រឿង៖ ម្ចាស់សារសម្ងាត់ ភាគ២

«ប្រហែលជាមនុស្សឆ្កួតដែលផ្ញើសារផ្តេសផ្តាសនោះទៀតហើយ។»

ខ្ញុំមិនខ្ចីឆែកមើល។ តែចិត្តមួយក៏គិតថា តិចមិត្តភក្តិឬអ្នកនៅក្រុមហ៊ុនមានការអីទៅ? នៅមិនបានក៏ឆែកសារអាន។ 

ដាវីផ្ញើសារមក។ នាងប្រាប់ថានាងឈឺ ចង់ឱ្យខ្ញុំទៅកំដរនាងគ្រាន់បានស្បើយខ្លះ។ នាងជាមិត្តភក្តិវិទ្យាល័យខ្ញុំ។ ពួក​យើងស្និទ្ធគ្នាណាស់។ 

មិនទាន់តបសារទៅនាងភ្លាមទេ ព្រោះផ្ទះនាងនៅឆ្ងាយដែរ ទម្រាំខ្ញុំចេញពីធ្វើការហើយទៅដល់ប្រាកដជាយប់មិនខាន។ តែ… ក្រែងខ្ញុំកំពុងរកមូលហេតុបដិសេធការអញ្ជើញរបស់ភារុណអ្ហី? ល្អណាស់! ខ្ញុំគួរទៅសួរសុខទុក្ខនាង។ យប់បន្តិចក៏មិនអីដែរ! 

ខ្ញុំតបសារ Yes ទៅដាវី និង No ទៅភារុណ រួចជិះម៉ូតូទៅធ្វើការ។

នៅកន្លែងធ្វើការ ខ្ញុំឮមិត្តរួមការងារពីរបីនាក់និយាយពីរឿងប្រផ្នូលនៅក្នុងយល់សប្តិ។ ចិត្តក៏នឹកភ្នកដល់យល់សប្តិយប់មិញ។ ប្រហែលជានឹកវុធពេកទើបយល់សប្តិឃើញមនុស្សដែលត្រូវភ្លើងឆេះនោះ។ ខ្ញុំចាប់ផ្តើមរាងរលីងរលោងទឹកភ្នែកបន្តិចនឹកដល់ការស្លាប់របស់វុធ។ ព្រះអើយ! រូបរាងគេត្រូវឆេះខ្លោចអស់។ 

ខ្ញុំដកដង្ហើមធំមួយ រួចយកដៃញីភ្នែកកុំឱ្យមិត្តរួមការងារដឹងថាកំពុងយំ។ ភ្លាមនោះដូចជាចាប់អារម្មណ៍រឿងមួយ…។ ម៉េចក៏ព្រលឹងវុធបែជាពាក់នាឡិការបស់ភារុណ? ឬមួយក៏វុធចង់ប្រាប់ខ្ញុំអំពីអ្វីមួយ? 

គិតដល់ត្រឹមនេះសម្បុរខ្ញុំព្រឺរខ្ញាកៗ។ ឬក៏វុធចង់ប្រាប់ថាការស្លាប់របស់គេមានទាក់ទងនឹងភារុណ? ខ្ញុំប្រហោងពោះធ្លុង។ ហ៊ឹម! ប្រហែលជាគិតផ្តេសផ្តាសច្រើនពេកហើយ។

ម៉ោងជាង៥ ខ្ញុំចេញពីធ្វើការ រួចបង្ហួសទៅផ្ទះដាវី។ ជិះម៉ូតូតាមផ្លូវ ខួរក្បាលមិនព្រមសម្រាកគិតសោះ។ វានៅតែបន្តគិតពីរឿងយល់សប្តិនោះទៀត។ សំណួរកាន់តែច្រើនលេចឡើង។ ខ្ញុំនៅតែមិនអស់ចិត្ត ចេះតែគិតថា តិចការស្លាប់របស់វុធពិតជាទាក់ទងនឹងភារុណមែនទៅ?

ភ្លេចខ្លួនមួយសន្ទុះ ក៏មកដល់ផ្ទះដាវី។ គេនៅជាន់លើនៃអគាររាងចាស់មួយ។ ខ្ញុំចតម៉ូតូ រួចដើរសំដៅជណ្តើរយន្ត។ ចេះតែមានអារម្មណ៍ថាដូចមាននរណាម្នាក់តាមដានខ្ញុំម៉េចទេ? ខ្ជិលខ្វល់ច្រើន ខ្ញុំប្រញាប់ចូលប្រអប់ជណ្តើរយន្ត។ វាក៏នាំខ្ញុំទៅដល់ជាន់ទី៥។

«តុ! តុ!» ខ្ញុំគោះទ្វារបន្ទប់ដាវី។ បានបន្តិចនាងបើកទ្វារទទួល ព្រមទាំងញញិមពព្រាយមករកខ្ញុំ។ ក្រែមពណ៌ក្រហមឆេះលើបបូរមាត់នាងរិតតែធ្វើឱ្យនាងស្រស់បស់ មើលទៅមិនដូចមនុស្សដែលកំពុងឈឺសោះ។

ដាវីហៅឱ្យអង្គុយលើសាឡុងក្នុងបន្ទប់ រួចនាងដើរសំដៅទៅទូរទឹកកក។

«ហើយឯងឈឺអីឱ្យពិតប្រាកដ? មើលទៅមិនទំនងឈឺសោះ។» ខ្ញុំសួរដាវី។

ដាវីធ្វើមុខឆ្ងល់។ នាងត្រលប់មកអង្គុយលើសាឡុងក្បែរខ្ញុំ ព្រមទាំងហុចទឹកត្រជាក់មួយកែវមកផងដែរ។ 

«ប៉ុន្មានថ្ងៃមុនគ្នាលាប់គ្រុនពោះវៀន តែឥឡូវបាត់ហើយ។ អេ! ហើយម៉េចក៏ឯងដឹងថាខ្ញុំឈឺ?»

ខ្ញុំភ្ញាក់ព្រើតនឹងសំណួររបស់ដាវី។ ក្រែងនាងជាអ្នកផ្ញើសារប្រាប់ខ្លួនឯងតើ ម៉េចក៏នៅសួរអ៊ីចឹងទៀត? 

«ឯងមើលទៅ!» ។ ខ្ញុំហុចទូរស័ព្ទឱ្យនាងអានសារ។

«អត់ទេ! ខ្ញុំមិនបានផ្ញើសារទៅឯងទេ។» 

«តែលេខទូរស័ព្ទរបស់ឯងច្បាស់ណាស់! ។»

«តែខ្ញុំពិតជាមិនបានផ្ញើសារនេះមែនណា៎។» 

ដូចជាចាប់ផ្តើមចង់ភ័យម៉េចមិនដឹងទេ។ លោកអើយ! ស្អីឱ្យពិតប្រាកដហ្នឹង។ អារម្មណ៍ខ្ញុំចាប់ផ្តើមជ្រួលច្របល់។ មើលទៅទឹកមុខដាវីរាងមាំណាស់ មិនទំនងជាកំពុងលេងសើចទេ។ 

«ប្រហែលជាប្រព័ន្ធទូរស័ព្ទវា Error ហើយ។ ថ្ងៃមុនខ្ញុំក៏ធ្លាប់អ៊ីចឹងម្តងដែរ។ ឯងឈប់ឆ្ងល់ទៅ។»

ឮនាងនិយាយដូចនេះ ចិត្តខ្ញុំក៏ស្ងប់ទៅវិញ។ 

និយាយជាមួយដាវីមួយសន្ទុះ ក៏លានាងត្រលប់មកផ្ទះវិញ។ ចេញពីបន្ទប់នាងរួច ខ្ញុំដើរសំដៅទៅប្រអប់ជណ្តើរយន្ត។ ខ្ញុំព្យាយាមចុចបើកប្រអប់ជណ្តើរនោះជាច្រើនសារ តែវាមិនព្រមដំណើរការសោះ។ 

«ជណ្តើរយន្តនេះខូចបីថ្ងៃហើយ។ អ្នកនាងចុះជណ្តើរជើងទៅ។»

សំឡេងបុរសមាឌឌាំងម្នាក់និយាយមករកខ្ញុំ។ គេទើបតែឡើងមកពីជណ្តើរជើង។ គេពាក់អាវមួកគ្របក្បាល ហើយពាក់ម៉ាសជិត។ ភ្នែកគេក្រហម រេចុះរេឡើងគួរឱ្យខ្លាច។ 

«ជណ្តើរយន្តខូចបីថ្ងៃហើយ? មិនអាចទេ ក្រែងខ្ញុំទើបតែជិះឡើងមកមុននេះដែរតើ។»

