រឿង៖ អ្នកគ្រូណាហ្សាលី ភាគទី១

វិទ្យាល័យចុត្យា ដែលធ្លាប់ជានិមិត្តរូបនៃឧត្តមភាពសិក្សា ឥឡូវនេះបែរប្របូកច្របល់ ពេញ​ដោយ​ចចាម​អារ៉ាមនិងលាក់កំបាំងទៅដោយការភ័យខ្លាច។

ការបាត់ខ្លួនរបស់សិស្សចំនួន៤នាក់ តាំងពីថ្ងៃចន្ទមកដល់ថ្ងៃសុក្រនេះ ​បាន​ធ្វើ​ឱ្យ​សហគមន៍​សិស្ស​ គ្រូ និង​សាលារៀនទាំងមូលស្ថិតក្នុងភាពតក់ស្លុតប្រុងជើងការមិនច្បាស់លាស់។

«តាំងពីអ្នកគ្រូម្នាក់ហ្នឹងមកបង្រៀន សិស្សបាត់ខ្លួនម្តងម្នាក់ៗ»

ចម្លើយរបស់ Receptionist កំពុងប្រាប់ប៉ូលិសកត់ត្រា។ នៅជ្រុងម្ខាងទៀតនៃសួន មីង​អ្នក​សម្អាត​យំ​យែក​និយាយ​ជាមួយ​ប៉ូលិស​ស្រី​ម្នាក់​ផ្សេង៖

«អ្នកគ្រូណាហ្សាលីហ្នឹង​ហើយ​មានអ្នកណាទៀត! ចរិតចម្លែកៗ! គាត់​ទើប​តែ​ផ្លាស់​មក​បង្រៀន​កាល​ពីថ្ងៃចន្ទ ក៏​បាត់​ខ្លួនសិស្សម្នាក់! ស្អែកបាត់ពីរនាក់ទៀត! ម្សិលម្ង៉ៃ​បាត់​សិស្ស​ចូល​ថ្មី​ម្នាក់​ទៀត​  គ្នាជាកូនបរទេស!  លោក​គ្រូ​នាយក​ត្រូវ​បាន​ពួក​យើង​រាយ​ការណ៍​ឱ្យ​ហៅ​អ្នក​គ្រូ​នេះ​ទៅ​ប្រជុំ​សួរ​ចម្លើយ​ ស្រាប់តែ…គាត់ដួលស្លាប់ មិនទាន់ដឹងអីផង!»

ពិតណាស់លោកនាយកសាលា លោក រិទ្ធី ក៏ត្រូវបានគេរកឃើញ​ស្លាប់​ក្រោម​កាលៈទេសៈ​ដ៏​អាថ៌​កំបាំង គឺលើស​ឈាម ដួលនៅនឹងការិយាល័យ​ពេលហៀបចេញទៅប្រជុំពីល្ងាចមិញ។

ឡាន​ពេទ្យ ឡាន​ប៉ូលិស គ្រួសារសិស្សមកទទួលព័ត៌មាន​និងយំយែកពេញបរិវេណខាងមុខ។

ឡាំ ជាអ្នកយាម​វ័យ៣៣ឆ្នាំ មានមាឌធំនិងទឹកមុខក្លាហាន។ គាត់​កំពុង​និយាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​យ៉ាងក្រៀមក្រំ៖

«ពីរថ្ងៃហើយ លោកនាយកអត់បាយទឹកពេញមាត់ទេ គាត់នៅសាលាប្រជុំនៅណេះ ទាំង​ថ្ងៃ​ទាំង​យប់! ពេលនេះគាត់ស្លាប់បាត់ហើយ ក្មេងៗនៅបាត់ខ្លួន!»

សាលាចុត្យា​នេះទាំងមូល រឹតតែរុំព័ទ្ធដោយភាពភ័យខ្លាច សង្ស័យ។ សិស្ស​ផ្សេងៗទៀត ត្រូវ​បាន​​ម្តាយ​​ឪពុកមកជម្លៀសចេញ ផ្អាករៀនដល់គ្រប់យ៉ាងរៀបរយនឹងធានាឡើងវិញ។

«ឯងប្រាកដហើយថា​យើងទៅបន្ទប់នាយក!» ឌីណាវ័យ១៥ឆ្នាំ កំពុងនិយាយផងរត់តាម កញ្ញា​ជេនី វ័យ១៧ឆ្នាំដែលជាមិត្តនឹងគ្នា​។

ជេនីខ្សឹបតបវិញ៖

«ប៉ូលិសអស់នោះជិតមកដល់ហើយពួកគេគ្មានបានការទេ បានត្រឹមសម្អាតអស់ព័ស្តុ​តាង! សិស្ស​ស្លាប់​បួននាក់ហើយមកអង្កេត​រាល់ថ្ងៃ គ្មាចម្លើយទាំងអស់!»

