និស្សិតពេទ្យឆ្នាំទី៤ – Meysansotheary
រឿង៖ និស្សិតពេទ្យឆ្នាំទី៤
នៅក្នុងបន្ទប់មន្ទីរពេទ្យមួយលោកដុកទ័រកំពុងជួយសម្រាលកូនឱ្យនារីម្នាក់។ អ្នកម្តាយវ័យក្មេង អង្គុយលើគ្រែសម្រាលកូនកំពុងស្រែកយ៉ាងខ្លាំងហាក់ដូចជាកំពុងប្រណាំងសំឡេងភ្លៀងអមជាមួយនឹង ផ្គររន្ទះនាយប់នោះដែរ។
នាងនៅបន្តស្រែកយ៉ាងខ្លាំង ស្រែករហូតដល់ភ្លាត់សំឡេង។​ បន្ទាប់មកនៅក្នុងបន្ទប់បានស្ងាត់បាត់អស់សំឡេងស្រែករបស់អ្នកម្តាយ​ជំនួសមកវិញនូវសំឡេងទារកយំ គ្រូពេទ្យលើកក្មេងឡើងថ្នមៗបំណងចង់បែរកូនប្រុស ឱ្យម្ដាយវាមើល ប៉ុន្តែពេលគ្រូពេទ្យងាកទៅរកម្តាយស្រាប់តែ…..ស្រាប់តែ…..។
«វាស់ហាស!» សំឡេងរបស់មិត្តរបស់ខ្ញុំសីហា វាស្រែកបន្លាចស្រីៗដែលអង្គុយស្តាប់វានិយាយរឿងខ្មោចឡើងចំហមាត់គ្រប់គ្នា។
ខ្ញុំឈ្មោះ«តុង»​អាយុ២២ឆ្នាំជានិសិត្សពេទ្យឆ្នាំទី៤នៃសកលវិទ្យាល័យវិជ្ជសាស្រ្តនិងសុខភិបាល។ សម្រាប់​ខ្ញុំអារឿងខ្មោចអីនេះគឺមិនដែលជឿសោះឡើយ ព្រោះគិតថាវាគ្រាន់តែជារូបភាពបំភាន់​ដែលកើត ចេញពីខួរក្បាលមនុស្សនៅ​ពេលដែល​គិតផ្តេសផ្តាសប៉ុណ្ណោះ។
ឆ្នាំនេះគឺជាឆ្នាំដែលពួកយើងទាំងអស់គ្នាត្រូវចុះយាមតាមមន្ទីរពេទ្យ ទើបម្នាក់ៗនាំគ្នានិយាយរឿងខ្មោចបន្លាចគ្នា បែបនេះ។
«នែ! អាតុង ឯងត្រូវចុះទៅមន្ទីរពេទ្យមួយណា?» សីហាសួរពេលពួកយើងកំពុងអង្គុយនូវទីធ្លាខាងក្រៅ។
«មន្ទីរពេទ្យមាតា នៅជាយក្រុង»​​ ខ្ញុំឆ្លើយធ្វើហី​ ប៉ុន្តែមិត្តបួនប្រាំអ្នក​ដែលអង្គុយនៅជិតហាក់ដូចជាភ្ញាក់ផ្អើល ខ្លាំងណាស់។
«មែន? ឯងមានដឹងរឿងដែលគេនិយាយពីកន្លែងនឹងអត់?» សីហាសួរត
«រឿងអីហា?»
«ឯងអត់ដឹងមែន? គឺរឿងវិញាណ ខ្មោច​លង​ដែលគេល្បីគ្រប់គ្នានោះអី»
«ស្មានតែរឿងអី ពេទ្យរដ្ធមួយណាក៏ល្បីថាមានខ្មោច​ដែរ​ ហើយឯងរៀនពេទ្យ​សោះ​ ជឿរឿងបែប​នឹង​ដែរ?» ខ្ញុំឌឺវាលេង
«បើមិនជឿកុំប្រមាថវ៉ើយ! ប្រុសស្អាតដូចឯងប្រយ័ត្នខ្មោចគិលានុបដ្ឋាយិកាចាប់រំលោភទៅហ្ហែង​ ហាហា»។
វាមិនឱ្យគេប្រមាថតែខ្លួនវាបែរជាយករឿងនឹង​មក​លេងសើច។
«អឺ! អញ​ខ្លាចតែមន្ទីរ​​​ពេទ្យឯងចុះទៅ មានខ្មោចចេកចាប់ឯងរំលោភផងក៏​មិន​ដឹង​»​ ឮហើយពួកយើងនាំគ្នាសើចឡើង​ទាំងអស់គ្នា​។
ខ្ញុំមានសង្សារម្នាក់ឈ្មោះ វត្តី។ ពួកយើងស្រលាញ់ណាស់​អស់រយៈពេលបីឆ្នាំហើយ នៅក្នុងសាលាអ្នកណា​ក៏ថាពួកយើងសមគ្នាដែរ។ ពួកយើងសំណាងណាស់បានចុះទៅមន្ទីរពេទ្យតែ មួយជាមួយគ្នា។
ថ្ងៃទី១…
ពួកយើងត្រូវទៅមន្ទីរពេទ្យហើយយាមនៅទីនោះមួយយប់ទល់ភ្លឺ នៅក្នុងឡានមានខ្ញុំ វត្តីនិងមិត្តរួមថ្នាក់ពីរនាក់ទៀតគឺ ហេង​ និងវាសនា។​ ហេងជាមនុស្សប្រុសចរិតស្រី ប៉ិន​ណាស់ខាងកំប្លែងធ្វើឱ្យគេសើច ឯតៃកុងឡានវាសនាវិញ គឺផ្ទុយគ្នាស្រឡះ ជាមនុស្សស្រីតែរឹងមាំមិនសូវចេះខ្លាចអ្វីទេ។​
«ហ្ហែងដឹងអត់ពួកយើង ពេទ្យយើងចុះទៅនឹងល្បីថាលងសាហាវៗណាស់​វ៉ីយ» ហេងនិយាយនៅលើឡាន។
«កុំទៅជឿច្រើនហេង ពេទ្យណាក៏គ្នាឮថាមានខ្មោចលងដែរ» វាសនាតប។
«គ្នាដូចខ្លាចណាស់ ត្រូវយាមយប់ផង តិចបានឃើញទៅ អ៊ួយ​​… លួសព្រលឹងអូនងាប់​ហើយ»
«ចុះបើខ្មោចប្រុសស្អាត លងឱ្យឃើញសាច់ដុំ៦កង់វិញគិតម៉េចវិញ?» វត្តីសូរហើយលួចញញឹមចុងមាត់
«អូយ!​ បើចឹងមែនអ្ហាម៉ាយប់លង១០ដង លងម៉ាដង១០ខ្មោច​ ក៏ទ្រាំបានដែរ ចា៎!!»​ ហេងតបធ្វើឱ្យពួក យើងទ្រាំមិនបានក៏សើចទាំងអស់គ្នា។
បើយោងតាមឯកសារវិញមន្ទីរពេទ្យមាតានេះជារបស់ឯកជនមួយរបស់លោកវិជ្ជបណ្ឌិតល្បីនិងជាគ្រួសារដែលមានគេស្គាល់ច្រើនក្នុងសង្គមម្នាក់ឈ្មោះ «ជ័យមេត្តា»​ វាបើកដំណើរការតាំងពីឆ្នាំ១៩៨០។ ដោយភាពចាស់ជរាគាត់បាន ផ្ទេរសិទ្ធគ្រប់គ្រងមន្ទីរពេទ្យទាំងមូល ទៅឱ្យកូនស្រីទោលនិងកូនប្រសារគាត់នៅឆ្នាំ២០០០។​
ប៉ុន្តែនៅចុងឆ្នាំ២០០៥មកវាត្រូវបានគេបិទ ដោយសារតែមានហេតុការណ៍ចម្លែកៗកើតឡើងចំពោះអ្នកជំងឺ គ្រូពេទ្យនិងអ្នកធ្វើការនៅទីនោះ​ជា​ច្រើន​អ្នក​។​
អ្នកខ្លះថានៅពេលយប់តែងតែមានសំឡេងមនុស្សស្រីយំចេញពីជាន់ខាងលើ។ អ្នកខ្លះទៀតថាឱ្យតែមានមនុស្ស​ស្រីណាមកសម្រាលកូននៅទីនោះគឺត្រូវស្លាប់ទាំងម្តាយនិងទារក ​និងហេតុការណ៍ជាក់ស្តែងជាច្រើនបាន កើតឡើងនៅ ឆ្នាំនោះគឺគិលានុបដ្ឋាយិកាក្មេងៗជាច្រើនបាន លោតសម្លាប់ខ្លួនដោយគ្នានមូលហេតុ។
១០ឆ្នាំក្រោយដោយសារតម្រូវការប្រជាជនទើបរដ្ធសម្រេចទិញយកអាគារមួយនេះមកធ្វើជាពេទ្យរដ្ធវិញ។ វាត្រូវបានបើកដំណើរការវិញ២ឆ្នាំហើយ។
ពួកយើងនិយាយគ្នាលេងលើឡានយ៉ាងសប្បាយរហូតដល់មន្ទីរពេទ្យ។  គ្រាន់តែចុះពីលើឡានភ្លាមខ្ញុំទទួល អារម្មណ៍ថាជុំវិញខ្លួនស្ងប់ស្ងាត់ណាស់ ​នៅជុំវិញទីនោះដូចជាមិនមានឃើញមានផ្ទះអ្នកភូមិ នៅសោះ។ មានតែមន្ទីពេទ្យធំមួយដែលមានអាគារខ្ពស់កម្ពស់៦ជាន់មួយប៉ុណ្ណោះ។
នៅកណ្តាលវាលដ៏ស្ងាត់ជ្រងំឮតែសំឡេងហីងយំបែបនេះ​ធ្វើឱ្យខ្ញុំឆ្ងល់ថាបើទីតាំង​វា​នៅឆ្ងាយហើយស្ងាត់យ៉ាងនេះ មានប្រជាជនឯណាធ្វើដំណើរមកមើលជំងឺកើតទៅ? ងាកមកមើលមន្ទីរពេទ្យវិញ ក៏ដូចជាទ្រុឌទ្រោមណាស់ទៅ​ហើយ​ ជាន់ខ្លះងងឹតស្លុប នឹងផ្នែកខ្លះទៀត​ឃើញមាន​បាំង​​ក្រណាត់​ពណ៌​បៃតង​ ដូច​ជា​កំពុង​ជួសជុលនៅឡើយ។
មើលតែពីខាងក្រៅគគ្រិច អាក្រក់មើលដូចនៅក្នុងរឿងរន្ធត់​បែបនេះទើបម្នាក់ល្បីថាមានខ្មោចលង។​ ពួកយើង ដើរចូលទៅតាមក្លោងទ្វារចូលដ៏ធំរបស់មន្ទីពេទ្យនោះ ពេលចូលដល់សាលធំទើប​ឃើញថា​ពិតជា​មានរបៀបរាបរយណាស់។ ទីកន្លែងធំទូលាយ បន្ទប់សម្រាករបស់អ្នកជំងឺ​ក៏មានច្រើន​ និងមានបែងចែកប្រភេទអ្នកជំងឺទៅតាមផ្នែកបានយ៉ាងល្អ។
សិស្សច្បងចាស់វស្សាម្នាក់ដើរមកប្រាប់ពីកាលវិភាគសម្រាប់ថ្ងៃនេះថាអ្នកណា​ត្រូវ​ទៅ​ផ្នែកណា​ និង​ត្រូវធ្វើអ្វីខ្លះ។ ពួកយើងស្តាប់គាត់បណ្តើរងាកមើលជុំវិញខ្លួនបណ្តើរខ្ញុំក្រឡេកទៅស្តាំដៃឃើញមានផ្ទាំងព័ត៌មានមួយដែលមានបិទរូបចាស់ៗរបស់អ្នកធ្វើការនៅទីនេះកាលពីដប់ឆ្នាំមុន។
ក្នុងនោះក៏មាននិមិត្តរូបរបស់ខ្ញុំមួយដែរគឺលោក ដុកទ័រ ហ៊្សេនណារ៉ាល់​ ពេទ្យដ៏សង្ហារមានសម្ថតភាពខ្ពស់និងជា សាស្រ្តាចារ្យគំរូដ៏ល្បីម្នាក់នៅក្នុងសាលា​ពេទ្យផងដែរ មិត្តរួមថ្នាក់ខ្ញុំឧស្សាហ៍ចំអន់ថាខ្ញុំដូចគាត់។​​ មិនមែនសរសើរខ្លួនឯទេ តែពេលខ្លះខ្ញុំពិតជាយល់ថាខ្ញុំដូចគាត់មែន។
គាត់ជាកូនប្រសារបស់លោកដុកទ័រជ័យមេត្តានិងជាប្រធានមន្ទីពេទ្យនេះនៅឆ្នាំនោះផងដែរ ​នៅសងខាងគាត់ មានសុទ្ធតែគិលានុបដ្ឋាយិកាស្អាតៗឈរអមហើយ​បញ្ចេញ​ស្នាម​ញញឹមយ៉ាង​ស្រស់។
យប់ឡើង….
