មនោសញ្ចេតនា – Meysansotheary

រឿង៖ បើជីវិតនេះសម្រាប់ឯកា
ខ្ញុំតែងតែមានអារម្មណ៍មិនល្អគ្រប់ពេលនិយាយអំពីស្នេហា​។ នេះប្រហែលមកពីជីវិត​កន្លងមក ខ្ញុំចងចាំបណ្តា​សម្តីឬពេលវេលា​ដ៏ឈឺចាប់ដែលពួកគេ​ បដិសេធខ្ញុំ។

«ខ្ញុំមិនសមជាមួយវីឯងទេ! ច្បាស់ជាមានមនុស្សល្អជាងខ្ញុំ!»

វីដជាមិត្តម្នាក់ តែងតែមកដល់រាល់ពេល​ខ្ញុំត្រូវការ​ ខ្ញុំស្មានថាជាស្នេហា តាមពិត គេបានបដិសេធខ្ញុំហើយបាត់មុខ។

ខ្ញុំគិតថាខ្ញុំមានកំហុស ដែលច្រឡំលើមិត្តភាពរបស់គេ ក្រោយមកខ្ញុំប្រយ័ត្នណាស់មុនពេលនិយាយពីបេះដូងពិតទៅអ្នកណាម្នាក់។

​តែ ពួក​គេនៅតែ​បដិសេធ​ខ្ញុំ។ ធម្មតាខ្ញុំជាមនុស្សស្រី​ខ្ញុំមិនដែលផ្តើមមុននេះ ពួកគេ​មកធ្វើដូចជាយកចិត្ត​ទុកដាក់ ហើយ​ពេលដែលគ្រប់យ៉ាងវាក្លាយជាការចង់ដឹង គេផ្តល់ឱ្យខ្ញុំនូវការ​ពិតដ៏​​ឈឺ​ចាប់

«វីឯងច្រឡំចិត្តខ្ញុំ ខ្ញុំគិតថា​យើងជាមិត្ត​រហូត​មក!»

ខ្ញុំដឹងថា ពីដំបូងមិនមែន​មិត្តទេ មិត្តអី​មករកគ្នា​រាល់ថ្ងៃ ហើយប្រចណ្ឌ ហួងហែង? តែក្រោយមកចិត្ត​គេប្តូរព្រោះឃើញអ្នកផ្សេង ក៏បន្លប់ថាជាការយល់ខុសរបស់ខ្ញុំម្នាក់ឯង?

​ដល់​សព្វ​ថ្ងៃខ្ញុំមិនរាប់អានមនុស្ស​ប្រុសតែម្តង។ ការដើរម្នាក់ឯង​និងធ្វើមុខគ្មានបេះដូង​​វា​នឹងជួយឱ្យយើង​មិន​ឈឺ​ចាប់​ខ្លាំង ខ្ញុំមិនមែន​ជាមនុស្ស​ចុះចាញ់ទេ គ្រាន់​តែអតីតពិតជាចុក ​ពិបាកនឹងឱ្យ​​បើក​ចិត្ត​​ម្ដង​ទៀតណាស់។

ហើយឥឡូវនេះ មនុស្ស​ផ្សេងម្នាក់បានចូលមកដល់។

គាត់បានធ្វើឱ្យខ្ញុំជឿជាក់លើគាត់ លើសពីមនុស្សមុនៗក្នុងអតីតកាល។ គាត់ឈ្មោះ រ៉ាប៊ីនទើបនឹងចូលមកធ្វើការកន្លែងនេះក្រោយខ្ញុំតែមកជាមេខ្ញុំ។

ខ្ញុំចេះញញិម​ ព្រោះចាប់ផ្តើមពេញចិត្ត​ពីរបៀបដែលគាត់ចូលចិត្តឮខ្ញុំនិយាយ បញ្ចេញយោបល់ ឬអ្វីក្តីយកចិត្ត​ទុកដាក់ទាំងអស់។

គាត់ញញិម គាត់មានអាយុលើសខ្ញុំ៨ឆ្នាំ។

គាត់ទើបនឹងបែបកបាក់ស្នេហា​នេះបើតាមការស៊ើបរបស់ខ្ញុំ ថាខាងស្រីការចោលគាត់ចេញទៅអាមេរិក។ គ្រប់យ៉ាងដែលគាត់បាននិយាយនិងធ្វើមក ដូចជាឱ្យតម្លៃខ្ញុំខ្លាំង។

