អ្នកវិភាគសព – Meysansotheary

រឿង៖ អ្នកវិភាគសព
នេះជាល្ងាចនាខែកក្កដា….ក្តៅនិងសើម។ នៅពេលដែលរ៉ានីកំពុងបើកឡានទៅកាន់ក្រុងភ្នំពេញ ព្រះ​អាទិត្យ​បាន​ចាប់​ផ្តើម​លិចបណ្តើរៗហើយពីក្រោយខ្នងនាង។

ដំណើរនេះប្រថុចញ៉ុច ព្រោះជា​ការកោះហៅរន្ធត់មួយ។ ឪពុកនាងស្លាប់។ ពុកនាងទើបតែមានអាយុ៥១ឆ្នាំ រឹងមាំនិងមិនធ្លាប់មានជំងឺ។ ២យប់មុននេះ គាត់បាននិយាយលេងជាមួយនាងតាមឈែតជាង៤០នាទី។

​រាល់ដងរ៉ានីត្រលប់មកផ្ទះសប្បាយចិត្តណាស់ មាននំនែកនិងផ្លែឈើ តែល្ងាចនេះ បើកឡានម្នាក់ឯង និងទៅចាត់ចែងពិធីបុណ្យអ្នកមាន​គុណ ទោះបីនាងជាមនុស្សរឹងមាំប៉ុន្តែ មិនមានជម្រើសក្រៅពី​យំខ្លះ ស្រែកខ្លះ វឹកវរខ្លះ។

អារម្មណ៍មិនល្អពិតមែន។

ពេលនាងខលទៅចិត្រាជាសង្សារ គេបែរជារវល់មមាញឹកមិនអាចជូនមកបានព្រោះដើរតាមចៅហ្វាយរបស់គេ។

ស្គាល់ចិត្ត​សង្សារពេលលំបាក។

បើពេលនេះ គេមិនមកជាមួយនាង ពេលដែលនាងកំពុងត្រូវការ​គេជាទីបំផុត តើគេរង់ចាំពេលណាវិញ?

​រ៉ានីប្តេជ្ញាចិត្ត​ថា តទៅ ចិត្រា​មិន​​សម​នឹងមានមុខ​មកផ្ទះនាង ចួបញាតិមិត្តនាងទេ។

«អាឡូ!»

នាង​ទទួលឆ្លើយនឹងលេខដែលមិនស្គាល់។

«បាទ​អ្នកនាង វង្ស រ៉ានី?»

«ចាស៎ខ្ញុំ!»

នាង​ខំសម្រួលសំឡេងដោយទឹកភ្នែកនៅសើម ។

«ខ្ញុំឈ្មោះធីម ជាអ្នកសម្អាតសពនៅមន្ទីរពេទ្យដែលប៉ានាង​ស្លាប់!»

«អូចាស៎!»

«មិនទាន់មានអ្នកមកទទួលសពទេកញ្ញា!»

«អូ​?»

«ព្រោះខ្ញុំមិនទាន់អនុញ្ញាត!»

​ការនិយាយវែងជាមួយមនុស្ស​ថ្មីគឺជាអារម្មណ៍​ដ៏​ចម្លែកក្នុងពេលនេះ។

«ខ្ញុំមិនយល់ទេ!»

«ខាងខ្ញុំរកឃើញកន្លែងមិនសាកសមខ្លះ ដែលគិតថា ក្រុមគ្រួសារគួរឱ្យប៉ូលិសបើកការស៊ើបអង្កេត»

រ៉ាវីបន្ថយល្បឿនហើយនិយាយដោយទឹកមុខស្លេក៖

«សូមពូនិយាយម្តងទៀតខ្ញុំនៅតែមិនយល់!»

«មកចួបខ្ញុំភ្លាម​ខ្ញុំពន្យល់!»

