អន្លង់ប៉ែនដែនចិត្ត – Meysansotheary

រឿង៖ អន្លង់ប៉ែនដែនចិត្ត(ភាគបញ្ចប់)
មិនយូរប៉ុន្មាន សុភារ៉ាបានដូរមកធ្វើការនៅភ្នំពេញ​ទាល់តែបានមែន ដោយ​ជួលកន្លែងរស់នៅឆ្ងាយពីផ្ទះម្តាយមីងមិនដល់ពីរផ្លូវទេ។

នៅពេលគាត់ខលរកខ្ញុំ យើងក៏បានចេញមកហូបអីជួបគ្នា។ ដំបូងខ្ញុំស្មាន​ថា គាត់មាន​ការមកភ្នំពេញ

ធម្មតា ដឹងអីពេលគាត់ប្រាប់រឿងនេះ​បានធ្វើឱ្យខ្ញុំសែនភ្ញាក់ផ្អើលថា គាត់រកការងារធ្វើនៅទីនេះទាល់តែបាន ​ព្រោះកម្លាំងបណ្តាលចិត្ត​ពីខ្ញុំ។

រវាងមនុស្ស​ដែលយកយើងលេងសើច និងបណ្ដោះអាសន្ន ជាមួយនិងបុរសដែលមានការប្រឹងប្រែងយកចិត្ត​ទុកដាក់ចំពោះយើង ពិតជាខុសគ្នា​ស្រឡៈ។ ជាមួយគាត់ ខ្ញុំមានអារម្មណ៍ល្អឡើងនៅពេលជួបមុខគ្នាលើកទីពីរ។

ពិតមែនថា ​ពេលវេលា​នឹង​បញ្ជាក់​ថា ​អ្នកណាមករកយើងដោយ​បេះដូង​ក្លែងក្លាយ អ្នកណាមានបេះដូង​ពិត តែ​សម្រាប់គាត់ ខ្ញុំតែងមាន​អារម្មណ៍​ថា ត្រូវបានគេតាម​យកចិត្ត​ឱ្យតម្លៃ តាមស្រលាញ់ពិតៗ។

ត្រលប់មកវិញ គាត់មិនចេះនិយាយច្រើនតែធ្វើទង្វើដែល​គួរឱ្យទុកចិត្ត​។ គាត់មើលទៅមិនគិតអំពីរឿងលើគ្រែដូចសង្សារខ្ញុំពីមុនទេ។

ស្អែកឡើង គាត់សុំមកទទួលខ្ញុំហូបបាយថ្ងៃត្រង់ពេលចេញពីធ្វើការ។ ខ្ញុំមិនទាន់មាន​ការងារនៅឡើយ ហើយនៅតែរៀនព្រោះការងារបានធ្វើឱ្យឆ្អែតចិត្ត​។

នៅពេលដែលមនុស្ស​យើង ឆ្លងកាត់ស្នេហាមិនស្ថិតស្ថេរ ឬធ្លាប់ចាញ់ចិត្ត​គេ មាន​អារម្មណ៍​ត្រឹមបានជា​មនុស្ស​ស្រីបណ្តោះអាសន្ន ស្នេហាសម្រាប់ខ្ញុំពេលនេះ សាបនឹងគ្មាន អ្វី​អស្ចារ្យ​ទេ។ តែនៅពេលភារ៉ា​ព្យាយាមវិនិយោគពេលវេលា និងថាមពលរបស់គេច្បាស់លាស់ជាមួយខ្ញុំ ខ្ញុំកាន់តែពិបាកចិត្ត​ខ្លាំងពេក។

«ខ្ញុំមាន​​គម្រោងរកការងារក្រៅម៉ោងធ្វើសៅរ៍អាទិត្យ!»

«ខំម៉េះ?!»

ខ្ញុំនិយាយតិចៗឱ្យតែបាននិយាយតបនឹង​គាត់ តែគាត់វិញតែងសម្លឹងខ្ញុំដោយស្រទន់។

«​គិត​ពី​អនាគតកូនស្រីគេ!»

ខ្ញុំអៀនក្រហមមុខ គេហាក់ភ្លឹកសម្លឹងខ្ញុំមិនងាកទៅណា។ នៅពេលយើងកំពុងនិយាយជាមួយបុរសម្នាក់ហើយដែលគេប្រាប់យើង​ផងដែរ​ អំពីផែនការអនាគត ជាសញ្ញាមួយថាគេ​ កំពុងគិតអំពីការរស់នៅយូរអង្វែងជាមួយគ្នា​ខ្ញុំកាន់តែកណ្តោចកណ្តែង។​​ ទាំងនេះ​ព្រោះខ្ញុំមានគំនិតជានិច្ចថា ខ្ញុំនឹងគាត់មិនអាចទៅរួចទេ បានជាមានអ្វីមួយ​ធ្វើឱ្យខ្ញុំចេះតែមានអារម្មណ៍ថា ក្រៀមក្រំឡើងរាល់ពេលមកជួបគេ។

«បុណ្យអុំទូកហ្នឹងទៅពោធិ៍សាត់ទេ?»

គាត់សួរខ្ញុំ តែខ្ញុំមិនទាន់ច្បាស់ថា​គួរពាក់ព័ន្ធនឹងគេនេះដល់ពេលណា​បើពោះកំពុងធំឡើងៗជាលំដាប់​មុនក្រោយ​គង់តែមិនជួបគ្នា?

«ខ្ញុំមិនច្បាស់ទេបងភារ៉ា!»

«បើភស្សមិនទៅបាន ខ្ញុំក៏អាចនៅភ្នំពេញ​ជាមួយបានជាគ្នា!»

ខ្ញុំងើបមុខសម្លឹងគេ ។ អ្វីមួយ​ប្រាប់ខ្ញុំថា​ការពន្យាពេលតទៅមុខមិនល្អឡើយ។ មនុស្សនេះគាត់លះបង់ពេលទំនេរដើម្បីចំណាយជាមួយខ្ញុំ ផ្ទុយ​ពីចរិតធម្មតាដែលមនុស្ស​ប្រុស​ចូលចិត្ត​មាន​ពេល​សម្រាប់​ខ្លួន​ឯង ដូច្នេះ ​គឺ​ជា​គេមាន​ចំណាប់​អារម្មណ៍​លើ​ខ្ញុំខ្លាំង​ឬគិតអំពីរឿងជីវិតជាមួយខ្ញុំច្បាស់លាស់ហើយ​។ ខ្ញុំភ័យ​ឡើងៗ ដែលនឹងត្រូវបំផ្លាញទឹកចិត្ត​គាត់។

«ម្តាយខ្ញុំចង់ឃើញភស្សណាស់!»

នៅពេលគេចាប់ផ្តើមនិយាយពីរឿងនេះបង្ហាញថា គេបានប្រាប់អំពីខ្ញុំដល់ សមាជិកគ្រួសារ គេ និងជាសញ្ញាបង្ហាញថា គេពិតជា កំពុងគិតចង់មានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយខ្ញុំ នឹងណែនាំខ្ញុំទៅដល់គ្រប់មនុស្ស​សំខាន់ នៃជីវិតរបស់គេ។

ខ្ញុំលែងមាត់ព្រោះតឹងតែងចិត្ត​ណាស់។ ខ្ញុំស្តាយគេ ព្រោះយើងមិនអាច……

«បងភារ៉ា….!»

«បាទ!»

«យើង….!»

ខ្ញុំនៅស្ងៀមវិញដូចគេចុក។ ជាមួយភាពស្មោះត្រង់ដែលគាត់ឱ្យមកខ្ញុំ ខ្ញុំមិនចង់សងទៅគាត់វិញ​ដោយ

លេងស្ទីល​បៀរបួនសន្លឹកទេ។ គ្រប់ពេលនៅជិតគ្នា ខ្ញុំចង់តែនិយាយការពិត​គ្រប់យ៉ាងចេញ​មក ពិតជាណែនទ្រូងដល់ហើយ ​តែខ្ញុំនិយាយម៉េចនឹងចេញ?

«ត្រឹមជាមិត្ត​ស្និទ្ធស្នាលយើងអាចទៅរួច….តែ…..បងកុំគិតអីលើសពីនេះ!»

គេផ្លាស់ទឹកមុខ។ ខ្ញុំអាណិតបងម្នាក់នេះ ឬអាចនិយាយថា កាន់តែមាន​អារម្មណ៍ស្អប់ខ្ញុំខ្លួនឯងឡើង។

«ថ្ងៃណាមួយខ្ញុំនឹងទៅលេងអន្លង់ប៉ែនទៀត តែ…..ក្នុងឋានៈត្រឹមជាមិត្ត!»

«ចង់បានលើសពីមិត្ត!»

គេនិយាយមិនបង្អង់ទេធ្វើឱ្យខ្ញុំគ្រវីក្បាលភ្លាម។​ គាត់និយាយឡើងទៀត៖

«កុំប្រញាប់បដិសេធ ទុកឱ្យពេលវេលាធ្វើការ!»

