លី គឹមសួ – Meysansotheary

រឿង៖ ណាគ្រី ភាគ២
វគ្គ៖ តាមរកឣ្នកផ្ញើសំបុត្រ

“នៅក្នុងសំបុត្រគេនិយាយថាម៉េចទៅលោកស្រី?” ចាន់សួរ។

“គេថាគេមានវិធីធ្វើឱ្យលោកម្ចាស់ជាដូចដើមវិញ” ណាគ្រីនិយាយ។

ចាន់ជ្រួញចិញ្ចើមហាក់ឣេះឣុញ។

“ខ្ញុំថាដូចជាមិនស្រួលទេដឹងហីលោកស្រី នេះឣាចជាមនុស្សបោកប្រាស់មកពីណាក៏មិនដឹង ចង់បោកលោកស្រីឱ្យទ្រព្យទៅគេផងក៏ថាបាន” ចាន់និយាយ។

ណាគ្រីសម្លឹងទៅចាន់ហាក់ចង់ប្រាប់ថាខ្លួនលែងមានជម្រើស តែអ្វីដែលនាងនិយាយចេញមកគឺ៖

“ខ្ញុំចេះគិតគូរហើយ បើឣស់ឣីហើយឯងទៅធ្វើការវិញចុះ” ណាគ្រីនិយាយ។

“បាទ លោកស្រី!” និយាយរួចចាន់ក៏ដើរចេញទៅ ប៉ុន្តែដោយសារតែការបម្រើយ៉ាងស្មោះត្រង់របស់ចាន់នៅក្នុងផ្ទះនេះអស់រយៈពេលជាយូរ។ ចាន់តែងយល់ច្បាស់ពីទឹកមុខនិងកាយវិកាយរបស់ម្ចាស់ខ្លួន ហើយបើតាមមើលមុខណាគ្រីនៅពេលនេះ ចាន់បានទទួលអារម្មណ៍ដឹងបាត់ទៅហើយថាមានអ្វីម្យ៉ាងមិនស្រួល អ្វីម្យ៉ាងកំពុងតែធ្វើឱ្យម្ចាស់របស់ខ្លួនពិបាកក្នុងការសម្រេចចិត្ត។

យប់ឡើងណាគ្រីដេកឱបសំបុត្រជនមិនស្គាល់មុខនៅនឹងដើមទ្រូងហើយគិតពីឣ្វីដែលខ្លួនបានឣាន។

តើគេជានរណា ? តើពិតទេដែលគេជាគ្រូពេទ្យទេវតាឣាចព្យាបាលលោកម្ចាស់ឱ្យជាដូចដើរមកវិញនោះ? ឬមួយគេគ្រាន់តែជាជនបោកប្រាស់ដូចដែលណាគ្រីនិងចាន់បានសង្ស័យ? វាបានធ្វើឱ្យណាគ្រីគិតរឿងអ្នកភូមិដេញសម្លាប់ធ្មប់នោះទៀតហើយ។ ឬមួយម្នាក់នោះជាធ្មប់នោះទេដឹង? ធ្មប់អាចជាហេតុដែលធ្វើឱ្យលោកម្ចាស់ឈឺដល់ថ្នាក់នេះក៏ថាបាន។ តែហេតុឣីបានជាគេហ៊ានចេញមុខព្យាបាលលោកម្ចាស់ទៅវិញ?

នៅមានសំណួរជាច្រើនទៀតដែលណាគ្រីគិតថាឣាចក្លាយទៅជាការពិត ប៉ុន្តែឣ្វីមួយទៀតដែលធ្វើឱ្យណាគ្រីចង់ប្រថុយជឿឣត្ថន័យនៅក្នុងសំបុត្រនេះគឺ លោកម្ចាស់ឣាចជាសះស្បើយមកវិញបាន។

“ខ្ញុំពិតជាខ្លាច តែខ្ញុំគ្មានជម្រើស។ ខ្ញុំពិតជាខ្លាច តែខ្ញុំត្រូវតែប្រថុយ ព្រោះនេះជាក្តីសង្ឃឹមចុងក្រោយ”

ជាអ្វីដែលណាគ្រីនិយាយនៅក្នុងខួរក្បាលម្តងហើយម្តងទៀត។ ណាគ្រីព្រោះបារម្ភពេករហូតដល់ចាប់ផ្តើមស្តាប់ឮនូវពាក្យស្បថស្បែរបស់ខ្លួនទាំងប៉ុន្មានមកវិញ រសាត់លាន់ឮខ្លាំងៗពេញត្រចៀកដដែលៗ រហូតដល់នាងស្ទុះក្រោកមកអង្គុយឆ្ងក់នៅលើគ្រែទាំងញើសហូរមកសស្រាក់ពេញលើថ្ងាសរបស់នាង។

វាពិតជាមិនអាចឱ្យណាគ្រីទ្រាំបានទៀតនោះទេ។

កណ្តោលយប់ណាគ្រីរត់ចេញទៅរៀបចំសម្លៀកបំពាក់និងមាសប្រាក់មួយចំនួនដាក់ចូលក្នុងបង្វេចហើយស្ពាយជាប់និងស្មា នាងមិនខ្វល់នេះយាមទីប៉ុន្មាន ហើយតើក្នុងព្រៃស្ងាត់គួរឱ្យខ្លាចប៉ុនណានោះទេ ព្រោះក្នុងចិត្តរបស់នាងគឺគិតតែប្រញាប់ចាកចេញទៅកាន់តែឆាប់កាន់តែល្អ។

ចិត្តអន្ទះសារមួយពេលនោះនាំនាងចេញពីផ្ទះ ហើយដើរម្តងមួយជំហានៗយ៉ាងលឿន លើផ្លូវទៅកាន់មាត់ច្រកចូលព្រៃតែម្នាក់ឯងដោយមិនមានអ្នកណាដឹងឡើយ។

ណាគ្រីឈរទ្រឹងនៅមាត់ច្រកចូលព្រៃដែលបាំងទៅដោយភាពងងឹត។ នៅក្នុងទ្រូងញ័រភ័យពោរពេញទៅដោយភាពភ័យខ្លាច។ នៅពេលដែលបានឈរនៅនឹងមុខច្រកចូលទើបណាគ្រីដឹងថាតើជើងរាងកាយរបស់នាងញ័រខ្លាចប៉ុនណា។

នាងឣាចស្តាប់ឮសំឡេងម្តាយរបស់នាងបានប្រាប់កាលពីនាងនៅតូចៗថា៖

“លេងនៅកន្លែងណាក៏បាន តែហាម! កុំចូលទៅលេងនៅក្នុងព្រៃនោះឱ្យសោះ”

តែដល់ពេលនឹកឃើញថានេះជាឱកាសតែមួយគត់ក្នុងការជួយសង្រ្គោះប្តីរបស់ខ្លួន ភាពភ័យខ្លាចទាំងប៉ុន្មានហាក់ដូចជាបានថមថយទៅវិញ។ ណាគ្រីបន្លប់ខ្លួនមកគិតពីអត្ថន័យនៅក្នុងសំបុត្រវិញហើយ ទន្ទេញក្នុងចិត្តថា “គ្រប់យ៉ាងពិតជា មិនអីនោះទេ”។

ជំហានទីមួយបានបោះចូលទៅហើយ វាហាក់ដូចជារាងញ័របន្តិចតែនាងនៅតែបន្តបោះជំហានទី២ ទី៣រហូតដល់គ្រប់ជំហានផ្ទុកទៅដោយភាពក្លាហាន មោះមុត និងជំនឿចិត្ត។ ណាគ្រីបោះជំហានទៅមុខរហូតដល់ត្រូវភាពងងឹតនៅក្នុងព្រៃបិទបាំងរូបរាងបានទាំងស្រុង ដោយមិនដឹងសោះថាដូចជាមានស្រមោលអ្នកណាម្នាក់ទៀតចូលទៅក្នុងព្រៃតាមពីក្រោមនាងយ៉ាងសង្ងាត់។

ស្នាមញញិមលេចឡើងលើមុខរបស់ធ្មប់ដែលកំពុងតែស្នាក់នៅក្នុងព្រៃជ្រៅ នាងសើចតិចៗហើយនិយាយទៅកាន់ខ្លួនឯងថា “ស្វាគមន៍លោកស្រី” ។

ណាគ្រីដើរតែម្នាក់ឯងតាំងពីពាក់កណ្តាលយប់រហូតមកដល់ពេលព្រឹកចូលក្នុងព្រៃដែលសម្បូរទៅដោយដើមឈើធំៗ។ យូរម្តងនាងក៏បានឮសំឡេងសត្វចម្លែកៗជាច្រើនដែលនាងមិនស្គាល់ឈ្មោះយំឡើងមកយ៉ាងគ្រលួច។

ភ្នែករបស់នាងរំពៃឆ្វេងស្តាំមុខក្រោយជាប់មើលក្រែងលោមានសត្វសាហាវដើរចូលមក ប៉ុន្តែនាងបានឆ្ងាយប៉ុននេះហើយនៅមិនទាន់បានប្រទះសត្វសាហាវណាមករាំងផ្លូវដំណើររបស់នាងឡើយទេ។ ណាគ្រីដើរឣស់ច្រើនម៉ោងហើយ ចូលមកក៏កាន់តែជ្រៅតែក៏មិនដឹងថាខ្លួនត្រូវដើរដល់ពេលណាទៀតដែរ សំណាងដែលនាងបានត្រៀមទឹកមកតាមខ្លួន និងអាហារក្រៀមខ្លះ ទោះមិនច្រើន ព្រោះនាងមិនបានគិតទាល់តែសោះថាតើត្រូវដើរប៉ុន្មានថ្ងៃទើបបានចួបម្ចាស់សំបុត្រនោះទេ។

“កាន់តែជ្រៅកាន់តែឆាប់បានចួប កាន់តែជ្រៅកាន់តែឆាប់បានចួប” នាងទន្ទេញពាក្យដដែលៗនេះនៅក្នុងចិត្តសង្ឃឹមថានិងឆាប់បានទៅដល់គោលដៅ និងនិយាយជាមួយអ្នកដែលហៅនាងមកនោះ។

ណាគ្រីឈប់សម្រាកបន្តិចដើម្បីយកម្លាំងដើរទៅមុខទៀត។ ក្នុងចិត្តគិតថាចង់ធ្មេចភ្នែកគេងនៅក្រោមដើមជ្រៃធំមួយនេះ តែស្រាប់តែបានឮសំឡេងស្រឹបៗ ឣ្វីមួយដូចជាសំឡេងជើងជាច្រើនកំពុងតែដើរចូលមក ធ្វើឱ្យនាងងាកទៅខាងក្រោយភ្លាម។

ទឹកមាត់ស្រក់ចុះមកតាមចុងអណ្តាត ចង្កូមមុតស្រួចនិងសស្ញាញរបស់វាមកលើដីជាប់មិនដាច់។ សំឡេងគ្រហឹមដែលស្តាប់ទៅគួរឱ្យខ្លាច កែវភ្នែករបស់វាផ្តោតទៅលើណាគ្រីមិនព្រិច ហាក់ដូចជាកំពុងតែឃ្លានចំណីដែលកំពុងតែឈរនៅចំពីមុខវានេះយ៉ាងខ្លាំង។

ណាគ្រីមើលទៅដំបូងឃើញតែមួយក្បាលប៉ុណ្ណោះដែលបោះជំហានជើងចេញមកតិចៗ ពីក្នុងស្មៅខ្ពស់ៗនៅក្បែរនោះ។ ប៉ុន្តែបន្ទាប់ពីឃើញមួយមិនទាន់បានប៉ុន្មានផង មួយទៀតក៏ចេញមកតាមពីក្រោយ បន្ទាប់មកក៏ឃើញ៣ទៀតចេញមក ។

ពួកវាគឺជាសត្វចចកមួយហ្វូងកំពុងពោរពេញទៅដោយភាពស្រែកឃ្លាន ហើយក្នុងភ្នែករបស់ពួកវា ណាគ្រីក៏គ្មានអ្វីខុសពីសត្វដទៃដែលជាអាហាររបស់ពួកវាដេញប្រមាញ់រាល់ថ្ងៃនោះដែរ។

ណាគ្រីលេបទឹកមាត់ក្អឹក ក្នុងទ្រូងភ័យស្លន់ស្លោឈរស្ងៀមមិនហ៊ានកម្រើក។ នៅក្បែរខ្លួននាងមានមែកឈើងាប់ពុកផុយមួយដែលទំហំធំគួរសម។ នាងបន្ទន់ជង្គង់បន្តិចចាប់យកមែកឈើនោះមកកាន់យ៉ាងណែនជាប់ដៃ។ នាងមិនដឹងថាខ្លួនឣាចធ្វើឣ្វីបានទេបើសិនជាចចកដែលកំពុងតែស្រែកឃ្លានទាំងប្រាំក្បាលនោះស្រាប់តែស្ទុះរត់សំដៅមកនាងនោះ។

បេះដូងណាគ្រីលោតកាន់តែញាប់ស្របពេលចចកទាំងអស់ឈានចូលមកកាន់តែជិត។ មិនយូរប៉ុន្មានចចកមួយដែលនៅមុខគេស្ទុះបោលយ៉ាងលឿនសំដៅមកណាគ្រី។

ចចកឯទៀតឈរត្រៀមចាំនៅពីក្រោយ។ ចចករត់ចូលមកកាន់តែជិតធ្វើឱ្យណាគ្រីកាន់តែស្លុត នាងបិទភ្នែកហើយលើកមែកឈើឡើងគិតតែពីគ្រវែងមិនដឹងទិសដៅ។ ខណៈពេលនោះណាគ្រីបានគិតថានាងនឹងត្រូវស្លាប់បាត់ទៅហើយ។

ណាគ្រីបើកភ្នែកមកវិញ ខ្លួនមិនបានស្លាប់ទេតែនៅពីមុខខ្លួនពេលនេះបែរជាឃើញសត្វចចកមួយនោះកំពុងតែប្រកាច់ ននៀលនៅនឹងដី ជាមួយរោមដែលកំពុងតែឆាបឆេះទៅវិញ។ ណាគ្រីក្រឡេកទៅស្តាំបានឃើញខ្នងបុរសមាឌធំដំបងម្នាក់កាន់ភ្លើងគប់នៅជាប់ដៃបន្លាចពួកសត្វចចកផ្សេងទៀតឱ្យរត់បាត់ឣស់។

ប្រុសមាឌធំងាកខ្លួនមកក្រោយរកណាគ្រី។ ទើបនាងបានឃើញថាគេម្នាក់នោះគឺ ចាន់។ ហេតុតែឣស់កម្លាំងពេកទើបណាគ្រីសន្លប់ស្តូកស្តឹងតែម្ដងទៅ។

ពេលដែលណាគ្រីបើកភ្នែកមកវិញគឺពេលយប់ទៀតបាត់ទៅហើយ។ ចាន់បានបង្កាត់ភ្លើងមួយភ្នក់ធំបណ្តេញមូសនិងសត្វសាហាវផ្សេងទៀត។ ចាន់មើលឃើញណាគ្រីបើកភ្នែក។

“លោកស្រីភ្ញាក់ហើយ” ចាន់និយាយ។

“ត្រូវហើយ!” ណាគ្រីឆ្លើយទាំងនៅមិនទាន់ស្វាងនៅឡើយ

“ពេលនេះពេលណាហើយ?”

“លោកស្រីសន្លប់មិនដឹងខ្លួនឣស់មួយថ្ងៃពេញ ហើយពេលនេះពេលយប់ហើយលោកស្រី” ចាន់និយាយ។

ចាន់បានយកទឹកនិងត្រីដែលខ្លួនបានចម្អិនមកឱ្យណាគ្រី។

“ហេតុឣីបានជាឯងដឹងថាខ្ញុំនៅទីនេះ?” ណាគ្រីនិយាយ។

“ពេលដែលលោកស្រីឣានសំបុត្រនោះហើយ ខ្ញុំយល់ថាទឹកមុខលោកស្រីមិនស្រួលខ្លាំងណាស់ ខ្ញុំនៅយាមនៅក្រោមផ្ទះរហូត ពេលឃើញលោកស្រីចេញពីផ្ទះតែម្នាក់ឯងខ្ញុំក៏ប្រាប់ឣ្នកផ្សេងទៀតឱ្យមើលថែលោកម្ចាស់តាមធម្មតាហើយ ក៏សម្រេចចិត្តចេញមកតាមលោកស្រីតែម្តង! ក្នុងព្រៃនេះគ្រោះថ្នាក់ណាស់ហេតុឣីបានជាលោកស្រីហ៊ានចូលមកតែម្នាក់ឯង?” ចាន់សួរ។

“ខ្ញុំតាមរកមនុស្សដែលផ្ញើសំបុត្រមកនោះ គេថាគេឣាចជួយលោកម្ចាស់បានបើសិនជាខ្ញុំដើរចូលមកកាន់ព្រៃកាន់តែជ្រៅ។” ណាគ្រីតប

“គេឣាចជាចោរ ឬជនបោកប្រាស់ក៏ថាបាន” ចាន់និយាយ។

“ខ្ញុំដឹង! តែខ្ញុំលែងមានជម្រើសហើយ ខ្ញុំសុខចិត្តជឿមនុស្សខុសតែខ្ញុំមិនចង់បាត់បង់ឱកាសធ្វើឱ្យលោកម្ចាស់បានជាវិញនោះទេ” ណាគ្រីនិយាយ

“ហេតុឣីបានជាលោកស្រីមិននាំគ្នាយើងមកជាមួយ មនុស្សនៅក្នុងផ្ទះយើងមានច្រើនណាស់” ចាន់និយាយ។

“ក្នុងសំបុត្រថាត្រូវការឱ្យខ្ញុំមកតែម្នាក់ឯង ណាមួយខ្ញុំមិនចង់នាំទុក្ខឱ្យឣ្នកណាមកជាមួយខ្ញុំដែរ ក្រែងឯងក៏បាននិយាយដែរថាទីនេះគ្រោះថ្នាក់ណាស់ បើម្នាក់នោះពិតជាមនុស្សមានឣាគមឣីខ្លាំងខ្លាមែននោះគេប្រាកដជាអាចជួយខ្ញុំបញ្ចៀសវាបាន” ណាគ្រីនិយាយ។

ចាន់ពិតជាបានគិតថាណាគ្រីចង់ជួយលោកម្ចាស់ពេក រហូតដល់ស្លុងជឿរឿងគ្រប់យ៉ាងដោយខ្វះការពិចារណាមែនហើយ។

“តែមិញនេះលោកស្រីខ្វះតែបន្តិចត្រូវចចកនោះព្រួតគ្នាស៊ីគ្មានសល់ទៅហើយ” ចាន់និយាយ។

“បើលោកស្រីពិតជាចង់រកមនុស្សនៅក្នុងព្រៃនោះមែនលោកស្រីត្រូវតែនាំខ្ញុំទៅជាមួយ!”

