ស្រលាញ់អ្នក១០ឆ្នាំ១០ដង – Meysansotheary

រឿង៖ ស្រលាញ់អ្នក១០ឆ្នាំ១០ដង
វគ្គ៖ ម្ដាយក្មេកមកលេង

ខ្ញុំគឺ វង្ស អធិរាជ

ខ្ញុំដាក់​ទូរស័ព្ទចុះ ទាំងអារម្មណ៍ច្របូកច្របល់។ មុននេះអ៊ំស្រីម្នាក់ខលមកប្រាប់ថាចង់ជួបខ្ញុំ។ គាត់ជាម្តាយរបស់អតីតមិត្តរួមថ្នាក់ខ្ញុំម្នាក់។ ឆ្ងល់ណាស់ ខ្ញុំនិងគាត់មិនដែលស្គាល់គ្នាផង មានរឿងអីត្រូវជួបគ្នា? គាត់មានការអីទៅ? ភ្នែកឆ្វេងខ្ញុំចាប់ញាក់ព្រើតៗដូចកំពុងឱ្យហេតុថា ជំនួបនេះនឹងមិនមានរឿងល្អកើតឡើងទេ។ ខ្ញុំប្រញាប់ខលទៅសួរមិត្តខ្ញុំ៖

«អាឡូខ្ទៃ! ទំនេរទេ គ្នាសួរតិច!»

ខ្ញុំហៅគេដាច់សាច់​ព្រោះជាទម្លាប់ទៅហើយ។​ ការពិតគេឈ្មោះ ឧទ័យ មានន័យថា ការរះឡើង។ ឈ្មោះពេញគេ កែវ នរឧទ័យ។ ស្តាប់ទៅពីរោះណាស់មែនអ្ហេស? តែខ្ញុំហៅគេតែ ខ្ទៃៗ​ ហ្នឹង។

«មែនទែនទៅរវល់ដែរហ្នឹង តែសម្រាប់រាជ រវល់ប៉ុនណាក៏ខ្ញុំអាចនិយាយជាមួយបានដែរ។»

គេតបវិញដោយស្នៀងស៊ីអារម្មណ៍។ គេហ្នឹងតែប៉ុណ្ណឹង តាំងពីបានរៀនអង់គ្លេសជាមួយខ្ញុំពីឆ្នាំទីមួយមក គឺថាញ៉ែខ្ញុំឥតល្ហែ។ គិតមកដល់ពេលនេះជាងដប់ឆ្នាំហើយ គេនៅមិនឈប់ញ៉ែខ្ញុំទៀត លក្ខណៈថាហួសពីហូរហែរតាប៉ែលតហ្មងហើយ។ ខ្ញុំតបវិញ៖

«អូខេ ចឹងសួរតិច! នៅផ្ទះមានរឿងអីហ្មែន?»

គេស្ងាត់! ខ្ញុំមិនដឹងថាមកពីគេកំពុងរវល់ឬក៏ម៉េចទេ តែពេលគេតបវិញ សំឡេងគេមិនស្រស់បស់ដូចពីដំបូងសោះ៖

«អត់មានអីទេ ធម្មតាៗតើ! ហើយនឹកម៉េចបានសួរបែបហ្នឹង? បារម្ភពីខ្ញុំណាស់មែនអ្ហេស?»

គេសើចតិចៗទាំងមិនសូវសម។ ខ្ញុំទទួលអារម្មណ៍ចម្លែក។ ភ្នែកឆ្វេងខ្ញុំនៅតែបន្តញាក់មិនឈប់។ គេកំពុងលាក់បាំងរឿងអីមែនទេ?​ តែខ្ញុំក៏មិនហ៊ានសួរដេញដោលទៀតដែរ។ យ៉ាងណាខ្ញុំគ្រាន់តែជាអ្នកក្រៅ ពុំគួរចេះដឹងរឿងគ្រួសារគេទេ។

«ម៉េចមិនឆ្លើយ? យើងហ្នឹងនឹកម៉េចបានសួរខ្ញុំចឹង? មានដឹងរឿងអីមែន? ប្រាប់ភ្លាម!!!»

គេតឿនខ្ញុំដ្បិតមិនឮខ្ញុំតប។ ខ្ញុំដកទូរស័ព្ទចេញពីត្រចៀក បន្ធូរអារម្មណ៍ដោយដកដង្ហើមវែងមួយ ទើបដាក់ទូរស័ព្ទមកក្បែរនិយាយវិញ៖

«គ្មានអីទេ! អ៊ីចឹងប៉ុណ្ណឹងហើយណា គ្នាមានការតិច។»

គេចុចបិទដោយមិននិយាយលាខ្ញុំឡើយ។ មិនដឹងជាម៉េចចិត្តខ្ញុំប្រែជាច្របូកច្របល់។ ខ្ញុំនឹកដល់ពាក្យម្តាយគេដែលហាមខ្ញុំដាច់ខាតមិនឱ្យប្រាប់គេថាគាត់សុំណាត់ជួបខ្ញុំ។ ម្តាយកូនគេហ្នឹងមានរឿងអីឱ្យពិតប្រាកដ? ខ្ញុំឆ្ងល់ណាស់!

ថ្ងៃណាត់ជួបមកដល់…!!!

ខ្ញុំងាកកចុះឡើង សម្លឹងទៅមាត់ទ្វារ។ តាមធម្មតាក្នុងហាងកាហ្វេនេះត្រជាក់ណាស់ តែមិនដឹងជាម៉េច ថ្ងៃនេះខ្ញុំបែរជាបែកញើសជោកថ្ងាស។ ដៃស្តាំខ្ញុំម្តងចាប់កែវកាហ្វេមកចឹប ម្តងចាប់សៀវភៅមកអាន ម្តងកាន់ទូរស័ព្ទអូសមើលចុះឡើង របៀបថានៅមិនស្រណុក។ តំណក់ញើសស្រក់តក់ចេញពីថ្ងាសដ៏ទូលាយរបស់ខ្ញុំ មកដក់លើតុប៊ិះតែនឹងចូលកែវកាហ្វេ។ ទ្រាំនឹងភាពចាញ់ច្រាបលែងបាន ខ្ញុំបង្ខិតកៅអីទៅក្រោយ ក្រោកវឹងដើរសំដៅទៅបន្ទប់ទឹក។

លុបលាងមុខរួចរាល់ ខ្ញុំប្រញាប់បើកទ្វារចេញមកវិញ។ ស្រាប់តែ… មនុស្សស្រីវ័យចំណាស់ម្នាក់កំពុងក្រេបរសជាតិកាហ្វេនៅតុដែលខ្ញុំអង្គុយ។ គ្រាន់តែឃើញខ្ញុំដើរទៅកៀក គាត់ចាប់សម្លឹងខ្ញុំមិនដាក់ភ្នែក។ ក្រសែភ្នែកដ៏មុតថ្លានេះ កំពុងតែប្រាប់ខ្ញុំថា គាត់ជាម្តាយរបស់ខ្ទៃ។ ខ្ញុំប្រញាប់លើកដៃសំពះ៖

«ជម្រាបសួរអ៊ំ!»

«មិនបាច់គួរសមអីទេ! អង្គុយមកក្មួយ!»

ទឹកដមសំឡេងគាត់ធ្ងន់​​តែមុតស្រួច។​ គ្រាន់តែស្តាប់សំឡេងសោះ ខ្ញុំទទួលអារម្មណ៍ថាអ៊ំស្រីឆ្នាស់ឆ្នើមមិនធម្មតាទេ។ បបូរមាត់ខ្ញុំញញិមពព្រាយបង្ហាញពីការរួសរាយ។ ខ្ញុំរហ័សចូលអង្គុយកៅអីទល់មុខគាត់។

«ខ្ញុំគឺ…»

មិនទាន់ទាំងបានណែនាំខ្លួនស្រួលបួលផង អ៊ំស្រីនិយាយកាត់ខ្ញុំផាំង៖

«ក្មួយឈ្មោះ វង្ស អធិរាជ ជាអ្នកខេត្តតាកែវ។ ប្រលងបាក់ឌុបនៅឆ្នាំ២០១០ បាននិទ្ទេសB ជាប់អាហាររូបករណ៍ផ្នែកសង្គមកិច្ចវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ?»

ខ្ញុំបើកភ្នែកធំ ស្រឡាំងកាំង។ បើកុំតែអណ្តាតខ្ញុំលឿន ប្រញាប់គ្រលៀវលេបកាហ្វេក្នុងមាត់បានទាន់ពេលវេលា កុំអីប្រហែលជាត្រូវឈ្លក់ព្រួសកាហ្វេចេញពីមាត់ពេញហ្នឹងមិនខាន។ ស្មានមិនដល់ថា អ៊ំស្រីដឹងរឿងខ្ញុំច្បាស់យ៉ាងនេះសោះ។​

«ក្មួយជាសិស្សពូកែ បាន GPA ខ្ពស់ជាងគេប្រចាំថ្នាក់ ក៏បានទទួលសញ្ញាបត្រចែកផ្ទាល់ពីសម្តេចដែរ។ បច្ចុប្បន្នក្មួយជាប្រធានផ្នែកសម្របសម្រួលនៅអង្គការក្រៅរដ្ឋាភិបាលមួយ បន្ទាប់ពីផ្លាស់ប្តូរការងារចំនួនបីកន្លែងរួចមក។»

ខ្ញុំបន្តបើកភ្នែកធំ រឹតតែហួសចិត្ត។ មិនយល់ទេ ម្តេចក៏ម្តាយរបស់មិត្តភក្តិខ្ញុំ ដឹងរឿងខ្ញុំច្រើនជាងម្តាយបង្កើតខ្ញុំដឹងពីខ្ញុំទៅទៀត? ឬក៏មកពីខ្ទៃឧស្សាហ៍និយាយពីខ្ញុំចំពោះមុខគាត់? កាន់តែគិត ខ្ញុំរឹតតែមិនយល់។ អ្វីដែលកាន់តែឆ្ងល់ទៀតនោះគឺ បំណងរបស់គាត់។​ មិនដឹងថាគាត់ចង់បានអីឱ្យប្រាកដទេ។

«ក្មួយប្រហែលជាឆ្ងល់ថា​ម្តេចក៏ខ្ញុំដឹងរឿងទាំងនេះបាន?»

អ៊ំស្រីសើចតិចៗទើបបន្ត៖

«អ៊ំថែមទាំងដឹងទៀតថា ក្មួយមានប្រជ្រុយធំមួយនៅត្រង់…»

មុខខ្ញុំឡើងក្រហមងាំង ក្រហមជាងផ្កាដកខាំដែលកំពុងរីកបង្អួតសម្រស់ក្នុងសួនខាងមុខហាងនេះទៅទៀត។ ខ្ទៃពិតជាផ្តេសផ្តាសណាស់ សូម្បីតែរឿងខ្ញុំមានប្រជ្រុយធំត្រង់ណា ក៏និយាយប្រាប់ម្តាយគេដែរ។​ យី! គាត់នេះ។ ចាំមើលតែបានជួបមុខ សង្កត់កឱ្យដឹងដៃម្តង។ ខ្មាសគេណាស់ខ្ញុំ!

«ក្មួយមិនបាច់អៀនទេ អាណុបសរសេរពីក្មួយស៊ីជម្រៅជាងនេះផង សូម្បីតែ…»

«កុំជឿឧទ័យអីអ៊ំ គាត់កុហកទេ។»

ខ្ញុំប្រញាប់កាត់សម្តីព្រោះខ្មាសអ៊ំស្រីពេក។ អម្បាញ់មិញនេះមិនដឹងជាគាត់ចង់និយាយពីអីទេ។​ ខ្ទៃនេះ បែបអត់មានអីសរសេរមែន បានជាសរសេរតាំងពីរឿងអាថ៌កំបាំងរាងកាយ។ កូនទោលចំជាយ៉ាប់មែន។ តែក៏សរសើរខ្ទៃដែរ បានឃើញខ្ញុំស្រាតតែម្តងសោះ ចាំខ្ទេចគ្មានសល់។

«អាណុបនិងក្មួយសុទ្ធជាប្រុសដូចគ្នា អារឿងមើលឃើញរាងកាយគ្នានេះ អ៊ំថាជារឿងធម្មតាទេ។ ប្តីអ៊ំក៏ធ្លាប់លួចខ្សឹបប្រាប់អ៊ំដែរពេលជួបជាមួយមិត្តចាស់ៗគាត់ ថាអ្នកនេះតូច អ្នកនោះធំ អ្នកនេះវៀច អ្នកនេះត្រង់ មានគ្រប់បែប។»

«បាទអ៊ំ!»

ខ្ញុំឆ្លើយទាំងអឹមអៀន រួចលួចនិយាយក្នុងចិត្ត «ម៉ាក់អាណុបនេះចំជាមាត់ឆៅណាស់។» តែនឹកទៅ ខ្ទៃចំជាកូនសំណព្វចិត្តរបស់គាត់មែន។ ចំណាំតែកូនណាដែលម្តាយឪពុកហៅថា «អាណុប» ដឹងតែកូនហ្នឹងពិសេសជាងគេហើយ។ បើនិយាយទៅ ខ្ទៃមានតែម្នាក់ឯង។ អ៊ីចឹងទោះធម្មតាក៏គាត់ពិសេសលើសគេស្រាប់។

«ប្រាប់អ៊ំមកមើល ក្មួយនឹងអាណុបស្និទ្ធគ្នាណាស់មែនអ្ហេស?»

ខ្ញុំដំអក់បន្តិច មិនបានឆ្លើយតបគាត់វិញភ្លាមទេ។ មានអារម្មណ៍ដូចជាអត់ស្រួលសោះ។ ខ្ទៃនិងខ្ញុំស្គាល់គ្នាជាងដប់ឆ្នាំមកហើយ។ ដ្បិតថាតាំងពីចេញធ្វើការមក ពួកយើងមិនសូវបានជួបគ្នាញឹក តែកាលនៅរៀនពួកយើងស្និទ្ធគ្នាខ្លាំងណាស់។​ មិត្តភក្តិខ្ញុំខ្លះបង្អាប់ថាពួកយើងល្អូកល្អឺនដូចប្តីប្រពន្ធ។ កាលហ្នឹងខ្ញុំរាងហួសចិត្តដែរ តែបើវិភាគទៅមិនជាខុសទេ បើខ្ញុំនិងខ្ទៃជិតដិតខ្លាំងពិតមែន។ គាត់ហ្នឹងធ្លាប់ដេកកើយភ្លៅខ្ញុំពេលអានសៀវភៅនៅបណ្ណាល័យ ហើយធ្លាប់ឡើងជិះកខ្ញុំ បង្ខំឱ្យខ្ញុំអៀវពេលជើងគេគ្រេចទៀត។ អ្នកមិនដឹង ច្បាស់ណាស់ជាថាពួកយើងជាគូសង្សារ ឬប្តីប្រពន្ធ។​​

«បាទ! ឧទ័យជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ។ តាំងពីស្គាល់គ្នាកាលរៀនឆ្នាំទីមួយមក ពួកខ្ញុំត្រូវរ៉ូវគ្នាណាស់។ តាមពិតទៅពួកយើងរៀនមុខវិជ្ជាខុសគ្នាទេ។ ខ្ញុំរៀនសង្គមកិច្ចនៅភូមិន្ទ២ ឯគេរៀនអាយធីនៅភូមិន្ទធំ។​ តែកាលឆ្នាំមូលដ្ឋានពួកយើងប្រលងបានកម្រិតភាសាអង់គ្លេសដូចគ្នា ក៏រៀនថ្នាក់ជាមួយគ្នា ហើយក៏ស្គាល់គ្នាពីពេលហ្នឹងទៅ។ មកដល់ឡូវជាងដប់ឆ្នាំហើយ ពួកខ្ញុំនៅតែស្និទ្ធធម្មតា អត់មានប្រែប្រួលអីទេ។»

«ស្និទ្ធធម្មតា?»

អ៊ំស្រីសង្កត់ពាក្យនេះ ទើបបន្ត៖

«ស្និទ្ធធម្មតាហ្នឹង ស្និទ្ធបែបម៉េចវិញក្មួយ?»

