ខណៈដែលឃើញថា ដាវីននៅសម្លឹងមើលគាត់ចាំចម្លើយពីគាត់ មីងសឿនធ្វើជារអ៊ូរកនឹក៖
«នីន? អ្នកណាអ៊ីចេះ» គាត់ហាក់ប្រុងប្រៀងជាមួយគ្រប់យ៉ាងនៅទីនេះដោយប្រុងប្រយ័ត្ន មិនឃើញដាវីនមានសំណួរផ្ទួនមក គាត់ក៏ធ្វើជានិយាយ៖
«ហេតុអីក៏សួរពីឈ្មោះហ្នឹងសម្លាញ់ចិត្ត?»
ការសង្ស័យរបស់ដាវីនបានកើនឡើងអំពីស្ត្រីឈ្មោះនីន ព្រោះគ្រប់យ៉ាងជុំវិញហាក់ចម្លែកពាក់ព័ន្ធនឹងឈ្មោះនេះ។
«ម្តាយ…..របស់អ្នក….ដែល…..ចាប់ខ្ញុំទៅណាមីង!»
តូចឆ្លើយដោយមើលគាត់មិនលែងទេ។ ក្នុងចិត្តនាងមីងសឿនដឹងច្រើនជាងមាត់គាត់ដែលសារភាព។ ដាវីនឃើញថាស្ត្រីមេផ្ទះម្នាក់នេះ ស្ទាក់ស្ទើរក្នុងការសម្លឹងមកនាង ដៃគាត់ញ័រលាក់ក្នុងភួយដែលគាត់គ្របលើចង្កេះប្រុងបត់រៀបរយ។
ដឹងថា គាត់នឹងមិនបង្ហើប ដាវីនបន្តដោយពិនិត្យមើលមីងយ៉ាងជាប់៖
«ខ្ញុំទើបតែឮម៉ាក់និយាយឈ្មោះនោះ ហើយយប់មិញ ប៉ាក៏…..»
«អូ៎ លោកប្រុស គាត់ចាំខ្ញុំឆុងកាហ្វេ!»
មីងសឿងលាន់មាត់យ៉ាងរហ័សលើបបូរមាត់ដែលញ័រតិចៗ។ គាត់ចាកចេញទៅ ទុកនាងនៅសម្លឹងគាត់ពីក្រោយយ៉ាងស្រទន់ ហាក់ដូចជាដាវីនថ្លឹងថ្លែងច្បាស់ហើយថា ក្នុងផ្ទះនេះមានអ្នកស្គាល់អ្នកស្រីនីនច្រើន។ តើមានអ្វីខ្លះដែលពួកគេកំពុងលាក់កំបាំង?
ស្នាមថើបរបស់ប្រុសម្នាក់នោះ នៅដិតលើបបូរមាត់នាង «ប៉ាខ្លួន ប្លន់គ្រួសារខ្ញុំ! បំផ្លាញអ្វីៗទាំងអស់ដែលឪពុកម្តាយខ្ញុំមាន ហើយឥឡូវនេះ…ខ្លួនមកនៅទីនេះ ចង់ធ្វើឫកជាជនរងគ្រោះស្លូតត្រង់? ធ្វើដូចជាគ្មានបញ្ហាអ្វីនឹងគ្នាទាំងអស់?»
ដាវីននឹកឃើញគ្រប់យ៉ាង ពាក្យពេចន៍ខ្សឹបខ្សៀវរបស់គេ ស្រីទប់ខ្លួនក្រោកឡើងទាំងដឹងថា ប្រវត្តិគ្រួសារនាងជាមួយគ្រួសារស៊ីណាន មានជម្រៅអ្វីមួយជ្រៅជាងអ្វីដែលនាងអាចស្មានឬស្រមៃបាន។
ដាវីនចុះពីលើជណ្តើរធំជាមួយសំពត់ពណ៌សអណ្តែត អាវប្រផេះរឹបរាង រមទម ស្រស់ស្អាត។ ពេលធីតាយើងឆ្ពោះទៅតុសម្រាប់អាហារពេលព្រឹក នាងជាអ្នកមកយឺតក្រោយគេ។ បងប្រុសនាងងាកមកមើលនាងបន្តិចហើយប្រញិបឱបកាតាបធ្វើការចាកចេញ ប៉ុន្តែឆ្លៀតពេលប្រាប់នាង៖
«ដេកឱ្យច្រើន! ហាមចេញក្រៅផ្ទះ!»
