MSTWriter6 – Meysansotheary

រឿង៖ ព្រះអង្គម្ចាស់ឆ្លងភព
ជាវេលាដែលហ្សាលី​បានរង់ចាំអស់ប្រមាណជា១៨ឆ្នាំមកហើយ។ គ្រួសារនាងទាំងមូលតែងតែគាំទ្រនាងឱ្យក្លាយជាអ្នកសិល្ប។

ដៃស្រី ​កែ​សម្រួល​ផ្នត់នៃ​រ៉ូប​សូត្រ​ដ៏​ប្រណិត​សណ៌ស្វាយខ្ចី បន្ទាប់ពីបានសម្រាកចេញពី​ការថត​ឈុត​ខ្លីៗ​។​ ពណ៌​មាសនៃព្រះទិនករ​ចែងចាំងលម្អមកលើប្រាង្គ​​ប្រាសាទ​ខ្មែរ ជា​ទិដ្ឋភាព​ដ៏ប្រណីត មិនថាមកប៉ុន្មាន​ដង ចិត្ត​នេះនៅតែគួរជាទីគយគន់ និង​​ភ្ញាក់​ផ្អើលចង់តែថតផ្តិត។

​សម្រាប់ឱកាស​ថតជា​មួយផលិតកម្ម​អន្តរជាតិ​ធំ​ដំបូង​របស់​នាងតរុណីយើង រមែងតែងបាន​ប្តេជ្ញាចិត្ត​ថា នឹង​បង្ហាញ​ទេពកោសល្យ​របស់​នាង​ឱ្យ​ឃើញទៅដល់​ពិភពលោក។ យ៉ាងណាក៏ដោយ នៅពេលដែលក្រមុំបានឱនមកពិនិត្យ​អត្ថបទភាពយន្តដ៏វែងអន្លាយនោះ អ្វីមួយអំពីប្រាសាទបុរាណបានធ្វើឱ្យនាងចាប់អារម្មណ៍។

ដូចជាអ្នកណាម្នាក់នៅទីនោះ…គេកំពុងមើលមកនាង​…ក្នុង​ចំណោម​ក្រុម​កាងារ​កំពុងប្រញឹករៀបចំឆាកសម្រាប់ថត​ ហ្សាលីបានក្រឡេកផុតពីពួកគេ​ទៅនាង​ឃើញ…ពីចម្ងាយនេះទៅ…បុរស​ម្នាក់​ឈរបង្ហាញខ្លួនយ៉ាងសង្ហា​និង…ទាក់ទាញ។

ឥរិយាបថរបស់គេនោះ គឺសមរម្យណាស់។ ចលនារបស់គេដោយចេតនាគឺញញឹមមករកនាង។ ការស្លៀកពាក់ ទោះបីជារចនាលាយបញ្ចូលគ្នាបុរណានិងសម័យ ក៏គ្រប់គ្រាន់ដើម្បីមើលទៅដូចជាផ្នែកមួយនៃការច្នៃម៉ូតឬអាចថា​ជាតួសម្រាប់ផលិតកម្មទោះនាង​នឹកមិនឃើញថាជាអ្នកណាក៏ដោយ។

លក្ខណៈ​ពិសេស​របស់​គេគឺ ស្បែកដែលស្រគាំរលោងសឹងប្រៀបបាននឹង​ពណ៌​សំរិទ្ធ និង​ហើយភ្នែក​ដ៏មុតថ្លា​សម្លឹងមកចំៗបាន​ធ្វើ​ឱ្យ​ហ្សាលីត្រូវ​ផ្អាកកាយវិកា​ទៅជាភាំងៗ។

«ប្រុសម្នាក់នោះ…ជា…អ្នកណា?»

នាងបានឱនមកខ្សឹបសួរជំនួយការរបស់នាងដែលកំពុងជួយសម្រួលក្បិន។  ជំនួយការងើបមុខមើលបន្តិចទើបគ្រវីក្បាលឆ្ងល់ដែរ៖

«តួថ្មី? ឮមកថា មានជួលតួថែមមកពីក្រៅពីរបីនាក់!!»

ប៉ុន្តែហ្សាលី មិន​អាច​ទាញការអង្រួន​អារម្មណ៍​លើវត្តមាន​ប្រុសស្អាតប្លែកបានងាយទេ។

ខណៈ​ដែលអ្នកដឹកនាំរឿងស្រែកប្រកាសឱ្យក្រុមផ្អាក បានសម្រាកបន្តិច​ នាង​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​ជិត​គេ។

«សួស្តី!» នាងនិយាយទាំងសំឡេងកក់ក្តៅ ស្រទន់ ប៉ុន្តែចង់ដឹងចង់ស្គាល់។

«ខ្ញុំហ្សាលី! តើ…ហើយដើរតួអីដែរ?»

បុរស​នោះ​ងាក​មក​រក​នាង​ទាំងកែវភ្នែកពេញចិត្ត​ជាខ្លាំង។ ការមួយនេះ គឺដូចជាមានចិត្តមិនខុសពីជម្រៅបេះដូងរបស់នាងទេ ពួកគេដូចជាសន្និវាស បានគូសតែងឱ្យមកចួបគ្នា។

​ជាមួយការសម្លឹងដែលមិនឆ្អែត​បុរសបានឆ្លើយតបថា៖

«ខ្ញុំ…ណារ៉េត!»

ទឹកដមសំឡេងរបស់គេស្រទន់និងមានអត្ថន័យពេញចិត្ត​ពេញថ្លើមនឹងវត្តមាន​ខាងស្រី។

ស្នេហា​ផ្លេកបន្ទោរដែលជ្រាលជ្រៅមួយបញ្ចេញសំឡេងយ៉ាងរហ័សជាសម្ងាត់លើពួកគេ ដែលហាក់ដូចជា មិនធ្លាប់ព្រាងទុកមក។

«ខ្ញុំមកមើលគេថតទេ!»

ចម្លើយបន្ថែមធ្វើឱ្យនាងរឹតភ្ញាក់ផ្អើល។ នាង​ចង់ដឹងថា​អ្នកដឹកនាំរឿងបានឃើញបុរសនេះកាលណាគិតដូចនាងដែរទេ ទស្សនិកជនអីក៏សង្ហាម៉្លេះ?

ប្រុសម្នាក់ចម្លែកនេះ​សម្លឹងស្នាមញញឹម​របស់នាងកាន់តែស៊ីជម្រៅ។ ខាងនាងវិញនឹកឆ្ងល់ម្នាក់ឯងថា តើ​គេ​នេះ​ជា​នរណា ហើយ​ហេតុ​អ្វី​បាន​​ហាក់​ដូច​ជាមានសម្រស់ស្មើក្សត្របុរាណ ទាំងរូបរាង ពណ៌សម្បុរនិងការនិយាយស្តីថ្លៃថ្នូរ​រៀបរយ?

«មកវិញ! ឆាប់ថត មេឃជិតភ្លៀងហើយ!»

នាង​ត្រូវចាកចោលគូសន្ទនាទាំងចិត្តមិនចង់ទេ។

លុះដល់ល្ងាចនោះ ខណៈដែលក្រុមការងារ កំពុងពួតដៃគ្នា​រៀបចអីវ៉ាន់ហ្សាលី ឃើញថា ខ្លួននាងត្រូវបានអ្វីម្យ៉ាងអន្ទងទាញចូលទៅក្នុងប្រាសាទដោយមិនដឹងខ្លួន។

នាង​ដើរយ៉ាងស្រាល តែរហ័សដូចស្គាល់តំបន់នេះច្បាស់ណាស់ទាំងមិនដែលមកទីនេះសោះពីមុនមក។

ខាងក្នុង​នេះខ្យល់ហាក់បីដូចជា ត្រជាក់ជាងសីតុណ្ហភាពនៅក្រៅ។

មេឃនៅក្រៅ ទើបតែអស្តង្គត​ទេ ចុះម្តេចក៏ទីនេះ​ផ្តើមងងឹតទៅហើយ? គ្រប់យ៉ាងមើលទៅគួរឱ្យខ្លាច ព្រោះក្រឡេកមកក៏បានប្រទះឃើញចម្លាក់ថ្មប្រាសាទ ហាក់ដូចជាភ្លឺឡើងៗ និងរស់រវើកឡើងៗនៅក្រោមពន្លឺភ្លើងគប់។

រកផ្លូវចេញវិញសិន! នៅមិននៅហេតុអ្វីបានជាយើងត្រូវមកទីនេះ មកធ្វើអី វរគឺវរហើយ។

ងាកមកទាំងស្លឺតស្លក់ នាងក៏ឈប់ដំណើរដោយក្តី​ភ្ញាក់ផ្អើលព្រោះពីនេះទៅមុខ​ស្រាប់តែក្រឡេកឃើញ​​ណារ៉េត។

គេ…ពិតមែន! គេ​​នៅ​ទី​នោះពិតមែន​ ដោយ​ឈរស្ងាត់​ស្ងៀម​នៅនឹង​មុខ​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័នទី៧ ដែល​ជា​ព្រះចៅ​អធិរាជដ៏​អស្ចារ្យ​បំផុតនៃ​​អាណាចក្រ​ខ្មែរ។

«ណារ៉េត?»

ហ្សាលីនិយាយដោយបំបែកភាពស្ងៀមស្ងាត់។

ណារ៉េត​ងាក​មក​រក​នាង​ទាំង​ទឹក​មុខ​ភ្លឺថ្លាមាត់គេនិយាយ៖

«មើលចុះហ្សាលី! ទ្រង់ ជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់របស់ខ្មែរ! ទ្រង់វាងវៃ និងយុត្តិធម៌ជាមួយចក្ខុវិស័យដែលបានបន្សល់នូវភាពអស្ចារ្យមកទល់ឥឡូវ!»

ហ្សាលីភ្លឹក​។ គេនេះ នៅមិននៅមកនិយាយដូចជាអ្នកបុរាណវិទ្យា ឬអ្នកស្គាល់ប្រវត្តិសាវតា នៃព្រះចៅអធិរាជច្បាស់?

នាងឈានតិចៗ ខណៈបុរសនោះលេចស្នាម​ញញឹម​​លើ​បបូរមាត់សង្ហា​របស់គេ។

​ណារ៉េត ហុចរបស់មួយមកឱ្យនាង។ ​អ្វីមួយ ធ្វើ​ពី​មាស និង​ឆ្លាក់​ដោយ​និមិត្តសញ្ញាបុរាណ​សែន​​ស្មុគស្មាញ។

«អីគេហ្នឹង?»

