វាពេក ស្នាមញញឹមនិងការសម្លឹងដ៏ព្រហើននោះលងបន្លាច ឱ្យនួនស្រីបាក់ស្បាតនិងខ្លាចរអាគ្មានពាក្យនឹងស្ដី។
“នួន! នួន! ភ្ញាក់ឡើង!”
“លោកបង!” នួនបើកភ្នែកទាំងញើសជោកខ្លួនសម្លឹងមើលទៅសេដ្ឋី ប៊ុននិងស្រីបម្រើពីរបីនាក់ទៀតដែលកំពុងរត់ចូលមកមើលព្រោះបានឮសម្រែករបស់ម្ចាស់ខ្លួន។
តាមពិតទៅមុននេះគ្រាន់តែជាសុបិន វាមិនមែនជាការពិតទេ!
“យល់សប្ដិអាក្រក់?” លោកសេដ្ឋីសួរព្រមទាំងលើកដៃវែកសក់ភរិយាដែលធ្លាក់រប៉ាត់រប៉ាយមកសៀតនិងត្រចៀកហើយអង្អែលដៃនាងថ្នមៗជាការលួងលោម។
“…” នួនមិនតបសម្ដីទេនាងញញឹមស្ងួតជាចម្លើយខណៈដែលដក ដង្ហើមធំមួយឃូសបន្ធូរភាពតានតឹងចេញពីក្នុងទ្រូង។
“គ្រាន់តែជាសុបិនទេអូន កុំគិតច្រើន!” លោកសេដ្ឋីព្យាយាមលូង លោមដោយទាញភរិយាមកឱបជាប់ទ្រូងឱ្យនាងបាត់ភ័យ។ បានមួយសន្ទុះក្រោយពីឃើញថានួនល្អប្រសើរហើយសេដ្ឋីប៊ុនក៏ប្រះ ខ្លូនដេកម្ដងទៀត។ នួនក៏ទម្រេតខ្លួនទៅតាមប្ដីដែរតែរំពេចនោះ កន្ទុយភ្នែករបស់នាងក៏ងាកទៅឃើញបង្អួចដែលបើកចំហចោលពីក្បាលព្រលប់ពេលនេះបែរជា… បិទជិតឈឹង! វាដូចជាក្នុងសុបិន ដែលនាងជាអ្នកដើរទៅបិទវាដូច្នោះឯង។
ព្រឹកនេះក្នុងផ្ទះលោកសេដ្ឋីដូចជារាងចលចលបន្តិចព្រោះលោកសេដ្ឋីត្រូវចេញទៅមើលជំនួញនៅស្រុកឆ្ងាយ អាចទំនងជាពីរអាទិត្យឬក៏ លើសហ្នឹង។ សេដ្ឋីនីរៀបចំសព្វគ្រប់ប្រដាប់ប្រដាជូនប្ដីដោយឥតខ្វះ ចន្លោះត្រង់ណាឡើយ ក្នុងទ្រូងបន់ផ្សងសូមឱ្យប្ដីបានសុខសប្បាយ តាមផ្លូវជៀសផុតគ្រោះចង្រៃយ៍ទាំងពួង។
“សូមធ្វើដំណើរដោយសុវត្ថិភាព”
“បងនឹងឆាប់មកវិញ”
គូស្វាមីភរិយាលាគ្នាទាំងអាល័យហាក់ដូចជាការព្រាត់ស្លាប់រស់ ព្រាត់ដែលមិនអាចបានជួបគ្នាវិញ។ សេដ្ឋីនីឈរសម្លឹងមើលរទេះ ស្វាមីដែលបរចេញទៅរហូតផុតពីភ្នែក ភាវនាសូមឱ្យប្ដីបានសុខ។
គ្រាន់តែលោកសេដ្ឋីចេញទៅផុត មេឃក៏ចាប់បង្អុរភ្លៀងមកខ្ពោកៗ ខ្យល់បោកបក់បាក់ដើមឈើរលំបន្តកន្ទុយគ្នា លើមេឃាមានពន្លឺឆ្វាយ ឆ្វាត់ព្រមជាមួយផ្គរដូចសូរសម្រែកយក្ស។ រន្ទះបាញ់ផូងផាំងផ្ទួនៗ គ្នា ធ្វើឱ្យគ្មានអ្នកណាហ៊ានអើតក្បាលចេញពីផ្ទះក្រៅពីសំងំហើយ លើកដៃបួងសួងសូមបញ្ជៀសព្យុះកាចចង្រៃយ៍នេះចេញឆ្ងាយ។
ភ្លៀងតាំងពីព្រលឹមរហូតមកទល់ក្បាលព្រលប់វិញរកតែអាឃ្លៀច ចេញស៊ីស្មៅអីមិនបាន។ ងាកមកសេដ្ឋីនីឯណេះវិញបាយមិនបាន ទឹក មិនស្រេកទេ នឹកបារម្ភតែពីសុខទុក្ខប្ដីដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ប៉ះព្យុះភ្លៀង។ នួនស្រីស្រវាផាហ៊ុមមកដណ្ដប់ហើយសំដៅបន្ទប់ព្រះ មកដល់ក៏ទាញធូបអុជភាវនាបួងសូង។
“សូមទេវតានិងវត្ថុស័ក្តិសិទ្ធិតាមតែរក្សាប្ដីខ្ញុំព្រះករុណាផង”
ក្រោយពីអង្គុយស្នឹងស្មាតក្នុងបន្ទប់ព្រះអស់មួយស្របក់សេដ្ឋីនីក៏ត្រលប់មកវិញ។ មេឃនៅតែបង្អុរភ្លៀងឥតដាច់គ្រប់តែរាងស្បើងជាង ពីថ្ងៃ ក្នុងផ្ទះទោះជាអុជភ្លើងបំភ្លឺក៏នៅតែមានអារម្មណ៍ថាងងឹត។
ហ៊ិៗ~
សំឡេងក្មេងសើចបានរសាត់មកប៉ះសោតវិញ្ញាណរបស់នួនជាថ្មីម្ដងទៀត។ បេះដូងសេដ្ឋីនីចាប់កន្រ្តាក់ញាប់រន្ថាន់កាលបើនឹកឃើញទៅ ដល់សុបិនចម្លែក ណាមួយស្ថានភាពពេលនេះគឺដូចក្នុងសុបិននោះ ខ្លាំងណាស់។
ហ៊ិៗ~
ហ្វឹប!!
មិនត្រឹមតែសំឡេងសើចទេថែមមានស្រមោលខ្មៅរត់កាត់ពីក្រោយខ្នងសេដ្ឋីនីមួយហ្វឹបទៀតផង។ នួនស្រីភ័យញ័រដៃទទ្រើក ចិត្តចេះតែ នឹកគិតទៅដល់សុបិន ខ្លាចថានឹងបានឃើញអ្វីចម្លែកៗ។
ខ្វាប់!!
ចុងក្រោយសេដ្ឋីនីក៏ដាច់ចិត្តងាកទៅមើលក្រោយខ្នងដើម្បីឱ្យប្រាកដ ថាជាអ្វី តែពេលបែរទៅក៏ឃើញតែភាពទទេស្អាតនិងងងឹតឈឹងចាក់ ភ្នែកមិនយល់។
ហ៊ិៗ~
ខ្វាប់!!
