រឿង៖ ចំណាប់ខ្មាំង ភាគទី១១

ភ្នែក​របស់​យុទ្ធ ​បាន​មើល​ស៊ីណានចំៗដូចកំពុង​ជំរុញ​ឱ្យ​គេ​ទទួល​ខុស​ត្រូវលើរឿងដ៏ធំនៃជីវិត​ដាវីន​។ ខាងស៊ីណានវិញ មាន​ទឹកមុខរឹងរូស ឆ្មើងកន្ទ្រើងរេអណ្តាតចុះឡើង ស្តាប់ដោយមិនអើពើ​ឆ្លើយ​។ យុទ្ធមិនឃើញខាងស៊ីណានមាន​យោបល់ គេ​​បាញ់បន្ត៖

«​ចង់នៅជាមួយដាវីន ត្រូវបង្ហាញគ្រប់គ្នាថា ឯងអាចផ្តល់ឱ្យគេនូវជីវិតដ៏ល្អមួយ! បង្ហាញ​!!! ប្រាប់មកថា ឯង​អាច​ធ្វើ​បាន!»

ស៊ីណានញាក់ស្មា បណ្តាលឱ្យយុទ្ធក្នាញ់ ពោលបន្ថែម៖

«មិន​មែន​គ្រាន់​តែបង្ខំ​យកកូនស្រីគេ​​ទៅហើយប្រាប់ថា ខ្លួនឯងអស្ចារ្យ​​ទេ!»

​ពាក្យ​សម្ដី​​រឹង​មាំ ច្បាស់ៗ ​មាន​ភាព​ស្មោះ​ត្រង់របស់យុទ្ធ​ ញ៉ាំង​ឱ្យ​ស៊ីណានអៀនខ្មាស​។ គេចាប់ថ្គាម​មាំ ហើយងាកមកសម្លឹង​គូសន្ទនាបង្ហាញភាពមិនសប្បាយចិត្តដែលកំពុងងំនៅខាងក្នុងដើម​ទ្រូង​។ គេមិនចង់និយាយ ​មិនចង់ច្រណែន តែគេក៏ឃើញ ថាយុទ្ធទាំងសង្ហា​ទាំងចិត្ត​ទូលាយ​។ ស៊ីណាន​ស្រដីវិញម្តង៖

«​កូនអ្នកមានដូចឯង មិនដែលដឹងថា ពិភពលោក​ខាងក្រៅជួរជាតិ ជាពិសេសជាមួយពួកអ្នកមាន​ពុតត្បុត តើវាល្វីងកម្រិតណាទេ!​»

យុទ្ធនៅស្ងៀមចាំស្តាប់ដោយទឹកមុខស្រគត់ស្រគំតែម៉ឺងម៉ាត់ ស៊ីណាននិយាយបន្ថែម៖

«ហើយ….បើយើងស្រលាញ់ស្រី ក៏មិនចាំបាច់ធ្វើអី គាប់ភ្នែកអ្នកណាទាំងអស់​! ….​ឱ្យតែស្រីរើសយកយើងទៅ វាបានហើយ​!​»

ស៊ីណាន​ព្យាយាមញញឹម​ដោយ​​រក្សា​ទឹក​មុខ​ត្រជាក់ស្រឹម ខណៈដែលនៅខាងក្នុងបេះដូង គេមានអារម្មណ៍ថា គោរពបុគ្គលិកលក្ខណៈរបស់យុទ្ធ។ មុនដើរចេញ គេឆ្លៀតឌឺ​ដងឱ្យគូដណ្តឹងនាង៖

«គ្មានហ្គេមដែលមិនប្រឹងហើយឈ្នះនោះទេ!»

ស៊ីណាន​ចាកចេញពីមុខយុទ្ធទាំងបេះដូងស្រាលស្ញើកនឹកដល់ស្រីថ្លៃដែលទើបតែបាននៅក្បែរកាយមុននេះបន្តិច។

នៅ​លើ​រថយន្ត​ចាស់ គេ​​សម្លឹង​​ទៅ​​ឆ្ងាយ​ដាច់អាល័យ។ ជម្លោះ​រវាង​អារម្មណ៍​សងសឹកនិង​ស្នេហា​ទន់ភ្លន់​លើនាងជា​សម្ពាធ​នៃ​ស្ថានការណ៍ពីរខុសគ្នា ដែល​កើត​មាន​ក្នុង​ពេល​តែ​មួយ​។ ទ្រូងនេះបង្គាប់មកថា ត្រូវតែតស៊ូដើម្បីយកនាងមកប្រលែង ប៉ុន្តែផ្លូវឆ្ពោះទៅមុខគឺមិនប្រាកដប្រជា ហើយស៊ីណាន​បានតាំងចិត្តដើម្បីបង្ហាញពិភពលោកនេះថា គេគឺសក្តិសមនឹងការភ្ជាប់ពាក្យ​នោះ មិនមែនយុទ្ធទេ ព្រោះគេ​ស្រលាញ់នាង ទោះបីជាបង់ថ្លៃខ្ពស់ ក្នុងតម្លៃបែបណាក៏ដោយ។

