វគ្គ វិលមកG-Brother
ព្រឹកនេះ អង្គមកដល់ការិយាល័យរដ្ឋបាលនៃផលិតកម្មG-Brother។ បេះដូងអ្នកនិពន្ធតូចពោរពេញដោយក្តីរំពឹងនិងការពិភាល់។ ស្រីបានទន្ទឹងរង់ចាំកិច្ចប្រជុំមួយនេះអស់ជាច្រើនសប្តាហ៍មកហើយ ក្រោយមានដំណឹងអំពីCEOថ្មីនៃផលិតកម្មយក្សដែលបន្សល់នូវអនុស្សាវរីយ៍ជាច្រើនរវាងនាងនិងពិស្តារ។
ពេលវេលាមួយដែលវណ្ណដើរទៅមុនដោយជោគជ័យនៅកន្លែងផ្សេង ឯកវីតូចរបស់យើង បានឆ្លងកាត់មនុស្សអាត្មានិយម មនុស្សមើលងាយមនុស្សជាច្រើនដែលវាយតម្លៃស្នាដៃនាងទាប ក៏អង្គមិនធ្លាប់ Give Up ជាមួយក្តីស្រមៃលើឧស្សាហកម្មតន្ត្រីម្តងណាដែរ។
នៅពេលយើងមានជំនឿចិត្តលើអ្វីមួយពេញដោយគុណតម្លៃមុតមាំ យើងនឹងតែងតែមានសង្ឃឹមគ្រាន់តែពេលវេលានោះមិនទាន់មកដល់។
បន្ទប់ទទួលភ្ញៀវទំនើប រលោងនិងពោរពេញដោយថាមពលច្នៃប្រតិដ្ឋ។
«អញ្ជើញចូល»
ស្រីងើបមុខមក នាងមិនដឹងថា ត្រូវរំពឹងអ្វីពីនាយកប្រតិបត្តិថ្មីរបស់G-Brotherនោះទេ ហើយពេលនេះកញ្ញារដ្ឋបាលក៏ងើបមុខមកដែរ ព្រោះអ្នកដែលចេញមកហៅនាងគឺបុរសក្មេងឋានៈខ្ពស់នោះផ្ទាល់។
ស្នាមញញឹមរបស់វីរៈ អាយុ២៨ឆ្នាំ ដែលគ្រប់គ្នាក្នុងឧស្សាហកម្មនេះកំពុងសម្លឹងតាមដានដោយយកចិត្តទុកដាក់ គឺជាកូនប្រុសច្បងរបស់លោកស្រីមយូរ៉ា។ ពេលនេះគេនៅចំពោះមុខអង្គ ហើយបោះដៃមក។
នាងមិនហ៊ានរលាក់ដៃសុភាពបុរសទេ បានត្រឹមសម្លឹងរួចក្រោកយ៉ាងរហ័ស ទាំងមិនសូវរៀបរយនាងជម្រាបសួរ។
«ខ្ញុំ….វីរៈ!»
«ចាស៎ សូមអធ្យាស្រ័យ ខ្ញុំមិនដឹងលោកនាយកចេញមក!»
«ហេតុអី?» គេញញឹម។ អង្គភាំងជាមួយភាពស្និទ្ធស្នាលមួយដែលផុសចេញមកពីធរណី។ កូនប្រុសអ្នកមានក្រោមពាក្យចចាមអារ៉ាមថា ជាមនុស្សមិនធម្មតា ក្លាហាន និងជាមនុស្សម្នាក់ដែលអ្នកស្រីមយូរ៉ាពិបាកក្នុងការហៅនាយមកជួយការងារ ព្រោះគេតែងប្រកែកមិនចង់ដើរតាមគន្លងប្រពៃណីនៃសង្គ្រាមបង្ហូរឈាមគ្នាក្នុងឧស្សាហកម្មនេះ។
«ខ្ញុំ!….»
«តស់! ខាងក្នុង!»
«ចាស៎!»
នៅពេលដែលអង្គតាមទៅ នាងលបគិត…ម្នាក់នេះមិនដូចពាក្យបរិយាយក្នុងពិភពសិល្បៈសូម្បីតែបន្តិចណា។
គ្រឹប….វីរៈរុញម្រាមដៃបិទទ្វារស្វ័យប្រវត្តិស្រាលស្ញើក។ គេឈានទៅយកទឹកលើពីរដបពីលើកូនតុដែកមួយក្បែរផ្ទាំងកញ្ចក់។
បន្ទប់នេះខុសពីពេលមុនដែលអង្គមកចួបលោកស្រីមយូរ៉ាជាម្តាយវីរៈ។ ទីនេះបានកែច្នៃក្លាយមកជា រចនាបថPenthouseដែលសឹងថា អាចមើលឃើញទីក្រុងភ្នំពេញទាំងមូលបាន។
«ស្អាតទេ?»