វាដូចជារឿងលេងសើច សំឡេងនោះតែងតែបន្លឺពីក្រោយខ្នងសេដ្ឋីនី ប៉ុន្តែរាល់ពេលដែលនាងបែរខ្លួនទៅមើលក៏មិនឃើញមានអ្វី តែវាក៏ ចាប់បន្លឺជាថ្មីម្ដងទៀតនៅក្រោយខ្នងនាងដដែល វិលចុះវិលឡើងម្ដង ហើយម្ដងទៀតរហូតដល់សេដ្ឋីនីហត់នឿយហើយប្រញាប់បោះជំហានសំដៅបន្ទប់ដេកយ៉ាងលឿន។
ក្រឹប!
នួនស្រីបិទទ្វារសៀតគន្លឹះទាំងញើសហូរជោកខ្លួន។ នាងផ្អែកខ្នង នឹងទ្វារដោយភាពហត់នឿយ ប្រឹងសម្រួលខ្យល់ដង្ហើមឱ្យធម្មតាវិញ ហើយដើរចូលទៅរកគ្រែដែលមានទម្លាក់វាំងននបាំង។
“ហ្អឹសៗ” សំឡេងសើចគ្រហឹមក្នុងបំពង់កបង្អាក់ដៃសេដ្ឋីនីដែល បម្រុងនឹងទាញវាំងននឱ្យឈប់ស្ងៀមធ្មឹងហើយប្ដូរមកជាញ័រទទ្រើត។
“…” ញើសចាប់ប្រាកដរូបរាងឡើងជាថ្មីម្ដងទៀតលើផ្ទៃមុខនួនស្រី ហើយបន្តស្រក់ចុះលើផាហ៊ុមមួយតក់ហើយមួយតក់ទៀត។
“ហ្អឹសៗ” សូរសំឡេងសើចយ៉ាងគគ្លើនបន្តបន្លឺឡើងចេញពីក្រោយ វាំងននច្បាស់ៗនិងខ្លាំងជាងមុនដំណាលគ្នានឹងរូបខ្មៅនិលរបស់ នរណាម្នាក់ប្រាកដឡើងពីក្រោយវាំងននស្ដើង។
“ជ… ជួយ!” សេដ្ឋីនីបន្លឺសំឡេងបានតែប៉ុណ្ណឹងក៏ទន់ជើងអុកគូទលើក្ដាសួរទឹសព្រោះភ័យពេក។
ភឹប!!
ទៀននិងចង្កៀងនៅក្នុងបន្ទប់ក៏ស្រាប់តែរលត់ឆឹបទាំងគ្មានខ្យល់បក់ ចូលធ្វើឱ្យបន្ទប់ទាំងមូលងងឹតឈឹង យកពន្លឺផ្លេកបន្ទោរព្រាកៗជា យាន ជាស្ពានបង្ហាញផ្លូវ។
ឆ្វាប់!!
ពន្លឺមួយព្រាកជះចាំងចូលមកបង្ហាញឱ្យឃើញរាងកាយនរណាក៏មិនដឹងប្រាកដរូបកាន់តែច្បាស់ពីក្រោយវាំងនន ពីតូចទៅជាធំនិងកាន់ តែធំទៅៗរហូតដល់ច័លក្បាលលើដំបូល។
“ជួយ… ជួយផង!” សេដ្ឋីនីប្រឹងរំកិលខ្លួនថយក្រោយដំណាលគ្នានឹង ស្រមោលខ្មៅនោះលេចមុខឡើងជាក្មេងប្រុសដែលនួនធ្លាប់ឃើញ ក្នុងសុបិនតែពេលនេះវាធំណាស់។ ក្មេងនោះនៅតែបន្តញញឹម យ៉ាងព្រហើនមកកាន់សេដ្ឋីនីព្រមទាំងនិយាយដដែលៗថា÷
“អ្នកម៉ែ!” ថាហើយវាក៏ហោះលឿនស្លេវចូលមកក្នុងពោះសេដ្ឋីនីធ្វើ ឱ្យនាងភ័យស្លន់ស្រែកមួយទំហឹងក។
“អ្ហា៎!!!”
ទោះជាមេឃភ្លៀងនិងផ្គរខ្លាំងប៉ុណ្ណាក៏មិនអាចបាំងបិទសំឡេងស្រែកដ៏ខ្ទរខ្ទារបស់សេដ្ឋីនីបានដែរ។ ឮដូច្នេះបាវព្រាវក្នុងផ្ទះក៏នាំគ្នាស្ទុះ ទម្លុះទ្វារចូលមករកចៅហ្វាយឃើញនាងសន្លប់ស្ដូកស្ដឹងបាត់មាត់ បាត់ក។
“ទៅហៅពេទ្យហ្លូងមក!” ម៉ែឃនដែលត្រូវជាមនុស្សចាស់ជាងគេ និងជាមេដោះមើលថែលោកសេដ្ឋីតាំងពីតូចរហ័សស្រែកដេញបាវ ប្រុសៗឱ្យទៅរកពេទ្យហ្លួងទាំងភ្លៀងសស្រាក់ព្រោះតែម្ចាស់ខ្លួនដួលស្ដូកលែងឮមាត់ក។
ក្រោយពីអញ្ជើញពេទ្យមកមើលព្យាបាលរួចហើយពេទ្យក៏ស្រាប់តែញញឹមហាក់ដូចជាមានដំណឹងល្អប្រាប់ ទាំងដែលគ្រប់គ្នាព្រួយបារម្ភ ពីសុខទុក្ខចៅហ្វាយដេកមិនលក់បក់មិនល្ហើយ។
“យ៉ាងម៉េចដែរ?” ម៉ែឃនសួរខណៈដែលយកកំណាត់មកជូតទឹកម្លូ ចេញពីមាត់។ ពេទ្យញញឹមខ្ជឹបជាសញ្ញាថាកុំបារម្ភមុននឹងតប÷
“សេដ្ឋីនីមានគត៌៣សប្ដាហ៍ហើយ!”
ក្នុងផ្ទះទាំងមូលពោរពេញដោយភាពរីករាយកាលបើបានឮដូច្នេះ ចុងក្រោយបំណងប្រាថ្នាចង់បានបុត្ររបស់សេដ្ឋីទាំងពីរក៏បានសម្រេច។ ម្នាក់ៗរីករាយខ្លាំងណាស់ប្លែកអីតែសេដ្ឋីនីដែលហាក់ ដូចជាមិនសប្បាយចិត្តទាល់តែសោះចំពោះដំណឹងនេះ។
អួក!!!