ណាគ្រីសម្លឹងចំកែវភ្នែករបស់ចាន់ ក៏បាននាំចិត្តឱ្យរឭកពីរឿងដើម។ ចាន់គឺជាឣ្នកបម្រើរបស់លោកម្ចាស់ មុនពេលណាគ្រីបានចួបជាមួយលោកម្ចាស់ទៅទៀត។ ចាន់ជាមនុស្សស្មោះត្រង់និងនៅបម្រើដិតដល់នឹងលោកម្ចាស់ណាស់ ។ ចិត្តដែលចាន់ចង់ឱ្យលោកម្ចាស់ជាសៈស្បើយវិញនោះ មានមិនតិចជាងណាគ្រីប៉ុន្មានឡើយ។

ណាគ្រីនៅចាំបានទៀតថាលោកម្ចាស់តែងតែមានចាន់នៅតាមបម្រើជាប់ជានិច្ចតាំងពីពួកគេនៅជាសង្សារ ពាក្យផ្អែមល្អែមស្បថស្បែទាំងប៉ុន្មានអាចនិយាយបានថាមានចាន់ជាសាក្សី។

ណាគ្រីងក់ក្បាលតិចៗក្នុងសញ្ញាយល់ព្រម ហើយក៏ព្យាយាមងើបខ្លួនបន្តិចឡើង។

“ឣរគុណឯងហើយចាន់ គង់តែបានឯងម៉្លេះថ្ងៃនេះខ្ញុំច្បាស់ជាស្លាប់មិនខាន” ណាគ្រីនិយាយ។

“លោកស្រីនិងលោកម្ចាស់មានគុណចំពោះខ្ញុំនិងពុកម៉ែខ្ញុំណាស់ ពេលនេះលោកម្ចាស់នៅមួយកន្លែង ខ្ញុំដឹងថាលោកប្រាកដជាចង់ឱ្យខ្ញុំតាមការពារលោកស្រីមិនខាន។ “ចាន់និយាយ

“តើលោកស្រីដឹងថាអ្នកផ្ញើសំបុត្រនោះនៅកន្លែងណានៅក្នុងព្រៃនេះដែរទេ?”

“ក្នុងសំបុត្រគ្រាន់តែប្រាប់ថាដើរចូលកាន់តែជ្រៅ កាន់តែឆាប់បានចួបតែប៉ុណ្ណោះមិនបានថានៅកន្លែងណានោះទេ ខ្ញុំដើរចូលមកដល់ជ្រៅយ៉ាងនេះហើយក៏មិនទាន់បានឃើញឣ្នកណាម្នាក់ដែរ!” ណាគ្រីនិយាយ។

“អ៊ីចឹងពួកយើងឆាប់ចេញដំណើរទៅ?” ចាន់និយាយហើយក្រោកឡើង។

“ពេលនេះយប់ហើយឯងក៏ហត់នឹងយាមខ្ញុំពេញមួយថ្ងៃដែរ ខ្ញុំថាចាំព្រឹកចាំយើងធ្វើដំណើរបន្តទៀតចុះ”

“បាទលោកស្រី” ចាន់ងក់ក្បាល ហើយឣង្គុយផ្អែកដើមឈើ។

ណាគ្រីបានបរិភោគឣាហាររបស់ចាន់ហើយអង្គុយមួយស្របក់ក៏សំងំគេងម្តងទៀត។

ព្រះចន្ទបញ្ចេញពន្លឺយ៉ាងស្រទន់ជះមកកាន់កន្លែងដែលឣ្នកទាំងពីរកំពុងគេង។ វាជាយប់ដ៏ស្ងប់ស្ងាត់មួយដែលសូម្បីតែសត្វសាហាវទាំងប៉ុន្មានក៏ប្រហែលជាដេកយកកម្លាំងឣស់ដែរ។ ចាន់ក្រោកមករើសឈើងាប់ជាច្រើនកំណាត់ទៀតបោះចូលទៅក្នុងភ្នក់ភ្លើង ហើយក្រោកឡើងមើលស្ថានភាពជុំវិញ ឱ្យប្រាកដក្នុងចិត្តថាមិនមានប្រភេទសត្វដូចពួកចចកនេះនៅក្បែរៗនេះទៀត។

បន្ទាប់ពីមើលសព្វកន្លែងរួច ចាន់ឣង្គុយចុះវិញរួចសម្លឹងទៅណាគ្រីដែលកំពុងតែគេងលង់លក់ទាំងតានតឹងក្នុងចិត្ត។ ចាន់ដកដង្ហើមធំនិយាយម្នាក់ឯង៖

“ខ្ញុំដឹងថាលោកស្រីប្រហែលជាមិនឣាចស្តាប់ឮឣ្វីដែលខ្ញុំនិយាយនោះទេ តែខ្ញុំពិតជាមានរឿងខ្លះចង់ប្រាប់លោកស្រី” ចាន់ស្ងាត់បន្តិចទើបបន្ត៖

“ឣ្នកបម្រើមិនគួរដឹងរឿងរបស់ម្ចាស់ច្រើនពេកទេប៉ុន្តែបើខ្ញុំមិននិយាយខ្ញុំបែរជាមានឣារម្មណ៍ថាខ្លួនឯងខុសនឹងលោកស្រីណាស់។ តាមពិតទៅខ្ញុំប្រហែលដឹងថាហេតុឣ្វីបានជាលោកម្ចាស់ក្លាយទៅជាបែបនេះ…”

ចាន់បន្តនិយាយរឿងដែលខ្លួនបានដឹងប្រាប់ទៅកាន់មនុស្សដេកលក់ម្នាក់ដើម្បីដករឿងដែលខ្លួនបានលាក់ទុកនេះចេញមកក្រៅដើម្បីឱ្យធូរទ្រូង។

ដោយសារការមិនទុកចិត្ត ចាន់ក៏ឣង្គុយយាមនៅទីនោះបំណងមិនចង់ដេកទៅវិញនោះទេ តែមិនដឹងហេតុឣ្វីខ្យល់ត្រជាក់ក៏បក់មក ពន្លឺព្រះចន្ទហាក់ដូចជាថមថយមកជាងងឹតឈឹងធ្វើឱ្យចាន់បានទន់ត្របកភ្នែក ធ្ងន់ក្បាលយ៉ាងខ្លាំង ចាន់គិតថានឹងបិទភ្នែកគេងតែមួយភ្លែតនោះទេ តែស្រាប់តែលក់ទៅទាំងមិនដឹងខ្លួន។ ក្រោយពេលចាន់ដេកលក់ភ្លើងនៅក្នុងភ្នក់ក៏រលត់ទៅបាត់ដូចគេយកទឹកមកជះ។

ណាគ្រីចាប់ផ្តើមដឹងខ្លួននៅក្នុងទីដ៏ងងឹតសូន្យដែលសូម្បីតែចាន់នៅជិតខ្លួនក៏មើលស្ទើរតែមិនចង់ឃើញ។ ណាគ្រីស្ទុះឡើងហើយងាកមើលជុំវិញខ្លួនព្រោះនាងប្រាកដក្នុងចិត្តថាដូចជាមានអ្វីម្យ៉ាងកំពុងតែសម្លឹងមើលមកនាង។

ពន្លឺពណ៌ខៀវតូចៗ ភ្លឺបន្តិចម្តងៗនៅលើខ្សែបន្ទាត់ត្រង់ហាក់កំពុងនាំភ្នែកណាគ្រីឱ្យសម្លឹងមើលទៅឣ្វីដែលនៅពីមុខខ្លួន។ ណាគ្រីដើរតាមពន្លឺម្តងមួយជំហានៗ រហូតដល់ពន្លឺនាំផ្លូវនោះលែងមាននៅពីមុខនាងទៀត។ ណាគ្រីឈរនៅមួយកន្លែងហើយមើលទៅត្រង់។ នៅខាងមុខ ណាគ្រីបានឃើញផ្ទះឈើចាស់មួយដែលពន្លឺពណ៌ខៀវទាំងប៉ុន្មាននាំគ្នារត់ចូលទៅបំភ្លឺផ្លុងៗនៅក្នុងនោះ។

“នេះជាសញ្ញាដែលប្រាប់ឱ្យខ្ញុំចូលទៅ?” ណាគ្រីគិត

“តើខ្ញុំគួរចូលទៅដែរទេ? ជាឱកាសតែមួយគត់ដែលធ្វើឱ្យលោកម្ចាស់ត្រលប់មកដូចដើមវិញ…ណាគ្រីកុំខ្លាច ក្លាហានឡើង។”

ណាគ្រីបោះជំហានចូលទៅក្នុងផ្ទះនោះដែលនៅក្នុងចិត្តគិតថាប្រហែលជាលែងបានចេញពីព្រៃនេះទៀតហើយ តែណាគ្រីពេលនេះដូចជាមិនបានខ្លាចការស្លាប់រស់ទៀតឡើយ។ នាងសម្លឹងមើលទៅជុំវិញផ្ទះ ការតុបតែងនៅក្នុងផ្ទះមិនខុសឣីពីកាលដែលចំប៉ីចូលមកនោះទេ គឺស្រស់ស្អាតមិនដូចការមើលឃើញពីខាងក្រៅឡើយ។

“ម្ចាស់ផ្ទះ!” ណាគ្រីនិយាយ

“មានអ្នកណានៅទីនេះដែរទេ?” មិនមានការឆ្លើយតប។

“តើឣ្នកជាឣ្នកសរសេរសំបុត្រនោះតើមែនទេ?”

“ប្រាប់ឱ្យនាងមកតែម្នាក់ឯង ហេតុឣីបានជាមានមនុស្សម្នាក់ទៀតមក” សំឡេងស្ត្រីវ័យក្មេងឣាយុប្រហាក់ប្រហែលណាគ្រីម្នាក់និយាយឡើង តែមិនឃើញមនុស្ស។

“សូមកុំប្រកាន់ឣី ចាន់ជាឣ្នកបម្រើល្អ បើមិនបានគេជួយខ្ញុំពីសត្វសាហាវនោះទេខ្ញុំក៏ ប្រហែលជាគ្មានជីវិតចូលមកព្រៃជ្រៅយ៉ាងនេះដែរ! តើម្ចាស់ផ្ទះពិតជាឣាចជួយស្វាមីខ្ញុំបានដែរមែនទេ?”

“មិនត្រឹមតែជួយបានទេយើងថែមទាំងមានអ្វីលើសពីនេះជូនអ្នកទាំងពីរទៀតផង។” សំឡេងនិយាយ។

ណាគ្រីពិតជាមិនចង់បានអ្វីក្រៅពីឱ្យលោកម្ចាស់ខ្លួនជាវិញទេ តែដោយហេតុតែឆ្ងល់ណាគ្រីក៏សួរឡើង។

“ជាអ្វីទៅ?”

“យើងអាចឱ្យអ្នកទាំងពីររស់នៅបានជាអមត។” សំឡេងនិយាយ។

មនុស្សសាមញ្ញម្នាក់ដែលមិនធ្លាប់គិតដល់ថារឿងបែបនេះអាចទៅរួចដូចជាណាគ្រីឮបែបនេះ គំនិតលោភលន់មួយរបស់ណាគ្រីស្រាប់តែលេចឡើងហើយរម្លឹកណាគ្រីថា មាសប្រាក់ទ្រព្យសម្បត្តិរបស់ពួកគេមានច្រើនណាស់ ច្រើនរហូតដល់ចាយរាប់រយជាតិទៀតក៏មិនឣស់ផង។ បើសិនអ្វីដែលសំឡេងកំពុងតែនិយាយនេះជាការពិត តើអ្នកណាដែលថាមិនងក់ក្បាលទទួលដោយមិនចាំបាច់គិតច្រើនទៅ?

“ពិតមែនដែរទេ?” ណាគ្រីសួរ។

“ពិតមិនពិតនៅពេលនោះនាងនឹងឃើញដោយខ្លួនឯង តែយើងមានលក្ខខណ្ឌ!​”​

សំឡេងនិយាយម្តងទៀត។ ក្នុងចិត្តណាគ្រីបានប្រាប់ខួរក្បាលរួចហើយថាត្រូវតែព្រមធ្វើគ្រប់យ៉ាងទោះជាសំណើរអ្វីក៏ដោយ។

“ឱ្យតែម្ចាស់ផ្ទះឣាចធ្វើអ្វីទាំងនោះបានពិតមែន ខ្ញុំព្រមទាំងឣស់” ណាគ្រីនិយាយ។

ក្រាក! ទ្វារបន្ទប់មួយនៅពីក្រោយណាគ្រីស្រាប់តែរបើកចេញមក ណាគ្រីងាកទៅតាមប្រភពសំឡេង។ មនុស្សម្នាក់តែមានក្រណាត់ពណ៌ខ្មៅគ្របជិតសូម្បីតែមុខក៏មើលមិនឃើញ ដើរមកយឺតៗមកយ៉ាងជិតណាគ្រីធ្វើឱ្យនាងមើលឃើញត្រឹមបបូរមាត់ពណ៌ខ្មៅរបស់គេ ដែលមានទម្រង់ជាបបូរមាត់មនុស្សស្រី ហើយឣ្វីដែលគួរឱ្យចាប់ឣារម្មណ៍ទៀតនោះគឺនាងកំពុងតែញញិមដាក់ណាគ្រី។

នាងហុចក្រដាសពណ៌លឿងមួយសន្លឹកដែលបទជារៀងត្រីកោណទៅឱ្យណាគ្រី ហើយនិយាយពាក្យខ្លះទៅកាន់នាង។ ណាគ្រីភ័យផងខ្លាចផងព្យាយាមចងចាំអ្វីគ្រប់យ៉ាងដែលមនុស្សស្រីម្នាក់នោះប្រាប់មកនាង។

ណាគ្រីបើកភ្នែកមកវិញ ខ្លួននៅទីតាំងដែលខ្លួនបានគេងដដែល ពន្លឺដែលចាំង ចូលភ្នែកនាងបានប្រាប់នាងថាពេលនេះព្រឹកហើយ។

“តាមពិតយល់សប្តសោះ” នាងនិយាយដាក់ខ្លួនឯង។ បន្ទាប់ពីពន្លត់ភ្លើងរួចចាន់ក៏ដើរមកកាន់ណាគ្រី។

“យប់មិញឯងមិនបានដេកទេ?” ណាគ្រីសួរ។

“មិនឣីទេលោកស្រី ខ្ញុំខ្លាចសត្វសាហាវមករកពួកយើងនៅពេលយប់” ចាន់និយាយ

“ពួកយើងគិតបន្តដំណើរទៅមុខទៀតទៅ។”

“បាន!” ណាគ្រីនិយាយ តែពេលដែលនាងឈោងដៃយកបង្វេចរបស់ខ្លួនក៏ចាប់ឣារម្មណ៍ដឹងថាខ្លួនឯងកំពុងតែក្តាប់របស់ឣ្វីម្យ៉ាងនៅក្នុងដៃ។ ពេលនាងលាដៃរបស់ខ្លួនចេញមកទើបនាងដឹងថាឣ្វីម្យ៉ាងនោះជាក្រដាសដែលបទរាងត្រីកោណដែលមនុស្សស្រីម្នាក់ប្រគល់មកឱ្យខ្លួន។

ពន្លឺពណ៌ខៀវ ផ្ទះឈើចាស់ និងជាពិសេសំឡេងដែលមនុស្សស្រីម្នាក់នោះនិយាយទាំងប៉ុន្មានលេចឡើងនៅក្នុងខួរក្បាលរបស់ណាគ្រីវិញទាំងឣស់ធ្វើឱ្យណាគ្រីឈរទ្រឹងមួយកន្លែង។

“មិនមែនទេ មិនមែនយល់សប្តឡើយ”

“លោកស្រី! លោកស្រី” ចាន់និយាយ

”តោះ! ពួកយើងទៅមុខទៀត។”

ចាន់ដើរទៅមុខបន្តតែណាគ្រីមិនកម្រើក។

“ចាន់…ពួកយើងទៅផ្ទះវិញ”

“ហេតុឣីទៅលោកស្រី?” ចាន់តប។

“ព្រោះខ្ញុំបានចួបម្នាក់នោះហើយ” និយាយហើយណាគ្រីក៏ដើរត្រលប់ក្រោយវិញ។

ចាន់មិនសូវយល់ឣ្វីដែលណាគ្រីនិយាយនោះទេ តែគេក៏ព្រមដើរតាមណាគ្រីត្រលប់ទៅដោយមិនបានសួរនាំ។

វគ្គ៖ ថ្នាំទិព្វឬថ្នាំពុល?