ទើបតែឃើញនិងប៉ះសម្តីជាមួយយុទ្ធ ស៊ីណាន​មានអារម្មណ៍ថា មិនមានសុវត្ថិភាពចិត្ត​ទៅហើយ​។ បុរសនោះហ៊ានមក ចោទសួរពីភាពសក្ដិសមរបស់គេ  ធ្វើឱ្យគេពេលនេះបានដាក់សំណួរខ្លួនឯងថា តើអាចផ្តល់ការថែទាំ​និង​យកចិត្តទុកដាក់កម្រិតណាដល់ព្រះនាងតូចប្រសិន​រឿងរវាងគ្រួសារទាំងពីរមិនមាន​ចម្រូងចម្រាស?

ស៊ីណាន​​ឆ្ងល់ម្នាក់ឯង​ថា ​តើ​គេនេះ​គ្រប់​គ្រាន់​សម្រាប់​នាងមកលង់ស្រលាញ់ពិតមែន ឬនាង​​ត្រឹម​តែ​​ខ្លាច​បែកធ្លាយរូបភាព?

​ការច្រណែនអាចបង្កឱ្យមានសភាវគតិការពារខ្លួនឯងខាងត្រូវ ហើយ​ចង់ហួងហែងស្រីល្អភ្លាមៗតែម្តង បានជាពេលនេះ ពេលដែលដាវីន​នៅបន្លប់ខ្លួនឯងជួយចិតផ្លែឈើខ្លះជាមួយបងកានៅផ្ទះបាយ នាង​មិនដឹងទេថា ហេតុអ្វីបុរសនោះចេញបាត់ហើយ ក៏នៅតែមាន​អារម្មណ៍ថា​មិន​ស្ងប់?

មានក្តីប្រាថ្នា​អ្វីមួយជាសម្ងាត់ បណ្តាលឱ្យនាងគិតអំពីរូបរាងសង្ហា​និងការតែងខ្លួនផ្ចិតផ្ចង់របស់គេកាលពីបង្ហាញខ្លួនមុននេះ។ គេចង់​បាន​អ្វី? គេចង់ឱ្យនាងឃើញភាពឡូយសង្ហា​នោះឬ​​លើស​ពីហ្នឹងទៀត?

​ បងកានិយាយចំអន់៖

«ថ្ងៃនេះអ្នកនាងខ្ញុំចិតផ្លែឈើច្រើនម៉េះ អស់ពីទូហើយ ចង់ជប់លៀងឬម៉េចនៀក!»

«ហូ!» នាង​ភ្លាត់មាត់ ព្រោះដកអារម្មណ៍មកវិញដឹងថាចិតច្រើនហួសហើយ បានអ្នកណាជួយហូប?

«គិតរឿងទៅសាលាវិញស្អែក? មានអីឱ្យបងកាជួយទេ?»

ដាវីនដកដង្ហើមធំ៖

«ចាស៎…ប៉ុន្តែខ្ញុំចង់មានអារម្មណ៍ថា…»

ការសន្ទនា​ត្រូវកាត់ផ្តាច់ព្រោះរំពេចនោះ ទូរសព្ទ​របស់បងកាក៏រោទ៍ឡើង។

«លេខអ្នកណានេះ!» បងការអ៊ូរួចចុចទទួល​។

ដាវីនគ្មានហ្វូនប្រើទេ នាងមិនរវល់ជាមួយការហៅនេះឡើយរហូតដល់ បងកា​យកមកហុចឱ្យ៖

«គេថា សុំចួប អ្នកនាង! គេថា….ឈ្មោះស៊ីណាន​!»

ដាវីនគាំងដៃដែលកាន់កាំបិត។ ភាពរន្ធត់លាយក្តីរំភើបបានប​ង្កប់ក្នុងភ្នែកនាង​ដែលសម្លឹងមើលមក​បង​កាមេចុងភៅរបស់ផ្ទះនាងនិងទូរសព្ទក្នុងដៃគាត់។

«ទទួលទេ?» បងកាសួរទន់ភ្លន់។ គាត់ទំនង​មិនដឹងរឿងស៊ីណានទេព្រោះគ្រប់គ្នាលាក់ គេបាន​សម្តែង​ថា បាត់កូនស្រីពៅពីរថ្ងៃព្រោះនាងទៅលេងបរទេស។ រឿងនេះមិនអាចខ្ចរខ្ចាយ​បាន ព្រោះខ្លាចចិត្ត​ខាងប្រុស។ មាន​តែដាវីឌ​ជាបងនាង​និងជាអ្នកយលចិត្ត​យុទ្ធច្បាស់​ទើបហ៊ានប្រាប់ការពិតដល់យុទ្ធ ដោយគិតថា​គេជាអនាគត​ប្តីនាង គេនឹង​ជួយយកអាសារនាង​។

ដាវីនទទួលយកហ្វូនមកបែរខ្នងពីបងកា។

នាងដកដង្ហើមធំហើយឆ្លើយ៖

«ចាស៎!»

