យប់សែនក្បាលទឹកនៅភូមិចិនចាស់ – Meysansotheary

រឿង៖ យប់សែនក្បាលទឹកនៅភូមិចិនចាស់
ដើមឡើយ ពិធីមង្គលការសម្រាប់ជនជាតិចិន និយម​តែ​ធ្វើឡើងយ៉ាងតឹងរ៉ឹង ព្រោះជាការតពូជត្រកូល និងផ្គាប់ចិត្ត​ដូនតា។ តែតាម​ចាស់ៗមកពីស្រុកចិនប្រាប់ ក៏មានតំណាលមកថា ការរកមនុស្ស​រស់ យក​មកសម្រាប់រៀបការ​ជាប្រពន្ធឬប្តីឱ្យអ្នកស្លាប់ពិតជាធ្លាប់មាន​។

ពិធីគួរឱ្យញញើតមួយនេះ​ខ្លះៗ​គេលបលាក់​ធ្វើឡើង ព្រោះគ្រួសារគេ​មានជំនឿខ្លាំង គេមិនចង់ឱ្យ​អ្នកនៅលីវជាកូនចៅ​របស់គេ ​ដែលស្លាប់មិនទាន់រៀបការត្រូវ​នៅកំព្រាទេ។ នេះបានន័យថា រកមនុស្ស​មក​រៀបការជាមួយខ្មោច​ដែលទើបស្លាប់ឬស្លាប់យូរហើយ។

ឡានបោះពួយ….ផ្លូវរលោង​ស្រិលៗ ព្រោះភ្លៀងមិនដាច់គ្រាប់ មេឃត្រជាក់ គ្រប់យ៉ាង​ស្ងាត់ចម្លែក។ ឌឿន​និង លីណា​ជាសង្សារគ្នា ពួកគេ​ជិះនៅបាំងមុខ ចំណែកមុនី ​ជិះបាំងក្រោយ។ ​

«អញវិញបើការប្រពន្ធ អញចង់បានកូនចិន! អស់អីអស់ទៅអ្ហ៎ា»មុនីមមើរនិយាយមានៈតាមជាតិស្រវឹង។

«ស្រវឹងហើយដេកទៅវ៉ី!» ឌឿនដឹងថា ពេលយប់ស្ងាត់និយាយឡូឡា​ប៉ះពាល់ពួកវិញ្ញាណឬ បង់បត់ដែលខ្មែរយើងប្រកាន់ណាស់ បានជាឃាត់មិត្ត​។

តាមពិត មុនីនេះ​ទើបជាម្ចាស់ឡាន ។ គេទារចេញមកលេងកំពង់សោមទាំងស្រវឹង ព្រោះល្ងាចហើយ ទើបនឹង​ចេញពីចូលរួមមង្គលការបងប្អូននៅជាយក្រុង​កំពង់ស្ពឺ ។ ឃើញគេស្រវឹងពេក ឌឿននិងលីណា​ក៏ព្រមធ្វើតាម ដោយឌឿនទាមទារបើកឡានឱ្យ។

ខុរ….ឌឿនបើកឡានងាកមកមើលផង ។

«ដេកបាត់មែន!»

គេរអ៊ូតែពេលងាកមកមើលសង្សារ​លីណាក៏ហាមាត់ដែរ។ នៅ​ម្នាក់ឯងឱ្យគត់។  រឿងចង្រៃជាងផ្លូវងងឹតទៀតនោះគឺ ខូចឡាន ។

«វ៉ាសៗ» លីណា​ភ្ញាក់បះដៃជើងរបៀបថាយល់សប្តិមិនល្អ ស្រែកផ្អើ​លរហូតដល់​ភ្ញាក់ទាំងមុនីទៀត។ «ស្អីគេឯង? មុនីសួរដោយក្រោកឡើងច្បូតមុខ។

យលសប្តិ! នាង​ក្រោកអង្គុយត្រង់វិញដែរ ។ ញីភ្នែក​ងាកមើលរកសង្សារ។

«ឡានឈប់?»លីណាសួរឡើង។

ពេលនោះហើយដែលលីណាដឹងថាឡានកំពុងខូចពីព្រោះមើលពីនេះទៅសង្សារខ្លួនកំពុងតែជជែកឆ្ការដៃជើង ជាមួយនឹង អ្នកធ្វើឡាន នៅឃ្លុបខាងមុខ។

មុនីជាម្ចាស់ឡាន គេមិនមាត់ទេ។ គេប្រហែលជាឃើញដែរហើយបានជា​គេចុះដើរទៅដោយមិនបិទទ្វារវិញនៅឡើយ។

លីណារៀបចំសក់ខ្លួន ទាញខោអាវស្រួលបួល ទើបចុះតាមក្រោយ​ដែរ។

« ទាល់តែភ្លឺបានមានជាងមកធ្វើបាន!»

