លីវប៉ី – Meysansotheary

រឿង៖ ព្រះបិតុលា លីវប៉ី
យប់មួយនៃគិម្ហរដូវ ស្រាប់តែមានខ្យល់បក់បោកខុសប្រក្រតីក្នុងខេត្តហ្ស៊ូ Zhuo ជា​កន្លែង​ដែល​ទារក​​លីវ​ប៉ី បានចាប់កំណើតឡើង។

ត្រកូលរាជវង្ស​ដែលបានខ្ចាត់ព្រាត់ភៀសសឹក ពេលនេះគ្រួសារ​​មាន​ជីវភាព​ធូរធារ​ក៏បាន​ធ្លាក់​ខ្លួន​ដូច​រាស្ត្រ​ដទៃទៅយុគ​ភាព​ក្រីក្រ កលយុគ រត់លូនពីទីមួយទៅទីមួយ ហើយ​បន្ទាប់​ពីនោះ​ឪពុក​របស់​លីវ​ប៉ី​ក៏​​ស្លាប់តាមផ្លូវ។

ទោះជាជីវភាពក្រោយមកតែងតែលង់ក្នុងបរិយាកាសដ៏ខ្សត់ខ្សោយ​ជា​រូបភាព​គ្រួសារ​មេម៉ាយ​កសិករ ក៏អ្នកម្តាយរបស់លីវប៉ី​តែងតែនិយាយទូន្មានជានិច្ច​ថា កូនប្រុស​ឯង​ត្រូវ​បាន​វាសនា​ចារ​មក​សម្រាប់​ភាព​អស្ចារ្យនៅខាងមុខ ចំណែកទុនដ៏ធំ​សម្រាប់ទៅយកភាពអស្ចារ្យនោះគឺ សមាន​ចិត្តកូន​ដែ​លថ្លៃថ្លា​ដូច​ជាពេជ្រ ភាពអត់ធន់ដែលភ្លឺជាងមាស។

គាត់តែនិយាយបែបនេះជារឿយៗ ធ្វើឱ្យកុមារាលីវប៉ីឱបជាប់នូវទ្រព្យ​មួយ​នេះជាគ្រឿង​ការពារ​កាយ​​និងចិត្ត ស្ថិតក្នុងសភាពការណ៍ធ្ងន់ស្រាលយ៉ាងណាគេមិនដែលបោះ​បង់គុណតម្លៃទាំងពីរដែល​អ្នក​ម្តាយ​​បានបំពាក់​ឱ្យឡើយ។

តាំងពីមានអាយុ១២ឆ្នាំ លីវប៉ីអានសៀវភៅច្រើន​និងមាន​គំនិតប្រកាន់ជាប់ខ្លួន​ដោយសេចក្តី​ថ្លៃ​ថ្នូរ​​ទាំង​ក្នុង​ឈុតសម្លៀកបំពាក់​បំណះយ៉ាងណា ក៏មិនលើកដៃសុំ​និងមិនពឹងផ្អែក​អ្នកណាដែរ។ រឿង​ទាំង​​​នេះ​​នាំឱ្យគេមាន​បុគ្គលិកលក្ខណៈលេចធ្លោនិង​​ខុសប្លែក​ពី​ក្មេង​ប្រុស​ដទៃ​ទៀត​ក្នុង​ភូមិ។

ខណៈពេលដែលពួកយុវជនសម័យកាលនោះ សុបិនអំពីការចូលបម្រើទ័ព ទ្រព្យសម្បត្តិ និង​អំណាច​ ស្រា ស្រី  លីវប៉ី បានសុបិនអំពីពិភពលោកមួយដែលយុត្តិធម៌ត្រូវបានតម្កល់។

ជារឿយៗ នៅទីណាដែលអ្នកទន់ខ្សោយត្រូវបានធ្វើបាបបំពាន លីវប៉ី​តែងតែចេញមុខពន្យល់និង​ការពារ​​រហូតដល់​ភាគីទាំងសងខាងជឿតាមគាត់ ពីសត្រូវក្លាយជាមិត្ត​។

ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដោយសេចក្តីស្រលាញ់ បានធ្វើឱ្យលីវប៉ីមាន​អ្នកព្រមដើរតាម ទាំង​ពេញ​​ចិត្ត​​ជាជាងការបង្ខំឱ្យបម្រើព្រោះភាពភ័យខ្លាច។

សម័យថ្ងៃមួយ ក្នុងនាមជាក្មេងប្រុសអាយុត្រឹមដប់ពីរឆ្នាំ លីវប៉ីបានអង្គុយលើដើមឈើខ្ពស់ ផ្ចង់​អារម្មណ៍​​អានសៀវភៅ​។ នៅពេលងើបមុខមក​សម្លឹងទៅមែក​ឈើ​ដែល​រេបក់តាម​កម្លាំងខ្យល់ ស្រាប់​តែ​​យុវជនតូចបាន​ក្រឡេក​មើលឃើញ​រទេះ​មួយបោលសន្លឹម​នាផ្លូវដ៏​ឆ្ងាយ​។ កង់រទេះ​ទាំងអស់គ្រវី ទ្រោម​​​ក្រោម​ទម្ងន់ធ្ងន់លើស ដែលផ្ទុកដោយកេសសម្ភារៈមានតម្លៃ ក្រណាត់​សូត្រស្បៃ។

ពេលរទេះរុញឆ្លងផុត ម្តាយរបស់លីវប៉ីបានបង្ហាញខ្លួនជាមួយស្រាក់បាយ ហើយគាត់បាន​សួរ​ម្តាយ​ថា​៖

«តើរទេះសម្រាប់តែអ្នកធ្វើដំណើរ?​»

ម្តាយញញឹ​មហើយនិយាយតបដោយយ៉ាងស្រទន់ថា​៖

«ត្រូវដែរ ព្រោះអាចផ្ទុកសម្ភារៈ​និងផ្ទុកមនុស្ស​ តែរាល់អ្នកធ្វើដំណើរពុំមែនគេជិះរទេះទេ! រទេះ​អាច​ធ្វើ​សង្គ្រាម​និងការពារ​នគរ តែវាទៅមិនរួចឡើយបើគ្មានសេះ ឯរទេះ​សេះរឹត​តែទៅ​មិនរួច​បើគ្មាន​អ្នក​បញ្ជា​ពីលើ!»

