លោកម្ចាស់ – Meysansotheary

រឿងអ្នកស្រុក
«ខ្ញុំមិនចង់មកយកការពីបងឯងរាល់ខែទេ! អាចរម្លស់បង់ដើមខ្ញុំខ្លះបានអត់? ព្រោះបើគិតសរុបទៅ ការប្រាក់ដែលបងបង់ឱ្យខ្ញុំ វាលើសដើម សឹងបីដងទៅហើយ!» គាត់នៅមិនព្រមមើលមុខខ្ញុំ ហើយគិតតែពីរៀបចំធ្វើម្ហូប លួងកូនផង ដាំបាយទុកជូនប្តីមកពីដើរលេងផង។ ជីវិតមនុស្សស្រីដែលត្រូវធ្វើការរកលុយចិញ្ចឹមប្តីចិញ្ចឹមកូនហើយ ពេលមកដល់ផ្ទះក៏ហត់រឿងធ្វើម្ហូប បោកខោអាវ បម្រើប្តីទៀត មនុស្សប្រុសប្រភេទនេះហៅអីទើបសម?  ខ្ញុំមិនចង់នៅជម្រេញ ព្រោះហត់ភ្នែក ហត់ចិត្ត ណាមួយក៏នឹកអាណិតគាត់ដែរ។ តែនេះមិនមែនគ្រួសារទីមួយក្នុងភូមិខ្ញុំទេ ដែលមានមនុស្សស្រីត្រូវលំបាករ៉ាប់រងជីវភាពគ្រួសារទាំងស្រុង ហើយប្តីដើរអាវាសែ ពិសេសធ្វើរឿងឆ្កួត ដល់ជាប់គុក ជាប់ច្រវាក់ ប្រពន្ធខ្ចីបុលគេយកទៅលស់។ ខ្ញុំក៏លាគាត់ តែបងស្រីនិយាយកាត់ខ្ញុំទាំងស្រពោន៖

«បើអាចមានគ្មានអ្នកណាចង់ក្រទេ! បើដកត្រឹមដប់ម្ភៃម៉ឺនដើម្បីសងដើម បងនឹងខ្វះខាតផ្សេងៗទៀត! ណ្ហើយ! យកការហ្នឹងសិនទៅ បើមានបងនឹងឆ្លៀតសង អរគុណហើយ!»

ព្រោះតែខ្ញុំចង់ឱ្យគាត់ចំណេញវិញទេ ទើបគិតធូរ អាចឱ្យគាត់រម្លស់ដើមខ្លះ តែបើគាត់និយាយយ៉ាងនេះហើយ ក៏បណ្តោយទៅ។ ព្រឹកបន្ទាប់ ម៉ែប្រើឱ្យខ្ញុំទៅយកលុយការពីគេទៀត ហើយក៏បានទៅជួបយាយចៅ១០។ គេដាក់ឈ្មោះនេះឱ្យគាត់ព្រោះកូនស្រីទាំងពីររបស់គាត់មានកូន១០នាក់ សុទ្ធតែទុកឱ្យគាត់ចិញ្ចឹម។ យាយចាស់ហើយ អាយុមិនតិច តែវត្តវ៉ា បុណ្យទានមិនសូវបានធ្វើច្រើនដូចគេ ព្រោះរវល់គិតពីក្រពះចៅ។

«លោកយាយ! ទៅណា?» ខ្ញុំឃើញគាត់ប្រឹងធាក់កង់កាត់ភក់ខ្មើតក៏ស្រែកសួរ។ យាយលាត់សំពត់ចុះទាញកង់ចេញពីភក់ ទើបឈប់តបមកខ្ញុំវិញ៖ «យកនំទៅលក់! អាអស់ហ្នឹង មីអស់ហ្នឹងមិនដឹងទៅណាទេ រកប្រើវាមិនឃើញ ចាំតែស៊ីស្រាប់ៗ!»

មាត់គាត់រត់ពាក្យជេរចៅខ្លាំងៗតាំងពីខ្ញុំកើតមកចេះស្តាប់ឮម្ល៉េះ។ តែមិនដឹងបន្ទោសគាត់បែបណាទេ មនុស្សចាស់ម្នាក់ត្រូវធ្វើការគ្មានពេលសម្រាក ដើម្បីតែចិញ្ចឹមចៅៗទាំង១០ ឯពួកគេក៏សុទ្ធតែកំពូលមនុស្សកាត់ទៅម្តាយគ្មានខុស ដើរលេង អត់គិត អត់អាណិតជីដូនចាស់។ ខ្ញុំដើរទៅរើសនំក្នុងកញ្ជើរ គិតថាជួយទិញគាត់ខ្លះ។ ខ្ញុំក៏គ្មានលុយច្រើនដែរ យកការពីបងស្រីបានតែប៉ុន្មានម៉ឺនម្សិលមិញ ក៏ជួយទិញយាយខ្លះទៅ បើគិតមើល គាត់ត្រូវទៅអង្គុយលក់មុខរោងចក្រទាំងថ្ងៃក្តៅចែស អាណោចអធម៌យ៉ាងណា? ឆ្លៀតពេលនោះខ្ញុំក៏បានសួរនាំគាត់ខ្លះតាមដែលឮមក៖

