សោយសុខ – Meysansotheary

រឿង៖ សោយសុខ
សោយសុខនៅពេលចាស់ ជាសុភមង្គលធំជាងគេរបស់មនុស្ស ប៉ុន្ដែពេលភ្នែកនៅភ្លឺច្បាស់ រាងកាយល្អល្អះពេញកម្លាំង យើងបានបន្សល់ទុកអ្វីខ្លះសម្រាប់វ័យជរា? គ្រប់គ្នាសុទ្ធសឹងតែចង់សោយសុខពេលរាងកាយទន់ខ្សោយទៅ ទើបនៅពេលនេះមិនថាខ្ញុំ មិនថាគេ ប្រឹងប្រែងធ្វើគ្រប់សព្វសាពើ តស៊ូ​ជារៀងរាល់ថ្ងៃដើម្បីភាពសុខស្រណុកស្រួល អាចហុចដៃឱ្យផលមកវិញ នាគ្រាខាងមុខបន្តិចទៀតនេះ។

សំឡេងក្មេងយំលាន់ឡើងឮកងរំពង ហាក់ឃាត់ដំណើរហាមឪពុកដែលឈរនៅពីមុខវាមិនឱ្យចេញទៅណាឆ្ងាយឡើយ

_ ស៊ីថា…

នាងពរកូនរលាក់ក្នុងរង្វង់ដៃមិនឈប់ ប្រឹងលោមកូនតូចដោយនឹកក្នុងចិត្តថា កុំប្រឹងស្រែកយំធ្វើអី្វកូនអើយ ដ្បិតម៉ែនេះនៅមិនសុខទេកូន ឯងកុំយំប្រណាំងម៉ែអី!

ម្ដាយលួងកូនមិនឱ្យលោះ ហើយក្រឡេកភ្នែកសម្លឹងអ្នកជាប្តីដែលកំពុងតែកាន់បង្វិចបម្រុងតែនឹងចាកចេញទៅហើយ គេទៅដោយគ្មានចម្លើយឡើយ ថាអ្នកនឹងត្រលប់មកវិញពេលណា

_ បងទៅហើយអូន…មើលថែខ្លួន មើលកូនឱ្យល្អណា!

តំណក់ទឹកភ្នែកថ្លាយង់ដែលនាងព្យាយាមបាំងបិទ កំពុងធ្វើឱ្យចិត្តប្តីអាណិតអាណោចខ្លោចចិត្ត កូនតូចនៅតែស្រែកយំមិនព្រមឈប់

_ បង…បងកុំទៅអី ខ្ញុំអត់ចង់ឱ្យបងទៅទេ!

_ បងបងគ្មានជម្រើសទេ! ព្រោះយើងកើតមកពេលស្រុកចលាចល ហើយពេលនេះស្រុកទេសត្រូវការបង បងជាកូនប្រុស បងត្រូវតែទៅ!

_ តែ…

រៀមតបដោយសង្វេគក្នុងទ្រូងពេកកន្លង ចំណែកនួនល្អងអារម្មណ៍អួលណែនហាក់ពាល់មិនត្រូវ បើប្រាប់ទៅក៏គ្មាននរណាយល់បាន

_ បងសំ!

មិនទាន់ទាំងហាមាត់ឃាត់ប្តីផង សំឡេងនេះមកកាត់ផ្តាច់រាល់ការស្រណោះអាឡោះអាល័យទាំងអម្បាល​ម៉ាន​ចោលគ្មានសល់

_ ដល់ពេលហើយបង តស់យើងទៅ!

គ្រប់គ្នាក៏សម្លឹងទៅបុរសមាឌមាំពេញកម្លាំងរូបនេះព្រមគ្នាដោយកែវភ្នែកស្ងួតស្ងប់ ម្ល៉ោះហើយបុរសជាប្តីក៏ទាញក្រវាត់មនោសញ្ចេតនាទាំងអស់ចោលភ្លាម

_ បងដឹងហើយសុខ!

នាយស្រដីដោយក្រឡេកមើលមុនប្រពន្ធនិងកូនដែលយំកម្រើកខ្លួនរវើកមិនឈប់ជាចុងក្រោយ

_ បងទៅហើយស៊ីថា…ចប់សង្រ្គាមយើងនឹងបានសុខហើយអូន! ទ្រាំបន្តិចណា៎…បន្តិចទៀតទេ យើងបានសុខហើយ!

ប្តីបែរខ្នងឈានជើងចេញទៅជាមួយសម្រែកដង្ហើយហៅពុកត្រលប់មកវិញរបស់កូនប្រុសសំណព្វចិត្តដែលនៅបីទទឹងដៃនៅឡើយ។ សំលាអ្នកផ្ទះ លាគ្រួសារប្រដាប់ដោយខោអាវទាហានមួយសម្រាប់ជាប់នឹងខ្លួន រួមដំណើរនឹងសុខជាអ្នកស្រុកតែមួយ សំដៅទៅសមរភូមិមុខដែលក្តៅគគុក កំពុងបែកចែកមាតុភូមិមួយនេះទៅជាបំណែកៗ។

សំឡេងកូនយំគ្រលួច ញ៉ាំងចិត្តឪពុកឱ្យព្រឺព្រួចហាក់ភ្លេចមិនបាន នៅតែចងចាំហើយដក់ជាប់ជានិច្ច។

_ តា…! តាសំ!

សំបើកភ្នែកមកវិញទាំងមមិងមមាំង ឃើញតែមេឃខៀវពាសដោយពពកសក្បុសនៅចំពីលើជាមួយព្រះអាទិត្យដែលកំពុងបាចហាចកម្ដៅយ៉ាងកំណាចលើផែនដី។

តាសំក្រឡេកជុំវិញខ្លួនឡើងវិញក៏នឹកឃើញថា តាមពិតអម្បាញ់មិញខ្លួនឯងលង់លក់លើត្រីចក្រយានចាស់ ដែលបញ្ឈរខ្លួនចោលក្បែររបងពេទ្យសោះ។ គាត់ភ្ញាក់ឡើងមកវិញព្រោះតែតាសយ ដាស់អង្រួនឱ្យក្រោក។ តាសយគឺជាអ្នកធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិតដូចតាសំចំណាស់អ៊ីចឹង។

តាសយមើលមុខគាត់ពេញដោយដឹងប្រាកដណាស់ថា ច្បាស់ជាយល់សិប្តទៀតហើយ! ហើយគាត់ហុចរបស់មួយថង់ តម្រង់មកតាសំដោយមិនដេញដោល

_ ណេះ! បាយខ្ញុំទិញមកផ្ញើ ហូបទៅ…ក្រែងវិលមុខផងហ្អី!

តាសំលើកដៃម្ខាងទទួលអរគុណ តាសយក៏ហួសសម្លឹងមកដៃម្ខាងទៀតដែលកម្រើកមិនបានរបស់គាត់ រួចហើយក៏ថយទៅដាក់បង្គុយលើស៊ីក្លូ លាបាយប្រអប់ហូបដំណាលគ្នា។

តាចាស់យើងប្រើដៃម្ខាងដែលបានកំដរខ្លួនអស់ពាក់កណ្ដាលជីវិត ហូបបាយប្រអប់ដែលជាទឹកចិត្តមិត្តខំយកចិត្តទុកដាក់ ឈឺឆ្អាលមនុស្សចាស់ខ្លួនមួយនេះ។ តាសយនេះចិត្តល្អណាស់ រកប្រាក់មិនបានប៉ុន្មានទេ តែខំទៅទិញបាយទន់ៗដាំដោយអង្ករល្អក្នុងតម្លៃថ្លៃឱ្យតាសំទ្រាប់ក្រពះ គ្រាន់តែដឹងថាសម្លាញ់គាត់ឈឺដេកស្ងៀមនៅមួយកន្លែង។

បើនិយាយទៅតាសយមានសំណាងណាស់ បើទោះជាក្រីក្រតាំងពីកើតមក តែគាត់មានប្រពន្ធកូនរង់ចាំនៅផ្ទះ។ មកដល់ត្រឹមនេះបាយអង្ករស្រូវថ្មីប្រែជាល្វីងពេញបំពង់ក កាលបើតាសំនឹកដល់ជីវិតដែលរសាត់អណ្ដែត វិលវល់គ្មានទិសដៅអស់រាប់ឆ្នាំ។ ហូបបាយបណ្ដើរតាសំនឹករឭកក្នុងចិត្តតែម្នាក់ឯងថា៖

_ ភ្លេចៗខ្លួនខ្ញុំបានផ្ញើជីវិតនឹងទឹកដីជាយដែននេះអស់ជាង៣០ឆ្នាំហើយក្រោយសង្រ្គាមផុតរលត់ទៅ។ ដើម្បីបំពេញនាទីជាកូនប្រុសទ្រូងប្រាំហត្ថនិងភារៈជាប្រជាជននៅលើទឹកដីដែលផ្ដល់កំណើត ខ្ញុំមានតែបូជារាងកាយជូនមាតុភូមិ ពលីនៅសមរភូមិមុខដើម្បីដណ្ដើមសន្តិភាពឱ្យជនរួមជាតិ ខណៈពេលទឹកដីមួយនេះកំពុងត្រូវការមនុស្សពេញកម្លាំងប្រកៀកស្មា។ ខ្ញុំចាំច្បាស់ណាស់ កាលណោះកូនប្រុសខ្ញុំនៅបីទទឹងដៃ មិនទាន់បានមួយខួបនៅឡើយផង​។ ប្រពន្ធខ្ញុំឱបកូនកំពុងយំរលាក់ ហាមាត់លាប្ដីទាំងអាល័យ។ សំឡេងកូនយំគ្រលួចពេលនោះធ្វើឱ្យខ្ញុំគិតថា ត្រូវតែមានជីវិត​ត្រលប់​ទៅចួបប្រពន្ធកូនវិញ។

រាល់ពេលគិតដល់កូនប្រុសដែលឃ្លាតទៅ តាសំតែងតែឱនមុខជ្រប់មកវិញដោយខ្យល់ដង្ហើមធំដកដណ្ដើមគ្នា ហើយសម្លឹងមកមើលរាងកាយជរារបស់ខ្លួនដែលល្ហិតល្ហៃជាប់ជាប្រចាំ។ គាត់ចង់ដឹងណាស់ថា តើវុត្ថាធំឡើងរូបរាងបែបណា? គេដូចតាសំដែលចាស់រញីរញ័រ ឬមួយមុខមាត់ស្អាតបាតដូចស៊ីថាប្រពន្ធសម្លាញ់?

កាលណោះតាសំចេះតែទន្ទេញជាប់ជានិច្ចកាលថា ៖

_ ឱ្យតែសង្រ្គាមចប់ យើងលែងលំបាកហើយ យើងនឹងបានសុខជាមួយនឹងសន្តិភាពនេះ!

ប៉ុន្តែឥឡូវនេះតាសំនៅសល់តែដៃម្ខាងដែលជាសំណល់ពីភ្លើងសង្រ្គាម ខ្លួនប្រែជាចាស់ ហើយរោគាជាប់ខ្លួនកាន់តែរុកគួនហាក់មិនឱ្យជីវិតបានសោយសុខសោះឡើយ។

គាត់បិទប្រអប់បាយទុក ហើយរុញវាទៅម្ខាងសម្រាប់ចម្អែតក្រពះពេលល្ងាចមួយគ្រាទៀត។ តាសំងាកទៅតាសយដែលមានក្តីសុខនឹងបាយអង្ករស្រូវថ្មី ជាមួយត្រីអណ្ដែងអាំងជ្រក់ស្វាយក្តៅៗ

_ តាសយអើយ…!

តាចាស់ហៅដោយសំឡេងល្វើយៗ តែសម្លាញ់មិនបានងាកមកទេ ព្រោះរវល់បង្ហើយបាយដ៏ឆ្ងាញ់មួយពេលនេះឱ្យអស់សិន៖

_ ម៉េចហើយតាអើយ…បានធូរខ្លះទេ?

ឮភ្លាមតាសំសើចរលាក់

_ ខ្ញុំម៉េចនឹងហូបឆ្ងាញ់ដូចតាឯងកើត…មើលមាត់ចុះ ឆ្ងាញ់ណាស់!

តាសយប្រញិបប្រញាប់ប្រមូលប្រអប់បាយ ហើយឆ្លើយនឹងតាសំ៖

_ ងាយឯណាបានហូបឆ្ងាញ់? បើតាឯងមិនឈឺ ខ្ញុំក៏មិនបានស្គាល់ជាតិអង្ករល្អដែរ…ហេហេ!

