អ្នកម្នាងអ៊ូ – Meysansotheary

រឿង៖ អ្នកម្នាងអ៊ូ
ប្រវត្តិសាស្រ្តបានកត់ត្រាថា Wu Zetian (Wu Meiniang) បានកាន់តំណែងជាអ្នកដឹកនាំប្រទេសចិនអស់រយៈពេលជាច្រើនសិបឆ្នាំ ក្នុងរង្វង់មិនខុសពីអធិរាជចិនផ្សេងៗទេ។

ស្នាដៃនិង​ការដឹកនាំម៉ឺងម៉ាត់របស់នាង​ បាន​ញ៉ាំងឱ្យ Wu Zetian ទទួលបានកិត្តិនាម ក្លាយជាព្រះចៅអធិរាជស្រីតែមួយអង្គគត់ក្នុងប្រវត្តិសាស្ត្រពិតរបស់ចិន និងបានបំបែកប្តូរ​ទំនៀម​ទម្លាប់​ចិន​រាប់រយ​ឆ្នាំក្នុងការរើសអើងស្ត្រី ហើយ​បានធ្វើឱ្យខ្លួនឯង​ក្លាយជា​អធិរាជ​ស្រីមានឥទ្ធិពលបំផុតក្នុងប្រទេសចិន។

មិនមានភស្តុតាងដើម្បីបញ្ជាក់ឈ្មោះពិតរបស់ Wu Meiniang ទេ។

វគ្គ ពាក្យទំនាយ

ព្រលប់មួយក្នុងឆ្នាំ៦២៦នៃគ.ស ចៅហ្វាយក្រុង ស៊ែងស៊ូ ឈ្មោះយ័ន ទៀកហ្គាង បានឈៀងមកលេងផ្ទះគ្រួសារ។ គ្រានោះ នាង Wu Zetian នៅជាទារិកា​រុំនឹង​ក្រណាត់នៅឡើយ។

ដោយសារគ្រប់គ្នាដឹងថា យ័ន ទៀកហ្គាងចេះក្បួនហោរា ព្រោះតែមានឪពុកជាហោនៅក្នុងវាំងនៃរាជវង្សថាំង ម្តាយ​នាង​មិនឱ្យឱកាសល្អនេះកន្លងផុតទៅបាននោះទេ។

ម្តាយរបស់ Wu Zetian ឈ្មោះ Wu Yang បានកោះហៅកូនប្រុសទាំងអស់ចេញមកបង្ហាញខ្លួន ឱ្យលោកយ័ន ទៀកហ្គាង ជួយមើលមុខទាយវាសនា​ម្តងម្នាក់ៗ។

ទារិកា Wu Zetian ​ត្រូវអ្នកបម្រើ​ស្លៀក​សម្លៀក​បំពាក់ជា​ក្មេង​ប្រុសយកមកដែរ។ ឃើញ​បងៗរបស់នាង លោកយ័ន ទៀកហ្គាងមិននិយាយអ្វីច្រើន លុះងាកមកឃើញ​នាង គាត់ចាប់ផ្តើម​ភ្លឹក។

បុរសមកពីគ្រូសារហោរាល្បី រូបនេះស្រែកឡើងថា ​«ចិញ្ចើមវែង ភ្នែកហង្ស! បើនាង​ជាស្រី ម្ល៉េះ​ក្លាយជាអធិរាជមិនខាន!»។

សម្តីប៉ុន្មានម៉ាត់នេះ​ត្រូវបានល្បីល្បាញ​សុះសាយដល់រាជធានីឆាងអាន។

ពួកមន្ត្រីនិងអ្នកតែងកំណាព្យ​ ផ្តើមអេចអូចបន្តអំពីចចាមអារ៉ាម​នៃអនាគតអធិរាជនីត្រកូល Wu រហូតដល់រាជវាំងកក្រើករំជួយ​អំពី​ដំណឹងនេះ។

ត្រកូល​ Wu មាន​ដើម​កំណើត​នៅ​ស្រុក Wenshui  ជាឈ្មោះ​បុរាណ​នៃ​ទីក្រុង Shanxi ហើយនាង​កើតនៅឆ្នាំទី៧ នៃរជ្ជកាលអធិរាជ Gaozu នៃរជ្ជកាល Tang។ ឪពុករបស់នាងឈ្មោះ Wu Shiyue ជាអ្នកជំនួញឈើ ដែលស្និទ្ធនឹងក្រុមមន្ត្រី ធ្វើឱ្យគ្រួសារមានជីវភាពធូរធារ។

ទោះបីជាយ៉ាងណា រឿងដែលគេកត់ត្រា​ចំណាំគឺ នៅពេលនាង​កើតមកសូរ្យគ្រាសស្រាប់តែបានលេចចេញមកបានយ៉ាងយូរ និងត្របាក់លេបពន្លឺទិនករ​ទាំងអស់ នៅទូទាំងប្រទេសចិន។

Wu ធំធាត់ឡើងក្នុងការគ្រប់គ្រងតឹងរឹងនៃគ្រួសារអ្នកមានរបស់នាង ដែលត្រូវបានឪពុកបង្គាប់ឱ្យអានសៀវភៅសំខាន់​ៗ  និងបន្តការសិក្សាគ្រប់ជំពូកលើផ្នែកប្រវត្តិសាស្ត្រ ​សេដ្ឋកិច្ចនិងនយោបាយ អធិការកិច្ច​រដ្ឋ​។ល។ បណ្តើរៗ បុរសនេះ​សម្គាល់បានថា កូនស្រីរបស់គាត់កាន់តែលេចចេញនូវចរិតលក្ខណៈក្លាហាន​វាងវៃ និងរឹងប៉ឹងមិនធម្មតាទេធៀបក្នុងចំណោមស្ត្រីចិនក្មេងៗសម័យកាលដូចគ្នា។

នៅអាយុដប់បួនឆ្នាំ នាងត្រូវបានគេដឹងថា អាចជិះសេះ បាញ់ព្រួញ លេងភ្លេង និងរាំរបាំយ៉ាងជំនាញ។ នាង​ចេះការងារគ្រប់គ្រងផ្ទះបាយ និងបោកគក់ត្បាញរវៃសព្វប្រដាប់។

នៅពេលរាជវាំងប្រកាសរើសស្នំថ្មី សម្រាប់អធិរាជ Taizong នៃរជ្ជកាលថាង (Tang) នាង​ត្រូវបានគ្រួសារបញ្ជូនទៅ។

វគ្គ ឈានចូលរាជវាំង

ឋានៈជាស្នំ អ្នកម្នាង​ ឬមហេសីនៃរាជវង្សចិន​ មានភាពខុសប្លែកគ្នាក្នុងដំណើរនៃប្រវត្តិសាស្ត្រចិនពីរជ្ជកាលមួយទៅរជ្ជកាលមួយ  ប៉ុន្តែនៅតែមានចំណុចខ្លះរក្សាលំនាំប្រហែលគ្នា គឺតំណម វិន័យ និងច្បាប់តឹងរឹង។

សារៈសំខាន់នៃការដែលអាចផ្សងវាសនា​ក្លាយជារាជនារីនៃរាជវាំងខាងក្នុងឬមិនអាច ពុំអាស្រ័យលើការបានរួមភេទជាមួយព្រះរាជាឬអធិរាជ ឬភាពលេចធ្លោរបស់នាងៗទេ តែត្រូវមាន​បុត្របន្តរាជ។

នេះជាច្បាប់បន្ថែមពីលើការកម្រិតនូវលំដាប់កំណើតដ៏តឹងរឹង បានន័យថា​មុនចូលវាំងពួកគេតោងជាកូនអភិជន ឬ​មន្ត្រី​ធំ មានការចេះដឹង មានពូជត្រកូលជាអ្នកនាងស្រេចទៅហើយ។