«យាយ! ក្រែងកូនពៅថាយកយាយទៅនៅជាមួយ ម៉េចក៏យាយមិនទៅ?» យាយទម្លាក់ដៃរើនំប្រែស្ងៀមទ្រឹង ខ្ញុំក៏សង្កេតឃើញទឹកមុខគាត់ក្រៀមក្រំ៖

«ទៅបានចេះតែទៅហើយ បានរស់ស្រួលខ្លួន អ្នកណាមកចង់វេទនាបែបនេះ? តែគេមិនឱ្យយាយយកសូម្បីម្នាក់ទៅជាមួយ ហើយបើយាយទៅបាត់ ចុះពួកអស់ហ្នឹង វាបានអីស៊ី? ម៉ែវាក៏អាវ៉ាសែ ឪវាក៏មានប្រពន្ធថ្មីអស់ ពួកវាមិននឹកនាដល់កូនៗនោះទេ»

ខ្ញុំមិនដឹងតបអ្វីទៅគាត់ទេ បើរឿងនេះកើតលើខ្ញុំ ក៏មិនអាចជ្រើសស្រួលខ្លួនឯង ហើយចោលក្មេងៗភ្នែកខ្មៅៗទាំងដប់នាក់ឱ្យវេទនា អត់ឃ្លាន អនាថាដែរ មិនខុសអីពាក្យចាស់ថា«ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង» ពិតណាស់ យាយធ្វើបាបខ្លះបុណ្យខ្លះ ទាំងចេតនាក្តីអចេតនាក្តី គឺប្រឹងឱ្យចៅមានហូប ព្រោះកូនគាត់ទាំងពីរសុទ្ធតែពឹងមិនបានទៅហើយ។ យាយប្រញាប់ចេញទៅលក់ព្រោះខ្លាចមិនទាន់អ្នករោងចក្រចេញពីធ្វើការ។ ខ្ញុំតម្រង់ទៅផ្ទះអ៊ំពុំ តែក៏ក្រឡេកឃើញស្ងួនអង្គុយចុចទូរសព្ទនៅលើគ្រែក្រោមផ្ទះនាង ក៏ឆ្លៀតសួរនាំខ្លះ។

ស្ងួននេះ ម្តាយមានប្តីក្រោយ ឪពុកក៏មានប្រពន្ធក្រោយ ពីមុនកូននេះជាមនុស្សចេះដឹង ស្រួលស្តីប្រដៅ ជាក្មេងម្នាក់ដែលរៀនគួរសមដែរ តែបន្ទាប់ពីគ្រួសារបែកបាក់ទៅ ព្រោះភាពឯកាកណ្តោចកណ្តែងពេក ក៏សេពគប់មិត្តមិនល្អ ហើយបណ្តោយឱ្យខូច លែងរៀនសូត្រអស់។ ក្មេងខ្វះទីពំនាក់ រស់នៅជាមួយមីងនិងយាយដែលមិនយកចិត្តទុកដាក់ វាច្បាស់ណាស់ ផ្លូវដែលគេជ្រើសរើសទៅជាបែបនេះ តែអនាគតយ៉ាងណា គឺគេជាអ្នកទទួលខុសត្រូវបន្ទាប់ ជីវិតគឺបែបនេះ វាមិនល្អឥតខ្ចោះនោះទេ តែវាសនាអាចស្ថិតនៅក្នុងដៃ ហើយយើងម្ចាស់ខ្លួនគឺជាអ្នកជ្រើសរើស។  ស្ងួនមិនអាចរើសកំណើតកើតក្នុងគ្រួសារកក់ក្តៅ មានម្តាយឪពុករស់នៅជួបជុំ តែគេជាអ្នកកំណត់អនាគតខ្លួនឯង ថាបន្តដើរលើផ្លូវខុសឬត្រូវ តតាំងព្រហ្មលិខិតដើម្បីមើលថែខ្លួនឯងឱ្យបានល្អ?