ពួកយើងត្រូវបែងចែកផ្នែកគ្នាយាម ខ្ញុំត្រូវបានចាត់ឱ្យទៅផ្នែកបន្ទប់សម្រាលជាមួយសិស្សច្បងពីរអ្នកទៀត ដែលពួកគាត់តែងតែយាមនៅទីនោះ។​ ហេតុតែខ្ញុំជាមាន់ថ្មីមិនសូវយល់អ្វីច្រើនទើបយប់នោះត្រូវគេប្រើ ឡើងវិលក្បុងរកពេល​សម្រាក​មិន​បាន​ ណាមួយ​ជា​យប់​ដំបូង​ផង​ ពិត​ជា​ងងុយ​គេង​ខ្លាំង​ណាស់​។
«តុង! យកឯកសារទាំងនេះទៅកូពីត្រៀមទុកឱ្យលោកគ្រូពេទ្យធំ» សំឡេងសិស្សច្បងភ័ណនិយាយ​​ មិនទាំងមើលមុខខ្ញុំ។
«តែនៅនេះអត់មានម៉ាស៊ីនកូពីទេបង» ខ្ញុំតប។
«ទៅជាន់លើទៅ!» និយាយហើយគាត់ដើរចេញទៅបាត់ ជាន់លើទីប៉ុន្មាន បន្ទប់ណាក៏មិនប្រាប់ ខ្ញុំខំដើរសួរ គេទម្រាំ​ដឹង​បាន គឺនៅជាន់ទី៤។
ខ្ញុំឡើងទៅដល់គ្រប់បន្ទប់ស្ងាត់ឈឹងអគ្គិសនីក៏មិនគ្រប់គ្រាន់បន្ទប់ខ្លះឆ្លងភ្លើងភ្លឹបភ្លែតៗដូចគេថតកុនរឿង​រន្ធត់មុន​ពេល​ខ្មោច​រៀប​លង​អ៊ីចឹង។​ មានតែបន្ទប់កូពីនៅបន្ទប់កែង​ចុងគេនោះទេដែលភ្លឺច្បាស់​ជាង​គេ។
ខ្ញុំយកដៃរុញទ្វារច្រេះចាប់នោះឮសូរតែខ្វាកហើយបិទទៅ​វិញថ្នមៗ ពេលចូលទៅក្នុងស្រាប់តែឃើញស្រីម្នាក់កំពុង អង្គុយមើលឯកសារម្នាក់ឯងយ៉ាងស្ងៀមស្ងាត់​។
«សួស្តី!» ខ្ញុំនិយាយហើយមើលមុខគាត់ដូចជាប្រហែលមុខធ្លាប់ជូបនៅឯណាមិនដឹងទេ តែ​គាត់មិនបានងាក មករកខ្ញុំហើយក៏មិនបានឆ្លើយតបនឹងខ្ញុំវិញដែរ គិតតែបើកសន្លឹកឯកសារបន្ត។
ខ្ញុំខ្ចិលរវល់ច្រើនព្រោះគិត​ថាប្រហែលនេះជាទម្លាប់របស់​សិស្សច្បងនៅ​ក្នុងមន្ទីរពេទ្យនេះ​ហើយមើលទៅ​ដែល​មិនចូលចិត្តនិយាយរកអ្នកហាត់ការថ្មីដូចជាខ្ញុំ។
ខ្ញុំដើរទៅកាន់ម៉ាស៊ីនកូពីមើលចុះមើលឡើង​ជា​ជាច្រើនដង​មិនដឹងប្រើវាយ៉ាងម៉េចក៏ងាកទៅរក​សួរម្នាក់​ស្រីនោះតែនាងស្រាប់តែបាត់ពីកន្លែងនោះមិនដឹងទៅណាខ្ញុំខំក្រឡេកមើលជុំវិញបន្ទប់នោះសព្វអស់តែនៅតែមិនឃើញឬមួយក៏គាត់ដើរចេញទៅបាត់ហើយ?​​ តែហេតុអីបានជាទ្វារនោះ​គ្មានឮសំឡេងដូចពេលខ្ញុំចូលមកអីសោះ​អ៊ីចឹង?
ខ្ញុំមានអារម្មណ៍ដូចជាស្ងាត់ៗ ត្រជាក់ៗ​ ព្រឺៗ យ៉ាងម៉េចក៏​មិនដឹង តែខ្ញុំត្រូវប្រញាប់កូពីឯកសារ​​អស់នេះឱ្យរួចរាល់ កុំឱ្យគេថាខ្ញុំលួចខ្ចិល។ ពេលធើ្វរួចរាល់ហើយខ្ញុំក៏ចាកចេញពីបន្ទប់នោះតែពេលខ្ញុំបិទទ្វារហើយលើកសោមកចាក់ ខ្ញុំស្រាប់តែនឹងឃើញដល់សម្តីសិស្សច្បងដែលបានឱ្យ​សោមកខ្ញុំ។​
សិស្សច្បងប្រាប់ខ្ញុំថាគាត់បានចាក់សោទ្វារនោះតាំងពីម្សិលម្ងៃ គាត់ផ្តាំជាច្រើនសារថាសោបន្ទប់នេះ មានតែមួយទេកុំ ធ្វើឱ្យបាត់ហើយមុនពេលខ្ញុំចូលបន្ទប់នោះទ្វារជាប់សោច្បាស់ណាស់។ ចុះហេតុអីបានជាម្នាក់ស្រីនោះអាចចូល បន្ទប់នោះបាន?​ ឬមូយនាងអាចដើរចូលបានដោយមិនបាច់ប្រើសោ?
គិតដល់ត្រង់នេះខ្ញុំព្រឺអស់ពីក្បាលដល់ចុងជើងហើយភ្លាមៗនោះស្រាប់តែលឮសម្រិបជើងមនុស្សម្នាក់ដើរហើយឈប់ពីក្រោយខ្ញុំ​​ អារម្មណ៏ចាប់ផ្តើមតក់ស្លុត ដៃជើងញ័រអស់ស្ទើរតែដួលទៅលើដី ដង្ហើមដកយ៉ាងតានតឹង​ នេះជាលើកទីមួយហើយដែលខ្ញុំទទួលអារម្មណ៍ថា​មាន​សម្ពាធខ្លាំងបែបនេះ។
មិនទាន់បាត់ភ័យផង ដៃត្រជាក់មួយលូក​មកទះស្មាខ្ញុំឮសូរតែផាច់។
ខ្ញុំស្រែកវ៉ាស់បោះឯកសារចោលហើយដួលផ្អែកទៅនឹងទ្វារច្រេះចាប់នោះប្រកាច់ប្រកិនម្នាក់ឯង។
«អ៊ួយ! ហ៊ីស! ហើយវាស្អីឯងនឹងហ្អាស អាត្កុង!» សំឡេងចេកមកពីណានឹង? រអ៊ូតាមពិតគឺសិ្សច្បងខ្ញុំម្នាក់ទៀត ឈ្មោះរ៉ូសាដ៏សែនកាម៉ាប់រាងដូចត្បាល់កិននិង​សែនឆ្នាស់​ម្នាក់​នេះសោះ។
«ស្រែកអាឡេអាឡូក្បាលឯងស្អី» គាត់បន្ត។
«អត់ទោសបងខ្ញុំស្មានតែ……»
«ស្រីស្អាតមែនទេហាស!»​ គាត់បន្ថែមដោយខ្លួនឯង។
«បាទ! អត់ទេបង ស្មានតែខ្មោចលង!» ខ្ញុំដកដង្ហើមបានធូរស្រាលបន្តិចក្រោយដឹងថាជាមនុស្ស តែនៅញញើតមុខសិស្សច្បង ព្រោះមើលទៅសតែមុខហើយក្រែមឡើងក្រហមឆេះ។
«បានខ្មោចស្អាតដូចនាងខ្ញុំលង ចាត់ទុកថាសំណាងទៅ»
«ហើយបាននូវឯកសាររបស់អ្នក​ជំងឺ លោកបងគ្រូគាត់សូររកហើយ ធ្វើការប៉ុណ្ណឹង​សោះយូរនោះយូរ​» សិស្សច្បងបន្ត។
«បានបងបានហើយ» ខ្ញុំតប​ បណ្តើរឱន​រើសឯកសារដែលនូវរាយប៉ាយបណ្តើរ​។
«ឆាប់រៀបចំឱ្យលឿនហើយយកទៅក្រោមទៅ!»
ខ្ញុំប្រញាប់រៀបចំហើយក៏រត់ចុះមកក្រោមទៅ​ដោយ​មិន​មើល​ក្រោយ​ឡើយ​។
ថ្ងៃទី២……
ពន្លឺព្រះអាទិត្យចាំងមកស្រាលៗតាមមាត់បង្អួចបន្ទប់សម្រាក​របស់មន្ទីរពេទ្យ។  ខ្ញុំដើរចូលទៅប្តូរវេនជាមួយមិត្តរូមថ្នាក់ ព្រោះមួយយប់មិញនេះធ្វើឱ្យខ្ញុំអស់កម្លាំងខ្លាំងណាស់។​ ខ្ញុំអង្គុយនៅលើកៅអីគិតពីរឿងរ៉ាវដែល បានជួបនៅបន្ទប់កូពីកាលពីយប់មិញ។​​
កំពុងតែផ្ចង់អារម្មណ៏គិត ខ្យល់ត្រជាក់បក់មកប៉ះមុខធ្វើឱ្យខ្ញុំស្វាងពីភាពងងុយដេក ហើយមើលទៅបង្អួច។  ខ្ញុំឃើញរូបរាងមនុស្សស្រីក្នុងសម្លៀកបំពាក់ជាអ្នកជំងឺម្នាក់កំពុងឈរសម្លឹង​មកខ្ញុំ។
ខ្ញុំព្យាយាមបើកភ្នែកដ៏គ្មានកម្លាំង​កំហែង​របស់ខ្ញុំមើលទៅនាងវិញ តែដោយសារមាន​ពន្លឺ​ជះមកពីខាង​ក្រោយធ្វើឱ្យមុខនាងងងឹតស្លុប​មិន​មើលឃើញ​ច្បាស់​។ តើនាងជាអ្នកណា?​​ ឬមួយជានារីម្នាក់ដែលខ្ញុំជួបកាលពីយប់មិញ? គិតដល់ភ្លាមសម្បុរក៏ចាប់ផ្តើម ព្រឺម្តងទៀត។
មិនទាន់បានសួរនាងផង នាងងាកក្រោយបោះជើងមិនជាប់ដីរបស់នាងឡើងលើបង្អួចហើយលោតពីអគារសម្រាក ជាន់ទី៣ចុះមកក្រោម។
ខ្ញុំឃើញភ្លាមភ័យស្លន់តែព្យាយាមទប់អារម្មណ៏ខ្លួនឯងបានក៏ស្ទុះងើបពីកៅអីទៅមើល ខ្ញុំអើតចេញពីបង្អួចសម្លឹង ទៅក្រោមពិតជាឃើញមនុស្សស្រីដេកក្នុងថ្លុកឈាមបែកខ្លួនស្លាប់មែន ខ្ញុំបម្រុងរត់ចុះទៅមើល តែ ពេលខ្ញុំងាកមកវិញស្រាប់ តែឃើញនាងឈរនៅពីមុខខ្ញុំឆ្ងក់ទៅវិញ។
ខ្ញុំស្រែកវាសភ្ញាក់ក្រញាង ទើបដឹងថាតាមពិតខ្ញុំលក់មួយផាំងនៅលើកៅអីហើយយល់សប្តិសោះ។
«បង!​ កើតអីនឹងបានជាស្រែកខ្លាំងម៉េស?» វត្តីមិត្តស្រីខ្ញុំដើរចូលមកឃើញខ្ញុំក្នុងសភាពមិនស្រួលនាងក៏សួរ។
«បងអត់អីទេអូន ប្រហែលជាយប់មិញយាមពេញមួយយប់ហត់ពេកទើបគេងយល់សប្តិផ្តេសផ្តាស»
«បងឯងប្រាកដហើយថាមិនអី? តែមុខបងស្លេកខ្លាំងណាស់ ត្រូវការចុះទៅក្រោមឱ្យពេទ្យពិនិត្យបន្តិចទេ?» នាងសួរ ខ្ញុំដោយក្តីព្រួយបារម្ភ។
«អត់អីទេអូន បងសម្រាកមួយភ្លែតអស់អីហើយអូនទៅយាមចុះដល់ម៉ោងហើយ» ខ្ញុំតបហើយ ញញឹមដាក់នាងតិចៗ។
«Ok! អូនចុះទៅហើយបងសម្រាកចុះ» នាងថើបខ្ញុំហើយក៏ដើរ​ចេញទៅ​បាត់​។
ខ្ញុំមិនហ៊ានប្រាប់វត្តីទេព្រោះនាងជាមនុស្សស្រីដែលឆាប់ភ័យខ្លាចណាស់។ ខ្ញុំឡើងលើគ្រែព្យាយាមបិទភ្នែកសម្រាកតែ ខួរក្បាលអាក់ដូចជាដក់ជាប់នូវរូបមនុស្សស្រីម្នាក់នោះមិនបាត់សោះ។​ ក្នុងចិត្តប្រាប់ថាធ្លាប់ជួប?​​ តែមិនដឹងនៅឯណា​ ពេលណានោះទេ​ ឬមួយមកពីមន្ទីរពេទ្យនេះមានប្រវត្តមិនល្អ​ទើបធ្វើឱ្យខ្ញុំ​គិតផ្តេសផ្តាសដោយខ្លួនឯង? តើ​ខ្ញុំពិត​ជា​កំពុង​តែ​គិត​ផ្តេសផ្តាស​មែន​ឬ​មួយ​អ្វី​ដែល​ខ្ញុំឃើញ​គឺជា​ការពិត​?
