ប្រមាញ់ខ្លាប្រមាញ់ស្នេហ៍អូន – Meysansotheary

រឿង៖ ប្រមាញ់ខ្លា ប្រមាញ់ស្នេហ៍អូន
ឌឹបៗ! សំឡេងឈើបុកនឹងដីលាន់ឮរំពង ផ្អើលអស់បក្សាបក្សីរួមទាំងត្រីនៅក្នុងទឹកទៀតផង។ សំឡេងនេះឮអស់មួយស្របក់ទើបឈប់បន្ទាប់ពីមានមនុស្សប្រុសចំណាស់មាឌធំដូចជ្រូកព្រៃ ជិះលើគ្រែស្នែងសែងដោយមនុស្សប្រុស៤នាក់ ចូលមកដល់ក្នុងរង្វង់មនុស្ស។

មុខបុរសចំណាស់ មានសញ្ញាគូសពណ៌សពីរឆ្នូតលើថ្ពាល់ទាំងសងខាង លើក្បាលពាក់មកុដស្លាបសត្វ ចងបះឡើងលើ។ ខ្សែកចង្កូមខ្លាបញ្ជាក់ពីអំណាចរបស់គេក្នុងដែនដីនាព្រៃជ្រៅនេះ។ អ្នកសែងក៏ដាក់បុរសម្នាក់នោះចុះ រួចគ្រប់គ្នាក៏ឱនមុខចុះជាការគោរពដល់មេកន្ទ្រាញ។

“ប្រមូលស្បៀងបានប៉ុន្មានឆាប់យកទៅដាក់ នៅក្នុងកន្លែងយើងទាំងអស់ទៅ”

បុរសចំណាស់ជាមេកន្ទ្រាញ បញ្ជាកូនចៅដោយសំឡេងមានអំណាច។ មនុស្សព្រៃភ្នំទាំងអស់សម្លឹងមើលភ្នែកគ្នាទៅវិញទៅមក មិនយល់ពីបំណងរបស់មេកន្ទ្រាញ។

“លោកម្ចាស់ មួយរយៈចុងក្រោយមកនេះពួកយើងពិបាករកស្បៀងខ្លាំង​ សូមលោកម្ចាស់ទុកឱ្យពួកយើងខ្លះផង”

ក្មេងប្រុសតូចច្រមក់ម្នាក់ ងើបមុខឡើងសំពះមេកន្ទ្រាញ។ មេកន្ទ្រាញងាកមកក្មេងប្រុសម្នាក់នោះហើយសើចខ្លាំងៗ លើកជើងធាក់គេមួយជើង។

“អត់ស៊ីជារឿងរបស់ឯង យើងជាមេទីនេះកុំចង់មកទាមទារ”

“ចារុ៍ យ៉ាងម៉េចហើយ?” ចាមរ(អានថា ចា ម៉) នារីរឹងមាំរត់មកត្រកងប្អូនប្រុសកម្សត់ រួចងើបមុខសម្លក់មេកន្ទ្រាញ។

“បើចាមរ ព្រមធ្វើប្រពន្ធទី៨របស់យើង ឯងនឹងបានស៊ីគ្រប់គ្រាន់”

“មិនព្រមទេវ៉ឺយ!” ចាមរតបវិញ មេកន្ទ្រាញខឹងឡើងក្រហមមុខ មានតែម្នាក់នេះទេ ដែលហ៊ានតបតជាមួយគាត់ ទោះជាដឹងថាគាត់អាចសម្លាប់គ្រួសារនាងគ្រប់ពេលក៏ដោយ។

“ចាមរ!!” មេកន្ទ្រាញលើកដៃបម្រុងទះស្រស់ស្រីក្លាហាន ប៉ុន្តែមួយរំពេចនោះមានមនុស្សម្នាក់ជិះសត្វស្លាបមកលើកចាមរយកទៅបាត់ រកតែមើលមុខអ្នកក្លាហានមិនឃើញ ចំណែក ចារុ៍បាត់ខ្លួនឈឹង។

“មានខ្មាំង ឆាប់ដេញ” បុរសមាឌធំសម្បុរខ្មៅស្រែកឡើង។

“មិនបាច់!” សំឡេងកូនចៅដាស់សរសៃដៃមេកន្ទ្រាញឱ្យលើកដៃបដិសេធភ្លាម។ គាត់ងាកមើលកូនចៅក្រោមបង្កាប់ ពួកនោះក៏ឱនមុខចុះមួយរំពេច។

“ជាកូនយើងទេ” មេកន្ទ្រាញបន្ថែម។

“បាទលោកម្ចាស់ការន្ត” មេកន្ទ្រាញការន្ត បង្ហាញទឹកមុខមិនពេញចិត្តដែលសុខៗកូនស្រីច្បង ចេញមុខមកជួយចាមរ។ ស៊ីន ឱនគោរពមេកន្ទ្រាញរួចចាប់ផ្តើមប្រមូលរបស់របរដែលមនុស្សក្នុង​ កុលសម្ព័ន្ធ រកបានក្នុងថ្ងៃនេះទៅដាក់ក្នុងកូនផ្ទះតូចមួយរបស់ការន្ត។

កុលសម្ព័ន្ធនេះ គ្រប់គ្រងដោយការន្តជាកុលសម្ព័ន្ធដ៏ធំប៉ុន្តែមនុស្សដែលរស់នៅ​ ក្នុងការគ្រប់គ្រងរបស់ការន្តគ្មានថ្ងៃមានក្តីសុខឡើយ។

ការន្ត តែងតែចាត់ពួកគេឱ្យដើររកសត្វ ផ្លែឈើយកមកឱ្យ ប៉ុន្តែរដូវនេះជារដូវភ្លៀងធ្លាក់ ពិបាកចូលព្រៃ មូសក៏ច្រើន ខ្សត់សត្វ ទើបរកបានតិចតួច។ បើពួកគេចង់មានរបស់ហូប ត្រូវចេញរកខ្លួនឯងនៅពេលគ្មានវេនរកម្ហូបឱ្យមេកន្ទ្រាញ។

ក្រឡេកមើលខាង ចាមរឯណោះវិញ ត្រូវសត្វចិញ្ចឹមរបស់ ម៉ឆែ កូនស្រីច្បង របស់ការន្ត ខ្ញាំដូចជាសត្វត្មាតចាប់ចំណី។ ម៉ឆែក៏ជូន ចាមរ ត្រលប់មកផ្ទះវិញ ស្ថិតនៅខាងចុងភូមិឆ្ងាយពីផ្ទះមេកន្ទ្រាញមែនទែន។ ឥន្រ្ទិយ ក៏ទម្លាក់ចាមរ ពីមុខកូនផ្ទះតូចមួយ ហុយដីទ្រលោម ស្រីស្អាតប្រចាំភូមិងើបមុខឡើងសម្លក់ ម៉ឆែ នៅលើខ្នងសត្វ។

ម៉ឆែជួយនាងពិតមែន ប៉ុន្តែឪពុកម៉ឆែ តែងតែធ្វើបាបគ្រប់គ្នាជាពិសេសទើបតែធាក់ប្អូនប្រុសនាងទៀត ទើបចាមរ មិនសូវចូលចិត្ត ម៉ឆែ ប៉ុន្មានឡើយ។

“មើលស្អី?” ម៉ឆែសើច សក់វែង ថ្ពាល់ខួចទាំងសងខាងសម្បុរស្រអែម ចូលចិត្តហក់លោតក្នុងព្រៃថែមទាំងជាកូនស្រីច្បងរបស់មេកន្ទ្រាញទៀត សមតែមុខកាចមិនមែនគួរឱ្យស្រឡាញ់អ៊ីចឹងទេ។

“ចាំយប់យកជ្រូកដុតមកឱ្យ” ម៉ឆែ ជិះសត្វត្រលប់ទៅវិញ ស្របពេល ចារុ៍ រត់មកដល់ផ្ទះទាំងហត់សឹងដាច់ខ្យល់។

“រត់លឿនម្ល៉េះ?” ចាមរ ឈប់ចាប់អារម្មណ៍លើកូនការន្ត បែរមកសួរប្អូនប្រុសវ័យ១០ឆ្នាំម្តង។

“បើ​មិនរត់ឱ្យលឿន នៅឱ្យលោកម្ចាស់ធាក់ទៀតមែនទេ” ចារុ៍ ដ្បិតក្មេងពិតមែន ប៉ុន្តែគេឆ្លាតណាស់។ ក្មេងតូចលើកមាន់មួយបង្ហាញបងស្រី អ្នកជាបងញញិមយកមាន់បណ្តើរប្អូនចូលក្នុងផ្ទះតូច។

ចាមរចាប់ផ្តើមធ្វើមាន់យកទៅដុត ចំណែកចារុ៍ ដើរប្រមូលអុសឱ្យបងស្រីហើយឆ្លៀតជីកដំឡូងដែលម្តាយដាំយកមកខ្លះដែរ។ សំណាងហើយដែល ការន្ត មិនទាមទារដំឡូងរបស់គេ។ មួយស្របក់ក្រោយមកក៏មានស្ត្រីចំណាស់ដែលជាម្តាយរបស់ចាមរ កាន់ទ​ន្សាយពីរក្បាលដើរចូលផ្ទះ។

“ម៉ែ បាញ់បានទន្សាយទៀត?” ចាមរលាន់មាត់។

“ម៉ឆែឱ្យម៉ែទេ” ចាមរចងចិញ្ចើមមួយរំពេច។

“កូនលោកម្ចាស់ការន្តម្នាក់នេះមិនគួរឱ្យទុកចិត្តសោះម៉ែ” មីងនាវ ញញិមគ្រវីក្បាលហួសចិត្ត គាត់ដឹងថាចាមរ មិនបានស្អប់ម៉ឆែទេប៉ុន្តែស្អប់ការន្តទើបបង្ខំចិត្តស្អប់ទាំងគ្រួសារដែរ។

