វគ្គ២ សង្សារមិត្ត
ខណៈនេះព្រះអាទិត្យកំពុងអើតកបង្ហាញខ្លួនមកលេងភពផែនដី។ ពន្លឺពណ៌មាសក៏ចាប់សាយភាយពីទិសបូព៌។ ឧត្ដរាក្នុងកិរិយាស្រស់ស្រាយប្លែកពីធម្មតា។ គេស្លៀកពាក់សមសួនជាសុភាពបុរស ខុសពីការលេងខ្លួនរាល់ដងបែបពេញនិយម។
គេជិះឡានមកឈប់ខាងមុខផ្ទះមិត្តសម្លាញ់តាំងពីព្រលឹមស្រាងៗ។ ទង្វើនេះរឹតតែខុសប្លែកពីទម្លាប់ប្រចាំថ្ងៃរបស់គេទៅទៀត។ រាល់លើក បូព៌ាជាអ្នកដាស់គេឱ្យភ្ញាក់ បើទោះជាសំឡេងនាឡិការរោទ៍បែកផ្ទះក៏គេមិនក្រោកផង។ ប្លែកតែព្រឹកនេះ គេប្រែក្លាយជាអ្នកដាស់បូព៌ាឱ្យក្រោកវិញម្ដង។
«ចូលឡានឱ្យលឿនមក នៅច្រិមច្រុមដល់ណាទៀត? គ្នាចាំឯងមួយព្រឹកហើយណា!»
ឧត្ដរារៀបរាប់ភ្លាមក្រោយឃើញមិត្តសម្លាញ់ចេញពីផ្ទះ។ បូព៌ាក្នុងទឹកមុខឡិងឡង់មិនយល់សោះថាថ្ងៃនេះមានរឿងអីទើបសម្លាញ់គេទៅជាបែបនេះ។ រាល់ដងដេកទាល់តែថ្ងៃចាំងគូទសោះ ម្តងនេះបែរជាមកអង្គុយចាំក្នុងឡានតាំងពីថ្ងៃមិនទាន់រះ។
«ហើយឯងកើតស្អីក៏ទ្រង់តក់ក្រហល់ម៉្លេះ?»
កំលោះសួរទាំងមុខធ្មួងដ្បិតថ្ងៃនេះជាថ្ងៃអាទិត្យ គេចង់គេងយកកម្លាំងឱ្យបានយូរជាងនេះ។ តែមិត្តគេនេះ មកកកូរកកាយឱ្យក្រោកខាងតែបាន។ ឧត្ដរាបក់ដៃឱ្យចូលក្នុងឡានក្នុងកិរិយារហន់ ដូចមានការកុនអីប្រញាប់ណាស់។ ក្លិនក្រអូបប្រសើរភាយចូលពេញច្រមុះក្រោយពេលបូព៌ាចូលអង្គុយក្នុងឡាន។ គ្រប់យ៉ាងរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ លែងរប៉ាត់រប៉ាយដូចរាល់ដង។ បូព៌ាកាន់តែប្លែកក្នុងចិត្ត គេរហ័សយកដៃទៅស្ទាបក្បាលសម្លាញ់ រួចដកដៃមកស្ទាបថ្ងាសខ្លួនឯង។
«កម្ដៅធម្មតាតើ! ហួចឯងកើតអីឱ្យប្រាកដ?»
សំណួររបស់គេធ្វើឱ្យឧត្ដរាសើចរលាក់ដូចទឹក។ គេយកដៃប៉ះភ្លីសក់ សម្លឹងផ្អៀងផ្អងមុខកញ្ចក់ ទើបដាច់ចិត្តបកស្រាយ៖
«គេនិយាយថាមនុស្សប្រុសផ្លាស់ប្ដូរមួយរយប៉ែតសិបដឺក្រេក្រោយពេលមានស្នេហា។ ពីមុនមិនជឿ តែពេលនេះគ្នាយល់ស្របទាំងស្រុង។»
ព្រូល…! សំឡេងព្រួសទឹកពីមាត់របស់បូព៌ា។ ប្រហែលជាគេហួសចិត្តនឹងសម្ដីពួកម៉ាកពេកទើបទប់ចិត្តមិនបានទៅជាឈ្លក់ទឹកបែបនេះ។ គេយកក្រដាសជូតទឹកពីមាត់ រួចនិយាយបែបលេងសើច៖
«ស្អីទេអ្ហា អាមនុស្សមានសង្សារចង់មួយរយនាក់ហើយ មកថាទើបចួបស្នេហា? អាណិតគ្នា បិទមាត់ឯងទៅ។»
«នែ! ឯងចាប់ន័យរបស់គ្នាឱ្យបានណា។ ស្នេហាដែលគ្នានិយាយនាពេលនេះគឺស្នេហាពិត។ អាមុនៗហ្នឹងគេមិនហៅស្នេហាទេ គេហៅថាសាកល្បងមើលចិត្តគ្នា។»
«ឯងចង់ថាម្ដងនេះឯងច្បាស់លាស់?»
«ប្រាកដណាស់! នាងជានារីដែលមានឥទ្ធិពលអស្ចារ្យអាចធ្វើឱ្យគ្នាផ្លាស់ប្ដូរសព្វបែបយ៉ាង។ ឯងមិនឃើញទេអី សូម្បីតែរបៀបស្លៀកពាក់ក៏គ្នាប្តូរដែរ។ ដើម្បីនួនល្អង បងធ្វើបានគ្រប់យ៉ាង។»
សំណើចមុននេះហាក់រលាយបង់បាត់ពីផ្ទៃមុខ ប្ដូរមកវិញនៅក្ដីមួហ្មង។ តែគេនៅបង្ខំស្នាមញញឹមឱ្យបង្ហាញខ្លួនឡើង បើទោះជាក្នុងបេះដូងកំពុងឈឺចុកពើតផ្សារក៏ដោយ។ គេដឹងច្បាស់ថានារីដែលសម្លាញ់គេកំពុងនិយាយដល់ជាអ្នកណា គឺទេពកញ្ញាដែលក្នុងចិត្តគេក៏ប្រាថ្នាបីប៉មថ្នាក់ថ្នមស្នេហ៍ដែរ។ តែធ្វើម្ដេច គេបានជាជ្រុលគិតដល់មិត្តភាពជាធំ ម្ល៉ោះហើយមានតែទ្រាំតាមកម្ម។
«ឯងអត់មានធុំក្លិនអីប្លែកទេ?»
