សិស្សស្រីដែលទើបមកដល់ – Meysansotheary

រឿង៖ សិស្សស្រីដែលទើបមកដល់
«កើតរឿងធំហើយសាក់ណា!»

ខ្ញុំឮសំឡេងស្លន់ស្លោ ហើយក៏ឃើញមិត្តរួមថ្នាក់ស្រែកឆោឡោនាំគ្នារត់ប្រសាចទៅជាន់ខាងលើ។ អ្វីមួយកំពុងកើតឡើងដូចនឹងសំឡេងផៃមិត្តសម្លាញ់ខ្ញុំជ្រែកមនុស្សទាំងនោះសំដៅមករកខ្ញុំផងស្រែកផង៖

«វីវរហើយ! កល្យាណធ្លាក់ពីលើកាំជណ្តើរ!»

«ម៉េចបានទៅជាអ៊ីចឹង?»

សំណួរម៉ាចសួរទៅផៃទាំងដៃញ័រទទ្រើក ខ្ញុំឯណេះក៏ស្ងាត់មាត់និយាយអ្វីមិនចេញរង់ចាំតែស្តាប់ព័ត៌មានដែលមិត្តរៀបរាប់បន្ថែម៖

«បក្ខពួកកល្យាណប្រាប់ថា…ជាស្នាដៃសិស្សថ្មី!»

ខ្ញុំជ្រុះប្រអប់ប៊ិកធ្លាក់ខ្ចាយទៅលើដី។ បេះដូងចាប់ផ្តើមលោតកន្រ្តាក់ ញើសជើងសក់សៀតស៊កហូររហាមទាំងព្រឹកព្រលឹម រម្លឹកខ្ញុំទៅនឹងសុបិនកាលពីយប់ដែលឱ្យហេតុ។

ទីនេះជាបន្ទប់«9F» ជាថ្នាក់បន្ទុករបស់ខ្ញុំ តែមេឃងងឹងហើយ គ្មានអំពូលភ្លើង គ្មានមនុស្ស ម្តេចខ្ញុំមកធ្វើអីថ្មើរណេះ?

គ្មានសិស្ស គ្មានគ្រូ ក៏គ្មានកម្មវិធីអ្វីដែរ តែសំឡេងសើចមួយស្រាប់តែបន្លឺឡើងល្វើយៗក្នុងត្រចៀក…

«អ្នកណា?»

ខ្ញុំព្រឺក្បាលហើយប្រឹងរត់…តែមិនស្មានថាទោះជារត់ចេញពីបន្ទប់នេះច្រើនដងយ៉ាងណា ក៏នៅតែវិលមកវិញនៅកន្លែងដដែល។

បេះដូងខ្ញុំចាប់ផ្តើមញ័ររន្ធត់ ដៃជើងហាក់ស្ពឹកសូម្បីចង់ដើរចេញពីបន្ទប់នេះទៅបរិវេណខាងក្រៅក៏ធ្វើមិនបាន។ អ្វីមួយកំពុងនៅពីក្រោយខ្នងខ្ញុំ តែខ្ញុំមិនអាចងាកក្រោយ ក្រៅពីខំទប់ស្មារតីប្រឹងឈានជើងសន្សឹមបន្តិចម្តងៗទាំងទឹកភ្នែកស្រក់រហាម…

ខ្ញុំត្រូវខ្មោចលង…

«ប៉ា…ជួយកូនផង…»

ខ្ញុំនឹកហើយក៏ស្រែករកប៉ានៅក្នុងចិត្ត ទោះដឹងថាសំឡេងក៏ត្រូវគាំងស្តីមិនចេញ ស្របនឹងសំឡេងមនុស្សសើចមិនបានបាត់ពីបន្ទប់នៅឡើយ។

ស្រមោលខ្មៅផុសនៅចំពោះមុខ​ ខ្ញុំដួលហើយប្រឹងថយរំកិលខ្លួនរហូតទៅប៉ះតុ៖

«ខ្មោច…!»

«សាក់ណា…សាក់ណា…!»

ខ្ញុំអរណាស់ ព្រោះស្រាប់តែបានឮសំឡេងប៉ា។ ខ្ញុំបានប្តូរពីហៅស្រីខ្មោចនោះទៅរកជំនួយពីប៉ា ហើយព្យាយាមប្រើកម្លាំងចុងក្រោយដែលខ្សោយបំផុតក្នុងខ្លួនប្រឹងរាដៃឡើង បើសិនជាប៉ាបានឃើញ គាត់ច្បាស់នឹងអាចជួយខ្ញុំ។

«ប៉ា…ជួយកូនផង…!»

ហើយជាលើកទីពីរសំឡេងប៉ាខ្ញុំលាន់មកទៀត…

«សាក់ណា…ក្រោកឡើងកូន…»

ព្រោះតែសំឡេងប៉ាដែលធ្វើឱ្យខ្ញុំនៅមានសង្ឃឹម ថាអាចរួចផុតពីភាពរន្ធត់តក់ស្លុតនេះ ខ្ញុំក៏ព្យាយាមស្ទុះក្រោកប្រឆាំងនិងភាពខ្មៅងងឹតដែលនៅចំពោះមុខ។

ទីបំផុតខ្ញុំអាចបើកភ្នែក ហើយឃើញប៉ានៅអង្គុយក្បែរ។ ដៃគាត់អង្រួនខ្ញុំ។ សំឡេងមួយដែលខុសពីសំណើចខ្មោចនោះបានលាន់ឡើងធ្វើឱ្យខ្ញុំភ្ញាក់។ ខ្ញុំផ្ទៀងស្តាប់ ហើយទើបដឹងថាការពិតជាសំឡេងនាឡិកាលើក្បាលដំណេកដែលតែងដាស់ខ្ញុំរាល់ថ្ងៃ?