យប់ឡើង…..
យប់នេះមមាញឹកជាងយប់ម្សិលទៅទៀត​ មានអ្នកជំងឺរ៉ាំរៃជាច្រើនអ្នកត្រូវបានបញ្ជូនពីមន្ទីរពេទ្យខេត្តមកទីនេះ។ ឥឡូវខ្ញុំយល់ហើយតាមពិតអ្នកជំងឺនៅទីនេះភាគច្រើនមិនមែនជាអ្នកភូមិនៅម្តុំនេះទេគឺមកពីគ្រប់ខេត្តនៃប្រទេស។
រដ្ធបើកដំណើរការមន្ទីរពេទ្យនេះឡើងវិញដោយសារចង់ឱ្យមានពេទ្យជំនាញមកជួយមើលអ្នកជំងឺដែលពេទ្យនៅតាមខេត្តមិនមានលទ្ធភាពឬខ្វះខាតសម្ភារក្នុងការមើលថែពួកគាត់។
​ម្នាក់ៗរវល់ឡើងវល់ពេញមន្ទីរពេទ្យ​ ឯខ្ញុំហាក់ដូចជាមិនទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយ។ ឃើញបែបនេះទាំង សិស្សច្បងនិងមិត្តរួមថ្នាក់ដេញខ្ញុំឱ្យទៅសម្រាកវិញ មិនដឹងថាពួកគេយកចិត្តទុកដាក់​នឹង​ខ្ញុំមែន​ឬ​មិនចង់​ឱ្យខ្ញុំ​នៅនាំឱ្យទើសដៃទើសជើងពួកគេនោះទេ។
ខ្ញុំនៅជួយគេដល់ម៉ោង១០កន្លះក៏សម្រេចចិត្តចូលទៅសម្រាកមុនដើម្បីកុំឱ្យឈឺទាន់។
តុក!​ តុក!
សំឡេងគោះទ្វារធ្វើឱ្យខ្ញុំភ្ញាក់ទាំងមីងមាំង ក្រឡេកមើលម៉ោងទើបតែ១១ បានន័យថាខ្ញុំទើបតែគេងមិនទាន់បាន កន្លះម៉ោងស្រួលបួលផង។ តុកៗៗៗ!  សំឡេងគោះកាន់តែខ្លាំងទៅៗ ខ្ញុំក៏ដើរទៅបើកទ្វារទាំងទន់ខ្លួន។
«សួស្តី! មានការណ៏អីដែរ?» ខ្ញុំសួរទាំងមិនបើកភ្នែក។
ខ្ញុំចាំស្តាប់សំឡេងឆ្លើយតបយូរ​ពេកក៏បើកភ្នែករកមើលអ្នកគោះទ្វារ តែមិនឃើញមនុស្សទេ មាត់ទ្វារស្ងាត់ឈឹង។ យ៉ាង​ម៉េច​ហ្នឹង​ឬមួយ​ក៏ស្តាប់ច្រឡំ? ខ្ញុំងាកក្រោយចង់សួរអ្នកដែលនៅក្នុងបន្ទប់ជាមួយគ្នា ប៉ុន្តែឃើញពួកគេគេងឡើងស្កប់ស្កល់ក៏មិនហ៊ាន​សួរ​រំខាន។
ខ្ញុំបែរមកបម្រុងទាញទ្វារបិទវិញស្រាប់តែភ្ញាក់ព្រើត។ មនុស្សស្រីពេញរូបរាងស្អាតម្នាក់ឈរនៅចំពោះមុខខ្ញុំ នាងឱនមុខជាប់មិនមាត់មិនក​ ខ្ញុំដូចជាប្រហែលមុខតែមើលមិនច្បាស់។
«អូន! មកពីណា ហើយមានការអីឱ្យខ្ញុំជួយមែនទេ?​» ខ្ញុំព្យាយាមសួរតែនាងនៅតែស្ងាត់ឈឹង។
នាងដើរចេញហើយតម្រង់ទៅចុងម្ខាងទៀតនៃអាគារ នាងប្រហែលជាបងប្អូនរបស់អ្នកជំងឺណាម្នាក់ដែល ត្រូវគេបញ្ជូនមកពីខេត្តឆ្ងាយមិនសូវស្គាល់គេឯងហើយ ទើបអៀនមិនហ៊ាននិយាយស្តីបែបនេះ។
ខ្ញុំចង់ចូលទៅគេងវិញណាស់ប៉ុន្តែឃើញប្អូនស្រីម្នាក់នោះដើរចេញទៅយ៉ាងប្រញាប់បែបនេះតិចលនាងមានរឿងអីចង់ ឱ្យគេជួយទៅ? មិនចំណាយពេលគិតយូរខ្ញុំក៏ចេញតាមពីក្រោយ។
មើលពីក្រោយល្បឿននាងដើរដូចជាមិនសូវ​លឿនណាស់​ណាទេ​តែខ្ញុំខំដើរតាមយ៉ាង​ណាក៏មិនទាន់​នាង​សោះ​​ នាងនៅឃ្លាតពីខ្ញុំប្រហែល១០ជំហានជានិច្ច សំឡេងនាងដើរអូសជើងឮ​សឹងតែពេញ​ជាន់នេះ​ទៅ​ហើយ។
នាងដើរកាត់ពីបន្ទប់មូយទៅបន្ទប់មួយ​ ដោយសារជាន់នេះ នៅកំពុងជូសជុលនៅឡើយផ្លូវ​​ដែលពួកយើងដើរ កន្លែងខ្លះ ងងឹត កន្លែងខ្លះភ្លឺធ្វើឱ្យខ្ញុំពិបាកមើលថាស្អីជាស្អីឱ្យច្បាស់ណាស់។ ខ្ញុំព្យាយាមដើរតាមនាងរហូត ខ្ញុំឃើញនាងព្រាលៗ ដូចជាបត់ចូលក្នុងបន្ទប់មួយ ហើយសំឡេងដែល​នាងដើរអូសជើងក៏បាត់។
ប៉ុន្តែពេលខ្ញុំដើរដល់កន្លែងនាងបត់ក៏ស្រាប់តែព្រឺសម្បុលខ្ញាក។ ខ្ញុំយកដៃស្ទាបមើលទៀតគឺជញ្ជាំងសុទ្ធសាធ មិនមានទ្វារ​ឬ​បន្ទប់អ្នកជំងឺអីនៅទីនោះឡើយ។ ញើសប្រជែងគ្នាហូរពីលើមុខខ្ញុំធ្លាក់ទៅលើឥដ្ធ ខ្ញុំភ័យរហូតដល់ ឈរទ្រឹងមួយកន្លែងមិនហ៊ានដើរទៅណា។
លើកនេះមិនមែនព្រិលភ្នែកឫក៏យល់សប្តិទេ។ ជាក់ស្តែងណាស់គឺខ្មោចកំពុងលងខ្ញុំមែនទែនហើយ។
ក្រាក….! សំឡេងបើកទ្វារឮតិចៗចេញមកពីក្រោយខ្នងខ្ញុំ។ ខ្ញុំងាកទៅរកប្រភពសំឡេងឃើញថាពិតជាមានទ្វារមួយមែន ។ ទីនេះគ្នានខ្យល់ក៏មិនមាននរណាក្រៅពីខ្ញុំដែរប៉ុន្តែទ្វារបន្តបើកដោយខ្លួនឯរហូតដល់អស់។
ខ្ញុំសម្លឹង​មើលពីកន្លែងដែលខ្ញុំឈរដែលឃ្លាតគ្នាតែ៣ជំហានប៉ុណ្ណោះ ក្នុងបន្ទប់​ងងឹតឈឹងរក​មើលអីមិន​ឃើញទេ។ ខ្ញុំកាន់តែមើលកាន់តែខ្លាចតិចល​មាន​អ្វី​មួយ​ស្រាប់តែលោតចេញពីក្នុងនោះ​មកច្របាច់កខ្ញុំ​ដូចក្នុងរឿងទៅ។​
ក្នុងខួរក្បាលច្របូកច្របល់ឯរាងកាយវិញរឹងអស់ចង់ដើរត្រលប់ទៅវិញក៏មិនកើត បាត​ជើង​របស់​ខ្ញុំ​ដូច​ត្រូវ​គេ​ចាក់​ឫស​ជាប់​នឹង​ឥដ្ឋ​អ៊ីចឹង។
ខ្ញុំអើយខ្ញុំមើលទៅត្រូវឈរមើល បន្ទប់ដ៏គួរឱ្យខ្លាចនោះទល់ភ្លឺតើមែនទេ?​
ខ្ញុំឈរនៅទីនោះមិនបានមួយនាទីផងភ្លើងអំពូលពណ៌សចាំងឆ្វាចចេញពីបន្ទប់មកប៉ះនឹងភ្នែកខ្ញុំ។
ទ្វារបើកមក ដោយខ្លួនឯងពេលនេះអំពូលភ្លើងក៏ភ្លឺខ្លួនឯងទៀត ខ្មោចនេះដូចជាចង់អញ្ចើញខ្ញុំឱ្យចូលទៅអង្គុយលេង ក្នុងនោះអ៊ីចឹង។
តែមិនដឹងជាហេតុអីទេបានជាភាពភ័យខ្លាចរបស់ខ្ញុំថមថយ ជើង​ក៏​ឈប់​ញ័រ​ហើយស្រាប់តែមានភាព​ក្លាហានងើបដើរចូលទៅក្នុងបន្ទប់នោះទៀត។
នេះមិនមែនជាបន្ទប់អ្នក​ជំងឺដែលខ្ញុំតែងតែដើរចូលនោះទេ វាជាបន្ទប់ដាក់អីវ៉ាន់ទ្រុឌទ្រោមមួយក្នុងនោះ មានធ្នើរ ដែលមានឯកសារចាស់ៗជាច្រើនហ៊ុមព័ទ្ធដោយធូលី។ ខ្ញុំ​ចេះតែ​ដើរ​មើល​ក៏​មិន​ដឹង​ថាខ្លួន​កំពុង​តែ​រក​អ្វី​ឱ្យ​ច្បាស់ដែរ​។​ ពេលខ្ញុំកំពុងដើរមើលបន្ទប់ស្រាប់តែជាន់ត្រូវក្រដាស់កាសែតចាស់រហែកមួយផ្ទាំង។ ខ្ញុំដកជើងចេញហើយលើកយកវាមកមើល។
«ថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០០៣»
«អ្នកម្តាយវ័យក្មេងលោតពីលើអាគារមន្ទីរពេទ្យកម្ពស់៥ជាន់ ស្លាប់ក្រោយពេលសម្រាលកូនរួច។» ជាចំណងជើងទំព័រមុខរបស់ កាសែតក្នុងស្រុកមួយ។
ពេលឃើញរូបថតនាងបែកខ្លួនស្លាប់និងរូបថតកាលនៅរស់របស់នាងភ្លាមរឿងដែលកើតឡើងកាលពី​ម្សិល​និង​ថ្ងៃនេះបាន លេចនៅក្នុងខួរក្បាលខ្ញុំម្តងទៀត ទីបំផុតខ្ញុំចំណាំនារីម្នាក់នេះបានហើយ ការពិតនាងជាគិលានុបដ្ឋាយិកាម្នាក់ក្នុង ចំណោមគិលានុបដ្ឋាយិកាជា​ច្រើនដែលឈរអម​លោកគ្រូពេទ្យហ៊្សេនណារ៉ាល់នៅក្នុងរូបថតដែលខ្ញុំបានឃើញនៅក្នុងសាលធំនោះទេតើ ហើយក៏ជានារីម្នាក់នៅ​ក្នុងបន្ទប់កូពីនោះដែរ។​
រូបរាងនិងសម្លៀកបំពាក់អ្នកជំងឺក្នុងរូបថតស្លាប់របស់នាងគឺដូចបេះបិទទៅនឹងអ្វីដែលខ្ញុំបានឃើញកាលពីព្រឹកមិញ។ ខ្ញុំប្រាកដណាស់ថាជានាង គេថាមនុស្សដែល​ត្រូវខ្មោចលងលុះត្រាតែគេ​បានធ្វើអ្វី​ម៉្យាងដែល​ល្មើស​នឹង​វិញ្ញាណនោះ។ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ទៅ?