ឃើញតាសយសប្បាយចិត្តម្ល៉ឹង តាសំក៏សើចកំដរជីវិតបានមួយគ្រាហើយប្រាប់សម្លាញ់វិញថា៖

_ គិតៗទៅខ្ញុំអត់បានការណាស់តាសយអើយ…បែកសង្រ្គាមអស់ជាង៣០ឆ្នាំហើយ គ្រាន់តែត្រលប់ទៅស្រុករកប្រពន្ធកូនវិញក៏មិនកើត! មិនដឹងតែគេស្លាប់ឬរស់ ដំណឹងបន្តិចក៏មិនដឹង សូម្បីតែស៊ីក្លូដែលរកលុយបានរាល់ថ្ងៃនេះក៏ជាសំណល់ពីតាសានដែលជួយខ្ញុំកាលត្រូវគ្រាប់កំបុតដៃដែរ!

តាសយឮហើយមិនសប្បាយចិត្តទេ គាត់ហាក់មិនចង់ស្ដាប់ពីរឿងកម្សត់ៗរបស់តាសំសោះ បែរជារើខ្លួនទៅលិចទៅកើតរកថ្នាំមួយកញ្ចប់ហុចឱ្យតាចាស់ជាមិត្តប្រៀបបានជាបងប្អូនដោយខ្សែភ្នែកបន្ទោសមកជាមួយផង។

តាសំយល់ច្បាស់ពីកិរិយាតាសយដែលខឹងគាត់មិនព្រមលេបថ្នាំឱ្យស្រានជំងឺទេ បែរជាមកបន្ទោសខ្លួនឯងថែមទៀត។

_ តាឯងចេះតែគិតអ៊ីចឹង! ខ្ញុំប្រាប់តាសំឯងឡើងរិចមាត់អស់ហើយថា កាលនុ៎ងតាឯងត្រូវគ្រាប់ក្នុងព្រៃប៊ិះតែមិនរស់ផង ហើយបើមិនបានខ្មោចតាសានជួយទេ កុំអីប្រហែលមិនបានមកអង្គុយនឹកប្រពន្ធកូនដល់ថ្ងៃនេះទេ។ ហើយរឿងហ្នឹងក៏អ៊ីចឹងទៀត! ប្រពន្ធកូនតាឯងរាប់ឆ្នាំហើយក៏មិននឹកនាតាមរកដំណឹងអីតិច (គាត់ដកដង្ហើមធំ) និយាយត្រង់ចុះណា៎…បើគេនៅរស់មែន មិនមែនគេបាត់សូន្យ គ្មានដំណឹងរាប់ឆ្នាំអ៊ីចឹងទេ!

សម្ដីសម្លាញ់ចាស់ម្នាក់នេះ តាសំស្ដាប់ឡើងធ្លាប់អស់ទៅហើយរាល់ពេលពិបាកចិត្តក្នុងកន្លះជីវិតចុងក្រោយនេះ។ គាត់មិនខឹង ក៏មិនរីករាយហើយឈប់បន្ទោសខ្លួនឯងដូចគ្នា ប៉ុន្ដែប្រយោគចុងក្រោយអម្បាញ់មិញ ហាក់ធ្វើឱ្យគាត់អស់សង្ឃឹមនឹងការតស៊ូដើម្បីរស់ក្នុងវ័យជរានេះទៀតណាស់។ តាសំងើយមុខសម្លឹងមើលលើមេឃដែលមានតែលំហហើយពោលថា៖

_ ខ្ញុំក្រោកពីឈឺដេកកន្ទេលអស់រាប់ខែ តាសានក៏ធ្លាក់ខ្លួនឈឺ! ខ្ញុំជាមនុស្សពេញកម្លាំងក៏រត់​ស៊ីក្លូ​រកលុយមកមើលជំងឺតាសាននិងចិញ្ចឹមប្រពន្ធគាត់វិញ សូម្បីតែ(អា)សុខដែលមកធ្វើទ័ពជាមួយគ្នាក៏វង្វេងបាត់ដំណឹងមក មិនបានអើពើសោះ! ពេលតាសាននិងប្រពន្ធគាត់អស់បុណ្យទៅ ខ្ញុំនៅតែគ្មានលុយទៅតាមរកប្រពន្ធកូនដែរតាអើយតា! ឥឡូវនេះ ខ្ញុំមិនដឹងថាស្អែកឬខានស្អែក អាចនឹងបិទភ្នែកទៅតាមតាសានពេលណាទេ…តែមុនពេលខ្ញុំផុតទៅខ្ញុំចង់ឃើញមុខគេម្ដង ខ្ញុំបិទភ្នែកជិតហើយ!

_ តាឯងលេបថ្នាំហើយសំងំទៅ កុំគិតច្រើន! តាគិតច្រើនអ៊ីចឹង ចុះបើស្អែកឡើងអត់បានចួបមុខកូន គិតម៉េច?

តាសំសើចស្ងួតទាំងដឹងច្បាស់ថាពាក្យតាសយគ្រាន់ជាក្ដីស្រមៃដែលគាត់នឹកមមៃអស់ជាង៣០ឆ្នាំ ហើយវាមិនដែលជាការពិតម្ដងណាសោះ។ គាត់ផឹកទឹករាងមានកម្លាំងបន្តិច មាត់ក៏លែងល្វីង ទើបផ្អែកខ្លួនសម្រាកទន្ទឹមនឹងតាសយកំពុងបើកវិទ្យុឮៗផ្ទៀងព័ត៌មានទាន់ហេតុការណ៍។

តាសំយកដៃគងថ្ងាសបិទភ្នែកស្ដាប់សំឡេងក្បែរត្រចៀក តាសយភ្ញាក់កន្ត្រាក់ស្រែកឮៗ៖

_ វាមកដល់ហើយ! ជំងឺនោះវាមកដល់ហើយតាសំអើយ!

តាសំងក់ក្បាលតបវិញតិចៗ។ តាសយភ័យណាស់ សម្លាញ់ចំណាស់ក៏ឆ្លើយច្បាស់ៗថា៖

_ អ្នកណាមិនភ័យ!​ តែបើអង្គុយខ្លាចហើយមិនការពារបានប្រយោជន៍ស្អី? ប្រយ័ត្នៗទៅតាសយអើយ!

ស្ដាប់ហើយតាចាស់ក៏ប្រះខ្លួនលើទ្រព្យចាស់ប្រចាំខ្លួនវិញ។ មិនបានប៉ុន្មាននាទីផង យើង​ឮ​សំឡេង​ឡានពេទ្យលាន់ទ្រហឹង បោលលឿនវឹងបត់ចូលក្លោងទ្វារមន្ទីរពេទ្យខេត្ត។

តាស៊ីក្លូទាំងទ្វេស្ទុះក្រោកតាមមើលមិនដាក់ភ្នែក។ ពីចម្ងាយទៅ ក្រោយឡានឈប់ក្នុងបរិវេណមន្ទីរពេទ្យភ្លាម គ្រូពេទ្យអមដោយប្រដាប់ការពារចុះពីលើឡានបាញ់អាល់កុលជោកជាំមុនចាត់ចែង បញ្ជូនអ្នកជំងឺទៅកាន់កន្លែងព្យាបាលអ្នកដែលឆ្លងវីរុសថ្មីដែលពិភពលោកទើបតែរកឃើញ ហើយក្រោយព្រឹត្តិការណ៍២០កុម្ភៈមិនយូរប៉ុន្មានទេ វាក៏បានលេចខ្លួនមកដល់ទឹកដីជាយដែននេះភ្លាម។

ករណីដំបូងដែលរកឃើញឆ្លងមួយគ្រួសារក្នុងទឹកដីនេះ មិនដឹងថាអាចរុញច្រានឱ្យស្ថានភាពជ្រួលច្របល់ដល់កម្រិតណាទេ ព្រោះយើងសុទ្ធតែបានដឹងឮពីភាពវឹកវរកន្លងមកនៅទីក្រុង។ មិនដល់​រយៈពេល​៨ម៉ោងផង ឡានពេទ្យសម្ដៅចេញពីមន្ទីរពេទ្យខេត្តបន្តបន្ទាប់ ហើយត្រលប់មកជាប់គ្នារដឹក ជាមួយអ្នកជំងឺច្រើនសន្ធឹកដែលប៉ះពាល់ផ្ទាល់និងប្រយោល ហើយរកឃើញវិជ្ជមានក្នុងសំណាក។

ថ្ងៃនេះសំឡេងខ្សឹបខ្សៀវលាន់រញៀវមិនឈប់ មនុស្សម្នាជជែកគ្នាមិនដាច់សោះពីប្រធានបទរសើបនេះ។ តាសំស្រាលខ្លួនបន្តិចក៏ទាញស៊ីក្លូធាក់តម្រង់ទៅផ្សាររកទិញម៉ាសឱ្យតាសយនិងខ្លួនឯងខ្លះ។

ស៊ីក្លូឈប់ងក់មុខតូបអ្នកផ្សារ តាចាស់ចរចាសួររកតម្លៃម៉ាសក៏ភ្ញាក់ព្រើត ព្រោះ​ម្សិល​​មិញ​​គ្មានអ្នកណារវល់ផង ស្រាប់តែថ្ងៃនេះឡើងគុណជាពីរទ្វេដង។ ព្រោះតែរកមួយថ្ងៃរស់មួយថ្ងៃហ្នឹងហើយ ទើបតាសំដាច់ចិត្តទទូចសុំចុះថ្លៃ ក្រែងលោអ្នកលក់ដ៏ស្រស់ប្រិមប្រិយ សម្បុរសខ្ចី បបូរមាត់ក្រហមទុំ គេអាចយោគយល់បានខ្លះ។

ដឹងអីស្រ្ដីម្នាក់នេះ គេធុញនឹងពាក្យតម្អូញតម្អែរសង្កៀរត្រចៀករបស់ជនចំណាស់យើងណាស់៖

_ តា! របស់ខ្ញុំលក់ដូរមិនមែនសប្បុរសធម៌ទេ ហើយ(មិន)មែនមានតែខ្ញុំណា៎ អ្នកណាក៏គេលក់អ៊ីចឹងដែរ! បើមិនគិតខ្លួនឯងមាន(នរ)ណាមកគិតជំនួស រវល់តែធ្វើបុណ្យ ពេលអត់អង្ករច្រកឆ្នាំង បុណ្យមកជួយមិនទាន់ទេ!

តាសំស្ដាប់ហើយភាំងទើបតបវិញថា៖

_ បុណ្យមកជួយមិនទាន់មែន តែមិនឱ្យក្មួយឯងដាច់ពោះស្លាប់ទេក្មួយ! កុំនិយាយអ៊ីចឹង ធ្វើល្អសន្សំបុណ្យទៅទើបបានសុខ រស់បានយូរ…

តាចាស់យើងពោលមិនទាន់ចប់ផង គេច្រឡោតជះកំហឹងមកវិញខ្លាំងៗ

_ តា! បើទិញមិនបានក៏អត់ទៅ មិនបាច់ប្រដែប្រដៅអីពេលហ្នឹងទេ ស្រុកទេសមិនដឹងម៉េចផង របស់គេត្រូវការច្រើន ហើយគ្មានលក់ទៀត វាឡើងថ្លៃអ៊ីចឹងហើយ…តាមករអ៊ូអីទៀតខ្ញុំដាច់ខ្យល់មិនខានទេ! ហ៊ើយ…លក់ដូរកាន់តែយ៉ាប់ មិនដឹងអង្កាល់បានរស់ស្រួលនឹងគេទេខ្ញុំអើយខ្ញុំ!

ថាចប់កូនប្រុសគេអាយុប្រហែល៨ឆ្នាំរត់មកទារលុយក្ដែងៗ​ដើម្បីទិញទឹកក្រូចផ្អែមឆ្ងាញ់អស្ចារ្យ។ ក្មេងនោះយំហើយស្រែកឡើង បំណងទារឱ្យទាល់តែបានទើបព្រមឈប់ ម្ដាយវាក៏ទាញលុយទាំងមួហ្មងហុចឱ្យកូន។ ពេលបានដូចចិត្ត វាក៏រត់ត្រុយសំដៅទៅតូបទឹកក្រូចភ្លែត។

ឃើញដូចនេះតាសំលែងមានពាក្យនិយាយ ហើយទិញបានត្រឹមម៉ាស២ប៉ុណ្ណោះទាំងដែលបំណងថានឹងរកអាល់កុលខ្លះដែរ។ ហៀបនឹងចេញទៅរកតាសយដែលនៅចាំមុខរបងពេទ្យទៅហើយ ក្មេងប្រុសនោះត្រលប់មកវិញ ដោយលើកដបទឹកក្រូចអួតបង្ហាញម្តាយ ថាខ្លួនបានរបស់ឆ្ងាញ់ផ្អែមត្រជាក់ថែមទាំងញញឹមពព្រាយផង ស្រាប់តែប្អូនតូចគេដែលនិយាយមិនទាន់ច្បាស់ទាមទារចង់ភ្លក្សឱជារសដែរ។

ភ្លាមនោះម្ដាយចែកប្អូនមួយក្អឹក ហើយទាញដបទឹកក្រូចទៅបម្រុងបញ្ចុកប្អូនទាំងខ្លួនគេជាបងមិនទាន់យល់ព្រមផង រំពេចនោះវាកញ្ឆក់ដបពីដៃម្តាយហើយបោះព្រូសចោលទៅលើដី។ ម្ដាយក្មេងខឹងខ្លាំងណាស់ ស្តីថាក្តែងៗឱ្យកូនប្រុស

_ ចង់រស់តែឯង ប៉ុណ្ណឹងសោះចែកប្អូនផឹកមិនបាន?

