មនុស្សស្រីនៅមាត់បង្អួច – Meysansotheary
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី៣
ខ្ញុំក្តុកចិត្ត​ដែរ ពេលឮពីសុបិន​មិនល្អរបស់ម្តាយ។ ពេល​ងើបមុខសម្លឹងរកមើល​ស្រីស្អាតផងនាង​ចាកចេញបាត់ហើយ​។ មាត់ខ្ញុំតបនឹង​ម៉ែទាំងមានអារម្មណ៍មិនល្អ៖
«យល់សប្តិវាផ្ទុយទេម៉ែ! កូនមានសង្សារថ្មីហើយ! ម៉ែនឹង​ចូលចិត្តគេ! គេជាមនុស្សស្រីល្អគ្រប់សព្វ​យ៉ាង ស័ក្ដិសមនឹងធ្វើជាកូនប្រសារបស់ម៉ែ និងជាម្តាយរបស់កូនខ្ញុំណាស់!»
មិនដឹងយ៉ាងម៉េចចិត្តខ្ញុំមាន​ចេតនា​និយាយឮៗព្រោះបើថានាង​លបស្តាប់ ខ្ញុំចង់ឱ្យនាងឮ។ ម្ដាយខ្ញុំនៅតែឆ្លៀតមិនព្រមឈប់៖
«ឈប់ៗៗៗកូន! មុនពេលគេងកុំភ្លេចសំពះក្បាលដំណេកសុំសុខសុខសប្បាយ!»
ខ្ញុំឆ្លើយបាទ​ហើយបញ្ឈប់ការនិយាយជាមួយម្តាយទាំងដែលគាត់ហាក់នៅមិនទាន់អស់ចិត្ត​នៅឡើយ។​ នេះមកតែពីឥទ្ធិពលនៃសេចក្តីស្នេហា​រោលរាល​របស់ខ្ញុំ ពេលឃើញ​ខាងស្រីមិនសប្បាយចិត្ត​ខ្ញុំអស់អារម្មណ៍​ជាមួយរឿងផ្សេងរលីងធេង​សូម្បីម្តាយក៏ខ្ញុំបង្ខំផ្តាច់ការជជែកដែរ។
ខ្ញុំប្រញាប់ឈែតទៅបបួលគេដើម្បីនឹងបានដឹងចិត្ត​គ្នាកាន់តែច្បាស់៖
«រួចដៃមកលេងបងផងបានទេ? បងនៅតែម្នាក់ឯង ផ្ទះធំដូចខ្លាចៗ»
សឹងមិនបាន​មួយក្រឡេកផង នាងក៏ឈែតមកវិញភ្លាមមួយរំពេច៖
«តែបងខ្លាចអីទៅ? ខ្ញុំនៅនេះយូរហើយ នៅនេះល្អខ្លាំងណាស់គ្មានអ្វីអាក្រក់ទេ!»
សភាពគេដូចជារង់ចាំតែឈែតរបស់ខ្ញុំនឹងអាលតបឆ្លើយ។ យល់ចិត្ត​ហើយក៏ចរចាបន្ថែមញ៉ែប៉ប្រែនាង៖
«វាកាន់តែល្អទៅទៀត បើសិនជាអូនឆ្លងមក!»
«ចាំមើលខ្ញុំរកឱកាស! ពេលដែលអ៊ំខ្ញុំមិនចាប់អារម្មណ៍ខ្ញុំនឹងទៅភ្លាម!»
ពាក្យសន្យានេះគ្រាន់តែបានខាងនាងឆ្លើយមកកាលណា ធ្វើឱ្យបេះដូងខ្ញុំហោះហើរស្រមើស្រមៃវែងឆ្ងាយ ខំរត់ចូលទៅរៀបចំពូកខ្នើយឱ្យត្រឹមត្រូវ បាញ់ទឹកអប់ពេញបន្ទប់គេង សង្ឃឹមថាស្រីស្អាតនិងបន្សល់នូវអនុស្សាវរីយ៍ល្អជាមួយគ្នានៅទីនេះ។
មិនយូរប៉ុន្មាននាងពិតជាបង្ហាញខ្លួនមែន។
គ្រាន់តែខ្ញុំចេញពីបន្ទប់ចុះមកដល់ក្រោម មកស្រាប់តែឃើញនាងដើរមកដែរ​ ហើយមិនដឹងថានាងចូលមកតាមណាបានរហ័សគ្មានសំឡេង ឬស្នូរបើកទ្វាររបងទាល់តែសោះ?
