បណ្ដាសារាត្រីរនោច – Meysansotheary
រឿង៖ បណ្ដាសារាត្រីរនោច ភាគទី៣ (ភាគបញ្ចប់)
ខ្ញុំងក់ក្បាលជាសញ្ញាថាចូលរួមជាមួយពួកគេ។
ពូភក្ត្រនិយាយញាប់ស្អេកព្រោះប្រញាប់៖
«គ្រូទៅអាគារបាក់បែក!»
បូរ៉ាឆ្លើយបន្ត៖
«ខ្ញុំទៅបណ្ណាល័យ!»
ពូភក្ត្រ​រត់ចេញវឹង ខ្ញុំសួរបូរ៉ាវិញភ្លាម៖
«បើកូនគាត់ទៅបណ្ណាល័យ គួរតែអត់អីទេ មានមនុស្សនៅកន្លែងនោះ!»
បូរ៉ា​ឆ្លើយវឹង៖
«អត់ដឹងទេ! តែ​ក្រៅពីអាគារបាក់បែក បណ្ណាល័យជាកន្លែង​ដែល​ចន្ទ​បានចួប​សង្សារ​គេ​ដំបូង​! យើងមិនមានតម្រុយត្រូវទៅកន្លែងណាផ្សេងពីនេះទេ!»
ខ្ញុំឆ្លើយខ្លីហើយ​រហ័ស​៖
«ចុះបន្ទប់ឃ្លាំងនោះ?»
បូរ៉ាងក់ក្បាល៖
«ឯងទៅៗអ៊ីចឹង?»
ខ្ញុំដូចជា​លង់ក្នុងសាច់រឿងនៃពាក្យបណ្តាសានោះ​១០០ភាគរយគ្មានគិត​សង្ស័យអ្វីទៀត​ឡើយ​​​ក្រៅតែអំពី​​រត់ត្របាញ់ជើង​ត្រលប់ទៅកាន់បន្ទប់វិញ។
សម្រាប់ខ្ញុំ ខ្ញុំគិត​ពីសុវត្ថិភាពកូនស្រីពៅរបស់គ្រូភក្ត្រជាងអ្វីគ្រប់យ៉ាង​ក្នុងពេលនេះ។ ​ចិត្ត​មេត្តា​​ធម៌​និង​ភាពឈឺឆ្អាលរបស់ខ្ញុំបានគ្របពីលើសេចក្តីភ័យខ្លាចនិងភាព​បែកខ្ញែក​នៃ​អារម្មណ៍។
អាគារស្នាក់នេះ នៅតែស្ងាត់ឈឹងសូន្យ និស្សិតទំាងពួងមិនដឹង​បាត់ខ្លួនទៅណាអស់ទេ។​ ខ្ញុំឈរឈប់ទ្រឹងនៅមាត់ច្រកចូល ទំាងហត់គឃូស ហើយរំពៃ​រកមើលសញ្ញា​អ្វីៗ ជុំវិញខ្លួន។
ការពិតអាគារនេះពិត​ជាធំ​វែងសន្លឹម​​បើពិនិត្យឱ្យដិតដល់។
ចំណែកបន្ទប់នីមួយៗ មាន​លក្ខណៈស្រដៀងគ្នា​ពិបាកចំណាំ​លើកលែង​តែបន្ទប់ខ្ញុំនៅចុង​គេ​​ដែល​មិនបាច់​ពិបាក​រក។ នៅចុងបញ្ចប់​នៃអាគារ​គឺចន្លោះរវាងបន្ទប់អាថ៌កំបាំង​និង​បន្ទប់​ខ្ញុំ​នោះ​គឺ​បង្អួចធំមួយ​​ដែល​ចរន្តខ្យល់បរិសុទ្ធ​និងពន្លឺពេលថ្ងៃអាចជះចូលមក ។
ពេលយប់ គេតែង​មាន​បើកកូនអំពូលពងមាន់ចាស់ស្រអាប់មួយនៅលើបង្អួចនោះ។
ខ្ញុំក្រឡេក​សន្សឹមៗទៅរកបន្ទប់ទល់មុខ​ហើយបោះជំហាន​ទៅ។
ចិត្តខ្ញុំស្រមៃទៅដល់សម្តី​បូរ៉ា ដែលថា បងស្រី​របស់ចន្ទ ដូចជា​ឱ្យសញ្ញាពុកនា​ងទើប គ្រូភក្រ្ត​ភ្ញាក់ខ្លួន​ដឹងថា​នេះជាយប់ដែលមាន​បញ្ហា។
បើការសន្និដ្ឋាន​របស់បូរ៉ា​គឺជាការ​ពិត​ តើទំាងនេះ​មានអីទាក់ទងនឹងខ្ញុំដែរបានជា​នាង​មកគោះ​បន្ទប់ខ្ញុំម្តងជាពីរដង​ហើយ ឱ្យខ្ញុំឃើញ​រឿងប្លែកៗ?
«កុំឱ្យប្អូនស្រីនាងមានរឿងឱ្យសោះឮទេ?»
ខ្ញុំនិយាយចេញមកតិចៗ និយាយទំាងមិនបានតាំង​ចិត្ត តែបានជាជ្រុលនិយាយទៅហើយ ទប់មកវិញក៏មិនទាន់។
ស្រាប់តែរបូត​ពាក្យសឹងតែផុតពីមាត់មិនទាន់ផង បង្អួចបោកមកគ្រាំ​ទង្គិច​នឹងគែម​ចម្រឹង​ធ្វើឱ្យ​​ចិត្តខ្ញុំ​ស្លុត។
ភ្នែករបស់​ខ្ញុំ​គាំង​នៅកន្លែងនោះ ​ហើយ​ប្រាកដចិត្ត​ថា ​នៅសួនច្បារក្រោយ​បង្អួច ខាងក្រៅ​អាគារ​គ្មានអ្នកណា​ទាំងអស់។
ខ្ញុំព្យាយាមម្តងហើយ​ម្តងទៀត គ្មានអ្នកណាម្នាក់​កំពុងតែលេងសើចនិងខ្ញុំទេ។ ឬមួយអាច?
ទីនេះស្ងាត់គួរឱ្យសង្ស័យ​ពេកហើយ?
ពួកគេលេងសើចបន្លាចខ្ញុំ យកខ្ញុំជា​តួកំប្លែង?
ចៃដន់​ខ្ញុំលែងខ្លាចខ្មោចហើយ​! ខ្ញុំប្រាប់ខ្លួនឯងដូច្នេះ​ហើយ​បោះជំហាន​វឹងទៅរកបង្អួច​ដើម្បីពិនិត្យ។
គ្រាន់តែ​ជើងឈានបានមួយ​ប៉ឹក អំពូលភ្លឹង​ចាប់ផ្តើមលោតចុះឡើងៗរលត់ភ្លឺ​រកកល​ចង់​ផ្ទុះ។
ខ្ញុំវិលរកសភាពដើម​គឺ​នឹកគិតប្រាវ​ដល់ច្រកទ្វារមុខអាគារ ហើយប្រុងជើងដើម្បី​រត់ប្រូច។
ប៉ុន្តែ…..ខ្វាក ទ្វារបន្ទប់នោះរបើកបង្ហាញ​ផ្ទៃខាងក្នុង​ដែល​ងងឹតស្លុប។​
ខ្ញុំសម្លឹងទៅ​ស៊ុមឈើដែលជាប់មាត់ទ្វារ។
ហេតុអ្វីខ្ញុំឃើញ​ជើងគ្រែ បើមុននេះខ្ញុំឃើញតែសម្ភារច្រង៉េងច្រង៉ាងសោះ ពេលគ្រូភក្ត្រ​បង្ហាញខ្ញុំ?
ខ្ញុំថយក្រោយប៉ុន្មានជំហាន ខ្ញុំមិនបានរាប់ មិនបាន​ចាំនោះទេ ប៉ុន្តែ ដឹងតែថា​ខ្ញុំជិតរត់​ហើយ​។
ប៉ុន្តែ​មិនដឹងជា​យ៉ាងម៉េច ខ្ញុំស្រាប់តែ​នឹកឃើញដល់គ្រូភក្ត្រ និងកូនស្រីគាត់។ ​ខ្ញុំទប់ការភ័យរន្ធត់ ហើយ​និយាយខ្សឹបៗតែម្នាក់ឯង៖
«បើនាង​នៅកន្លែងនេះមែន ឈប់លេងសើចទៅ ប្រាប់មក! ប្អូននាង​ទៅឯណា?»
គ្មានចម្លើយ​តែដៃខ្ញុំបះរោមជាថ្មី។
ខ្ញុំក្រឡេកឆ្វេងស្តំា មុខក្រោយ​ គ្មានអ្នកណាទំាងអស់។
នេះកណ្តាលអធ្រាត្រហើយឬអ្វី ម៉េចក៏គ្មានអ្នកណាម្នាក់វិលមកដេកវិញ?
ដើម្បីឱ្យច្បាស់លាស់ខ្ញុំក្រឡេកទៅកាន់បន្ទប់ខ្ញុំ។
ស្រមោលអ្វីមួយ​លេចចេញពីក្រោយខ្នង​ខ្ញុំធ្វើឱ្យខ្ញុំដូរ​ទិសដៅទៅទំាងតក់ក្រហល់។
ដូចជាអ្នកណាម្នាក់រត់រ៉េវទៅក្រោយអាគារ​ពីក្រោយខ្នង​ខ្ញុំ ដូច្នេះហើយ​ខ្ញុំបែរក្រោយ​រត់ដេញ​តាម ដោយមិនដឹងខ្លួន។
ខ្ញុំគិត​ភ្លាម​ថា ម្នាក់មិញនេះ​ជា​ចន្ទ ដែល​បានឆ្ពោះមកអាគារនេះ តាមលំនាំចាស់​របស់​បងស្រី​គេ​តែនាង​ឃើញខ្ញុំនៅ​ក៏គេចរត់ចេញ។ ដោយសារអ៊ីចឹងបានជា​ ខ្ញុំ​មិនបាន​គិត​អ្វីទំាង​អស់​​​ព្រោះបារម្ភ​តែពីប្រត្រម៉ាត់ត្រយ៉ូវក្នុងខ្លួននាង​។
មកដល់វាល ខ្ញុំពិត​ជាឃើញមនុស្សស្រីស្លៀកពាក់របៀបជា​សិស្សសាលាហើយ​រត់ត្របាញ់​ទៅ ឆ្ងាយពីខ្ញុំប្រមាណ​៣០ម៉ែត្រ​ប៉ុណ្ណោះ។ ​ដែលចម្លែកគឺ ទោះបីជាខ្ញុំប្រឹងប្រែងយ៉ាងណា​នៅ​តែ​រត់មិនទាន់នាង​សោះ?​ ចុងក្រោយនាង​បាន​បាត់ស្រមោល​ទៅក្នុងធម្មជាតិ​។
ខ្ញុំក៏បាត់ទិសដៅ​ឈរស្ងៀមសម្រេចចិត្ត។
តើខ្ញុំគួរបកក្រោយទៅប្រាប់បូរ៉ា​និងគ្រូភក្ត្រដែរទេ? នៅចំហៀង​កន្ទុយភ្នែក​ខ្ញុំអាច​មើល​ឃើញ​​​​តូបលក់អាហារ​មួយចំនួន។ ជាតូបចាស់ៗ ដែល​ប្រហែលត្រូវ​បានគេ​ឈប់ប្រើ​យូរ​ហើយ ដោយសារវាសង់ឡើងពីឈើ ហើយមានទ្រេតទ្រោត​បាក់បែកខ្លះ ។
ពេលខ្ញុំមករៀននៅទីនេះ ខ្ញុំឃើញ​មានកុងទីនទំនើបនៅក្បែរបណ្ណាល័យ ដូច្នេះតំបន់នេះ​ទំនងជា​អតីតកន្លែងលក់អាហារ​កាលពីយូរណាស់មកហើយ។
ចុះម៉េចក៏ ខ្ញុំដូចជាបានឃើញពន្លឺ?
តាមពិតអ្នកណាម្នាក់កំពុងចុចទូរស័ព្ទពិតណាស់?
