រឿង៖ ផ្ទះដែលគេនិយាយ

ជើង​របស់​សិដ្ឋ អូសទង្គិចពីលើ​​កម្រាលស្លឹកឈើ​ព្រៃដែលខ្ពស់ទាប។ ​ជាមួយនឹងសំណើម​នៅ​​ពី​​ក្រោម​នោះ ការរត់របស់គេ រឹត​តែថយល្បឿនព្រោះរអិលនិងហត់គឃូស។

ក្មេងជំទង់នេះមានវ័យ១៥ឆ្នាំ ប៉ុន្តែ​ខ្ពស់​និងស្គមបន្តិច។

បេះដូង​ក្មេងប្រុស ញាប់​ញ័រ​ជា​មួយ​ជំហានថយល្បឿន​និង​អស់​សង្ឃឹម។ នេះ​ជាព្រៃដ៏ក្រាស់​នៃ​ជាយ​ភូមិ​ជាប់ស្ទឹងវែងឆ្ងាយគ្មានអ្នកណាហ៊ានមកទេថ្មើរៗណេះ។

តួព្រៃទាំងមូលបញ្ចេញមកនូវលំនាំពន្លឺស្រអាប់​និងស្រមោលដ៏ស្មុគស្មាញ បង្កើត​បានជា​ឈុត​ឆាក​​​ដ៏​ច្របូកច្របល់។

 ដង្ហើម​របស់គេ ស្រូប​ចូល​យ៉ាង​មុតស្រួច រហ័ស ហត់ ​ជាមួយនឹង​ក្លិន​ក្រអូប​នៃ​ស្លឹក​ឈើ​សើម ​ផ្សិត​​​នៃ​ព្រៃព្រឹក្សា​ជ្រងំ​នាពេលអស្តង្គត។

 មែកឈើនី​មួយៗ ប្រៀបបាននឹង​ក្រញាំ​ជើងឬដៃវែងៗ ដែលពេញដោយ​គ្រោងឆ្អឹង ដូចជា​ភាព​គំរាម​​កំហែ​ងថា នឹងទាញគេចងឡើងខ្ពស់។ ញើស​ហូរ​ចុះ​មក​លើ​ផ្ទៃ​មុខ​លាយ​នឹង​ភាព​កខ្វក់​នៃ​សកម្ម​ភាព​​​រត់​គេច​ខ្លួន​ដោយ​ភិតភ័យ។ បេះដូង​ទូង​ដូច​ស្គរព្រោះវាត្រូវបានខួរក្បាលរំឭក​មកជានិច្ច​អំពី​គ្រោះ​​ថ្នាក់​ដែល​តាមមកពីក្រោយ។

 ភាពស្ងៀមស្ងាត់នៃព្រៃនេះ​ កំពុងត្រូវបានបំផ្លាញជាបណ្តើរៗ ដោយការស្រែក​ហៅគំហក​​កំហែង​​ពី​ចម្ងាយ​។

«វានៅខាងណោះ!»

សិដ្ឋ​មិន​ហ៊ាន​ក្រឡេក​មើល​ក្រោយ​ឡើយ ដោយ​ដឹង​ថា សូម្បី​តែ​ស្ទាក់​ស្ទើរ​មួយ​ភ្លែត​ក៏​អាច​ស្លាប់​​​បាន​​​ដែរ​។ ស្នូរជើង​ដើរ​យ៉ាង​ប្រញាប់​ប្រញាល់នៃមនុស្សពីរឬបីនាក់ កំពុងលាន់មក។

​សូរនេះ មាន​អានុភាព​កាន់​តែ​ខ្លាំង​ឡើងបង្ហាញថា​ ក្រុមក្មេងពាល​ដ៏​គ្រោះ​ថ្នាក់ ក៏​ខិត​ចូល​មករឹត​តែ​​​ជិត​​ដែរ។ ​ពួកគេជាក្មេងកាប់ដាវ វាយកាប់ចាប់ អ្នកភូមិមិនចង់ចួបទេ។ ពេល​នេះ​សិដ្ឋ​ត្រូវ​ប្រដេញ​មក​​។ រាល់​វិនាទី​កន្លង​ទៅ ដូចជាក្តីសង្ឃឹមដែលចាប់ផ្តើមស្រុតចុះ។ តើស្លាប់វង្វេងក្នុងព្រៃនិង​​ស្លាប់​ក្រោមទារុណកម្មពួកនោះ រើសយកមួយណា?

ភ្នែករបស់សិដ្ឋបានមើលឃើញអ្វីមួយព្រិលៗនៅខាងមុខ។ ផ្ទះចាស់….ថ្មក្រោម ឈើ​លើ​…..​នៅ​ក្នុង​ព្រៃក្រាស់?

នឹក​ឃើញហើយ!

ប៉ុន្មាន​ឆ្នាំមុន ធ្លាប់ចូលមករកជាមួយ​ឪពុក ក៏ឆ្លងកាត់ព្រៃនេះ  គាត់បាន​ចង្អុលមកពីឆ្ងាយ​ហើយ​ប្រាប់​​ថា ទីនេះ ផ្ទះខ្មោច ដែលគ្មានអ្នកណាហ៊ានមកបៀត។

ពន្លឺ​​ពណ៌មាសនៃព្រះអាទិត្យហៀបលិចកំពុងថយ​អានុ​ភាព​មកស្បៃ​បាំងស្តើងនៃវត្តមាន​រាត្រី​កាល​​​។ ​ស្រមោល​ពន់ព្រលប់ បានសង្កត់លើទ្រង់ទ្រាយ​ផ្ទះ​ចាស់​ដែលត្រូវបាន​​គេ​បោះ​បង់​ចោល​យូរ​យារ​​​ណាស់មកហើយ។ ពុករបស់សិដ្ឋប្រាប់ថា តាំងពីគាត់នៅក្មេង ដូច្នេះ​ផ្ទះ​នេះមានវ័យ​ប្រហែល​ជា​​ជំនាន់​​ជីតា ឬអាចតាទួតគេទៅហើយ។

«អាសិដ្ឋ កុំឱ្យពួកអញរកឃើញអ្ហែង!»​

ទីនេះ!

ពួនក្នុងនេះ នឹងគេចពីពួកក្មេងពាលបាន។

ហាក់​ដូច​ជា គ្មានទីណានឹងអាចពួនបាន ក្មេងជំទង់ក្នុងភាពភ័យតក់ស្លុតបានបែរទិសទៅរកផ្ទះ​ចាស់​​​សល់ពីបុរាណ​​ដែលត្រូវបាន​គេ​បំភ្លេច​ចោល។

«នោះ វា!»

ឮ​មកបែបនេះ​ សិដ្ឋរត់ឡើងស្លេវ ចូលដល់ផ្ទះចាស់រំលងទាំងជញ្ជាំងនិងស៊ុមទ្វារឈើដែល​ពុក​​​ផុយ​។ ​គេរត់ចូលជ្រកក្រោមស្រមោលខ្មៅជ្រុងផ្ទះ លែងគិតថា​ ខ្មោចឬមិនខ្មោច។

«នោះវាចូលផ្ទះខ្មោចហើយ!»

