រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣១

នៅ​ព្រឹកដដែល វីរៈ​មាន​អារម្មណ៍ឆ្ងល់នៅពេលដែលជំនួយការរបស់គេ ឈ្មោះ​បងស្រីហុង មកដល់ជាមួយ​​កាហ្វេក្នុងដៃ។

«ឆុងកាហ្វេមកទៀត?»  វីរៈឆ្ងល់ព្រោះរាល់ដង​គាត់មិនដែលធ្វើទេ។ វីរៈចូលចិត្ត​ធ្វើអ្វីៗដោយខ្លួនគេ។ ស្ត្រីវ័យ៣៥ឆ្នាំចាប់ផ្តើមស្ទាក់ស្ទើរហើយបង្ខំនិយាយរដាក់រដុប៖

«ខ្ញុំមាន​រឿងពិភាក្សា!»

«ដឹងៗ» គេថាតបដោយស្រស់ស្រាយហើយចង្អុលកៅអីឱ្យគាត់ ដៃម្ខាងលើកាហ្វេមកក្រេបដូចជារង់ចាំស្តាប់។ ស្ត្រីជំនួយការនិយាយតាក់តុប៖

«​ខ្ញុំគិតថា…..វាចូលរឿងផ្ទាល់ខ្លួនបុគ្គលិកបន្តិច ប៉ុន្តែលោកក្មួយCEOគួរដឹង…!»

គេនៅ​ស្ងៀម ព្រោះទឹកមុខនារីអ្នកនាំពាក្យមកម្នាក់នេះ ជាសញ្ញាថា​បន្តិចទៀត​គេនឹងបានឮព័ត៌មាន​មិនល្អ។

«អង្គរបស់យើង!….»

«អង្គមកធ្វើការឬនៅ?» មើលយ៉ាងណាក៏នាង​ហុងឃើញថា វីរៈកំពុងតែមាន​អារម្មណ៍ល្អជាមួយ​អង្គខ្លាំង តែហុងបន្តនិយាយ៖

«អត់ទាន់ដឹងទេ តែមានព័ត៌មាន​ថ្មីរបស់នាង!»

វីរៈជ្រួញចិញ្ចើមសម្លឹងគាត់ឆ្ងល់ ហុងនិយាយបញ្ចប់ ៖

«មិនមែន​រឿងពីល្ងាចទេ!»

វីរៈរេភ្នែកគិត គេដាក់ពែងចុះហើយទាញទូរសព្ទ។

រូបស្រីអ្នកនិពន្ធស្រស់ក្មេង ដែលញញឹម​ពព្រាយ​ដូចគ្មានអ្វីកើតឡើង ដោយមានថត Selfie ពីវណ្ណបុរសសង្ហាក្នុងឈុតគេ​ង។ នាង​បិទទូរសព្ទបំភ្លេច​ចោលពិភពលោកទាំងមូលហើយទៅចំណាយពេលយ៉ាងចេញមុខជាមួយប្រុសម្នាក់នេះ?

«អ្នកណា?» គេលាន់មាត់ខ្លី ជាឱកាស​ឱ្យហុងឱនមកខ្សឹប៖

«អ្នកចុះកុងត្រាថ្មីរបស់យើង ចំណាយពេលHoney moon ​ជាមួយតួប្រុសឯកនគរនៅ Apartment ចេញ​លុយដោយ​ពួកឥន្ទវង្ស!​»

ហុង​បាន​ផ្អាកសម្តី ដោយ​រង់ចាំពិនិត្យ​មើល​ប្រតិកម្ម​របស់​វីរៈ។ CEOក្មេងគោះដៃតិចៗលើLaptop របស់គេ។

«បើអ្នកបងមយូរ៉ាឃើញ គាត់អាចនឹង​មិនសប្បាយចិត្តទេ…ចុងក្រោយ មនុស្ស​ពីរនាក់មក​ពី​ផលិត​កម្ម​គូ​ប្រជែង ហ៊ានបញ្ចេញ​រូបនៅជាមួយគ្នាជា Public»

​កែវ​ភ្នែក​របស់​វីរៈហេងហាង​។ ទឹកមុខគេ​ស្មើ តែមិនមាត់មិនក។  ទោះបីជា​CEO​នេះ​មិន​ប្រាកដ​ថា​ ​​តូច​ចិត្ត​​​ដែល​អង្គ​នៅ​ជាមួយ​វណ្ណ ​ឬ​ក៏ខឹងរឿង​ហុង​ដើរតួ​ជា​អ្នក​នាំសារ​ម្តាយ​គេ ក៏គេនៅមិនទាន់​បាន​និយាយ​មួយ​ម៉ាត់ណានៅឡើយដែរ។

ហុងនៅតែមិនព្រមចប់៖

«នេះ….ខាង​ប្រុសអ្នកបញ្ចេញ​រូបថត! អាចថា គេចង់វាយយើងកណ្តាលមុខ! ហើយ…»

«បងទៅវិញបាន!»