ទោះបីជាមិនគិតពីអាយុ ក៏ឋានានុក្រមទាំងបីសម្រាប់នៅបម្រើអធិរាជ ក្នុងនាម​មហេសី អ្នកម្នាង និងស្នំ ដែលនៅក្នុងភាសាចិន ប្រព័ន្ធនេះត្រូវបានគេហៅថារាជវាំងខាងក្រោយ បើកទ្វារសម្រាប់តែស្រីស្អាតនិងមានកាយសម្បទាគ្រប់គ្រាន់។

ថ្ងៃដំបូងនៃជីវិតចូលវាំង ម្តាយ Wu បានជូនដំណើរកូនស្រីនិងយំយែក។ ការចូលរាជវវាំង មានតែពីរប៉ុននោះគឺ ត្រូវទុកចោលរីងរៃលុះស្លាប់មិនដែលមានសំណាងបានជួបព្រះអង្គ ឬក៏មានសំណាងបានជួបទ្រង់និងក្លាយជារាជនារីអង្គណាមួយ​នៃរាជវាំងខាងក្រោយ។ តែទាំងពីរយ៉ាងនេះ សុទ្ធតែមិនអាចវិលមកផ្ទះវិញឡើយ។

គ្មានគ្រួសារណាមួយត្រូវបានគេលើកលែងពីការជ្រើសរើសមើលកូនស្រីនោះទេ។ យោងតាមលក្ខន្តិកៈស្រីក្រមុំណា​មិនទាន់រៀបការ ទាំងអស់ត្រូវតែឆ្លងកាត់ដំណើរការជ្រើសរើស លើកលែងតែអ្នកដែលរៀបការហើយ ឬមានពិការភាពរាងកាយ ឬខូចសម្រស់ ​នឹងត្រូវបានលើកលែង។

នៅនឹងមាត់ទ្វារធំ Wu បានឃាត់ទឹកភ្នែកម្តាយដោយនិយាយថា «ចុះបើកូននឹងក្លាយជាអ្នកមានអំណាចកំពូលម្នាក់ព្រោះតែការចាកចេញនាថ្ងៃនេះ?» ម្តាយរបស់ Wu ឈប់យំហើយសម្លឹងមុខដ៏មានភាពឈ្លាសវៃរបស់កូនស្រី ព្រមទាំងចាប់ផ្តើមជូនពរនាង​។

ស្ត្រីក្មេងៗដែលត្រូវបាន​ជ្រើសរើសដោយម៉ត់ចត់សម្រាប់នាំចូលវាំង ត្រូវរស់ក្នុងទម្លាប់ថ្មីពេញទៅដោយការហាមប្រាមជាមួយ​តំណមនិងច្បាប់តឹងរឹង។ គ្រប់យ៉ាង​នឹងត្រូវអនុវត្តយ៉ាងប្រុងប្រយ័ត្ននៅក្នុងវាំង ដោយ​ការដាក់​កម្រិត​ និង​ហាម​ឃាត់​មិន​ឱ្យ​ចេញដើរ​ពីដំណាក់មួយ​ទៅដំណាក់មួយបានទេ។ ពួកគេ​សុទ្ធតែទទួលបានការហ្វឹកហាត់មុនពេលបម្រើស្តេច ហើយក្រោយពីបាន​បង្កើត​កូន​ប្រុស នឹង​​ត្រូវ​បាន​លើក​តម្កើង​ទៅ​ជាស្នំឯក ឬ​អគ្គមហេសី។

Wu ត្រូវបញ្ជូនចូលទៅក្នុងទីបង្វឹកហាត់ដឹកនាំដោយស្នំ ងៀប ជាស្នំវ័យចំណាស់មានទឹកមុខកាច​និងចិត្តដាច់ម្នាក់។ មុនពេលអាចរង់ចាំឱកាសបានគាល់និង​បម្រើព្រះអង្គ នាង​ត្រូវបាន​គេសម្គាល់ដោយសម្រស់ល្អ ហើយមានអ្នកយកដំណឹងពីការគម្រាម​កំហែងធំនេះ ទៅដល់ត្រចៀកពួកស្នំមានអំណាចមុនៗ។ ពួកគេទាំងនោះរួមមាន ស្នំឯក Wei នៃគ្រួសារនាយទាហានព្រំដែនដ៏មានឥទ្ធិពល និងស្រីស្នំសំណព្វនៃអធិរាជផ្សេងៗទៀត។ តាមដំណឹងនេះ ពួកគេ​បានលបចុះទៅពិនិត្យជាសម្ងាត់ និងឃើញថា សម្រស់នាងពិតជាមិនធម្មតាមែន ​ក៏រួមដៃគ្នា​ឱ្យរង្វាន់ម្ចាស់ដំណាក់​បង្វឹក​មួយនេះ ក្នុងការ​រកវិធីកម្ចាត់ Wu ដកបន្លាចេញពីភ្នែកមុនពេលនាងមានឱកាសបានគាល់ព្រះចៅអធិរាជ។

ដោយសារហេតុផលនេះ Wu ត្រូវបានគេទម្លាក់កំហុសរឿងបាត់អល្លង្ការ ហើយទម្លាក់ឋានៈទៅជាអ្នកបម្រើ ​បណ្តេញ​​ចេញទៅនៅបន្ទប់បោកគក់ទៅវិញ។ ទីនោះជាកន្លែងដែលពោរពេញ​ទៅដោយ​ការងារធ្ងន់ៗ គ្មានអាហារសមរម្យ ​និងមាន​ឱកាសច្រើនសម្រាប់ការធ្វើទោសទណ្ឌដល់ស្លាប់ ដែលគ្មានព័ត៌មាន​លេចឮមកក្រៅបាន។

វគ្គ លី ស៊ីវមិញ ហៅអធិរាជ Taizong នៃ​រាជវង្សថាង

រាជវង្សថាង (618-907) គឺជាយុគសម័យមាសមួយនៃប្រវត្តិសាស្រ្តប្រទេសចិនពេញទៅដោយភាពរុងរឿង និងពន្លឺនៃវប្បធម៌ស្របពេល​ យុគសម័យងងឹតនៅអឺរ៉ុប ជាអាណាចក្របង្រួបបង្រួមមួយ ដែលបង្កើតឡើងដោយគ្រួសារ Li។

ត្រកូល Li  ដែលបានដណ្ដើមអំណាចក្នុងអំឡុងការដួលរលំនៃរាជវង្សស៊ុយ (581-618) ដោយស្តេច Li Yuan ដែលក្រោយមកផ្ទេរដល់អធិរាជ Gaozu( 618-626) និងដណ្តើមដោយជោគជ័យ​ក្តោបក្តាប់យករាជធានី ឆាងអាន (Chang’an) ក្នុងឆ្នាំ 617 ។

រាជបុត្រ Li Shimin របស់ អធិរាជ Gaozu ក្រោយមកក៏ឡើងសោយរាជ្យបន្តពីឪពុកដោយប្តូរនាមមកជា​អធិរាជ Taizong ( 626-649 ) ជារជ្ជកាលដែល Wu ត្រូវបានកែនចូលវាំង។

ព្រះចៅអធិរាជ Taizong ដែលជាអធិរាជ Tang ជំនាន់ទីពីរ មានស្រីស្នំជាច្រើនមកហើយនៅព័ទ្ធជុំវិញបន្ទាប់ពីព្រះមហេសីដើមបានសោយទិវង្គត។

យប់មួយជានិស្ស័យសម្រាប់ពួកគេ អធិរាជនិងWu គឺនៅពេលដែល Wu គ្រុនក្តៅអត់អាហារជាច្រើនពេល និង​ដេកសន្លប់ម្នាក់ឯង ​ត្រូវបាន​គេយល់ថា ឈឺធ្ងន់និងមានរោគឆ្លង ក៏ត្រូវរុំ​នឹង​ភួយយកទៅចោលក្នុងស្មសាន​ខាងត្បូងវាំង​។

