លីសុផាត – Meysansotheary

រឿង៖ នាងនិងគេ (ភាគ២២)
ខ្ញុំភ្ញាក់ធ្លាក់កែវទឹកប្រាវបែកខ្ចាយ…

ម៉ាក់និងខ្ញុំស្រឡាំងកាំងមើលមុខគ្នា ។ ខ្ញុំដូចជាមនុស្សគ្មានវិញ្ញាណទេ…  នៅចំពោះមុខគាត់ ។ តែដាច់ខាត…  មិនមែនឥទ្ធិពលប្រុសបោកប្រាស់ម្នាក់ហ្នឹងឡើយ…  ខ្ញុំស្ទុះទៅរកអម្បោស…  ម៉ាក់ដើរមកតាមខ្ញុំដូចជាគាត់កំពុងតែបារម្ភមែនទែន ។

«កូនមិនកើតអីទេណា៎  សន្យានឹងម៉ាក់មក !» គាត់ខ្សឹបរលីងរលោងធ្វើឱ្យខ្ញុំដកដង្ហើមធំ ទម្លាក់អម្បោសចោល ហើយទាញម៉ាក់មកឱប ។

គាត់យំសសឹកក្នុងទ្រូងខ្ញុំ ។

«មិនមែនជារឿងដែលយើងត្រូវយំទេម៉ាក់ ! ខ្ញុំលែងខ្វល់ពីមនុស្សធុនហ្នឹងយូរហើយ !»

ម៉ាក់ងើបមុខមកដោយបើកភ្នែកធំៗសម្លឹងខ្ញុំ គាត់ហាក់មិនជឿថាខ្ញុំអាចរឹងមាំបានលឿនបែបនេះ ។

«ម៉ាក់ កុំគិតអីទៀត ប្រយ័ត្នឈឺ !»

មិនទាន់បាននិយាយអីបន្តផង ស្រាប់តែទូរទស្សន៍ចាស់ដែលម្តាយខ្ញុំទម្លាប់បើកចោល បានលោតចូលមកនូវព័ត៌មានទាន់ហេតុការណ៍ ៖

«Breaking News ព័ត៌មានក្តៅៗ ! មន្ទីរពេទ្យ សមុទ្ទចិត្ត ត្រូវបានទិញភាគហ៊ុនផ្តាច់ដោយក្រុមហ៊ុនធំមួយនៅព្រឹកនេះ ! អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នាយកមន្ទីរពេទ្យ និងកូនប្រុស គឺលោកវេជ្ជបណ្ឌិត ផាណង្គ ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនភ្លាមៗ ក្រោយពីមានការទម្លាយឯកសារសម្ងាត់រាប់សិបច្បាប់ពាក់ព័ន្ធនឹងការរំលោភបំពានអ្នកជំងឺ ក៏ដូចជាការគំរាមកំហែង និងអំពើពុករលួយ !»

រូបភាពក្នុងទូរទស្សន៍បង្ហាញពីលោកគ្រូពេទ្យផាណង្គដែលធ្លាប់តែសង្ហា និងញញឹមរាក់ទាក់ដាក់ខ្ញុំកាលពីប៉ុន្មានម៉ោងមុន កំពុងត្រូវបានគេវាយខ្នោះអូសចូលឡានប៉ូលិសទាំងមុខស្លេកដូចមនុស្សងើបពីលង់ទឹក ។

ម៉ាក់យកដៃខ្ទប់មាត់ ភ្ញាក់ផ្អើលសឹងគាំងបេះដូង ។

ឯខ្ញុំវិញ… ជើងទាំងពីរទន់សឹងតែដួលស្រុត ។ ត្រចៀកខ្ញុំខ្ទរពាក្យសម្ដីរបស់ទីនដែលគំរាមផាណង្គនៅក្នុងហាងកាហ្វេ ៖

«.… មុនពេលមន្ទីរពេទ្យនេះ.… ត្រូវប្តូរនាយកគ្រប់គ្រង !»

ភ្នែកខ្ញុំរេរកមើលទូរសព្ទ ។

ដ្បិតណាតែកាលពីជិះមកតាមផ្លូវគេបាននិយាយរឿងមន្ទីរពេទ្យសមុទ្ទចិត្តនេះឱ្យខ្ញុំដឹងដែរតែខ្ញុំមិនភ្ញាក់ផ្អើលអ្វីស្មើនឹងឃើញគ្រប់យ៉ាងក្នុងព័ត៌មានទេ ។

ស្នាដៃគេធ្វើមែនទេ ?

បើអ៊ីចឹង ?… គ្រប់យ៉ាង…  គេមិនបាននិយាយលេងសូម្បីតែមួយម៉ាត់ណា ។ ត្រឹមតែប៉ុន្មានម៉ោងក្រោយពីឃើញផាណង្គញញឹមដាក់ខ្ញុំ គេបានកម្ទេចអាជីពកិត្តិយស និងជីវិតគ្រួសាររបស់គេឱ្យរលាយបាត់ពិតមែន ?

បិសាច… គេពិតជាស្តេចបិសាច ! ខ្ញុំលូកដៃទៅស្ទាបបបូរមាត់ខ្លួនឯងដែលនៅសេសសល់ស្នាមដាក់ទណ្ឌកម្មរបស់គេ ។ ការហួងហែងរបស់គេ វាកាចសាហាវ និងគ្រោះថ្នាក់ដល់កម្រិតនេះទៅហើយ តើខ្ញុំកំពុងតែដើរចូលទៅក្នុងភ្លើងនរក ឬក៏ឋានសួគ៌ឱ្យប្រាកដទៅ ?

អន្ទាក់បិសាច​ (តំណាលបព្វតា)

«ចប់ភារកិច្ច !»

ខ្ញុំពោលពាក្យនេះតិចៗតែម្នាក់ឯងខណៈកំពុងឈរឱបទ្រូងសម្លឹងមើលអេក្រង់ទូរទស្សន៍ខ្នាតធំនៅក្នុងការិយាល័យ ។ រូបភាពអាពេទ្យផាណង្គ ត្រូវប៉ូលិសវាយខ្នោះអូសចូលឡានទាំងអាម៉ាស់ កំពុងចាក់ផ្សាយគ្រប់ប៉ុស្តិ៍ និងគ្រប់បណ្ដាញសង្គម ។

នៅពីក្រោយខ្នងខ្ញុំ អ៊ីសានកំពុងឈរឱនក្បាលរាយការណ៍បន្ថែម ៖

«ឯកសារពុករលួយ និងកំណត់ត្រាវេជ្ជសាស្ត្រក្លែងក្លាយរបស់វា ត្រូវបានបញ្ជូនដល់ដៃតុលាការ និងអ្នកសារព័ត៌មានអស់ហើយទាន ! ឪពុករបស់វាក៏ត្រូវដកហូតទ្រព្យសម្បត្តិសងជំងឺចិត្តអ្នករងគ្រោះដែរ  ត្រកូលនេះ… លែងមានផ្លូវងើបមុខរួចហើយ !»

«ល្អខ្លាំង ! ល្អ !» ខ្ញុំឆ្លើយខ្លី ភ្នែកនៅតែសម្លឹងទូរទស្សន៍ ។

«ចុះចំណែករឿង… លោកធន្នក្រៃ ?» អ៊ីសានសួរដោយប្រុងប្រយ័ត្ន ។

«ឱ្យក្រុមគ្រូពេទ្យស្វីស ចាប់ផ្តើមអនុវត្តការព្យាបាលតាមស្ដង់ដាខ្ពស់បំផុត ។ បិទព័ត៌មានកុំឱ្យអ្នកណាដឹងថា កន្លងមកអាផាណង្គវាលួចចាក់ថ្នាំសង្កត់សរសៃប្រសាទគាត់…  កំណត់ត្រាពេទ្យមួយនេះនឹងប្រាប់ទៅដាហ្ស៊ីដោយផ្ទាល់មាត់នៅពេលវេលាសមប្រកបមួយ !»

«បាទទាន !» អ៊ីសានទទួលបញ្ជា រួចថយចេញទៅយ៉ាងស្ងៀមស្ងាត់តាមទម្លាប់ ។ នៅក្បែរខ្ញុំបានយូរព្រោះអ៊ីសានមានទំនោរធ្វើជាមនុស្សយន្តដែលមិនមានអង្គចងចាំនូវរឿងដែលចប់ទៅ ហើយមកផ្ដោតតែលើបណ្តារឿងថ្មីៗទៀតដែលខ្ញុំនឹងត្រូវឱ្យគេធ្វើសកម្មភាព ។

ពេញចិត្តខ្លាំងថ្ងៃនេះ ! ខ្ញុំដើរទៅទាញកែវស្រា Whiskey ដែលមានទឹកកកមួយដុំ មកគ្រវី ។ សំឡេងទឹកកកប៉ះកែវគ្រីស្តាល់លាន់ «កក្អឹកៗ» ស្តាប់ទៅពីរោះរណ្ដំដូចចង្វាក់បេះដូងស្រីល្ងង់ៗឫកពាហំហានម្នាក់ដែលប្រហែលជាកំពុងតែឡេះឡះនឹងជីវិតថ្មីចម្លែកៗរបស់គេ ។

ម៉ោងនេះ វិនាទីនេះ គេអាចនឹងកំពុងឈរស្ងៀមធ្មឹងមុខទូរទស្សន៍ ។ ហើយគេនឹងនឹកយើង… ព្រោះប្រាកដជាដឹងហើយថា នេះមិនមែនជារឿងចៃដន្យទេ ។

ខ្ញុំញញឹមចុងមាត់ លើកស្រាអកបង្ហើយដូចកំពុងក្លែមជាមួយក្លិននិងរសជាតិរបស់នាង នៅតែជាប់នៅចុងបបូរមាត់របស់ខ្ញុំ ។ សំឡេងគេ «គិតខ្ញុំផង !» កាលពីនៅក្នុងឡាន… «បងគិតអូនរួចហើយក្មេងល្ងង់ !» គ្រាន់តែនឹកឃើញពាក្យនេះក្នុងចិត្តម្នាក់ឯង ក៏ធ្វើឱ្យឈាមក្នុងខ្លួនខ្ញុំពុះកញ្ជ្រោល ។

សម្លឹងទីក្រុងធំធេងមួយនេះ… ខ្ញុំគិតថា នាងអាចចង់គេចចេញពីខ្ញុំដោយត្រឹមហេតុផលនៃពាក្យថា «យើងមិនស្គាល់គ្នា» មែនទេ ? ឬនាងគិតថា ខ្ញុំអស្ចារ្យពេកសម្រាប់នាង គួរឱ្យធុញពេក ឬស្អិតពេក… តែនាងនឹងមិនគិតថា ខ្ញុំអន់ពេកនេះមែនទេអូន ? គិតបែបណាក៏ដោយ… អូននៅតែជារបស់បង ។

ក្នុងចិត្តនេះ កាលដែលខ្ញុំកម្ទេចអាផាណង្គ វាគ្រាន់តែជាការព្រមានទីមួយ ។ បងចង់ឱ្យអូនដឹង ដាហ្ស៊ី… ថាបងមិនមែនជាមនុស្សល្អ ហើយបងក៏មិនដែលលេងសើច ។ អំណាចរបស់បងអាចធ្វើឱ្យមនុស្សដែលហ៊ាន      ញញឹមដាក់អូន រលាយបាត់ពីផែនដីត្រឹមមួយប៉ប្រិចភ្នែក ។

ខ្ញុំទាញទូរសព្ទដៃចេញពីហោប៉ៅ អូសរកឈ្មោះដែលខ្ញុំបាន Save ទុក ។ ខ្ញុំប្រាប់នាងឱ្យរង់ចាំទូរសព្ទខ្ញុំ ប៉ុន្តែមនុស្សដូចខ្ញុំមិនចូលចិត្តការរង់ចាំទេ ។ ខ្ញុំចង់ឃើញកែវភ្នែកដ៏ភាំងៗ  ភ័យៗ និងចរិតត្រដរមិនព្រមងាយចុះចាញ់របស់នាងនៅពេលនេះ… ភ្លាមៗនេះ !

ខ្ញុំចុចបញ្ជូនសារមួយខ្សែទៅកាន់នាង ៖

«មើលព័ត៌មានហើយឬនៅ ? បងបានប្រាប់ហើយថាមែនអត់ ? បងមិនចូលចិត្តឱ្យអ្នកណាផ្សេងមកប៉ះពាល់ស្រីបងទេ ។ ល្ងាចនេះ ម៉ោង៧យប់ ញ៉ាំបាយ OK ?»

«ខ្ញុំញ៉ាំជាមួយម៉ាក់ !»

នាងតបភ្លាមៗតែម្តង គឺតបរបៀបបដិសេធបង កូនឆ្មា ?

«ចឹងបងទៅញ៉ាំជាមួយ !»

«អត់ទេៗ កុំមក !»