សំឡេងចោលមកល្វើយៗ បានន័យថា​ ក្រុមនោះដំអក់​មិនហ៊ានឡើង​ជម្រាល​ព្រៃមក​រកផ្ទះ​ចម្លែក​ទេ​។ សិដ្ឋឱបក្បាលនិងត្រចៀកយំសម្លឹងជើងខ្លួនឯងដែលងងឹតស្លុបមិនហ៊ាន​ងើបមុខ​មករកទី​មាន​ពន្លឺ​ឡើយ។ ក្នុងភាពញាប់ញ័រ សិដ្ឋបន្តឱបក្បាលបែរបន់ផង សសឹក​យំផង។ ពេល​វេលា​កន្លង​ទៅ​ ហាក់ស្ងាត់គេ​ក៏ងើបមុខយឺតៗពិនិត្យ​ឃើញពន្លឺ ពីការបញ្ចាំងពិល​ រសាត់ឆ្ងាយឡើងៗ។

ពេលនេះ​​ហើយដែលសិដ្ឋអាចពិនិត្យពិច័យ​​ជុំវិញខ្លួន។ ដំបូលមួយចំហៀង​បានបាក់​ធ្លាក់ចុះ​​ក្រោម​​ទម្ងន់​នៃពេលវេលា​និងការបោះបង់ចោល ខណៈដែលវល្លិ​និង​ស្លែតោងវារ​ដាមជាប់​ក្រាស់ទៅ​​នឹង​​ចំហៀង​​មួយទៀត។

ដោយ​​មិនមាន​​ពេល​ពិចារណា​ច្រើនពី​ស្ថានភាព​ផ្ទះ សភាវគតិ​របស់​សិដ្ឋ​បាន​ជំរុញ​ឱ្យគេក្រោក​ទ្រេត​​ទ្រោត​​ទៅ​​បើក​ទ្វារបង្អួចក្បែរ​ខ្លួន ​យកពន្លឺបន្ថែម។ សំណៅចាស់នៃសំណង់​ដ៏ខូចខាត​​គ្រោត​គ្រាត​ ​បញ្ចេញ​សំឡេង​​​ថ្ងូរ​…..ទើបតែដឹងអំពី​ក្លិនស្អុយធូលីបន្សល់ពីការបោះបង់ចោល។

«ហ្អែងនៅហ្នឹងទៅអាសិដ្ឋ នៅឱ្យខ្មោចស៊ីទៅ!»

ល្អង​ធូលីបានរេរាំនៅលើធ្នឹម តាមបង្ហូរដ៏ខ្សោយនៃពន្លឺព្រះអាទិត្យ​ចុងក្រោយត្រងចូលមក​តាម​​បង្អួច​​​ដែល​បន្ថែម​ស្នូរក្រុមក្មេងពាលសើចឮកាន់តែឆ្ងាយឡើង បាន​បន្ថែមបរិយាកាសត្រជាក់​ស្រៀវ ស្ងាត់ និង​រំឭក​សិដ្ឋពីរឿងខ្មោច។

«ផ្ទះនេះ គេល្បីថាមាន​ខ្មោចត្រងោល​នៅ!» បេះដូង​របស់​សិដ្ឋរំឭក​ដល់សម្តីឪពុក។ បេះដូងគេ​លោត​​ញាប់​ហើយភ្នែកបង្វិលជុំវិញ​ទី​ជ្រកកោន។

«ខ្មោចត្រងោល​អីទៅពុក?»

«….មិន….ដឹង….តែនិយាយរួម….យើងមិនចូលទៅទីនោះទេ! មាន​អ្វីមួយ​មិន​ប្រក្រតី​នៅ​​កន្លែង​​នេះ​ អ្នកភូមិគេថា ធ្លាប់ឃើញសឹងគ្រប់មាត់! គេ​ថា….​វា​ត្រូវ​បណ្ដាសា»។

សិដ្ឋ​ត្រជាក់​ដៃ​និងញ័រ​….គេបានដកអារម្មណ៍ទាំងស្រុងចេញពីក្មេងជំទង់ មកផ្ចង់នឹង​គ្រប់​យ៉ាង​​​នៅ​ទីនេះ​​។ ទោះជាអ្វីៗមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង តែមើលអាចដឹងបាន​ភ្លាមៗថា ធ្លាប់​ជា​​លំនៅ​​ដ្ឋាន​ដ៏សមរម្យមួយកាលពីដំបូង។

 សំណល់​​​នៃ​គ្រឿង​សង្ហារិម​​ចាស់ៗ កៅអី​ក្រឡាប់ តុ​ឈើ​ប្រេះ​បែក​និង​កម្រាល​ឈើ​រសាត់​​បង្ហាញ​​​ថា គ្មានអ្នកណាហ៊ានមកយកអ្វីមួយចេញពីទីនេះទេ បានជាវត្ថុទាំងអស់ នៅសឹករេចរឹល ដួល​​រេល​ ​ស្ងៀម​ស្ងាត់​បង្កប់សំណៅពីជីវិត​អតីតកាល​របស់​វា​។

 សិដ្ឋយំរញីរញ័រ៖

«ម៉ែ​​អើយ មកយកកូនទៅផ្ទះផង!»

«សិដ្ឋ»

សំឡេង​ខ្សឹបហៅមួយនេះធ្វើឱ្យគេភ្ញាក់ក្រញាង​ងាកក្រោយ​ទាំងភ្នែកកញ្ចឹងក។ ពីចម្ងាយ​ស្នូរ​​ជើង​​​ដើរ លាន់មកពិតមែន។ អ្នកណាម្នាក់….ឬអ្វីមួយកំពុងតែនៅទីនេះដែរ។ ស្នូរជើង​បន្លឺ​ឡើង​ច្បាស់​​ពេញ​​បន្ទប់ដែលកខ្វក់នឹងត្រូវបានបោះបង់ចោល…គេញាប់ញ័រក្រោមតំណក់ញើស។ រំពេចនោះ កម្រាល​​ឥដ្ឋ​បានផ្លាស់ប្តូរដោយសាររស្មីពន្លឺតិចៗបានបញ្ចូលមកទម្លុះភាពងងឹត។

«លោក​គ្រូ?» 

 សិទ្ធ​វាចាទាំងអំណរនិងបែកសំឡេងព្រោះគេទើបតែពេញវ័យជំទង់។ គ្រូគង់លេច​មុខមក​​ដោយ​​​មាន​​កាន់​ចង្កៀង​ម៉ាង​សុង​នៅក្នុងដៃ។ ចង្កៀងនេះបាននាំមកនូវ​ពន្លឺដ៏កក់ក្តៅ ប៉ុន្តែខ្សោយៗ​បើ​ធៀប​​នឹង​មេឃផ្តើមងងឹតនៅខាងក្រៅ។

វត្តមាន​​របស់​គាត់​នាំ​មក​នូវ​ភាព​ធូរស្រាល តែ​ការ​ភ័យ​ខ្លាច​ចម្រុះ​នៅតែមាន​។ សំឡេង​ញ័រៗ​និង​​យំ​​សោក​​ យ៉ាងស្រទន់របស់សិដ្ឋ៖

«លោកគ្រូ! ខ្ញុំខ្លាចណាស់! ជួយហៅម្តាយពុកខ្ញុំមកផង! ពួកក្មេងពាលភូមិលិច វាប្រដេញខ្ញុំមក​ទី​នេះ​​!​»។ លោកគ្រូស្ទាបសិស្ស​​ហើយទាញគេក្រោក​យឺតៗ។ គាត់វាចាឡើងយ៉ាងស្រទន់៖

«គ្រូដឹង! គ្រូដើរមកតាមពីក្រោយរហូត គ្រូសង្ស័យ​ពេលឃើញមានក្មេងរត់ដេញគ្នា គ្រូដឹងថា​អាច​​ជា​​សិស្ស​ណាម្នាក់របស់សាលាយើង!»