ទេសកាលភ្លៀងស្រាប់តែស្រក់មក នាងស្រាប់តែ​អាចដឹងខ្លួនឡើងវិញ ​និងក្រោកដើរម្នាក់ឯងត្រដាបត្រដួសយ៉ាងវេទនា។ នៅពេល​ស្នូរសេះរបស់អធិរាជឆ្លងកាត់ នាង​ហាក់មានសង្ឃឹម​នឹង​បានរស់ក៏បាន​ស្រែក​រកជំនួយ មុនពេល​ដួល​សន្លប់នៅក្រោមដានជើងអាជានេយ្យ។

អធិរាជមិនដែលគិតថា មាន​អ្នកបម្រើវាំងណាម្នាក់នឹងត្រូវដើរមកសន្លប់ម្នាក់ឯងបែបនេះឡើយ។

ជាព្រេងវាសនា ដែលព្រះអង្គបានទតឃើញនាងចំពេលស្ងាត់គ្មាន​អាមាត្យនៅ ក៏​មាន​តែត្រកង​នាំយកមកដំណាក់ទ្រង់ផ្ទាល់។ នៅពេលមានពន្លឺចន្លុះពេញលេញ ទ្រង់បានភ្ញាក់ផ្អើលខ្លាំងនឹងសម្រស់នារីក្មេងនេះ។ ដោយចិត្ត​ប្រតិព័ទ្ធ ព្រះអង្គមិនព្រមប្រគល់នាង​ត្រលប់ទៅដំណាក់ខាងក្រោយទេ ដោយទុកនាង​នៅលើស័យនា​ផ្ទាល់ ព្រមទាំងកោះហៅរាជពេទ្យមកព្យាបាលបំប៉នថែ។

វគ្គ ចំណេះនិងសម្រស់ក្លាយជាអាវុធ

នោះជាឱកាសមួយធំដែលបានផ្លាស់ប្តូរជីវិត Wu ។ នៅទីនោះដែលនាងបានកៀកនឹងដំណាក់ពិគ្រោះនៃព្រះរាជា កាល​នៅដេកសន្ធឹងសន្ធៃព្យាបាលជំងឺ ក៏តែងបានឮរាជកិច្ចនានាដែលព្រះចៅបានពិគ្រោះជាមួយម៉ឺនជំនិតជិតមួយសប្តាហ៍។

ទម្រាំល្ងាចមួយ ដែលរាជានិងមហាតឡិកបាតុភាពបះបោរនៅដែនខាងត្បូង នាង​ក៏ភ្លាត់មាត់បន្លឺយោបល់មួយចំនួន​បានធ្វើឱ្យព្រះរាជារឹតតែស្ញប់ស្ញែងនាង​ឡើង។

រាត្រីនោះទ្រង់បានបញ្ជាឱ្យរៀបជាក្រយាតែពីរអង្គ​យ៉ាងស្និទ្ធសុខដុម ហើយក៏សាសងមេត្រី​លួងលោម ជាគូស្នេហាទៅ។

ដំណឹង​ស្រីត្រកូល Wu មានឋានៈជាស្នំសម្ព័ន្ធទីប្រាំ នៅក្នុងលំដាប់នារីវាំងទាំងប្រាំបួនដំណាក់របស់រជ្ជកាល Tang ត្រូវបាន​ផ្សព្វផ្សាយចេញពាសពេញ​ព្រះរាជធានី។ អ្នកខ្លះគិតថា​នាង​នឹង​មានភ័ព្វតិចតួចដូចស្នំធម្មតាៗ ខ្លះថានាង​មានសំណាង ប៉ុន្តែប្រវត្តិវិទូសរសេរថា ព្រះអធិរាជពេញចិត្តនឹងភាពរឹងមាំឆ្លាតវៃរបស់នាង​។ ការលង់សម្រស់នាង មិនមែនជារឿងធំឡើយ ព្រោះអធិរាជមានស្នំ​ជម្រើសរាប់ពាន់ តែមិនយូរមិនឆាប់ Wu បានចាប់ផ្តើម រាយមន្តស្នេហ៍របស់នាង​ឱ្យមានលក្ខណៈខ្ពង់ខ្ពស់ហួសពីស្នំដទៃ។

តាំងពី​នៅជំទង់មិនទាន់សោយរាជ្យ ព្រះអធិរាជ Taizong មានសេះកម្រមួយក្បាលជាសំណព្វ ដែលមានឈ្មោះ Lion Stallion ដោយសាររាងកាយ​ដ៏ធំ និងខ្លាំងគ្មានសេះប្រដូច។

អ្វីដែលទ្រង់នៅចន្លោះធ្វើមិនបានគឺ វាមិនឱ្យនរណាម្នាក់ឡើងលើខ្នងបានសោះ។

Wu ជានារីម្នាក់ដែលមានចិត្ត​មានៈនឹងនៅមិនស្ងៀមទេ។ នាង​តែងតែចង់ប្រជែងប្រាជ្ញាលើរឿងលំបាកៗ។ ថ្ងៃដែលបានឃើញសេះនោះហើយ នាងទូលព្រះចៅអធិរាជ Taizong ថា៖

«ខ្ញុំម្ចាស់ត្រូវការតែរបស់បីយ៉ាងប៉ុននោះដើម្បីចាត់ចែងសេះព្រហើនថ្វាយទ្រង់»

«គឺអ្វីខ្លះទៅ?»

«ក្រាបទូល រំពាត់បន្លា ញញួរដែក និងដាវដ៏មុតមួយ!»

«ស្នំអ៊ូគិតធ្វើម៉េចចំពោះសេះរបស់យើង!»

«ខ្ញុំម្ចាស់នឹងវាយវាដោយរំពាត់ដែក! ករណីវានៅទទឹងមិន​ព្រម​ចុះ​ចូល​ទេ ខ្ញុំម្ចាស់​នឹង​យក​ញញួរ​ដែក​វាយ​ក្បាល​វា! បើ​វា​នៅ​តែ​មិន​ចុះ​ញ៉ម​លុតជង្គង់ថ្វាយទ្រង់ទេនោះ​ ខ្ញុំ​ម្ចាស់នឹង​អារបំពង់ក​វា​ដោយ​ដាវ» ព្រះចៅអធិរាជ Taizong គិតហើយសម្លឹងមុខស្នំ១៤ឆ្នាំ។

ទ្រង់យល់ថា ប្រសិននាងធ្វើមិនបានទេ នាង​នឹងត្រូវមាន​ទោសប្រហារជីវិតពិតជាគួរស្តាយ ឯពេលនាង​ពិឃាតសេះ​ក៏រឹតតែខាតបង់ ម្ល៉ោះហើយត្រង់លើកសរសើរសេចក្តីក្លាហានរបស់នាងហើយទះដៃថា នាង​ឆ្លាតណាស់ មិនបាច់បន្សាំសេះទេ នាង​ធ្វើជាអគ្គលេខាធិការផ្លូវការ​របស់យើងគ្រប់រាជកិច្ច។

វគ្គ ​យកឈ្នះពីលើកលល្បិច

នៅពេលដែលបាននៅក្បែរ​ព្រះអធិរាជ Taizong ហើយក្តី ស្នំអ៊ូនៅតែត្រូវឆ្លងកាត់ឧបសគ្គ​ច្រើនឡើងៗ រួមមានការក្បត់ពីមិត្ត​ជិតដិត ពីអ្នកបម្រើផ្ទាល់ ពីមនុស្ស​ដែលនាង​មិនធ្លាប់សូម្បីតែធ្វើអ្វីដាក់ ទាំងនេះព្រោះតែនៅពីលើនាង​មាន​អ្នកម្នាង និងស្នំឯក​ស្នំអង្គជាច្រើនទៀតនៅតាមយាយីនិន្ទា។