ស៊ីណាននៅស្ងាត់បន្តិច រួច​ឆ្លើយវិញខ្លី៖

«ព្រះនាង!» សំឡេងស្រទន់គេ ពីរោះ​ធ្វើដូចមុននេះ គ្មានសង្គ្រាមគ្មានអ្វីកើតឡើងទាំងអស់។ បេះដូងដាវីនហេងហាង ភ្នែកលបមកមើលបងកាជានិច្ច​។ ត្រចៀកនាង​នៅស្តាប់គេ ឯគេនៅសំងំស្តាប់នាង​ដែរ។

ស្ងាត់ទាំងសងខាង!

«ប៉ាដកហ្វូនមិនឱ្យប្រើ?»

«ចាស៎!»

នាង​ធ្វើមុខស្រពោន​ឆ្លើយ​ខ្លីៗ។ មិនយល់ដែរ គេជាឧក្រិដ្ឋជននាងជាចំណាប់ខ្មាំង ហេតុអ្វីនិយាយគ្នា….មើលតែ….។

«អ៊ីចឹង….ខ្ញុំគិតថា…..ព្រះនាងអាចខ្ចីទូរសព្ទរបស់ខ្ញុំបាន!»

ដាវីនមាន​សភាពដូចជាចង្វាក់បេះដូងលោត។ ស្រីនឹកឃើញភ្លាមដល់ពេលមួយ​ដេលនាងខំរត់ហើយនៅតែត្រូវហ្វូនរបស់គេ​ហៅឱ្យបកត្រលប់​ទៅរកគេវិញ។

«ខលធ្វើ….ធ្វើអី?» នាង​សួរអាក់ៗ ស៊ីណានទទួលអារម្មណ៍ថាមុខនាង​ក្រហមគេសើចតិចៗ «ហើយម៉េច….បាន…មានលេខ​របស់បងកា?»

ស៊ីណាន៖ (សើចតិចៗ) កុំបារម្ភអីព្រះនាង​! មាណពមានវិធីផ្ទាល់ខ្លួនតាមការពារព្រះនាង!

នាង​តម្អូញសំឡេង​ហើយតបព្រោះក្នាញ់៖

«ក្រៅពីខ្លួន គ្មានអ្នកណាគេធ្វើអីខ្ញុំទាំងអស់!»

ស៊ីណាន៖ មែន?(គេសួរដោយផ្អាកលេងសើច)

នាងនៅស្ងៀម ខណៈខាងប្រុសវាចាបន្ថែម៖

 «ហើយ….ខ្ញុំនៅតែរកវិធីដើម្បីចួបយើង! ទោះបីជាប៉ាយើង​ដាក់ភ្នំព័ទ្ធជុំខ្លួនកូនស្រីគាត់ក៏ដោយ!»

ដាវីនព្រឺសម្បុរនឹង​ពាក្យចែចង់របស់នាយ​។ ស្រីស្រមៃឃើញ​ចុងច្រមុះស្រួចប៉ះគ្នា បញ្ចេញ​ដង្ហើមស្នេហ៍​និងបបូរមាត់ដែលជារបស់គ្នា​ទៅវិញទៅមក។ នាង​ងាកមកឃើញបងកាមើល។ ទេពធីតាខ្សឹប​ដោយមុខក្រហម៖

«បងកាមើលមកខ្ញុំហើយ ខ្ញុំដាក់ចុះហើយណា៎!»

ដាវីនថាផងក្រឡេកមើលបងកា​ដែលធ្វើពុតជាមិនស្តាប់។

ស៊ីណានតបក្នុងសូរសំឡេងយ៉ាងស្រទន់៖

«ល្អណាស់! ឮថាចួបរត់ភ្លាម?»

«អត់ទេ!»

«អ៊ីចឹងមាននឹកផ្ទះនេះខ្លះអត់?»

 ដាវីនញញឹមដោយមិនដឹងខ្លួនដោយ​ មានអារម្មណ៍ថាញ័រទ្រូងនាងតបតិចៗ៖

«នឹកស្អីទៅ! ខ្ញុំផ្តាច់ហើយណាស៊ីណាន! លាហើយ!»

«ហាមផ្តាច់!» គេបញ្ជាត្រជាក់ៗ ធ្វើឱ្យនាងគាំង។

«ស្តាប់ណា យើងនឹងចួបគ្នាព្រះនាង!» គេនិយាយមកទៀត។ នាងភ័យៗ…​សភាពពិតគឺ ការចួបនេះទៅមិនរួចទេដាវីនដឹង។ ស្រីក្រឡេកជុំវិញ​ហើយពោលខ្សឹប៖

«ទៅមិនបាន! ហើយ….កុំមកផ្ទះនេះអីណ៎ា!»

