ស្ទូឌីយោសម័យបារាំង – Meysansotheary

រឿង៖ ស្ទូឌីយោសម័យបារាំង
ខេត្តបាត់ដំបង…..ខែកញ្ញា ឆ្នាំ២០២៤

ដោយភ្លៀងខ្លាំងហួសហេតុដល់ថ្នាក់ពិបាកបន្តដំណើរ រថយន្ត​ប្រភេទ SUV បាន​បន្ថយ​ល្បឿន​រក​​​កន្លែង​​ឈប់​។​ គន្ធាដែលជាអ្នកបើក ព្យាយាម​បញ្ជា​យន្ត​ជូត​កញ្ចក់​យ៉ាង​ញាប់​ប្រឆាំង​នឹង​តំណក់​ដែល​ទឹក​ជន់ស្រក់រដឹកមិនអាចមើលអ្វីឃើញច្បាស់។

ផ្លូវលិចទឹក…..មេឃងងឹត​បិទបាំងព្រះទិនករ​ដែលជិតអាប់​​រស្មីនា​វេលា​ម៉ោង​ប្រមាណ​ជាបួន​រសៀល​​។ តាមរយៈផ្ទាំងកញ្ចក់ដែលដាម​ដោយ​លំហូរទឹករាប់រយ ស្ទូឌីយោចាស់នៅចំពីមុខ….​ព្រិល​ៗ​​ដោយសារភ្លៀងព្យុះបូកបញ្ចូលគ្នា។

គន្ធា៖(រអ៊ូ)

«ជ្រកសិន! នេះទាល់ទឹក​ស្រក​អស់បាន​ទៅមុខរួច»

អាគារ​ចំណាស់មួយសង់ពីថ្ម​ប្រកបដោយរចនាបថជំនាន់បារាំង ជាសំណង់ដ៏​ចំណាស់​មួយ​តែ​ហាក់​​មាន​​​អតីតកាលស្តុកស្តម។ នៅលើចុងកំពូលមាន​ដាក់លេខស្លាក់កាន់ស្លែ ១៧០៤ ស្ថិត​នៅ​ក្នុង​ភាព​​​ស្ងាត់​ជ្រងំក្បែរជាយភូមិនិងចម្ការចេកជ្រៅស្តុក។ នេះជាផ្នែកមួយនៃ​​បាត់​ដំបង។

វីត និយាយទាំងចំហ​មាត់ស្ងើច៖

«វ៉ាវ! ​រកឯណាឆ្ងាយទៀត! រឿងខ្លីនេះ អាចថតនៅផ្ទះនេះបាន!»

ក្រុមនេះ​រួមមានគន្ធាម្ចាស់ឡាន  ម៉ាកជាប្អូនប្រុសរបស់នាង  វីតជាអ្នកថតដែលជួលមក និង​ទីតា​ជាអ្នកនិពន្ធនិងដឹកនាំរឿង។

«គិតអ៊ីចឹង​ដែរ!» ទីតាញញឹមសម្លឹងគ្រឹះនៃអាគារ​ដ៏​ធំ ប្រៀប​ដូចជាសំណង់​ដ៏បុរាណ​ដែល​បាន​សឹក​​ខូច​​​ខាត​បន្សល់មក​ពី​អតីតកាល។ វល្លិពស់នៅជុំវិញរបារដែករបស់វា ហើយ​បង្អួច​ដែល​បែក​ខ្ទេច​ខ្ទាំ​ បង្ហាញ​ពីផ្នែកខាងក្នុងងងឹត​និង​គ្របដណ្តប់ដោយធូលី។

ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​។

ម៉ាក៖(សម្លឹងមើលពីក្នុងឡាន​ដោយភ័យៗ)

«នែ៎ មើលឱ្យច្បាស់សិនចាំចូល វាចាស់ណាស់…ហើយគួរឱ្យ….ខ្លាច!»

វីត៖(ញញឹម)

«ឃើញអត់ប្រាប់ថា​ថតកុនកុំយកក្មេងមក!»

ម៉ាក៖

«ខ្ញុំមិនមែនក្មេងទេ! ១៦ឆ្នាំហើយ!»

គន្ធា៖ (កម្លាប្អូន)

«កុំមាត់អ៊ីចឹង!»

ថាផងនាង​លូនឡានចូលរបងដែលចំហរទ្វារចោលព្រោះ​ទ្វារដែកម្ខាង​បានរេដួលទៅតាម​​កម្លាំង​ពេល​វេលា​ សង្កត់ដោយរុក្ខជាតិវល្លិប្រតោង។

«បងឯងចូលមែន?» ម៉ាក​ញ័រៗ។

«ឯងខ្លាចពេកធ្វើអី យើងមាន​ចូលទៅក្នុងឯណា ឈប់ឡានជ្រកបន្តិចមិនបាន! យីវ៉ី!» គន្ធា​ស្តី​ឱ្យ​ប្អូន​ដែល​អង្គុយខាងក្រោយក្បែរវីត។

ឡាន​ចូលដល់ ចតចំពីមុខ​ទ្វារ​ឈើ​ដ៏​ធ្ងន់​មួយ។ ជញ្ជាំងមាន​ធ្លុះ​ធ្លាយ​ខ្លះតែផ្ទៃរបស់វាមាន​​លាយ​បញ្ចូល​ភាព​ឆើត​ឆាយ​​ដែលរសាត់បាត់ទៅតាមសម័យកាល​ ជាមួយ​ការពុកផុយនាពេលបច្ចុប្បន្ន។

ឃ្លីកៗៗៗ

ពួកគេគេសម្លឹងវីតដែលថត។

«ក្បាច់អស់ទាស់វ៉ី» វីតលាន់មាត់ដោយឈប់ថត។ គេដកភ្នែកមកវិញ​ក្រោយ​ពី​ហ្ស៊ូម​ឃើញ​ចម្លាក់​តូចៗ​នៅខាងស្តាំទ្វារ។

«ជាវិមាន​ចាស់?» ទីតាចាប់អារម្មណ៍ខ្លាំងតាមបែបជាអ្នកស្នេហាភាពយន្ត។

ភ្លៀងស្រាប់តែរាំង។ គ្មានតំណក់ទឹករំខានច្រើនទេ។

«មេឃក៏រាំងភ្លាម មានអ៊ីចឹងទៀត?»