ដោយសឹងត្រូវមានទោសស្លាប់ម្តងៗព្រោះមនុស្សទាំងនោះ បទពិសោធបានបង្រៀន​ស្នំអ៊ូឱ្យចេះការពារខ្លួន ចំណែក​បញ្ញារបស់នាង​បានបង្គាប់នាង​ថា មានតែនៅខ្ពស់បំផុតទេ​ទើបអាចបង្ការពីមនុស្ស​ទាំងនេះបាន។

នាងបានទុកពាក្យមួយឃ្លាដ៏ពេញនិយមនៅប្រទេសចិនថា «បើរឿងអាក្រក់ៗមិនអាចសម្លាប់ខ្ញុំ វានឹងធ្វើឱ្យខ្ញុំរឹងមាំ ស្មានមិនដល់»។

នាង​បានសរសេរកំណាព្យនេះពីរឃ្លា​ហើយត្រូវបានគេទន្ទេញ​តគ្នាពាន់ឆ្នាំមកនេះ។ តែធាតុពិតវិញ នាង​មិនត្រឹម​រឹងមាំ ថែមទាំងក្លាយជាមានចិត្តដាច់ និងឃោរឃៅ។ នៅពេល​មួយ ដែលនាង​បាន​តាមដានដឹងជាសម្ងាត់ថា ពាក្យទំនាយនៅស្រុកកំណើតអំពី​ស្ត្រីភ្នែកហង្សត្រកូលអ៊ូនឹងឡើងគ្រងរាជ ត្រូវបានព្រះចៅអធិរាជ​ជឿតាម និងមិនដែលអនុញ្ញាតឱ្យមានបុត្រជាមួយនាង ស្នំអ៊ូពិតជាសោយសោកដូចស្លាប់ទាំងរស់។

​ត្រឹមមួយពេលយប់នាង​បានក្លាយជាមនុស្សផ្សេង។ នោះជារាត្រី​នាមាត់ស្ទឹង ដែលនាង​ត្រូវរើសថា លោតទឹកស្លាប់បង់ ឬតស៊ូនៅ​បង្កើតឱកាសឡើង?

មនុស្សប្រុសម្នាក់ដ៏សំខាន់ក្នុងជីវិតនាង ដែលមានវ័យ​ខុសឆ្ងាយគ្នាបែបនេះ ស្នំអ៊ូគិតថា អធិរាជ​គួរតែបាន​ស្រឡាញ់នាង​ស្មោះអស់ពីចិត្ត​ តែ​តាមពិតស្តេច​បែរជាចង់ឱ្យនាងចប់ទៅ នៅក្រោយពេល​ទ្រង់សោយទិវង្គត់ទៅវិញ? (រជ្ជកាលចិនខ្លះ ពេលរាជាសោយទិវង្គត់ ស្នំដែលមិនមានបុត្រ​នឹងត្រូវសម្លាប់តាម)

មុនពេលព្រះអធិរាជខ្សោយ​កម្លាំងនិងក្បែរសោយទិវង្គតនៅឆ្នាំ 649 ស្នំអ៊ូប្រមើលដឹងជាមុនថា កូនប្រុសពៅ Li Zhi ដែលមានមាតាជាព្រះមហេសី Wen (ស្លាប់) គង់តែ​បានឡើងស្នងរាជ្យបន្តជាអធិរាជ ដូច្នេះ នៅពេល Wu មានវ័យ​២២ឆ្នាំ ឯរាជបុត្រ​មាន​វ័យ១៨វស្សា ​ស្នំបានកសាងមនោសញ្ចេតនា​លាក់កំបាំងជាស្រេចទៅហើយ ។

រាជបុត្រា Li Zhi មានសារជាតិ​ស្លូតត្រង់ មានមនោសញ្ចេតនា​ជ្រាលជ្រៅ ធ្វើម្តេចគេចបានពីអន្លង់ស្នេហ៍បងស្រី Wuដ៏ស្អាត និងឆ្លាតវៃ?

វគ្គ ប្រឆាំងវាសនា​

ទៅតាមទំនៀមទម្លាប់ថាង នៅគ្រាណា​ដែលព្រះចៅអធិរាជសោយទិវង្គត ស្នំឬមហេសីគ្រប់ជាន់ថ្នាក់ ដែលមិនបានបង្កើតកូន នឹង​ត្រូវចាប់បង្ខាំងជាអ្នកបួសអចិន្ត្រៃយ៍នាទីចុងកាត់មាត់ញកមួយ។

ដូច្នេះស្នំអ៊ូមិនអាចប្រឆាំងនឹងទំនៀមនេះទេ។

បន្ទាប់ពីការសោយទិវង្គតនៃព្រះចៅអធិរាជ ស្នំ​ Wu ត្រូវបានបញ្ជូនទៅប្រាសាទ Ganye (感業寺) ជាទីដែល​ស្ថិតនៅលើកំពូលភ្នំខ្ពស់ ​មានការងារពលកម្មលំបាកលំបិនបំផុត។

ជាមួយការស្អប់ខ្ពើមច្រណែនពីក្រុមអ្នកម្នាងនានាទាំងជំនាន់ចាស់និងថ្មីនៅក្នុងវាំង ស្នំអ៊ូត្រូវបានគេលបលួចយាយីដោយការឃុបឃិតនឹងដូនជីកំណាចៗ។ ពួកគេ​តែងរំពឹងថា នាងនឹងឆាប់​អស់សង្ឃឹម​លាចេញពីលោកនេះ អស់បន្លាក្នុងភ្នែកពួកគេ។

ទោះយ៉ាងណាក៏ដោយស្នំ​អ៊ូ ត្រូវប្រឆាំងដាច់ខាត នឹងការរំពឹងទុកទាំងឡាយនៃក្រុមសត្រូវក្នុងជីវិតខ្លួន។

មានកំណាព្យមួយដែលនាងផ្តើម​សរសេរផ្ញើចេញឱ្យក្មេងៗច្រៀងតគ្នាមានអត្ថន័យថា «ហេមន្តរដូវបិទទ្វារឯកាទាំងបេះដូងនៅក្មេងជីវិតឥតប្រយោជន៍។ តើមានអ្នកណាខ្លះចង់ចែករំលែក? ចំណាយខ្យល់ដង្ហើមកក់ក្តៅនៅក្រោមពន្លឺនៃដួង​ព្រះចន្ទ? ទុក្ខព្រួយប្រមូលផ្តុំលើថ្ងាសរៀងរាល់ថ្ងៃ ទិវារាត្រីនឹកនិស្ស័យមួយពាន់ចំណុច សន្យាមួយម៉ឺនពាក្យ សុំត្រឹមជួបព្រះភក្ត្រជាចុងក្រោយ»។

រាជបុត្រា Li Zhi មានព្រះនាមជាអធិរាជ Gaozong នៅក្នុងវ័យ ២១ឆ្នាំ។ តាមថា ស្តេច ​Gaozong មិនមែនជាជម្រើសដំបូងនៃការស្នងរាជទេដោយសារទ្រង់ទន់ខ្សោយ និងថែមមិនមានបទពិសោធកិច្ចការសឹក មិនពូកែគុន ហើយជារឿយៗត្រូវរងប៉ះពាល់ជាមួយជំងឺកំណើតមួយវិលមុខ ខ្សោយជានិច្ច​។

ក្នុងការសរសេរទុកមក គឺកាលស្នំអ៊ូនៅជាមួយបិតាទ្រង់ ដោយសារតែនាងមានគោលដៅច្បាស់ពី​អនាគតជាមួយ Li Zhi នាង​បាននៅពីក្រោយរឿងរ៉ាវជាច្រើនសម្រាប់លាតត្រដាងចេញនូវបណ្តាភាពអាម៉ាស់របស់រាជបុត្រច្បងដទៃ ឱ្យធ្លាក់ចេញពីជម្រើសគ្រងរាជ្យ ក៏ដូចជាជួយឆ្ការផ្លូវគ្រងរាជ្យសម្រាប់ទ្រង់ Li Zhi ដែរ។ មិនយូរមិនឆាប់ នៅក្រោមតំណក់ទឹកភ្នែកទន្ទឹងរង់ចាំរបស់នាង ព្រះរាជបុត្រា Li Zhi ដែលឡើងគ្រងរាជ្យ ទ្រង់បានចាត់ដំណើរសម្ងាត់មួយមកស្វែងរកជួបអតីតស្នំអ៊ូ។