នាង​ងើបមុខសម្លឹងទីក្រុងភ្នំពេញ​ដែលភ្លឺចិញ្ចាចតែសឹងបាត់ពន្លឺព្រះអាទិត្យទាំងស្រុង១០០ភាគរយទៅហើយ។

មានរឿងងឿងឆ្ងល់ថា តើអ្នកសម្អាតសពគឺជាការងារអ្វី។  នៅពេលដែលនាងសួរមនុស្សនោះថា ហេតុអ្វី? គាត់មិនព្រមពន្យល់ច្រើន ហើយទាមទារចួបផ្ទាល់។

ពិធីបុណ្យកំពុងរង់ចាំនាងទៅជ្រោមជ្រែង ឥឡូវនេះមកដល់ភ្នំពេញ​ហើយបែរជាត្រូវប្តូរទិសដៅទៅវិញ។ គឺជាការបត់សំដៅមន្ទីរពេទ្យជាយក្រុង។

ទីនេះមិនអ៊ូអរដូចជានៅលើផ្លូវធំទេ ព្រោះវាជាផ្លូវកាត់វាង ដ៏តូចចង្អៀត អមជាមួយជួរឃ្លាំងធំៗ ស្ងាត់​និងកខ្វក់។

មន្ទីរពេទ្យនេះ ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ដើមឈើ​ចាស់ឆ្នាំ ធំៗ ដ៏ស៊ុបទ្រុបនិងងងឹតខ្លះភ្លឺខ្លះពឹងលើអំពូលដែលដោតតាមជួររបង។

នេះច្រកខាងក្រោយ ចូលឆាប់ដល់ទីតម្កល់សព។

«ខ្ញុំមកដល់ហើយ!»

នាង​និយាយប្រាប់តាមទូរសព្ទទៅកាន់លេខដដែល។

​«បាទ ចាំខ្ញុំចេញទទួលព្រោះផ្លូវស្ងាត់បន្តិច!»

នាងចុចបញ្ជាទ្វារឡានបិទពេលឈានមកជាន់លើកម្រាស់ស្លឹកឈើក្រៀម។ នេះជារដូវភ្លៀង បន់យ៉ាងណាឱ្យគ្រប់យ៉ាង​អាចប្រារព្ធមុនពេលមានភ្លៀងធ្លាក់ធំទៅចុះ។

នៅអាគារខាងមុខ មើលពីទីនេះទៅប្រហែលជា៣០ម៉ែត្រ វាមានកម្ពស់៤ជាន់ និងមាន​ចំណតឡាន​ព្រាត ពណ៌ខ្មៅ​ ស ក្រហម និង ឡានពេទ្យ។

នាង​មិន​ដឹងថា ទីណាជាសាលសពទេ។

រ៉ាវី​អាចប្រហើរក្លិនផ្កាម្លិះនិងសារិកា​ដែលគេនិយមដាំជុំវិញសួនរបស់មន្ទីរពេទ្យ។ មានអារម្មណ៍ងឿងឆ្ងល់ថាតើ ម្តេចគ្មានញាតិណាមកដល់ទីនេះរង់ចាំនាង គេអាចធ្វើបុណ្យរបៀបណា?

កាល​ពី​ឆ្នាំ​មុន​នាង​បាននាំគ្រូម្នាក់និងសិស្សមួយក្រុម មកទីនេះចាក់វ៉ាក់សាំងព្រោះក្រុមហ៊ុនចម្ការកៅស៊ូដែលនាងធ្វើការ បានឧបត្ថម្ភការងារនេះដល់សាលាបឋមសិក្សា​តូចចុងភូមិមួយ។

ព្រលប់នេះ អារម្មណ៍មុនដូចគ្នាទេ។

ទូរសព្ទនាងពិបាកខលទៅផ្ទះ គ្មានអ្នកណាលើក ទុកថាពួកគេកំពុងរវល់ចាត់ចែងបុណ្យសពទៅចុះ។

នាង​ដើរ​កាត់ក្មេងជំទង់ជាអ្នកយកលុយថ្លៃចត​ ហើយឆ្លៀតសួរថា កន្លែងសាលសពនៅឯណា។ ក្មេងប្រុសសម្លឹងនាងភ្លឹក ព្រោះរ៉ានី មានអាយុម្ភៃប្រាំមួយឆ្នាំ ប៉ុន្តែនាងមើលទៅក្មេងជាងវ័យឆ្ងាយ និងស្រស់ស្អាតខ្លាំងណាស់។ នាង​បាន​លាប​គ្រឿង​សម្អាង​ខ្លះព្រោះព្រឹកមិញមាន​ប្រជុំ ធ្វើ​ឱ្យ​សក់​ពណ៌ទង់ដែង​មានភ្លីនិងវែងគ្របខ្នង រឹតតែបង្កើនសម្រស់នាង។