នេះនាងសម្លាប់ខ្លួនឯងសោះហើយខ្ញុំមិនដែលស្គាល់ឬធ្លាប់និយាយផ្តេសផ្តាសប៉ះពាល់ដល់នាងទេ ហេតុអីបានជា​​លងបន្លាចខ្ញុំគ្រប់ពេលគ្មានបានដេកពួនបែបនេះ?​​ គិតពីនាងមិនទាន់ផុត​ផងសំឡេងអូស​ជើង​ក៏លាន់​ឮពេញក្នុង បន្ទប់សារជាថ្មី។
ខ្ញុំឮភ្លាមក៏ដាក់មេផាយភ្លែត គ្រាន់តែរត់ចេញពីមុខបន្ទប់បានភ្លាម អំពូលភ្លើងរលត់ហើយទ្វារក៏ទាញបិទវិញដោយខ្លួនឯង លាន់គ្រាំង គ្រប់​យ៉ាង​ត្រលប់ទៅ​សភាព​ដើម​វិញ​។
ថ្ងៃទី៣….
ខ្ញុំភ្ញាក់ឡើងនៅលើគ្រែក្នុងបន្ទប់ផ្ទះខ្លួនឯងពិតជាស្រូលខ្លួនណាស់។ យប់មិញខ្ញុំឡើងតាក់ស៊ីមក​ផ្ទះដោយខ្លួន​ឯង ព្រោះបើនៅទីនោះទៀតច្បាស់ជាឈឺដោយសារខ្មោចលងជាមិនខាន។
ខ្ញុំយកក្រដាស់កាសែតយប់មិញមកមើលម្តងទៀត​ វាមានតែមួយផ្ទាំង​គ្មានទំព័រអាន​បន្តឱ្យដឹងពីការ​ស្លាប់លម្អិតរបស់នាងទេ។
មើលយូរទៅក៏កើតចិត្តឆ្ងល់ថាហេតុអីបានជាមិត្តរួមថ្នាក់ជាច្រើន​ នាងមិនលងមកលងអីតែខ្ញុំម្នាក់អ៊ីចឹង? មិនបានទេ ត្រូវតែដោះស្រាយរឿងនេះឱ្យបានមិនអាចឱ្យខ្មោចស្រីនោះមករំខាន ការអនុវត្តការងាររបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យបែបនេះរហូតឡើយ។​ ខ្ញុំ​ច្បាស់​ជា​ធ្លាក់​មិន​ខាន​បើ​វា​នៅ​តែ​បន្ត​បែបនេះ​នោះ។​
ថ្ងៃនេះសម្រាក ខ្ញុំបានណាត់ ហេង វាសនា​ និងសីហាឱ្យមកជួបនៅហាងកាហ្វេ​មួយហើយ​និយាយរៀបរាប់​ពីរឿងដែល កើតឡើងប្រាប់ពួកគេ៖
«ហើយឥឡួវឯងគិតធ្វើយ៉ាងម៉េចបើនាងនៅតែតោងទាមឯងមិនឈប់យ៉ាងនេះ?» សីហាសួរ។
«ខ្ញុំមិនដឹងទេ ពួកឯងជួយគិតខ្ញុំផងទៅ?»
«ខ្ញុំថាឯងស្នើរប្តូរមន្ទីរពេទ្យទៅទើបអាចគេចផុតពីនាង។» ហេងតប
«មិនបាន!» វាសនានិយាយកាត់ផូង។
«យ៉ាងម៉េចក៏មិនបាន?» សីហាសួរត
«បើដូរទាល់តែមានហេតុផលត្រឹមត្រូវ ហេតុផលខ្មោចលងឯងពួកយើងជឿតែលោកគ្រូច្បាស់ជាមិនជឿទេ» វាសនានិយាយនេះក៏សមហេតុផលម៉្យាង។
«ឯងអាចនិយាយថាមន្ទីរពេទ្យនោះ​នៅ​ឆ្ងាយពីផ្ទះហើយឯងគ្នាន​មធ្យោបបាយ​ធ្វើដំណើរទៅដល់ទីនោះទេ​»ហេងលើកហេតុផលបានល្អ។
«មិនបាន!» វាសនាកាត់ផូងទៀត។
«ស្អីទៀតហើយ!» ហេង និង សីហាតបព្រមគ្នា។
«បើវត្តីដឹងនាងច្បាស់ជាដឹងឯងកុហកហើយគិតថាឯងមិនចង់នៅរួមការងារជាមួយនាងមិនខាន។»
វាសនានិយាយ​ត្រួវទៀតហើយ វត្តីស្គាល់ខ្ញុំច្បាស់ណាស់នាងម៉េចនឹងអាចជឿពាក្យកុហកនេះទៅ។
«បើអ៊ីចឹងប្រាប់ការពិតឱ្យវត្តីដឹងទៅចប់រឿង​ហើយ​» សីហា។
«មិនបាន!» លើកនេះមិនមែនវាសនាទេគឺខ្ញុំ។
ពួកគេមើលមកខ្ញុំព្រមគ្នា សីហា​ក៏សួរទាំងងឿងឆ្ងល់
«វាស្អីឯងអាតុង!»
«បើខ្ញុំចង់ឱ្យនាងដឹងខ្ញុំប្រាប់តាំងពីយប់ទីមួយម៉្លេះ ពួកឯងដឹងហើយថានាងជាស្រីទន់ខ្សោយ ឆាប់ខ្លាច ខ្ញុំមិនចង់ឱ្យនាងឈប់រៀនមុខវិជ្ជាដែលយើងទាំងពីរចូលចិត្តដោយសាររឿងនេះទេ»
«ហ៊ីយ!! ធ្វើនេះក៏មិនបាន ធ្វើនោះក៏មិនកើត ពួកយើងគិតយ៉ាងម៉េចទៅ?»​ ហេងលើកឡើងសំណួរទាល់ច្រកនេះធ្វើឱ្យពួកយើងគាំងចម្លើយទាំងអស់គ្នា។
«ឬក៏….» វាសនាស្រាប់តែដូចជាមានចម្លើយ ធ្វើឱ្យគ្រប់គ្នាអន្ទះសារចង់ដឹង។
«ទៅរកគ្រូចូលរូប​ ខ្ញុំយល់ថាខ្មោចនោះដូចជាចង់ប្រាប់អ្វីឯងហើយ មិនអ៊ីចឹងនាងម៉េចនឹងឱ្យឯងរើសបានក្រដាស កាសែតនោះទៅ​ ទាល់តែទៅរក​គ្រូទើបអាចនិយាយ​គ្នាឱ្យដឹងរឿងបាន»
វាសនានិយាយត្រូវណាស់ខ្ញុំគិតថា ហេតុផលស្លាប់នាងគួរឱ្យសង្ស័យណាស់ ម្តាយឯណាមានកម្លាំងកាយនិងសេចក្តីក្លាហានទៅលោតសម្លាប់ខ្លួនពេលទើបនឹងសម្រាលកូនរួចនោះ?​
«តែខ្ញុំមិនស្គាល់គ្រូអ្វីនោះទេ»​ ខ្ញុំនិយាយទាំងអស់សង្ឃឹមព្រោះគិតថាអ្នកឯទៀតក៏មិនដឹងដូចគ្នា។
«ខ្ញុំស្គាល់…..» ពួកយើងងាកទៅមើលមុខហេងទាំងអស់គ្នា។
«ថ្ងៃមុនម៉ាក់នាំខ្ញុំទៅឱ្យគ្រូទាយបៀមើលគូស្រករតែគាត់ចាំផ្ទះខុសក៏ចូលផ្ទះគ្រូចូលរូបទៅ​» ហេងនិយាយទាំងខ្មាសអៀនពួកយើងឮហើយពិតជាគួរឱ្យចង់សើចណាស់តែខ្លាចហេងខឹងនក៏នាំគ្នា​បិទមាត់វិញទៅ។​
«រឿងវែងឆ្ងាយណាស់ចាំប្រាប់ពេលក្រោយ» ហេងបន្ត។
អូខេ! ដល់ពេលដែលត្រូវសួរស្រីខ្មោចនោះឱ្យដឹងរឿងម្តងហើយ។ ថ្ងៃដដែលពួកយើង​បួននាក់​ជិះឡាន​វាសនា​ទៅ រកគ្រូដែលហេងបានប្រាប់។
ផ្ទះគាត់នៅជាយក្រុងហើយនៅឆ្ងាយពីផ្លូវជាតិណាស់។ ពួកយើងត្រូវឈប់ឡាននៅមាត់ផ្លូវហើយត្រូវដើរចូលផ្លូវលំកាច់កុងប្រហែលដប់នាទី ទើបទៅដល់ តាមផ្លូវស្ងាត់ណាស់មានសុទ្ធតែព្រៃនៅអមសងខាង។
ដល់កែងបត់ចូលភ្លាមខ្ញុំឃើញផ្ទះវីឡាមួយយ៉ាងប្រណិត ក្នុងចិត្តក៏គិតថាគ្រូនេះច្បាស់ជាពូកែហើយទើបផ្ទះធំបែបនេះ តែហេងបានលប់ចោលការគិតរបស់ខ្ញុំនេះចោលទាំងអស់ព្រោះវាដើរចូលទៅផ្ចះខ្ទមដំបូលប្រក់ស្លឹកដែលនៅជាប់នោះ។
ពួកយើងដើរទៅដល់មាត់ច្រកចូលមិនទាន់បានគោះទ្វារផង ទ្វារក៏បើកខ្វាកពីក្នុងមកដូចមានគេរុញ។​ ត្រូវហើយពិតជាមានគេរុញមែនគឺ បុរសម្នាក់កម្ពស់ប្រហែល១ម៉ែត្រ៨០ មាឌធំខ្មៅ លើខ្លួនសុធតែសាក់យ័ន ហើយស្លៀកតែខោខ្លីប៉ុណ្ណោះ។
គាត់ដូចជាបម្រុងយកសំរាមទៅបោះចោល តែពេលឃើញហេងភ្លាម គាត់ស្រាប់តែប្រែទឹកមុខខឹងហើយគំហក ឱ្យពួកយើង ថា៖
«គ្រូទាយរកគូស្រករនៅផ្លួវធំ!» គាត់បម្រុងទាញទ្វារបិទវិញតែវាសនាស្ទុះទៅទប់ទ្វារនោះជាប់។
«ពួកយើងត្រួវខ្មោចលង!» នាងធ្វើមុខមាំដាក់គ្រូនោះ ហើយពួកយើងក៏ទើបតែដឹងដែរថាវាសនាកម្លាំងខ្លាំងដូចប្រុស។
លោកគ្រូក៏ដាក់ទឹកមុខខឹងរបស់​គាត់ចុះឈរស្ងៀមសម្លឹង​យើងមួយភ្លែតហើយក៏ចំហទ្វារឱ្យពួកយើងចូលវិញ។
ក្នុងផ្ទះគាត់តូចណាស់មិនមានអ្វីច្រើនទេ មានតែ អាសនៈ៦ជាន់មួយនោះចំកណ្តោលផ្ទះតែម្តង។ គាត់អុជធូបបណ្តើរនិយាយបណ្តើរ៖
«មករកគ្រូត្រូវដឹងពីវិជ្ជាគ្រូឱ្យបានច្បាស់លាស់ មិនមែនឱ្យគ្រូចូលរូបទៅទាយរកគូស្រករនោះទេ»
ហាហា! ពួកយើងលួចសើច តិចៗព្រោះដឹងលោកគ្រូកំពុងឌឺហេងដែលច្រឡំពីថ្ងៃមុន។ ហេងមិនហ៊ានតប បាន​តែ​ធ្វើ​ភ្នែក​ភ្លឹសៗ ព្រោះដឹងខ្លួនខុស។
«និយាយឱ្យគ្រូស្តាប់បន្តិចមក» គាត់បន្ត។ មិនបង្អង់យូរខ្ញុំក៏រៀបរាប់ដូចដែលខ្ញុំរៀបរាប់ប្រាប់បីនាក់នោះដែរ។
ស្តាប់រួចហើយគាត់ក៏សួរបន្ត៖
«ស្គាល់ឈ្មោះនាងទេ?»
