មន្តពិដោរផ្កាស – Meysansotheary

រឿង៖ មន្តពិដោរផ្កាស
បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ជាមួយប្រធានបទខ្មោច ឬអំពើរបស់ក្រុមមេមត់ គឺ…..មិនជាល្អទេ។ អរូបគឺដូចជារឿងអបិយជំនឿសម្រាប់អ្នកផ្សេង តែអន្ទងតាម​ខ្ញុំក្នុងជីវិតពិតៗ។

ថ្ងៃនេះ​ខ្ញុំលើករឿងមួយមកចែករំលែក គឺម្តាយមីងរបស់ខ្ញុំបង្កើត គាត់ឈ្មោះពិដោរ ។ គាត់ជាមីង និងជាមិត្តល្អបំផុតរបស់ខ្ញុំ។ គាត់បានស្លាប់ដោយទាន់ហន់ កាលខ្ញុំចេញទៅរៀននៅចិន។

បានជាខ្ញុំថាពួកយើងជាមិត្តផង ព្រោះមីងពិដោរ​មាន​អាយុលើសខ្ញុំតែពីរឆ្នាំហើយលេងជាមួយគ្នាតាំងពីតូចៗ។

ញាតិភាគច្រើន​ក្រោយមក​បានលបបង្ហើបប្រាប់ខ្ញុំថា មីងពិដោរមានបញ្ហា ព្រោះត្រូវ​អំពើជាមន្តអាគម​មកពីស្រុកខ្ពង់រាប។ ខ្ញុំមិនយល់ពីហេតុផលពិតទេ គាត់​ពូកែ​ក្នុង​ការ​សិក្សា ហើយ​តែងតែ​ឈរ​លេខ​​១​ក្នុងតារាង​រដ្ឋ។

«នោះហើយដឹង ជាមូលហេតុដែលមនុស្សមួយចំនួនច្រណែននឹងគាត់?» នេះជាសម្តីរបស់លោកនរៈ។ លោកនរៈនេះជាគូដណ្តឹងរបស់មីងពិដោរតាំងពីអាយុ៨ឆ្នាំ។ យើងគ្រប់គ្នាហៅគាត់ថាលោក​ៗ ព្រោះនេះជាទម្លាប់នៃត្រកូលលោកនរៈ​ផ្ទាល់ដែលជាអភិជនតជំនាន់មកយូរណាស់ហើយ។

នៅសម័យប៉ុលពតគ្រួសារគាត់ទៅនៅប្រទេសបារាំង ទើបនឹងវិលមកវិញក្នុងឆ្នាំ១៩៩២។ គហបតី នរ៉ា ជាឪពុករបស់លោកនរៈ តាមពិតជាមិត្ត​ជិតដិតនឹងលោកយាយខ្ញុំ។

«អ្នកគន្ធីនៅទេ?»

លោកនរ៉ាស្រាប់តែមកបង្ហាញខ្លួន​នៅផ្ទះយើង ​តែកូនប្រុសគាត់ជាអតីតគូដណ្តឹង​របស់មីងពិដោរមិនបានមកជាមួយទេ។

លោកយាយបានចេញមកទទួលមិត្តចាស់គាត់។ ដ្បិត​តែខ្វះនិស្ស័យជាដន្លង តែមិត្ត​ភាពពួកគាត់នៅខ្ជាប់ខ្ជួនដដែល។ ពួកគាត់វ័យ​ជាង៧០ហើយ នៅតែមាំមួននិងតុបតែងខ្ញង់តាមរបៀបអ្នករាជការ។ ម្តាយខ្ញុំបានលើកទឹកនិងចាត់ឱ្យខ្ញុំឆុងកាហ្វេខ្មៅ ​ព្រោះលោកទាំងពីរចូលចិត្ត​អាមេរិកខេណូគ្មានស្ករ។

«ខ្ញុំមកអញ្ជើញអ្នក​និង​ក្មួយយ៉ានីរួមជាមួយស្វាមី ចូលរួមកម្មវិធីមង្គលរបស់នរៈនៅបាត់ដំបង!»

លោកនរ៉ាមានស្រុកកំណើតនៅបាត់ដំបងដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានព្រំប្រទល់​ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរីប្រទេសថៃ។ គ្រួសារនេះមាន​ដីចម្ការរាប់រយហិកតា និងរកស៊ីជាមួយជនជាតិថៃច្រើនតំណមកហើយ។

ពួកគេ​មិនត្រឹមតែជាគហបតីមានស្តុក ប៉ុន្តែថែមជាអ្នកមាន​ឥទ្ធិពលក្នុងជួររាជការផងដែរ។ ប៉ុន្មានឆ្នាំក្រោយមីងខ្ញុំស្លាប់ លោកនរៈបានក្លាយជាមន្ត្រីជាន់ខ្ពស់និងមាន​ងារធំដុំ។ ទោះយ៉ាងណា​ថ្ងៃនេះគាត់មកអញ្ជើញសំបុត្រ​ការ ជីដូនខ្ញុំនឹកស្រងេះស្រងោចដល់មីងពៅរបស់ខ្ញុំជាខ្លាំង តែពួកយើង​រក្សា​សេចក្តី​អបអរសោមនស្ស​ចំពោះភ្ញៀវ។

«ចៃដន្យណាស់អ្នកអើយ! កូនក្រមុំគេឈ្មោះពិដោរដែរ ហើយ​មាន​ឆ្នាំកំណើតដូចគ្នា​នឹងក្មួយពិដោរយើង!»

លោកនរ៉ារំឭក​រឿងនេះ តែមិនមាន​អ្នកណាចាប់អារម្មណ៍ទេ រហូតដល់មង្គលការបានកើតមាន ហើយខ្ញុំនិងម៉ាក់បានកំដរលោកយាយទៅបាត់ដំបង។ ខ្ញុំទៅជំនួសប៉ាព្រោះថា គាត់រវល់ការងារនៅរោងចក្ររបស់គ្រួសារយើង។

«មីង! ថ្ងៃនេះពួកគេរៀបការហើយ! កូនក្រមុំឈ្មោះដូចមីងណាស់ តែធានាថា មិនស្អាតដូចមីងទេ ខ្ញុំស្បថបាន!»

