អណ្តូងខាងលិច – Meysansotheary
រឿង៖ អណ្ដូងខាងលិច ភាគទី៥ (ភាគបញ្ចប់)
ខ្ញុំងើបមុខសម្លឹងទៅភោជនីយដ្ឋានវិញ នៅទីនោះជីណាកំពុងតែនិយាយទូរសព្ទ ខ្ញុំមិនដឹងថានាងនិយាយទូរសព្ទជាមួយអ្នកណាទេ ចំណែកស៊ីលាភនៅឈរមុខបន្ទប់សម្លឹងមកខ្ញុំនិងកូនស្រី។
ល្អហើយ​ ដែលនាង​នៅពីចម្ងាយ​មិនអាច​មកឮ ពាក្យដែលឪពុកនិងកូនយើងទើបនឹង​បានជជែកគ្នាតឹងតែងមុននេះ។
ខ្ញុំឱនទៅថើបកូនមួយខ្សឺត​ និងហាមនាង​ខ្សឹបៗថាឱ្យឈប់និយាយផ្ដេសផ្ដាស និង​ឈប់គិតច្រើន​។
កូនខ្ញុំក៏រត់ទៅម្តាយរបស់គេ។
ខ្ញុំរេភ្នែក​ជុំវិញនោះ គឺ​សម្លឹងគ្រប់ទីកន្លែងស្វែងរកប្អូនជីដូនមួយរបស់ខ្ញុំ នៅតែ​រកមិនឃើញស្រមោល​។
ទេ! ពិតជាមិនឃើញស្រមោលឫទ្ធីមែន!
ខ្ញុំគិតទាំងតប់ប្រមល់ ដើរត្រឡប់ទៅបន្ទប់វិញ។
សម្ដីរបស់លោកតានៅតែលាន់មាត់មកក្នុងត្រចៀករបស់ខ្ញុំ សាជាថ្មី ៖
«អ្នកណាជាអ្នកដាក់កាហ្វេនេះ? ឥឡូវម្ចាស់កាហ្វេនៅឯណា?»
ចំណែក​សម្តីរបស់ឫទ្ធីកាលពីព្រឹកនៅតែចងចាំទាំងសព្ទទាំងអត្ថន័យមកក្នុងគំនិតរបស់ខ្ញុំ៖
«អាពីនវាឈឺបានជាយប់មិញខ្ញុំអត់បានមក!»
ខ្ញុំដើរផងគិតផងនូវសម្តី និងកាយវិការទាំងអស់របស់ប្អូនជីដូនមួយម្នាក់នេះឡើងវិញ។ មកដល់ខាងមុខបន្ទប់ ប៉ុន្តែដោយសារទ្វារបន្ទប់​ហាក់បិទពីក្នុង ខ្ញុំក្រឡេកទៅចំហៀង​ឃើញ ស្រីលាភដឹកដៃកូនរមនាឡើងទៅភោជនីយដ្ឋានអង្គុយវិញ។
នាងឆ្លៀតលើកដៃជាសញ្ញាប្រាប់ខ្ញុំ កុំឱ្យឡូឡា​បង្ហាញថា ស៊ុននិងគ្រួសារគេកំពុងពិភាក្សាគ្នាក្នុងបន្ទប់​។
ឃើញកាលណា ខ្ញុំដើរទៅយឺតៗឈរទ្រឹងនៅមាត់ទ្វារ តែមិនទាន់គោះនៅឡើយ។
ភ្លាមនោះ​ខ្ញុំឮសម្ដីរបស់អ៊ំជាឪពុកស៊ុនមានប្រសាសន៍ថ្នមៗ៖
«កូនអ្ហ៎ា កាលពុកស្ដាប់ឮប្រសាសន៍របស់លោកតាឈ្មោះឯមនោះ ពុកគិតថា គាត់កំពុងសង្ស័យលើ​
ឫទ្ធី​ប្អូនជីដូនមួយរបស់ពួកមិត្តឯង ថាជាអ្នកធ្វើអំពើនេះមកលើឯង!»
ស៊ុនតបមកវិញ៖
«ខ្ញុំមិនដែលឈ្លោះគ្នាជាមួយវាទេពុក ហេតុអីបានជាឫទ្ធីធ្វើអ៊ីចឹង?!»
ដោយសារតែ​ខ្ញុំ ឮពួកគេជជែកគ្នាចំៗបញ្ហា ពេក​​ខ្ញុំរកតែឈានជើងចូលទៅមិនរួចឡើយ។ គ្រប់យ៉ាងដូចជាស្មុគស្មាញនិងច្បាស់ក្រឡែតពេកហើយ។
រឿងដែលសំខាន់ គឺខ្ញុំងាកក្រោយ​រេរកមួយជុំទៀត នៅតែ​រកឫទ្ធីមិនឃើញទាល់តែសោះ? តើប្អូនខ្ញុំបានធ្វើអ្វីខ្លះដែលលាក់មិនឱ្យខ្ញុំដឹង?
ពីចម្ងាយ លោកតាឯមវិលមកវិញ តែមិនមែនជិះម៉ូតូទេ ទំនងពូចាមឈប់ពីចម្ងាយ។
លោកតាឱបបាយសីលាត​មួយសំណុំមក។ ខ្ញុំគេចទៅណាមិនបានធ្វើជារុញទ្វារបើកតែម្តង ជាការបញ្ឈប់កិច្ច​ពិភាក្សា​របស់គ្រួសារស៊ុន។
ពួកគេនៅស្ងៀមឡិងឡង់ពេលឃើញខ្ញុំ។ ​ទើបនឹង​ដឹងថា ជីណាក៏នៅក្នុងនោះដែរ មានទាំងអាManតូចកំពុងគងជើងលេងទូរសព្ទលើគ្រែខ្ញុំ។
ជីណាមិនមាត់មិនក​នាង​សម្លឹង​មកខ្ញុំដោយទឹកមុខស្រងូតប្រហែលនាង​ថប់បារម្ភចំពោះដំណឹង​ដែលសង្ស័យលើឫទ្ធី និងស្តាយការរាប់អានរបស់ពួកយើងផង។
ខ្ញុំធ្វើដូចមិនដឹងអ្វី​ហើយប្រាប់ពួកគេ៖
«លោកតាមកវិញហើយ យើងធ្វើពិធីនៅក្នុងនេះ​ហើយមើលទៅ!»
មិនយូរប៉ុន្មាន  ពិធីមួយថ្មីត្រូវបានរៀបចំឡើងគឺការដោះអំពើបួនជ្រុង ចោលចេញពីស៊ុន។ ពិធីនោះធ្វើឡើងនៅក្នុងបន្ទប់ដេករបស់ខ្ញុំតែម្ដង។
លោកតាឯមបានឱ្យស៊ុនអង្គុយនៅលើកៅអី ហើយគាត់បានយកកញ្ចប់ទាំងបួន ដែលគាត់បានលាក់ទុកក្នុងបង្វិច ក្នុងនោះខ្ញុំរាប់ដោយទាំងពែងកាហ្វេដែលឫទ្ធីបានឆុង ទៅឱ្យស៊ុនផឹកកាលពីព្រឹកនោះ រាប់ថាជាកញ្ចប់ទីបួនតាមពាក្យគាត់ម៉ៃស្មាន។
គាត់ដាក់របស់ទាំងអស់ទៅលើតុពីមុខស៊ុន ហើយឱ្យពួកយើងអង្គុយនៅលើសាឡុង ជុំវិញតុនោះ។  គាត់ឱ្យ​ជីណា​នាំកូនចេញក្រៅ ឯពូចាមនិងយាយសក់ដាញ់បាត់ទៅណាមិនឃើញ។
ខ្ញុំបានចាក់សោទ្វារបង្ការក្រែងកូនៗរបស់ខ្ញុំចូលមកឃើញ​។ ពេលយើងត្រៀមសព្វគ្រប់ខ្ញុំមិនឃើញមានអ្វីច្រើនទេ។ នៅលើតុមានកែវក្រដាស៣ ជាប្រភេទ​កែវប្រើមិនលាង ដែលគេទុកសម្រាប់ហូបកាហ្វេ ប្រហែលពូចាម​យកពីរីសតឱ្យតាដាក់ស្រាមកសែនពិធី។ ក្រៅពីនោះ​មាន​សៀវភៅធម៌មួយចាស់ សឹងថាមានសំណឹក​ខ្លះៗទៅហើយនៅលើភ្លៅ  អាចថាជាបាលី សម្រាប់ដោះស្រាយបញ្ហា ពីព្រោះកាលពីព្រឹកមិញគាត់បានប្រាប់ពួកយើងថានេះ គឺជាមន្តអាគម៤ជ្រុងដែលធ្លាប់តែឮនៅភូមាឬឥណ្ឌាមិនដឹងទេ ហើយនេះជាលើកដំបូងដែលគាត់ចាប់ផ្តើមរៀនដោះវា។ លោកតាចាក់ស្រាសទៅក្នុងកែវក្រដាសពីរ និងចាក់ធញ្ញជាតិ​គ្រប់មុខពេញមួយកែវចុងក្រោយ។
តែទោះបីយ៉ាងណាក៏ដោយពេលពួកយើងអង្គុយជុំវិញសាឡុងមើលទៅមិនសមថាយើងកំពុងធ្វើពិធីដោះមន្តអាគមទាល់តែសោះ ប្រៀបដូចជាការពិភាក្សាគ្នាទៅវិញនៅក្រោមការរង់ចាំអន្ទះសារបស់អ៊ំជាឪពុកស៊ុន និងបងសាំងរបស់វា។ បាយសីនោះ គាត់ដាក់លើតុខាងស្តាំដៃ។
ពេលរៀបចំ​គ្រប់គ្រាន់ហើយ លោកតាចាប់ផ្តើមមានប្រសាសន៍យឺតៗមកកាន់ខ្ញុំ៖
«ប្អូនជីដូនមួយរបស់ចៅរកមិនឃើញទេ?!»
«បាទ»
ខ្ញុំឆ្លើយដោយទើសទាល់ ​លាក់កំបាំងក្តីសង្ស័យនិងអៀនខ្មាស។ អ្នកទាំងអស់គ្នានៅជុំវិញ រេភ្នែកសម្លឹងមកកាន់ខ្ញុំ តែខ្ញុំមិនសម្លឹងតបពួកគេទេ រើសយកវិធី​សម្លក់ទៅលើគ្រឿងសំណែនទៅវិញ។
កុំមើលខ្ញុំដូចជាកំពុងតែចាប់ខ្ញុំដាក់ពិរុទ្ធ ខ្ញុំ! ខ្ញុំមិនដឹងនៅឡើយថា នេះជាការរត់ភៀសខ្លួនរបស់
​ឫទ្ធី​ឬដោយសារភាពចៃដន្យ វារវល់ទៅណាបាត់នោះទេ ប៉ុន្តែជំហានដំបូងខ្ញុំត្រូវតែនិយាយការពារប្អូនជីដូនមួយរបស់ខ្ញុំ។ បើខ្ញុំជាបង មិនការពារប្អូន តើឱ្យនរណាគេធ្វើ?
ខ្ញុំគិតយ៉ាងម៉េច ក៏មិនគិតថាឫទ្ធីមាន​ហេតុផល ទៅធ្វើបាបស៊ុនធ្វើអីដែរ! ​តើឫទ្ធីវាទៅត្រូវអំពើអ្នកណា ឬមួយក៏វាមានរឿងអីចាំបាច់ត្រូវបង្វែរមកលើស៊ុននោះ? ​វានៅកម្លោះ ជាយុវវ័យនៅឡើយទេ គ្មានទាន់មាន​ប្រពន្ធកូនផង ខ្ញុំសង្ឃឹមថាអ្វីដែលពួកគេ​បាន​គិតនេះ គឺខុសស្រឡះពីការជាក់ស្តែងទៅចុះ។
គិតហើយ ខ្ញុំនិយាយផូងទៅកាន់ការសម្លឹងមករបស់គ្រប់គ្នា៖
«ខ្ញុំយល់ថា​ បើយើងនៅតែចិញ្ចឹមចិត្ត​សង្ស័យថា​ពែងឫទ្ធីឆុងកាហ្វេឱ្យអាស៊ុនជាកញ្ចប់ទីបួន យើងមិនអាចទៅដោះស្រាយរកកញ្ចប់ទីបួនមែនទែន​ឃើញទាន់ពេលទេដឹង? សុំលោកតាជួយគិតឡើងវិញផង!»
ខ្ញុំងាកទៅលោកតា​ហើយអង្វរសំពះគាត់៖
«លោកតា! សូមលោកតាជួយផង! ជួយស្មិងស្មាធិ៍ម្ដងទៀតក្រែងលោរកឃើញកញ្ចប់ទីបួននៅកន្លែងណាផ្សេង»
លោកតាឯមសម្លឹងមកខ្ញុំយ៉ាងស្រទន់។ គាត់យល់ណាស់ពីអារម្មណ៍របស់ខ្ញុំដែលការពារឫទ្ធី ប៉ុន្តែមិនយូរប៉ុន្មាន គាត់បាននិយាយមួយៗម៉ាត់ៗនៅនឹងមុខខ្ញុំ៖
«ចៅអើយ! រកអីទៀត? យើង​មានកញ្ចប់អាគមបួនជ្រុងគ្រប់ក្នុងដៃអស់ហើយ! ប៉ុន្តែមានរឿងសំខាន់មួយ ខ្ញុំត្រូវជួបមនុស្ស​នោះដើម្បីព្រមាន!  សូមចៅទាក់ទងទៅមនុស្សនោះឱ្យបានដឹងថា បើតាធ្វើពិធីរំដោះហើយ​ អ្នកណាក្តីដែល ពាក់ព័ន្ធជាមួយនឹងការធ្វើមន្តខ្មោចឈ្លូស ទៅក្នុងអណ្ដូងខាងលិច រឿងហេតុអាក្រក់ទាំងអស់នឹងបង្វែរទៅលើខ្លួនគេ ឬក្រុមគ្រួសាររបស់គេវិញភ្លាម! ចាំដល់ពេលនោះយើងពិបាកជួយមិនខាន!»
គាត់សំដៅទៅលើឫទ្ធីប្អូនជីដូនមួយខ្ញុំ ខ្ញុំដឹង ខណៈដែលខ្ញុំនៅស្ងៀមសម្លឹងគាត់ដោយ បុកពោះភឹប​ៗ។ ខ្ញុំចាប់ផ្ដើមញ័រដៃ។
ដ្បិតតែពួកយើងមិនមានហេតុផលច្បាស់លាស់ ដើម្បីជឿថា ឫទ្ធីពិតជានៅពីក្រោយរឿងទាំងអស់នេះដោយគ្រាន់តែគ្នាបាត់មុខទៅ ក្នុងកាលៈទេសៈចាំបាច់ ចុះហេតុអីក៏ខ្ញុំភ័យម្ល៉េះ?
«អ្នកណាវ៉ី?» នេះគឺជាសម្រែកសួររបស់បងសាំង ពីព្រោះភ្នែកគាត់រវាសរវៃតាមពិនិត្យមើលមាត់ទ្វារនិងបង្អួចរហូតមក​។ ទីបំផុតពេលគាត់ស្រែកដោយងាកទៅបង្អួចផង ខ្ញុំបានងាកទៅដែរ។
មើលពីនេះសោះ ក៏ខ្ញុំដឹង​និងស្គាល់ថា ខ្នងអ្នកណាកំពុងតែរត់ចេញទៅនោះបាត់ទៅហើយ។
ខ្ញុំនៅអង្គុយគាំងស្ញេញ​ធ្វើមុខដូចមនុស្សក្រោកមិនរួច ត្រូវគេសន្ធប់។ បងសាំង និងឪពុកគាត់ស្ទុះទៅក្បែរបង្អួច​។
«ឫទ្ធី! ឈប់!» គាត់ស្រែកខ្លាំងៗទាំងពីរនាក់។
ខាងខ្ញុំនេះ អង្គុយ​ងងឹតឈឹងក្នុងអារម្មណ៍។  ខ្ញុំមិនដឹងថា ត្រូវធ្វើដូចម្តេចនោះទេ  ភ្លាមៗនោះខ្ញុំឃើញបងសាំងរត់ព័ទ្ធទៅក្រៅ ប្រដេញទៅចាប់ឫទ្ធី។
គ្រប់យ៉ាង​ខ្ញុំលែងគ្រប់គ្រងបានហើយ។
ខ្ញុំហត់ណាស់!
ចុងក្រោយប្អូនជីដូនមួយខ្ញុំត្រូវបានគេនាំចូលមកដល់។
មុខវាខ្មៅអែ ពេលដែលបងសាំងរុញវាទៅនៅលើគ្រែ។
ខ្ញុំចាប់ផ្ដើមក្រោកដើរទៅឃាត់គាត់។ គាត់នៅតែមិនព្រមលែងដៃពីកអាវវាទេ។ ស៊ុនចំហមាត់សម្លឹងមកដោយស្រឡាំងកាំង។
ខ្ញុំដឹងថា ស៊ុននិងឫទ្ធីមិនដែលមានបញ្ហាអ្វីនឹងគ្នាទេប៉ុន្តែពេលនេះ រឿងដែលមានបញ្ហាគឺថាឫទ្ធីស្រាប់តែ​បាត់ខ្លួនទៅណា ហើយមកវិញលឹបលដូចចោរ?
ហេតុអីមកលបមើលនៅបង្អួចហើយរត់គេចនៅពេលដែលគេឃើញ?
«កើតស្អីឯង?!»
ខ្ញុំស្រែកសួរប្អូនជីដូនមួយខ្ញុំម្នាក់នេះ នៅខណៈពេលដែលបេះដូងខ្ញុំពិតជា មានសំណួរច្រើនជាងនេះទៅទៀតតែហាមិនចេញ។
ហាស្លាក់ខ្ជាក់ស្លែងមែន!
ស្រាប់តែបងសាំងឆ្លើយមកផូងជំនួសឫទ្ធី៖
«អ្ហែងដាក់ស្អីក្នុងផ្ទះអាស៊ុន?!»
នៅពេលដែលប្អូនខ្ញុំមិនទាន់បានឆ្លើយនៅឡើយ ហើយនៅអង្គុយស្ងៀមនៅលើគ្រែ មិនឮមាត់ មិនឮក ខ្ញុំពិបាកចិត្តជាខ្លាំង។ ខ្ញុំចាប់ផ្ដើមហើបមាត់៖
«ប្រាប់មកភ្លាម! មានរឿងស្អីឯង? ហើយឯងធ្វើអីអាស៊ុន? កាហ្វេនោះ ឯងជាអ្នកដាក់អំពើឱ្យវាផឹកមែនអត់? ឯងដាក់អំពើស្អីឯង? អញឆ្ងល់ណាស់ មួយព្រឹកហើយឯងទៅណា? ឯងធ្វើអីប្លែកៗ លឹបលម៉េះ? ដឹងថាគេកំពុងនិយាយរឿងអំពើមន្តអាគមហើយ ឯងចូលមកលបស្ដាប់អី?»
ខ្ញុំសួរញាប់ទាំងខឹងចិត្ត​ពេក។
ស្រាប់តែ​ប្អូនខ្ញុំចាប់ផ្ដើមលើកដៃជូតទឹកភ្នែក។ នេះគឺជាលើកដំបូងដែលខ្ញុំឃើញឫទ្ធីយំ។ ខ្ញុំស្លុតចិត្ត​ចំហមាត់ម្នាក់ឯងសម្លឹងអាការៈវា។
មិនថាប្អូនជីដូនមួយរបស់ខ្ញុំត្រូវឬខុស ប៉ុន្តែខ្ញុំនៅតែជឿថាមានហេតុផលអ្វីម្យ៉ាង នៅពីក្រោយការយំយែករបស់វា ដែលទាមទារឱ្យខ្ញុំជាបងម្នាក់នេះត្រូវដោះស្រាយ។
«ប្រាប់អញ! ឯងមានរឿងអី!»
«មិនមែនខ្ញុំទេគឺអាពីន»
ខ្ញុំនឹកឃើញភ្លាមដល់សង្សារថ្មីរបស់ឫទ្ធីដែលប្អូនខ្ញុំប្រាប់កាលពីព្រឹកថា «ឈឺ មិនបានមកជាមួយ»។
ពេលខ្ញុំស្រឡាំងកាំង នៅស្ងៀមមិននិយាយទៀតរួច ឫទ្ធីអណ្ដឺតអណ្ដកលើសដើម។ ដោយ​ឃើញវា​និយាយមិនចេញ ធ្វើឱ្យខ្ញុំតឹងទ្រូងស្ទើរប្រេះ ស្រាប់តែភ្លាមនោះ លោកតាឯមក្រោកក្រេសដើរមកក្បែរហើយនិយាយមកកាន់បងប្អូនខ្ញុំពីរនាក់ថា៖
«ដូច្នេះហើយបានជាតាឃើញសក់មនុស្សស្រីនៅក្នុងអណ្ដូងនោះ! ឯងបានប្រើសក់មនុស្សស្រីនោះបញ្ចៀសនូវ តម្កាត់របស់នាងឱ្យមកស៊ុន?»
ខ្ញុំហួសចិត្តបើកភ្នែកធំៗសម្លឹងឫទ្ធី។ អាកប្បកិរិយាទុយមុយ ដែលឈ្ងោក​ជាប់ គ្មានហ៊ានមើលមុខអ្នកណាទាំងអស់គឺឫទ្ធីច្បាស់ណាស់ ផ្តល់ចម្លើយមិនបដិសេធស្រាប់ទៅហើយ។
បងសាំងខឹងណាស់ គាត់ចង្អុលមុខវា ទាំងដែលប្អូនខ្ញុំមិនបាន​ងើបមុខមកមើល។
«អញប្រាប់ឯង បើប្អូនអញ​មានរឿងអីកើតឡើង ឯងនឹងដឹងគ្នាជាមួយអញអាឫទ្ធី!​ អាមនុស្សទេវទត្ត អាចង្រៃ! លោកតាចាំអីទៀតលោកតា ដោះស្រាយទៅលោកតា! ជួយដោះស្រាយឱ្យប្អូនខ្ញុំហើយបញ្ជូនកម្មពៀរទាំងអស់ ឱ្យអ្នកណាធ្វើអ្នកនឹងទទួលទៅ!»
ខ្ញុំចាប់ផ្ដើមលូកមាត់ទៅឃាត់ភ្លាម៖
«ឈប់ៗៗ! លោកតា តាកុំធ្វើតាមកំហល់ ដើម្បីសុខសប្បាយទាំងអស់គ្នា ឱ្យខ្ញុំនិយាយដឹងរឿងពីវាច្បាស់សិនលោកតា!»
បងសាំងហាក់មិនសប្បាយចិត្តជាខ្លាំងគាត់ស្ទុះមកប្រុងសម្លុតឫទ្ធីទៀត ប៉ុន្តែស៊ុនស្រែកឃាត់គាត់៖
«បងសាំង បានហើយបង! មកអង្គុយវិញ​បង!»
ខ្ញុំយល់ចិត្តបង​ប្រុសរបស់ស៊ុនម្នាក់នេះដោយសារតែ​សេចក្តី​អន្ទះសានិងស្រលាញ់ប្អូន​ខ្លាំង ណាមួយគាត់ធ្លាប់ថែវាកាលពីក្មេង​ផ្ទាល់ដៃ ​កាលវាប្រកាច់ម្តងៗ បានជាពេលនេះ គាត់មួម៉ៅហួងហែងនិងឈឺចាប់ ចំពោះអាកប្បកិរិយា​សំដីសំដៅរបស់ឫទ្ធី ក៏ដូចជា​ទឹកមុខសារភាពមិនចាំបាច់មាន​វាចា។
ការបង្ហាញ​ភាពកំសាកនិង កម្សោយ​របស់វា ក៏ដូចជា​អាកប្បកិរិយាខ្មូរមុខរបស់ឫទ្ធីពេលនេះ សមណាស់នឹង​ធ្វើឱ្យគ្រប់គ្នា​ខឹង​ សូម្បីតែខ្ញុំក៏ខឹង​ដែល​សួរមិននិយាយ​គិតពីយំដូចមនុស្ស​ស្រី។
ប៉ុន្តែទោះបីយ៉ាងណាក្រឡេកទៅបងសាំង​ឃើញគាត់សម្លឹងមកខ្ញុំដូចជាបង្ហាញ​ថាគាត់មានការសោកស្ដាយចំពោះទង្វើឆេវឆាវមុននេះ។
គាត់ច្បាស់ជាយល់ហើយថា ខ្ញុំក៏ជាបងប្រុសម្នាក់។​ គាត់គិតប្អូនគាត់ប៉ុនណា ខ្ញុំក៏ដូចគ្នា។ ចិត្តថ្លើមរបស់ខ្ញុំចំពោះស៊ុន គ្រួសាររបស់ស៊ុនគួរតែយល់ច្បាស់ណាស់ ដូច្នេះហើយខ្ញុំចាប់ផ្តើមនិយាយមួយ​ៗ៖
«ឫទ្ធី! អ្ហែងនិយាយរឿងទាំងអស់មកភ្លាម! សារភាពឱ្យអស់ក្រែងលោកតានៅទីនេះគាត់អាចជួយបានខ្លះ! គាត់មានមន្តអាគមពូកែខ្លាំង ដឹងរឿងពិតគ្រប់យ៉ាង​! មិនបាច់អ្ហែងយំសោក​ នៅស្ងៀមស្មានថារួចខ្លួន? ហេតុអីបានជាធ្វើអ៊ីចឹង? ឈ្លូសងាប់ហ្នឹង អ្ហែង​ជាអ្នកដាក់? អណ្ដូងនោះឯងជាអ្នករកឃើញពីថ្មើរណាមក អញកោតណាស់អ្ហា៎!»
ភ្លាមនោះ ឫទ្ធីហាក់ស្ទុះស្ទា រកច្រកចង់រត់គេច។ ខ្ញុំស្ទុះទៅពាំងមាត់ទ្វារ មិនឱ្យចេញបាន។ បងបងសាំងវិញ​ ស្ទុះទៅទាញវាបានមុនខ្ញុំទៀត។
«ទៅណាមិនបានទេ! ត្រូវនិយាយឱ្យច្បាស់លាស់សិន!»
គាត់ព្រមាន​។
ឃើញតែ​ទឹកមុខវា ក៏ដឹងថាប្អូនខ្ញុំម្នាក់នេះកំពុងតែ​លាក់រឿងរ៉ាវស្មុគស្មាញជាច្រើនក្នុងចិត្ត ដូច្នេះហើយខ្ញុំចាប់ផ្ដើមបិទទ្វារចាក់សោឡើងវិញជាប់ ហើយខ្ញុំដើរមកនិយាយខ្សឹបៗជាមួយ​វា៖
«បើសិនជាឯងចេញទៅ! ទៅបាន! ប៉ុន្តែត្រូវដឹងថា លោកតាឯមនេះ​ក៏ពូកែណាស់ បើសិនជាគាត់កែខៃលើកញ្ចប់ទាំងបួននោះ គ្រោះភ័យទាំងអស់នឹងវិលត្រឡប់លើសដើមទៅរកម្ចាស់វាវិញ គឺខ្លួនឯងនេះហើយ ឯងជាជាអ្នកដាក់អំពើហ្នឹងអត់ បើមែនអញមិនដឹងជួយឯងវាម៉េចទេ! កុំលេងសើច!»
ឫទ្ធីចាប់ផ្តើមទន់ដៃជើង ទៅជាឡេះឡះ ថយអង្គុយប៉ុកលើគ្រែពូក នៅក្រោមភ្នែកពោរពេញទៅដោយកំហឹងរបស់បងសាំង។
ចំណែកអាស៊ុនវិញ ខ្ញុំក្រឡេក​ទៅ ក៏ឃើញវាលើកដៃទ្រក្បាលទាំងមួម៉ៅសៅហ្មងក្នុងចិត្ត ពីព្រោះវាមិនដែល​នឹកស្មានថា មក​មានរឿងជាច្រើនកើតឡើងបាន​ព្រោះដៃ​ឫទ្ធីដែលវាបានទុកចិត្តបំផុត ឱ្យចេញចូលផ្ទះដូចបងប្អូនបង្កើត​។
«ម៉េចបានឯង ក្លាយទៅចង្រៃ​ដល់ថ្នាក់នេះ អាធី! អញទុកឯងជាប្អូនអាធី!»
ស៊ុនឡូឡា​ដូចលីលាព្រោះសេចក្តីទោមនស្ស។
ខ្ញុំនៅស្ងៀមរេភ្នែកចុះឡើងរកមធ្យោបាយ។
អ្នកដែលដាក់កញ្ចប់ទាំង៤ក្នុងបំណងធ្វើបាបគេឯងដល់ថ្នាក់នេះ គឺ​គិតទៅ ជាការរៀបគម្រោង​ធ្វើរឿងប៉ះពាល់​ដល់អាយុជីវិតរបស់ស៊ុន ដែលជាមនុស្សរាប់អានគ្នាដូចបងប្អូនបង្កើត។
«ឯងធ្វើអ៊ីចឹងទៅកើតដែរក្មួយ?!»
នេះជាពាក្យ​បន្ទោរ​យ៉ាង​ឈឺចាប់ ក៏ជាសម្ដីលាន់ឡើង​យ៉ាង​កម្រពីមាត់ឪពុករបស់ស៊ុន។ ព្រោះតែគាត់ឈឺចាប់ ខ្ញុំដឹងណាស់។
ចិត្ត​ទ្រុស្ត​របស់ឫទ្ធីលើសេចក្ដីរាប់អាននៃគ្រួសារគាត់ បានធ្វើឱ្យគ្រប់គ្នាស្រងាកចិត្ត។ កុំថាឡើយពួកគេ ខ្ញុំក៏ពិបាក​ទប់ចិត្ត​អត់ឱនឱ្យវាកើតដែរ។
ឫទ្ធីភ្លាមនោះចាប់ផ្ដើមលុតជង្គង់ផ្តោមៗពីមុខ​ពុករបស់ស៊ុន៖
«អ៊ំអើយ ខ្ញុំអត់ចង់ធ្វើអ៊ីចឹងទេអ៊ំ! ខ្ញុំអត់ចង់ធ្វើទេ ប៉ុន្តែអាពីនវាជិតស្លាប់ហើយ សូមអ៊ំអត់ទោសឱ្យខ្ញុំផង!»
ថាហើយវាចាប់ផ្ដើមយំគគ្រូកដូចក្មេង។
នៅពេលនេះហើយដែលយើងចាប់ផ្តើមដឹងរឿងដ៏គួរឱ្យហួសចិត្តមួយ គឺថាមុននេះជាងមួយ​
សប្ដាហ៍ ឫទ្ធីនិងអាពីនបានមកលេងនៅរីសតមួយក្បែរៗភូមិនេះដែរ ​តែមិនមែន​កន្លែង​ដែលខ្ញុំកំពុង​ស្នាក់​នេះឡើយ។
អាពីនដែលជាសង្សាររបស់វា បានស្រលាញ់គ្នាថ្មីៗ​ ដែលមិននឹកស្មាន​ថា​វាស្រលាញ់គេលើកនេះ​ងប់ងល់ខ្លាំង ដល់ថ្នាក់មកធ្វើរឿងថោកទាបបែបនេះបាន។
«អាពីន វាបានជេរប្រទេចឡានក្រុងមួយបើករ៉េវលឿនមកពេល​កំពុងឈរថតរូបក្បែរផ្លូវជិតព្រៃឫស្សី! ស្រាប់តែឡាន​នោះមិនទាន់ជិះចេញផុតផង ក៏​រលាយខ្សុលបាត់ស្រមោលទៅក្នុងធម្មជាតិ! យប់ឡើងអាពីនចាប់ផ្ដើមក្ដៅខ្លួនក្រហល់ក្រហាយ ហើយក៏ជ្រុះសក់!»
ឫទ្ធីនិយាយ​ធ្វើឱ្យលោកតាឈរស្កុបស្តាប់​ពិចារណាកណ្តាលបន្ទប់។
«ចាប់ពីពេលនោះ វាស្រែកឡេះឡះដូចមនុស្ស​ត្រូវខ្មោចចូល! ហើយ​ចង់តែលាបមុខដូចតួល្ខោន អ្នកក្នុងផ្ទះភ័យណាស់!​ ពុកអាពីនគាត់មានស្គាល់ អ្នកចេះផ្លូវងងឹតម្នាក់ មកពីខេត្តផ្សេង​ក៏ទៅរកគេភ្លាមៗ គាត់បានគន់គូរមើលឃើញថាពីនបានឃើញឡានក្រុងមួយ ដែលជាឡានគ្រោះថ្នាក់ចរាចរណ៍បាត់ដំណឹង​យូរមកហើយ!»
តាឯមងក់ក្បាល។
តាមរយៈរឿងនេះ​យើងទាំងអស់គ្នា​ត្រូវបាន​គាត់ពន្យល់ហូរហែរមកថា ប្រមាណជាម្ភៃឆ្នាំមុនមានពាក្យចចាមអារ៉ាមថា មាន​ឡានក្រុងមួយ ដឹកជញ្ជូន​ក្រុមអ្នកសម្តែងល្ខោន ឡើងទៅភូមិលើៗសម្តែង​។
តែនៅពេល​ដែលបានមកឈប់សំចត នៅមុខរីសតនេះ ដែលកាលណោះនៅជា​ព្រៃនៅឡើយ ពួកគេបាន​ចុះបន្ទោរបង់និងស្រែកច្រៀងជាពាក្យដៀមដាម​ឡូឡាផ្សេងៗជាការសើចលេងសប្បាយ។
ដោយឃើញមាន​អណ្តូងមួយ នៅជ្រងោរចោល ក្នុងនោះមានម្នាក់ដែលដើរតួស្តេច បានអ្នកនិយាយពាក្យប្រមាថថា អ្នកណាក្នុងអណ្ដូង មានឬទ្ធិដែរ ចេញមក ស្តេចចង់ជួប។
តំណាលអ្នកភូមិនេះ​បានប្រាប់តៗគ្នាថា ដោយសារ​អណ្តូងនោះ មើលទៅមានទីតាំងនៅទិសខាងលិចផ្លូវ តាមជំនឿតំបន់នេះផ្ទាល់​គេ​ជឿថា នឹងមានអ្នកថែរក្សាមិនអាចនិយាយផ្តេសផ្តាសទេ ព្រោះបើជាវិញ្ញាណល្អបានបួសរៀន ក៏មិនថ្វី​តែ បើលោជាវិញ្ញាណអាឃាត​នឹងមានគ្រោះធំ។ អ្នកខ្លះទៀតក៏គិតថា គ្មានអ្វីគួរឱ្យខ្លាច ដូច្នេះពាក្យប្រមាថនៃអ្នកសិល្បៈលើឡានក្រុងនោះបានធ្វើឱ្យគេជឿថា យប់​ដែលឡានក្រុងនោះបាត់ដាន នៅត្រង់មាត់ជ្រោះ​គឺ​បាន​រងគ្រោះថ្នាក់ចរាចរណ៍ គ្មានសល់ដាន ដោយ​គ្មាន​អ្នកណាដឹងថាឡាននោះទៅភ្លាត់ធ្លាក់នៅបាតជ្រោះតំបន់ណា នៅម្ដុំណាទេ ប៉ុន្តែគេដឹងថា អ្នកទាំងអស់នៅលើនោះ មិនដែលបានទៅដល់ភូមិលើសម្តែង ឬ​ឃើញបាន​វិលត្រឡប់ទៅផ្ទះវិញឡើយ។
រឿងឡានក្រុមល្ខោនដែលបាត់ដំណឹង បន្ត​ជារឿង​មិនស្ងាត់រហូតដល់ សាច់ញាតិរបស់អ្នកនៅក្នុងឡានទាំងអស់បានទៅមើលអ្នកបញ្ជាន់រូប ទើបឮសូរសំឡេងយំសោករបស់អ្នកនៅក្នុងឡានប្រាប់ថា ដោយសារ​ពួកគេបាននិយាយពាក្យប្រមាថចំអណ្ដូងមួយ ដែលជាអតីតកន្លែងមានអំពើឃាតកម្មក្រុមគ្រួសារព្រានព្រៃរាប់រយឆ្នាំមុនមក។
ក្រោយមកទៀត នៅរៀងរាល់យប់ដប់ប្រាំរោចដែលជារនោច​ធំ ងងឹតចាក់ភ្នែក  មានអ្នកភូមិអះអាង​ថា បានឃើញឡានក្រុងនោះម្ដងម្កាល។ គេតំណាលថា បើកាលណាឡាននោះឃើញមនុស្ស វានឹង​ឈប់ ហើយ​បោះដៃឱ្យយើង​ឡើងជិះ។ អ្នកណាក៏ដោយឱ្យតែបានឆ្លើយឆ្លងជាមួយមនុស្សក្នុងឡាននោះនឹងចាប់ផ្ដើមគ្រុន​រយៈពេលបីថ្ងៃដល់ជ្រុះសក់ស្លាប់ប្រសិនបើមិនមានគ្រូបាអាចារ្យណាអាចស្វែងរកវិធី​ជួយរំដោះបណ្តាសាឱ្យបាន។
ឫទ្ធីបានប្រាប់ទៀតថា ដោយសារតែយប់នោះឪពុកនាងពីន បានរកឃើញហេតុភេទជាក់ស្ដែង តាមរយៈអ្នកចេះរបៀន គាត់ក៏បានមកដល់ភូមិក្បែរនេះផ្ទាល់ដើម្បីស្វែងរកវិធី​ជួយកូនស្រី។ ​គ្រូនោះ​ដោយចេះ «របៀនកម្រើក​ដី» ក៏ទីបំផុត​ធ្វើពិធី​បានត្រូវក្បួន និងរកឃើញ​អណ្តូងនោះ នៅ​ក្រោមគំនរដី ក្រោយរីសតថ្មីមួយនេះ។
ដោយលាក់ការស្ងាត់ៗ គ្រូនោះជាមួយនឹងក្រុមបក្សពួករបស់ឪពុកអាពីនបានមករៀបចំ​ធ្វើវិធី បង្វែរអំពើ លើអតីតដាន​ស្នាមនៃអណ្ដូងខាងលិច ដែលជាកន្លែងដើមនៃអ្នកដែលបង្កគ្រោះថ្នាក់ទៅលើឡានក្រុងនោះ ដូច្នេះហើយ គ្រូនោះជឿថា វិញ្ញាណទាំងអស់នៅលើឡានក្រុងនោះ នៅតែខ្លាចវិញ្ញាណអណ្តូង ដែលធ្វើឱ្យពួកគេគ្រោះថ្នាក់ចរាចរណ៍ស្លាប់។
គេបានធ្វើពិធីនៅអណ្ដូងខាងលិច ឱ្យមនុស្សក្នុងឡានទាំងអស់ ឈប់ចងចាំអំពីរឿងអាពីនជេរប្រទេចដោយបង្វែរមក គិតដល់មនុស្សថ្មីគឺជារូបថតរបស់អាស៊ុន។
«ហេតុអីបានជាឯងយករូបថតអញអ្ហះ? មនុស្សមួយគំនរហេតុអីបានឯងរើសយកអញ? មិនដាក់រូបឯងទៅ?»
ស៊ុនស្រែកសួរព្រោះខឹង និងភ័យខ្លាចព្រមគ្នា។
កុំថាវាជាអ្នករងគ្រោះ​ផ្ទាល់ តែខ្លួនខ្ញុំនេះ ដែលអង្គុយ​ស្តាប់ដំណើររឿងសោះ ក៏​កើតចិត្ត​ខ្លាចព្រឺដែរ​។
​ឫទ្ធី​ដ្បិត​តែ​មិនហើបមាត់ផ្តល់ចម្លើយ តែយើងគ្រប់គ្នា​យល់ថា ​មនុស្ស​យើង​តែកាលណា ទ័លច្រកហើយស្រលាញ់ងប់ងល់ អ្វីក៏លែងខ្លាច អំពើអ្វីក៏ហ៊ានធ្វើ។ ដូចគ្នា​នឹងអាប្អូន​ចោលម្សៀត​ម្នាក់នេះ ខ្ញុំសម្លឹងទៅវា ដែល​មិនមាត់ស្ងាត់ដូចគេចុក គិតតែពីសំពះអ៊ំផ្តោមៗ  ខ្ញុំគ្រវីក្បាល ហួសចិត្ត​ដែលវាក្លាយមកជាឃោរឃៅនិងថោកទាបឥតខ្មាសបែបនេះ​ បាន​ដោយសារតែ​មនុស្ស​ស្រីម្នាក់។
កំហុសរបស់វាធំ ដល់ថ្នាក់ខ្ញុំមិនអាចនឹងលើកលែងឱ្យវាផង កុំថាឡើយអ្នកណាផ្សេង ឬអាស៊ុនដែលគ្នា​រងគ្រោះគ្មានកំហុស។
«ហើយនៅតែបន្តិចទៀត សូម្បីតែអញ ក៏អ្ហែងសម្លាប់ចោលដើម្បីសង្សារអ្ហែងដែរអាធី!»
ខ្ញុំនិយាយទាំងខាំមាត់។
ស្រាប់តែ អាប្អូនត្បាញអាយបំបែរមកលុតជង្គង់សំពះខ្ញុំផ្តោមៗ៖
«បងតារា! បងតារា ត្រូវជួយអាពីន! ខ្ញុំមិនគិតពីខ្លួនខ្ញុំទេបង! បងជួយអាពីនផងបង!»
ខ្ញុំមិនខ្វល់ដាច់ខាត!​
ខ្ញុំខឹងខ្លាំងណាស់ នៅតែបន្តិចទៀត ខ្ញុំដៀលវាថា «អាងប់ស្រី» ទៅហើយ គឺងប់​រហូតដល់ថ្នាក់ចោលមុខមាត់គុណធម៌អស់រលីង ប៉ុន្តែខ្ញុំទប់ចិត្តបាន ខ្ញុំមិននិយាយ តែតាំងចិត្ត​ថាក៏មិនរវល់នឹងឈ្មោះពីនស្អី​ ដែលវាលើកមកជាហេតុផលម្ដងហើយម្ដងទៀត ក្នុងការ​ធ្វើអំពើលីលានេះទេ។
រហូតដល់ថ្នាក់ព្រមឱ្យខ្លួនឯង ក្លាយមកជាមនុស្សទ្រុស្តក្បត់ មនុស្សអាសិរពិសយ៉ាងនេះ ព្រោះតែចង់ឱ្យសង្សាររស់ ព្រមលះបង់មនុស្ស​ដែលគេខំទុកចិត្ត​ខ្លួន?
ខ្ញុំងាកទៅរកលោកតាឯមហើយនិយាយហ្នឹងគាត់៖
«សូម​លោកតាជួយរកវិធីផង ពេល​ជ្រាប​ដើមហេតុទាំងអស់ហើយ មេត្តាជួយរកវិធីឱ្យអាស៊ុនសុខសប្បាយដូចដើមវិញ ដោះអំពើទាំងប៉ុន្មានដែលប្អូនឆ្កួតលីលារបស់ខ្ញុំ បានធ្វើតាមគ្រូរបៀនដ៏អាត្មានិយម​ពីចម្ងាយម្នាក់នោះ!»
ពេលនោះលោកតាដែលបាន​វិលមកអង្គុយ​ក្បែរស៊ុន ចាប់ផ្ដើមសញ្ជឹងគិត។  យូរៗម្តង​ គាត់ដៀងភ្នែកទៅរក​ឫទ្ធី​ដែលកំពុងតែអង្គុយយំ។
«តាឱ្យរបស់មួយដល់ចៅ!»
ប្អូនចង្រៃរបស់ខ្ញុំស្ទុះមក​ទទួលភ្លាមតែម្តង។
«ចៅយករបស់នេះទៅឱ្យមនុស្សស្រីដែលជាប់ពាក់ព័ន្ធជាមួយឡានក្រុងនោះសិនទៅ! ដើម្បីការពារខ្លួនបណ្តោះអាសន្នបន្លាយពេលវេលា! បន្ទាប់ពីដោះស្រាយរឿងនេះ ទីនេះរួច តានឹងជួយរកមើលថា តើនឹងមាន​ក្បួនណាដែល មកដោះស្រាយជាមួយនឹងរឿងឡានក្រុងនោះបាន!»
គាត់ហុចក្រដាសមួយទៅវា ឫទ្ធី​ទទួលយកដោយដៃពីររញីរញ័រដូចមនុស្ស​មិនគ្រប់ទឹក។
«ពេលនេះ តាត្រូវជួយចៅស៊ុនសិន ហើយការជួយនេះនឹង​ធ្វើឱ្យអ្វីៗទាំងអស់បកទៅរកអ្នកដែលធ្វើអំពើ ខ្មោចឈ្លូស គឺសងទៅម្ចាស់ដើមវិញ!»
ឫទ្ធីទ្រហោយំ​។​ អាប្អូន រហេមរហាមរបស់ខ្ញុំ ទទួលយកក្រដាសបាលីដែលលោកតា​ចារឱ្យ។ ពេលនេះខ្ញុំលួចគិតថា ប្រហែលជាកាលវិលទៅផ្ទះមុននេះ លោកតាសមាធិដឹងរឿងមុនទៅហើយគឺ តាំងពីពេលគាត់ចេញជិះម៉ូតូទៅជួបជាមួយគ្នាគាត់ទាំងបីនាក់ម្ល៉េះ ម្ល៉ោះហើយគាត់បានជាគាត់ប្រគល់វាពីហោប៉ៅទៅឱ្យឫទ្ធី។
«ឆាប់យកទៅឱ្យឈ្មោះពីននោះទៅ!»
គាត់បញ្ជាក់។​
បានអ៊ីចឹងកាលណា​ ខ្ញុំក៏ធ្វើជា​បណ្ដេញវាចេញ ជម្លៀសឫទ្ធីចេញពីបន្ទប់នេះ ដើម្បីបញ្ចប់នូវបណ្តា​សេចក្ដីអៀនខ្មាសទាំងអស់​របស់ខ្ញុំចំពោះគ្រួសារស៊ុន ក៏ដូចជាបញ្ឈប់ មិនចង់ឃើញមានការប្រទូសរ៉ាយណាមួយកើតឡើងរវាងបងសាំងទៅលើវានោះដែរ។
ឫទ្ធីចាកចេញវឹង។
ដូចពាក្យសន្យា លោកតាបានរៀបចំពិធីទៅតាមក្បួនរបស់គាត់។
សម្រាប់ខ្ញុំ លោកតាឯមគឺជាចាស់ជាន់ដើម ដែលមានរបៀនមកមុតជ្រៅជ្រះ ប្រកាន់ហេតុនិងផលពិតប្រាកដ​។ លោកមានចំណេះដឹងខ្ពស់ លើការយល់ឃើញ វិភាគ អំពីវិធីដោះស្រាយ ទៅលើគ្រោះកាចទាំងឡាយ ដែលត្រូវបានប្រើឡើងតាមមធ្យោបាយខ្មៅងងឹតនានា។
រឿងដែលអស្ចារ្យទៀតនោះ គឺជាគាត់គឺជាមនុស្សដែលមានសន្ដានចិត្តល្អ ស្លូតបូត យោគយល់ខ្ពស់ ក្លាយជាមនុស្សដែលខ្ញុំគោរពរហូតមក។
ដោយបានការជ្រោមជ្រែងអំពីគាត់ ល្ងាចនោះយើងបានរៀបចំពិធីចប់សព្វគ្រប់ត្រឹមម៉ោងប្រាំបីយប់​។ ពួកយើងក៏បង្គំ​សំពះលាគាត់ចុះពីភ្នំត្រឡប់មកភ្នំពេញវិញ។
បីថ្ងៃកន្លងផុតទៅ ស៊ុនធម្មតាមិនមានអ្វីកើតឡើងទេ។
ពួកយើងទាំងពីរគ្រួសារ នៅបន្តការរាប់អាន​សួរសុខទុក្ខគ្នា និងតាំងចិត្ត​នៅរក្សាបន្តោងភ្លុក ព្យាយាមសន្សំអំពើល្អឱ្យកាន់តែច្រើនឡើងៗ ដើម្បីឱ្យសកម្មភាព​ប្រចាំជីវិត ក្លាយទៅជាវត្ថុពិសិដ្ឋពិតប្រាកដ រក្សាក្តីរាប់អានមានភាពស្មោះត្រង់​។
ទោះបីជាពេលវេលាបានបំបាត់ទៅបន្តិចម្តងៗនូវរឿងទាំងឡាយដែលជាមន្ទិលឃ្នើស រវាងឫទ្ធីនិងក្រុមគ្រួសារស៊ុន ដោយខ្ញុំតាំងចិត្ត​ទុកឱ្យប្អូនសំគិះម្នាក់នេះ​ដឹងកំហុសដោយខ្លួនឯង មិនទៅមកសួរនាំអ្វី  ឱ្យសមនឹង​មនុស្ស​ចិត្ត​អាត្មានិយមដែលឫទ្ធី​ជាអ្នកចាប់ផ្តើម​មុន ស្រាប់តែនៅយប់ទីបីពេលដែលខ្ញុំកំពុងតែធ្វើ របាយការណ៍វែងអន្លាយមួយសម្រាប់ចៅហ្វាយ ខ្ញុំឮសូរកូនស្រីរមនា​និយាយ​មកប្រាប់ផ្ទាល់នឹងត្រចៀកថា​ «ប៉ាអាចជួយពូឫទ្ធីបាន»។
កូនខ្ញុំមិននៅទីនេះទេ។ ការឮរវើរវាយសំឡេងរមនា ​បានក្លាយជាធម្មតាសម្រាប់ខ្ញុំទៅហើយ តែខ្ញុំចំណាំថា ឱ្យតែរវើរវាយ​ឮអ្វីដែលនាង​ប្រាប់មក ច្រើនតែជាការពិត។
នៅសុខៗ​ ខ្ញុំទម្លាក់ដៃចោលការងារ​ហើយ   ព្រោះចិត្តនេះ​ស្រាប់តែនឹកឃើញដល់ភាពអាណោចអាធម៌ដែល​ឫទ្ធី​សុខចិត្ត​លុតជង្គង់​សារភាព និងសំពះគ្រប់គ្នាដោយវង្វេងវង្វាន់កាលនៅលើភ្នំក្បែរព្រៃឫស្សី។
តើប្អូនប្រុស​ខ្ញុំស្រលាញ់ស្រីម្នាក់នោះកម្រិតណាទៅបានជាគេក្លាយទៅជាបែបនេះ?
