បើខ្ញុំមិនបោះបង់ – Meysansotheary

រឿង៖ បើខ្ញុំមិនបោះបង់
«ស្រ្តីនោះចង់តោងកូនគេអ្នកមានយកលុយចាយ ទើបខំណាស់ ខំយំផង​ អណ្ដឺតអណ្ដកផង នៅមុខប៉ូលិស! អញប្រាប់ចុះ អ្នកភូមិអ្នកណាមិនដឹង វាហ្នឹងយ៉ាងម៉េច ចេញរកស៊ីបាត់ៗយប់ព្រលប់ បើមនុស្សស្រីធម្មតាគេមិនហ៊ានអ៊ីចឹងទេ!»

ខ្ញុំបានត្រឹមដើរចេញ ហើយក៏លែងស្រក់ទឹកភ្នែកព្រោះឈឺឆ្អែត។ វាមិនមែនជាលើកទីមួយទេ ស្តាប់ឡើងស៊ាំត្រចៀក ឃើញឡើងចង់ងងឹតមុខ ខួរស្ពឹកស្ទើរស្ទះសរសៃឈាមម្តងៗ តែយ៉ាងណា ខ្ញុំត្រូវស្ងៀមមិនគប្បីស្តីថាឱ្យមនុស្សចំណាស់ជាងខ្លួន ព្រោះម៉ែបានប្រដៅថា បុណ្យបាប កម្មពារ តែងរត់ទៅរកម្ចាស់។

ចេញពីកន្លែងប្តឹងប្តល់ដែលគ្មានសូម្បីសង្ឃឹមនៃពាក្យថាយុត្តិធម៌ ខ្ញុំចេះតែដើរៗទៅ…

សំឡេងទឹកហូរខ្មួលមិនដាច់នៅខែវស្សា ស្ពានទំនប់ទឹកនេះ​ ទើបប្រទះសាកសពគេប្លុងចោលម្នាក់ប៉ុណ្ណោះ គេនោះក៏អកុសលដូចខ្ញុំដែរ គ្រាន់តែខ្ញុំសំណាងជាងដែលគេរំលោភហើយមិនព្រមសម្លាប់ តែបើខ្ញុំទៅម្នាក់ទៀត គេមុខថាចង្រៃមានជើងកបហើយ យ៉ាងណា បើស្លាប់ទៅបែបហ្នឹងដូចអាក្រក់ពេក ទម្រាំគេអាចរកឃើញមិនដឹងហើមរឹង ស្អុយគគ្រុកយ៉ាងណា រស់នៅគេប្រឡាក់ពណ៌ឱ្យថោកមិនស្អាតហើយ បើស្លាប់នៅសល់រូបកាយស្អាតបាតខ្លះ ដូចមិនគប្បីជាមួយខ្លួនឯង?

គិតរួចថាខ្ជិលស្លាប់ ខ្ញុំក៏ត្រលប់ទៅផ្ទះវិញ។ មិនទាន់ទាំងបានដោះមួក និងស្បែកជើងដើម្បីចូលផ្ទះផង សំឡេងម៉ែក៏លាន់មក៖

«ឈប់ទៅអារបរហ្នឹង អញមិនដាច់ពោះស្លាប់ទេ តែអញមុខជាស្លាប់ ព្រោះត្រូវដើរទូលក្បាលសារ៉ុងកាត់ភូមិមិនខាន!»

«ដើម្បីក្រពះម៉ែ! ចង់គេថាម៉េចក៏ថាទៅ បើរវល់ខ្វល់ជាមួយសម្តីអស់គាត់អ្នកស្រុកហ្នឹង ចំណាយក្នុងផ្ទះចាយគ្រាន់ដែរ?»

«ខ្លួនជាស្រីទេ ម្តេចមិនចេះខ្លាចដូចអស់កូនគេដទៃ របរផ្សេងមិនរកធ្វើទៅ? ចង់ណាស់ អាច្រៀងកណ្តាលយប់ព្រលប់ បានលុយបួនដប់ម៉ឺន ហើយពេលនេះ ត្រូវខូចឈ្មោះស្អុយទាំងភូមិ តទៅ អ្នកណាយកឯងធ្វើប្រពន្ធ?»