ខ្ញុំនិយាយដោយរលីងរលោងដាក់អេក្រង់ទូរសព្ទស្រាប់តែសំឡេងលោកយាយគំហកមកពីក្រោយខ្នង៖

«មេត្តា! ឈប់ភ្លាម!»

គាត់កញ្ឆក់ទូរសព្ទទៅបោះលើពូកធ្វើឱ្យខ្ញុំត្រូវស្រឡាំងកាំង។ យើងទាំងបីស្នាក់ក្នុងសណ្ឋាគារធំមួយ​ដែលគ្រួសារលោកនរ៉ារៀបចំជូនភ្ញៀវចម្ងាយ។ ម៉ាក់សម្រាកជាមួយលោកយាយ នេះវិញជាបន្ទប់ខ្ញុំម្នាក់​ឯង មិនស្មាន​ថា ភ្លេចបិទគន្លឹះ បណ្តាលឱ្យលោកយាយមកឃើញខ្ញុំនិយាយជាមួយរូបថតមីងសោះ។

ជីដូនខ្ញុំមានអបិយ​ជំនឿ​និងប្រកាន់ទម្លាប់ច្រើន ។ លោកតែងទូនា្មនថា មនុស្សស្លាប់ហើយ គឺលែងមានអាល័យ​អ្វីលើផែនដីទៀតហើយ កុំហៅមកនិយាយគ្នា ឬក៏បែរបន់អ្វីនាំតែវិលវល់នាំបញ្ហា​ទៅវិញ​។ លោកយាយជឿថា​ទំនាក់ទំនងជាមួយ​អរូប សន្ទនាជាមួយពួកគេ ក៏មិនមែនល្អដែរសម្រាប់ថាមពល​មនុស្ស​យើង។

«ម៉ែ! ម៉ែ!»

ម្តាយខ្ញុំស្រាប់តែរត់ចូលមកដល់។ ពេលនោះហើយដែលពួកយើងដឹងថា នៅឯពិធីក្រុងពាលីខាងក្រោមផ្ទះកូនក្រមុំមាន​កើតហេតុភេទអកុសល។

យើងទាំងបីបានស្ទុះស្ទាទៅដល់រោងពិធី ហើយឃើញមនុស្ស​ឆោឡា។ នៅចំកណ្តាលហ្វូង ​ក្មេង​ស្រី​ម្នាក់ សឹងថា វ័យប៉ុនខ្ញុំកំពុងឈររាំលើជណ្តើរផ្ទះ។

គ្រប់គ្នា​ចំហមាត់ ធ្វើហាក់ដូចជានេះជាហេតុការណ៍អាក្រក់បំផុតមួយ។

«កូនក្រមុំខ្មោចចូល?»

នេះបើគេមិននិយាយគ្មានអ្នកណាស្មានបានថា នាងជាពិដោរកូនក្រមុំថ្មីរបស់លោកនរៈទេ ព្រោះក្នុងរូបថតនាង​ចំណាស់ជាងនេះ។

តែពេលនេះវិញ រឿងទាន់ហន់គឺ​​ខ្ញុំ​មាន​អារម្មណ៍​អាក្រក់​ខ្លាំង​ណាស់។

សំឡេងជាច្រើនបន្លឺមកក្បែរត្រចៀករបស់ខ្ញុំ៖

«ម៉េចអាស្រស់ដូរឈ្មោះមកជាពិដោរ?»

«អត់ទេ! ឮថា កូនកំលោះមាន​ប្រពន្ធមុនឈ្មោះហ្នឹងដែរបានជាត្រូវដូរតាម!»

«អ្ហា៎ក?»

កុំថាពួកអ្នកស្រុកចេចចូចនោះគេនាំគ្នា​ហួសចិត្ត​ ខ្ញុំផ្ទាល់ក៏​យល់​ថា ចម្លែកខ្លាំង។ ​នាងហេតុអ្វី​ត្រូវប្តូរឈ្មោះមកឱ្យដូចជាអ្នកមីងខ្ញុំ?

ចុះមីងខ្ញុំ មានធ្លាប់ជាប្រពន្ធលោកនរៈពីពេលណាទៅ? ត្រឹមគូដណ្តឹងសោះហ្នឹង?

«អូណុកអាហាយ៉ា!» នាងស្រែកពាក្យនេះដដែលៗមិនដឹងភាសាអ្វីទេ។

«ត្រូវ​ខ្មោច​​ចូល​!»

ម្តាយខ្ញុំទាញខ្ញុំថយ​ក្រោយពេលឃើញម្តាយកូនក្រមុំយំ ព្រោះកូនក្រមុំកាន់កាំបិតស្រួចពីលើថាសផ្លែជំនូនមកជន្លអ្នកដែលចង់ចូលចាប់នាង​។

«ភាសាស្អី?»

«ភាសាអម្បូរជនជាតិ​ប្រែថា …..ប្រែថា ត្រូវការជីវិត!»

ម្តាយនិងខ្ញុំ បានងាកមកក្រោយសម្លឹងអ៊ំសក់សដែលខ្សឹបប្រាប់ប្រពន្ធគាត់។

ឃើញយើងមើល គាត់ប្រញាប់សម្រួលទឹកមុខវិញធ្វើជាមិនដឹងមិនឮ។ គ្រប់គ្នា​គិតថា នាងនិយាយជាភាសាអារក្ខ តែក្រោយមកខ្ញុំដឹងថា ជាភាសជនជាតិអម្បូរចាស់ ដែលខ្សត់ខ្សែស្រឡាយណាស់ទៅហើយ។

«កូនខ្ញុំមិនដែលចេះភាសាអស់នេះទេ!»

ម្តាយកូនក្រមុំនិយាយផងយំផង។ ឃើញដូច្នោះលោកនរ៉ាទាញកូនកំលោះ​ទៅខ្សឹប៖

«មិនកើតទេកូនអើយ!»