ដូចពាក្យថា កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ ខ្ញុំក៏សម្រេចចិត្តថា នឹងទៅរកសួរសុខទុក្ខវានៅផ្ទះអាពីន និង​បាន​មើលផ្ទាល់ថា តើមានអ្វីខ្លះដែលខ្ញុំអាចជួយបាន?
មិនទាន់រៀបចេញដំណើរផង កូនស្រីខ្ញុំបានរត់មកប្រាប់ខ្ញុំ ម្ដងណេះគឺនាងមកដោយផ្ទាល់មិនបានសមាធិសំឡេងអ្វីទៀតទេ។
«ប៉ា គ្រូម្នាក់ហ្នឹងឈ្មោះម៉ៅ!»
តាមទម្លាប់ គឺនាងនិយាយខ្លីៗ មិនមាន​ន័យពេញលេញទេ ហើយនិយាយដដែលៗបែបនេះច្រើន​ដង ទាល់តែម្តាយអើតមកពិនិត្យ​ទើបនាង​ដឹងខ្លួនដើរចេញពីខ្ញុំវិញ។
ដោយការសាកសួរឫទ្ធីតាមទូរសព្ទ បានខ្ញុំស្គាល់បងប្រុសជីដូនមួយម្នាក់របស់អាពីន ឈ្មោះ វិសាល​។  វិសាលជាទាហានម្នាក់ វ័យជាងសែសិបឆ្នាំ ​គាត់ទើបនឹង​បានច្បាប់ពីកន្លែងការងារចង់ទៅសួរសុខទុក្ខនាង​ដែរ​ ដូច្នេះ យើងក៏បានគ្នាពីរនាក់ ចេញដំណើរទៅកាន់ទីតាំងដែលអាពីនត្រូវបានក្រុមគ្រួសារនាង​បញ្ជូនទៅស្នាក់នៅព្យាបាលជំងឺ។
នោះជាភូមិមួយដាច់ស្រយាលនៅក្នុងមូលដ្ឋានខេត្តតាកែវ ចម្ងាយប្រមាណជាជាង១៥គីឡូម៉ែត្រពីខេត្ត។ ក្រោមធាតុអាកាសខេត្ត ក្តៅនិងសើម ខ្ញុំបានសុំទុកឡានចតចោល នៅផ្ទះអ្នកលក់ជី ក្បែរផ្លូវហើយដើរបន្តដោយ​ថ្មើរជើង​តាមកូន​​ផ្លូវរទេះតូច​មួយ​​ដែលអ្នកភូមិចង្អុលប្រាប់។
យើងដើរប្រមាណត្រឹម៣០០ម៉ែត្រ ដោយកាត់តាមព្រៃលិចទឹក និងវាលស្រែ ព្រមទាំងស្រះចិញ្ចឹមត្រីផងក៏បាន​ មកដល់ចុងភូមិដែលជាកន្លែងមួយមើលទៅស្ងាត់និងឆ្ងាយពីគេ ដូចជាទីរហោស្ថាន មានតែកូនខ្ទមតូចមួយ ទំនងជាគេទុកសម្រាប់អ្នកដែលដាំឈូកស្នាក់ ព្រោះព័ទ្ធជុំវិញ​ទៅដោយ​បឹងឈូកល្ហល្ហេវផ្ការីកព្រោងព្រាតគួរឱ្យចង់គយគន់។
ខ្ញុំនឹកស្រងេះស្រងោចភ្លាមថា ក្រុមគ្រួសាររបស់នាងទំនងជាបានអស់សង្ឃឹមក្នុងការ​ព្យាបាលបានជានាំនាងយកមកនៅជាមួយធម្មជាតិ ឆ្ងាយដាច់ពីគេកុំឱ្យមានពាក្យមានសម្ដីសួរនាំពីអ្នកភូមិដូចគ្នា?
យើងបានដើរកាត់ប្រមាណជាប្រាំនាទីទៀតទើបអាចរំលងតាមបណ្តាភ្លឺដីតូចវែង ក្រវៀចក្រវៀនដែលគេធ្វើឡើង​សម្រាប់ដើរឆ្ពោះទៅកាន់ ខ្ទម​មួយនោះ។
សត្វទាទាំងហ្វូងក៏បានមកដល់ឆ្លងកាត់ផ្លូវនេះដោយមានអ្នកគង្វាលម្នាក់បណ្តេញ​ពីក្រោយ ឆ្ពោះទៅកាន់ កន្លែងចិញ្ចឹមស្ថិតមិននៅឆ្ងាយពីទីនេះ មើលឃើញចុងកន្ទុយភ្នែក។
នៅពេលដែលចូលទៅកៀកមែនទែនទើបយល់ថា  នេះមិនមែនជាខ្ទមទេតាមពិតគឺជាផ្ទះឈើមួយធំ គ្រាន់សមល្មមអាចមានគ្រែបីបួននៅខាងក្នុងដែរ។
នៅផ្លូវចូល ដែលត្រូវបានបំភ្លឺដោយគែម​ពន្លឺព្រះអាទិត្យចាំងហួសពីដំបូលស័ង្កសី ខ្ញុំឃើញ​ប្អូនខ្ញុំអង្គុយសំកុករង់ចាំទៅហើយ។ មានអារម្មណ៍ថា ថ្ងៃនៅទីនេះ ដូចជាចង់តែ​ទាប​លិចទៅមុនម៉ោងកំណត់ ដូចភាពស្រងេះស្រងោចរបស់ឫទ្ធីដែរ។
«អាពីននៅឯណា! ខ្ញុំសួរវាតិចៗ»
«នៅក្នុងផ្ទះ!»
ឫទ្ធី​បែរមកដោយអំណរ ពេលឃើញពីរនាក់យើងហើយនាំផ្លូវបងជីដូនមួយខាងស្រី​ឱ្យចូលទៅមុន​។ ខ្ញុំអើតតាមស្មា​បុរសទាហាន​សម្លឹងទៅក្នុងផ្ទះដែរ។
ជាមួយនឹងពន្លឺចែងចាំងនៃព្រះអាទិត្យរៀបអស្តង្គតដែលខំប្រឹង​​ជ្រៀតចូលមកក្នុងផ្ទះនេះ​      តាម​រយៈ​ចន្លោះស្លាបព្រិលឈើ និងបង្អួចនាទិស​និរតី  ខ្ញុំអាចឃើញពីចម្ងាយ រូបរាងរបស់មនុស្សស្រីអ្នកជំងឺដេកសន្ធៃលើគ្រែឈើផ្ចឹក​។
នាង​បិទភ្នែកទាំងសងជិតហាក់ហត់នឿយ ពេលបងប្រុសជាទាហានចូលទៅអង្កុយក្បែរសួរនាំ។ បុរសចំណាស់ម្នាក់ និងស្ត្រីម្នាក់រាងទាបក្រអាញទំនងជាឪពុកម្តាយនាង ​អង្គុយស្រងូត​លើកៅអីឈើវែង ខាងត្បូងគ្រែ។
«បងឯងគេមកសួរសុខទុក្ខណាកូន!»
គាត់ប្រាប់នាង ​ធ្វើឱ្យនាង​ប្រឹងបើកភ្នែកព្រឹមៗសម្លឹងបងនាង ហើយបិទទៅវិញហាក់នឿយហត់ល្ហិតល្ហៃ។ ខ្ញុំត្រូវឫទ្ធីទាញ​មកក្រៅហើយខ្សឹបខ្សៀវ។
«ខ្ញុំអង្វរបងឯង ជួយ​អង្វរលោកតា​ឯមផង ​អាពីនមិនធូរ​សោះ!»
ប្អូនប្រុសជីដូនមួយខ្ញុំដែលស្គមកំព្រឹងលន់តួខ្ញុំ ធ្វើមើលតែខ្ញុំនេះចេះសិល៍្ប ចេះជប់?
ខ្ញុំសម្លឹងមុខឫទ្ធី ដោយមិនឆ្លើយនិងសំណូមពររបស់វានៅឡើយ បែរជាសួរវាវិញ៖
«តែពេទ្យគេថាម៉េច? ម៉េចក៏មិនបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅពេទ្យបន្តទៀត?!»
រិទ្ធីគ្រវីក្បាលធ្វើមុខល្វីងអស់សង្ឃឹម។ ដៃម្ខាងរបស់វាច្រត់ចង្កេះសម្លឹងទៅហ្វូងទានៅឆ្ងាយដាច់កន្ទុយភ្នែក ដៃម្ខាងទៀត វាសចុះឡើង ម្តងញីថ្ងាស មករឹតក្បាល។ វាហាមាត់ចង់និយាយតែស្ងាត់ទៅវិញ ទំនងជាមិនដឹងពន្យល់ខ្ញុំថាម៉េច។
ខ្ញុំអាណិតប្អូនខ្លោចចិត្ត បានត្រឹមលើកដៃអង្អែលខ្នងវា។ ឃើញ​វាខំទប់ទឹកភ្នែកបានមែន តែខ្ញុំឯណេះមានអារម្មណ៍​ថា វាកំពុង​ពិបាកជាងមនុស្ស​ហាមាត់ស្រែកយំទៅទៀត។ បានបន្តិចវានិយាយ៖
«ទៅពេទ្យម្តងណា គេថាសរសៃប្រសាទ! យកគ្នាទៅឆក់វាស់ក្បាលស្អីមិនដឹងទេ! ឆក់ឡើង មនុស្សជិតឆ្កួតមែនទែនហើយ!»
«នៅដឹងខ្លួនទេ?»
«ដឹងខ្លួនម្ដងម្កាល ប៉ុន្តែពេលយប់ខ្លះធ្វើទុក្ខខ្លាំង!»
«ធ្វើទុក្ខម៉េចខ្លះទៅ?»
«ធ្វើទុក្ខនិយាយផ្ដេសផ្ដាស! ស្រែកឡូឡា! កាច់ដៃកាច់ជើង ពេលខ្លះខមដាក់មនុស្សគ្រប់គ្នា រកតែខាំ ក្រញៅ! បើមិនយកកន្សែងក្រាស់កល់កឱ្យ អាចកាច់កខ្លួនឯងបាក់ទៅក្រោយ!!»
កិរិយាទាំងឡាយ ដែលធីបានរៀបរាប់អម្បាញ់មិញធ្វើឱ្យខ្ញុំនឹកឃើញដល់ស្ថានភាពរបស់អាស៊ុនកាលពីនៅក្មេង គឺត្រូវខ្មោចចូលដូចសភាព​នេះ​បេះបិទ។ ខ្ញុំយកដៃមកកាន់ខ្ទប់ច្រមុះ លាក់កំបាំង​សញ្ញាព្រួយបារម្ភដោយឱនសម្លឹងជើងខ្លួនឯងដែលឈូសឆាយដី។
ប្អូនខ្ញុំរៀបរាប់ទៀត៖
«ម្ដងៗ​បើចេញ​សញ្ញាគួរសង្ស័យ ត្រូវស្រូតចងដៃចងជើងជាប់ ខ្លាចកាច់ខ្លួនឯងបាក់ឆ្អឹង!»
«ហើយយកមកឆ្ងាយម៉េះ?»
«គ្រូមុននោះគេលែងមើលហើយ គេថា​ឱ្យមកនៅក្បែរទឹក ក្បែរផ្កា ជួយកាត់គ្រោះបានខ្លះ!»
ហេតុផលរបស់មិត្ដស្រីឫទ្ធីដែលនិយាយថា ដោយសារតែនាងបានជ្រុលមាត់ទៅ​ឆ្លើយឆ្លងជាមួយឡានក្រុងមួយ​នោះ ធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញដោយពាក្យសម្តីទាំងឡាយដែលទើបតែនិយាយជាមួយពូចាមតាមទូរសព្ទ នៅពេលដែលរៀបចំចេញដំណើរមកកាន់ទីនេះ។      ពេលនោះខ្ញុំដឹង​តាម​រយៈ​គាត់មកវិញដែរថា​ដើមឡើយ មីងម៉ៅដែលបានឱ្យផ្កាខ្មៅមួយទងមកខ្ញុំ ពូចាម​ក៏មុនៗមិនដែលស្គាល់មុខដែរ គឺ​ដឹងតែតាមរយៈពាក្យអ្នកស្រុកល្បី។
ទើបតែឃើញពេលដែល មីងម៉ៅគាត់បង្ហាញខ្លួនជួបជាមួយលោកតានិងយាយសក់ដាញ់នៅព្រៃឫស្សីនោះឯង​។
«ពូឮសូរមកថា ពីមុនគាត់ជាអ្នកល្បាតភូមិតែក៏ជាកូនសិស្សមន្តអាគមខាងដោះអំពើធ្មប់ កូនសិស្សលោកតាឯមផ្ទាល់ផង! គាត់ជាមនុស្សស្រីចេះយកអាសាគេ មិនមានគ្រួសារ មានចិត្ត​ក្លាហាន ជាអ្នកល្បាតសកម្មម្នាក់! យប់មួយដែលគាត់បានស៊យទៅឃើញឡានក្រុងនោះផ្ទាល់ ត្រូវគេបក់ដៃហៅឡើង គាត់ក៏ស្រែកឡូឡាថា​អញមិនឡើង! ព្រឹកឡើង​ក៏ធ្លាក់ខ្លួនឈឺដេកនឹងកន្ទេលធ្ងន់ឡើងៗ​ថ្នាំបារាំងមើលមិនជល់! គ្រូ​ម្នាក់ឈ្មោះអឿន ពេលនេះគាត់ទៅស្រុកថៃបង្រៀនរបៀនបាត់ហើយ គាត់បានរួមជាមួយលោកតា​ឯម ជួយដោះជំងឺដែលកើតព្រោះបណ្តាសាខ្មោចឡានក្រុង! តែក្រោយពីនោះដែរ គាត់ក៏បានសន្យា​នឹងមិននិយាយអំពីរឿងឡានក្រុង មិនជួយដោះអំពើអ្នកណាទៀតទាំងអស់ ដើម្បីជាថ្នូរនឹងអាយុជីវិតរបស់គាត់នៅពេលនោះ! បានអ៊ីចឹង​ទើប វិញ្ញាណទាំងឡាយនៅក្នុងឡានក្រុង យល់ព្រមជាមួយគាត់! នេះគឺជាសន្យាគ្នា រវាងគាត់និងខ្មោច​ក្រុមល្ខោន​ ដែលគេជឿខ្លាំង​មកទល់សព្វថ្ងៃនៅទូទាំងតំបន់នេះ​! ក្រោយពីនោះមក ក៏មិនដែលមានអ្នកណា​រកមីងម៉ៅឃើញដែរ គាត់ទៅនៅក្នុងព្រៃស្មសានជ្រៅម្នាក់ឯង មិនឆ្លើយឆ្លងនឹងអ្នកណាទាំងអស់»។
ដូច្នេះហើយ ដោយ​ឃើញខ្ញុំយល់អស់រឿងរ៉ាវ ​ពូចាមក៏ផ្តាំខ្ញុំស្រេចថា លោកតាឯមនឹងមិនចុះពីភ្នំនោះទេ បើសិនជាមនុស្សនៅកន្លែងផ្សេង ពិបាករកគាត់​ជួយណាស់។
ខ្ញុំងើបមុខ ដកអារម្មណ៍ មកវិញដោយ​ងាកមកនិយាយជាមួយ​ឫទ្ធីវិញ ៖
«ម៉េចមិនសាកល្បងនាំ អាពីន ទៅសុំឱ្យលោកតាឯម​គាត់មើលឱ្យ?!»
«គ្រួសារគេថា មិនចង់ឱ្យបកទៅភ្នំនោះទៀត ព្រោះគ្រូដើមដែលជួយពីដំបុងនិយាយថា​បើទៅកន្លែងដើម អាចខ្មោចមានមហិទ្ធិឫទ្ធិជាងមកឆ្ងាយ!»
គំនិតផ្ទុយគ្នាពីខ្ញុំ​មែន តែខ្ញុំគិតហើយ​ក៏​នៅស្ងៀម​មិនមានយោបល់អ្វីទាំង​អស់។ ខ្ញុំមិនដឹងថាពេលនេះត្រូវទៅផ្ទះវិញ ដោយគ្រាន់តែមកសួរប្អូនមួយភ្លែត ឬ​ក៏នៅរួមសុខទុក្ខរកវិធីដោះស្រាយជាមួយវានោះទេ។
ដោយស្មុគស្មាញ ខ្ញុំថយទៅអង្គុយចំខែងជើង គិតរឿងលើគ្រែឫស្សីសម្លឹងទៅបណ្តាបឹងឈូកដែលវែងឆ្ងាយ រាប់រយហិច​តា​​។
នៅក្រោមស្រមោលពេលចុងក្រោយនៃព្រះទនិករ ខ្ញុំនិយាយតិចៗ៖
«ឯងគិតយ៉ាងម៉េចទៀតអ៊ីចឹង?»
«ខ្ញុំប្រាប់ហើយ ខ្ញុំចង់ឱ្យបងឯងអង្វរ​លោកតាម្ដងទៀត!»
«អញនិយាយរួចហើយ គាត់មិនចុះពីភ្នំបាន គាត់ចាស់ហើយ! ជួនកាលគ្រូម្នាក់ៗគេមានក្បួនគេ គ្រាន់តែគេមិននិយាយត្រង់!»
«អ៊ីចឹងមានតែអស់សង្ឃឹមហើយ ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេបងអើយ!»
វាច្បូតមុខហើយមកអង្គុយកៀកនឹងខ្ញុំ។
ខ្ញុំឆ្លៀតសួរវិញ៖
«ចុះគ្រូមួយដែលបានបង្រៀនអាគមសត្វឈ្លូសនោះ?!»
«ដោយសារគេខឹងថា អំពើសត្វឈ្លូសត្រូវបានអ្នកដទៃរកឃើញ គាត់ឈប់រវីរវល់មើលឱ្យហើយ!»
ខ្ញុំគ្រហឹមបន្ទោស៖
«ហឹស! អារបៀបរំដោះគ្រោះអាត្មានិយម អញកោតតែឯងព្រមសំពះគេយកមកធ្វើគ្រូ? ឥឡូវរឿងធំឯងឃើញទេ ឫទ្ធី!​ កាលៈទេសៈណាក៏ដោយនៅក្នុងជីវិត​ឯងត្រូវ​មានទំនុកចិត្ត​លើផ្លូវត្រង់​និងអំពើល្អ  ឯងកុំប្រទ្រុស្តអ្នកដទៃ​យករស់ខ្លួនឯង លទ្ធផល​វាមិនដែលល្អទេ បើសាងចេញអាក្រក់នោះ!»
ឫទ្ធីទ្រោបក្បាល ខ្ញុំមិនដឹងថា វាចង់បន្ទោសខ្ញុំដែលរារាំងកិច្ចការវាហើយ​ទៅជួយអាស៊ុន ឬមួយក៏យ៉ាងណាទេ ខ្ញុំគ្រាន់តែ​ដឹងថា ឫទ្ធីកំពុងតប់ប្រមល់ខ្លាំង ដូច្នេះហើយខ្ញុំក៏សង្រួមចិត្តហើយអត់ធន់លែងមាត់ លែងក ដោយ​នៅស្ងៀមជាមួយវា។
នៅក្នុងកាលៈទេសៈលំបាកៗ បើសិនយើងមិនបានជួយអ្វី គ្រាន់តែជួយអង្គុយកំដរជាមួយគ្នាស្ដាប់ដង្ហើមតឹងតែង​ឱ្យគ្នាទៅវិញទៅមកក៏ទុកថាគ្រាន់បើដែរ។
ទោះបីយ៉ាងណាយើងជាបងប្អូននឹងគ្នា ខ្ញុំនៅតែមានអារម្មណ៍​ថា​កំពុងចម្លងការពិបាកចិត្ត រំលែកទុក្ខព្រួយជាមួយវា។ មិនយូរប៉ុន្មាន​ក៏និយាយទៅកាន់វាតិចៗ ៖
«រកបាយទឹកខ្លះទៅ អ្ហែងស្គមណាស់ ចាំអញរកមធ្យោបាយ…!»
ឫទ្ធី​ងើបមុខមកសម្លឹងខ្ញុំដោយក្តីសង្ឃឹម។ ការនេះធ្វើឱ្យខ្ញុំហួសចិត្តជាខ្លាំង។
តើ​ខ្ញុំនេះជាគ្រូហ្ម ឬក៏ជាបារមីស័ក្ដិសិទ្ធិអ្វីកាន់រូបទៅ បានជាគ្រាន់តែខ្ញុំនិយាយថា ព្រម​រកមធ្យោបាយ ស្រាប់តែ​ប្អូនប្រុសខ្ញុំបញ្ចេញ​សេចក្ដីសង្ឃឹមឡើងវិញលើផ្ទៃមុខនិងពន្លឺភ្នែកវាទៅហើយ?
ទោះបីយ៉ាងណាទឹកមុខរបស់របៀបនេះហើយ ដែលខ្ញុំចង់ឃើញ។ ខ្យល់ដង្ហើមខ្ញុំបានដកស្រួល ជាងមុនបន្តិចហើយ ខ្ញុំពិតជា​ចង់ណាស់ គឺ​ចង់ឱ្យគ្រប់គ្នាវៀរចាកចេញពីវិបត្តិនេះ ចង់ឱ្យឫទ្ធី​បានស្ងប់វិញ ដូចកាលដែលខ្ញុំចង់ឱ្យអាស៊ុនបានជាសះដូចដើមដូច្នេះដែរ។
ខ្ញុំយកដៃអង្អែលស្មាប្អូនថ្នមៗហើយនិយាយអះអាង៖
«មាន​កន្លែងណាសមាធិបានទេ បងចង់​និយាយជាមួយរមនា!»
ប្អូនខ្ញុំដៀងភ្នែកសម្លឹងខ្ញុំ។ នេះគឺជាអាថ៌កំបាំងរវាងបងប្អូនយើងទាំងពីរ។ កន្លងមករមនា​និងឫទ្ធីត្រូវគ្នាណាស់​។ តាំងពីក្មេងរហូតដល់ធំ នៅពេលដែលរមនាមានបញ្ហានិយាយស្តីផ្ដេសផ្ដាសដូចជាមាន អ្នកចូលរូប មានតែខ្ញុំនិងឫទ្ធីដែលបានដឹងរឿងនេះច្បាស់ ព្រោះខ្ញុំមិនអាចចែករំលែក ជាមួយនឹងស្រីលាភបាន។
ឫទ្ធីគឺជាពូម្នាក់ដែលខ្ញុំទុកចិត្តថាស្រឡាញ់រមនាខ្លាំង មានតែពេលចុងក្រោយនេះទេ ដែលរមនាបានស្រែកឡើងថា ពូកុំ! ហើយបាននិយាយប្រាប់ខ្ញុំនៅមាត់ទ្វាររីសតថា ឫទ្ធីជាអ្នកធ្វើអំពើដាក់ស៊ុន។
ខ្ញុំដឹងថា រមនានិយាយទៅតាមអ្វីដែលនាងមើលឃើញ។ កូនខ្ញុំអាចមើលឃើញអនាគត ឬមួយក៏កូនខ្ញុំអាចមើលឃើញអ្វីមួយដែលទាក់ទងសំខាន់ជាមួយនឹងដំណោះស្រាយរបស់ខ្ញុំ។
ខ្ញុំនិយាយជាមួយឫទ្ធីជាមួយស្នូរដង្ហើមវែងៗរបស់វា៖
«បងមិនដឹងថា ពន្យល់ឯងយ៉ាងម៉េចទេ ប៉ុន្តែបងចេះតែមានអារម្មណ៍ថា អ្វីមួយដែលបងកំពុងតែតាំងចិត្តដោះស្រាយ គឺ​កូនស្រីរបស់បង បានជួយដោះស្រាយឱ្យ ជាពិសេសរឿងផ្លូវងងឹតដូច្នេះបងសន្យាជាមួយឯង នៅមុខបឹងឈូកនេះថា បងចង់ណាស់ ចង់ឱ្យឯងបានសប្បាយចិត្ត​ដូចដើមហើយរៀបការជាមួយមនុស្ស​ដែលឯងស្រលាញ់!»
ប្អូនខ្ញុំស្រក់ទឹកភ្នែក ប៉ុន្តែទឹកមុខហាក់ពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយ​លើកដៃជូតទឹកភ្នែកផង ពេលឮខ្ញុំអះអាង។
«ឥឡូវបងឯងត្រូវការកន្លែងស្ងាត់មែនទេ?!»
គេនាំខ្ញុំទៅដល់មាត់បឹងនៅឆៀងក្រោយផ្ទះបន្តិច។  ទីនេះស្ងាត់ល្អ ធម្មជាតិស្រស់បំព្រង  នាពេលថ្ងៃហៀប​​អស្ដង្គត​​រឹតតែស្មើផ្ទាំងគំនូរ។
ខ្ញុំបានឃើញ ខ្នងឫស្សីមួយប្រវែងជាងប្រាំម៉ែត្រលយឡើងទៅក្នុងទឹក ទំនង​ប្រហែលជាម្ចាស់ផ្ទះបានធ្វើសម្រាប់ចុះទៅដងទឹកប្រើឬមួយក៏ងូត​បោកគក់អ្វីមិនដឹង ក៏ចង្អុលទៅកាន់ទីនោះ ហើយ​តម្រង់ទៅ​អង្គុយសមាធិ​ដោយដេញឫទ្ធី​ឱ្យឡើងទៅចាំនៅលើវិញ។
ប្អូនខ្ញុំនៅឈរពីចម្ងាយ តាម​មើលខ្ញុំ។ ខ្ញុំឯណេះ​ចាប់ផ្តើមបិទភ្នែកហើយអង្គុយដូចជាមនុស្សសមាធិ មាត់​ខ្ញុំបានទន្ទេញចិះឡើងថា «ម្ចាស់ទឹកម្ចាស់ដី ស័ក្ដិសិទ្ធិទាំងឡាយ សូមឱ្យខ្ញុំធ្វើភាវនាសមាធិលើកនោះ បានហោះក្រឡឹងប៉ះទៅនឹងដំណឹង ​ពីទី​មហិទ្ធិឫទ្ធិណាមួយក៏បាន ឬទៅដល់អារម្មណ៍ញាណសាស្ត្ររបស់កូនស្រីខ្ញុំឈ្មោះឥន រមនានៅភ្នំពេញ សុំឱ្យនាងនិយាយពន្យល់មកខ្ញុំអំពីអ្នកជម្ងឺឈ្មោះពីននេះថា មានអ្វីអាចព្យាបាលបានទាន់ពេលដែរទេ?!»
ខ្ញុំអង្គុយប្រមាណជា១៥នាទី ហើយទន្ទេញឈ្មោះកូនស្រីខ្ញុំជានិច្ចប៉ុន្តែក្រៅពីសូរបោកទង្គិចនៃពពួកស្លឹកឈើស្ងួតក្រផម និងស្នូកសត្វយំនៅមាត់ច្រាំង ព្រមទាំងសូរសព្ទរលកទឹកដែលប៉ះគ្នាជាមួយស្លឹក អណ្ដែតលើជលធា គ្មានអ្វីផ្សេងទាំងអស់។
ដោយបោះបង់ចោលការសមាធិ ភ្លាមៗនោះខ្ញុំបាននឹកឃើញដល់អ្វីដែលបានជជែកលេងជាមួយពូចាមតាមទូរសព្ទ ពេលខ្ញុំនិយាយរឿងអាពីននិងឫទ្ធី គាត់ថា អាចពាក់ព័ន្ធជាមួយនឹងបណ្ដាសាពីព្រោះរហូតមកដល់ពេលនេះ អ្នកស្រុកនៅតែ​ជឿថា ឡាននោះពេលដែលធ្លាក់ទៅខាងក្រោម ស្លាប់នៅបាតជ្រោះ មិនបានធ្វើបុណ្យអ្វីក៏មិនបានទៅចាប់ជាតិ វេទនាក្នុងភាពងងឹតធ្វើឱ្យក្លាយជាវិញ្ញាណចងអាឃាតតែលតោល។ យោងទៅតាមការអះអាងថា កាលពីជាងម្ភៃឆ្នាំមុនមាន​ក្រុមគ្រួសារអ្នកស្លាប់បានទៅរកអ្នកបញ្ជាន់រូប ហើយគេបាននិយាយថាវិញ្ញាណ ស្លាប់ក្នុងឡានបានដាក់ពាក្យបណ្ដាសាដល់ រៀងរាល់យប់ដប់ប្រាំរោច អ្នកណាក្តីដែលបានឃើញឡាននេះឱ្យតែហ៊ានឆ្លើយឆ្លងជាមួយ នឹងត្រូវជួបគ្រោះអាសន្ន។ មីងម៉ៅកាលពីមុន ជាអ្នកល្បាតម្នាក់ មានសេចក្ដីក្លាហានប៉ុន្តែគាត់បានភ្លេចនូវត្រណមនេះ។ តាមថាគាត់មិនគួរឆ្លើយឆ្លងឬក៏ដៀងភ្នែកមើលឡាននោះទេ ទុកឱ្យវាទៅហួសដោយខ្លួនវាទៅចុះប៉ុន្តែគាត់បានស្រែកឡូឡាជេរប្រទេចវា ដូច្នេះហើយបានជាគាត់រងនូវបញ្ហាជាច្រើន រហូតដល់គ្រូរបស់គាត់ម្នាក់ដែលចេញទៅស្រុកថៃ និងលោកតាឯមបានរួមគ្នាដើម្បីជួយសង្គ្រោះជីវិតគាត់ ដោយសារតែមធ្យោបាយ បោកបញ្ឆោតខ្មោចវិញ្ញាណ។
នេះដូច​ជាលោកតាឆុំធ្លាប់ប្រាប់ម្តាយខ្ញុំកាលពីខ្ញុំនៅក្មេង​ៗគាត់រាប់អានគ្រួសារខ្ញុំណាស់ មានល្ងាចមួយ​យើងអង្គុយ​បរិភោគបាយជុំគ្នា គាត់ប្រាប់ថា តាមពិតអំពើវេទមន្តទាំងឡាយនៅលើលោកនេះបានចាប់ផ្តើមមុនវិទ្យាសាស្ត្រ ហើយវិទ្យាសាស្ត្រមិនដែលបំបែកបានអាថ៌កំបាំងពិតនៃអំណាចនៃមន្តអាគមទេ។ មនុស្សជាច្រើនមានការសង្ស័យថា វាជាជំនឿ​ដែលហួសសម័យ ប៉ុន្តែនៅមានព្រឹត្តិការណ៍ជាច្រើន​ដែលមិនអាចបដិសេធ ថែមទាំង​មិនអាច​ពន្យល់បាន​។
សូម្បីតែសព្វថ្ងៃនេះ ចំណាប់អារម្មណ៍និងការរៀបចំដំណើរ​ព្យាបាលរោគ នៅក្នុងជំនឿពីបុរាណនៅតែ​មានច្រើន ពិសេស​ពេលមនុស្ស​ឈឺធ្ងន់ឬមានអាការៈដែលពេទ្យសម័យមិនអាចរកឃើញ​ប្រភព​។
អ្នកស្រាវជ្រាវអះអាងថា ការពិតទៅ មន្តអាគម​នៅតែរក្សា​ខ្លួនឯងបាន​នៅសឹងតែគ្រប់ផ្នែកនៃសង្គមរស់នៅ និងគ្រប់ពេលវេលា។ វេទមន្តតែងតែបញ្ចេញឥទ្ធិពល ទៅលើមនុស្សជាប្រស្នាឱ្យយកបញ្ញាទៅដោះស្រាយ ហើយឥទ្ធិពលរបស់វាទៅលើមនុស្សជាតិត្រូវបានអ្នកវិទ្យាសាស្ត្រជាច្រើនយកទៅពិភាក្សាថា​ អាស្រ័យលើយើងព្រម​ជឿ​ព្រមស្លុង ឬមិនព្រមទទួលយក។ សូរសំឡេងស្លន់ស្លោលាន់ចេញមកពីក្នុងផ្ទះ។
ឫទ្ធីរត់ទៅមុនខ្ញុំរត់ទៅតាមក្រោយ…..
មកដល់មុខផ្ទះ រិទ្ធីចូលទៅក្នុងភ្លាម ចំណែកខ្ញុំនៅទ្រឹងត្រឹមតែ​មាត់ទ្វារ។ សំឡេងថ្ងួចថ្ងូរ ឈឺចាប់​និងកម្រោលរបស់អ្នកឈឺជាមិត្តស្រីឫទ្ធី ទោះបីថាភេទខុសគ្នាពីស៊ុន និងវ័យ​កាលវេលាមិនដូចគ្នា​តែ​ការធ្វើទុក្ខមានលក្ខណៈដូចគ្នាមិនខុសអ្វីសោះកាលពីស៊ុននៅក្មេង។
ខ្ញុំមិនចង់ចូលទៅទេ ខ្ញុំក៏មិនចង់ឃើញទិដ្ឋភាពទាំងអស់នោះ ដូចធ្វើឱ្យស្លាកស្នាមពីអតីតកាលដ៏គួរឱ្យភ័យខ្លាចមកជាប់ជំពាក់សាជាថ្មីក្នុងជីវិតបច្ចុប្បន្នខ្ញុំនោះដែរ។
ខ្ញុំបានថយចេញមកវិញ គឺសឹងមកឈរក្បែរបឹងឈូកសម្លឹងទៅវាលធំល្វឹង​កំពុងត្រឡប់ទៅក្នុងស្ថានភាពខ្វះពន្លឺព្រះអាទិត្យ។
បន្តិចទៀតស្បៃរាត្រីនឹង​គ្របដណ្តប់មកលើភពផែនដីនេះទាំងស្រុង។ នៅក្រោមភាពងងឹតងងល់ យើងមិនដឹងថា នឹងមានអ្វីកើតឡើងចំពោះគ្រួសារនេះទេ តែខ្ញុំក៏មិនមានឥទ្ធិពលអ្វីអាចកែប្រែ បញ្ហាចំពោះមុខនេះដែរ។
ទោះបីជាខ្ញុំមានបំណងចង់ជួយ ប៉ុន្តែខ្ញុំបានប្រឹងប្រែងរួចទៅហើយ។
មួយក្រឡេកភ្នែក ខ្ញុំឃើញអ្វីមួយនៅខាងស្ដាំដៃគឺនៅលើ គ្រែឫស្សីដែលមុននេះឫទ្ធីបានអង្គុយ ហើយខ្ញុំក៏បានអង្គុយចំខែងពិភាក្សាគ្នា។
នៅចំពោះភ្នែកស្រស់ពេលនេះ របស់មួយនោះបានធ្វើឱ្យខ្ញុំភ្ញាក់ព្រើតឡើង។ វាជាជាងទងផ្កាចម្លែកដែលខ្ញុំបានឃើញលើកដំបូងក្នុងជីវិត​គឺ​នៅពេលដែលដើរទៅកាន់ព្រៃកកោះនៅលើភ្នំស្វែងរកស៊ុន។
ខ្ញុំនឹកឃើញភ្លាមទៅដល់សម្ដីរបស់កូនស្រីខ្ញុំដែល​ប្រាប់ដដែលៗមុនពេលចេញមក រហូត​ដល់ខ្ញុំបានសម្រេចចិត្តថាមកមើលនាង​ដល់ទីនេះទាំងខ្លួនឯងដំឡូងមូលសុទ្ធ គ្មានអាគម អាថាន់ មួយចម្រៀក ឬ​មួយម៉ាត់ណាជាប់ប្រាណនោះទេ។
​«ប៉ា គ្រូម្នាក់ហ្នឹងឈ្មោះម៉ៅ!»
មិនរវល់ថា  អ្នកណាបានយកផ្កាមកដល់ទីនេះនោះទេ  ឬក៏ដែនចក្រវាឡនេះបានផ្តល់វាមកឱ្យខ្ញុំ  តែខ្ញុំចាប់​ផ្តើម​លូកដៃទៅពាល់បន្តោងភ្លុក​នឹកបួងសួងដល់លោកតាឆុំថា
«បើសិនជាមនុស្សឈឺខាងក្នុងម្នាក់នេះនៅមាន​អាយុសង្ខារ ពិតជាអាចជួយបាន ហើយ​បើសិនជាឫទ្ធីពិតជាមានស្នេហាស្មោះ អាចធ្វើឱ្យរំជួលដល់មេឃដីភ្លៀងខ្យល់ដូចជា វត្ថុពិសិដ្ឋ ដែលលោកតាឯមបានប្រាប់ខ្ញុំ សូមឱ្យខ្ញុំបានសម្រេចនៅក្នុងការប្រគល់ផ្កាខ្មៅមួយនេះ ទៅឱ្យអ្នកក្នុងផ្ទះ ហើយពួកគេព្រមជឿខ្ញុំ!»
ដោយ​ក្ដាប់ផ្កា​ក្នុងដៃ ខ្ញុំប្រញាប់ចូលទៅក្នុងបន្ទប់ទើមៗ។ គ្រប់គ្នាមិនសម្លឹងមកខ្ញុំទេពួកគេកំពុងស្ថិតក្នុងទុក្ខសោក។
ខ្ញុំឃើញអាពីនម្នាក់នេះ​ស្ថិតនៅក្នុងចំណង ត្រូវបានចងទាំងកដៃ និងកជើង ជាប់នឹង​គ្រែ។ នាង​បើកភ្នែកទាំងគូដែលកោងកាច មាត់ខមមកកាន់គ្រប់គ្នា ឯចុងក្រោយនាងសម្លឹងមកខ្ញុំការដោយមិនដឹងខ្លួន ខ្ញុំលើកផ្កាខ្មៅទៅបង្ហាញនៅចំពោះមុខនាង។
នាង​ស្រាប់តែ​សង្ខើញកិរិយា​ស្រែកឡូឡាខ្លាំងឡើងៗនៅពេលឃើញផ្កា។  ដៀងទៅណោះ ដៃឫទ្ធីកំពុងកាន់អ្វីម្យ៉ាង។  នោះគឺជាក្រដាស  បាលីលោកតាឯមបានប្រគល់មកឱ្យវាតាំងពីនៅលើភ្នំ។    ខ្ញុំប្រើដៃម្ខាង​ទាញយក​មក​ពិនិត្យ​​។ ក្នុងនោះមាន​ជាអក្សរគំនូរ​ក្រវៀច​ច្រើនជួរ បើទោះបីជាខ្ញុំមាន​ចិត្ត​ចង់អានសាក ក៏ខ្ញុំអានមិនដាច់ដែរ។
«ឯងយកក្រដាសនេះ​ធ្វើអ្វីដាក់អាពីនខ្លះហើយ?!»
ខ្ញុំសួរតិចៗទៅឫទ្ធី។
«ទុកក្រោមក្បាលដំណេក! តែឥឡូវនេះខ្ញុំចង់យកមកសាក​គ្របពីលើវា!»
«អ្នកណាប្រាប់ឯងឱ្យធ្វើអ៊ីចឹង?!»
«ខ្ញុំមិនដឹងទេ!​ ចេះតែសាកទៅ!»
ខ្ញុំងក់ក្បាល ដកដង្ហើមធំហើយពន្យល់៖
«នេះគឺជាផ្កា​ចម្លែក​ដែលបានជួយស៊ុននៅលើភ្នំ​! ជាផ្កាដែលយាយម៉ៅបានឱ្យមកបង! បងមិនបានយកមកតាមទេ  ស្រាប់តែឃើញនៅខាងក្រៅមុននេះ! ខ្ញុំគិតថា មនុស្សនេះយើងអាចជួយបាន អាចជួយបាន! អ្នកទាំងអស់គ្នាត្រូវគិតដូចខ្ញុំ!»
ខ្ញុំស្រាប់តែកើតអីបានជានៅសុខៗ មកនិយាយពាក្យអស់នេះចេញមកបាន គឺ​ចេញពីបេះដូង​ពិត​ៗ​តែម្តង ទាំងគ្មានគម្រោង ទាំងមិនដឹងឡើយថា ជួយនាង​ដោយវិធីណាផង?
គ្រាន់តែខណៈនេះ​ បណ្តាពាក្យសម្តីនិងបណ្តាំ​របស់​លោកតាឯមដែល​បានប្រាប់ខ្ញុំ ស្រាប់តែខ្ញុំចងចាំមកវិញបានម្តងបន្តិចៗ ​​«មន្តអាគមទាំងឡាយនៅលើលោកនេះអាចយកឈ្នះតែលើ មនុស្សដែលខ្លាចវា ព្រមចាញ់វា​តែប៉ុណ្ណោះ! បើយើងមានៈ​រឹង អ្នកមិនព្រមចុះញ៉មជាមួយវា យើងនឹងឈ្នះវាបាន!»
ខ្ញុំចាប់អារម្មណ៍ថា អ្នកឈឺដូចជាស្គាល់របស់ទាំងពីរដោយលែងធ្វើអ្វីគិតតែពីខមភ្នែកទាំងគូធំៗ រូងខ្មៅគួរឱ្យខ្លាចដូចជាមនុស្សមិនបានដេកច្រើនខែមកហើយ។​ នាងសម្លឹងមកផ្កានិងក្រដាសបាលីនៅនឹង​ដៃខ្ញុំ។ ខ្ញុំស្រាប់តែលើកបង្ហាញ​របស់ទាំងទ្វេនឹងភ្នែកនាងភ្លាមៗ ដោយតំឡើងសំឡេងគំហក៖
«អញនឹងគប់របស់ពីរស័ក្តិសិទ្ធិនេះទៅលើឯង! ឯងត្រូវចាំថា វាស័ក្តិសិទ្ធិខ្លាំងណាស់ ឯងគឺជាខ្មោចទៅក្នុងអណ្ដូងនោះ ឬមួយក៏ឯងជាមនុស្សនៅក្នុងឡានក្រុងក្ដី ចាកចេញពីរាងកាយ​នេះភ្លាម! ត្រឡប់ទៅកន្លែងឯងវិញទៅ នេះមិនមែនជាកន្លែងរបស់ឯង កាយនេះក៏មិនមែនជាកម្មសិទ្ធិ​របស់ឯងដែរ!»
ស្រាប់តែអ្នកជំងឺ​ប្រឹងបំពាន់ក្រោក​ទាំងក្នុងចំណង​មកខមដាក់ខ្ញុំ។ ខ្ញុំភ័យមួយដង្ហើម ញ័រដៃរហូតធ្លាក់ក្រដាសយ័ន្តនៅលើដងខ្លួនរបស់មនុស្សឈឺ។
ខ្ញុំមិនអាចមានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងលូកទៅរើសឡើងមកវិញទេ ដឹងអីនាងហាក់ដូចជាទន់ល្មើយ ស្មើមនុស្សសន្លប់ លែងខម លែង​ប្រឹងគ្រហឹម​ទៀត។
អ្វីម្យ៉ាងជំរុញទឹកចិត្តខ្ញុំហើយស្រែកសួរ៖
«ហើយឯងឈ្មោះអី? ឯងឈ្មោះអី? ប្រាប់អញ!»
ស្រាប់តែនាងងាកមកវិញ។ មាត់អ្នកឈឹម្នាក់នេះ បើកភ្នែកធំៗឆ្លើយមកខ្ញុំវឹងតែម្តងថា៖
«ចាមរី!»
ម្តាយនាងលើកដៃរឹតទ្រូង ចំណែកឪពុករបស់នាងធ្វើមុខស្លេកស្លាំងសឹងអុកគូទទៅលើកៅអីវិញ​។
ឈ្មោះនេះគ្មាននរណាស្គាល់ទេ ខ្ញុំឃើញអាកប្បកិរិយារបស់ពួកគេក៏ដឹងដែរ។ ខណៈឫទ្ធីថយមួយ​ជំហានព្រោះតក់ស្លុត បងប្រុសជីដូនមួយនាង​តែម្នាក់គត់នៅរក្សា​ជំហរ​ឈរក្បែរនេះដដែល​ហាក់មិនចេះភ័យខ្លាចអ្វី។
គាត់ជាទាហានគាត់មិនងាយចាញ់សម្លុតរឿងខ្មោចព្រាយស្រាប់ហើយ។
ពិធីរំដោះគ្រោះដែលខ្ញុំធ្លាប់ឃើញលោកតាឆុំជួយទៅលើអាស៊ុនកាលពីមុន គឺគាត់ស្រែកសួរឈ្មោះដដែលជាដដែលរហូតដល់សាមីខ្លួន និយាយឈ្មោះខ្លួនឯងចេញមកបានន័យថា អារុក្ខអារក្សអ្នកតា ជួយឱ្យវិញ្ញាណពិតរបស់នាងវិលត្រឡប់មកកាន់កាប់រូបកាយវិញបានហើយ។
ខ្ញុំស្រែកសួរជាថ្មី៖
«ឯងឈ្មោះអី?​!»
នាងឆ្លើយតបដដែលទាំងភ្នែកក្រហមសម្លក់ក្រហមង៉ូវដាក់ខ្ញុំថាចាមរី។ ខ្ញុំមិនដឹងថា ចាមរីហ្នឹងគឺឈ្មោះអ្នកប្រពន្ធដើម ឬប្រពន្ធចុងរបស់ព្រាននោះដែលស្ថិតនៅក្នុងអណ្ដូងខាងលិច ឬឈ្មោះអ្នកណាក្នុងក្រុមល្ខោននាឡានក្រុងនោះឡើយ ប៉ុន្តែខ្ញុំនៅតែស្រែកគំហកឡើងៗ ដូចជាលោកតា​ឆុំកំពុងតែចូលមកសណ្ឋិតនៅក្នុងខ្លួនរបស់ខ្ញុំ៖
«ចេញពីរូបនេះភ្លាម! នេះមិនមែនរបស់ឯងទេ!»