«ថ្ងៃនេះមិនទៅធ្វើការទេស្ងួន?» នាងតូចញញិមដាក់ខ្ញុំ។ រឿងម្យ៉ាងដែលនាងមិនផ្លាស់ប្តូរ គឺនៅញញិមស្រស់ រួសរាយដដែល។

«អត់ផង!» ខ្ញុំដើរទៅជិត ពេលមានឱកាសនៅក្បែរ ទើបខ្ញុំលួចសួរខ្លះពីរឿងហេតុដែលកើតឡើងលើគេកាលពីប្រាំឆ្នាំមុន ដឹងថាវាហួសហេតុ ដែលខ្ញុំមករម្លឹក ខ្ញុំគ្រាន់តែចង់ឱ្យអ្នកបានដឹង រឿងគ្រួសារស្ងួន វាជាកំហុសអ្នកណា? វាជារឿងដែលគួរចៀសវាងបំផុត ក្មេងម្នាក់នេះក្លាយជាកំព្រា ដើមហេតុមកពីអំពើគ្រួសារនិងការផិតក្បត់៖

«ម៉េចក៏ឈប់រៀន?» ស្ងួនសើច មកពីប្លែកដែលសុខៗខ្ញុំមកសួររឿងបែបនេះ។ នាងក្រោកចេញពីគ្រែដើរទៅអង្គុយលើរបងឥដ្ឋកម្ពស់ត្រឹមជង្គង់ក្រោមដើមព្រីងដែលនៅមិនឆ្ងាយប៉ុន្មាន រួចក៏តបមកខ្ញុំវិញ៖ «មានលុយឯណារៀន?» ខ្ញុំដឹងច្បាស់ពីសំណួរខ្លួនឯង ហើយក៏ដឹងមកច្រើនពីបញ្ហាក្មេងស្រីនេះ រឿងរ៉ាវកើតឡើងចំពោះគេ រឿងប៉ាពីរម៉ាក់ពីរ និងបញ្ហាមីងមាមិនសូវរវល់យកចិត្តទុកដាក់ ស្ងួនខ្វះខាតទាំងសម្ភារៈនិងកម្លាំងចិត្ត។ តែដែលខ្ញុំសួរគ្រាន់តែចង់ដឹងពាក្យពិតចេញពីមាត់ក្មេងនេះ។

«ដឹងអត់? ថាបើមិនចេះអក្សរ អនាគតមានតែខំប្រឹងធ្វើការដោយកម្លាំង ហត់នឿយណាស់!»

«បើបានរៀនចេះគ្មានអ្នកណាចង់ល្ងង់ទេ!» ខ្ញុំក៏តវ៉ាជាមួយគេ ព្រោះមិនយល់ស្របទាំងស្រុង៖

«ម៉េចក៏ដើរលេងជាមួយក្មេងមួយក្រុមនោះ មិនចូលសាលា?» គេនៅស្ងៀមមិនតបសំណួរខ្ញុំហើយក៏ឈប់ចុចទូរសព្ទ។ ស្ងួនផ្អែកខ្នងជាប់ដើមព្រីង មុខគេស្រពោន លើកទីមួយហើយដែលខ្ញុំមើលឃើញភាពសោកសៅរបស់គេច្បាស់ក្រៅពីស្នាមញញិមដែលមានមិនចេះដាច់លើទឹកមុខក្មេងស្រីនេះ។ គេនិយាយខ្លីៗឱ្យខ្ញុំស្តាប់៖

«មិនមែនមកពីពួកគេទេ! មកពីខ្ញុំជាអ្នកពឹងពួកគេឱ្យជូនទៅផ្ទះ ព្រោះមិនចង់ដើរម្នាក់ឯង! ដូច្នេះហើយ ពួកគេទៅណាខ្ញុំទៅហ្នឹងទៅ គ្មានជម្រើស!» «ទាំងដែលពួកគេជាក្មេងមិនល្អ គេចសាលា មិនខំរៀន?» គេគ្រវីក្បាលដាក់ខ្ញុំហើយឆ្លើយតិចៗ៖

«ខ្ញុំគិតអីមិនចេញ! វាហួសប្រាំឆ្នាំហើយបងភា ខ្ញុំបកក្រោយមិនបាន! ពួកវាទាំងនោះនៅតែមានម្តាយឪពុកចិញ្ចឹម តែខ្ញុំពេលនេះ…គឺត្រូវធ្វើការរកលុយខ្លួនឯង!» ខ្ញុំបញ្ចប់សំណួរចុងក្រោយទៅគេថា៖

«បើអាចបកក្រោយ ឯងជ្រើសផ្លូវណា?» គេមើលមកខ្ញុំ ហើយទឹកភ្នែកក៏ស្រក់ចុះ។ ក្មេងអាយុ១៨ឆ្នាំហើយ គេច្បាស់ជាយល់ពីអ្វីដែលខ្ញុំចង់និយាយ ព្រោះកូននេះមិនមែនជាមនុស្សរឹងរូសដល់ថ្នាក់ មិនស្តាប់បង្គាប់ ធ្វើខ្លួនផ្តេសផ្តាសដូចម្តាយមីងគេធ្លាប់ស្រែកជេរសឹងតែផ្អើលភូមិថា ក្មេងចោលម្សៀត អនាចារ វាធ្ងន់ពេកណាស់សម្រាប់គេ ដែលប្តូរពីការយកចិត្តទុកដាក់ទៅជាស្តីបន្ទោស គេពិតជាត្រូវការភាពកក់ក្តៅ ហើយមកពីកាលនោះគេអាយុត្រឹម១៣ឆ្នាំ ទើបមិនទាន់រឹងមាំប្រឈមមុខជាមួយបញ្ហាគ្រួសារ។

