ឡុងរ៉ាវុធ – Meysansotheary

រឿង៖ ជើងកបផ្ទះម៉ឺន
រដូវភ្លៀងនៅឆ្នាំ១៩៤៦…..

ភ្លៀង​បាន​បង្អុរ​មួយជាន់ហើយមួយជាន់ទៀត​មិន​ឈប់ឈរ បង្វែរ​ពិភពលោក​ខាង​ក្រៅ​ទៅ​ជា​មាន​ពន្លឺ​​ព្រិលៗ​នៃ​ព្រលប់ធំមួយ។

ពឹងលើភ្លើងពិលត្រមោង មនុស្ស​បួននាក់ប្រដាប់ដោយកាម៉េរានិងសម្ភារៈវាស់វែង ដើរ​ផ្លូក​ផ្លាក់​ប្រញិបប្រញាប់កាត់លើកម្រាល​ភក់និងតំណក់ភ្លៀង​​ចែងចាំង។ ផ្គរលាន់​បន្លឺ​ឡើង​មក​ពី​ចម្ងាយ​ ខណៈ​វិស្វករ នីត និងក្រុមការងាររត់មកឈរនៅច្រកចូលវិមានដ៏ធំ។

«ស្ថាបត្យកម្មអាណានិគមបារាំង! គ្មានមនុស្សនៅ​?» ទូច ជូតសក់ផងស្តាប់នីតវាចាជក់ចិត្ត​ផង​។​ នីតមិនរវល់ខ្លួនសើមទេ គេគយគន់ភាពពុកផុយនៃអតីតភាពដ៏រុងរឿងរបស់វិមាន​នេះ។

ដារ៉ាបញ្ចេញគំនិតសរសើរ៖

ចេះមកដល់ល្មមយើង!

នីតងាកទៅរក​វង្ស ដែលកំពុងជញ្ជក់មាត់ស្ទាបសសរ​ពណ៌​ស​ដ៏​ធំមូលនិងខ្ពស់លលៃ​ច្រក​ចូល​​​វិមាន​​។

«កុំប៉ះពាល់!​»

នីតបញ្ជា វង្សក៏ដកដៃ។

ទីនេះ​ត្រូវ​បាន​ប្រឡាក់ប្រឡូស​ដោយ​ការបោះបង់ចោល​​ជា​ច្រើន​ឆ្នាំ តែវិស្វករនីតនិងគ្នីគ្នា​បាន​ទទួល​យក​គម្រោងកែលម្អមួយក្នុងទឹកប្រាក់ដ៏ច្រើន។

​រនាំង​យ៉រ​ដែក​ដ៏​ប្រណីត​​ប្រឡាក់​ដោយ​ច្រែះ និងទ្វេទ្វារដ៏ធំទូលាយ ដែល​ធ្លាប់ជា​និមិត្តរូប​នៃទ្រព្យ​សម្បត្តិអភិជន ឥឡូវនេះបានរសាត់ទៅៗ ចោលឧត្តមភាពនៅក្រោមកម្រាស់ពេលវេលា​រយ​ឆ្នាំ​​។

«សង់នៅឆ្នាំ១៨៨២វ៉ី!​»

ដារ៉ាវាចាតិចៗ។ នីតនិងដារ៉ាជាមិត្ត​នឹងគ្នា ពួកគេបើកទទួលជួសជុលកែ​លម្អផ្ទះឬភូមិគ្រឹះ​អភិជន​ធំៗ​តែប៉ុណ្ណោះ។

«ស្តាយអតីតកាល!​» ទូច​និយាយតិចៗ។

វង្សងក់ក្បាលតាម។ នីតសម្លឹងសម្លក់ស្នាម​ពើងហើមលើទ្វារឈើក្រាស់​ដែល​​ខូចខាតខ្លះ​ដោយ​សារ​សំណើម​និងការបោះបង់ចោលរវាងទសវត្សរ៍។ ស្លែបានតោងជាប់នឹងជញ្ជាំងថ្ម ហើយ​វល្លិ​​បាន​ទាមទារកន្លែងខ្លះដែរ។

«សង្ឃឹមថានៅក្នុង នៅល្អច្រើន!​» នីតរអ៊ូ ដៃរាវយកសោរមកកាន់។

«ចុះពេលទទួលការងារនេះគេមានប្រាប់ទេ?​» ដារ៉ាឈានចូលក្បែរនិងខ្សឹប។ នីតមិនមាត់ ព្រោះ​ទំនង​ថាកំពុងជក់ចិត្ត​នឹងអ្វីម្យ៉ាងដែលបន្សល់ទុកតាំងពីយូរយារណាស់មកហើយ។

«ខ្ញុំនៅតែគិតថា យើងគួរមានគ្នា​១០នាក់ បានសមជាមួយវិមាន​ម៉ឺន!​»

ទូចរអ៊ូពីចំហៀង ស្រាប់តែនីតងាកមកធ្វើមុខមាំ។ ទូចទម្លាក់ទឹកមុខដឹងកំហុសខណៈ នីត​សួរ​នាំ​៖​

«វិមានម៉ឺន!​»

ទូចមិនទាន់បានតបផង​ វង្សចង្អុលទៅរកស្លាកមួយ ឆ្លាក់អក្សរខ្មែរយ៉ាង​ក្បាច់​ក្បូរ​​«ផ្ទះ​ម៉ឺន​សឹម​!​​»​​។ នីតនិងដារ៉ាចំហមាត់។ មិនដឹងថាហេតុអ្វីពួកគេមិនចាប់អារម្មណ៍នឹងស្លាកមួយនៅទីនេះ។ ខ្យល់​​បក់​បោក​ប្រូក ​ពេល​ពួក​គេបន្តគ្នា​ឡើង​លើ​ជណ្ដើរ​ថ្ម​។ ស្បែកជើង​ម្នាក់ៗ ជាន់ប៉ះលើ​​ផ្ទៃ​ម៉ាប​ដ៏​រលោង​។ នីត​ដាក់ដៃស្តាំមកលើទ្វារឈើដ៏ធ្ងន់ រុញវាចេញ បន្លឺជាសំឡេងថ្ងូរទាបៗ ហាក់​ដូចជា​បន្ទរ​តាម​​ផ្នែក​ខាងក្នុងប្រហោងនៃវិមាន។