«ពីនេះទៅ កាត់តាមស្មៅនោះ!» ក្មេងប្រុសនិយាយ។

រ៉ានីសម្លឹងឡាន​មួយឆ្វាច់ រួចថាអរគុណ! និងដើរឆ្ពោះទៅ

ពេល​នេះ​ជិត​ងងឹត​ហើយ ហើយ​នាង​ដឹង​ថា ​​ជា​ពេល​ដែល​ទីនេះមិនសូវមាន​អ្នកចង់មកទេ តែនេះជារឿងប៉ារបស់នាង​ ម្ល៉ោះហើយ អារម្មណ៍ភ័យខ្លាច គ្មាន!!!

នេះជាយប់មួយ ត្រូវការនាងរឹងមាំ ព្រោះស្អែកឡើងពិធីបុណ្យ​នេះនឹង​​មាន​ភាពកាន់តែ​មមាញឹក​បំផុត។ រ៉ាវីមាន​អារម្មណ៍​ថា​​ស្រាលជើង ​ដើរឈាន​ខុសៗ  ពេល​នាង​ឃើញ មនុស្សប្រុសម្នាក់ បង្ហាញខ្លួនពីមុខហើយបក់ដៃ។

នាង​បាន​បន្ត​ដើរ​ក្នុង​ទិស​ដៅដែលជននោះដើរមកដែរ។

ដោយ​ព្យាយាមមិនឱ្យខាតពេលនាង​សួរពីនាយទៅ៖

«ពូធីមមែនទេ?»

បុរសនេះមាន​រូបរាងនិងស្លៀកពាក់សមរម្យ មិនដូចដែលនាងស្រមៃកាលពីនៅលើឡានទេ។

ដោយសារ​គេប្រាប់ថា ជាអ្នកសម្អាតសព នាងស្រមៃថា ចាស់និងខ្មៅ ឬជាអ្នកដែលមាន​ការងារលំបាក មិនតុបតែងខ្លួន។

តែពេលមកក្បែរគ្នា គេពិតជាសង្ហា និងសមជាគ្រូពេទ្យឬលើសពីនេះផង។

«យើងទៅបន្ទប់ពិសោធន៍!»

គេនិយាយខណៈពេលដែលនាងកំពុងផ្គូផ្គងថា គេមាន​​កម្ពស់​ខ្ពស់ ហើយ​​មាន​សក់​ពណ៌​ខ្មៅ និង​ថ្គាម​ដ៏​រឹងមាំ បបូរមាត់ញញឹម។

​ធីម ស្លៀកពាក់អាវពណ៌សនិងខោគគីរ។ នាងបានដើរទៅត្រសង ខុសពីសាលសព​តែទៅផ្ទះមួយទៀតមានពីរជាន់ ដូចជាវីឡាចាស់លាបថ្មី មានស្លាកធំថា ទីពិសោធន៍។

«សពពុកនៅទីនេះ?!»

នាង​សួរធ្វើឱ្យធីមក្រឡេកមកមើលលើស្មារបស់នាង ដែលវាលបន្តិចជាមួយអាវ​សំយ៉េះ។

រ៉ានីមិនបានត្រៀមលក្ខណៈសម្រាប់ការទទួលយកមរណភាពរបស់អ្នកមាន​គុណទេ នាងតែងខ្លួនបន្តិចហើយថ្ងៃនេះ។

«គាត់នៅកន្លែងសព តែខ្ញុំមាន​ឯកសារចង់ឱ្យប្អូនស្រីពិនិត្យ!»

