សារមន្ទីរចិន – Meysansotheary

រឿង៖ សារមន្ទីរចិន
នៅឯសង្កាត់ជាយក្រុងមួយដ៏ស្ងាត់ជ្រងំ គ្របដណ្តប់ទៅដោយវាលនិងដើមឈើធំៗ ទិដ្ឋភាពគ្រប់យ៉ាង​ក្រៀមក្រំ ឯខ្យល់អាកាសក៏ក្តៅនិងស្ងួត។

ទីនេះជាសំណង់បាក់បែកនៃអតីតសារមន្ទីរមួយ អ្នកស្រុកគេហៅតៗគ្នា​ថា «សារមន្ទីរចិន»ទីនេះ​គេស្គាល់ថា ជាអតីតកម្មសិទ្ធិនៃដង្ខៅចិនម្នាក់ល្បីឈ្មោះ គឺកុងហៃ។

កាលពីឆ្នាំ១៩៣៤ កុងហៃជាឈ្មួញដ៏មានស្តុកស្តម្ភ។ គាត់បានសម្រេចចិត្ត​សង់ទីនេះ ដោយប្រមូលបណ្តាគំនូរចិន វត្ថុសិល្បៈចាស់ៗ និងអនុស្សាររត់លូនពីស្រុកចិនមកកកើតគ្រួសារនៅកម្ពុជា។ គាត់គ្រាន់តែសង្ឃឹមថា​នឹងមានការសិក្សា​ច្បាស់ទៅសម័យក្រោយៗ អំពើប្រវត្តិនៃការរត់មកផ្ញើវាសនាលើដីខ្មែរ ដោយជនជាតិចិនដែលគេចទុរ្ភិក្ស។

ទោះបីជាយ៉ាងណា មណ្ឌលសារមន្ទីនេះ ត្រូវបានគេបោះបង់ចោលអស់ប៉ុន្មាន​ទសវត្សរ៍មកហើយ។ ប្រវត្តិសាស្រ្តពិតរបស់វា បានត្រូវលាក់បាំងដោយស្ងាត់ ព្រោះអ្នកពាក់ព័ន្ធស្លាប់អស់។ គ្រួសារជំនាន់ក្រោយរបស់កុងហៃ មិនមាន​តម្រុយនៅរស់រាន​វិលមករកកម្មសិទ្ធិដីធ្លីវិញទេ។

អាថ៌កំបាំង និងការពិតនៃសារមន្ទីរនេះ ក៏ត្រូវបានបំភ្លេចចោលដោយពេលវេលា។

ទោះយ៉ាងណា  អ្នកស្រុកក្បែរៗបាននិយាយដោយខ្សឹបខ្សៀវថា គ្រួសារកុងហៃត្រូវរងនូវបណ្តាសា អប្រិយមួយក្រោយពេលសាងសង់សារមន្ទីរនេះ។ ដីនេះ ជាកន្លែងដែលមាន​ស្រមោលខ្មៅ ហើយមានអ្នកនៅរស់សល់ ដឹងឮពីអតីតកាលដែលមាន​ព្រលឹងវិលវល់វង្វេងអន្ទងនៅរក្សា​យាមកាម មិនឱ្យអ្នកណាបៀតបៀនព្រោះពួកគេ​មិនអាចទៅចាប់កំណើត​និងស្ថិត​ក្នុងភាពអស់សង្ឃឹមអស់កលជានិច្ច។

មានការចងក្រងទុកនៅទីស្នាក់ការឃុំចាស់មកថា ជាច្រើនទស្សវត្សរ៍មុន សារមន្ទីរចិន គឺជាពន្លឺនៃការសិក្សារបស់សមាគមចិនជំនាន់ក្រោយក៏ ជាជម្រកសម្រាប់ក្មេងៗកំព្រាជាច្រើនរាប់ដែលមិនមានឪពុកម្តាយ។