នាងខ្សឹប​​សួរ​ដោយ​ឈានក្បែរ​តាម​​សភាវគតិឆ្ងល់។ បុរសនិយាយស្រាលៗ៖

«អនុស្សាវរីយ៍ល្អឯកនៃរាជនគរ! គ្រួសារខ្ញុំ! មាន​គន្លឹះនៃរឿងជាច្រើនបង្កប់ក្នុងនិម្មិតសញ្ញានេះ!»

ជាមួយនឹង​ការចង់ដឹងចង់ឃើញ នាងពិនិត្យបុរាណវត្ថុសែនមានតម្លៃ ហើយមិនយូរមិនឆាប់​​ទឹកមុខនិងកែវភ្នែករបស់នាងដែលងើបមកបានប្រែទៅជាការសង្ស័យសន្សឹមៗ។

«តើ…ណារ៉េត! ជា…ជានរណា?»

ណារ៉េត​បានថ្ពក់កែវភ្នែក​ចួប​នឹង​ការ​ក្រឡេក​មើល​របស់​នាង ហើយ​ជា​លើក​ដំបូង​ដែល​ហ្សាលី មានអារម្មណ៍ចុះចាញ់នឹងអំណាចស្នេហ៍ក្នុងកែវ​ភ្នែក​របស់​គេ។

គេខ្សឹប…«បើខ្ញុំនិយាយការពិត តើ…ហ្សាលី…ជឿខ្ញុំដែរទេ?»

ដោយក្តីសង្ស័យ នាង​សម្លឹងគេមិនមាត់មិនក។

«ខ្ញុំ…ខ្ញុំសុំទៅក្រៅវិញហើយ!»

នាង​ថាបែបនោះមែន តែក្រោយមកបែរជាឃើញខ្លួនឯង​អង្គុយ​ផ្អៀង​ជើង​លើ​ខឿន​ថ្មទាំងរបស់នោះក្តោប​ភ្លឺទែង​ក្នុង​ដៃ។

ទីបំផុត ណារ៉េត បាន​ឱកាស​​រៀបរាប់ប្រាប់​នាង​ពី​រឿង​របស់​គេថា ជា​រឿងមួយ​មិន​គួរ​ឱ្យ​ជឿព្រោះហេតុភេទ​​ដូចគ្នាទៅនឹង​ទេវកថា។

«ប្រមាណមួយពាន់ឆ្នាំមុន» គេបានចាប់ផ្តើមហើយបន្តរៀបរាប់ទៅកាន់ភ្នែកភ្លឺផ្លេកៗរបស់នាង​ទៀតថា៖

«យើង​នេះ គឺជាព្រះអង្គម្ចាស់មួយអង្គ នៃអាណាចក្រខ្មែរ»

នាងលេបទឹកមាត់ភ័យ ព្រោះគិតថា យល់សប្តិច្បាស់ហើយតែនាងមិនអាចទៅណាបាន។ គេនិយាយទៀត៖

«នៅយប់មួយពេញបូណ៌មី! បិតាបានប្រារព្ធរាជពិធីមួយដើម្បីស្វែងរកពរជ័យសម្រាប់រាជនគរនិងមេទ័ពធំៗតាមព្រំប្រទល់ដែនសីម៉ារបស់យើង! ប៉ុន្តែមានអ្វីមួយខុសប្រក្រតីកើតឡើង! ផ្ទៃមេឃស្រាប់តែរហែកបើកហើយយើងនេះត្រូវបានកួចចូលទៅកាន់ពិភពលោកមួយផ្សេង ដែលយើងគិតក៏មិនយល់»

ហ្សាលីស្ទាបមុខ​របស់​ខ្លួន ស្វែងរក​សញ្ញាថា​នេះជាការពិតឬសុបិន​បំភាន់​តែ​នាងពិតជាក្តិចទៅឈឺ។

ស្រីបែកញើសហើយនិយាយ៖

«គិតថា ចង់ឱ្យខ្ញុំជឿ…ថា…ខ្លួន…ឆ្លង…ឆ្លងភពមក?»

ណារ៉េតព្រិចភ្នែក​ហើយ សម្លឹងនាង​ស្រទន់ៗ។ នាងងាកចេញថែមទាំងនិយាយបន្លប់៖

«កុំលេងសើចជាមួយរាជវង្សថ្លៃថ្លានៅទីនេះ!»

«ព័ស្តុតាងនៅក្នុងដៃនាង!»

គេនិយាយខ្សឹបៗក្រអួនៗក្នុងបេះដូងហ្សាលី។ នារីជាអ្នកសិល្បឱន​មករក​មេដាយក្នុងបាតដៃដែលភ្លែលឡើងរន្ទាលៗជាលំដាប់។

«នេះ គឺជានិមិត្តសញ្ញាផ្កាយ និងថាមពលដែលអាចគ្រប់គ្រងពេលវេលា បើគ្មានវាទេ ខ្ញុំនឹងមិនអាចមកចួបនាង​នៅទីនេះបានទេ»

នាងទៅជា​ចង់​សើច ព្រោះចង់ប្រាប់ខ្លួនឯងថា​លេងកុនច្រើន អានអត្ថបទឆ្លងភពច្រើន​ ពេលនេះបានមកដេកយល់សប្តិ តែបេះដូងនាងមានសន្ធឹកអ្វីមួយប្លែក។

បើជាយល់សប្តិក៏មិនទុកថាជាការយល់សប្តិធម្មតាដែរ។

«ជឿខ្ញុំដែរ?»

គេសួរមកធ្វើឱ្យនាងងើបមុខទៅសម្លឹងភ្នែកស្រទន់របស់គេ​។ ជ្រៅទៅៗ ហើយទំនាក់ទំនងខ្សែនេត្រានេះ ដូចជាអ្វីមួយ អំពីគេធ្វើឱ្យនាងវាក់។

អាកប្បកិរិយារបស់គេ…ចំណេះបុរសនេះ កាយសម្បទា  វត្តមានរបស់គេក្នុងរបៀបបែបនេះមានអារម្មណ៍ថា…បុរាណ។

តួស្រីនិយាយ​យឺតៗសឹងមិនស្តាប់ឮ៖

«​បើ​សម្តីទាំងនេះ​ជា​ការពិត ចុះហេតុអ្វី​បានជាមក…នៅកន្លែងនេះ​?​ ម្តេច…​មិនវិលទៅអាណាចក្រខ្មែរវិញ?»

មុខគេ​ គឺណារ៉េត​ងងឹតឈឹង។

«វិលមិនបាន! ​ខ្ញុំ​ជាប់គាំង​ហើយ»

គេនាំនាងទៅកាន់វីឡាបុរាណមួយ​ក្បែរៗប្រាសាទដោយមានឡាន​បារាំងនិងអ្នកបើកបរដូចជាគេពិតជាមកពីគ្រួសារអភិជនជាន់ខ្ពស់។

មកដល់ហើយ​គេបានអញ្ជើញនាង​អង្គុយ ហើយពិសារអាហារ​នឹង​បានណែនាំនាង​អំពីសម័យកាលចាស់​ខណៈនាងក៏ប្រាប់វិញ អំពីភាពអស្ចារ្យនៃពិភពសម័យទំនើប      ចាប់ពីចរន្តអគ្គិសនី រហូតដល់បទភ្លេងនិងAI។

ហ្សាលីបានចាក់ទូរសព្ទឱ្យគេស្តាប់បណ្តាបទចម្រៀងដែលនាងចូលចិត្ត។ រាត្រីនេះជាពេលវេលា​ល្អបំផុតសម្រាប់មាណវីយើងព្រោះជាលើកដំបូងក្នុងជីវិតដែលបានចែករំលែករឿងរ៉ាវនៃពេលវេលាខុសសម័យកាលជាមួយគ្នាដោយស្និទ្ធស្នាលបំផុត​។

នាង​ចូលចិត្ត​រឿងដែលគេបាននិទាននូវភាពអស្ចារ្យ សេចក្តីក្លាហានការពារជាតិ  និងភាពសាមញ្ញនៃជីវិតរស់នៅដោយសុខដុមជាមួយធម្មជាតិ។ ទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅជាមួយនឹងពេលវេលាដែលឆ្លងកាត់យឺតៗមកជាមួយគ្នា។

ណារ៉េតបានពោល​ កោតសរសើរចំពោះភាពរឹងមាំ និងឯករាជ្យភាពរបស់នារីយើង ដែលជាគុណសម្បត្តិដ៏កម្រមិនងាយមាន​ក្នុងចំណោមនារីនាសម័យកាលពិតរបស់គេ។

ផ្ទុយទៅវិញ ហ្សាលីត្រូវបានបុរសនេះទាក់ទាញដោយប្រាជ្ញានិងភាពថ្លៃថ្នូរបស់គេដែរ។

«អូ! ជិតភ្លឺហើយ ខ្ញុំត្រូវទៅថតវិញ! គេមានឆាកមើលថ្ងៃរះលើភ្នំ អូ! ពួកគេរកខ្ញុំណាស់ហើយ!»

ណារ៉េតស្រពោន តែគេបានជូននាង​ដល់ឡាន​។

គេឈរនៅទីនោះ វីឡាបុរាណនិងលក្រអូបក្លិនចម្ប៉ា។ រថយន្តជូននាង​ចាកចេញដល់គោលដៅ តែចិត្តនាងទន្ទេញចង់ចួបគេ។

បន្ទាប់ពីនោះមក ហ្សាលីមិនដែលឮអ្នកណានិយាយឬធ្លាប់ឃើញមនុស្សប្រុសឈ្មោះណារ៉េតទេ។

នាង​មិនអស់ចិត្ត​ឡើយ។ វាមិនមែនជាសុបិនដាច់ខាត។

ប៉ុន្មាន​ខែក្រោយៗមក នាងបានមកលេងខេត្តនេះ។ ហើយប្រាសាទបុរាណដែលឥឡូវនេះត្រូវបានបំភ្លឺដោយពន្លឺនៃផ្កាយរាប់មិនអស់ ហាក់ដូចជាបង្ហាញនាងថា អនុស្សាវរីយ៍និងក្បាច់ចម្លាក់ មានព្រលឹងនៅរស់។

បើនាងនិយាយ គេនឹងថានាងឆ្កួត តែនាងវិញ គឺច្បាស់ចំពោះបេះដូងខ្លួនឯង។

នាងជិះច្រើនលើកហើយ រកមិនឃើញវីឡារបស់គេទេ។

ថ្ងៃមួយមាន​ការសម្ពោធតាំង​សារៈមន្ទីរថ្មី។ អ្វីមួយខ្សឹបនាង​ឱ្យចង់ចូលទស្សនា។

ចម្លាក់នៅលើជញ្ជាំងថ្មដែលនាង​ភ្លឹកមើល បានបញ្ចេញជាពន្លឺតិចៗ ហាក់បីដូចជាមានថាមពលនៃសតវត្សចាស់។

ទឹក​ភ្នែក​ស្រក់​លើ​មុខ​ហ្សាលី  ពេល​នាងនឹកឃើញកែវភ្នែក​​ណារ៉េត។ ម្រាម​ដៃនាង​ញ័រ​ពេលប៉ះលើចម្លាក់ នាងខ្សឹប​ញ័រ៖

«ខ្ញុំនេះមានរឿងអី? ខ្ញុំជាមនុស្ស​មានបញ្ហា​សតិឬម៉េច?»

