ឈ្មោះដែលខ្ញុំមានក្រោយបាត់បង់ម៉ាក់
… ឆ្នាំ២០០៧
«Tiger?»
ខ្ញុំភាំងស្ទើរតែបាត់ព្រលឹងពីខ្លួន។ ខ្ញុំស្ទុះក្រោកសម្លឹងមុខគេដែលហៅឈ្មោះ ហើយដើរមកក្បែរខ្ញុំ។ បបូរមាត់ស្តើង មុខពងក្រពើ អាវពណ៌ផ្កាឈូក សំពត់បត់ត្រឹមជង្គង់។ ម្តេចក៏គេដូចនាងនៅថ្ងៃនោះម៉េស? ខ្ញុំភាំងមិនមែនឈ្លក់វង្វេងនឹងសម្រស់គេ ហើយក៏មិនភ្ញាក់ដែលឮគេហៅឈ្មោះខ្ញុំថា «Tiger!» ដែរ តែខ្ញុំចាប់អារម្មណ៍គឺទម្រង់មុខ ការស្លៀកពាក់របស់គេ ដែលដូចនឹងមនុស្សស្រីម្នាក់ក្នុងបេះដូងខ្ញុំ។
តែពេលខ្ញុំសម្លឹងពេកទៅ គេក៏បានត្រឹមបូញមាត់ក្នាញ់នឹងពន្លឺភ្នែកខ្ញុំលើដងខ្លួនគេ។ ខ្ញុំដឹងថាគេទើសទាល់ក៏ញញឹមឡើងជាការគួរសម ហើយដកភ្នែកចេញពីគេ។ គេបង្ហើបសំឡេងដំបូងមកខ្ញុំក្នុងសំនៀងស្ទាបស្ទង់៖
«លោកប្រកាន់ដែលខ្ញុំហៅឈ្មោះនេះទេ?»
គេគឺជាពិធីការិនីវិទ្យុដែលឱ្យខ្ញុំអង្គុយចាំជាងកន្លះម៉ោង។ ខ្ញុំមកទីនេះ ក៏ព្រោះតែត្រូវចូលរួមកិច្ចសម្ភាសន៍មួយទាក់ទងនឹងជីវិតជាក្មេងពាលញៀនថ្នាំរបស់ខ្ញុំកាលពីអតីតកាល។
ខ្ញុំញញឹមងក់ក្បាលផ្ងក់ៗតបសុភាពទៅនាង៖
«មិនអីទេ!»
គេនៅតែមិនទាន់ស្គាល់ច្បាស់ថាខ្ញុំជាមនុស្សបែបណា ទើបមិនញញឹម ហើយក៏លែងសម្លឹងមុខខ្ញុំដូចដែលខ្ញុំលួចសម្លឹងមើលនាងដែរ។ គេប្រកាន់ខ្ញុំផងក៏មិនដឹង។ គេងាកទៅនិយាយជាមួយអ្នកទទួលភ្ញៀវពីកិច្ចការផ្ទៃក្នុងរបស់គេ ខ្ញុំបានត្រឹមឈរស្តាប់ដោយគ្មានយោបល់ មួយសន្ទុះ ទើបគេនាំខ្ញុំចូលបន្ទប់ផ្សាយ។ ខ្ញុំត្រៀមខ្លួនរួចរាល់នឹងឆ្លើយសំណួរគេគ្រប់យ៉ាង។ បន្ទាប់ពីធ្វើការស្វាគមន៍ដល់មិត្តអ្នកស្តាប់ គេក៏ឱ្យខ្ញុំរៀបរាប់ពីខ្សែជីវិតដ៏ជូរចត់នោះ …
អតីត
វាកើតឡើងតាំងពី១០ឆ្នាំមុនមកម្ល៉េះ! ខ្ញុំសូមនិយាយចាប់ពីពេលខ្ញុំបាត់បង់ម៉ាក់…