ហេតុតែជាក្មេងវាស្រែកយំរំពងពេញផ្សារ អ្នកម្ដាយទាន់សម័យក៏យកករំពាត់វាយកូន ព្រោះរឿងទឹកក្រូចមួយដប។

តាចាស់ក៏មិននៅយូរ បញ្ជាស៊ីក្លូធាក់ចេញទៅវឹង។

ព្រលប់បន្តិចតាសយធាក់ស៊ីក្លូទៅផ្ទះជុំប្រពន្ធកូនវិញ ចំណែកជនចំណាស់ដ៏កម្សត់យើងនៅផ្ញើខ្លួននឹង​ទីសំចតដែលជាចំណតធ្លាប់ជ្រកកោនរាប់ឆ្នាំមកហើយដដែល។ តាសំតែងសម្លឹងទៅមេឃ ហើយសញ្ជឹងគិតម្នាក់ឯងដកដង្ហើមធំ ព្រោះគាត់គ្មានលទ្ធភាពដែលអាចធ្វើអ្វីបាន ក្រៅពីលង់លក់ទៅតាមដំណេកធម្មជាតិរបស់មនុស្ស។

ជំងឺកាន់តែរាតត្បាតឡើង តាចាស់ទាំងពីរស្ទើរតែរកប្រាក់មិនបានសោះពីរបរធាក់ស៊ីក្លូ។ តាសំក៏ចតខ្លួនចោលរៀងរាល់ថ្ងៃជាមួយសម្លាញ់គាត់។ មនុស្សគ្មានផ្ទះ យកមេឃដណ្ដប់ ប្រើខ្យល់ធ្វើកន្ទេលកក់ដូចគាត់ ទំនេរគ្មានការធ្វើមានតែសួរនាំសុខទុក្ខប្រពន្ធនិងកូនតាសយដែលដូចជាបងប្អូនហ្នឹងហើយ​។

រំឭកដល់កូនភ្លាមតាសយប្រែជាស្រពោន ប្លែកពីតាសយដែលតាសំធ្លាប់ស្គាល់។ តាសយខំប្រឹងអស់មួយជីវិតហើយដើម្បីកូនប្រុសមួយគ្រាប់របស់គាត់បានរៀនចប់ចុងចប់ដើមនឹងគេ។ គាត់ខំធាក់ស៊ីក្លូពីសក់ខ្មៅរហូតសក់ស ព្រោះតែមិនចង់ឱ្យកូនចៅធាក់ស៊ីក្លូតគ្នា៣ជំនាន់ ឬមួយក្លាយជាយាយលក់តែបន្លែដូចប្រពន្ធគាត់។

មិនដឹងថាជាកម្មតាសយឬពៀរវេរាអីដែលកូនគាត់សាងមកខ្លួនឯង បានជារៀនសុខៗវាបែកគំនិតឈប់រៀន ទៅរកលុយតាមបនភឿនទាំងដែលតាសយហាមហើយហាមទៀត។ កាលពីមុនវា​​ចំណាក​ស្រុកទៅធ្វើការនៅស្រុកលិច មកវិញគ្មានលស់ដុំកំភួនអីឡើយ ក៏មកចួបប្រសព្វនឹងប្រពន្ធរាល់ថ្ងៃដែលម្នាក់ៗអាយុមិនទាន់គ្រប់២០ផង ក៏រំអុកយកគ្នាជាប្តីប្រពន្ធ។

ស្ថានភាពកាន់តែទៅមុខ កាន់តែមិនល្អសោះ។ ថ្ងៃណាក៏មានឡានពេទ្យចរាចរណ៍ទៅទទួលអ្នកភូមិមកព្យាបាល។ យប់ខ្លះពេទ្យធ្វើការសស្រាក់ទាំងមេឃងងឹតណាស់ទៅហើយ ឡានសាម៉ុយក៏នៅតែត្រូវបើកសឺរ៉ែនយកអ្នកពាក់ព័ន្ធដល់ទីកន្លែងដោយមិនរអ៊ូមួយម៉ាត់។

ព្រឹកនេះមានមនុស្សច្រើនចម្លែក សំដៅទៅផ្សារសម្រុកដណ្ដើមគ្នាទិញអីវ៉ាន់សឹងរបើកផ្សារធំ។ តាសំធាក់ស៊ីក្លូចុះឡើង ក៏មកចតមុខផ្សារធំជាងគេប្រចាំខេត្ត ព្រោះឃើញចរន្តមនុស្សឈូឆរ តាំងពីព្រឹកព្រហាម។

ដំបូងឡើយគេគ្រាន់តែរូតរះទិញឱ្យឆាប់ប្រញាប់បានមុន លុះមិនបានយូរប៉ុន្មានផងមនុស្សម្នាស្រាប់តែសម្រុកមកយ៉ាងគំហុក ដូចហ្វូងស្រមោចដណ្ដើមស្ករដែលគេដាក់បញ្ឆោតខាងមុខរណ្ដៅ ហើយជីកដី​កប់​។

អ្នកណាលឿនហើយរហ័សច្បាស់ដណ្ដើមបានច្រើនណាស់ ដ្បិតកញ្ឆក់ពីមុខ បោចទាញពីក្រោយដាក់ក្នុងកន្រ្តក ដើរចេញមកញញឹមយ៉ាងអស្ចារ្យ។ ចំណែកអ្នកញ័រញាក់ យឺតយូរមិនវាងវៃនេះណា ប្រាកដជាមុខជូរទន្រ្ទាំជើង កើតរឿងមិនសុខចិត្តមិនខាន​។

_ ទិញទុកទៅបងប្អូន ជឿខ្ញុំទៅ យើងទិញស្តុកក្នុងផ្ទះមិនខុសទេ!

ប្រុសៗពេញកម្លាំងមួយក្រុម ចេញមកឈរខាងក្រៅផ្សារច្រត់ចង្កេះ និយាយងក់ក្បាលផ្ងក់​ៗ​បណ្ដើរ​។ កូនចៅហែហមនៅខាងក្រោយឆ្លៀតបន្ទរមកបន្ថែម ៖

_ ឮល្ហៀងៗមកថាយប់មិញនេះមិនមែនស្លាប់តែម្នាក់ទេ គេលាក់មិនប្រកាសខ្លាចយើងស្លន់ អ៊ីចឹងហើយកុំឱ្យអាសន្នបងប្អូនទិញរបស់ទុកទៅ។

ក្រុមនេះគេញញឹម សម្លឹងគ្នាចុងភ្នែកហាក់មានរឿងត្រេកអរក្នុងចិត្ត ថែមទាំងអង្គុយមើលទិដ្ឋភាពចលាចលទូទាំងផ្សារ ធ្វើហីមិនដឹងអី។

_ តាមានភ្ញៀវអត់? ជូនខ្ញុំទៅផ្ទះបន្តិច!

តាសំក្រឡេកមើលក្រោយខ្នងវឹង គឺនាងតូចដែលទន្ទ្រាំជើងនៅមុខផ្សារតើ! អម្បាញ់មិញគាត់កំពុងតែសំកាំងខ្លួនលើស៊ីក្លូមើលផ្សារធំពីចម្ងាយ មិនដឹងថានាងតូចមកពីក្រោយតាំងពីអង្កាល់។ តាចាស់ប្រាប់ថាទំនេរគ្មានអ្នកជិះទេ ទើបនាងធ្វើមុខដូចក្រូចសើចហើយឡើងលើស៊ីក្លូដោយរអ៊ូរទាំ

_ ថាមករកផ្លែឈើឱ្យម៉ែបន្តិច ឥឡូវមកផ្ដុំគ្នាពេញទំហឹង មិនដឹងអ្នកណាកើតមិនកើតផង វរ​ៗទៅវិញឆ្លងម៉ែទៀត ចប់មិនខាន!

ឮហើយតានឹកអស់សំណើច ក៏នាំស្រីតូចជជែកគ្នាតាមផ្លូវ។ ដោយចិត្តនៅមិនស្ងប់    នាងប្រាប់ខ្ញុំហូរហែ​ខណៈ​ពេលត្រីចក្រយានចាស់រំកិលទៅមុខមួយៗ

_ អ្នកស្រុកមិនដឹងទៅឮពាក្យអស់ហ្នឹងពីណាមក ជ្រួលច្របល់មួយរំពេច! មិនដឹងអ្នកអត់ការធ្វើមកពីណាទេ បំផុសបំផុលតែរឿងមិនពិត ហើយសំបូរមនុស្សជឿមិនគិតទៀត ម៉ែខ្ញុំកំពុងឈឺនៅផ្ទះទៀត ខ្ញុំភ័យណាស់តាអើយ! មុននេះឃើញតានៅដាច់ឆ្ងាញពីគេ ទើបហ៊ានឡើងជិះមកផ្ទះ!

_ តាស្មានតែនាងតូចមិនអស់ចិត្តរឿងប្រជ្រៀតគ្នាទិញអីវ៉ាន់មិនបានតាស៎!

_ ខ្ញុំខឹងណាស់តា! ព័ត៌មានគេផ្សាយគគោកមិនជឿទេ បើគេអុជផ្សែងបន្តិច ពុលពេញហ្នឹងម៉ារំពេច! ហើយយើងប្រាប់ថាកុំជឿ គេនាំគ្នាជឿ! ពេទ្យប្រាប់មិនស្ដាប់ទៀត គេប្រកាសកោក​ៗ ឱ្យរក្សាគម្លាត! ឥឡូវនេះមិនទាន់កើតអី ហើយចុះបើអីវិញ មិនវឹកវរព្រោះឆាប់ជឿគេផ្ដាសទេហ្អី?

_ កុំភ័យចៅ មុនចូលផ្ទះបាញ់អាល់កុល សម្អាតខ្លួនសិនសឹមទៅជិតម្ដាយណា!

តាចាប់ហ្វ្រាំងឈប់ខាងមុខផ្ទះនាងល្មម។ គេចុះមកហុចប្រាក់ឱ្យគាត់ ហើយសម្លឹងមើលមួយជុំកាលបើរំឭកដល់រឿងអាល់កុល។ ទឹកមុខគេសួរខ្ញុំបញ្ជាក់ចម្លើយថា រកមិនឃើញអាល់កុលជាប់ខ្លួនលោកតាចំណាស់យើងទេ។ ម្ល៉ោះហើយនាងតូចយកអាល់កុលមួយដប ថែមលុយកាក់តិចតួចខ្លះ ជូនដៃពីរមកឱ្យតា។

តាសំទទួលដោយអំណរដោយមិនភ្លេចឱ្យពរជ័យនាងតូចឱ្យចៀសផុតពីរោគាទាំងឡាយ ហើយសុខសប្បាយរហូតតទៅ។ តាប្រាប់ថា ទឹកចិត្តនិងប្រាជ្ញានាងតូចនេះហើយដែលជួយឱ្យនាងនិងម្ដាយគេចផុតពីភាពងងឹតគ្មានពន្លឺ។

តាយើងយកក្រមាបង់នៅនឹងក ជូតញើសដែលដាមលើថ្ងាស រួចត្រលប់មកវិញកាត់ផ្សារធំម្ដងទៀត។ ក្រុមត្រីងៀតឆ្លៀតពងដែលបង្កព្យុះភ្លៀងនៃជំនន់ពាក្យមុសា កំពុងសាបព្រួសចចាមអារាមនៃការបិទខ្ទប់យ៉ាងកក្រើកដល់ប្រជាជន។ ចរន្តនៃការកកកុញនៅផ្សារមិនទាន់ស្បើយនៅឡើយទេ។

គ្រប់គ្នាបារម្ភតែស្បៀងអាហារ គ្មាននរណាខ្លាចរអានឹងមេរោគដែលមើលមិនឃើញ ជាពិសេសគឺបន្លាស្អិតនៃបណ្ដាពាក្យមិនពិតពីមនុស្សមួយក្ដាប់តូចសោះ។ តាសំតាមរំពៃមើលជនឆ្លៀតឱកាសមួយក្ដាប់តូចនោះ ស្រាប់តែប្រទះនឹងមុខមាត់គួរឱ្យចាប់អារម្មណ៍មួយ៖

_ ធី?

តាចាស់តាមសម្លឹងឈ្មោះនេះមិនដាក់ភ្នែកហើយចូលខ្លួនទៅជិតគេ អ្នកកម្លោះនេះឃើញតាសំភ្លាមវាភ្ញាក់ព្រើត ហើយនាំតាគេចឱ្យផុតពីភ្នែកគេយ៉ាងលឿន។ តាទន្ទេញសួរវាញាប់រន្ថើន៖

_ អាធី ហើយឯងមកធ្វើអីជាមួយក្រុមអស់ហ្នឹងកូន?

