ផ្ទះក្បែរសាលា – Meysansotheary

រឿង៖ ផ្ទះក្បែរសាលា
សង្កាត់​នេះ​ងងឹត​ពេល​ខ្ញុំ​ដើរគយគន់ទិដ្ឋភាព។

ខ្ញុំមកពីខេត្តតាកែវ  ហើយ​នេះជាតំបន់ផ្ទះជួលមួយនៅខាងលិចឆៀងខាងជើងនៃរាជធានីភ្នំពេញ។ ជ្រើសទីនេះ អាចថា ក្បែរៗសាលា​ជិះម៉ូតូត្រឹម៥នាទី។

ទីនេះ ចុះឆ្ងាយពីផ្លូវធំ ចុងប៉ូចបាំងដោយកូនស្រះឈូកកខ្វក់និងសំណង់ក្រីក្ររដិបរដុប។ ខ្ញុំមានលទ្ធភាពត្រឹមប៉ុណ្ណឹង តម្លៃបន្ទប់៤០ដុល្លារអាមេរិកមួយខែ។ នេះជាព្រលប់ដំបូង នៃការមកផ្តើមស្នាក់។

​ខ្ញុំខ្ជិលចាំពួកម៉ាកឈ្មោះលីដា គេមិនទាន់មកដល់ ខ្ញុំចេញមកដើរមើល ក្រែងមាន​អ្វីទិញ ដូចជាទឹកសុទ្ធ។ល។

តាមផ្លូវ មាន​ភ្លើងជះមក​​តិច​តួចពីកូនផ្ទះ ឬដីគេទុកចោលមាន​សូឡាមួយៗ ផ្លុងៗ។ ពេលណា​​ដែល​ខ្ញុំ​ឆ្លង​កាត់​ធ្វើ​ឱ្យ​ស្រមោល​របស់​ខ្ញុំ​ស្រពិចស្រពិលតាមអន្ទោលមក​យឺតៗ​នៅ​ពី​ក្រោយ​ដំណើររបស់ខ្ញុំ។

ពីនេះទៅផ្ទះខ្ញុំ ដើរបីកាត់ហើយ មានកូនតូបឈើតែមួយគត់ លក់សាំងដប ក្រៅពីហ្នឹងមិនមានអីទេ។ ខ្ញុំបកក្រោយព្រោះហត់ខ្ជិលដើរទៅទៀត។

មកដល់ផ្ទះវិញ ខ្ញុំមានអារម្មណ៍ថាស្ងាត់។ មិនដឹងថាម៉េចបានម៉ោងមិនទាន់៧យប់ផង ស្ងាត់ម្ល៉េះ? បង្អួចទាំងអស់គឺបិទបណ្តាផ្ទះជួលដែលខ្ញុំឆ្លងកាត់ ដូចមិនទាន់មាន​អ្នកណាមកដល់?

ខ្ញុំមិនខ្លាចខ្មោចទេ តែខ្លាចមនុស្ស​ប្រុសស្រវឹង។ ហើយខ្ញុំដើរយ៉ាងលឿនដើម្បីចូលក្នុងបន្ទប់ យកភាពកក់ក្តៅ ដោយ​សុវត្ថិភាព ។

ភ្នំពេញនេះ ធ្លាប់មាន​កើតឡើងករណីរំលោភសម្លាប់មួយចំនួនកាលពីឆ្នាំមុនតែមិនមែនម្តុំនេះទេ។ ខ្ញុំ បានផ្លាស់មកទីនេះ ម្តាយខ្ញុំចង់មកនៅជាមួយកូនពីរបីថ្ងៃសិនដែរ​តែស្រូវទុំអត់ដៃច្រូត អ៊ីចឹងហើយ អាទិត្យ​ក្រោយ​ទើបគាត់បានមក។

«អេ! ពេជ្រ!»

មាន​មនុស្ស​ហៅខ្ញុំ សំឡេងដូចលីដា? ខ្ញុំងាកក្រោយ អត់ពីណាទាំងអស់ ។ ​ស្ងាត់! បុក ពោះ! ល្អដែរមាន​អ៊ុំចាស់ម្នាក់កំពុងប្រមូលខោអាវស្នួ បន្ទប់គាត់នៅឆ្ងាយ​សន្លឹមដែរពីទីនេះ ប្រហែលជា៣០ម៉េត្រ តែពេលឃើញគាត់ចិត្ត​ខ្ញុំ គ្រាន់បើ!។

តែ អ្នកណាហៅឈ្មោះខ្ញុំ?

ងាករកមួយជុំទៀត អត់ឃើញអីទេសោះ!

មិត្តភក្តិខ្ញុំស្លូតណាស់ គេមិនមកលេងអ៊ីចឹងទេ តែនេះកណ្តាលវាល តែមិញខ្ញុំឮច្បាស់។

ពេលដែលខ្ញុំភ្លេចខ្លួន ថាកំពុងឈរវិលវល់ មានអារ​ម្មណ៍ថាពីឆ្ងាយមានពូម្នាក់ទៀត កំពុងជូតរឺម៉ក់កង់បី ដុសលាង​ហើយសម្លឹងមកដែរ។

ជាមួយ​ទឹកមុខអៀនខ្មាសដែលមកឈរស្កុបកណ្តាលផ្លូវ គ្មាននរណានៅក្បែរ ខ្ញុំក៏ងាកមកបន្តដើរលឿនជាងមុន ហើយឈានទៅដល់បន្ទប់ទីមួយដែលឃើញអង្រឹងយោល។

មាន​ស្ត្រី​ម្នាក់ ខ្ពស់ ​សក់វែង ឈរបែរខ្នង​យោលអង្រឹង។ លែងសូវខ្លាច  ខ្ញុំដើរមកចាក់សោបន្ទប់ខ្ញុំនៅចម្ងាយ​រំលងបីបន្ទប់ពីគាត់។

សំឡេងបំពេកូន និងទារក​យំលាន់ឆ្មាៗ មិនដឹងមកពីណា ដាស់ខ្ញុំឱ្យភ្ញាក់ពីការគេងលើអង្រឹង។

ម៉ោងប៉ុន្មាន?

