បណ្តាសាម្ចាស់ដើម – Meysansotheary

រឿង៖ បណ្ដាសាម្ចាស់ដើម
ឆ្នាំ ១៩៧៥…
សូរសន្ធឹកផ្លេកបន្ទោរគូសវាសពាសពេញផ្ទៃមេឃស្ទើរបែកអាកាស និងរណ្តំសំឡេងឆូងឆាំងគួរឱ្យស្រៀវរាងកាយ ផ្គររន្ទះបាញ់ឆ្វាចពីលើអាកាស ធ្វើឱ្យចម្រៀកពន្លឺមួយព្រៀកនោះ ចាំងឱ្យឃើញនូវភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅកណ្តាលព្រៃដែលស្ងាត់ជ្រងំ នាពេលរាត្រី ខណៈនោះ មានស្រមោលបុរសម្នាក់ ដែលស្លៀកសម្លៀកបំពាក់ទាហាន ដើរដោយដំណើរញាប់ស្អេក ចូលតាមទ្វារក្រោយនៃភូមិគ្រឹះ។

បុរសនោះឡើងសំដៅទៅជាន់លើដោយមានកាំភ្លើងក្នុងដៃ ដើរដោយជំហានធ្ងន់ៗស្ទើរបាក់ ជណ្តើរដោយទឹកមុខក្រហមងាំងបញ្ជាក់ពីការខឹងសម្បារកម្រិតណា។
សំឡេងសើចកក្អឹកបន្លឺឡើងចេញពីបន្ទប់ធំស្លាបខាងស្តាំក្នុងសោតាបុរសនោះ។

«កុំថើបមើលរសើបណាស់បង!» សំឡេងមនុស្សស្រីនោះញ៉ិកញ៉ក់មាយាដាក់នរណាម្នាក់ក្នុងបន្ទប់នោះ។
កាន់តែឮសំឡេងសើចសប្បាយក្អាកក្អាយនេះខ្លាំងប៉ុនណា កាន់តែធ្វើឱ្យបុរសដែលឈរស្តាប់នៅខាងក្រៅកើនកំហឹងទ្វេដង។

គ្រាំង!
សំឡេងធាក់ទ្វារមួយទំហឹង ធ្វើឱ្យប្រុសស្រីដែលអាក្រាតកាយសើចសប្បាយនៅលើគ្រែមុននេះភ្ញាក់ព្រើតទៅជាមុខស្លេកដូចមាន់ស្ងោរ។

«បងមិនទាន់ស្លាប់ទេ!!» មនុស្សស្រីម្នាក់នោះនិយាយដោយអំណរ តែក៏ភាំងពេលបុរសនោះគំហកមកវិញ។
«យើងស្លាប់ ទាល់តែនាងឯងនិងអាតិរច្ឆាននេះងាប់កំដរយើង!»

ផាំង!!!
បុរសដែលអង្គុយក្បែរនោះដួលផ្ងារក្រោយ ស្លាប់ក្នុងថ្លុកឈាមទាំងបើកភ្នែកក្រឡង់មួយរំពេច ធ្វើឱ្យនារីនោះស្រែកទ្រហោយំងើបទាំងរញីរញ័រចេញពីគ្រែប្រុងគេចពីបុរសដែលកាន់កាំភ្លើងនោះ ស្រាប់តែ…
បុរសនោះកេះកៃកាំភ្លើងបាញ់តម្រង់ទៅនារីនោះដោយមិនបង្អង់ដៃ ផាំង!ផាំង!

បច្ចុប្បន្ន រាជធានីភ្នំពេញ ម៉ោង២:០០នាទីរសៀល…
ឡាន Prius ពណ៌ខ្មៅមួយ បរលើផ្លូវដីក្រហមមកចតឈប់នៅពីមុខផ្ទះថ្ម ដែលសង់ម៉ូតជាផ្ទះបារាំង លាបពណ៌ពងមាន់ មានកម្ពស់ពីរជាន់ ដែលមានទីធ្លាខាងមុខផ្ទះធំទូលាយ មានដើមអំពិលធំមួយ ដែលមានអាយុកាលយូរឆ្នាំមកហើយ ដុះបែកមែកសាខាផ្តល់ម្លប់ត្រឈឹងត្រឈៃ ប៉ុន្តែដោយសារមិនមានមនុស្សរស់នៅជាយូរឆ្នាំមកហើយ ទើបផ្ទះមើលទៅមានសភាពចាស់ទ្រុឌទ្រោម និងមានព្រៃដុះឡើងស៊ុបទ្រុប មើលទៅដូចផ្ទះខ្មោចជាងផ្ទះមនុស្សរស់នៅ។

«បងធី…គិតថាចង់ជួលទីនេះជាកន្លែងធ្វើការរបស់យើងមែនអ្ហេះ?»
រដ្ឋានិយាយទាំងព្រឺសម្បុរខ្ញាកៗ។

«ផ្ទះមិនមានអ្នកនៅអ៊ីចឹងហើយ យើងចូលមកនៅបោសសម្អាត រៀបចំឱ្យស្អាត គឺលែងអីហើយ»
ធីរ៉ាត់និយាយលួងកូនចៅ ខណៈក្នុងចិត្តក៏ព្រឺព្រួចនឹងសភាពផ្ទះដែរ។

«បងអ្ហា! អូនថារដ្ឋានិយាយត្រូវយើងគិតរកផ្ទះផ្សេងទៅ ទោះតម្លៃជួលថោក តែមើលទៅគ្មានផាសុកភាពសោះ»
«បងថាមិនអីទេអូន ផ្ទះធំបែបនេះអាចបើកការិយាល័យបានគ្រាន់តែជិះពីផ្លូវធំតែប៉ុន្មាននាទីមកដល់បាត់ហើយ ជួលតែ២០០ដុល្លារក្នុងមួយខែទៀត បងថាយើងជួលទីនេះត្រូវហើយ»
«មែនហើយអ្នកបង សម័យនេះរកផ្ទះជួលថោកមិនងាយទេ នេះដោយសារម្ចាស់ផ្ទះទៅរស់នៅបរទេសអស់ ទើបគេជួលឱ្យពួកយើងថោក ក៏ព្រោះតែចង់ឱ្យមានអ្នកជួយមើលផ្ទះគេដែរ»
វិបុលជួយនិយាយបន្ថែម ព្រោះគេដូចបងធីអ៊ីចឹងពេញចិត្តនឹងផ្ទះនេះណាស់។

ច័ន្ទឃើញប្តី និងកូនចៅ ត្រូវដងត្រូវផ្លែគ្នា ចង់តែជួលទីនេះឱ្យខានតែបាន នាងក៏លែងជំទាស់ទៀត ទើបនាំគ្នាលើកអីវ៉ាន់ពីក្នុងឡានចាក់សោរបងចូលក្នុងផ្ទះ។
ច័ន្ទ ឈប់នៅជាមួយគ្រួសារឌី និងនីតា ២ឆ្នាំហើយ តាំងពីរៀបការជាមួយធីរ៉ាត់មក ចំណែកប្តីនាងវិញក៏លាឈប់ពីកន្លែងធ្វើការចាស់មកបើកក្រុមហ៊ុនតូចមួយខ្លួនឯង គឺខាងដេគ័រផ្ទះ។ កាលមុនពួកគេជួលផ្ទះល្វែងទេ តែដោយសារផ្ទះតូចចង្អៀតពេកពិបាកក្នុងការទុកសម្ភារៈតុបតែងផ្ទះ ទើបពួកគេរកផ្ទះជួលថ្មីដែលធំជាងមុន។ (១.ច័ន្ទធ្លាប់ធ្វើជាអ្នកមើលថែកូនប្រុសរបស់ឌី និងនីតា ក្នុងរឿងកញ្ចក់ខ្មោច)

ច័ន្ទទទួលទូរសព្ទពេលអ្នកដឹកអីវ៉ាន់តេមក។
(បងអ្ហា…ផ្ទះបងនៅម្តុំណាវិញ?ពួកខ្ញុំជិះរកយូរហើយមិនឃើញទេ នេះខ្ញុំជិះពីផ្លូវធំចូលតាមផ្លូវដូចបងប្រាប់ហើយ)
«អូនជិះចូលតាមផ្លូវដីក្រហមហ្នឹងហើយមកត្រង់មិនបាច់បត់ទៅណាទេ ប្រហែល៥០ម៉ែត្រមានផ្ទះធំពណ៌ពងមាន់មួយនៅកាច់ជ្រុងផ្លូវ ខ្ញុំឈរចាំមុខហ្នឹង»
(អ៊ីចឹងពួកខ្ញុំជិះរកសិន ម៉េចៗខ្ញុំតេទៅសួរបងទៀត)
ទូត…ទូត… អ្នកម្ខាងទៀតដាក់ចុះទៅហើយ។
«ផ្ទះស្រួលរកសឹងអីរកមិនឃើញ» ច័ន្ទរអ៊ូ តែត្រូវធីរ៉ាត់និយាយកាត់។
«តាំងពីមានប្តីហើយកាចជាងមុន» ធីរ៉ាត់និយាយបង្អាប់ប្រពន្ធ ដោយមិនខ្លាចនាងងរ ព្រោះបើងរគេក៏មានមធ្យោបាយលួងឱ្យបាត់វិញដែរ មិនដឹងយ៉ាងម៉េចទេ បើមិនបានញ៉ោះប្រពន្ធមួយថ្ងៃដូចនៅមិនសុខ។
«មកពីបងឯងចេះតែញ៉ោះឱ្យខ្ញុំខឹងខូចចរិតដើមអស់ ដឹងអ៊ីចឹងមិនព្រមតាមម៉ែការនឹងបងឯងទេ សុខចិត្តនៅជាមួយអុីនិងពូឌីស្រួលជាង»
«បើមិនយកបង ដឹងតែព្រៅហើយមុខហ្នឹង ព្រោះប្រុសផ្សេងមិនមែនគូអូនឯងទេ»
«និយាយធ្វើមើលខ្លួនឯងជាគ្រូទាយ ខ្ចិលនិយាយជាមួយបងឯងណាស់ទៅខាងក្នុងជួយគ្នារៀបអីវ៉ាន់វិញ ចំណែកបងឯងឈរចាំគេមុខហ្នឹងហើយ »
«ក៏បានៗ» គេនៅឈរចាំមុខផ្ទះ ស្របពេលនោះសំឡេងស៊ីផ្លេឡានក៏បន្លឺឡើងល្មម។
«ខ្ញុំរកឡើងហត់បងអើយ! ពួកខ្ញុំជិះកាត់ច្រើនជុំហើយ មិនឃើញសោះ ទើបបងមកឈរមុខរបងទើបឃើញ»
«បងដឹងអី!ពួកឯងជិះយ៉ាងម៉េចបានរកផ្ទះមិនឃើញ ផ្ទះស្រួលរកសឹងអី ជិះពីផ្លូវធំចូលមកតែត្រង់ បិទភ្នែករកក៏ឃើញដែរ»ពួកគេបានតែអេះក្បាល លែងហ៊ាននិយាយអីទៀត បើពួកគេរកមិនឃើញមែន។

បន្ទាប់ពីជញ្ជូនអីវ៉ាន់ចូលក្នុងផ្ទះអស់ ពួកគេបានសុំធីរ៉ាត់ថតសេលហ្វីមុខផ្ទះ ព្រោះផ្ទះស្អាតពេកចង់ថតទុកមើល។
ម្នាក់ឈរថតឱ្យគ្នីគ្នារួច ក៏ចុចមើលរូបថតក្នុងgallery ប៉ុន្តែអ្នកថតចាប់ផ្តើមបែកញើសពេញថ្ងាស សម្លឹងមើលក្រោយខ្នងគ្នីគ្នាផង និងក្នុងរូបផង មុខក៏ស្លេកទៅៗ។

«ស្អីអ្ហា!ឱ្យថតប៉ុណ្ណឹងបែកញើសរញីរញ័រ»
ម្នាក់នោះមិនមាត់បានតែបក់ដៃឱ្យពួកគេមកមើលរូបថតជាមួយគ្នា មើលរួច នាំគ្នាបើកភ្នែកធំៗ ប្រញាប់ប្រញាល់ឡើងឡានបើកចេញពីទីនោះយ៉ាងលឿន។

ក្រុមហ៊ុនធីរ៉ាត់បើកដំណើរការបាន ២ថ្ងៃហើយ មានភ្ញៀវទាក់ទងជួលការងារមិនចេះដាច់ ប៉ុន្តែក្រុមហ៊ុនរបស់គេមានបុគ្គលិកតែ ៥នាក់ទេ មានរដ្ឋា ណាវី វិបុល កក្កដា និងភូ ចំណែកអ្នកដឹកជញ្ជូនអីវ៉ាន់មាន ១នាក់ដែរ គឺស័ក ត្រូវជាបងប្អូនសាច់ឆ្ងាយរបស់ច័ន្ទ។ ណាមួយព្រោះតែគេបើកដំបូងជាលក្ខណៈក្រុមហ៊ុនខ្នាតតូចសិន ទើបជួលបុគ្គលិកមិនសូវច្រើន បើសិនគេដើរលើ វិស័យនេះជោគជ័យ គេនឹងពង្រីកវាឱ្យក្លាយជាក្រុមហ៊ុនធំ។

ភាគច្រើនគ្រប់គ្នាស្នាក់នៅក្នុងផ្ទះនេះ លើកលែងតែណាវី និងវិបុលទេដែលមិនស្នាក់នៅទីនេះ ព្រោះនៅផ្ទះជាមួយប៉ាម៉ាក់ លុះត្រាតែមានការងាររវល់ដល់យប់ជ្រៅទើបគេងនៅទីនេះដែរ។