«អ៊ីចឹងបានន័យថា លែងបានចួប!»

នាង​នៅស្ងៀមជាមួយសព្ទឈឺៗដែលគេខ្សឹបមក។

«មិនមែនទេ….តែ!»

«ចាំចួបថ្ងៃយើងរៀបការ​!» ប្រុសងក់ក្បាលនិយាយភឹងៗ ចង់ឱ្យនាងដឹងថា គេមិនលេងសើចទេ គេនឹងមកទារបំណុលចាស់ រួមទាំងបំណុលការភ្ជាប់ពាក្យនោះផងដែរ។

សាជាថ្មីនាង​គាំងដាក់ទូរសព្ទ។ ស្រីកាត់ចិត្ត​ចុចបិទព្រោះមិនចង់ឱ្យការជជែកនេះវែងឆ្ងាយនិង​ត្រូវពួកអ្នកផ្ទះយកទៅខ្សឹបគ្នាជាល្បែងលេង។

សុភាពនារីចង់​ប្រញាប់សងហ្វូនទៅបងការមេចុងភៅវិញតែដោយ​ខ្លាចត្រូវគេសម្គាល់ឃើញ នាង​ខំសម្លឹងនិងចងចាំលេខរបស់នាយ​ហើយចុចលុបចោលគ្រប់យ៉ាង។

 ដាវីន​មិនដឹងទេថា ពេលដែលនាងរត់ឡើងទៅលើបន្ទប់ ក៏ជាពេលស៊ីណានញញឹមនឹកដល់ភាពស្លន់ស្លោរបស់នាងដូចគ្នា។

បន្ទប់គេងដ៏ប្រណីតរបស់ដាវីន​ស្ងប់ស្ងាត់ ខណៈម្ចាស់ស្រី​អង្គុយ​ក្បែរតុធំមួយដែលពោរពេញទៅដោយសម្ភារៈសិក្សា។ បន្ទប់មានពន្លឺនិងមានខ្យល់អាកាស ប៉ុន្តែអារម្មណ៍នៃភាពឯកោដែលពិបាកនឹកស្មានដល់បានបន្តគ្របពីលើនាង​។

គ្មានអារម្មណ៍ទេ នឹកគេរបៀបនេះ វិលទៅរៀនវិញរៀនចូលទេ?

ដាវីនសួរខ្លួននាង​បែបនេះ​ពេលអង្គុយនៅក្បែរតុធំរបស់នាង ហ៊ុម​ព័ទ្ធដោយសៀវភៅសិក្សានិង​ប្រតិទិន​សិក្សា​ដែលត្រូវបាន​រៀបចំទុកមកយ៉ាងស្អាត។

ពន្លឺដ៏ស្រទន់នៃព្រះអាទិត្យពេលរសៀល​ បានហូរច្រោះកាត់តាមផ្ទះកញ្ចក់ធំប៉ះជ្រាតដល់ទៅ​ពិតាន​​ ដែលបំភ្លឺកន្លែងឯកជន​របស់នាងពេញ​ដោយភាពកក់ក្តៅ។ ទោះបីជាមានភាពប្រណីត​ដែលហ៊ុម​ព័ទ្ធរាងកាយក៏ដោយ ក៏សំឡេងគេនៅតែព្រមាននាងឱ្យញាប់ញ័រ «ខ្ញុំនៅតែចួបយើង ទោះប៉ាយើង​ដាក់ភ្នំព័ទ្ធជុំខ្លួនកូនស្រីគាត់ក៏ដោយ!»។ សំឡេងគេ​​​បានចាក់ទម្លុះពេញបេះដូងរបស់ស្រីតូច។

ចិត្ត​របស់​កែវ ​បាន​រសាត់​ចេញ​ឆ្ងាយ​ពី​កិច្ច​ការ​ដែល​ត្រូវ​រៀប​ចំ​ ចងចាំតែអំពីស៊ីណាន ពេញគំនិត​និងចរន្តឈាម​។ ស្នាមញញឹមកាចៗ សំឡេងដ៏ទន់ភ្លន់របស់គេត្រជាក់ បញ្ជានិងខ្លីៗ ម្តេចបានបន្សល់ភាពកក់ក្តៅបាន? ការថើបរបស់គេ និងអារម្មណ៍សុវត្ថិភាពក្នុងរង្វង់ដៃគេ​ដែលរុំជុំវិញខ្លួននាងប្រៀបបីដូចជាភួយដ៏កក់ក្ដៅ។ ធីតាតូចបិទភ្នែកទ្រោបមកលើតុដូចចង់​ដំអក់  ទុកឱ្យការចងចាំបានមានឱកាសមកគ្របដណ្ដប់លើរាងកាយឯកា​។ មិនយូរនាង​បានឃើញថា រាងកាយនេះ ស្ថិតក្នុងបន្ទប់តូចរបស់គេ ដែលផ្ទុយស្រឡះពីបរិយាកាសដ៏ស្រស់បំព្រងរបស់នាងនៅផ្ទះ។