បូព៌ាត្រលប់មកសភាពរួសរាយក្រោយឮសំណួរមិត្តសម្លាញ់។ គេដកដង្ហើមធំស្រង់ក្លិនជាថ្មី រួចក៏ចាប់ក្អកតិចៗជាអាការចាញ់ក្លិន។
«ហីឯងបាញ់ទឹកអប់អស់ប៉ុន្មានតោនបានជាឆួលចង់បែកច្រមុះ? ម្ល៉ឹងៗប្រយ័ត្នស្នេហារបស់ឯងសន្លឹបតឹងទៅ?»
«ហាហា ទឹកអប់ប្រ៊េនដដែលតើ តែគ្នាមានអីពិសេសបន្ថែម។»
ឧត្ដរាលូកដៃយកដន្លាប់មួយក្លងលើកបង្ហាញមិត្តសម្លាញ់ ព្រមទាំងបកស្រាយ៖
«នេះជាដន្លាប់មន្តបានពីគ្រូស្នេហ៍ក្បែរភ្នំស្រង់។ គេល្បីថាស័ក្តិសិទ្ធណាស់។»
«ស្អីអ្ហា ទាំងសង្ហា ទាំងមានទ្រព្យដូចឯង នៅរកដន្លាប់ស្នេហ៍ទៀត? ឯងនេះកាន់តែប្លែកមែនទែនហើយ គួរទៅពេទ្យចិត្តសាស្ត្រពិនិត្យចេញម្ដងទើបបាន។»
«គ្នាមិនបានឆ្កួតទេ គេហៅថាធ្លាក់ក្នុងអន្លង់ស្នេហ៍។ នារីរមទមដូចនិរតី ទាល់តែរកផ្លូវក្នុងជួយខ្លះទើបគ្នាទុកចិត្ត។ មិនដូចសង្សារគ្នាពីមុនៗទេ ញាក់ចិញ្ចើមតែមួយឆ្វាច់មកឯង។»
រថយន្តបរចេញទៅ។ ឧត្ដរាសម្លឹងកញ្ចក់ញឹកញាប់។ គេឧសស្សាហ៍យកដៃវែកភ្លីសក់ ដោយកិរិយាប្រុងប្រយ័ត្ន។ ក្រោយមកក៏យកបាតដៃមកខ្ទប់មាត់ស្រង់ក្លិនដង្ហើមខ្លួនឯង ខ្លាចក្រែងមានក្លិនមិនល្អ ទាំងដែលមាត់ទំពារស្ករកៅស៊ូឥតទំនេរ។ នៅតាមផ្លូវ ចរាចរណ៍ចង្អៀតពេញផ្លូវដោយហេតុថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ មានអ្នកដំណើរចេញពីក្រុងទៅកម្សាន្តនៅខេត្តច្រើនស្កេកស្កះ។
ក្នុងកិរិយាអន្ទះអន្ទែង ឧត្ដរាហាក់បន់ឱ្យឡានរបស់ខ្លួនចេះហោះ ន្អាលនឹងបានទៅដល់មណ្ឌលពន្លឺថ្មីភ្លាមៗ។ ផ្ទុយពីភាពពុះកញ្ជ្រោលនេះ បូព៌ាអង្គុយផ្អែកខ្នងដោយសភាពល្វើយអស់កម្លាំង។ កែវភ្នែកដ៏ស្រងូតរបស់គេ ហាក់បន់ឱ្យចរាចរណ៍តាមផ្លូវកាន់តែណែនណាន់ ជាហេតុមិនអាចឱ្យសម្លាញ់គេបានទៅចួបនិរតី។
«ឯងប្រាកដថាច្បាល់លាស់ជាមួយនាង?»
សំណួរដ៏សោះកក្រោះបង្ហើរចេញពីមាត់កំលោះក្រៀមក្រំគ្រាដែលមិត្តសម្លាញ់គេឈប់ឡាន។ សំឡេងម៉ាស៊ីនឡានរលត់សូន្យ សម្លាញ់គេតបវិញទាំងទឹកមុខរីកដូចគ្រាប់ជី៖
«អារាត់អារាយមកច្រើន គ្នាឆ្អែតឆ្អន់ហើយ។ គ្នាចង់បានមនុស្សស្រីដែលមានចរិយាល្អ នឹងធឹង ត្រឹមត្រូវសមជាឧត្ដមភរិយា។ និរតីជានារីដែលធ្វើឱ្យគ្នាផ្លាស់ប្រែជាចាស់ទុំតាំងពីចួបគ្នាគ្រាដំបូង។ ពេជ្រមួយគ្រាប់នេះ គ្នាត្រូវរក្សាឱ្យគង់។»
គេប្រៀបធៀបនាងទៅនឹងគ្រាប់ពេជ្រ ផ្ទុយពីសង្សារមុនៗដែលគេហៅត្រឹមជាស្រីស្អាត។ ចម្លើយបែបនេះ បញ្ជាក់ច្បាស់ណាស់ពីចេតនាប្រាកដប្រជារបស់គេទៅលើនាង។ ដួងចិត្តបូព៌ារឹតតែផ្សារខ្លោច។ គេគួរណាស់តែត្រេកអរដែលមិត្តសម្លាញ់បានផ្លាស់ប្ដូរពីចរិតព្រាននារីមកជាបុរសស្មោះស្នេហ៍ តែនេះគេបែរជាឈឺចិត្តស្អិតទ្រូងទៅវិញ។
«ស្រីស្អាត គ្នាចួបមកច្រើនហើយ តែស្រីល្អគ្នាទើបតែបានចួបទេ។ ជួយជូនពរគ្នាផង ថ្ងៃនេះគ្នាចាប់ផ្តើមបេសកកម្មតាមយកបេះដូងនាងហើយណា។»
ស្នាមញញឹមត្រូវបានបង្ខំឱ្យលេចឡើងលើផ្ទៃមុខដ៏ស្រងូតរបស់បូព៌ាជាការជូនពរមិត្តសម្លាញ់។ ឧត្តរាបើកទ្វារឡានចុះ។ គេក៏មិនភ្លេចរៀបចំភ្លីអាវឱ្យរៀបរយឥតខ្ចោះដែរ។ គេជញ្ជូនសម្ភារសិក្សាក្មេងៗមួយឡាំងដើរទាំងញញឹមញញែមចូលទៅចួបនាយកមណ្ឌលពន្លឺថ្មី តែអ្នកណាក៏ដឹងថាគោលដៅពិតប្រាកដរបស់គេជាអ្វីដែរ។