«បាទ! ខ្ញុំមិនបានធ្វើអីពួកហ្នឹងទេ! ពួកហ្នឹង​ចង់ទារលុយ​ខ្ញុំ ខ្ញុំមិនមានអីឱ្យវាទៀត!»

«គ្រូ​នឹងដោះស្រាយរឿងនេះ នៅពេលយើងទៅដល់ផ្ទះសិន! មក​តាមគ្រូ…​ហើយ…កុំ​មើល​​ក្រោយ​​»​។

«បាទ!»

លោកគ្រូគង់​ បោះជំហានទៅមុខដោយ​ចង្កៀង​លើដៃ​របស់​គាត់​បញ្ចេញ​ពន្លឺ​រឹត​តែ​ច្បាស់​នៅ​​ជុំវិញ​​។ គាត់​ធ្វើ​ចលនា​ដោយ​ការ​តាំង​ចិត្ត​និង​​ទំនុក​ចិត្ត រហ័សរហួន ​​ផ្ទុយ​ស្រឡះ​ពី​ការ​ភ័យ​ខ្លាច​របស់​សិដ្ឋ​។

«គេថា ផ្ទះនេះ…..មានខ្មោចត្រងោល!​» (សិដ្ឋខ្សឹបដោយភ័យ)

លោកគ្រូគង់គ្រហឹមព្រមាន​បន្តិច៖

«ស្ងាត់!»

ខ្យល់​ផ្តើមបោកប្រាវៗលើជញ្ជាំងចាស់ សំឡេង​ខ្យល់ក្លាយជាសំឡេងថ្ងូរ គាត់​ប្រញាប់​​ប្រញាល់​​ទាញ​​សិដ្ឋ​ថយក្រោយ។

គ្រាំ!

សិដ្ឋ​ស្រែក​វ៉ាស​ឡើង​និង​យំសោក​​ពេល​ឃើញ​ទូចាស់ចាស់ដួលមកឃាំងទ្វារ។ គេឃើញដៃ​​លោក​គ្រូ​ញ័រ​។

«គ្រូ​ប្រាប់ម្តងទៀត ហាមនិយាយអីទាំងអស់ទាក់ទងនឹង….ខ្មោច!»

សិដ្ឋបែកញើស​សស្រាក់៖

«តែយើងគ្មាន ទ្វារ​ចេញទេលោកគ្រូ!»

«ទ្វារផ្សេង!​ ប្រាកដជាមានផ្លូវក្រោយ​ឬចំហៀង! មកតាមគ្រូ!»

គាត់អូស​សិស្ស​ដែលវិលខ្លួនមួយជុំព្រោះខ្លាច។ តាមការដើរចាកចេញ​រុករកផ្លូវផង គាត់​និយាយ​​លួង​លោមផង​៖

«សិដ្ឋ! ឯងជឿគ្រូទេ! គ្រូនឹងនាំឯងទៅដល់ផ្ទះប្រកបដោយសុវត្ថិភាព!»

 «បាទ!» ឆ្លើយញ័រៗ។

នៅពេល​ពួកគេរុករកផ្លូវចាកចេញពីផ្ទះដ៏ខ្មៅងងឹតក្នុងជំហានញាប់ៗ បណ្តាលឱ្យ​ភ្លើង​ចង្កៀង​​រាំ​​លើ​​ជញ្ជាំងដែលបាក់បែក​និងកម្ទេចកម្ទីរាយប៉ាយបង្កើតបានជាទិដ្ឋភាពនៃ​ការ​ខូច​ខាតក្នុង​ទិដ្ឋ​ភាព​​គួរ​​ឱ្យ​​ភ័យ​ខ្លាច​​។

ដៃ​សិដ្ឋ​សែនត្រជាក់ឡើងៗ ដោយសារតែត្រចៀកគេឮសំឡេងខ្យល់​ថ្ងូរ​ហាក់បី​ដូចជាលាន់​មក​ពី​​គ្រប់​ទី​​កន្លែង បង្កើន​ការ​ព្រួយ​បារម្ភ​ដល់មនុស្ស​ទាំងទ្វេកាយ។

 សិដ្ឋ​ខ្សឹបៗ​​ទាំងរេភ្នែកមើលជុំវិញ៖

«សំឡេង…..អីហ្នឹង?»

 លោក​គ្រូគង់រក្សា​សំឡេង​ខ្សឹបទាប៖

«ខ្យល់ទេ! កុំគិតច្រើន ដើរតាមគ្រូ!»

សិដ្ឋបិទភ្នែក ផ្តោតលើសំឡេងរបស់គ្រូហើយទាំងពីរ​ធ្វើចលនាដោយប្រុង​ប្រយ័ត្នតាមច្រក​​របៀង​​​ដែលមានពន្លឺភ្លើងខ្សោយ ស្ទើរតែមិនគ្រប់គ្រាន់សម្រាប់បំភ្លឺផ្លូវឡើយ។

ពេល​ចូលមកដូចឆាប់ព្រោះភ័យនឹងពួកអ្នក​ប្រដេញ ដល់ពេលនេះ​ចង់​ចាកចេញ​វិញ​ទើប​ដឹង​​ថា​​ ទីនេះធំ​និងកន្លុកកន្លៀតខ្លាំង។ សំឡេងថ្ងូររបស់ផ្ទះនេះ​មិនមែនខ្យល់ទេ….ការពិតនេះ​កំពុង​ញាំង​ឱ្យ​សិដ្ឋ​​បន្តស្រក់ទឹកភ្នែក ប៉ុន្តែវត្តមាននិងអាកប្បកិរិយាស្ងប់ស្ងាត់របស់លោកគ្រូគង់ ធ្វើ​ឱ្យ​សិដ្ឋ​ខំ​​ទប់​​ចិត្ត​ទប់ទល់នឹងការភ័យខ្លាច។

«មានអ្នកណាផ្សេងនៅទីនេះទេដឹងលោកគ្រូ? ឬមួយមានតើយើង?»

លោកគ្រូគង់ឆ្លើយឡើងដោយ​ភាព​ប្រាកដ​ប្រជា​៖

«គ្មានអ្នកណាទេ! ផ្ទះនេះ គេបោះបង់ចោលច្រើនឆ្នាំមកហើយ តាំងពីគ្រូនៅក្មេង! នោះទ្វារ យើង​​​ជិត​​ចេញ​​ពី​ទីនេះ​ហើយ»។

ពួក​គេ​សម្លឹងឃើញទ្វារធំមួយនៅចុងបញ្ចប់នៃច្រករបៀង។ លោកគ្រូគង់ទាញ​គេលឿន​ជាង​​មុន​​ ធ្វើ​ឱ្យ​សិដ្ឋ​ដឹងថា​លោកគ្រូបាន​ដឹងពីរឿងថា មានអ្វីម្យ៉ាងកំពុងតាមពីក្រោយពួកគេ គ្រាន់តែ​គាត់​​មិន​​និយាយ​។

ទ្វារចាស់នេះ​មានគន្លឹះពីក្នុង​និងគាំងព្រោះសំរាម​និងសំណឹក​ពេលវេលា។ គាត់លែង​ដៃ​សិស្ស​​​ហើយ​ប្រាប់​៖​

«ចាំគ្រូបើកវា កាន់ចង្កៀងឱ្យស្ងៀម នៅស្ងៀម! កុំធ្វើអីទាំងអស់!»