ខ្ញុំយល់សប្តិជាលើកទី២?

តែច្បាស់ណាស់ ខ្ញុំដាក់ម៉ោងរោទម៉ោង៥ ម៉េចបានមករោទ៍ម៉ោង៦? ឬក៏សុបិននោះ ធ្វើឱ្យខ្ញុំខ្លាចសឹងស្តាប់មិនឮ? តែយ៉ាងណាខ្ញុំបានធូរទ្រូងដូចដកថ្មដែលសង្កត់ពេលឃើញច្បាស់ថាវាជាបន្ទប់គេងខ្ញុំ ឯអម្បាញ់មិញ គ្រាន់តែជាយល់សប្តិអាក្រក់ប៉ុណ្ណោះ។

ខ្ញុំសម្លឹងមុខប៉ា ទាំងដែលភាពភ័យខ្លាចអម្បាលម៉ានមិនអាចលាក់បាំងពីភ្នែកគាត់ឡើយ។

ប៉ាសួរខ្ញុំទាំងបារម្ភ៖

«ម៉េចក៏ក្រក្រោក? យល់សប្តិអាក្រក់ ឬមិនស្រួលខ្លួន?»

ឃើញសភាពក៏គាត់ដឹង ព្រោះខ្លួនខ្ញុំជោកដោយញើសទាំងដែលម៉ាស៊ីនត្រជាក់ពេលកណ្តាលយប់ ខ្ញុំក្រោកបើកសឹងអស់លេខទៅហើយ។

«អត់អីទេប៉ា! គ្រាន់តែជាយល់សប្តិប៉ុណ្ណោះ!»

ប៉ាក្រោកដើរទៅបើកបង្អួច ខ្ញុំក៏រហ័សបត់ភួយហើយប្រឹងធ្វើស្វាហាប់មិនឱ្យគាត់ដឹងក្នុងចិត្តគិតរន្ធត់នឹងសុបិននោះកម្រិតណា វាជាយល់សប្តិច្បាស់មិនអីហើយសម្រាប់ខ្ញុំ តែប៉ាជាអ្នកជឿអបិយជំនឿ ជាមនុស្សឃើញអរូបនោះញឹកញាប់ ខ្ញុំខ្លាចគាត់ដឹង ហើយកាន់តែបារម្ភ។

កាលម៉ាក់នៅរស់បានប្រាប់ខ្ញុំថា កាលប៉ានៅក្មេងធ្លាប់ត្រូវព្រលឹងវិញ្ញាណលេងសើច ហើយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរព្រោះលោកយាយលោកតាបានសែនបោកបណ្តេញវាចេញ ទាំងដែលគេនោះចាត់ទុកប៉ាជាមិត្តរបស់គេ និងចង់យកប៉ាទៅ ទើបប៉ាចេះតែខ្លាចថាខ្ញុំ អាចនឹងដូចគាត់ពីក្មេង។

តែមិនស្មានថាប៉ាស្ងប់ស្ងាត់ ហើយនិយាយមកខ្ញុំទាំងមិនបានដេញដោលពីយល់សប្តិនោះសូម្បីបន្តិច៖

«ងូតទឹកស្លៀកពាក់ទៅ ប៉ាទៅធ្វើអាហារពេលព្រឹកឱ្យ!»

ប៉ាដើរចេញពីក្នុងបន្ទប់ ស្របពេលដែលសំឡេងរថយន្តបានលាន់ឡើងកាត់តាមរយៈបង្អួចដែលប៉ាបានបើកហើយក៏ជាលោកពូខ្ញុំ ដែលត្រូវមកទទួលខ្ញុំទៅសាលារាល់ថ្ងៃ។

កន្លះម៉ោងក្រោយ ខ្ញុំចុះពីបន្ទប់ដើម្បីទៅហូបអាហារដែលប៉ាបានធ្វើ ហើយក៏បានឮដោយចៃដន់ពីការសន្ទនារបស់ពូនិងប៉ា៖

«បងមានអារម្មណ៍ចម្លែកចំពោះរឿងហេតុដែលកើតឡើងលើក្មេងស្រីនោះ!»

សម្តីប៉ាធ្វើឱ្យខ្ញុំភាំង ហើយក៏ត្រូវតែស្ងាត់បំផុតដើម្បីលបស្តាប់បន្ត។ មូលហេតុដែលកល្យាណមិត្តរួមថ្នាក់ខ្ញុំធ្លាក់ពីលើកាំជណ្តើរកាលពីម្សិលមិញ មានទាក់ទងនឹងរឿងងងឹត?

«បងគិតច្រើនពេក ឬក៏បងបានឃើញអ្វីមក?»

«បងមិនច្បាស់! តែមិនចង់ឱ្យអ្នកណាមកពាក់ព័ន្ធជាមួយសាក់ណា! ជាពិសេសគេ…»

«អ្នកណា?»