ខ្ញុំទ្រាំអស់ច្រើនហើយចំពោះអ្នកដទៃដែលមើលងាយ មើលថោក លើរបរជីវិតជាអ្នកចម្រៀងអាហ្វែ ស្លៀកពាក់ស៊ិចស៊ី លិចលើលិចក្រោម រាំកណ្តាលចំណោមមនុស្សដើម្បីប្រាក់។

ខ្ញុំយំស្ងួតទឹកភ្នែក ស្ទើរក្លាយជាអាងរីងហួតហែង នឹកសូម្បីចង់សម្លាប់ខ្លួនក៏លែងទៅវិញព្រោះទាំងដែលខ្ញុំជាជនរងគ្រោះសោះ គេចាត់ទុកខ្ញុំដូចឧក្រិដ្ឋជន? ដើរឃើញមនុស្សដទៃដែលពេបមាត់ ស្តោះទឹកមាត់ គេចចេញ ព្រោះស្អប់ខ្ពើម ខ្ញុំស៊ាំឡើងលែងស្រក់ទឹកភ្នែកវិញហើយ តែម្តេច…ពាក្យម៉ែប៉ុន្មានឃ្លានេះ ចេះតែធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់? ទ្រូងខ្ញុំអួនណែនខ្លាំងម្ល៉េះ?

ខ្ញុំធ្លាប់មើលរឿងអប់រំ ខ្ញុំធ្លាប់ឃើញគេផុសផ្សាយក្នុងបណ្តាញសង្គម មនុស្សដែលត្រូវគេបំពានរំលោភច្បាស់ប្រឈមនឹងបញ្ហាផ្លូវចិត្ត គួរតែមានអ្នកមើលថែ ផ្តល់កម្លាំងចិត្ត ថ្នមចិត្ត តែខ្ញុំវិញ ខំប្រឹងសម្តែងធ្វើជារឹងមាំ ធ្វើដូចគ្មានអីកើតឡើងយ៉ាងនេះហើយ ទាំងដែលការពិតខ្ញុំចង់ឆ្កួតព្រោះនឹកឃើញរឿង អាម៉ាស់ថោកទាបនោះម្តងៗ ចុះម្តេចជាម្តាយ ជាឈាមខ្ញុំបង្កើត គ្រាន់តែលួងខ្ញុំបន្តិចមិនបាន?

មិនដើម្បីអង្ករច្រកឆ្នាំង ថ្នាំសង្កូវរបស់គាត់ទេ ដែលខ្ញុំស៊ូជិះម៉ូតូកណ្តាលយប់ម៉ោង១ ម៉ោង២ដើម្បីដើរច្រៀងម្នាក់ឯង? គិតថាខ្ញុំមិនខ្លាច?

ខ្ញុំអស់ពាក្យតបហើយតែទឹកភ្នែកខ្ញុំស្រក់ជំនួសគ្រប់យ៉ាង។

ខ្ញុំឡើងទៅបន្ទប់ទាំងអារម្មណ៍ជាប់ខ្មៅងងឹតហាក់ឈ្លក់វង្វេង ខ្ញុំសម្លឹងមិនឃើញអ្វីក្រៅពីសេចក្តីស្លាប់…

លើកទីបីហើយ ដែលខ្ញុំព្យាយាមបញ្ចប់ជីវិតខ្លួនឯង ខ្ញុំជាកូនស្រី ដែលត្រូវគេរំលោភបំពាន អស់ព្រហ្មចារី ហើយជីវិតខ្ញុំក៏ត្រូវបញ្ចប់ត្រឹមកេរ្តិ៍ឈ្មោះស្អុយរលួយយ៉ាងហ្នឹង?

លោតទឹកក៏ធ្លាប់គិតហើយនៅមិនសម្រេច ចងកក៏ធ្លាប់ចង់ធ្វើដែរតែខ្លាចឈឺពេក ខ្ញុំអស់វិធី ក៏នឹកឃើញថ្នាំជំងឺម៉ែដែលត្រូវលេបប្រចាំ ហើយខ្ញុំបានទិញរួចមិនទាន់ឱ្យគាត់។

លើកនេះ បែបសម្រេចហើយ…

ខ្ញុំបកវាទាំងអស់ក្បង់ដាក់ដៃប្រុងហាមាត់លេបហើយ សំឡេងគោះទ្វារលាន់រន្ថាន់ប្រញាប់ៗ។

នឹកមិនដល់ថា សូម្បីចង់ស្លាប់ក៏ឧបសគ្គច្រើនម្លឹងដែរ ខ្ញុំមានអារម្មណ៍ឯណាលេបថ្នាំបញ្ចប់ជីវិតទៅ បើសំឡេងប្អូនស្រីខាងក្រៅលាន់រហន់ គ្រោះធំជាងខ្ញុំដែលត្រូវគេរំលោភទៅទៀត?