ពេលធីមនិយាយ រ៉ានីចាប់អារម្មណ៍លើកែវភ្នែកវែងរបស់គាត់ដែលស្រទន់ និងចិត្តល្អ។

«ពូជាពេទ្យ?»

«ហៅពូចាស់អស់ហើយ ខ្ញុំទើបតែ៣២ហ្នឹង!»

នាងញញឹម​ស្ងួត នៅពេលចាប់ភ្នែករបស់គាត់។ រ៉ានីពិត​ជា​មិន​ចេះ​ចែចង់ឬសាំញាំច្រើនទេ ព្រោះនេះជាថ្ងៃអាក្រក់របស់គ្រួសារនាងផង  ប៉ុន្តែ​មានអារម្មណ៍ដឹងថា ជននេះមាន​មនោសញ្ចេតនា​ចម្លែកមកលើនាង​។

ខណៈដែលនាងកំពុងធ្វើដំណើរចូលទៅក្នុងវីឡា កន្ទុយភ្នែកនាង​ឃើញមីងអ្នកបោសសម្អាតម្នាក់មើលមកពីចម្ងាយ។

ពេលនាងឈានយឺតជាងមុនឃើញ ​ធីមក្រឡេកមកមើល ហើយគេ​មើលហួសទៅក្រោយខ្នងនាងសំដៅមីងដែលកាន់អំបោះវែងនោះ ហើយឃើញមីងនោះប្រញិបប្រញាប់បែរខ្នងដើររ៉ុយចេញ។

ធីមរុញច្រានទ្វារកណ្តាល និងឱ្យសញ្ញាមករ៉ានី​យ៉ាងគួរសម។

នាង​មើលទៅខាងក្នុងដែលបើកភ្លើងស្រេច។ វាជាបន្ទប់តូចមានជណ្តើរឡើងនិងមាន​សាឡុងមួយ។ ទីនេះមានអនាម័យ សមជាបន្ទប់ពិសោធន៍មែន​។ រ៉ានីអាចធុំក្លិនថ្នាំ និងឯកសារក្រដាសឆួលមក។

ធីមដើរកាត់ពីមុខនាង ហៅនាង​ឡើងជណ្តើរតាមគេ។ ទ្វារនៅចំហចោល។ ​

«ទៅលើធ្វើអី?»

«មើលឯកសារ ក្នុងកំព្យូទ័រ!​» គាត់ឆ្លើយ​ដោយ​ញញឹមដោយសម្លឹងមើលពីនាងពីលើជណ្តើរមក។

«ចាស៎!»

នាងតែនៅមិនទាន់ឈានតាមដដែល។

ធីមរាយការណ៍មកដោយសំឡេងស្រាលៗ៖

«កាលពីខែមុន សាកសពចិនម្នាក់ឈ្មោះតេវ មានសល់សញ្ញា “A” បីដងនៅនឹងកជើងឆ្វេង! ពេលនេះ សពប៉ានាង​មានសញ្ញាដូចគ្នា!»

រ៉ានីឱបដៃមានអារម្មណ៍មិនល្អឡើងៗ។

«ខ្ញុំចង់ហៅអ្នកផ្ទះមកសិន!» នាងប្រាប់ តែធីមបដិសេធបន្ទាន់ឡើង៖

«ទេ! មនុស្ស​ដឹងរឿងច្រើនអាចឱ្យឃាតកដឹងខ្លួន!»

«ឃាតក?»

នាង​បានគិតមកមួយចប់តាមផ្លូវមកពីខេត្តថា ប៉ានាង​ស្លាប់ព្រោះឧប្បត្តិហេតុ ចុះពេលនេះចេញពាក្យ​ឃាតកពីណាមក?