លីវប៉ីសញ្ជឹងគិតពេលពិសាអាហារ។ ម្តាយឃើញដូច្នោះក៏ពន្យល់ទៀតថា​៖

«កូនប្រុស! ពិភពលោកនេះធំទូលាយណាស់ មិនបាច់ចាំដល់មានរទេះសេះទេ ឱ្យតែកូនមាន​ចំណេះ​ កូននឹងចាកចេញបានពីវាលស្រែជុំវិញទីនេះនៅថ្ងៃណាមួយ!  ប៉ុន្តែ….កូន​ត្រូវ​ចាំ​ជានិច្ច​ថា ​មិន​​មែន​​​អំណាច​ឬ​ទ្រព្យសម្បត្តិ​ដែល​នឹងនាំកូនឱ្យ​ដឹកនាំ​អ្នកដទៃបានល្អ​ឡើយ ចូរពឹងលើ​​សេចក្ដី​ល្អ​ក្នុង​​ចិត្តនិងបេះដូងកូន!»

​ប៉ុន្មានឆ្នាំបានកន្លងផុតទៅ ហើយលីវប៉ីបានក្លាយជាយុវជនដែលមានកម្លាំងថាមពលចិត្ត​យ៉ាង​ស្ងប់​ស្ងាត់ អត់ធ្មត់ និងមានសមានចិត្តមេត្តាយ៉ាងជ្រាលជ្រៅ។ យុវជន​បាន​ចាប់ផ្តើម​ប្រមូល​អ្នកដើរ​តាម​ដែលមិនមែនអ្នកចម្បាំងទេ ប៉ុន្តែជាកសិករឬ​កូនប្រុសនៃគ្រួសារ​ប្រជាជនទូទៅ​ដែលកោត​​សរសើរ​​​ពីប្រាជ្ញាក៏ដូចជាធម្មជាតិនៃសភាវគតិ​ដ៏ទន់ភ្លន់របស់គេ។

យ៉ាងណាក៏ដោយ យុវជនលីវប៉ី​តែងតែនឹកភ្នកថា នៅក្នុងពិភពលោកដែលហែកហួរ​ដោយពួក​មេទ័ព​ ​ចម្បាំង​​និងមហិច្ឆតា ខ្លួនគេ​ត្រូវការសម្ព័ន្ធមិត្តជាមួយ​មនុស្សដែលមានកម្លាំងមហាសាល ​សមត្ថ​ភាព​​គុនកាំបិត​ដាវ មកនៅក្បែរជាចាំបាច់ ដើម្បីបំពេញ​ទស្សនៈ​វិស័យ​របស់​អំពី​ទឹកដី​ប្រកប​ដោយ​​ឯកភាព​និងសន្តិភាព។

ជាមួយក្តីបំណងនេះ នៅ​ពេល​ល្ងាច​និទាឃ​រដូវមួយ ខណៈ​កំពុងដើរលេង​នាទីប្រជុំជនក្រុង Zhuo ដែល​​នៅ​​ជិតភូមិ​នោះ ជោគ​វាសនា​​របស់លីវប៉ី​ត្រូវបាន​ផ្លាស់ប្តូរ​ពេលគេបាន​ឈប់ហូបតែ​នៅហាង​ប្រក់​ស្បូវ​​ពព្រួក​​​តូចមួយ។

​កំពុងសម្រាក​ជើងពីអាការៈ​ដែល​នឿយ​ហត់​ ​បុរស​ពីរ​នាក់ មាឌធំដំបង​បាន​ចាប់​ភ្នែក​គេ។ ម្នាក់​ជា​មាន​​រាង​កាយ​ខ្ពស់​ស្រឡះ​ខ្លាំង សក្តិសមជា​អ្នក​ចម្បាំង​ជាមួយ​ពុក​ចង្កា​ខ្មៅ​វែង​និងកែវ​ភ្នែក​មុតថ្លា​ម៉ឺង​ម៉ាត់ ​​សុចរិត។​ ម្នាក់ទៀត ថ្វីដ្បិត​តែរាងតូចជាងក៏ដោយ ក៏មាន​ថាមពលកម្លាំងកាយខ្លាំងក្លា​។

បុរស​ទាំងពីរនាក់គឺ គួនអ៊ី Guan Yu និងហ្សេងហ្វី Zhang Fei ។​ ពួកគេ​កំពុងពិភាក្សាគ្នា​អំពី​ភាព​វឹក​វរ​​ដែល​រីករាលដាលពាសពេញនគរ រាស្ត្ររងទុក្ខ ហើយ​អ្នកល្អត្រូវគេយាយី​ឆក់ប្លន់ កេណ្ឌទ័ព​។

លីវប៉ីបានស្តាប់ដោយស្ងប់ស្ងាត់និងយកចិត្តទុកដាក់ ទម្រាំ​កំណត់បានសុបិនស្នេហា​ជាតិនៃយុវ​កំលោះ​​ទាំងពីរ​ គាត់សម្រេចចិត្ត​ចូលទៅណែនាំខ្លួនឯង។

នៅពេល​បង្ហាញខ្លួន លីវប៉ីបាននិយាយយ៉ាងសាមញ្ញថា៖

«ខ្ញុំត្រកូលលីវ​! ខ្ញុំក៏ជាមនុស្សម្នាក់ដែលចង់ឃើញសន្តិភាពត្រលប់មក​សណ្ឋិតលើទឹកដីហាន​ដូច​គ្នា​!​​​» ហ្សេងហ្វីសម្លឹងអាការៈសុភាពបុរស ហើយ​សើច​​ហ៊ោ​កញ្ជ្រៀវ​ពេញចិត្ត​ តែគេ​មិន​ភ្លេចនិយាយ​ឌឺ​ដង​​​ឱ្យលីវប៉ីថា៖

​«​សន្តិភាព? ក្នុងសភាពអត់ឃ្លាននេះ? យើងកំពុងឆ្កួត! យើងបីនាក់! មើលចុះកសិករអស់ស្រែ! ស្រេក​ឃ្លាន​ហើយ​ផ្តើមចូលទ័ព! វាគ្មានទេ ពាក្យថាសន្តិភាព! ហើយមើលល្បងចុះ ស្លូតហើយ​មិន​មាន​​​កម្លាំងខ្លាំង! ល្បង! ពិភពលោកនេះគ្រប់គ្រងដោយដាវ​និង​ឈាម​!​»​