ប៉ាស្ងាត់មាត់លែងនិយាយព្រោះគាត់ក្រឡេកឃើញខ្ញុំ។

ពូចាប់ទាញចានស្រាក់ពីលើតុដោយមិនចាំប៉ាឆ្លើយពីអ្វីដែលគាត់បានសួរ ហើយគាត់ប៉ះស្មាប៉ាថ្នមៗចេតនាមិនចង់ឱ្យប៉ាគិតច្រើននិងបារម្ភពេក។ យ៉ាងណា ប៉ាពិតជាបានគិត ហើយគាត់ចង់លាក់បាំងមិនឱ្យខ្ញុំបានដឹងពីអ្វីដែលគាត់បានដឹង។

ខ្ញុំអង្គុយធ្មឹងនៅក្នុងឡានតាំងពីចេញពីរបងផ្ទះ។ ខ្ញុំមានរឿងជាច្រើនចង់សួរពូ តែខ្ញុំកំពុងគិតមិនយល់ថាហេតុអី អ្នកដែលត្រូវយល់សប្តិឃើញហេតុទាំងនោះគឺជាខ្ញុំ? ខ្ញុំមានពាក់ព័ន្ធអ្វីជាមួយអ្នកណា ហើយតើនឹងមានរឿងអីកើតឡើងបន្តទៀតនៅសាលារៀនខ្ញុំ? វាពាក់ព័ន្ធអ្វីនឹងសិស្សស្រីថ្មីដែលទើបតែមកដល់?

«កុំភ្លេចបាយព្រឹក!»

ខ្ញុំដឹងថាគាត់បន្លប់ព្រោះមិនចង់ឱ្យខ្ញុំសួរនាំ តែយ៉ាងណាខ្ញុំមិនអាចបិទភ្នែកបិទត្រចៀកធ្វើមិនខ្វល់សោះនឹងរឿង

ទាំងនេះដែលបានកើតឡើងដែរ។

«ពូ! ពេលនេះគេយ៉ាងម៉េចហើយ?»

គាត់សម្លឹងមុខខ្ញុំមិនឆ្លើយ ព្រោះដឹងថាខ្ញុំនឹងសួរដល់អ្វីដែលគាត់បាននិយាយជាមួយប៉ា តែការលាក់បាំងរឿងទាំងអស់នេះពីខ្ញុំ មិនមែនជាសុវត្ថិភាពដែរ បើមិនដឹងអ្វីសោះ ខ្ញុំម៉េចនឹងអាចការពារខ្លួនបាន?

ពួកគាត់ទាំងពីរច្បាស់មិនអាចតាមការពារខ្ញុំ២៤ម៉ោងនោះទេ ម្យ៉ាង បើគេចង់លេង គេនៅទីងងឹត យើងនៅទីភ្លឺ ខ្ញុំត្រូវតែដឹងដើម្បីបានត្រៀម និងការពារខ្លួន។

«ក្មេងស្រីនោះនៅមិនទាន់ដឹងខ្លួនទេ! តែបើសួរពូដើម្បីចង់ដឹងបន្ថែមពីរឿងប៉ាឯងបានមើលឃើញអ្វីនោះ ពូមិនដឹងទេ! យ៉ាងណាឯងត្រូវប្រយ័ត្នសាក់ណា កុំនៅស្ងាត់ម្នាក់ឯងនៅសាលាឱ្យសោះ!»

ខ្ញុំមិនទាន់បានសួរផងក៏ត្រូវគាត់គំរាមមុនបាត់។

«ក្រែងម្សិលមិញពូបានសួរនាំមិត្តភក្តិខ្ញុំនៅសាលាហើយ?»

«មានសាក្សីនៅពេលកល្យាណធ្វើបាបគេ តែគ្មានអ្នកណាបានឃើញសិស្សថ្មីនោះរុញច្រានកល្យាណដូចដែលមិត្តនាងចោទប្រកាន់ទេ! វាអាចជាឧបទ្ទវហេតុ ហើយអ្វីដែលសំខាន់ គេមានសាក្សីិមិននៅកន្លែងកើតហេតុ! ក្មេងស្រីនោះចូលចិត្តធ្វើបាបគេណាស់?»

«កល្យាណជាក្មេងស្ទាវ! នាងអាងអំណាចទឹកលុយឪពុក មិនសូវចេះគោរពអ្នកណាទេ! ចូលចិត្តសម្លុតធ្វើបាបសិស្សស្រីក្នុងសាលា​…នូជាសិស្សថ្មី ទើបនឹងមកបានពីរថ្ងៃ ត្រូវក្រុមកល្យាណលេងយ៉ាងចាស់ដៃទៅហើយ តែមិនស្មានថាគេត្រូវចួបរឿងបែបនេះ!»

«ធ្វើល្អបានល្អ! លួងលោមមិត្តដទៃកុំឱ្យបារម្ភពីរឿងហ្នឹងពេក ពូមានភារកិច្ចត្រូវទៅសាលាឯងពីរបីថ្ងៃទៀតដែរ ឃើញមានត្រង់ណាមិនប្រក្រតីត្រូវឆាប់ប្រាប់ពូ!»

«ចាស!»

ខ្ញុំឱ្យពូឈប់ឡាននៅមុខក្លោងទ្វារសាលាព្រោះមិនចង់ឱ្យមានអ្នកដឹងកាន់តែច្រើន ថាខ្ញុំមានពូជាប៉ូលិស ហើយកំពុងកាន់រឿងក្តីនេះ។ គាត់ក៏បន្តបើកទៅមុខការិយាល័យដើម្បីចួបលោកគ្រូនាយក។

ផៃនិងម៉ាចនៅតែបន្តស៊ើបរឿងនេះហើយយកមករាយការណ៍ប្រាប់ខ្ញុំ ព្រោះថ្ងៃនេះមកសាលាយឺតមិនបានគោរពទង់ជាតិ ខ្ញុំខកខានព័ត៌មានខ្លះ ទើបចេញលេងមិនទាន់ពួកគេមកខ្សឹបប្រាប់៖

«សាក់ណា! ឯងស្គាល់សីហានៅថ្នាក់ 10K ទេ?»