ដារ៉ាចង់តែចំអកព្រោះឃើញទូច​ប្រកបដោយការប្រុងប្រៀប​។ នៅខាងក្នុងផ្ទះ ខ្យល់​ក្រាស់​បក់​​មក​វឹប​លាយក្លិនសើមនិង​ឈើពុក ពពួកផ្សិត។ល។

ចង្កៀងគោមដ៏ក្បាច់មហិមាមួយព្យួរមកសំយាក គ្របដណ្ដប់ដោយធូលីដី និង​សរសៃពួរ​ពីលើ​ពិតាន​​​ខ្ពស់​។ ជណ្តើរដ៏ធំមួយទៀត កំពុងសម្តែងភាពស្កឹមស្កៃក្នុងស្បៃងងឹត លាត​សន្ធឹងឡើង​ទៅលើ​ផ្ទះ​ មាន​សភាព ដូច​ជា​ឆ្មាំ​ការពារ​អាថ៌កំបាំង​ម្នាក់ ដែល​ត្រូវបានពីភពលោកនេះ​ភ្លេចចោល​ជា​យូរ​មក​ហើយ​។

វង្សញ័រខ្លួន ជូតទឹកភ្លៀងចេញពីមុខពេលឈានជើងចូលបន្ទប់ទទួលភ្ញៀវ។

«អូយ!»

ទូចថយមកពេលឮនីតលាន់មាត់។

«ខូចអស់ហើយ!» នីតបន្ថែម បង្ហាញថាទិដ្ឋភាពនៅខាងក្នុង កាន់តែអាក្រក់?

ដារ៉ាអើតមកមើលដោយ​មុខស្មឿក។ នីតដឹងថា​ខ្លួនបានជ្រុលជាភ្លាត់មាត់​បង្កើតបរិយាកាស​មិន​ល្អ​បន្លាច​បង្អាក់សន្ទុះចិត្ត​កូនក្រុម ក៏និយាយត្រលប់មកវិញថា៖

«​ផ្តោត​អារម្មណ៍! ការងារលុយច្រើន​ វាលំបាកបន្តិចហើយ!»

តំណក់ទឹកបានស្រក់ពីពិតាន បង្កើតជាភក់តូចៗនៅលើកម្រាលថ្មម៉ាបមានខ្លះ​​ប្រេះ​ទៅ​ហើយ​​។

ផ្គរលាន់​បន្លឺ​ឡើង​កាន់​តែ​កៀក ខណៈ​ដែល​ក្រុម​កែលម្អបាន​ចូល​ទៅ​ក្នុង​វិមាន​កាន់តែ​ជ្រៅ។ ភ្លៀង​​ធ្លាក់​​មក​ទល់​នឹង​បង្អួច ខ្យល់​បក់​បោក​ដូច​សំឡេង​ស្រែក​ទ្រហឹងមកពី​ចម្ងាយ​។ ការណ៍​ទាំងនេះ​បាន​បន្ថែម​​បរិយាកាស​សង្កត់សង្កិន​រួច​ទៅ​ហើយលើទូច។ កាមេរ៉ារបស់​គេ បានចុចចាប់​យកទិដ្ឋភាព​ដ៏គួរឱ្យភ័យខ្លាចនៅចំពោះមុខ…..ឃ្លីក…ឃ្លីក គេងើបមុខសម្លឹងមើលទៅបង្អួចដែលងងឹតខាងក្រៅ សល់​​តែពន្លឺតិចតួចពីផ្លេកបន្ទោរ។

«ហើយមកដល់ចំពេលភ្លៀងទៀត!» វង្សបន្ថែមដោយមិនដឹងខ្លួន។

ប៊ឹប! នីតដាក់ដៃលើស្មាដារ៉ា​ហើយចំអកលេង៖

«ខ្លាច?​»

«ស្អី! គ្រាន់តែគិតថា នរណាម្នាក់បានសង់ទីនេះយ៉ាងមហស្ចារ្យ ហើយ​មិនរស់នៅ​ក្នុង​កន្លែង​​​នេះ ទុកចោល?»

«គេ​ថា​វាមាន​ជើងកប!» ​នីតចងចិញ្ចើម​លើកដៃវែក​គាសទឹកភ្លៀងចេញពីមុខ សម្លឹង​ដារ៉ា​ជា​មិត្ត​​​​រួច​ងាកទៅម្ចាស់សម្តីដែលវាចាថា​មានជើងកប។ នោះគឺវង្ស។

«ហ៊ឹម អាខ្លាច!»

ថាឱ្យវង្សហើយ​ គេក៏បោះជំហានទៅមុខជាមួយ ស្បែកជើងកវែងដែលប្រឡាក់ក្នុងភក់។

វង្សងាកមកដារ៉ាដែលដើរតាមក្រោយ វង្សខ្សឹប៖

«អ្នកលក់សាំងនៅផ្លូវបត់ ប្រាប់ខ្ញុំពេលខ្ញុំចុះសួរផ្លូវ!​»

«ហាសហា! និយាយគ្នា​ពីរម៉ាត់ និពន្ធរឿងជើងកបស្អីគេ​បានទៀត មីងហ្នឹង?» ដារ៉ា​ឆ្លើយ​ខណៈ​​ទូច​ដើរមកហើយហួសទៅតាមពីក្រោយនីតដោយមុខស្ងួត។

«ម៉ោះវង្ស! ជើងកបមានឬអត់ ចាំគិតពេលក្រោយ ពេលនេះ​យើង​មាន​ការងារ​​ធ្វើ»

នីតវិញវាចាតបដោយ​មិនងាកក្រោយ៖

«មានជើងកបមែនអត់ ហៅចេញពីជញ្ជាំងមក គ្រាន់បាន​សួរព័ត៌មាន​ពីរឿងផ្ទះនេះ!​»

វង្ស លេបទឹកមាត់ហើយ សើចទាំងភ័យផង ពេលសម្លឹងមើលមកក្រោយ​។ មុខផ្ទះ​កំពុងជន់​លិច​​ដោយអំណាចភ្លៀងបង្កើនកម្លាំង។

ទូច ប្រុសមាឌតូច សម្បុរស ជាអ្នកថតអាជីព គេឈប់ថតជក់សម្លឹងមើល​ភ្លៀង​នៅ​យ៉រ​នៃ​បណ្តា​បង្អួចបុរាណប្រកដដោយសិល្បៈ ហើយក៏លើកដៃចុចបន្តព្រោះស្តាយស្ថាបត្យកម្ម។

សំឡេងដារ៉ា​ខ្សឹបដាក់គ្នីគ្នាថា៖

«វិមាននេះ​ ទោះបីស្ថិតក្នុងសភាពទ្រុឌទ្រោមបន្តិចក៏ដោយ ក៏មានសោភ័ណភាព​ដ៏ស្រស់​បំព្រង​ ហាក់បីដូចជាអតីតកាលនៅតែតោងជាប់មក!»