បុរសនេះពោលសើៗហើយងាកទៅបើក​កុំព្យូទ័រ​ធ្វើការ​។

«ចាស៎!» ហុងមិនហ៊ាននៅទេ វីរៈមិនដែលខឹងបែបនេះឡើយ។ ស្ត្រីចាកចេញ ស្របពេល CEO​​លើក​​ទូរសព្ទ​ខ្សែ​​ហៅទៅផ្នែកធនធានមនុស្ស​។

ជាមួយទឹកមុខ​ត្រជាក់ សំឡេងគេលាន់ស្មើធេង៖

«ខ្ញុំត្រូវការជំនួយការថ្មីម្នាក់! ផ្ទេរបងហុងទៅផ្នែករដ្ឋបាលទៅ នៅន៎ោះ​មាន​ការងារច្រើន!  ចំណែក​ជំនួយការ ខ្ញុំនឹងជ្រើសរើស….​ខ្លួនឯង ដាក់ប្រកាស!»

ពេល​បញ្ចប់បទបញ្ជា វីរៈដៀង​ក្រឡេក​មើល​រូបថត​ក្នុង​ទូរសព្ទ​ម្ដង​ទៀត អារម្មណ៍​របស់​គេ​លោត​​ញាប់​​។ នាង​សប្បាយចិត្ត​ណាស់ នៅពីក្រោយខ្នង​អ្នកចម្រៀង​ស្អាតសង្ហា​។ បើពួកគេ​ចង់ប្រាប់ពិភពលោកនេះថាពួកគេ​ជាគូស្នេហ៍ ក៏មិនមែន​ព្រឹកនេះដែរ…..ហើយម្នាក់ទៀត នៅខាងផលិតកម្មផ្សេង។

វីរៈដាក់ដៃលើបបូរមាត់ ភ្នែកសម្លឹងទៅកាន់ទិដ្ឋភាពទីក្រុងភ្នំពេញទាំងមូល សញ្ជឹងគិតវែងឆ្ងាយ។

​«យើងមិនស្គាល់ទីនេះទេ! ​ស្រុកខ្មែរ! រញ៉េ​រញ៉ៃបន្តិច! សួនតួខ្លាំង! ហើយ…..ជ្រៀតជ្រែករឿងផ្ទាល់ខ្លួនអ្នកដទៃក៏ខ្លាំង ! តើយើងដឹកនាំឧស្សាហកម្មមួយនេះបានទេ?»

គេងាកមកសម្លឹងរូបភាពក្នុងកុំព្យូទ័រ​។

«អង្គ! នាងសប្បាយចិត្តណាស់​»

គេគិតហើយញញឹម​តិចៗ​តបនឹងស្នាមញញឹម​របស់នាង តែពេល​ក្រឡេកមកឃើញ​សក្តាវណ្ណដែល​ជា​ម្ចាស់​កាមេរ៉ា ​វីរៈបាន​រុះរោយចោលនូវ​ស្នាមញញឹម។​ មិនដែលចាប់អារម្មណ៍អ្នកចម្រៀងម្នាក់​នេះរបស់ឥន្ទវង្សទេ។ គេចុចទៅការិយាល័យ​រដ្ឋបាលមួយៗនឹងនរហើយនិយាយបង្គាប់៖

«ជួយហៅអង្គមកបន្តិច!»

នៅ​ពេលដែលកវីស្រីត្រូវបានមេដឹកនាំហៅចួប នាង​ដើរឡើងជណ្តើរកាត់តាមការិយាល័យធំ តាំងពីច្រក​ចូល​នៃG-Brother ក៏​មាន​អារម្មណ៍ថា ​ក្រសែ​ភ្នែក​ជាច្រើនផ្តោតមកលើ​នាង។

មនុស្សម្នា​ខ្សឹបខ្សៀវពីក្រោយខ្នង​ ​ពេលដែល​អង្គ​ដើរ​កាត់ហួស។

តុៗៗ

នាង​គោះទ្វារដែលហើបទទួលស្រាប់។ វីរៈញញឹម​ដូចរាល់ដង…បន្ធូរអង្គចេញពីអារម្មណ៍សម្ពាធ។

«Morning!» គេនិយាយពីតុធ្វើការហើយចង្អុលកៅអីស្វាគមន៍នាង។

វីរៈ​ងើប​មុខ​ សម្លឹងភាពស្រស់បំព្រង​របស់នាង។ នារីនេះមើលទៅហាក់បីដូចជាក្រែងចិត្ត​គេ ​អាចថាមក​ពីព័ត៌មានពីម្សិល។ នឹកឃើញរឿងនោះ គេក៏មានកំដៅភាយ​ខ្មាស​ តែជាមេដឹកនាំគេត្រូវនាំមុខ​ក្នុងការដោះស្រាយ ហើយក្លាហានជាងនាងបន្តិច នេះជាអ្វីដែលវីរៈ​គិត។