ធីរ៉ាត់ឮម្ចាស់ផ្ទះនិយាយថា ផ្ទះនេះសង់ឡើងយូរឆ្នាំហើយ តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ជាផ្ទះមរតក តែដោយសារគ្រួសារត្រូវចេញទៅនៅក្រៅប្រទេសអស់ មិនមានអ្នកណានៅមើលថែទាំផ្ទះសម្បែងឱ្យទៀត ពេលឮធីរ៉ាត់ចង់ជួលក៏ប្រញាប់ដាក់ជួលឱ្យតែម្តង ព្រោះមានអ្នកជួលជួយមើលថែផ្ទះឱ្យប្រសើរជាងទុកផ្ទះឱ្យនៅទំនេរចោល។

ធីរ៉ាត់បានរៀបចំជាន់ក្រោមធ្វើជាកន្លែងធ្វើការឱ្យបុគ្គលិក ដោយសារវាមានទំហំធំទូលាយ ស្រាប់។ ផ្ទះនេះមានជណ្តើរធំនៅកណ្តាលផ្ទះតែម្តង វាធ្វើពីឈើមានរាងកោងព័ទ្ធឡើងទៅខាងលើ ចំណែកជាន់លើមានបន្ទប់គេង៦បន្ទប់ បន្ទប់ជាប់ជណ្តើរមានបីបន្ទប់ គេឱ្យកូនចៅគេងម្នាក់មួយបន្ទប់ រីឯបន្ទប់នៅផ្នែកខាងស្តាំ មានយ៉ទល់មុខសម្រាប់ចេញមើលទេសភាពខាងក្រៅបាន មានគេនិងភរិយា ហើយនិងភូនៅម្នាក់មួយបន្ទប់ដែរ នៅសល់បន្ទប់ទំនេរមួយដែលមិនទាន់មានអ្នកគេង។

«បងច័ន្ទជិតបាយថ្ងៃត្រង់ហើយ ខ្ញុំរកទៅទិញម្ហូបឱ្យគ្រប់គ្នាញ៉ាំ បងទៅទេ?»
«រដ្ឋាឯងរវល់មិនបាច់ទៅទេ ចាំបងទៅទិញ ពេលចូលមកនៅបងឃើញមានផ្សារម្តុំជិតនេះដែរ»
ច័ន្ទពាក់អាវក្រៅ និងស្ពាយកាបូបដើរចេញទៅក្រៅផ្ទះ ពេលចាប់អារម្មណ៍មើលជុំវិញផ្ទះជួលរបស់ខ្លួនមិនសូវឃើញមានផ្ទះអ្នកជិតខាងទេ ភាគច្រើនជាដីដាក់ស្លាកលក់ ឬដីទំនេរចោល។

ច័ន្ទបញ្ឆេះឡាន បើកចេញពីខាងមុខផ្ទះ ស្របពេលនោះនាងគ្រលៀសភ្នែកមើលយ៉ខាងលើ ឃើញដូចមានអ្នកណាម្នាក់ឈរពីលើនោះសម្លឹងមើលមកនាង តែមួយភ្លែតប៉ុណ្ណោះ ទើបនាងគិតថាប្រហែលជាកូនចៅប្តីឡើងទៅឈរលេងហើយ នាងមិនគិតច្រើនក៏បើកឡានទៅផ្សារទៅ។

ចំណែកធីរ៉ាត់ដែលឡើងមកយកឯកសារក្នុងបន្ទប់ពេលគ្រលៀសភ្នែកទៅយ៉ខាងមុខ ក៏ដូចឃើញមានអ្នកណាម្នាក់ឈរនៅចំហៀងបង្កាន់ដៃដែរ។
«ច័ន្ទ?ច័ន្ទមែនហ្នឹង?» ធីរ៉ាត់ស្រែកសួរ តែគ្មានអ្នកតបមកវិញ គេបម្រុងដើរទៅមើល ស្រាប់តែមានដៃអ្នកណាម្នាក់ទះស្មាខាងក្រោយរបស់គេ។
«អ្ហា!អានេះមកមិនឱ្យសំឡេងសោះ?» ធីរ៉ាត់ភ្ញាក់ស្រែកជេរវិបុលដែលមកពញ្ញាក់ពីក្រោយមិនឱ្យសូរមិនឱ្យសៀង។
«ខ្ញុំឃើញបងឯងលឹបលៗទើបពញ្ញាក់លេងទៅ»

ធីរ៉ាត់ងាកទៅមើលយ៉ម្តងទៀតក៏គ្មានឃើញអី ទើបគេគិតថាខ្លួនឯងប្រហែលស្រវាំងភ្នែក ដោយសារខ្លួនឈរឃើញពីចម្ងាយដែរអាចមើលមិនច្បាស់ចេះតែម៉ៃថាមានមនុស្សឈរត្រង់នោះ តាមពិតវាំងននបក់ចុះឡើងតាមកម្លាំងខ្យល់សោះហ្នឹង។

«អ្នកមកសម្ភាសន៍នៅចាំបងក្នុងបន្ទប់ធ្វើការជាន់ក្រោម»
«តោះ!កុំឱ្យប្អូនចាំយូរ»
ពេលពួកគេចុះជណ្តើរទៅក្រោមបាត់ វាំងននដែលបក់ចុះឡើងអម្បាញ់មិញបង្ហាញឱ្យឃើញតែជើងមនុស្សសស្លេកឈរនៅពីក្រោយនោះ។

ច័ន្ទដើរទិញបន្លែ និងសាច់តាមតូប ស្រាប់តែមីងតូបលក់ផ្លែឈើស្រែកសួរនាង។
«ក្មួយអ្នកនៅម្តុំនេះឬអត់? មីងមិនដែលឃើញក្មួយមកទិញអីសោះ»
«ខ្ញុំទើបរើមកនៅទេមីង ផ្ទះម៉ូតបារាំងកាច់ជ្រុងផ្លូវ» នាងតបទាំងញញឹម។
មីងលក់ផ្លែឈើមានទឹកមុខភ្ញាក់ផ្អើល សូម្បីតែអ្នកនៅតូបជិតៗនោះដែលឮការសន្ទនារបស់គាត់ក៏មានទឹកមុខមិនខុសគ្នាដែរ គាត់ស្ទាក់ស្ទើរចង់និយាយតិចអត់តិច ចុងក្រោយគាត់ក៏សម្រេចចិត្តមិននិយាយអីវិញ ហាក់ដូចជាភ័យខ្លាចរឿងអ្វីមួយ។
ចំណែកច័ន្ទរវល់តែរើសបន្លែមិនបានចាប់អារម្មណ៍ឫកពាអ្នកជុំវិញខ្លួនទេ គ្រាន់តែទិញរួចនាងក៏ប្រញាប់ទៅផ្ទះវិញភ្លាម ព្រោះខ្លាចហួសម៉ោងបាយ។

មេឃរលឹមស្រិចៗ អមដោយបរិយាកាសក្នុងផ្ទះទាំងមូលស្ងាត់ជ្រាប គ្រប់គ្នាដេកក្នុងបន្ទប់លង់លក់យ៉ាងស្កប់ស្កល់ ខុសតែច័ន្ទដេកមិនស្កប់រសាប់រសល់យ៉ាងម៉េចមិនដឹង ទើបនាងក្រោកមកបម្រុងចាក់ទឹកផឹក តែទឹកក្នុងដបអស់ទៅហើយ ទើបនាងដើរចុះទៅផឹកនៅជាន់ក្រោម។

ច័ន្ទដើរកាន់បង្កាន់ដៃចុះតាមកាំជណ្តើរទាំងងងុយតិចៗ ស្របនឹងពន្លឺអំពូលពណ៌ពងមាន់បំភ្លឺផ្លូវឱ្យភ្លឺព្រាលៗ និងសំឡេងនាឡិកាប៉ោលបន្លឺលើជញ្ជាំង។
ភ្លាមនោះស្រមោលខ្មៅលើជញ្ជាំងផុសឡើងមួយទៀតដើរតាមស្រមោលរបស់ច័ន្ទដែលចាំងដោយភ្លើងអំពូលទាំងច័ន្ទមិនដឹងខ្លួន។
ច័ន្ទដើរមកដល់ផ្ទះបាយចាក់ទឹកផឹកក្អឹកៗ ផឹករួចបម្រុងយកដបទឹកដាក់ក្នុងទូទឹកកកវិញ ស្រាប់តែដបទឹកដែលដាក់លើតុមុននេះបែរជាទៅនៅក្បែរឡាបូលាងចានទៅវិញ។
នាងព្រឺសម្បុរតិចៗដែរ នាងបិទភ្នែកគ្រវីក្បាលចុះឡើងហៅស្មារតីមកវិញក្រែងលោនាងនៅងងុយមិនទាន់ស្វាងច្រឡំទុកដបទឹកត្រង់នោះខ្លួនឯង ប៉ុន្តែពេលនាងបើកភ្នែកវិញបែរជាឃើញដបទឹកនៅលើតុចំពោះមុខខ្លួនធម្មតា។
ច័ន្ទប្រញាប់ទុកកែវនិងដបទឹក រួចឡើងមកបន្ទប់ដេកវិញ រំពេចនោះសំឡេងនាឡិកាប៉ោលក៏រោទ៍យ៉ាងខ្លាំងត្រង់ទ្រនិចម៉ោង ២:២៣នាទីរំលងអធ្រាត្រ។

ប៉ឺង!ប៉ឺង!
«អ្ហា!!!» ច័ន្ទស្រែកភ្ញាក់នឹងសំឡេងនាឡិកាដែលស្ងាត់សុខៗក៏រោទ៍ឡើងភ្លាមៗមិនឱ្យដំណឹង។
នាងរត់ឡើងទៅជាន់លើមិនហ៊ានងាកក្រោយ ប៉ុន្តែជណ្តើរតែប៉ុណ្ណឹងនាងប្រឹងរត់ឡើងយ៉ាងណាក៏ឡើងមិនដល់ជាន់លើ ហាក់ដូចជាជណ្តើរវែងទៅៗ ភ្លាមនោះនាងឮសម្រឹបជើងដើរឡើងតាមកាំជណ្តើរពីក្រោយនាង។

«បងធី!បងធី!ជួយផង!» នាងស្រែកហៅប្តី តែគ្រប់គ្នាហាក់ដូចជាមិនឮសំឡេងនាងស្រែកហៅឱ្យជួយសោះ គ្រប់យ៉ាងស្ងាត់ឈឹងគ្មានអ្នកណាចេញពីបន្ទប់មកមើលនាងទេ។

ភឹប!
ភ្លើងអំពូលដាច់ ត្រង់ជណ្តើរក៏ងងឹតសូន្យ ច័ន្ទបានតែតោងបង្កាន់ដៃជណ្តើរឈរធ្មឹងទាំងញ័រទទ្រើត ខំប្រឹងសម្លឹងកាត់ភាពងងឹតរកមើលប្រភពសំឡេង។
នាងបើកភ្នែកធំៗពេលឃើញស្រមោលមនុស្សស្រីសក់វែងអន្លាយស្លៀករ៉ូបសមើលមុខមិនច្បាស់ដូចកំពុងកាន់កាំបិតឡើងសំដៅមកកាន់នាង។

«កុំ កុំ…» នាងនិយាយខ្សាវៗស្រែកលែងចេញ ពេលខ្មោចនោះដើរមកឈរចំពោះមុខនាងដោយមុខរលេះរលួយសុទ្ធតែឈាមក្រហមឆ្អៅ។
«ឱ្យជីវិតយើងមក!» ខ្មោចនោះយារកាំបិតចាក់ទ្រូងនាងមួយទំហឹង។

ច្រុច!
«អ្ហា!!!ជួយផង» ច័ន្ទស្រែកមួយទំហឹងរើកញ្ជ្រោលពេញគ្រែ ធ្វើឱ្យធីរ៉ាត់គេងក្បែរនោះស្ទុះងើបមើលប្រពន្ធ។
«ច័ន្ទ!ច័ន្ទ!ភ្ញាក់ឡើងយល់សប្តទេអូន» ធីរ៉ាត់អង្រួនដាស់នាងច្រើនដងទើបនាងភ្ញាក់ដឹងខ្លួនបើកភ្នែកក្រឡង់សម្លឹងគេទាំងភិតភ័យ។
ច័ន្ទមើលជុំវិញខ្លួនឃើញថានាងនៅគេងលើគ្រែមិនបាននៅត្រង់ជណ្តើរទេ នាងយល់សប្តតើ!