«ខ្ញុំស្អប់ឈាមប្រឡាក់ដៃដែលប៉ាវ៉ៃម៉ាក់ខ្ញុំ ខ្ញុំស្អប់ពាក្យលែងលះ ស្អប់ពាក្យក្មេងកំព្រា…តែវានៅតែមករកខ្ញុំ…បើខ្ញុំរឹងមាំបន្តិច ចេះដឹងបន្តិច គិតវែងឆ្ងាយបន្តិច ខ្ញុំចង់ធ្វើជាអ្នកផ្សះផ្សារប៉ាម៉ាក់មិនឱ្យលែងលះគ្នាទេ!»

គេដកដង្ហើមធំ ហើយប្រឹងទប់ទឹកភ្នែកមិនឱ្យស្រក់ មិនចង់ឱ្យខ្ញុំមើលឃើញការឈឺចាប់របស់នាងជាងនេះ។ ស្ងួនធ្លាប់មានក្តីស្រមៃចង់ធ្វើជាមេធាវីកាលពីក្មេង នាងសប្បាយចិត្តជាមួយការរៀនសូត្រ អានសៀវភៅ តែចាប់តាំងពីមានរឿងក្នុងគ្រួសារ ម៉ាក់នាងបានចាកចេញ ឪពុកមិនសូវយកចិត្តទុកដាក់ ក្មេងនេះក៏ដើរដល់ផ្លូវនេះ។ គេដើរចេញពីខ្ញុំបាត់។ ខ្ញុំមានតែបន្តដើរទៅផ្ទះអ៊ំពុំ ដើម្បីទៅយកលុយការដែលគាត់ជំពាក់។ ឃើញខ្ញុំដើរទារលុយការអ៊ីចឹង មិនមែនថៅកែចងការលុយ ក៏មិនមែនមេបំណុលអីធំដុំដែរ ផ្ទះខ្ញុំមិនមែនជាអ្នកមានទេ តែម៉ែខ្ញុំតែងត្រូវអ្នកភូមិបោកខ្ចីលុយហើយមិនសង មកតែពីគាត់ចូលចិត្តអាណិតគេហ្នឹងឯង ហើយអ្នកទាំងនោះ មិនមែនអ្នកដទៃឯណា សុទ្ធតែជាប់សាច់សារលោហិតជីដូនជីតាមក។ ខ្ញុំក៏បានដើរកាត់ដីផ្ទះទីទួលមួយកន្លែងដែលម៉ែធ្លាប់និយាយប្រាប់ ហើយក៏ជាផ្ទះដែលម៉ែធ្លាប់ដាក់ទំនាយព្រោះគាត់ឈឺចិត្តពេក។

«យកចុះ! ហើយត្រូវចាំថា អ្នកដែលលោភលន់របស់ទ្រព្យអ្នកដទៃរស់នៅមិនបានសុខទេ! កុំចាំបាច់ជាតិក្រោយ ជាតិនេះឯង កម្មសងភ្លាមៗ!»

ខ្ញុំដើរទៅកាន់តែកៀក ក៏ឃើញសោផ្ទះនោះចាក់ឈឹង ស្មៅដុះស៊ប់ទ្រុបដូចគ្មានមនុស្សនៅយូរហើយអ៊ីចឹង។  ប្លុកនេះនៅឆ្ងាយពីភូមិណាស់ដែរ អ៊ំពុំទើបរើមករស់នៅ ក្រោយពីលក់ផ្ទះក្នុងភូមិហើយសល់លុយខ្លះទិញដីម្តុំនេះមកពីគាត់ជំពាក់គេច្រើនពេក។ ខ្ញុំឈរមើលមួយសន្ទុះទើបអ៊ំពុំដើរមកពីណាមិនដឹងគាត់ហៅខ្ញុំ៖ «សុភា?» ខ្ញុំងាកទៅរកគាត់មិនទាន់ទាំងនិយាយផង គាត់ក៏សួរមកភ្លាម៖

«មកយកលុយការមែន?» ខ្ញុំញញឹមមិនឆ្លើយ។ អ៊ំពុំក្រឡេកភ្នែកមើលទៅផ្ទះមីងសាវ ដែលសង់ឡើងលើដីទួលពីដើម ជាដីម្តាយខ្ញុំ ហើយគាត់ក៏និយាយឡើង៖