ថាហើយ  ខ្ញុំបានបោះផ្កានោះទៅលើដើមទ្រូងនាងគឺនៅចំពីលើក្រដាសបាលី  ដែលលោកតាឯមបានឱ្យមក​ឫទ្ធី​។
ត្រូវរបស់នេះ​ ស្រាប់តែនាងស្រែកលាន់រំពងដូចជាត្រូវព្រនង់សំពង។ សំឡេង​ពេញទៅដោយ​ការ​ឈឺចាប់យ៉ាងខ្លាំង ហើយចុងក្រោយរាងកាយ​ត្រូវស្ងាត់ដូចគេចុកមាត់និងវិលមកសន្លប់ស្ដូកស្ដឹង។
«លែងអីហើយឫទ្ធី! ដូចជាកាលស៊ុនដែរ! សភាពបែបនេះគឺនៅក្រោយពីកាច់ដៃកាច់ជើងនិងស្រែកឡូឡា ត្រូវបាលី​លោកតាឆុំ អាស៊ុនក៏សន្លប់បែបនេះគឺខ្មោចដែលចូលនោះទ្រាំនៅលែងបាន វាក៏ចេញទៅបាត់!​»
ខ្ញុំថាចប់ ក៏បែរ​មកសម្លឹងអ្នកឈឺដេកក្នុងទឹកមុខធម្មតា៖
«ឯងឈ្មោះអី?!»
ខ្ញុំសួរដោយ​គំហកខ្លាំងៗ ស្រាប់តែពេលនោះមិត្តស្រីរបស់ប្អូនខ្ញុំ បើកភ្នែក​ព្រឹមៗហើយ​ងាកមកវិញ​។ នាង​នៅទីទើរ សម្លឹងខ្ញុំ រហូត​ខ្ញុំសួរច្រើន​ដងណាស់ ទើបនាង​ឆ្លើយមួយៗ៖
«ខ្ញុំឈ្មោះពីន!»
គ្រប់គ្នា បើកភ្នែកធំៗដោយសេចក្ដីអំណរនិងចម្លែកចិត្ត។
តើអ្នកជឿលើរឿងតំណាលខាងលើនេះដែរឬទេ? បើជឿតើជឿកម្រិតណាដែរ?
យោងទៅតាមចាស់ទុំដែលអ្នកនិពន្ធបានជួបជជែកពិភាក្សាគ្នា ហើយតំណាលតូចៗជាច្រើនមកផ្គុំឱ្យក្លាយមកជាកម្រងរឿង​មួយនេះ ដូចជា តំណាលរឿងអណ្ដូងខាងលិច រឿងព្រានព្រៃនិងស្រីរាំល្ខោន រឿងខ្មោចរថយន្តក្រុង ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅមិនបានដំណឹងរហូតដល់សព្វថ្ងៃ និងរឿងផ្កាស្មៅកន្ត្រីយពណ៌ខ្មៅ។ល។
ទោះបីយ៉ាងណា អ្នកភូមិដែលអ្នកនិពន្ធបានជជែកជាមួយ​លោក​មានគំនិតស្រដៀងៗគ្នាថាប្រសិនបើក្នុងករណីដូចឫទ្ធីដែលមិត្តស្រី​បានរងគ្រោះរបៀបមន្តអាគម គេ​គួរតែជជែកពិភាក្សាជាមួយម្ចាស់ស្រុកឱ្យបានដឹងហេតុផល ដំណើរដើមទងសិន។ មិនគួរនាំគ្នាចេញឆ្ងាយពីទីកន្លែងកើតហេតុ ហើយទៅរកគ្រូដោះអំពើពីចម្ងាយដែលមិនយល់ពីប្រភពជាក់ច្បាស់។ ចំណែក​ការរំដោះគ្រោះ​ដោយ​របៀបអាត្មានិយម ដែលជាកំហុសដ៏ធំមួយនៅក្នុងជីវិតរបស់គេមិនខុសអ្វី​ពីទម្លាប់​របស់តាអិតក្នុងរឿងផ្ទះគ្រូទាយនោះទេ។
តើអ្នកយល់យ៉ាងណាចំពោះភាគនិទានពេជ្របណ្ឌិតមួយនេះ? ហើយពុទ្ធិអ្វីខ្លះដែលអ្នកបានសិក្សាអំពីរឿងអណ្ដូងខាងលិច មួយនេះ?
តើអ្នកចង់ជាវសៀវភៅអណ្ដូងខាងលិចជាវត្ថុអនុស្សាវរីយ៍ទុកក្នុងផ្ទះដែរទេ?
រឿង៖ អណ្ដូងខាងលិច ភាគទី៤
មកដល់រីសតខ្ញុំឃើញគ្រួសារមួយចំនួនឡើងរថយន្តចេញទៅវិញហើយ។ អ្នកខ្លះក៏នៅបន្តហូបបាយនៅលើភោជនីយដ្ឋាននៅឡើយ អ្នកខ្លះក្រាលកន្ទេលហូបបាយនៅក្រោមដើមឈើនៅក្រោមអាកាសធាតុត្រជាក់ល្ហឹមដែលមានភ្លៀងធ្លាក់កាលពីព្រឹក។ ស៊ីលាភ ជីណានិងកូនៗនៅក្នុងបន្ទប់របស់ខ្ញុំ។ ខ្ញុំដឹងដោយសារពេលពួកយើងធ្វើដំណើរថ្មើរជើងកាត់តាម ផ្លូវរបៀងនៅខាងក្រោយអគារស្នាក់ ខ្ញុំលួចក្រឡេក​មើលទៅខាងក្នុងបន្ទប់តាមរយៈបង្អួច​ដដែល​។
យើងត្រូវបានពួកគាត់នាំតម្រង់ចូលទៅក្នុងព្រៃឫស្សី ដោយដើរ​តាមផ្លូវក្រវៀចក្រវៀនឆ្ការស្រាប់មួយចំនួន សុទ្ធតែតូចៗ​មាន​ទទឹងល្មមតែមួយតួខ្លួនរុលទៅមុខបាន។ បានបន្តិច​ក៏មកដល់វាល មិនចង្អៀតទៀតទេ។
ខ្ញុំចាប់ផ្ដើមស្លន់ស្លោរេភ្នែកសម្លឹងជុំវិញខ្លួន។ ទីនេះគឺជាតំបន់មាន​តែ​ដើមឫស្សីសុទ្ធសាធ​ដុះប្រជ្រៀតគ្នាក្រាស់ឃ្មឹក កុំថាឡើយភ័យលើអំពីអាគមអី សូម្បីតែគិតពីរឿងសត្វពស់អាសិរពិសឬក៏សត្វអ្វីផ្សេងៗ ក៏ខ្ញុំចាប់ផ្ដើមមិនស្រួលចិត្ត​ឡើងៗ។
ចាស់ៗទាំងនេះដូចជាស្ទាត់ជំនាញ ក្នុងការដើរកាត់ព្រៃនេះ ទោះបីជា​គាត់ដើរដោយជាតិស្បែកជើងផ្ទាត់ហើយឈូសពីលើសន្លឹកឫស្សីក្រៀមចាស់ៗ ក្រាលគ្របក្រាស់ឃ្មឹកលើដងផ្លូវដីភក់ ទទឹកសើម។
មិនស្មានថា ខ្ញុំស្រាប់តែឈប់ជើងភ្លាមៗ ដោយសារ​តែ​បានឃើញអ្វីមួយពីចម្ងាយ។ នុះ! ស្ត្រីម្នាក់ដែលបានឱ្យផ្កាខ្មៅមកខ្ញុំកាលពីព្រឹកបង្ហាញខ្លួន​នៅខាងមុខ​ដែលជ្រុំទៅដោយបណ្តាគុម្ពឫស្សី។
ខ្ញុំភ័យបុកពោះភឹបដំបូង​ពេលឃើញគាត់ ប៉ុន្តែលើកនេះ គិតចុះឡើង​ក៏​រឹងមាំវិញ ដោយសារមិនមែន​នៅឯកោតែឯង ដៃជើង​ខ្ញុំនៅអាចបញ្ជាបានធម្មតា ចំណែកគ្រឿងការពារក៏មានមិនខ្វះគឺខ្ញុំពឹងទាំងស្រុងលើចាស់ៗទាំងពីរ។
ដោយមិនមាត់មិនកអ្វីទាំងអស់ ខ្ញុំចាប់ផ្ដើមនៅឈប់ស្ងៀមពីចម្ងាយ     តែភ្នែកនៅលបតាមដាន​បណ្តា​​សកម្មភាពពួកគាត់ជាប់ ព្រោះថា​ពេលនេះ​លោកតា​ឯម គាត់ក៏ឈប់ជើងលែងធ្វើដំណើរបន្ត ចំណែកឯយាយដាញ់ដែលដើរពីមុខ ឆ្ងាយប្រមាណជាបួនប្រាំម៉ែត្រពីពួកយើង បានចាប់ផ្ដើមចូលទៅនិយាយជាមួយមីងម្នាក់នោះ។
ខ្ញុំនឹកឃើញក្រឡេកមើលទៅហោប៉ៅខោរបស់ស៊ុនដើម្បីបញ្ជាក់ថា ថ្នាំផ្កា​ខ្មៅនោះ នៅដែរឬបាត់​។
មែនទែនទៅ ខ្ញុំមិនដែលស្គាល់ដើមផ្កានេះទាល់តែសោះ ហើយខ្ញុំមិនដឹងថាវាជាថ្នាំដែរទេ ប្រសិនបើពួកខ្ញុំមិនបានជួបរឿងរ៉ាវព្រឹកនេះ ប្រហែលពេលដើរជួប​ខ្ញុំគិតថា វាគ្រាន់តែជាស្មៅព្រៃ ដែលមានរូបរាងចម្លែកហើយមានពណ៌ចម្លែក។
មិនដឹងថា ចាស់ស្រុកទាំងបីនាក់ចាប់ផ្ដើមរួមគ្នានិយាយពីរឿងអ្វីខ្លះទេ គឺនិយាយគ្នាយូរដែរ ដោយសម្លឹងមកខ្ញុំនិងស៊ុនភ្លៀកៗ។
ចំណែកខ្ញុំ ចាប់ផ្ដើមទូរសព្ទទៅរកប្រពន្ធសួរនាំរឿងកូនព្រោះបានឱកាសដកឃ្លា។
ស៊ីលាភប្រពន្ធរបស់ខ្ញុំបានប្រាប់ថា កម្មវិធីសាលាដែលមានរយៈពេលបោះជំរំពីរយប់ ត្រូវបានលុបចោលវិញដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងលើតំបន់នេះ។ ផ្លូវជាច្រើនត្រូវបានដាច់ ដូច្នេះ​កម្មវិធីដែលនាំក្មេងៗទៅសិក្សា​តំបន់មួយចំនួនទៀតត្រូវបានផ្អាក។
អាជ្ញាធរ លើកទឹកចិត្តឱ្យពួកយើងត្រឡប់ទៅភ្នំពេញនៅថ្ងៃនេះវិញ ប្រសិនមិនមាន​រីសតសម្រាក ព្រោះទីបោះជំរំក៏ត្រូវបិទជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព។
ខ្ញុំមាន​តែប្រាប់ទៅភរិយាខ្ញុំថា ឱ្យរៀបចំ​ខ្លួនត្រឡប់ទៅវិញមុនជាមួយជីណា ប្រពន្ធស៊ុននិងកូនៗចុះ ចំណែកខ្ញុំដែលត្រូវ​នៅជួយដោះស្រាយរឿងស៊ុនចប់សិននឹងទៅតាមក្រោយ។
សម្តីរបស់ខ្ញុំធ្វើឱ្យស៊ីលាភ មិនសប្បាយចិត្ត​ទេ។
នាង​ទទូចចង់ឱ្យខ្ញុំមកញ៉ាំបាយជុំគ្នាសិនសឹមគិត តទៅទៀត។
ខ្ញុំបិទទូរស័ព្ទក្រោយឆ្លើយប្រាប់ថា ខ្ញុំនឹងទៅជួប។
ភ្លាមៗនោះខ្ញុំសម្លឹងទៅចាស់ៗទាំងបី ដែលលើកដៃវាស់វែង​ទៅលើមេឃដូចជាអ្នកតារាវិទូ?
ក្រោមពន្លឺយ៉ាងខ្សោយ ដែលព្រះអាទិត្យចាំងជះមកតំបន់ព្រៃនេះ និយាយដោយស្មោះ ខ្ញុំមិនស្រណុកចិត្ត​បន្តិចណាឡើយ។
តាំងពីពេលដែលខ្ញុំត្រូវបានសន្ធប់ឱ្យដើរទៅទទួលផ្កាពណ៌ខ្មៅនៅក្នុងព្រៃ ខ្ញុំឆ្ងល់ដែរ ថាតើខ្ញុំពាក់ព័ន្ធអ្វីព្រោះករណីដែលអាស៊ុនត្រូវអំពើមន្តអាគម? ចុះបើ ខ្ញុំលោតែភ្លាត់ឡើងទៅអង្គុយ​លើមែកឈើដូចវា?
ប៉ុន្តែខ្ញុំគ្មានចម្លើយទេ ព្រោះគ្មាននរណាម្នាក់ទំនេរ​សម្រាប់បំភ្លឺរឿង​ទាំងនេះមកដល់ខ្ញុំ។
ដឹងតែថា តាំងពីកុមាររហូតមក​ដល់ពេលនេះ រាប់អានគ្នារហូតមកដូចបងប្អូន ចំណុចនេះ​ដឹងដែលរាល់ការដោះស្រាយបញ្ហារបស់ស៊ុន តែងតែមានចំណែករបស់ខ្ញុំ?
ទោះបីយ៉ាងណាខ្ញុំនៅតែមានអារម្មណ៍ព្រឺសម្បុរនិងខ្លាចចំពោះស្ត្រីម្នាក់ឈ្មោះម៉ៅនោះ។ ចិត្តខ្ញុំមួយ នៅតែជឿជាក់ទៅលើលោកតាឯម បន្ទាប់មកគឺលោកយាយសក់ដាញ់។
ជួនកាលមនុស្សខ្លះ ធម្មជាតិ​បាន​រំលេចរូបរាង​ពិបាក​មើល តែ​មានសន្តានចិត្ត​គួរឱ្យជឿបាន មិនដែលមានបំណងអាក្រក់អ្វី គួរឱ្យកើតក្តីសង្ស័យសោះ។
ខ្ញុំងាកទៅរកពូចាម​ដែលឈរនៅខាងឆ្វេងដៃអាស៊ុន ហើយដាច់ចិត្តសួរគាត់៖
«ពូ!​ ចាស់ៗមកណេះធ្វើអី?»
«គាត់មករកយាយនោះហើយ!»
ពូចាមនិយាយផងតាមសម្លឹង​ចាស់ៗដូចចង់ដឹងចង់ឮខ្លាំង។
«ហេតុអីមករកកណ្តាលព្រៃឫស្សី?!»
ខ្ញុំសួរបន្ត។ ពូចាម​ឱនមកខ្សឹបឆ្លើយតប៖
«យាយនេះមិនងាយចេញវាលទេ! ​ឮតែពាក្យគេថា…គេថាគាត់នៅម្នាក់ឯងក្នុងព្រៃឫស្សីនេះ!​ តែមិនដឹងម៉េចដែរ!​ ពូមិនដែលមកកន្លែងជ្រៅនេះទេ! ​យាយម៉ៅនេះ ឮតែគេនិយាយសុទ្ធសាធ ​ជួបផ្ទាល់ថ្ងៃនេះឯង!»
ខ្ញុំរំឭកនឹកឃើញឡើងវិញពាក្យរបស់​លោកតាកាលនៅផ្ទះជើងភ្នំ «យាយម៉ៅ! ធ្លាប់ជាសិស្ស​របស់ខ្ញុំ! ពូកែខ្លាំងណាស់រឿងប្រឆាំងអាបធ្មប់ តែក្រោយមក មើលគេលែងកើតហើយ!»
ទប់ឆ្ងល់មិនបានទើបខ្ញុំ សួរឡើងទៀត៖
«ពូនៅណេះ តែមិនដែលឃើញគាត់?!»
ពូបន្តឱនខ្សឹបប្រាប់៖
«រឿងកើតឡើងយូរហើយ! យាយនេះពីមុនមិនមែនឈ្មោះម៉ៅទេ! គាត់​ជាកងសេនជនស្រី ប្រចាំព្រៃនេះ គាត់ដើរល្បាត​រហូត​ជាមនុស្ស​រួសរាយនិងរឹងមាំ! ឮពាក្យចចាមអារ៉ាមថា មានយប់មួយ​គាត់បានឃើញឡានក្រុងខ្មោចនោះ! ចាប់ពីពេលនោះមកគាត់ធ្លាក់ខ្លួនឈឺ​មិនបានធ្វើការ​បាត់មុខរហូត។ អ្នកភូមិលើនិយាយតគ្នាថា បានតាឯមនេះហើយកែបាលីធ្វើឈ្មោះថ្មីឱ្យ កុំអីខ្មោចឡានក្រុងនោះតាមយកជីវិតទាល់តែបាន! តាឯមជាគ្រូគាត់ តាឯមកែឈ្មោះហៅគាត់មីម៉ៅៗ បានខ្មោចវាលែងចង់បាន​»​
ខ្ញុំបែកញើស ងើបមុខសម្លឹងទៅពួកគាត់បីនាក់បន្ទាន់។ ពេលនោះ​ពូចាមស្រាប់តែពោលមកបន្ថែម៖
«ឥឡូវនេះ​អ្នកស្រុកល្បីតគ្នាថា ​យាយម៉ៅនៅណេះម្នាក់ឯងយូរទៅ​គាត់មាន​រូបស័ក្ដិសិទ្ធិកាន់ គាត់ចេះមើលអនាគត ចេះមើលផ្លូវងងឹតស័ក្ដិសិទ្ធិ ចេះប្រោសសត្វតែគាត់ត្រណមមិនធ្វើរឿង ប្រឆាំងអាបធ្មប់ វិញ្ញាណ​អាចត្រឹម​ប្រាប់ឱ្យគ្រូផ្សេងដឹងហេតុផល!»
តាមពិសោធន៍ខ្ញុំផ្ទាល់ដែលដើរតាមគាត់ទៅដល់ក្នុងព្រៃកកោះស្រែកមិនរួច​នោះ សម្តីពូចាម​ហាក់ផ្ទៀងផ្ទាត់គ្នាទៅ មាន​ភាគរយទំនងស៊ីមេទ្រីគ្នាច្រើនគន្លាក់។ ណាមួយជាតិបុប្ផាចម្លែកដែលមីងនេះឱ្យមកខ្ញុំកាន់ ក៏សម្រាប់មកជួយ​អាស៊ុនទៀត​គាត់ប្រហែលដូចគេតំណាលមែន។
ស៊ុនស្រាប់តែភ្លាត់មាត់សួរបន្ទាប់ពីស្រងល់យូរហើយ៖
«គាត់អាចប្រាប់រឿងកញ្ចប់ទីបួន​ដល់លោកតាដែរទេ?!»
«កញ្ចប់អី?!»
ពូចាមសួរមកវិញភ្លាម។ ពេលនេះ ឃើញប្រតិកម្មគាត់ខ្ញុំគិតយល់ថា ពូនេះ​ប្រហែលជាឈរក្បែរៗយើង​ តែមិនយល់អីពីរឿង​កកាយផ្ទះអាស៊ុននៅភ្នំពេញ​រកអាគមបួនជ្រុងទេ។
ពេលនេះគាត់ត្រូវបានលោកតាឯមបក់ដៃហៅទៅ ក៏ពូចាមរត់ទៅវឹង។
ខ្ញុំឆ្លៀតងាកទៅនិយាយជាមួយស៊ុន៖
«ពេលចប់កម្មវិធីនេះ យើង​ដោះស្រាយបញ្ហាបានចប់ គួរតែជូនលុយ​ទៅពូចាមខ្លះ​! អាណិតគាត់ណាស់ គាត់រត់ចុះឡើងច្រើនហើយ​ដោយសារឯង!»
ស៊ុនស្រពោនខ្លាំងឡើងៗវាពោលមកវិញតិចៗ៖
«ពេលមកដល់ កូនគាត់គ្រុនឈាមនៅផ្ទះ​តែម្ចាស់រីសតគេមិនទាន់ឱ្យឈប់សម្រាក ព្រោះភ្ញៀវបុកមកច្រើន ​អញអាណិតគាត់ពេកឱ្យ៥០ដុល្លារទៅ!»
ខ្ញុំគិតឃើញហើយថាហេតុអីបានជាពូចាម​មានចិត្ត​ចំពោះវា ព្រោះថាសម្លាញ់ខ្ញុំមានចិត្ត​ល្អទៅលើអ្នកស្រុកមុន​។ មនុស្ស​ដូចវា មិនសម​ណាមកមាន​ទុក្ខភ័យរបៀបនេះទៀតសោះ ប៉ុន្តែបើគិតតាមការពន្យល់របស់លោកតាឯម គ្រប់យ៉ាង​អាចជាវេនកម្ម មិនដឹងជាតិនេះឬអតីតជាតិមក ​បានជាយើងម្នាក់ៗត្រូវព្រួយសងវិញ ជាលក្ខណៈប្រស្នាស្រាលឬធ្ងន់ទៅតាម​យថាកម្មនោះ។
ម៉ោងថ្ងៃត្រង់ហួសហើយ  ទោះបីជាពួកយើងឃ្លានអាហារ  ហើយស្រេកទឹក  ប៉ុន្ដែខ្ញុំនៅតែធ្វើដូចជាភ្លឺស្វាង   ខណៈលោកតាឯមដើរចូលមកវិញ យើង​ចង់ស្ដាប់ពាក្យដែលគាត់ដឹងទើបនឹង​និយាយជាមួយ​គ្នាគាត់រួចមក។
គាត់កេះខ្ញុំចេញមកពីរនាក់ស៊ុន លោកតាបានប្រាប់ខ្ញុំថា «បាយទឹកសិន!»។
ពួកយើងហូបបាយ ឃើញតែតា ចំណែកមីងម៉ៅនិងយាយដាញ់គាត់ថា ទៅរៀបចំគ្រឿងពិធីហើយ ​នៅជើងភ្នំផ្ទះលោកតាឯណោះ។
នៅឯណេះមាន​តែខ្ញុំ ស៊ុន និងពូចាម ព្រមជាមួយលោកតា ចំណែកប្រពន្ធកូនស៊ុននិងប្រពន្ធកូនខ្ញុំនៅហូបដែរតែតុផ្សេង។
ពេលមនុស្ស​រាងស្ងាត់ និងបានហូបចម្អែតគ្រប់គ្នា លោកតាបានតំណាលឱ្យដឹងត្រួសៗថា៖
«ដើមឡើយនៅភូមិស្រុកនេះ គេមានជំនឿរឿងមួយចម្លែក គេជឿថាប្រមាណជាជាងរយឆ្នាំមុនធ្លាប់ មានគ្រួសារព្រានព្រៃមួយមករស់នៅក្នុងព្រៃនេះ ហើយបានកសាងអណ្ដូងទឹកមួយ! ក្រោយមកទៀតដោយមានការរុះរើផ្ទះ រុញចុះឡើងគាត់រំកិលផ្ទះថ្មីមកនៅខាងមុខអណ្ដូង ដែលជាអភូតហេតុមិនល្អទេ! អ្នកភូមិជឿថា អណ្ដូងនៅទិសខាងលិចផ្ទះគួរតែលុបចោល ប៉ុន្តែគ្រួសារនោះតែជម្នះទុកប្រើប្រាស់យកទឹក! ដោយសារតែគ្រួសារនោះ មានចរិតកំណាចមិនលុះបុណ្យបាប ចាប់តែសត្វសម្លាប់ជា​អាហារចិ​ញ្ចឹមជីវិត បានក្លាយជាគ្រួសារឯកោ មិនសូវមានគ្នារាប់រកទេ។ ពីរនាក់នេះរួមរស់តមកមានកូនតូចៗ​បន្តបន្ទាប់ ពេញជណ្តើរផ្ទះសុទ្ធតែកូនប្រុស។ ក្រោយមកមានវង់ល្ខោនធំមួយ មកដល់ពីខេត្ត ចូលមកធ្វើការសម្តែងបុណ្យវត្ត​បុរាណមួយនាចង្កេះភ្នំ។ ជនប្រមាញ់សត្វជាប្តីបានទៅឃើញតួស្រីល្ខោនម្នាក់ជាចៃដន្យ នាង​នោះកំពុងចុះងូតទឹកស្រះឈូក ក៏កើតចិត្ត​ប្រតិព័ទ្ធខ្លាំងមិនដឹងធ្វើយ៉ាងណា បានមករួមភីសម័យជាប្រពន្ធចុង ក៏កើតជាតណ្ហា​ចាប់ពង្រត់យកនាង​ចូលព្រៃលាក់កំបាំងក្នុងផ្ទះនៃអាត្មា។ មនុស្សស្រីដែលជាតួសម្ដែងល្ខោនត្រូវប្រពន្ធដើមកើតគំនិតប្រចែប្រចណ្ឌ ពេលមួយប្តីមិននៅក៏បានសម្លាប់នាង​ចោល​ដោយកាំបិតហើយយកសពទៅទម្លាក់ចោលទឹកអណ្តូង។ ប្តីនោះមកពីព្រៃវិញ រកនារីកំណាន់មិនឃើញ ក៏កើតទោសៈសម្លាប់ប្រពន្ធឯងចោល ​និងបោះចោលកូនប្រុសៗទាំងអស់ទៅក្នុងអណ្តូង​ដដែលនោះរួចទើបសម្លាប់ខ្លួនឯងតាមក្រោយ   ទុក​ផ្ទះ​និង​អណ្តូង​​ទៅ​ជា​កន្លែងរហោស្ថាន​គ្មាន​អ្នកណាទៅមក!»
ខ្ញុំព្រឺសម្បុរនិមិត្តស្រមៃឃើញ​រឿងអពមង្គលនៃតំណាលនេះ។
ដោយរេភ្នែកសម្លឹងគ្រប់គ្នាជុំវិញទីនេះ ចិត្ត​ខ្ញុំបែរបន់ទន្ទឹមគ្នា​ផងដែរ​ថា កុំឱ្យអ្វី​ដែល​ខ្ញុំឃើញ​ក្នុងយល់សប្តិ​ក្លាយជាប្រផ្នូលបង្ហាញថា ​រីសតនេះជាទីព្រានព្រៃនោះរស់នៅឱ្យសោះ។​
ដូចផ្លេកបន្ទោរចាំងផ្លេកៗក្នុងគំនិត ខ្ញុំនឹកឃើញ​ដល់សំឡេង​ស្រែកឡូឡា​របស់ស៊ុន ហើយនិង​យល់សប្តិដែលខ្ញុំឃើញដូចភ្នែកស្រស់!
អណ្តូងនោះមានចម្ងាយ​ប្រមាណជាជាងដប់ម៉ែត្រតែប៉ុណ្ណោះពីបន្ទប់​ខ្ញុំ ហើយ​អ្វីដែលខ្ញុំគិតជានិច្ចគឺ ខ្ញុំហាក់ត្រូវបានឥទ្ធិពលអាថ៌កំបាំងអ្វីមួយ មកបំភ្លឺ ឬបណ្តាលខ្ញុំឱ្យមើលឃើញ ដឹងមុននូវរឿងរ៉ាវអណ្ដូងមួយដែលពេលមកដល់​ មិនដែល​សូម្បីតែគិត​ថាទីនេះមាន​អណ្តូង។
ក្មេងៗ២ជួរ​ចេញ​មករាំល្មើយ ហើយហៅខ្ញុំថា​លោកគ្រូទៀត?
ខ្ញុំអត់យល់ពីភូមិនេះ ខ្ញុំអត់យល់អីទាំងអស់ ហើយមិនទាន់បានពេលសួរនាំ​ផង​ឥឡូវចេញរឿង​តំណាលថ្មីមក?
ខ្ញុំផ្អែកខ្នងតាំងចិត្ត​ថាបន្ធូរអារម្មណ៍​បន្តិច​ ជាជាងត្រូវឆ្កួតចិត្ត​ព្រោះការភ័យខ្លាច​។
«ឥឡូវយើងត្រូវការរកអណ្តូងនោះឱ្យឃើញមុនថ្ងៃលិច!»
ខ្ញុំងើបមុខមកវិញខ្វាក!
ដោយ​សម្លឹងលោកតាឯម ហើយ​រេទៅរកស៊ុន ពេលនោះហើយ​ដែលខ្ញុំចាប់អារម្មណ៍ឃើញថា​ ចានបាយវានៅសល់សឹងទាំងអស់ បង្ហាញថាស៊ុនមិនបានលេបបាយម្ហូបចូលទេ មិត្តខ្ញុំមិនបានសប្បាយចិត្តនឹងដំណោះស្រាយទាំងឡាយដែលយើងកំពុងតែធ្វើសន្សឹមៗនេះនៅឡើយ។
«រកនៅឯណាទៅអ៊ំ?»
នេះគឺជាសម្ដីសួរខ្លីរបស់ពូចាម ប៉ុន្តែគាត់សួរចំចំណុចណាស់ បន្ទាប់ពីពេញមួយថ្ងៃមកហើយ ខ្ញុំមិនសូវឮគាត់និយាយរឿង ឬក៏មានប្រតិកម្មអ្វីទេ គឺគាត់ធ្វើទៅតាមតែពាក្យ​លោកតាឯមប្រាប់តែប៉ុណ្ណោះ។
ពេលនេះទាំងអស់គ្នាងាកទៅលោកតា ដើម្បីស្វែងរកចម្លើយថ្មី។
យើងមិនដឹងគាត់រកអណ្តូងមកធ្វើអី?​ ហើយ​យើងធ្វើម៉េចរកវាឃើញ​មុនពេលថ្ងៃលិច បើពួកគាត់ជាចាស់ស្រុក មាន​កំណើតនៅទីនេះ​នៅមិនស្គាល់កន្លែងវាផង។​ រឿងផ្ទះព្រានព្រៃដែលមានអណ្តូង​នៅទិសខាងលិច ក៏មិនដឹងជារឿងពិត​ ឬត្រឹមជាតំណាល​គ្មានប្រភព?
កំពុងគិត ខ្ញុំឮសំឡេងលោកតាប្រាប់៖
«ចៅឯងយល់សប្តិឃើញអណ្តូង!  ចំណែកស៊ុនពេលរវើរវាយស្រែកហៅអណ្ដូង!  ម្ចាស់ទឹកម្ចាស់ដី​បានបណ្តាលចិត្ត​ឱ្យយើង​រកកន្លែងឃើញ អ៊ីចឹងហើយយើងដោះស្រាយ​តាមការចង្អុលប្រាប់របស់ផ្លូវងងឹត!»
«នេះមិនមែនជាប្រផ្នូលមិនល្អទេលោកតា?» ខ្ញុំសួរហាក់ហួសចិត្តជាងមុន តែ​ការពិត​ខ្ញុំកាន់តែមានការ​ជឿជាក់លើគាត់ខ្លាំងឡើងៗ។
មុននេះខ្ញុំពិតជា​ទ្រាំមិនបាន​ក៏បាននិយាយជាមួយគាត់ពីរឿង​សុបិនទាបភ្លឺ គាត់ប្រាប់មកវិញបន្ថែមថា៖
«ដែលអាចយល់សប្តិឃើញអណ្ដូង   គឺមានន័យថា  មានវិញ្ញាណអ្វីមួយឬក៏ឥទ្ធិពលអ្វីមួយ  ចង់ឱ្យចៅធ្វើជាអ្នកជួយ​​សង្គ្រោះ​​មិត្តភក្តិរបស់ចៅ!»
រឿងពីរដែលខ្ញុំឆ្ងល់ហើយចង់សួរមិនទាន់មានពេលសួរ គឺ​ទីមួយ ទាក់ទងជាមួយមីងម៉ៅម្នាក់នោះ ​ថាហេតុអ្វីគាត់ជាមនុស្ស​តែ​អាចនាំខ្ញុំឱ្យដើរទៅរកគាត់នៅក្នុងព្រៃបាន? ចំណែករឿងទីពីរ ហេតុអីបានជាលោកតាឯម ហៅគាត់មកជួបប្រញាប់ប្រញាល់ពេលដឹងឮរឿង​យល់សប្តិឃើញអណ្តូង​ពីខ្ញុំ?
ប៉ុន្តែខ្ញុំមិនទាន់បានសួរទេ ស៊ុនហើបមាត់សួរខ្សាវៗមុនខ្ញុំ៖
«ខ្ញុំនៅ…នៅអត់យល់ទេលោកតា!  បើខ្ញុំជាអ្នកមានរឿង ហេតុអីបានអារ៉ា​ជា​អ្នកយល់សប្តិឃើញអណ្ដូងនោះ!»
លោកតាដៀង​សម្លឹងទៅ​រក បន្តោងភ្លុក​ដែល​នៅបង្ហាញ​លើ កអាវវា ព្រោះកាលនៅក្រោមដើមកកោះគាត់ទាញចេញមកមើល ហើយមិនបានដាក់ចូលក្នុងអាវវិញទេ។
លោកតានិយាយប្រាប់មកវិញតាមសំណួរ​៖
«អ្នកដែលពីដំបូងឱ្យភ្លុកនេះមកពួកចៅ គាត់​បានផ្សំផ្គុំអ្នកទាំងពីរឱ្យក្លាយជាសម្លាញ់ចិត្តមួយថ្លើមមួយជាមួយគ្នា ឬមួយក៏ពេលនោះគាត់បានមើលឃើញទៅហើយថា អ្នកទាំងពីរ ពិតជាមាន​ចិត្តមួយថ្លើមមួយដូចប្រពន្ធប្តីមកពីជាតិមុន បានជាគាត់ឱ្យភ្លុក​ស្លាកី​មកអ្នកទាំងពីរនេះ បានន័យថាបើអ្នកណាម្នាក់មានរឿង ម្នាក់ទៀតគឺជាដំណោះស្រាយ! ទាំងពីរនាក់មិនអាចបែកចេញពីគ្នាទេ!»
ខ្ញុំដៀងភ្នែកភ្លាម សម្លឹងទៅរក​ភ្លុកនៅលើទ្រូងរបស់វា ហើយទើបងាកទៅរកកូនស្រីរបស់ខ្ញុំរមនា ចៃដន្យអី ស្រាប់តែនាងបាត់ចេញពី​កៅអីដែលមុននេះ​ខ្ញុំក្រឡេក​ពិនិត្យ​ឃើញកូនស្រីកំពុងអង្គុយហូបបាយក្បែរម្តាយសោះហ្នឹង​។
«កូនយកបន្តោងមកសងប៉ាវិញ!»
ខ្ញុំភ្ញាក់ក្រញាងជាងត្រូវខ្មោចលងកណ្តាលថ្ងៃ។ កូនស្រីដែលខ្ញុំកំពុង​រេភ្នែក​រក​ស្រាប់តែមកដល់ពីក្រោយខ្នង​ពីពេលណាមកក៏មិនដឹង។ គ្រប់គ្នាសម្លឹងទៅរមនា ខ្ញុំក៏បែរទៅសម្លឹងបន្តោងដែលកូនខ្ញុំហុចមកឱ្យខ្ញុំ តែដៃ​នៅមិនទាន់ទទួលយកនៅឡើយ។
ខ្ញុំបែរមករក​លោកតា ដូចចង់ប្រាប់គាត់ថា កូនស្រីខ្ញុំម្នាក់នេះឯង ដែលខ្ញុំបានជម្រាបគាត់នៅលើផ្ទះក្បែរជើងភ្នំ។
ដូចខ្ញុំគិតមិនខុស  លោកតាឯមគាត់អាចមើលឃើញអ្វីៗធ្លុះមុតជាងមនុស្សធម្មតា។ ខ្ញុំនៅចាំសម្តីគាត់កាលនៅលើផ្ទះដែលនិយាយថា «ចៅនោះជាអ្នកមាន​បុណ្យ!» រំឭកពីគាត់ដែល​បាន​សំដៅទៅលើកូនស្រីរបស់ខ្ញុំរមនា ដោយសារតែខ្ញុំកាលនោះបានបង្ហើបប្រាប់គាត់រឿង ដែលកូនខ្ញុំចេះសមាធិនិងនិយាយអ្វីៗ ចម្លែកខ្លាំងពីក្មេងធម្មតា។
បន្ទាប់ពីសម្លឹងកូនខ្ញុំស្លឺហើយ បុរសចំណាស់បង្គាប់ខ្ញុំ៖
«ទទួលយកបន្តោងមកពាក់វិញមកចៅ!»
ខ្ញុំលូកដៃសន្សឹមៗ ទទួលយករបស់ពីកូន ស្រាប់តែភ្លាមនោះ សំឡេង​រមនា​លាន់មកក្នុងត្រចៀកខ្ញុំដោយមិនចាំបាច់ឃើញកូនខ្ញុំហើបមាត់សោះ ៖
«អណ្ដូងនៅខាងលិចបន្ទប់របស់យើង!»
ខ្ញុំរបូត​បន្តោង​ពីដៃលាន់ឆឹង ព្រោះរវល់ស្លឺភ្នែកសម្លឹងកូនខ្លួនឯងដោយរន្ធត់។
លោកនេះ មានមនុស្សណាអាច​​និយាយចេញសំឡេង​ដោយមិនចាំបាច់គ្រលាស់អណ្តាតដែរ?
កម្លាំងទង្គិចពីទីនេះ រហូតដល់កម្រាល​ឥដ្ឋ​ក្រោមតុ បង្កើតបានជាសូរឆឹងបែបនេះ​ហើយ បន្តោង​ដ៏ធ្ងន់កណ្ឌុក មិនបាន​បាក់បែក ឬក៏គ្រាំខ្ទាំអ្វីទាំងអស់ពេលដែល​រើសឡើងយកមកពិនិត្យ។
ខ្លឹមសាររបស់ភ្លុកនេះ ក្នុងពេលនេះ គឺជា​អ្វីមួយ​ ដូចជាវត្ថុដ៏ពិសិដ្ឋតាមប្រសាសន៍គាត់ពន្យល់ខ្ញុំកាលពីព្រឹកពិតមែន។
ខ្ញុំគិតថា ជាតិនេះខ្ញុំមិនអាចនៅឆ្ងាយពីមរតកនៃលោកតាឆុំមួយនេះបានទេ។
ងាកមកការពិតចំពោះមុខវិញ ពុទ្ធោអើយ! កូនខ្ញុំនិយាយបាន ដោយមិនហើបមាត់។ គេបញ្ជូនសំឡេងមកខ្ញុំតាមវិធីណា?
ដៀងសម្លឹងទៅអ្នកទាំងអស់គ្នានៅទីនេះ ​គ្មានសញ្ញាណណាមួយបង្ហាញ​ថា ពួកគេ​ឮអ្វី​ដែលខ្ញុំឮទេ។
កណ្តាលថ្ងៃចែសណា៎ អារ៉ា! ខ្ញុំកម្លា​ខ្លួនឯងក្នុងចិត្ត​ទាំង​លើកដៃ​មកជូតញើសថ្ងាស។
នៅតែបន្តិចទៀតឆ្កួតខ្ញុំមិនខាន!
អ្នកដែល​កំពុងតែ​អានមកដល់ ចំណុចនេះប្រាកដជាមានអារម្មណ៍ហួសចិត្ត ឬសើចចំអក ចំពោះតំណាលខ្ញុំ តែខ្ញុំខ្លួនឯងដឹងថា មិនមែន​កំពុងយល់សប្តិ ដូចយប់មិញ​ឬកំពុងដេកលើកៅអីទេ។
ខ្ញុំមិនដឹងថា ត្រូវប្រាប់ពូចាមនិងអាស៊ុនដែលផ្តោតសម្លឹងមុខខ្ញុំដោយរបៀបណា ឬប្រាប់ទៅលោកតា?
ខ្ញុំសម្លឹងរក​កូនស្រីខ្ញុំដេលនៅឈរឆ្កឹង។ នាង​ងើយមុខឡើងខ្ពស់ទៅៗបង្ហាញ​បំពង់កយ៉ាងវែង ខ្ញុំចាប់ផ្ដើមភ័យខ្លាច​តែកូនខ្ញុំមានរឿងអ្វី វិញ្ញាណចូល ឬកើតនិយាយស្តីផ្តេសផ្តាស ផ្អើលគេឯងកណ្តាលវាល  កណ្ដាលថ្ងៃត្រង់បែបនេះ។
ស្រាប់តែភ្លាមនោះ​ស៊ីលាភបង្ហាញខ្លួន។ ភរិយា​ខ្ញុំ នាងឱបនាំកូនស្រីវិលត្រឡប់ទៅកាន់ន្លែងដើមវិញ។
ខ្ញុំតាមពិនិត្យ​ដំណើរម្តាយកូនគេ រហូតពួកគេដើរដល់តុវិញ ហើយ​ក្លាយជាក្មេងស្រីធម្មតាដូចដើម ​អង្គុយក្បែរម្តាយទទួលយកទូរសព្ទពីដៃស៊ីលាភមកចុចមើល​ដូចរាល់ដងដែលនាងតែងនិយមទស្សនារឿងវីដេអូនានា​ដែលនាងចូលចិត្តនៅលើយូធូប។
ខ្ញុំដកដង្ហើមឃូរ ដូចបានរស់ឡើងវិញថ្មី។
ចិត្តនេះ​យល់ពីសេចក្ដីស្រលាញ់របស់ខ្ញុំចំពោះកូន និងប្រពន្ធថាធំប៉ុនណានៅក្រោយពេលកើតរឿងភ័យ​ព្រួយជាច្រើនបានមកបន្តុកបណ្តាក់ក្នុងទ្រូង​មួយនេះ។
កូនខ្ញុំមិនច្បាស់ថា អម្បាញ់មិញនេះ បានសមាធិសំឡេងនិយាយដោយមិនហើបមាត់មកមែន​ ឬខ្ញុំស្រមៃ? ខ្ញុំទ្រាំឆ្ងល់មិនបានទេ គិតចង់សួរ​តា តែ​ដោយងាកមកកាត់ស៊ុនមុន ឃើញ​គេដកដង្ហើមញាប់ឡើងៗ សម្លឹងប្រពន្ធកូនវាដែរ ​ខ្ញុំគិតថា ដូចខ្ញុំបេះបិទ មិត្តរបស់ខ្ញុំក៏កំពុងសម្លឹងអាManនិងជីណា ជីណាមុខក្រហមទំនងយំសោក។
ប្រពន្ធខ្ញុំដែលនៅទីនោះក្បែរជីណាដែរ​ នាងឱនមុខ លើកដៃទាំងសងមកបិទមាត់របស់នាង ទំនងជាស៊ីលាភមិនចង់បញ្ចេញទឹកមុខពិតមកក្រៅថា នាងកំពុងនឹក​បារម្ភខ្លាំង។
ម្តងម្កាល ប្រពន្ធរេភ្នែកមកសម្លឹងខ្ញុំដោយក្តីសង្ស័យ​ជាច្រើន​លាក់ជ្រៅក្នុងកែវ​ភ្នែក​ទាំងសង។
ដ្បិតតែ​ប្រពន្ធរបស់ខ្ញុំ មិនមែនជាមនុស្សដែលជឿលើរឿង​មន្តអាគមអូមអាម តែជារឿយៗខ្ញុំធ្លាប់និយាយរឿងទាំងអស់របស់ស៊ុន កាលពីក្មេងប្រាប់នាង។ រឿងមួយទៀត ប្រហែល​ដោយសារ​នាងជាមិត្តភក្តិជិតស្និទ្ធរបស់ជីណាប្រពន្ធស៊ុនផង បានជានាង​ខ្វល់ខ្វាយខ្លាំង។
លើកនេះអាស៊ុនមានរឿង ដោះស្រាយមិនទាន់ចប់  ខ្ញុំគិតថាប្រពន្ធខ្ញុំនឹងយល់ការណ៍ ហើយព្រមទៅផ្ទះវិញមុន ទោះជាគាត់មាន​ការ​បារម្ភខ្លះក្តី។
«ស៊ុន ជួយចុចរកឫទ្ធីឱ្យអញបន្តិច! ខលមិនចូលសោះ ចង់ឱ្យយកឡានអញ​ដឹកជីណានិងស៊ីលាភ ក្មេងៗទៅភ្នំពេញវិញមុនទៅ!»
ស៊ុនចាប់ផ្តើមរាវរកទូរសព្ទ តែអត់មាន។ ខ្ញុំចាប់ផ្ដើម លើកទូរសព្ទតែមិនដំណើរការព្រោះអស់ថ្ម។  អ៊ីចឹងខ្ញុំងាកទៅខ្សឹបលោកតា៖
«យើងគិតយ៉ាងម៉េច សូមលោកតាប្រាប់ច្បាស់ៗផង ដើម្បីខ្ញុំស្រួលចាត់ចែងឱ្យប្រពន្ធកូនទៅផ្ទះមុន! ខ្ញុំនៅណេះបន្តជាមួយអាស៊ុន!»
និយាយហើយខ្ញុំងាកសម្លឹងទៅពួកគេទៀតដោយនិយាយរអ៊ូ៖
«ប្រពន្ធកូនខ្ញុំ មើលទៅមិនអស់ចិត្តទេ! ជាពិសេសប្រពន្ធស៊ុនវិញមិនឃើញរកញ៉ាំបាយទឹកសោះ!  នៅពេញៗចាន។ បើយើងមិននិយាយច្បាស់លាស់ជីណាក៏ប្រហែលជាមិនត្រឡប់ទៅភ្នំពេញវិញងាយៗចោលប្តីនោះដែរ។ ចិត្ត​ខ្ញុំក៏មិនចង់ឱ្យក្មេងៗមកឃើញពិធីភ័យខ្លាចណាមួយ​តាមរបៀបផ្លូវងងឹត​ទេ ពួកគេនៅតូចៗណាស់!»
ឮហើយ លោកតាចំណាស់​គ្រវីក្បាលយឺតៗព្រមពេលនិយាយមកកាន់ពួកយើង៖
«កូនស្រីរបស់ខ្លួន មនុស្សមានបុណ្យ! ឈប់ព្រួយទៅ! គេអាចការពារ​ម្ដាយបាន!​»
ខ្ញុំឮ ធូរចិត្តជាខ្លាំង រាល់ពេលដែលឮគេនិយាយបែបនេះអំពីកូនស្រីរបស់ខ្ញុំ។ ខ្ញុំក្រោក ដើរមួយៗសំដៅតុរបស់ពួកគេដោយមិនចាំបាច់សុំអនុញ្ញាតពីលោកតា។
ចិត្តខ្ញុំពិតជាបារម្ភអំពីប្រពន្ធកូន ដូចពាក្យចាស់ថា នៅរាល់ពេលដែលយើងជួបទុក្ខលំបាកគឺគ្រួសាររបស់យើង ដែលយើងគិត​ដល់មុនគេ។
ដៃខ្ញុំមកដាក់លើស្មារបស់កូនរមនាបណ្តើរ ភ្នែក​សម្លឹងទៅប្រពន្ធរបស់ខ្ញុំដោយក្ដីអាណិតស្រលាញ់។ នាងគឺជាមនុស្សស្រីដែលមានចំណេះដឹងខ្ពស់ គឺជាមនុស្សដែលមានជំនាញពិតប្រាកដ និងមិនដែលចំណាយពេលវេលា ហែលឆ្លង ជំនឿអរូបីអ្វីទាំងអស់នេះដែរ។
លើកនេះ ទំនងជាភាពស្លាប់រស់របស់ស៊ុន ដែលឡើងទៅនៅលើមែកឈើធ្វើឱ្យស៊ីលាភចាប់ផ្ដើមចេះភ័យ ប៉ុន្តែគ្នាខំបេះបិទបាំងការភ័យខ្លាច។
«អស់អីហើយ!»
ខ្ញុំនិយាយលួងប្រពន្ធកូនដោយទឹកមុខស្រស់ស្រាយ ពីព្រោះស្រីៗចូលចិត្តសម្លឹងទឹកមុខយើង​ហើយគាត់វិភាគច្រើន ដូច្នេះហើយខ្ញុំព្យាយាមធ្វើយ៉ាងណា​ឱ្យគាត់បានធូរចិត្តមកវិញសិន។
«អ្នកស្រុក​រកឃើញដំណោះស្រាយ ហើយលោកតាបានស្រោចនិងសូត្របណ្ដោះអាសន្នឱ្យអាស៊ុន រួចរាល់ហើយ ឃើញអត់ វាលែងអីហើយ!»