គ្រាន់តែឮសម្តីនេះនាងចង់ភ័យ។ ទាំងបីនាក់សម្លឹងជុំវិញខ្លួន នេះគឺជាកន្លែងធ្វើឡានដាច់ស្រយាលមួយ។ ជាងម្នាក់នោះ មានវ័យចំណាស់មានពុកមាត់ច្រម៉ុយៗដូចចិន គាត់សម្លឹងមុខនាងនិងសម្លឹងមកមិត្ត​ទាំងពីរម្តងម្នាក់ រួចនិយាយបន្ថែម៖

«ជាងស្អែកបានមក! យប់ពេក​ពួកគេទៅផ្ទះអស់ហើយ! ពិបាកហៅគេមកណាស់ ឱ្យគេសម្រាកសិន !»

«ប៉ុន្តែធ្វើម៉េចទៅពូ?»

បីនាក់សម្លឹងទៅបរិវេណរោងជាងជួសជុលទ្រុឌទ្រោម ក្រោមពន្លឺម៉ាងសុង។ កន្លែងនេះសូម្បីតែដាក់កៅអី​អង្គុយក៏គ្មានកៅអីស្រួលបួលផង កុំថាឡើយដល់គេងរំដោះយប់បាន។

«ដើរចូលក្នុងភូមិតែបន្តិចហ្នឹង​មាន​ផ្ទះអ្នកស្រុកសុំគេគេង១យប់សិនទៅ! ឡានទុកនៅនេះមិនអីទេ»

មុនីសម្លឹងមុខឌឿន។ គ្មានអ្នកណាចង់ទៅចោលឡានទេ។ ប៉ុន្តែក្រឡេកមើលសងខាងផ្លូវដូចជាស្ងាត់ពេក។

« ហើយ…នៅកន្លែងណានេះឌឿន? មិនមែន​ផ្លូវធំទេ?»មុនីសួរដោយពិបាកចិត្ត​។

« អត់ទេ! យើងចូលផ្លូវលំ​មកតាមអ្នកស្រុកប្រាប់!»

« ហើយកន្លែងណាហ្នឹង ម្ដុំនេះ?»

មុនីឱនមើលទូរស័ព្ទ​គ្មាន​ទេសេវា។

«គេហៅថាភូមិចិនចាស់!»

គេងើបមុខវិញសម្លឹងជាង។

គាត់បិទឃ្លុបឡានមកវិញហើយនិយាយបន្ថែម៖

«ភូមិចិនចាស់នៅក្នុងមានផ្ទះច្រើនគួរសមដែរ ផ្ទះគេធំៗ បរិបូរណ៍ណាស់ សុំគេសម្រាកទៅព្រឹកឡើងចាំគិត!»

«បាទ តែខ្ញុំ….ពួកខ្ញុំអត់ចង់រំ……ខាន!»

លីណា​លូកមាត់មកគួរសម​តែនាងទំនងជាចង់ឱ្យម៉ូទៅឌឿននិង​មុនីថា វ៉ៃងាប់ក៏មិនដេកផ្ទះអ្នកស្រុកដែរ។

«បើថានេះ ពួកខ្ញុំបែបគេងក្នុងឡានហើយពូ!»

«ប៉ុន្តែ…ឈឺបត់ជើងណាស់ !» លីណាខ្សឹបប្រាប់ប្រុសស្នេហ៍។

មិនយូរទេ ពួកគេក៏សម្រេចចិត្តទុកឡាននៅនិងការ៉ាស់ព្រោះជឿសម្ដីពួកម្ចាស់នោះថា មិនឆ្ងាយប៉ុន្មានរួចពួកគេក៏ដើរតម្រង់ទៅក្នុងភូមិ។

មាន​ ផ្ទះមួយទៅដល់មុនគេ រាងទំនងជាងគេ ព្រោះថាមានពីរជាន់។  ខាងលើឈើខាងក្រោមថ្មប៉ុន្តែមានរបងពីមុខដោយព្យួរភ្លើងបំភ្លឺនៅមុខផ្ទះផង។

ពួកគេក៏សម្រេចចិត្តចុចកណ្ដឹង។ យូរបន្តិចទើបឃើញបុរសចំណាស់ម្នាក់ចេញមក ។ គាត់បង្ហើបទ្វាររបងជា​បន្ទះឈើតែបន្តិច សម្លឹងពួកគេទាំងបីហើយនិយាយប​ដិសេធភ្លាមៗ៖

« យប់ហើយខ្ញុំមិនទទួលភ្ញៀវទេ!»