ខ្ញុំទម្លាក់ទឹកមុខស្មើ ។ ប្រសិននាងប្រកែកព្រោះនាងមិនចង់ចួបខ្ញុំ នាងមានទោសមធ្យម តែបើនាងកុហកហើយមានអ្នកផ្សេងបាយជាមួយនាងនិងម៉ាក់នាង ប្រាកដជាម្ចាស់តុក្កតាម្នាក់នេះមានរឿងធំជាមួយបព្វតា ។

ខ្ញុំដកដង្ហើមឃូរទប់ចិត្តច្របូកច្របល់ហើយសរសេរ ៖

«បងមានរឿងមួយដែលអូនមិននឹកស្មានដល់ ! ចង់ប្រាប់… ពាក់ព័ន្ធនឹងការព្យាបាលប៉ារបស់អូន… ហេតុផលប៉ុណ្ណឹងអាច Date អូនបានឬនៅ ដាហ្ស៊ី !»

ខ្ញុំចុចបញ្ជូន រួចបោះទូរសព្ទចោលទៅលើតុ ។

នុយដ៏ធំបំផុតត្រូវបានបោះទម្លាក់ហើយ ។ គេ… គេមិនអាចមិនខ្វល់ពីប៉ាដែលគេស្រលាញ់ជាងជីវិតទៅទៀតនោះទេ ។ ដូច្នេះ ទោះជានាងភ័យខ្លាចខ្ញុំដល់កម្រិតណា ក៏នាងគ្មានជម្រើសអ្វីក្រៅពីដើរចូលមកក្នុងអន្ទាក់ដែលខ្ញុំបានត្រៀមទុកនៅយប់នេះដដែល ។

អ្វីៗដូចការរំពឹងទុក ។ ខ្ញុំអង្គុយគោះចង្កូតឡានស្ព័រលេងយឺតៗ កែវភ្នែកសម្លឹងកាត់កញ្ចក់ពណ៌ខ្មៅងងឹត តម្រង់ទៅរកខ្លោងទ្វារផ្ទះវីឡាចាស់ទុំរបស់គេ ។

មិនដល់៥នាទីផង រាងកាយតូចច្រឡឹងក៏ស្ទុះរត់ចេញមកទាំងប្រញាប់ប្រញាល់ ។ ខ្ញុំញញឹមចុងមាត់… លបអាណិតគេដែលស្លើតស្លក់ស៊ីនុយខ្ញុំ ។ ការប្រទាក់យកកូនបក្សីតូចនេះបានមកប្រលោមលួងគឺជាល្បែងម្យ៉ាងរំភើបលាយប្រចណ្ឌដែលធ្វើឱ្យបេះដូងខ្ញុំប៉ុន្មានថ្ងៃមកនេះ អាចរស់រានឡើងវិញដូចគេឯងក្រោយពេលវាគាំងធ្មឹងជាងមួយទសវត្សមកហើយ ។

ខ្ញុំដឹងថា ឱ្យតែជារឿងប៉ាឬម៉ាក់របស់នាង ទោះជាត្រូវដើរចូលរូងខ្លា ក៏ដាហ្ស៊ីមិនរួញរាដែរ ។

តែ… សង្ឃឹមថា… គេមិនទុកខ្ញុំជាសត្វខ្លាមួយក្បាលនោះទេ ។

ទ្វារឡានបើក ហើយនាងក៏ចូលមកអង្គុយតាមសម្រួល ។ ខ្ញុំមិនចាំបាច់អីចេញទៅគាបសង្កត់នាងដូចមុនៗឡើយ ។

វគ្គនេះជាវគ្គដែលខ្ញុំត្រូវបង្ហាញពីភាពកក់ក្តៅ និងសេចក្តីពិតដ៏ឃោរឃៅដែលពិភពលោកនេះនាងមើលមិនស្គាល់ដោយរវល់តែឱនឈ្ងោកនឹងក្បាច់ចម្លាក់របស់នាង ។ ដើម្បីទាញនាងឱ្យមកជ្រកកោនក្រោមស្លាបរបស់ខ្ញុំ ខ្ញុំត្រូវតែយកដង្ហើមនាងមកគ្រប់គ្រងត្រឹមល្ងាចនេះ… តាមរយៈការលាតត្រដាងនូវស្ថានភាពពិតគួរឱ្យខ្លាចសម្រាប់គ្រួសារនាងដែលនាងមិនអាចរស់បាន ឬទប់ទល់បានទេ ពេលគ្មានខ្ញុំ ។

ទ្វារឡានបិទ ខ្ញុំក្រអូបដង្ហើមរបស់គេ ។ គ្រប់យ៉ាងរបស់គេ វត្តមានគេកំពុងតែបង្កើនសម្រស់និងរសនិយមក្នុងរថនេះ ។ មុនបរឡានចេញ ខ្ញុំហុចសឺមីឯកសារពណ៌ត្នោតទៅឱ្យគេហើយនិយាយតិចៗ ៖

«បើកមើលទៅ !»

ដាហ្ស៊ីទទួលយកទៅ តែនាងមើលមុខខ្ញុំទាំងមិនទាន់បើកមើលទេ ។

«អីគេនេះ ?»

ខ្ញុំលបសង្កេតឃើញស្រីម្នាក់នេះរាងញ័រៗដៃទៅហើយ ។

ចួបគ្នាស្អែកណា …

រឿង៖ នាងនិងគេ (ភាគ២១)
ពាក្យថា «មនុស្សតែមួយ» និង «ប្រពន្ធ» ធ្វើឱ្យបេះដូងខ្ញុំហេងហាង ។

«យើងមិនស្គាល់គ្នាទេ !»

ខ្ញុំតបខ្លីៗហើយឈ្ងោកមុខសម្លឹងម្រាមដៃខ្លួនឯងដែលញាប់ញ័រពេលរឹតដ្បិតនិយាយអំពីហេតុនិងផល ឱ្យដូចមនុស្សចាស់ចិត្តចាស់គំនិត ។

«ហើយ… ថ្ងៃនោះ… ក្នុងរោងពុម្ព… ខ្ញុំគិតថា… បើអ្នកនោះជាអ្នកផ្សេង… ក៏ខ្ញុំចង់ជួយគេដែរ ! មិនសំខាន់ថាអ្នកណាទេ… គឺ… វា… ធម្មតាបំផុតហើយ… សម្រាប់ខ្ញុំ !»

គ្រាន់តែពាក្យនេះរបូតចេញពីមាត់ខ្ញុំចប់ភ្លាម ខ្ញុំឃើញស្នាមញញឹមដ៏ស្រស់សង្ហារបស់គេថមថយ ។ គេដូចជាផ្ដោតស្តាប់តែ… មិនមែនសប្បាយចិត្តឡើយ ។

តែខ្ញុំចាំបាច់ត្រូវនិយាយបន្តឱ្យច្បាស់លាស់ ៖

«បើ… បើកាលហ្នឹង ខ្ញុំធ្វើឱ្យមានការច្រឡំ… ថ្ងៃនេះ… ហោចណាស់ យើងបាននិយាយគ្នាច្បាស់ហើយ ! ពួកយើងអត់មាន… !»

ង៉ឺត !

គេឈប់ឡានង៉ឺត… សឹងកង់បង្វិលលឿនស្លេវតាមចិត្តរបស់គេដែលប្រែប្រួល ។ រាងកាយខ្ញុំហក់ទៅមុខ… តាមកម្លាំងចាប់ហ្វ្រាំង តែត្រូវខ្សែក្រវាត់ទាញមកវាយផ្ទប់នឹងកៅអីវិញ ។ បេះដូងខ្ញុំធ្លាក់ក្ដុក !

បរិយាកាសក្នុងឡានធ្លាក់ចុះត្រជាក់ស្រេបសូន្យអង្សាមួយរំពេច ។

គ្មានសំឡេងអីទាំងអស់ ក្រៅពីសំឡេងម៉ាស៊ីនឡានគ្រហឹមតិចៗ និងដង្ហើមធ្ងន់ៗរបស់មនុស្សប្រុសដែលអង្គុយក្បែរនេះ ។

ខ្ញុំមិនទាន់បាត់ភ័យផង ស្រាប់តែឮសូរ «តឹប !» ។

គេដោះខ្សែក្រវាត់ឡានរបស់គេចេញ រួចទម្លាក់ខ្លួនសង្កត់មកលើកៅអីខ្ញុំ បិទផ្លូវមិនឱ្យខ្ញុំរត់ចេញឬសូម្បីតែចង់កម្រើក ។

ជិតឈឹង… រាងកាយធំស្កឹមស្កៃរបស់គេ… គ្របដណ្ដប់មកលើតួខ្លួនខ្ញុំដូចស្រមោលមច្ចុរាជ ។ ដៃទាំងពីររបស់គេច្រត់សង្កត់លើខ្នងកៅអីសងខាងក្បាលខ្ញុំ… ទុកទីទំនេរមិនឱ្យកម្រើកបានសូម្បីតែមួយចំអាម ។

ខ្ញុំកន្ត្រាក់ខ្លួនថយរហូតខ្នងអឹបជាប់នឹងកញ្ចក់ឡាន ។ ក្លិនទឹកអប់ឈើប្រណីតលាយឡំនឹងដង្ហើមកំហឹងរបស់គេ វាយលុកទម្លុះសួតខ្ញុំ មិនឱ្យស្រូបខ្យល់បានស្រួលដូចមនុស្សម្នាឡើយ ។

«ចិត្តបុណ្យម៉្លេះ ?»

គេសួរខ្សឹបៗ តែចុងដង្ហើមមុតដូចឡាម ។ កែវភ្នែកដែលធ្លាប់តែទន់ភ្លន់អម្បាញ់មិញ ប្រែជាក្រហមងាំង សម្លឹងទម្លុះមុខខ្ញុំដូចចង់ស៊ីសាច់អង្កៀមឆ្អឹង ។

«អ្នកណាផ្សេងក៏បាន ? ហឹស !» គេសើចចុងមាត់ ជាសំណើចដែលគ្មានភាពសប្បាយសូម្បីមួយភាគរយ «បងប្រាប់អូនឱ្យដឹង… សាកទៅប៉ះដៃ ឬធ្វើចិត្តបុណ្យជួយអាប្រុសណាផ្សេងមើល៍… ចាំមើល បើបងមិនបំបាក់កវាមែនឬអត់​ !»

«… ខ្ញុំ…» ខ្ញុំភ័យឡើងគាំងមាត់ ពេលឃើញក្រសែភ្នែករោលរាលនិងឆ្កួតលីលារបស់គេ ។ គេប្រចណ្ឌសូម្បីតែជាមួយ «មនុស្សស្រមើស្រមៃ» អ្នកណាមិនដឹងដែលគ្មានទាន់កើតឡើង… ?

«ហើយនឹងអាលចូលគុកមែនទេ ?»

ខ្ញុំខ្សឹបសួរឌឺទាំងក្តាប់ដៃសងខាង ។

មនុស្សខ្ញុំនេះ ស្អប់ណាស់ពាក្យព្យាបាទគំរាមកំហែងគ្នា ។ ខ្ញុំកាន់តែភ័យ ខ្ញុំកាន់តែខំទប់ ។ ខ្ញុំខ្លាច តែមិនឱ្យគេនេះជាន់ទេ ។

«គុក ???» គេគំហកស្រាលៗ តែផ្តើមមកសើចបញ្ឈឺខ្ញុំវិញ ។ ដឹង ! គេមានលុយរមែងតែងមានអំណាច តែបើអង្គុយព្រមឱ្យគេព្រមានរឿងកាច់កអ្នកនេះអ្នកនោះ មានតែខ្ញុំជាមនុស្សប្រភេទណា ?

«ហេតុអី ខ្ញុំជួយអ្នកណា… តែខ្ញុំ… មានពាក់ព័ន្ធអី ? ហេតុអីចង់ទៅហិង្សាដាក់គេ ???»

ថាហើយ ខ្ញុំបញ្ចេញទឹកមុខធុញថប់ងាកចេញ តែខាងគេដកដៃម្ខាងពីបង្អែកកៅអី មកចាប់ទាញចង្កាខ្ញុំ បង្ខំឱ្យងើបមុខទៅទល់ភ្នែកជាមួយគេវិញភ្លាមៗ ។

ម្រាមដៃគេក្តាប់ជាប់ មិនឈឺ តែក៏រើមិនរួច ។

«ដា… ហ្ស៊ី !» ដង្ហើមក្តៅៗរបស់គេរោលលើបបូរមាត់ខ្ញុំ ។

«ទោះមុននេះ…  អូនធ្លាប់ជួយអាឆ្កែអាឆ្មាណា បងមិនខ្វល់ទេ !  តែអូនឯងប៉ះបងហើយ… គឺចប់ ! យល់ពាក្យថាចប់ទេ ? ចប់ ឈប់សូម្បីទៅអត់ការងារក្បែរៗអាប្រុសណា​ !»

ខ្ញុំសម្លឹងកែវភ្នែកផ្ដាច់ការរបស់គេទាំងសងខាង ។ គេនេះ… ថាឆ្កួតមិនចំ… ថាលេងធ្វើពុតក៏មិនមែន… ទ្រូងនេះលោតញាប់ម៉្លេះ ? តិចគេដឹងថាខ្ញុំខ្លាចគេទៅ… បានចិត្តងាប់ហើយ ?