«អំពី….រឿងម្សិលមិញ….ព័ត៌មាន….អង្គ! ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ព្យាយាមវាយយើងមិនចេះឈប់ទេ ពួកគេ​​យកសំឡេងតវ៉ាយើង អ្វីក៏ដោយដែលយើងប្រតិកម្ម ដើម្បី​លក់អត្ថបទគេ!»​

គេរលាស់សក់ពណ៌ខៀវងងឹតហើយ​ដកដង្ហើមធំ ទេរទៅក្រោយ។​ សំឡេងរបស់គេកាន់តែស្រទន់៖

«ហើយ​ឥឡូវ​….គេ​ភ្ជាប់​អង្គ​ជាមួយ…..អ្នកចម្រៀងពី​ផលិតកម្មផ្សេង….​គូប្រជែង! ប៉ុន្តែ…នេះគឺជា​​ផ្នែក​​មួយ​នៃជីវិតនៅក្នុងឧស្សាហកម្មនេះ! ​រៀនទទួលយកថាវាធម្មតា​…​ហើយ​ដោះស្រាយ​ជាមួយវា​​ដោយ​​​ទំនុក​ចិត្ត​»

អង្គលេបទឹកមាត់។ នាងទាញទូរសព្ទ​មកភ្លាម​ ព្រោះថាចំពោះរឿងថ្មីមួយនេះ អង្គនៅមិនទាន់បាន​ដឹង​អី​ទាំង​​អស់​។ លឿនម៉េះ?  នាងនៅ​មិនទាន់មើលមកទូរសព្ទទេ តែភ្នែកស្រីនៅបន្ត​​សម្លឹងCEOម្នាក់នេះ​ ដោយទឹកមុខមានកំហុសជាស្រេចទៅហើយ។

អ្នកនិពន្ធ​ដឹងថា វណ្ណនិងនាង​…..កាលពីយប់….តែ….រឿងនេះ តើមានអ្នកណាដឹងវាបាន ហើយ​មកសរសេរ​​វាយសម្លាប់អីទៀតហើយ?

«អំពីវណ្ណមែនទេ?»

របៀបដែលនាង​ហៅឈ្មោះសក្តាវណ្ណពីរោះ​យ៉ាងនេះ ពិសេសបែបនេះ ស្និទ្ធស្នាលនិងផ្អែម…..វីរៈទទួលអារ្មណ៍ដឹងជាសម្ងាត់។ គេងក់ក្បាល សម្លឹងនាង​​ដែលក្រឡង់ៗមើលមក។

ទោះបីជាគេអាចមើលឃើញភាពតានតឹងនៅក្នុងជម្រៅភ្នែករបស់នាងក៏ដោយ ប៉ុន្តែគេយល់ថា​អាចជួយសម្រាលនាង​បាន វីរៈ​បានវាចាតិចៗ៖

«​អត់អី ​រំខាន​នោះ​ទេ​! រឿងផ្ទាល់ខ្លួនជារឿងផ្ទាល់ខ្លួន! អង្គមិនមែន​អ្នកចម្រៀង ហើយ​បើទោះយ៉ាងណាក្តី ក្រុមហ៊ុននឹង​ឈរនៅពីក្រោយបុគ្គលិក​ ការពារ​ពួកគេ​!  ហើយ….ខ្ញុំក៏ធ្វើអ៊ីចឹងដែរ! ហៅមកនេះ គឺមកប្រាប់អង្គឱ្យប្រាកដថា កុំឱ្យរឿងទាំងអស់នេះ មកធ្វើឱ្យរង្គោះរង្គើដល់ទំនុកចិត្តលើProject​ថ្មី​របស់​យើង!»

តែភ្លាមនោះ ទ្វារក៏របើក​។ វត្តមាន​លោកស្រីមយូរ៉ា ដើរចូលមកជាមួយការសម្លឹងមុតស្រួចមកលើ​យុវវ័យ​ទាំងទ្វេ។ ពេលមើលអង្គជម្រាបសួររួចហើយ ស្ត្រីអភិជន​និយាយទៅកាន់កូនប្រុសដោយមុខស្មើៗ៖

«​ពាក្យ​ចចាមអារ៉ាមមិនដែលល្អទេ ទោះមិនមែន​តារាតែអង្គលក្ខិណា​ពាក់យីហោយើងលើខ្លួននាង ​ការងារ​​របស់នាង! ​ទំនាក់ទំនង​មួយ​ច្របូកច្របល់​ជាមួយ​តារាមក​ពី​ផលិតកម្ម​ដែលជា​គូប្រជែង​ តើល្អអីទៅ​? ទើបតែស៊ីញ៉េម្សិលមិញ រឿងផ្ទុះមកពេញមេឃ….»

 វីរៈក៏ងាកទៅរកអង្គភ្លាម។

«អង្គ អ្នកចេញអាចទៅសិនបាន! ហេ៎ យើង​នឹង​បន្ត​និយាយគ្នាទៀត! កុំបារម្ភអីទាំងអស់!!»