គាត់ជាមនុស្សចាស់សំឡេងរញីរញ័រប៉ៃឡាំៗ សមតែជាភូមិចិនចាស់ដូចគេប្រាប់មកមែន។

« ឱ្យគាត់ចូលសម្រាកមកអាប៉ា!»

សំឡេងស្រួយស្រឹបពីក្នុងនោះមកដែរ លាន់តាមខ្យល់ត្រសៀក។

«ហេតុអីបានជាមនុស្សស្រីនៅក្នុងដឹងថាពួកយើងចង់ចូលទៅសម្រាក?» មុនីគិតបែបនេះព្រោះនៅស្រឿងៗជាតិស្រវឹង។

ហើយពួកគេក៏ត្រូវបានបុរសចំណាស់បើកទ្វារឱ្យចូល។ ដូចជាគាត់ស្ដាប់បង្គាប់កូនស្រីរបស់គាត់ខ្លាំងណាស់ ឬមួយគាត់ស្រលាញ់នាងខ្លាំង។

ខាងក្នុងនេះសភាពដ៏ស្រស់ស្អាតនាផ្ទះបុរាណ​ចិន មានបង្អួចសងខាងពីរ ទ្វារចំកណ្តាល អំពូលពងមាន់ក្រហមស្រទន់ព្យួរនៅខាងក្នុង។

ក្លិននំសែន និងមីឆា ក្លិនមាន់ ទាខ្វៃហើយមក។

នេះជាពេលយប់ដែលគួរមាន​ក្លិនខ្យល់នឹងផ្កា ទីនេះបែរជាធំក្លិនធូបទៀន។

«យប់នេះសែនក្បាលទឹក​ »គាត់ប្រាប់ពេលពួកគេសម្លឹង​ មនុស្សស្រីម្នាក់មានសក់វែងអន្លាយកំពុង​អង្គុយបែរខ្នង​ដុតក្រដាស់សែន​។

«ខ្ញុំអត់សែន! ខ្មែរសុទ្ធ​បានជាមិនដឹង! សុំទោស​ដែលរំខានពូ»ឌឿនឆ្លើយ។

គាត់ថា«មិនអី!» រួចនាំដើរហួសទៅ។ ​កូនស្រីគាត់មិនរវល់នឹង​បីនាក់នេះទេ នាង​នៅបន្តការងារក្រហមងងាលម្នាក់ឯងក្នុងភាពរាត្រីកាល។

រហូត​ដើរមកកប់បាត់បាំង​ទៅក្នុងជញ្ជាំង ពួកគេ​ឈប់ចាប់អារម្មណ៍ពីនាង​ក៏ក្រឡេកជុំវិញផ្ទះ។  តើហេតុអីបានជាទីនេះដូចជាស្ងាត់មានតែឪពុកនិងកូន?

ពាក្យថាឪពុកនិងកូនគឺសំដៅលើមនុស្សស្រីសក់វែង​ដែលនាងហៅបុរសចំណាស់អម្បាញ់មិញថាអាប៉ា។

«បន្ទប់ខាងឆ្វេងនេះអាចសម្រាកបាន!»

គាត់រុញទ្វារតែមិនចូលទៅនៅឡើយ។ បុរសជរា គាត់ងាកមកសម្លឹងលីណា​ ធ្វើឱ្យនាងដឹងស្រេចថាគាត់ដូចជាចង់បំបែកនាងចេញពីក្រុមរបស់នាង។

លីណា​និយាយមុនតែម្តង៖

«ខ្ញុំនៅជាមួយពួកគេបាន!​អត់អីទេ!»

បុរសចំណាស់ធ្វើទឹកមុខមិនពេញចិត្តភ្លាមដោយសម្លឹងបុរសពីរនាក់នោះរួចងាកមកសម្លឹងលីណាម្តងទៀត។ យុវជនទាំងបី​ដឹងថា​ជាទំនៀមទម្លាប់ចិនពួកគេប្រកាន់រឿងប្រុសស្រីនៅបន្ទប់ជាមួយគ្នានេះ ភ្លាមនោះលីណានិយាយថែម៖

«ម្នាក់នេះជាបងប្រុសខ្ញុំ ម្នាក់នេះជាបងជីដូនមួយខ្ញុំ!»