ខ្ញុំសម្លឹងមុខមនុស្សប្រុសក្លាហាននិងដើមទ្រូង៥ហត្ថម្នាក់ដែលខ្ញុំមានត្រឹមនិស្ស័យតែគ្មានវាសនា​។

ខ្ញុំយល់ថា ប្រសិនបើគេចង់មានទំនាក់ទំនងជាមួយស្រីស្អាតនិងមនុស្ស​ល្អៗផង គេប្រាកដជានឹង​ទទួលបានជាមួយ​សន្តានមនុស្សកម្ររកបាន​ដូចគេ។

«ចុះថ្ងៃខួបកំណើតរបស់ភស្សខែក្រោយ ប្រុងមានកម្មវិធីអីដែរ?»​គេសួរមកទៀត ធ្វើឱ្យខ្ញុំហួសចិត្ត​ដែលគេ​អាច​ចងចាំព័ត៌មានលម្អិតអំពីខ្ញុំមិនថាតូចឬធំនោះទេពិតជាគួរឱ្យភ្ញាក់ផ្អើល។

នឹកដល់សង្សារព្រានវិញ គេនេះចងចាំតែរឿងលើគ្រែប៉ុណ្ណោះ។ ខ្ញុំធ្វើមុខមិនសប្បាយចិត្តជាខ្លាំងពេលនឹកឃើញដល់មនុស្សឈ្មោះសម្បូរនោះ។ ឃើញដូច្នេះភារ៉ា​បែរជាលួងលោម៖

«កុំគិតច្រើន!​សួរលេងៗទេ ខ្ញុំមិនចង់ឱ្យសម្ភស្សមិនសប្បាយចិត្ត​អ៊ីចឹងទេ!»

គាត់គោរពខ្ញុំ និងតែងតែ​បង្ហាញ​ការគោរពបែបនេះ​ថែមទាំងកំណត់ព្រំដែនរបស់គាត់ មិនមែន​ដូចមនុស្ស​ខ្លះ​ដែលចង់បាន​យើងតាំងពីdatingដំបូងនោះទេ។

គាត់​​និយាយ​ជា​ញឹក​ញាប់​ថា “​ការ​សប្បាយ​ចិត្ត​របស់​ខ្ញុំជាអ្វីដែលគាត់ចង់ឃើញ” ។

«ខ្ញុំមិនល្អដូចភារ៉ាគិតទេ!»

ខ្ញុំនិយាយបាន​តែប៉ុន្មាន​ម៉ាត់នេះ ព្រោះតែអួល ។

ថាហើយខ្ញុំក្រោកចេញចោលគាត់ឱ្យនៅធ្មឹង។

ខ្ញុំមិនចង់ប្រឈមមុខនឹងការស្អប់ខ្លួនឯង ព្រមទាំង​ខកចិត្ត​ឡើងៗចំពោះអតីតកាលដ៏អាម៉ាសដែលខ្លួន​ខ្ញុំបានសាងដោយភាពភ្លើតភ្លើន។ យប់នោះខ្ញុំបិទទូរស័ព្ទរហូត​ព្រោះមិនចង់ទាក់ទងនឹង​បងភារ៉ាទៀត។

ស្នេហាចាស់ទុំនៃចរិតលក្ខណៈធម្មតា និងសាមញ្ញរបស់គាត់ បង្ហាញមានន័យថាអ្នកណា​ដែលក្លាយជាដៃគូកាត់ នឹង​មានសំណាងណាស់ គាត់ជាដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តោតលើភាពស្មោះត្រង់ ជាមនុស្ស​ប្រុស​មាន​កម្រិតនៃក្តីមេត្តាទន់ភ្លន់​យល់ចិត្ត​ ដែលស្រីៗរមែងប៉ងប្រាថ្នាចង់បាន។

ស្រាប់តែស្អែកឡើងថ្ងៃត្រង់គាត់មករកខ្ញុំដល់ផ្ទះមីងខ្ញុំតែម្តង​ថែមទាំងទិញក្រូចនិងនំមកទៀត។

«អាភស្ស គូដណ្តឹងមករក!»

មីងខ្ញុំចូលមកប្រាប់ពេលខ្ញុំកំពុង​ធ្វើមេរៀន។​ ខ្ញុំអើតតាមបង្អួច និងទើសចិត្ត​ក្រៃដែលឃើញ​គាត់។

«គាត់មិនត្រូវជាអ្វីនឹងខ្ញុំទេមីង​! កុំជឿតាមសម្តីម៉ែ!»

ទោះនិយាយបែបនេះ​នៅតែមីងញឹមៗបង្ហាញការពេញចិត្ត​គាត់នៅនឹងមុខខ្ញុំ។

« ចេញទៅហៅបងហូបបាយទៅក្មួយ បើថាមិនចង់ចេញទៅហូបនៅក្រៅ»

ខ្ញុំដកដង្ហើមធំ ។ គិតថា គួរចេញទៅនិយាយគ្នាច្បាស់លាស់ម្តង។ ខ្ញុំមិនចង់ធ្វើឱ្យគេប្រេះស្រាំចិត្តទេ​ដូច្នេះនិយាយគ្នា​ឱ្យច្បាស់ៗក៏ល្អ ទោះបីអ្នកបេះស្រាំចិត្តនោះជាខ្ញុំនេះខ្លួនឯង។

«ខ្ញុំមានសង្សារ មានផ្ទៃពោះ​ជាមួយគេនោះ ហើយ ! និយាយនេះ ព្រោះមិនចង់ឱ្យបងឯងខាតពេលជាមួយខ្ញុំ ទៀតទេ!»

គេហាក់ខូចចិត្ត​ដល់ថ្នាក់ធ្លាក់ស្លាបព្រាពីដៃ។​ តែជាមួយស្នេហាចាស់ទុំហួសពីវ័យនិងរាងកាយ ចរិតលក្ខណៈរបស់គេបានដើរតួជាសុភាពបុរសដដែល​គេខំនិយាយលើកទឹកចិត្តខ្ញុំ។

«បើភស្សឯងស្អប់បង មិនចង់ជួបបងក៏មិនបាច់មកនិយាយពាក្យអស់នេះកុហកដែរ!«

ខ្ញុំញីភ្នែកព្រោះរលីងរលោង។ ខ្ញុំញញិម​ទាំងជូរចត់ណាស់ តែខ្ញុំត្រូវតែបញ្ជាក់៖

«វាជាការពិត! ជារឿងដ៏ឈឺចាប់របស់ខ្ញុំ ! ខ្ញុំបានលង់ព្រោះគំនិតខ្លួនខ្ញុំ ក្នុងការទាក់ទាញដោយសម្ភារៈ ! ឈ្លក់ទឹក​ម៉ាស៊ីន  ប៉ុន្តែខ្ញុំមិនចុះចាញ់ទេ! ខ្ញុំប្រាប់បងឯង បានន័យថា​មុនក្រោយ​ខ្ញុំនឹងជម្រាបបម្តាយខ្ញុំ!»

គាត់នៅស្ងៀមសម្លឹងខ្ញុំនិងពោះខ្ញុំ។

ខ្ញុំនៅដដែលមិនគិតទៅណាដាច់ខាត ។ កម្ពស់ ទម្ងន់ រាងកាយ ម៉ូដសក់ និងលក្ខណៈរូបវន្តផ្សេងទៀតរបស់ខ្ញុំនេះ​នឹង​ផ្លាស់ប្តូរ វិវឌ្ឍទៅតាមពេលវេលា ភាពគ្មាន​សីលធម៌កាលពីអតីតនៅតែមិនអាច​បំបាត់ចរិត​ភាពស្មោះត្រង់ជាគុណលក្ខណៈពេញមួយជីវិតដែលខ្ញុំមាន​។

«ប្រុសម្នាក់នោះជួបម៉ែភស្សឬនៅ?!»

«គេជាព្រាន!»ខ្ញុំឆ្លើយមិនខ្វល់នឹងការវិនិច្ឆ័យអ្វីទាំងអស់ « ខ្ញុំជឿគេនិងស្រើបស្រាលពីភាពជាអ្នកមានរបស់គេ ​ដែលជារឿងធម្មតានៅក្នុងពេល​ពេញវ័យ ខ្ញុំចាញ់បោកគេ! តែកូននេះ….ខ្ញុំមិនចោលទេ! គេនោះ ខ្ញុំដាច់គ្នាពីរខែហើយ!»

គេធ្វើមុខ​ហួសចិត្ត​និងរលីងរលោងសម្លឹងខ្ញុំពីលើដល់ក្រោម។

ខ្ញុំផ្អែកខ្នង​គិតពីគេ។ បងភារ៉ាមានភាពអត់ធន់លើសពីការរំពឹងទុក។ គាត់នៅស្ងៀមបន្តិចទើបនិយាយ៖

« ប្រាប់ម្តាយភស្សទៅថាជាកូនរបស់បង!»

ខ្ញុំក្រពាត់ដៃសើច។

គេបញ្ជាក់មកទៀត៖

«បងមិនលេងសើចទេ!»

«ខ្ញុំក៏មិនលេងសើចដែរ!»

«អ៊ីចឹង​យើង ឱ្យចាស់ៗឆាប់រកពេលទៅ​យើងរៀបការជាមួយគ្នា!»

«បងឯងអាណិតខ្ញុំមែនទេ?!»

គាត់នៅស្ងៀម។

ខ្ញុំសើចទៀតដូចមនុស្សឆ្កួតចិត្ត។

«ខ្ញុំធ្លាក់ខ្លួន​ដល់ថ្នាក់ប្រាប់បងឯងរឿងទាំងអស់នេះ​កុំច្រឡំថា​ខ្ញុំចង់សុំឱ្យអាណិតខ្ញុំ!»

«ថ្ងៃណាមួយ បើភស្ស​ទុកពេលឱ្យបង ​យើងនៅជាមួយគ្នា បងនឹងបញ្ជាក់ឱ្យភស្ស​ដឹងថា វាមិនមែនជាការអាណិតមួយពេលទេ វាជា​ស្នេហាពិត!»