«លឿនឡើងមកចែផាត់អើយ! គេមកទារដល់មុខផ្ទះឥឡូវហើយ! ចង់ឱ្យគេផុសរូបប្អូនទើបអស់ចិត្តមែន?»

ស្តាប់ចុះ…គឺលុយចងការប្រាក់ដែលប្អូនស្រីបានខ្ចីគេ ទាំងដែលចាយមិនដឹងមុខ បែបហ្នឹងឱ្យខ្ញុំស្លាប់យ៉ាងម៉េច? បានអ្នកណារកសងគេ?

ប្អូនខ្ញុំគ្មានគំនិត អស់ពីខ្ញុំ ឬម្តាយខ្ញុំអាយុហាសិបឆ្នាំត្រូវទៅធ្វើជាកម្មករស៊ីឈ្នួលឱ្យគេជេរ?

ខ្ញុំប្រមូលថ្នាំដាក់ស្បោងវិញ ទុកស្លាប់មួយឡែក។ លុយបានពីច្រៀងពីថ្ងៃមុនដែលខ្ញុំមានរឿង ក៏ដកបាញ់ឱ្យប្អូនសងការគេសិន។

ចាំរួចបំណុល ចាំស្លាប់ក៏មិនយឺតពេលដែរ។

ទ្វារបើកក្ឌុងក្ឌាំង លេចស្នាមញញឹមពព្រាយ។ នាងនិយាយអរគុណហើយដើរចេញទាំងមិនបានឃើញស្នាមទឹកភ្នែកដែលដក់នៅលើថ្ពាល់ខ្ញុំឡើយ។

គ្រួសារនេះ ម្តេចអាត្មានិយម ឃោរឃៅចំពោះរូបខ្ញុំម្ល៉េះ? បែបនេះឬ ដែលទេវតាលោកតម្រូវឱ្យខ្ញុំត្រូវតែរឹងមាំ ជម្នះគ្រប់រឿង សូម្បីតែអ្វីដែលខ្ញុំបានចួបប្រទះពេលនេះ?

ខ្ញុំបានត្រឹមដេកគិត ឬមិនដឹងគិតពីអ្វី ជាមួយខួរក្បាលមួយដែលទទេ។ ខ្ញុំរាប់ដៃជើងឱ្យដឹងមើលថា វេលាណា អាយុកាលណា ទើបខ្ញុំអាចចាកចេញបានពីលោកនេះ?

ក្រៅពីរឿងបំណុលដែលខ្ញុំត្រូវចេញមុខប្រឈមម្នាក់ឯង នៅរឿងក្តីត្រូវឡើងប្តឹងប្តល់ដល់តុលាកា។ ម្តាយខ្ញុំមិនរវល់ទេ គាត់ថាខ្ញុំនេះធ្វើឱ្យខ្មាសគេ សំណាងណាស់ ដែលមានអង្គការស្រ្តីដែលតែងជួយជ្រោមជ្រែង លើកទឹកចិត្ត គាំពារ មនុស្សមានវិបត្តិដូចខ្ញុំ ម្ល៉េះសម ជីវិតនេះ ខ្ញុំត្រូវឆ្លងកាត់រឿងប៉ុនភ្នំតែម្នាក់ឯង?

ខ្ញុំនៅបន្តដើរច្រៀង ព្រោះត្រូវការប្រាក់ យប់មួយក្រោយច្រៀងចប់ ស្រាប់តែមានមនុស្សប្រុសស្រីពីរនាក់មករកខ្ញុំ ពួកគេជាអ្នកណាមកពីណាមិនដឹង តែហេតុផលដែលគេមករកខ្ញុំដល់កន្លែងរោងការ គឺមកចរចា ក៏ហាក់ដូចជាគំរាមខ្ញុំ។

«បើព្រមដកពាក្យបណ្តឹង គេព្រម យកឯងឱ្យទៅធ្វើកូនប្រសា រៀបចំការឱ្យឯង!»

នេះឬ? ជាសំណងជំងឺចិត្តដែលខ្ញុំនឹងទទួលបាន ក្រោយត្រូវបានគេរំលោភបំពាន?