គេនេះឆ្កួតបាត់ហើយ !

«ខ្លួនឯង… ខ្លួនឯងមិនអាចបង្ខំខ្ញុំបែបនេះទេ…» ខ្ញុំខំប្រឹងតវ៉ាខ្សាវៗ ។

គេមិនតបហើយញញឹម ។

«លើកលែង… តែ !»

«លើកលែងអី ?» ខ្ញុំសួរភ្លែតដោយគ្មានការលាក់លៀម គឺខ្ញុំចង់ចេញពីរង្វង់ឆ្កួតៗនេះ ។            «លើកលែងតែអាប្រុសនោះ ឆ្អឹងដែកស្បែកស្ពាន់ !»

«ខ្ញុំ… ខ្ញុំស្រលាញ់ប្រុសណា ចាំបាច់ខ្លួនមកដាក់លក្ខខណ្ឌដែរ ?»

ខ្ញុំតបញ៉ែតៗតាមទំហំចិត្តក្នាញ់ ហើយចង់ឈ្នះមនុស្សផ្ដាច់ការ តែ… សឹងមិនទាន់និយាយចប់ គេឱនមកខាំចុងបបូរមាត់ខ្ញុំប៉ាច់…

អូយ !

ខ្ញុំឈឺតិចៗ… តែគេមិនបានខាំខ្លាំងឡើយ ។ នេះមិនមែនជាការថើប តែជាការដាក់ទណ្ឌកម្ម និងការបោះត្រាបញ្ជាក់កម្មសិទ្ធិដែលធ្វើឱ្យរាងកាយខ្ញុំព្រឺសម្បុរខ្ញាកទទួលស្គាល់ថាចាញ់ប្រៀបគេ ។

ខ្ញុំថប់សឹងគាំងដង្ហើម បិទភ្នែកគ្រឹប… ជិតឈឹង មិនចង់ឱ្យគេឃើញតំណក់ទឹកភ្នែក និងភាពទន់ជ្រាយនេះ ។

គេនៅដំអក់សម្លឹងតាមភ្នែកសើមជោករបស់ខ្ញុំនៅឡើយ ព្រោះខ្ញុំឮដង្ហើមគេសែនជិត ។

តាំងពីកើតមក ខ្ញុំមិនដែលចួបមនុស្សប្រុសណាព្រហើន ផ្ដាច់ការ យកមេឃទ្រាប់អង្គុយដូចគេទេ ។ ខ្ញុំគួរតែស្អប់គេ តែហេតុអី… ហេតុអីប្រយោគគំរាមកំហែង និងការហួងហែងកម្រិតបិសាចអម្បាញ់មិញនេះ… បែរជាធ្វើឱ្យបេះដូងខ្ញុំលោតខុសចង្វាក់ លាយឡំនឹងអារម្មណ៍កក់ក្តៅម្យ៉ាងដែលខំប្រឹងបដិសេធសឹងមិនឈ្នះបែបនេះ ?

«ដាហ្ស៊ី ?»

គេហៅខ្ញុំមិនឆ្លើយ តែបបូរមាត់នេះញាប់ញ័រ តូចចិត្តចង់តែស្រែកយំឡើងខ្លាំងៗ តែខ្ញុំខំទ្រាំ ។ គេជាអី ? គេមានសិទ្ធិអីមកធ្វើឱ្យខ្ញុំយំ ហើយគេមានសិទ្ធិអីមកឃើញខ្ញុំចាញ់គេដោយអំពើផ្តាច់ការអស់នេះ ?

«ដាហ្ស៊ី !»

ខ្ញុំបន្តបិទភ្នែករឹតតែជិតលើសមុន… ខណៈបាតដៃមួយគ្រើមរឹងនិងធំប៉ះខ្នងខ្ញុំពីក្រោយ ហើយអ្វីមួយទៀតទន់ៗប៉ះពាល់ទងត្រចៀកខ្ញុំ ។

គឺបបូរមាត់របស់គេ…

«ចង់ដឹងរឿងនៅពេទ្យដែរ ?» គេសួរខ្ញុំ ។ ឮកាលណា ខ្ញុំបើកភ្នែកមកវិញដោយសភាវៈគតិ ។ គេ ? …គេសាហាវនិងអន់ស្មោកគ្រោកដល់ថ្នាក់យកប៉ាខ្ញុំដែលជាអ្នកជំងឺម្នាក់មកឡូកឡំគំរាមខ្ញុំ ?

ខ្ញុំមើលគេក្រឡង់ៗខណៈខាំមាត់ព្រោះខឹងនិងតូចចិត្តជាទីបំផុត ។

ទំនងទឹកភ្នែកខ្ញុំធ្វើឱ្យគេដឹងសម្ពាធចិត្តដ៏ធ្ងន់នេះ បានជាគេផ្លាស់ទឹកមុខបន្តិចព្រមថយខ្លួនទៅកៅអីគេវិញ ហើយនិយាយ ៖

«អាអាវសព្រឹកមិញ ត្រូវគេប្តឹងហើយ ! ចង់ជឿវាទៀតដែរ ?»

គេនិយាយពីអ្នកណា ? ផាណង្គ ? គេនេះនៅប្រចណ្ឌ មិនទាន់ចេញពីរឿងនៅហាងកាហ្វេទៀត ? តែក៏ល្អបន្តិចដែរ ដែលគេមិនបានយកប៉ាយើងមកឡូកឡំដូចការស្មាន ។

ខ្ញុំនៅស្ងៀមរង់ចាំស្តាប់ គេប្រាប់មកទៀតថា ផាណង្គត្រូវបានស្រីៗជាច្រើនប្តឹងផ្តល់ដោយសារការបៀតបៀន ។

គេនិយាយគ្រប់យ៉ាង ខ្ញុំភ្ញាក់ផ្អើលយ៉ាងណានៅតែមិនមាត់មិនក ព្រោះមិនចង់ឱ្យគេដឹងចិត្ត ទោះណាជាដំណឹងនេះបណ្តាលឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងណាក្តី ។

ម្រាមគេប៉ះមកលើម្រាមខ្ញុំ ខ្ញុំដកចេញ គេក៏បះមកទៀតតាមរបៀបមានះរបស់គេ ធ្វើឱ្យខ្ញុំលែងខ្ចីដកដោយសារមុននិងក្រោយ… ដដែលជា     ដដែល ។

«បងស្រលាញ់អូន !»

គេនិយាយហើយជាន់ហ្គាចេញឡានទាំងដែលខ្ញុំនៅមិងមាំងនឹងពាក្យបួនម៉ាត់នេះ ។ ដៃខ្ញុំក្នុងបាតដៃគេ ។ ប្រាណខ្ញុំក្នុងឡានគេ ។ ចិត្តខ្ញុំនៅងប់នៅពាក្យពេចន៍របស់គេ ។

«ស្រលាញ់តាំងពីឃើញគ្នាភ្លាមៗ !»

គេបន្ថែមមកទៀតធ្វើឱ្យខ្ញុំរឹតតែហេងហាង ។ ហេតុអ្វី ? គេនេះ… ? គេមានសព្វបែបយ៉ាង គេសង្ហា គេមានសមត្ថភាព ហេតុអីគេខ្វះមនុស្សស្រី ?

ហេតុអីខ្ញុំមិនចួបគេ មុនពេលចួបប្រុសក្បត់ចិត្តម្នាក់នោះ ?

«ស្មានថាខ្ញុំជឿ ?» ខ្ញុំរអ៊ូម្នាក់ឯង ។

«តេស្ដបងទៅចឹង ?»

«អត់ចំណូលចិត្តទេ !»

«រៀនទៅ ! រៀនបណ្តើរៗ បងចាំបាន ! បងអាចមកឱ្យអូនរៀនស្រលាញ់បងរាល់ថ្ងៃ !»

ខ្ញុំងាកទៅរកគេ ។ ទឹកភ្នែកដែលខ្ញុំខំទប់របូតមកសាជាថ្មី ។ ខ្ញុំមិនយំ មិនពេប ឬសូម្បីទន់ជ្រាយ តែវានៅតែស្រក់ ។ ខ្ញុំសើចទាំងទឹកភ្នែក…

មុខគេក្រហមមើលមកខ្ញុំ ។ គេបើកឡានផង គេងាកមកផង… ម្តងៗ គេងាកទៅវិញមើលផ្លូវធ្វើដំណើរ តែមិនអាចនៅយូរឆ្ងាយពីមុខខ្ញុំឡើយ ។

ខ្ញុំវាសទឹកភ្នែកចេញ ហើយងាកទៅរកទិសផ្សេង ។

«សុំតែម្យ៉ាង ! តេស្ដមនុស្សតែម្នាក់បានហើយ ! ហាមមានមុខក្រោយ !»

ខ្ញុំប្រិចភ្នែក… ហើយនិយាយមួយៗ ៖

«យើងខុសគ្នា ! តេស្ដមិនចេញទេ ! យើងខុសគ្នាខ្លាំង… កាន់តែនៅជិត យើងកាន់តែខុសគ្នា !»

«មនុស្សមិនល្អ ក៏មានសិទ្ធិមកស្រលាញ់គេល្អៗដែរ… មិនអ៊ីចឹង ?»

ខ្ញុំទទួលអារម្មណ៍ថាចម្លែក… ខ្ញុំគិតថាពួកយើងមានឋានៈខុសគ្នា គេខ្ពស់ ខ្ញុំគ្មានអ្វី មានតែបន្ទុកនិងបរាជ័យទាំងស្នេហាទាំងការងារ ឯគេ… គេបែរជាគិតថា គេនេះជាមនុស្សមិនល្អ ហើយខ្ញុំល្អ ?

ខ្ញុំងាកមកសម្លឹងគេ ។ បព្វតាមិនមើលមកខ្ញុំទៀតទេ តែច្រមុះស្រួចខ្ពស់របស់គេហាក់កំពុងតូចចិត្ត ។

«អ្នកណាមនុស្សអាក្រក់ ?»

ខ្ញុំសួរដោយឱបក្រពាត់ដៃ… ធ្វើដូចរឹងមាំ តែចិត្តនេះលបអាណិតគេ ស្រាយកំហឹងទាំងប៉ុន្មានបានភ្លាមៗវិញតែម្តង ។

«មនុស្សដែលគេមិនស្រលាញ់ !»

បព្វតាថាហើយដៀងមកញញឹមដាក់ខ្ញុំ ដូចចង់ឱ្យខ្ញុំប្រដេញសួរទៀតថា «អ្នកណាមិនស្រលាញ់ ?» តែខ្ញុំមិនចូលអន្ទាក់គេងាយៗចឹងទេ ។ ខ្ញុំនិយាយដោតឈ្ងោកមុខគិត ៖

«បើគេមិនស្រលាញ់ ក៏ចួនកាលមិនមែនមកពីយើងអាក្រក់ អាចថា… មកពីគេ… គេមិនស្គាល់យើង !»

ឡានពណ៌ខ្មៅរបស់គេរអិលមកឈប់ង៉ក់នៅមុខខ្លោងទ្វារវីឡាតឿ ចាស់ និងផ្ទះទ្រុឌទ្រោមចាស់ទុំរបស់ខ្ញុំ ។

ខ្ញុំប្រញាប់ដោះខ្សែក្រវាត់ ត្រៀមនឹងឈានចុះ ព្រោះតែសម្ពាធនៃការដកដង្ហើមមិនស្រណុកនៅក្នុងឡានជាមួយគេយូរពេក ។ តែ… គ្រាន់តែម្រាមនេះប៉ះគន្លឹះទ្វារ…

«យប់នេះ… ចាំទូរសព្ទបង !»

សំឡេងផ្ដាច់ការខ្សឹបពីក្រោយខ្នង ធ្វើឱ្យខ្ញុំអាក់ដំណើរ ។ ខ្ញុំមិនងាកទៅមើលមុខគេទេ គ្រាន់តែរុញទ្វារចុះយ៉ាងលឿន រួចដើរចូលផ្ទះដោយមិនងាកក្រោយ ។ ទោះខំប្រឹងដើរឱ្យត្រង់ខ្លួនយ៉ាងណា ក៏បេះដូងនេះនៅតែលោតញាប់ដូចគេវាយស្គរជ័យ ដរាបណាសំឡេងម៉ាស៊ីនឡានរបស់គេមិនទាន់បរចេញផុត ។

គ្រាន់តែរុញទ្វារផ្ទះចូលមកដល់… បរិយាកាសដែលធ្លាប់តែកក់ក្តៅនៅទីនេះ  បែរជាអាប់អួខុសធម្មតា ។

ម៉ាក់កំពុងអង្គុយកៅអីផ្ដៅនៅកូនសួនផ្កាចំហៀងផ្ទះ ។ មើលពីក្រោយទៅ គាត់មានទុក្ខទៀតហើយ ។

រឿងបារម្ភអនាគតខ្ញុំ ? គាត់បារម្ភវត្តមានកប់ពពករបស់បព្វតា ? គាត់ខ្លាចគេធ្វើបាបកូនគាត់ដូចលំនាំអ្នកមុន ?

