អធិរាជបេះដូង – Meysansotheary

អ្នកគាំទ្រស្នាដៃរឿង «អធិរាជបេះដូង» សំណូមពរអ្នកនិពន្ធ បន្តសរសេរពាក់ព័ន្ធនឹងវិស័យច្បាប់ និងការដោះស្រាយក្ដីបន្តទៀត
ប្រលោមលោកអ្នកនិពន្ធ មុីសន សុធារី បានកំដរចិត្តអ្នកអានជាច្រើនឆ្នាំមកហើយ ជាមួយនឹងសាច់រឿង​ គ្រប់រសជាតិ មិនថាមនោសញ្ចេតនា រន្ធត់ អបិយជំនឿ​ ឬស៉ើបអង្កេត​​ សុទ្ធតែទទួលការគាំទ្រ ទាំងតាមរយៈសៀវភៅ និងប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកនិពន្ធរូបនេះ។ កន្លងមក ក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ក៏តែងទទួលបានមតិយោបល់ ពីបណ្តាអ្នកគាំទ្រ ក៏ដូចជា សំណូមពរមួយចំនួនផងដែរ បន្ទាប់ពីពួកគាត់បានបញ្ចប់សាច់រឿងណាមួយរបស់អ្នកនិពន្ធ។

ក្នុងចំណោមនោះ កញ្ញា ទឹម សុភាព អាចចាត់ទុកបានថា ជាអ្នកគាំទ្រមួយរូប ដែលតែងចំណាយ​ពេលវេលា ផ្ញើសារបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន មកកាន់អ្នកនិពន្ធ។ ថ្មីៗនេះដែរ កញ្ញាក៏បានលើកជាសំណូមពរមួយ ផងដែរ ដោយចង់មើលឃើញ កម្ពុជា មានសាច់រឿងពាក់ព័ន្ធនឹងវិស័យច្បាប់ និងការដោះស្រាយក្តី មិនថាជា ប្រលោមលោក ឬផលិតជាភាពយន្ត តាមរយៈស្នាដៃនិពន្ធ មុីសន សុធារី ។

តាមរយៈសំណេរដែលផ្ញើមកកាន់ ក្រុមការងារអ្នកនិពន្ធ មុីសន សុធារី កញ្ញា ទឹម សុភាព បានរៀបរាប់ថា “ខ្ញុំពិតជាភ្ញាក់ផ្អើល និងកោតសរសើរចំពោះស្នាដៃនីមួយៗណាស់ ជាពិសេសរឿងអធិរាជបេះដូង។ ខ្ញុំសរសេរសារទៅនេះ ព្រោះមានសំណូមពរមួយ ដែលសង្ឃឹមថា ថ្ងៃណាមួយ បងអាចនឹងសរសេររឿងនេះ (ទោះបីសង្ឃឹមបន្ដិចបន្ដួច ក៏ត្រូវតែសំណូមពរ) គឺរឿងពាក់ព័ន្ធនឹងវិស័យច្បាប់ ចៅក្រម មេធាវី និងការដោះស្រាយរឿងក្ដី។”។

អ្នកគាំទ្ររូបនេះ បន្តថា ក្រៅពីប្រលោមលោក រឿងប្រភេទនេះ គួរតែមានថតជាខ្សែភាគយន្ដចាក់ផ្សាយទៀត កាន់តែប្រសើរ។ កញ្ញាលើកឡើងបែបនេះ ក៏ព្រោះតែយល់ឃើញថា ភាគយន្ដខ្មែរភាគច្រើន មិនបានចាក់បញ្ចាំង អំពីខ្សែភាគយន្ដពាក់ព័ន្ធនឹងវិស័យច្បាប់ ក៏ដូចជាការដោះស្រាយក្តីប៉ុន្មានឡើយ។

បើតាមកញ្ញា ទឹម សុភាព ថ្វីបើនេះគ្រាន់តែជាសំណូមពរ ប៉ុន្ដែបើសិនជាការសំណូមពរអាចទៅរួចមែន វាគឺជារឿងមួយដ៏គួរឱ្យត្រេកអរ សម្រាប់កញ្ញាផ្ទាល់។ ម្យ៉ាង ក្នុងនាមជាអ្នករៀនច្បាប់ និងបម្រើការ ក្នុងវិស័យច្បាប់ស្រាប់ផង កញ្ញាពិតជាចង់មើលរឿងខ្មែរប្រភេទនេះ ត្រូវបានផលិត។

គួររំលឹកថា អធិរាជបេះដូង ជាសាច់រឿងប្រលោមលោកមួយ ដែលរៀបរាប់ពី និស្សិតខ្មែរ ២រូប បានជួបគ្នា នៅប្រទេសតួកគី ទីក្រុងអុីស្តង់ប៊ុល ក្នុងពេលដែលស្ថានភាពនៅទីនោះ កំពុងមានកូបកម្មកើតឡើង និងរឿងរ៉ាវ ជាច្រើនផ្សេងទៀត។ ប្រលោមលោកដ៏ល្បីជាង ៩០០ទំព័រនេះ (២ភាគ) ជាស្នាដៃនិពន្ធរបស់ អ្នកនិពន្ធ មុីសន សុធារី ក្នុងឆ្នាំ២០១៧ ហើយបច្ចុប្បន្ន រឿងនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមិត្តអ្នកអាន ទាំងក្នុងវេបសាយ meysansotheary.com និងសៀវភៅ ៕

ឱកាសពិសេស Review រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” ឥលូវនេះ នឹងទទួលបាន “អធិរាជបេះដូង” មួយក្បាលភ្លាមៗ
សម្រាប់មិត្តអ្នកអានដែលជាអ្នកស្នេហាប្រលោមរបស់អ្នកនិពន្ធ ម៉ីសន សុធារី ពេលនេះអ្នកនឹងទទួលបានឱកាសពិសេស ដោយទទួលបានសៀវភៅមួយក្បាលក្រោមចំណងជើងថា អធិរាជបេះដូង ភ្លាមៗ ខណៈដែលអ្នក Review រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ ។

កាដូដ៏ពិសេសមួយនេះផងដែរ នឹងបានទៅដល់លោកអ្នកប្រសិនបើអ្នកបាន Review រឿង ស្រលាញ់បងជ្រៅជាងសមុទ្រ ស្របទៅតាម​លក្ខខណ្ឌ​របស់ក្រុមការងារ meysansotheary ។ ដោយក្នុងនោះ​ក្រុមការងារ​បាន​ដាក់នៅ​លក្ខខណ្ឌ​ពិសេសមួយដោយតម្រូវឱ្យ​អ្នកអានផ្ញើរការ Review មកកាន់ប្រអប់​សា​ហ្វេសបុក ហើយ​នឹងទទួល​បានការដាក់ពិន្ទុពីក្រុមការងារយើងខ្ញុំ។

ទោះយ៉ាងណាក៏ដោយ សម្រាប់​លក្ខខណ្ឌ​ផ្សេងៗនឹងត្រូវបានអនុវត្ត  ឬត្រូវបានផ្លាស់ប្ដូរភ្លាមៗដោយមិនអាចប្រាប់ទុកមុន។ សម្រាប់អ្នកដែល Review មុនគេនឹងទទួលបានការវាយតម្លៃពីក្រុមការងារភ្លាមៗផងដែរ៕

សូមប្រញាប់រួសរាន់ឡើងឱកាសមានកំណត់!

កញ្ញា គ្រាប់ជី

អធិរាជបេះដូង ភាគទី២០​(ចប់)
វគ្គ​
​ប្រុស​ណា​មិន​ប្រចណ្ឌ​

រថយន្ត​រត់​ប្រដេញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ឆ្នាំង។ នាង​ដឹង​ថា​
​បង​ប្រធាន​និស្សិត​មក​ដល់​ភ្នំ​ពេញ​កាល​ណា យក​នាង​ទៅ​ទុក​ក្នុង​ទ្រុង​នៅ​ឯ​ក្រុង​បាត់​ដំបង​វិញ​ឱ្យ​ខាង​តែ​បាន បាន​ជា​តូច​នារី​ធ្វើ​មុខ​ក្រញូវ​មិន​និយាយ​មិន​ស្ដី។​

«​បង​សន្យា​! ​ពេល​ដោះស្រាយ​រឿង​នៅ​ក្រុមហ៊ុន​បង​សិដ្ឋ​ចប់ បង​នឹង​នាំ​យើង​ដើរលេង​!»​
​ឮ​សូរ​ពាក្យ​ថា​ដើរលេង​ នាង​ញញឹម​បាន​វិញ​ភ្លាម​តែ​ម្ដង។​
​ស្រី​តូច​លូកដៃ​មក​តោង​ហត្ថា​នាយ ប៉ុន្តែ​នាយ​ធ្វើ​មុខ​ស្មើ ព្រមាន​ទុក​ជា​មុន៖
​«​ប៉ុន្តែ​បើ​បង​មិន​ទាន់​មក​ដល់​ ហើយ​យើង​លួច​ដើរ​!​ កុំ​សង្ឃឹម​ឱ្យ​សោះ​ថា​ បាន​ចេញ​ពី​ផ្ទះ​ម្ដង​ទៀ​ត​!»​
​នាង​សម្លក់​នាយ ​ហើយ​លែង​ដៃ​ពី​ប្រុស​ស្អាត។

គេ​ធ្វើ​មិន​ខ្ចី​ដឹង​ឮ​នឹង​ចរិត​ខឹង​សម្បារ​ងាយ​ៗ​ ហើយ​បាត់​ងាយ​ៗ​របស់​នាង។
​«​បង​ឯង​បាន​តែ​ដូច​បង​ដា​ណែន​តើ៎!»
​«​ដា​ណែន​យ៉ាង​ម៉េច​!»»​
​«​លើ​យន្ត​ហោះ​បង​ដា​ណែន​ចោល​ម៉ាឌី​ ទៅ​នៅ​ក្បែរ​បង​ត្រា​រហូត!»

វិច្ឆិកា​ពិចារណា​សម្ដី​នាង​មុន​ពេល​ឆ្លើយតប៖
​«​គេ​នោះ​របួស! បើ​កូន​ចៅ​គេ​ខ្លួនឯង​មិន​ថែទាំ​មេ​កោយ ទុក​ឱ្យ​បង​វិច្ឆិកា​និង​ម៉ាឌី​​អ្នក​ក្រៅ​នេះ​ទៅ​ថែ​ឬ​ម៉េច? ឬ​មួយ​យើង​ហ្នឹង​ច្រណែន​គេ​ ចង់​មើលថែ​និពន្ធ​នាយក​នោះ​ដែរ?»​
​ជោគ​ជតា​ស្ដី​ឱ្យ​នាយ​វិញ​ភ្លាម​៖​
​«​មនុស្ស​បង​ឯង​នេះ និយាយ​យក​តែ​ឈ្នះ​!​ គ្មាន​បានការ​ទេ​!»​

បុរស​សើច​ដៀង​ភ្នែក​លួច​មើល​ថ្ពាល់​នាង​ ដែល​ខឹង​​​ឡើង​ពណ៌​ក្រហមប្រឿងៗ គេ​បន្ថយ​សព្ទ​សំឡេង​ហើយ​និយាយ​ឌឺដង​៖​
​«​សន្សំ​លុយ​គ្រប់ បង​នឹង​បាន​ការ​មិន​ខាន​! ​ហើយ​នាំ​អ្នក​ខ្លះ​ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ មើល​ទៅ​ដូច​ទន្ទេញ រឿង​ចន្ទ​ទឹក​ឃ្មុំ​នឹង​ញាប់​ដល់​ហើយ​!»​
​ស្រី​តូច​មិន​មាន​អ្វី​ជំទាស់​ បែរជា​សើច​ចិញ្ចាច​ ងាក​មក​រក​នាយ​៖​
​«​ទៅ​ណា?»​
​«​ទៅ​ព្រៃ​អាម៉ាហ្សូន​! ​ខ្លាច​អត់ អ្ហះ?»​

ស្រី​ស្អាត​សើច​ស្រស់​ដូចដើម​ ហើយ​និយាយ​តប​ធ្វើ​វា​ហី​៖​
​«​ខ្លាច​អី​ទៅ?​ មាន​ព្រៃ​ឯណា​ពិបាក​រស់​ជាង​នៅ​ទួរគី​ទៀត នៅ​តែ​ជតា​អាច​នៅ​រស់​បាន​!»​
​បុរស​ដៀង​ភ្នែក​សម្លឹង​ស្រី​ស្នេហ៍​។​ គេ​ឃើញ​វង់​ភក្ត្រា​តូច​ច្រឡឹង​ញញឹម​ពព្រាយ​គ្មាន​ចិត្ត​ភ័យភិត​ខ្វល់ខ្វាយ។​ នារី​នេះ​ងាយ​កើត​ទុក្ខ ក៏​ងាយ​សប្បាយចិត្ត តើ​គេ​ពិតជា​កំពុង​មាន​ស្នេហា​ ឬ​មួយ​ធ្វើ​តាម​សេចក្ដី​រំភើប​ទេ?​

«​ប្រាប់​បង​មក​មើល៍​ជោគ​ជតា​! ​ពេល​ការ​ហើយ​ក្លាយ​ជា​ប្រពន្ធ​ជា​ម្ដាយ​គេ ចង់​រត់​ចុះឡើង​ដូច​កូន​ស្វា​ទៀ​ត​ដែរ​អត់?»​
​នាង​មិន​និយាយ​ ប៉ុន្តែ​ក្ដាប់មាត់​ហើយ​គ្រវីក្បាល។​
​បុរស​នេះ​ប្រិច​ភ្នែក​ញញឹម។
​គេ​បើកឡាន​ផង​សួរនាំ​នាង​បន្ត​ផង​៖​
​«​ច្បាស់​អត់​!»​
​នាង​ងាក​មក​ឆ្លើយ​ទាំង​ទទឹងទិស​សាក​ចិត្ត​នាយ​៖​
​«​ចុះ​បើ​ជតា​រត់​ទៀ​ត​ម៉េច?»

​វិច្ឆិកា​ក្ដាប់មាត់​និយាយ​ដោយ​សម្លឹង​ត្រង់​ទៅមុខ​មិន​សម្លឹងមុខ​នាង​៖​
​«​ដើរ​សួរ​គេឯង​មើល​ទៅ​!​ មាន​ស្អី​ល្អ​ជាង​ប្រពន្ធ​អត់​នៅ​ផ្ទះ​ទៀត​នោះ?»​
​នាង​ងាក​មក​ភ្លាម​ ហើយ​ចង​ចិញ្ចើម​សួរ​ផ្ទាន់​៖​
​«​មាន​ន័យ​ថា​ម៉េច?»​
​វិច្ឆិកា​សើច​រលាក់ ​មុន​ពេល​ឆ្លើយ​៖​
​«​មាន​ម៉េច​! ប្រពន្ធ​មិន​នៅ ប្ដី​នឹង​បាន​ផឹកស៊ី​ស្រី​ញី​អូន​បង​មួយ​ទំហឹង​ មាន​ពី​ណា​ឃាត់?​ មិន​អ៊ីចឹង?»​
​គេ​បញ្ចប់​សំណួរ​​ចុងក្រោយ ​ដោយ​ងាក​មក​សម្លឹង​នាង ប៉ះចំ​តូច​នារី​ធ្វើ​ភ្នែក​មូលក្លុំ​សម្លឹង​មក​នាយ​ម៉ក់ៗ។

មុខ​នេះ​គឺ​រក​តែ​ប្រចណ្ឌ​តែ​ម្ដង​ហើយ បើ​តាម​វិច្ឆិកា​គិត​ក្នុង​ចិត្ត។ ​ប៉ុន្តែ​ក៏​វា​ល្អ​ដែរ​ ដែល​នាង​អាច​ចេះ គិត​ខ្លះ ជា​ជាង​នៅ​បង្ក​រឿង​ប្រកាន់​ចរិត​ជា​មនុស្ស​វ័យ​ក្មេង​ជា​រៀង​រហូត។ ​កែវភ្នែក​របស់​នាង​បញ្ជាក់​ថា នារី​តូច​នេះ​កំពុង​រក​នឹក​ពាក្យ​មក​ហាម​ប្រាម​នាយ ប៉ុន្តែ​នាង​ស្លូត​ពេក ​មិន​ចេះ​និយាយ​ពាក្យ​ព្រមាន​ ថែម​ទាំង​ជា​នារី​ដែល​មាន​ចរិត​ស្មោះ​ត្រង់ មិន​ដែល​សូម្បីតែ​នឹកគិត​ដល់​អំពើ​អាក្រក់ ​កុំ​ថា​ឡើយ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ទប់ទល់។​

សេចក្ដី​ប្រចណ្ឌ​ក្នុង​ភាព​វិជ្ជមាន​ជា​រឿង​ធម្មតា ប៉ុន្តែ​នាយ​ក៏​ព្យាយាម​កាត់​បន្ថយ​វា​ឱ្យ​ធ្លាក់​មក​ទាប​ជាង​នេះ មិន​ចង់​ឱ្យ​មាន​អ្វី​ល្អក់កករ​ក្នុង​បេះដូង​ស្អាត​បរិសុទ្ធ​នៃ​ស្រី​តូច​ឡើយ។​ វិច្ឆិកា​លូក​ចាប់ដៃ​ស្រី​តូច​មក​ច្របាច់​ថ្នមៗ ​ហើយ​និយាយ​ពន្យល់​មួយៗ​៖​
​«​និយាយ​លេង កុំ​ទុកជា​មែន​ពេក​ឮ​អត់?​ ទាំង​ប្រុស​ទាំង​ស្រី ដូច​តែ​គ្នា​ទេ​!​ ឱ្យ​តែ​រក​បាន​មនុស្ស​ជា​ជាទី​គាប់ចិត្ត​ហើយ គេ​មិន​ដែល​នឹក​ឃើញ​ចង់​បាន​ពីរ​បី​នាំ​តែ​អាយុ​ខ្លី​ទេ គេ​ចង់​បាន​តែ​មួយ​ៗ​ហ្នឹង​គ្រប់​គ្រាន់​ហើយ​!»​

«​ច្បាស់​អត់?»​
​នាង​ប្រើ​ពាក្យ​របស់​គេ មក​សួរ​គេ​តប​វិញ ធ្វើ​ឱ្យ​ប្រធាន​និស្សិត​សើច​ខឹកៗ​អស់​សំណើច។​
​«​បើ​មិន​ច្បាស់​ម៉េច ហើយ​បើ​ច្បាស់​ម៉េច?»​
​«​មិន​ដឹង​ទេ​!»​
​នាង​ដក​ដៃ​ចេញ​ពី​ប្រអប់​ដៃ​នាយ​ មក​ក្រពាត់​ជុំ​វិញ​ទ្រូង​ហើយ​ធ្វើ​មុខ​មាំ។
​ចិត្ត​នាង​កំពុង​ប្រចណ្ឌ ​ពេល​ឃើញ​នាយ​សើច​សប្បាយ តែ​ដាមិកា​​ស្លាប់​ហើយ តើ​នាង​ប្រចណ្ឌ​នាយ​នឹង​អ្នក​ណា​ទៀត?

ភាគ​ទី​៤៩

​ដូច​ស្ថានភាព​របស់​ជោគ​ជតា​ដែរ ម៉ាឌី​​ទទួល​អារម្មណ៍​ថា​ប្លែក ក្រោយ​ពេល​វិល​មក​ពី​ម៉ាឡេស៊ី។ ភាព​ស្និទ្ធស្នាល​រវាង​ដា​ណែន​និង​ខៀវ ​សូត្រា ជា​កត្តា​គ​ម្រាម​កំហែង​សម្ងាត់​មួយ​ដល់​ស្នេហា​ថ្មោងថ្មី មិនទាន់​យល់ចិត្ត​គ្នា​រវាង​គេ​និង​អ្នកកាសែត​ស្រី។

ដូច​អ្វី​ដែល​ជោគ​ជតា​បាន​គិត ម្ទេស​ណា​មិន​ហឹរ​​​ ស្នេហា​ណា​មិន​មាន​ការ​ប្រចណ្ឌ? នេះ​ទាំង​ដឹង​ទៀ​ត​ថា នារី​ដែល​ខ្លួន​កំពុង​ស្រលាញ់ ​ធ្លាប់​មាន​ចិត្ត​លើ​បុរស​និពន្ធ​នាយក​នោះ​ហើយ ពេល​នេះ​បុរស​នោះ​កំពុង​​ស្ថិត​ក្នុង​គ្រា​ខូចចិត្ត​ជា​ទម្ងន់ តើ​ការ​អាណិត នៅ​ស្និទ្ធ និង​យល់ចិត្ត​អាច​ក្លាយ​ជា​ស្នេហា​ដែរ​ទេ?​

នៅ​ក្នុង​មន្ទីរ​​ពេទ្យ ម៉ាឌី​​នៅ​អង្គុយ​សម្លឹង​ម្ដាយ​​ចិត្ត​កំណាច​របស់​ខ្លួន ​ដែល​ពេល​នេះ​នៅ​ស្ងៀម​មិន​កម្រើក​គ្រាន់តែ​អាច​បើកភ្នែក​បាន។
​សម្ដី​ពេទ្យ​ដែល​រាយការណ៍​នៅ​ខាង​ក្រៅ​ បាន​រំលឹក​មក​វិញ​ក្នុង​អារម្មណ៍​ម៉ាឌី «អ្នកស្រី​វិល័យ នៅ​សុខៗ ស្រាប់តែ​សម្ពាធ​ឈាម​បុក​ឡើង​ខ្លាំង! រាងកាយ​គាត់​ពេល​នេះ​មាន​សភាព​ដូច​មនុស្ស​ពិកា​កម្រើក​មិន​បាន​ទាំង​អស់! និយាយ​តាម​ត្រង់ អ្នក​ជំងឺ​ដូច​ជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ខ្លួនឯង ​បាន​ជា​បេះ​ដូង​គាត់​លោត​រញ៉េរញ៉ៃ​បំផ្លាញ​ដំណើរ​ការ​ប្រក្រតី​នៃ​សរសៃ​ឈាម! សភាព​នេះ​មាន​តែ​រង់ចាំ​ដោយ​អត់ធ្មត់ ក្រែង​មាន​ការ​ប្រែប្រួល​អ្វី​ជា​វិជ្ជមាន​ ប៉ុន្តែ​បើ​និយាយ​ដោយ​ស្មោះត្រង់ ​ក្ដី​សង្ឃឹម​មាន​តិច​តួច​ណាស់!»

បុរស​ក្មេង​លើក​ដៃ​ច្របាច់​កំភួន​ជើង​ស្ត្រី​នេះ​ថ្នម​ៗ ​ព្រោះ​នាយ​យល់​ថា ទោះ​បី​យ៉ាង​ណា គាត់​គ្មាន​អ្នក​ណា​ទៀត​ទេ​ក្នុង​ពេល​នេះ ទោះ​បី​យ៉ាង​ណា​គាត់​ប្រហែលជា​បាន​ឆ្លងកាត់​ការ​ឈឺចាប់​ច្រើន​ពេក​ហើយ​ក្នុង​យុវវ័យ ទើប​បាន​ជា​ក្លាយ​មក​ជា​បែប​នេះ ហើយ​​ទោះ​បី​យ៉ាង​ណា​គាត់​ជា​អ្នក​ផ្ដល់​កំណើត​មក​ឱ្យ​ខ្លួន។

ដៃ​នាយ​ទើប​តែ​ប៉ះ​ដល់​គាត់ អ្នក​វិល័យ​រេ​ភ្នែក​ដែល​ស្លឺ​សម្លឹង​ពិតាន​នោះ​មក​រក​ម៉ាឌី​​វិញ​​មួយ​រំពេច ហើយ​អណ្ដាត​គាត់​ដែល​និយាយ​បាន​ត្រឹម​ឡុល​ៗ​ ចាប់ផ្ដើម​ប​បញ្ចេញ​ប្រតិកម្ម​៖​
​«​អា​កូន​ចង្រៃ​!​ ហេតុ​អី​ឯង​ទៅ​ជួយ​អា​ពីរ​នាក់​នោះ ម៉ាក់​ឱ្យ​ឯង​សម្លាប់​វា​!»​
​ម៉ាឌី​​នៅ​ទ្រឹង​ដៃ ពេល​ឮ​​សម្ដី​​អសុរោះ​របស់​គាត់។​នាយ​ហួសចិត្ត​មិន​នឹក​ស្មាន​ថា ​ស្ថានភាព​គាត់​ពិការ​កម្សត់​ឯកា​បែប​នេះ​ហើយ គាត់​នៅ​តែ​ប្រើ​ពាក្យ ​«​អា​កូន​ចង្រៃ​» ​មក​លើ​ខ្លួន​ទៅ​រួច?​

«​បើ​ម៉ាក់​ដឹង​ថា​មាន​ឯង​បំបង់​បាយ! ម៉ាក់​សម្លាប់​ឯង​ចោល​តាំងពី​នៅ​បី​ទទឹង​ហើយ​!»​
​ទឹកភ្នែក​នាយ​ដក់​ក្នុង​ថ្នក់​នេត្រា​ទាំង​ទ្វេ​ ជាមួយ​ឃ្លា​វិយោគ​មួយ​ចំនួន​កប់​ជ្រៅ​ក្នុង​បេះ​ដូង ​«​ម៉ាក់​សម្លាប់​ខ្ញុំ មិន​ទាន់​ល្មមចិត្ត​ទៀ​ត​មែន​ដែរ​អត់?»​ ប៉ុន្តែ​នាយ​ទប់​ស្ងៀម​មិន​និយាយ​វា​ចេញ​មក ​ព្រោះ​យល់​ថា​គ្មាន​បាន​ការ​អ្វី។
​«​ឯង​កុំ​សង្ឃឹម​ យើង​ឱ្យ​មរតក​ឯង​មួយ​សេន​ណា​!»​
​ម៉ាឌី​​លើក​ដៃ​ជូត​ទឹកភ្នែក​ ហើយ​និយាយ​មួយៗ៖
​«​កូន​មិន​ចង់​បានទេ​! បើ​ម៉ាក់​ស្រលាញ់​ខ្លួនឯង ម៉ាក់​ឈប់​ខឹង ឈប់​ចង​អាឃាត ឈប់​គិត​រឿង​អាក្រក់ៗ ធ្វើ​បាប​ខ្លួនឯង​ទៅ! តទៅ កុំ​ឱ្យ​ម៉ាក់​ទើសចិត្ត កូន​នឹង​រក​អ្នក​ថែ​ទាំង​ម៉ាក់ ហើយ​កូន​មិន​ឱ្យ​ម៉ាក់​ឃើញ​មុខ​ទេ!»

គេ​ក្រោក​ចេញ​ទាំង​ចិត្ត​កាយ​ស្រាល​ស្ងើក។ ជីវិត​នេះ​ងាក​ទៅ​ខាង​ក្រោយ គឺ​ពេញ​ដោយ​ភាព​ល្វីងជូរចត់ ប៉ុន្តែ​នាយ​យល់​ថា ខ្លួន​ឯង​នឹង​មិន​ព្រម​រស់​ជាមួយ​ស្ថានភាព​ខ្មៅ​កខ្វក់​អស់​នេះ​ត​ទៅ​ឡើយ។​ មុន​ពេល​រុញ​ទ្វារ​ចេញ នាយ​និយាយ​បន្ថែម៖
​«​កូន​មាន​វិធី​របស់​ខ្លួនឯង ដែល​អាច​រស់នៅ​បាន​សប្បាយ​ចិត្ត! រស់នៅ​ឆ្ងាយ​ពី​អតីតកាល​ល្អក់កករ​អស់​ទាំង​នេះ! ម៉ាឌី​​ម្នាក់​នេះ មិនល្អ​សម្រាប់​ម៉ាក់​ តែ​កូន​នឹង​មើល​ថែ​ខ្លួនឯង ឱ្យ​ល្អ​សម្រាប់​ខ្លួនឯង​! ​កូន​មិន​ត្រូវការ​លុយ​ច្រើន​ទេ​ក្នុង​ជីវិត​នេះ ម៉ាក់​កុំ​បារម្ភ​!​ ទុក​ទ្រព្យ​សម្បត្តិ​អស់ទាំង​នោះ សម្រាប់​ខ្លួនឯង​ចុះ​!»​

អ្នកស្រី​វិល័យ​នៅតែ​ប្រឹង​ស្រែក​​​បញ្ឈឺ​នាយ​៖​
​«​អា​ក្មេង​ល្ងង់​!​ ឯង​ស្មានថា​មេ​ស្រី​នោះ​វា​ស្រលាញ់​ឯង​! ​មនុស្ស​ចោល​ម្សៀត​គ្មាន​គោលដៅ​ គ្មាន​មហិច្ឆតា​ដូច​ឯង មាន​ពី​ណា​គេ​មក​ស្រលាញ់​ឯង​ស្មោះ​!​ នេះ​គេ​បោក​ឯង​ប្រើ ឯង​ឃើញ​ទេ អា​ម៉ាឌី​​!​មនុស្ស​ស្រី​បើ​អត់​ស្រលាញ់​ឯង គឺ​អត់​ហើយ​!​ ដូច​យើង​អ៊ីចឹង​ ឯង​ឃើញ​ហើយ​មួយ​ជីវិត​នេះ​ មាន​តែ​ការ​ចងពៀរ នេះ​ហើយ​លទ្ធ​ផល​ស្នេហា​បង្ខំ​ចិត្ត​»​

នាយ​ញញឹម​ទាំង​ឈឺចាប់។ ​បុរស​នេះ​មិន​ចង់​តបត​នឹង​ស្ត្រី​ម្នាក់​នេះ​អ្វី​ទៀ​ត​ទាំង​អស់ ប៉ុន្តែ​នាយ​ទ្រាំ​មិន​បាន ទើប​លេប​ទឹកភ្នែក​សួរ​ផ្គើន​វិញ​ ដោយ​មិន​បែរ​ខ្នង​៖​
​«​គឺ​មហិច្ឆតា​ដូច​អ្នក​ម៉ាក់​នេះ​មែន​ដែរ​អត់? មហិច្ឆតា​ដែល​អាច​សូម្បីតែ​បង្ហូរ​ឈាម​សាច់ញាតិ​ខ្លួនឯង ? ​សោភ័ណ ​រ៉ាវី និង​ដាមិកា ​​ទោះ​យ៉ាង​ណា​ក៏​ជា​ក្មួយ ជា​កូន​របស់​មនុស្ស​ដែល​ម៉ាក់​ស្រលាញ់​គោរព​ក្នុង​ជីវិត​នេះ​ ហេតុ​អី​ម៉ាក់​សម្លាប់​ពួកគេ?​ ពេល​នេះ​គេ​ទៅ​អស់ហើយ ម៉ាក់​បាន​សប្បាយចិត្ត​ដែរ​ទេ?»​
​នាយ​ថា​ចប់​កាល​ណា ស្រវា​ចាកចេញ​ ព្រោះ​លែង​ចង់​ឮ​​សម្ដី​​គាត់។

​ទូរ​សព្ទ​រោទ៍​ញាប់​រន្ថើន ធ្វើ​ឱ្យ​ដា​ណែន​ដក​ដៃ​ចេញពី​Keyboard ហើយ​លើក​មក​និយាយ​៖​
​«​ម៉ាឌី​?»​
​ប្រុស​ស្នេហ៍​ដែល​សម្ងំ​អន់​ចិត្ត​មិន​បញ្ចេញ​អារម្មណ៍​ជាច្រើន​ថ្ងៃ​មក​ហើយ ​ពេល​នេះ​ដាច់ចិត្ត​និយាយ​បបួល​នាង​៖​
​«​ម៉េច​នៀក រ​វល់​ខ្លាំង​ហ្មែន? ​ខាន​ឃើញ​ឡើង​ភ្លេច​មុខមាត់​អស់ហើយ​!»​
​នាង​ឆ្លើយតប​ទាំង​ភ្នែក​ប្រឹង​ពិនិត្យ​អត្ថបទ​ក្នុង​កុំព្យូទ័រ៖
​«​ទើប​នឹង​ជួប​គ្នា​ម្សិល​មិញ​សោះ​ហ្នឹង?»​

ម៉ាឌី​​ឆ្លើយ​មក​វិញ ​តាម​បែប​មនុស្ស​ស្រលាញ់​គ្នា នឹក​គ្នា​គ្រប់​ពេលវេលា៖
​«​ដឹង​ធ្វើ​ម៉េច ​បើ​នឹក​ទៀត​ហើយ!!»
​ពេជ្រ ​ដា​ណែន​សើច​តិចៗ​៖​
​«​រ​វល់​មើល​អត្ថបទ​! ​គរ​ច្រើន​ខ្លាំង​ណាស់​! ​បង​ត្រា​មិន​ទាន់​អង្គុយ​បាន​ស្រួលបួល​ឯណា ​មិន​ឃើញ​ទេ?»

ម៉ាឌី​​នឹក​ឃើញ​ដល់​រឿង​អត្ថបទ​មិន​ស្មើ​នឹង​ឮ​​ឈ្មោះ​និពន្ធ​នាយក​នោះ ហើយ​នឹកឃើញ​ដល់​ដៃ​ពេជ្រ​ ដា​ណែន​ដែល​ត្រកង​គ្រា​ខៀវ​ សូត្រា​ស្និទ្ធស្នាល​ កាយវិការ​ថ្នាក់ថ្នម បញ្ចុក​អាហារ​ទាំងឡាយ ដែល​កាន់តែ​នឹកឃើញ​កាល​ណា​ កាន់​តែ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។

គេ​ហា​ស្រដី​តាម​ទំហំ​ចិត្ត​ស្នេហ៍​ និង​ការ​ប្រចែប្រចណ្ឌ៖
​«​ចុះ​បើ​ទុក​ចោល​ ឈប់​ធ្វើ​ឱ្យ​អស់​ក៏​ក្ស័យ​ធន​ដែរ​អត់?!​ ល្មម​ទៅ​ដើរលេង​ជាមួយ​គ្នា​ម្ដង​ហើយ​!!​មនុស្ស​ស្រលាញ់​គ្នា​អត់​ឃើញ​មុខ​គ្នា!»
​អ្នក​កាសែត​ឈប់​ដៃ ​ហើយ​ចាប់​ញញឹម​សន្សឹម​ៗ​ពេល​ឮ​​សម្ដី​នាយ។

ទោះ​យ៉ាង​ណា ​នាង​មិន​ដឹង​ទេ​ថា ​បុរស​ចិត្ត​ទូលាយ​ម្នាក់​នេះ​កំពុង​ប្រចណ្ឌ​ ហើយ​សម្ដី​​គេ​គឺ​កំពុង​​តែ​និយាយ​ស្ទាប​ស្ទង់​ចិត្ត​នាង។
​តាម​សភាពការណ៍​ដែល​ត្រូវ​ធ្វើការ​ទាំង​អស់​ជំនួស​ខៀវ​ សូ​ត្រា ដា​ណែន​ឆ្លើយតប​មិន​ពង្វាង៖
​«​មនុស្ស​ធ្វើ​ការងារ​ឱ្យ​គេ មាន​ទំនេរ​ដើរលេង​ស្រួល​ៗ​ឯ​ណា​​ដូច​កូន​អ្នក​មាន​ខ្លះ​ ដែល​កំពុង​និយាយ​នេះ?»
​ម៉ាឌី​​ឮ​សំឡេង​នាង នាយ​កាន់​តែ​វក់​ចិត្ត​ចង់​ជួប​នាង​ខ្លាំង​ឡើងៗ។
​នារី​នេះ​ទាំង​ស្នូរ​សំណើច ទាំង​របៀប​តបត​ស្លូតបូត រាបសា ពិត​ជា​ឆាប​យក​បេះដូង​នាយ​មិន​តែ​ប៉ុណ្ណោះ​ទេ ស្នេហ៍​របស់​នាង​ធ្វើ​ឱ្យ​ម៉ាឌី​​ត្រូវ​ការ​យ៉ាង​ណា​ ឱ្យ​នាង​ចាកចេញ​លែង​រវល់​នឹង​ស្នាក់​ការ​កាសែត​នោះ បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ។

«​ស្អែក​ដើរ​លេង​បាន​អត់?​ ខានស្អែក​ក៏​បាន! បាន​អត់?»
​សំណួរ​​នាយ​ធ្វើ​ឱ្យ​ស្រី​ស្អាត​ទច់​ចលនា។ មិន​ដឹង​យ៉ាង​ម៉េច​ នាង​មាន​អារម្មណ៍​ថា​អាណិត​នាយ​ហើយ​យល់​ចិត្ត​ម៉ាឌី​ ដែល​នាង​ទុក​នាយ​ចោល​លែង​រវល់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។
​នាង​ងើប​មុខ​សម្លឹង​ប្រក្រតិទិន​លើ​ជញ្ជាំង ​ហើយ​សម្រួល​សំឡេង​និយាយ​មួយៗ​ខ្លាច​ចិត្ត​គេ៖
​«​ភ្លេច​ប្រាប់​! ខ្ញុំ​ត្រូវ​ទៅ​ឧត្តរមានជ័យ ជូន​បង​ត្រា​ទៅ​ មាន​ការ​នៅ​នោះ! រ​វល់​ពេក​អត់​បាន​និយាយ​ប្រាប់​ម៉ាឌី​​ឱ្យ​ឈឹង!»

ប្រុស​ជា​សង្សារ​អន់​ចិត្ត​ជា​ខ្លាំង ពេល​ឮ​ឃ្លា​ចុង​ក្រោយ ​ដែល​នៅ​មិន​នៅ​ទាក់ទង​​ជាមួយ​ខៀវ​ សូ​ត្រា​ទាល់តែ​បាន។ ​គេ​នៅ​ស្ងៀម​មិន​ឆ្លើយ តាម​ពិត​គេ​កំពុង​ទប់​ចិត្ត​ដែល​ចង់​និយាយ​ថា ​«​ខៀវ​ សូត្រា​ទៀត​ហើយ​ហ្អី?»​។ ​ពេល​នាយ​នៅ​ស្ងាត់ ​នាង​នៅ​រង់ចាំ​ស្ដាប់ ទី​បំផុត​នាង​ហៅ​នាយ​តិចៗ៖
​«​ម៉ាឌី​?»​
​ម៉ាឌី​​ដក​ដង្ហើម​វែង​ ហើយ​ឆ្លើយតប៖
​«​បាទ!»
​«​ចាំ​មក​ពី​ឧត្តរមានជ័យ ចាំ​ដើរ​លេង អូ​ខេ?»

បុរស​រឹត​តែ​ធ្វើ​ជា​ងងក់​ពេល​ឮ​​ខាង​ស្រី​អង្វរករ​ នាយ​តប​វិញ​ធ្វើ​ហី៖
​«​ហេតុ​អី​ចាំបាច់​ចាំ​ដល់​មក​វិញ? ​ទៅ​ជាមួយ​គ្នា​មិន​បាន!»
​ស្រី​ស្អាត​នៅ​ស្ងៀម​ ព្រោះ​នាង​រវល់​ងើបមុខ​សម្លឹង​ឆ្ពោះ​ទៅ​រក​និពន្ធ​នាយក​កម្សត់ ​ដែល​អង្គុយ​ច្រងុក​ម្នាក់ឯង​ក្នុង​បន្ទប់​​​កញ្ចក់ ​ឱន​មើល​អ្វី​ម្យ៉ាង​ក្នុង​ដៃ។​

គេ​សម្លឹង​រូប​ដាមិកា​ទៀត​មិន​ខាន នាង​គិត​ម្នាក់ឯង​ក្នុង​ចិត្ត ស្រាប់តែ​ឮ​​ម៉ាឌី​​ដែល​រង់ចាំ​ចម្លើយ​យូរ​ពេក​សួរ​មក​វិញ​បន្ថែម​៖​
​«​កុំ​ប្រាប់​ថា​សង្សារ​ក៏​មិន​ឱ្យ​ទៅ​តាម​ណា៎!»
​ស្រី​ស្អាត​ឈ្ងោក​មុខ​ពិចារណា។​ ពេល​នេះ​ហើយ​ដែល​នាង​ ទើបនឹង​ចាប់អារម្មណ៍​ឃើញ​ថា សម្ដី​​បុរស​នេះ​ហាក់​កំពុង​ទើសទាល់​នឹង​ខៀវ​ សូ​ត្រា​ពិតប្រាកដ​ណាស់។ ប៉ុន្តែ​ការ​ពិត គឺ​ឱ្យ​គេ​ទៅ​តាម​មិន​បាន​មែន។​

នាង​គ្មាន​វិធី​អ្វី​ក្រៅ​ពី​និយាយ​តាម​ត្រង់៖
​«​ម៉ាឌី​​! យក​ល្អ​កុំ​ទៅ​ណា៎​!​»​
​គេ​នៅ​ស្ងៀម លែង​តប នាង​កាន់តែ​ដឹង​ថា​នាយ​អន់ចិត្ត ប៉ុន្តែ​ស្រី​ស្អាត​នៅតែ​ប្រកាន់​ជំហរ​ពន្យល់​នាយ៖
​«​នេះ​ជា​ការងារ​សម្ងាត់​ ដែល​ដាមិកា​ ផ្ដាំ​​បង​ត្រា​ឱ្យ​ធ្វើ! រឿង​នេះ​មិន​អាច​ដឹង​ឮ​មនុស្ស​ច្រើន​ទេ!»
​«​អ៊ីចឹង​ម្នាក់​ឈ្មោះ​ថា​ពេជ្រ ​ដា​ណែន​ហ្នឹង ច្បាស់​វិសេសវិសាល​សម្រាប់​ខៀវ​ សូត្រា​ហើយ​បាន​ជា​ទុក​ចិត្ត​ឱ្យ​ដឹង​រឿង​សម្ងាត់​ៗ​ថ្នាក់​នេះ​បាន!»

ទី​បំផុត​គេ​និយាយ​ចេញ​ដោយ​លែង​ខ្ចី​ទប់​ចិត្ត។
​ដា​ណែន​នៅ​ទ្រឹង​ ព្រោះ​ដឹង​ថា​ម៉ាឌី​​មិន​ដែល​មាន​ចរិត​ដៀមដាម​និយាយ​បញ្ឆិត​របៀប​នេះ​ទេ​ពី​មុន​មក។
​ទោះ​នាង​ដឹង​ថា​សេចក្ដី​ស្រលាញ់ ជា​ដើមចម​នៃ​ការ​ប្រចណ្ឌ តែ​ស្រី​ស្អាត​នៅ​តែ​ពិបាក​ចិត្ត​ចំពោះ​មុខ​រឿងរ៉ាវ​បែប​នេះ។
​នាង​និយាយ​តិចៗ៖
​«​យល់ចិត្ត​ផង​ម៉ាឌី!»
​«​ពាក្យ​នេះ មិនមែន​ដា​ណែន​ទេ​ដែល​ត្រូវ​និយាយ​!»​
​ម៉ាឌី​​ថា​ហើយ បិទ​ទូរ​សព្ទ​ទៅ​ដោយ​មិនបាន​លា។​

សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា វា​ជៀស​មិន​រួច​ឡើយ​ពី​ការ​ខឹង មិន​ចុះសម្រុង ប្រចែប្រចណ្ឌ ប៉ុន្តែ​ម៉ាឌី​​យល់ថា​ខ្លួនឯង​មាន​ហេតុផល​គ្រប់​គ្រាន់ ​ក្នុង​ការ​ធ្វើ​ទ្រ​គោះ​ដាក់​ដា​ណែន ព្រោះ​មនុស្ស​ចិត្ត​ទូលាយ​បែប​ណា​ ក៏​គង់​តែ​នៅ​ជា​មនុស្ស​ចេះ​ខឹង ចេះ​អន់ចិត្ត និង​ចេះ​តូច​ចិត្ត។​
​គេ​ដាក់​ទូរ​សព្ទ​ចុះ​ពី​ការសន្ទនា​ជាមួយ​នាង​ហើយ ចុច​បិទ​ចោល​តែ​ម្ដង មុន​ពេល​បើកឡាន​យឺត​ៗ​ដោយ​គ្មាន​គោលដៅ។​

អារម្មណ៍​មួយ​ដែល​យល់​ថា គ្មាន​អ្នក​ទុក​ខ្លួន​ជា​សំខាន់ អារម្មណ៍​ដែល​យល់​ថា ខ្លួន​មាន​របៀប​រស់នៅ​មួយ​ដ៏​ឆ្កួត​តោក ស្រលាញ់​​និង​ទុកចិត្ត​គេ​រហូត​ដល់​ពេល​មួយ ចិត្ត​ដ៏​ទូលាយ​ពី​ធម្មជាតិ​នោះ​ត្រូវ​បាន​បរិយាកាស​មិន​ស្មោះត្រង់​មក​បំផ្លាញ​ឱ្យ​ខូច​បង់ ធ្វើ​ឱ្យ​ក្ដី​សង្ឃឹម​មាន​តែ​ជា​តួ​អក្សរ មនុស្ស​យើង​ស្រលាញ់​មិន​អាច​សូម្បីតែ​មក​នៅ​ក្បែរ​គ្នា កាន់​ដៃ​គ្នា តើ​ជំនឿ​ណាមួយ​ទៅ​ដែល​អាច​មក​កុហក​ខ្លួនឯង​ថា ខ្លួន​កំពុង​តែ​មាន​ការ​រស់នៅ​ដ៏​ប្រសើរ​នោះ?

ជិះ​កាត់​តាម​បណ្ដោយ​ដង​ទន្លេ នាយ​នឹកឃើញ​ដល់​នាង។​
​កណ្ដាល​ពិភព​លោក​ធំ​ល្វឹង ហេតុអ្វី​មនុស្ស​ពីរ​នាក់​បាន​ជួប​គ្នា​ បែរ​ជា​យើង​ស្រលាញ់​គេ​ខ្លាំង តែ​ចិត្ត​គេ​មាន​អ្នក​ផ្សេង​ដែល​តែងតែ​ជា​អាទិភាព​ជាង​យើង?
​ម៉ាឌី​​ងើយ​មុខ​សម្លឹង​កូន​ផ្ទះ នៅ​កាច់ជ្រុង​ជាន់​ទី​មួយ​ ដែល​នាង​ជួល​សម្រាប់​ស្នាក់នៅ។ តំណក់​ទឹក​ភ្លៀង​ធ្លាក់​មក​ផ្សែង​ក្រូច​ពី​ដែន​​ភាល័យ​ដ៏​ស្រទុំ​ស្រពោន នាយ​នឹក​ដល់​គ្រា​ដែល​ខ្លួន​លើក​កាត​កាសែត​សង​នាង​…​ «៥​យូរ៉ូ​!» «​ក៏​ចង់​បាន​ម៉េះ?» «​ទៅ​ណា​បាត់​ហើយ?»​
​«​អី​គេ?» «​ម្នាក់​ព្រឹក​មិញ​!» «​ម្នាក់​ណា?» «​បង​ខៀវ ​សូត្រា​! ​ហៅ​គាត់​ឱ្យ​ស្រួល​គាត់​ប្រធាន​ខ្ញុំ​!»​
​«​អូយ​! ​មិនមែន​ប្រធាន​ម៉ាឌី​​ទេ​!» «​កើត​អី ទើសទាល់​រករឿង​គាត់​!» «​ទៅ​ណា​ឥឡូវ?»​
​«​ជូន​ទៅ​ផ្ទះ​បន្តិច​​មក​ណា៎! អស់​កម្លាំង​ខ្លាំង​ណាស់​!» « ប្រាប់ផ្លូវ​ផង​នៀក អត់​ស្គាល់​ទេ!»

«​ហើយ​ចុះ​ផ្ទះ​អី​គគ្រិច​ម៉េះ​» «​គួរ​ណាស់​តែ​ប៉ាវ​កាហ្វេ​តាម​សន្យា​ទៅ​ល្អ​ជាង​!» «​អ្ហឺ​យ​កម្សត់​ណាស់​មាន​ភ្ញៀវ​ហើយ ​ភ្លើង​ដាច់​ទៀ​ត?» «​ដូរ​កន្លែង​ចេញ​ទៅ​!» «​ហេតុ​អី?» «​កន្លែង​ចឹង​នៅ​កើត​ដែរ?» «កន្លែង​ចឹង​ម៉េច?» «​គគ្រិច​ខ្លាំង​ណាស់ មើល​ជញ្ជាំង​ហើយ​និង​ឥដ្ឋ​ចុះ!» «​មិន​ទាន់​មាន​ពេល​ដុស​ជូត!» «​មាន​លុយ​ជួល​ផ្ទះ​នៅ ខ្វះ​ណាស់​ទៅ​កន្លែង​ស្អាតៗ?» «​ផ្ទះ​ចាស់​យើង​អាច​លាប​ឱ្យ​ថ្មី​បាន ឥដ្ឋ​កខ្វក់ ដុសលាង ​ឬ​ក្រាលកម្រាល​ទៅ វា​ស្អាត​ទៅ​ហើយ ប៉ុន្តែ…»

គិត​ដល់​ត្រង់​ណេះ ម៉ាឌី​​ដើរ​មួយៗ​រអ៊ូ​តិចៗ​តែ​ម្នាក់ឯង… «​មនុស្ស​ស្រី បើ​អត់​ស្រលាញ់​យើង គឺ​អត់​ហើយ​!»​ គេ​គិត​លន្លង់​លន្លោច​ខ្លួនឯង​ទាំង​មិន​ដឹង​ថា ខ្លួន​ឈប់​ឡាន​ពី​ថ្មើរ​ម៉ាន ​ហើយ​ឡើង​មក​ដល់​ជាន់​ខាង​លើ​ដោយ​របៀប​ណា។
​គេ​លូក​ដៃ​ចូល​ក្នុង​ហោប៉ៅ ឃើញ​កូនសោ​ពេល​ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​មួយ​រយៈ​នេះ។
​ពេល​ដែល​រុញ​ទ្វារ​ចូល​ទៅ គ្រប់​យ៉ាង​នៅ​ចំពោះ​មុខ​ ហាក់បីដូចជា​នៅ​ថ្មី​ឃើញ​នឹង​ភ្នែក​ «​ប៉ុណ្ណឹង​យំ​ដែរ! បើ​ស្រលាញ់​សម្ដី​​ប៉ុណ្ណឹង​ៗ​ខឹង​ធ្វើ​អី?» «​ចាំ​ដល់​អង្កាល់? អំពើ​ល្អ គេ​ជាន់​ចោល​! ​ចិត្ត​យើង​ខំ​ស្រលាញ់​គេ ​តែ​ចិត្ត​គេ​ងប់ងុល​នឹង​អ្នក​ផ្សេង​!» «​កុំ​ប្រើ​ការ​ខូច​ចិត្ត​មក​កំណត់​បញ្ហា​!​ ហើយ​ស្រលាញ់​គេ​យូរ​នៅ?» «​តាំងពី​ពេល​ខ្ញុំ​ឃើញ​គេ​នៅ​បារាំង​!» «​ប៉ុន្មាន​ឆ្នាំ ប៉ុន្មាន​ខែ?» «៣៨​ខែ​គត់​!» «​តស៊ូ​ទៅ​!» «​ឮ​​អត់ ជាង​បី​ឆ្នាំ​ហើយ នៅ​ល្ងង់​មិន​ចោល​គេ​! អាឡូវ​តស៊ូ​ទៀត​ទៅ​!» «​ស្មានថា​មាន​យោបល់​អី​ល្អ​! តាមពិត​ឆ្លៀត​មក​ថា​ឱ្យ ជាន់​ថែម​!» «​យើង​ផឹក​ដល់​ភ្លឺ​សម​ណាស់ ព្រោះ​ជា​ពេល​មនុស្ស​កម្សត់​មក​រក​ឃើញ​គ្នា​!» «​រឿង​ម៉ាឌី​​មាន​កម្សត់​អី​ប៉ុន្មាន​ទេ​!» «​រៀន​យល់​ចិត្ត​អ្នកដទៃ​ផង!»។​

បុរស​ឈាន​ទៅ​ឈរ​ក្បែរ​បង្អួច​ សម្លឹង​ទេសភាព​ដង​ទន្លេ មុន​ពេល​ដើរ​ទៅ​រក​បន្ទប់​​​ទឹក​ហើយ ឱន​លុបលាង​ទឹកភ្នែក​ដែល​ស្ងួត​កក​តាំងពី​មន្ទីរ​​ពេទ្យ​មក។​
​ស្នូរ​បើកទ្វារ​លាន់​ឡើង​ពី​ក្រោយខ្នង​នាយ។​

ប្រុស​ស្អាត​ងើប​មុខ​ភ្ញាក់​ ហើយ​សម្លឹង​ខ្លួនឯង​ក្នុង​កញ្ចក់ ​មុន​ពេល​បែរ​យឺត​ៗ​សម្លឹង​ទៅកាន់​សាឡុង។​
​នៅ​ទី​នោះ​ស្រី​ស្អាត​បង្ហាញខ្លួន ។​
​នាង​បោះ​កាបូប​ទៅ​ម្ខាង​ក្នុង​ទឹកមុខ​ហាក់​មិន​សប្បាយ​ចិត្ត​ហើយ ហើយ​លើកដៃ​ទាំង​ពីរ​ឡើង ​ដោះ​អាវ​យឺត​ចេញ​មក​ដែរ។

បន្ទាប់ពី​ភាព​ភ្ញាក់ផ្អើល ម៉ាឌី​​ទៅ​ជា​ភាំង។​
​ជា​លើក​ដំបូង​ដែល​ស្រី​ស្អាត​នេះ បង្ហាញ​ខ្លួន​ចំពោះ​មុខ​នាយ​ក្នុង​សភាព​មាន​តែ​អាវ​ក្នុង​តូច​កំពិត។​
​ពេជ្រ ​ដា​ណែន​ឯណា​នឹក​ស្មាន​ថា​គេ​មក​នៅ​ទី​នេះ ហើយ​កំពុង​ឈរ​នៅ​ក្រោយ​ខ្នង​នាង។​
​ស្រី​ស្អាត​បែរ​ខ្វាក​ទាំង​ទឹកមុខ​ក្រៀម​ស្រពោន ហើយ​នាង​របូត​អាវ​ពី​ដៃ ពេល​ឃើញ​បុរស​នេះ​ឈរ​ធ្មាំង​ពី​បន្ទប់​ទឹក​សម្លឹង​មក។

ទោះបី​នាង​ធំ​ធាត់​ឡើង​នៅ​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​នៅ​ចំពោះ​មុខ​បុរស​ម្នាក់​ ដែល​នាង​ស្រលាញ់​គ្មាន​ស្រី​ណា​ទ្រាំ​ធ្វើ​មិន​អៀន​ខ្មាស​បាន ​ដែល​ខ្លួនឯង​កំពុង​​អាក្រាត​ចំ​ពោះ​មុខ​នាយ​ ដោយ​មិន​បាន​តាំងចិត្ត​បែប​នេះ​ឡើយ។
​ពេល​នេះ កែវភ្នែក​ម៉ាឌី​​ទាំង​សង​ត្របាញ់​មក​រក​រាងកាយ​នាង​ និង​លំហ​គល់​ក​ភ្ជាប់​ទៅ​ដើម​ទ្រូង ​ដ៏​មាន​ស្នេហ៍​របស់​នារី​ម្នាក់​នេះ​ទៅ​ហើយ។​

កែវភ្នែក​និង​ពណ៌​សម្បុរស្បែក​នាយ ប្រែ​ទៅ​ជា​ក្រហម​ដូច​ត្រូវ​បាន​ដុត​ដោយ​ព្រះអគ្គី។ ពេល​នាង​រក​អ្វី​និយាយ​មិន​ចេញ បុរស​នេះ​ដើរ​មួយ​ៗ​សំដៅ​មក ធ្វើ​ឱ្យ​ពេជ្រ ដាណែន​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង ​ដើម្បី​បញ្ឈប់​​​គេ។
​ស្រី​ស្អាត​ឈ្ងោក​ទៅ​ទាញ​លើក​អាវ​មក​វិញ ប៉ុន្តែ​គេ​មកដល់​ជា​ស្រេច​ពេល​អាវ​នាង​នៅ​ក្នុង​ដៃ ហើយ​កាយវិការ​នាង​សែន​យឺត​សែន​ស្ទក់។
​«​ម៉ាឌី…»
​នាង​ហៅ​បុរស​នេះ​តិចៗ ហើយ​ចង់​ពង្វាង​និយាយ​អ្វី​ផ្សេង​ តែ​និយាយ​មិន​ចេញ​បាន​ជា​កំបុត​ត្រង់​ណេះ។

ប្ដូរ​ពី​សភាព​ខូចចិត្ត​អាណិត​ខ្លួន​ មក​ពើប​និង​បរិយាកាស​មហា​រ៉ូមែនទិក​ដ៏​ចៃដន្យ​ដូច​ព្រះ​ប្រទាន បេះដូង​បុរស​នេះ​លោត​ញាប់​ស្ទើរ​របើក​ទ្រូង​ ហើយ​ហត្ថា​ទាំង​សង​លូក​មក​ត្រកង​ប្រាណ​ស្រី​ស្អាត​ទាំង​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​​ធ្វើ​អ្វី។

នាង​រុញ​ដៃ​នាយ​ចេញ​តាម​សភាវៈ​ធម្មជាតិ​របស់​មនុស្ស​ស្រី​ តែ​រុញ​កាល​ណា​បុរស​នេះ​កាន់​តែ​ត្រឡប់​ចូល​មក​ដដែល​ជា​ដដែល។
​នាង​លើក​ដៃ​ទាំង​សង​ខាង ​ដែល​កាន់​អាវយឺត​ជាប់​នៅ​ឡើយ​នោះ​ មក​បិទ​បាំង​ការពារ​ដើម​ទ្រូង ដោយ​បង្វិល​ខ្លួន​ឱ្យ​ខ្នង​ទៅ​នាយ ព្រោះ​សេចក្ដី​អៀនខ្មាស​ជ្រួលច្រាល់។

បាន​ស្មា​នាង​មក​កៀក​ក្បែរ បុរស​នេះ​ឱន​មក​ស្រង់​ក្លិន ​ហើយ​ននៀល​មិន​ចាក​ចេញ​ពី​ទី​នោះ។​
​សម្ដី​​ម្ដាយ​​នាយ​នៅតែ​លាន់​មក​រំពង​ក្នុង​អារម្មណ៍ ​«​មនុស្ស​ស្រី បើ​អត់​ស្រលាញ់​ឯង គឺ​អត់​ហើយ! ដូច​យើង​អ៊ីចឹង​ ឯង​ឃើញ​ហើយ​មួយ​ជីវិត​នេះ​ មាន​តែ​ការ​ចងពៀរ នេះ​ហើយ​លទ្ធ​ផល​ស្នេហា​បង្ខំ​​ចិត្ត​»​
​គេ​ខ្សឹប​តិចៗ​ទាំង​កំពុង​តែ​ថើប​ថ្នម​ស្មា​ស្ដាំ​ស្រី​ស្អាត៖
​«​ស្នេហា​យើង​មិន​មែន​ជា​ការ​បង្ខំ​​ចិត្ត​ទេ​ មែន​ទេ?​ វា​មិន​មែន​ជា​ស្នេហា​មិន​ពិត​ទេ​ មែន​អត់​ពេជ្រ​ ដា​ណែន​»​
​ពេជ្រ​ ដា​ណែន​នៅ​ស្ងៀម​ ព្រោះ​កំពុង​ចាប់​អារម្មណ៍​ពិចារណា​នឹង​សម្ដី​​របស់​នាយ​។ ​មិនមែន​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ គេ​នៅតែ​សង្ស័យ​ចំពោះ​ស្នេហា​មួយ​នេះ​ទេ​ដឹង។

​នាង​នឹកឃើញ​ដល់​សម្ដី​​ខ្លួនឯង​ មុន​ពេល​បែក​ពី​នាយ​នៅ​បាត់​ដំបង។​
​«​ម៉ាឌី​​ពីមុន​មិនមែន​អ៊ីចឹង​ទេ​!» «​ក្រែង​យើង អ្នក​មិន​ចង់​ទៅ​ខ្លួនឯង​!​ បើ​អ៊ីចឹង​​អ្នក​ណា​បង្ខំ​​បាន? ជិត​ស្លាប់​ចង់​ជួប​អ្នក​នេះ ពេល​រស់​ឡើង​វិញ នឹក​ដល់​អ្នក​ផ្សេង​! ឆ្អែត​ពេក​ហើយ​ពេជ្រ​ ដា​ណែន​! មនុស្ស​ណា៎! មនុស្ស ទោះ​មិន​ចេះ​ខឹង ក៏​ចេះ​ឈឺចាប់​!​ មិន​អ៊ីចឹង​​គេ​មិន​ហៅ​មនុស្ស​ទេ​ពេជ្រ​ ដា​ណែន!» «​បើ​ខ្ញុំ​រក​ខុសត្រូវ​ឱ្យ​ខ្លួនឯង​ហើយ​ ម៉ាឌី​​ត្រូវ​កើតទុក្ខ​! ជាតិ​នេះ ខ្ញុំ​មិន​ធ្វើ​ទេ​!​ ខ្ញុំ​សុខចិត្ត​បំភ្លេច​ចោល​គ្រប់​យ៉ាង​ហើយ​ទៅ​ជាមួយ​ម៉ាឌី​​!»​

នាង​ដក​អារម្មណ៍​ចេញពី​ការ​គិត ហើយ​ដកដង្ហើម​ធំ​និយាយ​មួយ​៖​
​«​បើ​ម៉ាឌី​​មិន​ជឿ គឺ​វា​នៅតែ​មិន​ពិត​រហូត​!»​
​បុរស​នៅ​ស្ងៀម ​លែង​ថើប​នាង​ហើយ​ព្រលែង​ដៃ​ចេញ​យឺត​ៗ។​
​នាង​លើ​កអាវ​មក​ពាក់​វិញ មុន​ពេល​និយាយ​ពន្យល់៖
​«​បង​ត្រា​ត្រូវ​ទៅ​រក​ប្អូន​ប្រុស​ភ្លោះ​ពីរ​នាក់​របស់​ដាមិកា​ ពួកគេ​ជា​អ្នក​បន្តវេន​Red Index»​
​គេ​ងាក​ម​មក​សម្លឹង​នាង​សាជាថ្មី។ នាង​មាន​ភាព​តឹងតែង​លើ​ផ្ទៃមុខ ​ប៉ុន្តែ​គេ​ដែល​បង្ខំ​​ឱ្យ​នាង​ត្រូវ​និយាយ​ពាក្យ​នេះ​ចេញ​មក ។

ម៉ាឌី​​រេ​ភ្នែក​ពិចារណា។
​លីន​រ៉ា​ណា​និង​ឧកញ៉ា​សោភ័ណ​មាន​ពាក្យ​ចចាមអារ៉ាម​ថា អាច​មាន​កូន​លើស​ពី​សោភ័ណ​ រ៉ាវី​ និង​សោភ័ណ​ ដាមិកា​​ ប៉ុន្តែ​នាយ​មិនដែល​ដឹង​ថា​ជា​កូន​ប្រុស​ហើយ​ភ្លោះ​ទៀត?
​ពេល​ម៉ាឌី​​នៅ​ទ្រឹង​គិត ​នាង​និយាយ​បន្ថែម៖
​«​ពីរ​នាក់​នោះ​ទទួល​ការ​ទំនុក​បម្រុង​ពី​ដាមិកា​​ជា​សម្ងាត់​រហូត​មក! បើ​ដាមិកា​​ខ្លួនឯង​មិន​ដឹង​ថា​អាច​រង​គ្រោះ​ដល់​ជីវិត ក៏​មិន​និយាយ​ផ្ដាំ​បង​ត្រា​ឱ្យ​ផ្ចុងផ្ដើម​ពួកគេ​នោះ​ដែរ​!​ ហើយ​បើ​មិន​ដោយសារ​ហេតុផល​នេះ ក៏​បង​ត្រា​មិន​ចង់​រស់ មិន​ចង់​វិល​មក​កម្ពុជា​ដែរ ម៉ាឌី​​ឃើញស្រាប់​ហើយ​កាល​នៅ​ម៉ាឡេស៊ី​!»

បុរស​នេះ​ដក​ដង្ហើម​ធំ លូកដៃ​មក​ឱប​ប្រាណ​នាង​ពី​ក្រោយ​ខ្នង តែ​មិន​និយាយ​អ្វី​ ទុក​ឱ្យ​នាង​និយាយ​បន្ត៖
​«​ចប់​រឿង​នេះ យើង​អាច​ចាកចេញ​ពី​ភ្នំពេញ​បាន​!»​
​តាម​រយៈ​កញ្ចក់​បង្អួច​ដែល​នៅ​ចំពោះ​មុខ នាង​ឃើញ​ម៉ាឌី​​ញញឹម។

នារី​នេះ​និយាយ​បន្ថែម​ នៅ​ពេល​ដែល​បុរស​នេះ​នៅ​ស្ងាត់ស្ងៀម​ ពេល​មាន​នាង​ក្នុង​រង្វង់​ដៃ៖
​«​ស្នេហា​ពិត​មួយ វា​អាច​មាន​ជីវិត​យូរអង្វែង​ទៅ​បាន មិន​មែន​អាស្រ័យ​លើ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ​ជាមួយ​គ្នា​ប៉ុន្មាន​ដង ឬ​នៅ​ជាមួយគ្នា​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទេ ប៉ុន្តែ​វា​អា​ស្រ័យ​លើ​ការ​ស្មោះ​ត្រង់ ជឿ​គ្នា​ហើយ​យល់ចិត្ត​គ្នា​!»​
​«​សុំទោស​!»​
​ម៉ាឌី​​និយាយ​តិចៗ។​

គេ​និយាយ​បន្ត​ពេល​នាង​ឈ្ងោក​មុខ​ហើយ​ញញឹម​៖​
​«​មនុស្ស​ដា​ណែន​ជា​មនុស្ស​ល្អ​កម្រ​រក​! ​កុំ​ប្រកាន់​ជាមួយ​មនុស្ស​គំនិត​ចង្អៀត​ម្នាក់​នេះ​បាន​អត់?»​
​ដា​ណែន ងើបមុខ​ហើយ​ញញឹម បែរ​ខ្លួន​មក​រក​នាយ។ ម៉ាឌី​​បោះបង់ចោល​នូវ​​ភាព​ទោមនស្ស​ក្រៀមក្រំ។ គេ​សម្លឹង​ផ្ទៃមុខ​ស្រី​ស្អាត ដែល​ជានិច្ច​ជា​កាល​មាន​ភាព​ថ្លៃថ្នូរ​និង​ប្រាកដប្រជា។​
​«​ម៉ាឌី​ ដឹង​ថា​ដា​ណែន​មិនបាន​រត់ចោល​ម៉ាឌី​ មិន​ទៅ​ស្រុក​បារាំង សុខចិត្ត​ចោល​សំបុត្រ​យន្ត​ហោះ​! បង​ឆ្កួត​មួយ​ពេល ដា​ណែន​កុំ​ប្រកាន់ អូ​ខេ​!»​

ហេតុអ្វី​នៅ​លើ​លោក​នេះ គ្រប់​គ្នា​ទន្ទេញ​ពាក្យ​ចង់​បាន​សេចក្ដី ​«​ស្នេហា​ពិត​»?​​
​ងាយ​យល់​បំផុត គឺ​ថា​ក្ដី​ស្រលាញ់​​ពិត​ គឺ​ជា​ការ​ស្រលាញ់​ដែល​មិន​ងាយ​ផ្លាស់ប្ដូរ ជា​ការ​ចែក​រំលែក​រវាង​មនុស្ស​ម្នាក់​និង​ម្នាក់​ទៀត ​ដូចជា​គ្រប់​យ៉ាង​កំពុង​កើត​មាន​លើ​ខ្លួនឯង​ផ្ទាល់​ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​ងាយ សម្របសម្រួល ថែម​ទាំង​អាច​ដោះស្រាយ​ឧបសគ្គ​នានា​បាន​ជានិច្ច​ជា​កាល។

ភាគ​បញ្ចប់

​៣​ខែ​ក្រោយ​មក…..
​នៅ​ក្នុង​ពន្ធនាគារ សូ​ត្រា​អង្គុយ​ពី​មុខ​តុ​ដែល​ទុក​សម្រាប់​ភ្ញៀវ​រង់ចាំ​ជួប​សួរ​សុខទុក្ខ​អ្នក​ទោស។ នេះ​ជា​លើក​ទី​ពីរ និពន្ធ​នាយក​មក​លេង​លេខា​ម្នាក់​នេះ ដែល​កាល​ពី​លើក​ទី​មួយ​មុន​ការ​ស្លាប់​របស់​សោភណ័ ​រ៉ាវី​ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។
«លើក​នេះ​ខ្ញុំ​មក​ដៃ​ទទេ!»
​បុរស​សង្ហា​និយាយ​តិចៗ ធ្វើ​ឱ្យ​លីន​រ៉ា​ណា​ញញឹម​ស្ងួតស្ងប់​ហើយ​ងក់ក្បាល។ នាយ​សម្លឹង​រូបរាង​ស្ត្រី​នេះ​ពី​លើ​ដល់​ក្រោម​មុន​ពេល​និយាយ​ស្រាលៗ៖
​«​ខ្ញុំ​ដឹង​ថា ឧកញ៉ា​សោភ័ណ ​ពិសិដ្ឋ គិតគូរ​សុខទុក្ខ​បង​បាន​ល្អ​ហើយ​!»​
​លីនរ៉ាណា​អញ្ចឹង​គិត​មុន​ពេល​សួរ​មួយៗ៖
​«​លោក​បាន​ជួប​គេ​?»

​សូ​ត្រា​ឈ្ងោក​មុខ​ត្រិះរិះ​បន្តិច មុន​ពេល​ងើប​មុខ​មក​វិញ​ហើយ​ឆ្លើយ​ប្រាប់៖
​«​បាទ​!»​
​លីន​រ៉ា​ណា​សម្លឹង​យឺតៗ ហាក់​បី​ក្នុង​ចិត្ត​ស្ត្រី​នេះ​ដឹង​ថា មាន​សាច់រឿង​បន្ត​ទៀត​ដែល​បុរស​នេះ​ចង់​ឱ្យ​គាត់​ដឹង តែ​គេ​មិន​ទាន់​ដាច់​ចិត្ត​និយាយ។ ​យល់ចិត្ត​គាត់​សូត្រា​និយាយ​បន្ថែម៖
​«​ម្សិល​មិញ​ខ្ញុំ​ទើប​តែ​មកពី​ឧត្តរមានជ័យ​ជាមួយ​គាត់!»
​លីន​រ៉ា​ណា​បើក​ភ្នែក​ធំៗ សូ​ត្រា​ដកដង្ហើម​ឃូរ​ហើយ​និយាយ​បង្ហើយ៖
​«​នាំ​គាត់​ទៅ​ជួប​កូន​ភ្លោះ​ប្រុស​ទាំង​ពីរ​របស់​បង! ព្រោះ​ខ្ញុំ​សម្រេច​ចិត្ត​ចេញ​ទៅ​ឆ្ងាយ! ខ្ញុំ​គ្មាន​ឱកាស​មើលថែ​ពួក​គេ​ទៀត ដូច្នេះ​មាន​តែ​ពឹង​គាត់!»

​លីន​រ៉ា​ណា​ដក​ដង្ហើម​វែង មុន​ពេល​ងក់ក្បាល​ព្រម​ទទួល​យក​ព័ត៌មាន​នេះ។
​«​ពួកគេ​ធំ​អស់​ហើយ! តំណែង​នៅ​ Red Index មិនមែន​ពិបាក​ប៉ុន្មាន​សម្រាប់​ពួកគេ​ទេ! ចំណែក​បង​ខ្លួនឯង​ក៏​ជិត​បាន​ចេញពី​កន្លែង​នេះ​ ទៅ​ជួយ​រុញច្រាន​ពួកគេ! ឯកសារ​ផ្ទេរ​មរតក ដា​មិកា​មាន​កត់ត្រា​ច្បាស់​ហើយ គេ​ប្រាប់​ខ្ញុំ​ឱ្យ​យក​ទៅ​ឱ្យ​អ្នកច្បាប់​! គ្រប់​យ៉ាង​ដំណើរការ​រលូន​រួចរាល់​តាម​គម្រោង​របស់​គេ​! ហើយ​ក៏​បង​ដឹង​មែន​ទេ​ថា អ្នក​វិល័យ​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន!»
​លីន​រ៉ា​ណា​ងក់​ក្បាល។

​«​អរគុណ​សម្រាប់​គ្រប់​យ៉ាង​ខៀវ​សូត្រា!»
​បុរស​ងក់ក្បាល ហើយ​ញញឹម៖
​«​ខ្ញុំ​ធ្វើ​ដើម្បី​គេ! ដា​មិកា!»
​ជា​លើក​ដំបូង​ដែល​លេខា​សង្កេត​ឃើញ​បុរស​នេះ​ញញឹម។ ​ប្រហែល​គេ​យល់ថា​ខ្លួនឯង​បាន​ដាក់​អម្រែក​សន្យា​ចុះ​រួចរាល់ ហើយ​អាច​ប្ដូរ​ទៅ​រស់​ក្នុង​សន្តិភាព​បាន។​

នៅ​តាម​ផ្លូវ​ដែល​វែង​អន្លាយ​និង​សែន​ឯកា គេ​បើកឡាន​ស្ងប់ស្ងាត់​ម្នាក់ឯង ហើយ​ចូល​ចត​ក្នុង​សណ្ឋាគារ​ដែល​ធ្លាប់​លួចលាក់​ស្នាក់នៅ​ជាមួយ​គ្នា។​
​នៅ​ក្នុង​បន្ទប់​ដែល​គ្រប់យ៉ាង​ហាក់​នៅ​ដូចដើម នាយ​ស្រមៃ​ឃើញ​ក្លិន​ខ្លួន​ស្រី​ស្នេហ៍ ដែល​នៅ​ជាប់​នាសា មិន​ថា​ទៅដល់​កន្លែង​ណា ដូច​មាន​នាង​ជាប់​តាម​គ្រប់​ជំហាន។
​«​លោក​និង​មិន​សរសេរ​រឿងរ៉ាវ​ដ៏​អាម៉ាស់​ក្នុង​រង្វង់​គ្រួសារ​ខ្ញុំ ដែល​លោក​ទើប​នឹង​ដឹង​នេះ​ទេ ខៀវ​សូត្រា!» «​ពួក​យើង​មិន​ទម្លាប់​ឈឺឆ្អាល​រឿង​ផ្ទាល់ខ្លួន​របស់​អ្នកណា​ទេ​ នាយិកា​! ​រហូតដល់​ពួកគេ​ធ្វើ​រឿង​ខុសច្បាប់ យើង​នឹង​លាតត្រដាង​!» «​ចុះ​រឿង​កាហ្វេ​ពុល​នេះ​?» «​ដំរី​ស្លាប់ នាង​ចង់​យក​ចង្អេរ​លាក់​? ខ្ញុំ​អាច​ព្រងើយ​មិន​ដឹង​មិន​ឮ ប៉ុន្តែ​នាង​ចូល​មក​ពេទ្យ! គេ​មាន​កំណត់ត្រា​!​ នៅ​ហាង​កាហ្វេ​គេ​មាន​កាមេរ៉ា មាន​ប៉ូលិស​ចុះ​ត្រួត សំណុំរឿង កំពុង​កសាង……»

​«​ខ្ញុំ​គិត​ថា ​បងប្រុស​ខ្ញុំ​ចេះ​លេង​ក៏​ចេះ​សំអាត​!​ ប៉ុណ្ណឹង​ប្រហែល​ជា​មិន​អី​ទេ​!​ ប៉ុន្តែ​បើ​លោក​សរសេរ​ពី​រឿង​មិញ ដែល​លោក​បាន​ឃើញ លោក​ដឹង​ហើយ​អ្នកណា​ខ្លះ​នឹង​មាន​បញ្ហា​!»​
​គេ​ញញឹម​ពេល​នឹកឃើញ​បបូរមាត់​ និង​សំឡេង​ក្រអួន​ពេញ​ដោយ​ថាមពល​របស់​នារី​មាន​អំណាច។ ដៃ​និពន្ធ​នាយក​រាវ​រក​ដប​ស្រា​ដែល​រាល់ពេល​ជួប​គ្នា ពួកគេ​បាន​បំភ្លេច​គ្រប់យ៉ាង​ហើយ​សោយសុខ​ទាំង​ពីរ​កាយ ​ប៉ុន្តែ​ពេល​នេះ មាន​នាយ​នាយ​ម្នាក់ឯង​លើក​កែវ​ម្ដង​ហើយ​ម្ដង​ទៀត​ លួងលោម​បេះ​ដូង​រងា។
​ក្រេប​ស្រា​ក្ដៅ​ឆួល គេ​នឹក​ចត់​ពេញ​មាត់ គេ​នឹក​ឃើញ​ដល់​មនុស្ស​យល់​ចិត្ត​ ដែល​នាង​ពេល​ណា​ក៏​មើល​ពី​ក្រៅ​ទៅ​ហាក់​បី​ដូច​ជា​មនុស្ស​ពិបាក តឹងតែង តែ​បេះដូង​របស់​នាង​ទន់​ភ្លន់ ​ហើយ​ស្មោះស្ម័គ្រ។

«​បង​អរគុណ​ដែល​បាន​ស្គាល់​អូន! បង​គ្មាន​សូម្បីតែ​ឱកាស ក្នុង​ការ​ប្រាប់​ថា ខៀវ ​សូត្រា​មិន​ដែល​ស្ដាយ​ក្រោយ​ទេ​ ដែល​បាន​ស្គាល់​សោភ័ណ ​ដាមិកា!»
​គេ​ធ្មេច​ភ្នែក​ក្នុង​អាង​ទឹក​ក្ដៅ ប្រើ​ចេតនារម្មណ៍​ស្រមៃ​ដល់​គ្រា​រួម​រស់​ស្នេហា ​ដែល​ដឹង​ត្រឹម​តែ​ពីរ​នាក់។ ជីវិត​ដែល​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​បាន​បាត់បង់​ទៅ​ម្នាក់ ហើយ​ទុក​ម្នាក់​នៅ​សល់​នា​កន្លែង​ចាស់ តើ​អ្នក​ទៅ​ឬ​អ្នក​នៅ​ដែល​ខ្លោចផ្សា?
​«​បង​ដឹង​ថា​អូន​មិន​ចង​ឱ្យ​បង​ឈឺចាប់​! បង​អាច​ធ្វើ​បាន! ​បង​អាច​ញញឹម​រាល់ពេល​ដែល​នឹកឃើញ​ដល់​អូន​ ប៉ុន្តែ​ជីវិត​ត​ទៅ​មុខ បង​មិន​ដឹង​ថា បង​អាច​កុហក​ពិភព​លោក​នេះ​បាន​យូរ​ប៉ុនណា! បង​មាន​រឿង​ជាច្រើន​ដែល​គ្រោង​នឹង​ប្រាប់​អូន​ជា​យូរ​មក​ហើយ​ថា ហេតុអ្វី​បាន​ជា​បង​ខឹង ស្រលាញ់ ហើយ​មិន​អាច​បំភ្លេច​អូន ប៉ុន្តែ​នៅ​ទី​បញ្ចប់​បង​គ្មាន​ឱកាស សូម្បី​តែ​អាច​ឱ្យ​អូន​ឭ​ពាក្យ​ថា​បង​នឹក​អូន!»

​នាយ​បិទ​ភ្នែក​ដើម្បី​នឹង​រារាំង​តំណក់​ទឹក​នេត្រា​របស់​ខ្លួន​ ដែល​រមែង​តែង​ជ្រាប​ពេញ​ពេល​នៅ​ស្ងាត់​តែ​ម្នាក់ឯង។
​«​ជីវិត ពេល​ខ្លះ​គ្រាន់តែ​ជា​ឆាក​ល្ខោន​! មិន​បាច់​ចងចាំ​វា​ពេក ក៏​មិន​បាច់​ទុក​ជា​ការ​ពិត​ពេក​នោះ​ដែរ!»
​នេះ​គឺ​សូរ​សំឡេង​នាង​លាន់​មក​ក្នុង​បេះ​ដូង​នាយ។ ​ឭ​ហើយ​សូត្រា​ពោល​តិចៗ​ប្រាប់​បេះដូង​ខ្លួនឯង​វិញ៖
​«​ទោះ​នេះ​ជា ក្ដី​ស្រមៃ​តែ​បង​ចូលចិត្ត​ស្រមៃ​ថា ​អូន​និយាយ​រក​បង​!​ បង​ស្រមៃ​ថា​អូន​នៅ​ក្បែរៗ​បង ហើយ​នៅ​បែប​នេះ​រហូត​តទៅ! ​ពាក្យ​ថា​រហូត​តទៅ គឺ​វា​យូរ​ខ្លាំង​ណាស់ ប៉ុន្តែ​បង​មិន​ដែល​ទោមនស្ស​ទេ ក្នុង​ការ​ចំណាយ​វា​ចងចាំ​អូន​! ​កុំ​ខឹង​ហើយ​កុំ​គិត​ថា​ បង​ធ្វើ​ឱ្យ​អូន​ទៅ​ដោយ​មិន​ស្ងប់»
​«​បាន!»

​បបូរ​មាត់​នាង​ផ្អឹប​មក​ថើប​នាយ ហើយ​ចំហាយ​ក្តៅៗ​នៃ​ដង្ហើម​ស្នេហា​បាន​ឆ្លងកាត់​បរិយាកាស​ចូល​មក​រក​បេះ​ដូង​នាយ ដូច​រាត្រី​ដំបូង​នៅ​សិង្ហបុរី​ដែល​ស្រី​អ្នក​មាន​ចែចង់​និពន្ធ​នាយក​កម្សត់។​ គេ​ជ្រួញ​ចិញ្ចើម​បម្រុង​បើកភ្នែក។
​«​ប៉ុន្តែ….. ពេល​បង​បើក​ភ្នែក​ឡើង​អូន​នឹង​រលាយ​បាត់​ទៅ តើ​ពិត​មែនដែរ​ទេ? បង​កំពុង​ស្រវឹង​ជ្រុល ដល់​ថ្នាក់​ស្រមៃ​ជ្រាលជ្រៅ​យ៉ាង​នេះ! ​អូ​ខេ! បង​មិន​បញ្ចប់​សុបិន​នេះ​ទេ!»
​បុរស​ញញឹម​នៅ​ក្រោម​សេចក្ដី​សុខសាន្ត​ ហើយ​លង់​លក់​តាំងពី​ពេល​ណា​ក៏​មិន​ដឹង។​
​គេ​ដឹងខ្លួន​នៅ​ពេល​ព្រឹក​ព្រលឹម​ដូច​រាល់ដង។

​ដៃ​គេ​ញី​ក្បាល​ហើយ​ញញឹម​នឹក​ដល់​សុបិន​​ស្នេហ៍​កក់ក្ដៅ​កាលពី​រាត្រី ប៉ុន្តែ​កណ្ដឹង​ទ្វារ​បាន​រំខាន​សុភមង្គល​បន្តិច​បន្តួច។​
​នាយ​ក្រោយ​ទៅ​បើកទ្វារ…..
​«​បង ដល់​ពេល​ត្រូវ​ទូទាត់​ថ្លៃ​បន្ទប់​ទៀត​ហើយ​!»​
​«​បាន​!!»​
​គេ​ឆ្លើយតប ហើយ​ទទួល​យក​វិក្កយបត្រ​មក​អាន​ មុន​ពេល​ហុច​កាត​ធនាគារ​ទៅ​ឱ្យ។ សូត្រា​និយាយ​បន្ថែម៖
​«​ហើយ ប្អូន​អាច​យក​បន្ទប់​នេះ​ទៅ​រកស៊ី​វិញ​បាន ​ព្រោះ​ថ្ងៃស្អែក​បង​ចេញ​ពី​ភ្នំពេញ​ហើយ​!»
​គេ​រៀបចំ​អីវ៉ាន់​ហើយ​ចាកចេញ​មក។

​រយៈពេល​បី​ខែ រស់នៅ​ជាមួយ​អនុស្សាវរីយ៍​នាង​បាន​បន្សល់ទុក វា​ជា​ពេលវេលា​មួយ​ដែល​នៅ​ពេល​ថ្ងៃ​ប្រឹង​ធ្វើ​កិច្ចការ​ជា​ច្រើន​បន្លប់​ខ្លួនឯង​ហើយ នៅ​ពេល​យប់​គេង​បន្លប់​ខ្លួនឯង​ថា អារម្មណ៍​កក់ក្ដៅ​ នៅ​ក្នុង​បេះដូង​ដែល​ស្នេហា​ពិត​របស់​នាង​បាន​បន្សល់ទុក​មក វា​មិនទាន់​រលាយ​ទៅ​ណា​បាត់​នៅ​ឡើយ ហើយ​ពេល​នេះ​ទៀត គេ​ស្ពាយ​យក​នាង​ទៅ​ជាមួយ​គ្រប់​ទីកន្លែង។​
​គេ​លើ​ដៃ​មក​បិទបាំង​ផ្ទៃមុខ​ខ្លួន មួយ​កំណាត់​បញ្ចេញ​តែ​កែវភ្នែក​ទាំង​គូ​មក​ក្រៅ កុំ​ឱ្យ​អ្នកធ្វើ​ដំ​ណើរ​ក្បែរៗ​មើល​ឃើញ​យល់​ខុស​ថា ប្រុស​ម្នាក់​នេះ​មាន​ជំងឺ​និយាយ​ស្ដី​ម្នាក់ឯង។
​ភ្លាម​នោះ​សូត្រា​ជាន់​ហ្វ្រាំង….. ហើយ​គេ​ឱន​សម្លឹង​ប្រអប់​ដៃ​ខ្លួនឯង។
​«​ហេតុ​អី​មាន​ក្លិន​ទឹកអប់​គេ​? យើង​នេះ​ដែល​លាប​ទឹក​អប់​ពី​ពេល​ណា​មក​!?»

​គេ​នឹក​ឃើញ​ឡើង​វិញ​នូវ​ទិដ្ឋភាព​ជា​ច្រើន ដែល​កាលពី​យប់​គេ​យល់ថា វា​ជា​ការ​ស្រមៃ​ក្នុង​ពេល​ស្រវឹង​ដាប។​
​កន្ទុយភ្នែក​បុរស​នេះ ឃើញ​រថយន្ត​មួយ​បោល​មក​ក្បែរ​ហើយ​ឈប់​ង៉ក់ គេ​កំពុង​ពិចារណា​ពី​រាត្រី​កន្លង​មក​របស់​ខ្លួន ក៏​មិន​ចង់​ទៅ​ចាប់​អារម្មណ៍​អ្វី នឹង​អ្នក​ដែល​មក​ចត​កៀកកិត​ក្បែរ​គ្នា​នេះ​ដែរ ប៉ុន្តែ​មិន​ដឹង​ហេតុអ្វី​គេ​ងើប​មុខ​ឡើង​វិញ​ជា​លើក​ទី​ពីរ។​
​ប្រាកដ​ណាស់ គេ​ឃើញ​នាង។​
​អ្នក​បើក​រថយន្ត​ពណ៌​ខ្មៅ​ញញឹម​ពព្រាយ​មក​រក​នាយ​ ហើយ​បោល​ហួស​ផុត​ទៅ​ក្នុង​ពេល​សូ​ត្រា​កំពុង​ស្រលាំងកាំង។

​«​យើង​នៅ​ស្រវឹង​? ឬ​មួយ​យើង​នឹក​គេ​ពេក​ឡប់​បាត់​ហើយ?»
​និពន្ធ​នាយក សួរ​ខ្លួនឯង​បែប​នេះ ​ព្រោះ​នារី​ដែល​បើកបរ​ខ្លួនឯង​ហើយ​ញញឹម​មក​រក នាយ​អម្បាញ់មិញ​គឺ«ដាមិកា»។
​ស្នូរ​ស៊ីផ្លេ​កាត់ផ្ដាច់​ការ​គាំង​ភ្លឹក​របស់​ខៀវ ​សូ​ត្រា​ ឱ្យ​គេ​ស្រវា​បើកឡាន​បន្ត​ទៅ​មុខ​ទៀត។
​នៅ​ពី​មុខ​នាយ រថយន្ត​នោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ​ហាក់បីដូចជា​អ្នកបើកបរ​មាន​ចេតនា​ចង់​ឱ្យ​សូ​ត្រា​អាច​ប្រដេញ​តាម​ទាន់​អ៊ីចឹង​ដែរ ដូច្នេះ​និពន្ធ​នាយក​បន្ថែម​ល្បឿន។
រថយន្ត​បោល​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង។ ​អារម្មណ៍​បុរស​នឹកភ្នក​ទៅ​ដល់​ភូមិ​នេសាទ​អនុស្សាវរីយ៍​កម្សត់ ​ដែល​ពួកគេ​ធ្លាប់​បាន​ស្នាក់នៅ​មួយ​ខែ ​បន្លំ​ភ្នែក​សូម្បីតែ​ពេជ្រ ​ដា​ណែន​ក៏​ខឹង​នាយ​ជា​ពន់​ពេក ចំពោះ​ករណី​នេះ។

​ឡាន​ខាងមុខ​ស៊ីញ៉ូ​ឈប់ ធ្វើ​ឱ្យ​បេះដូង​នាយ​កាន់​តែ​ហេងហាង។
​ប្រុស​ស្អាត​បែរ​រក​កន្លែង​ចត​ឡាន​តាម​ដែរ​យ៉ាង​អន្ទះសា។ ទម្រាំ​ពេល​ដែល​នាយ​ចត​ឡាន​រួចហើយ​អាច​ឈាន​ជើង​ចុះ ពី​ជំនិះ​បាន ស្រី​ម្នាក់​ដែល​បើកឡាន​នោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ភូមិ​នេសាទ​មុន​បាត់​ទៅ​ហើយ។​
​«​ម៉េច​ក៏​ដូច​គេ​ម៉េះ​?»​
​នាយ​និយាយ​ចេញ​មក​តិចៗ​ ព្រោះតែ​អារម្មណ៍​ហោះហើរ​ស្ទើរ​ហើប​ជើង​ពី​ដី។ ស្រី​ស្អាត​ត្រូវ​បាញ់​បំបិទ​មាត់​ក្នុង​សមុទ្រ ​នាយ​ឃើញ​ផ្ទាល់​នឹង​ភ្នែក តើ​នាង​មក​ដើរហើរ​នៅ​ទី​នេះ​បាន​ដោយ​វិធី​ណា​? ប៉ុន្តែ​បើ​ជា មនុស្ស​ផ្សេង តើ​គេ​កំពុង​លេងល្បែង​អី​ដែល​ហាក់​មាន​ចេតនា​នាំ​នាយ​ឱ្យ​មកកាន់​ដែន​នេសាទ​នេះ​?​
​«​ឈ​ប់​!»

​គេ​ហៅ​ស្ត្រី​រាង​រាវ​ដែល​នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​គ្នា​ លើ​ស្ពានឈើ​វែង​អន្លាយ​ភ្ជាប់​ទៅ​ភូមិ​អ្នក​នេសាទ​តាម​បណ្ដោយ​ដង​ទន្លេ។​
​នារី​នោះ​ស្រាប់តែ​ឈប់​តាម​ការ​ហៅ​របស់​នាយ។ ​នៅ​ចំ​កណ្ដាល​ស្ពាន​ដែល​គ្មាន​អ្នកណា​ឆ្លងកាត់ សូត្រា​ឈរ​ភាំង​ដូច​រូប​ចម្លាក់​ ពេល​នាង​បែរ​មក​រក​ខ្លួន។
​ស្រី​ម្នាក់​នេះ គឺ​ដា​មិកា​ទាំង​សាច់​ទាំង​ឈាម ហើយ​ស្នាម​ញញឹម​របស់​នាង កំពុង​មាន​ឥទ្ធិ​ពល​ធ្វើ​ឱ្យ​សូ​ត្រា​វិល​វល់ មិន​ដឹង​ថា​អ្វី​ដែល​ខ្លួន​កំពុងតែ​ឃើញ​នេះ ជា​សុបិន​ឬ​ក៏​ជា​ការ​ពិត។
​ពេល​គេ​នៅ​គាំង​គ្មាន​សំឡេង នាង​បែរ​ខ្លួន​ត្រឡប់​ទៅ​វិញ​ហើយ បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ឈើ​ចុង​ផុត​គេ ​ជាទី​ដែល​សូ​ត្រា​ធ្លាប់​លេង​ល្ខោន​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ជិត​មួយ​ខែ។

​បុរស​ចាប់ផ្ដើម​រត់​ទៅ​ទាំង​អំណរ។
​ទោះ​បី​ថា​នេះ​ជា​សុបិន​ឬ​ការ​ពិត​ក៏​ដោយ​គេ ចង់​ឃើញ​នាង ហើយ​ចង់​ដឹង​ថា នាង​ដូច​ដា​មិកា​អី​យ៉ាង​នេះ? ​នាង​មាន​ទំនាក់ទំនង​អ្វី ជាមួយ​អគ្គនាយិកា Red Index បាន​ជា​ស្គាល់​កន្លែង​នេះ​ហើយ​មាន ចេតនា​នាំ​ផ្លូវ​នាយ​ឱ្យ​មក​តាម?
​សូត្រា​មក​ដល់​មាត់​ទ្វារ​ ឃើញ​ទ្វារ​បិទ​ទៅ​វិញ ​ហើយ​យល់​ថា​នាង​ប្រាកដជា​ចូល​ទៅ​ខាង​ក្នុង​ពេល​មុន​នេះ​នេះ។ បុរស​រុញ​ទ្វារ​ចូល។​
​កូន​ផ្ទះ​នៅ​ដូច​ដើម ប្រាកដជា​មាន​អ្នក​ណា​មក​រៀបចំ​ទី​នេះ​ឡើង​វិញ ​ឱ្យ​មាន​សណ្ឋាន​ដូច​គ្រប់​យ៉ាង​បេះ​បិទ ធៀប​ជាមួយ​សភាព​ពេល​ដែល​ខ្លួន​ធ្លាប់​បាន​ស្នាក់នៅ​ជាមួយ​ដា​មិ​កា​កាល​ពី​គ្រា​មុន។​
​«​ដា​មិកា​!»​
​គេ​ហៅ​នាង​ពេល​នាង​ឈរ​បែរខ្នង​មួល​បើ​កដប​ទឹក ហើយ​លើក​មក​ក្រេប។
​គេ​ឈាន​ចូល​ទៅ​ជិត យឺតៗ​ហើយ​នាង​ក៏​បែរ​មក​ដែរ។​
​នារី​នេះ​ញញឹម​ប៉ុន្តែ​មិនមែន​តែ​លើ​បបូរមាត់​មាន​ជាតិ​ទឹក​សើម​របស់​នាង​ទេ សូម្បី​កែវភ្នែក​ថ្លា​យង់​និង​ផ្ទៃ​មុខ​នាង​ទាំងមូល​ក៏​មាន​បង្កប់​នូវ​មនោរម្មណ៍​រំភើប​សុខដុម​ដែរ។

​«​អូន​មែន​!»​
​សូ​ត្រា​លាន់​មាត់​និយាយ​ទាំង​ភក្ត្រ​ស្លេកស្លាំង​ ព្រោះ​ភាព​មិន​ជឿ​ភ្នែក​ខ្លួនឯង​ផង​បូក​ជាមួយ​អារម្មណ៍​រំភើប​ហួស​ថ្លែង​ផង។
​«​បើ​អូន​មែន វា​យ៉ាង​ម៉េច​?»​
​នាង​ឆ្លើយ​ធូរ​ល្ហុយ​ ហើយ​សម្លឹង​ឆ្ពោះ​មក​ក្នុង​ប្រស្រី​ភ្នែក​រំភើប​ស្រលាំងកាំង​របស់​និពន្ធ​នាយក។ ​គេ​ដើរ​មក​កៀក​ហើយ​នាង​ក៏​មិន​គេច​ទៅ​ណា។
​គេ​លូក​ដៃ​មក​ក្រសោប​នាង ហើយ​ឱន​មក​ស្រូប​ក្លិន​លើក​នាង។
​ក្លិន​ទឹកអប់​ដែល​នាយ​ចំណាំ​បាន ​បាន​ហើរ​មក​ប៉ះ​ច្រមុះ​សូ​ត្រា​ជា​ថ្មី​ធ្វើ​ឱ្យ​បុរស​នេះ​ងើបមុខ​មក​វិញ ហើយ​លាន់​មាត់​សួរ៖
​«​យប់​មិញ អូន​នៅ​ជាមួយ​បង​មែន​ដែរ​ទេ​ក្នុង​អូ​តែល ពេល​បង​ស្រវឹង​?»

​នាង​រេ​ភ្នែក​សម្លឹង​ប៊ិច​ពណ៌​ខៀវ​រលោង​នៅ​លើ​ហោប៉ៅ​អាវ​នាយ​មុន​ពេល​សួរ​បក​វិញ៖
​«​ចុះ​បង​ឯង​គិត​ថា​អ្នក​ណា?»
​«​បង​មិន​ដឹង​ទេ! ​បង​គិត​ថា​បង​ស្រវឹង​ឆ្កួត​ម្នាក់ឯង ហើយ​គិត​ថា​នៅ​ក្នុង​បន្ទប់​អត់​មាន​អ្នក​ណា​ទាំង​អស់!»
​«​បង​ឯង​នៅ​តែ​ល្ងង់​ដដែល!»
​នាង​បន្ទោស​តិចៗ​ទាំង​ខាំ​មាត់​ផង។
​សូ​ត្រា​ឱប​នាង​ផ្ទប់​នឹង​ផែន​ទ្រូង។​ អារម្មណ៍​ឯកា​បាត់​ទៅ​យ៉ាង​អច្ឆរិយ ជំនួស​មក​វិញ​នូវ​ការ​ភិត​ភ័យ​ខ្លាច​បាត់បង់​នាង​ទៅ​វិញ​សាជាថ្មី​ទៀ​ត។ សំឡេង​នាយ​លាន់​ឡុលៗ​ក្បែរ​សក់​នាង៖
​«​តែ​បង​ឃើញ​អូន​ស្លាប់​ផ្ទាល់​នឹង​ភ្នែក​!​ បង​ឃើញ​ឈាម​របស់​អូន​!​ នៅ​ម៉ាឡេស៊ី បង​មិន​ចង់​សូម្បីតែ​ដកដង្ហើម​ឱ្យ​តែ​នឹកឃើញ​ដល់​រូបភាព​អស់​ទាំង​នោះ!»

​ដា​មិកា​ដក​ដង្ហើម​ធំ។
​នាង​ឱប​បុរស​នេះ​យ៉ាង​តឹង​វិញ​ដូច​គ្នា។ អារម្មណ៍​គេ​បែប​ណា អារម្មណ៍​នាង​ក៏​កំពុង​តែ​មាន​សភាព​បែប​នោះ​ដូចគ្នា​ដែរ។
​នាង​ធ្មេចភ្នែក​ផ្ដេក​មុខ​លើ​ស្មា​បុរស​នេះ ​ហើយ​វាចា​មួយៗ​ស្អកៗ៖
​«​ពួកវា​ចង់​ឱ្យ​អូន​ស្លាប់​! ​តែ​អូន​មិន​ដាច់​ចិត្ត​ស្លាប់ ​ព្រោះ​អូន​ត្រូវ​បាន……»
​«​ឈប់​និយាយ….​ មិនបាច់​និយាយ​ទេ​! ​បង​មិន​ត្រូវ​កា​របក​ក្រោយ មិន​ត្រូវការ​ដឹង​ឭ​អ្វី​ទាំង​អស់​!»​
​គេ​និយាយ​ស្រាល​ខ្សឹបៗ​ឃាត់​នាង ប៉ុន្តែ​នាង​អាច​ទទួល​អារម្មណ៍​ស្ដាប់​ឮ​ភាសា​បេះដូង​លោត​ចំប្រប់​ក្នុង​បេះ​ដូង​បុរស​នេះ។​
​នាង​ពោល​ស្រាលៗ​៖​
​«​អរគុណ​គ្រប់​យ៉ាង ដែល​បង​បាន​ធ្វើ​សម្រាប់​គ្រួសារ​អូន​ពេល​អូន​មិន​នៅ​!»

​បុរស​មិន​ងើបមុខ​ចេញ​ពី​រង្វង់​ដៃ​ដែល​ឱប​ក្រសោប​គ្នា​ទៅ​វិញ​ទៅ​មក។ ​ទាំងពីរ​កាយ​ហាក់​បី​កើត​មក​លើ​ផែនដី​នេះ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ​សំឡេង​គេ​លាន់​ឡើង​មក​វិញ សាជាថ្មី៖
​«​បង​មិន​ចង់​បាន​ទេ ពាក្យ​អរគុណ បង​មិន​ចង់​ឭ​ទេ​រឿង​កន្លង​ហួស បង​ក៏​មិន​ចង​ឱ្យ​អូន​ផ្សារភ្ជាប់​ត្រឡប់​ទៅ​នឹង​អតីតកាល​ទៀត​ដែរ​!​ បង​គ្រាន់តែ​ចង់​បាន​អូន​ត្រឡប់​មក​វិញ!!»
​«​ហើយ​ទៅ​កន្លែង​ដែល​គ្មាន​អ្នក​ណា​ស្គាល់​យើង!»
​នាង​និយាយ​ផ្ទួន​ពាក្យ​បន្ទាប់​ពី នាយ​ជាមួយ​ស្នាម​ញញឹម។
​ចាប់ពី​ពេល​នោះ​មក គ្មាន​អ្នក​ណា​បាន​ឃើញ​ខៀវ​ សូត្រា​និង​ដា​មិ​កា​ទៀ​ត​ទេ។​ រឿង​ស្នេហា​របស់​ពួក​គេ​បាន​ក្លាយ​ជា​ការ​និយាយ​តៗ​គ្នា​នៅ​ក្រុមហ៊ុន ប៉ុន្តែ​គ្មាន​អ្នកណា​ដឹង​បានទេ​ថា ពេល​ដែល​ខៀវ​សូត្រា បាន​បញ្ចប់​ការងារ​តាម​បណ្ដាំ​នាង​ហើយ នាង​ស្រាប់តែ​វិលត្រឡប់​មក​វិញ។

វគ្គ
​អធិរាជ​បេះដូង

៥​ឆ្នាំ​ក្រោយ​មក​…..​
​រដូវ​រងា នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល មិន​ស្រងេះ​ស្រងោច​លំបាក​លំបិន​ដូច​នៅ​ប្រទេស​អឺរ៉ុប​ផ្សេងៗ​នោះ​ឡើយ ដូច្នេះ​ហើយ​ការ​ញាំ​កាហ្វេ​ក្នុង​ផ្ទះ​កញ្ចក់ សម្លឹង​ព្រិល​ធ្លាក់​រង្វើលៗ​នៅ​ខាងក្រៅ​មិនល្អ​ទេ​ឬ​អ្វី។​
​«​បង​វិច្ឆិកា​ដែល​បាន​ដំណឹង​ពី​បង​ត្រា​ដែរ​អត់?»
​«​បង​ត្រា​ណា​?»​
​អតីត​ប្រធាន​និស្សិត​ដែល​ពេល​នេះ ​ក្លាយ​មក​ជា​សាស្ត្រាចារ្យ​ដោយ​មាន​ភរិយា​តូច​ច្រឡឹង​របស់​ខ្លួន​ជា​និស្សិត​ថ្នាក់​បញ្ចប់​ក្នុង​មហា​វិទ្យា​ល័យ​តែ​មួយ​នោះ ឆ្លើយ​ធ្វើ​ងើយ ព្រោះ​ទោះបី​តួអង្គ​ខៀវ​ សូ​ត្រា ជា​អ្នក​ដែល​ស្រីៗ​ជា​ច្រើន​នៅ​ចងចាំ ប៉ុន្តែ​ពុំ​មែន​សម្រាប់​បុរស​ខ្មែរ​ជា​វិច្ឆិកា​ឡើយ។

​ជោគ​ជតា​សម្លក់​ស្វាមី ហើយ​ដក​ភ្នែក​លែង​សម្លឹង​ដៃ​នាយ​ដែល​កំពុង​តែ​ចាក់​តែ​ក្តៅៗ។​
​នាង​លើក​ពែង​កាហ្វេ​របស់​ខ្លួន​មក​ក្រេប ហើយ​ចោល​ភ្នែក​ទៅ​ក្រៅ​បង្អួច​សម្លឹង​ស្រទាប់​ព្រិល​ស​ស្ដើង ក្រាល​គ្រប​ថ្នមៗ​លើ​កម្រាល​ថ្នល់​កៅស៊ូ។​
​«​នៅ​ក្រៅ​ដឹង​តែ​រអិល​ហើយ​!»​
​នាង​និយាយ​បន្លប់ ព្រោះ​ដឹង​ថា ស្វាមី​ម្នាក់​នេះ​ ពិត​ជា​បាន​ភ្លេច​ទៅ​អស់​នូវ​រឿងរ៉ាវ​និពន្ធ​នាយក​ខៀវ សូ​ត្រា​ម្នាក់​នោះ ព្រោះ​រយៈពេល​វេលា​៥​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ណា​មួយ​បើ​ឱ្យ​គេ​ចងចាំ​មក​វិញ​ហើយ​នឹក​ឃើញ​គ្រា​ដែល​នាង​ធ្លាប់​លង់​ស្រលាញ់​បុរស​នោះ ក៏​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ដែរ។

​ស្រី​ស្អាត​សម្រួល​អារម្មណ៍​ចង់​បង្វែរ​ការសន្ទនា​ ស្រាប់តែ​កែវភ្នែក​របស់​នាង​រេ​ទៅ​ចិញ្ចើមថ្នល់​ម្ខាង​ប្រទះ​នឹង​អ្វីមួយ​ដែល​មាន​អានុភាព​អាច​ធ្វើ​ឱ្យ​ពែង​កាហ្វេ​លើ​ដៃ​គាំង​ទើរ​បាន។
​ជោគ​ជតា​គាំង​ភ្លឹក ទោះបី​វិច្ឆិកា​ហុច​ចាន​នំ​ដុត​ក្តៅៗ ក្រអូប​ឈ្ងុយ​ឈ្ងប់ មាន​រសជាតិ​ប័រ​មក​ចំ​ពី​មុខ​ខ្លួន ក៏​មិន​ចាប់​អារម្មណ៍​ទៀត ធ្វើ​ឱ្យ​វិច្ឆិកា​រេ​ភ្នែក​ទៅ​សម្លឹង​ដែរ……
​«​ឃើញ​ដូច​ខ្ញុំ​ដែរ​អត់​?»​
​នាង​សួរ​តិចៗ ទាំង​ស្លេកស្លាំង ចំណែក​បុរស​ជា​ស្វាមី​ទប់​នឹង​នឹក​ឃើញ​ថា​ អ្នក​ណា​ទៅ​ជា​ខៀវ សូ​ត្រា ដែល​នាង​ទើប​នឹង​សួរ​មុន​នេះ។​
​វិច្ឆិកា​ភ្លាត់មាត់​និយាយ​មួយៗ​៖​
​«​បង​ត្រា​នេះ​មែន​អត់​?​ អាយុ​វែង​មែន នឹក​ដើម ក៏​ឃើញ​ភ្លាម​!»

​ជោគ​ជតា​គ្រវីក្បាល​ជា​សញ្ញា​ថា នាង​មិន​ចង់​សំដៅ​លើ​បុរស​នេះ​ឡើយ។​អាការៈ​នាង​ធ្វើ​ឱ្យ​វិច្ឆិកា​រេ​ភ្នែក​សម្លឹង​បន្ត។​
​ភ្លាម​នោះ​នាយ​ចាប់ផ្ដើម​ភាំង​ដែរ។​
​ស្រី​ម្នាក់​ដែល​ទើប​នឹង​បែរ​មក​វិញ​បញ្ចប់​ការ​ទិញ​ការ៉េម​ពីរ​ដើម​ ហើយ​ហុច​មក​ឱ្យ​សូ​ត្រា​មួយ​ជាមួយ​ស្នាម​ញញឹម​សុភមង្គល ធ្វើ​ឱ្យ​វិច្ឆិកា​នឹកឃើញ​ឡើង​វិញ​ដល់​រឿងរ៉ាវ​ប្រទាក់​ក្រឡា ស្លាប់​រស់នៅ​ប្រទេស​កំណើត​របស់​ខ្លួន​កាលពី​៥​ឆ្នាំមុន។
​«​ក្រែង​មិកា​ស្លាប់​នៅ​ម៉ាឡេស៊ី​ហើយ?»
​គេ​មិន​ទាន់​បញ្ចប់​សំណួរ​ខ្សឹបៗ​នេះ​ចប់​ចុង​ចប់​ដើម ត្រឹមត្រូវ​ផង ជោគ​ជតា​ក្រោក​ចេញពី​តុ​រត់​ទៅ​ក្រៅ រក​គេ​ឃាត់​ក៏​មិន​ទាន់។
​វិច្ឆិកា​ដឹង​ថា មួយ​គូ​នៅ​ខាង​ក្រៅ​ដែល​ស្លាប់​ហើយ​រស់​វិញ​ ដោយ​មិន​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ណា បាន​ន័យ​ថា ពួកគេ​ចង់​ឱ្យ​ពិភព​លោក​នេះ​បំភ្លេច​ចោល​រឿង​អតីត​ទៅ​ ហើយ​ចាំបាច់​អី ជោគ​ជតា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ឱ្យ​ពួកគេ​ទើសទាល់​ទៀត?

​ប៉ុន្តែ​កូន​ស្វា​នៅតែ​ជា​កូន​ស្វា ត្បិត​តែ​នាង​លែង​រត់​ចោល​ផ្ទះ តែ​នាង​នៅតែ​មិន​ចេះ​គិត​អ្វី​ឱ្យ​បាន​ជ្រៅ មុន​ពេល​បញ្ចេញ​សកម្មភាព​ណាមួយ​នោះ​ទេ។​
​«​បង​ត្រា​!»​
​នាង​ហៅ​នាយ​ពី​ថ្នល់​ម្ខាង​ដោយ​អំណរ។​
​ប៉ុន្តែ​សំឡេង​នាង​មិន​បាន​ធ្វើ​ឱ្យ​ដា​មិ​កា​ត្រេកអរ​ឡើយ។ ​ស្រី​ស្អាត​លែង​ញញឹម​សម​ដែល​កណ្ដាល​ក្រុង​មូស្លីម​នេះ​មាន​មនុស្ស​ចេះ​ខ្មែរ ហើយ​ហៅ​ឈ្មោះ​គូរជិវិត​ខ្លួន​ច្បាស់ៗ​បែប​នេះ។​
​ខៀវ​ សូត្រា​បែរ​មក​រក​តូច​នារី ហើយ​នាយ​រំភើប។

​បុរស​នេះ​សម្លឹង​ហួស​ពី​នាង​ទៅ​ដល់​ប្រធាន​និស្សិត ​ដែល​ដើរ​ទើមៗ​មក​ពី​ក្រោយ។​
​វិច្ឆិកា​កៀក​ស្មា​ភរិយា​ហើយ​បណ្ដើរ​នាង​ឆ្លង​ផ្លូវ​តម្រង់​មក​ក្បែរ​មនុស្ស​បាត់​ខ្លួន​ទាំង​ពីរ​នាក់។ នាយ​សម្លឹង​ដាមិកា នារី​ដែល​ជា​អតីត​គូ​ដណ្ដឹង ហើយ​ដែល​នាយ​មិន​ដែល​គិត​ថា​នៅ​រស់រាន​ឡើយ។​
​ប៉ុន្តែ​នាយ​បាន​ត្រឹមតែ​ញញឹម មិន​និយាយ​អ្វី ដូច​ទុក​ឱ្យ​ដា​មិកា​ហៅ​បាន​មុន​៖​
​«​បង​វិច្ឆិកា​!»

​វិច្ឆិកា​ញញឹម។​
​គេ​មិន​បាន​សួរនាំ​អ្វី ក្នុង​ពេល​ដែល​ភ្នែក​ប្រុស​ស្រី​ទាំងពីរ​នោះ​រេ​មក​លើ​ចិញ្ចៀន​រៀប​ការ​និង​ហត្ថា​នាយ​លើ​ស្មា​តូច​នារី​យើង។
​វិច្ឆិកា​ងក់ក្បាល​ហើយ​និយាយ៖
​«​ពួក​ខ្ញុំ​រៀបការ​ប្រាំ​ឆ្នាំ​ហើយ!»
​ដា​មិកា​ញញឹម​សម្លឹង​ទៅ​ជោគ​ជតា។​ គ្រប់​គ្នា​សង្កេត​ឃើញ​ពី​ភាព​សុខដុម​សាន្តត្រាណ​ក្នុង​កែវ​ភ្នែក​ដាមិកា​ដែល​លែង​ជា​អគ្គនាយិកា​ពេញ​ដោយ​កង្វល់​ដូច​មុន​ហើយ។
​«​មក​លេង​?»​
​សូត្រា​សួរ ​ប៉ុន្តែ​គេ​ឆ្លើយ​ខ្លួនឯង មុន​ពេល​បាន​ចម្លើយ៖
​«​ខ្ញុំ​និង​ដា​មិ​កា​មក​លេង​!​ ស្អែក​ចេញ​ពី​ទួរគី​ហើយ​!»

​ភរិយា​តូច​នេះ​នឹង​សួររក​ជីក​ឫសគល់ ពី​កន្លែង​រស់នៅ​របស់​សូ​ត្រា​ប្រាកដ​ណាស់ ដឹង​ដូច្នោះ​ទើប​វិច្ឆិកា​ប្រញាប់​និយាយ​បង្គ្រប់។
​«​សុខ​សប្បាយ​តាម​ផ្លូវ! ​ចំណែក​ពួក​ខ្ញុំ​នៅ​ទី​នេះ​បី​ឆ្នាំ​ទៀ​ត​! ​ខ្ញុំ​ត្រូវ​បង្រៀន ​ហើយ​គេ​នេះ​នៅ​រៀន​!»​
​សូ​ត្រា​និង​ដា​មិកា​ញញឹម ឱន​ខ្លួន​ហាក់​លា​គ្នា​បន្ទាប់​មក​ប្រុស​ស្រី​ទាំង​ពីរ​ចាក​ចេញ​ទៅ​បាត់​ក្រោម​ស្រទាប់​ព្រិល​រងា។​
​វិច្ឆិកា​កេះ​ភរិយា​ដែល​ឈរ​ធ្មឹង៖
​«​តោះ​!​ អត់​ខ្លាច​កក​ទេ​?»​
​នាង​ដើរ​មួយៗ​មក​តាម​គេ​ តែ​ចិត្ត​នៅ​មិន​ដាច់​អា​ល័យ​ពី​មិត្ត​ចាស់​ដែល​បែក​យូរ​គ្មាន​ដំណឹង​សូន្យ ហើយ​មក​ជួប​វិញ​ដូច​អំពិល​អំពែក។

​«​ម៉េច​មិន​ហៅ​គ្នា​ចូល​ម្លប់​និយាយ​លេង​សិន!»
​«​និយាយ​ពី​អី​?»​
​នាយ​សួរ​បណ្ដើរ​ដើរ​មួយៗ​ជាមួយ​នាង​ក្រោម​ស្រទាប់​ព្រិល​ពណ៌​ស​ប្រផេះ​នោះ​ផង។
​«​មនុស្ស​បែក​គ្នា​យូរ​បង​ឯង​ធ្វើ​ដូច​មិន​ស្គាល់​គ្នា​!​ យ៉ាង​ហោច​ណាស់​ក៏​គួរ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ជួយ​ជីវិត​ដា​មិ​កា​ដែរ​!»​
​«​គេ​ចង់​បំភ្លេច​អតីត ហេតុ​អី​យើង​នេះ​ចង់​ទៅ​រំលឹក​?»​
​ជោគ​ជតា​ដើរ​បណ្ដើរ​រក្សា​ការ​ស្ងាត់ស្ងៀម​ពិចារណា​លើ​សម្ដី​ប្រុស​ស្នេហ៍​បណ្ដើរ។ ​តូច​នារី​ទទួល​ស្គាល់​ថា ពួកគេ​ពីរ​នាក់​មុន​នេះ ពិតជា​មាន​សភាព​ភ្ញាក់ផ្អើល និង​ហាក់​ខកចិត្ត​ពេល​ឃើញ​មាន​អ្នក​ណា​ម្នាក់​ដែល​ខ្លួន​មិន​រំពឹង​ទុក​ថា​អាច​ជួប​មុខ តែ​មក​ជួប​ក្នុង​គ្រា​នេះ​ ហើយ​ហៅ​ឈ្មោះ​ចំៗ​រំពង​ទីក្រុង​បែប​នេះ​ទៀ​ត។

​បើ​ពួកគេ​ចង់​ឱ្យ​គ្រប់​គ្នា​ដឹង ​មិនមែន​បាត់​ដំណឹង​ជា​យូរ​មក​ហើយ​បែប​នេះ​ទេ។​
​ទី​បំផុត​នាង​សួរ​ស្វាមី​៖​
​«​ម៉េច​បង​ឯង​ដឹង​!»​
​«​ភ្នែក​ពួកគេ​ពេល​ឃើញ​យើង​!»​
​«​បង​ឯង​អ្នក​ចិត្តសាស្ត្រ​ហ្មែ​ន​?»​
​«​មិនមែន​ទេ តែ​បង​ដឹង​ថា ដា​មិកា​មិន​ចង់​ជួប​អ្នក​ណា​ក្រៅ​ពី​អធិរាជ​បេះ​ដូង​របស់​គេ ដូច​គ្នា​ជាមួយ​និង​អ្នក​ខ្លះ​នៅ​ទីនេះ​ដែរ​! ​មាន​អធិរាជ​បេះដូង​ដើរ​បណ្ដើរ​គ្នា​ក្រោម​ព្រិល​កក់ក្ដៅ​ចិត្ត​មិន​ចាញ់​រងា​ហើយ​នៅ​តៅ​ចង់​ដឹង​ឈឺក្បាល​រឿង​អ្នក​ណា​ផ្សេង​បាន​ប្រយោជន៍​អី​ទៀ​ត​!?»​

​អ្នកនិពន្ធ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​តាមដាន​ពី​សំណាក់​មិត្ត​អ្នកអាន ​និង​សូម​ការ​អភ័យ​ទោស​នូវ​រាល់​កំហុស​ឆ្គង​ដោយ​អចេតនា​ទាំង​ឡាយ។

ចប់

អធិរាជបេះដូង ភាគទី១៩
វគ្គ
​ឆាកល្ខោន​នៅ​ម៉ាឡេស៊ី​

​ក្រោម​ពន្លឺ​ព្រះចន្ទ​ស្រាល​ស្រទន់​និង​ជំនោរ​សមុទ្រ​បបោស​អង្អែល​កាយា​ សូ​ត្រា​លង់​ភ្លឹប​ទៅ​ក្នុង​ដំណេក ដោយ​មាន​ស្រី​ស្នេហ៍​ក្បែរ​ទ្រូង។​
​សន្សើម​បេះដូង​លាយ​ជាមួយ​ចង្វាក់​ដង្ហើម​ដែល​ត្រូវ​រ៉ូវ​គ្នា ​បាន​ធ្វើ​ឱ្យ​រាត្រីកាល​ចុងក្រោយ​លើ​ដែន​ជលសា​ក្លាយ​ជា​ស្ថាន​រមនា​ មិន​ខ្វល់ខ្វាយ​អ្វី។​
​ប៉ុន្តែ​សម្រឹប​ជើង​មនុស្ស​ដែល​ជាន់​លើ​ដែក​កម្រាល លាន់​ចុះ​ឡើង​ស្រឹបៗ​ដាស់​និពន្ធ​នាយក​ឱ្យ​ស្វាង​ចេញ​ចាក​ពី​​ការ​និន្ទ្រា។
​គេ​មិនទាន់​បើកភ្នែក តែ​អារម្មណ៍​ទាំងមូល​បាន​បក​ត្រឡប់​មក​រក​បរិយាកាស​ខាង​ក្រៅ​រាងកាយ​វិញ។​

សូរ​មនុស្ស​ជជែក​គ្នា​រអុះៗ ទោះ​បី​ប្រឹង​ខ្សឹប​យ៉ាង​ណា​នៅតែ​ឮ​ច្បាស់​ ទាស់​តែ​មិនមែន​ជា​ភាសា​ខ្មែរ។​
​«ដំណឹង​ពី​ភ្នំ​ពេញ​មក ជំទាវ​ហ្នឹង​ត្រូវ​គេ​បាញ់​ចូល​ពេទ្យ​ហើយ គិត​ម៉េច​យើង​!»​
​«​អ៊ីចឹង បាន​អ្នកណា​ឱ្យ​លុយ​យើង?»​
​សូ​ត្រា​បើកភ្នែក​ខ្វាក។
​ស្ថានការណ៍​នៅ​ភ្នំពេញ​វិវត្ត​ទៅ​ជា​យ៉ាង​ណា ​នាយ​ដឹង​មិន​អស់​ទេ តែ​បើ​ជំទាវ​ដែល​ពួក​ម៉ាឡេស៊ី​និយាយ​នេះ​ជា​អ្នក​វិល័យ តើ​បាន​អ្នកណា​ប្រាប់​ឈ្មោះ​ថ្នាំ​ឱ្យ​ព្យាបាល​ពេជ្រ ដាណែន?​

ទោះបីជា​ពួកគេ​ចរចា​ជា​ភាសា​ម៉ាឡេស៊ី​ ប៉ុន្តែ​នាយ​ស្ដាប់​បាន​គ្មាន​ចន្លោះ។ ចំណុច​ប្រហែស​របស់​ពួកគេ​គឺ​គិត​ថា ​គ្មាន​ខ្មែរ​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​អាច​ចេះ​ភាសា​របស់​គេ​ឡើយ។​
​សូត្រា​ផ្អឹប​មាត់​ក្បែរ​ត្រចៀក​ស្រី​ស្នេហ៍។​
នាង​កម្រើក​តិចៗ​ ហើយ​នឹក​ស្មាន​ថា​ជា​ការ​ថើប​ថ្នម​ធម្មតា ប៉ុន្តែ​នាយ​ព្យាយាម​ហៅ​៖​
​«​ដា​មិកា​!​ ក្រោក​ឡើង​!»​
​នាង​បើកភ្នែក​ព្រឹមៗ ហើយ​សម្លឹងមុខ​នាយ។​ បាតដៃ​ប្រុស​ស្អាត​ខ្ទប់​មាត់ ស្រី​ល្អ​បង្ការ​ក្រែង​នាង​ភ្លាត់​និយាយ​អ្វីមួយ​លាន់​ចេញ​ក្រៅ​ ហើយ​ធ្វើ​សញ្ញា​ឱ្យ​នាង​ផ្ទៀង​ស្ដាប់​ការសន្ទនា​ ដែល​លាន់​មក​ល្វើយ​ៗ​ក្នុង​ខ្យល់។

«ឮ​មក​ថា គ្រួសារ​ខាង​ស្រី​ប្រកាស​ឱ្យ​៥០​ម៉ឺន​ដុល្លារ​ បើ​អ្នក​ណា​អាច​នាំ​នាង​ទៅផ្ទះ​វិញ​!»​
«មែន? ៥០​ម៉ឺន?»​
​«បើ​ថា​នេះ យើង​ប្ដូរ​គោលដៅ យក​៥០​ម៉ឺន​វិញ​ឬ​អា​ម៉េច​បង?»​
​«​ក្រែង​ទៅ​ដល់​មិន​បាន​លុយ​ហើយ ​ត្រូវ​ថ្មោង​ប៉ូលិស​ពី​បទ​ចាប់​ជំរិត​?»​
​«​មិនមែន​យើង​ឯណា​! ខ្លាច​អី​ទៅ!​ លុយ​នេះ​ចាយ​មួយ​ជាតិ ទោះ​ចូល​គុក​ក៏​រស់​ស្រួល​ដែរ​!»​
​«​ឱ្យ​ពេល​បង​គិត​មើល​សិន​!»​
​សំឡេង​ពួក​អ្នក​ជជែក​គ្នា​រលត់​ឈឹង​ក្នុង​រាត្រីកាល​ និង​ការ​បោក​កញ្ជ្រោល​នៃ​រលក​សមុទ្រ។​
​សូ​ត្រា​ដៀង​ភ្នែក​សម្លឹង​ដា​មិ​កា។

​នាង​គ្រវីក្បាល​ឱ្យ​សញ្ញា​ថា នាង​មិន​ចេះ​ស្ដាប់​ភាសា​ពួកគេ​អស់​ទាំង​នោះ​ឡើយ។ ​ប៉ុន្តែ​អ្វី​ដែល​សូ​ត្រា​គិត​គឺ​រឿង​ផ្សេង។ មិន​ខ្វល់​ថា​នាង​ស្ដាប់​បាន​ឬ​មិនបាន ប៉ុន្តែ​នាង​កំពុង​ជា​មុខ​សញ្ញា​ដែល​គ្រប់​គ្នា​ចង់​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ ដើម្បី​ទឹក​ប្រាក់​៥០​ម៉ឺន​ដុល្លារ។​
​នាយ​សម្លឹង​នាង​ដោយ​ស្រពោន។​
​កាលៈទេសៈ​នេះ ដែល​តួ​ចិត្ត​កំណាច​ត្រូវ​ចូល​ពេទ្យ​ទៅ​ហើយ អ្នក​គួរ​យល់​ព្រម​ឱ្យ​នាង​វិល​ទៅ​ផ្ទះ​វិញ​ឬ​មួយ​យ៉ាង​ណា។​
បំណង​ប្រាថ្នា​ទៅ​កសាង​អនាគត​ថ្មី​នៅ​ទី​ដែល​គ្មាន​អ្នក​ស្គាល់​ គ្មាន​អ្នក​រំខាន តើ​ត្រូវ​បោះបង់ចោល​ឬ​អ្វី?
​«បង​ឯង​ចេះ​ស្ដាប់​ហ្មែន?»​
​នាង​ខ្សឹប​សួរ​តិចៗ ពេល​ដែល​ភ្នែក​នាយ​កាន់តែ​ឱ្យ​សញ្ញា​ស្រងេះស្រងោច។

​សូត្រា​ឱន​ថើប​ថ្ងាស​នាង​ជំនួស​ចម្លើយ ធ្វើ​ឱ្យ​ដាមិកា​ភ័ន្តភាំង។
ទោះ​បី​គេ​បញ្ចេញ​កាយវិការ​ស្នេហា​ដើម្បី​ពន្យា​រពេល​គិត​ពី​ដំណោះ​ស្រាយ ប៉ុន្តែ​ភាព​ក្រៀមក្រំ​របស់​នាយ​ មិន​អាច​លាក់​កំបាំង​ពី​នារី​ឈ្លាសវៃ​នេះ​ឡើយ។​
«មាន​រឿង​អី?»​
សូត្រា​ប្រែ​ខ្លួន ទៅ​ម្ខាង​ហើយ​ដៃ​ឱប​នារី​ម្ចាស់​ចិត្ត​មក​ក្នុង​លង្វែក​ទ្រូង។
​«គេ​ចង់​បញ្ជូន​មនុស្ស​ដែល​បង​ស្រលាញ់​ចេញទៅ​ភ្នំពេញ​វិញ!»
​នាង​នៅ​សំងំ​ស្ងៀម​ពិចារណា​សម្ដី​នាយ។
​នាង​យល់​បណ្ដើរៗ​ពី​ការ​ខ្សឹប​ខ្សៀវ​គ្នា ​និង​ប្រតិកម្ម​ក្រៀមក្រំ​របស់​គេ​មុន​នេះ​បន្តិច។​
​គេ​ឱប​នាង​តឹង​ជាង​មុន​ ដូច​ជា​មាន​ប្រផ្នូល​ថា នារី​នេះ​នឹង​របូត​ទៅ​ឆ្ងាយ​ពី​ទ្រូង​ដោយ​ប្រការ​ណា​មួយ​មិន​ខាន។

​ដាមិកា​ប្រិច​ភ្នែក​រិះគិត… អ្វី​ដែល​នាង​កំពុង​ពិចារណា​គឺ​ថា អ្វី​ម្យ៉ាង​ប្រហែល​ជា​បាន​កើត​ឡើង​ក្នុង​ពេល​នាង​បាន​ចាកចេញ​មក​ជាមួយ​បុរស​នេះ។ កែវភ្នែក​ស្រងូត​ វាចា​ក្រៀមក្រោះ និង​រង្វង់​ដៃ​បុរស​នេះ មិនមែន​ជា​ការ​បញ្ជាក់​ថា គ្រប់​យ៉ាង​នៅ​ប្រក្រតី​នោះ​ទេ។
​«Red Index​ មាន​រឿង​អី?»​
​សំណួរ​​អគ្គ​នាយិកា​ទៅ​បុក​បេះ​ដូង​បុរស​នេះ​ ឱ្យ​ឈឺ​អួល​ហើយ​ក៏​ជា​ការ​បង្ហាញ​ដែរ​ថា នៅ​គ្រប់​ដង្ហើម​ចេញ​ចូល​របស់​នាង គ្មាន​ពេល​ណា​ដែល​នាង​អាច​បំភ្លេច​ពាណិជ្ជកម្ម​វាល់​លាន​ដែល​ដាប​ទៅ​ដោយ​លោហិត​ ព្រោះ​ការ​ប្រជែង​គ្នា​ពី​មុខ​ពី​ក្រោយ​នោះ​សោះ។
​គេ​នៅ​ស្ងៀម​មិន​ឆ្លើយ។​
​ចំពោះ​មុខ សោភ័ណ​ ដាមិកា​ដឹង​ថា បុរស​នេះ​ចេះ​ច្រើន​ភាសា ហើយ​គេ​កំពុង​ដឹង​រឿង​ជា​ច្រើន​ដែល​កំពុង​កើត​មាន​នៅ​ឯ​ក្រោយ។

​ចំណែក​ភាព​ស្ងៀមស្ងាត់​របស់​គេ​វិញ​ វា​ជា​សញ្ញា​ថា​ រឿង​ដែល​គេ​ដឹង វា​អាច​ជា​រឿង «​អាក្រក់​ច្រើន​ជាង​ល្អ»។
«អូន​គ្រាន់តែ​ចង់​ដឹង​ប៉ុណ្ណោះ! ថា​អ្វី​កំពុង​កើត​ឡើង ហើយ​អ្នក​ផ្ទះ​មាន​រឿង​អី?»
សូត្រា​លែង​ដៃ​ដែល​ឱប​នាង​យ៉ាង​តឹង​នោះ​ចេញ​បន្តិច​ម្ដង​ៗ រហូត​ដល់​អស់​ទាំង​ស្រុង ​ហើយ​បែរ​ខ្លួន​ចេញ​ពី​នាង​ទៀត។
​សំឡេង​គេ​លាន់​មក​តិចៗ ​សំដៅ​បេះដូង​ដាមិកា​ដែល​ពេញ​ដោយ​ទុក្ខ​ព្រួយ​ខ្វល់ខ្វាយ៖
​«អ្នក​ផ្ទះ​អូន​ប្រកាស​ឱ្យ​រង្វាន់​៥០​ម៉ឺន​ដុល្លារ បើ​អ្នក​ណា​នាំ​ដា​មិកា​វិល​ទៅ​ផ្ទះ​បាន! ហើយ​ពួក​នេះ​ប្រហែល​ជា​កំពុង​ដូរ​ចិត្ត​លែង​តាម​អ្នក​វិល័យ ព្រោះ​គាត់​ដេក​ពេទ្យ​ហើយ!»
ស្រី​ស្រស់​ងាក​ភ្លែត​មក​សម្លឹង​នាយ។​
​ខៀវ​ សូត្រា​គង​ថ្ងាស​ សម្លឹង​ពិតាន​ ចំណែក​នាង​រំពៃ​នឹក​ដល់​បង​ប្រុស​និង​ម្ដាយ។
​«​មាន​អ្នក​ណា​មាន​រឿង​អត់​? បង​ពិសិដ្ឋ​និង​លីនរ៉ាណា?»
​«​មិន​ដឹង​ទេ​! ​បង​ឮ​គេ​និយាយ​គ្នា​តែ​ប៉ុណ្ណឹង​!»​

នៅ​ក្នុង​ដំណាក់កាល ស្មោះត្រង់​នឹង​គ្នា​ដែល​ត្រៀម​លក្ខណៈ​ប្រាប់​ការពិត​ហើយ​ក៏​បាត់បង់​គេ ខៀវ​សូត្រា​ពិត​ជា​កំពុង​អត់ធ្មត់​ចិត្ត​ដែល​ក្រំក្រៀម​ខ្លោចផ្សា។
​អ្នក​នឹកភ្នក​ដឹង​ជា​ស្រេច​ហើយ​ថា នារី​នេះ​នឹង​ត្រឡប់​ទៅ​ផ្ទះ​ ហើយ​បំភ្លេច​ចោល​ពាក្យ​សន្យា​ស្នេហា​ដែល​មាន​ជាមួយគ្នា​កាល​ពី​ម្សិល។
សម្រាប់​ពួក​អ្នក​រកស៊ី​ដូច​នាង ស្នេហា​មិនមែន​ជា​អាទិភាព​ឡើយ។ វា​ជា​ការ​ខកចិត្ត​ធ្ងន់​ ហើយ​ដែល​គេ​ធ្លាប់​បាន​រំពឹង​គិត ទៅ​ដល់​អនាគត​ជាមួយ​គ្នា និង​ផ្សែង​សុភមង្គល ដែល​គ្រប់​យ៉ាង​បាន​ត្រឹម​ស្រមៃ។

​«បើ​អូន​ចង់​ត្រលប់​ទៅ​វិញ បង​នឹង​ប្រាប់​ពួកគេ!»
​គេ​និយាយ​មួយៗ ​តែ​នាង​យល់​ច្បាស់​ពី​ការឈឺចាប់​ក្នុង​បេះដូង​ប្រុស​ស្នេហ៍។ នាង​នឹក​ដល់​សម្ដី​គេ​កាល​ពី​នៅ​ត្រាំ​ក្នុង​ទឹកសមុទ្រ​ជាមួយ​គ្នា «​បង​សុខចិត្ត​ធ្លាក់​ក្នុង​នេះ​ មិន​ឡើង​គោក​រហូត វា​គ្រាន់បើ​ជាង​រស់នៅ​លើ​គោក​ដោយ​គ្មាន​អូន​នៅ​ក្បែរ​ម្ដង​ទៀត!»។
​ស្រី​ស្អាត​លូក​យក​ម្រាមដៃ​នាយ​មក​ក្រសោប​ក្នុង​ប្រអប់ដៃ​ទាំង​ដប់​របស់​ខ្លួន ធ្វើ​ឱ្យ​ខៀវ​ សូត្រា​ធ្មេច​ភ្នែក ទប់ស្កាត់​ គេចវេះ​ពី​អារម្មណ៍​ស្រងេះស្រងោច​ទោរទន់។
​«ខ្ញុំ​ទុក​ពេល​ឱ្យ​លោក​រហូត​ដល់​ភ្លឺ​ខៀវ ​សូ​ត្រា! បើ​យើង​ចេញពី​នេះ​មិន​រួច ខ្ញុំ​ចោល​លោក​បក​ទៅ​ភ្នំពេញ​វិញ!»