គ្រូគង់ខំខាំមាត់និង​​បានព្យាយាម​បើកទ្វារចាស់ដោយយកចិត្តទុកដាក់ទម្រាំរបូតមក​ហើយពន្លឺ​បាន​​បង្ហាញផ្លូវតូចចង្អៀតដែលនឹង​នាំគ្រូនឹងសិស្ស​ចេញ​ទៅដល់ខាងក្រៅ។ សំឡេង​ថ្ងូរ​រសាត់ថយ​បន្តិច ជំនួស​ដោយ​សំឡេង​ស្រទន់​នៃស្លឹកឈើនិង​ពិភពធម្មជាតិ​។

«ម៉ោះ! ឱ្យចង្កៀងមកគ្រូ! តោងដៃគ្រូ! យើងចេញបានហើយ!»

សិដ្ឋងក់ក្បាល​ហើយចាប់ដៃលោកគ្រូគង់យ៉ាងតឹង ខណៈពេលដែល​ពួកគេធ្វើ​ដំណើរយ៉ាង​ញាប់​​ជើង ឆ្លង​កាត់ផ្លូវតូចចង្អៀត។ ពន្លឺចង្កៀងគោម​បញ្ចេញស្រមោលរាំវែងៗ ដែល​បន្ថែម​បរិយាកាស​​​​រឹត​​តែគួរឱ្យភ័យខ្លាច។ ទី​បំផុត​​ពួក​គេ​​ឈាន​ជើង​ចេញ​ទៅ​ក្នុង​ទី​លំហខាងក្រៅ ខ្យល់រាត្រី​ត្រជាក់​​នៃ​​តំបន់​ព្រៃ នាំ​មក​នូវអារម្មណ៍ធូរស្រាល។

សិដ្ឋ​ដកដង្ហើមធំ យកខ្យល់មកបំពេញសួត។ ភាពតាន​តឹងបានធូរ​ស្រាល​ពីរាងកាយ​របស់​គេ។ សេចក្តី​​ឈឺចាប់​និងទុក្ខព្រួយរលុបបាត់ បង្កើន​ចិត្ត​ក្លាហាននិងក្តីសង្ឃឹម។ លោកគ្រូគង់​នាំគេចាក​​ចេញ​​ពី​ផ្ទះ​​ដែលអ្នកភូមិ​នាំគ្នានិយាយថាមានបណ្តាសា។ ជំហានរបស់ពួកគេកាន់តែមានទំនុកចិត្ត និង​រឹតមានកម្លាំងនៅពេលមកកាន់តែឆ្ងាយឆ្ពោះទៅរកសុវត្ថិភាព។

«យើងមិនវង្វេងទេ គ្រូស្គាល់ព្រៃនេះច្បាស់!»

 សិដ្ឋលបក្រឡេកមើលទៅផ្ទះពីក្រោយខ្នង​ដែលនៅឆ្ងាយសន្លឹម​។ ចិត្តគេ​ពេញ​ដោយ​ភាព​ធូរ​​ស្រាល​​​និងបទពិសោធដ៏ភាពភ័យខ្លាច។ គេនិយាយតិចៗ៖

«លោក​គ្រូអើយ  ខ្ញុំមិនដឹងថាខ្ញុំធ្វើម៉េចទេ បើគ្មានលោកគ្រូ!»

ទើប​នឹងផុតនិយាយ ​លោកគ្រូ​គង់​ស្រាប់តែឈប់ជើង​ភ្លាមៗ។ គាត់លើក​ដៃជាសញ្ញា​ឱ្យសិដ្ឋ​នៅ​​ស្ងៀម​។ ពន្លឺភ្លឹបភ្លែតៗ​របស់ចង្កៀងនេះ បង្ហាញ​ស្រមោល​វែងៗ​ដែល​រាំនៅ​លើកម្រាស់​ស្លឹក​ឈើ​​ស្ងួត​​។

សំឡេង​ខ្សឹប​ខ្សៀវ​ស្រទន់​ដដែលលាន់តាមកដល់ទីនេះ។ សិដ្ឋ​ស្ទើរតែមិនដឹងថា នេះជា​សុបិន​ឬ​​ការ​​ពិត​ទេ។ ម្តេចក៏ទីនេះមាន​សំឡេងខ្មោចដែរ? គេលបគិតទាំង​កាន់ដៃលោកគ្រូ​ដោយប្រើដៃ​គេ​ទាំង​​ពីរតែម្តង ព្រោះទាំងគ្រូនិងសិស្ស​កំពុងឈប់។

ខ្យល់​ត្រជាក់​ចម្លែក​បាន​​នឹង​កំពុងបោកមកពីគ្រប់ទិសទីក្នុងពេលតែមួយ។ សំឡេង​ហាក់​ដូច​ជា​មាន​​ក្រុម​មនុស្ស​​ធ្វើបុណ្យអ្វីមួយរសាត់មកពីឆ្ងាយ។ ​ភ្លេងបាសាក់និងការសូត្រធម៌ចាស់ៗ។ សិដ្ឋ​រឹត​កួច​​បន្ថែម​នូវអារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ស្ថានការណ៍​តានតឹង​នេះ។

សិដ្ឋ៖

«លោកគ្រូ!»

គេខ្សឹបៗ​បើកភ្នែកធំៗដោយភាពច្របូកច្របល់៖

«សំឡេងអ្វី? ស្តាប់​ទៅ​ដូច​ជា​…​អ្នកភូមិ?»

«ឈប់!» លោកគ្រូព្រមានក្នុងសព្ទ​ស្ទើរ​តែ​ខ្សឹបដូចខ្យល់៖

«ទីនេះ មានផ្ទះនេះច្រើនជាងដែលយើងគិតទៅទៀត! ក្នុង​​ភាព​ងងឹតនេះ មានផ្ទះដែល​រលំ​អស់​​​ហើយ​រាបដល់ដី! វា​ជាភូមិចាស់ដែលគេបោះបង់ចោល! ប្រហែលពួកគេមិនព្រមឱ្យយើង​ទៅ​បាន​​​ដោយ​ងាយទេ​! គ្រូត្រូវតែប្រយុទ្ធ!»

​សិដ្ឋ​​ក្រឡេកឃើញភាពព្រួយបារម្ភលើមុខ​លោកគ្រូ​គង់ ខណៈ​គាត់​លូក​ដៃ​ចូល​ក្នុងហោប៉ៅ​ ហើយ​​​ទាញ​​ក្រដាស​​ចាស់​មួយ​​ចេញមកលាតអាន​។

«យើងទល់ខ្នងគ្នា! គ្រូសូត្រធម៌ ឯងកាន់ចង្កៀង!»

សិដ្ឋ​ធ្វើ​តាម​ដោយ​ភ័យ​ផ្អែម​មាត់​។ គ្រូ​គង់ប្រគល់ចង្កៀង​ហើយ​គាត់ចាប់អាន​​ទំព័រក្រដាស​​ចាស់​​​ឮ​​​ៗ​​​។ សិដ្ឋផ្អែកខ្នង​ជាមួយលោកគ្រូក្នុង​​អារម្មណ៍​​បន្ទាន់ហើយបិទភ្នែកខណៈដែលសំឡេង​ខ្សឹប​ខ្សៀវ​​របស់អ្នកភូមិលាន់មកកាន់​តែ​ខ្លាំង​ឡើង ​ទទូចប្រណាំងនឹងធម៌លោកគ្រូ។

​ ភាពត្រជាក់ស្រៀវឡើង​ទៅក្នុងឆ្អឹងរបស់ពួកគេ។ សិដ្ឋស្រែក៖

«ត្រជាក់ណាស់លោកគ្រូ!»