«ខ្ញុំយល់សប្តអាក្រក់…»

នាងលើកដៃច្បូតមុខទាំងអស់កម្លាំង និងផ្តួលខ្លួនដេកវិញមិននិយាយអីទៀត។
ធីរ៉ាត់សម្លឹងមើលប្រពន្ធដែលមានទឹកមុខស្លេកស្លាំងដោយមិននិយាយអ្វី តែគេក៏មិនភ្លេចទាញភួយដណ្តប់ឱ្យនាង រួចក៏ផ្តួលខ្លួនដេកបន្ត ព្រោះឥឡូវទើបម៉ោង៣ទៀបភ្លឺប៉ុណ្ណោះ។

ព្រឹកឡើង…
«មុខបងស្លក់ម្ល៉េះយប់មិញអត់បានគេងទេ?» ណាវីដែលឈរឆុងកាហ្វេក្បែរនោះសួរទៅច័ន្ទដែលកំពុងឆុងកាហ្វេឱ្យប្តីដែរ។
«បងគេងមិនសូវលក់ ទើបមុខស្លក់អ៊ីចឹងទៅ»
«បងអ្ហា…» រដ្ឋាដែលដើរចូលមកផ្ទះបាយហៅច័ន្ទខ្សឹបៗ។
«មានការអីរដ្ឋា?»
«ខ្ញុំជិះម៉ូតូតាមផ្លូវឃើញគេគ្រប់គ្នាសម្លឹងមុខខ្ញុំដូចសត្វចម្លែកអ៊ីចឹងបង មិនដឹងម៉េច»
«មុខនាងស្អាតពេកទើបគេមើលហ្នឹងណា» ណាវីនិយាយបង្អាប់ដោយលើកកាហ្វេក្តៅឧណ្ហៗហុតផង។
«គ្នាដឹងថាខ្លួនឯងស្អាតហើយ តែគ្នាថាវាដូចយ៉ាងម៉េចមិនដឹងទេ» រដ្ឋានិយាយទាំងអារម្មណ៍មិនស្ងប់ ព្រោះក្រសែភ្នែកអ្នកទាំងនោះមើលមកដូចខ្លាចនាងយ៉ាងម៉េចមិនដឹងទេ។

ច័ន្ទនិយាយលួងលោមកុំឱ្យនាងគិតច្រើន រួចនាងក៏លើកកាហ្វេទៅឱ្យប្តីនៅបន្ទប់ធ្វើការ ពេលបើកទ្វារ ស្រាប់តែនាងទច់ដំណើរបន្តិចពេលឃើញភាវីឈរក្បែរប្តីឱនសម្លឹងមើលអេក្រង់ កុំព្យូទ័រមុខឡើងកៀកគ្នាដូចចង់ឱ្យដៃយ៉ាងម៉េចមិនដឹង។
ច័ន្ទរាងក្តៅស្លឹកត្រចៀកគួបផ្សំយប់មិញដេកមិនបានផងក៏មួម៉ៅឡើងមក ទើបគ្រហែមឱ្យអ្នកខ្លះដឹងខ្លួន។

«ហែម!»
ភាវីប្រញាប់ងើបមុខពីអេក្រង់ញញឹមមកកាន់នាងដោយទឹកមុខរួសរាយ គ្មានសញ្ញាគួរឱ្យសង្ស័យអីបន្តិច ទើបច័ន្ទគិតថានាងប្រហែលគិតច្រើនដោយខ្លួនឯង ព្រោះមើលទៅភាវីស្លូតបូតគ្មានពុតត្បុតដូចនាងគិតទេ គិតដូច្នេះហើយទើបនាងញញឹមតបវិញ។

«កាហ្វេក្តៅបងឯង ឆុងរួចហើយ» ច័ន្ទដាក់កាហ្វេលើតុធ្វើការប្តីដោយមិននិយាយអ្វីទៀត។

«អ៊ីចឹងបង ខ្ញុំយកឯកសារនេះព្រីនចេញមកទំនាក់ទំនងទៅម្ចាស់ផ្ទះនោះហើយ»
«ហ្នឹងហើយកុំភ្លេចនិយាយរឿងតម្លៃសម្ភារៈឱ្យហើយផង បើគេអូខេចាំចុះកិច្ចសន្យា»
«ចា៎សបង» និយាយរួចភាវីក៏ចេញពីបន្ទប់ទៅ។
គ្រាន់តែនាងចេញផុតភ្លាម ច័ន្ទក៏ជះសំណួរដាក់ប្តីតែម្តង។

«បងនិងនាងមើលអីក្នុងកុំព្យូទ័រអម្បាញ់មិញ?»
«បងបង្ហាញតម្លៃទំនិញនីមួយៗពន្យល់ប្រាប់ភាវី ព្រោះនាងមិនសូវយល់ទើបចូលមកសួរបង»
«សួរចង់ជល់មាត់គ្នាទៅហើយ» នាងរអ៊ូតិចៗ តែធីរ៉ាត់ក៏នៅស្តាប់ឮ។
«ប្រចណ្ឌប្តីឬយ៉ាងម៉េច ភ្នែកប្តីឃើញមុខស្រីដទៃមិនស្អាតដូចប្រពន្ធទេ» គេប្រញាប់ទាញនាងឱ្យអង្គុយលើភ្លៅ។
«មាត់ហ្នឹងពូកែណាស់ ប្រយ័ត្នទៅ!បើហ៊ានតែមានក្រៅ ខ្ញុំលេងបងឯងឱ្យស្លាប់ចាំមើល»
«ប្តីមិនហ៊ានទេប្រពន្ធ ជឿចុះ»

គេនិយាយលួងនាង ទើបនាងចិត្តត្រជាក់មកវិញ តែពួកគេមិនដឹងទេថាមានមនុស្សម្នាក់ឈរមុខបន្ទប់លបស្តាប់ពួកគេនិយាយគ្នាទាំងច្រណែនឫស្យា។

យប់យន់ចូលមកដល់ ទ្រនិចនាឡិកាប៉ោលចង្អុលត្រឹមម៉ោង២:២៣រំលងអធ្រាត្រដដែល គ្រប់គ្នាគេងក្នុងបន្ទប់ធម្មតា ប៉ុន្តែសំឡេងទ្វារបន្ទប់ដេករបស់ភាវីបែរជាបង្ហើបឡើងបង្ហាញឱ្យឃើញស្រមោលមនុស្សប្រុសម្នាក់ដើរចូលមក។
ភាវីត្រចៀករាងរវៀស ពេលឮសំឡេងទ្វារបើកឡើង នាងក៏ភ្ញាក់ងើបមើលទាំងមិងមាំង ពេលឃើញថាជាអ្នកណា នាងងឿងឆ្ងល់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញភូដើរទាំងបិទភ្នែកមមើសំដៅទៅទូខោអាវយកក្បាលបោកនឹងទូម្តងហើយម្តងទៀត។

ប៉ូក…ប៉ូក….
«បងភូ!ធ្វើអីហ្នឹងភ្ញាក់ឡើង» នាងឃាត់ផង ដាស់គាត់ផងក៏មិនភ្ញាក់ ទើបនាងស្រែកហៅគ្រប់គ្នាឱ្យចូលមកជួយចាប់។
ទាំងធីរ៉ាត់ ច័ន្ទ និងអ្នកផ្សេងទៀតចូលមកបន្ទប់ភាវីចាប់ឃាត់ភូដែលព្យាយាមបោកក្បាលខ្លួនឯងនឹងទូឈើម្តងហើយម្តងទៀតមិនឈប់សោះ។

«នែ! អាភូ ភ្ញាក់ឡើង ម៉េចក៏មមើសាហាវម្ល៉េះដាស់យ៉ាងណាក៏មិនភ្ញាក់»

កក្កដាឧទានទាំងងឿងឆ្ងល់ បន្តិចក្រោយមកភូក៏បញ្ឈប់សកម្មភាពដួលផ្ងារក្រោយតែម្តង សំណាងហើយបានស័កឈរពីក្រោយ​ជួយ​ទប់​ កុំអីបែកក្បាលមិនខានទេ។

«ខ្ញុំថាគ្រាហ៍ភូទៅដេកក្នុងបន្ទប់សិនទៅ» រដ្ឋាប្រាប់ប្រុសៗឱ្យសែងគាត់ចេញទៅសល់តែច័ន្ទ ធីរ៉ាត់ និងភាវីដែលនៅក្នុងបន្ទប់។

«ភាវីឯងថ្ងៃក្រោយចាក់សោទ្វារផង នេះភូវាមមើ បើមានចោរអីមិនចាក់សោបែបនេះអាចមានគ្រោះថ្នាក់បាន» ធីរ៉ាត់ប្រាប់លាយឡំស្តីបន្ទោសតិចៗដែរ។
«ចា៎សបង ខ្ញុំនឹងប្រយ័ត្នជាងនេះ»
«ខ្ញុំថាពួកយើងចេញក្រៅទៅឱ្យភាវីគេសម្រាកទៅបង ម៉េចៗស្អែកសឹមនិយាយគ្នាទៀត»
រួចពួកគេទាំងពីរក៏ចេញទៅសល់តែភាវីដែលតាមសម្លឹងមើលដោយក្រសែភ្នែកមិនពេញចិត្ត។

«ខ្ញុំនេះមមើ??»
ព្រឹកឡើង ពេលភូដឹងខ្លួន នាំគ្នាក៏ប្រាប់ហេតុការណ៍ពីយប់មិញឱ្យគេដឹង ធ្វើឱ្យភូស្លើតែម្តង។

«តាំងពីកើតមកខ្ញុំមិនដែលមមើដើរអ៊ីចឹងទេ ពួកបងច្រឡំទេដឹង» ដោយសារភូអាយុតិចជាងគេទើបគេហៅគ្រប់គ្នាថាបងទាំងអស់ លើកលែងតែភាវីទេ ដែលអាយុប្អូនគេទៀត។
«ក្បាលបែកជាភស្តុតាងស្រាប់ ប៉ុណ្ណឹងហើយជឿឬនៅ»
កក្កដាចង្អុលរបួសដែលរុំក្រណាត់សលើក្បាលរបស់ភូ ទើបភូស្ងាត់មាត់ព្រោះមានភស្តុតាងលើក្បាលស្រាប់ ប្រកែកមិនចេញ។
«ប្រហែលអាភូអាចហត់ពេក ទើបយប់ឡើងដេកមមើទេដឹង» វិបុលនិយាយទាំងអង្អែលចង្ការិះគិត។
ម្នាក់ៗមិននិយាយអ្វីទៀត មានតែភូប៉ុណ្ណោះដែលមានមន្ទិលក្នុងចិត្តថាខ្លួនគេកើតអីឱ្យ ប្រាកដ។

«ប៉ុណ្ណឹងបានទេលោកគ្រូ?» នារីអង្គុយទល់មុខបុរសចំណាស់ស្លៀកឈុតខោអាវស ព្រមទាំងមានពុកមាត់ស្រមូម សួរគាត់ដោយការយកចិត្ត។
«គ្រប់ហើយ តែប៉ុណ្ណឹងវាងប់នឹងនាងងើបក្បាលមិនរួចទេ» បុរសចំណាស់និយាយទាំងអំណួតដោយហុចប្រេងស្នេហ៍មកឱ្យនារីអាថ៌កំបាំង។
«ដាក់ពីរដំណក់ក្នុងទឹកឱ្យវាផឹកទៅ យើងធានាថាទោះបុរសនោះស្រលាញ់ប្រពន្ធវាយ៉ាងណា ក៏ត្រូវចោលប្រពន្ធកូនមកយកនាងដែរ»
នាងទទួលប្រេងស្នេហ៍ដោយស្នាមញញឹមពិសពុល ដោយមិនភ្លេចហុចក្រដាសប្រាក់១០០ដុល្លារដាក់លើជើងពានជាថ្លៃត្រនឹបគ្រូ រួចនាងក៏ចាកចេញពីទីនោះស្ងាត់ៗទៅ។

មួយរយៈក្រោយនេះច័ន្ទមិនដឹងយ៉ាងម៉េចចេះតែឈឺក្បាល មិនស្រួលខ្លួនសំងំនៅតែក្នុងបន្ទប់ ចំណែកឯធីរ៉ាត់ក៏រវល់ការងារដេគ័រផ្ទះឱ្យភ្ញៀវជាមួយកូនចៅទាល់តែព្រលប់ៗបានត្រឡប់មកវិញ។
ច័ន្ទភ្ញាក់ទាំងកណ្តាលអធ្រាត្រ ឈោងដៃបើកអំពូលភ្លើងក្បាលគ្រែឃើញថាម៉ោង១ជាងទៅហើយមិនទាន់ឃើញប្តីត្រឡប់មកផ្ទះវិញទៀត នាងព្យាយាមតេទៅច្រើនដង ប៉ុន្តែគ្មានអ្នកទទួលទូរសព្ទទេ។ នាងបារម្ភសុវត្ថិភាពប្តី អត់ទ្រាំមិនបាន នាងក៏ចុះទៅចាំគេនៅជាន់ក្រោម តែពេលបើកទ្វារបន្ទប់ក៏វាក់អើនឹងភាវីដែលដើរកាត់បន្ទប់របស់នាង។

«អ្ហះភាវីទើបមកដល់ទេ?» នាងសួរទាំងងឿងឆ្ងល់។
«គឺ…គឺមិត្តខ្ញុំម្នាក់សុខៗក៏ចុកពោះទើបខ្ញុំជូនទៅពេទ្យ នៅកំដរវាថ្មើរនេះទើបបានត្រឡប់មកវិញ អ៊ីចឹងខ្ញុំទៅសម្រាកហើយបង»

មិនទាន់ច័ន្ទបានតបផង នាងក៏ប្រញាប់ចូលក្នុងបន្ទប់គេងបាត់។
ច័ន្ទចុះមកជាន់ក្រោមកន្លែងធ្វើការរបស់ប្តី ស្រាប់តែឃើញស្រមោលស្ទុងៗដែលមានជីវិតដេកលើសាឡុង នាងដើរមួយៗទៅរកព្រមទាំងស្រែកសួរ។

«នរណានៅលើសាឡុងហ្នឹង?» គ្មានសំឡេងតប នាងក៏ចុចបើកកុងតាក់ភ្លើងមើលឱ្យប្រាកដចិត្ត។
ប្តីនាងតើ!
«បងធីមកដេកអីនៅត្រង់នេះ?»
«អ្ហឺ…» គេមិនតបបានតែថ្ងូរនៅដើមក ព្រោះស្រវឹង។
«ផឹកស្រាទៀតហើយអ្ហេស? ភ្ញៀវបងឯងនេះចេះតែយ៉ាងម៉េចហៅផឹកសឹងតែរាល់ថ្ងៃ»
នាងរអ៊ូរទាំងជួយគ្រាហ៍ប្តីឡើងទៅដេកក្នុងបន្ទប់ ដោយមិនដឹងថាមានភ្នែកមួយគូតាមសម្លឹងមើលពួកគេដោយក្រសែភ្នែកពេញចិត្ត។

សកម្មភាពធីរ៉ាត់ស្រវឹងជោកបែបនេះនៅបន្តរាល់ថ្ងៃ ដល់ថ្នាក់ច័ន្ទក្រពុលមុខសឹងតែទ្រាំមិនបានម្តងៗ។ គ្រប់គ្នាក្នុងការិយាល័យហាក់ដឹងនូវរឿងម្យ៉ាងដែលច័ន្ទពុំបានដឹង ហើយគ្រប់គ្នាព្យាយាមលាក់បាំងនាង ព្រោះតែអាណិត។

ទ្រនិចនាឡិកាវិលឈប់ត្រង់ម៉ោង ២:២៣នាទី ទ្វារបន្ទប់ដេករបស់រដ្ឋាក៏របើកឡើងយឺតៗស្ទើរតែគ្មានសំឡេង។
រដ្ឋាដែលគេងនៅលើគ្រែសុខៗក៏ភ្ញាក់កន្ត្រាក់ពេលមានដៃនរណាម្នាក់ទាញជើងរបស់នាងមួយទំហឹង។

«អ្នកណា?» នាងស្វាងងងុយចែសសម្លឹងមើលជុំវិញខ្លួនទាំងញ័រទទ្រើត។
ដុកដាក់…ដុកដាក់….