មិនបាច់ឆ្ងល់ទេ ក្រោយពេលប៉ាឈឺ ផ្ទះយើងលែងដូចដើមហើយ ។ មេផ្ទះមិនដែលខ្វះអ្វីម្នាក់ បានត្រូវទៅបម្រើពួកអភិជន ហើយជារឿយៗគាត់បានលបប្រាប់ខ្ញុំអំពីចរិតពិបាកផ្គាប់នៃមនុស្សក្នុងគេហដ្ឋានលោកវណ្ណឆៃ ។

«ម៉ាក់ ?»

ខ្ញុំហៅថ្នមៗ គាត់ងាកមកបន្តិច ។ ខ្ញុំបោះសោទៅលើខ្នងទូតាំងស្រឹប ! ឯបេះដូងធ្លាក់ស្រពោនវិញភ្លាមៗ បាននិម្មិតឃើញរបស់មួយ…

ស្រោមសំបុត្រពណ៌មាសដ៏ប្រណីតមួយ… ។

ធៀបការ ?

ខ្ញុំកន្ត្រាក់យកកាតនោះមកមើល ។ បេះដូងខ្ញុំបាក់ស្រឹប !

ធៀបការរចនាឡើងពីក្រដាសនាំចូលពណ៌មាស ចាំងផ្លេក ហ៊ឺហាដូច  ឋានៈរបស់ម្ចាស់វា ។ អក្សរធំៗបោះពុម្ពនៅចំកណ្តាល៖

«វេហា និង មាណាកា» ។

មុននេះពួកគេនាំគ្នាមកបញ្ឈឺម្តាយខ្ញុំ ?

ខ្ញុំងាកទៅរកម៉ាក់ហើយឈានទៅយ៉ាងប្រញាប់ ! គ្រាន់តែឃើញខ្ញុំដើរចូលមក គាត់ប្រញាប់យកដៃជូតទឹកភ្នែកលាក់កំបាំងទុក្ខព្រួយ ។

«ម៉ាក់… ម៉ាក់កើតអី ?» ខ្ញុំស្ទុះទៅរកគាត់ភ្លាម ។

«អត់… អត់មានអីទេកូន…» គាត់ឆ្លើយទាំងអួលដើមក ។

«កូនចៅតាវណ្ណឆ័យ ទើបតែយកមកឱ្យអម្បាញ់មិញ ។ គេផ្តាំប្រាប់ម៉ាក់ថា មានពេលទៅជួយតាំងពីមុនថ្ងៃក៏ល្អ ព្រោះភ្ញៀវសុទ្ធតែអភិជនត្រូវការរៀបចំច្រើន គេខ្វះគូលីកម្មករ !»

ម៉ាក់ពោលនិយាយទាំងយំខ្សឹកខ្សួលតិចៗ អាណិតខ្លួន អាណិតកូនស្រី អាណិតជីវិតកំព្រាដែលត្រូវគេទុកជាវត្ថុគ្មានជីវិត… ពួកអ្នកមាន… ដែលមិនយល់ចិត្តមនុស្សដូចគ្នា ។

«តែ… ដាហ្ស៊ី… កុំគិតច្រើនកូន… ម៉ាក់មិនទៅពាក់ព័ន្ធពួកហ្នឹងទេ… !»

ខ្ញុំដៀងសម្លឹងមើលធៀបការលើខ្នងទូតាំង ហើយដៀងមកម្តាយ ។ ពួកនោះចាំបាច់អីមកបញ្ឈឺម៉ាក់ ?

ជាគំនិតអ្នកណា ? តាវណ្ណឆៃ ឬកូនស្រីសំណព្វរបស់គាត់ ? គាត់ក៏ដឹងដែរថា អនាគតកូនប្រសារបស់គាត់ធ្លាប់ពាក់ព័ន្ធគ្រួសារនេះ ម្តេចនៅងងើលមករកម្តាយខ្ញុំទៅជួយ ?

ហឹម !

ខ្ញុំថយមកចាក់ទឹកលេប សម្រន់សម្ពាធនិងទុក្ខព្រួយអំពីជីវិត ។

បើសិនថា រឿងនេះកើតឡើងកាលពីពីរថ្ងៃមុន ខ្ញុំប្រាកដជាយំសន្លប់បោកខ្លួន រហូតដាច់ខ្យល់មិនខាន ឬអាចបិទទ្វារបន្ទប់ជាប់មិនខ្ចីចេញ ។

ប៉ុន្តែ… គួរឱ្យចម្លែក ! វិនាទីនេះ ពេលឃើញឈ្មោះប្រុសក្បត់ បញ្ញើក្អែកលើធៀបមាស ម្តេចបានជាក្នុងខួរក្បាលខ្ញុំបែរជានឹកឃើញដល់ប្រយោគ   កំបុតៗ របស់មនុស្សប្រុសម្នាក់ផ្សេង ?

ក្លិនគេនៅជាប់ទីនេះ… ជុំវិញខ្យល់ដែលខ្ញុំកំពុងដកដង្ហើម ។

បព្វតា…  ទីន…  ខ្លួនជាអ្នកណា ? ខ្លួនម្នាក់ទៀតមែនទេ ដែលចូលមកក្នុងជីវិតខ្ញុំក្រោមល្បិចពួកអភិជន ?

ចង់បានអី ?

តែ… ស្នាមខាំបបូរមាត់ខ្ញុំមុននេះ ម្តេចក៏នៅឈឺតែផ្អែមម្ល៉េះ ? ខ្ញុំមិន     ស្តាយ ស្នាមមួយដែលត្រូវគេខាំនេះទេ មើលទៅមិនដូចជាទណ្ឌកម្មសោះ… បែរជាអ្វីមួយដែលមាន…  អត្ថន័យ…  ពិតមែន ។

«បើនឹកអាសំរាមនោះទៀត បងទៅសម្លាប់វា !»

ខ្ញុំព្រឺសម្បុរខ្ញាក នេះជាសម្ដីលើកទីមួយ ដែលគេសម្រុកចូលមកក្នុងហាងខ្ញុំ នៅល្ងាចដែលវេហាមកសុំបែកគ្នា ។

ឈប់ ! គេម្នាក់ហ្នឹង ដូចជា…  ដឹងគ្រប់យ៉ាងជុំវិញខ្ញុំ ?

«ចាំទុក ដាហ្ស៊ី… » សំឡេងគ្រលរៗត្រជាក់របស់គេដែលបន្លឺនៅល្ងាចនោះរម្លឹកឡើងមកវិញយឺតៗ តែចាក់ដោតដល់ជម្រៅបេះដូង «កុំឱ្យសោះ ! …កុំហ៊ានបោះបោកឬបដិសេធរាល់របស់ដែលបងប្រគល់ឱ្យអូនឱ្យសោះ… មិនអ៊ីចឹងទេ បងនឹង… កុំឱ្យបងធ្វើរឿងដែលបងមិនចង់សូម្បីនិយាយវា !»

អំណាចរបស់ទីន កំពុងតែគ្របដណ្ដប់ខួរក្បាលខ្ញុំទាំងស្រុង ធ្វើឱ្យរឿងឈឺចាប់របស់វេហា ក្លាយជារឿងសោះកក្រោះ គ្មានរសជាតិ ។

«កូន ?»

ខ្ញុំភ្ញាក់ធ្លាក់កែវទឹកប្រាវបែកខ្ចាយ…

ចួបគ្នាជាថ្មីនៅថ្ងៃស្អែក

រឿង៖ នាងនិងគេ (ភាគ៨)
ខ្ញុំមកឆាប់ពេកពិតមែន… នាងអាចមានសំណួរច្រើន… តែខ្ញុំគ្មានពេលអូសក្រឡាពន្យល់ស្អីទេ… តាំងពីល្ងាចនោះ… នៅរោងពុម្ព… ខ្ញុំបានទុកនាងរួចហើយថា «ជារបស់ខ្ញុំ» ។

«យំដោយសារអាវេហាម្តងទៀត បងទៅសម្លាប់វា !»

«អ្ហះ ?» នេះជាសញ្ញាលើមុខនាង … ភ្នែកនាង …។ ខ្ញុំញញឹមឆ្វាចពេលនាងកំពុងត្រូវភាំង … ម្រាមពីរ … ខ្ញុំផាត់សក់នាងដែលគ្របក្រាលថ្ពាល់លើម្ខាង ។ អូនតូចរលាស់ដៃខ្ញុំចេញហើយស្រែករអាក់រអួល ៖

«ទៅ ! ទៅ ! ទៅសម្លាប់ទៅ !»

ខ្ញុំអាក់ដៃ ពេលត្រូវនាងផ្គើន…

«ឮនៅ ? មកហ្នឹងធ្វើអី ? បើខ្ញុំដឹងបងឯងចឹង… ខ្ញុំ… មិនខ្ចី…!»

ខ្ញុំខ្ជិលឱ្យនាងបញ្ចប់ពាក្យដែល «សូម្បីតែអតីតកាលរវាងយើង» ក៏នាងមិនត្រូវមកលុបចោលដោយសារអាម្នាក់ហ្នឹងដែរ ដាហ្សុី ។

បាតដៃធំគ្រើមរបស់ខ្ញុំទាំងសងខាង លូកលទៅចាប់យកថ្ពាល់គេមកបញ្ជាមិនឱ្យបន្តវាចាកើតទៀត… កម្តៅពីបាតដៃខ្ញុំក្តៅគគុក ខ្ញុំចង់ប្រើវាដុតរលាយទឹកកកក្នុងបេះដូងគេ ដែលកំពុងឱ្យពិន្ទុសូន្យចំពោះវត្តមានខ្ញុំ ។

ម្រាមដៃមេរបស់ខ្ញុំផ្ដិតជូតទឹកភ្នែកគេចេញដោយកម្លាំងសង្កត់តិចៗ មុននឹងទាញទម្រង់មុខដ៏ទន់ភ្លន់នោះឱ្យងើបឡើងទទួលយកខ្សែភ្នែករបស់ខ្ញុំ ។

«មើលឱ្យច្បាស់ ដាហ្ស៊ី ! តទៅ អូនចួបបង… បេះដូងអូនលែងធ្វើមិនស្គាល់ដូចមិញនេះទៀតហើយ !»

ខ្ញុំខ្សឹបក្បែរចុងច្រមុះនាងចប់កាលណា មិនរង់ចាំឱ្យនាងមានពេលគិត ឬគេចវេះទេ… បបូរមាត់ក្តៅគគុករបស់ខ្ញុំបានឱនទៅគ្របសង្កត់លើបបូរមាត់ដែលកំពុងញ័រញាក់របស់គេយ៉ាងតក់ក្រហល់ ។

រាងកាយតូចមួយនេះត្រូវគាំងធ្មឹងក្នុងភាពត្រួតត្រារបស់ខ្ញុំ បានត្រឹមភ្នែកបើកធំៗដោយភាពភ្ញាក់ផ្អើលទទួលយកខ្ញុំ ។

ខ្ញុំគឺបព្វតា !!!

ខ្ញុំមិនចូលចិត្តសុំការអនុញ្ញាតមុនពេលថើបស្រីៗទេ ហើយក៏មិនចូលចិត្តថើបលួងលោមបែបព្រះរាជបុត្រក្នុងរឿងនិទានរបស់នាងដែរ… តែជាការត្របាក់យកសិទ្ធិគ្រប់គ្រងតាមធាតុសត្វបាក្នុងបេះដូងខ្ញុំ ដែលស្រេកឃ្លានឯកោជាយូរមកហើយ ។

បបូរមាត់គេត្រូវបង្ខំឱ្យបើកទទួលយកការឈ្លានពានរបស់ខ្ញុំយ៉ាងជ្រាលជ្រៅ ។ ខ្ញុំដឹងថា គេមានលាក់ទុកនូវស្រទាប់បេះដូងមួយដែលស៊ីជម្រៅសែនផ្អែមល្ហែម ហើយខ្ញុំកំពុងរុករក ។

ខ្ញុំលេបត្របាក់រសជាតិទឹកភ្នែកដ៏ជូរចត់របស់ស្រីម្នាក់នេះ មិនខ្វល់ដែលនាងកំពុងរុញខ្ញុំ ក្តិចខ្ញុំ មួលស្មានិងដៃខ្ញុំ ឱ្យប្រគល់សេរីភាពឱ្យនាងវិញ ប៉ុន្តែចុងក្រោយ ដៃនាងលែងធ្វើចលនា ព្រោះរាងកាយនាងបានរលាយចូលមកសន្សឹមៗក្នុងកម្តៅស្នេហា ដែលខ្ញុំបានដុតបង្កាត់ដោយមិនស្តាយទុន ។

ខ្ញុំដកថយបន្តិចសិន ជាមួយកែវភ្នែកអួតអាង ដើម្បីបានឃើញគេ ឃើញប្រតិកម្មគេនៅក្រោមទ្រូងខ្ញុំ ហើយចង់ឱ្យគេបានដកដង្ហើមខ្លះ តែសាជាថ្មី ស្រីល្ងង់នេះច្រឡំថាខ្ញុំដោះលែងនាង បានជាហ៊ានលើកដៃទាំងពីរមករុញទ្រូងដ៏មានះរបស់ខ្ញុំចេញ ។

ម្រាមដៃតូចៗនោះ មើលទៅគ្មានកម្លាំងសូម្បីតែប៉ះខ្ញុំឱ្យលះបន្តិចផង កុំថាបញ្ឈប់ចិត្តហួងហែងរបស់ខ្ញុំ ។  ខ្ញុំចូលទៅទៀត ធ្វើឱ្យនាងត្រដាបត្រដួសរ៉ាប់រងបបូរមាត់ខ្ញុំជាលើកទីពីរជាមួយទឹកភ្នែករាប់សិបតំណក់ ហូរមកសើមអស់ផ្ទៃមុខយើងទាំងពីរ ។

ទទួលដឹងថា រាងកាយនាងកំពុងតែប្រែជាទន់ជ្រាយ លែងចង់រើបម្រះក្រោមអំណាចផ្តាច់ការនេះបន្តិចម្តងៗហើយ ។

ពេលដឹងថានាងចាញ់រាបការថើបដ៏កាចសាហាវរបស់ខ្ញុំលើកនេះ ប្រែជាបន្ថយកម្សួលចុះយឺតៗ… និងដូរមកជាថ្នាក់ថ្នមគេយ៉ាងស៊ីជម្រៅ ។

«អាវប្រឡាក់ ខ្ញុំអាចបោកថ្មីបាន… ក្រោកឡើងបង… តស់ មួយ ពីរ !»