«ពីរោះ​ដូចតែងរឿងម៉េះអាដែង?​» នីតសើច ហើយបន្តវាចា៖

«ព្រោះអ៊ីចឹងបានជាម្ចាស់គេចង់ធ្វើវាឡើងវិញ!​»

ទូចខ្សឹបប្រាប់ខ្លួនឯងតិចៗ៖

«ដូចជាកំពុងឈានជើងចូលទៅក្នុងពេលវេលាមួយផ្សេងទៀតអ៊ីចឹង!​»

«ហាសហា​!​ ថតហើយរអ៊ូទៀត?​» នីតចំអន់។

រំពេចនោះ ទ្វារ​មួយនៅចុងបង្អស់នៃសាលធំបានបិទមកគ្រឹបដោយកម្លាំងខ្យល់ទំនាញ ដែល​ធ្វើ​​ឱ្យដារ៉ាលោតថយ វង្សបង្វិលភ្នែកធំៗ។

«លេងល្បិចលើពួកយើងមែន?​» ដារ៉ាលាន់មាត់ទាំងប្រឹងញញឹម​មិនសូវសម។

ក្រុមស្ថាបត្យករនេះមាន​ប្រវត្តិសិក្សាមកពីស្រុកបារាំងដែលដឹកនាំដោយនីតនិងដារ៉ា។ តម្លៃ​ក្នុង​ការមកសិក្សា​រៀបចំផ្ទះនេះឡើងវិញគឺច្រើនជាងផ្ទះមុនៗ១០ដង។

លុយជាអ្វីដែលនីតយល់ថា​ អាចវាស់វែងពីជោគជ័យក្នុងអាជីពរបស់គេ បានជា​ទុកការ​សង្ស័យ​​ភ័យ​ខ្លាចជាឧបសគ្គទៅវិញ។

ក្រុមនេះបានផ្លាស់ទីដោយប្រុងប្រយ័ត្ន ពន្លឺពិល​របស់ពួកគេបញ្ចេញស្រមោល​វែងៗ​នៅលើ​ជញ្ជាំង​ដែលប្រេះ​បែកខ្លះ។ ភ្លៀងនៅ​ខាង​ក្រៅ​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ សំឡេង​ផ្គរលាន់​ញ័រ​ពេញ​ឆ្អឹង​វិមាន​ចំណាស់។ ពេល​ពួកគេ​ចូល​កាន់តែ​ជ្រៅ ជំហាន​របស់​ដា​រ៉ា​ក៏​ថយ​មកយឺតចុះ ពន្លឺ​ពិល​របស់​គេ​បាន​ចាំងចំ​​ភ្នែក​ដ៏​ចម្លែកមួយគូ។

«មើល…នីត» មិត្ត​ខ្សឹបប្រាប់ ហើយចង្អុលទៅផ្ទាំងគំនូរដ៏ធំមួយដែលត្រូវបានគ្រប​ដោយ​ស្រទាប់ធូលី​ ប៉ុន្តែបង្ហាញពីបន្ទប់ប្រណីតនិងបុរស​និងស្ត្រីដ៏ស្តុកស្តម្ភ ក្នុងឈុតសម្លៀកបំពាក់​បារាំង​សម័យ​​អាណានិគម។ ប៉ុន្តែមានអ្វីមួយខុសៗ….​មុខ​បុរសហាក់រងការ​លាប​ពណ៌លុបបាំង ​វា​ដូច​ជា​មាន​​នរណា​ម្នាក់​ព្យាយាម​លុប​ចោលដោយសម្អប់។

ទូចខ្សឹបញាប់ញ័រ ៖

«សល់តែភ្នែក!​»

​ភ្នែក​របស់ខាងប្រុស​នៅ​​សម្លឹង​មើលមក​ពី​ផ្ទាំង​ក្រណាត់​យ៉ាងគួរឱ្យ​ព្រឺព្រួច។

«ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ធ្វើ​បែប​នេះ?​» ដារ៉ាសួរសំឡេងស្មើ។ ទូច​បាន​លើក​កាមេរ៉ា​មក ​ពង្រីក​​រូប​ដែល​គួរ​ឱ្យ​​ខ្លាច។

«អាចជាគំនូរម្ចាស់ដើមរបស់វិមាន…ប៉ុន្តែ​លាប​ពណ៌​គាត់ក្នុង​ភាព​ឆ្កួត​លីលា» នេះជាការលើក​ឡើង​​របស់វង្ស ដែល​មាន​មន្ទិល​តាំង​ពី​ដើម​មកថាទីនេះមានអ្វីម្យ៉ាង….​ឥឡូវ​មើល​ទៅ​សភាព​ការណ៍​កាន់​​តែ​​ធ្ងន់ធ្ងរ។ និយាយបន្ត គេ​បាន​ខ្សឹបឡើងថា៖

«ខ្ញុំ​បាន​ឮ​រឿងរ៉ាវរបស់​ម្ចាស់​កន្លែង​នេះ»

«ទៀត!​» នីតថ្កោលទោស តែគេហាក់ចង់ស្តាប់។ ទូចតឿន៖

«ដឹងអីខ្លះ?​»

វង្សងក់ក្បាល៖

«អភិជនពីរនាក់ប្តីប្រពន្ធ! គាត់ជាម៉ឺន ដែលមាន​ងារយសក្នុងវាំង ហើយ​បាត់ខ្លួន​ជាមួយ​ភរិយារហូត​មក។ ខ្លះថាជាឃាតកម្ម​ដ៏អាថ៌កំបាំងតែ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ពិតទេ»។

«ចឹងមានន័យថា បន្លាច!​» នីតបញ្ចប់ប្រយោគ​ដោយ​ខិតទៅជិតផ្ទាំងគំនូរ។ ដារ៉ា​សម្គាល់​ឃើញ​​ភ្នែកមិត្ត ច្បិចរួមតូចឡើងៗក្នុងការពិនិត្យពិច័យផ្ទាំងគំនូរ។