«ធម្មតាៗហ្នឹងអ៊ំ ដូចតែគេដូចតែឯង​។​ របៀបថាពួកយើងមានរឿងអីតែងចែករំលែកគ្នា ទាំងរឿងសប្បាយ ទាំងរឿងកើតទុក្ខ។​ ក៏ឧស្សាហ៍ទៅមើលកុនជាមួយគ្នាដែរ។ គាត់និងខ្ញុំចូលចិត្តមើលកុនដូចគ្នា។»

«ចុះអាណុបធ្លាប់គេងជាមួយក្មួយទេ?»

ខ្ញុំគាំងនឹងសំណួរអ៊ំស្រី។ មិត្តល្អនឹងគ្នាជាងដប់ឆ្នាំហើយ ដើរលេងជាមួយគ្នាក៏ច្រើនដងដែររឿងអីមិនធ្លាប់គេងជាមួយគ្នា។ ខ្ញុំចាំបានថាក្រោយចប់ឆមាសទី១ នៅឆ្នាំទី២ ខ្ទៃបបួលខ្ញុំទៅលេងកំពង់សោមជាមួយមិត្តរួមថ្នាក់គេ។ កាលហ្នឹង ពួកយើងគេងផ្ទះសំណាក់បន្ទប់ជាមួយគ្នា ហើយគ្រែមួយពីរនាក់ទៀត។ ពេលហ្នឹងហើយដែលខ្ទៃបានឃើញខ្ញុំស្រាតផ្លាស់ខោអាវ។ តែមិននឹកស្មានថា គេមើលឃើញប្រជ្រុយខ្ញុំទៀត។ ចំជាភ្នែកល្អមែន!

«បាទអ៊ំ! រឿងគេងជាមួយគ្នានេះ ចូលលក្ខណៈរាប់លែងអស់ហើយ។ ឱ្យតែទៅដើរលេង គេងគ្រែជាមួយគ្នាតែរហូតហ្នឹងព្រោះមិនចង់អស់លុយថ្លៃជួលបន្ទប់ច្រើន។ ឧទ័យក៏ធ្លាប់គេងនៅបន្ទប់ជួលខ្ញុំម្តងម្កាលដែរ ពេលគេស្រវឹងទៅផ្ទះមិនរួច។ ខ្ញុំមិនដឹងថា គាត់បានប្រាប់អ៊ំឬក៏អត់ទេ។»

អ៊ំស្រីលើកកែវចឹបកាហ្វេពីរបីក្អឹក។ គាត់គ្រហែមបន្តិចឱ្យបាត់ស្អា ក ទើបនិយាយបន្ត៖

«អាណុបនិងក្មួយសុទ្ធតែចូលក្បាលសាមអស់ហើយ តែមួយៗដូចមិនទាន់គិតគូររឿងប្រពន្ធកូនសោះ។ អ៊ំមិនសូវយល់ពីក្មេងៗសម័យឥឡូវទេ មិនដឹងជានៅដំអក់ដល់ណាអារឿងរៀបការហ្នឹង។ ឆាប់ការ ឆាប់បានកូនប្រើ កុំចាំដល់អាយុសាមជាង ទម្រាំកូនធំ ត្រូវចាស់ខ្លួនអស់។»

ខ្ញុំកាន់តែមិនយល់! ម៉េចក៏សុខៗអ៊ំស្រីនាំនិយាយពីរឿងយកប្រពន្ធយកកូនអីឯណាទៅវិញ។ និយាយត្រង់​ ដ្បិតថាឆ្នាំនេះខ្ញុំអាយុសាមសិបក៏ពិតមែន តែរាល់ថ្ងៃនេះ ខ្ញុំអត់ទាន់មានអារម្មណ៍ថាខ្លួនឯងចាស់សោះ។ ខ្ទៃនិងខ្ញុំក៏ធ្លាប់និយាយគ្នាអារឿងរៀបការហ្នឹងដែរ។ ខ្ញុំតែងនិយាយថា ពេលគេការ ដាច់ខាតត្រូវឱ្យខ្ញុំធ្វើអ្នកកំដរ។ ខ្ទៃឆ្លើយថា ជាតិនេះឆាចោល។ ខ្ញុំសួរបញ្ជាក់ ថីបានឆាចោល។ គេតបថា មកពីគ្មានអ្នកការជាមួយ។ ខ្ទៃក៏បកសួរខ្ញុំម្តងថា យកប្រពន្ធអត់? ខ្ញុំឆ្លើយទៅវិញទាំងអស់សំណើច «ប្រពន្ធហើយមិនយក ប្រុងឱ្យយកប្តីមែន។» គេក៏ប្រែទឹកមុខដូចមនុស្សកំពុងខូចចិត្ត។

«ការម៉េចកើតអ៊ំ បើខ្ញុំមិនទាន់មានលុយសល់ផង បានអីឱ្យថ្លៃទឹកដោះគេ។ បណ្ណាការថ្លៃៗផង។ បើឧទ័យគេមិនភ័យទេ យកប្រពន្ធពេលណាក៏បានដែរ ព្រោះគេសល់លុយច្រើន ហើយគ្រួសារអ៊ំធូរធារស្រាប់ទៀត។»

«កុំចាំទាល់តែមានសព្វគ្រប់អីក្មួយ។ កាលអ៊ំការជាមួយប៉ាអាណុប គាត់ក៏មិនមានអីច្រើនដែរ។ សំខាន់ត្រង់ប្តីប្រពន្ធចេះចាប់ដៃគ្នារកស៊ី ប៉ុណ្ណឹងគឺល្អពេកហើយ។ ក្មួយឆាប់គិតគូរទៅ អ៊ំគិតរៀបចំឱ្យអាណុបក្នុងឆ្នាំនេះដែរហើយ។»

«បាទអ៊ំ!»

ខ្ញុំបម្រុងឆ្លើយទៀតដែរ តែឃើញអ៊ំស្រីចុចទូរស័ព្ទមើលម៉ោង ខ្ញុំក៏ឈប់និយាយ។ ប្រហែលជាគាត់ប្រញាប់ការសំខាន់ផ្សេងទៀត។

«ភ្លេចៗខ្លួនម៉ោងជិតបីទៅហើយ រវល់តែកាច់ជ្រុងរង្វង់មូល គ្មានទាន់បាននិយាយសាច់ការអីសោះ។»

ខ្ញុំចាប់ព្រឺសម្បុរខ្ញាក។ រោគសញ្ញាចាញ់ច្រាបចាប់ផ្តើមរើឡើង។ សាច់ការដែលអ៊ំស្រីមិនទាន់បាននិយាយហ្នឹង តើជាអ្វីឱ្យប្រាកដ? ខ្ញុំដូចជាចង់បុកពោះម៉េចទេ ភ័យពេក។

«ឥឡូវយើងនិយាយចូលសាច់ការតែម្តងទៅ កុំឱ្យយប់យូរសុបិនវែង។»

អ៊ំស្រីគ្រហែមបន្តិច ទើបបន្ត :

ខ្ញុំប្រឹងទប់អារម្មណ៍ធ្វើដូចធម្មតា ដូចគ្មានរឿងអីកើតឡើង តែនិយាយត្រង់ ខ្ញុំពិបាកក្នុងខ្លួនណាស់។ អ៊ំស្រីវិញគ្មានប្រែប្រួលទឹកមុខអីសោះ។ គាត់លូកដៃទាញក្រដាសជូតមាត់ពីក្នុងកូនកាបូបដៃរបស់គាត់ មកជូតបបូរមាត់ រួចមូរក្រដាសនោះបោះក្នុងធុងសំរាមក្បែរដៃ។ គ្រានេះខ្ញុំនិងគាត់បានបញ្ចប់កិច្ចសន្ទនាទាំងស្រុង។ ខ្ញុំសឹងតែលែងហ៊ានមើលមុខគាត់ទៀត។

«ក្មួយកុំទាន់ទៅណា អ៊ំឱ្យគេខ្ចប់កាហ្វេឱ្យពីរកែវ។»

និយាយចប់ភ្លាម អ៊ំស្រីក្រោកដើរចេញភ្លែត មិនទុកពេលឱ្យខ្ញុំបដិសេធកាហ្វេគាត់ផង។ ខណៈអង្គុយរង់ចាំកាហ្វេ ខ្ញុំឆែកមើលហ្វេកប៊ុកខ្ទៃទាំងអារម្មណ៍សោះកក្រោះ។ ខ្ញុំអូសចុះមិនឈប់ បំណងរកមើលឱ្យគ្រប់ផុសរបស់គេ។ ស្នាមញញិមប្រិមប្រិយរបស់គេបញ្ចេញឥតក្រែងក្នុងគ្រប់រូបថតដែលគេផុស។ យូរៗម្តងមានរូបខ្ញុំនៅក្នុងហ្នឹងដែរ ជាមួយនឹងឃ្លាស៊ីអារម្មណ៍ប្លែកៗ។ គេហ្នឹងញ៉ែខ្ញុំផ្ទាល់មិនអស់ចិត្ត ហ៊ានញ៉ែខ្ញុំជាសាធារណៈទៀត។ ចំជាព្រហើនមែន!

ខ្ញុំនឹកចង់សើច តែសើចមិនចេញ។ គ្រប់ពាក្យពេចន៍ដែលអ៊ំស្រីបាននិយាយមុននេះ លេចត្រដែតនៅនឹងមុខខ្ញុំ។ ខ្ទៃលាក់ខ្ញុំបានជិតល្អណាស់។ ជាមិត្តល្អនឹងគ្នាដោយរបៀបណា បើគេលាក់ខ្ញុំជិតបែបហ្នឹង? គេទុកខ្ញុំជាអ្វី? មិត្តល្អគេមិនធ្វើអ៊ីចឹងដាក់គ្នាទេ។ ហ៊ឹម…!!!

បុគ្គលិកហាងហៅលេខរៀងត្រូវនឹងលេខខ្ញុំកំពុងរង់ចាំ។ ខ្ញុំប្រញាប់ចូលទៅក្នុងឈែត រួចសរសេរថា «ល្ងាចនេះជួបគ្នា» ផ្ញើទៅខ្ទៃ មុនពេលខ្ញុំក្រោកដើរទៅយកកាហ្វេ ហើយបង្ហួសចេញទៅមាត់ទ្វារ។

វគ្គ៖ បេះដូងសារភាព

ខ្ញុំគឺ កែវ នរៈឧទ័យ

«នៅផ្ទះមានរឿងអីមែន?»

គេសួរខ្ញុំដោយសំនៀងព្រួយបារម្ភ។ ខ្ញុំគាំង! គាំងព្រោះមិនដឹងថាត្រូវឆ្លើយប្រាប់គេថាយ៉ាងម៉េច។ ខ្ញុំគួរប្រាប់គេត្រង់ទេ ថាខ្ញុំបានឈ្លោះជាមួយប៉ាម៉ាក់ព្រោះតែគេ។ មិនចង់់លាក់សោះ តែខ្ញុំហាមិនរួចឡើយ។ គេមិនដែលដឹងខ្លួនថាខ្ញុំនេះថ្លើមពាសមេឃហ៊ានលួចស្រលាញ់គេផង។ បើគេដឹង ប្រហែលគេឈប់និយាយរកខ្ញុំ ឈប់ទាំងមើលមុខខ្ញុំទៀត។

«ម៉េចនៅសុខៗសួរខ្ញុំចឹង? រាជមានដឹងរឿងអីហ្មែន? ប្រាប់ភ្លាម!»

ខ្ញុំសម្លុតគេទាំងញ័រញាក់ខ្លួនឯង។ ខ្ញុំភ័យណាស់! តិចគេដឹងរឿងផ្ទះខ្ញុំទៅ? មិនអាចទេ ខ្ញុំខំលាក់សឹងអី។ ប៉ុន្មានថ្ងៃនេះ ខ្ញុំទ្រាំមិនឈែត មិននិយាយរកគេ។ សូម្បីទឹកភ្នែកមួយកូនតំណក់ក៏ខ្ញុំមិនឱ្យគេឃើញស្រមោលផង។ គេអាចដឹងបានយ៉ាងម៉េច?

«ប៉ុណ្ណឹងហើយចឹង ខ្ញុំរវល់តិច។»

ខ្ញុំរហ័សចុចបិទភ្លាម មិនទាំងលាគេមួយម៉ាត់។ បើមិនធ្វើចឹង ខ្ញុំអាចនឹងរបូតមាត់ប្រាប់គេខ្ទេច។ មិនហ៊ានស្រមៃទេថា បើគេដឹងរឿង តើគេនឹងគិតបែបណាចំពោះខ្ញុំ?​ ជាមិត្តល្អនឹងគ្នាជាងដប់ឆ្នាំហើយ ខ្ញុំមិនចង់បាត់បង់គេទេ។ តាំងពីដឹងក្តីមកដល់ពេលនេះ ទេវតាហាក់មើលរំលងខ្ញុំ។ រឿងល្អៗទ្រង់មិនសូវផ្តល់ឱ្យខ្ញុំសោះ។ បានស្គាល់គេ រាប់ថាជារឿងល្អដ៏កម្រមួយ។

កែវ នរឧទ័យ ជាឈ្មោះរបស់ខ្ញុំ ឯ វង្ស អធិរាជ ជាឈ្មោះរបស់គេ។ គ្រាន់តែឮឈ្មោះនេះ មិត្តរៀនអក្សរសាស្ត្រខ្មែរច្រើននាក់ចំអន់ថា ឈ្មោះ CP របស់ពួកយើងពីរោះណាស់គឺ ឧទ័យធិរាជ។ កាលហ្នឹងខ្ញុំអៀនឡើងក្រហមមុខ តែគេវិញចាក់បណ្តោយគ្មានចាញ់អីមួយពាក្យ។ គេសុទ្ធតែកៀកកខ្ញុំ ហើយនិយាយក្តែងៗថា គូព្រេងអតីតជាតិ។ មិត្តៗក៏បន្ទរមកតាមក្រោយ។ អ្នកខ្លះថាចាំឧបត្ថម្ភប្រេងឆា។ ខ្ញុំភ័យផងខ្មាសគេផង តែមែនទែនទៅក្នុងចិត្តអរស្ទើរហោះ។

ចុងឆ្នាំ២០១០ ខ្ញុំបានជួបគេ។ កាលហ្នឹងខ្ញុំអាយុ១៨ឆ្នាំ មិនទាន់ដឹងថាស្អីជាស្នេហាទេ។ ដ្បិតតែខ្ញុំជាកូនអ្នកភ្នំពេញ ធំធាត់ក្នុងក្រុងទំនើប តែមិនខុសអីពីអ្នកជនបទ គឺថាមិនទាន់ចេះមានសង្សារនឹងគេឡើយ។ បើតាប៉ិរាជហ្នឹងវិញ ដំឡូងមូលឱ្យសុទ្ធ។ ខ្ញុំចាំគ្មានភ្លេចទេ។ គេដើរញាប់ដូចរំសេវ ឆ្ពោះទៅការិយាល័យសិក្សាភាសាអង់គ្លេស។ ពេលហ្នឹងមិនដឹងថាខ្ញុំមានការអីទេ តែត្រូវទៅបន្ទប់ហ្នឹងដែរ។ សម្បុរគេខ្មៅគ្រាក់ សក់វិញសំពីងសំពោង​ រកភ្លីមិនឃើញ។ គេបើកទ្វារចូល ដើរឱនៗនិយាយទាំងខ្លាចៗ

«លោកគ្រូខ្ញុំសុំប្តូរកម្រិតភាសាអង់គ្លេស»

លោកគ្រូម្នាក់ដែលអង្គុយតុនៅកាច់ជ្រុង សួរពីមូលហេតុ។ លោកបងអធិរាជ ឆ្លើយទាំងញ័រមាត់ តែលក្ខណៈគួរឱ្យចង់សើច

«ខ្ញុំមកពីស្រែ ចេះអង់គ្លេសតិចតួច ម៉េចក៏ខ្ញុំប្រលងបានកម្រិតខ្ពស់ម្ល៉េះ? ខ្ញុំរៀនមិនទាន់គេទេលោកគ្រូ។ សុំចុះកម្រិតវិញ។»

ខ្ញុំបែរមុខចេញសម្លឹងទៅជញ្ជាំង ទ្រាំសើចចង់ចុកពោះ។ គាត់នេះអាម៉េចអ៊ីចេះ? អស់នឹងគេបន់ឱ្យតែបានជាប់កម្រិតខ្ពស់។ គាត់នេះជាប់កម្រិតខ្ពស់ហើយ បែរជាសុំចុះទៅទាបវិញ។ មិនដែលជួបទេខ្ញុំ រូបរាងមិនសង្ហាហើយ គ្មានមហិច្ឆតាទៀត។

«ប្តូរមិនបានទេ កម្រិតនេះគឺប្អូនជាអ្នកប្រលងបាន។ អត់មានអ្នកណាចាប់ដាក់ ចាប់បង្ខំទេ។»

លោកគ្រូតបវិញទាំងមុខស្ងួត។ ខ្ញុំឃើញទឹកមុខរាជភ័យដូចមាន់គេបម្រុងចាប់ស្ងោរជ្រក់។ គេឈរច្រេមច្រុមៗ រួចបែរក្រោយរកផ្លូវចេញ តែក៏មិនភ្លេចរអ៊ូង៉ូវៗ

«វិញ្ញាសារប្រលងអាយៗ។ បើដឹងចឹង ខ្ញុំមិនធ្វើឱ្យត្រូវទេ ស្តាយណាស់។»

«ឆត្រពណ៌ខ្មៅថ្ងៃមុន កូនទុកនៅណា? យកឱ្យម៉ាក់តិច។»

សំឡេងម៉ាក់ហៅ​ រត់មកលុបរូបភាពអនុស្សាវរីយ៍ជួបគ្នាដំបូងរបស់ខ្ញុំនិងគេ។ ភាពរីករាយមុននេះ ក៏រលាយសូន្យសុង។ គិតទៅជីវិតចំជាវេទនាណាស់។ ពេលខ្លះគ្រាន់តែរកពេលរម្លឹករឿងអតីតល្អៗក៏ពិបាកដែរ។ ខ្ញុំក្រោកដើរទៅយកឆត្រជូនម៉ាក់ មិនដឹងថាគាត់ប្រញាប់ទៅជួបអ្នកណាទេ ឃើញតែងខ្លួនប្លែក ពាក់គ្រឿងអលង្ការជ្រែកខ្លួន។​ តាមមើលប្រហែលចេញរកកូនប្រសាទៀតហើយ។ ហ៊ឹម!