«វាទទួលកម្មវាហើយ! របស់ទ្រព្យគេ យកមកវាក្តៅក្រហាយអ៊ីចឹង!» ការពិតទៅមនុស្សចាស់ក្នុងភូមិនេះ អ្នកណាមួយដែលមិនដឹងថាដីទួលដើមក្រសាំងមួយដើមហ្នឹង ជារបស់ម្តាយខ្ញុំ ដែលឪពុកគាត់ខំរក្សាកាប់ឆ្ការតាំងពីបែកអាពតមក ហើយព័ទ្ធរបងជាកម្មសិទ្ធ ក៏ធ្វើដូចអ្នកស្រុកដែលចាប់បានដីម្តុំនេះធ្វើជារបស់ខ្លួនដូចគ្នា តែមានតែលោកមេភូមិទេដែលមិនដឹង ហើយថាវាជាដីចំណីថ្នល់?

បើថាដីចំណីថ្នល់ ម៉េចបានដកពីម៉ែយកឱ្យមីងសាវនៅបាន? អ៊ំពុំដើរទៅផ្ទះគាត់ដែលនៅក្បែរនោះ ហើយខ្ញុំក៏ដើរតាមគាត់ពីក្រោយ ទំនងគាត់ចង់និយាយរឿងនេះប្រាប់ខ្ញុំបន្ថែមទៀត។ ខ្ញុំអង្គុយលើគ្រែដោយមិនបាច់ចាំម្ចាស់ផ្ទះអញ្ជើញ។ អ៊ំពុំដើរទៅយកអំបោសទន្រ្ទានខេត្ត ហើយចាប់បោសស្លឹកក្រខុបដែលទុំជ្រុះរប៉ាយមុខផ្ទះ។ គាត់បោសបណ្តើរដឹងថាខ្ញុំអង្គុយចាំក៏និយាយបណ្តើរ៖ «ដំបូងវាឡើងណាស់ ប្រាក់ខែសឹងដល់ពាន់ រកស៊ីជាមួយអ្នកមានបានលុយទាំងខ្ទាស់ ហៅអ៊ំស៊ីស៊ុបផង ដល់ឥឡូវមិនឃើញស្រមោល ឃើញតែអាពួកចងការលុយនិងធនាគារ ជិះមករកឱ្យរពុយ!»

ខ្ញុំចង់ស្តាប់រឿងដីម្តាយខ្ញុំដែលមីងសាវបាននៅហ្វ្រី គាត់ទៅនិយាយរឿងបាបកម្មមីងសាវទៅវិញ គាត់ប្រហែលមិនចង់និយាយអ្វីដែលបានដឹងមកទេដឹង? គាត់កើបសំរាមហើយបន្តនិយាយ៖

«បាបទាន់ហន់ រត់ចោលស្រុកចោលកូន មិនដឹងទៅដល់ណាហើយទេ!» ខ្ញុំប្រុងនឹងហាមាត់សួរគាត់ហើយ ក៏មានសំឡេងមួយនៅមុខរបងផ្ទះ៖

«អ៊ំពុំអើយ ទៅទិញគោបងនឿនទេ នុះគេកាប់ថ្មីៗ គោស៊ីថង់ក៏ស្លាក់ងាប់ សាច់ស្រស់ៗល្អណាស់!»

«អើ…!» អ៊ំពុំឆ្លើយតែមួយម៉ាត់សោះ អ៊ំលីមក៏ដើរចូលមក។ គាត់ញញិមហើយសួរខ្ញុំ៖ «មករកអីសុភា?» ខ្ញុំមិនដឹងឆ្លើយថាម៉េច បើថាមកយកលុយការពីអ៊ំពុំដូចហួសហេតុពេក ដូចហែកហួរថាអ៊ំពុំជំពាក់លុយម៉ែខ្ញុំ តែបើសិនជាខ្ញុំមិនឆ្លើយដូចគ្មានសុជីវធម៌ ខ្ញុំក៏តបទៅគាត់ថា៖ «មករកអ៊ំពុំអ៊ំ!» គាត់មើលមុខខ្ញុំចង់សួរបន្ថែម តែអ៊ំពុំគាត់ដើរមកអង្គុយលើគ្រែហើយបែកទៅប្រធានបទផ្សេង។ គាត់សួរទៅអ៊ំលីមថា៖

«ហើយគេឱ្យជឿដែរលីម?»