លោកនរៈនេះតាមពិតជាមនុស្សគ្មានចិត្ត​។ សូម្បីអនាគតកូនក្រមុំត្រូវរងគ្រោះមិនធ្វើអ្វីម្យ៉ាងជួយទេ ​បែរជាធ្វើខ្លាចៗ ដកថយមកឈរតែពីចម្ងាយគួរឱ្យជិន។

រួចស្ងាត់ៗ ខាងប្រុសក៏នាំគ្នា​ដកថយចោលពិធីអស់ ទាំងម្តាយនិងលោកនរ៉ា​ជាឪពុកគាត់។ គ្មានចិត្ត​មែន! គាត់គួរតែនៅជាមួយគ្រួសារដន្លង ដើម្បីជួយរកដំណោះស្រាយគ្នាវិញនេះបើតាមខ្ញុំគិត។

«នរៈនេះ វាត្រូវពោះម៉ាយជាលើកទីពីរហើយ!»

លោកយាយបន្ទោរពេលយើងកំពុងបកឡានធ្វើដំណើរវិលមកភ្នំពេញវិញ។ ពិតណាស់ មង្គលការស្រាប់តែលុបចោល។ កូនក្រមុំមិនដឹងថាយ៉ាងណាទេនៅពេលនាង​ដឹងខ្លួនវិញ។

ខ្ញុំនៅតែឱបជាប់ក្តី«មិនយល់»។

តើនោះជាអ្វី?

ខ្ញុំមិនមាន​ទំនាក់ទំនងជាមួយនឹងលោកនរ៉ា ឬអតីតគូដណ្តឹងមីងខ្ញុំទេ​ តែពេលខ្ញុំគេង ក៏មិនលក់ ខ្ញុំមានតែទៅឱបសុំគេងជាមួយម៉ាក់ខ្ញុំយកលេសថា ខ្លាចសុបិន្តអាក្រក់ហើយមានផែនការលបលួចសួរគាត់អំពីដំណើររឿងរបស់លោកនរៈនិងនាងពិដោរថ្មី។

«ម្តេចកូនក្រមុំចាំបាច់កែឈ្មោះឱ្យដូចមីងខ្ញុំ?»

«ម៉ាក់មិនដឹងទេកូន!» ម្តាយខ្ញុំខ្សឹប​ហើយឱបខ្ញុំយ៉ាងជាប់ ខ្ញុំឮបេះដូងគាត់ភ័យ ឯភ្នែកគាត់ធ្វើជាបិទ។ ខ្ញុំនឹកដល់មីងខ្ញុំ។ មុនពេលគាត់ស្លាប់ អ្វីគ្រប់យ៉ាងបានកើតមាន​ឡើងយ៉ាងល្អ។

គ្រប់​គ្នា​ក្នុង​គ្រួសារ​របស់​យើង តែងតែ​មាន​មោទនភាព​ចំពោះ​មីងពិដោរ​ជា​ខ្លាំង។

ការផ្លាស់ប្តូរធំមួយបានកើតឡើងគឺ មីងខ្ញុំដែលតែងតែទទួលបានពិន្ទុឆ្នើមទៀងទាត់ទៅមហាវិទ្យាល័យ ស្រាប់តែក្រោយពេលកំណត់ថ្ងៃរៀបការរួច ​ស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមនិងបាត់បង់ចំណាប់អារម្មណ៍លើការសិក្សា លែងចង់និយាយស្តីជាមួយនរណាទាំងអស់ក្នុងគ្រួសារ មិនទទួលចួបមិត្តភក្តិ ហើយតែងតែត្អូញត្អែរថា មាននរណាម្នាក់កំពុងតាមព្យាបាទខ្លួន។

បញ្ហានេះ​បានអូសបន្លាយធ្ងន់ឡើងៗរហូតដល់លែងទៅសាលារៀនបានទៀតហើយ។

គ្រួសារយើងពិបាកចិត្តជាខ្លាំង​តែក៏ព្យាយាមលាក់កំបាំងរឿងនេះយ៉ាងជិតពីគ្រួសារខាងប្រុស។ សប្តាហ៍ចុងក្រោយមុនពេលមីងពិដោរស្លាប់ អ្នកផ្ទះបានសង្កេតឃើញថា គាត់ចាប់ផ្តើមថែមរោគរវើរវាយមួយជាន់ទៀត ហើយ​ក្រោក​ដើរដោយមិនដឹងខ្លួន នៅពេលយប់។

មីងពិដោរ​ដើរក្នុងអំឡុងពេលគេង ដោយ​គាត់បិទភ្នែក​តែចេះបើកទ្វារ​និងស្គាល់ផ្លូវទាំងអស់ ហើយបានភ្លេច​សូន្យ និងបដិសេធរឿងអស់ទាំងនេះនៅពេលព្រឹកឡើង។

ព្រោះតែបែបនោះ បានជាគ្រប់គ្នា​ស្វែងរកគ្រូមន្តអាគមឬគ្រូបុរាណ គ្រប់ទិសទីព្រោះពួកយើងសង្កេតឃើញថា នាងនិយាយជាមួយខ្លួនឯងជាច្រើនដង។

ពូជីដូនមួយម្នាក់ ឈ្មោះអុក ជាកូនប្រុសនៃប្អូនស្រីបង្កើតលោកយាយខ្ញុំ គាត់រស់នៅខេត្តស្ទឹងត្រែងបានជូនមីងពិដោរខ្ញុំ ទៅរកគ្រូជនជាតិ តែមិនមាននរណាម្នាក់អាចជួយសម្រាលជំងឺចម្លែកបានឡើយ​។

ម្តាយខ្ញុំបានស្នើថា ពួកយើងគួរតែពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត​ ចំពោះស្ថានភាពប្អូនស្រីពៅគាត់។ ដោយសារបែបនោះ យើងត្រូវជាប់រវល់គ្រប់គ្នា បណ្តាក់ដៃ​ដោយបញ្ជូនគាត់ទៅរក​គ្រប់អ្នកជំនាញផ្លូវចិត្ត​ ឱ្យជួយរកដើមហេតុ និងធ្វើដំណោះស្រាយលើបញ្ហានេះ សោកស្តាយ​ដោយ​គ្រប់អ្នកជំនាញនោះបានប្រាប់យើងថា គ្មានជំងឺអ្វីទេក្រោយអេកូសាស្ត្រ។