នាងងើបពីគ្រែដើរទៅមើលក្រៅបន្ទប់ក្រែងលោមានអ្នកណា មកលេងសើចអីជាមួយនាងថ្មើរនេះ។
នាងព្យាយាមសម្លឹងមើលជុំវិញខ្លួន តែគ្មានឃើញវត្តមានអ្នកណាម្នាក់ទេ ទើបនាងដើរចូលមកក្នុងបន្ទប់វិញដោយមិនភ្លេចបិទទ្វារចាក់គន្លឹះ ភ្លាមនោះពន្លឺភ្លើងទូរសព្ទរបស់នាងក៏លោតឡើង ឃើញដូច្នេះនាងក៏ដើរទៅលើកទូរសព្ទមកបើកមើល ឃើញសារសរសេរមក
-ម៉ោង២:២៣នាទី…-
«ស្អីនេះ!»

ក្រាក!
ទ្វារបើកខ្លួនឯងម្តងទៀត ធ្វើឱ្យរដ្ឋាងាកទៅសម្លឹងមើលភ្លាមទាំងភ័យរន្ធត់។

«អ្នកណាគេ?»

នាងស្រែកសួរ ទាំងភិតភ័យម្នាក់ឯងក្នុងចិត្ត នាងតាំងអារម្មណ៍ដើរទៅមើលម្តងទៀតទាំងភ័យខ្លាច ដោយអើតមើលខាងក្រៅបន្ទប់ តែគ្រប់យ៉ាងស្ងាត់ជ្រាបគ្មានឃើញអ្នកណាម្នាក់ទេ។ ប៉ុន្តែស្រមោលមនុស្សស្រីម្នាក់ដែលចុះតាមជណ្តើរទៅជាន់ក្រោមធ្វើឱ្យរដ្ឋាដើរតាមហាក់ដូចត្រូវមន្តសណ្តំ។

រាងកាយមនុស្សស្រីខាងមុខនាងដើរដោយដំណើរមួយៗស្រាលស្ងើក លេងឱ្យរដ្ឋាព្រឺសម្បុរខ្ញាកៗតែម្តង តែដោយសារការចង់ដឹងនាងក៏ដើរតាមពីក្រោយនាងស្ងាត់ៗ។
តែពេលរដ្ឋាដើរមកដល់ដើមអំពិលមុខផ្ទះក៏បាត់ស្រីម្នាក់នោះទៅហើយ។
«បាត់ទៅណាណ៎!»

តក់…តក់…
តំណក់ទឹកធ្លាក់លើខ្នងដៃរបស់រដ្ឋា ធ្វើឱ្យនាងឱនមើល។
ឈាម!!!

នាងងើយក្បាលមើលខាងលើសន្សឹមៗ ប៉ុន្តែនាងក៏លស់ព្រលឹងនឹងអ្វីដែលបានឃើញ។
«អ្ហា!!ជួយផង»
ឆឹប!!!

«រឿងនេះកើតឡើងបានយ៉ាងម៉េច?» វិបុលនិយាយទាំងតប់ប្រមល់ អ្នកដទៃទៀតក៏មានទឹកមុខមិនខុសគ្នា។
នេះជាបុណ្យប្រាំពីរថ្ងៃរបស់រដ្ឋា ព្រោះតែនាងជាក្មេងកំព្រាគ្មានសាច់ញាតិណាក្រៅពីពួកគេជាមិត្តរួមការងារ ទើបពិធីបុណ្យធ្វើឡើងនៅផ្ទះនេះតែម្តង។ អ្វីគួរឱ្យកំសត់នោះ គឺបុណ្យសពរបស់នាងមិនសូវមានអ្នកចូលរួមទេ អ្នកមកចូលបុណ្យមកហើយក៏ប្រញាប់ទៅវិញដូចខ្លាចអ្វីម្យ៉ាងអ៊ីចឹង។

ការស្លាប់របស់រដ្ឋាគឺជាមន្ទិលសង្ស័យសម្រាប់គ្រប់គ្នា ព្រោះនាងជាមនុស្សរួសរាយ មិនមានសត្រូវនៅឯណាទេ បើកើតទុក្ខដល់ថ្នាក់សម្លាប់ខ្លួនឯងរឹតតែមិនមែនទៀត ទើបគ្រប់គ្នាឆ្ងល់នាងសម្លាប់ខ្លួនធ្វើអី។ នៅថ្ងៃកើតហេតុភូជាអ្នកឃើញសាកសពរបស់រដ្ឋាដែលព្យួរកខ្លួនឯងនៅដើមអំពិលមុខផ្ទះនោះមុនគេបង្អស់។

«ថ្ងៃនោះឯងមានឃើញអ្វីគួរឱ្យសង្ស័យទេអាភូ?» កក្កដាងាកមកសួរសាមីខ្លួនដែលស្ងប់ស្ងៀមតាំងពីព្រឹកម៉្លេះ។
«គ្មានឃើញអ្វីប្លែកទេ សូម្បីសមត្ថកិច្ចមកត្រួតពិនិត្យក៏សន្និដ្ឋានថាជារដ្ឋាធ្វើអត្តឃាតខ្លួនឯងដែរ»

ភូនិយាយមួយៗ ដោយឫកពានឹងនរ ប៉ុន្តែបើមើលឱ្យដិតដល់គេបែរជាមានទឹកមុខស្លេកស្លាំង ភ្នែកក៏រូងខ្មៅ មិនសូវមាត់មិនសូវកដូចពីមុនសោះ តែដោយសាររឿងរដ្ឋាស្លាប់ ធ្វើឱ្យគ្រប់គ្នាស្លុតស្មារតីទាំងអស់ ទើបគិតថាភូមានអាការៈបែបនេះគឺជារឿងធម្មតា ប៉ុន្តែគ្រប់គ្នាមិនដឹងទេថាភូមានទុក្ខកង្វល់ម្យ៉ាងលាក់ទុកក្នុងចិត្តមិនឱ្យអ្នកណាដឹង។

ច័ន្ទអង្គុយស្ងៀមស្ងាត់យូរ ហើយក៏និយាយឡើងមក ដោយទឹកមុខស្ងួតស្ងប់ ហាក់ដូចល្វើយគ្មានកម្លាំងក្នុងខ្លួន។

«បងសួរគ្រប់គ្នាបន្តិចបានទេ? មួយរយៈនេះភ្ញៀវហៅជប់លៀងញឹកញាប់ឬយ៉ាងម៉េច បានជាបងធីនៅដល់យប់ជ្រៅបានត្រឡប់មកផ្ទះវិញ»

ម្នាក់ៗឮសំណួរឥតព្រៀងទុកបែបនេះ ក៏មិនដឹងឆ្លើយថាម៉េច ទើបគ្រប់គ្នាធ្វើឡេមឡឺមមើលមុខគ្នាចុះឡើង ខ្លាចបងច័ន្ទសង្ស័យ ទើបវិបុលស័្មគ្រចិត្តនិយាយឡើងមក។

«គឺ…គឺភ្ញៀវនោះជាជនជាតិចិន ពេលពួកយើងដេគ័រក្រុមហ៊ុនរបស់គេស្អាតត្រូវចិត្ត គេក៏រាប់អានពួកយើង ឮថាចង់ឱ្យក្រុមហ៊ុនយើងដេគ័រសាខាផ្សេងៗទៀតរបស់ចិននោះដែរ ទើបបងធីយកចិត្តបន្តិចទៅ»

«អ៊ីចឹងទេអ្ហេស? យូរៗផឹកស៊ីម្តង បងមិនថាទេ តែបើរាល់ថ្ងៃអ៊ីចឹងពេកក៏មិនល្អចំពោះសុខភាពដែរ»
គ្រប់គ្នាបានតែញឹមៗមិនមាត់មិនកអ្វីទៀត។

ធីរ៉ាត់ ស័ក និងភាវីជូនព្រះសង្ឃ និងតាអាចារ្យនិមន្តទៅវត្តវិញ ពេលត្រឡប់មកដល់ផ្ទះម៉ោង ៨យប់ទៅហើយព្រោះតែស្ទះផ្លូវ។
គ្រប់គ្នានៅគេងទីនេះជុំគ្នា ក្រែងលោមានរវល់អីនៅជួយគ្នាទាន់។

ស័កដើរចូលទៅផ្ទះបាយគាស់កូកាផឹកធ្វើមុខអេះមេះ កក្កដាអត់មិនបានក៏សួរនាំ។
«កើតអីស័កធ្វើមុខមើលតែលេបគ្រាប់បែក?»
«គឺភាវីឥឡូវចាប់ផ្តើមចេញចរិតដើមហើយ អង្គុយក្នុងឡានជាមួយបងធី និយាយម្ញ៉ិកម្ញ៉ក់ដូចនៅតែពីរនាក់ ខ្ញុំបើកឡានថាជ្រេញអើយជ្រេញ» ស័កជាមនុស្សត្រង់ មាត់ក៏ដាច ណាមួយជាបងប្អូនជាមួយច័ន្ទទៀត ពេលមកឃើញអ៊ីចឹងៗអី ទ្រាំមិនចង់បានម្តងៗ។

«ខ្ញុំឆ្ងល់បងធីចេះធ្វើដាក់បងច័ន្ទទៅរួច បងច័ន្ទល្អម្លឹងៗហើយ នៅរកក្រៅទៀត» ណាវីគ្រវីក្បាលអស់អីនិយាយ។
ភូដើរកាត់ផ្ទះបាយបម្រុងចេញទៅក្រៅ វិបុលដែលងាកមកឃើញក៏សួរនាំ។

«អេ៎!អាភូថ្មើរនេះហើយចង់ចេញទៅណាហ្នឹង?»
ភូ មិនមាត់ គ្រាន់តែសម្លឹងមើលពួកគេដោយភ្នែកក្រហមរួចក៏ដើរហួសទៅ។

«ស្អីវាអានេះ! ធ្វើចរិតប្លែកៗយ៉ាងម៉េចមិនដឹង»
«ជួនកាលគាត់ពិបាកចិត្តរឿងអីទេដឹងបងបុល»
វិបុលគ្រាន់តែញាក់ស្មាបញ្ជាក់ថាក៏មិនដឹងដែរ។

ម៉ោង១:១៣នាទីយប់…
សំឡេងឆ្កែលូល្វើយៗពីក្រៅផ្ទះ ដាស់ឱ្យច័ន្ទភ្ញាក់ពីដំណេកទាំងស៊ើងមើង នាងលូកដៃស្ទាបកន្លែងប្តីគេងក៏មិនឃើញវត្តមានធីរ៉ាត់ នាងងើបអង្គុយទាំងឆ្ងល់សម្លឹងមើលជុំវិញខ្លួន។ រកក្នុងបន្ទប់ទឹកក៏មិនឃើញ យប់ថ្មើរនេះហើយគេទៅណា?

នាងដើរចេញមកក្រៅបន្ទប់ដែលមានតែភ្លើងអំពូលម៉ែត្រតូចមួយបំភ្លឺព្រាលៗកន្លែងផ្លូវដើរ។
គ្រប់យ៉ាងក្នុងផ្ទះស្ងាត់ជ្រងំ តែពេលនាងផ្ទៀងត្រចៀកស្តាប់បែរជាឮសំឡេងសើចល្វើយៗពីក្នុងបន្ទប់ភាវី នាងដើរទៅរកប្រភពសំឡេងទាំងក្នុងបេះដូងលោតញាប់ឡើងៗ នាងបន់ស្រន់សូមឱ្យអ្វីដែលនាងកំពុងគិតមិនមែនជាការពិត។
ទ្វារត្រូវបានបង្ហើបបន្តិចឱ្យឃើញត្រឹមប្រលោះតូចមួយ ធ្វើឱ្យច័ន្ទយកដៃខ្ទប់មាត់ទាំងតក់ស្លុត។ ទ្រូងរបស់នាងពេលនេះអួលណែនស្ទើរថប់ដង្ហើម ក្រពេញទឹកភ្នែកហូរធ្លាយមកដោយមិនអាចឃាត់បាន ហេតុអី?ហេតុអី? ម៉េចក៏ហ៊ានធ្វើបែបនេះដាក់នាង តើនាងខុសអី?