គេ​បើកភ្នែក​មក​វិញ ហើយ​ដៀង​មក​ឃើញ​នាង​ញញឹម។​
​សម្ដី​នារី​នេះ ប្រាកដ​ណាស់ ថា​នាង​សម្រេចចិត្ត ស្លាប់​ឬ​រស់ ឆ្ពោះ​ទៅ​មុខ​ជា​មួយ​គេ។​
​ស្ទើរ​មិន​ជឿ​នឹង​ត្រចៀក​ខ្លួន នាយ​រំភើប​ជា​ខ្លាំង​ ហើយ​ក្រោក​អង្គុយ។
ហត្ថា​ប្រុស​ស្អាត​ លើក​ត្រកង​ប្រាណ​នាង​ឱ្យ​អង្គុយ​ផ្ដេក​ខ្លួន​នៅ​លើ​ក្បាល​គ្រែ ហើយ​ពោល​សួរ​បញ្ជាក់៖
​«និយាយ​មិញ ​មាន​ន័យ​ថា​ម៉េច​ដា​មិ​កា​!?»​
​នាង​ញញឹម មុន​ពេល​ឆ្លើយ​៖​
​«យើង​មក​ដល់​ដំណាក់កាល​នេះ ពេល​នេះ ទី​នេះ​ហើយ!​ បើ​អាច​ទៅ​មុខ​បាន មិន​បាច់​បក​ក្រោយ​ទេ!»
នាង​ថា​ចប់​ឱន​មក​ក្នុង​ទ្រូង​អ្នក មុន​ពេល​បុរស​នេះ ​លើក​ហត្ថ​មក​ត្រកង​ក្រសោប​ទៅ​ទៀត។
សូត្រា​ស្រវា​ឱប​​ស្រី​ស្នេហ៍ ដែល​មិន​នឹក​ស្មាន​ថា ​នៅ​វិនាទី​ចុងក្រោយ រាជនី​នេះ​បោះបង់​រាជ​បល្ល័ង្ក​ហើយ​មក​តាម​ប្រុស​ម្នាក់​នេះ ​ដែល​គ្មាន​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ធ្លាប់​មាន។

«ហេតុ​អី?»​
​គេ​សួរ​តិចៗ​ ទាំង​ចិត្ត​រំភើប​ហើយ​រលីង​រលោង។​
«ព្រោះ​បង​មិន​កុហក​!»​
​នាង​ឆ្លើយ​ខ្លី​ តែ​មាន​ន័យ​វែង​អន្លាយ។​
​សេចក្ដី​ស្នេហា​ងាយ​នឹង​បង្កើត​ឡើង​ តែ​វា​ងាយ​នឹង​រលប់​បាត់ស្រមោល​ ប្រសិនបើ​ភាគី​ណា​មួយ​មិន​វិនិយោគ​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ចំណង​ស្នេហ៍​នេះ។
ករណី​របស់​ដាមិកា គឺ​នាង​ពិតជា​ចង់​បាន​ទាំង​ពីរ ទាំង​ការ​បក​ថយ​ក្រោយ ហើយ​និង​ការ​ដែល​មាន​គេ​នៅ​ក្បែរ​ខ្លួន ប៉ុន្តែ​នាង​យល់ចិត្ត​បុរស​នេះ។

បើ​ពេល​នេះ​បែក​គ្នា បើ​ពេល​នេះ​នាង​ចោល​គេ​រើស​យក​ការ​ដកថយ មួយ​ជីវិត​នេះ នាង​មិន​បាន​ការ​ស្រលាញ់ ភាព​ស្មោះត្រង់​របស់​គេ​ជា​លើក​ទី​ពីរ​ឡើយ។
«អូន​ក៏​រស់​មិន​បាន បើ​គ្មាន​បង ខៀវ​ សូត្រា!»
​នាង​និយាយ​តិចៗ ​ធ្វើ​ឱ្យ​បុរស​ធ្មេច​ភ្នែក ឱប​នាង​យ៉ាង​តឹង​ដៃ។ ការងារ​និង​ជោគ​ជ័យ អាច​ថា​ជា​គ្រឿង​គ្របដណ្ដប់​មួយ​ផ្នែក​ធំ​ជាង​គេ ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ ប៉ុន្តែ​ស្នេហា​ពិត អាច​ធ្វើ​ឱ្យ​ម្នាក់ៗ ស្កប់ស្កល់​លែង​រវល់​នឹង​រឿង​ឈ្នះ​ចាញ់​ខ្ពស់​ទាប។
ដា​មិកា​សម្រេចចិត្ត​ពេល​នេះ គឺ​ជា​ពេលវេលា​មួយ​ដែល​នាង​យល់​ថា នាង​អាច​រស់​ដោយ​គ្មាន​អតីតកាល ​ប៉ុន្តែ​នាង​ត្រូវការ​រៀបចំ​អនាគត​ខ្លួនឯង​ ដែល​ចាំបាច់​ត្រូវតែ​មាន​បុរស​ម្នាក់​នេះ។

ភាគ​ទី​៤៧

វេលា​ទៀបភ្លឺ​ចូល​មក​ដល់។
ខៀវ សូត្រា​ដែល​មិន​បាន​គេង និង​ត្រៀមលក្ខណៈ​ពេញ​មួយ​យប់​ហើយ​នោះ ចាប់ផ្ដើម​កេះ​ដាស់​ស្រី​ស្នេហ៍។​
នៅ​ក្នុង​សម្លៀកបំពាក់​ត្រៀម​លក្ខណៈ​រួចរាល់ សូត្រា​ចាប់ផ្ដើម​ចេញ​ទៅ​ក្បាល​កប៉ាល់​រក​ពួក​ម៉ាឡេស៊ី​ហើយ គោះ​ទ្វារ​ហៅ។​
បុរស​ពីរ​នាក់​ចេញ​មក​ដំណាល​គ្នា​ ដោយ​ភ្នែក​រូង​ស្រមូវ ​បាន​ន័យ​ថា​ពួក​នេះ​ក៏​មិន​បាន​ដេក​លក់​ដូច​គ្នា​ដែរ។​
«នាង​ក្ដៅ​ខ្លួន​ខ្លាំង​ណាស់! ឆាប់​រក​មធ្យោបាយ​ទៅ​!»​
​ដាមិកា​គឺ​ជា​ផ្កាយ​សំ​ណា​ង​របស់​ពួក​នេះ ខៀវ​ សូត្រា​ដឹង​ពី​ករណី​នេះ​កាន់​តែ​ច្បាស់​ ពេល​សង្កេត​សភាព​ភ្ញាក់ផ្អើល​លើ​ទឹកមុខ​អ្នក​ដែល​កំពុង​ឆ្លើយឆ្លង។

ម្នាក់​ក្នុង​ចំណោម​នោះ​បន្ទន់​សំឡេង​សួរ៖
​«​ឱ្យ​​លេប​ថ្នាំ​ឬ​នៅ? នៅ​នេះ​មាន​ថ្នាំ​!»​
​សូត្រា​រក្សា​ល្ខោន​លើ​ផ្ទៃមុខ​ ធ្វើ​ហាក់បីដូចជា​ខ្វាយខ្វល់​ហើយ​និយាយ​តប​៖​
​«​លេប​ពី​ល្ងាច តែ​មិន​ព្រម​ស្រក​កម្ដៅ​ ពេល​នេះ​ដូច​ជា​ពិបាក​ហើយ! នាង​ហក់​ចុះ​ទឹក​ម្សិលមិញ ប្រហែល​ជា​ហើម​សួត!​ យើង​ជិត​ដល់​ច្រាំង​ឬ​អាច​អែប​ចូល​ភូមិ​ណា​មួយ​រក​ពេទ្យ​សិន​បាន ​មិន​យឺត​ពេល!»

អ្នក​បើក​កប៉ាល់​មើល​មុខ​គ្នា មុន​ពេល​ឆ្លើយតប៖
«ចាំ​បន្តិច​សិន!»
ពួក​គេ​កៀង​គ្នា​បួន​ប្រាំ​នាក់ ​ចូល​បន្ទប់​ពិគ្រោះ​ចុះ​ឡើង ​ធ្វើ​ឱ្យ​សូ​ត្រា​នៅ​ឈរ​គិត​វែង​ឆ្ងាយ​ម្នាក់ឯង។​
ពួក​មនុស្ស​ទាំង​នេះ តាម​ពិត​មាន​គោលដៅ​តែមួយ​មុខ​គត់​ គឺ​ចង់​បាន​ប្រាក់ ដូច្នេះ​ហើយ​អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​ប្រាក់​គឺ​គេ​ធ្វើ​តាម​អ្នក​នោះ។
មធ្យោបាយ​សំខាន់​ក្នុង​ពេល​នេះ​គឺ​ ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ដល់​ដីគោក​សិន ​ទើប​អាច​គេច​ពី​ការ​ត្រូវ​បញ្ជូន​ឱ្យ​វិល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​បាន។
គេ​ងាក​ក្រោយ​សម្លឹង​សំដៅ​ទៅ​បន្ទប់​តូច​ ដែល​ម្ចាស់​បេះដូង​កំពុង​​ពុត​ជា​ឈឺ។

មេឃ​ក្រហម​ព្រាលៗ​ជា​សញ្ញា​ព្រះអាទិត្យ​យាង​ពី​និន្ទ្រា ចិត្ត​គេ​នឹក​អាណិត​សម្ដី​នាង​ដែល​នៅ​លាន់​រងំ​​ពេញ​បេះដូង «​យើង​មក​ដល់​ដំណាក់​កាល​នេះ ពេល​នេះ ទី​នេះ​ហើយ! បើ​អាច​ទៅ​មុខ​បាន មិន​បាច់​បក​ក្រោយ​ទេ! អូន​ក៏​រស់​មិន​បាន បើ​គ្មាន​បង ខៀវ​ សូត្រា!»…
គេ​ប្រាប់​ខ្លួន​ឯង​ស្ងាត់ៗ៖
«ព្រះ​នាង​តូច​របស់​បង! បើ​ឆ្លង​ផុត​យប់​​នេះ បង​អាច​នាំ​អូន​ចាកចេញ​ពី​លំហ​សមុទ្រ​ និង​ពពួក​មនុស្ស​រស់នៅ​កំដរ​តែ​ប្រាក់​ទាំងអស់​នេះ​ រួចរាល់​កាលណា ឆាក​ជីវិត​ដែល​នៅ​សល់​របស់​ដា​មិកា ខៀវ សូត្រា​នឹង​កែច្នៃ​ឱ្យ​មាន​តែ​ស្នាម​ញញឹម សេចក្ដី​សុខ រហូត​ត​ទៅ! ព្រះ​នាង​របស់​បង​​នឹង​មិន​ខ្វល់​អ្វី ក្រៅ​តែ​ទទួល​បាន​ស្នាម​ថើប​នៅ​​ព្រឹក​ព្រលឹម បាន​រង្វង់​ដៃ ពេល​អូន​រងា បាន​ម្រាម​ដៃ​ថ្ពក់​ចូល​គ្នា ពេល​ដើរ​កាត់​វិថី​ជីវិត ហើយ​រៀងរាល់​រាត្រី រឿង​និទាន​មុន​ពេល​គេង ​មាន​តែ​រឿង​ស្នេហា​រវាង​បុរស​ជា​ទន្សាយ ដែល​លែង​នៅ​ឆ្ងាយ ព្រោះ​ចន្ទ្រា​បាន​បន្ទាប​ខ្លួន​មក​ឱ្យ​ថ្នាក់​ថ្នាក់ថ្នម​!»​

ស្នូរ​ព្រូស​ប្រាស់​លាន់​មកពី​នាយ​សន្លឹម​ ប៉ុន្តែ​មិន​អាច​លាក់បាំង​បាន​ ដោយសារ​មេឃ​នៅ​មិន​ទាន់​ភ្លឺ​ច្បាស់ ហើយ​រលក​ស្ងប់ស្ងាត់​គ្មាន​សំឡេង។​
​អ្វី​ដែល​និពន្ធ​នាយក ចាប់ផ្ដើម​បុក​ពោះ​ភ័យ​គឺ​នាយ​ស្គាល់​ថា នេះ​ជា​សូរសព្ទ​អូប័រ។​
ហេតុអ្វី? អ្នក​ណា​មក​ដល់​ក្នុង​ពេល​នេះ? យើង​មក​ជិត​ដល់​ដីគោក​ហើយ​មែន​ឬ​មិនមែន​បាន​ជា​មាន​អូប័រ​ឆ្លងកាត់។​

សន្ធឹក​ជ្រែក​ព្រះ​គង្គា​លាន់​មក​កាន់តែ​ជិត និពន្ធ​នាយក​កាន់​តែ​អែប​ថយ​ទៅ​រក​ទី​លាក់ខ្លួន។
ជំនិះ​ជ្រែក​ទឹក​ពិតជា​មាន​គោលដៅ​មកកាន់​កន្លែង​នេះ​ ហើយ​ពួកគេ​មិនទាន់​មក​ក្បែរ​ចម្ងាយ​២០​ម៉ែត្រ​​ត្រឹមត្រូវ​ផង នាយ​ឃើញ​ទ្វារ​កប៉ាល់​របើក ហើយ​ពួក​ជន​ជាតិ​ម៉ាឡេ​អម្បាញ់មិញ​នេះ​ស្ទុះ​ចេញ​មក​ជាមួយ​កាំភ្លើង​ច្រូងច្រាង។​
សូត្រា​ដឹង​ថា​ស្ថានការណ៍​ប្រហែល​ជា​មិន​បាន​ដូច​គិត​ទេ។​
នារី​ដែល​មាន​តម្លៃ​៥០​ម៉ឺន​ដុល្លារ​នៅ​លើ​ទូក​នេះ ប្រហែល​ជា​កំពុង​ជា​ដើម​ចម​នៃ​សន្ធឹក​ជ្រែក​ភាព​ស្ងប់ស្ងាត់ កណ្ដាល​សាគរ​គ្មាន​ត្រើយ។
អ្នក​ដក​ខ្លួន​ថយក្រោយ​ជា​ជំហានៗ​ បំណង​ឆ្ពោះ​ទៅ​រក​ទីតាំង​ដែល​ស្រី​ស្នេហ៍​កំពុង​សំងំ ល្មម​ពេល​អូប័រ​រេ​វាត់​មក ខ្ចាយ​រលក​រង្គើ​ដល់​តួ​កប៉ាល់។

ស្ថានការណ៍​អាក្រក់ នៅ​កៀក​បង្កើយ។ សូត្រា​ផ្ទៀង​ស្ដាប់​ឮ​សម្រែក​គំហក​​សួរ​លាន់​ចុះ​ពីលើ​កប៉ាល់​៖​
«ពួក​អ្ហែង​អាណា​គេ?»​
​ស្នូរ​កាំភ្លើង​ផ្ទុះ​ផូង​ជំនួស​ចម្លើយ។​
​សូរ​មនុស្ស​ធ្លាក់ទឹក​ប្រូង ហាក់​រុញ​ជើង​សូ​ត្រា​ឱ្យ​រត់​វឹង​ត្រឡប់​ទៅ​រក​ដា​មិកា។ ស្នូរ​កាំភ្លើង​លាន់​រះ​មក​បន្ត​បន្ទាប់ ប៉ុន្តែ​សូត្រា​គ្មាន​អារម្មណ៍​ឯ​ណា​នឹង​យក​ចិត្ត​ទុក​ដាក់។
គេ​រត់​បក​មក​ដល់​មុខ​បន្ទប់​តូច​នៅ​ឃ្លុប​ក្រោម ​ក៏​ឃើញ​ដាមិកា​នៅ​ឈរ​ទី​នោះ​ស្រាប់​ គឺ​នៅ​នឹង​មាត់​ទ្វារ​ ហើយ​បើក​ភ្នែក​គ្រលួង​សម្លឹង​មក​នាយ​ដោយ​តក់ស្លុត។
​ដូច​រាល់ដង នាយ​លើក​ដៃ​ចង្អុល​បបូរមាត់​ឱ្យ​សញ្ញា​ កុំ​ឱ្យ​នាង​បញ្ចេញ​សំឡេង​​អ្វី​ ហើយ​ចុះ​វឹង​ទៅ​ចុច​បិទ​ភ្លើង​បន្ទប់ ដៃ​ម្ខាង​អូស​នាំ​នាង​ឡើង​មក​លើ ហើយ​សសៀរ​តាម​របាំង​សំយាប​ដំបូល​ក្នុង​គោលដៅ ឆ្ពោះ​ទៅ​ខាង​ក្រោយ​កប៉ាល់។

ស្នូរ​បាញ់​រះ​មួយ​ប្រាវ​ទៀត​ធ្វើ​ឱ្យ​ដាមិកា​ទន់​ជើង​ដើរ​តាម​នាយ​លែង​រួច។
ដោយ​ម្រាម​នៅ​ច្រវាត់​រក​គ្នា នាង​ទើរ​ក៏​ដូច​ជា​ទាញ​នាយ​ឱ្យ​នៅ​គាំង​ក្បែរ​គ្នា។ ​ប្រុស​ស្អាត​សម្លឹង​មុខ​នាង​ឃើញ​តែ​ភ្នែក​មួយ​គូ​គ្រលួងៗ។
នាយ​ឱន​មក​ខ្សឹប៖
​«នៅ​ហ្នឹង! កុំ​ទៅ​ណា! បង​​ទៅ​មើល​ខាង​មុខ!»
​«កុំ​!»​
​នាង​ឃាត់​ពេល​គេ​ប្រុង​លែង​ដៃ។
​ចុង​ដៃ​នារី​អ្នក​មាន​ត្រជាក់​ដូច​ទឹកកក ធ្វើ​ឱ្យ​ចិត្ត​សូត្រា​ទីទើរ។ បុរស​សម្លឹង​លំហ​ទឹក​ជុំវិញ​ខ្លួន​រក​ច្រក​ថា​ បើ​ចុះ​ហែល​ក៏​មិន​ដឹង​ហែល​ទៅ​កាន់​ទិស​ណា​មួយ​ដែរ។​
​ស្នូរ​កាំភ្លើង​ស្ងាត់​វិញ។

​គ្រប់​យ៉ាង​ហាក់បីដូចជា​ស្ងប់​មួយ​ខណៈ​មុនពេល​ស្នូរ​មនុស្ស​លោត​ព្រឹបៗ ​មក​លើ​កប៉ាល់​បាន​ខាប​យក​អារម្មណ៍​ប្រុស​ស្រី​ទាំង​ទ្វេ។​
​«បើ​អ្នក​ខាង​ក្រោម​លោត​ឡើង​មក​លើ​បាន មាន​ន័យ​ថា​មួយ​ប្រាវ​អម្បាញ់មិញ អ្នក​ខាង​លើ​ចប់​អស់​ហើយ?»​
​ដាមិកា​គិត​ដោយ​ដៀង​មក​មើល​សូត្រា។ ប្រុស​ស្អាត​កំពុង​រំពៃ​រក​មើល​ច្រក​គេច​យក​រួច​ជីវិត​ ធ្វើ​ឱ្យ​នារី​ឯ​ណេះ​មាន​ពេល​ពិចារណា​ការណ៍​វែង​ឆ្ងាយ។​
ទីបំផុត​គេ​បែរ​មក​ហើយ​បបួល៖
​«តោះ​!»​

ដាមិកា​មិន​ព្រម​ទៅ​តាម​គេ​ដែល​ខំ​ទាញ​នាង​ទៅ​មុខ ​ធ្វើ​ឱ្យ​សូ​ត្រា​ចម្លែក​ចិត្ត​ងាក​ក្រោយ​មក​វិញ​សម្លឹង​ស្រី​ស្នេហ៍។​
​«សូ​ត្រា​! ​អូន​មាន​រឿង​សំខាន់​មួយ​ចង់​និយាយ!»
​«នេះ​មិន​មែន​ជា​ពេលវេលា​សម្រាប់​និយាយ​ទេ! តោះ​ទៅ!»​
នាង​មិន​ព្រម​ទៅ ហើយ​ខ្សឹបៗ៖
​«បើ​មិន​និយាយ​ពេល​នេះ អូន​ខ្លាច​អស់​ពេល​នឹង​ប្រាប់!»
សម្ដី​នាង​ធ្វើ​ឱ្យ​និពន្ធ​នាយក​ប្រហោង​ពោះ។ តើ​ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់ នារី​នេះ​គិត​ថា​នឹង​បក​ក្រោយ​ចោល​នាយ​ឬ​មួយ​យ៉ាង​ណា?​
មនុស្ស​ទាំង​នោះ​មាន​គោលដៅ​មក​យក​នាង​ទៅ​ច្បាស់​ណាស់ តើ​នាង​គិត​ថា​ខ្ជិល​ផ្សង​គ្រោះ​ថ្នាក់​ដើម្បី​ស្នេហា​នេះ​ ហើយ​ដកថយ​វិញ?​
គេ​សម្លឹងមុខ​នាង​រង់ចាំ​ឮ​ការ​សម្រេចចិត្ត​ ស្រាប់តែ​នាង​ឱន​​មក​ឱប​ក​នាយ​ហើយ​ពោល​ខ្សឹប។
​អាថ៌​កំបាំង​ដែល​នាង​កំពុង​ពណ៌នា ​ធ្វើ​ឱ្យ​ចិត្ត​សូត្រា​អណ្ដែត​ត្រសែត។
នាយ​នៅ​ភ្លឹក​ស្ដាប់​នាង​រហូត​ដល់​ចប់ ហើយ​ខ្លួន​ឯង​ឯ​ណេះ​វិញ នឹង​រក​វាចា​អ្វី​មក​តប​មួយ​ម៉ាត់​ក៏​មិន​រួច។

ក្នុង​ការ​សម្លឹង​គ្នា ​ជាមួយ​កែវភ្នែក​ស្រងេះស្រងោច​កំដរ​កាំរស្មី​ក្រហម​ប្រឿងៗ​នៃ​ព្រឹក​ព្រហាម ដាមិកា​ងក់​ក្បាល​តិចៗ ហើយ​និយាយ​ខ្សឹបៗ​បន្ត​ ពេល​ខាង​ប្រុស​កំពុង​ភាំង៖​
​«ចាំ​សម្ដី​អូន! ​ធ្វើ​រឿង​នេះ​ឱ្យ​អូន ប្រសិន​អូន​មិន​អាច​មាន​ឱកាស​ធ្វើ​វា​បាន​!»​
គេ​សម្លឹង​នាង​ទាំង​ទុក្ខ​ព្រួយ​បន្ទាប់​មក បើក​ភ្នែក​ធំៗ​ដោយ​តក់ស្លុត​ សម្លឹង​ហួស​ពី​នាង​ទៅ​មុខ​ទៀត។​
ដា​មិកា​ធ្មេច​ភ្នែក ព្រោះ​នាង​ដឹង​ថា ​អ្វី​ទៅ​កំពុង​កើត​មាន​ឡើង។​
ស្នូរ​ជើង​មនុស្ស​ជា​ច្រើន​ដើរ​មក​កៀក​ឡើង​ៗ​ពី​ក្រោយ​ខ្នង​នារី​នេះ ហើយ​ត្រចៀក​នាង​ឮ​សំឡេង​មនុស្ស​ប្រុស​និយាយ​ភាសា​ខ្មែរ​ច្បាស់​ទែង៖
​«អគ្គនាយិកា! លេខា​លីនរ៉ាណា​ឱ្យ​ពូក​ខ្ញុំ​មក​នាំ​អ្នក​នាង​ទៅ​ភ្នំពេញ​វិញ!»
នាង​ងើបមុខ​សម្លឹង​នាយ។​
ស្រី​ស្រស់​មិន​រវល់​ពី​ពាក្យ​ទាំងឡាយ​ដែល​ពួក​អ្នក​ជិះ​អូប័រ​កំពុង​ចរចា ​ព្រម​ទាំង​ស្នូរ​ជើង​ដែល​ចូល​មក​កាន់តែ​កៀក។

កែវ​ភ្នែក​សូ​ត្រា​សម្លឹង​មក​នាង​ដោយ​ក្តី​ស្រងូតស្រងាត់​ហួស​នឹង​ថ្លែង។
ស្នូរ​ជើង​លាន់​មកពី​ក្រោយខ្នង គឺ​មនុស្ស​ដែល​ជា​ឆ្អឹង​ទទឹង​ក ​បាន​​ព័ទ្ធ​មក​ពី​សងខាង​ទៅ​ហើយ និពន្ធ​នាយក មិន​និយាយ​អ្វី ប៉ុន្តែ​គេ​ទាញ​ប្រាណ​តូច​ច្រឡឹង​មក​ឱប​ពេញ​ក្នុង​រង្វង់​ដៃ​ក្នុង​ក្ដី​ប្រាថ្នា​ការពារ​នាង…
ផូង! រាងកាយ និពន្ធ​នាយក រង្គើ​កម្រើក តែ​រង្វង់​ដៃ​នាយ​នៅ​តែ​ព្យាយាម​ឱប​​នាង​បន្ត ពេល​ដែល​កែវ​ភ្នែក​ស្រី​ស្អាត​បើក​ក្រឡោត​ៗ​ក្នុង​ក្ដី​រន្ធត់។
ដាមិកា​នៅ​ភាំង​សម្លឹង​ភ្នែក​ប្រុស​ស្នេហ៍​ដែល​ប្រែ​ទៅ​ជា​ក្រហម​​សន្សឹមៗ ហើយ​ចាប់ផ្ដើម​ល្អក់។​
​«គេ​ត្រូវ​គ្រាប់​ហើយ​!»​
​នាង​ប្រាប់​ខ្លួនឯង​ក្នុង​បេះដូង តែ​ហា​មិន​រួច​ តួ​អណ្ដាត​ហាក់​រឹង​គាំង។
​«ពួកវា​អស់​នេះ​ គិត​ថា​គេ​នេះ​កំ​ពុង​ធ្វើ​អ្វី​ខ្ញុំ​បាន​ជា​បាញ់​គេ?!»

សូត្រា​ចាប់​ផ្ដើម​របូត​ដៃ​បន្ទាប់​ពី​គ្រាប់​ទី​ពីរ​លាន់​មក។
នាយ​និយាយ​អ្វី​មិន​រួច​ទេ​ ទោះ​បី​ជា​នាង​មើល​ឃើញ ភ្នែក​នាយ​កំពុង​បង្ហាញ​ថា​ ចង់​និយាយ​អ្វី​ជា​ច្រើន​មក​កាន់​ខ្លួន​ក៏​ដោយ។​
ដា​មិកា​ប្រមូល​កម្លាំង​អស់ពី​រាងកាយ​ស្មារតី​ហើយ​ស្រែកហៅ​នាយ៖
​«សូ​ត្រា​!»​
គ្រាប់​ទី​បី​លាន់​មក ផ្ដាច់​ហត្ថា​និពន្ធ​នាយក​របូត​ទាំង​ស្រុង​ពី​ប្រាណ​នារី​អ្នក​មាន។​ ជង្គង់​​នាយ ទន់​ស្រឹប ទាញ​យក​រាងកាយ​បុរស​រូប​ស្អាត​ដែល​ធ្លាប់​តែ​មាន​នារី​ជា​ច្រើន​ចោម​ចង់​មេត្រី ពេល​នេះ​ដួល​រេល​ទៅ​លើ​កប៉ាល់។​
​«ហេតុ​អី​បាញ់​គេ?»

​នាង​ស្រែក​សន្ធាប់​ហើយ ងាក​ក្រោយ​សម្លឹង​ទៅ​ប្រុស​ម្នាក់​ដែល​និយាយ​ខ្មែរ​ដាក់​នាង​មុន​នេះ។​
បុរស​មាឌ​ក្រអាញ​ម្នាក់​ វែក​កូនចៅ​ដែល​កាន់​កាំភ្លើង​គ្រប់​ដៃ​ហើយ​ឆ្ពោះ​មក​រក​នាង​ធ្វើ​ឱ្យ​ដា​មិ​កា​លាដៃ​ទាំងសងខាង រាំងផ្លូវ​គេ។​
​«ឯង​បាញ់​គេ​ធ្វើ​អី?»​
​អភិ​នារី​ស្រែក​ភ្លាត់​សំឡេង​ លាយ​ជាមួយ​ភាសា​សោយសោក ​ប៉ុន្តែ​ជន​នោះ​បែរ​ជា​ឆ្លើយ​តប​មក​វិញ​​ធ្វើ​ព្រងើយ​៖​
​«លីន​រ៉ា​ណា​ឱ្យ​នាំ​តែ​អគ្គនាយក​ទៅ​ម្នាក់​គត់​!»​
​នាង​គ្មាន​ពេល​ស្ដាប់ ​ក៏​គ្មាន​ពេល​តវ៉ា​ ដៃ​ស្រវា​រក​បុរស​ដែល​កំពុង​តែ​បិទ​ភ្នែក​ទប់​ដង្ហើម។ លោហិត​ក្រហមច្រាល​កំដរ​ពេល​ព្រឹក​ព្រលឹម​នា​ថ្ងៃ​លា​គ្នា បាន​ធ្វើ​ឱ្យ​ត្រចៀក​នា​រី​ដែល​ធ្លាប់តែ​រឹងមាំ​វៃ​ឆ្លាត​ ប្រែ​មក​ជា​លែង​រវល់​ដឹង​ឮ​ចំពោះ​អ្វីៗ​ជុំ​វិញ​ខ្លួន ​រហូត​ដល់​នាង​ត្រូវ​ទាញ​បង្ខំ​ឱ្យ​ថយ​ក្រោយ​ពី​ប្រុស​ស្នេហ៍ ទើប​ដាមិកា​ចាប់​ផ្ដើម​រើ​បម្រះ។​

រាងកាយ​នាង​កាន់តែ​ឃ្លាតឆ្ងាយ​ទៅៗ ពី​និពន្ធ​នាយក​ដែល​ដេក​ដួល​ដោយ​មិន​អាច​ជម្នះ​កម្លាំង​ពួក​អ្នក​ប្រទាញ​ទាំង​នោះ​បាន ដូច្នេះ​​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​ស្រែក​ហៅ​គេ​ឮៗ​ «សូ​ត្រាៗ​! ​ក្រោក​ឡើង​សូត្រា ក្រោក​ឡើង!​»។​
​ស្រី​ស្អាត​ត្រូវ​បាន​លើក​បន្ត​ទៅ​ដាក់​លើ​អូប័រ​ ហើយ​រុញ​​ឱ្យ​អង្គុយ​នៅ​ចន្លោះ​កណ្ដាល​មនុស្ស​ប្រុស​៥​នាក់ ​អម​ទាំង​មុខ​ ទាំង​ក្រោយ ​ទាំង​ឆ្វេង​និង​ស្ដាំ។​
នាង​ភ័ន្ត​ភាំង​សម្លឹង​ទៅលើ​កប៉ាល់​ដែល​កម្មករ​ម៉ាឡេស៊ី​ដេក​ដួល​ស្លាប់​រាល។​
អ្វី​ដែល​នាង​ប្រាប់​ខ្លួនឯង​ក្នុង​ពេល​នេះ​គឺ​ថា ទម្រាំ​តែ​មាន​គេ​ណា​ម្នាក់ មក​ប្រទះឃើញ​កប៉ាល់​មួយ​នេះ ខៀវ​សូត្រា​មិន​អាច​សល់​មួយ​កូន​ដង្ហើម​ផង​ កុំ​ថា​ឡើយ​អាច​ឡើង​ទៅ​ដល់​ដីគោក។​

មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ អូប័រ​បញ្ឆេះ​ហើយ ពួកគេ​បាន​ចេញ​ដំណើរ​​ក្នុង​ទិស​ដៅ​ផ្ទុយ​ពី​កប៉ាល់។​
ជាមួយ​សន្ធឹក​ទឹករ​លក​បញ្ច្រាស​ចិត្ត ​ដែល​ស្លាប់​បាត់​ទៅ​ហើយ​នោះ លាន់​រងំ​មក​វិញ​នូវ​បណ្ដា​អនុស្សារ​​ទាំងឡាយ «​ខ្ញុំ​ចាំ​លោក​នៅ Coffee 31 ​ទល់មុខ​ការិយាល័យ​លោក! ម៉ោង​៣​រសៀល​នេះ​» «សុំទោស​ដែល​ធ្វើឱ្យ​រង់ចាំ​!​ ហើយ​ខ្ញុំ​មក​តែ​ម្នាក់​ឯង​ទេ​!» «​អរគុណ ដែល​លោក​ព្រម​មក​!» «ខ្ញុំ​ចេះ​អៀន​ជា​លើក​ដំបូង​!» «​ល្អ​ណាស់​ បើ​ខ្ញុំ​ពិតជា​អាច​ធ្វើ​ឱ្យ​និពន្ធ​នាយក​អៀន​! ហៅ​កាហ្វេ​របស់​លោក​ទៅ!» «​កាហ្វេ​ខ្មៅ​អត់​ស្ករ​!» «​យក​ពីរ​!» «​បើ​លោក​គិត​ថា កាហ្វេ​ខ្មៅ​អត់​ដាក់​ស្ករ​ជា​របស់​ផ្ដាច់​មុខ ខ្ញុំ​នឹង​ដណ្ដើម​សិទ្ធិ​នេះ​យក​!» «​អូន​យល់​ថា​រយៈពេល​១១​ថ្ងៃ​ដែល​បាន​នៅ​ជិត​មនុស្ស​អូន​ស្រលាញ់​ហើយ​គេ​ក៏​ស្រលាញ់​អូន ដោយ​មិន​ទាមទារ​អ្វី!​ ជាតិ​នេះ​ដា​មិកា​អស់​ចិត្ត​ហើយ! អូន​ជំពាក់​បង​សូ​ត្រា មិន​ដឹង​ពេល​ណា​អាច​សង​ចប់​ទេ​!» «​ពេល​ដែល​នាង​លះបង់​បល្ល័ង្ក ហើយ​មក​តាម​ប្រុស​ម្នាក់​នេះ!»
«ហើយ​ជីវិត​អូន​នេះ​ក៏​មិន​ដឹង​ថា អាច​គង់​វង្ស​រហូត​ដល់​ថ្ងៃ​នោះ​ដែរ​ឬ​អត់​ផង​ទេ​សូ​ត្រា​!» «​ទោះ​សល់​តែ​មួយ​ដង្ហើម បង​នឹង​ការពារ​អូន​!» «​ថ្ងៃ​ដែល​លោក​ប៉ា​សម្រេច​ចិត្ត​ចុង​ក្រោយ ឱ្យ​អូន​យក​តំណែង​នេះ អូន​ទុក​ថា​ខ្លួនឯង​ស្លាប់​បាត់​ទៅ​ហើយ​!» «​អ៊ីចឹង​ខៀវ​ សូត្រា​ក៏បាន​ធ្លាក់​ក្នុង​ទន្លេ ហើយ​ស្លាប់​រួច​ទៅ​ហើយ​ដែរ​ដា​មិកា​!»​

ពេល​ដែល​កែវភ្នែក​ទាំង​គូ​ព្រិល​ស្រអាប់​ដោយ​ទឹកភ្នែក ​ដែល​ជា​ឥទ្ធិពល​នៃ​ការ​ចងចាំ​របស់​បេះដូង នាង​ហាក់​ចាប់អារម្មណ៍​ឃើញ​ថា​នាង ​«​ឃើញ​គេ​»។​
ខៀវ​ សូត្រា​មិន​ទាន់​ដេក​ដួល​ដូច​នាង​គិត​ទេ នាង​ឃើញ​គេ​ក្រោក​មក​ឈរ​​ត្រដរ​រក​នាង​នៅ​ក្បែរ​បង្កាន់ដៃ​កប៉ាល់​ពេល​ដែល​អូប័រ​កំពុង​រេ​ចង្កូត​ព័ទ្ធ​មួយ​ជុំ​ទឹក។​
​រហ័ស​ដូច​ផ្លេកបន្ទោរ អគ្គនាយិកា​ចិត្ត​ស្លុយ ក្រោកឈរ​វឹង​កណ្ដាល​ចំណោម​មនុស្ស​ពាល​ធ្វើ​ឱ្យ​ពួក​នោះ​ចាប់ផ្ដើម​ភ័យ​ស្លន់។
​ការ​ដែល​ព្យាយាម​រារាំង​មនុស្ស​ម្នាក់ នៅ​លើ​អូប័រ​មួយ​តូច​ចង្អៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន មិន​មែន​ជា​រឿង​ងាយស្រួល​ទេ។ ម្នាក់​ក្នុង​ចំណោម​ពួក​នោះ​ហាក់​ដឹង​ពី​អ្វី​ដែល​នារី​នេះ​ចង់​ធ្វើ បាន​ជា​គេ​នោះ​ព្យាយាម​និយាយ​លួង​នាង៖
​«អគ្គនាយក! Red Index​ នៅ​រង់ចាំ​នាង ម្ដាយ​នាង​នៅ​ផ្ទះ គាត់​កំពុង​ទន្ទឹង​ផ្លូវ​នាង!»

ដាមិកា​សើច​ខឹក​ទាំង​ភ្នែក​ សម្លឹង​ផ្ដោត​ទៅ​កាន់​កប៉ាល់​ប្រុស​ស្នេហ៍​នៅ​ឆ្ងាយ​ទៅ​ៗ។ សំឡេង​នាង​តបត​នឹង​អ្នក​ដែល​ព្យាយាម​លួង៖
​«ពួក​ឯង​មិន​មែន​លីន​រ៉ា​ណា​បញ្ជូន​មក​ទេ! ម្ដាយ​យើង​មិន​ដែល​សម្លាប់​អ្នក​ណា​ឡើយ​ក្នុង​ជីវិត​គាត់ គាត់​រឹតតែ​គ្មាន​រឿង​អី​សារភាព​ពី​រឿង​ម៉ែ​កូន​ប្រាប់​មនុស្ស​ធុន​ពួក​ឯង!»​
ថា​សឹង​មិន​ទាន់​ចប់​ពី​មាត់ រាងកាយ​តូច​រាវ​ដែល​តែងតែ​ក្រឡាស់​លោត​ចូល​អាង​ហែល​ទឹក យ៉ាង​ស្ទាត់​ជំនាញ ពេល​នេះ​ប្រឆាំង​នឹង​ទិសដៅ​របស់​ជំនិះ​ហើយ ក្រឡាស់​ខ្លួន​ប្រូង​ទៅ​ក្នុង​រលក​ទឹក​នៃ​លំហ​សាគរ​គ្មាន​កោះ​គ្មាន​ត្រើយ។

ក្តី​សង្ឃឹម​របស់​នាង គឺ​ហែល​បក​ទៅ​រក​គេ។ ក្នុង​បេះ​ដូង​នាង សំឡេង​គេ​លាន់​មក​ម្ដង​ហើយ​ម្ដង​ទៀត «​បង​ធុញ​ណាស់ បង​គ្មាន​ពេល​មក​រស់​ក្នុង​ល្បិចល្បង​អស់ទាំង​នេះ​ទេ​ដា​មិ​កា​! បង​ចង់​ឱ្យ​យើង​ទៅ​កន្លែង​មួយ​ដែល​រស់នៅ​តែ​ពីរ​នាក់​!» «​ដរាបណា​ម៉ាក់​អូន​មិន​ទាន់​បាន​កាន់​កាប់​ភាគហ៊ុន​ធំ អូន​ទៅ​ណា​មិន​ទាន់​បាន​!» «​ពេល​ណា​ទៅ​ដា​មិកា ​ហើយ​បង​ត្រូវ​ស្លាប់​ប៉ុន្មាន​ដង​ទៀត?»
ស្រី​ស្រស់​ខំ​ហែល​ផង​រំពៃ​រក​មើល​ប្រុស​ស្នេហ៍​ផង។

មួយ​ដង្ហើម​ដែល​អាច​ងើប​ក្បាល​បាន នាង​ឃើញ​គេ​ពី​ចម្ងាយ​ គេ​នៅ​ទី​នោះ​នៅ​ឡើយ គឺ​ទ្រោប​នឹង​បង្កាន់​ដៃ​ ទាំង​ទន់​ខ្លួន​ល្ងៀក…… ​នាង​ប្រាប់​ខ្លួន​ឯង​ច្បាស់​ៗ​ក្នុង​លំហ​រលក​ដែល​ត្រជាក់​ស្រៀវ​ដោយ​អំណាច​សន្សើម​ពេល​ព្រហាម៖
​«អូន​ទៅ​ហើយ​! យើង​ទៅ​ជាមួយ​គ្នា កន្លែង​ដែល​គ្មាន​អ្នក​ណា​ស្គាល់​យើង​!»​
​ស្នូរ​អូប័រ​លាន់​មក​កាន់តែ​កៀក​ ប៉ុន្តែ​ស្ដាប់​យូរៗ​ទៅ ​វា​ហាក់​បី​ដូច​ជា​មិន​មែន​មាន​តែ​មួយ​គ្រឿង​ទេ…….

វគ្គ​
ជីវិត​ពេល​គ្មាន​អូន​

…..ជោគជតា​និង​ដាណែន​ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​ភាព​បារម្ភ​ ពេល​ឃើញ​វិច្ឆិកា​ចូល​មក​ដល់​ទាំង​ទឹក​មុខ​តឹងតែង។​
តូច​នារី​មិនទាន់​និយាយ​សួរ​អ្វី​ផង​ ដា​ណែន​ប្រញាប់​សួរ​មុន៖​
«ឯ​ណា​ម៉ាឌី?»​
«នៅ​ជាមួយ​ខៀវ​ សូត្រា!»​
នារី​ទាំង​ពីរ​សម្លឹង​គ្នា​ដោយ​អំណរ ប៉ុន្តែ​ដៃ​វិច្ឆិកា​ឯ​ណេះ ​កំពុង​ប្រមូល​លិខិត​ឆ្លងដែន​និង​ឯកសារ​ជា​ច្រើន​ចេញ​ពី​ថតតុ។
«បង​ឯង​រក​អី​ប្រញាប់​ម៉េះ​!»​
នាង​សួរ​ព្រោះ​នេះ​ជា​បន្ទប់​ពួក​នាង​មិនមែន​បន្ទប់​គេ​និង​ម៉ា​ឌី​ទេ ដូច្នេះ​នាង​ឆ្ងល់​នឹង​ចរិត​អន្ទះសា​របស់​គេ។

វិច្ឆិកា​តប​ស្រាលៗ៖
«ប្រមូល​អីវ៉ាន់​សំខាន់ៗ​មក​ជោគ​ជតា! យើង​ស្រូត​ទៅ​ភ្នំពេញ​វិញ!»
គេ​និយាយ ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង តែ​សំឡេង​កាន់​តែ​ស្រាល​របស់​គេ ធ្វើ​ឱ្យ​ជោគ​ជតា​ដឹង​ច្បាស់​ថា គេ​កំពុង​ស្ថិត​ក្នុង​សភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វីមួយ​ ដែល​ប្រាកដ​ជា​មិនមែន ​«រឿង​ល្អ»៖
«ហេតុ​អី?»​
«កុំ​សួរ​បង​ពាក្យ​ហេតុ​អី​ក្នុង​ពេល​នេះ! សូ​ត្រា​របួស​ធ្ងន់ ហើយ​មនុស្ស​អាក្រក់ៗ​មិន​ដឹង​ប្រភព​អាច​នឹង​នាំ​ទុក្ខ​មក​ឱ្យ​ពួក​យើង!»
ដាណែន​ស្ទុះ​មក​ក្បែរ​នាយ ស្រប​ពេល​ដែល​ជោគ​ជតា​សួរ​បន្ថែម​ទាន់ហន់៖
«ឯ​ណា​សោភ័ណ​ដា​មិកា?»
ដៃ​ប្រធាន​និស្សិត​នៅ​ស្ងៀម​ទ្រឹង​ ហើយ​ទឹក​មុខ​គេ​ជា​សញ្ញា​មួយ​មិន​ល្អ​ដាច់ខាត ​បើ​តាម​ការ​យល់​ចិត្ត​គ្នា​រវាង​នាង​និង​គេ។

គេ​ដៀង​ភ្នែក​សម្លឹង​តូច​នារី​ម្ចាស់​ចិត្ត​ ប៉ុន្តែ​ជោគ​ជតា​ងើប​មុខ​មក​សម្លឹង​ដាណែន។​
ដាណែន​ដក​ដង្ហើម​ធំ ហើយ​កាត់​ចិត្ត​សួរ៖
«បង​ត្រា​នៅ​ឯ​ណា?»
វិច្ឆិកា​ងើប​ចេញ​ពី​កូន​តុ។​
នាយ​ដក​ដង្ហើម​ធំ​សង​នាង​វិញ ​មុន​ពេល​និយាយ​មួយៗ​មក​កាន់​ដាណែន៖
«​ពេជ្រ ដាណែន​! ជួយ​ធ្វើ​រឿង​មួយ!»
នារី​អ្នក​កាសែត​ប្រឹង​ធ្វើ​មុខ​មាំ​ហើយ​ងក់​ក្បាល។ ឃើញ​ហើយ វិច្ឆិកា​និយាយ​ប្រាប់​ស្រាលៗ ​តែ​ច្បាស់​ៗ​ទៅ​កាន់​កែវភ្នែក​មូល​ក្រឡង់​រង់ចាំ​ចម្លើយ​របស់​នាង៖
«ជួយ​និយាយ​យ៉ាង​ណា​ឱ្យ​សូត្រា​ព្រម​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ!»
ដាណែន​ពោល​សួរ​វិញ​ភ្លាម​ ក្នុង​សព្ទ​សំឡេង​តិចៗ៖
«មិញ​ក្រែង​លោក​ថា​គាត់​របួស​ធ្ងន់?»

វិច្ឆិកា​ងក់​ក្បាល​ ពេល​បេះ​ដូង​ជោគ​ជតា​ក្ដុកក្ដួល​ ហើយ​ផ្ទៃ​មុខ​ស្លេកស្លាំង។
«គេ​ឆ្លង​កាត់​គ្រោះ​ថ្នាក់​ហើយ! តែ​យើង​ខ្លាច​សុវត្ថិភាព​គេ!»
ដា​ណែន​សួរ​បន្ត​ភ្លែត៖
«ចុះ​ដា​មិកា? ម៉េច​មិន​ឱ្យ​គេ​ទៅ​និយាយ​បង​ត្រា​!»​
«ដា​មិកា​ស្លាប់​ហើយ​!»​
ដាណែន​គាំង​សំណួរ។ ភ្នែក​នាង​សម្លឹង​មុខ​វិច្ឆិកា​ តែ​ចិត្ត​នឹក​ដល់​ស្ថានភាព​របស់​និពន្ធ​នាយក។
នាង​ដៀង​ភ្នែក​មក​រក​ជោគ​ជតា​ ពេល​ឃើញ​តូច​នារី​យើង​លើកដៃ​ខ្ទប់​មាត់។
ចិត្ត​នារី​រៀមច្បង​កាន់តែ​រន្ធត់​ តែ​នាង​ខំ​ទប់​ណាស់​ដើម្បី​ដាក់​សំណួរ​បន្ថែម៖​
«បង​ត្រា​នៅ​ឯ​ណា?»

ប្រុស​ស្រី​ទាំង​បី​ចាកចេញ​ពី​ទី​សំណាក់​ ហើយ​ឆ្ពោះ​ទៅកាន់​គោលដៅ​តាម​ការ​នាំ​ផ្លូវ​របស់​វិច្ឆិកា។
ពួកគេ​មក​ដល់​កូន​ផ្ទះ​មួយ​នៅ​សង្កាត់ ជាយក្រុង​ហើយ​តាក់ស៊ី​ឈប់…..
«កន្លែង​នេះ មិន​សម​ជា​មន្ទីរ​ពេទ្យ​សោះ​វិច្ឆិកា​!»​
ដាណែន​សួរ​ទាំង​ដើរ​ញាប់​ជើង​តាម​ពី​ក្រោយ​គេ​លើ​តំបន់​ដែល​ស្ងាត់​ច្រៀប មិន​ឃើញ​មនុស្ស​ម្នា។ ប្រធាន​និស្សិត​ឆ្លើយ​បណ្ដើរ​ដើរ​ទៅ​មុខ​មិន​ឈប់ ​ដៃ​កាន់​ម្រាម​ទាំង​៥​របស់​ជោគ​ជតា៖
«យើង​ទៅ​ពេទ្យ​ធំ​មិន​បាន! កន្លែង​នេះ​ជា​ពេទ្យ​លួចលាក់​ដែល​មាន​សុវត្ថិភាព​ជាង!»
ដាណែន​សួរ ទាំង​ដើរ​ញាប់​ជើង​តាម​ពី​ក្រោយ​គេ​លើ​តំបន់​ដែល​ស្ងាត់ច្រៀប មិន​ឃើញ​មនុស្សម្នា។ ប្រធាន​និស្សិត​ឆ្លើយ​បណ្ដើរ​ដើរ​ទៅ​មុខ​មិន​ឈប់​ ហើយ​ដៃ​កាន់​ម្រាម​ទាំង​៥​របស់​ជោគជតា៖
«យើង​ទៅ​ពេទ្យ​ធំ​មិន​បាន! កន្លែង​នេះ​ជា​ពេទ្យ​លួច​លាក់​ដែល​មាន​សុវត្ថិភាព​ជាង!» នាង​ឃើញ​អង្គរក្ស​របស់​គ្រួសារ​ម៉ាឌី​បី​បួន​នាក់​បង្ហាញ​ខ្លួន​តាម​របៀង​អគារ។

ភាគ​ទី​៤៨​

​ម៉ាឌី​​បើកទ្វារ​ចេញ​មក​ ហើយ​សម្លឹង​រក​ដា​ណែន​តាំងពី​ចម្ងាយ ប៉ុន្តែ​នារី​អ្នកកាសែត​បែរជា​ដើរ​ហួស​ពី​គេ​ប្រញាប់ប្រញាល់ ទៅ​រក​ខៀវ​ សូត្រា​នៅ​ក្នុង​បន្ទប់។
​ជោគ​ជតា​ដែល​នៅ​ពី​ក្រោយ​ពេជ្រ​ ដា​ណែន អាច​ក្រឡេក​ឃើញ​ទឹកមុខ​អាក់​អន់​ស្រពន់​ចិត្ត​ដែល​កើត​មាន​លើ​ទឹក​មុខ​ប្រុស​កំលោះ​​ធ្លាប់​ជា​គូ​ដណ្ដឹង​ខ្លួន​ម្នាក់​នេះ។

នាង​យល់​ច្បាស់​ពី​ការពិត​ដែល​ថា ម៉ាឌី​​កើត​ចិត្ត​ប្រកាន់​ ឬ​អាច​ដល់​ប្រចណ្ឌ​ពេជ្រ ដា​ណែន​ក៏​មិនមែន​ជា​រឿង​ចម្លែក​ដែរ ព្រោះ​គេ​ហាក់បីដូចជា​ស្រលាញ់​នាង​យ៉ាង​ខ្លាំង ហើយ​ពេល​នេះ​នាង​យក​ចិត្ត​ទុក​ដាក់​លើ​និពន្ធ​នាយក ​ជាង​អ្វី​គ្រប់​យ៉ាង​ជុំ​វិញ​ខ្លួន ​រួម​ទាំង​សង្សារ​បណ្ដូល​ចិត្ត​ដែល​បាន​ឱប​ជាប់​ទ្រូង​កាលពី​ម្សិល។​

តូច​នារី​មិន​បាន​ចូល​ទៅ​តាម​នារី​រៀមច្បង​ទេ នាង​លូកដៃ​មក​ក្រសោប​ម្រាម​បង​វិច្ឆិកា​ ហើយ​ឈរ​​ទីទើរ​នៅ​របៀង​ខាង​ក្រៅ​អគារ​ជាមួយ​ម៉ាឌី​​ទាំង​បី​នាក់។​
​«​បង​ត្រា​កើត​អី?»​
​សំឡេង​ពេជ្រ​ ដា​ណែន លាន់​មក​ពី​ខាងក្នុង​បន្ទប់​ តាម​ប្រលោះ​បង្អួច​ដែល​បើក​ចោល​ទាំងអស់ ទំនង​ជា​និពន្ធ​នាយក​ចង់​សម្លឹង​និង​ស្រូប​យក​ធម្មជាតិ​ពី​ខាងក្រៅ។

ស្ងាត់​សូន្យ​គ្មាន​ឮ​​សំឡេង​អ្វី​តប​ឡើយ។ ជោគ​ជតា​អើត​មើល​ទៅ​បរិយាកាស​ខាង​ក្នុង ​តាម​រយៈ​មាត់​បង្អួច​ដែល​ហើប​ចំហ។
​អ្វី​ដែល​នាង​ឃើញ​មុនគេ ​គឺ​និពន្ធ​នាយក​ដែល​ខ្លួន​ធ្លាប់​ចាប់​ចិត្ត​ស្នេហា ពេល​នេះ​មាន​រុំ​របួស​ព័ទ្ធ​បញ្ឆៀង​ដើម​ទ្រូង​ហើយ ដោះអាវ​អង្គុយ​ក្បាល​គ្រែ​សម្លឹង​មក​ក្រៅ​ភ្លឹក​ធ្មឹង។
​ខៀវ ​សូត្រា​មិន​រវល់​សូម្បី​តែ​វាចា​តប​នឹង​សំណួរ​​ពេជ្រ ​ដា​ណែន អាច​ថា​ត្រចៀក​នាយ​មិនបាន​យក​ចិត្ត​ទុក​ដាក់​នឹង​​​អ្វី​ដែល​កំពុង​កើតឡើង​ជុំវិញ​ខ្លួន ​ឬ​មួយ​អ្នក​ណា​ថា​អ្វី​នោះ​ផង​ក៏​មិន​ដឹង។​

ពេជ្រ​ ដា​ណែន​ទាញ​កៅអី​មក​អង្គុយ​ក្បែរ​សូ​ត្រា ​ហើយ​លើក​កន្សែង​ទទឹក​មក​ជូត​មុខ​មាត់​ឱ្យ​នាយ ក៏​បុរស​នេះ​គ្មាន​ប្រតិកម្ម​សូម្បីតែ​ដៀង​ភ្នែក​មក​មើល​ដា​ណែន​តែ​បន្តិច​​ក៏​គ្មាន។​
​«​ដាមិកា​​ពិតជា​ស្លាប់​មែន​អ្ហី?»​
​ជោគ​ជតា​គិត​រឿង​នេះ​ទាំង​ក្ដុកក្ដួល​ចិត្ត ​ហើយ​ងាក​មក​វិញ​សម្លឹង​រក​វិច្ឆិកា។​

នៅ​ខាង​ណោះ​ប្រធាន​និស្សិត​កំពុង​ជជែក​អ្វី​រអុះៗ​ជាមួយ​ម៉ាឌី​​ ហាក់បីដូចជា​ស្មុគស្មាញ​គួរសម​ធ្វើ​ឱ្យ​ជតា​អត់​អ្នក​ណា​និយាយ​ជាមួយ ​ក៏​ផ្ទៀង​សម្លឹង​មើល​បរិយាកាស​នៅ​ខាងក្នុង​បន្ទប់​​សាជាថ្មី។​
​«​បង​ត្រា​ព្រម​ទៅ​ភ្នំពេញ​វិញ​សិន​ទៅ​!​ គ្រប់​យ៉ាង​ចាំ​ដោះស្រាយ​តាម​ក្រោយ​!»​
​ដា​ណែន​និយាយ​តិចៗ ដោយ​ក្ដី​បារម្ភ​។​
ខៀវ​ សូត្រា​ឆ្លើយតប​ជាមួយ​កែវភ្នែក​ស្ងប់ស្ងួត៖
​«​រក​គេ​មិន​ឃើញ​ បង​មិន​ទៅ​វិញ​ទេ!»
​«​ក្រែង​បង​ត្រា​ថា​គេ​ស្លាប់​ហើយ​!»​
​«​បង​ក៏​ត្រូវ​យក​សព​គេ​ត្រឡប់​ទៅ​វិញ​!»​
​ជោគ​ជតា ឮ​​ហើយ​ក្ដុកក្ដួល​ចិត្ត។ នាង​ងាក​ទៅ​រក​វិច្ឆិកា​សាជាថ្មី ​ឃើញ​ប្រុស​ស្នេហ៍​ងាក​មក​សម្លឹង​នាង​វិញ​ដូចគ្នា ដូច្នេះ​ហើយ​តូច​នារី​បោះ​ជំហាន​ឆ្ពោះ​ទៅកាន់​ទី​នោះ​តែ​ម្ដង។

«​បង​វិច្ឆិកា ហេតុ​អី​រក​សព​ដាមិកា​​មិន​ឃើញ​!»​
​នាង​និយាយ​សួរ​ខ្សឹបៗ​៖​
​«​មិនទាន់​ឃើញ មិនមែន​ថា​មិន​ឃើញ​រហូត​ទេ​!»​
​គេ​ថា​ឱ្យ​នាង​វិញ​ទាំង​ប្រើ​កែវភ្នែក​ស្រទន់​សម្លឹងមុខ​នាង​។​ ជោគ​ជតា​ដកដង្ហើម​ធំ ​ហើយ​ឆ្លើយតប​៖​
​«​បង​ត្រា​មិន​ព្រម​ត្រឡប់​ទៅ​វិញ​មាន​អី​ចម្លែក​! បើ​ជា​ខ្ញុំ​…​»​
​នាង​ឈប់​មាត់​ ព្រោះ​វិច្ឆិកា​លើកដៃ​ចង្អុល។​ នាង​ទំនង​ដឹងខ្លួន​បាន​ជា​ញញឹម​ហើយ​អាក់​នៅ​ស្ងៀម​វិញ។​
​«​កុំ​ចង់​ប្រាប់​ថា បើ​បង​ធ្លាក់ទឹក​ស្លាប់ យើង​ក៏​នៅ​ចាំ​អ៊ីចឹង​ដូចគ្នា​!»​
​«​មិន​បាន​និយាយ​ពាក្យ​ស្លាប់​ទេ​! បង​ឯង​ជា​អ្នក​និយាយ​!»​

នាង​ថា​ឱ្យ​គេ​ចប់​កាលណា​ក៏​ងាក​មុខ​ចេញ​ ហើយ​ត្រឡប់​ទៅ​អើត​លបមើល​ស្ថានភាព​ខៀវ​ សូត្រា​សាជាថ្មី។​
​សំឡេង​គេ​លាន់​មក​យឺត​ៗ ប៉ុន្តែ​ក្រអួន​ពេញ​បន្ទប់ ​​អាច​ឮ​​ច្បាស់​ដល់​នាង​ដែល​ឈរ​នៅ​ខាង​ក្រៅ។​
​«​បើ​ថ្ងៃ​នោះ​ បង​មិន​ប្រវេប្រវា​មក​ឈរ​​ឱ្យ​គេ​ឃើញ​នៅ​បង្កាន់ដៃ គេ​ក៏​មិន​លោតទឹក​គេ​ក៏​មិន​ស្លាប់​!»​
​ចិត្ត​ជោគ​ជតា​ក្ដុកក្ដួល។
​នាង​សម្លឹង​ទៅ​ផ្ទៃ​មុខ​បុរស​និពន្ធ​នាយក ដែល​ធ្លាប់តែ​ស្វាហាប់​និង​មាន​ជំនឿ​ចិត្ត។ ពេល​នេះ​កែវភ្នែក​គេ​ហាក់បីដូចជា​គ្មាន​ជីវិត​នឹង​រស់នៅ។​

សំឡេង​ពេជ្រ ​ដា​ណែន​លាន់​ឡើង​មក​សួរ​នាយ​តិចៗ៖
​«​ក្រែង​ដាមិកា​​ចេះ​ហែល​ទឹក​ស្ទាត់ ហេតុ​អី​បាន​ជា​ស្លាប់? ចម្ងាយ​ណា​ទៅ​បាន​ជា​គេ​ហែល​មក​មិន​ដល់​កន្លែង​បង​ត្រា!»
​ទឹកមុខ​ខៀវ ​សូត្រា​ដូចជា​កំពុង​លង់​ទៅ​ក្នុង​ហេតុការណ៍​អកុសល ដែល​គេ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​នេះ។ បបូរមាត់​គេ​នៅ​ក្រមៅ​និង​ក្រៀមក្រោះ គ្មាន​ជាតិ​ទឹក​ ទោះ​បី​ជា​គេ​នៅ​ព្យួរ​សេរ៉ូម​ជា​បន្តបន្ទាប់​ក្ដី។

«​គេ​ហែល​ទឹក​មក ទោះ​បី​ដឹង​ហើយ​ថា​ហែល​មិន​ដល់​! ពួក​មនុស្ស​អស់​នោះ ចុះ​មក​ចង់​ចាប់​គេ​ឡើង​ទៅ​វិញ តែ​អូប័រ​របស់​ម៉ាឌី​​និង​ពួក​អង្គ​រក្ស ទាហាន​ជើង​ទឹក​ម៉ាឡេស៊ី​មក​ជិត​ដល់​!​ ដើម្បី​បំបាត់​ដាន ពួកវា​ដូរ​ទិសដៅ​រត់​គេច​ចេញ ប៉ុន្តែ​បាញ់សម្លាប់​ដាមិកា​​ម្នាក់​ទៀត ពេល​នោះ​វា​គិត​ថា​បង​នៅ​លើ​ទូក​ស្លាប់​មុន​ហើយ​!»​
​ជោគជតា​ទន់​ជើង។​ ទោះបីជា​នាង​ប្រឹង​ទប់​ប៉ុនណា​ នៅ​តែ​ឈរ​មិន​នឹង ​ហើយ​សម្រូត​ខ្លួន​មក​អង្គុយ​ក្បែរ​គែម​បង្អួច។ ​សំឡេង​ដាណែន​លាន់​មក​យ៉ាង​ក្រៀម​ក្រោះ​ ជ្រែក​កាត់​បរិយាកាស​តឹងចិត្ត​របស់​ជោគ​ជតា។​

«​ខ្ញុំ​ដឹង​ថា​បង​ត្រា​កំពុង​ឈឺចាប់​! ​ប៉ុន្តែ​មនុស្ស​ស្លាប់​មិន​អាច​រស់​វិញ​ទេ​! ​បង​ត្រា​ក៏​របួស​ បើ​មិន​ស្រូត​ទៅ​ព្យាបាល បង​ត្រា​នឹង​គ្រោះថ្នាក់​ម្នាក់​ទៀ​ត​!»​
​សូ​ត្រា​ហាក់​បី​ដូច​មិន​ចាប់​អារម្មណ៍​អ្វីៗ​ដែល​ដា​ណែន​ដាស់តឿន​ឡើយ នាយ​គិត​តែ​ប្រឹង​និយាយ​បន្ត៖
​«​មុន​ពេល​គេ​ត្រូវ​រលក​កួច​ទៅ​បាត់ បង​ឃើញ​ឈាម​គេ​ក្រហម​ច្រាល​អណ្ដែត​ពាសពេញ​ទឹក!»
​ទឹកភ្នែក​នាយ​ហូរ​មក​ឆ្វាច​ បញ្ចប់​សម្ដី​និពន្ធ​នាយក​កណ្ដាល​ទី​ បង្ហាញ​ថា​ការ​ឈឺចាប់​ដែល​នាយ​កំពុង​ជម្នះ​ឆ្លង​កាត់​នេះ មិន​មាន​ពាក្យ​អ្វី​អាច​មក​ពណ៌​ឱ្យ​ស្មើ​បាន​ឡើយ។​

វា​ជា​ការ​ឈឺចាប់​ណាស់ ​ក្នុង​ការ​ដែល​មើល​ឃើញ​មនុស្ស​យើង​ស្រលាញ់ ទៅ​ស្រលាញ់​​នរណា​ផ្សេង ប៉ុន្តែ​វា​រឹតតែ​ឈឺ​ទៅ​ទៀត ​បើ​ឃើញ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ចំពោះ​យើង ​បែរ​ជា​មក​ស្លាប់​នៅ​នឹង​មុខ​។​ទឹកភ្នែក​ដែល​រមៀល​ចុះ​មក​ម្ដង​មួយ​តំណក់​ ពី​ភ្នែក​កូន​ប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ​ម្នាក់ ​វា​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ដែល​កំពុង​ឈរ​មើល​ ក្រៅ​ពី​បង្ហាញ​ចេញ​មក​នូវ​ការ​បាត់បង់​សេចក្ដី​សង្ឃឹម ជំនឿ​ចិត្ត ទំនុក​ចិត្ត​ សូម្បីតែ​កម្លាំងចិត្ត​ដើម្បី​នឹង​រស់​តទៅ​មុខ​ទៀត។

ពេជ្រ​ ដា​ណែន​អង្គុយ​ក្បែរ​គែម​គ្រែ​ ហើយ​និយាយ​លួងលោម៖
​«​បង​ត្រា​! រឹងមាំ​ឡើង​!»​
​ប្រហែល​ក្ដី​វិយោគ ណែនណាន់​ពេក​ណាស់ ​បាន​ជា​នាង​រក​ពាក្យ​អ្វី​និយាយ​ទៀត​មិន​ចេញ ​មាន​ត្រឹម​តែ​ប៉ុន្មាន​ម៉ាត់​នេះ។

សូ​ត្រា​ដឹង​ថា ឆ្លើយតប​មួយៗ​ទាំង​រេ​ភ្នែក​សម្លឹង​កម្រាល​ឥដ្ឋ៖
​«​បើ​រក​គេ​មិន​ឃើញ បង​មិន​ទៅ​ណា​ទេ!»
​ជោគ​ជតា​នៅ​ឯ​ណេះ​ងើបមុខ​សម្លឹង​ម៉ាឌី​​និង​វិច្ឆិកា។ ​តូច​នារី​ដឹង​ថា​បុរស​ពីរ​នាក់​នេះ​បាន​ឮ​គ្រប់​យ៉ាង​ដែល​សូ​ត្រា​ប្រាប់​ដា​ណែន។ នាង​យល់​ថា ពួកគេ​ទំនងជា​គ្មាន​វិធី​ក្នុង​ការ​នាំ​និពន្ធ​នាយក​ត្រឡប់​ទៅ​វិញ​ឡើយ។​

«​បង​ខឹង​ខ្លួនឯង ដែល​មិន​ស្លាប់​ក្នុង​សមុទ្រ​! បង​គ្មាន​ហេតុផល​ណាមួយ ដើម្បី​ឱ្យ​ខ្លួនឯង​ចង់​រស់​បន្ត​ទៀត​នោះ​ទេ​!»​
​គេ​និយាយ​ទាំង​ល្វើយ គេ​និយាយ​ដោយ​នឿយហត់ ​ហើយ​ចាប់ផ្ដើម​ធ្មេច​ភ្នែក។​
​ពេល​នេះ​ទើប​ជោគជតា​នឹកឃើញ​ដល់​រយៈពេល​កម្សត់​មួយ​ ដែល​ខ្លួន​នាង​ផ្ទាល់​ក៏​មាន​កម្លាំងចិត្ត កម្រិត​សត្វ​ចង្រិត​ដូចជា​ខៀវ​ សូត្រា​ក្នុង​ពេល​នេះ។ កាល​ណោះ​ នា​កណ្ដាល​ព្រៃ​ជ្រៅ នាង​លែង​គិត​ថា​ខ្លួនឯង​រស់ ប៉ុន្តែ​បុរស​ម្នាក់ ដែល​ឱប​នាង​ក្នុង​រង្វង់​ដៃ​ បែរ​ជា​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​ជានិច្ច​ មក​ឱ្យ​នាង នោះ​គឺ​បង​ប្រធាន​និស្សិត​ដែល​នៅ​ក្បែរ​នេះ។

ចំណែក​ពេល​នេះ សូ​ត្រា​គ្មាន​អ្នកណា​ឱប​គេ​ក្នុង​រង្វង់​ដៃ​ទេ មនុស្ស​ដែល​គេ​ស្រលាញ់​និង​មនុស្ស​ដែល​ស្រលាញ់​គេ​បំផុត លែង​នៅ​ទៀតហើយ តើ​មាន​អ្នកណា​អាច​ជួយ​គេ​ឱ្យ​ឆ្លងកាត់​ដំណាក់កាល​នេះ​បាន?​

«​បង​ត្រា​ត្រូវ​រក​ហេតុផល​អ្វីមួយ​ដើម្បី​រស់​! បង​ត្រា​ត្រូវ​ជួយ​ខ្លួនឯង​!»​
​ដា​ណែន​និយាយ​អួលអាក់ ​ព្រោះ​នាង​ប្រហែលជា​ទប់​ចិត្ត​ខ្លួនឯង​លែង​បាន​ ពេល​ឃើញ​ទឹកភ្នែក​នាយ។​
​តើ​ការឈឺចាប់​របស់​សូ​ត្រា​ពេល​នេះ អាច​ធ្វើ​ឱ្យ​មនោសញ្ចេតនា​​ចាស់​របស់​អ្នកកាសែត​រៀមច្បង ចំពោះ​និពន្ធ​នាយក​កម្រើក​ឆាប​ឆេះ​សាជាថ្មី​ ដូច​ងងើក​ភ្លើង​ត្រូវ​នឹង​កម្លាំង​ខ្យល់​ដែរ​ទេ?​
​ជោគ​ជតា​សម្លឹង​ម៉ាឌី​​អតីត​គូ​ដណ្ដឹង​ដែល​នាង​រត់ចោល។ នៅ​ទី​នោះ​នាង​ឃើញ​កំលោះ​​បាត់​ដំ​បង​ឈរ​ជ្រែង​ហោប៉ៅ​ហើយ​ជ្រប់​មុខ។​

អ្វី​ម្យ៉ាង​កំពុង​ធ្វើ​ឱ្យ​ជតា​ពិបាកចិត្ត ពិបាក​និយាយ​ពិបាក​ពន្យល់ ដូច្នេះ​ហើយ​នាង​មិន​ដឹង​ធ្វើ​ដូចម្ដេច ​ក៏​ដើរ​មក​ក្បែរ​ទ្វា​រហើយ​រុញ​ចូល​ក្នុង​បន្ទប់​វឹង។
​សូ​ត្រា​មិន​បាន​ងាក​មុខ​មក​ទេ ទោះជា​ពេជ្រ​ ដា​ណែន​បែរ​មក​ភ្លាមៗ ព្រោះ​នឹក​ឆ្ងល់​នឹង​កាយវិការ​ខ្វោកខ្វាក​របស់​នារី​តូច​នេះ​ក្ដី។

«​តែ​បង​ត្រា​ក៏​ត្រូវ​គិត​ដល់​ដាមិកា! សង្សារ​បង​ត្រា​ប្រាកដជា​មិន​ចង់​ឃើញ​បង​ត្រា​ទៅ​ជា​របៀប​នេះ​ទេ​! គិត​មើល​ទៅ អ្នកនាង​ដាមិកា​​ប្រហែលជា​មាន​រឿង​ច្រើន​ណាស់ ​នៅ​មិនទាន់​បាន​ធ្វើ​! ​គាត់​គិតដល់​បង​ត្រា​ រហូត​ដល់​លោត​មក​ក្នុង​សមុទ្រ​ ទាំង​​ដឹង​ហើយ​ថា​លទ្ធភាព​មិន​រស់ លទ្ធភាព​ហែល​ដល់​បង​ត្រា​​មាន​តិចតួច​! ខ្ញុំ​ជា​មនុស្ស​ស្រី ខ្ញុំ​យល់​ចិត្ត​មនុស្ស​ស្រី​ដូចគ្នា​!​ បើ​ខ្ញុំ​ស្លាប់​ទៅ ក៏​ខ្ញុំ​មិន​ចង់​ឱ្យ​អ្នក​ដែល​ស្រលាញ់​ខ្ញុំ​បំផ្លាញ​ខ្លួនឯង​តាម​ខ្ញុំ​ដែរ​!»​

នាង​ដឹង​ថា ខ្លួនឯង​ជា​មនុស្ស​ដែល​និយាយ​អ្វី​តាម​តែ​ចិត្ត​នឹកឃើញ និយាយ​មិនសូវ​គិត ដូច្នេះ​បានជា ពេល​នេះ​នាង​ខំ​និយាយ​យ៉ាង​ញាប់ ​ខ្លាច​ថា​មិនបាន​និយាយ​ ខ្លាច​ថា​ត្រូវ​អ្នក​ផ្សេង​ទាញ​ឃាត់ ដឹង​អី​និយាយ​ចប់​សឹង​មិនទាន់ ខៀវ​ សូត្រា​ស្រាប់តែ​ងាក​មក​ខ្វាច់។​

«​សូ​ត្រា​! ​អូន​មានរឿង​សំខាន់​មួយ​ចង់​និយាយ​!» «​នេះ​មិន​មែន​ជា​ពេលវេលា​សម្រាប់​និយាយ​ទេ​! ​តោះ​ទៅ​!» «​បើ​មិន​និយាយ​ពេល​នេះ អូន​ខ្លាច​អស់​ពេល​នឹង​ប្រាប់​!»​
​គេ​នឹកឃើញ​ភ្លាម​ដល់​ម្រាម​ត្រជាក់​ស្រេប នា​គ្រា​លា​គ្នា​ចុងក្រោយបង្អស់ ហើយ​នឹង​សម្ដី​​ប៉ុន្មាន​ម៉ាត់​ដែល​នាង​ខ្សឹប​ដាក់​ត្រចៀក​នាយ។

រូបភាព​អគ្គ​នាយិកា​ចិត្ត​ស្លុត​ដែល​ស្រាប់តែ​ក្រោក​ឈរ​វឹង ​កណ្ដាល​ចំណោម​មនុស្ស​ពាល​ បន្ទាប់​មក រាងកាយ​របស់​នាង ក្រឡាស់​លោត​ចូល​ទៅ​ក្នុង​លំហ​រលក​ទឹក​នៃ​ដែន​សាគរ​ គ្មាន​កោះ​គ្មាន​ត្រើយ។​
​គេ​នឹកឃើញ​ដល់​ស្នាម​ញញឹម​ និង​កាយវិការ​ហែល​បញ្ច្រាស​បក​ទៅ​រក​នាយ រហូត​ដល់​ពេល​ដែល​នារី​នេះ​ត្រូវ​លិច​បាត់​នៅ​ក្រោម​ការ​បាញ់​ស្រោច ហើយ​បន្សល់​នូវ​អ្វី​ដែល​សូត្រា​អាច​មើល​ឃើញ​ចុង​ក្រោយ​បង្អស់​ទាក់​ទង​នឹង​រូប​នាង គឺ​ចរន្ត​រលក​ពណ៌​ឈាម​ក្រហមច្រាល។​

គេ​នឹកឃើញ​ដល់​គ្រប់​យ៉ាង ​ដែល​ធ្វើ​ឱ្យ​បេះដូង​ល្ហិតល្ហៃ​….​ សំឡេង​​នាង​ទាំង​ចាស់​ទាំង​ថ្មី​លាន់​ងំ​មក​រំលឹក​ក្នុង​បេះ​ដូង មនុស្ស​ដែល​រស់​តែ​សំបក​កាយ «​នាង​មិន​ទាន់​ប្រាប់​នៅ​ឡើយ​ថា ស្នេហា​នេះ​ក៏​ជា​គម្រោង​ការ​មួយ​មែន​ដែរ​ទេ​នាយិកា​!» «​ព្រោះ​លោក​មិន​ដឹង​ថា នៅ​ទី​នោះ មាន​និស្សិត​ស្រី​វ័យ​ក្មេង​ម្នាក់​អាយុ​ត្រឹម​១៧​ឆ្នាំ​ កំពុង​រៀន​សុខ​ៗ រៀន​មិន​ទាន់​ចប់ ត្រូវ​ឪពុក​ហៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាបន្ទាន់ ដើម្បី​រៀបការ​!​ ក្នុង​វ័យ​មិន​ទាន់​សម​នឹង​ចូល​រោងការ ហើយ​បាន​រើ​ទៅ​នៅ​ក្នុង​គ្រួសារ មន្ត្រី​មាន​អំណាច​ម្នាក់​! កូន​ប្រុស​គេ​ជា​មនុស្ស​ដើរលេង មាន​ស្រី​ញី​នៅ​កៀរ​នឹង​ជើង​! ថ្ងៃ​ណា​ដែល​គេ​មក​ផ្ទះ​វិញ មិន​រក​រឿង​ប្រពន្ធ គឺ​មក​តែ​ពី​គេ​ចង់​ឱ្យ​ប្រពន្ធ​ស៊ីញេ​សែក​ឱ្យ ឬ​ទៅ​ផ្ទះ​ខ្ចី​លុយ​ឪពុក​មក​ឱ្យ​គេ​! បើ​ថ្ងៃ​ណា​មួយ​ប្រពន្ធ​បដិសេធ​មិន​ធ្វើតាម នាង​នឹង​ត្រូវ​ទទួល​មេរៀន​! នៅ​ក្នុង​ចំណោម​ការ​ពិត​ដ៏​ឃោរឃៅ​អស់​ទាំង​នោះ វា​នៅ​​តែ​គ្មាន​មួយ​ណា​អាច​ជួយ​ឱ្យ​នាង​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​នោះ​ទេ​! ប៉ា​នាង​និយាយ​ថា ទោះ​នោះ​ជា​ស្ថាននរក តែ​វា​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ជួយ​គ្រួសារ​បាន​!​!»​

គេ​លើកដៃ​ជូត​ទឹកភ្នែក ហើយ​ងើយ​មក​រក​ស្រី​អ្នកកាសែត​ ដែល​អង្គុយ​នៅ​ក្បែរ​គ្នា​បង្កើយ។​ សំឡេង​និពន្ធ​នាយក​និយាយ​សាជាថ្មី​៖​
​«​ដា​ណែន​ធ្វើ​រឿង​មួយ​ឱ្យ​បង​!»​
​ដា​ណែន​ប្រញាប់ប្រញាល់​ខិតចូល​កាន់តែ​ជិត ដូច​ជា​សញ្ញា​ចង់​ប្រាប់​នាយ​ថា ​នាង​កំពុង​រង់ចាំ​ស្ដាប់ ដូច្នេះ​សូត្រា​និយាយ​បន្ត៖
​«​ជូន​បង​ទៅ​ភ្នំពេញ​វិញ កាន់​តែ​ឆាប់​កាន់តែ​ល្អ ហើយ​…​ ហើយ​សន្យា​ធ្វើ​រឿង​មួយ​ឱ្យ​បង​!»​

មិនទាន់​ដឹង​ថា​ជា​រឿង​អ្វី​ផង ពេជ្រ ​ដា​ណែន​ងក់ក្បាល​យ៉ាង​ញាប់​ ទាំង​លើកដៃ​​​ជូត​ទឹកភ្នែក ​ដោយ​អំណរ​ធ្វើ​ឱ្យ​សូ​ត្រា​ញញឹម​វិញ​បាន​មួយ​រំពេច។​
​ការ​ផ្លាស់​ប្ដូរ​ចិត្ត​ភ្លាមៗ​របស់​និពន្ធ​នាយក​ ធ្វើ​ឱ្យ​ជោគ​ជតា​ចំហ​មាត់​ឆ្ងល់​។​ នាង​មិន​ដឹង​ទេ​ថា​សម្ដី​​នាង​ជា​ចំណែក​មួយ​សំ​ខាន់​ដាស់តឿន​ឱ្យ​បុរស​នេះ​នឹកឃើញ​ឡើង​វិញ​ ដល់​សម្ដី​​ផ្ដែផ្ដាំ​របស់​ដាមិកា​ដែល​ជា​អាថ៌កំបាំង​មួយ​ នាង​ព្រម​និយាយ​ចេញ​ប្រៀប​បី​ដូច​ជា​ដឹង​មុន​ស្រេច​ ថា​ខ្លួន​នឹង​គ្នា​ជីវិត​វិល​ទៅ​ផ្ទះ​វិញ។​

«​តោះ​!​ បង​ចង់​ទៅ​ភ្នំពេញ​វិញ​ឥឡូវ​នេះ​!»​
​គេ​ប្រវេប្រវា​ក្រោក ហើយ​ស្រែក​អូយ ដោយ​មុខ​របួស​នៅ​ធ្វើ​ទុក្ខ បណ្ដាល​ឱ្យ​ដា​ណែន​ប្រញាប់​ឱន​មក​ជួយ​គ្រា។​
​កាយវិការ​ពួកគេ​ម្ដង​ៗ​ ធ្វើ​ឱ្យ​ជោគ​ជតា​នឹក​ឃើញ​ងាក​ទៅ​មើល​ម៉ាឌី​ ។​
​ម្ដង​នេះ​ម៉ាឌី​ឈរ​បែរ​ខ្នង​ចេញ មិន​ឱ្យ​ជោគ​ជតា​ឃើញ​មុខ​គេ ឬ​ដឹង​ពី​អ្វី​ដែល​គេ​កំពុង​តែ​គិត​នោះ​ឡើយ។​

អធិរាជបេះដូង ភាគទី ១៨
វគ្គ
​វាសនា​សោភ័ណ​ដា​មិកា

​ដា​មិកា​បើកភ្នែក​សន្សឹមៗ ដឹង​ខ្លួន​ឡើង​មក​វិញ ពី​ភាព​ងោកងុយ​ទន់​ខ្លួន។ រល​ក​បោក​
​ទង្គិច​ជា​មួយ​តួ​កប៉ាល់​តូច ចុះ​ឡើង បណ្ដាល​ឱ្យ​រាងកាយ​នាង​រង្គើ​កម្រើក ដឹង​ថា​ឈឺចាប់​មួយ​តួ​ខ្លួន។ ស្ថានភាព​នេះ បញ្ជាក់​ឱ្យ​ដា​មិកា​យល់​ឯកឯង​ថា នាង​ប្រហែល​បាន​ស្ថិត​នៅ​បោក​បាច​លើ​រលក​ទឹក​នេះ​ជា​ច្រើន​ម៉ោង​មក​ហើយ។
​«​សូត្រា!»
​នាង​ឃើញ​គេ មុន​ពេល​ឃើញ​លំហ​មេឃ។
​គេ​នៅ​ក្បែរ​នេះ​ឱន​សម្លឹង​នាង ហើយ​ដុះ​ពុក​មាត់​ពុក​ចង្កា​ចោម​ពាស​ពេញ​ផ្ទៃ​មុខ។ ដា​មិកា​ដឹង​ថា​ ខ្លួន​ឯង​ទំនង​ជា​កើយ​ភ្លៅ​បុរស​នេះ​ បាន​ជា​មិន​មាន​អារម្មណ៍​ថា​ឈឺ​ទង្គិច ប៉ុន្តែ​ភ្លាម​នោះ​នាង​ស្ទុះ​ក្រោក​ហើយ​រេ​ភ្នែក​ពិនិត្យ​ជុំ​វិញ​ខ្លួន។
​«​នៅ​ឯ​ណា​នេះ​?»

​ស្រី​ស្អាត​ពោល​សួរ ហើយ​មិន​ឮ​អ្វី​តប ក្រៅ​តែ​ពី​ភាព​បោក​កញ្ជ្រោល​នៃ​រលក​ទឹក។
​ទោះ​ខៀវ​ សូ​ត្រា មិន​និយាយ​អ្វី ដោយ​យោង​ទៅ​តាម​ចរិត​ស្ងប់ស្ងាត់​របស់​គេ ក៏​នាង​មិន​ថា ប៉ុន្តែ​ការ​បែរ​មុខ​គេច​ចេញ​របស់​គេ​ពេល​នេះ ធ្វើ​ឱ្យ​ដាមិកា​កើត​ចិត្ត​សង្ស័យ។
​«​ឮ​សួរ​អត់​បង​ត្រា!?»
​«​យើង​មក​ឆ្ងាយ​ហើយ!»
​គេ​ឆ្លើយ​តិចៗ​ហើយ​ដៀង​ភ្នែក​មក​វិញ។
​ភាព​ស្ងប់ស្ងាត់​ក្នុង​ភ្នែក​គេ ​ធ្វើ​ឱ្យ​ចិត្ត​នាង​កាន់​តែ​ជ្រួលច្របល់។
​ដា​មិកា​ចេះ​តែ​នឹក​ពិភាល់​ថា ហេតុអ្វី​ក៏​ក្នុង​ពន្លឺ​ភ្នែក​ប្រុស​ស្នេហ៍​ម្នាក់​នេះ ដូច​ជា​បង្កប់​ទុក​នូវ​សេចក្ដី​អាម៉ាស់ ឬ​ការ​ដឹង​កំហុស​អ្វីមួយ​យ៉ាង​អាថ៌កំបាំង?

​អគ្គនាយិកា​ព្យាយាម​រក​នឹក​គិត​ឡើង​វិញ ​ដល់​បណ្ដា​រឿង​ជា​ច្រើន ដែល​បាន​កើត​មាន​ឡើង​នា​ពេល​ចុង​ក្រោយ​នេះ មុន​ដែល​នាង​គេង​ហើយ​ភ្ញាក់​ឡើង​មក​វិញ​ក្នុង​ពេល​ឥឡូវ។
​នាង​ចាប់ផ្ដើម​នឹក​ឃើញ…..
​«​បង​ត្រា​!»​
​គឺ​នាង​ហៅ​គេ ពេល​ឃើញ​លេខ​បុរស​នេះ​ខល​មក។​ ពេល​នោះ​គេ​បាត់​ទៅ​គ្មាន​ដំណឹង​ហើយ វិច្ឆិកា​ជិះ​ឡាន​ខុស​គន្លង​កំពុង​ដោះ​ស្រាយ​នឹង​សមត្ថកិច្ច។
​នាង​អរ​ណាស់​ប្រញាប់​លើក​មក​ឆ្លើយ៖
​«​បង​ត្រា​បាត់​ទៅ​ណា?»
​«​បង​នៅ​ក្នុង​ឡាន​ក្រោយ​ខ្នង!»

​នាង​ងាក​ទៅ ហើយ​ឃើញ​គេ។
​គេ​ពិត​ជា​នៅ​ទី​នោះ​ ក្នុង​រថយន្ត​មួយ​ពណ៌​ខ្មៅស្រិល។
​ដា​មិកា​បម្រុង​ប្រាប់​វិច្ឆិកា​ដែរ ​តែ​សម្លឹង​ទៅ​គេ គេ​ទំនង​ជា​កំពុង​ជាប់​រវល់​ជាមួយ​ប៉ូលិស ហើយ​ចោល​រោម​ដោយ​មហា​ជន​កុះករ​ផង។
បំណាច់​ចិត្ត​ស្នេហ៍​លើ​បុរស​និពន្ធ​នាយក បំណាច់​នឹង​កើត​ទុក្ខ​នឹក​រលឹក​គេ​ពេញ​មួយ​ថ្ងៃ ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក ដាមិកា​សម្រេច​ចិត្ត​រត់​ទៅ​រក​រថយន្ត​ដែល​គេ​កំពុង​មាន​វត្ថ​មាន​នៅ ហើយ​ឡើង​ទៅ​អង្គុយ​ក្បែរ​គេ។​
​គេ​ចេញ​ឡាន​វឹង​លឿន​ស្លេវ​ រក​តែ​នាង​និយាយ​អ្វី​ក៏​មិនទាន់។​
​«​យើង​ទៅណា​?»​
​«​គេង​ទៅ​!»

​នាង​ភ្ញាក់​អារម្មណ៍​មក​វិញ ហើយ​ងាក​មក​សម្លឹង​ប្រុស​ស្នេហ៍​ដែល​រលក​សមុទ្រ​កំពុង​បោក​កញ្ជ្រោល​ក្រោយ​ខ្នង​នាយ។
​សំណួរ​សំ​ខាន់​មួយ​កំពុង​តែ​លេប​ត្របាក់ ​បរិយាកាស​ដ៏​រ៉ូមែនទិក​ក្នុង​ពេល​នេះ​គឺ​ថា «​យើង​ដេក​តាំង​ពី​ក្នុង​ឡាន​កណ្ដាល​ក្រុង​រហូត​មក​នៅ​លើ​សមុទ្រ​នេះ​?»​
រហ័ស​ដូច​ផ្លេកបន្ទោរ​ ស្រី​ស្អាត​ច្រាន​ហត្ថា​នាយ​ដែល​ចោមព័ទ្ធ​ក្រសោប​ស្មា​នាង​ឱ្យ​របូត ចេញ​ពី​រាងកាយ​ខ្លួន​ ហើយ​ក្រោក​ឈរ​បែរ​ក្រោយ​សម្លឹង​មុខ​ខៀវ​សូត្រា។
​ទោះ​ជា​ក្នុង​យល់សប្ដិ​ក៏​អគ្គនាយិកា​មិន​ដែល​គិត​ថា អ្នក​ក្បត់​នាង​ជា​បុរស​ម្នាក់​នេះ​ដែរ។​
​ស្រី​ស្អាត​សម្លឹង​នាយ​ដែល​កំពុង​ឈ្ងោក​មុខ។
​ស្ថានភាព​នាយ គ្មាន​ត្រង់​ណា​អាច​នាំ​នាង ឱ្យ​ស្បើយ​ចិត្ត​បាន​ពី​ក្ដី​សង្ស័យ​ឡើយ។​សំឡេង​នាង​លាន់​រំ​ពង​ផ្ទៃ​សមុទ្រ៖
​«​នាំ​ខ្ញុំ​ឡើង​គោក​វិញ​ភ្លាម​លោក​ឮ​អត់​ខៀវ ​សូ​ត្រា!»

ភាគ​ទី​៤៤​

​គេ​រក្សា​ការ​ស្ងាត់ស្ងៀម ក៏​ជា​ការ​ស្ងាត់ស្ងៀម​ដែល​ធ្វើ​ឱ្យ​​ចិត្ត​នាង ប្រេះ​រហែក​។​
​នៅ​ពេល​យើង​ស្រលាញ់​អ្នក​ណា​ម្នាក់ យើង​មិនមែន​ល្ងង់​ខ្លៅ​អស់​ប្រាជ្ញា​មក​គិត​ការ​រាក់​ជ្រៅ​នោះ​ទេ​ដែល​សំខាន់​គឺ​ចំណុច​​ខ្សោយ​របស់​មនុស្ស​មាន​ស្នេហា​ គឺ​ដោយសារ​ទុកចិត្ត​ជឿ​ពាក្យ​សម្ដី​​គេ​ខ្លាំង​ពេក ទី​បំផុត​អ្វី​ដែល​ទទួល​បាន​មក​​វិញ​ គឺ​ការឈឺចាប់​និយាយ​មិន​ចេញ។

ដាមិកា​​បោះបង់​ចោលការ​យកចិត្តទុកដាក់ ​​ចំ​ពោះ​កាយវិការ​សូ​ត្រា​ ហើយ​ចាប់ផ្ដើម​រត់​ជុំ​វិញ​​កប៉ាល់​។​
​«​ថ្មើរ​ម៉ាន​ហើយ​នេះ​?​ ការងារ​នៅ​Red Index មួយ​គំនរ​គរ​ដី យើង​គ្មាន​ពេល​មក​អែអង់​នៅ​កន្លែង​នេះ​ទេ»​
​រលក​ប្រដេញ​ចោម​ព័ទ្ធ​កូន​កប៉ាល់​គ្រប់​ទិស នាង​រក​សម្គាល់​ទីតាំង​មិន​ឃើញ ​រកមើល​កោះ​ត្រើយ​ក៏​មិន​មាន​។​
​ក្នុង​កាលៈទេសៈ តក់ក្រហល់ ស្រី​ស្អាត​រត់​ត្រឡប់​មក​វិញ ហើយ​ទាញ​អាវ​ខៀវ សូត្រា​បង្ខំ​​ឱ្យ​​គេ​ក្រោក​ឡើង​។​
​បុរស​នេះ​រង់ចាំ​ឱ្យ​​នាង​កញ្ជ្រោល​ទាញ​អស់​ចិត្ត ក៏​មិន​ព្រម​រង្គើ​របើក​ប្រាណ​ទៅ​ណា​រហូតដល់​អគ្គ​នាយិកា​ធ្លាក់​ទឹកភ្នែក​ខ្ជោល​ ហើយ​ចាប់ផ្ដើម​ស្រែក​យំ ទើប​គេ​ក្រោក​មក​យឺតៗ។

ដាមិកា​លើក​ដៃ​ទន់​ល្មើយ​របស់​អម្បូរ​អភិ​ជន​ដូច​នាង មក​វាយ​វាត់​ខៀវ សូត្រា​​យ៉ាង​ណា​ នាយ​នៅ​តែ​មិន​តបត។
​នាង​ខឹង​ចិត្ត​ស្រែក​សោយសោក​ឮ​ៗ ​ប្រណាំង​សំឡេង​ទឹក​រលក៖
​«​បង​ឯង​កំពុង​ធ្វើ​អី ខៀវ សូត្រា? ​បង​ឯង​លេង​ល្បិច​ស្អី​ប្រាប់​មក​! ធ្វើ​អ៊ីចឹង​​បាន​ស្អី​មក​វិញ អ្ហះ​ហ៊ាន​ដាក់​ថ្នាំ​ងងុយ​ឱ្យ​​ខ្ញុំ​ផង​ហ្អី អ្នក​ណា​ឱ្យ​​បង​ឯង​ពង្រត់​ខ្ញុំ​មក​អ្ហះ?»
​គេ​នៅ​ទ្រឹង​បណ្ដោយ​ឱ្យ​​នាង​បញ្ច​ញ​កំហឹង​អស់​ចិត្ត ទើប​លើកដៃ​ចាប់​នាង​ជាប់​មិន​ឱ្យ​​បន្ត​សកម្មភាព​ហត់​គឃូស​នេះ​តទៅទៀត​បាន​។​

«​ជូន​ខ្ញុំ​ទៅផ្ទះ​!​ អ្នក​ផ្ទះ​ខ្ញុំ​កំពុង​ត្រូវ​ការ​ខ្ញុំ យល់​អត់​?​ លោក​យល់​អត់​មនុស្ស​ចង្រៃ​!?»​
​«​នាង​ធ្វើ​ដើម្បី​ពួកគេ​គ្រប់​គ្រាន់​ហើយ​នាយិកា​!»​
​គេ​និយាយ​តិចៗ​ស្រាល​ៗ​ តែ​ម៉េច​ក៏​អាច​ឱ្យ​​នាង​ព្រម​បង្អង់​ចលនា​បាន?
​ដាមិកា​​ងើប​មើល​មុខ​គេ​។​
​ខៀវ សូត្រា​​មិន​កោងកាច​ តែ​ក៏​មិន​មានការ​រំជួល​ចិត្ត​អ្វី​បង្ហាញ​មក​លើ​ផ្ទៃមុខ​ដែរ​។ ​បុរស​នេះ​តាម​ពិតជា​មនុស្ស​រឹង នាង​ទើបតែ​ដឹង​ក្នុង​ពេល​នេះ​។​
​ទឹកមុខ​គេ​គឺ​គ្មាន​ផ្លូវ​ជូន​នាង​វិល​ទៅ​ផ្ទះ​វិញ​ទេ​។​

«​លោក​កំពុង​ធ្វើ​អី​អ្ហះ​?»​
​នាង​សួរ​ទាំង​ខកចិត្ត​និង​ហួសចិត្ត​។​
​គេ​នៅ​សម្លឹង​នាង​ធ្មឹង​មិន​និយាយ​មិន​ស្ដី​តប នាង​ខាំមាត់​សួរ​បន្ថែម​៖​
​«​លោក​ក៏​ដឹង​ខៀវ សូត្រា​ ខ្ញុំ​អត់​ទំនេរ​មក​លេង​ល្ខោន​អស់​នេះ​ទេ​!​ ខ្ញុំ​មាន​ការងារ​ច្រើន ខ្ញុំ​មិន​អាច​ឱ្យ​​គ្រប់​យ៉ាង​មាន​បញ្ហា​ក្នុង​ដៃ​ខ្ញុំ​ទេ​! ​ឮ​នៅ​?»​
​នាង​ស្រែក​ដាក់​គេ​ខ្លាំង ​ហើយ​បន្ត​ក្ដិច​គេ ​ធ្វើ​ឱ្យ​​សូ​ត្រា​តបត​សម្ដី​​វិញ​​៖​
​«​ម៉ាក់​នាង​ចេញ​មក​វិញ​ហើយ​! ​គាត់​អាច​ចាត់ការ​រឿង​ទាំងអស់​បាន​!​ ដល់​ពេល​នាង​រួច​ពី​បំណុល​ជីវិត​អស់​នោះ​ហើយ​!​ ប្រើ​ជីវិត​បន្ត​ជាមួយ​អា​ម្នាក់​នេះ​ទៅ​!​»​

នាង​នៅ​ភ្លឹក​ជាមួយ​ភាសា​ស្នេហា​ ដែល​សោះកក្រោះ​បន្លឺ​​​ចេញ​មកពី​មាត់​នាយ​។​
​នាង​លែង​រើ ​ហើយ​សន្សឹម​នាង​ស្រក់​ស្រុត​កំហឹង​។​ ស្រី​ស្អាត​ដក​ភ្នែក​ចេញពី​កែវភ្នែក​នាយ​ ហើយ​គេច​មក​សម្លឹង​លំហ​សមុទ្រ។
​នាង​ចាប់ផ្ដើម​ឮ​​សំណួរ​​លាន់​ចេញ​មកពី​បេះ​ដូង​របស់​ខ្លួនឯង៖
​«​មនុស្ស​ដូច​យើង​នេះ មាន​សេរីភាព​បែប​នេះ​ដែរ​ហ្អី?»

ប្រអប់ដៃ​ខៀវ សូត្រា​​ដាក់​មក​លើ​ស្មា​នាង។
​ជា​លើក​ទីមួយ​ដែល​នារី​រឹងមាំ​ម្នាក់​នេះ​ មាន​អារម្មណ៍​ថា​ឃ្លេងឃ្លោង​ពិបាក​សម្រេចចិត្ត។
​នៅ​ក្នុង​ជីវិត​ដែល​ទម្លាប់​ជាមួយ​នឹង​ការ​ប្រិតប្រៀង​ របៀបរបប​ប្រុង​ប្រយ័ត្ន​និង​ប្រើ​គំនិត​បញ្ញា​ជា​ដើម​ទុន​លើ​សមរភូមិ​​ឈ្នះ​ចាញ់ ​ពេល​នេះ​ឱ្យ​​មក​បោះ​អម្រែក​ចោល ដាក់​អាវុធ​ចុះ​យ៉ាង​ទាន់ហន់​បែប​នេះ​ទៅ​រួច​ដែរ​ទេ​?​
​«​អត់​ទេ​!»​
​នាង​គ្រវីក្បាល​តិចៗ ​ហើយ​រលាស់ដៃ​នាយ​ចេញ​សាជាថ្មី​​។​

មាត់​ស្រី​ស្រស់​និយាយ​ប្រកែក​បន្ថែម​ភ្លាម​៖​
​«​អ្នក​បង​វិល័យ​មាន​ល្បិច​ច្រើន​! ​គាត់​ជា​មនុស្ស​គ្រោះថ្នាក់​ណាស់​!​ ដរាបណា​គាត់​នៅ​រស់​ ម៉ាក់​ខ្ញុំ​បង​ខ្ញុំ​មិន​បាន​សុខ​ទេ គ្មាន​អ្នកណា​បាន​សុខ​ទេ​!»​
​នាង​រើ​បម្រះ​រក​កល​ចង់​តែ​រត់​ចេញពី​នាយ​ តែ​សូ​ត្រា​ព្យាយាម​ចាប់​រាងកាយ​តូច​ស្ដើង​មក​វិញ​ ហើយ​ឃាត់​អស់ចិត្ត​អស់ចង់​នាង​នៅតែ​បន្ត​ទះ​តប់ នាយ​អស់​ទ្រាំ​ក៏​ចាប់ផ្ដើម​ស្រែក​គំ​ហក​៖​
​«​ឈប់​ខ្វល់​ទៅ​!!»​
​ដាមិកា​​នៅ​គាំង​ប្រាណ ព្រោះ​ស្លុត​។ វា​ជា​លើកទីមួយ​ដែល​និពន្ធ​នាយក​ស្រែក​សន្ធាប់​នៅ​នឹង​មុខ​នាង ។​
​នាង​នៅ​មិនទាន់​ថា​យ៉ាងណា​ផង សូ​ត្រា​និយាយ​បន្ត​៖​
​«​ឈប់​ខ្វល់​ពី​អ្នកដទៃ ហើយ​មក​គិត​ស្រលាញ់​ខ្លួនឯង​វិញ​ម្ដង! ​គិត​មក​ស្រលាញ់​អ្នក​ដែល​ស្រលាញ់​ខ្លួនឯង​វិញ​ខ្លះ​ផង​!!»​
​នាង​ច្រាន​គេ​ចេញពី​ផ្លូវ ហើយ​ដើរ​ទៅ​អង្គុយ​លើ​ខឿន​កៅអី សម្លឹង​ទឹកសមុទ្រ​ល្ហ​ល្ហាច​។​
​ចិត្ត​របស់​ដាមិកា​​ដឹង​ច្បាស់​ណាស់​ថា​ជាតិ​នេះ ខ្លួន​បាន​ជំពាក់​បុរស​ម្នាក់​នេះ​ច្រើន​ពិតមែន​ហើយ​។​ពេល​នេះ ដល់​វេន​គេ​ទាមទារ​ឱ្យ​​នាង​លះបង់​ចោល​អ្វីៗ ដើម្បី​កសាង​ជីវិត​ថ្មី​ជាមួយ​គេ​វិញ ឱ្យ​​នាង​គិត​យ៉ាង​ណា។

​គេ​ដើរ​មក​មួយៗ ស្រប​ពេល​នាង​ងើប​មុខ​មក​មើល ហើយ​និយាយ​៖​
​«​ខ្ញុំ​គិត​ច្បាស់​ហើយ! ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ! ​ខ្ញុំ​ត្រូវ​ដោះស្រាយ​រឿង​ច្រើន​ទៀត! បើ​លោក​ស្រលាញ់​ខ្ញុំ ជូន​ខ្ញុំ​ត្រឡប់​ទៅវិញ​​! មិន​អ៊ីចឹង យើង​ចប់​គ្នា! ខ្ញុំ​រក​មធ្យោបាយ​ខ្លួនឯង!»
​«​យើង​មក​ឆ្ងាយ​ហើយ រឿង​ត្រឡប់​ទៅ​វិញ​កុំ​សូវ​សង្ឃឹម​អី​! ពេល​នេះ​ទូក​នៅ​លើ​សមុទ្រ​ឆ្ងាយ ពី​ស្រុក​ខ្មែរ​ហើយ! ​យើង​នឹង​ចំណាយ​ពេល​ច្រើន​ខែ​នៅ​លើ​ផ្ទៃ​ទឹក​ជាមួយគ្នា​!​ នេះ​ជា​ពេលវេលា​អស្ចារ្យ​ណាស់ ឈប់​គិត​ពី​រឿង​អ្នកដទៃ​ណា​ទៅ!»
​នាង​ស្លេកស្លាំង​ហើយ​នឹក​គិត​ទៅ​ដល់​ស្ថានភាព​ក្រុមហ៊ុន។
​ករណី​ចុង​ក្រោយ​ដែល​នាង​កំពុង​នឹកឃើញ​ឡើង​វិញ​​ សន្សឹមៗ​ក្នុង​អារម្មណ៍​នោះ​គឺ​ថា គេ​ម្នាក់​នេះ​បាន​បាត់ខ្លួន​ទៅ​នៅ​ពេល​ពេជ្រ​ ដា​ណែន​ត្រូវ​ថ្នាំពុល ហើយ​គេ​ក៏​មក​រក​នាង​នៅ​លើ​ដង​ផ្លូវ​ពេល​នាង​កំពុង​នឹក​គិត​ពី​គេ ដូច្នេះ​នាង​មិន​បាន​គិត​អ្វី​ក៏​ព្រម​ឡើង​ឡាន​មក​តាម​គេ។

​«​ខ្ញុំ​ដឹង​ហើយ!»​ នាង​និយាយ​ភ្លែត​ទាំង​មុខមាំ​។​
​សូ​ត្រា​ងាក​មក​សម្លឹង​កែវភ្នែក​ខ្មៅ​ក្រឹប​ និង​រោម​ចិញ្ចើម​ខ្មៅ​រលើប​លើ​ផ្ទៃមុខ​ស្រស់​ខ្ចី​។​ សំឡេង​នាង​លាន់​មក​ចច្រែត​បន្ថែម​បញ្ជាក់​ថា នាង​កំពុង​ខឹង​៖​
​«​បង​ឯង​ធ្វើ​ដើម្បី​ពេជ្រ ​ដា​ណែន​?»​
​សូ​ត្រា​ទម្លាក់​ភ្នែក​ចុះ​។​
​គេ​សារភាព​មួយៗ​ស្រាលៗ​៖​
​«​រឿង​ពីរ​ដែល​បង​ចង់បាន គឺ​ដា​ណែន​បាន​ឈ្មោះ​ថ្នាំ​ព្យាបាល​ជា ទី​ពីរ​បង​នាំ​មនុស្ស​ដែល​បង​ស្រលាញ់​ចេញពី​សង្គម​ខ្មៅ​ងងឹត​នោះ​!​ យើង​រស់នៅ​កន្លែង​ដែល​គ្មាន​គេ​ស្គាល់​យើង​!»​
​«​ល្ងង់​ណាស់!»
​នាង​ស្រែក​កាត់ ហើយ​ពេល​គេ​នៅ​ស្ងៀម​នាង​ចាប់ផ្ដើម​យំ​។​
​«​បង​ឯង​ស្មានថា​នាំ​ខ្ញុំ​មក​យាយ​នោះ​ព្រម​ឱ្យ​​ពេជ្រ​ ដា​ណែន​រស់​? ស្មាន​ថា​គេ​ព្រម​ឱ្យ​​ពីរ​នាក់​យើង​រស់?»

​ខៀវ សូត្រា​​ចាប់​ស្មា​នាង ហើយ​និយាយ​តិចៗ​មក​កាន់​កែវភ្នែក​យំ​សស្រាក់​របស់​នាង៖
​«ទោះ​ល្ងង់​ក៏​បង​ត្រូវតែ​ធ្វើ​!»​
​គេ​ថា​ហើយ​ប្រើ​កម្លាំង​ទាញ​នាង មក​ផ្ទប់​ជាប់​ទ្រូង ហើយ​មាត់​ពោល​បន្ត​៖​
«​ដាមិកា​​! តាមពិត​ដា​ណែន​ត្រូវ​រង​គ្រោះ​ព្រោះ​តែ​យើង ! ជាតិ​នេះ​បង​រស់​មិន​កើត​ទេ​ បើ​ឱ្យ​នៅ​ទ្រាំ​មើល​គេ​ស្លាប់​!​ ដោយសារ​ហេតុផល​នេះ​ហើយ ​ដែល​បង​ត្រូវ​ព្រម​ជាមួយ​អ្នក​វិ​ល័​យ​! ចំណែក​យើង​វិញ​ ហេតុ​អី​យើង​មិន​អាច​ចេញ​មក​រក​ពិភព​ពិត​របស់​យើង? រស់នៅ​នៅ​ភ្នំពេញ​បន្ត ថ្ងៃ​ណា​មួយ​អ្នក​ទទួល​ទុក្ខ​បន្ទាប់​គឺ​អូន​!​ បើ​ថ្ងៃ​ណា​មួយ បង​ឃើញ​អូន​ដេក​រង់ចាំ​ស្លាប់​ដូច​ពេជ្រ​ ដា​ណែន ឱ្យ​​បង​ទទួល​យក​របៀប​ណា​?»

​នាង​នៅ​បន្ត​យំ​ពេល​គេ​កំពុង​និយាយ​ពន្យល់​បន្ត​មិន​ចេះ​អស់​មិន​ចេះ​ហើយ​៖​
​«​ពេល​នេះ​យើង​ជិត​ដល់​ម៉ាឡេស៊ី​ហើយ​! គិត​ជាមួយ​គ្នា! យើង​នឹង​ជ្រើសរើស​កន្លែង​ណា​មួយ​ដែល​យើង​ត្រូវ​ទៅ​បន្ត​!»​
​ស្រី​ស្រស់​រុញ​ប្រុស​ស្អាត​ថយ​ក្រោយ​មួយ​ជំហាន ​តាម​កម្លាំង​ដៃ​នាង​ដែល​បញ្ចេញ​កំហឹង​ចិត្ត៖
​«​ហើយ​បង​ឯង​មាន​សួរ​ខ្ញុំ​មួយ​ម៉ាត់​អត់​? ថា​ខ្ញុំ​ព្រម​ឬ​នៅ​ខៀវ សូ​ត្រា​!»​
​«​បង​គ្មាន​ពេល​ទេ​! យើង​មក​ដល់​ម៉ាឡេស៊ី​ភ្លាម គេ​ប្រាប់​ឈ្មោះ​ថ្នាំ​ជួយ​ដា​ណែន! ​ពេល​នោះ​ចាំ​គិត​ទៀត ថា​ទៅ​ណា!»
​នាង​ស្រែក​យំ​ទាំង​ទឹកភ្នែក៖
​«​មនុស្ស​ល្ងង់! ​ទម្រាំ​ដល់​ពេល​នោះ ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ!»
​គេ​ហាក់​ខូចចិត្ត​ដែល​ឃើញ​នាង​ទោមនស្ស​ខ្លាំង​យ៉ាង​នេះ។ ​មិន​នឹក​ស្មាន​ថា ​នៅ​វិនាទី​នេះ​ហើយ​នាង​នៅ​តែ​មិន​ដាច់​អាល័យ​រាជបល្ល័ង្ក​ ហើយ​មិន​ខ្វល់​នឹង​ពេលវេលា​ដែល​គួរតែ​ត្រេកត្រអាល​នឹង​សេរីភាព​ជាមួយគ្នា។

​«​បើ​ស្លាប់​! យើង​ស្លាប់​ជាមួយ​គ្នា​ទៅ!»
​គេ​និយាយ​តិចៗ​ប៉ុន្តែ​ម៉ឺងម៉ាត់ ធ្វើ​ឱ្យ​​នាង​នៅ​ស្ងៀម​លើកដៃ​ជូត​ទឹកភ្នែក។
​«​ស្លាប់​ជាមួយគ្នា​បាន​អត់​? ​អ្ហះ ​អគ្គនាយិកា?!
​សម្ដី​​នឹង​ទឹកមុខ​នាយ​ធ្វើ​ឱ្យ​​នាង​នឹក​ឃើញ សាជាថ្មី​​….. «​បង​ធុញ​ណាស់ បង​គ្មាន​ពេល​មក​រស់​ក្នុង​ល្បិចល្បង​អស់ទាំង​នេះ​ទេ​ដាមិកា​​!​ បានទេ​?​ យើង​ទៅ​កន្លែង​មួយ ដែល​រស់នៅ​តែ​ពីរ​នាក់​!» «ដរាបណា​ម៉ាក់​អូន​មិនទាន់​បាន​កាន់កាប់​ភាគហ៊ុន​ធំ អូន​ទៅ​ណា​មិន​ទាន់​បាន​!» «​ពេលណា​ទៅ​ដាមិកា​​?» «​ឆាប់ៗ​នេះ​ហើយ​! ​គឺ​ពេល​បង​ត្រា​អាច​ជួយ​ឱ្យ​ គំនុំ​ក្លែងក្លាយ​របស់​ខៀវ ​សូ​ត្រា​និង​ដាមិកា​​អាច​អន្ទង​សោភ័ណ​ពិសិដ្ឋ​ឱ្យ​​ចូល​អន្ទាក់ បញ្ចេញ​មុខ​មាត់​ពិត​របស់​គេ!» «​ហើយ​បង​ត្រូវ​ស្លាប់​ប៉ុន្មាន​ដង​ទៀត​?»……

​ទឹកភ្នែក​នាង​ស្រក់​សាជាថ្មី​​ ពេល​នឹក​ឃើញ​ឡើង​វិញ​ដល់​គ្រា​កម្សត់​ជាមួយគ្នា​អស់​ទាំង​នោះ។
​សំឡេង​នារី​អម្បូរ​ហង្ស​លាន់​ឡើង​មក​វិញ​​ ព្រោះ​សេចក្ដី​​សង្វេគ​ក្នុង​លង្វែកទ្រូង៖
​«​សូមទោស​!​ ដាមិកា​​ម្នាក់​នេះ ធ្លាប់​ធ្វើ​ឱ្យ​​លោក​ពិបាក​ច្រើន​ខៀវ សូត្រា​​! ខ្ញុំ​ព្រម​ជំពាក់​លោក តែ​ជីវិត​មួយ​នេះ ធ្វើ​តាម​បេះដូង​មិន​បាន! ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​វិញ! ​បើ​លោក​មិន​អាច​ទទួល​យក​បាន យើង​ចប់​គ្នា​ត្រឹម​នេះ!»
​អារម្មណ៍​នៃ​ការ​ដែល​យល់​ថា ស្នេហា​របស់​ខ្លួន​គ្មាន​តម្លៃ​ស្មើ​កាតព្វកិច្ច​កិច្ច​ដែល​នាង​ដាក់​ជាប់​លើ​ស្មា អារម្មណ៍​ដែល​ត្រូវ​បាន​អ្នក​ខ្លួន​ស្រលាញ់​ទុក​ខ្លួន ​នៅ​បន្ទាប់ពី​អំណាច​នឹង​ផល​ប្រយោជន៍ ​គឺ​ជា​អារម្មណ៍​ទទេ​ស្អាត ដែល​យល់​ថា​ខ្លួនឯង​គ្មាន​តម្លៃ​អ្វី​សម្រាប់​គេ​នៅ​ទី​បញ្ចប់។
​«​ទី​បំផុត​ស្នេហា​របស់​យើង​គឺជា​រឿង​ល្ខោន​!»​
​នាយ​និយាយ​តិចៗ ចំពីមុខ​នាង​ដោយ​សម្លឹង​នារី​មុត​ៗ​ជា​ការ​បញ្ជាក់​ថា សម្ដី​​ខ្លួន មិនមែន​និយាយ​តាម​កំហឹង​ឡើយ​។​

​ដាមិកា​​ក្រពាត់ដៃ​បែរ​ខ្នង​៖​
​«​លោក គិត​យ៉ាងម៉េច​តាម​ចិត្ត​! ​មនុស្ស​ស្រលាញ់​គ្នា ត្រូវ​យល់ចិត្ត​គ្នា យល់​កាលៈទេសៈ យល់​ការ​ពិត យល់​កាតព្វកិច្ច មិនមែន​បាយឡុកបាយឡ ដូច​ក្មេង​បៀម​ដៃ​នាំគ្នា​រត់ចោលស្រុក​បាន​នោះ​ទេ​! មិន​មែន​រឿង​កុន​ល្ខោន​ទេ​ខៀវ ​សូត្រា»
​ប្រូង​!​
​ស្នូរ​លោត​ទឹក​ពី​ក្រោយខ្នង​នាង ធ្វើ​ឱ្យ​​នារី​នេះ​អាក់​ឈប់​ស្រដី ហើយ​នាង​រេ​ភ្នែក​គិត​ចុះឡើង​មុន​ពេល​បែរ​ក្រោយ​សម្លឹង​រក​នាយ។
​និពន្ធ​នាយក​ដែល​ធ្វើ​ឱ្យ​​នាង​កើត​សោ​ហ្មង​ ពេល​នេះ​បាត់ស្រមោល​ទៅ​ណា ធ្វើ​ឱ្យ​​នាង​ដឹង​ភ្លាម​ថា ស្នូរ​លោត​ទឹក​ប្រូង​អម្បាញ់​មិញ​នេះ គឺ​គេ។

​ស្រី​ស្រស់​ស្ទុះ​ទេ​ក្បែរ​បង្កាន់ដៃ​ ហើយ​ឱន​សម្លឹង​ទៅ​ផ្ទៃ​ទឹកសមុទ្រ​ដែល​ធំ​ធេង​គ្មាន​កោះ​ត្រើយ​។ បុរស​នោះ​ពិតជា​កំពុង​ស្ថិតនៅ​ផ្ទៃ​ទឹក ដែល​គ្មាន​សូម្បី​អាវ​ពោង​ឬ​អ្វី​ផ្សេង​សម្រាប់​ការពារ​ខ្លួន​។​
​គួរ​ឱ្យ​​ក្ដៅ​ចិត្ត​ណាស់ នាង​ងាក​បែរ​មក​វិញ​ខ្វាច់ នឹក​ថា​បណ្ដោយ​​តាម​ចិត្ត​នាយ​ដោយ​មិន​ខ្ចី​រវល់​ដែរ​ប៉ុន្តែ​អ្វី​មួយ​បាន​លេច​មក​រំលឹក​ក្នុង​អារម្មណ៍​នាង​សាជាថ្មី​ …..​ គឺ​សម្ដី​​ខ្លួនឯង ដែល​នាង​នឹក​ឃើញ…… «សូម្បីតែ​លុយ​ចំណាយ​ចោល​របស់​Red Index មួយ​ខែៗ អាច​ទិញ​ក្រុមហ៊ុន​កាសែត​កំប៉ិកកំប៉ុក​របស់​លោក​ឯង​បាន​ដល់​១​ឡូ​ ខៀវ សូត្រា​​! លោក​ឯង រក​ស្អី​មក​កុហក​ខ្លួនឯង​ថា មនុស្ស​ដូច​ដាមិកា​​ទៅ​ស្រលាញ់​ផ្ញើ​ជីវិត​ជាមួយ​? ​អ្ហះ អារម្មណ៍​ដែល​នៅ​សុខៗ​ធ្លាក់​មកពី​ស្ថានសួគ៌ វា​យ៉ាងម៉េច​ដែរ​និពន្ធ​នាយក​?» «​ធ្វើ​រឿង​ច្រើន​ម្ល៉ឹង​ៗ ដើម្បី​អី​?» «​សប្បាយ​ដែរ​តើ​!​ នេះ​ហ្អី​និពន្ធ​នាយក​ខៀ​វ ​សូ​ត្រា​ដែល​ល្បី​ថា​ចំណាប់​រ​រហ័សរហួន ឥឡូវ​ក្រែង​មក​ភ្ជាប់​ពាក្យ​ហ្អី​?​ ចេញ​ទៅ​វិញ​ប្រាប់​កូនចៅ​ថា​ម៉េច​អ្ហះ ឬ​មួយ​កាលដែល​ត្រូវ ស្រី​ទាត់ចោល​នេះ ស្អែក​នឹង​ក្លាយ​ជា​ព័ត៌មាន​ទំព័រ​មុខ​?»