“នេះយកទៅ ប្រឡាក់វាហាលទុកខ្លាចអស់ស្បៀងពួកយើងនឹងមានហូប”

“ទុកឱ្យខ្ញុំម៉ែ” ឃើញបងស្រីកំពុងធ្វើមាន់ ចារុ៍ ដើរមកយកទន្សាយទៅធ្វើប្រឡាក់គ្រឿង ទុកជាស្បៀងក្រៀមត្រៀមពេលខាងមុខព្រោះស្ថានភាពរាល់ថ្ងៃ ហាក់បញ្ជាក់ថាកុលសម្ព័ន្ធមួយនេះអាចនឹងចួបគ្រោះអត់ឃ្លាន។

យប់មកដល់ អាកាសធាតុចុះត្រជាក់ដូចរាល់ដង។ នៅតាមផ្លូវដងទន្លេឃើញមានមនុស្សប្រុសមួយក្រុម ដើរស្ពាយរបស់របរនិងព្រួញចេញទៅបរបាញ់ទាំងយប់តាមបញ្ជារបស់ការន្ត។ ក្នុងផ្ទះឈើខ្ពស់មានសរសរទ្រត្រឹមក្បាលជង្គង់មនុស្សពេញវ័យ មានភ្លើងចន្លុះពាសពេញ។ ការន្តកំពុងអង្គុយផឹកស្រាត្រាំផ្លែឈើ ក្លែមជ្រូកព្រៃជាមួយមនុស្សក្រោមបង្គាប់ ដោយមានប្រពន្ធទាំង៦នៅក្បែរ។

“ម៉ឆែឯងចង់ទៅណា?” ម៉ឆែ ងាកក្រោយ ដៃនាងកាន់សាច់ជ្រូកព្រៃនិងផ្លែឈើមួយចំនួនខ្ចប់ក្នុងស្លឹកឈើ។

“ទៅផ្ទះចាមរ” ការន្តញញិមបន្តិច គាត់លើកស្រាមកផឹកទើបនិយាយបន្តតាមក្រោយ។

“ទៅនិយាយរាក់ទាក់ជាមួយម្តាយថ្មីឯងឱ្យហើយទៅ” ម៉ឆែខាំមាត់មិនពេញចិត្ត ឪពុកនាងចង់បានប្រពន្ធប៉ុន្មាននាក់ទៀតទើបអស់ចិត្ត? ឃើញកូនស្រីច្បងបញ្ចេញចរិតមិនគោរពខ្លួន ការន្ត បោកពែងស្រាពីមុខម៉ឆែហើយគំហកភ្លាម។

“ម៉ឆែ!” ម៉ឆែហួចហៅ អាម៉មានអាយុ១៩ឆ្នាំ ដែលជាប្អូនប្រុសកូនប្រពន្ធទី២ ឱ្យមករកនាង។ អាម៉ ជិះសេះខ្មៅមួយមកឈប់មុខផ្ទះហើយម៉ឆែក៏លោតទៅជិះពីមុខប្អូនប្រុស ជិះសេះខ្មៅចាកចេញពីផ្ទះរបស់ខ្លួន។

“ពីរនាក់បងប្អូននេះ ធ្វើឱ្យអញក្តៅក្រហាយមិនឈប់សោះ” ស៊ីន មនុស្សជំនិតការន្ត ចាក់ស្រាយកចិត្តមេកន្ទ្រាញ។

“កុំខឹងនឹង ម៉ឆែ អាម៉ អីលោកម្ចាស់ពួកគេនៅក្មេងតែប៉ុណ្ណឹង”

“អឺ! តែថាពួកឯងប្រមូលស្បៀងបានច្រើនទេ?”

“ច្រើនណាស់លោកម្ចាស់” បុរសម្នាក់ទៀតឆ្លើយ ស៊ីនឈប់ផឹកទំនងគិតអ្វីម្យ៉ាង។ មិនប៉ុន្មានថ្ងៃទៀតទេ ក៏ដល់ពេលពិធីរម្លឹកដល់ដូនតាកុលសម្ព័ន្ធហើយ ត្រូវយកសត្វសាហាវដើម្បីបូជាយញ្ញ។

“លោកម្ចាស់ជិតដល់ពេលពួកយើងប្រាព្ធពិធីបូជាយញ្ញហើយ”

“វាយ៉ាងម៉េចអាស៊ីន?”

“ពួកយើងមិនមានសត្វសម្រាប់បូជាទេ” ការន្តគិត ដើម្បីបង្ហាញថាកូនចៅជំនាន់ក្រោយជាមនុស្សក្លាហាន អាចការពារកុលសម្ព័ន្ធបានគេត្រូវបូជាសត្វសាហាវ។

“មួយរយៈនេះមានគ្រោះធម្មជាតិ សត្វក៏មិនសូវសម្បូរ ជំងឺក៏ឆ្លងទៅម្នាក់ៗ ទើបពិបាកប្រមាញ់ហើយក៏គ្មានមនុស្សទៅប្រមាញ់ទៀត” ប្រពន្ធទី២ការន្តផ្តល់យោបល់។ មេកន្ទ្រាញញញិមឡើង គ្មាននរណាស្មានចិត្តគាត់ត្រូវឡើយ។

“យើងមានវិធី” ស៊ីនឃើញការន្តញញិមក៏ញញិមតាម រង់ចាំមើលស្ថានការណ៍បន្ត។

ម៉ឆែនិងអាម៉ ត្រឹមមួយភ្លែតក៏ជិះសេះមកដល់ផ្ទះរបស់ចាមរ ពីរនាក់បងប្អូនលោតចុះពីលើខ្នងសត្វ។ ស្របពេលនោះចារុ៍ ចេញមកក្រៅល្មមទើបញញិមដាក់កូនមេកន្ទ្រាញទាំងពីរ។ ចាមរចេញមកដែរ​ ឃើញម៉ឆែនិងអាម៉ ភ្លាមនាងសម្លក់មិនដាក់ភ្នែកមានបំណងដេញចេញ។

“មកធ្វើអី?”

“យកជ្រូកដុតមកឱ្យ” ម៉ឆែតបសំណួរចាមរ ព្រមទាំងហុចរបស់បញ្ញើ ចារុ៍ទទួលយកជំនួសទោះជាដឹងថាបងស្រីខ្លួនមិនពេញចិត្ត។ ម៉ឆែញាក់ចិញ្ចើមដាក់ចាមរ រួចនាំអាម៉ជិះសេះត្រលប់ទៅវិញ។

“ប្លែកៗ!” ចាមររអ៊ូ អាល្អិតចារុ៍លើកមើលរបស់ហូបផងនិយាយផងគ្រាន់តែមើលមុខចារុ៍ ចាមរដឹងហើយថាគេចង់និយាយអី។

“បងហេតុអ្វីពួកយើងមិនចាកចេញទីនេះ ទ្រាំឱ្យលោកម្ចាស់ធ្វើបាបធ្វើអី?”

“ទីនេះជាទឹកដីដូនតារបស់ពួកយើង ពួកយើងមិនអាចចេញចោលបានទេ ចារុ៍ ឈប់សួរបងទៀតទៅ” ចាមរទាញបំពង់ព្រួញដើរចេញទៅបាត់ ចារុ៍គ្រវីក្បាលយួររបស់បញ្ញើចូលក្នុងធ្វើព្រងើយ។

ព្រឹកព្រលឹមឡើង ព្រះអាទិត្យរះមកមានរស្មីស្រស់ស្អាត ឆ្លុះឃើញព្រៃព្រឹក្សាពណ៌បៃតងស្រងាត់នៅដងទន្លេមានភ្នំមានអូរអត់ខ្វះ។ ប៉ុន្តែទេសភាពដ៏ស្រស់ស្អាតទាំងនេះ វាហាក់ខុសពីស្ថានភាពក្នុងកុលសម្ព័ន្ធ។

មនុស្សចាស់ក្មេងស្រីប្រុសស្រាប់តែដេកក្អកយ៉ាងចម្លែក មានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលគ្មានអាការៈរោគទាំងនេះ។ អ្នកខ្លះទៀតក្រៅពីក្អក ក៏ងើបពីដេកមិនរួចទៅជាក្តៅខ្លួន អស់កម្លាំងចម្លែកខុសធម្មតា។

មីងនាវនិងចារុ៍ ឆ្លងជំងឺអាសន្នរោគនេះយ៉ាងរហ័ស ការពិតវាកើតឡើងប៉ុន្មានថ្ងៃមកហើយ តែទើបតែឆ្លងច្រើននៅថ្ងៃនេះ។ ចាមរដាំទឹកស្ងោរថ្នាំ ដើម្បីឱ្យម្តាយនិងប្អូ​នបានផឹក។

“ម៉ែផឹកថ្នាំនេះបន្តិចទៅ” មីងនាវងើបដោយមានជំនួយពីកូនស្រីច្បង។ ប្តីគាត់ស្លាប់ព្រោះខ្លាខាំ បន្សល់ទុកកូនស្រីនិងកូនប្រុសឱ្យនៅជាមួយគាត់យ៉ាងលំបាក តែយ៉ាងហោចណាស់ក៏កូនគាត់មានចរិតល្អ ដូចជាពេលនេះនាងមើលថែគាត់បានយ៉ាងល្អ។

“អ្នកភូមិយើងយ៉ាងម៉េចហើយ?”