CEO​ថាផង​​ងក់​ក្បាលផង ជាការ​​​ធានា​ដល់​នាង។

អង្គ​ សម្លឹងមើលមុខពួកគេម្តងម្នាក់ដោយ​ស្រពោន បន្ទាប់មកនាង​ខំ​ញញឹមគោរពមុននឹងដើរចេញពីការិយាល័យមេដឹកនាំ។

 ពេល​ទ្វារ​បិទ​ភ្លាម អ្នកម្តាយ​​ច្រត់ដៃ​លើតុសម្លឹងកូនប្រុសដែលងើយមកប្រឈមនឹងគាត់។ ​​វី​រៈលើកចិញ្ចើមម្ខាង ហាក់ហួសចិត្ត​និងរង់ចាំស្តាប់ហេតុផលនៃ​សកម្មភាពជ្រែកចូលកណ្តាលអង្គប្រជុំរបស់​អ្នកស្រី​មយូរ៉ា។

ស្ត្រី​ជាម្តាយថយមកអង្គុយ​ដោយកាយវិការ​​មិនសប្បាយចិត្ត​ ​មិនយូរផង គាត់បានទម្លាយ៖

​«ហើយ​រឿង​មួយ​ទៀត! ហេតុ​អ្វី​បាន​ជាកូន​​ផ្ទេរ​ហុង​ទៅ​នាយកដ្ឋាន​ផ្សេង? ហុងបម្រើការជាជំនួយការCEOយូរហើយ ក៏​ជា​មនុស្ស​ដែល​ម៉ាក់​ទុក​ចិត្ត​បំផុត​ម្នាក់!​»

វីរៈគ្រញែងស្មា​បិទកុំព្យូទ័រ ក្រោមការ​តាម​សម្លឹង​មើល​របស់ម្តាយ។ ប្រុសស្អាតម្នាក់នេះតែងតែ​រក្សា​ទឹក​មុខ​ស្ងប់ ​ប៉ុន្តែ​ម៉ឹងម៉ាត់។

«ម៉ាក់! ប្រសិនបើចង់ឱ្យខ្ញុំដំណើរការគ្រប់យ៉ាង​នៅណេះ ម៉ាក់ត្រូវតែជឿជាក់លើការសម្រេចចិត្តរបស់ខ្ញុំ!  ខ្ញុំផ្លាស់បងហុង មិនមែន​បញ្ឈប់គាត់ទេ! ខ្ញុំស្ថិតនៅក្នុងកាលៈទេសៈមួយ ដែលត្រូវការជំនួយការផ្តោតលើការងារ មិនមែនជាអ្នកនាំសាររបស់ម្តាយខ្ញុំពីផ្ទះមក  ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមពី​បុគ្គលិក​របស់ខ្ញុំពេញ​កន្លែងធ្វើការដែរ!»

ការបញ្ចេញ​មតិ​របស់កូនធ្វើឱ្យទឹកមុខ​​លោកស្រីមយូរ៉ា​រឹតតែតឹងតែង។ ​

«កូនទៅក្រៅចួបរ៉ាដាមកពីរុស្សី!»

គាត់ដឹងថា រ៉ាដានេះជាទីប្រឹក្សា​ទីផ្សារ​ការងារអនឡាញ​ ដែលវីរៈកំពុងទាក់ទងមក។ គេគ្មានពេល​វេលា​នៅដ្រាម៉ាទេ ចរិត​វីរៈ តែម្តាយមិនអស់ចិត្ត​។ ទម្រាំគេដើរដល់ទ្វារហើយគាត់នៅតែលបនិយាយ៖

«សម្រេចចិត្ត​ក៏គួរសមហេតុផលដែរកូន! ហុង​មាន​ចិត្ត​ស្មោះ​ត្រង់! ទៅរកអ្នកផ្សេងមក យើងម៉េចនឹងដឹងគេ?»

នៅក្បែរទ្វារកូនប្រុសនិយាយដោយមិនបែរខ្នង​៖

«ហេតុនិងផលនៅទីនេះ គឺ​តួនាទីរបស់ជំនួយការ គឺគាំទ្រការងាររបស់ខ្ញុំ មិនមែនរាយការណ៍ចុះ​ឡើង​វិលក្បុងពេញក្រុមហ៊ុនទេ!»

​ដោយ​​ក្រឡេក​មើលម្តាយចង់បានការយល់ចិត្ត ហើយ​ត្រូវគាត់ងាក​ចេញមិនសប្បាយចិត្ត​ ប្រុស​ដកដង្ហើម​ឃូរចាកចេញ។

នៅតាមផ្លូវ​ឆ្ពោះទៅ​ក្នុង​បន្ទប់​ប្រជុំ ការ​សន្ទនាលានមកតាម​ខ្យល់​​…«អ្នកនិពន្ធថ្មី  រើទៅ​នៅ​ជាមួយ សក្កដា វ៉ាន់….របៀបនែ៎ ​ប្ដី​ប្រពន្ធមិនទាន់រៀបការ»។

គេនៅឈប់ជើងស្ងៀមរង់ចាំអ្នកនិយាយបែរមកឃើញ។

«អូ! លោកនាយក!»