លោកយាយខ្ញុំដែលបានអត់ធ្មត់យូរណាស់មកហើយ​បានត្អូញឡើងថា  មាននរណាម្នាក់បានធ្វើវេទមន្តអាគម​កំណាចលើមីង​របស់ខ្ញុំ។

ដើម្បីកម្ចាត់វេទមន្តខ្មៅដ៏មានឥទ្ធិពលនោះ គាត់បាននាំមកនូវការធ្វើពិធីសាសនានិងក្រៅសាសនាជាច្រើនទៀតតាមដែលគាត់ឮមក។ មុនមីងពិដោរស្លាប់បីថ្ងៃ លោកយាយបានបើកទ្វារទទួលសច្ចំម្នាក់​ដែលអះអាងថា មកពីស្រុកស្អាងខេត្តកណ្តាល។

ពួកយើង​ត្រូវបានគេតម្រូវឱ្យរៀបកំណាត់សវែង និងដង្វាយសាច់ស្រស់ ជំនួសឱ្យការបាត់បង់មីងពិដោរ។ បន្ទាប់​ពី​សូត្រ​ធម៌​ទេសនានិង​សូត្រ​មន្តស្រោចស្រពរួច យើង​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​លើមីងពិដោរមួយ​រំពេច អាកប្បកិរិយា​ក៏​ចាប់​ផ្តើម​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា គឺញញឹម​ញញែម​និងរួសរាយ។

ពេល​នេះគ្រប់គ្នាគិតថា យើងផុតទុក្ខហើយ ។ មីងពិដោរដែលបាន​មាន​សភាព​ធម្មតាឡើងវិញ បានរៀបចំ​ត្រលប់​ទៅសាលានៅព្រឹកថ្ងៃចន្ទ ​ហើយត្រៀមទៅមើលឈុតសម្អាងការនៅពេលល្ងាចនោះ។ គ្រប់គ្នា​បានដឹងគុណយ៉ាងខ្លាំងចំពោះសច្ចំ ហើយលោកយាយខ្ញុំនិងម្តាយត្រូវបានគេបង្គាប់​ឱ្យសូត្រធម៌គម្រប់១០០ថ្ងៃជាកិច្ច​តបស្នង។​

រឿងនេះ ផ្តល់អារម្មណ៍សុវត្ថិភាពដល់ខ្ញុំដែលតាមដានជានិច្ច​លើសភាពការណ៍ស្រុកខ្មែរដោយសារកាលណោះ ខ្ញុំកំពុងសិក្សានៅប្រទេសចិន។

ក្តុក! ​អ្វី​មួយ​ធ្លាក់​ពី​លើតុ​ក្នុងសព្ទ​ធ្ងន់​ទាញអារម្មណ៍ខ្ញុំមករកភាពជាក់ស្តែងក្នុងបច្ចុប្បន្នកាលវិញ។ ខ្ញុំងាកមក​មិនឃើញម្តាយខ្ញុំសោះ។ បានន័យថា មុននេះខ្ញុំគេង?

នុះ! ខ្ញុំក្រឡេក​ឃើញ​ស្រមោលម៉ាក់​ដើរខាងក្រៅ។

ខ្ញុំក្រោកភ្លាម អ្វីមួយ​ព្យាយាម​បន្លាចចិត្ត​​ខ្ញុំ។ យូរណាស់ហើយ ម៉ាក់តែងនៅដល់យប់ៗជាមួយលោកយាយ ដើម្បីបញ្ចប់ការសូត្រធម៌ ១០0ថ្ងៃជាមួយគ្នា តែមិនមែនពេលនេះទេព្រោះមីងខ្ញុំបានស្លាប់ហើយ។

ពេលនេះម៉ាក់ខ្ញុំក្រោកទៅណា?

ម៉ាក់មិនដឹងថា ខ្ញុំដើរតាមទៅទេ។ គាត់បានបន្តដំណើរទៅបន្ទប់ខាងលើផុត ជាកន្លែងដែលពួកយើងមិនដែលសូវឡើងទេ ទាល់តែចូលឆ្នាំមកដល់ទើបមានការសម្អាត។ ខ្ញុំគិតថា ទីនោះជាសក្ការៈ​ដាក់អីវ៉ាន់ដែលមិនសូវប្រើ។ តែមិនមែនឯណា…..វាមាន​ពន្លឺភ្លើងទៀននិងក្លិនធូបផ្កាម្លិះ។

ទោះបីគាត់បិទទ្វារវិញ តែខ្ញុំនៅអាចស្តាប់ឮការសន្ទនាព្រោះនេះជាវេលាយប់សែនស្ងាត់។

ម្តាយខ្ញុំខ្សឹបខ្សៀវ ដោយសំឡេងគាត់ញាប់ញ័រថា៖

«ម៉ែ​ឈប់ទៅ! កុំធ្វើបែបនេះទៀត!»

គឺគាត់និយាយអង្វរលោកយាយ? ខ្ញុំឆ្ងល់និងទស្សទាយស្ងាត់ៗតែម្នាក់ឯងក្នុងចិត្ត​។

ឥឡូវនេះខ្ញុំដឹងហើយថា នេះគឺជាកន្លែងដែលបញ្ហាទាំងអស់បានកើតឡើង។

លោកយាយមានសំឡេងស្អកស្អានិងកាចៗ គាត់និយាយក្ងួរៗថា៖

«វាត្រូវតែសងជីវិត​មេ-ស-មកវិញ!»