ប៉ុន្តែខ្ញុំមិនចាំបាច់សួរច្រើនទេ បាននាង​ចូលមកដល់សំយ៉ាបផ្ទះបាំងភ្នែកអ្នកក្បែរខាងកាលណា ខ្ញុំចាប់ផ្ដើមលូកដៃទៅក្រៀកចង្កេះនាងធ្វើស្និទ្ធដូចជាប្តីប្រពន្ធព្រមទាំងចាប់ផ្ដើមនិយាយខ្សឹបខ្សៀវប្រាប់នាង ដូចជាសំឡេងខ្សឹបក្នុងដំណេកនាយប់ស្ងាត់ទើបរៀបការថ្មីថ្មោង៖
«ម៉ាក់បងទេព្រឹកមិញ! កុំច្រឡំថាស្រីស្នេហ៍! គាត់ចង់ឱ្យបងទៅស្រុកមើលកូនស្រីគេ ប៉ុន្តែស្រីក្នុងលោកនេះគ្មានអ្នកណាបងចង់មើលគេសោះ បងចង់មើលតែអាមុំម្នាក់!»
មិននឹកស្មានថា ខ្ញុំអាចនិយាយពាក្យទាំងនេះចេញមកបាន ធ្វើឱ្យនាងញញឹមញញែម។ ម្រាម​ដៃរបស់នាងក្នុងប្រអប់ដៃខ្ញុំចេញកម្ដៅក្ដៅអ៊ុនៗ។ មិនទាន់អីផង នាងចាប់ផ្តើមរាវម្រាមដៃរបស់នាងលើកំភួនដៃរបស់ខ្ញុំវិញ ធ្វើឱ្យអារម្មណ៍ខ្ញុំហោះហើរមិនដឹងថា សង្សារលើកនេះខ្ញុំនឹងបោះបង់ចោលគេបានដូចមនុស្ស​ស្រី​លើកមុនៗ ឬមួយក៏ទេ។
ចិត្ត​មួយខ្ញុំដូចនឹកភ្នែកថា អាមុំម្តេចមានអាការៈដៃដល់ដូចមនុស្ស​ធ្លាប់មាន​ប្តី?
ទោះអ៊ីចឹងក្តីគ្មាន​បញ្ហា​អ្វីសម្រាប់មនុស្ស​ងប់ងល់ដូចខ្ញុំពេលនេះឡើយ។ ខ្ញុំនឹងនៅតែបន្តចាញ់ស្នេហ៍គេយ៉ាងងប់ងល់ដូច្នេះរហូតតទៅ នេះជាអ្វីដែលខ្ញុំទាយដឹង។
ពេលនេះខ្ញុំបាន​នាងចូលដល់ក្នុងបន្ទប់ដោយមិនមានការរារាំងឬមួយក៏រារែកអ្វីទាំងអស់។ ក្លិនប្រហើរនៃខ្លួនមនុស្សស្រីបានបញ្ជា​អានុភាពមកកាន់ច្រមុះនិងបេះដូងរបស់ខ្ញុំ ធ្វើឱ្យគ្រប់យ៉ាងក្លាយទៅជាឋានសួគ៌ភ្នែកស្រស់។
ខ្ញុំដើរទៅទាញបង្អួចបិទខ្ទប់ រួមទាំងឆ្លៀតមើលទៅរបងខាងក្រោមផងក្រែងលោមានសែម កក្កដា ឬក៏អ្នកណាមករកដោយចៃដន់ ប៉ុន្តែស្ងាត់ច្រៀប មានតែពន្លឺភ្លើងសូឡាដែលពួកខ្ញុំទិញមកដាក់ពីរអំពូលការពាររបងផ្ទះ។
ក្នុងបន្ទប់របស់ខ្ញុំ ខ្ញុំបានសម្រាំងរើសយកភ្លើងពណ៌ពងមាន់ ព្រមទាំងមានកង្ហារមួយសម្រាប់កំដរបរិយាកាសឱ្យពួកយើង។
«ខ្ញុំនៅទីនេះបានតែបន្តិចទេ ប៉ុន្តែខ្ញុំឆ្លៀតមកដោយសារខ្ញុំនឹកបងខ្លាំងណាស់ ខ្ញុំមិនចង់ឱ្យបងនៅម្នាក់ឯង​អាណិតពេក! ខ្ញុំចង់ឃើញបងគេងសិន ទើបខ្ញុំចាកចេញទៅវិញ!»
«បងគេងម៉េចលក់បើមិនបានថើបស្រីស្អាត!»
របៀបខ្ញុំគឺសារភាពរឿងចង់បាននាង ​តែត្រូវអាមុំបដិសធ៖
«កុំធ្វើអ៊ីចឹងអីយើងមិនទាន់ដល់ពេល!»
«តើពេលណាទៅ? ចាំដល់បងដាច់ខ្យល់ស្លាប់?»
នាង​ញញឹម​សម្លឹងខ្ញុំយ៉ាងមុតដោយ​សួរខ្ញុំបកវិញ៖
«បើអ៊ីចឹងមែន​បងខ្លាចដាច់ខ្យល់ដោយសារខ្ញុំអត់?»