«សីហា 10K? អូ! ជាបងជីដូនមួយកល្យាណ?»

«ត្រូវហើយ! ថ្ងៃនេះគេ…!»

ម៉ាចបិទមាត់ផៃមិនឱ្យបន្ត ហើយងាកសម្លឹងមើលទៅនូដែលកំពុងឱនក្បាលទ្រោបគេងលើតុ។ គេទាញដៃខ្ញុំទាំងពីរនាក់រត់ចេញទាំងស្លន់ស្លោទៅក្បែរត្រពាំងក្រោយសាលា។

«ពួកឯងយ៉ាងម៉េច?»

«នាងផៃ សូមអង្វរឯង នៅនឹងមុខសិស្សថ្មីនោះ សុំកុំនិយាយចេះដឹងច្រើនពេក!»

«អើ! យើងភ្លេច!»

អាផៃងាកក្រោយយ៉ាងប្រុងប្រយ័ត្ន ដូចខ្លាចនូត្រូវតាមមក។ ពួកគេអាថ៌កំបាំងកាន់តែធ្វើឱ្យខ្ញុំនៅមិនសុខ៖

«មានរឿងអីកើតឡើង? បងជីដូនមួយកល្យាណកើតអី?»

«គឺ…គេគ្រោះថ្នាក់ចរាចណ៍ស្លាប់ព្រឹកមិញបាត់ហើយ!»

«ថាម៉េច?»

ខ្ញុំស្រាប់តែព្រឺក្បាលខ្ញាក ហើយមានអារម្មណ៍ត្រជាក់មួយវឹបពីក្រោយខ្នង។ ខ្ញុំងាកសម្លឹងភ្លាមតាមអារម្មណ៍ដែលបានប៉ះដោយកម្លាំងវាយោមិនដឹងទិស។ ម្តេចរាល់ពេលឱ្យតែឮដំណឹងអ្នកណាគ្រោះថ្នាក់ ខ្ញុំតែងមានអារម្មណ៍ចម្លែក ដូចមានអ្នកណាកំពុងព្យាយាមនិយាយអ្វីនៅជាប់ត្រចៀក?

មិនដឹងកម្លាំងអ្វីបណ្តាលឱ្យខ្ញុំត្រូវបែរទៅមាត់កំពង់ទឹកដែលមានកូនស្ពានតូចទុកសម្រាប់សិស្សចុះដងទឹកស្រោចដំណាំ។ ខ្ញុំធ្មេចភ្នែក ហើយផ្ទៀងស្តាប់អ្វីម្យ៉ាងកំពុងរសាត់មកក្បែរត្រចៀក។

សំឡេងសើច????

ខ្ញុំស្លុងអារម្មណ៍ទៅនឹងសំណើច វាដូចទៅនឹងការយល់សប្តិរបស់ខ្ញុំបេះបិទ ជើងខ្ញុំស្រាប់តែឈានទៅមុខទាំងគ្មានការគ្រប់គ្រង តែភ្លាមក៏ឮសំឡេងមិត្តទាំងពីរ៖

«សាក់ណាឯងទៅណា?»

ខ្ញុំត្រូវអ្នកទាំងពីរចាប់ដៃជាប់ តែមើលទៅពួកគេហាក់គ្មានប្រតិកម្មដឹងថាខ្ញុំកំពុងខុសប្រក្រតីសោះ ដឹងត្រឹមថាខ្ញុំឈានជើងទៅមុខ ទើបពួកគេសួរ។

ពួកគេមានបានឮសំឡេងដូចខ្ញុំទេ? តែមើលសភាពទៅ ច្បាស់មិនដឹងអីទេ ទើបខ្ញុំបន្លប់មិនហ៊ាននិយាយពីអ្វីដែលខ្ញុំបានឮឱ្យពួកគេដឹង!»

«ទៅអង្គុយក្រោមម្លប់នោះវិញ!»

ខ្ញុំឈានដើរទៅអង្គុយលើបង់ក្រោមដើមស្តៅធំមួយនៅចំហៀងត្រពាំងទឹក ហើយពួកគេក៏ដើរតាមពីក្រោយ។ ផៃក៏បន្តដំណឹងពីបងប្អូនជីដូនមួយរបស់កល្យាណ។

«ឯងដឹងទេ? ព្រឹកមិញមានពាក្យចចាមអារាមថា ព្រោះតែពួកគេពីរនាក់បងប្អូនហ្នឹង បានធ្វើបាបសិស្សស្រីកាលពីម្សិលម្ងៃ អ៊ីចឹងហើយទើបត្រូវចួបរឿងផ្ទួនគ្នាបែបនេះ»

ម៉ាចស្រាប់តែបះរោមច្រាកពេញដៃហើយនិយាយទាំងខ្លាច៖

«ហ៉ើយ! គួរឱ្យខ្លាចណាស់នាងផៃ! គេច្បាស់ចេះអីហើយ!»

«ឡប់សតិ! ពួកឯងកុំចេះតែកាត់ស្មានផ្តេសផ្តាស វាជារឿងចៃដន់ប៉ុណ្ណោះ!»