កន្លងមកជាងមួយខែ ពេលនេះសេដ្ឋីនីមានគត៌បានជិតពីរខែ ក៏ចាប់ផ្ដើមចាញ់ខ្លាំងទន់ដៃទន់ជើង។ បើនិយាយពីសេដ្ឋីប៊ុន វិញតាំងពីចេញទៅមើលការងារក៏បាត់ដំណឹងសូន្យឈឹងអស់រយៈ ពេលពីខែហើយ ចាត់កូនចៅឱ្យទៅតាមក៏បាត់ស្ងាត់ជាមួយគ្នា យូរ ទៅក៏កាន់តែស្ងាត់ទៅ មិនដឹងថាស្វាមីរសាត់ទៅដល់កំហែងណា។
គ្រឿងនំនែកបាយម្ហូប ស្វាយខ្ចី អំពិល ម្កាក់ ជូរជ្រេញសមនឹងស្រ្ដី ចាញ់កូនត្រូវបានរៀបចំជាច្រើនត្រៀបត្រាតែអ្នកជាអនាគតម្ដាយ បែរជាមិនដិតមាត់សូម្បីបន្តិច។ នួនដឹងខ្លួនឯងច្បាស់ថាកំណើតកូន នាងគឺចម្លែក នាងមិនបានចាញ់ចង់ហូបគ្រឿងម្ជូរដូចស្រ្ដីដទៃឡើយ តែនាងចង់…
គ្រឹប!!
នួនបិទទ្វារទាំងត្រហេបត្រហបដោយមិនបរិភោគបាយម្ហូបសូម្បីមួយម៉ាត់ ប្រាប់ថាចង់នៅម្នាក់ឯង។ មកដល់ក្នុងបន្ទប់ក៏ចាប់កកូរកកាយ រកទៀន ធូប និងខ្សែអំបោះឆៅមកកាន់គ្រែ។ នាងលេបទឹកមាត់ ដោយក្ដីស្រេកឃ្លានហើយយកទៀនមកខាំទំពារយ៉ាងឆ្ងាញ់ពិសា។ បេះកម្ទេចធូបមកបរិភោគហើយយកអំបោះឆៅមកជញ្ជក់លិឍរហូតមុតអណ្ដាតចេញឈាមក្រហមឆ្អៅ។
គឺវាបែបហ្នឹងឯង! កំណើតកូននួនគឺមិនដូចកំណើតកូនដទៃទេ នាង ចាញ់កូនហើយឃ្លានតែរបស់ចម្លែក តើមានអ្នកណាខ្លះចាញ់កូនចង់ ហូបទៀន ធូប និងខ្សែអំបោះឆៅបែបនេះនោះ? រឿងចម្លែកមិនមែន តែប៉ុណ្ណឹងទេ វាលើសហ្នឹងទៀតគឺនៅពេលដែល…
ក្រាក!!!
សេដ្ឋីនីបើកទ្វារដោយថ្នមដៃជាទីបំផុតសន្សឹមៗដើរលបៗចេញពីបន្ទប់ដោយមិនឱ្យនរណាម្នាក់ដឹង។ នាងគ្របក្បាលដោយផាហ៊ុមចុះពី លើផ្ទះទាំងកណ្ដាលអធ្រាត្រក្នុងដៃកាន់ចង្កៀងប្រេងគ្រាន់បំភ្លឺផ្លូវ។ មកដល់ក្រោមផ្ទះងងឹតឈឹង នួនស្រីសម្លឹងឆ្វេងស្ដាំដោយកាយវិការ មានពិរុទ្ធសំដៅទ្រុងគោនៅជិតផ្ទះអ្នកបម្រើ។ នៅទីនោះមានមេគោ ដែលកំពុងឈឺពោះប្រុងនឹងកើតកូន។ សេដ្ឋីនីឃើញថាគ្មានមនុស្សក៏ លបៗចូលក្នុងទ្រុងគោអង្គុយចាំរហូតដល់មេគោបែកទឺកភ្លោះហើយកើតកូនចេញមក។
នួនស្រីដោយក្ដីស្រេកឃ្លានចូលទៅលិឍឈាមដែលជាប់លើកូនគោ ដូចពពួកអមនុស្សដោយគ្មានខ្ពើមរអើមអ្វីបន្តិចសោះ លិឍហើយ លិឍទៀតរហូតដល់អស់ ចុងក្រោយនាងក៏ខាំទាញទងសុកកូន គោស៊ីទាំងដែលវាមិនទាន់រឹងដៃរឹងជើងល្អ ប្រៀបដូចសេដ្ឋីនីពេល នេះជា…
អាប!!
“សេដ្ឋី… នី!” ម៉ែឃនធ្លាក់ចង្កៀងពីដៃកាលបើតាមមកទាន់ឃើញនឹង ភ្នែកថាសេដ្ឋីនីពេលនេះកំពុងលិឍឈាមសត្វយ៉ាងគួរឱ្យខ្ពើមនិងមើលទៅនាងដូចជាមិនមែនមនុស្សទាល់តែសោះ។
“…” នួនឥតវាចារអ្វីឡើយ នាងឈប់លិឍឈាមហើយងាកទៅ មើលម៉ែឃនដែលកំពុងភិតភ័យដោយក្រសែភ្នែកនឹងធឹង ធម្មតា គ្មានអារម្មណ៍អ្វីទាំងអស់ទាំងដែលមាត់ប្រឡាក់ឈាមជោក។
“គុណព្រះជួយ!” ស្រែកបានតែប៉ុណ្ណេះម៉ែឃនក៏រត់ត្រលប់ទៅផ្ទះធំ វិញទាំងខ្លួនញ័រទទ្រើត ខណៈដែលសេដ្ឋីនីតាមសម្លឹងមើលគាត់មិន ដកភ្នែក។
“ហ្អឹះៗ!” នួនស្រីសើចគ្រហឹមក្នុងបំពង់កតិចៗព្រមជាមួយនឹងស្នាម ញញឹមព្រហើនបន្តលិឍឈាមយ៉ាងសប្បាយដៃដោយឥតខ្វល់អ្វីឡើយ។
ព្រឹកឡើងព័ត៌មានដែលថាម៉ែឃនស្លាប់ក៏បន្លឺឡើងទ្រហឹងអឺងកងពេញផ្ទះ។ គ្រប់គ្នាមានការសោកស្ដាយជាខ្លាំងពេលបានដឹងដំណឹង នេះប៉ុន្តែវាមិនស្មើនឹងភាពខ្លាចរអារដោយសារតែម៉ែឃនមិនបានស្លាប់ធម្មតា។
សពគាត់ត្រូវបានរកឃើញនៅក្រោយផ្ទះក្បែរដើរជ្រៃ។ គ្រឿងក្នុងពោះវៀននពោះតាំងត្រូវបានហែកចេញមកក្រៅអស់ទាក់តាមមែកជ្រៃ ឱ្យប្រតាក ស្នាមខ្ទាតឈាតប្រឡាក់ពេញគល់គ្រៃ សភាពសពគាត់ សមតែត្រូវសត្វសាហាវហែកស៊ីឬក៏ជាស្នាដៃព្រាយបិសាចព្រោះមនុស្សក្នុងផ្ទះគ្មាននរណាមានកំហឹងខឹងស្អប់ ឬក៏ឃោឃៅដល់ថ្នាក់នេះ ដែរ។