«បើចាំតែលក់យកលុយសុទ្ធមានតែទុកហូបខ្លួនឯង ឬយកទៅលក់នៅផ្សារហើយ ខ្ញុំជឿដែរតើ! គោធំដែរហ្នឹងបង ជួយទិញគាត់ខ្លះទៅ» ខ្ញុំតាមថាមិនសូវចង់អង្គុយស្តាប់ពួកគាត់និយាយគ្នាប៉ុន្មានទេ ក៏ដឹងថាគ្មានប្រធានបទអ្វីក្រៅពីនិយាយដើមអ្នកស្រុកដែរ តែឱ្យលាគាត់ទៅម៉េចកើត បើលុយការដែលមកយកមិនទាន់បានផងហ្នឹង មានតែទ្រាំសិនទៅ។ ហើយក៏ឮអ៊ំលីមខ្សឹបៗមកមែន៖

«ដឹងរឿងកូនបងធាត្រូវចោប្លន់ដែរ?» ខ្ញុំភ្ញាក់បើកភ្នែកធំ តែអ៊ំពុំធ្វើធម្មតា គាត់ទំនងដឹងរឿងមុនអ៊ំលីមទៅទៀត។ កូនអ៊ំធាមានតែម្នាក់ទេ គាត់ធ្វើការរោងចក្រ ហើយប្តីគាត់ជាអ្នកលក់សាច់ជ្រូកនៅមុខផ្លូវចូលផ្សារ ប្រហែលមកពីគាត់ក្រោកទៅយកសាច់ជ្រូកព្រឹកព្រហាមពេក ទើបជួបរឿងបែបនេះ។ តែខ្ញុំបែរឃើញអ៊ំពុំពេបមាត់៖

«បើថាមិនដឹងរឿងទេ សួរអញនេះវិញទៅលីមអើយ!» «ហាក…ម៉េចវិញទៅបង? អាអូនហ្នឹងសំណាងហើយដែលចោរវាមិនយកទាំងម៉ូតូ ពេលឆក់កាបូបលុយទៅ វាដួលរយៈជើងតែបន្តិច!» អ៊ំពុំនៅបន្តពេបមាត់ហើយឆ្លើយឡើង៖

«ហ៊ើយ…វាបោកបានតែអាអ្នកល្ងង់ទេកាលីម! វាមិនដែលអាណាចោរប្លន់ដួលរលាត់ជើងតែបន្តិចអ៊ីចឹងទេ បើជ្រុលវាប្លន់ឯងហើយ ម៉ូតូហ្នឹងវាទុកឱ្យឯងជិះមកផ្ទះដែរមែន? អីក៏ល្ងង់ម្ល៉េះ បើគ្មានមនុស្សផងហ្នឹង?» គាត់នៅរអ៊ូប្រកែកមិនព្រមនិយាយចំៗធ្វើឱ្យខ្ញុំតាមស្តាប់នេះអន្ទះសាក្រៃ។ តែខ្ញុំក៏យល់មិនខុសពីអ៊ំពុំដែរ ករណីនេះ ដូចមានរឿងអ្វីលាក់បាំងអ៊ីចឹង ឬក៏មកពីអ៊ំលីមដែលជាអ្នកយកការនេះមិនច្បាស់រឿង?

«ព្រឹកមិញ ប៉ូលិសមកចាប់រោងអាប៉ោងផ្ទះហ៊ាម៉េង អញក៏បានទៅមើលគេដែរ ហើយក៏បានដឹងរឿងហ្នឹងមក អាធីកូនមីធាចាញ់បោសគូថខោយប់មិញអស់ជិតពីរលាន ហើយវាបានលុយពីណា? មិនលុយលក់សាច់ជ្រូកហ្នឹង វាអស់អាលុយដើម ក៏កុហកម៉ែក្មេកវាថាចោរប្លន់ទៅ! ប្រពន្ធវាទៅមាត់អី បើប្តីប្រពន្ធលេងល្បែងស្មើដៃគ្នា អស់រនូតរនាបឯងមិនមើលទេ?»

«អូ…! អ៊ីចឹងទេបង? ខ្ញុំនេះខំតែជឿគេស្លុង ហើយនៅថាសំណាងល្អ ដែលមនុស្សមិនអី ម៉ូតូមិនបាត់ទៀត!» អ៊ំលីមភ្លាត់មាត់វែងអន្លាយ ខ្ញុំរកសើចដែរ តែប្រឹងទប់ នឹកដល់ពូធីអីក៏ចេះល្បិចបោកម៉ែក្មេកសាហាវយ៉ាងនេះ? «ម៉ាស្រុកនេះ អ្នកធ្វើការរោងចក្របានប្រាក់ខែច្រើន មានតែពីរនាក់ប្តីប្រពន្ធវាហ្នឹងទេ ព្រោះសុទ្ធតែឋានៈមេគេ អញប្រាប់ទៅ បើកលុយខែសរុបម្តងហោចណាស់មួយពាន់បីរយដុល្លារដែរ ច្រើនណាស់អាលីម កូនអញល្មមៗមួយខែចូលគ្នាបានតែជាងប្រាំរយទេ តែមកពីវាហ្នឹងអត់គំនិត លេងល្បែងទាំងប្តីទាំងប្រពន្ធ ទើបឡានក៏គេអូស ហើយអាដីផ្ទះហ្នឹងក៏ជំពាក់គេវ័ណ្ឌក កំពុងតែលក់ឡៃឡុងហើយ!»