នារីទាំងពីរសម្លឹងមុខមាំរបស់គេដោយ​ភិតភ័យដឹងកំហុស។

ប្រុសឈានចាកចេញទៅមុខបន្ត ជាមួយពាក្យខ្លីៗលាន់តាមពីក្រោយជំហានរបស់គេ៖

«ឈប់និយាយច្រើន តែធ្វើការឱ្យច្រើនជាងហ្នឹង!»

ងាកមកវិញ វីរៈ​បានឃើញ​​លោក​រ៉ាដា ​អ្នក​ជំនាញ​ផ្នែក​តន្ត្រី​ដ៏ល្បីលើកដៃមកស្វាគមន៍ពីក្នុងបន្ទប់​កញ្ចក់​។ ​គេញញឹម​ដើរសំដៅទៅរក​បុរស​រុស្ស៊ី​ហើយបិទទ្វារវិញ។ ​

«មុខលោកនាយកថ្មីដូចស្ត្រេស!» រ៉ាដានិយាយចំអន់ដោយក្រោកមករលាក់ដៃឱបស្មាន។ ខណៈវីរៈ​អង្គុយចុះមកគងជើង​ត្រៀម​ពិភាក្សា​ រ៉ាដាបន្ថែម៖

«ខ្ញុំដូចជាតាមទាន់ពី​ការវិវត្ត​​ចុងក្រោយ! សង្គ្រាមសារព័ត៌មាន​!»

​ វីរៈងក់ក្បាល់ឆ្ងក់ៗលើកកុំព្យូទ័រ​បើក​។

«ថ្មីមែនទែន! ទើបតែសនិ្នសីទ​សារព័ត៌មាន​ហើយ! កាសែត​លើកយក​រឿងអាស្រូវ​ពីក្នុងដីមកធ្វើឱ្យ​ពាក់ព័ន្ធ​នឹងProjectថ្មី ឈឺក្បាលតិចតួច!»

«ខ្ញុំមាន​​Panadol​»​ រ៉ាដាញញឹម​ឌឺដងឱ្យCEOក្មេង។ សក់ពណ៌ខៀវរបស់វីរៈរង្គើទៅតាមកម្លាំង​សំណើច​​របស់គេ។

«ប៉ិនៗហ្នឹងធ្វើអីមិត្តភក្តិខ្ញុំមិនបានទេ!» រ៉ាដាបន្ថែម «អូខេ​ចូលមករឿងយើង! អ្នកនិពន្ធស្រីមានមន្តស្នេហ៍​ម្នាក់នោះ!»

«អង្គលក្ខិណា» វីរៈនិយាយកាត់ដ្បិត​មិនចង់ឱ្យអ្នកណាដាក់រហ័សនាម​ឱ្យនាង។

«បាន! ok!!» រ៉ាដាងក់ក្បាល ពេលដែលភ្នែកវីរៈស​ម្លឹងមកហាក់កំពុងផ្ចង់រង់ចាំស្តាប់។ ជនជាតិរុស្ស៊ីវាចាបន្ថែម៖

«​សារព័ត៌មានអស់ពីវាយនាងជាមួយមេដឹកនាំផ្ទាល់ ឥឡូវ​​ផ្ទុះរឿងថា​នាង​មាន​ទំនាក់​ទំនង​ជាមួយ​​តារា​​​ចម្រៀង​របស់​ឯក​នគរ?»

«​ពួកគេ​កំពុង​បំផ្លាញ​រូបភាពនាង​ អាចទេថា​…..ចង់បង្អាប់ថា នាង​​មានបុគ្គលភាពរាយមាយ?»

​ រ៉ាដា​ងើប​ចិញ្ចើម​ពិចារណាជាមួយ​សម្ដី​របស់​វីរៈ​ដោយ​ប្រុង​ប្រយ័ត្ន តែមិនយូរទេ គេញាក់ស្មាតបវិញ៖

«អាចថា ឥន្ទវង្សវិញទេដែលត្រូវខូចបង់ ​តារាប្រុសដែលកំពុងរះរបស់គេ នឹងត្រូវហ្វេនស្រីៗខឹង ​ចំណែក​ខាងយើងជាអ្នកនិពន្ធ ការខាតបង់មិនស្មើគ្នាទេ!​» វីរៈងក់ក្បាល ។

ភាពតានតឹងក្នុងស្មារបស់គេហាក់បានធូរស្រាលវិញបន្តិច។

«អ៊ីចឹង​​ឯង​​កុំ​ផ្ដោត​លើ​រឿង​នេះ​ខ្លាំង​ពេក! បើឌីន​របស់ឯងមានមិត្តស្រីពេលកំពុងត្រៀមប្រូម៉ូតអាល់ប៊ុម​ថ្មី អាហ្នឹងបានត្រូវ​គិតច្រើន! អូខេ! បាន! ឈប់គិតពេក! លែងឈឺក្បាល!» រ៉ាដាបញ្ជាក់។

«ត្រូវហើយព្រោះមានឯងមកជួយខ្ញុំ!»