​នាង​បែរ​ក្រោយ​សម្លឹង​រាងកាយ​បុរស​ខ្ពស់​ស្រាវ​ដែល ធ្លាប់​ផ្ដល់​សេចក្ដី​ស្នេហា​ផ្អែមល្ហែម ស្អិតល្មួត​ប្ដូរ​​ក្ដី​ស្លាប់​រស់​ជាមួយ​គ្នា ហើយ​សំឡេង​នាង​ដែល​ពេល​ណា​ក៏​ស្លូត ​ពេល​ណា​ក៏​ស្រួល​ស្ដាប់​​ ហើយ​កាលៈទេសៈ​ណា ក៏​នៅ​តែ​ជា​សុភាពបុរស លាន់​ត្រឡប់​មក​វិញ​ក្នុង​ការ​ចងចាំ «​បើ​ចង់​ឱ្យ​​ខ្ញុំ​ឈឺ បើ​ចង់​ឱ្យ​​ខ្ញុំ​សង មិន​បាច់​បំផ្លាញ​ខ្លួនឯង​ច្រើន​ដល់​ថ្នាក់​នេះ​ក៏​បាន​អ្នក​នាង​ធំ​!»
​រលឹក​ពាក្យពេចន៍​របស់​នាយ នាង​ស្រមៃ​នឹកឃើញ​ទៀត គឺ​ពេល​ដែល​ដៃ​ខ្លួនឯង​នេះ​រុញ​គេ​ភឹង​ទម្លាក់​អាង​ខៀវស្រងាត់​លាន់​ប្រូង ក្រោម​មេឃា​ងងឹត​ស្មុគស្មាញ នៃ​រាត្រី​ភ្ជាប់​ពាក្យ។

​«​ឡើង​មក​វិញ​មក​ឆ្កួត​!​ មនុស្ស​ឡប់សតិ​!​ ចង់​ស្លាប់​​មែន​អត់​?​ ធ្វើ​អី​ចេះ​គិត​ខ្លះ​អត់ ខៀវ សូត្រា​ អ្ហះ ក្លាយ​ជា​អ៊ីចឹង​​តាំងពី​អង្កាល់?»
​ដាមិកា​​ឱន​ទៅ​ក្រៅ​បង្កាន់​ដៃ ស្រែក​ហៅ​យ៉ាង​ណា​ដៀលត្មះ​ប៉ុនណា និពន្ធ​នាយក​នៅ​តែ​មិន​ហែល​ត្រឡប់​មក​វិញ​​ធ្វើ​ឱ្យ​​រាងកាយ​បុរស​នេះ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​កប៉ាល់​តូច។
​នាង​ដឹង​ថា បុរស​នេះ​ជា​មនុស្ស​មានះ​ផុត​លោកិយ ​តែ​នាង​មិន​ដឹង​ទេ​ថា ការ​បដិសេធ​របស់​ខ្លួន​កំពុង​ធ្វើ​ឱ្យ​​នាយ​ឈឺចាប់​កម្រិត​ណា?
​ដាមិកា​រត់​មក​រក​អ្នក​បញ្ជា​កប៉ាល់​ដើម្បី​ស្រែក​រក​ជំនួយ ប៉ុន្តែ​ក្នុង​សភាព​ស្លន់ស្លោ នាង​មើល​មិន​ឃើញ​អ្នក​ណា​ទាំង​អស់ ដូច្នេះ​អ្វី​ដែល​នាង​ឃើញ​ គឺ​ពោង​ពីរ​បី​ចង​ជាប់​នឹង​ខ្សែ​ពួរ។
​ស្រី​ស្អាត​រួសរាន់​ស្រាយ​ពោង មួយ​ហើយ​បោះ​ចូល​ទៅ​ក្នុង​ទឹក​ មុន​ពេល​ខ្លួនឯង​លោត​ប្រូង​ទៅ​តាម​ពីក្រោយ។

​«​មក​វិញ​ភ្លាម​ខៀវ ​សូ​ត្រា​!​ ឮអត់​?​ មនុស្ស​ចង្រៃ​!»​
​នាង​ហែល​ផង ស្រែក​ក​ផង​ហត់​គឃូស ទោះ​ខាង​ប្រុស​មិន​ឮ​​ឆ្លើយ​អ្វី​សូម្បីតែ​មួយ​ម៉ាត់​ នាង​នៅ​តែ​ឡូឡា​ប្រកូក​ម្នាក់ឯង៖
​«​ប្រុស​ចរិត​ស្រី​! ​មនុស្ស​ចរិត​ក្មេង​បៀម​ដៃ! ​ខ្ញុំ​ឱ្យ​​ត្រឡប់​មក​វិញ​​ឮ​​ដែរ​អត់?»
​នាង​កាន់​តែ​ថា បុរស​នេះ​កាន់​តែ​ទៅ​មុខ​លែង​ងាក​ក្រោយ។
​ខៀវ សូត្រា​​ហែល​ទឹក​បាន​ល្អ ដូច​ត្រី​បបែល ចំណែក​នាង​វិញ​អស់​ល្បឿន​នឹង​តាម​នាយ ​ដូច្នេះ​មានតែ……
​«​ជួយ​ផង​!»​
​នាង​រលាស់​ខ្លួន​វាយ​ទឹក​បែក​ខ្ចាយ​ ហើយ​បណ្ដោយ​​រាងកាយ​ឱ្យ​​លិច​ស្រុង​ទៅ​ក្នុង​កម្ពស់​ទឹក​រលក។
ដាមិកា​​បម្រុង​ថា ធ្វើ​បញ្ឆោត​ឱ្យ​​គេ​វិល​មក​វិញ ដឹង​អី​ជើង​ស្រាប់​តែ​រមួល​ឈឺ​ហើយ​ការ​ហែល​មែន​ទែន​ពិត​ជា​លែង​អាច​ធ្វើ​បាន​មែន។

​ជា​លើក​ដំបូង​ដែល​ស្រី​អ្នកមាន​ស្គាល់​រសជាតិ​ថា​លង់​ទឹក ហើយ​និង​ឈ្លក់​ទឹក​។​
​«​សូ​ត្រា​!»​
​នាង​ឆ្លៀតពេល​ស្រែក​ហៅ​គេ ​ពេល​ដែល​អាច​បណ្ដែតទ​​ធាក់​ខ្លួន​ឡើង​មក​លើ​ជា​ចុងក្រោយ​ ប៉ុន្តែ​នាង​គ្មាន​សង្ឃឹម​ឡើយ​ថា គេ​បាន​ឮ។
​នៅ​ក្នុង​វិនាទី​ដែល​ត្រចៀក​ងឿង ​ព្រោះ​កម្លាំង​ទឹក​បុក​ចូល ហើយ​រាងកាយ​ធ្លាក់​ស្រុញ​មក​ក្រោម​លែង​ទធាក់​ឡើង​បាន​ ព្រោះ​ជើង​ឈឺ​ជាប់​រឹង​សរសៃ​លែង​កម្រើក​រួច ដាមិកា​​ប្រាប់​ខ្លួនឯង​ថា ជីវិត​នាង​ចប់​ត្រឹម​នេះ​មិនខាន។
​នារី​បិទ​ភ្នែក​លែង​រើ​បម្រះ​បាន ​ប៉ុន្តែ​នាង​ទទួល​អារម្មណ៍​ថា​ខ្លួនឯង កំពុង​អណ្ដែត​ឡើង​មក​លើ​ផ្ទៃ​ទឹក ដោយ​កម្លាំង​ដៃ​យោង​របស់​អ្នក​ណា​ម្នាក់។

​នាង​ដឹង​ថា​គឺ​«​គេ​ហ៍​»​ ដូច្នេះ​ហើយ​ស្រី​ស្រស់​បើកភ្នែក​ឡើង​វិញ​​បាន​ដោយ​កម្លាំងចិត្ត​។​
​ពិតជា​នាយ​មែន​។​
​បុរស​សង្ហា​ម្នាក់​នេះ ពិត​ជា​បាន​បក​មក​ក្រោយ​ហើយ​ជួយ​ជីវិត​នាង​។​
គេ​យោង​នាង​ឡើង​មក​ដល់​ផ្ទៃ​ទឹក ហើយ​ហុច​ពោង​មក​ឱ្យ​​ស្រី​ស្អាត​តោង។
​ពោង​ជា​ច្រើន​ទៀត​កំពុង​ត្រូវ​បាន​បោះ​មក​ពី​ខាង​លើ បាន​ន័យ​ថា​ មាន​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​ឃើញ​ពួកគេ​ធ្លាក់​ទឹក​ហើយ ​ប៉ុន្តែ​ដាមិកា​​គ្មាន​ពេល​រវល់​ជាមួយ​ពួកគេ​ឡើយ។
​នាង​សម្លឹង​ផ្ទៃមុខ​ប្រុស​ស្អាត​ដែល​ស្មើ​ធេង​គ្មាន​ស្នាម​ញញឹម​។​ គេ​នេះ​មុខ​រឹង ដូច​កាល​ដែល​ត្រូវ​នាង​ច្រាន​ធ្លាក់​អាង ហើយ​បែរ​មក​ថើប​នាង​កណ្ដាល​ផ្ទៃ​ទឹក។
​«​មនុស្ស​ចរិត​ស្រី ធ្វើ​អី​មិន​ចេះ​គិត​ទេ​!»​
​នាង​ថា​ឱ្យ​​នាយ​ទាំង​ភ្នែក​បុរស​នេះ​សម្លឹង​មក​រក​បបូរមាត់​ស​ស្លេក​របស់​នាង​។​
​គេ​និយាយ​តប​នឹង​ភាព​រងា​ញ័រញាក់​ក្នុង​បេះដូង​៖​
​«បើ​គិត​ហើយ​នាំ​ឱ្យ​​កាន់តែ​ឈឺចាប់ បង​សុខចិត្ត​រស់នៅ​តាម​របៀប​មនុស្ស​មិន​ចេះ​គិត ស្រួល​ចិត្ត​ជាង!»

​នាង​ស្រងេះស្រងោច​ខ្លោច​ចិត្ត​អាណិត​នាយ។
​សេចក្ដី​​ស្នេហា​នឹង​ការ​អត់ធ្មត់​សង្កត់ចិត្ត ទោះ​បី​ជា​យ៉ាង​ណា ក៏​វា​រមែង​តែង​តែ​មាន​ដែន​កំណត់​មួយ។ដាមិកា​​ខុស​ពី​ស្រី​នានា​ត្រង់​ថា​ នាង​ទុក​ស្នេហា​ជា​រឿង​ម្យ៉ាង​ហើយ​កាតព្វកិច្ច​ជា​រឿង​សំ​ខាន់។ ​ត្រង់​នេះ​ហើយ​ដែល​សូ​ត្រា​លង់​ស្រលាញ់​នាង​ តែ​គេ​ក៏​ត្រូវ​ឈឺចាប់​ដោយសារ​ចំណុច​មួយ​នេះ​ដូចគ្នា​។​
​នាយ​និយាយ​បន្ត​ទាំង​ទទឹក​ដូច​កូន​សត្វ៖
​«​បង​សុខចិត្ត​ធ្លាក់​ក្នុង​នេះ ​មិន​ឡើង​គោក​រហូត វា​គ្រាន់បើ​ជាង​រស់នៅ​លើគោក​ដោយ​គ្មាន​អូន​នៅ​ក្បែរ​ម្ដង​ទៀត!»
​«មនុស្ស​អី​ឆ្កួត​ម៉េះ​?»​
​នាង​ថា​ឱ្យ​គេ ទាំង​ភ្នែក​ស្រទន់​ ព្រោះ​អាណិត​ភក្ដី​ចិត្ត​របស់​បុរស​នេះ ហើយ​នាង​ក៏​មិន​ដឹង​មាន​ពាក្យ​អ្វី​ផ្សេង​ក្នុង​ការ​ឆ្លើយតប​ដែរ។

​«​តាំងពី​ស្គាល់​នាង ខៀវ សូត្រា​​ឆ្កួត​យូរ​ហើយ អគ្គនាយក!»
​ជំនួស​ឱ្យ​​ចម្លើយ ស្រី​ស្អាត​រេ​បបូរមាត់​ខ្លួន​ទៅ​រក​បបូរមាត់​នាយ ហើយ​បណ្ដោយ​ឱ្យ​​ភាគី​ទាំង​សង​ខាង​បាន ចរចា​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​ធម្មជាតិ​នៃ​សេចក្ដី​ត្រូវការ​របស់​បេះ​ដូង។
​«​អូន​អាត្មានិយម​ណាស់​មែន​ទេ​សូ​ត្រា?!»
​នាង​គិត​ម្នាក់​ឯង​ ពេល​ដែល​បបូរមាត់​កំពុង​បបោសអង្អែល​គ្នា។
​«​អូន​គិត​អ្នក​គ្រប់​គ្នា​ តែ​អូន​ភ្លេច​គិត​បង ភ្លេច​គិត​ពី​ចិត្ត​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​អូន​! ​អូន​មិន​ព្រម​អនុញ្ញាត​ឱ្យ​​ខ្លួនឯង​ទទួល​ស្គាល់​ថា​កំពុង​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​អូន​បង្ខំ​​ខ្លួនឯង​ឱ្យ​ធ្វើ​ជា​មនុស្ស​គ្មាន​បេះ​ដូង! តែ​ពេល​នេះ​បង​និយាយ​ត្រូវ យើង​ពិត​ជា​ដល់​ពេលវេលា​ត្រូវ​សម្រាក​ហើយ!»

​នាង​រុញ​គេ​ចេញ ទោះបី​ខាង​ប្រុស​មើល​ទៅ​កំពុង​ងប់ងុល​នឹង​ឆាក​ស្នេហា​នេះ។
​គេ​សម្លឹង​នាង​ដោយ​ភ្នែក​ស្រទន់​ជា​ភាសា គេ​មិន​គិត​អ្វី​ក្រៅ​ពី​នារី​នៅ​ចំពោះ​មុខ​ម្នាក់​នេះ​ទៀ​ត​ឡើយ​។​
​នាង​ក៏​សួរ​គេ​ខ្សាវៗ៖
​«​យើង​ទៅ​ណា​? ចាប់ផ្ដើម​ដោយ​របៀប​ណា​!»​
​សូ​ត្រា​ញញឹម​។​
​ទី​បំផុត​និពន្ធ​នាយក​អភ័ព្វ​ស្នេហ៍​ចេះ​ញញឹម​….. វា​ជា​ឥទ្ធិ​ពល​នៃ​សេចក្ដី​​រីករាយ ពេល​ដែល​ដឹង​ថា​អ្នក​ណា​ម្នាក់​ព្រម​បោះចោល​គ្រប់​យ៉ាង​ពី​ក្រោយ​ខ្នង​ ហើយ​ទៅ​ជាមួយ​យើង​ ហើយ​បើក​វាំងនន​ដ៏​អាថ៌កំបាំង​នៃ​អនាគត​ជាមួយ​គ្នា មិន​ខ្វល់​ថា អ្វី​ខ្លះ​ទៅ​រឿង​អាក្រក់​ឬ​ល្អ ដែល​កំពុង​រង់ចាំ​នៅ​ផ្លូវ​ខាង​មុខ។

​«​ជឿ​អត់ ថា​បង​នឹង​ចិញ្ចឹម​ស្រី​ម្នាក់​នេះ ឱ្យ​​រស់​ស្រួល? បង​នឹង​ធ្វើ​ឱ្យ​​ដាមិកា​ភ្ញាក់​ឡើង​មក​សប្បាយ​ចិត្ត​មាន​ពេលវេលា​ស្រលាញ់​ធម្មជាតិ ស្រលាញ់​ជីវិត​លែង​ខ្វល់​រឿង​បោកប្រាស់​កាប់​ចាក់​ទាំងអស់​!​ ជុំវិញ​ខ្លួន​មាន​តែ​ពាក្យ​ពិត​សេចក្ដី​​ពិត​ គ្មាន​ល្បិច​គ្មាន​ការ​ត្រៀម​ប្រុង​ជា​មួយ​អ្នក​ណា!»
​នាង​រំភើប​ហើយ​នាង​ញញឹម។
​ទោះ​យ៉ាង​ណា​ដាមិកា​នៅ តែ​អាច​ប្រើ​ពាក្យ​ឆ្លៀត​ឌឺដង​នាយ៖
​«​មនុស្ស​ខៀវ សូត្រា​ ចេះ​តែ​សរសេរ​ហើយ​ធ្វើ​មុខ​មាំ​! និង​ទៅ​ធ្វើការ​រកស៊ី​អី ចិញ្ចឹម​ប្រពន្ធ​!?»​
​ពាក្យ​ប្រពន្ធ​ដែល​ដាមិកា​ ទើប​នឹង​និយាយ​បាន​ធ្វើ​ឱ្យ​​ចិត្ត​នាយ​អណ្ដែត​ត្រសែត។
​និពន្ធ​នាយក តប​ស្រាល​ៗ៖
​«មនុស្ស​ប្រុស​អាច​ធ្វើ​អ្វី​បាន​ទាំងអស់​ ដើម្បី​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់»

ភាគ​ទី​៤៥

​រាត្រី​ចូល​មក​ដល់​…..​ខ្យល់​ធ្លាក់​ត្រជាក់​ស្រៀវ​ខ្លួន ប៉ុន្តែ​គ្មាន​អ្នក​ណា​មក​រំខាន​គូ​ស្នេហ៍​ទាំង​ទ្វេ​ក្នុង​ការ​អង្គុយ​សារសព្ទ​គ្នា​ក្នុង​កូន​បន្ទប់​តូច មិន​ចេះ​ឆ្អែតឆ្អន់​នោះ​ទេ។
​«​ខ្លាច​មែន​អត់? មនុស្ស​គ្រប់​គ្នា​អាច​ផ្ដើម​ពី​បាត​ដៃ​ទទេ ហេតុអ្វី​យើង​គិត​ថា​មិន​អាច?»
​សូ​ត្រា​និយាយ​ទៅ​កាន់​នាង​ដែល​នៅ​សំងំ​ស្ងៀម​ក្បែរ​ទ្រូង។
​ដាមិកា​មិន​មាត់​មិន​ក ប៉ុន្តែ​គូស្នេហ៍​ដឹង​ថា ​នារី​នេះ​កំពុង​ប្រឈម​នឹង​ទុក្ខ​ព្រួយ​ក្នុង​ការ​បំភ្លេច​អតីតកាល​ ហើយ​ជ្រើស​យក​អនាគតកាល​ជាមួយ​នាយ។
​«​តាំង​ពី​ថ្ងៃ​ដំបូង​នៅ​កោះ​ម៉ា​ឌី​វ បង​បានគិត​​រួច​ហើយ​ថា ត្រូវ​នាំ​អូន​ចេញពី​Red inDex​ចេញពី​សង្គម​គ្រួសារ​ដែល​មាន​ជម្លោះ​រញ៉េរញ៉ៃ​អស់​ទាំង​នោះ ហើយ​រស់​នៅ​សប្បាយ​ចិត្ត​ជា​រៀងរាល់ថ្ងៃ! ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​ ប៉ុន្តែ​បើ​យើង​ចេះ​កែ​ខៃ យើង​អាច​នឹង​មាន​ឱកាស​ទទួល​យក​រឿង​ល្អៗ​សម្រាប់​ខ្លួនឯង!»

​ដា​មិកា​នៅ​ស្ងាត់​ស្ងៀម មិន​ស្ដី​អ្វី​ដែល​បង្ហាញ​ថា​ នាង​ចង់​ស្ដាប់​នាយ​និយាយ។
​ខៀវ​ សូត្រា​ចាប់ផ្ដើម​បន្ត៖
​«​តាំង​ពី​ចរិយា​ស្លាប់​ទៅ! ​បង​មិន​ដែល​ចង់​មាន​ស្នេហា​ជាមួយ​អ្នក​ណា​ទៀត​នោះ​ទេ! មួយ​ជីវិត​នេះ​បង​ខ្លាច​បំផុត គឺ​ឃើញ​មនុស្ស​ដែល​បង​ស្រលាញ់​ឈឺចាប់​នៅ​នឹង​មុខ ​ហើយ​មិន​អាច​ជួយ​អ្វី​គេ​បាន​!​ នៅ​ថ្ងៃ​ដែល​ដា​ណែន​មក​ដល់​ហើយ​មាន​ស្ថានភាព​ពិបាក​រស់ ខៀវ ​សូត្រា​ចាប់ផ្ដើម​ចេះ​ភ័យ! ​បើ​អ្នក​ដែល​ត្រូវ​ពុល​បន្ទាប់​ គឺ​ដា​មិកា​ម្នាក់​នេះ ឱ្យ​បង​ធ្វើ​បែប​ណា? ក្នុង​ជម្រើស​ថា​ត្រូវ​នាំ​អូន​ចេញ​ពី​កណ្ដាល​ជម្លោះ​នេះ​ឱ្យ​បាន បង​ក៏​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ដា​ណែន​ដែរ​មុន​ចាក​ចេញ​»

​ដល់​ពេល​ដែល​នាង​ត្រូវ​វាចា​ហើយ។ ​សោភ័ណ​ ដា​មិកា បន្លឺ​តិចៗ៖
​«​មនុស្ស​ល្ងង់​ជាង​គេ​លើ​លោក​នេះ​ គឺ​បង​ត្រា! ​អ្នក​បង​វិល័យ​ជា​ប្រភេទ​មនុស្ស​ពេញ​ដោយ​កលល្បិច! តោះ​ស្អែក​ព្រឹក​យើង​ឡើង​គោក​ហើយ ក៏​គាត់​គង់​តែ​មិន​ឱ្យ​ឈ្មោះ​ថ្នាំ! ចំណែក​ពេជ្រ ​ដា​ណែន​មិន​ដឹង​ទ្រាំ​បាន​ដល់​ពេល​នេះ​ឬ​អត់​ផង! បើ​បង​ឯង​ឆ្លាត​ត្រូវ​នៅ​ដោះស្រាយ​នៅ​នុះ មិនមែន​ចេញ​មក​ឆ្ងាយ​ទេ! ​បើ​អ្នក​បង​ប្រើ​ពួក​មនុស្ស​លើ​ទូក​នេះ​ ធ្វើ​បាប​យើង?»
​«​បង​មាន​កិច្ចសន្យា​មួយ​ទៀត ជាមួយ​គាត់​!​ គាត់​មិន​ហ៊ាន​ក្រឡាស់​ទេ​!»​
​«​ស្អី​ទៅ​?»​
​នាង​ងើបមុខ​សម្លឹង​នាយ ធ្វើ​ឱ្យ​សូ​ត្រា​ទីទើរ​មិន​អាច​និយាយ​ចេញ​ភ្លាម​ៗ​ទេ។ ​សេចក្ដី​ស្នេហា​ពិត​មួយ មាន​លទ្ធភាព​អាច​ធ្វើ​ឱ្យ​មនុស្ស​ពីរ​នាក់ ដែល​ធ្លាប់​តែ​មាន​ចរិត​ផ្សេង​គ្នា គិត​ផ្សេង​គ្នា​និង​ក្លាយ​មក​ជា​យល់​ចិត្ត​គ្នា គិត​ដូច​គ្នា ហើយ​ជួន​កាល​អាច​ស្មាន​ដឹង នូវ​បណ្ដា​រឿងរ៉ាវ ដែល​ភាគី​ម្ខាង​ទៀត កំពុងតែ​ធ្វើ ដូច​មាន​ញាណ​ទិព្វ។
«លោក​កំពុង​ចង់​និយាយ​ថា​ ឱ្យ​ខ្ញុំ​ប្រគល់ Red Index ទៅ​អ្នក​បង​វិល័យ​?»​

​សូ​ត្រា​នៅ​ស្ងាត់ស្ងៀម ធ្វើ​ឱ្យ​ដា​មិកា​ហួសចិត្ត​ជា​ខ្លាំង។ នាង​ស្ទុះ​ក្រោក​អង្គុយ​ហើយ​សម្លឹង​មុខ​គេ។អាកប្បកិរិយា​នាយ​និពន្ធ​នាយក​ ធ្វើ​ឱ្យ​នាង​ខឹង​ស្ទើរ​និយាយ​មិន​ចេញ​ ដែល​គេ​ហ៊ាន​សម្រេចចិត្ត​មិន​សួរ​នាង ​នូវ​រឿង​ជា​ច្រើន​ដែល​នាង​មិនដែល​គិត​ថា​គេ​ហ៊ាន។
​«​លោក​ដេក​យល់សប្ដិ​ទៅ​ខៀវ​សូ​ត្រា ថា​ខ្ញុំ​ស៊ីញេ!»
​បុរស​នៅ​ស្ងៀម ​ពេល​នាង​ក្រោក​ឈរ​ចាកចេញ​ពី​គ្រែ។
​សំឡេង​នាង​លាន់​មក​បន្ថែម​ពេល​នាយ​នៅ​ទ្រឹង៖
​«​ខ្ញុំ​ព្រម​បញ្ចប់​គ្រប់​យ៉ាង ទោះ​បញ្ចប់​ទាំង​ជីវិត​ខ្លួនឯង​ទៀ​ត​ក៏​បាន ​ប៉ុន្តែ​ខ្ញុំ​មិន​យក​ក្រុមហ៊ុន​ប៉ា​ខ្ញុំ​មក​ប្រថុយ​ទេ! ​មនុស្ស​ស្រី​ម្នាក់​នោះ​វិកលចរិត ងប់ងុល​គំនុំ ចរិត​អ៊ីចឹង​ចង់​កាន់​តំណែង​អគ្គនាយក​ ទាល់​តែ​ជាតិ​ក្រោយ​»​
​«​យើង​ឆេវឆាវ ហើយ​តែងតែ​គិត​អ្វី​ប្រើ​អារម្មណ៍ មុន​ការ​គិត​!»​

​គេ​ថា​តិចៗ​ធ្វើ​ឱ្យ​នាង​ដឹង​ខ្លួន​មក​វិញ។
​តាម​ថា​នាង​ត្រូវ​ខឹង​នឹង​គេ​ដែល​បន្ទោស​នេះ ​តែ​ពេល​ស្រី​ស្រស់​បែរ​ក្រោយ​សម្លឹង​មុខ​បុរស​ជា​ទី​ស្រលាញ់​ហើយ​យល់​ថា ខ្លួនឯង​ពិតជា​ធ្វើការ​វាយ​ស្មាន​មិន​បាន​ទុក​ពេល​ឱ្យ​គេ​បកស្រាយ​មែន។​
​ខៀវ ​សូត្រា​នៅ​ស្ងាត់ស្ងៀម​ដោយ​ទឹក​មុខស្មើ។
​ជា​ច្រើន​លើក ដែល​នាង​ដៀល​ថា​គេ​«ល្ងង់» ​ហើយ​គិត​ថា ខ្លួនឯង​តែងតែ​ឆ្លាត​ជាង។ ​នេះ​ជា​ចរិត​អ្នក​ដែល​មាន​កំណើត​ក្នុង​គ្រួសារ​អភិ​ជន និង​មាន​អំណាច​មក​តាំង​ពី​តូច ហើយ​ក្ដោបក្ដាប់​តំណែង​ធំ​រហូត។
​ដា​មិកា​ដឹង​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន តែ​នាង​នៅ​មិន​ពោល​ពាក្យ​សុំទោស។

​នាង​និយាយ​ការពារ​ខ្លួនឯង​៖​
​«​អ្នក​ណា​ប្រើ​ឱ្យ​បង​ត្រា​ធ្វើ​អី​មិន​ចេះ​ពិភាក្សា​គ្នា​?​ សួរ​អី នៅ​ស្ងៀម​មិន​និយាយ​មិន​ស្ដី! អ្នក​ណា​ដឹង​?»​
​បុរស​ដក​ដង្ហើម​វែង​ មុន​ពេល​ក្រោក​មក។
​ដៃ​នាយ​លូក​ក្រសោប ចង្កេះ​តូចតន់​ពី​ក្រោយ ហើយ​និយាយ​មួយៗ​ក្បែរ​ត្រ​ចៀក​នាង៖
​«​ស្អែក​ជា​ពេលវេលា​ស្លាប់​រស់​របស់​យើង! ​បង​ត្រូវការ​ពន្យល់ ឱ្យ​អូន​យល់​រឿង​ទាំងអស់​ ក្នុង​ពេល​នេះ»
​ដា​មិកា​នៅ​ស្ងៀម​បង្អង់​គិត។ គិត​ចុះ​ឡើង​ហើយ នាង​បែរ​មក​សម្លឹងមុខ​នាយ​ហើយ​ខ្សឹប​សួរ​៖​
​«​បង​ត្រា​ចង់​ធ្វើ​អី​?»​
​នាយ​ខ្សឹប​តប​វិញ​ក្បែរ​ត្រចៀក​នាង៖
​«ដល់​ផែ​យើង ចេញទៅ​ណា​មិន​បាន​ទេ បើ​បង​មិនទាន់​សរសេរ​អត្ថបទ​មួយ​សម្រាប់​ស្រី​កំណាច​នោះ!»
​«​អត្ថបទ​អី​?»

​គេ​នៅ​ស្ងៀម​ធ្វើ​ឱ្យ​នាង​កើត​តក់ក្រហល់​សាជាថ្មី ​ជជីក​សួរនាំ​ភ្លាមៗ៖
​«កុំ​ប្រាប់​ថា បង​ត្រា​នឹង​បើក​កកាយ​ទំនាក់ទំនង​លេខា​លីន​រ៉ា​ណា​ និង​ពួក​ខ្ញុំ​ឱ្យ​ខូច​ឈ្មោះ​Red index​
​ខូច​ឈ្មោះ​ប៉ា​ខ្ញុំ ផ្គាប់ចិត្ត​បង​វិល័យ​ណា៎​!»​
​«​សរសេរ​រួច​ហើយ​!»​
​គេ​ឆ្លើយ​មក​តាម​សម្រួល ​ប៉ុន្តែ​ចិត្ត​ដា​មិកា​រោល​ក្ដៅ។ ទោះ​យ៉ាង​ណា​ទឹក​មុខ​នឹងនរ​របស់​ប្រុស​ស្នេហ៍​ធ្វើ​ឱ្យ​អភិ​នារី​ខំ​ខាំ​មាត់​សង្កត់​ចិត្ត។
​នាង​ក្រពាត់ដៃ​មិន​និយាយ​មិន​ស្ដី តែ​កាយវិការ​គឺ​កំពុង​រង់ចាំ​ស្ដាប់​ការ​បកស្រាយ​ពន្យល់។
​បាន​ដូច​គិត បុរស​ជា​សង្សារ​និយាយ​មួយៗ​ពី​លើ​ស្មា​ស្ដាំ៖
​«​អត្ថបទ​សរសេរ​ទុក​រួច​! ភស្តុតាង​សម្រាប់​គាំទ្រ​លើ​សំណេរ​ក៏​មាន! ​ប៉ុន្តែ​បោះពុម្ព​ជា​កាសែត តែ​មួយ​ច្បាប់​ផ្ញើ​ឱ្យ​គាត់ ម៉េច​ដែរ?»

​ដា​មិកា បែរ​ក្រោយ​ទាំង​ក្ដាប់​មាត់​ពន្យល់៖
​«​កុំ​ច្រឡំ​ឱ្យ​សោះ​ ថា​គាត់​ល្ងង់!»
​សូ​ត្រា​ញញឹម ហើយ​លើក​ដៃ​ទាំង​សងខាង​មក​ផ្ទប់​លើ​ថ្ពាល់​នាង។ ​នារី​នេះ ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​នាយ​លង់​ស្រលាញ់ ក្នុង​ចំណោម​មនុស្ស​ស្រី​ទាំងអស់​ដែល​ចោមរោម​នាយ។​ ខៀវ​ សូត្រា​វាចា​ថ្នមៗ​ទៅ​កាន់​កែវភ្នែក​ទន្ទឹង​ចង់​បាន​ចម្លើយ​របស់​នាង​៖​
​«​មាន​អ្នក​ណា​ថា​គាត់​ល្ងង់! តែ​គាត់​ចង់​ឱ្យ​យើង​ធ្វើ​តាម​គាត់​គ្រប់​យ៉ាង រឿង​ដែល​យើង​មិន​ចង់​ធ្វើ យើង​ត្រូវ​មាន​ល្បិច​ទប់ទល់​វិញ​ដែរ​មិន​អ៊ីចឹង!»
​សោភ័ណ ​ដា​មិកា​ក្រពាត់​ដៃ​ធ្វើ​មុខ​ក្រញូវ៖
​«​កុំ​ថា​មួយ​ច្បាប់​!​ សូម្បីតែ​កន្លះ​ច្បាប់​ក៏​មិន​ត្រូវ​ឱ្យ​ចេញ​បាន​ដែរ​ ស្ដាប់​ឱ្យ​ច្បាស់​ខៀវ​ សូត្រា !»​
​«​បង​ផ្ញើ​សារ​ប្រាប់​ពេជ្រ​ ដា​ណែន គេ​ចេះ​ចាត់​ការ​ហើយ!»

​គិត​ដល់​ពេជ្រ ​ដា​ណែន​ម្នាក់​នោះ នារី​អភិ​ជន​នឹក​ឃើញ​ដល់​សម្ដី​ទាំងឡាយ ​ដែល​បាន​ជជែក​គ្នា​ក្នុង​គ្រា​លំបាក​លំបិន…… នារី​អ្នកកាសែត​នោះ បាន​ឡើង​មក​ដល់​បន្ទប់​ពួកគេ​តាម​បញ្ជា​អ្នក​វិល័យ ប៉ុន្តែ ទី​បំផុត សុខចិត្ត​វេទនា​ខ្លួន​ក៏​មិន​ព្រម​ធ្វើ​ជា​ទាសករ​ឱ្យ​ថ្នាំ​បំពុល​ឱ្យ​មនុស្ស​ល្បិចកល​ដែរ។
​ដា​មិ​កា​នឹក​ឃើញ ដល់​ពេល​ដែល​ដា​ណែន​ចង់​ជួប​និយាយ​ជាមួយ​នាង​តែ​ម្នាក់​ឯង។ ពេល​នោះ​នាង​ឆ្ងល់​ថា…. «​ហេតុ​អី ដេញ​គេ​ចេញ! ឃើញ​ហើយ ខ្ញុំ​និង​គេ ជា​មនុស្ស​តែ​ម្នាក់!» «​អ្នកនាង ស្គាល់​មនុស្ស​ស្រី​ឈ្មោះ​វិល័យ​ទេ​? » «​ម្នាក់​ដែល​លែងលះ ជាមួយ​បង​ប្រុស​នាង​?» «​គាត់​មិនដែល លែង​គ្នា​ឯណា​» «​គេ​នោះ​ចង់​ឱ្យ​ខ្ញុំ បង្ហាញ​រឿង​រវាង​នាង​និង​សូ​ត្រា ឱ្យ​សាធារណៈ​ជន ដឹង​នឹង​អាល​ឱ្យ​បង​ប្រុស​ធំ​នាង​ចាត់ការ រហើយ​គេ​នឹង​លេង​គាត់​បន្ត​! គេ​ឱ្យ​សោ​បន្ទប់​នេះ​មក​ខ្ញុំ!» «​ខ្ញុំ​ឱ្យ​ខៀវ​ សូ​ត្រា​ចេញ ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ទាក់ទង​នឹង​រឿង​នេះ ខ្ញុំ​ខ្លាច​គេ​មាន​គ្រោះថ្នាក់​ម្នាក់​ទៀត បើ​គេ​ដឹង​ថា​ស្រី​នោះ​ដាក់​ថ្នាំ​ពុល​លើ​ខ្លួន​ខ្ញុំ គេ​នឹង​ទៅ​រក​គាត់!»

​ដា​មិកា ដក​អារម្មណ៍​មក​វិញ​ហើយ​ងើយ​មុខ​សម្លឹង​សូត្រា។
​ពេជ្រ​ ដា​ណែន​មាន​ចិត្ត​ស្នេហ៍​លើ​និពន្ធ​នាយក​នេះ តែ​បុរស​នេះ​មាន​បេះដូង​សម្រាប់​តែ​នាង​ម្នាក់ ពេល​នេះ​នាង​យល់​ច្បាស់​ហើយ​ថា គេ​ធ្វើ​រឿង​ជា​ច្រើន​ពេល​នេះ ​ព្រោះ​គោល​បំណង​តែ​ពីរ​គត់​គឺ​ទី​មួយ ជួយ​ដា​ណែន ជំនួស​ការ​ដែល​មិន​អាច​ស្រលាញ់​តប ហើយ​ទី​ពីរ​នាំ​ខ្លួន​ចេញទៅ​ឆ្ងាយ​លែង​រវល់​នឹង​ស្ថានការណ៍​លំបាក​ក្នុង​ជីវិត​នាង។

​«​សង្ឃឹម​ថា​នាង​រស់​បាន​ដល់​ពេល​នោះ​ចុះ!»
​ដា​មិកា​និយាយ​តិចៗ​ក្នុង​ពេល​អារម្មណ៍​កំពុង​ស្លុង​គិត តែ​សូ​ត្រា​ស្ដាប់​ឮ​ហើយ​នាយ​សួរ​វិញ៖
​«​និយាយ​ពី​អ្នក​ណា?»
​«​ពេជ្រ​ ដា​ណែន!»
​សូ​ត្រា​តបត​ក្នុង​អារម្មណ៍​ធម្មតា៖
​«​ម៉ា​ឌី​ក្មួយ​របស់​អូន គេ​មាន​ថ្នាំបន្សាប​ពន្យារ​ពេល​សម្រាប់​ដា​ណែន! ​ពេល​បង​បាន​ឈ្មោះ​ថ្នាំ​ភ្លាម​ពេទ្យ​មាន​វិធី​សម្អាត​ជាតិពុល អស់ពី​ខ្លួន​គេ​ហើយ!»

​ដា​មិកា​ងាក​មក​រក​ការ​ពិត​ចំ​ពោះ​មុខ​ ហើយ​នាង​ពោល​សួរ​៖​
​«​បើ​កាសែត​មិន​ចេញ​ផ្សាយ គេ​ម៉េច​នឹង​ព្រម​ឱ្យ​ឈ្មោះ​ថ្នាំ? ​ហើយ​បើ​មិន​ពិត​វិញ ជួយ​ជីវិត​ដាណែន​មិន​បាន​គិត​យ៉ាង​ម៉េច?»
​«​យើង​ចាំ​ដល់​ដា​ណែន​បាន​ចម្លើយ​ពី​ពេទ្យ​ ទើប​ចេញ​ផ្សាយ! នេះ​ជា​លក្ខខណ្ឌ​បង​ប្រាប់​យាយ​នោះ​!​ព្រោះ​ពេជ្រ ដា​ណែន ម្នាក់​គត់​មាន​សិទ្ធិ​បញ្ជា The Chatomok ពេល​បង​មិន​នៅ! ​ដូច្នេះ​យាយ​នោះ​ត្រូវ​តែ​ឱ្យ​នាង​រស់!»
​ដា​មិកា​យល់​សាច់រឿង។ នាង​ងក់ក្បាល​ផ្ងក់ៗ​ហើយ​រិះគិត​ចុះឡើង​បន្តបន្ទាប់។​
សំឡេង​នាង​នៅតែ​បញ្ចេញ​សំណួរ​មក​មិន​ឈប់៖
​«ចុះ​យាយ​នោះ​ព្រម​ដែរ ឱ្យ​របស់​មុន​ទទួល​ផល​ក្រោយ?»​
​«គាត់​ខ្លាច​អី? ពេល​នេះ​ពីរ​នាក់​យើង​កំពុង​នៅ​លើ​ទូក​របស់​គាត់ អ្នក​ដឹក​ជា​មនុស្ស​របស់​គាត់!»​
ដាមិកា​សម្លឹង​ទៅ​ក្រៅ​តាម​កញ្ចក់​បង្អួច​តូច​មួយ។

​សំឡេង​នាយ​បន្លឺ​មក​បន្ថែម​៖​
​«​ចំណង​នេះ​យើង​ចង​គាត់​បាន គាត់​ក៏​ចង​យើង​បាន ទុក​ថា​ស្មើគ្នា​!»​
​ពួក​អ្នក​ធ្វើ​កា​រលើ​ទូក ដែល​កាល​ពី​ល្ងាច បាន​បោះ​ពោង​ស្រង់​ពួក​នាង ​ពេល​នេះ កំពុង​ដើរ​ស្រ​ចុះ​ឡើង នៅ​ខាង​ក្រៅ។
ទាញ​វាំងនន​បិទ​ហើយ​និយាយ​ខ្សឹបៗ៖
«គិត​រក​មធ្យោបាយ​ឱ្យ​ហើយ បើ​យើង​ចង់​យករួចខ្លួន​ពេល​ដល់​ដី​គោក​!»​
​សូត្រា​ងក់ក្បាល​ ហើយ​ទាញ​យក​ឯកសារ​មួយ​ចំនួន​ចេញ​មកពី​ក្នុង​កាបូប។​
​«ប៉ាសស្ព័រ​របង​យក​មក​ទាំងអស់​?!!»​

វគ្គ
ដាណែន​តាម​រក​សូត្រា​ឬ​ម៉ាឌី?​​

វិច្ឆិកា​នៅ​ឯ​ណេះ បោះ​ជំហាន​វែងៗ​ តម្រង់​ទៅ​រក​ឡាន​ពេល​ដែល​បាន​ទិញ​សម្ភារៈ​បរិភោគ​ចេញ​ពី​ក្នុង​ម៉ាត​រួច។
​ក្នុង​ការ​ត្រៀម​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាម​សំណូម​ពរ​របស់​ពេជ្រ​ ដា​ណែន គេ​មិន​គិត​ទេ​ថា​ ក្នុង​ឡាន​ក្រៅពី​ដា​ណែន​នៅ​មាន​តូច​នារី​ម្នាក់​ទៀត​នៅ​រង់ចាំ ហើយ​ដៃ​ឱប​​បង្វេច​របស់​នាង​ជា​ស្រេច​ដែរ។​

ដឹង​ថា​នាង​តាម​ស្អិត ហើយ​ដឹង​ទៀត​ថា​ មិន​អាច​ឃាត់​កូន​ស្វា​ម្នាក់​នេះ តែ​នាយ​នៅតែ​មិន​អាច​ទប់​ចិត្ត​បើ​មិន​បាន​ធ្វើ​អ្វី​​ឌឺ​នាង។​
​ប្រុស​ស្អាត​ឱន​មក​សម្លឹង​រំលង​ពី​ដាណែន ទៅ​កាន់​នាង​តូច ទាំង​ខ្លួនឯង​មិនទាន់​ឈាន​ចូល​មក​ក្នុង​ឡាន​ស្រួលបួល​ផង។
​សម្ដី​គេ​និយាយ​សួរ​បង្ហើរ​តាម​ខ្យល់​៖​
​«​ពី​ណា​ថា​ព្រម​ឱ្យ​ទៅ​ជាមួយ​អ្ហាស!?»

ជោគ​ជតា​បូញ​មាត់​ធ្វើ​ហី ចំណែក​គេ​នេះ​នៅតែ​មិន​ព្រម​ចូល​មក​ក្នុង​ឡាន បន្ត​ស្រដី​ទាំង​រេ​ភ្នែក​សម្លឹង​នាង​និង​កាបូប​ដែល​នាង​ឱប​ជាប់​ក្នុង​ដៃ​៖​
​«​ប៉ា​ម៉ាក់​មក​ទទួល! ​លោក​ជិត​មក​ដល់​ហើយ​! មិន​អ៊ីចឹង​?»​
​«​បង​ឯង​ថា​នាំ​ខ្ញុំ​ទៅ​គ្រប់កន្លែង​!»​
​នាង​ឆ្លើយតប​មក​វិញ​ភ្លាម ហើយ​ពេល​ខាង​ប្រុស​បង្អង់​សម្លឹង​នាង​ ព្រោះ​សេចក្ដីស្នេហា​ពេញ​ទ្រូង ជោគ​ជតា​និយាយ​បន្ត​៖​
​«​ខ្ញុំ​ជម្រាប​លោកប៉ា​និង​អ្នក​ម៉ាក់​រួច​ហើយ ​ថា​ទៅ​ជាមួយ​បង​ឯង​! ​គ្មាន​អ្នកណា​មក​ទទួល​ខ្ញុំ​ទេ​!»

​ពេជ្រ ដាណែន​ដែល​ឃើញ​ស្នេហា​ពួកគេ​នៅ​ចំ​ពីមុខ ធ្វើ​ឱ្យ​ចិត្ត​នារី​អ្នកកាសែត​នឹក​ដល់​ម៉ាឌី​ព្រួច។​
​នាទី​ចុង​ក្រោយ​ដែល​ពួក​នាង​បែក​គ្នា គឺ​បាន​ព្រមព្រៀង​ថា​នឹង​ចាកចេញ​ទៅ​ជាមួយគ្នា ​ប៉ុន្តែ​គេ​ត្រូវ​ឃ្លាត​ភ្លាមៗ ដោយ​មិនបាន​សូម្បីតែ​ទុក​ពាក្យ​«​លា​»​មួយ​ម៉ាត់​ណា។
ឃើញ​ជោគ​ជតា​និង​វិច្ឆិកា ដា​ណែន​កាន់តែ​មាន​អារម្មណ៍​ថា​ឯកា​និង​សោកស្ដាយ។​ ស្រី​ស្អាត​ងើបមុខ​សម្លឹង​ទៅ​បណ្ដា​ភោជនីយដ្ឋាន​ជាន់​លើ​ដែល​នៅ​អម​លំអ​ដង​ទន្លេ។
ទោះបីជា​អនុស្សារ​រវាង​នាង​និង​ម៉ាឌី ​មិនមែន​មានតែ​នៅ​កន្លែង​មួយ​នេះ ប៉ុន្តែ​នាង​នៅតែ​ស្រ​ម៉ៃ​ថា គ្រប់​យ៉ាង​ហាក់​បី​ដូច​ជា​កំពុង​កើត​ឡើង​នៅ​នឹង​ភ្នែក។

​«​យើង​មាន​មនុស្ស​ល្អ​មក​ស្រលាញ់​ហើយ ​មិន​ចេះ​មើល​ឃើញ​គេ ទុក​ឱ្យ​ពេលវេលា​ល្អ​! ​រំលង​ទៅ​ហួស​អស់​! គួរ​ឱ្យ​ស្ដាយ​ណាស់​!​ តើ​ខ្ញុំ​បាន​ជួប​ម៉ា​ឌី​ទៀ​ត​ដែរ​ទេ​!?»​
​នាង​ងាក​មក​វិញ​ឃើញ​វិច្ឆិកា​​ចង្អុល​ស្រី​ស្អាត ​ហើយ​ថា​ឱ្យ​នាង​បន្ត​ដោយ​គ្នាន់ក្នាញ់៖
​«​ឱ្យ​ទៅ​ជាមួយ​បាន! តែ​​ហាម​បង្ក​រឿង​!​ ហាម​រត់​!»​
​ជោគ​ជតា​ធ្វើ​ភ្នែក​ភ្លឹះៗ​ទៅ​រក​បុរស​នេះ ធ្វើ​ឱ្យ​ដា​ណែន​មាន​អារម្មណ៍​កក់​ក្ដៅ​ចំពោះ​ស្នេហា​រវាង​វិច្ឆិកា​​និង​ជោគ​ជតា។​
​គេ​ចូល​ឡាន​បិទទ្វារ​គ្រឹប​ហើយ​ចេញ​ដំណើរ….

​សម្លឹង​អ្នក​ទាំងពីរ​ពី​ក្រោយ​ខ្នង ពេជ្រ​ ដា​ណែន​នឹកឃើញ​ដល់​សម្ដី​ប្រធាន​និស្សិត «​នៅ​ក្នុង​ព្រៃ​ជ្រៅ​មួយ​ប្រទេស​អឺរ៉ុប មេឃ​រងា​ណាស់ វា​ជា​តំបន់ ដែល​អាកាសធាតុ​ពេល​ថ្ងៃ​ក្ដៅ​ដូច​ត្រូពិក​ ហើយ​ពេល​យប់​រងា​សឹង​កកឈាម​តាម​ច្រមុះ ​មាត់​បាន​! និស្សិត​ខ្មែរ​ពី​នាក់​ដែល​គេច​ពី​សង្គ្រាម​គ្មាន​បាយ​ គ្មាន​ទឹក បាន​វង្វេង​វិលវល់​បី​យប់​បួន​ថ្ងៃ​!​ មាន​តែ​ទឹក​ប៉ុន្មាន​ក្អឹក បាយ​មួយ​ដុំ​ក៏​អត់​ អាវ​រងា​មាន​តែមួយ​ចែក​គ្នា​ដណ្ដប់​!» «​ពេល​នោះ ខ្ញុំ​គិត​ថា ប្រសិនបើ​បាន​បាយ​ឆ្អែត​មួយ​ពេល ហើយ​មាន​ភួយ​ទន់​កក់​ក្ដៅ​មួយ​មក​ដណ្ដប់​មុន​ពេល​ស្លាប់ ប្រហែលជា​រឿង​ល្អ​ជាងគេ​សម្រាប់​ខ្ញុំ​លើ​លោក​នេះ​!» «​ខ្លួន​ហ្នឹង​ហ្អី ម្នាក់​ក្នុង​ចំណោម​និស្សិត​វង្វេង​ទាំង​ពីរ​?» «​ឮ​ខ្ញុំ​សួរ​អត់​​វិច្ឆិកា?​ ហើយ​ខ្លួន​អាច​រស់​មក​វិញ​បាន​ដោយ​របៀប​ណា​នៀក?​ អត់បាយ​បាន​បួន​ថ្ងៃ​បី​យប់​ អត់​អាវ​ក្រៅ ​ហើយ​នៅ​ក្នុង​ព្រៃ​អឺរ៉ុប​?» «​ជោគ​ជតា​អត់​ដែល​ប្រាប់​សោះ​?»

​វិច្ឆិកា​និង​ជោគជតា​ក្ដិច​បន្លែង​គ្នា ​ធ្វើ​ឱ្យ​នារី​អ្នកកាសែត​ស្វាង​ចេញ​ពី​ការ​នឹក​រឭក​ឡើង​វិញ​​ទាំង​នោះ។​នាង​ដក​អារម្មណ៍​មក​វិញ​ហើយ​វាចា​តិចៗ៖
​«​តាមពិត​អ្នក​ទាំងពីរ​ជា​គូ​ព្រេង​នឹង​គ្នា​សោះ! ផែនដី​មូល​ណាស់ ខ្ញុំ​ស្គាល់​ទាំងសងខាង ​តែ​ទើប​នឹង​ដឹង​រឿង​!»​
​ជោគ ជតា​ដក​ដៃ​ដែល​វាយតប់​ប្រធាន​និស្សិត ហើយ​បែរ​មក​ក្រោយ​យឺតៗ សម្លឹង​ពេជ្រ ដាណែន។ វា​ហាក់​ជ្រុលពេល​បន្តិច​ទៅ​ហើយ ​ដែល​នាង​ដឹង​ថា កាយវិការ​នាង​និង​បុរស​នេះ​កំពុងតែ​ធ្វើបាប​បេះ​ដូង​អ្នកកាសែត​កម្សត់។

​នាង​ខំប្រឹង​រក​ពាក្យ​ល្អៗ​មក​និយាយ​លួង​ចិត្ត​ដា​ណែន​ភ្លាម៖
​«បង​ដា​ណែន​! ពួក​យើង​កំពុង​ធ្វើ​ដំណើរ​​ទៅ​ហើយ​!​ មិន​យូរ​ទេ បង​ដា​ណែន​នឹង​បាន​ជួប​បង​ត្រា​!»​
​ដា​ណែន​ញញឹម ហើយ​តប​មួយៗ​៖​
​«ខ្ញុំ​ចង់​ជួប​ម៉ាឌី​!»​
​សម្ដី​នេះ​ធ្វើ​ឱ្យ​តូច​នារី​ភ្ញាក់​អារម្មណ៍​មក​វិញ។​
​ដា​ណែន​ជា​នារី​បើក​ចំហ​ចិត្ត​តាម​វប្បធម៌​នៅ​អឺរ៉ុប អ្វី​​ដែល​នាង​និយាយ​គឺជា​ការ​ពិត​ហើយ​នាង​មិន​ចង់​ឱ្យ​មាន​ការ​យល់​ខុស​ទេ។​
​«ខ្ញុំ​ចង់​ជួប​គេ​ ហោច​ណាស់​ឱ្យ​បាន​ម្ដង​ទៀ​ត! ​ចិត្ត​ខ្ញុំ​កំពុង​បារម្ភ​ពី​គេ​ជាទី​បំផុត​!»​
​ដាណែន​វាចា​ផ្ទួន​ពី​លើ​សម្ដី​ខ្លួនឯង ​ធ្វើ​ឱ្យ​ជោគជតា​សោកស្ដាយ ដែល​និយាយ​ខុស​មុន​នេះ​ ហើយ​បែរ​មក​លៀន​អណ្ដាត​ដាក់​វិច្ឆិកា។​

ប្រធាន​និស្សិត​ចង់​ថា​ឱ្យ​នារី​តូច​ម្ចាស់​បេះ​ដូង​ម្នាក់​នេះ​ខ្លាំង​ណាស់ នាយ​ចង់​ស្ដី​ឱ្យ​នាង​ចំៗ​ថា៖ «និយាយ​មិន​ចេះ​គិត!​» ​ប៉ុន្តែ​គេ​បង្អង់​នៅ​ស្ងាត់ស្ងៀម ហើយ​រក​ពាក្យ​មក​លួង​ចិត្ត​ពេជ្រ​ ដា​ណែន​វិញ៖
​«​ថ្ងៃ​ដែល​ខ្ញុំ​រក​គេ​ឃើញ ​ហើយ​ប្រាប់​ថា​នាង​ចង់​ជួប គេ​ត្រេកអរ​ដូច​មនុស្ស​បាត់ស្មារតី​!»
នាង​ឮ​ហើយ​ស្រមៃ​ឃើញ ទឹកមុខ​គេ​ពេល​ដែល​វិច្ឆិកា​នាំ​មក​ដល់​ ហើយ​គេ​ចូល​មក​មើល​នាង​តែ​ម្នាក់​ឯង។​ គេ​មិន​មាត់​មិន​ក​ តែ​ភ្នែក​គេ​ពេញ​ដោយ​ការឈឺចាប់។
​«​ដា​ណែន​ទៅ​ជាមួយ​ម៉ាឌី​​ទេ​! ​ម៉ាឌី​​ចង់​នាំ​ដា​ណែន​ចេញពី​ជំពូក​មនុស្ស​ស៊ី​សាច់​ហុតឈាម​គ្នា​នេះ​!​ ដា​ណែន​មិន​ត្រូវ​នៅ​ក្នុង​សង្គម​មួយ​នេះ​ទៀ​ត​ទេ!»

​នាង​ព្រម​ចាកចេញ​ទៅ​កន្លែង​​ស្ងាត់​ជាមួយ​គេ​ មិន​ឱ្យ​ដំណឹង​សូម្បី​​តែ​សូ​ត្រា​​ឬ​វិច្ឆិកា។ ​ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ដឹង​ថា​បេះដូង​ខ្លួនឯង​សម្រាប់​តែ​​​គេ​ម្នាក់​ប៉ុណ្ណោះ។​
​«​ទោះបី​គេ​ជា​…»​
​វិច្ឆិកា​ចង់​បង្ហើយ​ពី​ទំនាក់ទំនង​ម៉ាឌី​ជាមួយ​អ្នក​វិល័យ ដើម្បី​ពន្យល់​​ហេតុផល​ថា​ ហេតុអ្វី​ពេល​នេះ​ម៉ាឌី​ត្រូវ​ទៅតាម​សូ​ត្រា​និង​ដាមិកា ​ប៉ុន្តែ​ពេជ្រ ដាណែន​ដែល​ជា​មនុស្ស​យល់​ការ វាចា​កាត់​ស្រាល​ៗ​៖​
​«​ខ្ញុំ​ដឹង​អស់ហើយ​!»​
​វិច្ឆិកា​លែង​និយាយ​គ្រាន់តែ​ងក់ក្បាល។​
​ឃើញ​ដូច្នេះ​ដា​ណែន​វាចា​បន្ថែម​៖​
​«​គេ​មិន​មានចិត្ត​ពិសពុល​ដូច​អ្នកស្រី​វិល័យ​ សូម្បីតែ​បន្តិច​​ណា​!​ គេ​ជា​មនុស្ស​ចេះ​គិត ចេះ​អប់រំ​ចិត្ត​ហើយ​តែងតែ​មានចិត្ត​ទូលាយ​សន្ដោស​ប្រោសប្រណី​!»

​វិច្ឆិកា​ញញឹម​សម្លឹងមុខ​ជោគ​ជតា​ពេល​ឮ​ដា​ណែន​សរសើរ​ពី​ម៉ាឌី។​
​ភ្នែក​នាយ​ដែល​សម្លឹង​នាង​ហាក់បីដូចជា​ចង់​ឌឺដង​ ធ្វើ​ឱ្យ​នារី​តូច​សម្លឹង​មក​នាយ​វិញ​ភ្លឹះៗ​ដូចគ្នា។​
​ស្នេហា​របស់​នាង​ចំពោះ​នាយ​ស្ដែង​ចេញ​កាន់​តែ​ច្បាស់ ​តាម​រយៈ​សម្ដី​ចុងក្រោយ​ឆ្លើយ​ឆ្លងតាម​ទូរសព្ទ​បង្ហាញ​អំពី​ការ​ប្រចែ​ប្រចណ្ឌ​​របស់​នាង មុន​ពេល​នាង​ត្រូវ​បាត់​ខ្លួន​ទៅ ​ហើយ​ពេល​រួច​ពី​ចំណង​កាលណា​អ្នក​ដែល​នាង​មក​រក​មុនគេ​ គឺ​ខ្លួន​នាយ។​
​«​ខ្ញុំ​សង្ឃឹមថា​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​និយាយ​ល្អៗ​អំពី​ខ្ញុំ​ ដូចជា​ដា​ណែន​និយាយ​ពី​ម៉ាឌី​ពេល​នេះ​!»​
​ដឹង​ថា​ប្រធាន​និស្សិត​កំពុង​ឡកឡឺយ​ឱ្យ​ខ្លួន ជោគ​ជតា​ងាក​មក​សម្លឹង​នាយ​វិញ​ទាំង​បូញ​មាត់​ដាក់​នាយ​ផង។

​«​បង​ឯង​គ្មាន​ចំណុច​ល្អ​គួរ​ឱ្យ​និយាយ​ស្រាប់​ហើយ​!»​
​ភាព​កក់ក្ដៅ​នៃ​ស្នេហា​រវាង​ប្រធាន​និស្សិត​និង​ជោគ​ជតា ​អ្នកណា​ឃើញ​ហើយ​ក៏​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ជំនួស ដូច្នេះ​បាន​ជា​ដា​ណែន​ឮ​ហើយ​ អាច​មាន​អារម្មណ៍​ញញឹម​ចេញ​មក​វិញ​បាន។
​នារី​អ្នក​កាសែត​និយាយ​កាត់​ការ​សន្ទនា​នៃ​គូស្នេហ៍​ទាំង​ទ្វេ៖
​«​ប៉ុន្តែ​ពេល​ខ្ញុំ​ស្គាល់​ជោគជតា ​ខ្ញុំ​ឮ​គេ​និយាយ​ពី​វិច្ឆិកា​ក្នុង​របៀប​ល្អ​ៗ​លើស​ពី​នេះ​ទៅទៀត​!»​
​វិច្ឆិកា​រំ​ភើ​ប។​ មាត់​គេ​ចាប់​ផ្ដើម​សួរ ប៉ុន្តែ​ភ្នែក​ដៀង​មក​មើល ស្រី​តូច​ដែល​នៅ​អង្គុយ​ខាង​ស្ដាំ​ដៃ​៖​
​«​និយាយ​ថា​ម៉េច​ខ្លះ ចង​ឮ​ដែរ​!»​
​«​គ្មាន​ទេ​!»​
​ជោគ​ជតា​ញញឹម​ហើយ​ផ្ទប់​ត្រចៀក។

​ប៉ុន្តែ​ពេជ្រ ​ដា​ណែន​កាន់តែ​ឃើញ​ពួកគេ​ក្នុង​សភាព​បែប​នេះ នាង​កាន់តែ​ចង់​និយាយ​ប្រាប់​វិច្ឆិកា។​
​នាង​និយាយ​ឡើង​ភ្លាម​តាម​ចិត្ត​ចង់​៖​
​«​កាល​នោះ ​ខ្ញុំ​តែងតែ​បបួល​គេ​ទៅ​ហាត់​ការ​យក​ព័ត៌មាន​​ពេល​យប់ៗ ឬ​ហួស​ពេល​ម៉ោង​ធ្វើការ​! ​គេ​តែង​ប្រាប់​ថា បារម្ភ​ខ្លាច​បង​វិច្ឆិកា​ ហើយ​បង​វិច្ឆិកា​មិន​ឱ្យ​ទៅ​!​ ដំបូង​ខ្ញុំ​គិត​ថា​ខឹង​ដែល​គេ​មាន​ចិត្ត​ចង់​ធ្វើ​ជា​អ្នកកាសែត​ហើយ ​ត្រូវ​សាច់​ញាតិ​រារាំង​ តែ​ក្រោយ​មក​ខ្ញុំ​ដឹង​ថា​ ជា​មនុស្ស​ស្រលាញ់​គ្នា​មិនមែន​ជា​បង​ប្រុស​ឯណា​!»​
​បុរស​ញញឹម​ហើយ​ងាក​មក​ចង្អុល​ច្រមុះ​នាង។ តូច​នារី​អៀន​ជា​ខ្លាំង នាង​ប្រុង​ថា​បដិសេធ​សម្ដី​ដាណែន​ដែរ ​តែ​ស្រប​ពេល​នោះ គេ​អែប​ឡាន​ចូល​ខាង​ហើយ​ងាក​ទៅ​បើកទ្វារ​ទាំង​ពោល​ប្រាប់​នារី​ទាំងពីរ​៖​
​«​ចាំ​បន្តិច​​!​ ខ្ញុំ​ទៅ​ខាង​ណោះ​សិន​!»

​បុរស​នេះ​ដើរ​ឆ្លង​ផ្លូវ​លឿន​ស្លេវ ដូច​ជា​មាន​គោលដៅ​ទៅ​រក​អ្វី​ម្យ៉ាង ប៉ុន្តែ​ពេជ្រ​ ដា​ណែន​មិន​រវល់​​ទេ នាង​បែរ​មក​និយាយ​ជាមួយ​ស្រី​តូច។
​«ជោគ​ជតា​!»​
​«​ចាស៎​បង​!»​
​«​កុំ​ថា​បង​ដាណែន​និយាយ​ច្រើន តែ​បង​ត្រូវតែ​និយាយ​!»​
​«​ចា៎ស​!»​
​«​បង​មិន​ចង់​ឱ្យ​យើង​ហួសពេល​ដូច​បង​!»​
​ជោគ​ជតា​ពិបាក​ចិត្ត។​ នាង​នឹកឃើញ​ដល់​ម៉ាឌី ហើយ​ងាក​មក​សម្លឹង​នារី​រៀមច្បង។​ នាង​បាន​ដឹង​រឿង​ពេជ្រ ដាណែន​សព្វ​បែប​យ៉ាង រាប់​ចាប់​តាំង​ពី​ករណី​ខៀវ ​សូត្រា​ធ្វើ​បាប​ចិត្ត លេង​ល្ខោន​ថ្ពិន​ភ្នែក​និយាយ​កុហក​ការពារ​ដាមិកា។​ ចុង​ក្រោយ បើ​ពេជ្រ​ ដា​ណែន​និង​ម៉ាឌី​យល់​ចិត្ត​គ្នា​ហើយ មិន​សម​សោះ​ថា ​នាង​ត្រូវ​នៅ​បែក​ឆ្ងាយ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បែប​នេះ​ឡើយ។​

ជោគ​ជតា​ងក់ក្បាល​តិចៗ​ជា​ការ​ឆ្លើយ​តប​វិជ្ជមាន​ទៅ​នឹង​ការ​ក្រើន​រំឭក​របស់​គូសន្ទនា។ ​ចិត្ត​មួយ នាង​រេ​ទៅ​នឹក​គិត​ដល់​ប្រុស​ស្នេហ៍ ហើយ​ងើបមុខ​សម្លឹង​ប្រធាន​និស្សិត​ ឃើញ​គេ​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ម្ខាង។
​អ្វី​ដែល​ជោគ​ជតា​គិត​ក្នុង​ពេល​នេះ​គឺ​ថា បើ​សិន​ប្ដូរ​​នាង​មក​ជា​ ពេជ្រ ​ដា​ណែន​ហើយ​ត្រូវ​រស់នៅ​បែក​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ក្នុង​កាលៈទេសៈ ​មិន​សមគួរ​ដូច្នេះ មិន​ដឹង​ថា​នាង​អាច​កាត់ចិត្ត​បាន​រឹងមាំ​មិន​យំ​ មិន​សោយសោក​ដូច​ពេជ្រ​ ដា​ណែន​ពេល​នេះ​ដែរ​ឬ​យ៉ាង​ណា។​
​នាង​ងាក​មក​វាចា​តប​មក​កាន់​នារី​រៀមច្បង​៖​
​«​បង​ដា​ណែន​នឹង​បាន​ជួប​ម៉ាឌី​​វិញ​មិនខាន​!»​
​«​មាត់ទិព្វ​ម៉េះ​?»

​ដា​ណែន​ភ្លាត់មាត់​តិចៗ​ ហើយ​សម្លឹង​ហួស​ពី​ជោគ​ជតា​ទៅ​កញ្ចក់​ខាង​ក្រៅ ធ្វើ​ឱ្យ​តូច​នារី​រេ​ភ្នែក​ហើយ​បែរ​ក្រោយ​ខ្វាច់។​
​នៅ​ថ្នល់​ម្ខាង​នាង​ឃើញ​ម៉ាឌី​កំពុង​ឈរ​និយាយ​អ្វី​មួយ​ជាមួយ​​វិច្ឆិកា ពិត​ប្រាកដ​មែន។
​ទោះ​បី​ជា​ចម្ងាយ​ណា​ក៏​ដោយ ក៏​ជោគ​ជតា​មើល​ស្គាល់​ច្បាស់​មិន ភ័ន្តច្រឡំ​ដែរ។
​នាង​បែរ​មក​វិញ​បាត់​លែង​ឃើញ​ពេជ្រ​ ដា​ណែន។
​នៅ​ខាង​ក្រៅ​កញ្ចក់​ឡាន នារី​អ្នកកាសែត កំពុង​ឈរ​ឆ្កុប ហើយ​ខាង​ណោះ​ ម៉ាឌី​ក៏​បោះបង់ចោល​ការ​សន្ទនា​ជាមួយ​វិច្ឆិកា ​ហើយ​សម្លឹង​ភាំង​មក​រក​ស្រី​ស្នេហ៍…..

ភាគ​ទី​៤៦

​ចរាចរណ៍​បោល​ឆ្វាច​ចុះ​ឡើង​រារាំង​ពី​មុខ​មនុស្ស​ស្រី​ប្រុស​ទាំង​ទ្វេ​ ដែល​ឈរ​ភ្លឹក​ព្រោះ​មិន​ដឹង​ថា​ទី​បំផុត​ត្រូវ​មក​ជួប​គ្នា​បាន​លឿន​ដល់​ម្ល៉ឹង?
​ជោគ​ជតា​រេ​ភ្នែក​រំពៃ​រក​បង​ប្រធាន​និស្សិត​របស់​ខ្លួន ក៏​ឃើញ​គេ​កំពុង​ឈរ​ជ្រែង​ជើង​ធ្វើ​មុខ​ប៉ប្រិម។ ពេល​នេះ​ជោគជតា​យល់​ហើយ​ថា វិច្ឆិកា​តាម​ពិត​បាន​ទាក់ទង​ម៉ាឌី ទំនង​ជា​ប្រាប់​ថា ​ព្រម​មក​តាម​ជា​គ្នា​ តែ​គេ​ក៏​ប្រហែលជា​មិនបាន​ប្រាប់​ម៉ា​ឌី ពី​វត្តមាន​របស់​ដា​ណែន​នៅ​ឡើយ​ទេ បាន​ជា​មើល​ទៅ​គេ​ក៏​ភ្ញាក់ផ្អើល ហើយ​រំពៃ​រក​ច្រក​ឆ្លង​មក​រក​ស្រី​ស្នេហ៍។

​ជោគ​ជតា​បារម្ភ​បំផុត​គឺ​ឡាន​ធំៗ​ដែល​បោល​ឆ្វេចឆ្វាច​កាត់​ពី​មុខ​អ្នក​ទាំង​ពីរ​ ព្រោះ​ថា​មើល​សភាព​ដា​ណែន​ក៏​សឹង​មិន​រវល់​អ្វី​ទាំង​អស់់ ហើយ​រត់​ទៅ​រក​ម៉ា​ឌី​ក្នុង​ពេល​នេះ​តែ​ម្ដង​ទៅ​ហើយ។
​«​ពីរ​នាក់​នេះ ស្រលាញ់​គ្នា​ដល់​ថ្នាក់​និយាយ​មិន​ចេញ​ មើល​មុខ​គ្នា​ពី​ថ្នល់​ម្ខាង​ម្នាក់​ទៅ​ហើយ?»​
​នាង​គិត​ផង​តាមដាន​សកម្មភាព​ពួក​គេ​ដោយ​រំភើប​ចិត្ត​ផង។
​ពេល​ដែល​ម៉ា​ឌី​ជម្លៀស​ខ្លួន​ចាកចេញ​ពី​ខ្សែ​រថយន្ត​ធំ​តូច​បាន​រួចរាល់ គេ​រត់​មក​ដល់​ខាង​ណេះ ហើយ​ឈប់​ជើង​ចម្ងាយ​ប្រហែលជា​២​ម៉ែត្រ​ពី​នាង។
​ក្នុង​ចិត្ត​កំលោះ​នេះ គេ​គិត​ថា​ដា​ណែន​មិន​នៅ​កម្ពុជា​ទេ។​ គេ​គិត​ថា​នាង​ចាកចេញ​ពី​បាត់​ដំបង ហើយ ឡើង​យន្តហោះ​ទៅ​ស្រុក​បារាំង​បាត់​ទៅ​ហើយ។

​ដោយ​គ្មាន​វាចា​អ្វី នាង​ស្រាប់តែ​រត់​ទៅ​រក​នាយ​ ហើយ​ស្រវា​ឱប​បុរស​នេះ​ មិន​ខ្វល់​ពី​អ្នក​ណា​កំពុង​ឆ្លង​កាត់​ ហើយ​មិន​ខ្វល់​ថា ​អ្នក​ណា​គិត​យ៉ាង​ណា។
​ជោគ​ជតា​ចំហ​មាត់​សម្លឹង​ពី​បង្អួច​កញ្ចក់​ទៅ។
​នាង​ដឹង​ពី​អត្ថន័យ​នៃ​សេចក្ដី​ស្នេហា ​ប៉ុន្តែ​កិរិយា​ដ៏​ស៊ីវិល័យ​របស់​ពេជ្រ​ ដា​ណែន ​ព្រម​ទាំង​ទំ​ហំ​ចិត្ត​ស្នេហ៍​របស់​ម៉ា​ឌី​ ពិត​ជា​មើល​ទៅ​រំភើប​ជាង​រឿង​ស្នេហា​ក្នុង​រោងកុន​ទៅ​ទៀត។
​«​ធ្វើ​ដូច​ខ្លួន​មិន​ដែល​ឱប​កូន​កំលោះ​គេ​អ៊ីចឹង​!»​
​សំឡេង​បង​ប្រធាន​និស្សិត​លាន់​មកពី​ក្រៅ​កញ្ចក់ ​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ចេញពី​ស្នាម​ញញឹម​ធម្មជាតិ របស់​ខ្លួន​ហើយ ងាក​មក​រក​នាយ។

​ស្រី​ស្អាត​ញញឹម​ផង​និយាយ​ទៅកាន់​ប្រុស​ស្នេហ៍​ផង៖​
​«​បង​ឯង​ទាក់ទង​ម៉ា​ឌី​ហើយ​មិន​និយាយ​ទេ?​ ធ្វើបាប​ចិត្ត​បង​ដា​ណែន​ម៉េះ?»​
​វិច្ឆិកា​ដើរ​មក​អង្គុយ​កាន់ចង្កូត​ឡាន​វិញ​ស្រួលបួល​ហើយ ទើប​ឆ្លើយតប​ជាមួយ​ស្រី​ស្អាត​៖​
​«​មិន​ឃើញ​មនុស្ស​Surprise​ល្អមើល​យ៉ាង​ណា​ទេ?»​
​តូច​នារី​ញញឹម​ហើយ​សម្លឹង​មើល​ទៅ​ក្រៅ​សាជាថ្មី។ ​ទាំងពីរ​ប្រាណ​នៅតែ​បន្ត​រមូល​ចូល​គ្នា​ធ្វើ​ឱ្យ​នាង​គ្រវីក្បាល​តិចៗ​ហួសចិត្ត ។​
​ប្រធាន​និស្សិត​ស្រែកហៅ​ពួកគេ​ខ្លាំងៗ​៖​
​«​ឡើង​មក​! ប្រយ័ត្ន​ក្មេងៗ​គប់​ទឹក​ដាក់​!»​
​ជោគ​ជតា​សើច​ខឹកៗ​ ហើយ​លើក​ដៃ​វាយ​ស្មា​នាយ​ឌឹបៗ​ ព្រោះ​អស់​សំណើច​នឹង​ចរិត​បុរស​នេះ។

​ទោះ​យ៉ាង​ណា​ នាង​សម្គាល់​ឃើញ​ភាព​សប្បាយរីករាយ​ក្នុង​សកម្មភាព​របស់​វិច្ឆិកា​ ដែល​យល់​ថា​ខ្លួន​អាច​ជួយ​ឱ្យ​ម៉ា​ឌី​និង​ដា​ណែន​រក​ឃើញ​គ្នា​វិញ​ក្នុង​កាលៈទេសៈ​ល្អ​បែប​នេះ។
​នាង​ឈប់​ចាប់អារម្មណ៍​នឹង​គូ​ខាង​ក្រៅ ​ដោយ​ងាក​មក​ចាប់អារម្មណ៍​នឹង​ខ្លួនឯង​វិញ។ ​សម្ដី​របស់​ដា​ណែន​ដែល​បាន​ទូន្មាន​កាល​ពី​មុន​នេះ​បន្តិច​ សើរើ​ត្រឡប់​មក​វិញ​ក្នុង​បេះ​ដូង​នាង….«​បង​មិន​ចង់​ឱ្យ​យើង​ហួសពេល​ដូច​បង​!»។​
​«​មើល​ម៉ា​ឌី​មើល៍ ទុក​កន្លែង​នេះ​ជា​ស្រុក​បារាំង​ហើយ​មើល​ទៅ»
​វិច្ឆិកា​និយាយ​តិ​ចៗ​ហើយ​ស៊ី​ប្លេ​លេងៗ​បង្អើល​គូ​ខាង​ក្រៅ​ ស្រាប់តែ​ត្រចៀក ឮ​នាង​សួរ​មក​ប្រណាំង ជាមួយ​សូរ​ស៊ីប្លេ៖
​«​ចុះ​ពួក​យើង?!»

​ប្រធាន​និស្សិត​ឈប់​សើច​ ហើយ​ដៃ​នាយ​ក៏​លែង​ចេញ​យឺតៗ​ពី​ចង្កូត​ ដែល​មុន​នេះ​ចុច​លេង បង្អើល​របស់​គូស្នេហ៍​ដា​ណែន។ នាយ​ងាក​មក​រក​ស្រី​ល្អ​អង្គុយ​ខាង​ស្ដាំ​ដៃ​ ឃើញ​នាង​ខាំមាត់​តិចៗ​ហើយ​សម្លឹង​មក​ខ្លួន​ដោយ​កែវភ្នែក​ស្រទន់។
​ស្រី​តូច​នេះ​លែង​បូញ​មាត់​ដូច​ក្មេង​បៀម​ដៃ​ តែ​ប្រើ​ពន្លឺ​ភ្នែក​ដូច​មនុស្ស​ងប់ងុល​នឹង​ស្នេហា។
​នាយ​ឃើញ​នាង​កាល​ណា​ចង់​តែ​វាចា​ឌឺដង​«​យើង​ម៉េច? ចង់​ធ្វើ​ដូច​គេ?»​ ប៉ុន្តែ​កាន់តែ​មើល​នាង​កាន់តែ​ញញឹម​មក​ស្រស់​ឡើងៗ ធ្វើ​ឱ្យ​នាយ​លែង​និយាយ​ឌឺ​អ្វី​ចេញ គិត​ភ្លឹក​សម្លឹង​នាង​តែ​ម្ដង។​
​ជា​យូរ​មក​ហើយ ស្រី​តូច​នេះ ក្រៅ​ពី​ចចេស​រក​រឿង ជជែក​ប្រកែក​បែក​ពពុះ​មាត់​ ហើយ​កំណត់​ខ្លួន​ថា​លង់​ស្រលាញ់​និពន្ធ​នាយក​ខៀវ​ សូ​ត្រា​ផ្កាប់​មុខ នាង​មិន​ដែល​ទទួល​ស្គាល់​ថា ​ខ្លួនឯង​មាន​ស្នេហា​ជាមួយ​បង​កម្សត់​ម្នាក់​នេះ​ឡើយ។

​ក្រៅ​ពី​ឱប​គ្នា​ស្និទ្ធ ពួកគេ​មិន​ដែល​មាន​ពេល​សូម្បីតែ​និយាយ​អ្វី​ឱ្យ​ត្រូវ​គ្នា​ម្ដង​ទាល់តែ​សោះ។ សម្រាប់​មនុស្ស​រត់​ចុះ​ឡើង បង្ក​បញ្ហា​មិន​គិត​មុខ​ក្រោយ​ដូច​នាង នាយ​ជួប​កាល​ណា​ចង់តែ​ថា​ស្គី​ឱ្យ ប៉ុន្តែ​ពេល​នេះ អ្វីៗ​ហាក់​ប្រែ​ទៅ​ជា​គាំង ព្រោះ​នាង​មិន​ដូច​ជោគ​ជតា​ក្មេង​មិន​ដឹង​អ្វី​ ហើយ​ក្លាយ​មក​ជា​មនុស្ស​ស្រី​ពេញ​លក្ខណៈ​គួរ​ឱ្យ​ស្រលាញ់​ម្នាក់។
​វិច្ឆិកា​ងាក​មុខ​ចេញ​មក​វិញ លែង​សម្លឹង​ជោគជតា​ ព្រោះ​មិន​ដឹង​ច្បាស់​ពី​ភាព​ប្រែប្រួល​របស់​ខ្លួន និង​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ទទួល​យក​បាន​អាការៈ​ផ្លាស់ប្ដូរ​របស់​ស្រី​ច្រមក់​ម្នាក់​នេះ។

​ទោះ​បី​យ៉ាង​ណា ផ្ទុយគ្នា​ស្រលះ​នឹង​ការ​គិត​ដោយ​បញ្ញា បេះដូង​វិញ​បែរ​ជា​មាន​ភាសា​ផ្សេង។​ បេះដូង​បុរស​នេះ​គិត​ថា ប្រសិនបើ​ជោគ​ជតា​ស្អាត​ដូច​ព្រះអាទិត្យ ទោះបី​មិនបាច់​សម្លឹង​នាង ក៏​គេ​នៅតែ​ទទួល​អារម្មណ៍ ថា​មាន​អ្វីមួយ​ស្អាត​សែន​ស្អាត​នៅ​ក្បែរៗ​ដៃ។
​ស្រី​តូច​ឯ​ណេះ ទៅ​ជា​ញញឹម​លែង​ស្រស់ ពេល​ឃើញ​ប្រុស​ស្អាត​មិន​តបត​នឹង​មនោសញ្ចេតនា​របស់​នាង​ ហើយ​ងាក​ចេញ​ធ្វើ​ហី​បែប​នេះ ពី​ព្រោះ​គិត​យ៉ាង​ណា​ក៏​នាង​មិន​ដឹង​ឡើយ ថា​អ្វី​ទៅ​ជា​មូលហេតុ​នៅ​ពី​ក្រោយ ការ​ព្រងើយកន្តើយ​របស់​នាយ។
​«​យើង​ប្រហែលជា​ចិត្ត​ងាយ​ពេក ​ដល់​ថ្នាក់​បង​វិច្ឆិកា​ផ្អើល​ចង់​រត់​ទៅ​ហើយ​មែន​ដែរ​ទេ?»​
​នាង​គិត​ម្នាក់ឯង​ដោយ​ស្មុគ​ចិត្ត​ ស្រាប់តែ​ទទួល​អារម្មណ៍​ថា​ មាន​អ្វី​មួយ​រវើក​លើ​ម្រាមដៃ​បន្ទាប់​មក​ប្រែ​ទៅ​ជា​កក់ក្ដៅ។

​នរៈ​សង្ហា​លូក​ដៃ​មក​ថ្នាក់ថ្នម​ម្រាម​ទាំង​ប្រាំ​របស់​នាង ​ដើម្បី​ផ្សារភ្ជាប់​ភាសា​ស្នេហា​ទៅ​ឱ្យ​ស្រី​តូច​វិញ ធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្ត​ងើប​មុខ​មក​វិញ​យ៉ាង​រហ័ស​សម្លឹង​នាយ។
​វិច្ឆិកា​ខាំ​បបូរមាត់​តិ​ចៗ​សម្លឹង​ត្រង់​ទៅមុខ មុនពេល​ដៀង​យឺតៗ​មក​រក​នាង។​
​ភាសា​ស្នេហា​នៅ​លើ​ផ្ទៃ​មុខ​ប្រុស​ស្អាត​ ធ្វើ​ឱ្យ​បេះដូង​នាង​ចេះ​រំជើបរំជួល ហើយ​បញ្ចេញ​កម្ដៅ​ព្រឹបៗ​ក្រហម​ទាំង​មុខ​និង​ត្រជាក់​ដៃជើង។
​នាង​នឹក​ដល់​ពេល​មួយ​ ក្នុង​រាត្រី​ដ៏​សំណាង​បាន​ទឹក​ក្ដៅ​ងូត បាន​អាហារ​សម្រន់​នា​ដែនដី​ដ៏​ឆ្ងាយ ហើយ​ក្បែរ​កាយ​មាន​អង្គ​រក្ស​ចិត្ត​ដ៏​ល្អ​ម្នាក់។​ «​បង​វិច្ឆិកា​ជា​មនុស្ស​ល្អ​!» «​បើ​អ៊ីចឹង​!​ ឱ្យ​បង​វិច្ឆិកា​ឱប​ជតា​បាន​ដែរ​ទេ?» « ដែល​ទេ​!​ មិន​ដែល​ពី​ណា​មក​សុំ​ឱប​គេ​របៀប​នេះ​ទេ​!​ យើង​មិនមែន​មនុស្ស​ស្រលាញ់​គ្នា​!​ ជតា​មិន​ស្រលាញ់​បង​ឯង បង​ឯង​ក៏​មិន​ស្រលាញ់​ជតា ទើបតែ​ស្គាល់​គ្នា​ប៉ុណ្ណឹង​!»​

ដោយ​ក្ដី​ច្រាស់ច្រាល់​ក្នុង​ចិត្ត នាង​សួរ​ក្នុង​បេះដូង​ខ្លួនឯង​ដែល​កំពុង​លោត​ញាប់​ញ័រ៖
​«​ពី​មុន​នៅ​តែ​ពីរ​នាក់​ក្នុង​ព្រៃ ម៉េច​ក៏​គ្មាន​អារម្មណ៍​បែប​នេះ? ​ម៉េច​ក៏​ពេល​នេះ រំភើប​ចិត្ត​ហើយ​ជ្រួល​ជ្រើម​ម្ល៉េះ?»
​គេ​ចាប់ផ្ដើម​រអ៊ូ៖
​«​កូន​អ្នក​ណា​គេ មុខ​ក្រហម​ម៉េះ?»
​នាង​តូច​លើក​ដៃ​ស្ទាប​ថ្ពាល់​ខ្លួនឯង ហើយ​ងាក​មុខ​បែរ​មុខ​គេច​ចេញ​ពី​នាយ​ ព្រោះ​នាង​ពិត​ជា​ដកដង្ហើម​ក្ដៅ​ឧណ្ហៗ ថែម​ទាំង​មិន​អាច​អត់​ទ្រាំ​មិន​ញាប់​ញ័រ​ពេល​ឮ​សំឡេង​បង​ប្រធាន​និស្សិត​ដែល​មួយ​ម៉ាត់​ណា​ ក៏​សែន​ពីរោះ​សម្រាប់​បេះ​ដូង​មួយ​នេះ។

​«​គ​ហ្មែ​ន​!»​ គេ​សួរ​ខ្សឹបៗ​ទាំង​ឱន​មក​តាម ធ្វើ​ឱ្យ​នាង​កាន់តែ​ឈ្ងោក​បន្ថែម។
​ឥឡូវ​នេះ​វិច្ឆិកា​លែង​មាន​ពាក្យ​ដៀមដាម​ មាន​តែ​ផ្ចង់​ភ្នែក​សម្លឹង​ឥរិយាបថ​អៀន​ប្រៀន​ដ៏​សិចស៊ី​របស់​នាង។ បេះដូង​គេ​លែង​បដិសេធ​លែង​អាច​ ព្រងើយ​នឹង​ភាព​ស្រស់​ស្អាត​របស់​ស្រី​ម្នាក់​នេះ​បាន​ទៀត​ហើយ។ ប៉ុន្តែ​ភាព​សំខាន់​ពេលនេះ​គឺ និយាយ​យ៉ាង​ណា​ឱ្យ​សម​ជាមួយ​ភាព​ស្រស់ស្អាត​ដែល​នាង​កំពុង​បញ្ចេញ​មក​មើល​មិន​ចេះ​ឆ្អែត។
​«​ហើយ​ថ្ងៃ​នេះ​ស្អាត​ម៉េះ?»​
​គេ​សួរ​កាន់តែ​ខ្សឹប​ជាង​មុន ភ្នែក​ដៀង​មើល​នាង​មិន​ឈប់ ចំណែក​នាង​ងើប​មុខ​មក​វិញ​តិចៗ​ តែ​មាត់​នៅ​ស្ងាត់​គ្មាន​ចម្លើយ។
«អ្ហះ?​ ស្អាត​ម៉េះ?»

​មនុស្ស​នេះ​មាន​អស្មិមានះ ​ដែល​សួរ​ឱ្យ​នាង​ឆ្លើយ មិន​បាន​ចម្លើយ នៅ​តែ​បន្ត​សួរ។
​សម្រាប់​ជោគ​ជតា ពេល​វិច្ឆិកា​បញ្ចេញ​ភាសា​ស្នេហា​ជ្រាលជ្រៅ​ពេក ធីតា​យើង​ទៅ​ជា​រក​ពាក្យ​អ្វី​មក​ឆ្លើយ​នឹង​គេ​លែង​ឃើញ​ បាន​ត្រឹម​ចោល​ភ្នែក​មូលក្លុំ​សម្លឹង​គេ​ភ្លឹះៗ។
​វិច្ឆិកា​ញញឹម​មុន​ពេល​ស្រដី​ទៅ​កាន់​កែវភ្នែក​នាង៖
​«​យើង​ដឹង​ពី​អ្វី​ដែល​បង​ចង់​និយាយ​អត់? បង​វិច្ឆិកា​ស្រលាញ់​ជតា​!»​
​នាង​សម្លឹង​គេ​ទាំង​ស្ទើរ​ញញឹម​ស្ទើរ​ខ្វាយខ្វល់។
​«​បង​ស្រលាញ់​ភាព​ជា​កូនក្មេង​ត្រង់​ៗ​របស់​ជតា មើល​ទៅ​គួរ​ឱ្យ​ក្នាញ់ ដឹង​ខ្លួន​អត់?​ បង​ស្រលាញ់​ភាព​ស្មោះត្រង់​ដែល​មាន​លើ​ខ្លួន​ជតា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជតា​ជា​អ្វី​គ្រប់​យ៉ាង​កាន់តែ​សំខាន់​ឡើង​ៗ​ក្នុង​ជីវិត​បង​!»

​«​ម៉ា​ឌី​និង​បង​ដា​ណែន​មក​ហើយ​!»​
​នាង​តប​តិចៗ ដូរ​ប្រធានបទ តែ​ដូចជា​ចង់​រំលឹក​វិច្ឆិកា​ឱ្យ​ងើប​មុខ​ឡើង​មក​វិញ​ទាន់​ មុន​ពេល​ម៉ាឌី​នាំ​ដា​ណែន​ចូល​មក។
​ពួកគេ​ចូល​ដល់​ក្នុង​រថ​ អង្គុយ​ទន្ទឹម​គ្នា​នៅ​បាំង​ខាង​ក្រោយ ហើយ​បិទ​ទ្វារ​វិញ ​ស្រប​ពេល​នារី​តូច​ដក​យក​ម្រាម​ដៃ​នាង​ថ្នមៗ​ចេញ​ពី​ប្រអប់ដៃ​ប្រធាន​និស្សិត។
​«​ខ្ញុំ​ជិះ​នៅ​ទី​នេះ​ដែរ​បាន​អត់?​ មិន​ចង់​ឱ្យ​ពួក​អង្គ​រក្ស​អស់​នោះ​មើល​ដា​ណែន»
ម៉ា​ឌី​និយាយ​ទាំង​ឱប​​ត្រកង​ស្រី​ស្អាត​ក្បែរ​ទ្រូង ​ធ្វើ​ឱ្យ​វិច្ឆិកា​ដែល​មើល​តាម​កញ្ចក់​លែង​ហ៊ាន​សម្លឹង​យូរ។ ទាំង​ពីរ​នាក់​នៅ​បាំង​ខាង​មុខ​ ងាកមើល​មុខ​គ្នា ​ព្រោះ​កំពុង​គិត​ដូចគ្នា​ថា «​ម៉ា​ឌី​ឃើញ​អ៊ីចឹង​សោះ ចរិត​ហួងហែង​ម៉េះ?»

​វិច្ឆិកា​បត់​រថយន្ត​បក​ក្រោយ​ សំដៅ​ត្រឡប់​ទៅ​កាន់​រាជធានី​ភ្នំពេញ ​ធ្វើ​ឱ្យ​ជោគ​ជតា​កេះ​សួរ៖
​«ម៉េច​បាន​បង​ឯង​បក​ក្រោយ​!?»
​វិច្ឆិកា​តប​វិញ​ធ្វើ​ហី​ជាមួយ​ស្រី​ស្នេហ៍៖
​«​ទៅតាម​ឡាន ​តាម​ទូក​លែង​ទាន់​ហើយ​! ត្រូវ​ជិះ​យន្ត​ហោះ​ក្មេង…»
​គេ​ឈប់​គាំង​ត្រឹម​ណេះ​ ព្រោះ​នឹក​ដល់​សម្ដី​នាង​… «​បង​ឯង​ឈប់​ហៅ​ខ្ញុំ​ហៅ​ជតា​ថា​ក្មេង​ខូច​! បង​ឯង​ឈប់​ទុក​ជតា​ជា​កូន​ក្មេង​បាន​អត់?​ បង​ឯង​កុំ​ទុក​ថា​ជតា​ជា​មនុស្ស​ល្ងង់ៗ​មិន​ដឹង​អី​ទាំងអស់​ទៀត​ទៅ!»
​គេ​នៅ​ស្ងៀម​វិញ​ហើយ​ដៀង​លួច​មើល​នាង​តាម​រយៈ​កន្ទុយភ្នែក។​
​ជោគ​ជតា​ដំបូង​បូញ​មាត់​តិ​ចៗ បន្ទាប់មក​លួច​ញញឹម​ដែល​បាន​សម្រេច​ក្នុង​ការ​បញ្ឈប់​បុរស​នេះ​កុំ​ឱ្យ​ទុក​ខ្លួន​ជា​មនុស្ស​ក្មេង​សេចក្ដី​មិន​ដឹង​រាក់​ជ្រៅ។

អធិរាជបេះដូង ភាគទី១៧
វគ្គ
​គោលដៅ​របស់​ជំទាវ​វិល័យ

​នៅ​ខាង​ក្នុង​ផ្ទះ​ ដែល​ធ្លាប់​តែ​មិន​មាន​អ្នក​ណា​នៅ​ បន្សល់​កេរ​ពី​ឧកញ៉ា​សោភ័ណ ជំទាវ​វិល័យ​ចេញ​មក​អង្គុយ​រង់ចាំ​ទទួល​ស្វាមី​គឺ​លោក សោភ័ណ​ពិសិដ្ឋ​ទាំង​យប់​អធ្រាត្រ។
​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ​ទំនង​ខាន​ជួប​គ្នា​យូរ​ហើយ ថែម​ទាំង​អាច​ដឹង​ពី​ក្ដី​បំណង​គ្នា​រៀង​ខ្លួន​ផង បាន​ជា ពេល​ឃើញ​មុខ​គ្នា​និយាយ​ស្ដី​ដូច​អ្នកដទៃ​សុទ្ធសាធ។
​សោភ័ណ​ ពិសិដ្ឋ​ចូល​មក​អង្គុយ​លើ​សាឡុង​ឈើ​បេង​ខ្មៅ​រលោង ដែល​មាន​ពែងតែ​ក្ដៅ​ៗ នៅ​ទទួល​ស្វាគមន៍។
​បុរស​អ្នក​មាន​មិន​ព្រម​មើល​មុខ​ភរិយា​ដ៏​ស្រស់​ផូរផង់​ម្នាក់​នេះ​ ទោះបីជា​អ្នក​ស្រី​វិល័យ​ញញឹម​ស្រស់​ធ្វើ​ដូច​មិន​ដឹង​រឿង​អ្វី​ក៏​ដោយ។
​ទោះ​ណា​ថា ពួកគេ​មិន​ដែល​មាន​ប្រវត្តិ​ប្ដឹង​លែងលះ ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស តែ​ពួកគេ​លែង​រស់នៅ​ជាមួយគ្នា​ក្នុង​របៀប​ជា​ស្វាមីភរិយា​យូរ​ណាស់​មក​ហើយ។

គាត់​និយាយ​ទៅ​រក​ស្ត្រី​នេះ​ដោយ​ស្ងួត​ស្ងប់៖
​«​បាត់​ខ្លួន ដូច​ព្រាយ​បិសាច​! ​លេច​មុខ​មក​វិញ នាំ​រឿង​មក​ជាមួយ​! ចង់​បាន​ស្អី និយាយ​គ្នា​ឱ្យ​ត្រង់ៗ មក! ​កុំ​បង្កើត​រឿង​ច្រើន​ពេក​បើ​មិន​ចង់​ឱ្យ​អ្នក​ផង​គេ​ដៀល​ពូជ ​ដោយ​ទាំង​អម្បូរ!»
​សម្ដី​បុរស​នេះ ទោះ​បី​មិន​គ្រោតគ្រាត ប៉ុន្តែ​រឹតតែ​គ្មាន​មនោសញ្ចេតនា​ត្រង់​ណា​ សម​ថា​ធ្លាប់​ជា​មនុស្ស​រស់នៅ​ក្បែរ​គ្នា​​នោះ​ឡើយ។
​ប្រការ​នេះ​ធ្វើ​ឱ្យ​ជំទាវ​មាន​ល្បិច សើច​ដោយ​ជូរចត់ មុន​ពេល​ពោល​បញ្ឆិតបញ្ឆៀង៖
​«​នេះ មក​សួរ​នាំ​ដំណឹង​ប្អូនស្រី ឬ​ក៏​មក​ឈ្លោះ​គ្នា?»
​ការ​រំលឹក​ពី​ដាមិកា ពិត​ជា​មាន​ប្រសិទ្ធភាព​អាច​ធ្វើ​ឱ្យ​សោភ័ណ​ ពិសិដ្ឋ​ ងាក​មុខ​មក​វិញ​ភ្លាម​មែន។ គាត់​និយាយ​ទាំង​ចង្អុល​មុខ​គ្មាន​ញញើត​ដៃ៖
​«​ប្រាប់​មក យក​ប្អូន​អញ​ទៅ​ណា? ​តិច​ថា​បាន​ជាប់​គុក គ្មាន​ថ្ងៃ​ចេញ!»
​វិល័យ​សើច​កក្អឹក។

ទ្រាំ​សម្លឹង​ស្ត្រី​នេះ​សើច បុរស​កាន់តែ​ក្ដៅ​ចិត្ត។ ​គាត់​ដំឡើង​សំឡេង ហើយ​ក្រោក​ឈរ​សម្លុត៖
​«​ឈប់​ឡប់​ទៅ​! នៅ​នេះ​អត់​មាន​អ្នក​មក​កំដរ​ឡប់​ទេ! បើ​ដាមិកា​បាត់​តែ​មួយ​សរសៃ​សក់ អញ​ឱ្យ​ស្គាល់​រសជាតិ​ខ្នោះ​ម្ដង!»
​«​និយាយ​ពី​ហ្អី​? អ្ហូ ជួន​ម៉េះ ឥឡូវ​មាន​អ្នក​ជាប់​គុក​មក​ដល់​មួយ​ហើយ​»​
​លេខា​លីន​រ៉ា​ណា បង្ហាញ​ខ្លួន​ក្រោម​ស្នាម​ញញឹម​ពព្រាយ​របស់​វិល័យ​។​
​ទី​នេះ​គ្មាន​ឃើញ​អ្នក​ណា​ម្នាក់​ទេ ​ក្រៅពី​មនុស្ស​ចាស់​ទាំង​បី​នាក់​នេះ ​ប៉ុន្តែ​លីន​រ៉ា​ណា​ដឹង​ថា ពិត​ជា​មាន​អង្គ​រក្ស​ជា​ច្រើន​នៅ​ជុំវិញ​នេះ បើ​តាម​ភាព​ក្អេងក្អាង​របស់​អ្នក​វិល័យ​។​
​សោភ័ណ​ ពិសិដ្ឋ​ឃើញ​លីន​រ៉ា​ណា គាត់​ដឹង​ស្រេច​ហើយ​ថា ​គ្រប់​យ៉ាង​ជា​អន្ទាក់​មួយ​ដែល​រៀបចំឡើង​ដោយ​មនុស្ស​ម្នាក់​ គាត់​កំពុង​ស្អប់​ញញើត​នេះ។
​បុរស​ងាក​មក​រក​វិល័យ ហើយ​សង្កត់​សំឡេង​ធ្ងន់ៗ៖
​«​កំពុង​លេងល្បែង​ឆ្កួត​យក៍​ស្អី​?»​
​លីន​រ៉ា​ណា​អង្គុយ​ចុះ​មួយៗ​មិន​មាត់​មិន​ក។
​សោភ័ណ ​ពិសិដ្ឋ កាត់​យល់​បាន​ថា​ សុវត្ថិភាព​របស់​ដា​មិកា​ជា​រឿង​ដែល​កំពុង​បង្ខំ​ឱ្យ​គាត់​ស្ងាត់​មាត់​ឈឹង។ ​បាន​ជា​លេខា​ពីរ​ជំនាន់​នេះ មិន​ហា​ស្ដី​អ្វី​មួយ​ម៉ាត់។
​ទោះ​យ៉ាង​នេះ​ក្ដី​ គាត់​ត្រូវតែ​និយាយ​អ្វី​ម្យ៉ាង​ទៅ​កាន់​ស្ត្រី​នេះ៖
​«​បង​មក​កន្លែង​នេះ​ធ្វើ​អី​លីន​រ៉ា​ណា​?»​

​ស្ត្រី​នោះ មិន​ឆ្លើយតប​និង​សោភ័ណ ​ពិសិដ្ឋ​បែរ​ជា​ងាក​មក​សម្លឹង​អ្នក​វិល័យ​ត្លែ។ ឃើញ​ដូច្នេះ​ជំទាវ​វិល័យ​ កាន់តែ​បាន​ចិត្ត​គាត់​សើច​កក្អឹក។
​អត់ធ្មត់​រង់ចាំ​គាត់​សើច​អស់​ចិត្ត ទើប​លេខា​លីន​រ៉ា​ណា ហា​សួរ​មួយៗ៖
​«​កុំ​ឱ្យ​ខាត​ពេល​!​ និយាយ​មក តើ​ឯង​ចង់​បាន​ស្អី​?»​
​អ្នក​វិល័យ​ធ្វើ​មុខ​ក្រញូវ​វិញ​ភ្លាម​ ដោយ​ងាក​មក​សម្លក់​លីន​រ៉ា​ណា។
​ស្ត្រី​អតីត​សត្រូវ​បេះដូង​ម្នាក់​នេះ ត្រូវ​បាន​អ្នក​វិល័យ​ស្អប់​ដល់​ឆ្អឹង​រួច​ទៅ​ហើយ ពេល​នេះ​ទៀត​សោត ស្ថានការណ៍​គាត់​ក្ដាប់​ជាប់​ក្នុង​ដៃ នៅ​តែ​លីន​រ៉ា​ណា​ធ្វើ​ឫកពា​ខែងរ៉ែង​ មិន​ចេះ​អត់ធ្មត់​ឱនលំទោន​ ធ្វើ​ឱ្យ​ងងើក​ភ្លើង​គំនុំ​កម្រើក​ឡើង​មក​ឆាប​ឆួល។
​អ្នក​វិល័យ​ខាំ​មាត់​សង្គ្រឺត​ដាក់​លីន​រ៉ា​ណា៖
​«​សម្ដី​មើល​កាលៈទេសៈ​ផង​! ឯង​ស្មានថា ខ្លួន​ជា​អ្នក​ណា​?​ ជា​ម្ដាយ​ក្មេក​យើង?»

​លីន​រ៉ា​ណា មិន​មាត់​មិន​ក​ទៅ​តាម​ចរិត​ធម្មជាតិ​របស់​គាត់​។​
​ទោះ​យ៉ាង​ណា គាត់​មិន​មាន​ភាព​កំសាក​នៅ​ក្នុង​អាកប្បកិរិយា​ដែល​រម្យទម​នោះ​ឡើយ។
​គាត់​គិត​ចុះ​ឡើង​មុន​ពេល​តបត៖
​«​បើ​ឯង​ប៉ះពាល់​ដាមិ​កា​យើង មួយ​ជីវិត​នេះ​យើង​នឹង​មិន​ឱ្យ​ឯង​បាន​សុខ!»
​គាត់​និយាយ​ទាំង​សម្លឹង​មុខ​សត្រូវ​ស្នេហា​រូប​នេះ​ពេញ​ទំហឹង ​បញ្ជាក់​ថា​គាត់​ហ៊ាន​ថា​គឺ​ហ៊ាន​ធ្វើ។ ​ប៉ុន្តែ​វាចា​នេះ​ បែរ​ជា​ធ្វើ​ឱ្យ​ជំទាវ​វិល័​យ​កាន់​តែ​បាន​ចិត្ត​ស្រែក​ចំអកឡកឡឺយ​ឱ្យ​គាត់៖
​«​កូន​ឯង​ពេល​នេះ​ស្លាប់ ឬ​រស់​មិន​ទាន់​ដឹង​ផង​លីន​រ៉ា​ណា ឯង​បាន​ស្អី​យក​មក​ចង្អុល​គំរាម​យើង! ​ឯង​ស្មាន​ថា​យើង​ខ្លាច​ពាក្យ​គំរាម​របស់​ពួក​កំសាក​ឯង​នេះ​ណាស់?»
​សោភ័ណ ​ពិសិដ្ឋ​គោះ​តុ​ផាំង​ ហើយ​ចង្អុល​កាត់​ភរិយា​ដែល​មហា​វិកល​ចិត្ត គាត់​និយាយ​បញ្ចប់​សម្ដី​អសុរោះ​របស់​អ្នក​វិល័យ​៖​
​«​ឈប់​និយាយ​ខាំ​គេ​ឯង​ទៅ​!​ ដា​មិកា​នៅ​ឯ​ណា សួរ​ជា​ចុង​ក្រោយ មិន​អ៊ីចឹង ចាំ​ទៅ​ជួប​គ្នា​នៅ​ប៉ុស្តិ៍​ប៉ូលិស!»

​សោភ័ណ ​ពិសិដ្ឋ​ដែល​ជានិច្ច​ជា​កាល​បញ្ចេញ​ជំហរ ឈរ​ខាង​លេខា​ម្នាក់​នេះ កាន់តែ​ធ្វើ​ឱ្យ​អ្នក​វិល័យ​កើត​ទោសៈ​ទ្វេ គាត់​លែង​ញញឹម​សម​ ហើយ​បញ្ចេញ​សេចក្ដី​ទោមនស្ស​មក​ពេញ​ទំហឹង​តែ​ម្ដង។
​មិន​រវល់​ថា​គាត់​គិត​យ៉ាង​ណា​ខឹង​កម្រិត​ណា សោភ័ណ ​ពិសិដ្ឋ​មិន​ញញើត​ក្នុង​ការ​សួរនាំ​បន្ថែម​ឡើយ៖
​«យើង​អាច​ឈប់​ដេញដោល​រឿង​រញ៉េរញ៉ៃ ​ដែល​អ្នក​ឯង​បាន​បង្ក​ឡើង​នៅ Red Index​ រឿង​ឯង រាយការណ៍​ប្រាប់​កាសែត​ពី​រឿង​ក្រុមហ៊ុន​ចិន បំផ្លាញ​ប្រយោជន៍​បំផ្លាញ​កេរ្តិ៍ឈ្មោះ​គ្រួសារ​ខ្លួន​ឯង តែ​រឿង​សោភ័ណ ​រ៉ាវី ​ប្អូន​ពៅ​របស់​យើង អ្នក​ឯង​ត្រៀម​ជាប់​គុក​ឱ្យ​ហើយ​ទៅ​ស្រី​កំណាច!»
​ភ្នែក​លីន​រ៉ា​ណា​ក្រហម​រលោង​ ពេល​រំលឹក​ដល់​មរណ​ភាព​អ្នក​នាង​ពៅ​របស់ ​Red Index ។​ ទុក្ខសោក​របស់​គាត់​រឹតតែ​ធ្វើ​ឱ្យ​អ្នក​វិល័យ​ឃើញ​ហើយ ​បាន​ចិត្ត​សប្បាយ​លើស​ដើម។

​មនុស្ស​កំណាច​គ្មាន​ចិត្ត​ថ្លើម​កាន់​តែ​ត្រូវ​គេ​ដៀល​រឹតតែ​ផ្គើន គាត់​គំហក​មក​រក​សោភ័ណ ​ពិសិដ្ឋ៖
​«​មនុស្ស​ល្ងង់​ដូច​ឯង​នេះ យើង​ថា​ល្ងង់​គឺ​ល្ងង់​ហើយ​! ​មើល​ឯង​ចុះ! ​ប៉ុណ្ណឹង​ឯង​គិត​មិន​យល់​ផង អាង​អី​ចង់​មក​ធ្វើ​ជា​ប្ដី​របស់​យើង​?​ អ្ហះ​?​ មនុស្ស​យើង​នេះ បើ​ខ្លាច​គុក​ខ្លាច​ច្រវាក់ ​យើង​ហៅ​ឯង​មក​ដែរ​ទេ​?​ឯង​អាង​ស្អី​សោភ័ណ​ ពិសិដ្ឋ? ​ឬ​មួយ​ក៏​ឯង​អា​ស្គាល់​ពួក​ប៉ូលិស​?​ ម៉េច​ពេល​នេះ​មិន​ឱ្យ​ពួក​ហ្នឹង​តាម​រក​ដា​មិ​កា​មក​ឱ្យ​ឯង​ឱ្យ​ឃើញ​ទៅ​អា​ល្ងង់?!»​
​ថា​ចប់​គាត់​សើច​កក្អឹក​ ចំអក​ឱ្យ​បុរស​ដែល​ធ្លាប់​យក​គាត់​មក​ផ្ទឹម​រៀប​ការ​ជាមួយ​ ជួយ​បណ្ដោះ​ទុក្ខ​ព្រួយ​ជូន​ឪពុក​គេ​និង​លីន​រ៉ា​ណា​ដែល​នៅ​នឹង​មុខ​នេះ​។​
​នៅ​ក្នុង​ភ្នក់ភ្លើង​កំហឹង ប្អូនស្រី​ពៅ​ត្រូវ​ស្លាប់ ក្រុមហ៊ុន​ខូច​អាសា​ឈ្មោះ ពេល​នេះ​នាយិកា​ក្រុមហ៊ុន​ក៏​បាត់​ទៅ​ឈឹង​សូន្យ សោភ័ណ​ ពិសិដ្ឋ​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ចំ​កណ្ដាល​ថ្ងាស​ប្រពន្ធ​ជើង​ល្អ។

​មនុស្ស​យើង​ទោះ​អត់ធ្មត់​បាន​ប៉ុនណា ក៏​គង់​តែ​មាន​ទៅ​បញ្ចប់។
​មិន​ដឹង​ថា​ពាក់​កណ្តាល​ជីវិត​កន្លង​មក​នេះ អ្នក​ប្រុស​ធំ​របស់​ Red Index បាន​អត់ធន់​ននៀល​នៅ​នឹង​មុខ​ព្យុះ​ព្យោមា​របៀប​ណា​ខ្លះ​ទេ ប៉ុន្តែ​ពេល​នេះ ព្រំដែន​ចិត្ត​បុរស​នេះ បាន​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ។
​ហេតុការណ៍​កើត​ឡើង​ទាន់ហន់​ពេក លីន​រ៉ា​ណា​រក​គិត​អ្វី​ក៏​មិន​ទាន់ មាន​តែ​ក្រោក​មក​សន្សឹម​ៗ​ពី​កៅអី​ នៅ​ចំ​កណ្ដាល​រវាង​ប្រុស​ស្រី​ទាំង​ពីរ។
​យ៉ាង​នេះ​ហើយ​ក្ដី ស្ត្រី​វិល័យ​នៅតែ​រក្សា​ការ​ញញឹម​ចំអកឡកឡឺយ​ជា​បន្ត​ទៀ​ត ហាក់​ដូច​ជា​មិន​រវល់​ភ័យ​បារម្ភ​អ្វី​ នឹង​ចុង​កាណុង​កាំភ្លើង​ទាល់​តែ​សោះ។
​ទោះ​បី​ថា​លីន​រ៉ា​ណា ដែល​មើល​យល់​ពី ដំណាក់​កាល​ចុង​ក្រោយ​នៃ​កំហឹង​របស់​បុរស​ម្នាក់​នេះ ហើយ​លេខា​ចាប់ផ្ដើម​តក់ស្លុត ប៉ុន្តែ​ទឹកមុខ​សោភ័ណ ​ពិសិដ្ឋ​ គ្មាន​ត្រង់ណា​អាច​ថា​នឹង​បក​ក្រោយ​វិញ​ឡើយ។

បំណាច់​នឹង​កាំភ្លើង​ដក​ចេញ​មក​ហើយ បុរស​នេះ​ខាំមាត់​សង្កត់​សំឡេង​សង្ខើញ​ទៅ​រក​អ្នក​វិល័យ៖
​«​យើង​គួរ​សម្លាប់​ឯង​យូរ​ហើយ​នាង​វិល័យ! តាំងពី​ថ្ងៃ​ដែល​ឯង​ចង់​សម្លាប់​កូន​យើង​ទាំង​គ្នា​នៅ​តូច​មិន​ដឹង​អ្វី​!​ ដូច​ឯង​នេះ សម្លាប់​ក៏​មិន​បាច់​ជាប់​ទោស​ដែរ​ ព្រោះ​ឯង​មិន​ស្មើ​សត្វ! ​សូម្បីតែ​សត្វ​​​គង់​វា​ចេះ​ស្រលាញ់​កូន​វា!»
​«​លោក​ប្រុស​ធំ​!​ កុំ​…..»​
​សំឡេង​លី​នរ៉ា​ណា ធ្វើ​ឱ្យ​សោភ័ណ ​ពិសិដ្ឋ ប្រិច​ភ្នែក​តែ​មិន​ទម្លាក់​ដៃ​ចុះ​មក​ឡើយ។ ​គាត់​ឆ្លើយតប​ មួយៗ៖
​«​បង​រ៉ា​ណា​! ​បើ​ខ្ញុំ​សម្លាប់​វា​ហើយ ខ្ញុំ​ជាប់​គុក បង​លីន​រ៉ា​ណា​ជួយ​មើល​ដា​មិកា​ឱ្យ​ខ្ញុំ ឱ្យ​ប្អូន​ខ្ញុំ​បាន​នាំ​ក្រុមហ៊ុន​ទៅ​រក​ជោគជ័យ!»
​«​បើ​ឯង​មិន​ធ្វើតាម​យើង​​ដា​មិកា​មិន​រស់​ដល់​ថ្ងៃស្អែក​ផង​ទេ​មើល​ទៅ​!»

​អ្នក​វិល័យ​គំហក​កាត់​មក​វិញ​ហើយ​សើច​កក្អឹក។
​នៅ​ចំ​កណ្ដាល​កំហឹង​ចិត្ត​របស់​សោភ័ណ​ ពិសិដ្ឋ លីន​រ៉ា​ណា​ស្ទុះ​វឹង​ទៅ​ពាំង​ពីមុខ​អ្នក​វិល័​យ​ហើយ​ចាប់ផ្ដើម​អង្វរករ៖
​«​លោក​ប្រុស​ធំ​! ​ជីវិត​ដា​មិ​កា​សំខាន់​ជាង​!​ ទុក​កាំភ្លើង​វិញ​ទៅ​»​
​សោភ័ណ ​ពិសិដ្ឋ​មិនទាន់​ស្រាក​កំហឹង​នៅ​ឡើយ តែ​គាត់​ព្រម​ងក់​ក្បាល​ហើយ​ដាក់​កាំភ្លើង​ចុះ​យឺតៗ។ ​ពេល​នេះ​លីន​រ៉ា​ណា​នៅ​ពាំង​ពីមុខ ទោះ​គាត់​តាំងចិត្ត​ធ្វើ​ជា​ឃាតករ​ ក៏​ប្រហែលជា​មិន​បាន​សម្រេច​ដែរ។
​ប៉ុន្តែ​បុរស​នេះ​ឆ្លៀត​និយាយ​ផ្ដាំ៖
​«​បង​លីន​រ៉ា​ណា​ចាំ​ទុក​!​ មនុស្ស​ស្រី​ពិសពុល​ម្នាក់​នេះ ទោះ​បី​ជា​ចប់​រឿង​នេះ​ហើយ​ ក៏​វា​នៅ​បង្ក រឿង​មក​បន្ថែម​ជានិច្ច​!​ ដា​រាប​ណា​វា​នៅ​រស់ Red Index កុំ​សង្ឃឹម​បាន​សុខ!»
​«​និយាយ​ខុស​ហើយ​!»

​ស្ត្រី​មាន​ល្បិច​ស្រែក​កាត់​សម្ដី​ស្វាមី។
​ពេល​លីន​រ៉ា​ណា​ទៅ​រក​គាត់​ប្រុង​អង្វរករ អ្នកស្រី​វិល័យ​ស្រែក​បន្ត​ទៀ​ត​៖​
​«​ឱ្យ​តែ​ឯង​ព្រម​ស្លាប់​អា​ពិ​សិដ្ឋ​!​ ដរាបណា​ឯង​សូន្យ​ពី​លោក​នេះ​ទៅ​! យើង​នឹង​ព្រម​បញ្ចប់​គ្រប់​យ៉ាង ឱ្យ​ចប់​ទៅ​តាម​ខ្មោច​ឯង! ​ឯង​ស្លាប់​ទៅ យើង​សន្យា​បញ្ចប់​គំនុំ​ទាំង​អស់​នេះ​!»​
​វិល័យ​ស្រែក​ដដែលៗ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រលាំងកាំង​។​
​អ្នក​ដែល​អស់​ចិត្ត​ជាង​គេ​គឺ សោភ័ណ​ ពិសិដ្ឋ។
​គាត់​ដឹង​ថា កំហុស​របស់​គាត់ គឺ​មាន​តែ​មួយ​គត់ «​ពង្វក់​ចិត្ត​ចាស់ៗ ​ឱ្យ​ព្រម​ផ្សំផ្គុំ​លើក​ស្រី​ម្នាក់​នេះ​មក​ឱ្យ​គាត់​!»​ ហើយ​ជំនាន់​នោះ​ចាស់ៗ​យល់​ថា ​គាត់​នឹង​ស្នង​តំណែង​អគ្គនាយក ​ដូច្នេះ​ឪពុក​របស់​អ្នក​វិល័យ​បាន​ជំរុញ​កូនស្រី​ឱ្យ​ទទួល​យក​មង្គល​ការ​នេះ។

​ទោះ​បី​គាត់​ដឹង​ថា អ្នក​មីង​វ័យ​ស្របាល​គ្នា​ម្នាក់​នេះ ​តាម​ពិត​គឺ​ស្រលាញ់​ឪពុក​គាត់ ​ប៉ុន្តែ​គាត់​ជឿ​ថា​ គាត់​អាច​ផ្ដល់​សុភមង្គល​ ដែល​នាំ​ឱ្យ​ស្ត្រី​នេះ​បំភ្លេច​និស្ស័យ​ស្នេហ៍​ខុស​វ័យ​ជាមួយ​បង​ជីទួត​មួយ​បាន ប៉ុន្តែ​មិន​ដែល​នឹក​ស្មាន​ដល់​ឡើយ​ថា ច្រើន​ឆ្នាំ​មក​នេះ ការ​ខិត​ខំ​របស់​គាត់ មិន​ត្រឹម​មិន​អាច​យក​បេះដូង​ស្ត្រី​បិសាច ​ថែមទាំង​បង្កើន​នូវ​គំនុំ​ រហូតដល់​ចង់​សូម្បី​តែ​យក​ជីវិត​ទើប​អាច​ស្ងប់។
​ក្នុង​ភាព​ហួសចិត្ត ពិ​សិដ្ឋ​ឈរ​ទ្រឹង ទុក​ឱ្យ​អ្នក​វិល័យ​ទះ​ដៃ​ឱ្យ​សញ្ញា​ពួក​អង្គរក្ស។

​ពួក​នោះ​បង្ហាញខ្លួន ហើយ​ពីរ​នាក់​ស្ទុះ​មក​ដក​ហូត​កាំភ្លើង ​និង​រុញ​ពិសិដ្ឋ​ឱ្យ​ថយ​ទៅ​អង្គុយ​លើ​កៅអី​ដូច​ដើម​វិញ។
​អ្នក​វិល័យ​ក្រោក​ពី​កន្លែង​អង្គុយ​ហើយ​ដើរ​មក​មួយៗ​។​
​របស់​អ្វី​ភ្លឺ​ឆ្វាច ​ត្រូវ​បាន​ហុច​មក​ចំ​ពី​មុខ​លីន​រ៉ា​ណា​ដោយ​ដៃ​អ្នក​វិល័យ​។​
​ក្នុង​កែវភ្នែក​ព្រួយ​កង្វល់ លីន​រ៉ា​ណា​ឈ្ងោក​សម្លឹង​វា​។​
​នោះ​ជា​អាវុធ​ខ្លី​ថ្មី​សន្លាង​មួយ​ទៀ​ត ដែល​កាណុង​នៅ​លើ​ដៃ​ស្ត្រី​ចិត្ត​កំណាច ​ហើយ​ដង​ត្រូវ​បាន​ហុច​មក​ពី​មុខ​ខ្លួន។
​«​យក​វា​ទៅ មុន​ពេល​ដា​មិកា​ជួយ​លេង​ទាន់​! បាញ់​សម្លាប់​អា​ប្រុស​ចោល​ម្សៀត​ម្នាក់​នេះ យើង​នឹង​ប្រាប់​ដំណឹង​កូនស្រី​សំណព្វ​របស់​ឯង!»
​លីន​រ៉ាណា​សម្លឹង​កាំភ្លើង​ខ្លី​ ហើយ​ងើប​មុខ​សម្លឹង​អ្នក​វិល័យ​ដោយ​ឈឺ​ចាប់។

​អ្នក​វិល័យ​និយាយ​បន្ថែម​ក្នុង​ទឹកមុខ​ម៉ឺងម៉ាត់៖
​«​ក្រែង​ឯង​ធ្លាប់​ជាប់គុក​ជំនួស​កូន​ឯង​បាន មិន​អ៊ីចឹង! ​ពេល​នេះ​ជាប់​ទៀត​មានអី​ទាស់​ខុស? ​ឥឡូវ​កូន​ស្រី​ឯង​អស់​មួយ​នៅ​សល់​មួយ! ​បើ​ឯង​មិន​ចាត់​ការ​តាម​យើង ឯង​នឹង​លែង​បាន​ជួប​ដា​មិការ​ហូត​!»​
​នឹក​ដល់​សោភ័ណ​ រ៉ាវី គាត់​ស្រក់​ទឹកភ្នែក​ខ្ពាក​ទាំង​គ្មាន​សំឡេង​យំ។
​«​ម៉ាក់​!​ កូន​រៀបការ​ហើយ​!​ កូន​រៀបការ​ស្ងាត់ៗ តែ​កូន​សុំទោស​ម៉ាក់ កូន​សុំ​ទោស​បងស្រី​! ​កូន​មិន​ចង់​បាន​អ្វី ជាតិ​នេះ កូន​ចង់​បាន​តែ​សេរីភាព កូន​អរគុណ​ម៉ាក់​និង​បង​ដែល​រ៉ាប់រង​ការងារ​លំបាក​ៗ​ទាំង​អស់​នៅ​ភ្នំពេញ​!​ សោភ័ណ ​រ៉ាវី​ម្នាក់​នេះ អាត្មានិយម​!​ ម៉ាក់​និង​អ្នក​បង បំភ្លេច​កូន​ស្រី​អកតញ្ញូ​ម្នាក់​នេះ​ចោល​ចុះ​ កុំ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​ចិត្ត​មិន​ដាច់! ​សោភ័ណ ​រ៉ាវី​លែង​ប្រើ​នាមត្រកូល​របស់​ប៉ា​ពី​ពេល​នេះ​ទៅ! ​កូន​ប្ដូរ​ទៅ​ជា​មនុស្ស​ថ្មី ប្រើ​នាមត្រកូល​របស់​បង​សុខៈ! ​ភាគហ៊ុន​ទាំង​ឡាយ​កូន​វេរ​ទៅ​ជូន​ម៉ាក់​និង​បង​វិញ តាម​រយៈ​លិខិត​នេះ​ មាន​មេធាវី​ប្រថាប់ត្រា​ដឹង​ឮ! ​កូន​លា​ហើយ​!»​

​លីន​រ៉ា​ណា​នឹក​រំលឹក​ឡើង​វិញ​នូវ​សារ​ចុងក្រោយ ​ដែល​បាន​ទទួល​ពី​កូន​ស្រី​ពៅ​មុន​ពេល​នាង​ត្រូវ​ពុល​ស្លាប់ ​ហើយ​ដែល​ម្ដាយ​ម្នាក់​នេះ​ ថត​ជាប់​ក្នុង​ប្រអប់​បេះ​ដូង។
​ដៃ​គាត់​ញ័រ​ទទ្រើក​លូក​ទៅ​ទទួល​យក​កាំភ្លើង ក្រោម​ស្នាម​ញញឹម​កាច​សាហាវ​របស់​អ្នក​វិល័យ។
​មួយ​វិនាទី​ដែល​សោភ័ណ​ ពិសិដ្ឋ​ស្រលាំងកាំង ស្នូរ​កាំភ្លើង​លាន់​ផូងៗ​ផ្ទួនៗ​គ្នា របើក​ប្រាណ​នារី​កំណាច វិល័យ​ឱ្យ​ដួល​ទ្រេត​ទៅ​អង្គុយ​លើ​កៅអី​ដើម​វិញ។
​សំឡេង​លីន​រ៉ា​ណា​លាន់​ឡើង ​ពេល​ដែល​សោភ័ណ​ពិសិដ្ឋ​ក្រោក​យឺត​មក​ពី​ក្រោយ​ខ្នង​គាត់៖
​«​កូន​យើង​មិន​ដឹង​យ៉ាង​ម៉េច​! តែ​យើង​មិន​ល្ងង់​ទៅ​បាញ់​ពិសិដ្ឋ​ទេ ​នាង​វិល័យ​ស្រី​ជួជាតិ​!​ ម្ដាយ​កូន​យើង​ជាតិ​នេះ ដា​មិកា​និង​យើង​បាន​ត្រៀម​ស្លាប់​រួច​ហើយ! ​អត់​ពី​ពួក​យើង លោក​ប្រុស​ធំ​សោភ័ណ ​ពិសិដ្ឋ​កាន់កាប់​Red Index​មាន​អី​ខុស​គ្នា​ទៅ? ឯង​គិត​ថា​យើង​ល្ងង់​ទៅ​សម្លាប់​គេ?»

​ពួក​អង្គ​រក្ស​រត់​មក​ប្រាវ​លើក​កាំភ្លើង​ភ្ជង់​ព្រាត​ហើយ​គំហក៖
​«​ដាក់​កាំភ្លើង​ចុះ​!»​
​លីន​រ៉ា​ណា​នៅ​តែ មិន​ខ្វល់។
​សោភ័ណ ​ពិសិដ្ឋ​ងាក​មក​រក​ពួកគេ ហើយ​សួរ៖
​«​ពួក​ឯង​ចង់​ចប់​ជាមួយ​វា​នេះ​ឬ​មួយ​ចង់​បក​ក្រោយ មាន​ការងារ​ចិញ្ចឹម​ប្រពន្ធ​កូន!?»
​ពួក​អង្គ​រក្ស​នៅ​ទ្រឹង​មើល​មុខ​គ្នា។
​ទោះបី​អ្នកស្រី​វិល័យ​ហាក់បីដូចជា​ធ្ងន់​ទៅ​ហើយ ដៃ​លីន​រ៉ា​ណា​នៅ​តែ​បន្ត​ភ្ជង់​គាត់ ហើយ​ម្រាម​នៅ​លើ​កៃកាំភ្លើង​នៅ​តែ​ត្រៀម​ជាប់​ជានិច្ច​យ៉ាង​ច្បាស់​ម៉ឺងម៉ាត់។

សំឡេង​លេខា​ម្នាក់​នេះ​លាន់​បន្ថែម​ទៅកាន់​ស្ត្រី​កំណាច៖
​«​កូន​ពៅ​យើង មិន​បាន​ធ្វើ​អ្វី​ឯង! ​នៅ​អាមេរិក គេ​ជួប​ឯង​ពេល​ណា​ទុក​ឯង​ជា​អ្នក​បង ជា​បង​ថ្លៃ សំពះ​គោរព! ​គ្នា​សុំ​ត្រឹមតែ​រស់​នៅ​សុខ! ​គ្នា​មិន​ដែល​សូម្បី​តែ​មក​ជាន់​ការងារ​ក្រុមហ៊ុន ឯង​លើកដៃ​សម្លាប់​ប្អូន​ថ្លៃ ដោយ​ល្បិច​ថោកទាប​!​ មនុស្ស​ដូច​ឯង​មាន​មុខមាត់​អី​មក​គំរាម​យើង?!»
​ស្នូរ​ជើង​លាន់​មក​ព្រូៗ។ ​ស្ថានភាព​ច្របូកច្របល់​កើត​ឡើង។ ​ក្រុម​សមត្ថកិច្ច​ដែល​នាំ​ផ្លូវ​ដោយ​បង​វីន​បាន​បង្ហាញខ្លួន ហើយ​ព័ទ្ធ​ច្បាម​ក្រុម​អង្គរក្ស។
​លីន​រ៉ា​ណា​ដាក់​កាំភ្លើង​ចុះ ហើយ​សម្លក់​អ្នក​វិល័យ​ដែល​កំពុង​ត្រដរ​ដង្ហើម……
​គាត់​ងាក​មក​រក​ពួក​អង្គរក្ស ហើយ​និយាយ៖
​«​អ្នក​ណា​នាំ ដា​មិកា​មក​វិ​ញ​ដោយ​សុវត្ថិភាព​ រង្វាន់​តម្លៃ​៥០​ម៉ឺន​ដុល្លារ!»
​អង្គរក្ស​ចាប់ផ្ដើម​ជ្រួលច្របល់…

វគ្គ
​ភារកិច្ច​សម្រាប់​ម៉ាឌី

​«​ស្អី​គេ?​ រង្វាន់​៥០​ម៉ឺន​ដុល្លារ?»
​អ្នក​បើក​ឡាន​និង​ពួក​អង្គរក្ស​ដែល​អង្គុយ​នៅ​បាំង​ខាង​មុខ ងាក​ខ្សឹប​ខ្សៀវ​គ្នា​ ពេល​ម៉ាឌី​កំពុង សំងំ​បិទ​ភ្នែក​ មើល​ពី​ក្រៅ​ទៅ​ហាក់បីដូចជា​កំពុង​លង់​លក់។
​«​ហ្អែង​មិន​ជឿ មើល​ទៅ​នៀក!»
​ពីរ​នាក់​អង្គុយ​អម​នាយ ប្រឹង​ឱន​ទៅ​បាំង​ខាង​មុខ​ខ្សឹប​សួរ​គ្នីគ្នា​វា៖
​«​ចុះ​ជំទាវ​វិល័​យ!»
​«​ស៊ូត!»
​ពួក​គេ​ធ្វើ​សញ្ញា​គ្នីគ្នា​ឱ្យ​ប្រយ័ត្ន​មាត់​ក ប៉ុន្តែ​ម៉ា​ឌី​បើក​ភ្នែក​ឡើង​មក​សន្សឹម​ៗ​វិញ ​ធ្វើ​ឱ្យ​ម្នាក់ៗ​ទ័ល​ច្រក​មិន​ដឹង​រៀប​ល្បិច​យ៉ាង​ណា​ទៀ​ត​ឱ្យ​សម។
​«​នៅ​ភ្នំពេញ​មាន​រឿង​អី​?»

​នាយ​សួរ​តិចៗ​ ធ្វើ​ដូច​ចង់​ដឹង ប៉ុន្តែ​តាម​ពិត​នាយ​គិត​យល់​ស្រេច​ហើយ​ថា ប្រាកដជា​មាន​រឿង​ធំ​គ្រាន់តែ​ម៉ាឌី​រក្សា​ទឹកមុខ​ធម្មតា។
​«និយាយ​មក! មិន​ឱ្យ​លាក់!»
​នាយ​ធ្វើ​ជា​សម្លុត ធ្វើ​ឱ្យ​ម្នាក់​ក្នុង​ចំណោម​ពួកគេ និយាយ​ទាក់ៗ​រាយការណ៍៖
​«ព័ត៌មាន​មិន​ច្បាស់​ការ​មក​ថា លោក​ជំទាវ​ត្រូវ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់!»
​ម៉ា​ឌី​សម្លឹង​បុរស​នោះ​ដោយ​កែវភ្នែក​ខកចិត្ត។
​គេ​ដឹង​ថា ​ម្ដាយ​ខ្លួន​ប្រហែល​ជា​ត្រូវ​កាំបិត​ចិត​ដង​ឯង បាន​ជា​សម្រួល​ទឹកមុខ ទប់ស្កាត់​អារម្មណ៍​អាក្រក់ ឱ្យ​ធម្មតា​ជា​មុន​សិន​ ទើប​ជជីក​សួរ​បន្ត៖
​«​រឿង​យ៉ាង​ម៉េច​ខ្លះ​?»​
​«​លោក​ជំទាវ​កោះ​ហៅ​ឪពុក​លោក​ក្មួយ និង​លេខា​លីន​រ៉ា​ណា​ចូល​ជួប​ទាំង​កណ្ដាល​យប់ ក្រោយ​មក​មាន​រឿង​ផ្ទុះ​អាវុធ​ដាក់គ្នា!»

​នាយ​ដក​ដង្ហើម​ធំ។
​គ្រប់​យ៉ាង ពិត​ជា​ហួស​ហេតុ​ពេក​ សម្រាប់​ឱ្យ​មនុស្ស​មាន​ចរិត​ដូច​ម៉ា​ឌី​អាច​ទទួល​យក​ថា​ នេះ​ជា​ការ​ពិត​នៃ​ជីវិត​ខ្លួន។
​គេ​ដកដង្ហើម​ធំ ហើយ​សួរ​បន្ត៖
​«​ចុះ​រឿង​លុយ​៥០​ម៉ឺន​ដុល្លារ​?»​
​អង្គរក្ស​មើល​មុខ​គ្នា​មុន​ពេល​តប៖
​«​ខាង​លីន​រ៉ា​ណា​គេ​ប្រកាស​ថា អ្នក​ណា​រក​សោភ័ណ​ ដាមិកា​ឃើញ នឹង​បាន​រង្វាន់​តម្លៃ​ប៉ុណ្ណឹង!»
​«​អ្នក​ណា​ចាប់​គេ​?»​ ម៉ា​ឌី​សួរ​មួយៗ​ទាំង​ត្រិះរិះ។

ភាគ​ទី​៤២

​ពួក​អ្នក​ហែហម​នៅ​ស្ងាត់ស្ងៀម​ លែង​និយាយ​ស្ដី​អ្វី​តបត​នឹង​សំណួរ​​ដែល​ម៉ាឌី​សួរ​ជុំ​វិញ​រឿងរ៉ាវ​របស់​ដាមិកា។
​ឃើញ​អ៊ីចឹង ម៉ាឌី​ត្រិះរិះ​ចុះ​ឡើង មុន​ពេល​បន្ត​សន្ទនា៖
​«​ខ្ញុំ​ដឹង​ថា​ម៉ាក់​ខ្ញុំ​ធ្វើ​!»​
​ឃើញ​គ្រប់​គ្នា​នៅតែ​បន្ត​ភាព​ស្ងាត់ស្ងៀម។
ម៉ាឌី​​សើច​ស្ងួត​ហើយ​និយាយ​បន្ត៖
​«​បើ​ម្នាក់ៗ​ថា​ម៉ាក់​ខ្ញុំ​ចូល​ពេទ្យ​ហើយ​! កុំ​ភ្លេច​ណា៎! ខ្ញុំ​នេះ​ជា​កូន​តែ​មួយ​គត់! ទ្រព្យ​ទាំង​អស់​របស់​គាត់ ជា​របស់​ខ្ញុំ​! អ្នក​ណា​មិន​ស្ដាប់​​ខ្ញុំ! ខ្ញុំ​មិន​យក​ដើរ​តាម​ទេ!»

