រឿង៖ ចំណាប់ខ្មាំង ភាគទី៦

មួយម៉ោងក្រោយមក ឧកញ៉ាវ័យ៥២ឆ្នាំ ម៉ែន ដា ឈរ​នៅ​ក្នុង​បន្ទប់ការិយាល័យដោយ​ទឹក​មុខ​ប្រែ​ជាខ្មៅក្នុងភ្នក់​កំហឹង។

យុទ្ធ អនាគតកូនប្រសារបស់គាត់ អង្គុយទល់មុខគាត់ទាំងកែវភ្នែកស្ងប់។

«ប្រសិនបើដាវីន មិនចង់បានអាពាហ៍ពិពាហ៍នេះទេ….»

 ម៉ែន ដា ស្រែកកាត់៖

«មិនមែនវាសម្រេចចតាមក្បាលចិត្តទេ!»

យុទ្ធដកដង្ហើមធំ៖

«ខ្ញុំនឹងមិនបង្ខំគេទេពូ!….ប៉ុន្តែទំនាក់ទំនងរវាងគ្រួសារយើង…….នឹងនៅដដែល»

 ដេវីឌ​ឈរស្ងៀមដូចគល់ឈើនៅនឹងមាត់ទ្វារ មើលការប្រឈម​ដ៏តានតឹងរវាងកិត្តិយស គ្រួសារ និងចរិតខុសធម្មតា​របស់ប្អូនស្រីដែលបេះដូងគេមិនព្រមសម្របតាម។

ដោយ​គ្មាន​ពាក្យ​អ្វី​មួយ​ម៉ាត់ យុទ្ធ​ក្រោក​ឈរហើយផ្តើមឈានចាក​ចេញ​ពី​បន្ទប់។

«ក្មួយលាសិនហើយ! តែ…កុំផ្សាយរឿងនេះចេញ មុនពេលដាវីន​ប្រកាសខ្លួនគេ! កុំឱ្យខូចខាតកិត្តិយសគេ!» ជំហាន​របស់​យុទ្ធ​ធ្ងន់ៗពេញទៅ​ដោយ​ភាព​តានតឹង។

គេចាកចេញមិនយូរផង លោកម៉ែនដាបោកសៀវភៅប្រាវ….

«មើលតែប៉ាឱ្យវាការជាមួយមនុស្ស​កាប់ចាក់? ក្មួយយុទ្ធល្អបែបនេះ…..វាទៅរើសយកអាអ្នក​លេងសាមូរ៉ៃតាមផ្លូវ?»

«មិនមែនដាវីនចង់ទេ វានោះអាចគម្រាមប្អូន!» ដាវីឌនិយាយមួយៗដោយដៃរុញទ្វារបិទវិញ​។

បុរសជាឪពុកស្រែកដាក់កូនប្រុស៖

«រឿងឯងទាំងអស់! ឯងមិនចេះមើលប្អូន វាទាក់ទងគ្នាពីពេលណា?!»

ដាវីឌនៅអេះអុញព្រោះថាសំណួរនេះបានធ្វើឱ្យគេរកនឹកនា។ តុៗៗៗ…សេត ដែលជាជំនួយការ​របស់ ម៉ែន ដា អើតមុខមកតាមប្រលោះទ្វារដោយទឹកមុខភ័យព្រួយ​។

«លោកឧកញ៉ា មានរឿងសំខាន់!»

ម៉ែនដាទម្លាក់កំហឹងសម្រួលទឹកមុខ។

«ខ្ញុំលើកចោលការប្រជុំទាំងអស់សិនសេត!»

«តែនេះពាក់ព័ន្ធរឿងស៊ីណាន!» ដោយកាន់ព័ត៌មានសម្ងាត់មួយចំនួនលើដៃ ជំនួយការវ័យ​កណ្តាល​ម្នាក់នេះមានអ្វីមួយជាសញ្ញាដល់ម៉ែនដា។

«ដាវីឌ! ចេញសិនទៅកូន!»