ខ្ញុំមិនដែលមានមេដឹកនាំដែលខ្ញុំលង់ចិត្ត​ទេ បើរឿងនេះកើតមាន​នៅកន្លែងធ្វើការ​វាបង្កើនការលំបាកពីរដង គឺឈឺចាប់ដែលឃើញមុខគ្នា​និង​ការបាត់បង់អារម្មណ៍ធ្វើការ​បីដង ម្ល៉ោះហើយគ្រប់​អនុស្សាវរីយ៍ល្អៗ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​អាចធ្វើជាមិនចាំ មិនឃើញ ខ្ញុំប្រាប់ខ្លួនឯងថា​ថ្ងៃណាមួយ នឹងបាត់បង់ សប្បាយចិត្ត​ត្រឹមថ្ងៃនេះបានហើយ កុំទុកជាអនាគតវែងឆ្ងាយពេក។

​«មាណវីថ្ងៃអាទិត្យនេះទំនេរទេ?»

«ហេតុអីបងប៊ីន?»

«ទៅលេងចម្ការ!»

«ចម្ការបងឯង?»

«រប​ស់ម៉ាក់បង! តែចង់នាំពួកយើងទៅស្ទូចត្រីដុតញ៉ុំ!»

មានអារម្មណ៍ថា គាត់ចង់បានពេលវេលាជាមួយខ្ញុំ។ គាត់មានទឹកមុខ​ញញិម ភ្នែកស្រទន់។ បើគាត់បបួលគ្រប់គ្នា​ម្តេចមកនិយាយនឹងខ្ញុំមុន?

«រវល់ដឹងបង! ​ចាំមើលសិន ខ្ញុំប្រាប់ពួកគេឱ្យ!»

ខ្ញុំបដិសេធព្រោះមិនចង់បន្តសុបិននាំឱ្យឈឺទៅថ្ងៃមុខ។ បែកពីវីដនិងមនុស្សពីរបីនាក់មកហើយ ខ្ញុំមិនចង់បែកពីបងរ៉ាប៊ីនដោយ​វិធីដដែលទេ។

អ្វីដែលខ្ញុំរៀនបានពីមនុស្ស​ប្រុសគឺ មករកយើងមុន ហើយ​ក៏ជាភាគីដែលដោះដៃចេញ​វិញមុនដែរ។

មិនយល់ចិត្តពួកគេទេ ខ្ញុំអាយុ២៦ឆ្នាំហើយ នៅតែគិតមិនយល់ថា ហេតុអ្វី​គេចាំបាច់ធ្វើដូចស្រលាញ់យើង​បើគេមិនច្បាស់លាស់ផង?

ប៉ុន្តែ គាត់នៅតែមកក្បែរៗ និងនៅទីនោះជានិច្ច​សម្រាប់ខ្ញុំ។ ក្នុងនាមជាមិត្តដ៏ល្អម្នាក់​រៀមច្បងដែលយល់ចិត្ត លើកតម្កើង ឱ្យឱកាស និងច្រើនទៀត​គ្រាន់តែមិននិយាយពាក្យស្រលាញ់។

នេះហើយជារឿងធំ។

គេថាមនុស្ស​ប្រុសបើស្រលាញ់​គេសារភាពមិនខាន។ គេទ្រាំមិនបានទេ។ សូម្បីពេលនិយាយថាស្រលាញ់យើងនៅតែមិនចង់ពិត​ចុះទម្រាំបើគេមិនដែលនិយាយសោះហើយ​យើងយកមកគិត?

«បងជាប់នៅកន្លែងថ្មី ប្រាក់ខែល្អជាងនេះបីដង!» គាត់ប្រាប់ខ្ញុំពេលនៅតែពីរនាក់ក្នុងការិយាល័យ។

«បើខ្ញុំជាបង ខ្ញុំទៅ!» ខ្ញុំនិយាយទាំងមុខមាំប្រាកដប្រជាដាក់គាត់។

«ចុះបងបានចួបមាណវីទៀតទេ?!»