“លោកម្ចាស់បានឱ្យពូស៊ីន យកថ្នាំចែកអ្នកភូមិហើយ”

“លោកម្ចាស់មិនបានអាក្រក់ណាស់ណាទេ គាត់ក៏គិតដល់ពួកយើងខ្លះដែរ” ចាមរដាក់ម្តាយឱ្យសម្រាន្តយឺតៗ នាងគ្រវីក្បាលមិនទទួលយកពាក្យសរសើរការន្ត ពីមីងនាវ។

“ព្រោះគាត់ខ្លាចគ្មាននរណាប្រមាញ់សត្វរកផ្លែឈើឱ្យ គាត់ទៀតទើបឱ្យពូស៊ីនយកថ្នាំចែក”

“បានហើយ ម៉ែចង់សម្រាក” ចាមរចេញមកក្រៅ ទុកឱ្យម្តាយនិងចារុ៍សម្រាក ចារុ៍មិនសូវធ្ងន់ប៉ុន្មានឡើយគេអស់កម្លាំងទើបគេងមិនងើបដូច្នេះ។

មកដល់ក្រៅដោយមានបំពង់ដាក់ព្រួញនិងធ្នូមួយ ចាមរលើកអាវុធប្រចាំខ្លួនបាញ់តម្រង់បំពង់ដាក់ទឹករបស់នរណាម្នាក់។ ម្ចាស់បំពង់ទឹកងើបមុខឡើងសម្លឹង ចាមរ គេមិនបានខឹងនាងឡើយថែមទាំងញញិមស្រស់ដាក់ទៀតផង។ អ្នកកំលោះដើរមករកចាមរហើយហុចទឹកមួយបំពង់ឱ្យទុកផឹក។

“មៃសាក់ ផ្លូវនោះទៅផ្ទះមេកន្ទ្រាញទេ!”

“ចុះយើងកំពុងទៅផ្ទះមេកន្ទ្រាញទេតើ” កំលោះមៃសាក់មិត្តចាមរបក់ដៃហៅនាង គេដើរទៅមុខដោយមិនស្តាប់យោលបល់របស់មិត្តបន្តិច។ រៀងរាល់ព្រឹកពួកគេត្រូវចេញបរបាញ់បេះផ្លែឈើព្រៃមកធ្វើស្បៀងសម្រាប់គ្រួសារពួកគេម្នាក់ៗ ចម្លែកតែថ្ងៃនេះបែរជាមៃសាក់ដើរទៅផ្ទះមេកន្ទ្រាញទៅវិញ។

“មៃសាក់ទៅទីនោះធ្វើអី?”

“ឮអាម៉ថា លោកម្ចាស់មានរឿងចង់ប្រាប់ពួកយើង”

“ម៉េចក៏ខ្ញុំមិនដឹង?” ចាមររកនឹកគិត តើល្ងាចមិញមាននរណាមកប្រាប់នាងឬអត់? តែថាក្រៅពីម៉ឆែនិងអាម៉យករបស់បញ្ញើមកឱ្យនាងក៏មិនបានចួបមនុស្សរ​បស់លោកម្ចាស់ទៀតដែរ។

“ឃើញឯងរត់ឆ្លេឆ្លារកថ្នាំឱ្យមីងនាវ អាម៉ផ្តាំខ្ញុំឱ្យប្រាប់ជំនួស”

“ក្នុងភូមិយើងចាប់ផ្តើមមានជំងឺឆ្លងហើយ ខ្ញុំភ័យណាស់ខ្លាចម៉ែនិងចារុ៍កើតអី” មៃសាក់ ទះក្បាលមិត្តមួយដៃតិចៗតាមចរិតចូលចិត្តលេងសើចរបស់គេ។ ចាមរក៏សម្លក់តបវិញ មនុស្សម្នាដើរទៅវិញទៅមកលែងសូវអ៊ូអរដូចមុននៅតាមផ្លូវទៅផ្ទះមេកន្ទ្រាញឃើញតែមនុស្សឆ្លេឆ្លារកថ្នាំជួយសាច់ញាតិពួកគេ។

“កុំបារម្ភលោកម្ចាស់ការន្ត មិនឱ្យពួកយើងស្លាប់បែបហ្នឹងទេ”

“តែនឹងឱ្យខ្លាស៊ីជំនួសមែនទេ?”

“ឈប់និយាយជាមួយឯងហើយ” ចាមរនិងមៃសាក់ក៏ដើរមកដល់ផ្ទះមេកន្ទ្រាញដែល មានមនុស្សប្រមាណជាង៤០នាក់កំពុងជុំៗគ្នា។ ម៉ឆែឃើញចាមរមកអ៊ីចឹងក៏ញញិមដាក់ពីលើផ្ទះមក តែត្រូវចាមរសម្លក់តបវិញ។

បន្តិចក្រោយមក ការន្តនិងស៊ីនដើរមកឈប់ពីមុខមនុស្សក្នុងភូមិដែលមិនបានឈឺនិងមានសុខភាពល្អ។ ការន្តលើកពែងធ្វើពីឫស្សីមកក្រេបស្រាបន្តិចមុននឹងនិយាយ។

“ជិតដល់ពិធីបូជាយញ្ញហើយ ដើម្បីបង្ហាញថាកូនចៅជំនាន់ក្រោយមានភាពអង់អាចក្លាហាន និងមានសមត្ថភាពអាចការពារទឹកដីបាននិងជាពិធីសុំសេចក្តីសុខ យើងមានល្បែងឱ្យអ្នកគ្រប់គ្នាលេងបើនរណាយកឈ្នះបាន អាចសុំអ្វីពីយើងក៏បាន”

គ្រប់គ្នាចាប់ផ្តើមមើលមុខគ្នាទៅវិញទៅមក។ ម្នាក់ៗបង្ហាញអាការៈសប្បាយចិត្ត ដែលការន្តផ្តល់ឱកាសមាសនេះមក។

“ឆ្នាំនេះយើងចង់បានខ្លានៅរូងខាងត្បូងភ្នំមកបូជាយញ្ញ អ្នកណាដែលអាចយកវាមកបានអាចសុំអ្វីពីយើងក៏បាន”

“តែម្តុំនោះគ្រោះថ្នាក់ណាស់គ្មាននរណាហ៊ានទៅទេ សូម្បីតែឪពុកចាមរក៏ស្លាប់នៅទីនោះដែរ” មៃសាក់ស្រែក ការន្តញញិមកំណាចសម្លឹងអ្នកគ្រប់គ្នា។

“ពួកឯងវាកំសាកស្រាប់ហើយ” សម្តីការន្តតបទៅវិញហើយគាត់និងស៊ីននាំគ្នីគ្នាដើរត្រលប់ចូលផ្ទះ។ មៃសាក់ស្ពឹកមុខបន្តិចឯអ្នកផ្សេងទៀតនាំគ្នាអួតសមត្ថភាពរៀងខ្លួន ប៉ុន្តែជាក់ស្តែងគ្មាននរណាហ៊ានប្រថុយចូលរូងខ្លាទេ។

“នរណាចាប់ក៏ចាប់ទៅ យើងមិនទៅទេ”

អ៊ំប្រុសម្នាក់រអ៊ូ​ ចុងក្រោយក៏គ្មាននរណាព្រមលេងល្បែងឆ្កួតៗរបស់ការន្ត។

ការន្តឈរមើលមនុស្សចាកចេញទាំងក្តៅក្រហាយ ដំបូងគិតថាបើគ្មានអ្នកលេងក៏ល្អ ប៉ុន្តែចុងក្រោយវាមិនសប្បាយសោះគាត់ចង់យកជីវិតអ្នកទាំងនោះមកភ្នាល់គ្នាលេង នរណាដែលអាចមានជីវិតត្រលប់មកវិញចាត់ទុកថាសំណាងចុះ។

“លោកម្ចាស់ នេះលោកយកល្បែងនោះមកលេងទៀតហើយមែនទេ?”

“ត្រូវហើយស៊ីន យើងចង់សប្បាយចង់ឃើញពួកវាកាប់ចាក់គ្នាដើម្បីដណ្តើមជីវិតរស់”

ការន្តទ្រឹងគិតដល់អតីត ដែលគាត់ត្រឹមតែជាមនុស្សខ្ចាត់ព្រាត់ម្នាក់ត្រូវគេដេញចេញពីកុលសម្ព័ន្ធ ចុងក្រោយក៏ដើរមកដល់កុលសម្ព័ន្ធមួយនេះ។ ប៉ុន្តែអ្នកគ្រប់គ្នាបានមើលងាយគាត់ធ្វើបាបគាត់រហូតម្តាយឪពុកគាត់ស្លាប់ ទើបគាត់ចង់សងសឹកមនុស្សក្នុងភូមិវិញដោយប្រើវិធីនេះ។

“ដំបូងយើងគិតថាបញ្ឈប់តាំងពីពេលនោះមក តែវាក៏សប្បាយម្យ៉ាងដែរត្រូវតែបន្ត”

“លោកម្ចាស់គិតយ៉ាងម៉េចបើគ្មាននរណាហ៊ានប្រកួត”

“បញ្ឈប់ការឱ្យថ្នាំនិងស្បៀងដល់ពួកគេ ចាំឱ្យពួកគេទល់ច្រករហូតមកអង្វរយើង” ការន្តនិយាយទាំងញញិម ទាំងមិនបានដឹងថាម៉ឆែនិងអាម៉កំពុងលួចស្តាប់ឡើយ។

ពីរនាក់បងប្អូននាំគ្នាដើរចេញ មកអង្គុយក្រោមដើមឈើមួយខាងក្រោយផ្ទះ មានទឹកហូរពីលើភ្នំមក។ អាម៉ យកលំពែងរបស់គេទៅចាក់ត្រីឯម៉ឆែអង្គុយអង្អែលខ្សែកបន្តោងចង្កូមខ្លា ដែលការន្តប្រាប់ថាជារបស់ម្តាយនាងបន្សល់ឱ្យមុននឹងគាត់ស្លាប់។

ពួកគេដឹងថាឪពុកព្យាយាមយកស្បៀងទុកហើយមិនចង់ចែកឱ្យមនុស្សក្នុងភូមិ តែពួកគេក៏មិនអាចធ្វើអ្វីបានច្រើនលើសពីលួចរបស់តិចតួចយកចែកទៅអ្នកភូមិ។

“អាម៉ ឯងចង់ទៅយកខ្លាឬអត់?”