សេដ្ឋីនីសំងំនៅក្នុងបន្ទប់អង្គុយសិតសក់មុខកញ្ចក់មើលមុខខ្លួនឯងឆ្លាស់នឹងពោះដែលទើបតែបានជាង៣ខែទេតែទំហំធំប៉ុនកូនអាយុ៦ទៅ៧ខែដែរ ថែមទាំងកម្រើកទៀតផង។
“…” នួនយកដៃស្ទាបពោះដែលកម្រើកឥតឈប់សឹងនឹងធ្លាយ ហាក់ ដូចជាមានទារកដ៏ខ្លាំងក្លាកំពុងទធាក់ជើងចង់ទម្លាយពោះនាងមកក្រៅ។ នាងដឹងដល់ភាពមិនប្រក្រតីរបស់ខ្លួនឯង ជាពិសេសគឺកូន នេះព្រោះតាំងពីនាងពពោះវាមក នាងតែងតែមានអារម្មណ៍រវើរវាយ ពេលខ្លះក៏ធ្វើអ្វីទាំងមិនដឹងខ្លួន។
“អ្ហា៎!” សេដ្ឋីនីស្រែកកាលដែលត្រូវកូនទធាក់ខ្លាំងធ្វើឱ្យឈឺចុកចាប់។
“ឱ្យខ្ញុំចេញទៅអ្នកម៉ែ!” រំពេចនោះក៏ស្រាប់តែមានសំឡេងចេញពី ក្នុងពោះរបស់នាងធ្វើឱ្យសេដ្ឋីនីភ្ញាក់សឹងធ្លាក់ពីលើកៅអី។
“មិ… មិនអាចទេ!” នាងគ្រវីក្បាលសម្លឹងមើលពោះខ្លួនឯងទាំងទឹក ភ្នែកព្រោះខ្លាចនឹងភាពចម្លែកដែលចេះតែកើតឡើងមកលើនាងផ្ទួនៗ ឥតឈប់ឈរបែបនេះ។
“កូនចង់ចេញក្រៅហើយអ្នកម៉ែ!” សំឡេងចេះតែបន្លឺឡើងម្ដងហើយ ម្ដងទៀតទទួចសុំចេញពីក្នុងពោះនាងទាំងដែលវានៅជាទារកនៅឡើយ ទើបនឹងបាន៣ខែ តែចេះធាក់ ហើយថែមទាំងអាចនិយាយបាន ទៀត តើមិនចម្លែកទេ?
“ឯងជាអ្នកណា?” ទោះជាខ្លាចប៉ុណ្ណាក៏ត្រូវតែជំនះយកឈ្នះវាឱ្យបាន ពេលនេះសេដ្ឋីនីដឹងហើយថាក្នុងពោះនាងមិនមែនជាក្មេងធម្មតាទេ តែវាជាបិសាច។
“កូនជាកូនអ្នកម៉ែ!”
“ឯងមិនមែនកូនយើងទេ! ឯងជាបិសាច!” នួនប្រកែកទាំងដង្ហក់ ខ្យល់ដង្ហើម។
“កូនជាកូនអ្នកម៉ែ!”
“ចេញទៅ! ចេញពីពោះយើងទៅ!” សេដ្ឋីនីស្រែកដេញដោយយក ដៃគោះពោះខ្លួនឯងឥតឈប់ក្នុងបំណងដេញក្មេងបិសាចនេះចេញពី ខ្លួននាង នាងមិនចង់បានបិសាចធ្វើជាកូនទេ។
“សេដ្ឋីនី! សេដ្ឋីនី!” នាងអនស្រីបម្រើស្ទុះចូលមកមើលកាលបើបាន ឮសំឡេងស្រែករបស់ចៅហ្វាយ។ នាងភ្ញាក់ព្រើតពេលបានឃើញ ថា នៅមុខកញ្ចក់មានក្មេងប្រុសអាយុប្រហែល៥ឆ្នាំម្នាក់ គ្មានភ្នែក គ្មានច្រមុះ មានតែមាត់ដែលកំពុងញញឹមយ៉ាងព្រហើមមកកាន់ នាង។
“ខ… ខ្មោច!” ស្រែកបានតែប៉ុណ្ណេះនាងក៏ដួលតូងសន្លប់បាត់មាត់ ផ្អើលអស់ស្រីបម្រើផ្សេងទៀតរត់មកមើលហើយជួយសែងនាង ចេញទៅបាត់។
នាងអនដេកឈឺគ្រុនញញាក់ញញ័រខណៈដែលខ្មោចម៉ែឃនកំពុងដឹកទៅវត្តធ្វើបុណ្យតាមប្រពៃណីដោយសេដ្ឋីនីយកលេសមិនស្រួលខ្លួនមិនបានទៅចូលរួមទេ។
ក្រោយពីបូជាម៉ែឃនហើយមេឃក៏ចាប់ធ្លាក់ភ្លៀងមកមួយមេយ៉ាងធំរហូតដល់ក្បាលព្រលប់ទើបឈប់។ នាងអនដេកគ្រុនញ័រខ្លួនរណ្ដំ ថ្គាមតែម្នាក់ឯងឯមាត់ក៏រំពៃទន្ទេញតែពាក្យថាខ្មោច។
ក្រាក!!
រំពេចនោះទ្វារបន្ទប់ក៏របើកឡើងលេចចេញពន្លឺភ្លើងចង្កៀងផ្លុងៗដើរចូលមកតាមដោយរាងស្ដើងរបស់នរណាម្នាក់ គ្របក្បាលដោយផា ហ៊ុម បោះជំហានចូលមកក្នុងកាន់តែជិតទៅៗបង្ហាញឱ្យឃើញថា ជា…
“សេដ្ឋីនី?” នាងអនឧទានដោយភាពតក់ស្លុតខ្លាចរហូតសឹងលេច នោមដាក់ខោ។
“…” សេដ្ឋីនីមិនមាត់កអ្វីទេ! ឈរសម្លឹងមើលនាងអនមិនដកភ្នែក មួយសន្ទុះក៏ដើរត្រលប់ទៅវិញបាត់ ឬកពារចម្លែកៗ។
មកដល់លើផ្ទះចូលបន្ទប់ផ្ដួលខ្លួនដេក នួនហាក់រសាប់រស់ជាខ្លាំង។ នាងឈឺអស់សព្វទាំងប្រាណ ជាពិសេសគឺឆ្អឹងខ្នងហាក់ដូចជាជិត បាក់ដោយភាពវេទនា។ សេដ្ឋីនីប្រាស់ខ្លួនចុះឡើងមានអារម្មណ៍ រមូលពេញពោះ វេទនាជាខ្លាំង។
“ឆាប់ទៅអ្នកម៉ែ… កូនឃ្លាន!” សំឡេងចេញពីក្នុងពោះធ្វើឱ្យសេដ្ឋីនី ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន… គឺវាទៀតហើយ… វាកំពុងប្រាប់ឱ្យ នាងចេញទៅរកចំណីនាពេលរាត្រីទៀតហើយ បើមិនទៅទេនាងក៏ នឹងត្រូវទ្រាំឈឺចុកចាប់បែបនេះ។
“យើងមិនទៅទេ!”
“ឃ្លានឈាម! ឃ្លានសាច់ស្រស់!”