គេធ្វើភ្នែកក្រឡេកក្រឡាប់៖

_ ហើយតាមកធ្វើអីដែរ? តាទៅវិញទៅ!

_ ទៅវិញម៉េចបើឯងអត់ប្រាប់ផង ថានៅហ្នឹងធ្វើស្អីជាមួយពួកអស់ហ្នឹង?

_ គ្មានអីទេ…តា(មិន)បាច់ដឹងទេ

ថាហើយមនុស្សប្រុសពេញកម្លាំងនេះប្រញាប់ប្រញាល់រុញតាសំចេញ ហើយត្រលប់ទៅរកគូកនវិញលឿនរហ័ស។

ដោយមិនអស់ចិត្ត មកដល់ទីសំចតវិញតាសំសម្លឹងតាសយភ្លឹះៗ៖

_ តា! ឥឡូវនៀក៎កូនតាឯងវាធ្វើអី?

ភ្ញាក់ព្រើតនឹងសំណួរនេះ ទើបតាសយសួរថា

_ ហើយតាឯងសួរពីអាធី កូនខ្ញុំធ្វើអី? វាកើតអីមែន? រាល់ថ្ងៃនេះវាទៅស៊ីឈ្នួលឱ្យគេគ្រាន់បានលុយតិចតួចមកចិញ្ចឹមចៅនៅផ្ទះហ្នឹងតាអើយ! ឈ្លោះគ្នាជាមួយប្រពន្ធរាល់ថ្ងៃមិនដែលស្វាង ដោយសារតែរឿងលុយហ្នឹង…ទាស់ទែងរកតែលែងគ្នារហូត

តាចាស់ឱនមកជិតៗខ្សឹបប្រាប់គាត់៖

_ ខ្ញុំឃើញវានៅជាមួយគ្នាមួយក្រុម ទំនងមិនស្រួលទេ! ក្រុមគេហ្នឹងហើយនាំអ្នកភូមិផ្អើលប្រជ្រៀតគ្នាទិញអីវ៉ាន់សឹងបែកផ្សារ!

តាសយដកដង្ហើមធំមិនសម្លឹងមុខតាសំឡើយ៖

_ ខ្ញុំនិយាយប្រាប់វាច្រើនដងហើយតាអើយ! វាមិនស្ដាប់ទេ វាធ្វើអីតាមតែវានឹកឃើញ…ខ្ញុំមិនចង់ឱ្យកូនក្រ មិនចង់ទេឃើញចៅលំបាកដូចខ្ញុំអ៊ីចឹង តែ…ណ្ហើយ!

_ ខ្ញុំឃើញមិនស្រួលទើបប្រាប់តាឯងហ្នឹង! តាពន្យល់ប្រាប់វាទៀតទៅ ក្រែងវាស្ដាប់!

_ អរគុណហើយតាសំ!

_ ហ៊ើយ…គុណស្រ័យស្អី!

ក្រោយការប្រជៀតគ្នាសឹងរបើកផ្សារ ពេលនេះការឆ្លងចូលសហគមន៍បានកើតឡើងហើយ ចំណែកឯការបិទខ្ទប់ក៏ត្រូវបានប្រកាសឡើងបន្ទាប់ពីគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានជាច្រើននាក់។ ផ្សារធំក៏ត្រូវបានប្រកាសបិទជាស្ថាពរភ្លាមៗ ព្រោះជាមូលហេតុនៃការឆ្លងជំងឺក្នុងសហគមន៍ ចំណែកតួលេខនៃករណីឆ្លងថ្មីហក់ឡើងយ៉ាងគំហុក។

តាសយលែងបានមកសំចតខ្លួនចោលទៀតហើយ ពេលនេះមានតែតាសំនៅត្រមង់ត្រមោចម្នាក់ឯង តែលតោល ដកដង្ហើមចោលក្បែររបងពេទ្យ។ គាត់អង្គុយស្ដាប់សឺរ៉ែន​ឡានពេទ្យដែលបន្លឺឡើងមិនឈប់​។

ទីរួមខេត្តស្ងាត់ជ្រងំ គ្រប់គ្នាសំងំក្នុងផ្ទះដើម្បីឈ្នះមេរោគ។ ចួនអីពេលខ្លះ តាសំដាច់បាយព្រោះគ្មានអ្នកលក់ដូរទៀតឡើយ។ ការណ៍នេះធ្វើឱ្យតាយើងនឹកភ្នកដល់អ្នកចាំទទួលផលពី អំពើចាក់ប្រេងលើភ្លើងឱ្យផលជាទីគាប់ចិត្ត ដោយគ្មានសីលធម៌និងការអៀនខ្មាសនៅផ្សារធំ។ ពួកគេប្រហែលជាមានក្ដីសុខនៅទ្រនំដ៏ស្កឹមស្កៃ ដែលការបិទខ្ទប់ក្លាយជាព្រឹត្តិការណ៍ពិត តែបើសញ្ជឹងគិតយូរៗទៅតាសំខ្លោចចិត្តអាណិតដល់នាយធី ជាកូនប្រុសរបស់សម្លាញ់គាត់ទៅវិញ។

_ គ្នីគ្នាឯងដេកផ្ទះស្រណុកស្រួលពេលមានរឿងអ៊ីចឹង ចុះឯងនិងតាសយដេកប្រជៀតគ្នាក្នុងខ្ទមចាស់ ឯងអត់អាណិតឪឯងខ្លះទេអីអាធីអើយ…?

តាចាស់យើងបែរមុខសម្លឹងទៅលើផ្លូវ ខ្យល់ស្រាប់តែបក់កន្ត្រាក់រង្គើអស់ដើមឈើធំៗ មេឃប្រែជាក្រហមច្រាល ផ្គរលាន់គ្រហឹមបន្តគ្នា ធម្មជាតិហាក់បីដូចជាកំពុងខឹងសម្បាខ្លាំងសម្បើម។ មិនយូរទេព្រះភិរុណចាប់ផ្តើមធ្លាក់មិនបង្អង់ ផ្លេកបន្ទោរក៏មកត្រសងគ្នាបន្ថែមទៀត បរិយាកាសពិតជាអួអាប់ពិបាក​បរិយាយ​។

តាសំរួសរាន់រកអាវភ្លៀងហើយទាញដំបូលស៊ីក្លូបាំងបិទកុំឱ្យទទឹក អង្គុយផ្ទៀងស្ដាប់ស្នូរទឹកភ្លៀង រួចទាញយកអន្សមអាំងក្តៅៗដែលប៉ូលិសប្រចាំការហុចឱ្យជាទឹកចិត្តអាណិតដល់ចាស់ជរាម្នាក់នេះ ដ្បិតឃើញតាចាស់យើងហាលខ្យល់ហាលវាលមិនលោះមួយថ្ងៃណាឡើយ។

ស្នូរទឹកភ្លៀងលាន់ទ្រហឹងសឹងស្ដាប់គ្នាមិនបាន ស្រាប់តែសំឡេងល្វើយៗហៅតាសំពីក្រោយខ្នង​ញាប់ៗជាប់ៗគ្នា។ តាទម្លាក់អន្សមចុះ រហ័សបែរក្រោយភ្លែត

_ តាសយ?

គាត់សម្លឹងកែវភ្នែកសម្លាញ់កម្សត់កម្រម្នាក់នេះឃើញច្បាស់ដូចថ្ងៃដែលកំពុងដណ្ដឹងសួរថា មករកអីល្ងាចថ្មើរនេះហើយ? មិនខ្លាចខុសបម្រាមហាមចល័តទេអី?

តាសយហុចរបស់មួយឱ្យតាសំភ្លាម៖

_ យកឱ្យលឿនទៅ! លឿនឡើង!!

តាសំក្រោករលេះរលាំងមកទទួល

_ ហើយមកទាំងភ្លៀងហ្នឹងតា? មកអ៊ីចឹងប៉ូលិសមិនឃាត់ទេហ្អី?

_ មកពីយាយវាហ្នឹង! ខ្ញុំប្រាប់ថាឱ្យស្រូតមេឃជិតភ្លៀងហើយ ឃើញអត់ភ្លៀងទាល់តែបាន!

គឺបាយដែលតាសយខ្ចប់មកឱ្យតាសំដោយផ្ទាល់ដៃ! គាត់បន្តថា៖

_ ប៉ូលិសឃាត់តាស៎! តែខ្ញុំថា បើមិនឱ្យខ្ញុំមក​…មានតែឱ្យតាឯងដាច់ពោះស្លាប់!

តាសំរលីងរលោងដៃក្តាប់ប្រអប់បាយណែនណាន់។ គាត់រំភើបនឹងសម្លាញ់ម្នាក់នេះពន់ពេក សឹងរកពាក្យនិយាយមិនបាន។ គាត់យកដៃជូតភ្នែកដែលប្រឡាក់ដានដោយទឹកភ្លៀងលាយទឹកភ្នែក៖

_ តាឯងប្រញាប់ទៅវិញទៅ ភ្លៀងធំណាស់…ហើយថ្ងៃក្រោយកុំមកទៀត ខ្ញុំមិនដាច់ពោះទេ!

ថាហើយតាសយក៏បត់ស៊ីក្លូទៅវិញ តាសំអង្គុយលើស៊ីក្លូចាស់ លាប្រអប់បាយដែលសម្លាញ់ខំផ្ញើមក។ គាត់លេបបាយមួយគ្រាប់ៗដោយជំនន់ទឹកភ្នែក ហូរជន់មកប្រណាំងគ្នា។ តាលេបបាយមិនចូលទេ គាត់អួលណែនក្នុងទ្រូងណាស់ តែតាសំជម្នះទំពាដើម្បីរស់បន្តទៀត ដើម្បីរក្សាទឹកចិត្តតាសយម្នាក់នេះឱ្យមានតម្លៃ។​

គ្រប់យ៉ាងធ្វើឱ្យមនុស្សចាស់ស្គមកំប្រឹងរស់ពឹងដៃមួយចំហៀង ជើងមួយគូម្នាក់នេះ ស្រណោះខ្លួន នឹកដល់ជីវិតដែលរត់គេចគ្រាប់សំណរ​ តតាំងជាមួយខ្មាំងរាប់មិនអស់ ចុងក្រោយត្រូវរស់មួយថ្ងៃគិតមួយថ្ងៃ។

តែណ្ហើយ! គិតច្រើនក៏អស់កម្លាំង តាចាស់យើងផ្ញើ​ជីវិតក្នុងយប់ត្រជាក់នេះនៅលើស៊ីក្លូចាស់មួយថ្ងៃទៀតវិញ​។

រយៈពេលបិទខ្ទប់១៤ថ្ងៃបានបន្តសាជាថ្មីម្ដងទៀត ដ្បិតស្ថានភាពនៅតែមិនធូរស្បើយ។ ក្រុមគ្រូពេទ្យធ្វើការគ្មានសម្រាក ចំណែកក្រុមបំប៉ោងនិងបំពុលពាក្យមិនពិត កាន់តែខំប្រតិដ្ឋបន្ថែមថ្មីៗជារៀងរាល់ថ្ងៃ។

_ ប្រាប់គ្នាយើងទៅ ធ្វើតាមផែនការបន្តទៀត! ឥឡូវនេះកាន់តែអំណោយផល គេបិទថែម១៤ថ្ងៃទៀតហើយ នាំគ្នាដុតដៃដុតជើងថែមទៀត មេផ្ដាំថាពេលចប់កិច្ចការ ផ្ទះម្នាក់មួយខ្នង ថែមលុយលើកទឹកចិត្តពាន់ៗដុល្លារ។

_ បាទបងធឿន! ប្រាប់មេផង កូនចៅខំធ្វើការរាល់ថ្ងៃ។

នាយធីដាក់ទូរសព្ទចុះ ស្ដាប់បញ្ជាមេកោយជ្រាលជ្រៅដោយមិនរំលងចំណុចណា។  កូនប្រុសតាសយដែលជាដៃជើងស្រែកហៃអើ បន្ទោរ​ទំនុកបញ្រ្ចាសខ្យល់នាំឱ្យចលាចលនៅផ្សារធំកំពុងបញ្ជូនសារសំឡេងបន្តដល់អ្នករួមអាជីពបោកប្រាស់ ៖

_ នែ! ខំធ្វើការ ផ្ទះម្នាក់មួយជ្រុងនៅទីក្រុងវ៉ើយ!