ស៊ីលាភនិងជីណា​ងាកទៅសម្លឹងស៊ុន។ កាលដែល​វាអាចចុះមកពីលើមែកដើមកកោះមកវិញបានមកអង្គុយច្រង៉ុក​ទីនេះ ពិតជារឿងធូរចិត្ត​មួយមែនសម្រាប់ពួកគេ។  ខ្ញុំបានវេលានេះក៏ប្រាប់បន្ថែម៖
«ចាំឱ្យឫទ្ធី​ដឹកអូននិងជីណាហើយក្មេងៗទៅភ្នំពេញវិញមុនសិនទៅ បងនៅឯណេះចាំបងសាំងនិងពុកអាស៊ុនមកសិន​ធ្វើពីធីអីឱ្យចប់សព្វគ្រប់តាមក្បួន​ សឹមទៅវិញតាមក្រោយ!»
ស៊ីលាភដកដង្ហើមវែងហាក់ធូរទ្រូង។ នាងងក់ក្បាលហើយដៃខ្ញុំ បន្តអង្អែលស្មារបស់កូនស្រី ភ្នែកសម្លឹងកូន ជាមួយនឹង​ការស្រលាញ់ពេញបេះដូង។
ស្រាប់តែជីណា​ដែលស្ងាត់យូរហើយ និយាយមកខ្ញុំ៖
«បង ខ្ញុំចង់នៅហ្នឹងដែរ! ខ្ញុំចង់ផ្ញើកូនMan ទៅមុនជាមួយអាលាភ ឱ្យគេងលេងជាមួយរមនា ទៅបានអត់?»
ដូចពាក្យចាស់ថា ប្តី​នៅឯណាប្រពន្ធនៅទីនោះមែន មើលទៅប្រពន្ធស៊ុនមិនព្រមទៅចោលប្តីដោយងាយទេ។ ចំណែកស៊ីលាភលើកដៃទៅអង្អែលស្មាជីណា៖
«មិនអីទេ! Man ខ្ញុំធានាមើលណ៎ា!»
«អ៊ីចឹងចាំហៅឫទ្ធីឱ្យមកជួយដូរដៃបើកឡានជាមួយនឹងស្រីលាភ!»
ខ្ញុំនិយាយតបដោយចាប់ផ្ដើមបង្ហាញស្នាមញញឹម​ សម្លឹងភរិយា ដើម្បីទប់ស្កាត់ភាពភ័យខ្លាចរបស់នាង​។
«បងសាំង និងពុកក្មេករបស់ជីណាឯងជិតមកដល់ហើយ!»
ស៊ីលាភបន្ទោរទៅកាន់ជីណា។ ដ្បិតតែពួកគេមិនទាន់ដឹងអំពីរឿងកញ្ចប់អាគម​បី ដែលរកឃើញនៅក្នុងផ្ទះ​ជីណា​​នៅឡើយ ហើយថែម​មិនដឹងអ្វីពិស្ដារច្រើនពីមូលហេតុ ដែលស៊ុននៅសុខៗឡើងទៅអង្គុយនៅលើចុងឈើម្នាក់ឯងក្ដី តែខ្ញុំយល់ថា ជីណានៅជិតស៊ុន​ក៏ល្អម្យ៉ាងជាជាងវិលទៅផ្ទះដែលត្រូវបានបងថ្លៃរុករើដោយនាង​មិនដឹងខ្លួន​។
ភ្លាមៗនោះដៃខ្ញុំនៅពីលើស្មារបស់កូនស្រីរមនាទៅជាញ័រញាក់ ស្មានាងរង្គើ? កូនខ្ញុំ នាងឈប់លេងទូរសព្ទដោយ​មកចាប់ដៃខ្ញុំជាប់ ងើបមុខសម្លឹងខ្ញុំមុតៗ៖
«កុំឱ្យពូឫទ្ធីបើកឡានយើង!» ខ្ញុំលើកចិញ្ចើម​ឆ្ងល់នឹងសម្តីកូនស្រី។
រមនាក៏​កំពុង​អើតមកសម្លឹងខ្ញុំវិញ​ដូចគ្នា​ដោយ​ក្រសែភ្នែក ខឹងសម្បា ខ្ញុំចងចិញ្ចើមបន្ថែម​ បង្ហាញការងឿងឆ្ងល់ចង់បានការបកស្រាយ។
ធម្មតាឪពុកកូនយើងអាចលេងទឹកមុខដាក់គ្នាដោយមិនចាំបាច់មានសម្ដី តាមរបៀបដែលអាចយល់ចិត្តគ្នាបានស្ងាត់ៗ។
មានរឿងអី? ហេតុអីបានជាពូឫទ្ធីដែលធ្លាប់តែយកចិត្តទុកដាក់ជាមួយនាង ស្រលាញ់នាងខ្លាំងលើសពីក្មួយស្រីនានា បែរជាលើកនេះត្រូវ​នាងបដិសេធមិនឱ្យជូនឡានទៅ?
«ពូឫទ្ធីមិនល្អទេ!»
រមនា​និយាយឡើងភ្លាមៗ​ខ្ញុំសឹងស្រឡាំងកាំង។
«កុំនិយាយផ្ដេសផ្ដាសកូន!» ស្រីលាភឃាត់រមនា។
ពីក្រោយខ្នងស្រីលាភខ្ញុំស្រាប់តែក្រឡេកឃើញឫទ្ធី។ ប្អូនជីដូនមួយ​ខ្ញុំម្នាក់នេះ​ដើរមកមួយៗដោយមុខខ្មៅរោល ដូចមនុស្ស​មិនបានដេក។
និយាយទៅខ្ញុំខានឃើញ​វា មិនដឹងបានបាយទឹកឬនៅផងទេ។
ដោយមានកាន់ទូរសព្ទមកផង វាដើរតម្រង់មក។ ឫទ្ធីប្រហែលមិនបានឮអ្វី ដែលរមនានិយាយឡើយ​។
«ឯងបាយហើយឬនៅឫទ្ធី? ជូនបងឯងទៅផ្ទះវិញបានអត់?! បងនៅណេះ បណ្ដោះអាសន្នសិន!»
ប៉ុន្តែប្អូនមិនឆ្លើយនឹងខ្ញុំទេ វាក៏មិនងាកទៅសម្លឹង​ពូចាមនិងស៊ុនដែរ​ ដោយទាញកៅអីមកអង្គុយក្បែរក្មួយMan ជាមួយទឹកមុខស្ងួត។
«ខ្ញុំជូនទៅបានបង!»
ទម្រាំឫទ្ធីនិយាយចេញ រមនាទម្លាក់ទូរសព្ទចោល។
កាយវិការកូន ធ្វើឱ្យខ្ញុំបារម្ភខ្វល់ខ្វាយ ខ្លាចថានាង​នឹងនិយាយអ្វីប្លែកៗ ដូចកាលយើងនៅតែពីរនាក់តាមរបៀបអង្គុយសមាធិដ៏អាថ៌កំបាំងរបស់នាង​។
«អាចរកអីញ៉ាំសិនឫទ្ធី!»
ស្រីលាភនិយាយប្តូរបរិយាកាសនេះចេញ​ដោយ​ហុចមឺនុយរបស់ភោជនីយដ្ឋានឱ្យប្អូនជីដូនមួយខ្ញុំ។ ខ្ញុំព្យាយាម​រកវិធីដោះស្រាយ ជាមួយកូនស្រីដែលចេញរបៀបស្រដីប្លែកៗដាក់ឫទ្ធី។
«យប់នេះ ពេល​ទៅដល់ផ្ទះ យើងនិយាយរឿង​ជាមួយគ្នាលេងណ៎ាកូន!»
រមនា​ក្រញែងខ្លួនចុះឡើង ងរង៉ក់ ខ្ញុំក៏ឱបថើបកូនស្រីពីលើក្បាល ដូចរាល់ដងហើយឆ្លៀតពេលនោះខ្សឹបដាក់ត្រចៀកនាង ៖
«បើមានអារម្មណ៍ស្មិងស្មាធិ៍ ឬនិយាយសមាធិ​ កុំឱ្យគេដឹង វាជារឿងសម្ងាត់រវាងគ្រួសារយើង!»
បន្ទាប់មកខ្ញុំចាកចេញពីកូន ត្រឡប់មកកាន់តុជាមួយ​ស៊ុនវិញ។ ពេលនេះខ្ញុំអត់ឃើញពូចាមទៀតទេ។ ខ្ញុំអង្គុយក្បែរស៊ុនភ្លាម​ និយាយនឹង​វាភ្លែត៖
«ប្រពន្ធឯងចង់នៅ! ជីណាថា​មិនចង់ទៅវិញមុនទេ! គេចង់ផ្ញើអាMan ទៅជាមួយស៊ីលាភ! ហើយឫទ្ធីជាអ្នកបើកឡានទៅភ្នំពេញជំនួសដៃស៊ីលាភ!»
ស៊ុននៅតែស្ងៀមមិនមាត់មិនកអ្វីទាំងអស់ ប៉ុន្តែវាងើបមុខដៀងសម្លឹងទៅកាន់ភរិយានិងកូន។ ទីបំផុតវានិយាយតិចៗ៖
«បើអ៊ីចឹងដដែល ​ឱ្យអាMan នៅហ្នឹងហ្មងទៅ! ចាំទៅវិញទាំងអស់គ្នា!»
ក៏ម្យ៉ាងដែរ បើស៊ុនចង់មានគ្រួសារនៅជុំគ្នា ដូច្នេះមានតែឫទ្ធីដែលជាអ្នកដឹកប្រពន្ធខ្ញុំនិងកូនខ្ញុំទៅមុន។ មនុស្សពីរម៉ូតូបានមកដល់។ លើនោះសុទ្ធតែជាប្រុសមាឌធំមាំ។
ក្នុងចំណោមពួកគេមាន​កាន់ចបមកពីរ។ ជំនិះនោះ​សុទ្ធសឹងជាប្រភេទម៉ូតូចាស់ៗរបៀបតាម​ ស្រុកស្រែចម្ការដែលដឹករបស់សំពោង ធ្ងន់ៗមានទាំងខ្សែចងមាំៗនៅជាប់មកជាមួយក្រោយកែបទាំងសងផង។
ទាំងបួននាក់ចុះមកដល់ដី លោកតាបោយដៃហៅឱ្យចូល ខណៈពួកគេនៅទីទើរមិនហ៊ានឈានមកបៀតនឹងភោជនីយដ្ឋានទំនើបឡើយ។
មិនដឹងថា លោកតាឯមបានសម្រេចចិត្តពីពេលណាក្នុងការរកមនុស្សយកគគ្រឹកគគ្រេងបែបនេះទេ ខ្ញុំរឹតតែមិនយល់ទៀតផងដែរថា រឿងព្រានព្រៃដែលគាត់បានតំណាលគួរខ្លាច​ញាក់សាច់នោះ និងមីងម៉ៅដ៏ចម្លែក មាន​ទាក់ទងអីជាមួយនឹងរឿងកញ្ចប់ទីបួនរបស់​អាស៊ុន?
«តោះ​នាំពួកគេទៅជីកអណ្តូង!»
គាត់កេះប្រាប់ខ្ញុំ​ឱ្យចុះ ខណៈអាស៊ុនឱ្យសញ្ញាប្រពន្ធវាឱ្យគិតលុយជំនួស។
សំឡេងវាប្រាប់ពីនេះទៅ៖
«បើនៅហ្នឹងដែរ ឱ្យអាManនៅដែរទៅ!»
ជីណាងក់ក្បាល​ទាំងលូកដៃឱបកូនប្រុស​ហើយ​ភ្នែកសម្លឹងមកប្តីដោយស្រងូត។
អាស៊ុន​ដើរមកតាមពីក្រោយខ្ញុំតយញ៉យមក។ ​ជាដដែល​លោកតាបាននាំមុខយើងទៅ។ ​ឃើញពួកយើង​ដើរ​ដល់ដីកាលណា ក្រុមអ្នកកាន់ចបក៏មកតាម។
«ជីកនៅឯណាអ្ហះ?»
ខ្ញុំឆ្ងល់លួចឱនខ្សឹបទៅសួរអាស៊ុន ព្រោះក្រែងថា មុននេះ ខ្ញុំជាប់រវល់ក្រោកទៅកាន់តុកូនរមនា ​បានជាចន្លោះមិនឮលោកតាប្រាប់អំពីរឿងគម្រោង​ជីកមួយ​នេះ?
អាស៊ុនមិនបានតប តែអ្នកតប គឺលោកតាទៅវិញ៖
«ក្រែងអណ្តូងនៅខាងលិចបន្ទប់ចៅឯងស្នាក់ហ្នឹង?»
ខ្ញុំងាកសម្លឹងគាត់ភ្លឹះៗ។ តើគាត់​ម៉ៃស្មានៗ? គាត់គន់គូរឃើញ? អ្នកផ្លូវងងឹតណាមកប្រាប់គាត់ ​ឬគាត់បានឮរមនានិយាយ សូម្បីតែនាង​ប្រាប់ខ្ញុំតែម្នាក់?
ពីចម្ងាយខ្ញុំឃើញពូចាមរត់មកវិញដោយចេកមួយស្និត។ មកដល់ប្រមាណជា ៣០ម៉ែត្រពីហាង ខ្ញុំក្រឡេកឃើញបង្អួចបន្ទប់គេងខ្លួនឯងពីទិសខាងកើត។
លោកតាឈប់ ហើយគ្រប់គ្នាឈប់ដែរ។ មើលតាមសញ្ញាដៃគាត់ ពូចាម​ហុចស្និតចេកទៅឱ្យគាត់​។ លោកតា លើកចេកឡើងផុតក្បាលនិងបួងសួងបិទភ្នែក។
ខ្ញុំចាប់ផ្ដើមថយក្រោយបន្តិច នៅពេលដែលមនុស្ស​ទាំងបួន ចូលមកដល់កន្លែងដែលលោកតាឈរ​។
មនុស្សទាំងប៉ុន្មាននាក់នោះធ្វើតាមចង្អុលដៃរបស់លោកតា​ ហើយចាប់ផ្តើមជីក។ គ្នាគេបួននាក់មានចបតែពីរ ដូច្នេះគេបណ្ដាក់ដៃគ្នាជីកនិងកាប់ផង។
ស្និតចេកនៅលើដៃគាត់នៅឡើយ។
គាត់នៅបន្តសូត្រ ឯអ្នកកាប់នៅតែបន្តកាប់។
ចុងក្រោយ​គាត់ដាក់ចេកចុះ​បែរស្និតទៅទិសខាងលិច ​គឺដាក់ផ្ទាល់នឹងដី មិនមានធូបទៀនអ្វីទាំងអស់។
ខ្ញុំឱបដៃឈរក្បែរអាស៊ុនដោយប្រឹងសម្គាល់មើល​របៀប​ធ្វើពិធី​ដ៏សាមញ្ញមិនស្មុគស្មាញ​ តែអាថ៌កំបាំងនាំកំណាយតក់ក្រហល់មួយនេះ។
«គាត់គិតថា រយឆ្នាំមកអណ្តូងក៏កប់ក្នុងដី?»
ខ្ញុំខ្សឹបដាក់ស៊ុនក៏គ្មានចម្លើយ ព្រោះស៊ុនគ្មាន​ដំណឹង​គ្មានព័ត៌មាន​ដូចជាខ្ញុំដែរ។
«តើអណ្តូងនេះមានអីទាក់ទងនឹងកញ្ចប់ទីបួនដែលគាត់និយាយ?!»
«វាមិនសមថាគេមកកប់ក្នុងហ្នឹងអ្ហា៎?!» ស៊ុនហើបមាត់តបនឹងខ្ញុំហើយ។ គឺមិនសមមែន!​ បើថាមកកប់កញ្ចប់ទីបួននៅទីនេះហើយជម្រៅនេះ​ទៅមិនរួចទេ!
ក្រុមអ្នកកាប់នៅតែបន្តសកម្មភាពបែកញើសគឃៀរ។
ម៉ោងពីរជាងហើយ ខ្ញុំដាច់ចិត្តថា ​សសៀរទៅក្បែរសួរលោកតា។
«ហេតុអីលោកតាប្រាកដថា​អណ្តូងនៅណេះ?!»
គាត់សម្លឹងដី​មិនទាន់រកនឹកថា​មាត់ពន្យល់ខ្ញុំពីណាទៅណាផង ស្រាប់តែលាន់អ្វីមួយ​ឆឹងឡើង។
ពួកគេ​គាស់កាយ ប៉ះអ្វីមួយពិតមែន។
ខណៈកម្មករ​ឈប់ដៃ ​និងឈរទ្រឹងគ្រប់គ្នា លោកតាហាក់ស្ទុះមកក្បែរដោយអន្ទះសា។ ជើងគាត់​ផ្ទាត់លើប្រភពសូរសំឡេង ផ្ទាត់ហើយផ្ទាត់ទៀត  គម្របដែកមួយចាស់​ហើយខ្មៅ ពិតជាបង្ហាញខ្លួន។ មានគម្របមួយនៅក្រោម​ជម្រៅប្រមាណជា ៥តឹកពីដី។
ជនចំណាស់មាន​របៀនជាប់កាយ​ រូបនេះ ធ្វើកាយវិការបញ្ជាបុរសទាំងនោះឱ្យ​រាលវាតដីរកមើលទំហំបន្ទះដែក ដែលគាត់កើតសង្ស័យខ្លាំង។
តាមពិតទៅ នេះ​គម្របដែកធំមួយ ប្រហែលជាប៉ុនគម្របពាងអុងពិតៗ លៀនចេញមកពីក្រោមស្រទាប់ដី ដែលពួកគេកំពុងតែជីកបានប្រហែលជាពីរចំអាម។
អាស៊ុនចំហមាត់ធ្លុង ​ឯខ្ញុំសឹងទន់ជង្គង់ម្តងៗ។ ពូចាម​រត់ស្លេវចូលមកមើល។
«អូយ!»
គាត់លាន់មាត់។ ក្រុមអ្នកជីកចាប់ទម្លាក់ចបចោល។ ក្លិនម្យ៉ាងខ្មោះៗ ចាប់ផ្តើមសាយចេញ។
តំណាលមុននេះរត់មកវិញក្នុងការចងចាំ «ពេលមួយប្តីមិននៅ ប្រពន្ធក៏បានសម្លាប់នាង​ចោល​ដោយកាំបិត ហើយយកសពទៅទម្លាក់ចោលទឹកអណ្តូង។ ប្តីនោះមកពីព្រៃវិញ រកនារីកំណាន់មិនឃើញ ក៏កើតទោសៈសម្លាប់ប្រពន្ធឯងចោល ​និងបោះចោលកូនៗប្រុសទាំងអស់ទៅក្នុងអណ្តូង​ដដែល»
ខ្ញុំថយក្រោយក្រាកៗ ញ័រដៃជើងទប់លែងចង់ជាប់។
«ទម្លាក់ចបប្រើដៃបើកគម្របឡើង!»
តាថាបញ្ជា តែគ្មាន​អ្នកណាធ្វើសកម្មភាពទេ។ ពួកគេនៅអេះអុញ ទំនងជាបានឮរឿងអាស្រូវកន្លងមកវែងឆ្ងាយដែរហើយ។
«គាស់ឡើង!»
គាត់ប្រាប់ទៀត។
ពូចាមក៏មុខស្លេកដែរ តែខំ​និយាយ៖
«ធ្វើទៅ! លុយគង់តែឱ្យទេ!»
អ្នកទាំងបួននៅមើលមុខគ្នា​ចុះឡើង។ មិនយូរម្នាក់ចំណាស់ជាងគេដោះមួក ហើយសួរទៅលោកតា៖
«អណ្តូងលិចមែនទេអ៊ំ! អណ្តូងអ្នកល្ខោនហ្មែន ពួកខ្ញុំម៉េចហ៊ានជីកអ៊ំ?»
ពួកគេភ័យ បានន័យថា​រឿងព្រាននោះ មិនមែន​ជារឿងស្ងាត់ទេ។
ទំនងជាឃើញថា​ពិបាកប្រើពួកគេ ​ពិបាកពន្យល់ផង តាសម្លឹងមកខ្ញុំហើយបង្គាប់ ៖
«ចៅឯង!»
ខ្ញុំបុកពោះ។ ដ្បិតតែខ្ញុំមានចិត្ត​ជួយមិត្តស្មោះ ​តែខ្ញុំខ្លាចណាស់ ពេលនេះ​ភាពភ័យខ្លាចរបស់ខ្ញុំ កាន់តែខ្លាំងឡើងៗ គ្រាន់តែគាត់ហៅពីម៉ាត់ខ្ញុំ​ថយថែមមួយជំហានថយក្រោយទៀតទៅហើយ។
លោកតាមើលដឹង​រឿងនេះ គាត់ចាប់ផ្តើមអង្គុយចុះ​លើកដៃអាវអាចារ្យឡើង​ហើយលូករក លើកគម្របដែកដោយដៃទទេ។
ខ្ញុំលើកហត្ថាទាំងទ្វេដែលញ័រ​មកប្រណម្យ​ត្រឹមទ្រូង​ហើយធ្មេចភ្នែកបន់គុណពុកម្តាយ។
កម្លាំងគាត់ម្នាក់ឯងចំណាស់នេះ នឹង​ទៅទាញគម្របដែកសន្ធប់យូរឆ្នាំមួយក្រែង​តែ​​ពិបាក។ ពេលខ្ញុំនៅរេរា​ អាស៊ុនវាដើរត្រឹកៗទៅ។
ដោយប្រើកម្លាំងទាំងវានិងគាត់ នៅតែ​មិនឃើញអ្វី​កម្រើក ពូចាម​ចូលម្នាក់ទៀត។ ចុងក្រោយពួកកម្មករពីរនាក់ចូលទៅជួយដែរ។
ខ្ញុំនៅឈរ​ឆ្លេឆ្លាមើលពីនេះទៅ។
ក្រុមគេបានព្យាយាមបីបួនដង ចុងក្រោយ ពិតជាទាញ​យកបន្ទះដែកឡើងមកបានសម្រេចមែន។
ក្លិនស្អុយអាសោចមួយវឹប បោលចេញមក។
ខ្ញុំភ័យបុកពោះ ព្រោះសំណួរគឺ បើគម្របធំប៉ុណ្ណេះ ប្រាកដណាស់នៅពីក្រោមវា អាចនឹងជាសាកសព ឬអ្វីផ្សេងដែលខ្ញុំមិនចង់ឃើញ មិនចង់ដឹង មិនចង់ឮ។
ហេតុអីបានមានអណ្តូង ចាស់នៅក្រោយនេះ​ពិតមែន?
កុំថាពួកគេ​ដែលរត់ធាក់ថយមក សូម្បីខ្ញុំកំសាក​នៅចម្ងាយណេះ ក៏រកកលចង់ក្អួតតិចៗហើយដែរ។ លោកតាទម្លាក់គម្របទៅម្ខាង តែភ្នែកគាត់ពិនិត្យពិច័យក្នុងអន្លង់នោះជាប់នៅឡើយ។
អាស៊ុនខ្ទប់មាត់ច្រមុះ ហើយថយមកយឺតៗ សឹងមកទន្ទឹមខ្ញុំ។
«ក្នុងហ្នុងស្អីគេអ្ហ៎ា?»
ខ្ញុំសួរភ្លាមៗ តែមិនអើតទៅមើលដាច់ខាត។​ ស៊ុនគ្រវីក្បាល បង្ហាញ​ភាពហួសចិត្តនិង​តក់ស្លុត ដោយក្តីខ្ពើម​​រអើម​។​ ទោះយ៉ាងណា នេះ​មិនមែន​គំរង់ខ្មោចមនុស្ស​ទេ ក្លិននេះ​​អាចជាសត្វ ខ្ញុំលបគិតម្នាក់ឯង។
លោកតា​មិនមាត់ គាត់ដើរក្រឡឹងជុំវិញ មាត់កំណាយដែលមានរាងមូលដូចជាអណ្ដូងនោះហើយចាប់ផ្ដើមនិយាយប្រាប់ ៖
«លើកចេញមក!»
លោកតាបញ្ជា តែគ្មានអ្នកណាកម្រើកដដែល។
«លើកឆ្អឹងសត្វចេញមកខ្ចប់ទុកឱ្យស្រួល ចាំរកកន្លែងកប់ផ្សេង​!»
ដោយមិនឃើញពួកគេធ្វើតាមគាត់ លោកតាហាក់ហួសចិត្ត​រេភ្នែកសម្លឹងពួកនោះម្តងម្នាក់ ធ្វើឱ្យស៊ុនចង្អុលកាត់សេចក្តី៖
«ធ្វើទៅបងៗ ខ្ញុំជូនសាគុណ បងចង់បានប៉ុន្មាន​ធ្វើតាម​លោកតាប្រាប់ទៅ!»
ពួកគេមើលមកស៊ុន​ប្រហែលអាចឃើញថាពួកខ្ញុំជាអ្នកមកពីចម្ងាយអាចនឹងមានលុយកាក់ សម្រាប់បំពេញតាមសេចក្ដីត្រូវការរបស់ពួកគេ បួននាក់មើលមុខគ្នាហើយម្នីម្នា លើកគ្រោងឆ្អឹងសត្វមួយ​ៗ​មកដាក់លើដី។
ហេតុអីមានសត្វចូលមកស្លាប់នៅហ្នឹងបាន? នៅក្លិននៅឡើយផង អ្នកណាសម្តែងល្ខោន?​ បើជាសំណល់មករយឆ្នាំមែន ម្តេចក៏សល់របស់ទាំងនេះមកបាន?
សំណួរ​រាប់សិប​ប្រសាចក្នុងបញ្ញាសា្មរតី​របស់ខ្ញុំ ​ខណៈលោកតាឯមបញ្ជាពួកគេឱ្យចាប់ផ្តើមកាប់គាស់ដីពីក្រោមឆ្អឹងសត្វបន្ថែមទៀត។ ដោយសារតែអំណាចទឹកប្រាក់ គឺអ្វីៗរៀបចំឡើងបានយ៉ាងប្រញាប់ប្រញាល់ដូចចិត្ត។
មិនយូរប៉ុន្មាន មាត់អណ្ដូងចាស់មួយបានលេចចេញឡើងមែន។
តាមពិតទីនេះមានអណ្ដូងមួយមែន!!
ខ្ញុំដៀងភ្នែកដោយសង្ស័យ​សម្លឹងអាស៊ុន។ វាក៏នៅស្រឡាំងកាំងស្លេកងាំងដូចគ្នា។
«អ្នកណាសម្លាប់ឈ្លូសយកមកញាត់ហ្នឹងបាន? បើខ្ញុំដេក​យាមនៅរីសតនេះ​តែ​រហូត?»
សម្តីសួររបស់ពូចាមដូច​ពញ្ញាក់ខ្ញុំឱ្យនឹកឃើញឡើងវិញដល់ពេលដែលខ្ញុំអង្គុយស្ដាប់នៅភោជនីយដ្ឋាន ឮសូរអាស៊ុនប្រាប់ថា ​វាយល់សប្តិឃើញតង់នៅចុងញ៉កនៃជំរំក្មេង មាន​មនុស្ស​ប្រុសម្នាក់ឱបឈ្លូសមួយប្រឡាក់ប្រឡូសសុទ្ធតែឈាម។
គ្រប់គ្នា​នៅទីនេះប្រហែលមិនដែលមានគំនិតថា ខាងលិច​រីសតទំនើបមាន​លាក់ទុកអណ្តូងខាងលិចមួយ ដែលគេធ្លាប់តែតំណាល តែរកមិនឃើញដាន?
ឥឡូវនេះខ្ញុំមកឃើញផ្ទាល់ភ្នែក តើពួកគេគិត​ធ្វើម៉េច​ចំពោះរឿងនេះ។
«យើងត្រូវធ្វើពិធី»
លោកតាឯមនិយាយប្រាប់ពូចាម ហើយ​សម្លឹងមកស៊ុន។
ស៊ុនលើកដៃសំពះគាត់ពីចម្ងាយ ដូចបង្ហាញថា​តាមគាត់ទាំងអស់។
ដោយសារស៊ុនគ្មានលុយមកតាម ខ្ញុំឱ្យលុយខ្លះតាមពូចាម ប្រាប់ទៅកាន់ក្រុមអ្នកជីក ហើយ​គាត់ក៏ឱ្យគេទៅវិញមុន ដោយយកឆ្អឹងសត្វទៅចោលឆ្ងាយពីរីសតផងដែរ។
បានបន្តិច គាត់ដឹកយាយសក់ដាញ់មកវិញ ដោយមានអីវ៉ាន់សំពោងមកផ្ទុកនៅមុខម៉ូតូនិងកាន់យួររណោង។ ខ្ញុំរកមើលមីងម៉ៅម្នាក់នោះដែរតែមិនឃើញទេ។ ប្រហែលមកពីគាត់មានត្រណមមិនអាចធ្វើពិធី បានជាមិនអាចលេចមុខមកទីនេះ។
តាមពិត ពិធីមួយ​នេះ មិនខុសអ្វីពីពិធីខ្មែរយើងជាច្រើនដែលខ្ញុំធ្លាប់ឃើញ ស្រដៀងរបៀបធ្វើបុណ្យរំដោះគ្រោះ គឺមានសាច់ឆៅ បាយ បង្អែម ចម្អាប ផ្កា ក្រណាត់ស ស្រូវ អង្ករ អំបិល ប៉ុន្តែអ្វីដែលខ្ញុំឃើញប្លែកនោះគឺ គេមានស្បែកគោ មួយសន្លឹកមកទៀត យកមកក្រាលក្រោមពិធីនេះទាំងមូល។
ដោយរៀបចំព្រមក្បែរបាយ និងបង្អែម ផ្លែឈើ អង្ករ ទឹកដែលប្រពន្ធតាឯមបានធ្វើមកពីផ្ទះ ក៏ថែមឃើញមាន​ផ្កាព្រៃជាច្រើនពណ៌ដែលខ្ញុំមិនស្គាល់ រោយពាសជុំវិញ​ក្បែរមាត់អណ្ដូងមួយនោះដោយដៃយាយសក់ដាញ់។
ពេលនោះលោកតាបានចាប់ផ្ដើចអុជធូប មាត់អណ្ដូងសឹងចន្លោះពីគ្នាមិនដល់មួយចំអាមតែនៅមិនទាន់ឃើញមាន​បែរបន់សូត្រធម៌របៀនអ្វីមួយទាំងអស់។
ពួកគាត់ធ្វើពិធី ដោយមិនមាននិមន្តព្រះសង្ឃ មិនមានអាចារ្យ អ្វីនោះទេ។
ដោយរៀបរួចរាល់ គាត់បាន​ដេញពួកយើងឱ្យឈរឆ្ងាយក្រោមម្លប់ ហើយចាប់បង្គាប់ឱ្យពូចាម កាប់ឆ្ការមែកឫស្សីខ្លះដែលដុះលយមក ទុកឱ្យកាំរស្មីនាវេលាពេលរសៀលនៃព្រះទិនករ ចែងចាំងមកបន្ថែមពីទិសខាងលិចក្រាលគ្របមកបំភ្លឺលើអណ្តូង។
សាជាថ្មី ពួកគាត់ទាំងទៅពីរទៅអង្គុយ​ស្មិងស្មាធិ៍បែរខ្នង​មករកពួកយើង។ ពេលវេលារំលងទៅប្រមាណជា មួយបទភ្លេងប៉ុណ្ណោះ លោកតាដកអ្វីមួយ​ចេញពីក្នុងបង្វិចគាត់ដែលភរិយាផ្ញើមក។
វត្ថុនោះមើលពីនេះទៅ​មាន​ពណ៌ខ្មៅស្រិលឆ្លាក់ក្បាច់ចេញពីឈើខ្មៅប៉ុន្តែបែរជាមានរាងដូចជា សត្វទន្សោង​។
គាត់យករូបចម្លាក់សត្វខ្មៅមកគូសវាសនៅពីលើស្បែកគោហើយចាប់ផ្ដើមបោកបាចរោយអង្ករចុះឡើងមាត់សូត្រជីពអូចៗនូវពាក្យបាលីជាច្រើន។
លោកតាឯមសូត្រចប់ គាត់ឱនទៅលូកដៃច្បាមយកថង់មួយពីក្នុងអណ្តូងឡើងមក។ ជាថង់ប្លាស្ទិកខ្មៅ ក្នុងថង់នោះមានក្រណាត់មួយដុំពណ៌ស ដែលវេចខ្ចប់អ្វីម្យ៉ាងប៉ុនបាតដៃ។
ខ្ញុំមានការសង្ស័យណាស់ អរផងភ័យផង ថានេះជាកញ្ចប់ទីបួនឬអ្វី ប៉ុន្តែខំអត់ធ្មត់រង់ចាំរហូតដល់គាត់ប្រាប់ មិនហ៊ាន​ទៅក្បែរៗសួរនាំនៅឡើយទេ។
លោកតាបាន​លាថង់នោះ នៅកណ្តាលថ្ងៃចែស គ្រប់គ្នានិង​ខ្ញុំបានឃើញរូបថតអាស៊ុនត្រូវបានគេខ្ចប់    នៅ​កណ្តាល​ នៅក្នុងកញ្ចប់ក្រណាត់សគួរឱ្យភ័យខ្លាចនោះ។
ខ្ញុំរញីរញ័រដៃជើងសឹងតែអុកគូទអង្គុយប៉ុកផ្ទាល់ដី តែខំ​តាំងចិត្តឱ្យនឹងនរដោយការ​បែរគេចមុខចេញ។ ខ្ញុំមិនចង់ឃើញរបស់ទាំងអស់នោះទេ ខ្ញុំភ័យណាស់ គឺភ័យរហូតដល់ថ្នាក់ចង់តែនាំប្រពន្ធកូន ទៅភ្នំពេញវិញឡើងលែងចង់រវីរវល់ថា មានរឿងអ្វីកើតឡើង។
«ម៉េចបានមានរូបអញនៅហ្នឹង?»
អាស៊ុនសួរញ័រ វាភ័យស្លុត។ ខ្ញុំខំប្រឹងទប់ចិត្ត រក្សាទឹកមុខ ទូន្មានវា
«អត់អីទេ! រកឃើញប្រភពហើយ គង់តែមិនអីទេ! លោកតាពូកែណាស់! អ្ហែងជឿគាត់ បានឈ្នះអំពើបាបអស់ហ្នឹង បាន​តាំងចិត្តឡើងអាពួកម៉ាក ពុកអ្ហែង បងអ្ហែងជិតមកដល់ហើយ»
នៅក្នុងអណ្តូងកប់ចោលក្នុងដី មានឆ្អឹងសត្វស្លាប់ មានរូប​ថតមនុស្ស​នៅរស់ អ្នកណាឃើញហើយមិនស្លុតចុះទម្រាំសាមីខ្លួនដែលកំពុងរងគ្រោះទៀត?
ដៃ​លោកតា​ស្រវា​រេរា​ពាសពេញទីសំណែន​។ គាត់រាវ​ប៉ះឆ្អឹងជ្រូកមួយ​ជាប្រភេទ​ឆ្អឹងជំនីរនៅឆៅ​មិនទាន់បានចម្អិន អ្វីទាំងអស់ គ្រាន់តែកាប់មកជាដុំៗស្រាប់។
«អញសង អញសែន! ​ឯងយកសំណែន​អញយករូបវិញ!»
នៅភូមិខ្ញុំ យូរណាស់មកហើយ មាន​ម្តង​ធ្លាប់ឃើញ​សាច់ស្រុក ដែលសង្ស័យរឿងអាសន្នរោគកាច់ក្នុងភូមិ បាននាំគ្នា​លៀងវិញ្ញាណដោយ​ប្រើកន្ទុយជ្រូកឆៅ តែឆ្អឹងជំនីរឆៅ មកសែន​មាត់អណ្តូង ជារឿងមួយថ្មីទៀតសម្រាប់ខ្ញុំ។
ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នានោះគឺថាកន្ទុយជ្រូកកាលខ្ញុំរត់ទៅមើលគេធ្វើពីធីពីក្មេងៗ គឺគេមានរុំដោយក្រណាត់ស ហើយបន្ទាប់ពីសូត្របាលីគ្រប់មុខ គេបានយកវាទៅដាក់នៅលើដំបូលផ្ទះអ្នកឈឺ ចោល​៧យប់៧ថ្ងៃ​រួចទើបប្រមូលដុត។
កំពុង​តែបែកអារម្មណ៍​ចុះឡើង ពូចាម​រត់មកខ្សឹបខ្ញុំថា ប៉ារបស់ស៊ុន និងបងសាំងបងប្រុសធំរបស់វាបានមកដល់ល្មម។
ខ្ញុំក៏ស្រូតដើរចេញទៅទទួលពួកគាត់នៅចំណតឡានទុកឱ្យអាស៊ុនវានៅបន្តពិធី។
មកដល់ក្រៅរីសត ខ្ញុំឃើញប្រពន្ធខ្ញុំនិងប្រពន្ធស៊ុន ព្រមទាំងកូនៗនៅអង្គុយ នៅអង្គុយ​ចាំ​ក្បែរ​តុដដែល។      រយៈ​ពេលយូរក្រែលដែរហើយ ពួកគេមិនបានចាកចេញទៅភ្នំពេញវិញនោះទេ ទោះបីអ្នកភ្នំពេញគេឡើងឡានទៅអស់ហើយក្តី។
ខ្ញុំដឹងថាប្រហែលជាពួកគេបានសម្រេចចិត្តជាមួយគ្នានិងបន្តរង់ចាំទៅជាមួយពួកយើង។
ភ្លាមនោះជីណាដែលឃើញ​វត្តមាន​ខ្ញុំ នាង​តាម​សម្លឹង​ខ្ញុំយ៉ាងជាប់​ធ្វើឱ្យខ្ញុំប្រឹងដើរបំបែរទិសទៅក្បែរនាងហើយលួងលោម៖
«អត់អីទេ!​ កុំព្រួយអី! ពិធីជិតចប់ហើយ!»
ឃើញប្រពន្ធស៊ុនហាក់ធូរស្បើយតាមរយៈទឹកមុខបន្តិចវិញ​ ស្របពេលបងសាំងនិងពុកក្មេករបស់នាងដើរតម្រង់មកដែរ។
«ខ្ញុំទៅបញ្ចប់ពិធីសិន!»
ខ្ញុំប្រាប់ជីណាហើយងាកទៅញញឹមដាក់ភរិយារបស់ខ្ញុំផង។ កូនរមនាបើកភ្នែកធំៗ សម្លឹងមកហាក់មានអ្វីមួយចង់និយាយជាមួយខ្ញុំច្បាស់ណាស់ ប៉ុន្តែដោយ​ពេលវេលាខើចពេក ខ្ញុំក៏ប្រញាប់ស្កាត់ទៅនឹងអាលបាន​ឃើញ ​និង​យកកញ្ចប់ទាំងបីពីឪពុករបស់ស៊ុន យកទៅជូនលោកតា ឯមឱ្យបានមុនពេលថ្ងៃលិច។
ដូច្នេះខ្ញុំបានត្រឹមលូកដៃទៅអង្អែលសក់រមនា ស្រាប់តែនាងរលាស់ដៃខ្ញុំចេញហើយគេចក្បាលមិនឱ្យប៉ះ។ កូននេះមួយថ្ងៃពេញ ចេញចរិតមកប្លែកៗ ខ្ញុំមិនសូវសប្បាយចិត្តទេ ណាមួយ​កំពុងពើបរឿង​ចម្លែកមិនល្អច្រើនដំណាក់មកផង។
ទោះចិត្តសៅហ្មង​ប៉ុន្តែខ្ញុំនៅតែធ្វើញញឹមដាក់នាងដើម្បីបង្កបរិយាកាសល្អ៖
«កុំរករឿងប៉ាពេក ចង់បានអ្វី? ចាំប៉ាទិញឱ្យ! ឱ្យប៉ា​ធ្វើការជាមួយពូស៊ុនបន្តិចសិន!»
ខ្ញុំនាំផ្លូវពុករបស់ស៊ុននិងបងប្រុសវា​ ឆ្ពោះទៅកាន់កន្លែងមាន​អណ្ដូងចាស់នោះភ្លាមៗ។ ទៅដល់កាលណា ខ្ញុំឱ្យបងសាំងប្រគល់កញ្ចប់ទាំងបីនោះ ទៅឱ្យលោកតាដោយ​មិនបង្អង់។
លោកតា​ទទួលយកមកលាមើលមុខអណ្តូង​ដោយមិនមាននរណាម្នាក់អាចឃើញ​ថាក្នុងនោះមាន​ខ្ចប់អ្វី​នោះទេ។
លោកតាសម្លឹងកញ្ចប់នោះបានយូរបន្តិច​ទើប​ចាប់ផ្ដើមដាក់វាទៅលើស្បែកសត្វ។ គឺដូចមុនដែរ ក្រោមការអន្ទះសាចង់ដឹងរបស់ពួកយើង ដោយសារតែគាត់អង្គុយបែរខ្នង មានលក្ខណៈមិនចង់ឱ្យពួកយើងឃើញអ្វីៗនៅក្នុងកញ្ចប់នោះផង ដូច្នេះហើយពួកយើងអន្ទះសាកាន់តែខ្លាំងឡើង​ ទាំងខ្ញុំ ទាំងស៊ុន បងសាំង ពុករបស់បងសាំង និងពូចាម។ មានតែយាយសក់ដាញ់ ដែលនៅបត់ជើងក្បែរសំណែនប៉ុណ្ណោះដែលអាចមើលឃើញអ្វីៗនៅក្នុងកញ្ចប់នោះ មើលហើយគាត់ថយមកអង្គុយឆ្ងក់លែងនិយាយតែម្តង។
តើវាជារូបថតអាស៊ុនដែរឬអ្វី?
អ្នកណាក៏ឃោរឃៅម៉្លេះបានប្រើអំពើខ្មៅទុរយសអស់ទាំងនេះមក​លើវា? ដោយសារគំនុំរឿងអ្វីទៅ?
«អ្នកធ្វើនេះ មិនមែន​អ្នកឆ្ងាយទេ!» លោកតា​ពោលតិចៗ​ទាំង​ដែលពួកយើងខំផ្ទៀងស្តាប់យ៉ាងអន្ទះសា។​ សម្តីគាត់ដូចកំពុងដាស់រំឭកខ្ញុំឱ្យនឹកដល់សម្តីតាឆុំកាលនៅរស់ គាត់ធ្លាប់និយាយនឹងម្តាយខ្ញុំថា «សត្រូវក្រៅ ស្រួលប្រយ័ត្នជាង ដង្កូវសាច់ឯង! អំពើអំពាន់លើលោកនេះ កម្រ​មានប្រសិទ្ទិភាពណាស់ពេលប្រើពីចម្ងាយ លើកលែងគេជាមនុស្សនៅក្បែរៗ នៅញ៉ាំចុកជាមួយយើង!»
តើជាអ្នកណា ចេញចូលផ្ទះអាស៊ុនបាន ​ហើយ​មកដាក់រូបអាស៊ុននៅអណ្តូងនេះទៀត?
គេគិតអ្វីទៅ?
អណ្តូងគម្របដែកធ្ងន់យ៉ាងនេះ គគ្រិចយ៉ាងនេះ?
ខ្ញុំគិតស្ងាត់ៗ ស្របពេលដែលសំណួរស៊ុនសួរមកខ្ញុំខ្សឹបៗ៖
«ស្អីគេអារ៉ា អញអត់យល់ទេ! ហេតុអីបានជាវាមមកនៅក្នុងផ្ទះអញបាន!»
បងសាំង លើកដៃវាយថ្ងាសប្អូនគាត់បន្ទោសតិចៗ៖
«ឯងទុកចិត្តគេពេកអាស៊ុន! អ្នកណាទេ យករបស់ចង្រៃ​អស់នេះមកបង្កប់ដាក់អំពើក្នុងរបស់ផ្ទះឯង! តារាខលមកភ្លាមកាលណា ឱ្យបងរកគ្រប់បួនកន្លែង ប៉ុន្តែបងរកអស់ហើយ ថូផ្កា ផើងផ្កា បងកាប់កំទេចវាចោលខ្ទេចខ្ទីអស់ហើយ គ្មានឃើញអ្វីទៀតទេ រកឃើញតែរបស់បីនេះ!»
លោក​តាឯម​ស្រាប់តែ​ បែរក្រោយសម្លឹងឃើញស៊ុន ហើយ​បក់ដៃហៅវាទៅរកគាត់។ ប្រហែលជាដោយសារឃើញខ្ញុំនេះខំអើតកសម្លឹង​ទៅកាន់គាត់​ដែរដោយ​ទឹកមុខ​ចង់ដឹង គាត់ក៏បក់ដៃហៅខ្ញុំទៅជាមួយស៊ុនម្នាក់ទៀត។
ក្នុងមួយជំហានៗដែលនាំពួកម៉ាកដើរឆ្ពោះទៅរកគាត់ ចិត្តខ្ញុំបុកពោះភឹបៗ។ ប្រភពនៃការពិតមិនទាន់បកស្រាយ​តែភ្នែក​ខ្ញុំមិនចង់ឃើញរបស់ទាំងអស់នោះ ខ្ញុំមិនចង់ពាក់ព័ន្ធនឹងរឿងអំពើមន្តអាគមខ្មៅទេ ប៉ុន្តែចិត្ត​ចង់ដឹងដំណើរដើមទងដែរ។
ជ្រុលប៉ុណ្ណេះហើយ ខ្ញុំត្រូវតែជួយដោះស្រាយជាមួយនឹងស៊ុន ដូចពាក្យគាត់និយាយប្រាប់ខ្ញុំពីពេលបាយមក ថាពួកខ្ញុំពីរនាក់នេះ​កើតមកដើម្បីដោះស្រាយឱ្យគ្នាទៅវិញទៅមក។
«ឥឡូវឃើញតែបីកញ្ចប់ទេ! រឿងបន្ទាប់ដែលចៅត្រូវ​ព្រម​ធ្វើបានគឺរុះរើបន្ទប់របស់ចៅស៊ុនក្នុងរីសតនេះ​ ក្រែងរកឃើញមួយទៀត!»
«ចុះកញ្ចប់ដែលរើចេញពីអណ្តូងមានរូបថតខ្ញុំហ្នឹង?!»
«អាហ្នឹងផ្សេង!»
គាត់តបភ្លាម បានឱកាសខ្ញុំរេភ្នែកមើលទៅកញ្ចប់បីទៀតនោះ…..
ខ្ញុំឃើញកញ្ចប់នោះ​តូចៗប៉ុនទំហំកញ្ចប់ក្រហមដែលអ្នកលក់មាសចំណាំប្រើ​ខ្ចប់គ្រឿង​អលង្ការ គ្រាន់តែនេះមានពណ៌សស្រគាំ ​ហើយនៅពីក្រោមកញ្ចប់នីមួយៗ មានសន្លឹកក្រដាសមួយផ្ទាំងគូរ​ក្រវ៉េមក្រវ៉ាមដោយ​ទឹកហ្វឺតដាមខ្មៅ ទាំងបីសន្លឹក។
ខ្ញុំមើលមិនយល់អក្សរទាំងនោះទេ។
លោកតាមិនទាន់ពន្យល់ផង ស្រាប់តែយាយសក់ដាញ់ហានិយាយ​ ជាមួយសព្ទ​សំឡេង​គ្រលរស្អកស្អារបស់គាត់៖
«ដូចយើងនិយាយគ្នាកាលនៅគល់ដើមកកោះ! ចៅនេះវិញ្ញាណចូល នៅក្នុងបន្ទប់របស់មិត្តភក្តិ គួរតែយើង​ទៅបន្ទប់នោះមុន!»
ពាក្យថា វិញ្ញាណចូល កាន់តែ​ថ្មីទៀតហើយ?
វិញ្ញាណអី?