បុរសនេះលើកដៃច្បូតសក់ពណ៌ខៀវទឹកប៊ិកដែលភ្លឺចាំងនឹងពន្លឺព្រះទិនករនៅខាងក្រៅ ធ្វើឱ្យអង្គមើលទៅCEOថ្មីដោយលបបង្កប់ចិត្តភ្ញាក់ផ្អើល។
«លោកនាយកកែបន្ទប់មកសែនទំនើប!»
«បាទ! ស្អាតអត់?!»
«ចាស៎ ប្រណីតណាស់!»
«ខ្ញុំចូលចិត្ត! ដូចយុវវ័យជាច្រើនដែរ ខ្ញុំមិនចូលចិត្តពិភពអភិរក្សចាស់ៗដែលម៉ាក់ព្យាយាមទុកមកតាំងពីជំនាន់លោកតាទេ!»
សម្ភារៈនិយមជារឿងធម្មតាក្នុងសង្គមជាន់ខ្ពស់នៃឧស្សាហកម្មនានា ពិសេសផ្នែកផលិតតន្ត្រីនៅទីក្រុងភ្នំពេញឬប្រទេសណាក្តី អង្គដឹង។
គេហុចមកនាងទទួលដបទឹក ឯបុរសនេះអង្គុយគងជើងទល់នឹងមុខនាង ជាមួយក្លិនខ្លួននៃប្រភេទទឹកអប់ស្រាលស្រទន់តែមានឥទ្ធិពល។ ស្មាគេនេះបើកច្រងាងពេញដោយទំនុកចិត្ត។ នៅពេលដែល អង្គរឹតសម្គាល់ អារម្មណ៍ចង់ដឹងចង់ឃើញរបស់នាងក៏កើនឡើងដែរអំពីអ្នកស្នងតំណែងម្នាក់នេះ។
វីរៈក្រេបទឹកមុននាងរួចគេទាញកុំព្យូទ័របន្ទះមកចុច។
ច្រមុះស្រួចជាទម្រង់មុខលែងខ្លួនទាន់សម័យ បានធ្វើឱ្យអង្គលបពិនិត្យ។ គេងាកមករកនាងភ្លាមរកតែនាងគេចមិនទាន់ ជាមួយទឹកមុខស្ងប់ស្ងាត់ នាងត្រូវបង្ខំញញឹមសម្តែងបំភាន់ការចាប់អារម្មណ៍តាមដានឫកពាគេ។
«អង្គលក្ខិណា!» គេពោលមកសួរក្ងួរៗជាមួយសព្ទសំឡេងទាប។
«ចា៎សខ្ញុំ!» នាងតបដោយស្រទន់ តែចិត្តនាងភ័យនឹងអត្ថបទដែលស្ថិតនៅក្រោមម្រាមដៃមនុស្សទាន់សម័យ។ គេកំពុងពិនិត្យអត្ថបទរបស់នាងចុះឡើង Scroll ឡើងចុះៗ។ នាងមិនដឹងថា វីរៈមានសមត្ថភាពជំនាញសិល្បៈកម្រិតណាទេ ចំណែកបទនិពន្ធនិងអក្សរសាស្ត្រខ្មែរ….រឹតតែមិនសមនឹងរូបរាងគេ។
ភ្នែករបស់គេទាំងពីរពេលធ្វើការគឺមុតស្រួច ប៉ុន្តែមិនគួរឱ្យខ្លាចឡើយ។
«តស់! ស្តាប់!!! អង្គ!»
ស្រីកវីទាញសៀវភៅកត់ត្រារបស់នាងចេញ ដៃរបស់នាងញាប់ញ័របន្តិច ប៉ុន្តែការតាំងចិត្តរបស់នាងភ្លឺស្វាងឡើងៗជាមួយរបៀបធ្វើការថ្មី។
«ចក្ខុវិស័យអំពីការបញ្ចូលសំឡេងភ្លេងបុរាណខ្មែរ Tone ធម្មជាតិ ជាមួយនឹងចង្វាក់អេឡិចត្រូនិចទំនើប បង្កើតជាប្រភេទដែលមិនទាន់មានគេស្វែងយល់!»
«ចាស៎!»
សំឡេងរបស់នាងបានត្រូវរំជើបរំជួលដោយមហិច្ឆតាចង់ចែករំលែកនូវចំណង់ចំណូលចិត្តរបស់នាង ដែលអាចរុញច្រានរំកិលព្រំដែនចាស់នៃឧស្សាហកម្មមួយនេះ ប៉ុន្តែពេលនាងហៀបនឹងពន្យល់ពិស្តារ ស្រាប់តែហាមិនចេញមិនដឹងផ្តើមពីណាទៅណា។
«Project នេះធ្វើយូរហើយ?» វីរៈសួរដោយផ្ចង់អានអ្វីទាំងអស់ម្តងមួយៗលើក្តារកុំព្យូទ័រ។
«ចាស តាំងពីបងពិស្តារនៅ!»