បន្តិចមកនាងដកដៃហើយជូតទឹកភ្នែក៖

«តែខ្ញុំ មិនស្តាយក្រោយទេ!»

របស់មួយបង្ហាញខ្លួនលើខ្នងទូកញ្ចក់ពីចុងម្ខាង។ នាង​ងាកទៅ ហើយសឹងគាំងដង្ហើម។

ហ្សាលីមើលស្គាល់នូវ​មេដាយ​តូច​មួយ​ដែល​ស្រដៀង​គ្នា​នឹង…​នាងឈានទៅ ដូចកំពុងអណ្តែតខ្លួន។ ទីនេះគ្មានអ្នកណាទេ។

នាង​បានលូកដៃរកប៉ះរបស់នោះ តែវាថ្លៃពេកណាស់​អ្នកភ្លេចវាលើនេះ?

«នេះគឺជាអំណោយ​របស់យើងចំពោះនាង! ថ្ងៃណាមួយ យើងនឹងចួបគ្នា! ពេល​វេលា​មិន​អាច​ធ្វើ​ឱ្យ​យើង​បែក​គ្នា​រហូត​បាន​ទេ» អ្នកណាម្នាក់និយាយបែបនេះប្រាប់នាង​តែនាងមិនឃើញអ្នកណាទាំងអស់ កើតសង្ស័យសូម្បីតែត្រចៀកខ្លួនឯង។

នាង​ក្តាប់របស់នេះដាក់ក្បែរ​ទ្រូងហើយ​យំ​ញ័រ​ខ្លួន។

«ណារ៉េត!»​ ហ្សាលី​ខ្សឹបជាមួយ​សំឡេង​ដែលនៅតែក្នុងចិត្ត​យ៉ាងជ្រៅមិន​បែក​ធ្លាយតែនាង​ងាករេមើលជុំវិញ។

«មិននៅក្នុងជីវិតនេះ ឬជីវិតណាផ្សេងទៀតទេ យើងនឹងចួបគ្នា!»

ស្រីខ្សឹបប្រាប់បេះដូងហើយបិទភ្នែកដែលប្រៃផ្សា។ មានអារម្មណ៍ថា មានក្លិនខ្លឹមចន្ទលើខ្លួនគេ ដែលនាងចាំបាន​គឺ ណារ៉េតបានឱនមក​​ចុច​ថើប​ថ្នមៗ​លើ​ថ្ងាស​របស់​នាង ។

នាង​បើកភ្នែកមកវិញមួយរំពេចដើម្បីរេក្រឡេកមើលយ៉ាងក្រៀមក្រំជាចុងក្រោយមុនពេល​ឈានជើងចេញពីទីនេះ។

«វាជាការស្រមៃ តែមានសុភមង្គលណាស់!»

ពេលចេញមកក្រៅនាងសាកសួរបុគ្គលិកតែគ្មានអ្នកណាស្គាល់វត្តុនោះទេ។ នាងប្រគល់វាហើយចាកចេញដោយ​បេះដូង​​លោត​ញាប់។

ប៉ុន្មាន​ថ្ងៃក្រោយមក នាង​ទទួលបានអំណោយមួយប្រអប់​ដែលមាន​វត្ថុដដែលជាប់នឹងខ្សែករមាសតូចស្អាត ផ្ញើមកដល់កន្លែងថតកុន។

បន្ទះនៅក្រោមចម្លាក់បានសរសេរថា ណារ៉េត។

នាង​យំ ហើយពាក់របស់នេះជាប់ទ្រូង។ ពីរឆ្នាំក្រោយនាងបាន​រកឃើញស្លឹករឹត​ដែលថតមកដោយជនជាតិបារាំងជាមួយនឹង​រឿងព្រេងនៃការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ព្រះអង្គម្ចាស់រាជទ័យយគ្គនារ៉េតរាម។

កែវ​ភ្នែក​របស់ហ្សាលី​ពោរពេញ​ទៅ​ដោយ​ទឹក​ភ្នែក។

អានហើយអានទៀតរាប់រយដងក៏ចិត្ត​របស់​នាង​ហូរអមជាមួយទឹកភ្នែក ​ពេញ​ដោយ​ការ​ចង​ចាំ។

ខ្យល់ក្តៅមួយរំពេចបានបក់មកប៉ះស្រាលៗលើថ្ពាល់នាង ទោះបីជាគ្មានបង្អួចបើកក៏ដោយ។ ហ្សាលីនាងបិទភ្នែក ប៉ុន្តែពេលនាងបើកឡើងវិញ បុរសម្នាក់កំពុងតែបានឈរមើលនាង ក្នុងរាងកាយជាមនុស្ស ពោរពេញដោយភាពទន់ភ្លន់និងស្រស់សង្ហា​។
គេយកដៃមកប៉ះលើថ្ងាសនាង។

អាវគេជាអាវពេទ្យ។

នាងឈឺច្រើនថ្ងៃហើយ។ ស្ទើរតែមិនបើកភ្នែកព្រោះជាប់ក្នុងក្តីភាន់ភាំង ហ្សាលីហារមិនចេញបានត្រឹមសម្លឹងមើល។ ណារ៉េតម្នាក់នេះជាមនុស្ស? យើងឈឺដល់មើលគេវង្វេងឬគេពិតមែន។

ពេទ្យប្រុសញញឹម​ ហើយនិយាយស្រទន់ៗ៖

«ស្នេហារបស់យើងបានឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងអស់ហើយ ឥឡូវនេះមកធ្វើជាព្រះនាង យើងទេ ជាភរិយាយើង!»

ទឹកភ្នែកមួយឆ្វាច ធ្លាក់ហូរចុះតាម​ថ្ពាល់សងខាងរបស់នាង ប៉ុន្តែបបូរមាត់នាងបានញញឹម។ ហ្សាលីដឹងថា មិនមែនជាការស្រមៃទេ។ នេះជាការពិត។

ស្នេហារបស់ពួកគេបានឆ្លងកាត់ពេលវេលា កើតឡើងវិញក្នុងជីវិតមួយថ្មី។

ខ្ញុំនៅកន្លែងណា?

«ឆ្នាំ១៨៥០»គេឆ្លើយ។

ពេលនាងក្រោកមកវិញ នាងកំពុងស្ថិតក្នុងសម័យកាលមួយផ្សេង។ ពួកគេដើរចេញពីបន្ទប់ពេទ្យ មកផ្ទះវីឡាមួយមានរចនាបថបារាំង មានបាវព្រាវក្នុងឈុត​បុរាណ​រង់ចាំទទួលនិងបម្រើ។

មិនថាកើតប៉ុន្មានជាតិ ក៏គេនេះនៅតែជាបុរសអភិជន​មានអំណាចនិងយសសក្តា។

មេដាយស្ថិតលើបន្តោងជុំវិញករបស់នាងភ្លឺរលោង ដូចជាសញ្ញានៃព្រលឹងស្នេហា ដែលពួកគេបានចែករំលែកក្នុងស្ថានភាពថ្មីជាស្វាមីនិងភរិយា។

«បងបានសម្រេចវិជ្ជាការបញ្ជាពេលវេលា! នាងមើលចុះ! នាងចង់ទៅអាណាចក្រខ្មែរវិញជាមួយបង ឬនៅឆ្នាំ១៨៥០នេះជាប្តីប្រពន្ធ ឬឆ្នាំ២០២៥ ជាមនុស្ស​ទើបនឹងស្គាល់គ្នា?»

នាង​ញញឹមសម្លឹងភ្នែកគេ។

«មួយណាក៏ល្អទាំងអស់!»

ចប់

រឿង៖ រត់គេច
នាព្រឹកថ្ងៃមួយ ខ្ញុំភ្ញាក់ដោយអារម្មណ៍ធេងធោង ព្រោះមនុស្សមិនទាន់ដាច់ស្វាងងងុយពីយប់មិញសោះ។ ខ្ញុំស្ទើរតែមិនចង់បើកភ្នែក ភ្ញាក់ក្រោកពីគ្រែគេងខ្លួនឯងឡើយ ប៉ុន្ដែពេលក្រឡេកម៉ោងនាឡិការោទ៍ ដែលដាក់នៅក្បែរក្បាលដំណេករបស់ខ្លួននោះ វាចង្អុលម៉ោង ៦និង៣០ នាទីព្រឹកទៅហើយ។

រឿងដែលចម្លែក គឺទ្រនិចវិនាទីមិនកម្រើក ដើរទៅមុខសោះ…វាហាក់ដូចជានាឡិកាអស់ថ្ម។ ខ្ញុំរកទាញភួយដណ្ដប់នឹកចង់គេងបន្ត ប៉ុន្ដែខ្ញុំស្រាប់តែភ្ញាក់វឹងដឹងខ្លួនកំព្រឹស ព្រោះទើបតែនឹកឃើញថា ថ្ងៃនេះថ្នាក់ខ្ញុំមានការប្រលងប្រចាំត្រីមាស!

– ពុទ្ធោអើយ! នេះចេះយឺតម៉ោងទៅសាលាទៅកើត! អញនេះ! ណ្ហើយ…មិនគួរណាយប់មិញ រវល់មើលរឿងខ្មោចរន្ធត់ខ្លាំងយូរបែបហ្នឹងសោះ! មើលចុះ ចំហាយខ្លាច ភ័យនៅព្រឺសម្បុរនៅឡើយទេ។

ខ្ញុំក្រោកពីលើគ្រែ រៀបចំកន្លែងគ្រែគេងដោយបត់ភួយ ខ្នើយខ្លួនឯង ទុក ហើយដើរហួសទៅបើករូតវាំងនន បើកបង្អួចទទួលពន្លឺព្រះអាទិត្យរះ ពេលព្រឹកព្រលឹម ប៉ុន្ដែអ្វីដែលខ្ញុំឃើញពេលនេះ វារឹតតែធ្វើឱ្យខ្ញុំចម្លែកចិត្ត រឹតតែខ្លាំងឡើង

– ព្រះអង្គអើយ ស្រុកខ្ញុំមានធ្លាក់អ័ព្ទដែរឬ?