ដោយឃើញថា ជេនីក៏​តាំងចិត្តដើម្បីស្វែងរកលាតត្រដាងការពិត ឌីណាខំរម្ងាប់ចិត្ត​នាង​ដែល​ញាប់ញ័រ​ហើយងក់ក្បាល៖

«ត្រូវណាស់! យើងត្រូវការរកការពិតសម្រាប់នីន មិត្ត​របស់យើង នាង​ហេតុអ្វី​ត្រូវ​ស្លាប់​ទាំង​ក្មេង​?»

«ពួកគេមិនស្លាប់ទេ!» ជេនីបន្ថែមទាំងមុខក្រញូវ។ ចិត្តនាងនឹកដល់រិទ្ធិ ប្រធាន​ថ្នាក់​នាង​ដែល​ជា​ម្នាក់​ក្នុងចំណោមសិស្ស​កំពុងបាត់ខ្លួន។

យុវនារីវ័យក្មេងទាំងពីរបានរត់មកដល់កន្លែងកើតហេតុ គឺការិយាល័យនាយករិទ្ធី ដែល​ជេនី​និង​ឌីណា តាំងចិត្តដើម្បីលាតត្រដាងការពិតឱ្យខាងតែបាន​អំពី​ភាព​មិន​ប្រក្រតី​នៃ​សាលា​រៀន​នេះ​។

ពួក​គេសសៀរឡើងជណ្តើរមកដល់ជាន់ទីពីរ។ ការិយាល័យ​របស់​លោក​នាយក​សាលា​ស្ថិត​នៅ​ដើម​ផ្លូវ។

បន្ទប់បិទទ្វារតែមិនបានចាក់សោ​ទេ។ ពួកគេ​រុញយឺតៗ…ចូលក្នុង។ ទីនេះ​ពេញ​ដោយ​ភាព​ច្របូក​ច្របល់​។

«មានអ្នកណាមករើអីមុនយើងអស់ហើយ? ចំមែន!» ជេនីលាន់មាត់ធ្វើឱ្យឌីណា​លើក​ម្រាម​ពីរ​មក​ខ្ទប់មាត់ខ្លួនឯង​ទាំងភ្នែកក្រឡង់ៗ។

«នាងកំសាក!»

ជេនីថាឱ្យដោយស្ទាបបថ្ងាសមិត្ត​លលេង។

«យើងមិនកំសាក​ទេ មានអានីនតាមការពារយើងហើយ យើង​នឹង​បក​អាក្រាត​អ្នក​…​គ្រូ​…​នោះ​…!»

និយាយដល់ពាក្យ​អ្នកគ្រូ​ជេនីថ្លោះទឹកមុខ​ រីឯឌីណា​ក៏ធ្វើមុខស្លេក បណ្តាល​ឱ្យបរិយាកាស​កាន់​តែ​មានអារម្មណ៍ថាធ្ងន់ឡើងនៅពេលនេះ។

ក្រដាសប្រលងត្រូវបានរាយប៉ាយពាសពេញតុរបស់លោកនាយករិទ្ធីតែ​មិនអាចលុប​ពីលើនិមិត្តសញ្ញា​កំណត់ចំណាំសម្ងាត់មួយ ជាប្រយោគដែលបង្ហាញ​ពីអ្វីសែន​អាក្រក់​ជាង​គ្រប់​គ្នា​គិត​។​

ជេនី​បាន​រើស​ក្រដាស​មួយ​ដែល​មាន​និមិត្តសញ្ញា​ចម្លែក​ពិសេសពីលើនោះ។ នាង​បាន​និយាយ​ឡើង​ទាំងរញីរញ័រថា៖

«នេះ​មើល​ទៅ…​ដូច​ជា​កូដ?​»

«កូដតាស៎  តែខ្ញុំមើលមិនយល់» ឌីណា ងក់ក្បាលហើយបញ្ជាក់។

«យើងម៉េចអ៊ីចេះ? យើង​​ត្រូវ​ការ​អ្នក​ដែល​យល់​ពី​រឿងកូដអស់នេះមកជួយ!»

«នែ៎ មាន!!!! មនុស្ស​ម្នាក់!  ប្រហែលជាបងមន្ត! បងមន្តណា៎ គេចេះ គេ​អាច​ជួយ​ពួក​យើង​បាន​»​ ឌីណាត្រេកអរ។

មន្ត ជាក្មួយប្រុសរបស់នាយកសាលារិទ្ធី គេមានវ័យ២២ឆ្នាំ ធ្លាប់រៀននៅសាលាចុត្យាដែរ តែបានចេញបន្តនៅមហាវិទ្យាល័យ​ជាងបីឆ្នាំហើយ។ ពេលនេះនារីទាំងពីរមិនដឹងឡើយថា មន្ត ក៏​ជា​អ្នក​សង្កេត​ការណ៍ដោយស្ងៀមស្ងាត់អំពីភាពវឹកវរដែលកើតឡើងនៅសាលាលោកមាគេ។