«មែនតើបង! ដឹងហើយឮហើយ ថាអាល្បែងហ្នឹងវាគ្មានកំណើតទេ ហើយប្រឹងយកលុយឱ្យគេធ្វើអី?»

«អញបានប៉ូលិសសម្អាតផ្ទះហ៊ាម៉េងទៅល្អណាស់ ព្រោះបើនៅបើកបនហ្នឹង អាចោរស្រុកចោរអំបែង កុំថាឡើយធុងទឹកកកអញមួយមុខផ្ទះ ថ្ងៃមុនឪឡឹកអញបីផ្លែក៏វាលួចបាត់ដែរ ពួកអាអស់នេះ!»

អ៊ំលីមខិតជិតអ៊ំពុំបន្តិចនិយាយបន្ថែម៖ «ថាទៅ កូនស្រីបងធាហ្នឹងអត់គំនិតណាស់!»

«អើ! បើគំនិតវាបាន មិនមែនប្តីមុនគេលែងទេ! គេថាសំណាបយោងដី ស្រីយោងប្រុស វាយោងអីរួច បើងប់តែនឹងបៀរ អាប្រុសល្អណាគេមកយកវាកើត? ទាល់តែមកត្រូវគ្របណាឆ្នាំងហ្នឹងអ៊ីចឹងហើយ!» អ៊ំលីមក៏ប្រឹងចាក់បន្ថែម៖

«ខ្ញុំកោតតែដេញម្តាយមីងចេញពីផ្ទះទេបង!» «មនុស្សវារមិលគុណ រកស៊ីមិនឡើងទេ! អញជឿបុណ្យបាប សាងល្អបានល្អ សាងអាក្រក់បានអាក្រក់! ម្តាយមីងមេម៉ាយម្នាក់ខំចិញ្ចឹមវាតាំងពីតូច គ្រាន់តែស្តីប្រដៅរឿងវាលេងល្បែង វាដេញចេញពីផ្ទះ? យីន៎! នែ…ម៉ាពេលម្តាយវារត់ចោលបាត់ បើមិនបានមីងម្នាក់ហ្នឹងទេ វាអនាថាមិនដឹងដល់ណាទៅហើយ តែមើលចុះ មើលចរិតវាធ្វើដាក់អ្នកមានគុណចុះ!»

ហ៊ឹម…អ៊ំលីមដកដង្ហើមធំ ហើយគាត់មើលមុខគ្នាស្ងៀមមិនស្តីទាំងអស់គ្នា។  គិតទៅប៉ិនណាស់ ចាស់ៗក្នុងស្រុក អង្គុយជុំគ្នាពេលណាអត់ស្ងាត់មាត់សោះ បើបានចប់មួយហើយចូលមួយប្រធានបទទៀតមិនចេះអស់ តែ…វាជារឿងគ្រួសារគេទេ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ និយាយពីគេអ៊ីចឹង តែគេឮគង់បានឈ្លោះគ្នាប្តឹងប្តល់អត់ចប់ឡូវហើយ គេសាងអីទទួលហ្នឹងទៅ។ វីវរបានជេរដោយទាំងខ្ញុំមិនដឹងរឿងដែរទៅ? ខ្ញុំក៏រហ័សចុះពីគ្រែពាក់ស្បែកជើងញាប់ៗ មិនចង់លូកដៃរឿងនិយាយដើមគេជាមួយចាស់ៗ៖

«អ៊ំខ្ញុំ…!» អ៊ំលីមឃើញខ្ញុំរូតរះប្រុងទៅវិញ គាត់ក៏ស្រាប់តែលាអ៊ំពុំមុនខ្ញុំ៖

«ហ៊ឹមបង…ម៉ោងកូនមកពីធ្វើការល្មម! ខ្ញុំទៅធ្វើម្ហូបសិនហើយ!» «អើ!» អ៊ំពុំឆ្លើយអ៊ីចឹង អ៊ំលីមក៏ដើរចេញទៅបាត់។

ខ្ញុំគិតថាបាននៅតែពីរនាក់ទើបស្រួលសុំលុយគាត់បន្តិច តែមើលទៅគាត់ដូចមិនសូវខ្វល់ប៉ុន្មានពីរឿងយកលុយការឱ្យខ្ញុំ។ អ៊ីចឹងឯង ខ្ញុំមិនមែនអ្នកមាត់ប្រៃមកទារលុយកោកៗដូចគេ ទើបម៉ែក៏មិនសូវចង់ប្រើខ្ញុំដែរ ព្រោះដឹងចរិតកូនគាត់ច្បាស់ ហើយជាងមួយម៉ោងហើយ នៅមិនទាន់បានអាលុយដប់ម៉ឺនហ្នឹងយកទៅឱ្យម៉ែផង នៅត្រូវតាមមើលអ៊ំពុំច្រត់ចង្កេះ ហើយទាញឆ្នាំងខ្មៅអូញរបស់គាត់ ដូចមិនដែលមានអ្នកដុសសម្អាត យកទៅលាងដាំបាយទៀត។ គាត់ឃើញខ្ញុំឈរមើលមិនមាត់គាត់ក៏និយាយដោយមិនខ្ចីមើលមុខខ្ញុំ៖

