បានត្រឹមស្គាល់គ្នា – Meysansotheary

រឿង៖ បានត្រឹមស្គាល់គ្នា
ត្រឹមអ្នកស្គាល់គ្នាក៏គ្រប់គ្រាន់…

[…លួចតាមមើលមុខគេ លួចចង់ក្បែរគ្រប់ពេល ទាំងដឹងដែរចិត្ត ដឹងថាវាមិនអាចនឹងទៅរួច ពួកយើងត្រឹមអ្នកស្គាល់គ្នា បានត្រឹមបារម្ភពីគ្នា ទោះគ្រប់វេលា វាមានក្ដីសុខប៉ុនណា ឱបបានត្រឹមតែស្រមោល…]

សំឡេងពីរោះរបស់តារាចម្រៀងស្រី បងស្រី ឈីន រតនៈ ជាមួយបទល្បីរបស់គាត់ «ត្រឹមអ្នកស្គាល់គ្នា» លាន់ល្វើយៗចេញពីកាសដោតជាប់ត្រចៀក ខ្ញុំបណ្តែតអារម្មណ៍តាមបទចម្រៀង ជាបទប្រចាំត្រកូលមួយនៅក្នុងចំណោមបទដទៃទៀតក្នុង playlists ព្រោះតែងតែស្ដាប់រាល់ថ្ងៃម្យ៉ាងវាពិតជាដូចសាច់រឿងខ្លួនឯងណាស់។

ខណៈនោះកែវភ្នែករបស់ខ្ញុំក៏កំពុងរំពៃមើលទេសភាពស្រស់ត្រកាលរបស់វាលស្រែនិងជួរភ្នំលាតសន្ធឹងអមសងខាងផ្លូវ ដែលរំលេចភាពស្រស់ស្អាតមានពណ៌បៃតងខ្ចីសម្លឹងមើលហើយក៏ត្រជាក់ភ្នែក ព្រោះក្នុងរដូវវស្សាបែបនេះគ្រប់រុក្ខជាតិតូចធំក៏ត្រូវស្រោចស្រពដោយដំណក់ភារុណបានគ្រប់គ្រាន់ សូម្បីចាប់តាំងពីឡើងរទេះភ្លើងពីភ្នំពេញមកកំពតនេះក៏មានភ្លៀងរលឹមរហូត កែប្រែទេសភាពនៅតាមដងផ្លូវឱ្យប្លែកភ្នែកអស្ចារ្យម្យ៉ាងដែរ ដែលសំខាន់មេឃត្រជាក់ៗភ្លៀងធ្លាក់តិចៗពេលសម្លឹងទៅខាងក្រៅ ហើយយកដៃត្រងដំណក់ទឹកល្អិតៗលេងបែបនេះអារម្មណ៍អីក៏រ៉ូមែនទិកម្ល៉េះទេ!!

«កំពុងស្ដាប់បទអី?»

កំពុងតែចូលតួបណ្តែតអារម្មណ៍តាមបទចម្រៀង ដូចជាខ្លួនឯងជាតួស្រីមិនខុស ស្រាប់តែមានមនុស្សអើតមុខមកសួរ ខ្ញុំងាកទៅរកក៏បានឃើញថាជាតួប្រុសរឿងពិតនៅក្នុងបទចម្រៀងដែលខ្ញុំកំពុងតែលង់ថាខ្លួនឯងជាតួស្រីនេះ មុខមាត់រូបរាងគេស្រស់សង្ហាណាស់ បន្ថែមដោយស្តាយសក់បែបថ្មីក៏បន្ថែមភាពសង្ហាជាលំដាប់។

គេមានភ្នែកមុតថ្លា ចិញ្ចើមក្រាស់ ចម្រុះស្រួចមានខ្ទង់ ជាពិសេសបបូរមាត់មិនក្រាស់មិនស្ដើង សមល្មមសក្តិសមនឹងផ្ទៃមុខមួយចប់ មិនរាប់ពេលដែលគេញញិមបញ្ចេញថ្ពាល់ខួច កាន់តែមើលគឺកាន់តែស្រស់ គេចូលមកអង្គុយលើកៅអីក្បែរនឹងខ្ញុំ ដល់ពេលអង្គុយអ៊ីចឹងទៅមនុស្សគេខ្ពស់សង្ហាស្រាប់ហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងកាន់តែមាឌល្អិតជាងមុនទៅទៀតពេលនៅក្បែរៗនឹងគេ។