ខ្ញុំសើចទាំងទឹកភ្នែក។ ដឹងថា គ្រាន់​តែ​ជា​អារម្មណ៍​បណ្ដោះ​អាសន្ន​ដែលគាត់ទន់ចិត្ត​អាណិតជីវិតខ្ញុំ ។​បេះដូងខ្ញុំបាន​​បាត់​ទៅ​ជា​មួយកម្ម​ពារ​នេះ​ទៅហើយ ខ្ញុំមិនរំភើបអីទេ។

«ខ្ញុំនិយាយនេះ​ព្រោះចង់ឱ្យបងភារ៉ា​ឈប់មកទៀត! »

«បងនៅតែមក!»

ខ្ញុំសើចហើយខឹង ។

គេនិយាយបន្ថែម៖

«ភស្សគិតថា វាងាយស្រួលណាស់ក្នុងការឱ្យម្តាយឪពុកទទួលយករឿងនេះ?»

«លោកនេះគ្មានអ្វីងាយស្រួលទេ! តែខ្ញុំហ៊ានធ្វើ ខ្ញុំត្រូវហ៊ានប្រឈម!»

«បងចង់ចែករំលែកការប្រឈមនេះ!»

«ហេតុអី?»

«ក្នុងនាមមនុស្ស​ស្រលាញ់គ្នា!»

ខ្ញុំធុញណាស់​ចង់ក្រោកចេញ ស្រាប់តែគេចាប់កដៃខ្ញុំ។

«អង្គុយមកភស្ស​!​ព្រោះយើងនៅនិយាយគ្នាច្រើន!»

«ខ្ញុំនិយាយអស់ហើយ!»

«អង្គុយមក!»

គេតឿនទៀត។ នេះគឺជាទម្រង់ស្នេហាដ៏ចម្លែក គេមិនដែលស្គាល់ខ្ញុំ ពេលស្គាល់ក៏ស្គាល់ដល់រឿងអាស្រូវ​របស់ខ្ញុំ។ គេជាមនុស្ស​ដំបូងដែលខ្ញុំបានហែកទ្រូងប្រាប់……

ជាធម្មតាបុរសត្រូវបានទាក់ទាញចំពោះគុណសម្បត្តិនារីយើង​ ដូចជាភាពស្រស់ស្អាត ភាពរស់រវើក ភាពគ្មានកំហុស ភាពបរិសុទ្ធ។ល។ ខណៈដែលស្ត្រី ទាក់ទាញចិត្ត​លើបុរសវិញ ដោយសារតែរូបរាងសង្ហា​រឹងមាំ ភាពវៃឆ្លាត ទ្រព្យសម្បត្តិ អំណាច តំណែងជាដើម។

«ខ្ញុំខ្មាសខ្លាំងឡើងៗ​រាល់ពេលជួបបងឯង!»

«មើលមកបង!»

គាត់និយាយ​ធ្វើឱ្យខ្ញុំរឹតតែគេចមុខ។

«នេះជាការជួបគ្នាចុងក្រោយរបស់យើង​…..រហូតដល់ថ្ងៃណាមួយបងឯងព្រមរាប់គ្នាជាមិត្តភក្តិធម្មតាទើបជួបគ្នា​វិញទៀត!»

«មើលមកបងភស្ស!»

គេតឿនទៀត​ខ្ញុំងាកមកវិញចង់បង្ហាញថា ខ្ញុំរឹងមាំណាស់ ខ្ញុំមិនខ្លាចអ្វីទេ …..គេនិយាយមកចំៗកែវភ្នែកខ្ញុំ….

«មើលមនុស្សស្រីម្នាក់ក្នុងភ្នែកបង! គេមានតម្លៃណាស់! គេជាមនុស្សស្រីដ៏មាន​តម្លៃម្នាក់! បងត្រូវការគេ បងចង់រួមសុខទុក្ខជាមួយគេ!»

ខ្ញុំភ្លឹកកំដរតំណក់ទឹកភ្នែកខ្លួនឯង ហើយគាំងដោយសារសម្តីរបស់កំលោះអន្លង់ប៉ែនម្នាក់នេះ។ ខ្ញុំពិតជា….នៅមាន​តម្លៃដូចគេកំពុង​និយាយមែនឬអ្វី?

កូនខ្ញុំស្រាប់តែកម្រើក…..បាតដៃខ្ញុំស្ទាបពោះខ្លួនឯង មាត់ខ្ញុំអំណរញញិម….

«គេកម្រើកហើយៗៗៗៗ»

ខ្ញុំអរម្នាក់ឯង ពេលមានអារម្មណ៍ដឹងអំពីជីវិតមួយទៀតក្នុងផ្ទៃខ្លួន តែពេលងើបមុខឡើងមកវិញ ខ្ញុំដឹងថា មានម្នាក់ទៀតកំពុងត្រេកអរជាមួយខ្ញុំដែរ។

ខ្ញុំឈប់ញញឹម ព្រោះស្រពោនពេក…..ស្រពោនចិត្តណាស់….

ធ្លាប់ប្រាប់ខ្លួនឯងថា ភារ៉ាដ៏ល្អនេះ មិនមែនសម្រាប់ខ្ញុំទេ….តែ​ពេលនេះ គេកំពុងបានផ្លាស់ប្តូរចែករំលែក​សុភមង្គលជាមួយខ្ញុំ ។

«រកមនុស្ស​ល្អណាម្នាក់សមនឹងមនុស្ស​ដូចបងឯងទៅ!»

ថាហើយខ្ញុំក៏បែកចេញពីគេមកទាំងយំរហាម។ ច្រើនថ្ងៃនៅឆ្ងាយពីគេខ្ញុំប្លុកលេខគេនិងមិនព្រមលើកទូរស័ព្ទលេខប្លែកទេ។

តែមួយអាទិត្យ​ក្រោយមកយើងក៏​បាន​ជួប​គ្នា​ទៀតនៅសាលារៀនខ្ញុំ។ គេថាគេមាន​ការមករកបងប្អូន​តែខ្ញុំបានដឹងច្បាស់នូវហេតុផលពិត….ហាក់ដូចជា បុរសល្អឥតខ្ចោះម្នាក់នេះ ទេវតាបានប្រទានគេមកឱ្យខ្ញុំពិតមែន​។

គ្មាននរណាធ្លាប់ធ្វើការលះបង់ច្រើនយ៉ាងនេះសម្រាប់មកផ្តល់ក្តីស្នេហា​ដល់ខ្ញុំនោះទេក្នុងជីវិតខ្ញុំកន្លងមកនិងទៅថ្ងៃខាងមុខ។ គាត់ស្រលាញ់ខ្ញុំ ដូចជាខ្ញុំនេះស្រលាញ់គាត់វិញដែរទាំងមិនដឹងថា​ហេតុអ្វី? ប៉ុន្តែ​ស្ថានភាព​របស់​ខ្ញុំ​ស្មុគស្មាញ​ពេក ហើយ​ខ្ញុំ​មិន​អាចកំណត់ពីចិត្ត​ខ្លួនឯងច្បាស់សោះ។

ខ្ញុំគេចគាត់ទៀត រហូត​ខ្ញុំបានរលូតកូននេះនៅសប្តាហ៍ទីពីរនៃការពរពោះបាន​ 3 ខែ។ ពេទ្យប្រាប់ថា ខ្ញុំស្រមៃទេ កូននេះនៅតូចពេកមិនអាចកម្រើកឡើយ ប្រហែលខ្ញុំរំជួលចិត្ត ហើយគិតស្មានព្រោះមិនមានបទពិសោធន៍មាន​កូន។

បន្ទាប់​ពី​បាត់​បង់​កូន​ខ្ញុំ​ត្រូវ​វិលទៅផ្ទះសម្រាកមួយស​ប្តាហ៍។

អារម្មណ៍ល្អៗត្រូវបាន​បំផ្លិចបំផ្លាញតែម៉ែ ប្អូន និងពុក មិត្តភ័ក្តិជិតស្និទ្ធបំផុតក្តី គ្មានអ្នកណាម្នាក់បានដឹងរឿងនេះទេ។

​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ហើយ​មាន​អារម្មណ៍​ថា​មាន​កំហុស ទាំងជាមួយគ្រូសារនិងជាមួយកូន។

ណាមួយ ពេទ្យថាថ្ងៃក្រោយទៅអាចនឹងពិបាកមានកូនទៀត រឿងនេះបានបន្ត​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។

បន្ទាប់ពីបាត់បង់កូន ខ្ញុំបានប្រាប់ម្តាយ​ថាខ្ញុំនឹងទៅរៀននៅបាត់ដំបងវិញ។ នេះព្រោះខ្ញុំចង់នៅជាមួយម្តាយធំខាងម៉ែរបស់ខ្ញុំប៉ុន្តែការពិតគឺខ្ញុំមិនចង់វិលទៅភ្នំពេញទេ បានជាខ្ញុំកុហកគាត់។

ភ្នំពេញ ខ្ញុំខ្ចិលចង់ជួបអ្វី ព្រោះខ្ញុំឈឺចាប់ខ្លាំង មិនចង់ជួបមនុស្ស​អតីតនិងទីកន្លែង​ដែលខ្ញុំធ្លាប់បានភ្លើតភ្លើន។

ខ្ញុំបានផ្លាស់ទៅបាត់ដំបង មករៀននិងរស់នៅជាមួយអ៊ំស្រី។ ក្រោយមកពេលថ្ងៃបានធ្វើការ Part-time

ក្នងបណ្ណាល័យមួយជិតសាលារៀ​នដែលខ្ញុំរៀន។

«សុំទិញសៀវភៅនេះមួយ!»