គេ​កំញើញ ​ព្រោះ​គេ​ចង់​ដឹង​ការ​ពិត​ពី​ករណី​ដាមិកា​និង​ខៀវ សូ​ត្រាតែ​ប៉ុណ្ណោះ។ បេះដូង​ម៉ាឌី​គ្មាន​នារី ចិត្ត​ឫស្យា​ម្នាក់​នោះ​ ជា​ម្ដាយ​តាំងតែ​ពី​ដើម​រៀង​មក។ បេះដូង​នាយ​សម្រាប់​ស្ត្រី​ម្នាក់​នោះ​ គឺ​មាន​តែ​ភាព​ភ័យ​ខ្លាច​និង​រត់​គេច។ មួយ​ជីវិត​នេះ មនោសញ្ចេតនា​មួយ​សរសៃ​ជាមួយ​អ្នក​ស្រី​​វិល័យ​ក៏​គេ​គ្មាន​ដែរ។​

ពួក​អ្នក​ហែហម​បន្ត​នៅ​រក្សា​ភាព​ស្ងាត់ស្ងៀម ធ្វើ​ឱ្យ​​បុរស​នេះ​រក​វិធី​និយាយ​ជំរុញ​បន្ថែម៖
​«​និយាយ​មក​ខៀវ​ សូត្រា​និង​ដាមិកា​​នៅ​កន្លែង​ណា?»
​«​ពួក​ខ្ញុំ​មិន​ដឹង​ទេ​! រឿង​អ៊ីចឹង​ៗ​លោក​ជំទាវ​មិន​មែន​ចេះ​តែ​ឱ្យ​​គ្រប់​គ្នា​ដឹង​បាន​ស្រួល​ៗ​ឯណា​?!»​
​«​ម៉ាក់​ខ្ញុំ​ចាប់​ពីរ​នាក់​នោះ​?»​
​ឃើញ​ម៉ាឌី​​ខំ​សង្ខើញ​ក្ដោប​យក​ដំណឹង ​អង្គ​រក្ស​នៅ​ស្ដាំ​ដៃ​នាយ​ដកដង្ហើម​ធំ មុន​ពេល​សារភាព​ដំណើររឿង​ប្រាប់​កំលោះ​នេះ៖
​«​ពេល​លោក​ក្មួយ​មក​ចរចា​ជាមួយ​គាត់ យក​ឈ្មោះ​ថ្នាំ​ពុល​លើ​ខ្លួន​ពេជ្រ​ ដា​ណែន​ចេញ​ទៅ​បាន ខៀវ​សូត្រា​ចូល​មក​ដល់ ដោយ​វិធី​តាម​ពី​ក្រោយ​លេខា​ឈ្មោះ​អា​ពីន​ ដែល​លោក​ជំទាវ​បាន​ដាក់​បង្កប់​ក្បែរ​ដាមិកា! និពន្ធ​នាយក​នោះ​មក​រក​ឈ្មោះ​ថ្នាំ​យក​ទៅ​ជួយ​ពេជ្រ ដា​ណែន​ដូច​គ្នា! ប៉ុន្តែ​លោក​ជំទាវ​និង​គេ​នោះ​ព្រមព្រៀង​ថា​ ទាល់តែ​នាំ​ដាមិកា​​ចេញ​ទៅ​ឆ្ងាយ ទើប​ព្រម​ឱ្យ​​ឈ្មោះ​ថ្នាំ បាន​ន័យ​ថា ដល់​ម៉ោង​ដល់​ពេល​​គម្រោង​ការ​នៅ​ភ្នំ​ពេញ​ចប់​ បាន​ឱ្យ​​ឈ្មោះ​ថ្នាំ​ទៅ​ខៀវ​​ សូ​ត្រា​!»​

«​ល្ងង់​!»​
​ម៉ាឌី​​ភ្លាត់មាត់​និយាយ​រួច​ឈប់​វិញ។​
​ចិត្ត​នាយ​នៅតែ​កើត​ក្ដី​ប្រចណ្ឌ​ ឱ្យ​តែ​នឹកឃើញ​ដល់​បុរស​នោះ​ហើយ ​បេះដូង​នាយ​នឹក​ទៅ​ដល់​ពេជ្រ​ ដា​ណែន​ក្នុង​ពេល​ទន្ទឹម​គ្នា​ដែរ។
​ឈប់​បន្តិច​​គេ​ចាប់ផ្ដើម​​សួរ​៖​
​«​ដាមិកា​​អាច​មាន​គ្រោះ​ថ្នាក់​អត់​?»​
​អង្គ​រក្ស​នៅ​ស្ងៀម​ ដែល​ធ្វើ​ឱ្យ​​ម៉ាឌី​​ដឹង​ច្បាស់​ថា​ សូត្រា​បាន​ចាញ់​បញ្ឆោត​ម្ដាយ​ខ្លួន​ច្បាស់​ណាស់​ ហើយ​គេ​ដឹង​ទៀត​ថា ​ម្ដាយ​កំណាច​នេះ​ គ្មាន​ផ្លូវ​ឱ្យ​ដាមិកា​​បាន​វិល​មក​វិញ​​ទេ។

វិធី​ជួយ​សង្គ្រោះ​ខៀវ ​សូត្រា​និង​ដាមិកា​​មាន​តែ​ម្យ៉ាង​គត់​គឺ…
​«​ខ្ញុំ​ទុក​ពេល​ឱ្យ! ​ទៅ​ប្រាប់​លីនរ៉ាណា​ឬ​ប៉ូលិស​ពី​ការ​ពិត​ទៅ! ប្រាប់​ទៅ​ថា​ពួកគេ​នៅ​ឯ​ណា ហើយ​នាំ​គ្នា​យក​រង្វាន់​៥០​ម៉ឺន​ចុះ​!»​
​អង្គ​រក្ស​គ្រវីក្បាល៖
​«​កន្លែង​ដែល​ពួកគេ​ទៅ ហើយ​ទៅ​ជាមួយ​អ្នក​ណា​មាន​តែ​លោក​ជំទាវ​និង​ខៀវ ​​សូ​ត្រា​ទេ​ដែល​ដឹង​!»​
​ម៉ាឌី​ងើប​មុខ​ពិចារណា​ទាំង​សៅ​ហ្មងចិត្ត។
​សេចក្ដី​សង្ឃឹម​ថា​លីនរ៉ាណា​អាច​រក​ឃើញ​ដាមិកា​​ គឺ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក។​
​គេ​ដក​ដង្ហើម​វែង​ទាំង​ថប់​បារម្ភ មុន​ពេល​បញ្ជា៖
​«​ថែម​ល្បឿន​! ប្រញាប់​!»​

​រថយន្ត​ពន្លឿន​ការ​ធ្វើ​ដំណើរ​​តាម​បង្គាប់​របស់​ម៉ាឌី ​​ហើយ​មក​ដល់​ភ្នំពេញ​នៅ​ពេល​ថ្ងៃ​ត្រង់។
​ជា​បន្ទាន់​គេ​ចូល​ទៅ​រក​អ្នកស្រី​​វិល័យ​នៅ​​​មន្ទីរ​ពេទ្យ។​
​អ្នកស្រី​វិល័យ​ត្រូវ​បាន​បញ្ជូន​ចេញពី​បន្ទប់​​​សង្គ្រោះ បន្ទាន់ ​ទៅ​នៅ​ចុង​អគារ​ដោយ​មាន​ប៉ូលិស​ពីរ​នាក់​នៅ​យាម​ខាង​មុខ​ផង។

តាម​ការ​នាំ​ផ្លូវ​នៃ​ពួក​កង​អង្គ​រក្ស​ គេ​បាន​មក​ដល់​មុខ​បន្ទប់ ហើយ​ណែនាំ​ខ្លួន​ដើម្បី​ចូល​សួរ​សុខទុក្ខ៖
​«​ខ្ញុំ​ជា​កូន​ប្រុស​គាត់!»
​ទី​បំផុត​ម៉ាឌី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ចូល​ទៅ​ខាងក្នុង។​
​អ្នកស្រី​វិល័យ​ទំនង​ជា​បាន​ឆ្លងកាត់​គ្រោះ​ថ្នាក់​ហើយ ទើប​បាន​ត្រូវ​បញ្ជូន​ចេញ​មក​ទី​នេះ ប៉ុន្តែ​គាត់​នៅ​បិទ​ភ្នែក​ជិត​ឈឹង។​
​ម៉ាឌី​​រក្សា​ភាព​ស្ងាត់ស្ងៀម​អង្គុយ​ក្បែរ​គ្រែ​ ហើយ​ពិចារណា​ពី​អ្វី​ដែល​ត្រូវ​ធ្វើ។​

ចុងក្រោយ​គេ​ចាប់​ផ្ដើម​និយាយ​៖​
​«​ម៉ាក់​ឱ្យ​គេ​នាំ​ខ្ញុំ​មក ហើយ​ពេល​នេះ​ម៉ាក់​នៅ​គេង​ស្ងៀម​ដល់​ណា​?»​
​ស្ត្រី​នេះ​ស្រាប់តែ​បើកភ្នែក​ ធ្វើ​ឱ្យ​​ម៉ាឌី​​ភ្ញាក់​ព្រើត​ស្ទើរ​លស់​ព្រលឹង។​
​ពី​ដេក​សន្លប់​ធ្វើ​ដូច​មនុស្ស​គ្មាន​សង្ឃឹម​ ពេល​នេះ​បើកភ្នែក​មក​វិញ​​ ពិនិត្យ​ពិច័យ​ទឹកមុខ​នាយ​ចុះ​ឡើង យ៉ាង​ម៉ត់ចត់ ធ្វើ​ឱ្យ​​ម៉ាឌី​​យល់​ថា​ដំណាក់កាល​ណា​ក៏​ស្ត្រី​ម្នាក់​នេះ ​នៅ​តែ​ជា​មនុស្ស​មាន​ល្បិច​ មិន​អាច​ប្រហែស​បាន។

កំលោះ​បាត់ដំបង​ធ្វើ​មុខ​ដូច​ជា​កើតទុក្ខ​ជា​ខ្លាំង ​ដើម្បី​បន្លំ​ភ្នែក​គាត់។​
​«​ម៉ាក់​ម៉េច​ក្នុង​ខ្លួន​ហើយ​?»​
​អ្នក​វិល័យ​ដៀង​​​ភ្នែក​សម្លឹង​ជុំ​វិញ​​ខ្លួន​ មុន​ពេល​បក់ដៃ​ហៅ​នាយ​ឱ្យ​​ឱន​​​មក​ ហើយ​ចាប់ផ្ដើម​​ខ្សឹប​បញ្ជា​៖​
​«​សម្លាប់​មនុស្ស​២​នាក់​ឱ្យ​​ម្ដាយ​!»​
​ម៉ាឌី​​ស្ដាប់​ឮ​ពាក្យ​ប៉ុន្មាន​​​ម៉ាត់​នេះ សឹង​គាំង​បេះ​ដូង​បាន។​
​ដៃ​ត្រជាក់​ស្រេប​របស់​ស្ត្រី​កំណាច​លូក​មក​ចាប់​ក​ដៃ​នាយ ​ធ្វើ​ឱ្យ​​ម៉ាឌី​​ភ្ញាក់​ដូច​គេ​កន្ត្រាក់។​ បើ​កុំ​តែ​ស្ត្រី​នេះ​នៅ​ង៉ាង​ជាតិ​ថ្នាំ​ផ្សះ​ កុំអី​គាត់​អាច​មើល​ដឹង​ពី​អារម្មណ៍​ជំ​ទាស់​របស់​កូន​ប្រុស​កម្សត់​ម្នាក់​នេះ ​ទោះ​គេ​ធ្វើ​ដូចជា​នឹងនរ​ណាស់​ក្ដី។
​«​ម្ដាយ​នឹង​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ឱ្យ​​ឯង ឱ្យ​​តែឯង​យក​ព័ត៌មាន​ស្លាប់​ដាមិកា​​ ខៀវ ​​សូ​ត្រា​មក​ដល់​នេះ​!»​

បេះដូង​នាយ​លោត​ញាប់​ ប៉ុន្តែ​នេះ​ក៏​ជា​ឱកាស​ដើម្បី​ដឹង​បាន​ថា​ និពន្ធ​នាយក​និង​ម្ដាយ​មីង​ខ្លួន​ពេល​នេះ​នៅ​ឯ​ណា។​
​«​ម៉ាក់​កុំ​កុហក​កូន​ឱ្យ​​សោះ​!»​
​គេ​ឆ្លើយតប​ភ្លាម ​ព្រោះ​អន្ទះសា​ចង់បាន​ដំណឹង​ពិស្ដារ​ជាង​នេះ។ អ្នក​វិល័យ​ងាក​មក​សម្លឹង​កូន​ប្រុស​នេះ​ត្លែ ​ព្រោះ​ជា​មនុស្ស​ដែល​ទុកចិត្ត​ខ្លួនឯង​ពេញ​មួយ​ជីវិត​មក​ហើយ​ ទើបតែ​ពេល​នេះ​ដែល​យល់ថា ពេល​ខ្លួនឯង​បញ្ជា​រាងកាយ​លែងកើត​ គួរតែ​មាន​មនុស្ស​ជាទី​ទុកចិត្ត​ណា​ម្នាក់​អាច​មក​ដោះស្រាយ​បំណង​ចុងក្រោយ​សម្រាប់​ខ្លួន​បាន។​

ម៉ាឌី​​ខំ​បញ្ចេញ​ទឹក​មុខ​រឹងមាំ​បន្លំ​ភ្នែក​គាត់ ​ហើយ​និយាយ​បន្ថែម​៖​
​«​លីន​រ៉ា​ណា​ប្រកាស​ឱ្យ​​៥០​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​នាំ​ដាមិកា​​មក​ផ្ទះ​វិញ​​បាន​!»​
​កំហឹង​កើតមានឡើង​ក្នុង​ភ្នែក​អ្នក​វិល័យ​​ ដូចដែល​នាយ​បាន​គិត។​ ស្ត្រី​នេះ​ទោះបីជា​ដេក​ជាប់​គ្រែ​ហើយ​ក៏ដោយ​ នៅតែ​មិន​ចោល​ចរិត​ចងពៀរ​ព្យាបាទ។​

ឈ្មោះ​លីន​រ៉ាណា​ធ្វើ​ឱ្យ​​គាត់​កាន់តែ​ទោសៈ​ ហើយ​ចង់​ឈ្នះ​សូម្បីតែ​វិនាទី​ចុងក្រោយ ​ក៏​នឹក​ឃើញ​ចង់​​សម្លាប់​មនុស្ស។​ គាត់​ប្រឹង​និយាយ​ទាំង​កម្លាំង​ខ្សោះ​៖​
​«​សម្លាប់​ពីរ​នាក់​នោះ​ មុន​ពេល​ពួក​អ្នក​ផ្ទះ​វា​ រក​វា​ឃើញ​!»​
​ម៉ាឌី​​នៅ​ស្ងៀម ​ព្រោះ​ស្អប់ខ្ពើម​ចរិត​អមនុស្ស​នេះ ​ប៉ុន្តែ​វិល័យ​​បែរជា​យល់​ខុស​ពី​អ្វី​ដែល​កូន​ប្រុស​ម្នាក់​នេះ​កំពុង​គិត​ ដូច្នេះ​ហើយ​គាត់​វាចា​មក​បន្ថែម​៖​
​«​កុំ​ថា​៥០​ម៉ឺន សូម្បីតែ​Red Index នឹង​ក្លាយ​មក​ជា​របស់​ឯង​!»​

«​ខៀវ​ សូត្រា​នៅឯណា​?»​
​គាត់​បក់ដៃ​ហៅ​គេ​ឱន​​​ទៅ​ជា​សាជាថ្មី​ហើយ​ខ្សឹប។​
​ពេល​គេ​ងើបមុខ​មក​វិញ អ្នក​វិល័យ​ពោល​បន្ថែម​៖​
​«​ហើយ​ត្រឡប់​មក​វិញ​ ម្ដាយ​រៀបការ​ជោគ​ជតា​ឱ្យ​​ឯង កូន​ប្រុស​!»​
​គេ​នៅ​ស្ងៀមស្ងាត់​ចោល​ភ្នែក​សម្លឹង​ស្ត្រី​នេះ​មិន​មាត់​មិន​ក​ ប៉ុន្តែ​រយៈពេល​ពីរ​បី​នាទី​សម្រាប់​ពិចារណា​នេះ​ គេ​បែរជា​ចាប់អារម្មណ៍​ឃើញ​ថា​ ជោគ​ជតា​ក៏​កំពុង​នៅ​ក្នុង​ដៃ​ស្ត្រី​នេះ។​

«​ជោគ​ជតា​នៅឯណា​?»​
​ស្ត្រី​សើច​មុន​ពេល​និយាយ​៖​
​«​បើ​ពីរ​នាក់​នោះ​ស្លាប់​ហើយ​កាលណា ម៉ាក់​ឱ្យ​​កូន​ឯង​ជួប​ក្មេង​ច្រមក់​នោះ​!»​
​ម៉ាឌី​​ងើប​អង្គុយ​ត្រង់​ខ្លួន​ ដោយ​រក្សា​ទឹក​មុខស្មើ​ ប៉ុន្តែ​ក្នុង​ទ្រូង​វិញ​នាយ​សែន​ហួសចិត្ត។​
​សូម្បី​តែ​អតីត​គូ​ដណ្ដឹង​ម្នាក់​នោះ ក៏​មក​ធ្លាក់​ក្នុង​ដៃ​គាត់​តាំងពី​កាល​ណា​មក​មិន​ដឹង។ តើ​គាត់​ធ្វើ​រឿង​យ៉ាង​ច្រើន​អស់​នេះ​ដើម្បី​អ្វី?

តាម​ពិត​ចរិត​របស់​ម៉ាឌី​ ពិត​ជា​ចង់​ពន្យល់​គាត់​ថា​ ជោគ​ជតា​មិនមែន​ជា​នារី​ដែល​ខ្លួន​ចង់​បានទេ ហើយ​បើ​ទោះ​ណា​ជា​គាត់​មាន​អន្ទាក់​អាច​បង្ខំ​នាង​ឱ្យ​​រៀប​ការ​ជាមួយ​ខ្លួន ប៉ុន្តែ​ចិត្ត​នាង​មិន​ដែល​មាន​ស្នេហា​នេះ​ផង ឱ្យ​​ខ្លួន​ទទួល​យក​នាង​បាន​ប្រយោជន៍​អ្វី​?​ តើ​គាត់​ទៅ​ល្មើសច្បាប់​ ចាប់​បង្ខាំង​ក្មេង​ស្រី​មិន​ដឹង​រឿង​នោះ​ឱ្យ​​នាំ​ទុក្ខ​លំបាក ​សាង​បាប​បាន​ប្រយោជន៍​អ្វី​ទៅ​?​

ទោះ​យ៉ាង​ណា​គេ​មិន​បញ្ចេញ​ប្រតិកម្ម មិន​វាចា​ពន្យល់​អ្វី​ទាំងអស់​ទៅកាន់​អ្នក​វិល័យ ​ព្រោះ​គេ​យល់​ថា​គ្មាន​អ្នកណា​អាច​កែប្រែ​ចរិត​កាច​ឫស្យា​របស់​ស្ត្រី​ម្នាក់​នេះ​បាន​ឡើយ។​
​សំឡេង​គាត់​លាន់​មក​តឿន​៖​
​«​ទៅ​ៗ ទៅ​ឱ្យ​បាន​មុន​ពួក​នោះ​!»​
​ម៉ាឌី​​ប្រមូល​អារម្មណ៍​ត្រឡប់​មក​វិញ ពេល​ដែល​ស្ត្រី​នោះ​ដាក់​កាត​មួយ​មក​លើ​បាតដៃ​នាយ។​
​«​ដក​លុយ​គ្មាន​ការ​កំណត់​ទេ​! ប្រើ​លុយ​ប៉ុន្មាន​ក៏​ដោយ ធ្វើ​អ្វី​ក៏​ដោយ​កុំ​ឱ្យ​​កូន​របស់​លីន​រ៉ា​ណា​បាន​តំណែង​នៅ Red Index»​

ម៉ាឌី​​ក្រោក​ឈរ ​​ព្រោះ​ត្រូវ​គាត់​បណ្ដេញ​ឱ្យ​​ប្រញាប់​ក្រោក​ទៅ។ នៅ​ក្នុង​ជំហាន​និមួយៗ​ គេ​គិត​ហើយ​គិត​ទៀត​ថា គំនុំ​ដ៏​ជ្រៅ​នេះ​ ហេតុអ្វី​បាន​ជា​ម្ដាយ​កំណាច​ម្នាក់​នេះ​មិន​ស្លាប់​ លីន​រ៉ា​ណា​បែរ​ជា​បង្កើត​គ្រោះ​មហន្តរាយ​ដល់​កូន​ៗ​របស់​ពួកគេ​ទៅ​វិញ​?​
​សំឡេង​អ្នក​វិល័យ​​និយាយ​ម្នាក់ឯង​ពី​ក្រោយខ្នង​ម៉ាឌី៖
​«​លីនរ៉ាណា​​! ​ឯង​ល្អ​មើល​ដែរ ដែល​ទៅ​បញ្ចប់​ជីវិត​ក្នុង​គុក ហើយ​ដេក​ចាំ​មើល​កូន​ៗ​ឯង​ស្លាប់​ទៅ​មុន​ឯង គឺ​ឃើញ​ពួកវា​ស្លាប់​នៅ​នឹង​ភ្នែក!»
​ម៉ាឌី​ក្ដុកក្ដួល​ចិត្ត​ នឹង​ជំងឺ​ចិត្ត​ឧក្រិដ្ឋ​ដ៏​ធ្ងន់​នៃ​នារី​ម្នាក់​ ដែល​បាន​ផ្ដល់​កំណើត​មក​ឱ្យ​​ខ្លួន​នេះ។​

នាយ​លែង​និយាយ​ស្ដី​អ្វី​ ក្រៅ​ពី​អង្គុយ​សម្លឹង​សេចក្ដី​សង្ឃឹម​ក្នុង​ភ្នែក​គាត់ ​ដែល​ពេល​នេះ​ដេក​ស្ងៀម​លើ​គ្រែ​ពេទ្យ​ហើយ នៅ​នឹក​ឃើញ​មិន​បាត់​នូវ​សេចក្ដី​​ចង​អាឃាត។
​អ្នកស្រី​​វិល័យ​ដែល​ពេញ​ដោយ​គំនុំ​ ធ្មេច​ភ្នែក​បិទ​ទៅ​​វិញ​​សន្សឹម​ៗ​ ជា​សញ្ញា​ចង់​បណ្ដេញ​នាយ​ឱ្យ​​ចេញ​ទៅ​ធ្វើ​ការ​ដើម្បី​គាត់។
​គេ​ក្រោក​ហើយ​រុញ​ទ្វារ​បន្ទប់​​ដើរ​មួយៗ​ចេញ​មក​ក្រៅ។
​ដៃ​មិន​ទាន់​បិទ​ទ្វារ​ទៅ​វិញ​ផង គេ​ងើប​មុខ​មក​ឃើញ​វិច្ឆិកា​នៅ​រង់ចាំ​ជា​ស្រេច​លើ​ជួរ​កៅអី​វែង។

ក្នុង​ចិត្ត​ដែល​កំពុង​រែក​ពុន​នូវ​ចំណោទ​ថ្មី​ជា​ច្រើន​ សម្រាប់​ស្វែង​រក​ដំណោះ​ស្រាយ​ ម៉ាឌី​​ពិត​ជា​មាន​អារម្មណ៍​សម្ងាត់​ថា ហាក់​បី​ដូច​ជា​ត្រេកអរ​ពេល​ឃើញ​វត្តមាន​ប្រធាន​និស្សិត។
​ទោះ​បី​ជា​គេ​រក្សា​ទឹក​មុខ​ស្មើ​មិន​មាត់​មិន​ក គ្មាន​អ្នក​ណា​ដឹង​ពី​មនោសញ្ចេតនា​ពិត​រវាង ម៉ាឌី​​និង​វិច្ឆិកា​ក៏​ដូច​ជា​ការ​រលះរលាំង​លេច​មុខ​មក​ដល់​ទី​នេះ ទាន់ហន់​របស់​ប្រធាន​និស្សិត ​ប៉ុន្តែ​ធាតុ​ពិត​ពីរ​នាក់​គេ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ​គ្នា។​

ម៉ាឌី​​ធ្វើ​ជា​តោះតើយ​មិន​សម្លឹងមុខ​វិច្ឆិកា មិន​និយាយ​អ្វី​ដាក់​នាយ ហើយ​ងាក​ទៅ​បញ្ជា​កង​អង្គ​រក្ស​ដែល​កំពុង​ឈរ​រង់ចាំ​រេរា​ខ្លួន​៖​
​«​ពូៗ​នៅ​ទី​នេះ​ជាមួយ​ប៉ូលិស ការពារ​ម៉ាក់​ខ្ញុំ​!​ មិន​ឱ្យ​​អ្នកណា​ចូល​ទាំង​អស់​!​ អ្នក​ណា​ក៏​ដោយ​!​»​
​គេ​ថា​ចប់​ដើរ​រ៉ុយ​ចាកចេញ ធ្វើ​ឱ្យ​​អង្គ​រក្ស​ចាស់​ជាងគេ​ម្នាក់ ដែល​ជា​អ្នក​ទៅ​នាំ​គេ​មកពី​បាត់​ដំបង​យ៉ាង​ទាន់ហន់​នោះ ស្ទុះ​មក​រត់​តាម​​​ត្រឹកៗ​ហើយ​ដេញ​សួរនាំ​៖​
​«​លោក​ក្មួយ​ទៅ​ណា​?»​

កំលោះ​​បាត់ដំបង​ត្រូវតែ​លេង​ល្ខោន​ធ្វើ​ឱ្យ​​ដូច​ជា​ការពិត​៖​
​«​ខ្ញុំ​មាន​ការងារ​បន្ទាន់​ត្រូវ​ដោះ​ស្រាយ​ជាមួយ​ពេទ្យ​! ម្ដាយ​ខ្ញុំ​ប្រើ​ឱ្យ​ធ្វើ​ក្នុង​ពេល​នេះ​!​ ពូ​ជួយ​រក​មនុស្ស​ពូកែ​ៗ​ពីរ​បី​នាក់​មក​ឱ្យ​​ខ្ញុំ​! ​ខ្ញុំ​ប្រហែលជា​ចេញ​ពី​ភ្នំ​ពេញ​បន្តិច​​ទៀ​ត​! ​ចាំ​ខ្ញុំ​នៅ​ក្រោម​»​
​ថា​ហើយ​ម៉ាឌី​​វាត់​កន្ទុយភ្នែក​សម្លឹង​វិច្ឆិកា​ មុន​ពេល​ចាកចេញ។​
​បាន​ដូច​គេ​គិត នៅ​ពេល​គេ​ចុះ​មកដល់​ជាន់​ផ្ទាល់​ដី ​រួច​បំបែរ​ទិសដៅ​គេច​ចូល​ទៅ​ក្នុង​បន្ទប់​​រង់ចាំ។​

នៅ​តាម​បណ្ដា​ផ្ទាំង​កញ្ចក់​បន្ត​កន្ទុយ​គ្នា​នៃ​ខឿន​បង្អួច​ក្នុង​អគារ​ពេទ្យ ម៉ាឌី​​អាច​មើល​ទៅមុខ​ឃើញ​ស្រមោល​វិច្ឆិកា ​ដែល​បោះ​ជំហាន​វែងៗ​មក​តាម​ពី​ក្រោយ​កិតៗ ដូច្នេះ​នាយ​បន្ត​គេច​ចូល​ទៅ​ក្នុង​បន្ទប់​​​ពិនិត្យ​អេកូសាស្ត្រ​ដែល​នៅ​ចុង​បញ្ចប់​នៃ​អគារ។
​បន្ទប់​​នេះ​គ្មាន​មនុស្ស​សូម្បី​ម្នាក់ ​ថែម​ទាំង​មិន​បាន​ចាក់​គន្លឹះ​ ពិត​ជា​អំណោយ​ផល​ដល់​ឆាក​ល្ខោន​នេះ។
​គេ​រិះរក​កន្លែង​លាក់​ខ្លួន​ ហើយ​មិន​ពន្លត់​ភ្លើង​ ធ្វើ​ដូច​ជា​គ្មាន​អ្នក​ណា​នៅ​ទេ។​
​គំនិត​ម៉ាឌី​​គឺ​ថា ​គ្មាន​អង្គ​រក្ស​ណា​ម្នាក់​របស់​ម្ដាយ​ខ្លួន​ នឹង​មក​តាម​រក​ដល់​ទី​នេះ​ទេ ចំណែក​ថា​បើ​មាន​ពេទ្យ​ចូល​មក​ឃើញ អាច​ត្រឹម​ប្រាប់​គេ​ថា​មិន​ស្គាល់​កន្លែង​បង់​ប្រាក់​ហើយ​ចូល​ច្រឡំ។
​ដូច​ការ​ចង់​បាន​របស់​នាយ​មែន មិន​ដល់​ពីរ​នាទី​ត្រឹមត្រូវ​ផង វិច្ឆិកា​ពិត​ជា​បាន​បង្ហាញ​ខ្លួន​​នៅ​មាត់ទ្វារ​មិន​ឱ្យ​ម៉ាឌី​​រង់ចាំ​ខាត​ពេលវេលា​យូរ។​

ប្រធាន​និស្សិត​ពិនិត្យ​ឆ្វេង​ស្ដាំ ​មុន​ពេល​រុញ​ទ្វារ​ចូល ហើយ​ដាក់​​គន្លឹះ​ទៅ​វិញ​ជិត។​
​គេ​ងាក​មក​រក​ម៉ាឌី​​បម្រុង​សួរ​អ្វី ប៉ុន្តែ​ម៉ាឌី​​ទំនង​ជា​គ្មាន​ពេលវេលា​រង់ចាំ​ឡើយ ​បានជា​ចាប់ផ្ដើម​​និយាយ​ប្រាប់​មុន​ក្នុង​សព្ទ​សំឡេង​ស្រាល​ៗ​៖​
​«​ខ្ញុំ​ចេញ​ទៅ​ឥឡូវ​ហើយ​! តាម​ខ្ញុំ​ឱ្យ​​ជាប់​! ​ខ្ញុំ​ដឹង​កន្លែង​របស់​ដាមិកា​​និង​ខៀវ​​ សូ​ត្រា​!»
​ថា​ចប់​នាយ​បម្រុង​​ចាកចេញ​ទៅ​វិញ ព្រោះ​ពេលវេលា​ប្រថុចញ៉ុច ប៉ុន្តែ​ត្រូវ​វិច្ឆិកា​រាំង​ដៃ​ឃាត់​ជាមួយ​ទឹក​មុខ​មិន​សប្បាយចិត្ត។​
​ប្រធាន​និស្សិត​សួរ​គេ​ក្នុង​ទឹកមុខ​ម៉ឺងម៉ាត់​៖​
​«​អត់​ទេ​! ឆាប់​ប្រាប់​មក ជោគ​ជតា​នៅ​ឯណា​!?»​
​សម្លឹង​ភ្នែក​គេ ម៉ាឌី​​ដឹង​ថា​បុរស​នេះ​ស្រលាញ់​អតីត​គូ​ដណ្ដឹង​របស់​ខ្លួន​ស្មើ​នឹង​ជីវិត។​

គេ​ដឹង​ថា​សូម្បីតែ​ពេល​នេះ ខៀវ​ សូត្រា​ឬ​ដាមិកា​​ក្លាយ​ជា​អ្វី​មិនមែន​ជា​រឿងរ៉ាវ​របស់​វិច្ឆិកា​​សម្រាប់​ដឹង​ទៀ​ត​នោះ​ទេ។ បេះដូង​គេ ទឹកមុខ​ខូចចិត្ត​ដល់​រូង​ភ្នែក​របស់​គេ បង្ហាញ​ជាក់​ស្តែង​ពី​ប្រធានបទ​អាទិភាព​តែ​មួយ​គត់​គឺ ​«​នាង​»។​

ម៉ាឌី​​នៅ​ស្ងៀម ធ្វើ​ឱ្យ​​វិច្ឆិកា​មិន​ចង់​អត់ធ្មត់ គេ​លូក​ដៃ​ច្បាម​ស្មា​បុរស​ក្មេង​ហើយ​ព្រមាន៖
​«​ម្ដាយ​ឯង​ប្រាប់​ថា​ម៉េច​ខ្លះ ឆាប់​និយាយ​មក​?»​
​«​គាត់​មិន​និយាយ​ទេ​!​ តែ​ជោគ​ជតា​មិន​អី​ទេ​!​ ខ្ញុំ​គិត​អ៊ីចឹង​ ព្រោះ​ម្ដាយ​ខ្ញុំ​នៅ​ខាង​លើ​ មិញ​នេះ​សន្យា​ថា​គាត់​នឹង​រៀប​ការ​ឱ្យ​​ពួក​ខ្ញុំ ពេល​ខ្ញុំ​សម្លាប់​ដាមិកា​រួច!»
​វិច្ឆិកា​ពេញ​ដោយ​កំហឹង គេ​ច្បាម​នាយ​កាន់​តែ​ខ្លាំង​ទាំង​គំ​ហក​៖​
​«​ឆ្កួត​សុទ្ធ​!»​

ម៉ាឌី​​រលាស់ដៃ​ប្រធាន​និស្សិត​ចេញ​ហើយ​ពី​ស្មា​ខ្លួន។​
​តាមពិត​គេ​កំពុង​ស្មុគ​ហើយ​សៅហ្មង ប៉ុន្តែ​គេ​ទប់​ចិត្ត​បាន​នឹងនរ​ជាង​វិច្ឆិកា​ ហើយ​ទប់​និយាយ​ពន្យល់​តាម​សម្រួល៖
​«​ខ្ញុំ​ត្រូវ​ទៅ​ដោះ​ស្រាយ​កិច្ចការ​ច្រើន​ទៀ​ត​! ជោគ​ជតា​គេ​មិន​អី​ទេ ទុក​មួយ​ឡែក​សិន​ទៅ​! បើ​ទៅ​មិនទាន់​ ដាមិកា​​និង​ខៀវ​​ សូ​ត្រា​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​!»​
​«​អត់​ខ្វល់​!»​
​វិច្ឆិកា​គំ​ហក​កាត់​ធ្វើ​ឱ្យ​​ម៉ាឌី​​ចំហ​មាត់​ធ្លុង។​
​«​ប្រាប់​មក ជោគ​ជតា​នៅឯណា​?»​
​គេ​ព្រមាន​មក​ទៀត ធ្វើ​ឱ្យ​​ម៉ាឌី​​រឹតតែ​ភាំង។​

ស្នេហា​និង​ការ​ខ្វល់ខ្វាយ​ហួសហេតុ ​ធ្វើ​ឱ្យ​វិច្ឆិកា​ប្ដូរ​ចរិត​ពី​ការ​ឈឺឆ្អាល​អ្នកដទៃ មក​ជា ​«​មិន​រវល់​នឹង​អ្វី​ទាំង​អស់» ហើយ​មិន​ស្ដាប់​​ហេតុផល​អ្វី​ទាំង​អស់​ដែរ។
​យល់​ដូច្នេះ​ហើយ​ បាន​ជា​ម៉ាឌី​​គ្មាន​ពេល​កំដរ។
​កំលោះ​បាត់ដំបង​និយាយ​ដោយ​មាំទាំ ​ទៅ​កាន់​កែវភ្នែក​រង់ចាំ​ចម្លើយ​របស់​វិច្ឆិកា៖
​«​ព្រោះ​ខ្ញុំ​អត់​មាន​ពេល​នៅ​ពន្យល់​វែងឆ្ងាយ​! បើ​មីង​ដាមិកា​​មាន​រឿង​អី Red Index​ គ្មាន​អ្នក​គ្រប់​គ្រង​ទេ!»​
​ថា​ហើយ​គេ​បម្រុង​ចាកចេញ ​តែ​ត្រូវ​វិច្ឆិកា​ច្បាម​ជា​ថ្មី​តែម្ដង​ នេះ​មិន​មែន​ច្បាម​ស្មា​ទេ​ គឺ​ច្បាម​កអាវ។​
​ម៉ាឌី​​ផ្ទុះ​កំហឹង ប៉ុន្តែ​សំឡេង​វិច្ឆិកា​លាន់​មក​កំដរ​ភាព​សៅហ្មង​របស់​គេ​៖​
​«​នៅ​ចាំ​បាន​ទេ ពេល​ដា​ណែន​បាត់​ទៅ​ចិត្ត​ឯង​ខូច​កម្រិត​ណា​?​ ពេល​នេះ​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នោះ​! បើ​ឯង​មិន​និយាយ ខ្ញុំ​អាច​នឹង​ធ្វើ​អ្វីៗ​ច្រើនជាង​នេះ​ទៀត​ក៏​ថា​បាន​!»​

ម៉ាឌី​​ប្រទាញ​រើ​បម្រះ តែ​វិច្ឆិកា​រឹតតែ​ច្បាម ។​ មាត់​គេ​និយាយ​មិន​ឈប់ ​គឺ​និយាយ​ឱ្យ​​ស្មើ​ទៅ​នឹង​កំហឹង​ដែល​ខ្លួន​កំពុង​តែ​មាន​៖​
​«​ម្ដាយ​របស់​ឯង​ជា​មនុស្ស​កំណាច​ សូម្បីតែ​មនុស្ស​ស្រី​ល្អ​ដូច​គេ​ក៏​ចង​ធ្វើបាប​ ដូច​​ចង​សត្វ​ធាតុ​! ឯង​កុំ​ចង់​ការពារ​ម្ដាយ​ហើយ​យកដៃ​បាំង​មេឃ​! ​ថ្ងៃ​នេះ​មិន​និយាយ​ចេញ​មក​ មិន​ឱ្យ​​ឯង​ទៅ​ណា​បាន​សូម្បីតែ​មួយ​ជំ​ហ៊ាន​!»​

«​បង​វិច្ឆិកា​!»​
​សំឡេង​ហៅ​តិច​ៗ​ធ្វើ​ឱ្យ​​ប្រអប់ដៃ​ប្រធាន​និស្សិត​របូត​ឯកឯង​ពី​កអាវ​ម៉ាឌី​ ចំណែក​ម៉ាឌី​​វិញ​ប្រែ​ទឹកមុខ​ទៅ​ជា​ភ្ញាក់ផ្អើល​ ព្រោះ​ទ្វារ​បន្ទប់​របើក​មក។​
​ពី​ក្រោយខ្នង​វិច្ឆិកា​ដែល​គេ​ងាក​ទៅ តូច​នារី​បង្ហាញខ្លួន ហើយ​សម្លឹង​មក​គេ​ទាំង​ទឹកភ្នែក​រហាម។​
​អ្វីៗ​លេចឡើង​នៅ​ចំពោះ​មុខ​ ហើយ​ក្នុង​កាលៈទេសៈ​របៀប​នេះ ប្រៀប​បី​ដូចជា​សុបិន​​មួយ ​ប៉ុន្តែ​វិច្ឆិកា​ដឹង​ថា មិនមែន​ជា​សុបិន​ទេ ព្រោះ​សក់​នាង​រប៉ាត់រប៉ាយ​ហើយ​ភ្នែក​នាង​រូង​ដូចជា​មិនបាន​ដេក​ពួន​ជាច្រើន​ពេល​មក​ហើយ។​

គេ​ភ្នែក​ពិនិត្យ​រាងកាយ​ស្រី​ស្នេហ៍​ពី​លើ​ចុះ​ក្រោម ស្រប​ពេល​នាង​ឈាន​ចូល​មក​ក្នុង។
​ដៃ​នាង​មាន​ស្នាម​ជាំ ជា​សញ្ញា​រើ​ចេញ​ពី​ចំណង​ហើយ ខោអាវ​នាង​រាត់រាយ។
​ជោគ​ជតា​ស្ទុះ​ចូល​មក​រក​នាយ​រហ័ស​ជាង​មុន ​ធ្វើ​ឱ្យ​​ប្រធាន​និស្សិត​​បើក​រង្វង់​ដៃ​ទទួល​នាង​មក​ឱប​ការពារ​ក្នុង​លង្វែក​ទ្រូង ទាំង​មិន​បាន​ព្រាងទុក។

គេ​មិន​អាច​សួរ​អ្វី​ចេញ​ព្រោះ​គាំង ប៉ុន្តែ​ម៉ាឌី​​គិតតែ​បន្តិច​ក៏​យល់​សភាពការណ៍​ពិត​ជាក់ស្ដែង​ទាំងស្រុង​ទៅ​ហើយ។​
​កំលោះ​​បាត់ដំបង​ដែល​ស្គាល់​នាង​ជា​យូរ​មក​ហើយ នាយ​ដឹង​ថា​គ្មាន​ចំណង​ណា​លើ​លោក​នេះ​អាច​ចង​កូន​ស្វា​ជោគ​ជតា​ជាប់ ក្រៅពី​ចំណង​ស្នេហ៍​របស់​បង​ប្រធាន​និស្សិត​​ម្នាក់​នេះ​ឡើយ។​
​នារី​តូច​ម្នាក់​ដែល​អាច​ផ្លោះ​របង​ចោល​រោងការ រត់គេច​ពី​ឪពុក​នៅ​ហូឡង់​ទៅដល់​ទួគី ព្រម​ទាំង​ទៅដល់​គ្រប់​ទីកន្លែង​តាម​ក្ដី​ស្រមៃ​របស់​នាង​បាន តើ​នាង​អាច​ឱ្យ​​អ្នក​វិល័យ​បង្ខាំង​ទុក​បាន​យូរ​ប៉ុនណា។

ទោះបីជា​ចូលរួម​ត្រេកអរ​ស្ងាត់​ៗ​នឹង​ការ​ជួប​ជុំ​របស់​អ្នក​ទាំង​ពីរ ក៏​ម៉ាឌី​​គ្មាន​ពេល​ឯណា​នៅ​រវល់​យូរ​ជាមួយ​ពួកគេ​ដែរ។
​នាយ​និយាយ​មុន​ចាកចេញ៖
​«​មីង​ដាមិកា​​កំពុង​មាន​គ្រោះ​ថ្នាក់​! ​បើ​អ្នក​ណា​មាន​ចិត្ត​ចង់​ជួយ​ខ្លះ កុំ​នៅ​យូរ​ពេក​ឆាប់​តាម​ខ្ញុំ​មក​!»​
​គេ​ចាកចេញ​ទៅ ដោយ​បិទទ្វារ​ឱ្យ​​វិញ​ទៀត។​
​ម៉ាឌី​​ជា​មនុស្ស​យល់​ចិត្ត​អ្នក​ដទៃ មាន​អធ្យាស្រ័យ ហើយ​ជា​មនុស្ស​ឈ្លាសវៃ​ គ្រាន់តែ​នាយ​ជា​មនុស្ស​មិន​រវល់​អើពើ​នឹង​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​ណា​រហូត​មក។

ពេល​នេះ​គេ​ត្រូវ​ការ​ដោះ​ស្រាយ​រឿង​ដាមិកា​ ក្នុង​សេចក្ដី​ប្រាថ្នា​ធំ​ពីរ​ប៉ុណ្ណោះ មួយ​ជួយ​កុំ​ឱ្យ​មាន​មនុស្ស​ស្លាប់​បន្ត ​ហើយ​មួយ​ទៀត ​ខ្លួន​គេ​មិនដែល​គិត​ចង់​បាន​តំណែង​អ្វី​នៅ​ក្រុមហ៊ុន ​ដូច្នេះ​មីង​គេ​ម្នាក់​នេះ ជា​អ្នក​សក្ដិសម​បំផុត​ ក្នុង​ការ​បន្ត​មរតក​នៅ​ទី​នោះ​ ឱ្យ​តែ​ដាមិកា​​មាន​ជីវិត​ត្រឡប់​មក​វិញ។
​«​ហើយ​បង​ឯង​មិន​ទៅ​ជួយ​សង្សារ​ចាស់​ទេ​?»​
​ជោគ​ជតា​សួរ​ភ្លាម​ ពេល​ងើបមុខ​ចេញ​ពី​ខ្លួន​គេ។

ស្រី​តូច​នេះ​មិន​ព្រម​នៅ​ក្នុង​ចំណង​របស់​អ្នកស្រី​វិល័យ​ ហើយ​បាន​ប្រើ​វិធី​របស់​នាង​ក្នុង​ការ​រត់​ចេញ​មក​បាន​ ដើម្បី​មក​រក​បង​ប្រធាន​និស្សិត​ម្នាក់​នេះ។
​លុះ​បាន​ឃើញ​គេ​កាលណា​ នាង​តាម​គេ​រហូត​មក ​ព្រោះ​ចង់​ដឹង​ឱ្យ​បាន​ច្បាស់​ពី​និយមន័យ​ស្នេហា​រវាង​គេ​និង​នាង។

មក​ដល់​ទី​នេះ នាង​ឃើញ​គេ​តាម​ម៉ាឌី​​យ៉ាង​ប្រកិត ដូច្នេះ​ហើយ​តូច​នារី​តាម​ពី​ក្រោយ រហូត​មក​ទាន់​ចំ​ពេល​ឮ​ពាក្យ​សន្ទនា​គ្រប់​បែប​យ៉ាង​រវាង​ពួកគេ។
​វិច្ឆិកា​ដឹង​ថា​ នាង​ច្បាស់​ហើយ ថា​ខ្លួនឯង​សំខាន់​កម្រិត​ណា នាង​ឮ​ផ្ទាល់​នឹង​ត្រចៀក​ពី​ជម្រើស​របស់​នាយ ដែល​មុន​នេះ​មិន​រវល់​ពី​សុខទុក្ខ​អ្នកណា​ទាំងអស់​ ក្រៅ​តែ​ពី​ការ​ចង់​ដឹង​សុវត្ថិភាព​របស់​នាង​ម្នាក់​គត់។​

ប្រធាន​និស្សិត​មិន​ឆ្លើយ​នឹង​សំណួរ​ស្រស់​ស្រី​ឡើយ គេ​ត្រឹមតែ​សួរនាំ​ពី​រឿង​របស់​នាង​៖​
​«​យាយ​ចម្កួត​នោះ​ធ្វើ​អី​ជតា​ខ្លះ​អ្ហះ​?​ គេ​មាន​វាយ​ដំ​អត់​?»​
​នាង​គ្រវីក្បាល​ហើយ​សម្លឹង​​មុខ​នាយ​ត្លែ។​
​នាង​មិន​ឆ្លើយ នាយ​សួរ​បន្ថែម​៖​
​«​ម៉ាក់​នៅ​ឯ​ណា​? ហើយ​ហេតុ​អី​ចេញ​បាន​?»​
​«​ជតា​រួចខ្លួន​ព្រោះ​បោក​ពួក​អង្គរក្ស ហើយ​ចេញ​មក​ភ្លាម ជតា​ប្រាប់​ប៉ូលិស​ពី​កន្លែង​ម៉ាក់​នៅ​! ​ម៉ាក់​ចាញ់​បោក​គាត់​!​ យាយ​នោះ​ជា​មនុស្ស​ពូកែ​​ល្បិចកល!»
​«​បង​ដឹង​ហើយ​!​ តោះ​យើង​ឆាប់​ចេញ​ពី​កន្លែង​នេះ!»

នៅ​លើ​ដង​ផ្លូវ​ នាយ​មាន​គោលដៅ​ជា​ច្រើន​ដែល​ត្រូវ​ទៅ។​
​សុវត្ថិភាព​នារី​នេះ​គឺ​ជា​រឿង​ចម្បង​សម្រាប់​វិច្ឆិកា​ ដូច្នេះ​គេ​ចង់​ជូន​នាង​ឱ្យ​ទៅ​ដល់​ដៃ​ឪពុក​សិន ​ប៉ុន្តែ​បង​វីន​ទូរ​សព្ទ​មក។​
​ទូរ​សព្ទ​រោទ៍​ជា​ច្រើន​លើក​​នាយ​នៅ​មិន​ទទួល​មក​ស្ដាប់​ ព្រោះ​ដឹង​ថា​ករណី​ដាមិកា​​ប្រហែលជា​ប្រធាន​បទ​តែ​មួយ​គត់​ ដែល​បង​ធម៌​ទាក់​ទង​មក​ក្នុង​ពេល​នេះ ហើយ​ខ្លួន​មាន​ភារកិច្ច​ជាប់​ដៃ មិន​អាច​ជួយ​អ្វី​បាន។

ជោគ​ជតា​ជា​អ្នក​លើក​ទូរ​សព្ទ​មក​ចុច​ទទួល ​ហើយ​ហុច​ឱ្យ​​នាយ​និយាយ។​
​បុរស​សម្លឹងមុខ​នារី​នេះ ទោះបីជា​នាង​រុញ​ទូរ​សព្ទ​មក​ក្បែរ​ត្រចៀក​ហើយ​ក៏ដោយ​ នាយ​នៅ​តែ​មិន​ព្រម​បន្លឺ​សំឡេង។​
​សំឡេង​បង​វីន​ហៅ​មក​ម្ដង​ហើយ​ម្ដង​ទៀ​ត​៖​
​«​ឯង​មែន​ទេ​វិច្ឆិកា​?…​ វិច្ឆិកា​?»​
​គេ​មិន​និយាយ​តប​គិត​ពី​ដៀង​ភ្នែក​មើល​នាង ​មុន​ពេល​រុញ​ទូរ​សព្ទ​ចេញ​ ហើយ​លូក​ដៃ​ម្ខាង​ទាញ​មក​ចុច​បិទ។​
​«​បង​ឯង​កើត​ថី មិន​និយាយ​នឹង​បង​វីន​?»​
​នាង​ខ្សឹប​សួរ​យ៉ាង​ប្រញាប់​ហើយ​សម្លឹងមុខ​ម្ចាស់​ចិត្ត​ត្លែ។​

មុន​ពេល​ឆ្លើយ​ប្រុស​ស្អាត​ដៀង​មក​មើល​មុខ​តូច​ច្រឡឹង​របស់​នាង​៖​
​«​គាត់​ច្បាស់​ជា​និយាយ​រឿង​ដាមិកា​​! គាត់​ប្រហែល​ហៅ​បង​ឱ្យ​​ទៅ​រក​កន្លែង​ពួកគេ​ជាមួយ​ក្រុម​គាត់​!»​
​ស្ថានភាព​របស់​នាង វិច្ឆិកា​មើល​ទៅ​អាច​ដឹង​មិនបាច់​ប្រាប់​ ថា​តូច​នារី​នេះ​កំពុង​ក្នុង​ដំណាក់​កាល​ភ័យ​បារម្ភ​ជា​ខ្លាំង។​
​ម្រាមដៃ​នាង​ស្រាក់​ចូលគ្នា ហើយ​ងាក​មុខ​សម្លឹង​ទៅ​ផ្លូវ​ខាង​មុខ។ ​យល់ចិត្ត​នាង​ដែល​កំពុង​ច្របូកច្របល់​ គេ​និយាយ​លួង​វិញ៖
​«​បង​មិន​ទៅ​ទេ​! ​បង​ត្រូវ​យក​យើង​ឱ្យ​ទៅ​ដល់​ដៃ​ប៉ា​យើង​សិន​!»​
​«​តែ​មិញ​នេះ​ម៉ាឌី​​ថា បើ​យឺត​ដាមិកា​និង​ខៀវ​​ សូ​ត្រា​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​​!»​
​នាង​និយាយ​ទាំង​ភ័យ​ព្រួយ ​នៅ​មិន​សុខ​រហូត​ដល់​បុរស​នេះ​ លូកដៃ​មក​ក្រសោប​ម្រាម​នាង។​
​ជោគ​ជតា​បែរ​មក​សម្លឹង​នាយ​វិញ ។​

សេចក្ដី​ស្នេហា​នឹង​ភាព​កក់​ក្ដៅ​ដែល​បង​ប្រធាន​និស្សិត​នេះ​ តែងតែ​មាន​ចំពោះ​នាង បាន​វិល​មក​វិញ សន្សឹម​ៗ​ធ្វើ​ឱ្យ​​បេះ​ដូង​នាង ពេល​នេះ​ផ្ដើម​​ឃ្លាត​​ឆ្ងាយ​ចេញ​បន្តិច​​ម្ដង​ៗ​ពី​ការ​ភ័យខ្លាច​ផង​ទាំងឡាយ។​
​សំឡេង​គេ​ក៏​លាន់​មក​ទៀត៖
​«​តាំង​ពី​ពេល​បាត់​យើង​!​ បង​គិត​រួច​ហើយ​!​ គ្មាន​ស្អី​មួយ​ដែល​អាច​ឱ្យ​​បង​ឃ្លាត​​ចេញពី​យើង ​សូម្បី​តែ​មួយ​ជំហាន​ណា​ទៀ​ត​ឡើយ​ ជោគ​ជតា!»
​កូន​ស្រី​លោក​ទូត សម្លឹង​មក​នាយ​ជាមួយ​ភាព​រំភើប​លេច​ឡើង​ក្នុង​កែវភ្នែក​មូលក្លុំ​ទាំង​សង​ខាង។

ភាគ​ទី​៤៣​

«ខ្ញុំ​មិន​ចង់​ឱ្យ​បង​វិច្ឆិកា​ក្លាយ​ជា​មនុស្ស​គ្មាន​ចិត្ត​គ្មាន​ថ្លើម​ទេ​!»​
​នេះ​ជា​លើក​ដំបូង ដែល​អ្វី​នាង​កំពុង​តែ​គិត​ត្រូវ​ទើរ​ក្នុង​ចិត្ត មិន​ភ្លាត់​ចេញ​មក​ក្រៅ ពេល​ភ្នែក​ភាគី​ទាំង​សងខាង​កំពុង​វិញ​ត្របាញ់​រក​គ្នា។
​ជោគជតា​ទប់​មិន​និយាយ​វា​ចេញ​មក​វិញ ព្រោះ​យល់​ថា បើ​លើក​នេះ​គេ​ចោល​នាង​ទៅ តាម​រក​ដាមិកា មិន​ដឹង​ថា អ្វី​ខ្លះ​ទេ ជា​អន្ទាក់​កំពុង​រង់ចាំ​គេ។
​នាង​ប្រឹង​ធ្មេច​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ​ រហូត​ដល់​ចុង​ក្រោយ ​ស្រី​តូច​ដក​ដង្ហើម​វែង​ ហើយ​បើក​ភ្នែក​មក​វិញ​និយាយ៖
​«​បើ​បង​វិច្ឆិកា​ចង់​ទៅ យើង​អាច​ទៅ​ជាមួយគ្នា​!»

​បុរស​ញញឹម​ហើយ​ដៀង​ភ្នែក​មើល​មក​រក​នាង។ ​គេ​ស្រដី​សួរ​ធ្វើ​ពើ៖
​«​ទៅ​ណា​?»​
​«​ទៅ​ជាមួយ​ម៉ា​ឌី រក​ដា​មិកា​និង​…»​
​ស្រី​តូច​អាក់​សម្តី ហើយ​ធ្វើ​ភ្នែក​ម៉ក់ៗ​សម្លឹង​កែវភ្នែក​បុរស​នេះ​ដែល​បន្ត​សម្លឹង​មក។​ កូន​ស្រី​លោក​ទូត​ដឹង​ថា គេ​នេះ​កំពុង​ឌឺ​នាង។
​«​ខៀវ​សូត្រា​និង​ម៉ា​ឌី ដែល​យើង​កំពុង​បារម្ភ​អ្ហះ?!»
​គេ​សួរ​ធ្វើ​ប្រចណ្ឌ ចំណែក​នាង​បូញ​មាត់​ងាក​មុខ​ចេញ តែ​តប​ឆ្លើយ​ផូង៖
​«​គ្មាន​ទាំង​អស់​!»​
​«​អ៊ីចឹង​នៅ​ឱ្យ​ស្ងៀម​ទៅ! ទៅ​ផ្ទះ ឈប់​រពឹស​ចេញ​ទៅ​ណា!»

​នាង​មិន​នៅ​ស្ងៀម​ចរចា​មក​ទៀត​ភ្លាម៖
​«​បង​វិច្ឆិកា​អ្ហា៎​!»​
​«​ថី​ទៀត​ហើយ​!»​
​«​យើង​ឈប់​និយាយ​លេង​ទៅ​ណា៎​! ​ពេល​នេះ គ្រួសារ​ខាង​បង​ធម៌​របស់​បង​វិច្ឆិកា​មាន​រឿង បើ​បង​វិច្ឆិកា​អាច​ជួយ​បាន​គួរតែ​….!»​
​«​លេខា​លីន​រ៉ា​ណា​និយាយ​រួច​ហើយ​! ​គេ​មាន​លុយ​៥០​ម៉ឺន​ថ្នូរ​នឹង​សុវត្ថិភាព​ដា​មិកា​! ​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ការ​នេះ ពួក​ប៉ូលិស​ក៏​អ៊ីចឹង ​យើង​មាន​លទ្ធភាព​ស្អី​ទៅ​ដណ្ដើម​រង្វាន់​ជាមួយ​គេ​?»​
​ថា​ហើយ​ប្រធាន​និស្សិត​សើច​ក្អាកក្អាយ ធ្វើ​ឱ្យ​នាង​សម្លក់​គេ​តាម​បែប​ហួសចិត្ត។​
​បុរស​ម្នាក់​នេះ ទី​បំផុត​សើច​ចេញ​ហើយ។ ​តូច​នារី​សម្លឹង​មុខ​គេ​ដោយ​ស្រទន់។
​ទម្លាប់​គេ វិល​មក​ដូច​ពី​មុន​វិញ​ហើយ គឺ​សើច​បាន​ក្នុង​កាលៈទេសៈ​ ដែល​មិន​សម​ថា​អាច​សើច​ចេញ​សោះ។
​គេ​បន្ត​បើក​ឡាន ប៉ុន្តែ​ទី​បំផុត​មិន​អាច​យក​ឈ្នះ​ចិត្ត​ខ្លួនឯង​បាន ​ក៏​ដៀង​មក​មើល​នារី​តូច​នេះ​សាជាថ្មី​ទៀត។

​ភ្នែក​នាង​តាម​សម្លឹង​នាយ​មិន​ងាក​ចេញ​ទៅ​ណា ដូច​ជា​ជោគ​ជតា ចង់​បង្ហាញ​ច្បាស់​ណាស់​ថា ​នាង​កំពុង​មាន​តែ​គេ​នេះ​ម្នាក់​គត់​ក្នុង​បេះដូង។
​«​មើល​របៀប​ហ្នឹង មើល​ខ្លាច​មិន​បាន​មើល​ហី​ម៉េច?»
​វិច្ឆិកា​សួរ​តិចៗ ទាំង​ញឹមៗ​កំដរ​ផង។
​សុភមង្គល​នៃ​ការ​យល់​ចិត្ត​គ្នា គឺ​ជា​អ្វី​មួយ​មាន​តម្លៃ​បំផុត​ក្នុង​ពេល​នេះ ​សម្រាប់​ស្នេហា​របស់​ពួកគេ។ នាយ​ខាង​ណេះ​វិញ​យល់​ថា ការ​រង​គ្រោះ​នឹង​ត្រូវ​ព្រាត់​ខ្ចាត់​បែក​ឆ្ងាយ​ពី​គ្នា​មួយ​រយៈ​ អាច​ជួយ​ឱ្យ​នាង​ដឹង​ច្បាស់​ពី​ចិត្ត​ខ្លួនឯង ដែល​កំពុង​ត្រូវ​ការ​អ្នក​ណា​ហើយ​ ផុត​ពី​ច្រវាក់​កាលណា​ រត់​មក​តាមដាន​នាយ​យ៉ាង​ស្អិត។

​ចំណែក​ខាង​នាង​វិញ​ ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា ​បុរស​ម្នាក់​នេះ​មិន​បាន​ចាត់​ទុក​ដាមិកា​ជា​ស្នេហា ដូច​ដែល​អ្នក​វិល័យ​អះ​អាង​ចាក់​ដោត​នោះ​ឡើយ។
​«​ចុះ​បង​វិច្ឆិកា​តាម​រក​ជតា​ដល់​ណា​ខ្លះ?»
​គេ​បែរ​សម្លឹង​ផ្លូវ​ខាង​មុខ​វិញ​ ប៉ុន្តែ​មាត់​នៅ​និយាយ​តប៖
​«​គ្រប់​កន្លែង​អស់​ហើយ! ​នៅតែ​អ៊ី​ស្តង់​ប៊ុល​ទេ​ដែល​មិន​ទាន់​ទៅ​!»​
​នាង​បាន​ចិត្ត​ណាស់ ​ពេល​ដឹង​ថា​នាយ​ស្រលាញ់​ខ្លួន​ដល់​ថ្នាក់​លែង​រវល់​នឹង​រឿង​អ្វី​គ្រប់​យ៉ាង។ ​ស្រី​តូច​ញញឹម​ ហើយ​សួរ​បន្ត​ដោយ​គ្រវី​ស្មា​តិចៗ៖
​«​រក​ធ្វើ​អី?»
​គេ​គ្រឺត​ណាស់​ជាមួយ​កាយវិការ​សម្ដី​សំដៅ​របស់​នាង។

​ពី​ការ​ស្លន់ស្លោ​តាម​រក មក​ជា​ជួប​ដោយ​មិន​នឹក​ស្មាន ពី​មិន​ដែល​សារភាព​ថា​ស្រលាញ់​អ្វី​មួយ​ម៉ាត់ មក​ជា​ការ​យល់ចិត្ត​ហួស ហើយ​ចេះ​លេង​ឫកពា​ក្និកក្នក់​កណ្ដាល​ថ្ងៃ​ចែស​ទៀត ប្រុស​ឯ​ណា​ទប់​ចិត្ត​មិន​រំជើប​រំជួល​បាន?
​«​ចង់​ដឹង​ហ្មែន?»
​នាយ​ងាក​មក​ឱន​សួរ​ទាំង​ដៃ​នៅ​កាន់​ចង្កូត។
​ឃើញ​ទឹក​មុខ​គឃ្លើន​របស់​បុរស​នេះ នាង​នឹក​ឃើញ​ដល់​សម្ដី មួយ​ចំនួន​របស់​អ្នកស្រី​វិល័យ។
​«​ប្រធាន​និស្សិត​ព្រាន​នារី​ម្នាក់​នោះ មាន​ត្រង់​ណា​ដែល​សម​នឹង​ព្រះ​នាង​តូច​របស់​អ៊ំ​នេះ​ទៅ!»
​ជោគ​ជតា គេច​ភ្នែក​ចេញ​មក​វិញ ​ព្រោះ​មិន​ហ៊ាន​ប្រ​ឈម​នឹង​ទឹកមុខ​ក្រហម​ប្រឿងៗ​របស់​នាយ។​
​ស្នេហា​ពេល​នេះ​ជា​ការ​ពិត ឬ​មួយ​មិន​ខុស​ពី​ស្រីៗ​ផ្សេងៗ​ ដែល​ធ្លាប់​មាន​ជាមួយ​កាល​ពី​ពេល​មុន​?​

នាង​ពិបាក​ចិត្ត តែ​មិន​បាន​និយាយ​ទុក្ខ​ព្រួយ​នេះ​ចេញ​មក​ឡើយ។
​ជាមួយ​នឹង​ឫកពា​របស់​នាង វិច្ឆិកា​ពោល​មក​បន្ថែម​ខ្សឹបៗ៖
​«​ហើយ​បែក​ប៉ុន្មាន​ថ្ងៃ! អ្នក​ខ្លះ​វិល​មក​វិញ ដូច​ជា​ចាស់​ទុំ​ជាង​មុន​ម៉េះ​?»​
​ជោគ​ជតា​នៅ​ស្ងៀម​ហើយ​បូញ​មាត់​តិចៗ​តាម​ទម្លាប់។ ​មិន​តែ​ប៉ុណ្ណោះ​ កែវ​ភ្នែក​នាង​សម្លឹង​ត្រង់​ទៅ​មុខ ជាមួយ​ការ​គិត​ពិចារណា​បន្ត​កន្ទុយ ​មួយ​ហើយ​មួយ​ទៀត។
​ដៃ​នាយ​ស្រាប់តែ​លូក​មក​ថ្នាក់ថ្នម​ម្រាម​ទាំង​ប្រាំ​របស់​នាង ​ធ្វើ​ឱ្យ​ស្រី​ស្អាត​ភ្ញាក់​ព្រើត​ ហើយ​បែរ​មក​មើល​វិច្ឆិកា​វិញ​យឺតៗ។
​សំឡេង​បុរស​នេះ​លាន់​មក​កំដរ​កែវភ្នែក​នាង៖
​«​នៅ​ជាមួយ​បង​ម្នាក់​នេះ​រហូត​!​ គ្មាន​សិទ្ធិ​បដិសេធ​!​ មិន​ឱ្យ​គេច​រត់​ពួន​ចុះ​ឡើង​ឡើងចុះ​!​ តាម​រក​ហត់​ខ្លាំង​ណាស់ ពិបាក​ចិត្ត​ណាស់»

​សម្ដី​គេ​ពិត​ជា​អ្វី​ដែល​នាង​ចង់​ឮ ហើយ​ស្នេហា​របស់​គេ​ដែល​ផ្ដល់​មក ត្រង់​ៗ​បែប​នេះ ជា​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​លែង​ចង់​រលាម លែង​រប៉ិលរប៉ូច ហើយ​លែង​ជា​មនុស្ស​មាត់ច្រើន​និយាយ​ច្រើន​ដួច​មុន។​
​តូច​នារី​សម្លឹង​ភ្នែក​បុរស​នេះ​ថ្មែ រហូត​ដល់​មិន​ដឹង​ឡើយ​ថា​ គេ​កំពុង​អែប​ឡាន​ចូល​ចត។
​អ្វី​ដែល​នាង​កំពុង​គិត​ បង្កប់​ពី​ក្រោម​ប្រស្រី​ភ្នែក​ដែល​ភ្លឺ​ផ្លេកៗ ​គឺ​សំណួរ​ថា «​ហេតុ​អ្វី គេ​នេះ​មើល​ទៅ​មាន​ចិត្ត​ស្មោះ​ខ្លាំង​ម្ល៉េះ? ហេតុ​អ្វី​យើង​សំណាង​ម្ល៉េះ​ បាន​ភ្ជាប់​ពាក្យ​ជាមួយ​គេ​ហើយ​មិន​រវល់​សប្បាយ​ចិត្ត​អី​បន្តិច​ណា? ហេតុ​អ្វី​គេ​នេះ​ដឹង​ថា​ យើង​ស្រលាញ់​ខៀវ ​សូ​ត្រា​នៅ​តែ​មិន​ប្រកាន់​ខឹង ​មិន​ព្រម​ដក​ថយ?»

​គេ​ចត​ឡាន ហើយ​នាង​នៅ​សម្លឹង​នាយ​ធ្មាំង។​
​រាងកាយ​គេ​ពី​លើ​ដល់​ក្រោម​ សុទ្ធតែ​ធ្លាប់​ប៉ះពាល់​គ្នា​កាល​គ្រា​រត់លូន ហេតុ​អី​ឱប​គេ​មិន​ដែល​មាន​អារម្មណ៍​អៀនខ្មាស ពេល​នេះ​គ្រាន់តែ​គេ​កាន់​ដៃ​ប៉ុណ្ណឹង ​ខ្លួន​ឡើង​រឹង​អៀន​រក​ពាក្យ​និយាយ​មិន​ចេញ?
​អនុស្សាវរីយ៍​ជា​ច្រើន​បាន​កម្រើក​ឡើង​មក​វិញ​ ដូច​ទើប​នឹង​កើត​ឡើង​ម្សិល​មិញ….
​«​បង​ឯង​កុំ​ចង់​មក​លួច​ស្រលាញ់​ជតា​!» «​ហើយ​បង​ឯង​សើច​ធ្វើ​អី​?» «​សើច​ពួក​មនុស្ស​និយាយ​
​មិន​គិត!» «​បើ​គ្រប់​គ្នា​សុទ្ធតែ​និយាយ​គិត លើ​លោក​នេះ គ​អស់ហើយ!» «​បើ​គេ​ស្រលាញ់​យើង​មែន ហាម​គេ​ជាប់​ដែរ​អ្ហះ​?» «​គេ​មាន​សង្សារ​ហើយ​!!​បង​វិច្ឆិកា​ត្រូវ​កាត់ចិត្ត​!» «​តូច​ប៉ុណ្ណឹង​រៀន​ចេះ​មាន​សង្សារ​ដែរ? ស្អែក​ប្រាប់​ប៉ា​ឱ្យ​ប្រដៅ​ចេញ!» «​បង​ឯង​មិន​ប្រាប់​គាត់​ទេ ខ្ញុំ​ដឹង​ច្បាស់​!»​
​«​កុំ​ទុក​ចិត្ត​ពេក!» «​ហើយ​បង​ឯង​គេ​មិន​បិទ​ភ្លើង​ទេ?ហើយ​បង​ឯង​មិន​ងងុយ​ទេ» «ឱ្យ​បង​វិច្ឆិកា​ឱប​ជតា​បាន​ដែរ​ទេ​?» «​មិន​ដែល​ទេ​!» «​មិន​ដែល មាន​ន័យ​ថា​ម៉េច​អ្ហះ​?» «​មិន​ដែល​ពី​ណា​មក​សុំ​ឱប​គេ​របៀប​នេះ​ទេ! យើង​មិនមែន​មនុស្ស​ស្រលាញ់​គ្នា! ជតា​មិន​ស្រលាញ់ បង​ឯង បង​ឯង​ក៏​មិន​ស្រលាញ់​ជតា​ ទើបតែ​ស្គាល់​គ្នា​ប៉ុណ្ណឹង!»

​ជោគ​ជតា​ដក​យក​ម្រាមដៃ​ខ្លួន​ទាំង​ប្រាំ ចេញ​ពី​ប្រអប់ដៃ​គេ ធ្វើ​ឱ្យ​វិច្ឆិកា​ដែល​កំពុង​ឱន​ប្រើ​ដៃ​ម្ខាង​ដោះ​ខ្សែ​ក្រវាត់​ឡាន ងាក​មក​សម្លឹង​កាយវិការ​នាង។
​ជាមួយ​ទឹក​មុខ​ងឿងឆ្ងល់​របស់​គេ នាង​ឃើញ​បុរស​នេះ​ស្រស់​សង្ហា​ដូចជា​អធិរាជ​ក្នុង​សុបិន​ស្នេហ៍​សម្រាប់​នារី​ទាំង​ឡាយ។
​ភ្នែក​នាយ​ទាំង​សង​ខាង ហាក់​ពេញ​ទៅ​ដោយ​អំណាច ដែល​ធ្វើ​ឱ្យ​នាង​ចុះចាញ់​មិន​ហ៊ាន​សម្លឹង។
​តូច​នារី​ឈ្ងោក​មុខ​ ពេល​នាយ​សម្លឹង​មក​នាង​ជាប់​មិន​លែង ប៉ុន្តែ​ចុង​ក្រោយ​ទៅ គេ​មើល​យូរ​ពេក​ នាង​ទប់​ចិត្ត​រំភើប​លែង​បាន​ ក៏​ងើប​មុខ​មក​វិញ ហើយ​លើក​ហត្ថា​ទាំង​សង​ទៅ​ព័ទ្ធ​ជុំវិញ​ក​នាយ។

​សំឡេង​នាង​ង៉ក់​ង​រ លាន់​ចេញ​ពី​ប្រអប់​បេះដូង​ស្មោះត្រង់​នៃ​នារី​តូច៖
​«​អត់​ឱ្យ​មើល​ស្រី​ណា​ផ្សេង របៀប​នេះ​ទេ ឮ​អត់​?»​
​គេ​ញញឹម​មក​កាន់​កេសា​ស្រី​ស្អាត​ដែល​នៅ​កៀក​នឹង​ចុង​ច្រមុះ។ នារី​តូច​នេះ​ពេល​មាន​ស្នេហា​ដល់​កម្រិត ក៏​ចេះ​អៀន​អន់ ចេះ​មុខ​ក្រហម ចេះ​តម​សម្ដី ហើយ​ចេះ មាន​ពាក្យពេចន៍​ប្លែកៗ​មក​ចង​ចិត្ត​មនុស្ស​បាន​គ្រាន់​បើ​ណាស់។
​គេ​គិត​ដូច្នេះ​ហើយ​កាល​ណា ក៏​មាន​វាចា​ឌឺដង​ខ្លះ​តប​ទៅ​វិញ​មិន​ឱ្យ​ចាញ់៖
​«​ខ្វះ​កន្លែង​ឱប​គ្នា​ណាស់​ហ្អី​?»​
​សំឡេង​គេ​ថា​បញ្ជោះ​នាង​ខ្សឹបៗ ដាស់​ចិត្ត​នារី​នេះ​ឱ្យ​កាន់​តែ​គ្រឺត​ក្នាញ់​អធិរាជ​ក្នុង​អាណាចក្រ​ស្នេហា នាង​ដក​ដៃ​ទាំង​សង​មក​វិញ​វាយដំ​នាយ ​ប៉ុន្តែ​ភ្លាមៗ​នោះ នាង​ស្រាប់តែ​ឈប់​ង៉ក់​…. សម្លឹង​ហួស​ពី​ស្មា​វិច្ឆិកា​ជាមួយ​វាចា​ភ្លាត់​ស្រាល​ៗ៖
​«​បង​ដា​ណែន​?»

​វិច្ឆិកា​បែរ​ក្រោយ​យ៉ាង​រហ័ស ​ទៅ​សម្លឹង​តាម​ការ​ធ្លោយ​មាត់​ប្រាប់​របស់​ស្រី​ស្នេហ៍។
​ពេជ្រ​ ដា​ណែន​ពិត​ជា​បាន​ដើរ​កាត់​វឹង​ពី​ថ្នល់​ម្ខាង ប៉ុន្តែ​នាង​ហាក់​មាន​ស្ថាន​ភាព​ប្រញិបប្រញាប់​ណាស់ ទំនង​មិន​បាន​ឃើញ​ពីរ​នាក់​ជតា​និង​វិច្ឆិកា​ឡើយ។
​«​ក្រែង​គាត់​បាត់​ខ្លួន​ហ្អី​? បង​វិច្ឆិកា​ថា ប៉ូលិស​ហៅ​ទៅ​សាកសួរ​រឿង​របស់​គាត់​?»​
​វិច្ឆិកា​រុញ​ទ្វារ​ឡាន​បង្ហើប តែ​គេ​នឹក​ឃើញ​ងាក​មក​ប្រាប់​នាង​តិចៗ​មុន​ពេល​ទៅ៖
​«​ចាំ​បង​មួយ​ភ្លែត​បង​ទៅ​ហៅ​គេ​ឱ្យ​!»​
​«​ទៅ​លឿន​ឡើង​ទៅ​បង​!»

​នាង​តឿន​ទាំង​ភ្ញាក់ផ្អើល​នឹង​ស្ថានភាព ស្គម​ស្លេក​របស់​ពេជ្រ​ ដា​ណែន​មើល​ពី​នេះ​ទៅ។​ មិន​យូរ​ប៉ុន្មាន វិច្ឆិកា​វិល​មក​វិញ ដោយ​មាន​នារី​អ្នកកាសែត​មក​ជាមួយ។​
​ជាមួយ​ពែងតែ​ក្តៅៗ​ឧណ្ហ​ក្នុង​ដៃ​ហើយ កែវភ្នែក​ពេជ្រ​ ដា​ណែន​នៅ​តែ​អន្ទះអន្ទែង​ចំបែង​រងា។
​យ៉ាង​ហោច​ណាស់ អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់​ដែល​ជោគ​ជតា​ដឹង​ថា នារី​រៀមច្បង​កំពុង​នឹក​ដល់​នោះ អាច​ជា​ខៀវ ​សូត្រា​ឬ​ម៉ាឌី។

​«​បង​ដា​ណែន ស្លេក​ណាស់ បង​ដា​ណែន​ឈឺ​អី​មែន​ដែរ​អត់​?​ បែក​គ្នា​មួយ​រយៈ​សោះ បង​ដា​ណែន​ស្គម​ម្ល៉េះ​? »​
​នាង​និយាយ​តាម​ចិត្ត​សង្វេគ​តាម​ចិត្ត​នឹក​ឃើញ រហូត​ដល់​ខាង​ប្រុស​ឱន​មក​ថា​ឱ្យ​ខ្សឹបៗ​៖​
​«មិន​និយាយ​ក៏​មិន​អី​ដែរ គ្មាន​អ្នក​ណា​ប្រកាន់​ទេ​!»​
​នាង​ដឹងខ្លួន​មក​វិញ​ក្ដាប់​មាត់ លែង​វាចា​តែ​សំងំ​មើល​មុខ​ពេជ្រ​ ដា​ណែន​ភ្លឹះៗ។​
​នារី​អ្នក​កាសែត​បាត់បង់​ភាព​រហ័សរហួន។ ​មើល​ពី​ក្រៅ​មិន​អាច​វាយតម្លៃ​បាន​ថា​ នាង​ត្រូវ​បញ្ហា​ផ្លូវ​ចិត្ត​បុក​បំបាក់​ចរិត​ដ៏​សកម្ម​នោះ​ឬ​មួយ​នាង​មាន​បញ្ហា​សុខភាព​រាងកាយ​ទេ។
​ទោះ​បី​ជា​យ៉ាង​ណា នាង​ដូច​ជា​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ពិភាក្សា​ជាមួយ​វិច្ឆិកា៖
​«​វិច្ឆិកា​!​ កាល​ខ្ញុំ​ចេញ​ទៅ​ជាមួយ​ម៉ា​ឌី ជួប​រឿង​មួយ​ចំនួន បន្ទាប់​មក​យើង​ត្រូវ​បែក​គ្នា​ដោយសារ​ហេតុ​ផល​ខ្លះ ចាំ​ខ្ញុំ​ប្រាប់​ពេល​ក្រោយ​!​ តែ​ពេល​នេះ ​ខ្ញុំ​ទើប​នឹង​មក​ដល់ ទើប​តែ​ឡើង​ផ្ទះ​យក​ទូរ​សព្ទ! ​បង​ត្រា សរសេរ​បែប​នេះ​ទុក​តើ​មាន​ន័យ​ថា​ម៉េច?»

​នាង​ចុច​ទូរសព្ទ​ហើយ​បំបែរ​Screen ទៅ​ឱ្យ​គេ​អាន។
​ជោគ​ជតា តាម​ដាន​ទឹក​មុខ​គូ​ស្នេហ៍។
​ប្រធាន​និស្សិត​ត្បិត​តែ​មិន​ប្រែប្រួល​កិរិយា​អ្វី​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ប៉ុន្តែ​សារ​នោះ​ពិត​ជា​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល។
​តូច​នារី​មិន​អាច​ទប់​ស្កាត់​ចិត្ត​ចង់​ដឹង​បាន​ ទើប​ឱន​ទៅ​មើល​ជាមួយ​នាយ។
​អ្វី​ដែល​នាង​ឃើញ​ គឺ​អក្សរ​អង់គ្លេស​ប៉ុន្មាន​ឃ្លា​ ដែល​មាន​ន័យ​ថា «​បើ​បង​ទៅ​មិន​មក​វិញ The Chatomok​ ទុក​ឱ្យ​អូន​ជា​អ្នក​ថែទាំ!»។
​ជតា​ងើបមុខ​សម្លឹង នារី​រៀមច្បង។​
​នាង​យល់​អំពី​អ្វី​ដែល​ដា​ណែន​កំពុង​ឆ្លងកាត់។
​តូច​នារី​ដឹង​ថា នារី​អ្នក​កាសែត​ដែល​នៅ​ពី​មុខ​ខ្លួន​ម្នាក់​នេះ ស្រលាញ់​ខៀវ​ សូត្រា​ស្មើ​នឹង​ជីវិត ធ្លាប់​សូម្បី​តែ​មិន​គិត​អំពី​ខ្លួនឯង​ ដើម្បី​តែ​ការពារ​គេ ពេល​នេះ​ទៀត​សោត ​និពន្ធ​នាយក​សម្បូរ​ស្នេហ៍​បាត់​ដំណឹង​សូន្យ​ជាមួយ​នារី​អភិ​ជន បន្សល់​នូវ ពាក្យ​ខ្លី​ប៉ុន្មាន​ឃ្លា តើ​មិន​ឱ្យ​ពេជ្រ ​ដា​ណែន​កើត​ទុក​ស្គម​ខ្លួន?

​«​បង​ត្រា​ទៅ​ណា​គាត់?»
​ជតា​សួរ​ ហើយ​ងើប​មុខ​សម្លឹង​ទៅ​ប្រធាន​និស្សិត​ រង់ចាំ​ចម្លើយ​ ចំណែក​វិច្ឆិកា​ធ្វើ​ព្រងើយ​ដូច​មិន​បាន​គិត មិន​ចំណាយ​ពេល​គិត ហើយ​ក៏​មិន​ចង់​គិត។
​ប៉ុន្តែ​ពេជ្រ ​ដា​ណែន​នៅ​រង់ចាំ​ចម្លើយ​ដោយ​ទឹក​មុខ​គួរ​ឱ្យ​អាណិត​ពេក​ គេ​ទ្រាំ​ធ្វើ​មិន​ដឹង​មិន​ឮ​មិន​បាន​ទៀត ក៏​គ្រហែម​ហើយ​ឱន​ទៅ​និយាយ​ប្រាប់​នាង៖
​«​ខ្ញុំ​មិន​ដឹង​រឿង​អី​ច្រើន​ទេ! ​ដឹង​តែ​ថា​ដាមិកា​ក៏​បាត់​ដែរ​ ក្រោយ​បាត់​សូ​ត្រា​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ!»
​ដា​ណែន​រេ​ភ្នែក​គិត។
​ឃើញ​នាង​នៅ​ស្ងាត់ស្ងៀម​ហាក់​គ្មាន​គោលដៅ មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​នឹង​អាច​ស្រាយ​ចំណោទ​នេះ វិច្ឆិកា​ក៏​និយាយ​បន្ថែម៖
​«​ពី​ដំបូង​គ្រប់​គ្នា​សង្ស័យ​ថា ខៀវ​ សូត្រា​ទៅ​រក​ឈ្មោះ​ថ្នាំ​មក​ព្យាបាល​ជាតិពុល​ឲ្យ​នាង​!»

​ដា​ណែន​ហាក់​កាន់តែ​រំជួលចិត្ត។
​នាង​នៅ​ស្ងៀម ហើយ​ផ្ដោត​កែវភ្នែក​មូលក្លុំ​សម្លឹង​វិច្ឆិកា​ធ្មឹង។
​ក្នុង​ចិត្ត​នាង​វិញ​ នាង​នឹក​ឃើញ​ឡើង​វិញ​ដល់​គ្រា​ចុង​ក្រោយ​ដែល​ខ្លួន​បាន​ជួប​គេ ​«​ដា​ណែន​បាត់​ទៅ​ណា​? ​ប្រាប់​បង​មក​!​ អ្នក​ណា​ធ្វើ​អី​អ្ហះ?» «​បង​ត្រា​! បង​ត្រា​ជួយ​ធ្វើ​រឿង​មួយ​!» «​និយាយ​មក​» «​បង​ត្រា រក​ម៉ា​ឌី​មក​ឱ្យ​ខ្ញុំ! ណា៎! ​ណា៎​បង​ត្រា​! ​ខ្ញុំ​ចង់​ជួប​គេ»
​ស្រី​ស្អាត​ស្រក់​ទឹកភ្នែក​តក់ៗ​ ទោះ​បី​ជា​វា​គ្មាន​សំឡេង តែ​ល្មម​អាច​ឱ្យ ជោគ​ជតា​រលីង​រលោង​តាម​បាន។
​ដៃ​តូច​នារី​ក្ដោប​មក​លើ​ហត្ថា​បុរស​គូ​ស្នេហ៍ ហើយ​ភ្នែក​នាង​សម្លឹង​ពេជ្រ​ ដា​ណែន​ដែល​កំពុង​សោយ​សោក​នោះ​ឥត​ប្រិច​ទេ។

​វិច្ឆិកា​ដកដង្ហើម​ធំ មុន​ពេល​គេ​និយាយ​បន្ត​ទៅ​កាន់​ផ្ទៃ​មុខស្រងូត​របស់​នាង៖
​«​អ្នក​ស្រី​វិល័យ​ត្រូវ​របួស​ហើយ!»
​«​ខ្ញុំ​អាន​កាសែត​ព្រឹក​មិញ​ឃើញ​ដែរ!»
​នាង​ថា​តប ទាំង​ដៃ​ទាញ​ក្រដាស​អនាម័យ​មក​ជូត​ទឹកភ្នែក។
​ឃើញ​ដូច្នោះ​ ជោគជតា​និយាយ​លួង​ ហើយ​បោះ​ដៃ​ទៅ​កាន់​ម្រាម​ដា​ណែន៖
​«​ជតា​គិត​ថា បង​ត្រា​មិន​អី​ទេ! ​បង​ត្រា​ជា​មនុស្ស​ល្អ! បង​ដា​ណែន​កុំ​ពិបាក​ចិត្ត​ពេក!»
​«​ពេល​នេះ ម៉ា​ឌី​ក៏​មិន​ដឹង​នៅ​ឯ​ណា​ទៀត!»
​ដា​ណែន​និយាយ​តិចៗ ហើយ​ប្រឹង​ទប់​វិយោគ។
​ជោគ​ជតា​ងើប​មុខ​សម្លឹង​វិច្ឆិកា​ មុន​ពេល​ពោល​សួរ​មួយៗ៖
​«​ម៉ា​ឌី​ដែល​បង​ដា​ណែន​និយាយ​និង​ម៉ា​ឌី​មិញ​ជា​មនុស្ស​តែ​មួយ​មែន​អត់​?»

​វិច្ឆិកា​សម្លឹង​មុខ​នាង បន្តិច​ទើប​ដាច់​ងក់ក្បាល​ផ្ងក់ៗ។
​«​ខ្ញុំ​ទើបតែ​ជួប​ម៉ា​ឌី​មិញ​នៅ​ពេទ្យ​»
​ជោគ​ជតា​ប្រញាប់​និយាយ ​ធ្វើ​ឱ្យ​វិច្ឆិកា​ក្រពាត់ដៃ​ហួស​ចិត្ត។ អ្នក​ដែល​ភ្ញាក់ផ្អើល​បំផុត គឺ​ពេជ្រ ដា​ណែន។ នាង​ងើប​មុខ​ហើយ រលះរលាំង​សួរ៖
​«​ម៉េច​ក៏​គេ​មិន​មក​រក​ខ្ញុំ?»
​«​គេ​ថា ប្រញាប់​ចេញ​ទៅ​រក​សោភ័ណ​ ដា​មិកា​!»​
​ជោគ​ជតា​ឆ្លើយ​ភ្លាម​បញ្ចប់​ក្ដី​សង្ស័យ​របស់​នារី​អ្នកកាសែត ពេជ្រ ​ដា​ណែន។

​ប៉ុន្តែ​ពេល​នេះ​ ក្រឡេក​មក​មើល​វិច្ឆិកា​ ទើប​ដឹង​ខ្លួន​មក​វិញ​ថា ​ខ្លួន​ឯង​ជ្រុល​មាត់។ ពិត​ដូច​ដែល​វិច្ឆិកា​គិត ដា​ណែន​ចាប់ផ្ដើម​ងាក​មក​អង្វរ​នា​យ៖
​«​ឆាប់​ប្រាប់​មក​វិច្ឆិកា! ខ្ញុំ​ត្រូវ​ការ​ជួប​គេ!»
​សេចក្ដី​ស្នេហា​ក្នុង​កែវភ្នែក​នារី​នេះ ធ្វើ​ឱ្យ​វិច្ឆិកា​វិល​វល់។
​គេ​មិន​ដឹង​ថា ខៀវ​ សូត្រា​ឬ​មួយ​ម៉ា​ឌី​ទេ​ដែល​នាង​កំពុង​តាម​រក។ ​បុរស​ងាក​ទៅ​សម្លឹង​ឌឺ​ជោគ​ជតា ធ្វើ​ឱ្យ​នាង​ភ្ញាក់ខ្លួន​ក្នុង​ពេល​នេះ​ថា ការ​មាត់​ច្រើន​របស់​នាង កំពុង​ធ្វើ​ឱ្យ ពេជ្រ​ ដា​ណែន​ចចេស​ទៅ​រក​គ្រោះថ្នាក់។

អធិរាជបេះដូង ភាគទី១៤
វគ្គ​
​បេសកកម្ម​២៤​ម៉ោង​របស់​ដា​ណែន​​

ពេជ្រ​ដា​ណែន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ​ហើយ​ស្ទុះ​ក្រោក​យ៉ាង​រហ័ស ពេល​ដែល​ប្រមូល​ស្មារតី​និង​ការ​ចងចាំ​បាន​មក​វិញ។
​នាង​ដឹង​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​រថយន្ត​មួយ ហើយ​អ្នក​បើក​ព្រម​ទាំង​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​ខាង​មុខ​កំពុង​បែរ​​មើល​មក​នាង​។​

ទោះ​យ៉ាង​ណា​ឡាន​ហាក់​ឈប់​ស្ងៀម​ក្នុង​ពេល​នេះ។
​នាង​ងាក​សម្លឹង​រក​សម្គាល់​ទិដ្ឋភាព​ខាង​ក្រៅ​យ៉ាង​រហ័ស ស្រប​ពេល​ត្រចៀក​ស្ដាប់​ឮ​បុរស​ដែល​អង្គុយ​នៅ​ខាង​មុខ​នោះ​គំហក៖
​«​ចុះ​ទៅ​!​ អូតែល​ហ្នឹង​ហើយ​!»​
​ដា​ណែន​ដែល​នៅ​មិន​ទាន់​ស្វាង​១០០​ភាគរយ ​ត្រូវ​បាន​បុរស​នោះ​ចុះ​មក​ ហើយ​ទាញ​បង្ខំ​ឱ្យ​​ចាក​ចេញ​មក​ឈរ​ស្កុប​លើ​ផ្លូវ។ ពេល​ឡាន​បោល​ក្ឌុង​ចេញ​ នាង​ឃើញ​ទូរ​សព្ទ​ដៃ​មួយ​ដ៏​ទំនើប​ត្រូវ​គេ​ទុក​ឱ្យ​ក្នុង​ដៃ​នាង ហើយ​ទៅ​បាត់​ស្រមោល ទោះ​នាង​ខំ​តាម​សម្គាល់​លេខ​ឡាន​យ៉ាង​ណា​ក៏​មើល​មិន​ទាន់​ ព្រោះ​ក្បាល​ក៏​នៅ​ឈឺ​ភ្នែក​នៅ​ព្រឹល។

ទី​បំផុត​ស្រី​កម្សត់​បែរ​មក​មើល​សណ្ឋាគារ​ធំ​ស្កឹមស្កៃ​ស្ថិតនៅ​ចំ​ពីមុខ​នាង។
​ហើយ​ឱន​​រាវ​រក​សន្លឹក​សោ​ក្នុង​ហោប៉ៅ។
​វា​ពិត​ជា​នៅ​ទី​នេះ​។​
​អ្នក​កាសែត​រង​គ្រោះ​បោះ​ជំហាន​ស្វាហាប់​តាម​ទម្លាប់​របស់​នាង​ ហើយ​ឆ្លងកាត់​បន្ទប់​ទទួល​ភ្ញៀវ​ដែល​ពោរពេញ​ដោយ​ភ្ញៀវ​ទេសចរ​ឆ្ពោះ​ទៅ​រក​ជណ្ដើរ​យន្ត។
​នៅ​ក្នុង​ប្រអប់​ដែល​នៅ​តែ​ម្នាក់​ឯង នាង​ចុច​យក​ជាន់​ទី​២ ​ហើយ​ទាញ​កាត​ចេញ​មក​រក​មើល​លេខ​បន្ទប់។
​នាង​លូកដៃ​ចុច​លេខ​បន្ថែម​ឆ្ពោះ​​ទៅ​កាន់​ជាន់​ទី​៨។
​បន្ទប់​ដែល​នាង​ចង់​រក​គឺ​នៅ​ចុង​កែង​នៃ​អគារ។

សណ្ឋាគារ​ជាន់​នេះ​ពិតជា​ស្ងាត់​ល្អ​ អំណោយ​​​ផល​ដល់​ការ​ត្រួត​ពិនិត្យ​ច្រកល្ហក​នានា​ល្អិតល្អន់ ​មុន​ពេល​ដា​ណែន​សម្រេច​ចិត្ត​ចុច​កណ្ដឹង​។​
​ចុច​រួច​កាល​ណា​នាង​ថយ​ទៅ​ពួន​នៅ​ជ្រុង​ម្ខាង។
​រង់ចាំ​ប៉ុន្មាន​ដង្ហើម នាង​បក​ទៅ​ធ្វើ​ដូច្នេះ​ម្ដង​ទៀត ​ហើយ​រត់​មក​ពួន​វិញ​​ដូច​ដើម។
​នៅ​តែ​ស្ងាត់​សូន្យ ​ធ្វើ​ឱ្យ​​ស្រី​ស្អាត​ប្រាកដ​ចិត្ត​ថា ​គ្មាន​អ្នក​ណា​នៅ​ខាង​ក្នុង​ឡើយ។
​ដា​ណែន​ចាប់ផ្ដើម​ស៊ក​សោ​បើកទ្វារ​។ សញ្ញា​ភ្លើង​ខៀវ​បង្ហាញ​មក​ថា ​លទ្ធផល​គឺ​វិជ្ជមាន ​ដូច្នេះ​មិន​បង្អង់​ឡើយ​នាង​ចាប់ផ្ដើម​រុញ​ទ្វារ​ចូល​ទៅ​ខាងក្នុង​។​

នៅ​ក្នុង​បន្ទប់​លំដាប់​អភិជន​នេះ ក្រសែ​ភ្នែក​មុន​គេ​ដែល​​​ដា​ណែន​វាត់​ទៅ​គឺ​ប៊ិច​សៀវភៅ​នៅ​លើ​តុ​សរសេរ​ដែល​នាង​ស្គាល់​ថា​របស់​អ្នកណា​។​
​ដាមិកា​​មិន​មែន​ជា​មនុស្ស​សរសេរ​ប្រើ​ប៊ិច​សៀវភៅ​ដូច​និពន្ធ​នាយក​ខៀវ សូត្រា​​នោះ​ឡើយ​។​
​ឈាន​ចូល​មក​ក្នុង​យឺត​ៗ ​នាង​ឃើញ​បន្ត​ទៀត ​គឺ​អាវ​ធំ​របស់​នាយ​ព្យួរ​ក្នុង​ទូរ​មិនទាន់​បិទ​និង​អ្វីៗ​ផ្សេងៗ​ទៀត ​ដែល​ជា​របស់​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ប្រើប្រាស់​ទុក​ស្លាកស្នាម​នៅ​ទី​នេះ​។

ដៃ​ស្រី​ស្អាត​បង្វិល​ទូរ​សព្ទ​ហើយ​រិះគិត​ទាំង​ដក​ដង្ហើម​វែង​ល្ហិតល្ហៃ​៖​
​«​គ្រប់​យ៉ាង​ទាំង​នេះ​មែនទេ ដែល​មីង​វិល័យ​ចង់​ឱ្យ​​យើង​ថត​ធ្វើ​ជា​ភស្តុតាង​នៃ​ទំនាក់ទំនង​អាថ៌កំបាំង​រវាង​ពួកគេ​? ​គេ​រស់នៅ​ជាមួយ​គ្នា​ទៅ​ហើយ​?​ អ៊ីចឹង​ទេ​តើ​!​ បាន​ជា​យើង​នេះ​ត្រូវ​ក្លាយ​ជា​អ្នក​ក្រៅ​សង្វៀន​!»​
​ស្រី​ស្អាត​បើក​ទូរ​សព្ទ​រកមើល​កាមេរ៉ា ប៉ុន្តែ​ស្នូរ​ឆូត​សោ​ទ្វារ​បាន​ពញ្ញាក់​អារម្មណ៍​នាង​។​ ដោយ​សេចក្ដី​​ប្រញាប់​តក្កមា​ ដា​ណែន​រេ​ភ្នែក​យ៉ាង​រហ័ស​រក​ទីតាំង​និង​វិធី​ដកថយ​ពេល​ដែល​សម្រិប​ជើង​នៅ​ខាង​ក្រៅ​បាន​លាន់​មក​កាន់​តែ​ច្បាស់​ឡើង ។​
​«​ម៉េច​ក៏​ស៊យ​ម្ល៉េះ ចំ​ពេល​ពួកគេ​មក​វិញ​​?»​

ទ្វារ​ត្រូវ​បាន​រុញ​មក​ក្នុង ដូច្នេះ​នាង​គ្មាន​ពេល​ត្រិះរិះ​ទៀ​ត​ឡើយ​។​
​នាង​ដកថយ​រហូតដល់​ចាល់​នឹង​ស្រទាប់​វាំងនន​ក្បែរ​បង្អួច​ ហើយ​វែក​ចូល​លាក់ខ្លួន​។​
​នេះ​ជា​បន្ទប់​កាច់ជ្រុង​អគារ ​ដូច្នេះ​បង្អួច​គឺ​មាន​ពីរ​ជញ្ជាំង​ លើស​ពី​បន្ទប់​ធម្មតា។ ដា​ណែន​សង្ឃឹម​ថា​បើ​ពួកគេ​ចង់​បើក​បង្អួច​ គេ​នឹង​បើក​នៅ​ម្ខាង​ទៀត​ទៅ​ចុះ។
​នាង​ធ្មេច​ភ្នែក​ភ័យ​ពេល​មនុស្ស​ដើរ​មក​កាត់។

ត្រចៀក​ខំ​ផ្ទៀង​ស្ដាប់​​​ដែរ​ តែ​គ្មាន​ត្រង់ណា​បញ្ជាក់​ថា​ជា​ស្នូរ​ជើង​មនុស្ស​ពីរ​នាក់​សោះ​។​ មើល​ពី​ទី​នេះ​ទៅ​ នាង​ឃើញ​តែ​ខ្នង​សូ​ត្រា​ដែល​ចូល​មក​អង្គុយ​ម្នាក់ឯង​លើ​សាឡុង​។​
​ទោះបី​មិន​ឃើញ​ទឹកមុខ​គេ​ តែ​កាយវិការ​មើល​ម៉ោង​និង​ចុច​ទូរ​សព្ទ​របស់​គេ​ហាក់​អន្ទះសា។
​ពី​ក្រោយ​ស្មា​ស្អាត​សង្ហា​ទាំង​សងខាង នាង​ហាក់​ទន់​ចិត្ត​នឹកឃើញ​ដល់​ចំណងទាក់ទង​ស្និទ្ធស្នាល​រវាង​នាង​និង​និពន្ធ​នាយក​កាល​ពី​គ្រា​កន្លង។ ​ទោះបី​សេចក្ដី​ស្នេហា​កើត​ឡើង​តែ​ម្ខាង ក៏​មិន​មែន​មាន​ន័យ​ថា ​បុរស​នេះ​បាន​ធ្វើ​ខុស​លើ​នាង​នោះ​ដែរ វា​គ្រាន់តែ​គេ​ចាប់ផ្ដើម​ចេះ​កុហក ​ពេល​មាន​ដាមិកា​​ចូល​មក​ហើយ​ទោះ​បី​ជា​មាន​ហេតុផល​អ្វី​ក៏​ដោយ មិន​សម​ថា​គេ​រើស​យក​នាង​ជា​តួអង្គ​សម្រាប់​លេង​ល្ខោន​នៅ​ភូមិ​នេសាទ​នោះ​ទេ។

«​ទី​បំផុត​ឯង​ត្រូវ​មក​ស្លាប់​ខ្លួន​ដោយសារ​ប្រុស​ម្នាក់​នេះ​ពេជ្រ ដាណែន?»
​នាង​សួរ​ខ្លួនឯង​ដោយ​តូច​ចិត្ត​។ ​ទីបំផុត​បុរស​ម្នាក់​ដែល​យើង​ឆ្លង​ទ្វីប​មក​ផ្សងព្រេង​ព្រោះ​គេ យើង​នេះ​ខ្លួនឯង​ដែល​ត្រូវ​បក​កកាយ​អាថ៌កំបាំង​របស់​គេ​បំផ្លាញ​គេ​? ​ហេតុអ្វី​បានជា​យើង​ទៅ​វិញ​?​ បើ​យើង​បាន​ជា​សម្រេចចិត្ត​ថា​ចប់​នឹង​​គេ​ទៅ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រហ្ម​លិខិត​កំណត់​ឱ្យ​​គេ​និង​យើង​នៅ​មាន​ពៀរ​​វេរា​បន្ត​ជាមួយគ្នា​ទៀ​ត​?​

ស្រាប់តែ​សម្ដី​​ម៉ាឌី​លេច​ឡើង​មក​វិញ​នៅ​ក្នុង​ការ​ចងចាំ​របស់​នាង​។​
​ស្នាម​ញញឹម ចិត្ត​ទូលាយ​ឈឺឆ្អាល​និង​ភាព​ជា​បញ្ញវន្ត​របស់​គេ​។​ នាង​នឹក​ដល់​រាត្រី​ជល់​កែវ​សាសង​មិន​ចេះ​លាក់​លៀម​ជាមួយ​គ្នា​…​ «​ម៉ាឌី​ដឹង​អត់​?​ គេ​ពិសេស គេ​ល្អ គេ​យក​ចិត្ត​ទុក​ដាក់​! គ្រប់​គ្នា​គិត​ថា​ពួក​យើង​ជា​មនុស្ស​ពិសេស​សម្រាប់​គ្នា តែ​យើង​ខ្លួនឯង​ដឹង​ច្បាស់​! គេ​មិន​ដែល​មាន​យើង​ក្នុង​បេះដូង! ពេល​យើង​ស្រលាញ់​គេ យើង​យក​ចិត្ត​ទុក​ដាក់​ឃើញ​គេ​ពិបាក​ចិត្ត​គេ ឃើញ​គេ​ព្រួយ យើង​ខ្វល់​ចិត្ត យើង​ភ័យ​! ​ជាពិសេស​អារម្មណ៍​របស់​យើង​ ហាក់បីដូចជា​នៅ​ជាប់​នឹង​ខ្លួន​គេ មាន​អារម្មណ៍​ថា វិញ្ញាណ​រត់​រក​គ្នា​ជា​អរូប ហើយ​ហាក់​ដឹង​មុន​មាន​ពិភាល់​ ពេល​គិត​ថា​គេ​កំពុង​តែ​ប្រឈម​ ឬ​អាច​នឹង​ជួប​រឿង​អ្វី​មិន​ល្អ​ឆាប់ៗ!» «​ហើយ​ដល់​ពេល​មួយ​គេ​ប្រាប់​យើង​ថា​ ការ​បារម្ភ​របស់​យើង​កុំ​ឱ្យ​​ហួស​ហេតុ​ពេក​! ​កុំ​ឱ្យ​​ហួស​ព្រំ​ដែន​ ហើយ​បន្ទោស​ថា​យើង​នេះ​មិន​ទុក​គេ​ជា​មនុស្សម្នា​!» «​ប៉ុណ្ណឹង​យំ​ដែរ​!​ បើ​ស្រលាញ់​សម្ដី​​ប៉ុណ្ណឹង​ៗ​ខឹង​ធ្វើ​អី​?»

«​ចាំ​ដល់​អង្កាល់​? អំពើ​ល្អ​គេ​ជាន់​ចោល​!​ ចិត្ត​យើង​ខំ​ស្រលាញ់​គេ​!?» «​ប្រាប់​គេ​ហ្មង​ទៅ​!​ ថា​គ្រប់​សព្វបែបយ៉ាង​នេះ​គឺ​មក​ស្រលាញ់​!» «​គេ​មិន​ត្រូវ​ការ​ដឹង​វា​ទេ​!» «ម៉េច​ក៏​ច្បាស់​ម៉េះ​?» «​ចិត្ត​គេ​ងប់ងុល​និង​អ្នក​ផ្សេង​!» «​កុំ​ប្រើ​ការ​ខូច​ចិត្ត​មក​កំណត់​បញ្ហា​!»។
​«​ខ្ញុំ​មិន​បាន​ប្រើ​ការ​ខូច​ចិត្ត​មក​កំណាត់​បញ្ហា​ទេ​ម៉ា​ឌី ពេល​នេះ​បើ​ម៉ាឌី​នៅ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក គឺ​ល្អ​ហើយ​!»​
​ដា​ណែន​គិត​ហើយ​ងើប​មុខ​មក​វិញ។

សាឡុង​ទទេ។
​ខៀវ សូត្រា​គេ​ទៅ​ណា​បាត់​ហើយ? ​ប៉ុន្តែ​ក្នុង​ពេល​កំពុង​សួរ​ខ្លួនឯង​នាង​ឮ​ស្នូរ​បើក​ទ្វារ។
​បេះដូង​នាង​លោត​ញាប់​ជាមួយ​សំណួរ​​ផ្ទួនៗ៖
​«​គេ​មក​ធ្វើ​អី​? បើ​មក​បន្តិច​​ហើយ​ចាក​ចេញ​ទៅ​វិញ?!»
​ស្រី​ស្អាត​ទ្រាំ​សំងំ​ស្ងៀម ​ទម្រាំ​គេ​ចាក​ចេញ​ផុត​នឹង​អាល​នាង​ចេញ​ពី​ទី​លាក់​ខ្លួន ដឹង​អី​ស្នូរ​ជើង​ហាក់​នៅ​វិល​វល់​ម្ដុំ​មាត់​ទ្វារ​បន្ទប់​មិន​ទៅ​ណា​ឆ្ងាយ​សោះ?

«​កើត​អី​ប្រញាប់​ម៉េះ​?​ ហៅ​មក​រកតែ​ជិះ​មក​មិន​ចង់​ទាន់​!»​
​គឺ​សំឡេង​ដាមិកា ទោះ​អភិនារី​និយាយ​ខ្សឹបៗ​ តែ​ដា​ណែន​នៅ​ចំណាំ​បាន​។​
​តាមពិត​និពន្ធ​នាយក​ចេញទៅ​បើកទ្វារ មិនមែន​ចាកចេញ​ទៅ​ណា​ឆ្ងាយ​នោះ​ឡើយ​។​
​ចម្លែក​ត្រង់​ដា​ណែន​បែរជា​ប្ដូរ​ផ្លាស់​លែង​វិលមុខ មក​ជា​ស្វាង​ចែស​ពេល​​ឃើញ​ប្រុស​ស្រី​ទាំង​ទ្វេ​​បណ្ដើរ​គ្នា​ចូល​មក​ត្រសង​។​។​
​«​កុំ​ធ្វើ​អី​ឆ្កួត​ៗ​នៅ​នឹង​មុខ​យើង​ឱ្យ​​សោះ​!»​
​នារី​អ្នកកាសែត​លួច​គិត​ទាំង​សៅ​ហ្មងចិត្ត​ ពេល​ឃើញ​សូ​ត្រា​ឈរ​ច្រត់​ចង្កេះ​សម្លឹង​ដាមិកា​​ពេល​នាង​គង​អន្ទាក់ខ្លា​លើ​សាឡុង​។​

សំឡេង​ដាមិ​កា​ដែល​និយាយ​ឡើង​នៅ​មាត់ទ្វារ​ បង្ហាញ​ពី​សេចក្ដី​ស្នេហា​យ៉ាង​ស្អិតល្មួត​រវាង​អគ្គ​នាយិកា​រូប​នេះ​មក​លើ​និពន្ធ​នាយក​ស្រស់​សង្ហា​។​
​ដា​ណែន​នឹក​តូច​​ចិត្ត​នឹក​ដល់​សម្ដី​​នាយ៖
​«​បង​គ្មាន​អី​គួរ​ឱ្យ​​ស្រលាញ់​ទេ​!​ មនុស្ស​ស្លាប់​ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​​ស្រលាញ់​ទេ​!»​
​ដា​ណែន​នឹកឃើញ​ពាក្យ​សម្ដី​​ដែល​ថត​ភ្ជាប់​នឹង​ខួរក្បាល​នាង​កាលណា ក៏​បន្ត​ត្រិះរិះ​គិត​ទាំង​សៅ​ហ្មងចិត្ត​ម្នាក់ឯង​ទៀ​ត​ថា​៖​
​«​លោក​មិន​ទាន់​ស្លាប់​ទេ​ខៀវ សូត្រា! ពួក​លោក​លប​លួច​សប្បាយ ហើយ​ខ្ញុំ​ឯ​ណេះ​ដែល​ជា​អ្នក​ស្លាប់​ទាំង​មិន​ដឹង​រឿង​មិន​ពាក់ព័ន្ធ គឺ​ស្លាប់​យ៉ាង​អយុត្តិធម៌!»
​នាង​ស្រក់​ទឹកភ្នែក​រឹមៗ ហើយ​ទឹក​សម្បោរ​ហូរ​មក​ព្រម​គ្នា​ សឹង​ថា​ម្ដង​ៗ​តូច​ចិត្ត​ពេក ​ចងតែ​បង្ហាញខ្លួន​ចេញ​ឱ្យ​​ពួកគេ​បើកភ្នែក​ធំ​ៗ​ម្ដង ប៉ុន្តែ​ភ្លាម​នោះ​…​​

«​ដា​ណែន​នៅឯណា​!»​
​សំណួរ​របស់ សូ​ត្រា​ធ្វើ​ឱ្យ​​ដៃ​ដាណែន​​ដែល​ជូត​ទឹកភ្នែក​អាក់ខាន​ទ្រឹង​ព្រោះ​គ្រោតគ្រាត និង​កាច​ហួស​ពី​កាលដែល​នាង​ធ្លាប់​បាន​ឮ​ តាំងពី​ស្គាល់​គេ​។​
​ដា​ណែន​រេ​ភ្នែក​គិត​ចុះឡើង «​សូ​ត្រា​សម្លុត​ដាមិកា​​?»​
​គិត​ហើយ​ស្រី​អ្នកកាសែត ឈប់​ទោមនស្ស​ដោយ​ផ្ចង់​មក​សម្លឹង​ពួកគេ​។​
​នាង​មើល​មិន​ឃើញ​មុខ​ដាមិកា​ទេ ព្រោះ​ស្រី​អ្នក​មាន​អង្គុយ​បែរ​ខ្នង​មក ​ចំណែក​មុខ​សូ​ត្រា​គឺ​ពេញ​ដោយ​ភាព​ស្មុគស្មាញ​និង​កំហឹង​។​

សភាព​ដាមិកា​​ពេល​នេះ​គឺ​ភាន់ភាំង ព្រោះថា​កាល​ទើប​មកដល់​នាង​និយាយ​ខ្សឹប​ខ្សៀវ​ក្នុង​សំឡេង​ពេញ​ដោយ​សុភមង្គល​ ដែល​ត្រូវ​បាន​សូ​ត្រា​ហៅ​មក​ជា​ប្រញាប់​ នៅ​ទី​អាថ៌​កំបាំង​សម្រាប់​ តែ​សេចក្ដី​​ស្នេហា​ពួកគេ​បែប​នេះ ដឹង​អី​នាង​ស្រាប់តែ​មក​ត្រូវ​និពន្ធ​នាយក​សម្លុត​ហើយ​ប្រធានបទ​គឺ​សួរ​រក​ដាណែន​?​
​«​ប្រាប់​មក​ដាមិកា​​? ធ្វើ​អី​គេ​ហើយ​? យក​គេ​ទៅ​លាក់​នៅឯណា​!»​
​ដាមិកា​​មើល​ទៅ​ដូចជា​កំពុង​តែ​ឆ្ងល់​លាយ​ភ័ន្ត​ជា​មួយ​សំណួរ​​ហូរ​ដូច​ទឹក​នេះ ហើយ​បន្ត​បន្ទាប់មក នាង​នឹង​កើត​សេចក្ដី​​តូច​ចិត្ត ខូច​ចិត្ត នេះ​​បើ​តាម​ការ​គិត​របស់​ដា​ណែន​ដែល​សំ​ងំ​មើល​។​

ប៉ុន្តែ​ពេល​ដែល​អគ្គនាយិកា​មិនទាន់​និយាយ​អ្វី​បាន​មួយ​ម៉ាត់​ណា សូ​ត្រា​ហាក់​មិន​បាន​ទប់​ចិត្ត​សោះ គេ​បន្ត​មក​នូវ​ការ​ដេញដោល​ក្នុង​សំណួរ​ទី​បី​៖​
​«​ប្រាប់​ហើយ​មែន​ទេ ថា​កុំ​ឱ្យ​​រករឿង​ប៉ះ​ពាល់​គេ​?​ ប្រាប់​ប៉ុន្មាន​ដង​ហើយ​ថា ​ម្នាក់​នេះ​មិន​ឱ្យ​​ប៉ះពាល់​?»​
​«​ខ្ញុំ​មិន​ប្រាប់​បង​ឯង​គិត​ធ្វើ​អី​ខ្ញុំ​?»​
​ដាមិកា​ឆ្លើយតប​មក​វិញ​​ទាំង​កំហឹង​។​
​លើក​នេះ​ជា​ពេល​ដែល​ដា​ណែន​ត្រូវ​ភាំង​វិញ​។​
​នាង​ខ្លួនឯង​ដឹង​ច្បាស់​ណាស់​ថា ដាមិកា​​មិន​បាន​នៅ​ក្នុង​រឿង​ចាប់ខ្លួន​នាង​ទេ ប៉ុន្តែ​ប្រហែលជា​អគ្គ​នាយិកា Red Index គិត​ថា​ចង់​បញ្ឈឺ​សូត្រា​ដោយសារ​ខឹង​ ទើប​និយាយ​ស្ដី​រុញ​ទូក​បណ្ដោយ​ទឹក​។​

ដូច​អ្វី​ដែល​ដា​ណែន​គិត ​ដាមិកា​​ក្រោក​ឈរ​យឺត​ៗ​ហើយ​សម្លុត​សូ​ត្រា​បន្ត​៖​
​«​អ្នកណា​ប្រើ​ឱ្យ​​បង​ឯង​ស្រលាញ់​វា​? មើល​ឫកពា​ចុះ ខ្វល់​ឡើង​ចង់​ឆ្កួត​ហើយ​គ្រាន់តែ​ស្រី​ម្នាក់​ហ្នឹង​បាត់​ខ្លួន​?»​
​ដាមិកា​​ដើរ​បុក​ស្មា​នាយ​ ហើយ​ហួស​ទៅ​ក្បែរ​បង្អួច​ទាញ​វាំងនន​​​របើក​សម្លឹង​ចុះ​ទៅ​ជាន់​ខាង​ក្រោម​។​
​កាយវិការ​នេះ​ធ្វើ​ឱ្យ​ដា​ណែន​ភ័យព្រួច​។​
​ចុះបើ​ពីរ​នាក់​នេះ រក​ឃើញ​នាង​ក្នុង​បន្ទប់​ពួកគេ​?​
​ស្រី​អ្នកកាសែត​ថយ​បន្ថែម ​រក​ជ្រុង​ជញ្ជាំង​ដែល​វាំងនន​កាន់តែ​ក្រាស់ ​ងាយស្រួល​បំពួន​ស្នូរ​ដង្ហើម​ភ័យ​ព្រួយ​តឹងតែង​របស់​ខ្លួនឯង​។​

សូ​ត្រា​រក្សា​ភាព​ស្ងាត់ស្ងៀម តែ​គេ​នៅ​ឈរ​ដដែល​ហាក់​ពិបាក​ចិត្ត​ជា​ខ្លាំង​។​
​នាង​ចាប់ផ្ដើម​ទន់​ចិត្ត​ពេល​ឃើញ​ស្ថានភាព​គេ​។​
​«​លោក​ដល់​ថ្នាក់​មក​ឈ្លោះ​ជាមួយ​កំណាន់​ចិត្ត​ ដោយសារ​ការ​បាត់​ខ្លួន​របស់​ខ្ញុំ​?»​
​នាង​នឹក​ឃើញ​ដល់​កាល​ជួប​គ្នា​ចុងក្រោយ​នៅ​ក្រោម​ជណ្ដើរ​ផ្ទះ​ជួល ​«​ដា​ណែន​បង​ត្រូវការ​និយាយ​គ្នា!​ យើង​រក​កន្លែង​និយាយ​គ្នា​អូ​ខេ​ទេ​?» «​ក្រៅ​ពី​ការងារ យើង​អត់​មាន​រឿង​អី​ត្រូវ​និយាយ​គ្នា​ទេ​!» «បង​មិន​ចង់​កុហក ព្រោះ​បង​មិន​ចង់​ឱ្យ​​ដា​ណែន​ពាក់ព័ន្ធ​រឿង​មិនល្អ​!» «​តាំងពី​ខ្ញុំ​ស្គាល់​លោក​ជីវិត​ខ្ញុំ​វា​មិនល្អ​ស្រេច​ហើយ​ខៀវ សូត្រា​​!» «​​កុំ​បង្ខំ​ឱ្យ​​ខ្ញុំ​ធ្វើ​អ្វី​អាក្រក់​ដាក់​លោក​ច្រើន​ជាង​នេះ​ទៀត​ឱ្យ​​សោះ​!»​

ដា​ណែន​ស្រក់​ទឹកភ្នែក​ជាមួយ​ការ​បន្ទោស​ខ្លួនឯង។
​«​យើង​នេះ​ពិត​ជា​មោហ៍បាំង ជញ្ជាំង​បិទ ម្ដេច​ថ្ងៃ​នោះ​មិន​ព្រម​បង្អន់​ចិត្ត​ខឹង​ព្រម​ស្ដាប់​​​គេ​មួយ​ម៉ាត់​សិន? ​តើ​កាល​ណោះ​លោក​ចង់​សារភាព​ការ​ពិត​ទាំងអស់​ប្រាប់​ខ្ញុំ​មែនដែរ​ទេ​? ហេតុអ្វី​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​លោក​នៅ​តែ​មិន​មាំ​ជាង​ឧបសគ្គ​មួយ​គ្រា​នេះ ហេតុ​អី​ខ្ញុំ​ក្លាយ​ជា​មនុស្ស​គ្មាន​ចិត្ត​អំណត់​បាន?»​
​«​កុំ​ប្រើ​ការ​ខូច​ចិត្ត​មក​កំណត់​បញ្ហា​!»​
​សម្ដី​​ម៉ាឌី​លាន់​មក​ដដែលៗ ធ្វើ​ឱ្យ​​នាង​តបត​ជា​សម្ងាត់​វិញ ​«​ហ្នឹងហើយ​ម៉ាឌី​! ​ខ្ញុំ​អត់​ជឿ​ម៉ាឌី​!​ បង​ត្រា​ប្រហែល​មិន​មែន​អាក្រក់​​ងប់​មនុស្ស​ស្រី​ដូចដែល​ខ្ញុំ​បាន​គិត​ទេ»

សំឡេង​ដាមិកា​លាន់​មក កាត់​ផ្ដាច់​​ភាព​រវើរវាយ​ដដែលៗ​របស់​ដា​ណែន៖
​«​ក្នុង​ភ្នែក​បង​ឯង ​ខ្ញុំ​មិន​ដែល​ល្អ​ទេ!»
​ថា​ចប់​នាង​បែរ​ក្រោយ​ចាកចេញ​ជាមួយ​ស្បែក​ជើង​កែង​ខ្ពស់​ស្ដួច ប៉ុន្តែ​កាត់​ពី​មុខ​សូ​ត្រា​ នាយ​ចាប់​ឃាត់​នាង​​ដោយ​តោង​ហត្ថ​ស្រី​ស្រស់​ជាប់។
​«​បង​សុំទោស​ដាមិកា!»
​ពេល​នេះ​ដាមិកា​គឺ​បែរ​មុខ​មក​ចំ​ដា​ណែន​តែ​ម្ដង។
​ស្រី​អភិ​ជន​មើល​ពី​ក្រៅ​ទៅ​ហាក់​រឹងមាំ​ ហើយ​ពូកែ​ខាង​ធ្វើ​ពើ​ទប់​ចិត្ត​ខាំ​មាត់ ​ប៉ុន្តែ​ស្នេហា​របស់​នាង​ចំពោះ​និពន្ធ​នាយក ​នៅ​តែ​បង្ខំ​ឱ្យ​​ទឹកភ្នែក​នាង​ច្រាល​ចេញ​មក​បាន។
​«​បង​ពិបាកចិត្ត​ពេក​! ​បង​សុំទោស​!»​
​«​ខ្ញុំ​តែងតែ​ជា​គោលដៅ​សម្រាប់​គ្រប់​គ្នា​គិត​ស្រាប់​ហើយ ចាំបាច់​អី​សុំទោស​?»​
​«​បង​និយាយ​មិញ​គ្មាន​គំនិត​បញ្ញា​មក​ជាមួយ​ទេ គឺ​បង​វិល​អស់​ហើយ​! តើ​ដា​ណែន​បាត់​ខ្លួន អ្នក​ណា​ធ្វើ​ទៅ​?»​

ដាមិកា​​បែរ​ក្រោយ​ថា​ឱ្យ​​នាយ​វិញ​៖​
​«​ខ្ញុំ​ក៏​វិល​ដូចគ្នា គឺ​វិល​ដែល​បង​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​នឹង​​​ស្រី​ផ្សេង​ នៅ​ចំពោះ​មុខ​ខ្ញុំ​!»​
​បុរស​លា​រង្វង់​ដៃ​មក​ស្រាក់​ឱប​​ចង្កេះ​នាង ​ទាំង​គ្មាន​ពាក្យ​ពន្យល់​តប។
​ទោះបីជា​ដាមិកា​​រើ​បម្រះ​ចេញ​ព្រោះ​កំហឹង​នៅ​មិនទាន់​ស្រាក តែ​ខៀវ សូត្រា​​នៅ​តែ​មានះ​គ្រប់​គ្រង​នាង​ទាំង​ទឹកមុខ​ខ្វល់ខ្វាយ ​រហូត​ដល់​ចុង​ក្រោយ​ស្រី​ស្អាត​ព្រម​សំងំ​នៅ​ស្ងៀម​ក្នុង​រង្វង់​ហត្ថា​នាយ។
​«​មិន​ប្រញាប់​ទៅ​រក​ពេជ្រ ​ដា​ណែន​របស់​លោក​ទៅ​!»​
​នាង​បញ្ឆេះ​​ដោយ​ង៉ក់ងរ​ ឯ​ខៀវ សូត្រា​​មិន​បាន​ស្រាក​ចេញពី​ទុក្ខ​ព្រួយ​នៅ​លើ​ផ្ទៃមុខ​នៅ​ឡើយ។ ប៉ុន្តែ​ក្នុង​នាម​ជា​សុភាពបុរស នាយ​ត្រូវតែ​ទុកចោល​ការ​ផ្សេង​មួយ​ឡែក​ហើយ​ព្យាយាម​ពន្យល់​ថ្នម​ចិត្ត​សង្សារ។

«​គេ​ជា​មនុស្ស​ល្អ! ហើយ​បើ​ថា​ គេ​មាន​រឿង​គឺ​រឿង​ពួក​យើង​ហ្នឹង​ហើយ​ដែល​នាំ​អំពល់​គេ​!»​
​ដាមិកា​​នៅ​ស្ងៀម​លែង​តបត។​
​នៅ​នឹង​មុខ​នាង​ពេល​នេះ​ដា​ណែន​យល់​ថា ហង្ស​នារី​ម្នាក់​នេះ​ពិត​ជា​មាន​ស្នេហា​ស្មោះ​ជាមួយ​និពន្ធ​នាយក​ខ្លួន​ បានជា​ដាមិកា​​ហាក់​ឆាប់​ខឹង​ប្រចណ្ឌ ​ប៉ុន្តែ​ក៏​ស្ដាប់​​​ហេតុផល។​
​នាង​ដឹង​ថា​វា​ជា​ការ​សម​ហេតុផល​ដែល​ពួកគេ​ត្រូវរ៉ូវ​ ហើយ​ក៏​ជា​ហេតុផល​ដែល​សូ​ត្រា​ផ្សង​ជីវិត​ជួយ​នាយិកា​ឆើតឆាយ​ម្នាក់​នេះ។

ពេជ្រ ​ដា​ណែន​ឈាន​យឺត​ៗ​ចេញពី​ក្នុង​វាំងនន​ហើយ​ស្រដី​មួយៗ​៖​
​«​លោក​និយាយ​ត្រូវ​ហើយ​និពន្ធ​នាយក​»​
​សូ​ត្រា​ភ្ញាក់​ក្រ​ញ៉ាង​ទម្លាក់​ដៃ​ចេញ​ពី​ចង្កេះ​ស្រី​ស្នេហ៍​ ហើយ​ភាំង​ដែល​ឃើញ​ដា​ណែន​ចេញ​មក​យឺត​ៗ ជាមួយ​ទឹក​មុខ​ស្ទក់​ៗ​ហាក់​គ្មាន​សុខភាព​នឹងនរ។
​«ឥឡូវ​ខ្ញុំ​ជិត​ស្លាប់​មែន​ហើយ! គឺ​ដោយសារ​រឿង​ពួក​លោក​និពន្ធ​នាយក​!»​
​នាង​ទន់​ជើង​ ប៉ុន្តែ​នៅ​បន្ត​ដើរ​មក​មួយៗ ​ពេល​ដាមិកា​​ចំហ​មាត់​ព្រោះ​ឆ្ងល់​ ហើយ​ក្រោយ​មក​អគ្គ​នាយិកា​​ហាក់​ខ្លាច​សភាព​មិន​ប្រក្រតី​លើ​រាងកាយ​ដា​ណែន ទើប​នាង​ថយ​ទៅ​ពួន​ក្រោយ​ខ្នង​សូត្រា។

​​មាន​តែ​សូត្រា​ប៉ុណ្ណោះ ​ដែល​បន្ត​តាមដាន​ស្រី​អ្នក​កាសែត​កម្សត់​មិន​ហ៊ាន​ប្រិច​ភ្នែក​ ព្រោះ​នាយ​យល់​ថា​ពេជ្រ ​ដា​ណែន​មាន​អាការៈ​មិន​ប្រក្រតី​ ដូចដែល​នាយ​ធ្លាប់​ឃើញ​ពី​មុន​មក​នោះ​ទេ។
​នាង​កាន់​តែ​ដើរ​ចូល​មក​ សូត្រា​កាន់​តែ​សម្លឹង​នាង​ទម្រាំ​សួរ​ចេញ​រួច៖
​«​ដា​ណែន​បាត់​ទៅ​ណា?»
​នាង​ស្រក់​ទឹកភ្នែក​ជំនួស​ចម្លើយ។

សម្រាប់​មនុស្ស​ដែល​នៅ​កៀក​​បង្កើយ​និង​ទ្វារ​មច្ចុរាជ នាង​ហោច​ណាស់​បាន​អស់​ចិត្ត​ដែល​ចុង​ក្រោយ​បាន​ដឹង​ការពិត​ថា ​សូ​ត្រា​មិន​គួរ​ឱ្យ​​ស្អប់​ដូច​ដែល​នាង​ធ្លាប់​បាន​ខឹង​គេ​នោះ​ឡើយ។
​អារម្មណ៍​នៃ​ភាព​ជា​មនុស្ស​ជិតស្និទ្ធ​បាន​វិល​មក​ពេញ​ក្នុង​ចិត្ត​វិញ ពេល​កែវភ្នែក​គេ​ដែល​កំពុង​សម្លឹង​មក​នាង​បង្ហាញ​យ៉ាង​ច្បាស់ ក្ដី​អាណិត​ស្រណោះ​គឺ​​សម្លឹង​ពី​លើ​ដល់​ក្រោម ​មុន​ពេល​គេ​និយាយ​ចេញ​ប៉ុន្មាន​ម៉ាត់​ទៀត៖
​«​ប្រាប់​បង​មក! អ្នក​ណា​ធ្វើ​អី​អ្ហះ?»
​នាង​ទន់​ជើង​ ប៉ុន្តែ​ដួល​មក​ទើរ​លើ​ដៃ​នាយ​ដែល​បាន​ឱន​មក​ត្រកង។

សកម្មភាព​បុរស​នេះ ​តែងតែ​លឿន​រហ័ស​ជាង​សម្ដី​​ដ៏​កម្រ​​របស់​គេ។
​ដែល​ដា​ណែន​ទទួល​អារម្មណ៍​ថា​ទន់​ដាប​ពេល​នេះ ដោយសារ​នាង​បាន​សម្រេច​ចិត្ត​យ៉ាង​តឹងតែង​មុន​ការ​បង្ហាញ​ខ្លួន​ឱ្យ​​ពួកគេ​ឃើញ​ ដែល​បាន​ន័យ​ច្បាស់​ទៅ​ហើយ​ថា នាង​នឹង​មិន​បើក​កាយ​អាថ៌កំបាំង​ពួកគេ​តាម​បញ្ជា​អ្នក​វិល័យ​នោះ​ទេ។ ហើយ​ក៏​រឹតតែ​ច្បាស់​ទៀត​នោះ​ គឺថា​ពេលវេលា​នាង​កាន់​តែ​លែង​មាន​ហើយ។
​«​បង​ត្រា​! បង​ត្រា​ជួយ​ធ្វើ​រឿង​មួយ​!»​
​នាង​និយាយ​ដោយ​ដង្ហក់​ ក្រោម​ភាព​តក់ស្លុត​របស់​បុរស​ដែល​ឱប​​នាង​ក្នុង​ដៃ។

ចំណែក​ដាមិកា​សម្លឹង​នាង​មក​ពី​ក្រោយ​ស្មា​សូ​ត្រា​។​
​នារី​អ្នក​មាន​កំពុង​រិះ​គិត​ពី​រឿង​ជា​ច្រើន ​ដែល​នៅ​ពីក្រោយ​ការ​មក​ដល់​របស់​ដាមិកា​​នៅ​ទី​នេះ គេ​ថា​តើ​អ្នក​ណា​បាន​ចាប់​នាង​ទៅ​?​​ ហេតុ​អី​សុខ​ៗ​ស្រី​អ្នក​កាសែត​មក​ដល់​ទី​នេះ​បាន? ហើយ​ពេល​នេះ​គេ​កើត​អី​? ​គេ​ចង់បាន​អ្វី​ពី​ខៀវ​ សូ​ត្រា​?​
​«​និយាយ​មក​ៗ​»​
​សូ​ត្រា​តឿន​ទាំង​រន្ធត់​។​

ដា​ណែន​ត្រេកអរ ប៉ុន្តែ​នាង​រក​និយាយ​មិន​ចង់​ចេញ​ ព្រោះ​ទ្រូង​ណែន​ទៅ​ដោយ​ការ​រត់​ច្របល់​ក្នុង​សរសៃ​ឈាម​និង​បេះ​ដូង​។​
​«​អ្នក​ណា​ធ្វើ​អី​ដា​ណែន​!​ ដា​ណែន​កើត​អី​?»
​គេ​សួរ​បន្ថែម​ពេល​ដែល​នាង​នៅ​និយាយ​មិន​ចេញ។
​សំឡេង​ដាមិ​កា​លាន់​មក​ខ្សឹបៗ៖
​«​អូន​ហៅ​ពេទ្យ​ហើយ​ណា៎​សូ​ត្រា​?»​
​សូ​ត្រា​រលីង​រលោង ពេល​ដា​ណែន​រា​ដៃ​ឃាត់​។​ នារី​អ្នកកាសែត​និយាយ​ដាច់​ៗ​ព្រោះ​ហត់៖
​«​បង​ត្រា​! ​ខ្ញុំ​មិន​ទាន់​ស្លាប់​ទេ នៅ​សល់​ច្រើន​ម៉ោង​ទៀត​!​ បង​ត្រា​រក​ម៉ាឌី​មក​ឱ្យ​​ខ្ញុំ​!​ ណា៎​!​ ណា៎​បង​ត្រា​!​ខ្ញុំ​ចង់​ជួប​គេ​»​
​រូបរាង​បុរស​ក្មេង​រលឹក​មក​វិញ​ក្នុង​ការ​ចងចាំ​របស់​និពន្ធ​នាយក​…. «​កុំ​ឱ្យ​​ដា​ណែន​ជ្រុះ​សក់​មួយ​សរសៃ មិន​អ៊ីចឹង​ដឹង​គ្នា​ហើយ​អា​កំសាក!»។

សូ​ត្រា​សម្លឹង​នាង​ពី​លើ​ដល់​ក្រោម ហើយ​សម្រេចចិត្ត​បដិសេធ៖
​«​បង​ជូន​យើង​ទៅ​ពេទ្យ​!»​
​«​មិន​បាន​ការ​ទេ​!»​
​នាង​បិទ​ភ្នែក​ទន់​ល្ងៀក​។​
​«​ដា​ណែន​ៗ​»​
​សូ​ត្រា​ហៅ​ល្វើយ​ៗ តែ​ដាមិកា​លើក​ទឹកចិត្ត​នាយ៖
​«​គេ​ដូច​ជា​សន្លប់​ទេ​! មិន​អី​ទេ​! ​អូន​ដឹង​ពី​វិធី​ឱ្យ​​គេ​ភ្ញាក់​មក​វិញ​!​ ដាក់​គេ​ទៅ​លើ​គ្រែ​ទៅ​!»
​«​ជូន​គេ​ទៅ​ពេទ្យ​ល្អ​ជាង​!»​
​«​កុំ​ទាន់ គេ​មិញ​នេះ​ដូច​មាន​ការ​លំបាក​​អី​ចង់​និយាយ​!​ ចាំ​មើល​សួរ​ច្បាស់​សិន​កុំ​ទាន់​ស្លន់ស្លោ»
​ដាមិកា​​ចូល​ទៅ​បន្ទប់​ទឹក ហើយ​ពូត​កន្សែង…

វគ្គ​
​ដាមិកា​ដោះស្រាយ​បញ្ហា​នេះ​ដោយ​វិធី​ណា?