 ដាវីន៖ (ខ្សឹបប្រាប់ខ្លួនឯងសៅហ្មង) ហេតុអ្វីខ្ញុំនឹកគេហ្នឹងខ្លាំងម្ល៉េះ? នាងខាំបបូរមាត់ បេះដូងលោតញាប់ដោយភាពច្របូកច្របល់។ តើ​​ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ​មនុស្ស​​​ដែល​ធ្លាប់​ចាប់​នាងទៅ? ស្នេហានេះកើតឡើងបាន​​ដោយ​របៀប​ណា?

ម្តងជាពីរដង ដាវីនខំ​រំឭក​​ពីអារម្មណ៍​​ភ័យ​ខ្លាច​ដែល​នាង​មាន​នៅ​ពេល​​ត្រូវ​បាន​គេ​ចាប់​យកទៅ ប៉ុន្តែ​​គ្រប់យ៉ាង​​បាន​ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ដែល​នាង​មិន​អាចគិត​យល់​បាន។ ការព្រមានរបស់ស៊ីណានបានបន្លឺឡើងក្នុងចិត្តរបស់នាង«ចាំចួបថ្ងៃយើងរៀបការ​!»។

យើងនិងម្នាក់នោះ បានភ្ជាប់ពាក្យកាលពីក្មេង? សម្តីគេ នាងចាំបាន «ឧកញ៉ា​បាន​ភ្ជាប់​ពាក្យ​ពួក​យើងតាំងពី​នៅ​ក្មេងមក គិតថា ហេតុអីទៅ​ដែលប្រពន្ធពូមិនដឹងមិនឮ ហើយ​ចង់លើកប្រពន្ធខ្ញុំឱ្យទៅអាមនុស្ស​ណាផ្សេងបាន?» នេះឬបានជាស៊ីណាន​រឹតតែ ធ្វើឱ្យនាងមានអារម្មណ៍ថាស្រលាញ់ តាមរបៀបដែលនាងមិនធ្លាប់មានជាមួយបុរសណាម្នាក់ពីមុនមកសោះ។

 ដាវីន៖ (ដកដង្ហើមធំ) មិនសមហេតុផលទេ…!

ពេល​នាង​ចាប់​ផ្ដើម​សរសេរ​មេរៀន ​បានបន្តិចក៏​ផ្អាកវិញជាមួយទឹក​មុខ​ងឿង​ឆ្ងល់។ តើមានអ្វីកើតឡើងរវាងពួកគេ? អនុស្សាវរីយ៍​នៃ​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​បាន​លេច​ឡើង​យ៉ាង​រស់​រវើក​នៅ​តែ​​មិន​​ច្បាស់​លាស់ព្រោះកាលណោះក្មេងពេក។

​ជីវិតកុមារភាពខ្ញុំនិងគេ​​មាន​ទំនាក់​ទំនង​​យ៉ាង​ណាខ្លះទើបដល់ថ្នាក់ចាស់ៗឱ្យភ្ជាប់ពាក្យ?

តូចគិតហើយ ក៏​ផ្អៀង​ខ្លួន​ទៅ​លើ​កៅអី ម្រាមដៃ​របស់​នាង​ប៉ះអង្អែក​​នឹង​ឈើ​រលោង​ទាំង​បារម្ភខ្វល់​ខ្វាយ។

ដាវីន៖ (រអ៊ូ) ម៉េចក៏គ្រួសារយើងស្គាល់គ្នា?

នាងចងចាំពីការសន្ទនាខ្លីៗដែលម្តាយរបស់នាងមានពាក់ព័ន្ធនិងម្តាយរបស់ស៊ីណាន ប៉ុន្តែព័ត៌មាន​លម្អិតគឺមានភាពស្រពេច​ស្រពិល ដូចជាបំណែកនៃអ្វីមួយដែលគ្មានអ្នកណាព្រមពន្យល់នាង​។ វត្តមាន​ស៊ីណានមកក្នុងជីវិតនេះ បង្កជា​ភាព​កក់ក្ដៅ លាយនិង​ការ​ថប់​បារម្ភ។

ដកដង្ហើមធំ ដាវីនបានក្រោកឈរ សម្លឹងមើលជុំវិញបន្ទប់ដ៏ប្រណីត​របស់នាង ដែលពោរពេញទៅ​ដោយ​ទ្រព្យ​សម្បត្តិជាច្រើន ប៉ុន្តែមានអារម្មណ៍ថាទទេស្អាត។ នាងត្រូវតែដឹងការពិត!!!