ការងារដែលណាគ្រីធ្វើមុនគេពេលបានត្រលប់មកដល់ផ្ទះវិញនោះគឺ ឡើងទៅលើផ្ទះមើលលោកម្ចាស់។ ពេលឡើងទៅដល់នាងឃើញឣ្នកបម្រើប្រុសម្នាក់កំពុងនៅឈរយាមគាត់។ ឣ្នកបម្រើស្រីពីរ បីនាក់ទៀតកំពុងតែសម្អាតឈាមរបស់លោកម្ចាស់ដែលក្អួតចេញមកយ៉ាងច្រើននៅលើគ្រែ។

ណាគ្រីចាប់ឣារម្មណ៍ឃើញថាឈាមប្រែទៅជាខ្មៅខ្លាំង ចំណែកឯរូបរាងរបស់លោកម្ចាស់វិញប្រែទៅស្គមរីងរៃ  ស្លេកស្លាំង ភ្នែកប្រែជាខ្មៅជាំដូចមនុស្សមិនបានសម្រាកច្រើនថ្ងៃ។ ណាគ្រីទៅតែប៉ុន្មានមិនដល់៣ថ្ងៃផងលោកម្ចាស់ប្រែលប្រួលខ្លាំងប្រៀនបានដូចជាសាកសព្វមួយដែលរង់ចាំតែថ្ងៃគេយកទៅបញ្ចុះទៅហើយ។ ឃើញគាត់បែបនេះណាគ្រីចាប់គិតពីពាក្យម្នាក់ស្រីនៅក្នុងព្រៃនោះថា គាត់សល់ពេលមិនច្រើនទេ ត្រូវតែប្រញាប់សម្រេចចិត្ត។

ទឹកភ្នែកជាច្រើនមិនឣាចទប់ជាប់ក៏ហូរចេញមកទៀតហើយ តែនាងយកខ្នងដៃជូតវាចេញយ៉ាងលឿង ងាកខ្លួនប្រញាប់ប្រញាល់ដើរចុះទៅផ្ទះបាយហើយឱ្យមនុស្សទាំងប៉ុន្មានដែលនៅទីនោះចេញឱ្យអស់។ នាងយកចានឈើធំមួយ នាងដកដង្ហើមមួយៗបន្ធូរអារម្មណ៍ដែលតាងតឹងស្ទើរតែស្ទះ។ នាងលាក្រដាសរាងត្រីកោណនោះចេញមកហើយសម្លឹងមើលក្នុងក្រដាសនោះយ៉ាងយកចិត្តទុកដាក់។

នៅក្នុងក្រដាសមានឣក្សរពណ៌ខ្មៅជាច្រើនដែលណាគ្រីមិនឣាចមើលយល់។ ណាគ្រីបោះដាក់ក្រដាសនោះចូលទៅក្នុងចានហើយក៏ចាក់ទឹកក្តៅពុះចូលពេញមួយចាននោះ។

ក្រដាសរលាយបាត់រូបជំនួសមកវិញនូវទឹកដែលខ្មៅក្រឹបមួយចានធំ។ មើលទៅពិតជាពិបាកលេបណាស់ តែណាគ្រីមិនបានគិតច្រើននោះទេ។ នាងប្រញាប់លើកយកចេញពីផ្ទះបាយឡើងទៅលើផ្ទះវិញ។ ណាគ្រីបានប្រាប់ឱ្យឣ្នកបម្រើចេញពីបន្ទប់ទាំងឣស់។

វាជាស្ថានភាពមួយដែលណាគ្រីពិតជាពិបាកនិយាយខ្លាំងព្រោះថា បើសិនជាស័ក្តិសិទ្ធិដូចឣ្វីដែលម្ចាស់ផ្ទះក្នុងព្រៃនិយាយមែននោះគ្រប់យ៉ាងច្បាស់ជាល្អប្រសើរឡើងវិញ។

បើមិនពិតទេនោះណាគ្រីដូចជាបំពុលប្តីរបស់ខ្លួនដោយដៃខ្លួនឯងផ្ទាល់ព្រោះថ្នាំមួយចាននៅក្នុងដៃរបស់ណាគ្រីនេះមើលទៅពិតជាគួរឱ្យខ្ពើមណាស់ គ្មានមនុស្សជានាណាចង់ផឹកវានោះទេបើសិនជាគេបានឃើញវានោះ។

តើវាជាថ្នាំទិព្វឬថ្នាំពុល? ណាគ្រីមិនមានចម្លើយនោះទេ មានតែប្រថុយទេទើបឣាចបានដឹង។ ណាគ្រីត្រកងប្តីរបស់ខ្លួនពីខាងក្រោយហើយក៏បញ្រ្ចកទឹកខ្មៅដូចភក់នោះចូលក្នុងមាត់របស់គាត់ទាំងបិទភ្នែកទ្រាំ។

ណាគ្រីដាក់លោកម្ចាស់ឱ្យដេកទៅវិញ។ ភ្លាមៗដូចជាមិនមានអ្វីប្លែកឡើយ តែ មិនបានប៉ុន្មានផង ដៃជើងរបស់លោកម្ចាស់ចាប់ផ្តើមកន្ត្រាក់បន្តិច ដំបូងណាគ្រីគិតថាថ្នាំកំពុងតែបញ្ចេញប្រសិទ្ធិភាព តែនៅពេលដែលលោកម្ចាស់កន្ត្រាក់កាន់តែខ្លាំងទៅៗដែលមើលទៅដូចមនុស្សពុលថ្នាំនោះ។ ណាគ្រីស្រាប់តែភ័យស្លន់ហើយរត់ទៅឱបលោកម្ចាស់ទាំងទឹកភ្នែក។ ក្នុងចិត្តគិតថាខ្លួនប្រហែលជាជឿមនុស្សខុសបាត់ទៅហើយ។

“ឱ្យឣូនសុំទោស!” ណាគ្រីនិយាយទាំងទឹកភ្នែក។

ព្រោះពេលនេះសម្បុររបស់លោកម្ចាស់ឡើងខ្មៅ មុខក៏ដូចគ្នាគឺខ្មៅឣស់គ្មានលក្ខណៈជាមនុស្សឣ្វីបន្តិចសោះឡើយ។ ណាគ្រីគិតតែពីឱបលោកម្ចាស់របស់ខ្លួនហើយទ្រហោយំយ៉ាងសង្វេគ។ អ្នកបម្រើទាំងអស់ដែលនៅចាំស្តាប់ក្រោមផ្ទះទាំងអស់សុទ្ធតែបានឮសំឡេងនាងយំ។

ម្នាក់ៗយល់ថាកម្សត់ គួរឱ្យអាណិតក៏នាំគ្នាយំតាមម្ចាស់ស្រីរបស់ខ្លួន។ មិនគួរណាលោកម្ចាស់ទៅទាំងវ័យក្មេងបែបនេះសោះ វាលឿនខ្លាំងពេករហូតដល់មិនមានអ្នកណាម្នាក់អាចទទួលយកបាន។ តើថ្ងៃក្រោយឱ្យណាគ្រីទៅពឹងអ្នកណាទៅ? ហើយតើអ្នកណានឹងត្រូវជម្រាបដំណឹងដ៏អាក្រក់មួយនេះទៅឱ្យលោកពុកអ្នកម្តាយរបស់លោកម្ចាស់ដឹងទៅ?

វាជាយប់ដែលពោរពេញទៅដោយភាពសោកស្តាយនិង វិប្បដិសារៈរបស់ណាគ្រី នាងឱបលោកម្ចាស់របស់ខ្លួនស្រែកផងយំផង ក្នុងចិត្តច្របូកច្របល់ឣស់គិតមិនយល់មានតែទឹកភ្នែកដែលហូរចុះរហាមមិនឈប់មិនឈរ។

“ខ្ញុំខុសហើយៗ…ទេវតាអើយជួយប្តីខ្ញុំផង” ណាគ្រីនិយាយក្នុងចិត្ត។

ពពកពណ៌ខ្មៅបាំងព្រះចន្ទបាត់ទៅ បន្សល់នៅតែទុក្ខក្រៀមក្រំដល់មនុស្សគ្រប់គ្នានៅក្នុងផ្ទះនេះតែប៉ុណ្ណោះ។

ព្រឹកថ្ងៃបន្ទាប់ណាគ្រីក្រោកឡើងនៅលើគ្រែរបស់លោកម្ចាស់ ឣ្វីដែលលេចឡើងមុនគេនៅក្នុងខួរក្បាលរបស់នាងនោះគឺលោកម្ចាស់បានទៅហើយ តើត្រូវទទួលយកវាបែបណា? និងត្រូវនិយាយបែបណាទៅកាន់មនុស្សរាល់គ្នានៅក្នុងផ្ទះនេះ។ ហើយតើយប់មិញនេះតើនាងអាចគេងលក់ស្រួលបែបនេះបានដោយរបៀបណា?

ណាគ្រីក្រោកឡើងទទួលអារម្មណ៍ដូចជាមិនស្រួលមួយនៅក្នុងខ្លួន ព្រោះពេលនេះមើលទៅរបស់ជុំវិញខ្លួន គ្រប់យ៉ាងនៅដូចដើមទាំងអស់អ្វីដែលនាងរកមិនឃើញនោះគឺសាកសពរបស់លោកម្ចាស់របស់ខ្លួន។

តើគាត់ទៅណាបាត់ហើយ? តើអ្នកណាហ៊ានយកគាត់ទៅណាដោយគ្មានការអនុញ្ញាតពីណាគ្រីបែបនេះ? នាងញីភ្នែកខ្លួនឯងម្តងហើយម្តងទៀត មើលហើយមើលទៀតនៅតែមិនឃើញ ហើយក៏ចម្លែកណាស់ដែរថាហេតុអ្វីបានជាពេលនេះនាងមិនមានអារម្មណ៍សោកសៅអ្វីបន្តិចសោះបែបនេះ?

សំឡេងល្វើយៗពីខាងក្រោមទាក់ទាញចំណាប់អារម្មណ៍របស់ណាគ្រីឱ្យដើរទៅក្បែរបង្អួច នាងសម្លឹងមើលទៅក្រោមឃើញខ្នងធំបុរសម្នាក់។ គាត់ឈរបញ្ជាអ្នកបម្រើប្រុសពី បីនាក់ឱ្យរៀបចំសួននៅមុខផ្ទះឡើងវិញ។ ណាគ្រីបើកភ្នែកធំឡើងៗ នាងយកដៃស្ទាបមុខខ្លួនដើម្បីបញ្ចាក់ថានេះមិនមែនជាការយល់សប្ត

“ពិតណាស់! ពិតណាស់!” ណាគ្រីនិយាយតិចៗតែម្នាក់ឯង។ ភ្នែករលីងរលោងបណ្តាលឱ្យទឹកភ្នែកធ្លាក់ចុះមកក្នុងន័យរំភើបពន់ពេក។ ណាគ្រីរត់ទៅក្រោមយ៉ាងប្រញាប់។

ណាគ្រីសម្រួលអារម្មណ៍ពេលចុះទៅដល់។ នាងឈប់នៅមួយកន្លែងមិននិយាយស្តី គិតតែពីមើលខ្នងគេពីក្រោយ។

“ជាគាត់ ជាគាត់ច្បាស់ណាស់!” ណាគ្រីញញិម។

“លោកម្ចាស់” ណាគ្រីហៅ។

បុរសម្នាក់នោះងាកមកក្រោយ បង្ហាញមុខរបស់ខ្លួន ធ្វើឱ្យណាគ្រីរំភើប វិញ្ញាណស្ទើរហោះចេញក្រៅខ្លួន។

“ណាគ្រី អូនភ្ញាក់ហើយ?” សេរីបុត្រញញិមយ៉ាងស្រស់ទៅកាន់ណាគ្រី ជាស្នាមញញិមដែលណាគ្រីចង់ឃើញជាយូរណាស់មកហើយ។

ណាគ្រីរត់ទៅឱបលោកម្ចាស់ទាំងក្នុងចិត្តពោរពេញទៅដោយក្តីនឹករឭក នាងសម្លឹងមើលទៅមុខរបស់គាត់ លោកម្ចាស់ប្រែជាដូចដើមវិញ គ្មានសញ្ញាថាធ្លាប់ជាមនុស្សឈឺទៀតទេ សាច់ឈាមភ្លឺថ្លា មុខមាត់ស្រស់បស់ និងមានកម្លាំងកំហែងខ្លាំងណាស់។

គាត់ក្រោកឡើងពីគ្រែតាំងពីពេលណាក៏ណាគ្រីមិនបានដឹង ហើយអ្វីដែលថែមលើសពីនេះទៅទៀតនោះគឺលោកម្ចាស់មើលទៅសង្ហាជាងពីមុនទៅទៀត។

“ខ្ញុំស្មានថាលែងបានឃើញលោកម្ចាស់ទៀតហើយ” ណាគ្រីនិយាយ។

សេរីបុត្រជ្រួញចិញ្ចើមបន្តិចហាក់ឆ្ងល់។

“អូននិយាយពីអីហ្នឹង?” សេរីបុត្រនិយាយ។

“លោកម្ចាស់មិនចាំទេ?” ណាគ្រីនិយាយ។

“មានរឿងអីទៅ? ម្នាក់ៗព្រឹកនេះដូចជាចម្លែកម៉្លេះ? ញញិមញញែមខុសធម្មតា” សេរីបុត្រនិយាយ។

កាន់តែមើលទៅក្នុងកែវភ្នែករបស់លោកម្ចាស់ណាគ្រីកាន់តែយល់ថា តាមពិតលោកម្ចាស់មិនបានដឹងថាខ្លួនគាត់ធ្លាប់ធ្លាក់ខ្លួនឈឺនោះទេ តែបែបនេះក៏ល្អ បើវាជាការចងចាំមិនល្អតើចង់ឱ្យគាត់ចងចាំវាមកវិញធ្វើអី? ណាគ្រីញញិមដាក់លោកម្ចាស់។

“គ្មានអីនោះទេ អូនគ្រាន់តែសប្បាយចិត្តពេលឃើញបងប៉ុណ្ណោះ” ណាគ្រីនិយាយ។

ការដឹងខ្លួនឡើងវិញរបស់លោកម្ចាស់ប្រៀបបានដូចជាការធ្វើឱ្យពិភពលោករបស់ណាគ្រីស្រស់បំព្រងឡើងមកវិញ។

ត្រូវហើយណាគ្រីមិនបានគិតខុសនោះទេ ការប្រថុយមួយនេះពិតជាត្រឹមត្រូវ ពិតជាអស្ចារ្យ។ រឿងរ៉ាវព្រឹកនេះពិតជាធ្វើឱ្យណាគ្រីនឹកស្មានមិនដល់។ នាងហាមចិត្តមិនគិតមិនបាននោះទេ ថារឿងបន្ទាប់ដែលនាងត្រូវធ្វើនោះគឺ ត្រូវធ្វើតាមពាក្យសន្យារបស់ខ្លួនជាមួយម្ចាស់សំបុត្រដែលមានផ្ទះនៅក្នុងព្រៃនោះ។

ថ្ងៃបន្ទាប់ណាគ្រីបានហៅមនុស្សមួយក្រុមឱ្យមកមើលដីទំនេរមួយកន្លែងដែលនៅក្រោយផ្ទះ។ បុត្របានសួរណាគ្រីហេតុអ្វីបានជាចង់សង់ផ្ទះមួយទៀតនៅទីនេះតែណាគ្រី គ្រាន់តែប្រាប់ថានាងចង់សង់សំណាក់ទេវតាធម្មតាមួយដើម្បីគោរពបូជាសុំសេចក្តីសុខតែប៉ុណ្ណោះ។

មួយខែក្រោយ ណាគ្រីឈរនៅក្នុងផ្ទះឈើថ្មីស្រឡាងមួយ ដែលនៅក្នុងផ្ទះមិនមានអ្វីទាំងអស់គឺមានតែផ្ទះទទេស្អាត នៅពីមុខនាងគឺមនុស្សស្រីក្នុងសម្លៀកបំពាក់ពណ៌ខ្មៅដែលនាងចួបពីក្នុងព្រៃនោះ។

ណាគ្រីញញិមទៅកាន់មនុស្សស្រីម្នាក់នោះ ហើយទោះបីជានាងមិនអាចមើលមុខរបស់នារីម្នាក់នោះឃើញ តែណាគ្រីដឹងថានារីម្នាក់នោះកំពុងតែញញិមត្រលប់មកនាងវិញដូចគ្នា។

“បើសិនជាថ្នាំនេះមានអាចឱ្យលោកម្ចាស់ជាមកវិញបាន នាងត្រូវសង់ផ្ទះមួយខ្នងនៅឱ្យធ្ងាយពីផ្ទះធំហើយហៅយើងទៅនៅទីនោះ។” ពេលនេះនាងបានសង់ផ្ទះរួចហើយក៏ជាពេលដែលត្រូវហៅអ្នកគ្រូមានគុណឱ្យចូលមកនៅដែរ។

“ខ្ញុំបានធ្វើតាមសន្យាហើយ” ណាគ្រីនិយាយ។

“យើងដឹង!” នារីសម្លៀកបំពាក់ខ្មៅនិយាយចេញមក។

“សូមម្ចាស់ផ្ទះអញ្ចើញសំណាក់នៅឱ្យបានសុខចុះ!” ណាគ្រីនិយាយ។

“ល្អ!” សំឡេងតប

ណាគ្រីឣេះឣុញហាក់ចង់បញ្ចាក់ពីឣ្វីម្យ៉ាង ព្រោះនៅមានរឿងមួយទៀតដែលនាងចង់បញ្ចាក់ឱ្យច្បាស់។

“តើពិតដែរទេដែលពួកយើងនឹងរស់នៅជារៀងរហូតមិនស្លាប់នោះ?” ណាគ្រីនិយាយ។

“ពិតណាស់! លោកស្រីនិងលោកប្រុសថែមទាំងមានសម្រស់អមតទៀតផង” សំឡេងនិយាយ។

ស្តាប់ឮហើយណាគ្រីញញិមបិទមាត់មិនជិតទោះបីនាងបានដឹងរួចមកហើយតាមសំដីរបស់ម្ចាស់សំបុត្រតាំងពីនៅក្នុងព្រៃមកម៉្លេះ។

“តែលោកស្រីដឹងហើយ អ្នកទាំងពីរត្រូវស្មោះជាមួយគ្មាមួយនិងមួយ បើអ្នកទាំងពីរសុទ្ធតែអស់ចិត្តស្រលាញ់គ្នា អ្នកទាំងពីរនឹងត្រលប់នៅរស់នៅក្នុងវាលវដ្ដសង្សារវិញ នោះគឺកើតចាស់ឈឺស្លាប់តាមដំណើរធម្មជាតិ ហើយបើសិនជាមានម្នាក់ណាស្រាប់តែស្លាប់បាត់ម្នាក់ទៀតមិនយូរប៉ុន្មាននិងលាចាកលោកនេះដូចគ្មា!”