«មិនទាន់សន្យាទេ!»

«ទេ! ឯងត្រូវតែមក!»

វគ្គ

សង្គ្រាម​ទើបតែចាប់ផ្តើមប៉ុណ្ណោះ

រតនៈអង្គុយពីមុខឥន្ទវង្សក្នុងហាងកាហ្វេជាន់ខ្ពស់ដែលកម្រមានភ្ញៀវ។ ទីនេះមានពន្លឺតិចៗនិងសម្ងាត់ សម្រាប់កិច្ចសន្ទនា​។

មេដឹកនាំនៃឯក​នគរ​គោះដៃលើដងគោះវ៉ែនតា ខណៈអារម្មណ៍រតនៈពោរពេញដោយភាព​ស្រងាក​​ចិត្ត​​​។  ខណៈ​ដែលភ្នែកជនកន្ធាត់ ​ងាកមក​ចួប​នឹង​ការ​សម្លឹង​យ៉ាង​មុត​​របស់ឥន្ទវង្ស គេរឹតតែឆ្លេឆ្លា​ព្រោះ​លុយចាយអស់ឯការងារមិនបានតាម​ចិត្ត​។

ក្នុងទឹកដម​សំឡេង​ត្រជាក់ទប់កំហឹង​​ ពាក្យ​សម្ដី​បង្កប់​ដោយ​ការ​ខក​ចិត្ត​ជូរចត់ឥន្ទវង្សបន្លឺមកមួយ​ៗ​៖

«​បីម៉ឺនដុល្លារ រតនៈ!  ខ្ញុំមិនចំណាយលុយឱ្យពីរនាក់នោះរៀបចំហាន់នីមូនទេ!​»

 រតនៈ​ចាប់ថ្គាមជាប់គ្មានពាក្យស្តី។ ដោយដកដង្ហើមយឺតៗ មុននឹងឆ្លើយតបគេបានពន្យារពេលរកលេស​មកចរចា​៖

«ខ្ញុំ​មិន​មាន​គម្រោង​ឱ្យ​​គ្រប់​យ៉ាង​ ក្លាយទៅជា​រឿងទីតានិក​អ៊ីចឹង​ទេ​! ល្ងាចមិញធ្វើបានផ្ទុះខ្លាំង ខ្ញុំសន្មត​​​ថា​ជា​ហ្គេមបែកគ្នាសម្រាប់ពីរនាក់ហ្នឹងហើយ  មិនដឹងហេតុអី!!!!»

​ បបូរមាត់របស់​ឥន្ទវង្ស ប្រែជាញញឹមតឹងតែង។

«​ចុងក្រោយ….គ្រប់គ្នានិយាយអំពីស្នេហា​ឆ្លងផលិតកម្ម! ខ្ញុំអត់ចង់ឃើញវាហៀរដល់ថ្ងៃស្អែកទេរតនៈ​! ស្អីអ៊ីចេះ? ​ស្នេហា​​ពេញ​បណ្ដាញ​សង្គម ហើយគ្រប់គ្នា​កំពុងបញ្ជូនបន្ត ឯង​គិតថាពីរនាក់ហ្នឹងរួមដៃគ្នាលេងខ្ញុំ ​ឬឯងផ្ទាល់កំពុងលេងសើចជាមួយឯកនគរ រតនៈ?​»

 រតនៈ​ងើប​ទៅ​មុខ សំឡេង​បន្ទាប​ចុះដោយដឹងកំហុស៖

 «មិនមែនខ្ញុំដាច់ខាត! ថ្លើមខ្ញុំមិនពាសមេឃទេ! អូខេ ឥឡូវនេះ យើងអាចធ្វើអីបាន? ហ្វ្រី!!! ខ្ញុំអត់យកលុយមួយសេនទេ ខ្ញុំប៉ះប៉ូវ​! នៅជាមួយគ្នាមួយយប់ មិនមែនមានន័យថានៅជាមួយគ្នាអមតៈឯណា?  បំបែកពីរនាក់ហ្នឹងមែនទេ? ឱ្យYesមួយមក ខ្ញុំទៅចាត់ការភ្លាម!»