មន្តត្រូវបានគេស្គាល់សម្រាប់ជំនាញស៊ើបអង្កេត និង​សាវតា​ពិសេស​របស់គេ​នៅក្នុង​ឧក្រិដ្ឋកម្ម​វិទ្យា តាំងពីមិនទាន់រៀនចប់បាក់​ឌុប។ ប៉ាគេជាប៉ូលិស ដែលមានស្នាដៃ តែ​គាត់​កំពុង​ប្តូរ​ទៅ​រៀន​បន្តនៅបរទេស។ មន្តគឺជារៀមច្បងម្នាក់ដែលជេនីនិងឌីណាសង្ឃឹមថា អាច​ផ្តល់ការយល់​ដឹង​ខ្លះៗ​លើកូដនេះ ព្រមទាំងមាន​ភាពវ័យឆ្លាតក្នុងការអង្កេត។

ដូច្នេះនារីទាំងពីររកវិធីចួបជាមួយរៀមច្បងមន្តភ្លាមៗ។ ដូចទម្លាប់រាល់ដង​ទោះបី​ជា​ឈប់​រៀន​​ហើយក៏មន្តរមែងមកទីនេះញឹកញាប់។ ជេនីនិងឌីណា បានរកឃើញសិស្សច្បង នៅ​ក្នុង​បណ្ណាល័យ​របស់សាលា ដែលកំពុងក្រពុលមុខជាមួយឯកសារនិងរបាយការណ៍ចាស់ៗ។

មុខ​របស់មន្តគឺជារបាំងនៃការសង្ស័យ​តក់ក្រហល់និងស្មុគស្មាញ។ គេប្រមូលផ្តុំ​ឯកសារ​ជា​ច្រើន​​និងវាយកំព្យូទ័រហើយថតរូប។ នៅពេលគេពិនិត្យ​មើលឯកសារនានា​គេមិនរវល់ថា​មានអ្នកណា​មក​ដល់​ទេ។

«បងមន្ត!» ឌីណា​បានចាប់ផ្តើមហៅ​ស្រួយស្រឹប។

មន្តងាកមក។ ជេនីញញឹម​ស្រស់៖

«ពួកយើងត្រូវការជំនួយ!»

មន្តញញឹម​តិចៗ តែគេស្មុគស្មាញខ្លាំង។ នារីដើរចូលក្បែរៗ​ហើយ​ជេនី​លើក​ក្រដាស​បង្ហាញ​៖​

«​រក​ឃើញ​កំណត់​ត្រា​ទាំង​នេះ​នៅ​ក្នុង​ការិយាល័យ​របស់លោក​នាយក​!»

មន្តក្រឡេកមកមិនទាន់ទទួលទេ ឌីណានិយាយបន្ថែម៖

«ហើយ​វា​ហាក់​ដូច​ជា​ទាក់​ទង​នឹង​ការ​ស្លាប់​ថ្មីៗ​នេះ ក្នុងសាលាយើង»

មន្ត ងើបមុខឡើងមកទាំងកែវ ភ្នែកមុតស្រួច និងផ្តោតអារម្មណ៍លើអ្វីដែលឌីណារៀបរាប់។

ជេនី​បាន​ប្រគល់​កំណត់​ត្រា​ឱ្យ​ទៀត ហើយបញ្ជាក់៖

«គាត់ជាពូរបស់បង ​បងដឹងហើយថា មុនស្លាប់គាត់បានជំរុញការស៊ើបដោយខ្លួនគាត់ លើ​ករណី​ស្លាប់​របស់សិស្ស​ស្រី! ឥឡូវគាត់ស្លាប់ម្នាក់ទៀត ពួកប៉ូលិស​យើងមិន​បានសង្ឃឹមទេ បាន​ជា​ទៅ​ទីនោះ​ឆែកមុនពេលគេមកដល់។»

«ជេនី​រក​ឃើញក្រដាសកូដនេះ ​​នៅ​លើ​តុ​របស់​លោកគ្រូនាយក !»

ពេលបុរសនេះទទួលយកទៅពិនិត្យ ជេនីប្រញាប់ពោលបន្ថែម៖

«ចម្លែក!»

មន្តបានឈ្ងោក​ពិនិត្យយ៉ាងយកចិត្តទុកដាក់ មាត់គេរអ៊ូ៖

«និមិត្តសញ្ញាទាំងនេះ មើលទៅដូចជាការលាយបញ្ចូលគ្នានៃអក្សរខ្មែរបុរាណ និង​អក្សរ​សម្ងាត់​ទំនើប! កូដ!  វា​អាច​ទៅ​រួច ​ដែល​អ្នកសរសេរ ចង់​បញ្ជូន​សារ​មួយមក ប៉ុន្តែ​​មិន​ច្បាស់​!»

«លោកនាយក?» ឌីណា លូកមាត់សួរ។

មន្តសម្លឹងនាង​ ខណៈជេនីខ្សឹបៗ៖

«អាចជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់គាត់ទេ គាត់រកឃើញអីមុនស្លាប់?»