កាលនោះខ្ញុំអាយុ១៩ឆ្នាំរៀនថ្នាក់ទី១២ ឯប្អូនស្រីខ្ញុំឈ្មោះសុដា អាយុ១៨ឆ្នាំរៀនថ្នាក់ទី៩។ នាងរៀនថ្នាក់ទាប តែអាយុច្រើន មកពីសុដារៀនមិនសូវពូកែ ហើយត្រួតថ្នាក់ជាច្រើនសារតែដោយសារម៉ាក់ចេះតែលើកទឹកចិត្តដល់នាង ហើយឧស្សាហ៍លួងលោមទើបសុដាព្រមបន្តរៀនថ្នាក់ដដែលដល់ទៅបីឆ្នាំ។
ជំនាន់នោះបើរៀនមិនពូកែដូចប្អូនស្រីខ្ញុំ ហើយជាកូនអ្នកគ្រួសារមិនសូវធូរធារ សុដាច្បាស់ត្រូវម៉ាក់និងប៉ាឱ្យឈប់រៀនបាត់ទៅហើយ តែសម្រាប់ម៉ាក់ទោះយ៉ាងណា គាត់ចង់ឱ្យកូនរៀនបានចប់ទោះត្រូវហត់នឿយ រែកពុនយ៉ាងណាក៏ដោយ។
គ្រួសារខ្ញុំមិនដែលស្គាល់ពីការខ្វះខាតទេ ព្រោះប៉ាគឺជាមន្ត្រីរាជការម្នាក់ដែលមានប្រាប់ខែសមរម្យ និងផ្គត់ផ្គង់គ្រួសារបានតាមតម្រូវការ ប៉ុន្តែ…គ្រប់យ៉ាងចាប់ផ្តើមផ្លាស់ប្តូរពេលដែលម៉ាក់ខ្ញុំមានជំងឺ ហើយគាត់ក៏ស្លាប់ចោលពួកខ្ញុំទៅ។
ប៉ារៀបការថ្មីជាមួយប្រពន្ធក្រោយ ដែលមិនមែនជាស្រីក្រមុំ តែជាមេម៉ាយប្តីលែងនិងមានកូនដល់ទៅពីរក្នុងបន្ទុក ហើយអាកូនប្រុសពីរនាក់របស់មីង ដំបូងធម្មតាមិនអីទេ តែវាមិនមែនដូចដែលអាបងប្រុសខ្ញុំនេះគិតទុកឯណា…
ពេលល្ងាចមួយ ខ្ញុំមកពីរៀនឃើញសុដាកំពុងលាងចានម្នាក់ឯងដែលហៀរពេញចានដែក។ ប្អូនស្រីខ្ញុំថ្មើរនេះធ្លាប់តែចាប់កាន់សៀវភៅអានអក្សរ តែឥលូវបែរជាមកចាប់កាន់ចានឆ្នាំងជំនួសវិញបន្ទាប់ពីលោកស្រីប្រពន្ធប៉ាចូលមកនៅ។ ខ្ញុំហាក់ក្តៅចិត្តនឹងមីងម៉ែចុងបន្តិចដែរ តែពេលឃើញសុដាងាកមកញញឹមដាក់ ខ្ញុំក៏អន់លែងសូវប្រកាន់រឿងដែលគេប្រើប្អូនខ្ញុំឱ្យធ្វើការម្នាក់ឯង។
«សុដា! អូនឯងចេញពីសាលាម៉ោងប៉ុន្មាន ម៉េចក៏មិនចាំបងទៅទទួល?»
សុដាងាកមកឆ្លើយនឹងខ្ញុំបណ្តើរ ឯដៃនៅដុសសម្អាតខ្នងចានដែលប្រឡាក់សុទ្ធតែខ្លាញ់៖
«ខ្ញុំមិនចង់ចាំបងយូរទើបពឹងឱ្យមិត្តភ័ក្ដិជូនមក! បងចាំខ្ញុំបន្តិចទៅណា ចាំហូបបាយពីរនាក់!»