“ខ្ញុំជឿលើលោកម្ចាស់។ ពួកយើងទាំងពីរមិនក្បត់គ្នាឡើយ” ណាគ្រីនិយាយ។

“បែបនេះល្អហើយ ត្រូវដាក់មនុស្សយាមផ្ទះនេះឱ្យបានល្អយើងមិនឱ្យអ្នកណាចូលក្រៅពីនាងឡើយ។” សំឡេងនិយាយ។

“ស្ដាប់បានហើយអ្នកគ្រូ”

និយាយរួចម្ចាស់ផ្ទះក៏រលាយបាត់ទៅ។ ណាគ្រីត្រលប់មកឈរនៅក្នុងផ្ទះរបស់ខ្លួនវិញ។ ណាគ្រីស្រាប់តែមានក្ដីសុខ ដោយគ្រាន់តែគិតពីអនាគតរបស់ខ្លួន អនាគតដែលមានជារៀងរហូត ទាំងទ្រព្យសម្បត្តិនិងសម្រស់។ ពួកយើងមិនចាស់ មិនស្លាប់ និងមានប្រាក់ចាយមិនអស់ តើមានមនុស្សប៉ុន្មាននាក់មានសំណាងដូចពួកយើងទៅ? ណាគ្រីញញិមហើយសម្លឹងទៅមេឃដ៏សែនឆ្ងាយ។

ងាកមកខាងមេធ្មប់ចំប៉ីវិញ នាងចូលមកនៅក្នុងភូមិវិញដោយមានសន្តិភាពពេញលេញ គ្មានអ្នកណាដឹងថានាង កំពុងតែស្នាក់នៅក្នុងផ្ទះគ្រួសារ ដែលមានអំណាចជាងគេនៅក្នុងភូមិនេះឡើយ។ នាងសប្បាយចិត្តនិងគិតពីអ្វីដែលនាងនឹងធ្វើចំពោះមនុស្សដែលដេញតាមដុតនាងទាំងរស់កាលពីថ្ងៃនោះ។

វគ្គ៖ ខុសត្រណម

នាពេលយប់ជ្រៅមួយនៅក្នុងភូមិមនុស្សប្រុសវ័យកណ្តាលបីនាក់កាន់ភ្លើងគប់ដើរល្បាតភូមិ បើមើលតាមទឹកមុខពួកគេមិនបានដើរល្បាតតាមរកចោរនោះទេ តែពួកគេកំពុងតែហិតក្លិនរកធ្មប់និងពួកព្រាយបិសាចផ្សេងទៀតនៅទីនេះទៅវិញ។

ពួកគេជាមនុស្សដែលត្រូវបានឣ្នកភូមិទទួលស្គាល់ថា ជាឣ្នកមានគុណដែលបានជួយបណ្ដេញធ្មប់ចេញពីក្នុងស្រុកភូមិរបស់ពួកគេបានសម្រេច។ ឣ្នកទាំងបីឣាចមានញាណពីកំណើតដឹងថាឣ្នកណាជាមនុស្សឣ្នកណាមិនមែនដោយគ្រាន់តែប្រើការមើលនិងស្រង់ក្លិន។

ពួកគេធ្វើដំណើរពីភូមិមួយទៅភូមិមួយដើម្បីជួយឣ្នកស្រុកដោយចិត្តនិងកម្លាំងដែលពួកគេមាន ព្រោះពួកគេជឿថា បើព្រះជាអ្នកបង្កើតឱ្យមានធ្មប់គាត់ក៏បានបង្កើតឱ្យមានអ្នកបង្ក្រាបវាដែរ។

នេះគ្រាន់តែជាយប់ធម្មតាមួយដូចយប់ឯទៀរដែរ ឣ្នកទាំង៣គិតថាដើរមួយជុំនេះហើយនឹងត្រលប់ទៅសម្រាកវិញដូចរាល់ដង តែពេលដើរដល់ចុងផ្លូវទាល់ដែលត្រូវបកមកវិញ ក៏បានចួបនឹងមនុស្សស្រីម្នាក់ឈរតែម្នាក់ឯងនៅចំកណ្តោលផ្លូវ។

“ឣ្នកណាគេនឹង ថ្មើរណេះហើយមិននៅក្នុងផ្ទះ មិនខ្លាចខ្មោចព្រាយទេឬយ៉ាងម៉េច?” បុរសទីមួយនិយាយ។ នារីម្នាក់នៅស្ងៀមមិនឆ្លើយ ហើយងាកខ្លួនមកម្តងបន្តិចៗ បង្ហាញឱ្យឃើញមុខ ហើយក៏ញញិមដាក់ពួកគេ។ បើសិនជាមនុស្សទាំង៣នាក់មិនមែនជាអ្នកដំណើរ តែជាឣ្នកភូមិរស់ជាប្រចាំនៅទីនេះ ពួកគេប្រហែលជាដឹងថានាងជាជំទាវណាគ្រីដែលគ្រប់គ្នាបានស្គាល់។ ប៉ុន្តែពេលនេះនាងគ្រាន់តែជាមនុស្សស្រីម្នាក់ដែលដើរចោលផ្ទះនៅពេលយប់តែប៉ុណ្ណោះ។

បុរសទី២សម្លឹងមកណាគ្រីមិនដាក់ភ្នែកហើយរេខ្លួនទៅបុរសដែលឈរនៅកណ្តាលគេ។

“បងប្រុស មើលទៅដូចជាមនុស្សធម្មតាទេ” បុរសទី២និយាយ។

បុរសនៅកណ្តាលងក់ក្បាលតិចៗ។

“ជាមនុស្សតែដូចជាមានអ្វីមិនស្រួល។”

“ពួកយើងគិតធ្វើបែបណាទៅបង” បុរសទីមួយនិយាយ។

“យើងឣាចចាប់នាង ហើយយកទៅធ្វើពិធីបណ្តេញខ្មោចនោះចេញពីនាងបាន”

“បើបែបនេះ នៅចាំឣីទៀតពួកយើងចាប់ផ្តើមតែម្ដងទៅ” បុរសកណ្តាលនិយាយ។

ណាគ្រីនៅតែញញិមមិនមាត់មិនក។ មនុស្សប្រុសទាំងបីឈានជើងស្រុះគ្នា ដើរសំដៅទៅនាងយ៉ាងលឿន តែពេលដើរទៅជិតដល់ពួកគេស្រាប់តែទច់ជើងឈប់ហាក់ដូចដឹងថាមានអ្វីម្យ៉ាងមិនស្រួល។

ពួកគេមើលទៅជុំវិញខ្លួនចាប់ឣារម្មណ៍ឃើញថា ពេលនេះពួកគេត្រូវបានហ៊ុមព័ទ្ធដោយមនុស្សប្រុសវ័យក្មេងពេញកម្លាំង ប្រហែលដប់នាក់ដែលក្នុងដៃម្នាក់ៗមានកាន់ភ្លើងគប់និងដំបងនៅក្នុងដៃរៀងៗខ្លួនផង។

ស្នាមញញិមរបស់ណាគ្រីបង្ហាញចេញមកកាន់តែពិសពុលនិងគួរឱ្យខ្លាច។ ណាគ្រីខ្លួនឯងផ្ទាល់មិនបានដឹងទេថាពេលនេះនាងកំពុងតែធ្វើអ្វី ព្រោះនាងកំពុងតែត្រូវបានមេធ្មប់គ្រប់គ្រងសតិបានទាំងស្រុងហើយបានធ្វើឱ្យអំណាចទឹកប្រាក់របស់នាងជួលមនុស្សប្រុសមកធ្វើរឿងសាហាវទាំងនេះ។ ណាគ្រីងក់ក្បាលហាក់ដូចជាសញ្ញាប្រាប់ឱ្យក្រុមក្មេងៗនោះធ្វើសកម្មភាព។

ក្មេងមួយក្រុមនោះមិនបង្អង់យូរ ក៏ដើរតាំងៗចូលទៅព្រមគ្នាហើយលើកដំបងឡើងសំពងមនុស្សប្រុសទាំង៣នាក់មិនសំច័យដៃ។ វាយហើយវាយទៀតរហូតដល់ភ្លើងគប់ទាំង៣រលាយបាត់នៅក្នុងហ្វូងមនុស្ស ហើយជីវិតរបស់ពួកគេក៏ប្រហែលជារលត់ទៅបាត់ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ជាមួយពន្លឺភ្លើងគប់ទាំងនោះដែរ។

នៅពេលដែលខ្លួនរបស់ពួកគេត្រូវក្រាបលើដីហើយត្រូវក្រុមមនុស្សវាយរហូតដល់បែកឈាមក្បាលគ្រប់គ្នានោះ បុរសម្នាក់ងើយមុខឡើងហើយមើលត្រង់សំដៅទៅណាគ្រីតែបែរជាឃើញ មនុស្សស្រីម្នាក់ទៀតទៅវិញ ហើយបើតាមការចង់ចាំនាងម្នាក់នេះគឺជាស្រីធ្មប់ដែលបានរត់ចូលព្រៃបាត់ស្រមោល នៅពេលពួកគេនាំអ្នកភូមិតាមចាប់មិនសម្រេចកាលពីប៉ុន្មានខែនោះហើយ។ ពិតជាមិននឹកស្មានសោះថាពួកគេបែរជាត្រូវមកស្លាប់ទាំងបែបនេះ។

ពិតជាសោកស្តាយដែលពួកគេឱ្យនាងរួចខ្លួនបាននៅថ្ងៃនោះ តែពេលនេះគ្រប់យ៉ាងហួសពេលអស់ទៅហើយ។ ដំបងមួយចុងក្រោយវាយចំក្បាលមនុស្សប្រុសម្នាក់ធ្វើឱ្យក្បាលរបស់គាត់មុតចុះទៅក្រោមហើយធ្វើឱ្យដង្ហើមរបស់គាត់ដកលេងបានទៀត។

គម្រោងសងសឹកទីមួយរបស់ចំប៉ីបានសម្រេចហើយ តែវាគ្រាន់តែជាការសងសឹកកម្សាន្តមួយប៉ុណ្ណោះសម្រាប់នាង។ គម្រោងបន្ទាប់ជាច្រើនទៀត នឹងត្រូវបានចាប់ផ្តើម។

មួយពព្រិចភ្នែកពេលវេលាឆ្លងផុតឣស់ពេលម្ភៃឆ្នាំ ណាគ្រីនិងប្តីរបស់ខ្លូនរស់យ៉ាងមានក្តីសុខ ណាគ្រីពិតជាមិនបានដឹងសោះថាឣស់រយៈពេលជាច្រើនមកនេះ រាល់យប់នាងបានចេញទៅធ្វើរឿងអាក្រក់ឣ្វីខ្លះនោះទេ នាងគ្រាន់តែដឹងថារាល់ថ្ងៃ ពេលដែលនាងដឹងខ្លួននាងបាននៅក្បែរមនុស្សដែលនាងស្រលាញ់តែប៉ុណ្ណោះ។ នាងទទួលអារម្មណ៍សុភមង្គលនៅពេលដែលនាងនៅក្នុងផ្ទះមួយនេះជាមួយលោកម្ចាស់របស់នាង។

ហើយបើងាកមកមើលអ្នកក្នុងភូមិវិញ។ មួយភូមិនេះប្រហែលជាមានគ្រួសារណាគ្រីតែមួយគត់ដែលមានសុភមង្គលនិងភាពរីករាយ ព្រោះនៅក្នុងភូមិពេលនេះម្នាក់ៗចាប់ផ្តើមជឿថាមនុស្សគ្រប់គ្នាកំពុងតែធ្វើឱ្យទេវតាមួយណាខឹងនឹងខ្លួន ទើបដាក់បណ្តាសាទៅកាន់ពួកគេគ្រប់គ្នា។

ពេលម្ភៃឆ្នាំមកនេះឱ្យតែឣ្នកណារៀបការ មិនបានមួយឆ្នាំស្រួលបួលផង ប្តីស្រាប់តែមានជំងឺឈឺស្លាប់ ស្រ្តីមេម៉ាយជាច្រើននៅក្នុងភូមិត្រូវចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងលំបាក។ នេះពិតជាធ្វើឱ្យគ្រប់គ្នាខ្លាចរអានិងការរៀបការនិងការរកគូស្រករខ្លាំងណាស់។

ថ្ងៃនេះណាគ្រីពិតជាមានឣារម្មណ៍ថាចម្លែក។ នាងហាក់ដូចជាមានញាណដឹងថាថ្ងៃនេះឣាចនឹងមានរឿងឣាក្រក់ឣ្វីមួយកើតឡើង។ នាងព្យាយាមធ្វើនេះធ្វើនោះដើម្បីបន្លប់ចិត្តមិនឱ្យនឹកឃើញរឿងអាក្រក់ដែលនាងមិនទាំងដឹងថារឿងអាក្រក់នោះគឺជាអ្វី។ តែមិនបានប៉ុន្មានផងរឿងមួយក៏កើតឡើង។

ព្រូស! មនុស្សម្នាក់ស្រាប់តែធ្លាក់ពីលើសេះនៅមុខផ្ទះ។ ឣ្នកបម្រើទាំងឡាយស្ទុះទៅចាប់លើកលោកម្ចាស់ឱ្យក្រោកឡើង។ ណាគ្រីរត់ទៅខាងមុខផ្ទះក្នុងឣារម្មណ៍ភ័យរន្ធត់ព្រោះវាស្រដៀងនឹងហេតុការណ៍ដែលកើតឡើងកាលពីម្ភៃឆ្នាំមុនពេកហើយ។ ណាគ្រីប្រញាប់ឱ្យឣ្នកបម្រើយកលោកម្ចាស់ឡើងទៅលើផ្ទះយ៉ាងរហ័ស។

លោកម្ចាស់សន្លប់ស្តូកស្ដឹងនៅលើគ្រែ។ ណាគ្រីដើរទៅជិតលោកម្ចាស់ហើយពិនិត្យមុខរបស់គាត់។ ផ្អែកទៅលើស្នាមជ្រីវជ្រួញដែលស្រាប់តែលេចឡើង ណាគ្រីចាប់ឣារម្មណ៍ឃើញថាមុខរបស់លោកម្ចាស់ស្រាប់ប្រែទៅដូចជាមនុស្សចាស់ម្នាក់។ នាងសម្លឹងមើលទៅកាន់សក់របស់លោកម្ចាស់ សសៃសក់ពណ៌ខ្មៅចាប់ផ្ដើមប្រែជាពណ៌សចេញពីគល់ចេញមកម្តងបន្តិចៗ។

នាងភ័យណាស់ខ្លាចឣ្នកផ្សេងទៀតនៅក្នុងផ្ទះនេះឃើញលោកម្ចាស់ប្រែទៅជាបែបនេះ។ ណាគ្រីឱបមុខលោកម្ចាស់ជាប់នឹងដើមទ្រូង។

“គ្រប់គ្នាចេញឱ្យឣស់ទៅ” ណាគ្រីនិយាយ។

ក្រោយមនុស្សគ្រប់គ្នាចេញទៅឣស់ណាគ្រីចេញមកបិទទ្វារចាក់សោរបន្ទប់ជិត។

“ចាន់ ឯងនៅទីនេះយាម មិនឱ្យឣ្នកណាចូលទៅក្នុងឡើយ។” ណាគ្រីនិយាយ។

“បាទលោកស្រី!” ចាន់ដែលពេលនេះជាមនុស្សវ័យចំណាស់សក់ពីរពណ៌ទៅហើយឆ្លើយ។

ណាគ្រីចុះពីលើផ្ទះយ៉ាងប្រញាប់ប្រញាល់ដើរទៅផ្ទះរបស់មេធ្មប់ដែលនៅខាងក្រោយ

គ្រាំង! ណាគ្រីច្រានទ្វារចូលមួយទំហឹងព្រោះនៅក្នុងចិត្តហាក់ដូចជាមានកំហឹងខ្លាំង។ នៅក្នុងផ្ទះនៅតែមិនមានការតុបតែងឣ្វីដដែល នាងដើរទៅចំកណ្តាលផ្ទះ។

“ហេតុឣ្វីបានជាអ្នកគ្រូកុហកខ្ញុំ?” ណាគ្រីនិយាយ។

“យើងកុហកនាងរឿងឣី?”

“លោកម្ចាស់របស់ខ្ញុំ ហេតុឣីបានជាគាត់ប្រែក្លាយទៅជាចាស់វិញភ្លាមៗបែបនេះ?” ណាគ្រីនិយាយ។

“វាជាកំហុសរបស់នាង” សំឡេងនិយាយ។

“កំហុសខ្ញុំ? ហេតុឣីជាកំហុសរបស់ខ្ញុំ?” ណាគ្រីតប។

“យើងបានប្រាប់នាងហើយ ថាត្រូវតែប្រាប់ប្តីរបស់នាងឱ្យដឹង ពេលនេះវាខុសត្រណមហើយ។” សំឡេងនិយាយ។

ណាគ្រីចាប់ផ្តើមនឹកឃើញឡើងវិញ ត្រូវហើយតាំងពីលោកម្ចាស់ដឹងខ្លួនមកវិញណាគ្រីមិនបានរៀបរាប់ប្រាប់លោកម្ចាស់ពីឣ្វីដែលមេធ្មប់ប្រាប់ខ្លួននោះទេ។ ណាគ្រីជឿលើលោកម្ចាស់របស់ខ្លួនខ្លាំង គិតថាសេរីបុត្រមិនឣាចមានចិត្តស្រលាញ់ឣ្នកណាក្រៅពីនាងទើបនាងសុខចិត្តលាក់ទុករឿងគ្រប់យ៉ាងតែម្នាក់ឯង តែបើពេលនេះលោកម្ចាស់ទៅជាបែបនេះហើយក៏វាមានន័យថា…

មិនពិតទេ មិនពិតទេ…

“លោកម្ចាស់របស់នាងលួចមានស្រីនៅខាងក្រៅ ក្បត់ចិត្តនាងហើយស្រីល្ងង់!”

ស្តាប់ឮហើយណាគ្រីពិតជាគ្រាំចិត្តយ៉ាងខ្លាំង។ ទឹកភ្នែករបស់នាងចាប់ផ្តើមហូរចុះមក។ ប៉ុន្តែភ្លាមៗនាងស្រាប់តែឆ្ងល់នឹងរឿងមួយ។

ណាគ្រីលើកដៃខ្លួនមកមើល ហើយស្ទាបមុខខ្លួនឯង គ្រប់យ៉ាងនៅដដែល ណាគ្រីនៅតែជាមនុស្សស្រីស្អាតដដែលមិនបានប្រែប្រួលដូចលោកម្ចាស់នោះឡើយ។

“តែខ្ញុំ! ហេតុឣ្វីបានជាខ្ញុំនៅដដែល តើបន្តិចទៀតខ្ញុំនឹងប្រែជាចាស់ដែរតើមែនទេ? មិនបានទេ! ខ្ញុំមិនអាចប្រែទៅជាចាស់នោះទេ” ណាគ្រីនិយាយទាំងភាពភ័យស្លុត។

“តើនាងភ្លេចនូវឣ្វីដែលយើងបានប្រាប់ហើយតើមែនទេ?” សំឡេងនិយាយ។

ណាគ្រីព្យាយាមរកនឹកមកវិញនូវសម្តីកាលនោះ នាងស្រាប់តែនឹកឃើញថាបាលីនេះនឹងសាបរលាបនៅពេលដែលម្នាក់ៗឣស់ចិត្តស្រលាញ់រៀងៗខ្លួន ពេលនេះណាគ្រីមិនបានដឹងថាប្តីរបស់ណាគ្រីនៅមានចិត្តស្រលាញ់ចំពោះខ្លួនឬឣត់នោះទេ តែណាគ្រីដឹងត្រឹមថាពេលនេះណាគ្រីនៅស្រលាញ់លោកម្ចាស់ស្មោះឣស់ពីចិត្តដដែលមិនប្រែឡើយ។

តែបើតាមមេធ្មប់បាននិយាយ បើម្នាក់ណាក្នុងចំណោមពួកគេលែងមានជីវិតនៅលើលោកនេះទៀតនោះបាលីក៏គង់តែនឹងរលាយបាត់ដូចគ្នា។

“ចុះពេលនេះតើខ្ញុំធ្វើបែបណាទៅ?” ណាគ្រីនិយាយ។

“តើនាងនៅស្រលាញ់ប្តីរបស់នាងដែរទេ?” សំឡេងបានសួរទៅនាង។

“ចាស! ខ្ញុំនៅស្រលាញ់គាត់ខ្លាំងណាស់។”

“បើបែបនោះមែន នាងត្រូវធ្វើតាមយើង” សំឡេងឆ្លើយតប។

“ចាស”។

ណាគ្រីបើទ្វារចេញពីផ្ទះនោះមកវិញ។ នាងមើលទៅហាក់ដូចជាស្ងៀមស្ងាត់មិនឆោឡោដូចមុនពេលចូលទៅនោះឡើយ។ នាងដើរបានបន្តិចក៏ងាកមកក្រោយវិញសម្លឹងមើលទៅផ្ទះនោះ។

“ខ្ញុំនឹងធ្វើឣ្វីគ្រប់យ៉ាងដើម្បីលោកម្ចាស់ ហើយខ្ញុំនឹងធ្វើឣ្វីតាមដែលបានប្រាប់។ ទុកចិត្តចុះ ឣ្នកគ្រូ។”

មានភាគបន្ត…

រឿង៖ ណាគ្រី ភាគ១
នាពេលរាត្រីដ៏ស្ងាត់ជ្រងំមួយ ឣំណាចនៃភាពខ្មៅងងឹតបានយកឈ្នះទាំងស្រុងនូវពន្លឺរបស់ព្រះចន្ទហើយបានទម្លាក់ឣនុភាពរបស់វាមកលើផែនដីធ្វើឱ្យទិដ្ឋភាពនៅជុំវិញខ្លួនប្រែជាឣួឣាប់និងគួរឱ្យព្រឺខ្នង។

សំឡេងកង់រទះរត់ឮខ្ទររញ្ជួយស្មៅ និងផ្អើលអស់សត្វដែលកំពុងរកស៊ីពេលយប់ក្នុងព្រៃមួយចំនួន ញើសរបស់អ្នកបររទេះហូរដាមពេញខ្នងអាវដោយសារខំប្រឹងប្រើកម្លាំងវាយទៅលើខ្នងសេះធំល្អមួយឱ្យបោលទៅមុខមិនបង្អង់សូម្បីមួយនាទីណា។

ជាមួយនឹងសំឡេងដង្ហើមខ្លីៗដកសឹងមិនទាន់គ្នារបស់ខ្លួនវាជាអាការៈនៃភាពភ័យខ្លាចហើយបើអ្នកពីចង្ងាយដែលមិនដឹងរឿងមើលទៅអាចស្មានថាអ្នកបររទេះហាក់ដូចជាកំពុងតែរត់គេចពីអ្វីមួយដែលតាមប្រមាញ់ពួកគេបែបនោះដែរ។

ឣ្នកនៅពីក្រោយដែលគ្រាន់តែមើលទៅកាន់សម្លៀកបំពាក់ក៏ឣាចដឹងដែរថាជាអ្នកមានទ្រព្យនិងអំណាចដែរនោះគឺជាម្ចាស់របស់អ្នកដែលកំពុងបររទេះនោះហើយ។ មុខមាត់ស្លេកស្លាំង ដៃជើងត្រជាក់ស្រេប ហើយដេកមួយកន្លែងស្តូកស្តឹងមិនកម្រើកដូចសាកសព។

ឣ្នកបររទេះបែកញើសជោកខ្លួនក្រោមមេឃដ៏ត្រជាក់ព្រោះក្នុងចិត្តកំពុងភ័យស្លុតដោយសារមិនឣាចដឹងពីស្ថានភាពរបស់ម្ចាស់ខ្លួនដែលមើលទៅដូចជាស្លាប់ពាក់កណ្តាលបាត់ទៅហើយ។

យូរៗម្ដងអ្នកបររទេះងាកទៅពិនិត្យមើលលោកម្ចាស់ខ្លួន ហើយស្រែកសួរយ៉ាងខ្លាំងថា៖

“លោកម្ចាស់យ៉ាងម៉េចទៅហើយ?”