ប៉ុន្តែ​គួន​អ៊ី​​ដែលមិនញញឹម តាមពិតគេនៅស្ងៀម ដោយសិក្សា​អំពីសភាពរបស់លីវប៉ី​ដោយប្រុង​ប្រយ័ត្ន​​។ លីវប៉ី​ដែល​នឹងនរ មិនរងរំខាន​អ្វីជាមួយការសើច​ចំអករបស់ហ្សេង​ហ្វី​បាននិយាយ​ចេញពី​បេះដូង​ថា៖

«ខ្ញុំត្រាច់ចរជាច្រើនជុំ! ចិត្ត​នេះ​ស្វែង​រក​អ្នក​ខ្លាំងណា​​​​ ដែលប្តេជ្ញា​មិន​ជាន់​ឈ្លី​អ្នក​ទន់​ខ្សោយ! ទីណា​ដែល​​​អ្នក​គ្រប់​គ្រង​មិន​កាន់​អំណាច ហើយព្រម​​ចែក​រំលែកអំណាច​និងទ្រព្យ​​ដល់​ប្រជាជនខ្លួន។ ខ្ញុំ​ស្វែង​​​រក​នគរ​ដែល​សាង​ឡើង​ដោយ​ស្មគ្រ័ចិត្ត​​មិន​បង្ហូរ​ឈាម​ទេ ប៉ុន្តែ​មនុស្ស​ជំនាន់ក្រោយ​ត្រូវបាន​បង្រៀន​​ដោយ​ភក្ដីភាព​និង​គុណធម៌»

ភាព​ស្ងៀមស្ងាត់បានគ្របដណ្តប់។

លីវប៉ីញញឹមទាញកៅអីមកអង្គុយ ខណៈបុរសមុខក្រញូវនិងក្រអឺតក្រអោងហ្សេងហ្វី រំកិល​មក​កៀក​​គាត់​ដូចចង់ស្តាប់បន្ថែមជក់ចិត្ត​។ ​រីឯបុរសមុខក្រហមស្ងប់ស្ងាត់គួនអ៊ី មិនដក​ភ្នែកពីលីវប៉ី​ឡើយ​។

ដូច្នេះ​ហើយមិនយូរប៉ុន្មាន អ្នកទាំងបីបានទៅដល់ចម្ការចាស់មួយខាងត្បូងក្រុង។ នៅក្រោម​ដើម​ប៉ែស​ដែលកំពុងរីកចោមដុះដាលដោយបុស្បា លីវប៉ី​និងហ្សេងហ្វី រួម​ជាមួយបុរសមុខក្រហម​គួនអ៊ី បាន​​​លុត​ជង្គង់ក្បែរគ្នា ហើយធ្វើការសច្ចាប្រណិធាន​យកគ្នា​ជាបងប្អូន។

ទោះណា​នេះ​ពុំ​មែន​ជាសម្បថឈាម ប៉ុន្តែជាជំនឿរួមគ្នាលើយុត្តិធម៌ដែលមិនអាចបំបែកបាន។ ក្តី​សុបិន​​នៃពិភពលោកដ៏ល្អប្រសើរជាយាននាំពួក​គេឱ្យប្តេជ្ញា​តស៊ូជាមួយគ្នា ​មិន​មែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ដើម្បី​ប្រជារាស្ត្រនិងដួង​ព្រលឹង​ជាតិ។

នៅ​ពេលពួកគេក្រោកឈរ​ឡើង លីវប៉ីបាននាំបងប្អូនបែរទៅរកពន្លឺព្រះអាទិត្យដោយនិយាយថា៖​

«យើង​មានគ្នា​​តិចបំផុត ប៉ុន្តែ​យើងនឹង​រួម​គ្នា​អាច​ផ្លាស់​ប្តូរ​​ប្រវត្តិសាស្ត្រ! ចូរចាំថា យើងមិន​ប្រយុទ្ធ​ដើម្បី​​រាជបល្ល័ង្ក​ឬទ្រព្យសម្បត្តិទេ! យើង​តស៊ូ​ដើម្បី​ប្រជារាស្ត្រទន់ខ្សោយ!»

ប៉ុន្មាន​ឆ្នាំក្រោយពីការសច្ចាប្រណិធាននៅសួនផ្កាប៉ែស លីវប៉ី​នាំប្អូន​ធម៌ទាំងទ្វេ​ធ្វើ​ការបណ្តុះ​មនុស្ស​​​មួយចំនួននូវកម្លាំងនិងគុណធម៌​រហូតដល់កេរ្តិ៍​ឈ្មោះកាន់តែលេចធ្លោឡើង។

ឈ្មោះរបស់ពួកគេត្រូវបានខ្សឹបឮយ៉ាងឆ្ងាយក្រោមការកោតសរសើរពីមនុស្សទូទៅដល់រាប់ម៉ឺនយោជ​​ន៍​។  ប៉ុន្តែ​ជាមួយនោះ មិនយូរប៉ុន្មាន​ឡើយកិត្តិនាមរន្ទឺក៏នាំមកនូវទុក្ខលំបាក។

ឥស្សរជន​នយោបាយ​​ដ៏មានល្បិចកល​និងឥតមេត្តាបំផុត នៅសម័យកាលរបស់ពួកគេគឺ ឆាវឆាវ បាន​​ទុក​បីនាក់បងប្អូន​ជារបាំងឧបសគ្គ។

ឆាវឆាវដែលជាអ្នកយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ ជាបុរសដែលត្រូវបានជំរុញដោយ​មហិច្ឆតា​​តែង​ជឿ​ថា​ ភាពវឹកវរនៃនគរទាំងបីអាចដោះស្រាយបានតែតាមរយៈកម្លាំងវាយ​ និងការបង្រួប​បង្រួម​អំណាច​​ប៉ុណ្ណោះ​។ បុរសនេះ​បានចាប់យក​របៀប​​គ្រប់​គ្រង​ដោយ​កណ្តាប់​ដៃ​ដែកវាយ​កម្ទេចទាំង​អស់​បណ្តា​​​អ្នក​ណាក្តី​ដែល​ប្រឆាំង​នឹង​ខ្លួន​ ហើយ​បង្ហាញ​សេចក្ដី​មេត្តា​ករុណាក្លែងក្លាយ​​ដល់​អ្នក​ទន់​ខ្សោយ។