ខ្ញុំភាំង។ ខ្ញុំខ្មាស​និងស្កុបចលនា។ ទោះបីជាទំនាក់ទំនងនេះ ច្បាស់តែខ្ញុំមិនចង់​ទាញវាមកជាការពិតទេ ព្រោះការពិត​មនុស្ស​យើងអាចកាឡៃបាន។

«ខ្ញុំ? ​ហេតុអីបង? កុំនិយាយលេងបងរ៉ាប៊ីន?»

ពេលនោះហើយ គាត់ប្រាប់ថា គាត់នឹងមិនទៅណាចោលខ្ញុំទេ ចិត្តគាត់គិតពីខ្ញុំ។ មានអារម្មណ៍ថាគាត់ជំរុញទំនាក់ទំនងនេះឱ្យស្ថិតក្នុងកម្រិតលើសមិត្តភាព។

យប់ដដែលនោះ ចម្លែក​ដែលគាត់ឆាតមកលេង។  និយាយពីរឿងការងារតែសួរពីគ្រួសារខ្ញុំជានិច្ច​ សមាជិក ម្នាក់ៗ ប្អូនខ្ញុំ បងៗខ្ញុំនិងប៉ាម៉ាក់ខ្ញុំ។

ហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំចួបតែមនុស្សប្រុសដែលនឹងស្រូបយកថាមពល ភាពវិជ្ជមាន ភាពគ្មានកំហុស សេចក្តីស្រលាញ់របស់ខ្ញុំ ហើយបន្ទាប់មកនៅពេលដែលពួកគេប្រើប្រាស់អ្វីៗគ្រប់យ៉ាង នោះអស់ ចម្លើយគឺ យើងត្រឹមជាមិត្ត។

«វីឯង មានស្តង់ដារម៉េចចំពោះគូជីវិត?»

«ខ្ញុំ?!»

«មនុស្ស​ប្រុសបែបណា?!»

«ម៉េចបានសួររឿងហ្នឹងបង?!»

«បងចង់ក្លាយជាគេនោះ!»

ខ្ញុំលែងឆាត តែខ្ញុំអានសារចុងក្រោយនេះសឹងពេញមួយយប់។

អាចថា ពេលនេះគេមាន​អារម្មណ៍​ទោរទន់ ហើយខ្ញុំក៏ចូលរួមទោរទន់ជាមួយគេ ចុះថ្ងៃដែលពួកគេ “លែងមានអារម្មណ៍ដូចពេលនេះទៀត ”? អ្នកឈឺចាប់យ៉ាងខ្លាំងគឺខ្ញុំ។

ហើយខ្ញុំគ្រាន់តែបញ្ចប់ទៅ នូវគ្រប់យ៉ាងអំពីគេ ភាពស្និទ្ធស្នាល ការឃើញគ្នា ឬកាន់តែអសន្តិសុខ និងអស់សង្ឃឹមក្នុងរឿងមនោសញ្ចេតនា?

«good morning!»

«ចា៎បង អរុណសួស្តី!» ខ្ញុំសែនភ្ញាក់ផ្អើ​លនឹងសារពេលព្រឹក​របស់គេ។

«បងកំពុងទិញកាហ្វេ បងចង់ទិញផ្ញើ ញ៉ុំអីដែរ?»

«ឡាតេបានបង! ចាំសងលុយវិញ អរគុណបងច្រើន!»

វាពិតជាពិបាកសម្រាប់ខ្ញុំណាស់ ក្នុងការគេចឬឆ្មើងកន្ទ្រើងដាក់នរណាម្នាក់ដែលខ្ញុំបានចំណាយពេលវេលា និងអារម្មណ៍ជាច្រើនគិតពីគេ។

ខ្ញុំ​មាន​សេរីភាព​ក្នុង​ការ​ជជែក និង​កម្សាន្ត​ជាមួយ​ពួកគេ ប៉ុន្តែ​ខ្ញុំ​ចេះតែមាន​អារម្មណ៍​ថា កំពុង​បង្កើតការឈឺចាប់។

ដូចយ៉ាងជាមួយបងរ៉ាប៊ីន ទោះ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ហាក់​មិន​អាចគេចពីការទទួលយកស្នេហាថ្មីនេះទេ។