នេះ… សំឡេងស្រទន់របស់គេ ដែលជ្រៀតឈឹបចាក់ដោតរំញ័រដល់បាតបេះដូងដែលកកស្ទះពាន់ឆ្នាំរបស់ខ្ញុំ នៅថ្ងៃពួកយើងចួបគ្នាដំបូង ។

ហេតុអ្វីថ្ងៃនេះខ្ញុំកាចដាក់នាងម្ល៉េះ ?

គិតពិតមែន តែមិនអាចដកថយព្រោះនៅចង់បន្តស្រូបយកឱជារស… ដៃម្ខាងរបស់ខ្ញុំរំកិលពីថ្ពាល់ទៅទ្រនាប់កញ្ចឹងកនាង អង្អែលសក់ដែលសើមជោករបស់នាងថ្នមៗ ខណៈបបូរមាត់នៅតែបន្តសេចក្តីប្រាថ្នាដែលមិនចេះឆ្អែតឆ្អន់ណាយ ។

មិនមែនជាទណ្ឌកម្មទេ ខ្ញុំចង់បោកគក់ខួរក្បាលស្រីម្នាក់នេះដើម្បីលុបឈ្មោះ លុបការចងចាំ និងលុបរាល់អតីតកាលរបស់អាសំរាមនោះ ឱ្យរលាយបាត់ចេញពីសតិរបស់នាង ។

«អ្ហឹម…»

សំឡេងគេថ្ងូរតិចៗ ហត់ៗ របូតចេញពីបំពង់ក ដោយការថប់ដង្ហើម ។

ដៃទាំងពីរដែលបម្រុងនឹងរុញខ្ញុំចេញ បែរជាប្តូរទៅជាទាញចាប់ជាយអាវខ្ញុំយ៉ាងណែន ដើម្បីទប់ជំហរខ្លួនឯង ។

ខ្ញុំបង្ខំចិត្តដកបបូរមាត់ចេញយឺតៗទាំងនៅស្តាយស្រណោះ តែចុងច្រមុះ និងថ្ងាសរបស់ពួកយើងនៅតែចង្អុលប៉ះគ្នា ។

សំឡេងដង្ហើមធ្ងន់ៗរបស់ខ្ញុំបន្លឺឡើងហត់ៗក្បែរត្រចៀកនាង ៖

«រសជាតិរបស់អូន…»

ខ្ញុំខ្សឹបទាំងសម្លឹងបបូរមាត់ដាហ្ស៊ីដែលកំពុងឡើងក្រហមទាក់ទាញលើសមុនដោយសារស្នាមថើបរបស់ខ្ញុំ

«រាងកាយអូន… បេះដូងអូន… ជារបស់បង ។»

ខ្ញុំងើបខ្លួនទាញយកគម្លាតបន្តិច ខណៈកែវភ្នែកនាងនៅតែព្រិចៗទទឹករោមភ្នែកជោកហើយឈ្ងោក ។

ដើមទ្រូងខ្ញុំខ្លួនឯងកំពុងភើតឡើងចុះៗ ដោយសារការទប់អារម្មណ៍យ៉ាងលំបាកមួយកុំឱ្យខ្លួនឯងអាចជ្រុលជ្រួសជាមួយគេនៅល្ងាចដំបូងនេះ

ខ្ញុំនិងគេ… នៅមានពេលច្រើនទៀតណាស់ជាមួយគ្នា…

ភ្នែកខ្ញុំថ្ពក់ជាប់ចុងច្រមុះនាង តែដៃខ្ញុំលូកទៅទាញយកទូរសព្ទដៃរបស់គេដែលជ្រុះនៅលើឥដ្ឋក្បែរៗនោះ ។ គេខំលូកដៃមករករារាំង… ពេលខ្ញុំឈប់ដំអក់សម្លក់ភ្នែកគេ… គេមិនដឹងគិត យ៉ាងម៉េច ប្រែជាលែងរារាំងខ្ញុំហើយ… ឱបជង្គង់ ។

«ដាហ្ស៊ី !»

ខ្ញុំហៅបញ្ជា ហើយគេងើបមុខមកសម្លឹងខ្ញុំទាំងភ័យ ។ ខ្ញុំចុចទូរសព្ទឡើងមក បញ្ចាំងកាមេរ៉ាស្កែនផ្ទៃមុខនាងដែលកំពុងភាំងស្មារតី ហើយអាចដោះសោបានយ៉ាងងាយ ។

«ធ្វើអី ?»

គេសួរខ្ញុំញ័រៗ ភ្នែកក៏សម្លឹងមកខ្ញុំ ។ រួចពេលខ្ញុំនៅធ្មឹងមិនឆ្លើយ គេលបទម្លាក់មកមើលស្នាមញញឹមរបស់ខ្ញុំមុនពេលគេងាកចេញ ។ ម្រាមដៃខ្ញុំចុចវាយបញ្ចូលលេខទូរសព្ទខ្លួនឯងទៅក្នុងម៉ាស៊ីននាងយ៉ាងរហ័ស រួចសរសេរឈ្មោះរក្សាទុកថា “បព្វតា/ទីន – ម្ចាស់ជីវិតអូន” ។

ខ្ញុំចុច Save រួចទម្លាក់ទូរសព្ទនោះចូលទៅក្នុងបាតដៃដ៏ទន់ល្មើយរបស់គេដែលកំពុងញាប់ញ័រ ។ គេងើបមុខមើលខ្ញុំយឺតៗ ហើយងាកចេញវិញទៀត…

«ហាមលុបលេខបង !»

ខ្ញុំក្រោកឈរឡើងវិញ… ពេញកម្ពស់ សម្លឹងចុះមករកស្រីល្អិតដោយពន្លឺភ្នែកនិងអារម្មណ៍នៃភាពជាម្ចាស់ ៖ «តែត្រូវលុបលេខពួកសំរាមចេញ !»

ថាចប់… ដៃខ្ញុំលូកទៅរកគេប្រុងយោងគេក្រោកមកដែរ…

បិសាចមកលុបការចងចាំ (តំណាលដាហ្ស៊ី)

ខ្ញុំនៅអង្គុយគាំងធ្មឹងលើឥដ្ឋ ដៃឱបទូរសព្ទដែលគេទើបនឹងប្រគល់មក មិនបាច់អានទេ … ខ្ញុំមិនចង់ស្គាល់ឈ្មោះជននេះដាច់ខាត ។

កម្តៅពីបបូរមាត់របស់គេនៅតែដុតរោលនៅលើរាងកាយខ្ញុំពីក្រៅដល់ក្នុងមិនងាយរលុបញាណ ។ ក្លិនទឹកអប់ឈើក្រអូបប្រហើរស្តើងៗរបស់គេ កំពុងជ្រៀតជ្រែកចូលដល់រាល់សរសៃឈាម និងដង្ហើមរបស់ខ្ញុំ ។

ខ្ញុំគិត… គិតយ៉ាងជ្រៅក្នុងភាពភ័យខ្លាច ដែលលាយឡំនឹងអារម្មណ៍ម្យ៉ាង… ខ្ញុំមិនធ្លាប់ស្គាល់ ។ កម្មកររោងពុម្ពម្នាក់នេះ… តាមពិតទៅ តើគេជាអ្នកណា ? ហេតុអីគ្រាន់តែការថើបមួយនេះ អាចធ្វើឱ្យបេះដូងដែលទើបតែត្រូវវេហាក្បត់ និងវាយដំខ្ទេចខ្ទាំត្រូវមក លោតញាប់រហូតស្ទើរតែភ្លេចការឈឺចាប់នៃការបែកបាក់ ហើយមកផ្ចង់លើរឿងថ្មី ?

ខ្ញុំអាចចាំបានពីអារម្មណ៍មួយដែលសែនគ្រោះថ្នាក់បញ្ចេញពីរាងកាយគេ… មកគ្របសង្កត់លើការតវ៉ារបស់ខ្ញុំ ។ ខ្ញុំដឹងថាគេជាភ្លើង… តែបេះដូងនិងរាងកាយនេះបែរមិនខ្លាចរលាកហើយចង់ចុះចាញ់ក្រោមកម្តៅរបស់គេទៅវិញ ? ម្តេចខ្ញុំមិនរើខ្លាំងជាងនេះ ? ម្តេចខ្ញុំនៅអង្គុយបែបនេះហើយមិនស្រែកប្រទេចគេ ?

ទេ ! ខ្ញុំមិនអាចបណ្តោយខ្លួនឱ្យលិចលង់ក្នុងកណ្តាប់ដៃមនុស្សចម្លែកបែបនេះទេ !

ក្នុងវិនាទីដែលគេងើបឈរពេញកម្ពស់ ដោយហៀបថានឹងលូកដៃដ៏ធំគ្រើមនោះមកចាប់ទាញខ្ញុំក្រោក សភាវៈការពារខ្លួនបានបញ្ជាឱ្យខ្ញុំប្រមូលកម្លាំងដែលនៅសេសសល់ទាំងអស់ ស្ទុះក្រោកឈរឡើងយ៉ាងលឿន ។

ខ្ញុំនឹងចាកចេញពីជននេះ… មិននិយាយពាក្យលា ឬសូម្បីតែងាកក្រោយសម្លឹងគេ ម្តងទៀតទេ… បើខ្ញុំបានចេញដល់មុខហាងមែន… តែអ្វីៗមិនបានសម្រេចដូចការគិតឡើយ ។

ទើបតែរេខ្លួនប្រុងឈានជើង ដៃដ៏រឹងមាំដូចដង្កៀបដែករបស់គេ បានលូកមកក្រសោបចង្កេះខ្ញុំកៀងជាប់… ។

ព្រហើនពេកហើយ ខ្ញុំឡើងរន្ធត់ !!!

គេជាប្តី ? ជាសង្សារ ? ជាអ្វី ? ជានរណានឹងខ្ញុំតាំងពីពេលណាបានជា… គេហ៊ាន… ?

ចួបគ្នាភាគបន្ត …

នាងនិងគេ (ភាគ៤)
«បាទចៅហ្វាយ ឈ្មោះ វេហា ជាសង្សារដែលទាក់ទងនាងបាន ២ ឆ្នាំ ។ តែថ្មីៗនេះ…  លបទៅញ៉ែប៉ប្រែជាមួយ មាណាកា កូនស្រីមេម៉ាយក្មេងខ្ចីរបស់លោក វណ្ណឆ័យ !»

វណ្ណឆ័យ ដែលជាចៅហ្វាយនាយម្តាយដាហ្ស៊ី ហើយកូនតាហ្នឹងកំពុងមានស្អីៗជាមួយសង្សារដាហ្ស៊ី ? សង្គមនៅក្រៅដែលខ្ញុំថាស្អាតជាងចិត្តរបស់ខ្ញុំ ម៉េចក៏ពេលនេះ ចេញក្រឡាមករញ៉េញ៉ៃខ្លាំង ?

«ដើម្បីសុំទុនកម្ចីទៅបើកក្រុមហ៊ុនទាន !»