ម៉ែន ដា បញ្ជាកូនប្រុសរបស់គាត់ហើយ ងាកមកប្រឈមមុខនឹងសេត។  ដេវីឌបាន​ក្រឡេក​មើល​ឪពុក​របស់​គេរួចពូសេតនេះបន្តិច សំណុំឯកសារលើដៃគាត់បន្តិចដែរ ​មុនសម្រេចចិត្ត​​នឹង​ដើរ​ចេញ។

«ឯងរកឃើញស្អី ? ធ្វើការយឺតណាស់ ដាវីឌនិងក្មួយយុទ្ធរកដាវីនឃើញហើយ ប៉ុន្តែ….កូនវីនមិនមកវិញខ្លួនគេ! តាមមើលយើងពិបាកប្តឹងអាចង្រៃនោះណាស់ ម្ខាងកិត្តិយស ម្ខាងកូនយើងមិនដឹងអារក្ខ​អីចូល! សេត! ខ្ញុំសួរឯង ឯងធ្វើពូគេ ឯងមិនដឹងក្មួយមាន​ស្នេហាជាមួយបុគ្គលិក?»

សេតងាករុញទ្វារជិត ទើបឈានចូលក្បែរនាយចៅហ្វាយដោយខ្សឹបៗ៖

«អាចច្រឡំ​ហើយមេ! មេមើលនៀក! ស៊ីណានជាកូនអ្នកណា?»

ទឹកមុខ​សេតច្បាស់ការនិងបារម្ភពេក​រហូតដល់ម៉ែនដាក់ការ​សង្ស័យ។

«កូនអ្នកណា?»

ដៃគាត់កញ្ឆក់មកមើល។

វគ្គ គូពីអតីត

ស៊ីណាន​ឈរ​បែរខ្នង​ ចៀនសាច់និងពងទាសម្រាប់នាង។ គេកូរគ្រឿង​​ដោយ​ដៃ​ម្ខាង កែវភ្នែក​មុតឆ្លៀវ​ឆ្លាតពិនិត្យ​​​មើល​ដាវីនតាមចំណាំងផ្លាត​ចានអាលុយមីញ៉ូម។​ ប្រុសដឹងច្បាស់ពីអ្វីដែលនាងកំពុងគិតនិងធ្វើ។ អភិជនតូចម្នាក់នេះ ចង់លួចទូរសព្ទរបស់គេ។

នាង​មិន​បាន​នៅ​ទីនេះបន្ត​តាម​ជម្រើសបេះដូង​ទេ ស៊ីណា​នដឹងថា តាមពិតដាវីន​ភ័យ​ខ្លាច​អំពី​រូបថត​របស់​នាង​​នៅ​លើ​ឧបករណ៍​របស់​គេ ​បានជា​ធ្វើ​ឱ្យ​នាងកុហកបងនិងគូដណ្តឹង​។ បុរសបែរមុខមករកនាងជាមួយ ទឹកមុខស្មើតែសង្ហា​បែបមានប្រៀបជាងនាង។

«ត្រូវ​ការPassword?»​

បុរសបានឌឺដងសួរក្នុងសព្ទសំឡេង​ទាប ហើយទាញកៅអីមកអង្គុយតទល់ក្បែរនាង​លើតុបាយ​។ ដៃដាវីនកាន់ទូរសព្ទដែលគេមាន​ចេតនាទុកទីនោះ។

ដាវីនសម្លឹងគេមិនញញើតទេ​ហើយនាងចូលត្រង់ៗដល់ការពិត៖

«ដឹងហើយ ឆាប់លុបរូបថតនោះទៅ!» នាងនិយាយទាំងសំឡេងស្រាល់ៗតែរឹងមាំ។ ទោះយ៉ាងណា ស៊ីណានមើលភ្នែករបស់នាង ឃើញបាននូវ​សន្ទុះនៃភាពចលាចលនៅខាងក្នុងចិត្ត​ស្រី។

«ខ្ញុំបានជាប់នៅនេះយូរហើយ!»

«ហើយម៉េចទៀត?» គេ​សួរ​ដោយ​ញញឹម​ត្រជាក់ៗ​នៅ​ជ្រុង​បបូរមាត់ម្ខាងដាក់កែវភ្នេកក្រឡង់ៗរបស់នាង៖

​«​លុបហើយនឹងរត់ចេញ?»