«អត់ទេលោកគ្រូ»ខ្ញុំតប។
«ចុះថ្ងៃខែឆ្នាំកំណើត?» យី! បើឈ្មោះមិនទាំងស្គាល់ផងធ្វើម៉េចទៅដឹងរឿងនឹងកើតទៅ? ខ្ញុំហាមាត់រៀបនឹង ឆ្លើយថាអត់ហើយស្រាប់តែហេងចូលមកកាត់។
«ខ្មោចវាមកលង មិនមែនមកធ្វើសំបុត្រកំណើតទេលោកគ្រូ» ហេងដាក់មូយម៉ាត់នេះពិតជាត្រូវ ចិត្តពួកយើងណាស់ទាំងលោកគ្រូក៏ស្ងាត់មាត់តបមិនកើត​ ហេងដូចបានសងសឹកវិញអ៊ីចឹង។
«អើ! បើមករកគ្រូហើយស្អីក៏មិនដឹង អ៊ីចឹងពួកឯងចង់ឱ្យយើងហៅខ្មោចមួយឋាននរកមកជួបពួកឯងម្តងមួយមែន អ្ហេស!​ បានហើយទៅណាក៏ទៅៗ»​ ពួកយើងរៀបនឹងងើបហើយតែខ្ញុំស្រាប់តែនឹកឃើញ។
«ចុះបើមានរូបថតអាចជួយបានទេលោកគ្រូ?» ខ្ញុំដកក្រដាស់កាសែតឱ្យគាត់ គាត់យកវាដាក់ចំពីមុខ បត់ជើងហើយ លើដៃសំពះ មាត់គាត់ដូចជាសូត្របាលីតែមិនបានឱ្យឮចេញមកខាងក្រៅទេ។
ខ្យល់ត្រជាក់ស្រេបបក់ចូលមកតាមទ្វារធ្វើឱ្យពួកយើងព្រឺខ្នងខ្ញាក ឯបបូរមាត់លោកគ្រូក៏ឈប់សូត្របាលីទៀត។ ពួកយើងស្ងាត់ជ្រាប ហើយភ្នែកក៏បាញ់ទៅរកមុខគ្រូទាំងអស់គ្នា។
ពេលខ្យល់ស្ងប់ភ្លាមលោកគ្រូស្រាប់តែលោតឡើងទៅលើហើយពែនភ្នែនទម្លាក់ខ្លួនមកវិញធ្វើឱ្យបាក់កៅអី ប្រាវ។ ពួកយើងភ្ញាក់ក្រញាងលោតឱបគ្នាឡើងខ្វិន។
លោកគ្រូអង្គុយធ្មឹងមិនកម្រើកស្រាប់តែបើភ្នែកខ្វាច់សម្លឹង​មកពួកយើង។
«តុង!» ហ្អាស់! សំឡេងមនុស្សស្រីចេញពីមាត់គ្រូមាឌធំខ្ពស់នោះ ឡើងគ្រលួចហើយស្គាល់ឈ្មោះខ្ញុំទៀតធ្វើ ឱ្យរោមទាំងប៉ុន្មាននៅលើខ្លួនខ្ញុំបាស់ឡើងលើទាំងអស់។
«សុំទោស!»​ យី! ខ្មោចចេះដឹងខុសទៀត។ ខ្ញុំភាន់ភាំងអស់មិនដឹងថាគួរនិយាយអីសមតែស្តាប់សំឡេងនាងដូចជា មានចិត្តស្មោះក្នុងការសុំអភ័យទោសនេះណាស់។
«ស្គាល់ខ្ញុំដែរ? ហើយហេតុអីបានសុំទោសខ្ញុំ?» ខ្ញុំសួរ។
«ឮសង្សារនាយហៅនាយក្នុងបន្ទប់សម្រាកបែបនេះក៏ហៅតាម​ទៅ!»
បានន័យថាថ្ងៃនោះនាងនៅក្នុងបន្ទប់ នោះរហូត។
«ខ្ញុំសុំទោសនាយព្រោះ២ថ្ងៃកន្លងមកនេះខ្ញុំប្រហែលជាធ្វើឱ្យនាយភ័យណាស់ហើយ» អ៊ូហ៊ូ! ចេះដឹងខ្លួនដែរតើ លងឡើងរត់សឹងនឹងបាក់កទៅ​ហើយ​ហ្នឹង​។
«ខ្ញុំគ្មានចេតនាបំភ័យនាយទេ តែបើមិនធ្វើអ៊ីចឹងនាយមិនអាចមករកខ្ញុំដែរ​»
«ចុះនាងត្រូវការអី!» ខ្ញុំក៏សួរ​បន្ត។
«ខ្ញុំចង់ឱ្យនាយជួយរឿងមួយ»
វាសនាស្មានត្រូវណាស់ ខ្មោចនេះពិតជាមានបំណងអ្វីមួយមែន។
«និយាយសិនមក ចាំមើលខ្ញុំអាចធ្វើអីបានខ្លះ?» បីនាក់នោះមើលមុខខ្ញុំហើយក៏ដូចជាចង់ស្តាយក្រោយដែលហាមាត់ ចង់ជួយខ្មោច តែមិនដឹងហេតុអីទេខ្ញុំស្រាប់​តែ យល់ថា​នាងគួរឱ្យអាណិតណាស់។
«ខ្ញុំឈ្មោះនី សុធារ៉ា អាយុ២២ឆ្នាំជានិសិត្សពេទ្យឆ្នាំទីបួននៅមហាវិទ្យាល័យវិជ្ជសាស្រ្តនិងសុខាភិបាល​ កាលនោះគឺ នៅឆ្នាំ២០០១ ខ្ញុំត្រូវចុះអនុវត្តការសិក្សានៅមន្ទីរពេទ្យមាតា ខ្ញុំចុះយាមបានមួយឆ្នាំក៏បានស្រលាញ់គ្នាជាមូយ បុរសម្នាក់ ដែលធ្វើការនៅទីនោះ។
ពួកយើងស្រលាញ់គ្នាអស់រយៈពេលមួយឆ្នាំទើបខ្ញុំដឹងថាពពោះកូន២ខែជាមួយគេ។ គ្រាន់តែដឹងថាខ្ញុំមានសាច់ឈាមគេភ្លាម គេបង្ខំឱ្យខ្ញុំយកចេញតែខ្ញុំមិនព្រម មិនយូរប៉ុន្មានគេក៏ដោះដៃលែង ទាក់ទងខ្ញុំទៀត។​ ដល់​​​​ថ្ងៃ​សម្រាលកូនខ្ញុំសម្រាលបានកូនប្រុសមួយ ខ្ញុំធ្លាក់ឈាមខ្លាំងពេកត្រូវគេបញ្ចូនទៅបន្ទប់សង្រ្គោះបន្ទាន់ ប៉ុន្តែមិន ទាន់ដល់បន្ទប់ផងខ្ញុំត្រូវមនុស្សប្រុសពីរនាក់ដែលរុញខ្ញុំទៅចាប់បោះទំលាក់ពីជាន់ទី៣មកក្រោម។»​
ពុទ្ធោ! នាងពិតជាត្រូវគេសម្លាប់មែន​ អ្នកណាអីក៏ព្រៃផ្សៃម្ល៉េះអាចធ្វើបែបនេះទៅកើត។
«នាងស្គាល់ពីរនាក់នោះទេ?» សីហាសួរ។
«អត់ទេ! ពួកគេពាក់ម៉ាស់ពេទ្យជាប់ខ្ញុំមិនអាចចាំមុខបានទេ» ធារ៉ាឆ្លើយ។
«ចុះនាងធ្លាប់មានគំនុំជាមួយអ្នកគេអត់?» វាសនាក៏សូរត។
«ខ្ញុំជាមនុស្សធម្មតាណាស់ មិនដែលមានគំនុំជាមួយអ្នកណាទេ»។
ស្តាប់ធារ៉ានិយាយរឿងនាងយូរៗទៅភ្នែកខ្ញុំមើលលែងឃើញលោកគ្រូនមាឌធំនោះទៀតហើយ គឺឃើញតែមនុស្សស្រី គួរ ឱ្យអាណិតម្នាក់អង្គុយរៀបរាប់ការស្លាប់ខ្លួនឯងយ៉ាងក្រៀមក្រំ។
«ឥឡូវនាងចង់ឱ្យពួកយើងជួយអ្វីទៅ? រកឃាតករមែនទេ?​ ពួកយើងមិនអាចធ្វើបានទេ»
ខ្ញុំត្រូវនិយាយការពារទុក មុនព្រោះពួកយើងជានិសិត្សមិនអាចផ្សងគ្រោះថ្នាក់បានទេ។
«អត់ទេ!» ឮហើយធូរទ្រូង។
«ខ្ញុំស្លាប់ហើយខ្ញុំមិនដេញដោលទេ អ្វីដែលធ្វើឱ្យខ្ញុំនៅតែវិលវល់មិនព្រមទៅណាដោយសារតែរឿងមួយគត់គឺ ខ្ញុំពិតជាចង់ជួបកូនខ្ញុំណាស់ ពេលបង្កើតវាហើយខ្ញុំត្រូវគេរុញចេញទៅ សូម្បីតែមុខកូនក៏ខ្ញុំមិនបានមើលផង ដឹង ត្រឹមតែជាកូនប្រុស ពេលនេះវានៅឯណា រស់នៅបែបណាក៏ខ្ញុំមិនដឹង ១០ឆ្នាំហើយខ្ញុំនឹកវាខ្លាំងណាស់ តើនាយអាច ជួយរកវាឱ្យ ខ្ញុំផងបានទេ? សុំត្រឹមរូបថតមួយសន្លឹក និងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់វាក៏ស្ងប់ចិត្តហើយ ណា​​​នាយណា ជួយខ្ញុំម្តងទៅ» នាងតបទាំងទឹកភ្នែកហូរអង្វរពួកយើង។
ទឹកចិត្តម្តាយធំធេងណាស់ អ្នកណាសម្លាប់នាង នាងមិនខ្វល់ដឹងត្រឹមចង់ឃើញមុខកូនពួកយើងអាណិតនាងឡើង ហូរទឹកភ្នែកមិនដឹងខ្លួនទៅហើយ។
«នាយចង់ដឹងថាហេតុអីបានជាខ្ញុំរើសយកនាយមែនទេ?» វ៉ាវ! ហេតុអីបានជានាងដឹងខ្ញុំគិតអីអ៊ីចឹង?