«បើភ្លៀង កុំភ្លេចយកត្រីប្រឡាក់លើស្នួលក្រោយផ្ទះទុកផង។»

ខ្ញុំមិនបានតបគាត់ទេ តែតាមស្តាប់សម្រិបជើងគាត់រហូតចេញផុតរបងផ្ទះ។ យប់មិញយល់សប្តមិនល្អសោះ។ ខ្ញុំឃើញរាជស្លៀកឈុតកូនកំលោះ ញញិមស្ញេញមកកាន់ខ្ញុំ។ ធ្លាប់ឮគេថា បើសុបិនឃើញនរណាម្នាក់ស្លៀកឈុតរៀបការ អ្នកនោះនឹងជួបគ្រោះ ឬមានជំងឺតម្កាត់។ ខ្ញុំទ្រាំមិនហ៊ាននិយាយចេញទេ ព្រោះគេថា បើយល់សប្តអាក្រក់គេឱ្យបញ្ចេរចោល។ ម្ល៉ោះហើយខ្ញុំឡើងបញ្ចេរអង្ករតាំងពីភ្ញាក់ដឹងខ្លួនម៉្លេះ។

ខ្ញុំឆែកមើលហ្វេកប៊ុកគេញឹក។ ដ្បិតថាប៉ុន្មានថ្ងៃនេះ ខ្ញុំមិនបានឈែត ឬខលរកគេ តែសុខទុក្ខគេនៅតែជាអទិភាពរបស់ខ្ញុំ។​ គេមិនសូវផុសអីទេ ត្រឹម Share ពីនេះពីនោះតិចតួច។ តែ…​រូបនេះ រូបគេផុសអម្បាញ់មិញនេះ ជារូបនៅហាងកាហ្វេជាមួយនឹងឃ្លា បុកពោះ។ ទ្រូងខ្ញុំចាប់បុកភឹបៗ តិចគេមានរឿងអីទៅ? ឬប្រផ្នូលអាក្រក់ក្នុងយល់សប្តខ្ញុំជាការពិត? ខ្ញុំប្រុងឈែតសួរគេ ស្រាប់តែនរណាម្នាក់ចូលមកខំមិនរារាំងបំណងខ្ញុំ។

«Blind Date មែន?»

សំណួរគេបង្កកដៃខ្ញុំឱ្យនៅនឹងថ្កល់។

«និយាយដូចមើលឃើញ។»

គេឆ្លើយធូរល្ហុយជាមួយ Emoji សើចដូចកំពុងសប្បាយចិត្តណាស់។​ ខ្ញុំបោះទូរស័ព្ទទៅឆ្ងាយពីខ្លួន ផ្អាកខ្វល់នឹងវាសិន។ យ៉ាងណា រាជក៏មិនមានរឿងអាក្រក់អីកើតឡើងដែរ។ នៅខាងក្រៅ ពពកខ្មៅមូលមីរដេរដាស។ រលឹមហុយៗតំណក់ប៉ុនៗកូនម្ជុលរសាត់តាមជំនោរមកប៉ះថ្ងាសខ្ញុំ។ ខ្ញុំប្រញាប់ដើរទៅក្រោយផ្ទះ ទៅយកត្រីប្រឡាក់ទុក។​

ភ្លៀងរាំងដាច់តំណក់!

«ល្ងាចនេះជួបគ្នា!»

សារដ៏ខ្លីរបស់គេ តែរញ្ជួយបេះដូងខ្ញុំ។ ច្បាស់ណាស់ គេច្បាស់ជាដឹងរឿងអីមួយមិនខាន មិនអ៊ីចឹងមិនមែនមុននេះខលមកសួរ ហើយឥឡូវឈែតមកណាត់ទេ។ គេដឹងថាខ្ញុំមិនហ៊ានប្រឈមជាមួយគេតាមឈែត ដូច្នេះក៏សុំណាត់ជួបនិយាយផ្ទាល់។ ឱ! បេះដូងកម្សត់អើយ! ឯងត្រៀមតែបែកប្រេះស្រាំឱ្យហើយទៅ។ បន្តិចទៀតនេះ ប្រាកដណាស់ថាឯងមិនអាចរក្សារូបរាងដើមបានឡើយ។

តែមុននេះ មានអ្នកសួរគេថា Blind Date មែន? គេក៏ឆ្លើយចាក់បណ្តោយ។ តិចលោគេជួបស្រីមែនទៅ? ថាមិនបាន អាចជារឿងពិត ព្រោះមួយរយៈនេះឧស្សាហ៍ឃើញស្រីស្អាតៗចូលលេងខំមិនលើផុសគេណាស់។ គេប្រហែលជាត្រូវនាងណាម្នាក់ញ៉ែបានហើយ។ លោកព្រះអើយ! ម៉េចក៏ផ្លូវណាក៏ទាល់សម្រាប់ខ្ញុំអ៊ីចឹង? គ្មានច្រកណាដែលផ្តល់ក្តីសង្ឃឹមត្រឹមប៉ុនចុងក្រចកដល់ខ្ញុំសោះ។ ហ៊ឹម! តប់ប្រមល់ណាស់ តែក៏ត្រូវចេញពីផ្ទះទាំងមុខស្អុយទៅជួបគេ។

ខ្ញុំដើរចូលបន្ទប់គេដូចចូលផ្ទះខ្លួនឯង។ គេស្នាក់នៅទីនេះជាងដប់ឆ្នាំហើយចាប់តាំងពីមករៀននៅសាកល។ បន្ទប់ជួលទំហំបីគុណបួននេះកត់ទុកអនុស្សាវរីយ៍ច្រើនគួរសមរវាងខ្ញុំនិងគេ។ ខ្ញុំចាំបានថ្ងៃដំបូងដែលខ្ញុំមកលេងទីនេះ។ កាលហ្នឹងខ្ញុំយកលេសថាបងប្អូនខាងប៉ាមកលេងពេញផ្ទះ ពេញទាល់តែខ្ញុំគ្មានកន្លែងដេក។ គេក៏ហៅខ្ញុំមកដេកជាមួយ។ និយាយត្រង់ យប់ហ្នឹងគ្មានដេកលក់ស្អីទេ។ ខ្ញុំហាមគេមិនឱ្យបិទភ្លើង ព្រោះខ្ញុំមិនទម្លាប់គេងងងឹត។ គេឆោតក៏ធ្វើតាមខ្ញុំ។ គេសុខចិត្តយកភួយគ្របមុខជិត។ មានទៅគ្របបានយូរអី ខ្ញុំទាញចេញតែរហូតហ្នឹង។ មូលហេតុដែលខ្ញុំមិនឱ្យគេបិទភ្លើង គឺខ្ញុំចង់គេងមើលមុខគេ មិនមែនខ្លាចងងឹតអីឡើយ។

គេហុចកាហ្វេឱ្យខ្ញុំដោយទឹកមុខស្មើចែស មិននិយាយអីមួយម៉ាត់។ ខ្ញុំមិនដឹងបញ្ហានៅក្នុងចិត្តគេនាពេលនេះមានទំហំប៉ុនណាទេ តែអាការគេបែបនេះច្បាស់ណាស់ថាមិនមែនជារឿងតូច។ ធម្មតាគេនិយាយច្រើនណាស់។ ឃើញខ្ញុំជិះមកទាំងភ្លៀងទាំងរលឹមបែបនេះ គេប្រាកដជាបន្ទោសខ្ញុំម៉េចមិនចាំរាំងសិន។ គេឃើញខោអាវខ្ញុំសើម ក៏មិននឹកនារកខោអាវថ្មីឱ្យផ្លាស់។ ខ្ញុំបានត្រឹមឈរស្ងៀមកាន់កាហ្វេដែលមិនដឹងថាជារបស់អ្នកណា។

«បើអត់ផឹកទេ ដាក់លើតុនោះទៅ។ ទុកឱ្យខ្ញុំបង្ហើយ ស្តាយវា។»

គេនិយាយដោយមិនមើលមុខខ្ញុំផង តែគេសម្លឹងទៅកាហ្វេមួយកែវទៀតដែលដាក់នៅលើតុក្បែរបង្អួចស្រាប់។

«ណាគេទិញឱ្យ?»

ខ្ញុំសួរគេបែបនេះ ព្រោះដឹងច្បាស់ណាស់ថាមិនមែនជារបស់គេទិញទេ។ ខ្ញុំមិនចេះញ៉ាំកាហ្វេផង រឿងអីគេទិញកាហ្វេឱ្យខ្ញុំ។

«ទាញមើលទៅ!»

គេហុចក្រមានិងខោអាវគេមួយកំផ្លេមកខ្ញុំហើយនិយាយពាក្យនេះ។​

«Blind Date ជោគជ័យហើយចឹង។ ម្នាក់ស្រីហ្នឹងជាណាគេចិត្តល្អម្ល៉េះ សុទ្ធតែខ្ចប់កាហ្វេឱ្យឌុបទៀត។ ឬក៏មានណាត់មកជួបគ្នានៅនេះបន្ត? បើមែន គ្នាប្រញាប់ទៅវិញ។»

គេសើចទាំងមិនសម។ ខ្ញុំផ្លាស់ខោអាវសើមចេញ ពាក់ខោអាវថ្មីរបស់គេ ហើយដើរទៅអង្គុយលើពូកក្បែរគេ។ គេទម្រេតខ្លួនទៅលើពូក យកខ្នើយទ្រាប់ក្បាល រួចយកខ្នើយមួយទៀតដាក់ទន្ទឹមគេ ជាសញ្ញាឱ្យខ្ញុំគេងក្បែរ។ ខ្ញុំធ្វើតាមបំណងគេទាំងចម្ងល់រុករុលពេញខួរក្បាល។

«ថ្ងៃមិញអ៊ំស្រីមកជួបខ្ញុំ។»

«អ៊ំស្រីណា?»

ខ្ញុំរាងសង្ស័យក្នុងចិត្តដែរ។ ថ្ងៃមិញម៉ាក់រៀបចំខ្លួនប្លែកចេញក្រៅ តិចលោ…។

«ម៉ាក់របស់ឯង។»

ពួកយើងគេងស្ងៀម សម្លឹងដំបូល។ ខ្ញុំមិនដឹងថាត្រូវនិយាយអីទៀត ឯគេក៏ស្ងាត់។ បណ្តោយឱ្យកែវភ្នែកមើលដំបូលអស់ចិត្ត គេប្រះខ្លួនគេងផ្អៀងបែរមុខមករកខ្ញុំ។ ខ្ញុំក៏ធ្វើតាមគេ ផ្អៀងខ្លួនទៅរកគេវិញ។ ពួកយើងសម្លឹងមុខគ្នា។ ខ្ញុំឃើញមុខខ្ញុំក្នុងកែវភ្នែកគេ​ តែគេបែរជាឃើញទឹកដក់ពេញភ្នែកខ្ញុំ។

«យំធើអី?»

គេលូកដៃមកជូតទឹកភ្នែកខ្ញុំ។ ខ្ញុំបណ្តោយឱ្យគេជូត។ ប៉ុន្មានថ្ងៃនេះ ខ្ញុំជូតឆ្អែតឆ្អន់ហើយ ពេលនេះបានគេជួយក៏ល្អដែរ។

«កុំទុកដាក់ក្នុងចិត្តអី មនុស្សចាស់ចិត្តចង្អៀតណាស់។ អនាគតខ្ញុំ គឺខ្ញុំជាអ្នកសម្រេច ទុកពេលឱ្យខ្ញុំខ្លះសិន។»

ក្នុងទ្រូងខ្ញុំដែលតឹងណែនមុននេះ ហាក់បានធូរខ្សាកក្រោយនិយាយឃ្លានេះចេញ។ គេញញិមបញ្ចេញធ្មេញសស្គុស៖

«គាត់ថា ខ្ទៃ ឯងប្រាប់គាត់ថាខ្ញុំមានប្រជ្រុយធំមួយក្បែរគន្លាក់មេជើង។»

ហាហាហា ខ្ញុំសើចទាំងមិនដឹងខ្លួន សើចទាំងកំពុងហូរទឹកភ្នែក។ គាត់នេះដូចខ្វះពេលលេង អាពេលកំពុងថប់ទ្រូងផង ពិបាកសើចណាស់។ គេឃើញខ្ញុំសើចមិនសូវសម ក៏បន្ត៖

«កាលហ្នឹងសាហាវម៉េស ខ្ញុំឈរស្រាតផ្លាស់ខោអាវឡើងឆ្ងាយនៅមើលឃើញទៀត។»

«ជឿទៅឱ្យតែចិត្តប៉ង គ្មានរឿងអីដែលធ្វើមិនបានទេ។ មួយតួខ្លួនឯង ខ្ញុំឃើញតែទាំងអស់ហ្នឹង។»

«គាត់សួរថា ពួកយើងធ្លាប់ដេកមួយគ្នាអត់?»

«ម៉ាក់មាត់ឆៅណាស់! គាត់មិនចេះអៀនទេ។ មិត្តភក្តិប៉ាខ្មាសបោរមុខតែរហូតហ្នឹងពេលជួបម៉ាក់ម្តងៗ។ គាត់ចំអន់ដល់ៗថា អ្នកនេះមេជើងតូច អ្នកនេះមេជើងវៀច មួយទំហឹងហ្មងហើយ។»

«គាត់និយាយដែរតើ!​ ឯងស្តាប់ឡើងអៀនដែរហ្នឹង។»

«ហើយឆ្លើយវិញថាម៉េច?»

«ថាដេកមួយគ្នារាប់ភ្លេចហើយព្រោះច្រើនដងពេក។ មានអាក្នុងផ្ទះសំណាក់ផង ក្នុងបន្ទប់ជួលផង ក្នុងតង់ផង និយាយទៅដើរលេងដល់ទីណាដេកទីហ្នឹង។»

ខ្ញុំប្រះខ្លួន សម្លឹងត្រង់ទៅដំបូលវិញ។ ម្តងនេះ គេជាអ្នកប្រះខ្លួនតាមក្រោយខ្ញុំម្តង។

«គាត់សួរទៀតថា កាលណាយកប្រពន្ធ?»