បូព៌ាអង្គុយស្ងៀមទ្រឹងក្នុងឡាន។ គេកុហកសម្លាញ់ថា មិនសូវស្រួលខ្លួនដោយហេតុគេងមិនបានស្កប់កាលពីយប់មិញ ម៉្លោះហើយគេសុំនៅគេងយកកម្លាំងក្នុងឡាន។
អាការដ៏ល្វើយរបស់គេ ធ្វើឱ្យឧត្ដរាជឿតាម ហើយក៏មិនរករឿងនឹងការសម្រេចចិត្តរបស់មិត្តដែរ។ ស្នូរជួងក្នុងសាលាលាន់ឮតឺងៗជាសញ្ញាប្រាប់ថាវេលាចេញលេងបានមកដល់ ក៏ជាពេលនិរតីសម្រាកពីការបង្រៀនសិស្ស។ ឧត្ដរាប្រហែលកំពុងដើរញាប់ជើងទៅរកនាង។ ពួកគេច្បាស់ណាស់ជាទៅអង្គុយសាសងគ្នានៅលើទោងក្រោមរោងប្រក់ស្បូវនៅចំហៀងសាលា។
គិតមកដល់ត្រឹមនេះ ខ្យល់ដង្ហើមដ៏វែងត្រូវបានបញ្ចេញចោលតាមច្រមុះ ឯភ្នែកគេបិទទាំងសង ផ្អែកក្បាលកើយលើកៅអី។ គេធ្លាប់តែយល់ថា «ពិភពលោកនេះទូលាយពេកហើយ ហេតុអ្វីរកមិនចួបអ្នកដែលគេស្រលាញ់»។ តែពេលនេះ គេបែរជាយល់ថា «ពិភពលោកនេះចង្អៀតពេកណាស់។ ហេតុអ្វីមនុស្សដែលគេស្រលាញ់ក៏ជាមនុស្សដែលសម្លាញ់គេពេញចិត្តដែរ»។ ថាទៅមើល៍ លោកនេះពិតជាអយុត្តិធម៌ចំពោះគេពេកទេដឹង។
តុៗៗៗៗ…សំឡេងគោះទ្វារឡាន។ បូព៌ាភ្ញាក់ព្រើត។ គេបើកភ្នែកទាំងសងដោយអាការខ្ជិលច្រអូស។ ភាពស្រអាប់ដោយធូលីលើកញ្ចក់ឡានមិនបានបាំងស្នាមញញឹមអរអេកលើផ្ទៃមុខឧត្ដរាពីកែវភ្នែកដ៏ស្រងូតរបស់គេឡើយ។ ឱរាឈឺព្រួច! ច្បាស់ណាស់ថាសម្លាញ់គេមានរឿងសប្បាយចិត្ត។ ហើយរឿងសប្បាយចិត្តនោះ គ្មានអ្វីក្រៅពីបំពេញបេសកកម្មតាមយកបេះដូងនិរតីបានជោគជ័យ។
«នាងព្រមបើកភ្លើងបៃតងហើយ។»
ឧត្ដរានិយាយឃ្លានេះភ្លាមៗក្រោយពេលគេចូលទៅអង្គុយក្នុងឡាន។ មិនទុកពេលឱ្យមិត្តសម្លាញ់បានឆ្លងសម្ដី គេប្រញាប់ចែករំលែកបន្ត៖
«នាងសួរគ្នាពីចម្រៀងអីទេ គ្នាភ័យសឹងស្លាប់។ មនុស្សមិនដែលចេះសរសេរចេះនិពន្ធអីផង។ សំណាងណាស់គ្នាធ្លាប់ស្តាប់ចម្រៀងបោះអង្គញ់ដែលឯងធ្លាប់ច្រៀងលេង ចេះចាំបានខ្លះៗ។ កុំអីគ្មានអ្វីឆ្លើយជាមួយនាងទេ។ ទៅវិញគ្នានឹងប្រាប់ប៉ាម៉ាក់ឱ្យប្រញាប់គិតគូរចូលស្ដីដណ្ដឹងនាង។ មនុស្សស្រីថ្លៃថ្នូរដូចនាង ចង់ឃើញទង្វើច្បាស់លាស់របស់បុរសជាងស្ដាប់ពាក្យសម្ដីផ្អែមល្ហែម។»
បូព៌ាបង្ខំចិត្តញញឹមអបអរមិត្តសម្លាញ់ជាថ្មី។ ព្រមគ្នានេះដែរ គេនឹកក្នុងចិត្តថា ទាំងសង្ហា ទាំងមានទ្រព្យដូចសម្លាញ់គេនេះ ច្បាស់ណាស់ថាគ្រប់មនុស្សស្រីប្រាថ្នាចង់បាន។ វាមិនមែនជារឿងចម្លែកទេដែលនិរតីក៏ជាមនុស្សស្រីក្នុងចំណោមនោះដែរ។
«ដល់តែជិតបានប្រពន្ធចឹង គ្នាដូចភ័យម៉េចទេ ហាហា។»
ឃ្លាចុងក្រោយមុនពេលឧត្ដរាបញ្ឆេះម៉ាស៊ីនឡាន។ កង់រថយន្តក៏ចាប់បង្វិលខ្លួននាំយកកំលោះទាំងពីរចាកចេញពីមណ្ឌលពន្លឺថ្មីទៅទីស្នាក់អាស្រ័យវិញ។ ធូលីដីក្រហមហុយទ្រលោមឡើងតាមក្រោយរថយន្តជូនដំណើរអ្នកទាំងពីរ។ នាឰដ៏អាកាស ពពកខ្មៅកំពុងកៀរគរគ្នាបង្កើតជាផ្ទាំងធំបាំងកម្ដៅថ្ងៃ។ ប្រហែលបន្តិចទៀតនេះ មេឃគង់ទម្លាក់ភ្លៀងក្នុងន័យជួយរំលែកទុក្ខសោកដល់បូព៌ាផងក៏ថាបាន។
……………….