អ៊ីសានបន្ថែមមកនេះ ធ្វើឱ្យខ្ញុំយល់ល្មម ។ តាមពិត អាគាត់វេហា សម្លឹងឃើញអនាគត និងភាពហ៊ឺហាស្រី ជាជាងស្រីតូចដែលមានម្តាយជាអ្នកបម្រើ ? ឱ!… ស្រីល្ងង់…ដា… ហ្ស៊ី…

អូខេ… ឥឡូវនេះរូបភាពរឹតតែច្បាស់ ។

ដាហ្ស៊ី… តើអូនកំពុងលាក់ភាពទន់ខ្សោយ និងសម្ពាធប៉ុនណា ក្រោមស្នាមញញឹមដ៏បរិសុទ្ធមួយនោះ ? ត្រូវរែកពុនថ្លៃពេទ្យឪពុកឆ្កួត ត្រូវរស់ក្នុងនាមជាកូនអ្នកបម្រើគេ ហើយថែមទាំងត្រូវ សង្សារដែលតស៊ូជាមួយគ្នា ២ ឆ្នាំ កំពុងរៀបចំផែនការក្បត់ ទៅឱបជើងថៅកែម្តាយខ្លួនឯងទៀត ?

ខ្ញុំញញឹម… ជាស្នាមញញឹមដែលត្រជាក់ដល់ឆ្អឹងខ្នង ។ ខ្ញុំប្រៀបដូចជាព្រះរាជអាជ្ញានៃនរកហៅថាយមរាជ ដែលមិនចង់ធ្វើអាក្រក់ប៉ុន្មានទេ តែអាគាត់នោះ ជាអ្នកអាក្រក់គួរឱ្យចង់ប្រដៅមុន !

អរគុណជំនួយការពិសេសម្នាក់នេះ ធ្វើការលឿន រកឃើញអន្ទាក់ដ៏ល្អឥតខ្ចោះបំផុត ដើម្បីទាញព្រលឹងដ៏បរិសុទ្ធមួយនេះ ឱ្យធ្លាក់ចូលមកក្នុង      កណ្តាប់ដៃ… មនុស្សសមនឹងនាងវិញ ។

«ស្រីមោឃហ្នឹងដឹងរឿងអស់នៅ ?»

«នៅទេទាន ! គ្មានសង្ស័យបានទេ ! ខាងប្រុសមានបទពិសោធព្រានមួយសំណុំចៅហ្វាយ ! ស្រីណាក៏លង់ !»

ពាក្យនេះធ្វើឱ្យខ្ញុំលែងស្តាប់ឮរឿងផ្សេងបានទៀតហើយ ព្រោះក្តៅស្លឹកត្រចៀក ! ទម្រង់មុខខ្ញុំប្រែជាតឹងតែងមួយរំពេច ចេញចំហាយ…មានះ ។

២ ឆ្នាំដែលអាត្លុកនោះបាននៅក្បែរគេ បានឃើញស្នាមញញឹមគេរាល់ថ្ងៃ បានស្រូបក្លិនគេ…

«ស្រឡាញ់វាងប់ខ្លាំង ?»

ខ្ញុំសួរ ខណៈម្រាមដៃចាប់ផ្តើមអុកគោះរូបតុក្កតានោះ ក្ដុកៗតិចៗ ជាចង្វាក់ ។

«តាមមើលទៅ.… ធម្មតាៗទេចៅហ្វាយ ។ អាប្រុសជាមនុស្សហាយសូដែរ ! មើលទៅរបៀបបុគ្គលជោគជ័យ ដែលសង្គមកំពុងចំអក និងប្រឹងយកមុខមាត់ខ្លាំងហើយ… ខាងស្រី មិនដឹង ! គ្មានពិសោធន៍ !»

ប្រូស !

ខ្ញុំបោះគ្រវែងរូបតុក្កតាចោលទៅម្ខាង ។ អ៊ីសានថយទៅធ្មឹងវិញដូចរូប   ចម្លាក់ ។ ក្នុងភាពស្ងប់ស្ងាត់ ដែលគ្របសង្កត់ពីរនាក់យើង… ខ្ញុំមានតែស្ដារមកវិញដោយសំណើចមួយ… គឺសើចចេញមកអួលពីបំពង់ក ។

ប្រុសល្មោភមុខមាត់ដែលបាននៅក្បែរគ្រាប់ពេជ្រដ៏ស្អាតបរិសុទ្ធមួយគ្រាប់ហើយបែរជាខ្វាក់មិនស្គាល់តម្លៃ ប្រឹងងាកទៅតោងរោមជើងស្រីអ្នកមានផ្សេងដើម្បីលុយ ?

ល្អ… ល្អណាស់ មានមហិច្ឆតា តែលោភលន់ប្រភេទវានេះ ជាសំរាមដែលងាយនឹងដុតចោលបំផុត ។

អ៊ីសាន មិនហ៊ានមាត់កអ្វី ខ្ញុំក៏ក្រោកឈរដើរយឺតៗទៅមាត់បង្អួចកញ្ចក់ដែលអាចមើលឃើញទិដ្ឋភាពព្រៃអ័ព្ទក្រាស់ត្រជាក់ដល់បេះដូង ។

ពីនេះទៅភ្នំពេញប្រមាណជា ១៥ នាទី… ខ្ញុំចង់ត្រដាងស្លាបតាមបក្សីយន្តទៅឈរមើលគេគេង… ចង់ដឹងគេប្រើឈុតអ្វី ? ថ្លើមធំ ហ៊ានឱ្យអាប្រុសនោះទៅគេងបានដែរទេ ?  ខ្ញុំសង្ក្រៀតធ្មេញ…

ក្រោមតំណក់ភ្លៀងថ្លាដូចពេជ្ររោយតិចៗមកដាមលើផ្ទាំងកញ្ចក់…

ខ្ញុំមិនចង់មានរាត្រីថ្ងៃស្អែក… ស្អែក… និងស្អែក… ដែលមិនមានវត្តមានគេមកឈរពីមុខខ្ញុំនោះទេ !

«អ៊ីសាន… »

ខ្ញុំហៅឈ្មោះនេះគ្រលរៗ ។ គេគួរដឹងហើយថាចិត្តខ្ញុំកំពុងតែ…

សំឡេងត្រជាក់ស្រេបកាត់ឆ្អឹងថ្គាមរបស់ខ្ញុំចេញទៅជាបទបញ្ជា៖

«ទាក់ទងទៅអាម្នាក់នោះ!… វេហា ! ក្រុមហ៊ុនយើងទិញផ្តាច់មុខនូវ Project ថ្មីរបស់វា… ក្នុងតម្លៃ ១ លានដុល្លារ !»

ជំនួយការងើបមុខឡើងបន្តិចដោយការភ្ញាក់ផ្អើលខ្លាំងតែមិនហ៊ានសួរ ។

«តែ… មានលក្ខខណ្ឌមួយ !»

ខ្ញុំបន្តដៃលូកចូលហោប៉ៅខោ ស្ទាបរកក្រដាសដែលនាងបានឱ្យមកខ្ញុំ ។ ស្នាមញញឹមនាងផុសមកពន្លត់ភ្លើងខែងរ៉ែងនេះ សូម្បីជាស្នាមញញឹមត្រឹមក្នុងការចងចាំ ។

«យើងជាអ្នកនៅពីលើការងារវាទាំងអស់ហើយបន្ទាន់ស៊ីញេរួចកាលណាត្រូវបញ្ជូនវាឱ្យទៅគ្រប់គ្រងការិយាល័យគម្រោងនៅបរទេស២ឆ្នាំ ហើយ រៀបចំផ្លូវឱ្យវា… ចួបទាក់ទងរៀបការជាមួយកូនស្រីខាងធនាគារនោះទៅ ។»

«ចុះ… ចុះ បើ !»

«ខ្លាចមនុស្សលោភប្រភេទនេះចេះបដិសេធ ?»

ខ្ញុំសើចខឹកក្នុងបំពង់ក ហើយនិយាយបញ្ចប់ ៖

«វាព្រម ឱ្យលុយវា ។ បើមិនព្រម… បញ្ចប់ឈ្មោះនេះ… ពីទីផ្សារ ឱ្យរកតែបាយស៊ីគ្មាន ។»

«បាទទាន !» អ៊ីសានឱនក្បាលទទួលបញ្ជា ។

«នៅមានទៀត…»

ខ្ញុំងាកមកវិញ ធ្វើឱ្យអ៊ីសានស្លេកស្លាំង ។ គេខ្លាចខ្ញុំធ្វើបាបនាង ? … ឬខ្លាចខ្ញុំលះបង់ច្រើនហួស… ដើម្បីល្បែងចាប់ក្រពើមួយនេះ ?

ខ្ញុំញាក់ស្មាសើច… ខឹក… ខឹក… ខឹក

«ខ្លាចស្អី ?» ខ្ញុំនិយាយឌឺដងឱ្យអ៊ីសាន ។

«អត់… អត់ឯណា… ខ្ញុំត្រៀមស្តាប់បញ្ជា !»

«អ៊ីចឹងចូលមក !»

ខ្ញុំខ្សឹបហៅធ្វើលឱ្យជំនួយការនេះថ្លោះទឹកមុខ ! ពេលគេចូលមក ខ្ញុំប្រាប់គ្រប់យ៉ាងដែលជាគម្រោងការកខ្វក់ៗរបស់ខ្ញុំ ! មានតែយើងទាំងពីរទេដែលដឹងថា អ្វីទៅជាវាសនាពិតរបស់ម្ចាស់តុក្កតារាជបុត្រ នៅឈុតបន្ទាប់ ។

មានភាគបន្ត…

រឿង​៖ នាងនិងគេ (ភាគ៣)
នាងតបដោយកែវភ្នែកមូលក្លំ អន់ចិត្តដែលខ្ញុំបង្អាប់តុក្កតារបស់នាង ។ ភ្នែកនិងភ្នែកប៉ះគ្នា ។ ឌឺទៅវិញទៅមក ព្រោះខ្ញុំពិតជាចង់បញ្ជាឱ្យនាងគ្រវែងរបស់នេះចោល ទាំងដឹងថា ជំងឺសតិកំពុងរើ តែមិនចង់ឈប់ហួងហែង ឯខាងគេ ទំនងជាអន់ចិត្ត ដែលខាងរោងចក្រមកហ៊ានបង្អាប់ការឌីហ្សាញរបស់នាង ទាំងដែលនាងជាអតិថិជន ។

«ដៃជើងតូចៗ ស្គមៗចឹង ទៅកសាងអាណាចក្របុរាណខ្មែរបានដែរ ?»

នេះជាប្រយោគវែងបំផុតហើយក្នុងចំណោមសន្ទនាដែលខ្ញុំធ្លាប់និយាយទៅកាន់ស្រីៗក្នុងរវាង ២០ ឆ្នាំ ដែលខ្ញុំក្លាយជាទេវបុត្រឯកោបាត់បង់ម្តាយ ។

នាងក្រោកមកបន្តិចហាក់មិនសុខចិត្ត ។ ភ្នែកពួកយើងថ្ពក់គ្នា ខ្ញុំចូលចិត្តខ្លាំង ដែលប្រស្រីភ្នែកនាងសម្លឹងផ្ដោតមកខ្ញុំឱ្យសញ្ញាមកថាមិនខុសចិត្ត

«ជំនាន់ហ្នឹង គេច្បាំងដោយយុទ្ធសាស្ត្រ ! បងឯងស្មានថា… គ្រប់មនុស្សមាឌមាំធំសុទ្ធតែខ្លាំង ?»

ខ្ញុំមិនដឹងថា ខ្លួនឯងចំហមាត់ញញឹមតាំងពីពេលណាទេ ពេលដែលឃើញនាងនិយាយញាប់ៗដង្ហើមខឹងៗហត់ៗ ហើយកល្យាណីខំខ្សឹបសង្កត់ឫកពា បែរជាចេញជាកម្ដៅដល់ក្រហមមុខផែនថ្ពាល់ ។ ពេលនិយាយដល់ «មាឌមាំធំសុទ្ធតែខ្លាំង ?» នាងលបសម្លឹងស្មា ទ្រូង និងកំភួនដៃខ្ញុំទៀត ។

រ៉ឺងៗ…

សំឡេងទូរសព្ទរោទ៍ខ្សោយនេះ លាន់ឡើងបំបែកភាពស្ងៀមស្ងាត់ជុំវិញវិវាទពួកយើង ។ ខ្ញុំដៀងសម្លឹងទៅអេក្រង់នោះមួយឆ្វាច់ប៉ុណ្ណោះ ព្រោះនាងទុកចោលលើតុ… ក៏ឈានចេញមកឆ្ងាយបន្តិច ទុកគម្លាតឱ្យគេទទួល        ខល ។

មកនៅទីនេះ… ខ្ញុំធ្វើជាបែរខ្នង ចុចទូរសព្ទដែរ តែតាមពិត ខ្ញុំលបមើលគេតាមកាមេរ៉ារោងពុម្ព ។ ទីនេះមានឧបករណ៍តាមដានគ្រប់ជ្រុង ។ ខ្ញុំចង់មើលជិតប៉ុនណា ក៏បានដែរ ។

ពិតហើយ នាងមិនបានក្រេបទឹកដូចដែលខ្ញុំរង់ចាំមើលទេ… តែនាងដាក់ដបខ្ញុំចុះ ហើយលើកអេក្រង់មកមើល ។ នាងចុចទទួលក្រោយពេលលបមើលមកខ្ញុំបន្តិច ។

«អូនមកយកអីវ៉ាន់ ! បងឯងចាំនៅក្រៅហ្មែន ? នៅហ្នា៎ ? មកដល់ហើយ ? អូខេ…  អូនចេញទៅហើយ ។»

សំឡេងស្រទន់គេនិយាយថ្នមៗសោះ ម្តេចអាចក្លាយមកជាថ្មសណ្ដូនបេះដូងខ្ញុំ ? សាច់ដុំថ្គាមខ្ញុំកន្ត្រាក់ឡើងរឹងដោយមិនដឹងខ្លួន ។ ឈ្មោះ «បងវេហា» ដែលខ្ញុំបានលបឃើញលើអេក្រង់នាងមុននេះ កំពុងដោតយ៉ាងមុតក្នុងទីជម្រៅចិត្តនេះ ។

ស្របពេលនោះ បុគ្គលិកផ្នែកឃ្លាំងម្នាក់ បានបកមកវិញប្រញាប់ប្រញាល់យកកញ្ចប់អីវ៉ាន់ផ្សេងទៀតរបស់នាងមកប្រគល់ ។

ម្នាក់ៗមិនហ៊ានសូម្បីតែងើបមុខសម្លឹងមកខ្ញុំដែលឈរបែរខ្នងនៅក្បែរ នេះទេ គ្រាន់តែប្រញាប់ហុចប្រអប់ Art Toy នោះទៅឱ្យនាងដោយការគោរព

«អូនដាហ្ស៊ី ! នេះអូន ! ម៉េចៗចាំផ្ញើព័ត៌មានពណ៌ដែលអូនរើស និងចំនួនមកណា បងរង់ចាំ !»