កុងហៃ បានឱ្យ​​ស្រី្តម្នាក់ឈ្មោះ ម៉ីហួង ដែល​មានដើមកំណើតចិន ចេះអក្សរចិន​ជ្រៅជ្រះ និង​​មាន​ចិត្ត​សប្បុរស មកគ្រប់គ្រងទីនេះ។

ភ្ញៀវខ្មែរនិងបារាំងបានបណ្តាក់គ្នាមកទស្សនាទីនេះ ស្តាប់ប្រវត្តិចិនដែលរត់មកខ្មែរសាងទីលំនៅ តស៊ូបាតដៃទទេ​និងទុកជាប្រាក់ អំណោយបរិច្ចាគជួយក្មេងៗផងដែរ។

​ប៉ុន្តែនៅពេលស្រុកយើង ធ្លាក់ក្នុងសង្គ្រាមស៊ីវីល សារមន្ទីរចិននិង មណ្ឌលកុមារកំព្រាបានធ្លាក់ចុះទៅក្នុងវិបត្តិហិរញ្ញវត្ថុដូចគ្នា។ ក្នុងសភាពដ៏ទ្រុឌទ្រោម អតីតកាលដ៏លំបាករបស់វាបានត្រូវគេលបទម្លាយជាច្រើនរូបភាព។

នៅឆ្នាំ២០២៤នេះ ក្នុងយប់ថ្ងៃសុក្រ យុវវ័យដែលនិយមផ្សងព្រេងថតវីដេអូ​រកលុយលើអ៊ីនធើណេត បានយកសារមន្ទីរដែលមាន​អាថ៌កំបាំងព្រឺព្រួចនេះ​ជាគោលដៅថតរកលុយ​។

ក្នុង​ចំណោម​នោះ​មានទាំង​នារី​វ័យ​ក្មេងដែលព្រហើននិងចង់ល្បីផងដែរ នាងឈ្មោះនូណា។ នូណា​ជាម្ចាស់ Vlog ល្បីមួយឈ្មោះថា Your world។ នាងតែងនិទានរឿងបន្លាចក្មេង ឱ្យ​​ចង់​ដឹង​ចង់​ឮ ហើយរកលុយ​បាន​យ៉ាងច្រើនលើ Youtube ។

​នូណា​ ​តែង​តែ​មាន​ការ​ចាប់​អារម្មណ៍​នឹង​រឿង​ខ្មោច ថតមកបន្លាច និងសើចចំអកលើបណ្តា​រឿងនិទាន​នៃ​អបិយជំនឿ។

យប់នេះនាងបានបបួល មិត្តស្រីស្រលាញ់ស្រីរបស់នាង​គឺ ខឹះ និងប្រុសៗពីរនាក់គឺ នីអូ និង សុភៈ។  ពួកគេទាំងបួនជិះកូនឡានមួយ​មកដល់នៅម៉ោងជិត៧យប់ ប្រដាប់ដោយកាម៉េរានិងភ្លើងសម្រាប់ថត។

អ្នកស្រុកនៅមាត់ផ្លូវបានហាមប្រាមថា ចាំភ្លឺចាំទៅថត តែពួកគេបានត្រឹមសើចចំអកហើយឡើងឡាន​ចាក់ភ្លេងញាក់ឮៗ បញ្ជាចង្កូតងូងៗទៅរកគោលដៅ។

ប្រមាណជា១០គីឡូម៉ែត្រពួកគេបត់ចូលផ្លូវលំ ដែលអមដោយរុក្ខជាតិចាស់ៗនិងងងឹតស្លុប។ នៅពេលពួកគេមើលឃើញ​ទ្រង់ទ្រាយនៃអគារបាក់បែកដែលត្រូវបោះបង់នោះ  ព្រោះពឹងលើផ្លេកបន្ទោរប៉ុណ្ណោះ។

«យើងឈប់ឡានសិន! ថតមួយប្លង់សិន ពីនេះទៅអេម! ធានាថាខ្លាច!»