ខ្ញុំដោះកាសចេញពីត្រចៀកម្ខាង ពេលគេនៅជិតបែបនេះបេះដូងនេះអីក៏លោតញាប់ចម្លែកម្ល៉េះណ៎? ឡើងដុកដាក់ស្ទើរតែធ្លាយមកក្រៅ ភ័យខ្លាចតែវាទ្រាំមិនបានស្រែកប្រាប់ពីពាក្យក្នុងចិត្តឱ្យគេបានដឹងទេថាលួចចាប់អារម្មណ៍គេយូរហើយទេតើ។

ក្លិនក្រអូបស្រស់ស្រាយតិចៗជាក្លិនប្រចាំកាយរបស់គេភាយមកបង្អួតនាសាដ៏រវៀសរបស់ខ្ញុំ ក៏ធ្វើឱ្យខ្ញុំលួចដកដង្ហើមចូលឱ្យពេញៗពោះជាសម្ងាត់បន្តិចដែរអាងតែគេអត់ដឹង ខ្ញុំលួចសើចនឹងខ្លួនឯងតិចៗដែលមានអាការៈខុសប្រក្រតីបែបនេះ តែក៏នឹកឆ្ងល់ណាស់ដែរពេលខ្លះចង់តែសួរគេត្រង់ៗទេថាបាញ់ទឹកអប់ម៉ាកអីម៉េចក៏ក្រអូបម៉្លេះ ហិហិ

«មេត្តា!» គេគ្រវីដៃដាក់មុខខ្ញុំ ពេលខ្ញុំហាក់រវល់គិតវែងឆ្ងាយ។

«ខ្ញុំសុំអង្គុយនៅនេះផងណា!» (បានស្រាប់ទៅហើយ អង្គុយបានមួយស្រលាញ់) ខ្ញុំចង់តែស្រែកប្រាប់គេឮៗទៅតាមសន្ទុះអារម្មណ៍រំភើបរបស់ខ្លួនឯង តែក៏ងក់ក្បាលតិចៗជាចម្លើយជំនួសវិញ។

«បាត់ភក្ដីទៅណាហើយ?» ចេស្តាសម្លឹងមើលកៅអីនៅទល់មុខនឹងកៅអីពួកយើងកំពុងអង្គុយដែលជាកន្លែងរបស់ភក្តី ជាមិត្តរួមក្រុមធ្វើដំណើរកម្សាន្តមកកំពតនេះទាំងអស់គ្នា ដែលពួកយើងទាំងអស់មានគ្នាប្រាំបីនាក់ ប្រាំនាក់ទៀតកំពុងអង្គុយនៅកៅអីផ្សេងក្បែរៗនេះ។

«ទៅបន្ទប់ទឹកបាត់ហើយ!» គេងក់ក្បាលតិចៗ ខ្ញុំហុចកាសដែលនៅសល់ម្ខាងទៅឱ្យគេ។

«ស្តាប់បទអីហ្នឹង?»

«ត្រឹមអ្នកស្គាល់គ្នា!» ខ្ញុំប្រាប់គេទាំងលួចសម្លឹងទឹកមុខរបស់គេស្ងាត់ៗ គេទទួលកាសយកមកដោតត្រចៀកម្ខាង ខណៈនោះអារម្មណ៍ខ្ញុំក៏ហាក់ហោះហើរទៅតាមវាយោបក់ផាត់នាមាត់បង្អួចកញ្ចក់បន្ត ពេលស្ដាប់ចម្រៀងតែឯងយើងដាក់បទត្រឹមអ្នកស្គាល់គ្នា រាងកម្សត់តិចៗ ពេលស្តាប់ជាមួយគ្នានឹងគេគួរតែប្តូរបទចម្រៀងថ្មីដើម្បីប្តូរបរិយាកាសល្អទេ? ដូចជាបទណារាងផ្អែមៗ ស្ដាប់ហើយធ្វើឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ បទ…

«ភក្ដីមកវិញហើយ!» សំឡេងរបស់ចេស្តានិយាយមកម្ដងទៀត ខ្ញុំបើកភ្នែកពីការស្រមៃ ឃើញភក្ដីញញិមចូលមកអង្គុយកន្លែងរបស់នាង ទោះជាមិត្តភក្តិស្រីដូចគ្នាតែមើលភក្ដីពេលណាក៏ឃើញថាស្រស់ស្អាតគ្រប់ពេល បើមិនទាស់ថាខ្ញុំស្រលាញ់បុរសលួចមានចិត្តឱ្យអ្នកក្បែរខាងទេ ម៉្លេះសមអាចសុំផ្ញើបេះដូងមួយនេះនឹងមិត្តមិនខាន ហុហុ!