គន្ធាងើយមើលមេឃពីកញ្ចក់ខាងមុខរបស់នាង​។

«ល្អហើយ! យើងទៅមើលខាងក្នុង!» ទីតានិយាយបបួល។

«ទេ!» ម៉ាកបដិសេធភ្លាម។

«អង្គុយចាំបានក្មេងតូច!» វីតបង្អាប់។

ដោយមិនរង់ចាំការអនុញ្ញាត ទីតាបើកទ្វារចុះ វីតរត់ទៅតាមក្រោយ។ ទ្វារ​មិន​បាន​បិទ​ទាំង​ស្រុង​ទេ​។ ពួក​គេស្រែកហៅ។

«មាន​អ្នកណានៅទេ?»

ម៉ាក​នៅទីនេះ គេសម្លឹងពួកទីតាមិនដាច់ភ្នែកតែមាត់និយាយខ្សឹបនឹងបងស្រី៖

«បងឯង….ខ្ញុំមិនចូលចិត្តកន្លែងនេះទេ… មានអ្វីមួយខុសប្រក្រតី!»

គន្ធាគោះ​ចង្កូតឡាន​គិត​។

«ភ្លៀងរាំងហើយ!​ ហៅពួកគាត់ឡើងមក យើងគួរតែចាកចេញឥឡូវនេះ!»

វីតស្រែកពីចម្ងាយ៖

«មកចុះមកវ៉ើយ ខាងក្នុងអ៊េម​!»

ម៉ាករអ៊ូ៖

«អ៊េមស្អី? អាគារចាស់ខ្លាំង កខ្វក់ អាក្រក់ហើយងងឹតមែនអត់?​»

វីតមិនខ្វល់នឹងការស្រែកចំអក គេបែរចូលក្នុងដោយក្តី​រំភើប​ចិត្ត​និង​ដក​កាមេរ៉ា​មក​ធ្វើការ​ភ្លែត​ មិន​អើពើនឹងភាពតានតឹងដែលកំពុងកើនឡើងក្នុងឡាន​រវាងគន្ធានិងម៉ាកទេ។

ទីតានិយាយខ្សឹបៗ៖

«មើលទៅកន្លែងនេះ ដូចមានជីវិត! ជាមួយនឹងមាន​រឿងអ្វីមួយ គួរឱ្យចាប់អារម្មណ៍ខ្លាំង!»

វីតងាកមើលនាង​ហើយបក់ដៃហៅចូល៖

«​ខ្ញុំអាចមានអារម្មណ៍ថា មានអ្វីម្យ៉ាង​អាច…..ថតកុនខ្នាតខ្លីអំពីផ្ទះចាស់នេះ អាចនឹងបានល្បី!»។

«ជឿ!» វីតនិយាយហើយថតឃ្លឹបៗ។

«ស្ទូឌីយោជំនាន់បារាំង ចំណងជើងម៉េចដែរ?» ទីតាសើចផងសួរផងយ៉ាងប្រាកដប្រជា។

«ឡូយ! ត្រូវនឹងទិដ្ឋភាពណាស់អ្នកនិពន្ធ!»

នៅពេលពួកគេឈាន​ចូលទៅជិតអគារ មេឃងងឹតខុសពីធម្មជាតិទៅហើយ ស្នូរជើងពីក្រោយ វីត​ងាកភ្លែតហើយចំអក។

«មកដែរ?!»

ម៉ាកត្រូវបងស្រីទាញមកដែរ។ ទាំងបួននាក់ឱបដៃខណៈ​ខ្យល់​បក់​ខ្លាំងពីក្នុងមក។ អ័ព្ទ​ទាប​ហើរ​ពាស​ពេញ​ដី ហើយតាមរយៈការចុចពិលទូរសព្ទរបស់ទីតានិងគន្ធា​​ ពីក្រោយ​ផ្សែង​អ័ព្ទ​នោះលេច​ចេញ​រូប​មនុស្ស​តូចៗពីរនាក់។

កុមារ​ពីរនាក់ទំនង​វ័យ៨ឬ៩ឆ្នាំឈរនៅស្ងៀម ហាក់ចម្លែកនឹងវត្តមានពួកគេ។ ក្មេង​ម្នាក់​ដៃ​កាន់​ពួរ​ចង​គោ និងម្នាក់ទៀតមាន​បំពង់ទឹក។

ម៉ាក​ស្វាងលែងសូវភ័យ…..ហោចណាស់មានក្មេងអ្នកស្រុកមកជ្រកទីនេះដែរ? គេលែង​សូវ​ធ្វើ​មុខ​​ស្លេកព្រោះវីតឌឺដង៖

«ម៉ាក ក្មេងមកឃ្វាលគោចូលជ្រកភ្លៀងធ្វើប៉ឺយនៀក បើឯងវិញហ៊ានទេ?»

ម៉ាកលែងសូវស្លាំង តែគ្មានអារម្មណ៍អំណរទេ គេសង្កេតមើលក្មេងដោយ​យកចិត្ត​ទុកដាក់។ គេ​និយាយ​តប​កំបុតៗ៖

«ខ្ញុំមិនមែនអ្នកស្រុកនេះ!»

ក្មេងប្រុសម្នាក់ដែកាន់ពួរសំណុំមានទឹកមុខស្ងួត៖

«ខ្ញុំបាត់គោ ពូមានឃើញគោមួយនឹមទេ!»

ស្បែក​​របស់​ពួកគេខ្មៅនិងស្លេក ប្រហែលមកពីភ័យខ្លាចទៅផ្ទះត្រូវ​ឪពុក​ម្តាយ​វាយ​ព្រោះ​បាត់​គោ​។  វីត​ចុចថតពួកគេនេះជារូបថតមនុស្សពិតនិងពិសេស​។ ចំណែកទីតា​ដើរ​ទៅមុខថែម​មួយ​​ជំហាន ព្រោះ​ភ្នែក​របស់​ក្មេងៗ​សម្លឹងមើលនាង​។

«ទៅផ្ទះសិនទៅ​ប្រយ័ត្នម៉ែឯងរក!»