នាង​បញ្ជាហើយឈានចុះមុនគេដោយក្លាហាន។ ភាពត្រជាក់មួយវឹប បានបក់បោកមកប៉ះស្បែកនូណា។

«ស្អី? ព្រឺសម្បុរ?»

នូណាសើច ខណៈ នីអូស្ពាយកាម៉េរាមកក្បែរ ឯនាង​ខឹះកំពុងលេបទឹកសាបក្អឹកៗ។

«អញចង់នោម!»

សុភៈស្រែក តែគេមិនទៅឆ្ងាយទេព្រោះគ្រប់យ៉ាងងងឹត។

«នាំគ្នា​នោមឱ្យអស់ហើយទៅ! ប្រយ័ត្នទៅដល់ក្នុងសារមន្ទីរលេចមិនបាច់ប្រឹងវ៉ី!» ខឹះថាហើយសើចក្អាកក្អាយ។

ស្នាមបះមួយ ប្រេះនៅលើស្បែករបស់ខឹះ។ នាងឈប់សើចហើយឱនមកពិនិត្យ​ស្បែកខ្លួនព្រឺដូចសម្បុរគីង្គក់។  បេះដូង​របស់ខឹះចេញសញ្ញា​​លោតព្រោះគេឃើញអ្វីម្យ៉ាង។

ទាំង​ញាប់​ក្នុង​ទ្រូង​ដោយភាព​រំជើបរំជួល ​​ភាព​ភ័យ​ខ្លាច​បាន​បំពេញសព​សរសៃ​ឈាម​របស់​នាងព្រោះនាងញីភ្នែកយ៉ាងណានៅតែមើលឃើញ។

នៅលើដំបូលនៃអាគារអតីតសារមន្ទីរនាងឃើញសង្សារខ្លួន គឺនូណាកំពុងតែឈរញញឹម​មុនពេល​លោតចុះក្រោម។

ខឹះងាកមកសម្លឹងខ្នង​នូណាដែលកំពុងពិនិត្យ​កាម៉េរា។ ខឹះមួលដបទឹកទុក ហើយលែងមាត់កអ្វី។ នេះជាបេសកកម្មដំបូងមួយ ដែលនាង​មានអារម្មណ៍ចម្លែក។

«តស់! ស្រូត!»

នូណាបញ្ជា ក្រោយនីអូបានថតចប់ប្លង់ពីឆ្ងាយ។ ពួកគេ​ចូលឡានវិញ បិទទ្វារគ្រឹបៗ ខណៈខឹះនៅស្ងៀមត្រិះរិះអ្វីម្នាក់ឯងលែងនិយាយស្តី។

«ម៉េច?» សុភៈយកកែងដៃអុកខឹះដែលធ្មឹង។

ខឹះមិនមាត់ មិនហ៊ានប្រាប់អារម្មណ៍ពិតទេ ខ្លាចបីនាក់ទៀតសើចចំអកឱ្យ ។ នាង​ធ្វើជាបែរទៅសួរនីអូ៖

«ថតមិញ​ឡូយទេ?»

«កប់!» នីអូញញឹម។

«ធានាម៉ាញាក់សាច់!» គេបន្ថែម។

ខឹះមិនមាត់ព្រោះគេឃើញអ្វីម្យ៉ាងនៅលើដងផ្លូវ។ ទោះឡានបោលញាប់ តែគេជឿថា បានឃើញ​មនុស្សស្រីពោះធំរត់យំម្នាក់ឯងកណ្តាលយប់ស្ងាត់?

ស្អី?

គេបែរក្រោយ​តែងងឹតស្លុបមើលអ្វីមិនឃើញឡើយ។ អ្វីមួយចម្លែកកំពុងមានឥទ្ធិពលលើចិត្តគំនិតរបស់ខឹះដែលជាស្រីស្លៀកពាក់បែបប្រុស ហើយមិនដែលចុះញ៉មខ្លាចអ្វីឡើយ។

ឡានឈប់!