បងភារ៉ា​បានបង្ហាញខ្លួនមកជួប​ខ្ញុំ ក្រោយពេល​គាត់​បាន​អត់ធ្មត់មិនទាក់ទងគ្នា​​អស់​រយៈពេលជិត២ ខែ ។ ដោយ​គិត​ថា​គាត់បន្តរស់​នៅ​ក្នុងទីក្រុងភ្នំពេញ ខ្ញុំអរដែរដែលមិនបាច់ជួបមុខ ព្រោះគាត់ជាអ្នកពោធិ៍សាត់ដំបូងគេ ​ដែលដឹងរឿងជូរចត់របស់ខ្ញុំ មិនស្មានថា ពេលនេះគាត់មកដល់បាត់ដំបង?

​«​បងឯងមកបេសកកម្ម?»

«បងដូរមកធ្វើការនៅណេះ!»

ខ្ញុំគាំងទៀតហើយ! គាត់យល់ចិត្តខ្ញុំ ក៏និយាយពន្យល់ខ្ញុំអន្លាយៗ៖

«បងរកការងារធ្វើនៅណេះពីរខែហើយ​ទម្រាំជាប់!»

ខ្ញុំលែងនិយាយចេញ។

«កូនតូចសុខភាពល្អទេ?»

ខ្ញុំស្រពោន។

ល្ងាចនោះខ្ញុំនឹងគាត់ចេញទៅ​បាយជាមួយគ្នាតាមបណ្តោយស្ទឹង។

​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់ព័ត៌មាន​រឿងកូន​ខ្ញុំ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានត្រលប់ទៅស្រុក តេមិនដែលជម្រាបម៉ែទេ ។

គាត់យល់​ណាស់ពីអាថ៌កំបាំងនៃការភ័យបារម្ភរបស់ខ្ញុំ គាត់សន្យាឡើងទាំងខ្ញុំមិនបាច់ហើបមាត់៖

«កុំភ័យ រឿងនោះចប់ទៅហើយ គ្មានអ្នកណាដឹងទេ!»

១ ខែក្រោយមក ខ្ញុំបានដឹងថាគាត់នឹងស្នើសុំនាំពុកម៉ែគាត់ទៅលេងផ្ទះខ្ញុំ ហើយខាងខ្ញុំបានយល់ព្រមមុនទើបឱ្យដំណឹងខ្ញុំជាក្រោយ ទោះបីជាខ្ញុំនៅបាត់ដំបងនេះក៏ដោយ ។

«ខានស្អែកខាងគេមកលេងផ្ទះយើងហូបបាយហើយ! កូនឯងមកថ្មើរម៉ាន?​មកបានស្អែកនេះ មុនមួយថ្ងៃណាកូន!»

«ចាំខ្ញុំសុំច្បាប់ម្ចាស់ហាងសិនម៉ែ!»

ខ្ញុំនិយាយបែបនេះត្រឹមតែជាលេសប៉ុណ្ណោះទេ តាមពិត​ដឹងតែខ្ញុំទៅមិនខានព្រោះថា…ទោះបីខ្ញុំនៅមាន​អារម្មណ៍ខ្លាចក្នុងការជួបគាត់តែខ្ញុំក៏មិនចង់បាត់បង់គាត់បន្តរស់នៅម្នាក់ឯងក្នុងអតីតកាលឡើយ។

ខ្ញុំ​បាន​គេង​មិន​លក់សោះ​នៅ​យប់នោះ។ ជាយប់​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​រឿង​មួយ…..អពមង្គលនិងកំហុស​​ដែល​បាន​កើត​ឡើង​ក្នុង​អតីតកាល​ខ្ញុំមិនចង់​ទុក​ឱ្យ​វា​កំណត់​អនាគត​របស់​ខ្ញុំទេតែវាមិនព្រមទៅណានៅឡើយ។

គេប្រាប់ថា អតីតជាអតីត តែវាពុំមែនជារឿងតូចតាចទេ សម្រាប់ស្រីខ្មែរដូចជាយើង។

វាជាកំហុស​ដំបូង តែជាស្លាកស្នាមជីវិត​ដ៏គួរឱ្យភ័យខ្លាច។ ​ខ្ញុំតែងបន្លំថាខ្ញុំជាកូនស្រីរឹងមាំ​តែខ្ញុំខ្លាចណាស់ថា ក្រោយបានគ្នាជាប្តីប្រពន្ធភារ៉ា​អាចប្តូរចិត្ត ឬនិយាយអ្វីមួយដែលអាប់ឱន​បង្កការឈឺចាប់។

ខ្ញុំប្រាថ្នាថា មិនឱ្យប្អូនខ្ញុំដឹងពីគម្រូអាក្រក់នេះដាច់ខាត។

«បើយើងប្រកាន់ខ្ជាប់នូវការឈឺចាប់នោះ យើងមិនអាចបន្តទៅរកអ្វីដែលវិជ្ជមានជាងនេះបានទេ!»

គេសរសេរបែបនេះក្នុងក្រដាសជូនពរខួបកំណើតនិងផ្ញើមកខ្ញុំនៅថ្ងៃដែលមកលេងផ្ទះ។ ភារ៉ាបាននាំពុកម៉ែនិងបងស្រីគេ​មកលេងចំបុណ្យកំណើតខ្ញុំ។ ខ្ញុំញញឹមអានហើយអានទៀតពេលអានប៉ះឃ្លាថា យើងអាចរៀនពីអតីតកាល តែកុំរស់នៅទីនោះ។

«ខ្ញុំកំពុង​ពង្រឹង​ខ្លួន​ខ្ញុំ ​និងកម្ចាត់​អារម្មណ៍ថាមានកំហុស»

​ខ្ញុំសរសេរតបទៅកាន់គេតាមឆាត។

គេក៏តបមកវិញថា៖

«កុំស្ទាក់ស្ទើរក្នុងការទទួលស្គាល់ការឈឺចាប់ដែលភស្សកំពុងមាន តែត្រូវការដឹងហើយបំភ្លេចបន្តិចម្តងៗ ដើម្បីបន្តទៅមុខក្នុងជីវិត! សំខាន់ជាងនេះគឺ សុខភាពកុំបណ្តោយខ្លួនឱ្យទៅ រកការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឈឺក្បាល និងសម្ពាធឈាមខ្ពស់!»

«និយាយដូចគ្រូចិត្តសាស្ត្រ!»

«គ្រូស្អំបេះដូង!»

ខ្ញុំញញិម​រាល់ពេលសរសេរជាមួយគេ។ គេជាមនុស្ស​តែម្នាក់គត់លើលោកយើងនេះ​ដែលមកជួយខ្ញុំឱ្យអាច បង្ហាញ ទុក្ខព្រួយដែលកំពុងស៊ូៗឆ្លងកាត់ក្នុងនាមជាជនរងគ្រោះ នឹងការព្យាយាម​ទទួលយកការពិតឈប់ ស្តីបន្ទោសខ្លួនឯង។

«មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការបោះបង់ចោលអតីតកាល គឺការទទួលយកបច្ចុប្បន្នកាល។»

គេនិយាយមកទៀតយ៉ាងជំរុញ​ចិត្ត​ខ្ញុំ។ សម្តីគេ​​ជួយ​ឱ្យ​ខ្ញុំទទួលបាន​​នូវ​គំនិតថ្មី​មួយ​ក្នុងការ​លះបង់​ជីវិត​ចាស់ បង្កើតផែនការ​ឆ្ពោះ​ទៅ​រកជីវិតថ្មី។

«អ៊ីចឹង!​ ពេលណាមកយកខ្ញុំទៅលេងអន្លង់ប៉ែន?»

ខ្ញុំសរសេរទាំង​ញញឹមអៀន ក៏ដឹងថាគេសប្បាយចិត្តណាស់។​

«មែន?»គេសួរមកភ្លាម​។

«មាន​មនុស្សដែលល្អដូច​បង ខ្ញុំមានសុភមង្គលឡើង  កាន់តែរីករាយ កាន់តែមានអារម្មណ៍​ថាត្រូវបានគេ​យល់ចិត្ត និងមានសុវត្ថិភាព»

៨ខែក្រោយមក ខ្ញុំបានរៀបការហើយផ្លាស់ទៅនៅអន្លង់ប៉ែន។

ខ្ញុំបានបើកកន្លែងលក់សម្ភារៈក្មេងៗ និងទារក ឯគេធ្វើការនៅធនាគារចម្ងាយប្រមាណជា៤គីឡូពីផ្ទះ។

នេះហើយរឿងខ្ញុំនៅមុនពេលដាក់ចិត្ត​ដាក់កាយជាមនុស្ស​របស់អន្លង់ប៉ែនដែនចិត្ត​៕

ចប់

រឿង៖ អន្លង់ប៉ែនដែនចិត្ត
«ការឈឺចាប់គឺចៀសមិនរួចទេក្នុងជីវិត​យើងគ្រប់គ្នា ទោះយ៉ាងណាក៏ដោយ យើងអាចជ្រើសរើសការ​ប្រព្រឹត្តដូចម្តេច​ចំពោះខ្លួនយើង! ខ្ញុំលើកទឹកចិត្តឱ្យគ្រប់គ្នាប្រព្រឹត្តចំពោះខ្លួនឯង​ដោយសប្បុរស និងដោយក្តីស្រឡាញ់ នៅពេលដែលកំពុងប្រឈមនឹងការឈឺចាប់ សូមកុំឃោរឃៅ​ចំពោះខ្លួនឯង កុំបោះបង់ចោលខ្លួនឯងណ៎ា!»