​ក្មេង​ៗ​សម្លឹង​មើលនាង​​ដោយ​ត្រជាក់​និង​ទម្លុះ ហាក់​ដូច​ជា​ពួកគេ​អាច​មើល​ឃើញ​ក្នុង​​ចិត្ត​នារី​អ្នក​និពន្ធ​។ ស្នាម​​ញញឹម​តិចៗ​គ្រវី​នៅ​គែម​បបូរ​មាត់​របស់​ក្មេងម្នាក់ទៀតហាក់​ដូច​ជា​ ដឹង​រឿង​ដ៏​អាក្រក់​​ដែល​អ្នក​ទាំងបួននឹងចួប​។

​«ម៉េចហ៊ានមកសំងំនៅណេះអ្ហះ? យប់ហើយ កុំលេងទៀត!» គន្ធាប្រាប់ទៅពួកគេ​។

ម៉ាកក្នុង​ភាពស្ងៀមស្ងាត់កំពុងតែផ្ចង់ដោយសម្លឹងជើងតូចៗរបស់ពួកគេនៅលើក្រួស។ គ្មាន​ស្បែក​ជើង ខោ ស រហែកដោយអន្លើ។

«ពួកយើងស្គាល់ម្ចាស់ផ្ទះនេះ!»

ក្មេងប្រុសនិយាយក្នុងសំឡេង​ស្រទន់។​

ទីតាចាប់អារម្មណ៍ងាកមកភ្លាម។

«គាត់អាចប្រាប់មីងគ្រប់យ៉ាងដែលមីងចង់ដឹង!»

«ផ្ទះនេះមាន​ម្ចាស់?» ទីតាញញឹមអំណរ។

«បាទ!» ក្មេងទីមួយ​ឆ្លើយតប​ភ្លាមដោយ​​សំឡេង​ស្រទន់​ត្រជាក់ហើយបន្ត៖  «គាត់ដឹង​និង​អាច​ប្រាប់​មីង​ពីអ្វីៗគ្រប់យ៉ាងនៅកន្លែងនេះ។

ក្មេង​ទីពីរញញឹម​ធ្វើឱ្យទីតាងាកទៅញញឹមដាក់វិញ។

«គាត់ជាអ្នកណា?» នាង​ខ្សឹបសួរ។

ក្មេងទី២ខ្សឹបទាំង​ញញឹម៖

«លោកយាយហឿន គាត់កំពុងរង់ចាំយើងទៅ!»

ម៉ាកឈានថយក្រោយ មានអារម្មណ៍ថាសក់នៅខាងក្រោយកញ្ចឹងកបះ។

«ស្អី? ចួប​ធ្វើអី?» គេទាញបងស្រី តែគន្ធាញញឹម​ជក់ចិត្ត​នឹងក្មេងៗ។ គន្ធាងាក់ប្រាប់ទីតានិងវីត៖

«ល្អណាស់ បើឯងចង់ថតផ្ទះនេះ ធ្វើភាពយន្ត​ឯកសារ​ មុនពេលវារលំលែងបានឃើញ! យូរ​ហើយ​ណា៎​មិនតិចរយឆ្នាំទេ! »

«ដឹងគាត់ឱ្យយើងសម្ភាសន៍អត់?» ទីតាបន្ត។

វីតគោះពួកគេ៖

«សាកបានដឹង!»

គេងាកទៅក្មេងៗ៖

«តស់​ជូនពូទៅ!»

ក្មេងៗ​នាំ​ពួកគេទាំងបួន ​ដើរព័ទ្ធ​មួយ​ជុំ​អគារ​ទៅកាន់​ផ្លូវ​តូច​ចង្អៀតមួយ​ដែលអម​​ដោយ​​ស្មៅ​និង​ផ្កា​​ត្រែង​។ ទីនេះមានទឹកហូរពីដៃបឹងបួរ។  ខ្យល់​បក់​បោក​កាត់​ដើមឈើ ប៉ុន្តែ​​នាំ​មកនូវភាព​ត្រជាក់​​ដែល​​អន្ទោល​តាម​​ញ៉ាំង​ឱ្យ​សម្លៀក​​បំពាក់​របស់​ពួក​គេឡើងស្រួយ។

​ផ្ទះ​ឈើតូចមួយទៀត ​លេច​ឡើង​នៅចុង​ផ្លូវ​ខាង​មុខ ហាក់មានពន្លឺ​ចង្កៀង​ម៉ាងសុង​​បញ្ចេញ​ស្រមោល​​វែងមកលើ​ធម្មជាតិ។

ពន្លឺ​ហាក់ដូចជាផ្លាស់ទីដោយខ្លួនឯងវាតាមវាយោម្តងម្កាល។ ស្ត្រីចំណាស់​ម្នាក់​អង្គុយ​នៅលើ​រាន​ហាល​ជាន់លើ  ក្នុងឈុត​​រ៉ូប​វែង​ប៉ាក់និងសមជាមនុស្សមកពីគ្រួសារមន្ត្រី។

ខ្យល់ដែលនៅជុំវិញអ្នក​គោចរទាំងបួន ធ្វើឱ្យម៉ាកមានអារម្មណ៍ថា គ្រប់យ៉ាងខុសនិងចម្លែក គេ​ថប់​ដង្ហើម​ ដែលត្រូវទៅតាមបីនាក់ទៀត។

ទីតា​និយាយទៅកាន់វីតដែលកំពុងតំឡើង​កាមេរ៉ា​ពីចម្ងាយ។ មាត់នាងខ្សឹប នៅពេលវីត​​ព្យាយាម​ផ្តោត​អារម្មណ៍៖

«វីដេអូផងវ៉ី! ល្អ! នេះល្អឥតខ្ចោះ! រឿងអតីតកាល រឿងខ្មោច គ្រប់យ៉ាង​​អាច​ធ្វើ​ឱ្យ​ទស្សនិក​ជន​សង្ស័យ​!​»

ស្ត្រី​ចំណាស់​ញញឹម​ងាកមកជាមួយសំឡេង​​ស្រទន់ ដូច​ជា​សំឡេង​ខ្សឹបមកពី​លើខ្សែ​ខ្យល់៖

«ត្រូវ!…កន្លែងនេះមានរឿងជាច្រើន ប៉ុន្តែគ្មានគេដឹង!»