«អត់ទេ!» ខ្ញុំតបវិញក្ងួរៗព្រោះលង់ស្នេហ៍​ដក់ដង្ហើមមិនចង់ដល់ផង មានពេលអី​នឹង​យកចិត្ត​ទុកដាក់សំណួរ​ចម្លែក​ៗរបស់នាង?
ឃើញនាងបន្តផ្តោតសម្លក់សម្លឹង​ខ្ញុំជាមួយស្នាមញញឹមចម្លែកៗ ខ្ញុំបានចិត្ត​សួររំអុកភ្លាម៖​
«ពេលណាអ្ហះ?»
«ខ្ញុំប្រាប់ហើយ ថាជិតដល់ពេល!»
នាងនិយាយស្រទន់ៗដូច្នេះហើយអង្អែលខ្នងខ្ញុំ ធ្វើខ្ញុំកាន់តែហ៊ានលូកដៃទៅច្បាម​សាច់ក្រោមចង្កេះនាង។ អាមុំទាញ​ដៃខ្ញុំចេញ ខណៈភ្នែកខ្ញុំក៏ឱនមើលដើមទ្រូងនាងដោយកាមតណ្ហា​ដុតក្រាស់ឃ្មឹក​សន្ធោសន្ធៅប៉ុន្តែខ្ញុំមិនដាច់ចិត្តហ៊ាន​បង្ខំ​ធ្វើអ្វីទៅលើនាងទេ ព្រោះនាងមានសភាពដូចជាមនុស្សរម្យទមរាបសាទោះបីជានាងបង្ហាញនូវសេចក្ដីស្នេហាប៉ះពាល់ ប៉ុន្តែនាងមិនមានភាពឆាបឆួលរឿងអស់នេះដូចស្រីៗដែលខ្ញុំធ្លាប់ស្គាល់មុនៗឡើយ។
«មាន​សូរ​ទូរសព្ទបងឯង!» នាង​ប្រាប់ខ្ញុំខ្សឹបៗ តែខ្ញុំបង្ហាញ​កិរិយាថាមិនចង់លើកនោះទេ។
អាមុំនាងដៀងភ្នែកទៅសម្លឹងទៅហើយ ខ្ញុំក៏លូកដៃទៅទាញ​មកពិនិត្យ។ ដៃម្ខាងខ្ញុំធ្វើសញ្ញាឱ្យនាងនៅស្ងៀមកុំមាត់ ពីព្រោះជាសែមម្ចាស់ផ្ទះ។
«ហើយដេកម្នាក់ឯងឬម៉េច?» សែមសួរចំអកខ្ញុំពីសមុទ្រមក។​ ខ្ញុំតបចំអកវិញរ៉ាវ៖
«មានអី! ស្វីតសឹងអី!»
«អើ! បិទទ្វាររបងជាប់ផងប្រយ័ត្នព្រោះអេតចាយចូលមកគាស់យកដែក តុកៅអីនៅខាងក្រោមអស់! អ្នកនៅចាំដី​ខាងក្រោយយើងប៉ុន្មាននាក់ ទើបនឹង​ប្រាប់ថា បាត់សូម្បីតែស្បែកជើងក៏អត់មានពាក់ដែរ ប៉ុន្មានថ្ងៃឈប់ភ្ជុំ! នៅម្តុំហ្នឹងចោរច្រើនណាស់ មកពីណាមិនដឹងទេ!»
«អើ ដើរលេងឱ្យសប្បាយទៅ! នៅជិតសង្សារឯងហើយ​មក​គិតរឿងស្បែកជើងរបស់អេតចាយទៀត ម៉ោង​ហ្មាន​ហើយ? មិនគិតរឿងឋានសួគ៌ខ្លះទៅ!»
ត្រូវខ្ញុំរំឭក សែម​ក៏ចុចបិទទូរសព្ទលែងរំខាន។
ខ្ញុំងាកមកវិញក៏បាត់អាមុំឈឹង។
ខំរត់ចេញមកក្រៅស្វែងរកនាងដោយហួសចិត្ត ប៉ុន្តែរូបនាងមិនឃើញទៀតនោះទេ។ ​ខ្ញុំទាំងសោកស្តាយ​ម្នាក់ឯងថា ប្រហែលជានាងឃើញអ៊ំរបស់នាងដើររកដឹង? បានជានាងព្យាយាមចាកចេញទៅរហ័សរកតែខ្ញុំសួរនាំហេតុផលមិនបាន?
វិលមកវិញចាប់អារម្មណ៍​ឃើញថា ស៊ុមរូបថតនៅលើតុខ្ញុំបាត់រូបសល់តែស៊ុម។ ខ្ញុំញញឹម​ ដឹងថាគឺនាង​លួចយកទៅមើលដេកឱបជាក់ជាមិនខាន។ សម័យណេះហើយ​មានអ្នកដេកឱបរូបថតទៀត? បុរាណណាស់ម្ចាស់ចិត្តខ្ញុំ!