«គំនិតអ្នកណា?»
«គឺបងពិស្តារទាំងអស់!»
និយាយតបផង នាងសង្កេតឃើញថា គំនិតមនុស្សដូចវីរៈគឺពិបាកនឹងអានណាស់ថា គេកំពុងគិតបែបណា។ ត្រចៀកគេកំពុងស្តាប់នាង ប៉ុន្តែមានគម្លាតមួយនៅក្នុងកែវភ្នែករបស់គេដែលម្តងម្កាលងើបមុខមកមើលនាង។
តើគេយល់អំពីធាតុបណ្តូលនៃគម្រោងអាល់ប៊ុមនេះដែរទេ? នាងបារម្ភទាំងគ្មានចម្លើយច្បាស់លាស់។ គេអាននិងលូកយកកាសមកស្តាប់ផង។ អង្គកាន់ម្រាមដៃចូលគ្នា។ សំណួរដែលថា តើCEOថ្មីអាចយល់ពីជម្រៅនៃអ្វីដែលនាងនិងអតីតផលិតករពិស្តារបានព្យាយាមធ្វើដែរទេ នៅតែជាសម្ពាធធ្ងន់ក្នុងពេលនេះ។ បន្ទប់ទាំងមូលក៏ស្ថិតនៅក្នុងភាពស្ងប់ស្ងាត់មួយសន្ទុះ។ អង្គដកដង្ហើមធំ រង់ចាំប្រតិកម្មរបស់គេ។ វីរៈងើបអង្គុយលើកៅអីស្រួលបួលត្រង់ខ្នងវិញសម្លឹងនាង។
«អូខេ! អានចប់ហើយ! ដល់ពេលស្តាប់ម្តង! និយាយមកចុះ!»
នាងឡិងឡង់ ខាងប្រុសសើច៖
«និយាយពន្យល់អ្វីមួយឬច្រើនក៏បាន អ្វីក្តីដែលក្នុងនេះមិនទាន់បានសរសេរ!»
បានន័យថា គេមិនយល់? នាងគិតហើយខំប្រឹងប្រមូលគំនិតមកឱ្យមូលវិញ នឹងអាលប្រយុទ្ធយកជ័យ។ ស្រីគ្រហែម សម្លឹងចំៗភ្នែកនាយដែលមូលក្លំរង់ចាំស្តាប់។ អង្គផ្តើមស្រដីមួយៗ៖
«លក្ខណៈពិសេសក្នុងនេះ គឺរាល់បទទាំងអស់នឹងមានបទពិសោធន៍ថ្មីសន្លាងជាមួយនឹងMV ទស្សនិកជន Gen-Z នឹងអាចមើលវាជាគូៗ ដោយអាចចូលប្រើបានតាមរយៈកម្មវិធីApp ឬតាមរយៈវ៉ែនតា AR ដែលពណ៌និងរូបភាពនឹងផ្លាស់ប្តូរចុះឡើងជាមួយចង្វាក់ភ្លេងឬហៅថា អារម្មណ៍របស់តន្ត្រី។»
គេងក់ក្បាលមិចភ្នែកហើយចាក់សួរបន្ថែម៖
«ចុះនេះ! ឃ្លាថា អាល់ប៊ុមនេះនឹងត្រូវបានចូលបេះដូងស្ងប់ស្ងាត់ តែមានថាមពលកក់ក្តៅនិង អារម្មណ៍ស្នេហា ដែលបទនីមួយៗបង្ហាញពីអារម្មណ៍ខុសៗគ្នា មានន័យបែបម៉េច?»
«ចាស៎ នេះជាលក្ខណៈពិសេសនៃផលិតកម្មតន្ត្រី G-Brothers តថនិយមនិងពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន ឬអារម្មណ៍ដ៏ស្មោះត្រង់ ស្ងប់ស្ងាត់នៃពួកមនុស្សល្អៗ ដែលមិនក្បត់គ្នាមិនឱ្យតម្លៃលើទ្រព្យសម្បត្តិចោលមិត្តភក្តិ។ អារម្មណ៍ទាំងមូលនៃអាល់ប៊ុមគឺស្ងប់ស្ងាត់ សន្តិភាពនិងសម្រាក ធ្វើឱ្យអ្នកស្តាប់លែងស្អប់ខ្ពើមជីវិត មិនឆេវឆាវ ឬមានះទេ! យើងជឿថាG-Brotherអាចឱ្យអ្នកស្តាប់មានអារម្មណ៍ធូរស្រាល ទទួលបានថាមពលកក់ក្តៅនៃអារម្មណ៍ជឿជាក់លើអំពើល្អនិងវិជ្ជមាន ផ្តើមរស់រវើកឡើងវិញក្នុងឆាកជីវិត។ ទំនុកភ្លេងមួយៗផ្តល់នូវភាពទន់ភ្លន់ ប៉ុន្តែមានកម្លាំងចិត្ត ជាអារម្មណ៍នៃក្តីស្រលាញ់!»