នាង​និយាយទាក់ៗធ្វើឱ្យមុនីនិងឌឿនងាកមសម្លឹង គ្នា។ បុរសចំណាស់ក៏ងាកមើលពួកគេម្ដងទៀតដែរ។

លីណា​គ្រហែម។

បំបាត់ការភ័យចម្លែក​ចិត្ត​ពេល​គាត់នោះងាកទៅបើកទ្វារ។ គាត់ចុចភ្លើងជាអំពូលម៉ែត្រ​មួយព្រាកៗយូរជាង​១០វិនាទីទើបលោតឆេះ​ក៏មិនភ្លឺស្រឡះអីដែរ ប្រហែលជាដីរុំយូរ។

«ខ្ញុំសូមទៅបន្ទប់ទឹកបានទេ?»លីណាសួរ

«នៅខាងក្រោយ» គាត់ចង្អុលទៅក្រៅផ្ទះ។

ពួកគេមើលតាមចង្អុលដៃឃើញតែទីធ្លាងងឹតស្លុប។

«ចាំបងជូនទៅ!»

ឌឿនបើកពិលហើយដើរនាំមុខលីណា នាង​ដើរតាមពីក្រោយទៅ។ ទីនេះ​សល់តែមុនី គេខំញញិមទៅកាន់បុរសជរា ជាជាងបង្ហាញ​អាការៈ​សង្ស័យចំពោះបន្ទប់នេះ។

សម្លឹងមួយជុំ នេះជាបន្ទប់មាន​របៀប​រៀបរយមួយ មួយមានគ្រែពីរតូចៗ រៀបចំយ៉ាងមានសណ្ដាប់ធ្នាប់សមថា មានមនុស្សស្នាក់នៅ ប៉ុន្តែថ្ងៃនេះគេមិនមានវត្តមាន​។

«បន្ទប់នេះ …..!»គេមិនទាន់សួរចប់ឃ្លាផងគាត់ពន្យល់វិញ៖

«ទុកចោលទេ!….តែកាលណាមានភ្ញៀវ ខ្ញុំទទួលគេទៅ!​ ពីមុនធ្លាប់ធ្វើជាផ្ទះសំណាក់ប៉ុន្តែឥឡូវនេះខ្ញុំចាស់ អត់ហ៊ានទទួលមនុស្ស​ចម្លែកស្នាក់ទេ ខ្លាចមនុស្ស!»

គេយល់ហើយ។ គាត់មានកូនស្រីម្នាក់ ចំណែកឯរូបរាងមើលពីក្រោយ​អម្បាញ់មិញដូចជាមនុស្សស្រីស្អាតផង។

«ពូនៅតែពីរនាក់ទេ!»

« បីនាក់!» គាត់និយាយទាំងបែរខ្នងដូចជាមិនចង់ឆ្លើយឆ្លងច្រើន ហើយដើរទៅក្បែរទូបើកកាយ​យកភួយខ្នើយ​ពីរបីជាគរ​ដាក់មកឱ្យលើកំភួនដៃទាំងពីរ​របស់មុនី។

គេឈរធ្មឹងទទួលកាន់របស់ទាំងនេះ ជាការគួរសម។

«គ្រែមានតែពីរទេ!»គាត់ពោល។

«អត់អីទេ! អឺ​ពូសម្រាកទៅ​សុំទោស​ដាស់ពូឡើងទាំងយប់អធ្រាត្រ!»

«មិនអី! នៅចង្ក្រានមាន​របស់សែនខ្លះ! ក្មួយចង់ហូបខ្ញុំកំដៅឱ្យបាន!»

«ទេ! ខ្ញុំ….បីនាក់ខ្ញុំចេញមកពីហូបការគេ​ឆ្អែតគ្រប់គ្នា! ពូអញ្ជើញសម្រាក!»

«ខ្ញុំឈ្មោះ អៀង ម៉េងគ្រប់គ្នាហៅខ្ញុំថាចឹកម៉េង!»

«បាទ ពូ….ចិ….ចឹក!»

គាត់មិនញញិមសោះ​តាំងពីបើកទ្វារឱ្យយើង​ចូលមក រហូតដល់ទីនេះ ទោះបីជាផ្ទៃមុខគាត់មើលទៅស្លូតនិងក្រៀមស្រពោន ។

គេថយមកអង្គុយមកលើគ្រែហើយភួយខ្នើយចុះ​យកទូរស័ព្ទមកមើល​ នៅតែគ្មានសេវា​អូខេទុកចោល​ទៅម្ខាង សិន​ព្រោះបើវាគ្មានសេវា​វាជាវត្ថុគ្មានន័យ។

យប់នេះប្រហែលជាវែងណាស់ហើយ! គេគិត ព្រោះថា​បើយើងមិនគេង ច្បាស់ជាក្រភ្លឺ។

«សំណាងដែលបានដេកខ្លះអម្បាញ់មិញក្នុងឡាន!»