មាត់ខ្ញុំធ្វើជាបន្លប់ជេរដូចមិនជឿណាស់ណាពីរឿងអបិយជំនឿទាំងនេះទាំងដែលខ្លួនឯងកើតក្នុងគ្រួសារដែលធ្លាប់ចួបផ្ទាល់។ គឺខ្ញុំពិតជាបារម្ភពីពួកគេ ខ្លាចមានធ្លោយមាត់ នាំរឿងដាក់ខ្លួន។

«ឡប់ស្អី? ឯងដឹងទេសាក់ណា? មានអ្នកបានឃើញផ្ទាល់ភ្នែក ម្សិលម្ង៉ៃ ក្រុមកល្យាណបានចាក់ទឹកម្ទេសលើសំពត់សិស្សថ្មី ហើយក៏លួងបបួលធ្វើជានាំនាងនៅផ្លាស់នៅបន្ទប់ទឹក ទាំងដែលការពិត ពួកគេបានត្រៀមបងជីដូនមួយឱ្យស្ទាក់ចាំសិស្សថ្មីរួចជាស្រេចហើយ!! ពួកគេអាក្រក់ណាស់! សំណាងហើយដែលសិស្សថ្មីនោះអាចរួចខ្លួនបាន!»

«ពិតជាមានរឿងបែបនេះកើតឡើង?»

«ត្រូវហើយ! ពួកយើងបានដំណឹងព្រឹកមិញមកថា ព្រោះខ្លាចគ្រោះថ្នាក់ដូចកល្យាណ​ ទើបសីហាជិះគេចមិនចង់មកសាលា ដឹងអីក៏ត្រូវចួបគ្រោះថ្នាក់ស្លាប់ភា្លមតែម្តង!»

«កាន់តែស្តែងឯងដឹងទេ? មិត្តភក្តិគេមិនអីទេ ម៉ូតូជិះគ្នាបីនាក់ មានតែគេទេដែលធ្ងន់ដល់ថ្នាក់ស្លាប់! បែបនេះហើយ មិនមែន…ជាពពួកផ្លូវងងឹតទៀតហី?»

ខ្ញុំលែងហើបមាត់និយាយរួចព្រោះភ្នែកកំពុងសម្លឹងឃើញ នូ សិស្សថ្មី ឈរនៅឆ្ងាយពីពួកយើងហើយសម្លឹងមក។ ខ្ញុំស្រាប់តែឃើញគេញញិម ក៏ខំខ្ញាំដៃមិត្តទាំងពីរមិនឱ្យគេបន្តនិយាយអ្វីទៀត។ ផៃនិងម៉ាចឆ្ងល់ដែលខ្ញុំស្រាប់តែស្ងាត់មាត់លែងនិយាយតប ពួកគេនាំគ្នាសម្លឹងឃើញនូ ទើបបាននាំគ្នារត់ពួនក្រោយខ្នងខ្ញុំ។

ភ្នែកខ្ញុំនៅតាមសម្លឹងគេមិនដាក់ឡើយ ព្រោះខ្ញុំមានស្មារតីរឹងមាំជាងមិត្តទាំងពីរ ម្ល៉ោះហើយទើបខ្ញុំមើលឃើញពីការប្រែប្រួលរបស់គេយ៉ាងច្បាស់ មួយភ្លែតសោះ ទឹកមុខគេប្រែពីកាចពុតត្បុត ទៅជាធម្មតា។

គេដើរមកផៃនិងម៉ាចរអ៊ូជាប់ត្រចៀកខ្ញុំ៖

«ចប់ហើយនាងផៃអើយ!»

«ពួកឯងនៅឱ្យស្ងៀមទៅ! កុំមាត់ផ្តាស!»

ខ្ញុំស្តីថាឱ្យពួកគេ ហើយញញឹមបន្លប់ទៅរកនូដែលដើរមកដល់៖

«មានការអីនូ?»

«សាក់ណា! អ្នកគ្រូផ្តាំឱ្យហៅ!»

«អរគុណ! ខ្ញុំទៅឥឡូវហើយ!»

គេញញឹមដាក់ខ្ញុំ ហើយក៏ដើរចេញធម្មតាដូចគ្មានអ្វីចម្លែកទេ។ មនុស្សនេះពូកែសម្តែងទឹកមុខប្រាកដ ឬគេជាមនុស្សមិនប្រក្រតីដូចដែលមិត្តទាំងពីរថាមែន។

ខ្ញុំក៏ងាកទៅសួរពួកគេ៖

«ម៉េចក៏ឯងប្រាកដថាវាជាអំពើងងឹត?»

«មុនពេលសន្លប់ កល្យាណបាននិយាយជាមួយមិត្តគេថា សិស្សថ្មី សិស្សថ្មី… ឯងគិតទៅ? ពេលកល្យាណមានគ្រោះថ្នាក់ គេកំពុងអានសៀវភៅនៅបណ្ណាល័យ ហើយមានមនុស្សជាច្រើនធ្វើជាសាក្សី ឬគេចេះបំបែងកាយទៅកើតសាក់ណា? គឺមានតែអំពើស្អីហ្នឹងហើយ!»

«បានហើយ! ឈប់និយាយទៅផៃ! យើងព្រឺសម្បុរណាស់!»

«ពួកឯងឈប់ដឹងឮរឿងទាំងនេះទៅ! ស្តាប់បាន តែកុំលូកមាត់និយាយអី! ប្រយ័ត្នខ្លួន!»

«ពួកយើងដឹងហើយ!»