ដាវីន​​នៅ​ស្ងៀម​មិន​ហ៊ាន​ឆ្លើយ។ ស៊ីណានហុចចាននិងស្លាបព្រានិងសម។ ប្រុសដឹងថា នាងជាប់នៅទីនេះរយៈពេលពីរថ្ងៃហើយ វិញ្ញាណរបស់នាងរសាត់បន្តិចម្តងៗរាល់ម៉ោងពេលដែលរំលងទៅ ចំណែកកាយនាង​ខ្សោះ​ទើបតែងើបពីសន្លប់ទេ។

នាង​មិន​បាន​ញ៉ាំ​អី អារម្មណ៍​ភ័យ​ព្រួយ​ពី​ការ​ដែលគេ​បដិសេធ​មិន​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​បង​ប្រុសនិង​គូ​ដណ្តឹង ហើយ​ទោះ​នាង​មិន​និយាយ​ក៏ម្ចាស់ផ្ទះ​អាច​ដឹងបាន​​ពី​ការ​ភ័យ​ខ្លាចនិង​ទុក្ខ​ព្រួយ​របស់​នាង។

«នឹកគូដណ្តឹងកំសាកនោះ ចង់ទៅរៀបការហ្មែន?»

«ច្រណែន?»

នាង​ជ្រប់មុខ​ឌឺគេវិញ។ ក្នុងគំនិតរបស់ស៊ីណាន ដោយមិនមាន​ហេតុផល គេកំពុងគិតពីយុទ្ធ ម្នាក់នោះដែលជាគូដណ្តឹងគ្មានសមត្ថភាពរបស់នាង តែហេតុអ្វីមនុស្ស​ប្រុសខ្សោយបែបនេះជាបុរសដែលកាន់កាប់បេះដូងរបស់នាងបាន។ ថ្គាមរបស់គេ​ជ្រុងឡើងៗបង្ហាញ​ភាពមិនសប្បាយចិត្ត​ រហូតខាងស្រីមិនហ៊ាន​មើលមុខទេ  ប៉ុន្តែ​រក្សា​សំឡេង​ស្ងប់ពោលតបវិញតាមសម្រួល៖

«ច្រណែនស្អីទៅ អ្ហះ? របស់ក្នុងដៃខ្ញុំ! ញ៉ាំទៅ បន្តិចទៀត យើងអាចនឹងធ្វើការបន្តដូចកាលពីនៅខាងក្រោម មាត់ទ្វារ!»

ស្រីក្តាប់មាត់ចុះឡើង ញ័រចង្កាខឹងពាក្យណាស់ចំពោះសម្តីរលៀមទាំងនេះ។

«លុបរូបទៅ​ស៊ីណាន!»

«ហៅឱ្យស្រួលបន្តិច!»

«អូ ឱ្យហៅថាម៉េច?»

ប្រុសរេចង្កាឌឺដងទាំងចិត្ត​មិនស្រណុក គេបន្លឺ​​សួរដោយសម្លឹងនាងចំៗ៖

«នៅក្រោមអ្នកណា​ថាស្រលាញ់គ្នា!»

នាង​សើចខឹកទាំងខឹងៗហើយចង់បញ្ឈឺគេណាស់តែដាវីនមិននិយាយពាក្យអ្វីនៅឡើយ​។ ទោះយ៉ាង​ណាកាយវិការ​នេះបញ្ជាក់ថា គ្រប់យ៉ាងជាល្ខោន​។

ស៊ីណាន​ក្រោកមក…នាងឈប់សើចហើយសម្លឹងគេ។

«ចង់ធ្វើអី?»

«ស្អប់មនុស្ស​ល្បិច​មនុស្ស​ឌឺ!»

«មានសួរគេអត់​ថា ស្រលាញ់ខ្លួនឬស្អប់?»

«អូសម្តីណាស់!»

ដាវីនរកហាទៀត​តែនាង​ស្ទាក់ស្ទើរ ភ្នែករបស់នាងស្រទន់ពេលនាងសម្លឹងមើលរាងកាយគេធំ និង​រេមកកៀកនាង។ ក្លិនគេនៅជាប់ក្នុងអណ្តាតនិងមាត់នាង អារម្មណ៍ចាស់វិលមកវិញ។ បាតដៃនេះ បានលុកលុយទៅកាន់កន្លែងសម្ងាត់របស់នាង។​ ភាព​តានតឹងពេលនេះ អ្នកដែលនឹងចាញ់ប្រៀបគឺនាង​ប្រសិនមានឆាកប្រយុទ្ធទៀត។

​«ចង់បានកាហ្វេ!»

នាង​វាចាទាំងភ័យៗ។

ប្រុសញញឹម​រេប្រាណខ្ពស់លលៃមកឈរពីក្រោយកៅអីរបស់នាង ហើយ​ចង្កាគេនៅពីលើសក់នាង​ ដៃវែងៗ ច្រត់មកសងខាងប្រាណដាវីន។

«អត់មាន!»