ទេ!!!

មន្តគ្រវីក្បាល។ ពួកគេចំហមាត់ស្តាប់មុនសួរវិញភ្លាម៖

«តើអាចទេ មាននរណាម្នាក់កំពុងព្យាយាមផ្ញើសារមកយើង? !»

ជេនីក្រឡង់ៗចាំស្តាប់ទៀត។

«អាចតាស៎!» ឌីណាឆ្លើយ។

មន្តងក់ក្បាល៖

«ប៉ុន្តែយើងត្រូវធ្វើការសម្រាយលើកូដនិមិត្តសញ្ញាទាំងនេះទើបអាចស្វែងយល់បានថាតើវាមានន័យយ៉ាងណា?»

«ត្រូវ!» ជេនីផ្ទួន «​អាច​ផ្តល់ឱ្យ​យើង​នូវ​តម្រុយ​មួយ ​អំពី​អ្នកណា​ដែល​នៅ​ពីក្រោយ​ឃាតកម្ម​ទាំងអស់នេះ​ដែរ»​។

ដោយ​មាន​ជំនួយ​ពីមន្ត ​នារីទាំងពីរក៏បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​កាន់​តែ​ហ្មត់ចត់ក្នុង​​បណ្ណា​ល័យ​​នេះជាមួយគ្នា​អំពីកូដ។

«នេះដូចជាផែនទី!»

ការរកឃើញរបស់មន្តធ្វើឱ្យពួកគេភ្ញាក់ផ្អើលព្រោះមន្តអះអាងថា គេស្គាល់ទីនេះ។ វា​ជា​បន្ទប់​ដាក់​អីវ៉ាន់ចាស់ត្រូវបានបោះបង់ចោល គឺនៅជាន់ក្រោមដីនៃអាគារបណ្ណាល័យនេះ។

«ខ្ញុំទៅជាមួយសិស្សច្បង!»

ឌីណាតាំងចិត្ត​។ ​ជេនីក៏ងក់ក្បាលតាម។

ពួកគេមិនបានបញ្ឈប់ការស្រាវជ្រាវទេ។ ទាំងបីកាយបានមកដល់  បន្ទប់​ចាស់ដែលពិតជា​ពោរពេញទៅ​ដោយ​លម្អងធូលី តែ​ពិតជា​បង្កប់​មាន​អាថ៌កំបាំង។

ចូលមក!

ជេនីកោះហៅ ខណៈដែលឌីណាខ្ពើមរអើមនិងខ្ទប់ច្រមុះនៅមាត់ទ្វារ។ ឌីណាចូលមកលបៗ។

ឧស្ម័នខ្យល់ក្នុងបន្ទប់ចាស់ ពេញដោយក្លិនសំណល់ក្រដាស ទឹកថ្នាំ និងធូលី។ ស្រមោល​នៃ​ពន្លឺ​ព្រះអាទិត្យ​បានរអិលកាត់តាមកូនបង្អួចតូចចង្អៀតលើជញ្ជាំងខ្ពស់ ដោយ​បញ្ចេញ​លំនាំ​គួរ​ឱ្យ​ខ្លាច​នៅ​លើកម្រាលស៊ីម៉ង់ត៍។

សិស្សចង​ចិញ្ចើម​ដោយ​ផ្តិត​មេដៃ​តាម​ទំព័រ​ដ៏​ផុយស្រួយ​នៃ​កំណត់​ត្រាសៀវភៅក្រមៅ​សែន​​ចាស់​ពេក​។ ​មន្តមានអាការអាចដឹងពីអ្វីដែលចម្លែកៗអំពីកន្លែងនេះ ដូចជា​ជញ្ជាំង​កំពុង​ខ្សឹប​ប្រាប់​គេ​នូវ​អាថ៌កំបាំងដែលត្រូវបាន​អ្នកផង​បំភ្លេចចោលមកជាយូរមកហើយ។

«នេះ…កំពុងលាក់អ្វីមួយ» សិស្សច្បងបាននិយាយទៅកាន់ខ្លួនគេដោយ​ទាញ​សំឡេង​ដង្ហើម​ធ្ងន់ៗ តែសិស្សប្អូនទាំងពីរ​ងក់ក្បាលស្រប។

ពួកគេ​ទុកចិត្ត​លើសមត្ថភាពស៊ើបអង្កេត​របស់មន្ត។

មន្តងើបមុខសម្លឹងជញ្ជាំង ដូចជា​សៀវភៅលើដៃបានប្រាប់គេអំពី​​អាថ៌កំបាំង​អ្វី​ដែល​ស្ថិត​នៅ​ក្នុង​ជញ្ជាំងស្រគាំទាំងនេះ។