ខ្ញុំគិតក្នុងចិត្ត។ ភា្លមនោះ សំឡេងសារអនាមិក ទឺត ទឺត បានបន្លឺឡើង។ 

 «ប្រយ័ត្នមនុស្សក្បែរខ្លួន!»។ 

ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងចិត្ត។ គេម្នាក់នេះមើលទៅមិនទំនងជាមនុស្សល្អសោះ។ គេច្បាស់ជាកុហក បញ្ឆោតឱ្យខ្ញុំចុះជណ្តើរជើងក្នុងបំណងមិនល្អណាមួយ។ ខ្ញុំមិនខ្ចីតបទៅគេ ហើយបន្តឈរចាំជណ្តើរយន្ត។

គេមិនឃើញខ្ញុំមាត់តប ក៏ដើរចេញទៅ។ នៅតែមានអារម្មណ៍ថាភ្នែករបស់គេពិត

ជាគួរឱ្យខ្លាចណាស់ ដូចជាភ្នែកឃាតកក្នុងភាពយន្តដែលមើលប៉ុន្មានថ្ងៃមុន។ 

សំឡេងសារ ទឺត ទឺត បន្លឺម្តងទៀត។ ខ្ញុំមិនស្រួលក្នុងចិត្តកាន់តែខ្លាំង។ ទ្រាំលែងបានហើយ មិនអាចចាំជណ្តើរយន្តទៀតទេ។ មើលទៅមានតែចុះជណ្តើរជើងហើយ។ ខ្ញុំប្រញាប់ដើរទៅជណ្តើរជើង ឯភ្នែកប្រឹងសម្លឹងទៅបុរសនោះដែលកំពុងដើរទៅឆ្ងាយ។ 

ទើបតែចុះបាន២ជាន់ក៏ស្រាប់តែឮសម្រឹបជើងធ្ងន់ៗចុះជណ្តើរមកពីខាងលើ។ ខ្ញុំបង្អង់ជើង ងើយមើលលើទាំងអារម្មណ៍ភិតភ័យ។ ព្រះអើយ! បុរសម្នាក់នោះកំពុងចុះជណ្តើរតាមមកហើយ។ មិនបង្អង់ឡើយ ខ្ញុំចាប់ផ្តើមបន្ថែមល្បឿនជើង។ 

សម្រឹបជើងគេឮកាន់តែកៀកៗហើយ។ ខ្ញុំប្រឹងណាស់ ប្រឹងចុះឱ្យលឿន តែស្បែកជើងកែងដែលខ្ញុំពាក់ វាមិនបានជួយឱ្យលឿនដូចចិត្តទេ។ ខ្ញុំឈប់បន្តិច យកដៃដោះស្បែកជើងចេញ។ ដោះមិនទាំងហើយស្រួលបួលផង ស្រាប់តែ…

ដៃរបស់គេម្ខាងលូកមកប៉ះស្មាខ្ញុំ។ ខ្ញុំយកដៃគ្រវាសចេញ ស្រែកមួយទំហឹង។ 

«ជួយផង! ជួយផង!»

គេមិនមាត់មួយម៉ាត់។ ដៃម្ខាងទៀតរបស់គេហុចសោម៉ូតូមួយមក។ ខ្ញុំបានត្រឹមតែឈរហាមាត់ស្ងៀមទ្រឹង។ គេមិនឃើញខ្ញុំទទួលសោ ក៏ដាក់សោនោះចុះ រួចឡើងជណ្តើរទៅលើវិញ។ 

ខ្ញុំរើសសោឡើងទាំងដៃម្ខាងរឺតទ្រូង។ នេះជាសោម៉ូតូរបស់ខ្ញុំទេតើ។ មុននេះប្រាកដជាភ្លេចនៅបន្ទប់ដាវី។ គេម្នាក់នោះប្រហែលជាសង្សាររបស់ដាវី ហើយក៏ប្រហែលជាគេហើយដែលផ្ញើសារឱ្យខ្ញុំមកលេងដាវីនោះ។​ កាលដែលដាវីកុហកខ្ញុំថាមិនដឹងអ្នកណាផ្ញើមកក៏ព្រោះមិនចង់ឱ្យខ្ញុំដឹងថានាងកំពុងមានសង្សារជាអ្នកលេង។ ខ្ញុំធូរទ្រូងវិញខ្សាក តែនឹកឆេះដុំដល់សារអនាមិកនោះ។ មកពីវាទើបធ្វើឱ្យខ្ញុំចេះតែគិតផ្តេសផ្តាស។ 

ខ្ញុំចុះដល់ជាន់ក្រោមផុត រួចដើរសំដៅម៉ូតូ។ 

«ចុះអ្នកណាយកម៉ូតូខ្ញុំទៅណាហើយ? ខ្ញុំច្បាស់ណាស់ថាដាក់នៅត្រង់នេះ។» 

ខ្ញុំព្យាយាមរកមើលម៉ូតូ។ ព្រះ! ខ្ញុំឃើញម៉ូតូនៅចុងកន្លែងចតឡានឯណុះ។ ប្រហែលជាទើសកន្លែងគេចតឡានហើយ ទើបគេយកម៉ូតូខ្ញុំទៅដាក់ត្រង់នោះវិញ។

ខ្ញុំក៏ប្រញាប់ដើរតម្រង់ទៅទីនោះ។

ភ្នែកឆ្វេងខ្ញុំញាក់ព្រាកៗ មានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតាមខ្ញុំទៀតហើយ។ មិនអស់ចិត្តខ្ញុំក៏ក្រឡេកមើលក្រោយខ្នង តែមិនឃើញមានអ្វីសោះ។ ជើងទាំងពីរចាប់ផ្តើមស្រាលស្ងើក។ ភ្លាមនោះ ខ្ញុំមិនដើរសំដៅទៅម៉ូតូទេ តែខ្ញុំដើរទៅពួនក្រោយឡានក្បែរនោះ ឯត្រចៀកប្រឹងស្តាប់សំឡេង។ 

ដូចជាបានឮសំឡេងសម្រឹបជើងមនុស្សដើរថ្នមៗ។ ខ្ញុំអើតកមើលបន្តិច ឃើញស្រមោលខ្មៅពីរដើរស្ទុងៗសំដៅមក។ ខ្ញុំនៅស្ងៀម ដង្ហើមស្ទើរតែមិនដក។ 

«នាងទៅណាបាត់ហើយ? អម្បាញ់មិញឃើញនៅទីនេះទេតើ?»

បុរសម្នាក់សួរទៅកាន់បុរសម្នាក់ទៀត។ 

ខ្ញុំស្លុត! ស្នូរជើងពួកគេកាន់តែមកកៀកហើយ។ មិនដឹងរត់ទៅទីណាទេ? ខ្ញុំសាកល្បងយកដៃបើកទ្វារឡាន ក្នុងចិត្តរំពឹងថាបានចូលពួនក្នុងឡាននេះ។

ទ្វារឡានរបើកតិចៗ! ខ្ញុំអរព្រួច! ក្នុងចិត្តនឹកអរគុណម្ចាស់ឡាននេះជាខ្លាំងដែលមិនបានចាក់សោទ្វារ។ ខ្ញុំចូលទៅក្នុងឡានលបៗ។ គ្រាន់តែទាញទ្វារបិទរួចភ្លាម បុរសពីរនាក់នោះក៏មកដល់។ គេដើរចុះឡើងៗជុំវិញឡាន ខ្ញុំវិញសំងំក្រាបយ៉ាងស្ងាត់បំផុត។ 

បានបន្តិច ពួកគេចេញទៅវិញអស់។ ខ្ញុំចាប់ផ្តើមងើបអង្គុយស្រួលបួល ដោយរាងចុកកបន្តិច។ 

ភា្លមនោះ សំឡេងសារអនាមិកលាន់ឡើងម្តងទៀត។ ខ្ញុំក្តៅខ្លាំងណាស់ ចង់តែបោកទូរស័ព្ទចោលទេ។ 

«កុំឱ្យខ្ញុំដឹងឱ្យសោះថាជារបស់អ្នកណា។ បើដឹងវិញ ខ្ញុំនឹងចិញ្ច្រាំសាច់ម្នាក់ហ្នឹងធ្វើផ្អកមិនខាន»។ ខ្ញុំនិយាយទាំងខាំមាត់។

រំពេចនោះ ស្រាប់តែ…

«សួស្តីធារី! សុខសប្បាយជាទេ? ខ្ញុំចាំនាងទីនេះយូរហើយ។» 