«ខ្ញុំយល់ថា បើគ្រួសារស៊ីញ៉េឱ្យប៉ូលិសធ្វើការ អាចនឹង​ដឹងថា នេះជាឃាតកម្ម!» ធីមបន្ថែមមិនរារែក។

រ៉ានីបានសិក្សាទឹកមុខរបស់គាត់នៅដែលម៉ត់ចត់ និងសង្ហាមិនគួរឱ្យជឿ។ នាងមានអារម្មណ៍ដឹងខ្លួនបន្តិចពីការបែកខ្ញែកចិត្ត​ ពីភ័យមកជាជឿជាក់ឡើងវិញបន្តិចម្តងៗ ព្រោះសម្រស់មនុស្ស​មានអានុភាពណាស់។

រ៉ានីស្រាប់តែលើកដៃសៀតរុញសក់របស់នាងមកក្រោយត្រចៀកហើយព្រមឈានដើរឡើងតាម។

«ធ្វើការនៅខេត្ត?» ធីមសួរ។

«ចាស៎!»

គេញញឹម និង​បាន​ចង្អុល​មេដៃ​ទៅទ្វារបន្ទប់មួយពីឆ្វេងដៃជណ្តើរ។ ទីនេះស្អាតបាតនិងភ្លឺច្បាស់ មានទូសៀវភៅនិងទូថ្នាំ។

​នាងបានដើរតាម​ដោយមានទំនុកចិត្ត ព្រោះបង្អួចបើក និងឃើញគ្រប់បែបនៅក្នុងបរិវេណមន្ទីរពេទ្យច្បាស់​។

ក្រឡេកមើលមក នាងឃើញធីមដែលនាងកំពុងដើរក្បែរ គាត់ញញឹមយ៉ាងស្ងៀមស្ងាត់។

«តើឱ្យខ្ញុំមើលឯកសារអី?» រ៉ានី​សួរ​ដោយ​សំឡេង​​ដ៏​ស្រទន់។ គេចាក់សោទ្វារ រុញចូល នាងក៏និយាយបន្ថែម៖

«ខ្ញុំចង់ត្រលប់ទៅផ្ទះវិញបានឆាប់!»

ធីមងក់ក្បាល​ហើយ​ហៅនាង​ចូលក្នុងក្រោយពេលភ្លើងចុចបើកភ្លឺទែង។ មានទូដែកធំមួយពីមុខនិងតុ កំព្យូទ័រពិតមែន។ ​គេថយមកក្រោយចៀស​ឱ្យ​នាង​ដើរចូល។​

ក្រឡេកមកឆ្វេង រ៉ានីឃើញគ្រែពេទ្យមួយ តូចនិងខ្ពស់។ មានកន្ត្រៃនិងគ្រឿងមួយចំនួននៅលើថាសនៅទីនោះ។

នាង​មានអារម្មណ៍មិនល្អទេព្រោះឃើញតំណក់ឈាម​ដាមជាប់កម្រាល-ស-ចាស់លើគ្រែ។ ចិត្តរំជួលភ័យពេលងាកឃើញរទេះជនពិការមួយក្បែរគ្រែ។ ខណៈត្រចៀកស្តាប់ឮស្នូរ​បិទ​ទ្វារជា​​ប្រញាប់នៅក្រោយខ្នង។ ដោយភ្ញាក់ភ័យ នាង​បានបែរក្រោយមក ហើយ​កត់សម្គាល់ភ្លាមៗ ទ្វារនេះ មិនមានដៃសម្រាប់បើកពីក្នុងឡើយ។

ធីមដើរហួសទៅមុខក្បែរតុ តែរ៉ានីវិញ បេះដូងរបស់នាងធ្លាក់ក្តុកមកក្រោមពោះ ព្រោះក្តីសង្ស័យ។

«រួច» នាង​និយាយ​ទាក់ទើរ «ដៃ​ទ្វារ​នៅ​ឯណា?»