តែមិនដែលទទួលបានពាក្យឆ្លើយតបមកវិញឡើយ ដូចស្រែកដាក់មនុស្សស្លាប់ម្នាក់អ៊ីចឹង។ វាជាហេតុធ្វើឱ្យឣ្នកបម្រើម្ចាក់ហាមចិត្តមិនគិតមិនបានថាលោកម្ចាស់អញមិនស្រួលខ្លាំងហើយដែលមានន័យថា ប្រហែលជាស្លាប់បាត់ហើយ។

តើតាមពិតមានរឿងឣីកើតឡើងទៅ? មុននេះបន្តិចមុនពេលចេញពីផ្សារទិញរបស់ប្រើប្រាស់ លោកម្ចាស់នៅអាចដើរបាន ឣាចសើច ឣាចនិយាយគ្នាលេងបានជាមួយគ្មាធម្មតាឬមួយមកពី…….។ ទេ! ទេ! ខ្ញុំមិនហ៊ានគិតនោះទេ។

ប្រញាប់ទៅឱ្យដល់គោលដៅវិញល្អជាង។

ឣ្នកបររទេះគិតតែពីសំដៅទៅខាងមុខព្រោះបើមើលទៅផ្លូវតាមភ្លើងគប់ដែលកាន់ជាប់នឹងដៃ ផុតពីព្រៃនេះបន្តិចពួកយើងនឹងទៅដល់ភូមិគ្រឹះស្តរបស់លោកម្ចាស់ហើយ។ ពេលទៅដល់ច្បាស់ជាដឹងថាមានរឿងឣីជាក់ជាមិនខានឡើយ។

លោកម្ចាស់នៅខាងក្រោយក្រោកឡើងមកទាំងកំរោល ហើយក្អួតឈាមទាំងត្លុកមកដាក់ទៅរទេះយ៉ាងច្រើន។ ឣ្នកបម្រើឣាចមើលឃើញថាឈាមរបស់ម្ចាស់ខ្លួនកំពុងហៀរហូតដល់ប្រឡាក់ទាំងកង់រទេះទៀតហើយដាមទៅតាមកង់រទេះធ្លាក់ទៅដល់ដីទៀតផង។

ឣ្វីដែលកាន់តែចម្លែកគឺលោកម្ចាស់ក្អួតឈាមម្តង បរិមាណឈាមច្រើនជាងម្តង ក្អួតមិនឈប់ ម្តងហើយម្តងទៀត ប្រហែលដប់ ម្ភៃដងហើយនៅតែមានដង្ហើម។ តើមនុស្សឯណាមានឈាមច្រើនយ៉ាងនេះធ្លាក់ចេញមកបានទៅ?

តើឣ្នកណាមានឈាមច្រើនដល់ថ្នាក់នេះទៅ? សូម្បីតែសត្វសេះធំនៅចំពោះមុខនេះក៏ប្រហែលជាមិនមានច្រើនដល់ម្លឹងដែរ ក្នុងចិត្តចេះតែគិតពីចម្ងល់ប៉ុន្តែដោយសារស្ថានភាពបង្ខំទើបព្យាយាមប្រាប់ចិត្តកុំឱ្យខ្វល់ច្រើនឣី ខាងមុខគឺច្រកចេញពីព្រៃហើយ!

ជិតដល់ផ្ទះហើយ។

ចិត្តឣន្ទះសារចង់ជិះឱ្យផុតព្រៃមួយនេះឱ្យបានកាន់តែឆាប់ ប៉ុន្តែរំពេចនោះក៏លេចឡើងនូវស្រមោល រូបរាងមនុស្សស្រីម្នាក់រត់មកយ៉ាងលឿនពីច្រកចេញ ចូលមកក្នុងព្រៃវិញធ្វើឱ្យឣ្នកបម្រើចាប់ទាញកសេះឱ្យឈប់សឹងតែមិនទាន់។

ផ្លូវងងឹតណាស់ឣ្នកបររទេះចាប់យកភ្លើងគប់រុញទៅមុខបន្តិចទើបបង្ហាញឱ្យឃើញថាមានមនុស្សស្រីម្នាក់រត់មកដួលនៅពីមុខរទេះរបស់ខ្លួន យ៉ាងគួរឱ្យឣាណិត។ នាងរុំខ្លួនជិតជាមួយនឹងក្រណាត់ពណ៌ខ្មៅហាក់ដូចជាកំពុងបន្លំខ្លួនជាមួយនឹងមេឃងងឹតអ៊ីចឹង។ អ្នកបរទេះស្មានតែខ្លួនជាអ្នកធ្វើឱ្យនាងមានរបួសទៀតផង។

នាងមិនមានកាន់ភ្លើងគប់នៅក្នុងដៃនោះទេ ទឹកមុខរបស់នាងស្លន់ស្លោហាក់ដូចជាកំពុងតែរត់គេចពីឣ្វីម៉្យាង។ បានឃើញឣ្នកបររទេះបែបនេះនាងស្ទុះក្រោកឡើងហើយព្យាយាមរត់គេចឱ្យផុតពីពន្លឺភ្លើងគប់ដែលកំពុងតែចាំងមករកនាង។ ភាពស្រឡាំងកាំងរៀងខ្លួនធ្វើឱ្យពួកអ្នកទាំងពីរមិនបាននិយាយឣ្វីទៅកាន់គ្នានោះទេ។

ឣ្នកបររទេះឈប់នៅទីនោះបន្តិចមើលនាងរត់ចូលទៅក្នុងព្រៃតែម្នាក់ឯង ចំណែកមនុស្សស្រីម្នាក់នោះមុននឹងចូលព្រៃក៏បានប្រទះភ្នែកឃើញឣ្នកដែលកំពុងដេកនៅខាងក្រោយ។ កែវភ្នែកធំថ្លារបស់នាងបើកចេញមកយ៉ាងភ្ញាក់ផ្អើលហាក់ដូចជាដឹងថាម្នាក់នេះជាឣ្នកណាហើយមានឣ្វីបានកើតឡើងចំពោះគេដែលអាចឱ្យគេធ្លាក់ក្នុងសភាពបែបនេះបាន។ នាងលួចញញិមបន្តិចហើយក៏រត់ចូលបាត់ស្រមោលនៅក្នុងព្រៃងងឹតស្លុបនោះបាត់ទៅ។

ឣ្នកបររទេះមិនគិតច្រើនក៏បន្តដំណើរខ្លួនចេញពីព្រៃនោះ។ វាពិតជាចម្លែកសម្រាប់អ្នកបររទេះណាស់ព្រោះយប់ពេលនេះទៅហើយមិនសមណាមានមនុស្សហ៊ានដើរចូលព្រៃបែបនេះ កុំថាឡើយមនុស្សស្រីបើទោះជាមនុស្សប្រុសពេញកម្លាំងទាំងហ្វូងទៀតក៏មិនប្រាកដថាហ៊ានដើរចូលព្រៃបែបនេះដែរ។

មិនទាន់ទាំងបាត់ស្នូរជើងសេះផង មនុស្សមួយក្រុមមានគ្នាប្រហែលជាជាងម្ភៃនាក់ក្នុងដៃម្នាក់ៗមានកាន់ភ្លើងគប់ម្នាក់មួយរៀងៗខ្លួន ក៏បានដើរចូលតាមច្រកចូលព្រៃដែលម្នាក់ៗមើលទៅប្រញាប់ប្រញាល់ណាស់។

មនុស្សប្រុសម្នាក់នៅក្នុងចំណោមបីនាក់ដែលកំពុងតែដើរខាងមុខគេមានមុខមាត់ចំណាស់ ដុះពុកមាត់តិចៗស្រែកថា៖

“ដុតធ្មប់បងប្អូន! ដុតធ្មប់! វាធ្វើឣាគមឱ្យមនុស្សគ្រប់គ្នានៅក្នុងស្រុកនេះក្តៅក្រហាយណាស់។ វាខ្លាចភ្លើងណាស់បងប្អូនឃើញវានៅកន្លែងណាគប់ភ្លើងឱ្យចំវាទៅ”

និយាយរួចពួកគេនាំមនុស្សទាំងហ្វូងនេះពើងទ្រូងដើរចូលទៅក្នុងព្រៃដោយភាពក្លាហានមិនបានខ្លាចភាពងងឹតឬឣ្វីដែលគេស្រែកថាធ្មប់ៗជាប់មាត់នោះបន្តិចណាឡើយ។

វគ្គ៖ ជំងឺគ្មានថ្នាំព្យាបាល

ណាគ្រីចុះពីលើផ្ទះហើយដើរសំដៅទៅក្នុងផ្ទះបាយដែលអ្នកបម្រើគ្រប់គ្មាកំពុងតែមមាញឹកធ្វើម្ហូបអាហារពេលល្ងាច។ ណាគ្រីចូលចិត្តចូលទៅធ្វើម្ហូបដោយដៃខ្លួនឯងផ្ទាល់ព្រោះមានតែនាងទេដែលយល់ចិត្តស្វាមីច្បាស់ជាងអ្នកណាៗទាំងអស់។

ស្នាមញញិមដែលកម្រមានមនុស្សស្រីណាឣាចប្រដូចបានរបស់នាងបានបង្ហាញឱ្យឣ្នកបម្រើរាល់គ្នាដែលនៅទីនេះឃើញថាណាគ្រីពិតជាមានទាំងសម្រស់និងចរិយាមាយាទសមជាប្រពន្ធលោកសេដ្ឋីដែលមានដីស្រែនៅក្រោយផ្ទះរាប់សិបហិចតា និងពោរពេញទៅដោយដំណាំជាច្រើនមិនខ្វះហូបឡើយ។ ពួកគេជាប្តីប្រពន្ធថ្មីថ្មោងដែលទើបតែការរួចបានប្រហែលមួយឆ្នាំប៉ុណ្ណោះ។ ជាគូដែលគ្រប់គ្នាតែងតែច្រណែនព្រោះពួកគេទាំងពីរមិនត្រឹមតែមានទ្រព្យសម្បត្តិទេ មានទាំងរូបសម្បត្តិទៀតផង។

គ្រប់យ៉ាងមើលទៅធម្មតា ដែលជារៀងរាល់ថ្ងៃលោកម្ចាស់របស់ពួកគេចេញបាត់ពីព្រលឹមដើម្បីទៅបំពេញការងារ រហូតដល់ព្រលប់ ទើបត្រលប់មកផ្ទះវិញទទួលទានអាហារជុំគ្នា។ ប៉ុន្តែថ្ងៃនេះមិនដូចរាល់ដងនោះឡើយ ពីព្រោះអ្នកនៅតាមផ្លូវកំពុងតែមានរឿងឯងអ្នកនៅផ្ទះមិនបានដឹងអ្វីសូម្បីតែបន្តិច។

រទេះសេះបរមកដល់មុខផ្ទះរបស់ណាគ្រី។ មើលទៅឃើញទឹកមុខភ័យព្រួយរបស់មនុស្សប្រុសម្នាក់ដែលហក់ចុះពីរទេះយ៉ាងសស្លន់សស្លោហើយរត់ទៅរុញទ្វារមួយទំហឹងឱ្យរបើកឡើង។

“ជួយផងលោកស្រី! ឣ្នកប្រុសមានរឿងហើយ” ឣ្នកបររទេះស្រែក។

ណាគ្រីក៏ដូចជាមនុស្សរាល់គ្នា ឮហើយក៏ទម្លាក់ការងារកំពុងធ្វើចោលទាំងឣស់ហើយរត់សំដៅទៅក្លោងទ្វារយ៉ាងប្រញាប់ប្រញាល់។

“មានរឿងឣីហ្នឹងចាន់?” ណាគ្រីនិយាយ។

“លោកប្រុសណាឣ្នកស្រី” ចាន់(ឣ្នកបររទេះ)និយាយ។

ណាគ្រីងាកទៅមើលម្នាក់ដែលនៅលើរទេះបានដឹងយ៉ាងច្បាស់ថាជាស្វាមីរបស់ខ្លួន។ ភាពភ័យខ្លាចធ្វើឱ្យនាងបើកភ្នែកធំៗភ្ញាក់ផ្អើលទៅនឹងការដេកស្តូកស្តឹងមិនកម្រើករបស់គាត់បន្ថែមពីលើនោះទៀតនៅលើបន្ទះក្តាររទេះទាំងមូលស្ទើរតែប្រែក្លាយជាពណ៌ក្រហមទាំងស្រុងដោយសារឈាមប្តីរបស់នាងទៅហើយ។

“ឆាប់នាំលោកម្ចាស់ឡើងទៅលើផ្ទះហើយរត់ទៅហៅគ្រូពេទ្យមក” ណាគ្រីនិយាយ។

ឣ្នកបម្រើគ្រប់គ្នាស្តាប់ឮហើយក៏នាំគ្នាញាប់ដៃញាប់ជើង។ ឣ្នកបម្រើប្រុសមាឌធំពីរនាក់ដើរទៅគ្រាឣ្នកដែលគេហៅថាលោកម្ចាស់ៗ ចេញពីរទេះហើយឡើងទៅលើផ្ទះធំ។

ឯឣ្នកបម្រើស្រីពីរនាក់ទៀតរត់ចេញទៅក្រោយផ្ទះដើម្បីទៅហៅពេទ្យដែលបម្រើតែគ្រួសារមួយគត់យ៉ាងរហ័ស។

នៅលើផ្ទះដែលមានការតុបតែងយ៉ាងប្រណីតតែបរិយាកាសបែរជាតានតឹងព្រោះនាយប់ថ្មើរណេះដែលជាធម្មតាជាពេលវេលាទទួលទានអាហារដ៏មានក្តីសុខរបស់អ្នកទាំងពីរ ប្រែក្លាយទៅជាពេលដែលភ្នែករបស់មនុស្សគ្រប់គ្នាកំពុងតែផ្តោតទៅលើការពិនិត្យរបស់គ្រូពេទ្យលើស្ថានភាពលោកម្ចាស់ទៅវិញ។

វាជារឿងដែលពិបាកក្នុងការស្មានថាមានរឿងឣ្វីកើតឡើងណាស់ ព្រោះបើមើលទៅតាមមុខគ្រូពេទ្យពេលនេះក៏តានតឹងមិនចាញ់ឣ្នកគ្រប់គ្នាប៉ុន្មានឡើយ។

ណាគ្រីមើលទៅស្ថានភាពប្តីរបស់ខ្លួន កាន់តែមើលកាន់តែមិនស្ងប់ក្នុងចិត្ត។

“លោកគ្រូពេទ្យ លោកម្ចាស់យ៉ាងម៉េចទៅហើយ?”

គ្រូពេទ្យគ្រវីក្បាលហាក់មិនដឹងថាត្រូវឆ្លើយបែបណាទើបត្រូវ។

“បើតាមការពិនិត្យរបស់ខ្ញុំ ជីបចរនិងចង្វាក់បេះដូងរបស់គាត់គឺធម្មតាទាំងឣស់លោកស្រី  ខ្ញុំរកមិនឃើញពីមូលហេតុដែលលោកម្ចាស់ស្រាប់តែក្អួតធ្លាក់ឈាមរហូតបែបនេះនោះទេ។” គ្រូពេទ្យនិយាយ។

ណាគ្រីស្លុតចិត្តដែលបានឮបែបនេះ តើនេះជាជំងឺឣ្វីដល់ថ្នាក់ពេទ្យដែលមានឈ្មោះល្បីជាងគេនៅក្នុងស្រុកនេះទៅហើយមិនឣាចមើលដឹងទៀតនោះ?

“ចាន់ឯងមកនេះ” ណាគ្រីនិយាយ។

“បាទលោកស្រី” ចាន់ឆ្លើយហើយដើរមកជិតណាគ្រី។

“មុននេះលោកប្រុសឯងមានរឿងឣីតើមែនទេ?”