«អ្ហា!!!មិនពិតទេ»

សម្រែកស្រែកទ្រហោយំរបស់ច័ន្ទ នាំឱ្យមនុស្សពីរនាក់ដែលប្រឡែងគ្នាមិនចាប់អារម្មណ៍ថា មានអ្នកណាម្នាក់កំពុងឈរមើលមុននេះត្រូវបំបែកចេញពីគ្នា។
ណាវីដែលរត់មកត្រកងរាងកាយច័ន្ទដែលប្រុងស្រុតដួលលើឥដ្ឋ។

«បងច័ន្ទ!ធ្វើចិត្តឱ្យត្រជាក់»
ច័ន្ទលែងស្តាប់អ្វីទាំងអស់ក្រៅពីយំកញ្ជ្រោលគ្រវីគ្រវាត់ និងបោចសក់ខ្លួនឯង។

«ហេតុអី?ហេតុអី?» នាងស្រែកគំហក ស្ទុះទៅវាយតប់ប្តីទាំងកំហឹងពេញទ្រូង។
ភាវីទាញភួយមករុំខ្លួនគេចឈរទៅម្ខាង ដោយលួចញញឹមចំអកឱ្យច័ន្ទ។

ទាំងវិបុល ទាំងកក្កដា និងស័កជួយឃាត់ច័ន្ទ ណាវីឈរសម្លក់អ្នកឈរធ្វើមាសមិនខ្លាចភ្លើងនៅជ្រុងបន្ទប់។
«សមចិត្តនាងហើយមែនទេស្រីអសិរពិស មនុស្សប្រុសមួយគំនរនាងមិនយកបែរជាមកយកបងធីដែលមានប្រពន្ធហើយនេះ»
«ទំពក់មិនទៅព្នៅក៏វាមិនមកដែរណាវី វាអាស្រ័យលើអ្នកណាពូកែប៉ុណ្ណោះ» នាងពេបមាត់និយាយឡកឡាយឱ្យណាវីវិញ ឬកពាមិនដូចពេលចូលធ្វើការដំបូងទេខុសគ្នាដូចមេឃនិងដី។

ធីរ៉ាត់ ដូចហាក់ត្រូវមន្តសណ្តំឫកពាងីងើ មិនដឹងក្បាលកន្ទុយបានតែយកដៃរងពេលដែលច័ន្ទវាយមិនឈប់ប៉ុណ្ណោះ។

«អូនវីជួយបងផង» ភាវីញញឹមបានដៃពេលឮធីរ៉ាត់ហៅឈ្មោះខ្លួនចំពោះមុខប្រពន្ធដូច្នេះ។

ច័ន្ទឮបែបនេះកំហឹងក៏កើនទ្វេដងដូចបន្ទុះភ្នំភ្លើង ឥឡូវនាងភ្ញាក់ខ្លួនហើយ និងបន្ទោសខ្លួនឯងមិនឈប់ដែលទុកចិត្ត និងរាប់អានស្រីមុខពីរម្នាក់នេះដោយមិនដឹងពីគោលបំណងអាក្រក់របស់គេចង់មកបំបែកបំបាក់គ្រួសាររបស់នាងសោះ។

«ចេញទៅអាប្រុសថោកទាប ស្រីពេស្យា! ចង់យកគ្នាណាស់ក៏អញ្ជើញ ចេញពីទីនេះកុំឱ្យខ្ញុំឃើញមុខទៀត»

ច័ន្ទចង្អុលទៅទ្វារដោយមិនមើលមុខបុរសដែលនាងស័្មគ្រស្មោះចងដៃរួមរស់ជាមួយគេ ធីរ៉ាត់ក៏សម្លឹងមើលមុខនាងវិញទាំងក្រសែភ្នែកទទេស្អាតហាក់ដូចមនុស្សមិនស្គាល់គ្នា។

ភាវីរៀបអីវ៉ាន់ខ្លួនឯង និងធីរ៉ាត់ចាកចេញពីផ្ទះនោះទាំងកណ្តាលរាត្រី គ្រាន់តែពួកគេចេញផុតភ្លាម សំឡេងទូរសព្ទរបស់វិបុលក៏រោទ៍ឡើង។ គេចុចទទួលលេខប្លែកដែលតេមក គ្រាន់តែឮអ្នកម្ខាងទៀតនិយាយរួច មុខវិបុលស្លេកដូចឃើញខ្មោច ធ្លាក់ទូរសព្ទលើឥដ្ឋទាំងដៃនៅឆ្កឹងក្បែរត្រចៀក។

«មានរឿងអីបុល?» ច័ន្ទជូតទឹកភ្នែកសួរនាំទាំងងឿងឆ្ងល់។
«អាភូស្លាប់ហើយ…»
«ថាម៉េច!!!» គ្រប់គ្នាស្រែកឡើងព្រមគ្នាទាំងស្លុត ម៉េចនឹងអាចទៅរួច ភូទើបចេញទៅក្រៅល្ងាចមិញនេះតើ។

«ម៉េចក៏បងភូស្លាប់?»
«វាបើកម៉ូតូបញ្ច្រាសផ្លូវត្រូវឡានកុងតឺណឺបុកស្លាប់»
«ចុះម្ចាស់ឡាន ចាប់បានទេ?»
«ចាប់មិនបានទេអាដា អ្នកបើកឡាននោះរត់បាត់ហើយ»
«អាឆ្កួតនោះបើកម៉ូតូបញ្ជ្រាសផ្លូវ វាស្រវឹងឬយ៉ាងម៉េច» ស័កនិយាយទាំងមិនអស់ចិត្ត តែត្រូវវិបុលនិយាយកាត់ទាំងប្រញាប់ប្រញាល់។

«តោះ!យើងប្រញាប់ទៅកន្លែងកើតហេតុទទួលសពវាមកធ្វើបុណ្យ»
ស័កទៅជាមួយវិបុល ដោយឱ្យកក្កដានៅផ្ទះមើលស្រីៗ បើទៅទាំងអស់គ្នាក៏មិនកើតបងច័ន្ទកំពុងកើតទុក្ខរឿងរដ្ឋាស្លាប់ផង និងរឿងបងធីទៀតឱ្យសម្រាកនៅផ្ទះល្អជាង ចំណែកណាវីនៅជាគ្នាជាមួយបងច័ន្ទក៏ល្អកុំឱ្យគាត់គិតច្រើន។

អ្នកទាំងបីអង្គុយចាំដំណឹងពីវិបុលទាំងអន្ទះសា ព្រោះទាក់ទងអត់ចូល តេទៅស័កក៏មិនទទួលទូរសព្ទទៀត ចំណែកច័ន្ទហត់ប៉ុន្មានថ្ងៃជាប់គ្នារឿងបុណ្យសពរដ្ឋាផង នូវមកចួបរឿងស្មុគស្មាញស្មានមិនដល់មុននេះទៀត ធ្វើឱ្យទាំងកម្លាំងកាយនិងកម្លាំងចិត្តខ្សត់ខ្សោយស្ទើរតែដួលទៅហើយ។

«បងច័ន្ទ…បងសម្រាកបន្តិចទៅ កុំគិតច្រើនអី»
ណាវីដែលអង្គុយក្បែរឱបនិយាយលួងលោមច័ន្ទដែលកំពុងអង្គុយយំស្ងាត់ៗ។

«បងមិនអីទេ…វីកុំបារម្ភអី»
ទ្រនិចនាឡិកាប៉ោលបង្វិលឈប់ត្រង់ម៉ោង ២:២៣នាទី… ភ្លើងអំពូលក្នុងផ្ទះក៏រលត់ឆឹប គ្រប់គ្នាភ្ញាក់បន្តិច កក្កដាដែលចិត្តធន់ជាងគេក៏ដើរទៅមើលកុងទ័រភ្លើងនៅខាងក្រៅផ្ទះ។ ច័ន្ទនិងណាវីអង្គុយឱបគ្នាក៏ព្រឺក្បាលសំពោងពេលឮសំឡេងយំល្វើយៗចេញពីបន្ទប់ដេករបស់រដ្ឋា។

«បងច័ន្ទស្តាប់ឮដូចខ្ញុំទេ?»
ណាវីសួរអ្នកម្ខាងទៀតទាំងញ័រមាត់ទទ្រើក រោមដៃរោមជើងដណ្តើមគ្នបះច្រូងច្រាង។

«បើស្តាប់មិនច្រឡំទេ បងឮពីបន្ទប់រដ្ឋា» នាងនិយាយទាំងញ័រមាត់ទទ្រើកដូចគ្នា តាំងពីចួបខ្មោចស្រស់ៗកាលនៅជាមួយពូឌី និងអុីនីតាកាលណោះមក នាងចង់បាក់ស្បាតនឹងរឿងខ្មោចហ្នឹងតែម្តង។

«ពួកយើងឡើងទៅមើលទេបង?»
នាងអង្រួនសួរតិចៗ ព្រោះសំឡេងខ្សឹកខ្សួលពីជាន់លើឮកាន់តែច្បាស់ទៅៗ។

«បងថាចាំកក្កដាសិនទៅ»
អ្នកណាទៅហ៊ានឡើងទៅមើលនោះ បើក្នុងផ្ទះមានតែ៣នាក់ កក្កដាចេញទៅក្រៅបាត់ហើយ នាងក៏នៅជាមួយណាវី ហើយសំឡេងឮយំនោះ បើមិនមែនខ្មោចជាស្អីវិញទៅ។

ណាវីងក់ក្បាលយល់ស្របមិនហ៊ានដើរចេញក្រៅ ខ្លាចជ្រួសគ្នានឹងកក្កដាផង ខ្លាចដើមអំពិលមុខផ្ទះនោះផង។
ចំណែកឯកក្កដាដែលកំពុងបើកកុងទ័រភ្លើងពិនិត្យមើល ពេលឱនមករើសទល់ល្វីសបែរជាមិនឃើញ ទាំងដែលគេទុកនៅជិតជើងមិញសោះ។

«ទៅណាអីចេះ!»

គេឱនមើលក្រោម ដោយមិនចាប់អារម្មណ៍ខាងលើស្រាប់តែមានសក់វែងអន្លាយទម្លាក់ចុះមកបាំងគ្របកុងទ័រភ្លើង។
កក្កដា អេះកញ្ចឹងកខ្វោកៗ ដូចរសើបៗ មានស្អីចាក់ ពេលចាប់មើលបានសក់មួយកញ្ចុំ។

សក់គេនៅលើក្បាល ហើយសក់វែងនេះជារបស់នរណា?

គេងើយក្បាលមើលខាងលើ ដោយលើកពិលក្នុងដៃបញ្ចាំងមើលដែរ តែគេក៏ភ្ញាក់ព្រើតដួលអុកគូទ ធ្វើឱ្យទូរសព្ទជ្រុះពីដៃក្ឌុក សម្លឹងមើលរបស់មានជីវិតដែលតោងជញ្ជាំងជាប់សម្លក់គេមិនដាក់ភ្នែក។
ខ្មោចស្រីបង្វិលកមកក្រោយវារចុះមករកគេ ចំណែកកក្កដាមិនបង្អង់ស្ទុះងើបរត់ចូលទៅក្នុងផ្ទះវិញ។

«ជួយផងខ្មោចលង!»
ស្រីៗវិញឮតែសំឡេងកក្កដាស្រែកពីចម្ងាយក៏ស្ទុះងើបរត់ទៅរកដែរ។

«កើតអីកក្កដា??» នាងសួរទាំងស្លន់ស្លោ។
«ខាងក្រៅមានខ្មោចលងបង» គេតបវិញទាំងដង្ហក់ខ្យល់។
«ខាងក្នុងក៏មានដែរបង…» ណាវីនិយាយទាំងបិទភ្នែកឱបច័ន្ទជាប់ដូចតុកកែ។
«អ្ហា!ថាម៉េច»

ក្រាក!
សំឡេងបើកទ្វារពីជាន់លើ ធ្វើឱ្យគ្រប់គ្នាដែលឈរញ័រដូចកូនសត្វនៅជាន់ក្រោម ងាកទៅមើលព្រមគ្នា។
សម្រឹបជើងធ្ងន់ៗដើរចុះតាមកាំជណ្តើរមកជាន់ក្រោមមួយៗ ដែលធ្វើឱ្យបេះដូងអ្នកទាំងបីនៅជាន់ក្រោមលោតដូចទូងស្គរទៅហើយ។
ឆ្កែក៏ចាប់ផ្តើមលូឱ្យគ្រលួចដូចដឹងពេលវេលា។

វូស វូស វូ…
មុខទ្វារផ្ទះបិទគ្រាំង! ហាក់មិនអនុញ្ញាតឱ្យពួកគេចេញពីទីនេះ។
«នមោតស្សៗ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយកូនចាបកូនព្រាបផង»
ណាវីសូត្រធម៌ញាប់មាត់ ឯដៃក៏ឱបច័ន្ទជាប់មិនរបេះ។
កក្កដារត់ទៅធាក់ទ្វារផងអីផងនៅតែបើកមិនចេញ រីឯសម្រឹបជើងអមនុស្សក៏បន្លឺឡើងកាន់តែជិតបង្កើយ។