មុនីគិត​ហើយអង្គុយចាំផ្លូវពីរនាក់នោះមកវិញ។ គ្មានទេសម្រឹបជើង។ ទីនេះស្ងាត់គេរឹតតែមិនហ៊ាន​រើខ្លួនឮខ្លាចរំខានម្ចាស់ផ្ទះ។

«ហ៊ា! ហ៊ា!»

សំឡេងខ្សឹបលាន់មកស្រាលៗសឹងកៀកត្រជាក់។

គេស្វាងគេងភ្ញាក់បះដៃជើងឃើញខ្លួនឯងកំពុងអង្គុយទ្រេតនៅក្បាលគ្រែក្នុងផ្ទះចឹកម៉េង។ ងាកទៅគ្រែផ្សេងពីរនាក់នោះមិនទាន់មកវិញផង ចេះលក់មួយស្រលេតកើតដែរ?

«មិនដឹងវានាំគ្នា​ទៅសាសងស្នេហានៅកន្លៀតបន្ទប់ទឹកណាទេ ពួកនេះ!​បើសិនជាឱ្យចឹកឃើញចរិតស្ទាវរបស់ពួកវាមិនដឹងថាមានអ្វីកើតឡើងទេយប់នេះ! យប់សែនរបស់គេផង!»

គេក្រោក​មកបង្អួចសម្លឹងសួនខាងក្រៅ។ តើទីនេះមានត្រណមអីខ្លះក៏មិនដឹង ឈ្មោះជាភូមិចិនចាស់ ឈ្មោះប្លែក។

ធំក្លិនទៀនធូបជានិច្ច និងសាច់ខ្វៃ។

«អ្នកណាហៅខ្ញុំអម្បាញ់មិញ?»

គេ​សួរទៅ​មនុស្សស្រី​ដែល​នៅតែបែរខ្នងដុតក្រដាសសែន។ គេមិនមែនចិន និងមិនដែលសែន មុនីរឹតតែឆ្ងល់ថា ​ហេតុអ្វីក៏នាង​ដុតដល់យប់ជ្រៅម្ល៉េះ?

សក់កូនស្រីម្ចាស់ផ្ទះប៉ើងរាយប៉ាយតាមខ្យល់ត្រជាក់ស្រៀវ ខ្នង​។ នាង​មិនឆ្លើយនឹង​សំណួរ​ភ្ញៀវប្រុស ថែម​មិនបាន​បែរមកទេ។ ហេតុ​ដូច្នេះ បាន​នាំឱ្យមុនីគិតក្នុងចិត្ត​ឡើងថា៖

«ផ្ទះនេះមាន​បីនាក់នៅ! ​តិចគាត់មាន​កូនស្រី២នាក់?»

គេគិត តាមចិត្តខិលនៃប្រុសកំលោះដែលស្រមៃឃើញស្រីៗស្អាត ទុកថានិស្ស័យព្រេងនាយ​។ ភ្លាមៗ កន្ទុយភ្នែកមុនីពើប​ឃើញអ្វីមួយមាន​ចលនា​នៅម្ខាងទៀតនៃរបងផ្ទះ។ គេងាកនឹងឈាន​ចេញទៅតាមភ្លាមព្រោះអម្បាញ់មិញនេះ មិនដឹងអ្នកណាទេហើយគេថា «ហ៊ា»។

ឮខាងក្នុងបន្ទប់មកច្បាស់ មិនមែន​ស្រមៃទេ។

ពិតជាឃើញអាវក្រហមដូចកូនក្រមុំចិន​បែរខ្នងចេញពីម្តុំរបង រត់ទៅក្រោយផ្ទះ។

គេមិនព្រមនៅស្ងៀមក៏រត់ទៅតាមមើល​។ ពីចម្ងាយនេះទៅពិតជាឃើញ មនុស្សរត់ចូលផ្ទះបាយខាងក្រោយនៅឆ្ងាយពីទីនេះ។

គេមិនបន្តដំណើរទេ ប្រុងថាងាកមកវិញស្រាប់តែឮសូរភ្លេងចិនងឺងង៉ាង….គេឈរស្ងៀមព្រោះឃើញ​មនុស្សជាច្រើនដើរដង្ហែអមគ្រែស្នែងចិន​មួយក្នុងផ្សែងរាត្រី។ គ្រប់យ៉ាងមានពណ៌ក្រហមដូចពិធីរៀបការក្នុងកុនចិនបុរាណ។

គេមិនរវល់នឹង​អ្នកណា​គិតពីតាមសម្លឹង​មនុស្ស​ស្រីដែលជះរូបក្រោយស្បៃក្នុងស្នែងសែងនោះ។ ដូចគេគិតដែរ នាងក៏ផាត់ស្បៃបង្អួចចេញ​ងាកមកគេ….