បណ្ណាល័យ​នៅខាងលើតែងតែ​មើល​ទៅ​ហាក់​ដូច​ជា​ធម្មតា ប៉ុន្តែ​អារម្មណ៍​នៃ​ភាព​ធម្មតា​នោះ​ឥឡូវ​បញ្ចប់ដោយភាព​សង្ស័យនិងជក់ចិត្ត​ថា ក្រោមបណ្ណាល័យ មាន​​អ្វី​ដែល​ជ្រៅ​ជាង​ការ​គិត​របស់​មនុស្ស​គ្រ​ប់គ្នា។

នៅពេលម្រាមដៃរបស់ឌីណា ញែកស្ទាបតាមគែមនៃជួរសៀវភៅចាស់ៗ​រឿង​និទាន​បុរាណៗ​ខ្មែរ​ នាង​​មានអារម្មណ៍ថា ខុសៗ។

«ម៉េច…កន្លែងនេះ…ដូចជាមានខ្យល់?»

មន្តងាកមក។ ជេនីដែរ។ បេះដូង​របស់ឌីណា​លោត។ ​

«មែន! ខ្យល់ ហាក់ដូចជាមកពីប្រភពខាងក្រោយធ្នើរនេះ!»

វាជាធ្នើដ៏ខ្ពស់មួយ​បើមិនមានមន្តទេ នារីទាំងពីរលូកមិនដល់ឡើយ។

មន្តងក់ក្បាល​ ហើយបានចាប់ផ្តើមដាក់សៀវភៅចោល​ ស៊កហ្វូនក្នុងហោប៉ៅខូវប៊យ រួច​យក​ដៃ​ទៅ​ស្ទាបជញ្ជាំងនៅពីក្រោយធ្នើរនោះ។

«ហាស មានប្រហោងខ្យល់!»

គេនិយាយហើយគ្រហឹមមួយវឹបរើ​ធ្នើ​​ចេញ។ ធូលី​​បក់មកឈបឆួល​ពេញផ្ទៃបន្ទប់។ ខ្យល់​ថ្មី​បុក​​ចូល​​ទៅ​ក្នុងបរិយាកាស ​ខណៈ​ដែល​ធ្នើរ​សៀវភៅ​បាន​បើក​ចេញមក​ដោយ​បង្ហាញ​ទ្វារមួយ​​លាក់​នៅ​​ពី​ក្រោយ​វា។ មនុស្ស​ទាំងបី​ចំហមាត់ ឈរ​សម្លឹង​គ្រោង​ដ៏​ស្រទន់​នៃ​បន្ទប់មួយ​ដែល​ត្រូវ​បាន​ពិភព​លោក​នេះ​​បំភ្លេច​ចោល​។ ​នៅ​ខាង​ក្នុងគ្រប​ដណ្ដប់​ដោយ​ភាព​ងងឹត។ ជេនីមកក្បែរឌីណា ខណៈមន្ត ស្ទាក់ស្ទើមុនពេលបើកហ្វាទូរសព្ទ ។

«ខ្ញុំចូលមុន!»

គេនិយាយហើយ ដើរឈានតិចៗ។ មួយសន្ទុះនេះសន្ធឹក ខ្យល់ក៏ត្រជាក់ក៏ថយចុះ ហាក់ដូចជា ឈាន​ចូល​ដល់វេលាមួយ​ផ្សេង​ទៀត​។

មន្តដកដង្ហើមធំ បន្តឈាន​ចូល​ក្នុងបន្ទប់​ដែលនៅផ្ទៃខាងក្រៅត្រូវបានបិទបាំងដោយ​សម្បុក​ពីង​ពាង​ ធូលី​ដីក្រាសល្មម។

ជំហាននីមួយៗធ្វើឱ្យបង្កើតបានជាពពកធូលីហុយខ្មួលនៅចុងពន្លឺពិល…គេទាញម៉ាសពាក់ ហើយ​ចូលទៅក្នុងខ្យល់នោះ។

គេបញ្ចាំងឃើញទីនេះមាន​ កម្រាល​ឥដ្ឋ ​អាចថាតាំងពីជំនាន់បារាំង បើ​យោង​តាម​រចនាបថ​របស់វា​។ ខណៈ​មន្ត រើខ្លួនរំកិល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​លលម្ហ ពិលរបស់គេបានលោតភ្លឹបភ្លែតៗ ដោយ​បង្ហាញ គ្រោងនៃរូបថតចាស់ៗដែលត្រូវព្យួរតាំងនៅលើជញ្ជាំង ។

«ដូចជាអ្នកណា ខ្ញុំធ្លាប់ស្គាល់!»