គិតមើលចុះ ក្រោយពីយប់នោះមក គាត់បានតាមដានខ្ញុំ។

ខ្ញុំចុចLIKEសៀវភៅមួយគេលក់អនឡាញ ស្រាប់តែគាត់បញ្ជាទិញផ្ញើមក។ ខ្ញុំមិនអាច​បើក​ចិត្ត​ឱ្យ​អ្នក​ផ្សេង​បានទៀត​ឡើយ  ខ្ញុំ​ជា​មនុស្ស​ស្រី​ដ៏​កម្សត់ម្នាក់​ដែល​រង់ចាំ​បុរស​ល្អ​មក​ស្រលាញ់​ ពេលនេះគេបង្ហាញខ្លួនហើយ​​ ខ្ញុំមិនមែន​ទេវតា​ចិត្តមាសទេ ខ្ញុំចង់បានគេណាស់ ហើយចង់បាន​រហូតពីបច្ចុប្បន្នដល់អានាគត។

​«ខ្ញុំចង់បានគូជីវិត​ដែលមានការទទួលខុសត្រូវខ្ពស់!»

ខ្ញុំសរសេរបែបនេះទៅគេ។ រំលងពីរថ្ងៃគេបបួលខ្ញុំទៅលេងម៉ាក់គេ។

វារហ័សពេកហើយ​ខ្ញុំដឹង តែខ្ញុំក៏មិនចង់អូសបន្លាយយូរដែរ។ ពាក្យមួយគេនិយាយថា បើស្នេហា​មកដល់ គឺរកតែរើខ្លួនមិនរួចទេ ហើយបើជាគូព្រេង តែងមិនព្រាត់។

ថ្ងៃនោះខ្ញុំទិញផ្លែឈើនិងនំបារាំងខ្លះទៅកំដរដៃ តែសង្កេតឃើញថា ម៉ាក់គាត់មិនសូវពេញចិត្ត​ខ្ញុំទេ។ ខ្ញុំតាមសួរគាត់ តែបងរាប៊ីនថា ខ្ញុំគិតច្រើនពេក។

ទោះយ៉ាងណា ខ្ញុំរង់ចាំគេសុំទៅលេងប៉ាម៉ាក់ខ្ញុំវិញម្តង មិនឃើញគេនិយាយសោះ។ បានប្រហែលមួយខែក្រោយ គេមកប្រាប់ខ្ញុំថា​គេផ្លាស់ការងារហើយ។

ពេលគេប្រាប់នេះ សល់ត្រឹមពីរថ្ងៃទៀតជាថ្ងៃចុងក្រោយនៅទីនេះ បានន័យ​ថា ខ្ញុំដឹងក្រោយគេ ឬគេបានលាឈប់តាំងពីជាង១០ថ្ងៃមុន។

ខ្ញុំដឹងថា​ មកពីម៉ាក់គេ។

តាមរយៈរឿងដ៏ឈឺចាប់នេះ ខ្ញុំសាកល្បងស៊ើបពីទំនាក់ទំនងចាស់របស់គេ គឺបណ្តាលមកពីម៉ាក់គេដដែល​បានជាគេដូរចិត្ត​។

«បងឯងដូរកន្លែងធ្វើការ​ដល់ថ្ងៃ Farewell ហើយទើបប្រាប់ខ្ញុំ!»

ខ្ញុំថាទាំងអន់ចិត្ត​និងយំ។ កាយវិការនេះស្មើនឹងការដើរដល់ទីបញ្ចប់នៃទំនាក់ទំនងពួកយើង។

«បងក៏មានការពិបាក បងពិបាកនិយាយ!» គេឆ្លើយយ៉ាងកំសាក។

«ចឹងបងមិនបាច់និយាយក៏បាន កុំឱ្យពិបាក!»

គេក៏លែងឆាត​មកដូចភាពស្ងៀមស្ងាត់របស់ខ្ញុំដែរ។

ហេតុអ្វីមនុស្សប្រុស តែងមកប្រាប់ថាគេចូលចិត្តយើងពីដំបូង  ឱ្យយើង​បើកចិត្តឱ្យទូលាយពិនិត្យ​មើលគេផង  ធ្វើឱ្យយើង​មានអារម្មណ៍ថា ចេះស្រលាញ់ឡើងវិញម្តងទៀត ហើយចុងក្រោយនៅពេលដែលគេបោះបង់ គេចង់តែគេចមិនព្រមគិតពីចិត្ត​ថ្លើមយើង?