ថាចប់គេរហ័សបញ្ជូនវីដេអូដែលទើបទទួលបាន បង្ហោះចូលអ៊ីនធឺណិតភ្លាមជាមួយសំឡេងស្រែក​​​បញ្រ្ចាស​​​ស្រកី៖

_ សួស្ដីបងប្អូនទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានដំណឹងហួសចិត្តមកប្រាប់……

ក្រុមធ្វើការងារជាប្រព័ន្ធក៏ចែកចាយសន្ធឹកសន្ធាប់រាល់ដំណឹងញាប់ញ័រទាំងអម្បាលម៉ាន​។ នាយធីនឹកភ្នកក្នុងចិត្តថា៖

_ អញមិនភ្លើទៅចេញមុខទេ! មានរឿងអីពួកហ្អែងទទួលទៅ…

គិតរួចនាយធីក៏ពោលឡើងថា៖

_ ទ្រាំបន្តិចទៅពុក! រឿងនេះចប់យើងលែងលំបាកហើយ! បើបានសម្រេចយើងមានផ្ទះល្អនៅ មិនបាច់ទ្រាំក្ដៅទ្រាំរងាដូចរាល់ថ្ងៃ ពុកមិនបាច់ធាក់ស៊ីក្លូ ម៉ែលែងទៅលក់បន្លែ ហើយមីអូនកូនខ្ញុំបានរស់ស្រួលនឹងគេហើយ! ពេលហ្នឹងទុកឱ្យខ្ញុំចិញ្ចឹមអ្នកផ្ទះ រកលុយបញ្ជូនមីអូនទៅរៀនសាលាល្អៗនឹងគេ…

គ្រាន់តែគិតក៏មានក្តីសុខដែរ! រសជាតិដែលសោយសុខ ស្រណុកបែបនេះរកមួយជាតិទៀតក៏មិនបានដែរ អ៊ីចឹងហើយនៅមានហេតុអី្វដែលឃាត់មិនឱ្យគេខិតខំធ្វើការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់?

ទោះការបិទខ្ទប់មិនទាន់ផុតរលត់ទៅ តែបក្សពួកកូនតាសយនៅតែរកបានគ្រប់មធ្យាបាយដើម្បីប្រជុំក្រុមដ៏អស្ចារ្យរបស់គេ។ ថ្ងៃរះកម្ពស់នេះទៅហើយ នៅឡើយមិនទាន់បានជុំគ្នាទៀតទើបមេធំប្រចាំក្រុមគេលាន់មាត់ក្ដៅក្រហល់ក្រហាយ៖

_ អាធី! កូនចៅហ្អែងធ្វើការម៉េចហ្អា៎? ថ្មើរនេះមិនដឹងបាត់ស្រមោលទៅណា?

នរណាទៅដឹងថាមេកោយនេះក៏ក្រពុលមុខដូចតែគ្នា គេបង្ហុយបារីហុយផ្សែងទ្រោមទើបទៅឆ្លើយវិញ៖

_ ខ្ញុំម៉េចដឹងបង បើកំពុងតែចាំវាដូចតែបងដែរហ្នឹង? រាល់ដងពួកហ្នឹងមិនដែលអ៊ីចឹងទេបង…ថ្ងៃនេះមិនដឹងជាកើតស្អីវាទេ!

ពិតជាចម្លើយល្អឥតខ្ចោះ អ្នកចាំស្ដាប់ឯណេះច្រត់ចង្អេះហើយរអ៊ូបណ្ដើរ៖

_ ការងារមិនដឹងរបៀបរបបទេ តែបើរឿងអត់ប្រយោជន៍…និយាយពីលឿនដូចព្យុះ!

នាយធីងាកមុខមក ហើយសើចខឹក

_ រឿងហ្នឹងជំនាញពួកខ្ញុំហើយលោកបង! មិនបាច់ភ័យទេបងធឿនអើយ!

_ អើ! ឱ្យតែវាដូចមាត់! នុ៎ះ…មកដល់ល្មម!

កូនតាសយជាន់កម្ទេចបារីចោលហើយច្រត់ចង្កេះឡើង ងើបមុខសម្លឹងកូនចៅទាំងភ្នែកខ្មៅនិល៖

_ រវល់ធ្វើស្អីហ្អា៎? លោកបងចាំឡើងយូរ!

ម្នាក់ខ្ពស់ដូចត្នោតលៃក្នុងចំណោមនោះឆ្លើយថា៖

_ មិនស្រួលខ្លួនបង…ប៉ុន្មានថ្ងៃនេះរសេសរសោះ

ម្នាក់ទៀតរាងល្អិតតបថា៖

_ អ្នកផ្ទះតាមសួរពេកបង រកតែគេចមកមិនបាន

ម្នាក់ទៀតហៀបនឹងដោះសាប្រាប់មូលហេតុ តែនាយធីលើកដៃឃាត់៖

_ បានៗៗៗ អត់ចង់ស្ដាប់ហេតុផលបណ្ដាក់គ្នាដូចខ្យងទេ ឥឡូវស្ដាប់បងធឿនគាត់មានប្រសាសន៍!

មិនបង្អង់យូរទេ បងធំគ្រហេមយកសំឡេងហើយមើលមុខកូនចៅចំៗ៖

_ ស្ដាប់ឱ្យច្បាស់ណាពួកឯង! ការងារកន្លងមករលូនល្អហើយ ខំប្រឹងធ្វើថែមទៀត មិនយូរទេយើងបានស្រណុកហើយ! ចប់ការងារពេលណា សន្យាក្លាយជាការពិត!

ថារួច ធឿនក្រឡេកមើលមុខកូនចៅម្នាក់ម្ដង ហើយបន្តមកនាយធីចុងក្រោយគេ។ សមាជិកដែលត្រូវគេបំបិទមិនសួរនាំពីហេតុផលមុននោះ ក៏និយាយឡើងថា៖

_ បង! ខ្ញុំសួរដូចឆោត…គាត់ព្រមឱ្យយើងច្រើនម្ល៉ឹងៗ បើបានសម្រេចមែនគាត់ឱ្យយើងពិតអត់?

_ មែនហើយបង…ថែមហើយថែមទៀត ថារង្វាន់លើកទឹកចិត្ត ហើយលុយច្រើនអ៊ីចឹង ឋានៈគាត់ប៉ុណ្ណឹង គាត់អាចឱ្យយើងបានដែរបង?

ម្នាក់រាងល្អិតបន្ទរមកបន្ថែម លោកបងធឿនដកដង្ហើមបន្តិចក៏ឆ្លើយថា

_ ចុះឯងគិតថាការងារយើងកំពុងធ្វើហ្នឹងស្រួលមែន? បើស្រួលមែន មិនមែនគេសុខចិត្តចំណាយឱ្យច្រើនអ៊ីចឹងទេ! ម្យ៉ាងមុខមាត់គេប៉ុណ្ណឹងដែរ បើហ៊ានក្បត់សម្ដីច្បាស់ដឹងសខ្មៅជាមួយអាធឿនមិនខានទេ!

ម្នាក់ដែលខ្ពស់ជាងគេក៏ភ្លាត់មាត់ថា៖

_ អ៊ីចឹងបានគេឱ្យរៀនឱ្យខ្ពស់ គិតអីឱ្យជ្រៅជ្រះ ល្អិតល្អន់ដូចលោកបងអ៊ីចឹងហ្អេស!

នាយធីក៏ទះស្មាគេផាច់៖

_ បានហើយមិនបាច់អែបអបទេហ្អា៎! ចំណែកស្មើៗគ្នាមែនអត់ពួកហ្អែង? អើ! និយាយអ៊ីចឹង     ​មិញ​ថាអត់ស្រួលខ្លួន…ហើយកើតស្អី?

_ មិនដឹងទេបង! តាំងពីចេញពីផឹកជាមួយបងធឿន និងពីរនាក់នេះមកខ្ញុំស្រាវស្រាញមិនស្រួលសោះ

_ នែ…មើលមិនស្រួលទៅធ្វើតេស្តធ្វើអីចេញ ស្រុកទេសគេកំពុងមិនស្រួល! សំណាងហើយថ្ងៃនឹងរវល់បើកឡានដឹកអីវ៉ាន់ឱ្យគេ អត់បានទៅជាមួយពួកឯង!

លោកបងដែលធំជាងគេក៏លាន់មាត់៖

_ ស្អីហា្អ! បបួលផឹកស៊ីសប្បាយជុំគ្នាម្ដងសោះ អត់ស្រួលខ្លួន?

កូនចៅមាឌល្អិតជាងគេតបភ្លាម៖

_ មែនតាស៎បង ខ្ញុំឮវាមិនស្រួលតាំងពីថ្ងៃមុនមករហូត

_ អឺ…បើមិនស្រួលក៏ទៅពេទ្យមើលទៅ! និយាយអ៊ីចឹងបានលុយពួកឯងយកធ្វើអីខ្លះ?

គ្រប់គ្នាមុខរីកដូចគ្រប់ជី ឆ្លើយដោយមិនឱ្យបាត់មួយម៉ាត់ឡើយ៖

_ ខ្ញុំធ្វើផ្ទះថ្មីនៅស្រុកឱ្យស្អាត ហើយនាំប្រពន្ធកូនទៅនៅក្រុងហ៊ឺហានឹងគេម្ដង!

_ ខ្ញុំយកដណ្ដឹងប្រពន្ធ ហើយទិញឡានជិះ…ហាសហា

_ ខ្ញុំមិនបាច់ធ្វើការឱ្យគេទេ ដេកសោយសុខតែហ្មង!

នាយធីនិងនាយធឿនសើចគិលកាលបើឮបែបនេះ ហើយក៏បំបែកគ្នារៀងខ្លួនទៅធ្វើការថ្មីៗបន្តទៀត។

ពេលវេលាកន្លងទៅមិនតិចឡើយ ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនៅថ្ងៃនេះច្រើនជាងម្សិលមិញ ហើយតិចជាងខានស្អែក។ មនុស្សម្នាហាក់ភ័យព្រួយ តែព័ត៌មានក្លែងក្លាយនៅតែត្រូវបានចែកចាយបន្ត​។

តាសំនៅតែសំចតខ្លួនចោលលើស៊ីក្លូចាស់ក្បែរមន្ទីរពេទ្យ។ ថ្ងៃនេះយើងក៏នៅតែឮសំឡេងឡានពេទ្យបន្លឺក្នុងប្រតិបត្តិការកម្ចាត់ជំងឺឆ្លងដដែល។ ពេលកន្លងមកគ្រូពេទ្យធ្វើការមិនដែលសម្រាលដៃ ដើម្បីច្បាំងនឹងមេរោគមួយនេះ តាសំសញ្ជប់សញ្ជឹងតែម្នាក់ឯងក៏លាន់មាត់៖

_ គិតៗទៅសម័យមុនគេធ្វើសង្គ្រាមសម្លាប់មនុស្ស សម័យឥឡូវគ្រាន់តែរឿងមិនពិត ព័ត៌មានក្លែងក្លាយក៏អំពល់ទុក្ខបានយ៉ាងងាយ! ឱ! ស្រុកទេសខ្ញុំអើយ ថ្ងៃនេះមិនដឹងថាបងប្អូនអ្នកណាខ្លះឈឺទៀតទេ!

ឡានពេទ្យបត់ចូលក្នុង ពន្លត់សឺរ៉ែន ឱ្យអ្នកជំងឺចុះមកព្យាបាលនៅខាងក្នុងអគារ។ គ្រាន់តែក្រឡេកឃើញម្នាក់នេះពីចម្ងាយភ្លាមតាសំលាន់មាត់ស្រែក៖

_ ធឿន?

តាសំក៏ប្រញាប់ទាញស៊ីក្លូតម្រង់ទៅផ្ទះតាសយភ្លាម។ ធាក់មិនទាន់បានប្រាំម៉ែត្រផង ប៉ូលិសឃាត់ភ្លាម៖

_ តាធាក់ទៅរកបាយហូបជិតៗនេះទេក្មួយអើយ!

ប៉ូលិសងក់ក្បាលហើយបន្ថែម

_ ប្រញាប់មកវិញតា!

ចាប់ហ្វ្រាំងមិនទាន់ គ្រាន់តែក្រឡេកឃើញស៊ីក្លូតាសយចតមុខផ្ទះភ្លាម ចោលតាសំស្រែកភ្លែត៖

_ តាសយ! អើយតាសយ…នៅផ្ទះអត់ហ្នឹង?

ស្រែកហៅមួយសន្ទុះធំហើយទើបតាសយចេញមក

_ តាសំ? ហើយមានការអី?

តាសយរន្ថើនសួរព្រោះឃើញទឹកមុខតាសំភ័យស្លេក

_ អាធីនៅផ្ទះអត់?

_ វាទៅបើកឡានដឹកអីវ៉ាន់ឱ្យថៅកែគេបាត់ហើយ គេបិទខ្ទប់អ៊ីចឹងត្រូវការដឹកចុះឡើងច្រើនជើង តាឯងរកវាធ្វើអី?

សម្លាញ់គាត់ងាកឆ្វេងស្ដាំទើបឧទានឡើង៖

_ អាធឿន…ក្រុមដែលខ្ញុំប្រាប់ថ្ងៃមុននុ៎ង ឥឡូវវាឆ្លងជំងឺគេដឹកទៅពេទ្យបាត់ហើយ តាឯងសួរវាមើលមើល៍ អាធីបានដើរហើរទៅណាជាមួយគេដែរអត់?