«ស»ជាឈ្មោះហៅក្រៅរបស់មីងខ្ញុំ។ គាត់ក្រៅពីត្រូវបានគេហៅថាពិដោរ គាត់មាន​ងារមួយទៀត​នៅផ្ទះគឺ«ផ្កាស» ដោយសារគាត់ចូលចិត្ត​ថ្វាយព្រះ ឬដាំក្នុងផ្ទះរើសយក​តែប្រភេទផ្កាពណ៌សចំប៉ី ចំប៉ា ចន្ធូ និងម្លិះ។ល។

ប៉ុន្មានខែមុនពេលដែលរឿងចម្លែក​កើតឡើងចំពោះជីវិតគាត់ បាន​បាត់​បង់​ចំណាប់​អារម្មណ៍​លើ​ការ​សិក្សា​ទាំង​ស្រុង ហើយខ្ញុំឃើញគាត់ស្លៀកពាក់ឈុតរ៉ូបស ជូនខ្ញុំឡើងយន្តហោះទៅស្រុកចិន។

ម្តាយខ្ញុំសរសេរមករកខ្ញុំថា​ មីងខ្ញុំពេលនេះប្លែកៗណាស់ ហើយស្លៀកពាក់សរាល់ថ្ងៃ ដូចមនុស្ស​កាន់សីល​។

«ដោយសារវា​បោះបង់ប្អូនពៅឯង បានជាមេ-ស ត្រូវសម្លាប់ខ្លួន!»

​អារម្មណ៍នេះអាចទាញ​ខ្ញុំឱ្យ​យល់​ឃើញ​នូវអ្វី​ថ្មីមួយ​ដែលសែន​ប្លែក។ ខ្ញុំចាប់ផ្តើមធ្លាក់ចូលទៅក្នុងការធ្លាក់ទឹកចិត្តបន្តិចម្តងៗព្រោះឮថា មីងខ្ញុំតាមពិតសម្លាប់ខ្លួន?

គាត់មិនមែនត្រូវអំពើទេ?

ខ្ញុំអាចមើលឃើញខ្លួនឯង ស្រាលដូចស្រមោលប្រុងនឹងអណ្តែតព្រោះការពិតនិងការគិតកន្លងមកខុសគ្នា។

ម្តាយខ្ញុំយំសសឹកនិងតវ៉ា៖

«ក្មេងស្រីនោះមិនដឹងរឿងទេ ដោះលែងគេទៅ គ្នាគ្មានកំហុសទេម៉ែ!»

«អ្នកណាក៏ដោយ​ឱ្យតែរៀបការជាមួយវា នឹងស្លាប់! រហូត​ដល់លែងមាន​អ្នកណាហ៊ាន​រៀបការជាមួយវាទៀត! គ្រួសារវានឹងផុតពូជ! វាស្មានថា ​ដូរឈ្មោះកូនក្រមុំដាក់ថា ពិដោរនឹងរួចពីបណ្តាសា?»

ដូចជាវត្ថុអ្វីមួយធ្ងន់មកធ្លាក់ចំកណ្តាលក្បាលខ្ញុំនេះ ខ្ញុំទ្រេត ផ្លាស់ទី និងមានអារម្មណ៍សុំថា នេះត្រឹមតែជាក្នុងសុបិន្តអាក្រក់បានហើយ។

ការវាយប្រហារភ័យស្លន់ស្លោចេញពីកន្លែងណាមិនដឹង  ខ្ញុំធ្មឹងមិនអាចកម្រើកបានឡើយ ។

លោកយាយនិងម៉ែកំពុងនិយាយពីនរណា? ខ្ញុំគិតមិនយល់ទេ!

គ្រួសារលោកនរៈមែនទេ? ក្មេងស្រីណា? កូនក្រមុំដែលខ្មោចចូល? ឱ​! តើហេតុអ្វី ប្រសិនបើលោកយាយគិតថា សងសឹកដោយប្រើមន្តអាគម​លើគ្រួសារកូនក្រមុំឈ្មោះស្រស់នោះ អាចជាបញ្ហាផ្លូវចិត្ត របស់ពួកគាត់ដែលស្រណោះមីងពិដោរពេក តែរបៀបដែលលោកយាយ​បន្តមន្តព្យាបាទនេះ លើលោកនរៈក្តី លើនរណា​ក្តីខ្ញុំមិនអាចទទួលយកបានទេ។

ខ្ញុំរុញទ្វារចូល ហើយបង្ហាញខ្លួនធ្មឹងឱ្យពួកគាត់ឃើញ។

ពេលនេះ មិនមែនម្តាយខ្ញុំនិងលោកយាយភ្ញាក់ទេ គឺខ្ញុំដែលត្រូវភ្ញាក់ផ្អើល។

ខ្ញុំឃើញ​លោក​នរៈកំពុងបើកភ្នែកភ្លឹះៗដោយ​កោលាហលក្នុងចំណង ហើយគាត់ត្រូវចងផ្អែកយ៉ាងជាប់នឹងសសរផ្ទះ។ មាត់ត្រូវបានបិទស្កុតជិត។ ភ្នែកគាត់ក្រហមនិងសើម សម្លក់មកខ្ញុំសុំជំនួយ។

ខ្ញុំទន់ជង្គង់ ស្រវាច្រត់មកក្រោយ លើបង្កាន់ដៃជណ្តើរព្រោះទទួលយករូបភាពនេះមិនបាន។

«ស្អីហ្នឹង?» ខ្ញុំយំហើយសួរ។

ម្តាយខ្ញុំរកក្រោកមក តែត្រូវយាយខ្ញុំទាញដៃមកវិញហើយគ្រហឹមព្រមានគាត់។

«លោកយាយនិងម៉ាក់កំពុង……?»

«វាសម្លាប់មេ-ស!»

លោកយាយឆ្លើយ ខណៈខ្ញុំគ្រវីក្បាលស្ទើរដាច់។ «មេ-ស»គឺគាត់សំដៅលើមីងរបស់ខ្ញុំ។ ខ្ញុំមិនចង់​​សួរ​គាត់ ថាហេតុអ្វី​​បានជាគាត់ត្រូវ​ធ្វើបែបនេះ ហើយចាប់មនុស្ស​មកដោយរបៀបណា​តែ គាត់​បាន​និយាយឡើងជាមុន​ថា៖

«ជិតភ្លឺនេះ ម៉ោង៣ មីងឯងនឹងបានរៀបការ​ជាមួយវានេះហើយ!»