យ៉ាង​ណា​ក៏​ដោយ លីវប៉ី​ដែលកើតមកជាមួយ​ទស្សនៈ​ខុស​គ្នា​ជា​យូរ​ណាស់​មក​ហើយរមែងជឿថា ភាព​​ខ្លាំង​របស់អ្នកគ្រប់គ្រង មិនមែនមកពីធ្វើឱ្យកូនចៅមាន​ការភ័យខ្លាចទេ ប៉ុន្តែមកពីកងទ័ពមាន​សេច​ក្តី​ស្រលាញ់ គោរព និងស្មោះត្រង់ ។

ជំនួប​​រវាងបងប្អូនលីវប៉ីជាមួយជាមួយឆាវឆាវ ដំបូងគឺក្នុងអំឡុងពេល​សង្គ្រាម ​ដែល​ពេលនោះ​ឆាវ​ឆាវ​ បាន​​ដណ្តើមយកទឹកដីដ៏ធំទូលាយបានមួយចំណែករួចទៅហើយ​​។

ល្បិចដំបូង​របស់ឆាវឆាវ គឺគេតែងតែរាក់ទាក់អ្នកណាដែលគេយល់ថាមានសក្តានុពល ដូច្នេះ​សមត្ថភាព​​ចម្រុះ​របស់លីវប៉ី  គួនអ៊ី និងហ្សេហ្វី ជាគ្រឿងទាក់ទាញ​ឆាវឆាវជាខ្លាំង។

ឆាវឆាវយល់ថា អ្នកខ្លាំងបើមិនមកជាគ្នារបស់គេ​ នឹងក្លាយជាកត្តាគំរាមកំហែង។ នៅពេល​ដែល​គេ​​បាន​ពង្រត់យកស្តេចហានទៅជាចំណាប់ខ្មាំងក្នុងដៃ ឆាវឆាវ​បានដាក់​បញ្ជាទ័ពធំ​ដែលជាង​គេ​នៃ​រាជ​​នគរ និងបានផ្ញើពាក្យ​សុំចងមិត្ត​ជាមួយលីវប៉ី។

អ្នក​នាំសារ​របស់ឆាវឆាវ បានប្រកាសនៅពេលមកដល់ជំរំរបស់ព្រះបិតុលា​លីវ​ប៉ីថា៖

«យើងឆាវឆាវ​​យល់ថា បងប្អូននៃព្រះបិតុលាគួរតែចូលរួមជាកម្លាំងជាមួយខ្ញុំ ព្រោះ​ខ្ញុំសែន​គោរព​ភាព​​ថ្លៃថ្នូរ​របស់ទ្រង់ កោតស្ញប់ស្ញែងកម្លាំងបងប្អូនទ្រង់និងឧត្តមគតិរបស់ទ្រង់! ប្រសិន​យើង​អាច​​​រួប​រួម​​គឺប្រាកដជា​អាច​ស្ដារ​​ហានឡើងវិញ​បាន»

លីវប៉ី ដែលជាមនុស្ស​ពោរពេញទៅដោយការប្រុងប្រយ័ត្ន ប៉ុន្តែចង់ដឹងអំពីបុរសនេះ ក៏បានយល់​ព្រម​​ចួប ឆាវឆាវ នៅក្រុង Xuchang ជាកន្លែងដែលឆាវឆាវកំពុងបាន​នឹង​គ្រប់គ្រង។

នៅពេលដែល​បងប្អូនលីវប៉ីមកដល់កាលណា ពួកគេត្រូវបានស្វាគមន៍យ៉ាងកិត្តិយសដ៏អស្ចារ្យ។ នៅ​ពីមុខកំផែង​ទ្វារក្រុង​ដ៏ខ្ពស់ ពួកគេ​ត្រូវបានមកទទួលដោយឆាវឆាវ​ផ្ទាល់ហើយអមដំណើរ​ចូលទៅ​ក្នុង​​​សាលធំ​ដែលសម្រាប់ឧត្តមមន្ត្រីពិភាក្សាចម្បាំងតែប៉ុណ្ណោះ។

ឆាវឆាវជា​មនុស្ស​ឆ្លាត​វៃ ភ្នែក​របស់​គាត់​រវៀស​ដូចចេះគិត​លេខថាចំណេញឬខាត​សូម្បីត្រឹម​ចួប​លីវ​ប៉ី​​ភ្លាមៗ​។ ទោះបីជាបុរសនេះបំពាក់ទៅដោយ​ស្នាមញញឹមជានិច្ចក៏ដោយ ក៏ខាងលីវប៉ី​អាចដឹង​ពី​​ទម្ងន់​នៃមហិច្ឆតាតាម​រយៈគ្រប់ពាក្យពេចន៍ដែលឆាវឆាវនិយាយ។

«ព្រះបិតុលា» ឆាវឆាវបានចាប់ផ្តើម «ទ្រង់ហើយនិងខ្ញុំ មានលក្ខណៈ​ដូចគ្នានៅ​លើចំណុច​ជាច្រើន​។ យើង​ទាំងពីរនាក់ស្វះស្វែងរកសន្តិភាពមួយ ជូនដល់ទឹកដីដែលពេញដោយទំនាស់​ហែក​ហួរ!​ ប៉ុន្តែ​សន្តិភាព​មិនអាចសម្រេចបានដោយគ្មានសង្គ្រាម​នោះទេ។ យើងគួររួមគ្នាទើប​យើង​អាច​​កម្ចាត់​ភាព​ចលាចល​បានលឿនជូនរាស្ត្រ»។

លីវប៉ី ដែលបានស្តាប់ដោយថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់ មានទាំងហ្សេងហ្វី​និងគួនអ៊ី នៅ​ក្បែរ​ស្មា ដែល​ដៃរបស់ពួកគេដាក់លើអាវុធត្រៀមគ្រប់ពេល ក្នុងកិច្ចការពារបងប្រុស។

លីវប៉ី​បាននិយាយតបយឺតៗថា៖

«សន្តិភាពគឺជាអ្វីដ៏មាន​តម្លៃពួកបងប្អូនខ្ញុំពុះពារ​ស្វែងរក ប៉ុន្តែ​ខ្ញុំនៅ​ឆ្ងល់​ថា ក្នុងគម្រោង​របស់​លោក​​មេទ័ព​​ឆាវឆាវ ​ប្រជាជន​ត្រូវ​បង់​តម្លៃ​អ្វីខ្លះ​ដើម្បី​សន្តិភាព​នេះ? ពួកគេ​យល់ស្របទេ?​»