“មិនទៅទេ បងក៏ដឹងថាទីនោះជាសម្បុកខ្លា បើទៅមិនខុសអីពីស្រមោចធ្វើសង្គ្រាមជាមួយមនុស្សឡើយ”

“តែយើងជាមនុស្សមានអាវុធ មានកម្លាំងមានខួរក្បាលសម្រាប់គិត វាមិនដូចស្រមោចទេ” អាម៉ចាក់បានត្រីមួយគេយកដាក់កន្ត្រករួចបន្តចាក់ទៀតទើបនិយាយតាមក្រោយ។

“កុំប្រាប់ថាបងចង់ទៅចាប់ខ្លាណា?”

“ចង់ទៅ ប៉ុន្តែមិនមែនចាប់ខ្លាមកឱ្យពុកទេ” កំលោះតូចងាកមើលបងស្រី ម៉ឆែញាក់ចិញ្ចើមរួចតោងវល្លិ៍ហក់លោតទៅដើរលេងបាត់ទុកឱ្យប្អូនប្រុសឆីត្រីម្នាក់ឯង។

“បងម៉ឆែអើយ!” អាម៉បន្តចាក់ត្រីទៀតខ្ជិលខ្វល់ជាមួយម៉ឆែ។

ត្រឹមពីរថ្ងៃប៉ុណ្ណោះ មនុស្សក្នុងភូមិក៏ស្លាប់អស់ជាង១០នាក់ដោយសារឈឺហើយគ្មានថ្នាំព្យាបាល។ អ្នកចេះផ្សំថ្នាំមានតែប្រពន្ធទី២របស់ការន្តប៉ុណ្ណោះ ហើយដូចអ្វីដែលការន្តគិតទុកមែនម្នាក់ៗក៏ចាប់ផ្តើមអង្វរករមេកន្ទ្រាញឱ្យផ្តល់ថ្នាំដល់ពួកគេ។ ចាមរវិញព្យាយាមរកឫសឈើថ្នាំផ្សេងៗមកផ្សំស្ងោរឱ្យម្តាយនិងប្អូនប្រុសផឹក ប៉ុន្តែមិនបាត់សោះ។

“ចាមរ លោកម្ចាស់ឈប់ផ្តល់ថ្នាំឱ្យពួកយើងហើយ”

“ចង់សាកទៅចាប់កូនខ្លាមកបូជាយញ្ញ” មៃសាក់ក្រឡេកមើលនារីតូច ឯនាងក្រឡេកមើលផ្ទះតូច។ ដើម្បីម្តាយនិងប្អូនប្រុសរបស់នាង នាងអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។ មុននឹងមៃសាក់តបមិត្តវិញ វត្តមានម៉ឆែក៏បង្ហាញឡើងមកនាងកំពុងជិះសេះឪពុកមកហើយហុចកញ្ចប់តូចមួយឱ្យចាមរនិងមៃសក់។

“នេះថ្នាំដែលខ្ញុំលួចពី ម្តាយអាម៉មកអ្នកទាំងពីរយកទៅទុកទៅ” ម៉ឆែជិះសេះត្រលប់ទៅវិញ ទុកឱ្យពីរនាក់មិត្តភក្តិចាមរនិងមៃសាក់សម្លឹងមុខគ្នាមិនយល់ពីទង្វើរបស់កូនមេកន្ទ្រាញ។

“ម៉ឆែចិត្តល្អម្ល៉េះ?” មៃសាក់និយាយ។

“ថ្នាំប៉ុណ្ណឹងមិនអាចជួយជីវិតបានគ្រប់គ្នាទេ ពុកខ្ញុំធ្លាប់បង់ជីវិតដោយសារលេងល្បែងឆ្កួតរបស់លោកម្ចាស់ដើម្បីយកស្បៀង សម្រាប់អ្នកភូមិ ខ្ញុំក៏អាចប្រថុយគ្រោះថ្នាក់ដើម្បីអ្នកភូមិដូចគ្នា”

“នែ!ចង់ក្លាហានអីពេលនេះ?”

“បងចាមរ” សំឡេងចារុ៍ ស្រែក ទើបចាមរនិងមៃសាក់ប្រញាប់រត់ចូលទៅក្នុងវិញក៏ឃើញ ការន្តនិងស៊ីនកំពុងឈរក្នុងផ្ទះតូច។ ការន្តចាប់ម្តាយនាងជាប់ហើយញញិមស្រស់ដាក់ចាមរ។

“លោកម្ចាស់ចង់ធ្វើអីម្តាយខ្ញុំ?”

“ស៊ីនចាប់ម្តាយចាមរនិងប្អូនប្រុសនាងទៅឃុំ ជាមួយអ្នកផ្សេងទៅ” ស៊ីនធ្វើតាមបញ្ជាមេកន្ទ្រាញ។ ការន្តដើរមកជិតចាមរឱនមុខចុះចាប់ចង្កាស្រីស្អាតឡើង ទាំងចាមរនិងមៃសាក់ សុទ្ធតែត្រូវមនុស្សរបស់ការន្តចាប់ទាំងពីរ។

“ការប្រកួតសប្បាយៗ អ្នកដែលចូលប្រកួតដោយស្ម័គ្រចិត្ត យើងលើកលែងឱ្យ មិនចាប់សាច់ញាតិពួកគេទេ តែសម្រាប់ពីរនាក់ឯងនេះមិនព្រមចូលប្រកួតថែមទាំងឱ្យកូនស្រីយើងលួចថ្នាំទៀត ដូច្នេះយើងមានតែវិធីនេះកុំភ្លេចត្រៀមខ្លួនទៅរូងខ្លាផង”

“ឯងនេះវាឃោរឃៅពេកហើយ” ការន្តលើកដៃទះចាមរមួយដៃហើយសើចខ្លាំងៗ។

“នរណាៗមើលងាយយើងកាលពីមុន បើយើងមិនខំដណ្តើមតំណែងមេកន្ទ្រាញទេ ពួកឯងនេះនឹងកាន់តែមើលងាយយើងទៀតឬមួយអាចសម្លាប់យើងក៏ថាបាន!”

“វាជារឿងចាស់ៗទេ តែហេតុអ្វីត្រូវធ្លាក់មកលើក្មេងៗ?” មៃសាក់ស្រែកមួយទំហឹង។

“យើងចង់សប្បាយប្រាប់រួចហើយ ឯងមិនយល់ទេឬ?”

គ្រាំង!មួយរំពេចនោះ ម៉ឆែនិងអាម៉ទម្លុះទ្វារចូលមក។ ការន្តអស់ភាពអត់ធ្មត់ក៏ស្រែកដាក់កូនៗឱ្យពួកគេដកថយទៅវិញ បើមិនចង់ត្រូវ។

“ខ្ញុំមិនទៅទេ” ម៉ឆែប្រកែក នាងងាកទៅមើលចាមរដែលត្រូវមនុស្សរបស់ឪពុកចាប់ជាប់។ ការន្តខឹងឡើងក្រហមមុខ នឹកដល់រឿងចាស់កាន់តែឈឺចាប់ ឃើញមុខម៉ឆែក៏កាន់តែឈឺចាប់លើសមុន។

“នាងក្បាលរឹងដូចឪពុករបស់នាងអ៊ីចឹង ស៊ីនចាប់ម៉ឆែទៅ”

“ពុក! បងម៉ឆែជាកូនពុកណា” អាម៉ ព្យាយាមអង្វរឪពុក។ ការន្តចាប់បេះដៃកូនប្រុសចេញ វាដល់ពេលហើយដែលគាត់សងសន្យាម្តាយម៉ឆែរួចអស់ហើយក៏ដល់ពេលត្រូវធ្វើបាបម៉ឆែវិញម្តង។

“វាមិនមែនកូនយើងទេ!”

ម៉ឆែស្តាប់បានប៉ុណ្ណឹងក៏ត្រូវគេចាប់ទៅជាមួយ ចាមរនិងមៃសាក់ទៅដាក់គុកឈើក្បែរផ្ទះមេកន្ទ្រាញ។ ម៉ឆែ អង្គុយចុះឱបក្បាលជង្គង់សម្លឹងខ្សែកចង្កូមខ្លា ចាមរឃើញដូច្នេះអត់មិនបាននឹងអាណិត តែដោយសារចិត្តស្អប់កាលពីមុន ទើបនាងមិនទៅរវល់ជាមួយម៉ឆែ មានតែមៃសាក់ប៉ុណ្ណោះទៅអង្គុយជិតម៉ឆែ ដើម្បីលួងលោម។

“កុំខូចចិត្តអី ចួនកាលលោកម្ចាស់គ្រាន់តែនិយាយលេងទេ ម៉ឆែជាកូនស្រីរបស់លោកម្ចាស់ពិតប្រាកដណាស់ ពេលគាត់បាត់ខឹងគាត់នឹងមកយកម៉ឆែទៅវិញ”

“ខ្ញុំដឹងយូរមកហើយ ថាខ្ញុំមិនមែនកូនពុក”

ទាំងចាមរដែលអង្គុយស្ងៀមៗនោះក៏បើកភ្នែកធំៗសម្លឹងមកដែរ។ ម៉ឆែញញិមហើយព្យាយាមសម្រួលអារម្មណ៍ដើម្បីឆ្លើយចម្ងល់ចាមរនិងមៃសាក់ ដែលបញ្ចេញតាមខ្សែភ្នែកមក។