«ប្រាប់ម៉ែឯងទៅសុភា អ៊ំប្រហែលឆក់មួយខែនេះសិន អត់បានឱ្យការទេ ចាំខែក្រោយអ៊ំឱ្យម្ភៃម៉ឺនសរុប! ខែនេះរកតែលុយឱ្យថ្លៃម្ហូបគេមិនគ្រប់ផង ព្រោះអាលោកកូនកំពូលនោះ វាទារទិញទូរសព្ទ អាម៉ាកថ្លៃ ភ្នែកបួនភ្នែកបីវាស្អីគេនោះ វាមិនឱ្យប្រាក់ខែអ៊ំទេ!»

អុញ!!! ចុងក្រោយអត់បានលុយទេ? យូរហើយគាត់មិនប្រាប់ទេ ឱ្យខ្ញុំអង្គុយស្តាប់គាត់ឡើងមួយថ្ងៃចុងក្រោយប្រាប់ថាជំពាក់សិនដដែល? ខ្ញុំមិនដឹងថាម៉េច បើគាត់និយាយអ៊ីចឹងហើយ មានតែតាមហ្នឹងទៅហើយក៏លាគាត់ដើរទៅផ្ទះវិញ។ គិតទៅកូនប្រុសគាត់ក៏មិនណយដែរ តែស្តាប់គាត់និយាយពីគេចុះ មាត់ឱ្យស្រួច។ ដ្បិតអីអ៊ំពុំគ្មានប្តីដើរលេងមិនជួយធ្វើការដូចបងនី មិនកំព្រាចិញ្ចឹមចៅច្រើនដូចយាយចៅ១០ ហើយមិនព្រាត់ប្រាស់កំព្រាដូចស្ងួន តែគាត់ក៏មានកូនមិនស្តាប់បង្គាប់ នាំឱ្យលំបាកចិត្តដែរ។ ជីវិតនេះមានតែរឿងមិនចេះចប់សោះ តែខ្ញុំគិតថាទាំងអស់នេះវាសុទ្ធតែមានដំណោះស្រាយ ស៊ីសងលើយើងជាអ្នកជ្រើសរើសឬសម្រេចចិត្តនោះទេ បើប្តីបងនីចេញធ្វើការរកប្រាក់ជួយប្រពន្ធ គាត់ក៏មិនជំពាក់អីម្ភៃសាមសិបម៉ឹនប៉ុណ្ណឹងរាប់ឆ្នាំដែរ បើកូនស្រីទាំងពីររបស់យាយចៅ១០ ចេះគិតពីអនាគតកូន ក៏មិនគួរទុកគ្នាចោលកណ្តោចកណ្តែងបែបនេះ ហើយរកស៊ីស្មើដៃគ្នា យាយចាស់ចំណាស់នេះ ក៏មិនគួរវេទនាបែបនេះដែរ បើមីងសាវមិនលោភលន់ពេក គាត់ក៏មិនបាច់ត្រូវរត់ចោលស្រុក ចោលកូន ឯស្ងួន បើគ្មានអំពើហឹង្សានិងការផិតក្បត់ ក៏ឪពុកម្តាយនាងមិនបែកគ្នា ស្ងួនក៏មិនក្លាយជាក្មេងកំព្រា កម្សត់បែបនេះ ឯកូនអ៊ំធា បើមិនងប់ល្បែងក៏មិនបាច់ត្រូវកុហកម្តាយរឿងចោរប្លន់ ហើយអ៊ំពុំវិញ អ្នកណាក៏ដឹងថាគាត់ស្រលាញ់កូនពៅនោះស្ទើរស្លាប់ដែរ សុខចិត្តចំណាយលុយប្រាក់ខែមួយខែដើម្បីទិញទូរសព្ទទំនើប អត់លុយទិញម្ហូប ហើយនៅជំពាក់ម្តាយខ្ញុំឌុបខែទៀត ហ៊ឹម… នេះគ្រាន់តែលើកមកប៉ុន្មានគ្រួសារនៃរឿងអ្នកស្រុកដើម្បីឱ្យទាំងអស់គ្នាពិចារណា បើសិន វាគ្រាន់តែបើសិន បើមិនចង់ឱ្យបើសិន គិតមុនចាំគូរ

ពីខ្ញុំលោកម្ចាស់ ចង់ស្តាប់រឿងបាបបុណ្យ និងរឿងបញ្ហាអ្នកស្រុកទៀត ជួយផ្តល់យោលបល់ខ្ញុំផង៕