ខ្ញុំក្រោកដើរទៅថ្នាក់រៀនវិញ ក៏មានមិត្តទាំងពីរក្រៀកដៃសងខាង តែអ្វីដែលស្មានមិនដល់ គឺខ្ញុំបានឮសំឡេងសើចនោះទៀតហើយ។ វានៅពីក្រោយខ្នង…

ខ្ញុំដើរផង លួចក្រឡេកក្រោយមិនឱ្យមិត្តទាំងពីរដឹងផង ខ្ញុំពិតជាចង់ដឹងណាស់ថាវាជាអ្វី តែសំឡេងសើចក៏បានរលត់ ច្បាស់ណាស់ ពួកគេមិនបានឮដូចដែលខ្ញុំឮទេ ហេតុអី? ម៉េចក៏ខ្ញុំត្រូវចួបរឿងទាំងនេះ?

សំណាងហើយដែលខ្ញុំមិនខ្លាច ព្រោះប៉ាតែងបង្រៀនឱ្យខ្ញុំសូត្រធម៌ការពារខ្លួនរហូត តែម្តេចក៏ខ្ញុំត្រូវជាគោលដៅរបស់ពួកគេ? ឬមកពីខ្ញុំចេះដឹងពីរឿងទាំងនេះ ទើបគេមករកខ្ញុំ?

អ្វីដែលប៉ាបារម្ភ ខ្លាចខ្ញុំដូចគាត់ វាអាចជាការពិតមែនទេ?

ខ្ញុំសំងំគិតក្នុងឡានជិះត្រលប់ទៅផ្ទះវិញជាមួយពូមិននិយាយស្តី កំពុងខ្វល់ខ្វាយណាស់ថា តើគួរប្រាប់ពូនិងប៉ាពីយល់សប្តិ ពីរឿងចម្លែកដែលខ្ញុំបានឃើញនៅសាលាលើសិស្សស្រីនោះដែរឬអត់?

តែពេលនោះលោកពូក៏បានសួរ៖

«ឯងគិតអី? មានអ្វីចង់ប្រាប់ពូ?»

ខ្ញុំបានត្រឹមក្រវីក្បាល ហើយពិតជាចង់ដឹងពីអាការៈរបស់កល្យាណ និងបងជីដូនមួយគេណាស់ តើវាជាគ្រោះថ្នាក់ព្រោះអ្នកទាំងពីរព្យាបាទគេប្រាកដ ឬវាគ្រាន់តែជារឿងចៃដន់?

«ពូ! មានដឹងពីរឿងបងជីដូនមួយកល្យាណដែរអត់?»

«សីហាក្មេងថ្នាក់ទី១០នោះ?»

«ចាស!»

«សាក់ណា! ពូគ្រាន់តែចង់ប្រាប់ឯងថា បើបានឃើញអ្វីមិនប្រក្រតី ឆាប់ប្រាប់ពូនិងប៉ាឯងភា្លម!»

«ហេតុអី? លោកពូក៏គិតថារឿងនេះចម្លែកដែរ? គេស្លាប់យ៉ាងម៉េច?»

«ពួកគេបើកលឿន ធ្លាក់ជង្ហុក តែវាជាផ្លូវលំ មិនសូវមានឡានម៉ូតូទេ! មិត្តគេម្នាក់ឃើញសីហាក្រោកដើរធម្មតា មិនស្មានថាពេលនោះមានឡានមកបុកគេចំពីមុខមួយទំហឹង!»

«ចាប់ឡាននោះបានទេពូ?»

«កំពុងស្រាវជ្រាវ តែដូចជាគ្មានតម្រុយ!»

ហេតុផលជាច្រើនកំពុងចង្អុលទៅលើផ្លូវងងឹតដូចមាត់សិស្សគ្រប់គ្នានិយាយក្នុងសាលាជាងរឿងចៃដន់ ហើយមនុស្សដែលគួរឱ្យសង្ស័យលើអំពើទាំងនេះ គឺសិស្សថ្មី។ ពីមុន អ្នកណាក៏ដឹងថា ក្រុមកល្យាណនិងបងជីដូនមួយគេ ជាមនុស្សចូលចិត្តធ្វើបាបសិស្សដទៃ តែពួកគេមិនដែលមានបញ្ហាឡើយ ហេតុអីតាំងពីប៉ះជាមួយនូ ត្រូវមកចួបគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងនេះ?

តែខ្ញុំគ្មានអារម្មណ៍គិតថារឿងនេះជារឿងអំពើដូចដែលគ្រប់គ្នាគិតទេ ដ្បិតខ្ញុំបានយល់សប្តិដល់ទៅពីរដង និងបានឮសំឡេងមនុស្សសើចនៅត្រពាំងទឹក វាអាចគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំ។ ខ្ញុំមិនបានប្រមាថ គ្រាន់តែមិនជឿថាមានរឿងកើតឡើងដូចលោកប៉ានៅជំនាន់នេះ ជំនាន់ជឿនលឿន វាមិនដូចលោកប៉ាជាង៣០ឆ្នាំមុនឡើយ។

ម្យ៉ាង ក្រុមសមត្ថកិច្ចក៏ធ្វើការលើព័ស្តុតាង ពួកគេមិនដែលគិតថារឿងគ្រោះថ្នាក់កើតឡើងជារឿងអំពើព្យាបាទផ្លូវងងឹតអីនោះទេ បើគ្មានតម្រុយពីជនសង្ស័យ ក៏ប្រហែលលោកពូមិនត្រូវទៅស៊ើបអង្កេតនៅសាលាច្រើនថ្ងៃយ៉ាងនេះដែរ។

ខ្ញុំចង់ដឹង ក៏សាកសួរ៖

«ពូ! បើគ្មានដានពូច្បាស់មិនទៅសាលាខ្ញុំម្តងហើយម្តងទៀតទេ!»