នាងងក់ក្បាលដាក់ដាវីឌ ទាំងមានអារម្មណ៍ថា គ្រប់យ៉ាងនៃជីវិតពេលមកផ្ទះវិញលើកនេះ បង្កប់ដោយចម្ងល់ជាច្រើន។
ឪពុកម្តាយរបស់នាងដែលបានរង់ចាំជាស្រេចហើយ ស្វាគមន៍ដាវីនជាមួយនឹងស្នាមញញឹមបង្ខំចិត្ត។ គ្រប់យ៉ាងមិនអាចបិទបាំងភាពតានតឹងក្នុងចិត្តពួកគាត់ទេ។
«ញ៉ាំទៅកូន!»
ម្តាយចាប់នំប៉័ងឱ្យ ឪពុកចាក់ទឹកក្រូច។
រំពេចនោះ ដាវីនសួរដោយសម្លក់ចានម្ហូបថា៖
«អ្នកណាឈ្មោះ នីន?»
គ្រប់គ្នាទីទើរ។ មីនសឿនដែលមានវត្តមាននៅក្បែរៗនោះដកថយ ហើយទាញអ្នកបម្រើដទៃថយដែរ។ ជំទាវមាលាងាកមកសម្លឹងកូនស្រីតែមួយគ្រាប់នេះដោយខំទប់ទឹកមុខនិងបេះដូងដែលលោតញាប់។ នៅពេលដែលប៉ានាងមិនទាន់បានតបផង សំឡេងស៊ីណាន លាន់មកពីច្រកទ្វារផ្ទះ៖
«ម៉ាក់ខ្ញុំ!»
ប្រុសដែលធ្វើឱ្យដាវីនរំជួយចិត្តកំពុងមានវត្តមានហើយ។ គេឈរនៅមាត់ទ្វារបន្ទប់ធំនេះ ជាមួយរូបរាងខ្ពស់ស្រឡះ អាវខ្មៅស៊កត្រឹមត្រូវក្នុងខោខូវប៊យ។ ទឹកមុខស៊ីណាន ស្មើៗ បបូរមាត់គេគ្រលាស់អណ្តាតមកឌឺដងភ្នែកម៉ក់ៗរបស់នាង។
ស្រីសម្លឹងភ្នែករបស់គេ ដែលល្ហល្ហេវខ្លាំងនៅពេលថ្ពក់ភ្នែកជាមួយនាង។
«អ្នកយាម» មាលានិយាយខ្លីៗទាំងលើកដៃស្ទាបទ្រូង។
«ពួកហ្នឹងយប់មិញលេងខ្ញុំ តែព្រឹកនេះខ្ញុំលេងវិញ!» ស៊ីណានឆ្លើយធ្វើឱ្យជំទាវស្លន់ឱបកូនស្រីជាប់។ ម៉ែនដាសង្កត់ចិត្ត សម្លឹងស៊ីណានពីលើដល់ក្រោម។
ស្រមោលមិត្តសម្លាញ់របស់គាត់បានសាយភាយចេញពីរូបរាងបុរសក្មេងនេះ។ ម៉ែនដាដឹងថា ស៊ីណានមិនឈប់មករកគាត់ទេដរាបណាគេមិនដឹងពីសុខទុក្ខម្តាយរបស់គេ តែគេក៏មិនធ្វើអីគាត់ដែរប្រសិនគាត់នៅតែមានស្ត្រីឈ្មោះនីនក្នុងដៃ។
«មកអង្គុយញ៉ាំអីជាមួយគ្នាស៊ីណាន!»
«អីគេ?» មាលាងាកមកសម្លក់ប្តី។
ស៊ីណានឃើញប្រតិកម្មខុសគ្នារវាងឪពុកនិងម្តាយរបស់នាង គេញញឹមឆ្លើយតបយ៉ាងស្រទន់៖
«តិចពុលស្លាប់ទៅ!»
ទោះថាបែបនេះ តែភ្នែកគេថ្ពក់រកកែវភ្នែកក្រហមៗរបស់នាងដោយស្ងៀមស្ងាត់។ សំឡេងរបស់គេមិនទាន់ចប់ គេនាំកាយមកក្បែរតូច ធ្វើឱ្យស្រ្តីជាមាតាស្រែកយ៉ៃស្ទុះក្រោកទាញកូនស្រីទៅដែរតែមិនបាន។
ប៉ាដាវីនរាដៃឈប់ឱ្យម្តាយនាងស្រែក។
ភ្នែកឧកញ៉ាសម្លឹងមកយុវកំលោះហើយព្រមាន៖
«ឯងមិនបង្ករឿងទេស៊ីណាន!»
ស៊ីណានជ្រួញចិញ្ចើមងាកមកវិញ ហើយសម្លឹងម៉ែនដាដែលមានអំនួតព្រោះមានម្តាយគេក្នុងដៃ។ គេញញឹមតិចៗទាំងចិត្តក្តៅពុះ។ ជាការសងសឹក ប្រុសមានតែងាកមករកដាវីន។ តូចក្នុងឈុតស ខ្លី បញ្ចេញជើងស្រឡូននៅក្បែរគេបង្កើយ។ នាងមានដង្ហើមមួយដែលបេះដូងគេនឹកសែននឹកកាលពីយប់មិញ។ ពេលនេះប្រុសឱនទៅខ្សឹបនាង៖
«អ្ហះ? មានថ្នាំពុលទេព្រះនាង?»