ឥន្ទវង្ស​ងាកមកដោយកំណួច​មួយជ្រាលជ្រៅ​ក្នុងភ្នែក ចុង​មាត់​របស់​គេ​កោងចុះឡើងស្ទើរសើចស្ទើរស្មើ ​ដោយ​ការ​ស្ទាក់​ស្ទើរ​នឹងវាចា​ តែចុងក្រោយ គេនៅតែនិយាយ៖

«ហើយខ្ញុំ….ក៏អត់ចង់បានការបែកគ្នាមួយរយៈ វិលទៅរកគ្នា​វិញដែរ! ជារៀងរហូត!»។

រតនៈបើកភ្នែកមូលក្លុំ​សម្លឹងថៅកែស្រស់សង្ហា​ដែលនៅចំពោះមុខ​។ ប្រសិន​បើឱ្យនិយាយថា គេមិនដែលដឹងពីប្រវត្តិល្បិចកលរបស់ម្ចាស់ឯកនគរ គឺមិនពិតទេ តែបើដឹងថា ឥន្ទវង្ស​មាន​ចរិតកំណាច​គឺរតនៈ​ទើបតែឃើញផ្ទាល់ថ្ងៃនេះ។

សំឡេងឥន្ទវង្សទាញពញ្ញាក់អារម្មណ៍រតនៈមកវិញ​៖

«តែខ្ញុំគិតថា​ឯងធ្វើអត់បាន ហើយប្រហែលជាឯងត្រូវសងលុយខ្ញុំវិញ!»

រតនៈស្លេកស្លាំង។ ឥន្ទវង្សមិច​ភ្នែកញញឹម៖

«មានផ្លូវ….! បើឯងពិតជាចង់ធ្វើបានសម្រេច ឯងមិនអាចធ្វើម្នាក់ឯងទេ ខ្ញុំជាអ្នកចេញផែនការឱ្យទៅអនុវត្ត!​»

«បាទ!»

រតនៈតបខ្លីដោយជូតញើសថ្ងាស​។

«ពេលនេះ ខ្ញុំត្រូវការដឹង​ព័ត៌មាន​ទាំងអស់នៅខាងណោះ G-Brother ឱ្យតែទាក់ទងនឹងអង្គលក្ខិណា​! ចាំ! នេះជាឱកាស​ចុងក្រោយ​របស់ឯង!»

ទូរសព្ទ​របស់​ឥន្ទវង្ស​រោទ៍​ដោយ​មាន​ឈ្មោះ Loy​ជាអ្នកហៅ​​ចូល។

«អាឡូ!»

រតនៈលូកដៃ​ទៅយកតំណាប់​មួយគ្រាប់មកពម​បំបាត់អារម្មណ៍តឹងតែង ខណៈ​ឥន្ទវង្សកំពុងស្តាប់​ដោយ​យកចិត្ត​ទុកដាក់ជាមួយទឹកមុខភ្ញាក់ផ្អើល។ គេនិយាយចប់បិទវិញទាំងសភាពអារម្មណ៍អាក្រក់ជាងមុន។

«អីគេទៀតហើយ?» រតនៈខ្សឹប។

«អាតឿម្នាក់​មក​ពី​​រុស្ស៊ីចូល​ធ្វើ​ការ​ជាមួយ​G-Brother​! មិនទាន់ស្អីផង​ហ៊ាន​​ប្រកាស​ថា​ នឹង​ដាក់​​សំណើ​​រ​​សុំ​ធ្វើConcert Tour ទៅ​ជប៉ុន​និងអ៊ីតាលី!» ឥន្ទវង្សបញ្ចប់ប្រយោគដោយការសើចចំអក «ឯងហួសចិត្តទេរតនៈ! ឱ! G-Brother​! ទើបកើតម្សិលមិញ ​ឥឡូវ​នាយក​ប្រតិបត្តិ​សក់​ខៀវ​ចង់នាំតួចម្រៀងមិនទាន់ល្បីទៅច្រៀង​ជាអន្តរជាតិ​?»

រតនៈរេភ្នែកគិតដោយ​យកចិត្ត​ទុកដាក់ ឯឥន្ទវង្ស​ងក់ក្បាលដោយសើចចំអក។

«ឆ្លេឆ្លាដូចពួកទាហាន​ទើបហាត់រួច ក៏ច្រឡំថាសមរភូមិជាកន្លែងសមលេងៗ?»

«ឈប់ៗៗ» រតនៈឃាត់ឥន្ទវង្សហើយសួរនាំ «Project​ អង្គលក្ខិណា?»

ឥន្ទវង្សស្ងាត់លែងសើច គេរេភ្នែកគិតព្រោះសម្គាល់ឃើញល្បិចអ្វីម្យ៉ាងក្នុងកែវភ្នែករតនៈ។​

រតនៈខ្សឹបខ្សៀវ៖

«ចុះឯកនគរមាន​ដាក់សំណើរនេះទេ?» ឥន្ទវង្សងក់ក្បាលឆ្លើយ៖

«ដំបូងចង់ដាក់លេងៗមិនយកជាការទេ គឺចង់ឱ្យសក្តាវណ្ណមករវ​ល់ហាត់ បែកពីអង្គលក្ខិណា​! តែពេលនេះ បើខាងណោះចង់ទៅ យើងត្រូវដាក់មែនទែនប្រជែងយក!»

រតនៈទះភ្លៅខ្លួនឯងផាច់ ធ្វើឱ្យឥន្ទវង្សភ្ញាក់ផ្អើល។ គេនៅភាំងខណៈរតនៈអរសប្បាយឱ្យមកខ្សឹប៖

«ធ្វើលេងៗដដែលទៅ​!»