ដូចជារឿងពិតនៃជីវិត​ខ្ញុំនេះ ខ្ញុំបានឆ្លងកាត់រួចមកហើយ។

«មើលទៅឆ្ងាយពីភូមិស្រុកត្រូវចេះសម្របខ្លួនណាកូន! ចេះអត់ធ្មត់​ស្តាប់បង្គាប់មីងពូ នៅផ្ទះគេ​កុំដេកយូរ ត្រូវក្រោកមុនម្ចាស់ផ្ទះ រៀនសូត្រកុំបែកឆ្វេង រៀនឱ្យដឹងរៀនបានវាបានផលគាប់ចិត្ត​!»

ម្តាយខ្ញុំនិយាយពាក្យនេះដដែលៗពេលដែលគាត់សម្រេចនិងពុកថាបញ្ជូនខ្ញុំមកភ្នំពេញ​រៀនបន្តយកជំនាញទ្រទ្រង់ជីវិត។

«ខ្ញុំថា បងភស្សគាត់មិនដែលធ្វើឱ្យគ្រួសារខកចិត្ត​ទេម៉ែ!»

ប្អូនខ្ញុំតែម្នាក់គត់នាងឈ្មោះបុប្ផា នាង​តែទុកខ្ញុំជាគម្រូ និងទុកចិត្តខ្ញុំគ្រប់យ៉ាងដោយសារខ្ញុំជាសិស្សពូកែនិងមាន​ចរិតជារៀមច្បងល្អ។

ខ្ញុំជាអ្នកពោធិ៍សាត់ កើតជាចិញ្ចឹម​ជីវិត​រស់នៅក្បាលស្ទឹងស្វាយដូនកែវ នា​​ស្រុកបាកាន។ តាំងពីតូចដឹងក្តីមក អ្នកភូមិយើង​អាស្រ័យជីវិតប្រើទឹកស្ទឹង​ដែលជាដៃដ៏សំខាន់នៃបឹងទន្លេសាប។ ទោះយ៉ាងណា ពុកម៉ែតែងតែប៉ងចង់ឱ្យកូនៗរៀនបានខ្ពស់។

​ទោះបីពាក្យថាឈ្លក់ទឹកម៉ាស៊ីន​ភ្លេចទឹកស្ទឹងទន្លេជាពាក្យអវិជ្ជមានមួយសម្រាប់អ្នកស្រុក​​ដូចយើង តែទទួលស្គាល់ថា ខ្ញុំពិតជាឆ្លងកាត់រឿងនោះមែនពេលមករស់នៅភ្នំពេញសិក្សាបន្ត។

ដំបូងខ្ញុំរស់ជាមួយម្តាយមីងខាងប៉ានៅម្តុំផ្សារអូឡាំពិក ហើយទៅរៀនមហាវិទ្យាល័យនៅពេលថ្ងៃ ធម្មតា។ ក្រោយមកបានសម្រេចចិត្តដូរទៅស្នាក់នៅជាមួយបងជីដូនមួយប្រុសនិងបងថ្លៃវិញ ព្រោះគាត់ជាប្រធានរដ្ឋបាលរោងចក្រ គាត់អាចជួយរកការងារឱ្យធ្វើ និងប្តូរខ្ញុំឱ្យទៅរៀនពេលយប់។ ខ្ញុំបានចូលធ្វើការនៅហាងលក់សម្លៀកបំពាក់មួយដែលជាបណ្ដុំនៃហាងជាច្រើនរបស់គ្រួសារអ្នកជំនួញ​ដ៏មានស្តុកស្តមម្នាក់នៅភ្នំពេញគេ ។ របរគោល​នៃពួកគេ​គឺរោងចក្រសម្លៀកបំពាក់នាំចេញ ថែមទាំងមានហាងសម្រាប់លក់សម្លៀកបំពាក់ប្រចាំស្លាកយីហោផងដែរ។

«រូបរាងគួរសម! បើបងឱ្យឯងliveនិងលខោអាវម៉ូដមកថ្មី ព្រមដែរ?!»

«ចាស៎ ព្រមបងប្រសិនបងទុកឱកាសឱ្យខ្ញុំសាក ខ្ញុំមិនធ្លាប់ទេបង!»

គាត់ជាប្រធានខ្ញុំ ជាអ្នកគ្រប់គ្រងហាង​​ឈ្មោះបងអិន។ បងអិនជាមនុស្សប្រុសស្រលាញ់ប្រុស​ពិតមែនតែគាត់ចំណាប់ចំនួន​ខាងមើលម៉ូត និងតុបតែងតាំងលក់ហ្វេស្សហិនណាស់។ នៅធ្វើការទីនេះ​ ខ្ញុំពិតជារៀនអំពី​របៀបលក់ខោអាវពីគាត់បានច្រើន ទាំងរបៀបរើសពណ៌ រើសស្ទីល និង​និយាយចចារទាញចំណាប់អារម្មណ៍​អតិថិជន។

ខ្ញុំពេញចិត្តនឹងការងារនេះជាខ្លាំង ពីព្រោះខ្ញុំចូលចិត្តលសម្លៀកបំពាក់ល្អៗ ណាមួយខ្ញុំក៏មានរូបរាងស្អាត ខ្ញុំចូលចិត្តLiveសម្លៀកបំពាក់។ មានអីល្អជាងនេះទៀត ? បានប្រាក់ខែផង បានធ្វើអ្វីដែលយើងចូលចិត្តផងដែរ ប៉ុន្តែ មានរឿងមួយមិនសូវល្អគឺ ការទៅរៀនមហាវិទ្យាល័យ​របស់ខ្ញុំ បាន​ក្លាយទៅចំណូលចិត្ត​លំដាប់ញ៉ក ព្រោះធុញទៅៗ  ខុសពីកាលឡើងមកពីខេត្តដំបូងៗ។

«ម៉េចក៏ម៉ែតេច្រើនដងហើយមិនឃើញលើក?»

ម៉ែតែងតែសួរនាំពីការសិក្សា​ចំណែកខ្ញុំវិញវក់តែនឹង​ការតុបតែងនៅហាង។

«ខ្ញុំហត់ពេកគេងលក់មួយភាំង!»

«ការងារហត់ពេកហ្អីកូន? បើថាហត់ពេក ផ្អាកទៅណា៎កូន​រៀនសិន!»

ហេតុអ្វីបានឈប់? ម៉ែមិនយល់ឡើយ​ថា​ការងារលក់សម្លៀកបំពាក់ទើបជាចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្ញុំ។ មកដល់ពេលនេះ ខ្ញុំបានគិតឃើញភ្លាមមពីគោលដៅនៃអនាគតមួយ​ដែលមិននិយាយប្រាប់អ្នកណាតែខ្ញុំបានតាំងចិត្ត​សម្រាប់ខ្លួនឯង សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹង​ ក្លាយទៅជាអ្នកថតម៉ូដជាម៉ូឌែលសម្លៀកបំពាក់ដ៏ល្បីឈ្មោះនៅភ្នំពេញ។

វាជាការស្រមៃ តែ​គ្រប់គ្នាមានសិទ្ធិស្រមៃ។

«ខ្ញុំមានកម្ពស់មួយម៉ែត្រហុកសិប៦បង!»

«អូ! »

បងស្រីម្នាក់នេះឈ្មោះលក្ខគាត់ជាម៉ូយប្រចាំនៃសាឡនមួយនៅក្បែរហាងខ្ញុំ​។ គាត់ឃើញខ្ញុំក៏តាមសួរពីកម្ពស់ព្រោះអះអាងថា គាត់ធ្វើការនៅAgencyកាន់តួស្រីៗនិងម៉ូឌែលជាច្រើនច្រើននាក់។

«ប្អូនឈ្មោះអី?!»

«សម្ភស្សបង!»

«អឺភស្ស! គឺបងចង់ប្រាប់ថា បើសិនជាអ្ហែងចេះពត់ដំណើរ ថ្ងៃណាមួយនឹងក្លាយទៅជាអ្នកដើរម៉ូដដ៏ល្បីមិនខានម្នាក់!»

«ពត់ដំណើរ?»