ឆាវឆាវសើចតិចៗមុនពេលឆ្លើយ៖

«​ប្រជាជន​​នឹង​ដើរ​តាម​អ្នក​ដែល​អាច​ការពារ​ពួកគេ អ្នកណាដែលខ្លាំង! ហើយ​យើងមិនគួរឱ្យ​ពួក​គេ​​​​ចោទ​​សួរ​​ពី​មធ្យោបាយដែលមេដឹកនាំធ្វើ​នោះ​ទេ! លីវប៉ី! ​ព្រះបិតុលា​​មាន​ចិត្ត​ថ្លៃថ្នូរសប្បុរស  ប៉ុន្តែ​វា​មិន​​សូវ​ត្រូវការ​ទេ​ក្នុង​ពេល​វេលាចលាចល​​បែប​នេះ!  មនោសញ្ចេតនា​គឺ​ជា​ភាព​ប្រណីត​នៅពេល​ស្រុក​​សាន្ត​​ត្រាណតែប៉ុណ្ណោះ! កុំឱ្យវាដឹកនាំយើងលើសមរភូមិបាន!»

គួនអ៊ី​ ជាអ្នកសង្កេតការណ៍ដែលនឹងនរ​ មានចរិតស្ងប់ជាងហ្សេងហ្វីបាននិយាយឡើងភ្លាមថា៖

«ល្បងលីវ​របស់យើង មិនត្រូវបានគ្រប់គ្រងដឹកមុខដោយមនោសញ្ចេតនាទេ! គាត់​ត្រូវ​បាន​គ្រប់​គ្រង​​​ដោយ​​ភាព​ស្មោះត្រង់​និង​​គុណធម៌!»

ហ្សេងហ្វីងក់ក្បាល៖

«មែន! តើ​នគរ​មួយដណ្តើមមក​មាន​ប្រយោជន៍​អ្វី បើ​ត្រូវថ្នូរសងដោយ​ទុក្ខ​លំបាកវេទនា​​របស់​ប្រជាជន​?​» សំឡេង​ហ្សេងហ្វីបានបង្ហាញពីភាពដែលមិនសូវអត់ធ្មត់ ថាផងក្តាប់​ដាវរបស់​គាត់យ៉ាង​តឹង ហើយ​ធ្វើមុខមាំត្រៀមចាំបញ្ជាវាយប្រហារពីបងប្រុស។

ស្នាមញញឹមរបស់ឆាវឆាវ​រសាត់ទៅ ព្រោះជាពេលដែល​គាត់​ដឹង​ថា លីវប៉ីមិន​មែន​ជា​មនុស្ស​ដែល​ដើរ​​​តាម​ឆន្ទៈដាច់ខាត​​របស់​គាត់​ទេ។ ភាព​តានតឹង​រវាង​ពួក​គេ​គឺ​អាច​មើល​ឃើញពីឥឡូវទៅ​ហើយ។  ទោះ​បី​គ្មាន​អាវុធ​​ប៉ះ​ទង្គិច ក៏​ចម្បាំងនៃ​ឧត្តមគតិ​កំពុងបង្កើតឱ្យមាន​​សភាពសន្ធោសន្ធៅ​​សាហាវ​ក្នុង​ទ្រូង​​។​

តែ​ដោយសារ​ឆាវ​ឆាវ​ ជា​អ្នក​ប្រាជ្ញ​និយម គាត់បានរម្ងាប់កំហឹង​និង​សម្រេច​ចិត្ត​ទុក​ពេល​វេលា​ឱ្យ​មក​ផ្សះផ្សា។

«ល្អណាស់!»

ជននេះនិយាយតបយ៉ាងត្រជាក់ទៅរកបងប្អូនទាំងបី។

«យើងអាចភ្នាល់យ៉ាងសប្បាយថា ​ ​ទស្សន​វិស័យ​​របស់​អ្នក​ណា​​នឹង​ឈ្នះ! សម្រាប់ខ្ញុំ អ្នក​ខ្លាំង​នឹង​រស់​ ហើយអ្នកទន់ខ្សោយនឹងវិនាស! សូមទ្រង់​ចាំ​ថា ការប្រកួតប្រជែងមិនមើលលើ សមានចិត្ត​ទេ មើល​លើកម្លាំងនិងសកម្មភាពរហ័ស!»

បងប្អូនទាំងបីបានលាចាកចេញទៅ​ភ្លាមៗបន្ទាប់ពីការប្រជុំនោះ បន្ទាប់មកកងកម្លាំងរបស់​ឆាវ​ឆាវ​​បាន​​ប្រតិបត្តិការវាយលុកមកលើមូលដ្ឋាន​ទឹកដីរបស់​លីវប៉ី។

នេះ​ជាសញ្ញាច្បាស់ណាស់ថា ឆាវឆាវបានឃើញ លីវប៉ី​មិនមែនជាសម្ព័ន្ធមិត្តទេ ប៉ុន្តែជា​គូ​ប្រជែង​ដែល​​​មាន​​សក្តានុបលខ្ពស់​និងដាច់ខាត​ត្រូវការសម្អាតកម្ចាត់ចោល។

លីវប៉ីតាមផ្លូវវិលវិញ បាន​យល់ជាស្រេចអំពី​​គ្រោះ​ថ្នាក់នេះទៅហើយ ទើបបាន​ប្រញាប់​ចេញ​បញ្ជា​ឱ្យ​​ប្រជារាស្ត្រ​​នៅតាមភូមិករក្បែរៗកងទ័ព​នាំគ្នា​​ជម្លៀស​ចេញ។ នៅពេល​ដែល​ទ័ពរបស់​ឆាវឆាវ ចូល​មក​រឹត​តែកៀក​ជិត ដោយបានដឹងថា​ឆាវឆាវដាក់កម្លាំងទព័ដ៏ធំមកប្រាថ្នាបញ្ចប់ពួកខ្លួន ហើយ​ទ័ព​លីវ​ប៉ី​មិនអាចទប់ទល់នឹងការវាយលុកពេញលេញបាន បងប្អូន​របស់​គាត់​និង​ប្រជាជន​ពេញ​កម្លាំង​ដែល​ស្ម័គ្រ​ដើរ​​តាម​​ បានកេណ្ឌគ្នា​ភៀស​ខ្លួនទៅរក​​ទី​សុវត្ថិភាព។