នាងគ្មានមុខនោះទេ…..មុនីស្រែកស្លុតរន្ធត់រត់ប្រវេប្រវាផ្ងារក្រោយជើងបីជើងបួន ចង់សំដៅវិល​ចូលក្នុងផ្ទះចឹកម៉េងវិញ ស្រាប់តែផ្ទះទាំងមូលរលាយអស់ប្រែក្លាយទៅជាវាលធំល្វឹងល្វើយងងឹតស្លុប គ្មានអ្វីទាំងអស់ ។

«អាឌឿន លីណា!»

គេស្រែកយ៉ាងរន្ធត់ហើយរត់ផាសក្រញាំកាត់ស្បៃរាត្រីកាត់ថ្លុក លុយភក់ ​ជាន់គ្រួស ក្រោមភាពស្រអាប់​នៃមេឃខែរនោច សែន​ងងឹត ជាយប់មួយដែលចិននិយមជ្រើសមកសែនខ្មោច។

គេរត់មិនឈប់ ស្រែកដូចមនុស្ស​ឆ្កួត​ឆ្ពោះតម្រង់ទៅកន្លែងណាក្តី​ដែលគេឃើញមាន​ភ្លើងសញ្ញា​ព្រាលៗថាជាផ្លូវ។

រត់ត្រហេបត្រហបសឹងដាច់ផ្ងារ តែគេមិនចង់ដួលទេ គេដឹងថា គេត្រូវខ្មោចលង សង្ឃឹមដែរថាជា​ សុបិនអាក្រក់ព្រោះតែស្រវឹង ប៉ុន្តែមិនមែនទេវាជាការពិតភ្នែកស្រស់។

មុនី​បានឃើញពន្លឺពិលឆ្លុះកង្កែបមកពីចម្ងាយ។

អ្នកស្រុក! អ្នកស្រុក!អ្នកស្រុក! គេអរណាស់ គេបានកម្លាំងចិត្ត​មកពីណាមិនដឹងទេ គិតពី​ហា​ស្រែកមួយទំហឹងឡើងថា៖

«ជួយផង! ជួយ! ជួយផង!»

ខណៈជើងទាំងពីពេលនោះក៏បង្កើនរត់លឿនកាន់តែរហ័ស តម្រង់ទៅ​ឯខាងពន្លឺ​ក៏លេចមកច្រើនគ្នា​ហើយ​តម្រង់មករកគេដែរ។

ជាបន្តបន្ទាប់ មានពិលបញ្ចាំងចេញពី​មនុស្ស​មាឌតូចៗ​និងមនុស្ស​ធំបានន័យថា មានក្មេងចាស់ ដែលចេញជាក្រុមមករកកង្កែប។

«ពូ! ពូ! ពូ! ជួយខ្ញុំផង»

គេ​ដួលភីង​ចម្ងាយប្រមាណ​បីបួនម៉ែត្រ​ចំពោះមុខអ្នកស្រុកដែលរត់នាំគ្នាមកចោមព័ទ្ធគេ។

«ពូ! ខ្ញុំត្រូវខ្មោចលង!»

បន្ទាប់មកគេក៏ត្រូវអ្នកភូមិនាំទៅផ្ទះក្បែរនោះ។ គេបាន​រៀបរាប់ប្រាប់ គាត់អំពីរឿងឡានខូច និងហ្គារ៉ាស់ឡាន។ ពួកគេគ្រវីក្បាលវិញ ហើយប្រាប់ថានៅម្ដុំនេះគ្មានកន្លែងជួសជុលឡាននោះទេ ហើយក៏គ្មានភូមិចិនចាស់ស្អីនោះដែរ។

«ខ្ញុំមានមិត្តពីរនាក់ទៀតដែលបាត់ខ្លួននៅឡើយ!»