គាត់​មិន​អាច​បង្ហាញ​ព័ត៌មាន​លម្អិត​ទាំងអស់ទេ ព្រោះប្រហែលគ្មានពេលច្រើន។

ខ្ញុំក្រឡេកឃើញមាន​កាំបិតវែងស្រួចលើថាស ជាមួយផ្កាសជាច្រើនអមជុំវិញ។ រូបថតមីងពិដោរដែលភ្ជាប់ពាក្យ​នៅចំពីមុខម៉ែនិងយាយ ចោមដោយទាននិងអំបោះសីមា​​ដែលគេប្រើសម្រាប់ចងដៃ​ពេល​រៀបការ។ ផ្កាស្លា​និងថាសម្ហូបបង្អែមបំអាបនៅម្ខាងទុកសែនដូនតា ហើយនិងភេសជ្ជៈមួយថាសផ្សេង។

សារបាប់កូនក្រមុំមួយថាស កូនកំលោះ​មួយថាស។

«លោកយាយ …..ប្រុង….ប្រុងធ្វើអី?»

«រៀបការមីងឯង!»គាត់ឆ្លើយដោយមិនរារែកអ្វីទាំងអស់។

«មិនបាន​ទេ!» ខ្ញុំស្រែកហើយខ្ទប់មាត់។

«ឯងបិទទ្វារទៅចៅមេត្តា!»

ខ្ញុំងាកទៅទ្វារ តែចិត្តមើលមិនឃើញអ្វីក្រៅពីគិតស្លន់។

​ហេតុការណ៍ពេលនេះ អាចជាតម្រុយគ្រប់គ្រាន់សម្រាប់ឱ្យខ្ញុំដឹងថា នរណាទៅ​ដែលបានដាក់មន្តខ្មោចចូលលើនាង​ស្រស់ដែលជាកូនក្រមុំថ្មីម្នាក់នោះហើយ។

មិនមែនជាអ្នកផ្សេងក្រៅឯណាទេ គឺលោកយាយនិងម្តាយបង្កើតរបស់ខ្ញុំ។ ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? ម្តាយខ្ញុំអូសដៃខ្ញុំ ខ្ញុំដើរតឹកៗ ព្រោះការទាញ​ តែគ្មានវិញ្ញាណក្នុងខ្លួន១០០ភាគរយទេ។

ប៉ូលិសឬសមត្ថកិច្ច​អាចនឹងដឹងរឿងអស់នេះ។

«ម៉ាក់!»

ខ្ញុំពោលទាំងណែនគល់អណ្តាត តែគាត់​បាន​និយាយ​ខ្សឹបមកមុនថា៖

«បើយើងមិនធ្វើអ៊ីចឹង នឹងមាន​រឿងធំ!»

«រឿងធំអីទៀត! ចាប់គេមក…..ធ្វើអ៊ីចឹង ស្មាន….ថា….មិនមែនរឿងធំ?»

ម៉ាក់ខ្ញុំជា​ស្ត្រី​មេម៉ាយ ព្រោះប៉ា​ខ្ញុំបានចេញទៅស្រុកក្រៅហើយមិនដែលទាក់ទងមកផ្ទះវិញទេ។ លោកយាយខ្ញុំក៏ដូចគ្នា ពួកគាត់ត្រូវប្តីក្បត់។

«បើលើកនេះ មីងឯងមិនបានរៀបការ ឯងម្នាក់ទៀតនឹងអត់ប្តីដូចគ្នា!»

ខ្ញុំស្តាប់មិនយល់អ្វី តែសភាវគតិញាំងឱ្យខ្ញុំគ្រវីក្បាលតតាត់ហើយការពារ៖

«គាត់ស្លាប់ហើយ! លោកនរៈនៅរស់! មនុស្ស​និង​ខ្មោច…..!»

ម្តាយខ្ញុំខ្សឹបកាត់មកយ៉ាងប្រញាប់៖

«ពួកវាត្រូវតែរៀបការ!»

ដៃម៉ាក់ត្រជាក់ តែមិនស្មើភ្នែកគាត់ទេ។ ​ខ្ញុំលែងដៃស្រឹបគាត់ព្រោះខ្លាច។ ទេវតាអើយ! ខ្ញុំទៅរៀនឆ្ងាយពីផ្ទះប៉ុន្មានឆ្នាំសោះ ម្តេចបានគ្រប់គ្នា​ប្រែប្រួលដល់ថ្នាក់នេះ។

ខ្ញុំសារភាពប្រាប់ខ្លួនឯងថា ខ្ញុំមិនស្គាល់អ្នកណាទាំងអស់។

ខ្ញុំដកថយពីគាត់។

«មេត្តា!»

ម្តាយខ្ញុំស្រែកខ្លាំងៗ។

ខ្ញុំឈប់រាងកាយដោយញ័រញាក់។ អ្នកណាម្នាក់ឈរនៅក្រៅបង្អួច សម្លឹងមកពួកយើង។ អូ!!!! កូនក្រមុំថ្មីរបស់លោកនរៈ។

នាង​ស្រស់!

នាង​បានដូរឈ្មោះហើយខ្មោចចូលកាលពីម្សិល?

នាង​មានទឹកមុខស្លក់ ភ្នែករូង ហើយសម្លក់សម្លឹងខ្ញុំ។

«ម៉ាក់!»

ខ្ញុំទន់ជើងមកប្របនឹងជញ្ជាំងហើយ ខ្ញុំចង្អុល!

ម៉ាក់ងាកទៅ។

គាត់លើកទឹកមួយផ្តិលលើតុគាត់ ជះប្រាវ ។ នាង​ស្រស់បានរលាយបាត់រូប។

ខ្ញុំបាត់មាត់ដូចគេចុក។

ខ្ញុំប្រឹងប្រមូលកម្លាំងមកវិញដោយលំបាក ព្រោះចង់គេចពីម្តាយខ្ញុំ​ដែលកំពុងងាកមក។

ខ្ញុំចង់ចេញពីសុបិនអាក្រក់មួយនេះ។

គ្រប់យ៉ាង​ជំរុញឱ្យខ្ញុំឆ្កួតមិនខាន។

«បណ្តាសានឹងដោះរួច!»