ខ្ញុំលួចឧទានឡើង ព្រោះវាចម្លែកដែរឬអត់ ទីក្រុងភ្នំពេញធ្លាក់អ័ព្ទ ផ្សែងសស្គុសនោះ? ខ្ញុំធ្លាប់ឮព័ត៌មានដែលចុះពីទីក្រុងបាងកក ដែលធ្លាប់ ឆ្លងកាត់ផ្សែងអ័ព្ទនិងខ្យល់ពុល កង្វក់ ងងឹតមើលអ្វីនៅខាងក្រៅ មិនឃើញដោយធូលីដី ដែលបក់កើតចេញពីផ្សែងឧស្សាហកម្មរោងចក្រ សហគ្រិន ឬ ការដុតបើកចំហ គ្របដណ្ដប់តំបន់ទីក្រុងទាំងមូល ធ្វើឱ្យប្រជាជនរស់នៅក្នុងទីក្រុងព្រួយបារម្ភពីបញ្ហាសុខភាព ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម។

ខ្ញុំងាកដៀងភ្នែកមើលទៅក្រៅបន្ទប់ ឃើញមេឃអ័ព្ទពណ៌សក្បុស គ្របដណ្ដប់មកតំបន់ខ្ញុំរស់នៅ បាំងបិទរកមើលអ្វីស្ទើរតែមិនឃើញ។ សភាពពេលនេះស្ងាត់ជ្រងំ ព្រឺព្រួចគួរឱ្យខ្លាច វាខុសពីពេលរាល់ដង ដែលថ្មើរនេះ វាគួរតែឮសូរពេញដោយសម្រែកពីម៉ាស៊ីនរថយន្ត ស៊ីផ្លេម៉ូតូ កូនសិស្សទៅសាលាឡើយ។ ប៉ុន្ដែមើលចុះ សភាពពេលនេះ មិនខុសពីរឿងខ្មោចហូលីវូដអាមេរិក silent hill នោះទេ…រឿងដែលខ្ញុំមើលហើយគេងមិនលក់ជាប់ៗគ្នា៣យប់ហ្នឹងឡើយ!

– យី? ព្រឹកនេះម្ដេចក៏ស្ងប់ស្ងាត់ចម្លែកម្ល៉េះ?

ខ្ញុំនៅតែមិនអស់ចិត្តពីរឿងចម្លែកព្រឹកនេះ រហូតភ្លេចគិតថាថ្ងៃនេះ ខ្ញុំត្រូវមានមុខវិជ្ជាត្រូវប្រលងផង! សំណាងដែលខ្ញុំដើរប៉ះតុក្បាលដំណេក ខ្លួនឯងមួយទំហឹង ធ្វើឱ្យទូរសព្ទដែលដាក់នៅទីនោះ ជ្រុះធ្លាក់ចុះមក។ ខ្ញុំឱនរើសវាមកមើល ស្រាប់តែក្រឡេកឃើញម៉ោងនៅលើអេក្រង់បង្ហាញ ខ្វះ១០នាទីទៀត ម៉ោង៧ព្រឹក!!!

– អ្ហាកក! សំណាង ទូរសព្ទនេះមានដាក់បិទកញ្ចក់ការពារ (Temper glass)!

ខ្ញុំជូតពិនិត្យមើលវា…កញ្ចក់អេក្រង់ដែលធ្លាប់រលោងស្រិល ពេលនេះ ប្រែក្លាយជាបែកដូចសំណាញ់ពីងពាង!

– ណ្ហើយ…អញនេះ វាហេងតាំងពីព្រឹកតែម្ដង! អ្ហាកកក! ប្រលង…ខើចម៉ោងហើយនេះ!

ខ្ញុំប្រញាប់ដោះសម្លៀកបំពាក់ខ្លួនឯងចេញ លែងខ្លួនទទេរត់វឹង ស្ទុះទៅបន្ទប់ទឹក។ ងូតទឹកចាក់ច្រូចពីបីកាទឹក ដុះធ្មេញមិនត្រឹមពីរនាទី ទាញកន្សែងរុំ ជូតខ្លួនស្ងួត ស្លៀកពាក់ឯកសណ្ឋានសិស្ស។ ខ្ញុំប្រញាប់ស្រវាទាញយកកាតាបរៀនរបស់ខ្លួន ចុះពីលើផ្ទះមកក្រោម។ ក្លិនឈ្ងុយប៉ះច្រមុះ ខ្ញុំងាកទៅចង្ក្រានបាយ ឃើញម៉ាក់ខ្ញុំកំពុងតែ ឈរកូរបបរក្នុងឆ្នាំងតែម្នាក់ឯង គាត់គ្រហឹមៗតិចៗស្ទើរតែមិនឮ ហាក់បី ដូចជាគាត់កំពុងនិយាយអ្វីតែម្នាក់ឯងយ៉ាងចម្លែក។

ខ្ញុំទច់ជើងឈប់ នៅក្បែរមាត់ទ្វារ រួចស្រែកនិយាយប្រាប់ទៅគាត់។

– ម៉ាក់! ខ្ញុំទៅសាលារៀនសិនហើយ។ ព្រឹកនេះ ខ្ញុំមិនបាន ញុំាអាហារពេលព្រឹកជាមួយនឹងម៉ាក់ទេ។

គ្រាន់តែឮសំឡេងរបស់ខ្ញុំប្រាប់គាត់បែបនេះភ្លាម ស្រាប់តែគាត់ និយាយដោយសំឡេងធំ ស្អកៗ ហើយខឹងឡើងថា៖

– យី! ព្រឹកបែបនេះ ឯងប្រញាប់ទៅណាម្ល៉េះ? ស្អប់ឯងណាស់ ជាកូនប្រុសបែបណាវិញ ម្ដេចមិនស្រលាញ់ឪពុកខ្លួនឯងសោះអ៊ីចឹង? នេះនៅផ្ទះរង់ចាំឪពុកវាត្រលប់មកវិញបន្ដិចសិនមិនបាន។ ថ្ងៃនេះប៉ាឯងខំត្រលប់មកផ្ទះវិញពីព្រលឹម! មើលចុះ! ម៉ែក៏បបរជិតឆ្អិនផងដែរ គ្រួសារយើងបីនាក់នឹងបានហូបបបរជុំគ្នាតែម្ដង!

ឮពាក្យប្រាប់ម៉ែខ្ញុំហើយ ខ្ញុំប្រញាប់សួរទៅកាន់គាត់វិញភ្លាម៖

– អ្នកម៉ាក់ មិនកើតអីទេឬថ្ងៃនេះ? ម៉ាក់មានបានផឹកថ្នាំហើយឬនៅ?

គាត់នៅស្ងៀម គិតតែឈរកូរបបរនៅក្នុងឆ្នាំងរបស់ខ្លួន មិនខ្វល់ពី សំណួរដែលខ្ញុំបានសួរទៅកាន់គាត់ឡើយ។

– អ្នកម៉ាក់?

ខ្ញុំស្រែកសួរបញ្ជាក់ទៅកាន់គាត់ម្ដងទៀត ប៉ុន្ដែគាត់មិនងាកឬឆ្លើយតបនឹងខ្ញុំឡើយ…គាត់នៅធ្វើកាយវិការចម្លែកៗ រវល់កូរបបរ វិតៗ នៅក្នុងឆ្នាំងនិងនិយាយដោយសំឡេងខ្សឹបខ្សៀវតែម្នាក់ឯង ទុកឱ្យខ្ញុំងឿងឆ្ងល់ចម្លែក តែម្នាក់ឯងនឹងពាក្យសម្ដីរបស់គាត់លើកឡើងអំបាញ់មិញ ព្រោះថា

…ប៉ាខ្ញុំបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនមកហើយ។ ថ្ងៃនេះក៏មិនមែនជាថ្ងៃខួបការស្លាប់របស់គាត់ផងដែរ។ គ្រួសារយើង បច្ចុប្បន្នគឺមានតែខ្ញុំនិងគាត់រស់នៅតែផ្ទះធំនេះទេ ហើយដូចម្ដេចក៏ម៉ាក់ខ្ញុំ ប្រាប់ថា ប៉ាខ្ញុំមកផ្ទះនោះ? ឬជំងឺវង្វេងវង្វាន់របស់គាត់រើឡើងវិញ ទៀតហើយ?

ខ្ញុំងាកក្រឡេកមើលម៉ោងនាឡិកា។ ខ្ញុំបកទៅរកថ្នាំរបស់គាត់ដែលដាក់នៅក្នុងថតទូខាងក្រោមផ្ទះ។ ខ្ញុំដកដង្ហើមធំ រួចនិយាយដោយ សំឡេងបារម្ភ៖

– អ្នកម៉ាក់…ថ្នាំរបស់ម៉ាក់ខ្ញុំរៀបដាក់នៅលើតុរួចហើយ ម៉ាក់កុំភ្លេច លេបថ្នាំផងណា? ខ្ញុំសុំទៅសាលារៀនមុនសិនហើយ ព្រោះថ្ងៃនេះ ថ្នាក់ខ្ញុំមានការប្រឡង!

គាត់នៅស្ងៀម ធ្វើដូចជាមិនឮនឹងពាក្យរបស់ខ្ញុំ។

– ម៉ាក់? ខ្ញុំសុំទៅសាលាហើយណ៎ា?

ខ្ញុំប្រាប់បញ្ជាក់គាត់ម្ដងទៀត ខ្ញុំសម្លឹងមើលគាត់ចុងក្រោយ រួចទាញ ទ្វារបិទ ស្រវាទាញកង់ខ្លួនជិះទៅសាលា។ ពេលខ្ញុំនៅខាងក្រៅផ្ទះនោះទើបខ្ញុំដឹងថា…ខ្ញុំមើលមិនឃើញអ្វីនៅពីមុខខ្លួនឯងលើសពី១ម៉ែត្រនោះទេ! ទីនេះអ័ព្ទ ធ្លាក់ចុះខ្លាំងណាស់…សក្បុសតែម្ដង!