ខ្ញុំធម្មតាបំផុតជាមួយការឈឺចាប់ដ៏ស្ពឹកស្រពន់។ សម្លឹងមុខមេបាទាំងពីរដែលគេចាត់តាំង ព្រោះអ្នកប្រព្រឹត្តិជាមនុស្សដែលខ្ញុំស្គាល់ច្បាស់ គេជាកូនអ្នកធំ មានលុយ មានអំណាច តែព្រហ្មចារីរបស់ខ្ញុំ មិនមែនទុកសម្រាប់ដោះដូរ ការសែនព្រេនធ្វើជាកូនប្រសាអ្នកមាននោះទេ។

ពួកគេមិនព្រមបញ្ឈប់ ក្រោយសម្លឹងឃើញទឹកមុខគ្មានប្រតិកម្ម និងមិនចេញស្តីរបស់ខ្ញុំ។ ម្នាក់ៗព្យាយាមនិយាយបញ្ចុះបញ្ចូលផង គំរាមដល់អាយុជីវិតខ្ញុំផង តែស្មានថាខ្ញុំខ្លាច?

ស្លាប់ខ្ញុំមិនខ្លាចផង មកខ្លាចពួកមនុស្សទុរយសដូចឯង?

ខ្ញុំទាញកាំបិតតូចមួយដែលដាក់ការពារខ្លួនភ្ជង់គំរាមបកទៅពួកគេវិញទាំងគ្មានខ្លាចញញើត៖

«ខ្ញុំប្តឹងដើម្បីរកយុត្តិធម៌ ច្បាប់ ចាប់មនុស្សអាក្រក់ដាក់គុក ដាក់ទោសដែលបានប្រព្រឹត្តិ មិនមែនប្តឹងប្តល់ ព្រោះចង់រកប្តីទេ! បើពួកអ្នកនៅតែរំខានជីវិត គំរាមកំហែង ស្អែក ចាំចួបមុខគ្នាបន្តនៅប៉ុស្តិ៍ប៉ូលីសទៅ!»

ខ្ញុំលួចគិតដែរ ស្មានថាយប់នេះ នឹងត្រូវស្លាប់តៃហោង ហើយអាចនឹងគេប្រទះសាកសពព្រឹកឡើងរួចទុក្ខទោស តែមិនស្មាន ជីវិតខ្ញុំថ្លៃ ត្រូវពួកគេភ័យដកថយអស់ ទុកឱកាសឱ្យខ្ញុំបានបន្តប្តឹងពួកគេ ចង្អុលមុខឧក្រិដ្ឋជននៅក្នុងតុលាកា ដាក់ទោសពួកគេទៅតាមផ្លូវច្បាប់។

សំណុំរឿងក្តីត្រូវបានបញ្ចប់ តែអ្វីដែលមិនចប់ ហើយខ្ញុំមិនចង់បាន គឺភាពល្បីល្បាញខុសទំនងក្នុងបណ្តាញសង្គម។

ខ្ញុំមិនបដិសេធទេ បើមនុស្សគ្រប់គ្នាយកខ្ញុំជាគំរូ ហ៊ានតតាំង ធ្វើគ្រប់យ៉ាងមិនខ្លាចមនុស្សមានអំណាចដើម្បីរកយុត្តិធម៌។ ខ្ញុំអរគុណ ដែលយកភាពរឹងមាំរបស់ខ្ញុំទៅរៀនសូត្រ តែខ្ញុំមិនត្រូវការ ភាពល្បីល្បាញ បញ្ចេញមុខមាត់ ដូចហែកកេរ្តិ៍ខ្ញុំឱ្យមនុស្សទូទាំងពិភពលោកបានដឹងឮព្រោះចង់បានលុយពី Facebook?

បើជ្រុលថាខ្ញុំពូកែហើយ ខ្ញុំសូមប្តឹងអស់អ្នកដែលធ្វើរឿងមិនត្រូវច្បាប់ កុំឆ្លៀតឱកាស ព្រោះខ្លួនឯងហើយមិនដឹងថាកំពុងបំផ្លាញអ្នកដទៃ។

ខ្ញុំពិតជាចង់ល្បី តែល្បីរឿងច្រៀងដែលជាអំណោយខ្មោចឪពុកខ្ញុំដែលបន្សល់ មិនមែនល្បីព្រោះរឿងអាប់កេរ្តិ៍ ដែលខ្លួនឯងជាជនរងគ្រោះយ៉ាងនេះឡើយ។