«ខ្យល់អើយខ្យល់ធ្លាក់ត្រជាក់កាយា ខ្យល់ជលសារ ខ្យល់វាសនាខ្ញុំ ពេលណាដួងចិត្តកើតវិបត្តិធំ ខ្យល់បានជួយខ្ញុំឱ្យស្បើយ។»
នរណាម្នាក់បង្ហើរសំនៀងរបស់លោកតា ស៊ីន ស៊ីសាមុត យ៉ាងគ្រលួចត្រូវនឹងបរិយាកាសឥតខ្ចោះ។ វេលាថ្មើរនេះ មនុស្សម្នាកុះករមកកម្សាន្តនាមាត់ទន្លេ។ សំឡេងវែកឆាទង្គិចគ្នាជាមួយខ្ទះលាន់ឮឥតដាច់ពីរទេះលក់មីឆាក្បែរផ្លូវ។ អ្នកចម្អិនប្រឹងញាប់ដៃប៉ុណ្ណឹងហើយ នៅឡើយមិនទាន់តម្រូវការអ្នកទិញដែលកំពុងតម្រៀបជួរគ្នាវែងអន្លាយ។
បូព៌ាអង្គុយត្រមង់ត្រមោចម្នាក់ឯង សណ្តូកជើងលើច្រាំង។ គេសម្លឹងទៅផ្ទៃទឹកដែលមានរលកតូចៗកំពុងប្រដេញគ្នាតាមអំណាចខ្យល់បក់។ ក្មេងប្រុសតូចមួយរត់មកពីណាមិនដឹង មកឈរក្បែរគេ រួចស្រាតខោឈរនោមយ៉ាងសង្ហា។ បូព៌ាបែរភក្រសម្លឹងក្មេងតូច វាស្រាប់តែសើចស្ញេញមករកគេវិញ។
«សុំទោសផងពូ! កូនខ្ញុំវារាន់ពេក ខ្ញុំរកជូនទៅបន្ទប់ទឹកមិនទាន់។»
នារីជាម្ដាយប្រញាប់រត់មកទទួលកូនព្រមទាំងនិយាយសុំទោស។ បូព៌ាញញឹមដាក់ជាសញ្ញាប្រាប់ថាមិនអីទេ។ ស្ត្រីនោះក៏ដឹកដៃកូនតូចចេញទៅ។ អ្នកកំលោះក៏ងាកមុខសម្លឹងទៅផ្ទៃទឹកជាថ្មី។
យូរៗម្តងគេដកដង្ហើមធំរំសាយទុក្ខពីទ្រូង។ គិតមកដល់ពេលនេះ រយៈពេលជាងមួយអាទិត្យដែលឧត្ដរានិងនិរតីចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា តែបេះដូងគេហាក់គ្រាំគ្រាមករាប់ឆ្នាំ។
តឺងៗ… សំឡេងសារទូរសព្ទលោតឡើង។ គេឮ តែនៅដំអក់មិនប្រញាប់ឆែកមើលឡើយ។ ទាល់តែសំឡេងសារលោតមកជាថ្មី ទើបគេកម្រើកដៃលូកយកទូរសព្ទពីក្នុងហោប៉ៅមកឆែកមើល។ ទឹកមុខគេប្តូរភ្លែត។ គេក្រោកវឹង ប្រញាប់ប្រញាល់ដើរទៅរកម៉ូតូ រួចបរចេញទៅយ៉ាងលឿនដូចមានកិច្ចការអីបន្ទាន់ណាស់។
សំឡេងភ្លេងហ៊ីបហបបុកចង់ធ្លាយទ្រូង។ ភ្លើងពណ៌ភ្លឹបភ្លែតចាំងភ្នែកទាល់តែស្រវឹង។ មនុស្សម្នាអ៊ូអរដើរសឹងតែជាន់ជើងគ្នា។ អ្នកខ្លះរាំតាមភ្លេងបែបរង្គើៗនឹងលើតែរង្គើខាងក្រោម ឯខ្លះគ្រវីខ្លួនពីក្បាលដល់ចុងជើង។ ខ្លះទៀតសំងំអង្រួននៅតុ រីខ្លះស្រវឹងផ្កាប់មុខផឹកលែងបាន។
ឧត្តរាអង្គុយតុកាច់ជ្រុង ដៃគេកាន់កែវស្រា ឯក្បាលផ្ងក់ៗតាមចង្វាក់ភ្លេង។ ក្រោយងក់មួយសន្ទុះល្មមតែរួយក គេលើកកែវក្រេបរសស្រាមួយដាច់។
នៅទល់មុខគេ និរតីអង្គុយធ្វើមុខមិនសូវសម។ ទីនេះហាក់មិនសមនឹងរសនិយមរបស់នាងឡើយ។ បើសង្កេតទៅ នាងដូចមិនចាប់អារម្មណ៍នឹងសំឡេងតន្ត្រីសោះ ព្រោះគេមិនឃើញនាងងក់ក្បាលតាមចង្វាក់សូម្បីមួយងក់ តែឧស្សាហ៍ឃើញនាងយកម្រាមដៃខ្ទប់ត្រចៀកវិញ។ យ៉ាងណានាងពិតជាភ្ញាក់ផ្អើលដែលឧត្តរាត្រង់នឹងនាងដល់ម្លឹង។ គេប្រាប់នាងខ្ទេចខ្ទីថាគេធ្លាប់ខូចអីខ្លះ។
អ្វីដែលគួរឱ្យចង់សើចនោះគឺ គេមិនសន្យាថានឹងឈប់ខូចទេ។ គេនៅតែខូច គ្រាន់តែខូចជាមួយនាងម្នាក់គត់។
មនុស្សប្រុសតែងចាត់ទុកការខូចខិលរបស់ខ្លួនជារឿងធម្មតា។ ដូចពាក្យគេថា ម្ទេសណាមិនហឹរ ស្រីណាមិនងរ ប្រុសណាមិនខូច…។ ដ្បិតតែនិរតីមិនយល់ស្របនឹងទស្សនៈនេះ តែនាងក៏មិនមែនជាមនុស្សស្រីចិត្តចង្អៀតដាច់ខាត។ យ៉ាងណាមនុស្សម្នាក់ៗមានទស្សនៈអំពីជីវិតរៀងៗខ្លួន។ អ្វីដែលយើងគិតថាល្អ មិនប្រកដថាអ្នកផ្សេងសុទ្ធតែយល់ស្របឡើយ។ ម៉្យាងនាងក៏ចង់ស្គាល់ពីពិភពរបស់បុរសដែលនាងដាក់ចិត្តស្រលាញ់ដែរ។
«បងឧស្សាហ៍មកទីនេះ?»
នាងប្រឹងនិយាយខ្លាំងៗ តែសំឡេងតូចឆ្មាររបស់នាងមិនអាចយកឈ្នះតន្ត្រីដ៏លាន់រងំឡើយ។ ឧត្ដរាត្រូវឱនទៅក្បែរមុខនាងដើម្បីស្តាប់។ ក្រោយយល់សំណួរ គេតបវិញ៖
«ម្តងម្កាល ពេលណាស្ត្រេសខ្លាំងពេក។ អូនយល់ថាទីនេះយ៉ាងម៉េចដែរ?»