ដាវីនងាកមុខមកឈ្ងោកតែនាងគ្រវីក្បាល។ ប្រុសញញឹមហុចកែវទឹកក្រូចស្រស់ឱ្យនាងញ៉ាំ។ ស្រីឃើញខ្សែដៃដែលគេពាក់យ៉ាងស៊ីវិល័យនិងសង្ហាជាងកាលពីនៅជិតគ្នាទៅទៀត។ គេនេះសប្បាយចិត្តណាស់ហើយដែលបាននាងមកឆ្ងាយ។ មិនដឹងម៉េចបានចិត្តនាងបែរជាគិតបែបនេះ យល់ថាខឹងណាស់បើគេសប្បាយចិត្តពេលអវត្តមាននាង។
ស្រីងើបមុខមើលគេឃើញគេឌឺនាង អង្គុយជិតនាងបង្កើយពេក ក៏ស្រីកញ្ឆក់យកមកលេបក្អឹកដើម្បីបង្ហាញអ្នកចាប់ជម្រិតម្នាក់នេះថា គ្មានពុលឆ្កួតអីដូចគេចោទទេ! ស៊ីណានសើចស្រស់ទាញយកកែវសល់ពីដៃទេពធីតាមកក្រេបក្អឹកៗយ៉ាងមានក្តីសុខ។
ភាពស្និទ្ធស្នាលនៃប្រុសស្រីទាំងទ្វេ ធ្វើឱ្យម៉ែនដាដកដង្ហើមធំក្រពាត់ដៃផ្អែកខ្នងអស់ពាក្យនិយាយ រីឯលោកជំទាវមាលាបើកភ្នែកធំៗយ៉ាងតក់ស្លុត។
«តស់ យើងញ៉ាំ!»
គេនិយាយដាក់នាងទន់ភ្លន់ហើយហុចសមស្លាបព្រា។ ស្រីមិនដឹងថា គេនេះកំពុងឌឺដងប៉ានាងម៉ាក់នាងទេ តែនាងជាប់រវល់ភ្នែកស្លូតៗសម្លឹងគេដែរ ប៉ុន្តែដោយកាយវិការឃុំគ្រងនិងការពារ។
«ខ្ញុំឱ្យសឿនហៅប៉ូលិសសិន!»
ជំទាវព្រមានញាប់ញ័រ តែដាវីនមានអារម្មណ៍ថា ភ័យភ្លាម និងស្រឡាំងកាំង។ ខាងប្រុសមិនខ្ចីងាកទៅរកជំទាវទេ គេបែរខ្នងដៃកាន់កាំបិតបៀកឈីសលើនំប៉័ងហើយនិយាយទាំងរលាក់រាងកាយស្រស់សង្ហា។
«បាទអរគុណ! ខ្ញុំកំពុងចង់រកប៉ូលិសល្មម! ចង់ឱ្យ….ជួយរកមុខអ្នកសម្លាប់ប៉ាខ្ញុំ! មួយទៀត! អ្នកដែលប្លន់ដីធ្លីគ្រួសារខ្ញុំ!»
ដាវីនដៀងឃើញប៉ារបស់នាងដែលងើបមកអង្គុយត្រង់ខ្លួនវិញមួយរំពេច រីឯអ្នកម្តាយរបស់នាងលែងឈានជើងទៅណារួច។
«នេះ! ញ៉ាំ!»
ប្រុសហុចនាំដែលទើបនឹងបៀករួចឱ្យទៅព្រះនាង។ ស្រីតូចសម្លឹងភ្នែកគេដែលមានភាពកក់ក្តៅ និងច្របូកច្របល់។ ដាវីនមិននឹកស្មានថា បែកគ្នាមួយយប់ ព្រឹកឡើងនឹងឃើញគេនៅទីនេះទេ តែ…នាងលួចសប្បាយចិត្ត។
«ស៊ីណាន» ប៉ានាងហៅគេ។ ប្រុសចោលបាត់នូវទឹកមុខរ៉ូមែនទិក ងាកមកស្វាគមន៍ម៉ែនដាដោយកាយវិការមិនគោរព ខែងរ៉ែង។
ទេពធីតាខ្លាចណាស់ ទឹកមុខគេ នាងខ្លាចទូរសព្ទក្នុងហោប៉ៅអាវគេ នឹងត្រូវគេហូតមកហើយប៉ាម៉ាក់នាងនិងឃើញរូបនាង រូបថតទាំងនោះ។
ស្រីលូកដៃទទួលនំមកញ៉ាំ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។ សូម្បីតែស៊ីណានក៏ឈប់ខែងរ៉ែងដាក់ប៉ានាង ហើយងាកមកសម្លឹងកែវល្អ។
ច្រមុះតូចស្រួចរេរាំកំដរស្នាមទំពាតិចៗ។ រោមភ្នែកងរៗនេះ ធ្វើឱ្យនរៈនឹកឃើញគ្រាមាននាងជាប់ទ្រូង។
«ឆ្ងាញ់ទេអូនសម្លាញ់?!»