ដោយទ្រាំទ្រនឹងការឈឺចាប់មិនបាន ចុងក្រោយនួនក៏ទាញផាហ៊ុម មក ទទូរហើយចេញទៅរកសាច់ស្រស់តាមតម្រូវការរបស់កូនបិ សាចនោះ។ នៅខាងក្រៅមេឃត្រជាក់ នួនលិឍមាត់លិឍកចេញ ទៅរក ចាប់កង្កែបស៊ីតែចាប់មិនបានសោះក៏ត្រលប់មកចាប់មាន់ក្នុង ទ្រុងវិញម្ដង។
សំឡេងមាន់ស្រែកធ្វើឱ្យនាយខាំដែលមានតួនាទីចិញ្ចឹមមាន់ ភ្ញាក់ពី ដំណេកឈួលភ្លើងមកមើល។ សេដ្ឋីនីដែលទើបចាប់មាន់ស៊ីបានពីរ កាលបើឃើញនាយខាំមកក៏រហ័សបោះមាន់ចោលហើយទាញផាហ៊ុមមកគ្របក្បាលក្នុងបំណងដើរគេច។
“អ្នកណា? ឯងមករកអី?” នាយខាំស្រែកសួរពីក្រោយខ្នងសេដ្ឋីនី។ នួនមិនហ៊ានបែរមុខមកទេ ប្រឹងយកដៃជូតឈាមចេញពីមាត់កុំឱ្យគេ ចាប់សង្ស័យ។

“ម្ដេចមិនឆ្លើយ?” នាយខាំស្រែកសម្លុត។
“គឺយើង!” សេដ្ឋីនីឆ្លើយដោយដៀងភ្នែកបន្តិចទៅរកកូនចៅ។ នាយ ខាំកាលបើឃើញដូច្នេះក៏រហ័សឱនលំទោនភ្លាមព្រោះដឹងខ្លួនថាមុននេះជ្រុលនិយាយសម្ដីធំដាក់ម្ចាស់ខ្លួន។
“សេដ្ឋីនី? សូមអភ័យទោសទានម្ចាស់!”
“ទៅដេកទៅ!” វាចារតែប៉ុណ្ណេះនួនក៏បោះជំហានត្រលប់ទៅផ្ទះធំវិញ ភ្លាមដោយមិនអង្អង់មួយនាទីណាឡើយ។ មកដល់ក៏ប្រញាប់លាងមុខលាងមាត់ហើយចូលដេកទាំងកាយវិការមានពិរុទ្ធ។
ដំណឹងនៃការស្លាប់យ៉ាងសាហាវរបស់នាងអនក៏ចាប់កក្រើកជាថ្មីទាំងដែលរឿងម៉ែឃនមិនទាន់ស្ងាត់ស្រួលបួលផង។ នាងអនស្លាប់ម្នាក់ ទៀតហើយសភាពសពដូចម៉ែឃនអ៊ីចឹងឯង។ ខ្មោចនាងត្រូវបានរក ឃើញនៅគល់ដើមជ្រៃ គ្រឿងក្នុងត្រូវកាយចេញក្រៅទាក់តាមមែក ឈើរណេងរណោង មើលសភាពទៅទំនងតែត្រូវសត្វសាហាវវាយ ប្រហារឬក៏ត្រូវបិសាចណាមួយសម្លាប់ មិនសមណាមនុស្សអាចធ្វើ ដូច្នោះទេ។
មិនតែប៉ុណ្ណោះមាន់ចិញ្ចឹមនៅក្នុងផ្ទះក៏ឃើញថាមានស្លាប់ដោយត្រូវ គេខាំស៊ី ហើយប្រាកដណាស់ថារឿងនេះគឺគេសង្ស័យលើម្ចាស់ផ្ទះ ជាងគេព្រោះនាយខាំបានជួបសេដ្ឋីនីកាលពីយប់។ តែទោះជាយ៉ាង ណាក៏មិនហ៊ានចោទចៅហ្វាយខ្លួនឯងដែរ។
“មុនស្លាប់នាងអនប្រាប់ខ្ញុំថាបានឃើញខ្មោចនៅក្នុងបន្ទប់សេដ្ឋីនី ហើយយប់មិញវាក៏ប្រាប់ថែមដែរថាសេដ្ឋីនីបានទៅរកវា ឈរសម្លឹង មិនមាត់កអ្វីមួយសន្ទុះក៏ចេញមកវិញ” នាងអ៊ីដែលត្រូវជាបងប្អូនជា មួយនាងអនរៀបរាប់ទាំងទឹកភ្នែក កំព្រាម្ដាយឪពុកហើយឥឡូវបង ប្អូនស្លាប់ចោលទៀត។
“ពិតមែនហ្អេ៎នាងអ៊ី? កាលពីយប់មិញខ្ញុំក៏បានឃើញសេដ្ឋីនីធ្វើខ្លួន រលឹបរលនៅឯរោងមាន់ដែរ” នាយខាំមិនសូវជាហ៊ានប៉ុន្មានទេ និយាយនេះមិនមែនគាំទ្រឱ្យសង្ស័យចៅហ្វាយឡើយតែក៏អត់គិត មិនបានពិតមែនព្រោះ តាំងពីសេដ្ឋីនីមានកូនមកនាងក៏មានឬកពារប្លែកៗ។
ព្រលប់មិនទាន់ម្នាក់ៗនាំគ្នាបិទទ្វារចូលដេកស្ងាត់អស់ ខ្លះខ្លាចគ្របភួយជិតឈឹងមិនហ៊ានពន្លត់ភ្លើងឡើយដោយសារមួយរយៈក្រោយនេះចេះតែមានរឿងចម្លែកៗ។ នាយខំមើលរៀនចំមាន់ទាដាក់ទ្រុង រួចសព្វគ្រប់ហើយក៏ប្រញាប់ត្រលប់មកកន្លែងដេកវិញ។
“អាខាំ!” នៅតាមផ្លូវនាយក៏បានឮសំឡេងហៅល្វើយៗពីក្រោយ ខ្នង នាយទច់ដំណើរងក់ហើយងាកសម្លឹងកាត់ទីងងឹតចាក់ភ្នែកមិន យល់ឃើញថាជាស្រមោលស្ទង់ៗរបស់នរណាម្នាក់ឈរចម្ងាយ ប្រហែលពីរម៉ែត្រ។
“អាខាំ!” នាយជ្រឹមភ្នែក បើស្ដាប់តាមតែសំឡេងហៅនេះទំនងតែ ជា…
“ម៉ែឃន?” សួរព្រមទាំងដើរទៅជិតព្រោះម៉ែចាស់មិនដឹងជាចុះមក ធ្វើអីទាំងយប់ព្រលប់បែបនេះ។
“ម៉ែឃនមានការអី?”
“អាខាំ!”
“ម៉ែ…” សម្ដីទាំងប៉ុន្មានត្រូវបានលេបចូលទៅក្នុងបំពង់កវិញពេល នាយនឹកឃើញថាម៉ែឃនបានស្លាប់អស់២ថ្ងៃហើយ ចុះម៉ែឃនដែល កំពុងនិយាយជាមួយគេនេះ… ជាអ្នកណា? ឬក៏ជា…
ខ្មោច!!