លោកគ្រូគង់បន្តអានមិនតបតនិងមិនដាច់សូរ។

ព្រៃទាំងមូលហាក់បីដូចជាមានថាមពលដ៏ខ្មៅងងឹត​មកគ្របពីលើ។ ចង្កៀង​នេះកាន់​តែយូរ​​កាន់​​​តែ​ចុះ​ចាញ់​​ភាពងងឹតនោះ។ គ្រូនឹងសិស្ស​ទល់ខ្នងគ្នា​តស៊ូនឹងអរូបអ្វីម្យ៉ាង​។

អាកប្បកិរិយា​ស្ងប់ស្ងាត់​របស់​លោកគ្រូគង់​និង​សូរ​សូត្រ​ធម៌ រួមជាមួយ​ពន្លឺ​នៃ​ភ្លើងចង្កៀងគោម​​ជួយ​​ឱ្យ​​​សិដ្ឋ​មាន​ភាព​ស្ងប់​ស្ងាត់ បង្ខំខ្លួនឯងឱ្យផ្តោតអារម្មណ៍តាម​ការណែនាំរបស់លោកគង់។

មិនយូរទេ​ សំឡេងអ្នកភូមិនិងការលេងល្ខោនក៏រលត់​បាត់ឈឹង។ គ្រប់យ៉ាង​សល់តែ​ស្នូរស្លឹក​​ឈើ​​ដូចមុនកើតហេតុ។

លោកគ្រូ​គង់ទាញសិស្ស​មកក្បែរទន្ទឹមគ្នា ​ហើយគាត់បត់ក្រដាស់ដាក់ក្នុងហោប៉ៅវិញ​ ទើប​​ទាញ​​ដៃគេដើរ​ទៅមុខ។

«ចងចាំបទពិសោធន៍នេះ! វាមិនមែនគ្រាន់តែនិយាយអំពីការយករួចខ្លួនទេ តែជា​ការ​យក​ឈ្នះ​លើ​ភាពងងឹតនៅក្នុងខ្លួនយើង ការភ័យខ្លាចក្នុងខ្លួនយើង!​»

«សិស្សមិនយល់ទេ!» គេឆ្លើយទាំងហត់ៗព្រោះដើរញាប់តាមជំហានគ្រូ។

លោកគ្រូណែនាំ៖

«ខ្មោចព្រាយមិនអាចយកឈ្នះថាមពលមនុស្ស​ទេ វាឈ្នះផ្លូវចិត្ត​យើង! វាធ្វើ​ឱ្យយើងខ្លាច ហើយ​​ចុះ​ចាញ់!»

«បាទ!»

សិដ្ឋ​គិតផង យល់ផងមិនយល់ផង​តែគេជឿគ្រូគេ។

«យើងរត់ទៅ ឆាប់ដល់!»

សិដ្ឋមិនដឹងលោកគ្រូថា​ដល់នោះដល់អ្វីទេ ភូមិ? ផ្ទះ? ​ព្រោះទីនេះដូចជាមិនមែនផ្លូវទៅផ្ទះគេ ឬ​សាលាឡើយ គេវង្វេងហើយ​។ មិនទាន់សួរផង ពន្លឺ​ដ៏​ស្រទន់បង្ហាញ​​មក​ពី​ជាយ​ព្រៃ។

«នុះ ផ្ទះនោះ!»

គាត់ចង្អុល។

គ្រូនិង​សិស្ស​ដោយហត់គឃូស​បានរត់មកដល់មាត់ច្រកផ្លូវចូលភូមិដែលមាន​មនុស្ស​ម្នាក់កំពុង​ឈរ​កាន់​ចង្កៀងដែរ។

«ល្បង! ជួយពួកខ្ញុំផង!»

បុរសនោះ​ជាអ្នកភូមិវ័យកណ្តាល ​បានងាកមកភ្លាមព្រោះថា​នៅទីនេះស្ងាត់ណាស់ ទោះ​ជា​នៅ​ឆ្ងាយ​ពី​គ្នា​​ក៏ស្តាប់ឮច្បាស់។ គាត់ឈានរត់មកភ្លាម។ គាត់​មាន​ទឹក​មុខ​សប្បុរស​ជាមួយ​​នឹង​ភាព​ជ្រីវ​ជ្រួញ​ ​ដែល​​បង្ហាញ​ពី​ជីវិត​ពោរពេញ​ទៅ​ដោយ​ការឧស្សាហ៍ព្យាយាម។

តាម​ពិតគាត់ឈ្មោះ ប៊ុនធឿន ជា​គ្រូបង្រៀន​ចូល​និវត្តន៍ ពោះម៉ាយម្នាក់។

«ខ្ញុំរត់មកពីនោះ មានស្អីមួយមិនធម្មតាទេ​​!»

ប៊ុនធឿនសម្លឹងគ្រូគង់ រួចមើលមកពិសិដ្ឋ​ដែល​តោងដៃគ្រូជាប់។

«កន្លែងហ្នឹង មានគ្រោះថ្នាក់ណាស់ គ្មានអ្នកណាចូលទេ! លោកគ្រូទៅណាមកណា?»

គ្រូគង់រៀបរាប់គ្រប់យ៉ាងដោយហត់ដង្ហក់​និងសុំស្គាល់ផ្លូវវិលទៅភូមិគាត់វិញ ​ដោយ​មិន​ចាំ​បាច់​វិល​ទៅ​ដើរ​កាត់​ព្រៃ។

«អត់មានផ្លូវវាងទេលោកគ្រូ​! ស្នាក់​នៅមួយយប់នៅនេះសិន កុំទៅដើរកាត់នោះពេលយប់! ​ពេល​ថ្ងៃ​រះ គ្រប់យ៉ាងធម្មតា ចាំវិលទៅផ្ទះ!»

លោកគ្រូគង់ងក់​ក្បាល​។ គាត់ដូចជាបានដឹងជាយូរមកហើយ​​ថា​ព្រៃ​តំបន់​ដែល​ក្បែរៗ​ផ្ទះ​មួយ​នោះ​ មិន​អាចឆ្លងកាត់ពេលយប់បាន។

ពូប៊ុនធឿនបាននាំផ្លូវសិដ្ឋនិងគ្រូ​គង់​ កាត់​ផ្លូវរទេះដ៏ងងឹតបំភ្លឺ​ដោយ​ចង្កៀង​គោម​ទៅ​ដល់​ផ្ទះ​ឈើ​​មួយ​​ប្រប​មាត់​ភូមិ​។ ជាផ្ទះថ្មក្រោមឈើ​លើ​។

បន្ទប់​ជាន់​ក្រោមនៃផ្ទះនេះមានគ្រែមួយធំ តែពេញដោយសៀវភៅ ប្រហែល​គាត់​គេង​អាន​រាល់​ថ្ងៃ​។

«លោកគ្រូនិងសិស្សអាចសម្រាកមួយយប់សិនទៅ! ស្អែក​ចាំបកទៅភូមិ​វិញ!​»​ ពូ​ប៊ុន​ធឿន​​ពោល​ប្រាប់​។

គ្មាន​អ្នកណាដែលមិនចង់ទៅផ្ទះទេ សិដ្ឋត្រេងត្រាងតែគ្រូប្រាប់គេថាគ្មានជម្រើស។ ពួកគេ​ឃើញ​មាន​​វត្ថុ​បុរាណខ្លះ ជាប្រទាលព្រៃខ្លះនៅតាំងជុំវិញបន្ទប់។

«មាន​របស់អស់នេះ ខ្មោចមិនហ៊ានយាយីផ្ទះនេះទេ!» គ្រូគង់ពោលខ្សឹបប្រាប់សិស្ស។

«វាមិនមកទេ!» ពូប៊ុនធឿនមកដល់វិញជាមួយថាសមួយមាន​កំសៀវទឹកនិងកែវ។

«កូនប្រុសខ្ញុំដាំបាយហើយ! បន្តិចទៀតហូបបាយសឹមសម្រាក!»