ខ្ញុំដើរឆ្ពោះទៅ ហើយដើរកាន់តែលឿន។
តាមពិត​ខ្ញុំរកឃើញ​ហើយ គឺឃើញទូរស័ព្ទអិនចុចពិលមួយ​កំពុង​តែ ដេកលើស្មៅ​គ្មានឃើញម្ចាស់វាទេ។
ខ្ញុំបែកញើសស្រាក់ ហើយ​ស្រែកហៅ ៖
«ចន្ទ!»
ខ្ញុំឮ​តែសំឡេងខ្លួន​ឯង​បន្ទាប់មកគឺការ​យំបណ្តាក់គ្នា​របស់ចង្រិតក្អុកក្អាត់។
ការភ័យខ្លាចកាន់តែកើនច្រើនឡើងៗ ជាមួយ​និងសេចក្តី​ងឿងឆ្ងល់​។​ទូរស័ព្ទ​នៅដេក​កន្លែង​ដដែល​របស់​វាព្រោះ​ខ្ញុំរវល់តែនឹងការ​រំពៃ​រកមើលម្ចាស់។
ដោយគ្មានតម្រុយ​គ្មានសញ្ញាសោះ​ខ្ញុំបាន​គិតនិងអធិដ្ឋាន​ដោយបិទភ្នែក៖
«បើនាង​នៅទីនេះ​ជួយប្អូននាង​ផង! ឱ្យខ្ញុំរកគេឃើញផង!តើនាង​រត់ទៅណា?​ នាង​ប្រុងធ្វើអ្វី ឬអ្នកណា​កំពុងនាំនាង​ទៅ?»
អារម្មណ៍​ដូចជា​មានការភ័យខ្លាចលើស​ពី​ពាក្យដែលអាចពន្យល់បាន ខ្ញុំគិតថា​ នៅពេល​ដែល​​ឃើញ​នាងរត់មិនបាន​ឃើញ​នាង​ជំពប់ជើងសោះ​ចុះម៉េច​ក៏​ទូរស័ព្ទ​បាន​ធ្លាក់​មក​ដេក​នៅក្បែរតូបចាស់ៗអស់នេះ​ពីពេលណា? ពេលនាង​រត់មកដូចគ្មានពន្លឺសោះ តើនាង​បើក​ពិលពីពេលណា​ហើយ​បាត់ទៅណាលឿនម្ល៉េះ?
ខ្ញុំធំក្លិនអ្វីម្យ៉ាង …..ខ្ញុំផ្ចង់លើវា​….ពិតមែនហើយ វាជាក្លិនឈ្ងៀម! អ្វីម្យ៉ាងកំពុងឆេះ????
ខ្ញុំតក់ស្លុតព្រោះខ្ញុំឮសំឡេង​បូរ៉ាក្នុងខួរក្បាល«និស្សិតស្រីនោះបានដុតខ្លួនឯង!»
ហើយទន្ទឹមនឹងនោះ ខ្ញុំឮសូររើបម្រះ។
ខ្ញុំរត់ទៅមុខបានពីរបីជំហានក៏ឈប់មកវិញ។
ដើម្បីសុវត្ថិភាពខ្ញុំយល់ថាខ្ញុំគួរតែហៅគ្រូភក្ត្រឬបូរ៉ាមកដែរ?
ខ្ញុំស្រែកហៅខ្លាំងៗលែងខ្មាសលែងអៀន៖
«បូរ៉ា!មកនេះមក មកនេះមកបូរ៉ា!!»
ស្ងាត់ច្រៀប គ្មានឮអ្នកណាម្នាក់ឆ្លើយទេ។
ខ្ញុំអស់សង្ឃឹមក្នុងការទាក់ទងពួកគេ ដូច្នេះហើយ ខ្ញុំ​បែរមករក​វិធីជួយអ្នករងគ្រោះវិញ។
ខ្ញុំរត់ដូចដឹងទិសដៅច្បាស់ ដែលតាមពិតទៅខ្ញុំក៏មិនដឹងដែរថាមាន​កម្លាំងអ្វីបណ្តាលចិត្ត​ខ្ញុំឱ្យ​កើត​អារម្មណ៍​ដ៏​ចម្លែក​សម្រាប់ឆ្ពោះទៅរកទីដៅដែល​ខ្ញុំមិនដែល​សូម្បីតែ​ធ្លាប់​ឆ្លងកាត់​ពីមុនមកសោះ?
ពីរបីវិនាទីសោះ ការបាចហាចនៃភ្លើងពិល បាន​ខ្ញុំពីសញ្ញា​ដេក​ដួល​នៃ​អ្នកណាម្នាក់ ដែលខ្ញុំមិនបានឃើញទំាងស្រុង មិនបានឃើញច្បាស់ តែខ្ញុំប្រាកដណាស់​ថា ច្បាស់ជានាងហើយ។
ខ្ញុំបោលទៅ ហើយ​ឃើញ​មុនគេ​គឺ​កជើងរបស់នាងដែលចងជាប់ចំណង​ម៉ឺង​ទៅនឹង​ ផ្នែកម្ខាងទៀតនៃតូបឈើកំព្រួកមួយ។
ភ្លើងកំពុង​ឆេះសន្ធោនៅទីនោះ ហើយ​វានឹង​រាលមកដល់។ ​មាត់នាង​នឹង​ដៃត្រូវគេចងបិទ តែនាង​នៅដឹងខ្លួនហើយរើបម្រះ។
អ្នកណាដុតភ្លើង​​? អ្នកណាចងនាង? ​គេធ្វើម៉េចបានលឿនយ៉ាងនេះ​បើខ្ញុំទើបតែឃើញនាង​រត់មកសោះហ្នឹង?
ឬមួយអ្នកដែលរត់មកមិនមែននាង​?
ខ្ញុំឱបដៃខ្លួនឯងស្រែកវ៉ាសទំាងស្លុតព្រោះពិតជារន្ធត់ពេញ​ក្នុងទ្រូង។
បង​នាងមែនទេ​ដែលរត់នាំខ្ញុំមកជួយប្អូននាង?
ខ្ញុំស្រែកភ្លាត់សំឡេងជំនៈថ្គាមរឹង​ភ័យ​របស់ខ្ញុំ៖
«ជួយផងៗៗៗៗៗៗ»
ក្នុងភាពងងឹត​ខ្ញុំដឹងថា​នាង​កំពុងស្ថិតក្នុងលំនាំ​ដែលត្រូវឆ្ពោះទៅរកសេចក្តីស្លាប់​ទំាងគ្មាន​ហេតុផលទំាំងមិនដឹងខ្លួន​ដូចការបញ្ជាក់របស់ឪពុកនាងនពិតមែន​ដូច្នេះ​ខ្ញុំគ្មានគិត​អ្វី​ក្រៅតែពីរកវិធី​ជួយនាង​នោះឡើយ​។
ខ្ញុំឱន​ទៅបណ្តាច់​ចំណង​តែលំបាកណាស់ព្រោះវាតឹងណែន​ហួស។
ដូច្នេះ​ខ្ញុំលូកទៅទាញ​កំណាត់ដ៏វែងដែលញ៉ុកមាត់នាង​នោះចេញ​។
«អ្នកណាធ្វើ?»
នាង​​បាន​សេរីភាពខ្យល់​ដង្ហើមមកវិញ​ខំដកទំាងគឃូស​មិនបាន​ឆ្លើយអ្វី​ឱ្យ​ទាន់​សេចក្តី​អន្ទះសារ​​របស់ខ្ញុំឡើយ។
បន្ទាប់មកនាង​បើកភ្នែកធំៗ ហើយតក់ស្លុត ធ្វើឱ្យខ្ញុំដកដៃពីចំណង​ដែលប្រុង​នឹង​សាកល្បង​​​ស្រាយ​នាង​។
ខ្ញុំដឹងថា​ អ្នកនៅពីក្រោយ​ខ្នងខ្ញុំ ដែលនាង​កំពុងសម្លឹងនោះមិនមែនជាពុកនាង ​ឬក៏ជា​បូរ៉ា​នោះ​ទេ បើសិនជាពួកគេ នាងមិនតក់ស្លុត​ដល់ថ្នាក់នោះឡើយ។
ខ្ញុំងាកទំាង​ញ័រដៃ​ជើង។ វា​គឺជា​អ្វីមួយ​ដែល​ងងឹត​ពណ៌ដូចធ្យូងខ្មៅ​មានរាងកម្ពស់មនុស្ស​ឈរ តែគ្មាន​មុខ?
វានោះនៅស្កុបសម្លឹងឆ្ពោះមកពួកយើងក្នុងស្ថានភាពដូចចង់បំផ្លាញ​យើងជាជាងមកក្នុងបំណង​ល្អ។
ខ្ញុំអុកគូទថយក្រោយក្បែរចន្ទ ព្រោះ​ទន់ជើងដៃ។
ស្រមោលខ្មៅ​រំកិលមកជិត ខ្ញុំយកដៃជំនួសជើង ចែវដកខ្លួន​ចំណែកចន្ទ​នៅជាប់ក្នុង​ចំណង។
«ពុកអើយជួយ!»
វាពិតជាស្ថានភាព​គួរឱ្យខ្លាចមួយ​ដែលមនុស្សធម្មតាដូចខ្ញុំអាចទទួលយកបាន។
តើខ្ញុំជួយនាង​ម៉េចកើត​បើដៃ​ជើង​ខ្ញុំ​ញាក់ញ័រ​ រាងកាយមិនស្តាប់បង្គាប់​បញ្ជាកម្លាំងកំហែង​មិន​​បាន?
ខ្យល់បោកមកមួយវឹប ដូចចំហាយ​ម៉ាស៊ីនត្រជាក់ហើយ​ ពេលវេលាមួយប៉ព្រិច​ភ្នែក​កន្លង​ផុត​​​ទៅ​​យ៉ាង​រហ័ស​ខ្ញុំស្រាប់​តែ​ មានអារម្មណ៍ថា​ ភាពកក់ក្ដៅ​វិលត្រលប់មកវិញហើយ​ស្រមោលខ្មៅ​ចាប់ផ្តើមរលាយ។
ពីនៅពីក្រោយវា ដែលកំពុង​រសាត់បាត់ដូចផ្សែងខ្ញុំឃើញបូរ៉ា​ដៃកាន់អ្វីមួយ តែខ្ញុំមិនខ្វល់ទេ​​ខ្ញុំស្រែកឡើង ឮៗ៖
«ជួយ!ជួយផង!»
គ្មាន​ចម្លើយអ្វីទំាងអស់ ប៉ុន្តែ​បូរ៉ាបានឱនមកលើកគ្រាខ្ញុំ ឯគ្រូភក្ត្រស្រាយកូនគាត់។
សំឡេងគាត់លាន់មកលាយទឹកភ្នែក​សោយសោក៖
«ពុកប្រាប់​ឯង ឯងមិនស្តាប់! ឯងប៊ិះនឹងស្លាប់ហើយឃើញទេ?!»
តើមានរឿងអ្វីបានកើតឡើងអម្បាញ់​មិញនេះទៅ?
បណ្តាសារាត្រី​រនោច ពិតជាមានភាពសក្តិសិទ្ធនិងសាហាវថ្នាក់នេះមែនឬអ្វី​?
«បូរ៉ា​ឯងយកស្អីស្រោចវា!»
«ទឹក»
គេឆ្លើយខ្លី តែចិត្ត​ខ្ញុំគិតវែង​។
ខ្ញុំនិយាយបន្តញាប់ស្អេកព្រោះរន្ធត់៖
«បូរ៉ា គ្រូភក្ត្រ​ អ្នកទំាងពីរដឹងទេ! ដំបូងខ្ញុំឃើញ ចន្ទរត់មក​បានជាខ្ញុំរត់តាម តែឆ្ងល់ណាស់​ហេតុអីចន្ទមកជាប់ចំណង​រហ័សម៉្លេះ?»
ពួកគេមើលមុខគ្នាពេលដែលចន្ទ​កំពុង​ខំក្រោក​។ ខ្ញុំសួរភ្លាម៖
នាង​គ្រវីក្បាលយើងយំ។
បន្តិចមកទើបនិយាយ៖
«ខ្ញុំដួលសន្លប់ ក្រោកមក​ឃើញខ្លួនឯង​អ៊ីចឹងតែម្តង!»