ការពិតអំពីការភ្ជាប់ពាក្យរបស់នាង! អំពីស៊ីណាន​! និងទំនាក់ទំនងរវាងគ្រួសាររបស់ពួកគេកាលពីមុន ហេតុអ្វីគេ​តែងតែខឹងម៉ាក់និងប៉ានាង?

  ដាវីនរអ៊ូៗជាមួយខ្លួនឯង៖

«ខ្ញុំត្រូវនិយាយជាមួយម៉ាក់!»

ព្រះនាងចាកចេញពីបន្ទប់ ដោយក្តីសង្ឃឹមថា អាថ៌កំបាំង​កាលពីអតីតកាលអាចនាំនាងឱ្យខិតទៅនៅជិតស៊ីណានបាន នាង​ត្រូវការ​យល់ចិត្ត​គេ​។

កំពុងធ្វើដំណើរទៅកាន់បន្ទប់ម្តាយដែលនៅឆ្ងាយពីនាង ហើយកម្រមានអ្នកណាចូលបាន​ដរាបអ្នកជំទាវមិនហៅឱ្យឡើងមក។ មុនគេ​ ត្រចៀកនាង​ឮសំឡេងទាស់គ្នា​។

នេះជាការសន្ទនា​ទោសៈ ដែលបាន​បន្លឺឡើងពីបន្ទប់ទទួលភ្ញៀវតូចមួយទៀត រវាងនាង​និងប៉ាម៉ាក់ទើបអាចចូលអង្គុយ​ជាប្រាយវ៉េតមែនទេ។

ដាវីនស្ទាក់ស្ទើរ ចង់ដឹងចង់ឃើញ ចាប់អារម្មណ៍ព្រោះប៉ាម៉ាក់នាងខឹងគ្នាខ្លាំង។

ស្រីចុចត្រចៀករបស់នាងទល់នឹងជញ្ជាំងកញ្ចក់ហើយ​ស្តាប់យ៉ាងដិតដល់។​ បេះដូងរបស់ស្រីលោតញាប់ នៅពេលដែលនាងទទួលច្បាស់ៗថា ភាពតានតឹងក្នុងកិច្ច​សន្ទនារវាងប៉ាម៉ាក់នាងមានពាក់ព័ន្ធនឹង​ដាវីន។ ឪពុករបស់ដាវីននិយាយក្នុងសំឡេងច្បាស់ៗ៖

«យើងជំពាក់ពួកគេ! ជំពាក់គេច្រើនណាស់មាលា​! អ្វី​ៗ​ដែល​យើង​មាននេះ ​គឺ​ដោយ​សារ​នីន​និង​ស៊ីន! គួរតែយល់ពីរឿងនេះ ហើយ​ឈប់តាមរករឿងនីន!»

នីន!!!

ឈ្មោះនេះ​បង្ហើបនូបអាថ៌កំបាំងច្រើនពេកហើយ។ ឮឈ្មោះម៉ាក់គេនាងនឹកឃើញដល់ប្រុសស្អាត​។ នៅក្នុងរង្វង់ជញ្ជាំងណែនរើខ្លួនមិនរួច គេគ្រងរាងកាយនាង ហើយ​គេស្អប់នាង​ជាមួយពាក្យដដែល​ៗ​ថា​ប៉ានាងជំពាក់គ្រួសារគេ? ឥឡូវនេះ គាត់កំពុងតែសារភាព យើគាត់ជំពាក់ស៊ីណានអ្វីខ្លះ?

សំឡេងលោកជំទាវមាលាជាម្តាយរបស់ដាវីនបង្ហាញភាពខកចិត្តនឹងប្តី។

«សង? លោកប្តីដឹងថា ខ្លួនឯងកំពុងនិយាយពីអ្វីដែរ?  សង​គេហើយ យើង​នឹង​វិល​ទៅ​រក​ជីវិត​​​ក្ររហាម​​វិញ! ភ្លេចហើយ ថាក្រ​វាពិបាកម៉េចខ្លះ? វាថោកនិងត្រូវគេមើលងាយយ៉ាងម៉េចខ្លះ?»

ដួងចិត្តរបស់ដាវីនលោតញាប់ អារម្មណ៍ភាន់​ច្រឡំកំពុងបោកមកចំៗកណ្តាលមុខក្រហមងៅ​និងក្តៅៗរបស់នាង​។ សំឡេងស៊ីណាននៅតែដិតដាមក្បែរត្រចៀក «ប៉ាខ្លួន ប្លន់គ្រួសារខ្ញុំ! បំផ្លាញអ្វីៗទាំងអស់ដែលឪពុក​ម្តាយខ្ញុំមាន ហើយឥឡូវនេះ…ខ្លួនមកនៅទីនេះ ចង់ធ្វើឫកជាជនរងគ្រោះស្លូតត្រង់? ធ្វើដូចជាគ្មានបញ្ហាអ្វីនឹងគ្នា​ទាំងអស់?»។