«ចា៎ ពាក្យ catwalk ដែលសំដៅទៅលើ “ការ ដើរដូចឆ្មា” »

គ្រប់គ្នា​ខ្ទប់មាត់សើច។

រឿងកម្ពស់និងភាពលេចធ្លោនៃសម្រស់មុខមាត់​សក់វែងរលោងរបស់ខ្ញុំបានបង្កើតជាការចាប់អារម្មណ៍​សម្រាប់គ្រប់គ្នា រហូតខ្ញុំត្រូវបានអ្នករួមការងារច្រណែន ។

ទោះយ៉ាងណាខ្ញុំតែងតែប្រាប់ខ្លួនឯងថា​ឱកាសលើសពីការរំពឹងទុកកំពុងស្ថិតនៅលើវិថីជីវិតរបស់ខ្ញុំ ខ្ញុំត្រូវតែចេះតោងទាម​ចាប់យក ។ ខ្ញុំលបរៀនម្នាក់ៗឯងអំពីការដើរបង្ហាញម៉ូដ គឺរបៀបពើងទ្រូងនិងរលាស់កែងដៃ កែងជើង​តាមដែលពួកអ្នកបង្ហាញម៉ូតបរទេសដើរថតឱ្យមើលលើយូធូប។

មិនតែប៉ុណ្ណោះខ្ញុំចាប់ផ្តើមវក់ចិត្ត​អានសៀវភៅ​ទ្រឹស្តីជាច្រើនដែលខ្មែរយើងបកមកពីបរទេស​ហើយហៅវាថាសៀវភៅលើកទឹកចិត្ត​។ ភាគច្រើនបង្រៀនខ្ញុំ​ឱ្យអត្តនោម័តធ្វើតាមគំនិតខ្លួន និងមិនបាច់រវល់ពីការគិត​របស់អ្នកដទៃប៉ុន្មានទេ។

ខ្ញុំមាន​មហិច្ឆតាជាងកាលពីទើបមកភ្នំពេញ​ដំបូងៗ ចំណែក​មហិច្ឆតានេះទៀតសោតក្តៅសន្ធោឡើងៗមិនចេះរលត់ខ្សោយចុះវិញទេ។

ពេលនេះ បរិញ្ញាបត្រ័ក៏ចង់បាន ការងារ​សិល្បៈខាងហ្វេសស្សិនក៏ចង់ចាប់។

នៅយប់មួយដែលជាថ្ងៃសម្ពោធហាងសាខាទីបួន ដោយសារពួកគេខ្វះបុគ្គលិកប្រើ បងអិនកោះហៅខ្ញុំឱ្យសុំច្បាប់ខានរៀនមួយថ្ងៃ ។ ដំបូង​ថាទៅ​មើលការខុសត្រូវខោអាវ​ដែលគេស្លៀកថត តែម៉ូដែលម្នាក់គ្រោះថ្នាក់ចៃដន់ក្នុងបន្ទប់ទឹក ខ្ញុំក៏ត្រូវឡើងឆាកជំនួសគេដោយទាន់ហន់បំផុត​។

ដោយខ្ញុំមិនបានហាត់សមជាមួយអ្នកជំនាញ ខ្ញុំដើរមិនបានល្អទេ។​ ខុសគេម្នាក់ឯង ហើយខ្មាស់គេទៀត។

ពេលមកសំងំ​ក្នុងបន្ទប់ទឹក ខ្ញុំវិលមុខធេងធោងព្រោះអារម្មណ៍។

ចេញមកក្រៅវិញមិនប្រយ័ត្នក៏ប៉ះនឹង​បុរសអ្នកមានម្នាក់វ័យប្រហែលជាង៣០ស្តើង។ ក្រោយមកទើបស្គាល់ថា  គេនោះឈ្មោះ សម្បូរជាកូនប្រុសច្បងនៃ ម្ចាស់អាជីវកម្មដែលខ្ញុំកំពុងធ្វើការឱ្យនេះ។

ខ្ញុំពិតជាចាប់អារម្មណ៍​សម្តីនិងកាយវិកា​សុភាពបុរស​របស់គាត់ជាខ្លាំង។

កន្លងមកមិនដែលដឹងថា ថៅកែមានកូនប៉ុន្មានទេពីព្រោះគាត់អ្នកមានខ្លាំង ហើយកូនៗចេញទៅរៀននៅបរទេសទាំងអស់ ប៉ុន្តែបន្ទាប់ពីយប់នោះមក ខ្ញុំបានតាម Search ឃើញលោកសម្បូរដែលជាកូនប្រុសច្បងម្នាក់នេះ តាមពិត​គាត់គឺជាអ្នកឌីហ្សាញសម្លៀកបំពាក់ផង ជានិស្សិតនៅសហរដ្ឋអាមេរិកផងមិនដឹងរៀនផ្នែកអីទេ ប៉ុន្តែគាត់ពិតជាមានរូបរាងស្រស់សង្ហា ហើយប្រូហ្វាល់គាត់និងព័ត៌មានរបស់គាត់ប្រាប់អាយុត្រឹម២៩ឆ្នាំមិនដូចការស្មាន​របស់ខ្ញុំទេ។

ចាប់ពីពេលនោះមកខ្ញុំចាប់ផ្ដើមកាន់តែឈ្លក់វង្វេងនឹងជីវភាពរស់នៅក្រុងភ្នំពេញ ការបានជួបបុរសអភិជន ហើយខ្ញុំគេងស្រមៃឃើញគាត់។

រឿងសំខាន់ គាត់ក៏ដឹងថាខ្ញុំធ្វើការនៅហាងសាខាទីពីរ។ រឿងនេះមិនចៃដន់ទេ គឺគាត់មកលេងខ្ញុំដល់ហាង។

«អូយ កិត្តិយសពេកហើយ លោកសម្បូរមកលេង!»

បងអិនទទួលរាក់ទាក់គាត់​ តែគាត់រកមើលខ្ញុំពេញហាង ពេលខ្ញុំរត់ចេញមកទាំងដៃកាន់ទំពក់ប្រុងថារៀបចំខោអាវពីឆាកសម្ពោធឡើងស្នួរវិញ ខ្ញុំត្រូវភ្លឹកព្រោះមនុស្សខ្ញុំដេកនឹក បានបង្ហាញខ្លួន​ដូចសុបិន។

មិនត្រឹមញញឹម​និង​ប្រើកែវភ្នែកស្រទន់ស្វាគមន៍ខ្ញុំនោះទេ​ លោកសម្បូរម្នាក់នេះថែមទាំង​ឱ្យគេគ្រប់គ្នា​ដឹងតែម្តងតាមរយៈកាយវិកា​របស់គាត់ថា «គោលដៅដែលគាត់មកជាន់ទីនេះគឺព្រោះខ្ញុំ»។

អារម្មណ៍​រំភើបអណ្តែតត្រសែតបានធ្វើឱ្យខ្ញុំរៀនលែងកើតរាល់យប់ អង្គុយ​ភ្លឹក​ស្រមៃ​ពីអនាគតជាកូនប្រសាអ្នកមាន ហើយការនេះ ខ្ញុំបានប្រលងធ្លាក់ឆមាសលើកទីពីរមែន​។

យប់នោះថតពិន្ទុ​ផ្ញើទៅម៉ែទាំងមិនសប្បាយចិត្ត តែក្រោយមកសម្រេចចិត្ត​ថាមិនផ្ញើវិញ។ កំពុង​អង្គុយកើតទុក្ខស្រាប់តែដាក់ទូរស័ព្ទចុះក៏រោទិ៍ភ្លាម ហើយលេចលេខរបស់បុរសក្នុងពិភពស្រមៃ។

Dating ជួបគ្នាដំបូង ពិតជាបានកើតឡើង​ទាំងមិនដែល​គិត​ទេថា វាអាចលឿនដល់ថ្នាក់នេះ ។ ដូច្នេះ ស្នេហា​ដំបូង​របស់ខ្ញុំគឺ​បាន​ជួប​បុរស​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​អ្វីៗ​ហាក់​ដូច​ជាភព្វព្រេងវាសនា។

ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ជីវិតបត់លឿនម្ល៉េះ មិនទាន់ជោគជ័យក្នុងសិល្បៈផង ស្រាប់តែ……

ទូរសព្ទរោទ៍…ខ្ញុំទើរបំពង់ក្រែមសិនស្មាន​ថាគាត់មកទទួលមុនកំណត់ ដឹងអីគឺម៉ែ….

«កូនអ្ហ៎ា​អ៊ុំឯងនាំកំលោះខាងអន្លង់ប៉ែនម្នាក់មកស្តីដណ្តឹងកូនឯង! គេរូបរាងកម្ពស់កម្ពរបាន ចរិតសមរម្យ ចេញ​ធ្វើការ​ហើយ ​ខាងធនាគារ!»

នេះជាអ្វីដែលខ្ញុំខ្លាចបំផុត និងមិនសប្បាយចិត្ត​ភា្លមៗ។

«ជូនពាក្យគេ​ទៅម៉ែ​ប្រាប់ថាខ្ញុំនៅរៀន!»

«ចុះភ្ជាប់ពាក្យទុកសិនទៅ រៀនចប់សឹមការមានអ្នកណាថាអី?!»

«អត់ទេ! កុំរញ៉េរញ៉ៃជាមួយខ្ញុំរឿងចឹងៗទៀត!»

តាមពិត​មកពី​ខ្ញុំមិនចង់បានអ្នកស្រុកពោធិ៍សាត់ដូចគ្នា​ឬមកពីខ្ញុំកំពុងវក់នឹង​ទីក្រុងធំ?