មួយយប់ទល់ភ្លឺ ខ្ញុំនៅត្រម៉ង់ត្រម៉ោច​ច្រងាប់ច្រងិលម្នាក់ឯងដោយសារតែនៅសេសសល់ក្លិនរបស់គេនៅក្នុងបន្ទប់របស់ខ្ញុំ។
យប់នោះខ្ញុំយល់សប្តិឃើញរញ៉េរញ៉ៃណាស់ ដូចជាមានធ្វើបុណ្យ ឬធ្វើអ្វីពេញផ្ទះ​ហើយបន្ទាប់មក ខ្ញុំឃើញខ្លួនឯង ឆ្លុះកញ្ចក់ចេញទៅជាមុខមាត់មនុស្សផ្សេង។
ស្អែកឡើងខ្ញុំក្រោកពីគេងដូចសព្វមួយដង ស្រាប់តែ​មានអារម្មណ៍ថាខ្លួនឯងល្វើយ នឿយហត់ ទោះបីជាកយប់មិញបានគេងពេញនិង​មានអារម្មណ៍ស្នេហា​ជោកជាំ​អត់ស្ត្រេសសោះ ហេតុអីបានជាខ្ញុំហត់នឿយ?
ខ្លួនប្រាណ​ស្រាប់តែ​ចេញចំហាយក្ដៅខ្លួនព្រមទាំងមានអារម្មណ៍ថារសេះរសោះអស់ដៃជើងមិនចង់ធ្វើអ្វី ​សូម្បី​តែរត់ពីរបីជុំជុំវិញសួនក៏ខ្ញុំធ្វើមិនបានអង្គុយ​វិលដង្ហក់?
ហេតុអ្វី?
ខ្ញុំក្រោកក្រេសទៅរករ៉ូប៊ីណេទឹកដើម្បីលុបលាងមុខ ពេលដែលងើបមុខមកវិញកាលណាភ្ញាក់ដូចគេកន្ត្រាក់ ព្រោះ​ក្រោមភ្នែកទាំងសង​ខ្មៅជាំដូចជាមនុស្សមិនបានដេក ឬសភាព​ជាអ្នកជំងឺយូរមកហើយ?
ខ្ញុំឆ្ងល់ខ្លួនឯងភ្លាម​ថាហេតុភេទ​អ្វី​បាន​ជារូបសម្រស់ខ្ញុំត្រូវ​ធ្លាក់ទ្រុឌទ្រោមម្ល៉ឹងៗ។ ភ្លាមនោះសំឡេងទូរសព្ទខ្ញុំរោទ៍ទៀត។
ជា​បងជីដូនមួយខ្ញុំ ​បងស្រៀងដែល​ទូរសព្ទមកម្ដងខានចួបគាត់យូរណាស់ហើយ។
«ចុម ខ្យល់អីបក់​បងឯងខលមកលេងខ្ញុំ!»
«បងមកភ្នំពេញ​ទិញអីវ៉ាន់​ហើយអត់លេខថ្មីផុនឯង បង​ខលរកសែម សែមប្រាប់ថាវីនឯងនៅផ្ទះម្នាក់ឯង​ អើ…ល្អហើយអ៊ីចឹង បើអត់មានទៅណាថ្ងៃនេះចេញទៅក្រៅញ៉ាំកាហ្វេដែរ?»
ខ្ញុំច្បូតមុខ​ រួចយល់ព្រមចួបគាត់។
មុនពេលចេញទៅខ្ញុំបានឆ្លៀតអើតឡឺមផ្ទះអាមុំដែរតែមិនមាន​អ្នកណានៅ ឃើញចាក់សោពីក្រៅ​ប្រហែលគេដើរលេងអស់មិនដឹង?​ បាយក៏មិនឃើញលក់។
យើងហូបកាហ្វេ ជជែកគ្នា​លេងបែកអូរហូរស្ទឹង សួរនាំរឿងការងារនិងការរកស៊ីចុះឡើងរបស់បងខ្ញុំ បន្តិចខ្ញុំលាគាត់ហើយ​ចូលទៅក្នុងផ្សារទំនើបមួយក្នុងបំណងរកទិញសម្ភារៈប្រើប្រាស់ខ្លះមកតុបតែងក្នុងបន្ទប់គេងរបស់ខ្ញុំ។
ដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំជិតមានប្រពន្ធហើយគ្រប់យ៉ាងមិនស្តាយ​ចិត្ត​នឹង​ចាត់ចែងចំណាយ​ទេ។
ភ្លាម​នោះមាន​បុរសម្នាក់ដូចជាជនជាតិគេមានសម្បុរខ្មៅមិនដឹងថាជានេប៉ាល់ឬមួយក៏ជនជាតិផ្សេងពីហ្នឹង គាត់តាមសម្លឹងខ្ញុំដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំង។
ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ហើយខ្ញុំមិនសូវចូលចិត្តជនបរទេសបែបនេះទៀតដូច្នេះហើយខ្ញុំក៏ធ្វើហីតោះតើយ។
នៅពេលដែលខ្ញុំចេញមកក្រៅកំពុងអូសម៉ូតូ ស្រាប់តែ​ឃើញគាត់ដដែលនោះដើរមកជិតខ្ញុំហើយនិយាយជាមួយខ្ញុំថា Can you speak English? ខ្ញុំមើលលើក្រោមទៅកាន់គាត់ ខ្ញុំមានបទពិសោធមិនល្អខ្លះដែលធ្លាប់បានឮមក ក៏កើតចិត្ត​ខ្លាចថាក្រែងលោគាត់មានបំណងមិនល្អចង់បោកបញ្ឆោតខ្ញុំដោយប្រការណាមួយ ខ្ញុំក៏ងក់ក្បាលហើយនិយាយថា A little។
ពេលនោះហើយ​បុរសចម្លែក​បាននិយាយខ្សឹបប្រាប់ខ្ញុំថា ឱ្យប្រុងប្រយ័ត្នខ្លួនទៅ ពីព្រោះខ្លួនកំពុងតែមានថាមពលមិនល្អតាមយាយី!