– ពុទ្ធោអើយ ព្រឹកនេះវាកើតអ្វីឱ្យប្រាកដហ្នឹង? ហើយនេះ ខ្ញុំត្រូវទៅដល់សាលាទាន់ម៉ោងបានយ៉ាងម៉េចវិញ បើពេលនេះរកមើលអ្វី មិនឃើញបែបនេះសោះ? បើអ៊ីចឹង អង្កាល់ទៅ ទើបខ្ញុំអាចបានធ្វើដំណើរទៅដល់សាលារបស់ខ្ញុំនោះ…Sigh…

ខ្ញុំដកដង្ហើមធំ ឧទានរអ៊ូតែម្នាក់ឯង ជិះកង់មិនហ៊ានធាក់លឿនទេ ព្រោះមើលអ្វីមិនឃើញ ក្នុងចិត្តអន្ទះសា ចង់តែប្រញាប់ៗ ជិះឱ្យលឿនៗធ្វើដំណើរទៅដល់សាលា ប៉ុន្តែចង្វាក់ជើងធាក់ និងផ្លូវមើលខាងមុខមិនអនុញ្ញាតឱ្យសោះ…ដូចពេលនេះ ខ្ញុំប្រញាប់ចាប់ហ្វ្រាំងកង់ ព្រោះសុខៗស្រាប់តែឃើញមានស្រមោលអ្វីមួយនៅខាងមុខខ្លួន។

ងឺតៗងឺត! (សំឡេងហ្វ្រាំងកង់កកិតនឹងផ្លូវ)

– ព្រះអើយ! ប៊ិះនឹងបុកប៉ះធុងសំរាមហើយនេះ…ស៊យម្ល៉េះព្រឹកហ្នឹង!

ខ្ញុំឈប់កង់ខ្លួនឯង ពេលឃើញនៅនឹងមុខខ្លួនឯង មិនដល់ចម្ងាយ ៥សង់ទីម៉ែត្រទៀតផង មានធុងសំរាមធំមួយ ហើយនៅ ជុំវិញនោះ ពោរពេញទៅដោយស្បោងខ្មៅតូចធំជាច្រើន រាយពាសចោលដាក់គរ នៅក្បែរនោះ។ អ្វីដែលគួរឱ្យរន្ធត់ គឺក្លិន អសោចនៃសាកសព ឆ្កែស្អុយគគ្រុក សំឡេងងូងៗពីសត្វរុយ រុំរោមខ្មៅជុប សាច់រលួយ ចាប់ផ្ដើមលេចចេញកូនដង្កូវសៗ ចោះស៊ីសាកសពឆ្កែមួយក្បាល ដែលបោះចោលនៅខាងក្នុងថង់ខ្មៅមួយជំហរមាត់ថង់…

*ក្អួត!!!*

– ពុទ្ធោអើយ មិនទាន់បានអីពីព្រឹកផង បែរជាត្រូវចេញ អស់ពីពោះទៀត។ អ្នកណាគេ ថីក៏ឃោរឃៅ គ្មានទឹកចិត្តអីបន្ដិច សោះ ចោលសាកសពសត្វទុកចោលកណ្ដាលផ្លូវបែបនេះទៅវិញ? ហើយនេះ ឯណាទៅក្រុមហ៊ុនសំរាម ម្ដេចមិនប្រមូលសោះ! ទុកវានៅយូររហូតក្លាយជាបែបនេះ? តែនែ! ម្ដេចក៏ខ្ញុំមានអារម្មណ៍ថាទីនេះ ស្ងាត់ ហើយធ្លាក់ ត្រជាក់ខ្លាំងបែបនេះ? មើលចុះ ម្តេចផ្លូវនេះចម្លែកយ៉ាងនេះ! ធម្មតាផ្លូវទៅកាន់សាលារបស់ខ្ញុំ មិនបែបនេះទេ? ម្ដេចក៏ទីនេះមានសំរាមចោល រាត់រាយដាក់នៅទីនេះ គ្មានសណ្ដាប់ធ្នាប់សោះអ៊ីចឹង? តើនេះខ្ញុំកំពុងជិះនៅលើផ្លូវ ទៅសាលារបស់ខ្លួនឯង ឬទេ? ខ្ញុំមិនមែនវង្វេងផ្លូវ ព្រោះតែអ័ព្ទនេះឯណាមែនទេ? មិនអាចទេ ខ្ញុំកើតនៅទីនេះតាំងពីតូច រឿងអ្វីខ្ញុំមិនស្គាល់ផ្លូវ កន្លុកកន្លៀតនៅម្ដុំនេះនោះ?

ខ្ញុំចាប់ផ្ដើមបង្កើតសំណួរ បំភ័យខ្លួនឯង! តែការពិត វាពិតជាគួរឱ្យសង្ស័យថាខ្លួនឯងកំពុងវង្វេងផ្លូវព្រោះតែផ្សែងអ័ព្ទផ្សែងនេះណាស់។ ខ្ញុំប្រញាប់ទាញកង់ចាកចេញពីទីនោះ រួចធាក់ទៅយ៉ាងលឿន មិនហ៊ាន ងាកបកមើលនៅខាងក្រោយ។ ប៉ុន្ដែស្រាប់តែ…

ងឺតៗងឹត!!!

ខ្ញុំចាប់ហ្វ្រាំងកង់ម្ដងទៀត ព្រោះនៅមុខខ្ញុំ…ខ្ញុំឃើញ

បុរសខ្ពស់ រាងស្គម ក្នុងឈុតអាវធំធ្វើការ ស្លៀកខោខ្មៅ ដូចអ្នកធ្វើការកាន់ជំនួញធំ លេចផុសចេញពីអ័ព្ទឡើងមួយរំពេច  ឈរឆ្កឹង នៅពីមុខកង់ខ្ញុំ ដៃម្ខាងកាន់វ៉ាលិសខ្មៅ រីឯដៃម្ខាងទៀត កាន់ឆត្រ ពណ៌ក្រហមឆេះបាំងពីមុខ រកមើលអ្វីមិនឃើញ ព្រោះតែគែមឆត្រ បាំងគ្របមុខបុរសនោះជិត។

ខ្ញុំស្ទុះប្រញាប់និយាយសុំទោសអ្នកខាងមុខ ទាំងក្នុងចិត្តលួចគិត សង្ស័យតែម្នាក់ឯង…យី! នរណាគេហ្នឹង? ម្ដេចក៏គាត់ម្នាក់នេះ ឈររង់ចាំអ្វីនៅទីនេះ? មិនមែនកំពុងរង់ចាំផាសអេបទៅធ្វើការងារទេឬ?

– បង ខ្ញុំសុំទោស! ប៊ិះបុកបងទៅហើយ…សំណាងហ្វ្រាំងកង់ ខ្ញុំចាប់ស៊ី។

ឮខ្ញុំនិយាយបែបនេះ គាត់ឈរឆ្កឹង ធ្វើមិនដឹងហាក់មិនបានឮអ្វីសោះ…ដោយការចង់ដឹងចង់ឃើញ ខ្ញុំធ្វើដូចជាមានអ្វីជ្រុះ ហើយក៏ឱនចុះ ចង់លួចងើយមើលមុខអ្នកម្ខាងទៀត ព្រោះតែចង់ដឹងថា បុរសម្នាក់នោះ ជានរណាគេ? និយាយមែន ខ្ញុំរស់នៅទីនេះយូរឆ្នាំមកហើយ បែបនេះ ខ្ញុំស្គាល់អ្នកនៅម្ដុំនេះមិនតិចនាក់ទេ ប៉ុន្ដែពូម្នាក់នេះវិញ ខ្ញុំមានអារម្មណ៍ប្លែកខ្លាំងណាស់! ចិត្តសង្ស័យកើតឡើង ខ្ញុំដៀងភ្នែកក្រឡេកមើលមុខ នៅក្រោមឆត្ររបស់អ្នកម្ខាងទៀត…

…ហ្អាក? មិនពិតទេមែនទេ?

ខ្ញុំស្លុតក្នុងចិត្ត។ ខ្ញុំស្ទើរតែស្រែកឱ្យអស់ពីពោះ ចុងដៃចុងជើង ឡើងត្រជាក់ស្រេប ព្រោះតែខ្លាចអ្វីដែលខ្លួនឯងឃើញនៅនឹងមុខខ្លួនឯង។ ខ្ញុំយកដៃញីភ្នែកខ្លួនឯងម្ដងទៀត រួចលួចដៀងភ្នែកមើលគាត់ជាថ្មី។

…ពុទ្ធោ! ច្បាស់ណាស់ ខ្ញុំប្រាកដចិត្តហើយ អ្វីដែលខ្ញុំឃើញនោះ វាជាការពិត។ បុរសបាំងឆត្រក្រហម ផ្ទៃមុខគាត់…ផ្ទៃមុខគាត់គឺ…គឺទទេ! លើផ្ទៃមុខគាត់គ្មានអ្វីទាំងអស់…គ្មានកែវភ្នែកទាំងគូ គ្មានច្រមុះ មាត់អ្វីនោះឡើយ! វារលោងស្រិល ក្បាលត្រងោលសស្គុស សូម្បីសក់មួយសសៃក៏គ្មានផង។

បេះដូងខ្ញុំពេលនោះលោតញាប់ ក្ដុងក្ដាំង! ស្ទើរតែលោតកន្ត្រាក់ផ្ទុះ ចេញពីដើមទ្រូងខ្លួនឯងមកខាងក្រៅ ដង្ហើមដកស្ទើរតែមិនដល់គ្នា ខ្នងចាប់ផ្ដើមសើមជោកញើស…

– ខ្ម…ខ្មោចលង!

ខ្ញុំស្រែកស្ទើរតែបែកបំពង់ក ជើងមិនដឹងមានកម្លាំងថាមពលមកពីណា ប្រឹងធាក់…ធាក់កង់…ធាប់ញាប់ស្មេដូចម៉ាស៊ីនដេរផុង ប្រឹងបង្កើនល្បឿន រត់ចាកចេញពីទីនេះ! ខ្ញុំដឹងតែពីធាក់កង់ បង្វិលទិសជៀសឱ្យឆ្ងាយ ពីបុរសម្នាក់នោះ…ទេ! គួរជាបិសាចម្នាក់នោះវិញ! ប៉ុន្តែទោះបីជាខ្ញុំ ប្រឹងធាក់ ជិះលឿនខ្លាំងប៉ុនណាក៏ដោយ បុរសដែលឈរកាន់ឆត្រក្រហម នៅតែបង្ហាញខ្លួនឱ្យខ្ញុំឃើញនៅខាងមុខនោះជានិច្ច។ ញើសចាប់ផ្ដើម មាននៅលើថ្ងាស ខាងក្រោយខ្នងខ្ញុំសើមពេញដោយញើសជោក។

-នេះស្អីហ្នឹង? ម្ដេចបានវាតាមទាន់ខ្ញុំ គ្រប់ពេលបែបនេះ…ម៉ាក់អើយ ជួយកូនផង! ខ្ញុំត្រូវខ្មោចលង!