សំណួរស៊ីណានស្រទន់ៗ គួរសមពេកណាស់ ប៉ុន្តែការសម្លឹងរបស់គេយូរពេក ជាសញ្ញានៃការគ្រប់គ្រង ហួងហែងមួយ ក្នុងបុគ្គលិកលក្ខណៈមិនខ្លាចអ្នកណារបស់ប្រុសម្នាក់នេះ។ ស្រីដឹងថា ពួកគេត្រូវបន្តសម្តែងជាមនុស្សរត់ព្រោះស្រលាញ់ មិនមែនជាករណីពង្រត់ទេ ព្រោះបើគេនេះមានទោស នាងខ្លួនឯងក៏នឹងមានបញ្ហាដូចគ្នា។
ទោះបីជាយ៉ាងណា ការគិតរបស់ធីតាយើងមិនមែនមកពីខ្លាចស៊ីណានទាំងស្រុងឡើយ មានអ្វីមួយផ្សេងក្នុង…បេះដូងនាង។
ទោះណាជាជំទាវមាលាគាំងនឹងរឿងក្តីមរណភាពរបស់ប៉ាស៊ីណាន តែអាកប្បកិរិយាគេស្និទ្ធិជាមួយដាវីន គាត់ទទួលយកមិនបានដាច់ខាត។
«ដាវីន! មកជាមួយម៉ាក់! ព្រឹកនេះយើងណាត់ជាងឌីហ្សាញរ៉ូប កូនក្រមុំ!» គាត់បាននិយាយបញ្ឈឺដោយសំឡេងមុតៗ ហើយលូកដៃមករកទាញកូនឡើង។ ពេលភ្នែកមើលទៅឃើញស៊ីណានដែលសម្លឹងមកពីចំហៀង ជំទាវនៅមានចិត្តចង់ពោលទ្រគោះ ទើបឆ្លៀតបន្ថែមឡើង៖
«ប៉ាកូន ឱ្យគាត់នៅត្រៀមឱ្យល្អទៅ ត្រៀមធ្វើជាប៉ាកូនក្រមុំដែលស្អាតបំផុតនៅភ្នំពេញនេះណា៎ដាវីន!»
ដាវីនដែលឮរឿងរៀបការប្រញាប់នៅជាន់ខាងលើម្តងហើយ ពេលនេះស្រីតូចពិតជាមានអារម្មណ៍ច្របូកច្របល់យ៉ាងលើសលប់។ នាងចង់តវ៉ា ដើម្បីយល់សិនពីមូលហេតុដែលឪពុកម្តាយរបស់នាងជំរុញនាងរៀបការទាំងមិនទាន់រៀនចប់ ប៉ុន្តែនៅស្ងៀមវិញព្រោះមានអារម្មណ៍ថា ស៊ីណានសម្លឹងមកនាងមិនឈប់ គឺចាំការតបឆ្លើយរបស់នាង។
«នាងរៀបការមែនទេព្រះនាង?» គេបញ្ចេញសំណួរបែបនេះស្ងាត់ៗត្រឹមក្នុងបេះដូងខ្លួនឯង ជាមួយក្រសែភ្នែកស្រពោនៗ ដែលមើលមកភ្នែកក្រឡង់ៗរបស់ស្រីតូច។
«ខ្ញុំ….ចង់ខលតាំងពីយប់មិញ….តែ….ប៉ាម៉ាក់មិនឱ្យមានទូរសព្ទ!»