«ធ្វើយ៉ាងម៉េចទៅបង ទ្វារបើកមិនបានទេ?»
«ជួយខ្ញុំផង…»
«សងជីវិតខ្ញុំមក…»
«យកខ្ញុំទៅផង…»
សំឡេងស្រែកល្វើយៗពីគ្រប់ទិសទីក្នុងបរិវេណផ្ទះ ហាក់ដូចបន្លាចពួកគេឱ្យស្លុតស្លុងរន្ធត់មុននឹងផ្តាច់ជីវិត។
គ្រាំង!
ទ្វាររបើក បង្ហាញឱ្យឃើញរូបរាងបុរសម្នាក់ដែលចាកចេញទៅមុននេះត្រឡប់មកវិញ។
«បងធី!!»
ធីរ៉ាត់លើកខ្សែកព្រះដើរចូលមក ពន្លឺពណ៌មាសបាចសាចចេញពីព្រះពុទ្ធអង្គ ធ្វើឱ្យពួកខ្មោចតៃហោងទាំងឡាយខ្លបខ្លាចរលាយបាត់អស់មួយរំពេច។
«អ្ហា!!!»
«យើងប្រញាប់ចេញពីទីនេះទៅ!»
ធីរ៉ាត់ទាញដៃប្រពន្ធរត់ចេញក្រៅ ចំណែកកក្កដាក៏កាន់ដៃណាវីរត់តាមពីក្រោយដែរ ភ្លាមនោះរបស់របរក្នុងផ្ទះធ្លាក់ទង្គិចផូងផាំងហាក់ក្តៅក្រហាយ ដែលធ្វើអីពួកគេមិនបាន។

ធីរ៉ាត់ព្យួរខ្សែកព្រះពុទ្ធអង្គក្នុងឡាន បើកចេញពីទីនោះយ៉ាងលឿន ដោយសារមានវត្ថុស័ក្តិសិទ្ធិជួយឃុំគ្រង ឧបសគ្គដែលបម្រុងកើតមានដោយពួកអមនុស្សបង្កើតឡើងក៏ត្រូវអន្តរធានអស់ធ្វើឱ្យពួកគេចាកចេញពីទីនោះដោយសុវត្ថិភាព។

ក្នុងវត្តវិហារធំ…
អ្នកទាំងអស់គ្នាអង្គុយបត់ជើងថ្វាយបង្គំលោកឪ ដែលកំពុងពែនភ្នែនបិទភ្នែកសមាធិ។
ច័ន្ទដឹងរឿងទាំងអស់ពីមាត់ប្តី ថាគេត្រូវស្នេហ៍ភាវី ដែលលួចដាក់ប្រេងស្នេហ៍ក្នុងកាហ្វេឱ្យគេផឹករាល់ថ្ងៃ ទើបគេប្រព្រឹត្តិខ្លួនខុសឆ្គងចំពោះនាង សំណាងបានលោកតាចៅអធិការវត្ត និមន្តទៅសូត្រមន្តថ្ងៃនោះ ជួយដោះស្នេហ៍ឱ្យគេដោយមិនឱ្យភាវីដឹង ទើបគេធ្វើពុតសម្តែងល្ខោនបន្តធ្វើដូចនៅតែងប់ងល់នឹងនាង ដើម្បីរកលេសចេញពីផ្ទះនោះមកទូលលោកតាឱ្យជួយ។

ចំណែករឿងផ្ទះនោះមានវិញ្ញាណមិនល្អនៅ គេដឹងមុនពេលរដ្ឋាមានរឿងទៅទៀត គាប់ជួនពេលនោះគេបានចួបនឹងអ្នកដឹកអីវ៉ាន់ឱ្យគេកាលរើទៅនៅផ្ទះដំបូងនោះ ពួកគេបានប្រាប់រឿងរូបថតដែលពួកគេបានថតពីផ្ទះនោះ ជាប់រូបខ្មោចប្រុសឈរសម្លក់ពួកគេពីលើផ្ទះ និងមានសាកសពព្យួរកជាច្រើនក្រោមដើមអំពិលនោះទៀតផង មិនប៉ុណ្ណោះពួកគេបានបង្ហាញរូបថតនោះឱ្យធីរ៉ាត់មើលផងដែរ។

គេបម្រុងប្រាប់គ្រប់គ្នាពីរឿងនេះឱ្យឆាប់រើចេញពីទីនោះ ប៉ុន្តែគ្រប់យ៉ាងបែរជាអាក់ខានវិញដោយសារគេត្រូវស្នេហ៍ភាវី ទើបគេមិងមាំងភ្លេចស្អីៗត្រូវនិយាយអស់រលីង ទម្រាំដឹងខ្លួន កូនចៅរបស់គេ២នាក់ត្រូវបាត់បង់ជីវិតទៅហើយ។

ចំណែកភាវីពេលនេះចាកចេញពីធីរ៉ាត់និងច័ន្ទហើយ និងមិនហ៊ានមកឱ្យឃើញមុខទៀតទេ ព្រោះត្រូវធីរ៉ាត់ចាត់ការបោះនាងចេញពីជីវិតរួចរាល់ហើយ។

«ផ្ទះនោះមានវិញ្ញាណម្ចាស់ផ្ទះដើមដាក់បណ្តាសា អ្នកណាក៏ដោយឱ្យតែទៅនៅផ្ទះនោះ ត្រូវតែស្លាប់តៃហោងទាំងអស់»
លោកតាមានសង្ឃដីកាទាំងបិទព្រះនេត្រ។

«ម៉េចក៏សាហាវម្ល៉េះលោកតា!» វិបុលគ្រញែងខ្លួនពេលឮបែបនេះ។
«ម្ចាស់ផ្ទះនោះស្លាប់តៃហោង ទើបបណ្តាសានេះខ្លាំងក្លាដល់ម្លឹង សំណាងហើយពួកញោមចេញពីទីនោះទាន់ កុំអីត្រូវវិញ្ញាណពួកនោះផ្តាច់ជីវិតទៅហើយ មុនញោមទៅរស់នៅ មានគ្រួសារជាច្រើនដែលទៅរស់នៅផ្ទះនោះ ត្រូវស្លាប់ដោយមិនដឹងមូលហេតុឡើយ»

«បើបែបនេះ ពួកខ្ញុំគ្រាន់តែរើចេញពីទីនោះលែងអីហើយមែនទេលោកតា?»
ណាវីសំពះសួរលោកតាទាំងញ័រមាត់ ព្រោះមិនទាន់បាត់ភ័យនៅឡើយ។

«ទោះពួកញោមរើចេញ ក៏វិញ្ញាណទាំងនោះនៅតែអន្ទោលតាមប្រាណពួកញោមជានិច្ច មិនទៅណាដែរ ទាល់តែដោះបណ្តាសានោះបានទើបផុតគ្រោះ»

«អ្វីដែលខ្ញុំមិនយល់ចំពោះកូនចៅរបស់ខ្ញុំ មិនថាជារដ្ឋាឬភូទេ សុទ្ធតែស្លាប់ដោយមិនដឹងមូលហេតុអ៊ីចឹងលោកតា?» ធីរ៉ាត់សួរលោកតាទាំងសោកសៅ។

«បើតាមអាត្មាសមាធិប្រមើលមើលទៅ ញោមស្រីឈ្មោះរដ្ឋាមានរាស្រីស្រុតចុះណាស់ ទើបពួកវិញ្ញាណសម្លាប់នាងមុនគេបង្អស់ ចំណែកញោមភូប្រហែលបានដឹងរឿងរ៉ាវក្នុងផ្ទះនោះ ទើបព្យាយាមចាកចេញពីទីនោះ តែក៏នៅគេចមិនផុត»
គ្រប់គ្នាដកដង្ហើមធំ ទាំងទាល់តម្រិះ។

«អ៊ីចឹងធ្វើយ៉ាងម៉េចទើបអាចដោះបណ្តាសានេះបានទៅលោកតា?»
ច័ន្ទលើកដៃសំពះសួរលោកតាទាំងទុក្ខកង្វល់។

«ម្ចាស់ផ្ទះនោះស្លាប់ទៅទាំងកំហឹងព្យាបាទ ហើយអ្នកត្រូវស្រាយចំណងកំហឹងនេះបានមានតែញោមស្រីប៉ុណ្ណោះ»
គ្រប់គ្នាងាកមកមើលមុខច័ន្ទព្រមគ្នា។

«ខ្ញុំករុណាឬលោកតា?» នាងសួរលោកទាំងងឿងឆ្ងល់។
«ពរញោម ញោមមានចំណងជាមួយម្ចាស់ផ្ទះនោះកាលពីជាតិមុន ដូច្នេះញោមត្រូវតែស្រាយកំហឹងគុំគួនរបស់ម្ចាស់ផ្ទះនោះឱ្យបាន បណ្តាសាគ្រប់យ៉ាងនឹងសាបរលាបដោយឯកឯង»

បន្ទាប់មកលោកតាបានឱ្យច័ន្ទអង្គុយសមាធិបែរមុខទៅរកព្រះពុទ្ធអង្គ នាងមិនដឹងថាខ្លួនជាម្ចាស់ដើមហេតុធ្វើឱ្យម្ចាស់ផ្ទះនោះខឹងសម្បាដោយសាររឿងអ្វីទេ តែនាងនឹងព្យាយាមស្រាយចំណងដែលខ្លួននាងចងនេះឱ្យបាន ដូច្នេះហើយមានតែវិធីមួយនេះប៉ុណ្ណោះទើបអាចដោះស្រាយរឿងរ៉ាវទាំងអស់បាន ទោះនាងត្រូវយកជីវិតខ្លួនឯងទៅប្រថុយក៏ដោយ។

ខ្យល់ត្រជាក់បក់ផាត់ក្បែរកាយរបស់ច័ន្ទ ជុំវិញខ្លួននាងស្ងាត់ជ្រាបហាក់ដូចគ្មានអ្នកណាអង្គុយក្បែរនាងឡើយ រំពេចនោះនាងស្រាប់​តែ​ឮសំឡេងរទេះសេះបរលើផ្លូវ ធ្វើឱ្យនាងត្រូវបើកភ្នែកឡើងសន្សឹមៗ ទិដ្ឋភាពចំពោះមុខធ្វើឱ្យនាងភាំងតែម្តង ផ្ទះមួយខ្នងដែលនាងនៅរាល់ថ្ងៃ ថ្មីស្អាតដូចទើបនឹងសង់ថ្មី សំឡេងសន្ទនានៅក្រោយខ្នងធ្វើឱ្យនាងងាកទៅមើល។

បុរសស្លៀកពាក់ទាហានឈរក្តោបដៃ នារីម្នាក់ដែលឈរបែរខ្នងដាក់នាង ហាក់ដូចនិយាយលាទៅកន្លែងណាមួយ។
ពេលបុរសនោះឡើងរទេះសេះចេញទៅបាត់ នារីម្នាក់នោះបែរក្រោយដើរចូលក្នុងផ្ទះ ធ្វើឱ្យច័ន្ទគាំងស្តីលែងចេញ ព្រោះមុខស្រីម្នាក់នោះដូចនាងបេះបិទ។

“ប៉ែន ជួយរក្សាទុកចិញ្ចៀននេះឱ្យស្រួលផង ហើយកុំឱ្យអ្នកណាដឹង”
មនុស្សស្រីម្នាក់នោះបញ្ជាបាវព្រាវទាំងលឹបល។

“ចា៎សលោកស្រី ” អ្នកបម្រើនោះមានទឹកមុខស្ទាក់ស្ទើរមិនចង់ទទួល តែពេលឃើញមុខប្រាកដប្រជារបស់លោកស្រីដែលឈ្មោះចិន្តា នាងក៏ទទួលទុកហើយចេញពីទីនោះ។

សូម្បីតែស្រីបម្រើឈ្មោះប៉ែននោះ ក៏មានមុខមាត់ដូចម្តាយនាងបេះបិទ គ្រាន់តែម្តាយនាងមានសម្បុរស្រអែមជាងស្រីបម្រើប៉ែននេះបន្តិចប៉ុណ្ណោះ។ ម្តាយនាងសាងផ្នួសបួសជាដូនជីតាំងពីនាងមករស់នៅជាមួយពូឌីម្ល៉េះ នាងក៏មិនដឹងមូលហេតុដែលគាត់បួសដែរ នាងគ្រាន់តែគិតថាម្តាយនាងចាស់ហើយចង់រកធម៌អាថ៌សន្សំបុណ្យប៉ុណ្ណោះ។

គ្រប់យ៉ាងរលាយបាត់បង្ហាញនូវទិដ្ឋភាពថ្មី គឺខាងក្នុងផ្ទះមានពិធីបុណ្យសពដោយតាំងរូបបុរសស្លៀកពាក់ទាហាន ឈ្មោះ វិស័យ ដែលនាងឃើញនៅដាក់តាំងខាងមុខមឈូស។ ហើយអ្វីដែលនាងតក់ស្លុតជាងនោះ នៅពេលយប់យន់មកដល់ នារីដែលឈ្មោះចិន្តាត្រូវជាប្រពន្ធរបស់បុរសទាហាន គេងជាមួយប្រុសម្នាក់ឈ្មោះវិសិទ្ធក្នុងបន្ទប់ធំ ដែលនាងនិងធីរ៉ាត់គេងរាល់ថ្ងៃ។

គ្រាំង!
“បងមិនទាន់ស្លាប់ទេ! ”
“យើងស្លាប់ ទាល់តែនាងឯងនិងអាតិរច្ឆាននេះងាប់កំដរយើង! ”

ផាំង!ផាំង!
ច័ន្ទលើកដៃខ្ទប់មាត់ទាំងស្លុតស្មារតីពេលឃើញបែបនេះ។
បន្ទាប់ពីបាញ់សាហាយស្មន់មួយគូនោះស្លាប់ហើយ វិស័យក៏លើកកាំភ្លើងភ្ជង់ក្បាលខ្លួនឯងព្រមទាំងស្រែកនិយាយដោយកំហឹង ភ្នែកឡើងក្រហមតែត។

“យើងសូមឱ្យឈាមដែលហូរដាបផ្ទះលោកប្រុសនេះ ក្លាយជាបណ្តាសាមរណៈ ឱ្យតែអ្នកណាក៏ដោយដែលឈានជើងចូលមកនៅក្នុងផ្ទះនេះ ត្រូវតែស្លាប់តៃហោងក្លាយជាបរិវាររបស់យើង ហាហា” បន្ទាប់មកគេក៏កេះកៃកាំភ្លើងបាញ់ក្បាលខ្លួនឯងតែម្តង។

ផាំង!!