នៅក្រោយខួបនៃការសោយទិវង្គត់របស់អធិរាជ អធិរាជថ្មី Gaozong (Li Zhi) បានទៅព្រះវិហារ Ganye ក្រោមលេសថា ដើម្បីថ្វាយធូប។ ពេល​ជួបទល់នឹង​ស្នំ Wu ឃើញ​មុខ​គ្នា អ្នក​ទាំង​ពីរស្រែកទ្រហោ​យំ។

ដ្បិតតែនាង​កោរបួស មានសម្លៀកបំពាក់សាមញ្ញតែ Wu កាន់តែស្រស់ស្អាតនិងឆ្លាតវៃគួរឱ្យត្រេកត្រអាលចិត្ត​សម្រាប់ព្រះចៅអធិរាជថ្មីជាងពីមុនទៅទៀត។

ព្រះអធិរាជាពិតជាមិនដឹងមានមធ្យោបាយឯណាប្រឆាំងពាក្យតំនៀលថាស្រឡាញ់ស្ត្រីនៃបិតាអង្គឯង ឬពាក្យថា​ប្រឆាំងទំនៀមទម្លាប់​នោះទេ។ ព្រះទ័យព្រះអង្គខ្លោចផ្សាណាស់ទើបស្នេហា​រឹតតែឆេះសន្ធោរសន្ធៅឡើង។ ទោះជានៅឯរាជវាំង ទ្រង់មានព្រះមហេសី និងប្រពន្ធចុង(អ្នកម្នាង​ ស្រីស្នំ)ផ្សេងៗទៀតជាច្រើន ទៅតាមទម្លាប់រាជបុត្រស្តេច​ជំនាន់នោះហើយក៏ដោយ។ ឯកសារបានសរសេរថា ស្នំអ៊ូមានភាពឈ្លាសវៃនិងអាចប្រើល្បិចមានប្រយោជន៍សឹងនៅគ្រប់កាលៈទេសៈដ៏លំបាកៗនៃជីវិតនាង។ ដូចជារាត្រីនោះនាងបានយំយែកនិងលាព្រះចៅអធិរាជថ្មីថា «នេះជាវាសនាកំណត់ដ៏កម្សត់សម្រាប់នាង គ្មានអ្នកណាមានឫទ្ធិអាចផ្លាស់ប្តូរវាបានទេ» ដោយទើបនឹង​ឡើងគ្រងរាជ្យ និងមាន​វ័យក្មេងម្ភៃមួយវស្សា ព្រះរាជាថ្មីដែលឮស្រីស្អាតត្អូញត្អែរហើយទ្រង់ក៏ស្រែកឡើងថា «យើងនឹងក្តោបក្តាប់វាសនា​ស្រីដែលយើងស្រឡាញ់បាន! ​យើងនឹងធ្វើក្នុងអំណាចរបស់យើង!»។

ការណ៍នេះ​ត្រូវ​បាន​គេ​មើល​ឃើញនិងរាយការណ៍​ទៅ​ដល់​ភរិយាពេញច្បាប់​របស់​អធិរាជ Gaozong គឺ Empress Wang។ នៅ​ពេល​នោះ ព្រះចៅ​អធិរាជ Gaozong មិន​បាន​សព្វព្រះទ័យអ្វីច្រើននឹងមហេសី ​ Wang ទេ ផ្ទុយ​ទៅ​វិញព្រះអង្គសណ្ដោស ផ្អែមល្ហែម​ដល់​ស្នំឯកម្នាក់ឈ្មោះ Xiao ដែលមានកូនប្រុសមួយ ឈ្មោះ Li Sujie និងកូនស្រីពីរនាក់ ព្រះនាង Yiyang និង Xuancheng ។

មហេសី Wang ដោយមើលឃើញថាអធិរាជ Gaozong នៅតែលង់នឹងសម្រស់របស់ស្នំអ៊ូ ទ្រង់បែរសង្ឃឹមថា ការមកវិញនៃស្នំអ៊ូនឹងបង្វែរព្រះចៅអធិរាជចេញពីស្នំឯក Xiao ដេលជាសត្រូវបច្ចុប្បន្ននេះបាន។ ដូច្នេះហើយ មហេសី Wang បាននៅពីក្រោយ​ការគាំទ្រឱ្យមន្ត្រីធំៗ ឈប់ប្រឆាំងការវិលមកវិញរបស់ Wu។

ដោយសារព្រហ្មលិខិតសមបំណង នៅឆ្នាំ ៦៥៤ Wu វ័យ២៥ឆ្នាំ ​ត្រូវបាន​ស្វាគមន៍មកក្នុងព្រះរាជាវាំងជាមួយគ្រែស្នែងដ៏ឧឡោឫក ក្រោមការជជែកវែកញែក​រិះគន់នៃពួក​វណ្ណៈអ្នកវាំង។ មានការសរសេរមកថា ការងារដែលអធិរាជLizhi ធ្វើដំបូងគេពេលឡើងគ្រោងរាជ្យ គឺនឹកដល់នាង ​ហើយរកវិធីនាំនាងត្រលប់មកវិញឱ្យខាងតែបាន។

មិនយូរប៉ុន្មានការវិលមកវិញលើកនេះ ស្នំ Wu បានវ៉ាដាច់ស្នំ Xiao ដែលធ្លាប់តែជាទីពេញចិត្តរបស់អធិរាជ Gaozong។ នៅ​ឆ្នាំ​៦៥២ នាង​សម្រាល​បាន​កូន​ដំបូង​របស់​នាង​ដែល​ជា​ទារិកា។

នៅឆ្នាំ ៦៥៤ដដែលនោះ ទាំងមហេសី Wang និងស្នំ Xiao បានបាត់បង់ឱកាសស្នេហាទាំងស្រុងជាមួយអធិរាជ Gaozong ជាហេតុនាំឱ្យគូប្រជែងស្នេហាទាំងពីរនេះ កាន់តែសាហាវពុះពោរចូលរួមកម្លាំងគ្នា ប្រើវិធីជាច្រើន​ប្រឆាំងនឹងស្នំ Wu ប៉ុន្តែមិនបានផលទេ។ មិនតែប៉ុននោះ ដើម្បីបញ្ជាក់ចិត្តស្នេហាចំពោះស្នំ Wu អធិរាជ Gaozong បាន​ផ្តល់​កិត្តិយសដល់នាងជាអ្នកម្នាងអ៊ូ​សូម្បីតែមិនទាន់មាន​កូនប្រុស និងដំឡើងឋានៈដល់ឪពុករបស់នាង ជាឧត្តមសេនីយ៍ Wu Shiyue ក្នុងឆ្នាំ 654 ។

ទោះជាយ៉ាងនេះក្តី អ្នកម្នាងអ៊ូ នៅតែមិនមាន​សន្តិភាពផ្លូវចិត្ត​នៅឡើយ។

ក្រោយពេលកើតកូនស្រីប្រមាណ​មួយសប្តាហ៍ ទារិកា​ស្លាប់បាត់បង់ជីវិត ដោយមានភស្តុតាងបន្សល់ថា រងការច្របាច់កដោយចេតនា។ ភស្តុតាងបន្ថែម បានចោទប្រកាន់ព្រះមហេសី Wang ពីបទមនុស្សឃាត ព្រោះមាន​គេបានឃើញ​យាង​នៅជិតដំណាក់អ្នកម្នាងអ៊ូ។