នាងឃើញគេងើបមុខមើលនាងយ៉ាងជ្រៅ តែមិនមានសញ្ញាថាបុរសនេះនឹងយល់ ឬក៏អនុញ្ញាតចំពោះការផលិតនេះនៅឡើយទេ។ ស្រីបន្ថែម៖
«អាល់ប៊ុមនេះផ្ទុកនូវចរន្តនៃក្តីស្រលាញ់ ភាពទន់ភ្លន់ ឬទំនាក់ទំនងផ្លូវចិត្ត។ អាចជាស្នេហាស្មោះ ឬសូម្បីតែស្រលាញ់ខ្លួនឯងដោយសុចរិត! បទចម្រៀងនីមួយៗបង្ហាញពីអារម្មណ៍ខុសៗគ្នាពិតមែនតែវា តំណាងឱ្យអារម្មណ៍ឬបទពិសោធន៍ពិសេសមួយ ដែលនាំអ្នកស្តាប់របស់យើងបន្តដំណើរផ្លូវអារម្មណ៍ក្រោមសេរីភាពពេញលេញក្នុងការប្រាប់ខ្លួនយើងនូវឈុតឆាកផ្សេងៗដូចជាភាពរីករាយ ការនឹករឭក ការចង់បាន ឬសន្តិភាពចិត្ត!»
អង្គឈប់មាត់ហើយសម្លឹងCEOថ្មី។ វីរៈញាក់ស្មាមើលមកនាង គេធ្វើកាយវិការឱ្យនាងនិយាយបន្ថែម៖
«ហើយ….អាល់ប៊ុមនេះអាចបង្ហាញពីកិច្ចសហការគ្នាជាមួយវិចិត្រករក្នុងស្រុក មិនប្រើប្រាស់AI សូម្បីតែអ្នករចនាក៏បញ្ចូលនូវអ្នកចិត្តសាស្រ្តបង្កើតឥទ្ធិពលបែបវិទ្យាសាស្ត្រ លាយបញ្ចូលនឹងសិល្បៈយ៉ាងជ្រាលជ្រៅ ផ្តោតលើអារម្មណ៍មនុស្ស! វាអាចក្លាយជាគ្រឿងព្យាបាលអារម្មណ៍ បូកជាមួយបច្ចេកវិទ្យាថ្មី ដែលអ្នកស្តាប់ប្ដូរ កែតម្រូវកម្រិតនៃរូបភាពឬសំឡេងអាស្រ័យលើអារម្មណ៍របស់ពួកគេ ធានាថាអាល់ប៊ុមនេះមិនត្រឹមតែសម្រាប់ស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែមានលក្ខណៈផ្ទាល់ខ្លួន!»
ដោយគិតផងស្តាប់ផងជាមួយម្រាមដៃគោះលើតុ គេងក់ក្បាលហើយដកដង្ហើមធំត្រៀមបញ្ចេញចម្លើយដែលអង្គរង់ចាំអន្ទះសា។
វីរៈសម្លឹងនាង ដៃទាំងពីរគេក្តោបមាត់គិតបន្តិច រួចបន្លឺ៖
«ហ៊ឹម…..ដោយស្មោះទៅ ខ្ញុំមិនទាន់យល់ច្បាស់អំពីគំនិតរបស់អង្គទេ!»