«មានអីម្យ៉ាងតើ!»
«តែបងថាអូនដូចមិនចូលចិត្តទេ។ ទឹកមុខអូនឯងបញ្ជាក់ប្រាប់បងច្បាស់ណាស់។»
«គ្មានទេ អូនគ្រាន់តែចម្លែកចិត្ត ព្រោះមិនធ្លាប់ស្ថិតក្នុងបរិយាកាសបែបនេះ។»
«ទ្រាំបន្តិចទៅណា ក្រោយបងចួបដៃគូការងារបងរួច សឹមបងនាំទៅកន្លែងផ្សេងដែលត្រូវនឹងចំណូលចិត្តអូន។»
នារីមិនមាត់តបឡើយ គ្រាន់តែញញឹមបន្តិច។ នាងលើកកែវមកក្រេបទឹកផ្សើមបំពង់កដែលខ្សោះព្រោះប្រឹងនិយាយឮៗមុននេះ។ សំឡេងតន្ត្រីនៅតែបន្តបុកទ្រូងឥតឈប់។ អស់ពីបទកាចល្មមៗទៅបទកាចសាហាវ។ នារីហាក់មានពាក្យពេចន៍ខ្លះៗចង់ជជែកលេងនឹងគូសង្សារ តែនាងស្ទាបស្ទង់ទៅទំនងជាប្រជែងសំឡេងមិនឈ្នះភ្លេងទេ ទើបនួននាងសម្រេចបិទមាត់នៅស្ងៀមមិនចេញស្តី។
«តស់ អូនទៅវិញ!»
និរតីបញ្ចេញទឹកមុខងឿងឆ្ងល់នឹងសម្តីគូស្នេហ៍។ គេចង់ធ្វើអីហ្នឹង ក្រែងមុននេះថាចាំចួបដៃគូការងារសិនអី? ចុះពេលនេះម្ដេចបបួលនាងទៅវិញ?
«បងសម្រេចសុំណាត់ចួបគេថ្ងៃក្រោយវិញ ព្រោះមិនចង់ឱ្យអូនធុញទ្រាន់នឹងទីនេះយូរ។»
ចម្លើយគេធ្វើឱ្យបេះដូងនាងទោរទន់។ នាងញញឹមតប ដៃកាន់កាបូបបម្រុងនិងក្រោកពីតុ ស្រាប់តែ៖
«បងចននី!»
នារីម្នាក់ស្លៀកពាក់ដូចមិនស្លៀកបង្ហើរសម្តីមកលាន់ឮជាងភ្លេងដប់ដង។ នាងនោះចង្កេះតូចមួយក្តាប់ ស្លៀករ៉ូបខ្លីវាលសឹងបញ្ចេញសាច់គ្រប់កន្លែង ឯផ្ទៃមុខផាត់ម្សៅកប់សារី។
«ក្រែងបងឯងថាល្ងាចនេះរវល់ជូនប្អូនស្រីទៅញ៉ាំការគេអី? ចុះម៉េចក៏មកនៅទីនេះវិញ? មិនទំនងសោះ ព្រោះទីនេះគ្មានអ្នកណារៀបការទេ។»
នាងនោះដើរមកបណ្តើរ និយាយបញ្ចើចបញ្ចើរមកបណ្តើរ។ ឧត្តរារហ័សក្រោកពីតុ ដើរទៅដឹកដៃនាងគេចពីនិរតីសំដៅទៅច្រកទ្វារក្រោយ។ នារីស៊ិចស៊ីប្រឹងរលាស់ដៃដែរ តែមិនឈ្នះនឹងកម្លាំងដៃបុរស ម្ល៉ោះហើយនាងមានតែត្រូវដើរទៅតាមទាំងមុខមិនរីក។
និរតីយកដៃវែកសក់ទៅក្រោយធ្វើវាហី ហាក់មិនអើពើនឹងហេតុការណ៍អម្បាញ់មិញនេះ។ ទោះនាងប្រឹងសម្តែងថាមិនខ្វល់ដើម្បីបង្វែរពីការខ្មាសគេ មនុស្សជាច្រើននៅតែចោលភ្នែកសម្លឹងនាងឥតដាក់។ មិនដឹងធ្វើយ៉ាងណា កញ្ញាមានតែដកខ្លួនចេញពីទីនេះ។
នាងបោះជំហានមួយៗដើរចុះដើរឡើងក្បែរផ្លូវរង់ចាំសង្សារដោះស្រាយរឿងរ៉ាវចប់សិន។ គិតៗទៅមិនទំនងសោះ សុខៗនាងក៏ត្រូវមកចួបរឿងហេតុហួសចិត្តពន់ពេក។ នាងនឹកអស់សំណើចនឹងពាក្យចំអកចំអន់របស់ភ្ញៀវក្បែរខាងដែលនិយាយឮៗថា «គេចៗ រទេះភ្លើងបុកគ្នាហើយ»។
«ឡើងម៉ូតូមក!»
បុរសអ្នកបើកនិយាយមកកាន់នាងក្រោយពេលគេឈប់ម៉ូតូង៉ក់។ គេលើកដៃដោះគន្លឹះមួក រួចលើកមួកចេញពីក្បាលថ្នមៗបង្ហាញវង់ភក្រ្តច្បាស់។
«បូព៌ា»
និរតីហៅឈ្មោះគេទាំងសភាពភ្ញាក់ផ្អើល។ ជារឿងចៃដន្យឬយ៉ាងណា ស្របពេលដែលនាងកំពុងរង់ចាំសង្សារ ស្រាប់តែគេនេះមកបង្ហាញខ្លួន។
«ផ្ទះនៅទីណា ចាំខ្ញុំជូនទៅ។»
ដូចតែធម្មតា សំឡេងស្រាលៗបង្ហើរចេញពីមាត់របស់បូព៌ា។ និរតីបញ្ចេញស្នាមញញឹមដាក់បន្តិច មុននឹងតប៖
«មិនអីទេ ខ្ញុំហៅកង់បីទៅក៏បានដែរ។»
«ខលប្រាប់អារ៉ាផងចឹង។»
«មានអីទាក់ទងនឹងបងរ៉ា? គេពឹងឱ្យបូព៌ាមកទទួលខ្ញុំមែនទេ?»
«បាទ!»