«អីក៏ក្រម៉េះ?»

«ប្តីក្រទទួលយកបានទេ?»

«ប្រាប់ថាចង់ញ៉ាំ​កាហ្វេ!»

«មិញនេះទិញឱ្យហើយ មិនមែន​ចិត្ត​អាក្រក់ទេ តែអ្នកខ្លះទម្លាក់ទូរសព្ទចូល! អ៊ីចឹងមាន​តែដេកអត់!»

«អូ តាមពិត​និយាយចុះនិយាយឡើយ គុំគួនគេ រឿងស្តាយទូរសព្ទសោះ?»

«ស្តាយធ្វើអី មនុស្ស​មានចិត្ត​ ខំទិញឱ្យគេប្រើ គេមិនចូលចិត្ត​ បោះចោល​អាហ្នឹងរឿងគេ​!»

តូចនៅស្ងៀមស្តាយកំហុសដែលខឹងខុសខឹងខូចខឹងខាត។ បើនាង​មិនចោលរបស់នោះ ប្រហែល​ជាហោចណាស់អាចមើលទូរសព្ទ បណ្តាញសង្គម ប្រសើរជាងមកទ្រាំជាមួយមនុស្សម្នាក់នេះ។

ហ៊ឹម!

«ចុះទូរសព្ទខ្ញុំ?»

«មិនដឹង!»

«ឱ្យមកខ្ញុំវិញ​ ខ្ញុំចង់ខលម៉ាក់!»

នឹកដល់ស្ត្រីអភិជននោះ​គេធ្លាក់ទឹកមុខ។ ម្តាយគេបាននិយាយថា ដោយសារធ្លាប់ស្គាល់និងរកស៊ី​​ជាមួយគ្នា​ស្និទ្ធដល់ថ្នាក់ជិតក្លាយជាដន្លងនឹងគ្នា គាត់បានទៅរកជំទាវមាលា​ឱ្យជួយព្រោះប្តីស្លាប់កូនក៏នៅតូច គឺជួយទិញផ្ទះចាស់កេរម្តាយគាត់ តែជំទាវនោះបានហាមអ្នកបម្រើមិនឱ្យម្តាយគេបានចូលចួបឡើយ។

«អ្នកណាថាឱ្យខល? កន្លែងនេះអូតែលហ្មែន?»

សម្តីគេប្រែមកជាគ្មាន​មនោសញ្ចេតនា​។ ស៊ីណាន​ឈរឱនមកសម្លឹង​ច្រមុះស្រួច​តែគេសម្គាល់ឃើញ​​ដៃនាង​ទាំងសងញាប់ញ័រភ័យនៅរាល់ពេលត្រូវគេសម្លុត។

​ ​នាង​​មិន​បាន​ញ៉ាំ​អាហារអីបន្តិចណាទេ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃនៅកន្លែងគេ ដាវីន​តូចតែរឹងរូស​ដូចកូនអ្នកមានផ្សេងៗដែរ ​ប៉ុន្តែឥឡូវ​នេះ រាងកាយក​ខ្វះ​ថាមពល​របស់​នាង​បាន​ក្លាយ​ជា​ការ​ឈឺ​ចាប់សម្រាប់គេ។ នាងស្គមនិងមាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​។ ស្បែក​ស្លេក​និងហត់ហេវ។ វិធី​ដែល​នាង​ចៀស​វាង​ក្នុងការមើលទៅទន់ខ្សោយ គឺខំធ្វើជាហំហាន តាមពិតស្រីម្នាក់នេះកំពុងព្យាយាមទប់ទល់នឹងគេ ស៊ីណាន​ដឹងច្បាស់ជាងប្រុស​ណាទាំងអស់។

«ញ៉ាំ!» គេ​បានបញ្ជារង៉ូវ «ប្រយ័ត្នសន្លប់ទៀត ម្តងណេះនឹងក្រោកមកវិញឃើញអ្វីមួយពិបាកជាងមុន!​»

«ស្អីគេ?»