«ព្រោះនាយជាមនុស្សល្អ ហើយអ្នកទាំងពីរដូចពួកយើងកាលឆ្នាំនោះណាស់» ខ្ញុំគិតពីសម្តីចុងក្រោយរបស់នាង តែមិនយល់ទេថានាងចង់មានន័យថាម៉េចទេ។
ខ្ញុំចង់សួរតទៀតតែពេលងាកមកវិញក៏ភ្ញាក់ព្រើតនឹងមុខគ្រូមាឌធំនោះ ដែលកំពុងសម្លក់ពួកយើង។
«ហេតុអីបានក្នុងផ្ទះរញ៉េរញ៉ៃម្ល៉េះ ហើយបាក់កៅអីយើងអស់មួយទៀត!» គាត់សួរខ្លាំងៗ។
«អឺ…. ពេលខ្មោចចូលលោកគ្រូក៏ទៅជាអ៊ីចឹងទៅ» ហេងតបទាំងរអាក់រអួល។
«រកស៊ីច្រើនឆ្នាំហើយមិនដែលបែបនេះសោះ ពួកនេះចង្រៃមែន! ​ទៅចេញទៅ»
ពួកយើងទុក៣០ដុល្លាលើតុហើយក៏នាំគ្នារត់ចេញយ៉ាង​ប្រញាប់​ព្រោះ​ខ្លាច​គ្រូ​នោះ​ទប់កំហឹងមិន​ជាប់​ក៏​វាយ​ពួកយើង។
ថ្ងៃទី៤…
ចេញពីរៀនខ្ញុំប្រាប់វត្តីថារវល់តែតាមពិតមកប្រជុំគ្នារឿងនិសិត្សស្រីនោះជាមួយបីនាក់ទៀតនៅហាងកាហ្វេដដែល។ ម្នាក់ៗជ្រួញចិញ្ចើមអង្គុយមើលមុខគ្នាដូចដោះស្រាយរឿងប្រទេសជាតិអ៊ីចឹង។
ខ្ញុំសម្រេចចិត្តថាជួយនាងចាត់ទុកថាធ្វើ បុណ្យទៅចុះ ណាមួយវាជាដំណោះស្រាយមួយយ៉ាងល្អសម្រាប់ខ្ញុំ ប៉ុន្តែវាពិកបាកបន្តិចព្រោះរឿងវា១០ឆ្នាំជាងហើយមិនដឹងត្រូវចាប់ផ្តើមពីកន្លែងណាទេ។
ពួកយើងពឹងលើអ្នកទំនាក់ទំនងទើបអាចចូលទៅរកប្រវត្តរូបនាងនៅក្នុងសាលាបាន។ ពួកយើងចាប់ផ្តើមពីអាសយដ្ឋានចាស់ របស់នាងព្រោះគិតថាបើនាងស្លាប់បាត់ហើយ កូននោះច្បាស់ជាត្រូវគេប្រគល់ឱ្យ ឪពុកម្តាយនាងជាមិនខាន។
តែពេលទៅដល់ម្ចាស់ផ្ទះថ្មីប្រាប់ថារើចេញទៅយូរហើយហើយក៏មិនមានទំនាក់ទំនងដែរ។
ពួកយើងក៏ចាប់រកបន្ត ពីមិត្តរួមថ្នាក់មួយទៅមួយរបស់នាង តែចម្លែកណាស់ អ្នកដែលរៀននិងធ្វើការជា​​មួយនាង ភាគច្រើនបាន ស្លាប់នៅឆ្នាំនោះដោយលោតពីលើអាគារអស់ហើយ។
តើនាង​ជាអ្នក​ធ្វើ​វា​មែន​ទេ​?
កន្លងមកជាច្រើនថ្ងៃពួកយើងបាត់តម្រុយអស់អ្វីក៏រកមិនឃើញហើយពេលខ្ញុំចុះទៅយាមនៅមន្ទីរពេទ្យវិញធារ៉ាក៏ មិនមករកខ្ញុំដូចកាលពីមុនដែរ។ តើនាងទៅណាទៅ?​ ឬមួយនាងអស់សង្ឃឹមនឹងខ្ញុំហើយទេដឹង?
ដ្បិតតែអ្វីៗដំណើរការបានល្អវិញតែចិត្តខ្ញុំនៅតែចង់សម្រេចបំណងចុងក្រោយឱ្យអ្នកម្តាយកំសត់នេះ​​ណាស់។ ខ្ញុំអង្គុយនៅកង់ទីនសាលាមើលរូបនាងលើក្រដាស់កាសែតម្នាក់ឯង។
«ធារ៉ា?» ខ្ញុំងាកទៅរកប្រភពសំឡេង ការពិតគឺលោកគ្រូនិមិត្តរូប​ខ្ញុំ ហ៊្សេនណារ៉ាល់តើ! គាត់ដាក់កាហ្វេ ចុះហើយ អង្គុយក្បែរខ្ញុំ។
«លោកគ្រូស្គាល់នាងដែរ?» ខ្ញុំសួរ។
«ថ្ងៃនាងសម្លាប់ខ្លួន គ្រូជាពេទ្យបង្កើតកូនឱ្យនាង រឿងអីថាមិនចាំហើយណាមួយនាងជានារីស្អាត រួសរាយគួរឱ្យស្រលាញ់ណាស់អ្នកធ្វើការក្នុងមន្ទីរពេទ្យឆ្នាំនោះភាគច្រើនស្គាល់នាងទាំងអស់ហ្នឹង​» លោកគ្រូតប។
តាមពិតលោកគ្រូជាអ្នកនៅក្នុងហេតុការណ៏នោះដែរសោះ ល្អហើយអ៊ីចឹងខ្ញុំនិងបានសួរកាន់តែច្រើន។
«មានគេឃើញនាងលោតពីលើអាគារផ្ទាល់ទេលោកគ្រូ?»
«មាន! គឺធីតាប្រពន្ធគ្រូ ពេលនោះធីតាមកយកលោកគ្រូទៅញ៉ាំបាយ ពេលកំពុងចតឡាននៅខាងក្រៅក៏ បានឃើញធារ៉ាឡើងលើបង្អួចហើយទម្លាក់ខ្លួនមកដី»
ហ្អាស់! ស្តាប់ដល់កន្លែងនេះភ្លាមបេះដូងខ្ញុំលោតភឹប នឹកឃើញដល់សម្តីធារ៉ាកាលថ្ងៃនោះ នាងថាខ្លួនត្រូវគេសម្លាប់ ទេតើ ហេតុអីក៏មានគេឃើញនាងលោតសម្លាប់ខ្លួនអ៊ីចឹង? នាងកុហកមែនទេ? នាងកុហកខ្ញុំធ្វើអីទៅ? ឬមួយនាងខ្មាសគេមិនហ៊ាន និយាយ? ហ៊ូយ! ច្របូកច្របល់អស់ហើយ។
ខ្ញុំរាងស្រឡាំងកាំងបន្តិចហើយក៏សួរត៖
«ចុះកូននាងពេលនោះត្រូវមន្ទីរពេទ្យបញ្ចូនឱ្យម៉ាក់ប៉ានាងមែនទេលោកគ្រូ?»
«កូននាងស្លាប់ហើយ» លោកគ្រូតបដូចធម្មតាតែខ្ញុំវិញចំហមាត់បើកភ្នែកធំរកសួរអីលែងចេញទៀត។
«ក្រោយនាងស្លាប់ប៉ុន្មាននាទី ចង្វាក់បេះដូងកូននាងស្រាប់តែខ្សោយទៅៗ គ្រូខំអស់ពីលទ្ធភាពតែសង្រ្គោះមិនបានទេ»
គាត់ឃើញខ្ញុំដូចជាស្ងាត់ក៏និយាយត៖
«និយាយអ៊ីចឹងឯងបានកាសែតចាស់នេះពីណា? ហើយម៉េចក៏ចង់ដឹងរឿននេះ?»
ខ្ញុំសម្រួលអារម្មណ៏ឆ្លើយនឹងសំណួរគាត់វិញ៖
«អូ…! ខ្ញុំចេះតែសួរលេងទេលោកគ្រូ ហើយក្រដាសនេះពេលចុះយាមខ្ញុំទៅប្រមូលនៅបន្ទប់ដាក់អីវ៉ាន់ទុកយកមកប្រើ​ឡើង វិញទេ!» ខ្ញុំដោះសារយករួចខ្លួនព្រោះមិនចង់និយាយច្រើន។
«អើ ខំរៀនឡើងគ្រូទៅហើយ!»
«បាទ!»
គាត់ពិសារកាហ្វេអស់ក៏ឡើងកង់របស់គាត់ចេញទៅបាត់ទៅ។ ដ្បិតតែគាត់មានលុយច្រើនតែគាត់ពិតជាសន្សំសំចៃណាស់ សមជានិមិត្តរូបរបស់ខ្ញុំមែន។
ងាកមករឿងធារ៉ាវិញ នាងសម្រេចចិត្តស្លាប់ខ្លូនឯងសោះហើយក៏ប្រហែលជានាងខ្លួនឯងដែរដែលជាអ្នកនាំកូន និងមិត្តខ្លួនឯងទៅជាមួយ។ នាងលងបន្លាចខ្ញុំហើយប្រើខ្ញុំឱ្យរកមនុស្សស្លាប់ម្នាក់ឡើងវិលក្បុងអស់ទៀត នេះបើខ្ញុំមិនបានជួបលោកគ្រូទេពេលណាទើបនាងឈប់លេងសើចជាមួយខ្ញុំទៅ?
កាន់តែគិតកាន់តែខឹង​ បើមិនដោយសាវត្តីខ្ញុំចង់ទៅសុំគេប្តូរ​មន្ទីរ​ពេទ្យ​យាមឥឡូវនេះភ្លាម។
«វ៉ាក់អើ!» នឹកដើមដង្ហើមដល់មែន មិនបាច់ប្រាប់ក៏ដឹងថាជាវត្តីសង្សារខ្ញុំដែរ​ នាងមកអង្គុយជិតខ្ញុំហើយសួរ៖
«ប៉ុន្មានថ្ងៃនេះចេញពីរៀនបាត់បងឯងទៅណា?»
ឮសំណួរនេះទើបខ្ញុំភ្ញាក់ខ្លួន ​តាមពិតខ្ញុំគិតតែពីរឿងស្រីខ្មោចនោះរហូតដល់គ្មានពេលរវល់និងសង្សារខ្លួនឯង។
«បង…​បងមានការងារធ្វើនៅផ្ទះច្រើនទើបគ្មានពេលកំដរអូននឹងណា»
«ច្បាស់ហើយថារវល់នៅផ្ទះ?» នាងធ្វើមុខស្មើរហើយសូរត។
«បាទ!មែនហើយ»
«តែម្សិលមិញខ្ញុំទៅដល់ផ្ទះ អ៊ុំស្រីប្រាប់ថាបងមិននៅ បើអ៊ីចឹងបងរវល់នៅផ្ទះឬក៏រវល់មានអ្នកថ្មី? ឆ្លើយភ្លាម!»
នាងបញ្ចេញសំឡេងកាចហើយទឹកមុខពិឃាតរបស់នាងមើលមកខ្ញុំ។ ចប់ហើយពេលនេះកំពុងខឹងខ្មោចនោះផង ឥឡូវសង្សារប្រចណ្ឌព្រោះតែខ្មោចនឹងទៀត។
«បង….​បងអត់មានទេបងស្បថក៏បានគឺគ្មានមែនណា ជឿបងទៅ!« ខ្ញុំរដាក់រដុបព្រោះខ្លាចថានាងខឹងខ្ញុំមែនតែនាង បែរជាអស់សំណើច​នឹងមុខខ្ញុំដែលកំពុងតែភ័យនោះទៅវិញ។
«ហាសហាស! មើលបងឯងចុះដូចឆ្កួតអ៊ីចឹង»
ខ្ញុំលែងភ័យតែបែរជាឆ្ងល់វិញ។
«អូនឯងអត់ខឹងបងទេ?»
«ខឹងខួយអីទៅ អាណិតបងវិញទេដែលត្រូវខ្មោចលង»
«ខ្មោចលង! អ្នកណាប្រាប់ថាត្រូវខ្មោចលង?» ខ្ញុំជ្រួញចិញ្ចើម។
«គឺហេងហ្នឹងណា អូនឱ្យកាហ្វេប៊្រេនវាមួយកែវ រឿងអាថ៍កំបាំងអីក៏វាប្រាប់អូនដែរ»
«ហេងនេះរកទុកចិត្តមិនបានសោះ» ខ្ញុំខ្សឹបៗម្នាក់ឯង។
«កុំខឹងវាអី អូនអង្វរវាឱ្យប្រាប់ទេ»
«បងមិនចង់ឱ្យប្រាប់ ព្រោះមិនចង់ឱ្យអូនខ្លាច អូនដឹងអត់?»
«អូនដឹងថាបងបារម្ភ តែអូនធំហើយមិនមែនក្មេងទៀតទេ អ្វីដែលអូនបារម្ភគឺបង បងរកអស់ច្រើនថ្ងៃយ៉ាងនេះ រកឃើញអត់?»