ខ្ញុំមិនទាន់នឹងតបគេផង គេនិយាយស្កាត់មុន៖

«ឆ្នាំនេះ! ឆ្នាំនេះគ្នាគិតគូរហើយ។​ បើគិតទៅពួកយើងអាយុសាមសិប ជាអាយុពេញលេញក្នុងការបង្កើតគ្រួសារ។ ពុកម៉ែគ្នាក៏ចង់បានចៅពរណាស់ដែរ។ គ្នាមិនចង់ឱ្យពួកគាត់ចាំស្កកទៀតទេ។»

ភ្នែកខ្ញុំដែលទើបតែស្ងួតមុននេះ ស្រាប់តែជន់ជោរដោយជំនន់ទឹកភ្នែកម្តងទៀត។ ខ្ញុំប្រញាប់គេងផ្អៀងទៅម្ខាងទៀត បែរមុខចេញពីគេ។ មុខខ្ញុំពេលយំអាក្រក់ណាស់ ខ្ញុំមិនចង់ឱ្យគេឃើញទេ។

«ឯងក៏គួរគិតគូរឆ្នាំនេះដែរ កុំនៅយូរទៀត។ ផ្ទះក៏មាននៅស្រាប់​ លុយក៏សល់ច្រើន…»

«ខ្ញុំស្រលាញ់ឯង! ស្រលាញ់ជាងដប់ឆ្នាំហើយ ស្រលាញ់តាំងពីស្គាល់គ្នាដំបូងម៉្លេះ។»

ខ្ញុំនិយាយកាត់គេ ព្រោះមិនចង់ស្តាប់ពាក្យគេទៀត។ ខ្ញុំដឹងថាគេធ្វើតាមសម្តីម៉ាក់ មិនមែនចេញពីចិត្តគេពិតទេ។ មនុស្សដែលខ្ញុំលួចស្រលាញ់ជាងដប់ឆ្នាំមកហើយ គេគិតអីរឿងអីខ្ញុំមិនដឹង។

«តែ…»

គេព្យាយាមស៊កសម្តីមក តែខ្ញុំសម្លុតវិញ៖

«កុំកាត់ខ្ញុំ ទុកឱ្យខ្ញុំនិយាយអស់ចិត្តសិន។»

គេមិនមាត់ តែក្រោកដើរទៅអង្គុយកៅអីក្បែរបង្អួច ទុកឱ្យខ្ញុំគេងតែឯងក្នុងពិភពក្រឡាប់ចាក់។ ខ្ញុំបន្តរៀបរាប់តែឯង៖

«ខ្ញុំភ្លេចទៅហើយថាខ្ញុំចាប់ផ្តើមបាក់លើឯងតាំងពីពេលណា។ កាលហ្នឹងហេតុតែចង់ស្គាល់ស្នេហា មុខដូចឯងក៏ខ្ញុំបាក់ទៅរួចដែរ។ នៅចាំកាលថ្ងៃចូលរៀនថ្នាក់អង់គ្លេសដំបូងទេ? កាលហ្នឹងយើងរៀនកម្រិត៣០៣ នៅអគារA ជាន់ទី៦ បង្រៀនដោយលោកគ្រូ ទេព សុធារិទ្ធ។​ នឹកដល់ម៉ោងរៀនកាលហ្នឹង គួរឱ្យខឹងណាស់​ ចូលរៀនម៉ោងដប់កន្លះ ចេញម៉ោង១២។ មានដឹងថាម៉េចបានខ្ញុំចូលថ្នាក់ភ្លាមៗក្រោយឯងចូលអត់? ហាហា គឺដើម្បីបានអង្គុយក្បែរឯង។ ខ្ញុំដឹងថាឯងខ្សោយភាសាអង់គ្លេស ក៏មានចិត្តល្អចង់ជួយទៅ។

វគ្គ៖ កិច្ចសន្យាដប់ឆ្នាំ

«ឥឡូវយើងនិយាយចូលសាច់ការម្តងទៅ កុំឱ្យយប់យូរសុបិនវែង។»​

អ៊ំស្រីគ្រហែមបន្តិច ទើបបន្ត៖

«អាណុបស្រលាញ់ក្មួយ។»

ខ្ញុំគាំង…គាំងដូចពិភពលោកនេះលែងវិលទៀត តែក៏ប្រញាប់បន្លប់ទឹកមុខមកធម្មតាវិញ កុំឱ្យអ៊ំស្រីចាប់ថ្នាក់បាន។ ខ្ញុំតប៖

«មិត្តភក្តិស្រលាញ់គ្នាជារឿងធម្មតាតើអ៊ំ។ ណាមួយខ្ញុំនិងឧទ័យស្និទ្ធស្នាលគ្នាជាងដប់ឆ្នាំមកហើយ ខ្ញុំស្រលាញ់រាប់អានគាត់ជាមិត្ត គាត់ក៏ស្រលាញ់រាប់អានខ្ញុំជាមិត្តដូចគ្នា។»

«មិនមែនអ៊ីចឹងទេ! អ៊ំគិតថាក្មួយយល់ពីអ្វីដែលអ៊ំចង់និយាយ កុំបាច់បង្វែងដានទៅណាឆ្ងាយនាំតែខាតពេល។»

«ខ្ញុំ…»

ខ្ញុំមិនដឹងតបយ៉ាងម៉េចទេ មានអារម្មណ៍ថាក្នុងខ្លួនកំពុងកើតខ្យល់ របៀបដូចឈឺក្បាលផង ឈឺពោះផង ចង់ស្ទះដង្ហើមផង។ ម្តាយខ្ទៃដឹងថាខ្ញុំពិបាកឆ្លើយ ទើបគាត់និយាយបន្តដោយទឹកមុខម៉ឺងម៉ាត់៖

«ក្រោយអាណុបរៀនចប់ ខ្ញុំនិងប៉ាវាបានភ្ជាប់មាត់ភ្ជាប់កជាមួយកូនមិត្តភក្តិគាត់។ កូនស្រីគេហ្នឹងជាម្ចាស់ហាងលក់ខោអាវដ៏ធំមួយក្នុងក្រុង។ រូបរាងនាង តារាម៉ូឌែលសុំខ្មាស។ ដោយយល់លើការរាប់អានគ្នា គ្រួសារគេក៏យល់ព្រមលើកនាងឱ្យ។»

អ៊ំស្រីផ្អាកសម្តី។ គាត់លើកកែវពិសារទឹក។ ទោះមិននិយាយត ក៏ខ្ញុំដឹងសាច់រឿងហ្នឹងដែរ។ ខ្ទៃប្រាប់ថា ម្នាក់ស្រីហ្នឹងគំរាមសម្លាប់ខ្លួន បើប៉ាម៉ាក់នាងនៅតែបង្ខំ។ ការពិតនាងមានសង្សារលួចលាក់រួចហើយ។

«ខ្ញុំនិងប៉ាវារំភើបណាស់ រកអ្វីប្រៀបពុំបាន ងាយឯណានឹងរកកូនប្រសាបានទាំងស្អាត ទាំងឆ្លាត និងមាន។ តែអភ័ព្វអី អាណុបប្រកែកដាច់អហង្ការ។ គេដាច់ខាតមិនរៀបការមុនអាយុសាមសិបទេ។ គេថាចង់ឱ្យចាស់ទុំគំនិត និងសន្សំទ្រព្យបានច្រើនសិន។»

ខ្ញុំគាំងទៀត! រឿងនេះយ៉ាងម៉េចវិញ? ម៉េចក៏អ្វីដែលខ្ទៃប្រាប់​ខុសពីអ្វីដែលអ៊ំស្រីនិយាយពេលនេះ? ខ្ញុំមិនយល់ទេ។

«ខ្ញុំជេរកូនច្រើនណាស់ ពាក្យអាក្រក់ម៉េចក៏ជេរចេញមកអស់ដែរ ព្រោះខឹងនឹងកូនដែលល្ងង់ រៀនអស់សៀវភៅរាប់ឡូ តែគំនិតរាក់ត្រឹមស្មងជើង។ ប៉ាវាមិនដែលបន្ទោសកូនមួយម៉ាត់ តែបន្ទោសខ្ញុំរាល់យប់។»

ចាំមើលតែជួបខ្ទៃម្តងទៀត ជំរិតសួរឱ្យអស់ហ្មង។ ជាមិត្តល្អនឹងគ្នាដោយរបៀបណា គ្រាន់តែរឿងប្រកែកអត់យកប្រពន្ធក៏លាក់ដែរ។ ពួកយើងរៀនចប់នៅចុងឆ្នាំ២០១៤។ កាលហ្នឹងខ្ញុំអាយុ២២ ចំណែកគេអាយុ២១។ បើគិតទៅ ខ្ទៃនិយាយក៏សមហេតុផលដែរ។ អាយុប៉ុណ្ណឹង ឱ្យគ្នាយកប្រពន្ធម៉េច។ ណាមួយតាមដែលដឹង តាំងពីស្គាល់គេពីឆ្នាំទីមួយមក មិនដែលឃើញគេមានសង្សារម្តងសោះ។ កាលហ្នឹងបើឱ្យយកប្រពន្ធមែន សង្ស័យតែមិនទាន់ចេះធ្វើអីផង ហាហា។ ខ្ញុំនឹកចង់សើច តែក៏ប្រឹងទប់វិញ មិនចង់បង្អាក់ការរៀបរាប់របស់អ៊ំស្រី។

គាត់បន្ត៖

«តាំងពីហ្នឹងមក ឱ្យតែឮថាខ្ញុំចង់រកប្រពន្ធឱ្យ អាណុបដឹងតែខឹងដាច់ក្បាលដាច់កន្ទុយ។ ដល់តែចឹង ខ្ញុំមិនយល់ដែរ។ កូនអីអត់ចេះចង់បានប្រពន្ធ? កាលប៉ាវាការជាមួយខ្ញុំ ខ្ញុំមិនទាន់ទាំងគ្រប់ម្ភៃផង ឯប៉ាវាបងខ្ញុំតែមួយឆ្នាំទេ គង់តែបានគ្នាជាប្តីប្រពន្ធ រកស៊ីមានបានដូចតែគេដូចតែឯង។​ ទាល់តម្រិះ ខ្ញុំនិងប៉ាវាឈប់នឹកនារឿងចង់បានកូនប្រសាទៀត ទ្រាំចាំទាល់តែអាណុបគ្រប់សាម។»

អ៊ំអើយអ៊ំ សម័យមុននិងសម័យឥឡូវខុសគ្នា។ សម័យនេះ ខំតែការតាំងមិនទាន់គ្រប់ម្ភៃ ច្បាស់ជាត្រូវបបួលគ្នាផឹកទឹកទន្លេហើយ។ មុនការ ហោចណាស់ក៏ត្រូវមានការងារ មានមុខរបរអីច្បាស់លាស់សិនដែរ។ លុះតែកូនអ្នកមាន កើតមកមានទ្រព្យម៉ែឪច្រើនស្រាប់ ទើបអាចការពីក្មេងដោយមិនលំបាក។

«អាទិត្យមុននេះ អ៊ំណែនាំកូនស្រីមិត្តភក្តិអ៊ំ។ នាងជាក្មេងល្អ អាយុ២៥ ធ្វើការជាអ្នកបកប្រែភាសាចិន ប្រាក់ខែជាងពីរពាន់។ ប៉ាម៉ាក់នាងជាអតីតមិត្តរួមថ្នាក់ជាមួយអ៊ំ ពេញចិត្តអាណុបណាស់។ ពេលជួបខ្ញុំនៅតាមកម្មវិធីផ្សេងៗតែងសរសើរត្រង់ៗថា អាណុបមានពូជមានអម្បូរ រៀនបានខ្ពស់ ការងារធំដុំ រូបរាងសង្ហា ថែមទាំងសុភាពរាបសារ ស្លូតបូត មិនចេះផឹកមិនចេះជក់ សំខាន់មិនចេះខិលខូចស្រីញីអូនបង។ សម័យនេះ​​ រកមនុស្សប្រុសល្អបែបនេះ គឺពិបាកជាងសុំភ្លើងយក្ខទៅទៀត។»

ខ្ញុំស្តាប់ឡើងខ្លបស្លឹកត្រចៀក។ ខ្ទៃចេះផឹកដែរតើ គ្រាន់តែផឹកបានតិចតួច ហើយកម្រផឹកណាស់។ ភាគច្រើនទាល់តែឃើញអ្នកណាមកស្និទ្ធស្នាលជាមួយខ្ញុំ ទើបបែកគំនិតផឹក បែបមកពីប្រចណ្ឌហើយមើលទៅ។ យ៉ាងណា ខ្ញុំទទួលស្គាល់ពីលក្ខណៈសម្បត្តិរបស់ខ្ទៃ គេហ្នឹងរមទមដូចសំពត់ក្នុងផ្នត់ពិតមែន។

«គេបង្ហើបទៀតថា បើគ្រួសារទាំងពីរព្រមផ្សាសាច់ផ្សារឈាមជាមួយគ្នា ខាងគេមិនគិតថ្លៃបណ្ណាការទេ ថែមទាំងអះអាងថានឹងផ្តល់ដើមទុនរាប់ម៉ឺនដុល្លារឱ្យកូនៗរកស៊ីទៀតផង។ ខ្ញុំនឹងប៉ាវាឮហើយ រំភើបដូចបានឡើងឋានព្រះចន្ទ។ អាណុបក៏គ្រប់សាមសិបល្មម ជាអាយុដែលគេសន្យាថានឹងយល់ព្រមយកប្រពន្ធ។ ទេវតាពិតជាមានភ្នែក​ ប្រទានមហាលាភដល់គ្រួសារអ៊ំ។»

មានរឿងល្អបែបនេះកើតឡើង តែម៉េចខ្ទៃមិនប្រាប់ខ្ញុំសោះ។ ពេញមួយអាទិត្យនេះ មិនសូវឃើញគេអនឡាញទេ។ ផុសខ្ញុំក៏មិនឃើញចុចឡាយ ទាំងខល ទាំងឈែតអីស្ងាត់ឈឹង។​ ហ្វេសប៊ុកគេក៏គ្មានផុសអីថ្មី​ ស្តូរីក៏មិនឃើញលេង។ ឬមកពីគេរំភើបពេក ដោយសារជិតបានប្រពន្ធ? មានតែបែបហ្នឹងហើយ!!!

«តែកម្មអកុសលអី អាណុបប្រកែកដាច់អហង្ការទៀត។ កូនខ្ញុំស្រាប់តែចេះដើរផឹកស៊ី ដល់ពាក់កណា្តលអធ្រាត្រ យប់ខ្លះមិនទាំងមកដេកផ្ទះផង។ គេស្រវឹងអួរទីនួសឹងរាល់យប់។ ខ្ញុំហាមប្រាមម៉េចក៏មិនស្តាប់ដែរ គេបែរជាផ្គើនលើសដើម។ ទ្រាំលែងបាន ប៉ាវាសម្លុតសួរ។ ក្មួយឯងដឹងថាមានអីទេ?…»

អ៊ំស្រីផ្អាកសម្តី យកដៃជូតទឹកភ្នែក។ ខ្ញុំមិនដឹងគួរធ្វើយ៉ាងណា មានតែរង់ចាំស្តាប់ទាំងរំជួលចិត្ត។ គាត់បន្ត៖

«អាណុបនិយាយឮៗថា គេមានមនុស្សក្នុងចិត្តរួចហើយ មិនអាចរៀបការជាមួយអ្នកផ្សេងបានទេ។ ប៉ាវាក៏សួរបន្តថាស្រលាញ់អ្នកណា? កូនស្រីអ្នកណា? ឱ្យតែប្រាប់មកគាត់ចូលស្តីដណ្តឹងឱ្យភ្លាម។ គ្រួសារយើងធូរធារប៉ុណ្ណេះដែរ មិនជឿថាគេមិនលើកកូនឱ្យទេ។ ស្រាប់តែអាណុបតបទាំងយំគឃូរថា គេស្រលាញ់ក្មួយ។ ខ្ញុំនិងប៉ាវាធ្លាក់ថ្លើមក្តុក។»

ខ្ញុំស្ងាត់មាត់ដូចគេចុក មិនដឹងថាគួរនិយាយអី។ ខ្ទៃស្រលាញ់ខ្ញុំ រឿងនេះខ្ញុំដឹងយូរយារហើយ គ្រាន់តែខ្ញុំមិនដែលមាត់ ហើយបន្តសម្តែងធ្វើជាមិនដឹងខ្លួនរហូតមក។ តែខ្ញុំពិតជាមិនស្មានថាគេហ៊ានប្រកែកជាមួយប៉ាម៉ាក់គេព្រោះតែខ្ញុំបែបនេះសោះ? នេះរឿងអនាគត ជារឿងធំណាស់។ គេចង់បានន័យថា គេមិនយកគ្រួសារព្រោះតែខ្ញុំ? ចំជាល្ងង់មែន ខ្ញុំគ្មានអីល្អផង ម៉េចក៏គេសុខចិត្តបោះបង់អនាគតដ៏ផូរផង់ ដើម្បីខ្ញុំ? ល្ងង់! ល្ងង់ណាស់ខ្ទៃ!!!