សំឡេងនារីម្នាក់បន្លឺមកពីខាងក្រោយខ្នង។ ខ្ញុំងាកទៅតាមសំឡេងទាំងបុកពោះ។ នារីដ៏ស្រស់ស្អាតម្នាក់ស្លៀកពាក់ស៊ិចស៊ី មិនដឹងមកអង្គុយខាងក្រោយខ្ញុំតាំងពីពេលណា។ 

«នីកា!» ខ្ញុំហៅឈ្មោះនាងទាំងភ្ញាក់ផ្អើល។ 

«ខ្ញុំចាំនាងមួយសន្ទុះហើយ! ថ្ងៃនេះយើងត្រូវនិយាយគ្នាឱ្យដឹងរឿង។ ខ្ញុំមិនអាចឱ្យនាងពង្វក់បងភារុណបានទៀតទេ។»

នីកានិយាយចប់ភ្លាម បុរសពីរនាក់តាមខ្ញុំមុននោះបើកទ្វារឡានមើលមុខខ្ញុំ។ បុរសម្នាក់បោះដៃមករក។ ខ្ញុំយល់ការក៏ប្រគល់សោម៉ូតូឱ្យគេ រួចងើបទៅអង្គុយខាងក្រោយក្បែរនីកា។ បានសោម៉ូតូរួចគេចាកចេញទៅ។ បុរសម្នាក់ទៀតចូលអង្គុយហើយបើកឡានចេញពីទីនោះ។

«នាងមិនបាច់ភ័យរឿងម៉ូតូទេ! ខ្ញុំឱ្យគេជិះម៉ូតូនាងតាមមកពីក្រោយហើយ។»

នីកានិយាយមករកខ្ញុំលក្ខណៈមិនរាក់ទាក់សោះ។ ទឹកដមសំឡេងនាងខ្សោះអត់ជាតិហាក់ខឹងស្អប់ខ្ញុំខ្លាំង។

«នាងចង់នាំខ្ញុំទៅណា?» ខ្ញុំសួរនីកាដោយសំនៀងមិនចូលចិត្ត។

«កុំបារម្ភ! ខ្ញុំមិនធ្វើអីនាងទេ។ ខ្ញុំគ្រាន់តែមានពាក្យខ្លះចង់បញ្ជាក់ជាមួយនាងឱ្យច្បាស់។»

ទោះនាងមិនទាន់ប្រាប់ខ្ញុំក៏ខ្ញុំអាចស្មានត្រូវដែរថានាងចង់និយាយពីអ្វី។ គ្មានអីក្រៅពីហេតុអីក៏ភារុណសុខៗបែមកចាប់អារម្មណ៍ខ្ញុំវិញ? នាងជាមនុស្សស្រីដែលភារុណស្រលាញ់ជាច្រើនឆ្នាំ។ និយាយទៅ ប្រហែលតាំងពីពេលដែលខ្ញុំចាប់ផ្តើមស្រលាញ់ភារុណម្ល៉េះ។ ខ្ញុំធ្លាប់ស្អប់នាងជាខ្លាំង តែងតែគិតថានាងជាមូលហេតុដែលធ្វើឱ្យភារុណបដិសេធខ្ញុំ។ 

នាងនៅតែមិនចោលចរិតឆ្មើងឆ្មៃ។ មិនខ្ចីស្តីរកខ្ញុំបន្តិច! ក្រែងមុននេះថាមានរឿងចង់បញ្ជាក់? ខ្ញុំក៏មិនសួរវិញដែរ។ មនុស្សធ្លាប់ជាសត្រូវគ្នាផង។ បើទោះពេលនេះ ខ្ញុំធ្វើចិត្តពីភារុណហើយក៏ដោយ តែនឹកដល់កាលដែលនាងនិងភារុណធ្វើបាបចិត្តខ្ញុំពេលមុន ខ្ញុំនៅតែមានចិត្តស្អប់នាងតិចៗ។ 

ឡានឈប់ង៉ក់។ នីកានាំខ្ញុំចូលផ្ទះនាង។ ខ្ញុំអង្គុយចុះលើសាឡុងខណៈដែលនាងដើរមករកខ្ញុំព្រមទាំងមានកាន់អ្វីមួយក្នុងដៃផង។ 

«នាងនេះគ្មានចិត្តសោះ! ទឹកមួយកែវក៏មិនយកឱ្យផឹកដែរ។» ខ្ញុំនឹកក្នុងចិត្ត។ 

នីកាហុចកញ្ចប់ដែលនាងកាន់នោះឱ្យខ្ញុំ។ ខ្ញុំឆែកមើលទាំងឆ្ងល់។ នោះគឺក្រដាសយ័ន្តមួយដែលមានសរសេរបាលីអីក្រវេមក្រវាម។ 

«ហេតុអីនាងឱ្យរបស់នេះមកខ្ញុំ?» 

«វាជារបស់នាង!»

«កុំលេងសើច! ខ្ញុំមិនដែលមានរបស់បែបនេះទេ។»

«ពីមុនមិនមែនជារបស់នាងមែន! តែចាប់ពីពេលនេះទៅ វាជារបស់នាងហើយ។»

«ខ្ញុំមិនយល់ទេ! នាងចង់និយាយពីអី?»

«នាងមិនយល់ថាបងភារុណឥឡូវខុសពីមុនទេ?» 

«កុំនៅកាច់ជ្រុងរង្វង់មូលវែងឆ្ងាយ! ចង់និយាយអីនិយាយឱ្យច្បាស់មក។» 

«ខ្ញុំជឿថានាងក៏អាចមើលឃើញដែរ។ បងភារុណស្រលាញ់ខ្ញុំណាស់។ ពួកយើងមានគម្រោងរៀបការឆាប់ៗទៀតផង។ តែចាប់តាំងពីវុធស្លាប់ទៅ អត្តចរិតគាត់ហាក់ប្រែប្រួល១០០%។ បងភារុណហាក់ប្រែទៅជាមនុស្សថ្មីម្នាក់ទៀត។ នាងមិនយល់ថារឿងនេះមិនស្រួលទេ?»

«ខ្ញុំប្រាប់នាង ខ្ញុំធ្វើចិត្តពីភារុណបានយូរហើយ។ ខ្ញុំមិនចង់ដឹងឮរឿងរ៉ាវដែលពាក់ព័ន្ធនឹងគេទៀតទេ។ បើនាងហៅខ្ញុំមកដើម្បីតែសួររឿងនេះ ខ្ញុំសុំទៅវិញហើយ។»

ខ្ញុំក្រោកពីសាឡុងដើរចេញបន្តិចទៅរកមាត់ទ្វារ។ 

«តែរឿងនេះទាក់ទងនឹងវុធ នាងប្រាកដហើយថាមិនចង់ដឹងឮនោះ?»

ខ្ញុំឈប់ស្ងៀម តបទៅនាងវិញទាំងមួរម៉ៅ៖

«ពាក់ព័ន្ធនឹងវុធ? នាងកុំចេះតែនិយាយផ្តេសផ្តាស។ វុធគេស្លាប់ទៅហើយ ឱ្យគេទៅឱ្យបានសុខចុះ។ កាលនៅរស់គេមិនដែលមានក្តីសុខ ពេលនេះគេស្លាប់ កុំប្រតិដ្ឋរឿងពាក់ព័ន្ធនឹងគេទៀត។»

«ប្រតិដ្ឋរឿង? នេះនាងពិតជាមើលមិនដឹងទេថា វិញ្ញាណរបស់វុធកំពុងតែស្ថិតនៅក្នុងខ្លួនបងភារុណ?»

ខ្ញុំសម្លក់នីកាមួយទំហឹង ហួសចិត្តនឹងអ្វីដែលនាងនិយាយមក។ ខ្ញុំទប់ចិត្តមិនខឹងនឹងនាងមិនបាន។

«នាងនិយាយឆ្កួតអីហ្នឹង? រឿងបែបនេះកោតតែនាងនឹកឃើញដែរ?» 

«នាងថាខ្ញុំឆ្កួត? នាងមានមើលទេ បងភារុណស្រលាញ់ខ្ញុំណាស់ ជាងបួនឆ្នាំមកហើយ គាត់មិនដែលមើលឃើញនាងទេ តែហេតុអីក៏សុខៗគាត់បែរទៅជាសុំនាងរៀបការទៅវិញ?»

«ឈប់រម្លឹកពីរឿងនេះទៅ។ ចង់ឱ្យខ្ញុំនិយាយប៉ុន្មានដងទៀតថា ខ្ញុំមិនចង់ដឹងឮរឿងរបស់ភារុណទៀតទេ?»