ខ្ញុំព្យាយាមសូត្រព្រះធម៌ក្នុងចិត្ត រម្លឹកគុណម៉ែនៅក្នុងពោះ។ ប្រឹងបន្ដ ធាក់កង់បន្ថែមល្បឿនទៀត…មិនដឹងថា ធាក់បានយូរប៉ុនណាទេ ខ្ញុំមិនហ៊ានងាកសម្លឹងមើលអ្វីពីខាងក្រោយ ចំហៀងខ្លួនឬជុំវិញបរិវេណនេះឡើយ។ ភ្នែកខ្ញុំគិតតែមើលត្រង់ សម្លឹងតែផ្លូវខាងមុខ រហូតដល់…កង់ខ្ញុំឈប់!

ក្ឌុក!!!

កង់ខ្ញុំដាច់ច្រវ៉ាក់…ច្រវ៉ាក់កង់ជ្រុះរាយអូសនៅលើផ្លូវ។

ខ្ញុំឈប់…គួរថាកង់ខ្ញុំទៅមុខទៀតលែងបានហើយ។ ចិត្តខ្ញុំខ្លាចផង ស្ទាក់ស្ទើរផង លួចគិតក្នុងចិត្តថា តើខ្ញុំនឹងគួរបោះបង់កង់ខ្លួនឯងនៅទីនេះ រួចរត់ប្រាសជើងសវិញតែម្ដងល្អទេ?

ខ្ញុំយកដៃខ្លួនឯងជូតញើសដែលកំពុងហូរស្រក់តក់ៗដូចគេគាបរឹតផ្កាត្នោត ហើយ…ហើយខ្ញុំងាកក្រឡេកមើលទៅជុំវិញនោះ ដោយយកចិត្តទុកដាក់។ ខ្ញុំមិនហ៊ានបើកភ្នែក មើលចំៗនោះទេ។ ខ្ញុំលួចដៀងបើកភ្នែកតិចៗ ងាករេភ្នែកស្វែងរកវត្តមានរបស់បុរសឆត្រក្រហមនោះ។

…មិនឃើញគាត់ទេ?

ខ្ញុំបើកភ្នែកមើលឱ្យច្បាស់ម្ដងទៀត។ ខ្ញុំងាកក្រឡេកមើលជុំវិញ

-មែនហើយ វារលាយបាត់ហើយ! វា…វាមិនមានវត្តមាន នៅទីនេះទៀតឡើយ! ខ្ញុំគេចផុតពីវាហើយ!

ខ្ញុំសប្បាយចិត្តឡើងពេលដឹងថាខ្លួនឯងលែងឃើញបុរស ឆត្រពណ៌ក្រហម នៅទីនេះទៀតទេ។ ខ្ញុំដាក់គូថអង្គុយចុះ ក្បែរកង់ រួចនិយាយសួរដោយម្នាក់ឯង៖

-ប៉ុន្ដែនេះអ្វីដែលខ្ញុំឃើញ គេហៅថាជាខ្មោចឬបិសាច?

កំពុងតែគិតម្នាក់ឯង និងឈប់សម្រាកដកដង្ហើមឱ្យបានស្រួលសិន ស្រាប់តែខ្ញុំមានអារម្មណ៍ថា ហាក់បីជាមានអ្វីម្យ៉ាង អណ្តែតនៅលើក្បាលខ្លួនឯង។ ខ្ញុំងើយក្បាល ងើបមើលទៅលើ…ស្រាប់តែខ្ញុំឃើញ ឆត្រក្រហម!!! រំពេចនោះ ក្បាលរបស់បុរសម្នាក់នោះ សំយ៉ុងចុះមកក្រោម ហាក់បីជាខ្លួនគាត់ស្រាល គ្មានទំនាញផែនដី ទម្លាក់មុខស្របនឹងមុខខ្ញុំ។ ផ្ទៃមុខដែលទទេរបស់វា ស្រាប់តែបង្ហាញរូបភាពគួរឱ្យព្រឺរោមមួយកើតឡើង…ខាងក្រោម ចាប់ផ្ដើមប្រេះរហែក លេចជាបបូរមាត់! នៅក្រអូមមាត់វា បង្ហាញពេញដោយគ្រាប់ល្អិតធ្មេញតូចៗ ដុះស្រួច ឆ្លាស់គ្នាជាច្រើនដូចចង្កូមត្រីឆ្លាម។ វាហើបមាត់និយាយ បន្លឺសូរសំឡេង យ៉ាងគ្រលួចគួរឱ្យខ្លាច សួរមកកាន់ខ្ញុំថា…

-Did you see me? [តើអ្នកឃើញខ្ញុំមែនទេ?]

និយាយរួច វាស្រាប់តែរំកិលខ្លួនឯងចុះមកខាងក្រោម ហើយពន្លូតខ្លួនឯងកាន់តែខ្ពស់ទៅៗដោយដៃនៅតែកាន់ឆត្រពណ៌ក្រហមជាប់នឹងដៃដដែល។ កម្ពស់វាលូតដូចដើមឬស្សី ដកខ្ពស់រហូតដល់វាពេលនេះមានកម្ពស់ខ្ពស់ខុសពីមនុស្សធម្មតា! វាមានកម្ពស់ចូលជាង៣ម៉ែត្រ ហើយវាឱនក្បាលចុះមកខាងក្រោម បង្ហាញស្នាមញញឹមដ៏គួរឱ្យខ្លាច មកកាន់ខ្ញុំ។ កាយវិការ…វាហាក់ដូចជារង់ចាំចម្លើយរបស់ខ្ញុំ។

ខ្ញុំ…ខ្ញុំញ័រខ្លួនទទ្រើត ដួលក្រាបនៅនឹងដី ហាក់បីចាញ់គំហករបស់វា។ ពេលនេះខ្ញុំ…ខ្ញុំខ្លាចដល់ថ្នាក់មិនដឹងថាខ្ញុំត្រូវធ្វើយ៉ាងណានោះទេ…មាត់ខ្ញុំញ័រ និយាយដោយមិនដឹងខ្លួន

-ខ…ខ្ញុំ…ខ្ញុំ…មិន…ខ្ញុំឃើញឯង!

មាត់ខ្ញុំក្បត់ចិត្ត ហាក់បីត្រូវក្រោមមន្តសណ្ដំរបស់វា។ វាគ្រាន់តែឮឃ្លាចុងក្រោយរបស់ខ្ញុំដែលនិយាយថា «ខ្ញុំឃើញឯង» នោះភ្លាម រង្វង់មូលខ្មៅពីរវិលដូចគូថខ្យងចាប់ផ្ដើមបង្ហាញនៅលើផ្ទៃមុខវា ស្នាមញញឹមប្រែជាបបូរមាត់ បើកហើបឡើងឱ្យខ្ញុំឃើញធ្មេញ ស្នាមចង្កូមតូចៗជាច្រើនរបស់វាម្ដងទៀត…វាហាមាត់ឡើងយ៉ាងធំ ហើយត្របាក់មកកាន់ខ្ញុំ…ខ្ញុំភ្ញាក់ព្រើត ហើយស្រែកវ៉ាកឡើង!

– អ្ហាកក!

ពេលនោះគ្រប់យ៉ាងងងឹតឈឹង សំឡេងមួយស្រាប់តែឮឡើងពេញ ក្រដាសត្រចៀកខ្ញុំតែម្ដង…

«GAME START!!!»

Now loading…

ភាគ១

បេសកកម្មដំបូង: 24h ក្នុងដែនដីមរណៈ

«ទីង!»

សំឡេងមួយបានបន្លឺឡើងដូចគេកំពុងចុចកណ្តឹង។ ខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួន បើកភ្នែកធំៗឡើង ហើយអ្វីដែលខ្ញុំនិយាយជាលើកដំបូងគឺ

-តើនេះខ្ញុំមិនទាន់ស្លាប់ទេ?

ខ្ញុំក្រោកងើបឈរឡើង សម្លឹងក្រឡេកមើលជុំវិញខ្លួនឯង…ពិតានពណ៌ស…ទេ! គួរតែនិយាយថា វាជាបន្ទប់៤ជ្រុងពណ៌ស។ គ្រប់យ៉ាងទីនេះ ភ្លឺចាំងនឹងពណ៌ស ហើយនៅលើជញ្ជាំងគឺមានផ្ទាំងLCD ដ៏ធំមួយ ដែលគេដាក់មិនខុសដូចជា គេផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មទេ…គ្រាន់តែវាមានទំហំធំ ខ្លាំង រហូតស្ទើរតែពេញផ្ទៃជញ្ជាំងនាំបន្ទប់នេះ។ នៅលើកញ្ចក់អេក្រង់LCD នោះ គឺមានពាក្យជា ភាសាអង់គ្លេសនៅចំកណ្តាលជញ្ជាំងនោះថា “កំពុងដំណើរការហ្គេម(Now loading…)”។ លេខ០ នៅពីខាងក្រោមរបាក្បាលខ្មោច ចាប់ផ្តើមរំកិលម្តងបន្តិចជាមួយនឹងលេខកើនម្តង១…

-អ៎! គ្រប់គ្នាអស់ហើយឬ Player នៅទីនេះ?

សំឡេងមនុស្សប្រុសម្នាក់ និយាយឡើងមក! សុខៗស្រាប់តែ ខ្ញុំឃើញមានមនុស្សប្រុសស្រី៣នាក់ផ្សេងទៀតក្រៅពីខ្ញុំ បង្ហាញខ្លួននៅទីនេះ។ ក្នុងចំណោមពួកគេគឺមានអ្នកកំលោះម្នាក់ពាក់វ៉ែនតា ដងខ្មៅក្រាស់ នារីក្រមុំសក់ពណ៌ទង់ដែងជាមួយនឹងរ៉ូបវែងក្រហមពុះឆើតបង្ហាញគល់ភ្លៅ និងពូចំណាស់ម្នាក់ ដែលទំនងជាបុគ្គលិកធ្វើការងារក្រុមហ៊ុន។ អ្នកទាំងបីនាក់ ហាក់បីមកពីទីកន្លែង និងមានមុខរបរផ្សេងៗពីគ្នា ប៉ុន្តែមានតែអ្នកកំលោះពាក់វ៉ែនតាម្នាក់នោះទេដែលបង្ហាញទឹកមុខដូចធម្មតា មិនភិតភ័យ ឬអន្ទះអន្ទែងនឹងរូបភាពចម្លែកដែលកើតឡើងចំពោះខ្លួនគេឡើយ។ គេហាក់បីជាមានបទពិសោធ ធ្លាប់ឆ្លងកាត់វារួចហើយអ៊ីចឹង។ ម្នាក់ៗសម្លឹងមើលមុខគ្នា។ ខ្ញុំងាកសម្លឹងទៅរកម្ចាស់សំឡេង ដែលនិយាយឡើងអម្បាញ់មិញ…

-សួស្តីបង ខ្ញុំវ៉ារាប នេះបងឈ្មោះ…

-ផានុត!