ទីង!

សំឡេងសារទូរសព្ទលាន់ឡើង ទាំងនាយធីកំពុងបើកឡានដឹកស្រាបៀរតម្រង់មកខេត្តវិញ

ទីង!

ទីង!

ទីង!

_ នរណាហ្នឹង? ទាន់ហន់ទៅណាអ៊ីចេះ!

គេលាន់មាត់ ហើយឈោងដៃចុចបើក៖

_ បងធី បងឯងនៅណា?

សារសំឡេងនេះចប់ គេងើយមើលផ្លូវបណ្ដើរដៃចុចបើកស្ដាប់បណ្ដើរ៖

_ បងធឿនគាត់ឆ្លងអាជំងឺហ្នឹងហើយ ឥឡូវគេដឹកគាត់ទៅដល់ពេទ្យហើយបង

ដំណឹងនេះក៏សាយភាយលឿនរហ័សដូចចិត្តចង់

_ ពួកខ្ញុំអ្នកពាក់ព័ន្ធគេមកយកសំណាកអស់ហើយ នៅចាំលទ្ធផល

_ ឥឡូវបងឯងនៅណា? បើគេសួរបងឯងកុំឆ្លើយថាបានចួបពួកខ្ញុំ ព្រោះបងធីឯងអត់បានទៅផឹកជាមួយពួកគាត់ទេ ព្រោះអីដើមឡើយខ្ញុំឆ្លងពីបងធឿនទេ

ធីស្ដាប់ហើយជ្រួញចិញ្ចើមទើបស្ដាប់បន្តទៀត

_ មិនដឹងបងធឿនហ្នឹងគាត់ទៅឆ្លងពីនរណាគេម៏ ទាល់តែខ្ញុំទៅធ្វើតេស្តទើបដឹងឆ្លង ហើយអត់បានចួបអ្នកណាទេ ចួបបងធឿនហើយក៏ទៅអ៊ីចឹងទៅ! ហើយបងធឿនទើបចេញអាការៈម្សិល​មិញ​នេះទេ

សារសំឡេងចប់ត្រឹមណេះ នាយធីរអ៊ូឡើង៖

_ ផ្ទះអញមានក្មេងហើយមនុស្សចាស់ ចេះអត់អីៗតាមមាត់ឯងម៉េចហ្អា៎?

សំឡេងទូរសព្ទគេរោទ៍ឡើងម្តង

_ អាឡូពុក!

_ ខ្ញុំកំពុងដឹកអីវ៉ាន់ឱ្យគេ…អត់អីទេ ខ្ញុំអត់បានចួប…

ប្រាវ!!!

_ អាឡូ…អាឡូធី…?

_ ទីត……ៗៗ

ជើងគេជាន់ហ្វ្រាំងលាន់ងឺត! ក៏ជ្រុលទៅបោកក្បាលនឹងចង្កូតឡាន គេលាន់មាត់៖

_ ស៊យមែនហា្អ! ម៉ាភ្លែតសោះ…

គេបិទទ្វារឡានគ្រាំង ចុះទៅមើលម៉ូតូមានបន្លែសាច់ជ្រុះរប៉ាត់រប៉ាយ ជិះបញ្ច្រាសគ្នាត្រូវរបួសធ្ងន់សន្លប់ស្តូក​ស្ដឹង​។ ងាកមើលឆ្វេងស្ដាំ គ្មានមនុស្សសោះ នាយធីធ្វើភ្នែកក្រឡាប់ចុះឡើងកំពុងរកឃើញគំនិតល្អៗសម្រាប់តែខ្លួនឯងម្នាក់គត់រួចហើយ ក៏ដាក់មេប្រូចរត់ផះក្រញាំ កុំឱ្យអ្នកស្រុកមកទាន់។

បក្សពួករបស់ធឿនដែលជាមេធំម្នាក់ក្នុងក្រុមបំពុលអកុសលឆ្លងមេរោគទាំងអស់គ្នា  កំពុង​ស្នាក់​នៅ​កន្លែងធ្វើចត្តាឡីស័ករួមគ្នាទាំងព្រមយ៉ាងរហង់។

_ នរណាហ្នឹង?

_ បង ខ្ញុំអាធី! កុំមាត់បង…ឥឡូវបងនៅណា?

លោកបងធំនិយាយតិចៗ

_ នៅកន្លែងគេព្យាបាល…ជាមួយគ្នាយើង ហើយឯងនៅណា?

_ ខ្ញុំបើកឡានប៉ះគេ ហើយថែមច្របូកច្របល់អ៊ីចឹងផង ខ្ញុំរត់បណ្ដោយទៅ

_ អឺ…ល្អ! ហើយមានការអី?

_ ខ្ញុំអត់ចូលផ្ទះទេ បងជួយខ្ញុំផង

គេជ្រួញចិញ្ចើមចូលគ្នាទើបប្រាប់ថា

_ ឯងទូរសព្ទទៅលេខនៀក ហើយប្រាប់គេថាកូនចៅបងធឿនទៅគេដឹងហើយ

_ បាទអរគុណបង!

_ សំណាងល្អវ៉ើយ…ចប់កិច្ចការចួបគ្នាសោយសុខ!

ពណ៌សម្បុរក្រុមនេះមិនពិបាកចំណាំសោះ ពួកគេនៅរក្សាចរិតក្អេងក្អាងនៅរាល់កន្លែងដែលបានទៅដល់ ព្រមទាំងមិនភ្លេចស្មារតីចែករំលែកពាក្យកាឡៃដល់អ្នកស្រុក។ បានឱកាសល្អមកដល់មណ្ឌលដែលទុកអ្នកជំងឺទៅហើយ ធឿនប្រើវិធីវាយសម្រុក ធ្វើឱ្យផ្លូវចិត្តមនុស្សកំពុងឈឺជ្រួលច្របល់ទ្វេឡើង។ កូនចៅកាន់តែសកម្មផង ម្នាក់នឹករំពឹងដល់ផ្ទះស្អាតៗតម្លៃថ្លៃៗដែលជាថ្នូរនឹងអំពើសែនអសោចនេះ​។

ថ្ងៃនេះតាមការប្រកាសរបស់ខាងអាជ្ញាធរ យើងបានឮដំណឹងមួយហាក់ជួយឱ្យមានទឹកចិត្តរំភើបឡើងវិញ ។ វិទ្យាសាស្រ្តបានរកឃើញវ៉ាក់សាំងការពារជំងឺកាចសាហាវមួយនេះបានហើយ។ ប្រជាជននៅទីក្រុងក៏បានទទួលការចាក់វ៉ាក់សាំងជាបន្តបន្ទាប់។

គ្រប់គ្នាកំពុងតែសម្រុកធ្វើការពេញទំហឹងដើម្បីទប់ស្កាត់ឱ្យបាន និងកាត់ផ្ដាច់ខ្សែចម្លងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយឥឡូវនេះត្រូវថែមភារកិច្ចថ្មីលើករណីក្រុមនាយ​ធឿន​មួយទៀត។

វ៉ាក់សាំងប្រឆាំងជំងឺ មិនទាន់ទាំងមកដល់ជួយប្រជាជនទឹកដីជាយដែននេះឱ្យចៀសផុតពីវិនាសកម្មផង បក្សពួកនិងបណ្ដាញនាយធឿនប្រែជាកាន់តែលឿនហើយ​រហ័ស​។ មនុស្សអស់ទាំងនោះខំបំប៉ោងតាមតែពាក្យគេថា ស្រេចតែមាត់គេបំភ្លៃ។

អ្នកជំងឺកាន់តែកើនមិនថមថយ ភ្លេចខ្លួនបន្តិចពាក្យផ្ដេសផ្ដាសរបស់ក្រុមឯកទេសបំប៉ោងនិងបំពុលបានរីកសាយភាព រហូតគ្របដណ្ដប់លើការពិតទាំងស្រុង។ អ្នកស្រុកបែរជាឆាប់ជឿគេណាស់ ដ្បិតជំនាញដែលផ្សាយពាក្យមិនពិតក្លាយទៅជាពិតកាន់តែស្ទាត់ ថែមទាំងមិនស្ដាប់ហេតុផលវិទ្យាសាស្រ្តទាំងឡាយដែលខំពន្យល់ ទទូចសុំ និងក្រើនរំឭកជារឿយ​ៗ​។

បច្ច័យជាច្រើនដែលតាសំយើងសង្កេតឃើញ ដែលបណ្ដាលទាញឱ្យស្ថានភាពធ្លាក់ដល់អាសន្នបែបនេះ។ ការចល័តខ្លួនមិនឈប់ ការរត់គេចពីកន្លែងផ្ទុះជំងឺមកស្រុកកំណើត ការលួចលាក់មិនទុកចិត្តពេទ្យដែលជាអ្នកព្យាបាលរហូតដល់ថ្នាក់ជឿពាក្យគ្មានប្រភព ហើយមិនទុកចិត្តថ្នាំដែលអ្នកវិទ្យាសាស្រ្តខំរុករក ស្រាវជ្រាវជួយជីវិតមនុស្ស។ ក្រុមមនុស្សជំពូកតូចនេះកាន់តែហួសហេតុរហូតធ្វើឱ្យសមត្ថកិច្ចចេញវិធានការណ៍ក្ដៅ ប្រកាសចាប់ខ្លួន តាមផ្លូវច្បាប់ដល់អ្នកបង្កាត់ភ្លើងព័ត៌មានក្លែងក្លាយ។

លោកតាយើងខឹងចិត្តណាស់ ក៏ស្ទុះវឹងទាញអត្តសញ្ញាណបណ្ណទៅកន្លែងចាក់វ៉ាក់សាំងភ្លាម។ ក្រោយដំណើរចប់គ្រប់សព្វ ព័ត៌មានរបស់គាត់ត្រូវក្រុមគ្រូពេទ្យផ្សព្វផ្សាយដើម្បីលើកទឹកចិត្តដល់អ្នកស្រុក ឱ្យជឿជាក់លើឆន្ទៈរបស់ពេទ្យក្នុងកាលៈទេសៈនេះ ព្រោះក្រុមកងទ័ពអាវស ពុំចង់ប្រាថ្នាអ្វីក្រៅពីឃើញយើងទាំងអស់គ្នាឆ្លងកាត់ដំណាក់កាលលំបាកនេះដោយជោគជ័យ ហើយគ្រប់គ្នាមានសុខភាពល្អឡើយ​។

_ អាឡូជម្រាបសួរ!

_ បាទជម្រាបសួរ នរណាហ្នឹង?

_ ជម្រាបទានខ្ញុំធី កូនចៅបងធឿន!

_ ធឿនណា មិនស្គាល់ទេ!

_ គឺធឿនធ្វើការឱ្យលោកទាន

_ ច្រឡំលេខហើយ!

ការសន្ទនាត្រូវកាត់ផ្តាច់ ដោយហេតុម្ខាងទៀតបិទចោលគ្មានស្រណោះ។ ការដង្ហើយរកជំនួយមិនបាន ទើបម្នាក់គេត្រូវភ្ជាប់ទៅមួយខ្សែទៀត

_ អាឡូបង…តានោះថាមិនស្គាល់យើងទេ ហើយចុចបិទចោលទៀត

ការណ៍នេះធ្វើឱ្យធឿនគាំងមួយរំពេច ប្រញាប់ចុចបិទហើយភ្ជាប់ទៅលេខមួយខ្សែថ្មីដោយសំឡេងខ្លាំង​ៗ

_ អាឡូលោក….

នឹកគិតមកវិញគេបន្ថយសំឡេង

_ ខ្ញុំធឿនណា!

_ ធឿនណា? មិនស្គាល់ទេ!

_ ធឿនដែលធ្វើការឱ្យបងណា៎! មិនស្គាល់គ្នាយ៉ាងម៉េច?

_ សូមទោស! ច្រឡំលេខហើយ!

_ លោក!!!

ធឿនគ្រវាត់ទូរសព្ទចោលទៅម្ខាង ហើយងាកសម្លេងទៅកូនចៅដែលកំពុងពាក់ម៉ាស ស្ថិតក្នុងមណ្ឌលព្យាបាលរួមគ្នា។ ជាមួយកែវភ្នែកអស់សង្ឃឹមគេប្រាប់អ្នកទាំងបីថា៖

_ ឈប់ការងារទាំងអស់ភា្លម

កែវភ្នែកដែលបុរសទាំងបីសម្លឹងមកគឺត្របាញ់ដោយសំណួរតែមួយ បងធំបន្ត៖

_ តាចាស់នោះក្រឡេចក្រឡុច និយាយបាតដៃខ្នងដៃ

_ អ៊ីចឹងម៉េចកើតបង? កន្លងមកមិនអាសារឥតការទៅហើយ?

ធឿនមិនឆ្លើយ ហើយក្ដាប់ដៃជាប់

_ បើតាហ្នឹងធ្វើអ៊ីចឹងហើយ យើងលេងឱ្យដឹងគ្នាម្ដង! ពួកឯងចាប់ពីថ្ងៃហ្នឹងធ្វើធម្មតា ហើយប្រាប់អាធីឱ្យដឹងផង!