មិនយូរទេ គេបានយារដៃជូតធូលីចេញពីជ្រុងខាងក្រោមនៃផ្ទាំងគំនូរ ដោយ​បង្ហាញ​ជួរអក្សរ​តូច ចារឹក​​ថា ម៉ឺនសឹម ជំទាវអេង។

ទូច​បាន​ដកថយ​ក្រោយ ដង្ហើម​ហត់ៗ​ខណៈពេលវង្សវាចាមិនទាំងមិនស្រណុកចិត្ត៖

«ឆ្នាំ១៨០១… ជាងមួយរយឆ្នាំមុន!​»

«ចុះគេមិនលុបខាងស្រី?​» ទូចសួរ។

ដារ៉ា​បាន​ផ្ដោត​ពន្លឺ​​ពិល​​ទៅ​លើ​រូប​លោកជំទាវដែល​ទូច​បាន​សំដៅ​ទៅ។ ស្ត្រី​ស្រគត់ស្រគំក្នុង​ឈុត​ពណ៌​ក្រហម​ទុំ។ ផ្ទៃមុខ​​មិន​ត្រូវ​បាន​ប៉ះ​ពាល់​ ប៉ុន្តែ….បែរជា ស្ត្រី​ក្នុង​រូប​គំនូរ​នោះ​មាន​រូបរាង​ស្រដៀង​​នឹង​មនុស្ស​ម្នាក់​ដែល​ពួកគេ​ធ្លាប់​ឃើញ​ពីមុន​មក។

«មិនអាចទេ…» ដារ៉ាខ្សឹបប្រាប់​នីត។

ថ្គាម​របស់​វង្ស​ត្រូវ​ជាប់គាំង។

«​នោះមិនមែនជាមនុស្សតែមួយទេអីអានីត?​»

នីត ទូច​ និង​វង្ស ជាមួយដារ៉ាទើបតែបានចួបជាមួយ​ស្រី្តម្នាក់ដែលស៊ីញ៉េឱ្យពួកគេ​​ធ្វើ​ការ​សិក្សា​​អំពី​គម្រោង​ជួសជុលវិមាននេះសម្រាប់ភ្ញៀវទេសចរ។

អ្នកដែលជួលពួកគេ ដូចគ្នានឹង​ស្ត្រីជំទាវអេងម៉្លេះ?

នីតគ្រវីក្បាល​យឺតៗ ចិត្ត​របស់​គេ​លោតញាប់ញ័រក្នុងភាពរន្ធត់។

«លោកស្រី ម៉ារដា?​» គេ​ខ្សឹប។

នាងគឺជាមនុស្សដែលពួកគេបានចួប ទទួលការងារ ប្រាក់កក់ និងអះអាងថា គាត់​ជា​ទាយាទ​ចុង​ក្រោយ​នៃត្រកូលនេះ។

«ខ្ញុំ គិតថា យើងត្រូវគេធ្វើល្បិចអីមួយហើយ!​»

ទូចវាចានេះទាំងបានទម្លាក់កាមេរ៉ាចុះព្រោះ​ដៃរបស់គេញាប់ញ័រល្វើយ។

«ប៉ុន្តែ….​វាមិនអាចទៅរួចទេ!  រូបថតតាំងពីទសវត្សរ៍ឆ្នាំ១៨០១ ហើយយើងចួបវ័យដដែល?»

លោកនេះមាន​មនុស្ស​ដូចគ្នាអាចកម្រិតនេះដែរ?

វង្សវិញឈរញាក់។

ពួកគេគាំងក្នុងការគិតហើយ។

មុននឹងអ្នកណាម្នាក់អាចឆ្លើយសំណួររបស់ទូចបាន ខ្យល់​បក់មួយកន្ត្រាក់​បានបោកទ្វារ​ខាង​មុខ​​ដែល​ពួកគេ​ទើបនឹង​ចូលមកនោះ ងងឹតគ្រឹបតែម្តង។

«អាចោរម្សៀត!​» ទូចភ្លាត់ជេរ។

ទាំងបួននាក់បានទល់ខ្នង​គ្នា​​វិល​ជុំវិញសម្លឹង​។​ ពន្លឺ​ពិល​របស់​ពួក​គេ​បាន​ឆាប​ឆេះ​ក្នុង​ភាព​ងងឹត​ ខណៈ​ដែល​សំឡេងជេរខ្ទរ​បន្លឺ​ឡើងអន្លាយ​ពេញ​វិមាន។

គ្រប់យ៉ាងកាន់តែត្រជាក់ គ្របមកលើភាពស្ងៀមស្ងាត់របស់ពួកគេ ទុកឱកាសឱ្យ សំឡេង​ប្លែក​មួយ​ថ្មី បញ្ចេញ​វត្តមាន​។ ស្នូរកែងជើងគោះលើឥដ្ឋដូចមាន​អ្នកណាម្នាក់​ដើរមក យឺតៗ តែ​បាន​ចាប់​ផ្តើមឮច្បាស់ឡើងៗ។

«យើងចេញពីកន្លែងនេះ» វង្សនិយាយ ប៉ុន្តែ​នីតឈរ​​កកគាំង​នៅ​នឹង​កន្លែង។ ភ្នែក​របស់​គេ​ជាប់​​ទៅនឹង​ផ្ទាំង​គំនូរព្រោះបានកត់សម្គាល់អ្វីមួយដែលអ្នកផ្សេងទៀតមិនឃើញ។

ស្ត្រី​ក្នុង​ឈុត​ពណ៌​ក្រហម​ទុំដែលដូចគ្នា​​​នឹង​ស្ត្រីបច្ចុប្បន្ន​ដែលជួលពួកគេ ​មិន​បាន​សម្លឹង​មើល​​ពី​រូប​គំនូរ​ទៀត​ទេ។ ភ្នែករបស់នាងឥឡូវនេះកំពុងសម្លឹងមើលមកដោយចងកំហឹង​និងមាន​ពន្លឺ​កាច​សាហវ។

ដីនៅក្រោមជើងរបស់ពួកគេក៏ញ័ររំពើក ពួក​គេ​ទាំង​បួនទប់ខ្លួនផង ​សម្លឹង​មុខ​គ្នា​ស្លេកស្លាំង​ដោយ​ការ​ភ័យ​ខ្លាច។ នីត បាន​និយាយ​ខ្សឹបដោយ​សំឡេង​យ៉ាងទាប​ថា៖

«យើង​វរហើយ»