គ្រូភក្តអ្នកសួរវិញម្តង៖
«អ្នកណានាំកូនឯងចេញពីផ្ទះ? អ្នកណាស្រាយកូនឯងឱ្យដើរមកបាន ហើយកូនឯង​មក​ទីនេះធ្វើអ្វី?»
ចន្ទរកនឹកហាក់ឈឺក្បាលជាខ្លាំង នាងនិយាយទំាង​ស្រពិចស្រពិល៖
«ក្រែងបងបូរ៉ាចូលមកស្រាយខ្ញុំហើយប្រាប់ឱ្យខ្ញុំរត់ទៅរកពុក ថាពុកចាំនៅនេះ?»
ខ្ញុំនឹងគ្រូភក្ត្រ ងាកភ្លែតមករកបូរ៉ា បូរ៉ា​វិញលេបទឹកមាត់ទំាងមុខស្លេក​ហើយនិយាយបដិសេធ៖
«ខ្ញុំនៅនិយាយជាមួយវុធឯងនៅក្រៅណេះរហូតមែនអត់? ​ខ្ញុំចូលទៅផ្ទះគ្រូភក្ត្រម៉េចកើត!»
សារជាថ្មី ខ្ញុំបែកញើស​សស្រាក់។ ខ្ញុំដឹងថា​ករណីចន្ទឃើញបូរ៉ា គឺដូចដែលខ្ញុំឃើញនាង​រត់មកដែរ។ បើនាងសន្លប់ ចុះអ្នក​រត់នោះជាអ្នកណា?
«តោះ! ចេញពីកន្លែងនេះ!»
គ្រូភក្ត្រតឿន​ហើយ​អូសដៃកូនស្រីគាត់ទៅ។ យើងពីរនាក់ដើរតាមគាត់ពីក្រោយ​ត្រឹកៗ។​ឃើញដំណើរពុកកូនពីរនាក់នេះ​​ខ្ញុំពិតជាអាណិតវាសនា​ពួកគេជាខ្លាំង។
ខ្ញុំកំពុងគិតថា ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាង​ ដើម្បីការពារ​ពួកគេ​។ បន្ទាន់នោះ​​ខ្ញុំ​នឹកឃើញ​ទៅ​ដល់​ព្រះសង្ឃ​ដ៏មានវិជ្ជាការ ដែលបានជួយខ្ញុំ​ពីកាលមុន គឺពីករណី​រឿង​ក្រយៅ​ខ្មោចលង​របស់ខ្ញុំ។
ខ្ញុំដើរបណ្តើរ​គិតបណ្តើរ​ថា​ដល់ផ្ទះចន្ទកាលណានឹងប្រាប់ពុកនាងអំពីព្រះសង្ឃអង្គនោះ។
ខ្ញុំស្មាន​ថា​ពួកគេទៅផ្ទះគ្រូភក្ត្រប៉ុន្តែ​ខុស​ទៅវិញព្រោះ​ពួកគេ​ទៅកាន់​បន្ទប់ដែលបងស្រីនាងស្លាប់។ គឺនៅមុខបន្ទប់ខ្ញុំ។
«ចូលដេកទៅ!»
បូរ៉ាខ្សឹបខ្ញុំហាក់ខ្លាចគេឯងឮ​ពេលដែលខ្ញុំកំពុងស្រឡាំងកាំង​និងគ្រូភក្ត្រ​ដែល​នាំ​កូនស្រី​គាត់​​ចូលបន្ទប់ចម្លែកគួរឱ្យខ្លាចនោះ។
ខ្ញុំខ្សឹបសួរវិញ៖
«គាត់ចូលទៅនឹងធ្វើអី?»
«គាត់ការពារកូនគាត់! យើងជឿថាបងស្រីចន្ទអាចនឹងការពារចន្ទបាននៅទីនេះ!»
ទ្វារ​បន្ទប់នោះ​បិទ​គ្រឹប​ខ្ញុំមិនអាចឮឬឃើញ​អ្វីបានទៀតទេ​ហើយ​ដើរទ្រេតទ្រោត​ទៅចាក់សោរ ចូលបន្ទប់ខ្លួនឯងថ្នមៗ ។
អ្នកផ្សេងទៀត ដេកលក់ខុរ គ្មានអ្នកដឹង​ពីព្រឹត្តិការណ៍ចម្លែក​ដែលខ្ញុំនឹងបូរ៉ា​បានចួប​នោះ​ឡើយ​។
យើងទំាង​ពីរឈានទៅ​ក្បែរ​គ្រែ យឺតៗហើយ​ប្រះខ្លួនគងថ្ងាសគិត។
ទីបំផុត​ខ្ញុំសម្រេចចិត្ត​ប្រាប់បូរ៉ាដោយឆាតកុំឱ្យឮដល់អ្នកផ្សេង៖
«ខ្ញុំស្គាល់ព្រះសង្ឃមួយអង្គពូកែណាស់!»
គេចុចមេដៃធំមួយ​ផ្ញើរមកវិញ។
ព្រហាមស្រាងៗ គេកេះខ្ញុំក្រោក​ហើយខ្ញុំខលទៅ​បងប្អូនជីដូនមួយរបស់ខ្ញុំឱ្យ​ជួយផ្តល់​ព័ត៌មាន​នឹងទាក់ទង​ព្រះសង្ឃជាមុន។ ទាក់ទងបានហើយ គេប្រាប់ខ្ញុំមកវិញថាឱ្យរកស្លឹកទទឹមមកដាក់ជាប់ក្នុងហោប៉ៅនាងហើយនឹង​ស្លឹកត្របែក​ដាក់ក្រោមបាតជើង​របស់​ចន្ទ​​រួចធ្វើដំណើរ​ជាបន្ទាន់ទៅរកព្រះសង្ឃនៅស្រុកកំណើតខ្ញុំ។
ពុកនាងរកស្លឹកទទឹមមកបាន​ប៉ុន្តែ​យើងគ្មាន​ស្លឹកត្របែកទេ។
បូរ៉ា​ទ័លតម្រិះក៏គូរ​ស្លឹកមួយមិនដឹងជាស្លឹកអ្វី ហើយ​ធ្វើជាសួរយើងថា​នេះជាស្លឹកអ្វីទៅ​យើង​ឆ្លើយ​​ត្រូវគ្នា​​ព្រមៗគ្នា​ថា«ស្លឹកត្របែក»គេងក់ក្បាលហើយ​ឱ្យចន្ទ​យក​ទៅស៊ក​ក្រោម​បាតជើង។
នៅទីបំផុតឡានឈ្នួលបានជូនពួកយើង​មកដល់ស្រុកកំណើត​នៅ​ពេលរសៀល​ម៉ោងបី។
ខ្ញុំមានអារម្មណ៍ថាខ្ញុំធូរចិត្ត​ច្រើនពេលមកដល់ផ្ទះហើយចាស់ៗ​ក្នុងភូមិ​បានអង្គុយជុំគ្នា​រង់ចាំពួកយើង​ជាស្រេចដែរ។ យ៉ាងហោចណាស់យើង​ដឹង ថា​យើងមិននៅឯកោ​ទ័លគំនិត​តែបួននាក់​​ដូចកាលពីនៅភ្នំពេ​ញទៀត​ឡើយ។​ ពេលនោះហើយ ដែលអ្នកស្រុក​បាន​យក​ស្លឹកត្របែកពិតៗឱ្យមកយើង រៀបចំរណ្តាប់​មានបង្អែមចំអាប មាន់ស្ងោរ​ទៀន​ធូប​ផ្កាភ្ញី ផ្លែឈើ​នាំ​យើង​ទៅវត្ត​នៅឯជើងព្រៃ។
​ ​មេឃ​បាក់រសៀល​យើងបញ្ចប់ការធាក់កង់និងជិះម៉ូតតាមផ្លូវរទេះព្រោះ​បានឃើញវត្តអារាម​ពាំងនៅពីមុខ។
ខ្ញុំមកដល់ទីនេះស្រណោះខ្លួនឯង​កាលពីវ័យ​ជំទង់​ដែលតែងតែ​ត្រូវខ្មោចលង​មិនស្វាង​រហូត​ដល់​ចាស់ៗ​នាំមកដល់ទីនេះដូចគ្នាដែរ។ខ្ញុំបានឈាន​តាមចាស់ៗទៅដល់កុដព្រះសង្ឃ ឃើញ​​លោកតានៅរង់ចាំជាមួយអាចារ្យជាស្រេច។
ពិធីចាប់ផ្តើម​ធ្វើឡើងមិនយូរប៉ុន្មាន ប៉ុន្តែអ្នកដែល ត្រូវ​ធ្វើពិធីមិនមែនចន្ទទេគឺគ្រូភក្រ្ត។
ព្រះសង្ឈបានឱ្យគាត់ប្តូរដោះសម្លៀកបំពាក់នោះ ហើយ​ចងជាមួយក្រមា​មួយអន្លើ។ ​បន្ទាប់​មក​ចាស់ៗបានចូលរួម​សូត្រមន្តរំដោះគ្រោះរួច​លើករាសី ​ទៅលើពូភក្ត្រលាន់ខ្ទរហើយ​ទើបដាក់ឈ្មោះថ្មីឱ្យគាត់ថា «តាសុខ»។
«ពរ! ពីពេលនេះ​ទៅ ញោមឈ្មោះសុខ ហើយកូនស្រីរបស់ញោមក៏បានរស់នៅ​សុខ​ដុមរមនា​​ដូចក្មេងស្រីផងទំាងឡាយ! អ្នកណាក៏ដោយហៅញោមថា គ្រូភក្ត្រ​ចូរកុំងាក​កុំឆ្លើយ បណ្តោយឱ្យ​អ្វីៗរលាយបាត់ទៅតាមឈ្មោះនោះទៅចុះ!»
បន្ទាប់មក ព្រះសង្ឃបាន​ប្រគល់អង្ករមួយ​ផ្តិល​មកឱ្យ​បូរ៉ា។
«ញោម​យក​អង្ករមួយឃ្លាំងនេះ ទៅបោះរោយនៅទីកន្លែងកើតហេតុដើម​នោះ ហើយ ប្រាប់ថា  ឱ្យ​រែកពុន​​យកទៅចម្អែត​ឈប់បែរក្រោយ ព្រោះស្អប់គុំគួន! ប្រាប់គេទៅថា​គ្រូភក្ត្រលែង​មាន​លើ​លោក​នេះ​ហើយ! ចំណែកខោអាវមួយបង្វិចនេះ​ត្រូវដុតចោល​នៅទីនោះដែរ!»
ខ្ញុំឱន​សម្លឹងអង្ករក្នុងដៃបូរ៉ា អង្ករមានលាយអំបិលគ្រួសដោយអន្លើ។ ​តែមួយផ្តិលសោះ​ហេតុអ្វី​​បានជាព្រះសង្ឈដិកា​ថា​មួយឃ្លាំង?
ខ្ញុំឆ្ងល់នៅងីរងើ មើលគេឯងចុះឡើង​ស្រាប់តែព្រះសង្ឃបន្តមកកាន់ខ្ញុំ៖
«ញោមចៅនេះចូលមកអាត្មា​សូត្រ​ឱ្យ!»
ខ្ញុំភ្ញាក់ព្រើតដែលដល់វេនខ្លួន​។
ព្រះសង្ឃញញិម​ខ្ញុំរំកិលចូលទៅ។
ព្រះសង្ឃចាប់សូត្ររន្ថើនឯជំនឿចិត្ត​ខ្ញុំ ក៏កាន់តែកើនឡើង។
«ញោមលែងឃើញ​​លែងឮ​លែង​ដឹងរឿងផ្លូវងងឹត​ទំាងនោះហើយ​!»