ថាមិនទាន់ចប់ពីមាត់ផង គេក្អកផងហត់ផង!

_ បង! ម៉េចហើយបង? ពេទ្យ….!

ថ្ងៃនេះធឿនដែលជាមេបំផុសបំផុលចលនាបោកប្រាស់ បានឈានដល់ដំណាក់កាលពឹងផ្អែកលើម៉ាស៊ីនជំនួយដើម្បីដកដង្ហើម ស្របពេលនាយធីដែលជាកូនចៅជំនិតត្រូវពាក់ខ្នោះដៃដើរចូលមន្ទីរឃុំឃាំងយ៉ាងសង្ហាក្រោមទោសទណ្ឌជាច្រើនជាន់។

វាមិនរហ័សពេកទេ ព្រោះយើងបានបណ្ដែតបណ្តោយឱ្យហេតុការណ៍ក្លាយជាធ្ងន់ធ្ងរ​។​ តាសំសញ្ជឹងលើត្រីចក្រយានត្រមង់ត្រមោចតែម្នាក់ឯង​ ស្ដាប់ដំណឹងថ្មីជុំវិញ​​ការស្លាប់២៥នាក់នៅទូទាំងប្រទេស​នាថ្ងៃនេះ  ក្រោយពេលកូនប្រុសបណ្ដូលចិត្តតែមួយរបស់មិត្តសម្លាញ់គាត់ ត្រូវប៉ូលិសចាប់បានអស់រយៈពេល៣ថ្ងៃ បន្ទាប់ពីចំណាយពេលក្ដាប់បានមុខសញ្ញាអស់ជាច្រើន។

វារឿងគួរឱ្យតក់ស្លុតបំផុត ម្ល៉ោះហើយអ្នកស្រុកនាំគ្នាគគ្រឹគគ្រេងទៅចាក់វ៉ាក់សាំង ពេទ្យស្ទើរតែគ្មានកម្លាំងទប់ទល់គ្រប់គ្រាន់។

តាសយសុំផ្លូវគេដើម្បីមកមើលកូនដល់មន្ទីរឃុំឃាំង តែធីទទូចមិនព្រមចួបឪពុកឡើយ។ គាត់ត្រលប់ទៅវិញដោយអស់សង្ឃឹម ឱនមុខចុះជានិច្ច។

សមត្ថកិច្ចកំពុងរកមុខអ្នកពាក់ព័ន្ធទាំងអស់នៅតុសួរចម្លើយតទល់នឹងនាយធី ៖

_ ឃុំឯងប៉ុន្មានថ្ងៃហើយឯងនៅតែមិនឆ្លើយ ពុកក៏មិនចួប ឯងចង់យ៉ាងម៉េច?

នាយមាត់រឹងមិនព្រមឆ្លើយ ប៉ូលិសបន្ត៖

_ ឯងត្រូវចាប់ពីបទចំនួន២ ទីមួយគឺបទបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់បាត់ស្រមោល ខាងជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ។ ទីពីរគឺបទផ្សំគំនិត ឃប់ឃិតគ្នាជាមួយឈ្មោះ​ធឿន បំប៉ោងនិងបំពុល ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

_ ឯណាភស្តុតាង?

គេឆ្លើយស្រាលស្ញើក ប៉ូលិសអស់សំណើច៖

_ មើលរឿងភាគច្រើនពេកដឹង? ប៉ូលិសធ្វើការមិនល្ងង់ជាងឯងទេប្អូន! ឯងគិតថាគ្មានអ្នកណាឃើញអ៊ីចឹងហ្អេស? កុំភ្លេចថាឯងរត់ទៅតែខ្លួនទេ តែឡាននិងផ្លាកលេខនៅឱ្យជ្រងោរ​! ឯងគិតហ្អេសថាគ្មានអ្នកដឹង?

ទាល់តម្រិះគេក៏ឆ្លើយថា៖

_ ចុះករណីទីពីរ? បើគ្មានភស្តុតាងគេកុំចេះតែចោទខ្ញុំ!

_ ពីមុនគ្មានមែន តែបន្តិចទៀតមានហើយ!

_ លោកប៉ូលិសចង់មានន័យថាម៉េច?

_ លោកបងធឿនរបស់ឯងស្លាប់នៅមន្ទីរពេទ្យព្រឹកមិញនេះ! ពួកឯងច្បាស់ជាធ្វើការជាក្រុមហើយមានអ្នកបញ្ជាមិនខាន អ៊ីចឹងក្រៅពីក្រោយឈ្មោះធឿន នៅមាននរណាទៀត ឆាប់សារភាពឱ្យអស់មក!

គេស្ងាត់មាត់អស់យ៉ាងយូរទើបសមត្ថកិច្ចបន្ត៖

_ ពុកឯងគាត់ផ្ដាំមកថា ប្រពន្ធឯងលួចរត់ទៅបាត់ហើយពេលឯងមានរឿង បុកគេហើយរត់ចោលស្រុក ឥឡូវនេះកូនស្រីធីឯងមានតែតានិងយាយទេដែលខំប្រឹងទ្រាក់ៗរាល់ថ្ងៃចិញ្ចឹមចៅ។ ធីគិតឱ្យច្បាស់ទៅមុនសម្រេចចិត្តថាទទួលថ្មបាក់តែម្នាក់ឯង!

គេទះតុក្ឌាំងពេញមួយកំហឹងរបស់ខ្លួន ហើយប្រឹងរក្សាទឹកមុខស្មើធេងសម្លឹងទៅប៉ូលិស រួចស្នើសុំទូរសព្ទមុនសម្រេចចិត្តឆ្លើយរាល់អ្វីដែលពាក់ព័ន្ធឬក៏អត់។

គេចុចហើយចុចទៀត នៅតែទាក់ទងមិនបានទាល់តែសោះទើបទឹកមុខខ្មៅរោល ហើយចុចបញ្ជារាវរកលេខថ្មី៖

_ អាឡូ នេះអាធីណា៎!

ម្ខាងទៀតឆ្លើយទាំងក្ងួរៗ៖

_ បងធី?

_ អឺ!

_ បងធឿនក៏ទាក់ទងទៅតាដាំនោះមិនចូលដែរបង តាំងពីបងឯងរត់ទៅបាត់! ខ្ញុំឱ្យគ្នីគ្នាដែលនៅខាងក្រៅ ទៅរកនៅផ្ទះតាហ្នឹងក៏មិនឃើញដែរ សូម្បីប្រពន្ធកូនគាត់ក៏ទាក់ទងតានឹងមិនបានច្រើនថ្ងៃហើយបង!

នាយធីស្រែកទាំងមួហ្មងហើយចុចបិទ៖

_ ចង្រៃយក៍!

គេបែរមកឆ្លើយប្រាប់ប៉ូលិសដែលនៅនឹងមុខខ្លួន៖

_ មេឃុំដាំ!  ម្នាក់ហ្នឹងជាដង្កូវក្នុងសាច់! គ្រប់យ៉ាងមកពីតាហ្នឹងបញ្ជាទាំងអស់ បងធឿនប្រាប់ខ្ញុំថា ម្នាក់នឹងចង់ធ្វើជាមេស្រុកយូរហើយ ថែមទាំងមានខ្សែ​រយៈ​ធំៗច្រើនទៀត បងប្អូនគេសុទ្ធតែជាអ្នកមុខអ្នកមាត់គួរសមគ្រប់ៗគ្នា។ តាហ្នឹងចង់ខ្ចីដៃពេលអាសន្ននេះឱ្យជ្រួលច្របល់ ទម្លាក់ចៅហ្វាយស្រុកចាស់ចោលហើយខ្លួនឯងឡើងធំ ព្រោះគេជឿជាក់ណាស់​។ តានោះហ៊ានសន្យា ហ៊ានចំណាយគ្រប់សព្វ តែឥឡូវវារត់ចោលស្រុកបាត់ លោកប៉ូលិសត្រូវចាប់តានោះមកវិញឱ្យបាន!

_ ស្ថានភាពអ៊ីចឹងហើយនៅលួចរត់បានទៀត?

សមត្ថកិច្ចភ្លាត់មាត់ព្រោះមិននឹកស្មានសោះថាគ្រប់យ៉ាងជាការពិត ហើយចម្លើយសារភាពនេះខាងជំនាញនឹងព្យាយាមស្នើសុំសម្រាលទោសដល់នាយធី ចំណែកឯងកូនចៅរបស់គេគង់តែត្រូវបញ្ជូនខ្លួនមកទទួលទោសទណ្ឌក្រោយពីព្យាបាលចប់សព្វគ្រប់។

ក្រោយភ្លៀងមេឃស្រឡះហើយ ការបិទខ្ទប់ត្រូវបានប្រកាសឱ្យដកចេញ នៅឡើយតែបំរាមគោចរនៅតែរក្សាដើម្បីគម្លាតសុវត្ថិភាពទាំងអស់គ្នា។

តាសំបានចួបនឹងសម្លាញ់ចិត្តគាត់សាជាថ្មី តែអ្វីៗលែងដូចពីមុនហើយ។   តាសយដែលតែងតែ​ផ្តល់​កម្លាំងចិត្តរាល់ពេលតាសំពិបាក ក្លាយជាមនុស្សផ្សេង ចេះតែសញ្ជប់សញ្ជឹងលែងនិយាយស្ដីដូចមុន​។ ផ្ទៃមុខតាសយមានតែភាពក្រៀមក្រំនិងសំឡេងដកដង្ហើមធំរាល់ពេលគាត់ព្យាយាមសម្លឹងទៅជីវិតខាងមុខ​។

តាសំបម្រុងក្រោកចេញពីស៊ីក្លូ ទៅក្បែរតាសយស្រាប់តែងងឹតមុខដួលមួយរំពេច ធ្វើឱ្យតាសយភ័យស្រែកឆោឡោ ហៅគ្រូពេទ្យរុញចូលសង្រ្គោះបន្ទាន់​។

ក្រោយលោកកម្សត់សន្លប់ស្ដូកស្ដឹងលើគ្រែពេទ្យ ស៊ីក្លូសម្លាញ់ចិត្តជាទ្រព្យតែមួយគត់ដែលគាត់មានជាប់ខ្លួន ត្រូវបញ្ឈរចោលក្បែររបងពេទ្យហាលខ្យល់ចាំម្ចាស់ត្រលប់មកវិញ។ មិនដឹងថាតាសំបានឆ្លងមេរោគឬក៏អត់ ព្រោះគាត់រស់នៅហាលខ្យល់ ហាលក្ដៅមិនលោះថ្ងៃទៅហើយ។

ទីត….ទីត…ៗ

ទីបំផុតក្រុមគ្រូពេទ្យព្យាយាមទាញតាចាស់យើងផុតពីជ្រោះមរណៈហើយ។ គាត់បើកភ្នែកព្រឹមៗ ឃើញតែពិតានសក្នុងអាគារពេទ្យ។ ពេទ្យមមាញឹកណាស់ អ្នកជំងឺក៏មិនតិចថែមទៀត សំណាងណាស់ដែលអាចសល់គ្រែឱ្យតាយើងសម្រាកបាន។

គាត់ត្រូវគេដាក់ទន្ទឹមគ្នានឹងអ្នកជំងឺជាច្រើនទៀត ដែលប្រដាប់ដោយម៉ាសការពាររៀង​ៗខ្លួន។ ក្រឡេកបន្តិចនៅស្ដាំដៃ ក៏ប្រទះនឹងនាងតូចម្នាក់អាយុប្រហែល១០ឆ្នាំ នៅបើក​ក្រឡង់ៗសម្លឹងមើលមកគាត់

_ លោកតាម៉េចហើយ? តាធូរនៅ?

តាសំខំញញឹមប្រាប់នាងថាធូរស្បើយ គ្រាន់តែគ្មានកម្លាំងកំហែងទេ។ នឹកដល់ក្មេងអាយុត្រឹមប៉ុននេះបែរជាមកដេកឈឺលើគ្រែពេទ្យទៅហើយ តាក៏សួរនាំឱ្យដឹងរឿង៖

_ ពេទ្យថាមហារីក! ខ្ញុំអត់យល់ទេ មហារីកហ្នឹងជាអីទៅតា? ម៉ែថាស្អែកនេះយកខ្ញុំទៅភ្នំពេញព្យាបាលហើយ។

លោកតាខ្លោចចិត្តអាណិតនាងតូចជាពន់ពេក។ មិនគួរឡើយឱ្យក្មេងស្លូតត្រង់មក​រង​ទារុណអ្វីបែបហ្នឹង

_ ឆាប់ជាណាចៅណា!