ទូចនិង​វង្សញាប់ញ័រ ពេល​សំឡេង​កែងស្បែកជើងឮលាន់មក​កាន់​តែ​ខ្លាំង ពួក​គេ​បាន​ដឹង​ថា ​ក្នុង​​វិមាន​ចាស់​មិនមែនមានតែពួកគេបួននាក់ទេ​។

«អ្វីមួយដែលត្រូវបានបន្សល់ទុក យ៉ាងអាថ៌កំបាំងកប់យ៉ាងជ្រៅនៅក្នុងជញ្ជាំង ហើយ​ឥឡូវ​នេះ​វា​បានចាប់ផ្តើមឡើងវិញ» ទូចនិយាយរវើរវាយ​ ។

នីត ដារ៉ា​ ទូច​និងវង្ស ចាប់ដៃគ្នា សម្លឹងមើលស្រមោលមួយទាំងដកដង្ហើមធំ។ ​ សំឡេងខ្សឹបតិចៗលាន់​មករងំ​ពេញបន្ទប់ជុំវិញពួកគេ ដក់ជាប់ក្នុងគំនិតរបស់ពួកគេ សង្កត់​ចលនា​ពួក​គេ​។

នេះមិនមែនជាភាសាដែលពួកគេចេះស្តាប់ទេ។

សំឡេង​នោះ​បាន​ធ្វើ​ឱ្យ​​គ្រប់គ្នា​ញ័រ តែនីត​ដែលមាន​​សភាវគតិ​រឹងជាងគេ ចេញ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖

«តស់ៗ យើងចេញទៅក្រៅវិញ!»

សំឡេង​របស់គេទាប​និងខ្សឹបខុសពីធម្មជាតិ។ ប៉ុន្តែនៅពេលដែលពួកគេទាញគ្នីគ្នា​ងាកទៅ​រក​ផ្លូវចេញ​ដោយប្រញាប់ប្រញាល់ ស្រមោលធំ​បានមកដល់ពីមុខ​ហើយរារាំង។

«អ្នកណាហ្នឹង?​»

​ទូចស្រែកយំហើយសួរខ្លីៗផុតៗ។

​នៅ​ក្នុង​ពន្លឺ​ស្រអាប់​​ដែល​ត្រង​តាម​បង្អួចសើមដោយស្រទាប់​ភ្លៀងសាច ​​ជា​ស្ត្រី​ម្នាក់​ស្លៀក​ឈុត​ពណ៌​ក្រហម​ដូចដែលគ្រប់​គ្នា​ទើបតែ​បាន​ឃើញ​ក្នុង​គំនូរ។ ស្បែករបស់នាងស្លេក ភ្នែក​របស់​នាង​ប្រហោង​ និងងងឹតគ្មានគ្រាប់ក្នុងប្រស្រី។ នាងបានផ្លាស់ប្តូរទីតាំង ដោយអណ្តែត។

លោកជំទាវ អេង?

វង្សទន់ខ្លួនដួល​តែត្រូវដារ៉ាទាញឡើងមកឈរវិញ។

ការសម្លឹងរបស់ជំទាវនេះ ជាប់នឹងនីត ហើយបបូរមាត់របស់នាងក៏ញែកចេញ បង្កើត​ជា​ពាក្យ​ពេចន៍​អន្លាយដែលហាក់ដូចជាឮមកពីកន្លែងណាឆ្ងាយ។

«លោកម៉ឺន លោកមកហើយ!​»

នីត ដើរថយក្រោយម្តងមួយជំហានៗព្រោះស្ត្រីបុរាណនិយាយជាមួយគេម្នាក់គត់ មើល​គេ​ចំ​ៗ​។​

«អ្នក…..ស្រីម៉ារដា?​»

«ទេ!​»

ខ្មោចនិយាយធ្មឹងៗតែដៃទាំងពីរលើកចង្អុកមក។ គ្រប់គ្នា​ថយ ទាំងដៃរាវរកគ្នា ព្រោះ​តក់ស្លុត​…​

«ខ្មោច? …..ខ….ខ្មោច មែនទេ? ចង់បានអី?»

ទឹកមុខរបស់នាងប្រែជាឈឺចាប់មួយរំពេច​ពេលឮដារ៉ាសួរយ៉ាងដូច្នេះ។

សំឡេងនាង​តំអូញខឹង៖

«​ខ្ញុំ….បានរង់ចាំ… អស់រយៈពេលជាយូរមកហើយ! រយ ពាន់ថ្ងៃខែ រយពាន់……!»

សភាវៈត្រជាក់បោកបក់បន្លាច​ជុំវិញ​ពួក​គេ​ ហើយ​មួយ​រំពេចនោះ ជញ្ជាំង​នៃ​វិមានម៉ឺន ​ហាក់​ដូច​ជារលាស់ស្មើ​រលក​ទឹក។ ពួកគេឃើញខ្លួនឯងលែងស្ថិតនៅកណ្តាលសាលធំមួយ នៃ​គេហដ្ឋាន​ចាស់​ទៀតហើយ តែជាពិធីសមោសរអភិជន ដែលភ្លឺរន្ទាលទៅដោយចង្កៀងគោមភ្លឺចាំង។

ពីលើសន្ធឹកខ្យល់ គឺពោរពេញដោយសូរសំឡេងសើច កែវទង្គិច និងសូរ​ស្រទន់ៗ​នៃថាស​ចម្រៀង​ចាស់ៗ។

ពួកគេបាន​ត្រលប់​មកវិញនៅឆ្នាំ១៨៨០ តាមរយៈប្រតិទិនលើជញ្ជាំងកំពុងប៉ើងប្រាប់។

ភ្ញៀវរាប់​សិបនាក់ក្នុងសម្លៀកបំពាក់អភិជន​បារាំងឆើតឆាយ កាន់ដៃគ្នា​គ្រលាស់​រាំជុំវិញ​ក្រុមវិស្វករ​។ ទូចយំល្ហិតល្ហៃ ព្រោះ​មុខរបស់អ្នកទាំងនោះព្រិលៗ ភ្នែកប្រហោង​និងគ្មានជីវិត។

នៅចំកណ្តាលឋ លោកជំទាវ​អេង ស្លៀកសំពត់វែងអូសដីយ៉ាង​ស្តុកស្តម្ភ និងក្រពាត់​ដៃកាន់​ខ្សៀ​វែងញញឹមពិសពុលមើលពួកគេ។

ម្នាក់ៗញាក់ស្រៀវឆ្អឹងខ្នង។

ដារ៉ាដកដង្ហើម

«អញចប់ហើយ!»