វីត​ទម្លាក់ចោលការថតព្រោះពេលស្ត្រីចំណាស់ងាកមក គេមាន​អារម្មណ៍​ថា​ព្រឺ​នឹង​ស្នាម​ញញឹម​ជ្រីវ​ជ្រួញ​​របស់គាត់។

«តើមានអ្វីកើតឡើងចំពោះផ្ទះនេះ?» ទីតាស្រែកសួរពីក្រោម។

ស្ត្រីចំណាស់៖

«ចូលមក!»

ពួកគេសម្លឹងក្រោមផ្ទះ ឃើញមាន​កៅអីបីបួន​និងចង្កៀងធំ។ ស្ត្រីចំណាស់ ចុះមក​ដល់​យ៉ាង​រហ័ស​ជាង​ដែលពួកគេគិត ហើយគាត់អញ្ជើញភ្ញៀវទាំងបួនអង្គុយ។

ក្មេងៗ​ទាំងពីរមកពួនលបនៅពីក្រោយខ្នង​គាត់។

«បង​មាននំក្នុងឡាន បន្តិចទៀតចប់ការសម្ភាសន៍ ទៅតាមបង​បងនឹងឱ្យឯង​!​»​ គន្ធា​និយាយ​ដៃ​​នាង​​ទាញម៉ាកឱ្យអង្គុយចុះក្បែរ។

ទីតា​អង្គុយមុន ចំណែកវីតរៀបចំកាមេរ៉ា​។

«ផ្ទះខាងមុខនោះធំណាស់!» ទីតាផ្តើមព្រោះចង់ដឹងនឹងយកទៅនិពន្ធរឿង «ខ្ញុំចង់រកម្ចាស់ផ្ទះ ដើម្បី​សុំ​ថតជាឯកសារទុក ហើយដាក់ឈ្មោះថា ស្ទូឌីយោជំនាន់បារាំង!»

«មិនមែនទេ វាជាភូមិគ្រឹះរបស់លោកអភិបាល សុងឡាក់  ជាអ្នកមានទ្រព្យសម្បត្តិ​និង​អំណាច!​»​

«សុងឡាក់?» ទីតារអ៊ូឈ្មោះព្រោះត្រូវចងចាំ។

«មិនដែលឮសោះ!» គន្ធាបន្ទរ។

យាយចំណាស់និយាយធ្វើដូចមិនខ្វល់៖

«​គាត់បានសាងសង់ផ្ទះនេះពេលទើបតែបានឡើងតំណែងជាអភិបាលគ្រប់គ្រងសង្កាត់មួយ! ប៉ុន្តែនៅទីបំផុត…​របស់ដែលមិនសមនឹងយើង នឹង​ត្រូវបានដកហូតវិញ​…..​ហ៊ឹម​…​យប់មួយ​…..​មហន្តរាយ​​ ស្រាប់តែមានភ្លើងឆេះ…​! ម្នាក់ៗរបួស សង្កត់ក្រោមធ្នឹម ក្លាយជាធ្យូង….ខ្លះលូន ខ្លះ​វារ​ទៅ​រក​ទ្វារ តែដូច​ជាបណ្តាសា​ គ្មានអ្នកណានៅរស់ទេ»។

នៅ​ពេលគាត់ហា​និយាយត្រង់ណេះ​ សីតុណ្ហភាពមុខផ្ទះនេះបាន​ធ្លាក់ចុះយ៉ាងទាប។ ពួក​គេ​ទាំង​បួន​អាចមើលឃើញដង្ហើមដែលដកតឹង អណ្តែងជាផ្សែង។ ស្រុក​យើង​មិន​ដែល​ត្រជាក់​បែប​នេះ​ទេ ពួក​គេគិតទាំងបុកពោះ។

ខ្យល់​​បក់​នេះកើតមាន​ឡើងមួយ​រំពេច ប៉ុន្តែ​ក៏​បញ្ចប់វិញ​យ៉ាង​លឿន ដោយ​បន្សល់​ទុក​នូវ​ភាព​ស្ងប់​​ស្ងាត់ ដូចជួយឱ្យ​ស្ត្រីចំណាស់បាននិទានបន្ថែម​ក្នុងសព្ទសំឡេងកាន់តែស្រទន់៖

«​ទាំងអស់គ្នាបានស្លាប់…​គួរឱ្យរន្ធត់! អគ្គិភ័យ​មិនមែនជាឧបទ្ទវហេតុទេ ​តែ​ជា​ការ​សង​សឹក​…​អ្នក​នោះ​វា​ចង់បានតំណែង!»

វីត​មាន​អារម្មណ៍តឹងណែនក្នុងទ្រូង ហាក់បីដូចជា កាមេរ៉ា​គេ​កំពុងបឺតយកអស់​ខ្យល់​ចេញ​ពី​លម្ហ​ដែល​គេ​ត្រូវការដកដង្ហើម។ គេងើបមុខលែងថត។

គន្ធា​ដែលមាន​ទឹកមុខកាន់តែស្លេកនាង​វាចាញ័រៗ៖

«ចុះ​លោកយាយ? ជា​អ្នកណា? តើ…..អ្នកណាបានឃើញហេតុការណ៍នៅទីនេះខ្លះ នៅ​ពេល​កើត​ឡើង​?»

ស្ត្រីចំណាស់សម្លឹងមកចំៗលើគន្ធា បបូរមាត់របស់គាត់លេចចេញនូវស្នាមញញឹមដ៏ឈឺចាប់៖

«ខ្ញុំនៅទីនេះ…​មើលឃើញហេតុការណ៍ទាំងអស់!  កាលនោះខ្ញុំនៅក្មេងតូច​​ជា​ចៅស្រី​អ្នក​មេ​ផ្ទះ​ហួន​!​  ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់ខ្ញុំទេ ខ្ញុំប្រាប់ថា យប់ឡើងនឹងមានរឿង  គ្មាននរណាម្នាក់ជឿ»

ដៃរបស់ទីតា​ញ័រនៅពេលនាងឈប់​សរសេរ តែកាន់ប៊ិក​និងងាកមកសម្លឹងវីត។ ដោយ​មាន​អារម្មណ៍​ថា​មានអ្វីម្យ៉ាងខុសប្រក្រតីខ្លាំង ប៉ុន្តែ​ពួកគេមិនអាចបញ្ឈប់​ការសន្ទនានេះ​បានហើយ​គ្រប់​យ៉ាង​​កាន់​តែ​អាក្រក់។

ម៉ាកស្ទុះ​ក្រោកឈរកាន់ដៃបងស្រីទាញនាង ​នាងនៅស្ពឹកព្រោះ​ការ​សម្លឹង​របស់​ស្ត្រី​ចំណាស់​មិន​​ចាក​ចេញ​ពី​ភ្នែកគន្ធា​ឡើយ។

ទីតាគ្រហែមទាំងសំឡេងនាងបែកបន្តិចទៅជាស្អក៖

«អញ្ចឹង…ម្តេច លោកយាយមិនឆេះស្លាប់?»