«ប៉ាវាខឹងពេក គប់គ្រវាត់ពែងតែមួយទំហឹងត្រូវជើងឆ្វេងអាណុបហូរឈាមរហាម។ ខ្ញុំស្ទើរគាំងបេះដូងស្លាប់។ ប៉ុណ្ណឹងហើយអាណុបនៅមិនស្ងាត់មាត់ទៀត រឹងក្បាលណាស់។ គេស្បថស្បែទាំងទឹកភ្នែកថា មួយជីវិតនេះ គេស្រលាញ់តែក្មួយម្នាក់គត់។ ប៉ាវាប្រុងគប់ប៉ាន់តែទៅទៀត តែចេះបានខ្ញុំចាប់ទាន់ បើកុំអី …កុំអី…»

អ៊ំស្រីនិយាយលែងចេញ។​ គាត់អួលដើមកពេក។ ខ្ញុំ…ខ្ញុំញ័រដៃទ្រើកៗ។ រឿងធំបែបនេះ គេលាក់ខ្ញុំជិតឈឹង។​ ប៉ុន្មានថ្ងៃនេះ គេពិបាកប៉ុនណាទៅ? ចុះរបួសជើងគេ បានជាឬនៅ? គេឈឺចាប់ប៉ុនណា? បេះដូងខ្ញុំចាប់ឈឺចុកពើតៗ។ ខ្ញុំចង់តែដើរចេញពីទីនេះភ្លាម។ ខ្ញុំចង់ទៅរកគេ ទៅមើលមុខគេ ទៅជូតទឹកភ្នែកឱ្យគេ ទៅលាបថ្នាំរំបួសឱ្យគេ។

«ខ្ញុំប្រញាប់អូសដៃកូនចូលបន្ទប់ហើយបិទទ្វារ កុំឱ្យនៅប្រកែកជាមួយប៉ាវាទៀត។​ ចាំពេលគេស្ងប់ចិត្ត សឹមនិយាយគ្នា។ មិនស្មានថា មកដល់ពេលនេះខួរគេនៅតែរឹងដូចដែក។ របួសជើងក៏មិនខ្ចីទៅពេទ្យ។ បាយក៏លែងញ៉ាំ។ គេប្រកាសដាច់ខាតថា បើខ្ញុំនិងប៉ាវានៅតែបង្ខំ ឱ្យត្រៀមយកខ្មោចគេធ្វើបុណ្យទៅ។​ ទេវតាអើយ តើខ្ញុំខុសអីបានជាដាក់ទោសខ្ញុំបែបនេះ? ម្តេចក៏ឱ្យកូនប្រុសខ្ញុំស្រលាញ់ប្រុសដូចគ្នាកើត? ខ្ញុំមិនយល់ទេ! ខ្ញុំមានកូនតែម្នាក់ផង ទេវតាប្រហែលចង់ផ្តាច់ពូជពង្សគ្រួសារខ្ញុំហើយ។»

ខ្ញុំទ្រាំស្តាប់ទាំងយំសស្រាក់។ អ្នកនៅក្នុងហាងកាហ្វេទាំងប៉ុន្មានមើលមកតុខ្ញុំគ្រប់គ្នា។ តែខ្ញុំដូចជាអត់មានអារម្មណ៍ខ្មាសសោះ។ ប្រហែលមកពីខ្លួនខ្ញុំទាំងមូលរវល់ឈឺ ឈឺនឹងការលះបង់ដ៏មហិមារបស់ខ្ទៃ។

អ៊ំស្រីប្តូរទឹកមុខភ្លាមៗ រួចបន្តដោយសំនៀងម៉ឺងម៉ាត់៖

«អ៊ំមិនខ្វល់ថា ក្មួយនិងអាណុបគិតបែបណាទេ តែអ៊ំសុំចិត្តក្មួយ ប្រុសៗគួរតែយកប្រពន្ធយកកូនបន្តពូជពង្ស។ ប៉ុន្មានថ្ងៃនេះ ក្នុងផ្ទះអ៊ំដូចឋាននរក គ្មានអ្នកណានិយាយរកគ្នា គ្មានអ្នកណាសម្លឹងមុខគ្នា គ្មានអ្នកណាញ៉ាំបាយ។ អ៊ំដឹងថា អាណុបចចេសរឹងរូសណាស់។ គេជាកូនទោល ត្រូវខ្ញុំនិងប៉ាវាទម្រើសតាំងពីតូច។ បើគិតអីហើយ គេនឹងធ្វើហ្នឹង វាយឱ្យស្លាប់ក៏មិនប្តូរដែរ។ ដូចនេះ អ៊ំចង់ឱ្យក្មួយជួយ ធ្វើម៉េចឱ្យគេប្តូរចិត្ត ឈប់គិតឆ្កួតៗលើក្មួយទៀត។ អាណិតអ៊ំ ក្មួយជួយយកតែបុណ្យផងទៅ។»

សម្រិបជើងអ៊ំស្រីចាកចេញទៅ ចិត្តខ្ញុំនៅឆួលក្តៅដូចទឹកកំពុងពុះ។ ខ្ញុំមិនដឹងថាគួរធ្វើអីឱ្យសមនាពេលនេះ។ តាមថាខ្ញុំគួរទៅរកគេភ្លាមៗ មិនគួរនៅអង្គុយទាំងគ្មានព្រលឹងក្នុងខ្លួនបែបនេះទេ។ តែ ឱ្យខ្ញុំទៅជួបគេយ៉ាងម៉េច? បើអ៊ំប្រុសឃើញខ្ញុំ តើគាត់នឹងមានប្រតិកម្មបែបណា? ខ្ញុំមិនក្លាហានដល់ម្លឹងទេ។

«ល្ងាចនេះជួបគ្នា!»

ខ្ញុំដាច់ចិត្តផ្ញើសារទៅគេ។ មុននេះអ៊ំស្រីនិយាយថា មួយអាទិត្យមកនេះ គេសំងំតែក្នុងបន្ទប់ ស្អីក៏មិនធ្វើ។​ បើខ្ញុំហៅគេមកជួបខាងក្រៅ ប្រហែលអាចរំសាយទុក្ខគេបានខ្លះ។ ខ្ញុំច្បាស់ក្នុងចិត្តថាគេនឹងមកជួបខ្ញុំ តែខ្ញុំមិនច្បាស់ថា ខ្ញុំត្រូវនិយាយអីជាមួយគេទេ។ រឿងស្នេហាពិតជាច្របូកច្របល់ណាស់ ពេលខ្លះក៏មិនយល់ថាហេតុអីយើងស្រលាញ់អ្នកនេះឬអ្នកនោះ។ ពេលខ្លះ ស្នេហាហ្នឹងវាធ្វើឱ្យយើងឈឺចាប់ណាស់ តែយើងនៅតែចចេសបន្តទៅមុខ។ ជីវិតមនុស្សយើងមិនវែងទេ គួរតែរស់នៅក្នុងភាពស្រស់បំព្រង មិនសមមកឈឺចាប់គ្មានទីបញ្ចប់បែបនេះឡើយ។

ខ្ញុំចេញមកឈររានហាល សម្លឹងទៅក្រោមចាំផ្លូវគេ។ ខ្ញុំកំសាកណាស់មែនអ្ហេស មិនហ៊ានទៅរកគេ តែបែរជាឱ្យគេជាមនុស្សឈឺមករកខ្ញុំវិញ? ហ៊ឹម! ច្រមុះខ្ញុំបញ្ចេញខ្យល់ដង្ហើមវែងៗ បំណងចង់បន្ធូរទុក្ខព្រួយ។ តែបានអីនឹងធូរ បើគេ… គេជិះម៉ូតូមករកខ្ញុំទាំងភ្លៀងដោយមិនមានអាវភ្លៀងទៀត។ ឃើញបែបនេះ បេះដូងខ្ញុំរងាស្ទើរកក។ គេមានរបួសជើងផង ត្រូវទឹកភ្លៀងបែបនេះ តើផ្សាមុខរបួសប៉ុនណាទៅ?​ ខ្ញុំខ្លោចចិត្តអាណិតគេណាស់។

គេដើរចូលបន្ទប់ខ្ញុំ ដោយទឹកមុខធម្មតា ដូចគ្មានរឿងអី។ ខ្ញុំប្រញាប់មើលជើងគេ តែមិនឃើញអីសោះ ព្រោះគេស្លៀកខោជើងវែងជិត។ គេចេះគិតណាស់ គេខ្លាចខ្ញុំពិបាកចិត្ត ទើបដល់ដំណាក់កាលនេះហើយ គេនៅតែចង់លាក់ខ្ញុំ។

ភ្នែកគេសម្លឹងទៅកាហ្វេពីរកែវនៅលើតុ។ គេប្រហែលជាឆ្ងល់ថា កាហ្វេនេះជារបស់អ្នកណា ព្រោះជាធម្មតាគេមិនចេះញ៉ាំកាហ្វេទេ ខ្ញុំក៏មិនដែលទិញកាហ្វេឱ្យគេដែរ។ បើគេដឹងថា កាហ្វេពីរកែវនេះជារបស់ម៉ាក់គេទិញឱ្យ តើគេមានប្រតិកម្មបែបណា?

«Blind Date ថ្ងៃមិញជោគជ័យហើយមែនទេ? ម្នាក់ស្រីហ្នឹងជាពីណាគេក៏ចិត្តល្អម៉្លេះ ទិញកាហ្វេឱ្យទៀត។ ឬក៏មានណាត់មកជួបគ្នាបន្តនៅទីនេះ? ម៉េចម៉ាខ្ញុំប្រញាប់ទៅវិញ​ មិនចង់ធ្វើអ្នកទីបីទេ។»

និយាយត្រង់ ជាងដប់ឆ្នាំមកនេះ ខ្ញុំនិងគេពូកែសម្តែងដូចគ្នា។ ខ្ញុំដឹងថាគេស្រលាញ់ខ្ញុំ ខ្ញុំក៏មានចិត្តលើគេដែរ តែម្នាក់ៗធ្វើហី មិនហ៊ានសារភាព សុខចិត្តលាក់ លាក់ៗទាល់តែផ្ទុះបែបនេះ។​ គេដឹងថាខ្ញុំមិនដែលរវល់រឿងស្រីញីអីទេ ទៅមាន Blind Date ពីណាមក។ ខ្ញុំខ្ជិលឆ្លើយ ក៏ហុចខោអាវឱ្យគេផ្លាស់។

គេយកតែអាវយឺត ហើយហុចខោជើងខ្លីឱ្យខ្ញុំវិញ។ គេចង់លាក់មិនព្រមឱ្យខ្ញុំឃើញរបួសជើងដល់ពេលណាទៀត? ខ្ញុំដឹងថាបើខ្ញុំប្រកែកថាគ្មានខោវែងឱ្យគេផ្លាស់ ក៏គេសុខចិត្តស្លៀកខោសើមមិនព្រមស្រាតចេញដែរ។ ម្ល៉ោះហើយ ខ្ញុំគ្មានវិធីអីក្រៅពីរកខោវែងឱ្យគេផ្លាស់ទេ។ គេទទួលខោជើងវែងពីខ្ញុំ ហើយដើរទៅរកបន្ទប់ទឹក។​

«ផ្លាស់នឹងហើយ ចាំបាច់ទៅផ្លាស់ក្នុងធ្វើអី? ម៉េចអៀនខ្លាចខ្ញុំឃើញមែន?»

ខ្ញុំចង់ឱ្យគេផ្លាស់ខោអាវនៅមុខខ្ញុំ ព្រោះចង់មើលពីរបួសជើងគេ។ តែគេរឹងណាស់ ម៉ាក់គេនិយាយមិនខុសមែន កូនទោលគិតអីធ្វើហ្នឹង រឹងជាងដែកថែបទៅទៀត។

គេបកមកខ្ញុំវិញយ៉ាងឆ្ងាញ់ថា៖

«មិនមែនខ្ញុំខ្មាសមិនហ៊ានស្រាតនៅមុខឯងទេ តែខ្ញុំខ្លាចឯងខ្មាសខ្ញុំវិញទេតើ។ របស់គ្នាធំ មិនមែនតូចញិបដូចឯងទេ គ្នាខ្លាចឯងឃើញហើយ តូចចិត្តលែងចង់រស់ទៀត។»

គេនេះ នៅមានអារម្មណ៍លេងសើចផង។​ ខ្ញុំចង់តែបកទៅគេវិញផាំងៗទេ តែខ្ជិល។ ស្អាងថាខ្ញុំតូចផង អ្នកណាជឿហ្នឹង? បើរបស់ខ្ញុំតូច មិនមែនឯងស្រលាញ់ខ្ញុំជាងដប់ឆ្នាំមកទេ។ ថាមិនត្រូវឯងស្រលាញ់ខ្ញុំដោយសារឃើញរបស់ខ្ញុំធំ កាលទៅលេងកំពង់សោមនោះផង។​

ផ្លាស់ខោអាវរួច គេចេញពីបន្ទប់ទឹកមកវិញ។ គេដើរអូសជើងមិនត្រង់ដូចមុនទេ។ ប្រហែលមកពីពេលផ្លាស់ខោអាវ ក្រណាត់ខោប៉ះរបួសគេ។ ទឹកមុខគេធម្មតា ទោះកំពុងឈឺរបួស។ ខ្ញុំវិញចុកអួលពេញទ្រូង។ ខ្ញុំប្រញាប់ដាក់ខ្នើយឱ្យគេគេងទន្ទឹមខ្ញុំ នឹងអាលគេបានសម្រួលជើង។

«ខ្ញុំស្រលាញ់ឯង ស្រលាញ់ជាងដប់ឆ្នាំមកហើយ ស្រលាញ់តាំងពីស្គាល់ឯងដំបូងម្ល៉េះ។»

ទីបំផុតគេដាច់ចិត្តសារភាពស្នេហ៍ខ្ញុំ។ និយាយត្រង់ អារម្មណ៍ខ្ញុំពេលនេះ រំភើបជាងបានឡើងប្រាក់់ខែទៅទៀត។ យូរពេកហើយ ពួកយើងកំសាកយូរពេកហើយ ជាងដប់ឆ្នាំមកនេះ ភាសាស្នេហ៍យើងលាក់បានជិតល្អណាស់។ ខ្ញុំរៀបតែនឹងសារភាពស្នេហ៍ចំពោះគេវិញ តែពាក្យអង្វររបស់ម៉ាក់គេចូលមកស្ថិតក្នុងខួរក្បាលខ្ញុំភ្លាមៗ។

ខ្ញុំបែរជានិយាយកាត់ផ្តាច់ក្តីសង្ឃឹមគេវិញ៖

«ដប់ឆ្នាំ! បើដប់ឆ្នាំក្រោយខ្ញុំនិងឯងនៅតែមិនទាន់មានគ្រួសារ ពួកយើងនឹងរៀបការជាមួយគ្នា។»

វគ្គ. ឈប់ស្រលាញ់ខ្ញុំទៅ

គេមិនមាត់ តែក្រោកដើរទៅអង្គុយកៅអីក្បែរបង្អួច ទុកឱ្យខ្ញុំគេងតែឯងក្នុងពិភពក្រឡាប់ចាក់។ ខ្ញុំបន្តរៀបរាប់៖

«ខ្ញុំភ្លេចទៅហើយថាខ្ញុំចាប់ផ្តើមបាក់លើឯងតាំងពីពេលណា។ កាលហ្នឹងហេតុតែចង់ស្គាល់ស្នេហា មុខដូចឯងក៏ខ្ញុំបាក់ទៅរួចដែរ។ នៅចាំកាលថ្ងៃចូលរៀនអង់គ្លេសដំបូងទេ? កាលហ្នឹងយើងរៀនកម្រិត៣០៣ នៅអគារA ជាន់ទី៦ បង្រៀនដោយលោកគ្រូ ទេព សុធារិទ្ធ។​ នឹកដល់កាលវិភាគរៀនគួរឱ្យខឹងហ្មង​ ចូលដប់កន្លះ ចេញ១២ មិនដែលប្រទះទេ។ ហើយមានដឹងថាម៉េចបានខ្ញុំចូលថ្នាក់ភ្លាមៗក្រោយឯងចូលអត់? ហាហា គឺដើម្បីបានអង្គុយក្បែរឯង។ ខ្ញុំដឹងថាឯងខ្សោយភាសាអង់គ្លេស ក៏មានចិត្តល្អចង់ជួយទៅ។

«កាលហ្នុង…»

គេចង់់តសម្តី តែខ្ញុំមិនទុកឱកាសឱ្យគេទេ។ ខ្ញុំប្រញាប់និយាយកាត់ភ្លាម៖

«ខ្ញុំទៅមុន…»

ស្រាប់តែគេកាត់ខ្ញុំវិញផាំង៖

«អាណុប!»