ខ្ញុំនិយាយរឿងនេះជាមួយមិត្តស្រីៗ គេថា​អាចជាកម្មពារឬអ្វី? ម៉េច​ក៏​ខ្ញុំ ត្រូវ​​មានកម្ម​ពារ​អាក្រក់​ម្ល៉េះ ខ្ញុំបានធ្វើអ្វីខុស បានជាម្តាយគាត់ឃើញខ្ញុំម្តងក៏វាយតម្លៃខ្ញុំ?

«ម៉ាក់បងមែនទេ?» ខ្ញុំសួរដោយឈឺចិត្ត​​តែគេវិញឆ្លើយធម្មតា៖

«មិនមែនគាត់តែកុំចេះតែកាត់ស្មាន! បើយើងរឹងមាំជាមួយគ្នា គាត់មិនអាចធ្វើអីបានទេ!»

«បានន័យថាគាត់ដដែល!» ខ្ញុំជូតទឹកភ្នែក ហើយស្អប់ម្តាយ​ពួកប្រុសៗទាំងអស់នោះជាខ្លាំង។ ស្អប់ជាងគេពួកកូនកំសាកអស់នោះ។

«កំហុសបង! មិនមែនគាត់ទេ!»

«បងជាខ្ទើយ ជាចោរឬជាអ្វី បានជាមកល្អជាមួយកូនស្រីគេហើយ ដោះដៃធ្វើហី?»

«បងមិនបានបំផ្លាញអនាគតអូនទេមាណវី!»

«បំផ្លាញបេះដូងខ្ញុំ!»

ម៉េច​បាន​ជា​ខ្ញុំ​ចំណាយ​អារម្មណ៍​ច្រើនទៀតជាមួយមនុស្សធុនអស់នេះ? ខ្ញុំយំហើយឈឺចាប់ណាស់នឹងខ្លួនឯង។ ​ ​ខ្ជះខ្ជាយ​ពេល​វេលា និង​ផ្តល់ការ​ទុក​ចិត្ត​ ខ្ញុំខុសទេគ្រាន់តែស្វែងរកមនុស្សម្នាក់មកជាគូ?

មើលក្នុងកញ្ចក់ ខ្ញុំមិនមែនជាមនុស្សស្រីរូបអាក្រក់ទេ​ ខ្ញុំឧស្សាហ៍ហាត់ប្រាណ ខ្ញុំថែរក្សាស្បែក ខ្ញុំមិនដែលធ្វេសប្រហែសស​ម្អាតធ្មេញ តែ ជារឿយៗខ្ញុំមានអារម្មណ៍ថា បុរសៗចង់បានតែអ្វីដែលជារូបរាងកាយ។ គេអាចនឹង​ឃើញអ្នកណាល្អជាងខ្ញុំ ម្តាយគេ​អាចទើសរឿងកម្ពស់ខ្ញុំ ឬសម្បុរខ្ញុំ​ ខ្ញុំដឹងថា នេះមិនមែនជាការពិតសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែម៉េចក៏ខ្ញុំនៅតែមានអារម្មណ៍អសន្តិសុខ?

ក្រៅពីបំផ្លាញពេលវេលា​របស់ខ្ញុំ មនុស្សពីអតីតទាំងនោះបានទាំងបំផ្លាញជំនឿចិត្ត​របស់ខ្ញុំទៀត។ ខ្ញុំចាប់ផ្តើម​ចេះការពារខ្លួនឯង ហើយ​ចង់សម្រប​រៀន​ទទួលយក ការរស់នៅក្នុងភាពឯកោ។

ពាក្យថា «ខ្ញុំនឹងចួបនរណាម្នាក់ ដែល ចំណាយពេលភាគច្រើនជាមួយខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រលាញ់ និងត្រូវបាន​ស្រលាញ់ បានទទួលការគិតគូយកចិត្តទុកដាក់ ខ្ញុំនឹងបើកបេះដូងសម្រាប់នរណាម្នាក់នោះ»ខ្ញុំទាត់វាចោល។