ស្ត្រីចំណាស់ផ្អាកមួយរយៈសិន រួចទើបញញឹមស្រស់៖

«ទេ! គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបានរួចជីវិតទេ!»

រំពេច​នោះ​ចង្កៀង​ភ្លើង​បានលោតភ្លឹបរលត់ ទីនេះ​គ្របដណ្តប់ទៅដោយ​​ភាព​ងងឹត។ រូបរាង​ដូន​ចាស់​ នៅ​សល់តែ​ស្រមោល ប៉ុន្តែ​សំឡេង​ត្រជាក់​របស់​គាត់​បន្ត​បន្ទរ​តាម​ខ្យល់។

«ខ្ញុំស្លាប់ហើយ…​យូរណាស់មកហើយ!  យើងទាំងអស់គ្នាជាប់នៅទីនេះ ក្តៅណាស់! ក្នុង​ភ្លើង​…​ជាងពីរ​រយ​ឆ្នាំហើយ គ្មានអ្នកណាសង្គ្រោះ​ទេ!»

ម៉ាកលែងដៃពីបងស្រី ហើយ​ដើរថយក្រោយ ទាំងបើកភ្នែកធំៗដោយភាពភ័យខ្លាច ខណៈ​ដែល​ភាព​ងងឹត​នៅជុំវិញពួកគេកាន់តែជ្រៅឡើងៗខុសពីធម្មជាតិ។

សន្ធឹក​ខ្យល់បក់មកម្តងទៀត តែពេលនេះវាបន្ថែមជាមួយនូវសំឡេងស្រែកពីចម្ងាយ បន្ទរ​តាម​ដើម​ឈើ​ដូចនានា ជួយផង! ភ្លើងឆេះ! ជួយផង!

ម៉ាក​ស្រែកឡើងហៅបងស្រី៖

«ចេញ​មកបងគន្ធា! ​ចេញមក!»

«នេះ​មិន​អាច​ជា​ការ​ពិត​ទេ!» ឈរធ្មឹង ខណៈទីតាលូកដៃមកទាញឱ្យរត់ហើយស្រែក៖

«រត់គន្ធា រត់!»

វីត​ព្យាយាម​ខ្ចប់​កាមេរ៉ា ប៉ុន្តែ​ដៃ​នគេ​ញ័រ​ខ្លាំង​ពេកយឺតយ៉ាវណាស់។ ពួកគេរត់ចេញ​​ទៅ​ឡាន ប៉ុន្តែ​​ពេល​គន្ធា​​ងាក​ទៅ​រក​ក្មេង​ទាំង​ពីរ​បម្រុងនាំមកដែរ នាងឃើញគេ​កំពុង​ឈរ​នៅពីក្រោយ​យាយ​ចាស់​ ទឹកមុខស្លេកគ្មានភាព​ជាមនុស្ស​ ​ ភ្នែក​ងងឹត​និង​ប្រហោងធ្លុង​។

ក្មេងទីមួយស្រែកស្រក់ទឹកភ្នែក​៖

«កុំទៅណា មីងថាឱ្យនំខ្ញុំ!​»

ក្មេងទីពីរមាន​សំឡេងខ្ទរនិង​និយាយបន្ទរ៖

«កុំទៅណា ពួកខ្ញុំស្ងាត់ណាស់​​អផ្សុកណាស់ ពួកខ្ញុំរង់ចាំ…យូរហើយ​…»

គន្ធាស្រែកយ៉ៃហើយដួលជំពប់ជើង ថយក្រោយ ខណៈទឹកមុខរបស់កុមារៗប្រែទៅជាអ្វីមួយដ៏ អាក្រក់ ស្បែក​របស់​គេ​ចាប់​ផ្ដើម​រលាយ​បាត់ បង្ហាញ​​គ្រោង​ឆ្អឹង​នៅ​ខាង​ក្រោម មាត់​របស់​គេរ​បើក​ដោយ​​យោលទៅតាម​សំឡេង​ស្រែក។

ម៉ាក​ទាញបងស្រីរត់ ខណៈនាងលូក​​យកតេឡេមកចុចបើកទ្វារ​​រថយន្ត ប៉ុន្តែគន្លឹះទ្វារ​មិនលោតសោះ។ វីតទៅទាញបើកក៏មិនរួច។ គន្ធា វីត ម៉ាក និងទីតា ស្ថិតក្នុងអាការៈភិតភ័យ។ ឡាន​​មិន​ព្រម​ដំណើរការទេ ទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ។ គន្ធាខំ​​ព្យាយាម​ចុចច្រើន​ដង​ហើយ​​យំ ប៉ុន្តែមិនបានការដដែលជាដដែល។  ព្រះចន្ទលោតឡើងមកបញ្ចេញកាំរស្មីពណ៌ប្រាក់ បាំង​ដោយស្រមោលខ្មៅ​ពពាលដ៏អាក្រក់គួរឱ្យខ្លាច។ ពេល​គន្ធា​​ងាក​មក ក៏​ឃើញ​ក្មេងៗ​ម្តងទៀត លើក​នេះ​​ពួកគេឈរ​ក្បែរ​ស្ត្រី​ចំណាស់និងកាន់ដៃមើលមកយ៉ាងកម្សត់​។

ស្ត្រីចំណាស់និង​រ៉ូបដ៏ស្រស់ស្អាតរបស់គាត់កំពុងតែរហែក​ជាចម្រៀកៗ ស្បែក​ឆេះ​រលាត់​ខ្ទេច​ខ្ទី​។​ ភ្នែករបស់ទាំងគូប្រែជាប្រហោង ហើយមិនអាចបោះជំហានទៅមុខបានទេបានត្រឹម លាត​ដៃមក​រក​ពួក​គេឃាត់កុំឱ្យចាកចេញ។

«ពួកគេដូចចង់និយាយអី!» ទីតាពោលញ័រ។

កាមេរ៉ាធ្លាក់ពីដៃរបស់​វីត គេឱនរើសហើយស្រែកដាក់ទីតា៖

«និយាយអី? ​រត់ឱ្យលឿនមក! វា​ត្រូវការមនុស្សមកជំនួសទើបទៅចាប់ជាតិបាន រត់ទៅ!»