​ដា​ណែន​បើក​ភ្នែក​មក​វិញ​ព្រឹមៗ ​ពេល​ត្រូវ​ការ​ផ្សើម​ដោយ​តំណក់​ទឹក​ត្រជាក់។
​រង្វង់​មុខ​ដែល​នាង​បាន​មើល​ឃើញ​ដំបូង​ គឺ​ខៀវ សូត្រា​បុរស​ដែល​នាង​ធ្លាប់​មាន​គេ​ពេញ​បេះ​ដូង​ទាំង​យប់​​ទាំង​ថ្ងៃ តែ​ពេល​នេះ​ត្រូវ​សាប​ដូច​ទន្លេ។
​មាត់​នាង​ទទូច​សួរ​រក​អ្នក​ផ្សេង៖
​«​ម៉ាឌី​នៅ​ឯ​ណា​?»​
​សូ​ត្រា​នៅ​កង្វល់​សម្លឹង​នាង​គ្មាន​ពាក្យ​ឆ្លើយ ប៉ុន្តែ​ដាមិកា​​ឆ្លើយ​ជំនួស៖
​«​ខ្ញុំ​ឱ្យ​បង​វិច្ឆិកា​តាម​រក​គេ​ហើយ! ទ្រាំ​បន្តិច​​ទៅ!»
​«​តែ​បង​ត្រូវ​បញ្ជូន​យើង​ទៅ​ពេទ្យ​»​

​សូ​ត្រា​និយាយ​យ៉ាង​រហ័ស ​ធ្វើ​ឱ្យ​​ដា​ណែន​គ្រវីក្បាល​ទាំង​ស្លេកស្លាំង៖
​«​អត់​ប្រយោជន៍​ទេ​! ខ្ញុំ​រស់​បាន​តែ​ជាង​៤​ម៉ោង​ទៀត​ប៉ុណ្ណោះ!»
​ដា​ណែន​រេ​ភ្នែក​សម្លឹង​រក​នាយិកា​Red Index ដែល​ពេញ​ដោយ​ការ​ត្រិះរិះ​លើ​ផ្ទៃ​មុខ។ បន្តិច​មក​នាង​សំណូមពរ៖
​«​បង​ត្រា​!​ ខ្ញុំ​ចង់​និយាយ​ជា​មួយ​អ្នក​នាង​ដាមិកា​​តែ​ពីរ​នាក់​!»​
​សូ​ត្រា​មិន​សប្បាយចិត្ត​។​
​នាយ​ងើប​មុខ​សម្លឹង​ដាមិកា​​ ហើយ​ងាក​មក​គ្រវីក្បាល​តិច​ៗ​ដាក់​ដា​ណែន។

​នារី​អ្នក​កាសែត​ងក់​ក្បាល​តប​ទៅ​ទៅ​កាន់​គេ​មុន​ពេល​វាចា៖
​«​ជឿ​ខ្ញុំ​ទៅ​!»​
​គេ​ដង្ហើម​វែង​ហើយ​ក្រោក​ចេញ​យឺត​ៗ ។​
​ដា​ណែន​យល់​ច្បាស់​ពី​មនោសញ្ចេតនា​របស់​គេ​ ដែល​មាន​ដោយ​ស្មោះត្រង់​ក្នុង​ទំនាក់ទំនង​​ជាមួយ​នាង ទោះបី​មិន​មែន​ជា​ស្នេហា​ ប៉ុន្តែ​នាង​ពិតជា​ឱ្យ​​តម្លៃ​ណាស់។​
​នាង​ពិតជា​មាន​ហេតុផល ក្នុង​ការ​មិន​ឱ្យ​​គេ​ស្ដាប់​​​ឮ​​អ្វី​ដែល​នាង​គ្រោង​នឹង​និយាយ​ប្រាប់​ដាមិកា។

ភាគ​ទី​៣៥

​រង់ចាំ​ដល់​ទ្វារ​បិទ​មក​វិញ​លាន់​គ្រឹប ទើប​នាង​រេ​ភ្នែក​មក​រក​ដាមិកា។
​ពេជ្រ ​ដា​ណែន​នៅ​មិន​ទាន់​និយាយ​អ្វី​ចេញ​ផង ​ស្រី​អ្នក​មាន​លាន់មាត់​មក​បាន​មុន៖
​«​ហេតុ​អី​ដេញ​គេ​ចេញ​! ឃើញ​ហើយ​ខ្ញុំ​និង​គេ​ជា​មនុស្ស​តែ​ម្នាក់!»
​ដា​ណែន​ដក​ដង្ហើម​ធំ នាង​មិន​រវល់​ទេ​ថា ​ស្រី​ម្នាក់​នេះ​កំពុង​ចង់​យក​លេស​បញ្ឈឺ​ខ្លួន​ឬ​អ្វី ប៉ុន្តែ​នាង​គ្មាន ពេល​ច្រើន​ក្នុង​ការ​អូស​បន្លា​ជាមួយ​ដាមិកា​​ឡើយ​។​

អ្នក​កាសែត​និយាយ​ទាំង​ផ្ដោត​សម្លឹង​ប្រតិកម្ម​អគ្គ​នាយិកា​ក្មេង​វ័យ​ជាប់៖
​«​អ្នក​នាង​ស្គាល់​មនុស្ស​ស្រី​ឈ្មោះ​វិល័យ​ទេ?»
​ដាមិកា​នៅ​ស្ងៀម​ធ្វើ​ភ្នែក​មូលក្លុំ​ទន្ទឹង​រង់ចាំ​ស្ដាប់​ ដា​ណែន​ក៏​និយាយ​បន្ថែម​៖​
​«​ម្នាក់​ដែល​លែងលះ​ជាមួយ​បង​ប្រុស​នាង?»
​ដាមិកា​តប​ភ្លាម​៖​
​«​គាត់​មិនដែល​លែង​គ្នា​ឯណា​»​
​ដា​ណែន​ចង​ចិញ្ចើម។
​វា​ពិត​ជា​រឿង​យល់​ច្រឡំ​ធំ​មួយ​ ដែល​នាង​យល់​ថា ​ស្ត្រី​នោះ​បាន​លែងលះ​ជាមួយ​អភិ​ជន​សោភ័ណ ពិសិដ្ឋ។

ប្រសិន​បើ​អ្នកស្រី​វិល័យ​នៅ​ក្នុង​គ្រួសារ Red index​ដដែល​ ហើយ​គាត់​មាន​ល្បិច​១០០​ជំពូក​បែប​នេះ មិន​កាន់​តែ​គ្រោះថ្នាក់​ធ្ងន់?
​ដា​ណែន​រួសរាន់​និយាយ៖
​«​គេ​នោះ​ចង់​ឱ្យ​ខ្ញុំ​បង្ហាញ​រឿង​រវាង​នាង​និង​សូ​ត្រា​ឱ្យ​សាធារណៈ​ជន​ដឹង​ នឹង​អាល​ឱ្យ​បង​ប្រុស​ធំ​នាង​ចាត់​ការ ហើយ​គេ​នឹង​លេង​គាត់​បន្ត​! គេ​ឱ្យ​សោ​បន្ទប់​​នេះ​មក​ខ្ញុំ​!»​
​ដាមិកា​​សម្លឹង​មុខដា​ណែន​ពិត​មែន តែ​ភ្នែក​នាង​ពេញ​ដោយ​ការ​ត្រិះរិះ​។​
​ដើម្បី​ឱ្យ​នាយិកា​ម្នាក់​នេះ​យល់​បាន​នូវ​សាច់រឿង​ទាំងស្រុង ពិតជា​ត្រូវ​ពេលវេលា ដូច្នេះ​ដា​ណែន​មិន​អាច​បង្អង់​បាន​ឡើយ​។​

នាង​និយាយ​បន្ត​៖​
​«​ខ្ញុំ​ឱ្យ​ខៀវ​សូ​ត្រា​ចេញ ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ទាក់ទង​នឹង​រឿង​នេះ ខ្ញុំ​ខ្លាច​គេ​មាន​គ្រោះថ្នាក់​ម្នាក់ទៀត​ បើ​គេ​ដឹង​ថា​ស្រី​នោះ​ដាក់​ថ្នាំពុល​លើ​ខ្លួន​ខ្ញុំ គេ​នឹង​ទៅ​រក​គាត់​!»​
​ដាមិកា​​នៅ​ស្ងាត់ស្ងៀម​បន្ត​ស្ដាប់​​គ្មាន​សំណួរ​​និង​គ្មាន​ប្រតិកម្ម​ក៏​ពិត​មែន តែ​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា នាង​មិន​ដឹង​អ្នក​បង​របស់​ខ្លួន​មាន​គំនុំ​លើ​ស្វាមី​ខ្លួន​ឯង​នោះ​ដែរ។
​«​គេ​នោះ​បាន​សារភាព​ថា ​ថ្នាំ​ដែល​ខ្ញុំ​បាន​លេប ហើយ​និង​អ្នកនាង​សោភ័ណ រ៉ាវី​ជា​ប្រភេទ​តែ​មួយ​!»​
​ដាមិកា​របូត​កន្សែង​ទទឹក​ពី​ដៃ។

«​គេ​នោះ​សម្លាប់​ប្អូនស្រី​ខ្ញុំ​ដើម្បី​ស្អី​?​ ប្អូន​ខ្ញុំ​ទៅ​ធ្វើ​ស្អី​វា?»
​«​អ្នកនាង​ដឹង​ចម្លើយ​ហើយ!»
ដា​ណែន​ឆ្លើយ​តិចៗ​ទាំង​បិទ​ភ្នែក​ព្រោះ​ងោកងុយ។
​«​ឱ្យ​ខ្ញុំ​យល់​ខុស​ស្មាន​ថា​ជា​លោក​បង​??»​
​ដា​ណែន​បើកភ្នែក​មក​វិញ​ ហើយ​ឆ្លើយតប​មួយៗ៖
​«​ខ្ញុំ​មើល​ទៅ​គាត់​នោះ ​មាន​រោគ​ចិត្ត​ធ្ងន់​ណាស់ និយាយ​ស្ដី​មិន​ដឹង​ហេតុផល​មិន​ដឹង​រឿង​នោះ​ទេ!»
​ដាមិកា​​សម្លឹង​ដា​ណែន​ពី​លើ​ចុះ​ក្រោម ទាំង​ពិនិត្យ​ពិច័យ​មុន​ពេល​សួរ​បន្ត៖
​«​ចុះ​ហេតុ​អី​នាង​មិន​ស្លាប់​!»​
​«​គេ​កម្រិត​ថ្នាំ​ខ្ញុំ​ឱ្យ​សល់​ពេល​២៤​ម៉ោង​ចាត់ការ​ធ្វើការ​ឱ្យ​គេ!»
​«​ធ្វើ​អី​? ការ​ស្អី​របស់​នាង​នោះ ខ្ញុំ​នឹង​អូស​វា​ចូល​គុក!»
​ដាណែន​ដក​ដង្ហើម​ធំ​ ព្រោះ​នឹក​ឃើញ​ដល់​សេចក្ដី​ស្លាប់​ ដែល​គ្មាន​សង្ឃឹម​ថា​អាច​ស្រោចស្រង់​បាន។

នាង​និយាយ​សា​ដើម​តប​នឹង​ម្ចាស់​សំណួរ៖
​«​ដូច​បាន​ប្រាប់​មុន​នេះ​! គេ​នោះ​ចង់​ឱ្យ​ខ្ញុំ​បង្ហាញ​រឿង​រវាង​អ្នក​ទាំង​ពីរ​ឱ្យ​សាធារណៈ​ជន​ដឹង នឹង​អាល​ឱ្យ​បង​ប្រុស​ធំ​នាង​ចូល​អន្ទាក់!»
​«​ហេតុ​អី​បង​ខ្ញុំ​ត្រូវ​ចូល​អន្ទាក់​!»​
​«​ព្រោះ​ថា​ឱ្យ​តែ​គាត់​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​លួច​លាក់ គាត់​នឹង​ខឹង​! ​ហើយ​ពេល​គាត់​ខឹង​អ្នក​ទាំង​ពីរ​ស្លាប់ ទោះ​ជា​អ្នក​ណា​ធ្វើ​ក៏​ដោយ​វា​ជា​ស្នាដៃ​គាត់!»
​«​ឡប់​សតិ!»
​«​និយាយ​ត្រូវ​ណាស់​អ្នក​នាង​ដាមិកា​!​ បងថ្លៃ​អ្នក​នាង​មិន​ត្រឹមតែ​សម​នឹង​ពាក្យ​ពីរ​ម៉ាត់​នេះ ខ្ញុំ​ឱ្យ​គាត់​ថែម​ពីរ​ម៉ាត់​ទៀត​គឺ​សាហាវ!»
​ដាមិកា​​អង្គុយ​យឺត​ៗ​មក​លើ​គ្រែ​ចុងជើង​ដា​ណែន ហើយ​រអ៊ូ​មួយៗ​៖​
​«​អ៊ីចឹង​​តើ​បាន​ជា​មិន​មកពី​អាមេរិក​ជាមួយ​លោក​បង​! ​យក​លេស​ថ្ងៃ​នេះ​ថ្ងៃ​នោះ​?»​
​សំឡេង​ដា​ណែន​លាន់​មក​បន្ថែម​៖​
​«​គេ​ចង​ភ្នែក​ខ្ញុំ ចង​ដៃ​ដាក់​ថ្នាំ​សន្លប់! ​ខ្ញុំ​មិន​ដឹង​ទីតាំង​គេ​ទេ​! ​ចុង​ក្រោយ​ក្នុង​ខ្លួន​ខ្ញុំ​ក៏​ផ្ទុក​ជាតិ​ពុល!»

ដាមិកា​សម្លឹង​មក​ដា​ណែន​ទាំង​ស្រងេះស្រងោច។
​នារី​អ្នក​មាន​ជីក​កកាយ​សួរ​រក​ហេតុផល៖
​«​ចុះ​ហេតុ​អី​ពេល​នេះ​នាង​មិន​ធ្វើ​តាម​គេ​យក​រស់​ជីវិត!»
​ដា​ណែន​សើច​ចំអក​ឱ្យ​ខ្លួន​ឯង មុន​ពេល​ឆ្លើយ​ទាំង​ឈឺចាប់៖
​«​ទោះ​ដោយ​វិធី​ណា​! គេ​នឹង​មិន​និយាយ​ឈ្មោះ​ថ្នាំ​ប្រាប់​ខ្ញុំ​ទេ​ នាង​ជឿ​ទៅ​! ស្រី​នោះ​គ្មាន​ហេតុផល​អ្វី​បណ្ដោយ​ឱ្យ​មនុស្ស​ដែល​ដឹង​រឿង​របស់​គេ​អាច​នៅ​រស់​បាន​ឡើយ»
​ពេល​ស្រី​ស្រស់​កំពុង​រេ​ភ្នែក​គិត​ពិចារណា​ដោយ​បារម្ភ អ្នក​កាសែត​ស្រដី​ផ្ដែផ្ដាំ​បន្ថែម៖
​«​អ្នក​នាង​ត្រូវ​ការពារ​​បង​ត្រា! មួយ​ជីវិត​គាត់​ ចេះ​តែ​កាន់​ប៊ិច​ មិន​ចេះ​ល្បិចល្បង​ដាក់​អ្នក​ណា​ទេ! គាត់​មិន​ស​ម​ណា​នឹង​មក​រង​គ្រោះ​មិន​ទំនង​របៀប​នេះ​ឡើយ!»

ដាមិកា​​គ្រវី​ក្បាល​តិច​ៗ​ហើយ​បដិសេធ៖
​«​ពេជ្រ​ ដា​ណែន​!​ យើង​មិន​ដែល​ស្គាល់​គ្នា​ទេ​!​ នាង​សុខ​ៗ​បង្ហាញខ្លួន​ក្នុង​បន្ទប់​​ខ្ញុំ ពេល​នេះ​និយាយ​រឿង​អាស្រូវ​ចាក់​ស្រេះ​ស្ដាប់​​ហើយ​ថប់ដង្ហើម​!​ នាង​គិត​ថា​ឱ្យ​ខ្ញុំ​ជឿ​សម្ដី​នាង​ងាយ​ៗ​អ៊ីចឹង​​បាន​ដែរ​?»​
​«​មនុស្ស​ជិត​ស្លាប់​ហើយ តើ​និយាយ​កុហក​ធ្វើ​អី​ទៀត​?»​
​ដាមិកា​​ថ្លោះ​ទឹក​មុខ​ព្រោះ​ស្រងាកចិត្ត​។​
​សាជាថ្មី​ដា​ណែន​ស្នើ​សុំ​៖​
​«​ម៉ាឌី​​នៅ​ឯ​ណា​!​ គេ​មាន​រឿង​អី​ដែរ​អត់​?​ ខ្ញុំ​ចង់​ជួប​គេ​!»​
​ដាមិកា​​លេប​ភាព​ចត់​ជូរ​ហើយ​ងក់​ក្បាល​តិចៗ​មុន​ពេល​សន្យា៖
​«​បាន​!​ ខ្ញុំ​សន្យា​!»​
​នាង​ងើប​ចេញ​ដើរ​មួយៗ​មក​ក្រៅ​បន្ទប់។

ក្នុង​ជំហាន​នីមួយៗ​​ស្រី​អម្បូរ​ហង្ស​ឈាន​ផង​គិត​ផង។
​ដំណោះស្រាយ​ពេល​នេះ​តើ ត្រូវ​ដើរ​ច្រក​ណា? ខៀវ​ សូត្រា ពិត​ជា​មាន​គ្រោះថ្នាក់​មែន​ទេ ​ប្រសិន​ឱ្យ​គេ​ដឹង​រឿង​នេះ​ដើម្បី​ជួយ​គិត​គ្នា?
​នាង​គិត​ទាំង​ណែន​ទ្រូង​ពេល​មក​ដល់​ក្រៅ​ទ្វា​ ឃើញ​និពន្ធ​នាយក​ប្រកប​ដោយ​ទឹក​មុខ​ខូចចិត្ត។
​គេ​ដូច​ជា​បាន​ឮ​​ឃ្លា​សន្ទនា​ទាំង​អស់​អ៊ីចឹង។
​«​គេ​ប្រាកដជា​បាន​លប​ស្ដាប់​ឮ​​ហើយ!»
​ដាមិកា​គិត​ទាំង​បារម្ភ ប៉ុន្តែ​នាង​នៅ​មិន​មាត់​មិន​ក ប៉ុន្តែ​ភ័យ​មួយ​គឺ​បុរស​នេះ​នឹង​ធ្វើតាម​កំហឹង។
​«​បង​ត្រូវការ​ដឹង​កន្លែង​លាក់ខ្លួន​របស់​មនុស្ស​ចង្រៃ​នោះ!»
​ដាមិកា​គិត​មិន​ខុស​ទេ ដា​ណែន​រឹតតែ​ព្រួយ​ទុក្ខ​មិន​ខុស​ដែរ។
​សូ​ត្រា​ពិត​ជា​ចង់​បាន​ឈ្មោះ​ថ្នាំ ​មក​ជួយ​ដា​ណែន​រហូត​ដល់​លែង​គិត​ពី​គ្រោះថ្នាក់​ដែល​កំពុង​រង់ចាំ​។​

«​បើ​សម្ដី​ដា​ណែន​ជា​ការ​ពិត​…​»​
​នាង​ទើបតែ​ឱ្យ​បាន​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ គេ​បង្អាក់​នាង​កណ្ដាល​ទី​៖​
​«​ដា​ណែន​ពី​ដើម​មក​មិន​ដែល​និយាយ​អី​មិន​ពិត​ទេ​!»​
​ដាមិកា​​នៅ​ទ្រឹង​ពេល​ដែល​អ្វីៗ​គ្រប់​យ៉ាង ហាក់បីដូចជា​កំពុង​គ្រប​សន្ធប់​។​
​ស្នូរ​ទូរ​សព្ទ​នាង​រោទ៍​កន្ត្រាក់​អារម្មណ៍​ប្រុស​ស្រី​ទាំងពីរ​មកវិញ​​។​
​នាង​ទាញ​សូ​ត្រា​ទៅ​ជ្រុង​ស្ងាត់ ហើយ​លើក​មក​និយាយ​៖​
​«​បង​វិច្ឆិកា​?»​
​«​បង​ឃើញ​គេ​ហើយ​!»​
​វិច្ឆិកា​ឆ្លើយតប​ពី​ចុង​ខ្សែ​ម្ខាង។
​«​ឱ្យ​​បង​ប្រាប់​ម៉ាឌី​ថា​ម៉េច​!?»
​នាង​តប​ភ្លាម​ខ្សឹបៗ៖
​«​គេ​ឃើញ​បង​ឯង​ឬ​នៅ?»
​«​នៅ​ទេ​? ​ហេតុ​អី​?»
​«​ខ្ញុំ​ចង់​ស្គាល់​មុខ​ម្នាក់​ឈ្មោះ​ម៉ាឌី​នេះ!»
​«​ហេតុ​អី?»
​«​ឈប់​សួរ​ហេតុ​អី​ទៅ​បង​វិច្ឆិកា! ​ខ្ញុំ​មាន​ការ​បន្ទាន់​ ឈ្មោះ​គេ​នេះ​ខ្ញុំ​ជា​ដូច​សង្ស័យ! ថត​រូប​ឱ្យ​ខ្ញុំ​ឥឡូវ​នេះ​មក ហើយ​ចាំ​ឃើញ​ហើយ​ខ្ញុំ​ប្រាប់​តាម​ក្រោយ!»
​«​បាន!»

នាង​ងើប​មុខ​មក​វិញ​សម្លឹង​ប្រុស​ស្នេហ៍។
​ប៉ុន្តែ​បង្អង់​បន្តិច​​ទើប​នាង​ស្រដី៖
​«​បើ​ម៉ាឌី​​នេះ​និង​ម៉ាឌី​​ដែល​ខ្ញុំ​កំពុង​គិត​ជា​មនុស្ស​តែ​ម្នាក់ បង​ឯង​មិន​បាច់​ភ័យ​ទេ ​យើង​នឹង​បាន​ឈ្មោះ​ថ្នាំ!»
​«​ហេតុ​អី​!?»​
​នាង​អស់​សំណើច​ទាំង​ទ្រូង​កំពុង​ពេញ​ដោយ​ក្ដី​កង្វល់​៖​
​«​ម្នាក់ៗ​ចេះ​ពាក្យ​ពី​ម៉ាត់​នេះ​ស្ទាត់​ម្ល៉េះ​?»​
​«​បង​ចង់​ដឹង​ហេតុផល​!​ ម៉ាឌី​​នោះ​មើល​ទៅ​ស្រលាញ់​គេ​ណាស់​! ​បង​ចង់​និយាយ​ពី​ដា​ណែន​!»​
​«​កូន​ប្រុស​បង​ខ្ញុំ​ក៏​ឈ្មោះ​ម៉ាឌី​ដូចគ្នា​!»​
​«​អ្ហះ​?»​
​ដាមិកា​​ងក់ក្បាល​បញ្ជាក់​៖​
​«​បង​ប្រុស​ខ្ញុំ​នៅ​អាមេរិក​សោភ័ណ ​ពិសិដ្ឋ​ ក៏​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ក្រៅ​ហៅ​ថា​ម៉ាឌី​​ដូចគ្នា​ដែរ​!»​
​សូ​ត្រា​ចង​ចិញ្ចើម​ហាក់​វិល​វល់​។​
​គេ​មិន​មាត់​មិន​ក​​ទុក​ឱ្យ​នាង​លើក​ទូរ​សព្ទ​មក​ពិនិត្យ​។​
​គេ​ដឹង​ថា​ វិច្ឆិកា​ប្រាកដជា​ផ្ញើ​​រូប​មក​ បាន​ជា​តាមដាន​​ផ្ទៃ​មុខ​ដាមិកា​​មិន​ហ៊ាន​ប្រិច​ភ្នែក។

ដាមិកា​ហា​​មាត់​សើច​ក្អាកក្អាយ​។​ គឺ​នាង​សើច​របៀប​ហួសចិត្ត​។​ សើច​ចប់​កាល​ណា​នាង​គ្រវីក្បាល​ធ្វើ​ឱ្យ​សូ​ត្រា​អាច​យល់​បាន​ថា​ការ​ពិត​ជា​អ្វី​ស្រេច​ទៅ​ហើយ។
​ក្នុង​ពេល​ដែល​និពន្ធ​នាយក​កំពុង​ស្រមៃ​នឹក​ឡើងវិញ​ នូវ​គ្រា​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ជួប​ម៉ាឌី​​នៅ​ក្បែរ​ដា​ណែន គេ​គិត​ជា​ស្រេច​ថា​ ការ​លេច​ឡើង​ដូច​អព្ភូត​ហេតុ​របស់​បុរស​ក្មេង​នេះ ​ពិតជា​មិនមែន​រឿង​ធម្មតា​សម្រាប់​ជីវិត​ដា​ណែន​នោះ​ឡើយ ប៉ុន្តែ​មួយ​រយៈពេល​ចុងក្រោយ​ឆ្លងកាត់​ពេលវេលា​ស្មុគស្មាញ​ច្រើនពេក ​បានជា​នាយ​ហាក់​កាន់តែ​ដាច់​ឆ្ងាយ​ពី​នាង រហូតដល់​អ្វីៗ​បាន​កើតឡើង​។​
​«​បង​វិច្ឆិកា​មិនបាច់​ជួប​គេ​ទេ​! ​ខ្ញុំ​ខល​ទៅ​គេ​ខ្លួនឯង​!»​
​សូ​ត្រា​សម្លឹង​នាង​ភ្លឹះៗ​ព្រោះ​គ្មាន​ពាក្យ​អ្វី​នឹង​និយាយ​ទៀត​។​

វគ្គ​
​ទឹក​ដល់​ដំណាក់​កាល​ក្ដៅ​ពុះ​

​វិច្ឆិកា​ឈប់​ឡាន​បន្ទាន់ ​ហើយ​រត់ឡើង​ភោជនីយដ្ឋាន​ ដែល​មាននៅ​អង្គុយ​ដាមិកា​​រង់ចាំ​ជាស្រេច​។​
​ប្រធាន​និស្សិត​បោះ​ជំហាន​វែងៗ​ចូល​មក​ដល់​តុ​ភ្លាម ​គេ​ទាញ​កៅអី​អង្គុយ​ចុះ​ហើយ​និយាយ​ត្រហប​ខ្សឹបៗ៖
​«​ឯ​ណា​ដា​ណែន​?»​
​«​ជាន់​ខាង​លើ​!»​
​នាង​ឆ្លើយ​ដោយ​ទឹក​មុខ​ស្មើ​ ព្រម​ទាំង​លើក​តែ​ក្រេប​ធ្វើ​ធម្មតា​ ប៉ុន្តែ​វិច្ឆិកា​​សែន​អន្ទះសា៖
​«​យក​គេ​ទៅ​ពេទ្យ​ទៅ!»
​«​នាំ​វែង​ឆ្ងាយ​ទេ!»
​នាង​និយាយ​ធ្វើ​ដូច​ធម្មតា​គ្មាន​អ្វី​ជា​ករណី​បន្ទាន់​សោះ ​នាំ​ឱ្យ​ប្រធាន​និស្សិត​រឹតតែ​សៅហ្មង។
​វិច្ឆិកា​ខាំមាត់​បដិសេធ៖
​«​អត់​ទេ​ដាមិកា​​! ​កុំ​យក​ជីវិត​មនុស្ស​មក​លេង​ជា​ល្បែង!»

ដាមិកា​​ដាក់​ពែង​ចុះ​ ហើយ​ពន្យល់​តិចៗ​ល្មម​តែ​ឮ​​ពីរ​នាក់៖
​«​ម៉ាឌី​នោះ​ជា​ក្មួយ​ខ្ញុំ​ដែល​បង​សិដ្ឋ​គំរា​ថា​ដក​តំណែង​ខ្ញុំ​ឱ្យ​ទៅ​គេ!»
​«​ថា​ម៉េច​?»
​នាង​សើច​ចំអក​ទឹក​មុខ​ស្លន់ស្លោ​របស់​គេ៖
​«​បង​ឯង​ប្អូន​ធម៌​គាត់ មិន​សម​ថា​មិន​ដែល​ឃើញ​មុខ​ក្មួយ?»

វិច្ឆិកា​នឹក​ភ្នក​ដល់​សភាព​ម៉ាឌី​​ប៉ុន្មាន​ដង​ ដែល​នាយ​បាន​ជួប។ សម្ដី​ម៉ាឌី​​ទាំង​អស់​ដែល​បាន​ឆ្លើយឆ្លង​និង​អធិការ​នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​ពេល​នេះ រំលឹក​សា​ឡើង​មក​វិញ​ក្នុង​ការ​ចង​ចាំ…
​«​ខ្ញុំ​ស្រលាញ់​គេ​! យើង​ស្នាក់​នៅ​បន្ទប់​ជា​មួយ​គ្នា​!» «​ប្អូន​ថា​បែក​ពី​គេ​នៅ​ពេល​ព្រលប់​ចេញ​ទៅ​ទិញ​បាយ​ម្ហូប​ក្បែរ​ពេទ្យ ​ប្អូន​មាន​សង្ស័យ​ដែរ​ទេ​ថា ​ខាង​ស្រី​មាន​ចិត្ត​រត់​បំពួន​ខ្លួនឯង​?» «​គេ​មិនមែន​ជា​មនុស្ស​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ទេ! គេ​ជា​ប្រភេទ​មនុស្ស​ស្រី​មាន​ចរិត​បើក​ចំហ​ ហើយ​ហ៊ាន​ធ្វើ​ហ៊ាន​និយាយ ​មិន​ខ្លាច​អ្វី​ទាំង​អស់​!​ គេ​មិន​ចាំបាច់​រត់​ទេ​ បើ​គេ​ចង់​ទៅ​ណា​គេ​ប្រាប់​ថា​ទៅ​នោះ​!​ ហើយ​នៅ​ស្រុក​ខ្មែរ​នេះ​ គេ​គ្មាន​អ្នក​ណា​ស្គាល់​ទាំង​អស់ ផ្ទះ​គេ​នៅ​បារាំង» «​ចុះ​…​​ ប្អូន​ដឹង​ទេ​ថា ​ថ្មីៗ​នេះ​គេ​មាន​ទំនាស់​ជាមួយ​អ្នក​ណា​គួរ​ឱ្យ​កត់សម្គាល់​អត់​? ​ខ្ញុំ​និយាយ​ពី​អ្នក​ដែល​ប្អូន​ថា​បាត់​ខ្លួន​!» «​ខៀវ ​សូត្រា​ចៅហ្វាយ​របស់​គេ​! មួយ​រយៈ​នេះ​ដា​ណែន និង​ខៀវ​ សូ​ត្រា​មានរឿង​រកាំរកូស​គ្នា​ច្រើន​គួរសម​! គេ​ធ្លាប់​មក​រក​ដា​ណែន​ពីរ​ដង​ដល់​ផ្ទះ លើក​ទី​មួយ​នាង​និយាយ​ទ្រគោះ​ដាក់​គេ​ខ្ញុំ​ក៏​នៅ​ទី​នោះ ចំណែក​លើក​ទី​ពីរ​ គឺ​ប៉ុន្មាន​ម៉ោង​មុនគេ​ចូល​ពេទ្យ! គេ​មក​ពី​ក្រោយ​ដល់​ជិត​ភ្លឺ​ ហើយ​ឡើង​មក​ផ្ទះ​យំ​ទៀត​!​ គេ​និយាយ​ថា ​គេ​បាន​ជួប​ម្នាក់​នោះ​នៅ​ខាង​ក្រោម! ពួក​បង​គួរ​តែ​ហៅ​គេ​នោះ​មក​សួរនាំ​!​ ម្នាក់​នោះ​មើល​ទំនង​អ្វី​ក៏​គេ​ហ៊ាន​ធ្វើ​ដែរ!»

វិច្ឆិកា​ដក​អារម្មណ៍​មក​វិញ​ ហើយ​គ្រវីក្បាល​តិច​ៗ​តបត​ជាមួយ​ដាមិកា​​វិញ​ភ្លាម៖
​«​បង​មិន​ខ្វល់​ថា​ម៉ាឌី​​ចង់​បាន​អ្វី​ពី​ទំនាក់ទំនង​ជាមួយ​ដា​ណែន​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​តែ​គ្រូពេទ្យ​​ប៉ុណ្ណោះ!»
​«​ម៉ាឌី​​កំពុង​ទៅ​រក​ម្ដាយ​​គេ​ហើយ​!​ គេ​នឹង​សង្គ្រោះ​មនុស្ស​ស្រី​គេ​ស្រលាញ់​!​ វ័យ​របស់​គេ​នេះ​ស្នេហា​ធំ​ជាង​ជីវិត គេ​មិន​ឱ្យ​ដា​ណែន​ស្លាប់​ទេ!»
​នាង​និយាយ​ធ្វើ​ហី​តែ​វិច្ឆិកា​​មិន​អាច​ធ្វើ​វា​ហី​កើត​ឡើយ​។​
​«​រួច​ចុះ​បើ​គេ​មក​មិនទាន់​?​ ឬ​​ម្ដាយ​​គេ​មិន​ឱ្យ​ចេញ​មក​បាន​?»​
​អគ្គ​នាយិកា​នៅតែ​ធ្វើ​រឹងមាំ​បាន​ដោយ​គ្មាន​ប្រិច​ភ្នែក។
​ទោះ​បី​ជា​គ្មាន​ស្នាម​ញញឹម​ដូច​មុន​ ប៉ុន្តែ​នាង​នៅ​តែ​មិន​ចេះ​ខ្វះ​ពាក្យ​ឆ្លើយ៖
​«​បើ​ពេជ្រ ​ដា​ណែន​ត្រូវ​ស្លាប់​មែន វា​ជា​វាសនា​របស់​នាង!»
​វិច្ឆិកា​បង្ហាញ​អាការៈ​មួហ្មង​នៅ​នឹង​ភ្នែក​នាង បង្ហាញ​ច្បាស់​ថា ​គេ​មិន​ពេញ​ចិត្ត​ពី​ភាព​ព្រងើយ​កន្តើយ​របស់​មនុស្ស​ស្រី​ដៃ​គូ​សន្ទនា​នេះ​ទាល់​សោះ​ទេ។

ប៉ុន្តែ​នាង​ស្រាប់តែ​និយាយ​បន្ត៖
​«​ខ្ញុំ​និយាយ​មិន​ទាន់​ចប់​! ម៉ាឌី​នឹង​យក​មក​បាន ខ្ញុំ​ដឹង​ច្បាស់​អ៊ីចឹង​​ហើយ បើ​គេ​ជួយ​នាង​មិន​បាន​គឺ​វា​ជា​ព្រហ្មលិខិត​របស់​នាង!»
​វិច្ឆិកា​សម្លឹង​ភាព​ជឿជាក់​របស់​នាង ហើយ​ក៏​នឹកភ្នក​ទៅ​ដល់​រឿង​ចាស់​កាល​នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស កន្លង​ទៅ​ថ្មីៗ​នេះ ​គឺ​ពេល​ដែល​និពន្ធ​នាយក​ស្រស់​សង្ហា ​ត្រូវ​កោះហៅ​មក​សាកសួរ។ គេ​ចូល​មក​ដល់​ប៉ុស្តិ៍​មិន​ទាន់​បាន​ថា​អ្វី​ផង​ រហ័ស​ដូច​ផ្លេកបន្ទោរ​ ម៉ាឌី​​ស្ទុះភ្លែត​ទៅ​ទាញ​ក​អាវ​គេ​ប្រកប​ដោយ​ទឹកមុខ​កាច​សាហាវ​។ ​«​កុំ​ឱ្យ​ដា​ណែន​ជ្រុះ​សក់​មួយ​សរសៃ មិន​អ៊ីចឹង​ដឹង​គ្នា​ហើយ​អា​កំសាក​!»។

វិច្ឆិកា​ដក​អារម្មណ៍​មក​វិញ ព្រោះ​ឮ​​នាង​ផ្ដើម​និយាយ៖
​«​ខ្ញុំ​មាន​រឿង​ចង់​ពិគ្រោះ​ជាមួយ​បង!»
​«​និយាយ​មក!»
​«​បង​សិដ្ឋ​ប្រហែល​ជា​មិន​បាន​ដឹង​រឿង​អី​ទាំងអស់ ប៉ុន្តែ​អ្នក​បង​ដែល​ជា​ឃាតករ​សម្លាប់​ប្អូន​ខ្ញុំ​រ៉ាវី​!»​
​មិន​បង្អង់​យូរ​នាង​ឱ្យ​អធិប្បាយ​រឿង​ទាំងអស់​ប្រាប់​នាយ​ពី​ដើម​ដល់​ចប់ រហូតដល់​វិច្ឆិកា​ស្រមៃ​នឹក​ដល់​រឿង​ផ្សេង ។​
​«​និយាយ​អ៊ីចឹង​មាន​តែ​អ្នក​ដែល​ធ្វើ​នោះ​ជា​មនុស្ស​នៅ​ក្បែរ​ៗ​ល្បង​ បានជា​អាច​បង្កើត​ការ​ភ័ន្តច្រឡំ​​នេះ​ឡើង​បាន​!»​
​វិច្ឆិកា​និយាយ​ពេល​ដែល​ដាមិកា​សញ្ជឹង​គិត​ដោយ​ប្រយ័ត្ន​ប្រយែង។
​គេ​បន្ថែម៖
​«​ឥឡូវ​បង​នឹកឃើញ​រឿង​មួយ​ទៀត ប្រសិន​បើ​ខាង​ណោះ​មាន​អ្នក​បង​ជា​រនុក ចាត់ការ​រឿងរ៉ាវ​ខាង​ណេះ ដាមិកា​ក៏​ប្រហែល​មាន​មនុស្ស​បង្កប់​មក​ធ្វើ​រឿង​ព្រម​គ្នា​ដែរ»
​«​អ្នក​ណា​?​ បង​វិច្ឆិកា​សង្ស័យ​អ្នក​ណា​?​ បង​វីន?»
​«​មិន​មែន​គាត់​ទេ​!​ បង​វីន​បង​នៅ​នឹង​គាត់​តាំង​ពី​តូច​!!​ មនុស្ស​គាត់​បែប​ណា​បង​ដឹង​ច្បាស់​!​ ប៉ុន្តែ​អ្នក​ផ្សេង​! លេខា​របស់​អូន​!»​
​«​អា​ពីន​?»​

ដាមិកា​​ជ្រួញ​ចិញ្ចើម​ពេល​ដែល​ប្រធាន​និស្សិត​វិភាគ​បន្ត៖
​«​បង​ចេះ​តែ​យល់​ថា​ អ្វីៗ​ដូចជា​ជួន​គ្នា​ពេក​! យប់​មួយ​នោះ​បន្ទា​ប់ពី​បង​បាន​ជួប​សុខៈ ដែល​អះអាង​ថា ជា​ប្ដី​​របស់​រ៉ាវី​!​ បង​បាន​ទៅ​រក​យើង​នៅ​ក្រុមហ៊ុន​ព្រោះ​ខ​ល​មិន​ចូល ពេល​នោះ​មាន​មនុស្ស​លប​ចូល​បន្ទប់​អូន​​​ គេ​នោះ​មាន​ចេតនា​ចង់​ឱ្យ​បង​ឃើញ​ទំ​នាក់​ទំនង​អូន​និង​លេខា​លីនរ៉ា​ណា ព្រម​ទាំង​អ្នកនាង​ពៅ​រ៉ាវី​! ​បង​ធ្វើ​ពុត​ដូច​មិន​ដឹង​ខ្លួន ​ហើយ​ថយ​ចេញ​ទៅ​មុន តែ​បង​ពួនស្ទាក់​ចាំ​មើល​!​ ទី​បំផុត​លេខា​អូន​ពិត​ជា​បាន​បើកឡាន​ចេញ​មក​តាម​ក្រោយ​មែន​!​»​
​ដាមិកា​​សញ្ជឹង​គិត​ទាំង​សំណួរ​​ខ្លី​លាន់​មក​៖​
​«​គេ​ធ្វើ​អ៊ីចឹង​ដើម្បី​អី​?»​
​«​គេ​ចង់​ប្រាប់​បង​ថា ដាមិកា​​មិនមែន​ជា​អ្នក​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​រ៉ាវី​ ព្រោះ​អ្នក​ទាំងពីរ​ជា​បង​ប្អូន​បង្កើត​! ​គេ​ចង់​ឱ្យ​បង​ដូរ​ទិសដៅ​ទៅ​រក​ល្បង​!»​
​«​តែ​លេខា​ថ្មី​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​លោក​បង​បញ្ជូន​មក​ បន្ទាប់ពី​លេខា​លីន​រ៉ា​ណា​ត្រូវ​ចាប់ខ្លួន​!»​
​«​មាន​ន័យ​ថា​លោក​បង​ពិសិដ្ឋ​ក៏​មិន​ដឹង​ដែរ​ថា ​ម្នាក់​នេះ​ជា​មនុស្ស​បម្រើ​ការ​ឱ្យ​អ្នក​បង​វិល័យ​!»​

គេ​ឱ្យ​ចុច​ទូរ​សព្ទ​៖​
​«​បង​សួរ​បង​វីន​ដឹង​មិន​ខាន​ពី​ប្រភព​របស់​ស្រី​ម្នាក់​ហ្នឹង​!»​
​អគ្គ​នាយិកា​នៅ​សំងំ​អត់ធ្មត់ ​រង់ចាំ​ស្ដាប់​​លទ្ធ​ផល​នៃ​ការ​ចរចា​របស់​វិច្ឆិកា​​និង​បង​វីន​ ដោយ​រំពៃ​រក​នឹក​ពី​សកម្មភាព​នានា​របស់​លេខា​ថ្មី​រូប​នោះ​ផង។
​ចុង​ក្រោយ​វិច្ឆិកា​ឈប់​និយាយ​ទូរ​សព្ទ​ដោយ​ងាក​មក​ងក់​ក្បាល​បញ្ជាក់៖
​«​មនុស្ស​អ្នក​បង​រក​មក​ឱ្យ! បង​និយាយ​ពី​អា​ពី​ន​ម្នាក់​នោះ»
​ដាមិកា​​សញ្ជឹង​គិត​ដោយ​ទឹក​មុខ​ខឹង​ស្លេក។ នាង​ដឹង​ថា​ បង​ប្រុស​ខ្លួន​ក៏​ប្រហែល​ជា​មិន​ដឹង​ពី​ផែនការ​ខ្មៅ​កខ្វក់​របស់​ភរិយា​ខ្លួន​អ្វី​ដែរ។
​នាង​គិត​បាន​បន្តិច​ក៏​ស្ទុះ​ក្រោក​ឡើង​ ហើយ​និយាយ​មក​កាន់​វិច្ឆិកា៖
​«​តាម​ដាន​ស្រី​នោះ​ប្រហែល​ជា​រក​កន្លែង​អ្នក​បង​ឃើញ!»
​នាង​ទាញ​ដៃ​នាយ​ចាក​ចេញ​ទៅ​ក្រៅ​ជា​បន្ទាន់ ​ហើយ​ប្រើ​រថយន្ត​មួយ​ពីរ​នាក់។
​«​ឡាន​អ្នក​ណា​?​ ម៉េច​មិន​ជិះ​ឡាន​យើង!»
​«​ឡាន​នេះ​ហើយ​គេ​មិន​ចំណាំ!»
​នាង​ឆ្លើយ​បាន​ក្នុង​ទឹកមុខ​ធម្មតា​ ទោះបីជា​ការ​ពិត​ទៅ​ចិត្ត​នាង​កំពុង​បាចសាច​ជាមួយ​សេចក្ដី​កង្វល់​រាប់មិនអស់​ក្ដី​។​

វិច្ឆិកា​សម្ងំ​​ស្ងៀម​ពេល​ដាមិកា​ខល​កុហក​លេខា​ថ្មី​នោះ​៖​
​«​អា​ពី​ន​! បង​រវល់​មានធុរៈ​បន្ទាន់​!​ បង​ដល់​ប្រលាន​ហើយ​ បង​ទៅ​សាំងហ្គាពួរ​ពីរ​យប់​! ​កុំ​បាច់​រក​បង​»​
​នាង​ដាក់​ទូរ​សព្ទ​ចុះ វិច្ឆិកា​វិញ​​ញញឹម​ហើយ​និយាយ​៖​
​«​បើ​គេ​ជា​មនុស្ស​របស់​អ្នក​បង​វិល័យ​ពិតមែន​! គេ​នឹង​គិត​ថា​យើង​បញ្ជូន​ដា​ណែន​ចេញ​ទៅ​សង្គ្រោះ​!»​
​ដាមិកា​​ញញឹម​ឆ្លើយ​៖​
​«​តាមដាន​ពី​ក្រោយ​វា​សិន​!​ មុន​និង​ក្រោយ​វា​គង់​ទៅ​សុំ​យោបល់​ថ្មី​ទេ​!»​

ពួកគេ​មក​ដល់​ពី​ក្រោម​ផ្ទះ​នារី​វ័យក្មេង​ឈ្មោះ​ពីន។
​ទីតាំង​នាង​ជា​ប្រភេទ​ខុនដូ​ដែល​មាន​តម្លៃ​ជួល​ខ្ពស់ ហើយ​ទុក​សម្រាប់​តែ​វណ្ណៈ​អ្នក​ដែល​មាន​បទដ្ឋាន​រស់នៅ​ស៊ីវិល័យ។
​«​លេខា​ម្នាក់​រស់នៅ​កន្លែង​ថ្លៃ​ម៉េះ?»
​ដាមិកា​​គ្រវី​ក្បាល​មុន​ឆ្លើយ៖
​«​គេ​មិន​ដែល​ប្រាប់​ទេ មក​ពី​ខ្ញុំ​ធ្លាប់​ឃើញ​គេ​នៅ​ម្ដុំ​នេះ​ដោយ​ចៃដន្យ!»
​ប្រុស​ស្រី​ទាំង​ទ្វេ​​អត់ធ្មត់​អង្គុយ​រង់ចាំ​ក្នុង​ឡាន។
​ពេលវេលា​ចេះ​តែ​កន្លង​ទៅ នាង​ដឹង​ថា ​បើ​ចេះតែ​រង់ចាំ​ទៅ​ទៀត​ វា​ពុំ​មែន​ជា​គម្រោងការ​ល្អ​នោះ ឡើយ​។​
​វិច្ឆិកា​ឃើញ​ដាមិកា​​ប្ដូរ​​ស៊ីម​ហើយ​ខល​។​
​គេ​សំងំ​ស្ដាប់​​សំឡេង​អគ្គ​នាយិកា ​ថា​នឹង​លេង​ក្បួន​អី​ ដើម្បី​បង្ខំ​ខ្លា​ឱ្យ​ចេញ​ពី​រូង​ភ្នំ​។​

សំឡេង​អគ្គនាយក​ស្រស់​ស្អា​លាន់​ឡើង​ស្រួយស្រឹប៖
​«​អា​ពី​ន​!​ យើង​នៅ​ឯណា​បង​ត្រូវ​ការ​ជួប​! បង​ដឹង​ថា​អា​ពី​ន​ឯង​មាន​ធ្វើ​រឿង​លឹបល​ច្រើន​! បង​មាន​ឃើញ​សកម្មភាព​យើង​ខ្លះ​ក្នុង​កាមេរ៉ា​ ដែល​ចេញចូល​បន្ទប់​បង​និង​បន្ទប់​បង​រ៉ា​ណា​ មិន​មាន​ការ​អនុញ្ញាត​! បង​ត្រូវ​ការ​ជួប​សួរនាំ​!»​
​មិន​ដឹង​ខាង​ណោះ​ឆ្លើយ​យ៉ាង​ណា​នោះ​ទេ វិច្ឆិកា​ឃើញ​ដាមិកា​​ក្របួច​មាត់​ញញឹម​។​
​រង់​ចាំ​ដល់​ឃើញ​នាង​បិទ​ទូរ​សព្ទ​រួចរាល់​ ទើប​ប្រធាន​និស្សិត​ចាប់ផ្ដើម​សួរ​៖​
​«​គេ​ឆ្លើយ​ថា​ម៉េច​?»​
​«​គេ​ថា​គេ​នៅ​ឆ្ងាយ​ណាស់ ល្ងាច​ទើប​មក​ដល់​!»​

វិច្ឆិកា​ងើយ​មើល​ទៅ​ជាន់​ខាង​លើ​ខ្ពស់​ៗ​នៃ​មហា​សំណង់​ខ្ពស់​សន្លឹម​ពី​មុខ​ខ្លួន។
​គេ​និយាយ​មួយៗ៖
​«​សម្ងំ​​នៅ​លើ​លែង​ចុះ​ហើយ​ដឹង​?!»​
​ដាមិកា​​គ្រវីក្បាល​បដិសេធ​៖​
​«​មិនមែន​ទេ គេ​ត្រូវ​​តែ​រត់​!»​
​«​ចុះ​បើ​គេ​នៅ​ក្រៅ​? ​យើង​មិន​បាត់ដាន?»
​ដាមិកា​​គ្រវីក្បាល​បដិសេធ​ទៀត៖
​«​ទោះ​អ្វី​ក៏​ដោយ! គេ​ត្រូវ​តែ​ត្រឡប់​មក​សម្អាត​ឯកសារ​ និង​យក​របស់​សំខាន់ៗ​ទៅ​តាម​ខ្លួន!»

ប្រធាន​និស្សិត​ងក់​ក្បាល​ទទួល​យក​​​គំនិត​សម​ហេតុផល​នេះ​ ហើយ​បន្ត​រង់ចាំ។
​រយៈ​ពេល​១៥​នាទី​ប៉ុណ្ណោះ នាង​កេះ​នាយ​ឱ្យ​ងើប​ឡើង​ពិនិត្យ​ទិស​ខាងឆ្វេង។
​ពិត​ជា​រថយន្ត​ដដែល​ដែល​វិច្ឆិកា​បាន​ឃើញ​កាល​ពី​រាត្រី​នោះ​មែន។
​ពេល​នេះ​ក្នុង​សភាព​ប្រញាប់ប្រញាល់​ ស្រី​លេខា​ក្មេង​បាន​ឈាន​ចុះ​ពី​ជំនិះ​ ហើយ​ចូល​ទៅ​ក្នុង​ជណ្ដើរ​​យន្ត។
​«​មិន​ប៉ុន្មាន​ទេ​!​ ចុះ​មក​វិញ​ឥឡូវ​ហើយ!»
​«​ថា​ទៅ​មើល៍ ចេញ​ពី​នេះ​អា​ពី​ន​ទៅ​ណា​? ​អាច​ទៅ​បង្ហាញ​ខ្លួន​នៅ​Office​ទេ»
​«​គ្មាន​ផ្លូវ​ទេ​!​ គេ​ត្រូវ​តែ​ទៅ​រក​ចៅហ្វាយ​ពិត​របស់​គេ ដើម្បី​នឹង​រាយការណ៍!»
​ទោះបីជា​យ៉ាង​ណា​ បន្ទាប់​ពី​បាន​គិត​ចុះ​ឡើង​រួច​មក ​វិច្ឆិកា​ឱ្យ​យោបល់៖
​«​យើង​ឱ្យ​ប៉ូលិស​ស្ទាក់​ចាប់​គេ​ទៅ​! ​ប៉ូលិស​គេ​មាន​វិធី​សួរ​ចម្លើយ​របស់​គេ! ចុង​ក្រោយ​គង់​តែ​ដឹង​ទេ​!»​
​ដាមិកា​​គ្រវីក្បាល៖
​«​មនុស្ស​បង​វិល័យ​យើង​មិនមែន​ទៅ​ចាប់​គាត់​ ហើយ​គាត់​ព្រម​ធ្វើ​តាម​យើង​ ប្រាប់​ឈ្មោះ​ថ្នាំ​ចេញ​មក​ទេ​! ធ្វើ​តាម​ខ្ញុំ​ក្រែង​អាច​បាន​ទាំង​ជីវិត​ពេជ្រ​ ដា​ណែន និង​បក​ស្បែក​មុខ​ពិត​ប្រាកដ​របស់​គាត់!»

ភាគ​ទី​៣៦

​ពិត​ដូច​ជា​ពួកគេ​បាន​គិត​ មិន​ដល់​១០​នាទី​ផង អា​ពី​ន​ចុះ​មក​វិញ​ជាមួយ​សម្ភារៈ​រណែងរណោង មាន វ៉ាលិស​និង​កាបូប​។​
​«​រត់ចោលស្រុក​មែន​នាង​ល្អ​!»​
​ដាមិកា​និយាយ​ទាំង​ខាំមាត់​តែ​វិច្ឆិកា​ឃាត់៖
​«​កុំ​មាត់​!​ យើង​តាម​ពីក្រោយ​»​

នៅ​ពេល​ដែល​លេខា​ស្រី​បោល​ឡាន​ចេញ​វឹង វិច្ឆិកា​ក៏​ចេញ​តាម​ពី​ក្រោយ​ជាប់​ស្អិត​។ ស្ថានភាព​នារី​នោះ​ហាក់បីដូចជា​កំពុង​គេច​ពី​អ្វីមួយ​ពិត​មែន ព្រោះថា​គោលដៅ​ហាក់​មាន​ភាព​ក្រវៀចក្រវៀន​ពិបាក​ស្មាន​ដឹង​ថា​ នាង​កំពុង​​តែ​តម្រង់​ទៅ​ណា​។​
​ដោយ​មិន​អស់​ចិត្ត ដាមិកា​ងាក​មក​និយាយ​ជាមួយ​វិច្ឆិកា​​សួរ​យោបល់​៖​
​«​ខ្ញុំ​គិត​ថា​បើ​ចូល​ទៅ​សួរ​អ្នក​បង​វិល័យ​​ត្រង់​ៗ ប៉ុន្តែ​ប្រហែលជា​បាន​ផល​តិច ដូច្នេះ​គួរ​រក​មធ្យោបាយ​ឱ្យ​ហើយ មុន​ពេល​យើង​ទៅ​ដល់​ទី​នោះ»
​«​អ្វី​ទៅ​ដែល​អូន​ចង់​សួរ​គាត់»
​«​គឺ​ចង់​សួរ​ថា​តើ​សោភ័ណ រ៉ាវី​ធ្វើ​អ្វី​គាត់ បាន​ជា​ចាំបាច់​សម្លាប់​ប្អូន​ខ្ញុំ?»

វិច្ឆិកា​ដកដង្ហើម​ធំ​តែ​មិន​និយាយ​អ្វី ទុក​ឱ្យ​ដាមិកា​និយាយ​បន្ត៖
​«​ហើយ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ដែរ​ថា ​អ្វី​ដែល​ពេជ្រ ដាណែន​​និយាយ​ពិត​ឬ​ក្លែងក្លាយ?»
​«​មនុស្ស​គេ​នេះ​មិន​ចេះ​និយាយ​កុហក​ទេ»
​ដាមិកា​បែរ​មុខ​មក​សម្លឹង​វិច្ឆិកា​ថ្មែ ហាក់បីដូចជា​កំពុង​ខឹង​នឹង​នាយ ឃើញ​ដូច្នេះ​វិច្ឆិកា​ងាក​មក​សួរ៖
​«​កើត​អី?»
​«​កើតរោគ​ចង់​ឆ្កួត គ្រប់​គ្នា​សរសើរ​ស្រី​ម្នាក់​នោះ​ម្ល៉េះ​? គិត​មិន​យល់ ឈឺក្បាល​!»​
​វិច្ឆិកា​ឆ្លើយតប​វិញ​ធ្វើ​ហី​៖​
​«​ទៅ​ឈឺក្បាល​អី​រឿង​ហ្នឹង គិត​ពី​រឿង​ដោះស្រាយ​ជាមួយ​បងថ្លៃ​ដ៏​ល្អ​របស់​យើង​វិញ​យ៉ាង​ម៉េច​វិញ បើ​អ្វី​ដែល​ដាណែន​​និយាយ​ជា​ការពិត​!»​
​ដាមិកា​​នៅ​ស្ងៀម​សញ្ជឹងគិត តែ​ត្របកភ្នែក​នាង​បើក​ឡើង​លើ​ផ្ចង់​ទៅ​រក​ឡាន​លេខា​ដែល​នៅ​ពីមុខ​កិតៗ​គ្នា​។

សំឡេង​វិច្ឆិកា​លាន់​មក​បន្ត​៖​
​«​កុំ​បាច់​រង់ចាំ​ម៉ាឌី​ ពេល​ជួប​យាយ​នោះ​ និយាយ​ប្រាប់​គាត់​ទៅ​ថា ​រឿង​គាត់​យើង​ដឹង​អស់​ហើយ ល្បិច​កល​របស់​គាត់​មិន​បាន​សម្រេច​ទេ ឱ្យ​គាត់​រក​វិធី​សម្រាលទោស​ខ្លួនឯង ដោះលែង​ដាណែន​​ហើយ​សារភាព​ជាមួយ​ប៉ូលិស​ទៅ បើ​អ្នកនាង​ពៅ​គាត់​ជា​អ្នក​សម្លាប់​!»​
​«​បង​ឯង​សង្ឃឹម​ទៅ ខ្ញុំ​ស្គាល់​អ្នកបង​វិល័យ​​ច្បាស់ បើ​គាត់​មិន​ទាន់​ស្លាប់ សង្ឃឹម​ទៅ​ថា​គាត់​ហើប​មាត់​និយាយ​​​»​

ដាមិកា​និយាយ​ហើយ​រិះរក​មធ្យោបាយ​វិលខ្ញាល់ ស្រាប់តែ​វិច្ឆិកា​លាន់មាត់​រអ៊ូ​៖​
​«​ចប់​!»​
​ឮ​​សម្ដី​នាយ នាង​ងើបមុខ​សម្លឹង​ទៅ​ឡាន​ជន​សង្ស័យ​សាជាថ្មី ​ស្រាប់តែ​ឃើញ​នារី​នោះ​អែប​ស្ងៀម​ក្បែរ​ទី​កាច់ជ្រុង​ដែល​ប៉ូលិស​ចរាចរ​ឈរ​ជើង​។​
​«​វា​ប្រុង​ធ្វើ​ស្អី​វា​?»​
​ដាមិកា​សួរ​ទាំង​បើកភ្នែក​មូល​ក្លុំ​។ វិច្ឆិកា​ឆ្លើយ​៖​
​«​គេ​លេង​យើង​ហ្នឹងហើយ​ឆ្ងល់​អី​ទៀត​!»​
​ដូច​វិច្ឆិកា​ថា​មែន នៅ​ពេល​ឡាន​លេខា​ស៊ីញ៉ូ​ភ្លើង​ចេញ​ដំណើរ វិច្ឆិកា​បង្វិល​កង់​ទៅតាម ស្រាប់តែ​ត្រូវ​ប៉ូលិស​ចរាចរ​រត់​ស្រ​មក​ឃាត់​។
​ដាមិកា​ធ្វើ​មុខ​ក្រញូវ នាង​ដឹង​ថា​ដាន​បាត់​ទៅ​ហើយ ព្រោះ​លេខា​នោះ​ទំនងជា​ដឹងខ្លួន​។
​«​បាន​ចិត្ត​សិន​ចុះ​នាង​ល្អ​»​

​ដូច​ការ​គិតទុក អា​ពី​ន​បន្ទាប់ពី​បំបាត់ដាន​ស្រួលបួល ក៏​ត្រហេបត្រហប​មក​រក​ម្ចាស់​ពី​ក្រោយខ្នង​នាង។​
​ដូច​រាល់ដង​ដែរ អ្នកស្រី​វិល័យ​អង្គុយ​ស្ងៀមស្ងាត់​ជាមួយ​ពែងតែ​ក្នុង​ដៃ ហើយ​ស្ដាប់​សេចក្ដី​រាយការណ៍​ដែល​លេខា​បង្កប់​កំពុង​រៀប​សេចក្ដី។
​«​អ្នក​នាង​ដាមិកា​បោកប្រាស់​ខ្ញុំ​ថា​ ឱ្យ​ទៅ​ក្រុមហ៊ុន ​ប៉ុន្តែ​គាត់​មក​ឃ្លាំ​ខ្ញុំ​នៅ​ក្រោម​ផ្ទះ​!​ ខ្ញុំ​យល់​ថា​គោលដៅ​គាត់​ចង់​ដឹង​កន្លែង​របស់​លោក​ជំទាវ មិន​អ៊ីចឹង​គាត់​ឱ្យ​ប៉ូលិស​ចាប់​ខ្ញុំ​សួរ​ហើយ មិនមែន​ជិះ​មក​តាម​ស្ងាត់​ៗ​ទេ​!»​

ជំទាវ​វិល័យ​ដាក់​ពែង​ចុះ​ ដោយ​សេចក្ដី​ពិចារណា​សន្សឹម​ៗ​។
​ស្ត្រី​នេះ​ដឹង​ថា ​ខ្លួន​គិត​ខុសពេល​បញ្ជូន​ពេជ្រ ដាណែន​ទៅ​ ព្រោះ​តែ​គាត់​មិន​ដឹង​ ស្មានថា​នារី​តូច​ម្នាក់​នោះ​សុខ​ចិត្ត​មិន​ព្រម​ធ្វើ​តាម​គាត់ ទោះ​ជា​អាយុ​សង្ខារ​កំពុង​​ត្រូវ​រក​ការ​គំរាម​កំហែង​ក្ដី​។

ក្នុង​ពេល​ដែល​ចិត្ត​ពុះកញ្ជ្រោល​ដោយ​កំហឹង ទឹកមុខ​គាត់​កាន់តែ​ស្មើ គ្មាន​បង្ហាញ​ចេញ​មក​ក្រៅ​ថា​គាត់​ខូចចិត្ត បាក់បប​ខ្លបខ្លាច​អ្វី​បន្តិច​នោះ​ឡើយ។
​«​ចុះ​ឯង​គិត​យ៉ាងម៉េច​ទៀ​ត​យ៉ា​ពី​ន​?»​
​លេខា​ហាក់​កំពុង​ភិតភ័យ​ទុញទាល់ នាង​និយាយ​តប​គ្មាន​ក្បាល​កន្ទុយ​ទេ៖
​«​លោក​ជំទាវ តទៅ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទៀ​ត​ទេ ចេញ​ទៅ​អាមេរិក​វិញ​ក៏​មិន​ដឹង​ថា​លោក​ឧកញ៉ា​​សោភ័ណ ពិសិដ្ឋ​ធ្វើ​អ្វី​ខ្ញុំ​ខ្លះ​នោះ​ដែរ»
​អ្នកស្រី​វិល័យ​សើច​បញ្ឈឺ​តិច​ៗ​ជាមួយ​ចម្លើយ​ខ្លីៗ៖
​«​ក្មេង​ល្ងង់​! ចុះ​ឯង​ធ្វើ​អី​ខុស​បាន​ជា​ខ្លាច​វា​ខ្លាំង​ម្ល៉េះ? ពួក​វា​មាន​ភស្តុតាង​អ្វី​ធ្វើ​បាប​ឯង​កើត? ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ដូច​ធម្មតា ទៅ​ធ្វើការ​ដូច​ដើម ហើយ​អ្នក​ណា​សួរ​អី​បដិសេធ​មិន​ទទួល​ទាំង​អស់​គឺ​វា​ចប់​រឿង​បាត់​ទៅ​ហើយ​! តែ​បើ​ឯង​រត់​វិញ​គឺ​ដូច​ជា​ឯង​បាន​សារភាព​អ៊ីចឹង​ដែរ!»

លេខា​នៅ​សញ្ជឹង​គិត​ចុះ​ឡើង​ក្នុង​សភាព​ភ្នែក​នៅ​កញ្ចឹងក មុន​ពេល​ឆ្លើយតប​មួយៗ​មក​កាន់​ចៅហ្វាយ​នាយ​ម្នាក់​នេះ៖
​«​ចុះ​បើ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ឱ្យ​ប៉ូលិស​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​»​
​អ្នកស្រី​វិល័យ​គំហក​វិញ៖
​«​វា​អាង​អី​ធ្វើ​អ៊ីចឹង​បាន​? តើ​ឯង​ធ្វើ​អី​ខុស​ឬ​មួយ​ឯង​បំភ័យ​ខ្លួនឯង?»
​លេខា​នៅ​ស្ងៀម​ឱន​មុខ​រិះគិត​ច្របូកច្របល់​ចុះ​ឡើង ចំណែក​ស្ត្រី​ជា​ចៅហ្វាយ​និយាយ​បន្ថែម៖
​«​ចេញ​ទៅ ទៅ​ដេក​គិត​ឱ្យ​ច្បាស់លាស់​សិន​ក៏​បាន ឯង​មិនមែន​ល្ងង់​ដល់​ថ្នាក់​ឮ​​ផ្គរ​ចាក់​ទឹក​ពាង​ចោល​នោះ​ទេ​! ហើយ​បើ​ឯង​ត្រូវការ​អី ​មីង​នឹង​ជួយ​ឯង មិន​ថា​លុយកាក់ មេធាវី​ឯកសារ​អ្វី​គ្រប់​យ៉ាង​!»​

អា​ពី​ន​គ្មាន​អ្វី​ក្រៅពី​ឆ្លើយ​ចា​យល់​ព្រម​ ហើយ​ចាកចេញ​ទៅ​ទាំង​ក្នុង​ដំណើរ​ស្ទក់​ៗ​។ សភាព​របស់​លេខា​នេះ​ធ្វើ​ឱ្យ​អ្នកស្រី​វិល័យ​យល់ថា ​នារី​នេះ​ក្រៅពី​លែង​អាច​ប្រើប្រាស់​បាន ថែមទាំង​អាច​នឹង​ធ្វើ​ឱ្យ​គាត់​ខូចការ​ផង​ក៏​ថា​បាន​។​
​«​ឈប់​សិន​»​
​អ្នកស្រី​វិល័យ​ហៅ​ឃាត់​លេខា​ឈ្មោះ​អាពីន​។ ពេល​នាង​ឈប់​ដំណើរ​គាត់​សួរ​៖​
​«​ក្នុង​ឡាន​ដែល​តាម​ពី​ក្រោយ​ឯង​នោះ​មាន​អ្នក​ណា​ខ្លះ​!»​
​«​អ្នកនាង​ដាមិកា និង​ម្នាក់​ឈ្មោះ​វិច្ឆិកា​ប្អូន​ធម៌​របស់​លោក​ឧកញ៉ា​ពិសិដ្ឋ​»​
​ស្ត្រី​មាន​ល្បិច​ងក់​ក្បាល​ផ្ងក់ៗ​ ហើយ​បក់​ដៃ​បណ្ដេញ​នាង​ឱ្យ​ចេញ​ទៅ។

ប៉ុន្តែ​ក្នុង​ចិត្ត​គាត់​ពុះពោរ​ដោយ​កំហឹង៖
​«​អា​ក្មេង​មិន​ទាន់​ជ្រុះ​ពន្លៃ​! ​ពង្រាត់​កូន​ប្រសា​អញ​ពី​ម៉ាឌី​ អញ​មិន​ទាន់​ជម្រះ​បញ្ជី​ឯង ហ៊ាន​មក​នៅ​ទទឹង​រឿង​អញ​ទៀត​?»​
​អ្នក​វិល័យ​ងាក​មក​រក​អង្គ​រក្ស​ជំនិត​២​នាក់​ ដែល​ឈរ​ចាំ​បម្រើ​ពី​ក្រោយ​ខ្នង​ហើយ​បង្គាប់៖
​«​មីង​មាន​ការ​បន្ទាន់​ឱ្យ​ពួក​ឯង​ធ្វើ​»​
​អង្គ​រក្ស​ឱន​លំទោន ហើយ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ចាប់ផ្ដើម​សួរ​៖​
​«​ប្រើ​ពួក​ខ្ញុំ​ឱ្យ​ធ្វើ​អី​ដែរ​ទាន​!»​
​គាត់​មិន​ឆ្លើយតប​ប៉ុន្តែ​ឈ្ងោក​ខ្សឹប។
​មិនយូរប៉ុន្មាន​ក្រោយ​ពួក​អង្គ​រក្ស​យល់​ការ ពួកគេ​ងក់ក្បាល​យល់​តាម​គ្រប់​យ៉ាង​។​

អង្គ​រក្ស​ម្នាក់​ផ្សេង​រត់​លឿន​ស្លេវ​មក​ពី​ខាង​ក្រៅ​។
​គាត់​បង្អង់​ហើយ​ងាក​ទៅ​រក​ម្នាក់​នោះ រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍។
​អង្គ​រក្ស​ដែល​ទើបតែ​មកដល់​ខ្សឹប​ដាក់​ត្រចៀក​ស្ត្រី​នេះ៖
​«​ប្រុស​ម្នាក់​រង់ចាំ​នៅ​ក្រៅ​របង​ថា​សុំ​ជួប​មីង គេ​ប្រាប់​ថា​ជា​និពន្ធ​នាយក​The Chatomok ឈ្មោះ​ខៀវ សូត្រា»
​ស្ត្រី​ថ្លោះ​ទឹកមុខ​ហើយ​ប្ដូរ​​មក​ជា​ការពិចារណា​។
​«​តាម​ពិត​ការ​ដោះលែង​ពេជ្រ ដាណែន​ចេញទៅ ប្រៀប​បី​ដូចជា​លែង​ខ្លា​ឱ្យ​ចេញ​ពី​ទ្រុង​»​
​គាត់​គិត​ទាំង​មមី​ភ្នែក​រក​មធ្យោបាយ​។​

ពេល​នេះ​សូម្បីតែ​និពន្ធ​នាយក​ខៀវ ​សូ​ត្រា​ក៏​ដឹង​ពី​កន្លែង​គាត់ កុំ​ថា​ឡើយ​អ្នក​ណា​ផ្សេង​ទៀ​ត?
​នៅ​ចំពោះ​មុខ​ អ្នក​វិល័យ​កំពុង​​ត្រិះរិះ​គិត​ថា​ ឆាកល្ខោន​របស់​គាត់ ​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ទៀត​ដោយ​របៀប​ម៉េច។

«​ឱ្យ​គេ​ចូល​មក​ចុះ​! ខ្ញុំ​ចង់​ដឹង​ថា​ ក្មេង​នោះ​យក​ស្អី​មក​និយាយ​ជាមួយ​ខ្ញុំ!»
​គាត់​ថា​ចប់ អង្គ​រក្ស​នោះ​រត់​ចេញ​ទៅ។ អ្នក​ស្រី​វិល័យ​សម្ងំ​រិះគិត មុន​ពេល​លើក​ដៃ​ឱ្យ​សញ្ញា​ទៅ​ពួក​អង្គ​រក្ស​ផ្សេង​ទៀត​ឱ្យ​ថយ​លាក់ខ្លួន។

ខៀវ សូ​ត្រា ចូល​មក​ដល់​រហ័ស​ជាង​ការ​គិត​ទុក​របស់​ម្ចាស់ផ្ទះ។
​អ្នកស្រី​វិល័យ​សម្លឹង​នាយ​ពី​លើ​ដល់​ក្រោម មុន​ពេល​ញញឹម​ទៅ​រក​និពន្ធ​នាយក​ម្នាក់​នេះ ហើយ​និយាយ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង៖
​«​អញ្ជើញ​អង្គុយ​!»​
​នាយ​អង្គុយ​ចុះ​នៅ​ក្រោម​ការ​សម្លឹង​សន្សឹម​ៗ​របស់​ស្ត្រី​ចំណាស់។
​បុរស​ក្មេង​នេះ​ពិត​ជា​មាន​កាយវិការ​​​ស្វាហាប់ ប៉ុន្តែ​យឺតយ៉ាវ​ក្នុង​ការ​បញ្ចេញ​សម្ដី​មក​ក្រៅ ទោះ​បី​ជា​ប្រធានបទ​មក​កាន់​ទី​នេះ​របស់​នាយ​ ជា​រឿង​តក់ក្រហល់​ប្រញាប់ប្រញាល់ ទាក់ទង​នឹង​ជីវិត​ពេជ្រ ដា​ណែន​ក្ដី។

អ្នកស្រី​វិល័យ​គិត​ហើយ​វាចា​បន្ត​ទៀត​ ទៅ​កាន់​នាយ​និពន្ធ​នាយក​ដែល​អង្គុយ​ពី​មុខ​ខ្លួន៖
​«​លោក​ពិត​ជា​មាន​ភាព​ទាក់ទាញ​ពិសេស ធ្វើ​ឱ្យ​ខ្ញុំ​ជឿ​ថា ហេតុ​អី​ក្មេង​ស្រី​ៗ​អស់​នោះ​លង់​នឹង​លោក​បាន​»​
​សូ​ត្រា​និយាយ​តប​ទៅ​កាន់​គាត់​ក្នុង​សំឡេង​ធម្មតា៖
​«​ខ្ញុំ​ត្រូវ​ការ​តែ​ថ្នាំ​ប៉ុណ្ណោះ»
​អ្នកស្រី​វិល័យ​ខំ​ទប់​ ប៉ុន្តែ​នៅ​តែ​ទប់​​មិន​បាន គាត់​សើច​ខឹកៗ​ចំអក​ឱ្យ​នាយ។ គាត់​និយាយ​ក្រោយ​ពី​សើច​អស់​ចិត្ត៖
​«​គិត​ទៅ​លោក​សោះកក្រោះ​ជាង​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ​ទៅ​ទៀត! ថ្នាំ​ខ្ញុំ​អត់​​មាន​ទេ តែ​ឈ្មោះ​ថ្នាំ​ខ្ញុំ​ប្រហែល​អាច​ប្រាប់!»
​«​អ៊ីចឹង​នៅ​បង្អង់​ធ្វើ​អី?!»

អ្នក​ស្រី​វិល័យ​សើច​សាជាថ្មី​គឺ​សើច​ចំអក​សម្ដី​ខ្លីៗ​របស់​នាយ។ សើច​អស់​ចិត្ត​ទើប​គាត់​និយាយ​ទៀត​៖​
​«​ចុះ​លោក​បាន​អី​មក​ដូរ​ជាមួយ​ខ្ញុំ?»
​ខៀវ ​សូត្រា​រិះគិត​បន្តិច​មុន​ពេល​ឆ្លើយ៖
​«​ខ្ញុំ​សន្យា​នឹង​មិន​ខ្វល់​អ្វី​ទាំងអស់​ទាក់​ទង​នឹង​ខ្លួន​អ្នក អំពើ​ល្មើស​ច្បាប់​របស់​អ្នក​ដែល​ខ្ញុំ​បាន​ដឹង លើក​លែង​តែ​ខ្ញុំ​បាន​​​ជីវិត​ពេជ្រ ដាណែន​ត្រឡប់​​ទៅ​វិញ​!»​
​អ្នកស្រី​វិល័យ​បង្ហាញ​ភាព​ហួសចិត្ត ​ក្រោយពី​ស្ដាប់​ការ​និយាយ​ដោះ​ដូរ​របស់​នាយ គាត់​សួរ​ត្រឡប់​មក​វិញ​៖​
​«​ខ្ញុំ​ឆ្ងល់​រឿង​ពីរ ទី​មួយ​លោក​រក​ខ្ញុំ​ឃើញ​ដោយ​វិធី​ណា ទី​ពីរ​ម៉េច​ក៏​លោក​គិត​ថា​ ខ្ញុំ​នឹង​មិន​បំពុល​លោក​ថែម​ម្នាក់​ទៀ​ត​!»​

ខៀវ​ សូត្រា​ឆ្លើយតប​៖​
​«​ដាណែន​ ទោះ​ខ្ញុំ​មិន​ជួយ​គេ​ត្រូវ​តែ​រស់ មិន​ដូច្នោះ​ទេ ​អ្នកស្រី​នឹង​មាន​បញ្ហា​ជាមួយ​កូន​ប្រុស​ខ្លួនឯង ព្រោះ​គេ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​! ខ្ញុំ​ម​ក​កាន់​ទីនេះ គឺ​តាម​ពី​ក្រោយ​ឡាន​របស់​វិច្ឆិកា បាន​ន័យ​ថា គ្រប់​យ៉ាង​របស់​អ្នកស្រី​លែង​ជា​អាថ៌កំបាំង​ទៀ​ត​ហើយ អ្នក​ផ្សេង​ក៏​អាច​មកដល់​ទី​នេះ​បាន​ដូចគ្នា អ្នក​ស្រី​លែង​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ព្រោះ​ថា​ទង្វើ​អ្នកស្រី​ត្រូវ​បាន​គេ​ដឹង​គ្រប់​យ៉ាង​! បើ​អ្នកស្រី​ប្រគល់​ឈ្មោះ​ថ្នាំ​មក​ឱ្យ​ខ្ញុំ បាន​ន័យ​ថា​អ្នកស្រី​នៅ​មាន​ផ្លូវ​បក​ក្រោយ​!»​

អ្នកស្រី​វិល័យ​ក្រពាត់ដៃ​សម្លឹង​នាយ​ពីលើ​ដល់​ក្រោម​ មុន​ពេល​និយាយ​ចំអក៖
​«​មួយ​ជីវិត​យើង​នេះ ម៉េច​ក៏​ជួប​តែ​ពួក​មនុស្ស​ល្ងង់ ឯង​យល់​ថា​មីង​ដែល​ខំ​ធ្វើ​រឿង​ជា​ច្រើន​ហើយ​នេះ ព្រម​ឱ្យ​គ្រប់​យ៉ាង​ដួល​ទៅ​ទាំង​អ៊ីចឹង​​កើត​ដែរ​?»​
​ខៀវ ​សូត្រា​កាន់តែ​ស្ដាប់ រឹតតែ​យល់ថា​ស្ត្រី​ចំណាស់​ម្នាក់​នេះ​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា។ គាត់​ក្រអឺតក្រទម​វាយតម្លៃ​ថា ​អ្នកណា​ក៏​ល្ងង់​ជាង​ខ្លួន ដូច្នេះ​ហើយ​សេចក្ដីប្រាថ្នា​របស់​គាត់ ​ប្រាកដ​ជា​មិនមែន​គ្រាន់តែ​សងសឹក​សោភ័ណ ​ពិសិដ្ឋ​នោះ​ទេ​។ នាយ​យល់ថា​ក្រុមហ៊ុន​មហាសាល​របស់​គ្រួសារ​នេះ​ទៅ​វិញ ​ដែល​ជា​គោលដៅ​របស់​គាត់​។

សូ​ត្រា​ផ្ដើម​ប្ដូរ​យុទ្ធសាស្ត្រ​ចរចា​៖​
​«​យើង​ដូរ​គ្នា​ឱ្យ​យុត្តិធម៌​ទៅ ខ្ញុំ​មិន​ខ្វល់​រឿង​មីង​អី​ទាំងអស់ ហើយ​ខ្ញុំ​នាំ​ដាមិកា​ចាកចេញ​ទៅ​ឆ្ងាយ មីង​បាន​ទ្រព្យ​សម្បត្តិ​ខ្ញុំ​បាន​គេ​ ចំណែក​រឿង​ពេជ្រ ដាណែន​មីង​ត្រូវ​ឱ្យ​គេ​រស់ ព្រោះ​បើ​មិន​ដូច្នោះ​ខ្ញុំ​មិន​អាច​នាំ​ដាមិកា​ចាក​ចេញទៅ​ណា​ដោយ​ស្ងប់ចិត្ត​នោះ​ទេ​»​
​ស្ត្រី​រូប​នេះ​រេ​ភ្នែក​គិត​ចុះឡើង​យ៉ាង​រហ័សរហួន។

គាត់​ជា​អ្នក​ដឹង​ច្បាស់​ជាង​គេ​ ពី​ទំនាក់ទំនង​ស្នេហា​ដ៏​ជ្រាលជ្រៅ​រវាង​បុរស​ដែល​អង្គុយ​ចំ​ពោះ​មុខ​នេះ និង​អគ្គ​នាយិការ Red Index ។​
​ប៉ុន្តែ​សំណួរ​​សំ​ខាន់​គឺថា ​តើ​គេ​ពិតជា​អាច​នាំ​ដាមិកា​ទៅ​ឆ្ងាយ​ លែង​វិល​មក​វិញ​មែន​ឬ​​យ៉ាងណា​?​
​ធ្វើ​ម៉េច​​ឱ្យ​ដាមិកា​អាច​ព្រម​ចាកចោល​រាជ​បល្ល័ង្ក​ ដែល​នាង​ខំ​ជ្រែងជើង​ទប់​​ជា​យូរ​មក​ហើយ​នេះ​បាន​ទៅ?
​«​មី​ង​ពន្យារ​ពេល​យូរ​ប៉ុណ្ណា ឱកាស​នៃ​រឿង​នេះ​ក៏​នឹង​កាន់តែ​ហោចទៅ​!​ ឱ្យ​តែ​បង​ប្អូន​គេ​បាន​ជួប​ពិភាក្សា​គ្នា មីង​នឹង​អស់​លេស​មិន​ខាន​»​
​ស្ត្រី​ខាំ​មាត់​គិត​ដោយ​ទោមនស្ស​។ លើ​លោក​នេះ​មិន​សម​ថា​ មាន​ពពួក​មនុស្ស​ដែល​មិន​ខ្លាច​សេចក្ដី​ស្លាប់​ដូច​ពេជ្រ ដាណែន​នោះ​សោះ បើ​កុំ​តែ​ដូច្នោះ​ គាត់​ក៏​មិន​ចាំ​បាច់​មក​ខូចការ​ដូច​ពេល​នេះ​ដែរ។
​អម្បាញ់មិញ​​នេះ​ទៀ​ត​ លេខា​ថ្មី​ដែល​គាត់​ដាក់​ឱ្យ​ទៅ​នៅ​ក្បែរ​ដាមិកា​​ ត្រូវ​ម្ចាស់​ស្រី​តាមដាន​សឹង​មក​ដល់​រូង​ទៅ​ហើយ តើ​អូស​បន្លាយ​តទៅ​ទៀត​បាន​ប្រយោជន៍​អី​ទៅ​?​

គាត់​ងើប​មុខ​សម្លឹង​និពន្ធ​នាយក​ហើយ​ដាក់​សំណួរ​​សួរ​គេ​៖​
​«​ឱ្យ​មីង​ជឿ​ឯង​របៀប​ណា​? ​ឯង​ជួយ​អ្នក​កាសែត​ស្រី​នោះ​បាន​ហើយ បក​មក​ខាំ​មីង​វិញ​ពេលណា​ក៏​បាន!»
​«​ខ្ញុំ​នឹង​នាំ​ដាមិកា​​ចេញ​មុន​ពេល​អវសានវាទ​ថ្នាំ​ពេជ្រ ដាណែន​មក​ដល់​! ពេល​ខ្ញុំ​ទៅ​ហើយ មីង​ត្រូវតែ​ប្រាប់​ឈ្មោះ​ថ្នាំ​នោះ បើ​មីង​មិន​និយាយ​ខ្ញុំ​អាច​វិល​មក​ទារ​បំណុល​ពី​មីង​បាន!»
​ស្ត្រី​ងក់​ក្បាល​ផ្ងក់ៗ…

នៅ​ឯ​បន្ទប់​​សណ្ឋាគារ​ឯណេះ ម៉ាឌី​​បង្ហាញខ្លួន​ដោយមាន​វិច្ឆិកា​នាំ​ផ្លូវ​។​
​មកដល់​មាត់​ទ្វា​​បន្ទប់​​ប្រធាន​និស្សិត​និយាយ​ខ្សឹបៗ​៖​
​«​និយាយ​នឹង​គេ​ឱ្យ​ស្រួល សុខភាព​គេ​ខ្សោយ​ណាស់​!»​
​ម៉ាឌី​​មើល​មុខ​អ្នក​ប្រាប់​នេះ​វិញ ហើយ​គេ​មិន​មាត់​មិន​ក តែ​ងក់​ក្បាល​យល់ស្រប។
​ទូរ​សព្ទ​វិច្ឆិកា​រោទ៍ គេ​ឈាន​ចាក​ចេញ​ដោយ​ទុក​សោ​បន្ទប់​​លើ​ដៃ​ម៉ាឌី​ ហើយ​ធ្វើ​សញ្ញា​ឱ្យ​នាយ​ចូល​ទៅ​តែ​ឯង។

វិច្ឆិកា​បែរ​ខ្នង​មក​ក្បែរ​ជណ្ដើរ​ហើយ លើក​ទូរ​សព្ទ​មក​ទទួល៖
​«​ជោគ​ជតា​!​ ខ​ល​មក​មាន​ការ​អី​ថ្មើរ​ណេះ​?»​
​ស្រី​តូច​ហាក់​តូច​ចិត្ត​នឹង​សំណួរ​ ។​ នាង​តបត​មក​វិញ​៖​
​«​ថ្មើរ​ម៉ាន​បាន​ទូរ​សព្ទ​មក​កើត​ទៅ​? ​ពេល​នេះ​គេ​កំពុង​នៅ​តាម​ផ្លូវ​»​
​ទោះបីជា​កំពុង​​បារម្ភ​ខ្វល់ខ្វាយ​កម្រិត​ណា ក៏​សម្ដី​នាង​ធ្វើ​ឱ្យ​នាយ​មួម៉ៅ​នឹក​ឃើញ​ថា ​តូច​នារី​លួច​រត់​ទៀត​ហើយ​។​
​«​ទៅ​ណា​?»​
​វិច្ឆិកា​សួរ​កំបុតកំបុយ​ព្រោះ​ខឹង​នឹង​ចរិត​នៅ​មិន​ចេះ​ស្ងៀម​របស់​នាង ​គួប​ផ្សំ​ពេល​នេះ​ស្ថានភាព​នានា​ជុំ​វិញ​ខ្លួន​សុទ្ធតែ​ស្មុគ​ពិបាក​ស្មាន​ត្រូវ​។​
​«​ទៅ​ភ្នំពេញ​!»​
​នាង​ឆ្លើយ​ធ្វើ​ហី​តែ​ទ្រូង​នាយ​តឹង​ផ្អឹះ​។​

វិច្ឆិកា​តបត​៖​
​«​បក​ទៅផ្ទះ​វិញ​!​ ភ្នំពេញ​កំពុង​រញ៉េរញ៉ៃ​ណាស់​មិន​ឱ្យ​មក​ទេ ឮ​​អត់​! ​ចាំ​បង​ទៅ​យក​មក​ពេល​រឿងរ៉ាវ​ធម្មតា​វិញ​!»​
​«​គេ​មក​តាម​ផ្លូវ​ហើយ​! ​អ្នក​ម៉ាក់​ក៏​មក​ដែរ ខ្លាច​អី​ទៅ​?»​
​វិច្ឆិកា​ដកដង្ហើម​ធំ​៖​
​«​ម៉េច​ក៏​នឹកឃើញ​ភ្លាម​ឡើង​មក​ភ្លែត​អ៊ីចឹង?»
​ពេជ្រ ដាណែន​ដែល​ដេក​ស្ដូក​នៅ​ខាង​ក្នុង​ គឺ​ជា​ករណី​ព្រមាន​ភ្នែក​ស្រស់​ ដែល​កំពុងតែ​បង្អើល​វិច្ឆិកា​​ឱ្យ​នឹក​ខ្វាយខ្វល់​វែងឆ្ងាយ​មិន​ទាន់​រសាយ​ផង​។ ត្រឹម​ជា​នារី​ខ្មែរ​ល្អ​ម្នាក់​ដែល​ខ្លួន​ទើប​នឹង​ស្គាល់​បាន​មួយ​ថ្ងៃ ក៏​នឹក​ពិបាក​ចិត្ត​ជាមួយ​ថ្នាក់​នេះ​ទៅ​ហើយ ទម្រាំ​បើ​អ្នក​រង់​គ្រោះ​ជា​កូន​ស្វា​របស់​នាយ តើ​ឱ្យ​ប្រធាន​និស្សិត​បែក​ទ្រូង​ឬ​អ្វី​?​

«​ផ្ទះ​មិត្ត​ភក្តិ​អ្នក​ម៉ាក់​មាន​កម្មវិធី​! ​ជតា​កំដរ​អ្នក​ម៉ាក់​មក ​ពេល​នេះ​កំពុង​​បើកឡាន​!»​
​«​អី​គេ​? ​បើកឡាន​ទៀត​?»​
​«​មាន​អី​ចម្លែក ធ្វើ​មើល​តែ​រឿង​ធំ​ណាស់​អ៊ីចឹង​?»​
​«​អត់​រឿង​ធំ​ទេ​ ប៉ុន្តែ​ហាម​ទៅ​ណា​ទៅ​ណី​ផ្ដេសផ្ដាស​យល់​ឬ​​នៅ​?​ ពេជ្រ ដាណែន​នៅ​មិន​ទាន់​រួចខ្លួន​ផង ​កុំ​មក​នាំ​រឿង​ម្នាក់​ទៀ​ត​ឱ្យ​សោះ​ ប្រាប់​ឱ្យ​ហើយ​!»​
​«​បង​ដាណែន​​ម៉េច​ហ្នឹង​? ​មាន​សួរ​គាត់​ដែរ​អត់​ថា​គាត់​បាត់​ទៅ​ណា​?»​
​ជោគ​ជតា​សួរ​ឡើង​ដោយ​បារម្ភ​។​
​ដឹង​ថា​ខ្លួន​បាន​បារម្ភ​រហូត​ដល់​ជ្រុល​មាត់ គេ​ទប់​​មក​វិញ​លែង​និយាយ ហើយ​ប្ដូរ​​ប្រធានបទ​៖​
​«​មក​ដល់​ភ្នំ​ពេញ​ភ្លាម ខ​ល​មក​រក​បង​!»​
​គេ​បិទ​ទូរ​សព្ទ ហើយ​ដើរ​បក​មក​រក​បន្ទប់​​ដែល​ដាណែន​​កំពុង​​ស្នាក់នៅ។

ចិត្ត​ប្រធាន​និស្សិត​ពិត​ជា​បារម្ភ​ពី​មនុស្ស​ស្រី​ម្នាក់​ដ៏​គួរ​ឱ្យ​អាណិត​ដែល​កំពុង​​ស្ថិត​នៅ​ខាង​ក្នុង​នោះ​ណាស់ ច្នេះ​ទើប​វិច្ឆិកា​​លូក​ដៃ​ទៅ​រុញ​ទ្វា​​បង្ហើប​មើល។
​ទ្វារ​​ពិត​ជា​មិន​បាន​បិទ​គន្លឹះ​ទេ។
​នាយ​ដឹង​ថា​ម៉ាឌី​​បើក​បង្ការ​ទុក​ពេល​ខ្លួន​និយាយ​ទូរ​សព្ទ​ចប់ អាច​នឹង​ចូល​មក​តាម​ក្រោយ។
​វិច្ឆិកា​​រុញ​បង្ហើប​ហើយ​សម្លឹង​ទៅ​ខាងក្នុង​។​

អ្វី​ដែល​ប្រធាន​និស្សិត​ឃើញ​ពេល​នេះ គឺ​ខ្នង​របស់​ម៉ាឌី​​ដែល​អង្គុយ​ប្រឈម​មក​ទ្វារ​ ទំនង​គេ​កំពុង​​ភ្លឹក​សម្លឹង​មុខ​ដាណែន​​ដែល​នៅ​គេង​ស្ងាត់ស្ងៀម​មិន​រវល់​អ្វី​ទាំង​អស់។
​ដោយ​យល់​ថា​ពេលវេលា​នៅ​ក្បែរ​គ្នា ជា​អ្វី​ដែល​ពួក​គេ​ចង់​បាន ប្រធាន​និស្សិត​និយាយ​ទៅ​ពី​ចម្ងាយ៖
​«​មាន​អ្វី​ត្រូវ​ការ​ខ្ញុំ​ជួយ​អត់​?»​
​ដោយ​ឃើញ​ម៉ាឌី​​គ្រវីក្បាល​តិចៗ​ ទើប​ប្រធាន​និស្សិត​និយាយ​បន្ថែម​៖​
​«​ខ្ញុំ​ទៅ​អង្គុយ​លេង​នៅ​ក្រោម! មាន​ការ​អី​ហៅ​ខ្ញុំ!»
​ម៉ាឌី​​ងក់​ក្បាល ធ្វើ​ឱ្យ​វិច្ឆិកា​ធូរចិត្ត​ជាង​មុន។ ​គេ​ទាញ​ទ្វា​​បិទ​ឱ្យ​វិញ ​ហើយ​ចុះ​មក​ចាំ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ខាង​ក្រោម។
​ក្នុង​ចិត្ត​វិច្ឆិកា​ទទួល​ស្គាល់​ដូច​សម្ដី​របស់​ដាមិកា ​​ដែល​ថា​ម៉ាឌី​​នឹង​មិន​បណ្ដោយ​​ឱ្យ​ស្រី​ស្អាត​ដែល​គេ​ស្រលាញ់​ស្លាប់​ទៅ​ទាំង​អ៊ីចឹង​​នោះ​ឡើយ។

អធិរាជបេះដូង ភាគទី១៣
វគ្គ​
​ថ្នាំ​បំពុល ក្នុង​ពែង​កាហ្វេ​

​៦​ខែ​មុន​…​​
​មន្ទីរពេទ្យ​​Changi​សិង្ហបុរី​…​​
​«​លោក​ត្រូវ​នាំ​ភរិយា​មក​ពិនិត្យ​ថ្លើម​សាជាថ្មី​៦​ខែ​ទៀត​! ​ជាតិពុល​សម្អាត​​អស់​មែន តែ​យើង​ត្រូវ​តាមដាន​ពី​ផល​ប៉ះពាល់​​​របស់​វា​ទៅលើ​ថ្លើម ​និង​សរីរាង្គ​ខាងក្នុង​ផ្សេងៗ​ទៀត​»​
​សូ​ត្រា​សម្លឹងមុខ​នារី​នេះ​ដែល​ញញឹម ហើយ​ដៃ​នាង​ស៊ក​ក្នុង​រង្វង់​ហត្ថ​នាយ​មិន​ចេះ​នឿយណាយ​។ និពន្ធ​នាយក​ដឹង​ថា​ ប្រការ​ដែល​ពេទ្យ​យល់​ច្រឡំ ​ព្រោះ​នាង​ប្រើ​ងារ​អ្នកស្រី​ក្នុង​លិខិត​ឆ្លងដែន​ហើយ​គ្រប់​គ្នា​អាច​យល់​ខុស​យ៉ាង​ងាយ​ជាមួយ​ភាព​ស្និទ្ធស្នាល​ដែល​នាង​ផ្ដល់​មក​។​

យប់​នោះ​នៅ​លើ East Coast Park និពន្ធ​នាយក​បាន​កំដរ​ស្រី​ស្អាត​ដែល​នៅ​ទន់​​ខ្សោយ​ហើយ​មិន​ព្រម​សម្រាក​។​
​នាង​នៅ​ក្បែរ​នាយ​ ហើយ​ជ្រើសរើស​យក​ការ​គេង​ក្នុង​តង់​ជា​ជំនួស​ឱ្យ​​មន្ទីរពេទ្យ។
​«​អ្នក​ណា​ជា​អ្នក​ចង់​សម្លាប់​នាង​?»​
​«​លោក​! ​គោលដៅ​របស់​គេ គឺ​និពន្ធ​នាយក​ម្នាក់​នេះ មិនមែន​ខ្ញុំ​ទេ​!»​
​នាង​ឆ្លើយ​ហី តែ​សំឡេង​ខ្សាវ​។​
​ទោះ​នាង​ជា​នារី​ច្បាស់​ម៉ឺង​ម៉ា​ត​យ៉ាង​ណា សម្ដី​​នាង​ប៉ុន្មាន​ម៉ាត់​ធ្វើ​ឱ្យ​​គេ​ជឿ​ដូចម្ដេច​បាន​?​
​«​អគ្គ​នាយិកា​!​ ខៀវ សូត្រា​​ម្នាក់​នេះ​មិន​ដែល​មាន​គំនុំ​ជាមួយ​អ្នកណា​ ដល់​ថ្នាក់​គេ​ត្រូវការ​យក​ជីវិត​ទេ​ទាន​!»

​នាយ​និយាយ​ស្រាល​ៗ​ទាំង​មាន​នាង​ក្នុង​រង្វង់​ដៃ​។​
​ចិត្ត​នាយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្នេហា​លើ​នារី​នេះ​ទៅ​ហើយ គ្រាន់តែ​នាយ​ត្រូវការ​ដឹង​ហេតុ​ផល​ទាំងឡាយ​ឱ្យ​​ច្បាស់លាស់​ជាង​នេះ​។​
​«​អ៊ីចឹង​លោក​គិត​ថា​ដាមិកា​ម្នាក់​នេះ សម​នឹង​ឱ្យ​​គេ​តាម​សម្លាប់​សូម្បីតែ​ពេល​ញ៉ាំ​កាហ្វេ​?»​
​នាង​ថា​ហើយ​សើច​ចំអក​តិចៗ​ បន្លំ​​ជា​មួយ​កម្លាំង​ខ្យល់​សមុទ្រ។
​«​បង​មិន​យល់​ទេ​!»​
​គេ​ឆ្លើយ​តិចៗ​ទាំង​ខ្វល់ខ្វាយ ប៉ុន្តែ​បបូរមាត់​នាយ​ផ្ទប់​មក​លើ​សក់​ក្បាល​នាង មុន​ពេល​និយាយ​បន្ថែម៖
​«​ទោះ​អ្វី​ក៏​ដោយ​! នាង​ត្រូវ​រក​ច្បាប់​រក​សមត្ថកិច្ច​ឱ្យ​​តាមដាន​មើល រស់នៅ​របៀប​នេះ​តើ​ល្អ​ស្អី​ទៅ​ដាមិកា​​?»​
​នាង​មិន​មាត់​តែ​ហុច​ទូរ​សព្ទ​មក​ឱ្យ​​នាយ​មើល​។​

​សូ​ត្រា​សម្លឹង​សន្សឹម​ៗ​ មុន​ពេល​ទាញ​យក​មក​ពិនិត្យ​ឯកសារ​ទាំងអស់​នោះ​ដោយ​តក្កមា​។​
​«​ហេតុ​អី​? ​បង​ប្រុស​នាង​មាន​ទំនាស់​អី​ជាមួយ​ខ្ញុំ​?​ ខ្ញុំ​ត្រូវ​ការ​ជម្រះ​បញ្ជី​នេះ​ជាមួយ​គេ​!»​
​នាង​ឆក់​ទូរ​សព្ទ​ត្រឡប់​មក​វិញ​។​
​ហើយ​និយាយ​មួយៗ​៖​
​«​ពេល​លោក​បញ្ចេញ​ឯកសារ​នេះ​ទៅ បង​ខ្ញុំ​អាច​ថា​មាន​បញ្ហា​តិចតួច ប៉ុន្តែ​មិន​ធ្ងន់​ដល់​ថ្នាក់​ជាប់ពិរុទ្ធ​ទេ ប៉ុន្តែ​មនុស្ស​ទាំងឡាយ​ដែល​នៅ​ក្បែរ​គាត់ ហើយ​ដែល​គេ​ខំ​ផ្ដល់​ព័ត៌មាន​នេះ​ចេញ​មក​ឱ្យ​​ខ្ញុំ​នោះ​វិញ​ ពួកគេ​អាច​និង​មាន​គ្រោះថ្នាក់​ទាំង​អស់ លោក​ធ្វើ​ដែរ​ទេ​និពន្ធ​នាយក​?»​
​សូ​ត្រា​នៅ​ស្ងៀម​ដោយ​ថប់​បារម្ភ​។​

នារី​ចិត្ត​ស្លុយ​ម្នាក់​នេះ ហ៊ាន​ប្រថុយ​កែខៃ​ស្ថានការណ៍​ហើយ​លេប​ពែង​ដែល​មាន​ជាតិពុល តើ​សម​ទំនង​នឹង​ស្ដាប់​​កម្រិត​ណា​ទៅ​?​
​«​យើង​ទើបតែ​ស្គាល់​គ្នា ឱ្យ​​ម្ដេច​បាន​ថា​នាយិកា​ Red Index​ ការពារ​ជីវិត​ខ្ញុំ​ហើយ​ប្រថុយ​មក​ចូល​ពេទ្យ ចុះ​​បើ​នាង​ជួយ​មិន​ទាន់​?»​
​«​អូន​គ្មាន​ជម្រើស​!»​
​នាង​ឆ្លើយ​ខ្លី​ហើយ​ពេញ​ដោយ​ទុក្ខ​ព្រួយ​។​
​ពេល​បុរស​សញ្ជឹង​គិត​ក្រឡាប់ចាក់ សោភ័ណ ​ដាមិកា​និយាយ​បន្ថែម​៖​
​«​ម្នាក់​ពុល​ស្លាប់​ ហើយ​ម្នាក់​ទៀត​នឹង​រង​ការ​ចោទ​ប្រកាន់​! ​ខ្ញុំ​ជា​អ្នក​ណាត់​លោក​ចេញ​មក ​ដូច្នេះ​បញ្ជី​នេះ​ប៉ូលិស​នឹង​ជម្រះ​លើ​ខ្ញុំ​!»

​ខៀវ សូត្រា​​គ្រវីក្បាល​យឺត​ៗ​៖​
​«​ប៉ុន្តែ​!..​. ​អូយ​! បង​ឈឺ​ក្បាល​ពេក​ហើយ​ដាមិកា​!! ហេតុ​អី​នាង​ត្រូវ​រស់នៅ​ក្នុង​សង្គម​​ងងឹតស្លុប​មួយ​របៀប​នេះ​?»​
​នាង​វិញ​ឆ្លើយតប​ស្ងួត​ស្ងប់​៖​
​«​រឿង​ដែល​លោក​មិន​ដឹង​មាន​ច្រើន​ណាស់ និពន្ធ​នាយក​!»​
​«​ហើយ​រឿង​ដែល​រឹតតែ​មិន​យល់ គឺ​រឿង​របស់​ពួក​យើង​!»​
​សូ​ត្រា​ឱន​សម្លឹងមុខ​នាង ​មុន​ពេល​និយាយ​បន្ត​៖​
​«​ហេតុ​អី​?​ ស្នេហា​នេះ​កើតឡើង​ដោយ​របៀប​ណា​?»​
​បង្អាក់​យក​ពេល​វេលា​ក្នុង​ការ​មិន​ឆ្លើយ ដាមិកា​ក្រឡេក​មក​រក​ប៊ិច​មួយ​ដើម​នៅ​លើ​ហោប៉ៅ​អាវ​គេ​។​
​ដៃ​នាង​លូក​ទៅ​ស្ទាប ​ហើយ​ទាញ​វា​ចេញ​មក​ពិនិត្យ មុន​ពេល​សួរ​តិចៗ​៖​
​«​អំណោយ​មនុស្ស​ស្រី​ណា​ទៅ​នៀក​?»

​សូ​ត្រា​នឹក​ឃើញ​ភ្លាម​ទៅ​ដល់​អ្នកកាសែត​ស្រី​ខ្ពស់​ស្រាវ តែ​គេ​រក្សា​ភាព​ស្ងាត់ស្ងៀម​មិន​មាត់​មិន​ក​តបត​នឹង​សំណួរ​​ឡើយ​។​
​«​ទៅ​ដល់​កន្លែង​ណា​ក៏​ដោយ បង​ត្រា​ឃើញ​ប៊ិច​នេះ ចាំ​ជាប់​ជានិច្ច ខ្លួន​ជា​អ្នក​សារ​ព័ត៌មាន!»
​គេ​នឹក​ដល់​សម្ដី​​ពេជ្រ​ ដា​ណែន ធ្វើ​ឱ្យ​​ចិត្ត​ប្រែ​ទៅជា​ស្រងេះស្រងោច។ ​«​នាង​គិត​បារម្ភ​ត្រូវ​ណាស់​ពេជ្រ ​ដា​ណែន​!​ ជីវិត ​ខៀវ​ សូ​ត្រា​ពេល​នេះ​មិន​ដឹង​យ៉ាង​ម៉េច​ក៏​មិន​ដឹង ហេតុ​អី​នៅ​មិន​នៅ​យើង​ត្រូវ​មក​ចូលរួម​ជាមួយ​ភាព​រញ៉េរញ៉ៃ​ក្រៅ​ច្បាស់​អស់​ទាំង​នេះ​?!»​

គេ​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​ បណ្ដោយ​ឱ្យ​​ដាមិកា​ងើយ​មុខ​មក​តាមដាន​ភាព​ស្មុគស្មាញ​ក្នុង​​កែវភ្នែក​នាយ​។​
​«​លោក​និង​មិន​សរសេរ​រឿងរ៉ាវ​ដ៏​អាម៉ាស់​ក្នុង​រង្វង់​គ្រួសារ​ខ្ញុំ ដែល​លោក​ទើប​នឹង​ដឹង​នេះ​ទេ​ខៀវ សូត្រា​​!»​
​និពន្ធ​នាយក​ដក​អារម្មណ៍​មក​វិញ ហើយ​ដង្ហើម​ធំ​មុន​ពេល​តប ៖​
​«​ពួក​យើង​មិន​ទម្លាប់​ឈឺ​ឆ្អាល​រឿង​ផ្ទាល់ខ្លួន​របស់​អ្នកណា​ទេ​ នាយិកា​!​ រហូត​ដល់​ពួកគេ​ធ្វើ​រឿង​ខុស​ច្បាប់ យើង​នឹង​លាតត្រដាង​!»​
​«​ចុះ​រឿង​កាហ្វេ​ពុល​នេះ​?»​
​សូ​ត្រា​ដង្ហើម​ធំ​មុន​ពេល​ឆ្លើយ​៖​
​«​ដំរី​ស្លាប់ នាង​ចង់​យក​ចង្អេរ​​លាក់​? ខ្ញុំ​អាច​ព្រងើយ​មិន​ដឹង​មិន​ឮ​ ប៉ុន្តែ​នាង​ចូល​មក​ពេទ្យ​មាន​កំណត់ត្រា​ ហាង​កាហ្វេ​មាន​ប៉ូលិស​ចុះ​ត្រួត សំណុំរឿង​កំពុង​កសាង​…​»

«​ខ្ញុំ​គិត​ថា​បងប្រុស​ខ្ញុំ ចេះ​លេង​ក៏​ចេះ​សម្អាត​! ប៉ុណ្ណឹង​ប្រហែលជា​មិន​អី​ទេ​!​ ប៉ុន្តែ​បើ​លោក​សរសេរ​​ពី​រឿង​មិញ​ដែល​លោក​បាន​ឃើញ​ លោក​ដឹង​ហើយ​អ្នក​ណា​ខ្លះ​នឹង​មាន​បញ្ហា​!»​
​សូ​ត្រា​ងើបមុខ​សម្លឹង​រលក​ប្រិចៗ​លើ​កម្រាល​សាគរ គេ​ប្រហើរ​ក្លិន​ដែល​ហើរ​ចេញពី​កេសា​ស្រី​ស្អាត ទោះ​ស្នេហ៍​មិនទាន់​ស្និទ្ធ ស្គាល់​តែ​ក្លិន​មិន​បាន​ខ្លួន ​តែ​នាង​ពិត​ពិសេស​ពេក​ហើយ មិន​អាច​ឱ្យ​​និពន្ធ​នាយក​សោះអង្គើយ​ម្នាក់​នេះ ​ដាច់ចិត្ត​ថា​នឹង​បក​ទៅ​វិញ​​ចោល​នាង​ទាល់តែ​សោះ។

គេ​សួរ​តិចៗ​ជាមួយ​ទុក្ខ​ព្រួយ៖
​«​នាង​មិន​ទាន់​ប្រាប់​នៅ​ឡើយ​ថា ​ស្នេហា​នេះ​ក៏​ជា​គម្រោង​ការ​មួយ​មែន​ដែរ​ទេ ​នាយិកា!»
​ស្រី​ស្អាត​សើច​តិចៗ៖
​«​ពី​ដំបូង​មែន តែ​ក្រោយ​មក​មិន​មែន​ទេ!»
​«​ពី​ដំបូង​អី​ទៅ ហើយ​ពេល​ក្រោយ​យ៉ាង​ម៉េច​ទៅ?»
​ព្រោះ​នាង​ដឹង​ថា​ បើ​គេ​មិន​យល់ គ្រប់​យ៉ាង​នឹង​មិន​ងាយ​ចប់។ ដូច្នេះ​សោភ័ណ ​ដាមិកា​និយាយ​មួយៗ ពន្យល់​រៀបរាប់៖
​«​នៅ​ថ្ងៃ​ដែល​អត្ថបទ​ពី​អ្នក​វិនិយោគ​ចិន​ត្រូវ​ផ្សាយ​ចេញ ហើយ​លេខា​លីនរ៉ាណា​​ត្រូវ​រ៉ាប់​រង ខ្ញុំ​ខឹង​បំផុត​!»​
​«​នាង​ចង់​សងសឹក ហើយ​យក​វិធី​នេះ​?»​
​«​ប៉ុន្តែ​ពេល​ខ្ញុំ​ចាប់ផ្ដើម​ស្វែងរក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោក ខ្ញុំ​នឹក​ឃើញ​ដែល​បុរស​ខ្មែរ​ម្នាក់​នេះ​បង្ហាញ​ខ្លួន​នៅ​ឈីកាហ្គោ​!»​

«​ហេតុផល​ប៉ុណ្ណឹង​មែន​អត់ ដែល​នាង​សុខចិត្ត​លេប​ថ្នាំពុល​ជំនួស​ខៀវ សូត្រា​​ម្នាក់​នេះ​!​ អស់​សំណើច​ពេក​ហើយ​នាយិកា​!»​
​គេ​សើច​ចំអក​នាង​តិច​ៗ ដែល​ធ្វើ​ឱ្យ​​នាង​សើច​តប​វិញ​ស្រាល​ៗ​ដូចគ្នា​។​
​បន្ទាប់​មក​សូ​ត្រា​និយាយ​ស្រាល​ៗ​ដាក់​នាង​៖​
​«​បើ​មិន​និយាយ​ឱ្យ​ដឹង​រឿង បង​នឹង​ឡើង​យន្ត​ហោះ​ទៅ​វិញ​​ស្អែក​នេះ​!»​
​«​ហើយ​ខ្ញុំ​ក៏​នឹង​តាម​លោក​ទៅ​!»​
​គេ​ឈ្ងោក​មុខ​សម្លឹង​នាង​។​
​មនុស្ស​ស្រី​នេះ​ម៉េច​ក៏​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ស្អប់ ហើយ​ចង់​វារ​ចាក​ឱ្យ​​ខាង​បាន ប៉ុន្តែ​ពេល​ខ្លះ​ម៉េច​ក៏​មាន​អារម្មណ៍​គ្នាន់ក្នាញ់​និង​ភាព​គឃ្លើន​របស់​នាង​?​
​គេ​និយាយ​ដោយ​ទឹកមុខ​សោះអង្គើយ​៖​
​«​សម្ដី​​យើង​ម្នាក់​នេះ ស្ដាប់​​ហើយ​មិន​ដែល​ស្រណុក​! មិន​ដឹង​មួយ​ណា​ពិត មួយ​ណា​កាឡៃ​! ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ហត់​នឿយ​!»​

សំឡេង​នាង​ឆ្លើយ​មក​វិញ​​ មិនមែន​តប​និង​ការវាយតម្លៃ​របស់​គេ ​ប៉ុន្តែ​បង្ហើរ​មនោសញ្ចេតនា​របស់​នាង៖
​«​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ធ្លាប់​ចាប់អារម្មណ៍​ស្ងើច​គេ​កាលពី​ច្រើន​ឆ្នាំ​នៅ​អាមេរិក​ ចុងក្រោយ​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​សងសឹក​!?​ យល់​ពី​អារម្មណ៍​នេះ​ទេ?»​
​«​ឃើញ​គ្នា​ម្ដង​នាង​ចាំ​ខ្ញុំ​បាន​យូរ​ដល់​ម្ល៉ឹង​?»​
​«​លោក​មិន​ដឹង​ខ្លួនឯង​ដែល​មាន​លក្ខណៈ​ពិសេស! មនុស្ស​ស្រី​ណា​ដែល​ឃើញ​លោក​ហើយ​មិន​បាន​លួច​យក​ទៅ​គិត គេ​មិន​មែន​ជា​មនុស្ស​ស្រី​ពិត​ប្រាកដ​ទេ​ខៀវ សូត្រា!»

គេ​ហាក់​រំភើប​និង​សម្ដី​​ដែល​នាង​និយាយ។ ​ទោះ​វា​ពិត​ឬ​​មិន​ពិត គេ​នៅ​តែ​ចូលចិត្ត​ស្ដាប់​​ហើយ​ទន់​​ចិត្ត​ជាមួយ​នាង។
​នៅ​ពេល​បេះដូង​បើក​ចំហ វិចារណញ្ញាណ​នឹង​រួម​តូច។
​ជាមួយ​ការ​ពេញចិត្ត​របស់​បេះដូង ប្រព័ន្ធ​នៃ​ការ​គិត​បាន​ថយ​ចុះ។
​គេ​ផ្ទៀង​ស្ដាប់​ សម្ដី​​នាង​បន្ត៖
​«​ពី​ការ​ចូលចិត្ត មក​បូក​ជាមួយ​ការ​ខឹង វា​បាន​បង្កើត​ឡើង​នូវ​លក្ខណៈ​ពិសេស​មួយ! ហើយ​ទី​បំផុត ខ្ញុំ​ស៊ើប​ដឹង​រឿង​ទាំង​អស់​របស់​លោក ​រួម​​ទាំង​រឿង​ស្នេហា​ រឿង​ការងារ​ រឿង​ផ្ទាល់ខ្លួន ហើយ​កាន់តែ​ស៊ើប​ ខ្ញុំ​កាន់តែ​ប្រឡាក់ប្រឡូស​រូប​លោក​ក្នុង​បេះ​ដូង​!»​
​«​ឈប់​កុហក​ទៅ​!»

​គេ​ថា​បង្អើល​នាង​តិចៗ ហើយ​ប្រឹង​រំលឹក​ឡើង​វិញ​​នូវ​រឿងរ៉ាវ​នានា ដែល​នាង​បាន​និយាយ​កាល​ជួប​គ្នា​ដំបូង។​
​ឯ​ដាមិកា​វិញ ក៏​ស្រដី​បន្ត ​ហាក់បីដូចជា​បាន​ដឹង​អំពី​អ្វី​ដែល​នាង​កំពុង​​គិត​។​
​«​កាន់តែ​ឃើញ​លោក​ធ្វើការ​ដល់​យប់​ជ្រៅ ខ្ញុំ​កាន់តែ​គិត​ពី​លោក​គេង​មិន​លក់​!​ ពេល​ដឹង​ពី​ស្នេហា​លោក​និង​ចរិយា ខ្ញុំ​រឹតតែ​ច្រណែន​គេ​! ពេល​និយាយ​នឹង​លោក​តាម​ទូរ​សព្ទ ខ្ញុំ​ដឹង​ថា​លោក​មិនមែន​ជំពូក​ពួក​អ្នកកាសែត​ដែល​ខ្ញុំ​ធ្លាប់​បាន​ស្គាល់​នោះ​ទេ​! ពី​ការ​គិត​ខុស​មក​ជា​ភ្លឺ​ភ្នែក ដាមិកា​​ចាប់ផ្ដើម​យល់ថា​ខ្លួនឯង​ឯកា ហើយ​ពិតជា​ត្រូវការ​បុរស​ម្នាក់ គឺ​មនុស្ស​ប្រុស​របៀប​នេះ​!»​
​គេ​នៅ​ស្ងៀម​ហើយ​ឱប​នាង​បន្ថែម​។​

ខ្យល់​ត្រជាក់​បាន​បោក​មក​លួងលោម​គូស្នេហ៍​ចម្លែក​មួយ​គូ​នេះ ដូច​ជា​ជួយ​បន្ទន់​​ចិត្ត​នាយ​ឱ្យ​​ឈប់​ខ្វល់ខ្វាយ​អ្វី។
​ពេល​បុរស​នៅ​ស្ងៀម នាង​និយាយ​បន្ត៖
​«​នៅ​ចំពោះ​មុខ​កែវ​កាហ្វេ ក្នុង​វិនាទី​ចុង​ក្រោយ​ដែល​ខ្ញុំ​ទើប​តែ​បាន​ទទួល​សារ​មក​ប្រាប់​ពី​ការ​បំពុល​!​ដាមិកា​គ្មាន​ពេល​គិត​ច្រើន​ទេ បើ​ខ្ញុំ​បណ្ដោយ​តែ​បន្តិច ប្រុស​ម្នាក់​នៅ​ពី​មុខ​នេះ​ នឹង​ទៅ​ជា​រៀង​រហូត​! បើ​លោក​ជា​ខ្ញុំ​ក្នុង​ពេល​នោះ​និពន្ធ​នាយក​?»​
​សូ​ត្រា​នៅ​ស្ងាត់ស្ងៀម​ព្រោះ​ថា​ គ្រប់​យ៉ាង​ហួស​ពី​អ្វី​ដែល​នាយ​មាន​សមត្ថភាព​បែងចែក​។​
​សំឡេង​នាង​លាន់​មក​ទៀ​ត​៖​
​«​ទៅ​វិញ យើង​មានរឿង​ច្រើន​ទៀត​ត្រូវ​ឆ្លងកាត់​!​ ហើយ​មាន​តែ​មនុស្ស​ប្រុស​ដូច​ខៀវ សូត្រា​​ម្នាក់​នេះ ដែល​អាច​រ៉ាប់​រង​បាន​!»

ភាគ​ទី​៣៣

​រំលឹក​ដល់​ចំណុច​នេះ ធ្វើ​ឱ្យ​​កែវភ្នែក​ដា​ណែន​ដែល​ជា​អ្នក​ស្ដាប់​​ទៅ​ជា​ល្ហល្ហេវ​ ព្រោះ​សភាពការណ៍​ដែល​ស្ត្រី​នេះ​កំពុង​អធិប្បាយ​ បញ្ជាក់​បាន​ច្បាស់​១០០​ភាគ​រយ​ថា​ ដា​ណែន​ខ្លួនឯង​ពិត​ជា​តួអង្គ​ក្នុង​រឿង​ល្ខោន​ជីវិត​ពិត ​សម្រាប់​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នោះ​ យក​ទៅ​បញ្ឆោត​ភ្នែក​សាធារណៈ​ជន​ពិត​ប្រាក​មែន។ ​គ្រប់​យ៉ាង​រំលឹក​មក​វិញ​ ដូច​ទើប​នឹង​កើត​ឡើង​នៅ​នឹង​ភ្នែក…
​«​ខ្ញុំ​ដាក់​របស់​ស្រូប​សំឡេង​​ក្នុង​អាវ​ធំ​បង​ឯង​! ខ្ញុំ​នឹង​លេង​នាង​ម្នាក់​នោះ​ឱ្យ​​ដល់​ទី​បំផុត​​! ខ្ញុំ​មិន​ដែល​ទុកចិត្ត​មនុស្ស​ស្រី​ពស់វែក​ម្នាក់​នោះ​ស្រាប់​ហើយ​! ​ខ្ញុំ​ដឹង​ថា​គេ​នឹង​ធ្វើបាប​បង​ត្រា​! ពេល​នេះ​សំឡេង​គេ និង​ស្អី​អាក្រក់​ៗ​ដែល​គេ​បាន​និយាយ យើង​ឡើង​ទំព័រ​មុខ​ឱ្យ​​គេ​ស្អែក​នេះ​!​ ចាំ​មើល​អ្នកណា​ល្អ​មើល​ជាង​!» «​ឱ្យ​​មក​បង​!» «​បង​ត្រា​?» «​រឿង​បង បង​ដោះស្រាយ​ខ្លួនឯង​កុំ​ធ្វើ​អី​គេ កុំ​សរសេរ​​​ពី​គេ ហើយ​បំភ្លេច​រឿង​អស់​នេះ​ចោល​អូ​ខេ!»