​ ដាវីនសួរទាំងដៃសងខាងរេញ័រមិន​នៅ​ស្ងៀម។

 ភ្នែក​របស់​នាង​ស្រវាំង ប៉ុន្តែ​ចិត្ត​របស់​នាង​កំពុង​រត់រកល្បិចមកដោះបញ្ហា។ ពេលនេះគិតយ៉ាងណា​ក៏ស្រី​មាន​អារម្មណ៍​ថា នៅ​ជាប់នឹងវិបត្តិពេលនេះ ​មិន​មែន​ត្រឹម​តែ​ស្ថានភាព​រាង​កាយ​របស់​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​ព្យុះ​នៃ​អារម្មណ៍មិនប្រក្រតី​ដែល​បក់បោក​មក​ក្នុងខួរក្បាល។

ស្រីស្អប់ស៊ីណានដែលចាប់ពង្រត់និងបង្ខាំងនាង ប៉ុន្តែមានអ្វីមួយដែលកាន់តែស៊ីជម្រៅ អ្វីមួយដែលនាងមិនអាចពន្យល់ខ្លួនឯងបាន គឺកាលដែល​គេនេះ​មិនធ្វើឱ្យនាងឈឺចាប់…..ហេតុអ្វីនាងយល់​បែបនេះ?

«ញ៉ាំហើយ ខ្ញុំទៅផ្ទះវិញបានអត់?»

«ទៅធ្វើអី ផ្ទះមានស្លាបហោះចោលមិនមែន?»

«នៅណេះធ្វើអី? ផ្ទះខ្ញុំ?» ដាវីន​ខឹងគេ នាង​រឹត​តែចង់​​ឆ្លើយ។ ភាពច្រណែនរបស់ស៊ីណានបានផ្ទុះឡើង នៅពេលដែលគេនឹកឃើញដល់យុទ្ធ ដែលជាគូដណ្តឹងរបស់នាងនិងរង់ចាំនាងនៅផ្ទះ។ គេជាបុរសដែលនាងចង់នៅជាមួយ?

សំណួរសម្ងាត់នេះបំពក់ឱ្យគំនិតគេវិលវល់និង​​ខឹងឡើង។ ដើមទ្រូងទ្រលុកទ្រលន់របស់នាង នៅពីក្រោមភ្នែកគេ។

«ទៅរកចួបអ្នកណា នឹកអ្នកណា?»

«ខ្ញុំមិនជំពាក់ការពន្យល់ ដល់អ្នកណាទេ»។

 ភ្នែករបស់ស៊ីណានមិចជាមួយសន្ទុះនៃភាពច្រណែនដែលរឹតតែពុះកញ្ជ្រោល។ ក្នុង​ចលនា​ដ៏​លឿន​មួយ ប្រុស​បាន​ចាប់​កដៃ​របស់​នាង ហើយ​ទាញឱ្យក្រោកឡើងមក បង្វិលនាង​បែរក្រោយ ជាចលនារហ័ស​មួយរំពេចធ្វើឱ្យនាងស្រឡាំងកាំង។

ពីរប្រាណប្រឈមភ្នែកគ្នាសារជាថ្មី។  បេះដូងរបស់នាងលោតញាប់ក្នុងទ្រូងនៅពេលដែលនាងឃើញខ្លួនឯងតទល់នឹងប្រុសម្នាក់នេះ។

គេសង្ហា​ហើយកាច។​

គេជាអ្នកពង្រត់មិនសមជាមនុស្ស​នាងស្រលាញ់ឬលង់ទេ តែដង្ហើមរបស់គេលាយឡំជាមួយភាពទាក់ទាញ ក្រអូប ភាពជាមនុស្ស​ប្រុសរបស់គេ។

មុខគេ​ក្រហម ភ្នែកគេសម្លក់នាង​រួចសម្លក់មាត់នាង។

«ស៊ីណាន ខ្ញុំញ៉ាំបាយហើយ! ចេញតិចមើល៍…»

«ហួសពេលហើយ!» ប្រុសកំលោះ​រអ៊ូហើយញាក់ស្មាមួយៗរួចហត្ថារៀមក្តោបរាងកាយតូចមកក្នុងចន្លោះដ៏តានតឹង មាត់គេឆ្លើយតបបន្តដោយសោះអង្គើយ ទាំងភ្នែកសម្លឹងមកគ្រប់កន្លែងល្អៗរបស់នាង​៖