«ញ៉ាំអត់?» នាងទាញស្ករគ្រាប់ហុចមកឱ្យ ខ្ញុំក៏បកញ៉ាំភ្លាមៗ នាងក៏ហុចឱ្យចេស្តា ព្រមទាំងមិត្តដទៃទៀតដែរគ្រាន់នឹងកំដរមាត់។

«ពេលណាបានយើងទៅដល់?»

«ប្រហែលដល់ម៉ោងបាយថ្ងៃត្រង់ល្មម!»

ចេស្តាសួរមក ខ្ញុំមិនសូវច្បាស់ទេព្រោះមិនដែលមកកំពត ភក្ដីដែលមានស្រុកកំណើតនៅទីនេះជាអ្នកប្រាប់ ពួកយើងមកទីនេះព្រោះមានផ្ទះមិត្តនៅទីនេះ ណាមួយក៏ចង់សាកល្បងជិះរទេះភ្លើងដែរទើបសម្រេចចិត្តនាំគ្នាមកទីនេះក្រោយប្រឡងបញ្ចប់ឆ្នាំរួចរាល់ តែមកវិញវិលល្ងាចប៉ុណ្ណោះមិនបានស្នាក់យូរនោះទេ ព្រោះមានមិត្តភក្តិខ្លះត្រូវចូលធ្វើការថ្ងៃចន្ទស្អែកវិញ។

«បានញ៉ាំម្ហូបសមុទ្រស្រស់ៗមិនខាន!»

«ត្រៀមពោះទុកញ៉ាំឱ្យហើយទៅ!» នាងប្រាប់ហើយពួកយើងក៏សើចតិចៗទាំងអស់គ្នា ព្រោះមកដល់ភូមិភាគនិរតីអាហារសមុទ្រឆ្ងាញ់ៗស្រស់ៗតែងតែជាទីចូលចិត្តសម្រាប់គ្រប់គ្នា។

កន្លងផុតទៅជាច្រើនម៉ោងដែលអយស្ម័យយានបរលឿនលយទៅមុខកាត់តាមទេសភាពសងខាងផ្លូវគួរជាទីគយគន់ បន្ទាប់មកក៏ឈប់នៅស្ថានីយនៅកែបរួចក៏បន្តទៅកំពតជាចំណតពួកយើងត្រូវចុះ មុននឹងរថភ្លើងនេះត្រូវទៅឈប់នៅចំណតកំពង់សោមមួយទៀតជាចំណតចុងក្រោយ។ ពួកយើងទៅដល់កំពតម៉ោងជិតដប់មួយ ប៉ារបស់ភក្ដីក៏មកទទួលពួកយើងទៅផ្ទះ គាត់និងភរិយាគឺពិតជាចិត្តល្អ និងយកចិត្តទុកដាក់ពីពួកយើងដូចជាភក្តីមិនខុស ម៉ាក់របស់ភក្ដីក៏រៀបចំបាយម្ហូបជាច្រើនមុខសម្រាប់ពួកយើងទោះបីចូលទៅជួយគាត់ក្នុងផ្ទះបាយក៏ត្រូវគាត់ប្រាប់ឱ្យចេញមកខាងក្រៅវិញចាំញ៉ាំបានហើយ ពួកយើងក៏ឆ្លៀតទៅថតរូបលេងនៅដៃសមុទ្រខាងក្រោយផ្ទះរបស់ភក្ដីដែរ ទោះមកទីនេះបានរយៈពេលខ្លីតែពួកយើងពិតជាសប្បាយណាស់ ពេលចុងសប្តាហ៍បែបនេះមកទទួលយកបទពិសោធន៍ថ្មីអ៊ីចឹងខ្ញុំក៏យល់ថាវាហាក់ប្លែកនៅក្នុងអារម្មណ៍ណាស់ដែរ។

«មេត្តាដឹងអីឬអត់ ចេស្តាព្រមសារភាពប្រាប់ភក្ដីហើយ!» ពេលត្រលប់មកផ្ទះវិញមិត្តភក្តិស្រីម្នាក់ឈ្មោះនាថក៏ខ្សឹបតិចៗប្រាប់ខ្ញុំ ធ្វើឱ្យខ្ញុំដែលកំពុងតែកាន់កាមេរ៉ាថតរូបក៏ត្រូវទម្លាក់ដៃចុះស្ងៀមចាំស្តាប់បន្ត។

«សារភាពពីអីទៅ?»