ខ្ញុំភ្ញាក់បើកភ្នែកធំក្រឡោតកាលដែលដឹងថាប្អូនស្រីមិនទាន់ហូបបាយ។ បើថាអ្នកផ្ទះនៅចាំខ្ញុំម៉េចក៏ប្អូនស្រីត្រូវលាងចានច្រើនយ៉ាងនេះ? ហើយបើនាងជាអ្នកធ្វើបាយម្ហូបស្រាប់ ហេតុអីនាងមិនទាន់បានហូប? ពួកគេចង់ជុំគ្រួសារថ្មីទើបមិនចង់ឱ្យបងប្អូនខ្ញុំមានវត្តមានអ្ហេស? ខ្ញុំស្ទុះដើរទៅក្បែរសុដាសួរទាំងចិត្តហ្មងសៅ៖
«ម៉េចបានអូនឯងមិនទាន់ហូបបាយ? ពួកគេមិនឱ្យអូនហូបជាមួយអ្ហេស?»
សុដាងាកមករកខ្ញុំក្រោមក្រសែភ្នែកធម្មតា ខុសពីចិត្តខ្ញុំដែលអំពល់ស្ទើរតែស្លាប់៖
«មានណាបង! ខ្ញុំរៀបបាយទឹកឱ្យប៉ានិងមីងមុន ឯខ្ញុំចង់នៅចាំហូបជុំបងហ្នឹងណា…!»
ប្អូនស្រីខ្ញុំជាមនុស្សប៉ិនទ្រាំណាស់ បើមិនអ៊ីចឹងនាងក៏មិនអាចឆ្លងកាត់ការមើលងាយពីសំណាក់មិត្តភ័ក្តិដែលដឹងថានាងរៀនត្រួតថ្នាក់ដល់ទៅបីដងដែរ។ សុដាអាចសម្តែងបានយ៉ាងល្អនៅពីមុខមនុស្សគ្រប់គ្នា តែនាងមិនអាចលាក់បាំងរឿងក្នុងចិត្តផុតពីក្រសែភ្នែកខ្ញុំទេ។ ខ្ញុំចេះតែមានអារម្មណ៍ថាសុដាកំពុងតែជួបបញ្ហា គ្រាន់តែនាងមិនចង់ប្រាប់ខ្ញុំបានជាគេចមិនហ៊ានសម្លឹងខ្ញុំចំ៖
«សុដា? ឯងមានរឿងអីលាក់បាំងនឹងបងមែនទេ?»
«អត់! អត់មានទេបង!»
នាងឆ្លើយស្ទាក់ស្ទើរកាន់តែធ្វើឱ្យខ្ញុំសង្ស័យ។ សុដាផ្អាកលាងចានឱនមុខជ្រប់មិននិយាយស្តី ខ្ញុំដឹងថាប្អូនច្បាស់ជាជួបទុក្ខលំបាកទើបទាញស្មានាងទាំងសងឱ្យបែរមកដើម្បីសួរនាំ៖
«អូនឯងកើតអី? ឆាប់ប្រាប់បងមក!»
«គឺប៉ា…ប៉ាឱ្យខ្ញុំឈប់រៀនហើយបង!»
នេះជាលើកទីមួយហើយដែលខ្ញុំឃើញប្អូនស្រីត្រូវយំព្រោះតែប៉ា។ នាងជាកូនពៅដែលគ្រួសារថ្នាក់ថ្នមបំផុតកាលពីម៉ាក់នៅរស់ តែពេលនេះសូម្បីសិទ្ធិសេរីភាពដែលនឹងត្រូវបានទទួលការអប់រំក៏ត្រូវស្រ្តីម្តាយចុងនោះដកហូតដែរ ខ្ញុំថាយ៉ាងនេះព្រោះគំនិតអាក្រក់មិនចង់ឱ្យកូនដើមចេះដឹងមានតែលោកស្រីម្តាយក្រោយហ្នឹងទេ។ ខ្ញុំសួរទៅប្អូនបន្ត ក្រោយពេលជូតទឹកភ្នែកមួយតំណក់លើថ្ពាល់នាង៖
«ម៉េចក៏ប៉ាឱ្យឯងឈប់រៀន?»
«ព្រឹកមិញ…មានគេមកស្តីដណ្តឹងខ្ញុំ ប៉ាចង់ឱ្យខ្ញុំឈប់រៀនដើម្បីរៀបការ!»
«ឯងថាម៉េច? មានគេមកស្តីដណ្តឹងឯង?»