គាត់ខំប្រឹងលោដៃញ័រៗទៅអង្អែលក្បាលនាងថ្មមៗ៖

_ ចាសលោកតា! ចាំពេលខ្ញុំជា ធំឡើងខ្ញុំនឹងបើកកន្លែងមើលមនុស្សចាស់ៗឱ្យច្រើន។ ពេលខ្ញុំមកពេទ្យខ្ញុំឃើញតានៅក្រៅរបង…ម៉ែថា…តាអត់មានផ្ទះទេ ខ្ញុំអាណិតតាណាស់!

ប្រយោគនាងចប់ភ្លាម តាសំហូរទឹកភ្នែកសស្រាក់ អាណិតអាណោចខ្លោចថ្លើម​ប្រម៉ាត់ កាលបើឃើញមុខនាងស្រស់ៗនឹងភ្នែក។

តាលើកដៃបួងសួងឧទ្ទិសដល់បារមីព្រះពុទ្ធអង្គ សូមឱ្យលោកមើលឃើញហើយប្រណីដល់ក្មេងស្រីតូចច្រឡឹងនេះផង។

គ្រូពេទ្យក៏មកដល់ប្រាប់តាសំថា មិនបានធ្វើតេស្តវិជ្ជមានឡើយព្រោះតែបានវ៉ាក់សាំងជាអាវក្រោះ មិនអ៊ីចឹងទេមិនថាលោកតាកម្សត់យើងត្រូវជួបអ្វីខ្លះឡើយ។

ច្រើនថ្ងៃទៅហើយ ស្ថានភាពតាសំកាន់តែទន់ទៅៗខ្សោយទៅៗគ្មានកម្លាំង។ គ្រូពេទ្យតាមដាន​អាការៈ​ជាប្រចាំ សង្ឃឹមថាគាត់អាចត្រលប់ទៅផ្ទះបានឆាប់ តែលោកតាយើងគ្មានផ្ទះសម្រាប់ទៅឡើយ​។

គាត់ចាប់ដៃឃាត់ពេទ្យជាប់មិនឱ្យទៅ ទទូចសុំនូវបំណងប្រាថ្នាចុងក្រោយ មុនជីវិតចាស់កម្សត់នេះផុតរលត់ទៅ។ ពេទ្យក៏បង្ហោះដំណឹងស្វែងរកសាច់ញាតិជំនួសតាសំ៖

_ ខ្ញុំសង្ឃឹមថាប្រពន្ធនិងកូនដែលនិរាសព្រាត់គ្នាទៅបានឃើញដំណឹងនេះ ប្រសិនបើគេនៅមានជីវិត។ យើងបានបែកគ្នាដោយភ្លើងសង្រ្គាម កាលណោះខ្ញុំរបួសដាច់ដៃម្ខាង ដេកនៅកន្ទេលអស់ច្រើនខែគ្រាន់តែសង្រ្គាមចប់ភ្លាម។ ខ្ញុំគ្មានទ្រព្យរបស់ជាប់ខ្លួន ក្រៅពីស៊ីក្លូចាស់មួយគ្រឿងប៉ុណ្ណោះ។ ពេលនេះខ្ញុំកំពុងធ្លាក់ខ្លួនឈឺនៅពេទ្យ ខ្ញុំសង្ឃឹមអាចឃើញមុខប្រពន្ធ ស៊ីថា និងកូនប្រុស វុត្ថា របស់ខ្ញុំបានម្ដងមុនពេលលាចាកលោកនេះទៅ។

តាបានប្រើស្មារតីទាំងអស់ខំប្រឹងពីមួយថ្ងៃនៅមួយថ្ងៃនៅក្នុងពេទ្យ ដើម្បីទន្ទឹងមើលផ្លូវអ្នកទាំងពីរដែលតែងចងចាំជាប់ជានិច្ច។ បើកម្មអកុសល គេស្លាប់បាត់ក្នុងសង្រ្គាមតាំងពីយូរណាស់មកហើយ មានតែចាំដល់ពេលអស់សង្ខារទៅ នោះតាសំអាចបានចួបជុំគ្រួសារបានហើយ។

យ៉ាងណាកូនចិត្តតូចមួយតែងលួចសង្ឃឹម ដរាបណាតាកម្សត់អាចបើកភ្នែកសម្លឹងមើលផ្ទៃមេឃបានមួយថ្ងៃទៀត។

កន្លងផុតទៅជាងមួយសប្ដាហ៍ហើយក្រោយគ្រូពេទ្យបានជួយផ្សាយដំណឹងចេញទៅ ប៉ុន្ដែតាសំនៅតែដេកអស់សង្ឃឹមបន្តគ្នារៀងរាល់ថ្ងៃ។ តាសយក៏មិនត្រូវអនុញ្ញាតឱ្យមកសួរសុខទុកបានទៀត។

ប្លែកអ្វីតែប៉ូលិស បានស្រាវជ្រាវរកប្រភពដែលមេឃុំដាំលាក់ខ្លួនឃើញបានសម្រេច​។ គួរឱ្យសង្វេគណាស់ មេឃុំដាំត្រូវបានរកឃើញដោយដេកស្លាប់តែម្នាក់ឯងពេលសមត្ថកិច្ចចុះទៅដល់។ គេរត់គេចទៅស្រុកកំណើតខាងម្ដាយក្មេក ដោយពុំដឹងខ្លួនថាផ្ទុកជំងឺឆ្លងពីស្រុកទៅ។ ក្រោយគ្រូពេទ្យធ្វើកោសល្យវិច័យលើសព ក៏ប្រទះឃើញថា តាដាំពិតជាស្លាប់ដោយមេរោគដែលបំលែងខ្លួនថ្មីមែន។

អ្នកភូមិនៅទីនោះ ត្រូវនាំគ្នាធ្វើសំណោកនិងហាមមិនឱ្យចល័តផ្ដេសផ្ដាស ដោយសារវត្តមានមេឃុំដាំ។ ករណីនេះត្រូវបានខាងអាជ្ញាធរផ្សព្វផ្សាយជាសាធារណៈតោងឱ្យជាមេរៀននិងប្រុងប្រយ័ត្នឱ្យបានខ្ពស់តទៅចាប់ពីវិនាទីនេះ។

ចំណែកខ្មោចតាដាំដែលស្លាប់ទៅ មិនដឹងថាត្រូវមាត់មនុស្សប៉ុន្មាននាក់ កំពុងប្រទេចបណ្ដាសាដោយកំហឹងឡើយ។ កុំនិយាយដល់លាភសក្ដារៈដែលជាសន្យាខ្យល់របស់គាត់នឹងនាយធឿន នៅពេលនេះលោកបងធំបានឃ្លាតចាកឋានទៅហើយ ចំណែកនាយធីនិងគូកនកំពុងទន្ទឹមមើលយ៉ាងអន្ទះអន្ទែងពីលទ្ធផលខ្លួន ដោយសារអំពើដែលចង់សោយសុខឆាប់រហ័សយកប្រយោជន៍ខ្លួនជាធំ មិនខ្វល់ដល់ស្រុកទេស​។

មកដល់ខណៈពេលនេះ ខ្លួនតាចាស់ពិតជាខ្សោយកម្លាំងណាស់ ខ្លួនប្រាណទាំងមូលហាក់ល្វើយ បើកភ្នែកស្ទើរមិនចង់រួច។ ដង្ហើមគាត់ខ្សោយទៅៗតូចទៅៗរហូតត្រូវរុញចូលបន្ទប់សង្រ្គោះបន្ទាន់​។

តាអស់សង្ឃឹមកាន់តែខ្លាំង ហើយមានអារម្មណ៍ច្បាស់ណាស់ថានេះគឺជាវេលាចុងក្រោយដែលតាសំអាចរស់បាន។ គាត់បិទភ្នែកសន្សឹមៗដោយរបូតទឹកភ្នែកដែលខំទ្រាំអស់កាលជាង៣០ឆ្នាំកន្លងមក​។

ស្រាប់តែត្រចៀកតាឮសំឡេងដង្ហើយហៅល្វើយៗ លូកដៃមកអង្រួនថ្មមៗ៖

_ តាសំ! តាសំ!

សំឡេងពេទ្យមែនទេ ម្ដេចក៏ខុសពីរាល់ដង?

_ តាសំ! គឺខ្ញុំណា៎! គឺខ្ញុំ…

_ ស៊ីថា?

តាខំសម្លឹង គិតថាភ្នែកស្រវាំងឬមួយវង្វេងវង្វាន់។ គាត់ប្រឹងកម្រើកដៃហើយពោលតិចៗ៖

_ ខ្ញុំមិនយល់សិប្តទេ! ឫមួយខ្ញុំស្លាប់ហើយ?

គាត់សើចស្រាលស្ញើក

_ ទីបំផុតខ្ញុំបានចួបឯងហើយ…ខ្ញុំបានចួបឯងនៅឋានក្រោមនេះហើយ

អ្នកជាប្រពន្ធយំអណ្ដឺតអណ្ដក៖

_ ស្លាប់អី…ឋានលើឋានក្រោមអី! ខ្ញុំស៊ីថា…ស៊ីថាប្រពន្ធឯងណា៎តាសំ!

ហេតុតែមិនជឿនិងរំភើបពេក តាលើកដៃស្ទាបមុខនិងសម្លឹងមើលមនុស្សប្រុសខាងក្រោយខ្នងយាយ​។

ត្រូវហើយ! មុខមាត់មនុស្សម្នាក់នេះហើយដែលតាសំខំទន្ទឹងមើលជាង៣០ឆ្នាំ។ ប្រពន្ធស៊ីថាជាទីស្រឡាញ់ កំពុងឈរនៅចំពោះមុខគាត់។ នាងប្រែប្រួលច្រើនណាស់! ស្បែកជ្រួញ សក់ក្លាយជាសប្រណាំងចាស់ជាមួយតាហើយ។

យាយលូកដៃមកស្ទាបដៃម្ខាងដែលពិការរបស់តាហើយយំឡើងរញ័រមិនព្រមឈប់ ដោយ​រំជួលចិត្តជាពន់ពេក៖

_ ក្រោយបែកភ្លាមខ្ញុំទន្ទឹងមើលផ្លូវតាសំឯងឡើងផ្សាភ្នែក…ចាំបាត់ៗ…មិនឃើញសោះ! ស្រាប់តែមានគេយកខោអាវទាហាននិងធាតុមួយកញ្ចប់ ប្រាប់ថាតាឯងស្លាប់បាត់ហើយ រួចមុនស្លាប់ផ្ដាំផ្ញើគេឱ្យយកធាតុមកឱ្យប្រពន្ធកូនវិញ ប្រាប់ថាឈ្មោះស៊ីថានៅស្រុករតនៈមណ្ឌល ទើបខ្ញុំគិតថាតាឯងស្លាប់បាត់ហើយតាសំអើយ!

យាយយំមិនឈប់ តាសួរវិញថា៖

_ ចុះសុខដែលទៅធ្វើទ័ពដំណាលគ្នាបានត្រលប់ទៅផ្ទះវិញទេ?​

_ បាត់ដំណឹងសូន្យមិនឃើញទេ!

_ ត្រូវហើយ! ធាតុនោះមិនមែនខ្ញុំទេយាយ! សុខវាគ្មានប្រពន្ធកូន មានតែផ្ដាំគេថាផ្ញើឱ្យប្រពន្ធ ទើបមានគេធ្វើបុណ្យឱ្យវា ព្រោះវាមានតែខ្ញុំម្នាក់គត់ដែលរាប់អានជាបងប្អូនហ្នឹងហើយ!

_ នេះកូនប្រុសយើង! វាធំហើយតាសំអើយ វាមានឪហៅនឹងគេហើយណា៎!

កូនប្រុសលូកដៃមកប៉ះតាយើងហើយនិយាយថា៖

_ យើងទៅផ្ទះយើងវិញណាពុកណា៎!

គ្រូពេទ្យដែលនៅក្បែរនោះខ្សឹកខ្សួលទៅបរិយាកាសដែលតាសំបានឆ្លងកាត់កន្លងមក។ រំពេចនោះតាលូកដៃម្ខាងដែលជាសំណល់ពីសង្រ្គាមចាប់កាន់ដៃពេទ្យដោយរំភើបឥតឧបមា ប្រាប់ពេទ្យថា៖

_ តាចាស់អរគុណណាស់! អរគុណក្រៃលែងដល់គ្រូពេទ្យដែលជួយសម្រេចបំណងឱ្យតាស៊ីក្លូម្នាក់នេះ!

ពេទ្យទះដៃតិចៗច្រាលចិត្តឱ្យរំភើប ទើបពោលថា៖

_ ទីបំផុតតាសំអាចសោយសុខសមតាមបំណងហើយ

គាត់លើកដៃតិចៗជាសញ្ញាថាមិនទាន់ចប់នៅឡើយទេ

_ យាយវា!

គាត់ពោលហើយសម្លឹងមុខវុត្ថា

_ កូនហ្អា៎…ជួយពុករឿងមួយណា! ជួយយកតាសយនិងប្រពន្ធ ហើយចៅគាត់ ទៅនៅជាមួយយើងផង!

ចប់