«អូយ! អាមួយនេះមិនដឹងរឿងឬ? គឺសារភាពស្នេហ៍នោះអី! ចេស្តាលួចចូលចិត្តភក្ដីយូរហើយ! ដឹងថារាល់ពេលហ្នឹងគេទៅក្បែរៗនឹងភក្ដីរហូតព្រោះអីអត់ ព្រោះតែចូលចិត្តហ្នឹង!»

សម្តីរបស់នាថធ្វើឱ្យខ្ញុំភាំងមួយខណៈ គេតែងតែទៅក្បែរៗនឹងភក្ដីរាល់ពេលមែនឬ? ខ្ញុំចាប់ផ្តើមគិតពីរឿងរ៉ាវទាំងឡាយរបស់ពួកយើងមកវិញ នៅសាលារៀនពេលធ្វើកិច្ចការក្នុងក្រុមជានិច្ចកាលខ្ញុំសំណាងបានធ្វើការជាមួយចេស្តារហូត ខ្ញុំនៅគ្រុបណាគេនៅគ្រុបនោះ ពេលដើរលេងទៅញ៉ាំអីមើលកុនជុំគ្នាក៏ខ្ញុំឃើញគេចូលរួមជាមួយ ចូលបណ្ណាល័យអានសៀវភៅ ឬជុំគ្នាធ្វើកិច្ចការសាលាក៏មានវត្តមានគេជានិច្ច រហូតយូរទៅធ្វើឱ្យខ្ញុំឡប់ទៅជាយល់ថាពេលណាមានខ្ញុំពេលនោះមាន Crush របស់ខ្ញុំទៅដែរ គ្រប់កាយវិការស្និទ្ធស្នាលមានភាពជាគ្នាឯងរបស់គេធ្វើឱ្យខ្ញុំលួចរំភើបចិត្តស្ងាត់ៗគិតស្មានថាខ្ញុំប្រហែលជាពិសេសសម្រាប់គេដែរ តែតាមពិតខ្ញុំទើបតែបានដឹងថាខ្ញុំយល់ច្រឡំលំដាប់ធ្ងន់ធ្ងរណាស់ តាមពិតគ្រប់ពេលទាំងអស់គេទៅចូលរួមព្រោះភក្ដីក៏មានវត្តមានជាមួយខ្ញុំដែរ…

ខ្ញុំទើបតែបានដឹងថាខ្លួនឯងឆ្កួតប៉ុនណា ឆ្កួតដែលគិតថាគ្រប់ទង្វើល្អគ្រប់យ៉ាងរបស់គេមកលើខ្លួនគឺជាស្នេហា ឆ្កួតដែលគិតថាគេលួចមានចិត្តមកលើយើងដូចដែលយើងលួចស្រលាញ់គេ ព្រោះពេលយើងចូលចិត្តនរណាម្នាក់ជាពិសេស យើងក៏អាចវង្វេងនឹងក្ដីសុខថាគេក៏មានអារម្មណ៍ដូចយើង ដោយជួនកាលភ្លេចគិតថាពេលមនុស្សប្រុសចូលចិត្តមនុស្សស្រីណាម្នាក់ បើមិនអាចចូលក្បែរនាងដោយផ្ទាល់គេក៏ចូលកៀកនឹងមិត្តសម្លាញ់របស់នារីនោះជាសន្សឹមៗជំនួសជាមុនសិនដែរ មុននឹងបំពេញបំណងបេះដូងរបស់ខ្លួនឯងតាមក្រោយ វាដូចជាស្ថានភាពខ្ញុំបែបនេះមិនខុស ខ្ញុំដើរខ្សោះៗទៅវិញដូចមនុស្សបាក់កម្លាំងក្រោយពីដឹងដំណឹងនេះរួច។

រសៀលបានមកដល់បន្ទាប់ពីជម្រាបលាប៉ាម៉ាក់របស់ភក្ដីរួចរាល់ពួកយើងក៏ឡើងរទេះភ្លើងត្រលប់មកភ្នំពេញវិញ ពេលទៅវិញនេះខ្ញុំនៅអង្គុយជិតភក្ដីនិងចេស្តាដដែល អ្នកទាំងពីរមើលទៅដូចធម្មតាដូចជាកាលពេលមកអ៊ីចឹង ត្រូវនិយាយគ្នាក៏និយាយគ្នាលេងសើចសប្បាយ ពេលខ្លះក៏ឃើញលួចញញិមញញែមដាក់គ្នាអឹមអៀនតិចៗ ធ្វើឱ្យខ្ញុំបានស្វាងភ្លឺភ្នែកកាន់តែច្បាស់ថាពួកគេពិតជាចូលចិត្តគ្នាពិតមែន…