នាងនិយាយតិចៗ ដាក់កែវភ្នែកគេ។ ប្រុសញញឹមតិចៗមិនមែនតាមមាត់ទេ គឺភ្នែកគេដែលថ្ពក់ជាមួយនាង។ ដ្បិតនេះ គេដឹងថាដាវីនដើរតួជាសង្សារស្រលាញ់គ្នាព្រោះនាងភ័យរឿងរូបថត តែគេនៅតែចូលចិត្តស្តាប់នាងនិយាយ។
ប្រុសខំធ្វើពើយ៉ាងណាក៏មិនអាចលាក់ភាពស្រទន់ក្នុងភ្នែកបានឡើយ។
«ស៊ីណាន…» នាងនិយាយទៀត ហៅគេចំឈ្មោះ បណ្តាលឱ្យប្រុសព្រិចភ្នែក នាងចាប់ផ្តើមវាចាខ្សឹបៗ ខណៈទឹកមុខខាងប្រុសនៅតែត្រជាក់ៗពិបាកស្មានដឹងនូវអារម្មណ៍ពិត។
«ទៅឌីហ្សាញខោអាវមិនអ៊ីចឹង!» គេវាចាជាមួយទឹកដមសំឡេងខូចចិត្ត។ បេះដូងនាងហាក់ចេះឈឺចាប់តិចៗ។
នាងខ្សឹបអ្វីមិនចេញទៀត បានត្រឹមតែផ្ទៀងការសម្លឹងរបស់គេហើយ គ្រវីក្បាល។
«អ៊ីចឹង និយាយទៅ! ថាអត់រៀបការ!»
គេបញ្ជាជាមួយទឹកមុខស្មើ បង្កាប់ភ្នែកសន្លឹមមានន័យច្រណែន ទាមទារ….ចង់បាន។
ដុំមួយស្ទះក្នុងបំពង់ករបស់នាង ខណៈដែលនាងសម្លឹងមើលម្តាយប្រកបដោយទឹកមុខខូចចិត្ត។ នាងមិនយល់ពីគ្រប់យ៉ាងឬពីស្ថានភាពគ្រួសារនាងពេលនេះទេ ប៉ុន្តែដាវីនដឹងថា នាងជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយជាមួយបុរស មុខត្រជាក់ម្នាក់នេះបាន។
«ឃើញអត់ គូដណ្តឹងខ្ញុំ! ចង់យកនាងទៅប្រជល់ដូចមាន់ជាមួយអាមនុស្សល្ងង់ណា? នាងមិនព្រមខ្លួនឯង តិចថាអ្នកណាបង្ខំទៅ!»
សម្តីគេញ៉ាំងឱ្យស្រី ទទួលអារម្មណ៍ដឹងនូវស្នេហាដ៏ជ្រាលជ្រៅមួយដែលស៊ីណានកំពុងទប់មិនបញ្ចេញ។ ក្តីសង្ឃឹមមួយរំពេចបានភ្លឺទែងនៅខាងក្នុងប្រាណនាង ខណៈពាក្យគូដណ្តឹងនេះនាងមិនដែលឮមកពីមុនទេ តែគេធ្លាប់ព្រមានថានឹងរៀបការជាមួយនាង។
«ឧកញ៉ាបានភ្ជាប់ពាក្យពួកយើងតាំងពីនៅក្មេងមក គិតថា ហេតុអីទៅដែលប្រពន្ធពូមិនដឹងមិនឮ ហើយចង់លើកប្រពន្ធខ្ញុំឱ្យទៅអាមនុស្សណាផ្សេងបាន?»
ពាក្យប្រពន្ធរឹតតែជាអ្វីថ្មីទៅទៀត។
ក្នុងការសម្លឹងឪពុកនាងដោយស្ងាត់ស្ងៀម ស្រីលបនឹកឃើញដល់មង្គលការជាមួយស៊ីណានទៅហើយ។ ផ្ទះតូចនិងគ្រែដែលកាលពីយប់មិញបានលេងល្បែងរំជួលចិត្តអស់មួយប្រាវ។
សំឡេងលោកជំទាវមាលាបានលាន់មកកាត់ស្មារតីទន់ភ្លន់នៃកូនស្រី៖
«ចាំយើងនេះស្លាប់សិន ចាំឯងសង្ឃឹមរឿងរៀបការស្អីគេ ភ្ជាប់ពាក្យអីអស់ហ្នឹង!»
ពាក្យសម្ដីរបស់ស្ត្រីអភិជនមានភាពមុតៗ មិនទុកកន្លែងសម្រាប់ស៊ីណានដកដង្ហើមបំភ្លេចគំនុំឡើយ។ គេក្តាប់កណ្តាប់ដៃយ៉ាងអន្ទះអន្ទែងពុះកញ្ជ្រោល។ ម្រាមដៃតូចស្រីលូកមកកាន់គេពីក្រោមតុព្រោះនាងភ័យ។ ភ្នែកទាំងបួនប៉ះគ្នា តែស៊ីណានដកមកសម្លឹងលោកម៉ែនដាវិញ មាត់គេទាមទារ៖
«ឧកញ៉ាចង់លេបសម្តី?»
ម៉ែនដាដែលអង្គុយអត់ធ្មត់ដោយទឹកមុខស្មើ សង្កត់កំហឹងនិងចម្រូងចម្រាស់ ងើបមុខមកប្រឈមកំលោះនេះ។ អភិជនតបមមីភ្នែកយ៉ាងនឹងនរ៖
«ខ្ញុំនឹងរក្សាកិច្ចសន្យានោះស៊ីណាន ប្រសិនបើឯងអាចបង្ហាញថា ស័ក្តិសម!»