ខ្ញុំសួរទាំងហួសចិត្តដោយមិននឹកស្មានថាជាបងប្រុសទាំងមូលរឿងអនាគតប្អូនខ្លួនឯងក៏គ្មានសិទ្ធិដឹង។ ម្តាយចុងដ៏ល្អរបស់ខ្ញុំមិនត្រឹមតែចង់ក្តោបក្តាប់លើជីវិតរបស់ប៉ានិងគ្រួសារទាំងមូលទេ សូម្បីអនាគតបងប្អូនខ្ញុំទាំងពីរក៏គាត់ចង់បញ្ជាលិចកើតតាមអំពើចិត្តដែរ។
«ចាសបង!» សុដាឆ្លើយខ្លីតែបង្កប់ដោយន័យឈឺចាប់។
«ហើយយ៉ាងម៉េចហើយ?»
ខ្ញុំសួរទាំងចង់ដឹងពីលទ្ធផលថាប៉ាព្រមលើកកូនស្រីដ៏ក្មេងខ្ចីរបស់ខ្លួនឱ្យទៅកូនកំលោះដែលមិនដឹងប្រវត្តិនោះដែរឬទេ តែទោះគេនោះជាមនុស្សបែបណាក៏ខ្ញុំយល់ថា យ៉ាងហោចប្តីប្រពន្ធក៏នៅល្អជាងត្រូវម្តាយចុងចិត្តយក្សធ្វើបាប ស្តីប្រើដូចកញ្ជះព្រឹកល្ងាចដែរ។
«មីងមិនព្រមទេបង! គាត់ថាខ្ញុំនៅក្មេងពេក!»
«ហើយចុះប៉ា?»
«ប៉ាមិននិយាយទេ ស្រេចតែលើមីង!»
ខ្ញុំខឹងណាស់ដែលប៉ាតែងតែយល់ស្របគំនិតស្រីម្នាក់នោះគ្រប់រឿង គាត់លេងសើចនឹងអនាគតកូនស្រីតែម្នាក់របស់គាត់ពេកហើយ។ ងាកមើលទៅចានក្រៀមផ្អេះដែលទំនងសល់មកតាំងពីព្រឹក ខ្ញុំលួចដឹងគំនិតម្តាយចុងក្មេងខ្ចីម្នាក់នោះ។
ខ្ញុំលែងនិយាយជាមួយសុដា ក៏ដើរបង្ហួសទៅរកបន្ទប់ប៉ារួមទាំងកណ្តាប់ដៃដ៏ណែនផ្អឹះទៅជាមួយ។ នៅក្រៅបន្ទប់ដែលបិទជិត ខ្ញុំឮតែសំឡេងម្តាយចុងដែលសប្បាយសើច និងការប្រឡែងធ្វើមើលតែក្មេងអាយុម្ភៃ៖
«ហេហ៊ឹះៗ មិនដឹងជាស្អីទេបងឯងនេះ?? ស្អីទេ…ហ៊ឹះៗ»
ខ្លាចតែខ្ញុំទ្រាំមិនបានលើកជើងធាក់ទម្លាយទ្វារ ក៏ប្តូរជាលើកដៃគោះស្រែកហៅប៉ាក្រោយពីសម្រួលអារម្មណ៍…តុកៗៗៗ
«ប៉ាៗៗ…ខ្ញុំសុំនិយាយបន្តិចបានទេប៉ា?»
ភ្លាមដែរ ខ្ញុំក៏ឮមាត់មីងនិយាយពីខាងក្នុង៖
«ហ្ន៎! កូនប្រុសបងឯងអ្ហ! ហ៊ឹស! មានការតែរហូត មកទារលុយទៅបំផ្លាញទៀតហើយមើលទៅ?»
គាត់និយាយមើលតែខ្ញុំធ្លាប់យកលុយគាត់ទៅចាយខ្ជះខ្ជាយបានមួយរៀល ទោះប្រាក់ដែលប៉ាឱ្យរាល់ថ្ងៃនេះក៏គ្មានពាក់ព័ន្ធអីនឹងកម្លាំងញើសឈាមគាត់បន្តិចដែរ។ ប៉ាឆ្លើយធម្មតាបន្ទាប់ពីស្ងាត់មាត់មីងបានបន្តិច៖
«អើៗៗ ចូលមកកូន! ហើយកូនឯងមានការអី?»
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