ខ្ញុំគាំង! គាំងនឹងឈ្មោះដែលគេហៅខ្ញុំ។ ក្រៅពីប៉ានិងម៉ាក់ គ្មានអ្នកណាហៅខ្ញុំបែបនេះទេ។ គេស្រាប់តែហៅខ្ញុំ អាណុប ធ្វើឱ្យបបូរមាត់ខ្ញុំបាក់ខ្លប ស្តីលែងចេញ។ ខ្ញុំរំភើប រំភើបចង់ហោះ។ ចំណាំទៅ ប៉ាម៉ាក់ដែលស្រលាញ់កូនប្រុសណាម្នាក់ជាងគេ​ តែងហៅកូននោះថាអាណុបជំនួសឱ្យឈ្មោះរបស់គេ។ នេះគេកំពុងសារភាពស្នេហ៍ខ្ញុំដោយប្រយោលមែនទេ? ខ្ញុំអរណាស់!

«ខ្ញុំគ្រឺតឯងតាំងពីជួបដំបូងម្ល៉េះ។ កាលហ្នឹងនៅការិយាល័យភាសាអង់គ្លេស ឯងសើចរលាក់ដូចទឹក គ្រាន់តែខ្ញុំសុំប្តូរកម្រិតមកទាបវិញ។ កូនអ្នកភ្នំពេញ រៀនភាសាតាំងពីតូច ធំមិនទាន់ទេចេះឡើងស្ទាត់ ម្តេចនឹងយល់ពីការលំបាករបស់កូនអ្នកស្រែដែលមានឱកាសរៀនភាសាបានតិចតួច។ និយាយត្រង់ កាលហ្នឹងចង់តែស្ទុះទៅដាក់មួយដៃឱ្យបែកច្រមុះដ៏ស្រួចរលែមហ្នឹងទេ កុំឱ្យនៅបានរាយមន្តស្នេហ៍ពាសពេញអគារAជាន់ទី៦ទៀត។»

ស្លាប់ហើយគេចេះប្រចណ្ឌខ្ញុំតាំងពីព្រេងនាយមកផង។ សម្បើមណាស់អាប៉ិរាជ មកទើសច្រមុះឯងទៀត។ ឯងកុំឱ្យតែដឹងខ្លួនបន្តិចថាបានរាយមន្តស្នេហ៍ដាក់អ្នកណា។ បើដឹងខ្លួនវិញ ប្រហែលមិនជ្រុលចង្កូតអត់លិឍដល់ឡូវទេ។​

«ហើយអាពេលឯងមកអង្គុយក្បែរខ្ញុំហ្នឹង ខ្ញុំទប់ណាស់។ កាលហ្នឹងមិនដឹងសរសៃជើងខ្ញុំញាក់ចង់ធាក់ឯងប៉ុន្មានដងទេ។ សំណាងណាស់ចេះទប់ទាន់ បើកុំអី ហាហា…»

កុំសូវជឿគាត់ហ្នឹងពេក បានតែមាត់ទេ។ បើនិយាយដប់ ជឿតែកន្លះទៅបានហើយ។ ខ្ញុំចាំបានថា កាលភ្ជុំបិណ្ឌឆ្នាំណានោះ គេមកពីស្រុកវិញយកល្ហុងទុំមកផ្ញើ។ និយាយត្រង់ ល្ហុងនិងខ្ញុំដូចសត្រូវតពូជពីរជ្ជកាលណាមកអ៊ីចឹង។ មិនចូលចិត្តសោះ ស្ងោរក៏មិនឆ្ងាញ់ ឆាក៏មិនឆ្ងាញ់ ជ្រក់ក៏មិនឆ្ងាញ់ ហូបសាច់ទុំក៏មិនឆ្ងាញ់។ បើធ្វើបុកល្ហុងរាងគ្រាន់តិចព្រោះបានរសជាតិក្តាមប្រៃយោង។

កាលនោះល្ហុងគេរុំក្រណាត់ឡើងជិតព្រោះថានៅស្ទើរ គេចង់បន្ទំឱ្យវាទុំឆ្ងាញ់។ គេប្រាប់ឱ្យខ្ញុំហៅមិត្តភក្តិប៉ុន្មាននាក់មកក៏បានដែរ មកជួយញ៉ាំ ព្រោះល្ហុងទុំគេយកមកហ្នឹងធំណាស់ ធំដូចក្បាលគេអ៊ីចឹង។ ខ្ញុំហៅមិត្តខ្ញុំមកប្រាំនាក់ ព្រោះបំណាច់នឹងមិនចូលចិត្តល្ហុងស្រាប់ ហៅមកប្រាំនាក់បែបនេះបំណងឱ្យពួកគេញ៉ាំឱ្យអស់ ខ្ញុំញ៉ាំតិចតួចប៉ុណ្ណោះ កុំឱ្យតែម្ចាស់ល្ហុងគេអន់ចិត្តព្រោះខំវេចស្ពាយមកពីស្រុក។

តែដឹងម៉េចអត់? កាលហ្នឹងក្រាលកន្ទេលអង្គុយជុំគ្នានៅលើវាលស្មៅក្រោយអគារA។ គេដាក់ល្ហុងទុំដែលរុំក្រណាត់ជិតនៅកណ្តាល ព័ទ្ធវង់ដោយខ្ញុំនិងមិត្តភក្តិប្រាំនាក់។​ គេបើកក្រណាត់រុំចេញបណ្តើរ អួតទាំងញញិមញញែមបណ្តើរថា ល្ហុងគេហ្នឹងផ្អែមឆ្ងាញ់លើសពូជល្ហុងនានា។​ មិត្តខ្ញុំទាំងប្រាំលេបទឹកមាត់ក្អឿកៗ។ ពួកគេគិតថាបានឆ្ងាញ់មាត់នឹងល្ហុងទុំធម្មជាតិពិតៗ។ ស្រាប់តែ…ព្រះអើយ! ក្លិនស្អុយភាយឡើងចង់បែកច្រមុះ។ ល្ហុងទុំគេហ្នឹងរលួយវ៉ល់។ មិនដឹងជាបន្ទំប៉ុន្មានយប់មកទេ បន្ទំទាល់តែរលួយល្ហុងអស់។ ខ្ញុំសើចកាច់ក។ អ្នកណាទប់សើចបានបើម្លឹងៗ។ មិត្តខ្ញុំទាំងប្រាំបានត្រឹមមើលមុខគ្នាសើចក្នុងពោះ ព្រោះមិនចង់ឱ្យរាជបាក់មុខ។

រាជប្រញាប់ខ្ចប់ល្ហុងទុំធម្មជាតិហ្នឹងទៅបោះចោល។ ទឹកមុខគេល្អមើលណាស់។ ភ្នែកគេប៉ប្រិចញាប់ អៀនៗ មាត់ក៏លែងសូវបានវោហារដូចពីដំបូង។ កាលហ្នឹងដើម្បីស្ដារមុខមាត់ឡើងវិញ គេប៉ាវខ្ញុំនិងមិត្តខ្ញុំទាំងប្រាំនាក់ញ៉ាំពងមាន់អាំង។

រាជលូកដៃបើកបង្អួច បណ្តោយឱ្យវាយោចូលមកបបោសអង្អែលកែវភ្នែកខ្ញុំដែលកំពុងដក់ដាមដោយរឿងអតីត។ ភ្នែកគេសម្លឹងទៅតំណក់ភ្លៀងដែលបន្តស្រក់ឥតដាច់។ ខ្ញុំឃើញទឹកមុខគេស្រពោន ដូចកំពុងស្រណោះស្រណោកនឹកដល់អ្វីមួយ។

«ថ្ងៃមិញម៉ាក់ខ្ញុំនិយាយពីរឿងយើងអីខ្លះ?»

គេងាកមើលមុខខ្ញុំ។ ប្រហែលជាគេប្លែកចិត្តដែលខ្ញុំប្រើពាក្យ រឿងយើង តែម្តេចក៏ទឹកមុខគេស្មើចែស។ គេបែរមុខសម្លឹងទៅតំណក់ភ្លៀងនៅក្រៅបង្អួចវិញ។ ខ្ញុំព្យាយាមនិយាយរកគេម្តងទៀត៖

«គាត់ប្រាប់ឱ្យឯងបញ្ចុះបញ្ជូលខ្ញុំឱ្យយកប្រពន្ធ? ឬក៏ប្រាប់ឱ្យឯងចូលស្តីដណ្តឹងខ្ញុំ?»

គេផ្ទុះសំណើច។ ខ្ញុំខានឃើញគេសើចបែបនេះយូរដែរហើយតាំងពីខ្ញុំមានរឿងជាមួយប៉ាម៉ាក់មក។ ឆ្ងល់ណាស់​ បើម៉ាក់ប្រាប់គេឱ្យចូលស្តីខ្ញុំមែន តើគេគិតម៉េចវិញ? ជាងដប់ឆ្នាំមកនេះ គេមានធ្លាប់លួចសង្ស័យថាខ្ញុំមានចិត្តចំពោះគេទេ? ពិបាកណាស់ ខ្ញុំនេះក៏ខ្មាសអៀន គ្រាន់តែរឿងតាំងចិត្តសារភាពប្រហែលរាប់រយដង តែធ្វើមិនបាន។

បារម្ភនេះ បារម្ភនោះ បារម្ភជ្រុល ខ្លាចតែគេអត់គិតដូចខ្ញុំវិញ។ លោតែសារភាពរួច គេទើសទាល់លែងស្និទ្ធនឹងខ្ញុំទៀត។ ខ្ញុំអើយ… បើពីមុនក្លាហានតែបន្តិច ប្រហែលមិនត្រូវមកពិបាកដូចពេលនេះឡើយ។ គិតទៅ សរសើរម៉ាក់ទៅវិញទេ។ គាត់ប្រហែលជាអាណិតខ្ញុំដែលកំសាកមិនហ៊ានសារភាព ទើបគាត់ចូលខ្លួនមកជួយសារភាពជំនួស។

«ម៉ាក់ឯងប្រាប់ឱ្យខ្ញុំយកប្រពន្ធ ហើយឱ្យខ្ញុំបញ្ចុះបញ្ចូលឯងឱ្យយកប្រពន្ធដែរ។ គាត់ថាពួកយើងអាយុសាមគ្រប់គ្នាអស់ហើយ កុំនៅយូរទៀត។»

«ចុះឯងឆ្លើយម៉េចវិញ?»

«ខ្ញុំថា ឆ្នាំនេះខ្ញុំគិតគូរហើយ។ ប្អូនៗគ្នាក៏រៀនចប់មានការងារធ្វើគ្រប់គ្នា មិនត្រូវការជំនួយពីគ្នាទៀតទេ។ អាណិតពុកម៉ែគាត់ចង់បានចៅពរផង។ ណាមួយពួកគាត់ដើរចងដៃការគេរាប់ឆ្នាំ ក៏ដល់ពេលល្មមការកូន ប្រមូលចំណងដៃមកវិញដែរ។»

នេះហើយជាមូលហេតុដែលដប់ឆ្នាំមកនេះ ខ្ញុំមិនដាច់ចិត្តសារភាព។ ស្នេហានេះ គឺខ្ញុំមានចំពោះគេតែម្ខាង។ មិនថាខ្ញុំធ្វើល្អដាក់គេប៉ុនណា ក្នុងក្រសែភ្នែកគេ តំណែងខ្ញុំមិនលើសពីមិត្តល្អម្នាក់ឡើយ។

«ឧទ័យ!»

ក្រោយបានដឹងថាខ្ញុំស្រលាញ់គេ គេដូចធ្វើអីប្លែកៗ។ មុននេះហៅខ្ញុំអាណុប ឥឡូវហៅខ្ញុំ ឧទ័យ។ គេខានហៅ​ឈ្មោះខ្ញុំពេញបែបនេះរាប់ឆ្នាំមកហើយ ហៅតែខ្ទៃៗដាច់សាច់។ ស្រាប់តែមកហៅគួរសមវិញ គេគិតអីក្នុងខ្លួនហ្នឹង?

«នៅចាំកាលយើងពិភាក្សាគ្នាពីរឿងផ្កាស្រពោនទេ?»

«ចាំ! រឿងយើងអ្វីក៏ខ្ញុំចាំដែរ។»

គេលូកដៃបិទបង្អួច លែងអនុញ្ញាតឱ្យខ្យល់ត្រជាក់វាយលុកផែនថ្ពាល់ខ្ញុំទៀត។ គេបន្ត៖

«កាលយើងអង្គុយញ៉ាំបាយថ្ងៃត្រង់លើវាលស្មៅមុខបណ្ណាល័យ ឯងសួរខ្ញុំថា ថីបានវិធាវីស្លាប់? កាលហ្នឹងខ្ញុំឆ្លើយថា មកពីស្នេហាងប់ងល់។ ឯងព្យាយាមឈ្លោះខ្ញុំថាមកពីម្តាយនាងបំបែក មិនមែនមកពីស្នេហាទេ។ មនុស្សពីរនាក់ស្រលាញ់គ្នាគ្មានកំហុសឡើយ។ ខ្ញុំបកតបវិញថា…»

«ឯងថាលើលោកនេះគ្មានអ្វីស្ថិតស្ថេរជាអមតៈឡើយ រួមទាំងសេចក្តីស្នេហា។ ដូច្នេះម្នាក់ៗគួរកុំប្រកាន់ចិត្តអាត្មានិយម បើអាចលះបង់បានគួរលះបង់ទៅ មិនត្រូវត្រដរខាំជាប់មិនលែងនោះទេ ព្រោះវានាំមកនូវតែក្តីទុក្ខ។ កាលហ្នឹងខ្ញុំគិតថាឯងនេះអីក៏កាន់ជើងយាយនួនម្ល៉េះ? ធ្វើបាបវិធាវីរហូតដល់ស្លាប់ហើយ ឯងបែរជាមកបន្ទោសវីធាវីទៅវិញ។ ដល់តែយកមកគិតពេលនេះ ទើបខ្ញុំដឹងថា ឯងចង់បានន័យយ៉ាងម៉េច។ ការពិតឯងចង់បញ្ឆិតបញ្ឆៀងឱ្យខ្ញុំ កុំឱ្យបាក់ចិត្តលើឯង ក្រែងលោត្រូវគ្រាំចិត្តស្លាប់ដូចវិធាវី។»

គេដកដង្ហើមវែងមួយ រួចលូកដៃចាប់កែវកាហ្វេមកផឹក។ ខ្ញុំចង់ឃាត់គេ កាហ្វេទិញមកតាំងពីថ្ងៃ រលាយទឹកកកអស់​ នៅផឹកអីទៀត វាបាត់បង់រសជាតិអស់ហើយ។ តែឃើញគេបឺតទុយោឮគ្រូកៗ ខ្ញុំមិនដាច់ចិត្តឃាត់វិញ។ ពួយអស់កន្លះកែវទើបគេនិយាយ៖

«អ្នកណាថ្លើមធំដាច់ចិត្តឱ្យឯងស្លាប់ដូចវិធាវី?»​

«បើមិនដាច់ចិត្ត ពួកយើងនៅជាមួយគ្នាទៅ។ ខ្ញុំនិយាយមែនណា តាំងពីដើមឡើយខ្ញុំតែងចាត់ទុកឯងលើសពីមិត្ត។ ដ្បិតថាខ្ញុំមិនដែលសារភាព ​តែរាល់ទង្វើរបស់ខ្ញុំចំពោះឯង អ្នកណាក៏អាចមើលដឹងដែរ។ បើពិតជាមិនចង់ឃើញខ្ញុំស្លាប់ដូចវិធាវីមែន កុំតាំងខ្លួនចិត្តធម៌ព្រមតាមសំណើម៉ាក់អី។ ពួកយើងប្រកែកជាមួយគាត់ក៏មិនបាបដែរ។»