«តែរឿងនេះនាងត្រូវដឹង! ខ្ញុំប្រាកដណាស់ ខ្លួនប្រាណបងភារុណកំពុងត្រូវបានវិញ្ញាណរបស់វុធប្រើប្រាស់ហើយ។ បើមិនអ៊ីចឹងទេ គាត់មិនសុំខ្ញុំបែក ហើយទៅសុំនាងរៀបការទេ។ បងភារុណគ្មានថ្ងៃធ្វើបែបនេះឡើយ។»

ខ្ញុំស្ងាត់មាត់ស្ងាត់កឈឹង ក្រោយស្តាប់ពាក្យនេះ។ អ្វីដែលនាងនិយាយមិនមែនមិនសមហេតុផលនោះទេ។ ច្បាស់ណាស់ ភារុណមិនដែលមើលឃើញខ្ញុំឡើយ។ រឿងដែលគេសុខៗមកសុំខ្ញុំរៀបការ គឺជារឿងចម្លែកបំផុត។ 

«យ៉ាងម៉េចនាងគិតយល់ហើយមែនទេ?» នីកាបន្ត។

«និយាយត្រង់ចុះ ខ្ញុំក៏យល់ថាភារុណគេចម្លែកខ្លាំងដែរ។ តែខ្ញុំហាក់មិនជឿរឿងវិញ្ញាណហ្នឹងទេ។» 

«វុធគេស្រលាញ់ឯងណាស់ធារី! រឿងនេះឯងដឹងច្បាស់ជាងអ្នកណាទាំងអស់។ គេស្លាប់ហើយ តែវិញ្ញាណគេនៅតែបារម្ភពីឯង។ គេដឹងថាឯងស្រលាញ់បងភារុណខ្លាំង អ៊ីចឹងហើយបានជាព្រលឹងគេប្រើប្រាស់ខ្លួនភារុណមកធ្វើល្អនឹងឯង។»

នីកាស្រាប់តែប្តូរពីហៅខ្ញុំនាងមកឯងវិញ។ ទឹកដមសំឡេងរបស់នាងក៏ប្តូរមកស្រាលស្រទន់មិនពោរពេញដោយកំហឹងដូចមុន។ 

«ធារី! ឯងត្រូវដឹង។ បើទោះគេស្រលាញ់ឯងប៉ុនណាក៏ដោយ តែគេបានស្លាប់ហើយ។ គេមិនអាចមកបំផ្លាញអនាគតបងភារុណទេ។ ពួកខ្ញុំជិតរៀបការនឹងគ្នាហើយ។ ម៉្យាងឯងក៏ធ្វើចិត្តពីបងភារុណបានហើយដែរ។»

សម្តីរបស់នីកាកាន់តែទន់ភ្លន់ ស្តាប់ទៅកាន់តែគួរឱ្យអាណិត។

«រឿងដែលសំខាន់នោះពេលនេះខ្ញុំកំពុងមានផ្ទៃពោះ។ ឯងអាណិតកូនក្នុងផ្ទៃខ្ញុំផងណា។ ខ្ញុំមិនអាចឱ្យកូនខ្ញុំកើតមកគ្មានឪពុកហៅនឹងគេទេ។»

ខ្ញុំរំជួលចិត្តអាណិតនីកាខ្លោចចិត្ត តែក៏មិនសម្តែងមកក្រៅឱ្យនាងដឹងចិត្តដែរ។

«ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ។»

ខ្ញុំឆ្លើយតបនាងតែប៉ុណ្ណឹង រួចក៏ចាកចេញទៅជាមួយនឹងក្រណាត់យ័ន្តដែលនាងឱ្យខ្ញុំ។       

កន្លះម៉ោងក្រោយ ខ្ញុំក៏មកដល់ផ្ទះវិញ។ ល្វើយកាយណាស់ថ្ងៃនេះ មកដល់ផ្ទះភ្លាមខ្ញុំក៏ប្រាសខ្លួនដេកស្តូកស្តឹងនៅក្នុងបន្ទប់ តែចិត្តនៅតែនឹកគិតដល់សម្តីនីកាដែលនិយាយជាមួយខ្ញុំមុននេះ។

«វិញ្ញាណរបស់វុធកំពុងសណ្ឋិតក្នុងខ្លួនភារុណ។»

*****

វគ្គ៖ វិញ្ញាណសណ្ឋិត

ម៉ោងជាង៧ព្រឹក ខ្ញុំរៀបចំខ្លួនបម្រុងចេញទៅធ្វើការដូចធម្មតា។ កាហ្វេមួយកែវធំ នៅតែមិនធ្វើឱ្យចិត្តខ្ញុំស្រលះសោះ។ វានៅតែគិតពីពាក្យដែលនីកាប្រាប់ខ្ញុំកាលពីយប់មិញ។ គិតចុះគិតឡើងខ្ញុំគិតធ្លាយដល់រឿងយល់សប្តិកាលពីយប់មុនទៀត។ 

«ខ្ញុំឃើញដៃរបស់វុធពាក់នាឡិការបស់ភារុណ។ ឬមួយជាប្រផ្នូលប្រាប់ឱ្យខ្ញុំដឹងថា វិញ្ញាណរបស់វុធពិតជាកំពុងស្ថិតនៅក្នុងខ្លួនភារុណពិតមែន?» 

គិតដល់ត្រឹមនេះ ខ្ញុំចាប់ឈឺក្បាលខ្ទោកៗ។ មិនដឹងជាស្អីឱ្យពិតប្រាកដទេ។ តែបើពិនិត្យមើលអាកប្បកិរិយារបស់ភារុណ វាច្បាស់ណាស់ថាគេបានប្តូរស្ទើរតែទាំងស្រុងហើយ។ តើអាចទេ?

ភ្លាមនោះភារុណបានទូរស័ព្ទមក! អារម្មណ៍ខ្ញុំដែលកំពុងហោះហើរទៅតាមខួរក្បាលក៏ត្រលប់មកវិញ។ 

«ធារី! ល្ងាចនេះ ខ្ញុំអញ្ជើញធារីញ៉ាំអាហារពេលល្ងាច។ កុំបដិសេធណា! កុំធ្វើឱ្យខ្ញុំគ្រាំចិត្តដូចម្សិលមិញទៀត។»

ការណាត់របស់គេមកស្របពេលដែលខ្ញុំកំពុងចង់ដឹងរឿងរបស់គេផង។ ខ្ញុំឆ្លើយយល់ព្រមទៅគេដោយគិតថានឹងប្រើប្រាស់ការណាត់នេះដើម្បីបញ្ជាក់ចម្ងល់ក្នុងចិត្តខ្ញុំ ថាតើគេពិតជាកំពុងត្រូវបានវិញ្ញាណរបស់វុធសណ្ថិតពិតមែនឬក៏អត់? 

ម៉ោងជាង៥ល្ងាច គេក៏មកទទួលខ្ញុំពីកន្លែងធ្វើការ។ គ្រាន់តែឃើញគេពីចម្ងាយ អារម្មណ៍របស់ខ្ញុំចាប់ផ្តើមច្របល់រកកលចង់ស្ទះ។ គេពាក់អាវពណ៌ក្រហមឆេះ ជាពណ៌ដែលខ្ញុំចូលចិត្ត។ 

តែខ្ញុំចាំច្បាស់ណាស់! កាលពីខ្ញុំនៅវក់ស្រលាញ់គេ ខ្ញុំធ្លាប់ទិញអាវពណ៌ក្រហមឱ្យគេម្តង។ គេបោះអាវនោះចោលចំពោះមុខខ្ញុំ ហើយស្រែកដាក់ខ្ញុំខ្លាំងៗថាគេស្អប់ពណ៌ក្រហមណាស់។ ចុះម្តេចថ្ងៃនេះ គេបែជាពាក់ពណ៌ក្រហមទៅវិញ? តិចលោ…..! 

គិតមិនទាន់ចប់ផង គេមកទទួលកាបូបពីដៃខ្ញុំ។ កាយវិការគេប្រកបដោយការយកចិត្តទុកដាក់។ កន្លងមកមានតែវុធទេដែលធ្វើដាក់ខ្ញុំបែបនេះ។ ទង្វើគេកាន់តែធ្វើឱ្យចម្ងល់ក្នុងចិត្តខ្ញុំរីកធំទៅៗហើយ។ 

ខ្ញុំចូលក្នុងឡានគេទាំងអារម្មណ៍រសាប់រសល់នៅខ្វល់នឹងចម្ងល់នោះនៅឡើយ។ គេមិនមាត់មិនកក្រៅតែពីញញិមតិចៗ តែខ្ញុំនៅតែអាចមើលដឹងថា គេកំពុងរំភើបចិត្តណាស់។ វាខុសឆ្ងាយពីពេលមុនដាច់ប៉ិត។ ពីមុនកុំថាឡើយញញិម តែមុខស្មើគេមិនបញ្ចេញផង។ ពេលគេនៅក្បែរខ្ញុំ គេបញ្ចេញតែទឹកមុខទ្រឹស្តស្មូរប៉ុណ្ណោះ។

រថយន្តបរចេញទៅ…!