មិនមាន​អ្នកណាមកផ្តល់ចម្លើយ​ដល់ចិត្ត​ហក់កញ្ឆេររបស់ខ្ញុំទេ។
បានត្រឹមឆ្ងល់ហើយឆ្ងល់ទៀត។ ចំណែក​លោកតាវិញ គាត់ងក់ក្បាល​យល់ព្រមជាមួយយោបល់យាយ ហើយ​​ក៏ប្រមូល​របស់ទាំងអស់​ដាក់បង្វិចគាត់។
ពួកយើងចាប់ផ្ដើមធ្វើដំណើរត្រឡប់​ទៅកាន់បន្ទប់របស់ខ្ញុំ ដែលខ្ញុំដឹងថា ភរិយាខ្ញុំមិនទាន់បានឆែកចេញ​ពីទីនោះនៅឡើយទេ​ យើងនៅមានសិទ្ធចូលទៅ។
ពូចាមនិងយាយដាញ់ មិនបាន​មកជាមួយ​ទេ លោកតា​បង្គាប់ឱ្យពួកគាត់​រៀបចំគ្រឿងសំណែនផ្សេង សម្អាតកន្លែងនោះឡើងមិនឱ្យមានដានតែគម្របអណ្តូងនៅបើកចំហ។
លោកតាប្រាប់ថា ម្ចាស់រីសតត្រូវដោះស្រាយរឿងអណ្តូងនេះ​មួយតង់ទៀត ព្រោះនៅនឹងដីកម្មសិទ្ធិរបស់គេ។
នៅតាមផ្លូវគាត់ប្រាប់ខ្ញុំត្រួសៗថា ខ្មែរយើងមិនដែលទុកអណ្តូង​នៅលិចផ្ទះទេ ព្រោះគេជឿថាអាចមានវិញ្ញាណមកជ្រកនៅ។
ប្រសិនជាវិញ្ញាណអារក្ខអ្នកតាយើងប្រណិប័តន៍ល្អ មិនអីទេ​តែ​ប្រសិន​បើជាវិញ្ញាណ​តោកយ៉ាក តៃហោង នឹងនាំមកនូវអពមង្គលបាន។ ជាជាងប្រឈមមុខខ្លាំង​គេមិនដែលទុកអណ្តូងបែបនេះទេ។ អណ្តូងនេះមានគម្របនឹង​ត្រូវបាន​ចាក់លុបទំនងជាម្ចាស់គេបានដឹងដែរ ​ឬមួយ​ត្រូវបានលុបចោលយូរមកហើយតាំងពីជំនាន់មុនៗមក ប៉ុន្តែហេតុអ្វីមាន​អ្នកស្គាល់កន្លែងវា​ហើយមកដាក់សពឈ្លូសចូលបាន?​
ទុកឱ្យខ្ញុំនៅឆ្ងល់ លោកតាឯម និងអាស៊ុនដើរទៅមុន។ លោកតារេភ្នែកសម្លឹងគ្រប់ទីកន្លែងក្នុងនេះ។ ខ្ញុំឃើញវ៉ាលិសខោអាវ និងកញ្ចប់គ្រឿងប្រើប្រាស់ដែលស៊ីលាភ បានរៀបទុកត្រៀមចេញដំណើរវិលទៅផ្ទះ ហើយខ្ញុំក៏រេទៅសម្លឹង​បង្អួចសាជាថ្មី។
«បង្អួចហ្នឹងហើយលោកតា​ ដែលខ្ញុំមើលទៅឃើញអណ្តូង!»
ខ្ញុំចង្អុលប្រាប់គ្រប់គ្នា ប៉ុន្តែពេល​ខ្ញុំនិងគាត់ដើរមកឈរក្បែរបង្អួចមើលទៅខាងក្រៅ គឺយើងនៅឆ្ងាយនៅឡើយពីអណ្ដូង។ នេះ​មានន័យថា អ្វីដែលខ្ញុំបានយល់សប្តិឃើញ មិនមែនជាការពិតទាំងស្រុង ដែលថាអណ្ដូងនៅប្រមាណជាដប់ម៉ែត្រចម្ងាយពីបង្អួច ត្រង់ភ្លឹងខ្ញុំអាចមើលឃើញពីបន្ទប់នោះទេ។
គ្រាន់ជាអ្វីមួយដែលពន្យល់ផ្លូវខ្ញុំ ឱ្យខ្ញុំបានដឹងជាប្រផ្នូលតែប៉ុណ្ណោះ។ ជាក់ស្តែង ពីនេះទៅកន្លែងពិតនៃអណ្ដូងចាស់មួយនោះ គឺនៅឆ្ងាយពីគ្នាដាច់ណាស់  មានបត់បែនផ្លូវច្រើនទៀតទើបអាចទៅដល់​។
សំខាន់​លោកតារកឃើញ​ចំកន្លែងហើយជីកឃើញបាន ខ្ញុំកំពុង​រកចម្លើយមិនច្បាស់លាស់បាននៅឡើយ​សម្រាប់រឿងនេះ។
ខ្ញុំអញ្ជើញពុករបស់ស៊ុនដែលគាត់មានវ័យចំណាស់មកអង្គុយនៅលើសាឡុង ចំណែកស៊ុនហត់ពេកក៏អង្គុយក្បែរឪពុកដែរ។
ទោះយ៉ាងណា ស៊ុនហាក់មានភាពកក់ក្តៅនៅក្នុងទឹកមុខ នៅពេលមានបងប្រុសនិងឪពុកមកដល់​។
មិនរង់ចាំអ្វីយូរ បងសាំងចាប់ផ្តើមសួរសំណួរ៖
«យើងធ្វើម៉េច បើរកកញ្ចប់ទីបួន​នោះមិនឃើញ?»
ដោយសារជាតិជាបងប្រុសច្បងគាត់តែងតែបារម្ភអំពីប្អូនប្រុស និងអន្ទះសា។ ណាមួយ​គាត់ ធ្លាប់មានអតីតកាលជូរចត់ទាក់ទងជាមួយនឹងរឿងមន្តអាគមខ្មៅបែបនេះ ឃើញប្អូន​វេទនានឹងភ្នែកផង។
គាត់និយាយរ៉ូៗបន្ថែម ពេលឃើញលោកតាមកអង្គុយជុំគ្នា៖
«ហើយខ្ញុំក៏មិនយល់ អំពីរឿងពាក់ព័ន្ធឈ្មោះអណ្ដូងដែលប្អូនខ្ញុំប្រាប់តាមទូរសព្ទ បើយើងបានធ្វើពិធីនៅមាត់អណ្ដូង មានឆ្អឹងសត្វឈ្លូសស្លាប់ ខ្ញុំមិនយល់រឿងទាំងអស់ហ្នឹងសោះលោកតា! របស់រកឃើញនៅភ្នំពេញ ពិធីធ្វើនៅឯណេះទៅវិញ ប្រសិនលោកតាអាចជួយពន្យល់បានកាន់តែល្អ ព្រោះពុកខ្ញុំចាស់ហើយ គាត់មានការបារម្ភច្រើនណាស់លោកតា! សូមជួយបញ្ជាក់ច្បាស់ៗមកថា តើលើកនេះយើងអាចជួយប្អូនខ្ញុំឱ្យផុតគ្រោះបានទេ? ប្រសិនបើយើងរកកញ្ចប់ទីបួននោះមិនឃើញ? ហើយខ្ញុំក៏ចង់ដឹងដែរថាតើអ្នកណាជាអ្នកធ្វើអំពើអំពាន់នេះមកលើអាស៊ុន? គេមានបំណងអ្វី? បើយើង​ដឹង​ជួន យើង​អាចទៅដោះស្រាយជាមួយគេផ្ទាល់! ជួនកាលប្រសិនបើយើងដោះស្រាយមិនចេញហើយយើងរកប្រភពឃើញ យើងអាចនឹងទៅនិយាយជាមួយគេ ក្រែងគេទន់ចិត្តព្រមប្រាប់​រឿង ឱ្យយើង​បាន​ដោះស្រាយផង!»
លោកតាងាកសម្លឹងទៅក្រុមគ្រួសាររបស់ស៊ុន ហើយបងសាំងក៏លើកដៃសំពះគាត់ជាកិច្ចបង្ហាញថា មិនបាននិយាយដោយមាក់ងាយមើលស្រាលសមត្ថភាពរបស់គាត់ក្នុងការជួយប្អូនបងសាំងទេ ប៉ុន្តែពិតជាមានការបារម្ភធំធេង​។
លើកនេះ លោកតា​ឈប់ភ្នែក​ត្រង់សម្លឹងបងសាំង​ហើយ​មើល​យឺតៗពីលើដល់ក្រោម។ មិនយូរប៉ុន្មាន គាត់បែរទៅរក​ស៊ុនដែលកំពុងអង្គុយត្រុនៗបិទភ្នែក​ហត់នឿយ។
ប្រហែល​គាត់ឃើញរបស់ម្យ៉ាងនៅលើតុ ហើយគាត់ចាប់ផ្ដើមបង្គាប់៖
«ចៅស៊ុន យកកែវថ្មនោះមកឱ្យតា!»
ខ្ញុំក្រឡេកទៅឃើញស៊ុនដៀងសម្លឹងទៅពែងកាហ្វេដែលមិនទាន់លាងសម្អាត។ នៅចាំបានថាមុនពេលដែលស៊ុនស្រែកឡូឡា គឺស៊ុនបានញ៉ាំកាហ្វេនេះមួយកែវមែន​។
វាចាប់ផ្ដើមលើកពែង​ដៃពីរ​ហុចជូនលោកតា។
«នេះជាអ្វី?!»
គាត់សួរទៅស៊ុន ស៊ុនក៏ងាកមើលខ្ញុំហាក់ងីងើ ព្រោះមិនចេះឆ្លើយ។
សភាព​ស៊ុនដែលបានជួបរឿងជាច្រើនមួយថ្ងៃពេញមកនេះ ​បានជាវាមិនសូវជ្រះស្រឡះមុខមាត់ ​ធ្វើមិងមាំង​។
ខ្ញុំអ្នកដែលនៅពីក្រៅរង្វង់បញ្ហា ឱ្យតែ​អាចឆ្លើយបាន​ក៏តាំងឆ្លើយភ្លាម៖
«ពែងកាហ្វេអាស៊ុន!»
លោកតាកាន់ពិនិត្យចុះឡើង ហើយ​និយាយមួយៗ៖
«អ្នកទាំងអស់គ្នាមើលមើល៍! នេះជាពែងកាហ្វេ ឬក៏ជាថូ? មើលចុះមើលឡើង ដូចជារាងថូផ្កា?!»
ទោះបីយ៉ាងណាខ្ញុំនៅតែគិតថា វាជាពែងកាហ្វេគ្រាន់តែខ្ញុំមិនមាត់។ ​លោកតាថាមកសាជាថ្មី​តែម្តងនេះជាសំណួរ៖
«ចៅបានផឹកកាហ្វេនេះទេ?!»
«បាទខ្ញុំផឹកអស់!»
ស៊ុនឆ្លើយ​មកមិនរង់ចាំយូរបណ្តាលឱ្យខ្ញុំបើកភ្នែកឡើងសម្លឹងលោកតាហើយនឹកឃើញ​។ លោកតាដៀងភ្នែកដោយក្ដីសង្ស័យសម្លឹងទៅស៊ុនមុនពេលគាត់ងាកមកសម្លឹងខ្ញុំ។
«កាហ្វេនេះ ជាកញ្ចប់ខ្មៅទីបួន! អ្នកណាម្នាក់ដាក់អ្វីមួយនៅក្នុងនេះឱ្យស៊ុនហូប!»
ខ្ញុំចងចិញ្ចើម​រក​នឹកឡើងវិញ។
អ្វីដែលខ្ញុំនឹកឃើញដូចគ្នានឹងស៊ុនក្នុងពេលនេះគឺ ឫទ្ធីប្អូនជីដូនមួយខ្ញុំបាន​ឆុងកាហ្វេប្រុងផឹកខ្លួនឯង ​លោតែឃើញ​ស៊ុន​ចូលមក​ដល់ដោយមិនសប្បាយចិត្ត ​ក៏ហុចទៅឱ្យស៊ុនមុន។
«ខ្ញុំចូលមកដល់បន្ទប់នេះ ឫទ្ធីក៏ឱ្យកាហ្វេ​មក​ខ្ញុំហូបលោកតា!»
ស៊ុនឆ្លើយ​ពេលបងសាំង​បើកភ្នែកមុតៗសម្លឹងប្អូន។
«អ្នកណាជាឫទ្ធី?»
តាឯមឈ្លេចសួរ ខណៈស៊ុនដៀងភ្នែកមកខ្ញុំ។
«ប្អូនជីដូនមួយខ្ញុំ» ខ្ញុំក៏ឆ្លើយខ្ញុំបំភ្លឺភ្លាម។
លោកតាធ្មេចភ្នែកពីរបីដង្ហើមឱ្យពួកយើងរង់ចាំ។
ពេលបើកភ្នែកមកវិញ គាត់និយាយតិចៗ​៖
«អាចចៅ​ទៅហៅប្អូន​ជីដូនមួយឱ្យមក ចូលមកណេះ​ជួបខ្ញុំបានទេ?!»
ខ្ញុំអើតទៅក្រៅក៏មិនឃើញឫទ្ធីទាល់តែសោះ តែមិនបង្អង់ទេ ភ្លាមនោះខ្ញុំក៏ចាប់ផ្ដើមចេញទៅមាត់ទ្វារហើយស្រែកប្រាប់ប្រពន្ធរបស់ខ្ញុំពីចម្ងាយ៖
«ខលរកឫទ្ធីឱ្យមកជួបបង!»
ពួកយើងបន្តអង្គុយរង់ចាំហើយខ្ញុំចាប់ផ្ដើមចុចទឹកក្តៅ និងឆុងតែ ព្រមទាំងហុចទឹកសុទ្ធឱ្យភ្ញៀវទាំងនេះ តែ​គ្មានអ្នកណាក្រេបនោះទេ។
ពេលនោះហើយលោកតាក៏បានតំណាលប្រាប់យើងថា៖
«តាមពិតទៅ រឿងរ៉ាវនៃអណ្ដូងខាងលិច​អាគារនេះ មានពាក់ព័ន្ធជាមួយនឹងសុបិនរបស់ចៅ​តារា! ពេលនៅក្រោមដើមកកោះដែលចៅនេះ ​បានសារភាពប្រាប់ខ្ញុំថាឃើញក្មេងរាំទាំងជួរកាល ខ្ញុំក៏លែងចង់ឱ្យពួកគេ​ទៅភ្នំពេញរកកញ្ចប់ទីបួន ព្រោះយល់សប្តិនេះ​ជាប្រផ្នូលប្រាប់អំពីអណ្តូងចាស់មួយ អ្នកភូមិនេះ​ធ្លាប់ល្បីរឿងសម្លាប់កូនប្រពន្ធទម្លាក់តែគ្មានអ្នកណារកទីតាំងឃើញទេ!  ខ្ញុំនិងយាយបានចាប់ផ្តើមសង្ស័យ ថាដោយសារពីរនាក់នេះ មានភ្លុកគូដែលជាដំណោះស្រាយល្អ​សម្រាប់គ្នា មាននិស្ស័យ​កើតមកសម្រាប់ដោះស្រាយបញ្ហា​ជួយដល់គ្នាទៅវិញទៅមក ខ្ញុំគិតថា អណ្តូងក្នុងយល់សប្តិអាច​ទាញ ឱ្យពាក់ព័ន្ធជាមួយនឹងការស្វែងរកមធ្យោបាយជួយស៊ុនបាន! ខ្ញុំចង់ដោះស្រាយជាមុន មុនពេលរកមូលហេតុឃើញ ប៉ុន្តែកញ្ចប់ទីបួនដែលស្មានថា នៅក្នុងអណ្តូងនោះ​នៅតែរកមិនឃើញទោះបីជាយើង​សមាធិ​សុំទីតាំងអណ្តូងពីមេឃដី! រកអណ្ដូងឃើញ បែរជាឃើញសពសត្វឈ្លូសវាជារឿងថ្មីមួយទៀតដែលយើង​ត្រូវគិត​គូរ​!»
ខ្ញុំដាច់ចិត្តសួរគាត់ ៖
«ខ្ញុំចង់សួរថាតើហេតុអីបានជាមាន​ឈ្លូសក្នុងអណ្ដូងដូចជាថ្មីៗ! ខ្ញុំមិនយល់ទេ? រឿងពាក់ព័ន្ធគ្នារវាងអណ្ដូងខាងលិចក្នុងយល់សប្តិ និងអណ្ដូងដែលយើងឃើញនៅខាងលិចរីសត ព្រមទាំងសពសត្វដែលនៅសល់ក្លិននៅឡើយ!»
លោកតាចាប់ផ្តើមដង្ហើមធំ​ មុនពេល​ឆ្លើយ៖
«ចៅតារាអើយ! ពីដំបូងតាគ្រាន់តែចង់ដឹងថា ហេតុអ្វីបានជាមានអ្នកមកពន្យល់សប្ដិឱ្យក្មួយដឹងពីរឿងអណ្ដូង តើគេចង់ឱ្យចៅជួយដោះស្រាយបញ្ហាឱ្យស៊ុនដោយទៅរកប្រភពពីអណ្ដូងនោះឬអ្វី តាស្មានថាកញ្ចប់ទីបួន នៅឯណោះ ប៉ុន្តែពេលទៅដល់អណ្ដូងនោះ យើងរកកញ្ចប់ផ្សេងជាអាគមសម្លាប់ឈ្លូស!  តាមដំណើរជំនឿនៅស្រុកនេះ គេជឿថាអាគមដាក់រូបពីក្រោម ខ្មោចឈ្លូសឬទន្សាយ គឺគេប្រើមកសម្រាប់បង្វែរអំពើ ឬក៏ផ្លាស់ពាក្យបណ្តាសាអាក្រក់ពីអ្នកណាម្នាក់ ដាក់ទៅលើអ្នកណាម្នាក់ទៀតវិញ!  ដូច្នេះហើយ នៅអណ្ដូងចាស់​ដែលយើង​បានឃើញ រឿងនេះប្រាកដជាមានអ្នកណាម្នាក់ មានបញ្ហាខ្លួនឯង រងនូវអំពើអំពាន់ មន្តអាគមដោះស្រាយមិនចេញ ត្រូវតែបង្ខំចិត្តរកដែលអ្នកផ្សេងឱ្យមកទទួលនូវសំណាងអាក្រក់នេះជំនួស!»
អាគមឈាមឈ្លូសដើម្បីបង្វែរកម្មប្តូរម្ចាស់? មានន័យថា យល់សប្តិ​របស់ខ្ញុំកាលទាបភ្លឺ​មេឃដីចង់ប្រាប់ថា ស៊ុនមិត្តភក្តិរបស់ខ្ញុំត្រូវបានអ្នកណាម្នាក់ បង្វែរនូវរឿងគ្រោះថ្នាក់របស់គេមកឱ្យដោយបង្កប់ក្នុងអណ្តូង​ដែលគ្មានអ្នកណាស្គាល់?
បើកុំលោកតាឯមចេះក្បួនសមាធិពូកែ តើអ្នកណារកប្រភពនេះឃើញ?
ដោយសារតែខ្ញុំនៅមិនទាន់យល់បានពេញលេញ​ដល់មួយរយភាគរយនៅឡើយ   ខ្ញុំនៅតែងាយញ៉ាំញីចិត្ត​​ង៉េម​ង៉ាម ជាមួយនឹងការគិតវិភាគចុះឡើង ឡើងចុះ នូវការពន្យល់របស់លោកតារវាងរឿងពីរ គឺទីមួយ រឿងស៊ុននិងអាគម​សត្វឈ្លូសនៅក្នុងអណ្ដូង ទីពីរ កញ្ចប់ទីបួនម្តេចបានជាកាហ្វេដែលឫទ្ធីឆុង?
​ខ្ញុំមិនទាន់ប្រាប់គាត់អំពីចម្ងល់នេះ និងប្រាប់ថា ស៊ុនបានយល់សប្តិឃើញ​តង់មានមនុស្សប្រុស​ឱប​ឈ្លូសងាប់ផង​ ស្រាប់តែបងសាំងដែលទំនងជាធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយរឿងមន្តអាគមខ្មៅនៅក្នុងគ្រួសារគាត់    កាលពី​ម្តាយ​ចុងគាត់នៅរស់ គាត់មិនអត់ធន់ទេ ក៏សួរទៅ លោកតាភ្លាមៗនៅនឹងមុខពួកយើងថា៖
«លោកតាចង់មានប្រសាសន៍ថា ដែលអាស៊ុនមានបញ្ហាលើកនេះ គឺអ្នកណាម្នាក់បានដាក់អំពើមួយឈ្មោះថា អំពើបួនជ្រុង ទៅលើវា ហើយគេប្រើសត្វឈ្លូសដាក់ទៅក្នុងអណ្ដូង ស្រោចឈាមសត្វឈ្លូសទៅក្នុងអណ្ដូងដោយសារតែនេះជាវិធីរំដោះគ្រោះខ្លួនគេហើយទម្លាក់មកលើអាស៊ុន​បានន័យថា​ពីរជាន់?!»
លោកតាឆ្លើយប្រាប់តបវិញ៖
«តាមផ្លូវងងឹត មិនមែនពីរទេគឺបំណងតែមួយ!»
«តើយើងដោះស្រាយយ៉ាងម៉េចទៅល្បង?!»
ពុកអាស៊ុននិយាយដោយតក់ស្លុត ការបង្ហាញផ្លូវរាល់ពាក្យរបស់​លោកតា​ឯម​ ពុកអាស៊ុនយល់ និងព្រមជឿ។
លោកតាងាកមកម្ចាស់សំណួរហើយពន្យល់មុនពេលឆ្លើយតប៖
«ខ្ញុំដោះស្រាយដំបូងតាម​រយៈ ​ការ​ធ្វើសមាធិរកមើលផ្ទះអ្នករងគ្រោះ! អ្វីដែលខ្ញុំបាន ត្រូវគេឱ្យឃើញនៅផ្ទះរបស់ស៊ុន គឺថូមួយ ក្រឡស្ករមួយ រូបសត្វមួយហើយនិងគ្រែមួយ! ដូច្នេះបានជាគិតថា នោះជា​ទីកន្លែង​ដែលគេ លាក់អាគមទាំងបួន កន្លែងសម្រាប់ធ្វើបាបស៊ុន! ប៉ុន្តែដោយសារនៅទីតាំងទាំងបួន រកមិនឃើញ ឃើញតែបី នៅសល់ទីតាំងចុងក្រោយមិនដឹងប្រភព ក៏នឹកឃើញថា ស៊ុនស្រាប់តែមកមានបញ្ហានៅកន្លែងយើង ភូមិនេះស្រុកនេះ ដូច្នេះអាច កញ្ចប់នោះ គេយកមក​លាក់នៅទីនេះមួយ​ក៏ថាបាន! អ្នកណាម្នាក់នោះស្គាល់ស៊ុន ទាំងនៅភ្នំពេញ និងបានមកដល់រីសតនេះផងដែរ! គេបានរៀបចំឱ្យស៊ុនមក​មានបញ្ហា​នៅណេះរួមជាមួយនឹងការសម្លាប់សត្វឈ្លូស ដើម្បីដាក់កញ្ចប់រូបថតក្នុងអណ្តូងលិច​គឺគេអាចប្រើវារួមគ្នាជាគ្រោះបី ទីមួយ​អាគមជ្រុងទាំងបួននាំអពមង្គល អាគមសពឈ្លូស​បង្វែរគ្រោះចូលមកឱ្យ និងការប្រើក្នុងអណ្តូងលិចគឺបន្ថែម​កាន់តែខ្លាំង​មួយជាន់ទៀត​តាមរយៈការដាស់ហៅវិញាណមិនល្អក្នុងទីតាំងនោះ​មកបំផ្លាញស៊ុន! មានន័យថា បានអនុញ្ញាតឱ្យពពួកវិញ្ញាណមិនល្អនៅក្នុងអណ្ដូង ដែលត្រូវបានកប់ចោលបាតដីជាយូរណាស់មកហើយនោះ ក្លាយទៅជាវិញ្ញាណដែលចេញមកបាន ហើយចោមព័ទ្ធទៅលើរូបរាងរបស់ស៊ុន!»
«ចុះប៉ុន្តែរហូតដល់ពេលនេះហេតុអីបានជាប្អូនខ្ញុំមិនមានបញ្ហាអីកើតឡើង?!»
បងសាំងសួរ​តាមការយល់របស់គាត់ ខ្ញុំក៏ដាច់ចិត្តឆ្លើយ៖
«ប្រហែលដោយសារយើងមានអំពើល្អជាប់ខ្លួន បានជាខ្ញុំអាចទៅរកលោកតាឯម​បានទាន់ពេលវេលា!​ និង​ដោយសារពូចាមគាត់ជួយបង្ហាញផ្លូវផង និងមីងម្នាក់ឈ្មោះមីងម៉ៅ​ដែលមកឱ្យផ្កាខ្មៅមួយទងឱ្យខ្ញុំ!»
តាឯមបានឆ្លើយបន្តពីខ្ញុំដូច្នេះថា៖
«ចៅទាំងពីរត្រូវដឹងថា នៅលើខ្លួនមានភ្លុកមួយដែលបន្សល់ទុកពីអ្នកមានមន្តអាគមខ្លាំងក្លា ដោយសារភ្លុកនោះហើយ ដែលធ្វើឱ្យអ្វីៗមិនអាចបិទសន្ធប់ទៅលើរូបចៅបានភ្លាមៗ ប៉ុន្តែក៏មិនអាចការពារបានទាំងស្រុងនោះដែរ!  ឥឡូវនេះ ត្រូវ​ដឹងថា ថូដែលតាបានសមាធិឃើញតាមពិត​ជាពែងកាហ្វេមួយនេះ! ​ដូច្នេះកាហ្វេមួយនេះគឺជាកញ្ចប់ទីបួន! ការសាកល្បងយកពែងកាហ្វេនិងកញ្ចប់បីទៀតយកធ្វើពិធីបញ្ចៀស ដោះគ្រោះមន្តអាគមបួនជ្រុងឱ្យស៊ុនយើងធ្វើទាន់តែ តាទៅរកគ្រឿង​សិន»។
«ធ្វើទៅ! ធ្វើទៅលោកតា!»
ខ្ញុំឆ្លើយកាត់ភ្លាមព្រោះជឿជាក់ខ្លាំងលើគាត់ ចំណែកងាកទៅបងសាំង ហាក់បីគាត់នៅតែគិតចុះឡើងចុះឡើង មិនដាច់ស្រេចទេ។
លោកតាបានដើរចេញទៅក្រៅស្របពេលយាយសក់ដាញ់និងពូចាមមកដល់ដែរ។ ពួកគាត់បីនាក់ជិះម៉ូតូចាកចេញទៅជាមួយគ្នា។
«លើកនេះគ្រឿងអីសំខាន់ម៉េះ បានជាគាត់ទៅខ្លួនគាត់មិនប្រើយាយនិងពូចាម?!»
ខ្ញុំសួរគ្មាន​អ្នកណា​នឹកឃើញឆ្លើយសោះ។ ខ្ញុំងាកសម្លឹង​ជុំវិញខ្លួនហើយមើលម៉ោង៖
«ម៉េចក៏អត់ឃើញឫទ្ធី?»
ខ្ញុំទូរសព្ទរកវាជាថ្មី នៅតែ​ចុចមិនចូលទេ។
ស្រីលាភភរិយា​ខ្ញុំមកដល់មាត់ទ្វារ។ ប្រហែលជានាង​ចង់មកយករបស់របរ? ខ្ញុំសួរប្រពន្ធ៖
«ខលឫទ្ធីមិនចូលទេ?!»
នាង​គ្រវីក្បាល។ ខណៈគ្រប់គ្នាក្នុងគ្រួសារស៊ុន​រវល់និយាយអំពីរឿងដែលគេយល់ទាក់ទងជាមួយការពន្យល់របស់លោកតាមុននេះ មិនចង់រំខានគ្រួសារគេ ខ្ញុំអូសដៃស៊ីលាភចេញមកក្រៅខណៈចិត្តតូចមួយ ចាប់ផ្ដើមនឹកពិភាល់ចម្លែក​រឿងឫទ្ធី។
ពីទីនេះទៅ ខ្ញុំឃើញកូនស្រីរបស់ខ្ញុំរមនាក៏សម្លឹងមកខ្ញុំដូចគ្នាដែរ។
ភ្លាមនោះខ្ញុំដើរទៅរកនាង ហើយអូស​ដៃរមនាឱ្យចុះពីភោជនីយដ្ឋានដើរចេញទៅ ផ្លូវដីក្រហមមួយឆ្ងាយពីគេ។
«កូនស្រី! កូនមានអីចង់និយាយជាមួយប៉ា?!»
«ប៉ា! ពូឫទ្ធីគឺជាអ្នកធ្វើបាបពូស៊ុន!»
នាង​ឆ្លើយមិនបង្អង់មិនចាំបាច់រង់ចាំគិតយូរ។
បេះដូងខ្ញុំសឹងរបូតធ្លាក់ដល់ជើងបាតជើង ដោយសារតែសម្ដីតែប៉ុន្មាន​ម៉ាត់ដ៏ខ្លីៗតែច្បាស់ៗចំៗយ៉ាងនេះ។
ដោយ​មិនបាច់សួរនាំច្រើន មិនបាច់ចាក់ឫសចាក់គល់ មិនបាច់ធ្វើអ្វីទាំងអស់ សំឡេង​សម្ងាត់មួយ​បានលាន់ឮចេញពីខួរក្បាលខ្ញុំថា ​«មានរឿងធំមិនខាន!»។
ក្មេង​ស្រីមិនដឹងក្ដីម្នាក់ ដែលនិយាយដោយមិនបាននៅពាក់ព័ន្ធនឹងហេតុការណ៍​សោះ តែ​ខ្ញុំជឿថាពាក្យនេះ នាងចង់ប្រាប់ខ្ញុំតាំងពីពេលហូបបាយម្ល៉េះ​ប្រហែលជាមហិទ្ធិឫទ្ធិអ្វីមួយមកសណ្ឋិតលើនាង?
វិលវល់ណាស់!
​ខ្ញុំលើកដៃ​ញីថ្ងាសសិន ស្របពេលនាង​មិនមាត់ គិតពីសម្លឹងខ្ញុំដោយភ្នែកគ្រលួងៗ។ ខ្ញុំលើកដៃធ្វើដៃសញ្ញាស៊ូត ឱ្យរមនា​កុំមាត់ឮ ពីព្រោះថាបើទោះបីជាក្នុងចិត្តខ្ញុំ រកឃើញតម្រុយជាច្រើនសម្រាប់ដាក់ការសង្ស័យទៅលើប្អូនប្រុសខ្ញុំម្នាក់នេះ ប៉ុន្តែខ្ញុំនៅតែព្យាយាមចង់បង្វែងគេច​វេះចេញ​​ពីការគិតរបស់ខ្លួនឯង។
ទ្រាំមិនបានខ្ញុំសួរទៅភ្នែកក្រឡង់ៗរបស់កូនដោយ​មិនអស់ចិត្ត​៖
«ហេតុអីអ្ហះ រមនា? ម៉េចនិយាយពូអ៊ីចឹង​កូន!»
ស្មានិងក្បាលរមនា​ចាប់ផ្តើម រង្គើញ័រ​ចុះឡើង ហើយ​ធ្វើភ្នែកស្លុង ងីងើដូចជាមានអ្វីមួយកំពុងស្ថិតនៅក្នុងរាងកាយរបស់នាង។
សម្រាប់ខ្ញុំ បែរជាមិនសូវ​ចម្លែកចិត្តប៉ុន្មានទេ​ព្រោះថា ករណីបែបនេះឧស្សាហ៍កើតមាន​ឡើងនៅពេលណា​ដែលរមនាមានអ្វីមួយចង់និយាយប្រាប់ខ្ញុំជាអាថ៌កំបាំង។
ខ្ញុំតែងព្រមស្តាប់ពាក្យចម្លែកៗ​របស់គេ​ មិនបណ្ដោយ​ឱ្យម្តាយរបស់គេដឹងឮទេ ព្រោះនឹងធ្វើឱ្យស៊ីលាភ​មានការភ័យព្រួយព្រមទាំងខឹងសម្បាផង។
ពេលនេះវិញ​រឿងរ៉ាវធ្លាក់ដល់ដំណាក់កាលនេះទៅហើយ ខ្ញុំចាំបាច់ត្រូវតែនិយាយជាមួយកូនស្រីខ្ញុំឱ្យដឹងរឿង​។
ខ្ញុំផ្ទាន់ផ្ទួនៗ៖
«ពុក…..ពុកមិនយល់ទេកូន​ពាក្យកូនអស់នេះ រមនានិយាយពីអី?!»
រមនានៅតែពាក់កណ្តាលនិយាយ ពាក់កណ្តាលរអ៊ូ៖
«ពូឫទ្ធីធ្វើបាបពូស៊ុន! ពូឫទ្ធីធ្វើបាបពូស៊ុន!»
ពាក្យនេះគឺ ឮពីរបីដងហើយ។ ខ្ញុំចាប់ផ្តើមសួរសំណួរសង្ខើញដោយសារស្រ្តេស​និង​ធុញទ្រាន់ហត់នឿយចិត្តហួស៖
«ហេតុអី? ​អ្ហះរមនា! ហេតុអីបាននិយាយអ៊ីចឹង? កើតឡប់ស្អី? អ្នកណាបង្រៀនកូនឯងនិយាយរបៀបហ្នឹង?»
កូនខ្ញុំនៅតែធ្វើភ្នែកភ្លឹះៗហើយឆ្លើយមកវិញនូវពាក្យដដែលជាដដែល «ពូឫទ្ធីធ្វើបាបពូស៊ុន!»
ងាកចេញពីភាពតប់ប្រមល់ ខ្ញុំសង្កត់ចិត្ត​មកគិតថា កូនខ្ញុំនៅក្មេងពេកហើយសម្រាប់ឱ្យមកពាក់ព័ន្ធជាមួយរឿងគួរឱ្យភ័យខ្លាចអស់ទាំងនេះ។
រឿង៖ អណ្ដូងខាងលិច ភាគទី៣
ការនៅម្នាក់ឯងកណ្ដាលផ្ទះកណ្តាលព្រៃបែបនេះគឺជារឿងគ្រោះថ្នាក់មួយ ប៉ុន្តែអ្វីដែលខ្ញុំជឿទុកចិត្តក្នុងភាគរយច្រើន ព្រោះសម្តីគាត់ មានហេតុមានផល ម្យ៉ាង​ដោយសារកន្លងមក ខ្ញុំផ្ទាល់ធ្លាប់ជួបប្រទះរឿងបែបនេះជាច្រើនលើក។
ពាក្យនីមួយៗ​ដែលលោកតា គាត់លើកមកពន្យល់អម្បាញ់មិញ ប្រហាក់ប្រហែលទៅនឹងលោកតាឆុំ ដែលបានប្រាប់ខ្ញុំកាលពីនៅក្មេងៗ។ គឺកាលណោះ អាស៊ុនវាបាន​តាឆុំជួយ ប៉ុន្តែពេលនេះគាត់ចាស់ពេកហើយមានជំងឺស្លាប់បាត់ទៅ​បន្សល់ភ្លុកមកមួយ។ មានពេលមួយមុនគាត់មានគ្រោះថ្នាក់ ខ្ញុំធ្លាប់បបួលអាស៊ុនទៅលេងគាត់​ហើយ​ គាត់ព្រមឱ្យខ្ញុំបែងចែកវាជាពីរទៅឱ្យអាស៊ុនធ្វើបន្តោងមួយ នៅនឹងខ្លួនខ្ញុំមួយ។
បានរបស់ ការពារមកហើយ វាក៏ពាក់ជាប់ទៀត មិនដឹងហេតុអីបានជាគេនៅតែធ្វើអំពើអាក្រក់ទៅលើវាបាន?
គិត​ដល់ត្រង់ណេះ​ ខ្ញុំ​នឹកឃើញងើបមុខភ្លាមនិយាយតវ៉ាជាមួយលោកតាឯម៖
«លោកតា ខ្ញុំបានភ្លុកស័ក្ដិសិទ្ធិមួយមកពាក់ពីរនាក់អាស៊ុន ភ្លុកនេះធ្លាប់ជួយការពារវាបានដែរ កាលពីនៅក្មេងៗ! ឥឡូវនេះ មួយចំហៀងនៅកូនស្រីខ្ញុំ មួយចំហៀងទៀតនៅលើវាទេតើ ហេតុអីបានជាគេនៅតែធ្វើអំពើអាក្រក់លើវាបាន?»
លោកតាអង្គុយចុះ មកនៅពីមុខខ្ញុំសាជាថ្មីដោយគាត់​ចោលភ្នែក​សម្លឹងខ្ញុំពីលើដល់ក្រោម មុនពេលនិយាយពន្យល់មួយៗ៖
«បើសិនជាគិតតាមវិទ្យាសាស្ត្រ និងរបៀបធ្វើការរបស់រាងកាយមនុស្សយើង ទាំងសរីរាង្គ ជាលិកា ឬក៏អ្វីអ្វីផ្សេងទៀត យើងប្រាកដជាឃើញ ច្បាស់ដំណើរការ​របស់រាងកាយ​ជាងអ្វីដែលយើងជឿនៅក្នុងចិត្ត! ប៉ុន្តែជាទូទៅ បើយើងសិក្សាពីផ្លូវងងឹត អ្វីដែលយើងជ្រៅនៅក្នុងចិត្ត តាមពិតមានទម្ងន់ធ្ងន់ជាងអ្វីដែលបង្ហាញ​លើរាងកាយយើង ដូច្នេះហើយបានជាពីដើម មានអ្នកកើត​ជំងឺធំដុំមួយចំនួន គេអាចរស់នៅបានបន្ត ដោយគ្រាន់តែចេះការធ្វើសមាធិត្រឹមត្រូវ និងចេះសង្រួមចិត្ត​បំបាត់លោភ បំបាត់ភាពភ័យខ្លាចចោលចេញ! មានរឿងខ្លះ យើងគិតថា យើងមិនមានជំងឺគឺគ្មានហើយ ប៉ុន្តែរឿងខ្លះទៀត យើងត្រូវតែដោះស្រាយវា ដូចជាករណីរបស់ក្មេងប្រុសម្នាក់នោះ ប្រសិនបើក្មេងនោះធ្លាប់រងនូវអំពើអំពាន់ពីដើមមក ទោះឥឡូវនេះមានរបស់ការពារក្តី តែអ្នកដែលផ្តល់កិច្ចសង្គ្រោះបានស្លាប់បាត់ទៅហើយ តាមថា​ ត្រូវការឱ្យមានការប្រសិទ្ធីជាថ្មីលើសម្ភារៈស័ក្ដិសិទ្ធិ វត្ថុពិសិដ្ឋទាំងអស់នោះសាដើម! ចំណែករឿងសំខាន់មួយទៀត បើសិនជាក្នុងពេលនេះគាត់ឆ្លៀតមានធ្វើអំពើបាបខ្លះ ដែលធ្វើឱ្យក្លាយជាច្រកទ្វារសម្រាប់វិញ្ញាណមិនល្អ អាចនឹងកើតឡើងបំពារបំពានបានសម្រេចដែរ!»
បានគាត់ឈប់​ខ្ញុំឆ្លៀតតវ៉ាភ្លាមៗទាំងទប់ចិត្ត​ដែលកំពុងភ័យព្រួយ៖
«លោកតា ម្ដាយចុងវាស្លាប់បាត់យូរហើយ​  នៅនេះតើអ្នកណាធ្វើបាបគាត់ទៅ?»
«អ្នករងគ្រោះជាច្រើនតែងតែចង់ដឹងរឿងនេះ តែងតែឱ្យសំណួរនេះមកខ្ញុំថា តើអ្នកណាជាអ្នកធ្វើអំពើល្មើសទៅលើអ្នករងគ្រោះ ប៉ុន្តែក្នុងនាមជាគ្រូ រឿងនេះមិនសំខាន់ទេ ព្រោះរឿងគឺសំខាន់បន្ទាន់ចំពោះមុខ គឺយើងក៏ចង់ដឹងថាអាចសង្គ្រោះគេបានដែរ? បើបាន​ បានដោយរបៀបណា ដូចខ្ញុំបានពន្យល់ពីខាងដើមហើយ! ញាណផងទាំងឡាយគឺជាអាវុធដែលអ្នកធ្វើអំពើ អាចខ្ចីវាយកមកប្រើវាយប្រហារអ្នករងគ្រោះ ដូច្នេះយើងមិនអាចទៅធ្វើអ្វីបក លើអ្នកដែលប្រព្រឹត្ត ឬជនដៃដល់ឡើយ ព្រោះការនេះ​មិនបាន​ធ្វើឱ្យអ្នករងគ្រោះរួចខ្លួននោះទេ! រឿងចំពោះមុខគឺត្រូវព្យាបាលអ្នករងគ្រោះសិន!»
ខ្ញុំងក់ក្បាលយល់ស្របផ្ងក់ៗ៖
«ដូច្នេះយើងត្រូវរកមុខអំពើនោះ​បណ្តេញវាចេញ រួច​បិទនូវចន្លោះប្រហោងដែលអ្នករងគ្រោះបានបណ្ដោយឱ្យអំពើអាក្រក់ចូលមកនោះបាន!»
ដោយ​នៅស្ងៀមស្ងាត់ស្ដាប់ការពន្យល់ពេញដោយ​ហេតុផលរបស់គាត់ ខ្ញុំកាន់តែ​ច្បាស់ឡើងៗ។ ជាការពិត យើងចង់ដឹងណាស់ថា អ្នកណាធ្វើបាបវា? ហើយដោយសារហេតុផលអ្វី? ប៉ុន្តែដូចជាលោកតាបកស្រាយ ការជួយវាទើបជាអាទិភាព នេះ​មានន័យថាស្ថានភាពរបស់វាមិនមែន​ងាយស្រួលនោះទេ ក្នុងការសង្គ្រោះ។
តាមពិតមនុស្សឡើងទៅដល់ចុងឈើទៅហើយ សំណាងហើយដែលមានគេឃើញ បាននៅអង្គុយយោគជើងនៅឡើយ ប្រសិនលោបើវាធ្វើអ្វីផ្ដេសផ្ដាសនៅលើនោះទៀត តើមាននរណាអាចឡើង​ទៅជួយទាន់ទៅ បើដើមឈើធំយ៉ាងនេះ ខ្ពស់យ៉ាងនេះ? ខ្ញុំសំពះអង្វរគាត់ដោយ​ខ្សឹបៗ៖
«លោកតាជួយវាផងលោកតា!»
នៅស្ងៀមរង់ចាំមើលប្រតិកម្មរបស់លោកតា គាត់ហុចសៀវភៅចាស់មួយមានខ្មៅដៃមួយនៅក្នុងនោះផងមកពីមុខខ្ញុំ​ទាំងមាត់បង្គាប់៖
«សរសេរឈ្មោះពេញរបស់ មិត្តសំឡាញ់ ថ្ងៃខែឆ្នាំកំណើត ម៉ោងដែលក្មួយបានឃើញវានៅលើមែកឈើ និងម៉ោងដែលខ្លួនបានទទួលផ្កាខ្មៅមួយនេះពីយាយម៉ៅ!»
ខ្ញុំដៀងភ្នែកសម្លឹងផ្កាខ្មៅទាំងទង ដែលគាត់លើកបង្ហាញ ហើយគាត់យកដាក់នៅក្បែរផើងវល្លិមួយដែលកំពុងអុជធូបហុយទ្រលោម។
ខ្ញុំទទួលក្រដាសសៀវភៅមក ដោយចាប់ផ្តើម​សរសេរឈ្មោះអាស៊ុន ថ្ងៃខែឆ្នាំកំណើតរបស់វា រួមទាំងភូមិឃុំកន្លែងកំណើត ឈ្មោះឪពុកម្ដាយវាដែលខ្ញុំស្គាល់ច្បាស់ សូម្បីតែគាត់មិនបានសួរ ខ្ញុំសរសេរទាំងអស់ឈ្មោះប្រពន្ធកូនវា ហើយម៉ោងដែលខ្ញុំបានឃើញវានៅលើមែកឈើ និងចុងក្រោយម៉ោងដែលខ្ញុំបានជួបយាយចម្លែក។
«ម៉ោងនេះ ខ្ញុំប៉ាន់ស្មានទេអ៊ំ! ប្រហាក់ប្រហែលនឹងហើយ!»
គាត់ទទួលក្រដាសយកទៅមើល ហើយចាប់ផ្ដើមវាយគន់គូរដោយបែរខ្នងមកខ្ញុំ។
កំដរក្តីអផ្សុក ខ្ញុំបែរក្រោយសម្លឹងទៅកាន់សំឡេងក្រូកក្រាកនៃថ្នាំងឫស្សី ដែលបោលចុះឡើងសាឡើងវិញព្រោះកម្លាំងខ្យល់។
តើមានដែរ អ្នកដែលគ្រាន់តែសម្លឹងពីចរន្តទំនោរនៃថ្នាំងឫស្សីបំបែរ ក៏ដឹងថាមានហេតុភេទអីកើតឡើងចំពោះមនុស្សម្នាក់ទៀតដែលនៅឆ្ងាយពីទីនេះ?
បើមែនមានតែ​គាត់ ជាទេវតា?
តាមពិតទៅមានអាថ៌កំបាំងជាច្រើននៅក្នុងចំណោមអ្នកចេះមន្តអាគមអូមអាមខ្មែរយើង ហើយបុរសចំណាស់រូបនេះអាចថា ជាអ្នកចេះមន្តអាគមម្នាក់ដល់កំពូល តែបែរជា​ដាក់ខ្លួនបំផុតក្នុងចំណោមអ្នកលេងផ្លូវងងឹត​ដែលខ្ញុំធ្លាប់ជួបធ្លាប់ឃើញ
ដោយ​ខ្ញុំនៅស្ងៀមពិចារណាចុះឡើងនូវសម្ដីទាំងឡាយរបស់គាត់ ដូចជាទុកឱកាសឱ្យគាត់សមាធិបានស្ងប់ នៅក្នុងការសម្លឹងរកមូលហេតុពិតលាក់ពីក្រោយ​អាការៈលីលា​របស់ស៊ុន។
គាត់កំពុងត្រូវការវាយអត្តៈ ជាមួយតួលេខទាំងអស់ដែលខ្ញុំទើបប្រគល់ទៅឱ្យ ជុំវិញព័ត៌មាននៃខ្លួនអាស៊ុន។
ជាមួយនឹងការអភិវឌ្ឍនៃគំនិតវិទ្យាសាស្ត្រ ខ្ញុំជាមនុស្សម្នាក់ដែលមានចំណេះដឹង និងនិយមប្រើការគិតក្នុងតុល្យភាព​ត្រឹមត្រូវ អំពីធម្មជាតិ ជំនឿ និងរបកគំហើញបែបវិទ្យាសាស្ត្រ ប៉ុន្តែជំនឿលើអព្ភូតហេតុមន្តអាគមអូមអាម អំពើខ្មៅនានា ដែលបានចុះខ្សោយទៅជាលំដាប់ ទៅតាមភាពរីកចម្រើននៃប្រព័ន្ធតិចណូឡូជី នៅតែមានឥទ្ធិពលខ្ពស់លើខ្ញុំក្នុងករណីខ្លះ ដោយសារធ្លាប់មានជំនឿខ្ជាប់ខ្ជួននិងធ្លាប់ឃើញអាស៊ុនរងគ្រោះផ្ទាល់កាលពីនៅក្មេងៗមកផង​។
កាលពីមិត្តខ្ញុំនៅក្មេង ពេលមាន​អាសន្នត្រូវធ្វើទុក្ខម្តងៗ វាកាច់ដៃកាច់ជើងទៅក្រោយ។ គ្រូពេទ្យបានចាត់ទុកថា នេះជាផ្នែកមួយនៃប្រភេទជំងឺវិកលចរិត ឬក៏ខ្មែរយើង​ហៅថាជា​ជំងឺឆ្កួតជ្រូក ប៉ុន្តែនៅពេលដែលខ្ញុំសួរថាហេតុអីបានជាវាតែងតែកើតមានឡើងនៅយប់ពេញបូណ៌មី ឬ​យប់ដប់ប្រាំរោច ទៀងទាត់ បែរជាខាងវិទ្យាសាស្ត្រមិនអាចពន្យល់ពីរឿងនេះទេ គាត់បែរជានិយាយថា នៅពេលដែលត្រូវមានប្រតិកម្មរាងកាយ គឺវានឹងជះឥទ្ធិពលដល់ការកាច់ដៃជើងដូច្នេះឯង យើងត្រូវនៅយាមក្បែរៗហើយសង្គ្រោះបន្ទាន់។ ពេទ្យតែងតែបដិសេធថា មិនទាក់ទងអ្វីជាមួយនឹងដំណើរចររបស់ព្រះចន្ទឬមួយក៏វេលាផ្សេងៗនោះដែរ។ ជាការបកស្រាយដែលមិនទាន់ធ្វើឱ្យខ្ញុំជ្រះស្រឡះរហូតលុះឥឡូវ។
ដូច្នេះហើយ ភាពខុសគ្នារវាងការគន់គូរបែបវិទ្យាសាស្ត្រ និងការដាក់ចិត្ដដាក់កាយជឿទៅលើអំពើល្អមានភាពស្មើគ្នា​ក្នុងជីវិតខ្ញុំ។
ភាពបរិសុទ្ធដូចដែលគាត់បានពណ៌នាអម្បាញ់មិញ ស៊ីមេទ្រីគ្នា នឹងបណ្តា​អត្ថបទប្រវត្តិសាស្ត្រមេឃដី ភ្លើង​ខ្យល់ មន្តអាគម កកើតចក្រវាល ដែលមានការប្រៀបធៀបគ្នាពីសម័យកាលមួយទៅសម័យកាលមួយខ្ញុំធ្លាប់អាន។ នឹកដល់កាលយុគសម័យដែលមន្តអាគមអូមអាមមានប្រជាប្រិយភាពបំផុត គឺសម័យកាល កកើតទឹកដី ជាការពិតដែលថា ប្រវត្តិសាស្ត្របានសរសេរអំពីសង្គ្រាមវាតទី  បង្ហូរឈាមគ្រប់ទីកន្លែង និងសង្គ្រាមរវាងពពួកអាសិរពិស ឥទ្ធិពលខ្មៅ ពពួកទេវទត្តជាមួយនឹងសាវ័កព្រះ ដែលមានចិត្តបរិសុទ្ធចង់តស៊ូការពារវត្ថុពិសិដ្ឋទាំងឡាយនៅលើលោក ខ្ញុំចាំបានថា អំពើល្អ ការមិនបៀតបៀនជាទន់ចារទុកតមកឱ្យជឿតាម ធ្វើតាម ប៉ុន្តែខ្ញុំនៅតែគិតមិនយល់ថា ហេតុអីបានជាមនុស្សជាច្រើនមិនបានធ្វើអ្វីសោះ បែរជាក្លាយទៅជាជនរងគ្រោះនៃអំពើអាបធ្មប់បានដែរ?