គាត់សម្លឹងមុខខ្ញុំញញិម ហើយបន្តបើកឡានទៅមុខត្រឹមឆ្លើយខ្លីថា៖

«ពូមិនអាចនិយាយអ្វីប្រាប់ឯងច្រើនជាងនេះទេ! តែពូចង់ឱ្យឯងប្រុងប្រយ័ត្ន!»

«ហេតុអី? ពូបានកំណត់មុខសញ្ញាជនសង្ស័យ? ពូទុកឱ្យសិស្សគ្រប់គ្នាគិតថាជារឿងអំពើងងឹត ដើម្បីឱ្យជនសង្ស័យមានការធ្វេសប្រហែស?»

ខ្ញុំគិតត្រូវ? ទើបលោកពូនៅស្ងៀមមិននិយាយស្តី។ ពិតជាមានឃាតករជាមនុស្សម្នាក់ក្នុងចំណោមសិស្ស ហើយអាចជាសិស្សម្នាក់ក្នុងថ្នាក់ខ្ញុំ?

លោកពូស្រាប់តែគំរាម៖

«កុំធ្វើអ្វីផ្តេសផ្តាសសាក់ណា! កុំនិយាយអ្វីប្រាប់អ្នកណា ធ្វើមិនដឹងមិនឮទើបមានសុវត្ថិភាព ឮទេ?»

ខ្ញុំងក់ក្បាលយល់ព្រមជាមួយលោកពូ តែខ្ញុំមិនបោះបង់ទេ។

ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ទៅមនុស្សគ្រប់គ្នានៅក្នុងថ្នាក់រៀន ខ្ញុំធ្វើជាសួរម៉ាចនិងផៃពីរឿងផ្សេងៗពាក់ព័ន្ធជាមួយបងប្អូនគេទាំងពីរនូវអ្វីដែលពួកគេបានឮមក តែនៅតែគ្មានអ្វីគួរឱ្យសង្ស័យឡើយ។

ខ្ញុំឡើងទៅជាន់ខាងលើកន្លែងដែលកល្យាណធ្លាក់តែម្នាក់ឯង។ ស្នូរអ្វីម្យ៉ាងធ្លាក់រមៀលពីលើកាំជណ្តើរ តឺងៗៗ

បីដងក៏ឈប់។ ខ្ញុំប្រឹងស្វែងរករបស់នោះ តែហាក់មិនឃើញមានអ្វីចម្លែកទេ ចុះសំឡេងមកពីណា?

ខ្ញុំរត់ចុះទៅដល់កន្លែងកល្យាណដេកសន្លប់ហើយងាកសម្លឹងមើលទៅខាងលើវិញ សំឡេងផៃនិងម៉ាចក៏លាន់មកជាថ្មីក្នុងការចងចាំខ្ញុំ៖

«មុនពេលសន្លប់ កល្យាណបាននិយាយជាមួយមិត្តគេថា សិស្សថ្មី សិស្សថ្មី… ឯងគិតទៅ? ពេលកល្យាណមានគ្រោះថ្នាក់ នូកំពុងអានសៀវភៅនៅបណ្ណាល័យ ហើយមានមនុស្សជាច្រើនធ្វើជាសាក្សី ឬគេចេះបំបែងកាយទៅកើតសាក់ណា? គឺមានតែអំពើស្អីហ្នឹងហើយ!»

ខ្ញុំក៏នឹកឃើញវិធីមួយ ដើម្បីឱ្យឃាតករពិតបង្ហាញខ្លួន ខ្ញុំមានតែធ្វើបាបនូ?

ខ្ញុំណាត់គេឡើងទៅជាន់ទីពីរ ធ្វើជាពិភាក្សាគ្នាពីរឿងមេរៀន តែការពិត គឺខ្ញុំមានចេតនាចង់ច្រានគេទម្លាក់ពីលើកាំជណ្តើរដូចដែលគេធ្វើដាក់កល្យាណ។

ពេលនូឈានជើងបម្រុងចុះ ខ្ញុំតាំងចិត្តថានឹងច្រានគេ។ ខ្ញុំរាប់ ១ ២ ៣ ហើយធ្មេចភ្នែកលើកដៃច្រាន តែមិនស្មានមានកម្លាំងដៃមួយមករុញខ្ញុំពេញទំហឹងពីក្រោយខ្នង។

ខ្ញុំមិនខ្វល់ពីខ្លួនឯងថានឹងត្រូវធ្លាក់រមៀល តែខ្ញុំប្រឹងងាករកមើលមុខអ្នកណាដែលជាអ្នកតាមការពារនូរាល់ពេលគេធ្វើបាប ហើយខ្ញុំក៏បានឃើញគេមែន…

គេជាសិស្សថ្មី ថ្នាក់10K ដែលទើបផ្លាស់មកដំណាល នូ…គេឈ្មោះ សច្ចះ!!!!