ក្នុងឡានប្រែជាស្ងាត់ច្រៀប ខណៈពេលដែលមនុស្សពីរនាក់ស្គាល់គ្នាមករាប់ឆ្នាំបែរជារកពាក្យហាស្តីរកគ្នាមិនបាន។  ខ្ញុំបានត្រឹមតែសម្លឹងទៅតាមកញ្ចក់បង្អួចមើលទេសភាពតាមផ្លូវ ក៏មិនបានទៅចាប់អារម្មណ៍ពីកន្លែងដែលគេចង់នាំខ្ញុំទៅដែរ។

«អាចបើកចម្រៀងបន្តិចបានទេ?»

«អូខេ!»

ដោយសារតែបរិយាកាសក្នុងឡានអាប់អួរពេកទើបខ្ញុំស្នើរសុំឱ្យគេបើកចម្រៀងស្តាប់។ ខ្ញុំបន្តសម្លក់សម្លឹងទៅកញ្ចក់បង្អួច ចិត្តលួចនឹកគិតដល់វុធជានិច្ច។ ស្របពេលល្មម ភារុណបានបត់ក្បាលឡានចូលកន្លែងចាស់របស់ខ្ញុំហើយនិងវុធ ។

«ហេតុអីនាំខ្ញុំមកកន្លែងនេះ? »

«ក្រែងធារីចូលចិត្តរសជាតិនៅទីនេះអ្ហី!»

មិនអាចទេ! ហេតុអីក៏ភារុណអាចដឹងពីរឿងនេះដែរ ទាំងដែលកន្លងមកគេមិនធ្លាប់ចាប់អារម្មណ៍នឹងខ្ញុំម្តងណាផង?

«នៅភ្លឹកអីហ្នឹង! តោះ! ចូលទៅ!»

ខ្ញុំមានអារម្មណ៍ថាយ៉ាងម៉េចមិនដឹងទេ តែក៏សម្រេចចិត្តដើរត្រុកៗតាមគេពីក្រោយ។ ចូលមកដល់ទីនេះភ្លាម រូបភាពវុធនៅដិតដាមពេញខួរក្បាលខ្ញុំ។ ខ្ញុំសម្លឹងមើលទៅកៅអីមួយដែលខ្ញុំនិងគេតែងតែមកអង្គុយត្រង់នោះ។ ខ្ញុំទើបដឹងខ្លួនឯងច្បាស់ថា ពេលនេះខ្ញុំនឹកគេខ្លាំងណាស់។

«Mocha ស្ករ 70% និង ស្ករ 50% មួយ»

«កុម្ម៉ង់ឱ្យខ្ញុំហ្ហេស?»

«ត្រូវហើយ ចុះនៅមានអ្នកណាផ្សេងទៀត?»    

ចា៎! ខ្ញុំទទួលស្គាល់ថាគ្មានអ្នកណាផ្សេងទៀតទេ ក៏ប៉ុន្តែហេតុអីគេអាចដឹងពីចំណូលចិត្តខ្ញុំ?

«ធារីឃ្លានឬនៅ? យើងកុម្ម៉ង់អាហារញ៉ាំល្អទេ?»

«ល្អតើ!»        

ភារុណញញិមញញែមហាក់ដូចជារីករាយណាស់ដែលបានរួមតុអាហារជាមួយខ្ញុំ។ បើទោះជាខ្ញុំអង្គុយមុខមិនរីកដាក់គេក៏ដោយ ក៏ខ្ញុំអាចមើលដឹងពីភាពរីករាយក្នុងខ្លួនគេដែរ។

«ប្អូនហ្ហា៎ប្អូន បងត្រូវការមីអ៊ីតាលីមួយបន្ថែម Cheese ពីលើច្រើនបន្តិចណា៎!»

ខ្ញុំចាប់ផ្តើមមីងមាំង! សញ្ញាសួរជាច្រើនកំពុងហោះហើរពេញក្នុងចិត្តខ្ញុំ។ វាពិតជាពិបាកនឹងឱ្យខ្ញុំជឿណាស់ថាមនុស្សម្នាក់ដែលធ្លាប់តែទុកខ្ញុំត្រឹមខ្យល់អាកាសបែរជាអាចដឹងច្បាស់ពីខ្ញុំដល់ម្លឹង។ ឱ្យជឿយ៉ាងម៉េចបើពីមុនគេមិនធ្លាប់ខ្វល់ពីចំណូលចិត្តខ្ញុំផងនោះ។

«ភារុណ! ភារុណ!»

 ភារុណនៅស្ងៀម មិនឆ្លើយតបនឹងខ្ញុំអ្វីទាំងអស់។ គេនៅស្ងៀមហាក់ដូចមិនស្គាល់ឈ្មោះខ្លួនឯងយ៉ាងម៉េចមិនដឹងទេ អាចដែរថាគេស្តាប់ខ្ញុំហៅមិនឮត្រឹមចម្ងាយប៉ុណ្ណឹង? បែបនេះចិត្តខ្ញុំបែរបកត្រលប់ទៅរកសម្តីនីកា។ ខ្ញុំមិនគួរជឿ ព្រោះមិនអាចនោះទេ ដើម្បីខ្ញុំដែលវុធនៅតាមថែរក្សាមិនព្រមទៅចាប់កំណើត? តើវាមានពិតដែលវិញ្ញាណអ្នកស្លាប់ អាចចូលខ្លួនអ្នកនៅរស់ដូចមនុស្សធម្មតាបាន?

« អូ! ហៅខ្ញុំហ្ហេស?»

គេសម្លឹងមុខខ្ញុំញញិមធម្មតា។ ទោះយ៉ាងណាខ្ញុំគួរស្ងៀម កុំខ្វល់អី ភារុណ គឺភារុណហើយ។

«ចុះនៅមានអ្នកផ្សេងទៀតឈ្មោះភារុណនៅកន្លែងនេះទៅ?»

«មានការអីមែនទេ?»

«អត់អីទេ!»

អ្នករត់តុលើកកាហ្វេមកដល់ល្មម។ បន្តិចក្រោយមកអាហារដែលយើងកុម្ម៉ង់ក៏មកដល់ដែរ។ គ្រាន់តែអាហារលើកមកដល់ភ្លាម ភារុណក៏ទាញចានទៅទទួលខុសត្រូវខាងចាត់ចែង។ ជាធម្មតា ខ្ញុំមិនញ៉ាំមីអ៊ីតាលីច្រើនទេ ដូច្នេះវុធតែងតែចាត់ចែងពាក់កណ្តាលទៀត។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងចំពោះទង្វើរបស់ភារុណ។ គេយកសមមូលមីមួយដុំៗជាស្រេចដាក់លើចានមួយផ្សេងទៀតឱ្យខ្ញុំ ហើយក៏ដាក់បន្ថែមឆីសពីលើ។

«ញ៉ាំទៅ!»

ខ្ញុំភាំងស្ទើមិនអាចទប់ស្មារតីទើបលាន់មាត់៖

«វុធ!»

ខ្ញុំក៏ហៅភារុណថាជាវុធ។ គេមិនបានប្រកែកតែបែរជាឆ្លើយដូចខ្លួនគេជាមនុស្សដែលខ្ញុំកំពុងហៅទៅវិញ។

«យ៉ាងម៉េចទៀតហើយ?»

ខ្ញុំសម្លឹងមុខគេដោយក្តីងឿងឆ្ងល់មួយសន្ទុះ។ ខ្ញុំមើលមិនដឹងថាគេកំពុងតែគិតអីទេ។ អម្បាញ់មិញនេះគេឆ្លើយដោយមិនដឹងខ្លួន ឬក៏មានចេតនា? បានបន្តិចគេក៏សម្តែងអាកប្បកិរិយាដូចទើបភ្ញាក់ដឹងខ្លួនពីអីមួយ។

«ធារី ហៅខុសឈ្មោះហើយ!»

«គឺវុធមែនទេ? វុធមកនៅក្បែរខ្លួនខ្ញុំព្រោះមិនអស់ចិត្តនឹងរឿងអីមែនទេ?»

ភារុណទម្លាក់សមចុះដែលកំពុងរៀបនឹងដាក់ចូលក្នុងមាត់ទៅហើយ។ គេផ្តើមជ្រួញចិញ្ចើមភ្លាម។

«ធារី! ខ្ញុំថាធារីដូចជាស្រមើស្រមៃរឿងវិញ្ញាណអីហ្នឹងច្រើនពេកហើយ។»

«វាមិនពិតហ្ហេស?»