លោកនេះ មិនបានបង្កើតមនុស្សម្នាក់នោះមកសម្រាប់ខ្ញុំទេ។

ខ្ញុំនឹងចាប់ផ្តើមយកចិត្តទុកដាក់ លើខ្លួនឯង វិនិយោគអារម្មណ៍ និងពេលវេលារបស់ខ្ញុំសម្រាប់ខ្លួនខ្ញុំ មិនចងភ្ជាប់ជាមួយអ្នកណាទាំងអស់។

ខ្ញុំស្អប់ការរង់ចាំមនុស្ស​ដែលធ្លាប់ឆាតមកហើយ​បាត់ស្រមោលឈឹង។ ខ្ញុំស្អប់ភាពប្រែប្រួលលើលោកនេះ។

បើជីវិតជាតិនេះ សម្រាប់តែរស់នៅឯកា ខ្ញុំគួរតែ​ប្រឈមមុខនឹងបញ្ហានេះឱ្យហើយ​តែម្តងទៅល្អជាង។

ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ខ្ញុំត្រូវនៅផ្ទះ ដូចគ្រប់គ្នា​លើលោកនេះដែរ ។ រយៈពេលនោះ ខ្ញុំបានរៀនអ្វីម្យ៉ាង​ថា ការរស់នៅម្នាក់ឯងមិនមែនជារឿងអាក្រក់ទេ ក៏មានអត្ថប្រយោជន៍មួយចំនួនដែលលេចឡើង ដូចជា រីកចម្រើនជាងមុន​ រឹងមាំជាងមុន។

ជាញឹក​ញាប់ ពេល​យើង​ហ៊ុម​ព័ទ្ធ​ដោយ​អ្នក​ដទៃ យើង​ចំណាយ​ថាមពល​ច្រើន ។ កន្លងមកខ្ញុំព្យាយាមធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ធ្វើឱ្យពួកគេចូលចិត្ត ជួយ បន្ធូរអារម្មណ៍ ពួកគេ អានអារម្មណ៍របស់ពួកគេ ហើយចុងក្រោយ ខ្ញុំឈឺចាប់។ នៅ​តែ​ឯង ​អាច​ឱ្យ​ខ្ញុំសម្រាកពីការងារទាំងអស់នោះ មក​បញ្ចូល​ថាមពល​ ​ផ្លូវ​ចិត្ត​គិតយឺតៗ ពីផ្លូវជីវិត ផ្តោតលើការងារ និងការសិក្សាជំនាញ។

ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងបន្តិចម្តងៗ ព្រោះមាន​ពេលវេលា និងដោយសារ​ពេលនេះ ស្ម័គ្រនៅឯកោ ខ្ញុំ​មិន​ចំណាយ​ពេល​ច្រើន​ដើម្បី​កែច្នៃ​គំនិត គិតពី​អារម្មណ៍​របស់​អ្នក​ដទៃ ពេក នោះ​​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្វែរ​ការ​ផ្តោត​អារម្មណ៍មកចិត្តគំនិតខ្លួនខ្ញុំ។

ខ្ញុំពិតជាទទួលបាននូវទស្សនវិស័យកាន់តែច្រើនសម្រាប់អារម្មណ៍ផ្ទាល់ខ្លួនស្គាល់អ្វី​ដែល​ ធ្វើឱ្យខ្លួនខ្ញុំសប្បាយចិត្ត អ្វីដែលធ្វើឱ្យខកចិត្ត និងអ្វីដែលធ្វើឱ្យសោកសៅ។

កាលពីស្ថិតនៅក្នុងក្រុមជាមួយអ្នកដទៃយើង តែងហត់នឹង​ធ្វើការសម្របសម្រួលរកដំណោះស្រាយដែលក្រុមទាំងមូលអាចរីករាយបាន។ ចំណែកនៅម្នាក់ឯងបែរជាមាន​ សេរីភាពកាន់តែច្រើនដើម្បីធ្វើរឿងដែលយើងចង់ធ្វើ។ អារម្មណ៍ជឿជាក់លើសមត្ថភាពខ្លួនឯងបង្កើនឡើង ​ឯករាជ្យ​ជាង​មុននិង លែងគិតថា​ខ្លួនឯងកម្សត់ទៀតហើយ។

យល់យ៉ាងណាចំពោះរឿងពិតរបស់ខ្ញុំ?