ដា​ណែន​គ្រវីក្បាល​យឺត​ៗ ពេល​នឹក​ឃើញ​សកម្មភាព​អស់​ទាំង​នេះ របស់​បុរស​ដែល​នាង​តែងតែ​ទុក​ថា​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ជីវិត។
​«​កោត​តែ​ខ្ញុំ​ជឿ​គាត់​!»​
​នាង​រអ៊ូ​តិចៗ ចំណែក​ស្ត្រី​​នោះ​លើក​តែ​មក​ក្រេប​ធ្វើ​វា​ហី។​
​«​ចុះ… ចំណែក​ឆាក​ល្ខោន​នៅ​ភូមិ​នេសាទ​?!»​
​«​ចាំ​មីង​និយាយ​ប្រាប់​»​
​គាត់​វាចា​តិចៗ​ពេល​ដែល​បេះដូង​នាង​លោត​ញាប់ …..​
​គាត់​ចាប់ផ្ដើម​តំណាល​ពេល​ដែល​ទឹកភ្នែក​ដា​ណែន​លួច​ស្រក់​ក្នុង​បេះ​ដូង។​

៦​ខែ​មុន​
​…​សូ​ត្រា​ដឹង​ខ្លួន​ឡើង​នៅ​ក្នុង​ផ្ទះ​តូច…
​នាយ​ក្រហាយ​ភ្នែក​ពេល​ខំ​ប្រឹង​បើក​សម្លឹង​ពិនិត្យ​បរិយាកាស​ជុំ​វិញ​​ខ្លួន ហើយ​ត្រចៀក​ចាប់​ឮ​​សំឡេង​​ខ្យល់​ទន្លេ​ដែល​នាំ​ឱ្យ​​នាយ​ផ្ទៀង​ស្ដាប់។
​ស្នូរ​ខ្យល់​បោក​ប៉ះ​ទូក​តូច​ៗ ពិត​ជា​ជិត​ដល់​ថ្នាក់​ស្ទើរ​ហ៊ឹង​ត្រចៀក​ ឬ​មួយ​ក៏​មក​ពី​រាងកាយ​ខ្លួន​ដែល​ខ្សោះ​ខ្សោយ។

គេ​ជ្រួញ​ចិញ្ចើម​ព្រោះ​ក្បាល​ឈឺ​ខ្ទោកៗ ​​ហើយ​ខៀវ សូត្រា​​ព្យាយាម​រក​នឹក​ដល់​ហេតុការណ៍​ចុង​ក្រោយ​បង្អស់​ដែល​នាយ​នៅ​ចាំ​បាន…
​រូបភាព​ដាមិកា​ដែល​បាន​អង្គុយ​បែរ​ខ្នង​មក​រក​ទ្វារ នៅ​លើ​តុ​ដដែល​កន្លែង​ដូច​កាល​ណាត់​ជួប​ដំបូង ដែល​នាង​ត្រូវ​ថ្នាំពុល​រហូត​ត្រូវ​បញ្ជូន​ទៅ​សិង្ហបុរី។​ ស្ថានភាព​នាង​ដូច​ជា​ចង់​ប្រាប់​ទី​ណាត់​ជួប​ស្ងាត់​គ្មាន​មនុស្សម្នា ប៉ុន្តែ​វា​ស្ងាត់​ហួសហេតុ​ពេក​ហើយ។​

របស់​មួយ​យ៉ាង​មាំ​ធ្លាក់​ពី​ណា​មក​មិន​ដឹង សង្កត់​ចំ​កញ្ចឹង​ក​នាយ​ធ្វើ​ឱ្យ​​បុរស​ងឺង​ក្បាល ព្រឹល​ភ្នែក ហើយ​ជង្គង់​​ចាប់ផ្ដើម​ទន់​​ ហើយ​អ្វី​ដែល​សូ​ត្រា​បាន​សម្លឹង​ឃើញ​ចុង​ក្រោយ​បង្អស់​បាន​គឺ​ដាមិកា​លើក​ដៃ​មើល​ម៉ោង។
​ត្របកភ្នែក​ខៀវ សូត្រា​​ប្រឹង​បើក​ឡើង​វិញ​ មួយ​ទំហឹង​កូន​ប្រុស​ហើយ​ប្រាប់​ខ្លួនឯង​ថា​ នាយ​មិន​អាច​បន្ត​ដេក​បាន​តទៅ​ទៀ​ត​ឡើយ។
​ដៃ​មនុស្ស​ស្រី​លូក​ស្ទាប​ភ្នែក​នាយ បន្ទាប់​មក​អង្អែល​ផ្ទៃ​មុខ​នាយ​ហើយ​ហៅ​ដាស់​ស្រាលៗ៖
​«​សូ​ត្រា​ៗ​»​
​គេ​ប្រឹង​ប្រែង​បំផុត​ទម្រាំ​អាច​និយាយ​ចេញ​ខ្លីៗ​៖​
​«​នៅ​កន្លែង​ណា​?»​
​សំឡេង​នារី​អភិ​ជន​តប​មក​វិញ​​ខ្សឹបៗ​៖​
​«​ផុត​គ្រោះថ្នាក់​ហើយ​! គ្មាន​អ្នកណា​រក​យើង​ឃើញ​ទេ​!»​
​សូ​ត្រា​សាជាថ្មី បើកភ្នែក​ព្រឹម​សម្លឹង​ដំបូល​ខ្ទម​តូច។​ គេ​ប្រាកដ​ចិត្ត​ថា​ មិន​ដែល​ស្គាល់​ទី​នេះ​ពី​មុន​មក​ទេ ប៉ុន្តែ​គេ​ឃើញ​ផ្ទៃ​មុខ​នាង​ដែល​ប្រកប​ដោយ​ទុក្ខ​ព្រួយ​នៅ​ក្បែរ​បង្កើយ។

បុរស​បោះបង់​ចោល​ការ​គិត​ពី​អ្វី​គ្រប់​យ៉ាង​ ហើយ​សម្លឹង​នាង​ដោយ​កែវភ្នែក​ល្ហល្ហេវ។
​ស្រី​ស្អាត​ញញឹម​ផង ជ្រួញ​ចិញ្ចើម​ចង់​យំ​ផង។
​សេចក្ដី​ស្នេហា​របស់​នាង​បញ្ចេញ​​​មក ធ្វើ​ដូច​នាង​ពុំ​មែន​ជា​ដាមិកា​​ក្នុង​សុបិន​អាក្រក់​ ពេល​នាយ​សន្លប់​ទៅ​នោះ​ទាល់តែ​សោះ។
​«​ធ្វើ​អ៊ីចឹង​​ធ្វើ​អី​?»​
​គេ​សួរ​ទាំង​សម្លឹង​នាង​លែង​មាន​ចិត្ត​ចង​ក្រោក​ទៅ​ណា។ ​ជាមួយ​ភាព​ស្ងាត់ស្ងៀម​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ឬ​ក៏​និយាយ​ពាក្យ​អ្វី​នោះ​ ពួកគេ​បាន​បណ្ដោយ​ឱ្យ​​ពេលវេលា​ស្រងេះស្រងោច​អូស​បន្លាយ​ទៅ ​ទុក​ឱ្យ​​ភ្នែក​ទាំង​បួន​សម្លឹង​គ្នា​មិន​ដក​ថយ រហូត​ចុង​ក្រោយ​នាង​មិន​អាច​ទប់​មនោសញ្ចេតនា​បាន​ក៏​ឱន​មក​ឱប​ប្រាណ​នាយ។

សូ​ត្រា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់​ ប៉ុន្តែ​គេ​ដឹង​តែ​ម្យ៉ាង​ថា​ គេ​ពិត​ជា​មិន​ចង់​ឱ្យ​​វិនាទី​នេះ​រំលង​ទៅ។​
​បេះដូង​ប្រុស​ម្នាក់​ដែល​បាន​ស្លាប់​បាត់​ទៅ​តាម​ចិត្ត​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​លើ​ទង​បុប្ផា​សួគ៌​ ពេល​នេះ​រឹតតែ​ខ្លោចផ្សា​ពេល​ឮ​​សូរ​សព្ទ​នាង​សោយ​សោក។​
​និពន្ធ​នាយក​កម្រើក​បបូរមាត់​ដែល​ស្ងួត​ក្រៀម ប្រុង​ហា​ស្ដី​ទៅ​កាន់​នាង​ក៏​មិន​ដឹង​ថា​ នឹង​និយាយ​អ្វី​ឱ្យ​​ស័ក្ដិសម មាន​តែ​លើក​ដៃ​ស្ដាំ​​ឡើង​មក​ប្រុង​ថា​នឹង​អង្អែល​កេសា​ស្រី​ស្អាត​ ដែល​កំពុង​ពួន​ជ្រក​ក្បែរ​ទ្រូង ប៉ុន្តែ​ដៃ​ដែល​កម្រើក​នោះ សែន​មហា​ល្វើយ ​រួម​ទាំង​ឈឺ​ស្រពន់​ដោយ​មាន​ប្រតោក​មក​ជាមួយ​នូវ​ខ្សែ​សេរ៉ូម​វែង​ធ្ងន់។

«​អូន​សូមទោស​សូ​ត្រា​!»​
​នាង​និយាយ​ហើយ​យំ​សសិត​ដំណាល​គ្នា។ ដើមទ្រូង​បុរស​ចាប់ផ្ដើម​តឹង​ណែន​​សាជាថ្មី​ទៅ​ដោយ​ទុក្ខ​កង្វល់​និង​ភាព​ស្មុគស្មាញ។
​គេ​ស្រក់​ទឹកភ្នែក​មិន​ចេញ ប៉ុន្តែ​ចិត្ត​នាយ​ធ្លុះធ្លាយ​ពេល​ឃើញ​នាង​យំ។
​«​បង​ធំ​តាម​​ដាន​ជីវិត​របស់​ដាមិកា​​ប្រកិត​! ពេល​នេះ​អ្វី​ដែល​ពួកគេ​កំពុង​​ឃើញ គឺ​លោក​មក​ដេក​ស្លាប់ ហើយ​វិល​ទៅ​វិញ​ក្នុង​របៀប​ជា​អ្នក​មាន​គំនុំ​ គេ​នឹង​ធ្វេស​ប្រហែស​ចំពោះ​លោក ជួន​កាល​អាច​មក​រក​លោក​ធ្វើ​ជា​គ្នា​ផង​ក៏​ថា​បាន!»

សូ​ត្រា​បង្ហាញ​ភាព​ហត់នឿយ៖
​«​បង​ធុញ​ណាស់ បង​គ្មាន​ពេល​មក​រស់​ក្នុង​ល្បិចល្បង​អស់​ទាំង​នេះ​ទេ​ដាមិកា»
​នាង​នៅ​ស្ងៀម​សម្លឹង​នាយ​ដោយ​ក្ដី​អាសូរ។ ​នាង​រេ​ភ្នែក​ទៅ​រក​ខ្សែ​សេរ៉ូម​ដែល​នៅ​ជាប់​លើ​ដៃ​នាយ​ ហើយ​គិត​ថា​ ប្រសិនបើ​នាយ​មិន​ស្គាល់​នាង​ក៏​មិន​វេទនា​របៀប​នេះ​ដែរ។​
​«​យើង​ទៅ​កន្លែង​មួយ ដែល​រស់នៅ​តែ​ពីរ​នាក់​!»​
​គេ​និយាយ​មិន​ចប់​ចុង​ចប់​ដើម តែ​នាង​យល់​ពី​អ្វី​ដែល​គេ​កំពុង​​ទទូច​ចង់​បាន។​ ប៉ុន្តែ​ទោះ​អ៊ីចឹង​ក៏​ដោយ នាង​ចាំបាច់​ត្រូវ​បដិសេធ ៖​
​«​ដរាបណា​ម៉ាក់​អូន​មិនទាន់​បាន​កាន់កាប់​ភាគហ៊ុន​ធំ អូន​ទៅ​ណា​មិន​ទាន់​បាន​!»​
«​ពេលណា​ទៅ​ដាមិកា​?»​
​គេ​និយាយ​ទាំង​អស់​សង្ឃឹម៖
​«​ឆាប់ៗ​នេះ​ហើយ! គឺ​ពេល​បង​ត្រា​អាច​ជួយ​ឱ្យ​គំនុំ​ក្លែង​ក្លាយ​របស់​ខៀវ សូត្រា​​និង​ដាមិកា​ អាច​អន្ទង​សោភ័ណ ​ពិសិដ្ឋ​ឱ្យ​ចូល​អន្ទាក់ បញ្ចេញ​មុខ​មាត់​ពិត​របស់​គេ​!»​
​«​ហើយ​បង​ត្រូវ​ស្លាប់​ប៉ុន្មាន​ដង​ទៀត​?»​

ទឹកភ្នែក​នាង​ស្រក់​មួយ​តំណក់​មក​លើ​ទ្រូង​នាយ​ជំនួស​​ចម្លើយ។​
​បបូរមាត់​នាង​ញ័រ ហើយ​ទ្រូង​នាង​ដង្ហក់​ព្រោះ​ក្ដី​សង្វេគ។
​នារី​នេះ​រស់នៅ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​គ្រប់​យ៉ាង​នៃ​ជីវិត ថែម​ទាំង​ជា​មនុស្ស​ដែល​រឹងមាំ​កម្រិត​លើ​មនុស្ស​ស្រី​នានា ​ប៉ុន្តែ​នាង​នៅ​តែ​ទប់​ចិត្ត​នឹង​សំណួរ​​គេ​មិន​បាន​ដដែល។

បុរស​ដែល​យល់​ការ​រាក់​ជ្រៅ យល់​ចិត្ត​អាណិត​លើស​ស្រលាញ់ បាន​ត្រៀម​ជា​ស្រេច​នូវ​ពាក្យ​ថា​ «​បង​យល់​ព្រម​»​ ទៅ​ហើយ គ្រាន់តែ​នាយ​នៅ​ភ្លឹក​ស្រលាញ់​នាង​ដោយ​មិន​ចេញ​ស្ដី​រួច។
​អ្វី​ដែល​សូ​ត្រា​ត្រូវ​កប់​ចិត្ត​ជាមួយ​នាង ព្រោះ​គេ​យល់​ច្បាស់​ពី​ភាព​ខុស​គ្នា​របស់​ដាមិកា​នឹង​ស្រី​ផ្សេង ដែល​បាន​កើត​មក​លើ​ភព​ផែនដី​នេះ។ សម្រាប់​មនុស្ស​ស្រី​ម្នាក់​ដែល​កើត​មក​គ្មាន​សិទ្ធិ​សូម្បីតែ​ស្រលាញ់​អ្នក​ណា គ្រប់​យ៉ាង​ជា​ល្ខោន​របស់​ប៉ា​និង​បង​ប្រុស​គេ ចុង​ក្រោយ​ត្រូវ​មក​រែក​អម្រែក​គ្រួសារ ដើរ​កាត់​ផ្លូវ​ដែល​ពេញ​ដោយ​លួស​បន្លា សត្វ​សាហាវ​ តើ​ឱ្យ​​និពន្ធ​នាយក​ផ្ដាច់​និស្ស័យ​ស្នេហ៍​ចេញ​ពី​នាង​កើត​ដែរ?

​«​អូន​យល់​ថា​រយៈពេល​១១​ថ្ងៃ ​ដែល​បាន​នៅ​ជិត​មនុស្ស​អូន​ស្រលាញ់​ ហើយ​គេ​ក៏​ស្រលាញ់​អូន ដោយ​មិន​ទាមទារ​អ្វី​! ​ជាតិ​នេះ​ដាមិកា​អស់​ចិត្ត​ហើយ​! អូន​ជំពាក់​បង​សូ​ត្រា មិន​ដឹង​ពេល​ណា​អាច​សង​ចប់​ទេ!»
​នាង​ស្រក់​ទឹកភ្នែក ហើយ​មិន​អាច​និយាយ​បន្ត ទុក​ឱ្យ​​បុរស​កម្សត់​ឆ្លើយ​ជំនួស៖
​«​ពេល​ដែល​នាង​លះបង់​បល្ល័ង្ក ហើយ​មក​តាម​ប្រុស​ម្នាក់​នេះ!»
​«​ហើយ​ជីវិត​អូន​នេះ ​ក៏​មិន​ដឹង​ថា​អាច​គង់​វង្ស​រហូតដល់​ថ្ងៃ​នោះ​ដែរ​ឬ​​អត់​ផង​ទេ ​សូត្រា!»
​«​ទោះ​សល់​តែ​មួយ​ដង្ហើម បង​នឹង​ការពារ​អូន!»

អារម្មណ៍​នៃ​ការ​ដែល​យល់​ថា មាន​អ្នក​ណា​ម្នាក់​នៅ​ជាប់​ពី​ក្រោយ​ខ្នង​រង់ចាំ​គាំទ្រ​ រួម​ជាមួយ​អារម្មណ៍ ដែល​មាន​មនុស្ស​ដដែល​នៅ​នៅ​រាំង​រង់ចាំ​ការពារ​ពី​ខាង​មុខ សម្រាប់​មនុស្ស​ស្រី​ម្នាក់ៗ​អ្នក​ណា​ត្រូវការ​អ្វី​ឱ្យ​​លើស​ពី​នេះ​ទៀត?
​«​ថ្ងៃ​ដែល​លោក​ប៉ា​សម្រេច​ចិត្ត​ចុង​ក្រោយ​ឱ្យ​​អូន​យក​តំណែង​នេះ អូន​ទុក​ថា​ខ្លួនឯង​ស្លាប់​បាត់​ទៅ​ហើយ​!»​
​«​អ៊ីចឹង​​ខៀវ សូត្រា​​ក៏​បាន​ធ្លាក់​ក្នុង​ទន្លេ ហើយ​ស្លាប់​រួច​ទៅ​ហើយ​ដែរ​ដាមិកា​!»​

ដា​ណែន​ងើប​មុខ​សម្លឹង​អ្នក​តំណាល។
​នាង​ទុក​ថា​ខ្លួនឯង​បាន​យល់​គ្រប់​យ៉ាង​ ប៉ុន្តែ​អ្វី​ដែល​នា​កំពុង​ចង់​បក​របើក​ គឺ​ថា​ហេតុអ្វី​ស្ត្រី​ម្នាក់​នេះ​អាច​ដឹង​រឿង​ទាំង​អស់​នោះ?
​នាង​មិន​អាច​សួរ​ត្រង់​ៗ​បែប​នេះ​ទេ ព្រោះ​គាត់​មាន​ចេតនា​ទុច្ចរិត​ដោយសារ​គំនុំ​​នាង​ក៏​ដឹង ​ម្ល៉ោះ​ហើយ​អ្នក​កាសែត​ពង្វាង​ចុះ​ឡើង៖
​«​មីង​! ខ្ញុំ​មិន​យល់​រឿង​ពីរ!»
​«​សួរ​មក​ចុះ​!»​
​«​ទី​មួយ​បើ​គេ​ចង់​យក​លេស​ថា​សូ​ត្រា​មាន​គំនុំ ដើម្បី​បញ្ឆោត​សោភ័ណ ពិសិដ្ឋ ហេតុ​អី​បុរស​នោះ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​ចូល​អន្ទាក់ តើ​ពួកគេ​រង់ចាំ​ដល់​ពេល​ណា?»
​ស្ត្រី​ឆ្លើយ​មួយៗ​តាម​សម្រួល៖
​«​ព្រោះ​ថា​បង​ប្រុស​មិន​ដែល​ល្ងង់​ជាង​ប្អូនស្រី​ទេ ឃើញ​ដែរ​អត់​ថា ​អ្នក​ដែល​គេ​ត្រូវ​ចាត់ការ​បន្ត​ប្អូនស្រី​ពៅ​របស់​គេ​! ​រឿង​ល្ខោន​ចុះ​ឡើង​ ហើយ​ជាន់​ជើង​ខ្លួនឯង​នេះ ​បាន​ធ្វើ​ឱ្យ​​ដាមិកា​​ខូច​ចិត្ត​ស្ទើរ​ឆ្កួត​វង្វេង!»
​ដា​ណែន​គ្រវីក្បាល​ហួសចិត្ត នាង​បន្លឺ៖
​«​ហេតុ​អី​?​ មីង​យល់​​​ថា​សោភ័ណ ​ពិសិដ្ឋ​ធ្វើ​? ម៉េច​គេ​មិន​ចេះ​ស្រលាញ់​ប្អូន​ខ្លួនឯង?»
​«​មនុស្ស​វា​នេះ​ឪពុក​វា​មិន​ស្រលាញ់​ផង វា​ចេះ​ស្រលាញ់​អ្នក​ណា?»

នាង​ប្រើ​សិល្ប៍​វិធី​ជំនាញ ផ្ដើម​សង្កេត​ចរិត​ផ្ទាល់​ខ្លួន​របស់​ស្ត្រី​នេះ។
​ដោយសារ​ពេល​នេះ​ដា​ណែន​លែង​តឹងតែង​ពី​ការ​ខូច​ចិត្ត ឬ​​សង្ស័យ​ករណី​ដាមិកា​​និង​ខៀវ សូត្រា​តទៅ​ទៀត​ហើយ ដូច្នេះ​នាង​ពិតជា​ចង់​ដឹង​ពី​ទំនាក់ទំនង ​ព្រម​ទាំង​ការ​រួម​ចំ​ណែ​ក​របស់​ស្ត្រី​ចំ​ណាស់​ដែល​នៅ​ចំ​ពោះ​មុខ​ម្នាក់​នេះ។
​អ្វី​ដែល​នាង​កាន់​តែ​គិត​ រឹតតែ​រក​ច្រក​យល់​មិន​ឃើញ​នោះ​ គឺ​ថា​ទោះ​បី​ធ្លាប់​ជា​អតីត​ភរិយា​ហើយ​ក្រោយ​មក​បែកបាក់​ចាំបាច់​អី​ចង​គំនុំ​​ដល់​ថ្នាក់​នេះ?

ស្ត្រី​នេះ​ធ្វើ​រឿង​លួចលាក់​ជា​ច្រើន​ ថែម​ទាំង​ហ៊ាន​ចាប់​បង្ខំ​នាង​ឱ្យ​​មក​ស្ដាប់​​សម្ដី​​ខ្លួន ពោល​គឺ​គាត់​កំពុង​ហ៊ាន​យក​ច្បាប់​មក​ជាន់ តើ​គាត់​ជា​ជំពូក​មនុស្ស​ប្រភេទ​ណា​ឱ្យ​​ប្រាកដ​ទៅ?
​«​មីង​ស្អប់​គាត់​ម្ល៉េះ?»
​«​មិន​មែន​ត្រឹមតែ​ស្អប់​ទេ តែ​ខ្ញុំ​ចង​អាឃាត​អា​ម្នាក់​នោះ!»
​«​សោភ័ណ ពិសិដ្ឋ?»
​គាត់​នៅ​ស្ងៀម​ដោយ​ទឹក​មុខ​ឈឺចាប់ ​នៅ​ពេល​ដែល​នាង​ហៅ​ឈ្មោះ​បុរស​នោះ​ពេញលេញ។
​ឃើញ​គាត់​មិន​ឆ្លើយ​ នាង​សួរ​បន្ថែម​ស្រាលៗ៖
​«​ច្រើន​ឆ្នាំ​មក​នេះ​ មីង​រស់នៅ​របៀប​ណា​? ​ហើយ​មាន​គ្រួសារ​ថ្មី​ដែរ​ទេ​? មីង​និង​គេ​មាន​កូន​ទេ?
​គាត់​មិន​តប​តែ​ធ្វើ​ភ្នែក​មមី​មិន​ចុះ​ញ៉ម។

ដា​ណែន​ដឹង​ថា​ គ្រោះថ្នាក់​នៅ​កៀក​បង្កើយ។ ​ប៉ុន្តែ​ចរិត​នាង​នៅ​តែ​មិន​អាច​បញ្ឈប់​ពី​ការ​សួរ​សំណួរ​បាន។
​នៅ​ពេល​រាល់​សំណួរ​​សុទ្ធតែ​គ្មាន​ចម្លើយ​ នាង​នឹក​ឃើញ​មក​ដល់​រឿង​ខ្លួនឯង​ ហើយ​ភ្លាម​នោះ​ នាង​នឹក​ឃើញ​ដល់​បុរស​ម្នាក់​ទៀត ​«​ម៉ាឌី​​»។ ​«​ខ្ញុំ​ប្រាប់​ដាណែន​ឯង​រឿង​មួយ​! ធម្មតា​មនុស្ស​យើង​មាន​ភាព​ងប់ងុល​នឹង​ជីវិត លើក​កត្តា​សំខាន់​ពីរ ជ័យជម្នះ​និង​សុភមង្គល។
​មនុស្ស​ខ្លះ​សុខ​ចិត្ត​ចោល​ជោគ​ជ័យ​ រើស​យក​សេចក្ដី​សុខ​និង​សុភមង្គល​ តែ​បុគ្គល​ខ្លះ សម្រេចចិត្ត​ចោល​សុភមង្គល រើស​យក​អំណាច​និង​ជោគ​ជ័យ។ ​ទាំង​នេះ​ព្រោះតែ​ពាក្យ​បី​ម៉ាត់​ដែល​មិន​អាច​នៅ​ជាមួយគ្នា​គ្រប់​ពេល​នោះ​គឺ ពាក្យ​ជោគ​ជ័យ ពាក្យ​សេចក្ដី​សុខ និង​ពាក្យ​និរន្តរភាព។ ដូច្នេះ​ហើយ​មនុស្ស​តែងតែ​តឹងតែង ឈឺចាប់​និង​សោក​ស្ដាយ ​ព្រោះ​គេ​ចាំបាច់​ត្រូវ​ជ្រើសរើស​យក​បាន​តែមួយ​!» «​ខ្ញុំ​យក​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​!» «​គូ​​ដណ្ដឹង​​ខ្ញុំ​ហ្នឹង​ហើយ​! គេ​ចេញ​ពី​ផ្ទះ​តាម​មនុស្ស​ដែល​គេ​ស្រលាញ់​!»​

នាង​គិត​ដល់​បុរស​នេះ​ធ្វើ​ឱ្យ​​ចិត្ត​បើក​ទូលាយ។​
​នាង​ដឹង​ថា​ គេ​ជា​មនុស្ស​កម្រ​រក​បាន ជា​មនុស្ស​នៅ​ក្មេង​ប៉ុន្តែ​យល់​ការ​ ហើយ​យល់​ច្បាស់​ពី​គ្រប់​យ៉ាង​ក្នុង​ពិភព​លោក​នេះ។​ បើ​ប្រៀប​មក​លើ​ស្ត្រី​នេះ​វិញ តើ​គាត់​ប្រកួត​ម្ល៉ឹង​ៗ​ ដើម្បី​យក​សុភមង្គល​ឬ​​ជ័យជម្នះ​ឱ្យ​​ប្រាកដ​ទៅ?
​នាង​ងើប​មុខ​និយាយ​ទៅ​កាន់​គាត់៖
​«​មិនមែន​មនុស្ស​ដែល​គេ​ឈប់​ស្រលាញ់​យើង​ យើង​ត្រូវ​លះបង់​ជីវិត​បន្ត​នៅ​ក្នុង​អន្ធការ​ជាមួយ​គេ​ដោយ​វិធី​ចង​គំនុំ​អស់ទាំង​នេះ​ ហើយ​បំផ្លាញ​ខ្លួន​ឯង​ទេ​មែន​អត់?»
​ស្ត្រី​សង្គ្រឺត​ធ្មេញ​ហើយ​ខាំ​មាត់​និយាយ​ព្រមាន៖
​«​នាង​ស្មាន​ថា​ខ្ញុំ​ចំណាយ​កម្លាំង​នាំ​នាង​មក​ឱ្យ​​សរសេរ​​​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​?​ ឈប់​សួរ​​រឿង​របស់​ខ្ញុំ ទៀត​ទៅ ​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​​នាង​ធ្វើ​ទេ! បើ​នាង​ដឹង​ច្រើន​ជាង​នេះ​ ក្រែង​នាង​មិន​អាច​វិល​ទៅ​ស្រុក​បារាំង​វិញ!»

ដា​ណែន​នៅ​ស្ងៀម។
​មនុស្ស​ស្រី​ម្នាក់​នេះ​សាហាវ​ពេក​ហើយ​ក្នុង​ការ​គិត​របស់​នាង​ គឺ​ជាង​សភាព​ដាមិកា​ដែល​នាង​បាន​ចងចាំ​នោះ​ទៅ​ទៀ​ត។ តើ​គាត់​កំពុង​ធ្វើ​អ្វី​ខ្លះ​ប្រឆាំង​នឹង​អតីត​ស្វាមី​នាង​គិត​មិន​យល់​ទេ ប៉ុន្តែ​ហេតុ​អី​គាត់​នោះ​ដឹង​សូម្បីតែ​ថា​នាង​មក​ពី​ស្រុក​បារាំង។​
​ស្ត្រី​គោះ​តុ​ប៉ូកៗ​ទាញ​អារម្មណ៍​នាង​បក​មក​វិញ​ ហើយ​បន្ថែម​៖​
​«​ចុះ​សំណួរ​​ទី​ពីរ​?»​
​គាត់​មិន​ត្រឹម​ពិបាក​ស្មាន​ពិបាក​ស្ទង់ ថែម​ទាំង​វាងវៃ​ម៉ត់ចត់​ហើយ​ចងចាំ​គ្រប់​បែបយ៉ាង​ទៀត សូម្បីតែ​ពេល​នេះ​ នាង​ខ្លួន​ឯង​បាន​ភ្លេច​ទាំង​សំណួរ​ទី​ពីរ ​ដែល​បម្រុង​នឹង​សួរ​ពីមុន​នេះ​បាត់​ទៅ​ហើយ។

​ទោះ​បី​យ៉ាង​ណា​នារី​ចាំបាច់​ត្រូវតែ​សួរ​ ព្រោះ​គាត់​កំពុង​រង់ចាំ​៖​
​«​ម្ដាយ​​ដាមិកា​ជា​អ្នកណា​?»​
​«​នាង​លេខា​ចោល​ម្សៀត​ដែល​ដើរចូល​គុក​ជំនួស​កូន​វា​ហ្នឹង​ហើយ​! ​រឿង​បែប​នេះ​ក្រៅ​ពី​ម្ដាយ ​​តើ​មាន​អ្នក​ណា​ព្រម​ធ្វើ​?»​
​«​លីនរ៉ាណា​​?»​
​កំហឹង​ស្រោចស្រព​លើ​ផ្ទៃមុខ​អ្នក​និយាយ​ដែល​មិន​ព្រម​ឆ្លើយ​សំណួរ​នាង​ឱ្យ​បាន​ច្បាស់​សោះ។ អ្វី​ដែល​ដា​ណែន​បាន​សង្កេតឃើញ​ពេល​នេះ​ ហើយ​ដក់​ក្នុង​អារម្មណ៍​គឺ​ថា ​គាត់​ម្នាក់​នេះ​មិន​ត្រឹម​តែ​ស្អប់​​គុំកួន​សោភ័ណ ពិសិដ្ឋ​ ថែមទាំង​មាន​ក្ដី​ឈឺចាប់​យ៉ាង​ជ្រៅ​ ពេល​និយាយ​ដល់​លីនរ៉ាណា។​
​«​ទំនាក់ទំនង​លេខា​ពីរ​ជំនាន់​​នោះ​ជាមួយ​ឧកញ៉ា​សោភ័ណ​ ខ្ញុំ​បាន​ឮ​​ពាក្យ​ចចាមអារ៉ាម​​​ដែរ​ តែ​មិន​នឹក​ស្មាន​ថា​ដាមិកា​​ជា​កូន​របស់​ពួកគេ​!»

​ស្ត្រី​ងាក​មក​បន្ទោស​ភ្លាម​៖​
​«​ចុះ​បើ​ថា​ឮ​​ហើយ ​ម៉េច​ក៏​មិន​សរសេរ​​ឱ្យ​​គេ​ដឹង​ពុត​របស់​ពួកវា​ទៅ​?»​
​«​ព្រោះ​ពួក​យើង​មិន​មាន​តួនាទី​ទៅ​ជីក​កកាយ​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​ណា​ទេ​!»​
​នាង​ប្រកែក​ដោយ​កែវភ្នែក​ស្មោះត្រង់​ម៉ក់ៗ​ ធ្វើ​ឱ្យ​​ស្ត្រី​ពេបមាត់​ចំអក​ជា​មួយ​សម្ដី​​បន្ថែម៖
​«​ចុះ​បើ​ពេល​នេះ ​ខ្ញុំ​ឱ្យ​នាង​ត្រូវ​តែ​ធ្វើ?»

ដា​ណែន​នៅ​ស្ងៀម​រិះ​គិត។
​ស្ត្រី​នេះ​មិន​ត្រឹម​ខឹង​ប្ដី​ចំពោះ​ការ​ខូច​បង់​ទៅ​នៃ​ចំណង​​អាពាហ៍ពិពាហ៍ ថែម​ទាំង​មាន​គំនុំ​ជាមួយ​លីនរ៉ាណា​​ តើ​គាត់​មាន​បំណង​ពិត​ក្នុង​ការ​កាន់​កាប់ Red Indexឬ​អ្វី?
​នាង​ចាប់ផ្ដើម​សួរ​ស្ទង់​គាត់៖
​«​ដាមិកា​មាន​គម្រោង​​ទៅ​ទី​ឆ្ងាយ​ជាមួយ​ខៀវ សូត្រា ពេល​នាង​បាន​សម្រេច​ផ្ទេរ​ម្ដាយ​​ឱ្យ​​ទទួល​ភាគ ហ៊ុន​ធំ?»
​ស្ត្រី​ក្ដាប់​មាត់​សើច​យ៉ាង​ជូរចត់៖
​«​ឱ្យ​​វា​ដេក​សង្ឃឹម​ទៅ!»
​ច្បាស់​ណាស់​ នារី​ចំណាស់​ម្នាក់​នេះ​ ត្រូវ​បាន​ដា​ណែន​ស្មាន​ដឹង​ថា​គំនុំ​ពិត​របស់​គាត់​ ពុំ​មែន​ជា​រឿង​អាពាហ៍ពិពាហ៍​ទេ ​ប៉ុន្តែ​គឺ​មុខ​តំណែង​កំពូល​នៃ​គ្រួសារ​នេះ​ នាង​រំលឹក​ដល់​សម្ដី​​គាត់​កាល​ពី​ដើម​ទី ខ្ញុំ គ្រាន់​តែ​ធ្លាប់​ជា​ភរិយា​របស់​គាត់​! ​ហើយ​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​ជា​កូន​ប្រសា​ច្បង​ពេញ​ច្បាប់​របស់​គ្រួសារ​នេះ»
​អ្នក​កាសែត​សួរ​បន្ថែម​៖​
​«​ហេតុ​អី​ឧកញ៉ា​នោះ​មិន​ឱ្យ​​ក្រុមហ៊ុន​មក​កូន​ប្រុស​ច្បង​?»​
​«​នាង​សាក​គិត​ទៅ​មើល៍​!»​
​ដា​ណែន​គ្រវីក្បាល​មួយៗ​ហើយ​ឆ្លើយ​៖​
​«​មក​ពី​ឪពុក​លង់​ប្រពន្ធ​ចុង ​ហើយ​ស្ដាប់​​គាត់​ផ្ទេរ​អំណាច​ឱ្យ​​កូន​កណ្ដាល ​ធ្វើ​ឱ្យ​​គ្រួសារ​រស់​ក្នុង​កំហឹង​និង​ការ​បាក់បែក​!»

​ប៉ុន្តែ​ការ​យល់​ឃើញ​របស់​នាង​ត្រូវ​បាន​បដិសេធ​ស្ត្រី​នោះ​ប្រាប់​មក​វិញ៖
​«​វា​នោះ​ស្រលាញ់​សោភ័ណ ពិសិដ្ឋ​ណាស់ វា​មិន​ធ្វើ​អ៊ីចឹង​ទេ!»
​«​លីនរ៉ាណា​​? ម្ដាយ​​ចុង​ស្រលាញ់​កូន​ដើម​រឿង​បែប​នេះ សូម្បីតែ​ក្នុង​ប្រលោមលោក​ក៏​មិន​ដែល​មាន​ដែរ​!»​
​ស្ត្រី​ញញឹម​នៅ​ស្ងៀម ទុក​ឱ្យ​​នារី​អ្នកកាសែត​បន្ត​បញ្ចេញ​ភាព​វិល​វល់​៖​
​«​ខ្ញុំ​វិល​ហើយ មើល​ទៅ​រឿង​គ្រួសារ​ Red Index​ ខ្ញុំ​គ្មាន​សមត្ថភាព​សរសេរ​​ទេ​!»​
​«​អ៊ីចឹង​​ហើយ នាង​ត្រូវការ​ជំនួយ​ពី​យើង​!»​
​ដា​ណែន​ញី​ថ្ងាស​ហើយ​បើក​ទឹក​ក្រេប។
​ទី​បំផុត​នាង​បាន​ស្មុគ​ដល់​ថ្នាក់​បំភ្លេច​ចោល​គ្រោះ​ថ្នាក់​ជុំ​វិញ​​ខ្លួន ក្រោម​ការ​ពិនិត្យ​តាមដាន​ទាំង​ញញឹម​នៃ​នារី​វ័យ​​ចំ​ណាស់។​

បន្ទាប់ពី​សម្រាក​ការ​គិត​តាម​រយៈ​ទឹក​ប៉ុន្មាន​ក្អឹក នាង​ចាប់​ផ្ដើម​និយាយ​បន្ត៖
​«​អ៊ីចឹង​​មីង​បកស្រាយ​បង្ហាញ​មនុស្ស​ល្ងង់​ដូច​ខ្ញុំ​នេះ​មក​ចុះ​!»​
​ស្ត្រី​សើច​យ៉ាង​ជូរចត់ ហើយ​សង្កត់​ពាក្យ​ម៉ាត់​ៗ​៖​
​«​ប៉ុន្មាន​ម៉ោង​មុន​ ប៉ា​គេ​ជួប​មេធាវី ធ្វើ​ពិន័យ​កម្ម! យើង​នេះ​ហើយ​ជា​អ្នក​ទៅ​បើក​កកាយ​រឿង​ដែល​គេ​ជំពាក់​បំណុល​! ប៉ា​របស់​គេ​ម៉េច​នឹង​ឱ្យ​​គេ​កាន់​ការ​ធំ​?»​
​នាង​មិច​ភ្នែក​គិត​ទាំង​ឆ្ងល់​ធ្ងន់​ទៅ​ៗ​៖​
​«​ហើយ​ចុះ​មីង​ធ្វើ​រឿង​ហ្នឹង​ដើម្បី​អី​?»

​ទោះបីជា​បាន​ហា​មាត់​សួរ ក៏​ដា​ណែន​ដឹង​ជា​ស្រេច​ថា ស្ត្រី​នេះ​នឹង​មិន​ព្រម​ឆ្លើយ​អ្វី​នោះ​ទេ។​
​ដូច​ដែល​នាង​បាន​គិត គាត់​ឆ្លើយ​បង្វែរ៖
​«​គិត​ស្មុគ​ច្រើន​អត់​ប្រយោជន៍​!​ នាង​ធ្វើ​យ៉ាង​ណា​ឱ្យ​​សោភ័ណ​ ពិសិដ្ឋ​ដឹង​រឿង​ខៀវ សូត្រា​​ហើយ ចាត់ការ​គេ ពេល​នោះ​យើង​នាំ​ប៉ូលិស​ចាប់​គេ​ដាក់​ទ្រុង​!»​
​ដា​ណែន​យល់​ហើយ​ថា​ អ្វី​ទៅ​ដែល​នាំ​ឱ្យ​​គាត់​រាយការណ៍​ពី​ប្ដី​មិន​ឱ្យ​​បាន​តំណែង​ដែល​ដាមិកា​​បាន​សព្វ​ថ្ងៃ។​

ស្ត្រី​នេះ​ប្រាកដ​ជា​មាន​ចិត្ត​ពិសពុល​បង្កើត​ផែនការ​វែង​អន្លាយ ប្រាថ្នា​ឱ្យ​​បង​ប្អូន​ពួកគេ​ប្រខាំ​គ្នា ហើយ​ចុង​ក្រោយ​គ្មាន​សល់​អ្នក​ណា​ទាំង​អស់​?​
​ពេល​នាង​នៅ​ទ្រឹង​គាត់​បែរជា​និយាយ​បន្ថែម​៖​
​«​គិត​ច្រើន​បាន​ការ​ស្អី​!​ បើ​នាង​ចាត់ទុកថា​ប្រុសៗ​លើ​លោក​ស្លាប់​អស់ហើយ​ នាង​ចង់​បាន​តែ​និពន្ធ​នាយក​ម្នាក់​នោះ ខ្ញុំ​សន្យា​រក​មធ្យោបាយ​ឱ្យ​​នាង​បាន​វា​ជា​រៀង​រហូត​!»​
​ដា​ណែន​ក្រៀមក្រំ​ហើយ​តបត​មួយៗ​ ដោយ​សម្លឹង​កុំព្យូទ័រ​ជំនួស​ការ​សម្លឹងមុខ​គាត់៖
​«​ចុះ​ក្រែង​មុន​នេះ​មីង​អះអាង​ថា ដាមិកា​និង​ខៀវ សូត្រា​​មាន​ស្នេហ៍​ស្មោះ​?​ បើ​អ៊ីចឹង​ហើយ​តើ​ឱ្យ​​ខ្ញុំ​យក​គេ​មក​វិញ​​ធ្វើ​អ្វី​?!»​

គាត់​នៅ​ស្ងៀម​សម្លឹង​សកម្មភាព​និង​ទឹកមុខ​ពេជ្រ ដាណែន​​ដោយ​យក​ចិត្ត​ទុក​ដាក់។ ការ​មិន​ចុះ​សម្រុង​ជា​មួយ​គំនិត​ទុច្ចរិត​បាន​ចាប់ផ្ដើម​ធ្វើ​ឱ្យ​​គាត់​គិត​ពី​អលទ្ធភាព ក្នុង​ការ​អូស​ទាញ​នាង​ឱ្យ​​ចូល​មក​ជា​ក្រុម​តែ​មួយ។
​ក្មេង​ស្រី​នេះ​ក្នុង​ក្រសែភ្នែក​គាត់ មិនមែន​មនុស្ស​ឆោត ហើយ​ក៏​មិនមែន​មនុស្ស​ធម្មតា។​
​ប្រសិន​សូម្បីតែ​គំនុំ​ស្នេហា នៅ​តែ​មិន​អាច​បញ្ឆេះ​នាង​បាន​ផង តើ​សង្ឃឹម​អី​ដែល​ថា​នាង​ព្រម​ធ្វើ​តាម​គម្រោង​ការណ៍​គាត់​?​
​ពេល​គាត់​នៅ​លង់​ក្នុង​ការចាត់ចែង​អនាគត​ឈ្លើយ​សឹក ដា​ណែន​ងើប​មុខ​មក​វិញ​​ហើយ​វាចា​សួរ​ដោយ​គ្មាន​ក្ដី​បារម្ភ៖
​«​ហើយ​មីង​មិនមែន​ស្អប់​ត្រឹម​បង​ប្រុស​គេ ហើយ​គុំ​បន្ត​ដោយ​ទាំង​ប្អូនស្រី​គេ​ដែរ​នោះ​ទេ​?»​
​ស្ត្រី​ស្រាប់​តែ​ផ្ទុះ​កំហឹង ​ពេល​ទទួល​អារម្មណ៍​ថា​ នាង​កំពុង​​ឌឺ​គាត់។
​ការ​ដែល​ធ្វើ​អាក្រក់​ គឺ​អាច​ទទួល​យក​ស្រួល​ជាង​ត្រូវ​បាន​ក្មេង​ច្រមក់​ម្នាក់​ ដែល​មក​វាយតម្លៃ​ថា ​ខ្លួន​ជា​មនុស្ស​អាក្រក់។

គាត់​លើកដៃ​ចង្អុលមុខ​នាង​ហើយ​និយាយ​ទាំង​ខាំមាត់​៖​
​«​យើង​ស្អប់​ម្ដាយ​​វា​!​ លីនរ៉ាណា​​! ​ស្រី​រំអួយ​មាយា​នោះ ​យក​បាន​បេះ​ដូង​ប៉ា​យើង ដោយសារតែ​គំនិត​ប្ដី​ចោល​ម្សៀត​របស់​យើង​! មិន​ដូច្នោះ​ទេ​ ប៉ា​យើង​គាត់​មាន​តែ​យើង​ម្នាក់​គត់​!»​
​ដា​ណែន​ចង់​វិលក្បុង។​ បើ​មិន​ផ្ទុះ​សំណួរ​​ភ្លាម ប្រាកដជា​មិនមែន​ពេជ្រ​ ដា​ណែន​ទេ នាង​សួរ​ទាំង​ហួសចិត្ត​៖​
​«​ប៉ា​ណា​? មីង​សំដៅ​លើ​ឧកញ៉ា​សោភ័ណ​​?»​
​ស្ត្រី​នេះ​បញ្ចេញ​សេចក្ដី​ស្នេហា​ផុស​ក្រឡៅ​ក្នុង​ប្រស្រី​ភ្នែក ដែល​ជា​ចំណុច​​ការ​ពិត​ជាង​គេ​បង្អស់​ក្នុង​ចំណោម​សរីរាង្គ​លើ​រូប​កាយ​មនុស្ស។​
​ដា​ណែន​ក្ដុក​ក្នុង​ចិត្ត​ដែល​នាង​ដឹង​ថា​កូន​ប្រសា​ម្នាក់ បាន​មាន​ចិត្ត​ស្នេហា​យ៉ាង​ជ្រៅ​ទៅ​លើ​ឪពុក​ក្មេក តើ​នេះ​ជា​ដើម​ចម​នៃ​ភាព​សម្អប់​របស់​គាត់​លើ​ស្វាមី​ខ្លួន​ឬ​អ្វី​?​

នាង​គ្រវី​ក្បាល​យឺត​ៗ ហើយ​ចំហ​មាត់​សម្លឹង​ស្ត្រី​នោះ។​
​គាត់​ញញឹម​ដោត​រលីង​រលោង មុន​ពេល​ចាប់ផ្ដើម​បញ្ចេញ​បទ​បរិយាយ​ឈឺចាប់​…​​​

​វគ្គ​
​ពី​ម្ដាយ​​មក​ជា​ភរិយា​

​ថ្ងៃ​ដ៏​ឈឺចាប់​កាល​ពី​២៧​ឆ្នាំ​មុន​
​….​វិល័យ​ជា​ត្រកូល​អភិ​ជន​តាំង​ពី​កំណើត។
​ការ​ពិត​នាង​ត្រូវ​រៀបការ​តាំងពី​វ័យ​​ក្មេង ​ព្រោះ​តែ​មិន​ខ្វះ​បុរស​នានា​មក​ចោម​ចង់​បាន​ ប៉ុន្តែ​ស្នេហា​របស់​នាង​មក​លើ​បង​ប្រុស​ជីដូន​មួយ ឈ្មោះ​សោភ័ណ ​បាន​ធ្វើ​ឱ្យ​​នាង​បដិសេធ​ជីវិត​គូស្រករ​រហូត​មក។
​ទី​បំផុត ថ្ងៃ​ដែល​នាង​តស៊ូ​រង់​ចាំ​បាន​ចូល​មក​ដល់។
​តុ​ៗ​ៗ​ៗ​ៗ​
​នាង​ដាក់​សៀវភៅ​ចុះ​ ហើយ​ដើរ​មក​បើកទ្វារ។​
​គឺ​អ្នក​ម្ដាយ​​ដែល​បង្ហាញ​ខ្លួន​ជាមួយ​ស្នាម​ញញឹម ​នៃ​សុភមង្គល​ដ៏​ជ្រាលជ្រៅ។​
​នាង​ខ្លួន​ឯង​ក៏​អាច​ស្មាន​ដឹង​ដែរ​ថា នោះ​ជា​ដំណឹង​អ្វី​ ដែល​អ្នក​មាន​គុណ​បាន​នាំ​យក​មក។​
​«​ចាស់ៗ​​ព្រមព្រៀង​គ្នា​ថា​ កុំ​ឱ្យ​​ខូច​ការ​ បង​ភ័ណ​របស់​កូន​បាន​ទៅ​នាង​លេខា​ក្រ​រហាម​នោះ ចាស់ៗ​រៀបចំ​បុណ្យ​១០០​ថ្ងៃ​ប្រពន្ធ​ដើម​គេ​ចប់​កាល​ណា នឹង​ផ្សំផ្គុំ​កូន​វិល័យ​ជា​ភរិយា​ទី​ពីរ​របស់​ក្មួយ​សោភ័ណ​ឱ្យ​​លឿន​ទាន់​ចិត្ត​!»​
​វិល័យ​ញញឹម ។​

នេះ​ជា​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​ជីវិត​នាង​ក្រៀម​ស្រពោន​រយៈ​ពេល​វែង​ឆ្ងាយ​មក ហើយ​បាន​បញ្ចប់​ដោយ​ទឹក​សន្សើម​ថ្មី​នៅ​គ្រា​នេះ។​
​ការ​ត្រៀមខ្លួន​ធ្វើ​ជា​ភរិយា​ថ្មី​នៃ​បុរស​ដែល​ខ្លួន​បាន​ស្រលាញ់ ហើយ​ភរិយា​គេ​លែង​មាន​នៅ​លើ​លោក​នេះ ជា​អ្វី​ដែល​វិល័យ​ចាត់ទុក​ថា​ទេវតា​មិន​អយុត្តិធម៌​សម្រាប់​នាង​ពេក​នោះ​ទេ ប៉ុន្តែ…
​នៅ​ផ្ទះ​ខាង​ណេះ
​លេខា​វ័យ​ម្ភៃ​ពីរ​ឆ្នាំ​លីនរ៉ាណា​​លួច​សម្រក​ទឹក​ភ្នែក ពេល​ដែល​ពិសិដ្ឋ​ចូល​មក​ដល់​ពី​ក្រោយ។​សោភ័ណ ពិសិដ្ឋ​​វ័យ​១៧​ឆ្នាំ​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​គ្រួសារ​នេះ ក៏​ជា​អ្នក​ដែល​ត្រូវ​បាន​លីនរ៉ាណា​​សង្គ្រោះ​ជីវិត​ពី​អគ្គី​ភ័យ។

​ក្នុង​បេះ​ដូង​នាយ​ម្នាក់​នេះ​ មិនថា​ជា​បង​ស្រី​ឬ​ជា​អ្វី តែ​ជា​មនុស្ស​ដែល​នាយ​គោរព​ស្រលាញ់​រហូត​តទៅ។
​«​បង​យំ​រឿង​ប៉ា​ជិត​រៀប​​ការ​?»​
​គេ​សួរ​នាង​តិចៗ​ពី​ក្រោយ ធ្វើ​ឱ្យ​​លេខា​ខំ​ជូត​ទឹកភ្នែក​បិទ​បាំង​វិយោគ។​
​«​ទេ​!»​
​លីនរ៉ាណា​​ងាក​មក​វិញ​ ជា​មួយ​ភាព​ស្មើ​ធេង​លើ​ផ្ទៃមុខ។
​សម្រាប់​សោភ័ណ ពិសិដ្ឋ​​ បងស្រី​ម្នាក់​នេះ​ពិតជា​ស័ក្ដិសម​ជាង​គេ​ក្នុង​ការ​ក្លាយ​មក​ជា​ម្ដាយ​ចុង​របស់​ខ្លួន​ ប៉ុន្តែ​នាយ​ក៏​ដឹង​ដែរ​ថា ប៉ា​របស់​ខ្លួន​មាន​អំណាច​កម្រិត​ណា នៅតែ​មិន​អាច​ជម្នះ​កំផែង​វណ្ណៈ​ព្រម​ទាំង​រនាំង​គ្រួសារ​ ក្នុង​ការ​យក​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ​ឱ្យ​​មក​ជា​ភរិយា​ពេញ​ច្បាប់​បាន​ជា​ដាច់​ខាត​ក្នុង​ជាតិ​នេះ។

«​បង​កុហក​!»​
​នាយ​និយាយ​តិចៗ ហើយ​ផ្ដោត​​ភ្នែក​មក​មើល​ដៃ​នាង​ដែល​ស្ទាប​ពោះ។​
​លេខា​មាន​ស្នេហា​លួចលាក់​ជាមួយ​នាយ​ចៅហ្វាយ ​​ហើយ​មាន​កូន​ក្នុង​ផ្ទៃ​ច្នៃ​ថា​ខ្លួន​មាន​ប្ដី​ដែល​បោះបង់​ចោល អ្នកណា​ក៏​បាន​ឮ​​ពាក្យ​ខ្សឹប​ខ្សៀវ​គ្នា​នោះ​ដែរ ​ក្នុង​Red Index ដូច្នេះ​ក៏​គ្មាន​រឿង​អ្វី​ថា​អ្នក​ប្រុស​ធំ​សោភ័ណ ពិសិដ្ឋ​មិន​បាន​ដឹង​នោះ​ទេ។
​គេ​ស្រងូត ហើយ​ចាកចេញ។

ទោះ​បី​អ្នក​ណា​មិន​ស្គាល់​លីនរ៉ាណា ប៉ុន្តែ​សោភ័ណ ពិសិដ្ឋ​​ស្គាល់​នាង​ច្បាស់។
​ស្រី​ម្នាក់​នេះ​បើ​ថា​ទេ​គឺ​ទេ នាង​នឹង​មិន​និយាយ​អ្វី​ទៀត​ទាំង​អស់។​
​បើ​នាង​លាក់​អ្វី​មួយ ​របស់​នោះ​នឹង​ស្លាប់​ទៅ​ជាមួយ​នាង ដូច្នេះ​អ្នក​ប្រុស​ធំ​គ្មាន​អ្វី​អាច​គាស់កកាយ​ជាមួយ​នាង​ទៀត​នោះ​ឡើយ គេ​បាន​ត្រឹមតែ​ដឹង​ថា បើ​នារី​នេះ​មិន​មាន​ចិត្តស្មោះ​ចំ​ពោះ​ប៉ា​របស់​គេ ក៏​គាត់​មិន​បន្ត​បង្ហាញ​មុខ​នៅ​ទី​នេះ ​ដោយ​ការឈឺចាប់​ធំ​ម្ល៉ឹង​នោះ​ឡើយ។​
​គេ​ឆ្លង​កាត់​បន្ទប់​ឪពុក ពិត​ជា​រឹត​គ្រាំគ្រា​ ព្រោះ​ខ្នង​គាត់​កំពុង​ឈរ​សម្លឹង​ទៅ​ទេសភាព​ក្រៅ​បង្អួច​ដូច​គ្មាន​វិញ្ញាណ។​

បុរស​ម្នាក់​ដែល​ក្លាយ​មក​ជា​មុខ​មាត់​ក្នុង​សង្គម​​ ដោយ​សារ​ការ​ខំ​ប្រឹង​ពី​បាតដៃ​ទាំង​ពីរ​ បែរ​ជា​មាន​ភរិយា​ដែល​មាន​ជំងឺ​រីងរៃ​ជាង​១០​ឆ្នាំ​មក​ហើយ។​
​ទោះបី​ជំទាវ​របស់​ឧកញ៉ា​សោភ័ណ​​គ្មាន​វិធី​ក្នុង​ការ​រស់​បាន​វែង​ដូច​មនុស្ស​នានា​ ប៉ុន្តែ​ស្វាមី​​បាន​ប្រឹង​អស់​លទ្ធភាព​​ក្នុង​ការ​ព្យាបាល​គាត់។​ ជីវិត​អាពាហ៍ពិពាហ៍​ពួកគេ​បន្សល់​តែ​កូន​ប្រុស​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឧកញ៉ា​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ស្នេហា​ទៅ​លើ​លេខា​ខ្លួន​ រហូត​ដល់​គ្រួសារ​ចាស់​ទុំ​រក​វិធី​បំបែក។

«​ប៉ា​»​
​គេ​ហៅ​គាត់​តិចៗ ធ្វើ​ឱ្យ​​បុរស​មាន​អំណាច​បែរ​មុខ​ស្រពោន​របស់​គាត់​ត្រឡប់​មក​វិញ។​
​សោភ័ណ ពិសិដ្ឋ​​និយាយ​មួយៗ​ទៅ​រក​បុរស​ដែល​នាយ​ស្រលាញ់​បំផុត៖
​«​អ្វី​ទេ​ដែល​កូន​អាច​ជួយ​ប៉ា​បាន​!»​
​«​អត់​អី​ទេ​!»​
​គេ​ដឹង​ថា​នេះ​ជា​សម្ដី​​របស់​ឪពុក​រឹងមាំ​ម្នាក់ ​ដែល​តែងតែ​បដិសេធ​ក្នុង​ការ​បង្ហាញ​ប្រាប់​កូន​នូវ​ការ​លំបាក​ផ្ទាល់ខ្លួន។​

តើ​ឱ្យ​​គាត់​ហា​មាត់​និយាយ​ពី​ស្នេហា​របស់​ខ្លួន​ មក​កាន់​ក្មេង​ប្រុស​ជា​កូនទោល​នេះ​​ដោយ​របៀប​ណា​?​
​ដៃ​​គាត់​ដក​ចេញពី​ស្មា​នាយ ស្រប​ពេល​នាយ​សួរ​៖​
​«​ចុះ​…​ បំណង​ប្រាថ្នា​ធំ​ជាងគេ​របស់​ប៉ា​ពេល​នេះ​គឺ​អ្វី​?»​
​គាត់​មិន​បែរ​មក​ទេ​ ប៉ុន្តែ​ដកដង្ហើម​ធំ។​
​គាត់​នៅ​ស្ងាត់​យូរ​ណាស់ ប៉ុន្តែ​កូន​ប្រុស​នៅ​តែ​មិន​ព្រម​ចេញ​ដូច្នេះ​ហើយ អ្នក​ជា​ឪពុក​បាន​និយាយ​មួយ៖
​«​បើ​អាច​ប្រាថ្នា​បាន​! ប៉ា​ចង់​ឱ្យ​​មង្គលការ​​ដែល​ចាស់​ទុំ​កំពុង​​រៀប​​ចំ រំសាយ​ដោយ​ហេតុផល​អ្វី​ក៏​ដោយ!»​
​សោភ័ណ ពិសិដ្ឋ​​ងក់​ក្បាល។
​គេ​ចាកចេញ​ជាមួយ​នឹង​ការ​យល់ដឹង​មួយ​ដ៏​គួរ​ឱ្យ​​ពិបាក​ចិត្ត។​

គេ​ដឹង​ថា​ប៉ា​ខ្លួន​ពិត​ជា​មាន​ស្នេហា​ស្មោះ​ជា​មួយ​លេខា​នោះ រហូត​ដល់​សម្រេច​ថា ​ទោះ​មិន​អាច​ក្រាប​ផ្ទឹម​ជាមួយ​នាង​ ក៏​មិន​ចង់​ក្រាប​ផ្ទឹម​នឹង​ស្រី​ដទៃ​ណា​ទៀ​ត​ដែរ។

ដា​ណែន​ស្ដាប់​​ហើយ​យល់​ច្បាស់​អំពី​ហេតុ​និង​ផល….
​នាង​សម្លឹងមុខ​ស្ត្រី​ដែល​មាន​គំនុំ​យ៉ាង​ជ្រៅ​ស្ថិតនៅ​ចំពោះ​មុខ​ខ្លួន ហើយ​នាង​សួរ​៖​
​«​ហើយ​មីង​ឈ្មោះ វិល័យ​?»​
​គាត់​នៅ​ស្ងៀម​ ប៉ុន្តែ​បបូរមាត់​បង្ហាញ​ភាព​ជូរចត់។​
​ដា​ណែន​រេ​ភ្នែក​គិត​ទាំង​បេះដូង​លោត​ញាប់។​
​ប្រសិនបើ​សោភ័ណ ពិសិដ្ឋ​​ កាល​ពី​ជាង​ម្ភៃ​ឆ្នាំ​មុន ​ពិតជា​បាន​ដោះ​ទុក្ខ​ឪពុក​ដោយ​ទៅ​ស្នើ​ចាស់ៗ ​សុំ​ស្ដី​​ដណ្ដឹង​​ម្ដាយ​​មីង​ជីដូន​មួយ​ដ៏​ក្មេង​វ័យ​​ស្របាល​មក​ជា​ភរិយា​ រំសាយ​មង្គលការ​​ជូន​ឪពុក ម្ល៉េះ​​សម​ម្នាក់​ឈ្មោះ​វិល័យ​នោះ​ខក​បំណង​យ៉ាង​ណា​ទៅ។​

នាង​ងើបមុខ​សម្លឹង​គាត់​ភ្លឹះៗ ​ក្រោយ​ពី​យល់​ដឹង​សាច់រឿង​គ្រប់​យ៉ាង។​
​«​ពី​រៀបការ​ជាមួយ​មនុស្ស​ពោះ​ម៉ាយ ​ត​មក​ជាមួយ​ប្រុស​កំលោះ​ ហេតុ​អី​…​»​
​សួរ​ត្រង់​ណេះ នាង​អាក់​ព្រោះ​ឃើញ​ភាព​កាច​សាហាវ​លើ​ផ្ទៃមុខ​គាត់។​
​នាង​ដឹង​ថា​ស្នេហា​របស់​ស្ត្រី​នេះ​លើ​បង​ជីដូន​មួយ​ ដែល​ក្រោយ​មក​ក្លាយ​ជា​ឪពុក​ក្មេក ពិត​ជា​ជ្រៅ​និង​ឈឺចាប់​ខ្លាំង ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​រូប​តែងតែ​ស្រលាញ់​ស្វាមី​ ហើយ​លះបង់​ប្រវត្តិ​ស្នេហា​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​មាន​ក្នុង​យុវវ័យ ​​រឿង​អី​មនុស្ស​ស្រី​នេះ​សក់​ពីរ​ពណ៌​ទៅ​ហើយ​ នៅ​មក​លេងល្បែង​គំនុំ​គួរ​ឱ្យ​​អាម៉ាស់​បែប​នេះ។

ដា​ណែន​គ្រវីក្បាល​ចុះ​ឡើង​ហើយ និយាយ​រអ៊ូ​តិចៗ​ ហាក់​និយាយ​ប្រាប់​ខ្លួនឯង៖
​«​មីង​វិល័យ​មែន​ទេ ជា​អ្នក​បន្លំ​​ក្នុង​គម្រោង​​ការ​ទាំង​អស់ ឱ្យ​​ដាមិកា​ក្រឡាប់ចាក់ ហើយ​ទម្លាក់​​កំហុស​​ទាំង​អស់​លើ​បង​ប្រុស​គេ? សោភ័ណ ពិសិដ្ឋ​គ្រាន់តែ​ឆោត​ហើយ​ស្មោះ​ត្រង់ តាម​ពិត​គាត់​មិន​ដឹង​អ្វី​នោះ​ទេ​! ​មែន​ទេ​?»​
​ស្ដាប់​​នាង​រវើរវាយ​ចប់ ​គាត់​សើច​ក្អាកក្អាយ​ជាមួយ​ពាក្យ​ខ្លីៗ៖
​«​មនុស្ស​ទាំង​ពូជ​នេះ​គឺ​ល្ងង់​!»​
​ដា​ណែន​វិលមុខ ហើយ​ស្រវាំងភ្នែក។
​នាង​ពិនិត្យ​ស្ថានភាព​ខ្លួនឯង​មុន​ពេល​សួរ ទាំង​ភិត​ភ័យ៖
​«​មីង​ដាក់​អី​ក្នុង​ទឹក​?»​
​«​របស់​ដូច​ដែល​សោភ័ណ ​រ៉ាវី​ផឹក​!»​
​ដា​ណែន​ភ័យ​ស្វាយ​មុខ​ ហើយ​គិត​ដល់​សេចក្ដី​ស្លាប់។
​នាង​ខ្ទប់​ទ្រូង​ដែល​លោត​រន្ថើន ​ដូច​ស្ថានភាព​របស់​មនុស្ស​ត្រដរ​ខ្យល់​មាន​រោគ​បេះ​ដូង ប៉ុន្តែ​នាង​នៅ​មាន​លទ្ធភាព​សួរ​នាំ​បាន​៖​
​«​ក្រែង​មីង​នៅ​ចង់​ប្រើ​ខ្ញុំ ហេតុ​អី​សម្លាប់​ខ្ញុំ?»

ភាគ​ទី​៣៤

«​តែ​យើង​មិន​បាន​សន្យា​ថា​ក្នុង​ទឹក​នេះ​គ្មាន​ថ្នាំ​ពុល​នោះ​ទេ​!»​
​ស្ត្រី​និយាយ​ធ្វើ​វា​ហី ដាស់​ចិត្ត​តរុណី​យើង​កាន់តែ​ក្រេវក្រោធ នាង​ថា​ឱ្យ​​ស្ត្រី​នេះ​វិញ​ក្ដាំង​ៗ​៖​
​«​មីង​តាមពិត​មាន​រោគ​ចិត្ត​សោះ​! ​មនុស្ស​សាហាវ ចាស់​ចំណាស់​ណេះ​ហើយ​នៅតែ​…​»​
​«​ក្មេង​ចំ​កួត​!»​
​គាត់​ស្រែក​បង្អាក់​នាង​។​

ទោះ​បី​សម្ដី​​​ពេជ្រ ​ដា​ណែន​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​ ក៏​ល្មម​ឱ្យ​​អ្នកស្រី​វិល័យ​លែង​ទប់​កំហឹង​ជាប់​ហើយ​ដៀល​នាង​បក​វិញ​​៖​
​«​នាង​រក​អាយុ​វិល​ទៅ​ផ្ទះ​វិញ​មិន​បាន​ផង ហ៊ាន​មក​សម្ដី​​ថ្លោស​?»​
​ដា​ណែន​ដឹង​ថា​មរណា​នៅ​កៀក​បង្កើយ នាង​គ្មាន​អ្វី​ក្រៅ​តបត​តាម​កំហឹង៖
​«​ប្រហែលជា​អ៊ីចឹង​បាន​ជា​ក្នុង​ចិត្ត​ឧកញ៉ា​នោះ​មីង​មិន​បាន​ស្មើ​នឹង​លេខា​លីនរ៉ាណា​ បើ​មីង​ជា​មនុស្ស​ល្អ ទោះ​បី​បាន​ជ្រុល​ស្រលាញ់​ប៉ា​​​ហើយ ​ក៏​ Red Index​ អត់​ពី​គាត់​ទៅ មីង​ជា​សាច់ឈាម​ត្រូវ​ជួយ​ជ្រោមជ្រែង​គេ មិនមែន​តាម​បំផ្លាញ​គេ​ដោយ​ល្បិច​ថោកទាប​អស់​នេះ​ទេ​!»​
​ជាមួយ​ទឹកមុខ​ស្លេក​ខឹង​ស្ត្រី​ចោទសួរ​នាង​វិញ​៖​
​«​ឯង​យក​ស្អី​មក​ប្រដៅ​យើង​ក្មេង​ល្ងង់​?​ ជីវិត​បាន​ឃើញ​ពន្លឺ​​ថ្ងៃ​ប៉ុន្មាន​ពេល​ទៀ​ត មិន​គិត​មក​គិត​ប្រឹង​ធ្វើ​មនុស្ស​ល្អ​អត់​បាន​ការ​ស្អី​នៅ​នឹង​មុខ​យើង​?»​
​ដា​ណែន​លែង​និយាយ​ចេញ ដៃ​ទាំង​ទាំងពីរ​ខ្ទប់​រឺត​ទ្រូង​។​

ទោះ​រាងកាយ​កាន់តែ​លំបាក ​​ប៉ុន្តែ​ត្រចៀក​នាង​ស្ដាប់​​ឮ​​សម្ដី​​ស្ត្រី​កំណាច​នៅឡើយ​៖​
​«​ឯង​មាន​ពេល​តែ​២៤​ម៉ោង​ទៀត​ប៉ុណ្ណោះ​ទេ​! តែ​បើ​តាម​សុខភាព​ឯង​ធុន​នេះ ពេលវេលា​អាច​ថយ​ច្រើនជាង​នេះ​ផង​មិន​ដឹង​! ​ចង់​បាន​ជីវិត​រស់​ត្រូវ​ឆាប់​សរសេរ​ឱ្យ​​យើង​រឿង​ល្បិច​ដាមិកា និង​ខៀវ សូត្រា​ បញ្ឆោត​អា​ប្ដី​ចោលម្សៀត​នោះ​ចេញ​ស្នៀត​មក យើង​នឹង​ឱ្យ​​សោភ័ណ ​ដាមិកា​​ប្ដឹង​វា​ចូល​គុក​!​បង​ប្អូន​វា​ខាំ​គ្នា​ប្រាកដជា​ល្អមើល​មិន​ខាន​»​

ដា​ណែន​រសេះរសោះ​ដៃ​ជើង​។ ថ្នាំ​ពុល​នៅ​ក្នុង​ទឹក​ពិតជា​មាន​មែន មិនមែន​យាយ​វិល័យ​និយាយ​ឱ្យ​​តែ​រួច​ពី​មាត់​នោះ​ទេ​។ មនុស្ស​ស្រី​កំណាច​នៅ​ចំ​ពោះ​មុខ​នាង​ម្នាក់​នេះ​ តាមពិត​អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ​។​
​នាង​នឹក​ដល់​សភាព​ស្លាប់​របស់​សោភ័ណ​រ៉ាវី ។​
​តើ​ខ្លួន​គួរ​យក​កំហឹង​មក​ទល់​កំហល់​មុន​ស្លាប់​បែប​នេះ ​ឬ​មួយ​ក៏​រក​វិធី​អាច​រស់​បន្ត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​?
​នាង​ធ្វើជា​និយាយ​បន្លាយ​ពេល​រក​មធ្យោបាយ៖
​«​ខ្ញុំ​ជឿ​តែ​សម្ដី​​មីង​ម្នាក់ឯង​ តើ​សរសេរ​អី​ចេញ​? គ្មាន​ឯកសារ​គ្មាន​ភស្តុតាង មីង​សង្ឃឹម​ទៅ​!»​
​ស្ត្រី​បោះ​កាត​មួយ​មក​លើ​កុំព្យូទ័រ​ដែល​នៅ​នឹង​មុខ​នាង។
​វា​ជា​ប្រភេទ​សោ​ទ្វា​រដែល​ប្រើ​កូដ​។​

នាង​សម្លឹង​របស់​នោះ​មុន​ពេល​ងើបមុខ​មើល​​គាត់ ​ហើយ​ស្ត្រី​មាន​ល្បិច​ចាប់ផ្ដើម​ចរចា​៖​
​«​សោ​នេះ​អាច​នាំ​ឯង​ចូល​ដល់​បន្ទប់​សណ្ឋាគារ​សម្ងាត់​ដែល​ដាមិកា ​និង​ខៀវ សូត្រា​​តែងតែ​លួច​ជួប​គ្នា​! នៅ​នុះ​អាច​​​រុករក​យក​ភស្តុតាង​ពី​ទំនាក់ទំនង ​និង​ភាព​កុហក​បោក​បញ្ឆោត​របស់​ពួកវា​ ហើយ ផ្សាយ​ចេញ​បាន​តាម​ចិត្ត​! ពេល​សោភ័ណ​ ពិសិដ្ឋ​ក្ដៅ​ចិត្ត គេ​នឹង​យក​ក​លោ​អន្ទាក់​!​ នោះ​ហើយ​ជា​ពេលវេលា​របស់​យើង​ម្ដង ពេល​នោះ​យើង​នឹង​ប្រាប់​ឈ្មោះ​ថ្នាំ​ពុល​ ដែល​គ្រប់​មន្ទីរ​ពេទ្យ​គេ​មាន​វិធី​បន្សាប​ទាន់​ពេល »

ដា​ណែន​ឱប​​ទ្រូង​គិត ។​
​«​គិត​ពី​ខ្លួនឯង​វិញ​ទៅ​ពេជ្រ​ ដា​ណែន​! ​រស់​មិន​បាន​លើ​ពីរ​ថ្ងៃ​ផង​ទេ នាង​មាន​ជីវិត​ប៉ុន្មាន​មករ​វល់​នឹង​យុត្តិធម៌​ខុស​ត្រូវ​លើ​លោក​នេះ!»
​ដៃ​ស្រី​អ្នក​កាសែត​លូក​រាវ​យក​កាត​មក​កាន់ ក្រោម​ស្នាម​ញញឹម​របស់​វិល័យ​ស្ត្រី​កំណាច។
​ប៉ុន្តែ​ចិត្ត​ដា​ណែន​ពេល​នេះ ​គ្មាន​អ្វី​ក្រៅ​តែ​ពី​បាន​ចាកចេញ​ពី​កន្លែង​នេះ​សិន គ្រប់​យ៉ាង​ផ្សេង​ទៀត​លែង​សំខាន់​ហើយ​។​
​«​ម៉ាឌី​!​ មាន​តែ​ម៉ាឌី​ប៉ុណ្ណោះ​អាច​ជួយ​ដោះ​ស្រាយ​ខ្ញុំ​បាន​ រឿង​ស្មុគស្មាញ​អស់​ទាំង​នេះ ហើយ​ខ្ញុំ​ចង់​ជួប​ម៉ាឌី​ណាស់ ពេល​នេះ​ម៉ាឌី​នៅ​ឯ​ណា​?»​

មនុស្ស​យើង​រមែង​តែងតែ​ឃើញ​ដល់​អ្នក​ណា​ម្នាក់ នៅ​ពេល​ដែល​ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ហើយនិង​អស់​សង្ឃឹម។
​ទោះបី​ម៉ាឌី​ជា​បុរស​ធម្មតា​ម្នាក់ ប៉ុន្តែ​ពេជ្រ ​ដា​ណែន​យល់​ថា ​នៅ​កណ្ដាល​ភាព​រង​គ្រោះ​ដោយ​កល​ល្បិច​ខ្មៅ​កខ្វក់​អស់​ទាំង​នេះ នាង​ពិត​ជា​ត្រូវការ​ឃើញ​តែ​មនុស្ស​ស្មោះសរ ពួក​មនុស្ស​ដែល​មាន​អំពើ​ល្អ​ជា​ទុន។
​នាង​ច្រត​ដៃ​ក្រោក​តែ​ក្បាល​ឈឺ​ខ្ទោកៗ ហើយ​ទន់​ជង្គង់​ដួល​ទៅ​លើ​ឥដ្ឋ​វិញ។​

អធិរាជបេះដូង ភាគទី១២
វគ្គ
​ម៉ាឌី​ព្រមាន​សូត្រា​

ជា​លើក​ដំបូង​ដែល​វិច្ឆិកា​​បាន​ជួប​ម៉ាឌី។
​ប្រធាន​និស្សិត​មិន​ដឹង​ឡើយ​ ថា​ម្នាក់​នេះ​ហើយ​ជា​គូ​ដណ្ដឹង​ដែល​ត្រូវ​ម្ដាយ​​ទុក​ឪពុក​ដាក់​​ឱ្យ​ជោគជតា។ ​នាយ​ដឹង​ត្រឹម​ថា យុវជន​ក្មេង​នេះ​មាន​ទឹក​មុខ​ខូចចិត្ត​យ៉ាង​ជ្រាលជ្រៅ​។​
​នៅ​ចំពោះ​មុខ​ប៉ូលិស​ម៉ាឌី​រក្សា​ភាព​ស្ងាត់ស្ងៀម​អត់ធ្មត់​ ស្ដាប់​ការ​រៀបរាប់​របស់​វិច្ឆិកា​​លើ​ហេតុការណ៍​ដែល​នាយ​បាន​ជួប​នារី​អ្នកកាសែត​មុន​នាង​បាត់​ខ្លួន​។​

ដោយ​ខ្លួន​និង​ដា​ណែន​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ពីមុន​មក​សោះ ម្ល៉ោះ​ហើយ​វិច្ឆិកា​ត្រូវតែ​សារភាព​ពី​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​និង​នាង​បាន​ធ្វើ​ នៅ​ឯ​ភូមិ​នេសាទ​ប្រាប់​ដល់​ប៉ូលិស​។​
​ស្ដាប់​ចប់​កាលណា​ នាយ​អធិការ​បញ្ចេញ​ប្រតិកម្ម៖
​«​មិន​ដែល​ស្គាល់​គ្នា​សោះ ​ស្រាប់តែ​ណាត់​គ្នា​ចេញទៅ​ទាំង​កណ្ដាល​យប់​?​ ស្ដាប់​ទៅ​គ្មាន​ត្រង់ណា​ថា​ទំនង​នឹង​មាន​ហេតុផល​សោះ​!»​
​«​វា​មិនសូវ​ទំនង ប៉ុន្តែ​វា​ជា​ការពិត​ ព្រោះ​ខ្ញុំ​មិន​ចង់​កុហក​ប៉ូលិស​!​ មួយ​ទៀត បើ​លោក​ស្គាល់​ដា​ណែន​និង​ដឹង​ថា​គេ​ជា​នារី​អ្នក​សារ​ព័ត៌មាន ​ដែល​មាន​ចរិត​អង់អាច​ហើយ​មិន​ដែល​ខ្លាច​អ្វី​ទេ​!​ យប់​នោះ​ខ្ញុំ​សុំ​នាង​ចេញ​ ហើយ​នាង​ព្រម​ទៅ​កាន់​ភូមិ​នេសាទ ​ព្រោះ​យើង​ត្រូវការ​ស៊ើប​មើល​រឿង​មួយ​ទាក់ទង​នឹង​ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើការ​ ហើយ​ក៏​ទាក់ទង​និង​ការ​សរសេរ​អត្ថបទ​របស់​នាង​!»​
​ម៉ាឌី​ជួយ​និយាយ​បញ្ចប់៖
​«​ខ្ញុំ​ថា​អ្វី​ដែល​កំពុង​​ឮ​នេះ​ជា​ការពិត​ទាំងស្រុង​ ព្រោះ​វា​ដូចគ្នា​បេះ​បិទ​នឹង​អ្វី​ដែល​ដា​ណែន​បាន​និយាយ​ប្រាប់​ខ្ញុំ​នៅ​ក្នុង​ពេទ្យ​!»​

ប៉ូលិស​ដៀង​ភ្នែក​មក​រក​ម៉ាឌី​វិញ​ម្ដង​។​
​កំលោះ​​បាត់ដំបង​ត្បិត​តែ​ក្មេង ប៉ុន្តែ​មាន​ភាព​ម៉ត់ចត់​និង​អង់អាច​ក្នុង​ការ​ផ្ដល់​ចម្លើយ​។​
​សភាព​របស់​គេ​ដែល​វិច្ឆិកា​សម្គាល់ គឺ​គេ​គួរ​ណាស់​តែ​ជា​អ្នក​រៀន​បាន​ខ្ពង់​ខ្ពស់​ហើយ​មាន​ការ​ពិចារណា​ត្រឹមត្រូវ​ មុន​ពេល​ហា​និយាយ​ម្ដង​ៗ។
​ប៉ូលិស​សួរ​បន្ត៖
​«​ប្អូន​ខាង​ណេះ​ជា​អ្វី​នឹង​អ្នក​​​បាត់​ខ្លួន​?»​
​វិច្ឆិកា​នៅ​សំ​ងំ​ស្ងៀម​រង់ចាំ​ស្ដាប់​ ទោះ​បី​ខៀ​វ​ សូ​ត្រា​បាន​អណ្ដែត​ឡើង​មក​ក្នុង​ការ​គិត​របស់​
​នាយ ប្រធាន​និស្សិត​ដឹង​ថា​ក្នុង​បេះ​ដូង​ពេជ្រ ​ដា​ណែន​មាន​តែ​និពន្ធ​នាយក​ម្នាក់​ ដែល​ធ្វើ​
​​ឱ្យ​​នាង​ខូចចិត្ត​នោះ​តែ​មួយ​គត់​។​
​«​ខ្ញុំ​ស្រលាញ់​គេ​! យើង​ស្នាក់នៅ​បន្ទប់​ជា​មួយ​គ្នា​!»​
​ម៉ាឌី​និយាយ​ត្រង់​ៗ​ ធ្វើ​ឱ្យ​​ប៉ូលិស​សម្លឹង​រាងកាយ​បុរស​ក្មេង​ពី​លើ​ដល់​ក្រោម​។​
​វិច្ឆិកា​ដឹង​ថា​ម៉ាឌី​ក៏​យល់​ដែរ ​ពី​ប្រការ​ដែល​អ្នក​ស្រុក​ខ្មែរ​ចាត់​ទុក​ការ​ស្នាក់នៅ​បន្ទប់​ជាមួយ​គ្នា​ជា​ការ​បើក​ចំហ​នូវ​ទំនាក់​ទំនង​​មិន​ទាន់​រៀប​ការ​រវាង​ប្រុស​ស្រី​។​

បុរស​ក្មេង​នេះ​មើល​ពី​ក្រៅ​ទៅ​មិន​ត្រឹម​ស្រលាញ់​ពេជ្រ​ ដា​ណែន​ទេ ​ថែមទាំង​មោះមុត ច្បាស់លាស់​នឹង​ស្នេហា​របស់​គេ​ទៀត​ផង​។​
​«​ប្អូន​ថា​បែក​ពី​គេ​នៅ​ពេល​ព្រលប់​ចេញ​ទៅ​ទិញ​បាយ​ម្ហូប​ក្បែរ​ពេទ្យ ប្អូន​មាន​សង្ស័យ​ដែរ​ទេ ​ថា​ខាង​ស្រី​មាន​ចិត្ត​រត់​បំពួន​ខ្លួនឯង​?»​
​«​គេ​មិនមែន​ជា​មនុស្ស​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ទេ​!​ គេ​ជា​ប្រភេទ​មនុស្ស​ស្រី​មាន​ចរិត​បើក​ចំហ​ ​ហើយ​ហ៊ាន​ធ្វើ​ហ៊ាន​និយាយ​ មិន​ខ្លាច​អ្វី​ទាំងអស់​!​ គេ​មិន​ចាំបាច់​រត់​ទេ បើ​គេ​ចង់​ទៅ​ណា​គេ​ប្រាប់​ថា​ទៅ​នោះ! ​ហើយ​នៅ​ស្រុក​ខ្មែរ​នេះ​ គេ​គ្មាន​អ្នក​ណា​ស្គាល់​ទាំ​ងអស់ ផ្ទះ​គេ​នៅ​បារាំង​»​

ប៉ូលិស​យក​ចិត្ត​ទុក​ដាក់​​​ស្ដាប់​ម៉ាឌី​ ហើយ​ងាក​មក​ផ្ទៀង​នឹង​ប្រធាន​និស្សិត​ ធ្វើ​ឱ្យ​​វិច្ឆិកា​​ងក់​ក្បាល​បញ្ជាក់​ថា​យល់ស្រប​ទាំង​ស្រុង​តាម​ការ​សន្និដ្ឋាន​របស់​កំលោះ​​បាត់ដំបង។
​អធិការ​ស្ងាត់ស្ងៀម​ត្រិះរិះ។
​ទី​បំផុត​សមត្ថកិច្ច​រួប​នេះ ​ពោល​បន្ត​មួយៗ៖
​«​នៅ​ពេល​ខ្ញុំ​មិន​ទាន់​ទម្លាក់​បណ្ដឹង​នេះ​ទៅ​ខាង​ព្រហ្ម​ទណ្ឌ សូម​អ្នក​ទាំង​ពីរ​សហ​ការ​ជាមួយ​ប៉ូលិស​និយាយ​ការ​ពិត​ចេញ​មក​ទាំងអស់​ ពីព្រោះ​ថា​បើ​ខាង​ស៊ើប​អង្កេត​ចាប់ផ្ដើម​ការងារ​នេះ គេ​នឹង​បំបែក​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​សួរ​ចម្លើយ ហើយ​បើ​ឃើញ​ចម្លើយ​ខុស​គ្នា​ អាច​នឹង​ជាប់​សង្ស័យ​មិន​ខាន​!»​
​«​ពាក្យ​ដែល​ខ្ញុំ​និយាយ​ទាំង​ប៉ុន្មាន ​សុទ្ធតែ​ជា​ការពិត ខ្ញុំ​អាច​ចុះ​ហត្ថលេខា​ទទួល​ខុស​ត្រូវ​បាន!»
​វិច្ឆិកា​បញ្ជាក់​តប​វិញ។

ប៉ូលិស​រេ​ភ្នែក​សាជាថ្មី សំដៅ​ទៅ​បុរស​ក្មេង ម៉ាឌី​ក៏​ងក់​ក្បាល​ទទួល​យល់​ស្រប។
​ប៉ូលិស​ចាប់ផ្ដើម​សួរ​ម៉ាឌី​បន្ត៖
​«​ចុះ… ប្អូន​ដឹង​ទេ​ថា​ថ្មីៗ​នេះ​គេ​មាន​ទំនាស់​ជាមួយ​អ្នកណា​គួរ​ឱ្យ​កត់សម្គាល់​អត់​?​ ខ្ញុំ​
​និយាយ​ពី​អ្នក​ដែល​ប្អូន​ថា​បាត់​ខ្លួន​!»​
​ម៉ាឌី​មាន​ការ​រិះគិត​វែងឆ្ងាយ ​បើ​មើល​តាម​ផ្ទៃមុខ​គេ​ដែល​កំពុង​តានតឹង​។​
​វិច្ឆិកា​ដឹង​ថា​បុរស​ក្មេង កំពុងតែ​ពិបាក​ក្នុង​ការ​អារកាត់​ថា​ចម្លើយ​ណា​គួរ​ប្រាប់​ប៉ូលិស​ និង​អ្វី​មិន​គួរ​ព្រោះ​គ្រប់​សម្ដី​នៅ​ពេល​នេះ​ អាច​ថា​នឹង​នាំ​ទុក្ខ​ដល់​អ្នក​ផ្សេង​បាន​។​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ចុង​ក្រោយ​គេ​នៅ​តែ​មិន​និយាយ​មិន​បាន​។​
​«​ខៀវ សូត្រា​​ចៅហ្វាយ​របស់​គេ!»
​ប៉ូលិស​ងើប​មុខ​សម្លឹងមុខ​បុរស​ទាំងពីរ នេះ​បញ្ជាក់​ថា​សូត្រា​ប្រាកដ​ជា​គោលដៅ​ក្នុង​ការ​​ហៅ​សួរ​ម្នាក់​ដែរ​ហើយ​!»​
​ប៉ុន្តែ​ម៉ាឌី​មិន​រវល់​នឹង​ភាព​ភ្ញាក់ផ្អើល​របស់​ប៉ូលិស​ទេ ទំនង​ជា​នាយ​កំពុង​​គិត​ថា ទោះ​ធ្វើ​អ្វី​ក៏​ដោយ​សុវត្ថិភាព​នាង​ជា​ចម្បង។
​បុរស​ក្មេង​រំលឹក​បន្ថែម​ ដើម្បី​គាំទ្រ​ការ​លើក​ឡើង​មុន​នេះ​របស់​ខ្លួន​៖​
​«​មួយ​រយៈ​នេះ​ដាណែន និង​ខៀវ​ សូ​ត្រា​មានរឿង​រកាំរកូស​គ្នា​ច្រើន​គួរសម​! គេ​ធ្លាប់​មក​រក​ដា​ណែន​ពីរ​ដង​ដល់​ផ្ទះ លើក​ទី​មួយ​នាង​និយាយ​ទ្រគោះ​ដាក់​គេ ​ខ្ញុំ​ក៏​នៅ​ទី​នោះ ចំណែក​លើក​ទី​ពីរ​គឺ​ប៉ុន្មាន​ម៉ោង​មុន​គេ​ចូល​ពេទ្យ! គេ​មក​ពី​ក្រោយ ​ដល់​ជិត​ភ្លឺ ហើយ​ឡើង​មក​ផ្ទះ​យំ​ទៀត​! ​គេ​និយាយ​ថា គេ​បាន​ជួប​ម្នាក់​នោះ​នៅ​ខាង​ក្រោម​!​ ពួក​បង​គួរ​តែ​ហៅ​គេ​នោះ​មក​សួរនាំ​!​ ម្នាក់​នោះ​មើល​ទំនង​អ្វី​ក៏​គេ​ហ៊ាន​ធ្វើ​ដែរ​!»​

ប៉ូលិស​និយាយ​តិចៗ​តប​វិញ​ភ្លាម៖
​«​កុំ​ព្រួយ​!​ គេ​មក​ហើយ​!»​
​ស្នូរ​បិទ​ទ្វារ​ឡាន​គ្រាំង​ពី​ក្រោយ​ខ្នង​ ធ្វើ​ឱ្យ​​វិច្ឆិកា​និង​ម៉ាឌី​ងាក​ទៅ​ព្រម​គ្នា​។​
​និពន្ធ​នាយក​ដ៏​សង្ហា​ តែ​គ្មាន​ស្នាម​ញញឹម​ម្នាក់​ពិត​ជា​ត្រូវ​កោះ​ហៅ​មក​ដល់​មែន។
​គេ​ដើរ​ចូល​មក​ជាមួយ​រាងកាយ​ខ្ពស់​ស្រាវ​ និង​ដំណើរ​ស្វាហាប់​។​
​ប៉ុន្តែ​ខៀវ សូត្រា​​ហាក់​បង្អង់​ជើង ពេល​ឃើញ​មុខ​វិច្ឆិកា​​បន្ទាប់​មក​ម៉ាឌី​។​
​គេ​មិន​ទាន់​បាន​ថា​អ្វី​ផង រហ័ស​ដូច​ផ្លេកបន្ទោរ កំលោះ​​បាត់ដំបង​ស្ទុះ​ភ្លែត​ទៅ​ទាញ​ក​អាវ​គេ​ ធ្វើ​ឱ្យ​​ប្រធាន​និស្សិត​ចំហ​​មាត់​ធ្លុង​ ហើយ​នាយ​ប៉ូលិស​ក្រោក​ឈរ​ពី​កៅអី​។​

ទោះ​គ្មាន​ស្ដី​អ្វី​មួយ​ម៉ាត់ ​ប៉ុន្តែ​ម៉ាឌី​ប្រកប​ដោយ​ទឹកមុខ​កាច​សហាវ សម្លក់​ខៀវ សូត្រា​ដែល​ធ្វើ​មុខ​ស្មើ​នឹងថ្កល់។
​អំណាច​នៃ​សេចក្ដី​ស្នេហា ​ពិតជា​ធ្វើ​ឱ្យ​​បុរស​ក្មេង​ប្រែប្រួល​ចរិត​ដល់​ថ្នាក់​នេះ​?​
​នេះ​ជា​អ្វី​ដែល​វិច្ឆិកា​​កំពុង​​គិត​ស្រប​ពេល​ប៉ូលិស​ពោល​ព្រមាន​៖​
​«​ទី​នេះ​មិន​ឱ្យ​​ប្រើ​ហិង្សា​ទេ​! ​លែង​គេ​!»​
​ម៉ាឌី​មិន​ងាក ភ្នែក​នាយ​សម្លក់​ខៀវ សូត្រា​​ត្លែ។

តើ​នេះ​ជា​ការ​បារម្ភ​ហួសហេតុ ឬ​អំណាច​ភ្លើង​ប្រចណ្ឌ​មក​លើ​និពន្ធ​នាយក​ស្រស់​សង្ហា​? ​គេ​ខ្លួន​ឯង​ក៏​មិន​ដឹង គេ​ដឹង​តែ​ថា​ឃើញ​មុខ​បុរស​នេះ ចិត្ត​គេ​ផ្ទុះ​ក្ដៅ​។​
​«​កុំ​​ឱ្យ​​ដា​ណែន​ជ្រុះ​សក់​​មួយ​សរសៃ មិន​អ៊ីចឹង​ដឹង​គ្នា​ហើយ​អា​កំសាក​!»​
​គេ​និយាយ​ទាំង​ខាំ​មាត់ ក្រោម​កែវភ្នែក​នឹងថ្កល់​របស់​ខៀវ សូត្រា។
​វិច្ឆិកា​ដែល​នៅ​ក្រៅ​សង្វៀន​​ស្នេហ៍​ អាច​មើល​ឃើញ​ភាព​ខូចចិត្ត​មិន​ចាញ់​ឈ្នះ​គ្នា​ក្នុង​ជម្រៅ​​កែវភ្នែក​ប្រុសៗ​ពីរ​នាក់​នេះ ទោះបី​គេ​ធ្លាប់​ដឹង​ថា​ខៀវ ​សូ​ត្រា​បាន​បង្ខំ​ពេជ្រ ​​ដា​ណែន​​ឱ្យ​​បំភ្លេច​ស្នេហា​ដែល​នាង​មាន​ទៅលើ​គេ​ ថែម​ទាំង​កុហក​​ឱ្យ​​នាង​យំ​មិន​ចេញ ប៉ុន្តែ​ពេល​នេះ​នៅ​ចំពោះ​មុខ​គេ ​បែរ​ជា​សង្ស័យ​ថា​ និពន្ធ​នាយក​ដ៏​សម្បូរ​ស្នេហ៍​ ហាក់​បី​ដូច​ជា​កំពុង​​តែ​ខូច​ចិត្ត​យ៉ាង​ជ្រៅ​ក្នុង​ការ​បាត់​ខ្លួន​អ្នក​កាសែត​សេដ្ឋកិច្ច។

សូត្រា​រុញ​ដៃ​ម៉ាឌី​ទម្លាក់ ​​ដោយ​មិន​និយាយ​ស្ដី​អ្វី​មួយ​ម៉ាត់​តាម​ភាព​ស្ងៀមស្ងាត់​ដ៏​គ្រោះ​ថ្នាក់​របស់​គេ។ គេ​ថយ​ទៅ​អង្គុយ​ទល់​មុខ​ប៉ូលិស​ ហើយ​ទាញ​តម្រង់​កអាវ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​វិញ។ ​អធិការ​វាចា​មក​កាន់​វិច្ឆិកា​និង​ម៉ាឌី៖
​«​អ្នក​ទាំង​ពីរ​អាច​ទៅ​វិញ​សិន​បាន!»
​ម៉ាឌី​ដែល​ឈរ​ទ្រឹង​ពី​ក្រោយ​ខ្នង​និពន្ធ​នាយក​ ឆ្លៀត​ងាក​មក​និយាយ​បន្ថែម៖
​«​មើល​មារយាទ​ខ្លួនឯង​ទៅ ធ្វើបាប​ដា​ណែន​យ៉ាងម៉េច​ខ្លះ​ហើយ​? ឈប់​ចងពៀរ​គេ​ទៅ​ ទុក​ឱ្យ​គេ​នៅ​រស់​បាន​នឹង​គេ​នឹង​ឯង​ផង!»
​សូ​ត្រា​មិន​ត​អ្វី​ទាំង​អស់។
​វិច្ឆិកា​ឈាន​ជើង​ចាក​ចេញ​មុន ​ទើប​កំលោះ​បាត់ដំបង​ចាក​ចេញ​តាម​ពី​ក្រោយ។
​មក​ដល់​ខាង​ក្រៅ​វិច្ឆិកា​នៅ​រង់ចាំ​ម៉ាឌី​ហើយ​ជា​ស្រេច។

​គេ​និយាយ​មួយៗ​ប្រាប់​៖​
​«​សង្កត់ចិត្ត​បន្តិច​ទៅ​!​ ខៀវ សូត្រា​​ទំនង​​ជា​មិន​ពាក់ព័ន្ធ​ទេ គេ​ក៏​ទំនងជា​កំពុង​​ខូចចិត្ត​!»​
​ម៉ាឌី​មិន​មាត់​មិន​ក តែ​ភ្នែក​គេ​នៅ​តែ​ក្រហម​ដោយ​កំហឹង​។​ គេ​នៅ​ស្ងៀម​បន្តិច មុន​ឈាន​ចាកចេញ ចោល​ប្រធាន​និស្សិត​។ ​វិច្ឆិកា​សម្លឹង​បុរស​ក្មេង​ដែល​ឈានឡើង​លើ​រថយន្ត​ដ៏​ទំនើប​របស់​គេ​។​
​«​ម្នាក់​នេះ​តាម​មើល​ជា​កូន​អ្នកមាន​ទ្រព្យ​សម្បត្តិ ចុះ​គេ​ស្គាល់​ពេជ្រ​ ដា​ណែន​តាម​វិធី​ណា​? ​ម៉េច​ក៏​ស្រី​អ្នក​កាសែត​មិន​ទទួល​សេចក្ដី​ស្រលាញ់​ពី​គេ ​បែរ​ជា​ព្រម​មក​ឈឺចាប់​នឹង​និពន្ធ​នាយក​សោះកក្រោះ​ម្នាក់​នោះ?»

ភាគ​ទី​៣១​

​ជាមួយ​នោះ​ដែរ ប្រធាន​និស្សិត​នឹកភ្នក​ទៅដល់​ស្ថានភាព​នារី​អ្នក​កាសែត​ មុន​ពេល​នាង​បាត់​ខ្លួន​។ ​«នៅ​ពេល​ដែល​ខ្ញុំ​ជួប​គេ​គឺ​គេ​សន្លប់ គេ​មិន​ដឹងខ្លួន​ទេ​! គេ​លេង​ល្ខោន​បាន​ល្អ ហើយ​លេង​បោក​មនុស្ស​ដែល​ល្អ​នឹង​គេ​! ​មួយ​ជាតិ​នេះ​ខ្ញុំ​មិន​លើក​លែង​ឱ្យ​​​ខៀវ សូត្រា​ ដាច់​ខាត​» «​ខ្ញុំ​យល់ថា ​ដាមិកា​និង​​ខៀវ សូត្រា​ ប្រហែល​ជា​ត្រូវ​អ្វីមួយ​បង្ខំ​បាន​ជា​ត្រូវ​រើស​យក​វិធី​នេះ​!» «​កុំ​និយាយ​ឱ្យ​​ខ្ញុំ​ឮ​​ពី​មនុស្ស​ពីរ​នាក់​នោះ!»។

នឹក​ឃើញ​ដល់​ត្រង់​ណេះ ទ្រូង​ចាប់ផ្ដើម​ណែន។
​វិច្ឆិកា​តាម​ពិត មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ពេជ្រ ដាណែន​​ទេ​ពីមុន​មក ប៉ុន្តែ​ស្គាល់​នាង​នៅ​ភូមិ​នេសាទ​ប៉ុន្មាន​ម៉ោង គេ​ដឹង​ស្រេច​ថា​នាង​ជា​ប្រភេទ​មនុស្ស​ស្រី​រឹង​ប៉ឹង ច្បាស់លាស់​ហើយ​មាន​ចិត្ត​ស្មោះ ចេះ​គិត​វែងឆ្ងាយ​។​
​បើ​លើក​នេះ​នាង​ពិតជា​ជួប​រឿង​អកុសល គេ​យល់​ថា​ខ្លួន​គេ​នេះ​ហើយ​ដែល​បាន​នាំ​នាង​ឱ្យ​​ទៅ​រក​គ្រោះ​ថ្នាក់ ព្រោះតែ​ការ​បង្ហាញ​នាង​ពី​កល​ល្បិច​របស់​សូ​ត្រា​និង​ដាមិកា​​។​

វិច្ឆិកា​លើក​ទូរ​សព្ទ​ចុច​ទៅ​រក​នាយិកា​រូប​ឆើត…
​«​មក​ពី​បាងកក​ហើយ​?»​
​«​មក​មួយ​ថ្ងៃ​ហើយ ទាក់ទង​បង​ឯង​អត់​ចូល​ទេ​!»​
​​ដាមិកា​​ឆ្លើយ​តាម​ធម្មតា ប៉ុន្តែ​ចិន្ដា​បុរស​នេះ ស្រមៃ​ដល់​ទង្វើ​ជាច្រើន​ដែល​ខ្មៅ​កខ្វក់​ នៅ​ក្រោយ​ភាព​ធ្វើ​ពើ​របស់​នាង​។​
​ប្រធាន​និស្សិត​និយាយ​តប​៖​
​«​បង​ទៅ​ដល់​ឥឡូវ​ហើយ​!»​

​វគ្គ​
​អ្នក​ណា​ចាប់​ពេជ្រ​ ដា​ណែន

​នៅ​លើ​ជំនិះ​រលាក់ អ្នកកាសែត​ស្រី​ស្វាង​ចេញពី​ថ្នាំ​សណ្ដំ​។​
​នាង​កម្រើក​ដៃ​ជើង ហើយ​បើកភ្នែក​។​ ដៃ​គាំង​ជាប់​ក្នុង​អ្វី​មិន​ដឹង ​មិន​អាច​ដក​ដៃ​ទាំង​ទ្វេ​ចេញ​ពី​គ្នា​បាន​ទាល់តែ​សោះ ចំណែក​ភ្នែក​វិញ​…​​ ងងឹត​ស្លុប នាង​មើល​មិន​ឃើញ​អី​នោះ​ទេ​។​
​អ្វី​ម្យ៉ាង​កំពុង​បិទ​បាំង​លើ​កែវ​ភ្នែក​គូ​ ហើយ​ការ​មើល​អ្វី​មិន​ឃើញ​ធ្វើ​ឱ្យ​​សតិ​បញ្ញា​នាង​ជាប់​គាំង។
​មនុស្ស​យើង​ការ​គិត​ពិចារណា​មិន​ត្រឹម​ពឹង​លើ​ខួរក្បាល​ម្យ៉ាង​គត់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ត្រូវ​ការ​ភ្នែក​ជួយ​បង្ហាញ ច្រមុះ​ប្រាប់​ក្លិន​និង​វិញ្ញាណ​ផ្សេង​ទៀ​ត​ ទើប​អាច​រក​ឃើញ​លទ្ធផល​។​
​ពេល​នេះ​នាង​ដឹង​ថា​ដៃ ត្រូវ​បង្ខាំង​កម្រើក​មិន​បាន ហើយ​ភ្នែក​ត្រូវ​បាន​ចង​ជាប់​ដោយ​ក្រណាត់​​ក្រាស់​ទន់​។​

អារម្មណ៍​ភ័យ​ស្លុត​បាន​សម្រុក​មក​កាន់តែ​ច្បាស់​ច្បាស់​ឡើង​ នៅ​ពេល​ដែល​ការ​ចងចាំ ​បន្ទាប់​ពី​ការ​ដេក​សន្លប់​បាន​វិល​មក​គ្រប់​សព្វ​វិញ​។​
​«​យើង​នៅ​ក្នុង​ពេទ្យ​!​ មនុស្ស​ម្នាក់​បាន​ខល​មក យើង​មិនដែល​ស្គាល់​គេ​ទេ គេ​ប្រាប់​ថា​ម៉ាឌី​គ្រោះថ្នាក់ យើង​រត់​ចេញទៅ​ក្រៅ​!​ នៅ​ច្រក​ផ្លូវ​ក្រោយ​អគារ​មន្ទីរ​ពេទ្យ​ មាន​មនុស្ស​ខ្ទប់​មាត់​យើង​ពី​ក្រោយ យើង​មើល​មិន​ឃើញ​មុខ​ពួកគេ​ តែ​ជា​មនុស្ស​ប្រុស​!​ យើង​ត្រូវ​អូស​ឡើង​ឡាន​ ហើយ​បន្ទាប់មក​យើង​លែង​ដឹង​អ្វី​គ្រប់​យ៉ាង​!»​
​ជាមួយ​អារម្មណ៍​រន្ធត់ ស្រី​អ្នក​កាសែត​លាន់​មាត់​ស្រែក​។ អកុសល​នាង​ស្រែក​មិន​ចេញ​ ព្រោះ​មាត់​ក៏​ត្រូវ​រារាំង​។​

«​​ដាមិកា​​!»​
​ស្រី​អ្នកមាន​ជា​គូ​​ប្រជែង​ស្នេហ៍​ដ៏​គួរ​ឱ្យ​​ឈឺ​ចិត្ត​ម្នាក់​នេះ បាន​លេច​ចេញ​មក​ក្នុង​ការ​គិត​ឃើញ​មុនគេ​របស់​ស្រី​កម្សត់​យើង​ភ្លាមៗ ដោយ​មិនបាច់​គិត​ច្រើន។
​ដា​ណែន​យល់ថា​អគ្គ​នាយិកា ​Red index ពិតជា​ជន​ត្រូវ​សង្ស័យ​ដំបូង​គេ ​នៅ​ពីក្រោយ​អំពើ​ចាប់​ពង្រត់​ដ៏​កំសាក​មួយ​នេះ​។​
​«​ម៉ាឌី​ !​ ម៉ាឌី​​នៅឯណា ម៉ាឌី​​រក​ខ្ញុំ​ឃើញ​ទេ​!​ គេ​ប្រហែល​មិន​ឱ្យ​​ខ្ញុំ​រស់​ទេ​មើល​ទៅ​!»​

ស្នូរ​ឡាន​ឈប់​ង៉ឺត​កំដរ​បេះ​ដូង​ទោមនស្ស​របស់​អ្នកកាសែត​ស្រី​។​
​នាង​នៅ​ស្ងាត់ស្ងៀម​លែង​បំបែក​អារម្មណ៍​ទៅ​គិត​ពី​អ្វី​ផ្សេងៗ ផ្ចង់​ប្រើ​ត្រចៀក មក​ពិនិត្យ​ស្ថានការណ៍​ជុំ​វិញ​ខ្លួន​។​
​«​ឡាន​ឈប់​ហើយ​!​ វា​ពិតជា​ឈប់​មែន​! កន្លែង​នេះ​ជា​ទី​អវសាន​នៃ​ជីវិត​យើង​ឬ​អ្វី​?»​
​នាង​សួរ​ខ្លួនឯង​ទាំង​តូច​ចិត្ត​។​
​បាន​ដូច​គិត​ទ្វារ​ត្រូវ​របើក​មក​ជះ​នាំ​នូវ​គន្ធា​បុប្ផា​ និង​ស្លឹក​ឈើ​​ក្រៀម​ចាក​មែក​។​
​«​ទី​នេះ​មិនមែន​ក្រុង​ភ្នំ​ពេញ​ដាច់ខាត​? តើ​យើង​សន្លប់​តាំង​ពី​ពេល​ណា​មក​?​ ពេល​នេះ​មេឃ​ភ្លឺ​​​ឬ​​ងងឹត​ម៉ោង​ប៉ុន្មាន​ហើយ​ក៏​យើង​មិន​ដឹង​?​ ហើយ​អ្នក​ណា​ជា​អ្នក​ដៃ​ដល់​មក​លើ​យើង​?»​
​ដៃ​មួយ​ទាញ​នាង​ឱ្យ​​ក្រោក​ចេញ​ពី​ជំនិះ​ទាំង​ត្រដាបត្រដួស។
​ដៃ​ជើង​នាង​នៅ​ទន់​ល្មៃ​ គ្មាន​ទេ​កម្លាំង​កំហែង តើ​ឱ្យ​​នាង​ឈរ​នឹងនរ​ម៉េច​នឹង​បាន ​កណ្ដាល​ភាព​ការ​ប្រផឹតប្រផើយ​នេះ​។​

រាងកាយ​ស្រី​ស្អាត​ធ្លាក់​ស្រុញ​ចុះក្រោម រង់ចាំ​ការ​ននៀល​ដេក​ទៅ​លើ​ដី​ទាំង​ជាប់​ចំណង ​ប៉ុន្តែ​មាន​គេ​យោង​នាង​ឡើង​មក​វិញ​… អ្នកណាម្នាក់​នោះ​ពិតជា​មនុស្ស​មាន​កម្លាំង​ខ្លាំង​​ឬ​​មាឌ​ធំ​ខ្ពស់​។​
​ដៃ​គេ​នោះ​កាន់​អាវ​នាង​ពី​ក្រោយ​ ហើយ​ច្បាម​រុញ​ឱ្យ​​ដើរ​ទៅ​មុខ។

នៅ​ឯ​ណេះ​វិច្ឆិកា​បើក​ឡាន​មក​ដល់​ក្រុមហ៊ុន​ល្មម…
​គេ​ឃើញ​ម្ចាស់​ស្រី ​Red Index រថយន្ត​នាង​នៅ​ច្រងាង​ចំ​មាត់​ផ្លូវ​ ហាក់​មាន​ចេតនា​ចង់​ប្រាប់​អ្នក​គ្រប់​គ្នា​ថា​នាង​នៅ​ជាន់​ខាងលើ​។​
​គេ​បោះ​ជំហាន​មួយៗ​ទៅ​ទាំង​ចិត្ត​គិត​ហើយ​គិត​ទៀត​។​
​ដំណាក់កាល​នេះ ការ​សង្ស័យ​​ដាមិកា​​មិន​ឃើញ​មាន​អ្វី​ខុស​ទេ ព្រោះ​ទំនាស់​ចុង​ក្រោយ​ដែល ពេជ្រ ដាណែន​​មាន​ពាក់ព័ន្ធ​មុន​ពេល​បាត់​ខ្លួន គឺ​ការ​រើ​កកាយ​អាថ៌កំបាំង​នៃ​ទំនាក់ទំនង​របស់​ដាមិកា​​និង​​ខៀវ សូត្រា​​។​
​ប្រសិនបើ​ដាមិកា​ពិត​ជា​លេង​ល្ខោន ជាមួយ​​​ខៀវ សូត្រា​​​ឆ្ពិន​ភ្នែក​អ្នក​ណា​ម្នាក់ ពេល​នេះ​ពេជ្រ​ ដា​ណែន​ដឹង​រឿង​ពិត ​ទោះ​ខៀវ​សូ​ត្រា​មិន​ធ្វើ​អ្វី​នាង​ តែ​ដាមិកា​​មិន​ប្រាកដ​ថា​ព្រម​លែង​ពស់​ឱ្យ​ចូល​ព្រៃ​ឡើយ​។​

នាយ​គោះទ្វារ​ ហើយ​រុញ​ចូល​ព្រោះ​ចិត្ត​តក់ក្រហល់​។​
​​ដាមិកា​ដៃ​ដាក់​ទូរ​សព្ទ​ចុះ ​ហើយ​មុខ​ញញឹម​ស្រស់​ស្វាគមន៍​ប្រធាន​និស្សិត​។​
​«​ប្រាប់​បង​ពី​រឿង​ពេជ្រ ដាណែន​​!»​
​គេ​និយាយ​ពេល​ទឹកមុខ​នាង​ធ្លាក់​ចុះ​សន្សឹម​ៗ​ក្នុង​ក្ដី​ងឿងឆ្ងល់​។​
​វិច្ឆិកា​យល់ថា​ដាមិកា​​គ្រាន់តែ​សម្ដែង​ប៉ុណ្ណោះ ប៉ុន្តែ​ដែល​នាង​អាច​សម្ដែង​នឹង​​​ខៀវ សូត្រា​​បាន​មិន​មែន​មាន​ន័យ​ថា​ ក៏​ល្អមើល​សម្រាប់​ប្រធាន​និស្សិត​ម្នាក់​នេះ​ដែរ​នោះ​ទេ​។​
​«​ចាប់​បង្ខាំង​មនុស្ស​ ហើយ​សប្បាយចិត្ត​ដល់​ថ្នាក់​នេះ​?»​
​គេ​សួរ​ប្រយោគ​ទី​ពីរ ធ្វើ​ឱ្យ​​នាយ​កាន់តែ​លែង​ញញឹម​សម។
​«​បង​ឯង​មក​និយាយ​រឿង​ស្អី​ទទឹង​ទិស​? លេខា​លីនរ៉ា​ណា​បាន​ចេញ​ថ្ងៃ​សុក្រ​នេះ​ហើយ​ មិន​ឱ្យ​​មិកា​សប្បាយចិត្ត​?»

វិច្ឆិកា​សម្លឹង​ប្រតិកម្ម​របស់​នារី​អ្នក​ដឹកនាំ​ម្នាក់​នេះ​។ ​ដំណឹង​ចេញពី​ពន្ធនាគារ​របស់​នារី​លេខា​ពីរ​ជំនាន់​នោះ​ ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែន​ ទោះ​បី​ជា​គ្រប់​គ្នា​បាន​ដឹង​ជា​ស្រេច​ហើយ​ថា ​ទោស​ក្បត់​ទំនុក​ចិត្ត​មិន​អាច​ឱ្យ​​ស្ត្រី​នោះ​នៅ​ត្រាំត្រែង​យូរ​ក្នុង​ទី​បង្ខាំង​ឡើយ​។​
​«​តើ​អ្វី​ទៅ​នឹង​កើតឡើង​ទៀត​ ពេល​មនុស្ស​ស្រី​គួរ​ឱ្យ​ខ្លាច​ទាំងពីរ​នាក់​នេះ​បាន​ជួប​គ្នា​ក្រៅ​ទ្រុង​?»​
​ប្រធាន​និស្សិត​គិត​ហើយ​ គេ​បង្វែរ​ចិត្ត​ខ្លួនឯង​មក​វិញ ​ដោយ​និយាយ​មួយៗ​៖​
​«​បង​មិន​ខ្វល់​! តែ​ស្រី​អ្នកកាសែត​នោះ​បាត់​ខ្លួន​ហើយ​! ប្រាប់​មក​យើង​មាន​ពាក់ព័ន្ធ​ដែរ​ទេ​? ​បើ​មាន​ឆាប់​លែង​គេ​ កុំ​ឱ្យ​​រឿងរ៉ាវ​រញ៉េរញ៉ៃ​ធ្ងន់​ជាង​នេះ​!»​

«​ពេជ្រ​ ដា​ណែន កូនចៅ​របស់​​​ខៀវ សូត្រា​​?»​
​នាង​សួរ​បក​មក​វិញ​ដូចជា​មិន​ច្បាស់​ សូម្បីតែ​ពេជ្រ ដាណែន​​ជា​អ្នក​ផង ​ប៉ុន្តែ​ចុង​ក្រោយ​នាង​នឹក​ឃើញ​ហើយ​និយាយ​បន្ត៖
​«​នឹក​ឃើញ​ហើយ ម្នាក់​ដែល​សួរ​សំណួរ​​សាហាវ​ៗ​នោះ​អ្ហី?»
​វិច្ឆិកា​អង្គុយ​ប៉ុក​លើ​កៅអី​នៅ​នឹង​មុខ​តុ​ដាមិកា​ ហើយ​សម្លឹង​មុខ​នាង​លែង​ចេញ​ស្ដី។
​ពេល​គេ​កំពុង​គិត​ថា តើ​ត្រូវ​ធ្វើ​បែប​ណា​ចំពោះ​នារី​ម្នាក់​នេះ ស្រាប់តែ​ឮ​​នាង​សួរ​ឡើង​៖​
​«​ហេតុ​អី​គេ​បាត់​ខ្លួន​ បង​មក​សួរ​ខ្ញុំ​?»​
​វិច្ឆិកា​ដកដង្ហើម​ធំ មុន​ពេល​និយាយ​៖​
​«​គេ​ដឹង​រឿង​ពិត​រវាង​​ដាមិកា​និង​​ខៀវ សូត្រា​​ហើយ​!​ យប់​មុន​បាត់ខ្លួន គេ​បាន​វិល​ទៅ​ភូមិ​នេសាទ​ដែល​អ្នក​ទាំង​ពីរ​រួមគ្នា​កុហក​គេ​!​»​
​ដៃ​នាង​ដាក់​ទូរ​សព្ទ​ចុះ​លើ​កម្រាលតុ​ សន្សឹម​ៗ​ហើយ​ភាព​ភ័យ​ព្រួយ​កើតឡើង​ក្នុង​កែវភ្នែក​ដ៏​ស្រស់ថ្លា​ទាំង​គូ​។​

វិច្ឆិកា​តាមដាន​ប្រតិកម្ម​នារី​អ្នក​មាន​ទ្រព្យ ដោយ​យកចិត្តទុកដាក់ ហើយ​មិន​បង្អង់​ខ្លាច​អ្វី ក្នុង​ការ​និយាយ​បន្ត​ឡើយ​៖​
​«​គេ​ដឹង​រឿង​ពិត​!​ គេ​ខូចចិត្ត​ជា​ខ្លាំង ហើយ​​​ខៀវ សូត្រា​​បាន​ទៅ​រក​គេ​នៅ​ក្រោម​ផ្ទះ​ជួល​!​ ស្អែក​ឡើង​មាន​មនុស្ស​ពង្រត់​គេ​ចេញពី​មន្ទីរ​ពេទ្យ​! ព្រឹក​មិញ​ប៉ូលិស​ក៏​បាន​ហៅ​​ខៀវ សូត្រា​​ទៅ​សួរនាំ​ដែរ​ តែ​បង​គិត​ថា​មិនមែន​គេ​ទេ !»
​«​អ៊ីចឹង​បង​ឯង​គិត​ថា​ខ្ញុំ​?»​
​នាង​សួរ​កាត់​ទាំង​ក្រហម​មុខ​ងៅ។

វិច្ឆិកា​នៅ​ស្ងៀម​ជាមួយ​ផ្ទៃ​មុខ​ស្មើ​ ជា​សញ្ញា​ថា​មិន​បដិសេធ ទោះបីជា​ឃើញ​នាង​ចាប់ផ្ដើម​​ខឹង។
​«​ក្នុង​ចិត្ត​បង​ឯង រឿង​អាស្រូវ​ឧក្រិដ្ឋ​ទាំង​អស់​នៅ​លើ​លោក​នេះ​ជា​ស្នាដៃ​របស់​ខ្ញុំ មែន​ដែរ​អត់​?»​
​មិន​ឃើញ​គេ​ឆ្លើយ សោភ័ណ ​​ដាមិកា​ ឱន​​មក​វិញ​រើស​របស់​ហើយ​ចាប់ផ្ដើម​​ចុច​ទូរ​សព្ទ​ប្រញាប់​ប្រញាល់។
​បន្ទាប់ពី​បរា​ជ័យ​ក្នុង​ការ​ទាក់ទង​ច្រើន​ដង សម្ដី​​នាង​លាន់​ចេញ​មក​ជាមួយ​អារម្មណ៍​តក្កមា​៖​
​«​វរ​ហើយ ម៉េច​ក៏​សូ​ត្រា​ទាក់ទង​មិន​ចូល​?»​
​«​ប្រាប់​ហើយ​ថា​ប៉ូលិស​ឃាត់​គេ​សួរនាំ​?»​
​នាង​បង្អង់​ដៃ​ ហើយ​ងើប​មើល​មុខ​នាយ​ត្លែ​។​​ ដាមិកា​​ហាក់​កំពុង​បារម្ភ​ខ្វាយខ្វល់ នាង​ចាប់ផ្ដើម​​សួរ​៖​
​«​ហើយ​បង​វិច្ឆិកា​ដឹង​រឿង​ខ្ញុំ​និង​សូ​ត្រា​ដែរ​?»​

វិច្ឆិកា​រេ​ភ្នែក​សម្លឹង​តុ​ជំនួស​មុខ​នាង ហើយ​បន្តិច​មក​ទើប​និយាយ​តប​មួយៗ​៖​
​«​យប់​នោះ បង​បាន​ទៅ​ភូមិ​​នេសាទ​ជាមួយ​ពេជ្រ ដា​ណែន អ្វី​ដែល​គេ​ដឹង​បង​ដឹង​ដូចគ្នា​!»​
​នាង​ថយ​ទៅ​ផ្អែក​លើ​កៅអី​ហាក់​អស់សង្ឃឹម ។​
​វិច្ឆិកា​ងើប​មុខ​មក​វិញ​ប្រទះ​នឹង​កែវភ្នែក​ខកចិត្ត​ដែល​នាង​សម្លឹង​មក​។​
​គេ​ប្រឈម​នឹង​ការ​សម្លឹង​នេះ​ដោយ​ចំហ​​វិញ​។​
​«​បង​ឯង​ប្រាប់​អ្នកណា​ខ្លះ​ហើយ​?»​
​នាង​សួរ​ទាំង​ឈឺ​ចិត្ត​។​
​គេ​នៅ​ស្ងៀម​មិន​មាត់ ធ្វើ​ឱ្យ​​នាង​ខាំ​មាត់​សៅហ្មង ច្រាន​របស់​របរ​លើ​តុ​ជ្រុះ​ប្រាវ​ទៅលើ​ព្រំ​។​
​«​ឈប់​ធ្វើ​ចរិត​ដូច​ពួក​អ្នកលេង​ទៅ​​ដាមិកា​​!»​
​គេ​ថា​ឱ្យ​​នាង​ទាំង​កំហឹង​បញ្ចេញ​មក​ព្រម​គ្នា។

ជា​លើក​ដំបូង ដែល​នាង​ឃើញ​គេ​ខឹង​ហើយ​គំហក​ដាក់​នាង ក៏​ជា​លើក​ដំបូង​នៃ​ជីវិត​អគ្គ​នាយិកា​ដែល​មាន​មនុស្ស​មក​ស្រែក​ព្រមាន​នៅ​ចំ​ពីមុខ​តុ​ធ្វើការ។
​នាង​ឈឺចិត្ត​ ហើយ​និយាយ​ទាំង​អួល​ណែន៖
​«​ខ្ញុំ​ឃើញ​បង​ត្រឡប់​មក​វិញ ទោះបី​យ៉ាង​ណា​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​បង​ម្នាក់​គ្រាន់​ជា​…»
​«​យើង​មិនដែល​ទុកចិត្ត​បង​ទេ ​កុំ​មក​កុហក​!»​
​គេ​គំហក​កាត់​នាង​ ធ្វើ​ឱ្យ​​ដាមិកា​​នៅ​ទ្រឹង​បើកភ្នែក​ធំ​ៗ​នឹង​ប្រតិកម្ម​កម្រ​​​របស់​គេ​។​

សំឡេង​ប្រធាន​និស្សិត​លាន់​មក​បន្ថែម ​ជ្រែក​កាត់​សន្ធឹក​បេះ​ដូង​នាង​ដែល​កំពុង​លោត​ញាប់៖
​«​ថ្ងៃ​នោះ​នៅ​ Apartment បង​ពិសិដ្ឋ​យើង​ឱប​​​បង​ពី​ក្រោយ ស្មានថា​បង​មិន​ដឹង​ដែល​ដៃ​យើង​តាម​ពិត​រាវ​រក​កាមេរ៉ា​ឬ​​ប្រដាប់​ស្រូប​សំឡេង​ដែល​មាន​លើ​ខ្លួន​បង​!​ យើង​រស់​វក់វី​ក្នុង​ភាព​ទុច្ចរិត​ពេក​ហើយ​​ដាមិកា​​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​ឡើង​វិញ​!»​
​នាង​នៅ​ស្រឡាំងកាំង​ព្រោះ​មិន​ដែល​នឹក​ស្មាន​ថា សូម្បីតែ​នាង​ទៅ​បន្លំ​ឱប​​គេ រាវ​រកមើល​ក្រែង​មាន​បង្កប់​ម៉ាស៊ីន​សំឡេង​ឬ​អ្វី​លើ​ខ្លួន​ក៏​គេ​អាច​ស្មាន​ដឹង​? តើ​គេ​គ្រាន់តែ​ជា​និស្សិត​ឱប​​សៀវភៅ​ម្នាក់​ពិត​មែន ឬ​​មួយ​បងប្រុស​ធំ​បាន​បណ្ដុះ​គេ​យ៉ាង​ថ្នឹក​ទៅ​ហើយ​?​

ជាមួយ​ការ​ខក​បំណង​ នារី​រូប​ស្អាត​បង្កើត​ពាក្យ​និយាយ​តប​វិញ​មួយៗ​ច្បាស់​ៗ​មិន​ចុះ​ញ៉ម​៖​
​«​ព្រោះ​បង​វិច្ឆិកា​ជា​មនុស្ស​ដែល​បង​ធំ​បញ្ជូន​មក​!»​
​វិច្ឆិកា​គ្រវីក្បាល​ដាក់​នាង​ ជាមួយ​វាចា​តប​៖​
​«​បង​ប្អូន​ឯង ចាំបាច់​បែងចែក​មនុស្ស​អ្នកណា​បញ្ជូន​មក រស់​ក្នុង​ល្បិច​កល​អស់​នេះ​ចេះ​ហត់​ដែរ​អត់​ដាមិកា​​? នាង​គិត​យ៉ាងម៉េច ​ដែល​បង​ប្អូន​គ្នា​និយាយ​ត្រង់​មិន​បាន​ ហើយ​នាំ​អ្នក​ក្រៅ​ឱ្យ​​មក​បោក​កុហក​អ្នកផ្ទះ​?»​
​នាង​ដឹង​ថា​គេ​សំដៅ​លើ​និពន្ធ​នាយក​​ខៀវ សូត្រា។
​ស្រី​ស្អាត​ដក​ដង្ហើម​ដង្ហក់​ពិបាក​ចិត្ត ​មុន​ពេល​សួរ​​នាយ​វិញ​៖​
​«​រឿង​​​ខៀវ សូត្រា​ បង​និយាយ​ប្រាប់​បង​ធំ​ហើយ​ឬ​​នៅ បង​រាយការណ៍​អស់​ហើយ​មែន​អត់​?»​
​វិច្ឆិកា​ក្រោក​ចេញ វឹង​ទាំង​មុខ​ស្មើ។

នាយ​គ្មាន​កម្លាំង​នៅ​ឈរ​ចំ​ពាក់​កណ្ដាល​នៃ​គ្រួសារ​មួយ ​ដែល​មិន​មាន​ភាព​សុខដុម ​ថែម​ទាំង​គ្មាន​ភាព​ស្មោះ​ត្រង់​ចំ​ពោះ​គ្នា ចំណែក​ពេល​នេះ​ទៀត​នារី​ម្នាក់​នេះ​បាន​ចាត់​ទុក​ដោយ​ចំហ​ថា ​ខ្លួន​ជា​អ្នក​មាន​តួនាទី​រាយការណ៍ ទាំង​នេះ​មិន​ឱ្យ​ប្រធាន​និស្សិត​ក្ដៅ​ចិត្ត​ក្រោក​ចេញ​?​
​មិន​បាន​ប៉ុន្មាន​នាង​រត់​តាម​នាយ​ទាន់​ហើយ​ទាញ​ដៃ​ឃាត់។
​នាង​ដឹង​ថា​វិច្ឆិកា​ខឹង ជា​ការ​ខឹង​ដ៏​កម្រ​​តែ​ក៏​ជា​ការ​បង្ហាញ​ដែរ​ថា ការ​សន្និដ្ឋាន​របស់​នាង​គឺ​មិន​ពិត​។ ​គេ​មិន​ប្រាកដ​ថា​មក​កាន់​ Red Index នេះ​ក្នុង​នាទី​ជា​អ្នករាយការណ៍​នោះ​ទេ​។​

គេ​នៅតែ​ជា​បុរស​ខ្មែរ​ដែល​មាន​គុណ​ធម៌ និង​ដែល​នាង​ធ្លាប់​ស្គាល់​ហើយ​ធ្លាប់​ស្រលាញ់​។​
​«​បើ​មិនទាន់​និយាយ​ឱ្យ​​មិកា​សុំទោស​! ​ហើយ​មិកា​សុំ​បង​វិច្ឆិកា​យោគ​យល់​ទំនាក់ទំនង​ចាស់​របស់​យើង បង​វិច្ឆិកា​កុំ​យក​រឿង​នេះ​ទៅ​ប្រាប់​បង​ធំ!»
​វិច្ឆិកា​នៅ​ស្ងៀម​មិន​និយាយ​មិន​ស្ដី តែ​គេ​នៅ​ធ្វើ​មុខ​មាំ​ទាំង​មិន​សប្បាយចិត្ត។
​«​អូន​រក​សូ​ត្រា​ព្រោះ​មាន​ហេតុផល ព្រោះ​គេ​ជា​មនុស្ស​ល្អ​ដែល​យល់​ចិត្ត​ដែល​អាច​ជួយ​មិកា​ឱ្យ​​ឆ្លង​កាត់​ដំណាក់​កាល​នេះ​បាន​!​»​
​គេ​ដៀង​ភ្នែក​គិត ​ហើយ​បែរ​មក​រក​នាង​។​

បន្ទាប់​មក​គេ​ចាំ​សម្ដី​​ខ្លួនឯង​ ដែល​ប្រាប់​ទៅ​ពេជ្រ​ដា​ណែន​ «​ខ្ញុំ​យល់ថា ​ដាមិកា​និង​​ខៀវ សូត្រា​ ប្រហែលជា​ត្រូវ​អ្វីមួយ​បង្ខំ បាន​ជា​ត្រូវ​រើស​យក​វិធី​នេះ​!»​។​
​ប្រធាន​និស្សិត​ក្រឡេក​ទៅ​​ដាមិកា​​ដែល​កំពុង​ជូត​ទឹកភ្នែក​ទាំង​គិត​ក្នុង​ចិត្ត​បន្ថែម​ថា តើ​​ដាមិកា​​មាន​ហេតុផល​អ្វី​បាន​ជា​អាច​ធ្វើ​ឱ្យ​​​​ខៀវ សូត្រា​​ដាច់​ចិត្ត​ សូម្បីតែ​កុហក​ពេជ្រ ​ដា​ណែន​ដែល​ជា​មនុស្ស​មាន​មនោសញ្ចេតនា​ល្អ​​នឹង​គ្នា​រហូត​មក​?​
​គេ​និយាយ​មួយៗ​៖​
​«​បង​គ្រាន់តែ​ដឹង​ថា​ការ​សន្លប់​នៅ​ភូមិ​នេសាទ​ជា​ឆាកល្ខោន​! ពេជ្រ ដាណែន​ ខឹង​ព្រោះ​អ្នក​ទាំងពីរ​រួមគ្នា​យក​នាង​ធ្វើជា​សាក្សី​នៃ​អំពើ​បោក​បំភ័ន្ត​ភ្នែក​! ​ចំណែក​រឿង​ទំនាស់​ផ្សេង​ទៀ​ត​រវាង​ដាមិកា​​និង​​ខៀវ សូត្រា​​ក៏​បង​យល់​ថា​ជា​ល្ខោន​បំភ័ន្ត​ភ្នែក​ តែ​បង​មិនទាន់​ដឹង​ថា​វា​ជា​អ្វី​នៅឡើយ បង​មិន​បាន​និយាយ​រឿង​នេះ​ជាមួយ​អ្នកណា​ទាំងអស់​! ​បង​ហត់​ណាស់​ដាមិកា​ បង​មិនបាន​ត្រៀម​ប្រើ​ជីវិត​ជាមួយ​ឆាកល្ខោន​បោកប្រាស់​អស់​នេះ​ទេ​! ​ហើយ​បង​យល់​ថា​វា​មិន​ចាំបាច់​ដែល​យើង​ត្រូវ​រស់​ជាមួយ​ឆាក​វេទនា​អស់​ទាំង​នេះ​! ​ធ្វើ​ឱ្យ​​ជីវិត​ងាយស្រួល​ជាង​នេះ មិន​បាន​ឬ​​យ៉ាងម៉េច​?»​
​នាង​ហាក់​មាន​ភាព​ទុកចិត្ត​ឡើង​វិញ​ ដែល​ថា​រឿង​នេះ​មិនទាន់​ខ្ចរខ្ចាយ​ហើយ​នាង​ចាប់ផ្ដើម​​
​ងក់ក្បាល​វាចា​៖​
​«​អ៊ីចឹង​វា​ដល់​ពេល ​ដែល​មិកា​ត្រូវ​ប្រាប់​ហេតុផល​ទាំងអស់​ដល់​បង​វិច្ឆិកា​ហើយ​!»​