ដោយមានសក្ខីកម្មបញ្ជាក់ និងមាន​សាក្សីដែលចោទប្រកាន់ផង ព្រះចៅអធិរាជ Gaozong បាន​សម្រេច ​ដក​ព្រះមហេសីវ៉ាង​ចេញ​ពី​តំណែង​។ ប្រវត្តិសរសេរមកថា ដោយសារមហេសីWang មិនដែលមានបុត្រនឹងគេ ព្រះមហេសីអង្គនេះស្រឡាញ់ក្មេងបំផុត បានជាតែងចូលទៅពរទារិកាលេង រហូត​ក្លាយជាផ្នែកមួយនៃល្បិចរបស់ Wu។

ដោយមិនមានពាក្យតវ៉ា មហេសី Wang ​ត្រូវ​បាន​គេ​ទម្លាក់តំណែង និងបញ្ជូនទៅគុកធំ​មួយឆ្ងាយ​​ពីរាជវាំង។ នៅទី​បំផុត​ បន្លាក៏របូតខ្លះ។

មិនត្រឹមតែប៉ុននោះ អធិរាជ Gaozong ចង់លើកអ្នកម្នាងអ៊ូ ភ្លាមៗឡើងជាមហេសីវិញ ដោយព្យាយាមរកវិធីឱ្យមាន​ការ​គាំទ្រ​ពី​អធិការបតី​នានាក្នុងរដ្ឋាភិបាល។ ដូច្នេះអធិរាជ Gaozong បានស្កាត់ជួបជាមួយលោកមា Zhangsun Wuji ដែលជាប្រធានអធិការបតី។ ក្នុង​ជំនួប​នោះ លោក Gaozong បាន​លើក​យក​ប្រធាន​បទ​ស្តី​ពី​ភាព​គ្មាន​កូន​របស់​អធិរាជ Wang ជា​ច្រើន​ដងថា ជាគ្រប់គ្រាន់ដើម្បីប្តូរព្រះរាជាមហេសីចេញ។

ទោះយ៉ាងណាលោកមាមិនគាំទ្រនៅឡើយ។

ការតស៊ូនេះធ្វើឡើងក្រោមវិធីជាច្រើន រហូតដល់ឆ្នាំ ៦៥៥ អ្នកម្នាងអ៊ូ ត្រូវបាន​តែងតាំងជាមហេសីថ្មីរបស់ អធិរាជ Gaozong រៀបអភិសេកឡើងវិមានហង្ស។ ពេលនោះហើយ ការងារបន្ទាប់គឺនាងបានប្រើវិធីថ្មី ដកបន្លាចេញ គឺបញ្ជាដាក់បន្ទុក នាំអតីតស្នំសំណព្វត្រកូលស៊ាវ ចូលទៅក្នុងគុកធំជាមួយអតីតព្រះមហេសី Wang ដែរ។

ទាំងក្នុងរឿងព្រេងបុរាណ និងប្រវត្ដិវិទូខ្លះសរសេរមិនផ្លូវការ គេជឿថា អ្នកម្នាងអ៊ូ ប្រហែលជាបានសម្លាប់ទារិកា​ដោយ​ខ្លួនឯង ដើម្បីរកលេសធ្ងន់កម្ចាយនារីវាំងឋានៈខ្ពស់ទាំង២បានដោយសម្រេច។ ក្រៅពីនោះមាន​ការតំណាលដែរថា នាងបានស៊ើបដឹងពីស្ត្រីទាំងពីរ គឺអតីតមហេសី Wang និងស្នំឯកស៊ាវ ដែលបានចាយមាសប្រាក់ បញ្ជាឱ្យដូនជីចាស់ៗធ្វើបាបនាងជាសម្ងាត់កាលពីនៅបួសលើភ្នំ ម្ល៉ោះហើយ Wu បានបញ្ជាឱ្យកាត់ដៃជើងពួកគេចោល ត្រាំដងខ្លួនក្នុងពាងស្រាធំមួយ និងពោលពាក្យថា «ឱ្យ​ព្រាយទាំងទ្វេបានស្រវឹងដល់ឆ្អឹងទៅចុះ!»។

មានតំណាលថាក្រោយៗមហេសី Wu តែងតែសុបិនឃើញខ្មោចព្រះមហេសី Wang និងស្នំឯក Xiao មកតាមលង ម្ដងហើយម្ដងទៀតបន្ទាប់ពីការសោយទិវង្គតដ៏ព្រៃផ្សៃនោះ។

ដោយ ​Wu បានជឿថា វិញ្ញាណរបស់ពួកគេនៅតែតាមយាយីនាង នាងនិងព្រះចៅអធិរាជ Gaozong បានចាប់ផ្តើមជួសជុលព្រះរាជវាំងទីពីរ គឺ វិមាន Daming (大明宮) និងផ្លាស់ទៅរស់នៅ។ ទោះជាយ៉ាងនេះក្តី មហេសី Wang និងស្នំឯកXiao បានបន្តបង្ហាញមុខក្នុងសុបិនរបស់ Wu ដូច្នេះហើយ នៅចុងរជ្ជកាលរបស់អធិរាជ Gaozong ទ្រង់និងមហេសី Wu តែងតែយាងទៅគង់នៅរដ្ឋធានី Luoyang ឡាវយ៉ាង ភាគខាងកើត មិនមែនបន្តនៅឆាងអាន Chang’an ទេ។

វគ្គ វិធីក្តោបក្តាប់អំណាច

ប៉ុន្មានឆ្នាំចុងក្រោយជំងឺរបស់អធិរាជ Gaozong ស្រាប់តែអាក្រក់ទៅៗ បណ្តាលឱ្យឥទ្ធិពលរបស់អធិរាជ Wu បន្តរីកចម្រើនគំហុក និងត្រូវបានបង្កើតសកម្មភាពនាងយ៉ាងពេញលេញនៅក្នុងឆាកនយោបាយចិន។ អាកប្បកិរិយាគ្រប់គ្រងរបស់នាង និងការជ្រៀតជ្រែករបស់នាង បាន​មានឥទ្ធិពលក្នុងការសម្រេចចិត្តគ្រប់យ៉ាងរបស់អធិរាជ ដែលលែងហ៊ានគិតឬធ្វើអ្វីមួយតែម្នាក់ឯងបានទៀត។

បន្ទាប់ពីចំណុចនោះ ការងារដឹកនាំជាតិនៃអធិរាជ Gaozong បានធ្លាក់ក្នុងកណ្តាប់ដៃមហេសី Wu ទាំងស្រុង។ ចាប់ពីខែមករាឆ្នាំ ៦៦៥ រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ទ្រង់ មហេសី Wu តែងតែអង្គុយនៅខាងក្រោយផ្ទាំងកញ្ចក់គុជមួយនៅពីក្រោយបល្ល័ង្កអធិរាជ Gaozong នាដំណាក់សវនាការ។

នៅឯអង្គប្រជុំទាំងអស់ Wu បានហៅរាល់បទបញ្ជាផ្ទាល់របស់នាងថា “ជាការចេញបញ្ជារបស់អធិរាជ” ។ នាងថែមទាំងពាក់អាវពណ៌លឿងរបស់អាណាចក្រនាគ ដូចជាអធិរាជទៀត។

រាល់ពេលដែលអធិការបតី និងមន្ត្រីនានាមកពិភាក្សារឿងនយោបាយជាមួយអធិរាជ ប្រយោគដំបូងដែលអធិរាជបានសួរគឺ “តើអ្នកធ្លាប់ពិភាក្សាជាមួយមហេសីអ៊ូទេ? តើនាងយល់យ៉ាងណាដែរ?” បើ​នាង​មាន​យោបល់​យ៉ាងណាធ្វើតាមហ្នឹងចុះ។

យោងតាមអ្នកប្រវត្តិសាស្ត្ររាជវង្សសុង Sīmǎ Guāng 司马光 នៅ Zizhi Tongjian បាននិយាយថា អធិរាជ Gaozong អង្គុយនៅមុខបណ្តា​នាម៉ឺន​រដ្ឋមន្ត្រីដូចធម្មតា តែខណៈពេលដែលពួកគេរាយការណ៍ មហេសី Wu នៅពីក្រោយខ្នង​បាំងនឹងកញ្ចក់មួយផ្ទាំងរង់ចាំស្តាប់។

«​អំណាច​ដ៏​អស្ចារ្យ​នៃ​ចក្រភព​ទាំងអស់​អាស្រ័យ​លើ​មហេសី Wu មិនថាការ​លើក​តម្កើងឋានៈ ការប្រទានបុណ្យសក្តិ ​ឬ​ការ​ទម្លាក់តំណែង ការប្រហារជីវិត ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ពាក្យ​មួយម៉ាត់ពីររបស់​នាងតែម្នាក់គត់ ព្រះចៅជាស្វាមីគ្មានយោបល់ទេ!»