រំពេចនោះ​ តន្ត្រីក៏ឈប់។ គ្រប់គ្នា​នៅក្នុង​បន្ទប់បែរមកប្រឈម​មុខនឹងក្រុម​វិស្វករ​សម័យ​កាល​ផ្សេង​។

ភ្នែកពួកគេ​ប្រហោង ខ្មៅងងឹត គ្មានគ្រាប់ភ្នែកទេ។

នីតបានចាប់ដៃរបស់ដារ៉ា ទាញគេមករកទ្វារ។

«ទៅយើង!​»

ប៉ុន្តែជំទាវ​អេងបានអណ្តែត​មកដល់។

​ ទឹក​មុខ​របស់​នាង​ ខូចចិត្ត និងពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ។

សំឡេង​ត្រជាក់ គ្មានមនោសញ្ចេតនា​របស់នាង​ខ្សឹបខ្សៀវលើសរសៃខ្យល់៖

«​យើងទាំងអស់គ្នា ទៅណាមិនរួច​ទេ យើងត្រូវជាប់នៅទីនេះជារៀងរហូត! លើក​លែង​តែ​មាន​​អ្នក​ណាមកស្លាប់ជំនួស!»

«ជើងកប!​» វង្សពោលដោយរញីរញ័រ។

ដីនៅក្រោមជើងរបស់ពួកគេចាប់ផ្តើមរេរំជួយ។

ស្រមោលងងឹតកំពុងលូនមកគ្របពីលើពួកគេ។ ភ្ញៀវចាប់ផ្តើមរលាយ ទម្រង់មនុស្ស​ក្លាយ​ទៅ​ជាអ័ព្ទផ្សែង។

សំឡេ​ងខ្សឹបខ្សៀវកាន់តែខ្លាំង កាន់តែអស់សង្ឃឹម។

«ទៅណាមិនបាន!​»

ចិត្ត​របស់​នីត​លោត​ញាប់។ ប្រាជ្ញាបានប្រាប់ពួកគេឱ្យដឹងថា មាន​ផ្លូវតែ​មួយ​គត់​គឺ​…..​វិស្វករ​រូបនេះ​ បាន​លូកចូលទៅក្នុងហោប៉ៅទាញយកយ័ន្តស្ពាន់មួយសន្លឹក។

«នេះជាគាថាសម្លាប់ខ្មោច!​»

គេខាំមាត់និយាយ។

ក្នុងដំណើរជិតឆ្ងាយ នីតមិនដែលខ្លាចអ្វីទាំងអស់​ព្រោះគេមានរបស់នេះជាវត្ថុ​បុរាណដែល​ពាក្យ​​ចចាម​អារ៉ាមថា សល់មកពីជំនាន់លង្វែក។

ម្តាយបានប្រគល់ឱ្យគេបន្តមកពីខ្សែជីតា។

គេបានកាន់វាលើកឡើងជាមួយការផ្លាតជាពន្លឺចាំតិចៗក្នុង ភាពងងឹតភ្លឹបភ្លែតៗ​ដោយផ្លេក​បន្ទោរ​​ពីខាងក្រៅ។

«រលាយទៅ!​»

គេស្រែកដាក់ខ្មោចជំទាវអេង។

«ដោះលែងពួកខ្ញុំ!​» សំឡេងរបស់នីតរឹតបញ្ជាខ្លាំងខណៈឃើញខ្មោចអណ្តែតដកថយបន្តិច ហើយ​ជំទាវសម័យបារាំង​​បើក​ចំហភ្នែក​​សម្លឹង​មើលគាថា។

​ភាពសោកសៅនៅក្នុងក្រសែភ្នែករបស់នាងកាន់តែមានអត្ថន័យស៊ីជម្រៅ ហើយបន្ទាប់មក​ជាមួយ​សូរសព្ទ​សោកសៅចុងក្រោយ នាងបានបាត់ទៅបណ្តើរៗក្នុងភាពងងឹត។

បន្ទប់ជប់លៀងឥស្សរៈភាព បានរលាយដែរ សល់តែសំណង់ចាស់ដូចដើម និង​ស្នូរ​ភ្លៀង​ធ្លាក់​តាម​មាត់​បង្អួច។

វិមានត្រលប់​មកសភាពទ្រុឌទ្រោមវិញ គ្មានទេភ្លេង​និងក្លិននំ មនុស្ស​រាំ សល់តែភាពត្រជាក់ និង​ខូចខាត ត្រូវបានបោះបង់ចោលទទេ។

ពួកគេ​ទាំង​បួន​នាក់រត់ចេញ ​ទាំង​ញាប់​ញ័រ ស្រក់​ញើសលាយ​ទឹកភ្លៀង។

នីត ទម្លាក់​គាថាចូលហោប៉ៅហើយរត់តាមពីក្រោយមិត្ត​និងគ្នីគ្នា។

តាមផ្លូវមករកឡាន គេគិតថា នេះនឹងក្លាយជា​ផ្នែក​មួយ​នៃ​រឿងព្រេង​និទានព្រោះ​គ្មានអ្នកណា​ព្រម​ជឿ​ទេ។ ដារ៉ា ដកដង្ហើមញាប់ញ័រ ដៃ​ជូតទឹកភ្លៀងចេញពីមុខទាំងរត់ផងស្រែកហៅគ្នាផង។

«រត់ កុំឈប់វើយ! ខ្មោចលង!» ​ត្រូវ​ទៅ។

ពួកគេបានរើខ្លួនមកដល់មាត់ទ្វាររបងយ៉ាងលឿន នរណាម្នាក់ក្នុងចំណោម​ពួកគេ អាច​មាន​អារម្មណ៍​តាមកន្ទុយភ្នែកថា អតីតកាលណាមួយ​លងក្នុងចិត្ត​ដិតដាម។ អ្នកណាម្នាក់ នៅតែបន្ត​យំ​និង​​លបមើលពួកគេ​ពីបង្អួចខាងលើមក ហើយតាម​មកមិនបាននោះទេ។

នីតឈប់ជើងទ្រឹង។

សំឡេង​ខ្សឹបខ្សៀវ​ដ៏​ស្រៀវ​ស្រើប​បានបន្តតាមមកក្បែរត្រជាក់គេ៖

«លោកម៉ឺនទៅទៀតហើយ! លោកទៅចោលផ្ទះអស់១០០ឆ្នាំ ពេលនេះលោកក៏ទៅទៀត!»