“ថ្ងៃធ្វើពិធីបូជាយញ្ញឆ្នាំមុន ពុកស្រវឹងស្រាខ្លាំងច្រឡំនិយាយជាមួយពូស៊ីន ថាខ្ញុំជាកូនមនុស្សដែលគាត់ស្រឡាញ់ជាមួយកូនប្រុសមេកន្ទ្រាញដែលជាតារបស់ខ្ញុំ គាត់បានសម្លាប់លោកតានិងឪពុកបង្កើតរបស់ខ្ញុំដើម្បីដណ្តើមធ្វើជាមេកន្ទ្រាញ ខ្ញុំពិបាកទទួលយកចង់សងសឹកតែពុកក៏ខំចិញ្ចឹមខ្ញុំតាំងពីតូចមកដែរ ទើបត្រូវទ្រាំមកដល់ពេលនេះ”

“ចុះអ្នកភូមិបានដឹងឬអត់? ដែលលោកម្ចាស់សម្លាប់មេកន្ទ្រាញចាស់” សំណួរចាមរអាចឱ្យ ម៉ឆែ ញញិមបានមៃសាក់ចងចិញ្ចើមឆ្ងល់។

“មិនដឹង! គឺខ្ញុំមិនដឹងចម្លើយសម្រាប់សំណួរនេះទេ”

ចាមរនិងមៃសាក់ចំហមាត់ ខំរង់ចាំស្តាប់បែរជាម៉ឆែ ដឹងត្រឹមប៉ុណ្ណឹង។ មៃសាក់ដើរទៅអង្គុយក្បែរមិត្តវិញ គេហាក់ភ័យខ្លាចចំពោះរឿងខាងមុខដែលត្រូវទៅចាប់ខ្លាមកឱ្យការន្ត។

“កុំបារម្ភណាខ្ញុំនឹងទៅជាមួយអ្នកទាំងពីរ”

“ដើម្បីសុំការពិតពីលោកម្ចាស់ឬ?” មៃសាក់សួរ។

“ដើម្បីការពារចាមរ” ចាមរសម្លក់ម៉ឆែតាមទម្លាប់ ហើយម៉ឆែក៏ញញិមតបវិញតាមធម្មតាដែរទៅ។ អង្គុយបានមួយស្របក់ពួកគេក៏ត្រូវមនុស្សព្រៃឬមនុស្សក្នុងកុលសម្ព័ន្ធពួកគេចាប់ទៅ ឱ្យឈរពីមុខផ្ទះលោកម្ចាស់ជាមួយមនុស្សជាង១០នាក់។

“យើងទុកពេលឱ្យ៣ថ្ងៃ ពួកឯងត្រូវយកខ្លាមកបូជាយញ្ញឱ្យបាន” ការន្តនិយាយខ្លីៗ ទុកឱ្យស៊ីននិយាយលក្ខខណ្ខជំនួស។

“មនុស្សដែលចូលរួមប្រកួតមានគ្នា១៥នាក់ ត្រូវបែងចែកជា៥ក្រុមក្នុងមួយក្រុម៣នាក់ ក្រុមណាដែលអាចយកខ្លាមកបូជាយញ្ញបាននៅ៣ថ្ងៃទៀតមុនព្រះអាទិត្យលិចក្រុមនោះនឹងឈ្នះ ហើយនរណាដែលបន្លំទៅចាប់ខ្លាពីតំបន់ផ្សេងមកនឹងត្រូវបូជាយញ្ញជំនួស ចាប់ផ្តើមការប្រកួត” មនុស្សរបស់ការន្តបានយកធ្នូនិងបំពង់ព្រួញឱ្យ អ្នកចូលរួមម្នាក់មួយសម្រាប់ដើម្បីប្រយុទ្ធនឹងឧបសគ្គដែលអាចកើតមាន។

“តោះទៅ!” ម៉ឆែចាប់កាន់ដៃចាមរដើរចេញទៅ ដ្បិតនាងមិនត្រូវអនុញ្ញាតឱ្យចូលក្រុមជាមួយចាមរក៏ដោយ ប៉ុន្តែម៉ឆែជាមនុស្សចេសគ្មាននរណាអាចឃាត់នាងបានទេ។

“ចាំខ្ញុំផង” មៃសាក់រវល់ប្រមូលស្បៀងដែលខាងលោកម្ចាស់ការន្តឱ្យទើបពីរនាក់នោះទៅចោលគេ។ រត់មកដល់ចាមរនិងម៉ឆែ មៃសាក់ចម្លែកចិត្តបន្តិច សុខៗពីរនាក់ហ្នឹងក៏ត្រូវគ្នាព្រោះរាល់ដងចាមរ ស្អប់ម៉ឆែសឹងអី។

“ម៉ឆែមិនយកឥន្រ្ទិយទៅទេឬ?” មៃសាក់សួរ។

“មិនយកទៅទេ ជិះមិនបានគ្រប់គ្នាផង”

“ម៉ឆែកាន់ដៃចាមរឡើងផ្អែមល្ហែមតែម្តង”

ចាមរដកដៃចេញយ៉ាងលឿន ថ្ពាល់នាងក្រហមតិចៗ។ ម៉ឆែញញិមដើរពីក្រោយចាមរនិងមៃសាក់។

ពួកគេបំបែកគ្នាពីក្រុមផ្សេងៗ ព្រោះខ្លាចអ្នកទាំងនោះធ្វើបាបកុំឱ្យទៅដណ្តើមខ្លា។ ដើរបានបន្តិចត្រចៀករបស់ម៉ឆែចាប់បានសម្រិបជើងមនុស្សម្នាក់ដើរតាមពីក្រោយ។ ម៉ឆែមិនមាត់តែក៏ឆ្លៀតទៅទម្លាក់បន្លានៅតាមផ្លូវ រហូតមកដល់ដើមឈើធំមួយទើបឮសំឡេងនោះលាន់ខ្លាំងព្រោះម្ចាស់ជើងកំពុងលោតចុះឡើង។

“អាម៉?” ម៉ឆែស្រែកដោយភ្ញាក់ផ្អើល អាម៉ ញញិមរអៀសចិត្ត គេស្ពាយថង់យាមមកជាមួយ ដែលមានរបស់សម្រាប់ហូបពេញថង់។

“មកធ្វើស្អី?” មៃសាក់សួរ គេងាកឆ្វេងស្តាំខ្លាចក្រែងមនុស្សលោកម្ចាស់មកឃើញ ពួកគេនឹងចាញ់ក្នុងការប្រកួតនេះព្រោះមានសមាជិកលើសពី៣នាក់។

“យករបស់នេះមកឱ្យបងម៉ឆែ” គេហុចថង់យាមឱ្យបងស្រី។

“ឆាប់ត្រលប់ទៅវិញទៅ”

“មកវិញទាំង៣នាក់ណាបង” អាម៉ និយាយរួចគេរត់ត្រលប់ទៅវិញ ថាចង់មកបន្លាចបងស្រីតែមានឯណាបងស្រីដឹងមុន គម្រោងក៏រលាយអស់មានតែទៅវិញរង់ចាំដំណឹងរបស់បងស្រីប៉ុណ្ណោះ។

គ្រប់គ្នាដើរមកដល់កំពូលភ្នំតូចមួយដែលអាច ឈរសម្លឹងទៅឃើញរូងភ្នំដែលមានសត្វខ្លារស់នៅទីនោះ។ ចាមរសម្លឹងដោយខ្លោចចិត្តព្រោះឪពុកនាងបានបាត់បង់ជីវិតនៅទីនេះ ដោយសារតែការប្រកួតឆ្កួតៗរបស់លោកម្ចាស់ការន្តហ្នឹងឯង។ មៃសាក់ចំហមាត់សឹងមិនជឿ គេគិតថានឹងដើរមួយយប់ទើបដល់ តែមិននឹកស្មានតែព្រះអាទិត្យមិនទាន់លិចផងក៏មកដល់ទៅហើយ។

“នេះជាផ្លូវវាង” និយាយចប់ភ្លាម ម៉ឆែទាញចាមរមកជិតខ្លួនហើយមួយរំពេចនោះសត្វខ្លាដ៏ធំក៏លោតហួសទៅបាត់។ មៃសាក់រហ័សទាញព្រួញបាញ់ចំជើងខ្លា គេសប្បាយចិត្តព្រោះបានសត្វខ្លាមករកដល់ទីនេះថែមទាំងមានរបួសទៀតផង។ ប៉ុន្តែមួយរំពេចនោះ ហ្វូងខ្លាក៏មកដល់ទើបគ្រប់គ្នាប្រញាប់ឡើងលើដើមឈើ។

“ចេញទៅៗ” កំលោះក្នុងក្រុមស្រែកខ្លាំងៗ ធ្នូរបស់មៃសាក់ក៏ជ្រុះបាត់ សល់តែគ្រាប់ព្រួញឯម៉ឆែជ្រុះព្រួញសល់ធ្នូ អ្នកដែលមានទាំងពីរមានតែចាមរ ប៉ុណ្ណោះ។ នាងយកព្រួញទៅបាញ់សត្វខ្លាទាំងនោះ រហូតពួកវាត្រូវរបួសអស់ជាច្រើនហើយនាំគ្នារត់ទៅរូងភ្នំវិញ។

“ពួកវាទៅអស់ហើយឆាប់ចុះទៅ” ម៉ឆែនិយាយរួចប្រញាប់ចុះមកយ៉ាងលឿន ខុសតែចាមរនិងមៃសាក់តែមិនសូវជំនាញឡើងដើមឈើដូចម៉ឆែកំពុងចុះមួយៗ។ ប៉ុន្តែមិនបានប្រយ័ត្នចាមរឃើញពស់ក៏ភ្ញាក់ធ្លាក់ពីលើដើមឈើមក។ ឌឹប!ដីហុយទ្រលោម។