រហូតដល់សម័យកាលនេះ សំណួរជាច្រើនខ្ញុំនៅតែនឹកឆ្ងល់ ជាពិសេសរឿងស៊ុន។ ខ្ញុំដឹងថា ស៊ុនស្មោះត្រង់ចំពោះប្រពន្ធកូន ក៏ជាប្រភេទមនុស្សដែលនិយាយស្តីចេះគិតអំពីអ្នកផង ទៅណាមកណារាប់អានជាមួយអ្នកភូមិ រាក់ទាក់អ្នកស្រុកមិនប្រកាន់ឋានៈលុយកាក់ឬក៏ប្រភពដំណើរដើមទងអ្វីទាំងអស់ ចុងក្រោយវាក្លាយទៅជាឡើងអង្គុយលើមែកឈើដូចដែលយើងបានឃើញកាលពីព្រឹកមិញនេះទៅវិញ?
លោកតាឯមស្រាប់តែទៅជាដកដង្ហើមខ្ពស់មកវិញហើយឈប់សូត្រ។
ខ្ញុំងាកមកសម្លឹង​គាត់វិញ ឃើញគាត់បែកញើសគ្រប់បរិវេណរាងកាយមិនថាថ្ងាស ត្រចៀក ឬមួយក៏ច្រមុះផ្ទៃមុខទាំងមូល។
បុរសចំណាស់ មានសភាព​ដូចទើបតែបានឆ្លងកាត់ដំណាក់កាលស្មិងស្មាធិ៍ដ៏ជ្រាលជ្រៅមួយ មិនរវល់ពីអ្វីៗជុំវិញខ្លួនបានសម្រេច។
ទីបំផុតគាត់បើកភ្នែកមកវិញហើយនិយាយជាមួយខ្ញុំ៖
«ចៅឆាប់ហៅទូរសព្ទទាក់ទងទៅកាន់ប្រពន្ធកូន ឪពុកម្ដាយរបស់បុគ្គលនេះ ហើយឱ្យរកមើល របស់បួននៅក្នុងផ្ទះវា ថូផ្កា ក្ដារគ្រែ រូបសត្វ និងក្រឡស្ករ!»
ខ្ញុំទន្ទេញតាមគាត់ប្រាប់ខ្ជាប់ខ្ជួន។
«ថូ ក្ដារគ្រែ រូបសត្វ និងក្រឡស្ករ!»
លោកតាគាត់លើកក្រមាពានានោះមកជូតញើសដែល​ដិតដាម។ បានស្រួលបួល គាត់ប្រាប់ខ្ញុំដែលកំពុងទន្ទឹងរង់ចាំថា៖
«ចៅទូរសព្ទទៅអ្នកក្នុងផ្ទះស៊ុន ថា​មានអ្វីប្លែកនៅទីតាំងបួននោះ ឆាប់ឱ្យប្រាប់មកភ្លាម! បើថតរូបផ្ញើមកបានកាន់តែល្អ!»
ដៃខ្ញុំ រាវរកទូរសព្ទចេញក្នុងហោប៉ៅហើយចាប់ផ្ដើមចុច ដោយដៃម្ខាងច្រត់កាយក្រោកដើរត្រុនៗមក និយាយជាមួយជីណានៅក្រៅផ្ទះ។
តែខ្ញុំចុចទៅជីណា យ៉ាងណាក៏មិនចុចចូលសោះ​ ដូច្នេះហើយខ្ញុំក៏បានប្តូរចុចទៅរក ឪពុករបស់ស៊ុន​។
កំពុងតែរោទ៍ ខ្ញុំឃើញលោកតាដើររលះរលាំង​កាត់ពី​ខ្ញុំទៅហៅប្រពន្ធគាត់ឱ្យជួយរកចៅមកដឹក​
ម៉ូតូ​។
ខ្ញុំបិទទូរសព្ទ​ហើយចុះទៅដីជាមួយគាត់ ព្រមទាំងរាយការណ៍៖
«លោកតា បងប្រុស​និងឪពុកស៊ុនកំពុងតែទៅផ្ទះស៊ុន​សំណាងដែរ បងសាំង​គាត់មានសោចូល!»
លោកតាបែរមកបង្គាប់ខ្ញុំ៖
«ឆាប់ឱ្យពួកគេ​រើរកមើលឱ្យបានសព្វ!»​
គឺគាត់សំដៅ​លើបងប្រុសនិងពុកអាស៊ុនឱ្យរើមើល ថូ ក្តារគ្រែ រូបសត្វនិងក្រឡស្ករ។
ចៅគាត់ម្នាក់ឈ្មោះអាងិត អាយុទើបតែ១៥ឆ្នាំជិះម៉ូតូបានយ៉ាងម៉ឺង ក៏មក​ដឹកខ្ញុំនិងលោកតាបកសំដៅទៅ​រីសត​វិញ។
មកដល់ភោជនីយដ្ឋាន មនុស្សម្នា​មកពីសណ្ឋាគារ រីសត ណាផ្សេងមិនដឹង​ គឺ​​អង្គុយជាក្រុម​តំកង់គ្នា ពេញពាស ណែនណាន់តាន់តាប់ខុសពីមុន។
ខ្ញុំខ្ជិលគិតណាស់ថា តើពួកគេ​ដែលមកផ្តុំគ្នាទីនេះនិងចំហមាត់ធ្លុងបើកភ្នែកធំៗ ដោយសារតែពួកគេ បានដំណឹងពីកូនៗ ឬមួយក៏​កំពុងតែជជែកគ្នាពីរឿងអាស៊ុនលើមែកឈើ?
ខ្ញុំលែងគិតអ្វីទៀតហើយ ការដើរតត្រុកទៅតាមលោកតា​ឯម។
គាត់នាំខ្ញុំដើរពត់ពេនតាមពីក្រោយ បន្ទប់មួយចំនួនដែលខ្លះចាក់សោគ្មានមនុស្ស ខ្លះទៀតមានមនុស្សដែរ តែកំពុងអង្គុយរហង់មុខបន្ទប់មើលមកយើង ទុកដូចជាចម្លែកជាទីបំផុត យើងផុតពីពួកគេទៅដល់ព្រៃកកោះ។
នៅទីនោះខ្ញុំឃើញស៊ុនចុះមកដីបានវិញហើយ។
មានមនុស្សជាច្រើនកំពុងតែចោមរោមវា។ បន្ទាប់ពីវា ​ខ្ញុំឃើញ​លេចធ្លោជាងគេ​គឺ​យាយសក់ដាញ់ ដែល​កំពុងសូត្រមាត់ជីពអូចៗនៅឡើយ ផ្តិលទឹក​លោកតាឱ្យមកពូចាមមុននេះ ​ក៏ឥឡូវ​ឃើញនៅនឹងដៃ​យាយដែរ។
អាស៊ុនអង្គុយ​លើកៅអីជ័រមួយដែលមុននោះខ្ញុំបានឃើញជីណាអង្គុយ។
នៅពេលដែលឃើញវត្តមានលោកតាឯម ចាស់ៗទាំងអស់នោះ បែរមុខសម្លឹងគាត់ដូចរបៀបសម្លឹងជាតួឯកល្បីម្នាក់។ ពួកគេញែកផ្លូវឱ្យលោកតា​បានចូលទៅដល់ស៊ុន។
អាសម្លាញ់ខ្ញុំកំពុងតែអង្គុយលើកៅអីចំណែកជីណា ឈរឱបដៃក្បែរប្តីជាមួយទឹកមុខស្លេកស្លាំង។ នៅក្បែរៗនោះ មានស្ត្រីអ្នកភ្នំពេញពីរបីនាក់ឈរកំដរនាង និងឃាត់បណ្តាអ្នកថតទូរសព្ទមិនឱ្យបន្តសកម្មភាព។
នៅពីក្រោយខ្នងនាង ខ្ញុំឃើញឫទ្ធី ប្អូនជីដូនមួយខ្ញុំកំពុងតែឈរមើលមកពួកយើងម្តងម្នាក់ដោយទឹកមុខស្លេកស្លាំងភ័យភិត​ដូចគ្នា។ ប្អូនខ្ញុំមិនដែលភ័យបែបនេះទេតាំងពីមុនមក នេះប្រហែលជាលើកដំបូងដែលវាបានឃើញរឿងបែបនេះ។
ខ្ញុំក៏ចង់សួរដំណឹង​ដែរថា តើស៊ុនចុះមកបានដោយរបៀបម៉េច ប៉ុន្តែខ្ញុំគ្មានពេលទេពីព្រោះលោកតា​កំពុងតែសូត្រអ្វីម្យ៉ាងទៅលើវា។
ស៊ុនហាក់ពាក់កណ្ដាលងោកពាក់កណ្ដាលដឹងខ្លួន។ ចុងក្រោយពេលគាត់សូត្រចប់ តាបែរមកខ្ញុំខ្វាច់រកខ្ញុំគេចភ្នែក​ចេញមិនចង់ទាន់។
គាត់ចង្អុលមកដៃខ្ញុំដែល​កាន់ផ្កាពណ៌ខ្មៅមកតាម។  ដល់ពេលនេះគ្រប់គ្នាបែរមកមើលខ្ញុំវិញម្តង ធ្វើឱ្យខ្ញុំកាន់តែស្រឡាំងកាំងមិនដឹងត្រូវធ្វើយ៉ាងណាឱ្យសម។
ភ្លាមនោះពូចាមរត់មកដកយកទងផ្កា​ខ្មៅពីដៃខ្ញុំហើយហុចទៅឱ្យលោកតាឯម។ លោកតាហុចបន្តឱ្យទៅស៊ុនព្រមទាំងនិយាយថា៖
«ចៅយករបស់នេះទៅភ្នំពេញ ទៅផ្ទះដាំទឹកហូប ដាំហើយដាំទៀតកុំចោលវា រហូតទាល់តែក្មួយមានអារម្មណ៍ស្រឡះមុខស្រឡះមាត់លែងចង់ហូបទៀត គឺលែងត្រូវការវា​សឹមបោះវាចោល!»
ខ្ញុំនឹកឃើញភ្លាមដល់ពេលដែលពូចាមបាន​និយាយអំពីភាពល្អនៃជាតិបុប្ផាចម្លែកប៉ុន្តែ ខ្ញុំបានកំណាញ់មិនឱ្យទៅគាត់ តាមពិតទៅវាអាចសង្គ្រោះជីវិតមិត្ត​ខ្ញុំពិតមែន?
ខ្ញុំនឹងដឹងឱ្យបានថា តើមានរឿងអ្វីកើតឡើងចំពោះស៊ុន ហើយវាឡើងដើមកកោះនេះឱ្យវិធីណា​ ចុះមកវិញ​ដោយរបៀបណា?
មនុស្សចាប់ផ្ដើមទ្រហឹងអឺងកង…..
«ក្មេងៗមកវិញហើយ! ក្មេងៗមកដល់ហើយ!»
ដូចត្រូវដាស់ ស៊ុនក៏ចាប់ផ្តើមងើបមុខ សម្លឹងមក ហើយស្ទុះស្ទាចង់ក្រោកទាំងកាន់ទងផ្កានៅដៃ ព្រោះឮពាក្យ​ថា កូនបានមកវិញ បានប្រមូលញាណវាត្រឡប់មកវិញ។ ឃើញសភាពនេះ​ នាំឱ្យខ្ញុំ​គិតបានថា ស៊ុនលែងមានបញ្ហាទៀតហើយ។
ប៉ុន្តែភ្លាមនោះយាយសក់ដាញ់ បានរុញស៊ុនឱ្យអង្គុយចុះវិញ។
លោកតាឯមបានប្រាប់អ្វីមួយទៅវា ​ធ្វើឱ្យស៊ុននៅធ្វើមុខស្លឺស្តាប់។ គ្មានអ្នកណាឮអ្វី​ដែលគាត់ប្រាប់វាទេ​ មិនដឹងជាដំណឹងអ្វីឡើយបានជាស៊ុនទៅជា​ស្លេកស្លាំង ភាន់ភាំង ចុងក្រោយវាខំមើលមកខ្ញុំ ហាក់ចង់បានអន្តរាគមន៍?
ខ្ញុំអាណិតមិត្តណាស់ ​តែស្តាប់មិនឮផង ថាតើលោក​តានិយាយអំពីអ្វី ប្រាប់អ្វីដល់វា? បើថាគាត់ចង់ឱ្យគេឯងបានឮ គាត់មុខតែនិយាយខ្លាំងៗហើយ​!​
«វាម៉េចហើយ?!»
ស៊ូត…..
ពូចាមឮសំណួរខ្ញុំក៏ធ្វើមាត់សញ្ញាស៊ូត ឱ្យខ្ញុំឈប់មាត់ភ្លាម។ ​ពេលនោះដែរ​ខ្ញុំឃើញលោកតា​ ចាប់ផ្តើមដកហូតចេញពីក្នុងថង់ដែលគាត់កាន់មកជាប់នឹងដៃតាំងពីខ្ទមស្រែ គឺ​ធូបនិងដែកភ្លើង​ព្រមជាមួយដបទឹកសុទ្ធ ទំនងជាដបចាស់តែច្រកទឹកថែមពីក្នុង។
អ្នកខ្លះបានរសាយទៅរកកូនគេ ខ្លះនៅបន្ត ដែលភាគច្រើនជាប្រុសៗអ្នកភ្នំពេញយើង និងអ្នកភូមិចាស់ៗ។ ចំណែកខ្ញុំវិញ ដោយ​ឃើញថា​​ស៊ីលាភចេញ​​ទៅទទួលកូនទៅហើយ គឺទៅជាមួយជីណា ខ្ញុំក៏បានឱកាស​នៅបន្តឈរពិនិត្យកន្លែងនេះ។
ខណៈលោកតាកេះភ្លើងអុជធូប យាយសក់ដាញ់ចាប់ផ្តើម​បួងសួងសំពះផ្តោមៗទៅគល់ឈើ។ គាត់សំពះរួចទទួលទឹកដបពីលោកតា យកទៅស្រោចជុំវិញគល់។
ពេលលោកតាឯមចាប់ផ្តើម​ដោតធូប គាត់ដោត​តាមរបៀប​ប្លែក គឺប្រណម្យគ្រប់ទិសទាំងប្រាំបី ហើយដោតធូបម្តងមួយទិស​៣ដើម។
ពេលដោតរួច គាត់នាំគ្នា​សូត្រ​បាលីអ្វីដែលខ្ញុំមិនដែលស្គាល់ ឬមិនសូម្បីតែធ្លាប់ឃើញអ្នកបួសនានាសូត្រសោះ​តែ​នៅទីនេះ ចាស់ៗសូត្រតាម​តាឯមយ៉ាងរណ្តំ​ខ្ទរ។
ខ្យល់ត្រជាក់ចាប់ផ្ដើម មានឥទ្ធិពលមកលើរាងកាយខ្ញុំ ដូចកំពុង​ស្ថិត​ក្នុងបរិយាកាសព្រឹកព្រហាមដែលជិះ​ត្រឹកៗពីរនាក់អាស៊ុនឆ្ពោះទៅជំរំក្មេង។
សភាពត្រជាក់បែបនេះ មានតែបរិយាកាសដែលខ្ញុំធ្លាប់ចាំបាន គឺកាលទៅរៀនស្រុកគេតែប៉ុណ្ណោះ។ ខណៈខ្ញុំរំពៃចុះឡើងមើលទៅឡានក្រុងដែលឃើញ​ឈប់ពីចម្ងាយ​ក្បែររីសត ខ្ញុំចង់ដឹងថាក្មេងៗ​មកដល់ឬអ្វី​​ ស្រាប់តែ​ទូរសព្ទពុកអាស៊ុនខលមកដល់។
ខ្ញុំថ្លោះទឹកមុខដោយមិនដឹងខ្លួនពេលទទួលព័ត៌មាន​ មិនយូរទេ មិនអាចបង្អង់​ឡើយ​ ខ្ញុំងាកទៅនិយាយជាមួយគាត់ គឺលោកតាឯម៖
«លោកតា​!​ ជាទូរសព្ទប៉ាអាស៊ុន!»
ស៊ុនងើបមុខសម្លឹងមកពួកយើង។ វាមិនយល់អីទេ តែឮថាឪពុកខ្លួនបានជាប្រឹងផ្ទៀងស្តាប់។
ខ្ញុំមិនពន្យារពេលទេ ក៏ខ្សឹបដាក់លោកតាភ្លាម៖
«លោកតា! បងប្រុសអាស៊ុន គាត់រកឃើញកញ្ចប់៣តូចៗ! ​មួយនៅបាតក្រឡស្ករ មួយទៀតនៅក្រោមក្តារគ្រែ​ និង​ក្រោយផ្ទាំងគំនូររូបក្តាន់!»
«តែបីកញ្ចប់ទេ?!» គាត់សួរបកមកខ្ញុំវិញដោយភ្នែកក្រឡិកក្រឡាប់គិត។ ដៃខ្ញុំមិនទាន់ទាំងបានបិទ​
ហ្វូន​របស់គ្រួសារ​អាស៊ុននៅឡើយ បង្ការក្រែងលោកតាចង់និយាយអ្វីនឹងពួកគេផ្ទាល់។
ប្រាកដណាស់ ពេលនេះក្រៅពីលោកតាឯមហើយនិងខ្ញុំផ្ទាល់ ប្រហែលជាគ្មានអ្នកណាយល់អំពីអត្ថន័យរបស់យើងនោះទេ។ គ្មានអ្នកណាដឹងថាខ្ញុំកំពុងនិយាយអំពីកញ្ចប់អ្វី ហើយហេតុអ្វីបានជាតាឯមនោះចាប់ផ្តើមអន្ទះសាឡើយ។
«ចៅឯងប្រាប់ញាតិហ្នឹងឱ្យស្វែងរក ឱ្យបានកញ្ចប់មួយទៀត! រកឱ្យឃើញឆាប់បំផុត!»
សូម្បីតែខ្ញុំនេះ ក៏មិនយល់មួយរយភាគរយនូវអ្វីដែលគាត់ចង់និយាយដែរ ប៉ុន្តែអាចកាត់ៗ យល់ខ្លះៗថាមួយកញ្ចប់ទៀតនោះគឺ អាចបង្ហាញថាកញ្ចប់ទាំងបីនោះ នៅមិនទាន់អស់ទេ គឺថាមានច្រើនជាងនេះ។
រំឭកមកវិញ ខ្ញុំនៅចាំសម្ដីរបស់គាត់ដែលបានប្រាប់មក ហើយខ្ញុំបានលួចទន្ទេញជាប់តាំងពីនៅលើផ្ទះឈើមុននេះគឺ «រកក្នុងថូ ក្តារគ្រែ រូបសត្វនិងក្រឡ​ស្ករ»
ខ្ញុំងាកទៅពន្យល់គាត់៖
«ឥឡូវនេះពួកគេរកកន្លែងទាំងប៉ុន្មាននោះហើយ រកមិនឃើញទេលោកថា! គេឃើញតែក្នុងក្រឡស្ករ គំនូររូបក្ដាន់ ហើយនិងក្រោមគ្រែ»
«ឆាប់រក មួយទៀតទៅ! សំខាន់ណាស់!»
គាត់និយាយមកវិញតិចៗតែច្បាស់លាស់ ធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្តតឹងទ្រូង។ ខ្ញុំក៏ចាប់ផ្ដើមនិយាយទូរសព្ទទៅបងសាំង បងប្រុសរបស់អាស៊ុន៖
«ជួយរកម្ដងទៀតមើល៍បង! ​រកពេញផ្ទះ​ រកសព្វកន្លែងមើល៍? នៅក្នុងផ្ទះមានថូណាផ្សេងទៀតដែរទេ!»
ខណៈគ្រប់គ្នា​កំពុង​រង់ចាំចម្លើយ​ពីខ្ញុំ ខ្ញុំងើបមុខឡើងវិញ ហើយដើរទៅជិតលោកតា ខ្សឹបៗប្រាប់គាត់៖
«ថូ ផើងអី ​បងវា​វាយបំបែកអស់ហើយលោកតា! គ្មានទេ! ហើយ​គាត់សួរថា កញ្ចប់៣នោះ ស្រាយចេញមើលដែរអត់!»
«កុំឱ្យសោះ! ឱ្យឡើងមកជួបខ្ញុំ!»
ខ្ញុំស្រឡាំងកាំងដៀងភ្នែកមកមើលអាស៊ុនដែលកំពុងតែចំហមាត់សម្លឹងពួកយើង។ មិនដឹងថាអាក្លើដឹងពីរឿងបងសាំងបងប្រុសធំរបស់វា ដែលកំពុងរង់ចាំនៅខ្សែទូរសព្ទម្ខាងមេដៃខ្ញុំ នោះឬក៏អត់ទេ។ ប៉ុន្តែរឿងដែលវាច្បាស់ជាមិនដឹង គឺរឿងកញ្ចប់តូចៗទាំងអស់នោះ។
បន្តិចទៀត បើមានពេលស្រាកបន្តិច ខ្ញុំគុំនៅក្នុងចិត្តថា​នឹងសួរវាឱ្យបាន ថាតើវាមានដឹងអត់ រឿងមានគេប្លុង​កញ្ចប់តូចៗ ដល់ទៅបីលាក់នៅក្នុងផ្ទះរបស់វា?
ទោះយ៉ាងណា​​ពេលនេះ​ខ្ញុំមិនទាន់និយាយអីបានទាំងអស់ ដោយសារខ្ញុំត្រូវតែធ្វើតាមសម្តីលោកតាប្រាប់បងសាំងមិនឱ្យគាត់បើកកញ្ចប់នោះមើលទេ។
«បងឯងស្រូតមក!»
ខ្ញុំបង្គាប់គាត់ឱ្យឡើងឡាន យកវាមកណេះបន្ទាន់ ដើម្បីឱ្យតាឯមដោះស្រាយ។
ខ្ញុំនិយាយជាមួយបងរបស់ស៊ុនហើយ គ្រួសាររបស់ស៊ុនពិតជា​មិនមានវិធីអ្វីក្រៅពីយល់ព្រមតាមខ្ញុំនោះដែរ ពីព្រោះគ្រួសារមានអីចម្លែកទៅ ពួកគេ​នេះ ធ្លាប់រងនូវរឿងផ្លូវងងឹត​ស្ទើរស្លាប់ស្ទើររស់កាលពីអតីតកាល ដូចខ្ញុំធ្លាប់បានតំណាលមកពីដំបូង គឺរឿងរបស់អាស៊ុនដែលត្រូវម្តាយចុងរបស់វាធ្វើបាប​។
លោកតាប្រាប់ឱ្យយើងបំបែកគ្នា។
នៅទីនេះនៅសល់តែលោកយាយសក់ដាញ់ ជាមួយនឹងខ្ញុំ អាស៊ុន ព្រមទាំងពូចាម និងលោកតាអាចារ្យបីបួន​នាក់ទៀត។ ចាស់ៗទាំងអស់ ចុងក្រោយក៏ត្រូវបានលោកតាបង្គាប់ឱ្យខ្ញុំជូនប្រាក់ពួកគាត់បន្តិចបន្តួចឱ្យពួកគាត់​ត្រឡប់​ទៅវិញ។
មិនយូរប៉ុន្មាន ធូបដែលដោតនៅគល់កកោះ ឆេះបានដល់ប្រមាណជា​សាមសិបភាគរយខណៈពេលដែលខ្ញុំនៅស្ងៀម មិនបានជជែកអ្វី ប៉ុន្តែនៅឈរផ្ទៀង​ស្ដាប់លោកតានិយាយខ្សឹបពិភាក្សាទៅកាន់ពូចាម ឮអ៊ូៗ។
«ឯងត្រឡប់ទៅផ្ទះខ្ញុំ ឱ្យមីងឯងគាត់រៀបចំជាសំណែន!»
ខ្ញុំមិនដឹងថាសំណែននោះមានអ្វីខ្លះទេ ប៉ុន្តែខ្ញុំហុចលុយទៅពូចាម៤០ម៉ឺនរៀល។ ពេលនោះហើយដែលស៊ុនបានប្រាប់ខ្ញុំថា ឱ្យទៅយកពីជីណាវិញទៅ កុំឱ្យខ្ញុំជាអ្នកចេញលុយ។ ខ្ញុំថាមុនក្រោយ​គង់តែខ្ញុំទូទាត់ទេ ឱ្យវាជាសិន។ ទោះយ៉ាងណាខ្ញុំមាន​អារម្មណ៍ថា អាស៊ុនបានដឹងខ្លួនមកវិញច្បាស់ណាស់ ដូច្នេះហើយខ្ញុំមានអំណរក្នុងចិត្ត ហើយខ្ញុំជឿជាក់ទៅលើអ្វីដែលកំពុងតែប្រារព្ធទៅនៅទីនេះ ថាជាការដោះស្រាយមួយយ៉ាងត្រឹមត្រូវ​តាមផ្លូវងងឹតដែលខ្មែរយើងចំណាំតែទុកពាក្យចាស់មកថា បន្លាមុតនៅឯណាជួសនៅកន្លែងនោះ ថ្នាំពុលនៅទីណា បន្សាបក្បែរហ្នឹង។
ពេលនេះយើងអាចធ្វើឱ្យអាស៊ុនចុះមកដល់ដីបាន គឺជាដំណាក់កាលធំមួយ ។ គិតមើល នៅ​សុខ​ៗ​អាម៉ាកខ្ញុំដែលឡើងដើមឈើអង្គុយយោលយោគដោយគ្មានមូលហេតុ មិនដឹងទិសតំបន់អ្វី ស្រាប់តែអាចចុះមកវិញបាន ដោយគ្រាន់តែតាឯមឱ្យទឹកមន្ដមួយផ្តិលទៅពីចម្ងាយ? ចំណែកឯ ពូចាមក្ដី មីងម៉ៅក្តីដែលគាត់បានផ្កាខ្មៅមួយទងមកខ្ញុំនោះក្ដី អ្នកទាំងបីសុទ្ធតែមិនដែលស្គាល់ផ្ទះរបស់ស៊ុនទេ ម៉េចក៏ពួកគេដឹងថា នៅក្នុងផ្ទះមានកញ្ចប់បីត្រូវបានលាក់ទុក?
«បងសាំងកំពុងតែឡើងឡានមកជាមួយប៉ារបស់ឯងអាស៊ុន! ស៊ុនឯងដឹងទេថា ឯងត្រូវគេធ្វើអំពើដាក់?» អាស៊ុននៅស្ងៀមសម្លឹងមកខ្ញុំ។ ចិត្តខ្ញុំនៅតែអាណិតវា ពីព្រោះតែវានៅពាក់កណ្តាលស្វាងពាក់កណ្តាលស្រងល់។ ទោះយ៉ាងណា​អាការៈវា មិនបង្ហាញថាបដិសេធនូវអ្វីដែលកំពុង​ខ្ញុំប្រាប់ឡើយ​។
ខ្ញុំបន្ត​ខ្សឹបប្រាប់អាភឿនម្នាក់នេះភ្លាមៗទៀត​ ចិត្ត​ខ្ញុំចង់ឱ្យវាយល់ការណ៍សិន នឹងអាល​​បាន​មកតតាំងជាមួយអពមង្គលមួយនេះ​រួម​ជាមួយគ្នា៖
«លោកតានេះ ផ្ទះគាត់នៅជើងភ្នំ! ពូចាមជាអ្នកនាំខ្ញុំទៅជួបគាត់! គាត់ចេះគន់គូរលេខអត្តៈ! គាត់មើលពីកន្លែងនោះហើយគាត់ជួយឯងចុះដីវិញ មុននេះឯងទៅអង្គុយលើចុងមែក! ឥឡូវនេះទៀតគាត់ឱ្យពុកឯងជាមួយបងឯង រកឃើញកញ្ចប់បីទុកក្នុងផ្ទះឯងនៅបុរី! ប្រហែលជានរណាម្នាក់លួចចូលទៅដាក់វា យាយីឯង តែសំខាន់គាត់ចង់បានឱ្យយកមកដល់ណេះ​ បងសាំងឡើងឡានមកហើយ!»
ស៊ុនបន្ត​នៅស្ងៀមទៀត។ ខ្ញុំក៏ចាប់ផ្ដើមទម្លាក់សំឡេង​និយាយលួងវា៖
«អត់អីទេ! ឯងកុំគិតច្រើន! បើសិនជាគិតទៅឈឺក្បាល សំងំទៅ! ចាំខ្ញុំនាំឯងទៅសម្រាក!​ កូនឯង អាMan មកវិញហើយ! រឿងចប់ហើយ!»
ខ្ញុំនិយាយនឹងវា​បែបនេះមែន តែក្នុងចិត្តខ្ញុំ​ យើងដឹងថា​រឿងរ៉ាវទើបនឹងចាប់ចេញពន្លឺបើកច្រក តែមិនទាន់ចប់ងាយទេ។
ងាកទៅម្ខាង​ខ្ញុំឃើញតាកំពុងតែឈរអង្អែលចង្កាគិត នៅខណៈពេលដែលយាយសក់ដាញ់ឈរស្តាប់​ជាមួយគាត់ម្តងៗ ពួកគាត់​សម្លឹងដីពិចារណា។
«អារ៉ា!»
ស៊ុនហៅ​ខ្ញុំតិចៗ ទាញអារម្មណ៍​ខ្ញុំផ្ចង់មកសម្លាញ់ដែលអង្គុយ​លើកៅអីនេះវិញ​ភ្លាមៗ។
«ដឹងទេ! អញមិនចង់ដើរមកទេ! ​អញមិនចេះឡើង​ដើមឈើធំយ៉ាងនេះទេ ប៉ុន្តែអញហៅរកអ្នកណាជួយក៏គ្មានអ្នកណាឮ!​ ចង់ឈប់ដើរក៏ឈប់មិនបាន! ចិត្ត​អញដឹងថា មានអ្វីមួយកំពុង​ឈរពីក្រោមបាតជើងអញ ​ហើយ​វានាំអញ​ដើរស្លុងស្រាលភ្លឹង! វាបញ្ជា​រាងកាយរបស់អញ!»
ខ្ញុំចំហមាត់ស្តាប់ស៊ុន។ គេនិយាយបន្ថែមទៀតទាំងបែកញើសជោកថ្ងាស កណ្តាលអាកាសធាតុត្រជាក់ស្រិបនេះ៖
«រឿងកើតឡើង តាំងពីក្នុងបន្ទប់របស់ឯងមក!»
ខ្ញុំបើកភ្នែកគ្រលួងសម្លឹងមិត្ត​។
«រូបមួយ នៅក្នុងបន្ទប់របស់ឯងមានអ្វីមួយខ្មៅស្រិល ហោះចូលមកតាមបង្អួច! ពេលអញ​ឈរ​ស្រឡាំងកាំងមើលទៅវា វាចូលមកសន្ធប់នៅក្នុងរាងកាយរបស់អញ អញ​ស្រាល​អណ្តែតលែងទប់បាន! អញចាប់ផ្ដើមឮខ្លួនឯង ស្រែកឡូឡា តាមពិត​មិនមែន​អញនិយាយទេ!»
ខ្ញុំស្តាប់ផង​ប្រឹង​នឹករំឭកឡើងមកវិញ​បណ្តា​​រឿងរ៉ាវទាំងប៉ុន្មានកាលពីព្រឹក​មកវិញ​ផង។ នោះជាអ្វីៗ​ដែលបានកើតឡើងនឹង​ភ្នែកស្រស់។ ពិតណាស់បើសិនជាខ្ញុំមិនមែនជាអ្នកឃើញហេតុការណ៍ផ្ទាល់ ខ្ញុំពិបាកជឿនូវអ្វីដែលស៊ុននិយាយ ថែមទាំងអាចគិតថាវាមើលកុនមកនិយាយ។ ក្រោយពេលជួបផ្ទាល់ យើងនឹង​ដឹងថា តាមពិតឈុតឆាក​ក្នុង​កុន គឺកើតមកពីតំណាលនៃសាក្សីឃើញហេតុការណ៍ពិតទៅវិញ។
មានរឿងពីរដែលខ្ញុំច្បាស់ គឺ​ខ្លួនខ្ញុំផ្ទាល់ដែលបានយល់សប្តិឃើញអ្វីប្លែកៗនៅក្រៅបង្អួចនោះ      មិនថាតែ​​អណ្តូង​​បែរទៅទិសខាងលិច សូម្បីតែក្មេងរាំជាជួរ និងចុងក្រោយខ្លួនខ្ញុំផ្ទាល់ មិនមែន​ក្នុងយល់សប្តិទេដែលត្រូវបានដើរទៅតាមយាយម៉ៅ ហើយទទួលកាន់ផ្កាមួយទងពណ៌ខ្មៅនេះដោយគ្មានបំណងសោះ។
ខ្ញុំក្រឡេក​ទៅបណ្តាពូករឺស័រនិងសម្បកតង់ទាំងឡាយដែលនៅសល់ក្រាលក្រោមគល់ឈើនៅឡើយ ក្រុមអ្នកស្រុកបានយកមកដើម្បីទ្រ បើសិនជាស៊ុនធ្លាក់មក ឬអាចថាលោតចុះមកដោយខ្លួនឯង​ក្រែងបានសង្គ្រោះខ្លះ។
របស់ទាំងនេះបណ្តាលឱ្យខ្ញុំនឹកឃើញថា នៅពេលដែលដើរ​ទៅក្នុងព្រៃកកោះ មាត់បានស្រែករកក្រុមអ្នកលើកពូក​ឱ្យជួយ​ទាញខ្ញុំថយដែរ  ប៉ុន្តែខ្ញុំហាមាត់មិនរួច។ អ្វីដែលស៊ុននិយាយ ដូចណាស់នឹងដំណើរដើមទងដែលខ្ញុំបានជួបជាក់ស្ដែង រឿងមិនចៃដន្យដល់ម្ល៉ឹងទេ!  ចុះទម្រាំ​សម្លាញ់ខ្ញុំដែលត្រូវឱប​ប្រតោង​ឡើងទៅលើដើមឈើ តែមិនអាចបញ្ជារាងកាយ​ខ្លួនឯងបាន តើវាភ័យញ័រ​កម្រិតណា?
តើអ្នកធ្លាប់ដឹងទេ អំពីរឿងដែលមិនអាចបញ្ជាខ្លួនឯងបានហើយចាប់អារម្មណ៍​ថា​រាងកាយយើង​ទាំងមូលបែរ​ត្រូវបានបញ្ជាដោយអ្នកណាម្នាក់ផ្សេង?
ធ្លាប់តែមានត្រឹមក្នុងយល់សប្តិតែប៉ុណ្ណោះ ក៏យើងពិបាកសឹងគាំងបេះដូងម្តងៗទៅហើយ។
ខ្ញុំងាក​ទៅរកលោកតាឯម ពេលគាត់កំពុងតែដើរឈប់ៗ ចុងក្រោយ​គាត់​ក៏តម្រង់មក។ មិនដឹងថា គាត់មានរឿងអ្វីមួយសំខាន់ចង់និយាយជាមួយស៊ុន បើមើលតាមជំហានដែលគាត់តម្រង់ ដូច្នេះហើយ​ខ្ញុំក៏ថយទៅខាង ប៉ុន្តែខ្ញុំចង់ដឹង ចង់ឮណាស់។
មិនស្មានថា គាត់ទាញដៃហៅខ្ញុំឱ្យចូលដូចបំណងប្រាថ្នារបស់ខ្ញុំមែន។
ពេលនោះ យាយសក់កណ្តាញ់ក៏មកនៅតាម​ពីក្រោយតាដែរ។
«អាចៅឯងរកគិតឡើងវិញ! ហេតុអីមាន​កញ្ចប់មន្តអាគមបី រកឃើញនៅផ្ទះរបស់ខ្លួន?»
ស៊ុននៅស្ងៀមមិនតប ធ្វើភ្នែកភ្លឹះៗកប់យោបល់។ ទឹកមុខ​វាគឺរកជំនួយជាជាងរកព័ត៌មាន​។ ខ្ញុំដូចគ្នា​យើង លែងខ្វល់ហើយ​ថា តើ​អ្នកណាដាក់ជាអ្នកដាក់ យើង​ដឹងតែម្យ៉ាង គឺថាខ្លាច​ស៊ុនត្រូវឡើងដើមឈើទៀត។ ​
«ប៉ុន្តែថ្នាំងឫស្សីចង នៅផ្ទះរបស់តាប្រាប់ថា អំពើដែលគេធ្វើទៅចៅឯងលើកនេះ គឺអំពើ៤ជ្រុង! វាគឺជាអំពើដែលសល់យូរឆ្នាំមកហើយ ធ្លាប់តែឮថា ប្រភពប្រើនៅប្រទេសឥណ្ឌានិងប្រទេសភូមា ប៉ុន្តែឥឡូវនេះ បងប្រុសរបស់ចៅឯងរកឃើញតែកញ្ចប់៣! ចៅឯងគិត! គួរតែត្រឡប់ទៅផ្ទះជួយរកកញ្ចប់មួយទៀត ព្រោះក្រែងម្ចាស់ផ្ទះស្គាល់កន្លុកកន្លៀតច្បាស់? ឬ​ក៏ចង់នៅធ្វើពិធីពីណេះទៅ!»
«ធ្វើឱ្យហើយទៅតា!»
អាស៊ុនសម្រេចចិត្តយ៉ាងរហ័ស បានន័យថា គេគិតដឹងអំពីអ្វីដែលលោកតាប្រាប់មិនចន្លោះទេ។
មិត្តខ្ញុំនិយាយបន្តទៀតដោយភិតភ័យ៖
«សួរខ្ញុំ ខ្ញុំមិនដឹងទេ! ខ្ញុំមិនដឹងមួយទៀតនៅកន្លែងណាទេអ៊ំ!​ សូម្បីតែបីកញ្ចប់នេះជាស្អី​ ក៏ខ្ញុំមិនដឹងផង! ហើយខ្ញុំអត់ចង់ឱ្យមានរឿងហ្នឹង​កើតឡើងចំពោះខ្ញុំទៀតទេ! ជួយខ្ញុំផង»
ខ្ញុំដឹងច្បាស់ថា រឿងកាលពីអតីតកាលបានធ្វើឱ្យមិត្តភក្ដិរបស់ខ្ញុំម្នាក់នេះនៅរងការបាក់ស្បាតពេញ​មួយជីវិត​នៅឡើយ ដូច្នេះហើយបានជាខ្ញុំនៅស្ងៀម ស្ដាប់ការសម្រេចចិត្តរបស់ស៊ុនមិនក្អក ចេញយោបល់មួយម៉ាត់ណាទាំងអស់​។
ទាំងទើសទាល់ ខ្ញុំមើលទៅមុខរបស់តាឯម។ ខ្ញុំដឹងថាកញ្ចប់ដែលរកមិនទាន់ឃើញគ្រប់នោះ អាចសំខាន់​សម្រាប់ដោះស្រាយ តែបើឱ្យស៊ុនទៅផ្ទះរកគឺវែងឆ្ងាយណាស់ មិនដឹងថាមានអ្នកណាចូលវាទៀត ​វាធ្វើឆ្កួតៗទៅ បាន​អ្នកណាជួយ?
«បងប្រុសរបស់វាឡើងមកហើយអ៊ំ តាមផ្លូវហើយ​!»
ខ្ញុំលូកមាត់រំឭក។
ឃើញគាត់នៅរិះ​គិតស្មុគស្មាញខ្ញុំក៏និយាយទៀតភ្លាម៖
«បើសិនជាលោកតាត្រូវការសំណែន ទ្រនិប ឬក៏គ្រឿងប្រដាប់វិធីអីផ្សេងៗទៀត សូមប្រាប់ឱ្យហើយក្រែងគាត់អាចរកបានតាមផ្លូវ​មក!»
លោកតាសម្លឹងខ្ញុំស្មុគស្មាញ។ គាត់ដកដង្ហើមធំ ឆ្លើយភ្លាមតែខ្សោយៗ៖
«សម្លាញ់របស់ចៅ មានភ័យហើយ! ត្រូវរកកញ្ចប់មួយទៀតឱ្យបានបន្ទាន់!  ដើម្បីរកបាន សាមីខ្លួនត្រូវរកនឹកថា ថាតើអ្នកណាខ្លះ ដែលបានចូលមកផ្ទះ​រយៈពេលចុងក្រោយនេះ! ​រកនឹកបន្តិចម្តងៗ​មើល៍ចៅ របស់នេះមិនអាច ដាក់ក្នុងផ្ទះ លើសពីប្រាំពីរថ្ងៃទេ! វាមានឥទ្ធិពលក្នុងរវាងមួយអាទិត្យ! មនុស្សនេះទើបមកដល់ នៅពេលថ្មីៗនេះ!»
ខ្ញុំមើលមុខ​ស៊ុនឡិងឡង់​រង់ចាំចម្លើយចេញពីមាត់វា ដូច​ការទន្ទឹងរង់ចាំរបស់លោកតាដែរ។
«បងឯម!»
នេះគឺជាសំឡេងលើកដំបូងរបស់យាយសក់ដាញ់ ដែលមាន​សូរស្ដាប់ទៅគួរឱ្យព្រឺព្រួច ពិបាកទទួលយក​ ដូចជារូបរាងរបស់គាត់ដែលចម្លែកខុសគេដែរ ប៉ុន្តែខ្ញុំឃើញភាពយកចិត្តទុកដាក់លេចចេញតាមកែវភ្នែកគាត់។
គាត់ហៅលោកតាហើយវាចាពិគ្រោះ៖
«មានរឿងមួយណា៎បង! បើរបស់ដាក់នៅភ្នំពេញ ហេតុអីមកធ្វើទុក្ខនៅហ្នឹង?!»
សម្តីរបស់លោកយាយ​ គួរឱ្យខ្លាច​តែសំខាន់ណាស់ ហាក់ដូចជាទាញលោកតាឯមឱ្យនឹកឃើញ​ទៅដល់រឿងអ្វីម្យ៉ាង។
មនុស្សជុំវិញនេះសុទ្ធតែចេះក្បួននេះ បើតាមគំនិតពិចារណាភ្លាមៗស្ងាត់ៗរបស់ខ្ញុំ។
ហើយបើសិនជា យាយម្នាក់ដែលបានហុចផ្កា​ខ្មៅមកខ្ញុំ គាត់មកនៅទីនេះដែរ ខ្ញុំរឹតតែគិតថា ភូមិនេះគឺជាភូមិអ្នកដោះស្រាយបញ្ហាមន្តអាគម​ តែម្ដង។
ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងពេលនោះខ្ញុំនឹកឃើញដល់សម្តីរបស់ម្តាយខ្ញុំកាលពីខ្ញុំនៅក្មេងគឺ នៅពេលដែលយើងទៅមើល ស៊ុនព្យាបាលគ្រូខ្មែរ​ គេធ្វើទុក្ខកាច់ដៃជើងនៅផ្ទះម្ដងៗ មកវិញម្តាយ​តែងតែប្រាប់ខ្ញុំថា ខ្មែរយើងមានចំណេះដឹងខ្ពស់និងទាក់ទងជាមួយរឿងអូមអាម ផ្លូវងងឹត រួមមានទាំងរកប្រភព និងការ​ដោះស្រាយបញ្ហា។
ខ្ញុំចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើលោកយាយសក់ដាញ់ពីព្រោះថា បើសិនជាគាត់មិនមែនជាមនុស្សបានការ លោកតាដែលមានចំណេះរបៀនដ៏ជ្រៅជ្រះ មិនព្រមអង្គុយស្ដាប់ ពិភាក្សាជាមួយ​គាត់នោះទេ។
ភ្លាម​នោះ យាយនិយាយបន្តដោយសំឡេងង៉ោកង៉ាករបស់គាត់៖
«បងឯងគិតមើល៍ ក្មេងនេះដើរមកដល់ព្រៃនេះហើយឡើងដើមកកោះតែម្នាក់ឯង!  ដើមនេះឯណាធ្លាប់មាន​អ្នកមកដល់ ហ៊ានចូលមកឃើញ? ម៉េចតាអ៊ូឃើញ?»
ខ្ញុំទើបតែបានដំណឹង​ដំបូង​មកថា ​តាអ៊ូណាទេ​ជាអ្នកឃើញ​អាស៊ុនមកលើមែកឈើបានជាផ្អើលដល់អ្នកភូមិ​។ ចុះប្រសិនបើពេលនោះ​ពិតជា​គ្មាននរណាមកដល់ទេ ហើយបើសិនជាវាឡើងទៅលើនោះ ច្បាស់ណាស់គឺមានបញ្ហាហើយ។ ខ្ញុំព្រឺសម្បុរ​ ខណៈលោកតាលូកដៃទៅក្នុងកអាវស៊ុនមួយរំពេច ហើយទាញបន្តោងដែលវាកំពុងពាក់យកមកមើល។
តាឯមតាមពិនិត្យ ក្រោយមកក៏​ងក់ក្បាល​ហាក់យល់ការណ៍៖
«ភ្លុកស្លាកី!»
ខ្ញុំស្បថថានេះជាឈ្មោះដំបូងដែលខ្ញុំបានឮ។
ភ្លុកគឺភ្លុក ម្តេចមានឈ្មោះតពីក្រោយ?
យាយសក់ដាញ់យកដៃស្ទាបសក់ ធ្វើដូចជាផ្តើមយល់ពីរឿងអ្វីមួយដ៏សំខាន់។
ខ្ញុំចាប់អារម្មណ៍ដឹងភ្លាមថា គឺរបស់នេះ កេរពីលោកអាចារ្យឆុំមុនពេលលោកចែកឋាន បានប្រគល់មកឱ្យពួកយើង ក្រោយមកពីរនាក់ខ្ញុំបំបែកជា បន្តោងមួយម្នាក់។ ​ព្រឹកមិញ ភ្លុកនេះ បានការពារស៊ុនពីការធ្វើអំពើផ្ដេសផ្ដាសនៅលើមែកឈើ ឬអាចថា បានជួយវាឱ្យមានគេមើលឃើញ បានមានជីវិតមកទល់ពេលនេះ។
ខ្ញុំនឹកភ្នកដល់បណ្តាព័ត៌មានអកុសល​នៃការធ្វើអត្តឃាតលើចុងឈើ ដែលឃើញញយៗហើយធ្លាប់តែឆ្ងល់ថា ហេតុអ្វី​មុនពេលស្លាប់​ជនរងគ្រោះ​​ឡើង​ទៅលើនោះរួច?