ពីក្រោយខ្នងខ្ញុំ គេទទួលយកប្រអប់នោះទាំងញញឹមសប្បាយចិត្ត ហាក់មុននេះ យើងមិនបានប៉ះគ្នាមួយប្រាវសោះ ។

ពេលចាកចេញ គេឆ្លៀតងាកមកសម្លឹងខ្ញុំជាលើកចុងក្រោយដោយគ្មានវាចាទៀត ។

ពីក្រៅរបាំងកញ្ចក់ភ្លៀងរិចៗ… នាងរត់ចេញទៅ… ពីលើស្បែកជើងកែងចោតក្នុងជំហានញាប់ៗ សំដៅទៅរកឡានពណ៌សមួយគ្រឿងដែលកំពុងចតចាំ ។ តាមរយៈកាមេរ៉ាមុខរោងពុម្ព ដែលស្រវាំងដោយតំណក់ភ្លៀង ខ្ញុំមើលឃើញទិដ្ឋភាពប្រុសម្នាក់ លូកដៃមករុញទ្វារឡានបើកទទួលនាង ។

គេមិនចុះមកទេ តែនាងមិនប្រកាន់ បែរញញឹមដាក់គ្នាដូចមានក្តីសុខខ្លាំង ។

Ok… ផ្អែមល្ហែម!!!

អារម្មណ៍ស្ងប់ស្ងាត់របស់ខ្ញុំ ដែលសង្កត់បានមួយខណៈអម្បាញ់មិញក្នុងនាមជាសុភាពបុរស ស្រាប់តែផ្ទុះឆេះឡើងមកពេញទ្រូងក្តៅគគុក !

ភាពហួងហែងយ៉ាងកាចសាហាវមួយនេះ ខ្ញុំខានទទួលអារម្មណ៍យូរណាស់មកហើយ ។

អរគុណ ! ដែលមកធ្វើឱ្យថាមពលនេះរស់រានមានអានុភាពឡើងមកវិញណ៎ាអូន !  អ្វីមួយប្រាប់មកខ្ញុំថា ស្នាមញញឹមដ៏បរិសុទ្ធមួយនោះ… គួរតែជារបស់ខ្ញុំ ។ ម៉េចក៏នាងហ៊ានយកវាទៅប្រើ… ឱ្យអ្នកផ្សេង ?

ខ្ញុំឈរស្ងៀមធ្មឹង ក្នុងភាពងងឹតនៃអំពូលដែលរលត់ទៅបន្តបន្ទាប់គ្នា ។ បិទទ្វារហើយ… ចប់ម៉ោងធ្វើការហើយ… ទម្លាប់បុគ្គលិកខ្ញុំគឺ… បិទភ្លើងបន្ទប់ខាងមុខ ឯទីណាមានខ្ញុំ… ពួកគេ… ត្រូវវាង ! ព្រោះខ្ញុំជាប្រភេទមនុស្ស Leave me alone !

ខ្ញុំលូកដៃរាវរកទាញក្រដាសជូតដែលនាងបានទុកឱ្យនោះ មកកាន់ក្តាប់ជាប់ក្នុងបាតដៃសាជាថ្មី ។

សភាវៈនៃការចង់គ្រប់គ្រង បក់បោកក្នុងទ្រូងមួយនេះដូចជាព្យុះសង្ឃរាមិនងាយទប់…

«អូនប្រាប់បងថា ទឹកថ្នាំប្រឡាក់ លាងទឹកជ្រះ… ចុះបើបងប្រឡាក់អូន… ឱ្យជ្រាបចូលដល់ខាងក្នុង… ជ្រៅ… រាងកាយ ជីវិត និងបេះដូងអូន… ឱ្យអូនភ្លេចឈ្មោះអាមួយនោះ ហើយចាំតែឈ្មោះបង… តើអូនលាងជ្រះដែរទេ ដាហ្ស៊ី ?»

យប់នេះ… ខ្ញុំបានរកឃើញចម្បាំងថ្មីដែលខ្ញុំត្រូវចេញធ្វើសឹកហើយ ។

សំណាញ់ហួងហែងនៃចិត្តបិសាច (តំណាលបព្វតា)

… ដាក់កែវស្រាចុះ ម្រាមខ្ញុំប៉ះលើគំរូ Art Toy ជារូបតុក្កតាដែលនាងបញ្ជាឱ្យរោងពុម្ពរបស់ខ្ញុំផលិត ។

រាជបុត្ររបស់នាង មកនៅកណ្តាលតុនេះក្រោមការសម្លក់របស់ខ្ញុំ ។ ទីនេះជាវិមានឯកជន ផ្ទះបុរាណតែទំនើប ធំតែចង្អៀត ស្តុកស្តម្ភតែខ្វះ… ខ្ញុំត្រូវការមានគេម្នាក់មកបំពេញកន្លែងនេះ ឱ្យខ្ញុំស្កប់ស្កល់… លែងចង់ចេញទៅរើរុះម៉ាស៊ីនប្រេងថ្នាំអ្វីទៀត ។

លើលោកនេះ… មានមនុស្សសំខាន់ម្នាក់នោះដែរទេ ?

ម៉ោង ២ រំលងអធ្រាត្រហើយ មនុស្សមួយប្រទេសកំពុងលង់លក់ក្នុងក្តីសុបិន តែខ្ញុំមិនទាន់បិទភ្នែកទេ ។ ក្នុងបន្ទប់ធ្វើការដ៏ធំល្វឹងល្វើយ ដែលហ៊ុមព័ទ្ធដោយភាពងងឹត មានតែពន្លឺភ្លើងពណ៌លឿងស្រាលចាំងប៉ះកែវស្រា Whiskey ក្នុងដៃខ្ញុំ ។

ម្រាមដៃដែលធ្លាប់តែប្រឡាក់ប្រេងម៉ាស៊ីនកាលពីប៉ុន្មានម៉ោងមុន ពេលនេះស្អាតបាត កាត់ក្រចកយ៉ាងមានរបៀប ។

ខ្ញុំអូសចុងម្រាមដៃយឺតៗ… ថ្នមៗ… តាមទម្រង់ចង្កេះរបស់តុក្កតាជ័រ… ចិត្តហោះហើរទៅរកម្ចាស់វា ។ សាច់ជ័រត្រជាក់ស្រេប តែខួរក្បាលខ្ញុំបែរជាកំពុងដាស់ចងចាំនូវកម្តៅ និងភាពទន់ល្មើយ នៃស្បែកដៃរបស់នាងដែលខ្ញុំបានលបប៉ះកាលពីល្ងាចមិញ ។

«ដាហ្ស៊ី…»

គ្រាន់តែបន្លឺឈ្មោះនេះតិចៗក្នុងបំពង់ក សាច់ដុំពោះខ្ញុំក៏កន្ត្រាក់ឡើង តែកម្តៅម្យ៉ាងបែរជាភាយចុះទៅក្រោម…ជារសជាតិផ្លូវកាយដែលខ្ញុំគ្មានចិត្ត ត្រេកត្រអាលមួយរយៈវែងមកហើយ… ។

ខ្ញុំបិទភ្នែកដកដង្ហើមចូលជ្រៅៗ ។  មានះចងចាំក្លិនទឹកអប់ ផ្កាដ៏បរិសុទ្ធរបស់គេ ដែលខ្ញុំបានស្រូបចេញពីក្រដាសប៉ះបាតដៃនាងពេលនោះ ។ គ្រប់យ៉ាងអំពីនាង បានជ្រាបចូលដល់កោសិកាខួរក្បាល… ធ្វើឱ្យខ្ញុំញៀន… ឆាប់ម៉្លេះ ?

ញៀនទាំងដែលទើបតែបានយល់សម្រស់ផ្កាតែមួយភ្លែតសោះ… ហ្នឹង ?

តុក តុក !

សូរគោះទ្វារបំបែកភាពស្ងាត់ជ្រងំ ហើយទាញខ្ញុំវិលមកផ្ចង់លើបច្ចុប្បន្នភាពវិញ ។

«ចូល !» ខ្ញុំបន្លឺក្នុងសព្ទសំឡេងរាបស្មើ ទាញខ្លួនផ្អែកនឹងកៅអីស្បែក ដាក់ដៃខ្វែងគ្នាទៅលើក្បាលដោយនឿយណាយធុញថប់ ។

«អ៊ីសាន !» ជំនួយការជំនិតជនជាតិឥណ្ឌា ក៏ជាដៃស្តាំដែលរៀបចំគ្រប់កិច្ចការសម្ងាត់ៗឱ្យខ្ញុំ បង្ហាញខ្លួន ។

គេឈរឱនក្បាលគោរពពីចម្ងាយដោយមិនហ៊ានសម្លឹងមុខខ្ញុំចំដូចតែរាល់ដង ។

«ព័ត៌មានមកដល់ហើយទាន !»

គេនិយាយហើយសំកាំងរង់ចាំដល់ខ្ញុំរេម្រាមដៃអនុញ្ញាត ទើបឱនចុចបញ្ជូនឯកសារមកលោតលើអេក្រង់ខ្ញុំ ។

ខ្ញុំមិនប្រញាប់បើកមើលឯកសារនៅលើអេក្រង់ទេ តែភ្នែកខ្ញុំកំពុងឆេះសន្ធោសន្ធៅ…  ក្តៅគគុក ព្រោះរូបភាពកាលពីប៉ុន្មានម៉ោងមុន ដែលនាង  ញញឹមស្រស់បំព្រង ពេលនិយាយទូរសព្ទជាមួយអាត្បាញអាយណាមិនដឹង… នៅតែតាមលងបន្លាចសតិខ្ញុំ ។

ខ្ញុំគ្រាន់តែសម្លឹងមើលកែវស្រាខ្លួនឯង ឯមាត់បញ្ជាទាំងតឹងសាច់ដុំថ្គាម

«និយាយមក… »

«បាទ ចៅហ្វាយ ! នាងឈ្មោះ ដាហ្ស៊ី អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទីបួននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ប្រវត្តិគ្រួសារ… មិន… មិន… សូវល្អទេទាន ។»

ទំនងជាឃើញខ្ញុំលើកចិញ្ចើមរង់ចាំ  អ៊ីសានស្ទាក់ស្ទើរ ហើយរលាស់សំឡេងបន្តិច មុននឹងបន្ត ៖

«ដាហ្ស៊ី មានប៉ាជាអតីតវិចិត្រករល្បីឈ្មោះមួយរូប ប្រើឈ្មោះលើគំនូរថា ធន្នក្រៃ ។ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយពីក្ស័យធនហាងគំនូរមក គាត់… ត្រូវបញ្ជូនទៅនៅមណ្ឌលសមុទ្ទចិត្ត ៥ ឆ្នាំហើយ ។ ចំណែកម្តាយដាហ្ស៊ី… ចេញទៅធ្វើជាមេផ្ទះ… បម្រើការឱ្យគ្រួសារលោកវណ្ណឆ័យ ដែលជាអគ្គនាយកធនាគារ ATANAU ។»

«សមុទ្ទចិត្ត ?» ខ្ញុំរអ៊ូឈ្មោះនេះតិចៗក្នុងបំពង់ក មិនតាមទៅស្តាប់រឿងផ្សេងទៀតសោះ វាទាក់ៗចិត្តជាខ្លាំងព្រោះដូចធ្លាប់ឮ ។

«បាទ ! ជា… ជាកន្លែងព្យាបាលផ្លូវចិត្តទាន !»