«ចង់ទៀតហ្មែន​បានចេះតែបញ្ជោះ?» ស៊ីណានខ្សឹបដោយសព្ទសំឡេងទាបនិងគ្រោះថ្នាក់។

«គ្មានទេ! ចេញទៅ!» នាង​តបភ័យៗ មុខដាវីនពីលើដល់ក្រោមបញ្ចេញកម្ដៅនិងពណ៌ស៊ីជម្ពូ។

មុនពេលនាងអាចតវ៉ាបន្ថែម ខាងប្រុសបានសង្កត់បបូរមាត់ក្រាស់យ៉ាងតឹងរ៉ឹងនិងបិទបាំងមាត់ស្រីទាំងស្រុង។ ការ​ថើប​នេះទោះហាក់បីឆក់កណ្តៀតនិងមាន​ភាព​គ្រោតគ្រាត​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​តានតឹង កំហឹង និង​បំណង​ប្រាថ្នា​ដ៏​អស់​សង្ឃឹម ដែល​ដឹងថាគង់មិនបានចួបគ្នា ក៏ចិត្ត​រៀម​មិន​អាច​ទប់ចំណង់ស្នេហ៍​តទៅ​ទៀតបានដដែល​។

ដាវីនដកដង្ហើមហត់ក្រោមការថ្ពក់បេះដូងជាប់គ្នា។  រាងកាយរបស់នាងកំពុងបញ្ចេញ​កម្ដៅនៃការតស៊ូជាមួយអារម្មណ៍ដែលពិបាកពណ៌នា​។ មាត់របស់គេ​ចចេស​មិនឱ្យនាងរើឬតស៊ូងាកចេញសូម្បីមួយគម្លាតតូចក៏មិនបាន។

ស្រីចង់រុញគេឱ្យខ្ទាតចេញ​ដើម្បីស្រែកដាក់គេ ប៉ុន្តែរាងកាយរបស់នាងបានក្បត់នាង ដោយនៅកំដរ ក៏ដូចជាឆ្លើយតបទៅនឹងការប៉ះពាក់គ្នានេះដោយវិជ្ជមាន។

ឃើញនាង​លែងរើ គេ​ដក​ខ្លួន​ថយ​បន្តិចខ្លាចនាង​សន្លប់។

ស្រីឈ្ងោកមុខ ដៃនាង​សម្លឹង​​ចង្កេះនាយ  បបូរ​មាត់នាង​ក្រហមនិងប៉ោងជាងមុន។

«​ចូល​ចិត្ត​ឬ​អត់​» គេសួរខ្សឹបៗដោយឱនតាមដែលនាង​រេមុខគេចចេញ។ គេចដល់ណាគេតាម​ដល់ហ្នឹង។ ដង្ហើម​របស់​ដាវីនដង្ហក់ ខ្មាស ងងឹតមុខ ទម្រាំអាច​ប្រមូលផ្តុំ​គំនិត​បាន ស៊ីណាន​បាន​លើក​នាង​ឡើងផុតជើងពីដី​ហើយដាក់មកលើតុបាយ។

​ពេលស្រីត្រូវបានអង្គុយ​ពីមុខខ្លួន មិនអាចរេគេចទៅណា គេចាប់​យក​ចាន​​ដែល​បាន​រៀបចំ​។ ភ្នែក​​ទាំងបួនប៉ះគ្នា​យ៉ាងស្រទន់។ នាង​ចង់ងាកចេញតែក៏ចង់មើលបុរសដែលទើបតែធ្វើឱ្យនាងមាន​កម្ដៅពេញសរសៃឈាម​។

គេមិនបានបង្ខំនាង​បន្តទេ….សូម្បីមុននេះ​ក៏មិនដូចបង្ខំ តែដូចជា….ថ្នាក់ថ្នមយ៉ាងខ្លាំង។

នាង​​ដៀងមកមមើលសភាពគេកាត់សាច់ ហើយខណៈ​​កាន់សមចង្អុលអាហារមកជិតមាត់នាង។

«ញ៉ាំ​ខ្លួនឯងបាន!» ស្រីមាយាតិចៗ ភ្នែកសម្លក់ម្ហូប។

«ហាមាត់!» ស៊ីណាបញ្ជាក្ងួរ​ៗ​។ ដាវីនបូញមាត់ងរង៉ក់។ សភាពគេបញ្ចុក​ស្លាបព្រា​មក​រក​នាងដូចចង់ប្រាប់ថា «បើមិនញ៉ាំ មាត់ហ្នឹងអាចនឹងត្រូវធ្វើការផ្សេងទៀត!»។

«ចេញសិនទៅខ្ញុំញ៉ាំ​!»