“អាខាំ!” ម៉ែឃនពោលពាក្យដដែលៗខណៈដែលកែវភ្នែកគាត់ប្រែ ជាក្រហមភ្លឺ ញោចស្នាមញញឹមព្រហើនមើលមកនាយខាំមិនដក ភ្នែកប្រៀបដូចជាចចកត្រៀមវាយប្រហារចំណី។
“ជ… ជួយ!”
ដំណាលគ្នានេះនៅឯបន្ទប់នាងអ៊ីឯណេះវិញ នាងកំពុងក្រាលមុង ភួយរៀបនឹងចូលដេកទៅហើយក៏ស្រាប់តែបានឮសំឡេងអ្វីម្យ៉ាង អន្ទោលហៅនាងពីក្រៅបន្ទប់។
“បងអ៊ី!”
“អ្នកណា?” នាងអ៊ីស្រែកសួរទាំងភាពភ័យខ្លាច ស្ដាប់តាមសំឡេងទំ នងតែជានាងអន ប៉ុន្តែនាងអន… បានស្លាប់ហើយ!!
“គឺខ្ញុំ!” ម្ដងនេះច្បាស់ៗតែម្ដង! ប្រាកដជាខ្មោចនាងអនមកលង បន្លាចឬក៏អាចមកពីនាងមិនទាន់ដឹងខ្លូនថាស្លាប់ទើបវិលវល់។
“ឯងស្លាប់ហើយអន! កុំមកលងបងអី!” នាងអ៊ីញ័រទទ្រើតទាញភួយ មកគ្របជិតឈឹងប្រឹងសំងំភាវនាសូត្រព្រះធម៌ព្រោះខ្លាចពេក។
“បើកទ្វារឱ្យខ្ញុំចូលផងបងអ៊ី! ខ្ញុំរងារណាស់! ហ៊ឺៗ” ឮសំឡេងយំ ល្វើយៗរបស់ប្អូនហើយធ្វើឱ្យនាងអ៊ីមិនដាច់ចិត្តហើយក៏សម្រេចចិត្តដើរទៅបើកទ្វាតព្រោះទោះជានាងអនជាខ្មោចក៏មិនគួរណានាងមកកាច់បងប្អូនឯងដែរ។
ក្រាក!!
ទ្វារបើកបង្ហាញឱ្យឃើញនាងអនកំពុងឈរយំឱនមុខជ្រប់ លុះបាន ឃើញបងបើកទ្វារដូច្នេះនាងក៏ងើបមុខឡើងបង្ហាញកែវភ្នែកជាំខ្មៅ ដែលពេលនេះប្រែជាក្រហមភ្លឺចែងចាំ សើចកក្អឹកយ៉ាងគគ្លើនដោយ ទឹកមុខព្រហើន។
“ហ្អឹះៗ!”
“នាងអន! ជ… ជួយ!!” ត្រឹមមួយប៉ព្រិចភ្នែកខ្មោចនាងអនក៏ហក់មក ច្របាច់.កនាងអ៊ីសម្លាប់ចោលតែម្ដង។
ព្រឹកថ្ងៃថ្មី
ផ្ទះលោកសេដ្ឋីពេលនេះចលាចលខ្លាំងណាស់ពេលបានរកឃើញ ខ្មោចនាងអ៊ីនិងនាយខាំក្រោមដើមជ្រៃសភាពស្លាប់ដូចអ្នកមុនៗដែរ។ បាវបម្រើខ្លះបាននាំគ្នាសុំឈប់បម្រើ អ្នកខ្លះជំពាក់បុលសេដ្ឋីច្រើន គ្មានសមត្ថភាពសងក៏បានត្រឹមយំយែកស្រែកអង្វរសុំឱ្យសេដ្ឋីនីដោះលែងពួកគេដោយខ្លួនមិនចង់ធ្វើការនៅទីនេះទៀតទេ ព្រោះមិនដឹង ថាអ្នកស្លាប់បន្ទាប់ជាអ្នកណា ឬក៏អាចនឹងស្លាប់រង្គាលបន្តគ្នាជា រឿយៗរហូតដល់អស់ក៏ថាបាន។
សេដ្ឋីប៊ុនបាត់ដំណឹងសូន្យឈឹង ងាកមកមើលសេដ្ឋីនីវិញមិនចេញពី បន្ទប់សោះឡើយ តែបែរជាឃើញចេញពេលយប់ដែលធ្វើឱ្យមនុស្ស ក្នុងផ្ទះសង្ស័យខ្លាំង មានកូនចិត្តគិតថាចៅហ្វាយខ្លួនជាបិសាច។
“កូនចង់ចេញក្រៅហើយអ្នកម៉ែ!” សេដ្ឋីនីស្មឹងស្មាតសម្រក់ទឹកភ្នែក នាងរអៀសចិត្តខ្លាំងណាស់ពេលដឹងថារឿងអាក្រក់ទាំងអស់បណ្ដាលមកពីនាង។ កូនក្នុងពោះនាងជាបិសាច វាគ្រប់គ្រងនាង វាបញ្ជា នាងគ្រប់បែបយ៉ាង វាជាអ្នកសម្លាប់មនុស្សគ្រប់គ្នានៅក្នុងផ្ទះ អ្នកណាក៏ដោយឱ្យតែដឹងអាថ៌កំបាំងដែលនាងចេញស៊ីគម្រង់និង សត្វមានជីវិត អ្នកនោះនឹងត្រូវស្លាប់យ៉ាងវេទនាក្លាយជាខ្មោចតាយហោងយាមដើមជ្រៃ។ រាល់យប់ដែលសេដ្ឋីនីសម្លឹងតាមបង្អួចនាង តែងតែបានឃើញពួកគេ ឈរត្រៀមត្រាក្រោមដើមជ្រៃសម្លឹងមើល មកនាងដោយទឹកមុខព្រហើន គុំគួននិងចងអាឃាត។
“កូនចង់ចេញហើយអ្នកម៉ែ!” ក្មេងនរកនោះនៅតែទទួចសុំឥតឈប់ ធ្វើឱ្យសេដ្ឋីនីពិបាកចិត្តជាខ្លាំង ចុងក្រោយទើបដាច់ចិត្តសួរ÷
“ធ្វើយ៉ាងណាទើបយកឯងចេញបានមុនខែ?”
“យាយទិព្វ!”