ម៉ាក់បាននិយាយទាំងញញឹម តែមិនអាចលាក់បាំងភាពកាចសាហាវរបស់គាត់ទេ។ ក្នុងកែវភ្នែកមូលក្រឡើងតក់ស្លុតរបស់ខ្ញុំ ខ្ញុំនឹកឃើញសម្តីប៉ាកាលពីគាត់ឱបខ្ញុំមុនចូលគេង៖

«កូនអើយ! គ្រប់យ៉ាងជាវាសនា!»

អ្វីទៅដែលប៉ាដឹង? ម្តេចបានជាពេលនេះ ទើបខ្ញុំចាប់ភ្លឹកនឹកឃើញ​ទឹកមុខគួរឱ្យព្រួយបារម្ភរបស់គាត់? ខ្ញុំមិនដឹងទេថា ហេតុអ្វីកាលណោះមិនចាប់អារម្មណ៍គ្រប់ពាក្យពេចន៍របស់គាត់?

«ម៉ាក់! មិញនេះទឹកអ្វី? ម្តេចបានកូនក្រមុំនោះរលាយរូបបាត់!»

គាត់ញញឹម​ដូចមានខ្មោចចូល គាត់ដើរមកហើយ​។ ខ្ញុំមិនឃើញអ្នកម្តាយដ៏ស្លូតត្រង់របស់ខ្ញុំទៀតនោះទេ មានតែអ្នកណាម្នាក់គួរឱ្យខ្លាច។

ខ្ញុំក្រឡេកជុំវិញ នៅសល់ទឹកមួយផ្តិលទៀត នៅលើកន្លែងសក្ការៈនោះ ។ ​ខ្ញុំងាកទៅចាប់កាន់ផ្តិល ហើយបាចឃាត់ដំណើរគាត់ទាំងបិទភ្នែកស្រែក៖

«ចេញទៅ!»

ខ្ញុំកំពុងខ្លាចជាខ្លាំង ព្រោះវាហាក់ដូចជាគាត់ ជាអ្នកជំរុញឱ្យអ្វីៗទាំងអស់នេះកើតឡើងលើគ្រួសារយើង ដោយមានការតាំងចិត្ត​និងមិនស្តាយក្រោយទេ។

ម៉ាក់ខ្ញុំស្រែកយ៉ាងឈឺចាប់ ធ្វើឱ្យខ្ញុំបើកភ្នែកឡើងវិញមើលគាត់។ ព្រះ! ម៉ាកកំពុងរលាយរូបទៅ​ដូចនាងស្រស់មុននេះដែរ។

ម៉ាក់​ៗៗៗៗៗ

ខ្ញុំពន្លែងផ្តិលចោល​ហើយក្តោបត្រចៀកស្រែក។

ម្តាយខ្ញុំញញឹមទាំងកំពុង​រលាយបន្តិចម្តងៗ ហើយបាត់សូន្យ។

ជួយៗៗៗៗ ខ្ញុំចង់ចាកចេញពីសុបិននេះ។ ងាកមក ដៃខ្ញុំម្ខាងកំពុងតែរលួយ ប្រហែលវាប៉ះនឹងទឹកខ្លះពីផ្តិលដដែល តែខ្ញុំគ្មាន​ការឈឺចាប់ទេ។

វាជាសុបិន! សុបិនអាក្រក់ណាស់! នេះជាបទពិសោធន៍តែមួយគត់ដែលមិនធ្លាប់មាន​ពីមុនមក ខ្ញុំសង្ឃឹម​ថា នឹងក្រោកឡើងមកឃើញខ្លួនឯង​នៅសុខដុម​លើគ្រែដេក ប៉ុន្តែ…..មិនចាកចេញពីទិដ្ឋភាពនេះបានសោះ លោកយាយខ្ញុំរត់មកដល់។

ខ្ញុំគាំងចលនា។

គាត់សម្លឹងដៃខ្ញុំ គាត់ប្រុងស្ទុះចូលមកតែខ្ញុំ បែរក្រោកលោតទៅក្រៅបង្អួច។

ភ្លេចថាទីនេះខ្ពស់ណាស់។ ខ្ញុំប្រាកដជាស្លាប់ ប៉ុន្តែធ្លាក់មកក្រោម ខ្ញុំអណ្តែតវឹបឡើងមកលើវិញ​។ រឿងខ្លះដែលបានភ្លេច ចាប់ផ្តើម​រំឭក​មកវិញ។

នៅស្រុកចិន យប់មួយខ្ញុំបានឮម្តាយខ្ញុំហៅ។

ខ្ញុំរត់ចេញមក ឃើញគាត់អណ្តែតលើដំបូលអន្តេវាសិកដ្ឋាន​របស់សាលា។ ខ្ញុំរត់តាម​ហើយចុងក្រោយក៏ធ្លាក់ពីជាន់ទី៦មកក្រោម។

យាយឈរក្បែរខ្ញុំ!

មីងពិដោរ​និងលោកនរៈឈរក្នុងឈុតរៀបការ ក្រោយខ្នង​យាយ។ ពួកគេសម្លឹងមកខ្ញុំ។ ខ្ញុំយំ….

«ពួកយើងជាខ្មោចមែនទេ? ហេតុអ្វី?» ខ្ញុំសួរក្នុងចិត្ត​ខ្លួនឯង។

១០០ ថ្ងៃមុន

«កូនស្រីពៅរបស់អភិជនឈ្មោះ ពៅ ពិដោរ ហៅស្រីស ​មាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំង ហើយ​ធ្លាក់ទឹកចិត្ត​រ៉ាំរ៉ៃ​មិនអាចព្យាបាលបាន! ជាមួយទឹកភ្នែក​សោកសៅនាង​បានទូរសព្ទមកប្រាប់ប៉ូលិស​ថា នាងបានសម្លាប់គ្រប់គ្នាក្នុងផ្ទះ ដើម្បីរំដោះបណ្តាសារ» ការផ្សាយក្នុងព័ត៌មាន​ហ្វេសប៊ុក។

សួរខ្ញុំបន្ថែមក្នុងចិត្ត​៖

«បណ្តាសារអ្វី?»