គេញញឹមមកខ្ញុំយ៉ាងគួរឱ្យខ្លាចបំផុត ខ្ញុំមិនដួលរមៀលដល់ក្រោម ព្រោះបាននូចាប់ដៃខ្ញុំជាប់។

ទឹកមុខគេមិនប្រែប្រួលឡើយ បើទោះដឹងថា ការពិតខ្ញុំនិងនូប្រើល្បិច ដើម្បីឱ្យគេបង្ហាញខ្លួន។

ម្សិលមិញខ្ញុំបានសរសេរសំបុត្រមួយលាក់ក្នុងកាតាបនូ គេក៏ដូចគ្នា ចង់ដឹងថាអ្នកណាឃាតកៈនៅពីក្រោយ ហើយព្យាយាមយកឈ្មោះរបស់នាងមកលាក់បាំង ថាជាមនុស្សចេះអំពើងងឹត ពួកយើងក៏យល់ព្រមហើយបង្កើតឈុតឆាកនេះឡើង ដើម្បីបញ្ឆោតគេឱ្យចេញមក។

សច្ចះសើចខ្លាំងៗ សំឡេងគេពិតដូចនឹងសំឡេងដែលខ្ញុំបានឮទាំងនៅមាត់ត្រពាំង និងក្នុងយល់សប្តិនោះបេះបិទ វាកាន់តែធ្វើឱ្យខ្ញុំមិនអស់ចិត្តពីរឿងនេះសោះ ដ្បិតថាឃាតកៈបានបង្ហាញខ្លួនក៏ដោយ។

ខ្ញុំក៏ត្រូវលោកប៉ានាំទៅមន្ទីពេទ្យ ព្រោះគ្រេច-កជើង។ លោកប៉ានៅខឹងមិនព្រមនិយាយរកខ្ញុំទេដែលហ៊ានប្រថុយធ្វើរឿងគ្រោះថ្នាក់នេះ បើសិនមិនសំណាងល្អត្រូវនូចាប់ដៃជាប់ ម្ល៉េះសមពេលនេះ ខ្ញុំដូចកល្យាណដែលសន្លប់ឈឹងមិនដឹងខ្លួនទៅហើយ។

ពេលនោះលោកពូក៏បានមកដល់ដើម្បីសួរសុខទុក្ខខ្ញុំ ហើយគាត់ក៏ឆ្លៀតនិយាយរឿងរបស់សច្ចះប្រាប់៖

«គេតាមនូយូរហើយ តាំងពីសាលារៀនចាស់! គេដឹងនូផ្លាស់មក ក៏ផ្លាស់តាម! គេជាកម្មករបើកឡានដឹកទឹកកក ហើយក៏ជាអ្នកបើកបុកសីហានៅថ្ងៃនោះ! ពូឆែកឆេផ្ទះគេ ឃើញមានរូបថតនូជាច្រើននៅក្នុងបន្ទប់ តែគេមិនព្រមនិយាយអ្វីក្រៅពីញញឹមនិងសើចទេ ឯរឿងធាតុអ្នកណានៅជាមួយគេ ក៏សួរមិនដឹងរឿងដែរ»

«ធាតុ? គេមានធាតុជាប់ខ្លួន?»

«មែនហើយ! និងមាន…!»

«ក្មួយឯងក្រោកយូរហើយ! ឱ្យគេសម្រាកបន្តិចទៅ!»

ប៉ាហាមាត់កាត់ មិនចង់ឱ្យលោកពូបានប្រាប់អ្វីដល់ខ្ញុំទៀតឡើយ។ ឬរឿងទាំងអស់ដែលកើតឡើង ពិតជាមានអំពើរងងឹតនៅពីក្រោយខ្នងមែន?

សច្ចះជាអ្នកណា? គេមានបញ្ហាផ្លូវចិត្តទើបធ្វើរឿងទាំងនេះបាន?

ប៉ាកេះហៅលោកពូចេញទៅក្រៅ គឺចេតនាមិនចង់ឱ្យខ្ញុំបាននិយាយអ្វីជាមួយពូទៀត។ តែពេលប៉ាចេញទៅមុនបាត់ ខ្ញុំក៏ឆ្លៀតសួរពូ៖

«ពូ! ម៉េចបានជាពូសង្ស័យសច្ចះតាំងពីដើម? ហើយពូពិតជាបានដឹងថាខ្ញុំនឹងធ្វើរឿងបញ្ឆោតគេ? ទើបពូទៅទាន់ថ្ងៃនោះ?»

«ព្រោះពាក្យថា សិស្សថ្មី ដែលកល្យាណនិយាយមុនសន្លប់! មិនមែនមានតែនូម្នាក់ទេដែលជាសិស្សថ្មីទើបផ្លាស់មក ពូបានសួរនាយកសាលា ហើយក៏ដឹងថាសច្ចះក៏ជាសិស្សថ្មី ពូដឹងថាឯងនៅមិនសុខ ច្បាស់ជាចង់តាមដានបង្ហាញមុខឃាតកៈ…ព្រោះតែរឿងនេះ ប៉ាឯងបន្ទោសពូណាស់ បើឯងមានអ្វីកើតឡើង គាត់មិនលើកលែងឱ្យពូទេ! អូ! ហើយក៏ព្រោះពូបានរកឃើញគ្រាំអង្កាំខ្មៅគួរឱ្យសង្ស័យមួយនៅក្រោមកាំជណ្តើរ ផ្ទះសច្ចះមានខ្សែកអង្កាំខ្មៅ តែសួរអ្វីក៏គេមិនបង្ហើបឡើយ! ឯងដេកទៅ! កុំឱ្យប៉ាឯងស្តីឱ្យពូទៀតអី!»

ខ្ញុំមិនបានតបទៅគាត់ ព្រោះហាក់ភាំងនឹងពាក្យ «គ្រាប់អង្កាំ» ឬវាជាសំឡេងតឺងៗបីដងដែលខ្ញុំបានឮនៅថ្ងៃនោះ?

អ្នកណាប្រាកដដែលនៅពីក្រោយរឿងទាំងនេះ?