ពួកគេប្រញាប់ឆ្ពោះទៅ​​ទីក្រុង Runan ដែល​ជាក្រុង​តូច​មួយ​ឆ្ងាយ​ពី​ដៃ​របស់ឆាវឆាវ។ ទោះ​ណា​ជា​រួច​រស់​ជីវិត ប៉ុន្តែនៅទីនោះជា​ពេល​វេលា​​លំបាក​យ៉ាង​ខ្លាំងប្រឈមនឹង​កង្វះអាហារ រ​បួស គ្មាន​ថ្នាំ​ជា​​ហេតុ​ញ៉ាំងឱ្យ​មនុស្សជាច្រើនដែលបានដើរតាមលីប៉ី  ចាប់ផ្តើមអស់សង្ឃឹម។

អ្នក​ខ្លះ​ខ្សឹបខ្សៀវគ្នា​​ថា៖

«ប្រហែល​ជាមេដឹកនាំ​យើង ​គួរ​តែ​ទទួល​យក​សំណើ​​របស់ឆាវឆាវ យ៉ាងហោច​ណាស់នៅ​ក្រោម​ឆាវឆាវ​​​ពួក​យើងនឹងមានសុវត្ថិភាព!​»

ប៉ុន្តែក្នុងភាពជាអ្នកដឹកនាំ  លីវប៉ី​​មិន​ព្រម​ទុក​ឱ្យ​ការ​សង្ស័យ​គ្រប​ដណ្តប់​លើបេះដូង​របស់កង​​កម្លាំង​​ទេ​។ ​នៅល្ងាចដដែល ទ្រង់បានប្រមូលផ្តុំកងកម្លាំងតស៊ូមកជុំគ្នា ហើយឈរនៅនឹង​មុខពួកគេ ក្រោម​​ពន្លឺផ្កាយ។ ត្រង់បាន​លើកឡើងចំៗថា៖

«ឆាវឆាវ បានធានា​ផ្តល់សុវត្ថិភាពបើយើងចុះចូល ប៉ុន្តែវាជាសុវត្ថិភាពដែលបង្កើតឡើង​ក្រោម​ភាព​​​ភ័យ​ខ្លាច! បុរសនោះនឹង​គ្រប់​គ្រង​យើង​ដោយកណ្តាប់​ដៃ​ដែក ​ទោះ​បី​រូប​កាយ​របស់​យើង​អាច​មាន​​​សុវត្ថិភាព​​ក៏​ដោយ ចិត្ត​របស់​យើងនឹង​តែងតែមិន​មាន​សេរីភាពចាកផុតពីការភ័យខ្លាច​ឡើយ!»

ឮ​ហើយកាលណា កងទ័ពប្រជាពលករ​បានយល់ស្របនិងដើរតាមបន្ត។ ពួកគេ​បានបន្តដំណើររក​តាំង​​ទី​នាជនបទដ៏ស្ងប់ស្ងាត់មួយស្ថិតនៅក្នុងចំណោមជួរភ្នំនិងវាលស្រែខៀវស្រងាត់។

រយៈពេលនោះ លីវ​ប៉ីបន្តសាងកេរ្តិ៍​ឈ្មោះ​ជា​កម្លាំង​លេច​ធ្លោ​ក្នុង​ទិដ្ឋភាព​នយោបាយ​និង​​យោធា​ទោះ​​បានឃ្លាតចាកឆ្ងាយ​ពី​រដ្ឋធានី​ដ៏ស្តុកស្តម្ភ​អ៊ូអរក្តី។ ជាមួយនឹង​ការរីកចម្រើននៃ​កម្លាំង​ទ័ព លីវប៉ី​​ក៏​ប្រឈម​នឹងការតាមកម្ចាត់គ្រប់ពេលពីឆាវឆាវនិងស្តេចត្រាញ់ធំៗមួយចំនួនទៀត។

ការគំរាម​នេះបានធ្វើឱ្យព្រះបិតុលាចិញ្ចឹមចិត្ត​ស្វែងរកអ្នកមាន​ប្រាជ្ញា​និងកំពូល​យុទ្ធសាស្ត្រ​ដែល​មាន​​​គុណធម៌​ស្របគ្នា ​មកជួយពង្រឹងបុព្វហេតុរបស់ទ្រង់។

មានពាក្យចចាមអារ៉ាមថា នាគដេក ជូកឺ លាង ជាកំពូលអ្នកប្រាជ្ញរស់នៅឯកោម្នាក់ ប្រកប​ដោយ​​កម្រិត​បញ្ញាមិនមាន​អ្នកណា​អាចប្រៀបផ្ទឹមជាមួយបាន​ និងស្ទាត់ជំនាញ​ទាំងអក្សរសាស្ត្រ​និងយុទ្ធ​សាស្ត្រ​។

អ្នកប្រាជ្ញម្នាក់នេះត្រូវបានគេពណ៌នា​តៗគ្នា​ថា សំងំ​រស់នៅក្នុងខ្ទមចាស់មួយក្បែរជាយព្រៃ។ លីវប៉ី​មិនរង់ចាំយូរឡើយ ទ្រង់​អមដំណើរដោយប្អូនៗទាំងពីរ ធ្វើដំណើរពីងងឹត​តាមផ្លូវ​វាងតូច​នា​ដែន​​ជន​បទ​។

សេះ​​របស់បងប្អូនទាំងបី​បានផាយលើផ្លូវតូចក្រវេចក្រវៀន​ពោរពេញដោយធូលី​និងលម្អង​ផ្កាព្រៃ​។ ដំណើរ​នេះ គឺជាបេសកកម្មយុទ្ធសាស្ត្រ​ស្វែងរកកម្លាំងមហាសាលបន្ថែម​សម្រាប់​អនាគត​នៃការ​​កសាង​​​សន្តិភាពរបស់ព្រះបិតុលា​លីវប៉ី។

ជាមួយ​នឹងក្តីសង្ឃឹម​រួមទាំងផ្នត់គំនិតដ៏ភ្លឺស្វាង ពួកគេបានចូលដល់ទៅភូមិមួយក្បែរព្រៃនោះ ក្នុង​ភាព​​ស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។