ខ្ញុំសំពះព្រះអង្គផ្តោមៗ ហើយរំកិលថយក្រោយ​។
ចប់ពិធីមេឃងងឹត​ទៅហើយ ព្រះសង្ឃ​ឱ្យយើង​សម្រាកជជែកលេងចុះឡើង​​ប្រមាណ​ជិត​មួយ​ម៉ោង​រួចទើបអ្នកស្រុកលាចេញមកវិញ។
ក្នុងដំណើត​ត្រលប់មកភូមិ​វិញ យើង​ទំាងអស់​បាននាំមកជាមួយ​នូវសេចក្តី​សង្ឃឹមថា​អ្វីៗ​គ្រប់យ៉ាងនឹង​ក្លាយ​ទៅជា​ធម្មតាវិញ។
ប៉ុន្តែ​នៅពេលដែលយើងត្រលប់​មកបាន​ពាក់កណ្តាលចម្ងាយផ្លូវទៅភូមិ​ ជាថ្មីម្តងទៀត អ្វីមួយដែលមិនប្រក្រតីបានកើតឡើង។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​នៅពេលដែល​គោមួយហ្វូងធំបង្ហាញ​ខ្លួន​ពាំងដំណើរយើង​ហើយ​គ្មានអ្នកណា​ដឹងថា ពាហនៈទំាងនេះ​ជាកម្មសិទ្ធិ​របស់អ្នកណានោះ​ឡើយ។
ពួកយើងខំចាំងពិលស្វែងរកអ្នក​គង្វាល​ប៉ុន្តែ​បែរជាឃើញស្រីម្នាក់ឈរបែរខ្នង​ទៅរកវាលស្រែ។
ខ្ញុំបែកញើសជោកបាតដៃ​ហើយ​ឱបបូរ៉ាជាប់ព្រោះគេជាអ្នកដឹក។
ភ្លាមនោះបូរ៉ានិយាយមកកាន់ខ្ញុំ ៖
«វុធឯង​បើកសាក់កាដូរខ្ញុំ​ ចាប់អង្ករក្នុងផ្តិល​ដែលខ្ញុំច្រកថង់​ហើយ​គប់ទៅលើស្រីនោះទៅ?!»
ខ្ញុំអរណាស់​ដែលពុំមែនមានតែខ្ញុំមើលឃើញនាង​។
ខ្ញុំបែរទៅរកអ្នកភូមិនផ្សេងទៀត​ពួកគេកំពុងដោះស្រាយ​រឿងហ្វូងគោ​ហើយជជែកដេញដោលសួរគ្នា​ក្រែងស្គាល់ម្ចាស់គោ?
«កុំអែអង់! ស្រាយអង្ករទៅ!»
បូរ៉ា​តឿនខ្ញុំ។ ខ្ញុំបើករូតកាបូបគេ​ខ្វាក​ហើយ​លូកដៃទៅក្នុងថង់ដែលច្រកផ្តិលអង្ករនោះ ក្តាប់បានអង្ករលាយអំបិតមួយដៃមកភ្លាម​។
«គប់ទៅ»
គេតឿនខ្ញុំ​ដូច្នេះ​ខ្ញុំប្រើកម្លាំង​ចោលទៅ​វឹង។ ​មាត់បូរ៉ា​ស្រែកឡើង​តាមបណ្តាំព្រះសង្ឃភ្លាម​ដែរ​ថា៖
«រែកពុនយកទៅចម្អែតឈប់បែរក្រោយព្រោះស្អប់គុំគួន! ​គ្រូភក្ត្រលែងមាន​លើលោកនេះ​ហើយ»
នាងនៅឈរធ្វើមិនដឹង ក្នុងស្បៃរាត្រីធ្វើឱ្យចិត្តខ្ញុំញ័រញាក់គប់ហើយគប់ទៀតរហូតអស់ពីផ្តិល ។
ហ្វូងគោ​រសាយបាត់ តែស្រីនោះនៅតែឈរលើវាលស្រែហើយបែរខ្នង។
ខ្ញុំដឹងថានាង​តាមយើងមក​រហូត ប៉ុន្តែ​ប្រហែលជាអ្វីមួយ​រវាង​ស្លឹកទទឹមនិងស្លឹកត្របែកនោះ​ដែលនាងមិនអាច​ធ្វើអ្វី​ចន្ទបាន​ឬមួយ​អ្វីផ្សេងលើសពីនេះ​ដែល​ពួកចាស់ៗ​ក្នុងភូមិនតែងមានមកជាប់នឹងខ្លួន​។​
ខ្ញុំនិយាយទំាងរញីរញ័រហើយ​ឱបបូរ៉ាបិទភ្នែក៖
«ជាន់ហ្គែឱ្យលឿនទៅ! វាតាមមកឥឡូវហើយ! អស់អង្ករហើយ!»
«ទៅបាត់ហើយ!»
បូរ៉ាឆ្លើយ​ខ្លីៗ​ខ្ញុំបើកភ្នែកសន្សឹមៗ ។
នាង​ពិតជាទៅណាបាត់មិនឃើញមែន។ ទោះបីយ៉ាងណាពួក​យើង​បានវិលមក​ដល់ជុំរុំទាំងចិត្ត​ពេញ​ដោយការភ័យខ្លាច។​ ២ថ្ងៃបន្ទាប់ពីនោះចន្ទនិងឪពុកនាង​ព្រមទំាងបូរ៉ាបានទៅវិញមុន ខ្ញុំនៅបន្តជាមួយអ្នកផ្ទះ។
បូរ៉ាបានផ្ញើ តាមហ្វេសប៊ុកមកឱ្យខ្ញុំឃើញ​នូវ រូបភាពដុតចោលបង្វិចនោះ។​ ខ្ញុំបានសួរពួកគេ​ថាមានហេតុភេទ​អ្វី​ទៀត​ទេ ប៉ុន្តែពួកគេតែង​បាន​ឆ្លើយ​ប្រាប់មកវិញ​ថា​គ្រប់យ៉ាងគឺល្អធម្មតា។ ខ្ញុំបានវិលត្រលប់ទៅរៀន​វិញ នៅព្រឹកថ្ងៃចន្ទ។
នៅតាមផ្លូវ​ខ្ញុំចិញ្ចឹមចិត្តថា​សុំគេដូរបន្ទប់គេង​ប៉ុន្តែពេលមកដល់កាលណា​ខ្ញុំឃើញមាន​ក្រុមផ្សេងទៀតបាននឹងកំពុងរើអីវ៉ាន់ឃ្លាំង​ទល់មុខនោះចេញហើយ​រៀបចំចូលស្នាក់នៅ។​ បន្ទប់​ដែលត្រូវបាន​បោះបង់ចោលពេលនេះ​មាននិស្សិត​ចូលនៅហើយ​ខ្ញុំ ហាក់បានធូរចិត្ត​ជាងមុន។
បីបួនថ្ងៃក្រោយមក ខ្ញុំចាប់ផ្តើម​ក្លាហាន នឹងនរ​ដើរលេងចុះឡើងជុំវិញ​អាគារ​ដូចមុន។​ នោះ​គឺ​​ពេល​ព្រលប់  ប៉ុន្តែ​ពួកគេនៅលេងបាល់មិនទាន់ដឹងចាញ់ឈ្នះ។​ ខ្ញុំអង្គុយក្បែរបង់​ប្រមាណ៣០ម៉ែត្រពីតារាងបាល់។
ខ្ញុំសម្លឹងពួកគលេង​ផង​ឱនមកលេងទូរស័ព្ទផង ។ ពេលខ្ញុំងើប​មុខ​ឡើង​ជាលើកទីពីរខ្ញុំ​ឃើញ​​និស្សិតស្រី​វ័យក្មេងអាយុ ប្រមាណ​២0 ឆ្នាំ​ដែលមានសក់រលាស់​វែង​ឈរនិយាយទូរស័ព្ទ។
ជាសភាវៈបុរស ពេលឃើញស្រីៗ យើង​តែងតែមើល ប៉ុន្តែ​ពេលខ្ញុំនឹកឃើញចម្លែក​ងើបមុខ​មើល​ម្តងទៀត​ខ្ញុំក៏​បាត់លែងឃើញនាង។
ខ្ញុំវិលទៅដេកតែចិត្តមិនមានភ័យខ្លាចអីទំាងអស់។ខ្ញុំគិតថា​មនុស្ស​ក៏ដោយ​ខ្មោច​ក៏ដោយ ឱ្យតែមិនធ្វើអីខ្ញុំ ខ្ញុំមិនទៅ​ខ្វល់អីជាមួយគេ​ទេ។
ចាប់ពីពេលនោះមក ខ្ញុំមិនដែល​បានស្ដាប់ឮអ្វីប្លែក​ឬមានអារម្មណ៍ថាឃើញ​មានអ្វីផ្សេងៗ​ចម្លែកទាល់តែសោះ​រហូត​ដល់ការសិក្សា​ខ្ញុំចប់ពេញ​រយៈពេល 3 ឆ្នាំ។
មុនពេលខ្ញុំចាកចេញពីសាលានេះ ខ្ញុំបានដំណឹងមកថា​ខាងជប៉ុនគេមកជួយសាងសង់អាគារធំមួយនៅលើទីតាំង​អាគារចាស់ដុះស្លែនោះហើយ​។ ខ្ញុំសប្បាយចិត្ត ហើយញញិម​នឹកដល់អនុស្សាវរីយ៍ទំាងឡាយនៅទីនេះ។
មតិ​អ្នកនិពន្ធ៖
ខ្មែរ​យើង​នៅតែមានជំនឿ​មុតមាំ​លើផ្លូវនិងអាគមគាថា​ក៏ដូចជាព្រលឹងវិញ្ញាណ​ដែល​វិទ្យាសាស្ត្រ​​មិនទាន់បកស្រាយបាន។ ចាស់ព្រឹទ្ធាចារ្យ​ដែលអ្នកនិពន្ធបានចួប  តែងប្រាប់ថា ប្រសិន​បើ​សង្ស័យ​រាសីដាក់​ឬ​មានព្រលឹងអន្ទោលតាម គួរតែប្រើ​ស្លឹកឬមែកទទឹម​សក្រហម​ដាក់ជាប់ខ្លួន​ជាគ្រឿងការពារចំណែកស្លឹក​ត្របែក​ស៊កក្រោមបាតជើងសម្រាប់បំបាត់ដាន​កុំឱ្យវិញ្ញាណអាក្រក់រកឃើញតាមទាន់។
ដូច្នេះ​ហើយ​ខ្មែរយើងនិយមដាំរុក្ខជាតិហូបផ្លែទំាងពីនេះនៅនឹងមុខផ្ទះកៀកដៃ​ងាយស្រួល​ដល់ការ​ប្រើប្រាស់សម្រាប់ធ្វើពិធីផ្សេងៗផង​។
មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ចំពោះ​ការ​តំណាលនិងជំនឿ​ដែលអ្នកនិពន្ធបានរកឃើញ​នេះ?
រឿង៖ បណ្ដាសារាត្រីរនោច ភាគទី២
­ទីបំផុត បូរ៉ាវិលមកវិញហើយ​គ្រវីក្បាល។
គេអង្គុយក្បែរខ្ញុំហើយ​រអ៊ូ៖
«គ្មានមនុស្សទេ!សូរជីងចក់​ផោមមួយក៏អត់ផង»
ខ្ញុំនឹកឃើញភ្លាម​ដល់យប់ដំបូង​ដែលខ្ញុំត្រូវខ្មោចលង​។​ពេលខ្ញុំរត់ចូលមកដល់ទីនេះក៏ធូរចិត្តវិញព្រោះយល់ថាបន្ទប់នេះមានមនុស្សនៅ។ខ្ញុំងើបមុខមើលនាឡិកា​ទូរស័ព្ទ ម៉ោងទើបតែជាងប្រាំបីយប់ហ្នឹង ?
ខ្ញុំនិយាយ​វឹង៖
«បូរ៉ា!កាលខ្ញុំមកនៅនេះថ្ងៃ​ដំបូង ឮសូរទូរស័ព្ទរោទ៍ចេញពីបន្ទប់​ហ្នឹង​ដែរ ម៉េចនាំគ្នាថាអត់មនុស្ស​នៅ​!​ចង់ច្បាស់ទៅសួររដ្ឋបាល​ហ្មងទៅ!»