«ញ៉ាំ​ដាវីន!» ប្រុសបញ្ជាដោយសព្ទសំឡេងទាបនិងមិនព្រមទទួលយកការចរចា។ នារីសម្លឹងមើលមុខមានះនេះនិងប្រទះបបូរមាត់គេដែលនៅជាប់ស្នាម​ញីញក់ថែថើប។

ទឹកដមកែវភ្នែកប្រុសម្នាក់នេះស្រាប់តែស្រទន់ ​បន្ទន់ចិត្ត​​ល្មមអាច​បង្ហាញ​ពី​កង្វល់​របស់​គេចំពោះសុខភាពនាង។

នាងហាមាត់ហើយទទួលអាហារ។ ស្រីខ្ទប់មាត់ទំពាតិចៗគេចភ្នែក​មិនមើលគេ។

សាច់មាន​ឱជារសឆ្ងាញ់និងបន្ថែម​នូវភាពកក់ក្តៅ បន្ធូរអារម្មណ៍ ប៉ុន្តែគេនៅក្បែរៗបែបនេះ…ភាពតានតឹងមិនងាយធ្លាក់ទៅណាងាយឡើយ។

បបូរមាត់ដែលនាងស្រលាញ់ផង ក្នាញ់ផង ខ្លាចផង​ ផ្តើមញញឹម។ ស៊ីណានញញឹមអំណួតនិង លាយឡំនៃជ័យជម្នះ។

«ព្រះនាងសុភាពគួរឱ្យស្រលាញ់!»

ភ្នែកនាងថ្ពក់ជាមួយភ្នែកឌឺដងរបស់គេ ទាំងដែល​បេះដូង​របស់​ដាវីន​លោត​ញាប់ខឹងចិត្ត​ដែលមិនព្រមងាកមុខចេញពីគេនេះសោះ។

 អារម្មណ៍​របស់​នាង​បាន​ច្របូកច្របល់ ​ប៉ុន្តែ​មិន​ប្រាកដ​ថា ​នាង​តក់ស្លុត​ដោយ​ការ​ថើប​​ឬ​ដោយ​ការពិតសម្ងាត់មួយក្នុងបេះដូងនោះទេ។ ​ ទោះ​បី​ជាជីវិតនេះ ធ្លាប់​មាន​អ្វីៗ​គ្រប់​យ៉ាង ​តែកាយវិការ​ដែលស៊ីណានផ្តល់មកនេះ ហាក់ដូចជាមិនធ្លាប់ទទួលបានពីមុនមកទេ ​ដាវីន​ហាក់ចង់​បាន​ច្រើន​ជាង​នេះ។

 ហើយ….ស៊ីណាន ជាមួយនឹងអតីតកាលដែលមិនល្អ អំពើពង្រត់របស់គេ គេជាបុរសដែលធ្វើឱ្យនាងខូចឈ្មោះ អ្នកផ្ទះនាងខឹងគ្មានសេចក្តីខុស តែនាងមិនមានអារម្មណ៍ថាស្អប់ជននេះ គឺអារម្មណ៍ដែលដាវីនមិនអាចពន្យល់បាន។

«ស្អប់ខ្ញុំ?»  គេខ្សឹបសួរមកភ្លាមៗដូចស្គាល់ឬដឹងអ្វីទៅដែលនាងកំពុងតែគិត។

ស្រីសម្លឹងភ្នែកគេពីម្ខាងទៅម្ខាង ខណៈមានអារម្មណ៍ថាសំឡេងរបស់ស៊ីណាបន្ទន់ លាយភាពច្រណែននិងតូចចិត្ត​។

«ហើយគិតថាម៉េច? គិតថា ខ្ញុំស្រលាញ់ខ្លួន?» នាង​តបដោយសម្លក់គេតិចៗ។

ស៊ីណានកំពុងរោលរាលឆេះងំនៅខាងក្រោមពោះព្រោះនាងជាទេពធីតា​ឯគេមនុស្ស​ចិញ្ចើមផ្លូវដែលដាវីឌបានដៀលមក។  

«ចុះបើស្រលាញ់ទៅវាម៉េច?» គេញាក់ស្មាទម្លាក់ចាននិងសមទៅលើតុ។

មាត់ពោលបន្ថែដៃច្រត់ចង្កេះពីមុខព្រះនាង៖

«​គិត​ថា អ្នកក្រ​​មិន​មាន​អ្វី​ៗដូចដែលគូដណ្តឹងជាអ្នកមាន…..មែនអត់?»