សំឡេង​ស្រែករបស់ពួកគេបានបាត់បង់នៅក្នុងសន្ធឹកខ្យល់បក់បោក។ អ្នកទាំងបួនរត់ចោលឡាន ខណៈងាកមកម្តងៗខ្លាចមានការប្រដេញ ក៏ឃើញ​ផ្ទះ​បារាំង​ដែលពួក​គេ​ចង់​​ធ្វើ​ជាសាច់រឿង បែរជា​ខ្មៅនិងដួល​រលំផេះផង់។

«ចុះឡាន យើង?» គន្ធាថប់ដង្ហើម ម៉ាកតបដោយ​ដកដង្ហើមខ្លីៗ៖

«រត់ទៅរកភូមិ!»

ភ្នែកពួកគេ​សម្លឹងជុំវិញភាពងងឹតដ៏គួរឱ្យភ័យខ្លាចហើយមិនដឹងថា​រត់ទិសណាឡើយ។

ម៉ាកបែរបន់៖

«ម្ចាស់ទឹកម្ចាស់ដី សុំជួយផង សុំជួយផង! កូនចៅខុសហើយ!​»

គន្ធាងាកមកប្អូនឃើញគេបែរបន់នាងហួសចិត្ត​មិនដឹងហេតុអ្វីម៉ាកនឹកឃើញ។

«ខ្ញុំឃើញពុកយើងធ្វើបែបហ្នឹងពេលដើរព្រៃហើយវង្វេង!»

«អូ!»

ទីតានិងគន្ធាផ្តើមបែរបន់ដែរ។

វីតស្រែកដោយអំណរ៖

«ណោះ! មានផ្លូវ​ ឮសំឡេងឡាន!»

ពួកគេនិយាយផង រត់ផងមិនបង្អង់ជើងឡើយ។ រំពេចនោះ នៅពី​ចម្ងាយ ចង្កៀងមុខឡានមួយ​លេច​ឡើងមក។

ដូចរស់ជាថ្មី ពួកគេ​រត់កាន់តែរហ័ស។

«ឡានមែនៗ» ម៉ាកស្រែកស្រួយស្រោក។

រថយន្ត​រំកិលមកកាន់តែភ្លឺឡើងបន្តិចម្តងៗ ទើបចេញរូបរាងពិតថាជា​​ឡាន​ដឹក​ដី​ធំ​មួយ​មាន​កង់​១០​។

គន្ធាស្រូតរត់ទាំងគ្រវីដៃទៅរកបញ្ឈប់ឡានសុំជំនួយ។

​ក្តីសង្ឃឹមមួយលេចឡើង​មួយរំពេច លើផ្ទៃមុខដែលភ័យស្លន់ស្លោរបស់ពួកគេ​។

ពួកគេ​ទាំង​បួន​នាក់​បាន​ស្ទុះ​​​សំដៅ​ទៅ​រថយន្ត​ដឹក​ដី ទាំងជើង​របស់​ពួកគេ​ប៉ះ​នឹង​ដី​ភក់ដ៏​ក្រាស់ ​ក្លិន​​ទឹក​ភ្លៀង និង​សំណល់ស្មៅនិងធម្មជាតិដែលងាប់ពុកផុយរលួយ​។

រថយន្ត​នោះ​មក​ឈប់​ង៉ឺត​! ហើយ​បុរស​ចំណាស់​ម្នាក់​មាន​ស្នាម​ជ្រីវជ្រួញ​ជ្រៅ និង​ស្បែក​ស្រអាប់​ក៏បើកកញ្ចក់​។

«ពូអើយជួយផងពូ!» គន្ធាសំពះ។

គាត់ក៏ហក់ចុះមកភ្លាម​ដោយសម្លឹងក្មេងទាំងបួន។ គាត់មើលមកពួកគេដោយមុខស្មើ។ ហើយ​សួរ​ភ្លាម​៖

«ពួកឯង រត់មកពីផ្ទះអភិបាល?»

ក្រុម​គេងក់​ក្បាល​ទាំង​​សឹងអត់ដង្ហើម ហើយ​ពេញដោយ​ការភ័យ​ខ្លាចហារមិនចង់ចេញ។ បុរស​ចំណាស់សំលឹងមើលទៅផ្ទះឆ្ងាយ ទឹកមុខជ្រួញ ហើយ​លើក​ដៃឱ្យពួកគេ​ឡើង​ទៅខាងក្រោយ​ក្រោយ​ឡាន​។

«ឡានខ្ញុំនៅផ្ទះនោះពូ បើកទ្វារមិនចេញទេ!»

បុរសចំណាស់ខ្សឹបក្នុងសំឡេងគាត់ទាប៖

«កុំអាលគិត! ទៅឱ្យដល់ភូមិសិន!»

នេះបានន័យថា គ្រប់គ្នាក្បែរៗបានឮរឿងអំពីកន្លែងនោះ…ល្អបំផុត គឺយករួចខ្លួនសិន។ នេះ​ជា​អ្វី​ដែល​យុវជន​ទាំងបួនបានគិតឃើញ។

ពួក​គេប្រតោង​ឡើង​ទៅ​ក្រោយ​រថយន្ត​ដឹក​ដីដែលទទេ ​​ខណៈ​ម៉ាស៊ីនឡានបញ្ចេញសំឡេង​​គ្រហឹម​ដូច​ព្រមាន​​ដល់​ជីវិត។

បុរសចំណាស់បើកបរក្នុងភាពស្ងៀមស្ងាត់ លើដងផ្លូវវែងអន្លាយដែលគ្មានអ្នកណាផ្សេង។ សង​ខាង​មាន​តែ​ព្រៃ​ចេកនិងម្ខាងជាព្រៃលិចទឹក។ នេះបើពួកគេ​រត់ថ្មើរជើងមិន​ដឹងពេល​ណារក​ឃើញ​ភូមិ​ទេ​។

ការ​ភ័យ​ខ្លាច​នៅ​តែ​តោង​ជាប់​នឹង​គេ ទោះ​ផ្ទះនោះបាន​រលត់​ទៅ​ឆ្ងាយ​ក៏​ដោយ។ ប្រហែលជា​៣០​នាទី​ក្រោយ​មកទើបវីតមើលឃើញ៖

«នោះ! ភ្លើងអ្នកស្រុក! ផ្ទះច្រើន!»