ខ្ញុំក្រោកឈរបំណងងើបចេញពីពូកដើរទៅក្បែរគេ ក្រែងស្រួលដាក់មនោគមស្នេហាដល់គេ តែបែរជាត្រូវគេហាមភ្លាម៖

«ជើងឯងកំពុងរបួស ប្រុងងើបទៅណា? អង្គុយវិញភ្លាម មិនបាច់ភ័យខ្ញុំរត់ទៅណាទេ។»

ខ្ញុំធ្វើតាមគេដូចកូនក្មេងធ្វើតាមប៉ាម៉ាក់។​ គេលើកកែវកាហ្វេបឺតម្តងទៀត។ ខ្ញុំសម្លឹងគេគ្មានដាក់ភ្នែក។ ខ្ញុំដឹងថាខ្ញុំកំពុងផ្តល់សម្ពាធដល់គេ តែគ្មានជម្រើសទេ។​ រឿងខ្លះបើមិនបង្ខំ មិនបានសម្រេចឡើយ។

«ដប់ឆ្នាំ! បើដប់ឆ្នាំក្រោយខ្ញុំនិងឯងនៅតែមិនទាន់មានគ្រួសារ ពួកយើងរៀបការជាមួយគ្នា។»

ទឹកមុខខ្ញុំធ្លាក់ជ្រប់។ អស់ហើយ អស់រលីងក្តីសង្ឃឹមតិចតួចដែលខំលួចគិត។ ខ្ញុំចេះតែគិតផ្តេសផ្តាសថា ជាងដប់ឆ្នាំមកនេះ ខ្ញុំនិងគេស្និទ្ធស្នាលគ្នាម្លឹងៗ មិនអាចគេគ្មានកូនចិត្តលើខ្ញុំខ្លះទេ?​ តែពេលនេះ ខ្ញុំភ្ញាក់ខ្លួនដូចត្រូវគេចាក់ទឹកពីរប៉ោតដាក់មុខ។ គេឱ្យខ្ញុំចាំដប់ឆ្នាំ? កូនក្មេងអាយុបីឆ្នាំក៏ស្តាប់ដឹងដែរថា គេគ្រាន់តែចង់លួងខ្ញុំ។ ក្រាស់ល្អរបស់ខ្ញុំអើយ ប្រសប់ប្រើភាសាបដិសេធម្ល៉េះ។

«ខ្ញុំចំណាយពេលដប់ឆ្នាំទើបហ៊ានសារភាពថាស្រលាញ់ឯង។ ឯងប្រហែលជាគិតថា ខ្ញុំខ្លាំង ខ្ញុំពូកែទ្រាំ ទើបចង់ថែមដប់ឆ្នាំឱ្យខ្ញុំទៀតមែនទេ?»

ខ្ញុំនិយាយឃ្លានេះចោល។ ខ្ញុំដឹងតាំងពីអើយមកថា ចិត្តគេចំពោះខ្ញុំបែបណា។ កុំថាឡើយដប់ឆ្នាំ ទោះជាខ្ញុំស្រឡាញ់គេដល់ប៉ែតសិបឆ្នាំក៏គេមិនប្តូរចិត្តដែរ។

«មើលគំរូវិធាវីទៅ។ ស្នេហាមិនអាចអាត្មានិយមបានទេ។ ទទួលស្គាល់ថា មនុស្សពីរនាក់មានចិត្តលើគ្នាគ្មានកំហុសមែន តែយើងមិនគួរគិតទៅលើតែមួយជ្រុងហ្នឹងឡើយ។ មនុស្សពីរនាក់ស្រលាញ់គ្នា មានក្តីសុខតែពីរនាក់ ចុះក្រុមគ្រួសារគាត់ ពុកម៉ែគាត់ បងប្អូនគាត់ … ប្រសិនបើពួកគេមិនមានក្តីសុខជាមួយ មានតែការមិនពេញចិត្ត មានតែទំនាស់ គូស្នេហ៍ពីរនាក់នោះមិនក្លាយជាគូស្នេហ៍អាត្មានិយមទៅហើយទេ។ ខ្ញុំមិនចង់ប្រកែកច្រើន ព្រោះឯងនេះក្បាលរឹងណាស់។ ប៉ាម៉ាក់ឯងនិយាយមិនស្តាប់ផង រឿងអីឯងមកស្តាប់ខ្ញុំ។»

«ខ្ញុំស្តាប់! ឯងនិយាយអីក៏ខ្ញុំស្តាប់ដែរ។ ខ្ញុំស្រលាញ់ឯងសឹងអី ម៉េចថាមិនស្តាប់។»

ខ្ញុំទម្រេតខ្លួនលើពូក។ រាងកាយខ្ញុំពេលនេះ ហាក់ដូចជាសំឡីដ៏ស្រាលកំពុងអណ្តែតតែលតោលក្នុងលម្ហល្វឹងល្វើយគ្មានកោះត្រើយ។​ ពូករបស់គេបានក្លាយជាភ្នំភ្លើងដ៏ក្តៅគគុក ដុតកម្លោចបេះដូងខ្ញុំឱ្យរលះរលួយអស់។ គ្មានបំណែកណាមួយនៃរាងកាយនេះនៅល្អជាទេ។ ពាក្យចាស់ពោលមិនខុសមែន ទុក្ខអ្វីមិនស្មើនឹងទុក្ខស្នេហា។ ស្មានមិនដល់ថា ជាងដប់ឆ្នាំមកនេះ ខ្ញុំមិនទាន់ស៊ាំនឹងទុក្ខនេះទៀត។

«ចង់ឈឺដល់អង្កាល់?»

សំណួរគេចាក់ពន្លិចថ្លើមប្រម៉ាត់ខ្ញុំឱ្យកប់ជ្រៅក្រោមបាតភ្នំទឹកកក។ គេសួរមកដូចខ្ញុំនេះចង់ឈឺ? លោកព្រះអើយ! គេគិតថាស្រលាញ់នរណាម្នាក់ចង់ឈប់ក៏ឈប់បានមែនទេ? ម្យ៉ាងគេមានចង់ដឹងដែរទេថាខ្ញុំនេះចង់់ឈប់ស្រលាញ់គេឬអត់? ហាឡើងសួរចង់ឈឺដល់អង្កាល់។ យី! ក្តៅឆេវហ្មង។ នេះបើកុំតែជាសំណព្វចិត្ត កុំអីខ្វាចដាច់មុ​ខហ្មង។

«ខ្ញុំឈឺដល់ពេលណាជារឿងរបស់ខ្ញុំ អត់ស្រលាញ់គេវិញផង កុំបាច់មកឈឺឆ្អាល។»

«ចឹងចង់ឱ្យខ្ញុំស្រលាញ់វិញអត់?»

យី! សួរអីដូចឆ្កួត។ អាប៉ិនេះម៉េចអ៊ីចេះ? ថ្ងៃនេះនិយាយអីក៏ប្លែកៗដែរ។​ ខំលួចស្រលាញ់អស់ជាងដប់ឆ្នាំ មកសួរថាចង់ឱ្យស្រលាញ់វិញអត់? បើអត់មានតែខ្ញុំនេះឆ្កួត។ មិនស្មានថាពាក្យសារភាពស្នេហ៍របស់ខ្ញុំធ្វើឱ្យខួរក្បាលគេដំណើរការខុសប្រក្រតីសោះ។ ហ៊ឹម!

«ឆ្លើយមក!»

យី! នៅមកតឿនឯងទៀត។​ ខ្ជិលគិតច្រើនតបយកហ្មងទៅ៖

«ចង់ ចង់ខ្លាំងណាស់ តែគ្មានប្រយោជន៍ទេបើឯងមិនព្រមដដែល។»

«ខ្ញុំព្រម!»

គេនិយាយអីអម្បាញ់មិញ? គេព្រម? គេព្រមស្រលាញ់ខ្ញុំ? បេះដូងខ្ញុំគាំងស្លាប់ឥឡូវហើយ។

«តែមានលក្ខខណ្ឌមួយ!»

«កុំថាឡើយមួយ ប៉ុន្មានក៏ព្រមដែរ។ មួយរយ ពីររយ បីរយ ឬមួយលាន…និយាយមក!»

«តែមួយទេ! ខ្ញុំព្រមស្រលាញ់ឯង បើឯងព្រមឈប់ស្រលាញ់ខ្ញុំ…»

វគ្គ. ស្រលាញ់អ្នកដប់ឆ្នាំដប់ដង

អណ្ដាតខ្ញុំអើយ បើមិនរលាស់ចេញជាផ្លែដាវជាកាំបិត គឺនៅមិនសុខហ្មង។ មិនមែនមិនដឹងថានិយាយហើយគេមិនឈឺទេ ដឹង…តែកែមិនឡើង។ ប្រហែលមកពីខ្ញុំចេះតែគេចវេសពីខ្ទៃយូរពេក។ ពេលណាដែលគេនិយាយចូលដល់រឿងបេះដូង ខ្ញុំក៏តាំងយកលេសបង្វែរទៅរឿងនេះរឿងនោះវិញ ដោយប្រើសម្ដីមិនសមគួរ។ យូរៗទៅទម្លាប់នេះ ធ្វើឱ្យខ្ញុំបាត់បង់អស់ពាក្យផ្អែមល្ហែមពីក្នុងខ្លួន។

គេមិនមាត់មួយម៉ាត់។ ទឹកមុខគេក៏ធម្មតា។ គេឈឺរហូតលែងឈឺហើយមែនទេ? តាមធម្មតា មាត់គេប៉ប៉ាច់មិនឈប់ តែម្តងនេះស្ងប់ឈឹង។

«ទៅណា?»

ខ្ញុំសួរគេដ្បិតឃើញគេបម្រុងក្រោកពីពូក។ គេតបវិញ៖

«ទៅលោតទឹក។»

ខ្ញុំគាំង! គាំងនិយាយអ្វីលែងចេញ។ ដៃជើងក៏ជាប់ង៉ក់កម្រើកលែងបាន រកតែចាប់ឃាត់គេមិនទាន់។ គេដើរចេញរ៉ុយ ហាក់មិនខ្វល់ថាតិចខ្ញុំគាំងបេះដូងស្លាប់។ អណ្តាតខ្ញុំស្រាប់តែស្គាល់រសជាតិម៉្យាង។ វាមិនមែនប្រៃ មិនមែនល្វីង មិនមែនផ្អែម ក៏មិនមែនចត់ តែជារសដែលមានឥទ្ធិពលធ្វើឱ្យជាតិទឹកក្នុងខ្លួនខ្ញុំរត់ទៅផ្ដុំពេញភ្នែក។

ខ្ញុំទម្រេតរាងកាយដែលសល់តែសម្បកទៅលើពូក។ ដៃទាំងពីរស្រាប់តែលើកមកខ្ទប់មុខ។

សំឡេងហ៊ូៗបន្លឺឡើង។ ខ្ញុំយំ! ខ្ញុំយំដោយសារគេ។

«យំថី?»

ខ្ញុំភ្ញាក់ច្រងាង រហ័សយកដៃជូតទឹកភ្នែកពីថ្ពាល់សងខាង។ គេដើរចូលមកវិញដោយឫកពាអង់អាច មុខគ្មានស៊េដអីបន្តិច។ ឯងឯណេះយំឡើងហើមភ្នែក។

«លែងចង់ស្លាប់ហើយ?»

ខ្ញុំអើយ ចង់តែកាត់អណ្តាតខ្លួនឯងចោលទេ។ អាម៉េចក្នុងខ្លួនហ្នឹង ខ្វះសំណួរសួរហ្មែន? គួរណាស់តែអង្វរលន់តួគេកុំឱ្យទៅលោតទឹកទៀត ម៉េចក៏យកសាំងថែមលើភ្លើងទៅវិញ? មិនយល់ទេ។

«នៅទេ តែមកខ្ចីមួកកូបសិន ខ្លាចជិះម៉ូតូតាមផ្លូវដួលបែកក្បាលងាប់ មុនបានទៅលោតទឹក។»

គេនេះ នៅមានអារម្មណ៍លេងសើចទៀត។ តែប៉ុណ្ណេះខ្ញុំក៏បានធូរដែរ។ មុខគេធ្មួង ខ្ញុំដឹងថាគេនៅឈឺនឹងសម្តីខ្ញុំមុននេះនៅឡើយ។ មិនដឹងធ្វើម៉េច ខ្ញុំសូន្យហ្មងអារឿងលួងគេហ្នឹង។ ពូកែតែរឿងធ្វើឱ្យគេខឹង រួចក៏មកសំងំសោកស្តាយ ចង់សុំទោសគេ តែខ្លាចខ្លួនឯងអន់។ ខ្ញុំស្ងាត់ គេក៏មិនមាត់។ គេចូលយកមួកកូប រួចដើរចេញធ្វើព្រងើយ។

សម្រិបជើងគេឮសូរកាន់តែតិច បញ្ជាក់ថាគេចេញទៅកាន់តែឆ្ងាយ។ ខ្ញុំនេះចំជាកំសាកណាស់ វាថីបើគ្រាន់តែហាមាត់ឃាត់គេមួយម៉ាត់។ ខ្ញុំឱនមុខជ្រប់យកបាតដៃពោរពេញដោយភាពកំសាកខ្ទប់មុខជាថ្មី។ ចុះបើគេនៅតែចង់លោតទឹក? ចុះបើអារម្មណ៍គេមិននៅក្នុងខ្លួន បើកបរមិនប្រយ័ត្នជួបគ្រោះថ្នាក់អីទៅ? ខ្ញុំអើយ ហាមាត់ឃាត់គេតែមួយម៉ាត់សោះធ្វើមិនបាន។ ម្លឹងៗសុទ្ធតែព្រហើនលួចគិតក្នុងចិត្តថា នឹងមើលថែគេអស់មួយជីវិត។ បើ កំសាកបែបនេះ ទៅមើលថែអ្នកណាបាន?

ទូរស័ព្ទ! ខ្ញុំស្រាប់តែនឹកឃើញទូរស័ព្ទ។ ភ្លើណាស់ បើថាមិនហ៊ាននិយាយផ្ទាល់ ចុះទូរស័ព្ទម្តេចមិននិយាយ។ ខ្ញុំប្រញាប់ក្រោកទៅយកទូរស័ព្ទដែលកំពុងបញ្ចូលថ្មនៅលើតុក្បែរបង្អួច។ គាំងទៀតហើយ! គាំងត្រង់ថាតើគួរខលទៅខ្ទៃ ឬផ្ញើសារសំឡេង ឬក៏ផ្ញើសារជាអក្សរ? ខួរក្បាលខ្ញុំច្របូកច្របល់អស់ហើយ។ យ៉ាងៗនេះអីកោតតែខ្ទៃចេះមានចិត្តលើខ្ញុំដែរ។ ប្រហែលមកពីគូព្រេង។

ខ្ញុំសម្រេចចុងក្រោយថានឹងផ្ញើសារជាអក្សរ។ គេហ្នឹងចិត្តទន់ណាស់ បើចង់លោតទឹក មុននឹងលោតគេច្បាស់ជាឆែកទូរស័ព្ទមើលសិនថាខ្ញុំមានឃាត់គេឬអត់។ ម្ល៉ោះហើយ សារនេះនឹងអាចជួយសង្គ្រោះជីវិតគេបាន។ ចុចចូលសារ ខ្ញុំត្រូវមកគាំងម្តងទៀត។ តើខ្ញុំគួរសរសេរបែបណា? បើសរសេរថា «ហេ! កុំលោតទឹកប្រយ័ត្នក្រពើខាំ» ដូចមិនសម។ ពាក្យនេះបោកបានតែក្មេងទេ មនុស្សអាយុសាមទៅបោកអីបានទៀត។ ឬក៏គួរសរសេរថា «បើឯងស្លាប់ ខ្ញុំនឹងបង្អត់បាយ តែនៅផឹកទឹក ព្រោះចង់នៅធ្វើបុណ្យប្រាំពីរថ្ងៃឯងឱ្យហើយសិន សឹមផ្តាច់ទឹកឱ្យស្លាប់តាមក្រោយ”។ បែបហ្នឹងទំនងអត់ណ៎? មិនទេ! បើសរសេរអ៊ីចឹង លោតែខ្ទៃគិតថា ជាតិនេះមិនបានជួបគ្នា ដូច្នេះគួរជួបគ្នានៅជាតិក្រោយ មិនវរហើយទេ។ អានហើយ ស្រាប់តែលោតទឹកប្រូងអីទៅ ចប់ហើយខ្ញុំ។ ឬក៏ត្រូវសរសេរថា «I Love You”? នេះក៏អត់ដែរ! អៀនដៃណាស់ សរសេរមិនចេញទេ។ ទាល់ហ្មងហើយខ្ញុំ! សំណាងដែរខ្ញុំមើលម៉ោងទៅទើបតែបាន៥នាទី។ ទីនេះទៅស្ពានជ្រោយចង្វារ ហោចណាស់ក៏ត្រូវជិះម៉ូតូដប់នាទីដែរ។ ដូច្នេះខ្ញុំនៅមានពេលប្រាំនាទីទៀតដើម្បីគិតថាគួរសរសេរសារបែបណា មុនពេលខៃលោតទឹក។

«ចង់និយាយអីនិយាយមក ប្រកាច់នៅអឹមអៀនដល់ណា?»