«មណ្ឌលវិកលចរិត ?»

ខ្ញុំគិតឃើញ តែក៏មិនបានសួរចេញទៅជាសំឡេងអ្វីទៀតទេ គ្រាន់តែយល់ម្នាក់ឯង ហើយលើកម្រាមដៃទាំងដប់មកប្រទាក់គ្នាទប់បបូរមាត់ ។

ពាក្យថា «វិកលចរិត» ឬ «ភាពឆ្កួតលីលា» នេះ បានកន្ត្រាក់ទាញសតិខ្ញុំឱ្យធ្លាក់ចូលទៅក្នុងអន្លង់នៃភាពហួសចិត្តមួយរំពេច ។ ជម្រៅចិត្តរបស់ខ្ញុំកំពុងសើចចំអកឱ្យពិភពលោកដ៏លាក់ពុតនេះ ។

សម្រាប់អ្នកក្រតោកយ៉ាក ការបាត់បង់សតិ ឬមានជំងឺផ្លូវចិត្ត គឺជាការគំរាមកំហែងដល់សង្គម ពួកគេត្រូវតែចាប់បំបែកចេញ យកទៅឃុំឃាំងនៅកន្លែងដាច់ដោយឡែក ទុកឱ្យដោះស្រាយឯកោ ខ្លះក្នុងបន្ទប់ចាក់សោ ខ្លះដាក់ច្រវ៉ាក់ ខ្លះចងជាប់គ្រែ ។

ប៉ុន្តែ… សម្រាប់មនុស្សដូចជាខ្ញុំវិញ ? ខ្ញុំដឹងច្បាស់ថាខ្លួនឯងក៏ «វិកល» ដែរ គ្រាន់តែភាពវិកលរបស់ខ្ញុំ វាត្រូវបានរុំព័ទ្ធដោយអំណាច ។

ទោះខ្ញុំឆ្កួត ផ្តាច់ការ លោភលន់ ឬឃោរឃៅប៉ុនណា ក៏វិមានដ៏ស្កឹមស្កៃ និងគំនរដុល្លាររាប់លាន អាចជួយបិទបាំងទង្វើរបស់ខ្ញុំបានជិតឈឹងក្រោមរូបភាពផ្សេងៗមិនខ្វះស្នៀត ។

សង្គមនេះ មិនហ៊ានហៅខ្ញុំថាជនវិកលចរិតទេ សូម្បីអ្នកកាសែត ! ពួកគេមើលឃើញខ្ញុំជាមនុស្សអស្ចារ្យ ហៅអ្វីបានហ្នឹង ដូចយ៉ាង ពេលនេះជីវិតឯកជនរបស់គេ… ដាហ្ស៊ី ស្ថិតក្នុងដៃខ្ញុំ !

នេះមិនទាន់និយាយដល់មនុស្សរាប់រយពាន់នាក់ នៅតែតាមយកការចាប់អារម្មណ៍ពីខ្ញុំ ចង់មកពាក់ព័ន្ធក្នុងជីវិតខ្ញុំ !

«ចុះអាប្រុសម្នាក់នោះ ?» ខ្ញុំសួរកាត់គំនិតខ្លួនឯង ។

សូមរង់ចាំទស្សនាភាគបន្ត…

រឿង៖ នាង និង គេ (ភាគ១)
ក្លិនទឹកថ្នាំ ក្លិនស្នេហ៍ (តំណាលបព្វតា)

ម៉ោង ៧ យប់……

ក្លិនទឹកថ្នាំ ប្រេង និងសំឡេងម៉ាស៊ីនបោះពុម្ព បន្លឺឡើងរំពងពេញរោងពុម្ពខ្នាតយក្សនេះ ហើយវាជាអ្វីមួយ ដែលខ្ញុំតែងបន្លប់ខ្លួនបានយ៉ាងពេញចិត្ត ។

ខ្ញុំពេញចិត្ត ដែលឃើញខ្លួនឯងបែកញើសទទឹកជោក… ឈរជួសជុលម៉ាស៊ីនក្នុងសភាព កខ្វក់ ។អ្នកផ្សេងនាំគ្នាដើរគេចដូចរាល់ដង ។ បើខ្ញុំចង់ធ្វើអីមួយ ហាមមានអ្នកណាមកឈរពីមុខ… ឬសូម្បីមកក្បែរៗ ។

ជីវិតសម្រាប់ខ្ញុំគឺទទេ ! ខ្ញុំមានអ្វីគ្រប់យ៉ាង តែ… គ្មានអារម្មណ៍ថាគ្មានស្អីពិសេសតែទាំងអស់ ។ ម្តងៗ សុខចិត្តចំណាយពេលរាប់ម៉ោងជាមួយគ្រឿងចក្រ ព្រោះវានិយាយតែភាសាតក្កវិជ្ជា និងភាពច្បាស់លាស់ ។

សម្រែកម៉ូទ័រ និងចង្វាក់បេះដូងនៃលោហៈ តាមពិតទៅ ពីរោះជាងពាក្យសម្ដីមនុស្សម្នា ដែលពោរពេញដោយសម្ដែង Fake បោកប្រាស់ និងអារម្មណ៍មិនទៀងទាត់ ។

តួយ៉ាង ម៉ាក់ខ្ញុំ ! ម៉ាក់ដែលមានអ្វីគ្រប់យ៉ាងហើយ ក៏នៅតែចង់បានថែមឡើងថ្នាក់ ត្រូវ ចេញទៅចោលកូនខ្លួនឯង ហើយប៉ាខ្ញុំវិញ ប៉ាដែលមានអ្វីគ្រប់យ៉ាង តែមិនអាចរក្សាគ្រួសារ សាមញ្ញមួយបាន ព្រោះ Ego…

កុំ ! … កុំមករម្លឹកខ្ញុំ… អតីតកាល ! កុំព្យាយាមយកភាពរំជើបរំជួលដែលឯងធ្លាប់បាន ទឹកភ្នែករបស់ខ្ញុំទៅកំដរ ហើយមកចង់សាកល្បងខ្ញុំទៀត… អត់ន័យទេ ! បេះដូងខ្ញុំស្លាប់ហើយ ! ខ្ញុំរស់ជាមួយសំឡងស្ងប់ស្ងាត់បំផុត គឺសំឡេងដែលគ្មានអ្នកណាមកពាក់ព័ន្ធ… គ្មាន !

គ្រាំង!!! សំឡេងរបារដែកទម្រម៉ាស៊ីនបោះពុម្ពខ្នាតធំ បានដួលរលំបោកផ្ទប់មកលើស្មា និងរាងកាយពាក់កណ្តាលរបស់ខ្ញុំ ។ ធូលីហុយទ្រុប ប្រេងខ្មៅ និងទឹកថ្នាំកខ្វក់ខ្ទាតប្រឡាក់ពេញខ្លួន ។ ភាពឈឺចាប់រត់កាត់សរសៃប្រសាទនេះ ងឿងដល់បេះដូង តែខ្ញុំសង្កត់ចិត្ត ខាំធ្មេញមិនព្រមបញ្ចេញសំឡេងថ្ងូរ ។

«ចៅហ្វាយ !»

បុគ្គលិកប៉ុន្មាននាក់ដែលនៅក្បែរនោះស្ទុះស្លន់ស្លោមករកខ្ញុំ ។

«កុំប៉ះ !» ខ្ញុំគ្រហឹមសំឡេងធ្ងន់ កាត់ផ្តាច់ចលនាពួកគេ ។

«ចេញឱ្យឆ្ងាយ !» ខ្ញុំបន្ថែម ។

ខ្ញុំស្អប់ការអាណិត ! ហើយស្អប់ការប៉ះពាល់ពីអ្នកដទៃ ចាប់ពីថ្ងៃដែលមេដោះម្នាក់ខ្ញុំបានស្រលាញ់ខ្លាំង ជឿខ្លាំង បែរជាឃើញឡើងទៅនៅលើគ្រែជាមួយប៉ាខ្ញុំ ។ ចាប់ពីពេលនោះមក ខ្ញុំមិនដែលនិយាយរកគាត់ ឬសូម្បីសម្លឹងគាត់ ។ ទោះបីគាត់ជាមូលហេតុដែលម៉ាក់ចាកចេញ តែខ្ញុំមិនលើកលែងទោសឱ្យទាំងពីរនាក់ ។ ព្រោះនៅក្នុងវចនានុក្រមខ្ញុំ បើគេស្រលាញ់យើង មិនថាទីនេះលំបាកយ៉ាងណា គេនឹងនៅដើម្បីយើង !

កុំសម្លាប់បេះដូងដ៏បរិសុទ្ធមួយជាមួយអំពើ «ទ្រុស្ត» ព្រោះគេមិនរស់មកវិញដូចដើមទេ បើគេខ្សោយ គេនឹងទៅរហូត តែបើគេខ្លាំង គេនឹងវិលមកវិញក្នុងទម្រង់ជា «បិសាច» ។

កន្លែងដែលខ្ញុំដួល ខ្ញុំសុខចិត្តប្រឹងងើបដោយខ្លួនឯង ទោះត្រូវបាក់ឆ្អឹងក៏ដោយ ។ បុគ្គលិកនាំគ្នាថយក្រោយ… គ្មានអ្នកណាហ៊ានបំពានបញ្ជាខ្ញុំស្រាប់ហើយ…. ហើយខ្ញុំក៏មិនរវល់អ្វីនឹងពួកគេ ក្រៅពីការបន្តផ្ដោតប្រជែងជាមួយម៉ាស៊ីនទៀតនោះទេ…

មិនដឹងទេសកាលអី… ពេលនោះ… ក្លិនប្រហើរមួយថ្មីបានរសាត់មក  ដល់ ។ ជាក្លិនផ្កាដែលបរិសុទ្ធ កាត់ផ្តាច់ក្លិនឆ្អាបនៃប្រេងម៉ាស៊ីន… ហើយជាក្លិន ដែលមិនគួរមានវត្តមាន នៅទីនេះទាល់តែសោះ ។

កម្រណាស់ដែលមានគេណាម្នាក់អាចញ៉ាំងឱ្យខ្ញុំងើបមុខឡើង សម្លឹង ទាំងកំពុងរងភាពឈឺចាប់បែបនេះ ។

សំពត់ពណ៌ក្រមៅត្រឹមជង្គង់ អាវការិយាល័យពណ៌ស… នាងដើរទម្លុះភាពភ័យខ្លាចរបស់អ្នករាល់គ្នា សំដៅត្រង់មកកន្លែងដែលកខ្វក់បំផុត ។

ម្រាមដៃដ៏ទន់ល្មើយរបស់នាង ដែលគួរតែចាប់កាន់តែវត្ថុស្រស់ស្អាត បែរជាកំពុងលូកមកចាប់ទាញរបារដែកប្រឡាក់ប្រេងនោះចេញពីលើស្មាខ្ញុំយ៉ាងតក់ក្រហល់ ដោយមិនខ្វល់ពីក្រសែភ្នែកហាមឃាត់របស់ខ្ញុំសូម្បី  បន្តិច ។

«កុំចូល !»

ខ្ញុំសង្កត់សំឡេងព្រមាន ខណៈព្យាយាមរុញនាងចេញ

«ប្រយ័ត្នប្រឡាក់ !»

តែនាងមិនបញ្ឈប់ដៃ ថែមទាំងទម្លាក់កែវភ្នែកដ៏បរិសុទ្ធនោះមកសម្លឹងចូលដល់ជម្រៅភ្នែករបស់ខ្ញុំ ។

ដៃទន់ល្មើយដែលប្រឡាក់ស្នាមប្រេងខ្មៅតិចៗទៅហើយនោះ លូកមកចាប់ដើមដៃខ្ញុំ ទាញយោងខ្ញុំឱ្យក្រោកឡើង ។

«អាវប្រឡាក់ ខ្ញុំអាចបោកថ្មីបាន… »

សំឡេងនាងស្រទន់ តែ… ជ្រៀតឈឹបចាក់ដោតរំញ័រដល់បាតបេះដូងដែលកកស្ទះពាន់ឆ្នាំរបស់ខ្ញុំ ។

«ក្រោកឡើងបង… តស់ មួយ ពីរ !»

Wow Wow មានស្អីម្យ៉ាងអំពីស្រីម្នាក់នេះ… ខ្ញុំទម្លាក់ភ្នែកសម្លឹងមើលម្រាមដៃរបស់នាង ។ ក្រចកខ្លីស្អាតស៊ីជម្ពូ… ស្បែក… ដែលលាក់ក្រោមសាច់ក្រណាត់… ដៃដែលទន់ល្មើយ ផ្ទុយស្រឡះពីដៃគ្រើមៗប្រឡាក់ទឹកថ្នាំរបស់ខ្ញុំ ។ អំណាចនៃភាពបរិសុទ្ធមួយនេះ កំពុងប្រែក្លាយភាពរឹងរូសរបស់ខ្ញុំឱ្យរលាយបាត់ទៅមួយរំពេច ។

មានភាគបន្ត…