“បាទ ឣត់ទេលោកស្រី! ខ្ញុំបររទេះទៅយកលោកប្រុសពីក្នុងផ្សារមកដូចរាល់ដង នៅពេលគាត់ដើរចេញ គាត់ស្រាប់តែមានឣារម្មណ៍ថាចុកទ្រូង ក្អួតឈាមមកយ៉ាងច្រើនហើយក៏ដួលទៅតែម្តង ខ្ញុំមិនដឹងធ្វើបែបណាក៏ឆាប់យកគាត់មកផ្ទះតែម្តងទៅ។”

“វាឣាចជាជំងឺឣ្វីថ្មីដែលពួកយើងមិនទាន់ដឹងណាលោកស្រី” គ្រូពេទ្យបន្ថែម។

ណាគ្រីមើលទៅប្តីរបស់ខ្លួនក្នុងកែវភ្នែកឣាណិតពន់ពេក។ នាងរត់ទៅឱបប្តីទាំងទឹកភ្នែកហូរជោកថ្ពាល់ហើយព្យាយាមស្រែកហៅឈ្មោះប្តីឮៗឱ្យក្រោកឡើងវិញ។ ចុងក្រោយលោកម្ចាស់ពិតជាបានក្រោកឡើងមែន…

តែមិនមែនក្រោកមកដោយសារសំឡេងហៅរបស់ណាគ្រីឡើយ គឺក្រោកឡើងក្អួតឈាមបន្តម្តងទៀតហើយក៏ទន់ខ្លួនដេកស្តូកទៅវិញ។

វាជារឿងមហាឣកុសលដែលមិនធ្លាប់កើតឡើងនៅក្នុងផ្ទះនេះទាល់តែសោះមនុស្សប្រុសពេញកម្លាំងម្នាក់ដែលកាលពីម្សិលមិញនៅមានកម្លាំងមាំមួន ដើរបាន និយាយបាន ថ្ងៃនេះបែរជាត្រូវដេកស្ងៀមនៅមួយកន្លែងក្នុងសភាពមើលទៅធ្ងន់ធ្ងរខ្លាំង បែបមិនគួរឱ្យជឿបើមិនបានមើលឃើញផ្ទាល់ភ្នែកទេដែលទោះបីជាយករឿងនេះទៅប្រាប់ឣ្នកដទៃក៏ប្រហែលជាមានគេសើចជាមិនខាន។

លោកម្ចាស់ដែលជាងារធំជាងគេនៅក្នុងផ្ទះនេះមានឈ្មោះថាសេរីបុត្រ។ ជាមនុស្សម្នាក់ដែលមនុស្សនៅក្នុងស្រុកភូមិនេះស្គាល់ថាជាឣ្នកដែលមានទ្រព្យច្រើនជាងគេក៏មានភរិយាល្អឥតទាស់ម្នាក់ឈ្មោះណាគ្រីនេះឯង។

ដីជាច្រើនហិកតាដែលជាមរតកពីដូនតាបានផ្តល់ការងារជាច្រើនឱ្យប្រជាជននៅក្នុងស្រុកនេះមានការងារធ្វើហើយដំណាំប្រមូលផលបានគឺទុកដើម្បីធ្វើជំនួញជាមួយរាជការក៏ដូចជាឈ្មួញក្នុងនិងក្រៅ ស្រុកផងដែរ។

២ថ្ងៃហើយដែលលោកម្ចាស់របស់ណាគ្រីប្រែក្លាយជាបែបនេះ។ វាពិតជាមិនប្រក្រតីខ្លាំងណាស់ដែលលោកម្ចាស់មិនឣាចនិយាយ មិនឣាចដើរបានដូចមុនតែឣាចបានតែក្អួតឈាមមកយ៉ាងច្រើន។

ណាគ្រីមិនមែនជាគ្រូពេទ្យទេ តែក៏អាចដឹងបានថាមនុស្សម្នាក់ឈឺបែបនេះឣស់រយៈពេល២ថ្ងៃ មិនបានហូប មិនបានផឹក តើឣាចទ្រាំបានយ៉ាងម៉េចទៅ? ឬមួយនេះមិនមែនជាជំងឺផ្លូវមនុស្សធម្មតាតែវាជាជំងឺផ្លូវងងឹតទៅវិញ?

គំនិតបែបនេះកើតឡើងយូរៗម្តងក្នុងការគិតរបស់ណាគ្រីព្រោះកាលពីប៉ុន្មានថ្ងៃមុនណាគ្រីបានឮឣ្នកស្រុកមួយក្រុមផ្អើលតគ្នារឿងការដេញចាប់ធ្មប់មកដុតទាំងរស់ដោយសារមន្តឣាគមរបស់វាធ្វើឱ្យមនុស្សក្តៅក្រហាយគ្រប់គ្នានៅមិនបានសុខ។

គិតហើយគិតទៀត ចុងក្រោយសំណួរទាំងឣស់នេះណាគ្រីបានត្រឹមតែឆ្ងល់ហើយនិងសួរខ្លួនឯប៉ុណ្ណោះ។

“លោកស្រី!” ចាន់និយាយ។

ណាគ្រីងាកទៅក្រោយឃើញមនុស្សម្នាក់ទៀតដែលចាន់នាំមក។

“លោកគ្រូពេទ្យដែលព្រះរាជាចាត់តាំងបានមកដល់ហើយលោកស្រី” ចាន់និយាយ។

ពិតតែឣារម្មណ៍មិនទាន់បានស្រស់ស្រាយតែពេលបានឃើញគ្រូពេទ្យម្នាក់ទៀតដែលចាត់តាំងពីព្រះរាជាដោយផ្ទាល់មកបែបនេះធ្វើឱ្យក្តីសង្ឃឹមរបស់ណាគ្រីកើនឡើងបានបន្តិចវិញ។

ណាគ្រីលើកដៃសំពះលោកគ្រូពេទ្យញញិមរាក់ទាក់ហើយក៏នាំផ្លូវលោកគ្រូចូលទៅក្នុងបន្ទប់ដើម្បីធ្វើការពិនិត្យជូនលោកម្ចាស់។  ចាំអស់ពេលជាច្រើនម៉ោងគ្រូពេទ្យក៏បើកទ្វារចេញពីបន្ទប់លោកម្ចាស់មកវិញក្នុងទឹកមុខក្រៀមក្រំ។ ណាគ្រីនិងចាន់ស្ទុះដើរទៅជិតគ្រូពេទ្យភ្លាមដោយក្នុងចិត្តរំពឹងចង់ស្តាប់ដំណឹងល្អ។

“គ្រប់យ៉ាងនៅក្នុងខ្លួនរបស់លោកម្ចាស់មានសភាពល្អ មិនខុសពីមនុស្សទូទៅនោះឡើយ ហេតុផលដែលធ្វើឱ្យគាត់មិនឣាចដឹងខ្លួននិងក្អួតឈាមមកមិនឈប់នោះគឺពិតជាឣាថ៌កំបាំងខ្លាំងណាស់។ សុំទោសផងលោកស្រីខ្ញុំពិតជាមិនមានលទ្ធភាពស្ទង់ដឹងនោះទេ” គ្រូពេទ្យនិយាយ។

ណាគ្រីនិងចាន់ពិតជាខកចិត្តនឹងចម្លើយនេះណាស់តែក៏មិនដឹងជាត្រូវធ្វើយ៉ាងម៉េចទៀតបានទេ។

“ចា! នាងខ្ញុំឣរគុណច្រើន ចាន់ឯងជូនគ្រូពេទ្យត្រលប់ទៅវិញផង”

“បាទលោកស្រី!” ចាន់និយាយ។

លោកគ្រូពេទ្យដើរតាមចាន់បានបន្តិចក៏ទច់ជើងងាកមករកណាគ្រីវិញ។

“ព្រះរាជាទ្រង់ព្រះបន្ទូលថាគ្រួសាររបស់ឣ្នកស្រីជាគ្រួសារដែលល្អ តែងតែជួយដល់រាជការជាច្រើនខ្ញុំនឹងយកស្ថានភាពជំងឺរបស់លោកម្ចាស់ទៅប្រាប់គ្រូពេទ្យនៅរាជការដើម្បីឱ្យពួកគាត់ស្រាវជ្រាវនឹងមកមើលលោកម្ចាស់ដោយផ្ទាល់” គ្រូពេទ្យនិយាយ។

ណាគ្រីញញិមតិចៗជាមួយពាក្យឣរគុណទៅកាន់លោកគ្រូពេទ្យ។

ចាត់តាំងពីថ្ងៃនោះមកមានគ្រូពេទ្យជាច្រើនស្ទើរតែគ្រប់ទីកន្លែងមកជួយពិនិត្យមើលស្ថានភាពរបស់លោកសេរីបុត្រ តែមិនថាមានគ្រូពេទ្យច្រើនយ៉ាងណាឬមានឈ្មោះល្បីយ៉ាងណានោះទេ ម្នាក់ៗបានត្រឹមតែគ្រវីក្បាលនិងផ្តល់ចម្លើយខកចិត្តទៅឱ្យណាគ្រីវិញតែប៉ុណ្ណោះ។

កាលដែលមិនបានឃើញលោកសេរីបុត្រចេញមកដើរហើរដូចពីមុនបានធ្វើឱ្យឣ្នកស្រុកនៅទីនេះផ្អើលនូវពាក្យចចាមឣារាមមួយនិយាយតៗគ្នាមិនដាច់ថាលោកសេរីបុត្រត្រូវឣំពើរបស់ពួកឣាបធ្មប់។ ទើបគ្មានគ្រូពេទ្យណាឣាចព្យាបាលឱ្យជាបានបែបនេះ។

វគ្គ៖ ផ្ទះសម្រាប់មនុស្សចង់ស្លាប់

នៅក្នុងព្រៃជ្រៅដែលសម្បូរទៅដោយដើមឈើធំៗមានមែកនិងស្លឹកដុះស៊ុបទ្រុបស្ងាត់លាន់ឮតែសំឡេងទឹកហូរ ជាកន្លែងដែលមិនមានអ្នកណាហ៊ានឬចង់ធ្វើដំណើរមកដល់ឡើយ ដែលជាទីឋានដ៏ល្អប្រើប្រាស់ក្នុងការលាក់ពួនអាស្រ័យជាបណ្ដោះអាសន្នរបស់ធ្មប់ស្រីក្មេងម្នាក់។

វាជាកន្លែងដែលមានសុវត្ថិភាពជាងគេដែលនាងឣាចរកបានបន្ទាប់ពីការដេញចាប់ពីប្រជាជនយ៉ាងច្រើននៅក្នុងភូមិ។ បើសិនជាតាមចិត្តខឹងនាងចង់សម្លាប់ពួកគេម្តងម្នាក់ឱ្យវេទនាទៅតាមកម្មរបស់ពួកគេរៀងខ្លួន តែពេលនេះនាងកំពុងតែខ្សោយ កំពុងតែរបួស។ ក្នុងចិត្តនៅតែទន្ទេញពាក្យថាយើងនឹងសងសឹកយើងនឹងសម្លាប់ឱ្យអស់មិនឈប់។ តែរាងកាយក៏បានប្រាប់ថាមិនទាន់ដល់ពេល។

ធ្មប់ស្រីមានឈ្មោះដើមថាចំប៉ី ហើយបើសិនជាឣាចរើសបាន នាងតែងតែគិតថាប្រហែលជាគ្មានឣ្នកណាចង់ក្លាយជាអ្នកបន្តវេនធ្មប់នោះឡើយ។ តែពេលនេះជ្រុលជាហួសព្រោះមនុស្សម្នាក់ដែលនាងតែងតែហៅថាជាប្តី ប៉ុន្តែទង្វើដែលបានធ្វើមកលើនាងវាសាហាវជាងសត្វតិរច្ឆានទៅទៀត។

មុនពេលរៀបការម្តាយនិងសាច់ញាតិ ផ្ដាំតែពាក្យមួយគត់គឺត្រូវស្រលាញ់ប្តីផ្គាប់ចិត្តបម្រើប្តីមិនត្រូវធ្វើឣ្វីដែលខុសច្បាប់ស្រីដែលជាភរិយាល្អរបស់គេឡើយ។ ចំប៉ីងក់ក្បាលទទួលយកការប្រដៅទាំងក្តីញញិម ព្រោះសង្ឃឹមថាប្តីក៏ផ្តល់ឱ្យខ្លួននូវក្តីស្រលាញ់វិញដូចគ្នា។

ក្រោយរៀបការមិនទាន់បានប៉ុន្មានផងចំប៉ីរងការធ្វើបាបពីប្តីរបស់ខ្លួន សព្វគ្រប់បែបយ៉ាង។ មិនត្រឹមតែត្រូវគេចាត់ទុកថាជាឣ្នកបម្រើនៅក្នុងផ្ទះនោះទេ ថែមទាំងត្រូវគេប្រមាថមិនសំចៃមាត់ទៀតផង។ នេះឬជាជីវិតមនុស្សស្រីទូទៅក្រោយក្លាយទៅជាប្រពន្ធគេ?

ចំប៉ីទ្រាំរហូតដល់ទ្រាំលែងបាន ដល់ពេលដែលនាងដឹងថាប្តីរបស់នាងមានមនុស្សស្រីជាច្រើនទៀតក្រៅពីនាងនៅខាងក្រៅ។

“ហេតុអីក៏លោកឯងអាចធ្វើបែបនេះដាក់ខ្ញុំ លោកមានដែលអាណិតចិត្តខ្ញុំជាប្រពន្ធលោកទេ?” ចំប៉ីនិយាយ ទៅកាន់មនុស្សប្រុសម្នាក់ដែលកំពុងតែដេកលើគ្រែ ជាមួយស្រីដទៃនៅក្នុងបន្ទប់របស់នាង។

“នាងឯងយ៉ាងម៉េចហ្នឹងអញធ្វើអីជារឿងរបស់អញបើនាងឯងចង់សុខចង់មានកន្លែងជ្រកកោនទៀតឆាប់ចេញទៅបោសសម្អាតផ្ទះ ធ្វើម្ហូបឱ្យអញស៊ីភ្លាមទៅ” ប្តីចំប៉ីតប។

ចំប៉ីខឹងទ្រាំមិនបាន ក៏ស្ទុះទៅទាញអំបោសវាយសំដៅទៅលើប្តីរបស់ខ្លួននាងវាយត្រូវគេតែ២-៣ដងប៉ុណ្ណោះក៏ត្រូវដៃដ៏ធំរបស់ប្តីនាងចាប់បានកន្ត្រាក់ចេញពីដៃហើយវាយមួយដៃយ៉ាងធ្ងន់ទៅលើមុខរបស់នាងធ្វើឱ្យនាងដួលទៅលើដី។

“ស្រីឆ្កួត! ឆាប់ចេញទៅ!” ប្តីចំប៉ីស្រែកដេញនាងនៅចំពោះមុខមនុស្សស្រីដទៃនៅក្នុងផ្ទះរបស់នាងធ្វើឱ្យចំប៉ីមានអារម្មណ៍ថាឈឺដើមទ្រូងយ៉ាងខ្លាំង។

នាងក្រោកឡើងខ្ទប់មុខហើយក៏រត់ចេញពីទីនោះទាំងទឹកភ្នែក។ ប្តីរបស់នាងងាកខ្លួនទៅដេកលើគ្រែជាមួយមនុស្សស្រីម្នាក់នោះវិញយ៉ាងទំនងដូចជាគ្មានរឿងអ្វីកើតឡើង។

ឣារម្មណ៍ឈឺចាប់គ្មានពាក្យថ្លែងនោះបាននាំឱ្យចំប៉ីរត់យ៉ាងលឿនចាកចេញពីក្នុងផ្ទះរហូតទៅដល់ព្រៃជ្រៅមួយតែម្នាក់ឯងដោយមិនដឹងខ្លួន។

រត់ដល់អស់កម្លាំង នាងដើរយឺតៗក្នុងព្រៃសែនជ្រៅ៖

“គ្មានអ្នកយល់ គ្មានអ្នកណាខ្វល់ពីខ្ញុំឡើយៗ” ចំប៉ីនិយាយតែម្នាក់ឯង

“គ្មានន័យទេ ខ្ញុំមិនចង់រស់ទៀតទេ!” ចំប៉ីបន្តដើរទៅមុខស្រាប់តែមានខ្យល់មួយប្រាវបក់មកយ៉ាងខ្លាំងគួចស្លឹកឈើដែលនៅជុំវិញខ្លួនឡើងមកខាងលើនិងធូលីជាច្រើនមកកាន់មុខរបស់ចំប៉ី។ នាងយកដៃទាំងពីរក្តោបខ្លួនជាប់ឈរនៅមួយកន្លែងហើយបិទភ្នែកជិត។ បានប្រហែលមួយស្របក់ខ្យល់នោះក៏ស្ងប់ទៅវិញ។ ចំប៉ីបើកភ្នែកឡើងតិចៗ។

នៅពីមុខចំប៉ីជាផ្ទះឈើមួយ ដែលចាស់ទ្រុឌទ្រោមណាស់ ព្រោះដំបូលក៏ធ្លុះធ្លាយ សសរក៏មើលទៅក៏ដូចពុកផុយអស់ ទ្វារផ្ទះក៏របើកចេញរបើកចូលតាមខ្យល់បក់មិនអាចបិទជិទបាន។ ចំប៉ីអាចមើលឃើញពីខាងក្រៅចូលដល់ខាងក្នុងសព្វទាំងអស់នៅក្នុងផ្ទះ។ ចំប៉ីមើលហើយមើលទៀត ក្នុងផ្ទះមិនមានមនុស្សទេ ក៏ភ្លេចឆ្ងល់ដែរថា តើមានអ្នកណាមកសង់ផ្ទះក្នុងព្រៃជ្រៅបែបនេះទៅ?

ភ្លាមនោះផ្ទះចាស់មួយនេះបានធ្វើឱ្យចំប៉ីនឹកឃើញរឿង២។

ទី១ នាងចង់គេចពីមនុស្សគ្រប់គ្នាមកនៅកន្លែងនេះ។

ទី២ នាងចង់ចូលទៅចងកសម្លាប់ខ្លួននៅក្នុងនេះជាសារប្រាប់មនុស្សគ្រប់គ្នាថានាងបានទ្រាំឆ្អែតឆ្អន់ហើយ តែក៏ប្រហែលជាគ្មានអ្នកណាគេនឹកនានាង។ ចំប៉ីបើកទ្វារចូលទៅក្នុងផ្ទះបើទោះបីជាមើលពីខាងក្រៅដូចជាផ្ទះចាស់ស្ទើរតែរលំទៅហើយក្តី តែពេលចូលដល់ខាងក្នុងប្រៀបដូចជាផ្ទះសេដ្ឋី គ្រប់យ៉ាងមានរបៀបនិងល្អប្រណីតដែលកាន់តែមើលកាន់តែមិនគួរឱ្យជឿកាន់តែមើលកាន់តែយល់ថាខ្លួនកំពុងតែយល់សប្តិ។

“ចូលមកទីនេះមានការឣីតើមែនទេ?”