ខ្ញុំភ្ញាក់ដូចត្រូវខ្មោចលង។ ខ្ទៃបង្ហាញខ្លួនស្រស់ៗចំពោះមុខខ្ញុំម្តងទៀត។ គិតសព្វៗ តិចខ្មោចលងមែនទៅ? តិចខ្ទៃលោតទឹកស្លាប់ហើយ ព្រលឹងគេអាល័យខ្ញុំពេកក៏វិលមករកខ្ញុំភ្លាម? ខ្ញុំព្រឺសម្បុរខ្ញាកៗ រហ័សថយខ្លួនទៅម្ខាង។ អធ្យាស្រ័យស្នេហាទុកម្តុំសិន រឿងការពារខ្លួនពីខ្មោចជាអទិភាព។

«ឡូវនេះមិនត្រឹមតែមិនហ៊ានសារភាពទេ សូម្បីមុខខ្ញុំក៏លែងចង់មើល លែងចង់ក្បែរដែរ។ ខ្ញុំ សម្រេចចិត្តច្បាស់ហើយ ខ្ញុំត្រូវលោតទឹកឱ្យបានថ្ងៃនេះ។»

គេនិយាយដោយប្រើស្នៀងខូចចិត្ត។ ខ្ញុំតបវិញ៖

«នៅរស់ទេចឹង មិនមែនខ្មោចទេ?»

«ឡូវនៅរស់ តែដប់នាទីទៀតនឹងក្លាយជាខ្មោចឱ្យមើល។»

«កុំទៅអី!»

ខ្ញុំដាច់ចិត្តទម្លាយពាក្យក្នុងចិត្ត។ អៀនណាស់! គួរធ្វើមុខម៉េចទើបសម។ គេនោះបានខ្ញុំនិយាយពាក្យហ្នឹង ក៏បានដៃជជីកដេញដោល៖

«ថាម៉េចមិញ?»

«ចឹង!»

«ចឹងហ្នឹងម៉េច?»

«ចឹងគឺចឹង! សួរច្រើនម៉េស!»

«ចឹងទៅលោតទឹកវិញ!»

«កុំ…កុំទៅបានអ្ហេស?»

«នៅធ្វើអី?»

«ធ្វើអីដែលមនុស្សស្រលាញ់គ្នាធ្វើ!»

«ដេកមួយគ្នា?»

«ហ្នុង…»

ព្រះជាម្ចាស់! ខ្ញុំនិយាយពាក្យនេះចេញដោយរបៀបណា? ខ្ញុំរហ័សផ្ដួលខ្លួនទៅលើពូក ដេកផ្កាប់មុខ កប់មុខដ៏ក្រហមទុំរបស់ខ្ញុំជ្រៅទៅក្នុងខ្នើយ។ អ្នកណាទៅហ៊ានឱ្យគេឃើញមុខ ខ្មាសគេណាស់។

«ដំបូងៗចឹង ឈរនិយាយគ្នាលេងសិនទៅ កុំទាន់ប្រញាប់ឡើងគ្រែ។»

ឆុយ! គេលេងមួយទំហឹង។ ខ្ញុំឡើងគ្រែលាក់មុខសោះ គេថាខ្ញុំនេះចង់បបួលគេ…។ គិតទៅ មនុស្សលួចស្រលាញ់គេមកយូរពេក ប្រដាប់គិតមិនសូវប្រក្រតីអីចឹង។

«ឈប់ធ្វើចរិតកូនក្មេង យើងហ្នឹងសាមសិបហើយណា។ ប្រុងគិតថារស់បានប៉ុន្មានឆ្នាំទៀត? ស្រូតៗឡើង!»

គេឈរប្រដែប្រដៅខ្ញុំម៉ាឆ្ងាញ់។ ដល់តែយូរទៅសួរឯងរស់ដល់អង្កាល់? យី!!! ខ្ញុំប្រះខ្លួន គេងផ្ងារវិញ បង្ហាញមុខចំៗលែងអឹមលែងអៀនអីទៀត។ កូនប្រុសដើមទ្រូងប្រាំហត្ថ មិនដែលគ្រាន់តែសារភាពពាក្យក្នុងចិត្តសោះ គេចមុខដែរ។

«ឯងរស់បានប៉ុនណា ខ្ញុំរស់បានប៉ុណ្ណឹង។»

គេស្រាប់តែសើចខឹកៗរលាក់ដូចទឹក។ ប្រហែលមកពីនេះជាលើកទីមួយដែលគេឮពាក្យស៊ី អារម្មណ៍ពីខ្ញុំ។ មើលមុខគេចុះ ញញិមមិនឈប់។ គេចង់ឈរធ្វើឫកដូចឆ្កួតអ៊ីចឹងដល់ពេលណាទៀត ម៉េចមិនឡើងគ្រែឱ្យឆាប់ៗមក ក្រែងមុននេះតឿនខ្ញុំឱ្យស្រូតអី។

«ចង់ទៅណា?»

ខ្ញុំប្រញាប់សួរព្រោះឃើញគេដើរទៅមាត់ទ្វារ។ គេមិនខ្ចីឆ្លើយ សង្ស័យខួរក្បាលក្រឡាប់ចាក់អស់ហ្មង។ អស់ពីឈរសើចតែឯង ក៏ដើរចេញរ៉ុយ សួរក៏មិនស្តី។ ទ្វារបិទគ្រឹប! ខ្ញុំក៏យល់ពីបំណងរបស់គេ។ បើមិនបិទទ្វារ ប្រលែងគ្នាម៉េចកើត ខ្លាចអ្នកជិតខាងឃើញ។ ម្យ៉ាងអាប៉ិអីដែលច្រៀងសំឡេងដូចធុងបាស់នៅដើរចុះដើរឡើងមុខបន្ទប់ ដូចកំពុងតាមដានខ្ញុំណាស់។

«ងើបមកនេះ!»

គេប្រាប់ឱ្យខ្ញុំក្រោកពីពូក ដើរទៅរកគេនៅក្បែរបង្អួច។ ខ្ញុំធ្វើតាមគេ សម្លឹងមើលដៃដ៏ស្រឡូនរបស់គេលូកដកគន្លឹះបង្អួច។ ពន្លឺចន្ទចាំងផ្លាតនឹងធ្មេញសស្គុសដូចផ្កាម្លិះរបស់គេរត់មកទម្លុះបេះដូងខ្ញុំ។ បបូរមាត់តូចស្តើងរបស់គេនៅតែញញិមមិនឈប់។ ខ្ញុំមិនដឹងថាគេកំពុងមានក្តីសុខប៉ុនណាទេ។ គិតទៅខ្ញុំមិនទាន់បានធ្វើអីបន្តិចផង គេរំភើបប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែ…។ ខ្ញុំឈរប្របមាត់បង្អួច ចម្ងាយមួយចំអាមពីខ្លួនគេ។ រាត្រីត្រជាក់ធ្លាក់ជំនោរ មនុស្សពីរនាក់ឈរ ត្រសងគយគន់ដួងខែ។ បិទភ្នែកបន្តិច ពន្លែងខ្លួនឯងចាកចេញពីពិភពលោកនេះទៅរកទីស្ថានមួយដែលមានតែខ្ញុំនិងគេ។

«ដឹងថាខ្ញុំស្រលាញ់ឯងពីពេលណាអត់?»

គេនេះ ពេលសួរក៏នៅតែញញិមដែរ ដូចជាលើសហើយ។ ខ្ញុំសម្លឹងដួងខែតាមភ្នែកគេ តែក៏មិនភ្លេចឆ្លើយតប៖

«មិនច្បាស់ទេ! តែឯងនេះញ៉ែខ្ញុំតាំងពីឆ្នាំទីមួយមក។»

«បើស្រលាញ់មិនឱ្យញ៉ែ។»

«ចុះមានណាថាអី ខ្ញុំឱ្យដៃរហូតតើ មិនចឹងស្មានញ៉ែបាន។»

«កុំចេះតែនិយាយ គេចរហូតសោះ។ បើឱ្យដៃមែនខ្ញុំបានខ្លួនយើងយូរហើយ។»

«ហេ! ហើយស្រលាញ់គេចង់បានតែខ្លួនគេទេអី?»

«ចុះរំពឹងអី បើបេះដូងគេគ្មានយើងផង ឱ្យតែបានខ្លួនគ្រប់គ្រាន់ហើយ។»

«មើលនិយាយ! ឈប់ស្រលាញ់វិញឡូវ?»

«ហើយធ្លាប់ស្រលាញ់ពីអង្កាល់?»

«យូរហើយ គ្រាន់តែស្រលាញ់ស្ងាត់ៗ។»

«ចុះឡូវ?»

«ឡូវស្រលាញ់បើកចំហរ»

«បើកចំហរអីបើមិនទាន់និយាយអីមួយម៉ាត់ផង។»

«ចង់ស្តាប់?»

«រឿងអីមិនចង់!»

«អូខេ!»

ខ្ញុំឈានជើងទៅឈរកៀកពីក្រោយខ្នង យកដៃក្រសោបប្រាណ ទម្លាក់ចង្ការដ៏ស្រួចរលែមលើស្មាដ៏ទូលាយរបស់គេ។ ច្រមុះកំហូចរបស់ខ្ញុំឆ្លៀតស្រង់ក្លិនដ៏ក្រអូបស្រាលពីកញ្ចឹងកគេ។ ឯបបូរមាត់ដ៏ក្លាហាន ខ្សឹបតិចៗដាក់ត្រចៀកគេថា៖ «I love you»។ សម្បុរគេព្រឺខ្ញាកៗលក្ខណៈដូចមនុស្សកំពុងចាញ់ច្រាប។ ខ្ញុំបានដៃ ពន្លែងចុងច្រមុះទៅភ្លក់រសជាតិថ្ពាល់ក្រហមទុំរបស់គេ។ រសជាតិអ៊ីចឹងសោះ ខំតែឆ្ងល់មកជាយូរ តែជាតិរបស់គេតើ។ គេយកដៃឱបដៃរបស់ខ្ញុំជាប់ ហើយបោះសម្តី៖

«ហ៊ានណាស់ តិចម៉ាក់ខ្ញុំវៃ!»

«វៃៗទៅអត់ខ្លាច!»

«អ្ហាក! ក្រែងមុនហ្នឹងប្រឹងធ្វើតាមសម្តីគាត់ណាស់ ម៉េចឡូវប្តូរវិញ? អត់ខ្លាចធ្វើឱ្យគាត់ឈឺចាប់ទេ?»

«ខ្លាច! ខ្លាចណាស់ ខ្លាចធ្វើឱ្យគាត់ឈឺចាប់ តែខ្ញុំខ្លាចបាត់បង់ឯងជាង។ ម្យ៉ាងខ្ញុំគិតថា គ្មាន ឪពុកម្តាយណាចង់ឃើញកូនពិបាកចិត្តទេ។ ឱ្យតែយើងចេះមើលថែគ្នាបានល្អ ពួកគាត់ប្រាកដជាសប្បាយចិត្តជាក់ជាពុំខាន។»

«ចុះរឿងកិច្ចសន្យាឆ្កួតឡប់ដប់ឆ្នាំរបស់ឯងនោះ សម្រេចថាលុបចោល?»

«អត់លុបទេ គ្រាន់តែកែថ្មីថា កិច្ចសន្យាស្នេហានេះ មិនមែនមួយថ្ងៃ មិនមែនមួយខែ ក៏មិនមែនមួយឆ្នាំ តែ…ដប់ឆ្នាំដប់ដងទៀត បែបនេះម៉េចដែរ?»

គេស្ងាត់ តែដៃគេក្តាប់ដៃខ្ញុំយ៉ាងណែន។ សំឡេងអណ្ដឺតអណ្ដកបន្លឺឡើង ខ្ញុំប្រញាប់បង្វែរខ្លួនគេឱ្យបែរមុខមករកខ្ញុំ។ តំណក់ទឹកភ្នែកថ្លាឆ្វង់កំពុងទម្លាក់ខ្លួនរឹមៗចេញពីកែវភ្នែកដ៏មុតថ្លា។ ខ្ញុំសួរ៖

«យំថី?»

«រំភើបពេក!»

«ឈប់យំទៅ នៅមានរឿងរំភើបជាងហ្នឹងទៀត។»

«ជាងដប់ឆ្នាំមកនេះ ខ្ញុំស្រលាញ់ឯងមិនខុសទេ។»

«ត្រូវ! តិចទៀតរឹតតែត្រូវ!»

«ស្អីទេ! ហាហា»

ពួកយើងឱបគ្នាដោយក្ដីរីករាយ និងកក់ក្តៅបំផុត។ ពន្លឺចន្ទបន្តជះរស្មីត្រចះត្រចង់ដូចចង់អបអរស្នេហាពួកយើង។ នៅខាងក្រៅ អាប៉ិអ្នកជិតខាងច្រៀងបទ «ទំហំស្នេហ៍» រឹតតែញ៉ាំងឱ្យបរិយាកាសទីនេះពោរពេញដោយក្តីស្រលាញ់។ សំឡេងគាត់ស្រាប់តែប្រែជាពីរោះជាប់ចិត្ត។

«តោះ!»

គេបបួលខ្ញុំ។ ខ្ញុំលេងឫកធ្វើពុតជាឆ្ងល់៖

«ទៅណា?»

«ឡើងគ្រែ!»

«កុំប្រញាប់ពេក!»

«ខាតពេល!»

«សួរមួយសិន!»

«សួរអី?»

«កាលគេងបន្ទប់ជាមួយគ្នានៅកំពង់សោម ពេលខ្ញុំផ្លាស់ខោអាវ ឃើញផស់ខ្ញុំមែនអី?»

«ឃើញមែនតើ!»

«មិនដែលទេ ពេលហ្នឹងខ្ញុំឈរបែរខ្នងដាក់ឯងសោះ ខ្លាំងណាស់ឃើញគូទ។»

«ឯងបែរខ្នងមែន តែឯងឈរមុខកញ្ចក់។ ខ្ញុំឃើញខ្ទេចឃើញខ្ចី។»

«ហើយពេញចិត្តអត់?»

«អត់ទេ តូចពេក!»

«ចុះឡូវ?»

«បើនៅតូចដដែល អត់ពេញចិត្តដដែល!»

«ធំហើយ!»

«មិនជឿ សុំវាស់!»

«បិទភ្លើងសិនទៅ!»

«បិទភ្លើងម៉េចវាស់កើត?»

«ស្ទាបក៏វាស់បានដែរ។»

«តែអត់ដឹងថាពណ៌អី!»

ខ្ជិលឆ្លងឆ្លើយច្រើនទៀត ខ្ញុំប្រញាប់ផ្តួលខ្លួនគេទៅលើពូកមួយទំហឹង។ ពន្លឺចន្ទថមថយរស្មីបន្តិចម្ដងៗហាក់ដូចអៀនខ្មាសលែងហ៊ានតាមដានគូសង្សារថ្មីទៀត។ ឯប៉ិអ្នកជិតខាង ក៏ច្រៀងដល់បទ «ឯណាទៅឋានសួគ៌»។ ខណៈនេះគូសង្សារថ្មីកំពុងបំពេញបេសកកម្មឆ្លើយនឹងសំណួរនេះ។

ចប់ដោយបរិបូរណ៍