“អូយ!” ម៉ឆែថ្ងូរ ព្រោះនាងបានត្រងចាមរមិនឱ្យធ្លាក់ដល់ដី។

“ម៉ឆែ ខ្ញុំសុំទោស” ចាមរព្រោះបារម្ភពីម៉ឆែពេកទើបមិនបានក្រោកចេញពីខ្លួនម៉ឆែ នាងបានត្រឹមយកដៃជូតមុខម៉ឆែច្របាច់ថ្នមៗចង់ដាស់ស្មារតីម៉ឆែឱ្យមកប្រក្រតីវិញ។ ឯមៃសាក់អម្បាញ់មិញឮសំឡេងសម្រែករបស់មិត្តគេភ័យក៏ច្រឡំលែងដៃធ្លាក់មកដែរ តែគ្មានស្រីស្អាតណាមកទ្រគេឡើយ។

“មិនអីទេ” ម៉ឆែញញិមចេញថ្ពាល់ខួចទាំងសងខាង មៃសាក់ដេកថ្ងូរម្នាក់ឯងមើលមិត្តផ្អែមល្ហែម។ សម្រាប់គេវាប្លែកបំផុតដែលមនុស្សស្រីពីរនាក់កំពុងប្រើខ្សែភ្នែកស្នេហាដាក់គ្នា តែគេឃើញហើយក៏សប្បាយចិត្តដែរ។

“យើងគិតចាប់ខ្លាបានយ៉ាងម៉េច?” មៃសាក់សួរ ម៉ឆែសម្លឹងទៅរូងខ្លាដែលមានពពួកខ្លាដេកតម្រៀបគ្នាជាច្រើន មើលពីចម្ងាយទៅដូចស្រូវដាក់ក្នុងល្អីអ៊ីចឹង។

“ចាំខ្ញុំទៅរកអន្ទាក់ព្រានព្រៃមក ដើម្បីចាប់ខ្លាទាំងនោះ”

“តែវាប្រថុយណាស់ណា ដែលចូលទៅចាប់ដល់ហ្វូងរបស់វាអ៊ីចឹង” ម៉ឆែញញិមពេលដែលចាមរ ចេះបារម្ភពីនាង។ កូនចិញ្ចឹមមេកន្ទ្រាញលើកដៃទាញថ្ពាល់របស់ចាមរ ម្នាក់នេះគួរឱ្យក្នាញ់ណាស់នាងតាមមើលចាមរតាំងពីតូចរហូតដល់ធំទើបតែមានឱកាស លេងថ្ពាល់ស្រីឆ្នាស។

“មនុស្សឆ្លាត គេមិនចូលដល់ហ្វូងទេ ខ្លាវាតែងតែចេញរកស៊ីហើយចាំពេលវាបំបែកគ្នា ចាំយើងចាប់”

“ឈប់ផ្អែមល្ហែមទៅ ខ្ញុំរអៀសខ្លួន” មៃសាក់និយាយតែគេបែរខ្នងដាក់ពីរនាក់ហ្នឹង ព្រោះមិនចង់ឃើញនរណាសាសាងស្នេហា។

“យប់នេះមៃសាក់ដេកឱ្យឆ្ងាយពីពួកខ្ញុំ” ម៉ឆែជូតដីចេញពីសក់ចាមរ កាយវិការរបស់នាងបង្ហាញយ៉ាងច្បាស់ថានាងស្រឡាញ់ចាមរ ក្នុងន័យស្នេហា មិនមែនគ្រាន់តែអាណិតដែលការន្ត ធ្វើបាបចាមរទេ។

មៃសាក់រអ៊ូម្នាក់ឯង ដើរទៅបង្កាត់ភ្លើងព្រោះថ្មើរនេះហើយមិនងាយស្រួលទៅចាប់ខ្លាឡើយ មានតែចាំស្អែក។ ម៉ឆែក៏ដើរចូលព្រៃវិញដើម្បីស្វែងរកអន្ទាក់ដែលអ្នកភូមិដាក់ សម្រាប់ដាក់ទាក់យកខ្លាទៅឱ្យការន្តបូជាយញ្ញ។

មួយស្របក់ក្រោយ ម៉ឆែក៏បានអន្ទាក់មកមែនវាជាសំណាញ់មួយដែលមានទំហំធំល្មមចាប់បានខ្លា។ ចាមរ រៀបចំកន្លែងគេងមួយសម្រាប់នាងនិងម៉ឆែ ព្រោះមៃសាក់គេមិនដេកឡើយ ចាំយាមសុវត្ថិភាពឱ្យមិត្តនិងកូនចិញ្ចឹមមេកន្ទ្រាញ។

“ពេលចាប់បានខ្លាហើយពួកយើងធ្វើយ៉ាងម៉េច? ដាក់ទ្រុងទៅឬដឹក?” ចាមរសួរទាំងញញិម នាងដឹងថាខ្លាមិនមែនជាសត្វដែលអាចចងខ្សែហើយអូសបានឡើយ។

“សែងទៅ តែចាមរកុំបារម្ភណា ខ្ញុំនិងមៃសាក់អ្នកសែង”

“ធ្វើបាបខ្ញុំទៅកើត” មៃសាក់រអ៊ូពីចម្ងាយមក ពេលដែលម៉ឆែប្រថុយគ្រោះថ្នាក់ចូលសម្បុកខ្លា ដូច្នេះទើបចាមរយល់ចិត្តម៉ឆែច្រើន។ កូនស្រីមេកន្ទ្រាញម្នាក់នេះត្រឹមជាកូនចិញ្ចឹម តែក៏ជាកូនមេកន្ទ្រាញចាស់ដែលចិត្តល្អ មើលថែមនុស្សក្នុងកុលសម្ព័ន្ធដូចជាកូន នាងអាចស្រឡាញ់បាន។

“គិតអី?”

“ហេតុអ្វីជួយខ្ញុំរហូត?” ម៉ឆែសម្លឹងចំកែវភ្នែកចាមរ។ នាងឱនចុះសន្សឹមៗរហូតដល់បបូរមាត់តូច ទើបដាក់ថើបយ៉ាងលឿនរហូតម្ចាស់បបូរមាត់ភ្ញាក់ដកមាត់ចេញ។

“ព្រោះបងស្រឡាញ់អូន” ចាមរងាកមុខចេញយ៉ាងលឿន​ដើរទៅយកផ្លែឈើមកញុំា។

មួយយប់នេះអ្នកទាំងពីរមិនបាននិយាយគ្នាទៀត ព្រោះម៉ឆែគិតថាចាមរខឹង ឯចាមរអៀននឹងម៉ឆែទើបមិនហ៊ានមើលមុខកូនចិញ្ចឹមមេកន្ទ្រាញ។

ព្រឹកព្រលឹមម៉ឆែអង្គុយសម្លឹងមើលរូងខ្លាពីចម្ងាយ សំណាងហើយដែលពួកវាមិនបានត្រលប់មករករឿងពួកនាងវិញ។ មៃសាក់រៀបចំរបស់ន្អាលនឹងឆាប់បានធ្វើដំណើរបន្តទៀត។

“តោះ! ខ្ញុំរៀបចំរួចរាល់ហើយ” ចាមរក្រោកឡើងស្ពាយកាបូបរបស់នាងដែលមានដាក់ផ្លែឈើនិងសាច់ងៀតមួយចំនួន។

“ពួកយើងទៅទីនោះ” ម៉ឆែនិយាយផងលើកដៃចង្អុលចុះក្រោម ត្រង់កន្លែងជើងភ្នំតូចដែលពួកគេកំពុងនៅពីលើ ដែលមានព្រៃបន្តិចបន្តួចផងដែរ។

“ក្រុមផ្សេងយ៉ាងម៉េចហើយ?”​ ម៉ឆែងាកមកឆ្លើយសំណួរចាមរតាមដែលនាងបានឃើញក្នុងព្រៃកាលទៅរកអន្ទាក់ យកមកចាប់ខ្លា។

“ស្លាប់អស់៦នាក់ហើយ”

ចាមរនិងមៃសាក់បើកភ្នែកធំៗដោយអាការៈភ័យខ្លាច ប្រហែលជាពួកគេទាំងនោះបានចួបហ្វូងខ្លាដែលចង់ស៊ី អ្នកទាំង៣កាលពីល្ងាចហើយ។ ម៉ឆែដើរតាមផ្លូវចុះទៅខាងក្រោមហើយពីរនាក់ទៀតក៏ប្រញាប់រត់តាម។ នៅពេលពួកគេចុះមកដល់ខាងក្រោម វាមិនងាយស្រួលដូចគ្រប់គ្នាគិតនោះឡើយ ខ្លា៤ក្បាលកំពុងសម្លឹងមកចំណីថ្មីដែលហ៊ានមកបូជាជីវិតខ្លួនឯង។

“ពួកយើងជិតអស់ព្រួញហើយណា” ចាមរនិយាយគឺជិតអស់ពិតមែន ព្រោះព្រួញដែលបានមកវាតិចពេកហើយ ម្សិលក៏បាញ់ខ្លាទាំងនោះរហូតពួកវារត់ទៅជាមួយគ្រាប់ព្រួញ។

“ចាមរប្រយ័ត្ន” មៃសាក់រហ័សឡើងដើមឈើ លើកលែងចាមរតែឈរទ្រឹងព្រោះភ័យពេកហើយគ្មានដើមឈើនៅក្បែរនាងទេ។ ម៉ឆែ លោតទៅរុញសំណព្វចិត្តរហូតដួលទៅបោកក្បាលនឹងថ្ម ចេញឈាមតិចៗ តែគ្មានបញ្ហាអ្វីឡើយសម្រាប់មនុស្សស្រីក្បាលរឹងដូចជាម៉ឆែ។

“មៃសាក់បាញ់ព្រួញមក” ម៉ឆែស្រែក មៃសាក់ប្រញាប់ធ្វើតាមទើបបាញ់ចំខ្លាគ្មានខុសមួយ ពួកវាចង់បានចំណីតែទ្រាំមិនបាននឹងព្រួញខ្លាចងាប់ទើបរត់ចេញ។

“បងសុំ” ម៉ឆែទាញព្រួញពីបំពង់របស់ចាមរ ដើម្បីបាញ់ខ្លាមួយខ្លួនធំជាងគេ។ វាមិនព្រមរត់ព្រោះចង់ស៊ីមនុស្សទាំងនេះសិន តែក៏ត្រូវម៉ឆែបាញ់ចំជើង។

“ចាមរយកសំណាញ់មក” ចាមរដឹងថាម៉ឆែ ជាមនុស្សចិត្តក្តៅហើយក្លាហានជាងមនុស្សមួយចំនួនទៀតផង។ នាងហ៊ានលោតឡើងលើខ្លាដើម្បីចាប់វា ចាមរប្រញាប់បោះសំណាញ់ឱ្យម៉ឆែ ម៉ឆែចាប់បានសំណាញ់តែខ្លានោះរត់នាំម៉ឆែទៅបាត់។

“ចាមរ” មៃសាក់ស្រែកព្រោះឃើញមិត្តខ្លួនរត់ទៅតាមខ្លានោះទើបគេប្រញាប់ចុះពីលើដើមឈើហើយរត់ទៅតាម។ មកដល់ជ្រោះមួយចាមរស្រឡាំងកាំងព្រោះខ្លាជាប់សំណាញ់រើទៅណាមិនរួច នៅខាងក្រោមជើងរបស់វាក៏បាក់ទៀត។ ប៉ុន្តែម៉ឆែវិញដេកក្បែនោះបាត់មាត់ឈឹង ក្បាលក៏មានឈាមទៀតផង។

“ចាមករឯងចង់ធ្វើអី?”