នូណាស្ទុះក្រោកចេញយ៉ាងញាប់ដដែល វាជាចរិតនាងជាមេដឹកនាំក្លៀវក្លា។ ខឹះសម្លឹងទ្វារឈើដ៏ធ្ងន់ដែលបានថ្ងូរគួរឱ្យេព្រឺនៅពេលនីអូនិងសុភៈរុញវារបើក។

ខឹះស្ពាយភ្លើង និងឃើងកាម៉េរា ឯនូណាកំពុងថតមិនសំច័យ។

ដោយបង្ហាញផ្ទៃខាងក្នុងងងឹត ដែលគ្រប់យ៉ាង​ហាក់ដូចជាបាន​កកគាំងតាមពេលវេលាខឹះចាប់ផ្តើមបាញ់ភ្លើង ដែលជាការងារធម្មតារបស់ខឹះ។ នៅខាងក្នុង នូណាកំពុងញញឹមស្រូបផ្តិតទិដ្ឋភាពគ្រឿង​សង្ហារឹមបុរាណរចនាបទចិន ​ដែល​ខូច​ខាត និង​របស់របរសេះឈើដែល​ក្មេងជិះ​លេងត្រូវបានពុករោយ ​និងស្ថិតក្នុងសភាព​បោះ​ចោល​រាយ​ប៉ាយ​ពេញ​ឥដ្ឋ។ មាន​ស្នាមកាកសំណល់​នៃ​គំនូរ រហែក ពុក កខ្វក់ និងលេចឡើងស្រមោលនៃជីវិតចាស់ជំនាន់មុនសង្គ្រាម​​ដែលទីនេះ ​ធ្លាប់​មានមនុស្ស​ជំនាន់ដើម​រស់​នៅ​។

«ចាស៎! នេះឯងសារមន្ទីរចិនដែលគេល្បីថា ជាសារមន្ទីរ…ខាបវិញ្ញាណគ្មានអ្នកណាហ៊ានមកចាស៎ ឥឡូវបងនូណាមកហើយ មកដល់ពិតៗ ម៉ោង៧យប់ប្អូនៗ!»

«ចូល!»

នូណាងាកមកបញ្ជាអ្នកបាញ់ភ្លើង ធ្វើឱ្យខឹះឈានចូល ដោយមាន​នីអូមកជួយទទួលជើងភ្លើង​មួយសម្រាលទម្ងន់ខឹះ។

សន្សឹមៗអ្នក​ផ្សងព្រេងបានរុលកាន់តែជ្រៅទៅក្នុងអតីតមណ្ឌលកុមារកំព្រានិងសារមន្ទីរ។  ជំហានរបស់ពួកគេលាន់ស្នូរឆឹបៗ បន្លឺបន្តផ្ទួនព្រោះសាលទទេ។

សន្ធឹក​ ខ្យល់​ក្រាស់បោលមកបំប៉ើងសក់នូណា បង្ហាញ​​អារម្មណ៍​នៃ​ការសៅហ្មង ដែលមិនចង់​ស្វាគមន៍ពួកគេមករុករាន​មណ្ឌល​នេះ។

«វាជាសន្ធឹកខ្យល់មកតវ៉ា​នឹង​ការ​ឈ្លានពាន​របស់​យើង»

សុភៈចំអក ខណៈសាច់អាវស្តើងរបស់គេប៉ោងឡើងដូចសប់។

«ឈប់លេងទៅ!» ខឹះកម្លា។

នូណា​ងាកមកសម្លឹងសង្សារព្រោះចម្លែកនឹងចរិតប្រុងប្រៀបរបស់ខឹះ។ ទាំងបីនាក់ទ្រាំមិនបាន​សើចខឹកចំអកឱ្យខឹះ។

«មេឱ្យស្ងាត់ ស្ងាត់ទៅវ៉ី!»