ធីមញញឹមកំពុងខណៈរ៉ានី​មិន​ប្រាកដ​ថា បុរសពេទ្យសង្ហានេះ នាង​គួរ​បារម្ភ​ឬ​អត់​ទេ សង្ឃឹម​ថារឿងទ្វារ ប្រហែល​ជា​មាន​ការ​ពន្យល់។

«ខ្ញុំយកចេញ! ដាក់ដៃទ្វារធ្វើអី?» ធីមនិយាយយ៉ាងត្រជាក់ចិត្ត។

រ៉ានីអាចស្តាប់ឮបេះដូងរបស់នាងកញ្ជ្រោល សំឡេង​រន្ធត់និងព័ត៌មាន​សម្ងាត់ជាច្រើនបានបង្ហើបប្រាប់មកក្នុងត្រចៀករបស់នាងព្រោះធីម មាន​កាន់ដបស្រ្ពាយមួយមក។

ស្នាមញញឹមរបស់គាត់លែងមានមន្តស្នេហ៍ និងទាក់ទាញដល់ចិត្ត​នាងទៀតហើយបែរជាជំនួសដោយ​មាន​អារម្មណ៍​ស្រៀវ​ស្រើប និង​គួរ​ឱ្យ​ខ្លាច។

មួយវិនាទីចុងក្រោយនេះ នាង​គិត​ថា ​គ្មាន​ផ្លូវ​ទេ​ដែល​នាង​អាចបើកទ្វារចេញវិញ ហើយយល់ថា បាន​វាយ​តម្លៃ​បុរស​នេះពីសម្បកក្រៅ​ខុស​យ៉ាង​ធ្ងន់។

នាង​ថយមកទ្វារ ជាមួយ​ទឹកមុខមាំ និងព្យាយាមរុញទ្វារ​បើក តែវាជាប់ណាស់នៅពីក្រោយខ្នងនាង។ ​

រ៉ានីកំពុងព្យាយាម ក្នុងការនិយាយប្រាប់ខ្លួនឯងពីការពិតនៃស្ថានភាពចំពោះមុខ។ នាង​បង្កើនភាពរឹងមាំ និងប្រាប់ខ្លួនឯងថា មិនចង់ក្លាយជាជនរងគ្រោះរបៀបនេះទេ។ ប្រុសម្នាក់នេះ នាងមិនសមទុកចិត្ត​សោះ។

«ខ្ញុំចង់ទៅក្រៅវិញ!»

នាង​និយាយខណៈធីមក្រោកដើរមក ហើយបាញ់ស្រ្ពាយនៅក្នុងដៃរបស់គេ។ គេជាបុរសប្រភេទដែលមាន​ភ្នែកសាហាវនិងស្នាមញញឹមឆ្កួត ដូចដែលនាងធ្លាប់បានមើលក្នុងភាពយន្តអំពីឧក្រិដ្ឋកម្ម។

រ៉ានីនៅតែប្រាប់ខ្លួនឯងថា រឿងបែបនេះមិនកើតឡើងនៅទីនេះទេ ស្រុកខ្មែរ និងមិនមែនសម្រាប់នាងទេ។

ស្រ្ពែត!!!

វាជាសូរបាញ់សំដៅមកពីមុខដង្ហើម​របស់​នាង ក្លិនស្ព្រាយមកដល់​​កាន់​តែ​លឿនជាងអារម្មណ៍ឆ្លេឆ្លារបស់នាង។ នាងខំងាកចេញតែធីមរុញកៅអីកង់មួយនោះមកដល់ ដូចស្ទាត់ដូចទាន់ពេលវេលាណាស់ ​នាងទន់ជើងមក​អង្គុយ​លើ​កៅអីនេះ ​ទាំង​ភ័យ​ខ្លាច ទាំងកម្រើកទៅណាស្ពឹក រួចលែងមាន​កម្លាំងទាំងស្រុង។

នាង​ឮស្នូរកាបូបខ្លួនឯងធ្លាក់ខ្ពាក។ ដង្ហើម​របស់​នាងបង្អូសហត់ ហើយមិនដូចស្មាន នាងមិនបានសន្លប់ទេ។

​គេបានមកដល់ពីក្រោយខ្នង។

​នាង​អង្គុយ​លើ​កៅអី​ទាំង​ភ័យ​ខ្លាចចាប់អារម្មណ៍ថា ធីមរុញនាងទៅមុខ។

ទូដែកធំនោះ បែរជារង្គើនិងបង្វិល។ ពីក្រោយទូ​ នាងឃើញមាន​បន្ទប់មួយចំហនិងងងឹត។

មីងអ្នកបោសសម្អាតបង្ហាញខ្លួនទីនោះ។ នាងស្រែកម្ហបៗពេលឃើញមុខគាត់ច្បាស់ឡើងៗ៖

«ជ….ជួយ!»