លោកតាទម្លាក់បន្តោងវិញ ហើយផ្តាំ៖
«របស់ពិសិដ្ឋនេះ ទុកជាប់ខ្លួនណាចៅ!»
ដោយសម្លឹងចំភ្នែកមិត្តខ្ញុំដែលកំពុងតែស្រេកឃ្លានចង់បានជំនួយ គាត់និយាយបន្តដោយទម្លាក់សំឡេងទាបជាងមុន៖
«កញ្ចប់មួយទៀតអាចត្រូវគេដាក់នៅទីនេះផ្ទាល់! បានជាចៅមិនធ្វើទុក្ខនៅផ្ទះ មកធ្វើទុក្ខនៅហ្នឹងទៅវិញ យាយដាញ់នេះ​រំឭកបានតានឹកឃើញ ដើមឈើនេះធំណាស់ បើសិនមកឡើងលើនេះបាន មានតែខ្មោចស្រុកដឹកមកបានឡើងកើត! ព្រោះដើមមានបារមីគេថែរក្សា ម្ចាស់ដីគេមិនឱ្យអ្នកក្រៅមកនាំចៅដើរទេ! រកនឹកឡើង! មានតែពីរផ្លូវទេណាចៅ អ្នកនោះ មនុស្សដែលធ្លាប់ចេញចូលទៅផ្ទះចៅ ក៏ធ្លាប់មកកន្លែងនេះជាមួយចៅ ទីពីរ​ចៅអាចត្រូវអំពើពីនាយមក​ហើយបានរាសីទាប ច្រឡំនិយាយពាក្យអីមិនល្អប្រមាថទឹកដីទីនេះដែរ?»
«អត់ទេលោកតា ខ្ញុំប្រយ័ត្នណាស់ ​ខ្ញុំជាមនុស្សមានជំនឿជាប់ខ្លួន!»
អាស៊ុនប្រកែកញ៉ាញ។
«ក្រែងតែកញ្ចប់មួយទៀត គេយកមកលាក់នៅទីនេះ បានជាធ្វើទុក្ខនៅណេះ!» យាយដាញ់និយាយឡើងបន្ថែម។
ខ្ញុំឃើញមិត្តខ្ញុំឮហើយកាលណា ក៏ដកដង្ហើមខ្លីៗញាប់ឡើងៗហត់ឡើងៗហាក់ដូចជាអ្នកមានជំងឺកូវីដកម្រិតធ្ងន់។  បាតដៃ​ខ្ញុំវិញត្រជាក់ស្រិប។
ខ្ញុំគិតចុះឡើងចំពោះវិញ្ញាសាចំណោទភ្នែកស្រស់មួយនេះ។
ពួកគាត់វិភាគត្រូវ មនុស្សចង្រៃម្នាក់នោះ ប្រហែលជាបានដាក់កញ្ចប់មួយទៀតនៅកន្លែងនេះ ម្ដុំៗនេះ បានជានៅពេលមេឃភ្លៀងខ្លាំង វាចាប់ផ្ដើមមានឥទ្ធិពល ដោយមិនរង់ចាំឱ្យអាស៊ុន​ត្រឡប់ទៅផ្ទះវិញទាន់។
លោកតាឯមពន្យល់៖
«តាមធម្មតា អំពើនៅកន្លែងណា វាចេញឥទ្ធិពលនៅកន្លែងនោះ បើបងប្រុសរបស់ចៅឯងរុករើរម្លើងផ្ទះ រកឃើញតែបីកញ្ចប់ មានន័យថាយើងគួរតែខំរកកញ្ចប់ទីបួន​នៅម្ដុំៗនេះ ម្តងមើល៍!»
តាមសម្តីគាត់ដូចជា​ នឹងត្រូវចុះទៅឆែកឆេរបន្ទប់រីសតដែលវាស្នាក់នៅ?
គិតចុះគិតឡើង អ្វីមួយដែលលេចឡើងក្នុងចិត្តរបស់ខ្ញុំពេលនេះ ចាប់បង្ខំឱ្យខ្ញុំប៉ប៉ាច់ប៉ប៉ោចចេះចេញយោបល់៖
«លោកតា! មុននេះវាប្រាប់ខ្ញុំថា វាឃើញរូបមួយហោះពីបង្អួចរបស់ខ្ញុំ ហើយមកជាន់លើខ្លួនវា បានជាវាដើរមកព្រៃ! វាស្រែកហៅគេមិនឮ ទប់ខ្លួនឯងមិនជាប់!»
យាយតាគាត់ងើបមុខសម្លឹងមកខ្ញុំព្រមៗគ្នា។
ចុងក្រោយកែវភ្នែករបស់តាបានរេមក សម្លឹងខ្ញុំពីចុងជើង យឺតៗឡើងដល់លើក្បាល និងពីក្បាលយឺតៗចុះមកក្រោមវិញ។
«អំពើនេះគឺគេមានបំណងមកយូរហើយ! មិនមែនទាក់ទងតែ​ជាមួយកន្លែងនេះ ពេលវេលាកាលនេះ ទេក្មួយ! បើមើលមិនទាន់ យប់នេះ អាចពិបាកជួយ» ស្ត្រីសក់ដាញ់និយាយជាមួយទឹកមុខកាចតែសម្តីគាត់ស្លូត មើលទៅគាត់នៅចុងកាត់មាត់ញក ប៉ុន្តែការពន្យល់របស់គាត់ច្បាស់មិនចាំបាច់ខ្ញុំបញ្ជាក់ច្រើនដងនោះទេ។
ខ្ញុំលេបទឹកមាត់ដែលភ័យល្វីង ហើយនិយាយបន្ថែមអស់ពីពោះដោយលែងចង់បង្អង់ លែងចង់លាក់លៀមអីទាំងអស់៖
«យើងអាចជួយវាបានទេអ៊ំ?»
ខ្ញុំសួរគាត់វិញខ្សឹបៗទាំងស្លន់ស្លោ ទាំងសំឡេងមិនលះ ដោយសារតែភាពភ័យខ្លាចកំពុងត្របាក់បំពង់ករបស់ខ្ញុំ។
«បើរករបស់ដែលគេលាក់នោះ ឃើញទាន់នឹងអាចសាកធ្វើពិធីឱ្យ! ខ្លាចតែរកមិនឃើញ!!» យាយ
​ដាញ់​និយាយ។
«រកទៅអ៊ំ រកទៅ!  ខ្ញុំមិនភ្លេចគុណទេ កូនវានៅតូចណាស់ យប់មិញខ្ញុំយល់សប្តិមិនល្អទេ ខ្ញុំយល់សប្តិឃើញកូនរបស់វាធ្លាក់ទៅក្នុងអណ្ដូងណា៎អ៊ំ!»
ស្ត្រីនេះ​ចេះតែ​សម្លឹងមកខ្ញុំយ៉ាងមុតខណៈលោកតាមិននិយាយស្តី។ មនុស្ស​ដូចពួកគាត់ ខ្ញុំមិនដែលបានឃើញញឹកញាប់ទេក្នុងជីវិត ប៉ុន្តែកាលៈទេសៈនេះ ពិតជាធ្វើឱ្យខ្ញុំភ័យមែនទែនដល់ថ្នាក់លែងគិតមុខមាត់អ្វី ​គិតពីអង្វរករ៖
«ព្រោះគ្នា​តាមកូនប្រុស មកបោះជំរំសោះ ស្រាប់តែមកមានរឿងអ៊ីចឹង មិនសមទាល់តែសោះគ្នាមិនបានធ្វើអីខុសទាំងអស់ អ្នកណាធ្វើអំពើវា?»
លោកតាដែលស្ងាត់យូរហើយងក់ក្បាលនិយាយ៖
«នេះហើយ​របស់ពិសិដ្ឋដែលតាប្រាប់ចៅនៅផ្ទះ!»
គាត់ចង្អុលមកទ្រូងខ្ញុំ។ ខ្ញុំងីងើខណៈអាស៊ុនស្រក់ទឹកភ្នែក ខ្ញុំក៏ណែនទ្រូង រលីងរលោង។
គាត់បន្ថែម៖
«របស់ពិសិដ្ឋក្នុងបេះដូងចៅ! មិត្តភាពមួយនេះហើយ ដែលស្មោះត្រង់ ឈ្នះអស់គ្រប់អំពើលាមកទាំងអស់ក្នុងលោក​ វាត្រូវតែចាញ់ ចៅឯងត្រូវត្រូវទន្ទេញពាក្យថា​ឈ្នះៗ»
អាស៊ុនវាងើបមុខមកមើលខ្ញុំ។
ខ្ញុំនិងវាយំទាំងពីរនាក់ដូចមនុស្ស​ស្រី។
ទីបំផុតខ្ញុំសារភាពទាំងអណ្តឺតអណ្តក៖
«ខ្ញុំយល់សប្តិខាងលិចបន្ទប់មានអណ្តូងចាស់មួយ ​ក្មេងៗប្រុសៗចេញមករាំជាជួរ​! ក្រោយមកខ្ញុំឃើញកូនប្រុសវា​នៅក្នុងអណ្តូង! ពេលវាខ្មោចចូលក៏ស្រែកពាក្យអណ្តូងខាងលិចដែរលោកតា!»
លោកតា​ថ្លោះទឹកមុខ​ស្លេកងាកមើលទៅគូកនគាត់។
យាយសក់ដាញ់និយាយដោយញ័រមាត់៖
«ហៅមីម៉ៅមក!»
ខ្ញុំមិន​ដឹងគាត់និយាយសំដៅមីងម៉ៅដែលឱ្យផ្កាខ្ញុំនោះដែរឬអ្វីទេ។
ពូចាមវិលមកវិញ តែមិនបានយកសំណែនអីមកនៅឡើយ។​ បានតែចេកពីរស្និត បាយសីពីរ និងទឹកពីរដប។
ពេល​លោកតារៀបចំ​ពលិការ​ទាំងព្រម​នៅក្រោមគល់ឈើបំបែរទៅទិសខាងជើងហើយ គាត់​ចាប់ផ្តើម​ចច្រប់ច្រូចទឹក​ជុំវិញ ដើមកកោះយក្សានោះ យាយបង្គាប់ឱ្យស៊ុនមកលុតជង្គង់ពីមុខគ្រឿងសំណែន​៖
«ចៅឯងមកលុតនៅណេះ!»
នៅពេលស៊ុនមកលុតជង្គង់ធ្វើ​តាម​គាត់ប្រាប់ ខ្ញុំក៏ចាប់ផ្ដើមទៅតាម​អង្គុយនៅពីក្រោយវា ដោយអង្គុយបត់ជើង​។ ពេលច្រូចទឹកអស់ពីរដប លោកតាឯម មកបង្គំអុជធូបខាងស្តាំដៃអាស៊ុន។
គាត់ស្រែកឡើងឮៗថា៖
«ខ្ញុំសុំលាបទ លាទោសគ្រប់សព្វ  គុណម្ចាស់ទឹកដី ជួយបង្ហាញផ្លូវ កែទំនុកថ្មី ឃើញអស់សេចក្ដី ប្រពៃផុតគ្រោះ»
លោកតាឯមចេញទន្ទេញពាក្យកាព្យដដែលជាដដែលធ្វើឱ្យខ្ញុំកោតស្ញប់ស្ញែងនឹងសមត្ថភាពនៃការ​រកនឹក​សំណួន​ភ្លាមៗរបស់គាត់ ពីព្រោះខ្ញុំមើលទៅ នេះមិនមែនជារបៀនបុរាណអ្វី ប៉ុន្តែជាពាក្យជួនដែលចំណាំអ្នកដោះរបៀនក្នុងផ្លូវងងឹតតាំងពីជំនាន់ដែលខ្ញុំឃើញនៅក្នុងភូមិរបស់ខ្ញុំ គឺភាគច្រើន គេចេះលេងកំណាព្យជ្រៅជ្រះ និងមានពាក្យជួនវោហាសព្ទរត់មាត់ដូចជា អ្នកកេះចាប៉ីដងវែង ឬក៏ស្រែកអាយ៉ៃដូច្នោះដែរ។
ពូចាមនៅឈរពីចម្ងាយលើម៉ូតូគាត់សម្លឹងមកពួកយើង ចំណែកឯយាយចាប់ផ្តើមសូត្រធម៌ហើយនិងដុតធូបហុយទ្រលោមបន្តពីតា។
ខ្ញុំដឹងថានេះ គឺជាពិធីដែលពួកគាត់រៀបចំសែនដើម្បីតបស្នងដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី និងម្ចាស់ព្រឹក្សព្រៃ ដែលបានថែរក្សាអាយុសង្ខារឱ្យអាស៊ុន។
បន្ទាប់ពីនោះចាស់ទុំទាំងទ្វេបានសូត្រ អ្វីម៉្យាងផ្ទួនៗគ្នាឡើងទាំងពីរនាក់ លាន់រំពងទៅលើរាងកាយរបស់ស៊ុនដែលកំពុងតែបន្តលុតជង្គង់លើកដៃប្រណម្យនៅពីមុខគ្រឿងសំណែន។
សាជាថ្មីខ្ញុំឃើញលោកតាប្តូរមកអង្គុយប្រណម្យផ្ទាល់នឹងដី ដោយទាញផ្ចិតផ្ចង់កន្សែងរបស់គាត់ ពានាត្រឹមត្រូវ ចំណែកលោកយាយក៏បានបត់ជើងផ្ទាល់ទៅនឹងដីដូចខ្ញុំដែរ។
ពួកគាត់ចាប់ផ្ដើមធ្មេចភ្នែកដូចជាអ្នកសមាធិរហូតដល់ពេលដែលធូបអស់ប្រហែលជាពីរភាគបីនៃដើមទាំងមូល ទើបពួកគាត់ចាប់ផ្ដើមកេះខ្ញុំនិងស៊ុនឱ្យក្រោកឡើង។
ខ្ញុំដឹងថាពិធីបានចប់សព្វគ្រប់ពេលពួកខ្ញុំចាប់ផ្ដើមសំពះលា ដែលលោកយាយនិងតាធ្វើការសំពះបួងសួងទាំងប្រាំបីទិសគឺមុខក្រោយឆ្វេងស្តាំ លើក្រោម គ្រប់ទីកន្លែង។
ពួកខ្ញុំចាកចេញពីទីនោះតាមពីក្រោយការដឹកនាំរបស់ពីរនាក់គាត់។
រឿង៖ អណ្ដូងខាងលិច ភាគទី២
វគ្គ​ ​ភ្លៀងធំជន់លិច
​បកដើរសំដៅរកកង់វិញ មិនទាន់បានប៉ុន្មានភ្លៀងក៏ធ្លាក់ខ្ជោក​ៗមក​ដោយ​មិនមាន​សូម្បីឱ្យសញ្ញា ទាំងដែលថ្ងៃមិនទាន់ព្រឿង អំពូលសូឡាទាំងជួរក៏នៅមិនទាន់រលត់។
ដូច្នេះដំណើរវិលត្រឡប់មកកាន់កន្លែងស្នាក់នៅវិញ គឺទទឹកជោកទាំងពីរនាក់។
ភ្លៀងទាំងព្រលឹមអុរភ្លាមៗដោយមិនបានព្រាងទុកមុន សូម្បីតែផ្លេកបន្ទោរតែបន្តិចក៏គ្មាន សមថាមិនសប្បាយចិត្ត​ឡើងៗ។
ខ្ញុំបានចូលទៅងូតទឹកក្ដៅ ស្លៀកពាក់ថ្មីហើយស្រស់ស្រូបអាហារជាមួយនឹងស៊ីលាភ ចំណែកឯស៊ុនខ្ញុំ វិលទៅបន្ទប់គេវិញហើយ។
ពេលខ្ញុំហូបចប់ កំពុងតែរៀបចំLaptop ដាក់ឱ្យបានស្រួលបួល និងគិតថា​រកមើលអាវភ្លៀងក្នុងវ៉ាលិស នឹងអាលបានគិតរឿង​ជិះទៅរកកូនៗ ស្រាប់តែឮប្រពន្ធឱ្យដំណឹង​ថា ​ស៊ុនមករក។
នៅមាត់ទ្វារ មិត្តខ្ញុំម្នាក់នេះ​វា​កាន់ឆ័ត្រមករកខ្ញុំដល់បន្ទប់។
«អ្នកស្រុកប្រាប់ថា ទឹកជន់លិចផ្លូវអស់ហើយ អារ៉ា! គិតម៉េចឥឡូវ? ហើយទូរសព្ទទាក់ទងគ្នាមិនបាន ​វាយ​មិនចូលទេគ្រូអស់នោះ!» ស៊ុនខឹងមិនខុសពីចិត្តខឹងមួហ្មងរបស់ខ្ញុំទេ គ្រប់យ៉ាងកើតឡើងដូចជាមិនគួរឱ្យទុកចិត្ត​សោះ។
ស្រីលាភតបវិញដោយបារម្ភ៖
«ចូលសិនមកបង!»
ស៊ុនជូតជើង​ហើយចូលមក លាភនិយាយបន្ថែមស្ងប់ស្ងាត់៖
«នៅល្អាង គេបិទទូរសព្ទត្រូវហើយ​ព្រោះខ្លាចរឿងភ្លៀងរន្ទះ!»
ពីក្រោយខ្នង​ស៊ុន ​ខ្ញុំឃើញ​ជីណានៅឈរឱបដៃ មើលមកពួកយើងពីលើភោជនីយដ្ឋានមក។
«អញយល់ថា គួរតែធ្វើអ្វីម្យ៉ាងហើយវ៉ី!»
ស៊ុននិយាយតិចៗព្រោះខ្លាចចិត្ត​អាលាភ តែតាមពិត​វាអន្ទះសាណាស់។
«ធ្វើអី?»
ខ្ញុំសួរខ្លីៗមិនមែនឌឺដងទេ តែដៃជាប់រើរកអាវភ្លៀង ទីបំផុត​ឃើញ​មាន​បីបួនដែរ​ ខ្ញុំបោះទៅសម្លាញ់ពីរ។
អាលាភនិយាយម្តង៖
«យើងធ្វើអីអត់ទាន់បានទាំងអស់ ភ្លៀងងងឹតមេឃ! ទាក់ទងអ្នកណាក៏អត់បានដែរ! មិញខ្ញុំសួរពូចាមនៅខាងក្រៅរួចហើយ គាត់បានជិះកង់ទាំងភ្លៀងទៅសួរគេឱ្យ ប៉ុន្តែគេបានប្រាប់ថាទឹកជន់ខ្លាំងណាស់ផ្លូវមួយចំនួនដាច់! តោះ គិតអីល្អៗ កុំបារម្ភខ្លាំងពេកក្មេងៗនៅជាមួយគ្រូគេហើយ! ពួកគេធំៗហើយ!»
ស៊ុនមិននិយាយតបទៀតនឹងសម្តីភរិយា​ខ្ញុំ តែខ្ញុំជាមិត្តដឹងថា  ចិត្តគេឆ្លេឆ្លាដូចខ្ញុំ ឬអាចលើសខ្ញុំពេលនេះ គ្រាន់តែស៊ុនបញ្ចេញ ចំណែកខ្ញុំចូលចិត្ត«លាក់»។
«ឧតុនិយម​ប្រាប់ថា អត់ភ្លៀង!» អាលាភរអ៊ូរអុះៗបន្ថែម នាងក៏មិនសប្បាយចិត្តប៉ុន្មាន​ដែរ។
ខាង​ខ្ញុំវិញ គឺ​មិនសប្បាយចិត្តជាខ្លាំងតែម្តង​ ប៉ុន្តែក្រៅពីអត់ធ្មត់ ឱ្យពួកយើងអាចធ្វើអ្វីលើសពីនេះទៀតបាន?
ថយមកអង្គុយលើគ្រែផ្អែកខ្នង ​ខ្ញុំសម្លឹងទៅក្រៅ ដែលគ្រាប់ភ្លៀងបន្ត​ធ្លាក់ជញ្ជ្រុំធំៗ ដក់ជាចរន្តទឹកហូរឃ្មួលត្របាញ់​កាត់លើកម្រាលស្មៅ។
ត្រូវនឹង​ខ្យល់ត្រជាក់ៗ ណាមួយ​​បានក្រោកឡើង​ពីទាបភ្លឺផង ខ្ញុំលង់លក់មួយភាំងនៅលើគ្រែ។
ភ្លាមនោះខ្ញុំយល់សប្តិឃើញកូនរមនា។ ខ្ញុំសប្បាយចិត្ត​មួយរំពេចពេលបានឃើញគេ។ ទោះបីខ្ញុំមិនឃើញមុខកូន មិនបានដឹងថាកូន​កំពុង​នៅកន្លែងណា ប៉ុន្តែខ្ញុំឮសំឡេងកូនស្រីខ្ញុំច្បាស់ៗ «មានរឿងកើតឡើងហើយប៉ា! តែកុំភ័យប៉ា! មិនមែនលើផ្ទះយើងទេ!»
ខ្ញុំបើកមាត់ម្ហបៗ ខំ​ប្រឹងសួរទៅកាន់កូនស្រីវិញទាំងចង់ឃើញមុខនាងណាស់ ប៉ុន្តែបានត្រឹមសួរទាក់ទងគ្នាជាសំឡេង «រឿងអីរមនា? កើតចំពោះអ្នកណា!» ខ្ញុំសួរមិនចង់ចេញសំឡេងទេ​ គឺប្រឹងនិយាយដោយតឹងទ្រូងខ្លាំងណាស់​។
នាងមិនឃើញឆ្លើយ​ខ្ញុំតឿនហៅ «រមនា!!!!រមនា!» ស្រាប់តែ​ឮកូនស្រីខ្ញុំស្រែកខ្លាំងៗដោយតក់ស្លុតថា
«កុំពូ! កុំ!»
សាជាថ្មី ខ្ញុំភ្ញាក់ដឹងខ្លួនព្រឹស ស្ទុះអង្គុយត្រង់ឡើង។  ភ្លាមនោះខ្ញុំបើកភ្នែកវិញខ្វាកដោយ​ឃើញឫទ្ធីអង្គុយនៅក្បែរសាឡុង ហុចកាហ្វេមួយពែងហុយៗឱ្យស៊ុន ដែល​នៅអង្គុយលើសាឡុងទោលក្បែរៗគ្នា។
ពួកគេ​គាំង​មើលមកខ្ញុំ ទំនងជាមុននេះ​ខ្ញុំស្រែក។
ស៊ីលាភមិននៅក្នុងបន្ទប់ទៀតទេ សម្លឹង​រកនាង​ពីទីនេះទៅក្រៅ​តាមរយៈ​ទ្វារចំហ​ខ្ញុំឃើញ​ស្រីៗទាំងពីរនាក់ក៏កំពុងតែអង្គុយពិភាក្សាគ្នានៅតុភោជនីយដ្ឋាន។ អំពីប្រធានបទវិញ ប្រហែល​មិនខុសពីយើងប្រុសៗក្នុងនេះដែរទេ។
មុននេះ ខ្ញុំគឺគេងលក់មួយភាំងក្បែរបង្អួច នៅលើក្បាលគ្រែទាំងអង្គុយគឺមិនបានទម្រេតនោះឡើយ។ រមនាបានសមាធិផ្ញើសំឡេងមកខ្ញុំមែនទេ? ​គ្មានអ្នកណាអាចឆ្លើយ​បាន ព្រោះខ្ញុំមិននិយាយចេញ តែខ្ញុំជឿរឿងនេះ។
ខ្ញុំមិនអាចពិភាក្សាជាមួយនរណា អំពីករណី​រឿង​កូនស្រី​ខ្ញុំចេះចូលរូបទេ  នេះគឺជារឿងសម្ងាត់រវាងប៉ានិងកូនយើង ប៉ុន្តែខ្ញុំនៅចាំបាន នូវអ្វីដែលនាងនិយាយច្បាស់ៗ មានតែប៉ុន្មានឃ្លាប៉ុណ្ណោះ​រឿងអីខ្ញុំមិនចាំ​។
ស្រាប់តែឫទ្ធី និយាយប្រាប់ពួកយើង៖
«ខ្ញុំមានដំណឹងល្អ!»
សម្ដីរបស់វាធ្វើឱ្យស៊ុនងើបមុខមកជាបន្ទាន់សម្លឹងប្អូនជីដូនមួយខ្ញុំរង់ចាំចម្លើយ។ ​ទោះបីជាស៊ុនមិនមានសំណួរ ប៉ុន្តែខ្ញុំបានក្រោកញីមុខហើយឈរចាក់ទឹកបែរខ្នងដាក់ ប៉ុន្តែខ្ញុំនៅរង់ចាំស្ដាប់ឫទ្ធីនិយាយដែរ។
«ទោះបីថាល្អាងនោះ រារាំងដោយផ្លូវដែលមានទឹកជន់ក្មេងៗពិបាកឆ្លង ប៉ុន្តែគេកំពុងតែរៀបចំទូកហើយ ខាងឃុំសង្កាត់»
តាមពិតខ្ញុំពិបាកចិត្តណាស់ពេល​ដែលខ្ញុំស្រមៃឃើញរូបភាពទាំងអស់នោះ។​ ស៊ុនមិនឆ្លើយ ខ្ញុំសួរវិញ៖
«ម៉ោងម៉ានហើយ?!»
ឫទ្ធីឆ្លើយ៖
«ម៉ោងជិត១១ហើយបង!»
«ក្មេងៗ បានបាយទឹកឯណា?»
«ខ្ញុំគិតថា ពួកគេមាននំសេនវិច ទឹកដោះគោ អាហារសម្រន់អីហើយបង!»
ខ្ញុំរអ៊ូទាំងដៃកាន់កែវទឹកដើរមក​ក្បែរបង្អួចសម្លឹងទៅក្រៅ៖
«រឿងកើតឡើង​មិនសមសោះ! អាកាសធាតុមើលមិនឃើញមែនស្រុកព្រៃ! ព្យាករណ៍មិនចេញ!»
ស៊ុនរឹតតែមិនមាត់ នេះ​ជាសភាពចម្លែកឡើងៗសម្រាប់ខ្ញុំ។ ទោះដឹងថា វាខំអត់ធ្មត់ ព្រោះបើរយៈពេលនេះ ស៊ុននិយាយអ្វីមួយក្តី ក៏​នឹងធ្វើឱ្យមានជាកំហឹងថែម​ឡើងមិនខាន​ អាចពាក់មុខ​​ដាក់គ្នាឯងផងក៏ថាបាន។
«ភ្លៀងស្មើណារាំងទៅ?» នេះជាពាក្យដំបូងដែលស៊ុនសួរមកកាន់ពួកយើង។
ខ្ញុំក្រេបទឹកក្អឹកៗ មុនពេលអើតសម្លឹងទៅខាងក្រៅ។ ព្រៃឫស្សីនៅដដែល ប៉ុន្តែមិនបានបោករញ្ជួយប៉ះគ្នាទេ ទោះបីខ្ញុំឃើញថាខ្យល់ត្រជាក់ខ្លាំងៗ បោលមកក្នុងបន្ទប់នេះតាមរយៈប្រលោះស្លាបព្រិល​តូចៗក្ដី។
ជាមួយនឹងតំណក់ទឹកភ្លៀងដែលជោរជន់នៅលើបង្អួច ខ្ញុំឃើញព្រៃខាងក្រៅ កាន់តែស្រស់បំព្រងដូចជាប្រភេទព្រៃឫស្សីមិនមែនគួរឱ្យខ្លាចទេ ប៉ុន្តែគួរឱ្យចូលចិត្តក្នុងការ​ស្នាក់នៅ។
ចិត្ត​ខ្ញុំ​នៅតែបន្តគិតដល់រឿងយល់សប្តិទាំងអស់កាលពីយប់។ ពិសេស​រឿងក្មេងៗរាំនិងចុងក្រោយ សុបិនមុននេះ ពាក្យ​កូនស្រីខ្ញុំបានស្រែកថា «​​កុំពូ! កុំ!»។
«ខ្ញុំចង់ទៅល្អាងនោះជាមួយពួកអ្នកភូមិឥឡូវ!»
ខ្ញុំនិយាយទាំងតឹងថប់។
ឫទ្ធីក្រោកមករកកាហ្វេ ប្រហែលជាអម្បាញ់មិញនេះ ប្អូនជីដូនមួយខ្ញុំបានប្រគល់កាហ្វេរបស់វា ឱ្យទៅស៊ុនបានជាឥឡូវ ឃើញក្រោកមកពីក្រោយខ្នងខ្ញុំ គឺនៅឈរកន្លែងទុកដាក់ទឹក ចុចដាំទឹកក្តៅលាន់រំពងដើម្បីឆុងកាហ្វេថ្មី។
មាត់ប្អូនជីដូនមួយម្នាក់នេះ​ប្រាប់មកខ្ញុំវិញ៖
«គេមិនឱ្យទៅដាច់ខាត! ពូចាមប្រាប់ថា មេភូមិហាមយើងមិនឱ្យចេញពីកន្លែងនេះទេ ទឹកហូរខ្លាំងមានបាក់ដីខ្លះ! យើងមិនស្គាល់ផ្លូវច្បាស់ដូចគេទេ!»
ថាចប់ ឫទ្ធីស៊ីញ៉ូឱ្យខ្ញុំមើល​ទៅលើ គឺម្តុំភាជនីយដ្ឋាន​។ មនុស្ស​មកដល់ជាបន្តបន្ទាប់​អង្គុយសឹងពេញពាសទីនោះទៅហើយ។ ខ្ញុំដឹងថា​ពួកគេ​ ភាគច្រើនជាអាណាព្យាបាលដែលឡើងមកពី​កន្លែងស្នាក់នៅផ្សេងៗ និងបន្ទប់ជិតឆ្ងាយ មកជុំគ្នាទីនេះ រង់ចាំដំណឹងកូនៗ។
«ម៉េចមានអណ្ដូងមួយអ៊ីចឹង? អណ្តូងនៅខាងលិចហ្នឹងម៉េចមិនលុបចោល? ទុកធ្វើអី?»
ខ្ញុំភ្ញាក់សឹងរបូតកែវពីដៃ​ព្រោះនេះជាសំឡេងស្រែកឡើងរបស់​ស៊ុន។ គ្រប់គ្នាបែរទៅរកអា​សម្លាញ់​ខ្ញុំដែលកំពុង​ឈរឆ្ការដៃជើងជជែកប៉ប៉ាច់ប៉ប៉ោចម្នាក់ឯងលើសាឡុងដូចមនុស្ស​កំពុងស្រវឹងសុរាមិនដឹងខ្លួន។ ស៊ុនក្រៅពីឡូឡា​រឿងអណ្តូង​ក្រោមសភាពចំហមាត់ស្រឡាំងកាំងរបស់ពួកយើង​ វាថែមទាំងបានដៃ ប្រមូល​យកបណ្តា​សៀវភៅ ទស្សនាវដ្ដី កាសែតទាំងឡាយនៅក្បែរៗនោះបោះផាំង​ៗ គប់យកៗទៅលើជញ្ជាំងបន្ទប់ទាំងទឹកមុខខ្មៅប៉ែ។
ឫទ្ធីដែលកំពុងភាំង ដៃកាន់ពែងកាហ្វេ ក្តៅគគុក ត្រូវមួយប្រអប់ក្រដាសជូតមាត់ដែលស៊ុនគប់មក រត់មិនចង់ទាន់ក្រឡកកាហ្វេប្រឡាក់ពេញខ្លួនស្រែកយ៉ូយៗ ព្រោះទឹកនៅក្តៅ។
ប្រតិកម្មរបស់ស៊ុន គឺហាក់មានអ្វីមួយមិនប្រក្រតីកើតឡើងប្រណាំងជាមួយស្នូរទឹកភ្លៀងខាងក្រៅ។
វាចាប់ផ្ដើមស្រែកឡូឡាឆ្ការដៃឆ្ការជើងចង្អុលមេឃចង្អុលដីហើយនិយាយផ្ដេសផ្ដាស។ ក្នុងនោះមាន​ពាក្យជាច្រើនខ្ញុំស្ដាប់មិនច្បាស់ន័យ ប៉ុន្តែពីអណ្ដូងខាងលិចអម្បាញ់មិញខ្ញុំស្ដាប់ឮច្បាស់ណាស់។
ខ្ញុំនិងឫទ្ធី​ងាកមើលមុខគ្នា។​ ឫទ្ធីមុខស្លេកងាំងរត់មកចាប់ស៊ុន ខ្ញុំក៏ស្រវាទៅជួយ។
«ថីឯងស៊ុន?!»
ខ្ញុំសួរវាតិចៗដោយចលាចល តែស៊ុនមិនឱ្យយើង​ចាប់បានងាយសោះ រើខ្លួន​ដូចមនុស្សប្រកាច់ថ្នាំ។ មាត់មិត្ត​ខ្ញុំប្រឹងតែ​ស្រែកយកៗ ៖
«ម៉េចទុកអណ្តូងនៅលិច? អណ្តូងខាងលិចមិនល្អទេ ម៉េចគេទុកធ្វើអី?»
ដោយសារស៊ុនរើខ្លាំងឡើងៗ​ ខ្ញុំស៊ីញ៉ូជាមួយ​ឫទ្ធីសង្កត់វាឱ្យក្រាប​ហើយ​ស្រវាទាញកន្សែងពោះគោ​មកញ៉ុកមាត់វាខ្លាចខាំអណ្តាត។
«អញឮសំឡេងកូនអញ​ស្រែកហៅអញ!»
នេះជាពាក្យចុងក្រោយមុនពេលមាត់ត្រូវញ៉ុកជាប់ហើយបន្តរើ ឫទ្ធីបន្តសង្កត់ ទីបំផុតស៊ុនបិទភ្នែកនៅស្ងៀមវិញលែងរើ លែងកម្រោល​ទើបខ្ញុំបន្ថយដៃ។ ​ខ្ញុំឆ្ងល់ណាស់ នៅភាំងៗមិនយល់ទេ។
«គ្រាហ៍គាត់មកលើសិនបង!»
ឫទ្ធីប្រាប់ ខ្ញុំក៏ធ្វើតាម។
ខ្ញុំព្រមាន​វាហើយលើកឡើងមកដាក់លើសាឡុងដេកផ្ងារចង្រ្កាងៗ។ ឫទ្ធីបក់ដៃហៅឱ្យប្រពន្ធខ្ញុំ និងប្រពន្ធស៊ុនចូលមក។
គ្មានអ្នកណានិយាយអ្វីទេព្រោះក្នុងចំណោមយើង អាចមានអ្នកគិតថា ស៊ុននឹកកូនពេកកើតចិត្តតប់ប្រមល់បញ្ចេញ​អារម្មណ៍ ចំណែកបើយើងនិយាយទៀត ស្រួលមិនស្រួលអាចទាស់សម្តីគ្នាបាន។
ខ្ញុំវិញគិតពិភាល់ ចម្លែកចិត្ត​។
ភ្លៀងហាក់បង្អន់កម្លាំង ជីណានិងឫទ្ធីនាំស៊ុនទៅសម្រាកនៅបន្ទប់គេវិញ។ ឫទ្ធីផ្ញើសារមកថា ទូកទៅដល់ល្អាងក្មេងៗហើយ   គេថែមផ្ញើរូបមកផងដែរ។ មិនយូរទេកូនៗនឹងបានវិលមកទីនេះ​វិញ។ ចិត្ត​ខ្ញុំហាក់ធូរស្រាល តែនៅនឹកភ្នករកកូនស្រី។
«រមនានិយាយមកប៉ាទៀតកូន! និយាយមកណា ​ថាមានរឿងអីកំពុងកើតឡើងនៅម្តុំៗនេះបានសុខ!»
ខ្ញុំរក្សាភាពស្រពោន តែចិត្ត​រអ៊ូរកកូនរមនាៗ ហើយ​សន្សឹមៗចាប់ផ្តើម​ធ្វើសមាធិតាមកូនប្រាប់ «ប៉ានៅក្រោយកន្លែងប៉ាមានអណ្តូងមួយ» នាងហុចផ្កាមួយទងពណ៌ខ្មៅមកខ្ញុំ ខ្ញុំបើកភ្នែកវិញខ្វាក។
បាត់អាស៊ុន។
«បងៗ!»
គឺប្រពន្ធមកដាស់ខ្ញុំឱ្យក្រោកឡើង​មមិងមមាំង។
«ទៅមើលពួកម៉ាកបងឯងបន្តិចទៅបង!»
ពេលនោះហើយដែល​ខ្ញុំដឹងទាំងច្រងាប់ច្រងិលថា ស៊ុនបានទៅអង្គុយលើចុងមែកឈើទាំង​
កណ្តាល​​ថ្ងៃភ្លឺចែស​។
លុបលាងមុខបានពីរបីខ្វាច់ ខ្ញុំរត់ទៅតាមប្រពន្ធប្រាប់ទាំងនៅមិងមាំង។ អ្នកស្រុកមួយក្រុមកំពុងចោមរោមដើមឈើដ៏ធំមួយ ជាប្រភេទដើមកកោះ ប៉ុន្តែទំហំគល់ធំ អាចប៉ាន់ស្មើនឹងអាយុរាប់រយឆ្នាំហើយ។ ដើមឈើចាស់និងធំបែបនេះខ្ញុំមិនធ្លាប់ឃើញនៅសោះ សូម្បីតែនៅស្រុករបស់ខ្ញុំ។
ទីនេះដើរប្រមាណជាមិនដល់មួយនាទីផងពីរីសតពួកយើងស្នាក់នៅ ប៉ុន្តែជាតំបន់មិនមាន
​សណ្តាប់​ធ្នាប់​ស្មៅដុះក្រាស់​ ទទឹកផង ​ជង្ហុក ភក់ជ្រាំផង និងចោមព័ទ្ធដោយផ្លូវលំតូចៗ គ្មានអ្វីស្អាតល្អ តើអាស៊ុនវាកើតអីបានជាចូលមកម្តុំណេះ?
បើថាវាចង់បន្ទោរបង់ រឹតតែមិនទំនង! បន្ទប់មាន​។
មកដល់ក្រោយខ្នង​អ្នកស្រុកដែលព័ទ្ធជារង្វង់ ខ្ញុំមើលអ្វីមិនឃើញច្បាស់ទៀតទេ ពីព្រោះភ្នែកស្រវាំងដោយភាពតក់ស្លុត។ នៅចុងបង្អស់នៃមែកឈើធំមួយ មិនដឹងជាអាស៊ុនកើតរោគចិត្ត​អី បានជាវាទៅឡើងអង្គុយ​ទីនោះ?
សភាពយោលជើងធ្វើហីលើមែកឈើរបស់វា ធ្វើឱ្យខ្ញុំដែលនៅខាងក្រោមប្រមាណជាប្រាំមួយ ប្រាំពីរម៉ែត្រពីគ្នានេះស្រៀវអស់ជើងដៃជំនួស។
ដ្បិតខ្ញុំមើលមុខស៊ុនមិនឃើញច្បាស់ថា តើសើចឬក៏យំ ពីព្រោះសំឡេងនៅជុំវិញនោះទ្រហឹងអឺងអាប់ពេក តែខ្ញុំភ័យស្ទើរគាំងអស់ហើយ។
មិនមែនមនុស្សម្នាអឺងកងនាំគ្នានិយាយអំពីស៊ុនប៉ុណ្ណឹងទេ ប៉ុន្តែអ្នកស្រុកចោមរោមក្រុម ទំនងជាអ្នកធ្វើពិធីជំនឿ ខ្លះស្លៀកពាក់របៀបជាអាចារ្យផង បាននៅពីក្រោមគល់ឈើដុតធូបសំពោងឡើង។
ក្នុងនោះខ្ញុំឃើញលោកយាយម្នាក់ ដែលមានសក់ដុះដាញ់ បួងជាភ្នួងទូល​ពេញក្បាល កំពុងតែហាមាត់សូត្រចុះឡើងចុះឡើង ដោយមាន ធូបសំណុំដោតជាប់ផ្ទាល់ទៅនឹងគុម្ពស្មៅកន្ត្រើយ។
«មានរឿងអីកើតឡើងចំពោះស៊ុន?​»
ខ្ញុំនិយាយតិចៗម្នាក់ឯងសឹងខ្លួនឯងក៏មិនឮផង ស្រាប់តែមកចាប់អារម្មណ៍ថា ដៃប្រពន្ធខ្ញុំត្រជាក់ល្អូកតោងកដៃខ្ញុំ ពេលនេះ។
«គាត់មាន​ជំពាក់លុយគេ មានបញ្ហា​លុយកាក់ឬមួយរកស៊ីខាតអីធ្ងន់ទេ?!»
ស៊ីលាភសួរខ្ញុំខ្សឹបៗ។
ខ្ញុំរេភ្នែកសំឡឹង​អាលាភ ហើយ​ពិចារណា។ ជាមួយនឹងសំណួររបស់ភរិយាខ្ញុំ ឃើញ​ថាក៏ល្អដែរ ដែលយើងងប់ងល់ជាមួយរឿងផ្លូវងងឹត ហើយមាននរណាម្នាក់ដែលជឿខ្លាំងលើវិទ្យាសាស្ត្រនិងភាពជាក់ស្ដែងជាង មកជួយទាញអារម្មណ៍ខ្ញុំឱ្យមាន​តុល្យភាព​ខ្លះ។
«គ្មានទេ!»
ខ្ញុំឆ្លើយខ្លីដោយស្វ័យប្រវត្តិ។ គឺឆ្លើយប្រាប់ខ្លួនឯងឱ្យច្បាស់នឹងនរថា អាស៊ុនមិនមែន​ឡើងទៅសម្លាប់ខ្លួនឡើយ​។ ខ្ញុំនិយាយបន្ថែមទៅកាន់ភរិយា៖
«វាជិតបើកហាងគ្រឿងម៉ូតូមួយទៀតហើយ! មានរឿងអីរកស៊ីខាត?  ពេលឡើងមករីសតនេះ វាសប្បាយចិត្តណាស់! គិតរឿង​រកដូរឡាន កុម្ម៉ង់ឡានថ្មីផង គ្មានបញ្ហាលុយកាក់ទេ!»
«អ៊ីចឹងគាត់មានរឿងអី?»
ខ្ញុំមិនឆ្លើយនិងស៊ីលាភ តែភ្នែក​រំពៃទៅរកប្រពន្ធរបស់វា ជីណា។  នាងត្រូវបាន មនុស្សស្រីពីរនាក់ស្លៀកពាក់ទំនងជាអ្នកមកពីភ្នំពេញដូចគ្នា ប្រហែលជាឪពុកម្ដាយឬអាណាព្យាបាលដែលបានឡើងមកអង្គុយ​ចាំកូននៅ ភោជនីយដ្ឋានកាលពីព្រឹកមិញ ពួកគេ​កំពុងជួយច្របាច់ញីថ្ងាសជីណា។
មើលពីនេះទៅ​ខ្ញុំមិនឃើញច្បាស់ថានាង​សន្លប់ឬអ្វីទេ    ដោយសារតែនាងត្រូវបានចោមព័ទ្ធដោយអ្នកជួយ​សង្គ្រោះ​ហើយអង្គុយលើកៅអីជ័រមួយ។
ខ្ញុំទាញដៃស៊ីលាភចេញពីកដៃ ដោយខ្សឹបប្រាប់ទៅនាង៖
«មើលជីណាផង! បងទៅជួបអ្នកស្រុកបន្តិច!»
ខ្ញុំបែរចេញរកដើរទៅពូចាម នៅខាងត្បូង​គល់ឈើ តែ​អ្វីមួយទាញចិត្ដខ្ញុំឱ្យងាកទៅខាងជើងវិញ នោះគឺអ៊ំស្រីម្នាក់។  គាត់មាន​របៀប​រៀបខ្លួនជាអ្នកស្រុក​ចុងកាត់មាត់ញក។ ខ្ញុំមិនរវល់ទេ តែ​ករណី​ដែលគាត់កំពុង​សម្លឹងមុខខ្ញុំ គឺ​លក្ខណៈត្មែរ សម្លឹងដល់ថ្នាក់ «ខ្ញុំសឹងខ្លាចគាត់»។
ខ្ញុំចង់ងាកមុខចេញ ហើយត្រឡប់មករកមនុស្សម្នាដែលកំពុងតែជួយស៊ុន ហើយថែមចង់ដឹងរឿងហេតុការណ៍ថា អ្នកណានាំវាឡើងដើមឈើនេះ?
ខ្ញុំមិនដែលដឹងថា វាចេះតោង​ឡើងដើមឈើទំហំពីរឱបមនុស្ស​ចាស់នេះ ​តាំងពីពេលណាមកសោះ​ស្គាល់គ្នាតាំងពីមិនទាន់ស្លៀកខោ។
ចិត្តមួយចេញពីស៊ីលាភ​ ខ្ញុំចង់រកមើលឫទ្ធី ក្នុងចិត្តខ្ញុំគិតថា ខ្ញុំចាំសួរឱ្យដឹងដំណើរដើមទងច្បាស់ មានអ្វីកើតឡើង ហើយ​ចង់ឱ្យឫទ្ធីទូរសព្ទទៅប្រាប់ឪពុកស៊ុនផង ប៉ុន្តែខ្ញុំមិនឃើញឫទ្ធីនោះឡើយ។
ចិត្តខ្ញុំគិតដល់រឿងជាច្រើន ចង់ធ្វើរឿងជាច្រើន នៅក្នុងពេលដែលភ្នែកខ្ញុំទាញ​ចោលចេញ​ពីមនុស្ស​ស្រីចម្លែកម្នាក់នោះ មិនកើតសោះ។
ទីបំផុតគាត់សើចស្ងួតមួយទាំងមិនចេញសំឡេង ធ្វើឱ្យខ្ញុំភ្ញាក់ដឹងខ្លួន ពីការសភាពជ្រួលច្របល់។ គាត់ដូចជាមនុស្សមានសតិមិនគ្រប់នោះទេ ចិត្តខ្ញុំប្រាប់បែបនេះ ហើយបញ្ជាបង្គាប់ខ្ញុំថា គួរតែងាកមករករឿងរ៉ាវនៅចំពោះមុខវិញ​។
ជើង​ខ្ញុំប្រឹងដើរចេញទៅហើយ ស្រាប់តែគាត់លើកអ្វីមួយបង្ហាញមក។ នៅចម្ងាយដល់ទៅប្រមាណ​ជា៥ម៉ែត្រ ឬ៦ម៉ែត្រពីគ្នាឯណោះ ហេតុអីខ្ញុំស្គាល់របស់នោះច្បាស់?​ គឺផ្កាពណ៌ខ្មៅមួយទង។
សភាពពេលនេះ បញ្ចាំងត្រឡប់មកវិញ នូវសមាធិ​ដែលរមនាប្រគល់ផ្កាឱ្យខ្ញុំកាលពីនៅក្នុងកន្លែងគេង។ ទាំង​មិនដឹងខ្លួន ខ្ញុំដើរស្ញយៗ​តាមគាត់ ចាកចេញពីក្រុមមនុស្ស។
គ្មាន​អ្នកណាដឹងថា ខ្ញុំ​បាន​​ដើរឆ្ងាយប៉ុណ្ណាមកទេ និងគោលដៅកន្លែងណាផង បើសូម្បីខ្លួនខ្ញុំខ្លួនឯងក៏មិនដឹងផងហ្នឹង។ ដោយគ្មាននិយាយអ្វីមួយម៉ាត់ណា​ ចិត្តខ្ញុំក៏ទំនេរស្អាត មិនបានគិតអ្វីរញ៉េរញ៉ៃ ភ័យព្រួយ​ ខ្វល់ខ្វាយឬបែរបន់ នឹកភ្នក​អ្វីដូចមុនទាំងអស់។
ដោយចាប់អារម្មណ៍តែជាមួយនឹងអ្វីៗត្រឹមពីរម៉ែត្រខាងមុខខ្លួន ​ខ្ញុំឈាន​ចូលកាន់តែ​កៀក​ក្បែរស្ត្រីចម្លែកឡើងជាលំដាប់ៗហើយ។ ខ្ញុំភ្លេចចោលគ្រប់យ៉ាងដែលគ្រប់គ្នាកំពុងតែចោមព័ទ្ធ ភ្លេច​ជើងមួយគូរបស់អាស៊ុន យោលយោគចុះឡើងលើមែកឈើយក្សា។
ចុងបញ្ចប់ស្ត្រី​ឈប់ជើង ខ្ញុំឈប់តាម។ ជុំវិញខ្លួនខ្ញុំ​ជាកន្លែងអ្វីមួយដែលរុំព័ទ្ធទៅដោយដើមឈើក្រាស់ឃ្មឹក ពន្លឺថ្ងៃតិច។
ចាប់ផ្តើមឈប់ដំណើរ ទើបខ្ញុំភ្ញាក់ព្រើតដឹងខ្លួនថា ហេតុអីខ្ញុំដើរតាមគាត់មក? ខ្ញុំត្រូវអំពើអ្វី​របស់គាត់? ខ្ញុំមានបញ្ហាអី? ​ហេតុអីក៏គ្មាននរណាម្នាក់មើលខ្ញុំឃើញ ហើយដើរមកតាមខ្ញុំឱ្យត្រឡប់ទៅវិញ? តើខ្ញុំអាចឡើងចុងឈើម្នាក់ទៀតដែរទេ? តើគាត់នេះឬ ដែលបានដាក់ស៊ុនឡើងទៅលើមែកកកោះអង្គុយមិនព្រមចុះមកវិញ?