ពួកគេខំស្វែងរកដែរ ប៉ុន្តែមិនឃើញដានលីណានិងឌឿនទាល់តែសោះ។

ដោយទីនេះគ្មានសេវាគេមិនអាចរកបានទូរស័ព្ទខលទេ។

ចាស់ៗសម្រេចគ្នាថា ឱ្យគេទៅសម្រាកក្នុងភូមិសិន ចាំមិត្ដភក្ដិគេ គាត់ជួយរកឱ្យ។

ភ្លឺព្រហាមស្រាងៗ ដែលមុនី​មិនបានគេងមួយស្រឡេតដោយអង្គុយ​លើអង្រឹង​លេង​ជាមួយ​អ្នកភូមិ ក៏ត្រូវបានគេនាំដំណឹងមកប្រាប់ថាគេឃើញឡានខូចមួយទុកចោលនូវប្របផ្លូវ ក្បែរតំបន់ព្រៃខ្មោចដែលជាតំបន់អ្នកស្រុកមិនហ៊ានដើរកាត់នៅពេលយប់នោះទេ ចំណែកឯមិត្តភក្តិគេពីរនាក់ទៀត ប្រហែលជាមនុស្ស នៅភូមិផ្សេងរកឃើញផងក៏មិនដឹង។ ឡាននោះ​នៅពេលគេទៅដល់ មិនមានខូចអ្វីសោះ សោរក៏ជាប់នៅ។

មុន្នីពិតថប់បារម្ភជាខ្លាំង ដោយសារថាគេគ្មានទូរស័ព្ទគ្មានអ្វីទាំងអស់សម្រាប់ទូរស័ព្ទទៅផ្ទះព្រោះទូរស័ព្ទរបស់គេបិទទុកចោល​ក្នុងបន្ទប់ផ្ទះនោះមិនដឹងថាតាមពិតវានៅកន្លែងណាឡើយ។ គេមិនចង់​ចេញ​ទៅចោលមិត្ត​ដូច្នេះហើយ​គេក៏សុំឡើងថា៖

« ខ្ញុំសូម​ បងប្អូនយើងជួយ ​ទៅផ្សារ​រកទូរស័ព្ទខលទៅរកមិត្តភក្តិខ្ញុំបានទេ!»

ពេលបានទូរស័ព្ទគេក៏ខលចូលលីណាហើយនិងឌឿន។ ពេលនោះដែលមុនីបានចេញឡាន​ទៅជួបជុំគ្នាវិញ។ ពេល​ឡើងឡានត្រឡប់មកភ្នំពេញវិញ ឮសូរមិត្តភក្តិប្រាប់ថា ពួកគេក៏ជួបរឿងខ្មោចលងដូចគ្នាព្រោះពេលគេចេញមកបន្ទប់ទឹកគ្មានឃើញអ្វីក្រៅពីម៉ុងខ្មោចចិនជាច្រើនដង្ហែតាម​វាល ពួកគេ​ខ្លាចពេក​ប្រុងត្រលប់ក្រោយទៅហៅមុនីប៉ុន្តែផ្ទះនោះបានរលាយបាត់រកមិនឃើញទេ ឃើញតែព្រៃខ្មោច។

គេនាំគ្នារត់កាត់ទឹកលិច​ ទម្រាំដល់ភូមិដែលមាន​ពន្លឺផ្លុងៗមើលពីចម្ងាយ។

លីណា​ប្រាប់ទៀតថា នៅពេលដែលពួកគេស្នាក់ អ្នកភូមិបានតំណាលពីស្ត្រីម្នាក់ កាលពីជំនាន់សង្គមរាស្ត្រនិយមដោយសារតែក្រពេកសុខចិត្តមករៀបការមកជាកូនប្រសារផ្ទះដង្ខៅអ្នកមាន ម្នាក់ឈ្មោះថាចឹកម៉េង ប៉ុន្តែមិនមែនរៀបការជាមួយគាត់ទេ ព្រោះគាត់ចាស់ណាស់ទៅហើយអាយុចិតសិបប្លាយរស់នៅម្នាក់ឯងគ្មានកូនជាទីពឹង នាង​ទៅរៀបការធ្វើជាកូនប្រសានៃខ្មោចកូនប្រុសគាត់ ដែលស្លាប់បាត់។

មុនី ហួសចិត្តខ្លាំងណាស់ព្រោះស្ដាប់មិនយល់ ពេលនោះឌឿនបានពន្យល់ថា កាលពីមុន ភូមិចិនពិតជាមានមែន​ ហើយគ្រួសារនេះ​បាន​រៀបចំអាពាហ៍ពិពាហ៍ខ្មោចឱ្យកូនប្រុស​គាត់ដែលស្លាប់ពេលទៅ ​នេសាទ។ នារីនោះ ខ្ចីលុយគេ​ព្យាបាលឪពុក តែមិនជា លុះពេល​ឪពុក​​ទទួល​មរណភាព គ្មានលទ្ធភាពសងប្រាក់ដែលជំពាក់ ពេល​កាន់​ទុក្ខ​រួច​ហើយក៏ព្រមរៀបការ​ជាកូនប្រសារចឹកម៉េងមកថែទាំឪពុកក្មេក តាំងរូបកូនប្រុសគាត់ក្នុងបន្ទប់ដេក​​ទុកដូចជាប្តី។ នេះជាទំនៀមទម្លាប់ចាស់គម្រឹលនិង ដ៏សំខាន់សម្រាប់ភូមិចិនចាស់សម័យកាលនោះ​។ ​បែបនោះហើយបានជាខ្មោចនោះឆ្លើយនឹងមុនីថា គាត់មានគ្នាបីនាក់។