​មីងនោះញញឹម​ដាក់ធីម។ សំឡេងរ៉ានីគាំងលែងចេញមកក្រៅបាន ព្រោះខួរក្បាលប្រាប់ថា ពួកនេះជាបក្សពួកគ្នា។ ធីមបាន​​ចាប់ស្មានាងដោយដៃទាំងពីរ ហើយរុញនាង​ទៅកាន់ច្រកងងឹត។

ទីនេះមិនមានជណ្តើរតែវារេលចុះក្រោមរូ ដោយមិនត្រូវការឱ្យធីមរុញ​ធ្ងន់ទេ។ ប្រសិនគេលែងស្មានាងនាង​នឹង​ដួលទៅបាន។

​រ៉ានីកំពុង​ចាប់​កាន់​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​សុវត្ថិភាព មិនដួលតែម្រាមនាងលែងបញ្ជាបានហើយ។

ទ្វារបិទវិញពីក្រោយខ្នង។

នាងធុំក្លិនឈាម។

ភ្លើងអំពូលពងមា​ន់ត្រូវបានបំភ្លឺ។

នាង​យំ….ហាមាត់ទោះមិនឮសំឡេង…..ស្រីវ័យក្មេងជាង១០នាក់ដេកស្តូកស្តឹងជាជួរៗ និងមានរាងកាយអាក្រាតក្នុងបន្ទប់ក្នុងបន្ទប់នេះ។

ដៃពួកគេព្យួរសឺរ៉ូមបានន័យថា ពួកគេមិនទាន់ស្លាប់ទេ។

មានស្នាមរុំនិងបិទរបួសធំតូចរៀងៗខ្លួន។

«វះកាត់សពនិងវិភាគវាទៅកូន! កូនជាពេទ្យកោសល្យវិច័យដ៏ល្អនិងល្បីឈ្មោះ!»

មីងនោះនិយាយឡើងទាំងញញឹម​អង្អែលស្មាធីម។ ធីមរលីងរលោងទឹកភ្នែកឱបនិងថើបមីងនោះវិញ។

ពួកគេជាមនុស្សឆ្កួត។

នាងក៏ស្រែកដែរ ហាមាត់ធំៗ តែមិនឮសំឡេងសោះ។

ធីមងាកមកវិញ ជាមួយថាសមួយ មានកន្ត្រៃនិងកាំបិត សឺរ៉ាំង​ស្រោមដៃ។

រ៉ានីហាមាត់ថ្ងូរ។

«ខ្ញុំមិនមែនសពទេ!»

នាង​មិនឮសូម្បីសម្តីខ្លួនឯង។

ការភ័យខ្លាចដែលនាងមិនធ្លាប់មានពីមុនមកត្រូវបានជំនួសដោយការឈឺចាប់ និងកំហឹងពេល​មើល​ទៅ​ធីមដែលដាក់ថាសលើគ្រែដែកមួយ ហើយងាកមក គេដើរចូលមក។

​គាត់ញញឹមជាមួយការពាក់ស្រោមដៃ។ រ៉ានីមានការស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងចិត្តរបស់នាង តែនាង​ស្រែកមិនចេញទេ។

គិតថា ធីមអាចដឹងពីការផ្លាស់ប្តូរអាកប្បកិរិយាមកជាតក់ស្លុត​ ព្រោះភ័យខ្លាច។

ជននេះបាន​និយាយលួងរ៉ានីទាំងកគេផ្អៀងល្ងៀក៖

«ចាំខ្ញុំជួយរកឃាតកឱ្យ!»