ខ្ញុំចងចិញ្ចើម គាត់ក៏ប្រាប់ខ្ញុំទៀតថាមើលរង្វង់ភ្នែកអ្នកចុះ ទឹកមុខរបស់អ្នកខ្មៅគ្រប់ទីកន្លែង ចិញ្ចើម​និងថ្ងាសរបស់អ្នកគ្មានរាសីការពារ​សោះទេ អ្នកគួរតែស្វែងរកអំបោះសិល៍្បពាក់ដៃ ឬក៏រកអ្នកបួសឱ្យជួយស្រាយបញ្ហារបស់អ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ខ្ញុំកាន់តែធ្វើមុខម្តងខឹងម្តងហួសចិត្ត ឈរ​ស្កុបសម្លឹងគាត់មិនដឹងថាត្រូវឆ្លើយតបជាមួយគាត់បែបណានោះទេ។ ឮបុរសបរទេស​រំឭកបែបនោះ ខ្ញុំនឹកឃើញមែនថា ខ្ញុំស្រាប់តែទើប​នឹង​ចាប់អារម្មណ៍​ឃើញមុខខ្លួនឯងស្លេកស្លាំង ប៉ុន្តែខ្ញុំមិនដឹងថាសម្តីរបស់គាត់យកអ្វីមកធ្វើអំណះអំណាងនោះឡើយ។
បុរសនៅតែមិនប្រញាប់ចាកចេញសោះ គាត់និយាយទៀតថាពីមុនក៏មានមិត្តម្នាក់ចេះដោះស្រាយបញ្ហានេះ ចំណែកគាត់ចេះតែមើលឃើញបញ្ហា តែមិនចេះដោះស្រាយនោះទេ ឥឡូវមិត្តរបស់គាត់នៅស្រុកគេវិញបាត់ទៅហើយដោយសារកូវីដ ខ្ញុំគួរតែទៅរកលោកសង្ឃខ្មែរឱ្យជួយដោះស្រាយបញ្ហារបស់ខ្ញុំ ប្រហែលជាអាចជួយបាន។
ខ្ញុំមួម៉ៅតបថា  មិនអីទេ!
ខ្ញុំថាហើយ ក៏ឡើងម៉ូតូបម្រុងជិះចេញ តានោះក៏បាចអ្វីមួយមកលើមុខខ្ញុំ។ ស្មានថាចូលភ្នែក​ហើយ​តាមពិតគាត់បាច់ខ្យល់សោះ។ គាត់ថែមទាំង​សូត្រអ្វីមួយ​ធ្វើមាត់ជីបអូចៗទៀត។ ឃើញ​ខ្ញុំនៅភាំង គាត់ញញឹម​ហើយចាកចេញ​។ ខ្ញុំវិញ​ឡើងមក​ហាងកាហ្វេម្តងទៀត បន្ត​អង្គុយសញ្ជប់សញ្ជឹងសារជាថ្មី។ នៅម្នាក់ឯង យូរៗម្ដងមើលឈែតទៅស្រីស្អាតមិនឃើញនាង​អនឡាញសោះ មើលមុខនាងនៅក្នុងកុំព្យូទ័របណ្តើរៗ​ក៏ភ្លេចបាត់នូវអ្វីដែលបានចួបគួរឱ្យសង្ស័យនិងគួរឱ្យខឹងនៅឯផ្សារមុននេះ។
ល្ងាចឡើងខ្ញុំបកមកផ្ទះវិញ។
វាគួរណាស់តែដល់ពេលសែមមកដល់វិញហើយ ប៉ុន្តែផ្ទះនៅស្ងាត់ជ្រងំ​ដដែលគ្មានអ្នកណាបង្ហាញខ្លួនទាំងអស់​។ នេះបើកុំខ្ញុំមាន​ចំណងស្នេហ៍ជាមួយមនុស្ស​ស្រីផ្ទះជាប់ខាង កុំអីទាយទៅថា​បើខ្ញុំនេះ​ចង់វិលមកស្នាក់នៅ​កណ្តោច​កណ្តែងរបៀបនេះ។