បូរ៉ា​ខំអត់ធន់ចិត្ត​ហើយ​និយាយមួយៗពន្យល់ខ្ញុំ៖
«ឱ្យច្បាស់សិនវុធ មុនពេល​​បង្កភាពភ្ញាក់ផ្អើល !នែ៎ គ្នាជាពួកម៉ាក គ្នាសួរត្រង់ៗចុះ ឯង​ដែល​មានជំងឺ​រវើរវាយ​ទេ?»
ខ្ញុំនៅស្ងៀម​មើលមុខបូរ៉ា​ម៉ក់ៗ។គេប្រហែលដឹងថាខ្ញុំខឹង ក៏លិឍទឹកមាត់ពន្យល់ខ្ញុំទៀតដោយខ្សឹបៗ៖
«នែ៎​ ដូចង៉ៃមុនអ៊ីចឹង! វុធឯងប្រាប់ខ្ញុំរឿងអក្សរ​លើជញ្ជំាង ខ្ញុំខំទៅរកមើល អត់មាន​អី​អា​លីង​?????ជញ្ជាំង​អីបើ​នៅនោះ​បាក់អស់ហើយហ្នឹង​ទទេស្អាត មានតែជញ្ចាំង​ដុះស្លែមួយ ស្លែកាន់​ក្រាស់ ឃ្មឹកទឹកហូរ​ច្រោះ សរសេរអីជាប់?»
ខ្ញុំខាំមាត់​ហៅបូរ៉ា៖
«ម៏! ទៅជាមួយគ្នា!»
បូរ៉ាឈ្ងោកមុខគិត​មិនចង់ទៅ​ប្រហែលជាគេមិនចង់ឱ្យខ្ញុំបាក់មុខ​ឬ គេមិនហ៊ានប្រឈមនិង​ការពិត​។ តែខ្ញុំអត់ខ្វល់ ខ្ញុំតឿនយកៗ៖
«ម៏! ចាំមើលខ្ញុំ​នេះ​រវើរវាយឬ​អាម៉េច! ក្តៅតាចឹងៗអី?!»
បូរ៉ាប្រហែលដឹងថាខ្ញុំអន្ទះសារដែរ​ តែគេនៅតែហុចរូបភាពមួយចំនួន​នៅក្នុងទូរស័ព្ទ​របស់គេមក​ឱ្យ​ខ្ញុំ​មើល​។
វាពិតជាទីនោះ ទីដែលអ្នកណាម្នាក់បានវាយខ្ញុំសន្លប់កាលពីពេលម្តងនោះក្នុងយល់សប្តិ តែវាពិតជា​គ្មាន​​ជញ្ជាំងសរសេរពាក្យស្នេហាដូចដែលខ្ញុំបានឃើញនោះឡើយ។
«ខ្ញុំត្រូវនាំបូរ៉ាឯងទៅទីនោះ!»
ខ្ញុំនិយាយទំាងញ័រមាត់ ទោះបីចិត្តកំពុងចាប់ផ្តើមសង្ស័យនឹងខ្លួនឯង។
«បាន! តែមិនបាច់​គិតច្របូកច្របល់ពេកទេ !បើចាំបាច់ គេងសម្រាកសិនក៏បាន!»
ខ្ញុំដកដង្ហើមឃូរហើយនិយាយ៖­
«អត់អីទេ! ខ្ញុំចង់ដឹងការពិត តើខ្ញុំឡប់ ឬកន្លែងនេះកំពុងបង្កបញ្ហាដាក់ខ្ញុំ!»
ខ្ញុំក្រោកដើរចេញ​ទៅទំាងយប់ គឺចេញទៅទំាងខឹងចិត្ត។
ឃើញ​ដូច្នេះ​បូរា​ក្រោកដើរមកតាមខ្ញុំត្រុយដែរ។
ជាការពិតណាស់ខ្ញុំមិនបានត្រៀមខ្លួនជាស្រេចដើម្បីចូលទៅរកបន្ទប់នោះទេ ប៉ុន្តែមកពីកំហឹង​និងសេចក្តីអាម៉ាស់ ក្នុងចំណោមមិត្តភក្តិពេក បានជាខ្ញុំធ្វើដូច្នេះ​។ ក្នុងស្ថានភាពពុះពោរមួយខ្ញុំលើកដៃវាយទ្វាររបន្ទប់គ្រាំៗ។
«ចេញម៏វ៉ី!»
បូរ៉ាស្ទុះមកបម្រុងថាឃាត់ខ្ញុំ ស្រាប់តែ​យើងទំាងពីរ​ឈប់និយាយ​អ្វីចេញនៅគាំង​ចលនា​ហើយមើល​ទៅរក​ទ្វារ​ដែលរបើកសន្សឹមៗ។
ពូ​ភក្ត្រ​ជាគ្រូ​ចំណាស់ចូលនិវត្តន៍ម្នាក់ ព្រោះតែមានគ្រោះថ្នាក់ចរាចរណ៍គាត់ពិការដៃ​ក៏ដូរលែងធ្វើគ្រូ​ហើយ​នៅផ្នែក​គ្រប់គ្រងអាគារ​វិញ។
មិនដឹងម៉េចពេលនេះ គាត់ជាអ្នកចេញពីបន្ទប់នោះមក?
«តាមពិតពូទេ?»
ពូភក្រ្តគាត់សួរបក​ត្រលប់មកខ្ញុំវិញ៖
«ល្ងាចមិញពួកនិស្សិតឮសំឡេងប្លែក​ក្នុងនេះ? »
ខ្ញុំប្រញាប់តប៖
«បាទ ខ្ញុំជាអ្នក​ឮ! »
គាត់មិននិយាយអ្វី​បានសូម្បីតែ មួយម៉ាត់ ព្រោះរវល់សម្លឹង​រូបរាងខ្ញុំពីលើដល់ក្រោម ពីក្រោម​ឡើងលើវិញ ធ្វើឱ្យខ្ញុំកាន់តែខ្នាញ់ថា គ្រប់គ្នា​ដូចទុកខ្ញុំនេះជាមនុស្សចម្លែក មិនរវល់នឹងអ្វីដែលខ្ញុំបាន​និយាយ​ពី​ការពិត​ទំាងនោះ​សោះ។
ខ្ញុំឈានទៅកៀកគាត់​តែមួយជំហ៊ាន ហើយ​និយាយម៉ឺងម៉ាត់៖
«មិនត្រឹមតែឮទេ ខ្ញុំថែមទំាង​ឃើញទ្វារនេះ​របើក ហើយ​និស្សិតស្រីម្នាក់ដេកដួលនៅនឹងដី!»
ខ្ញុំនិយាយផងសម្គាល់មុខពូភក្រ្តយ៉ាងខ្ជាប់ខ្ជួនផងបំណាច់នឹងខឹង។
ពូភក្រ្តដៀងទៅរក​បូរ៉ាដូចចង់បញ្ជាក់ពីអ្វីដែលខ្ញុំបាននិយាយ។ប្រហែលជាទឹកមុខបូរ៉ាបង្ហាញថាគេមិនបានដឹងរឿងអ្វីហ្នុងហើយបានជា ពូភក្ត្រចៀសផ្លូវចេញហើយ និយាយមកកាន់ខ្ញុំ៖
«មើលខ្លួនឯងទៅ!»
គឺគាត់ហៅខ្ញុំឱ្យពិនិត្យបន្ទប់ចម្លែកនេះដោយខ្លួនឯង។
ខ្ញុំចាប់ផ្តើមដើរចេញពីបូរ៉ាមកអើតមើលបន្ទប់ភ្លាម។
ដូច្នេះខ្ញុំ បានឃើញច្បាស់ណាស់ បន្ទប់នេះ កខ្វក់ហើយមានគំនរកំព្យូទ័រចាស់ៗ តុកៅអីគរពេញ​មិនអាច​ចូលទៅម្តងពីរនាក់បានផង មានពីណាអាចទៅដេកដួលក្នុងនោះ ហើយទៅសំងំ​និយាយទូរស័ព្ទក្នុងនោះបាន?
បូរ៉ាឈានមកពីក្រោយខ្ញុំ ហើយដៃគេដាក់លើស្មាខ្ញុំ។
ពូភក្ត្រចាប់ផ្តើមនិយាយ៖
«បន្ទប់នេះលែងប្រើយូរហើយ គេទុកអីវ៉ាន់ចាស់ៗទេ!»
ខ្ញុំងើបមុខសម្លឹង​ទៅពិតានខាងលើដែលបិទបាំង​ទៅដោយផ្ទាំងតង់កៅស៊ូការពារទឹកស្រក់។ចិត្តខ្ញុំហោះហើរនិយាយអ្វីលែងចេញទំាងអស់។
ខ្ញុំថយទៅដេកលែងនិយាយអ្វីមួយម៉ាត់។
«ខ្មោច​លងខ្ញុំទៀតហើយ!»
ខ្ញុំគិត​ហើយស្រក់ទឹកភ្នែករឹមៗ លួចយំក្តៅក្រហាយ​នឹងក្រយៅខ្មោចលងដ៏គួរឱ្យអាម៉ាសនេះ។
ខ្ញុំស្បថថាពីនេះ​តទៅទោះនឹងឃើញអ្វីឮអ្វី​​ក៏ដោយ​អ្នកណា​និយាយអ្វីក៏ដោយ​ខ្ញុំនឹងមិនប្រាប់បន្ត​ទៅអ្នកណា​មិនខ្វល់នឹងអ្នកណាទំាងអស់ នាំគេសើចយំយើងអត់ប្រយោជន៍។
បូរ៉ាអុចធូបហើយនិយាយជីបអូចៗបែរបន់នៅក្នុងសួនច្បារ​។ខ្ញុំអាណិតគេណាស់​ដែលជាមិត្តល្អ​កម្រររកម្នាក់ ដឹងថា​ខ្ញុំត្រូវខ្មោចលងក៏មិនមាត់មិនករត់ទៅអុចធូបភ្លាម។
«ឈប់លលេងនឹងខ្ញុំទៀតទៅ!បើមិនចង់ឱ្យខ្ញុំចោលរៀនរត់ទៅនៅស្រុកវិញ!»
ខ្ញុំនិយាយម្នាក់ឯងតែនិយាយឮៗតាមចិត្តថប់ខ្វល់ ស្រាប់តែទ្វារបង្អួចបោក​មក​បិទគ្រាំកន្ត្រាក់​អារម្មណ៍​ខ្ញុំ។
ខ្ញុំព្រឺសម្បុរខ្ញាក ក្រោកវឹងពីគ្រែ ទំាងស្លន់ស្លោ។ ខ្ញុំបើកទ្វារក្រោកវឹងទៅរកបូរ៉ាដែលមិញនេះ​នៅខាងក្រៅក្បែរបង្អួចនៅឡើយ ចុះពេលនេះគេបាត់ទៅណា​​?
មេឃងងឹតស្លុបខាងក្រៅ ភ្លៀងបន្តរលឹម។
យប់រនោចនេះ ខ្ញុំមិនគួរចេញពីគ្រែមកទេ​តែខ្ញុំពិតជាមានអារម្មណ៍ថា​អ្នកណាម្នាក់​កំពុងតែស្ថិត​នៅក្បែរៗ​ខ្ញុំក្នុងបន្ទប់ដេក​បានជាខ្ញុំនៅលែងបាន?
ខ្ញុំចាកចេញពីកន្លែងកំពុងឈរហើយ​រត់វឹងទៅបណ្ណាល័យ​ដែលខ្ញុំជឿថាក្រុមខ្ញុំខ្លះកំពុង​តែនៅធ្វើ​មេរៀននៅទីនោះ។
ខ្ញុំរត់ខ្លះដើរ​ខ្លះ ទំាងលួចទោមនស្សក្នុងចិត្ត​ថា​ម្តងនេះ ទោះឃើញស្អីក៏ដោយ​ខ្ញុំនឹងលែងរវល់​ទំាងអស់​ ប៉ុន្តែ….
ខ្ញុំស្រាប់តែឃើញបូរ៉ា​ពីចម្ងាយ។
មុនពេលខ្ញុំបង្កើនល្បឿ​ន​ហើយ​ហាមាត់បម្រុ​ងស្រែកហៅគេ​ ​ខ្ញុំឃើញមនុស្ស​ម្នាក់ទៀត​លេច​រូបរាងឡើង​​ហើយកំពុងតែដើរ​ក្បែរគេនោះ។
ទោះបី​ពួកគេនៅឆ្ងាយ​ហើយ​ហាក់បីដូចជាកំពុង​ស្ថិត​នៅ​ ក្នុងទីងងឹតជាងខ្ញុំ​ តែខ្ញុំបានឃើញ​ស្រមោល ពួកគេទំនងដូចជារលះរលាំ​ងទៅរក​គោលដៅសំខាន់ណាមួយ។ ម្នាក់ទៀតនោះខ្ញុំគិតឆ្ងល់យូរបន្តិច​ទើបស្គាល់ថា ជាពូភក្ត្រ​ដែលខ្ញុំទើបនឹងចួប?
ទាំងពីរនាក់មានការអ្វីបានជាដើរលឿនស្លេវកណ្តាលយប់ស្ងាត់?
តាមពិតគឺខ្ញុំបានបំបែរទិសដៅតាមពួកគេដោយមិនដឹងខ្លួន….
អ្នកនាំមុខទំាងពីរបានបង្វែរទៅកាន់របងខាងជើង ។
ខ្ញុំហាក់កើតឡើងភ្លាមៗនូវអារម្មណ៍ ថា​មានការភ័យខ្លាចយ៉ាងចម្លែកមួយ​ហើយ​លេចឡើងនូវ​គំនិត​សង្ស័យ​ថា បូរ៉ានិងពូភក្ត្រដូចចាំកំពុងត្រូវរ៉ូវគ្នា​លើរឿងអ្វីមួយលាក់បាំងនឹងខ្ញុំ?
«ដូចថ្ងៃមុនអ៊ីចឹង! វុធឯងប្រាប់ខ្ញុំរឿងអក្សរ​លើជញ្ជំាង ខ្ញុំខំទៅរកមើល អត់មាន​អី​អា​លីង​??????»
ទន្ទឹមនឹងនឹកដល់សម្តីគេនោះ ខ្ញុំក៏ឈប់ជើង​នៅស្ងៀមកណ្តាលវាល។
ខ្ញុំនឹកឡើងវិញដល់ជញ្ចាំងនោះ ខ្ញុំបានឃើញច្បាស់ណាស់ មានរឿង​អីថា ​ដុះស្លែ ត្រូវ​ស្លែកាន់​ក្រាស់ឃ្មឹកទឹកហូរ​ច្រោះ ?
ខ្ញុំក៏នឹកឃើញភ្លាមដល់ការអុចធូបម្នាក់ឯងរបស់បូរ៉ានៅក្រៅ​បង្អួច។ ឬមួយគេដឹងពីការពិត​អ្វី​នៅ​ពី​ក្រោយ​​​​ការលង​យ៉ាងចម្លែកដែលខ្ញុំបានចួបហើយពេលនេះ​​តើគេនិងពូភក្រ្តទៅណា?
ខ្ញុំបែកញើសស្អិត។ ខ្មោចលងប្រហែលគា្រន់ជាងធ្លាក់ក្នុងល្បិច។ ខ្ញុំគិតរេរាមិនដឹងថា​ត្រូវតាមទៅ​ឬត្រូវបកក្រោយ​?
ភ្លាមនោះស្នូរជើង​លាន់ត្រលប់មកវិញពីចម្ងាយ…..
ខ្ញុំរ៉ឺយែរថយក្រោយ​ដោយ​មិនដឹងខ្លួ​ន​ហើយ​បង្កប់ខ្លួនឯងក្រោយបង់អង្គុយប្របមាត់ផ្លូវ។
ស្នូរជើងកាន់តែកៀក ខ្ញុំឮសំលេងបូរ៉ាលាន់មកតាមខ្យល់៖
«យប់នេះពូឯងកុំចេញពី​ផ្ទះឱ្យសោះ!»
តាមពិតគឺបូរ៉ានិយាយតាមទូរស័ព្ទទេ។
គេនោះដើរផុតទៅ ខ្ញុំនៅអត់ដង្ហើមគិត។
មិនខ្វល់ទេ យប់នេះខ្ញុំត្រូវការដឹងរឿង ឱ្យបាន?
មនុស្សស្រីដេកដួលនៅបន្ទប់ទល់មុខខ្ញុំឃើញផ្ទាល់នឹងភ្នែក ចំណែក​អក្សរ​លើអាគារ​ចាស់​ក៏ដូចគ្នា​ទីបំផុតគ្រប់គ្នា​យល់ថា​ខ្ញុំរវើរវាយ?
ខ្ញុំសសៀរបកក្រោយ​ទៅរករបងខាងជើង។
ខ្ញុំឃើញ​ផ្ទះតូចមួយពីចម្ងាយ។ ត្រូវហើយ វាប្រហែលជាផ្ទះពូភក្ត្រដែលមានគេធ្លាប់និយាយថា​គាត់រស់នៅក្នុងសាលាព្រោះគ្មានគ្រួសារ​ទេ។
ខ្ញុំដើររបៀបលបៗលាក់ខ្លួនខា្លចគាត់ឃើញ។វាជាកូនផ្ទះ​តូច​មួយសង់បន្តពីអាគារ​ចាស់របស់សាលា​នៅចុងបង្អស់។ ខ្ញុំធំក្លិនដូចជា​អ្នកណាម្នាក់នៅទីនេះ​បានជក់បារីតែ​គ្មានឃើញ​អ្នកណាម្នាក់​បង្ហាញ​ខ្លួន​​ទេ។ ក្រៅពីសម្រែកពពួកសត្វល្អិតក្រោមភក់​សល់ពីទឹកភ្លៀងដក់ ខ្ញុំមិនបានឮអ្វីទៀតទេ។
ខ្ញុំដកដង្ហើមវែងៗ ហើយ​ត្បុលទៅរកទីនោះ ដើរក្រឡឹងឡើងចុះ ក៏ឃើញ​កន្លែងដែលអាចសម្លឹង​ទៅ​ខាង​ក្នុងផ្ទះ។
តាមពិតប្រលោះនេះជាប្រលោះបន្ទប់ទឹក។ដោយសារបន្ទប់ទឹកបិទទ្វារមិនជិតខ្ញុំអាចមើលហួសទៅបន្ទប់ខាងក្នុង។
ខ្ញុំមិនបានឃើញពូភក្ត្រទេ តែខ្ញុំឮសំលេងគាត់ សង្កត់ពាក្យព្រមាន៖
«ស្អែកពុកនាំឯងត្រលប់ទៅស្រែវិញ ឈប់ឱ្យរៀន!»
ខ្ញុំមានអារម្មណ៍ថា អ្នកណាម្នាក់កំពុងយំតិចៗ ។
ដូច្នេះ​ខ្ញុំចំទើតជើង​មើលឱ្យច្បាស់។
ខ្ញុំឃើញក្មេងជំទង់ម្នាក់ កំពុងអង្គុយលើគ្រែ​ហើយ​ដៃនាង​ត្រូវចងទៅក្រោយទំាងពីរផង។
ចិត្តខ្ញុំ​តក់ស្លុត។
បើគាត់​ហៅខ្លួនឯងថាពុកម៉េចក៏គាត់ចងនាង​? នាងបានធ្វើអី្វខុស?
តើគាត់ធ្វើហិង្សាដល់ថ្នាក់ចងនាង​ ហេតុអី  នាងមិនស្រែកឱ្យគេជួយ?
ខ្ញុំរំពៃមើលមុខនាង​ឱ្យច្បាស់ តាមពិត​នាង​ត្រូវចងកន្សែងមាត់ទៀត?
ហេតុអ្វីគ្រូ នេះកំណាច​យ៉ាងនេះហើយ​គ្មានអ្នកណាដឹង? ចុះប៉ូរ៉ា?​គេបានដឹងរឿងនេះ​ដែរ?
ខ្ញុំសម្រេចចិត្តថា មិនអាច​នៅមើលតទៅទៀត ទេ​គួរ​តែត្រលប់ទៅរកមនុស្សពិភាក្សា​ថាគួរធ្វើយ៉ាងណាគឺគួរ​ជួយនាង​បកអាក្រាតគ្រូនេះ ឬមួយ​ក៏កុំរវល់ដឹងឮ?
ចិត្តខ្ញុំរហ័សដូចផ្លេកបន្ទោរ​នឹក​ទៅដល់បន្ទប់មួយដែលនៅពីមុខខ្ញុំនោះ?
តើ​ស្រីដែលខ្ញុំបានឃើញ ជាព្រលឹងខ្មោច ដែលត្រូវគេធ្វើបាបនៅទីនោះ ឬមួយ ក៏អ្វីបានជា​​ពូភក្ត្រ​ស្រាប់​តែ​បង្ហាញខ្លួន​ហើយក្រោយមក​ ​បូរ៉ាក៏​​អុចធូប?
បូរ៉ាពាក់ព័ន្ធកម្រិតណានឹងអាថ៌កំបាំង​អស់ទំាងនេះ?
ខ្ញុំចាប់ផ្តើមប្រមូលអារម្មណ៍មកវិញ ដើម្បីដកថយ​រកយុទ្ធសាស្ត្រ​ស្រាប់តែ​យល់ថា​អ្វីមួយនៅពីក្រោយ​ខ្នង កំពុង​តែប៉ះសក់របស់ខ្ញុំ។ ខ្ញុំថប់បារម្ភសឹងបះជើងដៃព្រោះនោះខ្យល់ដង្ហើមមនុស្ស។
បែរមកវិញ​យ៉ាងរហ័ស ខ្ញុំឃើញច្បាស់គឺបូរ៉ា។
គេប្រហែលជាទៅដល់បន្ទប់ហើយមិនឃើញខ្ញុំទើបគេសង្ស័យ​ដេញមកតាម​។
បូរ៉ា​ឈរស្កុបសម្លឹង​ខ្ញុំដូចមិនមែនជាមិត្តដែលខ្ញុំធ្លាប់ស្គាល់។ ខ្ញុំភ័យណាស់ រកតែហារមាត់សួរថា គេនឹង​ពូភក្ត្រមានអីលាក់កំបាំង​អ្នកផង តើគេមានរឿងអីលាក់នឹងខ្ញុំ តែខ្ញុំហារមិនចេញ។
គេស្រាប់តែលូកដៃមកអូសដៃខ្ញុំចុះពីគែម​ជញ្ជាំងមកលើដីហើយខ្សឹប។
«វុធឯងកុំនិយាយរឿងនេះប្រាប់អ្នកណា!»
ខ្ញុំនៅទ្រឹងៗភាំងៗមិនយល់អ្វី តែមិនទុកចិត្ត​បូរ៉ាសូម្បីតែបន្តិច ខ្ញុំរលាស់ដៃគេចែញ​បដិសេធភាព​ស្និទ្ធស្នាលគ្នា​​។
«គ្នាសុំអង្វរឯង!»
គេនិយាយមកបែបនេះ​ធ្វើឱ្យខ្ញុំមានអារម្មណ៍​កាន់តែតឹងតែងថែមឡើង។
«ម៉េចលោកគ្រូធ្វើអ៊ីចឹង? ម៉េចគាត់ចងម្នាក់ស្រីនោះ?»
សារជាថ្មី​ប៉ូរ៉ា​ទាញដៃ​ខ្ញុំ​ឱ្យ​ចេញពីទីនោះ​ហើយ​ហេតុផល​ដែលខ្ញុំ​លែងក្រាញ​ព្រមចេញ​ទៅតាមគេ​ព្រោះខ្ញុំចង់ដឹងការពិត។
មកដល់ឆ្ងាយបន្តិច ពេល​ខ្ញុំកំពុងរង់ចាំការបកស្រាយ​ បូរ៉ា​ងាកមើលឆ្វេងស្តាំ​យ៉ាងប្រយ័ត្នប្រយែង​មុនពេលបែរមកនិយាយខ្សឹប​ៗពន្យល់ខ្ញុំ៖
«ក្មេងស្រីនោះមិនអីទេ!គេជាឪពុកនិងកូន!»