អ្នក​ស្រុកបានបង្ហាញផ្លូវ ហើយទាំងបីប្រាណបានបន្តដំណើរដល់ខ្ទមមួយ​ដែលមាន​​បរិស្ថាន​ស្រស់​ស្អាត ស្ងប់សុខ ផ្ទុយស្រឡះ​ជាមួយនឹងភាព​ចលាចល​ដែលកំពុង​រង់ចាំពួកគេ​នៅក្នុង​រាជ​នគ​រ។

កន្លែង​ដែលពោរពេញ​ដោយភាពស្រទន់នៃជីវិតរស់នៅមិនខ្វាយខ្វល់អ្វី គឺពេញដោយខ្យល់​​អាកាស​​បរិសុទ្ធ​​និងសន្តិភាព។ ផ្ទះខ្ទមនេះ ​នៅចុងប៉ូចនៃគន្លង​វាល​ស្រែជាច្រើន។ ដោយផ្លូវ​កាន់​តែ​តូច​ចង្អៀត​និងស្ងាត់ជាងមុន ពួកគេ​ត្រូវបង្ខំឱ្យចុះ ដើរថ្មើរជើងកាត់ព្រៃបៃតងខៀវខ្ចី រហូត​ទៅ​ដល់​​ច្រាំង​​ទន្លេដ៏ស្ងប់ស្ងាត់មួយ។ នៅ​ទី​នោះ ចំ​កណ្តាល​គុម្ព​ឫស្សី​ខ្ពស់បៃតង​និងមាន​ទំនុកដ៏​ពីរោះ​​ដោយ​ខ្យល់​ត្រកួត​មែកឫស្សី  កូន​ខ្ទមតូច​ល្មមមួយដែលមាន​ដំបូល​ប្រក់ស្បូវ​លេចឡើងពីក្នុងចំណោម​​ធម្មជាតិ​​។ ទិដ្ឋភាពនេះ ស្ទើរតែជាពិភពមួយផ្សេងទៀតសម្រាប់បងប្អូនលីវប៉ី។

មនុស្សម្នាក់កំពុងអង្គុយក្បែរកូនតុឈើតូច រុំព័ទ្ធដោយរមូរ​សៀវភៅស្លឹករឹត។

លីវប៉ី អាចសម្គាល់ដឹងបានភ្លាមថានេះជា ជូកឺ លាង ដែលមាន​​​សម្លៀក​បំពាក់​ជាអ្នកសិក្សា ដេរ​ដោយ​​ក្រណាត់សាមញ្ញៗ។

ជូកឺ បាន​ងើប​មុខ​មើល​មកក្រុមអ្នក​ធ្វើ​ដំណើរ​នៅឯមាត់ទ្វារ។

កិរិយាមារយាទ​របស់​ជូកឺ មាន​ភាព​ស្ងប់​ស្ងាត់​និង​ការសម្លឹង​ដោយ​អាកប្បកិរិយា​បង្ហាញពី​ប្រាជ្ញា​នឹង​​នរ​​។

​«​ខ្ញុំបាទលីវប៉ី ខ្ញុំបានឮមកពី​សមត្ថភាពដ៏ពិសេសរបស់លោក តើលោកព្រមជួយខ្ញុំទេ?​»

«សូមស្វាគមន៍ ព្រះបិតុលា!​» ជូកឺបាននិយាយតបដោយស្នាមញញឹមស្ងប់ស្ងាត់ហើយបន្តឡើងថា​៖

«ខ្ញុំបានឮពីការខិតខំរបស់ទ្រង់ក្នុងការប្រឈមមុខជាមួយឆាវឆាវដើម្បីការពាររាស្ត្រ! សូមអញ្ជើញ​ចូល​​​មក​ខាង​ក្នុង ហើយ​ចែក​រំលែក​លម្អិតនូវ​អ្វីខ្ញុំអាចជួយបាន!»

​បងប្អូនលីវ​ប៉ី  បានឈានចូលទៅក្នុងខ្ទមដែល​ត្រូវបានតុបតែងដោយគ្រឿងសង្ហារិមដ៏សាមញ្ញ និង​​រុក្ខជាតិ​ឱសថ។

នៅពេលដែលពួកគេបានអង្គុយមក​ទល់មុខគ្នា លីវប៉ីមាន​ប្អូនៗឈរពីក្រោយ រីឯ​ជូកឺលាង​បាន​យក​​​ចិត្ត​​​ទុកដាក់ស្តាប់នូវពាក្យពេចន៍ដែលលីវប៉ី បានចែករំលែកលើ​ចក្ខុវិស័យសម្រាប់​អនាគតនៃ​​នគរ​ហាន​​។

ដោយ​​បង្ហាញពីការតស៊ូ សេចក្តីប្រាថ្នានិងបញ្ហាប្រឈម លីវប៉ី​សប្បាយចិត្ត​ព្រោះឃើញជូកឺ​កំពុង​ស្រូប​​​យកព័ត៌មានលម្អិតៗ​និងយកចិត្ត​ទុកដាក់ខ្លាំងឡើងៗ។

និយាយអស់ហើយ លីវប៉ីចាប់ផ្តើមចូលដល់គោលបំណង៖

«ជូកឺ តើខ្ញុំអាចខ្ចីចំណេះដឹង​និងប្រាជ្ញារបស់លោកមកជួយសម្រេចបុព្វហេតុនេះដែរទេ?​»

ជូកឺ​​ដែលបានសិក្សាអំពីលីវប៉ីនិង​លបវាយតម្លៃឃើញ​ពីភាពស្មោះត្រង់ ក៏ដូចជាស្មារតី​តាំងចិត្ត​ខ្ពស់ អ្នកប្រាជ្ញ​បានបញ្ចេញពន្លឺនៃភាពពេញចិត្ត​នៅក្នុងភ្នែក។

នាគដេកបានលើកឡើងថា​៖

«ព្រះបិតុលាអើយ! ផ្លូវនៅខាងមុខ ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ប៉ុន្តែ​បេះដូង​ទ្រង់​ហាក់​ដូច​ជា ​ខ្ជាប់​ខ្ជួន​​ជាមួយសេចក្តីក្លាហានយ៉ាងមានះមួយ​!  ខ្ញុំមានអីត្រួវបដិសេធមិនជួយដល់ទ្រង់? ប៉ុន្តែសូមចាំថា ជោគ​ជ័យពិត មិនមែនស្ថិតនៅលើយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនៅ​ក្នុងកម្លាំង​នៃការ​ជឿជាក់​របស់​មេ​ដឹក​នាំ​និងកងទ័ព!»