«ទេ» មាលាឆ្លើយកាត់ទាំងទឹកមុខមាំ «គ្មានអីទាំងអស់! រឿងចាស់យូរណាស់ហើយ គ្មានសាក្សី គ្មានព័ស្តុតាងវាហួសសម័យហើយ!»
ស៊ីណានសើចកក្អឹក ខណៈដាវីនព្រិចភ្នែកព្រោះគិតយល់ច្បាស់ពីរឿងចាស់ ដែលនាងមិនធ្លាប់បានដឹង។ កាលណោះប្រហែលនាងតូចពេកបានជាមិនអាចចងចាំ តែគ្រប់យ៉ាងច្បាស់ហើយនៅពេលនេះ។ ស៊ីណានចាប់នាង ព្រោះមានមូលហេតុ! គេមកទាមទារពាក្យសន្យាចាស់ ចំណងទាក់ទងពីក្មេងៗ ឬគំនុំអ្វីផ្សេង? ស្រីចែកមិនដាច់ទេ ដឹងតែថាប៉ានាងមានអាការៈមិនអាចប្រកែកបានជាមួយស៊ីណាន។
«កុំធ្វើឫកពាបែបហ្នឹងជាមួយម៉ាក់ខ្ញុំ!»
នាងនិយាយស្ងួតធ្វើឱ្យគេដៀងភ្នែកមកសម្លឹង ហើយទម្លាក់ចុះមើលម្រាមដៃដែលថ្ពក់រកគ្នា។
«បងគ្រាន់តែ មកយកអ្វីដែលជារបស់បង!»
«ឯងមិនដឹងថាជាកូនប្រុសល្បងស៊ីនមែនឬមិនមែនផង!» លោកម៉ែនដានិយាយកាត់។
ស៊ីណានមិនទាន់ទាំងបានសើចចំអកគំនិតនេះផង អ្នកណាម្នាក់ហៅដាវីនពីមាត់ទ្វារ។
គេងាកភ្លាម ដោយមិនសប្បាយចិត្ត។ យុទ្ធបានបង្ហាញខ្លួន ជាមួយកាយវិការដ៏ខ្ពង់ខ្ពស់និងស្ងប់ស្ងាត់ដែលពោរពេញទៅដោយថាមពល។
គេនេះមែនទេទើបស័ក្តិសម? ប្រុសគិតទាំងទោមនស្ស។
«បងមកអបអរវីនដែលវិលមកផ្ទះវិញ!»
ទោះជាយ៉ាងណា បាញ់ភ្នែកមករកស៊ីណានមួយភ្លែតពេញដោយការប្រជែងសម្ងាត់មួយរវាងគ្នា។ ជំទាវមាលាហាក់គាំងដោយមិនអាចនិយាយឬដោះស្រាយអ្វីបាន។
យុទ្ធតែងតែពោរពេញដោយការគោរពនិងស័ក្តិសមជាមួយដាវីនបំផុត។ ឋានៈ វ័យ និងរូបរាង។
«ជារ៉ាមកដែរទេ?»
អ្នកជំទាវនិយាយរកយុទ្ធទាំងអាកប្បកិរិយាបារម្ភ។
«បាទគាត់នៅចាំខាងក្រៅ ក្នុងឡាន!» គេតបវិញដោយចោលភ្នែកសម្លឹងម្រាមដៃស៊ីណាននិងដាវីនថ្ពក់កាន់គ្នាដោយស្ងប់ស្ងាត់។
ការផ្គើនរបស់ស៊ីណានធ្វើឱ្យមាលាលោតបេះដូងញាប់។ ម្តាយរបស់យុទ្ធ ជិតស្និទ្ធិនឹងគ្រួសារនេះខ្លាំង ហើយពួកគេមានឋានៈខ្ពស់ ហើយប្រសិនបើជំទាវជារ៉ាបានដឹងពីព័ត៌មានជុំវិញការចាប់ពង្រត់ដាវីនទៅអស់ពីរយប់ រឿងរៀបការនេះនឹងពិបាកដោះស្រាយបាន។
«ក្មួយយុទ្ធ!» មាលាទាញយុវជនទៅខ្សឹបជិត «សូមកូន កុំប្រាប់ម្តាយរឿងប្អូនបាត់ខ្លួនណាកូន! អាណិតប្អូន!»
យុទ្ធមើលទៅស្រឡាំងកាំងបន្តិច ចិញ្ចើមគេជ្រួញ គេងក់ក្បាល៖
«បាទអ្នកមីង! ខ្ញុំអត់និយាយអ្វីទេ!»