ការរួមរស់ជាមួយនិងអធិរាជ Gaozong ក្រោយកម្ចាត់នារីឋានៈខ្ពស់ៗអស់ទៅ ព្រះមហេសីអ៊ូ បានបង្កើតបានរាជបុត្រាបួនអង្គនិងរាជបុត្រីមួយអង្គ។ មានការសរសេរទុកមកជាច្រើនថា ដោយសារតែការក្ដាប់អំណាចមហេសី Wu ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីឲ្យខ្លួនឯងអាចក្លាយទៅជាអធិរាជស្រីដំបូងគេនៅក្នុងប្រទេសចិន ក្នុងនោះរួមមាន​ទាំងការសម្លាប់ឬនិរទេសកូនប្រុសខ្លួនឯង ធ្វើទុក្ខបុកម្នេញកូនប្រសាស្រីៗ និងបញ្ជាឲ្យពិឃាតចៅៗណាដែលអាចរារាំង រិះគន់ ប្រឆាំងទៅនឹងការក្តាប់អំណាចរបស់ខ្លួន។

សូម្បីតែនៅស្ថិតនៅឆ្នាំ៦៨៣ ការសោយទិវង្គតរបស់អធិរាជ Gaozong អតីតព្រះរាជបុត្រា Li zhi នោះក៏មានពាក្យចចាមអារ៉ាមថា ត្រូវរងថ្នាំបំពុលនៅក្នុងឱសថប្រចាំថ្ងៃរហូតដល់ដាច់សរសៃឈាមខួរក្បាល ដោយគ្មានអ្នកណាអាចនៅក្បែរទ្រង់ក្រៅតែពីភរិយារបស់ទ្រង់ គឺមហេសី Wu ម្នាក់នេះឡើយ។

បន្ទាប់ពីការសោយទិវង្គត់របស់អធិរាជ Gaozong នៅឆ្នាំ ៦៨៣ Wu បានលើករាជបុត្រាច្បង Li Zhe (៦៥៦-៧១០) ឡើងគ្រងរាជ្យជាអធិរាជ Zhongzong ។

ដោយព្រះចៅអធិរាជថ្មី ពេលបានរាជ្យភ្លាមៗ បានបញ្ចេញ​ពីសញ្ញាមិនស្តាប់បង្គាប់តាមព្រះមាតារបស់ព្រះអង្គ ដូច្នេះហើយព្រះមាតា Wu ដែលមាន​សម្ព័ន្ធមិត្តជាមន្ត្រីធំៗនៅក្រោមខ្សែញាក់របស់នាង បានរកវិធីទម្លាក់ព្រះអង្គព្រមទាំង​បញ្ជូនទៅនិរទេស។

Wu បានលើកស្តេចថ្មីជំនួស ដោយកូនប្រុសពៅ រាជបុត្រា​ Li Dan ដែលបានក្លាយជាអធិរាជ Ruizong (៦៦២-៧១៦) ។ ដោយឃើញ​ការធ្វើមិនត្រូវនៃចរិតផ្តាច់ការរបស់មាតា Ruizong នៅតែរកវិធីប្រឆាំង​ហើយក្លាយជាអ្នកទោសនៅឆ្នាំ ៦៩០។ ក្រោយរាជិនី Wu បានទម្លាក់ចោលកូនប្រុសពៅរបស់នាង ហើយក៏ប្រកាសខ្លួនឯងថា “Empress Regnant” ប្រើឈ្មោះនោះ Wu Zetian ជាអធិរាជស្រីដំបូងនៃប្រទេសចិន។

វគ្គ ឈានដល់ការបង្កើតរាជវង្សផ្ទាល់ខ្លួន

រាជវង្ស Wu Zhou “រាជវង្សចូវ” ជារាជវង្សថ្មីរបស់ Wu នៅក្នុងរយៈកាល ១០៤៦-២៥៦ មុនគ.ស។

ពីឆ្នាំ ៦៩០ ដល់ ៧០៥ ចក្រភពចិនត្រូវបានគេស្គាល់ថា ជារាជវង្សចូវ។ ចាប់ពីពេលនោះមក ប្រវត្តិសាស្ត្របានបង្ហាញថានាង​មនុស្សឃោរឃៅ សម្លាប់សត្រូវ​ទាំងក្នុងនិងក្រៅគ្រួសាររបស់នាងផ្ទាល់។ អធិរាជ ​Wu មិនដែលប្រហែសចំពោះអ្នកដែលអាចជាបន្លាលើផ្លូវនាង​ទេ។ នាង​បានកម្ចាត់គូប្រជែងដែលមាន​សក្តានុពល មិនថាអ្នកនោះជាអ្នកណាក៏ដោយ ដោយមធ្យោបាយតែមួយគឺ«ការស្លាប់»។ វិធីសាស្រ្តរបស់នាងរួមមាន ការប្រហារជីវិត ការធ្វើបង្ខំ​ឱ្យធ្វើអត្តឃាត និងការសម្លាប់ដោយផ្ទាល់ឬប្រយោល។

អធិរាជស្រីថែមទាំង​បាន​បង្កើត​កម្លាំង​ប៉ូលិស​សម្ងាត់ និង​អ្នក​ស៊ើបការណ៍ដើម្បីដំណើរការដល់ការបង្រួបបង្រួមអំណាចរបស់ខ្លួន​ដែលពឹងផ្អែកលើប្រព័ន្ធចារកម្ម ដែលនឹងផ្តល់ការព្រមានឱ្យបានដឹងជាមុន អំពីផែនការអ្នកណាក្តីក្នុងករណីគំរាមកំហែងដល់តំណែងរបស់នាង។

អធិរាជស្រី Wu បានទទួលប្រជាប្រិយភាព​ជាខ្លាំងក្រោយបានដំឡើងប្រអប់សំបុត្រស្ពាន់មួយធំ​នៅខាងក្រៅអគារ​រដ្ឋា​ភិបាល​របស់អធិរាជ ដើម្បីលើកទឹកចិត្តប្រជាជននៃអាណាចក្រ ឱ្យហ៊ាន​មកសរសេររាយការណ៍ដោយសម្ងាត់អំពីអ្នកដទៃឬក្រុមណាមួយក្តី។

បន្ថែមពីនោះ Wu Zetian ក៏ក្លាយជាជាព្រះមហាក្សត្រដែលមានប្រជាប្រិយភាព និងជាទីគោរពស្រឡាញ់ដោយសារគំនិតផ្តួចផ្តើមនៃការសង់ទុកនូវព្រះវិហារ Giant Wild Goose ។