នាង​ក្រឡោតភ្នែកពេលជននេះកាន់កាំបិតមុតហើយអង្គុយចុះ។

គេគូសអក្សរ«A»បីតួលើកជើងនាង។ នាង​ញ័រចំប្រប់ តែនាង​មិនឈឺឡើយ។​ រ៉ានីគិតថា នេះជាវេលាចុងក្រោយរបស់នាង​ហើយ។

ងាកទៅពួកស្រីៗដែលសន្លប់ សុទ្ធតែមាន​អក្សរA នៅនឹងជើង។ នាងបានរង់ចាំឱ្យខ្លួនឯងសន្លប់កុំឃើញពីរនាក់នេះ និងនរកមួយនេះទៀត។

មួយឆ្នាំមុននេះ…..

រថយន្ត​បាន​បើក​ផុតពី​របាំង​ការពារ​ក្នុង​ល្បឿនយឺត នាង​នាំក្មេងៗនិងគ្រូចុះមកសំដៅរកកន្លែងចាក់វ៉ាក់សាំង។

«ខ្ញុំឃើញពេទ្យម្នាក់នៅនោះ!»

នាង​ងាកពេលឮក្មេងម្នាក់ប្រាប់ ក៏ងាកទៅឃើញដើម​ទឹកដោះគោមួយ​ដើម និងរបងចាស់ពណ៌ខៀវព័ទ្ធ​ជុំវិញ​​វីឡាមួយជាប់របង​មន្ទីរពេទ្យ។ គ្មានមនុស្សទេ។ ផ្ទះនោះចាស់ពេក និងស្មៅដុះវែងសឹងលិចទ្រូងមនុស្ស​ទៅហើយ។

«គ្មានពេទ្យអីនៅកន្លែងកខ្វក់នឹងទេ!»

រ៉ានីថាហើយរុញក្មេងទៅអាគារវ៉ាក់សាំង តែនាងឆ្លៀតងាកក្រោយសម្លឹង។

ដូចឃើញស្លាកមួយព្យួរវាចទ្រេតម្ខាង សរសេរដៃមិនស្មើ ដូចគូសលេងៗ «អាគារវិភាគសពA»។

២៥ឆ្នាំមុននេះ…..

«អាធីមៗៗ»

ម្តាយគេហៅ ហើយរត់មកខ្ទប់មាត់ព្រោះឃើញគេកំពុងឈរមើលវេជ្ជបណ្ឌិតកោសល្យវិច័យវះសាកសព​។ គេញញឹម​ពេញចិត្តនឹងការឃើញនេះ ហើយតែងមកទីនេះជួយដល់ពេទ្យម្នាក់នោះ ជួយសរសេររបាយការណ៍។ ជួយព្យួរស្លាកអក្សរA នៅកជើងសព។

«ពូមានលេណដ្ឋានមួយនៅក្រោម! គ្មានអ្នកណាឃើញទេ ចង់ចុះលេងដែរ?»

ពេទ្យបបួលធីម។

«បាទចង់!»

ខែសីហា ឆ្នាំ២០២៣

ប៉ូលិស​ត្រូវបានគេហៅមកពិនិត្យវីឡាមួយក្បែររបងពេទ្យ។

ក្មេងជំទង់អ្នកចតឡានយកប្រាក់បានប្រាប់ថា មុននេះពីរសប្តាហ៍នារីបាត់ខ្លួន ពិតជាបានមកចតឡានទីនេះ នឹងមិនដែលឃើញមកយកឡានចេញសោះ។

ប៉ូលិស​លុកចូលវីឡា​ដែលគ្មានអ្នកណានៅ។

គ្មានឃើញអ្វីទេ…ពួកគេឃើញឯកសារចាស់ថ្មីជាច្រើនដែលសរសេរមើលមិនយល់ ហើយវាយត្រាថា «អ្នកវិភាគសព A»

គេឃើញទូដែកធំមួយ!

«ហៅជាងដែកមក!» មេប៉ូលិសម្នាក់ស្រែកបញ្ជាដោយដៃគាត់គាស់កំណកឈាម នៅដាមស្ងួតជើងគ្រែ។

ចប់