នីអូ​បុកដៃសុភៈ។

នៅពេលដែលពួកគេកំពុងចំអន់គ្នាលេង នូណា​រកជញ្ជាំងអាក្រក់បំផុតមកឈរថត  ហេតុការណ៍ចម្លែកបានចាប់ផ្តើមកើតឡើងក្នុងគំនិតខឹះព្រោះទ្វារជាន់លើដែលជះមកចំពីមុខពួកគេ​ហាក់របើកយឺតៗ​ដោយខ្លួនឯង។

«ខ្យល់!» នូណាពន្យល់ប្រាប់ខឹះពេលសម្លឹងទៅលើ។

នីអូសម្លឹងដែរខណៈសុភៈសើចចំអកឮៗ។ បន្តពីសុភៈ…ជាសំឡេងសើចចំអកលាន់មករំពងពីចម្ងាយអន្លាយៗ និងខ្ទរ។

នូណាងាកមកសុភៈ ឃើញបីនាក់នេះចំហមាត់មើលមុខគ្នា​ព្រោះពួកគេបានឮដូចៗគ្នាហើយនូវស្នូរសើចរបស់ក្មេងៗបានបន្លឺឡើងតាមច្រករបៀងស្តាំនិងឆ្វេង អុកឡុក ខ្ទរឡើងៗ។

ខ្មោច…លង!

ខឹះបន្លឺញ័រមាត់។

នូណាស្លេកបន្តិច ព្រោះវាមិនសមថាមានក្មេងមកលេងសើចលងពួកគេ? ដើម្បីយកឈ្នះលើការសង្ស័យនិងការភ័យខ្លាចខឹះនាងធ្វើជាកម្លា៖

«ថតសំឡេងហ្នឹងមក!  ពីរោះ !!!ព្រឺ! ធ្វើបានល្អ!»

ថាហើយ នាង​ឈាន​ដើរឡើង សំដៅខាងលើ តែត្រូវខឹះទាញដៃឃាត់។

«ថតក្រោមបានហើយ!»

នូណា​ងាកមកសង្សារ​ហើយផ្ទុះសំណើចខឹក។

«កុំប្រមាថ!» ខឹះបញ្ជា។

នូណា​ទម្លាក់ទឹកមុខហើយងក់ក្បាល។

«ខ្ញុំមើលបន្ទប់នោះ!»

សុភៈចង្អុលទៅបន្ទប់ខាងស្តាំពោរពេញដោយគំនូរសត្វពាហនៈ និងតុក្កតាដែលបាក់បែក។

គេដើរទៅ ខណៈខឹះរេសម្លឹងតាមព្រោះនូណា​ដើរទៅរ៉ុយតាមសុភៈ។

ខឹះញ័រជើង ពេលឃើញ​ កែវភ្នែករបស់សត្វទាំងនោះរេតាមនូណាគ្រប់ចលនា។

«ស្អី?»ខឹះសួរខ្លួនឯងតែគាំងមិនចេញសំឡេងទេ។

«មើលនៀក!»

នាង​ងាកទៅនីអូដែលភ័យនិងភ្លាត់។​ នីអូកំពុងបញ្ចាំងលើជញ្ជាំងនៅជ្រុងម្ខាងឆ្វេងនៃបន្ទប់ធំ។

រូបថតចាស់ៗជាច្រើននៅសល់។ ភាគច្រើន​ជារូបភាពក្រុមកុមារដែលគូរដូចសម្តែងល្ខោនហ៊ីចិន។

នីអូធាក់ថយ…ព្រោះក្នុង​ចំណោម​ពួក​គេ​មាន​ក្មេង​ស្រី​ម្នាក់ ​ដែល​មាន​កែវ​ភ្នែក​ខ្មៅគ្មានប្រស្រីកំពុង​កាន់ផ្លិតមូល ដែល​រហែក​ធ្លាយ។ មុខនាងគឺនូណា។