មកដល់ផ្ទះ​មុនីធ្លាក់ខ្លួនឈឺធ្ងន់ក្រោកមិនរួចទេ។ ជារៀងរាល់យប់គេយល់សប្តិឃើញ​តែកូនក្រមុំចិននិងគ្រែស្នែង។

«ហ៊ា ​អាច​ស្នាក់​នៅ​ទី​នេះ ប្រសិន​បើ​​ចង់​រៀប​ការប្រពន្ធចិន!»

សំឡេងទាំងនេះឮមករហូត​គ្មានប្រភពទេ វាស្ថិតក្នុងអារម្មណ៍​របស់គេ​​ គេខ្លាំងភ័យពេកចាប់ពីថ្ងៃដែលបានឃើញខ្មោច។ ការណ៍នេះ បានធ្វើឱ្យមុនីវង្វេងស្មារតីឡើងៗ។​ ថ្ងៃមួយជីដូនគេ រកបាន​អាចារ្យចិនម្នាក់មកពីខេត្តកំពត។ ​ ឃើញ​សភាពរបស់មុនីហើយ គាត់​ងក់​ក្បាល​បន្តិច ដោយ​យក​ម្រាម​ដៃ​ជូត​មុខ​ខ្លួនគាត់ហើយស្រែកសូត្រ​ជាភាសាចិនឡូឡាឮៗ។

គាត់រៀបចំសំណែន​ជា​មាន់និងនំគូឆាយ​។

គាត់សូត្រធម៌បីយប់ជាប់ៗ​ជាមួយខ្សែអង្កាំខ្មៅ។

នៅព្រឹកព្រហាមថ្ងៃទី៤ មុនីក្រោក​ដើរបាន អាចារ្យចិនបានឱ្យអ្នកផ្ទះនោះរកក្រូចក្រហមមកមួយកេសធំ ហើយប្រារព្ធការសែនព្រេនបង្ហើយ។ មុនីក៏លែងភ័យនិងលែងស្រមៃឮសំឡេងនាង​ទៀត។

ពេលទទួលបានសោហ៊ុយសម្រាប់វិលទៅវិញ អាចារ្យឆ្លៀតសួរគ្រួសារនេះថា តើអ្នកជឿលើទំនៀមទម្លាប់ដែលបានអនុវត្តអស់រយៈពេលប្រហែល 3,000 ឆ្នាំនៅចិនទេ។ នៅក្នុងអាពាហ៍ពិពាហ៍ខ្មោចរវាងមនុស្សនិងអ្នកស្លាប់ដែលមាន​បង់ថ្លៃទឹកដោះ និង បណ្ណាការ មានគ្រឿងអលង្ការ អ្នកបម្រើ និងខ្លះផ្ទេរកម្មសិទ្ធិ​ផ្ទះទៀត នៅតែមានគេអនុវត្តនិងមានគេព្រមធ្វើ នៅភូមិចិនឆ្ងាយៗ។ ខ្មោចស្រីនេះ​បានស្លាប់យូរណាស់ហើយ ប៉ុន្តែដោយសារទីនោះស្ងាត់ពេក ពួកគេ​នៅតែគិតថា ​ពួកគេនៅមានជីវិត​ដដែល​។

មានខ្លះជឿថា បើមនុស្សស្លាប់ក្នុងលក្ខណៈរង់ចាំគ្រួសារខ្លួន ប្តីឬប្រពន្ធ បែបនេះ ពួកគេនឹងមានការអាក់អន់ចិត្ត ចំពោះជោគវាសនារបស់ពួកគេ​ហើយ​មិនទាន់បញ្ចប់ការទទូចទាមទារនៅលើឋានមនុស្ស​នៅឡើយ។ ខ្មោច​របស់​ពួក​គេ​នឹង​បន្ត​នៅ​ជុំវិញ​កន្លែងដែល​បង្ក​ឱ្យ​មាន​រឿងពីមុនៗ  ដូច្នេះពួកគេ​នៅរស់ទៅនោះដូចធម្មតា។

យល់យ៉ាងណាដែរចំពោះរឿងនេះ?