ភារុណមិនឆ្លើយនឹងខ្ញុំ។ គេដកដង្ហើមធំ ផ្អែកខ្នងនឹងកៅអី ធ្វើទឹកមុខមាំដាក់ខ្ញុំ។

«បើអ្នកដែលអង្គុយនៅចំពោះមុខខ្ញុំនេះមិនមែនជាវុធទេ ចុះហេតុអីក៏អាចដឹងពីរឿងទាំងនេះបាន?»    

គេនៅតែស្ងៀមមិនឆ្លើយតបនឹងខ្ញុំសោះ។

«ហេតុអីមិនឆ្លើយ?»

«គិតផ្តេសផ្តាសច្រើនពេកហើយ! »

គេដាច់ចិត្តឆ្លើយនឹងខ្ញុំដោយសំនៀងមួរម៉ៅ។

«បើមិនមែន ភារុណបញ្ជាក់ឱ្យខ្ញុំទៅដឹង!»

«ខ្ញុំថាពួកយើងគួរត្រលប់ទៅវិញហើយ។»

«អត់ទេ! ភារុណត្រូវប្រាប់ខ្ញុំឱ្យច្បាស់សិន។»

ភារុណមិនខ្វល់នឹងការទាមទាររបស់ខ្ញុំទេ គេបានទុកសោឡានឱ្យខ្ញុំហើយក៏ដើរចេញទៅក្រៅបាត់។

ទោះចង់ឬមិនចង់ ខ្ញុំក៏ត្រូវបើកឡានភារុណត្រលប់មកផ្ទះវិញ។ បើកឡានតាមផ្លូវបណ្តើរ ខ្ញុំក៏គិតឃើញដល់ផ្ទះចាស់ខ្ញុំដែលនៅមិនឆ្ងាយពីហាងនេះ។ ជ្រុលជាមកដល់ទីនេះហើយ ខ្ញុំគួរទៅមើលទីនោះបន្តិច។ ខ្ញុំក៏បត់ឡានសំដៅទៅទីនោះ។

គ្រួសារខ្ញុំរើចេញពីផ្ទះចាស់២ខែហើយ ព្រោះវានៅជាប់នឹងការដ្ឋានអភិវឌ្ឍន៍ថ្មី សំឡេងរំខានខ្លាំងណាស់រកធ្វើអីមិនកើតទេ។ តែប៉ាម៉ាក់ក៏មិនដាច់ចិត្តលក់វាសោះព្រោះជាផ្ទះកេរ្តិ៍ពីដូនតា។

ខ្ញុំបរឡានមកឈប់នៅមុខផ្ទះចាស់។ 

«ទ្វារផ្ទះអត់ចាក់សោទេ?»

ខ្ញុំស្រឡាំងកាំងដោយមើលទៅឃើញទ្វារផ្ទះមិនបានចាក់សោ។ ខ្ញុំប្រញាប់ចុះពីឡានទៅពិនិត្យមើល។ សោទ្វារផ្ទះដូចជាទើបតែត្រូវបានគេបើកទេ។ ខ្ញុំរហ័សរកមើលកូនសោដែលវុធនិងខ្ញុំកប់ដីលាក់នៅក្នុងផើងផ្កាខាងមុខមាត់ទ្វារ។ ស្នាមកាយដីថ្មីៗ? ខ្ញុំព្យាយាមកាយរកកូនសោតែរកមិនឃើញសោះ។ នរណាម្នាក់បានយកកូនសោពីក្នុងផើងផ្កានេះរួចចាក់សោបើកទ្វារផ្ទះ។ មិនអាចទៅរួចទេ! រឿងនេះមានតែខ្ញុំនិងវុធប៉ុណ្ណោះដែលដឹង ម៉េចនឹងអាចមានអ្នកផ្សេងដឹងទៅ?

រឿងដែលខ្ញុំលាក់កូនសោក្នុងផើងផ្កានេះគឺជាគំនិតរបស់វុធ។ គេធ្វើបែបនេះព្រោះគេបារម្ភពីខ្ញុំខ្លាំង។ គ្រប់ពេលខ្ញុំខូចចិត្តនឹងភារុណ គេតែងបារម្ភខ្លាចខ្ញុំធ្វើរឿងផ្តេសផ្តាស។ គេឱ្យខ្ញុំលាក់សោមួយនៅទីនេះដើម្បីឱ្យគេអាចចេញចូលមើលថែខ្ញុំបាន។ ចុះអ្នកណា? អ្នកណាដឹងរឿងនេះដែរ?

ខ្ញុំបើកទ្វារ រួចបោះជំហានចូលក្នុងផ្ទះសន្សឹមៗដើម្បីបញ្ជាក់ពីការពិត។

«ភារុណ!»

ភារុណកំពុងឈរញញិមមករកខ្ញុំ។ ចម្លែកណាស់ ហេតុអីក៏គេដឹងរឿងនេះបាន?

«ម៉េចក៏ភារុណអាចចូលមកបាន?»

«ក៏ព្រោះតែកូនសោដែលលាក់នៅក្នុងផើងផ្កានុះឯង។»

«តែ…ថា…មានតែវុធម្នាក់ប៉ុណ្ណោះដែលដឹង?»

«អេ…ហើយធារីជឿគេដែរ! ខ្ញុំក៏ជាសម្លាញ់របស់គេដែរណា៎។ »

សម្តីរបស់គេមិនបានធ្វើឱ្យខ្ញុំឈប់សង្ស័យអីបន្តិចទេ បើទោះជាគេឆ្លើយមកលក្ខណៈមិនមានភ័យបារម្ភអីក៏ដោយ។

«យប់ថ្មើរនេះហើយធារីមកទីនេះធ្វើអី?»

«ខ្ញុំគួរតែសួរភារុណវិញទើបត្រូវ។»

«ខ្ញុំ..ខ្ញុំ…ខ្ញុំ…ធារីប្រាប់ខ្ញុំមុនសិនមក។»

ខ្ជិលប្រកែកនឹងគេច្រើន ខ្ញុំក៏ព្រមឆ្លើយសំណួរគេមុន។

«ខ្ញុំមករករបស់ម៉្យាងដែលវុធធ្វើជូនខ្ញុំ ហើយក៏ជា…។»

«របស់នេះមែនទេ?»

ខ្ញុំនិយាយមិនទាន់អស់ពីមាត់ផងភារុណក៏កាត់សម្តីខ្ញុំ។ គេលូកយករូបមនុស្សស្រីដ៏ស្រស់ស្អាតមួយធ្វើពីក្រមួនចេញពីក្នុងហោប៉ៅរបស់គេមកបង្ហាញចំពោះមុខខ្ញុំ។

ខ្ញុំភាំងខ្លាំងនឹងសកម្មភាពរបស់គេ។ អាចជាការពិតយ៉ាងម៉េចកើតដែលគេដឹងរឿងទាំងអស់នេះបាន?

«ភារុណដូចជាដឹងរឿងរបស់វុធច្រើនពេកហើយ។»

«មិនចម្លែកទេ! ព្រោះពួកយើងទាំងបីសុទ្ធតែជាមនុស្សស្និទ្ធស្នាលនឹងគ្នា។»

«តែ..ថា…»

«បានហើយ! ធារីឈប់សួរខ្ញុំទៀតទៅ។ គ្រាន់តែដឹងត្រឹមថាវុធក៏ជាសម្លាញ់របស់ខ្ញុំដែរ។ វាមិនចម្លែកទេដែលពួកយើងដឹងរឿងសម្ងាត់គ្នាទៅវិញទៅមកនោះ។»

ខ្ញុំព្រមតាមសំណើរគេ មិនសួរដេញដោលទៀតឡើយ។ ខ្ញុំទទួលរូបក្រមួនពីគេរួចពួកយើងក៏ចាកចេញទៅ។ 

មកដល់ផ្ទះវិញ ខ្ញុំនៅតែបន្តគិត។ ហេតុអី? ហេតុអីភារុណដឹងរឿងទាំងអស់នេះ? ឬមួយក៏អ្វីដែលនីកាសង្ស័យគឺជាការពិត? ភារុណពិតជាត្រូវបានវិញ្ញាណរបស់វុធសណ្ឋិតមែន? ខ្ញុំមិនសូវជឿលើរឿងព្រលឹងនេះអីសោះ។ តែរឿងខ្លះវាដូចជាចម្លែកពេក! ភារុណនៅសុខៗម៉េចនឹងអាចដឹងរឿងទាំងអស់នោះទៅ?