ខ្ញុំមិនបញ្ចប់ការច្រៀង បើទោះជីវិតដល់ដំណាក់កាលចុងក្រោយ ព្រោះជារបស់ទ្រព្យមានតម្លៃតែមួយគត់ដែលបានពីឪពុក តែខ្ញុំបែរត្រឹមមានសិទ្ធច្រៀងក្នុងវង់ភ្លេងនៃក្រុមតន្រ្តីក្មេងកំព្រា កុមារអភ័ព្វដើម្បីលួងលោម មើលថែពួកគេដែលត្រូវមនុស្សទុរយសបំផ្លាញអនាគត។

ខ្ញុំមិនហ៊ានប្រឡងចម្រៀងឱ្យបានល្បី ដូចដែលធ្លាប់សន្យាជាមួយពុកបាន ព្រោះអ្នកទាំងអស់គ្នាក្នុងបណ្តាញសង្គម ធ្វើឱ្យខ្ញុំល្បីរឿងកិត្តិយសមុនស្រេចទៅហើយ។

ដ្បិតខ្ញុំរឹងមាំ ហ៊ានប្រឈម តែអ្នកមិនមែនជាខ្ញុំ អ្នកមិនដឹងថា វាប៉ះពាល់ផ្លូវចិត្តខ្ញុំកម្រិតណាទេ ដែលមនុស្សមួយប្រទេស ឆ្លងប្រទេស បានខ្ទរខ្ទារពីដំណឹងនេះ។

ជម្រើសចុងក្រោយ ខ្ញុំមានតែស្ម័គ្រចិត្ត ធ្វើជាគ្រូបង្រៀនក្នុងអង្គការដែលបានជួយខ្ញុំប្តឹងប្តល់រឿងក្តី។ រៀនចិត្តសាស្រ្ត ដើម្បីមើលថែក្មេងៗរងគ្រោះក្នុងមណ្ឌល រៀនតន្រ្តី ព្រោះជាក្តីស្រមៃនិងបំណងប្រាថ្នា ខ្ញុំក៏បានចូលរួមជាមួយអង្គការ ក្នុងការលុបបំបាត់អំពើហឹង្សា មិនថាទម្រង់ណាក្តី ចៀសវាងកុមារី ពីការរំលោពបំពានគ្រប់បែបយ៉ាង។

ខ្ញុំអរគុណណាស់ ដែលនៅតែអាចផ្តល់យុត្តិធម៌ឱ្យមុនពេលខ្ញុំបិទភ្នែកទៅ។ ខ្ញុំអរគុណខ្លួនឯងដែលមិនបោះបង់ មិនថាពិភពលោកបានបោះបង់ខ្ញុំរួចស្រេចទៅហើយ សូម្បីតែគ្រួសារខ្ញុំ។

ពេលនេះរវល់នឹងជីវិតពេក ស្រលាញ់ក្មេងៗពេក ខ្ញុំគ្មានពេលរាប់ដៃជើងរកមើលថ្ងៃស្លាប់ទេ។

ខ្ញុំក៏សម្រេចថា ស្លាប់ គឺបណ្តោយតាមធម្មជាតិ និងពេលវេលា។

ជីវិតចុងក្រោយ ខ្ញុំនឹងខំរស់នៅឱ្យបានល្អបំផុត ព្រោះវាជាការលះបង់ធំធេងណាស់ពីឪពុកម្តាយខ្ញុំ។ ស្លាប់ ជួយខ្ញុំមិនបានគ្រប់យ៉ាងទេ ជួយបានត្រឹមគេចមុខពីបញ្ហា តែមិនអាចលុបឈ្មោះអាក្រក់របស់ខ្ញុំចេញផុតពីអតីតកាលឡើយ។

«អរគុណទាំងអស់គ្នាដែលអញ្ជើញខ្ញុំឱ្យចូលរួម ចែករម្លែកបទពិសោធន៍ជីវិតនៅថ្ងៃនេះ! ចាំថា គ្មានអ្វីដែលយើងមិនអាចធ្វើបានទេ បើយើងមិនបោះបង់ និងមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើ!»

ខ្សែជីវិតនេះខ្មៅកខ្វក់ណាស់ តែវាក៏អាចវិលទៅរកភាពស្រស់ស្អាតវិញបាន «បើខ្ញុំមិនបោះបង់!»

ចប់!!!