ពេលដែលវិស័យបាញ់ខ្លួនឯងស្លាប់ សំឡេងនាឡិកាប៉ោលរោទ៍ឡើងពេលទ្រនិចនៅចំម៉ោង ២:២៣នាទីយប់ល្មម។
ច័ន្ទបិទភ្នែកយ៉ាងរហ័សមិនហ៊ានមើលសោកនាដកម្មដែលកើតឡើងនេះ នាងដឹងហើយថាហេតុអីបានជាបុរសនោះមានកំហឹងខ្លាំងក្លាសម្លាប់មនុស្សគ្រប់គ្នាមិនញញើតដៃបែបនេះ ក៏ព្រោះតែជាតិមុននាងធ្វើឱ្យគេឈឺចាប់ដល់ថ្នាក់សោះ។

«ឃើញទង្វើដ៏ថោកទាបរបស់ខ្លួនឯងហើយមែនទេ?»
សំឡេងដ៏ត្រជាក់ស្រេបដល់ឆ្អឹងរបស់បុរសម្នាក់បន្លឺឡើងក្បែរខ្លួនរបស់ច័ន្ទ។
នាងបើកភ្នែកសន្សឹមៗសម្លឹងទៅមើលបុរសនោះ ដែលពោរពេញដោយឈាមជោកខ្លួន រីឯក្រឡង់ភ្នែកក៏ខ្មៅឃើញតែប្រស្រីភ្នែក។

«នេះជាមូលហេតុដែលលោកសម្លាប់ខ្លួនឯង និងដាក់បណ្តាសាទីនេះ?» នាងសួរដោយសំឡេងនឹងន។
«នាងសមតែស្លាប់ដូចមិត្តរបស់នាងអ៊ីចឹង ប៉ុន្តែធ្វើបែបនោះវាមិនសប្បាយដូចមនុស្សជុំវិញខ្លួននាងងាប់ម្តងមួយៗនោះទេ ហើយអ្វីដែលយើងពេញចិត្តបំផុត គឺពេលដែលនាងទៅឃើញប្តីខ្លួនឯងដេកជាមួយស្រីផ្សេងនៅចំពោះមុខ ហាហា»
គេសើចក្អាកក្អាយយ៉ាងសមចិត្តហាក់ចង់ឱ្យនាងឈឺដូចដែលគេឈឺកាលពីជាតិមុនដែរ តែច័ន្ទបែរជាមើលឃើញថាខ្មោចប្រុសនេះគ្មានក្តីសុខនឹងអ្វីទាំងនេះទេ។

«បើលោកចង់សងសឹកខ្ញុំ ដែលធ្វើឱ្យលោកឈឺចាប់កាលពីជាតិមុន លោកគួរតែមកយកជីវិតខ្ញុំ អ្នកដទៃមិនបានដឹងរឿងអ្វីនោះទេ» នាងនិយាយទាំងខ្សាវៗ។

វិញ្ញាណបុរសនោះហោះមកឈរច្រងោពីមុខនាង ទាំងឈាមដាបមុខសូម្បីរបួសគ្រាប់កាំភ្លើងនៅសៀតផ្កា ក៏នៅមិនរលុបទៅណា ទោះគេក្លាយជាខ្មោចតៃហោងទៅហើយក៏ដោយ។

«នាងចាប់ជាតិជាមនុស្សប៉ុន្មានភពប៉ុន្មានជាតិសោយសុខនឹងប្តីថ្មី ម៉េចនឹងដូចយើងទៅ!!»
គេស្រែកគំហកស្ទើរបែកផ្ទះទាំងកំហឹង។

«ខ្ញុំមិនដឹងថាជាតិមុនខ្ញុំបានប្រព្រឹត្តិខុសអ្វីខ្លះទេ តែរឿងម្យ៉ាងដែលខ្ញុំអាចដឹងបានប្រពន្ធលោកគ្មានបំណងក្បត់លោកទេ»
«កុហក!!! យើងស្លាប់ទៅជាខ្មោចក៏យើងមិនជឿស្រីសាវាដូចជានាងដែរ នាងចិន្តា!»
គេស្រែកគំហកដាក់នាងម្តងទៀតធ្វើឱ្យកញ្ចក់ក្នុងផ្ទះផ្ទុះបែកខ្ទេចហាក់បញ្ជាក់ពីការខឹងសម្បាររបស់វិញ្ញាណមួយនេះ ប៉ុន្តែច័ន្ទនៅតែឈរស្ងៀមមិនកម្រើកហាក់មិនខ្លាចនឹងកម្រោលរបស់បុរសនេះទេ។

«អ៊ីចឹងបើខ្ញុំស្លាប់ លោកអាចដោះលែងអ្នកគ្រប់គ្នាបានទេ?» នាងចរចាបន្តទាំងទទូចអង្វរ។
នាងដឹងថាគេស្រលាញ់ប្រពន្ធរបស់គេណាស់ ទើបធ្វើឱ្យការស្រលាញ់ខ្លាំងទៅជាស្អប់ខ្លាំងយ៉ាងនេះ។

«បើនាងព្រមស្លាប់ជាខ្មោចយាមផ្ទះនេះជាមួយយើង យើងដោះលែងទុកជីវិតឱ្យពួកវា»
ខ្មោចនោះនិយាយឡើងដោយសំឡេងមុតស្រួច។

«បានខ្ញុំព្រម!»
គ្រាន់តែនាងនិយាយមិនទាន់ផុតពីមាត់ផង នាងត្រូវច្របាច់កយ៉ាងណែន ជើងក៏ហើបពីដីសន្សឹមៗ។

«យើងរង់ចាំឱកាសនេះរាប់ឆ្នាំមកហើយ ដែលបានសម្លាប់នាងផ្ទាល់ដៃម្តងទៀត នាងចិន្តា!»
«លោកប្រុសសម្លាប់កូនស្រីខ្ញុំមិនបានទេ»
សម្តីស្រ្តីចំណាស់ម្នាក់បន្លឺឡើងនៅមុខទ្វារផ្ទះ ស្របពេលនោះពន្លឺសភ្លឺចិញ្ចាចជះចេញពីខ្លួនរបស់គាត់ ធ្វើឱ្យខ្មោចទាហាននោះព្រលែងដៃពីករបស់ច័ន្ទលើកដៃមកបាំងភ្នែកហាក់ខ្លាចពន្លឺដ៏ត្រចះនោះ។

«នាងឯងកុំមកចេះនាងប៉ែន! កុំស្មានថាបួសខ្លួនជាដូនជីហើយ អាចជួយជីវិតកូនស្រីខ្លួនឯងបាននោះ»
ច័ន្ទភាំងពេលឮដូច្នេះអ៊ីចឹងមានន័យថាម្តាយនាងចាំជាតិ ទើបបួសដើម្បីជួយអាយុជីវិតនាង។

«នាងខ្ញុំដឹងថា ទោះនិយាយអ្វីទៅក៏លោកប្រុសមិនជឿសម្តីខ្ញុំដែរ ប៉ុន្តែនាងខ្ញុំចង់ឱ្យលោកប្រុសមើលរបស់មួយ»
ម្តាយច័ន្ទបិទភ្នែកដោយលើកដៃប្រណម ចិញ្ចៀនត្បូងទទឹមឆ្លាក់ក្បាលនាគក៏ផុសថ្គោលឡើងមកចំពោះមុខ។

«លោកប្រុសចាំចិញ្ចៀននេះបានទេ?»
បុរសនោះឈោងដៃយកចិញ្ចៀននោះដោយមិនមាត់មិនក។

«លោកស្រីចិន្តាបានប្រគល់វាឱ្យខ្ញុំរក្សាទុកឱ្យគាត់ ព្រោះក្រោយពីពិធីបុណ្យសពរបស់លោកប្រុសបញ្ចប់ លោកស្រីនឹងសម្លាប់ខ្លួនឯង»
«មានន័យថាម៉េច? ពេលនោះយើងឃើញ…»
ម្តាយច័ន្ទនិយាយកាត់។

«ពេលខ្លះ អ្វីដែលលោកប្រុសឃើញ មិនដូចអ្វីដែលលោកប្រុសគិតទេ លោកប្រុសក៏ដឹងថាផ្ទះលោកប្រុសនេះ ជាផ្ទះមរតកដែលគ្រប់គ្នាក្នុងគ្រួសាររបស់លោកចង់បាន មិនថាប្រើវិធីអ្វីក៏ដោយ លោកស្រីគ្រាន់តែជាស្រីធម្មតាម្នាក់ មិនបានកើតចេញពីវណ្ណៈអភិជន គ្រប់គ្នាក្នុងគ្រួសារលោកប្រុស មិនដែលស្រលាញ់ពេញចិត្តលោកស្រីទេ គ្រប់គ្នាសម្តែងការគោរពកោតខ្លាចលោកស្រី ពេលដែលលោកប្រុសនៅជាមួយប៉ុណ្ណោះ តែពេលលោកប្រុសទៅបម្រើទ័ពបាត់ លោកស្រីប្រៀបដូចជាមនុស្សស្រីខ្លួនមួយដែលត្រូវគេមើលងាយធ្វើបាបរាល់ថ្ងៃ»

«នាងឯងកុហកយើង!យើងមិនជឿទេ»
ម្តាយច័ន្ទមិនពោល គាត់គ្រាន់តែលាដៃដាក់ខាងមុខចិញ្ចៀនទទឹមក្នុងដៃខ្មោចវិស័យនោះ ក៏បញ្ចាំងរូបភាពមួយឡើងហាក់ដូចក្នុងនោះលាក់ទុកនូវរឿងរ៉ាវជាច្រើន។

“បងវិស័យ…អូនរាល់ថ្ងៃនឹកបងណាស់ ពេលណាទើបបងត្រឡប់មកវិញ អូនរាល់ថ្ងៃនេះហត់នឿយណាស់ បងប្អូនបងធ្វើបាបអូន មើលងាយអូនថាជាក្អែកចង់នៅទ្រនំហង្ស រៀបការនឹងបងព្រោះមាសប្រាក់ អូនស៊ូខាំមាត់អត់ទ្រាំរាល់ថ្ងៃនេះ ព្រោះអូនស្រលាញ់បង អូនចង់ជំនះគ្រប់យ៉ាងដើម្បីបង មិនចង់ឱ្យបងធ្វើការបម្រើជាតិត្រូវមកខ្វល់ខ្វាយនឹងសមរភូមិក្រោយ អូនដឹងថាការងារបងជាទាហានការពារទឹកដី ជាការងារជីវិតនៅកញ្ចឹងកបើប្រហែសជីវិតនឹងបង់ ទើបអូនមិនដែលប្រាប់បងឱ្យបារម្ភខ្វល់ខ្វាយដោយសារអូនទេ”

ចិន្តា យំរៀបរាប់ទុក្ខសោកទាំងឡាយបណ្តើរអង្អែលចិញ្ចៀនរៀបការ ដែលស្វាមីបំពាក់ឱ្យក្នុងថ្ងៃរៀបការបណ្តើរទាំងទឹកភ្នែកស្រក់សស្រាក់ឥតដាច់ ហាក់ចង់ពោលក្តីទុក្ខសោកទាំងប៉ុន្មាន ឱ្យចិញ្ចៀនសំណព្វជួយរំលែកសេចក្តីហ្មងសៅរបស់នាងខ្លះ។

បុរសនោះឈរសម្លឹងរូបភាពបង្ហាញចំពោះមុខទាំងស្ទាក់ស្ទើរជឿខ្លះ មិនជឿខ្លះ តែច័ន្ទដឹងថាគេចាប់ផ្តើមទោរទន់ចិត្តហើយ។

“ទៅណាប្អូនថ្លៃ? នៅកំដរបងមួយភ្លែតទៅ”
វិសិទ្ធត្រូវជាបងប្រុសវិស័យនិយាយផ្លែផ្កាឱ្យចិន្តា។

“បងមានការអីជាមួយខ្ញុំ? ” នាងសួរទាំងឈរឆ្ងាយហាក់មិនទុកចិត្តបុរសចំពោះមុខ។
“ឈរឆ្ងាយម៉្លេះនិយាយគ្នាមិនកើតទេ រឿងនេះសម្ងាត់ណាស់”
គេនិយាយដោយទឹកមុខប្រាកដប្រជាទើបចិន្តាកាត់ភាពរារែកមកឈរក្បែរ។