ពីនេះទៅ ខឹះបានញ័រ​ខ្លួន គាំងចលនា ព្រោះ​ក្មេងស្រីបានញញឹម​ហើយលូកដៃមកមានម្រាម​វែងស្រួច ទាញច្របាច់ក អូសនាំនីអូចូលទៅក្នុងភាពងងឹត។

ខឹះចំហមាត់សម្លក់ភ្លើងដែលដួលធ្លាក់មកលើឥដ្ឋ។

ភ្លើងបែក លាន់សូរស្រួយស្រឹប តែពន្លឺមិនបាន​រលត់​ទេ។

ភាពព្រឺសម្បុររត់ចុះ​មក​តាមចង្អូរឆ្អឹងខ្នង​របស់ខឹះ  ហើយឈានទីណាមិនបានព្រោះបន្ទប់ទាំងមូលហាក់បីដូចជា រងថាមពលពីពិភពផ្សេង កក ត្រជាក់និងគាំង។

ជួយផង! នូណា ភៈ!

នាងស្រែកឡើងតែមិនឮអ្វីចេញពីមាត់ខ្លួនទេ។ ត្រចៀកនេះឮតែសំលេងខ្សឹបៗរបស់ក្មេងៗដែលចោមព័ទ្ធ៖

«អ្នកគ្រូអើយ! ឃ្លានណាស់!»

ពួកគេ​វេទនា​និងត្រូវបានគេបំភ្លេចចោល ពួកគេ​រស់ក្នុងសេចក្តីប្រាថ្នាឱ្យពិភពលោកចងចាំពួកគេផង។

នៅពេលដែលខឹះខំ​ងាកទៅរក ទ្វារស្តាំដែលនូណា​និងសុភៈកំពុងថត គេ​ហាក់ដូចជាឮស្នូរគោះទ្វារ និងសម្រែក​នូណា៖

«ទេ!!! ជួយ!!! »

ភ្លើងពួកគេធ្លាក់មកលើឥដ្ឋដូចគ្នា ចាំងជះមកក្រៅ ចំមុខរបស់ខឹះ។ ខឹះមិនអាចមើលពួកគេឃើញទេ។

«ជួយផង!»

ជាសំឡេងនារីចិនម្នាក់ មានផ្ទៃពោះ ឈរលើជណ្តើរ។ ខឹះទម្លាក់គ្រប់យ៉ាង ទៅលើឥដ្ឋព្រោះរាងកាយគេខ្សោយ។

គេទន់ជើងនិងដួល។

គេនៅមើលឃើញ…ពួកចិន​ជាទាហាន ចាប់ក្រៀក​ស្ត្រីមានផ្ទៃពោះ ដាក់ទៅក្នុងកញ្ច្រែងដែលគេទុកក្រុងសត្វជ្រូក។

«ជួយផង!»

គ្រប់យ៉ាង ហាក់បីដូចជា គន្លឹះនៃអាថ៌កំបាំងដែលកប់ទុកយូរមកហើយរបស់មណ្ឌលកុមារកំព្រានិងសារមន្ទីរនេះបានអណ្តែតមកឱ្យខឹះមើលឃើញ។

គេឃើញ​បុរសចំណាស់ស្តុកស្តម គ្រងព្រែខ្មៅពីលើដល់ចុងជើង និងមាន​អមដោយប្រពន្ធជាច្រើនឈរធ្មឹងពីក្រោយខ្នង​។ ក្នុងចិត្ត​ខឹះ បុរសនោះគឺកុងហៃ។

សំឡេងបុរសនោះនិយាយជាភាសាប៉ៃឡាំៗថា៖

«គ្រប់គ្នាគិតថា វាជាសារមន្ទីរ តែតាមពិតវាជាទីដែលមានវិញាណពួកយើង នៅជាមួយគ្នាអស់កប្ប»

ពីថ្ងៃនោះមកគ្មានអ្នកណាបានឃើញ​នូណានិងក្រុមរបស់នាងទៀតទេ៕