គេឆ្លើយដូចមិនចង់ឆ្លើយ។ ទឹកមុខក៏មិនរីកទៀត ទំនងត្រូវពួកម៉ាកបង្ខំឱ្យមកធ្វើកិច្ចការនេះសុទ្ធសាធ។ តែធាតុពិត គ្រាន់តែឃើញសាររបស់មិត្តសម្លាញ់ពឹង គេរហ័សមកទីនេះភ្លាមសោះ។ លុះតែមកដល់ បែរជាធ្វើឫកធ្វើរាងអីណា។ និរតីឡើងម៉ូតូព្រមឱ្យគេជូនទៅ ព្រោះមិនចង់ឱ្យល្អក់ចិត្តគូស្នេហ៍ថ្មោងថ្មី។
«ពាក់មួកទៅ!»
«ទុកពាក់ខ្លួនឯង ខ្ញុំមិនអីទេ។»
«បើមានគ្រោះថ្នាក់អី ខ្ញុំខ្ជិលស្ដាប់អារ៉ាទេសនាឱ្យណាស់។ ពាក់ឱ្យឆាប់!»
ដោយមិនអាចប្រកែកបាន និរតីទទួលមួកយកមកពាក់។ អ្នកទាំងពីរស្ងប់ស្ងាត់រៀងខ្លួន។ យូរបន្តិច ទើបបូព៌ាដាច់ចិត្តនិយាយមុន៖
«ពាក់រួចនៅ?»
«ហីគ្រាន់មួកសោះ ប្រុងពាក់ប៉ុន្មានម៉ោង?»
«សួរស្លូតតើ ម៉េចឆ្លើយមកវិញកាចម៉េស?»
«អត់ធ្លាប់មានសង្សារហ្មង!»
«ម៉េចដឹង?»
«បើធ្លាប់ មិនមែនគ្រាន់ខ្ញុំនិយាយប៉ុណ្ណឹង ថាខ្ញុំកាចទេ។»
«ចុះប៉ុណ្ណាទើបហៅកាច?»
«ប៉ុណ្ណេះ!»
និយាយបណ្ដើរ នាងស្រាប់តែហ៊ានលូកដៃទៅក្ដិចមួលក្បាលពោះបូព៌ា។ កំលោះស្រែកអូយ ទើបនាងលែងដៃ រួចក៏បង្ហើរសំណើចក្អាកក្អាយ។ កាយវិការរបស់អ្នកទាំងពីរប្រៀបដូចគូស្នេហ៍កំពុងបន្លែងគ្នាដោយការក្នក់ក្នាញ់ស្រលាញ់ពេញចិត្ត។
ជំនោររាត្រីត្រជាក់ស្រេប។ ចួនជានិរតីស្លៀករ៉ូបវាលខ្នងផង នារីក៏ត្រូវឱបដៃការពារកុំឱ្យរងា។ កំលោះដឹងខ្លួន គេរហ័សដោះអាវក្រៅហុចឱ្យនាងភ្លាម។ ស្រស់ស្រីប្រកែកមិនទទួល ស្រាប់តែអ្នកកំលោះក្រោកពីកែបម៉ូតូវឹង យកអាវពាក់លើខ្លួននារីដូចឈុតឆាកស្នេហាក្នុងភាពយន្តគ្មានខុស។
គេបកមកអង្គុយលើកែបវិញ បែរមុខត្រង់ទៅផ្លូវហាក់មិនហ៊ានមើលពីប្រតិកម្មរបស់និរតីឡើយ។ គេផ្ទៀងស្ដាប់មើលតែនិរតីពាក់អាវរួច ក៏បញ្ឆេះម៉ូតូរួចបរចេញទៅ។
………………..
វ៉ាលីដ៏ធំមួយ កំពុងត្រូវបានអូសលើផ្ទៃរាបសំដៅមកទ្វាររបង។ ដៃដ៏ស្រឡូនកំពុងប្រើកម្លាំងទាញវាយឺតៗ តែយ៉ាងណាទឹកមុខនាងមិនបង្ហាញពីភាពហត់នឿយឡើយ។ រឿងដែលនាងហត់នឿយគឺផ្លូវចិត្តច្រើនជាង។
រយៈពេលនៃការសេពគប់គ្នាមួយរយៈមកនេះជាមួយឧត្តរា នាងចាប់អារម្មណ៍ថា វាខុសពីការរពឹងទុកដាច់ស្រឡះ។ មួយរយៈនេះគេយកចិត្តផ្គាប់ចិត្តនាងគ្រប់បែបយ៉ាង នាំនាងញ៉ាំអាហារឆ្ងាញ់ៗ ទិញខោអាវប៊្រែនៗ នាំដើរលេងកន្លែងទំនើបៗ…។ តែទាំងអស់នេះមិនមែនជាអ្វីដែលនាងចង់បានបំផុតឡើយ។
នាងចាប់អារម្មណ៍ពីទេពកោសល្យតែងនិពន្ធរបស់គេច្រើនជាង តែគេបែរជាគេចវេសគ្រប់ពេលដែលនាងនិយាយដល់ប្រធានបទនេះ ជាហេតុធ្វើឱ្យនាងកើតក្ដីធុញទ្រាន់ដោយមិនដឹងខ្លួន។ អារម្មណ៍បែបនេះ វាខុសពីពេលដែលនាងនៅក្បែរបូព៌ា។ មានពេលជាច្រើនដែលនាងយល់ថា បូព៌ាទើបមានលក្ខណៈជាអ្នកមានទេពកោសល្យតែងនិពន្ធពិតប្រាកដ។
ចម្រៀងក្នុងសៀវភៅនាងប្រហែលបូព៌ាជាអ្នកសរសេរផង។ កន្លងមកនាងក៏ធ្លាប់សាកល្បងសួរបញ្ឆោតគេច្រើនដងដែរ តែគេមិនខុសអីពីឧត្ដរាទេ គឺព្យាយាមគេចវេសជានិច្ច។
សំឡេងរថយន្តបរមកឈប់នៅមាត់ផ្លូវ ខណៈដែលនារីអូសវ៉ាលីមកដល់ទ្វាររបងល្មម។
«មិនបាច់ចុះមកទេ ខ្ញុំលើកតែឯងក៏បានដែរ។»
និរតីនិយាយយកគួរទៅអ្នកបើកឡាន ព្រោះមិនចង់រំខាន។ យ៉ាងណាសម្ដីនាងគ្មានឥទ្ធិពលហាមឃាត់ទឹកចិត្តបូព៌ាបានទេ។ គេប្រញាប់ចុះពីឡាន ទៅទទួលវ៉ាលីនាងដាក់គូទឡានខាងក្រោយក្នុងកិរិយារហ័សរហួន។
«ខ្ញុំអង្គុយខាងមុខដែរ! ជិះខាងក្រោយខ្លាចពុល។»
«ទោះចង់ជិះក្រោយក៏មិនព្រមដែរ។ ខ្ញុំមិនមែនកម្មករបើកឡានឱ្យអ្នកគ្រូផង។»
«មុននេះបម្រុងពឹងឱ្យជូនទៅយកអីវ៉ាន់នៅផ្ទះមិត្តបន្តិច ដល់តែឮចឹង លែងហ៊ានពឹងបណ្ដោយ។»
«មិនមែនកម្មករស៊ីឈ្នួល តែជាមិត្តដែរតើ រឿងអីថាពឹងមិនបាន។»
«មិត្ត? មិត្តបែបណាវិញ?»