ពុទោ្ធ! ម៉ោងជាង៨យប់ហើយ? មិនឃើញលីដាមកទេ?

ខ្ញុំច្បូតមុខ រលាស់ខ្លួនក្រោក ទាញទូរសព្ទដែលសាកថ្មមកមើល។

ក្រោយអង្រឹងនេះ ខ្ញុំឃើញមាន​ម៉ូតូមួយបើកភ្លើងឆ្វាចជិះកាត់។ ភ្លៀងធ្លាក់រសឹប សូរបំពេនិងទារកលែងឮ។

សម្លឹងមើលទៅក្រៅកាត់តាមបង្អួចទៅកាន់ផ្លូវបត់ចូល​ផ្ទះជួល មានជើងតែរទេះលក់នំប៉័ងចាស់ៗគេគរទុកចោល គ្មានអ្នកណាទេ។

ខ្ញុំអាចឮសូរមនុស្ស​សើចជាក្រុមពីចម្ងាយ ម្តងខ្លាំង ម្តងខ្សោយ ម្តងបាត់។

ខ្ញុំឆ្ងល់ថា តើលីដាម៉េចក្រមកម្ល៉េះត្រឹមតាកែវ នាង​ថាចេញមកតាំងពីម៉ោង៣ល្ងាច។ ដោយសារទូរសព្ទខ្ញុំរលត់ថ្មបានជាទាក់ទងគ្នាមិនបាន ពេលនេះមាន​ពីរកាំ តែពិបាកសេវា។

ខ្ញុំសាកល្បងចុច…តែលោតសារនាងមក

«ឯងនៅឯណា?»

ជាសាររបស់លីដា។

«អញ…..»

ចុចបានត្រឹមណេះ ពីចំហៀងខ្លួនខ្ញុំឃើញមនុស្សឈរ។

គាត់ប៉ោង ទំនងមានផ្ទៃពោះ។ ខ្ញុំងាកទៅរកនិយាយគួរសមដាក់សិន ព្រោះស្ងាត់ពេញមួយល្ងាចហើយ ស្រាប់តែ…នារីនោះគ្មានមុខទេ។

​ឱ!

ខ្ញុំសុបិនខ្មោចហើយម៉ែ!

ខ្ញុំស្ទុះក្រោក​ចោលអង្រឹង បើកទ្វាររត់ចេញចោលបង្អួចនោះ ឆ្ពោះទទឹងទទែងមកកាន់បន្ទប់ដើមគេដែលមាន​ស្រីយោលកូន មាត់ប្រុងតែប្រកូកឱ្យគេជួយ ស្រាប់តែបន្ទប់នោះគ្មានមនុស្សទេ ងងឹតស្លុបសុទ្ធតែសំរាម គរដូចគេបោះបង់ចោល។

ខ្ញុំដើរថយក្រោយដូចមាន​ភ្នែកខាងក្រោយ ដើរកឹបៗព្រោះឃើញស្រមោលធំមួយខ្មៅ ពីក្នុងផ្ទះសំរាមតម្រង់មកខ្ញុំ…បុរស​ដែលខ្ញុំឃើញជូតរ៉ឺម៉កពេលនេះដើរមកជាមួយដូនចាស់ដែលហាលខោអាវ។

​ខ្ញុំ​ស្រែក​ថ្ងូព្រោះថ្គាមរឹងមិនចេញ​សំឡេង។

ពួកគេ​​​ឈរ​ក្រោម​ពន្លឺខៀវ​ស្រងាត់ ពីក្រោយខ្នង​ពួកគេ​ជាអាគារ​ងងឹត ដូចជាសំណង់ខ្មោចធ្វើមិនទាន់ចប់ និងត្រូវបានទុកចោល។

​នៅ​ខាង​ក្រៅ ទ្វាររបង ពីក្រោយ​ខ្នង​ពួកគេ ខ្ញុំ​ឃើញស្ត្រីសក់វែង ពកូនង៉ា ឈរទីនោះ។

ទូរសព្ទខ្ញុំញ័រ ញ័រដូចដៃខ្ញុំដែរ។

ខ្ញុំលើកដាក់ត្រចៀក…សំឡេងលីដាលាន់មកស្រួយស្រឹប៖

«ពេជ្រ! អញហេវបាយណាស់ អ្ហែងក្រមកម៉េះ?»

​ខ្ញុំងាកក្រោយ មករកផ្ទះជួលដែលបានមកដល់ពីព្រលប់ ក្រែងមិត្តខ្ញុំខលពីនោះមក តែពេលនេះនៅសេសសល់តែគំនរសំណង់បាក់បែក អាគារបន្ទប់ជួលពេលខ្ញុំមកដល់បានរលត់ទាំងស្រុង។ ខ្ញុំត្រូវគេ ពង្វាងមកច្រឡំកន្លែងហើយ!

ជង្គង់ខ្ញុំទន់!

ហើយប្រមូលស្មារតីស្រែកឡើងក្នុងភាពងងឹត សង្ឃឹមថា មាន​អ្នកណានៅក្បែរហើយមកជួយខ្ញុំចេញពី​ភាពងងឹតកំបាំងភ្នែកទាំងអស់នេះ៕

ចប់…