គេតបដោយសម្តីកំបុត ហើយមិនខ្វល់ពីយើងឡើង។ ងាកបែរខ្នង សម្លឹងមើលទៅកាន់លើអេក្រង់ ដែលពេលនេះ របាដំណើរការ ឡើងដល់ ២០ភាគរយ!

ខ្ញុំធ្វើមិនខ្វល់ពីគាត់ ហើយដើរទៅសួរកាន់មនុស្ស២នាក់ទៀត។ ពួកយើងបានណែនាំខ្លួនឯង។ អ៊ំប្រុសគាត់មានឈ្មោះ សំណាង អាយុ៤៥ឆ្នាំ ជាប្រធានបុគ្គលិកក្រុមហ៊ុនឯកជនមួយ រីឯនារីក្រមុំម្នាក់នោះវិញនាងឈ្មោះសុពណ៌ មានអាជីពជាតារាសម្តែងនិងម៉ូដែលនៅភ្នាក់ងារកម្សាន្តមួយនៅទីក្រុងនេះ។ ខ្ញុំមិនស្គាល់នាងទេ ប្រហែលជានាងទើបតែចូលក្នុងវិស័យសិល្បៈឬក៏មកពីខ្ញុំមិនសូវចាប់អារម្មណ៍លើវិស័យមួយនេះ? ប៉ុន្ដែតាមពាក្យសម្ដីដែលខ្ញុំនិយាយជាមួយនឹងនាង នាងធ្វើដូចជាខ្លួនឯងជាអ្នកល្បីឈ្មោះម្នាក់អ៊ីចឹង។

-ពួកបងមានដឹងទេ ពេលនេះពួកយើងកំពុងស្ថិតនៅឯណា? ហើយនេះជាអ្វីហ្នឹង…

ខ្ញុំចង្អុលទៅកាន់អេក្រង់ដែលកំពុងលោតលេខផ្លាស់ប្តូរកើនជានិច្ចនោះ! ម្នាក់ៗគ្រវីក្បាលមិនដឹង មើលមកកាន់ខ្ញុំដោយ ក្រសែភ្នែក ងឿងឆ្ងល់ដូចគ្នា។ ខ្ញុំទាល់គ្មានជម្រើសអ្វី ក៏ដើរទៅជិតបងកំលោះ ចិត្តត្រជាក់..

-ផានុត បងដឹងមែនទេ?

សំណាង និង សុពណ៌ ក៏ដើរមកកាន់គេ រង់ចាំចម្លើយពីអ្នកម្ខាងទៀតផងដែរ។ គេបែរមកសម្លឹងខ្ញុំ រួចនិយាយដោយ សំឡេងស្មើ បង្ហាញទឹកមុខសោះកក្រោះ មិនពេញចិត្តឡើង៖

– អ្នកនៅទីនេះ មានអ្នកធ្លាប់អានរឿងម៉េនហ្កាជប៉ុន ហ្គេន(Gantz) ទេ?

សំណាងនិងសុពណ៌ គ្រវីក្បាល ខ្ញុំវិញតក់ស្លុតឡើង រួចក៏ឧទាន៖

– នេះបងមិនមែនចង់សំដៅថា…ពួកយើងនៅទីនេះសុទ្ធតែបានស្លាប់ហើយមែនទេ?

ឮពាក្យរបស់ខ្ញុំឧទានបែបនេះ ផានុតប្ដូរក្រសែភ្នែករាងស្រទន់បន្ដិចរួចសួរបញ្ជាក់៖

– ឯងធ្លាប់មើលរឿងហ្នឹងមែនទេ?

ខ្ញុំងក់ក្បាល។ អ៊ំសំណាងនិងក្រមុំសុពណ៌បែរភ្នែកសម្លឹងមើលមកកាន់ខ្ញុំក្នុងអត្ថន័យចង់សួរបញ្ជាក់ពីរឿងដែលខ្ញុំបានដឹង…ពួកគាត់មើលទៅប្រហែលមិនធ្លាប់បានអានឬមើលរឿងនោះទេ។

ខ្ញុំដកដង្ហើមធំ រួចបកស្រាយប្រាប់ទៅកាន់ពួកគាត់។

– ហ្គេន(Gantz) ជាប្រភេទសាច់រឿងមេនហ្កាជប៉ុន ដែលនិយាយ ពីសាច់រឿងរបស់យុវជនម្នាក់ ឈ្មោះ ឃេ ឃូរ៉ូណូ(Kei Kurono) និង ម៉ាសារ៉ូ ខាតូ(Masaru Kato) ដែលគេទាំងពីរនាក់ចួបឧបទ្ទវហេតុក្នុងចំណតរថភ្លើងក្រោមដី បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះ ប៉ុន្ដែស្រាប់តែភ្ញាក់ឡើងក្នុងបន្ទប់៤ជ្រុងមួយហើយនៅកណ្ដាលបន្ទប់ហ្នឹង មានបាល់ខ្មៅធំមួយ ដែលបង្ហាញពីព័ត៌មានឬបញ្ជីបេសសកកម្មដើម្បីឱ្យពួកគេបំពេញ…វាបែបដូចជាហ្គេមស្លាប់រស់ (Survival Game)។ អ្នកលេងត្រូវបញ្ចប់បេសកម្មមួយនោះ… អ្នកលេងនឹងទទួលបានរង្វាន់ជាពិន្ទុ ផ្ទុយវិញ អ្នកលេងនឹងស្លាប់ប្រសិនបេសកកម្មមួយនោះបរាជ័យ។

ខ្ញុំនិយាយចប់ពួកគាត់ទាំងពីរប្រែទឹកមុខភ័យ។ ខ្ញុំលួចគិតក្នុងចិត្ត៖

…មើលទៅ ពួកគាត់យល់ពីអ្វីដែលខ្ញុំកំពុងនិយាយ។

ខ្ញុំងាកសម្លឹងមើលទៅកាន់ផានុត ហើយរង់ចាំឱ្យគាត់ជួយឆ្លើយប្រាប់នឹងសំណួររបស់ខ្ញុំ។ ប្រហែលជាគាត់ធុញនឹងក្រសែភ្នែកខ្ញុំសម្លឹងមើលទៅកាន់ខ្លួនយូរពេក ឬក៏ប្រហែលជាគាត់មានទឹកចិត្តដែរ ក៏ស្រាយសំណួរខ្ញុំឱ្យដឹង…

-មិនខុសទេ! ទីនេះ វាដូចទៅនឹងពិភពហ្គេមមរណៈហ្គេននោះអ៊ីចឹង! អ្នកលេងទីនេះ ត្រូវប្រឈមមុខនឹងការចូលរួមលេងហ្គេមស្លាប់រស់  ហើយក្លាយជាផ្នែកមួយនៃ “ពិភពហ្គេមអន្តរាយ” មួយនេះ។ រឿងមួយដែលអ្នកនឹងប្រាកដក្នុងចិត្តនោះអ្នកដែលស្លាប់ក្នុងពិភពហ្គេមក៏ត្រូវស្លាប់ក្នុងពិភពការពិតដែរ។

គ្រាន់តែឮពាក្យនេះភ្លាម អ៊ំសំណាងស្លុតស្រុតជើងដួល រួចនិយាយ

– ទេ! វាមិនអាចកើតឡើងទេ? វាមិនមែនជាការពិតទេ ត្រូវទេ? ខ្ញុំ…ខ្ញុំទើបតែបានក្រុមហ៊ុនដំឡើងឋានៈឱ្យកាន់ជាប្រធានផ្នែក! តើនេះ មានដឹងទេថាខ្ញុំតស៊ូប្រឹងប្រែងធ្វើការងារខ្លាំងយ៉ាងណា ទើបអាចបានទទួលតួនាទីមួយនេះទេ? ហេតុអ្វីខ្ញុំមកនៅទីនេះ?

សុពណ៌ និយាយបន្ទរដោយទឹកមុខស្លេក ភ័យខ្លាចញ័រមាត់ដូចគ្នា។

– មែនហើយ មិនពិតទេ! ឬនេះវាគ្រាន់តែជាកម្មវិធី Show បែបReality? មែនហើយ…កាមេរ៉ាបង្កប់! ប្រហែលវាគ្រាន់តែជា Prank របស់ស្ថានីយ៍ប៉ុស្ដិ៍ទូរទស្សន៍មួយណាតែប៉ុណ្ណោះ។ តារាល្បី លំដាប់A ដូចខ្ញុំ ប្រហែលជាគេចង់ឱ្យមកថត ផ្សព្វផ្សាយឱ្យប៉ុស្ដិ៍របស់គេបានល្បីហើយ…!

ម្នាក់ៗព្យាយាមបដិសេធនូវការពិត ដោយរកលេសផ្សេងៗ។ ខ្ញុំព្យាយាមតាំងសតិ អារម្មណ៍ខាងក្នុងរបស់ខ្លួនឯងឱ្យមូលឡើងវិញ។ ខ្ញុំធ្លាប់អានរឿងសៀវភៅមេនហ្កាជប៉ុនជាច្រើន ហើយក៏ធ្លាប់មើលរឿងកុនគេលេងសម្ដែងផងដែរ។

…មែនហើយ! មិនខុសទេ រឿងហេតុដែលកើតឡើងនៅពេលនេះ វាពិតជាចម្លែក មិនគួរឱ្យចង់ជឿខ្លាំងណាស់! តែវាប្រហែលជា មិនមែនជាការកុហកឬវាគ្រាន់តែReality Show របស់ក្រុមហ៊ុន ស្ថានីយទូរទស្សន៍ណាដែរ។ ខ្ញុំនៅចាំបានពីរូបភាពចុងក្រោយ… បុរសទូលឆត្រក្រហម។

– បែបនេះហើយ ទើបបានជាខ្ញុំមិនចូលចិត្តអ្នកលេងថ្មី!