«ខ្ញុំត្រូវរកវិធីនៅក្បែរខ្លួនគេដើម្បីឱ្យប្រាកដថាគេពិតជាត្រូវបានវិញ្ញាណវុធសណ្ឋិតពិតមែន ឬក៏អត់? ខ្ញុំត្រូវតែធ្វើរឿងនេះឱ្យបាន។» ខ្ញុំនិយាយបណ្តើរ ទាញទូរស័ព្ទខលទៅភារុណបណ្តើរ។

«អាឡូ! ធារី!»

«ភារុណ! ខ្ញុំមានការចង់ពឹងភារុណបន្តិច។ ថ្ងៃស្អែកនេះ បងប្អូនខាងប៉ានៅស្រុកមកលេង។ ភារុណដឹងហើយផ្ទះខ្ញុំតូចមួយ។ ខ្ញុំត្រូវប្រគល់បន្ទប់ខ្ញុំឱ្យអ៊ំៗចាស់ៗសម្រាក។ ខ្ញុំអាចរំខានស្នាក់នៅផ្ទះភារុណមួយយប់ពីរយប់សិនបានទេទម្រាំពួកគាត់ទៅវិញ។ ខ្ញុំដឹងថាផ្ទះភារុណធំមានបន្ទប់ទំនេរច្រើន។» 

«ខ្ញុំសប្បាយចិត្តណាស់ដែលធារីមកស្នាក់នៅទីនេះ។ ចង់មកស្នាក់នៅមួយជីវិតក៏បានដែរ។»

«មិនរំខានយូរដល់ម្លឹងទេ។»

«ធារីគិតមកអង្កាល់?»

«ចាស! ចាប់ពីស្អែកទៅ។»

ស្អែកពេលល្ងាច ខ្ញុំរើអីវ៉ាន់ផ្ទាល់ខ្លួនមួយចំនួនទៅផ្ទះគេ។ ដើម្បីបញ្ជាក់ចម្ងល់ក្នុងចិត្តឱ្យកាន់តែច្បាស់ ខ្ញុំសុខចិត្តប្រថុយម្តងចុះ។

ភារុណទទួលខ្ញុំយ៉ាងរាក់ទាក់។ គេឱ្យខ្ញុំស្នាក់នៅបន្ទប់ធំទូលាយមួយជាប់បន្ទប់គេ។ តាំងពីមកដល់ទីនេះ ខ្ញុំឥតមានភ្លេចពីគោលបំណងខ្ញុំទេ។ ខ្ញុំតាមដានសកម្មភាពគេគ្រប់ជំហាន មិនមានឱ្យចន្លោះឡើយ។

យប់ឡើង​ ភារុណមើលរឿងខ្មោចដោយបើកសំឡេងឮៗដូចចង់បន្លាចខ្ញុំ។ ខ្ញុំនៅមិនសុខក្នុងចិត្តក៏ចេញមកក្រៅមើល។ គេកំពុងមើលរឿង ខ្មោចចេកជ្វា។ 

«ភារុណម៉េចក៏បើកសំឡេងឮបែបនេះ? រឿងខ្មោចគួរឱ្យខ្លាចផង តិចលោខ្មោចមកលងមែនទែនទៅ?»

«ធារីខ្លាច?»

«មិនខ្លាចទេ គ្រាន់តែមិនចូលចិត្ត។ ហើយភារុណមកចូលចិត្តរឿងខ្មែរតាំងពីពេលណាមក? ខ្ញុំចាំបានថា ភារុណដែលខ្ញុំធ្លាប់ស្គាល់មិនដែលទាំងយកភ្នែកមើលរឿងខ្មែរផង។»

«ធារីត្រូវដឹងថាអ្វីៗក្នុងលោកនេះតែងតែប្រែប្រួល។ គ្មានអ្វីមួយដែលស្ថិតស្ថេរអមតៈទេ មានតែ……»

«ស្នេហារបស់វុធចំពោះខ្ញុំ?»

«មែនហើយ! វុធគេស្រលាញ់ធារីណាស់។ ខ្ញុំជឿថាបើទោះពេលនេះគេស្លាប់ទៅហើយក្តី តែក្តីស្នេហ៏ដែលគេមានចំពោះធារីមិនបានស្លាប់ទៅតាមរូបកាយគេទេ។ វាដូចជាស្នេហាក្នុងរឿងខ្មោចនេះអ៊ីចឹង។»

«ដូចគ្នា?»

«ព្រោះតែក្តីស្រលាញ់ចំពោះស្វាមី នាងតីបានស្លាប់ទៅហើយក៏ពិតមែន តែព្រលឹងរបស់នាងនៅតែមិនព្រមទៅណា។ នាងនៅតែមករស់នៅជាមួយប្តី។»

«ភារុណចង់មានន័យថា….»

«ខ្ញុំគ្មានន័យអីទេ! យប់ជ្រៅហើយធារីឆាប់ទៅគេងចុះ។ ខ្ញុំក៏ទៅគេងដែរ។ រាត្រីសួស្តី!»

គេនិយាយតែប៉ុណ្ណេះក៏បិទទូរទស្សន៍ហើយចាកចេញទៅ។ ខ្ញុំច្បាស់ណាស់សម្តីដែលគេនិយាយអម្បាញ់មិញនេះហាក់ចង់ប្រាប់ខ្ញុំពីរឿងអីមួយ។ នាងតីស្លាប់ហើយតែព្រលឹងនាងនៅតែមករស់នៅជាមួយស្វាមី។ ឬក៏គេចង់ប្រាប់ខ្ញុំថា វុធស្លាប់ទៅពិតមែន តែព្រលឹងរបស់គេនៅតែមករស់នៅជាមួយខ្ញុំ? នេះគេកំពុងបង្ហើបប្រាប់ខ្ញុំថា ខ្លួនគេជាព្រលឹងវុធ? ខ្ញុំគិតចុះគិតឡើងចង់សរសៃប្រសាទហើយ។ 

៦ថ្ងៃដែលខ្ញុំស្នាក់នៅទីនេះ ភារុណបានធ្វើឱ្យខ្ញុំច្របល់ចិត្តខ្លាំង។ ពេលនេះគេនិងវុធហាក់ដូចជាមនុស្សតែមួយទៅហើយ។ គេតែងដឹងរឿងសម្ងាត់គ្រប់យ៉ាងដែលវុធដឹង។

«ភារុណទៅណា?»

នេះជាសំណួរដែលខ្ញុំតែងសួរគ្រប់ពេលគេចេញទៅក្រៅនៅពេលល្ងាច។

«ធារីកុំចង់ដឹងអី!»

នេះជាចម្លើយដែលគេតែងប្រាប់មកខ្ញុំវិញ។ ខ្ញុំពិតជាចង់ដឹងណាស់ ហេតុអីភារុណតែងចេញទៅក្រៅរាល់ម៉ោង៦ល្ងាច? ការចេញក្រៅរបស់គេម្តងៗដូចជាអាថ៌កំបាំងដល់ហើយ។

ថ្ងៃទី៧ ខ្ញុំក៏សម្រេចចិត្តរកល្បិចដើម្បីដឹងឱ្យបានថាគេទៅណារាល់ល្ងាចនោះ។

គ្រាន់តែកៀកម៉ោង៦ល្ងាចភ្លាម ភារុណក៏បើកឡានចេញទៅក្រៅដូចសព្វដង។ ដើម្បីជម្រះមន្ទិលក្នុងចិត្ត ខ្ញុំក៏សម្រេចចិត្តតាមដានដំណើរគេ។ គ្រាន់តែគេចេ​ញឡានទៅភ្លាម ខ្ញុំក៏ស្រូតជិះម៉ូតូតាមពីក្រោយគេ។

ភារុណបើកឡានដោយល្បឿនយឺតៗឆ្ពោះទៅជាយក្រុង។ ខ្ញុំដូចជាប្រហែលៗផ្លូវនេះម៉េចទេ។ គេបត់ក្បាលឡានចូលទៅក្នុងផ្លូវលំមួយ។ ខ្ញុំបង្អង់ម៉ូតូបន្តិច រង់ចាំឡានភារុណចូលទៅក្នុងមួយសន្ទុះទើបបើកចូលតាមក្រោយ កុំឱ្យគេចាប់អារម្មណ៍។

«ផ្លូវនេះខ្ញុំដូចជាធ្លាប់ជិះកាត់ម្តងហើយ។»

ក្រឡេកមើលសងខាងផ្លូវខ្ញុំចាំយ៉ាងច្បាស់ថា នេះគឺផ្លូវដែលខ្ញុំជិះទៅខួបកំណើតក្លែងក្លាយរបស់ប្អូនស្រីភារុណកាលពីថ្ងៃមុន។ ភារុណទៅផ្ទះចាស់គេទេដឹង? ទីនោះមានអីមិនស្រួលមែនទេបានជាគេត្រូវទៅមើលរាល់ថ្ងៃ?