មិនតែប៉ុននោះ ក្នុងរជ្ជកាលដែល Wu បានឡើងកាន់អំណាចប្រទេសចិនហាក់រីកចម្រើនឡើងដល់កម្រិតកំពូល នៃកម្រិតជីវភាពពលរដ្ឋ សេដ្ឋកិច្ចមានស្ថេរភាព និងកម្រិតនៃការពេញចិត្តជាទូទៅ ព្រោះនាង​បានធ្វើកំណែទម្រង់សាធារណៈតាមការផ្ដល់យោបល់បានមកពីប្រជាជនខ្លួនឯងដែលទាំងនេះ​បាន​ជួយ Wu Zetian ​ទទួល​បាន​ការ​គាំទ្រ​ធំឡើងចំពោះ​ការ​គ្រប់​គ្រង​របស់​នាង។ រឿង​ដ៏សំខាន់មួយ គឺ Wu បានលុបបំបាត់របបករិយាធិបតេយ្យចោល ដោយបង្កើតខ្សែទំនាក់ទំនងផ្ទាល់រវាងប្រជាជននិងខ្លួននាង ​បង្កើតក្រឹត្យក្រមថ្មីៗដើម្បីផ្តល់ការសង្គ្រោះដល់វណ្ណៈតូចទាប រួមទាំងការពង្រីកការជ្រើសរើសបុគ្គលិកមកបម្រើរដ្ឋាភិបាលក្នុងចំណោមគ្រួសារសាមញ្ញ (ពីមុនចិនយកតែគ្រួសារអភិជន) និងការលើកកម្ពស់ទឹកចិត្ត​ដ៏សប្បុរស ដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការថ្នាក់ទាប។

វគ្គ អធិរាជស្រីមានចរិតដឹកនាំយោធាមហិមា

Wu បានប្រើជំនាញយោធានិងការទូតដែលនាង​រៀនកាលនៅជាលេខាស្តេចមុន មកជាទុនដើម្បីបង្កើនប្រជាប្រិយភាពនិងប្រសិទ្ធភាពនៃតំណែងជាអធិរាជស្រីរបស់នាង។ បណ្តាញចារកម្ម និងប៉ូលិសសម្ងាត់របស់នាងបានអនុញ្ញាតឱ្យនាងមាន​សមមត្ថភាពពេញលេញ ក្នុងការ​បញ្ឈប់នូវរាល់ការបះបោរដែលមានសក្តានុពល មុនពេលពួកគេមានឱកាសចាប់ផ្តើមកម្រើកដៃ។

អធិរាជ Wu បានបន្តយុទ្ធសាស្ត្រយោធាពង្រីកអាណាចក្រឱ្យកាន់តែឆ្ងាយឡើងៗឆ្ពោះទៅអាស៊ីកណ្តាល និងបាន​ដណ្តើម​យកមកវិញនូវយោធភូមិភាគខាងលិចចំនួន ៤ ដែលបានធ្លាប់បានធ្លាក់ក្នុងដៃចក្រភពទីបេក្នុងឆ្នាំ ៦៧០។ ប្រវត្តិសាស្ត្របានសរសេរទុកទៀតថា ក្នុងរជ្ជកាលរបស់ Wu នៅឆ្នាំ៦៨២ ចិនក៏អាចបើកឡើងវិញនូវផ្លូវសូត្រ ដែលធ្លាប់តែត្រូវបានបិទចោលដោយសារតែក្រុមវាយឆ្មក់ដ៏គ្រោះថ្នាក់និងកាចសាហាវ។

វគ្គ ការដាក់រាជ្យនិងរឿងតណ្ហា

ឆ្ពោះទៅចុងទសវត្សរ៍ឆ្នាំ ៦៩០ ដែលការក្តាប់អំណាចរបស់អធិរាជ Wu បានចាប់ផ្តើមធ្លាក់ចុះ គឺនៅពេលដែលនាងចូលជរា(វ័យ៧០ឆ្នាំ)បានចំណាយពេលតិចឡើងៗលើការគ្រប់គ្រងប្រទេស ក៏ជាពេលវេលាដែលមាន​ពាក្យ​ចចាមអារ៉ាម​អំពីគូស្នេហ៍វ័យក្មេងរបស់នាង។

ទំនាក់ទំនងរបស់អធិរាជស្រី ជាមួយសំណព្វចិត្តទាំងពីររបស់នាង នាវ័យជ្រេនេះគឺ បងប្អូនប្រុសវ័យក្មេងមួយគូដែលគេហៅថា បងប្អូនប្រុស Zhang ។ កាលដែល Wu បណ្តាលឱ្យមានរឿងអាស្រូវមួយចំនួនថា នាងក្លាយជាអ្នកញៀនថ្នាំសម្រើបនិងអសកម្មលើសវនាការ បណ្តោយឱ្យបងប្អូនប្រុសមួយគូនេះចេញចូលក្រឡាបន្ទំ​ជារៀងរាល់ថ្ងៃឆ្ងាយភ្នែកអ្នកដទៃ។

ឆ្ពោះទៅចុងបញ្ចប់នៃរជ្ជកាលរបស់អធិរាជ Wu នាង​បានចំណាយពេលជាប់គាំងនៅក្នុងរឿងអាស្រូវដ៏ស្រើបស្រាលជាមួយគូស្នេហ៍ប្រុសវ័យក្មេងរបស់នាងគឺ Zhang Brothers ដែលក្រោយមកមន្ត្រីបានវាយឆ្មក់ចូលនិងបានចាប់ខ្លួនពួកគេនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាងពេលកំពុងបំពេញចំណង់ផ្លូវភេទ នេះបើយោងតាមសៀវភៅរបស់ Mary Anderson ដែលមានចំណងជើងថា Hidden ។

គ្រានោះដែរ នាងត្រូវបានទម្លាក់ចេញពីរាជបល្ល័ង្កញ៉ាំងឱ្យ​កូន​ប្រុស​ទី​២​​ ដែលត្រូវ​នាង​និរទេស ត្រូវបាន​លើកដំកើងឡើងគ្រងរាជ្យជំនួស។

នាង​ត្រូវបានស្លាប់ក្រោយនោះប៉ុន្មានថ្ងៃប៉ុននោះ។

ធម្មតា​ក្នុង​ទម្លាប់​របស់​ស្តេចចិន​ តែងមាន​ស្លាក​ថ្ម​ដ៏​ធំ​មួយ ​ត្រូវ​បាន​គេ​សង់​នៅ​មុខ​ផ្នូរ ឆ្លាក់បំពេញផ្ទាំងថ្មរបៀបជាសិលាចារឹកដ៏វែង រៀបរាប់ពីសមិទ្ធិផលមុនពេលពេលលាចាក​របរគ្រប់គ្រង។

Wu ក៏មានរៀបចំ​ផ្ទាំងនេះដែរនៅពេលនាង​ចូលជរា​និងមុន​ពេល​សោយ​ទិវង្គត ប៉ុន្តែ​ក្រោយ​អធិរាជស្រី Wu Zetian បាត់បង់ជីវិតយូរហើយ​ក្តីក៏ផ្ទាំង​ថ្ម​នោះ​ត្រូវបាន​ទុកចោលឱ្យ​នៅ​ទទេគ្មានចំណារអ្វីទាំងអស់​។

មានការសរសេរវិភាគថា សម្រាប់ស្ត្រីម្នាក់ដែលសម្រេចបាននូវអ្វីៗស្ទើរតែមិនគួរឱ្យជឿក្នុងពេលវេលារបស់នាង ឥឡូវនេះនាងត្រូវបានគេចងចាំតែចំពោះឧក្រិដ្ឋកម្មដែលធ្លាប់បានប្រព្រឹត្តនៅលើកម្រាលផ្លូវឆ្ពោះទៅកាន់អំណាចកំពូលប៉ុននោះ។

បានន័យថា បន្ទាប់ពីការដាច់សរសៃឈាមខួរក្បាលរបស់អធិរាជ Gaozong នៅឆ្នាំ ៦៦០ អធិរាជស្រី Wu Zetian បានក្លាយជាអ្នកគ្រប់គ្រងប្រទេសចិន រហូតដល់ឆ្នាំ ៧០៥។

ចប់