«ហ៊ីម! តែស្រមោលក៏មិនឃើញដែរ» ខ្ញុំតប។
«អូនអាណិតធារ៉ាណាស់ ពេលបងទៅជួបនាងម្តងទៀតឱ្យ​អូនសុំតាមទៅផងបានទេ»
«ទៅធ្វើអីមិនពាក់ព័ន្ធនឹងអូនទេ»
«អូនមិនចង់ឱ្យបងប្រឈមមុខ​នឹងរឿងនេះម្នាក់ឯងទេ អូនចង់ឆ្លងកាត់វាជាមួយបងណា»
ឮហើយរំភើបណាស់ ខ្ញុំចង់ប្រាប់រឿងដែលលោកគ្រូប្រាប់ខ្ញុំមិញនេះឱ្យពួកគេបានដឹងណាស់ប៉ុន្តែដោយសារមិនអស់ចិត្តទើបខ្ញុំលាក់វាទុកដើម្បីនិយាយ​ប្រាប់​នាង​នៅ​ពេល​ជួប​។
«បាន!​ បើអ៊ីចឹងល្ងាចនេះពួកយើងទៅជួបនាងទាំងអស់គ្នាទៅ»
វត្តីងក់ក្បាលហើយឱបដៃខ្ញុំជាប់ ពួកយើងនិយាយគ្នាលេងមួយសន្ទុះធំទើបទៅផ្ទះរៀងខ្លួន។
លុះដល់ល្ងាចម៉ោង៦ល្ងាច ពួកយើងទាំង៥នាក់ធ្វើដំណើរទៅផ្ទះគ្រូនៅឯជាយក្រុងនោះម្តងទៀត។
ពួកគេទាំងបួននាក់ មិនទាន់ដឹងការពិត នៅមានចិត្តអាណិតធារ៉ានៅឡើយ ឯខ្ញុំវិញនៅក្នុងចិត្តខឹងនឹងនាងខ្លាំងណាស់ ខ្ញុំប្រាប់ខ្លួនឯងថាពេលបកអាក្រាតនាងចំពោះមុខអ្នកទាំងអស់គ្នាហើយ នឹងស្នើរសុំប្តូរមន្ទីរពេទ្យមិនឱ្យនាងមានឱកាសមក ធ្វើបាបខ្ញុំបានម្តងទៀតទេ ប៉ុន្តែមិនដឹងហេតុអីទេយូរម្តងអារម្មណ៍ខ្ញុំប្រាប់ថា ដូចជាមិនស្រួលសោះ។
ពួកយើងសុំអង្វរលោកគ្រូអស់ពេលយ៉ាងយូរទើបគាត់ព្រមជួយយើងជាលើកចុងក្រោយ៖
«សួស្តីអ្នកទាំងអស់គ្នា!» ដូចកាលមកទីនេះដំបូងអ៊ីចឹងគឺសំឡេងមនុស្សស្រីចេញពីមាត់លោកគ្រូនិយាយមកកាន់ពួកយើង ។
«នាងស្អាតខ្លាំងណាស់វត្តី»
«ចាស៎អរគុណ» វត្តីឱបដៃខ្ញុំទាំងញ័រហើយតប។
«ប៉ុន្មានថ្ងៃនេះលំបាកដល់អ្នកទាំងអស់គ្នាហើយ អរគុណហើយដែលព្រមជួយខ្ញុំ»
ខ្ញុំអង្គុយស្តាប់សម្តីកុហករបស់នាងទាំងសាំចិត្ត។
«ពួកនាយរកកូនខ្ញុំឃើញហើយមែនទេ?» នាងសួរត។
«មិនឃើញទេ…» សីហាតប។
«ពួកយើងរកសព្វអស់តម្រុយដែលយើងមានតែនៅតែរកមិនឃើញ ម៉ាក់ប៉ានាងមិននៅផ្ទះចាស់ទៀតទេ ហើយអ្នកដែលធ្លាប់រៀននិងធ្វើការជាមួយនាងភាគច្រើនស្លាប់អស់ទៀត ពួកយើងពិតជាមិនអាចជួយបានមែន សុំទោសផង»
ឮសីហារៀបរាប់ហើយនាងទម្លាក់ទឹកមុខចុះ៖
«មិនអីទេ ទោះយ៉ាងណានៅតែអរគុណពួកនាយដដែល» នាងតប។
ខ្ញុំពិតជាទ្រាំស្តាប់ពាក្យនាងនិយាយលែងបានទៀតហើយ។
«នាងសើចឆ្អែតហើយមែនទេ!» ខ្ញុំបោះមួយម៉ាត់នេះចេញទៅ ធ្វើឱ្យភ្ញាក់ផ្អើលដល់គ្រប់គ្នា។
«នាយនិយាយមានន័យថាម៉េចហ្នឹង?» ធារ៉ាសួរ។
«មានន័យថាម៉េចនាងដឹងច្បាស់ជាងគេ អ្វីដែលនាងប្រាប់ពួកយើងកាលថ្ងៃនេះគឺកុហកទាំងអស់ នាងមិនបានត្រូវគេសម្លាប់ទេ​ មានមនុស្សឃើញនាងលោតពីលើអាគារមកខ្លួនឯងដោយផ្ទាល់ភ្នែក»
«តុង! ឯងនិយាយអីនឹង!» វាសនាសួរទាំងភាន់ភាំង។
«ហើយនៅមានរឿងមួយទៀត នាងឱ្យពួកយើងដើររកកូននាងស្ទើរឆ្កួតពេញទីក្រុង ទាំងនាងដឹងហើយថាកូនខ្លួនឯងស្លាប់បាត់តាំងពីថ្ងៃកើតមកម្ល៉េះ» គ្រាន់តែឮពាក្យស្លាប់នាងបើកភ្នែកធំៗ។
«ស្លាប់? កូនខ្ញុំស្លាប់ហើយ! មិនពិតទេ! មិនអាចទេ! ហេតុអី….​ហេតុអីបានជាឃោឃៅដល់ថ្នាក់នេះ!» នាងឈរទ្រឹងស្រែកយំម្នាក់ឯង។
«ហើយឯងទៅដឹងរឿងអស់នេះយ៉ាងម៉េចបាន» ហេងសួរ។
«ព្រឹកមិញខ្ញុំជួបលោកគ្រូ ហ៊្សេនណារ៉ាល់នៅសាលា គាត់ជាអ្នកបង្កើតកូនឱ្យនាងកាលពីឆ្នាំនោះ​ គាត់ថាក្រោយនាងស្លាប់ប៉ុន្មាននាទីកូនក៏បានស្លាប់ទៅដែរ គឺនាងជាអ្នកនាំកូនខ្លួនឯងទៅ ហេតុអីបាននាងធ្វើបែបនេះ!» ខ្ញុំស្រែកគំហកដាក់នាង។
នាងសើចផងយំផងដូចជាមនុស្សឆ្គួតពេលឮឈ្មោះលោកគ្រូ។ សំឡេងនាងសើចប្រែជាអាក្រក់ទៅៗ ខ្លាំងទៅៗ គ្រលួច ពេញផ្ទះទាំងមូល។
ផាំង! សំឡេងរន្ទះ​លាន់ឮយ៉ាងខ្លាំងហើយដាច់ភ្លើងងងឹតស្លុប។ ពួកយើងប្រើពិលទូរសព្ទបញ្ចាំងរកមើលគ្នាស្រាប់តែ ឃើញលោកគ្រូដេកសន្លប់នៅលើដី។
«ដឹងខ្លួនឡើងលោកគ្រូ!» ពួកយើងដាស់គាត់យ៉ាងណាក៏មិនភ្ញាក់ដែរ។
ខណៈពេលពួកយើងកំពុងជ្រួលច្របល់ ភ្លើងស្រាប់តែភ្លឺមកវិញ ខ្ញុំងាកទៅរកវត្តីឃើញនាងដើរសំដៅទៅទ្វារចេញ។ ខ្ញុំហៅនាងយ៉ាងណាក៏មិនងាកសោះ ពេលនោះអារម្មណ៍ប្រាប់ខ្ញុំភ្លាមថាមិនជាវត្តីទេគឺធារ៉ាកំពុងនៅក្នុង​ខ្លួន​នាង។
ខ្សែភ្នែកដែលនាងមើលខ្ញុំពេលនេះមិនស្លូតបូតដូចកាលពីមុនទៀតទេគឺជាខ្សែភ្នែកដ៏កាចសាហាវពោរពេញដោយភ្លើងគំនុំ។ តើនាងយកសង្សារខ្ញុំទៅណាទៅ? នាងចង់ធ្វើបាបវត្តីទេដឹង?
នាងរត់ចេញទៅបាត់ខ្លួននៅក្នុងភ្លៀងដ៏ធំនោះ។ ខ្ញុំឱ្យហេងនិងវាសនាហៅឡានពេទ្យនិងនៅមើលលោកគ្រូ ឯសីហានិងខ្ញុំចេញទៅតាមវត្តី។
ពួកយើងរត់កាត់ភ្លៀងខ្ញុំឃើញវត្តីព្រាលៗ រត់បត់ចូលវីឡាដ៏ធំដែលខ្ញុំច្រឡំថាជាផ្ទះគ្រូចូលរូបកាលថ្ងៃនោះ។ ពេលតាមទៅដល់ខ្ញុំក្រឡេកឃើញវត្តីដើរឡើងរបងវីឡាម្តងមួយជំហានៗចូលផ្ទះនោះបានយ៉ាងងាយស្រួល។ ហេតុអីបានជានាងចូលផ្ទះនោះអ៊ីចឹង?
របងនោះខ្ពស់គួរសមខ្ញុំត្រូវជាន់លើស្មារបស់សីហាដើម្បីផ្លោះចូលទៅហើយឱ្យសីហាចាំនៅខាងក្រៅម្នាក់ឯង។
ផ្ទះនោះស្ងាត់ណាស់ដូចជាគ្មានអ្នកណានៅទេ។ ខ្ញុំដើរទៅដល់មាត់ទ្វារមិនប្រយ័ត្នក៏ធ្វើឱ្យកង់ម្ចាស់ផ្ទះដួល ពេល ខ្ញុំលើកង់នោះឡើងទើបចាប់អារម្មណ៍ដឹងថានេះជាកង់របស់លោកគ្រូ ហ៊្សេនណារ៉ាល់ដែលគាត់ជិះព្រឹកមិញនេះតើ ក៏បានន័យថានេះជាផ្ទះរបស់គាត់ដែរតើមែនទេ?
ព្រះអើយ! តើធារ៉ាដោយសារតែលោកគ្រូប្រាប់ការពិតដល់ខ្ញុំទើបចូលមកសម្លាប់គាត់ទេដឹង? មិនបានទេត្រូវតែទៅ ឃាត់នាងឱ្យទាន់មិនអ៊ីចឹងនឹងគ្រោះថ្នាក់ដល់វត្តីទៀតជា​មិន​ខាន។
ខ្ញុំបើកទ្វារចូល ខាងក្នុងផ្ទះមានសុទ្ធតែគ្រឿងសង្ហារឹមដែលធ្វើមកឈើប្រណិត និងរបស់របរទំនើបជាច្រើនទៀត។ ខ្ញុំដើរចូលមិនទាន់បានប៉ុន្មានផងស្រាប់តែ……។
«ស្តាប់​​…..​ ស្តាប់បងសិន!» សំឡេងមនុស្សប្រុសឮល្វើយៗ ចេញពីជាន់ខាងលើ។
ខ្ញុំដើរទៅតាមប្រភពសំឡេង ខ្ញុំលបៗដល់មុខបន្ទប់ហើយមើលតាមចន្លោះទ្វារដែលចំហឃើញយ៉ាងច្បាស់ថានោះពិត ជាលោកគ្រូពេទ្យ ហ៊្សេនណារ៉ាល់មែន។
ពួកគេកំពុងឈរទល់មុខគ្នា ទឹកមុខលោកគ្រូស្លន់ស្លោរគ្មានឈាមមួយដំណក់ទេ។ គាត់ប្រហែលជាមើលឃើញវត្តីជា ធារ៉ាដូចខ្ញុំដែរហើយក៏​ថា​បាន​។
ខ្ញុំចង់ស្ទុះទៅចាប់វត្តីចេញពីទីនោះណាស់តែខ្ញុំស្រាប់តែឮពាក្យមួយឃ្លាចេញពីមាត់លោកគ្រូ៖
«អូន…. ស្តាប់​​​…. ស្តាប់បងបកស្រាយសិន! រឿងនេះមិនដូចអូនគិតទេ!»
អូន? បង? ពួកគេគ្រាន់តែជាគ្រូនឹងសិស្សហេតុអីហៅគ្នាសុទ្ធតែបងអូនអ៊ីចឹង?