[…ឱបបានត្រឹមតែស្រមោល ចុងក្រោយក្លាយទៅជាការចងចាំឈឺចាប់ មិនអាចនិយាយរៀបរាប់ ពីចិត្តដែលស្រលាញ់ឱ្យគ្នាដឹង…]

ហ៊ើយ! ខ្ញុំលួចដកដង្ហើមធំស្ងាត់ៗ សូម្បីបទចម្រៀងដែលឮរងំជាប់នឹងសោតទាំងទ្វេក៏វិលមករកឃ្លាឈឺចាប់កំដរខ្ញុំទុក្ខសោក មិនត្រឹមប៉ុណ្ណឹងផ្ទៃមេឃក៏ប្រែមកស្រអាប់ខ្មៅដាបពីនាយ ជាសញ្ញាថាមិនយូរទេអាចនឹងមានភ្លៀងបង្អុរចុះមិនខាន ធម្មជាតិប្រែជាអួអាប់ប្រៀបដូចជាអារម្មណ៍រងទុក្ខស្នេហ៍របស់ខ្ញុំពេលនេះដែរ។

«មេត្តាស្តាប់បទអីហ្នឹង?» ជាភក្ដីដែលសួរមកកាន់ខ្ញុំពេលឃើញខ្ញុំដូចជាស្ងប់ស្ងាត់ជាមួយទេសភាពនិងចម្រៀងយូរហើយ មានអារម្មណ៍ថាសំណួរនេះនរណាម្នាក់ក៏ធ្លាប់បានសួរមកខ្ញុំដូចគ្នាអ៊ីចឹងដែរពេលដែលជិះរទេះភ្លើងមកដំបូង។

«ត្រឹមអ្នកស្គាល់គ្នា!»

ខ្ញុំញញិមឆ្លើយទៅកាន់មិត្តខណៈក្រឡេកភ្នែកមកមើលចេស្ដាដែលនៅក្បែរបន្តិច។

មែនហើយ! ចំពោះរូបអ្នកនិងខ្ញុំ ពួកយើងត្រឹមជាអ្នកស្គាល់គ្នាយ៉ាងណាគឺបានត្រឹមតែជាអ្នកស្គាល់គ្នា តែវាក៏គ្រប់គ្រាន់ទៅហើយដែលខ្ញុំបានឃើញស្នាមញញិមរបស់អ្នក និង អ្នកដែលជាទីស្រលាញ់របស់អ្នក ព្រោះអ្នកទាំងពីរសុទ្ធតែជាមនុស្សសំខាន់របស់ខ្ញុំ។ អារម្មណ៍ពិសេសរបស់ខ្ញុំមួយនេះវានឹងកប់ជ្រៅគ្មានថ្ងៃដែលខ្ញុំនឹងបើកបង្ហាញប្រាប់ដល់អ្នកឡើយ ហើយយូរបន្តិចទៅខ្ញុំជឿថាខ្ញុំប្រាកដជាអាចបំភ្លេចវាបាន អារម្មណ៍ល្អៗទាំងនោះរបស់ខ្ញុំនឹងប្រែក្លាយជាពាក្យជូនពរចំពោះរូបអ្នក ជាពាក្យជូនពរពីខ្ញុំផ្ញើជូនដល់អ្នកទាំងពីរក្នុងថ្ងៃណាមួយ…

រទេះភ្លើងត្រូវបានបង្កើនល្បឿនឱ្យមានសន្ទុះលឿនជាងមុនក្នុងការធ្វើដំណើរទៅមុខបន្ត ជាមួយសំឡេងក្នុងចិត្តរបស់ខ្ញុំកំពុងខ្សឹបប្រាប់ខ្លួនឯងស្ងាត់ៗថា ខ្ញុំអាចឆ្លងផុតដំណាក់កាលខកស្នេហ៍តែឯងនេះបាន អត់បញ្ហាទេ៕

សូមអរគុណសម្រាប់ការអាននិងសូមជូនពរមិត្តអ្នកអានដែលកំពុងលួចចូលចិត្តគេស្ងាត់ៗទទួលបាននូវចម្លើយតប និងជួបប្រទះនូវស្នេហាសមតាមបំណង!!