ចូលមកក្នុងផ្ទះ ស្រាប់តែឃើញមានស្ពកម្ហូបមួយថាសលើកន្លែងដដែល។
បេះដូងរបស់ខ្ញុំពោរពេញទៅដោយភាពកក់ក្ដៅ។ គឺនាង​មកវិញ​ហើយ​ធ្វើម្ហូបលើកយកមកទុកនៅទីនេះពិតប្រាកដណាស់។
ទោះយ៉ាងណា ងើបមុខសម្លឹងមិនឃើញបង្អួចនាង​បើកនៅឡើយ។
ខ្ញុំរៀបចំម៉ូតូចូលទាញអីវ៉ាន់យកទុក ហើយមកលើកម្ហូបនេះបម្រុងថាយកទៅទុកសិនដែរ ប៉ុន្តែទេសកាលអី ចិត្ត​ខ្ញុំចង់មើលវាសិន ភ្លាមនោះខ្ញុំលូកដៃបើកគម្របខ្វាក ឈាន​ថយក្រោយសឹងដួលអុកគូទបះជើង។
នៅក្នុងចានម៉េចបានចេញសុទ្ធដង្កូវនិងជន្លេន?
យល់សប្តិឬស្អីគេនៀក? ខ្ញុំភ្ញាក់ក្រញាងទម្លាក់ចោលថាស ធ្លាក់ចាន​ទៅលើដីបែកខ្ចាយ!​ វាមិនមែន​សុបិនទេ។ ពួកសត្វល្អិត រត់ច្រវាត់រុលចូលទៅក្នុងដីចោលខ្ញុំនៅធ្មឹងម្នាក់ឯងនឹកឃើញភ្លាមដល់សម្ដីរបស់បុរសជនជាតិគេនៅក្បែរកន្លែងដាក់ម៉ូតូមុននេះ។
គាត់បាននិយាយថា គាត់មិនចេះដោះស្រាយបញ្ហាទេ ប៉ុន្តែគាត់ចេះមើលឃើញបញ្ហា! មុនពេលបែកគ្នា គាត់បានសូត្រ​ហើយបាចអ្វីម្យ៉ាងមកលើភ្នែករបស់ខ្ញុំ គឺនៅលើខ្យល់ចំកណ្តាលមុខខ្ញុំ។
ខ្ញុំមិនយល់ទេ! ដោយសារឥទ្ធិពលនៃការគូសវាសរបស់គាត់បានជាខ្ញុំអាចមើលឃើញរបស់មិនល្អក្នុងចានម្ហូបនេះឬអ្វី?
ខ្ញុំជិតឆ្កួតហើយ!
អ្នកណាលេងខ្ញុំ លេងរបៀបនេះ?
តើនេះមានន័យថាម៉េចខ្ញុំអត់សប្បាយចិត្តទេ!
នាងមិនឃើញមកផ្ទះសោះ ផ្ទះអាមុំបន្តចាក់សោពីក្រៅដដែល។ អ្នកដែលឃើញ​លូនម៉ូតូមកដល់គើមៗ​គឺ​យុទ្ធ។ គេអើតឃើញខ្ញុំទើបរុញទ្វាររបងចូលមក។
ពីចម្ងាយឯណោះ យុទ្ធសម្លឹងខ្ញុំដែលលើកជើងឈូសឆាយដីលុបលើពួកកម្ទេចចានក្បាន។ ភ្នែកគេនោះក៏ផ្តោតសម្លឹងចានអាហារដែលត្រូវបានបោកកម្ទេចទៅលើដីដែរជាមួយសំណួរខ្លី៖
«មានរឿងអី?»