ពីមុនពេលត្រួវចាប់ទៅ នាងមិនដែលឮឧកញ៉ាជាឪពុកនិយាយអំពីគ្រួសារស៊ីណាន​នេះ។ ពេលនេះ គ្រួសារទាំងពីរដូចជាមាន​រឿងច្រើនពាក់ព័ន្ធគ្នា។

«​បើលោកមិនអាត្មានិយម យ៉ាងហោចណាស់ក៏ត្រូវគិតពីខ្ញុំកូនវីឌនិងកូនដាវីនដែរ! យើងមិនអាចបកទៅតោកយ៉ាកឡើងវិញបានទេ! សង្គមមួយនេះ នឹង​ជាន់យើងកប់ដី!» ម្ដាយរបស់ដាវីនវាចា​ក្នុង​សូរ​សំឡេងញ័រៗ តែចិត្តដាវីន​សឹងថប់គាំង។

ជំទាវនិយាយសង្កត់សំឡេងទៀតថា៖

«បងចង់សងបំណុលទៅផ្ទះនោះ ផ្ទះដែលកូនប្រុសគេ​ចាប់ពង្រត់កូនស្រីយើងទៅ?»

ដាវីនមានអារម្មណ៍ថា​ចង់ស្រក់ទឹកភ្នែកព្រោះ បេះដូងរបស់នាងធ្ងន់ជាមួយនឹងទម្ងន់នៃពាក្យ​បន្ថែម​ឡើងៗ​មួយម៉ាត់ហើយមួយម៉ាត់ទៀតពីអ្នកម្តាយនាង​។

«នីននៅឯណា?» ប៉ានាង​សួរ។

«ប្រាប់ហើយថា​ពេលខ្ញុំនិងកូន​ប្រុសទៅយកពីសេត អាក្មេងនោះបានមកតាម ហើយ​គេដណ្តើមយកទៅវិញបាន!»

«អូនទៅយកនីនពីសេតធ្វើអី?»

«ស្រីនោះ….ចង្រៃ!» ជំទាវតបមិនក្រែងចិត្ត​។

«អ្ហះ?» ប្តីហាក់ស្តាប់មិនឮបានជាផ្ទាន់ដោយហួសចិត្ត​។

ជំទាវស្រែកយំ ៖

«កុំឱ្យខ្ញុំដឹង ថារឿងចាស់នៅមិនទាន់ចប់!​ បងឯងនិងនាងហ្នឹងសាហាយគ្នា! ឥឡូវ​ចង់យកវាមកបន្តរឿងថោកៗជាមួយគ្នា?»

ប្រាវ! ប៉ានាង​រុញតុតូចផ្តួលទាំងកំហឹង​គ្របដណ្តប់។

ដាវីនដើរថយក្រោយដោយមានអារម្មណ៍ថា អ្វីម្យ៉ាងសែន​អស់សង្ឃឹមកំពុងបញ្ចប់​ភាពកក់ក្ដៅនៃផ្ទះដ៏ប្រណីត​មួយនេះ។

 ពាក្យ​របស់​ឪពុក​នាង​បាន​បន្លឺតាមមកពីក្រោយ៖

«ច្រើនឆ្នាំមកហើយ បងស្មានថាអូនឈប់ឆ្កួត!»

ដាវីនស្រក់ទឹកភ្នែក​ដើរមកមួយៗជាមួយឈុតនៅផ្ទះ។ នាង​មិនដឹងថា​ហេតុអ្វីនាង​មានក្តីក្លាហានក្នុងការចាកចេញទេ។ នាង​ដឹងត្រឹមថា នាង​ត្រូវការ​ចេញទៅរក…..ការពិតមួយ។

​ហើយអ្នកដែល​នាងត្រូវតែនិយាយជាមួយ…..ស៊ីណាន។ ស្រីក្រមុំ​ជូតទឹកភ្នែកចុះមកដល់ក្រោម កញ្ឆក់យកទូរសព្ទមីងសឿនដែលដាក់ចោល​នៅក្បែរតុកណ្តាលផ្ទះធំ ធ្វើឱ្យគាត់ចោលអំបោស​ស្លាប​មាន់​ចំហ​មាត់មើលមកនាង​។ ស្រីបន្ថែមល្បឿនជើងរត់សំដៅទៅយានដ្ឋានដោយ​បេះដូងលោតញាប់។

ស្រីលូករាវឆ្ពោះទៅសោ​មួយជួរលើជញ្ជាំងនិងទាញយកមួយមកសម្រាប់ឡានរបស់ម្តាយនាង ​ដែលនាង​គិតថាអាចបើកបានស្រួលជាងប្រភេទឡានដទៃ។

«អ្នកនាងដាវីន!»

សន្តិសុខគោះកញ្ចក់ឡាន ស្រីស្រែកដាក់គាត់៖

«បើពូមិនបើកទ្វារ​ ខ្ញុំបុករបងឱ្យស្លាប់បាក់កនៅហ្នឹង!»