ពួកគេអរណាស់ ទីតាយំសោក ឯគន្ធាឱបប្អូន។ ទីបំផុតឡានពិតជាឈប់ ពួកគេ​បាន​មក​ដល់​ភូមិ​តូច​មួយ។ បុរសចំណាស់ឈប់ឡាននៅមុខផ្ទះឈើដ៏សមរម្យ ដែលមាន​ភរិយាគាត់គឺ អ៊ំ ស្រីចាន់ ឈរ​មាត់​ទ្វារ។

ពេល​ក្មេងៗហក់ចុះ គាត់ក៏ក្រឡេកមើលដោយទឹក​មុខ​ព្រួយ​បារម្ភ ហាក់ដូចជា​នាងដឹង​ស្រាប់​ហើយថា​មានអ្វីកើតឡើង។ អ៊ំស្រីចាន់ បានទទួលការហៅទូរសព្ទប្រាប់ពីប្តីរឿងរបស់ពួកគេ​រួច​ទៅ​ហើយ​ នេះបើតាមគន្ធានិងគ្នីគ្នាគិត។

«ចូលមកៗ មីងដាំបាយឱ្យហូបហើយ ឈប់ភ័យទៅ!»

ពេលជុំគ្នាហូបបាយ​ ទីតាបានទូរសព្ទទៅផ្ទះ រីឯវីតអង្គុយស្តាប់។

«ជីដូនរបស់ខ្ញុំ…គាត់បានប្រាប់អំពីកន្លែងមួយនោះ! ធ្លាប់មាន​អ្នកភូមិយើង ទៅរក​ឧសដែរ ខ្លះ​លប​​ចូល​​គាស់យកឥដ្ឋនៃផ្ទះដែលរលំនោះមកប្រើការ កាលនោះអត់!  យើង​ទើប​តែ​ចេញ​ពី​ប៉ុល​ពត​មក​  ប៉ុន្តែ​គ្មាននរណាម្នាក់រស់បានយូរទេ!»

មីងចាន់ប្រាប់រឿងនេះ ស្របពេលដែលទីតាវិលមកវិញជាមួយទូរសព្ទក្នុងដៃ។ អ្នក​ទាំង​បួន​មើល​មុខ​គ្នា​ទាំង​ភិតភ័យ​និង​សោកស្តាយ។

ទីតាប្រាប់ក្នុងសព្ទ​សំឡេង​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ភ័យ​ខ្លាច ៖

«មីង! ពួកយើងបានឃើញផ្ទះ…អត់រលំទេ លោកយាយ និងក្មេងប្រុសពីរនាក់!»

អ៊ំ​ស្រីចាន់មុខឡើងស្លេក គ្រវីក្បាលយឺតៗមើលមុខប្តី។

វីតបើកកាមេរ៉ា​បង្ហាញ។​ គ្រប់គ្នា​រង់ចាំស្រាប់តែ…..វីតធ្វើមុខស្លឺ….​ទីតាទាញមកមើល។ ​គ្មាន​ផ្ទះ​ទេ​ ក្នុង​អ្វីដែលគេបានថតមកនោះទេ  មាន​តែគំនរ​​ថ្មចាស់រលំ លើដីទួលមួយ សល់សសរខ្លះ តែ​កាន់​ឈើ​វល្លិ​ជុំជិតមើលមិនយល់ប្រលោះថ្មទេ។

«ពួកក្មួយបានឃើញមែន? មនុស្ស​? យាយចាស់​?»

ទីតាញ័រ៖

«ក្មេងប្រុសឃ្វាលគោ!»

«អូ! ក្មេងឃ្វាល​គោពុកវា?»  ស្ត្រី​ម្ចាស់​ផ្ទះដូចជាសែនច្របូកច្របល់​ពេលឮ​ដំណឹង​ចុង​ក្រោយ​នេះ​។​

ឯប្តីគាត់ដែលជាអ្នកបើកឡានធំបាន​ងក់ក្បាលយល់ការណ៍ ​ហើយលើកទូរសព្ទវាយ។ គាត់​ដើរ​ចេញ​ទៅឆ្ងាយ​បន្តិចដើម្បីនិយាយ។

ឆ្លៀតពេលនោះអ៊ំ​ស្រីចាន់ពោលខ្សឹប៖

«ប៉ុន្មានខែមុនមានក្មេងឃ្វាលគោពីរនាក់បាត់ខ្លួនណា៎! មិនមែនភូមិយើងនេះទេ ភូមិគេផ្សេង! ចំណែក​យាយចាស់នោះ ខ្មោចស្លាប់យូរមកហើយ!  ផ្ទះលោកអភិបាលមានតំណាល​មកថា​​បាន​ឆេះ​រាប​ដល់​ដី សូម្បីមុនអាពត ក៏មានអ្នកស្រុកថាបានឮសំឡេងហៅឱ្យជួយពន្លត់ភ្លងរហូតដែរ! ដល់​អាពត​ចូល​ វាចង់សង់រោងពេទ្យនៅនោះ គ្មានអ្នកណានៅសុខទេ! ក្រោយមក មានគេត្រូវយកជីវិត​​ហូរ​ហែរព្រោះចង់បានដីនោះ! ដីនៅសល់តែផេះក៏មាន​ព្រលឹងហួងហែងដែរ!»។ គន្ធាលុតជង្គង់ ទម្ងន់​នៃ​វិវរណៈលើកនេះកំពុងធ្វើឱ្យនាងវិលវល់។

វីត​​សម្លឹង​មើល​ដី បេះដូង​លោត​ញាប់​ខ្លាំង ហាក់​ដូច​ជា​នឹង​ផ្ទុះ​ចេញ​ពី​ទ្រូង។ គេនិយាយស្អកៗ៖

«ខ្ញុំចង់ទៅផ្ទះ!»