ខ្ញុំនៅស្ងៀមស្ងាត់រង់ចាំយុទ្ធចូលមកក្នុងរបងទុកម៉ូតូស្រួលបួល ទើប​បបួលគេឡើងទៅបន្ទប់និយាយប្រាប់ពីដំណើររឿងទាំងអស់ដែលខ្ញុំបានចួបស្ត្រីម្នាក់នៅមាត់បង្អួច រហូតដល់បានបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។
យុទ្ធឮហើយកាលណាបានដើរទៅក្បែរបន្ទប់សៀវភៅនិងចង្ក្រានពិនិត្យ​មើលទៅរកបង្អួចនាង ដោយ​យកចិត្ត​ទុកដាក់។
ចុងក្រោយយុទ្ធមកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា មិនឃើញអ្នកណារស់នៅទីនោះទាំងអស់។ ទោះបីយ៉ាងណា រឿងជនបរទេស​តឿនឱ្យរកគ្រូមើលរាសី យុទ្ធក៏មិនដឹងថា គួរឱ្យយោបល់ខ្ញុំយ៉ាងណា​ដែរ​តែគេទទួលស្គាល់ថា​ខ្ញុំរូងភ្នែក​ស្លក់ខ្លាំង។
ពេលនេះខ្ញុំដេកខ្សោយ​ដូចមនុស្សគ្រុន។
យុទ្ធខ្សឹបនឹងខ្ញុំថា​៖
«អាចមាន​អ្នកណាផ្សេង គេឃើញឯងស្និទ្ធស្នាលជាមួយនាង គេអន់ចិត្តខ្លាំងបានជាយកសត្វចង្រៃយកមកដាក់បន្លាចឯងដូច្នេះក៏ថាបាន កុំផ្តេកផ្តួលតាមអារម្មណ៍ពេក! ចំណែករឿងគ្រូនោះយើងមិនដឹងទេ ព្រោះយើងមិនបានចួបគ្រូនោះផ្ទាល់! តែបើឯងចង់បានគ្រូមើលគួរទៅស្រុករកម្តាយឯងល្អជាងអាវីន!»
យប់នោះខ្ញុំដើរទៅផ្ទះបាយពិនិត្យ​ផ្ទះរបស់នាងទៀតប៉ុន្តែមិនបានឃើញនាងបើកបង្អួចនោះទេ! ហេតុអីបានជានាងបាត់ស្រមោលបន្ទាប់ពីខ្ញុំឃើញចានចម្លែកមានដង្កូវ?
កំណត់ហេតុក្នុងសៀវភៅរបស់សុផាវីនចប់ត្រឹមនេះហើយ គ្មានសូម្បីតែមួយតួបន្តទៀតឡើយ។
ខ្ញុំ(កក្កដា)បានស្ទុះក្រោកពីលើគ្រែ រាវរក​ចុចទូរសព្ទទៅសែម។ ដោយសារ​ស្លុងនឹងកំណត់ហេតុ​របស់សុផាវីន​ មិនដឹងថាខ្លួនឯងក្រោកអង្គុយអានតាំងពីពេលណាផងទេ​ដែលកាលពីដំបូង ខ្ញុំគេងសោះហ្នឹង។
ឥឡូវនេះទោះចុចទៅសែម​ច្រើន​ដងយ៉ាងណាក៏នៅតែមិនចូល។ រាវរកយូរទៅ ខ្ញុំរកឃើញទូរសព្ទរបស់ម្នាក់ឈ្មោះយុទ្ធនៅសាលាច្បាប់នោះ។
ខ្ញុំក៏ដាច់ចិត្ត​ថាទូរសព្ទទៅទាំងយប់ទៀតដើម្បីសួរនាំរឿង​សុផាវីន​បាត់ខ្លួន ប៉ុន្តែមិនទទួលដូចគ្នា។
ក្រោយ​គេងមិនសុខអស់ពេញមួយយប់ខ្ញុំសម្រេចចិត្តនៅពេលជិតភ្លឺ Voice ទៅកាន់យុទ្ធថា៖
«ខ្ញុំមានរឿងមួយចំនួនមិនសប្បាយចិត្តជាខ្លាំងទាក់ទងជាមួយនឹងសុផាវីនដែលនៅបាត់ខ្លួន! ខ្ញុំដឹងទៀតថា យុទ្ធជាអ្នកជួបសុផាវីនក្រោយគេ ឥឡូវនេះអ្នកផ្ទះវាកើតទុក្ខណាស់ បើយុទ្ធមាន​ចិត្ត ត្រូវមកនិយាយគ្នា! ខ្ញុំជាមិត្តជិតស្និទ្ធរបស់សុផាវីន!»