នៅពេលដែល ជូកឺលាងបានយល់ព្រមក្លាយជាមន្ត្រីយុទ្ធសាស្ត្រ​និងជាទីប្រឹក្សានយោបាយ​របស់​ព្រះ​បិ​តុលា​លីវ  នេះជាពត៌មាន​ដ៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកងកម្លាំងនៃគ្រប់សមភាគី។

ពួកគេ​ចាកចេញពីព្រៃឫស្សីមកចំពេល​ព្រះអាទិត្យ​លិច​ បញ្ចេញ​ពន្លឺ​ស្រទន់​លើ​ខ្ទមនៃភូមិតោក​យ៉ាក​​​​របស់​កងកម្លាំងលីវប៉ី។ អ្នកទាំងបួន​​បាន​ចែក​រំលែក​អាហារយ៉ាង​សាមញ្ញជាមួយគ្នា​បន្តដោយ​កិច្ច​​​សន្ទនា​យ៉ាងស៊ីសង្វាក់អំពីផែនការដើម្បីស្រោចស្រង់ជាតិ។

រាត្រីនោះ បានក្លាយជាការចាប់ផ្តើមនៃកិច្ចសហការដែលបាន​បង្កើតប្រវត្តិសាស្ត្រនគរ​ទាំងបី​ដោយ​​​​ជូកឺ​លាង បានរៀបចំនូវចក្ខុវិស័យយុទ្ធសាស្ត្រដំបូងមកឱ្យ​លីវប៉ី គឺ​ផែនការ Longzhong ដ៏​ល្បី​ល្បាញ​​ ជាកន្លែងដែលជូកឺ​បានគូសបញ្ជាក់ជាតំបន់យុទ្ធសាស្រ្តសម្រាប់លីវប៉ី កសាងមូល​ដ្ឋាន​ទ័ព​ផ្ទាល់​ខ្លួន​។ តំបន់នេះ​ស្ថិត​នៅភាគខាងលិច​ប្រទេសចិន សម័យនេះ​គេដូរឈ្មោះ​មកជា ​Sichuan ស៊ីឈ័ន​។ ជាមួយនោះ ជូកឺបានញ៉ាំង​​ឱ្យលីវប៉ី  បង្កើតសម្ព័ន្ធភាពជាមួយស្តេចត្រាញ់ Sun Quan ត្រកូល​​ស៊ុន នៅភាគខាងកើត​ដើម្បីរួមដៃ​ប្រឆាំងនឹងឆាវឆាវ។

ផែនការ​នេះ បានបង្ហាញពីសមត្ថភាពបង្កើតទស្សនៈវិស័យ​វែងឆ្ងាយ​របស់ជូកឺលាង​ក្នុងការ​ត្រិរិះ​ពូកែ​​ជាង​ឆាវឆាវ​ដែលមានអំណាចនិងកម្លាំង។

លីវប៉ី​ បានធ្វើតាមផែនការនេះយ៉ាងហ្មត់ចត់រហូតដល់ទទួលបានជ័យជម្នះ​និង​ឡើងកាន់​អំណាច​លើ​ផ្នែក​មួយនៃនគរទាំងបី។

ជាមួយនោះ សមរភូមិជ្រោះក្រហម Red Cliff ក្នុងសម្ព័ន្ធភាពជាមួយស្តេចត្រាញ់ ស៊ុនក្វាន់ ការរួម​ចំណែក​​ដ៏ធំបំផុតមួយរបស់ជូកឺ Zhuge Liang ចំពោះបុព្វហេតុជាតិនៃស្តេចលីវប៉ី  គឺ​ការ​បង្កើត​សម្ព័ន្ធ​ភាព​​រួមគ្នាប្រឈមមុខនឹងកងទ័ពដ៏ធំសម្បើមរបស់ឆាវឆាវ​។ នៅសមរភូមិ Red Cliff ​ដែល​ជា​សមរភូមិ​ដ៏​ដាច់សង្វែង ធំ​បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន ការប្រើប្រាជ្ញា​ប្រឆាំង​នឹង​កម្លាំង​​ទ័ព​សេះ​របស់​ឆាវឆាវ ប្រើ​យុទ្ធសាស្ត្ររបស់ជូកឺរួមជាមួយនឹងមេទ័ពល្បីៗ​និង​សម្ព័ន្ធ​​ភាព​នយោបាយ បាន​បណ្តាល​​ឱ្យឆាវឆាវត្រូវបរាជ័យដោយមិនអស់ចិត្ត​។

យុទ្ធ​សាស្ត្រ​​របស់ជូកឺ «ខ្ចីព្រួញជាមួយទូកចំបើង» គឺជាកថា​យុទ្ធសាស្ត្រដ៏ល្បីល្បាញនិងជា​សម​យុទ្ធ​ដ៏អស្ចារ្យមួយបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងការគិតគូរពីកម្លាំងសត្រូវ​និង​កងការពារ​ពិត​របស់​ខ្លួន ថ្លឹងថ្លែងបានត្រូវឥតទាស់។

បន្ទាប់មក ជូកឺបានគាំទ្រលីវប៉ីឱ្យកាន់កាប់យក​តំបន់ Shu ដើម្បី​បង្កើត​ជា​មូលដ្ឋាន​ទឹកដី​មួយ​ដ៏​រឹង​មាំ​។ ការយល់ដឹងរបស់ជូកឺ បានបង្កើតបានជាបន្ទាយរឹងមាំនិងជាដែន​យុទ្ធសាស្ត្រ​ដ៏មាន​សារៈ​សំខាន់​​សម្រាប់ជីវិតនយោបាយរបស់លីវប៉ី។

បន្ទាយនេះ​ជួយដល់លីវប៉ី​ក្នុងការពង្រឹងជំហរ​ប្រឆាំងនឹងឆាវឆាវ។

​ទស្សនវិជ្ជារបស់លីវប៉ីគឺមានលក្ខណៈជាសាមញ្ញថា «អ្នកគ្រប់គ្រងគឺជាអ្នកបំរើរបស់ប្រជាជន មិន​មែន​​ជាចៅហ្វាយនោះទេ។»