បេះដូងរបស់នាងបានជន់លិចក្រោមភាពថប់បារម្ភនិងសោកស្តាយ។ មិនដែលមានពេលណាមួយ អង្គត្រូវគេបដិសេធហើយស្តាយឱកាសស្មើនឹងជាមួយG-Brotherទេ។ នាងបានបញ្ចូលទេពកោសល្យ ដួងព្រលឹង ជំនឿចិត្តនិងបុព្វហេតុរបស់បងពិស្តារទៅក្នុងគម្រោងនេះ ជាមួយបេះដូងស្មោះ។
«ប៉ុន្តែ…» វីរៈផ្គុំបបូរមាត់ទៅជាស្នាមញញឹមតូច «ចួនកាល យើងមិនចាំបាច់យល់អ្វីទាំងអស់ គ្រាន់តែទទួលស្គាល់និងដឹងពីតម្លៃរបស់វា»
ស្រីផ្តើមញញឹមតបឡើងមកអង្គុយត្រង់ខ្លួនដោយមានសន្ទុះចិត្តរៀបរយដងខ្លួនឡើងវិញ។
«ឃើញអត់? ពាក្យខ្ញុំនិយាយនេះ អង្គក៏មិនយល់ដូចគ្នា! ខ្ញុំចង់បានន័យថា ពិភពលោកនេះ ទិញរបស់ប្រេនមក មិនដឹងផងថា ហេតុអ្វីវាថ្លៃនោះទេ គេគ្រាន់តែដឹងថា នោះជាអ្វីដែលគេចង់បាន…..ឱ្យខាងតែបាន!» វីរៈវាចាមួយៗដោយហ្មត់ចត់។
ភាពជាអ្នកដឹកនាំនៃបុរសនេះ លើសលុបពីលើអាយុវ័យរបស់គេ។ អង្គគន់គូរស្ងាត់ៗក្នុងចិត្ត។ ម្តងទៀតនាងលបសួរខ្លួនឯង «គេកំពុងទុកProjectនេះ ស្មើពពួកប្រេនLimited Editionដ៏មានតម្លៃមែនទេ?»
«ខ្ញុំឃើញពីចំណង់ចំណូលចិត្តរបស់អង្គក្នុងការស្តារG-Brother ទំនុកចិត្តរបស់អង្គលើកិច្ចសហការ ក្នុងនោះគឺយើងទាំងបី អង្គ បងពិស្តារ ហើយនិងខ្ញុំ!»
គេមិនទុកយើងជាបុគ្គលិកទេ? ជាដៃគូ! ហេតុអ្វីមនុស្សនេះឱ្យតម្លៃគេឯងម្ល៉េះ? សំណួរវិជ្ជមានជាច្រើនរត់មកក្នុងផ្នត់គំនិតរបស់អង្គ។
«ហើយខ្ញុំជឿលើវា! Projectហ្នឹង!….OK យើងធ្វើវា!» កវីតូចព្រិចភ្នែក មិនដឹងថាខ្លួនកំពុងឮពាក្យពិត ឬកំពុងគិតម្នាក់ឯងស្រមៃថាគេយល់ព្រម។
«You approved?»
វីរៈងក់ក្បាលជំនួសឱ្យពាក្យឆ្លើយ ហើយគេញញឹមបន្ថែមមកជាមួយផង។
«OMG!» ស្រីភ្ញាក់ផ្អើលជាមួយភាពរំភើបខ្លាំងលើផ្ទៃមុខ។ សក់ពណ៌ខៀវរបស់វីរៈ រលាស់បន្តិចបង្ហាញអំនួតរាងកាយស្អាតសង្ហាពេលគេងើបទៅមុខមកសម្លឹងនាង ភ្នែករបស់គេភាំងជាមួយស្នាមសើចបរិសុទ្ធរបស់នាង។
ប្រុសវាចា៖
«សិល្បៈ មិនមែនជាការដែលមកអង្គុយរង់ចាំទទួលយកអ្វីៗល្អៗ ត្រឹមត្រូវមិនចេះខុសនោះទេ! វាជាសង្វៀននៃប្រាជ្ញា ហើយពេលខ្លះ សិល្បៈគឺនិយាយអំពីភាពក្លាហានក្នុងការសាកល្បងអ្វីមួយដែលថ្មី ដើម្បីដឹងថា វានឹងដំណើរការឬអត់ មិនមែនបដិសេធអ្វីដែលយើងមិនធ្លាប់នោះទេ តែហ៊ានសាកវា!»
«ខ្ញុំ…..ខ្ញុំធ្លាប់គិតថា….ខ្មែរយើងអត់មាន….មនុស្សគិតអ៊ីចឹងទេ!» នាងតបដោយរំភើប។
វីរៈញញឹមប្រកបដោយជំនឿចិត្ត៖
«ហើយ….នោះជាអ្វីដែលខ្ញុំចង់ធ្វើជាមួយអង្គ! ធ្វើអ្វីដែលគេមិនទាន់ធ្វើ! តស់ បាញ់មួយគ្រាប់នេះចេញឱ្យលាន់សូរផូង!»។
ដង្ហើមរបស់អង្គលក្ខិណា ជាប់គាំងក្នុងបំពង់ក។ ការតាំងចិត្តរបស់CEO G-brother ម្នាក់នេះធ្ងន់និងធំ។ គេមិនទាំងចាំបាច់យល់នូវរាល់ភាពលម្អិតនៃចក្ខុវិស័យនាងទេ តែគេមានឆន្ទៈក្នុងការលោតផ្លោះ ដាក់ការជឿជាក់លើនាងគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសដល់ការសម្រេចចិត្តដំបូងបង្អស់របស់គេនៅក្នុងថ្ងៃទទួលតំណែងថ្មីនេះ។
គេញញឹមក្រោកឈរហើយបោះដៃជាលើកទីពីរមករកនាង។
អង្គមិនអាចបដិសេធដូចលើកមុនទេ….នាង….ធ្លាប់បានស្រមៃនិងរង់ចាំនរណាម្នាក់ដូចគេនេះ ជាយូរមកហើយ….នរណាម្នាក់ដែលក្លាហាន ហ៊ានប្រថុយ ដើម្បីមើលឃើញលើសពីរូបមន្តធម្មតាៗនៃភាពជោគជ័យក្នុងពិភពសិល្បៈតន្ត្រី។
«សូមអរគុណណាស់!» ស្រីវាចាទាំងដកដង្ហើមធំហើយចាប់ដៃរបស់គេដែលធំនិងរឹងមាំ។
«សហការរីករាយ!»