ពេលដែលនីតងើបមុខសម្លឹងមើលអ្នកផ្សេងទៀតឃើញប្រញាប់ប្រញាល់រត់កាត់ភ្លៀង គេ​បែរ​​ជាឈានជើងមិនរួចសោះ។

អ្វីមួយ…..បានមានឥទ្ធិពល។ សំឡេងនេះ​បានធ្វើឱ្យគេនឹកឃើញ…. អារម្មណ៍ចម្លែក​មួយ​បាន​​ដក់ជាប់ក្នុងចិត្ត…..

«អ្នកណាជាលោកម៉ឺន!​»

ជំហានរបស់គេយឺតៗ  ដង្ហើមរបស់គេធ្ងន់ទៅៗ…. ទោះបីភ្លៀងធ្លាក់មក​លើក៏ដោយ​គេហាក់​រសេះ​រសោះ​។ ដារ៉ាបែរមក ហើយកត់សម្គាល់ឃើញ។

គេស្រែកប្រកូក៖

«​នីត? មកឱ្យលឿន!»

ប៉ុន្តែនីតមិនឮឬយកចិត្តទុកដាក់ទេ។ គេបានឈប់ឆ្កាំងនៅកណ្តាលផ្លូវស្ងាត់ ដោយ​ក្រឡេក​ទៅ​មើល​វិមាននោះវិញ។

វិមានអាណានិគមមើលទៅហាក់ដូចជា បង្កប់ការចងចាំមួយ​ដែលបានរសាត់ទៅដោយព្យុះ​ពេល​វេលា​ជាងមួយរយឆ្នាំ។

«បើបងទៅឆាប់ជោគជ័យ បងឆាប់វិលមកវិញ!»

សំឡេងគេលាន់ក្នុងបេះដូងគេ។

ភ្លាមនោះ គេឃើញ​មាន​រទេះសេះនិងមានអ្វីមួយ…អ្វីមួយដែលចិត្ត​គេមិនអាចញាប់ញ័របាន។ ជំទាវ​អេង​​ឈុត​ពណ៌​ក្រហមឈរថតជាមួយប្តី។

ភ្ញៀវពន្លឺមកពេញផ្ទះ។

នេះជាពិធីបុណ្យមួយនៃការឡើងគេហដ្ឋានថ្មី។

របៀប​ដែល​នាង​បាន​មើល​មក​គេ  មិន​មែន​ដោយ​ការ​ស្អប់ ប៉ុន្តែ​ដោយ​ការទទូចស្មោះភក្តី និង​ចង់​បាន។

«ម៏​! អានីត!»

ដារ៉ាស្រែកឮៗ។

«អានីតអើយម៏​!​»

នីតហើបមាត់និយាយ​ដោយ​ស្ងាត់ៗ​ថា​៖

«​​ពួកឯង​ទៅ​ចុះ»។

សំឡេងមេវិស្វករ បន្លឺឡើងពីចម្ងាយ សូម្បីតែមិនហើបមាត់។

ត្រចៀករបស់ដារ៉ានាំមកនូវភាពស្លុត គេឈប់ជើងទាំងភ័យនិងទីទើរ​៖

«ស្អីគេហើយឯង? ខ្មោចចូលអានីត!»

«ពួកឯងត្រឡប់ទៅវិញទៅ!» នីតបញ្ជាក់ តែមុខគេមិនបែរទេ គេញញឹម​សម្លឹងទៅវិមាន​។ គេឃើញនាង តែពួកម៉ាកគេមិនឃើញអីទាំងអស់។

វង្ស​បែរមកហើយមិនអស់ចិត្ត​។ វង្សរត់មកជាមួយដារ៉ាប្រាថ្នាទាញយកនីត តែ​មក​ដល់​កាល​ណា​ ពួក​គេមិនជឿភ្នែកខ្លួនឯងទេ។

នីតស្លៀកបុរណ។

វង្សដកថយ ឯដារ៉ាអុកគូទ​លើដី។

ជាឈុតដែលខាងប្រុសបានស្លៀកឈតក្បែរជំទាវអេង។

នីតមិនបានរវល់នឹងក្រុមមនុស្សទេ។ គេនិយាយស្រែកទៅលើផ្ទះធំ ដូចជា​នាងនៅ​ឈរ​ទី​នោះ​ គេស្រែកថា៖

«ដំណើរទៅស្រុកបារាំង​ដែលរាជការឱ្យបងធ្វើ មិនជោគជ័យទេ! យប់នោះ​ភ្លៀង​ធំ​ណាស់​អេង​! មេឃងងឹត ពួកយើងទាំង២២នាក់​លិចស្លាប់ក្នុងទឹក បងរកផ្លូវមកផ្ទះយើងមិនឃើញទេ អត់​ទោស​ឱ្យបង កុំលុបមុខបង បងនៅស្មោះនឹងអេងរហូត!»

គេថាហើយ ​ដើរមួយៗ​ត្រលប់​​ទៅកាន់​វិមានចាស់។

វង្ស​ញ័រដៃ គេសម្លឹងទៅគាថាដែលជ្រុះធ្លាក់លើដី សង្កត់ដោយតំណក់ទឹក។

​ ដារ៉ា​ច្របូក​ច្របល់ក្នុងភាពភ័យខ្លាច ខណៈទ្វារវិមាន​ខាងមុខបានបើកឡើងយឺតៗ  ហាក់​បី​ដូចជា​កំពុងរង់ចាំនីត។

វិមានដ៏ទ្រុឌទ្រោមបានរលាយបាត់នៅជុំវិញវត្តមាន​នីត។ គ្រប់​យ៉ាងបាន​ប្រែក្លាយទៅ​ជា​សាល​​វិចិត្រ​ និងធំស្តុកស្តម្ភក្នុងរចនាបថឆ្នាំ​១៨៨២។ លើកនេះមិនមានភ្ញៀវ គ្មានតន្ត្រីទេ មាន​តែ​ពន្លឺ​ភ្លើង​ទៀន ច្រើនជ្រុងនៃលំនៅដ្ឋាន​ម៉ឺន សំឡេងភ្លៀងធ្លាក់សស្រាក់តាមបង្អួច។