“គឺទៅជួយ ម៉ឆែ”

“ឆ្កួតទេដឹង? ​ចង់លោតចូលជ្រោះមិនព្រមចុះតាមសម្រួល”

ចាមរភ្ញាក់ស្មារតី មៃសាក់ និយាយត្រូវ។ នាងប្រញាប់ចុះតាមសម្រួលទៅក្រោមជ្រោះយ៉ាងលឿន ដើម្បីជួយម៉ឆែ។ មកដល់ភ្លាមចាមរប្រញាប់ត្រកងម៉ឆែទះថ្ពាល់តិចៗ ទឹកមុខបង្ហាញពីការបារម្ភឥតគណនា ចាមរស្លុតចិត្តដែលឃើញម៉ឆែសន្លប់ដូច្នេះ។

“ម៉ឆែដឹងខ្លួនឡើង”

“បារម្ភពីបងខ្លាំងមែនទេ? អូនសម្លាញ់”

“នែ!ម៉ឆែ” ចាមរបម្រុងលើកដៃវាយម៉ឆែ តែឃើញក្បាលម៉ឆែរបួសទើបមិនវាយ។ អាណិតតែកំលោះមៃសាក់ទេ ប្រញាប់ចងខ្លាកុំវារើរួចតែម្នាក់ឯង ចំណែកមិត្តដែលថាមកជួយវិញរវល់ផ្អែមល្ហែម។

“គិតថាបានហក់លោត ប្តូរជីវិតដូចវីរៈបុរសយើងហើយទេតើ មិននឹកស្មានថាស្រួលម្ល៉ឹងសោះ”

“ចង់បែកក្បាលដូចខ្ញុំមែនទេ? មៃសាក់ ឡើងទៅលើហើយហក់ចុះមក”

“និយាយជាមួយខ្ញុំស្រែក ដល់ពេលជាមួយចាមរឡើងផ្អែមល្ហែម” មៃសាក់រអ៊ូទៀត ចាមរងើបមុខឡើងសម្លឹងទៅជ្រោះ វាខ្ពស់ហេតុអ្វីម៉ឆែធ្លាក់មកបែកក្បាលតែបន្តិចអ៊ីចឹង    សមតែបាក់ឆ្អឹងឬបាក់កទើបត្រូវ។

“ហេតុអ្វីម៉ឆែអត់បាក់ក?”

“ខ្ញុំធ្លាក់លើខ្លាហ្នឹងណា តែថាបើបាក់កខ្លាចមានអ្នកខ្លះអង្គុយយំហើមភ្នែកផងមិនដឹង”

ចាមរសម្លក់ម៉ឆែ រួចប្រឹងងើបឡើងទៅជួយចងខ្លា ខ្ជិលខ្វល់ជាមួយរបួសម៉ឆែទុកឱ្យម្នាក់នោះ ព្យាបាលខ្លួនឯងសោះព្រោះម៉ឆែពូកែគ្រប់យ៉ាងទៅហើយ។

ម៉ឆែដ្បិតបែកក្បាលពេលជិះខ្លានោះ ប៉ុន្តែនាងនៅតែអាចសែងខ្លាត្រលប់ទៅភូមិវិញជាមួយមៃសាក់ ចំណែកចាមរយកសម្ភារៈ។ នៅតាមផ្លូវពិបាកតិចតួច គួរឱ្យខ្លាចព្រោះក្រុមផ្សេងបានស្លាប់ដេកកិនគ្នា ខ្លះសល់តែឆ្អឹងជាប់សាច់តិចតួច ខ្លះនៅទាំងមូលតែខ្លួនស្អុយជាងប្រហុក។ មកដល់ពាក់កណ្តាលផ្លូវ ម៉ឆែនិងមៃសាក់ទម្លាក់ខ្លាចុះ សម្រាកបន្តិចចាំបន្តដំណើរទៅមុខទៀត។

“គ្រប់គ្នាស្ងាត់ ខ្ញុំឮសំឡេងអ្វីមួយ” ម៉ឆែប្រឹងផ្ទៀងស្តាប់ វាដូចជាសំឡេងសម្រិបជើងមនុស្សពីរបីនាក់។ ត្រឹមមួយប៉ប្រិចភ្នែក បុរសខ្លួនធំពីរនាក់លោតមកចាប់ចាមរនិងមៃសាក់ពីក្រោយ។

“ពួកឯងជានរណា?” ម៉ឆែស្រែកផង ព្យាយាមជួយចាមរផង ព្រោះពួកគេទាំងនោះមានបំណងកាច់កចាមរសម្លាប់ចោល។

“អាឆ្កួត” ឌឹបៗ ម៉ឆែទាត់ពីក្រោយចំកូនប្រុសអាម្នាក់ដែលបម្រុងកាច់កចាមរនោះ ឱ្យវាដួលដេកលើដី ឯមៃសាក់វិញកំពុងប្រតាយប្រតប់ជាមួយចោរម្នាក់ទៀត។

“ឯងហ៊ានធ្វើបាបចាមរផង” ម៉ឆែលើកដៃដាល់អាខ្លួនធំនោះប៉ុន្មានដៃរហូតដល់វាបែកមាត់ចេញឈាម តែវាមិនបោះបង់ឡើយឆ្លៀតយកកាំបិតចាក់ម៉ឆែ តែចាមរឃើញទាន់បាញ់ព្រួញចំពីក្រោយខ្នងអាម្នាក់នោះ។

“អាខ្វារ?” អាម្នាក់ដែលចាប់មៃសាក់ស្រែក ពេលឃើញគ្នាវាត្រូវមួយព្រួញកណ្តាលខ្នង។ វាសម្លឹងចាមរទាំងកំហឹងបម្រុងស្ទុះទៅសម្លាប់ចាមរ តែត្រូវមៃសាក់វាយមួយដំបងពីក្រោយដេកផ្កាប់មុខលើដី។

“នេះជាកូនចៅលោកម្ចាស់ទេតើ” មៃសាក់និយាយពេលរបូតក្រណាត់ចងមុខពួកដែលចង់សម្លាប់គេ ម៉ឆែ ងក់ក្បាល។

“ពួកយើងត្រូវត្រលប់ទៅវិញថ្ងៃនេះឱ្យបាន ហើយត្រូវប្រុងប្រយ័ត្នផងណា” ចាមរនិងមៃសាក់ងក់ក្បាលយឺតៗ។

សម្រាកបានបន្តិច ម៉ឆែនិងមៃសាក់នាំគ្នាសែងខ្លាដើរទៅមុខទៀត ដោយសារតែម៉ឆែស្គាល់ព្រៃច្បាស់ជាងនរណាៗទាំងអស់ ទើបឆាប់ទៅដល់ភូមិវិញ។ ក្មេងៗនាំគ្នាចេញមកមើលមនុស្សដែលអាចចាប់ខ្លាកំណាចមកបានទាំងរស់។ ចំណែកលោកម្ចាស់ការន្តនិងស៊ីនវិញឈរស្រឡាំងកាំង ព្រោះមិននឹកស្មានថា៣នាក់នេះមានជីវិតត្រលប់មកវិញសោះ។

“ឆាប់ដោះលែងម៉ែនិងប្អូនខ្ញុំវិញមក” ចាមរប្រឹងស្រែកតវ៉ាភ្លាម លោកម្ចាស់ញញិមកំណាច ម៉ឆែនិងមៃសាក់ទម្លាក់ខ្លាដាក់ពីមុខលោកម្ចាស់។

“ពុកអ្នកសម្លាប់ពុកបង្កើតខ្ញុំមែនទេ?” ម៉ឆែស្រែកសួរចំពោះមុខទាំងកំហឹង នាងដឹងថាលោកម្ចាស់ការន្តបានបញ្ជាអាពីរនាក់នោះឱ្យទៅសម្លាប់អ្នកទាំង៣តាមផ្លូវ។ អ្នកភូមិដែលនៅម្តុំនោះចាប់ផ្តើមមើលមុខគ្នា ព្រោះមិនសូវយល់សម្តីម៉ឆែ។

“ឯងនិយាយស្អី? ម៉ឆែ” លោកម្ចាស់តបវិញ។

“ពុក សម្លាប់តានិងពុកខ្ញុំដើម្បីដណ្តើមតំណែងជាមេកន្ទ្រាញ ដូនតាពួកយើងគ្មានមនុស្សអ៊ីចឹងទេ ពុកមិនមែនមនុស្សកុលសម្ព័ន្ធពួកយើងឡើយ” ការន្តខឹងឡើងក្រហមមុខ បើវាជ្រុលជាក្មេងនេះដឹងទៅហើយលាក់ធ្វើអ្វីទៀត។