គន្ធាញាប់ញ័រ៖

«ចុះឡានខ្ញុំ!»

«ឱ្យប៉ាម៉ាក់​ឯងគាត់មកយកទៅ!» ទីតានិយាយ។

អ៊ំ​ស្រីចាន់ខ្សឹប៖

«នេះឆ្ងាយណាស់ ពីផ្លូវជាតិ! ជាង១៥គីឡូ គេងចាំព្រឹកសិនចាំនាំគ្នាទៅយកឡាន!»

ម៉ាក​អង្រួនដៃបងស្រី​គេ។ ពីរ​នាក់បងប្អូនក៏ប្រុងចេញទៅខលអ្នកផ្ទះឱ្យមករកពួកគេទាំងយប់ តែ​មីងប្រាប់ឡើងថា៖

«​រហូត​ដល់​ព្រឹកសិន ប្រយ័ត្នពួកគាត់មកមានរឿងមិនល្អនៅទីនោះទៀត! គិតមើល វា​អាច​ពង្វៀង​ផ្លូវ​ឱ្យក្មួយៗចូលដល់!»

ស្ថាន​ភាពមាន​ភាពដូចជា​អារម្មណ៍ត្រូវ​បាន​សង្កត់សង្កិនក្នុងការគម្រាមកំហែង ហើយ​គ្មាន​នរណា​​ម្នាក់​​អាច​មានយោបល់ល្អជាងនេះទេ។

«ចាំព្រឹក ពូឯងប្រមូលអ្នកភូមិប្រុសៗឱ្យជួយទៅរកឡាន!»

ពួកគេក៏យល់ព្រម។

ខណៈ​​ពួកគេផ្អែកខ្នង ខ្លះដេកអង្រឹង​ហៀប​នឹង​សម្រាក មាន​សំឡេងហៅនៅក្រៅរបង។

​កសិករវ័យចំណាស់មួយគូ ពូ​រ៉ុង​និងមីងអាន  ចូលមកជាមួយ​ទឹកមុខ​តក់​ក្រហល់​ទៅ​ដោយ​ទុក្ខ​ព្រួយ​។ ក្រោយមកពួកគេ​ដឹងថា ពូរ៉ុងជាអ្នកដែលបាន​បាត់កូនប្រុសពីរនាក់ កាលពីប្រាំមួយខែមុន។

ពួកគេបានចាកចេញទៅឃ្វាលគោហើយមិនវិលមកវិញ ដោយ​​គ្មាន​នរណា​ម្នាក់​បាន​ឃើញ​បង​ប្អូន​ទាំង​ពីរទៀតឡើយ។

ទីតាដកដង្ហើមធំ​ ភ្នែករបស់នាងបិទចុះឡើងដោយភាពភ័យរន្ធត់។ អ្នកទាំងបួន​ដែលទើប​នឹង​ប្រឈម​ហេតុ​ការណ៍ កំពុងរឭក​នឹកឡើងមកវិញនូរូបរាងក្មេងទាំងពីរ​ ដូច​បេះបិទនឹងអ្វីដែល​ពុក​ម្តាយ​ក្មេង​បាន​នឹងកំពុងរៀបរាប់ប្រាប់។

គ្រប់​គ្នាជឿថាកុមារទាំងពីបានស្លាប់ក្រោមដៃ«ជើងកប»​រយឆ្នាំនោះហើយ។

​គន្ធាពោលអួលណែន​ខ្សឹបខ្សៀវ សឹងថាសំឡេងនាងស្តាប់លែងសូវឮ៖

«ពួកខ្ញុំបានឃើញ​ក្មេងពីរនាក់…​ពួកគេបាននាំពួកយើងទៅផ្ទះយាយចាស់! ក្មេងមាន​​កាន់​ខ្សែគោ​និង​ដប​ទឹកធំមួយ!»

រ៉ុង​និងប្រពន្ធក៏ដូចអ៊ំ​ស្រីចាន់ជូត​ទឹក​ភ្នែក ខណៈ​មុខ​បុរស​ចំណាស់អ្នកបើកឡាន​សែនខ្វល់ចិត្ត​គ្រវាស​ក្រមា​ចុះឡើងៗលើស្មាគាត់។

​ ដោយ​​គ្មាន​ពាក្យ​មួយ​ម៉ាត់ អ្នក​ភូមិ​សម្រេច​ចិត្ត​ស្វែង​រក​ក្មេង​នៅជុំវិញទីនោះនៅព្រឹកបន្ទាប់។

​ ប៉ុន្មាន​​ម៉ោង​ក្រោយ​មក គេ​ប្រទះ​ឃើញ​សាកសព​តូច​ពីរ​ដេក​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ។ សព​រលួយ​ ​ដោយ​នៅ​ក្បែរ​នោះ​មាន​គ្រោង​ឆ្អឹង​គោ​ដែល​ពុក​ដូចគ្នា។

អ៊ំ​ស្រីចាន់ប្រាប់ក្មេងៗទាំងបួនថា៖

«ទោះ​ជាក្មួយបានឃើញ តែនោះគ្រាន់តែជាវិញ្ញាណ! អ្នកស្លាប់មិនអាចចាក​ចេញពីកន្លែង​កើត​ហេតុ​ទេ រហូតដល់មានមនុស្សមកជំនួស ឬធ្វើពិធីឱ្យ!»

គន្ធា​បានយក​នំពីក្នុងឡាន​មកដាក់ក្បែរគល់ឈើនៅ​ពេលសពត្រូវបញ្ជូនចេញ​យកទៅ​ធ្វើ​បុណ្យ​។​ នាង​បានឧទ្ទិសឡើងថា៖

«សូម​ប្អូនៗបានទៅកាន់សុគតិភព!»

​ទឹកដី​​ដែល​ត្រូវ​បណ្ដាសានេះ ត្រូវបានអ្នកភូមិជិតៗនោះ​សម្រេចរួមគ្នា និមន្ត​ព្រះសង្ឃ​ធ្វើពិធី​បុង្សកូល​បញ្ជូន​ព្រលឹងឱ្យបាន​ចាកចេញនិងបានទៅកាន់សុគតិភព។