ឥន្ទវង្សមិច​ភ្នែកពិចារណា រតនៈឱនមកកាន់តែជិតហើយនិយាយខ្សឹប៖

«គិតថា សក្តាវណ្ណខឹងយ៉ាងណា បើគម្រោងTours​ដំបូងក្នុងអាជីព ត្រូវខាងស្រីឆក់យកទៅ? ហើយទៅជាមួយអាម្សៀរសក់ខៀវទៀត?»

ពន្លឺនៃភាពសប្បាយរីករាយ​​លើគំនរទុក្ខអ្នកដទៃ ចែងចាំងចេញពីប្រស្រីភ្នែកមេដឹកនាំឯកនគរ។ រតនៈ​​ពិតជានិយាយត្រូវ ឥន្ទវង្ស​ដឹងច្បាស់ថា គេនឹងលេងល្ខោនបន្តជាមួយគូស្នេហ៍កម្សត់ដោយវិធីណា​ហើយ​។

សក្តាវណ្ណដែលមិនខ្វល់ថា ពិភពលោកនេះកំពុងគិតយ៉ាងណា​អំពីស្នេហា​របស់ពួកគេទាំងអស់​។​ ​ពេល​នេះ​អ្នកចម្រៀង កំពុងបិទទ្វារឡានរួច​ឈាន​ចេញពីចំណតរបស់ក្រុមហ៊ុនឯកនគរដើរឆ្ពោះទៅរកស្ទូឌីយោ។

អង្គ​បាន​ខលទូរសព្ទ​មក។

​ប្រុសញញឹម​ស្រស់​ ឃើញឈ្មោះនាង​លោតកាលណា​ ក៏នឹកឃើញដល់ប​ណ្តា​​ឈុតឆាកផ្អែមល្ហែម​គ្រា​​មាន​ខាងស្រីនៅក្បែរទ្រូងកាលពីយប់។ រាត្រីស្នេហ៍ហាក់មិនមានជិនណាយ​ចិត្តកាយ បែកមក​ដល់​ទីណា ពេលណាក៏នៅតែរំពៃ​នឹកឃើញគ្នា។

ល្អហើយដែលនាង​ក៏នឹកគេ ហើយខលមកមុនទាំងទើបនឹងបែកគ្នាមិនដល់ពីរម៉ោង។

«ម្ចាស់បេះដូង!» ប្រុសចុចទទួល​ហើយមាត់នេះ ហៅនាង​ខ្សឹបៗជាកិច្ច​ស្វាគមន៍ក្នុងសព្ទសំឡេងរីករាយ​ពេញដោយសេចក្តីសុខនិងជឿជាក់។  

ស្រីមិនទាន់តប គេឮតែខ្យល់ដង្ហើមធ្ងន់ៗរបស់នាង វណ្ណមានការពិភាល់ គេក៏បង្អង់ជើងហើយសួរ៖

«មានរឿងអីហ្មែន?!»

«វណ្ណ»  អង្គ​ចាប់ផ្តើម​ក្នុងសព្ទសំឡេងទន់ភ្លន់ ប៉ុន្តែមាំ «ម៉េចបានបង្ហោះរូបថត?!»

គេឈានយឺតៗ កាត់តាម​បណ្តាតុធ្វើការ​​ដែលមនុស្សជាច្រើនស​ម្លឹងមក។ រូបថតគេនិងអង្គជាប្រធានបទមែនទេ? មិនដែលគិតសោះ ថាជីវិតឯកជន​ក៏នាំមកនូវបញ្ហា។

«អ្ហះ បង្ហោះធ្វើអី?» នាង​រអ៊ូខ្សោយៗស្រាល​ៗ​។

ប្រុសដក​ដង្ហើម​ធំ សឹង​តែ​មិន​ព្រមទទួលខុស​ទេ គេថយមកកាច់ជ្រុងក្បែរសួនស្ងាត់ ហើយឆ្លើយ៖

«មានអីខុស? យើងស្រលាញ់គ្នា! សម្រាប់គ្នា!»

«អ្ហឺយ មើលឆ្លើយ!» នាង​ងរ​ង៉ក់។ ប្រុសរឹតតែមានអារម្មណ៍ស្រលាញ់អង្គ គ្រាន់តែឮសូរសព្ទស្រទន់របស់នាង​ គេវាចាបន្ថែម៖

«ហើយឱ្យពួកប្រុសៗ ដែលគិត​ថា​មាន​ឱកាស​ជាមួយអង្គ ​​អាច​ឃើញច្បាស់ដែរ​ថា ​អង្គមាន​អ្នកណាហើយ!»

​អ្នកនិពន្ធ​ផ្អាកស្តាប់ នាងបិទភ្នែកដកដង្ហើមវែងៗ ដើម្បីរក្សាសំនៀងរបស់ឱ្យស្ថិតស្ថេរទាំងចិត្ត​ ខឹង!ខឹង!​

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*