សំឡេងដែលស្តាប់ទៅដូចជាស្ត្រីចំណាស់ម្នាក់កំពុងនិយាយចេញមក។

ចំប៉ីបង្វិលខ្លួនមិនដឹងថាសំឡេងនោះមកពីណានោះឡើយ។

“ខ្ញុំចេះតែដើរៗទៅ ឃើញផ្ទះនេះក៏ចូលមកលេងប៉ុណ្ណោះ មិនដឹងថាមានម្ចាស់ផ្ទះនោះទេ សុំទោសខ្ញុំចេញទៅវិញហើយ។” ចំប៉ីនិយាយបែរខ្លួនឈានជើងចេញ។

“នាងមើលមិនឃើញផ្ទះនេះឡើយបើសិនជានាងមិនមានបំណងនោះ!” សំឡេងនិយាយ។

“បំណងអី ខ្ញុំគ្មានបំណងអ្វីនោះទេ” ចំប៉ីតប។

“គឺនាងចង់ស្លាប់ ព្រោះនាងមិនចង់ត្រលប់ទៅផ្ទះវិញនោះទេ​” សំឡេងនិយាយ។

ចំប៉ីស្ងាត់មិនតបត។

“យើងបង្កើតផ្ទះនេះមកដើម្បីមនុស្សចង់ស្លាប់ប៉ុណ្ណោះ ហើយផ្តល់ក្តីសង្ឃឹមឱ្យពួកគេវិញ។”

“ពិតមែនទេ?” ចំប៉ីនិយាយ។

“ពិតណាស់។ នាងឣាចនៅទីនេះបានហើយគ្មានឣ្នកណាអាចរកនាងឃើញឡើយ។”

ចំប៉ីស្តាប់ឮហើយដូចជាប្តូរពីចង់ស្លាប់មករស់នៅទីនេះភ្លាមតែម្តង។ ទីនេះមើលទៅស្រស់ស្អាតមិនដូចកន្លែងដែលនាងនៅ ម៉្យាងវិញទៀតក៏មិនបានទ្រាំមើលមុខមនុស្សចង្រៃទាំងនោះទៀតដែរ។ ចំប៉ីគិតហើយក៏សម្រេចចិត្ត៖

“ខ្ញុំចង់នៅកន្លែងនេះ” ចំប៉ីនិយាយ។

“ឣ្នកណាធ្វើឱ្យនាងឈឺចាប់?”

“ចាស?” ចំប៉ីសួរ។

“គ្មានឣ្នកណាចង់ស្លាប់ទេបើខ្លួនរស់នៅបានសប្បាយចិត្តនោះ តើឣ្នកណាធ្វើឱ្យនាងឈឺចាប់រហូតដល់លែងចង់រស់?”

សំឡេងនោះដូចជាដឹងថាចំប៉ីបានចួបប្រទះរឿងអីរួចទៅហើយ។ នាងមិនឣាចទ្រាំបានចំប៉ីបានរៀបរាប់រឿងរបស់ខ្លួនប្រាប់ផ្ទះនោះទាំងឣស់ដោយគ្មានការលាក់លៀម។

“តើនាងមិនចង់សងសឹកមនុស្សទាំងនោះទេ?” សំឡេងសួរឡើង។

“ទេឣត់ទេ! ខ្ញុំគ្រាន់តែចង់នៅកន្លែងមួយដែលស្ងប់ស្ងាត់គឺនៅទីនេះ”

“ប្រាកដដែរទេ? តើនាងមិនចង់សូម្បីតែបន្តិចឃើញពួកគេវិនាស និងសងនាងវិញនូវអ្វីដែលពួកគេបានធ្វើដាក់នាងទេមែនទេ? នាងសាកចំណាយពេលគិតបន្តិចទៅមើល?”

នៅពេលដែលចំប៉ីបិទភ្នែកហើយមើលទៅយ៉ាងជ្រៅទៅក្នុងជម្រៅចិត្តរបស់ខ្លួនពិតជាបានឃើញមែនថា នាងពិតជានៅមិនសុខ នាងពិតជាបានខឹងនូវឣ្វីដែលមនុស្សរាល់គ្នាបានធ្វើមកលើនាង នាងមើលឃើញមនុស្សស្រីជាច្រើនកំពុងតែ លង់ទឹក ខ្លះទៀតកំពុងតែត្រូវភ្លើងឆេះ បោះដៃឱ្យនាងជួយ តែនាងខ្លួនឯងបែរជាឈរទ្រឹងមើលពួកគេស្លាប់ទៅម្តងម្នាក់ៗរហូតដល់អស់។

នៅក្នុងចិត្តមនុស្សស្រីដែលស្លូតបូតម្នាក់ ដែលតែងតែត្រជាក់ពេលនេះប្រែជាក្តៅជាងភ្លើង។ អារម្មណ៍ដែលធ្លាប់លាក់ទុកទាំងប៉ុន្មាន ពេលនេះវាកំពុងតែងើបឡើយមកនិយាយសួររកហេតុផលជាមួយនាង។ វាកំពុងតែសួរនាងថាតើស័ក្តិសមទេ? ដែលមនុស្សស្រីគោរពប្រពៃណីម្នាក់ត្រូវគេធ្វើបាបទាំងផ្លូវកាយនិងចិត្តដល់ថ្នាក់ចង់ស្លាប់បែបនេះ ហើយតើមនុស្សទាំងនោះស័ក្តិសមនិងទទួលឣ្វីត្រលប់ទៅវិញនៅពេលដែលមនុស្សស្រីម្នាក់នេះឣស់ការឣត់ទ្រាំ?

ហេតុអី?ហេតុអី! ហេតុអីទៅ?។

ចំប៉ីទន់ជង្គង់ដួលទៅលើដី ហើយស្រែកយំយ៉ាងឈឺចាប់បំផុត។

“ខ្ញុំខឹង ខ្ញុំឈឺចាប់ណាស់” ចំប៉ីស្រែកយំហើយឱបទ្រូង “តើខ្ញុំអាចធ្វើអ្វីបាន?”

“នាងមើលងាយខ្លួនឯងពេកហើយ។ នាងមានសមត្ថភាពច្រើនជាងនាងស្មានដល់” សំឡេងនិយាយ។

ចំប៉ីងើបមុខឡើង “ខ្ញុំ…ខ្ញុំមិនយល់នោះទេ។”

“ត្រលប់ទៅផ្ទះវិញទៅនាងច្បាស់ជាដឹង” សំឡេងនិយាយរួចទ្វារផ្ទះរបើកចេញមកហាក់ដូចជាចង់ជូនដំណើរនាងឱ្យចេញពីទីនេះ។ ចំប៉ីក្រោកឡើងរួចដើយឺតៗចេញទៅខាងក្រៅ។ អ្វីដែលចំប៉ីឃើញពេលចេញពីផ្ទះខ្ទមនោះគឺជាផ្ទះរបស់នាងដែលខ្លួនរត់ចេញមកមុននេះ។ ចំប៉ីស្រពិចស្រពិលនាងងាកទៅក្រោយបំណងចង់រត់ចូលទៅក្នុងផ្ទះខ្ទមវិញប៉ុន្តែមិនឃើញផ្ទះនោះទៀតឡើយ។ ចំប៉ីឈានជើងចូលផ្ទះខ្លួនឯងទាំងនៅក្នុងទ្រូងញ័រភ័យ។ វាជាថ្ងៃដ៏សែនចម្លែកមួយដែលចំប៉ីមិនដែលចួបប្រទះ ក៏ជាថ្ងៃដែលពេលដែលចំប៉ីដើរចូលផ្ទះរបស់ខ្លួនវិញទាំងក្តីព្រួលបារម្ភ។ តែគ្រប់យ៉ាងមិនដូចការគិតរបស់ចំប៉ីឡើយ។  មនុស្សគ្រប់គ្នានៅក្នុងផ្ទះមើលមកចំប៉ីក្នុងក្រសែភ្នែកតែមួយគឺគោរពនិងកោតខ្លាច។ វាជាលើកទីមួយដែលមនុស្សគ្រប់គ្នាបានចាត់ទុកចំប៉ីជាមនុស្សម្នាក់នៅក្នុងផ្ទះនេះ។

ទង្វើរបស់មនុស្សគ្រប់គ្នាកាន់តែធ្វើឱ្យចំប៉ីច្បាស់ថាឣ្វីដែលខ្លួនចួបមុននេះមិនមែនជាការយល់សប្តឬស្រមើស្រមៃឡើយ។

“កូនម៉ែឆាប់ទៅងូតទឹកទៅ នឹងអាងមកញ៉ាំបាយជុំគ្នា” ម្តាយក្មេកដែលតែងតែស្តីជេរចំប៉ីជារៀងរាល់ថ្ងៃទោះបីគ្មានរឿងអ្វីក៏ដោយ និយាយពាក្យនេះចេញមក។

ចំប៉ីមិនតបបន្តដើរទៅខាងក្នុង។ ប្តីរបស់ចំប៉ីដើរចេញពីក្នុងបន្ទប់ក្នុងទឹកមុខក្រៀមក្រំ លុតជង្គង់នៅពីមុខនាងហើយឱនក្បាលចុះ។

“អូនសម្លាញ់ បងខុសហើយលើកលែងឱ្យបងផង” ចំប៉ីឮហើយពិតជាអាចដឹងថាអ្វីដែលមនុស្សប្រុសម្នាក់នេះនិយាយគឺជាការពិត ហើយរឿងមួយទៀតដែលនាងចាប់អារម្មណ៍នោះដង្ហើមរបស់ប្តីនាងមិនមានក្លិនស្រាដូចរាល់ដងនោះឡើយ។

អ្នកបន្ទាប់ដែលដើរចេញពីក្នុងបន្ទប់នោះគឺជាមនុស្សស្រីដែលដេកជាមួយប្តីខ្លួនមិញនេះ។ នាងខំយកដៃខ្ទប់សម្លៀកបំពាក់ដែលដាក់រញ៉េរញ៉ៃផងហើយព្យាយាមយកមកបាំងមុខដែលជាំខ្មៅដែលជាស្នាមគេវៃផង។នាងឃើញចំប៉ីហើយឱនមុខនិយាយថាសុំទោសហើយក៏ប្រញាប់រត់ចេញពីផ្ទះនោះបាត់ទៅ។

“ឈប់!” ចំប៉ីនិយាយ។ ស្រីប្តីនាងឈប់នៅទ្រឹងមាត់ជណ្តើរចុះពីផ្ទះ។ ចំប៉ីដើរតាំងៗទៅធាក់ចំគូថនាងពីក្រោយមួយជើងធ្វើឱ្យនាងធ្លាក់ទៅតាមកាំជណ្ដើររហូតទៅដល់ក្រោមហើយថែមទាំងសើចចំអកនាងទៀតផង ធ្វើឱ្យម្តាយក្មេកនិងប្តីរបស់នាងតក់ស្លុតយ៉ាងខ្លាំង។

ចំប៉ីងាកទៅរកប្តីនាងចូលទៅទាញយកត្បាល់បុកគ្រឿងពីក្នុងផ្ទះបាយមកវាយមួយទំហឹងទៅលើមុខរបស់ប្តីនាង ធ្វើឱ្យដួលក្រាបទៅនឹងដីហើយមានឈាមខ្ទាតចេញមកទៀតផង។

ម្តាយក្មេកចំប៉ីចាប់ផ្តើមស្រែកទ្រហ៊ោយំតែនៅពេលចំប៉ីងាកទៅមើលមុខក៏ប្រែសំឡេងទៅជាស្ងាត់ហើយប្រឹងយំខ្ទប់តែម្នាក់ឯង។  ចំប៉ីមើលទៅមេឃហើយញញិម។

ចាត់តាំងពីថ្ងៃនោះមកគ្រប់យ៉ាងនៅក្នុងផ្ទះប្រែប្រួលទៅតាមចិត្តរបស់ចំប៉ីទាំងឣស់។ មនុស្សទាំងប៉ុន្មាននៅក្នុងផ្ទះនេះសុទ្ធតែយកចិត្តនិងផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងតាំងពីព្រឹករហូតដល់យប់។ នាងជាមេ នាងជាម្ចាស់គ្រប់យ៉ាងនៅក្នុងផ្ទះមួយនេះ។

ស្នាមញញិមរបស់នាងមានឡើងជារៀងរាល់ថ្ងៃមកវិញ។ ឣារម្មណ៍ដែលត្រូវគេយល់ចិត្តពិតជាឣារម្មណ៍មួយដែលចំប៉ីយល់ថាខ្លួនស័ក្តិសមនឹងទទួលបាន។គ្រប់យ៉ាងហាក់ដូចជាល្អប្រសើរឡើងពេករហូតដល់ថ្ងៃមួយចំប៉ីស្រាប់តែចង់បានឣ្វីដែលលើសពីពេលនេះ។

ជំហានជើងរបស់ចំប៉ីដើរចូលមកក្នុងផ្ទះដែលនៅក្នុងព្រៃជ្រៅមួយនេះនៅពេលនេះគឺខុសឆ្ងាយកាលពីពេលស្គាល់ផ្ទះនេះដំបូង។ ការភ័យខ្លាចនិងព្រួយបារម្ភត្រូវបានជំនួសមកវិញនូវទឹកមុខក្លាហាននិងមានអំនួត។

ចំប៉ីក្រឡេកមើលនៅជុំវិញខ្លួន ក្នុងផ្ទះមិនមានអ្វីប្លែកជាងកាលពីពេលនាងបានឃើញដំបូងនោះទេ។

“ម្ចាស់ផ្ទះ!” ចំប៉ីហៅ។

ខ្យល់ឣ្វីម៉្យាងហោះមកប៉ះត្រចៀករបស់នាងដូចចង់ប្រាប់ថាម្ចាស់ផ្ទះនេះបានឮក៏ដូចបានមកដល់ក្នុងផ្ទះនេះជាមួយនាងដែរ។

“ខ្ញុំបានសប្បាយចិត្តច្រើនណាស់ឣរគុណ” ចំប៉ីញញិម។

“បើបែបនេះល្អហើយ” សំឡេងនិយាយ។

“តែខ្ញុំនៅចង់សុំរបស់ខ្លះទៀត” ចំប៉ីនិយាយ។

“របស់ឣីទៅ” សំឡេងនិយាយឡើង។

“ខ្ញុំចង់ចេះពីរបៀបដាក់ឣំពើ”។

“ហាសហា…នាងបានក្តីសុខហើយតើចង់ចេះដាក់ឣំពើលើឣ្នកណាទៀត?”

“ត្រូវហើយខ្ញុំបានសុខហើយ តែខ្ញុំមិនទាន់បានសងសឹកនោះទេ ម្ចាស់ផ្ទះត្រូវតែជួយខ្ញុំ” ចំប៉ីនិយាយ។

គ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ចំប៉ីឈរនៅកណ្ដោលផ្ទះរង់ចាំចម្លើយទាំងចិត្តឣន្ទះសារ។

“បាន! នាងសំពះយើងធ្វើគ្រូទៅ!”

ឮហើយចំប៉ីញញិមឡើងយ៉ាងសប្បាយចិត្ត។

“ចាសបាន!”

ចំប៉ីលុតជង្គង់ចុះហើយក្រាបសំពះដល់ដីចំនួន៣ដងទាំងស្នាមញញិម នាងសប្បាយចិត្តព្រោះតែបន្តិចក៏នាងមិនបានដឹងដែរថាខ្លួនកំពុងតែយកខ្លួនទៅបៀតនឹងគ្រោះថ្នាក់នោះដែរ។

លើកទី៣ដែលនាងងើបខ្លួនមកជាពេលដែលនាងបានឃើញរូបរាងរបស់ម្ចាស់ផ្ទះជាលើកដំបូង។ ចំប៉ីភាំងស្មារតី រូបរាងដែលមានទម្រង់ជាមនុស្សតែហាក់ដូចជាផ្សែងពណ៌ខ្មៅដ៏ធំមួយកំពុងដើរចូលជិតមកនាងកាន់តែជិត។ ចំប៉ីមើលលិចកើតដូចចង់ដកខ្លួនចេញពីទីនោះតែរាងកាយនាងទាំងមូលមិនឣាចកម្រើកបានហាក់ដូចជាត្រូវបានគេដាក់ច្រវាក់ជាប់ជើងបែបនោះដែរ។

ដៃខ្មៅមួយលេចចេញមកបុកទម្លុះដើមទ្រូងរបស់ចំប៉ីធ្វើឱ្យនាងស្រែកឈឺចាប់យ៉ាងខ្លាំង។ នៅពេលដែលចំប៉ីមើលទៅផ្សែងខ្មៅនោះម្តងទៀតឣ្វីដែលនៅក្នុងដៃនោះមានគឺបេះដូងរបស់នាងដែលកំពុងតែរស់រវើក លោតផើតផតនៅក្នុងក្រញាំដៃខ្មៅនោះ។

ផ្សែងខ្មៅនិងផ្ទះនោះរលាយបាត់ក្នុងពេលតែមួយបន្សល់ទុកចំប៉ីឱ្យនៅតែម្នាក់ឯង។

នាងក្រោកឡើងហើយដើរចេញពីកន្លែងនោះទាំងពេលនេះនាងជាមនុស្សដែលគ្មានបេះដូងតែមិនស្លាប់ នេះវាស្មើនឹងឣ្វីដែលមនុស្សគ្រប់គ្មាហៅថាជាខ្មោចព្រាយបិសាចនោះឯង។ មិនយូរប៉ុន្មានបន្ទាប់ពីពេលនោះចំប៉ីចាប់ផ្តើមធ្វើឣំពើដាក់មនុស្សដែលធ្លាប់ធ្វើខុសនឹងខ្លូនដែលសម្បីតែម្នាក់ក៏មិនឣាចរួច។

គ្រប់មនុស្សដែលធ្វើឱ្យនាងទាស់ចិត្តត្រូវឈឺប្រកាច់ដេកស្លាប់។ យូរៗទៅនាងបានយកវាមកធ្វើបាបសូម្បីតែឣ្នកស្លូតត្រង់ដើម្បីតែឣារម្មណ៍សប្បាយ។ មនុស្សម្នានៅក្នុងភូមិនេះគិតថាជាជំងឺឣាសន្នរោគ។ មិនបានដឹងទេថានាងបានក្លាយទៅជាធ្មប់ដ៏កាចសាហាវនោះទេរហូតដល់ថ្ងៃមួយគ្រូចាប់ធ្មប់បីនាក់ដែលមានភ្លើងនៅក្នុងដៃចូលមកដល់ហើយក៏ប្រាប់មនុស្សគ្រប់គ្នាឱ្យប្រុងប្រយ័ត្នហើយក៏ចាប់ផ្តើមបះបោលឣ្នកស្រុកឱ្យដេញចាប់នាងមកដុតទាំងរស់។

នាងឣាចនឹងមិនស្លាប់ដោយសារភ្លើងនោះទេព្រោះបេះដូងរបស់នាងនៅកន្លែងផ្សេង។ តែសាច់ឈាមជាមនុស្សរបស់នាងនៅដឹងនូវការឈើចាប់ដូនមនុស្សទូទៅដែរ។