ពីចំហៀងខាងឆ្វេងដៃ ខ្ញុំងាកទៅឃើញក្រុមមនុស្សអ្នកខ្លះសែង លើកពូកចាស់ៗមក ទំនងជាមកពីរីសត អ្នកខ្លះទៀតលើកសំពត់តង់ធំៗ  ខ្ញុំដឹងក្នុងចិត្ដដោយមិនចាំបាច់សួរ គឺពួកគេកំពុងតែរៀបចំក្រាល​ការពារ​ពីក្រោមកន្លែងស៊ុនអង្គុយ ក្នុងករណីវាធ្លាក់ចុះមក គង់មិនមានគ្រោះថ្នាក់អ្វីខ្លាំង។
ចិត្ត​ខ្ញុំមួយ ខ្ញុំចង់ហៅពួកគេណាស់ ញាណមួយ​បញ្ជាឱ្យចង់ប្រាប់ពួកគេថា ជួយមកទាញ​ នាំខ្ញុំទៅវិញផងខ្ញុំកំពុងគាំងក្រោមមន្តអ្វីម្យ៉ាង ប៉ុន្តែខ្ញុំហាមាត់មិនរួចនោះទេ។
គំនិតខ្ញុំពេលនេះ​វិលមកវិញ​ មិនទទេស្អាត​ដូចកាលដើរមក​តាមគេមុននេះឡើយ។ ខ្ញុំមើលឃើញអ្នកភូមិ ​តែគ្មានអ្នកណាមើលឃើញខ្ញុំវិញ។   តើមន្តអាគមអ្វី ​ ស្ដ្រីបែ្លកៗម្នាក់នេះបានដាក់មកលើរាងកាយ​ខ្ញុំ?  គុណបុណ្យពុក​ម្តាយ​ សូមឱ្យខ្ញុំបាននិយាយ! សូម​ឱ្យខ្ញុំអាចហាមាត់តតាំងរួច សូមឱ្យខ្ញុំរត់រួច​។
«សម្លាញ់របស់ឯងត្រូវអំពើគេហើយ!»
ខ្ញុំផ្ចង់អារម្មណ៍ឮសំឡេងគាត់មួយឃ្លានេះ​ហើយងាកមកយឺតៗទាំងភ័យចំប្រប់ សម្លឹងមុខគាត់។ គាត់បានហុចផ្កាពណ៌ខ្មៅមួយទងនោះមកឱ្យខ្ញុំ។ ខ្ញុំមិនដែលស្គាល់វាថា ជាផ្កាអ្វីទេ។ វាមាន​ស្រទាប់ស្ដើងៗ និងមានទងពណ៌ក្រមៅ ដើមពណ៌បៃតងដូចរុក្ខជាតិដទៃ ទាស់​ត្រង់ស្រទាប់ផ្កានោះខ្មៅក្រឹប។
«មិត្តរបស់ឯងត្រូវអំពើរបស់គេហើយ! ប្រញាប់ទៅរកបងឯមទៅ ទៅៗ!»
បងឯម? ខ្ញុំទន្ទេញជាប់ក្នុងមាត់នូវពាក្យពីរម៉ាត់ថា «បងឯម!»
តាំងពីពេលណាមកទេ នៅលើដៃរបស់ខ្ញុំ មានកាន់ផ្កាពណ៌ខ្មៅនេះ។ ខ្ញុំភ័យរន្ធត់ម្ដងចង់បោះវាចោលម្ដង ចង់លើកយកមកមើល ពិនិត្យ​វា។
«លោកក្មួយបានផ្កា​នេះពីណាមក?»
នេះគឺជាសំឡេងពូចាម ដែលសួរមកខ្ញុំ។
«ជាអ្វីទៅពូផ្កានេះ?!»
ខ្ញុំសួរទៅគាត់វិញផ្លាមៗ ដោយមិនមានផ្តល់ចម្លើយទៅនឹង​សំណួរមុនរបស់គាត់សិនទេ។
«ផ្កានេះល្អណាស់ ផ្កាដាំថ្នាំលេប!»
ស្ត្រីចម្លែកម្នាក់ឱ្យផ្កានេះមកខ្ញុំ ស្របពេលខ្ញុំចាំបានថានៅក្នុងសមាធិជាមួយរមនា ខ្ញុំក៏បានឃើញកូនមានកាន់ផ្កាពណ៌ខ្មៅមួយហុចមកឱ្យខ្ញុំដូចគ្នា គ្រាន់តែខ្ញុំមិនចាំបានថា ជាបុស្បាអម្បូរតែមួយដែរឬអត់ តែពណ៌របស់វាគឺច្បាស់ណាស់«ខ្មៅ»។
«ចង់បានយូរហើយ ឱ្យខ្ញុំបានទេ?» សំណួរពូចាម​ជះមកទៀត។
ពេលនេះខ្ញុំស្រាប់តែចេះចងចិត្តកំណាញ់។ ខ្ញុំក្តាប់បុប្ផាជាប់​មាត់​ក៏សួរបកទៅពូចាមវិញ៖
«ពូអ្ហ៎ា នៅស្រុកនេះមានអ្នកណាឈ្មោះឯមដែរ?!»
ភ្នែកពូចាម​ដូរពន្លឺ។ ទឹកមុខគាត់ពេលនេះ​ប្រាប់ច្បាស់ៗជំនួស​សម្តី​ថាពិតជាមានមនុស្សឈ្មោះនេះ ហើយគាត់ក៏ស្គាល់ទៀត។
ខ្ញុំកេះគាត់ទាញមកឆ្ងាយពីជំនំមនុស្សហើយខ្សឹប៖
«ឈ្មោះឯមហ្នឹង ស្រីឬប្រុស ចាស់ឬក៏ក្មេង?»
ខ្ញុំចាប់ផ្តើមសួរគាត់បន្ថែមដោយមិនឆ្លើយនឹងសំណួរមុនៗ​របស់គាត់ដដែល ខណៈភ្នែក​ពូចាម​សម្លឹងមកខ្ញុំដោយបង្កប់អ្វីម្យ៉ាងរវាង​ភាពភ័យខ្លាចនិងសង្ស័យ។
គំនួច​ជ្រៅជាងការគិតឃើញរបស់ខ្ញុំបង្កប់នៅក្នុងពន្លឺភ្នែកគាត់ហាក់ទាមទារ​ឱ្យខ្ញុំពន្យល់បន្ថែម ដូច្នេះហើយខ្ញុំចាប់និយាយបកស្រាយ៖
«មានមីងមួយ ដែលឱ្យផ្កានេះមកខ្ញុំ មកប្រាប់ខ្ញុំថាអាស៊ុនវា​ត្រូវអំពើគេ! គាត់ថា ទាល់តែទៅរកមនុស្សម្នាក់ឈ្មោះឯម!»
ពូចាមងើបមុខសម្លឹងទៅអាស៊ុននៅលើចុងមែក។  ចាស់ៗនៅបន្តសូត្រធម៌​រំពង។ មនុស្សជុំវិញនេះ ទោះណាជាមានគំនិតមិនជឿអបិយជំនឿបែបណាក៏គួរតែដឹងហើយថា អាស៊ុនមិនអាចឡើងលើដើមឈើនេះម្នាក់ឯងរួចទេ ក៏មិនដឹង​ឡើងទៅធ្វើស្អីផង?
ភ្លាមនោះពូចាម​ងាកមកសួរខ្ញុំខ្សឹបស្រាលសែនស្រាល៖
«លោកក្មួយជួប យាយម៉ៅហ្មែន?!»
ខ្ញុំមិនដឹងយាយម៉ៅជានរណាទេ ត្របកភ្នែករបស់ខ្ញុំទម្លាក់ចុះគិត ស្រាប់តែ​ខ្ញុំក្រឡេកឃើញផ្កាលើដៃខ្លួនឯង ទើបនឹកឃើញ។
​«ឬយាយម្នាក់ដែលដើរមកឱ្យផ្កា​ខ្ញុំនេះគាត់ឈ្មោះម៉ៅ?» ខ្ញុំងើបមុខសម្លឹងពួកចាមវិញមិនដាក់ភ្នែក៖
«បើពូស្គាល់អ្នកឈ្មោះឯមហ្នឹងមែន នាំខ្ញុំទៅភ្លាម​បានទេ ខ្ញុំជូនសាគុណពូ!»
គាត់មិនឆ្លើយនឹងសំណួរដែលខ្ញុំនៅរង់ចាំចម្លើយនេះទេ គាត់ប្រាប់ខ្ញុំទៀត៖
«យាយម៉ៅហ្នឹងហើយ ដែលគ្រប់គ្នានិយាយថា កាលពីជាងដប់ឆ្នាំមុន គាត់ជាអ្នកដើរល្បាតក្នុងកងសេនាជននារី ហើយ​ធ្លាប់ឃើញឡានក្រុងខ្មោចនោះ!»
ខ្ញុំនៅស្ងៀមស្លុងជាមួយភាពភ័យព្រួយក្នុងភ្នែក​ពូដែលកំពុង​តំណាលប្រាប់ខ្ញុំ។ គាត់និយាយមកបន្ថែមទៀតដោយមិនបង្អង់៖
«មនុស្សនៅក្នុងឡានក្រុងទាំងអស់ហៅគាត់ឱ្យឡើងជិះ ប៉ុន្តែគាត់មិនឡើង! លោកក្មួយនៅចាំរឿងឡានក្រុងពូប្រាប់នោះទេ ក្រុមល្ខោនបាសាក់នោះ! យាយម៉ៅហ្នឹងទៅណាហើយ?»
ខ្ញុំមិនខ្លាចទេ តែខ្ញុំជក់ស្លុង​ទៅក្នុងនិទានចម្លែកហើយ​ស្បែកកន្លែងខ្លះ​ចេញ​ព្រឺសម្បុរទាំង​កណ្តាល​ថ្ងៃទាំងកណ្ដាលចំណោមមនុស្ស។
មុននេះខ្ញុំឃើញ​ខ្លួនឯងដើរទៅតាមគាត់ ក្រោយមកខ្ញុំបានផ្កាមកកាន់ ម្ចាស់ផ្កា​ស្រាប់តែបាត់ទៅណា ខ្ញុំមិនដឹង និង​គ្មានចម្លើយច្បាស់លាស់សម្រាប់ទាំងខ្លួនឯងផង កុំថាទៅឆ្លើយនឹងពូចាម។
មិនដឹងថា គាត់នាំខ្ញុំទៅណាអម្បាញ់មិញ ហើយខ្ញុំវិលមកវិញដោយរបៀបណា វិលវល់! ប៉ុន្តែខ្ញុំចាំបានច្បាស់គឺ ព័ត៌មានគាត់ប្រាប់ពីអាស៊ុន​ត្រូវអំពើគេ!
«ពូ ជួយខ្ញុំផងពូ​ គាត់ថា​អាស៊ុននេះ​វាត្រូវគេធ្វើ! ​ពូដឹងរឿងអស់នេះទេពូ? អាណិតវា! ចាំច្បាស់គឺ គាត់ឱ្យខ្ញុំទៅរកមនុស្សឈ្មោះឯម!»
ចុងក្រោយ​ពូចាមបាននាំខ្ញុំឡើងម៉ូតូចាស់វស្សារបស់គាត់ ដែលចតនៅក្បែរផ្លូវចូល​ព្រៃឫស្សី។ លើម៉ូតូនោះយើងទាំងពីរ​បានជិះបោះពួយតាមបណ្តាដងផ្លូវតូចក្រវេចក្រវៀនមួយហើយមួយទៀត​មិនជិតជាង៣គីឡូម៉ែត្រនោះឡើយ។
សូម្បីតែមនុស្សចាស់មើលទៅមិនគ្រប់ទឹកម្នាក់  តែអាចឱ្យ​ផ្កាចម្លែក​មួយទងមក  ហើយ​ខ្ញុំក៏ព្រមកាន់យក    សូម្បី​ពាក្យសម្តីរបស់គាត់ ខ្ញុំព្រមយកទៅធ្វើជាសកម្មភាពបាន ខ្ញុំហួសចិត្តខ្លួនឯងជាប់តាមផ្លូវ ប៉ុន្តែជាក់ស្ដែង ខ្ញុំទ័ល​ចិត្ត​ហើយ! ខ្ញុំបានទុកអាស៊ុនដូចជាប្អូនម្នាក់ ពេលនេះវានៅលើមែកឈើនៅឡើយ បើសិនឱ្យខ្ញុំគិតថា វាមានបញ្ហា ស្ត្រេសស្រែកឡូឡាក្នុងបន្ទប់ខ្ញុំអាចគិតបាន ប៉ុន្តែបើថាស្ត្រេសរហូតដល់ឡើងទៅអង្គុយលើមែកឈើ ហើយមនុស្សមកអង្គុយជុំគ្នានៅខាងក្រោមដើមឈើប៉ុណ្ណឹងហើយ មិនព្រមចុះវិញទៀត ខ្ញុំគិតមិនចេញទេ មិនមែន​អាស៊ុនដែលខ្ញុំស្គាល់ឡើយ។
ពូចាម​បន្ថយល្បឿន បត់វេវឡើងដល់មាត់ច្រកចម្ការវាលមួយ។ គេអាចទុកដាំរុក្ខជាតិវារតាមរដូវ បានជាមិនសូវមានដើមឈើម្លប់ទេ។ កូនផ្ទះមួយបង្ហាញខ្លួនពីឆ្ងាយ។ វានៅកៀកនឹងជើងភ្នំ នៅក្បែរៗនេះមានរថយន្តពីរបី ជាប្រភេទរថយន្តធំគ្រាក់ៗសម្រាប់ជញ្ជូនដីឬថ្មកិន។
ពេលនេះថ្ងៃភ្លឺចែសឡើង ណាមួយជាតំបន់វាល គ្រាន់តែអាកាសធាតុមិនបានក្តៅនោះទេដោយសារអំណាចពីភ្លៀងដ៏ខ្លាំងកាលពីព្រឹក ដីនៅសល់ស្នាម​ទឹក​។
ខ្ញុំនឹកដល់សម្តីសម្លាញ់ខ្ញុំមុននេះ «ពុកម៉ែប្រដៅថា ទៅណាមកណាគួរ​ទម្លាប់និយាយលេងជាមួយអ្នកស្រុក មានទំនាក់ទំនងល្អ មានការអីគេនឹងជួយយើង!»។
«បងឯមនៅអត់?»
ខ្ញុំឃើញពូចាម​គាត់ស្រែកសួរទៅកាន់ក្មេងប្រុសពីរ​ម្នាក់ដែលកំពុងតែឃ្វាលគោក្បែរៗចម្ការឪឡឹក​។
«ឪចាស់នៅក្រោយ!»
ក្មេងនោះឆ្លើយខ្លីហើយរត់នាំផ្លូវទៅមុន។ ពូចាមឱ្យសញ្ញាខ្ញុំដើរទៅតាមក្មេង ឯខ្លួនគាត់ចាប់ផ្ដើមដាក់ម៉ូតូត្រឹមត្រូវចាក់សោចោលលើក្បែរដាន​ផ្លូវកាប់។
ទីបំផុតទៅ ខ្ញុំដើរតយញ៉យក្រោយគេ​តែដដែល។
ចូលទៅដល់កូនខ្ទមចាំចាបមួយ ដែលនៅចម្ងាយប្រហែលជា២០ម៉ែត្រឆ្ងាយពីផ្ទះតូចនោះ បុរសចំណាស់ម្នាក់ស្លៀកពាក់សមរម្យកំពុងតែអង្គុយលើកូនគ្រែឫស្សី ទាំងញញឹមសម្លឹងមករកពួកខ្ញុំដោយភាពស្វាគមន៍។
ខ្ញុំលើកដៃជម្រាបសួរគាត់ តែមិនមានចេញវាចាអ្វីនៅឡើយ។
អ្នកអានដឹងច្បាស់ពីទុក្ខសោករបស់ខ្ញុំក្នុងពេលនេះហើយឱ្យខ្ញុំនិយាយអីចេញ?
«មកដល់ហើយ?»
លោកតា​ចំណាស់​និយាយ​ឮៗ ទំនង​ចង់ឱ្យខ្ញុំដែលនៅពីចម្ងាយ​នេះបានឮដែរហើយដឹងថា គាត់ប្រផ្នូលមុនរឿងពួកយើងនឹងមករកនេះ។
ខ្ញុំមិនទាន់បានចូលទៅក្បែរឬអង្គុយលើគ្រែនោះទេ ដោយ​នៅឈរពីចម្ងាយ តាមសម្លឹងសភាពរបស់ពូចាម​ពិភាក្សា​យឺតៗជាមួយនឹងបុរសចំណាស់។
ម្តងៗគាត់ងើបមុខមើលមកខ្ញុំ។  ពេលគាត់ហុចផ្កា​ខ្មៅមួយទងដែលយកពីខ្ញុំទៅនោះ​   បុរសម្ចាស់ខ្ទមដូចជា​​ពិនិត្យ​ពិច័យ​មិនយូរទេ តែនិយាយរៀបរាប់ជាមួយគ្នា​វែងអន្លាយ រអុះៗ ទុកឱ្យខ្ញុំនៅឈររង់ចាំយ៉ាងអន្ទះសា​។
ចុងក្រោយខ្ញុំពិតជាមិនចាំបាច់ទៅអង្គុយនៅលើគ្រែនោះមែន ដោយសារពួកគាត់ចេញមកវិញទាំងពីរ​នាក់ ដោយ​តាដើរហួសទៅ​ក្នុងខ្ទមយកអ្វីម្យ៉ាង ឯពូចាមឆ្លៀតមកនិយាយខ្សឹបៗដាក់ខ្ញុំថា
«យើងត្រូវទៅ​ធ្វើពិធីបើកភ្នែកមើល»​ នៅផ្ទះគាត់។
ពូចាម​ចង្អុល​ទៅផ្ទះមួយដែលខ្ញុំឃើញពីពេលមក​ គឺ​នៅជិតជើងភ្នំនោះឯង។
«ពូឯមនេះ​គាត់បានដឹងរឿងជាមុនហើយ​ ថានៅលើ មាន​មនុស្ស​ត្រូវបាលីខ្មៅ!»
«បាលីខ្មៅ!» ពាក្យនេះ​ថ្មីពេកណាស់សម្រាប់ខ្ញុំ។ តើបាលីក៏មានខ្មៅសដែរ?
«មិត្តភក្តិរបស់លោកក្មួយមានបញ្ហាធំ! មានគេធ្វើអំពើដាក់!»
«អ្នកណា! ហេតុអី?» ខ្ញុំសួរទៅវិញភ្លាមៗ ជាសំណួរ​ដែលខ្ញុំចង់បានចម្លើយបំផុតពេលនេះ។
«អត់ដឹងទេ! សួរខ្ញុំ ខ្ញុំធ្វើម៉េចដឹង?!»
ខ្ញុំតបនឹងគាត់វិញដោយ​សុភាពរាបសា ៖
«ចុះក្រែងពូថា លោកតានេះគាត់ដឹងរឿងទាំងអស់! សួរគាត់ពីដំណើរដើមទងមកផង!​ ខ្ញុំវិលវល់ណាស់!»
«កុំភ័យពេកចៅ!»
លោកតាបាន​ចុះមកដល់វិញ ពីពេលណាមកមិនដឹង តែ​គាត់បាននិយាយត្រឹមបីទៅបួនម៉ាត់នេះក៏ខ្ញុំចាប់ផ្តើមមានសេចក្ដីសង្ឃឹមទៅហើយ។ ខ្ញុំលួចដៀងទៅសម្លឹងបង្វឹចក្រមាដ៏ក្រមៅមួយ​លើដៃគាត់។
យើងទៅបីនាក់នៅលើម៉ូតូដដែលព័ទ្ធបកទៅកាន់ជើងភ្នំ។
ចិត្តម្យ៉ាង​ខ្ញុំបាន​នឹកភ័យពីអាស៊ុន ពីកូនៗ ពីប្រពន្ធខ្ញុំណាស់ តែក៏មិនហ៊ាននិយាយអ្វីទាំងអស់។ ដោយ​ខ្ញុំនៅអង្គុយក្រោយគេ សំឡេងលោកតាលាន់មក​ដូចជាកំពុងប្រាប់ខ្ញុំ។
«ពេលមាន​រឿងអរូបីកើតឡើងនៅក្នុងផ្ទះ ដំបូង​ចៅ​គ្រាន់តែតែធ្វើតាម​តាប្រាប់ គឺ​សន្មតថាគ្មានអ្វីកើតឡើងទេ! មិនភ័យ មិនតក់ស្លុត ទោះបីខ្លាច​ញាប់ញ័រក៏ដោយណ៎ា តែកាលណាមនុស្សកាន់តែធ្វើដឹងឮជាមួយវា អំណាចវា កាន់តែធំ ព្រោះវាជឿថាបានជោគជ័យ មានប្រៀប​លើយើង​ក្នុងការជ្រៀតជ្រែក​។»
ខ្ញុំយល់ខ្លះមិនយល់ខ្លះ។​ ស្តាប់គាត់ផងខ្ញុំស្រមៃ​ដល់ជើង​យោលយោគរបស់អាស៊ុន។
«ដូច្នេះចាស់ៗបានផ្តាំមកថា បើរស់នៅតាមព្រៃភ្នំក្រមថ្ម ដែលមានទាំងអំណាចល្អនិងអាក្រក់នៅក្បែរៗយើង  ពេលខ្មោច​ធ្មប់ព្រាយ បិសាចមកលលេង​ ចូរកុំឆ្លើយតបទាំងចុះចាញ់ទន់ភ័យ! ត្រូវនឹងធឹង  សុំការការពារពីអំពើល្អ​ដែលយើងមាន​!»
ខ្ញុំកាន់តែង៉េមង៉ាម​នឹង​ពាក្យបណ្តៅ​ស្រស់ៗទាំងនេះ។ កូនស្រីខ្ញុំ​រមនា មានម្តងបាននិយាយជាមួយខ្ញុំថា «ព្រំដែនបែងចែកទាំងអស់នៅលើលោកនេះត្រូវបានបង្កើតឡើងដោយមនុស្ស! ហេតុអីយើងចាំបាច់បែងចែកប៉ា? ​គ្រប់គ្នាលើលោកនេះ​ជាបងប្អូន មានទំនាក់ទំនងគ្នា​តមកពីបុព្វជាតិ!»
សូម្បីតែនៅក្នុងសាសនាជាច្រើនលើលោកនេះ ក៏ជឿថា ទេវកថានិងអបិយជំនឿនានា នៅតែមាន​ឥទ្ធិពលលើលោកនេះ គ្រាន់តែមនុស្សជាច្រើនធ្វើពើ មិនចង់ពិភាក្សាវែកញែកវា​ ខណៈរឿងជាច្រើន​ដែលវិទ្យាសាស្ត្រមិនអាចបកស្រាយ​បាន។
«យើងទៅណាលោកតា?!»
ខ្ញុំសួរតិចៗ ព្រមពេលដែលការធ្វើពិធីសាសនា នានាពិសេស
«យើងត្រូវទៅ​ធ្វើពិធីបើកភ្នែកមើល» ដែលពូចាម​ទើបនឹងប្រាប់លេចឡើងមកក្នុងអារម្មណ៍។
«តាមើលសិន ថាបាលីអី? អ្នកចូលជាអ្វី?!»
អត់យល់! តែបើថា «យល់» ក៏យល់តិចបំផុតហើយ! ដ្បិតតែខ្ញុំធ្លាប់ដឹងច្រើន រឿងអំពើអំពាន់ ព្រោះកាលពីជំនាន់នៅក្មេងៗ តែងទៅមើលអាស៊ុនពេលគេធ្វើពិធី​ជួយវា។
អ្នកចូលជាអ្វី? បានន័យថា​អាស៊ុនមានអរូបចូលទៀត?
ហឹម! គាត់ឱ្យខ្ញុំតាំងចិត្ត​កុំចាញ់ស្ថានការណ៍​ចុះម្តេចពាក្យគាត់ខ្លីៗ​ខ្ញុំភ័យឡើងៗ?
«លោកតា អាម៉ាកខ្ញុំ កាលពីក្មេង​ធ្លាប់ត្រូវអំពើម្តាយចុងវា ប៊ិះស្លាប់ម្តងៗ! ក្រោយមកបានដោះរួច ដោយលោកតាម្នាក់ ពេលនេះគាត់ខូចហើយ អាចរឿងដដែលកើតឡើងដែរ?!»
ម៉ូតូឈប់ មុនពេលខ្ញុំទទួលបានចម្លើយ។
«ឡើងផ្ទះសិនចៅ!»
គាត់ថាមកសំដៅខ្ញុំ រួចបែរទៅបង្គាប់ពូចាម៖
«អាចាម! ចូលផ្ទះបាយក្រោយ ឱ្យមីងឯងហុច​ ខ្ទឹមសមួយមើម! កាប់ឫស្សីលឿងមួយថ្នាំង អំបិលមួយស្លាបព្រាមក!»
ធ្លាប់ឮហើយថាខ្ទឹមស គឺជាអាវុធដ៏មានឥទ្ធិពលក្នុងអម្បូរខ្មោចព្រាយបិសាចនានា ឃើញហើយ​ក៏ភ័យខ្លាច​រត់គេចខ្ចាត់ខ្ចាយ សូម្បី​អ្នកដែលបានអាន​ឬដឹងច្រើន​អំពី​ទេវកថា​ក៏ជឿដែរថា ពពួកមន្តបាលីអាក្រក់ គង់អាចបណ្តេញចេញដោយប្រើខ្ទឹមសនិងឫស្សីលឿងនេះដូចដែល​យើងទម្លាប់យកមក
​បណ្តេញ​​ពួកហ្វូងសត្វល្អិត ដែលចង់ឡើង​មករស់នៅក្នុងផ្ទះ ឬបណ្តេញបណ្តា​គ្រឿងកខ្វក់ ក្លិននានា។
តាឯម គាត់ឡើងផ្ទះមុន ខ្ញុំនៅដំអក់សិនមុនឱនដោះស្បែកជើង ឈាន​យឺតៗឡើងទៅតាមគាត់ ខណៈពូចាម​រួសរាន់ដើរត្រុយ​ទៅក្រោយផ្ទះបាយ តាមបញ្ជា​តា។
តាឡើងដល់មាត់ទ្វារគាត់សម្លឹងបន្តិចទើបឆ្លៀតឈប់បែរក្រោយ​ហើយឱន​មកប្រាប់បន្ថែម៖
«យកថ្នាំងឫស្សីចងអំបោះសភ្ជាប់ជាមួយមើមខ្ទឹមស! មកព្យួរនៅមាត់ទ្វារនេះ! ឆាប់ឡើង! ប្រាប់មីងឯងគេ​ដឹង​ហើយ!»
ផ្ទះនេះ មើលពីចម្ងាយតូច តែឡើងមកដល់ ពិតជាចាប់ផ្តើមដោយបន្ទប់ទទួលភ្ញៀវមួយ​ ធំទូលាយ រលោងរលើប បង្ហាញ​ការថែទាំខ្ជាប់ខ្ជួន។ ដ្បិតតែសំណង់ ​ធ្វើឡើងដោយឈើចាស់ៗ និងទំនងសង់មកយូរឆ្នាំហើយក្តី តែមានសភាពត្រជាក់ល្ហឹម អនាម័យ​និងស្ងប់ស្ងាត់ល្អ។
នៅគែម​ខាងស្តាំដៃនៃច្រកទ្វារនេះ ខ្ញុំក្រឡេកឃើញផើងថ្មធំមួយ ទំហំប្រហែលជំហរកន្លះម៉ែត្រពេញប្រៀបទៅដោយគ្រាប់ធញ្ញជាតិចម្រុះពណ៌។
មានសៀវភៅ​មួយ ខ្ញុំធ្លាប់អានយូរណាស់មកហើយ នៅចាំបានថា នៅក្នុងផ្ទះបែបបុរាណរបស់ជនជាតិឥណ្ឌា គេចូលចិត្ត​តម្កល់ធញ្ញជាតិ​នៅតាម​បណ្តា​ទីកន្លែងបើកចំហនានា​ដូចជា​ទ្វារផ្ទះ ទ្វាររបង ​បង្អួច និងដំបូល ព្រោះគេមានជំនឿតគ្នាមកថា ធញ្ញជាតិឆៅអស់ទាំងនោះ ជួយការពារផ្ទះ និងមនុស្ស​ក្នុងគ្រួសារ ពីការយាយីដោយព្រលឹងវិញ្ញាណ​។
ខ្ញុំអង្គុយបត់ជើងផ្ទាល់កម្រាលក្តារនៅពីមុខអសនៈមួយ។ លើអសនៈមិនមាន​រូបទេ តែមាន​បាយសីនិងចម្លាក់ដើមពោធិ៍ខ្មៅស្រិល ដូចជាឆ្លាក់មកពីឈើខ្មៅ។
សងខាងមាន ផ្តិលទឹកពេញៗមួយគូ និងចេកមួយស្និតទុំជ្រុលទៅហើយ។
«លោកតា ជាគ្រូបញ្ជាន់រូប?!»
ខ្ញុំសួរតិចៗ តែតាមការពិតទៅមិនចង់ទេ នៅតែពីរនាក់គាត់បែបនេះ បន់ឱ្យតែពូចាមឡើងមកឆាប់​ៗ។ លោកតាមិនឆ្លើយ គាត់ទាញកន្សែងពីក្នុងបន្ទប់មកពានាចំហៀង​ហើយដុតធូបបីសរសៃ។
«យើងមកយូរអ៊ីចឹង មិនដឹង​អាស៊ុនម៉េចហើយទេ?!»
ខ្ញុំគិតដោយអន្ទះសាណាស់​ឯមាត់បែរជាពោលផ្សេង៖
«កូនរបស់ខ្ញុំផ្ទាល់ កើតមកមាន​ទម្លាប់និយាយស្តី ​ខុសពីគេឯង! ​ភាគច្រើន ​ជឿលើរឿងសមាធិ ហើយ​អួតថា​អាច​និយាយមករកឪពុកពីចម្ងាយបាន!»
ខ្ញុំសាក​វិជ្ជាគាត់ហើយ​ពិនិត្យអង្កេត​អាការៈរបស់លោកតាជាហូរហែផង។
«ចៅស្រីឬប្រុស ​ឈ្មោះអ្វី?!»
លោកតា​សួរ​ខ្ញុំខណៈគាត់កំពុង
ឱនទៅដោតធូបលើគុម្ពវល្លិមួយពីមុខអសនៈ។
«ស្រីលោកតា ឈ្មោះរមនា​ កើតខែមិគសិរ ចំ​១៤កើត ឆ្នាំ២០០៧»
គាត់ថ្វាយធូបរួច ក៏ថយមកវិញហើយរាប់ម្រាមដៃ។ មិនយូរប៉ុន្មាន ជនចំណាស់វាចាតបមកខ្ញុំវិញខ្លីៗ៖
«ចៅនោះជាអ្នកមាន​បុណ្យ!»
ជាការល្អប្រសើរណាស់សម្រាប់ឪពុកម្នាក់ដែលមកអង្គុយ​ឮមនុស្ស​រៀនធម៌ ចេះក្បួន ​អះអាងពាក្យសិរី​បែបនេះចំពោះកូនស្រីខ្លួន។ សម្រាប់ខ្ញុំ ជំនឿគឺ​ជាវប្បធម៌មួយក្នុងចំណោមវប្បធម៌ជាច្រើន ដែលគ្មានគ្រោះថ្នាក់ទេ សម្រាប់ការជជីក​ដេញដោល រុករកមក​ពិចារណាឱ្យតែយើងកុំងប់ងល់ ឬយកវាទៅធ្វើអ្វីមួយមិនល្អ​។
ខ្ញុំចាប់ផ្តើម​អធិប្បាយប្រាប់គាត់៖
«មុននេះបន្តិច គឺមុនពេលអាស៊ុនឡើងអង្គុយ​នៅលើមែកឈើ ខ្ញុំបានសមាធិទៅ ក៏ឃើញកូនស្រីរមនា​​ដែលនៅជាប់កឿងនៅនឹង​ល្អាងថ្មមាស គេហុចផ្កាមួយដើមមកឱ្យ ស្រាប់តែក្រោក​ឡើងមក ក៏ជួបមីងម្នាក់ឱ្យផ្កាមកខ្ញុំក្នុងព្រៃក្បែរៗដើមកកោះដែលកំពុង​តែមានរឿងរ៉ាវនោះ! គាត់ឱ្យខ្ញុំមករកលោកតា ហើយនិយាយដដែលៗថា អាស៊ុនត្រូវអំពើគេ​»
ម្ចាស់ផ្ទះឆ្លើយ៖
«យាយម៉ៅ! ធ្លាប់ជាសិស្ស​របស់ខ្ញុំ!  ពូកែខ្លាំងណាស់រឿងប្រឆាំងអាបធ្មប់ តែក្រោយមក មើលគេលែងកើតហើយ!»
ខ្ញុំមិនយល់ច្រើនទេសម្តីកាត់ៗរបស់ជនចំណាស់  ដឹងតែថាស្ត្រីចម្លែកនោះធ្លាប់ជាសិស្ស​គាត់ ទំនងចេះមន្ត​​វិជ្ជាការដែរ តែពេលនេះ «មើលគេលែងកើតហើយ!» បានន័យថា គាត់ដឹងរឿង តែមិនអាចជួយអាស៊ុនបាន បានជា​នាំខ្ញុំឱ្យមករកគ្រូគាត់?
សម្រិបជើងលាន់មកពីមាត់ជណ្តើរ បង្ហាញថាពូចាមបានឡើងមកវិញ បន្ទាប់ពីរកបានរបស់ដែលលោកតាបង្គាប់រកមុននេះ។
ខ្ញុំបែរក្រោយសម្លឹងទៅទ្វារ ឃើញគាត់ដើរមួយៗមានជើងខោម្ខាងមូរឡើង។ ដៃពូចាមនេះ កំពុងប្រញាប់រៀបចំចងភ្ជាប់មើមខ្ទឹមសមួយ​តូចល្មម ទៅនឹងថ្នាំងឫស្សីប្រមាណប្រវែង​មួយចំអាមខ្ញុំ។ ដោយក្រោកថាបម្រុងទៅជួយគាត់ ពីព្រោះឃើញគាត់រលះរលាំងប៉ុន្តែ លោកតាឯមនិយាយហាមឃាត់ខ្ញុំ៖
«អង្គុយសិន!»
ខ្ញុំថយស្ងៀមតាមបញ្ជាគាត់។ ពេលនោះខ្ញុំបានឃើញ លោកតាឯមដើរទៅទទួលយកចានអំបិល ពីដៃរបស់ពូចាម ថែមទាំងបានផ្តាំប្រាប់គាត់ឱ្យចងឫស្សីនិងខ្ទឹមព្យួរយ៉ាងណាឱ្យបានចំកណ្ដាលទ្វារ។
កម្លាំងខ្យល់បក់ចូលមកក្នុងផ្ទះរសៀកៗសមណាស់ទៅនឹងតំបន់ព្រៃភ្នំដែលទើបតែស្រឡះមេឃាក្រោយមាន​ភ្លៀងធ្លាក់យ៉ាងខ្លាំង គឺជាការធ្លាក់ភ្លៀងយ៉ាងចម្លែកកាលពីព្រឹក។
ខ្ញុំនៅឯណេះ ម្តងតាម​សម្លឹងលោកតាជាម្ចាស់ផ្ទះ ម្តងឱនជ្រប់គិតពីអាស៊ុននៅនាយ។ ដោយសារតាឯមគាត់បានយកចានអំបិលមកជីបនឹង​ចុងម្រាមដៃ រួចរោយបោកបាចពត់ពេនជុំវិញខ្លួនខ្ញុំធ្វើឱ្យ​ខ្ញុំ​ផ្ចង់អារម្មណ៍មកគ្រប់យ៉ាងនៅទីនេះវិញ។
«ចៅនេះចៅអញ ចៅនេះ​ចៅអញ អ្នកណាមកផ្ចាញ់ ចៅអញ​អញកែ!»
គាត់សូត្របែបនេះដដែលៗ មិនដឹងជាប៉ុន្មាន​ចប់ទេ តាមក្បួន​របស់គាត់ ​ព្រោះខ្ញុំភ្លេចរាប់ គិតពីតាមមើលទាំងនឹក​ចម្លែកចិត្ត បន្តតាមដាន។
បន្ទាប់មកគាត់ដើរទៅមុខរួចជះបណ្តា​អំបិលដែល​នៅសេសសល់ចេញទៅក្រៅបង្ហើយតាមបង្អួច​។
ដោយសារតែមានអំបិលជុំវិញខ្លួន ព្រោះត្រូវ​គាត់រោយ​ដាក់អម្បាញ់មិញ ខ្ញុំលែងហ៊ានងាកទៅណាទៀត គឺមិនចង់ជាន់ពីលើរង្វង់អំបិលរបស់គាត់ឡើយតែ​ភ្នែកតាមសម្លឹងគាត់មិនដាក់។
តា​ឯមដែលបានដាក់ចានអំបិលទុកហើយនោះ វិលមកវិញ​បានប្រេងអ្វីម្យ៉ាងពីទីណា ខ្ញុំមើលមិនទាន់ពេលគាត់យកមកបៀកលើថ្ងាសរបស់ខ្ញុំ  ឈ្លីជាទ្រវែងចុះឡើងៗ មាត់និយាយផ្តាំ៖
«ចាំសម្ដីតា!»
ខ្ញុំលើកដៃប្រណម្យ ពីព្រោះគាត់ចាប់ផ្ដើមអង្គុយលើកដៃប្រណម្យនៅចំពោះមុខខ្ញុំដែរ គ្រាន់តែគាត់បែរទៅទិសខាងជើងឯខ្ញុំបែរមកអាសនៈ។
«កាលពីបុរាណមក រាល់ជំងឺឈឺថ្កាត់នានា ចាស់បុរាណទុកថាជាអំពើបាប! ភាគច្រើនគឺជាសកម្មភាពរបស់ពួកអារក្ខអ្នកតាដែលតែងតែមកយាយីអ្នកដែលមានបាប មានកម្ម ទៅតាមយថាកម្មរបស់គេ ប្រទេសខ្លះគេហៅរឿងនេះថាវេនកម្មឬក៏បុព្វេជាតិ! ជាការដាក់ទណ្ឌកម្មលើមនុស្ស​ធ្លាប់ធ្វើអំពើប្រមាថ! សម្រាប់ហេតុផលបែបនេះបានជាជំនាន់មុន​ៗរហូតមកដល់ឥឡូវ ខ្មែរយើងជឿថា គេអាចព្យាបាលជំងឺតម្កាត់ទាំងឡាយដែលជាផលនៃអំពើបាបនោះដោយមធ្យោបាយ  ប្រើមនុស្សបរិសុទ្ធ គឺអ្នកដែលមានធម៌បរិសុទ្ធ ឬមួយនិយាយម្យ៉ាងថាយកវត្ថុស័ក្ដិសិទ្ធិទាំងឡាយដែលមានភាពបរិសុទ្ធ ដូចជាគ្រាប់ពេជ្រ ពពួកត្បូងធម្មជាតិ និងសីលធម៌មនុស្ស​ណាដែលល្អ មកតម្កល់ជាតម្លៃថ្លៃខ្ពស់ ឬសាមីខ្លួន​អាចជម្នះធ្វើការអធិដ្ឋាន  ឱ្យទានដោយសន្តានចិត្តល្អ នឹងឈ្នះកម្មបាន!»
គាត់ចេះដឹងជ្រៅជ្រះណាស់​ខ្ញុំតាមស្តាប់ដោយពិចារណានិងមានការជឿជាក់ឡើងៗ ចំណែកគាត់ក៏បន្តរៀបរាប់ពន្យល់វែងឡើងៗ។
«ដោយសារតែជម្លោះគំនិតហើយនឹង​ការចង់បានជាតណ្ហា ពិភពលោកយើងមានបញ្ហា​ឡើងៗ​​ក្រោយ​ៗ​មក! ទោះបី​យើងឃើញ​មនុស្ស​បង្កើតឡើងនូវជំនឿសាសនាជាច្រើន យោងនៅតាមតំបន់ ធនធានសិក្សា មេរៀនដែលគេរៀនមកពីដូនតារបស់គេ ប៉ុន្តែសាសនាទាំងអស់ភាគច្រើនមានទំនោរដូចគ្នាត្រង់ថា យើងជឿលើអំណាចនៃឥទ្ធិពលរបស់វត្ថុពិសិដ្ឋ គឺអំពើល្អ ការដឹងគុណនិងការមិនប្រមាថ។ ក្នុងយុគសម័យកណ្ដាល ជំនឿនៃអំពើល្អមកព្យាបាលជំងឺ ត្រូវបានគេសន្មតជឿខ្លាំងក្លាបំផុត គឺថាការឆ្លៀតឱកាសនៃពួកវិញ្ញាណអាក្រក់ៗ បិសាចនានាដែលបង្កើតឡើងនូវ ក្បួនអាបធ្មប់ជាជំងឺវាយដំ បង្ខំ​រាងកាយ​អាចធ្វើទៅរួច​ តែលើអ្នកដែលមានអំពើបាបតែប៉ុណ្ណោះ។»
ខ្ញុំនៅស្ងៀមបែរសម្លឹងលោកតា រង់ចាំ​គាត់ប្រាប់ទៀត។ ពេលខានឮគាត់ពោល ក៏ផ្តើមតបទៅគាត់វិញម្តង​ដោយសម្តីខ្សឹបៗវិញ៖
«អាស៊ុនពួកម៉ាកខ្ញុំហ្នឹងលោកតា​ កាលពីក្មេង​ធ្លាប់ត្រូវអំពើម្តាយចុងវា ប៊ិះស្លាប់ម្តងៗ! ក្រោយមកបានដោះរួច ដោយលោកតាអាចារ្យម្នាក់ ពេលនេះគាត់ខូចហើយឥឡូវវានៅសុខៗក៏ឡើងទៅនៅលើមែកឈើ អាចថារឿងដដែលកើតឡើងមកវិញទៀតដែរ?!»
ឮខ្ញុំសួរកាលណា លោកតាដែលមើលទៅទំនងជាចេះដឹងជ្រៅជ្រះនូវរឿងរ៉ាវជុំវិញវិញ្ញាណ អំពើល្អអាក្រក់ និងអាថ៌កំបាំងផ្សេងៗនៅក្នុងជំនឿផ្លូវងងឹតរបស់ខ្មែរយើង ចាប់ផ្ដើមលើកចង្អុលដៃបង្ហាញទៅកាន់មាត់ទ្វារ ទីកន្លែងដែលមុននេះខ្ញុំបានឃើញពូចាមបានព្យួរថ្នាំងឫស្សីទៅតាមពាក្យដែលគាត់ប្រាប់។
ខ្ញុំបែរក្រោយសម្លឹងទៅទីនោះតែមិនដែលហ៊ានរំកិលខ្លួនចេញពីរង្វង់អំបិលទេ។ ពូចាមបានថយទៅអង្គុយសំកុក​ឯជ្រុងម្ខាងនៃជញ្ជាំងបន្ទប់ ពីកាលណាមកមិនដឹង។
ចំណែកឯឫស្សីនោះ វា​បែរជាចុះឡើងទៅតាមកម្លាំងវាយោ ហើយចុងក្រោយក៏ឈប់ស្ងៀម។
តើគាត់ចង់សំដៅលើអ្វី? ខ្ញុំឆ្ងល់ណាស់! ខ្ញុំពិនិត្យវា ពិនិត្យថ្នាំងឫស្សីដែលព្យួរតែកតោក ហើយស្រាប់តែមកឈប់ស្ងៀមបាន? នៅពីក្រោមវា ផ្ទុកទៅដោយមើមខ្ទឹមសមួយផង។
អស់ពីសម្លឹងវា ខ្ញុំដៀងទៅលួចពិនិត្យថូដាក់ធញ្ញជាតិដែលនៅជាប់ទ្វារនោះម្ដងទៀត។ សំឡេងលោកតាលាន់មកប្រាប់ខ្ញុំបន្ថែម៖
«ឥឡូវនេះ ថ្នាំងឫស្សីប្រាប់ច្បាស់ហើយ ថាក្មេងនោះត្រូវបានគេដាក់អំពើបួនជ្រុង!»
«អំពើបួនជ្រុង?»
ខ្ញុំសម្លឹងថ្នាំងឫស្សី សម្លឹងថូផើងធញ្ញជាតិ មុនពេល​រេភ្នែកសម្លឹងពូចាមដែលកំពុងតែចំហមាត់ធ្លុងទំនងឆ្ងល់ដូចខ្ញុំដែរ។ ចុងក្រោយខ្ញុំងាកមករកអ្នកដែលកំពុងនិយាយប្រាប់ខ្ញុំ។ លោកតាលូកទឹកមួយផ្តិល ក្នុងចំណោមផ្តិលទាំងគូ ហើយសូត្រចុះឡើងញាប់ៗ មុនពេលប្រគល់ទៅពូចាម ធ្វើឱ្យពូនេះដើរពាក់កណ្តាលអង្គុយ តែ​យ៉ាងលឿនស្លេវមកទទួលយក។
«ឯងស្រូតជិះទៅភូមិមុន! ឯងយកទឹកនេះទៅឱ្យតាយាយដែលនៅគល់ឈើនោះ ហើយប្រាប់គាត់ថានាំមនុស្សចូលមកស្រោចទឹក!»
ពួកចាមដៀងភ្នែកសម្លឹងខ្ញុំ ហើយគាត់លាបាតដៃទាំងទ្វេទទួលយកផ្តិលទឹកមកបណ្ដើរៗ​ផង​។  ដូចគ្នានឹងខ្ញុំដែរ គាត់ហាក់ដូចជាចង់សួរថា តើខ្ញុំទៅជាមួយគាត់ដែរ?
ឱ្យគាត់បើកម៉ូតូផងកាន់ផងរបៀបម៉េចបាន?
ដូចយើងស្មានមិនខុសទេ លោកតាថាមករកពួកយើងវិញ៖
«អាចៅនេះ ត្រូវនៅ​ឯណេះ​ជាមួយខ្ញុំសិន!»
ខ្ញុំមិនចង់នៅទេ ប៉ុន្តែខ្ញុំក៏មិនប្រកែកអ្វី បានត្រឹមនៅស្ងៀម។ មិនដឹងថាពូចាមរកមធ្យោបាយណាមួយក្នុងការច្រកទឹកនោះទៅកើតទេ គឺគាត់ជិះម៉ូតូចេញឮសំឡេងង៉ោងរហ័សរហួនខ្លាំងណាស់។
ក្នុងចិត្តខ្ញុំ អ្នកភូមិនេះ រួមទាំងពូដែលទើបនឹងយកទឹកទៅហ្នឹងផងដែរ គោរពលោកតាឯមជាទីបំផុត​។ បើសិនជាលើកនេះ ខ្ញុំមិនមានជំនឿហើយមិនឃើញស្ថានភាពប្រាកដប្រជា ស្របពេលដែលមិត្តភក្តិរបស់ខ្ញុំកំពុងមានគ្រោះថ្នាក់នៅលើមែកឈើ ខ្ញុំប្រាកដជាគិតថាពូចាម មីងចម្លែកម្នាក់នោះ និងលោកតាឯមនេះកំពុងរួមគំនិតគ្នាធ្វើអ្វីម្យ៉ាងមកលើខ្ញុំ។