ការសង្ស័យកាន់តែច្រើនផុសឡើងក្នុងខួរក្បាលខ្ញុំ។ ខ្ញុំក៏ចេញម៉ូតូបន្តជិះសំដៅទៅផ្ទះចាស់គេ។​

ជិះម៉ូតូមកឈប់នៅក្រៅផ្ទះចាស់ ខ្ញុំក្រឡេកឃើញឡានគេចតនៅមុខផ្ទះ។ ពិតជាស្មានមិនខុសសោះ ភារុណពិតជាមកទីនេះមែន។ ខ្ញុំកាន់តែចង់ដឹងពីអាថ៌កំបាំងរបស់គេ មើលទៅឫកពារគេដូចជាចម្លែកណាស់។ 

ខ្ញុំពន្លត់ម៉ាស៊ីនម៉ូតូ រួចអូសចូលទៅទុកបាំងជញ្ជាំងកុំឱ្យគេសង្ស័យ។  គេចូលទៅក្នុងយូរដែរហើយ មិនដឹងជាមានរឿងសម្ងាត់អីក្នុងផ្ទះនេះទេ។ ខ្ញុំនៅឈរចាំការចាកចេញរបស់គេទាំងអន្ទះសារជាមួយនឹងអារម្មណ៍ភ័យផងខ្លាចផង។

សំឡេងបិទទ្វារក្រោយការចាកចេញរបស់ភារុណធ្វើឱ្យខ្ញុំត្រេកអរជាពន់ពេក។ ភារុណចាក់សោទ្វារផ្ទះយ៉ាងត្រឹមត្រូវហើយក៏ទុកសោនៅក្នុងផើងផ្កាមួយក្បែរនោះ។

ខ្ញុំរង់ចាំរហូតភារុណបើកឡានចេញទៅបាត់ទើបប្រញាប់ទៅយកកូនសោចាក់មើលពីអាថ៌កំបាំងនៅក្នុងនេះ។

ចូលមកដល់ក្នុងផ្ទះអ្វីៗហាក់មិនខុសប្លែកពីកាលដែលខ្ញុំមកទីនេះថ្ងៃមុនទេ។

ពិនិត្យមើលជាន់ក្រោមរួចរាល់ ខ្ញុំក៏ឡើងទៅមើលនៅជាន់ទីពីរ។ មកដល់ជាន់ទីពីរ ខ្ញុំឃើញបាច់ផ្កាក្រៀមស្វិតជាច្រើនដែលសល់ពីថ្ងៃដែលគេរៀបចំសុំខ្ញុំរៀបការនោះ។ ភារុណមកទីនេះរាល់ល្ងាចម៉េចក៏មិនយកបាច់ផ្កាទាំងអស់នោះចោលផង។ មើលចុះក្រៀមស្វិតអស់ហើយហ្នឹងទុកលម្អអីទៀត។

ដើរទៅមុខត្រង់បន្តិច ខ្ញុំចាប់អារម្មណ៍ខ្លាំងនឹងបន្ទប់ពីរជាប់គ្នា។ ខ្ញុំចាំច្បាស់ណាស់បន្ទប់ខាងឆ្វេងគឺបន្ទប់ដាក់សម្ភារៈ ឯបន្ទប់ខាងស្តាំគឺបន្ទប់ដែលភារុណឃុំឆ្មាកាច។ 

ខ្ញុំលូកដៃបើកទ្វារបន្ទប់ដាក់សម្ភារៈថ្នមៗដោយបន្ទប់នេះមិនបានចាក់សោទេ។ ភ្លើងអំពូលតូចៗពីរបី ចោលពន្លឺភ្លឺព្រឹមៗមកក្នុងបន្ទប់។ ក្រឡេកមើលឆ្វេងស្តាំសុទ្ធតែអីវ៉ាន់ចាស់ៗដែលរុំដោយធូលីដី។ ទីនេះពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ខ្ញុំដូចជាគ្មានភាពក្លាហានដើរចូលទៅបន្តទេ។

ប៉ុន្តែ….

«ភារុណកំពុងត្រូវបានព្រលឹងរបស់វុធសណ្ថិត។ »    

មួយឃ្លានេះនៅតែដិតដាមក្នុងខួរក្បាលខ្ញុំជាប់ជានិច្ច។ ខ្ញុំក៏ពង្រឹងភាពក្លាហានម្តងទៀតដើម្បីចូលទៅ។  ដើរមិនបានប៉ុន្មានជំហានផង ខ្ញុំប្រទះឃើញតុមួយដែលពោរពេញដោយគ្រឿងសក្ការៈមានធូប មានទៀន ដុតបំភ្លឺ។ នោះដូចជាគ្រឿងធ្វើពិធីបញ្ជាន់ព្រលឹងអីមួយ។ មើលទៅលើតុឃើញមានបាយម្ហូបថ្មីៗ ខ្ញុំគិតដឹងភ្លាមថាប្រាកដជាភារុណទើបយកមកដាក់អម្បាញ់មិញនេះ។

នៅក្បាលតុមានរបស់អីម្យ៉ាងដែលគ្របជិតដោយក្រណាត់ពណ៍ស។ ខ្ញុំបង្ខំចិត្តលូកដៃទៅទាញក្រណាត់សនោះចេញទាំងភ័យខ្លាចខ្លាំង។

«ពុទ្ធោ!»

វាជារូបសំណាកមនុស្សដែលខ្ញុំស្គាល់ម្នាក់ធ្វើពីក្រមួនមានព័ទ្ធសីមាជុំជិត។ ខ្ញុំច្បាស់ណាស់នេះជារូបរបស់ភារុណ។ ពិនិត្យរូបរួចសព្វគ្រប់ខ្ញុំស្រាប់តែស្រឡាំងកាំង។

«រូបរបស់ភារុណតែម៉េចក៏សរសេរឈ្មោះវុធទៅវិញ?»

ខ្ញុំញ័រដៃទ្រើកៗ! នេះព្រលឹងរបស់វុធពិតជាសណ្ថិតក្នុងខ្លួនភារុណពិតមែន។ ភារុណដែលស្រាប់តែល្អនឹងខ្ញុំក៏ដោយសារតែវិញ្ញាណវុធជាអ្នកបញ្ជា? ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរចុះកាត់បបូរមាត់ដែលបម្រុងស្រែកយំ។ ខ្ញុំលើកដៃបំណងជូតវាកុំឱ្យស្រក់ទាន់។

ស្រាប់តែ….

«ទូក! ទូក!»

សំឡេងអ្វីម្យ៉ាងលាន់ឡើង។ ខ្ញុំស្តាប់ទៅហាក់ដូចជាសំឡេងមនុស្សគោះជើងលើការ៉ូ។ ដូចជាចាំបានថាថ្ងៃដែលខ្ញុំមកទីនេះពេលមុន ខ្ញុំក៏បានឮសំឡេងនេះដែរ។

ខ្យល់ត្រជាក់ស្រាប់តែបក់មកធ្វើឱ្យខ្ញុំព្រឺឆ្អឹងខ្នងខ្ញាក។ ឆ្កែអ្នកស្រុកក៏ចាប់ផ្តើមលូហូរហែ។ ខ្លែងស្រាកមួយគូហើរមកពីណាមិនដឹងស្រាប់តែមកទុំនៅមាត់បង្អួច យំខ្វាកៗគួឱ្យខ្លាច។ ចុងដៃចុងជើងខ្ញុំឡើងត្រជាក់អស់ហើយ ឯបបូរមាត់ឡើងស្លេកប៉ឹម។

«មិនបានទេ! ខ្ញុំគួរប្រញាប់ចាកចេញពីទីនេះទើបបាន។»

ខ្ញុំប្រញាប់ប្រញាល់រត់ចេញទៅក្រៅសំដៅម៉ូតូ។ ខ្ញុំជិះម៉ូតូយ៉ាងលឿនចេញពីទីនោះ តែអារម្មណ៍នៅតែដក់ជាប់នឹងអ្វីដែលខ្ញុំបានឃើញមុននេះ។ រូបក្រមួនរបស់ភារុណដែលមានសរសេរឈ្មោះវុធខាងក្រោយបញ្ជាក់ច្បាស់ហើយថាព្រលឹងវុធពិតជាស្ថិតក្នុងខ្លួនភារុណមែន។ នីកាស្មានមិនខុសទេ។ កាលដែលភារុណស្រាប់តែធ្វើល្អនឹងខ្ញុំនេះក៏ដោយសារព្រលឹងវុធជាអ្នកបញ្ជាដែរ។

មានភាគបន្ត…