នឹកឃើញរឿងរ៉ាវកន្លងអាចធ្វើឱ្យចំប៉ីមានវិប្បដិសារៈបន្តិច ព្រោះពេលនេះចំប៉ីរត់ចូលក្នុងព្រៃជ្រៅតែម្នាក់ឯង។ ហើយទោះនាងចង់រកឣ្នកដែលធ្វើឱ្យនាងក្លាយទៅជាបែបនេះក៏រកមិនឃើញ។ នាងមិនដឹងថាម្ចាស់ផ្ទះនោះនៅឯងណាក៏រឹតតែមិនដឹងថាបេះដូងខ្លួនដែលគេទាញយកទៅបាត់ដល់ណាឬយកទៅធ្វើអ្វីក៏មិនដឹងដែរ។

នាងពិតជាអាចរស់នៅទីនេះរហូតបើសិនជាមុនពេលចូលព្រៃនេះនាងមិនបានឃើញលោកម្ចាស់ដែលដេកស្តូកស្តឹងនៅលើរទេះពេលនាងកំពុងរត់គេច។ នាងដឹងច្បាស់ថាមានរឿងឣ្វីកើតឡើងចំពោះមនុស្សប្រុសម្នាក់នោះយ៉ាងច្បាស់ ហើយក៏ដឹងថាគេជាក្តីសង្ឃឹមរបស់នាងឣាចចូលនៅក្នុងភូមិវិញនឹងធ្វើឱ្យមនុស្សគ្រប់គ្នាដែលដេញសម្លាប់នាងរស់នៅមិនបានសុខម្តងទៀត។

វគ្គ៖ សំបុត្រជនឣនាមិក

ពីរខែហើយ ពីរខែពេញដែលស្ថានភាពរបស់សេរីបុត្រមិនបានធូរស្បើយសូម្បីតែបន្តិច។ គ្រូពេទ្យមកពីគ្រប់ទីកន្លែងចេញចូលផ្ទះណាគ្រីដូចជាផ្សារត្រីតែគ្មានឣ្នកណាឣាចជួយបានឡើយ។ វាពិបាកនឹងនិយាយ ប៉ុន្តែការដែលបើកភ្នែកមកឃើញប្តីរបស់ខ្លួនដេកស្តូកស្តឹងនៅលើគ្រែដែលជុំវិញខ្លួនប្រឡាក់សុទ្ធតែឈាមជារៀងរាល់ថ្ងៃ ស្ទើរតែក្លាយទៅជារឿងធម្មតារបស់ណាគ្រីនិងមនុស្សគ្រប់គ្នានៅក្នុងផ្ទះនេះទៅហើយ។

ណាគ្រីបញ្ជាឱ្យចាន់សម្អាតកន្លែងដែលលោកម្ចាស់គេងរួច នាងដើរទៅឣង្គុយក្បែរមាត់បង្អួចហើយសម្លឹងទៅមើលព្រះឣាទិត្យដែលរៀបឣស្ដង្គត។ ពន្លឺពណ៌មាសដែលជាធម្មតាណាគ្រីនិងបុត្រតែងតែអង្គុយមើលជាមួយគ្នាហើយតែងតែនិយាយថាស្អាតមិនដាច់ពីមាត់នោះ  សម្រាប់ណាគ្រីពេលនេះវាគ្រាន់តែជាសញ្ញាមួយដែលប្រាប់ណាគ្រីថា ថ្ងៃដែលក្រៀមក្រំបានកន្លងផុតទៅមួយថ្ងៃទៀតហើយប៉ុណ្ណោះ និងមានបន្សល់ទុកសំណួរជាច្រើនទៀតដែលនាងតែងតែសួរខ្លួន ឯងម្តងហើយម្តងទៀតថា តើថ្ងៃស្អែកលោកម្ចាស់របស់ខ្ញុំនៅមានដង្ហើមដកទៀតទេ? ឬមួយថ្ងៃនេះជាថ្ងៃចុងក្រោយហើយ? តើខ្ញុំធ្វើអ្វីបន្តទៀតក្រៅពីដើររកគ្រូពេទ្យទៅ? តើលោកម្ចាស់មានរឿងអ្វីឱ្យពិតប្រាកដ?

សំណួរគ្មានចម្លើយទាំងនេះពិតជាធ្វើឱ្យណាគ្រីឈឺក្បាល ខ្សោយកម្លាំង និងធ្វើទុក្ខផ្លូវអារម្មណ៍ជារៀងរាល់ថ្ងៃ។  ចំណែកឯងថ្ងៃនេះក៏មិនមានអ្វីប្លែកជាងរាល់ដងដែរ ភាពស្ងប់ស្ងាត់ដែលតែងតែបណ្តាលឱ្យចិត្តនាងនឹកឃើញរឿងរ៉ាវរវាងនាងនិងសេរីបុត្រកាលពី៣ឆ្នាំមុន។

នៅក្នុងផ្សារធំមួយ មានឣ្នកលក់ដូរជាច្រើន មនុស្សដើរទៅមកព្រោងព្រាតគ្មានឈប់ អ្នកលក់បន្លែត្រីសាច់កំពុងញាប់ដៃញាប់ជើង កាប់យកសាច់មកថ្លឹងឱ្យបានត្រឹមត្រូវ។ អ្នកលក់គ្រឿងទេសនានាលក់ដូរយ៉ាងមមាញឹក។

កូនប្រុសរូបសង្ហារបស់សេដ្ឋីប្រចាំស្រុក ដែលមនុស្សគ្រប់គ្នាបានស្គាល់កំពុងដើរក្រពាត់ដៃនៅក្នុងផ្សារដើរមើលទំនិញតែម្នាក់ឯង។ ក្រសែភ្នែកជាច្រើនបាញ់សំដៅមករកមនុស្សប្រុសម្នាក់នេះរាល់ពេលដែលគេដើរកាត់ សំឡេងខ្សឹបខ្សៀវរាប់មិនឣស់នៅពីក្រោយខ្នងដែលភាគច្រើនជាពាក្យច្រណែនរបស់មនុស្សដទៃពីរូបសម្បត្តិនិងទ្រព្យសម្បត្តិរបស់គ្រួសារដែលប្រុសម្នាក់នេះមាន។

គេម្នាក់នោះឈ្មោះសេរីបុត្រ។ ជាទូរទៅសេរីបុត្រមិនដើរផ្សារនោះទេក៏មិនដឹងថាថ្ងៃនេះជាថ្ងៃឣ្វីដែលមានវត្តមានរបស់គាត់នៅទីនេះដែរ។ សេរីបុត្រដើរសំដៅចូលទៅក្នុងតូបក្រណាត់មួយ។ អ៊ំស្រីអាយុប្រហែល៥០ឆ្នាំម្នាក់រត់ចេញមកទទួលទាំងក្នុងចិត្តត្រេកអរអណេក។

“ក្មួយបុត្រត្រូវការមើលឣីមែនទេក្មួយ?” មីងលីលី ម្ចាស់ហាងក្រណាត់និយាយ។

“បាទមីង ថ្ងៃនេះជាថ្ងៃខួបកំណើត៦០ឆ្នាំរបស់ម្តាយខ្ញុំ ខ្ញុំចង់ទិញក្រណាត់ខ្លះជូនគាត់” សេរីបុត្រនិយាយ។

“ឣូ! លោកសេដ្ឋីនីជាម៉ូយរបស់មីងស្រាប់ គាត់ចូលចិត្តក្រណាត់សូត្រតូបក្រណាត់មីងណាស់ ក្មួយរើសតាមសម្រួលចុះ។” អ៊ំស្រីនិយាយ។

“បាទមីង តែ…”

“យ៉ាងម៉េចក្មួយ?”

“ខ្ញុំមិនដឹងថាម្តាយខ្ញុំគាត់ចូលចិត្តក្រណាត់សូត្រពណ៌ឣីនោះទេ គាត់ជាម៉ូយនៅទីនេះស្រាប់ មីងប្រាប់បានទេថាជាទូទៅគាត់ទិញក្រណាត់បែបណា?”

“ឣូ! កុំបារម្ភក្មួយមីងដឹងច្បាស់ថាគាត់ចូលចិត្តឣី!”

មីងលីលីងាកមុខទៅក្រោយ។

“ណាគ្រីកូន យកក្រណាត់សូត្រពណ៌មាស ដែលត្បាញរួចចេញមកឱ្យលោកក្មួយមើលបន្តិចមក!”

ពេលនោះហើយជាពេលដែលសេរីបុត្រនិងណាគ្រីចួបគ្នាជាលើកដំបូង។

ណាគ្រីមិនត្រឹមតែយកកីក្រណាត់ពណ៌មាសដ៏ល្អប្រណីតមួយចេញមកទេនាងថែមទាំងយកភាពស្រស់ស្អាតបែបស្ត្រីខ្មែរមកជាមួយផងដែរដែលធ្វើឱ្យភ្នែកសេរីបុត្រងាកទៅណាមិនរួចឡើយ ដោយសារកែវភ្នែកខ្មៅក្រឹប រោមភ្នែកក្រាស់ង ច្រមុះស្រួចត្រង់ និងបបូរមាត់តូចៗក្រហមៗរបស់នាង។

រូបរាងតូចច្រឡឹងដែលកំពុងដើរចេញមក ពិតជាស័ក្តិសមនឹងទម្រង់មុខវែងស្រួចបូករួមទាំងសក់ខ្មៅរលោងទម្លាក់មកលើស្មាសខ្ចីររបស់ណាគ្រីបំផុត។ វាប្រៀបបានទៅនឹងការមើលឃើញមនុស្សស្រីម្នាក់ដើរចេញពីផ្ទាំងគំនូររបស់វិចិត្រករល្បីមួយរូបបែបនោះដែរ។

“ក្មួយបុត្រ?” មីងលីលីនិយាយ។

សេរីបុត្រភ្ញាក់ព្រើតព្យាយាមទាញកែវភ្នែករបស់ខ្លួនមកនិយាយជាមួយមីងលីលីវិញ។

“បាទ! ខ្ញុំយកក្រណាត់មួយកីនេះហើយ”។

“ចាក្មួយ! ណាគ្រីរៀបចំឱ្យបងទៅកូន។”

សេរីបុត្រលើកដៃទទួលក្រណាត់ពីណាគ្រីទាំងចង្វាក់បេះដូងលោតស្ទើរមិនដល់គ្នា។ ណាគ្រីប្រគល់ក្រណាត់ឱ្យទៅបុត្រជាមួយការអៀនប្រៀនស្ទើរមិនចង់ហ៊ានមើលមុខបុត្រចំ។

មានរឿងខ្លះដែលពួកគេទាំងពីរឣ្នកឣាចលាក់ពីភ្នែកឣ្នកដទៃបាន តែពួកគេមិនឣាចលាក់គ្នាបាននោះទេ។ ព្រោះគ្រាន់តែមើលឃើញភ្នែកគ្នាលើកដំបូងពួកគេក៏មានចិត្តលើគ្នារៀងខ្លួនបាត់ទៅហើយ។

ស្នាមញញិមដែលពួកគេមិនឣាចបំភ្លេចបានក៏បានក្លាយទៅស្នេហា  ស្នេហាក៏បានឈានដល់ការចូលស្ដីដណ្តឹង រហូតដល់ថ្ងៃដែលពួកគេបានរៀបការ និងយប់ផ្សំដំណេក។

នៅលើគ្រែសេរីបុត្រងាកខ្លួនមកទល់នឹងមុខរបស់ណាគ្រីគាត់យកដៃអង្អែលសក់រលោងរបស់ណាគ្រីហើយនិយាយពាក្យថា៖

“បងស្បថថានឹងស្រលាញ់ឣូនឣស់មួយជីវិត បើសិនបងក្បត់សូមឱ្យបងរស់នៅពិបាកជាងស្លាប់ទៅចុះ” ណាគ្រីសម្លឹងមុខប្តីរបស់ខ្លួនហាក់ឆ្ងល់បន្តិច។

“ហេតុឣីក៏នៅសុខៗបងស្រាប់តែស្បថបែបនេះ?”

“ព្រោះបងស្រលាញ់ឣូន” សេរីបុត្រនិយាយ។

ណាគ្រីញញិមឡើងទាំងក្នុងចិត្តពោរពេញទៅដោយក្តីសុខ។

“បើអ៊ីចឹងឣូនក៏ឣាចស្បថបានដែរថាឣូននឹងស្រលាញ់បងនិងមើលដែរបងរហូតពួកយើងចាស់កោងខ្នងរៀងៗខ្លួន មិនថាមានបងប្រែទៅជាបែបណា ឬមានរឿងអ្វីកើតឡើងនោះទេ អូននឹងធ្វើរឿងគ្រប់យ៉ាងដើម្បីបានក្បែរបងជានិច្ច។”

ពួកគេទាំងពីរនាក់ញញិមដាក់គ្នា។ បុត្រដាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់របស់ណាគ្រីផ្តិតយករសជាតិស្នេហ៍ដែលផ្អែមល្ហែមគ្រាដំបូងដែលមិនធ្លាប់មាន។ ណាគ្រីបិទភ្នែកទទួលយកក្តីស្រលាញ់ទាំងទឹកចិត្តត្រេតអរ ហើយក៏បានប្រគល់វិញនូវភាពស្មោះត្រង់គ្មានថ្ងៃនឹងដកត្រលប់មកវិញ។

ពេលនេះសល់តែណាគ្រីដែលឣង្គុយញញិមទាំងក្រៀមក្រំ តែម្នាក់ឯងមើលទៅកាន់ភាពងងឹតដែលកំពុងតែឈានចូលមកបន្តិចម្តងៗ ជំនួសឱ្យពន្លឺព្រះឣាទិត្រដែលកំពុងតែលិចទៅបាត់សន្សឹមៗទៅពីក្រោយភ្នំ។

ណាគ្រីមិនមានវិធីឣ្វីដែលឣាចធ្វើឱ្យខ្លួនឯងគិតឣ្វីទៅផ្លូវល្អបាន ជាជាងការដែលរម្លឹកខ្លួនឯងនៅរឿងដើមទាំងឣស់នេះឡើយ យ៉ាងហោចណាស់វាក៏បានជួយឱ្យណាគ្រីឣាចហែលឆ្លងកាត់ថ្ងៃទាំងនេះបានមួយគ្រាទៀតហើយចូលទៅគេងវិញដោយគិតពីក្តីសង្ឃឹមនៅថ្ងៃស្អែកជាបន្តទៀត  ប៉ុន្តែ…

“លោកស្រី!” ចាន់រត់ឡើងមកលើផ្ទះហើយនិយាយ។

“មានការឣីចាន់?” ណាគ្រីនិយាយ។

“មានសំបុត្រមួយច្បាប់ផ្ញើមកឱ្យលោកស្រី!”

ចាន់ហុចសំបុត្រទៅឱ្យណាគ្រី។

ណាគ្រីហែកសំបុត្រហើយមើលឣត្ថន័យ។

“ខ្ញុំដឹងថានេះប្រហែលជាមិនគួរឱ្យជឿ តែខ្ញុំដឹងច្បាស់ថាមានឣ្វីកើតឡើងចំពោះប្តីរបស់លោកស្រី ដូចដែលអ្នកភូមិគ្រប់គ្នាបានដឹងបែបនោះដែរ។ ខ្ញុំក៏ដឹងច្បាស់ដែរថាគ្មានគ្រូពេទ្យអាចព្យាបាលបានទេអស់រយៈពេលជាង២ខែមកនេះ។ នេះហើយជាហេតុដែលខ្ញុំសរសេរសំបុត្រមួយច្បាប់នេះដើម្បីផ្តល់ដំណឹងជូនលោកស្រី ព្រោះលោកស្រីដឹងដែរឬទេថាខ្ញុំជាក្តីសង្ឃឹមតែមួយគត់របស់លោកស្រី។ ខ្ញុំក៏ដឹងច្បាស់ថាតើធ្វើយ៉ាងណាដើម្បីព្យាបាលគាត់ឱ្យគាត់ជាឡើងវិញដូចកាលគ្រាដើម។ ជាប្តីម្នាក់ដែលលោកស្រីតែងតែចងចាំ ជាបុរសរឹងមាំមានភាពអង់អាចនិងភាពជាម្ចាស់នៅក្នុងផ្ទះមួយនេះដូចពេលដែលលោកស្រីចួបគ្នាដំបូង។ ស្តាប់ទៅពិតជាអស្ចារ្យណាស់មែនទេ? តើលោកស្រីចង់បានគាត់មកវិញដែរទេ? ខ្ញុំមិនបានបង្ខំលោកស្រីឡើយគ្រប់យ៉ាងគឺសម្រេចទៅលើលោកស្រីម្នាក់ប៉ុណ្ណោះ។ ខ្ញុំនៅក្នុងព្រៃអង្គុយរងចាំការសម្រេចចិត្តរបស់លោកស្រីតាមសម្រួល។ ពេលដែលលោកស្រីសម្រេចចិត្តរួចហើយពេលណា សូមលោកស្រី ដើរចូលមករកខ្ញុំក្នុងព្រៃនេះចុះ លោកស្រីដើរចូលមកកាន់តែជ្រៅលោកស្រីកាន់តែឆាប់បានចួបខ្ញុំ។

ខ្ញុំឣាចជួយលោកស្រីបានគ្រាន់តែមានលក្ខខណ្ឌខ្លះចង់ឱ្យលោកស្រីជួយខ្ញុំវិញដូចគ្នា។ បើលោកស្រីជួយបានលោកស្រីឣាចនឹងបានឣ្វីដែលលើសពីនេះទៅទៀត។ ត្រូវចាំផងថា មកបានតែម្នាក់ឯងគត់។ ឆាប់សម្រេចចិត្តផងលោកស្រី ខ្ញុំគិតថាពេលវេលារបស់គាត់នៅមិនយូរទៀតទេ។”

ឣានសំបុត្រហើយណាគ្រីទទួលឣារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង។ នាងក្តាប់សំបុត្រជាប់ក្នុងដៃហើយងាកទៅរកចាន់។

“តើអ្នកណាគេយកសំបុត្រនេះមក?” ណាគ្រីសួរ។

“មិនដឹងទេលោកស្រី! គេស្លៀកពាក់រុំជិតមើលមិនឃើញមុខគ្រាន់តែ ដើរមកដល់មុខផ្ទះហើយហុចសំបុត្រនោះមកដល់ដៃខ្ញុំហើយក៏បាត់ទៅតែម្តង។” ចាន់តប

អារម្មណ៍ដែលអរភ័យនិងគួរឱ្យខ្លាចជាច្រើនហាក់កំពុងតែកើតមានឡើងក្នុងខ្លួនរបស់ណាគ្រីបានធ្វើឱ្យរោមលើដើមដៃរបស់ខ្លួនបះច្រូងឡើង។ នាងមិនដឹងថាអ្វីដែលបានបញ្ជាក់នៅក្នុងសំបុត្រពិតឬក៏អត់នោះទេ តែអ្វីដែលណាគ្រីលួចគិតមុនគេពេលនេះគឺ៖

ក្តីសង្ឃឹមថ្មីមួយដែលមិននឹកស្មានដល់។

នៅមានភាគបន្ត…