សេដ្ឋីនីដូចបានទៀនបំភ្លឺផ្លូវ នាងបុកពោះអរភើតកាលបើបានឮដូច្នេះ ។ ប្រាកដណាស់! យាយទិព្វពិតជាអាចជួយនាងបានជាមិនខាន ព្រោះកូននេះនាងជាអ្នកសុំពីយាយទិព្វ គាត់អាចឱ្យនាងបានគាត់ក៏ ប្រាកដជាអាចយកទៅវិញបានដូចគ្នា។
គិតដូច្នេះហើយសេដ្ឋីនីក៏ចាត់បាវបម្រើឱ្យត្រៀមរទេះគោទាំងថ្ងៃជូនខ្លួនទៅរកយាយទិព្វទាំងថ្ងៃយ៉ាងតក់ក្រហល់។ ដំណើរផ្លូវឆ្ងាយទម្រ នឹងដល់ក៏យប់ម៉ោងជាង៩ទៅហើយ។ ក្នុងខ្ទមយាយទិព្វងងឹតឈឹង ទេ! មិនងងឹតទាំងស្រុងទេ! គួរនិយាថាមានតែពន្លឺទៀនផ្លុងៗតែប៉ុន ណោះឯង។
នួនស្រីមិនរងចាំយូរឡើយ ប្រញាប់ឡើងទៅលើខ្ទបឃើញយាយ ទិព្វកំពុងអង្គុយស្មឹងស្មាតមុខអសនៈមិនមាត់កអ្វីឡើយ។ សេដ្ឋីនីថ្នម ជើងសន្សឹមៗរំកិលខ្លួនទៅជិតយាយយ៉ាងស្ងៀមស្ងាត់មិនហ៊ានរំខានគាត់សមាធិ។
“មកវិញហើយអ្ហេ៎?” យាយទិព្វសួរទាំងមិនបើកភ្នែកហាក់ដូចជាគាត់ ដឹងច្បាស់ថាសេដ្ឋីនីប្រាកដជាត្រលប់មកវិញជាមិនខាន។
“លោកយាយដឹង?” នួនមិនតបទេតែសួរបកទៅវិញ។
“ហ្អឹះៗ” យាយទិព្វសើចកក្អឹកក្នុងបំពង់កជាការចំអក តើមានអ្នកណា ខ្លះជឿថាគាត់មិនដឹងអ្វីនោះ។
“ជាល្បិចរបស់លោកយាយមែនទេ?” សេដ្ឋីនីហាក់ភ្ញាក់ខ្លួនព្រឺត ភ្ញាក់ដូចគេដាស់ពីសុបិនអាក្រក់ ពេលនេះនាងយល់ហើយ រឿង ចម្លែកៗកើតឡើងជាបន្តបន្ទាប់ក្រោយពីពេលដែលនាងមករកគាត់ សូម្បីតែកូនបិសាចនេះក៏ជាស្នាដៃគាត់ដែរ។
“សេដ្ឋីនីមកសុំកូន ឥឡូវបានកូនហើយតើ” យាយទិព្វបើកភ្នែកសម្លក់ ត្លែមកកាន់នួនធ្វើឱ្យមាណវីហាក់ខ្លាចមួយរំពេចព្រោះទឹកមុខគាត់ពិតជាគគ្លើនហើយព្រហើនឌឺខ្លាំងណាស់។
“យកវាវិញទៅ! ខ្ញុំលែងចង់បានហើយ…” នួនស្រីរលីងរលោងទឹក ភ្នែកប្ដូរសម្ដីមកជាការអង្វរកជំនួសវិញ។ នាងហត់នឿយនឹងរឿង ទាំងអស់នេះណាស់! នាងលែងចង់បន្តវាហើយ កូននេះបើទោះជា កើតមកក៏មិនដឹងថាកើតជាមនុស្សម្នានឹងគេដែរឬយ៉ាងណាឡើយ។
“សេដ្ឋីនីឱ្យខ្ញុំ?” យាយទិព្វសង្កត់សំឡេងសួរ។
“ចាស៎! ខ្ញុំឱ្យលោកយាយវិញ! ធ្វើយ៉ាងណាក៏បានយកកូននេះចេញ ទៅ”
“ចប់នេះម៉ោង១២អធ្រាត្រ ទើបចាប់ផ្ដើមពិធីបាន”
យប់កណ្ដាលអធ្រាត្រ
ចុងក្រោយវេលាក៏មកដល់! យាយទិព្វសូត្រមន្តវិធីជាច្រើនលើក ច្រើនសារតាំងពីមុនផ្ដើមពិធីរហូតដល់ពិធីចាប់ផ្ដើម។ គាត់បានបញ្ជា ឱ្យសេដ្ឋីនីដេកសណ្ដូកជើងទៅទិសខាងកើតហើយឱ្យនាងបិទភ្នែក ភាវនាតាមអ្វីដែលគាត់ប្រាប់ និងឱ្យនាងបន្តភាវនាជាប់រហូត។ រំពេច ដែលសេដ្ឋីនីភ្លេចខ្លួន យាយទិព្វក៏ដកកាំបិតពណ៌ខ្មៅនិលមួយមក រោលភ្លើងរហូតឡើងខ្មៅហើយក៏…
ជ្រឹប!!
“អ្ហា៎!!” សេដ្ឋីនីស្រែកភ្លាត់សំឡេងបើកភ្នែកក្រឡោតកាលបើត្រូវ យាយគ្រូចាក់មួយកាំបិត វះបណ្ដោយពោះដ៏ធំសណ្ដូកប៉ុនអ្នកមាន ផ្ទៃពោះ៦-៧ខែ។ ឈាមហូរសស្រាក់ដក់ដូចទឹកបឹង យាយទិព្វឥត ញញើតអ្វីឡើយ លូករូងទៅទាញទារកដែលមានអាយុប្រមាណ៣ ខែ តែធំប៉ុនក្មេង៧ខែ ចេញមកក្រៅសើចកក្អឹកក្នុងបំពង់កមុននឹង និយាយ៖
“អញចិញ្ចឹមឯង! អញផ្ដល់កំណើតឱ្យឯង! អញជាមេឯង! ទោះជា មានជីវិតតែឯងក៏នៅជាបរិវារបស់យើងដដែរ” ថាចប់យាយទិព្វក៏ ចាប់ផ្ដើមកាត់ទងសុកទារកចេញពីម្ដាយដែលដេកស្លាប់ក្នុងថ្លុកឈាមបើកភ្នែកក្រឡោត។
យាយទិព្វជូតឈាមសម្អាតចេញពីទារកហើយយកក្រណាត់មករុំ យ៉ាងស្អាតបាតមុននឹងបីចុះពីលើខ្ទមស្រែកប្រាប់ទៅបាវបម្រើដែលនៅចាំខាងក្រៅ។
“សេដ្ឋីនីប្រសូតបានកូនប្រុសហើយក៏ផុតដង្ហើមស្លាប់បាត់ហើយ”
សពសេដ្ឋីនីត្រូវបានបាវបម្រើយកទៅកប់តាមបញ្ជាយាយទិព្វដោយគ្នានអ្នកណាដឹងទេថាសេដ្ឋីនីស្លាប់ព្រោះអី។ ក្រោយមកយាយទិព្វក៏ បញ្ជាឱ្យកូនចៅលោកសេដ្ឋីដឹកគាត់ជាមួយទារកដែលជាទាយាទស្នងមរតរបស់លោកសេដ្ឋីត្រលប់ទៅវិញ។
ទម្រាំមកដល់ផ្ទះវិញក៏ព្រឹកព្រលឹមតែម្ដង។ ក្នុងផ្ទះលោកសេដ្ឋីពេល នេះហ្វឹកវរខ្លាំងណាស់ព្រោះទើបតែបានរកឃើញខ្មោចបាវបម្រើចំនួន៦នាក់ត្រូវបានស្លាប់ព្យួរកតាមមែកដើមជ្រៃក្រោយផ្ទះ។ ពួកគេគឺជា ទាសករដែលព្យាយាមរត់គេចសុំដកខ្លួនមិននៅបម្រើលោកសេដ្ឋីបន្តទៀត ចុងក្រោយក៏ត្រូវស្លាប់ដែលហាក់ដូចជាសារគំរាមថាអ្នកណា ហ៊ានគេចចេញពីផ្ទះនេះនឹងត្រូវបញ្ចប់ដោយ…
សេចក្ដីស្លាប់!!