គេ​សម្លឹងមុខ​នាង​…​ ដាមិកា​​ចាប់​ផ្ដើម​និយាយ​ដោយ​ថយ​ទៅ​អង្គុយ​លើ​កៅអី​…
​យើង​ទុក​ឱ្យ​​អាថ៌​កំបាំង​រវាង​និពន្ធ​នាយក សូ​ត្រា​និង​អគ្គ​នាយិកា​ Red Index​ ដឹង​ត្រឹម តែ​វិច្ឆិកា​ម្នាក់​ទៀត​សិន​ចុះ ងាក​មក​តាមដាន​ស្ថានភាព​អ្នកកាសែត​ស្រី​ដ៏​កម្សត់​របស់​យើង​វិញ​។​
​នៅ​ណេះ​ពេជ្រ ដាណែន ដើរ​ផង​ទន់​ជើង​ផង​ក៏​នៅតែ​មិន​ដួល ​ព្រោះ​អ្នក​យោង​ទាំង​សងខាង​មិនមែន​តែ​ម្នាក់​នោះ​ឡើយ​។​
​ដើរ​ចុះ​ឡើង​បត់​ស្ដាំ​ឆ្វេង​នៅតែ​ច្រើន​រយ​ម៉ែត្រ​ ទើប​ចូល​មក​ដល់​ទី​មួយ​ដែល​មាន​ក្លិន​ក្រអូប​ដោយ​ប្រេង​ដុត​។​
​វា​មាន​សភាព​ដូចជា​បន្ទប់​ម៉ាស្សា​ដែល​គេ​និយម​ប្រើ​ក្លិន​ជំនួយ ប៉ុន្តែ​ដាណែន​បែរជា​យល់​ថា​នេះ​ទំនង​ជា​បន្ទប់​​មិន​សូវ​បើក​ចំហ​ត្រូវ​ពន្លឺ​ថ្ងៃ​ បាន​ជា​ម្ចាស់​កន្លែង​ត្រូវ​ប្រើ​ក្លិន​ជំនួយ។

ទី​បំផុត​គេ​ឱ្យ​​នាង​ឈប់​។​
​គ្មាន​សំឡេង​ឆ្លើយឆ្លង​គ្នា​ឱ្យ​​នាង​អាច​ស្ដាប់​​​​ឮ​​ទេ​ ប៉ុន្តែ​នាង​អាច​សំងំ​ផ្ចង់​ឮ​ស្នូរ​ដង្ហើម​មនុស្ស​ច្រើន​លើស​ពី​ពីរ​នាក់​នៅ​ជុំ​វិញ​ខ្លួន។
​«​បន្ទប់​នេះ​មិន​ធំ​ប៉ុន្មាន​ទេ​!​ ហើយ​បើ​តាម​ក្លិន​ប្រេង​ដែល​គេ​ដុត​បង្ហុយ ទំនង​ជា​មនុស្ស​ស្រី​!»​
​នាង​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង ​ស្រប​ពេល​អ្នក​ណា​ម្នាក់​រុញ​នាង​ឱ្យ​ទៅ​អង្គុយ​ទើរ​លើ​កៅអី​ទន់​ល្មើយ​។​
​«​ប្រភេទ​សាឡុង​មាន​តម្លៃ​!»​
​នាង​គិត​ទៀត​។​

«​មិន​បាច់​ភ័យ​ទេ​!»​
​សំឡេង​មួយ​ដែល​នាង​ទើប​តែ​បាន​ឮ​ ក្នុង​រយៈពេល​ថប់​បារម្ភ​ដ៏​វែង​មក​នេះ​។​
​វា​ជា​សំឡេង​មនុស្ស​ស្រី ​ប៉ុន្តែ​ដាច់​ខាត​មិន​មែន​ «​​ដាមិកា»។
​«​មនុស្ស​ស្រី​ចំណាស់​នេះ​ជា​អ្នក​ណា គេ​អាច​ជា​លេខា​លីនរ៉ាណា​ទេ​?​ អត់​ទេ​!​ ស្ត្រី​នោះ​កំពុង​ជាប់​ទោស គាត់​ធ្វើ​ម៉េច​អាច​ធ្វើ​រឿង​អស់​ទាំង​នេះ​បាន?»
​នាង​គិត​យ៉ាង​រហ័សរហួន ​តែ​ញាណ​មួយ​​​ទៀ​ត​ប្រុង​ស្ដាប់​​សកម្មភាព​ជុំ​វិញ​ខ្លួន​ មិន​ហ៊ាន​ឱ្យ​​ប្រហែស​ឡើយ​។

ភ្លាម​នោះ​ភ្នែក​នាង​ត្រូវ​ស្រាលស្ងើក ​ព្រោះ​ការ​របូត​ទៅ​នៃ​ចំណង។
​ពួកគេ​មាន​ចេតនា​ស្រាយ​នាង នាង​ដឹង​។​
​ប៉ុន្តែ​ភ្លាមៗ​នាង​នៅតែ​ស្រវាំង​ងងឹត​ខៀវ​ស្រអាប់​មើល​អ្វី​មិន​ឃើញ ​បាន​ជា​អ្នក​កាសែត​ខំ​បិទ​ភ្នែក សំងំ​ឱ្យ​​កែវភ្នែក​បាន​សម្រាក ​និង​អាច​វិល​មក​ធ្វើការ​ប្រក្រតី​វិញ​បាន។
​ទន្ទឹម​នឹង​នោះ​ស្កុត​ស្អិត​នៅ​មាត់​នាង​ត្រូវ​ទាញ​របើក​។​
​ស្រី​ស្អាត​នឹកគិត​មួយ​ប៉ប្រិច​ភ្នែក​៖​
​«​គេ​មិន​មាន​បំណង​សម្លាប់​យើង​ទេ​!​ ព្រោះ​ការ​ធ្វើ​ឃាត​មិនបាច់​ឱ្យ​​អង្គុយ​លើ​សាឡុង​មាន​ផាសុកភាព​យ៉ាង​នេះ ហើយ​ស្រាយ​ភ្នែក​ស្រាយ​មាត់​?»​

នាង​បើកភ្នែក​មក​វិញ​ប្រឹម​ៗ​ សម្លឹង​មនុស្ស​ម្នាក់​អង្គុយ​ចំ​ពី​មុខ។
​គាត់​ពិត​ជា​មនុស្ស​ស្រី​ដែល​មាន​ស្នាម​ញញឹម​ស្រស់​និង​កែវភ្នែក​ស្រ​ទុំ​ស៊ី​ជម្រៅ។
​បើ​តាម​ដា​ណែន​វាយតម្លៃ នារី​ចំណាស់​នេះ​មាន​វ័យ​មិន​លើស​ពី​៤០​ឆ្នាំ​នោះ​ទេ ព្រោះ​ប្រអប់ដៃ​និង​គល់​ក​គាត់​នៅ​ណែន​រលោង​ដូច​ស្រី​ពេញ​វ័យ​គ្មាន​​ស្នាម​ជ្រីវជ្រួញ ទាស់​តែ​កែវភ្នែក​និង​ទឹកមុខ​គាត់​ជា​មនុស្ស​ចាស់​ទុំ​ គិត​អ្វី​ជ្រៅ​សែន​ជ្រៅ ពិសេស​របៀប​តែងខ្លួន​របស់​គាត់​គឺ​ជា​អ្នក​ខ្ពង់​ខ្ពស់​ទាំង​ម៉ូដ​សក់​និង​គ្រឿង​អលង្ការ​មានតម្លៃ​កប់​ពពក។

«​មិន​មែន​ជា​លេខា​លីនរ៉ាណា​ទេ!»
​នាង​គិត​ទាំង​រេ​ភ្នែក​សម្លឹង​នារី​នោះ​ពី​លើ​ដល់​ក្រោម​។​
​ជា​បណ្ដោះ​អាសន្ន ស្រី​អ្នកកាសែត​បាន​បំភ្លេច​ចោល​សោភ័ណ​ ដាមិកា​​។​
​«​លែង​ខ្ញុំ​ទៅ​!»​
​ដា​ណែន ថា​មួយៗ​ទៅ​រក​ស្នាម​ញញឹម​ស្ងប់​របស់​នារី​ចម្លែក​។​
​សំឡេង​ខ្លួនឯង​ដែល​លាន់​ចេញ​មក​ខ្សាវៗ​បី​ម៉ាត់ ​សុំ​ការ​ដោះ​លែង​នេះ​ ហាក់បីដូចជា​ចង់​រំលឹក​ពេជ្រ​ ដាណែន​ឱ្យ​​នឹក​ឃើញ​ពី​សុខភាព​ខ្លួន​ដែល​ទន់​ខ្សោយ​ជាង​កាល​ត្រូវ​ម៉ាឌី​​បញ្ជូន​ចូល​មក​មន្ទីរ​ពេទ្យ​ទៅ​ទៀ​ត​។​

ថា​ហើយ​កន្ទុយភ្នែក​នាង​ដៀង​រក​មើល​ពួក​មនុស្ស​ពេញកម្លាំង​ ដែល​បាន​ចាប់​បង្ខំ​​បញ្ជូន​ខ្លួន​មក ប៉ុន្តែ​ហាក់​មិន​ឃើញ​មាន​អ្នក​ណា​ទាំង​អស់​នៅ​ទី​នេះ ក្រៅពី​នាង​និង​ស្ត្រី​ចម្លែក មិន​ដឹង​ជា​អ្នក​ផ្សេង​គេច​ចេញ​ទៅ​តាំងពី​ពេល​ណា​មិន​ដឹង គ្មាន​សូរ​សព្ទ​គឺ​ធ្វើ​សកម្មភាព​ស្រាល​ដូច​ខ្យល់​បក់។
​«​ខ្ញុំ​និង​មីង​មិន​ដែល​ជួប​គ្នា​ទេ!»
​នាង​និយាយ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ ហើយ​ផ្ដោត​អារម្មណ៍​តាមដាន​ភាព​ប្រែប្រួល​លើ​ទឹក​មុខ​ស្ត្រី​នេះ។
​«​ត្រូវ​ហើយ​នាង​មិន​ដែល​ឃើញ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ស្គាល់​នាង​ហើយ​អាន​គ្រប់​យ៉ាង​ដែល​នាង​បាន​សរសេរ​»​
​សម្ដី​​គាត់​ក៏​ដូច​ជា​ពាក្យ​ «​នាង​» ​ដែល​គាត់​ហៅ ហាក់​បី​ដូច​ជា​ទម្លាប់​និយាយ​ស្ដី​នៃ​មនុស្ស​រស់នៅ​ស្រុក​ក្រៅ ពិសេស​អាណិក​ជន​ខ្មែរ​នៅ​ប្រទេស​បារាំង ​ដែល​ដា​ណែន​មាន​កំណើត​នៅ​ទី​នោះ​។​

អ្នក​កាសែត​ស្រី​រិះ​គិត​បណ្ដើរ ភ្នែក​នាង​ស្វែង​រក​គ្រប់​ចំណុច​លើ​រាងកាយ​ស្ត្រី​នេះ ​ក្រែងលោ​មាន​តម្រុយ​ផ្សេង​ដើម្បី​ងាយស្រួល​កំណត់​ប្រភព​និង​បុគ្គល​ភាព​របស់​គាត់​។​
​នាង​និយាយ​បន្ថែម ​ដើម្បី​បន្លាយពេល​ឱ្យ​​ខ្លួនឯង​៖​
​«​មីង​ដឹង​ទេ របៀប​ដែល​មីង​ចាប់​បង្ខំ​ខ្ញុំ​មក គឺ​វា​ខុសច្បាប់​នៅ​ស្រុក​ខ្មែរ​!»​
​ស្ត្រី​ស្រាប់តែ​សើច​ខឹកៗ ធ្វើ​ដា​ណែន​កាន់តែ​ខឹង​។​
​នាង​រើ​ដៃ​ដែល​ជាប់​ចំណង​ទៅ​ក្រោយ​មិន​អាច​ដោះ​បាន ហើយ​បង្ហាញ​ភាព​សៅហ្មង​ឱ្យ​​ស្ត្រី​នេះ​ឃើញ​ដោយ​មិន​លាក់លៀម​។​
​ឃើញ​នាង​ក្ដៅ​​ចិត្ត នារី​ចម្លែក​ឈប់​សើច​ហើយ​និយាយ​បន្ទោស​តិចៗ​៖​
​«​ល្ងង់​ម្ល៉េះ​ក្មេង​ល្ងង់​!​ នៅ​ស្រុក​ណា​ក៏​វា​ខុសច្បាប់​ដែរ ​ឱ្យ​​តែ​ចង​មនុស្ស​!»​

ជ្រួញ​ចិញ្ចើម​ដោយ​ក្ដី​ឈឺ​ចិត្ត​៖​
​«​ដឹង​ហើយ​មីង​​ធ្វើ​អី​? ​មីង​ដឹង​ដែរ​ខ្ញុំ​នៅ​ក្នុង​ពេទ្យ​សុខភាព​ខ្ញុំ​កំពុង​យ៉ាប់​!»​
​«​ខ្ញុំ​មាន​ហេតុផល​ចាំបាច់​របស់​ខ្ញុំ​! ខ្ញុំ​មិន​ចង់​ឱ្យ​​នាង​រក​ខ្ញុំ​ឃើញ​នៅ​ពេល​ក្រោយ​!»​
​ទោះ​យ៉ាង​ណា​និយាយ​គ្នា​ដល់​ត្រង់​ណេះ ដា​ណែន​ដឹង​ថា​ស្ត្រី​នេះ​នឹង​ដោះលែង​នាង​ចេញទៅ​វិញ​ក្រោយ​ពេល​វត្ថុ​បំណង​គាត់​បានសម្រេច​ រីឯ​ការ​ចាប់​ចង​បិទមុខ​នេះ ព្រោះ​គេ​មាន​ចេតនា មិន​ឱ្យ​​នាង​ចំណាំ​ផ្លូវ​បាន​តែ​ប៉ុណ្ណោះ​?​
​ប៉ុន្តែ​សម័យ​នេះ​ទៅ​ហើយ មាន​ករណី​គួរ​ឱ្យ​​ហួសចិត្ត​បែប​នេះ​ទៅ​រួច​ដែរ​?​

ដែល​រឹតតែ​សំខាន់​ទៀត​នោះ​គឺ​នៅ​ត្រង់​ថា ​«​គេ​ចង់​ឱ្យ​​យើង​ធ្វើ​អី​ឱ្យ​គេ​?»​ នាង​គិត​។​
​«​មីង​ជា​អ្នកណា​?»​
​ដា​ណែន​ពោល​សួរ​ភ្លាមៗ​។​
​«​នាង​មិនបាច់​ដឹង​ទេ​!»​
​គាត់​តបត​មក​វិញ​ភ្លាមៗ​ដូចគ្នា​។​
​«​ចុះ​មីង​ឱ្យ​គេ​នាំ​ខ្ញុំ​មក​ធ្វើ​អី​??»​
​«​នាង​ជា​អ្នកកាសែត អ្វី​ដែល​នាង​អាច​ធ្វើ​បាន​គឺ​សរសេរ​!»​
​ដា​ណែន​ភ្ញាក់ខ្លួន​ព្រើត​។​
​នារី​ចំណាស់​មុន​នេះ​បាន​ប្រាប់​ហើយ​ថា ​«​ខ្ញុំ​ស្គាល់​នាង ហើយ​អាន​គ្រប់​យ៉ាង​ដែល​នាង​បាន​សរសេរ»។​

តើ​អត្ថបទ​បែប​ណា​ទៅ ដែល​គាត់​កំពុង​ចង់​បាន បាន​ជា​គាត់​ចាំ​បាច់​ត្រូវ​ប្រើ​វិធី​លំបាក​បែបនេះ​ក្នុង​ការ​នាំ​នាង​មក​?​ វា​ប្រាកដជា​មិន​ងាយ​ស្រួល​ហើយ បើ​មិន​ដូច្នោះ​ តើ​គេ​ចាំបាច់​អី​ក្នុង​ការ​ប្រើ​វិធី​បង្ខំ​?​
​ទោះ​បី​យ៉ាង​ណា​នាង​នៅ​តែ​ប្រើ​ពាក្យ​តវ៉ា៖
​«​ខ្ញុំ​មិន​សរសេរ​តាម​អ្នកណា​បង្គាប់​ទេ​!»​
​ស្ត្រី​សើច​ខឹកៗ ធ្វើ​ឱ្យ​​នាង​ឡិងឡង់​និង​អាការៈ​របស់​គាត់​។​
​ពេជ្រ​ ដា​ណែន​ទៀងត្រង់ ​ប៉ុន្តែ​ក៏​ពុំ​មែនមាន​ន័យ​ថា​នាង​ល្ងង់​នោះ​ដែរ នាង​ចាប់​ផ្ដើម​​និយាយ​កែ​សម្ដី​​៖​
​«​បើ​មីង​ចង់​បង្គាប់​ឱ្យ​​ខ្ញុំ​សរសេរ ចាំបាច់​អី​ឱ្យ​​ហត់​នាំ​ខ្ញុំ​​មក មីង​សរសេរ​ហើយ​ចំណាយ​លុយ​ឱ្យ​​កាសែត​ផ្សេង​គេ​ផ្សាយ​ទៅ​?»​
​«​និយាយ​ម្ដង​ណេះ​បាន​ត្រូវ​! អ្នកណា​ថា​ខ្ញុំ​ចង់​ឱ្យ​​នាង​សរសេរ​តាម​ខ្ញុំ​? ​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​​នាង​ដឹង​រឿង​ពិត​ខ្លះ ដើម្បី​មាន​ប្រភព​យ​ក​ទៅ​សរសេរ​!»​

នាង​តប​សួរ​វិញ​ភ្លែត​៖​
​«​ប្រធានបទ​រឿង​អ្វី​? ហើយ​ចុះ​វិធី​អ្នក​ផ្ដល់​ព័ត៌មាន​អី​ក៏​ចម្លែក​ម្ល៉េះ​?!»​
​«​ព្រោះ​ខ្ញុំ​ក៏​ចង់​លាក់​ទីកន្លែង លាក់​សុវត្ថិភាព​ខ្លួនឯង​ដែរ​ដូចគ្នា​ក្មេង​ច្រមក់​!»​
​នារី​នោះ​និយាយ​ធម្មតា តែ​ពេជ្រ ដាណែន​​បែកញើស​ជោក​រាងកាយ។
​តាម​បទ​ពិសោធន៍ ពេជ្រ ​ណែន​ដឹង​ថា​ អ្វី​ដែល​មនុស្ស​ស្រី​នេះ​ចង់​ឱ្យ​​នាង​ធ្វើ ​ប្រាកដជា​រឿងរ៉ាវ​ដែល​មាន​បញ្ហា​ច្រើន។

នាង​ប្រញាប់​បដិសេធ​៖​
​«​ក្នុង​ការ​សរសេរ​កាសែត ប្រភព​ដែល​អាថ៌កំបាំង ភាគ​ច្រើន​មិន​អាច​យកជាការ​បានទេ​!»​
​«​តែ​នាង​ក៏​អាច​ទុកជា​ប្រទីប​ឆ្ពោះ​ទៅ​រក​ការ​ពិត​ដែរ​មិន​អ៊ីចឹង​​?»​
​គាត់​ឆ្លើយ​មក​វិញ​ធូរ​ល្ហុយ ដូចជា​បាន​ត្រៀម​មុន​ជាស្រេច​ហើយ​ថា ​នាង​នឹង​បដិសេធ​ដោយ​វិធី​នេះ​។​
​ប៉ុន្តែ​ពេជ្រ ​ដា​ណែន​នៅតែ​មិន​ខ្វះ​ពាក្យ​ជជែក​តវ៉ា​។ ​នាង​និយាយ​បន្ត​ទៅ​វិញ​ ហាក់បីដូចជា​មិន​ខ្វល់​អ្វី​ពី​ដៃ​ដែល​កំពុង​ជាប់​ចំណង​៖​
​«​ប៉ុន្តែ​ជួនកាល​រឿង​ខ្លះ​ទាក់ទង​នឹង​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​អ្នកដទៃ​ពេក ហើយ​មិន​មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​សាធារណៈ​ជន ខ្ញុំ​ក៏​អត់​សរសេរ​!»​

«​ចុះបើ​រឿង​របស់ ​Red Index»​
​នារី​អ្នក​កាសែត​នៅ​ស្ងៀម​។​
​មិនមែន​ឈ្មោះ​ក្រុមហ៊ុន​នេះ​បន្លាច​នាង ​ប៉ុន្តែ​នាង​ព្យាយាម​ចំណាំ​សកម្មភាព​របស់​ស្ត្រី​អាថ៌​កំបាំង​។​ចំណែក​ស្ត្រី​នេះ​នៅ​តែ​និយាយ​បន្ត​ដោយ​ខ្វល់ខ្វាយ​៖​
«​ខ្ញុំ​ដឹង​ថា មាន​រឿង​ច្រើន​ណាស់​នៃ​គ្រួសារ​នេះ ដែល​អ្នកកាសែត​ដូច​នាង​ចង់​ដឹង​បំផុត ប៉ុន្តែ​គ្មាន​ថ្ងៃ​អាច​ដឹង​បានទេ​!»​
​ដា​ណែន​នៅ​បង្អង់​ស្ងៀម​សញ្ជឹង​គិត បើ​ស្ត្រី​នេះ​ពិត​ជា​មនុស្ស​​ដាមិកា​​បញ្ជូន​មក តើ​គេ​ធ្វើ​នេះ​ដើម្បី​អ្វី​ ហើយ​អ្វី​ខ្លះ​ទៅ​ដែល​គេ​ចង់​ឱ្យ​​នាង​ដឹង​?​
​«​ចាប់​អារម្មណ៍​ណាស់​!»​
​នាង​និយាយ​មួយៗ ​ដោយ​សម្លឹង​តប​តទល់​ទៅ​នឹង​កែវភ្នែក​ភ្លឺ​​​មុត​របស់​គាត់​។​
​«​មីង​បាន​ផល​អី​ពី​ការ​និយាយ​ប្រាប់​ខ្ញុំ​?»
​នាង​បន្ត​ឃ្លា​នេះ​ភ្លាម​ ព្រោះ​ចាប់អារម្មណ៍​នឹង​ជំនឿ​ចិត្ត​មុតមាំ​លើ​ផ្ទៃ​មុខ​គូសន្ទនា​។​

ស្រាប់តែ​ចម្លើយ​របស់​គាត់​គឺ​ធូរ​ល្ហុយ​៖​
​«​ម៉េច​ក៏​បាន​! ​គិត​ម៉េច​ស្រេច​ចិត្ត​!»​
​«​ចុះ​ហេតុ​អី​មីង​ជ្រើសរើស​ខ្ញុំ​?»​
​នាង​សួរ​យ៉ាង​រហ័ស​ទាន់​ចិត្ត​ឆ្ងល់ ឯ​គាត់​ក៏​តប​វិញ​មិន​ឱ្យ​​យូរ​ការណ៍​ដែរ​៖​
​«​ព្រោះ​នាង​មិន​ត្រូវ​ជាមួយ​​ដាមិកា​​! ហើយ​នាង​មិន​ចង់​ឃើញ​​​ខៀវ សូត្រា​​នៅ​ជិត​ក្មេង​ស្រី​កំណាច​នោះ!»​
​ដល់​ពេល​ដែល​ដា​ណែន​មាន​តម្រុយ​ស្រាប់​ពិចារណា​ គិត​ពី​បុគ្គល​ភាព​ស្ត្រី​នេះ​ហើយ​។​ ដោយ​ផ្អែក​លើ​ហេតុ​ផល​ថា ​គាត់​ហាក់​ដូចជា​ដឹង​រឿង​នាង​ទាំង​អស់ ហើយ​ថែមទាំង​មើល​ទៅ​ចង់​ប្រើប្រាស់​នាង ដូច​គាត់​នេះ​ខ្លួនឯង មាន​គំនុំ​និង​ដាមិកា​​ឬ​ខៀវ សូត្រា​ ចំណែក​ដែល​សំ​ខាន់​ តើ​គាត់​ជា​អ្នក​ណា​ឱ្យ​​ប្រាកដ ​ដែល​ហ៊ាន​អះ​អាង​ថា​ខ្លួន​ដឹង​រឿង​ច្រើន​ទៀត​នៅ​ Red Index​ ដែល​អ្នក​ផ្សេង​ពិបាក​នឹង​ដឹង​?​
​«​ខ្ញុំ​ស្ដាប់​​អត់​ខាត​អី​ទាំងអស់​! ​ប៉ុន្តែ​មីង​ដឹង​ហើយ​ថា​ ប្រសិនបើ​ទោះ​ខ្ញុំ​សរសេរ​វា​ចេញ​មក​ហើយ​​​ខៀវ សូត្រា​​មិន​ព្រម​ផ្សាយ តើ​បាន​ប្រយោជន៍​ទេ​? គេ​ទេ​ដែល​ជា​និពន្ធ​នាយក​!»​

ស្ត្រី​ចំណាស់​សើច​កក្អឹក មុន​ពេល​ឆ្លើយ​៖​
​«​ចង់​ក្លាយ​ជា​និពន្ធ​នាយក​ទេ​អ្ហី​? អត់​មានអី​ពិបាក​សោះ​!​ ខ្ញុំ​ថែម​ទាំង​មាន​វិធី​ឱ្យ​​នាង​អាច​សងសឹក​អា​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ផង​ ពេជ្រ​ ដាណែន​!»​
​នាង​ស្រងូត​ ព្រោះ​មិន​នឹក​ស្មាន​ថា​ ការ​ខកចិត្ត​របស់​ចំពោះ​បុរស​ម្នាក់​ ដែល​នាង​បាន​ស្រលាញ់ ទី​បំផុត​ស្រាប់តែ​មាន​មនុស្ស​ដឹង​ឮ​​ច្រើន​ច្រើន​គ្នា​ម្ល៉េះ​?​
​ដា​ណែន​វាចា​មួយៗ​៖​
​«​​​ខៀវ សូត្រា​ គេ​ប្រហែលជា​បាន​ធ្វើ​ខុស​នឹង​ខ្ញុំ​ខ្លះ តែ​ស្នេហា​របស់​ខ្ញុំ​ចំពោះ​គេ​ជា​រឿង​ស្ម័គ្រ​ចិត្ត ម្នាក់​ឯង​! ខ្ញុំ​ខ្ជិល​ណាស់​រឿង​ចងពៀរ​គ្នា!»

ភាគ​ទី​៣២​

​«​ខៀវ សូត្រា​ គេ​ប្រហែល​ជា​បាន​ធ្វើ​ខុស​នឹង​ខ្ញុំ​ខ្លះ​ តែ​ស្នេហា​របស់​ខ្ញុំ​ចំ​ពោះ​គេ​ជា​រឿង​ស្ម័គ្រ​ចិត្ត ម្នាក់​ឯង​! ខ្ញុំ​ខ្ជិល​​ណាស់​រឿង​ចង​ពៀរ​គ្នា​!»​
​ស្ដាប់​​ចប់​កាល​ណា ស្ត្រី​នោះ​គំហក​ថា​ឱ្យ​​នាង​វិញ​​មួយ​រំពេច៖
​«​មាន​មនុស្ស​ស្រី​ទន់​​ខ្សោយ​ធុន​នាង​ច្រើន បាន​ជា​មនុស្ស​ប្រុស​ក្នុង​លោក​នេះ​បាន​ចិត្ត​ ហើយ​វា​នាំ ធ្វើ​បាប​ស្រីៗ​!​ សម្រាប់​យើង​នេះ​វិញ បំណុល​​គឺ​បំណុល យើង​មិន​ចេះ​ទន់​ចិត្ត​ទេ​!»​
​ស្ត្រី​ចម្លែក​នៅ​មិន​នៅ​បញ្ចេញ​កំហឹង​មក​មិន​ទំនង ធ្វើ​ឱ្យ​​ដា​ណែន​លួច​ពិចារណា​ពី​សម្ដី​​ដែល​ហាក់​បី ដូច​ជា​មាន​អត្ថ​ន័យ​ចង​គំនុំ​ ហើយ​ប្រហែល​ជា​គំនុំ​ស្នេហា​ទៀ​ត​ផង​។​

បើ​គិត​ពី Red Index វា​មាន​តែ​មនុស្ស​ពីរ​នាក់​ទេ​ ដែល​អាច​ជា​គោលដៅ ​ហើយ​សម​នឹង​វ័យ​អ្នក​ស្រី​នោះ តើ​ម្នាក់​ដែល​ធ្វើ​ឱ្យ​​​​​ស្ត្រី​នេះ​ក្រោធ​ខឹង​ចង​គំនុំ មក​បង្ក​រឿង​អាថ៌​កំបាំង​ក្នុង​ជ្រុង​ងងឹត​ច្រើនយ៉ាង​នេះ គឺ​អ្នក​ប្រុស​ធំ​ សោភណ័ ពិសិដ្ឋ ឬ​​មួយ​ក៏​ឧកញ៉ា​សោភ័ណ​ខ្លួនឯង​?​
​ចុះ​ម៉េច​គេ​ស្គាល់​យើង​?​ ហើយ​គេ​តាមដាន​រឿង​យើង​និង​ខៀវ សូត្រា​​ដឹង​?​
​ទោះ​យ៉ាង​ណា​ក៏​ដោយ ចុង​ក្រោយ​ដា​ណែន​នៅ​តែ​សម្រេច​ចិត្ត​ថា​ធ្វើ​តាម​ស្ត្រី​នេះ​បណ្ដោះអាសន្ន ដើម្បី​ចង់​ដឹង​ការ​ពិត​នៅ​ពីក្រោយ​ល្បិច​អស់​ទាំង​នេះ។​

«​បាន​ខ្ញុំ​ធ្វើ​តាម​មីង​ទាំងអស់​!​ តែ​មីង​ត្រូវ​លែង​ដៃ​ខ្ញុំ​សិន​ ខ្ញុំ​មិន​អាច​ផ្ចង់​អារម្មណ៍​គិត​លើ​អត្ថបទ​ពេល​ដៃ​ជាប់​ចំណង​​ទេ​!»​
​នារី​អាថ៌​កំបាំង​ប្ដូរ​ទឹកមុខ​ទៅ​ជា​ស្មើ ហើយ​សម្លឹង​នាង​ពី​លើ​ចុះ​ក្រោម​មុន​ពេល​បញ្ជា​ឮ៖
​«​ស្រាយ​ចេញ​ទៅ​!»​
​ប្រុសៗ​ពីរ​បី​នាក់​ចេញ​មក​ពី​ណា​មិន​ដឹង​ មក​ស្រាយ​ឱ្យ​​នាង​លឿន​ដូច​គេ​ជប់ ​ធ្វើ​ឱ្យ​​ស្រី​ស្រស់​យើង​ដឹង​ថា​ បរិវេណ​នេះ​សុទ្ធសឹងតែ​មាន​បង្កប់​កង​ការពារ នាង​រឹង​ទទឹង​ចំពោះ​មនុស្ស​ស្រី​ដែល​មើល​ទៅ​ហាក់​វិកល​ចិត្ត​ម្នាក់​នេះ ទោះជា​នាង​មាន​ស្លាប​ក៏​ប្រហែលជា​ពិបាក​នឹង​ចេញ​ដែរ។

បាន​រួច​ពី​ចំណង​ទើប​អ្នកកាសែត​ដឹង​ថា​ខ្លួន​ស្រយង់​ដៃ​។ ​នាង​លើក​ហត្ថ​ទាំង​ទ្វេ​មក​យ៉ាង​លំបាក​ហើយ​ច្របាច់​ឱ្យ​​គ្នា​ទៅ​វិញ​​ទៅ​មក​ ទាំង​ស្ដាំ​​និង​ឆ្វេង​សម្រាល​ការ​ចុក​ស្ពឹក​។​
​«​ខ្ញុំ​ត្រូវ​ការ​កុំព្យូទ័រ​!»​
​នាង​និយាយ​បន្ថែម​។​
​«​បាន​!»​
​ដូចជា​អ្វីៗ​ត្រូវ​បាន​រៀបចំ​ស្រេចបាច់​ហើយ មាន​អ្នក​លើក​កុំព្យូទ័រ​និង​ទឹក​ប៉ុន្មាន​ដប​មក​ដល់​ភ្លាមៗ​ដំណាល​គ្នា​នោះ​។

​នៅ​ពេល​ដែល​ស្រី​អ្នក​កាសែត​ប្រើ​ម្រាមដៃ​យ៉ាង​ស្ទាត់​ជំនាញ​របស់​នាង ​ចុច​លើ​ Key​ ដា​ណែន​ដឹង​ថា​ស្ត្រី​ម្ចាស់​កន្លែង​នេះ ​បាន​នឹង​កំពុង​​តាម​សម្លឹង​ខ្លួន​មិន​ភ្នែក​នោះ​ទេ​។​
​ស្ថានភាព​ទី​នេះ ​ធ្វើ​ឱ្យ​​ដា​ណែន​ដឹង​ថា​ គេ​មាន​ផែនការ​ជា​យូរ​ណាស់​មក​ហើយ មិន​ថា​នាង​ជា​អ្នក​ណា នៅ​ឯណា​ជួប​បញ្ហា​អ្វី​ គេ​ប្រាកដជា​ដឹង​គ្រប់​យ៉ាង​។​
​«​ម៉ាឌី​ តើ​ដែល​ម៉ាឌី​​ចេញពី​ពេទ្យ​ទៅ​នោះ​មាន​ជួប​ពួកគេ​ទេ តើ​ពួកគេ​មាន​ធ្វើ​អី​ម៉ាឌី​​ដែល​អត់​!»​
​នាង​គិត​ហើយ​ចិត្ត​ចាប់ផ្ដើម​ស្រពោន​នឹក​ឃើញ​ដល់​កំលោះ​​ក្មេង​។​

ប៉ុន្តែ​ពេលវេលា​រឹតតែ​មិន​អាច​បង្អង់​បាន​តទៅ​ទៀត​ឡើយ​។​
ស្រី​ស្រស់​ចាប់​ផ្ដើម​និយាយ​៖​
​«​និយាយ​រឿង​ដែល​មីង​ដឹង​មក​ចុះ​! និយាយ​រឿង​ទាំងអស់​ណា ដែល​ខ្ញុំ​មិន​បាន​ដឹង​ពី​គ្រួសារ​អ្នកមាន​នោះ​!»​
​ស្ត្រី​នោះ​ស្រាប់តែ​សើច​ក្អាកក្អាយ​ដូច​មនុស្ស​ស្រវឹង​ស្រា​។​
​ដា​ណែន​លែង​ចម្លែក​ចិត្ត​ទៀត​ហើយ នាង​នៅ​ស្ងៀម​ទ្រាំ​ស្ដាប់​​គាត់​សើច​ចប់ ក៏​ឮ​​គាត់​និយាយ​បន្ត​៖​
​«​រឿង​នាង​មិន​បាន​ដឹង​មាន​ច្រើន​ណាស់​! តើ​នាង​ចង់​ដឹង​ពី​ណា​ទៅ​ណា​ ហើយ​មួយ​ណា​មុន​!»​
​ដា​ណែន​ធ្វើ​ភ្នែក​ភ្លឹះៗ ព្រោះ​មិន​នឹក​ស្មាន​ថា​តាម​ពិត​ស្ត្រី​នេះ​និយាយ​សម​ទំនង។
​គ្រួសារ​អ្នក​មាន​ដែល​បង្កប់​នូវ​អាថ៌​កំបាំង​រញ៉េរញ៉ៃ​ឥត​គណនា តើ​នាង​ពេល​ឯណា​នឹង​ស្ដាប់​​គ្រប់​តែ​សព្វ​បាន​អស់​សេចក្ដី?
​នាង​ដាក់​ចិត្ត​ដាក់​កាយ​ចង់​ដឹង​តែ​រឿង​មួយ​គត់​ក្នុង​ពេល​នេះ ហើយ​បន្ត​ចរចា៖
​«​អូ​ខេ​!​ សូម​និយាយ​រឿង​ខៀវ សូត្រា​​និង​ដាមិកា​​! ថ្ងៃ​ដំបូង​ដែល​ពួកគេ​ជួប​គ្នា​!​ ខ្ញុំ​ចង់​ដឹង​ដំណើរ​ដើម​ទង​នៃ​ល្បិច​របស់​ពួកគេ​»​

ស្ត្រី​នោះ​ឆ្លើយ​មក​វិញ​​ភ្លាម​ ហាក់បីដូចជា​មិន​មាន​កង្វល់​អ្វី​ឬ​​ដំអក់​រិះគិត​ឡើយ​៖​
​«​ថ្ងៃ​ផឹក​កាហ្វេ​នោះ​ហើយ​!​ ថ្ងៃ​ដែល​ដាមិកា​ត្រូវ​ពុល​បញ្ជូន​ទៅ​ក្រៅ​!»​
​ដា​ណែន​ហួសចិត្ត​។​
​នារី​អ្នក​សារ​ព័ត៌មាន​ផ្ដើម​និយាយ​ចំ​អក​ឱ្យ​​គាត់​៖​
​«​អ៊ីចឹង​​មីង​មិន​ដឹង​ច្រើនជាង​ខ្ញុំ​ទេ​! ពួកគេ​អាច​ស្គាល់​គ្នា​មុន​នេះ ​ព្រោះ​ឆាក​ជួប​គ្នា​នោះ​ពួកគេ​
​ពីរ​នាក់​រៀបចំឡើង​ដើម្បី​តែ​បំភ័ន្ត​ភ្នែក​ខ្ញុំ​!»​
​ស្ត្រី​មិន​ភ្ញាក់ផ្អើល​អ្វី​នឹង​ប្រតិកម្ម​របស់​ពេជ្រ ​ដាណែន​​ទាំងអស់ ​ព្រោះ​នៅ​ចំពោះ​មុខ​គាត់​ នារី​តូច​នេះ​គឺ​សមតែ​មិន​ដឹង​អ្វី​ទាល់តែ​សោះ​ ហើយ​និយាយ​អ្វី​តាម​តែ​ភ្នែក​មើល​ឃើញ​តែ​ប៉ុណ្ណោះ​​ទេ​។​
​គាត់​បន្ត​វាចា​មួយៗ​ប្រាប់​នាង​៖​
​«​មិនមែន​ទេ​! ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នោះ​មក​ ខៀវ សូត្រា​​មិន​អាច​ចោល​ដាមិកា​​បាន​!»​
​ដា​ណែន​ធ្វើ​ភ្នែក​ភ្លឹះៗ ​ព្រោះ​ជាប់​គាំង​ទៅ​នឹង​សម្ដី​​ចុងក្រោយ​នេះ​។​

ស្លាកស្នាម​ស្នេហា​ដែល​នាង​ធ្លាប់​មាន​ជាមួយ​និពន្ធ​នាយក​ស្រស់​សង្ហា​ពេល​នេះ ​របួស​ចាស់​មិនទាន់​សះ ត្រូវ​ពាក្យ​មួយ​ឃ្លា​នោះ​មក​បុក​ថែម មិន​ឱ្យ​​នាង​ស្រងល់​ដូច​ត្រូវ​មួយ​ដំបង​?​
​នាង​ជ្រប់​មុខ​សម្លឹង​កុំព្យូទ័រ​ជំនួស​​ឱ្យ​​ការ​ងើប​មក​ប្រ​ឈម​និង​គូ​​សន្ទនា​។​

សំឡេង​អ្នក​បរិយាយ​លាន់​មក​បន្ថែម​ជ្រែក​កាត់​សង្វាក់​បេះ​ដូង​នារី​កម្សត់​៖​
​«​អ្នក​នៅ​ល្ងាច​ដែល​ដាមិកា​បញ្ជូន​ម្ដាយ​​នាង​ចូល​គុក​រួច​ នាង​បាន​ទទួល​សារ​មួយ​ពី​បង​ធំ​នាង​!…​ ឱ្យ​​សម្លាប់​ខៀវ សូត្រា​​»​
​ដា​ណែន​ងើបមុខ​មក​សន្សឹម​ៗ​ជាមួយ​ទឹកមុខ​ឡិងឡង់​៖​
​«​អ្នក​ដែល​មីង​ទើបតែ​រំលឹក​មិញ​ សំដៅ​លើ​លីនរ៉ាណា​​?»​
​ស្ត្រី​ប្ដូរ​ទឹកមុខ​ពេល​ឮ​​ដា​ណែន​ហៅ​ឈ្មោះ​បី​ម៉ាត់​នេះ​។​ គាត់​នៅ​មិនទាន់​បាន​ហើប​មាត់​មក​ឆ្លើយតប​ថា​យ៉ាងណា​ផង នារី​អ្នកកាសែត​សួរ​បន្ថែម​៖​
​«​លេខា​នោះ​ជា​ម្ដាយ​​ដាមិកា​​??»​
​គាត់​នៅតែ​មិន​តបត​អ្វី ប៉ុន្តែ​ថែមទាំង​មាន​កំហឹង​ប្រិច​ៗ​ជះ​ចេញ​មក​តាម​ពន្លឺ​​​ភ្នែក​។​
​ប្រហែលជា​ស្រី​អ្នក​កាសែត​រវល់​តែ​វក់​នឹង​រំលឹក​ស្ថានភាព​ ពេល​ដែល​នាង​ឃើញ​លីនរ៉ាណា​​ត្រូវ​ Red Index ​ប្ដឹង​បញ្ចូល​គុក បាន​ជា​នាង​មិនបាន​មើល​ឃើញ​ក៏​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​អ្វី​​​នឹង​ប្រតិកម្ម​គូ​​សន្ទនា​ឡើយ​។​

«​សោភណ័ ពិសិដ្ឋ​​ចង់​ប្រើប្រាស់​ដាមិកា​​ឱ្យ​​ជាប់​ឧក្រិដ្ឋ ចំណែក​ស្រី​នោះ​កំពុង​ទ័ល​លើ​ខ្នង​ខ្លា​មិន​ដឹង​ធ្វើ​យ៉ាង​ណា លុះ​ឃើញ​និពន្ធ​នាយក​ជា​មនុស្ស​ប្រុស​ចេះ​ដឹង​នឹងនរ​ ល្មម​អាច​ប្រើប្រាស់​សម្រេចការ​ធំ​បាន ស្រី​នោះ​គិត​ដល់​អនាគត​មួយ​ផ្សេង​ដែល​មិន​សម្លាប់ ​ថែម​ទាំង​អាច​បាន​បេះ​ដូង​មក​សម្រាប់​ផែនការ​វែងឆ្ងាយ​!»​
​ដា​ណែន​រេ​ភ្នែក​គិត​ហើយ​សន្សឹម​ៗ​ នាង​ស្រមៃ​ដល់​រូបភាព​របស់​លីនរ៉ាណា​​ដែល​ត្រូវ​ចោមព័ទ្ធ​ដោយ​អ្នក​កាសែត បន្ទាប់មក​…​ «​បង​ត្រា​! ​ខ្ញុំ​ចង់​ចេញ​ទៅ អាជ្ញាធរ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​!​ គេ​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​រឿង ​Red Index! ខ្ញុំ​មាន​សំណួរ​​ច្រើន​!»​
​«​មិញ សោភ័ណ ​ដាមិកា​ខល​មក​!» «​អគ្គនាយក​ Red index?»​ ខៀវ សូត្រា​​ងក់ក្បាល​ដោយ​ថយ​ទៅ​អង្គុយ​លើ​កៅអី​បង្វិល​របស់​ខ្លួន​ និង​រុញ​ខ្លួនឯង​ចាកចោល​អេក្រង់​ទូរទស្សន៍​ទៅ​ក្បែរ​តុ​កុំព្យូទ័រ​ ហើយ​ចុច​ញាប់​ស្មេរ​។​ សម្លឹង​ម្រាម​ដៃ​នាយ នាង​ដឹង​ថា​នាយ​ចៅហ្វាយ​កំពុង​ធ្វើ​អ្វី​បាត់​ទៅ​ហើយ «​អាយុ​២៦​ឆ្នាំ​ជា​កូន​ទី​ពីរ មាន​បង​ប្រុស​ម្នាក់ និង​ប្អូនស្រី​ម្នាក់​! សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​មក​ពី​អាមេរិក រៀបការ​កាល​ពី​៧​ឆ្នាំ​មុន ស្វាមី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​បី​ឆ្នាំ​មុន មិន​ទាន់​កូន​ម្នាក់​នៅ​ឡើយ។​ អាយុ​២៣​ឆ្នាំ​វិល​មក​ជួយ​ការងារ​គ្រួសារ ២៤​ឆ្នាំ​បាន​មុខ​តំណែង​ជា​នាយក​ផ្នែក​ទំនាក់ទំនង​ក្រៅ​ប្រទេស​ អាយុ​២៥​ឆ្នាំ​​ទទួល​តំណែង​ជា​អគ្គនាយក ​Red Index យក ឈ្នះ​បង​ប្រុស​ធំ​របស់​ខ្លួន ​ដោយ​សំឡេង​ឆ្នោត​របស់​​​ក្រុមប្រឹក្សាភិបាល​!» «​រឿង​សំខាន់​មួយ​​ទៀត គេ​ស្អាត​ខ្លាំង​ណាស់​!​ តែ​បង​ត្រា​ប្រយ័ត្ន​ផង គេ​ក៏​ល្បី​ថា​ជា​មនុស្ស​ស្រី​មាន​ល្បិច​ច្រើន ហើយ​ពិសពុល​!»​

ស្ត្រី​ចម្លែក​ក្អក​តិចៗ ហាក់​មាន​ចេតនា​ទាញ​ពេជ្រ​ ដា​ណែន​ឱ្យ​​ចាកចេញ​ពី​អតីតកាល​។​ ស្ត្រី​អ្នក​កាសែត​ដែល​វិល​មក​ផ្ចង់​ក្នុង​បច្ចុប្បន្នកាល​វិញ​ ពេល​នេះ​ចាប់ផ្ដើម​មាន​សំណួរ​ជា​ច្រើន​សម្រាប់​សួរ​៖​
​«​មីង​ចង់​ប្រាប់​ថា​ កាហ្វេ​ដែល​មាន​ជាតិពុល​នោះ ដំបូង​គេ​រៀប​​ចំ​វា​ទទួល​សម្រាប់​ខៀវ សូត្រា​​មិនមែន​សម្រាប់​ដាមិកា​​?»​
​ស្ត្រី​ងក់ក្បាល​តប​ដោយ​ញញឹម​៖​
​«​ត្រឹមត្រូវ​! ប៉ុន្តែ​…​ ស្រី​តូច​នោះ​ឆ្លាត​ហួស ដែល​អាច​កែប្រែ​ស្ថានការណ៍​បាន​ល្អ​ឥត​ខ្ចោះ​វិញ​!»​
​ដា​ណែន​បង្ហាញ​ទឹក​មុខ​មិន​យល់​ស្រប​ក៏​ដូច​ជា​មិន​សប្បាយ​ចិត្ត៖
​«​ឥត​ខ្ចោះ​អី​ទៅ​?​ មីង​ចង់​ឱ្យ​​ខ្ញុំ​ជឿ​ថា​មនុស្ស​ស្រី​ឆើតឆាយ​មហិច្ឆតា​ម្នាក់ អាច​នឹង​ព្រម​ស្លាប់​ជំនួស​ខៀវ សូត្រា​​នៅ​ថ្ងៃ​ជួប​គ្នា​ដំ​បូ​ង​!»​
​ស្ត្រី​ចំណាស់​ឃើញ​ប្រតិកម្ម​ខឹង​ច្រណែន​របស់​ពេជ្រ ដាណែន​ គាត់​ហាក់​មាន​ភាព​រីករាយ​ហើយ​គាត់​សើច​។​
​ប្រការ​នេះ​មិន​បាន​ធ្វើ​ឱ្យ​​ដា​ណែន​ត្រេកអរ​ជាមួយ​នោះ​ឡើយ​។​

នាង​ពោល​សួរ​វិញ​ទាំង​មុខ​ក្រញូវ៖
​«​មីង​សើច​បាន​ការ​អី​?»​
​«​អ្នក​កាសែត​ពិត​ជា​ត្រង់​ធ្លូ​មែន​!»​
​ត្រូវ​គាត់​វាយតម្លៃ​បែប​នេះ ដា​ណែន​រឹតតែ​សៅហ្មង នាង​សួរ​បក​វិញ​ភ្លាមៗ​ដែរ​៖​
​«​មីង​ចង់​ឱ្យ​​ខ្ញុំ​វៀច​?»​
​«​មិនមែន​ទេ​! ​ប៉ុន្តែ​ពេល​ខ្លះ​ ក្រៅពី​ភាព​រហ័សរហួន ​នាង​ត្រូវ​យក​ក្បាល​មក​គិត​ខ្លះ​កូន​? ​នាង​ដឹង​ទេ​ថា ហេតុ​អី​បាន​ជា​ខៀវ សូត្រា​​ឃើញ​ដាមិកា​​ភ្លាម​ គេ​ដក​ចិត្ត​ពី​នាង​លែង​បាន​ ហើយ​ចោល​មនុស្ស​ដែល​គេ​បាន​ឃ្លាំ​ទុកជា​យូរ​មក​ហើយ​នេះ​?»​
​ដា​ណែន​អាច​ថា​កំពុង​ត្រូវ​បាន​គេ​បញ្ឆេះ ​ឱ្យ​​វិល​ទៅ​គិត​ច្របូកច្របល់​ជាមួយ​រឿង​ចាស់ ​ដែល​នាង​ធ្លាប់​តាំងចិត្ត​ថា​លះបង់​ចោល​ឈប់​គិត ពេល​នេះ​នាង​អាច​ទុក​ថា​កំពុង​​កើត​ហ្មងសៅ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​សតិបញ្ញា ការ​ពិចារណា​របស់​នា​ង​បាន​រលត់​រលាយ​ទៅ​តាម​អារម្មណ៍​ស្រាល​មួយ​ពេល​នេះ​ទេ​។​

ប្រសិនបើ​អ្វី​ដែល​នាង​កំពុង​គិត​ក្នុង​ខួរក្បាល​មាន​កាន់​តែ​ច្រើន​កាល​​ណា ពេជ្រ ដាណែន​​កាន់តែ​ស្ងាត់ស្ងៀម​វិញ។
​ពី​ការ​តមាត់​ត​ក​បញ្ចេញ​មនោរម្មណ៍​មក​ជា​ស្ងាត់ឈឹង គឺ​នារី​អ្នកកាសែត​កំពុង​គិត​ថា តើ​ស្ត្រី​នេះ​អាង​អី​ដែល​ថា​សូ​ត្រា​ធ្លាប់​ស្រលាញ់​យើង​?​ គេ​មាន​ចេតនា​ឱ្យ​​យើង​ស្ដាយ​បុរស​នោះ ​ហើយ​សង​គំនុំ​​និង​ដាមិកា​​ជា​ប្រយោជន៍​អ្វី​ម្យ៉ាង​ដល់​គេ​ទេ​ដឹង​?​

ដា​ណែន​កាន់តែ​ត្រិះរិះ ​នាង​កាន់តែ​ចង់​បាន​ផល​ប្រយោជន៍​ពី​ការ​ជជែក​នេះ នាង​ចាប់ផ្ដើម​រៀប​ពាក្យ​ឃ្លោង​ឃ្លា​សួរ​៖​
​«​មិញ មីង​ចង់​មាន​ប្រសាសន៍​ថា​ដាមិកា​ប្រើ​ល្បិច​ជាន់​លើ​សភាពការណ៍​អាក្រក់​បាន​លឿន​? អស់​សំណើច​បន្តិច​ហើយ​សម្រាប់​ខ្ញុំ​! យើង​មិនមែន​ស្រលាញ់​គ្នា​ហើយ​មិនទាន់​អី​ផង ហ៊ាន​យក​ជីវិត​មក​ដាក់​??? ទោះ​ខ្ញុំ​ល្ងង់​ក៏​ខ្ញុំ​នឹង​មិន​ធ្វើ​ដែរ​!»​
​«​តែ​ដាមិកា​ដឹង​ថា​ថ្នាំ​នោះ​បើ​លេប​តិចតួច វា​ម៉េច​នឹង​ស្លាប់​?»​
​ស្ត្រី​និយាយ​ធូរ​ល្ហុយ តែ​ល្មម​ឱ្យ​​អ្នកកាសែត​ក្មេង​គាំង​យោបល់​។​

សម្ដី​​គាត់​ពិតជា​ធ្វើ​ឱ្យ​​ដា​ណែន​នឹកឃើញ​ឡើង​វិញ​ពី​ស្ថានភាព​របស់​សូ​ត្រា​។​ «​ហើយ​បើ​ចាំបាច់​បង​នឹង​ទៅ​សាំងហ្គាពួរ​!» «​គ្រួសារ​គេ​អាច​នឹង​រករឿង​បង​!​ យក​ល្អ​បង​ត្រា​នៅ​ឆ្ងាយ​ៗ​ពី​បញ្ហា​នេះ​សិន​ទៅ!» «​បង​បារម្ភ​ណាស់​! ​ចុះបើ​គេ​ឆ្លង​មិន​ផុត​?​ ចុះ​បើ​គេ​មិន​បាន​ត្រឡប់​មក​វិញ​ស្រួលបួល​ជា​មនុស្ស?! មនុស្ស​ស្រី​ម្នាក់​នេះ​ហាក់​រង​សម្ពាធ​អ្វី​ម្យ៉ាង ហាក់​មាន​រឿង​ជាច្រើន​ដែល​គេ​ចង់​និយាយ​ឱ្យ​​បង​ជួយ តែ​បង​ដំបូង​ឡើយ​បង​ប្រយ័ត្ន​គេ​ពេក​ មិន​ព្រម​បើក​ចិត្ត​ទទួល​ស្ដាប់​ព្រម​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់​ជាមួយ​គេ​សោះ​!​ តើ​អ្នក​ណា​ទៅ​ចង់​សម្លាប់​គេ​? ​គេ​នៅ​ក្មេង​យ៉ាង​នេះ​ ហេតុអ្វី​ត្រូវ​មក​រង​រឿង​អាក្រក់​ៗ​ថ្នាក់​នេះ​?»

ដា​ណែន​លើក​ដៃ​វែក​សក់​។​នាង​មាន​ចេតនា​បំភ្លេច​រឿងហេតុ​ទាំង​អស់​នេះ​ពី​អារម្មណ៍​ ប៉ុន្តែ​ការ​ចង​ចាំ​ដែល​មុត​ជ្រៅ​កាន់តែ​ខំ​បំភ្លេច​វា​ ហាក់​ដូច​ជា​កាន់តែ​រំលឹក​មក​វិញ​​ឱ្យ​​រឹតតែ​នឹក​។​
​«​បើ​បង​ត្រា​ទៅ​! បើ​បង​ត្រា​មិន​ទុក​‌​ឯកសារ​នេះ​ឱ្យ​​ដូចដើម​! យើង​ចប់​គ្នា​!» «​បង​ស្រលាញ់​គេ​ណាស់​!» «​អ៊ីចឹង​​បង​ទៅ​ចុះ​!​ ហើយ​តទៅ យើង​កុំ​ជួប​គ្នា​ទៀត​!» «​ដា​ណែន​!​ បង​ត្រូវតែ​ជួយ​គេ​!​ ក្នុងនាម​ជា​មនុស្ស​ស្រលាញ់​គ្នា​»​
​នារី​អ្នក​កាសែត​ខាំ​មាត់​។​

នាង​ងើបមុខ​បំបាត់​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់ ​ដែល​គេ​បាន​បើក​ចំហ​ការពារ​នារី​នោះ​ ហើយ​មក​ដណ្ដើម​ឯកសារ​ចេញ​ពី​ដៃ​នាង​ជាមួយ​លេស​ប៉ុន្មាន​ម៉ាត់​គឺ​ «​សេចក្ដី​ស្រលាញ់​» ។​
​នាង​និយាយ​មួយៗ​ទាំង​វិបត្តិ​ទៅ​កាន់​ស្ត្រី​ម្នាក់ ដែល​បាន​ចាប់ចង​បង្ខំ​នាង​មក​ឱ្យ​​និយាយ​គ្នា​ជាមួយ​គាត់​៖​
​«​ចុះ​!​ មីង​នៅ​ដឹង​អ្វី​ទៀត​ទៅ​?»​
​«​ចុះ​នាង​ចង់​ដឹង​រឿង​អ្វី​ឱ្យ​​ប្រាកដ​?»​
​ដា​ណែន​ក្ដាប់​មាត់​គិត មុន​ពេល​សម្រេច​ចិត្ត​សួរ​តប​៖​
​«​ទាំង​អស់​ទាក់ទង​ពីរ​នាក់​គេ​!​ ពិសេស​… ​រឿង​ពួកគេ​ពេល​បាត់​ខ្លួន​១0​យប់​១១​ថ្ងៃ​!»​

«​ស្នេហា​ពិត​មួយ​បាន​កើត​ឡើង​!»​
​សាជាថ្មី​អ្នក​ឆ្លើយ ឆ្លើយ​ធូរ​ល្ហុយ​មិន​រវល់​ថា​ចិត្ត​អ្នក​ស្ដាប់​​ដែល​ជា​ភាគី​ចាញ់​ស្នេហ៍​ម្នាក់​នេះ ក្ដុកក្ដួល​កម្រិត​ណា​ឡើយ​។​
​ដា​ណែន​គ្រវីក្បាល​យឺត​ៗ​បញ្ចេញ​សញ្ញា​បដិសេធ​។ ​ហេតុផល​មួយ​ដែល​នាង​មិន​ព្រម​យល់ស្រប អាច​ថា ​នាង​មិនទាន់​ត្រៀម​ចិត្ត​ក្នុង​ការ​ទទួល​យក​ការពិត​ដ៏​គួរ​ឱ្យ​​ច្រណែន​ទាំង​នេះ ហើយ​មួយ​ទៀត សម្ដី​​ស្ត្រី​ចម្លែក​តែ​ម្ខាង ឱ្យ​​នាង​យល់ស្រប​ជាមួយ​ក៏​ត្រូវ​មាន​ហេតុផល​ធ្ងន់​ជាង​នេះ​ដែរ។

នៅ​ក្រោម​ក្រសែភ្នែក​ពិនិត្យពិច័យ​នៃ​ស្ត្រី​វ័យ​​កណ្ដាល​ ដែល​កំពុង​​តាមដាន​យ៉ាង​ជាប់​ពី​ប្រតិកម្ម​លើ​ផ្ទៃមុខ​នាង ដា​ណែន​តវ៉ា​៖​
​«​តែ​ដាមិកា​ក្រោយ​មក​បាន​បំបាក់​មុខ​ខៀវ សូត្រា​​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​!​ រឿង​នេះ​ខ្ញុំ​មិន​បាន​ស្ដាប់​ឮ​​អ្នក​ណា​និយាយ​បន្ត​ទេ ប៉ុន្តែ​គឺ​ប្រដាប់​ស្រូប​សំឡេង​របស់ខ្ញុំ​នៅ​ក្នុង​អាវ​គេ​!​ ខ្ញុំ​ឮ​គ្រប់​យ៉ាង​ផ្ទាល់​នឹង​ត្រចៀក​ខ្ញុំ​!​ ខៀវ សូត្រា​​អាច​ថា​ស្រលាញ់​គេ​ស្មោះ ប៉ុន្តែ​គេ​វិញ​គឺ​គុំកួន​គាត់​»​
​ស្ត្រី​គ្រវីក្បាល​បដិសេធ​អ្វី​ដែល​នាង​ព្យាយាម​បំភ្លឺ​ ហើយ​គាត់​និយាយ​ម៉ាត់​ៗ​ច្បាស់​ៗ​៖​
​«​ដាមិកា​បាន​ធ្វើ​មែន ប៉ុន្តែ​ក្នុង​ន័យ​ដដែល ​គឺ​នាង​ជួយ​កុំ​ឱ្យ​​បង​នាង​សម្លាប់​ខៀវ សូត្រា​​!»​

«​សោភ័ណ​ ពិសិដ្ឋ​ដែល​នៅ​អាមេរិក​?»​
​នាង​សួរ​បន្ទាន់​តាម​ចិត្ត​នឹក​ឃើញ​។​
​សាជាថ្មី​នាង​សង្កេតឃើញ​អ្វី​ម្យ៉ាង​ចម្លែក​បង្កប់​ក្នុង​ស្នាម​ញញឹម​ស្ត្រី​ម្នាក់​នេះ​។ ​អ្នក​កាសែត​ស្រី​នឹក​ឃើញ​ភ្លាម ទៅ​ដល់​អ្នក​ប្រុស​ធំ​របស់​ Red index​។​
​«​មីង​ជា​ភរិយា​គាត់​?​ សោភណ័ ពិសិដ្ឋ​​!»​
​ដា​ណែន​សួរ​ស្លេវ តាម​ការ​សង្ស័យ​និង​តាម​ចរិត​អ្នកកាសែត​ដែល​ឆ្ងល់​អី​សួរ​ហ្នឹង​។​ ប៉ុន្តែ​សំណួរ​​នាង​បាន​បង្ខំ​​​ឱ្យ​​ស្ត្រី​វ័យ​​កណ្ដាល​ថ្លោះ​ទឹកមុខ​។

​គាត់​ប្រែ​ទៅ​ជា​ស្រពោន មុន​ពេល​ប្ដូរ​ទឹក​មុខ​ស្មើ​ធេង​ហើយ​ឆ្លើយ​៖​
​«​ឆ្លាត​គ្រាន់បើ​! ​តែ​ទាយ​ត្រូវ​ពាក់​កណ្ដាល​ទេ​! ខ្ញុំ​គ្រាន់តែ​ធ្លាប់​ជា​ភរិយា​របស់​គាត់​!​ ហើយ​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​ជា​កូន​ប្រសា​ច្បង​ពេញ​ច្បាប់​របស់​គ្រួសារ​នេះ​»​
​«​គំនុំ​ស្នេហា​មែន​ទេ​?​ ដែល​មីង​ព្យាយាម​ចង់​ឱ្យ​​ខ្ញុំ​នេះ​ទៅ​សរសេរ​បកអាក្រាត​អតីត​ស្វាមី​?»​
​ស្ត្រី​សើច​ដោយ​ភាព​កាច​សាហាវ មុន​ពេល​ឆ្លើយ​៖​
​«​អត់​ទេ​! ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ឱ្យ​​គេ​ចូល​គុក​!»​
​ដា​ណែន​ដក​ដង្ហើម​ធូរ​ចិត្ត​វិញ​បន្តិច​​បន្តួច​។​

អ្វី​ដែល​នាង​អាច​លួង​ចិត្ត​ខ្លួនឯង​ក្នុង​ពេល​នេះ​គឺ​ថា ដោយសារ​ស្ត្រី​នេះ​បាន​សារភាព​ពី​គំនុំ​​ជ្រាលជ្រៅ​របស់​គាត់​ចំពោះ​សោភ័ណ ពិសិដ្ឋ ដូច្នេះ​មាន​ន័យ​ថា​អ្វី​ដែល​គាត់​ទើបតែ​បាន​និយាយ មិន​ប្រាកដ​ថា សុទ្ធតែ​ជា​ការ​ពិត​នោះ​ទេ​។ ​សូម្បីតែ​ករណី​របស់​ខៀវ សូត្រា​​និង​ដាមិកា​​ក្ដី​។​
​«​មីង​ដឹង​ហើយ ខ្ញុំ​មិនមែន​ជា​ប៉ូលិស​ទេ​!»​
​នាង​និយាយ​តិចៗ ​ឆ្លើយតប​ទៅ​នឹង​កែវភ្នែក​ទុក្ខ​ព្រួយ​ លាយ​ឡំ​នឹង​កំហឹង​របស់​ស្ត្រី​ម្នាក់​នៅ​ចំ​ពោះ​មុខ​នេះ​។ គាត់​ឮ​​ហើយ​ឆ្លើយតប​ហូរហែ​៖​
​«​ប៉ូលិស​អស់​នោះ​ល្ងង់​ណាស់ អ៊ីចឹង​​ហើយ​ខ្ញុំ​ត្រូវការ​នាង​ជួយ​យក​ភស្តុតាង​ឱ្យ​គេ​!»​
​ដា​ណែន​បញ្ចេញ​ភាព​ទោមនស្ស​លើ​ផ្ទៃមុខ​ហើយ​តបត​៖​
​«​ពី​ដំបូង​ខៀវ សូត្រា​​ក៏​ត្រូវ​ដាមិកា​​ប្រើ​ក្នុង​របៀប​នេះ​ដែរ​!​ បើ​ខ្ញុំ​ធ្វើ​ទៀត​ ខ្ញុំ​នឹង​បាន​លទ្ធផល​ដូច​និពន្ធ​នាយក​ខ្ញុំ​អ៊ីចឹង​​! គឺ​គេ​បោក​គាត់​ប្រើ​!»​
​ស្ត្រី​ដូរ​មក​ជា​ញញឹម គាត់​សម្លឹង​នាង​បាន​បន្តិច​ ទើប​និយាយ​បន្ត​៖​
​«​យល់​ខុស​ហើយ​! ​រឿងរ៉ាវ​រវាង​សូ​ត្រា​និង​ដាមិកា​មិន​មែន​ជា​ជំនួញ​ទេ តែ​ជា​ការ​គាំទ្រ​គ្នា​! ការ​នេះ ទោះ​ចាញ់​ឬ​​ឈ្នះ ពួកគេ​នៅតែ​ជា​សម្ព័ន្ធ​មិត្ត​!»​

ដា​ណែន​នៅ​ស្ងៀម​សញ្ជឹង​គិត​។​
​«​ក្រែង​បង​ត្រា​ថា ទៅ​កំពង់សោម​!» «​បង​ស្រាប់តែ​មាន​ការ​ចង់​ធ្វើ​ជាង បាន​ជា​ដូរ​លែង​ទៅ​!»​
​«​យប់​មិញ​ខ្ញុំ​ខ​ល​បង​ត្រា​ច្រើន​ដង អត់​ចូល​ទេ​!​ ក្រែង​ម្សិល​មិញ​ខ្ញុំ​ប្រាប់​បង​ត្រា​ថា ​នឹង​ជួប​ឆ្មាំ​គុក​សួរនាំ​រឿង​លីនរ៉ាណា​​ ប៉ុន្តែ​បង​ត្រា​ទៅ​ជួប​គេ​មុន​ក៏​មិន​ព្រម​ប្រាប់ មួយ​រយៈ​នេះ​បង​ត្រា​ធ្វើ​អី​លឹបល ធ្វើ​អី​មិន​ប្រាកដ ​ហើយ​បង​ត្រា​ដូចជា​អំពិលអំពែក​ ថា​ទៅ​នេះ​បែរជា​ទៅ​នោះ​…​» «​ដា​ណែន​!​ បង​ដឹង​យើង​បារម្ភ​បង​!… ប៉ុន្តែ​កុំ​ដល់​ថ្នាក់​ជ្រុល​ហួសហេតុ​! ​អ្វី​ក៏​ដោយ​មាន​ព្រំដែន​!​ បង​មិន​មែន​កូនចៅ​យើង​ដែល​ត្រូវ​យើង​មក​សួរចម្លើយ​គ្រប់​បែប​គ្រប់​យ៉ាង​ទេ!»

​គ្រប់​យ៉ាង​ដែល​បុរស​នេះ​បាន​បន្សល់​មក​ក្នុង​ការ​ចងចាំ​របស់​នា​ង វា​ឈឺ​ពេក​ហើយ​រាល់ពេល​រំលឹក​មកវិញ​​ម្ដង​ៗ ដូច្នេះ​ដា​ណែន​ដក​អារម្មណ៍​មក​វិញ​​ ហើយ​ងើប​មុខ​សម្លឹង​ស្ត្រី​ដែល​ចាប់​បង្ខំ​នាង​ឱ្យ​​មក​កាន់​ទី​នេះ មុន​ពេល​សួរ​គាត់​មួយៗ​៖​
​«​ខ្ញុំ​ចង់​ដឹង​ច្បាស់​ៗ​ពី​ក្រោយ​ឆាកល្ខោន​បោកប្រាស់​ខ្ញុំ​នៅ​ភូមិ​នេសាទ​!»​
​«​គួរតែ​ចាប់​ផ្ដើម​និយាយ​ពី​រឿង​នៅ​សិង្ហបុរី​មុន​»​
​ស្ត្រី​ឆ្លើយ​ទាំង​ញញឹម បង្ហាញ​ថា​គាត់​ដឹង​គ្រប់​យ៉ាង​ហើយ​នឹង​អាច​ឆ្លើយ​បាន​គ្រប់​យ៉ាង​ក្នុង​ពេល​ជាមួយ​គ្នា​។​

អធិរាជបេះដូង ភាគទី១១
វគ្គ អ្វី​ដែល​ពេជ្រ​ ដា​ណែន​បាន​ដឹង​

​ម៉ោង​៨​យប់ ជា​ពេលវេលា​ទៀងទាត់​នៃ​ការ​វិល​មក​ផ្ទះ​របស់​ពេជ្រ​ ដា​ណែន​។​
​អ្នក​កាសែត​ស្រី​អនុវត្ត​ការងារ​ប្រចាំថ្ងៃ គ្មាន​អ្វី​ខុសប្លែក​ទាំងអស់ ​ទោះបី​ទំនាក់ទំនង​នាង​ និង​ខៀវ​ សូត្រា បាន​បញ្ចប់​ដោយ​សោះ​កក្រោះ​ក្ដី​។
​អ្វី​ដែល​ខុសប្លែក​ពី​រាល់​ដង​ គឺ​ថ្ងៃ​នេះ​នាង​ហាក់​ហត់​នឿយ​ជាង​រាល់​ដង។
«មនុស្ស​យើង​ពេល​បាត់បង់​ស្នេហា អ្វី​ក៏​ដូច​ជា​សាប​ឈឹង​អ៊ីចឹង​​ហ្ន៎!»
​នាង​គិត​ផង​ ឡើង​ជណ្ដើរ​​ផង ទាំង​ល្វើយ។

​ស្រមោល​នាង​និង​គេ​បាន​ក្លាយ​ជា​អតីត ដែល​គិត​ដល់​ពេល​ណា​ បេះដូង​នៅ​តែ​ឈឺ​ងំ។
​ទោះ​គេ​មិនដែល​បាន​ចាត់​ទុក ទំនាក់ទំនង​នេះ​ថា​ជា​សេចក្ដី​ស្នេហា ប៉ុន្តែ​នាង​បាន​ទុក​គេ​ជា​ហេតុផល​តែ​មួយ​គត់ នាំ​ឱ្យ​នាង​បន្ត​រស់នៅ​ក្នុង​ទីក្រុង​ដ៏​តូច ដែល​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន ដូច​នាង​គឺ​មាន​តិចតួច​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ ដែល​នាង​បាន​រស់នៅ​រយៈពេល​យូរ​នៅ​ទី​នោះ​។​

រុញ​ទ្វារ​របើក​ខ្វាក សម​តែ​ថា​អាច​ប្រះ​ខ្លួន​រំសាយ​ទុក្ខ​បាន បែរ​ជា​ស្រី​ស្អាត​ត្រូវ​គាំង​ធ្មឹង​ ព្រោះ​តែ​គ្រប់​យ៉ាង​ក្នុង​ផ្ទះ​រាត់រាយ​ដូច​មាន​ក្មេង​៤​ដប់​នាក់​ពង្រាយ​ច្រងាប់ច្រងិល។
​ទើប​តែ​ពេល​នេះ ដែល​ដា​ណែន​ភ្ញាក់​ខ្លួន​មក​វិញ​ថា នាង​មិន​មែន​ស្នាក់​នៅ​តែ​ឯង​ដូច​មុន​នោះ​ទេ។
«ម៉ាឌី!»
​នាង​និយាយ​ទាំង​ខាំ​មាត់​គ្រឺត ព្រោះ​របស់របរ​រាយ​លើ​ឥដ្ឋ​មាន​ទាំង​កន្សែង​ពោះ​គោ និង​សម្បក​កំប៉ុង​ភេសជ្ជៈ​អាហារ​ក្រៀម។
​ស្រី​ស្អាត​ទម្លាក់​​សាក់កាដូ​លើ​កៅអី​អង្គុយ​ ហើយ​ចាប់ផ្ដើម​​ប្រមូល​សំរាម​រៀប​ចំ​ផ្ទះ។
​នាង​ដឹង​ថា​ម៉ាឌី​ម្នាក់​នេះ កុំ​ថា​ឡើយ​រៀប​ចំ​ផ្ទះ សូម្បីតែ​កាន់​ដង​ជក់​លាប​ជញ្ជាំង ក៏​មិន​ទំនង​ផង មិន​ដឹង​ថា​គេ​ជា​កូន​អ្នក​ទម្រើស​មក​ពី​ខាង​ណា​​ឱ្យ​ប្រាកដ​ទេ នេះ​បើ​កុំ​តែ​យល់ថា​ជា​ហង្ស​ធ្លាក់ទឹក គ្មាន​លុយ​មួយ​រៀល​ ប្រាកដជា​ថា​ឱ្យ​ចាស់ដៃ​មិន​ខាន​។​

ស្រី​ស្អាត​រៀបចំ​អស់​ចិត្ត ក៏​ក្រឡេក​ទៅ​មើល​សាឡុង​​ក្បែរ​ទូរទស្សន៍​ ជា​កន្លែង​គេង​របស់​នាយ​។​
​ដា​ណែន​ហួស​ចិត្ត​និយាយ​មិន​ចេញ​ ដៃ​បោស​រើ​សាឡុង​បណ្ដើរ​​ គិត​បណ្ដើរ​ ទាំង​សួរ​ខ្លួន​ឯង​ៗ​ស្ងាត់ៗ៖​
«យើង​មាន​កម្មពៀរ​អី បាត់បង់​ស្នេហា​ហើយ​ ថែមទាំង​ក្លាយ​ជា​អ្នក​បម្រើ​ទៀត?»
​នាង​ទាញ​ពង្រាប​កម្រាល ហើយ​រលាស់​បត់​ភួយ​​​ព្រម​ទាំង​ខ្នើយ​កើយ​ ដែល​ត្រូវ​បាន​បត់​ខូច​ទ្រង់​ទ្រាយ​ឱ្យ​រាប​មក​វិញ។
​ប្រាក់​មួយ​ដុំ​ធ្លាក់​ខ្ពាក​មក​លើ​ឥដ្ឋ។
​ដោយសារ​ជា​ប្រភេទ​ក្រដាស​ដុល្លារ​អាមេរិក​សន្លឹក​១០០​ ប្រាកដជា​តួលេខ​ច្រើន​គួរសម​ បើ​តាម​ទម្ងន់​​ក្រែល ​ហើយ​ពេល​លើក​មក​ពិនិត្យ​មើល​នៅ​ប្រ​លោះ​ខាង​ក្នុង ​ថែម​ទាំង​មាន​ប័ណ្ណ​ឥណទាន ​និង​វិក្កយបត្រ​ដក​ប្រាក់​។​

ដា​ណែន​ដឹង​ថា ប្រាក់​ទាំង​នេះ​ប្រាកដជា​ម៉ាឌី​លាក់​ក្រោម​សាឡុង​​ពេល​ងងុយ​យប់​មិញ​។​
«ហេតុ​អី​គេ​ប្រាប់​យើង​ថា​អត់​លុយ​?»​
​នាង​គិត​ទន្ទឹម​ពេល​ទូរ​សព្ទ​រោទ៍​។​
​ស្រី​ស្អាត​ញាត់​ប្រាក់​ទុក​កន្លែង​ដើម​វិញ ហើយ​លើក​ទូរ​សព្ទ​មក​ចុច​។​
​ដោយសារ​វា​ជា​លេខ​ដែល​នាង​មិន​ស្គាល់ នាង​សម្រួល​ភាព​ធុញ​ថប់​ ហើយ​និយាយ​ខ្លី៖
«អា​ឡូ!»
​នាង​នៅ​ស្ងៀម​ ពេល​ឮ​សំឡេង​ឆ្លើយ​តប​ជា​មនុស្ស​ប្រុស​ ហើយ​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​ទេ។
​មិន​ដឹង​ជា​អ្នក​ខាង​ណោះ​ពន្យល់​របៀប​ណា​ទេ បាន​ជា​នាង​អាច​ទម្លាក់​​អំបោស​ស្លាប​មាន់​ចោល​ហើយ​បន្ត​ស្ដាប់ ​​ដោយ​ទឹក​មុខ​ចាប់​អារម្មណ៍។
​បន្ទាប់​ពី​ពេល​ពីរ​បី​នាទី​កន្លង​ទៅ ​នាង​ក៏​សម្រេច​ចិត្ត៖
«បាន! ​ខ្ញុំ​ទៅ​ដល់​ឥឡូវ​ហើយ!»

ស្រី​ស្អាត​ទាញ​អាវ​ក្រៅ​មក​គ្រប​ ហើយ​ចុះ​ដី​ដើរ​តម្រង់​ទៅ​កាន់​ទី​ដែល​មុន​នេះ​ បាន​ផ្ញើ​ម៉ូតូ​បម្រុង​យក​ជំនិះ​ជិះ​ចេញ​មក​វិញ​ ប៉ុន្តែ​ទូរ​សព្ទ​នាង​រោទ៍​សា​ជាថ្មី​….​
​«​ខ្ញុំ​នៅ​កាច់​ជ្រុង​ពេជ្រ​ ដា​ណែន​!»​
​នៅ​ផ្លូវ​កែង​នាង​ពិត​ជា​បាន​ឃើញ​គេ។
​ដៃ​កាន់​ទូរ​សព្ទ ហើយ​ញញឹម​ស្រស់ ​គេ​នេះ​ពិត​ជា​បុរស​សង្ហា​ដែល​នាង​រក​នឹក​មិន​ឃើញ​ថា​ ធ្លាប់​ស្គាល់​ទាល់​តែ​សោះ​។​
«ខ្ញុំ​ឈ្មោះ​វិច្ឆិកា​​!»​
«ប្រាប់​ខ្ញុំ​ម្ដង​ហើយ ​កាល​ខ​ល​មក​ដំ​បូ​ង​!»​

នាង​តប​វិញ​ធ្វើ​ហី ធ្វើ​ឱ្យ​បុរស​ញញឹម​តប​ទៀត​៖​
«ខ្លាច​ភ្លេច​!​ នុះ​ឡាន​ខ្ញុំ​!»​
​នាង​ឡើង​ឡាន​ប្រធាន​និស្សិត​ ហើយ​បោះ​ពួយ​ឆ្ពោះ​ទៅ​ក្រៅ​ក្រុង ​តាម​បណ្ដោយ​​​ផ្លូវជាតិ​លេខ​៥​។​
«យប់​ថ្មើរ​ហ្នឹងហើយ ចំណាំ​កន្លែង​នោះ​បាន​អត់​?!»​
​នាយ​សួរ​តិចៗ ពេល​ដែល​បង្អង់​ល្បឿន​ឱ្យ​អ្នកកាសែត​ស្រី​រក​មើល​សម្គាល់​ទីតាំង​។​
«ខ្ញុំ​ច្បាស់​ណាស់ ថា​អាច​រក​ឃើញ​!»​
​ដា​ណែន​តប​ប្រកប​ដោយ​ជំនឿ​ចិត្ត​ ធ្វើ​ឱ្យ​វិច្ឆិកា​​ប្រឹង​អែប​ខាង​បញ្ជា​ឡាន​សន្សឹម​ៗ ​ភ្នែក​រំពៃ​រក​មើល​ជាមួយ​នាង។
​នាង​ហាក់​កើត​ក្ដី​ត្រេកអរ​ហើយ និយាយ​ឃាត់៖
«ឈប់​ឡាន​ទៅ! ច្រក​មួយ​នោះ​ហើយ ខ្ញុំ​ចំណាំ​របង​សាលា​សង្កាត់​ខាង​នុះ!»
​ពួក​គេ​ចុះ​ដើរ។

ប្រធាន​និស្សិត​ដើរ​លុកលុយ​តាម​ពី​ក្រោយ​ស្រី​អ្នកកាសែត​ ដែល​ស្វាហាប់​ចំណាប់​ចំនួន ជ្រែក​កាត់​តាម​ភូមិម្ករ​អ្នកនេសាទ​ជា​ច្រើន​គ្រួសារ​ ដែល​លង់​លក់​ស្ងាត់​ជ្រងំ​ នៅ​សល់​តែ​ក្លិន​ត្រី​ជាប់​នៅ​នឹង​មង សំណាញ់​ដែល​ហាល​ព្រាត លាយឡំ​ជា​មួយ​ក្លិន​កាក​សំណល់​ស្អុយ​បញ្ច្រាស​តាម​ខ្យល់​។​
«អ្នកភូមិ​គេង​អស់​ហើយ​! ខ្ញុំ​ថា​យើង​ចាំ​ព្រលឹម ​ចាំ​មក​ម្ដង​ទៀ​ត​ក៏​បាន​!»​
​បុរស​ខ្សឹប​តិចៗ ​កណ្ដាល​​ភាព​ស្ងាត់​ជ្រងំ​នៃ​រាត្រី​កាល។
​ប៉ុន្តែ​នាង​បដិសេធ ​ហើយ​និយាយ​ខ្សឹប​តប​វិញ៖
«អត់​ទេ ​ថ្មើរ​ណេះ​ហើយ​គេ​ពិបាក​ចំណាំ​មុខ​យើង!»
​នាង​ថា​ហើយ​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ។

ទោះ​បី​ភូមិ​សង់​ប្រប​មាត់​ទឹក​មាន​ស្ថានភាព​ស្មុគស្មាញ​ពិបាក​ដើរ បត់​ចុះ​ឡើង​ច្រើន​ដំណាក់ ​ប៉ុន្តែ​នារី​នេះ​ពិត​ជា​រហ័សរហួន​ជាមួយ​ពិល​របស់​នាង អាច​បត់បែន​ធ្វើ​ដំណើរ​មិន​រាំងស្ទះ។
«កន្លែង​នោះ​ហើយ​!​ ផ្ទះ​នៅ​លយ​មុខ​គេ​តូច​ជាង​គេ​នោះ!»
​នាយ​មើល​តាម​ចង្អុលដៃ​របស់​នាង។
​ពិត​ជា​មាន​កូន​ផ្ទះ​លើ​ទឹក​នៅ​ឆ្ងាយ​ពី​គេ​មួយ ជាមួយ​ទូក​នេសាទ​ចង​អម​ក្បែរ​ខាង។
«តោះ!»
​នាង​និយាយ​ហៅ​នាយ​ខ្សឹបៗ ​ប៉ុន្តែ​វិច្ឆិកា​សួរ​វិញ៖
«ដូច​គ្មាន​អ្នក​ណា​នៅ​ផង​? ​ងងឹត​ឈឹង!»
«គេ​គេង​ពន្លត់​ភ្លើង​ក៏​មិន​ដឹង!»

​ដា​ណែន​តប​ទាំង​បន្ត​ដើរ​សំដៅ​ទៅ​កាន់​ទី​នោះ​ ដោយ​មិន​ឈប់​ជើង។
​វិច្ឆិកា​ប្រឹង​ដើរ​ឱ្យ​ទាន់​នាង​ផង ​ខំ​ទប់​ទម្ងន់​​ជើង​កុំ​ឱ្យ​លាន់ឮ​រំខាន​អ្នក​ស្រុក​ផង។
​គេ​ស្រដី​ខ្សឹប​មួយៗ​ទៅ​កាន់​នាង៖
«ត្រូវ​គោរព​​ម៉ោង​ដេក​ពួន​របស់​គេ!»
​សម្ដី​​ត្រង់​ៗ​របស់​គេ​ហាក់​មាន​អត្ថ​ន័យ​បន្ទោស​នាង ​បាន​ជា​ស្រី​អ្នកកាសែត​ឈប់​ជើង ហើយ​សម្លឹង​គេ​ត្លែរ។
​នាយ​នៅ​តែ​ប្រកាន់​គំនិត​ដដែល​ ហើយ​និយាយ​សួរ​បក​ទៀ​ត​៖​
«មិន​អ៊ីចឹង​?​ មាន​និយាយ​អី​ខុស​?»​
​នាង​ថា​ឱ្យ​វិញ ​ក្នុង​សំឡេង​​ខ្សោយ​៖​
«ក្រែង​មិន​ចង់​ឱ្យ​គេ​ដឹងខ្លួន ក្រែង​មិន​ចង់​ឱ្យ​គេ​ដឹង​ថា​ យើង​មក ​ហើយ​មិន​ចង់​ឱ្យ​គេ​លេងល្បែង​រៀប​ទុក​ហ្អី ?​ មិន​ឆ្មក់​ទាំង​យប់​ចាំ​ពេល​ណា​?»​
​បុរស​នៅ​ស្ងៀម​ពេល​សង្កេត​ឃើញ​ថា​នាង”កាច”​។​
​ស្រី​ស្អាត​មិន​ត្រឹមតែ​រវៀស ​ថែមទាំង​ឆ្លៀវឆ្លាត​ម៉ត់ចត់​ ហើយ​មាន​ថាមពល​រឹងមាំ​ផ្នែក​ឥរិយាបថ មើល​ទៅ​សម​ជា​មនុស្ស​ប្រុស​ម្នាក់​ច្រើន​ជាង​នារី​។​

«អូ​ខេ​ៗ​»​
​ប្រធាន​និស្សិត​និយាយ​ខ្លី​ៗ ស្រាល​ៗ​ទៅកាន់​កែវភ្នែក​ភ្លឺ​ផ្លេក​របស់​នាង។
«រក​ពី​ណា​ក្មួយ​អើយ​!»​
​សំឡេង​​បុរស​ចេញ​មក​ពី​ទី​ណា​មិន​ដឹង ​ធ្វើ​ឱ្យ​ដា​ណែន​ភ្ញាក់​បែរ​ក្រោយ​ រក​មើល​ប្រភព​សូរ​សព្ទ​សឹង​ទង្គិច​រាងកាយ​មួយ​ជំហរ​មក​លើ​វិច្ឆិកា។
​បើ​កុំ​តែ​នាយ​ទប់​នាង​ទាន់​ពេល​ ម្ល៉េះ​សម​ដួល​បះ​ជើង​ចង្គ្រាង​ទាំង​ពីរ​នាក់​ លើ​ស្ពាន​ក្ដារ​វែង​អន្លាយ​នេះ​បាត់​ទៅ​ហើយ។

បុរស​ម្នាក់​បង្ហាញ​ខ្លួន​ដោយ​ក្នុង​ដំណើរ​ទ្រេតទ្រោត​ឱប​ដៃ​រងា។
​គាត់​មាន​អាយុ​ច្រើន​ហើយ​ បើ​សង្កេត​លើ​ដំណើរ​ ទោះ​មិន​បាន​ឃើញ​មុខ​ច្បាស់។
​សម្លៀកបំពាក់​ធំ​រលង់​រយីករយាក​របស់​គាត់ បង្ហាញ​ភាព​ជា​អ្នកភូមិ​របស់​គាត់ ​ក្នុង​ការ​គិត​នៃ​ប្រុស​ស្រី​ទាំង​ពីរ។
«អត់​ទោស​អ៊ំ​ នេះ​ជា​ផ្ទះ​បង​ម្នាក់​ឈ្មោះ​ឈុំ និង​ប្រពន្ធ​គាត់​ឈ្មោះ​ដា​មែន​ដែរ​អត់​?»​
«ឈុំ​?»​
​បុរស​ចំណាស់​បែរជា​សួរ​បក​មក​វិញ​ ធ្វើ​ឱ្យ​ប្រធាន​និស្សិត​ដឹង​ជា​ស្រេច​ថា អ្វី​ដែល​នាយ​គិត​មាន​ភាគ​រយ​ខុស​តិច​បំផុត។
«ដូច​មិន​ដែល​មាន​ប្ដី​ប្រពន្ធ​ឈ្មោះ​នេះ ​នៅ​កន្លែង​យើង​នេះ​ទេ​ក្មួយ​!»​

ដា​ណែន​ងើបមុខ​សម្លឹង​គាត់ ដើម្បី​បញ្ជាក់​ ហើយ​នាង​ចង្អុល​សាជាថ្មី​ទៅកាន់​ខ្ទម​ប្រប​មាត់ទឹក ។​
«កន្លែង​នេះ​ណា​អ៊ំ​​! ​ខ្ទម​នៀក​ខ្ញុំ​ចាំ​បាន ខ្ញុំ​ជួប​ប្ដី​ប្រពន្ធ​ពីរ​នាក់​គាត់​ឈ្មោះ​…​»​
​គាត់​ដូចជា​ប្រញាប់​ចូល​សម្រាក​ ហើយ​មិន​ចង់​ទ្រាំ​នឹង​អាកាស​រងា។
​បុរស​ចំណាស់​ពោល​បញ្ចប់​ទាំង​ឱប​ដៃ​តត្រុន៖
«ខ្ទម​នេះ​ម្ចាស់​ឈ្មោះ​សុច​!​ តែ​គេ​ចេញ​ទៅ​រកស៊ី​នៅ​កោះកុង​ជាង​មួយ​ឆ្នាំ​ហើយ ខ្ទម​នេះ​គេ​ទុក​ចោល​មាន​ពី​ណា​នៅ​? ម្ដង​ម្កាល អ្នក​ភូមិ​ចូល​ដេក​យាម​ត្រី​ហ្នឹង​ក្មួយ​! »​
​ស្រី​អ្នកកាសែត​សម្លឹង​គាត់​ហាក់​ភ្ញាក់ផ្អើល មុន​ពេល​នាង​បែរ​សន្សឹម​ៗ​មក​មើល​វិច្ឆិកា​។​
​ប្រធាន​និស្សិត​ឃើញ​អ៊ំ​​អ្នកភូមិ​ម្នាក់​នេះ បម្រុង​ចាក​ចេញ​ នាយ​ក៏​ឈាន​ទៅ​ឃាត់​គាត់​ ហើយ​សួរនាំ​បន្ថែម៖
«សុំទោស​លោក​អ៊ំ​​!​ ក្មួយ​សុំ​សួរ​តែ​មួយ​ទៀត​ទេ​!​ មុន​នេះ​៥​ទៅ​៦​ខែ​ មាន​ប្រុស​ម្នាក់​អាយុ​ប្រហែល​៣០​ក្រាស់​គេ​លង់​ទឹក ហើយ​ត្រូវ​ស្រង់​ឡើង​នៅ​ខ្ទម​នេះ អ៊ំ​​ចាំ​បាន​ដែរ​ទេ​?»​
​អ៊ំ​​ចាស់​រា​ដៃ​បដិសេធ​។​

គាត់​និយាយ​គ្រលរ​ៗ​ និង​ស្ងាប​ផង៖
«នៅ​ជុំ​​​វិញ​នេះ​ពីរ​បី​គីឡូម៉ែត្រ សុទ្ធតែ​បង​ប្អូន​ខ្មែរ​ឥស្លាម​រស់​នៅ ម្នាក់ៗ​ពូកែ​ហែល​ទឹក​ណាស់​! ​គ្មាន​អ្នក​ណា​ម្នាក់ ដែល​លង់​ទឹក​អី​ទេ ​អ៊ំ​រស់នៅ​ម្ភៃ​ឆ្នាំ​ជាង​ហើយ​!​ ច្រឡំ​កន្លែង​ហើយ​ក្មួយ​!»​
​ដល់​វេន​គេ​សម្លឹង​មុខ​នាង​។​
​ស្រី​ស្អាត​ឈ​រ​ស្ងៀម​ឱន​​សម្លឹង​រលក​ទឹក​។​
​វិច្ឆិកា​ដឹង​ពី​អ្វី​ដែល​នាង​កំពុង​គិត ។​
​ដៃ​គេ​ចុច​បញ្ចាំង​ពិល​ជួយ​បង្ហាញ​ផ្លូវ​ឱ្យ​អ៊ំ​​ចំ​ណាស់​ដើរ​ត្រឡប់​ទៅ​ផ្ទះ​គាត់ ​ទាំង​វាចា​អរគុណ​ញាប់​មាត់។​
​គាត់​ឆ្លៀត​និយាយ​ផ្ដែផ្ដាំ​នាយ​៖​
«ម្ដុំ​នេះ​សុខសប្បាយ​ណាស់​ មិន​ដែល​មាន​គ្រោះ​ថ្នាក់​អី​កើតឡើង​ទេ​!​ ក្រែងតែ​ក្មួយ​ឯង​ច្រឡំ​ភូមិ​មិន​ដឹង ប៉ុន្តែ​ពី​នេះ​ទៅ​មុខ ​អ៊ំ​​ស្គាល់​ទាំង​អស់ ត្រី​ចែកចាយ​នៅ​នឹង​មុខ​នេះ អ្នកភូមិ​មក​តែ​ម្ដុំ​នេះ បើ​មាន​គេ​លង់​ទឹក រឿង​អី​ថា​អ៊ំ​​មិន​ដឹង​? ​បាន​ហើយ​ឈប់​បញ្ចាំង​ទៅ អ៊ំ​​ដើរ​ចំណាំ​ជើង​អស់​ទៅ​ហើយ ម្ភៃ​ឆ្នាំ​ជាង​ហើយ​រស់នៅ​ទី​នេះ​។​»​

បុរស​ចំណាស់​ចេញទៅ​ឆ្ងាយ​ផុត វិច្ឆិកា​ងាក​មក​រក​នារី​អ្នក​សារ​ព័ត៌មាន​។ ​គេ​ឃើញ​នាង​ឈរ​ផ្អែក​ទៅ​នឹង​បង្គោល​ឈើ​ ដែល​លយ​ឡើង​វែង​ខ្លី​តាម​បណ្ដោយ​​​ស្ពាន។
​គេ​ដឹង​អំពី​ទំហំ​នៃ​ការ​ខូចចិត្ត​របស់​នាង បន្ថែម​ពី​លើ​អ្វី​ដែល​ ខៀវ​ សូត្រា​បាន​ធ្វើ​ដាក់​នាង​នៅ​កំពង់​ឆ្នាំង។
​បុរស​នៅ​ស្ងាត់ស្ងៀម​ក្បែរ​ៗ​នោះ​ ដើរ​ចុះ​ឡើង តែ​មិន​រំខាន​នាង គឺ​គេ​បណ្ដោយ​​ឱ្យ​ ពេជ្រ​ ​ដា​ណែន ស្ងប់​អារម្មណ៍​ពី​ការ​ខូច​ចិត្ត​តាម​សម្រួល​សិន។

«តោះ​យើង​ទៅ​វិញ​!»​
​នាង​ថា​ហើយ​​ដើរ​កាត់​វឹង​ពី​មុខ​គេ ​​ហាក់​មិន​ចង់​ឱ្យ​គេ​បាន​ឃើញ​ទឹកភ្នែក​ ដែល​នាង​បង្ហូរ​ចុះ​មក​ដោយសារ ខៀវ​ សូ​ត្រា​ ប៉ុន្តែ​សូរ​សព្ទ​ដែល​នាង​បន្លឺ​មក អាច​ធ្វើ​ឱ្យ​វិច្ឆិកា​មិន​ដឹង​កើត​ដែរ​។​
​ដើរ​តាម​ពី​ក្រោយ​នាង គេ​ប្រឹង​រក​ពាក្យ​ល្អ​ៗ​មក​លើក​ទឹកចិត្ត​។​
​ប្រធាន​និស្សិត​ស្រដី​តិច​ៗ​ដាក់​នាង​៖​
«ប្រហែល​ជា ​ខៀវ ​សូត្រា ​មាន​ហេតុផល មាន​ការ​លំបាក​របស់​គេ​ដែរ បាន​ជា​គេ​កុហក​!»​
​នាង​មិន​មាត់​មិន​ក ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ឡាន។

សក់​នាង​ប៉ើង​ចុះ​ឡើង ស្មើ​ទៅ​នឹង​ទឹកចិត្ត​ដែល​ហោះហើរ​ស្រាល​ដូច​សម្លី​ ទៅ​តាម​សេចក្ដី​​អាម៉ាស់​ដែល​នាង​បាន​ជួប។
​គេ​បើក​ទ្វារ​ឱ្យ​នាង នាង​ឡើង​អង្គុយ​ដោយ​ស្ងាត់​ស្ងៀម​បំផុត។
​នៅ​ពេល​ដែល​មនុស្ស​ស្រី​ម្នាក់​ខូចចិត្ត​ជា​ទម្ងន់​ បែរជា​មិន​ស្រែក​យំ​ឡូឡា​ ហើយ​នៅ​ស្ងៀមស្ងាត់ មិន​ចេញ​វាចា​សូម្បី​មួយ​ម៉ាត់ អ្នក​ដែល​នៅ​ក្បែរ​នាង​តឹងទ្រូង​ស្ទើរ​តែ​ប្រេះ​ផ្ទុះ​បាន។​
​គេ​ជាន់​ហ្គែរ​ចេញ​ឡាន ​ហើយ​បើក​យឺត​ៗ​បក​ទៅ​កាន់​រាជធានី​ភ្នំពេញ។
​ជាមួយ​ដង្ហើម​វែង​ៗ​ គេ​ចាប់​ផ្ដើម​​និយាយ៖
«ខ្ញុំ​សូម​រាប់អាន សុំ​ប៉ាវ​បាយ​មួយ​ពេល​បាន​អត់?»

នាង​នៅ​ធ្មឹង​មិន​និយាយ​អ្វី​ដដែល ធ្វើ​ឱ្យ​គេ​ទប់​ចិត្ត​បណ្ដោយ​​ឱ្យ​ភាព​ស្ងាត់ស្ងៀម​រំលង​ទៅ។
​មិន​យូរ​ប៉ុន្មាន​ប្រធាន​និស្សិត​ចាប់​ផ្ដើម​ស្រដី៖
«នៅ​ក្នុង​ព្រៃ​ជ្រៅ​មួយ​ប្រទេស​អឺរ៉ុប មេឃ​រងា​ណាស់ វា​ជា​តំបន់​ដែល​អាកាសធាតុ​ពេល​ថ្ងៃ​ក្ដៅ​ដូច​ត្រូពិក​ ហើយ​ពេល​យប់​រងា​សឹង​កកឈាម​តាម​ច្រមុះ​មាត់​បាន​! និស្សិត​ខ្មែរ​ពីរ​នាក់​ ដែល​គេច​ពី​សង្គ្រាម​គ្មាន​បាយ​គ្មាន​ទឹក បាន​វង្វេង​វិល​វល់​បី​យប់​បួន​ថ្ងៃ​!​ មាន​តែ​ទឹក​ប៉ុន្មាន​ក្អឹក បាយ​មួយ​ដុំ​ក៏​អត់​ អាវ​រងា​មាន​តែ​មួយ​ចែក​គ្នា​ដណ្ដប់​​!»​
​ដា​ណែន​ងាក​មក​យឺត​ៗ ហើយ​នាង​សម្លឹង​នាយ​ភ្លឹះៗ​។​
​នាង​ប្រហែល​មាន​សំណួរ​​ចង់​សួរ​ តាម​ចរិត​ជា​អ្នក​កាសែត​​ តែ​ពេល​នេះ​សេចក្ដី​​អស់​សង្ឃឹម​ចំពោះ​ ខៀវ​ សូ​ត្រា​ បាន​ធ្វើ​ឱ្យ​នាង​​អស់​កម្លាំង​សូម្បី​តែ​បញ្ចេញ​សំឡេង។

ឃើញ​នាង​ងាក​មក គេ​ក៏​ញញឹម ​ហើយ​សម្លឹង​ត្រង់​ទៅ​មុខ​ បើកឡាន​បណ្ដើរ​​និយាយ​បណ្ដើរ៖
«ពេល​នោះ ខ្ញុំ​គិត​ថា ​ប្រសិន​បើ​បាន​បាយ​ឆ្អែត​​មួយ​ពេល ហើយ​មាន​ភួយ​ទន់​កក់​ក្ដៅ​​មួយ​មក​ដណ្ដប់​​មុន​ពេល​ស្លាប់ ប្រហែល​ជា​រឿង​ល្អ​ជាង​គេ​សម្រាប់​ខ្ញុំ​លើ​លោក​នេះ!»
«ខ្លួន​ហ្នឹង​ហ្អី ម្នាក់​ក្នុង​ចំណោម​និស្សិត​វង្វេង​ទាំង​ពីរ?»
​គេ​ញញឹម​ពេល​ឮ​​នាង​ស្រដី។
​បុរស​បែរ​មក​សម្លឹង​នាង ដោយ​មិន​មាត់​មិន​ក​ទេ។
​អ្នក​ឃើញ​ ពេជ្រ ​ដា​ណែន​ ពិត​ជា​សម្លឹង​មក​រង់ចាំ​ចម្លើយ ហាក់​បី​ដូច​ជា​នាង​បារម្ភ​នឹង​រឿង​ដែល​គេ​ទើប​នឹង​តំណាល​នេះ​ពេញ​ទំហឹង​ ភ្លេច​អស់​នូវ​សេចក្ដី​​ទុក្ខសោក​ទាំង​អំបាលម៉ាន​បាន។
«ឮ​​ខ្ញុំ​សួរ​អត់​វិច្ឆិកា? ហើយ​ខ្លួន​អាច​រស់​មក​វិញ​បាន​ដោយ​​របៀប​ណា​នៀក? អត់​បាយ​បាន​បួន​ថ្ងៃ​ បី​យប់​ អត់​អាវ​ក្រៅ​ ហើយ​នៅ​ក្នុង​ព្រៃ​អឺរ៉ុប​?»​

វិច្ឆិកា​ញញឹម​ស្ងួតស្ងប់​ គេ​ងាក​មក​ផ្ចង់​លើ​ចង្កូត ហើយ​វាចា​តប​នឹង​សំណួរ​​ស្រី​ស្អាត​៖​
«ជោគ​ជតា​អត់​ដែល​ប្រាប់​សោះ​?»​
«ជោគ​ជតា​?»​
«គេ​ដែល​និយាយ​ប្រាប់​ទេ ​ថា​គេ​ជា​និស្សិត​ខ្មែរ​ម្នាក់​ទៀ​ត​ ដែល​វង្វេង​ជាមួយ​ខ្ញុំ​នៅ​កណ្ដាល​​ព្រៃ​ទួរគី​ដោយ​ការ​គេច​ពី​រដ្ឋប្រហារ​?!»​
​នាង​បែរ​មក​វិញ​ ហើយ​រក​នឹក​។​
«ត្រូវ​ហើយ គេ​ធ្លាប់​និយាយ​ពី​បង​ម្នាក់​ឈ្មោះ​វិច្ឆិកា​! តែ​ខ្ញុំ​មិន​ដែល​ដឹង​​រឿង​ផ្សងព្រេង​គ្រោះ​ថ្នាក់​របស់​អ្នក​ទាំងពីរ​ទេ​!»​
​វិច្ឆិកា​ដក​ដង្ហើម​វែង ។​
​គេ​រង់ចាំ​ឱ្យ​នាង​ស្រមៃ ពី​ព្រៃ​ដ៏​ត្រជាក់​នោះ​អស់​ចិត្ត ទើប​ដាច់ចិត្ត​និយាយ​ចូល​ដល់​សាច់រឿង៖
«ករណី​​ ខៀវ ​សូត្រា​! គេ​និង​ដាមិកា​ ប្រហែល​ជា​ប្រឈម​នឹង​ទុក្ខ​លំបាក​អ្វី​មួយ បាន​ជា​គេ​ដាច់​ចិត្ត​កុហក​យើង!»
«កុំ​និយាយ​ឱ្យ​ខ្ញុំ​ឮ​​ពី​មនុស្ស​ពីរ​នាក់​នោះ​!»​
​នាង​ថា​ទាំង​ស្រពោន ​ធ្វើ​ឱ្យ​ប្រធាន​និស្សិត​នៅ​ស្ងៀម​អាក់ខាន​បន្តិច​​។

ភាគ​ទី​២៨

​«​ឈប់​កន្លែង​នេះ​ចុះ​! ​ខ្ញុំ​ចង់​ដើរ​លេង​ៗ​ត្រឡប់​ទៅ​ផ្ទះ​!»​
​វិច្ឆិកា​ញញឹម​៖​
​«​ខ្ញុំ​កំពុង​ចង់​ដើរ​លេង​ៗ​ដែរ​!»​
​គេ​ថា​ហើយ​អែប​ឡាន​តាម​បណ្ដោយ​ច្រាំង​ទន្លេ​។​
​ស្រី​ស្អាត​ឈាន​ជើង​ចុះ​ដី​ បណ្ដោយ​ឱ្យ​អារម្មណ៍​ផ្លាស់ប្ដូរ​ប្រសើរ​ជាង​មុន តាម​រយៈ​កម្លាំង​ខ្យល់​ទន្លេ។
​ពី​ក្រោយ​នាង ដា​ណែន​ដឹង​ថា ​បុរស​នេះ​កំពុង​ដើរ​មក​តាម​ស្រាល​ៗ​ដែរ។
«គេ​នេះ​ពិត​ជា​សុភាព​បុរស ឬ​មួយ​គេ​មាន​គោល​បំណង​ផ្សេង? ​ហេតុ​អី​គេ​មើល​ទៅ​ហាក់បីដូចជា​មាន​ការ​បារម្ភ​ពី​យើង​ម្ល៉េះ? សូម្បីតែ​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​មក​សោះ? ចំណែក​មនុស្ស​ដែល​យើង​ស្រលាញ់ យើង​ទុក​ចិត្ត​គេ​ ថា​គេ​ល្អ​នឹង​យើង យ៉ាង​ហោច​ណាស់​កុំ​កុហក​យើង​ ហេតុ​អី​ចាំបាច់​លេង​ល្បិច​បោក​បញ្ឆោត​? ​ហេតុ​អី​? មនុស្ស​ស្រី​នោះ​គេ​ល្អ​កម្រិត​ណា​ទៅ​ បាន​ជា​ពិន្ទុ​យើង​ត្រូវ​ធ្លាក់​ដល់ បាត​តារាង​ក្នុង​បេះដូង​គេ​!»​

ដា​ណែន​គិត​ហើយ​និយាយ​ចេញ​មក​ក្រៅ​តិចៗ​៖​
​«​ខ្ញុំ​អត់​អី​ទេ និយាយ​មែន​!»​
​វិច្ឆិកា​ដៃ​ជ្រែង​ហោប៉ៅ​ដើរ​តាម​នាង​តិច​ៗ​ ហើយ​តប៖
​«​ខ្ញុំ​ដឹង​តើ​!»​
​«​ដឹង​អី​»​
​«​ដឹង​ថា​ដា​ណែន​ជា​មនុស្ស​ស្រី​រឹងមាំ​!»​
​«​អ្នក​ណា​និយាយ? ជោគ​ជតា?»
«បាទ!»
​«​គេ​ប្រាប់​លោក​ថា​ម៉េច​ខ្លះ​?»​
​«​ច្រើន​ណាស់​!»​
​«​មែន​អី​? ប្រាប់​អី​ខ្លះ ល្អ​ឬ​​អាក្រក់»
​វិច្ឆិកា​សើច​តិច​ៗ​។ នារី​អ្នក​កាសែត​ទើប​នឹង​មាន​ពេល​ពិនិត្យ​ឥរិយាបថ​ បូក​ផ្សំ​និង​រូបរាង​របស់​គេ​។ ​គេ​នេះ​ប្រហែលជា​សំណព្វ​ចិត្ត​របស់​តូច​នារី​ ដែល​មាន​បេះ​ដូង​បរិសុទ្ធ​ស្មោះ​ត្រង់​ម្នាក់​នោះ។
​«​នាង​សំណាង​ណាស់​ជោគ​ជតា​!»​
​ដា​ណែន​គិត​ហើយ​ញញឹម​ម្នាក់ឯង​។​

«​វិច្ឆិកា​ជា​ប្រធាន​និស្សិត ​ដែល​តែងតែ​ឃារឃាំង​រារាំង​ការងារ​កាសែត​របស់​ជ​តា​?»​
​វិច្ឆិកា​ក្ដាប់​មាត់​លែង​ញញឹម។ គេ​ដៀង​ភ្នែក​ពិនិត្យ​មុខ​អ្នក​និយាយ ​ហាក់​ត្រៀម​ចាំ​ស្ដាប់​បន្ត។ ដាណែន​ដឹង​ថា​ គេ​គិត​យ៉ាង​ណា នាង​ញញឹម​តប​តែ​មិន​និយាយ​ទៀត ​ធ្វើ​ឱ្យ​​ប្រុស​ស្អាត​ស្រដី៖
«កូន​ក្មេង​ហ្នឹង​និយាយ​ពី​ក្រោយ​ខ្នង​គេ​អាក្រក់​ដល់​ម្ល៉ឹង?»
​ដា​ណែន​ញញឹម​បាត់​អស់​កង្វល់​ចិត្ត។
​មួយ​គូ​នេះ មើល​ទៅ​សក្ដិសម ​ហើយ​បុរស​នេះ​ពិត​ជា​ស្រលាញ់​ជោគ​ជតា ​បើ​តាម​កិរិយា​គេ​ពេល​និយាយ​ពី​តូច​នារី​នោះ។
​ប្រការ​នេះ​ធ្វើ​ឱ្យ​​នាង​នឹក​ដល់​សូ​ត្រា​ នឹក​ដល់​កាល​ណា​សើច​មិន​ចេញ ចិត្ត​ធ្លាក់​ស្រពោន​ហើយ​ទាញ​មុខ​ឱ្យ​​ស្រពោន​ដូចគ្នា។
​«​ខ្ញុំ​យល់ថា ដាមិកា​និង​ខៀវ សូត្រា​ ប្រហែល​ជា​ត្រូវ​អ្វី​មួយ​បង្ខំ​ បាន​ជា​ត្រូវ​រើស​យក​វិធី​នេះ​!»​
​វិច្ឆិកា​និយាយ​ ទោះ​ពី​មុន​នេះ​ដា​ណែន​ប្រាប់​ថា​ មិន​ចង់​ឮ​​ឈ្មោះ​អ្នក​ទាំង​ពីរ​ក៏​ដោយ។
​ពេល​នេះ​នាង​មិន​ឃើញ​មាន​ប្រតិកម្ម​អ្វី​ដុំ​ទេ។

នារី​នេះ​ពិត​ជា​រឹងមាំ​មែន​ហើយ​ ប៉ុន្តែ​មនុស្ស​កាន់តែ​ចាស់​ចិត្ត​ចាស់​គំនិត​ ទំហំ​នៃ​ការឈឺចាប់​កាន់តែ​ជ្រាលជ្រៅ ​ព្រោះ​ពិបាក​ក្នុង​ការ​បំភ្លេច លុបចោល​ងាយ​ៗ​ដូច​មនុស្ស​ប្រភេទ​ជោគ​ជតា​នោះ​ឡើយ​។​
​«​នៅ​ពេល​ដែល​ខ្ញុំ​ជួប​គេ គឺ​គេ​សន្លប់ គេ​មិន​ដឹង​ខ្លួន​ទេ​! គេ​លេង​ល្ខោន​បាន​ល្អ ហើយ​លេង​បោក​មនុស្ស​ដែល​ល្អ​នឹង​គេ! មួយ​ជាតិ​នេះ ​ខ្ញុំ​មិន​លើក​លែង​ឱ្យ​ខៀវ សូត្រា​ ដាច់​ខាត»
​នាង​ងាក​មក ហើយ​លូក​ដៃ​រក​នាយ។
​វិច្ឆិកា​សម្លឹង​ប្រអប់​ដៃ​នាង​ មុន​ពេល​លូក​ទៅ​ទទួល​ការ​រលាក់។
​នេះ​ជា​កិច្ច​លា​គ្នា​គេ​ដឹង។
​នាង​ពិត​ជា​និយាយ​លា​មែន៖
​«​អរគុណ​ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​ភ្លឺ​​ភ្នែក វិច្ឆិកា! បែក​គ្នា​ត្រឹម​ណេះ​ចុះ!»
​នាង​ចាក​ចេញ​មិន​បែរ​ក្រោយ ប្រហែល​ជា​សញ្ញា​បដិសេធ​មិន​ព្រម​ពិភាក្សា​អ្វី​ជាមួយ​នាយ​តទៅ​ទៀត។

​តាម​រយៈ​ស្រមោល​ខ្ពស់​លលៃ​របស់​នាង​ ដែល​ចាំង​លើ​កម្រាល​នា​ច្រាំង​ទន្លេ​ វិច្ឆិកា​រិះគិត​សរសើរ​
​នាង​ស្ងាត់​ៗ​ក្នុង​ចិត្ត ហើយ​នឹក​ឃើញ​ពី​ ខៀវ​ សូត្រា ​ថា​ហេតុ​អី​គេ​ដាច់ចិត្ត​មិន​រវល់​នឹង​ភាសា​បេះ​ដូង​របស់​នារី​ម្នាក់​នេះ។
​ចេញ​ពី​វិច្ឆិកា​នាង​លើក​ទូរ​សព្ទ​ដែល​បិទ​សំឡេង​ចោល​នោះ​មក​មើល​។​
​នាង​ឃើញ​បន្សល់​នូវ​សញ្ញា​ខ​ល​ចូល ព្រម​ទាំង​SMS​ពី​ម៉ាឌី។
​ដា​ណែន​ដឹង​ថា​ នាង​នៅ​ដល់​យប់​ជ្រៅ​ បាន​ជា​បុរស​នោះ​បារម្ភ​ ប៉ុន្តែ​នាង​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​អាន​សារ​ទាំង​នោះ​ឡើយ។
​ស្រី​ស្អាត​ដើរ​មួយៗ​ទាំង​បាយ​មិន​នឹក​ទឹក​មិន​ស្រេក​ ក្នុង​គោលដៅ​បក​ត្រឡប់​មក​ផ្ទះ។
​ក្នុង​មួយ​ជំហាន​ទៅ​មួយ​ជំ​ហ៊ាន​ដែល​នាង​ប្រាប់​ខ្លួនឯង​ថា មិន​ឱ្យ​​ធ្វើ​ទុក្ខទោស​ជីវិត​ខ្លួន​ជាមួយ​អារម្មណ៍​ខកចិត្ត​លើ​និពន្ធ​នាយក​ស្រស់​សង្ហា ចុះ​ហេតុអ្វី​កាន់​តែ​ហាម​ចិត្ត នាង​ហាក់បីដូចជា​កាន់តែ​នឹក​ឃើញ​គេ?

ជាមួយ​នោះ នាង​នឹក​ឃើញ​ដល់​នារី​អភិជន ដាមិកា «​ទៅ​សួរ ខៀវ​ សូត្រា មេកោយ​របស់​ខ្លួន​ទៅ​! សំណួរ​​ទាំង​នេះ គេ​ឆ្លើយ​បាន​!»​។​
​ចិត្ត​ដា​ណែន​សឹង​ប្រេះ​រហែក​បាន ។​
​«​លោក​ឱ្យ​​តម្លៃ​គេ​ម្ល៉ឹង​ៗ ឱ្យ​​តម្លៃ​ជាង​មិត្តភាព​ដែល​យើង​មាន​មក​ជាមួយគ្នា អ៊ីចឹង​បាន​ជា​ស្រី​នោះ​បាន​ចិត្ត​និយាយ​បញ្ឈឺ​​ខ្ញុំ​បាន ខៀវ​ សូត្រា!»
​នាង​ឈ្ងោក​សម្លឹង​កម្រាល​ថ្នល់​ ជាមួយ​ជាមួយ​ជំហាន​រង្វើល​ទៅៗ… «​បង​ត្រា​អ្ហា៎! ប៊ិច​នេះ ដា​ណែន​ប្រាប់​បង​ថា​លើក​មុន​ថា​ អាច​លុប​បាន​នោះ​អី​? ​ឥឡូវ​គេ​ផ្ញើ​មក​ដល់​ហើយ​! បង​ត្រា​ទុក​ជាប់​ខ្លួន​បាន​ទេ ទោះ​ទៅ​ដល់​ទី​ណា​ក៏​ដោយ!»

​ស្រី​ស្អាត​លើកដៃ​ក្រពាត់​ទប់​ស្កាត់​ចិត្ត​ថ្លើម​ដែល​រងា​ឯកា​និង​អស់​សង្ឃឹម។
​សំឡេង​គេ​លាន់​មក​ចាក់​ដោត​ក្នុង​ការ​ចងចាំ​របស់​នាង​ម្ដង​​ហើយ​ម្ដង​​ទៀត​ «​អ្វី​ក៏​ដោយ មាន​ព្រំដែន​!​បង​មិនមែន​កូនចៅ​យើង ដែល​ត្រូវ​យើង មក​សួរចម្លើយ​គ្រប់​បែប​គ្រប់​យ៉ាង​ទេ​!​» «​មួយ​ទៀត បង​មិន​ចង់​ឱ្យ​​មាន​លើក​ទី​ពីរ​ដាច់ខាត រឿង​ប្រដាប់​ស្រូប​សំឡេង​ដែល​ដាក់​លើ​ខ្លួន​បង​ហ្នឹង​!…​ ទុក​បង​ជា​មនុស្សម្នា​ដូច​គេឯង​ផង​!»​

ដា​ណែន​ឈរ​ស្ងៀម​នៅ​មាត់​ជណ្ដើរ។ សម្ដី​គេ​និយាយ​ច្រើន​ថ្ងៃ​ហើយ ​នាង​គួរ​ណាស់​តែ​អាច​បំភ្លេច​វា​បាន ហេតុ​អី​ការ​ចង​ចាំ​នេះ​ថត​ទុក​បាន​ល្អ​ម៉េះ?
​ប្រហែល​នាង​កំពុង​ជម្នះ​ទឹកភ្នែក ឬ​​មួយ​នាង​គិត​ថា​ខ្លាច​ម៉ាឌី​​នៅ​ខាង​លើ​ ឃើញ​ស្ថានភាព​ដ៏​គួរ​ឱ្យ​អនិច្ចា​របស់​ខ្លួន?
​ការ​ពិត​មួយ​ទៀត អាច​ថា​ដា​ណែន​គ្មាន​កម្លាំង សូម្បី​ឡើង​ជណ្ដើរ​​ពី​មួយ​កាំ​ទៅ​មួយ​កាំ​។​
​នាង​សម្លឹង​ជណ្ដើរ​ហើយ។
​ប្រហែល​ជា​នាង​ចង់​អង្គុយ​នៅ​ទី​នេះ​តែម្ដង​ទេ​ដឹង?
«ដា​ណែន!»
​នេះ​មិន​មែន​សំឡេង​គេ​ ដែល​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​នាង​នោះ​ទេ ប៉ុន្តែ​ជា​សំឡេង​ពិត។
​នារី​បែរ​ក្រោយ​ដោយ​ក្ដី​តក្កមា ​រំពៃ​រក​មើល​ម្ចាស់​សំឡេង​ក្រែង​បាន​ស្ដាប់​ឮ​ខុស ប៉ុន្តែ​បេះដូង​នាង​ត្បិត​តែ​មាន​បញ្ហា ត្រចៀក​នាង​នៅតែ​ស្ដាប់​​ត្រូវ ខៀវ ​សូត្រា​ពិត​ជា​កំពុង​បង្ហាញខ្លួន ធ្វើ​ឱ្យ​​នាង​មិន​អាច​ធ្វើ​យ៉ាង​ណា​ទាន់ ក្រៅ​ពី​បំបុក​រាងកាយ​ខ្ពស់​ស្រាវ​របស់​គេ​ ដែល​កំពុង​បាំង​ផ្លូវ​នោះ ហើយ​ចាកចេញ​។​

ដា​ណែន​មិន​ដឹង​ថា ខៀវ​ សូត្រា ​មក​ដល់​តាំងពី​ពេល​ណា​ទេ មក​រក​អ្នក​ណា​ហើយ​មក​ដើម្បី​អ្វី​នោះ​ទេ ​ក្នុង​ពេល​រំលង​អធ្រាត្រ​ថ្មើរ​ណេះ នាង​ថែម​ទាំង​មិន​ដឹង​ទៀត​ថា គេ​ឃើញ​នាង​និង​វិច្ឆិកា​ឬ​​អត់ ប៉ុន្តែ​នាង​ដឹង​ត្រឹម​ថា ឈ្មោះ​នាង​មិន​មែន​សម្រាប់​ឱ្យ​គេ​ហៅ មុខ​នាង​មិន​មែន​សម្រាប់​ឱ្យ​គេ​មើល ហើយ​មាត់​នាង​មិនមែន​សម្រាប់​និយាយ​ឆ្លើយឆ្លង​រក​គេ​ទៀត​នោះ​ទេ។

​នាង​រត់​ចេញ​តាម​ដង​ផ្លូវ ​ព្រោះ​វេលា​ថ្មើរ​ណេះ អ្នក​ធ្វើ​ដំណើរ​សឹង​ថា​គ្មាន ប៉ុន្តែ​ភ្ញៀវ​បរទេស​នៅ​តាម​បណ្ដា​ហាង​ហូប​ចុក​ប្រហែល​ជា​អាច​ភ្ញាក់ផ្អើល។
​ខៀវ​ សូត្រា​រត់​តាម​ពី​ក្រោយ​រហូត​ដល់​នាង​ហត់​ ហើយ​អស់​កម្លាំង​នាង​ឈប់ ​ទើប​គេ​បង្អង់​តាម​ដែរ។
​«​ដា​ណែន​បង​ត្រូវ​ការ​និយាយ​គ្នា! យើង​រក​កន្លែង​និយាយ​គ្នា​អូ​ខេ​ទេ​?»​
​នាង​មិន​បែរ​ក្រោយ ព្រោះ​មិន​ត្រូវ​ការ​ឃើញ​មុខ​នាយ ប៉ុន្តែ​នាង​តបត៖
​«​ក្រៅពី​ការងារ យើង​អត់​មាន​រឿង​អី​ត្រូវ​និយាយ​គ្នា​ទេ​!»​
​នាង​ថា​ចប់​ចាកចេញ​រ៉ាវ សឹង​ថា​លឿន​មុន​សម្ដី​​នាង​ទៅ​ទៀត​ ប៉ុន្តែ​ ខៀវ សូត្រា​​នៅ​តែ​បោះ​ជំហាន​តាម។

«​បង​មិន​ចង់​កុហក ព្រោះ​បង​មិន​ចង់​ឱ្យ​​ដា​ណែន ពាក់ព័ន្ធ​រឿង​មិន​ល្អ!»
​ពេជ្រ ​ដា​ណែន ពិត​ជា​មិន​ចង់​ស្ដាប់​​ហេតុផល មិន​ចង់​ឮ​​អ្វី​គ្រប់​យ៉ាង​ចេញ​ពី​មាត់​បុរស​នេះ​ សូម្បី​តែ​មួយ​ម៉ាត់​ណា​ទៀត ដូច្នេះ​ហើយ នាង​តាំង​ចិត្ត​ថា ​បញ្ចប់​អ្វី​គ្រប់​យ៉ាង​រវាង​នាង​និង​គេ នៅ​ក្នុង​យប់​នេះ។
​នាង​បែរ​ក្រោយ​និយាយ​ជាមួយ​គេ​មួយៗ៖
​«​តាំង​ពី​ខ្ញុំ​ស្គាល់​លោក ជីវិត​ខ្ញុំ​វា​មិន​ល្អ​ស្រេច​ហើយ ខៀវ​ សូត្រា!»
​ដា​ណែន​និយាយ​ក្នុង​សំឡេង​ស្មើ​ធម្មតា មិន​ប្រែ​សូរសៀង​មិន​រំជួល​ចិត្ត គឺ​នាង​ព្យាយាម​យ៉ាង​ណា​ក្នុង​ការ​លាក់​ភាព​ទោមនស្ស និង​ចង់​បង្ហាញ​ផង​ដែរ​ថា ​មនុស្ស​គេ​នេះ​គ្មាន​តម្លៃ​សូម្បី​តែ​ឱ្យ​​នាង​ “ខឹង” ប៉ុន្តែ​ភ្នែក​នាង​មមី​ពេញ​ដោយ​ការ​ឈឺចាប់​ ទោះ​បី​ជា​ស្រី​កម្សត់​បាន​បង្ខាំង​ទឹកភ្នែក​ឱ្យ​​ស្ងួត​ច្រឺង​នៅ​នឹង​មុខ​គេ​នេះ ​បាន​មែន​ក៏​ដោយ។
​នាង​បែរ​ក្រោយ លែង​រត់​គឺ​ដើរ​មួយៗ​តម្រង់​មក​លំនៅស្ថាន។

ពេល​ដែល​នាង​ឮ​ស្នូរ​ជើង​គេ ឈាន​មក​នាង​ឈប់​ជំហាន ​ហើយ​និយាយ​ដោយ​មិន​បែរ​ខ្នង​៖​
​«​កុំ​បង្ខំ​ឱ្យ​​ខ្ញុំ​ធ្វើ​អ្វី អាក្រក់​ដាក់​លោក​ច្រើនជាង​នេះ​ទៀត​ឱ្យ​​សោះ​!»​
​ទោះ​នាង​និយាយ​តិចៗ​ តែ​គេ​ប្រាកដជា​ស្ដាប់​​​បាន​។​
​គេ​ស្គាល់​ពេជ្រ ដា​ណែន​ច្បាស់ ​ដូច្នេះ​ហើយ​អាកប្បកិរិយា​នាង គេ​ប្រាកដជា​ឆ្អែត​លែង​ចង់​តាម​ពី​ក្រោយ​លែង​ចង់​ចរចា​បកស្រាយ។
​ដោយ​គ្មាន​កម្លាំង​មួយ​សរសៃ​ក្នុង​ខ្លួន នាង​ឡើង​មក​ដល់​ផ្ទះ ហើយ​រាវ​រក​សោ​ដើម្បី​មួល​ចូល​។​
​ទ្វារ​របើក នាយ​​ម៉ាឌី​​មិន​នៅ​ដូច​ការ​ស្មាន​របស់​នាង​នោះ​ទេ ហើយ​នាង​ក៏​គ្មាន​ពេល​មករ​វល់​ដែរ​។​
​ស្រី​ស្អាត​ប្រះ​ខ្លួន​ទៅ​លើ​សាឡុង ​ហើយ​នាង​ធ្មេចភ្នែក​។​
​ថ្ងៃ​ដ៏​អាក្រក់​មួយ​នេះ​ពិតជា​វែង​ពេក​ហើយ ហត់​នឿយ​ពេក​ហើយ។​ អ្នកកាសែត​ស្រី​លង់​លក់​ទៅ​ក្នុង​អន្ធការ ត្រជាក់​ល្ហឹម​ដែល​មិន​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ ព្រះអាទិត្យ​នឹង​រះ ​ហើយ​នាំមក​នូវ​ថ្ងៃមួយ​ថ្មី។​

វគ្គ
​បាត់​ខ្លួន

​រ​ហូត​ដល់​បរិយាកាស​ឡើង​កម្ដៅ… ស្រី​ស្អាត​ដឹង​ខ្លួន​ឡើង​វិញ។
​ថ្ងៃ​ទំនង​រះ​ខ្ពស់ ហើយ​រាងកាយ​នាង​សើម​ជោក​ទៅ​ដោយ​ញើស។
​មិន​ដឹង​នាង​លង់​លក់​ទៅ​រយៈពេល​យូរ​ប៉ុនណា​ទេ​ ប៉ុន្តែ​នាង​ឃើញ​ភួយ​មួយ​នៅ​ពី​លើ​រាងកាយ​ ដែល​ដាណែន​រក​នឹក​មិន​ឃើញ​ទេ​ថា ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​គេង​យក​ភួយ​មក​ពី​ថ្មើរ​ណា?
​«​យើង​នេះ​ដេក​ដូច​ស្លាប់ ទាល់​តែ​មិន​ដឹង​ថា​ម៉ាឌី​​មក​ផ្ទះ​ហើយ ​គេ​គ្រប​របស់​នេះ​ឱ្យ​​យើង​? ​ត្រូវ​ហើយ​មេឃ​យប់​មិញ​រងា​ណាស់​ តែ​ពេល​នេះ​ក្ដៅ​​ស្អុះ​ម្ល៉េះ​?»​
​ដា​ណែន​ទប់​ខ្លួន​ក្រោក​។​
​ក្បាល​នាង​នៅ​ឈឺ មិន​ដឹង​ថា​ដោយសារ​ទុក្ខ​ព្រួយ​សែន​ដំណំ​កាល​ពី​យប់ ឬ​​លទ្ធផល​នៃ​ការ​គេង​មិន​បាន​ច្រើន​យប់​ជាប់ៗ​គ្នា​នោះ​ទេ​?​
​ស្រី​ស្អាត​ឈ្លី​ថ្ងាស ហើយ​បែរ​ក្រោយ។

ភួយ​មួយ​ទៀត​និង​ខ្នើយ​ពីរ​បី​នៅ​រាយ​ពាសពេញ​លើ​ឥដ្ឋ​ក្រោយ​សាឡុង ​បញ្ជាក់​ថា​យប់​មិញ ដែល​នាង​គេង​លើ​កន្លែង​គេ គេ​ក៏​រើស​យក​ការ​គេង​លើ​ឥដ្ឋ​វិញ​។​
​នាង​រេ​ភ្នែក​សម្លឹង​កម្ទេចកំទី​ក្រដាស​ជូត​មាត់​និង​ដប​ទឹក​សុទ្ធ ដែល​ម៉ាឌី​​ទុកចោល​នៅ​ជុំវិញ​កន្លែង​គេ​គេង។
​សូម្បីតែ សំ​បក​ច្រាស​ដុសធ្មេញ​ក៏​គេ​ចោល​ព្រូស​នៅ​នឹង​មុខ​បន្ទប់​ទឹក​ដែរ​។​
​ដា​ណែន​លេប​ទោសៈ ​យោងខ្លួន​ឆ្ពោះ​ទៅ​កាន់​បន្ទប់​ទឹក​ ដើរ​ជាន់​ពី​លើ​សំរាម​ទាំង​នោះ ព្រោះ​នាង​ពិត​ជា​ហត់​ណាស់ ហត់​មែនទែន​នឹង​ជីវិត​មួយ​នេះ​។​
​ដៃ​នាង​ទាំង​ទ្វេ​ក្បង់​ទឹក​រ៉ូប៊ីនេ​មក​ស្វាគមន៍​រង្វង់​មុខ​ពង​ក្រពើ ​ដ៏​ក្រំ​ក្រៀម​របស់​ខ្លួន​។​
​ភ្លាម​នោះ​នាង​ឮ​ស្នូរ​មួល​សោ​ទ្វា​ ហើយ​ស្នូរ​ជើង​ម៉ាឌី។
​«​គេ​មក​វិញ​ហើយ​!»​
​នាង​គិត​ទាំង​ខំ​សង្កត់​ចិត្តខឹង​ តែ​នាង​មិន​បាន​ជោគជ័យ​ទេ។

ស្រី​ស្អាត​បង្ហាញ​ខ្លួន​ចេញ​ពី​បន្ទប់​ទឹក ហើយ​ធ្វើ​មុខ​ស្មើ​សម្លឹង​នាយ។
​ម៉ាឌី​​ញញឹម​ស្ញាញ​ ហាក់​បី​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ទាំង​អស់។
​«​ទិញ​អី​មក​ឱ្យ​​ញ៉ាំ​នៀក!»
​នាង​មិន​សម្លឹង​ស្បោង​ដែល​គេ​លើក​បង្ហាញ​ទេ ​តែ​នាង​ដៀង​ភ្នែក​ទៅ​រក​ស្បែក​ជើង​សង្រែក​នាយ​ដែល​កំពុង​ត្រូវ​បាន​ដោះ​ចោល​ទៅ​កន្លៀត​ជញ្ជាំង​។​
​ស្រី​ស្អាត​លើក​កន្សែងដៃ​ជូត​មុខ​ទាំង​ក្រញូវ មុន​ពេល​ហារ​និយាយ​៖​
​«​ទុក​កន្លែង​នេះ​ជា​គំនរ​សំរាម​មែន​អត់​?»​

ប្រហែល​នៅ​ភាំង​ ព្រោះ​មិន​ដែល​ឃើញ​នាង​កាច​ឆ្កុយ​ៗ​បែប​នេះ ធ្លាប់​តែ​ឃើញ​ពេជ្រ ​ដា​ណែន​រួសរាយ​រាក់ទាក់​ ហើយ​សើច​ចិញ្ចាច​បញ្ចេញ​ធ្មេញ​សស្ងាច។
​មិន​ខ្វល់​គេ​ឮ​​មិន​ឮ​ គិត​យល់​មិន​យល់ នាង​បន្ត​ទៀត​ទាំង​មិន​មើល​មុខ​គេ៖
​«​ខ្ញុំ​ហត់​​ណាស់​ម៉ាឌី! ខ្ញុំ​អត់​មាន​កម្លាំង​បម្រើ​ទេ ​ខ្ញុំ​មិន​មែន​អ្នក​បោស​សំអាត​កាក​សំណល់​ឱ្យ​ម៉ាឌី​​ទេ!»
​គេ​ដៀង​ភ្នែក​សម្លឹង​បរិវេណ​ផ្ទះ​តូច​ ដែល​រាយ​ទៅ​ដោយ​កាក​សំណល់​ដូច​ដែល​នាង​កំពុង​ទោមនស្ស​ពិត​មែន។
​តែ​គេ​នេះ​ពិត​ជា​មិន​ធ្លាប់​ចាប់​អារម្មណ៍​រឿងរ៉ាវ​អស់​នេះ​ទាល់តែ​សោះ រហូត​ដល់​នាង​និយាយ​ពាក្យ​អស់​នេះ​ចេញ​មក ​ទើប​​កំលោះ​​ភ្ញាក់​ខ្លួន​ដឹង​ថា ទី​នេះ​គ្មាន​ទេ អ្នក​ចាំ​បម្រើ​ចាំ​សំអាត​ដូច​ដែល​គេ​តែង​តែ​មាន​កាល​គ្រា​កន្លង​មក​នៅ​ផ្ទះ​ខ្លួនឯង​។​

គេ​ដាក់​ស្បោង​អាហារ​ចុះ​ស្រួល​បួល​ហើយ និយាយ​សម្រួល​៖​
​«​សុំទោស​ដា​ណែន​!​ ខ្ញុំ​រៀបចំ​ឡើង​ភ្លាម ខ្ញុំ​សុំទោស​!»​
​គេ​ឱន​​ទាញ​​​ភួយ​មក​បត់​។​
​នាង​មើល​ពី​ចំហៀង​គេ​នេះ​ សូម្បី​បត់​តែ​ភួយ​ក៏​គ្មាន​ទំនង​អ្វី​បន្តិច​។​
​នាង​ជ្រួញ​ចិញ្ចើម​ហើយ​ហៅ​៖​
​«​ម៉ាឌី​​!»​
​គេ​ងើប​មុខ​មក​ហើយ​ញញឹម​ចិញ្ចាច​សាជាថ្មី​។​
​ស្រី​ស្អាត​និយាយ​ដោយ​គេច​មិន​សម្លឹង​គេ​ចំ​ទេ៖
​«​មួយ​រយៈ​នេះ ​ខ្ញុំ​ជួប​រឿង​ច្រើន​ណាស់! និយាយ​ឱ្យ​​ត្រង់​ជាមួយ​ម៉ាឌី ខ្ញុំ​ពិត​ជា​ត្រូវ​ការ​សម្រាក​ហើយ​ខ្ញុំ​ត្រូវ​ការ​ស្ងាត់ ខ្ញុំ​ត្រូវ​ការ​នៅ​ម្នាក់ឯង!»