ហើយ​​ឈរ​នៅ​កណ្តាល​បន្ទប់​គឺលោកជំទាវ​អេងក្នុងវ័យ១៦ឆ្នាំ ជាមួយរ៉ូប​ពណ៌​ក្រហម​ទុំ​របស់​នាង ​ហូរវែង​ដូច​កម្រាលឈាម​ពេញ​ផ្ទៃម៉ាប។

ភ្នែក​​របស់​នាង​ស្រទន់​ពេល​បាន​ចួប​ជាមួយការឈរភាំងរបស់នីត​។

ពួកគេ​សម្លឹងគ្នាពោរពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ដែល​ហាក់​ដូច​ជា​អូស​បន្លាយមក​រាប់​ទសវត្សរ៍​។

«នីត» នាង​ខ្សឹបជាមួយសព្ទស្នេហា​​ញាប់​ញ័រ​ដោយ​អារម្មណ៍រំ​ភើប។

«លោកម៉ឺនមកវិញហើយ!​»

នីតឈាន​ចូល​ទៅ​ជិត ភ្នែក​របស់ពួកគេ​​​សម្លឹង​មើល​គ្នា​បង្ហាញ​ពី​ភាព​សោកសៅ​និង​សេច​ក្តី​ស្នេហា​​ជាមួយកិច្ចសន្យាបេះដូងដ៏ជ្រាលជ្រៅ។

«អូនរង់ចាំអ្នកយូរមកហើយលោកប្តី!​»

បំណែកអតីតកាលទាំងអស់បាន​រំឭក​មកវិញ​បន្តិចម្តងៗ។ រាល់ ការចងចាំដែលកប់​យ៉ាង​ជ្រៅ​ក្នុង​ពេលវេលាគោរចររបស់ផែនដី បានវិលមកក្នុងចិត្តនិងផុសឡើងវិញជាបណ្តើរៗ។

«ផ្ទះនេះជាអកុសល! មនុស្ស​មានជីវិតមិន​អាចរស់បាន​ទេ!​» ពាក្យហោ​និយាយមក​ល្វើយៗ​ក្នុង​ការ​ចងចាំ កាលពីពេលគេបានសាងសង់វិមាន​នេះឡើងជូនជំទាវអេង។

តែគេបានចចេសរស់នៅ​និងផ្តល់សេចក្ដីស្រលាញ់​ចែករំលែកជាមួយនារីម្នាក់នេះ ប៉ុន្តែពួកគេ​បាន​បែកគ្នា​នៅរាត្រីឡើងផ្ទះ។ ជាការបែក​ពោរពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់​រាប់​សតវត្សរ៍។

«បង​បាន​ចាក​ចេញ​នៅ​យប់​នោះ…​ហើយយើងបែកគ្នា! ​ដើម្បី​ការពារ​ស្នេហានេះ ខ្ញុំស្បថថា មិនទៅចាប់ជាតិទេ ខ្ញុំមិនព្រមបំភ្លេច​អតីតកាលឡើយ»

​ ចិត្ត​នីត​មិន​ខុស​ពីអ្នកដែលស្មោះកំពុងរង់ចាំ​វិមាន​នេះ​ទេ។ ​បន្ទរ​នៃ​អតីតកាល ដែល​រងំ​ក្នុង​បេះ​ដូង ​​​គេមិនដែលស្រលាញ់នារីណាឡើយ។ ពេលនាង​មកដល់ក្នុងស្រោមជាមនុស្ស​ហើយ​គេ​បាន​ចាប់​អារម្មណ៍នាងខ្លាំងទើបព្រម​មកធ្វើកិច្ចការលើវិមាន​គួរឱ្យខ្លាចនេះ។

វិមាន​ដែល​ពិភពលោក​បាន​បំភ្លេច​ចោលព្រោះអ្នកណាក៏នៅទីនេះមិនបានដែរ។

«អូនផាត់ពណ៌លុបមុខបង! អូនខឹងមែនទេ?»

ជំទាវ​​បាន​យំយែក ហើយសំឡេង​របស់​នាង​ស្ទើរ​តែ​ខ្សឹបដូចខ្យល់​ថា៖

«អូនគិតថាបងមិនមកទេ អូនមិនចង់នឹកបងពេក បានជាលុបមុខបងចេញ​តែទីបំផុត​អូននៅ​តែ​នឹក​ឃើញ!»

«ព្រោះយើបានសន្យាជាមួយគ្នា!» នីតរអ៊ូ។

«បងនឹកឃើញហើយ​លោកម៉ឺន!»

ផ្ទះនៅជុំវិញប្រាណពួកគេចាប់ផ្តើមរសាត់ប្តូរទិដ្ឋភាពជាថ្មីម្តងទៀតហើយ។​ ជញ្ជាំង​ប្រែ​មក​កាន់​តែ​ទ្រុឌទ្រោមទៅតាមអាយុ​កាល​។

ខ្យល់​ព្យុះ​នៅ​ខាង​ក្រៅ​កាន់​តែ​ខ្លាំង​ឡើង ហាក់​ដូច​ជា​បង្រៀននីតឱ្យនឹកឃើញ​ខ្លួន​ឯង​កំពុង​តែ​ព្យាយាម​សច្ចាមុនកប៉ាល់លិច៖

«ខ្ញុំនឹងស្លាប់ តែខ្ញុំសូមចួបប្រពន្ធខ្ញុំគ្រប់ជាតិ!​»

​ក្នុងអស់កល្បជានិច្ច ពួកគេ​ញញឹម​ទាំង​ទឹកភ្នែក​ជា​ទឹក​មុខ​ជូរចត់​ដែល​ហាក់​មាន​ទម្ងន់​រាប់​​ទសវត្ស​រ៍​​ដែល​ពួក​គេ​បាន​បាត់បង់ទម្រាំអាចវិលមកនៅជាមួយគ្នាវិញបាន។

«គ្មានការរង់ចាំទៀតទេ! យើងនឹងនៅក្បែរគ្នា អូននឹងលែងមានទុក្ខព្រួយទៀតហើយ» នីត​សន្យា​។

គ្មានអ្នកណាអះអាងថា បានឃើញស្រមោលនីតទៀតទេ។ ប៉ុន្មានថ្ងៃក្រោយមកដែល​គ្រួសារ​នីត​​បាននាំគ្នា​មកតាមរក ពួកគេឃើញវិមាន​​នេះ​រំលំ​បាក់​រាប​ដល់ដីនៅសេសសល់​តែសសរ​ស្លែ​ចាស់​ៗ​​​។

ចប់