ជេនី​ចូលមកដល់ពីអង្កាល់មិនដឹង បានជាសំឡេង​នាងពញ្ញាក់មន្តឱ្យងាកមក​សម្លឹងនារី​ទាំង​ពីរ​។ ឌីណាងក់ក្បាលចង្អុល។

មន្តបែរ​មកមើលលើជញ្ជាំងវិញ។ ទឹកមុខរវាង​សិស្សនិងគ្រូនៅទីនេះទោះបីជាកាលវេលាមួយត្រូវបាន​កក​នៅក្នុង​សម័យ​កាល​ជំនាន់​មួយផ្សេងទៀតតែមន្ត​យកចិត្ត​ទុកដាក់គិតទាំងសង្ស័យ។

«ពួកគេជាអ្នកណា? ម៉េចប្រហែលៗ?» ឌីណាបន្ទរ។

មន្តគិតដូចគ្នាបានជាគេរេភ្នែករកមើលអំណះអំណាងបន្ថែម។ នុះ! តុធំមួយនៅចំ​ជ្រុងងងឹត។ ទីនោះគ្របដណ្ដប់ដោយពីងពាងនិងអាចន៍កន្លាតបញ្ជា​ក់ថា ត្រូវបាន​គេបោះបង់​លែងថែ​ទាំចោល​ជា​យូរ​មកហើយ។

សិស្សច្បងវែករកកាន់​ឯកសារ​មួយ លើកមកផ្លុំពិនិត្យ​​ដោយ​យក​ចិត្ត​ទុក​ដាក់​ដាក់​ក្នុង​ដៃ។ វា​ជា​​បំណែក​នៃ​ក្រដាស​ពណ៌​លឿង​ដែល​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ដើម​នៃ​សាលា ។

កំពុងគិតដោយភ្ញាក់ផ្អើលជាមួយអ្វីម្យ៉ាងលើឯកសារនោះ មន្តត្រូវបានជេនីហៅ៖

«មើលរូប​ថតនៀក!»

ពេលមន្តងាកមក រូបថតតូចចាស់ដេលជេនីបង្ហាញមក បានចាប់ភ្នែកគេ។ វា​ជា​រូបភាព​ស​ខ្មៅ រវាង​​សិស្ស​មួយ​ក្រុម​ឈរ​នៅ​ខាង​មុខ​បណ្ណាល័យ ប៉ុន្តែ​នៅ​ផ្ទៃ​ខាង​ក្រោយ​ មាន​អ្វីមួយ​មិន​ប្រក្រតី។ នៅ​ពី​ក្រោយ​សិស្ស​ឈរ​ស្រមោល​មួយ មើល​ស្ទង់ៗ​ពី​ចម្ងាយ។ វត្តមាន​​នេះ​បាន​ធ្វើ​ឱ្យ​មន្តព្រឺឆ្អឹងខ្នង។

ម្រាមដៃរបស់គេញ័របន្តិច រួចដៀងមកនារីទាំងពីរ ព្រោះមិនច្បាស់ថា​ពួកនាងឃើញដូចគេ​ដែរ​អត់​។  នៅពេលសិស្សច្បង​ដាក់រូបថតចុះមក​លើ​តុ ចំ​ពេល​មាន​គំនរ​កំណត់​ត្រា​ដែលត្រូវបាន​គរ​​ចោល​​នោះ គឺ​ជា​មាន​សៀវភៅ​កំណត់ហេតុ​ស្បែក​ដ៏​ធំ​មួយ។

មន្ត​បើកវាដោយប្រុងប្រយ័ត្ន។ គ្រប់យ៉ាងបង្ហាញថាជាកំណត់ត្រាសរសេរដោយដៃ។ ការ​សរសេ​រដោយដៃមានភាពមុតស្រួចនិងរញ៉េរញ៉ៃ ហើយ​ធាតុទាំងនោះ​និយាយអំពី​ហេតុការណ៍​ចម្លែក​ៗ​​នៅសាលា។ ការបាត់ខ្លួនដ៏អាថ៌កំបាំង បន្ទប់លាក់កំបាំង និងការប្រជុំសម្ងាត់ត្រូវបានលើកឡើង ដែល​មើលទៅហាក់ដូចជាជាប់ទាក់ទងនឹងបន្ទប់ដែលទាំងបីប្រាណ​កំពុងឈរ។

ទិនានុប្បវត្តិ បានចុះកាលបរិច្ឆេទជិតមួយសតវត្សមុន។

«ខ្ញុំយល់ហើយ!» មន្តរអ៊ូហើយងក់ក្បាលបែរ​ក្រោយប្រមូលទាំងរូបថយ​និងឯកសារ​យក​តាម​ខ្លួន​។

«តស់យើង!»

ស្រីៗទាំងពីរធ្វើតាមសិស្សច្បង ហើយឆ្ពោះទៅរកការិយាល័យគ្រូបង្រៀន។ ពេល​នេះ​ម៉ោង​៧​យប់​ហើយ ​អ្នកស្រីណាហ្សាលីនៅម្នាក់ឯងយ៉ាង​ស្ងាត់ស្ងៀមអានសៀវភៅ។

​ «អ្នកគ្រូណាហ្សាលី!»