ភាពមិនស្រួលបំផុតសម្រាប់យុទ្ធពេលនេះ គឺមកឈរមើលស្រីដែលអាចជាគូអនាគតរបស់ខ្លួន ដែលម្តាយខ្លួនចង់បានជាកូនប្រសាពេលនេះ ជ្រើសយកបុរសផ្សេង មិនសមឋានៈ។
ដាវីនដែលនៅចំកណ្តាលឆាកខមដាក់គ្នា នាងកំពុងឈ្ងោកមុខទាំងមានអារម្មណ៍ថាបេះដូងរបស់នាងជន់លិចក្នុងវិបត្តិ។ ស្រីមិនចង់ត្រូវបានគេចាត់ទុកដូចជាកូនអុកនៅក្នុងល្បែងភ្នាល់ណាមួយទេ។ នាងជាមនុស្សមានបេះដូងស្មោះត្រង់ ហើយនេះគឺមិនយុត្តិធម៌សម្រាប់នាងក្នុងការប្រឈមឡើយ។
«ខ្ញុំមិនរៀបការទេ! ជាមួយបងយុទ្ធ!»
នាងឆ្លើយទាំងញ័រៗ ខណៈម្តាយនាងងាកមក នាងបន្តដោយមិនសម្លឹងគាត់៖
«សូមកុំសម្រេចចិត្ត ពីអនាគតរបស់ខ្ញុំដោយមិនគិតពីអ្វីដែលខ្ញុំចង់បាននោះ!»
មាលាងក់ក្បាលទាំងខឹងច្រាល៖
«ចុះកាលពីប៉ាឯងភ្ជាប់ពាក្យឯងពីក្មេង ឯងដឹងដែរ? ហើយឯងចង់បានមែនទេ?»
ដោយអាក់អន់ចិត្តនឹងរឿងអស់ទាំងនេះនាងស្រក់ទឹកភ្នែក។ ស៊ីណានសើចក្អាកក្អាយបន្លប់ចិត្តដែលឈឺៗព្រោះឃើញនាងយំ។
«ពេលដាវីនស្រលាញ់ខ្ញុំ គេមិនដែលដឹងពីរឿងភ្ជាប់ពាក្យអីទេ!»
ដាវីនមានអារម្មណ៍ញាប់ញ័រ។ នាងងាកមកមើលគេ ស្រីដឹងថា នាងត្រូវនិយាយដាច់ស្រេចជាមួយស៊ីណាន។
ស្រីក្រឡេកមើលភ្នែកបុរសនេះដោយបេះដូងលោតញាប់ ជាពេលដែលព្រះនាងចង់បញ្ចេញអ្វីៗគ្រប់យ៉ាងក្នុងចិត្តរបស់ច្បាស់លាស់ជាមួយ៖
«ស៊ីណាន ខ្ញុំចង់និយាយគ្នាពីរនាក់!»
«ទៅយើង!»
គេខ្សឹបដាក់នាង ដូចជាបង្ហាញថា វាចារបស់ស្រីថ្លៃ បាននឹងកំពុងធ្វើឱ្យថាមពល ក៏ដូចជាការផ្ចង់ទាំងអស់របស់គេត្រូវថមថយ។ មិនថានិយាយជាមួយនាងដល់១០០០រាត្រីទៀត ក៏ស៊ីណានមិនបដិសេធដែរ សូម្បីបន្តិចណា។
ប៉ុន្តែសំឡេងរបស់ឪពុកដាវីនហើរមកកាត់ម៉ឺងត្រជាក់និងធ្ងន់ជាងផែនទឹកកក៖
«អត់ទៅណាទាំងអស់!» ឧកញ៉ា ម៉ែនដា ប្រកាសបន្ថែមថា «គ្មានអ្នកណាម្នាក់អាចនាំដាវីនចេញទៅទៀតបានទេ!»
ចិញ្ចើមរបស់ស៊ីណានលើកឆ្ងល់ឡើងទៅលើជាមួយទឹកមុខដែលពេញដោយការខកចិត្ត។ គេតបតមុខមាំ៖
«គេនេះ មិនមែនជាចាប នៅក្នុងទ្រុងទេ!»
ម៉ែនដាងក់ក្បាល៖
«ល្អណាស់ ដែលលោកក្មួយយល់ហើយនិយាយពាក្យនេះ! ខ្ញុំរីករាយ! បើដូច្នេះមែនមិនមានការ ពង្រត់ដាវីនទេមែនទេ?»
គេភាំងខណៈខាងស្រីតបតិចៗ៖
«កាលហ្នឹង កូនទៅជាមួយគេទេប៉ា!»