​គេ​ដឹង​ពី​ន័យ​នាង តែ​គេ​មើល​ទៅ​កំលោះ​នេះ​ ហាក់​មាន​ចិត្ត​ចចេស​មិន​ព្រម​ចាកចេញ​ទៅ​តាម​ដែល​នាង​បណ្ដេញ​ឡើយ។
​ម៉ាឌី​​ធ្វើ​មុខ​ស្រពាប់​ស្រពោន ហើយ​ព្យាយាម​ចរចា៖
​«​ដា​ណែន​ទុក​ពេល​ឱ្យ​​ខ្ញុំ​សំអាត​សិន​ទៅ​ណា៎ ​ដឹង​ស្រាប់​ហើយ ខ្ញុំ​អត់​មាន​កន្លែង​ទៅ ​ខ្ញុំ​រក​ការងារ​ធ្វើ​មិន​ទាន់​បាន​!»​
​«​ម៉ាឌី​​កុហក​!»​
​នាង​ស្រែក​ដាក់​គេ គឺ​ស្រែក​ទាំង​ទឹកភ្នែក​។​

រាងកាយ​មួយ​ដែល​អត់ងងុយ​ច្រើន​ថ្ងៃ អត់​អាហារ​តាំង​ពី​ល្ងាច​ ព្រោះ​ឆ្អែត​នឹង​ការ​កុហក​បោក​បញ្ឆោត​ពេល​នេះ​វា​បញ្ចេញ​ប្រតិកម្ម​ដែល​អាច​ធ្វើ​ឱ្យ​​​កំលោះ​​បាត់​ដំ​បង​តក់ស្លុត​បាន។
​«​កន្លែង​នេះ​មិន​សមនឹង​ម៉ាឌី​​ទេ​!»​
​នាង​ថា​ហើយ​ស្ទុះ​ទៅ​គ្រវែង​លើក​ពូក​សាឡុង​ចេញ ​បង្ហាញ​ដុំ​ប្រាក់​ដុល្លារ​ដែល​កាលពី​ព្រឹក​នាង​បាន​ឃើញ​។​
​បុរស​នៅ​ឈរ​ស្ងៀម​​សម្លឹង​ប្រតិកម្ម​របស់​នាង ​ទុក​ឱ្យ​​នាង​និយាយ​បន្ថែម​តាម​ក្ដី​ទោសៈ៖
«​ម៉ាឌី​​កុហក ម៉ាឌី​​មាន​លុយ​ពេញ​កាបូប ម៉ាឌី​​ស្គាល់​មនុស្ស​ជា​ច្រើន មាន​កូន​បំណុល​ជា​ច្រើន​ក្នុង​បញ្ជី​នេះ ម្ដាយ​ម៉ាឌី​​ជា​អ្នកមាន អ្នក​រកស៊ី​ជា​ច្រើន​នៅ​ភ្នំពេញ​នេះ គ្រាន់តែ​បង់​ការ​ប្រាក់​ឱ្យ​​គាត់​ ក៏​ម៉ាឌី​​អាច​គេង​ចាយ​មិន​អស់​ដែរ ចចេស​ចង់​រស់នៅ​កន្លែង​នេះ​ធ្វើ​អី​?»

​គេ​សម្លឹង​ដុំ​ប្រាក់​និង​បញ្ជី​តូច​ៗ ប័ណ្ណ​ធនាគារ​ដែល​នាង​គប់​ប្រាវ​ទៅ​លើ​សាឡុង​វិញ​ បញ្ជោះ​ខ្លួន​។​
​គេ​មិន​មាត់​មួយ​ម៉ាត់ ​ធ្វើ​ឱ្យ​​កំហឹង​នាង​កាន់តែ​ពុះ​ពោរ នាង​ស្រែក​បន្ថែម៖
​«​ខ្ញុំ​ស្អប់​មនុស្ស​កុហក​ខ្ញុំ​! ​ឮ​​អត់ ខ្ញុំ​ស្អប់​ពួក​មនុស្ស​ដែល​មិន​ចេះ​ស្មោះ​ ធ្វើ​អី​មាន​ល្បិច​មាន​លាក់បាំង ខ្ញុំ​ស្អប់»

តើ​នាង​កំពុង​ថា​ឱ្យ​បុរស​ម្នាក់​នេះ ឬ​​នាង​ថា​និពន្ធ​នាយក​ដែល​ជាប់​ស្រមោល​ដាម​ក្នុង​បេះ​ដូង​នាង​នោះ?
​សូម្បី​តែ​ដា​ណែន​ខ្លួន​ឯង​ ក៏​មិន​ដឹង​ផង​ ឱ្យ​​ម៉ាឌី​​យល់​ម៉េច​នឹង​កើត​ថា ​អ្វី​ទៅ​ដែល​ឱ្យ​​នាង​ខឹង​ថ្នាក់​នេះ​បាន?
​«​បើ​ម៉ាឌី​​មិន​ទៅ ខ្ញុំ​ជា​អ្នក​ទៅ!»
​ឃើញ​គេ​នៅ​ឈរ​ទ្រឹង កំហឹង​នាង​មិន​បាន​អន់​ថយ​ទេ នាង​ចចេស​ចាក​ចេញ​ពី​ទី​នេះ ហើយ​ដើរ​លឿន​ស្លេវ​តម្រង់​មាត់​ទ្វារ។

​សាជាថ្មី​ដា​ណែន​រត់​ចុះ​ជណ្ដើរ​ ទាំង​មិន​ដឹង​ថា​ខ្លួនឯង​ត្រូវ​ចេញ​ទៅ​ណា។
​«​អត់​មាន​ឡាន​ទេ​! ​ឱ្យ​​គេ​យក​ទៅ​ផ្ទះ​វិញ​បាត់​ហើយ!»
​នេះ​ជា​សម្ដី​​ដែល​គេ​ប្រាប់​នាង ​ប៉ុន្តែ​ចុង​ក្រោយ​នាង​ឃើញ​ឡាន​គេ​នៅ​ទី​នេះ គឺ​នៅ​មាត់​ជណ្ដើរ។
​ស្រី​ស្អាត​ខាំ​មាត់ បន្ត​ដំណើរ​ទៅ​មុខ តែ​ពេល​នេះ នាង​ដូច​ជា​អណ្ដែត​ទៅ​តែ​ចិត្ត ឬ​​ជង្គង់​នាង​ទន់​អស់​កម្លាំង ហើយ​រាងកាយ​មិន​យូរ​ប៉ុន្មាន​ក៏​ស្រុញ​ចុះ។
​នាង​ខំ​ប្រមូល​ស្មារតី​ ហើយ​ប្រមូល​កម្លាំង​មក​បញ្ជា​រាងកាយ​ ប៉ុន្តែ​សូម្បីតែ​ភ្នែក​ក៏​ហាក់បីដូចជា​មិន​ចង់​បើក​សម្លឹង​ជុំវិញ​ខ្លួន​នោះ​ដែរ​។​

នៅ​ក្រោម​ពន្លឺ​​​ក្ដៅ​​ហែង​នៃ​ព្រះទិនករ ស្រី​ស្អាត​ដេក​ស្ប៉ាប​ជាប់​នឹង​ផ្លូវ​ធ្វើ​ដំណើរ​។​
​សំឡេង​ក្មេង​ជំ​ទង់​ដែល​នាង​ស្គាល់​ច្បាស់​ថា ​ជួល​បន្ទប់​ជាន់​លើ ​ប្រើ​ជណ្ដើរ​​ឡើង​ចុះ​រួម​ជាមួយ​នាង ពេល​នេះ​លាន់​មក​ក្បែរ​ត្រចៀក៖
​«​អូយ​ជួយ​ផង​! បង​នេះ​ហើយ​យប់​មិញ​សង្សារ​គាត់​បាត់ គាត់​ដឹក​ខ្ញុំ​ដើរ​រក​ពេញ​ក្រុង​ភ្នំ​ពេញ គាត់​មក​ពី​ណា​ហ្នឹង ម៉េច​ក៏​ដេក​សន្លប់​អ៊ីចឹង​!​ ជួយ​ផង ខ្ញុំ​ឡើង​ទៅ​រក​សង្សារ​គាត់!»​
​មនុស្ស​យើង មុន​ពេល​ដែល​រាងកាយ​ត្រូវ​គាំង​លែង​ដំណើរ​ការ​​​ចំណុច​ណាមួយ ​ច្រើន​តែ​ប្រព័ន្ធ​ចងចាំ​និង​សំណុំ​ការ​គិត​នៅ​ដំណើរ​ការ​បាន​ចុង​ក្រោយ​គេ។

នាង​ឮ​​សំឡេង​ក្មេង​នោះ​ច្បាស់ នាង​ដឹង​ថា​ក្មេង​ជំទង់​មាន​ការ​យល់​ច្រឡំ​ពី​នាង​និង​ម៉ាឌី​ តែ​ដា​ណែន​ក៏​ដឹង​ដែរ​ថា ហេតុតែ​តាម​រក​នាង ម៉ាឌី​​លែង​កុហក​គេ​យក​រថយន្ត ហើយ​ដឹក​ក្មេង​នេះ​ចច្រប់​ពេញ​ទីក្រុង ពេញ​មួយ​យប់ ដូច្នេះ​បាន​ជា​ព្រឹក​ឡើង​នាង​ឃើញ​គេ​ចត​ចោល​នៅ​ក្បែរ​ជណ្ដើរ​​ឡើង​។​
​មុន​ពេល​ដែល​កម្លាំង​ចុងក្រោយ​អស់​ទៅ មាន​នាង​ប្រឹង​ហៅ​ម្ហប​ៗ​៖​
​«​ម៉ាឌី​​!»​
​តែ​នាង​ដឹង​ហើយ អណ្ដាត​នាង​គ្រលាស់​មិន​បាន​ដល់​បំពង់ក​ អាច​បញ្ចេញ​ជា​សំឡេង​បាន​នោះ​ទេ​ក្នុង​ពេល​នេះ។​

​វគ្គ​
​ស្នេហា​កើត​ឡើង​ដោយ​ឥត​ព្រាងទុក​

​ជាតិ​សេរ៉ូម​និង​ថ្នាំ​កម្លាំង​ បាន​ជួយ​ឱ្យ​រាងកាយ​អ្នកកាសែត​ស្រី​ ដែល​ត្រូវ​បាន​វាយលុក​ដោយ​បញ្ហា​ផ្លូវ​ចិត្ត​វិល​សន្សឹម​ៗ ​មក​រក​ភាព​ប្រក្រតី​វិញ ជា​ហេតុ​បណ្ដាល​ឱ្យ​​នាង​បើកភ្នែក​មក​វិញ​បាន ហើយ​សម្លឹង​ជុំវិញ​ខ្លួន​យឺត​ៗ ដើម្បី​កំណត់​ថា ​ខ្លួន​កំពុង​នៅ​ទីណា ហើយ​ក៏​ទុក​ពេល​ឱ្យ​​ប្រព័ន្ធ​ចងចាំ អាច​មាន​ឱកាស​រក​នឹក​មើល​ម្ដង​​បន្តិច​ៗ ពី​គ្រប់​យ៉ាង​ដែល​បាន​កើតឡើង​ចំពោះ​ខ្លួនឯង​។​
​នាង​ឃើញ​ខ្នង​គេ។
​ម៉ាឌី​កំពុងតែ​រៀប​ទុកដាក់​អ្វីមួយ​នៅ​លើ​តុ​ចុងជើង។
​គេ​នេះ​មិន​ចេះ​សូម្បី​​តែ​ប្រមូល​សំរាម​ពី​ឥដ្ឋ មិន​ចេះ​កាន់​ជក់​លាប​ជញ្ជាំង ហេតុ​អី​គេ​នៅ​ទី​នេះ​រៀបចំ​អ្វីៗ​ក្នុង​ពេទ្យ​?​
​«​គេ​កំដរ​យើង​ទៀ​ត​ហើយ​? ​យើង​ចូល​ពេទ្យ​ទៀតហើយ​?»​
​គេ​បែរ​មក​ជាមួយ​ស្មា​សម​មាំ​ទាំង​សង ដែល​ជា​បុរស​ខ្មែរ​វ័យក្មេង​និង​មានចិត្ត​បើក​ចំហ​និយាយ​ស្ដី​គោរព​គេឯង ​ថែម​ទាំង​ញញឹម​ស្រស់​ជានិច្ច។

នាង​ធ្មេច​ភ្នែក​សម្ងំ​វិញ ជាមួយ​វិប្បដិសារី ​«​មួយ​រយៈ​នេះ ​ខ្ញុំ​ជួប​រឿង​ច្រើន​ណាស់! និយាយ​ឱ្យ​ត្រង់​ជាមួយ​ម៉ាឌី ​​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​សម្រាក​ ហើយ​ខ្ញុំ​ត្រូវ​ការ​ស្ងាត់ ខ្ញុំ​ត្រូវ​ការ​នៅ​ម្នាក់​ឯង!»
​«​ឯង​កើត​រោគ​ស្អី​ឯង​បាន​ជា​ហា​​មាត់​ដេញ​គេ​កើត​?!»
​នាង​គិត​ទាំង​ទ្រូង​ហេង​ហាង។
​គេ​នៅ​ដើរ​ចុះ​ឡើង​ពេញ​បន្ទប់​ពេទ្យ​ ចិត្ត​នាង​ក៏​រេ​នឹក​ឃើញ​ចុះ​ឡើង ពាក្យ​សម្ដី​​ទាំង​អស់​ដែល​បាន​ជ្រុល​ជា​អសុរោះ​ទៅ​រក​គេ។
​«​មនុស្ស​អាក្រក់​នឹង​ឯង ឯង​មិន​ទៅ​ថា​គេ​ ម៉េច​មក​ធ្វើ​ឆ្កួត​ៗ​ដាក់​អ្នក​ដែល​តែងតែ​ល្អ​នឹង​ឯង​?»​។​

នាង​គិត​ផង ស្រមៃ​នឹកឃើញ​អនុស្សាវរីយ៍​ដែល​មាន​មក​ជាមួយគ្នា​។​
​ជា​អនុស្សាវរីយ៍​ដែល​កន្លង​មក ​នាង​គ្មាន​ពេល​សូម្បីតែ​សម្រាប់​គិត​ ព្រោះ​បេះដូង​និង​ជីវិត​ប្រចាំថ្ងៃ សម្រាប់​តែ​បុរស​កំណាច​ឈ្មោះ​ខៀវ សូត្រា។ ពេល​នេះ ពេល​ដែល​គេ​លែង​នៅ​ក្បែរ ពេល​ដែល​នាង​លែង​ចង់​នឹក​ឃើញ​គេ ពេល​ដែល​នាង​សច្ចា​មិន​ជួប​និយាយ​តទល់​នឹង​គេ​ទៀត នាង​នឹក​ឃើញ​ដល់​មនុស្ស​ល្អ​ដែល​នៅ​ក្បែរ​ខ្លួន​ ហើយ​ដែល​ខ្លួន​បាន​មើល​រំលង។

«រក​ការ​ធ្វើ​?​ រាង​ម៉ាឌី​ មាន​ហ្នា៎​យក​?»​
​«​ទៅ​បង្ហាញ​ម៉ូត​ហ្មែន​?​ ចាំបាច់​អី​មើល​រាង​?»​
​«​ចង់​និយាយ​ថា ម៉ាឌី​​គ្មាន​ចេះ​ធ្វើ​អី​ទេ ​បើ​តាម​ខ្ញុំ​មើល​ទៅ​!​ កាន់​តែ​ជក់​មិន​ជាប់!»
​«​ពូកែ​ខាង​បំបាក់​ទឹកចិត្ត​គេ​ម៉េះ​?​ អ្ហះ ពេជ្រ ​ដា​ណែន​!»​
​«​ក្រែង​ពួក​ម៉ាក​យក​មក​ សម្រាប់​និយាយ​ពាក្យ​ពិត មែន​អត់​?»​
​«​ពាក្យ​ពិត​ក៏​ត្រូវ​មើល​កាលៈទេសៈ​ដែរ​!»​
​«​ឥឡូវ​ម៉ាឌី​​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​​បែប​ណា​?»​
​«​អត់​កន្លែង​នៅ អត់​លុយ​ហូបបាយ ត្រូវ​វិល​ទៅ​ផ្ទះ ឬ​មួយ​សុំទាន​នៅ​អំពេញ​!»​
​«​អ្នក​សុំទាន​កាលីប​ហ្មែន​?​ សុំ​ម្ដង​​ប៉ុន្មាន​!»​
​«​បើ​ជា​ស្រី​ស្អាត សុំ​បេះដូង​គេ​យក​មក​ស្អំ​ចិត្ត​ដែល​កំពុង​ឯកា​នៀក​!»​
​«​ពី​ណា​កើត​មក​សម្បូរ​បេះដូង​ម៉េះ​?​ ដើរ​ឱ្យ​​អ្នក​សុំទាន​នោះ​?»​
​«​ស្រី​ស្អាត​ក្រោយ​ខ្នង​!»​

នាង​នឹកឃើញ​ដល់​រាងកាយ​ធំ​ខ្ពស់​របស់​កំលោះ​​នេះ​ ដែល​នាង​បាន​ឱប​ពី​ក្រោយ។
​នារី​អ្នក​កាសែត​បង្ហើប​ភ្នែក​មក​វិញ ហើយ​ឃើញ​បុរស​នេះ​កំពុង​អង្គុយ​ក្បែរ​តុ​ដដែល ​ហើយ​ឱន​​មើល​ទូរ​សព្ទ​របស់​គេ។
​«​ម៉ាឌី​​»​
​នាង​ហៅ​ខ្សោយ​ តែ​គេ​ឮ។
​បុរស​ក្មេង​ងើប​មុខ​មក​សន្សឹម​ៗ​ ជាមួយ​សេចក្ដី​អំណរ​និង​ភាព​​​យក​ចិត្ត​ទុក​ដាក់​ដែល​នាង​ឃើញ​នៅ​លើ​សកម្មភាព​ភ្លាមៗ​របស់​គេ។
​គេ​នេះ​ក្រោក​មក​យឺត​ៗ ទោះ​បី​ដា​ណែន​ជឿ​ថា​គេ​កំពុង​អន្ទះសា។
​«ម៉ាឌី!»
​នាង​ហៅ​គេ​ម្ដង​​ទៀត ពេល​ទទួល​អារម្មណ៍​ថា​ មាត់​សាប​មហា​សាប។
​គេ​ញញឹម ធ្វើ​ឱ្យ​​នាង​នឹក​ឃើញ​ដល់​សម្ដី​​ខ្លួនឯង៖
​«​ខ្ញុំ​ស្អប់​មនុស្ស​កុហក​ខ្ញុំ​!​ ឮ​​អត់ ខ្ញុំ​ស្អប់​ពួក​មនុស្ស​ដែល​មិន​ចេះ​ស្មោះ ​ធ្វើ​អី​មាន​ល្បិច​ មាន​លាក់បាំង ខ្ញុំ​ស្អប់»

​មនុស្ស​ល្អ​ដូច​គេ​នេះ​ហ្អី​ ដែល​ឯង​ត្រូវ​ស្អប់​ពេជ្រ ​ដា​ណែន​?​ ហេតុ​អី​ឯង​បណ្ដោយ​ឱ្យ​ស្រមោល​អតីត​កាល​ជាមួយ​មនុស្ស​មិន​ល្អ​ដូច​ខៀវ​ សូត្រា មក​យាយី​បំផ្លាញ​ពិភព​ផ្ទាល់ខ្លួន​របស់​ឯង​បាន?
​«​សុំទោស​ម៉ាឌី! ដា​ណែន​នេះ​ឆ្កួត​ហើយ!»
​គេ​អង្គុយ​ចុះ​យឺត​ៗ​ក្បែរ​នាង។

ពេល​នេះ ​នាង​មិន​ចង់​នឹក​ឃើញ​ដល់​អ្នក​ណា​ទាំង​អស់​ ក្រៅ​ពី​ការ​ផ្ចង់​ទៅ​រក​រូបគេ។
​នាង​ដឹង​​ថា​មុខ​នាង​ស្រពោន ​ដល់​ថ្នាក់​សុភាពបុរស​នេះ​ញញឹម​ក៏​មិន​សម​ដែរ​។​ ភ្នែក​គេ​បង្កប់​មក​ជាមួយ​នូវ​សេចក្ដី​អាណិត​ដ៏​​ជ្រាលជ្រៅ​មួយ ​ដែល​នាង​មិន​ធ្លាប់​បាន​ទទួល​ពី​បុរស​ណា​ឡើយ​ក្នុង​ជីវិត​នេះ។
​«​ម៉ាឌី​ ខ្ញុំ​ហត់​​ណាស់​! ខ្ញុំ​មិន​ចង់​ឱ្យ​​ម៉ាឌី​​ទៅ​ណា​ទេ កុំ​ទៅ​ណា​ពេល​ដា​​ណែន​ដេក​លក់​ណា៎! ខ្ញុំ​ខ្លាច​ក្រោក​ឡើង​មក​មិន​ឃើញ​ម៉ាឌី​​!​ ម៉ាឌី​​កុំ​ខឹង​ខ្ញុំ​អូ​ខេ​ណា៎!»
​គេ​នេះ​រលីងរលោង។

គេ​មិន​មែន​ចរិត​ស្រី​ទេ​ ក្នុង​កែវភ្នែក​ស្រពោន​របស់​នាង តែ​គេ​ជា​មនុស្ស​ស្មោះត្រង់ មាន​អារម្មណ៍​រំភើប​និង​យល់​ចិត្ត​អ្នក​ផង ដូច្នេះ​ហើយ​បាន​ជា​គេ​យំ។
​ជំនួស​ឱ្យ​​សម្ដី​ គេ​ខំ​ទប់​ភាព​សោកសៅ​លើ​ផ្ទៃ​មុខ​ ហើយ​ក្រ​សាប​ម្រាមដៃ​នាង​។​
​ស្រី​អ្នក​កាសែត​និយាយ​បន្ត​៖​
​«​ម៉ាឌី​ ជិះ​ឡាន​ពេញ​មួយ​យប់​តាម​រក​ខ្ញុំ​មែន​អត់​? ម៉ាឌី​​រក​ខ្ញុំ​ធ្វើ​អី ខ្ញុំ​មាន​ដែល​អី​ឯ​ណា​? ខ្ញុំ​ធំ​ប៉ុណ្ណេះ​ហើយ ម៉ាឌី​​ស្មានថា​ខ្ញុំ​អត់​ចេះ​មើល​ថែ​ខ្លួនឯង?»

​នាង​និយាយ​ទាំង​ភ្លេច​គិត​ថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ ហើយ​អ្នក​ដែល​មើលថែ​នាង​មិនមែន​ខ្លួន​នាង​ទេ គឺ​បុរស​ម្នាក់​នេះ​ បុរស​ដែល​មិន​ដឹង​ថា ​នៅ​សុខ​ៗ​ចេញ​មក​ពី​ទីណា​ ហើយ​ហេតុ​អី​គេ​មក​សម្រាប់​មើលថែ​នាង​គិត​ពី​នាង ដែល​កន្លង​មក​នាង​មិន​ដឹង​ថា នាង​ពិត​ជា​ត្រូវការ​ឱ្យ​​ជីវិត​ខ្លួន​នៅ​ក្បែរ​មនុស្ស​បែប​នេះ​។​
​«​គិត​សុខភាព​ឮ​​អត់​?»​
​គេ​និយាយ​តិចៗ​។​
​នាង​សម្លឹង​បុរស​ក្មេង​នេះ ។​
​ទោះបី​ពេជ្រ ​ដា​ណែន​ប្រាប់​ខ្លួនឯង​ថា វា​មិន​មែន​ជា​សេចក្ដីស្នេហា​ដាច់ខាត​រវាង​នាង​និង​គេ ចិត្ត​នាង​ក្រៅ​ពី​បុរស​និពន្ធ​នាយក​នោះ នាង​មិន​គិត​ថា​នឹង​ស្នេហា​បុរស​ណា​ទៀត​ឡើយ ប៉ុន្តែ​ម៉េច​ក៏​នាង​កក់ក្ដៅ​​ហើយ​ទុក​ចិត្ត អាច​សម្រាក​អាច​ធ្មេច​ភ្នែក​បាន​ដោយ​គ្មាន​បារម្ភ ពេល​ដែល​នាង​មាន​គេ​នៅ​ក្បែរ?

ភាគ​ទី​២៩​

ស្រី​ស្អាត​ធ្មេចភ្នែក​វិញ​យឺត​ៗ ហើយ​ខំ​សម្រាក​ការ​គិត ការ​រំជួលចិត្ត​ទាំងអស់ ដោយ​រុញ​ទៅ​ចោល​មួយ​កន្លៀត ព្រោះ​ក្បាល​នៅតែ​ឈឺ​ខ្ទោកៗ ប៉ុន្តែ​បេះដូង​បី​ដូចជា​កំពុង​តែ​សះ​ម្ដង​បន្តិច​ៗ ចំពោះ​ស្នាម​ដំ​បៅ​ជ្រៅ។
​នាង​ដក​ដៃ​ចេញពី​ប្រអប់​ដៃ​កំលោះ​បាត់ដំបង​ ហើយ​សំងំ​គេង។
​ខ្យល់​ដង្ហើម​ពួកគេ កំដរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បរិយាកាស​ស្ងាត់ស្ងៀម មុន​ពេល​ខាង​ប្រុស​ចាប់ផ្ដើម​និយាយ​ខ្សោយៗ៖
​«​អត់​ចង់​កុហក​ទេ តែ​ខ្លាច​ដា​ណែន​មិន​ឱ្យ​​នៅ​ជាមួយ​!»

​នាង​នៅ​ស្ងៀម​ដដែល​មិន​បើកភ្នែក​ ទោះបីជា​ចិញ្ចើម​នាង​ជ្រួញ​តិចៗ ។​
​គេ​និយាយ​បន្ថែម៖
​«​កុំ​ខឹង​មនុស្ស​គ្មាន​ចេតនា! ដា​ណែន​ឈឺ បាន​ជា​ខ្ញុំ​ចេះតែ​បារម្ភ​!»​
​«​ម៉ាឌី​អាណិត​ខ្ញុំ​ ឬ​ក៏​ម៉ាឌី​ស្រលាញ់​?»​
​នាង​ដាក់​សំណួរ​​ទៅ​វឹង​ទាំង​ដែល​មិន​មាន​បំណង​ថា​សួរ​ មិន​ដឹង​ថា​សួរ​រហ័ស​យ៉ាង​នេះ​ ហើយ​មិន​ទំនង​បែប​នេះ។​

ស្ងាត់ឈឹង​…​​
​គ្មាន​ចម្លើយ​…​​
​បេះដូង​នាង​លោត​ច្របល់​ភ្លេច​អស់​ទុក្ខ​កង្វល់ ​សល់​នូវ​រឿង​ថ្មី​គឺ​… ​អៀនខ្មាស។​
​ផ្ទៃ​មុខ​ទាំងមូល​ឡើង​កម្ដៅ ហើយ​មាន​ចំហាយ​អារម្មណ៍​ភ័យ​រំភើ​ប​របស់​យុវវ័យ។​
​ពេជ្រ​​ ដា​ណែន​បើកភ្នែក​មក​វិញ​យឺត​ៗ ពេល​ដែល​នាង​ចង់​ដឹង​ថា គេ​នៅ​ទី​នេះ​ទៀត​ឬ​អត់​? បើ​សិន​គេ​ធ្វើ​ទាំង​ប៉ុន្មាន​ព្រោះតែ​មាន​ចិត្ត​ល្អ ហើយ​ត្រូវ​នាង​យល់​ខុស​ទៅ​ជា​សេចក្ដី​​ស្នេហា គេ​ប្រាកដជា​ខក​ចិត្ត​រត់​ផាសក្រញាំ​ហើយ​មើល​ទៅ?

​អ្វី​ដែល​នាង​ឃើញ​មុនគេ ​គឺ​អេក្រង់​ទូរ​សព្ទ។​
​ម៉ាឌី​កំពុង​កាន់​វា​ហើយ​ដាក់​ឱ្យ​មើល​នៅ​នឹង​មុខ​នាង។​
​នេះ​មិនមែន​ជា​ទូរ​សព្ទ​របស់​គេ​ទេ ​ប៉ុន្តែ​គឺ​របស់​នាង គ្រាន់តែ​សារ​ក្នុង​នោះ​ជា​សារ​របស់​គេ​…​​
​«​ដា​ណែន ដា​ណែន​បាត់​ទៅ​ណា​? ​ពេល​នេះ​យប់​ហើយ​!​ ខ្ញុំ​រក​ដា​ណែន​គ្រប់​កន្លែង​! ​ឆាប់​ឆ្លើយ​មក ដាណែន​មាន​រឿង​អី​បាន​ជា​មិន​និយាយ​! អូ​ខេ​ណា៎ ​ខ្ញុំ​ស្រលាញ់​ដា​ណែន​ ស្រលាញ់​ខ្លាំង​ណាស់ ​ខ្ញុំ​សារភាព​! ដា​ណែន​កុំ​គិត​អី​មិនល្អ មក​និយាយ​គ្នា​សិន​!​ ឈប់​គិត​ពី​អតីតកាល​ទៅ»​
​នេះ​ជា​សារ​​ដែល​គេ​ផ្ញើ​មក​តាំងពី​យប់ ដែល​នាង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​​​អាន ​ព្រោះ​មិន​គិត​ថា សំខាន់។​

ពេល​នេះ​នាង​អាន​ពីរ​បី​ដង​ចុះ​ឡើង ​ដោយ​មិន​រវល់​នឹង​ដៃ​អ្នក​ដែល​កំពុង​កាន់​ឱ្យ​​នោះ​ ថា​ចុក​រោយ​ស្រពន់​ឬ​អ្វី​ឡើយ ​ព្រោះ​នាង​រវល់​តែ​ព្យាយាម​រំលឹក​ឡើង​វិញ ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំ​ពោះ​ខ្លួន​កាល​ពី​យប់​នោះ និង​អ្វីៗ​ដែល​ជំរុញ​ឱ្យ​បុរស​នេះ​ដល់​ថ្នាក់​ត្រូវ​តែ​សារភាព។
​ទី​បំផុត​នាង​នឹក​ឃើញ​ចង់​ឃើញ​មុខ​គេ។
​ស្រី​ស្អាត​ដៀង​ភ្នែក​ទៅ​រក​ផ្ទៃ​មុខ​បុរស​នេះ​នៅ​ក្រោយ​ទូរ​សព្ទ។
​គេ​នេះ​សម្លឹង​មក​នាង​ដោយ​កែវភ្នែក​ស្រទោរស្រទន់ មិន​គេច​ទៅ​ណា ទោះបី​មាត់​គេ​ស្ងាត់ស្ងៀម​តែ​ផ្ទៃ​មុខ​គេ​ គឺ​ត្រៀម​លក្ខណៈ​ក្នុង​ការ​ទទួល​យក​ការពិត​មិន​ភ័យ​ព្រួយ​អ្វី​ទាំងអស់។​
​«​មិន​ចេះ​រោយ​ដៃ​ទេ​!?»​
​នាង​សួរ​ហើយ​សើច​ខឹកៗ​ដាក់​គេ។​

ម៉ាឌី​រក្សា​ផ្ទៃមុខ​ក្រហមងៅ​ដែល​ពេញ​ប្រៀប​ដោយ​អារម្មណ៍​ស្នេហា​​ និង​ការ​សារភាព​ស្នេហ៍។​
​គេ​នៅតែ​កាន់​បង្ហាញ​អេក្រង់​​ ហើយ​ញញឹម​បន្ថែម​តែ​តិចតួច​ប៉ុណ្ណោះ មិន​ដឹង​គេ​អៀន​?​ ខ្មាស​? ​ឬ​កំពុងតែ​រង់ចាំ​ចម្លើយ​វិញ​?​
​ដា​ណែន​ក៏​ចាប់ផ្ដើម​អៀន​នឹង​កែវភ្នែក​បុរស​នេះ។
​គេ​នេះ​មើល​ទៅ​ក្លាហាន ហើយ​ប្រឈម​មុខ​មួយ​ទំហឹង​មិន​ចេះ​ដក​ថយ​សោះ។ ​នាង​វាស​ដៃ​រុញ​ទូរសព្ទ​ចេញ ហើយ​រេ​ភ្នែក​សម្លឹង​ទី​ផ្សេង​ គេច​ពី​កែវភ្នែក​ម៉ាឌី​ តែ​បុរស​នេះ​នៅ​តែ​អាច​មើល​យល់​សេចក្ដី​រំភើប​នៅ​លើ​បបូរមាត់​ក្របួច​តិច​ៗ​របស់​នាង។

ឃ្លា​សន្ទនា​ជា​ច្រើន រំលឹក​មក​វិញ​ក្នុង​បេះ​ដូង​ ដែល​ស្រាប់តែ​ប្រែ​មក​កក់ក្ដៅ​ភ្លាមៗ «​ចុះ​ធ្លាប់​ដែល​ត្រូវ​គូ​ដណ្ដឹង​រត់​ចោល​ចំ​ថ្ងៃ​ទៅ​ល​ខោអាវ​ការ​អត់​ហ្នឹង​?» «​គេ​ស្រលាញ់​អ្នកណា​ផ្សេង​មែន​អត់​!​ ម៉ាឌី​​ឡូយ​ប៉ុណ្ណឹង​ហើយ​?!» «​ចុះ​ដា​ណែន​ព្រម​ស្រលាញ់​ម៉ាឌី​​អត់​អ៊ីចឹង​?» «​អូ ខ្ញុំ​ហ្នឹង​គូ​ដណ្ដឹង​អ្នក​?» «​ម៉ាក់​ខ្ញុំ​គាត់​ថា កូន​ប្រសា ជក់បារី ញ៉ាំ​​ស្រា មាន​មិត្ត​ភក្តិ​ប្រុស ប៉ះ​សាច់​ភេទ​ផ្ទុយ គឺ​អត់​ព្រម​ឱ្យ​​កូន​យក​ទាំងអស់​!» «​អ្ហូ​យ ​បុរាណ​ម៉េះ​?!» «​ហើយ​ម៉ោង​អធ្រាត្រ​ថ្មើរ​ណេះ​ នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ពីរ​នាក់​អ៊ីចឹង​​ទៀ​ត ដឹង​តែ​យ៉ាប់​ហ្មង!» «​នៅផ្ទះ​ជាមួយគ្នា មិនមែន​នៅ​លើ​គ្រែ​ជាមួយគ្នា​ឯណា​? អ្ហូ​យ​អ្នកស្រុក​ខ្មែរ​!»​

​សេចក្ដី​ស្នេហា​វា​ងាយស្រួល​នឹង​កើតឡើង​ណាស់ មក​ប៉ះ​មនុស្ស​មិន​ចេះ​លាក់​លៀម​ដូច​ពួកគេ​ពីរ​នាក់​នេះ​ តើ​អាថ៌កំបាំង​អ្វី​អាច​លាក់​បាន​យូរ​ទៅ??
​ដា​ណែន​មិន​ដឹង​ទេ ​ថា​ខ្លួន​កំពុង​គិត​យ៉ាង​ណា​ឱ្យ​ប្រាកដ​ ចំពោះ​បុរស​ម្នាក់​ដែល​នៅ​អង្គុយ​នឹង​មុខ​នេះ តែ​អ្វី​មួយ​ដែល​នាង​ពិត​ជា​មិន​អាច​បដិសេធ​បាន គឺ​រាល់​ពេល​នាង​មាន​បញ្ហា​គេ​មិន​ដែល​បាត់​មុខ។​
​ដោយ​សម្លឹង​ទៅ​ក្រៅ​តាម​បង្អួច នាង​ឃើញ​បុរស​ចំណាស់​ និង​ភរិយា​បណ្ដើរ​គ្នា​ដើរ​ទ្រេតទ្រោត​ក្នុង​សួន​មន្ទីរ​ពេទ្យ ស្រី​ស្អាត​លួច​គិត​ក្នុង​ចិត្ត​ម្នាក់ឯង៖
​«​តាម​ពិត ឱ្យ​​តែ​យើង​ទូរ​សព្ទ​រក​ខៀវ ​សូត្រា​! យើង​នៅ​ឯ​ណា​ គេ​មុខ​ជា​មក! គេ​តែងតែ​មិន​ដែល​បដិសេធ​ក្នុង​ការ​ជួយ​យើង​ដូចគ្នា គេ​តែងតែ​អាច​នៅ​ក្បែរ​យើង​បាន​ បើ​សិន​ជា​យើង​ត្រូវការ​គេ ប៉ុន្តែ​តើ​បាន​ការ​អី​ទៅ បើ​នៅ​ហើយ​ចិត្ត​គេ​នៅតែ​នឹក​ទៅដល់​ចំពោះ​មនុស្ស​ស្រី​អ្នក​មាន​ម្នាក់​នោះ​?»​

នាង​ស្រងូត តែ​ត្រចៀក​នាង​ឮ​​សំឡេង​គេ​៖​
​«​ខ្ញុំ​ចាំ​ដា​ណែន​បាន​!​ ចាំ​ដល់​ដា​ណែន​អាច​ភ្លេច​ខៀវ​ សូត្រា​!​ យូរ​ប៉ុណ្ណា​ក៏​បាន​ដែរ ប៉ុន្តែ​សុំ​តែ​ដា​ណែន​កុំ​ទៅ​ណា​បាត់​ៗ គ្មាន​ដំណឹង ខ្ញុំ​បារម្ភ​ជា​ទីបំផុត​»​
​នាង​មិន​ងាក​មក​ទេ​ ប៉ុន្តែ​ទឹកភ្នែក​នាង​រមៀល​ធ្លាក់។​
​មនុស្ស​ស្រី​រឹងមាំ​ប៉ុណ្ណា​ នៅ​តែ​ជា​មនុស្ស​ដូច​គេ​ឯង។​
​«​តើ​វា​ល្អ​ដែរ​ទេ ​ដែល​គេ​មក​ល្អ​នឹង​យើង​ម្ល៉ឹង​ៗ​?​ យើង​កំពុង​ឈាន​មក​ដល់​ដំណាក់​កាល​ថ្មី​មួយ​នៃ​ជីវិត ឬ​ក៏​ការ​ចាប់ផ្ដើម​សម្រាប់​ទទួល​យក​ការឈឺចាប់​សាជាថ្មី​?»​

ស្រី​ស្អាត​លើកដៃ​ជូត​ទឹកភ្នែក ​ហើយ​និយាយ​មួយៗ​៖​
​«​ម៉េច​ម៉ាឌី​​ដឹង​ថា​ខ្ញុំ​ស្រលាញ់​ខៀវ​ សូ​ត្រា​?»​
​នាង​សួរ​ដោយ​មិន​ងាក​មុខ​មក​ទេ ​តែ​ចិត្ត​នាង​នឹកឃើញ​ឡើង​វិញ​ទៀត​ហើយ គឺ​នឹក​ដល់​បណ្ដា​ពេលវេលា​ទាំងអស់​នេះ «​ហើយ​អ្នក​យប់​មិញ​ទាក់ទង​គេ​បាន​ឬ​នៅ​?!»​
​«​គាត់​ជា​មេ​ខ្ញុំ​! ខៀវ សូ​ត្រា ម៉ាឌី​​ឯង​ស្គាល់​អត់​?!» «​ដូច​ធ្លាប់​ឮ​ឈ្មោះ​?!» «​រក​នឹក​បន្តិច​ទៅ​!»​
​«​នឹក​មិន​ឃើញ​ទេ​!» «​អត់​អី​ទេ បែក​គ្នា​ត្រង់​នេះ​ចុះ​! ចាំ​ទំនេរ​បន្តិច​ជួប​គ្នា​ញ៉ាំ​កាហ្វេ​!»។​
​នេះ​គឺ​កាល​នាង​ចូល​ពេទ្យ​ថ្ងៃ​ដំ​បូ​ង​ដែល​ស្គាល់​គេ ហើយ​គេ​ឃើញ​អាណិត​ពេក​ គេង​កំដរ​ពេញ​មួយ​យប់។​

ស្រី​ស្អាត​រេ​ភ្នែក​មក​រក​គេ ដែល​នៅ​ស្ងាត់​មិន​និយាយ​មិន​ស្ដី គេ​វិញ​ធ្វើជា​សម្លឹង​ទៅ​កម្រាល​ឥដ្ឋ។​
​ភាព​ស្ងាត់ស្ងៀម​កណ្ដាល​ចំណោទ​នៃ​សេចក្ដី​ស្នេហា​នា​ពេល​នេះ​ បណ្ដាល​ឱ្យ​​ចិត្ត​ដា​ណែន​ហោះ​ហើរ​នឹក​ទៅ​ដល់​ពេលវេលា​កន្លង​មក ដែល​បាន​តបត​មាត់​ប៉ប៉ាច់ប៉ប៉ោច​ជាមួយ​គ្នា ​«​មើល​អី​មើល​ម៉េះ​?» «​អ្នក​ណា​ធ្វើ​ឱ្យ​​យំ​ហើម​ភ្នែក​អស់​?»​ «មនុស្ស អ្នក​ណា​មិន​ចេះ​យំ​?» «​សំខាន់​យំ​រឿង​អី​?» «​ក្នុង​វ័យ​ប៉ុណ្ណឹង​មាន​អី​ក្រៅ​ពី​ស្នេហា​!?»។​

វិល​មក​វិញ នាង​ពិតជា​មិន​ស្មាន​ដល់​ទេ​ថា គេ​នេះ​ស្គាល់​នាង​ប៉ុន្មាន​ថ្ងៃ​សោះ​ ដឹង​ថា​អ្នក​ដែល​ធ្វើ​ឱ្យ​​នាង​យំ គឺ​ខៀវ​ សូត្រា​ទាល់តែ​បាន​?​
​«​ឃ្លាន​អត់​!​ ដួស​បបរ​ឱ្យ​​!»​
​នារី​មិន​ឆ្លើយ ​តែ​នាង​តាម​សម្លឹង​គេ​ដែល​ក្រោក​ដួស​បបរ ហើយ​រិះគិត​ម្នាក់ឯង​មិន​អស់​មិន​ហើយ​…​ធម្មតា​មនុស្ស​ប្រុស​ដែល​មក​ចំណាយ​ពេល​វេលា​របស់​គេ​ជា​ច្រើន​ជាមួយ​យើង យើង​តែង​គិត​ថា​គេ​នោះ​មាន​ចិត្ត​ស្នេហា ឬ​យ៉ាងហោចណាស់​ មាន​អារម្មណ៍​ពិសេស​ចំ​ពោះ​យើង​ជាក់​ជាមិនខាន​ ចុះ​ហេតុ​អី​ខៀវ សូត្រា​​ក៏​តែងតែ​ធ្វើ​ល្អ​បែប​នេះ​ ឬ​ជួនកាល​ច្រើនជាង​នេះ​ តែ​ចិត្ត​គេ​គ្មាន​យើង ហើយ​ចុង​ក្រោយ​គេ​លេងល្បែង​ឆ្ពិន​ភ្នែក​បោកប្រាស់​យើង។​

«​បើ​ម៉ាឌី​មាន​ការ​លំបាក​អ្វី​មួយ​ ចាំបាច់​ត្រូវ​ធ្វើ ល្បិចល្បង​ឆ្ពិន​ភ្នែក ហើយ​បង្ខំ​ឱ្យ​​ម៉ាឌី​ត្រូវ​ប្រើប្រាស់​ខ្ញុំ​នេះ​ជា​ឧបករណ៍ សម្រាប់​ឱ្យ​​ល្ខោន​នោះ​កាន់តែ​ទំនង​ កាន់តែ​ល្អមើល​ តើ​ម៉ាឌី​​ធ្វើ​ដែរ​អត់​?!»
​«​អត់​ធ្វើ​ទេ​!​ ព្រោះ​ដា​ណែន​នឹង​ខឹង​ខ្លាំង​! គ្មាន​មនុស្ស​ណា​ម្នាក់ កើត​មក​រស់នៅ​ដូច​គេឯង ​ហើយ​ព្រម​ឱ្យ​គេ​ទុក​ខ្លួន​ធ្វើ​ជា​តួល្ខោន​ឱ្យ​​អ្នកដទៃ​ទេ កុំ​មក​សួរ​!»​
​នាង​នៅ​ស្ងៀម​ តែ​នាង​ខាំមាត់​ខឹង​ចិត្ត​ ពេល​ដែល​នឹកឃើញ​សាជាថ្មី​ដល់​និពន្ធ​នាយក​ខៀវ​ សូត្រា។​
​«​គេ​នោះ​ចោលម្សៀត​​ហួស​​និយាយ​ហើយ​!​ ផ្គាប់ចិត្ត​ស្រី​នោះ​ គេ​យក​ខ្ញុំ​ធ្វើ​ជា​តួល្ខោន បោក​ប្រើ​បោក​មួយ​ចប់​!​ គេ​សម​ជា​មនុស្ស​ដែរ​អត់​ទេ​?»
​នាង​និយាយ​ព្រោះ​ឈឺ​ចិត្ត និយាយ​ទាំង​មិន​ដឹង​ខ្លួន​ថា​ទឹកភ្នែក​ហូរ។​

ម៉ាឌី​​កាន់​ចាន​បបរ​មក​ ហើយ​ទាញ​បន្ទះ​តុ​ដែល​ជាប់​នឹង​គ្រែ​ដាក់​ពី​​មុខ​នាង ព្រម​ទាំង​ដាក់​អាហារ​នេះ​ទៅ​ឱ្យ។
​គេ​ស្រពោន​ជាង​នាង​ទៅ​ទៀត ហើយ​ឈរ​សម្លឹង​ដៃ​នាង​ដែល​កាន់​ស្លាបព្រា។
​ពេល​នាង​ជូត​ទឹកភ្នែក​ម៉ាឌី​​និយាយ​មួយៗ៖
​«​ខ្ញុំ​ចេះ​តែ​ឆ្លើយ​ទេ! កុំ​ទុក​ជា​ការ​ពិត​ពេក​! ​មនុស្ស​យើង ជួនកាល​ពេល​យើង​មិន​ទាន់​ជួប​ខ្លួនឯង យើង​មិន​ដឹង​ទេ​ថា កម្រិត​នៃ​សម្ពាធ​ការ​បង្ខំ​ចិត្ត​នោះ​វា​ធំ​ប៉ុណ្ណា! ជួនកាល​គេ​ធ្វើ​ព្រោះ​ត្រូវ​តែ​ធ្វើ​ ហើយ​ជា​វិធី​តែ​មួយ​គត់​! ​កុំ​ពិបាក​ចិត្ត​ពេក​! សង្ស័យ​អី​ទៅ​សួរ​នាំ​គ្នា​ឱ្យ​​អស់​ឆ្ងល់​រៀង​ខ្លួន​មិន​ល្អ ជាង​មក​អង្គុយ​យំ​ធ្វើ​បាប​ខ្លួន​ឯង​ដល់​មក​ដេក​ពេទ្យ​ដែរ?»

«​ម៉ាឌី​​ដឹង​ស្អី​ខ្លះ​ហើយ ​បានជា​មក​និយាយ​កាន់​ជើង​គេ?»
​នាង​សួរ​ទាំង​ងើប​មុខ​សម្លឹង​មក​ជាមួយ​តំណក់​ជល​នេត្រ​ផ្លេកៗ។​ បុរស​អង្គុយ​ចុះ​យឺត​ៗ​ ហើយ​ហុច​កែវ​ទឹក​មក​ផង។​ គេ​សម្លឹង​តប​ទៅ​នឹង​កែវភ្នែក​របស់​នាង​ជាមួយ​ចម្លើយ​តប៖
​«​ខ្ញុំ​មិនដែល​ទៅ​ខ្វល់​អី​ជាមួយ​ខៀវ សូត្រា​​ស្រាប់​ហើយ! មនុស្ស​មិន​ពាក់​ព័ន្ធ​គ្នា! ប៉ុន្តែ​ខ្ញុំ​ខ្វល់​ពី​ដាណែន បើ​ដា​ណែន​នៅ​តែ​ស្រក់​ទឹកភ្នែក មិន​ឈប់​ទៀត​ ខ្ញុំ​ទៅ​រក​និពន្ធ​នាយក​ម្នាក់​នោះ​មក​ដោះ​ស្រាយ​គ្នា​ឥឡូវ​នេះ​មិន​ខាន​ទេ​!»​
​នាង​លើក​ចិញ្ចើម ​ព្រោះតែ​ភ្ញាក់ផ្អើល។
​គេ​ធ្វើ​មុខមាំ​ដាក់​នាង​វិញ​ ហើយ​សម្លឹង​នាង​មិន​ញឹន​ ជា​សញ្ញា​ថា​គេ​មិន​បាន​និយាយ​លេង​សើច​ដូច​នាង​កំពុង​ភាំង​ឆ្ងល់​ទេ។

ស្រី​ស្អាត​អស់​ទៅ​ភាំង​ទៅ​ជា​អស់​សំណើច។​
​នាង​ញញឹម​ទាំង​ចុង​ច្រមុះ​នៅ​ក្រហម ហើយ​និយាយ​បង្អាប់៖
​«​ម៉ាឌី​​ប៉ិន​ធ្វើ​កាច​ម៉េះ​?​ ម៉ាឌី​​គិត​ទៅ​រក​រឿង​គេ​មែន​ឬ​អី​?​ ហើយ​ម៉ាឌី​​គិត​ធ្វើ​អី​គេ​?»​
​ដា​ណែន​សម្លឹង​មក​នាយ​ ដូច​ជា​ខ្លួន​កំពុង​សប្បាយ​ចិត្ត​ណាស់ ​ក្នុង​ការ​ដែល​មើល​ឃើញ​អាការៈ​នាយ​ គួរ​អស់​សំណើច​ទប់​ក៏​មិន​ចង់​បាន។

«​ម៉ាឌី​​នេះ​មិន​ចេះ​ធ្វើ​អី​អ្នក​ណា​ទេ​ក្នុង​ជាតិ​នេះ​!»​
​កំលោះ​បាត់ដំបង​និយាយ​ធ្វើ​ឱ្យ​​នាង​ទម្លាក់​ភ្នែក​មក​ស្រទន់​វិញ​ ព្រោះ​នាង​ជឿ​ថា​ គេ​ពិតជា​មនុស្ស​របៀប​នោះ​មែន។
​ភ្លាម​នោះ នាយ​ពោល​បន្ថែម៖
​«​គ្រាន់តែ​ខ្ញុំ​ចង់​ឱ្យ​​ខៀវ ​សូ​ត្រា បកស្រាយ​ពី​កំហុស​គេ​ដែល​គេ​ធ្វើ​ឱ្យ​​ដា​ណែន​យំ​!»​
​«​គេ​មក​រក​ខ្ញុំ​រួច​ហើយ​! ខ្ញុំ​ដួល​សន្លប់​ព្រោះ​តែ​គេ​បាន​មក​រក​ខ្ញុំ​ដល់​ខាង​ក្រោម​ផ្ទះ​ ហើយ​ចិត្ត​ខ្ញុំ​មួយ​ជាតិ​នេះ គឺ​មិន​ចង់​សូម្បីតែ​ឃើញ​មុខ​គេ​!​ បើ​ម៉ាឌី​​ចង់​ឱ្យ​​ខ្ញុំ​ថែម​សេរ៉ូម​ហៅ​គេ​មក​ឥឡូវ​ចុះ​!»​
​បុរស​នៅ​ស្ងៀម សម្លឹង​នាង​ភ្លឹះៗ ចំណែក​ដាណែន​ ​ក៏​សម្លឹង​ម៉ាឌី​​តប​វិញ​​ដោយ​ស្រពោន ​បញ្ជាក់​ថា​នាង​មិន​បាន​និយាយ​លេង​នោះ​ដែរ។​

សម្រាប់​ពេល​នេះ ពេល​ដែល​ឃើញ​នាង និង​ទុក្ខ​ព្រួយ​របស់​នាង​កំលោះ​បាត់ដំបង​ដឹង​ថា គេ​មិន​អាច​រស់​បាន​ល្អ​ទេ ​ប្រសិន​បើ​មិន​ឃើញ​នាង​ញញឹម​ស្រស់​ឡើង​វិញ​ជា​លើក​ទី​ពីរ​បាន​នោះ។
​«​បើ​គិត​ពី​គេ​ហើយ ធ្វើ​ឱ្យ​​ខ្លួនឯង​ឈឺ បើ​ហៅ​គេ​មក​ឱ្យ​បកស្រាយ មិន​ព្រម​ជួប! បើ​បែក​ពី​គេ​មិន​សប្បាយ​ចិត្ត ចាំបាច់​អី​បង្ខំ​ខ្លួនឯង​ធ្វើ​បាប​ខ្លួនឯង?»
​នាយ​សួរ​ស្រាល​ៗ​ ប៉ុន្តែ​នាង​ឆ្លើយ​មក​វិញ​ឮ​ៗ៖
​«​ម៉ាឌី​​ចង់​និយាយ​ថា ​ខ្ញុំ​នៅ​លង់​ស្រលាញ់​គេ?»
​នាង​ឈប់​វិញ ​ព្រោះ​ម៉ាឌី​​មិន​បាន​និយាយ​ទេ ​គឺ​នាង​ខ្លួនឯង​ដែល​ពេល​នេះ​ នៅ​មិន​នៅ​មក​គាស់​រំលើក​ពី​រឿង​ដែល​ខ្លួនឯង​បាន​លង់​ស្រលាញ់​ខៀវ សូត្រា។
​ដឹង​ថា​ជ្រុល​មាត់​ទៅ​ហើយ មិន​អាច​កែ​អី​បាន​ដដែល ណា​មួយ​បុរស​នេះ​ធ្វើ​មុខ​សុភាពរាបសារ​ចិត្ត​ក៏​មហា​ទូលាយ​ គួរ​ឱ្យ​​ខ្មាស ដា​ណែន​និយាយ​បន្ថែម៖
​«​មនុស្ស​ម្នាក់ៗ​ត្រូវការ​ពេលវេលា! ពេល​ដែល​យើង​ចង់​បំភ្លេច​អ្នក​ណា​ម្នាក់ ត្រូវការ​ពេល​យល់​នៅ​? ក្នុង​រយៈពេល​ដែល​មិន​ទាន់​​ធ្វើ​ចិត្ត​បាន ជួប​ក៏​មិន​ចង់​ជួប នឹក​ក៏​មិន​ចង់​នឹក!»

«​ខ្ញុំ​ចាំ​បាន!»
​គេ​និយាយ​ដោយ​ញញឹម​ មុន​ពេល​ក្រោក​ទៅ​ទាញ​វាំងនន​បង្អួច​បិទ​ ហើយ​បែរ​មក​សួរ៖
​«​គេង​ម្នាក់ឯង​បាន​អត់​? ខ្ញុំ​មាន​ការ​ទៅ​ក្រៅ!»
​នាង​សម្លឹង​មុខ​គេ ចិត្ត​មួយ​ចង់​ឆ្លើយ​ថា ​«​បាន​»​ ភ្លាម​នេះ ប៉ុន្តែ​ចិត្ត​មួយ​ទៀត ពិត​ជា​មិន​ចង់​ឱ្យ​​គេ​ចេញ​ទៅ។
​«​ទៅ​យូរ​អត់?»
​«​ប្រហែល​ម្ភៃ​នាទី»
«​អូ​ខេ!»

​ម៉ាឌី​​ញញឹម​ដើរ​ទៅ​រក​ទ្វារ តែ​នាង​នឹក​ឃើញ​ស្រែកហៅ​តិចៗ​ពី​ក្រោយ៖
​«​ម៉ាឌី​​!»
​ឃើញ​គេ​ងាក​មក​វិញ នារី​អ្នក​កាសែត​ដក​ដង្ហើម​វែង ហើយ​តាំង​ចិត្ត​និយាយ៖
​«​ខ្ញុំ​អត់​បាន​និយាយ​ថា​ស្រលាញ់​ម៉ាឌី​​ទេ​ណា៎! ឱ្យ​​ច្បាស់​ជាមួយ​គ្នា ខ្ញុំ​មិន​ចង់​ឱ្យ​អ្នក​ណា​ខូច​ចិត្ត​ជាមួយ​ខ្ញុំ​ទេ​!»​
​ម៉ាឌី​​ទម្លាក់​ទឹកមុខ។​
​គេ​បោះបង់ចោល​ការ​ចាកចេញ​ហើយ​ដើរ​ត្រឡប់​មក​វិញ។
​ស្រី​ស្អាត​ងើយ​មុខ​មើល​បុរស​នេះ​ភ្លឹះៗ ពេល​គេ​ចូល​មក​កៀក។

ម៉ាឌី​​ដកដង្ហើម​ធំ​មុន​នឹង​និយាយ​តប៖
​«​ដា​ណែន​!!»
​«​អ្ហះ​?» ​នាង​សួរ​ខ្លី​ហើយ​ខ្សោយ។
​«​ចុះ​បើ​កុំ​និយាយ​ត្រង់​ពេក កុំ​និយាយ​តាម​ក្បាល​ចិត្ត​នឹក​ឃើញ​ពេក​បាន​អត់​?​ រឿង​មនោសញ្ចេតនា​ណា៎! មនុស្ស​យើង​គេ​យក​ចិត្ត​ថ្លើម​មក​ដាក់​ទុន សម្ដី​ពេល​ខ្លះ​ធ្វើ​បាប​ចិត្ត​គេ​មួយ​ទំហឹង​ដឹង​អត់? រឿង​បេះដូង​ វា​មិនមែន​ត្រង់​ធ្លូ​ច្បាស់លាស់​ដូច​សរសេរ​កាសែត​ទេ​ឮ​​អត់​?​ មិនបាច់​និយាយ​គ្នា​ច្បាស់​អី​ដល់​ថ្នាក់​សម្លាប់​គ្នា​ទេ ទុក​ឱ្យ​​ពេលវេលា​វា​បញ្ជាក់​ទៅ យល់​ឬ​នៅ​?»​

គេ​ថា​ចប់​ងាក​ចេញ​ហើយ​ដើរ​ចេញ​ទៅ​បិទទ្វារ​មក​វិញ​គ្រឹប ទុក​នាង​ឱ្យ​នៅ​អង្គុយ​ធ្វើ​មុខ​ឆ្ងល់​ម្នាក់ឯង៖
​«​និយាយ​ត្រង់​ខឹង?»
​នាង​រអ៊ូ​តិចៗ មុន​ពេល​ទាញ​ភួយ​មក​គ្រប​ដល់​ច្រមុះ ហើយ​រេ​ភ្នែក​គិត។

​វគ្គ​
​បង​ប្រធាន​និស្សិត​សារភាព​ស្នេហ៍?

​ទេសភាព​តាម​ដង​ផ្លូវ រត់​ត្របាញ់​ថយ​ក្រោយ​កំដរ​ភាព​ស្រងូត​របស់​ស្រី​តូច ​ដែល​អង្គុយ​ច្រងុក​នឹក​ស្ដាយ​រាជធានី​ជាទី​ស្នេហា​របស់​នាង។
​បាត់​ដំបង​ជា​ផ្ទះ ​តែ​ភ្នំ​ពេញ​ជា​រឿង​បេះ​ដូង ចំណែក​ទី​ណា​មួយ​ផ្សេង​ដែល​ជា​ចំណត​សម្រាប់​អនាគត​នោះ នាង​នៅ​នឹក​មិន​ទាន់​ឃើញ​នៅ​ឡើយ។​
​«​ចុះបើ​ពេល​នេះ​ជតា​ចង់​ឱ្យ​​បង​វិច្ឆិកា​​នាំ​ទៅលេង​ទួរគី​វិញ​?»​
​ប្រធាន​និស្សិត​សើច​ខឹក​​ក្នុង​បំពង់​ក​ តែ​នាង​មិន​ឆ្លើយ​ព្រោះ​អារម្មណ៍​រវល់​តែ​បែងចែក​នឹង​បញ្ហា​ជា​ច្រើន​ជំពូក​ក្នុង​ពេល​ថ្មីៗ​នេះ។
​ប៉ុន្តែ​តូច​នារី​នៅ​តែ​មិន​ឈប់​គំនិត​រវើរវាយ​របស់​នាង៖
​«​ក្រែង​បង​វិច្ឆិកា ​ក៏​មាន​ការងារ​នៅ​នុះ​មិន​ទាន់​បាន​បញ្ចប់!?»
​«​កុំ​យក​លេស​ហៅ​ដើរ​លេង​តាម​អំពើ​ចិត្ត​! ​អត់​ទំនេរ​ទេ​ ហើយ​ក៏​អត់​មាន​លុយ​ដើរ​តែ​លេង​អ៊ីចឹង​​ដែរ ឈប់​ដេក​យល់​សប្ដិ​ទៅ​!»​

នាង​នៅ​ស្ងៀម​បន្តិច ក៏​ចាប់​ផ្ដើម​និយាយ​បន្ត​ទៀត៖
​«​ល្ងាច​នេះ​យើង​ចេញ​ទៅ​លេង​ព្រំ​ដែន!?»
​«​បង​អត់​មាន​ពេល​ទេ នៅ​បាន​មួយ​ម៉ោង​អី​ បង​បក​ទៅ​ភ្នំពេញ​វិញ!»
​«​ស្អី​គេ អ៊ីចឹង​បង​ឯង​ប្រឹង​ជូន​ជតា​មក​ធ្វើ​អី​? ​ប្រាប់​ហើយ​ថា​ប៉ា​មាន​កូនចៅ​នៅ​នេះ គេ​អាច​ដឹក​ជតា​ទៅ​បាន!»
​«​មិន​ទុក​ចិត្ត​»​
​គេ​ឆ្លើយ​ខ្លី​ហើយ​ឱន​​ចុច​ទូរ​សព្ទ។
​ពេល​ងើប​មុខ​មក​វិញ ផ្ចង់​លើ​ការ​បើកបរ​ក៏​សង្កេត​ឃើញ​នាង​កំពុង​ក្រពាត់ដៃ​មួម៉ៅ។
​ប្រុស​ស្អាត​ដាក់​ទូរ​សព្ទ​ដៃ​ចុះ​ ហើយ​និយាយ​លលេង​នឹង​នាង៖
​«​មិនមែន​មិន​ទុក​ចិត្ត​អ្នក​មក​ដឹក​ទេ មិន​ទុក​ចិត្ត​មនុស្ស​ខ្លះ​ដែល​ពូកែ​រត់​ពូកែ​ធ្វើ​ស្វា!»
​«​អ្នក​ណា?»
​នាង​សួរ​ធ្វើ​ហី​ហើយ​ធ្វើ​មុខ​មាំ តែ​វិច្ឆិកា​សើច​ក្អាកក្អាយ។

គេ​មិន​និយាយ​មិន​ស្ដី​ គិត​ពី​សើច​ធ្វើ​ឱ្យ​​នាង​កាន់​តែ​មិន​សប្បាយ​ចិត្ត​ និយាយ​កាច់​នាយ​ផូង៖
​«​អ៊ីចឹង​​ចាំ​ជតា​ទៅ​ភ្នំពេញ​វិញ​ជាមួយ​បង​វិច្ឆិកា!»
​«​សាក​មើល​ទៅ​!»​
​«​បង​ឯង​ចង់​ធ្វើ​ម៉េច​?»​
​«​ចង»
​«​ស្អី​គេ បង​ឯង​ការ​ប្រពន្ធ​មក​សម្រាប់​ប្រើ​ហិង្សា?»
​គេ​ញញឹម​ដៀង​ភ្នែក​មើល​នាង។​
​ស្រី​ស្អាត​ធ្វើ​មិន​ដឹង​ ព្រោះ​នាង​មិន​បាន​គិត​អ្វី ​ឱ្យ​​ស្មើ​នឹង​សម្ដី​ដែល​តែងតែ​និយាយ​ប៉ប៉ាច់​នោះ​ឡើយ ពេល​នេះ​ទៀតសោត​ក៏​ដូចគ្នា។

​«​អ្នក​ណា​ប្រពន្ធ​អ្នក​ណា និយាយ​ម្ដង​​​ទៀត​មក​មើល៍​»​
​ជោគ​ជតា​ធ្វើ​ភ្នែក​ម៉ក់ៗ រិះ​គិត មុន​ពេល​ងាក​យឺត​ៗ​មក​រក​នាយ ​ហើយ​និយាយ​បែប​អំណរ​៖​
​«​នឹក​ឃើញ​ហើយ​!»​
​វិច្ឆិកា​ចង​ចិញ្ចើម​​​៖​
​«​រៀប​កា​រហើយ​បង​ឯង​នឹង​មាន​ច្បាប់​សម្រាក​!​ ហើយ​ជតា​ក៏​មាន​លុយ​ចំណង​ដៃ​ច្រើន ​អាច​ដើរលេង​បាន ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ស្រុក​ណា​ក៏បាន​!»​
​«​រយៈ​ដើមទ្រូង​ស្លាប់​ហើយ​ខ្ញុំ​!»​
​នាយ​ភ្លាត់មាត់​បែប​ហួសចិត្ត។

ស្រី​ម្នាក់​នេះ​ស្គាល់​យូរ​ទៅ កាន់តែ​ឡប់​ទៅ​ៗ​ក្នុង​ការ​មើល​ឃើញ​របស់​នាយ ​ធ្វើ​ឱ្យ​​ប្រធាន​និស្សិត​ត្រូវ​ចំហ​មាត់​កប់យោបល់​នឹង​នាង។
​ដំបូង​គេ​គិត​ថា​នាង​គ្រាន់តែ​ជា​មនុស្ស​ក្មេង​សេចក្ដី​ មនុស្ស​ទម្រើស មនុស្ស​និយាយ​មិន​ចេះ​គិត ដឹង​អី​ថែម​ទាំង​ជា​មនុស្ស ​«​ធ្វើ​មិន​ចេះ​គិត​»​ មួយ​ជាន់​ទៀត នៅ​ក្បែរ​កាល​ណា​បើ​មិន​ក្ដៅក្រហាយ គឺ​ឡប់​ជាមួយ​វ៉ល់​តែ​ម្ដង។
​«​ស្អី​គេ អា​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ហ្នឹង​អ្ហះ?»
គេ​សួរ​ទាំង​ហួសចិត្ត។
​«Honey Moon​ អត់​ស្គាល់​ទេ?»

​ជតា​សួរ​វិញ​ទាំង​មុខ​ក្រញូវ ធ្វើ​ឱ្យ​វិច្ឆិកា​ចង​ចិញ្ចើម មុន​ងាក​ជា​ថ្មី​មក​មើល​មុខ​នាង​ ហើយ​ផ្ទុះ​សំណើច។
​«​ពូកែ​សើច​ណាស់! អត់​ប្រយោជន៍!»
​នាង​ថា​ឱ្យ​គេ​ក្នុង​សំឡេង​ខ្មូរ​រអ៊ូ ហើយ​មុខ​ក៏​ក្រញូវ។

គេ​សួរ​តប​មក​វិញ៖
«ហើយ​អា​ Honey Moon​ គេ​ធ្វើ​ម៉េច​ខ្លះ?»
​ស្រី​តូច​ទំនង​ជា​នឹក​ឃើញ​ដឹង​ថា​ ចូល​ធ្នាក់​និយាយ​មិន​ឈ្នះ​បង​ប្រធាន​តូច​នេះ បាន​ជា​នាង​ងាក​មក​ក្ដិច​នាយ​មួល​សឹង​ដាច់​សាច់ ​រហូត​ដល់​វិច្ឆិកា​​ស្រែក​អូយ ហើយ​សម្លុត៖
​«​ចង់​ចូល​ឡាន​ទាំង​អស់​គ្នា​អត់​?»​
​«​ខ្ញុំ​ស្អប់​មនុស្ស​បង​ឯង​!»​
​នាង​និយាយ​ទាំង​លែងដៃ​ចេញ ហើយ​បន្ត​ក្រញូវ។

បុរស​តប​វិញ​ធ្វើ​ហី ​ទាំង​ដៃ​សងខាង​រវៃ​ចង្កូត៖
​«​ប្រឹង​ស្អប់​ទៅ​! ​ហើយ​ទៅ​ស្រលាញ់​ពួក​មនុស្ស​ល្អ​ផុន​យើង​ហ្នុង​ទៅ​!»​
​«​បង​ឯង​កុំ​ប៉ិន​យក​រឿង​ផ្ចាញ់​គេ​បាន​មក​និយាយ​!​ ខ្ញុំ​ខឹង​មែន​ណា៎​!»​
​«​ចេះ​ខឹង​តែ​ខ្លួនឯង​ទេ​?!»​
​«​ខ្ញុំ​អត់​បាន​ធ្វើ​អី​បង​ឯង​ទាំង​អស់​! ​បង​ឯង​ចូល​ឡាន​កាល​ណា​រក​រឿង​ៗ»
​«​រករឿង​ព្រោះ​ក្ដៅ ​មនុស្ស​ធំ​ប៉ិន​ឃ្លោក ចរិត​ធ្វើ​មោក​ៗ​ដូច​មនុស្ស​មិន​គ្រប់​!»​
​«​អ្នក​ណា​?»​
​«​ឈប់​សួរ​ពាក្យ​ដដែលៗ​ទៀត​ទៅ​ជោគជតា​!»​

«​គេ​មិន​យល់​បាន​គេ​សួរ បង​ឯង​និយាយ​ពាក្យ​ម្ដង​​ៗ បើក​សុទ្ធតែ​បើក​Dictionary​មិន​ឱ្យ​​គេ​ស្ដាប់​យល់​បាន​ងាយ​ទេ​!​ និយាយ​ពាក្យ​សុទ្ធតែ​ឋាន​អវកាស​!»​
​វិច្ឆិកា​ហត់​នឹង​ការ​ស្ដាប់ នាយ​បែរ​មក​វិញ លែង​និយាយ​អ្វី​គឺ​គេ​សម្លឹង​មុខ​នាង​ថ្មែ​​ម្ដង​​។​
​នាង​ឃើញ​សម្លឹង​ក៏​សម្លឹង​តប​វិញ​មិន​ខ្ចី​ញឹន​ដូចគ្នា។
​សម្លឹង​គ្នាបញ្ចេញ​ថា​ម​ពល​ផ្លូវចិត្ត​រៀង​ខ្លួន​អស់​ចិត្ត​អស់​ចង់ ខាង​ប្រុស​ហាក់​ទ្រាំ​លែង​បាន​នឹង​ស្រី​ល្អិត​នេះ នាយ​ខាំមាត់​និយាយ​៖​
​«​តមាត់​ប៉​បាច់!»
​នាង​ហា​មាត់​បម្រុង​ឆ្លើយ​ លុះ​ឃើញ​ទឹក​មុខ​គេ​កាច​ដែរ ស្រី​តូច​សម្លក់​គេ ​ហើយ​ងាក​មុខ​ចេញ​លែង​និយាយ។

វិច្ឆិកា​និយាយ​រអ៊ូ​បន្ត៖
​«​សុទ្ធតែ​ក្រេប​ទឹក​ឃ្មុំ! ពូកែ​រក​នឹក​ឃើញ​ម៉េះ​?​ ឱ្យ​​តែ​ចង់​ដើរ ញ័រ​ជើង ចេះ​ប្រើ​ពាក្យ​មក​បោក​គេ​បាន​ទាន់​ពេល​ល្អ​ណាស់​ហ្ន៎ និយាយ​ស្អី​ក៏​ទៅ​រួច​ឱ្យ​​តែ​បាន​ដើរ ហើយ​មាន​គិត​ដល់​ចិត្ត​អ្នក​ដែល​គេ​រង​ពាក្យ​យើង​នឹង​ខ្លះ​អត់?»
​«​មិន​ឃើញ​បាន​និយាយ​អី​លើសលស់​ផង!»
​នាង​ក្រពាត់​ដៃ​បង្ហាញ​ជំហរ​មិន​ព្រម​ដឹង​ខុស ធ្វើ​ឱ្យ​វិច្ឆិកា​ខ្ជិល​ទប់​មាត់​ ក៏​តបត​មក​វិញ​វ៉ាវ៖
​«​ចុះ​បើ​គេ​ឯ​ណេះ​កំពុង​ចង់​ក្រេប​ដែរ ហើយ​យើង​មក​ភ​គេ​អ៊ីចឹង​ សម​ដែរ​អត់!»
​នាង​នៅ​ធ្វើ​ក្រញូវ​មុន​ពេល​គិត​យល់​ តែ​សន្សឹម​ៗ​នាង​បែរ​មក​រក​នាយ ​ព្រោះ​ចាប់ផ្ដើម​យល់​ន័យ ដឹង​អី​បុរស​នេះ​មិន​ចេះ​អៀន​នឹង​សម្ដី​ខ្លួនឯង​ ថែមទាំង​ញញឹម​មក​រក​នាង​ ទាំង​ងងើល​ដោយ​សេចក្ដី​​ស្នេហា។

នាង​ប្រុង​ថា​ព្រលះ​សម្ដី​ទៀត ​តែ​មិន​ដឹង​ហេតុអ្វី​កែវភ្នែក​បុរស​នេះ ​ធ្វើ​ឱ្យ​​ស្រី​តូច​ឈប់​បង្អង់។​
​នាង​ឃើញ​អ្វី​ម្យ៉ាង​ចម្លែក​ៗ លេច​ចេញ​ពី​ក្នុង​បេះដូង​គេ​ ហើយ​បញ្ជូន​​មកដល់​តាម​ពន្លឺ​​​ភ្នែក។​ ស្នាម​ញញឹម​បុរស​នេះ ​បែរ​ជា​ធ្វើ​ឱ្យ​​នាង​នឹក​អៀនខ្មាស ហើយ​ពាក្យ​ Honey moon​ ដែល​នាង​បាន​និយាយ​ដោយ​ខ្លួនឯង ពេល​នេះ​កំពុង​ធ្វើ​ឱ្យ​​នាង​រសាប់រសល់​ខ្មាសអៀន​ដោយ​ខ្លួនឯង​វិញ។

ជោគ​ជតា​ងាក​មុខ​ចេញ ​បន្សល់​នូវ​ទង​ត្រចៀក​ដែល​ក្រហមងៅ ព្រោះ​ការ​រុញ​កម្ដៅ​អៀនខ្មាស​មក​ពី​ខាង​ក្នុង។​ នាង​គេច​ភ្នែក​បាន​តែ​ប្រអប់ដៃ​នាយ​លូក​មក​ចាប់​ជាប់។
​ជោគ​ជតា​ក្រឡេក​មក​មើល​ម្រាម​នាយ ​ដែល​ក្រសោប​មក​លើ​ដៃ​នាង​ ហើយ​ច្របាច់​ថ្នម​ៗ។
​បុរស​នេះ​ដឹក​ដៃ​នាង​រត់ អៀវ​នាង​កាត់​ព្រៃ ឱប​នាង​ជ្រក​ក្នុង​ដើម​ទ្រូង រហូត​ដល់​នៅ​លើ​គ្រែ​ជាមួយ​គ្នា ហេតុអ្វី​ទើប​តែ​ពេល​នេះ​នាង​មាន​អារម្មណ៍​ថា​អៀន​គេ​?​

នាង​ដក​ដៃ​ចេញ​មក​វិញ​យឺត​ៗ​ ជា​ប្រតិកម្ម​ដែល​នាង​មិន​ដែល​ធ្វើ​បែប​នេះ​ ចំពោះ​បង​ប្រធាន​និស្សិត​ពី​មុន​មក​ឡើយ ​ហើយ​រាវ​រក​អាវ​ក្រៅ​ដែល​ថ្ពក់​ពី​បង្អែក​ឡាន​មក​គ្រប​លើ​ខ្លួន​វិញ។​
​«​រងា​?​ បង​បន្ថយ​!»​
​ដៃ​គេ​ចុច​ម៉ាស៊ីនត្រជាក់ ​ហើយ​គេ​សួរ​ស្រាល​​ៗ​ក្នុង​សំឡេង​លែង​គំហក​ លែង​ថា​ឱ្យ ហើយ​បែរ​ជា​មាន​ភាព​យក​ចិត្ត​ទុក​ដាក់​និង​គួរ​ឱ្យ​​កក់ក្ដៅ។
​ទោះ​បី​ជា​យ៉ាង​ណា ជោគ​ជតា​នៅ​តែ​មិន​ហ៊ាន​ងើប​មុខ​មើល​ទៅ​បុរស​នេះ ព្រោះ​ខ្លាច​គេ​សម្លឹង​មក​នាង​និង​ញញឹម​តាម​របៀប​អម្បាញ់មិញ។

«​បង​ស្រលាញ់​ជតា ចង់​ឱ្យ​​ពាក្យ​ជតា​និយាយ​ទាំង​អស់​នោះ​ជា​ការពិត ឈប់​ទុក​បង​ម្នាក់​នេះ សម្រាប់​តែ​បោក​ប្រើ​!»​
​«​យើង​មិន​មែន​ស្រលាញ់​គ្នា​ទេ បង​ឯង​ដឹង​ហើយ​!»​
​«​កុំ​និយាយ​ខុស​ពី​អ្វី​ដែល​ខ្លួនឯង​កំពុង​គិត​!​ មិន​ដែល​ប្រុស​ស្រី​ណា​នៅ​ជាមួយគ្នា​ថ្នាក់​នេះ​ហើយ ​មិន​ស្រលាញ់​គ្នា​?»​
​នាង​នៅតែ​តវ៉ា​ ដោយ​មិន​សម្លឹងមុខ​នាយ​៖​
​«​ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ច្បាស់​!»​
​ចិត្ត​នាយ​ហេងហាង ​ពេល​ត្រូវ​ស្រី​បដិសេធ ​តែ​វិច្ឆិកា​នៅតែ​មិន​ព្រម​ឈប់។​ បើ​បំណាច់​នឹង​និយាយ​ គេ​ត្រូវតែ​ដោះ​ស្រាយ​ឱ្យ​ដឹង​រឿង​ជាមួយ​មនុស្ស​ស្រី​ចរិត​ទារិកា។​

ប្រធាន​និស្សិត​និយាយ​មួយៗ​៖​
​«​រាល់ថ្ងៃ​ពេល​ពិបាកចិត្ត​ ពេល​សប្បាយចិត្ត ​ពេល​គិត​ធ្វើ​អ្វីមួយ​ យើង​នឹក​ដល់​អ្នកណា​មុនគេ​? ​រាល់​ល្ងាច​យើង​ញ៉ាំ​​បាយ​ជាមួយគ្នា រាល់​យប់​SMS​សួរ​គ្នា​ បើ​អត់​ស្រលាញ់​គ្នា​ អា​ហ្នឹង​ទំនាក់ទំនង​ស្អី​វិញ?»​
​«​ខ្ញុំ​ស្មាន​តែ​…​»​
​«​ស្មាន​តែ​ស្អី​?»​
​«​មិន​ដឹង​ទេ ស្មាន​តែ​បង​វិច្ឆិកា​មក​ជួយ​!»​
​«​ជួយ​ស្អី​ទៅ​?​ ជួយ​ដឹក​យើង​ពី​ផ្ទះ​មក​ឱ្យ​​ប្រុស​ផ្សេង​ញ៉ែ?»

ជោគ​ជតា​ក្របួច​មាត់​ខឹង​ ពេល​គេ​រំលឹក​ពី​ខៀវ សូត្រា​។​
​ទោះ​គេ​ពេល​នេះ​មិន​និយាយ​បង្ហើប​ឈ្មោះ​និពន្ធ​នា​យកចេញ​មក ក៏​នាង​ប្រកាន់​ថា​គេ​កំពុង​តែ​ចង់​សំដៅ​លើ​បុរស​នោះ​ គឺ​គេ​មាន​ចេតនា​បន្ទោស​បង្អាប់​នាង​ ដែល​ខំ​ស្រលាញ់​ខៀវ សូត្រា។

វិច្ឆិកា​សម្លឹង​ភ្នែក​គ្រលួង​ៗ​របស់​នាង​ ហើយ​គេ​និយាយ​បន្ត​ទាំង​សើច​ស្ងួត៖
​«​កុំ​ច្រឡំ​ណា៎! បង​វិច្ឆិកា​នេះ​ មិន​ដែល​គិត​ថា​ លើក​យើង​ទៅ​ឱ្យ​​អា​ម្នាក់​នោះ​ទេ គ្រាន់តែ​បង​ចង់​ឱ្យ​​យើង​ស្គាល់​មារយាទ​ពួក​ដែល​ពូកែ​ធ្វើ​ឱ្យ​​ស្រី​រំភើប ចុង​បញ្ចប់​បង​នេះ​ហើយ​ ដែល​រៀប​ការ​ជាមួយ​យើង​!»​
​«​ស្អី​គេ​បង​ឯង​? ខ្ញុំ​ស្មាន​តែ​បង​ឯង​មាន​បំណង​ជួយ​?​ ដឹង​អី មនុស្ស…»
​គេ​ងាក​មក​ទៀត ធ្វើ​ឱ្យ​​នាង​អាក់…

ស្រី​តូច​ឈប់​និយាយ ​រួច​បែរ​ជា​សម្លឹង​មុខ​នាយ​ភ្លឹះៗ​វិញ។
​បុរស​នេះ​នៅ​ចំពោះ​មុខ​នាង ​មើល​ទៅ​ពាក់​កណ្ដាល​កាច​ ពាក់​កណ្ដាល​ទៀ​ត​គឺ​អត្តនោម័តិ។
​គេ​សម្លឹង​ហើយ​សម្លឹង​ទៀត ​ក្នុង​ចេតនា​ចង់​ប្រាប់​ថា​ គេ​មិន​និយាយ​លេង ​ហើយ​ក៏​មិន​និយាយ​ហើយ​មិន​ធ្វើ​ដែរ។
​«​ធ្វើ​អី​ដែល​ខ្លួន​ចង់​ធ្វើ​អស់​ហើយ! ពេល​នេះ​ដល់​វេន​បង​ម្ដង!»
​«​ស្អី​គេ?»
​នាង​រអ៊ូ​ទាំង​ឆ្ងល់​ផង ពិបាក​ចិត្ត​ផង។
​«​ឈប់​និយាយ​ពាក្យ​ដដែលៗ​ជោគ​ជតា​! ពេល​មួយ​ម៉ោង​ទៀត​នេះ វា​គ្រប់​ល្មម​សម្រាប់​បង​និយាយ​រឿង​រៀប​ការ​ជាមួយ​ប៉ា​ម៉ាក់​យើង!»
​នាង​ជ្រួញ​ចិញ្ចើម​សម្លឹង​ភាព​ប្រាកដប្រជា​នៅ​លើ​មុខ​នាយ ធ្វើ​ឱ្យ​​បុរស​ងាក​មក​វិញ​ទៀត​ ហើយ​គ​ម្រាម៖
​«​ប្រាប់​ឱ្យ​​ហើយ​!​ នេះ​វិច្ឆិកា​មិន​មែន​ម៉ាឌី​​ទេ​! ​សាក​រត់ចោល​រោង​ការ​មើល៍​!​ ដឹង​គ្នា​ម្ដង!»

​រថយន្ត​លូន​ដល់​ក្នុង​របង​ផ្ទះ ជោគជតា​ចុះ​ដើរ​សំដៅ​ទៅ​រក​ម្ដាយ​ ដែល​កំពុង​តែ​រៀប​ចំ​ផ្លែឈើ​ដាក់​តាម​លំដាប់​លំដោយ​ទៅ​ក្នុង​កន្ត្រក​យូរ​ធំ​ៗ​ពីរ។
​នាង​មក​ឈប់​ក្បែរ​ម្ដាយ​​ទាំង​មុខ​ស្ងួត ធ្វើ​ឱ្យ​​លោក​ជំទាវ​ឃើញ​ឫកពា​កូនស្រី​កាលណា ងាកមើល​ហួស​សំដៅ​ទៅ​រក​បុរស​ដែល​ជា​គូរ​ដណ្ដឹង។

គេ​នោះ​ចុះ​ពី​ឡាន​ដើរ​មក​តាម​ក្រោយ​តូច​នារី​ជាមួយ​សម្ភារៈ​នាង​មួយ​កាបូប​ធំ​។​
​ជំទាវ​ដឹង​ថា មូលហេតុ​ដែល​កូនស្រី​ខ្លួន​មិន​សប្បាយចិត្ត គឺ​ដោយសារ​រឿង​ដែល​ត្រូវ​បុរស​នេះ​បង្ខំ​​ឱ្យ​​វិលត្រឡប់​មក​ផ្ទះ​វិញ​នេះ​ហើយ។
​«​មក​ដល់​រហ័ស​ម៉េះ​កូន​? ម៉ាក់​នៅ​មិន​ទាន់​រៀបចំ​ផ្លែឈើ​រួច​ផង​!»​
​ជោគ​ជតា​អង្គុយ​ចុះ​លើ​គ្រែ​គ្រញូង​ក្បែរ​ម្ដាយ​​ដោយ​មុខ​មិន​រីក​។​

សាជាថ្មី​ជំទាវ​តាម​សម្លឹង​ប្រុស​ស្អាត​ដែល​មកពី​ក្រោយខ្នង​នាង គេ​នោះ​ក៏​រក្សា​ទឹក​មុខស្មើ​ដូចគ្នា​។ គាត់​ញញឹម​ដាក់​អនាគត​កូន​ប្រសា ​ពេល​នាយ​លើកដៃ​មក​ជម្រាប​សួរ ។​
​ទោះ​យ៉ាងណា​ជំទាវ​ប្រាកដ​ចិត្ត​ថា បើ​មាន​បញ្ហា​ទំនាស់ មុខ​តែ​ខាង​កូនស្រី​គាត់​ហ្នឹង​ហើយ ​ជា​អ្នក​បង្ក​រឿង មិនមែន​ប្រធាន​និស្សិត​ដែល​គាត់​ពេញ​ចិត្ត​ម្នាក់​នេះ​ទេ។
​គាត់​ស្រដី​ទៅ​កាន់​នាយ៖
​«​កូន​វិច្ឆិកា​មក​ដល់​រហ័ស​ម៉េះ ប្រាប់​មីង​ថា​មក​បាន​តែ​ជាង​មួយ​ម៉ោង ប្រញាប់​បក​ទៅ​វិញ​ មីង​ខំ​រៀប​ចំ​ផ្លែឈើ​ផ្ញើ​​ទៅ​បង​វីន​ តែ​រៀប​មិន​ទាន់​រួច​!»​
​«​​ឱ្យ​​ជោគ​ជតា​គេ​ជួយ​ទៅ​អ្នក​មីង​!»​
​គេ​និយាយ ហើយ​ដៀង​ភ្នែក​ទៅ​រក​សរសៃ​សក់​វែង​អន្លាយ ​ដែល​ក្រាល​គ្រប​លើ​ខ្នង​នាង​។ ​ជំទាវ​ក្រឡេក​ទៅ​ពិនិត្យ​ផ្ទៃ​មុខ​បុត្រី​តាម​ដែរ។

ជោគ​ជតា ប្រញាប់​ក្រោក​ហើយ​និយាយ​ជាមួយ​ម្ដាយ៖
​«​ម៉ាក់​!​ កូន​ទៅ​លើ​ហើយ​!»​
​ជំទាវ​ញញឹម​ពេល​នាង​ក្រោក​ តែ​វិច្ឆិកា​​និយាយ​កាត់​ដំណើរ​នាង៖
​«​យក​ខោអាវ​ទៅ​ផង!»
​នាង​តូច​ងើប​មុខ​សម្លឹង​គេ ឃើញ​គេ​សម្លឹង​មុខ​នាង​ដោយ​កែវភ្នែក​ស្រទន់។
​គេ​នេះ​ដូច​ជា​មាន​ចេតនា​បញ្ចេញ​ចរិត​ប្លែកៗ​ មក​ចំពោះ​នាង​ពេញ​ទំហឹង​ហើយ​ថ្ងៃ​នេះ ធ្វើ​ឱ្យ​​ស្រី​តូច​គិត​ថា​គេ​នេះ​ប្រហែលជា​កំពុង​មាន​បញ្ហា​ការងារ​ខ្លាំង ​រហូតដល់​ដូរ​ចរិត​។​
​«​​ឱ្យ​​មក​!»​
​នាង​និយាយ​ទាំង​ធ្វើ​មុខ​សោះអង្គើយ ធ្វើ​ឱ្យ​​អ្នក​ម្ដាយ​​ថា​ឱ្យ​​ភ្លាម​៖​
​«​ម៉េច​និយាយ​កំបុតកំបុយ​អាក្រក់​ស្ដាប់​ម៉េះ​កូន​?»​
​«​មក​ពី​គេ​នេះ​និយាយ​កំបុតកំបុយ​ដាក់​ជតា​មុន!»
​ថា​ចប់​នាង​កញ្ឆក់​ខោអាវ ​ហើយ​ដើរ​ចូល​ក្នុង​ផ្ទះ​ចោល​នាយ។

​ប្រុស​ស្អាត​ដើរ​មួយៗ​មក​ក្បែរ​អនាគត​ម្ដាយ​ក្មេក​ ហើយ​សម្លឹង​មើល​ភាព​ផ្ចិតផ្ចង់​របស់​គាត់​ដែល​ធ្វើ​កិច្ចការ​មេផ្ទះ​យ៉ាង​ប៉ិន​ប្រសព្វ។
​«​កូនស្រី​តែ​មួយ​ម្នាក់​នេះ មិន​ដឹង​ជា​បាន​ធ្វើ​បាប​ចិត្ត​ម្ដាយ​កម្រិត​ណា​ហើយ​ទេ​ ច្រើន​ឆ្នាំ​មក​នេះ!»
​គេ​គិត​ស្ងាត់​ៗ​ផង​ សម្លឹង​សកម្មភាព​លោក​ជំទាវ​ផង​។​
​«​មីង​មាន​ផ្អក​ត្រី​ប្រៃ ចាំ​មីង​ប្រើ​ជតា​ធ្វើ​ឱ្យ​​កូន​វិច្ឆិកា​ផ្ទាល់ដៃ​! ម្ហូប​ផ្សេង​ទៀត​ឆ្អិន​អស់​ហើយ​!​ ប៉ា​និង​លោកតា​កំពុង​មក​វិញ​តាម​ផ្លូវ​! ចាំ​បាយ​ជុំ​គ្នា​ម្ដង​! »​
​ថា​ចប់​គាត់​ញញឹម​ហើយ​ក្រោក​ទៅ ទុក​ឱ្យ​​ប្រធាន​និស្សិត​មិន​មាត់​មិន​ក តែ​គេ​គិតក្នុងចិត្ត​ម្នាក់ឯង​បន្ត៖​
​«​ពុល​ស្លាប់​នឹង​ស្នាដៃ​នាង​ល្អិត​មិន​ខាន​!»​

ទូរសព្ទ​នាយ​រោទ៍។
​ជា​លេខ​មិន​ធ្លាប់​ស្គាល់ នាយ​រក​នឹក​មិន​ឃើញ​សោះ។
​«​អាឡូ! ​ខ្ញុំ​វិច្ឆិកា!»
​«បាទ! ខ្ញុំ​ប៉ូលិស ខណ្ឌ​ចំការមន! ​ខ្ញុំ​សុំ​ជួប​លោក​ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​មនុស្ស​ម្នាក់​! ​អ្នកកាសែត​ស្រី​ពេជ្រ​ ដា​ណែន​»​
​គេ​រេ​ភ្នែក​គិត​។ អ្វី​ម្យ៉ាង​ទំនងជា​កំពុង​​កើត​មាន​ឡើង​ ទោះ​បី​មិន​ទាន់​ដឹង​ប្រាកដ​ថា​ជា​រឿង​អ្វី​ក៏​ដោយ​។​
​វិច្ឆិកា​នឹកឃើញ​ភ្លាម​ ដល់​វេលា​ចុងក្រោយ​ដែល​ខ្លួន​បាន​លា​នាង​ចេញទៅ​។ ​ស្ថានភាព​ពាក់​កណ្ដាល​យប់​​នោះ នាង​ហាក់​ដូចជា​ស្ថិត​ក្នុង​ភាព​ខឹងសម្បា​ចំពោះ​ខៀវ​ សូ​ត្រា ពន្យល់​យ៉ាង​ណា​ក៏​ដា​ណែន នៅ​តែ​គេចវេះ​មិន​ព្រម​ស្ដាប់​ ប៉ុន្តែ​ចុះ​ហេតុអ្វី​បានជា​នាង​បាត់​ខ្លួន​?​

គេ​រង់ចាំ​​ឱ្យ​​ចិត្ត​វិល​មក​នឹង​ន​រ បាន​ធម្មតា​សិន​ ទើប​ហា​​ឆ្លើយ​៖​
​«​ពេជ្រ ​​ដា​ណែន​បាត់ ហេតុ​អី​ប៉ូលិស​មក​សួរ​ខ្ញុំ​!»​
​«​ពួក​យើង​មាន​កំណត់ត្រា​ណាត់​ជួប​នាង​ចុង​ក្រោយ​គេ គឺ​លេខ​ទូរ​សព្ទ​របស់​លោក​! យើង​គ្រាន់តែ​ចង់​សាកសួរ សូម​សហការ​!»​
​វិច្ឆិកា​រិះគិត​។​
​ឬ​មួយ​ថា​ចេញ​ពី​ជួប​គ្នា នាង​មិន​បាន​ជួប​អ្នក​ណា​ទាំង​អស់​ហើយ ស្រាប់​តែ​បាត់​ខ្លួន?
​ចុះ​បើ​នារី​នោះ​មាន​ចេតនា​ពួន​គេច​ចេញពី​ភាព​សោកសៅ យើង​នេះ​ហ្អី​ដែល​មក​ត្រូវ​ពុន​រែក​ការ​ឆ្លើយឆ្លង​ជាមួយ​ប៉ូលិស?

គេ​ឆ្លើយ​តប​មួយៗ​៖​
​«​អត់​មានអី​ប្រកែក​ទេ​! ​តែ​ពេល​នេះ ខ្ញុំ​កំពុង​នៅ​បាត់​ដំ​បង លឿន​បំផុត​ក៏​ប្រាំ​ម៉ោង​ទៀត​ដែរ បាន​ទៅ​ដល់​វិញ​! ខ្ញុំ​ចង់​ដឹង​ពី​រឿងរ៉ាវ​ទាំង​ស្រុង​របស់​គេ ពេជ្រ​ ដា​ណែន!»
​សំឡេង​ប៉ូលិស​ឆ្លើយតប​វិញ៖
​«​អ្នក​ស្នាក់​នៅ​ជាមួយ​នាង​ឈ្មោះ​ម៉ាឌី បាន​រាយការណ៍​ថា ក្រោយ​ពី​យប់​ដែល​នាង​ទទួល​ការ​ហៅ​ចុង​ក្រោយ​របស់​លោក​ នាង​ត្រឡប់​មក​វិញ​មាន​បញ្ហា​ផ្នែក​អារម្មណ៍​ជា​ខ្លាំង​ រហូត​ដួល​សន្លប់​ចូល​មន្ទីរ​ពេទ្យ​! ​ប៉ុន្តែ​ពេល​ព្រលប់​ធំ​ ដែល​សាក្សី​ឈ្មោះ​ម៉ាឌី​ ចេញ​ទៅ​ក្រៅ​រក​ទិញ​សម្ភារៈ គេ​ត្រឡប់​មក​វិញ នាង​បាន​បាត់​ខ្លួន​ពី​បន្ទប់​សម្រាក​ព្យាបាល​ទៅ​ហើយ​!»​

«​ម្នាក់​នោះ មាន​អី​សំអាង​ដែល​ហ៊ាន​ប៉ូលិស​ប្ដឹង​ពី​ខ្ញុំ​!»​
​«​កុំ​ភ័ន្ត​ច្រឡំ ម្នាក់​នោះ​មិន​ដឹង​អ្វី​ទាំង​អស់ គេ​បាន​ប្ដឹង​ប៉ូលិស​ក្រោយ​ពី​ទាក់ទង ​ពេជ្រ​​ ដា​ណែន​មិន​បាន​ពេញ​មួយ​យប់ ចំណែក​កំណត់​ត្រា​ទូរ​សព្ទ​លោក​និង​នាង ប៉ូលិស​ជា​​អ្នក​ស្រាវជ្រាវ​ឃើញ​ខ្លួនឯង​!​ កុំ​បារម្ភ​អី ពួក​យើង​គ្រាន់តែ​ចង់​ដឹង​ស្ថានភាព​នាង​ មុន​ពេល​បាត់​ខ្លួន ហើយ​អ្នក​ដែល​បាន​ជជែក​នឹង​នាង​ក្រោយ​គេ​មុន​នាង​ចូល​ពេទ្យ​គឺ​លោក​!»​

ខៀវ សូត្រា​​អណ្ដែត​ឡើង​មក​ពេញ​ទំហឹង​ក្នុង​កែវ​ភ្នែក​ប្រធាន​និស្សិត។
​វិច្ឆិកា​ប្រឹង​នឹក​ឃើញ​ឡើង​វិញ​ដល់​អាការៈ​នារី​អ្នក​កាសែត​ពេល​លា​គ្នា​…​ «​ ខ្ញុំ​យល់ថា ដាមិកា​និង​ ខៀវ​ សូ​ត្រា ប្រហែលជា​ត្រូវ​អ្វីមួយ​បង្ខំ បាន​ជា​ត្រូវ​រើស​យក​វិធី​នេះ​!» ​សម្ដី​ដែល​នាង​ឆ្លើយ​ដោយ​នឹងនរ តែ​ឈឺចាប់ ​«​នៅ​ពេល​ដែល​ខ្ញុំ​ជួប​គេ គឺ​គេ​សន្លប់ គេ​មិន​ដឹង​ខ្លួន​ទេ​! គេ​លេង​ល្ខោន​បាន​ល្អ​ហើយ​លេង​បោក​មនុស្ស​ដែល​ល្អ​នឹង​គេ​! ​មួយ​ជាតិ​នេះ​ខ្ញុំ​មិន​លើក​លែង​ឱ្យ​​ខៀវ ​សូ​ត្រា ដាច់​ខាត»
​វិច្ឆិកា​រេ​ភ្នែក​គិត​ចុះ​ឡើង ម្នាក់​ឯង​ពេល​នឹក​ឃើញ​ដល់​សកម្មភាព​អស់​នេះ​ «​ខ្ញុំ​មិន​គិត​ថា​នាង​គិត​ខ្លី​ទេ ពេជ្រ ​ដា​ណែន​!»​។​

សំឡេង​ប៉ូលិស​លាន់​មក​សង្ខើញ​៖​
​«​លោក​វិច្ឆិកា​?»​
​«​ខ្ញុំ​ទៅ​វិញ​ឥឡូវ​នេះ​! ល្ងាច​ជួប​គ្នា​!»​
​គេ​ដាក់​ទូរ​សព្ទ​ចុះ ហើយ​បែរ​ក្រោយ​។​
​តូច​ជោគ​ជតា​មក​ដល់​ពី​ពេល​ណា​មិន​ដឹង នាង​ឈរ​ទ្រឹង​សម្លឹង​អាការៈ​ប្រុស​ស្អាត ដែល​រាវ​រក​សោ​ឡាន។
​«​បង​ត្រូវ​ទៅ​វិញ​អាឡូវ​នេះ​!»​
​នាង​នៅ​ធ្វើ​មុខ​ស្ងួត​ តែ​នាង​​​ហាក់​ឆ្ងល់។

ជំទាវ​សួរ​នាំ​ពី​ចំ​ហៀ​ង​ខ្លួន៖
​«​ញ៉ាំ​បាយ​សិន​កូន​!»​
​ប្រុស​ស្អាត​សម្លឹង​ទៅ​ហើយ​ បែរ​មក​រក​គាត់​បន្តិច​ ដោយ​ប្រញាប់​ងាក​មក​រក​នារី​តូច​ ដែល​គេ​ស្រលាញ់​ពេញ​បេះដូង ហើយ​បន្ទាប់មក​អ្នក​ឃើញ​ចាន​ផ្អក​និង​បន្លែស្រស់​លើ​ថាស​ដែល​នាង​កាន់។
​សុភមង្គល​បាន​លេប​ត្របាក់​អារម្មណ៍​តក្កមា​របស់​នាយ​ លើ​ករណី​ពេជ្រ ​​ដា​ណែន។
​គេ​ញញឹម​តិចតួច​ពេល​ដឹង​ថា​កូន​ស្វា​cute​របស់​ខ្លួន​ម្នាក់​នេះ តាមពិត​ក៏​ចេះ​ធ្វើ​ជា​កុលនារី​ចូល​ចង្ក្រាន​ម្ដង​ម្កាល​បាន​ដែរ​ទេតើ ។​
​គិត​ហើយ​កន្ទុយភ្នែក​គេ​លួច​បាញ់​ទៅ​រក​នាង​។​

ទឹកមុខ​នាង​គឺ​ស្មើនឹង​ខូចចិត្ត​ បើ​ពេល​នេះ​គេ​មិន​នៅ​សាក​របស់​លើ​ថាស​។ ចំណែក​សំឡេង​លោក​ជំទាវ​លាន់​មក​បន្ថែម​៖​
​«​ប៉ា​និង​លោកតា​នៅ​ជាប់​សម្ដី​នឹង​ឈ្មួញ ​ដែល​មក​ចង់​រក​វិនិយោគ​ដី លោកប៉ា​ទូរ​សព្ទ​មក​ថា​​ឱ្យ​​បាយ​មុន​ទៅ ចំណែក​មីង​ត្រូវ​យក​ឯកសារ​ខ្លះ​ទៅ​​ឱ្យ​​អ្នក​រក​ដី​នោះ​ពិនិត្យ​ដែរ​! ជតា​កំដរ​បង​ហូបបាយ​​ឱ្យ​​ស្រួល​ចាំ​​ឱ្យ​​បង​ត្រឡប់​ទៅ​ធ្វើការ​»​
​ជំទាវ​ទៅ​បាត់​សល់​តែ​អ្នក​និង​នាង​ មានរឿង​អី​ដែល​វិច្ឆិកា​​ត្រូវ​បដិសេធ​។​

គេ​ចូល​ទៅ​អង្គុយ​តុ​បាយ ហើយ​តាម​សម្លឹង​មើល​កាយវិការ​នាង​។​
​នាង​តូច​រៀបចំ​បាយទឹក ចំណែក​អ្នក​ជំនួស​ដៃ​ជើង​ក្នុង​ផ្ទះ​ គ្មាន​អ្នក​ណា​មក​ក្បែរ​សូម្បីតែ​ម្នាក់​។​
​«​ទើប​នឹង​ដឹង​ថា​អ្នក​ខ្លះ​ចេះ​ធ្វើ​ម្ហូប​ដែរ​?»​
​«​ចេះតែ​មួយ​មុខ​ហ្នឹង​គត់​!»​
​នាង​ឆ្លើយ​ធ្វើ​ហី​ មុខស្រពោន​បញ្ជាក់​ថា ​មិន​ទាន់​ព្រម​មាន​សន្តិភាព​ជា​មួយ​នាយ​។​
​«​ហេតុ​អី​?»​
​នាយ​សួរ​ទាំង​រេ​ភ្នែក​សម្លឹង​ផ្អក​ក្នុង​ចាន​ដែល​លាយ​គ្រឿង​ មើល​ទៅ​ចង់​ស្រក​ទឹក​មាត់​។​
​«​កុំ​សួរ​ពាក្យ​ដដែលៗ​»​
​នាង​ថា​​ឱ្យ​គេ ធ្វើ​ឱ្យ​​ប្រធាន​និស្សិត​អស់​សំណើច​ ងើប​មុខ​មើល​ស្រី​តូច​ច្រមក់​ដែល​ចេះ​ចម្លង​ពាក្យ​មក​ថា​ឱ្យ​​ខ្លួន​បញ្ច្រាស​វិញ​យ៉ាង​រំភើយ។

កំលោះ​​យើង​បដិសេធ​ភ្លែត៖
​«​ពាក្យ​ពីរ​ម៉ាត់​នេះ​ ទើប​តែ​បាន​សួរ​ម្ដង​គត់​ទេ​នៀក តាំង​ពី​ស្គាល់​គ្នា​មក!»
​នាង​នៅ​ស្ងៀម​បិទ​គម្រប​ឆ្នាំង​បាយ​ ហើយ​អង្គុយ​ចុះ​យឺត​ៗ​នៅ​ពី​មុខ​នាយ ​ផ្ដើម​ត្រៀម​ចាប់​ម្ហូប។
​បុរស​បរិភោគ​បណ្ដើរ​ងើប​មុខ​មើល​ម៉ោង​បណ្ដើរ ធ្វើ​ឱ្យ​នារី​តូច​ក្រញូវ​ហើយ ចុច​ស្លាបព្រា​ចុះ​ឡើង​មិន​ព្រម​លើក​អាហារ​ដាក់​មាត់។
​«​កើត​ស្អី​ទៀត​ហើយ​?»​
​គេ​សួរ​តិចៗ​ស្រាល​ៗ​ ទោះ​ជា​ពាក្យ​ដែល​ប្រើ​មើល​ទៅ​អសុរោះ ដឹង​អី​នាង​តប​មក​វិញ​រហ័ស​ដូច​ចិត្ត៖
​«​ខ្ញុំ​សួរ​បង​ឯង ពេល​ណា​បង​ឯង​មក​យក​ខ្ញុំ​ទៅ​ភ្នំពេញ​វិញ?»
​វិច្ឆិកា​ហួសចិត្ត គេ​ចង​ចិញ្ចើម​រេ​សម្លឹង​ផ្ទះ​ធំ​ល្វឹង​ ដែល​ពេញ​ដោយ​បរិយាកាស​សុខដុម។ ​បុរស​ងាក​មក​វិញ​ថា​ឱ្យ​​នាង​ដោយ​សព្ទ​សូរ​ខ្សឹបៗ៖
​«​ចេះ​នៅ​ផ្ទះ​ខ្លះ​បាន​អត់​? ​អ្ហះ​? ដើរ​ហ្នឹង​ដើរ​មិន​ចេះ​ឆ្អែត​?»​
​«​បង​ឯង​ខ្លួនឯង​ល្អ​ណាស់ មក​ដល់​មិន​បាន​ក្ដៅ​គូទ រត់​ទៅ​បាត់​!»​
​«​បង​រវល់​ យល់​អ្ហេស​ពាក្យ​ថា​រវល់​!»​

ជោគជតា​ធ្វើ​មុខ​ក្រចុបៗ ​មិន​ងើបមុខ​សម្លឹង​នាយ​ទេ​ តែ​នាង​ក៏​មិន​ព្រម​ចាប់​អាហារ​មក​ឡើយ​។​
​«​ដា​ណែន​បាត់​ខ្លួន​ហើយ​!​ ប៉ូលិស​​ឱ្យ​​បង​ទៅ​សហការ​!»
​នាង​ងើប​មុខ​មក​វិញ​យ៉ាង​រហ័ស ​ធ្វើ​ឱ្យ​​បុរស​ចាប់ផ្ដើម​សង្កត់​ពាក្យ៖
​«​ពេជ្រ​ ដា​ណែន!»
​«​បង​ដា​ណែន​បាត់​ទៅ​ណា?»
​បុរស​លើក​ទឹក​មក​ក្រេប។ ស្ថានការណ៍​មិន​អាច​ឱ្យ​​នាយ​អាច​លេប​បាយ​ចូល​បាន​តទៅ​ទៀត​ឡើយ ទោះ​ស្រី​តូច​ម្ចាស់​ចិត្ត​កំពុង​​អង្គុយ​នៅ​ទី​នេះ​កំដរ​ក៏ដោយ។​
​«​បង​មិន​ដឹង​ទេ​!​ តែ​សមត្ថកិច្ច​កំពុង​ធ្វើការ​!»​
​«​ហេតុ​អី​គេ​ត្រូវ​មក​សួរ​បង​!​ បង​វិច្ឆិកា​មាន​អី​ទាក់ទង​!»​
​វិច្ឆិកា​ដក​ដង្ហើម​វែង​។​ គេ​ទម្លាប់​មិន​ងាយ​និយាយ​អ្វី​ដែល​មិន​ចាំបាច់​ចេញ​មក​ក្រៅ​ទេ ប៉ុន្តែ​សម្រាប់​នារី​តូច​នេះ ​នាយ​មិនដែល​មាន​ចេតនា​ថា ​លាក់​កំបាំង​អ្វី​ជាមួយ​នាង​នោះ​ឡើយ​។​

«​នៅ​ចាំ​អត់​?​ បង​យក​លេខ​គេ​ពី​យើង​!​ បង​មាន​ការ​រក​គេ​និយាយ​គ្នា​សួរនាំ​រឿង​ខ្លះ ក្រោយ​ពេល​ជួប​គ្នា​ គេ​ស្រាប់តែ​បាត់​ខ្លួន​!»​
​នាង​ធ្វើ​ភ្នែក​គ្រលួង​ហើយ​តក់ស្លុត​។​
​វិច្ឆិកា​គេ​មិន​ចង់​និយាយ​អ្វី​បង្ហើយ​ទេ តែ​នាង​គង់​តែ​ជជីក​សួរ​ដដែលៗ យល់​ដូច្នេះ​ កុំ​​ឱ្យ​​ខាត​ពេល​ទាំង​អស់​គ្នា គេ​ក៏​ប្រាប់​ទៀត​៖​
​«​ប៉ូលិស​ថា​គេ​មាន​កំណត់ត្រា​ទូរ​សព្ទ​បង ​ជា​មនុស្ស​ក្រោយ​គេ​ដែល​បាន​និយាយ​ជាមួយ​ពេជ្រ​ ដាណែន​!»​
​«​ប្រាប់​គេ​ទៅ ថា​បង​វិច្ឆិកា​អត់​មាន​ពាក់ព័ន្ធ​»​
​អារម្មណ៍​កណ្ដាល​ព្រៃ​ជ្រៅ​វិល​មក​វិញ​។​
​គេ​ដឹង​ថា​ស្រី​តូច​ម្នាក់​នេះ​នឹក​ដល់​សុខទុក្ខ​គេ​ជា​អាទិភាព ហើយ​សូម្បីតែ​ពេជ្រ​​​ ដា​ណែន​ដែល​នាង​ធ្លាប់​គោរព​ស្រលាញ់​​ហើយ​កំពុង​បាត់ខ្លួន​ ក៏​ត្រូវ​នាង​ទុក​ចោល​ទៅ​ម្ខាង​។​

នារី​នេះ​មាន​ចិត្ត​ស្នេហា​មក​លើ​នាយ បើ​មិនមែន​ជ្រៅ​ក៏​មិន​ពិតជា​រាក់​ប៉ុន្មាន​ដែរ ពុំ​នោះ​ទេ​សេចក្ដី​បារម្ភ​ខ្វាយ​ខ្វល់​ ម៉េច​សម​ថា​មាន​ទំហំ​ដល់​ថ្នាក់ ​អាច​បណ្ដោយ​ឱ្យ​​នាង​​តក់ស្លុត​បាន​ដល់​ថ្នាក់​លូកដៃ​មក​ចាប់​នាយ។
​បុរស​រេ​ចក្ខុ​មក​សម្លឹង​ម្រាម​នាង ដែល​នៅ​តោង​ហត្ថ​នាយ​ជាប់ ចំណែក​សំឡេង​នាង​នៅ​តែ​លាន់​មក​បន្ត​ឥត​ឈប់៖
​«​អត់​កើត​ទេ ត្រូវ​តែ​ជម្រាប​ប៉ា!»
​នាង​ស្រវា​ក្រោក​ ហើយ​រំពៃ​រក​ទូរ​សព្ទ។
​ប្រធាន​និស្សិត​តាម​សម្លឹង​នាង​ពី​ក្រោយ​ហើយ​ហៅ​តិច​ៗ៖
​«​ឈប់​ពុះ​កញ្ជ្រោល​ទៅ​ជោគ​ជតា​!​ គ្មាន​អី​ទាំងអស់​! ​ប៉ូលិស​គេ​គ្រាន់តែ​ត្រូវការ​អ្នក​សហការ​!​ គេ​ចង់​រក​ឃើញ​ដា​ណែន​ឆាប់ៗ​!»​

នាង​មិន​ព្រម​ស្ដាប់​នៅតែ​ចចេស​រក​បន្ត ធ្វើ​ឱ្យ​​នាយ​លូកដៃ​ទៅ​ទាញ ប្រាណ​តូច​ច្រឡឹង​មក​ហើយ ប្រតោង​ជាប់​។​
​សំឡេង​នាយ​ខ្សឹបៗ ​មក​កាន់​កែវភ្នែក​មូលក្លុំ​របស់​នាង៖
​«​ឈប់​ធ្វើ​រឿង​តូច ​​ឱ្យ​ទៅ​ជា​ធំ​បាន​អត់​អ្ហះ?»
​នាង​មិន​បាន​បាត់​ភាគ​រយ​នៃ​ការ​ភ័យ​បារម្ភ​សូម្បី​តែ​បន្តិច​ណា​ពី​ផ្ទៃមុខ ​ប៉ុន្តែ​នាង​នៅ​សំងំ​
​ស្ងៀម​ចាំ​ស្ដាប់​បន្ត។
​«​បង​ថា​មិន​អី​គឺ​មិន​អី​ហើយ​! បង​ត្រូវ​ទៅ​ហើយ យល់​នៅ? ​កុំ​នាំ​រឿង​ច្រើន​ជាង​នេះ កុំ​​ឱ្យ​​ចាស់ៗ​ពិបាក​ចិត្ត កុំ​​ឱ្យ​​ពួក​គាត់​ទូរសព្ទ​ទៅ​បន្ត​បន្ទាប់​គ្នា! ​បង​ឆាប់​បញ្ចប់​ការងារ​អស់​នេះ ហើយ​បក​មក​រក​ជតា​វិញ​!»​

ដង្ហើម​តូច​នារី​នៅ​តែ​ដង្ហក់​ដោយ​ភាព​ភ័យ​ព្រួយ​ ប៉ុន្តែ​ដៃ​នាង​លែង​ហត្ថា​នាយ​យឺត​ៗ​។​
​«​បង​វិច្ឆិកា​កុហក​!»​
​នាង​រអ៊ូ​ពាក្យ​នេះ​តិចៗ ប្រហែល​ជា​នាង​នឹក​ឃើញ​ទៅ​ដល់​ស្ថានភាព​នៅ​កណ្ដាល​យប់​ដែល​គេ​កុហក​នាង​ថា​ «​ឡាន​ទី​ពីរ​ជិត​មក​ដល់​ហើយ»។
​វិច្ឆិកា នៅ​សម្លឹង​ថ្ងាស​ស​ហ្មត់​នៃ​នារី​ដោយ​ក្ដី​អាណិត​ស្រលាញ់។
​សេចក្ដី​ស្នេហា​ដែល​បង្កប់​ភាព​ចាស់​ទុំ មិន​ព្រហើន​បោក​បាច​ បាន​ធ្វើ​ឱ្យ​​បុរស​នេះ​ អាច​អត់ធ្មត់​ចិត្ត​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី ​ឱ្យ​​ស្មើ​នឹង​សេចក្ដី​រាយមាយ​របស់​បេះដូង​បាន​។​

ជាមួយ​ការ​ដៀង​យ៉ាង​ស្រ​ទន់​ទៅ​រក​នាង គេ​នៅ​រង់​ចាំ​មើល​ប្រតិកម្ម​ពី​នារី​ដែល​តែងតែ​ចចេស​ថា​ នាង​មិន​ដែល​ស្រលាញ់​នាយ​។​
​កែវភ្នែក​នាង​ដែល​មើល​មក​ពេល​នេះ ​គឺ​វា​ប្រៀប​បី​ដូច​ជោគជតា​បាន​បោះ​បង់​ចោល​រឿង​ទាំងអស់​នៅ​ក្នុង​លោក​យើង​នេះ​​​ ហើយ​មក​ផ្ដោត​គិតតែ​លើ​វិបត្តិ​តូច​មួយ​នេះ​។​
​«​ចុះ​បើ​ខៀវ ​សូ​ត្រា ក៏​ត្រូវ​ប៉ូលិស​កោះ​ហៅ​ដូច​គ្នា​នេះ យើង​បារម្ភ​ពី​ម្នាក់​នោះ​ដែរ​អត់​ទេ ជោគ​ជតា​?»​
​គេ​សួរ​តិចៗ សួរ​មួយៗ ព្រោះ​មិន​ចង់​លាក់បាំង​អ្វី​ដែល​ខ្លួន​កំពុង​ស្វែងរក​ចម្លើយ​ពិត​ចេញ​ពី​មាត់​នាង។
​កែវភ្នែក​នាង​រេ​គិត ហើយ​សន្សឹម​ៗ​នាង​ងាក​មុខ​គេច​ចេញ​យឺត​ៗ រហូត​ដល់​លែង​ឃើញ​មុខ​គេ​ទាំង​ស្រុង តែ​នាយ​ដឹង​ថា​ ស្រី​ម្នាក់​នេះ​ មិន​មាន​ចិត្ត​ចង់​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​នាយ​ក្នុង​ពេល​នេះ​ទេ អ្វី​ដែល​គេ​ដឹង​បន្ថែម​ទៀត​នោះ គឺ​ថា​នាង​កំពុង​តែ​សួរ​ខ្លួនឯង គឺ​ជោគ​ជតា​ក៏​ពិត​ជា​កំពុង​ត្រិះរិះ​រក​ចម្លើយ​ដូច​គ្នា។
​«​ស្រលាញ់​គេ​ហើយ អត់​ដឹង​ខ្លួនឯង​ទៀត​អ្ហះ​!»​
​គេ​និយាយ​ពី​ក្រោយ​ត្រចៀក​នាង ធ្វើ​ឱ្យ​សក់​នាង​ប៉ើង​ឡើង​លើ។
​ស្មា​នាង​នៅ​ស្ងៀម​មុន​ពេល​ម្ចាស់ខ្លួន​បែរ​ក្រោយ​ឈាន​ចាកចេញ​ទៅ ប៉ុន្តែ​បាន​ពីរ​បី​ជំហាន​នាង​ឈប់ ហើយ​ងាក​មក​វិញ​…​​

ស្ថានភាព​ជោគ​ជតា គឺ​អៀនខ្មាស គ្មាន​ពាក្យ​និយាយ​មិន​ចង់​យល់ស្រប ​ប៉ុន្តែ​បដិសេធ​មិន​កើត​។​
​នាង​ដឹង​ថា​ក្នុង​បេះដូង​ខ្លួន​​​ឯង តម្លៃ​បង​និពន្ធ​នាយក​សម្បូរ​ស្នេហ៍ ចុង​បញ្ចប់​នៅ​តែ​ចាញ់​បង​ប្រធាន​និស្សិត​ម្នាក់​នេះ ហើយ​នាង​ឈាន​ទៅ​ ព្រោះ​ប្រុង​គេច​តែ​បាន​ត្រឹម​ប៉ុន្មាន​ជំហាន នាង​លែង​ចង់​ទៅ ឈាន​ទៅ​មិន​រួច​ព្រោះ​នៅ​បារម្ភ​យ៉ាង​ធ្ងន់។
​ស្រី​តូច​សម្លឹង​បង​វិច្ឆិកា​របស់​នាង​ពី​ចម្ងាយ។
​គេ​ញញឹម​ស្រស់​មើល​មក​នាង​ដូចគ្នា។
​រាងកាយ​គេ​​​នេះ​មាន​ភាសា​សម្ងាត់​ប្រាប់​មក​ថា ​ស្វាគមន៍​នារី​តូច​ច្រមក់​ដូច​នាង​គ្រប់​ពេលវេលា អ៊ីចឹង​ហើយ​បាន​ជាទី​បំផុត ជោគជតា​​ដើរ​យ៉ាង​លឿន​ត្រឡប់​មក​វិញ ហើយ​ល​ដៃ​ឱប​ប្រាណ​វិច្ឆិកា​ពេញ​រង្វង់​ដៃ…
​«​អត់​ឱ្យ​​បង​វិច្ឆិកា​​ទៅ!»
​ជោគ​ជតា​ចាប់ផ្ដើម​យំ​ចច្រប់​ក្នុង​ស្មា​នាយ ហើយ​លាក់​មុខ​របស់​នាង​នៅ​ក្នុង​បេះដូង​ប្រុស​ស្អាត។

បុរស​ភាន់ភាំង​ហើយ​រំភើប​ឥត​បី​នឹង​មនោសញ្ចេតនា​ស្រី​តូច។
​ដៃ​នាយ​ឱប​​នាង​វិញ​ពេញ​ដោយ​សេចក្ដី​ស្នេហា ​លែង​ខ្វល់​ពី​អ្នក​ណា ដូច​កាល​ពី​គ្រា​មួយ​ដែល​មាន​តែ​ពួកគេ​ពីរ​នាក់​ គេ​នៅ​ជាប់​គាំង​ក្នុង​ធម្មជាតិ គេច​ចេញ​ពី​ភ្នក់ភ្លើង​សង្គ្រាម។
​«​បើ​បង​មិន​ទៅ ប៉ូលិស​មិន​យូរ​មិន​ឆាប់​នឹង​មក​ដល់​កន្លែង​នេះ ហើយ​ប៉ា​ម៉ាក់​ជតា​នឹង​បាក់​មុខ!»
​ស្រី​ស្អាត​ងើប​មុខ​មក​តវ៉ា៖
​«​គ្មាន​រឿង​អី​ត្រូវ​បាក់​មុខ​ទាំង​អស់ បង​វិច្ឆិកា​មាន​អី​ទាក់​ទង​នឹង​បង​ដា​ណែន!?»
​បុរស​ទ្រ​ចង្កា​នាង ភាព​ស្រស់​ស្អាត​បរិសុទ្ធ និង​សេចក្ដី​ស្នេហា​ក្នុង​កែវភ្នែក​ស្រី​ក្មេង​ម្នាក់​នេះ ​ធ្វើ​ឱ្យ​​ប្រធាន​និស្សិត​រក​នឹក​ពាក្យ​អ្វី​និយាយ​លែង​ចេញ ​ព្រោះ​នាយ​ជាប់​វល់​តែ​គយ​គន់​សម្រស់​នាង។

ប៉ុន្តែ​ចុង​ក្រោយ​ទៅ ពេលវេលា​នៅ​តែ​មាន​អំណាច​បង្ខំ​ធំ​ជាង​គេ​លើ​លោក​នេះ​។​
​«​បង​ប្រញាប់​ទៅ​!​ មិនមែន​ដើម្បី​ខ្លួនឯង​ទេ ​តែ​បង​ត្រូវ​ការ​ជួយ​ប៉ូលិស ​ជួយ​ពេជ្រ ​ដា​ណែន​!»​
​នាង​នៅ​ទីទើរ​ជាមួយ​តំណក់​ទឹកថ្លា​ក្នុង​រង្វង់​ភ្នែក ។​
​ទើបតែ​ពេល​នេះ​ទេ ​ដែល​បេះ​ដូង​ក្មេងខ្ចី​របស់​នាង​ដក​ចេញពី​ភាព​ងប់ងុល​នៃ​មនោសញ្ចេតនា ហើយ​គិត​កង្វល់​ទៅ​ដល់​ដល់​រៀមច្បង​ម្នាក់​នោះ។
​«​បង​ដា​ណែន​!»​
​នាង​ខ្សឹប​តិចៗ​ទាំង​ទុក្ខ​ខ្វាយខ្វល់។