ផានុតរអ៊ូឡើងហើយក៏ដកភ្នែកចេញបែរទៅសម្លឹងមើលអេក្រង់វិញ។ ខ្ញុំដកដង្ហើមធំ សម្រួលអារម្មណ៍ហើយភ្នែកមិនភ្លេចលួចដៀងមើលទៅកាន់ផានុតដែលកំពុងសម្លឹងមើលលើអេក្រង់ដ៏ធំមួយនោះផងដែរ។ ការឈរធ្នឹងរបស់គេ ហាក់មិនខ្វល់ពីប្រតិកម្មរបស់អ្នកដទៃទៀត សបញ្ជាក់ថាអ្វីដែលគេកំពុងនិយាយវាដូចជាមិនកុហកឡើយ។

…មើលទៅ វាប្រហែលមិនអាក្រក់ណាស់មែនទេព្រោះបើតាមខ្ញុំដឹង កម្រិតបេសកកម្មក្នុងរឿង វាអាស្រ័យនឹងចំនួនរបស់អ្នកលេង។ ប៉ុន្ដែបច្ចុប្បន្នចំនួនមនុស្សទីនេះ វាតិច ហើយម្នាក់ៗជាអ្នកលេងថ្មី (Newbie) បែបនេះ វាប្រហែលជាមិនពិបាកនោះទេត្រូវទេ?

ខ្ញុំលួចគិតក្នុងចិត្ត ពេលឃើញរបាក្បាលខ្មោចរំកិលដល់៩៩ភាគរយចូលដល់១០០ភាគតែម្ដង! ផ្ទៃអេក្រង់LCD ត្រូវបានផ្លាស់ប្ដូរទាំងស្រុង…សំឡេង «ទីង» និងសូរចម្រៀងផ្ទៃខាងក្រោយ ឮកក្រើកនៅទីនេះ! មួយសន្ទុះ តួអក្សរចាប់ផ្ដើមរត់បង្ហាញពេញនៅលើអេក្រង់ធំៗតែម្ដង…

«ស្វាគមន៍មកកាន់ហ្គេមនៃដែនសុបិនអាក្រក់-Welcome to The Nightmare’s Game»

ម្នាក់ៗងាកមកផ្ដោតលើកញ្ចក់អេក្រង់…

តួអក្សរចាប់ផ្ដើមលោតបង្ហាញពេញលើអេក្រង់តែម្ដង…អត្ថន័យនៅលើLCD ក៏ត្រូវបានបង្ហាញ៖

ភារកិច្ចចម្បង៖ ហ្ស៊មប៊ី

សាច់រឿងខាងក្រោយនៃការវិនាសលោក៖ គ្មាននរណាម្នាក់ដឹងថា នាពេលវេលាមួយផែនដីដែលធ្លាប់ស្ងប់សុខគ្របដណ្ដប់ដោយពណ៌បៃតងនិងខៀវ បានផ្លាស់ប្ដូរក្លាយជាទីរហោឋាន ព្រោះតែការប៉ះទង្គិចនៃគ្រោះកាចដុំអាចម៌ផ្កាយធ្លាក់ចំ។ វាលតំបន់ប៉ូលទឹកកកបានរលាយ កំណើននីវ៉ូទឹកសមុទ្រខ្ពស់បានបោកជន់លិចដែនកោះជុំវិញ ខណៈតំបន់ ខ្លះត្រូវរងគ្រោះទុរ្ភិក្ស ភ្លើងឆេះបំផ្លាញអស់។ វិនាសកម្មកើតឡើងផ្ទួនៗគ្នា គ្រោះវីរុសចម្លែកជាច្រើនដែលធ្លាប់សំងំស្ងាត់លាក់ខ្លួន(hibernate) បានលេចវត្តមានឡើង វាយប្រហារមនុស្សជាតិ។ នាពេលមួយ វីរុសដែលធ្លាប់តែមានក្នុងរឿងកុនហូលីវូដ បានបង្ហាញឡើង…ហ្ស៊មប៊ី។

កំណើនប្រជាជនលើពិភពលោកត្រូវបានកាត់បន្ថយយ៉ាងគំហុក ពីជាង ៨ពាន់លាននាក់ មកត្រឹមតែជាង៣០០លាននាក់ប៉ុណ្ណោះ ក្នុងពេលត្រឹមតែ១ឆ្នាំនៃការផ្ទុះវីរុសហ្ស៊មប៊ីនេះ រហូតដល់មនុស្សជាតិកំពុងស្ថិតនៅក្នុងភាពព្រួយបារម្ភ…តើអាចទេ មនុស្សជាតិនឹងផុតពូជពីភពផែនដីនេះ?

គោលបំណងភារកិច្ច៖ រស់រានមានជីវិតក្នុងពិភពអន្តរាយនេះក្នុងរយៈពេល២៤ម៉ោង។

រង្វាន់បញ្ចប់៖ ពិន្ទុរង្វាន់មូលដ្ឋាន ១០ពិន្ទុ។

ចំណាំ៖ អ្នកលេងត្រូវបានស្នើសុំឱ្យរុករកកិច្ចការលាក់កំបាំងដោយខ្លួនឯង។ បន្ទាប់ពីឈានដល់ពេលវេលារស់រានមានជីវិត អ្នកលេងអាចជ្រើសរើស ចាកចេញពីពិភពនេះនៅពេលណាក៏បាន។

នៅពេលផ្ទាំងបេសកកម្មបង្ហាញនៅលើកញ្ចក់LCDរួច គ្រប់គ្នានៅទីនេះឡើងស្រឡាំងកាំង! ម្នាក់ៗភ្ញាក់ដឹងខ្លួនវិញ ពេលឃើញថានៅលើ ផ្ទៃអេក្រង់LCD បានផ្លាស់ប្ដូរជាការរាប់ថយក្រោយ…១នាទី វិញ!

… Apocalypse world (ពិភពអន្តរាយ)?

តួលេខនៅកណ្តាលអេក្រង់ចាប់ផ្តើមបង្ហាញផ្លាស់ប្ដូរថយក្រោយ ខ្ញុំងាកទៅសួរទៅកាន់ផានុត

– នេះតែប៉ុណ្ណឹងទេ?

– Huh? ហើយនេះឯងគិតថា គួរតែត្រូវតែមានអ្វីបន្ថែមទៀតមែនទេ?

គេសួរមកកាន់ខ្ញុំវិញ ខ្ញុំក៏ប្រញាប់ប្រាប់អ្វីដែលខ្ញុំកំពុងគិត

– គឺកញ្ចប់សម្រាប់អ្នកលេងថ្មី (New Player’s package) នោះអី? ធម្មតាអ្នកលេងថ្មីចាប់ផ្តើមហ្គេមជាលើកដំបូង គួរតែមានកញ្ចប់ជំនួយបន្ថែម ឬបទបង្ហាញជាមេរៀន (toturial) អ្វីប្រាប់បន្ថែមទេឬ?

– មែនហើយៗ!

សំណាង និងសុពណ៌ក៏បន្លឺសំឡេងគាំទ្រនឹងគំនិតរបស់ខ្ញុំផងដែរ។

គេឮខ្ញុំនិយាយបែបនេះហើយ គេសើចតិចៗ

– ហាហា នេះឯងគិតថា វាគ្រាន់តែជាហ្គេមឬ? តែឯងក៏មិនខុសទាំងស្រុងដែរ អ្នកលេងថ្មីដំបូងដូចជាឯង វាធម្មតានឹងមានជំនួយអ្វីបន្ថែមពីហ្គេមអេដមីន (Game administrator) ប៉ុន្តែរឿងនេះគឺមានតែឯងខ្លួនឯង ត្រូវស្វែងយល់តែប៉ុណ្ណោះ!

– ហា្អស់? ពិតមែនឬ? វាដូចកម្លាំងអច្ឆរិយៈ ឬសមត្ថភាពពិសេស?

គេមិនតបផ្តល់ចម្លើយនឹងខ្ញុំ គ្រាន់តែញញឹម។ ខ្ញុំឃើញរូបរាងគេចាប់ផ្តើមរលាយបន្តិចម្តងៗ អ្នកដទៃក៏ដូចគ្នា…  ខ្ញុំក្រឡេកមើលលើ កញ្ចក់អេក្រង់LCD វិនាទីចុងក្រោយក៏បានមកដល់។ ពេលនេះអក្សរដែល បង្ហាញគឺ…

‘Ready, Go!’

‘Good Luck’

នៅមានត…

ចួបគ្នាជាថ្មីជាមួយនឹងដំណើរបេសកកម្មរបស់ វ៉ារាប ក្នុងដែនដីហ្ស៊មប៊ី

MSTWriter ប្រកាសបើករដូវកាលទី៦ ក្រោមប្រធានបទ « បទនិពន្ធវ័យបទនិពន្ធពិតៗ ខុសគ្នាបែបណាពីបទនិពន្ធAi »
ក្រុមអ្នកនិពន្ធ ម៉ីសនសុធារី បានប្រកាស​បើករដូវកាលថ្មី នៃក្រុម MST Writer រដូវកាលទី៦ ខុសប្លែកពីប្រធានបទរដូវកាលមុនៗដោយលើកនេះ គឺជាវគ្គសិក្សាខ្លីក្រោមប្រធានបទ « បទនិពន្ធវ័យបទនិពន្ធពិតៗខុសគ្នាបែបណាពីបទនិពន្ធAi » ដែលទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីអ្នកនិពន្ធ ម៉ីសនសុធារី ។

សម្រាប់វគ្គសិក្សាខ្លីនេះ គឺមានបែងចែកជា ២ក្រុម៖
-ក្រុមទី១ សិក្សាតាមប្រព័ន្ធអនឡាញ (Googel Meet) រយៈពេល៥ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
-ក្រុមទី២ ចួបសិក្សាផ្ទាល់ពីអ្នកនិពន្ធ ម៉ីសនសុធារី រយៈពេល២ថ្ងៃ (ថ្ងៃសៅរ៍-អាទិត្យ)។
*ជាមួយនឹងលក្ខខណ្ឌងាយៗ ដោយគ្រាន់តែជាសមាជិក MSTWriter ដែលបានដាក់ផ្សាយស្នាដៃ នៅលើវេបសាយ meysansotheary.com (អ្នកដែលធ្លាប់ចូលរួមសិក្សាវគ្គមុនៗហើយ ក៏អាចចូលរួមបានទៀតដែរ) ។

គួរបញ្ជាក់ដែរថា អ្នកដែលមានបំណងចង់ចូលរួមវគ្គសិក្សារដូវកាលទី០៦ នេះ គឺគ្រាន់តែទំនាក់ទំនងចុះឈ្មោះតាមរយៈលីងតេឡេក្រាម៖ https://t.me/mstwriterallseason