​ ដាវីន​លេប​ចូល​បំពង់កនូវការពិភាល់ចិត្ត​មួយ។  នាង​ដូចយល់ពីចិត្ត​គេ ​ដឹង​ពី​អ្វី​ដែល​គេ​កំពុង​ចួបគឺ វណ្ណៈនិងការរើសអើង។

នាង​មិនយល់ពី​អតីតកាល​ដ៏​ឈឺចាប់​ដែល​បាន​ចង​ជីវិត​ពួកគេ​ជាមួយ​គ្នាហើយបំបែកទៅវិញព្រោះសេចក្តីលោភលន់នោះទេ ខណៈសំឡេងស៊ីណានបន្ត​ត្រជាក់ៗដាក់កែវភ្នែកមូលក្លុំរបស់ខាងស្រី៖

«មិនត្រឹមស្រលាញ់ទេ យើងគួរចុះអេតាស៊ីវិល រៀបការជាមួយគ្នា!»

ទេ!

នាង​បញ្ចេញ​ការបដិសេធនេះដោយគ្រវីក្បាល។ ការនេះ​ធ្វើឱ្យខាងប្រុសពេបមាត់ក្រពុលមុខ គេវាចាដៀមដាមនាង​រ៉ាវភ្លាម​តាមកំហឹង​៖

«មនុស្ស​ស្រីស្អី ថើបគ្នារោលរាលហើយមិនចង់រៀបការ?»

«ខ្លួនចាប់ខ្ញុំមក បង្ខំខ្ញុំ…..ខ្ញុំ…..មិនដឹង…..!»

 ដាវីនស្រពោនហើយឈប់និយាយពេលឃើញភាពស្រពោន តូចចិត្ត​ដិតដាមកែវភ្នែកគេ។ នាង​ឈ្ងោកមុខ​ហើយជួសជុលពាក្យពេចន៍៖

«យើងមិនដែលស្គាល់គ្នា​ផង​ស្រលាញ់គ្នាម៉េចបាន?»

«ចុះអាមួយយុទ្ធ?» ការច្រណែនរបស់ស៊ីណានបានលាតត្រដាងយ៉ាងពេញលេញលើពាក្យសម្តីនិងកែវភ្នែកគេ។

«អត់ស្គាល់ដែរមែនអត់?  ប៉ុន្តែនៅតែជ្រើសរើសរៀបការជាមួយគេ ដោយសារ….គេអ្នកមាន?!»

«ឈប់និយាយរឿងមានក្រជាមួយខ្ញុំ!​ ខ្លួនមិនហត់ ខ្ញុំហត់ណាស់ស៊ីណាន!»

ប្រុសសើចក្អាកក្អាយចំអកឱ្យនាង។

«ស្មានថាជាតិនេះ នាង​យល់ពាក្យហ្នឹងឬនៅ? ពាក្យហត់! នាងដែលហត់និងគេងអត់បាយ ហត់នឹងធ្វើការមួយថ្ងៃវាល់ល្ងាច មួយយប់ទល់ភ្លឺនៅតែមិនគ្រប់បង់ថ្លៃថ្នាំទេព្រះនាង?»

ទុក្ខសោក​របស់គេធ្វើឱ្យស្រីភាំង។ ទើបតែយល់ថា មនុស្ស​នេះមិនដឹងបានឆ្លងកាត់អ្វីមកខ្លះទេ។ នាង​មិនដឹងទេថា​ហេតុអ្វីគេបូកកំហុសនៃជីវិត​របស់គេមកលើនាង​?

ភាព​ជូរចត់​ដែល​បានបង្កប់យ៉ាង​​ចុក​ចាប់​ក្នុងរាងកាយស្អាតសង្ហា​នេះ​​ កន្លងមក​​ច្រើន​ឆ្នាំ ប៉ុនណាហេតុអ្វីគេមិនព្រមភ្លេច ​បែរជាចងវាយកមកជាប់នឹងខ្លួន​ឱ្យក្លាយបានទៅជាគំនុំហើយមកប្រព្រឹត្តអំពើពង្រត់ដ៏ឧក្រិដ្ឋមិនស្តាយអនាគត?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*