ខ្ញុំប្រាប់តបវិញព្រោះមិនសប្បាយចិត្តជាខ្លាំង ៖
«ទោះបីនាងជាកូនស្រីរបស់គាត់ពិតមែន​ក៏ដោយ គាត់គ្មានសិទ្ធិ​ធ្វើអ៊ីចឹងទេ!គ្នាធំប៉ុណ្ណឹងហើយ​គាត់អាងអីចងដៃចងជើងគ្នា?យើងគួរទៅរាយការណ៍ប្រាប់នាយកទៅ!»
បូរ៉ា​ទីទើហើយហាក់ដូចជាមានអារម្មណ៍តឹងតែង​ខ្ញុំវិញខ្ចិលនិយាយនឹងគេនេះច្រើន​ក៏បែរចាកចេញ​តែ​គេ​ទាញដៃខ្ញុំឃាត់​ដូចជា​កំពុង​លេងល្បែងទាញព្រ័ត្រ។
«និយាយត្រង់ៗហ្មងទៅបូរ៉ា!»
សំឡេងគ្រូភក្រ្តលាន់មកខ្ញុំងាកក្រោយមួយរំពេច ហើយបានឃើញបុរស ចំណាស់នោះ​បង្ហាញ​ខ្លួន​កៀក​​​ពួក​យើង​​ទៅហើយ។ ខ្ញុំហាក់មានអារម្មណ៍ស្អប់គាត់ដោយសារ​ឃើញអំពើហិង្សា​ គាត់​បាន​ធ្វើ​លើ​​នារី​​​ជំទង់នោះ។ ខ្ញុំងាកមុខចេញមិននិយាយមិនស្តី​តែ​ត្រចៀកនៅប្រឹង​ផ្ទៀងស្តាប់គេ​ទំាងពីរ​មិន​ហ៊ាន​​ប្រហែសអ្វី​​ទេ។
«គ្រូមិនមន​ធ្វើបាបស្រីចន្ទទេ គ្រូការពារវា! ផុតយប់នេះទៅ គ្រូលែងវាហើយ!»
បូរ៉ាស្ទុះមកនិយាយបន្ថែម ៖
«មែនហើយ! មានហេតុផលសំខាន់​បានជាគ្រូភក្ត្រធ្វើអ៊ីចឹង!»
ពួកគេបានចាប់ផ្តើមទន់ភ្លន់ ហើយប្រៀបបីដូចជាកំពុងនិយាយអង្វរឱ្យខ្ញុំយល់ចិត្តរឿងអ្វីមួយ ធាតុពិតគេ​ខ្លាច ខ្ញុំទៅរាយការណ៍ទេដឹង?
ខ្ញុំក្រពាត់ដៃព្រោះពេលនេះឱ្យខ្ញុំចែកដាច់ថាពួកគេជាមនុស្សប្រភេទណាពិតជាមិនបានលទ្ធផលទេ។ ពេលនេះ​ខ្ញុំយល់ថាខ្លួនឯងវ៉ល់ៗ មិនស្គាល់អ្នកណាទំាងអស់។
«អ៊ីចឹង​និយាយអាថ៌កំបាំង​បន្ទប់ទល់មុខនោះឱ្យខ្ញុំដឹង​មកអ្នកទំាងពីរ​មានរឿងលាក់ខ្ញុំ​ច្បាស់​ណាស់​​!»
បូរ៉ា​ងាកមើលមុខ​ពូភក្រ្ត​ហើយបុរសចំណាស់វិញដកដង្ហើមធំ​។ខ្ញុំនិយាយបន្តភ្លាម៖
«បីបួនដងហើយ ខ្ញុំឃើញ​ទ្វារនោះរបើកខ្លួនឯង  ហើយ​ចុងក្រោយ​ខ្ញុំឃើញ ស្រីម្នាក់ដេកដួល​ក្នុងនោះ! គឺខ្ញុំឃើញច្បាស់នឹងភ្នែក!»
បូរ៉ានៅស្ងៀមស្ងាត់ឈឹង​ដូចគេចុកមាត់ជិត។ខ្ញុំនិយាយសម្លុតគេទៀត៖
«រឿងជញ្ជាំងនោះក៏អ៊ីចឹង! ឯងមានអីលាក់ខ្ញុំ? ​ខ្ញុំឃើញវាផ្ទាល់ភ្នែក​ហើយ​ឯងថាគ្មាន?​ អក្សរទំាងជួរៗ​ដែលយុវវ័យ​សរសេរទុក​លើជញ្ជាំង​!»
«គ្មានទេ! គ្មានអីទំាងអស់ ឯងក៏បានឃើញអ្វីដែលខ្ញុំថតមកឱ្យមើលនោះដែរ!»
«ឯងទៅលុបវាចោលមែនអត់? ឯងអុចធូបធ្វើអី? ឯងមានរឿងអីខ្លះលាក់នឹងខ្ញុំ?»
អារម្មណ៍​ដែលជឿថា​អ្វីមួយ​មិនធម្មតាពិតជា​បានកើតឡើង​ចំពោះខ្ញុំ​ពិសេសពាក់ព័ន្ធនឹង​ភាពត្រូវរ៉ូវគ្នា​ស្ងាត់ៗ​​របស់ពីរនាក់ទៀត បានបណ្តាលឱ្យខ្ញុំនិយាយ​ដោយមិនបានទប់ចិត្តអ្វីទំាងអស់។​ ប៉ុន្តែបូរ៉ា​មិនបាន​ខ្លបខ្លាចខ្ញុំឬបង្ហាញ​ភាពគេចវេះ​អ្វីទេ គេបែរជា​ដកដង្ហើមធំមុនពេល​ឆ្លើយយ៉ាង​ខ្លី៖
«ឯងត្រូវគេលង!»
ខ្ញុំព្រឺសម្បុរ តែខ្ញុំខំដំឡើង​ឬកពារ​ប្រកែក៖
«ឈប់លេងស្ទីលទៅ»
ខ្ញុំងាកមករកពូភក្រ្តហើយ​​និយាយ៖
«ល្ងាចមិញ គ្រូឯងដាក់កូនស្រីបង្ខំាំងនៅនោះមែនអត់? ខ្ញុំឮច្បាស់នឹងត្រចៀក គឺគេនោះកំពុងយំ!»
គាត់មិនដឹងឆ្លើយ​ងាកមកខ្សឹបដាក់បូរ៉ា៖
«តោះ! នាំគ្នានិយាយក្នុងផ្ទះវិញ!»
ខ្ញុំបាត់បង់ការទុកចិត្ត​បុរសវ័យចំណាស់នេះ​ហើយ ទើប​ឆ្លើយ​ឡើងភ្លាម​ថា៖
«​និយាយនៅហ្នឹងហើយ ខ្ញុំមិនទៅណាទៅទំាងអស់​រហូត​ដល់មានគេសារភាពពីការពិតចេញមក!»
នេះពិតជាចរិតដើម​ពេញមួយ​ជីវិតរបស់ខ្ញុំ​ដែល​នៅពេល​ដឹងរឿង​អ្វីមួយមិនយុត្តិធម៌​មិនស័ក្តសម​ខ្ញុំមិនបានឈប់យករួចខ្លួន​ឡើយ​គឺ​តែងតែ​ស្វែងរកការពិត​និង​ទាមទាររក​ត្រូវខុស។
ខ្ញុំឆ្ងល់ថា ប្រសិនបើពួកគេជាមនុស្សប្រភេទត្រង់ទៅត្រង់មក​ម៉េច​ចាំបាច់ខ្លាច​ម៉េចចាំបាច់លឹបល?
ខ្ញុំចចេសនៅទីនេះ​តែបូរ៉ាអង្វរខ្ញុំ៖
«ក្រែង​វុធឯងចង់ដឹងការពិតហ្អី? វែងឆ្ងាយណាស់! តោះ! ទៅនិយាយក្នុងផ្ទះបាន!»
ខ្ញុំនឹកឃើញដល់ក្មេងស្រីក្នុងចំណងម្នាក់នោះ។ ពុកគេតែម្នាក់ប្រហែលពិបាកចងគេបន្តិចហើយ​ ដូច្នេះមានតែ បូរ៉ានេះ​បានរួមដៃជាមួយគ្រូភក្ត្រ?
បើខ្ញុំទៅតាមពួកគេ អ្នកណា​ធានាថាគេមិនចងខ្ញុំទុកដែរ?
«អត់ទេ!»
ខ្ញុំបដិសេធ​ហើយដើរលឿនស្លេវទៅរកអាគារស្នាក់វិញ។
ពីក្រោយ​ខ្ញុំបូរ៉ា​រត់មកតាម​ហើយ​ខំ​ខ្សឹបពន្យល់ខ្ញុំញ័រមាត់៖
«គ្រួសារនេះត្រូវបណ្តាសារគេ! ខ្មោចដែលឯងឃើញក្នុងបន្ទប់ខាងមុខ​នោះ ប្រហែលជាបងស្រី​របស់​ចន្ទ! គេឈ្មោះមន្ថា គេស្លាប់ពីរឆ្នាំហើយ​គឺស្លាប់ក្នុងបន្ទប់នោះ​!»
ខ្ញុំនៅស្ងៀមផ្ទៀងស្តាប់ លែងដើរទៅមុខកើត។
បូរ៉ា​ដឹងថាមិនអាចរង់ចាំទៀតបានក៏ចាត់ការនិយាយហូរហែរ៖
«កូនស្រីគ្រូភក្ត្រស្លាប់ម្នាក់ នៅយប់១១រោចដូចគ្នានេះកាលពីឆ្នាំទៅ ! យប់នេះ ២ឆ្នាំមានម្តង ដូច្នេះ​កូនស្រី​ពៅគាត់ត្រូវតែចង ​ព្រោះចន្ទមិនព្រម​ស្តាប់ ហើយតែងតែ​​លួចចេញក្រៅចួបសង្សារ!» ​ខ្ញុំស្រឡាំងកាំង។ ត្រចៀកខ្ញុំបានស្តាប់ឮពាក្យបូរ៉ាគ្រប់ៗម៉ាត់អត់មាន​ចន្លោះត្រង់ណាទេ តែ​រឹតតែស្តាប់គេ អារម្មណ៍​ខ្ញុំកាន់តែវិល។
​តាម​ពិតក្នុង​​​រឿង​ដែល​បូរ៉ាកំពុង​រៀបរាប់​នេះ មានចំណុចណាគួរ​ឱ្យជឿកើត? បើមិនជឿទេ ហេតុអី​កំភួន​​ដៃខ្ញុំព្រឺសព្វរោម នៅស្ងៀម​មិនបាន ​ទាល់តែបបោស​វា​ញាប់ស្អេក​ទើបសម្រន់?
បូរ៉ានិយាយបន្ត៖
«ស្រីម្នាក់ដែលឯងឃើញនោះ​គឺខ្មោច! នាង​លងឯង!»
ខ្ញុំភ្លាត់មាត់តវ៉ា៖
«ខ្ញុំមិនដែលស្គាល់ទេ​ហេតុអី​បានជារើសយកខ្ញុំ?»
«ព្រោះឯងមានក្រយៅទាក់ទងនិងខ្មោចបាន!»
គេនិយាយខ្លី​តែម៉េចក៏ចំម៉្លេះ?
ខ្ញុំប្រកែកទទឹងទិស៖
«កុំចេះតែនិយាយឱ្យរួចពីមាត់!និយាយគ្មានការពិត»
បួរ៉ាមិនបង្អន់កាន់តែមកកៀកហើយខ្សឹប៖
«តាមពិតនាង​ចង់ផ្ញើដំណឹងទៅប៉ានាង ឱ្យប្រយ័ត្នប្អូនស្រីនាងយប់នេះកុំឱ្យមានគ្រោះបាន! ពេលនោះនាង​ធ្វើឱ្យឯងឃើញ ហើយ​ក៏ឮដល់គ្រូភក្ត្រ!ពេលគាត់បើកទ្វារចូលមក ប្រតិទិន​ចាស់​មួយ​សន្លឹកប៉ើងមកឱ្យគាត់ឃើញ ឱ្យគាត់ភ្ញាក់​ខ្លួន​ដឹងថា​នេះជាថ្ងៃដែលចំពាក្យ​បណ្តាសារ!»