មិនតែប៉ុណ្ណោះដំណឹងដែលថាសេដ្ឋីនីស្លាប់និងលេចចេញយាយទិព្វ ព្រមជាមួយទារកដែលអះអាងថាជាកូនសេដ្ឋីនីដែលត្រូវជាទាយាទ ស្នងត្រកូលក៏ល្បីកក្រើកពេញស្រុកភូមិដោយគ្មាននរណាជឿទេថា ក្មេងនោះជាកូនសេដ្ឋីនីព្រោះវាមិនអាចទៅរួច។ សេដ្ឋីនីនួនទើបតែ ពពោះបានមិនដល់៤ខែផងតែម្ដេចក៏អាចសម្រាលកូនបាន ហើយ ថែមទាំងជាទារកដែលរឹងមាំល្អដូចកើតគ្រប់ខែទៀតផង ដែលវាជា រឿងមិនអាចទៅរួចទាល់តែសោះ។
ភាពចលាចលក្នុងភូមិស្រុកក៏កើតមានឡើង! អ្នកភូមិជឿថាកូនសេដ្ឋី នីប្រាកដជាពួកអាបធ្មប់ជាមិនខានដូច្នេះទើបពួកគេបះបោរមកតវ៉ាចង់សម្លាប់ទារកនេះចោលដើម្បីសុខសុវត្ថិភាពក្នុងភូមិ។
ថ្លែងពីសេដ្ឋីប៊ុនដែលបាត់មុខរាប់ខែរាប់ឆ្នាំក៏ស្រាប់តែត្រលប់មកវិញដោយគ្មានអ្នកណាដឹងទេថាគាត់បាត់ទៅណារយៈពេលជាច្រើនខែ នេះ។ លុះបានដឹងថាភរិយាស្លាប់ បាវបម្រើក្នុងផ្ទះក៏ជួបរឿង ចម្លែកស្លាប់ជិតអស់ទៀត សល់តិចតួចចង់តែដកខ្លួនចេញ គ្មាននរណាចង់រស់នៅជាមួយគាត់ទៀតទេ ពេលនេះសល់ តែកូនប្រុសម្នាក់គត់ប៉ុណ្ណោះជាទីពឹងចុងក្រោយ តែបែរជាត្រូវ ចោទថាជាអាបធ្មប់នាំចង្រៃយ៍ទៀតធ្វើឱ្យលោកសេដ្ឋីខឹងក្រោធខ្លាំងណាស់ ទាញកាំភ្លើងបាញ់លើវេហាស៍ផូងៗជាច្រើនគ្រាប់គំរាម ថាអ្នកណាហ៊ានជំទាស់នឹងបានធ្លាយក្បាលហើយ។
អ្នកភូមិមិនស្ងប់ឡើយ ពួកគេមិនសុខចិត្តនឹងរឿងនេះទេ រងចាំរហូត លោកសេដ្ឋីមិននៅផ្ទះក៏នាំគ្នាចូលទៅលួចកូនប្រុសរបស់គាត់បម្រុង នឹងសម្លាប់ចោលហើយតែត្រូវលោកសេដ្ឋីត្រលប់មកវិញទាន់ហើយ ទាញកាំភ្លើងបាញ់ទម្លុះក្បាលបុរសពីរនាក់ធ្លាយឈាមស្លាប់នឹងកន្លែង។ អ្នកភូមិផ្សេងទៀតខ្លះរត់ ខ្លះអង្គុយយំឱបក្បាលជង្គង់ញ័រខ្លួន ទទ្រើត ខ្លាចខ្មោចព្រាយតែក៏មិនខ្លាចខ្លាំងដូចកាំភ្លើងលោកសេដ្ឋី លែងមាត់កអ្វីហើយត្រលប់មកផ្ទះវិញទាំងព្រលឹងចុងសក់។
នៅក្នុងបន្ទប់សម្រាកដ៏ស្ងាត់ជ្រងំដែលមានតែលោកសេដ្ឋី ទារក គ្មានឈ្មោះនិងយាយទិព្វ យើងឃើញថាលោកសេដ្ឋីដូចជាមាន ឬកពារចម្លែកៗ។ គាត់ដើរទៅយកក្រមូនដែលនួនយកទៅទុក ក្រោយកញ្ចក់មកឱ្យយាយទិព្វទាំងកាយវិកាភ្លឹកៗដូចមនុស្សគ្មានវិញ្ញាណ រងចាំស្ដាប់បញ្ជាយាយទិព្វ។
“ឯងមានតួនាទីថែរក្សាទាយាទលោកសេដ្ឋីឱ្យល្អ”
“បាទ!”
“ហ្អឹះៗ” យាយទិព្វសើចកក្អឹកងាកសម្លឹងទៅគៀនបន្ទប់ឃើញសេដ្ឋីនី លោកសេដ្ឋីប៊ុននិងម៉ែឃនកំពុងឈរស្ងៀមធ្មឹងដោយកែវភ្នែកសស្លែតគ្មានប្រស្រី ហាក់ដូចអាពួកគេជា…
វិញ្ញាណ!!
បានឃើញមុខលោកសេដ្ឋីយាយទិព្វក៏សើចលើសដើមនឹកទៅដល់ថ្ងៃដែលលោកសេដ្ឋីចេញពីផ្ទះ។ យប់នោះគាត់បានបញ្ជូនបរិវារ ឱ្យទៅតាមសម្លាប់លោកសេដ្ឋីកណ្ដាលព្រៃចោលខ្មោចឱ្យសត្វ ចចកស៊ីព្រមទាំងសង្កត់វិញ្ញាណលោកជាប់ទុកធ្វើជាបរិវារដូចជាអ្នកផ្សេងទៀតដែរ។
បើលោកសេដ្ឋីអនិច្ចកម្មហើយ ចុះសេដ្ឋីដែលគ្រប់គ្នាឃើញនេះជាអ្នក ណា?
យាយទិព្វសើចកក្អឹកនឹកទៅដល់ពេលដំបូងដែលសេដ្ឋីទាំងពីរទៅសុំ ជំនួយពីគាត់ ហើយគាត់ក៏ចងចាំសម្ដីមួយឃ្លាដែលគាត់បាននិយាយ ថា៖
“មិនចង់បានអ្វីទេ កូននេះជាតង្វាយខ្ញុំថ្វាយលោកសេដ្ឋី”
ទាយាទដែលបានមកដោយមិនត្រូវការការតបស្នង នាំតែភាពក្ដៅក្រហាយ និងអពមង្គល ចុងក្រោយគ្រួសារលោកសេដ្ឋីដែលធ្លាប់តែ ស្ងប់សុខក៏ត្រួវវិនាសសាបសូន្យ។
លើលោកនេះគ្មានរបស់ហ្រ្វីដែលបានមកដោយមិនមានការដោះដូរឡើយ!