«បាទ! សូមអរគុណល្បងណាស់!»

សប្បុរសធម៌របស់ពូប៊ុនធឿនបានផ្តល់ឱ្យគ្រប់គ្នា​នូវបរិយាកាសដ៏កក់ក្ដៅ ប៉ុន្តែសិដ្ឋនិង​លោកគ្រូគង់មិនទាន់ស្រាយចម្ងល់អស់ទេ។ ពូប៊ុនធឿនមានកូនប្រុសពីរ ម្នាក់​នៅដាំបាយម្នាក់​ទៀត​រៀប​រក​មុងភួយមកឱ្យ។ 

ពួកគេត្រូវបានចង្អុលឱ្យងូតទឹកនៅពាងខាងមុខរួចទើបផ្លាស់សម្លៀកបំពាក់ដែលម្ចាស់ផ្ទះយក​មក​ឱ្យ​។ ក្រោយមក សិដ្ឋនិងគ្រូគង់បានអង្គុយ​ជុំវិញ​តុ​ឈើទាប​មួយ ​ជាមួយ​បាយ​និង​ត្រី​ប្រឡាក់​អាំង​ក្តៅ​ៗ​។ កូនប្រុសទាំងពីររបស់គាត់ម្នាក់វ័យ១៨ឆ្នាំម្នាក់ទៀត១២ឆ្នាំ។ ពួកគេនៅក្បែរៗនោះដែរ។

​ឆ្លៀត​ពេលគ្រូនិងសិស្សកំពុងបរិភោគ ពូប៊ុនធឿនដកដង្ហើមធំវាចាតិចៗ៖

«ឥឡូវ​យើងបានសុវត្ថិភាពហើយ ហូបតាមសម្រួល កុំបារម្ភអីទាំងអស់ ពួកនោះ​មិន​ចេញ​ពី​ព្រៃ​មក​ទេ​! កុំឱ្យតែយើង​ដើរកាត់កន្លែងវាពេលវាមានឫទ្ធិ!»

«ខ្ញុំមិនជឿទេ ទោះផ្ទះនោះឮគេនិយាយតៗ តែខ្ញុំគិតថា……!» គ្រូគង់​និយាយ​ដល់​ត្រង់​ណេះ​ឃើញ​សិដ្ឋ​មុខស្លេកក៏ឈប់មួយខណៈ។

​«​ខ្ញុំ​ប្រាប់លោកគ្រូពីប្រវត្តិផ្ទះនោះចុះ!» ពូប៊ុនធឿនកាត់។ គ្រប់គ្នានៅស្ងាត់ គាត់ប្រាប់បន្ត៖

«គ្រប់យ៉ាង​ដែលគេនិយាយ​មក មិនមែនពាក្យចចាមអារាមទេ តែវាជាការពិត!»

ពិសិដ្ឋស្តាប់ទាំងភ្នែកក្រឡង់ៗ។

​ពួកគេស្ងាត់សឹងមិនហ៊ានដកដង្ហើម។  ​ពូប៊ុនធឿនផ្តើមតំណាលថា៖

«កូនប្រុសទាំងពីររបស់ខ្ញុំ ធ្លាប់ទៅរកគោ ហើយសឹងមកផ្ទះវិញមិនបាន! ហ៊ឹម​  ទៅដល់ផ្ទះ​នោះ ពុក​និង​កូនយើង​បាន​ចួប​រឿង​ចម្លែកដែល​ជួយ​ឱ្យ​យើងបាន​យល់​កាន់​តែ​ច្រើនឡើងៗ»

«អ្នកណាជាម្ចាស់ដំបូងរបស់ទីនោះ?» លោកគ្រូគង់សួរ។

ពូប៊ុនធឿនប្រាប់​បន្ត​ថា​៖

«ផ្ទះសង់ជាង១០០ឆ្នាំហើយ ​ពីពេលនោះ​ជាកម្មសិទ្ធិ​របស់​ឈ្មួញ​សាច់សត្វព្រៃដ៏មាន​​លុយ​កាក់​​ម្នាក់​​ឈ្មោះ តាភ័ក្ត្រ។ គាត់​បានព្រងើយ​យ៉ាង​ខ្លាំង ​លើរឿងបុណ្យបាប និង​ជំនឿ​ខាង​វិញ្ញាណ កម្ម​ផល​អី​ហ្នឹង! ជារឿងអបិយជំនឿដែលមនុស្សជាច្រើនជឿថា គាត់កំពុងព្យាយាម​​អំណាច​ទឹក​ប្រាក់​ផ្គាប់​រាជការតាមរយៈការបំបាត់ពូជសត្វ តែគ្រួសារនោះ​ត្រូវ​បាន​បំផ្លាញ!​»

«តើមានអ្វីកើតឡើងចំពោះគាត់? ហេតុអ្វី​បាន​ជា​ផ្ទះនោះត្រូវ​គេ​បោះចោល​មកដល់ឥឡូវ​​នេះ?​ឯណាកូនចៅគាត់ទៅលោកអ៊ំ​?»

ពូប៊ុនធឿនដកដង្ហើមធំ៖

«គាត់មានជំងឺជ្រុះសក់ស្លាប់ ក្រោយពីខ្លាមួយបានចូលមកឆី​ក្រុម​គ្រួសារ​ស្លាប់​អស់នៅនឹងមុខ! ក្រោយ​រស់នៅម្នាក់ ឯងបានមួយរយៈ​គាត់ក៏ស្លាប់ដែរ។  ផ្ទះនេះត្រូវបានទុកចោល​ក្នុង​សភាព​ទ្រុឌ​ទ្រោម​​ ហើយ​ក៏​មានអ្នកស្រុក​ឃើញគាត់ក្បាលត្រងោល​​ដើរចុះឡើងក្នុងព្រៃ​ ឬស្រែកយំម្នាក់ឯង ថ្ងូរ​ស្តាយ​ស្រណោះគ្រួសារ! អ្នក​ស្រុក​ជឿ​ថា ព្រលឹង​អ្នក​ស្លាប់ ឬ​សូម្បី​តែ​វត្ថុស្នែងសត្វឬវិញ្ញាណសត្វ​​តាភ័ក្ត្រ​ព្យាយាមយកមកទុកក្នុងផ្ទះ ក៏ត្រូវ​គ្រប់​គ្រង​​ជាប់​នៅ​ទី​នោះ»។

លោកគ្រូគង់​គិតបន្តិចទើបសួរបន្ត៖

«មានវិធីបញ្ឈប់រឿងអស់នេះទេ?  មានគេនិយាយថា ជុំវិញនោះ គឺនៅជុំផ្ទះគាត់ជាផ្ទះកម្មករ ព្រាន​ប្រមា​ញ់​និង​អ្នកសម្លាប់សត្តឃាត ដែលត្រូវគាត់ដុតផ្ទះឱ្យស្លាប់គ្រប់គ្នា​មុនគាត់ស្លាប់ ព្រោះ​គាត់​ឆ្កួត​ តើ​ល្បងធ្លាប់ដឹងដែរទេ?»