«មិត្តថ្លៃ!»
ចម្លើយរបស់បូព៌ាបង្កបរិយាកាសឱ្យអាប់អួរ។ ទឹកមុខអ្នកទាំងពីរផ្លាស់ប្រែភ្លាមៗ។ នៅមានពាក្យពេចន៍ជាច្រើនទៀតដែលនិរតីប្រុងនឹងនិយាយលេងសើចជាមួយគេ តែពេលនេះនាងក៏ត្រូវបង្ខំចិត្តលាក់ពាក្យទាំងនោះកប់ក្នុងទ្រូងវិញ។ នាងយល់! នាងយល់ច្បាស់ណាស់ថាបូព៌ាមានចេតនារម្លឹកនាងពីទំនាក់ទំនងពួកគេ។ គេប្រហែលជាមើលធ្លុះចិត្តនារីថាកំពុងរេរា។
បេះដូងនាងបែងចែកជាបំណែកផ្សេងគ្នា ហើយក្នុងនោះរូបគេក៏មានមួយចំណែកដែរ។ គេប្រហែលជាបារម្ភខ្លាចនាងបន្ថែមបេះដូងឱ្យគេមួយចំណែកទៀត ទើបប្រញាប់កាត់ផ្ដាច់ជាមុន។
រថយន្តបរចេញទៅ។ ថ្ងៃនេះនិរតីមានណាត់ពិសេសជាមួយឧត្តរា តែនាងក៏មិនយល់ដែរថា ហេតុអ្វីអ្នកដែលមកទទួលនាងជាបូព៌ាទៅវិញ។
ហេតុការណ៍ «រទេះភ្លើងបុកគ្នា» កាលពីថ្ងៃមុនធ្វើឱ្យឧត្ដរារអៀសខ្លួនជាខ្លាំង ទើបគេរៀបចំដំណើរកម្សាន្តថ្ងៃនេះដើម្បីជាការសុំទោស និងលួងចិត្តគូសង្សារ។
អ្នកទាំងពីរស្ងប់ស្ងាត់រាងខ្លួន។ មិនខុសពីឃ្លាចម្រៀងមួយដែលគេច្រៀងថា «បានត្រឹមនៅជិតកាយ ហាក់ឆ្ងាយគ្មាននិស្ស័យ»។ អ្នកទាំងពីរមិនមាត់មិនកររកគ្នា ហាក់ចង់ទុកតួនាទីឱ្យបេះដូងសន្ទនាគ្នាជំនួស។ រថយន្តបរត្រង់តាមផ្លូវជាតិលេខបួន។ និរតីដាច់ចិត្តហាស្ដី ក្រោយគិតមួយស្របក់៖
«ពួកយើងទៅកំពង់សោម?»
«បាទ!»
គេឆ្លើយមួយម៉ាត់យ៉ាងខ្លី ធ្វើឱ្យស្រស់ស្រីទោមនស្សក្នុងចិត្ត។ នាងសួរបន្តទាំងមួម៉ៅ៖
«ក្រៅពីមួយម៉ាត់នេះ មិនចេះពាក្យផ្សេងទៀតទេ?»
«អ្នកគ្រូចង់ឱ្យខ្ញុំនិយាយអី?»
«ខ្ញុំឈ្មោះ និរតី។ ឈប់ហៅខ្ញុំ អ្នកគ្រូ ទៀតបានអ្ហេស?»
បូព៌ាប្រែជាមនុស្សគមួយរំពេច។ គេមិនរវល់ឆ្លើយតបសំណួរនាងឡើយ។ ទង្វើនេះបណ្ដាលឱ្យនិរតីរឹតតែក្ដៅស្លឹកត្រចៀក។ មិនដឹងធ្វើអីគេបាន នារីមានតែសួរបន្ថែម៖
«ប្រាប់ខ្ញុំភ្លាមថាពួកយើងទៅណា? ទៅធ្វើអី?»
«ចុះក្រែងដឹងហើយថាទៅកំពង់សោម។ សំណួរបន្ទាប់ខ្ញុំគ្មានចម្លើយទេ ព្រោះការងារខ្ញុំត្រឹមតែជាអ្នកបើកឡានជូនអ្នកគ្រូឱ្យដល់គោលដៅ។»
និរតីខាំមាត់សម្រួលចិត្ត។ តាមថានាងសឹងតែទះគេមួយកំផ្លៀងដ្បិតចម្លើយបញ្ជោះបោះសោករបស់គេ ហាក់មិនឱ្យតម្លៃនាងបន្តិចសោះ។ នាងយល់ថា សភាពបែបនេះមិនគួរបន្តទៀតទេ ទើបនាងដាច់ចិត្តសួរគេត្រង់៖
«ថ្ងៃយកសម្ភារៈដាក់មណ្ឌល បូព៌ាជាអ្នកសរសេរចម្រៀងក្នុងសៀវភៅខ្ញុំមែនទេ?»
រថយន្តឈប់ង៉ក់ទាំងបង្ខំ។ អ្នកទាំងពីរសម្លឹងទៅមុខត្រង់រៀងខ្លួន។ បូព៌ាមានចេតនាបន្តធ្វើគថ្លង់ គេចវេសមិនចង់ឆ្លើយសំណួរនេះ តែនិរតីមិនព្រមទុកឱកាសឱ្យគេឡើយ។ នាងជំរិតសួរ៖
«កុំស្មានថាធ្វើគថ្លង់អាចដោះស្រាយបញ្ហានេះបាន។»
«ថ្ងៃណា? ចម្រៀងអី? ខ្ញុំមិនយល់ទេ។»
គេឆ្លើយឱ្យតែបាន កុំឱ្យតែត្រូវនាងចោទប្រកាន់ថាគេចវេសទៀត។
«បើមិនយល់ឈប់ឡានធ្វើអី?»