“បងបានដំណឹងថាប្រុសតូច មានភរិយាក្រោយនៅជំរុំទ័ព” សម្តីនេះធ្វើឱ្យចិន្តាបើកភ្នែកប៉ិនពងក្ងាន។
“មិនពិតបងវិស័យមិនក្បត់ខ្ញុំទេ! ” នាងតវ៉ាទាំងខូចចិត្ត និងរារែកមិនជឿ។
វិសិទ្ធមិននិយាយច្រើនទាញរូបថតសខ្មៅពីស្រោមសំបុត្រឱ្យនាងមើល ចិន្តាស្រក់ទឹកភ្នែក តក់ៗមើលរូបដែលប្តីនាងឱបថើបស្រីផ្សេង។

នាងគប់រូបថតចោលដើរចេញពីត្រង់នោះទាំងអណ្តឺតអណ្តក់ ដោយមិនឃើញស្នាមញញឹមពិសពុលរបស់បងថ្លៃឡើយ។

«រូបនោះមិនពិតទេ ខ្ញុំមិនដែលមានប្រពន្ធណាក្រៅពីចិន្តាទេ ម៉េចក៏បងប្រុសធ្វើបែបនេះ?»
ខ្មោចវិស័យនិយាយទាំងភ្ញាក់ផ្អើល។

«លោកសិទ្ធចង់ដណ្តើមលោកស្រីពីលោកប្រុសយូរហើយ ទើបមានបំណងចង់តែសំឡេះលោកប្រុសចេញផុតពីផ្លូវទេ»
វិសិទ្ធនិងវិស័យជាបងប្អូនឪពុកតែមួយម្តាយទីទៃ មិនចម្លែកទេដែលអ្នកជាបងប្រុសចង់កម្ចាត់គេចោល ដោយមិនស្រណោះឈាមបង្កើត ព្រោះវិស័យជាកូនសំណព្វរបស់លោកឪពុកជានិច្ច ស្អីៗក៏វិស័យ ទើបវិសិទ្ធច្រណែនប្អូនប្រុសរហូតមក។

ចិញ្ចៀនទទឹមបង្ហាញរូបភាពបន្ត គ្រប់គ្នាក៏សម្លឹងមើលហេតុការណ៍ដោយមិនព្រិចភ្នែក។

“វិស័យនៅរស់ទេ បើប្អូនថ្លៃព្រមស្តាប់បង្គាប់បម្រើបងថ្លៃម្នាក់នេះ បងនឹងជួយតាមរកវិស័យឱ្យឃើញ”

ដំណឹងវិស័យស្លាប់ ដោយសារពេលប្រយុទ្ធប្រឆាំងនឹងកងទ័ពខ្មែរក្រហម ហើយត្រូវទាហានខ្មែរក្រហមលបបាញ់ស្លាប់ បានឮ​សុសសាយមកដល់ភូមិគ្រឹះលោកប្រុស តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយអ្វីដែលចម្លែកជាងនោះទៅទៀតសាកសពដែលដឹកមកផ្ទះបូជា ក៏មិនមែនជាសពរបស់ប្តីនាងដែរ ទើបចិន្តាមានជំនឿមុតមាំថាប្តីរបស់ខ្លួនមិនទាន់ស្លាប់ទេ អាចកំពុងលាក់ខ្លួនពីពួកទាហានខ្មែរក្រហមនៅកន្លែងណាមួយ ស្របពេលនោះប្រទេសកំពុងតែវឹកវររឿងខ្មែរក្រហមវាយឈ្នះកងទ័ពលន់នល់ផងនោះ។

ចិន្តាគ្មានជម្រើសទេ ក្នុងផ្ទះនេះដ្បិតតែឈ្មោះវិស័យជាម្ចាស់ តែអ្នកដែលមានសិទ្ធអំណាចជាងគេពេលនេះគឺវិសិទ្ធ នាងដឹងថាបងថ្លៃម្នាក់នេះមានគម្រោងការមិនល្អចង់បំបិទមាត់ប្តីខ្លួន ព្រោះកេរមរតកយូរហើយ ហេតុតែនាងស្រលាញ់ប្តី ចង់ដឹងដំណឹងប្តី បើនាងបាននៅក្បែរខ្លួនបងថ្លៃក៏នាងអាចដឹងពីបំណងមិនល្អរបស់គាត់លើប្តីខ្លួនជាអ្វីដែរ ទើបនាងសុខចិត្តលះបង់ខ្លួនឯង ដោយមិនខ្លាចញាតិផៅតិះដៀលជាស្រីក្បត់ប្តី។

“បងថ្លៃប្រាប់ថាជួយរកដំណឹងបងវិស័យដល់ណាហើយ?”
នាងសួរទាំងអន្ទះសាច្រើនថ្ងៃហើយដូចមិនឃើញគាត់រកដំណឹងអីសោះ ក្រៅពីផឹកស៊ីសប្បាយនឹងទ្រព្យសម្បត្តិត្រកូល លោកប្រុស។

“អ្នកស៊ើបកំពុងស្វះស្វែងរកហើយ តែយប់នេះកុំភ្លេចទៅបន្ទប់បង”
និយាយរួចគេក៏ដើរចេញបាត់ ទុកឱ្យចិន្តាមានទឹកមុខជូរចត់ដូចលេបថ្នាំល្វីង។

រឿងរ៉ាវគ្រប់យ៉ាងរបស់ចិន្តាកាលពីជាតិមុនត្រូវបានបង្ហាញឡើងជាបន្តបន្ទាប់តាំងពីដើមរហូតដល់យប់ថ្ងៃអវសានរបស់នាងមកដល់ ពេលប្តីដែលខ្លួនស័្មគ្រស្មោះស្រលាញ់អស់ពីដួងចិត្ត ត្រឡប់មកវិញដោយការយល់ច្រឡំខុសចំពោះនាង ប្រហារជីវិតនាងនឹងគ្រាប់កាំភ្លើង ដោយនាងមិនទាន់បានអធិប្បាយអ្វីសោះ។

ពេលគ្រប់យ៉ាងបង្ហាញចប់ ចិញ្ចៀនត្បូងទទឹមក៏ប្រេះបែករលាយបាត់ទៅក្នុងខ្យល់ ហាក់ដូចជាការនាំសាររបស់ខ្លួនត្រូវបានបញ្ចប់ហើយ។

ខ្មោចវិស័យអុកជង្គង់លើឥដ្ឋដោយអារម្មណ៍ដឹងខុស និងសោកស្តាយ ពេលដឹងថាអ្នកយល់ច្រឡំខុសលើភរិយារហូតមក។

យប់មួយដែលគេយាមនៅជំរុំប្រចាំការខ្លាចកងទ័ពខ្មែរក្រហមវាយឆ្មក់ ស្រាប់តែមានជនអនាមិកម្នាក់ឱ្យដំណឹងថាប្រពន្ធគេមានសហាយនាំដេកដល់ក្នុងផ្ទះរាល់ពេលដែលគេមិននៅ ធ្វើឱ្យគេផ្ទុះកំហឹង ដល់ថ្នាក់រៀបចំគម្រោងក្លែងក្លាយដោយឱ្យគេនាំដំណឹងទៅអ្នកផ្ទះថាខ្លួនបានស្លាប់ដោយសារមានអ្នកលបបាញ់ ដើម្បីគេបានត្រឡប់ទៅវិញដោយគ្មានអ្នកណាសង្ស័យចាប់ប្រពន្ធដែលលួចផិតក្បត់គេដោយផ្ទាល់ដៃ ដោយភាពមោហៈ និងងងឹតងងុលមិនបានពិចារណាអ្វីទាំងអស់។

ការពិតបងប្រុសលេងល្បិចបែបនេះ ចង់ធ្វើឱ្យគេខឹងក្អួតឈាមស្លាប់ តែគាត់បែរជាគិតខុសផែនការបន្តិច ព្រោះគេត្រឡប់ទៅទាំងទោសៈបាញ់សម្លាប់ទាំងគាត់ដែរ។

«ហេតុអី? ខ្ញុំហ៊ានលើកដៃសម្លាប់នាង ទាំងនាងគ្មានកំហុសបែបនេះ» គេនិយាយទាំងទឹកភ្នែករលីងរលោង។
«នាងមិនខឹងនឹងលោកទេ» ច័ន្ទដើរមកលោតជង្គង់ទល់មុខនិយាយទៅកាន់គេដោយទន់ភ្លន់។
ខ្មោចវិស័យងើបសម្លឹងមុខមនុស្សស្រីដែលមានមុខដូចប្រពន្ធគេបេះបិទ ទាំងទឹកភ្នែកក្រហមឆ្អៅ។

«បងខុសហើយចិន្តា បងខុសហើយរាប់ឆ្នាំមកនេះ បងនៅទីនេះចងកំហឹងព្យាបាទ រង់ចាំអូនមកសងជីវិតឱ្យបងវិញ ប៉ុន្មានអ្នកហើយដែលបងសម្លាប់ធ្វើជាខ្មោចកំដរបង បងដឹងបងសាងបាបច្រើនណាស់ បងដឹងថាថ្ងៃនេះបងត្រូវតែសងកម្មដល់ម្ចាស់កម្មពៀរទាំងនោះវិញ តែបងមិនខ្លាចទេ អ្វីដែលបងចង់បានពេលនេះ ទោះអូនជាចិន្តាចាប់ជាតិ ឬក៏មិនមែនក៏ដោយ បងចង់សុំតែម្យ៉ាងពីអូនប៉ុណ្ណោះ អូនអហោសិកម្មឱ្យបងផងបានទេ?»
គេឱនក្បាលដល់ដីហាក់ចង់សុំទោសនាងពីកំហុសដ៏ធំដែលគេបានធ្វើ ដោយមិនបានដឹងថាពេលនាងរៀបការជាប្រពន្ធគេរងទុក្ខវេទនាប៉ុនណា។

«ខ្ញុំអហោសិកម្មឱ្យលោក លោកទៅឱ្យស្ងប់ចុះ» នាងនិយាយដោយស្នាមញញឹមទៅកាន់បុរសចំពោះមុខ។

រំពេចនោះព្រលឹងខ្មោចជាច្រើនដែលត្រូវព្រលឹងវិស័យឃុំទុក ត្រូវបានដោះលែងឱ្យមានសេរីភាពគ្រប់គ្នា សូម្បីតែព្រលឹងរដ្ឋា និង ភូ ក៏ត្រូវបានដោះលែង និងមកលានាងជាលើកចុងក្រោយដែរ។

ព្រលឹងវិស័យរលាយទៅក្នុងខ្យល់បន្តិចម្តងៗទាំងស្នាមញញឹម អស់នូវកំហឹង អស់នូវការគុំ គួនព្យាបាទ មានតែសេចក្តីសុខផ្លូវចិត្តដែលរលាយបាត់ទៅតាមគេប៉ុណ្ណោះ។
បណ្តាសាមរណៈត្រូវសាបរលាប ចាប់ពីពេលនោះមកផ្ទះនៅកាច់ជ្រុងផ្លូវគ្មានពាក្យចចាមអារ៉ាមថាមានខ្មោចលងនិងមានមនុស្សស្លាប់តៃហោងទៀតទេ…

២ឆ្នាំក្រោយមក…
ក្រោយពីគ្រប់យ៉ាងបានបញ្ចប់ហើយ ពួកគេបានរើចេញពីផ្ទះនោះមកនៅកន្លែងផ្សេង ទោះបីជាវាលែងអីហើយក៏ដោយ តែអារម្មណ៍របស់ពួកគេនៅដិតដាមជាប់ហេតុការណ៍ទាំងអស់នោះជានិច្ច ទើបការរើចេញជាជម្រើសដ៏ល្អសម្រាប់ពួកគេ។
ចំណែកឯច័ន្ទវិញ នាងបង្កើតបានកូនប្រុសម្នាក់មានអាយុ១ខួបហើយ ហើយពេលនេះពួកគេកំពុងធ្វើដំណើរទៅស្រុកលេងម្តាយរបស់ច័ន្ទ។
«កូនដេកលក់ហើយ?» ធីរ៉ាត់ចូលក្នុងឡានវិញ ពេលដែលទិញអីវ៉ាន់សម្រាប់យកជូនម្តាយក្មេករួចរាល់។
«បៅឆ្អែតគេងលក់ហើយ» នាងអង្អែលក្បាលកូនប្រុស ដែលមានស្នាមដៅតូចមួយត្រង់សៀតផ្កាយ៉ាងថ្នាក់ថ្នម។

«ច័ន្ទមិនខឹងបងរឿងនោះទេមែនទេ?»
ទោះជាកន្លងទៅ២ឆ្នាំហើយក៏ដោយ ធីរ៉ាត់នៅតែមានអារម្មណ៍ដឹងខុសចំពោះប្រពន្ធ ទោះបីវាកើតឡើងអចេតនាក៏ដោយ រឹតតែនាងមិនមាត់ មិនស្តីបន្ទោស គេរឹតតែរអៀសចិត្ត។

«រឿងកន្លងហួសហើយ បងរំឭកវាធ្វើអី សំខាន់ពេលនេះបងស្រលាញ់អូន ស្រលាញ់កូន មិនធ្វើខុសម្តងទៀតគឺគ្រប់គ្រាន់សម្រាប់អូនហើយ» នាងនិយាយទាំងស្នាមញញឹមកក់ក្តៅទៅកាន់ប្តី។

«បងមិនខុសម្តងទៀតទេ បងសន្យា»

ធីរ៉ាត់ក្តោបដៃប្រពន្ធយ៉ាងថ្នាក់ថ្នមហើយក៏បញ្ជារថយន្តចេញពីកន្លែងហាងនោះ ទៅកាន់វិថីសុភមង្គលរបស់ពួកគេ ដោយគ្មានរឿងរ៉ាវពីអតីតកាលមកឡូកឡំឱ្យល្អក់កករទៀត៕