ពូប៊ុនធឿនដកដង្ហើមធំ៖

«​អំណាច​ខ្មោចព្រាយនៅនឹង​វត្ថុអាគមងងឹត​ក្នុង​ផ្ទះ​នោះធ្វើ​ឱ្យ​ពិបាក​នឹង​ដោះស្រាយណាស់ គួរ​គ្រប់​គ្នា​​ប្រុង​ប្រយ័ត្ន​ព្រោះជា​កន្លែង​គ្រោះថ្នាក់​ខ្លាំង​!»

«យើងគួរបញ្ចប់វាសម្រាប់ក្មេងៗ» គ្រូគង់ពោលឡើង។

ភ្នែក​របស់​ពូប៊ុនធឿនត្រិះរិះ….ដូច​ជា​ទម្ងន់​នៃ​រឿងធំមួយកំពុងតែ​បាន​ធ្លាក់​មក​លើ​ស្មា​របស់​​គាត់​។ គ្រប់​គ្នា​​ស្ងប់​ស្ងាត់ ​ក្នុងភាពមិនអស់ចិត្ត​លាយជាមួយ​ការ​ភ័យ​ខ្លាច​។ ចង្កៀង​ប្រេង​ឆាបឆេះ​បញ្ចេញ​​ស្រមោល​​ដ៏​គួរ​ឱ្យ​​ខ្លាច​នៅ​លើ​មុខ​ពួក​គេ។

ពូប៊ុនធឿនងក់ក្បាល​ហើយនិយាយឡើង៖

«មានផ្លូវតែមួយ» សំឡេងរបស់គាត់ខ្សឹប «ប៉ុន្តែគ្រោះថ្នាក់! វិញ្ញាណ​សត្វ​ដែល​តាភ័ក្រ្ត​សម្លាប់ ​គេ​​ចង​​នឹង​សសរផ្ទះ។ មានតែពិធីមួយ​គឺការសុំអភ័យទោស​និងការប្រែចិត្ត ទើប​អាច​ដោះ​លែង​វិញ្ញាណ​ពួក​គេបាន!»

«សុំរបៀបណា?» គ្រូគង់សួរភ្លាម។ គាត់ដូចជាមនុស្ស​ដ៏ចិត្តល្អ ឈឺឆ្អាល​ និង​គិត​តែ​ប្រយោជន៍​រួម​ដែល​​​ធ្វើឱ្យពូប៊ុនធឿនពិបាកនឹងប្រកែក។

គាត់ប្រាប់គ្រូគង់វិញ៖

«ទា​មទារសាច់​ឈាមដែលជា​​ញាតិ​របស់​តាភ័ក្ត្រ អាចជា​កូនចៅជិត​ឆ្ងាយ​របស់​គាត់ ទើប​អាច​ធ្វើ​ពិធី​សុំអភ័យ​ទោសបាន!»

«ពួកគេនៅឯណា?»

«​មិន​មានដំណឹង! គ្មាន​​នរណា​ម្នាក់​បាន​ឃើញ​ពួកគេទេ​កន្លងមកមួយជំនាន់មនុស្ស​​មក​ហើយ​នៅ​ភូមិ​នេះ​! ផ្ទះគ្មានម្ចាស់ ដីព្រៃទុកចោល»

 ទឹក​​មុខ​គ្រូ​គង់​មាំគាត់វាចាតិចៗ៖

«ប្រសិនបើមានឱកាសមែន យើងត្រូវព្យាយាម!»

 ពិសិដ្ឋ​នៅតែបើកភ្នែកធំៗ ហើយនិយាយទាំងអួលដើមកតិចៗ៖

«តែ…សាច់ញាតិចុងក្រោយ? តើយើងនឹងរកដោយរបៀបណាលោកគ្រូ?»

 ពូប៊ុនធឿនសម្លឹងសិដ្ឋ​ដោយ​ស្ទាក់ស្ទើរហើយទើបដាច់ចិត្តប្រាប់៖

«ចុះ….ក្មួយឯង ខ្ញុំមិនដឹងថា មានរឿងមួយ​ក្មួយចង់ស្តាប់ឬទេ!» គាត់និយាយប្រាកដប្រជានិង សម្លឹងមើល​សិដ្ឋ​ ដែលនៅស្ងៀមយូរមកហើយថែមទាំងមាន​ទឹកមុខស្លេក។

«ញាតិមិត្តចុងក្រោយ…​អាចនៅជិតទេ!»

 ភ្នែកទាំងអស់បែរទៅរកសិដ្ឋ​។  បបូរមាត់​របស់​គេ​ញ័រ​ពេល​ក្បាលងីងើរ។

«មានន័យថាម៉េច?»

ពូប៊ុនធឿនខ្សឹបថា៖

«ក្មួយឯងហ្នឹង​ហើយ! បើមិនមែន ឯងប្រាកដជាស្លាប់ក្នុងពេលដែលកំពុងតែពួននោះមិនខាន! ឯង​ទៅ​ផ្ទះវិញ​សួរម្តាយឪពុក​ឯងទៅ  អាចនឹង​ជាប់ស្រឡាយអីមិនខាន! ព្រោះថា បើ​មិន​ដូច្នោះ​ខ្មោច​សត្វ​មិន​រង់ចាំដល់គ្រូឯងមកទើបធ្វើសកម្មភាពទេ»

 ដង្ហើម​របស់ក្មេងជំទង់ស្អិតសឹងជាប់ស្ទះក្នុងបំពង់ក។ ព្យុះ​នៃ​អារម្មណ៍​ភ័យ ចម្លែក បាន​បក់​មក​​ក្នុង​​ភ្នែក​​របស់​​សិដ្ឋ​។ ជាមួយ​ការ​ភ័យ​ខ្លាច គេគិតពីរឿងដែលទើបនឹងកន្លងពីល្ងាច។ ពិត​មែន​….​ពេល​លោក​គ្រូមកដល់ទើបផ្ទះនោះបញ្ចេញអានុ​ភាពវិញ្ញាណ។

ពីរថ្ងៃក្រោយមក….

​ការសុំ​អភ័យ​ទោស​ជំនួស​ឱ្យ​តាភ័ក្រ្តត្រូវបានគេរៀបចំឡើង។ អ្នកភូមិបានជ្រើសយប់ពេញ​បូណ៌មី​និងបានប្រមូលនូវអ្វីៗដែលពួកគេត្រូវការសម្រាប់ធ្វើពិធីនេះរួមមាន​ ធូប គ្រឿងបូជា និង​កាំបិត​​មួយ មុតល្មមសម្រាប់កាត់សាច់ តែមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែ​សម្រាប់​បូជា​ជា​និមិត្ត​រូប​នៃ​ការ​លះ​​បង់​ឈាម។

 ព្រះចន្ទ​ពេញវង់ជះពណ៌ស្រទន់ នៅពេលដែលអ្នកភូមិប្រមាណ៣០នាក់លើកគ្នា​​ចូល​ទៅ​ជិត​ផ្ទះ​ដែល​មានពាក្យចចាមអារាមសឹងពេញមួយទសវត្សរ៍​មកហើយ។

 ស្រមោលងងឹតរបស់ផ្ទះខ្មោច កំពុងលេចចេញមកទល់នឹងមេឃា។

នៅពេលអ្នកភូមិឈានជើងចូល ខ្យល់កាន់តែក្រាស់ ត្រជាក់និងថប់ដង្ហើម។ ស្រមោល​បាន​ផ្លាស់​ប្តូរ​ខុស​ពីធម្មជាតិ ហើយសំឡេងខ្សឹបៗថ្ងូរបានបន្លឺឡើងពេញពាស។

សិដ្ឋ​ត្រូវ​បានដាក់ឱ្យឈរ​នៅ​កណ្តាល​បន្ទប់ ដៃគេ​ញាប់​ញ័រ​ពេល​កាន់​កាំបិត។

លោកតាអាចារ្យចាស់ស្រុកឈ្មោះអ៊ូ បានមកពីមុខគេជាអ្នកធ្វើសេចក្តី​ណែនាំ។  គ្រូគង់ និង​ពូ​ប៊ុន​ធឿន ឈរក្បែរម្តាយ​ឪពុក​សិដ្ឋ​។ ពួកគេនៅក្បែរៗនោះធ្វើឱ្យចិត្តរបស់សិដ្ឋស្ងប់។

 «និយាយចេញពីបេះដូងនូវអ្វីដែលតាប្រាប់! ត្រូវដឹងថា ចៅ​ជាអ្នក​ដើរ​តួដោះ​នូវ​បណ្តសា​ទាំង​អស់​នេះ​!​» សិដ្ឋដកដង្ហើមធំ បិទភ្នែក ហើយចាប់ផ្តើមសូត្រ៖

«​វិញ្ញាណរបស់សត្វទាំងអស់អើយ…ខ្ញុំឈ្មោះសិដ្ឋជាកូនចៅលួតរបស់តាភ័ក្ត្រ។ ខ្ញុំមកទីនេះ​មិន​​មែន​ដើម្បីបញ្ជាពួកអ្នកទេ ប៉ុន្តែដើម្បីសុំការអភ័យទោស។ ឈាម​របស់​ខ្ញុំ​បាន​ធ្វើ​ឱ្យ​អ្នក​រង​គ្រោះ​​យ៉ាង​​ខ្លាំង ហើយ​ខ្ញុំ​ស្វែង​រក​ការ​បញ្ចប់​ទុក្ខ។ សូម…អត់ទោសឱ្យគ្រប់គ្នា​»

ដោយមាន​ការប្រាប់ណែនាំមកជាមុនស្រេច សិដ្ឋបាន​ទាញ​កាំបិត​កាត់​បាតដៃ​របស់គេជា​បន្ទាត់​​ស្តើង​បង្ហូរ​​នូវតំណក់ឈាម។

ពេលវា​ធ្លាក់​មក​លើ​​កម្រាលនៃផែនដី​ សម្រែក​សប្បាយលាន់​មកពីឆ្ងាយ​បន្លំជាមួយ​ស្នូរ​ស្លឹក​ឈើ​។ មិន​យូរប៉ុន្មាន ភាពស្ងៀមស្ងាត់ធម្មតាបានវិលមកវិញ។

ជាមួយនោះ សំឡេងថ្ងូរបានលាន់បន្លឺឡើងពីជញ្ជាំងផ្ទះ។  វិញ្ញាណ​ដែល​ខឹង​គុំគួនជា​យូរ​មក​ហើយ​​បាន​ព្យាយាមដោះលែងខ្លួនពួកគេ​ព្រោះអស់ចិត្ត ហើយហើរច្រវាត់​ចាកចេញ។

 ពូប៊ុនធឿននិយាយយ៉ាងស្រទន់ថា៖

«បានផលហើយ!»

សិដ្ឋ​ត្រូវបានអាចារ្យ​ដាក់ឱ្យ​លុត​ជង្គង់​ទាំង​ស្រុងនិងឱនក្បាលដល់ដី​។ អ្នកភ្លេង​លេង​បទ​មហោរី​ ​និង​អុជ​ធូប​ទ្រលោម។

ទម្ងន់នៃបណ្តាសាដ៏ខ្មៅងងឹតដែលបានលងបន្លាចផ្ទះនេះអស់មួយទសវត្សរ៍​បានរសាត់បន្តិច​ម្តង​ៗ​។ ផ្ទះនេះលែងមានរូបភាពដូចជាផ្ទះមរណៈទៀត​ព្រោះនេះជាការដោះលែងឱ្យគំនុំបញ្ចប់​ហើយ​ ទីបំផុត​វិញ្ញាណបានសម្រាក។ គ្រូ​គង់​លុត​ជង្គង់​ក្បែរ​សិដ្ឋ ដោយ​ដាក់​ដៃ​លើ​ស្មាសិស្ស។

គាត់ចង់និយាយថា«គេក្លាហានណាស់​!»តែក៏សម្រេចចិត្ត​នៅស្ងៀមវិញ។

«សិដ្ឋឯងអស្ចារ្យ​ណាស់!» សិដ្ឋ​ងើប​មុខ​ឡើង​ទាំង​ទឹកភ្នែក ព្រោះ​ពួក​ដែល​ប្រដេញ​គេនោះ​បាន​ចេញ​​ពីមន្ទីរអប់រំមក ហើយមកមើលគេដែរ គ្រប់គ្នា​​មាន​ស្នាម​ញញឹម​នៅ​លើ​មុខ។

ពូប៊ុនធឿន​ងក់ក្បាលសប្បាយចិត្ត​ជាមួយក្រសែភ្នែកស្លូតបូត។

«សូម​ឱ្យ​វិញ្ញាណទាំងអស់​បាន​សម្រាក​ទៅកាន់សុគតិភព!»

ពន្លឺព្រះចន្ទ​កាន់តែកក់ក្តៅ ផ្កាយកាន់តែភ្លឺ។

សុបិន្ត​អាក្រក់បានកន្លងផុតទៅហើយ ទីបំផុតភូមិអាចដកដង្ហើមបានស្រួល។ មិនយូរប៉ុន្មាន ឪពុក​ម្តាយសិដ្ឋទទួលបានកម្មសិទ្ធិលើដីផ្ទះចាស់​ហើយ​រៀបចំវាជាកន្លែង​ទទួលភ្ញៀវទេសចរមក​ស្តាប់​​រឿងចាស់ៗ។ ការសម្លាប់សត្វត្រូវបានគ្រួសារនេះ​ហាម​ប្រាមដល់គ្រប់​មនុស្សជំនាន់​ក្រោយ​របស់​​ពួកគេ។

យប់នោះ​ ពុករបស់គេក៏ដាច់ចិត្ត​សារភាពឡើងថា៖

«សិដ្ឋ ពុកព្រមឱ្យកូនទៅធ្វើពីធី ព្រោះថា​ការពិតទៅ ពុកដឹងរឿងនេះ​ពីពេលដែលជីតាឯង​មុនស្លាប់​លប​ប្រាប់​ពុក! ជីតា​ដែលជាចៅសាច់ឆ្ងាយលោកតា​ភ័ក្ត្រ តែធ្លាប់ត្រូវបា​នលោកតាភ័ក្ត្រជួយ​លុយ​កាក់​ឱ្យទៅរៀននៅភ្នំពេញ​! ពេលក្រោយមកមានពាក្យចចាមអារាមច្រើនពេក ពុក​សម្រេចចិត្ត​លាក់​បាំង​រឿងនេះពីអ្នកភូមិព្រោះមិនចង់ពាក់ព័ន្ធ។ ល្អណាស់ដែលកូនពុកមាន​សេចក្តីក្លាហានព្រម​បញ្ចប់​បណ្តាសា​នេះ!»

ចប់!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*