«បត់ជើងតូច!»
«កុហក! ចង់គេចវេសដល់ណាទៀត។ ខ្ញុំច្បាស់ថា បងរ៉ាគ្មានសមត្ថភាពសរសេរចម្រៀងបានឡើយ។ គឺបូព៌ា…បូព៌ាជាអ្នកសរសេរ។»
បូព៌ាត្រលប់ទៅធ្វើគថ្លង់ម្ដងទៀត។ គេយកដៃចុចដោះខ្សែក្រវ៉ាត់បម្រុងចុះពីរថយន្ត តែក៏ត្រូវនិរតីចាប់ដៃឃាត់៖
«ទៅណាមិនបានឡើយ ឆ្លើយនឹងខ្ញុំឱ្យច្បាស់សិន។»
«សរសេរឬអត់ មានអីខុសគ្នាទៅ?»
«ខុស! គឺខុសគ្នាឆ្ងាយណាស់។»
គេឮស្នូរដកដង្ហើមវែងពីច្រមុះបូព៌ា។ កំលោះងាកមុខទល់នឹងមុខនារីដែលកំពុងសង្ខុញសួរឥតឈប់៖
«អារ៉ាស្រលាញ់អ្នកគ្រូពិត។ គេលះបង់ចរិតព្រាននារីបាន អាចធ្វើខ្លួនជាសុភាពបុរសដើម្បីអ្នកគ្រូ។ ខ្ញុំជូនពរអ្នកទាំងពីរចួបតែសុភមង្គល។»
និយាយតែប៉ុណ្ណេះ គេបើកទ្វារឡានចុះដីទុកឱ្យចម្ងល់ស្រីនៅវិលវល់ពេញទ្រូង។ គេដើរចូលព្រៃជាយផ្លូវបាត់ស្រមោល ហាក់មិនអើពើនឹងទឹកភ្នែកនារីដែលកំពុងស្រក់ចុះមក។ ផុតមួយស្របក់ទើបគេឮសម្រិបជើងបូព៌ាដើរមករកឡានវិញ។ និរតីជូតសម្អាតទឹកភ្នែករួចរាល់។ នាងយកគ្រឿងម្សៅផាត់លើមុខបន្ថែម ព្រមទាំងលាបក្រែមក្រហមឆ្អៅជាថ្មី។ បូព៌ាបើកទ្វារឡានចូលអង្គុយដូចគ្មានរឿងអី។ និរតីក៏លែងសង្ខុញសួរដូចមុន។ នាងពោលស្រាលៗសឹងតែស្តាប់មិនឮ៖
«ខ្ញុំសួរតែមួយម៉ាត់គត់ ចម្រៀងនោះបូព៌ាជាអ្នកសរសេរឬមិនមែន?»
«ធ្វើបាបខ្លួនឯងធ្វើអី?»
«ព្រោះមនុស្សដែលខ្ញុំស្រលាញ់គឺជាម្ចាស់ចម្រៀងនោះ។»
«មិនមែនទេ! ខ្ញុំមិនបានសរសេរចម្រៀងអីទេ។»
រថយន្តចាប់វិលកង់បន្តដំណើរទៅមុខទៀត។ ភាពស្ងប់ស្ងាត់បានចូលមកគ្របដណ្ដប់បរិយាកាសទាំងស្រុង។ និរតីយកដៃជូតទឹកភ្នែក តែនាងមិនបានបញ្ចេញសំឡេងយំទេ។
ឯបូព៌ា ទឹកមុខគេធម្មតា ដូចគ្មានកំហុសអី តែបេះដូងគេប្រេះបែកអស់ហើយ។ ប៉ុន្មានឆ្នាំមុន គេជានិស្សិតក្រីក្រម្នាក់មកពីស្រុកស្រែ។ ជីវភាពគ្រួសារដ៏លំបាកបានបង្ខំឱ្យគេស្ទើរតែបោះបង់ការសិក្សានៅមហាវិទ្យាល័យចោល។ បើកុំតែបានមិត្តរួមថ្នាក់គេម្នាក់ជួយជ្រោមជ្រែង ម៉្លេះគេគ្មានភព្វបានដូចសព្វថ្ងៃនេះឡើយ។
គេនឹកដល់គ្រាដែលគេគ្មានលុយជួលបន្ទប់ទៀត ហើយត្រូវរើអីវ៉ាន់ចេញមិនដឹងត្រូវទៅស្នាក់ឯណា។ គេនឹកដល់គ្រាដែលម្តាយគេឈឺធ្ងន់ ត្រូវវះកាត់បន្ទាន់ តែគ្រួសារគេគ្មានលទ្ធភាពព្យាបាល។ គេនឹកដល់គ្រាលំបាកជាច្រើនទៀតដែលរូបគេនិងគ្រួសារគ្មានលទ្ធភាពដោះស្រាយ។
បើគ្មានជំនួយពីមិត្តសម្លាញ់ គេមិនដឹងថាពេលនេះគេនិងគ្រួសារធ្លាក់ដល់ស្ថានភាពបែបណាទេ។ មិត្តសម្លាញ់ដែលជាអ្នកមានគុណចំពោះគេនិងគ្រួសារគេនោះ គឺគ្មានអ្នកណាក្រៅពីឧត្ដរាឡើយ។ គេពិតជាមិនអាចលូកថ្លើមសម្លាញ់ម្នាក់នេះបានឡើយ។
រថយន្តបរមកកៀកខាងផ្លូវដែលយើងដើរឆ្លងតែបន្តិចទៅដល់មាត់ឆ្នេរអូរឈើទាល។ រកតែឡានឈប់សឹងមិនទាន់ និរតីប្រញាប់បើកទ្វារឡានចុះភ្លាម។ នាងរលះរលាំងដើរចេញរ៉ុយដោយគ្មានវាចាមួយម៉ាត់។ ដំណើរញាប់រន្ថើនរបស់នាងកំពុងសង្កត់បេះដូងនាយឱ្យហួតឈាមមកក្រៅអស់។ គេមិនមាត់ គេគេចវេស គេមិនទទួលការពិត មិនមែនគេជាមនុស្សគ្មានបេះដូងទេ តែគេកំពុងក្រសោបការឈឺចាប់មកលាក់ទុកក្នុងជម្រៅដ៌ជ្រៅគ្មានអ្នកណាដឹង។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