មន្តបានចាប់ផ្តើមខណៈឌីណាស្លេកមុខ ឯជេនីក្រពាត់ដៃខឹង។ មន្ត​វាចា​បន្ត​ខណៈអ្នកគ្រូធ្វើមុខស្មើ៖

«យើងបានរកឃើញព័ត៌មាន ទាក់ទងនឹងពិធីចាស់ដែលធ្វើឱ្យគ្នា​យើងស្លាប់ រួម​ទាំង​លោក​ពូ​ខ្ញុំ​ផង​!»

មុខ​របស់​អ្នកគ្រូ​ណាហ្សាលី​ឡើងស្មើ គាត់ក្រពាត់ដៃ៖

«និយាយពីអីនៀក!»

 ជេនីខាំមាត់និយាយ៖

«មិនបាច់ប្រកែកទេ ពួកយើង បានរកឃើញទំនាក់ទំនងរវាងការស្លាប់សិស្សបួននាក់ មិត្តរបស់យើង និងលោកគ្រូនាយក! ឃាតុកម្មនោះ វាពាក់ព័ន្ធ នឹងអ្វីមួយពីអតីតកាល។ តើ​អ្នក​គ្រូ​លាក់​បាំង​អ្វីជាមួយយើង?»

ភាព​ស្ងប់​ស្ងាត់​របស់​អ្នក​ស្រី ណាហ្សាលី បានស្តែងឡើង។

«បើដឹងរឿង ទៅប្រាប់ប៉ូលិស​ទៅ មកនិយាយនៅទីនេះបានការស្អី?»

នៅពេលដែលគាត់ដំឡើងសំឡេងខ្យល់បោក​វឹបលើបង្អួចខាងក្រៅ។ សីតុណ្ហភាព បាន​ចុះ​ត្រជាក់​ ឈានដល់កម្រិតរងា។

ដោយមានផ្លេកបន្ទោរនិងផ្គរលាន់បន្លឺឡើងពីចម្ងាយ បណ្តាលឱ្យ​វិទ្យាល័យចុត្យា មានភាព​តាន​តឹង​បន្ថែម​។ ​តែ​ជេនី ឌីណា និង​មន្ត បាន​ត្រៀម​ខ្លួនជាស្រេចហើយ ​សម្រាប់​ការ​ប្រឈម​មុខ​គ្នា​ចុង​ក្រោយ​​ជាមួយ​នឹង​ការពិតដ៏អាស្រូវនេះ។

«យោងតាមសៀវភៅកត់ត្រា​និងកំណត់ចំណាំសម្ងាត់ បេះដូង​នៃ​អាថ៌កំបាំង​ដែល​លាក់​នៅ​ពី​ក្រោយ​ជញ្ជាំង បន្ទប់ក្រោមដី បើកបង្ហាញនូវ ​និមិត្តសញ្ញា​បុរាណ និង​វត្ថុបុរាណ​ចម្លែកៗ អាសនៈ ដែល​មានសៀវភៅក្រប​ស្បែកដែលជាព័ត៌មាន​ លម្អិតនៃពិធីធ្វើឡើងដោយសាសនានិកាយ​​ខ្មៅ​សម្ងាត់​មួយ»

ណាហ្សាលីងាកមុខចេញ ញញឹម​យ៉ាងត្រជាក់៖

«គ្រូមិនដឹងថា ពួកកូនមើលកុន Netflex ខ្លាំងពេកដល់ថ្នាក់វង្វេងអ៊ីចឹងទេ!»

ជេនី​ជួយនិយាយប​ន្តពីមន្ត៖

«ធ្លាប់មានពាក្យចចាមអារ៉ាមថា នេះជាផ្នែកមួយនៃប្រវត្តិសាលានេះ! អត្ថបទ​បាន​ពិពណ៌នា​ថា មានសិស្សស្រីកាន់ពិធីនិកាយ​​ខ្មៅ ដែល​ងុបងល់​នឹងការ​ប៉ុនប៉ង​យក​ជីវិតអមតៈ​តាមរយៈ​ការ​លះ​បង់​​ជីវិតមនុស្សស្លូតត្រង់។ ហើយអ្នកគ្រូជាម្នាក់ក្នុងចំណោមរូបថតចាស់នោះ ក៏ជាសិស្ស​ដែល​ធ្លាប់​សម្លាប់​មិត្ត​ខ្លួនឯង៤នាក់និងគ្រូខ្លួនឯង​ កាលពី២០ឆ្នាំមុន​នេះ ហើយគេចខ្លួន។ ពេល​នេះអ្នកគ្រូ​វិលមក​វិញ ចង់សម្លាប់បន្ថែមទៀត! ព្រោះជាវដ្តម្ភៃឆ្នាំម្តង! គ្រប់បីដង និកាយ​ឆ្កួត​របស់​អ្នកគ្រូ​គិតថា​នឹង​បានជីវិតអមតៈ!»