នៅប្រហែលជាម៉ោងប្រាំបីព្រឹក ខ្ញុំទទួលបានទូរសព្ទមិនស្គាល់លេខមួយ ជាសំឡេងមនុស្សស្រីបានទូរសព្ទមកប្រាប់ខ្ញុំថា គេគឺជាបងស្រីរបស់យុទ្ធ។ គេចង់ជួបខ្ញុំបន្ទាន់ព្រោះមាន​រឿងចាំបាច់ទាក់ទងនឹងសុផាវីន។
ពេលនោះខ្ញុំចេញទៅជួបនាងភ្លាមគឺនៅក្បែរសាលាច្បាប់ ទីកន្លែងដែលខ្ញុំដឹងថាយុទ្ធនិងមិត្តភក្តិគេពីរនាក់ទៀតដែលស្នាក់នៅផ្ទះជាមួយសុផាវីនបានសិក្សា។
នារីនោះគឺជាបងស្រីវ័យក្មេងរបស់យុទ្ធទំនងជាមានអាយុច្រើនជាងគ្នាមិនប៉ុន្មានទេ។ នាងហាក់ត្រេកអរខ្លាំងនៅពេលឃើញខ្ញុំ។ នាងបានប្រាប់ខ្ញុំនូវរឿងមួយចំនួនថា ឥឡូវនេះយុទ្ធកំពុងតែឈឺធ្ងន់ គឺឈឺដេកកន្ទេលរយៈពេលជាងមួយសប្តាហ៍មកហើយ។ បីបួនថ្ងៃចុងក្រោយយុទ្ធរវើរវាយនិយាយអ្វីមិនដឹងរឿងទាំងអស់ ប៉ុន្តែគេដូចរួចផុតពីគ្រោះថ្នាក់ហើយដោយសារតែចុងក្រោយឪពុកម្ដាយគេនៅស្រុកក្រគរ រកបានចាស់ទុំដែលអាចដោះអំពើអំព័ន្ធនៅលើរាងកាយគេបាន។
ខ្ញុំនឹកឆ្ងល់ចំពោះរឿងទាំងអស់នោះជាខ្លាំង។
ដោយឃើញ​ខ្ញុំនៅអត់ធ្មត់ព្រមអង្គុយស្ដាប់នាងនិយាយ នារីនោះប្រាប់ខ្ញុំថានាងឈ្មោះចរិយា។ មុនពេលធ្លាក់ខ្លួនឈឺ​យុទ្ធបាននិយាយរឿងខ្លះៗប្រាប់នាង​ទាក់ទងនឹងផ្ទះវីឡា​ដែលពួកគេជឿតាមសែម​ទៅស្នាក់នៅ ប៉ុន្តែប្រាប់ចប់​ប្អូននាងហាមនាងមិនឱ្យនិយាយនោះទេ ព្រោះគ្រប់យ៉ាងមិនច្បាស់ការ មិនចង់ខូចខាតដល់ទំនាក់ទំនងរាប់អាន ឬធ្វើឱ្យអ្នកណាម្នាក់មានបញ្ហា​។
«យុទ្ធទំនងជាមិនបានដឹងពីរឿងសុផាវីនបាត់ខ្លួនបានជានិយាយអ៊ីចឹង!​»
ខ្ញុំថាទាំងអន់ចិត្ត ប៉ុន្តែចរិយា​ប្រាប់វិញថាដំបូង​មែន យុទ្ធមិនដឹងរឿងសុផាវីនបាត់ទេ ត្រឹម​បានប្រាប់ទៅបងស្រីគេថានៅល្ងាចដែលគេវិលពីស្រុកមកផ្ទះវីឡាស្ងាត់នោះវិញ ឃើញសុផាវីនមានបញ្ហាក្រោធបោកចានបោកឆ្នាំងម្នាក់ឯងនៅសួនច្បារ។
ដោយមិនអស់ចិត្តគេក៏បានឈ្លេចសួរទាល់តែដឹងរឿងថា មាន​មនុស្សស្រីម្នាក់នៅក្បែរផ្ទះនោះ ប៉ុន្តែនៅយប់ដដែលគេនឹងសុផាវីនហាក់មិនអស់ចិត្តជាខ្លាំង ដោយសារតែផ្ទះនោះស្ងាត់ឡើងៗ​ដូចជាគ្មានមនុស្សមករស់នៅឡើយ ដូច្នេះពីរនាក់គេឆ្លៀតពេលជិតភ្លឺស្ងាត់សូន្យលបលួចផ្លោះចូលទៅឆែកឆេរ។
យុទ្ធបានរំឭកនឹង​បងស្រីគេថា ទៅដល់ក្នុងផ្ទះឈើទ្រុឌទ្រោមនោះកាលណា គេត្រូវភ្ញាក់ក្រញាងដោយសារតែផ្ទះនេះ ផ្នែកខាងក្នុងគ្មានភ្លើងអគ្គីសនីនិងរុំព័ទ្ធទៅដោយសម្បុកពីងពាងធូលីជាអន្លើ មិនស័ក្តិសមថាមានមនុស្សរស់នៅប្រចាំទេ​អាចយូរបានបោសសម្អាតម្តង។
រឿងដែលប្អូនប្រុសនាងមិនយល់គឺពួកគេ​ទាំងប្រាំមានម្តង​ធ្លាប់នាំគ្នាទិញបាយស្រូបនៅទីនោះ ប៉ុន្តែនៅពេលដែលព្រឹកឡើងយុទ្ធនិងសុផាវីនចេញដើរ​សួរនាំអ្នកនៅម្ដុំៗនោះ មាន​គេនិយាយថាពីមុនមកមិនដែលមានអ្នកណា​លក់បាយនោះទេ ប៉ុន្តែបើក្រោយមកមាន​លក់បាយក៏ប្រហែលជាលក់តែមួយរយៈបានជាគ្មានអ្នកណាដឹង ទាល់តែអ្នកជាប់ខាងបានដឹង។
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី១