ខាងប្រុសសម្លឹងមកហាក់ដឹងថានាងភ័យព្រោះនាងស្ទុះក្រោកមមិងមមាំង៖
«ខ្លាចអី?»
ឮស៊ីណានសួរចំអក ខាងស្រីក្រោកចេញពីគ្រែចុះទៅផ្នែកម្ខាង។
ទោះយ៉ាងណាចាប់អារម្មណ៍ថាគេស្លៀកពាក់ជាស្រេចដូចចង់ចេញក្រៅ។ ធូរចិត្តណាស់បើបុរសនេះចេញឱ្យតែបាត់ៗទៅ។
«មិនគួរខ្លាចអនាគតប្តីខ្លួនឯងទេ!»
ភ្នែករបស់គេសម្លឹងមកនាងជាមួយស្នាមញញឹមបញ្ឈឺចិត្ត។
«អ្នកណាប្តី!»
នាងថាផងដកថយផង។
«រៀបចំ ទៅញ៉ាំកាហ្វេអត់?»
គេនិយាយទាំងផ្អៀងមកប្រុងលូកដៃទទួលនាង។
ស្រីរឹតតែថយហើយខាំមាត់។
«ទៅមិនទៅ!»
«អត់ត្រូវការញ៉ាំអីទាំងអស់!»
«ទៅស្តាបាក់ណា៎! កាហ្វេប្រេនៗរបស់ពួកអ្នកមាននោះអី?»
ម្រាមដៃរបស់នាងញាប់ញ័រនៅពេលឃើញខាងប្រុសហុចអាវមួយស្បោងមកឱ្យ។ នាងសម្លឹងគេហើយមើលស្បោងនោះ។
«ខោអាវថោកៗ ពាក់កើតទេ?»
ដាវីនសម្លឹងដៃស៊ីណាន ភ្នែកនាងមានអំណរ ស្រីតូចងក់ក្បាលដាក់គេ ព្រោះនាងពិតជាត្រូវការ។ ឈុតលើខ្លួននេះជាង៤៨ម៉ោងហើយ ទោះឈុតអ្វីផ្សេងក៏គ្រាន់បើជាងដែរ។
ប្រុសហុចនិងស៊ីញ៉ូឱ្យនាងទទួលយក។ ស្រីទៅមុខបន្តិចរួចកាន់ស្បោងក្រដាសធំដែលត្រូវបានហុចមកដល់។
«ឆាប់បន្តិច! ផ្លាស់ហើយចេញមកក្រៅ!»
ស៊ីណានផ្តាំខ្លីហើយវាសភ្នែកសម្លឹងរាងកាយនាងពីលើដល់ក្រោម ទើបចាកចេញ។ មុនពេលគេទាញទ្វារបិទ នាងឮសំឡេងគេហួចសប្បាយដែលរសាត់ទៅឆ្ងាយឡើង។ វីនក្រឡេកមើលទៅទ្វារដោយភ័យព្រួយនិងងឿងឆ្ងល់ថា តើគេនេះចង់បានអ្វី?
គេនាំនាងទៅក្រៅ? ល្អឬមិនល្អ? ល្បិចអីមួយ? តែថា សំខាន់ដាវីនគិតដល់រឿងមួយយ៉ាងរហ័សគឺថា….ទៅទីណាក្តី តើខ្លួនអាចរត់គេចខ្លួនបានទេ?
ចម្លើយនាងឆ្លើយភ្លាមៗប្រាប់ខ្លួនឯងគឺថា ម៉េចក៏ប្រសើរជាងបន្តជាប់នៅទីនេះដែរ។
ដោយមិនឱ្យស៊ីណានកត់សម្គាល់ ទាំងភាពតានតឹងនៅក្នុងទ្រូង ស្រីផ្លាស់ប្តូរខោអាវក្នុងបន្ទប់ទឹក រួចរាល់ល្មមពេល ទ្វារបន្ទប់នៅខាងក្រៅក៏របើក ហើយស៊ីណានក៏ដើរចូល។ រាងខ្ពស់ស្រឡះរបស់គេបញ្ចេញស្រមោលពេញបន្ទប់។
គេពាក់អាវហ៊ូឌី ឯនាងក៏មានហ៊ូឌីថ្មីមួយក្នុងដៃ។
ស្រីឱនមកសម្លឹងអាវក្រាស់មួយដែលខ្លួននៅមិនទាន់ពាក់ឱបជាប់ដៃរួចតូចងើបមុខយឺតៗមកមើលប្រុសម្ចាស់ផ្ទះ។ គេនោះមានទឹកមុខញញឹមឌឺដងនាងច្បាស់ក្រឡែត ព្រោះអាវគេនិងនាងដូចគ្នាបេះបិទទាំងទម្រង់និងពណ៌ បានន័យថាជាអាវគូស្នេហ៍?
ខឹងចិត្តពេកណាស់។
«មេឃមិនត្រជាក់ផង មិនបាច់ត្រូវការអាវនេះទេ!»
នាងនិយាយផង ដើរញ៉ែងញ៉ង ងរង៉ក់ចេញពីបន្ទប់ទឹកមករួចហុចអាវទៅគេ បញ្ជាក់ថា នាងមិនពាក់ដូចគ្នាជាមួយគេទេ។
ស៊ីណានញញឹម ភ្នែករបស់គេមុតៗសម្លឹងអាវរូបផ្កានាងស្លៀក សុភាព តែស្អាតស្រទន់។ នៅពេលដែលពួកគេនៅក្បែរគ្នា ភ្នែកស៊ីណានសម្លឹងអាវដែលនាងហុច ដៃគេនៅជ្រែងហោប៉ៅដដែលមាត់បញ្ចេញវាចាទន់ភ្លន់ តែជាប្រយោគបញ្ជា៖
«ពាក់!!! ចង់ឱ្យប្រុសៗនៅក្រៅ ឃើញរាងម៉េះ?»
ដាវីនមានអារម្មណ៍ថា បំពង់ករបស់នាងតឹងពេលភ្នែកបួនប៉ះគ្នា។ គេនឹងនរហើយកាច។ ទោះបីជានាងខឹងនឹងសម្តីបញ្ជា លែងចង់ចេញទៅណាជាមួយគេទេ ប៉ុន្តែនាងគ្មានជម្រើសទេ។
បន្តនៅទីនេះឱ្យគេសង្កត់សង្កិនឬចេញទៅយកខ្យល់អាកាសចួបមនុស្សម្នា។
ចួនកាលអាចចួបមនុស្សរបស់ប៉ានាង បងប្រុសនាង នាងក៏រួចខ្លួន។
កំពុងភាំងគិត ខាងប្រុសទទួលអាវមកពាក់គ្របឱ្យ។ ដាវីនងើបមុខសម្លឹងស៊ីណាទៀត ចិត្តហេកហកពេលនេះ ក៏នឹកដល់យុទ្ធ។ បុរសម្នាក់ដែលនឹងមកជាប្តីរបស់នាងពិតៗ។ ទោះបីជាដាវីនមានគូដណ្តឹងមែន តែនាងនិងយុទ្ធមិនដែលចេញទៅណាពីរនាក់គ្មានក្រុមគ្រួសារនៅជាមួយឡើយ។ ចំណែកពាក់អាវឱ្យគ្នា រឹតតែមិនដែលមាន។ អារម្មណ៍បែបនេះ….ជាអារម្មណ៍ថ្មី…..។
ចិត្តរបស់នាងលោតញាប់ពេលនាងឃើញបបូរមាត់កាចៗរបស់គេ។
«តស់! ទៅបានឬនៅ ព្រះនាង?»
នាងលើកដៃផាត់សក់ ធ្វើឱ្យប្រុសលបដៀងមកគយគន់សម្រស់សក់វែងរលូនស្មើសូត្រ។ ក្រមុំនេះមិនបានតុបតែងកាយពីរថ្ងៃមកហើយ ម្តេចសម្រស់នាងមិនធ្លាក់មួយពិន្ទុសោះ។
ដាវីនទម្លាក់មុខចេញ ហើយសួរស្ងប់ស្ងាត់ក្នុងសព្ទសំឡេងស្ទើរតែមិនឮ៖
«ញ៉ាំកាហ្វេមែនទេ?»
ប្រុសមិនឆ្លើយ តែម្រាមគេលូកមកទាញដៃនាងចេញទៅ។
តូចបោះជំហានតាមបងដោយបេះដូងរបស់នាងលោតញាប់។ គ្រប់យ៉ាង…គឺដំបូងបំផុតហើយក្នុងជីវិត។ ពាក់អាវប្រុសម្នាក់រើសមកឱ្យពាក់ ហើយត្រូវគេកាន់ដៃ នាំចេញទៅញ៉ាំកាហ្វេ….នេះជាអារម្មណ៍អ្វី?
មកដល់ខាងក្រៅ ចាក់សោផ្ទះតូចនិងទម្លាក់សោចូលក្នុងហោប៉ៅអាវ ភ្នែករបស់ស៊ីណានមិនដែលឃ្លាតចេញមុខតូចឡើយ។
នារីអភិជននេះ ជាប្រភេទកល្យាណីដែលសែនខ្ចីអំពីពិសោធន៍ជីវិតនៅក្រៅវិមាន។ នាងគិតអ្វី គេអាចស្មានដឹង។
គេចុចឡាន ហើយចង្អុលឱ្យនាងទៅដោយគ្រប់យ៉ាងមិនឃ្លាតពីក្រសែភ្នែកគេឡើយ។
នាងឡើងឡានដែលមិនមានអ្នកបើកទ្វារ ហើយខាងក្នុងឡានតូចជាងអ្វីដែលនាងធ្លាប់ជិះ។ ប្រុសចូលមកដែរហើយបិទទ្វារគ្រាំ។
នាងភ្ញាក់។
ស៊ីណានងាកមកមើលមុខ។ ភ្នែកស្រីមូលក្លុំ ភ័យៗ ខ្លាចគេនេះដូរចិត្ត ព្រោះស៊ីណានមិនបានបញ្ឆេះឡាន។
ភ្នែកថ្ពក់គ្នា ប្រុសញញឹមសួរបញ្ឈឺ៖
«ម៉េចដែរ ពេលធ្លាក់កាលីបមកជិះឡានច្នៃ?»
នាងជ្រួញចិញ្ចើមតិចពេលសម្លឹងភ្នែកគេ ព្រោះដាវីនកំពុងតែភាន់ភាំង ហើយភ័យៗចំពោះករិយាបុរសនេះ។ ស្រីមើលគ្រប់ចលនារបស់នាងដោយភ្នែកដ៏ស្រទន់។ នាងបានបង្ខំស្នាមញញឹមព្រោះគេមិនព្រមធ្វើអ្វីនៅរង់ចាំស្តាប់ចម្លើយនាងឱ្យខាងតែបាន។
«ឡាន…..ច្នៃ…..ជាឡានអីទៅ?!»
ប្រុសសើចភ្លាម បញ្ចេញធ្មេញសក្បុសពីរជួរ។ គេមានស្នាមខួចជ្រៅដែលស្រីទើបនឹងសម្គាល់ឃើញ។ បុរសនេះ បើមិនធ្វើជាឧក្រិដ្ឋជនគេអាចថាជាប្រុសស្អាតម្នាក់ដែរ តែដាវីនស្អប់ចរិតបំពានរបស់គេ។
«គិតថា Ross Royce ឬឡាំបូ បូកគ្នាទៅព្រះនាង!»
នារីតូចដូចជាមិនខ្វល់និងមិនយល់ទេ ថាគេព្យាយាមបំភ័យនាង។ ស្រីងាកមុខទៅសម្លឹងថ្នល់វិញព្រោះបេះដូងតរុណីតែងត្រូវញាប់ញ័ររាល់ពេលក្រឡេកឃើញការសម្លឹងរបស់បុរសនេះ។ ហាក់ដូចជាអ្វីមួយ កាច ឌឺនិងបានចិត្ត នៅក្នុងជម្រៅនៃបេះដូងនាយ តែនាងរកវិភាគមិនត្រូវ។
ស៊ីណានក្រឡេកមកគន្លឹះទ្វារ ឃើញថាទ្វារនាងបិទមិនជិតទេ។ នាងចង់លោតចុះឬម៉េច? ប្រុសលូកដៃរំលងនាងឱនទៅទាញទ្វារបិទគ្រាំ។ ងាកមកវិញចំពេលនាងខំរើគេច តែឡាននេះតូចពេក បានជាគេចមិនបានបែរជាឱ្យច្រមុះគេផ្ទប់ទាំងស្រុងមកលើទ្រូងនាង។
ប្រុសនិងស្រីគាំងជាមួយគ្នានៅក្នុងការថើបដំបូងមួយ ដែលមិនមែនស្ថិតក្នុងផែនការរបស់ស៊ីណាន។ កម្ដៅរាងកាយយុវវ័យ បញ្ចេញធាតុក្រៅនិងអៀនខ្មាសឡើងមកទ្រុបពេញឡាន។
ខាងប្រុសងើបមុខមកវិញ ក៏មិនហ៊ានសម្លឹងម្ចាស់រាងកាយទេពអប្សរ ឯនាងស្រីប្រតោងឈ្នាប់ឡានយ៉ាងស្លេកស្លាំងព្រោះគេបានបញ្ឆេះនឹងបោលឡានចេញដូចព្យុះ។ នាងមិនដឹងទេថា ស៊ីណានកំពុងទប់ទល់ជាមួយអារម្មណ៍ទាក់ទាញមួយយ៉ាងធ្ងន់។
ប្រុសកំលោះខំបំភ្លេចវិនាទីមុននេះ តែវាពិតជាបានត្រូវបង្កើតឡើងរួចមកហើយ ឯនាងមានរសជាតិដូចទឹកឃ្មុំដែលគេមិនដែលបានស្គាល់រសនេះពេញមួយជីវិតមកហើយ។
«ប៉ា! ប៉ាភ្ជាប់ជាក្យស្រីម្នាក់នេះមកឱ្យកូន គេស្អាតពេកហើយ តែគេមិនដែលព្រមឬត្រៀមខ្លួនមកជាប្រពន្ធរបស់កូនប្រុសប៉ាទេ! យើងជាចោរ គេជាព្រះនាងមែនទេប៉ា?»
ស៊ីណានលបគិតដោយទោមនស្ស។ ភ្នែកគេក្រហមងៅដោយការចង់បាន ឬខឹងសម្បា កល្យាណីមិនយល់ទេ នាងងាកមុខចេញទៅម្ខាង បិទភ្នែកក្តាប់ដៃទ្រាំនឹងភាពអាម៉ាស់ដែលត្រូវប្រុសនេះថើបចំប្រអប់លេខសម្ងាត់មានកម្លាំងឆក់១០០០អង្សារ ស្រីណាមិនចាញ់?
ងាកមកវិញតិចៗ ក៏លបឃើញភ្នែកគេ មុខគេក្រហមៗនៅលើកញ្ចក់មើលក្រោយ។ ថាងាកចេញវិញដែរ តែត្រូវភាំង ព្រោះទម្រង់មុខរៀមជាបុរសពេញលក្ខណៈ ក្រហម ក្រញូវនិងខឹងៗ ធ្វើឱ្យស្រីសម្លឹងដូចជាប់កាវ។
មិនយូរគេងាកមកឃើញនាង។ ភ្នែកទាំងបួនសាជាថ្មីប៉ះគ្នា។ នាងនៅមើលគេភាំង គេក៏មើលនាងស្អិត។
ដាវីនអាចមានអារម្មណ៍ថាធុញថប់នឹងភ្នែករបស់នាងខ្លួនឯងដែលនៅប្រទាក់។ មាត់នាងខំវាចាបន្លប់លើរឿងគ្រប់យ៉ាង៖
«ទីនេះ ជាកន្លែងអី?»
ប្រុសភ្ញាក់ប្រាណមកវិញ រេភ្នែកសម្លឹងជុំវិញ។
មួយប្រាវចេញឡាននេះ គេបានមកដល់តំបន់ប្របមាត់ទឹក។ ប្រុសដឹងថា ហាងកាហ្វេមានចម្ងាយតែប៉ុន្មានប្លុកប៉ុណ្ណោះ ប៉ុន្តែតាមដងផ្លូវមានសភាពអ៊ូអរ មមាញឹកល្មមដែលនាងអាចសប្បាយចិត្តនឹងផែនការគេចខ្លួនបាន។
«ដល់ហើយ!»
ប្រុសស៊ីញ៉ូបន្ថយល្បឿនហើយអែបសំដៅទៅរកច្រកចូលនៃហាងកាហ្វេទំនើប។ បុរសចតឡាន ហើយចុះមកក៏ឃើញនាងនៅអង្គុយធ្មឹង។
គេដើរមួយនាំរាងកាយខ្ពស់សង្ហាក្នុងអាវក្រាស់ប៉ោងមកសំដៅកៅអីខាងស្រី។
ប្រុសបើកទ្វារ ស្រមៃថានាងនឹងងើបមុខមកមើលនាយនឹងអាលបានឃើញភ្នែកនាងទៀត តែស្រីឈ្ងោកមុខជាប់ ដូចនាងស្គាល់បំណងខាងប្រុសច្បាស់។
ដាវីនស្ទាក់ស្ទើរមួយសន្ទុះរហូតស៊ីណានលូកដៃទៅក្រៀកម្រាមនាងប្រាំហើយទាញក្រោកឡើង។
ជាលើកដំបូងដែលស្រីស្អាតត្រូវបានប្រុសម្នាក់បណ្តើរកាត់តុជាច្រើន ឯមនុស្សគ្រប់គ្នាសម្លឹងមកពួកគេដោយក្រសែភ្នែកចាប់អារម្មណ៍ខ្ពស់។
នាងធ្វើមុខស្លេក តែឃើញស៊ីណានញញឹមញញែមទាញកៅអីមួយនៅជ្រុងជញ្ជាំងក្បែរកញ្ចក់ឱ្យនាងអង្គុយ។
«ចាំបន្តិច យកកាហ្វេអី?»
នាងនៅស្ងៀមសម្លឹងមនុស្សជុំវិញខ្លួនក្រែងលោមានអ្នកណាដែលស្គាល់ នឹងអាលរកជំនួយ ស្រាប់តែខាងប្រុសឱនមកក្បែរថ្ពាល់៖
«ឡាតេ! អត់ដាក់ស្ករ បានទេ!»
នាងទើសនឹងដង្ហើមក្តៅៗរបស់គេ មាត់គេក្បែរៗថ្ពាល់ ហើយដៃគេក្តោបលើស្មាស្រី។
«ចាស៎!»
តូចឆ្លើយឱ្យតែបានៗឱ្យចប់ៗឆាកស្អិតរមួតនេះ។ មិនដឹងឧក្រិដ្ឋជនចង់លេងអីជាមួយនាងទេ បានជាមកបង្ហាញកាយវិការស្និទ្ធជាគូដណ្តឹងនាងទៅទៀត?
សំឡេងចាស៎របស់នាងខ្លី តែវាតោងជាប់ចិត្តខាងប្រុសពេលគេងើបឡើងពីខ្លួននាង ហើយបម្រុងដើរទៅបញ្ជរគិតលុយ។
គេក្រឡេកឃើញម្រាមដៃរបស់នាងញ័រៗ ប្រុសវាចាតិចៗ៖
«ចាំនៅហ្នឹងហើយ!»
តូចងក់ក្បាលភ្លាមៗពេលនាងឮប្រុសដាក់បញ្ជាតែចិត្តនាងខាងក្នុងវិញកំពុងក្បត់កាយវិការ។ ស្រីគិតជាស្រេចថា ពេលគេកំពុងរង់ចាំ ទិញនាងនឹងរកឱកាសរត់។
ស៊ីណានបានចូលទៅក្នុងជួរ។ ងាកមកម្តងៗគេឃើញដាវីក្រឡេកទៅមើលទ្វារ។ គេញញឹម។ បេះដូងរបស់នាយលោតញាប់ព្រោះស្រីម្នាក់នេះនឹងអាចរត់គេចពិតមែន ឬនាងអាចនឹងឡូឡាឱ្យអ្នកផងជួយ។
អារម្មណ៍ថាមានខ្យល់អាកាសនៃសេរីភាព សូម្បីតែមួយភ្លែតដែលប្រុសក្រោកទៅបាត់។ ក្លិនកាហ្វេធ្វើឱ្យនាងឃ្លានណាស់ ស្រីងាកទៅមើលក្នុងទូឃើញនំជាច្រើន ភ្លេចគិតថាស៊ីណានមើលមុខនាង។
ម្រាមគេស៊ីញ៉ូដាក់នាងនិងចង្អុលរកនំ ជាសញ្ញាថា នាងត្រូវការទេ?
ស្រីងក់ក្បាលដាក់គេ គេងក់ក្បាលតប។
បុរសនេះមិនឱ្យនាងរត់បានងាយទេ នេះជាអ្វីនាងគិត។ ប៉ុន្តែ នាងនឹងនៅតែរត់។
ដាវីនរង់ចាំរហូតដល់គេចូលគិតលុយ។ ប្រាកដណាស់ នោះជាពេលវេលាខ្លីនិងមិនអាចរំលងបាន។ ពិតណាស់ ពេលគេបែរខ្នងនិយាយជាមួយអ្នកគិតលុយ នាងចាប់បានឱកាសដើរកាត់ពីក្រោយខ្នងដ៏ធំរបស់គេ ដោយធ្វើពើជាមិនខ្លាច តែឈានយ៉ាងញាប់ឆ្ពោះទៅរកច្រកចេញ។
លុះដល់ក្រៅមាត់ទ្វារ ដាវីនបង្កើនល្បឿនបែររកទិសដៅខាងក្រោយហាងនិងរត់ទៅរកផ្លូវដែលខុសឆ្ងាយពីគោលដៅឡានរបស់គេ។ ដង្ហើមរបស់នាងគាំងៗ ដង្ហក់ចេញមកទាំងហត់ៗ ពេលដែលនាងរត់ចូលទៅក្នុងហ្វូងមនុស្សអង្គុយតាមសួន ហើយរំកិលខ្លួនយ៉ាងលឿនព្យាយាមពន្លិចខ្លួនឯងបន្លំក្នុងចំណោមមនុស្ស។ មួយសន្ទុះ ក្តីសង្ឃឹមបានហក់ចូលមកបំពេញក្នុងទ្រូងជាមួយខ្យល់នៃ«សេរីភាព»។ គ្មានប្រុសកំណាចនិងសំឡេងបង្គាប់គួរឱ្យថប់ដង្ហើមរបស់គេទៀតនោះទេ។
«រឿងបន្តគឺរកសុំទូរសព្ទអ្នកណាម្នាក់ ខលរកបងប្រុសដាវីឌ!»
នាងរអ៊ូបែបនេះមិនទាន់ផុតពីមាត់ផង រំពេចនោះទូរសព្ទពិតជាបានរោទ៍ឡើង។ ដាវីនភាំង….មានហ្វូនមួយនៅក្នុងហោប៉ៅរបស់នាង។
ស្រីលែងឈានជើងទៅមុខបាន។
ភក្ត្រាស្លេកស្លាំងនិងពេញដោយភ័យខ្លាច នាងក្រឡេកមើលជុំវិញខ្លួន ហើយឱនចុះ។ អេក្រង់ភ្លឺទែងចេញពីក្នុងអាវ មិនដឹងស៊ីណានបង្កប់ទូរសព្ទមកពីពេលណា?
«ស៊ីណាន!»
ស្រីវាចាខ្សាវៗប្រាប់ខ្លួនឯងទាំងចរន្តឈាមរបស់នាងឡើងត្រជាក់។ មើលជុំវិញទីនេះ ជននោះមិនបានប្រដេញតាមនាងមកទេ តែគេបង្កប់របស់នេះ ហើយគេដឹងច្បាស់ថា នាងកំពុងនៅឯណា។
ដាវីនមិនចង់ទទួល មិនចង់ឆ្លើយអ្វីទាំងអស់។ ដៃនាងច្បាមហ្វូនចេញមក ហើយប្រុងថាបោះកម្ទេច ប៉ុន្តែមានអ្វីមួយនៅក្នុងបេះដូងនាង បានប្រាប់នាងជាសម្ងាត់ថា នាងគ្មានជម្រើសព្រោះគេអាចនៅជុំវិញនេះ។ ដោយដៃញ័រៗស្រីបានយកទូរសព្ទមកចុចទទួល ហើយកាន់ស្តាប់នឹងត្រចៀកនាង។
«កាហ្វេនិងនំ បានហើយព្រះនាង!»
«ស៊ីណាន!» ស្រីហៅគេដោយញ័រនិងដោយសព្ទសំឡេងស្រទន់។ ប្រុសសើចតិចៗហើយឆ្លើយតប៖
«មកវិញដាវីន!»
ជើងរបស់នាងស្ទើរតែទន់ទ្រោបមកលើដី។ នៅពេលដែលនាងមើលជុំវិញខ្លួន មានអារម្មណ៍ថាដូចជាមនុស្សជុំវិញជាជនចម្លែកនិងជាដៃជើងចូលគំនិតជាមួយស៊ីណានទាំងអស់។
នាងលែងជឿលើខ្លួននាងហើយ។
ស្រីឈរភាំងនៅកណ្តាលសួនលើចិញ្ចើមផ្លូវទាំងបេះដូងលោតសែនញាប់។ ចិត្តមួយដាវីនព្យាយាមគិតថាត្រូវនិយាយអ្វីតប នាងបែរជាដកដង្ហើមធំ ព្រោះព្យាយាមលាក់កំបាំងភាពភ័យស្លន់ស្លោ។
«ខ្ញុំ….ខ្ញុំចង់ទៅផ្ទះ!»
«ម៉េចមិនប្រាប់អ៊ីចឹង?»
សំឡេងស៊ីណានធម្មតាៗតែនាងមានអារម្មណ៍ព្រឺ។ ទឹកភ្នែកហូរចេញមកច្រោកពេលឮសម្ដីរបស់គេ។ ដៃគេ ស្នាមថើបគេ នៅផ្តិតលើប្រាណនាង ហើយសំឡេងគេនៅក្បែរត្រចៀកនាង។ មានអារម្មណ៍ថា ជននេះនៅគ្រប់ទីកន្លែងនៃជីវិតនាង។
«ខ្ញុំស្អប់អ្នកឯង! ម៉ាក់អើយជួយកូនផង!» នាងវាចាទាំងយំខ្សឹបខ្សួល។ ស្នូរដង្ហើមរបស់ស៊ីណានកំពុងបំភ័យនាង គេតបតិចៗដោយមានភាពស្ងប់ស្ងាត់៖
«ម៉ាក់នាង សុខសប្បាយទេ!»
នាងនៅផ្ចង់ស្តាប់ ខាងប្រុសនិយាយបន្ត៖
«ខ្ញុំបានខលទៅគាត់មុននេះ! ពេលកូនទន្សាយកំពុងរត់!»
ដាវីនលែងយំចេញ ព្រោះចិត្តកំពុងតក់ស្លុត។ ដៃរបស់នាងរឹតជុំវិញទូរសព្ទ ក្បាលរបស់នាងវិលវល់គិតអ្វីមិនច្បាស់។ ម្តាយរបស់នាងត្រូវបានជនកំណាចខលរក? ជាការពិតណាស់ ស៊ីណានគ្រប់គ្រងលើអ្វីៗទាំងអស់ពេលនេះ នាងមិនគ្រាន់តែជាចំណាប់ខ្មាំងទេ នាងត្រូវបានចងដោយខ្សែពួរដែលមើលមិនឃើញនៃការភ័យខ្លាចនិងកត្តាគម្រាមកំហែងសម្រាប់គ្រួសាររបស់នាង។
ដាវីននិយាយដោយសំឡេងញ័រៗ៖
«ប៉ាខ្ញុំនឹងចាត់ការខ្លួនមិនខាន!»
«ខ្លាចពេកហើយព្រះនាង! ពេលនេះខ្ញុំកំពុងហៅម្តាយនាងចូលស៊ង គាត់នឹងពិបាកទ្រាំជាងនាងផងក៏មិនដឹងពេលត្រូវចាប់ឃុំ!»
«…កុំណ៎ា…កុំគិតឱ្យសោះថានឹងធ្វើបាបម៉ាក់ខ្ញុំ» នាងញាប់ញ័រខណៈ ស៊ីណានសើចយ៉ាងវែង។ សំឡេងគេត្រជាក់ៗជាមួយនឹងការពេញចិត្តលើជ័យជម្នះ។
«ចង់ឃើញរូបគាត់កំពុងមកទេ!»
«ឈប់ទៅ! ផ្តាច់ការទាក់ទងជាមួយគាត់! ខ្ញុំត្រលប់ទៅវិញឥឡូវនេះ! ណ៎ា ខ្ញុំសូមអង្វរ!»
ដាវីនមិនឮស៊ីណានទៀតទេព្រោះគេបានផ្តាច់ទូរសព្ទហើយ។ មានអារម្មណ៍ថា ពោះរបស់នាងរមូរ ស្មានាងទាំងសងខាង ធ្លាក់ចុះដោយការចុះចាញ់។
សុវត្ថិភាពរបស់អ្នកម្តាយនាងនៅលើបន្ទាត់គំរាមកំហែង។ ស្រីបែរក្រោយ ចាប់ផ្តើមដើរត្រលប់ទៅហាងកាហ្វេវិញតែដៃខំចុចរកគេ គឺស៊ីណាន។
ប្រុសមិនលើកទេ…នាងរអ៊ូខឹង៖
«មនុស្សចង្រៃ ខ្ញុំព្រមត្រលប់ទៅវិញហើយ ហាមធ្វើអីម៉ាក់ខ្ញុំ!»
តរុណីខំជូតទឹកភ្នែកហើយរត់ត្រលប់មកដល់ហាងកាហ្វេវិញយ៉ាងហាត់គឃូស។ នាងអរបន្តិចព្រោះឃើញ ស៊ីណាន។
ប្រុសមាឌធំ អង្គុយយ៉ាងធម្មតានៅតុដដែល។
នាងឈានទៅហើយរៀបសម្រួលទឹកមុខកុំឱ្យអ្នកដទៃភ្ញាក់ផ្អើល។ ភ្នែកខាងប្រុសបានចួបប្រទាក់ជាមួយរាងកាយត្រុនៗរបស់ព្រះនាងតូច។
គេកំពុងទំពានំយ៉ាងមានក្តីសុខហើយបញ្ចេញស្នាមញញឹមដាក់នាង។
វាជាស្នាមញញឹមរបស់សារធាតុបា ធាតុឈ្មោលដែលចង់យកឈ្នះ និងហាក់ចង់សង្គ្រប់ដាវីន។ ប្រុសបក់ដៃហៅនាងមមកអង្គុយ។ តូចអង្គុយចុះថ្នមៗមិននិយាយស្តី ទឹកមុខស្លេក ដៃញាប់ញ័រ។ ស៊ីណានងាកមុខបន្តិច ក្រឡេកមើលជុំវិញខណៈនាងសម្លក់គេរលីងរលោង។
គេសើចពេលលេបនំអស់ហើយដៃមួយលើកនំជូននាង។
«នៅក្តៅៗ» ប្រុសវាចា។
ដោយមិនមាត់ ភ្នែកក៏មិនដកចេញពីគេ តរុណីក្តាប់ទូរសព្ទគេយ៉ាងណែន រួចទម្លាក់ភ្លួកចូលក្នុងកែវកាហ្វេក្តីគគុក ជះផ្សែងហុយៗ។
ស៊ីណានទម្លាក់ទឹកមុខ ងាកមកមើលទូរសព្ទដែលកំពុងត្រូវបានបំផ្លាញ។
ស្រីសម្លឹងគេទាំងស្រក់ទឹកភ្នែកច្រោក មាត់នាងខាំ ព្រោះគេបានឆក់យកសេរីភាពរបស់នាង។ កំហឹងនេះ បំផ្លាញគេប៉ុណ្ណឹង នៅមិនទាន់សមល្មមចិត្តទេ។
ប្រុសញញឹម ដាក់នំមកលើតុវិញលាន់គឹប។
ដាវីនសម្លឹងមើលចាននំ នៅពេលដែលទម្ងន់នៃស្ថានការណ៍បានធ្លាក់ចុះមកសន្ធប់នៅជុំវិញប្រាណតូច ដូចជាទ្រុងមួយ រឹតបន្តឹងការដកដង្ហើមរបស់ស្រីរាល់វិនាទី។
ដៃនាងនៅតែក្តាប់លើអាវជាមួយនឹងកំហឹងដែលឆេះសន្ធោនៅក្នុងខ្លួននាងលាយជាមួយភាពភ័យខ្លាច។
ប្រុសលូកដៃមកទាញម្រាមនាងបណ្តើរក្រោក។ នាងដើរតាមគេតត្រុក។ នៅលើនាទីយឺតៗមិននិយាយរកគ្នា ទីបំផុតពួកគេវិលមកផ្ទះវិញហើយ។
នាងត្រូវគេទាញចូលមកហើយដៃម្ខាងគេចាក់គន្លឹះទ្វារវិញ។
ស៊ីណានរុញដាវីនទល់នឹងជញ្ជាំងមាត់ទ្វារនោះ ហើយផ្តើមនិយាយរកនាងដែលកំពុងក្រហមភ្នែក នាងខឹងខ្លាំង គេក៏ខឹង តែគេទប់បានជាងនាង។
«ដឹងថា ចរិតអ្នកនាងធំ នឹងមានលទ្ធផលបែបណាទេ?»
«ខ្ញុំមិនខ្លាចអ្នកឯងទេ!» ស្រីតបភ្លាមៗ។
ស៊ីណានភាំងបន្តិចនឹងកែវភ្នែកនាង។ ជាមួយកំហឹងចិត្ត ដាវីនកំពុងបង្ហាញភាពរឹងមាំ។ ស្រីយំផងនិយាយឡុលៗដាក់ភ្នែកខាងប្រុសផង៖
«បើអ្នកឯងមិនកំសាក យកម៉ាក់មកឡូកឡំ ខ្ញុំនឹងស្លាប់ជាមួយអ្នកឯង! ខ្ញុំសម្លាប់អ្នកឯង! មនុស្សកំសាក!»
ស៊ីណានសើច។
សំឡេងរបស់នាងកាន់តែតានតឹង៖
«មនុស្សអ្នកឯង គ្មានបានការស្អីទេ បានតែចាប់ស្រី!»
ស៊ីណានសម្លឹងមើលនាងមិនវាចា ព្រោះគេមិនចង់រំខាននូវអារម្មណ៍មួយដែលកំពុងក្រអូបឆួលទៅដោយគន្ធាក្លិនព្រះនាង…..សាយភាយពីរាងកាយខឹងក្តៅគគុករបស់តូច…..ក៏ជាក្លិនដែលគេវង្វេង។
«បើគ្រាន់បើ ឱ្យកាំបិតមក!…ខ្ញុំ….នឹងចិញ្ច្រាំអ្នកឯង!»
ទេពធីតាស្រែកស្រួយស្រោកក្នុងកំហឹង ដែលបំពក់កាន់តែខ្លាំងឡើងៗ រហូតដល់ស្មារតីប្រុសរឹតវង្វេងក្នុងភ្នក់ភ្លើងមានះនិងរសគន្ធាដែលកំពុងភ្ញោចកាមតណ្ហា។
«មនុស្សធុនអ្នកឯងជាមនុស្សបាតសង្គម…..»
គេមិនឱ្យនាងបញ្ចប់ប្រយោគអសុរោះទេ បបូរមាត់នាយត្របាក់បញ្ចប់ឫទ្ធានុភាពរបស់នាង…



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