សម្តីសារភាពដែលកុហកគួរឱ្យអាណិតនេះ ស្របពេលដាវីនសម្លឹងមើលស៊ីណានមួយឆ្វាច់ ហើយដកភ្នែកចេញមកមើលចាននំវិញទាំងក្រហមមុខ។ ត្រឹមឃើញភ្នែកអូនមួយភ្លែតក៏ស៊ីណានអស់ចិត្ត។ បេះដូងបានឱ្យដំណឹងមកស្ងាត់ៗថា រវាងពួកគេ…..អ្វីម្យ៉ាងសែនជ្រៅ….ចរន្ត បេះដូងរបស់ពួកគេបានទាក់ទងគ្នា ទោះបីជាទីនេះ ពេញដោយភាពវឹកវរជុំវិញក៏ដោយ។ យុទ្ធងាកមករកជំទាវមាលាហើយនិយាយដោយដង្ហើមធំ៖
«ខ្ញុំសុំទៅមុនហើយ!»
នេះជាពេលវេលាមួយដែលពោរពេញទៅដោយក្ដីស្រលាញ់និងក្ដីប្រាថ្នាដ៏ជ្រាលជ្រៅសឹងស៊ីណានភ្លេចពិភពលោកទាំងមូលដ៏ឃោរឃៅនេះបានព្រោះនាង។
លោកជំទាវមាលាម៉ែនដាដែលឈរនៅពីក្រោយស្រីតូចបានខាំមាត់។ ខណៈកំហឹងសម្ងាត់របស់ជំទាវនេះកំពុងតែឆាបឆេះសន្ធំ។ ម្តាយដាវីនដឹងថា វត្តមានរបស់ស៊ីណានជាកម្ម តែគាត់ប្តេជ្ញាថា មិនព្រមប្រឈមនឹងកម្មមួយនេះតាមសម្រួលទេ។ គាត់នឹងកម្ចាត់វា ដោយប្រើគ្រប់មធ្យោបាយ….ដូចកាលដែលគាត់ធ្វើចំពោះម្តាយឪពុកស៊ីណានម្ភៃឆ្នាំមុនដែរ។
ស្រ្តីរលាស់កែងជើង ហើយចាកចេញពីបន្ទប់នេះដោយស្រែកឡូឡា៖
«ឆ្កួតអស់ហើយ!»
«ពូមានរឿងនិយាយជាមួយឯង! ស្អែកម៉ោង៩ទៅOffice ធ្វើការធម្មតាកុំឱ្យរឿងចាប់ពង្រត់ត្រូវគេចែកចាយ!»
«ពូ» ដែលគាត់និយាយដូចជាគាត់កំពុងស្រមៃដល់អតីតកាល? គេមិនខ្ចីគិតច្រើន ប្រុសងាកមករកម៉ែនដា ហើយនឹកឃើញដល់ម្តាយរបស់គេ។
«ម៉ាក់ខ្ញុំ!»
«ស្អែកខ្ញុំប្រាប់ឯង!»
បុរសនេះដូចចង់បណ្តេញនាយទៅទាំងបេះដូងស៊ីណាននៅត្រូវការស្គាល់បេះដូងខាងស្រី តែOK គេយល់ថា ដាវីនមុននឹងក្រោយទេ….គេនឹងមកមើលនាងទៀតមិនខាន។
ប្រុសដកដៃចេញពីកល្យាណីហើយស្រដីដាក់ប៉ារបស់នាង។
«កូនប្រុស និយាយហើយធ្វើ!»
ស៊ីណានព្រមានម៉ែនដាមុននឹងឈានចេញ។ គេឆ្លៀតសម្លឹងព្រះនាងរបស់គេបន្តិចហើយកាត់ចិត្តដើរចេញទៅ។
នៅសួនខាងក្រៅគេវាក់អើនឹងយុទ្ធ។ ប្រុសបន្ថយល្បឿនលើកចង្កាធ្វើឌឺដាក់យុទ្ធ ដែលហាក់បីដូចជា កំពុងតែរង់ចួបស៊ីណានដោយទឹកមុខព្រួយបារម្ភ។
ពេលចូលទៅជិតគ្នា ស៊ីណានឮយុទ្ធ និយាយមុន៖
«ស្តាប់! ខ្ញុំខ្វល់ពីដាវីនមិនមែនឯងទេ! ប៉ុន្តែប្រសិនបើឯងពិតជាស្រលាញ់គេ ឯងត្រូវតែបញ្ជាក់!»
ស៊ីណានច្រត់ដៃលើចង្កេះដកដង្ហើមធូរ ហើយមើលជុំវិញធ្វើវាហី ខណៈយុទ្ធនិយាយបន្ត៖
«ឯងមិនមែនស្រលាញ់ស្រី ហើយចាប់គេពង្រត់ រួចរំពឹងថា គេនឹងអត់ខូចមុខទេ!»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