«មនុស្សប្រុសចង្រៃថោកទាបដូចឯងនេះនៅមានពាក្យបកស្រាយស្អីទៀត! ស្រលាញ់គ្នាលួចលាក់អស់ពេលជិត២ឆ្នាំ ពាក្យដែលឯងនិយាយទាំងប៉ុន្មានមានពាក្យពិតមួយណាទៅ? ដំបូងប្រាប់យើងថាគ្មានប្រពន្ធ ស្រលាញ់យើងជាមនុស្សស្រីទីមួយ ដល់ពេលយើងដឹងឯងក៏ដោះសារថាពេលកូនយើងកើតនឹងលែងប្រពន្ធចោលមករស់នៅជាមួយយើង? ឯងឱ្យមនុស្សស្រីកំពុងពពោះម្នាក់លាក់ទំនាក់ទំនងមួយនេះរហូតដល់សូម្បីឪពុកម្តាយយើង ក៏កាត់កាលលែងទទួលស្គាល់យើងជាកូនទៀត។ យើងអស់ចិត្តនឹងឯងយូរណាស់ហើយ គ្រាន់តែសង្ឃឹមអាចរស់នៅមើលថែកូនមួយនេះដោយខ្លួនឯងប៉ុណ្ណោះ។ តើហេតុអីបានជាឯងគ្នានធម៌មេត្តាមិនត្រឹមតែឱ្យគេសម្លាប់យើងទេថែមទាំងចិត្តដាច់សម្លាប់កូនខ្លួនឯងដែលទើបចាប់ កំណើតទៀត! តើឯងនៅមានសារជាតិជាមនុស្សទេ?» សម្តីធារ៉ាមួយមាត់ណាក៏ពោរពេញដោយកំហឹង​ពេញខ្លួនដែរ។
«បងសុំទោស!» លោកគ្រូឱនមុខហើយតប។
ពាក្យសុំទោសរបស់លោកគ្រូមួយម៉ាត់នេះធ្វើឱ្យខ្ញុំស្វាងដូចត្រូវគេជះទឹកត្រជាក់ដាក់មុខអ៊ីចឹង។ ខ្ញុំស្តាប់ឮហើយហួសចិត្តណាស់ មិននឹកស្មានថាគ្រូដែលខ្ញុំគោរពស្រលាញ់ និងកោតសរសើរអាចធ្វើរឿងអមនុស្សធម៌បែបនេះសោះ ពិតជាថោកទាបណាស់។
លោកគ្រូងើបមុខមកវិញហើយនិយាយបន្ត៖
«បងគ្មានបំណងធ្វើឱ្យអូនស្លាប់ទេ បងពិតជាស្រលាញ់អូនហើយចង់រស់នៅជាមួយមែន តែ……» លោកគ្រូអេះអុញដូចជាលាក់លៀមអ្វីម្យ៉ាង។
«ដល់ដំណាក់កាលនេះហើយ នៅរកពាក្យមកកុហកយើងទៀតមែនទេ យើងប្រាប់ឯងចុះថ្ងៃនេះមិនថាឯងនិយាយ អីទេ ឯងនឹងត្រូវស្លាប់ដូចគ្នា» សំឡេងធារ៉ាគួរឱ្យខ្លាចណាស់ នាងឈានជើងដើរចូលកាន់តែជិតទៅៗ
«គឺធីតា!» ធីតា? ជាប្រពន្ធលោកគ្រូតើ។
«ធីតាជាអ្នកធ្វើទាំងអស់​ នាងជាមនុស្សស្រីដែលមានចិត្តប្រចណ្ឌខ្លាំង ក្រោយដឹងថាពួកយើងស្រលាញ់គ្នាហើយដឹងថាបងនឹងឃ្លាតពីនាងទៅរស់នៅជាមួយអូន នាងខឹងខ្លាំងណាស់ នាងខ្លាចរឿងពួកយើងជាសាហាយនឹងគ្នាបែកធ្លាយធ្វើឱ្យអាម៉ាសមុខដល់ក្រុមគ្រួសារនាង។ នាងក៏រៀបគំរោងការណ៍សម្លាប់អូនយ៉ាងស្ងៀមស្ងាត់។
ថ្ងៃកូនយើងកើតនាងបានឱ្យឃាតកៈពីរនាក់ក្លែងខ្លួនជាបុគ្គលិកពេទ្យរុញអូនចេញទៅ និងម្នាក់ទៀតជាគ្រូពេទ្យ លួចចូលមកចាក់ថ្នាំបំពុលឱ្យកូនយើងស្លាប់។
នាងយកលេសថាទៅមន្ទីពេទ្យទទួលបងតែតាមពិតជាល្បិចបោកប៉ូលីសឱ្យជឿថានាងបានឃើញអូនលោត ពីលើអាគារនោះដោយខ្លួនឯងប៉ុណ្ណោះ។
បន្ទាប់មកនាងប្រើអំណាចជាប្រធានមន្ទីរពេទ្យក្លែងបន្លំឯកសារការស្លាប់របស់កូនយើងដើម្បីបន្លំភ្នែកអ្នកកាសែតទៀត។
ប៉ុន្តែខាងប៉ូលីសនៅមានការសង្ស័យច្រើន មិនព្រមបញ្ឈប់ការស៊ីបអង្កេត នាងភ័យខ្លាច​គេដឹងការពិតក៏បន្តជួលឃាតកៈ ឱ្យបោះអ្នកធ្វើការនិងសិស្សពេទ្យជាច្រើនចុះពីលើអាគារជាបន្តបន្ទាប់ដើម្បីបង្កើតរូបភាពឱ្យមនុស្សទាំងអស់ជឿថាក្នុងមន្ទីរពេទ្យពិតជាមានខ្មោចសាហាវតាមព្យាបាទពិត​ប្រាកដមែន។
ចុងក្រោយនាងសម្តែងជាមនុស្សល្អធ្វើជាដាច់ចិត្តបិទមន្ទីរពេទ្យចោលនិងជួយប្រាក់ដល់អ្នកដែលបានស្លាប់ ទាំងការពិតគឺចង់លាង​បាប​យករួច​ខ្លួន​តែប៉ុណ្ណោះ។​
ការពិតខ្មោចសាហាវកាលឆ្នាំនោះគឺមនុស្សជា​អ្នកធ្វើសោះ គួរឱ្យអាណិត ធារ៉ានិងអ្នកទាំងនោះណាស់។ ឃើញធារ៉ាឈរ​ទ្រឹងមិន​និយាយ លោកគ្រូក៏បន្ត៖
«ក្រោយមានរឿងនេះកើតឡើងបងចង់ទៅសារភាពណាស់តែនាងគំរាមធ្វើបាបម៉ាក់ប៉ាបង បងក៏បង្ខំចិត្តនៅជាមួយនាងធ្វើគធ្វើថ្លង់តាំងពីពេលនោះមក បងមានវិប្បដិសារៈណាស់ធារ៉ា បើអាចអូនសម្លាប់បងពេលនេះទៅ! ស្លាប់ក្នុងដៃអូនក៏ល្អព្រោះបងមិនអាចរស់នៅបែបនេះទៀតទេ»
ធារ៉ាស្រាប់តែដើរយ៉ាងលឿនសំដៅទៅរកលោកគ្រូហើយលើកដៃច្របាច់កគាត់យ៉ាងខ្លាំងផ្ទប់ទៅនឹងជញ្ចាំងបំណងសម្លាប់មែន។ ខ្ញុំស្ទុះទៅជួយតែខំទាញយ៉ាងណាក៏មិនអាចបេះដៃនាងចេញបានដែរ។
«ធារ៉ា កុំអី… កុំអី!» ខ្ញុំស្រែកបណ្តើរដៃខំប្រឹងទាញនាងចេញបណ្តើរ។ ទោះខ្ញុំនិយាយអីក៏​នាង​មិនព្រមឈប់ដែរ ខ្ញុំភ័យពេក ឃើញលោកគ្រូដូចជាជិតផុតដង្ហើមក៏លុតជង្គង់អង្វរនាង៖
«ធារ៉ា! ខ្ញុំដឹងថានាថាឈឺចាប់ណាស់ តែនេះនាងកំពុងនៅក្នុងខ្លួនវត្តីណា បើនាងសម្លាប់គាត់មែន វត្តីច្បាស់ជាមានទោសជាប់គុកមួយជីវិតមិនខាន» ឮហើយនាងដូចជារាងភ្ញាក់ខ្លួនហើយបន្ធូរកម្លាំងទៅលើលោកគ្រូ។
«ក្រែងនាងថាខ្ញុំជាមនុស្សល្អមែនទេ? តើនាងអាចលើកលែងឱ្យវត្តីដែលជាមនុស្សជាទីស្រលាញ់របស់មនុស្សល្អម្នាក់នេះបានទេ គ្មាននាងខ្ញុំច្បាស់ជាមិនអាចរស់ទេ» នាងដកដៃចេញទាំងស្រុងពីបំពង់កលោកគ្រូធ្វើឱ្យ លោកគ្រូ ដួលសន្លប់ទៅលើដី។
នាងយកដៃទាំងពីរចាប់ស្មាខ្ញុំឱ្យក្រោកឡើង។ ភ្នែកដែលនាងសម្លឹង​មកខ្ញុំនោះគឺពិតជាកំសត់ណាស់ នាងងក់ក្បាលតិចៗទាំងទឹកភ្នែកក្នុងន័យយល់ព្រមនឹងខ្ញុំ។ បន្តិចម្តងៗរូបរាងវត្តីក៏លេចឡើងនៅចំពោះមុខខ្ញុំវិញ។
វត្តីទន់ខ្លួនសន្លប់បាត់ ឯលោកគ្រូបែរជាងើបមកវិញឆ្ងក់។
«ទៅចុះ» នាងនិយាយក្នុងរូបជាលោកគ្រូហើយលើកដៃចង្អុលទៅមាត់ទ្វារ។
ខ្ញុំមិនគិតច្រើនក៏បីវត្តីចុះមក ពេលទៅដល់ក្រៅទ្វាររបងរបើកខ្លួនឯងរួចស្រេច ពួកយើងទាំងប្រាំនាក់ឡើងឡានមកវិញ ដោយសុវត្ថិភាព។ ខ្ញុំពិតជានៅបារម្ភពីលោកគ្រូណាស់ តើនាងអាចសម្លាប់គាត់ទេ?
ព្រឹកស្អែកខ្ញុំទៅដល់សាលាយល់ថាជុំវិញខ្លួនដូចជាប្លែកណាស់ លោកគ្រូអ្នកគ្រូរួមទាំងនាយកសាលាដូចជ្រួលច្របល់ ខុសធម្មតាមិនដឹងជាមានរឿងអីទេ៖
«តុង! ឯងដឹងនៅ?» សីហា​សូរ។
«ដឹងស្អីទៅ?» ខ្ញុំតប។
វាហុចទូរសព្ទមកឱ្យខ្ញុំមើលឃ្លីបវីដេអូមួយក្នុងហ្វេសបុកដែលគេចែកតៗគ្នារាប់សែនអ្នក។ ក្នុងវីដេអូនោះគឺជាលោកគ្រូពេទ្យហ៊្សេនណារ៉ាល់ គាត់កំពុងអង្គុយលើតុមួយក្នុងផ្ទះគាត់សារភាពរឿងរ៉ាវទាំងអស់ ដែលគាត់និងក្រុមប្រពន្ធគាត់ធីតាបានធ្វើនៅឆ្នាំនោះ។
បណ្តាញសង្គមគឺរហ័សណាស់ សមត្ថកិច្ចយោងតាមឃ្លីបមួយ​នេះរកឃើញជនដៃដល់បានទាំងអស់ហើយបញ្ចូន កាន់តុលាការឱ្យផ្តន់ទារទោសតាមផ្លូវច្បាប់​បាន​យ៉ាង​ឆាប់​រហ័ស​។
ឆ្លងកាត់រឿងរ៉ាវដែលកើតឡើងទាំងប៉ុន្មានធ្វើឱ្យខ្ញុំរៀនបានច្រើនណាស់។  ​មនុស្សដែលមើលពីសំបកក្រៅថាល្អ ឥតខ្ចោះបែរជាអាច ប្រព្រឹត្តរឿងអាក្រក់បែបនេះ ឯខ្មោចដែលខ្ញុំយល់ថាគួរឱ្យខ្លាចតាមពិត សារជាតិគឺស្លូតបូត។ ហ៊ីយ! ថ្ងៃក្រោយមុននឹងខ្ញុំចាត់ទុកអ្នកណាម្នាក់ជាគំរូ ខ្ញុំគួរតែយល់ពីគេឱ្យបានច្បាស់ទើបល្អ។ នាងពិតជាមនុស្សល្អណាស់ ធារ៉ា បើសិនជាខ្ញុំអាចជួបធារ៉ាបានម្តងទៀតខ្ញុំចង់និយាយពាក្យថា សុំទោស និង អគុណ ទៅកាន់នាងណាស់។ សុំទោសដែលយល់ច្រឡំនឹងនាង ហើយក៏អរគុណដែលធ្វើឱ្យស្គាល់មិត្តភក្តិល្អ មួយក្រុមដែលមិនថាខ្ញុំមានរឿងអ្វីទេពួលគេតាមជួយខ្ញុំជានិច្ច៕