ព្រះអាទិត្យបានចាប់ផ្តើមទម្លុះពពកនាដែនពសុធាដោយបញ្ចេញជាពន្លឺដ៏កក់ក្តៅពេញទីក្រុង។ គ្រប់យ៉ាងតាមផ្លូវដែលអង្គវិលមកពី G-Brother មានអារម្មណ៍ដូចជាសញ្ញាមួយទេវលោក ឬដូចជាការចាប់ផ្តើមនៃអ្វីដែលមួយដែលថ្មីនិងអស្ចារ្យសម្រាប់នាង។
សម្រាប់អង្គ សមិទ្ធិផលពិភពសិល្បៈនិងតន្ត្រី មិនមែនមានន័យថា ធ្វើតាមលំនាំដដែលៗនោះទេ តែនិយាយអំពីការស្វែងរក ឬការលេចឡើងនៃបុគ្គល….នរណាម្នាក់ ឬក្រុមណាមួយ ដែលក្លាហានគ្រប់គ្រាន់ដើម្បីជឿលើអ្វីភ្នែកមើលមិនឃើញតែបេះដូងដឹង។
សិល្បៈគឺអំពីរឿងបែបហ្នឹង គឺអំពីបេះដូង។
«នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះអង្គ! អូយ អស្ចារ្យណាស់! ចួបគ្នាបន្តិចទៀតហ្វ្រេន!» ជេន្នីសរសេរមក ពេលបានទទួលសារពីមិត្ត។
វគ្គ
រឿងសម្ងាត់នៅហាងកាហ្វេ
តុប នាយិកានៃទស្សនាវដ្តីតារា អង្គុយញញឹម សម្លឹងរូបវីរៈដែលសែនសង្ហានិងស្តាប់ពាក្យពេចន៍ដែលអង្គកំពុងពណ៌នាផង។ ជេន្នីក៏នៅក្បែរ ហើយពួកគេទាំងបី អង្គុយនៅជ្រុងដ៏កក់ក្ដៅនៃហាងកាហ្វេមួយ។
«នែអង្គ! នាងតុប វាកំពុងតែគិតដោយឈ្លក់វង្វេងថា តើនឹងសរសេរទេវបុត្រសេះស នៅទំព័រមុខដោយប្រើចំណងជើងប្រភេទណា?»
តុបងើបមុខមកញញឹម ឯអង្គវិញនាងឆ្លៀតកេះជេន្នីសួរ៖
«ម៉េចបានលោកវីរៈក្លាយជាទេវបុត្រសេះស?»
«អឹះ! មិនសេះសទៀត គេមកចម្លងឯងទៅដល់ឋានសុបិនហើយមិនដឹងខ្លួនទេ?!»
អង្គសម្លឹងមិត្តជិតស្និទ្ធបំផុតទាំងពីរនាក់របស់នាងទាំងងក់ក្បាល។ តុបគោះតុទាំងអំណរហើយខ្សឹប៖
«យើងដឹងថាសរសេរបែបណាហើយ!»
ជេន្នីកំពុងតែសប្បាយអំណរយ៉ាងភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយទាំងកូរកាហ្វេទឹកកក៖
«មានមេថ្មីនៅG-Brother ឯងមានឱកាសហើយ ស្ពាននេះធំណាស់នាងអង្គ! CEO សង្ហាសក់ខៀវ! ឱ! រំភើបវ៉ី!»