«ពូកែណាស់កូនល្អ!» អ្នកគ្រូ​ងើបក្រោកចេញមកពីស្រមោលលើឥដ្ឋជាមួយ​អាកប្បកិរិយា​ត្រជាក់​និង​​គួរឱ្យព្រឺ។ ឌីណា​លេបទឹកមាត់ភ័យ តែនាង​ត្រូវ​បាន​អមជេនី កុំឱ្យភ័យខ្លាច។

​​មនុស្ស​មួយ​ក្រុម​ពាក់​ម៉ាស់ជិត​បិទ​បាំង​អត្តសញ្ញាណដើរចូលមកព័ទ្ធជុំវិញអ្នកគ្រូ។ ដូចជា​កូន​ចៅហែរហមគាត់។

ជេនី ឌីណា និងមន្តស្រឡាំងកាំង។ ពួកគេថយមកក្បែរគ្នា​ ត្រៀមប្រឈមមុខ ខណៈ​ជេនី​ស្រែក​សួរញ័រ៖

«ស្អីគេនេះ?»

ឌីណាស្រែកឡើង៖

«អ្នកគ្រូណាហ្សាលីជាមនុស្ស​អាក្រក់!»

«ខុសហើយកូន!» ស្រី្តនេះបដិសេធទាំងញញឹម «យើងមិនចង់បានត្រឹមតែជាមនុស្សទេ!»

«ហេតុអីអ្នកគ្រូធ្វើបែបនេះ?» មន្តសួរស្ងប់។

ភ្នែក​របស់​អ្នក​ស្រី ណាហ្សាលី ភ្លឺស្វាងដោយមោទនភាព​និង​ពេញ​ចិត្តលើអំពើ​ដ៏​អាក្រក់​លេលា​របស់គាត់។

«សង្គមនិកាយ​ពិសិដ្ឋ​របស់យើងនេះ ត្រូវបានបង្កើតឡើងជាយូរមកហើយ តាំង​ពី​មុន​ពេល​សាលា​ត្រូវ​បានសាងសង់​។ ការ​ស្លាប់​គឺ​ជា​ផ្នែក​មួយ​នៃ​ពិធី​បន្ត​អំណាច​របស់សាសនា​យើង និង​ធានា​ការ​គ្រប់​គ្រង​របស់​យើងលើផែនដី!  នាយក​សាលារិទ្ធី ចង់​ដឹងឮពេក មិនព្រមបិទភ្នែក ​ ដូច្នេះ​យើងបង្ខំ​ចិត្ត​ឱ្យគាត់​ត្រូវ​នៅ​ស្ងៀមជារៀងរហូត»។

 ឌីណា ដកដង្ហើមធំស្រក់ទឹកភ្នែក។

 «ប៉ុន្តែ…នីន និងគ្រប់គ្នា គ្មាន​កំហុសទេ ហេតុអ្វី?»

លីហ្សាណា ញញឹម​ទាំង​ងងឹត​ងងុល​ហើយ​តប​នឹងឌីណា៖

«កូនតូចឌីណា ហេតុអ្វី​យើងយកនីន មិនយកឯង ព្រោះយើងចង់បានឯងជាសាវ័ក!»

ឌីណាដកថយស្រែកឡើង៖

«ទេ!»

អ្នកគ្រូពន្យល់ទៅកាន់មន្តដែលខឹងសម្បា៖

«សង្គមនេះ មានអាយុកាលរាប់សតវត្សមកហើយការ​ស្លាប់​គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​ដល់​ទី​បញ្ចប់ឆាប់ មិនបាច់វេទនាចិត្ត​យូរក្នុងអបាយមុខរបស់មនុស្ស!»

មន្តខាំមាត់ស្រដីតបត៖

«អ្នកឯងមិនមែនមានសិទ្ធិមកសម្រេចឱ្យអ្នកណារស់ឬស្លាប់ទេ មនុស្ស​ឆ្កួត!»

«យើងមានសិទ្ធិកូនប្រុស! យើងមានសិទ្ធិបញ្ចប់ពួកឯងផងដែរ!»

ណាហ្សាលីនិយាយទាំងសើច ហើយទះដៃ។ មាត់គាត់សូត្របីចប់  ស្រមោលថ្មីមួយបានបង្ហាញខ្លួន​នៅមាត់ទ្វារ។ គ្រប់គ្នាខំសម្លឹងដើម្បីសម្គាល់អត្តសញ្ញាណ។

អូ!

ជេនីលាន់មាត់ព្រោះនោះគឺរិទ្ធប្រធានថ្នាក់របស់នាងដែលជាសិស្សម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួននិងសន្មត់ថាបានស្លាប់។ ឥឡូវនេះគេដើរមកជាមួយមាឌដ៏ធំ។ ជេនីញ័របេះដូង។ រិទ្ធិសុភាពណាស់ និងបានសុំណាត់ចួបជេនីក្នុងបែបបទស្នេហាយុវវ័យ ពេលនេះគេមកឈរក្បែរស្មាអ្នកគ្រូហើយធ្វើ ដូចជាមិនមាន​ជេនីនៅនឹងមុខ។

«រិទ្ធិ!​ រិទ្ធបាត់ទៅណា?»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*