“យើងជាអ្នកសម្លាប់ពុកនាងឯង ព្រោះវាបានដណ្តើមមនុស្សដែលយើងស្រឡាញ់ទៅ ហើយយើងយកសាកសពវានិងតានាងឯងទៅគប់ឯព្រៃជ្រៅ ហើយប្រាប់អ្នកភូមិថាវាងាប់ដោយសារសត្វតោស៊ី មុននឹងស្លាប់តានោះប្រគល់តួនាទីមេកន្ទ្រាញមកឱ្យយើង ម៉ែនាងឯងក៏ជឿយើងដែរទើបយើងបានដឹកនាំបន្តមករហូត”

ការន្តនិយាយដោយគ្មានខ្លាចនរណាព្រោះគិតខ្លួនមានប្រៀបជាង មានមនុស្សជាច្រើនចាំការពារគេចាំសម្លាប់អ្នកណាដែលហ៊ានមកធ្វើបាបមេកន្ទ្រាញ។

“ខ្ញុំចាប់ខ្លាបានហើយ ខ្ញុំសុំឱ្យពុកឈប់ធ្វើបែបនេះទៀតទៅ”

ផាច់!!! ការន្តលើកដៃទះក្មេងស្រី ដែលគេធ្លាប់សន្យាថានឹងចិញ្ចឹមឱ្យបានល្អ។ គេអស់ទ្រាំហើយនឹងទង្វើម៉ឆែ ដែលតែងតែធ្វើឱ្យគេក្តៅក្រហាយមិនឈប់តាំងពីតូចមកនោះ។

“ចាប់ពួកវាទៅ ទុកបូជាយញ្ញនៅថ្ងៃស្អែក” ស៊ីនបញ្ជាគ្នីគ្នាឱ្យចាប់ចៅស្រីអតីតមេកន្ទ្រាញ ចាមរនិងម៉ឆែ។

“ការន្តសម្លាប់លោកម្ចាស់ពួកយើង ពួកយើងសម្លាប់វាទៅ” អ្នកភូមិម្នាក់ស្រែកឡើងពោរពេញដោយកំហឹង ព្រោះអត់ទ្រាំនឹងការធ្វើបាបពីការន្តច្រើនពេក ពួកគេលែងខ្លាចអំណាចមេកន្ទ្រាញម្នាក់នេះហើយ។

“ពួកឯងសម្លាប់ពួកវាទាំងអស់ទៅ ឥឡូវនេះ” ការន្តស្រែកបញ្ជា តែទាំងស៊ីននិងអ្នកផ្សេងទៀត បែរជាឈរស្ងៀមដោយក្តីឈឺចាប់។

“ម៉េចក៏គ្រប់គ្នាស្តាប់ការន្តហ៎ា! ការន្តសម្លាប់ដូនតាពួកយើងទាំងដែលវាត្រឹមជាបញ្ញើក្អែកប៉ុណ្ណោះ វាក៏ធ្វើបាបពួកឯងដែរមិនអ៊ីចឹង? វាបានធ្វើឱ្យសាច់ញាតិពួកឯងស្លាប់ណា”

មៃសាក់និយាយទាំងកំហឹង អ្នកភូមិដែលមិនបានឆ្លងជំងឺចាប់ផ្តើមមកឈរពីក្រោយខ្នង ម៉ឆែនិងចាមរ។

“នែ!ពួកឯងធ្វើស្អីហ្នឹង?” ឃើញមនុស្សក្រោមបង្គាប់នៅឈរស្ងៀម ការន្តភ័យខ្លះទើបលើកកាំបិតឡើងមកទុកតទល់ជាមួយអ្នកភូមិ ប៉ុន្តែមួយរំពេចនោះ អ្នកភូមិស្រីប្រុសហក់មកសំពងការន្តរហូតដេកក្នុងថ្លុកឈាម។ ម៉ឆែ ឈរមើលឪពុកចិញ្ចឹមទាំងរន្ធត់ចិត្ត ដ្បិតដឹងថាគាត់ជាឃាតករសម្លាប់ ឪពុកនិងជីតានាង តែគាត់ធ្លាប់ចិញ្ចឹមនាងតាំងពីតូចមកនាងគ្មានបំណងសម្លាប់គាត់ បើមានម្ល៉េះសម្លាប់តាំងពីរឿងលើកមុនទៅហើយ។

“ពុក!” ម៉ឆែនិងអាម៉ស្រែកព្រមគ្នា បម្រុងចូលទៅត្រកងរាងកាយមេន្ទ្រាញ តែអ្នកភូមិកំពុងមានកំហឹងទើបម៉ឆែត្រូវចាមរចាប់ជាប់ ឯអាម៉ ស៊ីនក៏ឃាត់មិនឱ្យចូលខ្លាចមានគ្រោះថ្នាក់។

“បានហើយឈប់វាយគាត់ទៅ” កូនៗប្រពន្ធក្រោយរបស់ការន្តទាំងប៉ុន្មានចូលមកឃាត់អ្នកភូមិ ព្រោះការន្តស្លាប់ហើយហេតុអ្វីចង់ធ្វើបាបសូម្បីតែខ្មោច?

អ្នកភូមិឈរសម្លឹងការន្ត ម៉ឆែបានឱកាសរត់ចូលទៅឱបឪពុកចិញ្ចឹមទាំងទឹកភ្នែក។ អ្នកភូមិក៏បន្តទៅគំរាមប្រពន្ធទី២របស់ការន្តឱ្យចែកថ្នាំទៅព្យាបាលអ្នកផ្សេងនិងបានដោះលែង អ្នកត្រូវជាប់ឃុំទាំងប៉ុន្មានឱ្យមានសេរីភាព។

៧ថ្ងៃក្រោយមក ក្នុងភូមិក៏មានសភាពត្រលប់មកធម្មតាវិញ។ តាមប្រពៃណីកុលសម្ព័ន្ធដែលកូនមេកន្ទ្រាញត្រូវ ឡើងគ្រប់គ្រងបន្ត អាម៉ក៏ត្រូវម៉ឆែ ប្រគល់តួនាទីឱ្យដើម្បីជាការតបស្នងដល់ការចិញ្ចឹមរបស់ការន្តតាំងពីនាងនៅតូចហើយអាម៉ក៏ជាកូនបង្កើតរបស់ការន្តដែរ។

សំឡេងភ្លេងប្រពៃណីមនុស្សព្រៃភ្នំបានបញ្ចប់ ក្រោយស្បថចំពោះរូបចម្លាក់ថ្មហើយ អាម៉ បានឡើងជាមេកន្ទ្រាញពេញសិទ្ធិតែត្រូវមានជំនួយពីម៉ឆែខ្លះដែរ។ នៅឆ្ងាយពីកន្លែងប្រាព្ធពិធី ខាងក្រោយផ្ទះម៉ឆែ ចាមរកំពុងអង្គុយហូបត្រីអាំងយ៉ាងឆ្ងាញ់ នៅក្បែរនាងមានម៉ឆែអង្គុយអាំងត្រីនិងសាច់ជ្រូកព្រៃ ដែលអ្នកភូមិយកមកកាប់ធ្វើពិធី។

“ហុចទឹកដូងឱ្យបងបន្តិចមក”

“ចាស” ចាមរហុចទឹកដូងឱ្យសង្សារ។ ត្រូវហើយតាំងពីថ្ងៃនោះ ម៉ឆែក៏សុំចាមរធ្វើសង្សារបានសម្រេច ប៉ុន្តែទម្រាំសុំបានត្រូវតាមអង្វរឡើងហត់ហើយ។ ក្នុងទឹកដីនេះម៉ឆែមានអំណាចជាងគេព្រោះនាងជាចៅស្រីមេកន្ទ្រាញចាស់ តែមានមនុស្សមួយចំនួនរើសអើងដែរ ប៉ុន្តែមិនដែលហ៊ាននិយាយឡើយខ្លាចអំណាចម៉ឆែ។

“ឥន្រ្ទិយបងទៅណាហើយ? អូនមិនដែលឃើញសោះ”

“វាមានរបួសទើបបងមិនដែលជិះវាទៀត”

“កោតតែខ្ញុំមកស្រឡាញ់ស្រីដែរ!”

“យ៉ាងម៉េចបងមើលថែអូនមិនបានល្អឬ ចាមរ?” ម៉ឆែទុកផ្លែដូងលើថ្មហើយងើបទៅឱនមុខចុះក្បែរសង្សារជិតបង្កើយ។ នាងថើបមាត់ចាមរ ជញ្ជក់យកភាពផ្អែមល្ហែមទល់តែឮសម្រិបជើងដើរមកទើបម៉ឆែព្រមឈប់។

“អឺ! ម៉ឆែ ចាមរ បន្តិចទៀតកុំភ្លេចទៅពិធីផងជិតដល់ពេលរាំហើយ”

“ចាសមីង” ម្តាយអាម៉ចេញទៅវិញយ៉ាងលឿន ព្រោះមកខុសកាលៈទេសៈចំពេលក្មួយកំពុងថើបគ្នាជាមួយមនុស្សជាទីស្រឡាញ់។

“ម៉ឆែបានហើយឈប់ថើបអូន”

“មីងទៅបាត់ហើយ” ចាមរមិនទាន់បាននិយាយផង ម៉ឆែក៏ដាក់មាត់មកថើបបបូរមាត់សង្សារបាត់ទៅហើយ។ មិនដឹងជាថ្មើរណាឡើយទើបអ្នកទាំងពីរ ព្រមត្រលប់ទៅចូលរួមរាំតាមប្រពៃណីដើម្បីអបអរដល់អាម៉ ដែលបានឡើងធ្វើមេកន្ទ្រាញ៕

ចប់