ជេ្ននីនិយាយផង ងក់ក្បាលបញ្ជាក់ផងដោយគ្រាប់ភ្នែកភ្លឺថ្លារីករាយ។
តុបទទួលយកកាហ្វេខ្មៅមួយពែងមកពីលើថាសបុគ្គលិកហាងកាហ្វេ ក្តៅនិងហ៊ុយ មាត់នាងវាចាខ្សឹបខ្សៀវខ្លាចមានគេឮ៖
«មិនមែនគ្រាន់តែជាCEOម្នាក់នោះទេជេន្នី! អ្នកដឹងបានដឹង! កូនទោល ក្មេង ក្លាហាន និងច្នៃប្រតិដ្ឋ ស្លុយ!!! អង្គជំពប់ជង្រុកស្រូវហើយ ទៅដល់កន្លែងល្អឥតខ្ចោះ!!!»
«បើដឹងល្អហើយនាងតុប! ការងារយើង គឺត្រូវធ្វើឱ្យវីដេអូចម្រៀងនេះ ក្លាយជាសមិទ្ធិផលដែលមិនអាចបំភ្លេចបានក្នុងឆាកតន្ត្រី! ឯងធ្វើកាសែតរបស់ឯង យើងNetworkហើយនិងSocial Media»
អង្គញញឹមស្រស់ ដោយមានអារម្មណ៍ថា ភាពកក់ក្តៅនៃការគាំទ្ររបស់ពួកគេ កំពុងទាញនាងឱ្យអណ្តែត។ ជាយូរមកហើយ….បន្ទាប់ពីទទួលការបដិសេធជាច្រើនកន្លែង មនុស្សអាត្មានិយម មនុស្សមើលងាយមនុស្សដែលអង្គចួប ទីបំផុតអ្វីៗបានចាប់ផ្តើមឈានទៅក្នុងទិសដៅត្រឹមត្រូវក្រោយការ«មិនបោះបង់»។
កវីតូចវាចាតិចៗ៖
«ខ្ញុំរំភើបចិត្តណាស់…ប៉ុន្តែរឿងនៅសល់ គឺយើងនៅតែត្រូវស្វែងរកអ្នកចម្រៀងម្នាក់ដែលសមរម្យនឹងអាល់ប៊ុម!»
ខណៈដែលពួកគេកំពុងសន្ទនាគ្នាយ៉ាងស៊ីជម្រៅ មោណា ក៏ដើរចូលមកក្នុងហាងកាហ្វេ ដោយដកដង្ហើមធំនិងញញឹមសូមទោសចំពោះការមកយឺត។
«ចរាចរណ៍សាំ!»
គេបន្លឺហើយទាញកៅអីអង្គុយក្រោមស្នាមញញឹមស្វាគមន៍ដោយអ្នកទាំងបី។ មិនបានប៉ុន្មាន មោណា គេហាក់ងីងើព្រោះសម្គាល់ឃើញភាពខុសប្លែកប្រក្រតីដោយគ្រប់គ្នាហាក់សប្បាយចិត្តខ្លាំង។
«មានអីចង់ប្រកាស?»
អង្គញញឹមងក់ក្បាល ព្រោះជេន្នីកេះឱ្យនិយាយ។
«អំពីវីដេអូចម្រៀងរបស់ពិស្តារ បានCEOថ្មីនៅG-Brotherគាំទ្រហើយ!»
ឮកាលណា មោណាស្រងូតវិញជាសម្ងាត់ព្រោះនឹកឃើញដល់រតនៈ។ គេដឹងហើយថា រតនៈមានគម្រោងឱ្យគេយកការណ៍គ្រប់យ៉ាងពីខាងអង្គ ទៅលក់ឱ្យផលិតកម្មឯកនគរ។
គេធ្វើជាលាន់មាត់ដោយបើកភ្នែកធំៗ៖
«លោក….វីរៈ មែនទេ? នាយកប្រតិបត្តិថ្មីនៃផលិតកម្ម G-Brother?»
មោណា មិនអាចលាក់បាំងការភ្ញាក់ផ្អើលឡើយ ហើយសម្រាប់ហេតុផលល្អគឺត្រេកអរជាមួយជេន្នីនិងអង្គ សម្រាប់មួយទៀត គេកំពុងគិតថា រតនៈដឹងរឿងធំនេះឬនៅ? ហើយបើដឹងតើឯកនគរនឹងធ្វើអ្វីខ្លះ បំផ្លាញអង្គមែនទេ?
«គ្រប់គ្នាក្នុងសិល្បៈ និយាយអំពី លោកវីរៈដែលជាទាយាទទើបតែត្រលប់ពីអ៊ីតាលីមកវិញ ទទួលខុសត្រូវG-brother តែយើងមិនគិតថា គេក្លាហានមកភ្លាមសើរើធ្វើProjectដែលម៉ាក់គេធ្លាប់ទុកចោលទៅម្ខាងហ្នឹងសោះ!»
តុបវាចាបែបនេះ ជេន្នីលូកមាត់៖
«មែន!»