មិនដឹងទេ !​ខ្ញុំគ្មានពេលវេលា​រកចម្លើយឡើយ។ ម្ដង​ទៀតខ្ញុំយកចិត្ត​ទុកដាក់តែលើនិស្ស័យខ្ញុំជាមួយ​នឹង​លោកសម្បូរ។ ខ្ញុំគិតថា​រឿងនេះ​ដូចជាគូស្នេហ៍ដទៃដែរ យើងស្គាល់ចិត្តគ្នាសិន​ចាំជម្រាបប៉ាម៉ាក់។ តែប្រសិន​មិនត្រូវរ៉ូវគ្នា​ក៏​ប្រហែល​ជា​មិនមែន​អ្វី​ធ្ងន់ធ្ងរ​ដែរ។

មានអ្នកជិតដិតខ្លះធ្លាប់ពិភាក្សាគ្នាលេងថា ពេលមាន​មិត្តប្រុស​យើងអាចជួបប្រភេទចង់លួងរួមភេទមុនរៀបការ​ តែមិននឹកស្មានថា យប់នោះ Dating ដំបូងសោះ ប្រុសអ្នកមាន​ម្នាក់នេះពិតជាហ៊ាន​អន្ទងខ្ញុំបន្តទៅកន្លែងផ្សេង។

ដោយមិនលាក់លៀម គឺគាត់ស្នើថា​ចង់ដេកជាមួយតែម្តង។

នេះជាពាក្យ​និយាយដ៏កខ្វក់ជាមួយខ្ញុំដែលជាក្រមុំជនបទ ហើយគាត់មិនព្រមពន្យាឬបង្វៀងទេ ទោះបីជាខ្ញុំទទូចថា ខ្ញុំមិនស្រួលខ្លួន​និងចង់ដកថយទៅផ្ទះក៏ដោយ។

តើ​ខ្ញុំកំពុង​ធ្វើអ្វី?

ចិត្តខ្ញុំមិនចង់ចប់ជាមួយបុរសនេះ ថែមទាំងមិនចង់ទៅបន្តតង់ទីពីរ​ដែរ តើសម្រេចចិត្ត​យ៉ាងណា?

បោះចោលគាត់?​ដូចចោលសុបិន​មាស​ដែរ។

ខ្ញុំធ្លាប់មាន​អារម្មណ៍ល្អបំផុត​ពេលស្គាល់គាត់ និងមាន​ការគោរពថែមទៀត​ទោះពេលនេះក្តីខ្ញុំមិនចង់ឈានហួសគំនូសតែខ្ញុំក៏នៅតែឱ្យតម្លៃគាត់ខ្ពស់ដដែល។

កន្លងមក ខ្ញុំមិនមានទស្សនៈឬ​បញ្ហាអ្វីជាមួយអ្នកស៊ីវិល័យ​ដែលនិយាយរឿងកខ្វក់ៗរៀងដេកជាមួយគ្នាមុនរៀបការទេ តែខ្ញុំក៏មិនដែលគិតថានឹង​អនុវត្តិដូចពួកគេ នោះដែរ។

ខ្ញុំមាន​ប្អូនម្នាក់ដែលតែងតែយកខ្ញុំជាគម្រូ។

«គិតថា​វាជា​ការស្រើបស្រាលសម្រាប់ការរួមភេទ?​មិនមែនទេ វាជាស្នេហា!»

បុរសនេះពន្យល់ខ្ញុំ។

« ប៉ុន្តែ…..ប្រសិនបើវាជាអ្វីដែលហួសហេតុ….?!»

«ហួសហេតុអី? យើងធំៗអស់ហើយ! មានក្មេងឯណា?!  ការពន្យាកំណើតទុកចិត្តបាន និងស្រោមអនាម័យគេលក់ធ្វើអី?»

គាត់សួរមកខ្ញុំអៀនងើបមុខមិនរួចទេ​តែបេះដូងនៅត្រូវការស្នេហាមួយនេះខ្លាំងដដែលគ្រាន់តែខ្ញុំភ័យ។

មានសៀវភៅមួយដែលខ្ញុំអាន​ហើយខ្ញុំពេញចិត្ត​បាននិយាយថា ធ្វើអ្វីធ្វើទៅ ជីវិតជារបស់យើង តែបើមិនមែនជាស្ទីលរបស់យើងកុំធ្វើ។

«មនុស្ស​គ្រប់គ្នា​ទុក​នេះថា​ជា​រឿង​ធម្មតា​ណាស់សម្ភស្ស!» គាត់ផ្លុំខ្ញុំទៀត។

ខ្ញុំមិនមាត់ទេ តែ​អារម្មណ៍មួយបានប្រាប់មកថា ប្រសិនបើមិនចង់ក្លាយជាមនុស្ស​ស្រីសំខាន់ម្នាក់របស់គេ បន្តជួបគ្នាបាន នៅ​លើកទីពី ឬលើកទីបីទៀត ​ខ្ញុំអាចបដិសេធគេពេលនេះហើយយើងបែកគ្នា។ ​សូម្បីការងារក៏អាចគ្មានធ្វើទៀតផង ​កុំថាឡើយបានឃើញគេនេះខលមក។

ទីបំផុត ខ្ញុំបានធ្វើ រឿងដែលមិនធ្លាប់សូម្បីតែគិតទុក។ ហើយ​មានម្យ៉ាង​ដែលដូចការគិត​គឺ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ។ ស្តាយជាទីបំផុត។

​ដំបូង​ខ្ញុំគិតថា​ ទំនាក់ទំនងបែបនេះ​ពិត​​បង្កើតចំណង​​ទាក់ទង​ស៊ីជម្រៅដោយ​ការទាក់ទាញខាងរាងកាយហើយជួយយើងឱ្យ​ ឆ្លងកាត់បន្ទាត់ធម្មតា​ទៅដល់«មនុស្ស​សំខាន់»លឿន។ តែ​…..មិនបានពីរខែទេ ក្រោយស្គាល់ខ្ញុំអស់ចិត្ត កាយវិការគេបានប្លែកឡើងៗ ហើយចិត្ត​ខ្ញុំមានការធានាតិចតួចបំផុត​ថា គេនឹងនៅជាប់លាប់ជាអនាគតជាមួយ​ខ្ញុំ។​ ពីរខែមកនេះចេញដើរជាមួយគ្នាតែពេលយប់ មិនដែល​បានជួបមិត្តភ័ក្តិរបស់គាត់ឬចូលរួមសង្គមដោយមាន​គាត់ ហើយសូម្បីខ្ញុំរៀនអ្វី មានអនាគតបែបណា ខ្ញុំស្រលាញ់អី​គាត់ប្រហែលជាមិនទាំងខ្វល់ដឹងផង គាត់អាចថា មិនឃើញតម្លៃនៅក្នុងបុគ្គលិកលក្ខណៈរបស់ខ្ញុំក្រៅពីខ្លួនប្រាណខ្ញុំទេ។

មិនពិបាកយល់ឡើយ ខ្ញុំជាស្រីងាយ!

មានអ្នកណាឱ្យតម្លៃទៅ?

ប្រុសអ្នកមាន​ដែលតែងតែទទួលបានការរួមភេទស្រួលៗពីខ្ញុំនិយាយជាមួយខ្ញុំតែរឿង​គគ្រិចៗ​ខ្ញុំដឹងថា​ចាជាសញ្ញាថាក្នុងទំនាក់ទំនងនេះ គេ​ចាប់អារម្មណ៍តែរឿងដេកជាមួយគ្នា​ប៉ុណ្ណោះ។

«ខ្ញុំមានផ្ទៃពោះហើយ!»

ព្រឹកនេះខ្ញុំតេស្តហើយផ្ញើSMSទៅគាត់។ គាត់មើលហើយមិនឆ្លើយទេ។ ងតែល្ងាចឡើងគាត់មកជួបខ្ញុំ ហើយ​​ផ្លាស់ពីរបៀបសន្ទនាផ្អែមល្ហែម ពាក្យ​ស៊ិចគគ្រិចៗមកជា​ពាក្យ​តឹងតែងនិងស្នើឡើង​យ៉ាង​លឿនឱ្យខ្ញុំទៅគ្លីនីក….​។

ខ្ញុំយំ​ហើយ​ឈ្លោះគ្នាខ្លាំងបណ្តេញ​ព្រានម្នាក់នេះចេញព្រោះឈឺចាប់ពេក។​ បន្ទាប់ពីនោះ គាត់មិនដែលឆ្លើយតបសារខ្ញុំឬខលមកសោះ។

បានប្រហែលមួយអាទិត្យ បងអិន បានធ្វើមុខក្រៀម ហៅខ្ញុំជួបហើយប្រាប់ថា​ខាងហាងកាត់បុគ្គលិក​ ឯខ្ញុំស្ថិតក្នុងបញ្ជីនោះ។

ខ្ញុំសើច ហើយឌឺគាត់ថា មេណាមួយ​អ្នកកាត់ខ្ញុំឱ្យ​បំបាត់ភស្តុតាង។

បងអិនបានត្រឹមតបខ្លីថា« ភស្ស​អើយ យើង​ពងមាត់កុំជល់នឹង​ថ្ម ! លុយនេះ គេសងជំងឺចិត្ត​ច្រើនដែរ​ទៅស្រុកវិញទៅ!»

សូម្បីបងអិនក៏ចង់ឱ្យខ្ញុំចេញ​ឱ្យឆ្ងាយពីភ្នំពេញ​ដែរ។

គិតទៅ ក្នុងរឿងអយុត្តិធម៌ ម្នាក់ៗ​ផ្សំគំនិត​តែជាមួយក្រុមដែលមានលុយមានអំណាច?