ខ្ញុំគ្រវីក្បាលយឺតៗ ចង់ប្រាប់ថាមិនយល់តែខ្ញុំមិននិយាយសួរមួយម៉ាត់ទៀតក៏មិនចេញ។
បូរ៉ា​ឃើញដូច្នោះ ក៏ទាញខ្ញុំចូលទៅរកបង់ថ្ម ហើយអង្គុយមិនខ្វល់ពីតំណក់ភ្លៀងរលឹម៖
«រឿងពីដំបូង ទាក់ទង​តាំង​ពី​ជំនាន់កូនគ្រូភក្ត្រនៅក្មេងៗ។ កាលណោះពួកគេរត់លេង​ទៅអាគារ​ដែលចាស់រលំនោះ ក៏មកប្រាប់ឪពុកថាមានគេសរសេរពាសពេញជញ្ជាំង ដូច្នេះនាយកសាលា​ជំនាន់នោះ​ ​បាន​ចាត់គាត់ឱ្យទៅរកឬសគល់​រកមុខអ្នកសរសេរ។ ល្ងាចមួយ​គ្រូភក្រ្តរកឃើញ​សង្សារ​និស្សិតមួយគូរមកចួបគ្នា​ប្រព្រឹត្តិអនាចារនៅទីនោះ!​ គាត់បាន​ហៅ​​ព្រមាន​​​​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ហើយយកសោរមកចាក់ទីនោះ។ និស្សិតទំាងពីរ​បាន​គេច​ចេញអស់ ​​ហើយស្អែកឡើង​បានបន្សល់លើជញ្ជំាំង​នូវ​ពាក្យពេចន៍​ប្រទេច​គ្រូដែល​បានបិទទ្វារ​អាគារចាស់​មិនឱ្យពួកគេ​ចូលបាន។ គ្រូភក្ត្រខឹងជាខ្លាំង​ក៏រាយការណ៍​ទៅនាយក​​ហើយ​សុំ​ហៅ​និស្សិតស្រីប្រុសនោះមកព្រមាន​។ តែពេលនោះសាលា​អាចរកឃើញ​តែ​និស្សិតស្រី​ព្រោះ​និស្សិត​ប្រុស​បានរត់គេចខ្លួន​មិនមាន​ដំណឹង។ ដោយសារអក្សរនោះមិនមែនជារបស់នាង​ទើប​នាង​ត្រូវបាន​ដោះលែងរួចខ្លួនមក​វិញ ប៉ុន្តែ​ជារៀងរាល់ព្រលប់ នាង​តែងតែមកអង្គុយទីនេះ​រង់ចាំ​សង្សារ​​!»
ចិត្តខ្ញុំនឹកឃើញ​ភ្លាម​ទៅដល់​ពន្លឺភ្លើងនិងដានមួយចំនួនដែលនាំខ្ញុំឱ្យទៅដល់អាគារចាស់​ដូច​កើតឡើងផ្ទាល់នឹងមុខ តែក្រោយមកវាគ្រាន់តែជាយល់សប្តមួយ។ពេលនេះ​បូរ៉ាផ្តើម​និយាយបន្ត៖
«និស្សិត​ស្រី​លែងនិយាយ​រកអ្នកណា​ហើយ នាង​ទៅកាន់​ទីនោះជារៀងរាល់ល្ងាច ជាមួយ​ចង្កៀងមួយ​!​ នាង​​មានស្ថានភាពកាន់តែស្រងូតទៅៗ លែងស្តាប់សម្តីគ្រូណា​ពន្យល់លែងមាន​គេ​រាប់រកចូលក្បែរ​។​ ល្ងាចចុងក្រោយ ដែល​មេឃ​​រនោចងងឹតស្លុប​នាងនៅចចេសអង្គុយ​ទីនោះ​តែឯង គ្រូភក្ត្រ​​បានដើរទៅ​កាន់ទីនោះ​ហើយ​ហៅនាង​ឱ្យវិលទៅកន្លែងសម្រាក។ នាង​បានមិនរវល់ឆ្លើយ នឹងគាត់គិតពីអង្គុយ​ស្ងៀមដូចមនុស្ស​វិកល។ អស់តម្រិះ លោកគ្រូ​បានព្រមាន​នាង​ថា​ ​បើនាងមិន​ត្រលប់​ទៅសម្រាក​គាត់នឹង​ខលទៅ​ប្រាប់ឪពុកម្តាយនាង​តែម្តង។ និស្សិតស្រីបាន​ចាកចេញ​ដោយ​បង្ហាញ​​ក្តី​ឈឺ​ចាប់ ជាមួយពាក្យសម្តីព្រមាន​មុតៗថា កូនស្រីទំាង​ពីររបស់លោកគ្រូ ធំឡើងនឹង​មាន​វាសនា​​ដូចនាង ហើយ​គេនឹងស្លាប់នៅរាល់យប់រនោចនេះ ប្រសិនណាពួកគេហ៊ានមានស្នេហា​យុវវ័យ​ហើយ​ចាកចេញពីក្នុងផ្ទះ។»
​សារជាថ្មីខ្ញុំចំហមាត់ស្រមៃទៅដល់ទិដ្ឋភាពមួយទៀត ​គឺនឹកហើយ​នឹកទៅដល់ស្រីម្នាក់និយាយ​ទូរស័ព្ទ​​​តែគ្មានស្រមោលនៅលើដី។បន្ទាប់មកទៀតគឺ​រូបរាង​​អាគារ​ចាស់ដែលខ្ញុំបានឮ​សំលេង​មនុស្ស​ប្រលែង​គ្នាហើយពេលនេះ​ក្នុងការស្រមៃរស់ខ្ញុំ ថែមទំាងមានរូបនារីនិស្សិតខ្ញុំ​មិនដែល​ស្គាល់​នោះ​ផង។​
បូរ៉ាបន្ត៖
«ដោយសារគ្រប់គ្នា​ក្នុងសាលា​តែងតែចាត់ទុកនាង​ជា​មនុស្សមិនគ្រប់ទឹក ឬខ្លះថានាង​ត្រូវអំពើស្នេហ៍​របស់និស្សិតប្រុសដែលបាត់ខ្លួននោះ លោកគ្រូភក្ត្រក៏ដូចគ្នា​គឺមិនប្រកាន់​ហើយ​មិនបាន​ចាប់អារម្មណ៍​អ្វីនឹងសម្តីនាងទេ លុះដល់​ស្អែកឡើងទើបគេដឹងថា ​នាងបានសម្លាប់ខ្លួន​នៅទីនោះ គឺ​បានដុតខ្លួនឯង​ ​ក្នុងបរិវេណ​អាគារដែល​ត្រូវបាន​ចាក់​សោរពីក្រៅ​ជាប់ មិនដឹងជា​នាង​អាចចូលទៅតាមណាបាន? ប៉ូលិសបានធ្វើកោសល្យវិច្ច័យនឹងបានវាយតម្លៃថានោះជាករណីធ្វើឃាត​គ្មានទុកតម្រុយ​ប៉ុន្តែ អ្នកផ្សេង​ដែលបានឃើញសពនាង​យល់ថានាង​ត្រូ​វប្រម៉ាត់ត្រយ៉ូវចូល!​ ថ្ងៃខែ​ចេះ​តែកន្លងទៅ​គ្រូភក្ត្រមិន​បាន​យក​ចិត្ត​ទុកដាក់​អ្វី​នឹងសម្តីនិស្សិតវក់ស្នេហ៍នោះទេ។ ​ក្រោយមកក៏​បានដំណឹងពីរឿង​ដែលនិស្សិតប្រុសនោះស្លាប់នៅស្រុកកំណើត​ដោយប៉ូលិស​មិនអាចរកឃើញ​មូលហេតុ។ ពេល​គ្រូភក្ត្រ​មើលឃើញស្ថានភាពសពនិស្សិត​គួរឱ្យអនោចអធម៌ពេក ​ក៏ភ័យខ្លាច​ហើយ​នឹក​ឃើញ​ឡើងវិញទៅ​ដល់​សម្ដី​នាងនិស្សិតថ្ងៃដែលគាត់ឃើញនាងចុងក្រោយ!»
ខ្ញុំរន្ធត់ជាងដែលបូរ៉ាកំពុងនិយាយ។ ខ្ញុំ​ធ្លាប់​ដឹង​ត្រឹម​ថា រឿងបណ្តាសាមុនពេលស្លាប់​ជា​រឿង​មាន​ពិត​មែន តែ​មក​ដល់​ជំនាន់​នេះមានតែឮគេនិយាយ​មិនដែលបានឃើញផ្ទាល់ទេ។
ខ្ញុំនិយាយកាត់៖
«ឯងជឿថាកូនស្រីច្បងរបស់គ្រូភក្ត្រនោះ ​ស្លាប់ព្រោះបណ្តាសា?»
បូរ៉ាឱនមកធ្វើកាយវិការពន្យល់ខ្ញុំយ៉ាងម៉ឺងម៉ាត់៖
ខ្ញុំបើកភ្នែកគ្រលួងៗ ហើយនឹកឃើញដល់រូបរាងមនុស្ស​ស្រីដេកដួលនឹងដី មាត់ខ្ញុំសួរបញ្ជាក់៖
«ដុតខ្លួនឯង?»
បូរ៉ាងក់ក្បាល៖
«ឯងយល់ថាចម្លែកទេ?»
ខ្ញុំសួរទៀត៖
«ឃ្លាំងដែលបួរ៉ាឯងនិយាយ​……?»
គេងក់ក្បាលទំាងដែលខ្ញុំមិនបានសួរចប់។​
នេះមានន័យ​ថា ឃ្លាំង​ដែលគេកំពុងនិយាយ គឺជាបន្ទប់ដែលខ្ញុំបានឮសំលេងទូរស័ព្ទ ក៏ជាបន្ទប់ដែលបានបើកទ្វារ​ឯកឯងហើយមកគោះទ្វារខ្ញុំច្រើនលើក ?
ដៃខ្ញុំបះរោមស្របពេលសំឡេង​គ្រូភក្ត្រដង្ហោយមកពីក្រោយខ្នងបូរ៉ា៖
«បូរ៉ាៗៗៗ ចន្ទរបូតចំណងរត់បាត់ហើយ!»
ស្នូរ​ហត់ដង្ហក់ នឹងភាពរន្ធត់ក្នុងសំឡេងគាត់ ធ្វើឱ្យចិត្តខ្ញុំជ្រួលច្រាល់​ស្ទុះ​ក្រោក​ពីបង់​ថ្មដំណាលគ្នា​​ជា​មួយ​​បូរ៉ា?
«ម៉េចអ៊ីចឹង!»
បូរ៉ាសួរខ្សឹបតែរញីរញ័រ។
ខ្ញុំយល់រឿងទំាងអស់​ហើយខ្ញុំភ័យជំនួសពួកគេ។
សំឡេងគ្រូភក្ត្រអង្វរ៖
«ជួយគ្រូផង!ជួយកូនគ្រូផង!»
ខ្ញុំស្រងាកដៃជើងនៅនឹងមុខ​ស្ថានភាពនេះ ។
ស្រមោលនភាល័យពណ៌ខ្មៅគ្មានសូម្បីអាចន៍ផ្កាយមួយ​បានអណ្តែតមកគ្របពីលើមហាវិទ្យាល័យ។
តើយប់រនោចនេះ​នាងតូចពិតជាចាញ់បណ្តាសា មិនអាចបន្តជីវិតបានទៀតពិតមែនទេ?
ខ្ញុំគ្រវីក្បាលឆ្លើយចំពោះខ្លួនឯង ហើយខ្ញុំឮបូរ៉ាស្រែកខ្សឹបៗ៖
«ចែកផ្លូវគ្នារកទៅ!»
មានភាគបន្ត…
រឿង៖ បណ្ដាសារាត្រីរនោច ភាគទី១
បណ្តាសាររាត្រីរនោច-ភាគ១.docx