មោណាញីសក់ហើយនិយាយសរសើរស្ងប់ស្ងាត់៖
«ពិតជាអស្ចារ្យណាស់ អង្គ! ជូនពរជោគជ័យ! តស៊ូយូរហើយ សមនឹងទទួលបានឱកាសនេះ!»
មោណាជាមនុស្សដែលមានចិត្តស្មោះត្រង់ ប៉ុន្តែចិត្តគេហាក់ដូចជារសាត់ទៅកន្លែងផ្សេង ឆ្ងាយពីទីនេះបន្តិច។ ដោយលែងនិយាយអ្វី សំងំអង្គុយស្តាប់ផែនការនៃមិត្តទាំងបីក្នុងការជួយគ្នា មោណាជាសង្សាររតនៈដែលចូលមកជាក្នុងនាមជាសង្សារជេន្នីដើម្បីស៊ើបការណ៍ពីខាងណេះទៅឱ្យឯកនគរ ក៏រក្សាភាពស្ងៀមជាងធម្មតា ដោយស្តាប់ច្រើនជាងការរួមចំណែកយោបល់។
ម្រាមដៃរបស់គេ បានយកចិត្តទុកដាក់គោះលើគែមពែងកាហ្វេជាមួយ គំនិតវិលវល់។ ក្នុងនាមមនុស្សស្គាល់គ្នា មោណាមានមោទនភាពចំពោះការរីកចម្រើននិងឱកាសដែលអង្គទទួលបានមក ប៉ុន្តែមានអ្វីផ្សេងទៀតដែលមានទម្ងន់ធ្ងន់លើទ្រូង។
ទូរសព្ទរបស់គេបានបន្លឺឡើងក្នុងហោប៉ៅ។ មោណាភ្ញាក់ ហើយក្រឡេកមើលចុះក្រោមលួចលាក់ ក៏ឃើញឈ្មោះនៅលើអេក្រង់«រតនៈ»។
បន្ទុកមួយរឹតជាប់ក្នុងពោះពុង។ មោណាខាននិយាយជាមួយរតនៈមួយរយៈមកហើយ ព្រោះជននោះតែងតែចង់ដឹងចង់ឃើញអំពីគម្រោងនានារបស់អង្គ។
ឥឡូវនេះអ្វីៗកំពុងដំណើរការទៅមុខ មោណាសែនស្ទាក់ស្ទើរជាមួយងារជាអ្នកស៊ើបការណ៍នេះ។ គេចុចបិទចោល។
ហើយក្រោកទៅបន្ទប់ទឹក។
នៅពេលគ្មានអ្នកណាក្បែរ មោណា ចុចសារយ៉ាងញាប់ទៅរករតនៈ៖
«អង្គកំពុងធ្វើការជាមួយវីរៈក្នុងផែនការវីដេអូចម្រៀងថ្មី តែជាអាល់ប៊ុមរបស់ពិស្តារ! ពួកគេកំពុងស្វែងរកអ្នកចម្រៀងបន្ទាន់ ហាក់ដូចជាProjectធំមួយ»
រតនៈស្ងាត់បន្តិចពេលមានសញ្ញាអានសារ។
មួយភ្លែតប៉ុណ្ណោះ គេសរសេរមកវិញខណៈ មោណាក្តៅមុខ មានអារម្មណ៍ថាមានកំហុសចំពោះអង្គនិងជេន្នីយ៉ាងធ្ងន់។
«វីរៈ G-Brother?» រតនៈសួរខ្លី។
«ហ្នឹង!»
មោណាសរសេរតបខ្លីទាំងចិត្តនេះពិភាល់ មិនប្រាកដសោះថា ហេតុអ្វីរតនៈត្រូវដឹងរឿងទាំងអស់នេះទេ ប៉ុន្តែខ្លួនមានកាតព្វកិច្ចចែករំលែក។
រតនៈសរសេរមកទៀត៖
«គួរឱ្យចាប់អារម្មណ៍! អូខេ តាមពួកហ្នឹងឱ្យទាន់ណា៎ បានដំណឹងអីទៀត ប្រាប់មកភ្លាម!»
ម៉ូណាស្ទាក់ស្ទើរ ឈរគ្រវីទូរសព្ទហើយត្រិរិះ….តាមពិតចិត្តរបស់ភេទទីបីម្នាក់នេះ មិនអាចគ្របដណ្តប់ប្រាប់ខ្លួនឯងនូវអារម្មណ៍ថា គ្មានកំហុសនោះដែរ ប៉ុន្តែគេ….ក៏មិនចង់ធ្វើឱ្យរតនៈខកចិត្តដែរ។
«OK» មោណា សរសេរទៅវិញយ៉ាងខ្លី។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