ខ្ញុំបើកស្រោមនោះមើលឃើញលុយ២ពាន់ដុល្លារ ប្រហែលជាជិត7 ខែនៃប្រាក់ខែគោលរបស់ខ្ញុំ។ ខ្ញុំចាកចេញដោយមិនលាអ្វីទេព្រោះឆ្អែតចិត្តណាស់។

ខ្ញុំ​មាន​អាយុក្មេងយ៉ាងនេះត្រូវមនុស្សម្នាក់ទាត់ចោលត្រឹម២ខែនៅជាមួយគ្នា? ​ខ្ញុំពិតជាមានអារម្មណ៍ថាវង្វេង និងច្របូកច្របល់ណាស់ទោះបីជាខ្ញុំធ្លាប់គិតនិងទុកថាខ្លួនឯងរឹងមាំ និងឡូយអស្ចារ្សជាងក្មេងខេត្តអាយុស្របាលគ្នា។

ប្រហែលមានតែបងអិន ឬអាមនុស្ស​ក្បត់ទេដឹងរឿងនេះ ឯម៉ែពុកនិងមីងពូបងៗខ្ញុំមិនដឹងអ្វីទាំងអស់។ ចិត្តខ្ញុំគឺ ចង់រកវិធីណា ថែរក្សាកូនខ្ញុំដោយ​ មិនមានអារម្មណ៍ស្ដាយក្រោយឡើយដែលមានគេក្នុងពោះ។ នៅរៀនទាំងកើតទុក្ខបានពីរអាទិត្យ ខ្ញុំ​បាន​ដឹងព័ត៌មាន​មក​ថា​សម្បូរ​បាន​ចាប់​ផ្តើម​ណាត់​ជួប Dating ​នឹង​ក្មេង​ស្រី18ឆ្នាំ​ម្នាក់ទៀតក្នុងសិល្បៈ។

បេះដូង​របស់​ខ្ញុំ​បាន​បាក់បបចុះ​​ខ្សោយរឹតតែថែមឡើងទៀត ទោះលែងស្រលាញ់សល់តែស្អប់ក្តី​។

ព្រានអ្នកមាន ​​មិន​បាន​ទាក់ទង​មក​ខ្ញុំ​ជិត១ ​ខែ​មក​ហើយ ។

ជារៀងរាល់ថ្ងៃ ​ខ្ញុំ​គិតម្នាក់ឯងវិលវល់ដោយមិន​ដឹង​ថា តើ​ខ្ញុំ​គួរ​ទាក់​ទង​ទៅគេឱ្យគិតរឿងកូនក្នុងពោះ ​ឬ​អត់ទេ ចំណែក​ពេលដែលកូនកើតចេញមកតើជីវិតនេះ​នឹងប្រែប្រួលទៅជាបែបណា?

ខ្ញុំតែងតែស្រមៃថា គេនឹងដឹងកំហុស តែពេលវេលាកន្លងទៅ សម្លាប់បណ្តើរៗនូវសេចក្តីសង្ឃឹមរបស់ខ្ញុំ។ ខ្ញុំមិនបានព្យាយាមរង់ចាំទៀតនោះទេ។

ក្នុងសភាព​ឈឺចាប់ ខ្ញុំប្រាប់ខ្លួនខ្ញុំថា នារីថ្មីៗក្រោយៗទាំងនោះ​នឹងមកលំនាំដូចខ្ញុំ។ តែក្រោយមកមានអ្នកមកប្រាប់ខ្ញុំថា ​ពួកគេបាន​នៅជាប់លាប់រីករាយនឹងគ្នា​ព្រោះខាងស្រីជាអ្នកចំណាប់ខាងការពារ​ប្រុសស្នេហ៍មិនឱ្យឆាបហោះហើរបាន ណាមួយ​នាង​គ្មានកូនទេ នាងក្មេងមែន តែម្តាយនាង​ធ្លាប់នាំឱ្យអ្នកមានៗច្រើនហើយ ​នាងមិនធ្លោយមានផ្ទៃពោះព្រោះល្ងង់ត្រង់ធ្លូដូច​ខ្ញុំឡើយ ដូច្នេះហើយនាងក៏មិនបានយំម្នាក់ឯងរាល់យប់ដូចខ្ញុំដែរ។

ខ្ញុំវិលទៅស្រុកចំថ្ងៃភ្ជុំបិណ្ឌ។

មិត្តចាស់របស់ខ្ញុំម្នាក់ ត្រូវបានគេនិយាយដើមថា បានរៀបការជាមួយបុរសអ្នកមានម្នាក់​នៅបាត់ដំបង វ័យប្រហែលឪពុកនាង ហើយ​ត្រូវប្តីធ្វើបាបស្ទើរតែរាល់ថ្ងៃក៏មិនព្រមលែងលះ ព្រោះគ្មានជំនាញនិងរបរអ្វី​អាចចិញ្ចឹម​ជីវិតបានជាមួយកូនដល់ទៅពីរនាក់។

ទម្រាំដល់ឆ្លងកាត់ការឈឺចាប់និងមេរៀនអស់នេះ ខ្ញុំទើបដឹងខ្លួន​ដូចខ្មោច៧ថ្ងៃនិងវិលមកគិតសារដើមថា មានតែចំណេះ​ជំនាញ ទេជាអនាគតពិតនៃម៉ែកូនយើង។ ខ្ញុំរកឱកាសសារភាពប្រាប់ម៉ែពីរឿងនេះ នឹងបាន​គាត់អភ័យទោសទទួលស្គាល់កូននេះ តែមិនទាន់និយាយចេញនៅឡើយ។​​​

«ស្អែកយើងទៅវត្តនៅអន្លង់ប៉ែនណាកូន ក្រោកជួយដាំបាយស្លរម៉ែពីមាន់រងាវ !»ម្តាយខ្ញុំបង្គាប់។

«អន្លង់ប៉ែននៅដល់ណាម៉ែ?»

តាមពិតចាស់ៗនៅតែចង់ផ្គូផ្គងខ្ញុំជាមួយម្នាក់ដែលធ្វើការនៅធនាគារនោះ។

ម្ល៉ោះហើយ ថ្ងៃនោះខ្ញុំបានជួបជាមួយគាត់ពេញ​មួយថ្ងៃ​ហើយហូបបាយជុំគ្នានៅវត្ត​។ នេះជាការជួបដោយចៃដន្យនិងដំបូងរបស់យើងតែ​ភ្លាមៗនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំនិងប្រុសម្នាក់នៅអន្លង់ប៉ែននេះ​ហាក់ជានិស្ស័យ​ឬមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ​សឹងពិបាកក្នុងការពន្យល់។

«នៅភ្នំពេញម៉េចដែរ?»

គាត់ឈ្មោះភារ៉ា គាត់សួរខ្ញុំឱ្យតែបានសួរនឹងអាលបាននិយាយគ្នា ប៉ុន្តែការសម្លឹងមើលទៅមកក្នុងភ្នែករបស់ខ្ញុំ គាត់គឺដូចជាបានបង្ហាញពីការយកចិត្ត​ទុកដាក់ខ្លាំងនិងពិតជាពេញចិត្ត​ចំពោះខ្ញុំ។

ខ្ញុំសើចនិងឆ្លើយឌឺ៖

«ម៉េចដែរមានន័យថាម៉េច?»

«ចង់ដឹងថា សប្បាយដូចពោធិ៍សាត់ទេ?»

ខ្ញុំទម្លាក់ទឹកមុខនឹកដល់រឿងអាថ៌កំបាំងរបស់ខ្លួនឯងដ៏ឈឺចាប់និងបរាជ័យយ៉ាងអាម៉ាស់ព្រោះភាពភ្លើតភ្លើន។ ខ្ញុំឆ្លើយវិញ​ធម្មតាៗ៖

«មិនដែលកន្លែងណាសប្បាយជាងស្រុកកំណើតទេបង!»

គាត់រីករាយដែលខ្ញុំហៅគាត់ថាបង។​ យើង ត្រូវបាន​គេបង្កឱកាសឱ្យជជែកគ្នា​ពីការងារ ពីសេដ្ឋកិច្ចនិងវិស័យធនាគារ។ ចំណែកខាងក្នុងចិត្ត​ខ្ញុំវិញ ស្តាយក្រោយណាស់ពេលឃើញមនុស្សម្នាក់នេះផ្ទាល់។

គាត់មិនហ៊ឺហារតែ បើកូនក្នុងផ្ទៃខ្ញុំបានឪពុកបែបនេះ កក់ក្តៅជាងមនុស្ស​ហាយសូព្រានជើងបោក។ គេមិនទាំងដែលស្គាល់ខ្ញុំផងគេបានចូលស្តី​ខ្ញុំដល់ម៉ែឪ ចំណែក​ខ្ញុំជ្រើសយកប្រុសប៉ោឡែរំលងប្រពៃណី ហើយធុញថប់ស្អប់ខ្ពើមអ្នកដែលចងឱ្យផ្កាស្លាមកខ្ញុំទៅវិញ

«ខែក្រោយនៅណេះមាន​បុណ្យភូមិ!»

គេចង់ជួបខ្ញុំទៀត។ ខ្ញុំដឹងច្បាស់ណាស់ជាមួយការសន្ទនានេះ។

«ខ្ញុំមិនដឹងបានមកពោធិ៍សាត់អត់ទេ!»ខ្ញុំតបទាំងទាក់ទើរ។

«អ៊ីចឹង ខ្ញុំទៅលេងសម្ភស្ស​នៅភ្នំពេញបានទេ!»

ខ្ញុំមិនមាត់ ម្យ៉ាង​ចង់ទុកពេលឱ្យខ្លួនឯង ម្យ៉ាងទៀតមិនទាន់សម្រេចចិត្ត​ថាចង់ជួបគេនេះម្តងទៀតនៅឡើយ។ គឺមិនច្បាស់លាស់ទេ។ ក្នុងផ្ទៃខ្ញុំមានជីវិតមួយទៀត​ ដែលខ្ញុំលែងដូចពីមុនទៀតហើយ ឬសូម្បីតែមានសិទ្ធិពេញលេញក្នុងការ​ទទួលបានផ្កាស្លាពីគេ។

មានភាគបន្ត…