សន្តិសុខស្លេក នាំគ្នា​ថយក្រោយ​ហើយសម្រេចចិត្ត​បើកទ្វារឱ្យព្រះនាងលូនឡានចាកចេញ។

ពីកញ្ចក់មើលក្រោយ តរុណី​បាន​ប្រទះ​ឃើញ​រថយន្ត​របស់កងការពារឪពុក​នាងចេញមកតាម​។

ដាវីនដកដង្ហើមធំដោយសង្ឃឹមថា នាង​នឹងទាក់ទងគេបាន។ នាង​ចង់ឱ្យគេ មកយកនាងចេញពីបញ្ហា​ទាំងអស់ដែលនាង​ឮ។

នាង​ចង់រត់គេចពីការពិតខ្មៅៗអស់ទាំងនេះ។

ដៃស្រីចុចហ្វូន….

រ៉ឺង​ៗ….យូរបន្តិចព្រោះនាងអន្ទះសា។

«ស៊ីណាន!»

នាង​ហៅភ្លាម​គ្រាន់តែគេចុចទទួល។

«ខ្ញុំចង់ចួប…..»

ប្រុសវាចាតិចៗ ៖

«ព្រះនាងចង់ឃើញស្នាដៃប៉ាម៉ាក់នាងលើម៉ាក់ខ្ញុំដែរទេ?»

«ឈប់ហៅខ្ញុំព្រះស្អីអស់ហ្នឹង!»

«អូហូ បញ្ជាកាចទៀត?»

គេ​ប្រុងវាចាអ្វីបន្ថែមច្រើនណាស់ ហើយខាងនាងក៏ទទួលអារម្មណ៍ដឹងបានដែរថា គេខឹង ហើយមិនដឹងម៉ាក់នាងបានធ្វើអ្វីខ្លះលើម្តាយគេទេបានជាប៉ានាងនៅខាងលើច្រលោតខឹង​។ ស្រី​ដក​ដង្ហើម​ធំនិយាយកាត់៖

«ខ្ញុំចង់ដឹងរឿងទាំងអស់!»

ស៊ីណានស្ងាត់បន្តិច​។ គេចុចបិទហ្វូន ​តែនាងឃើញLocation ដែលនាយបោះមកឱ្យ។

ភ្លៀងធ្លាក់មករ៉ាវ។

ដាវីនសម្លឹងមេឃ។ នាង​ខាំមាត់…..យប់នេះ ស្រីត្រូវការដឹងការពិតទាំងអស់រវាងគ្រួសារទាំងពីរ។

ដោយបើកបរក្រោមតំណក់ភ្លៀង ដាវីន​បានមកដល់ពីមុខមន្ទីរពេទ្យធំមួយ។ ស្រីចតឡាន ហើយ​​ចុះ​ចេញមក​ពី​រថយន្ត​ទាំងគ្មានឆ័ត្រ។

តំណក់ទឹកតូចៗបោកបក់មកទទឹកផ្ទះមុខពេញដោយកង្វល់របស់ស្រីតូចដែល​ដកដង្ហើម​ធំ ​​ក្រឡេក​​មើល​​ជុំវិញ​ច្រក​ចូលនៃ​មន្ទីរពេទ្យ​ដ៏​មមាញឹក។

បេះដូងរបស់នាងលោតញាប់នៅពេលដែលឃើញ ស៊ីណាន​។ បុរសឈរយ៉ាងខ្ពស់សង្ហា ទឹកមុខស្ងប់ស្ងាត់ តែមានស្រមោលមួយដែលនាងអានមិនរួចអំពីគេ។

ស្រី​បាន​កាន់ទូរសព្ទ​​យ៉ាង​តឹង​ណែនហើយទើបនឹងដឹងថា ខ្លួនឯងមកនេះ គឺមកទាំង​ឈុត​គេងព្រោះស៊ីណាន​មើលមកនាង​ពីរលើដល់ក្រោម។

ស៊ីណានឈានមកដល់ គេច្រត់ហោប៉ៅ​ឌឺដងនាង​៖

«នឹកខ្លាំង?»

មិនរវល់នឹងពាក្យស៊កសៀត នាង​មើល​សភាពស្រពោនតែខំបន្លប់របស់គេ។ ស្រីដឹងថា នាង​និង​គេ មិនមែនជាអារម្មណ៍មួយរវាងអ្នកចាប់និងចំណាប់ខ្មាំងទេ តែ….នាង​ជឿជាក់ពេលមាន​គេនៅទីនេះ​។

«ឥឡូវឃើញហើយ ! គិតថា ខ្ញុំលាក់ស្រីស្នេហ៍នៅក្នុងមន្ទីរពេទ្យហ្នឹងមែន? ហើយបើថា ខ្ញុំមកតាមស្រលាញ់ពេទ្យតូចៗស្អាតៗ យើងគិតធ្វើអីខ្ញុំ?!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*