អូនឹកឃើញហើយ!

នៅខែដំបូងដែលប៉ាបាត់ទៅ ខ្ញុំបានរុករកឃើញសំបុត្រក្នុងសៀវភៅតុក្កតាជប៉ុនដែលខ្ញុំចូលចិត្ត​អាន ប៉ាបានសរសេរតូចៗមកកាន់ខ្ញុំថា   «គេនឹងប្រាប់កូនរឿងឪពុកបោះបង់ចោលគ្រួសារ តែការពិតមិនមែនទេ បើថ្ងៃណាមួយប៉ាបាត់ទៅ គឺប៉ាស្លាប់ហើយ!»។

ខ្ញុំបានរត់ទៅសួរម្តាយខ្ញុំអំពីរឿងនេះ ហើយទាមទារចួប​ប៉ា តែគាត់បានបង្ខំខ្ញុំឱ្យជឿថា ប៉ាបានចេញទៅរៀននៅស្រុកចិនហើយមាន​ប្រពន្ធថ្មីនៅទីនោះ។

ខ្ញុំបានព្យាយាមយកអាហាររូបករណ៍ហើយលបចាកចេញមិនប្រាប់អ្នកណាទាំងអស់ ព្រោះចង់ស្វែងរកប៉ាខ្ញុំ។ ខ្ញុំត្រូវការដឹងរឿងគ្រប់យ៉ាង​របស់គ្រួសារនេះ។

បានប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកយាយបានសរសេរមកថាមីងស​ ត្រូវមន្តអាគមគេ។

«មនុស្ស​ទាំងអស់ក្នុងត្រកូលយើង ត្រូវសម្លាប់ប្តីខ្លួនឯងចោលគ្រប់៣ជំនាន់ទើបផុតបណ្តាសា​! លោកយាយសម្លាប់លោកតា ម៉ាក់សម្លាប់ប៉ាឯង ហើយមីងពិដោរឯង មិនរៀបការជាមួយលោកនរៈ ​ព្រោះ​មិន​ចង់សម្លាប់គាត់បែរជាសម្លាប់ម៉ាក់និងលោកយាយហើយសម្លាប់ខ្លួននាងឱ្យគ្រួសារយើងរួចពី​បណ្តាសារ​! នាង​ស្រលាញ់លោកនរៈពិតៗ ហើយនាង​បានស៊ើប​ដឹងរឿងគ្រប់យ៉ាង នាងជ្រើសរើសយកស្នេហា​ចោលគ្រួសារ!»

នេះជាអ្វីដែលម៉ាក់បានមកអង្អែលសក់ខ្ញុំប្រាប់ខ្ញុំកាលខ្ញុំកំពុងគេងនៅស្រុកចិន។ គាត់ពន្យល់ថា មីងស ដឹងរឿងដែលត្រកូលយើងបានសម្លាប់គ្រួសារធ្មប់មួយនៅសម័យបារាំង។ អ្នកចូលរួមដុតធ្មប់ទាំងអស់ត្រូវបាន​រង​បណ្តាសាថា គ្មានកូនប្រុស ថែមទាំងស្រីៗត្រូវសម្លាប់ប្តីខ្លួនឯងផ្ទាល់ដៃ​បីជំនាន់​។

មីងស បានដឹងរឿងនេះក៏ក្លែងជាឆ្កួតវង្វេង មមើរដើរពេលយប់ និងធ្វើសកម្មភាពណាក្តី កុំឱ្យមាន​គេព្រមរៀបការជាមួយគាត់។

ម៉ាក់ប្រាប់ហើយ​ក៏រសាត់បាត់! ខ្ញុំក្រោករត់តាមគាត់ទាំងទឹកភ្នែក ហើយខ្ញុំ…..បានធ្លាក់ស្លាប់។

បណ្តាសារនេះចប់ហើយ! តែហេតុអ្វីលោកយាយចាំបាច់សម្លាប់ក្មេងស្រីឈ្មោះស្រស់ម្នាក់នោះ? ទេ!

តាមពិតវាល្អិតជាងនេះ។

នៅយប់នោះ មិនមែន​មីង​ពិដោរសម្លាប់លោកយាយនិងម៉ាក់ដោយមិនមាន​កំហឹងទេ។ ព្រោះ​ពួកគាត់បានប្រាប់​នាង​ឱ្យសម្លាប់លោកនរៈ ដោយសារអ្នកទាំងពីរបានជ្រុលជ្រួសជាប្តីប្រពន្ធគ្នា​ទៅហើយ តែហេតុមីង​សមិនព្រម លោកយាយក៏រកវិធីនាំកោះហៅលោកនរៈ​និងគ្រួសារមកជុំ។

ពួកគេ​ត្រូវបាន​លោកយាយប្រើល្បិចផ្តាច់ហ្វ្រ័ង​ឡានឱ្យស្លាប់​មួយគ្រួសារ ដូច្នេះពួកគេ​ក៏ជាវិញ្ញាណដែរ។ មង្គលការដែលខ្ញុំឃើញមិនមែនជាមង្គលការមនុស្ស​ទេ ជារឿងក្នុងពិភពខ្មោច។

មន្តផ្កាស ជាអាគមដែលធ្មប់សម័យបារាំងចេះសន្ធប់មកលើអ្នកស្រុក។ មន្តនេះ បណ្តាលឱ្យអ្នកត្រូវអាគមទាំងអស់ មិនអាចមាន​កូនប្រុស និងមិនអាចរស់បានទេ ប្រសិនមិនសម្លាប់មនុស្ស​ប្រុសដែលពួកគេស្រលាញ់។