រឿង៖ ចំណាប់ខ្មាំង ភាគទី១២

ដាវីន៖ «ម៉ាក់ខ្លួននៅឯណា ខ្ញុំមានការសួរគាត់!»

ទឹក​មុខ​លេង​សើច​របស់​ស៊ីណាន​រសាត់​បាត់ ជំនួស​ដោយ​កែវភ្នែកដែល​រឹង​រូស​មើលជ្រៅមកក្នុងប្រស្រីភ្នែកមនុស្ស​ស្រីតូច។ ​ប្រុសនេះមាន​ស្រមោលមួយពេញ​ដោយភាពសោកសៅ ប៉ុន្តែមានពន្លឺនៃកំហឹងនិងការអាណិតស្រលាញ់ មាន​កម្លាំងប្រហាក់ប្រហែលគ្នាក្នុងរបៀបដែលគេមើលមកនាង​។

គេលូកដៃចាប់នាងទាញឱ្យដើរ តែងាកមករកនាងវិញ ស៊ីណានឃើញឈុតគេង គេគ្រវីក្បាលញីថ្ងាស៖

«ទៅផ្ទះដូរខោអាវសិន!»

«ទេ!» នាង​រឹងរូស ឡើងគេនេះត្រូវភាំង។ ស្រីវាចាបន្ថែម៖

«ខ្ញុំមិនដឹងថា នៅពីក្រោយខ្នង​ខ្ញុំ អ្នកណាធ្វើអ្វីខ្លះទេ! មុនពេលខ្ញុំស្លាប់ដោយសារល្ងង់ខ្លៅ ខ្ញុំក៏ត្រូវដឹងការពិតដែរ!»

បេះដូង​របស់​ដាវីនញាប់​ញ័របញ្ចេញ​ភាពខឹងនិងឈឺៗ​ តាមរយៈសព្ទ​​សំឡេងរបស់នាង។ ភ្នែកនាងរលោង​ ធ្វើឱ្យចិត្ត​ប្រុងរងា។ ​គេដឹងថានៅពីក្រោយកំហឹងនេះនាង​មានការឈឺចាប់។​​ ត្រូវហើយ ចរិតម្តាយនាង​និងប៉ានាង មិនសមនឹង​នាងទេ។

ប្រុសមិនអាចព្រងើយកន្តើយនឹងភាពកក់ក្ដៅដែលបានកើនឡើងប៉ះប៉ូវបញ្ហា​រវាងពួកគេឡើយ​។ ស៊ីណានយល់ថា នាងតូច​ពេក​ត្រង់ពេក និងទន់ខ្សោយពេក​សម្រាប់មករ៉ាប់រងបន្ទុកដ៏ធ្ងន់នេះ។

«ឡើងឡាន! ទៅផ្ទះវិញ!»

ប្រុសបញ្ជា តែ​ទោះជាគេព្យាយាម ក៏ចិត្ត​គេដឹងថា នាងនឹង​បដិសេធ។

«ខ្ញុំអត់ទៅណាទេ រហូតដល់​​ដឹង​ថា​មាន​អ្វី​កើត​ឡើង… អ្នកណាឈ្មោះនីន តើ​គាត់កើតអីជាមួយនឹង​គ្រួសារខ្ញុំ! ខ្ញុំត្រូវការដឹងគ្រប់យ៉ាង ហើយខ្ញុំលែងខ្លាចអីទាំងអស់ ស៊ីណាន!»

នាង​មានភ្នែកមុតណាស់ ចចេស​ ឈាមរាវ ហើយធ្លាប់ត្រូវបានទំយើ។​ បើគេរៀបការនឹងនាង​គេនឹងជម្រះ បំបាក់ភាពរឹងរូសនេះ។ ប្រុសងក់ក្បាលញញឹម​មិនមាត់ទាំងខូចចិត្ត​។ ពាក្យនាង​និយាយថា មិនខ្លាចអីទាំងអស់ បានន័យថា នាង​ដាក់មកចំមុខគេ មិនមាន​អ្នកណាក្រៅទេ។ នេះបានន័យថា កន្លងមកនាង​ខ្លាច?​ នាង​មិនបានស្រលាញ់ទេ? នាង​កាន់ដៃគេ​ព្រោះនាង​ភ័យនឹងចំណុចខ្សោយដែលនាងមានក្នុងដៃគេ?

ស៊ីណាន​ខាំមាត់ស្តាប់ដាវីននិយាយបន្ត៖

«ពេលដឹងអស់ហើយ​យើងនឹងជម្រះគ្រប់យ៉ាងឱ្យចប់ជាមួយគ្នា! ខ្ញុំស្អប់ណាស់ ការរស់នៅលឹបល លាក់មុខ ហើយនិងរញ៉េរញ៉ៃ រហូតដល់ប៉ាម៉ាក់ខ្ញុំត្រូវឈ្លោះគ្នា!»

ស្រីនិយាយញ៉ែតៗ ធ្វើឱ្យគេនឹកឃើញដល់យុទ្ធ «ចង់នៅជាមួយដាវីន ត្រូវបង្ហាញគ្រប់គ្នាថា ឯងអាចផ្តល់ឱ្យគេនូវជីវិតដ៏ល្អមួយ!»។

ដោយស្អប់ខ្លួនឯង ស្អប់ភាពល្អក់កករដែលព្រហ្មលិខិតនេះចារឱ្យគេនិងនាងជាគូ តែបានបំបែកវិញជាមួយអំពើទ្រុស្តជួរជាតិ ស៊ីណានក្រឡេកមើលព្រះនាងរបស់គេយ៉ាងខូចចិត្ត​។  ដោយសង្កេតឃើញថា អភិជនតូច​កំពុងញាប់ញ័រតិចៗក្នុងទុក្ខព្រួយប្រុសមិនអ្វីនិយាយមួយម៉ាត់ តែបានចាប់​នាង​ដោយដៃ នាំឆ្លងកាត់ច្រករបៀងមន្ទីរពេទ្យឆ្ពោះទៅកាន់អាគារ ICU ។

ចង្វាក់បេះដូងរបស់ដាវីនបានលោតញាប់នៅពេលពួកគេចូលទៅដល់បន្ទប់ដែលមានពេញ​ដោយ​ជញ្ជាំងកញ្ចក់ថ្លា។ នាងអាច​មើលពីនេះ​ទៅ​ខាង​ក្នុង​ ឃើញ​ស្ត្រី​ទន់​ខ្សោយវ័យកណ្តាល​គេងស្លេកស្លាំង​លើ​គ្រែ ដោយ​ភ្ជាប់ទៅនឹង​ម៉ាស៊ីន​ជា​ច្រើន។

ពន្លឺភ្លើងស្រពោន​បំភ្លឺបន្ទប់ICUដែលក្រៀមក្រំ ផ្សំនឹងស្នូរគ្រឿងម៉ាស៊ីនដ៏ស្ងាត់ទាប​ខ្សោយ បានផ្ដល់នូវសម្ពាធមួយត្រួតថ្មីពីលើបញ្ហា​កាលពីនៅផ្ទះ។ ទិដ្ឋភាព​នោះ ​ធ្វើ​ឱ្យ​​ខាងស្រីត្រូវ​ភ្ញាក់​ផ្អើល ​ព្រោះ​មិនស្មានទុកមុនទេ។ នាងគិតថា នីន​ជាស្ត្រីម្នាក់ដែលនៅនិយាយបាន។ បេះដូង​ទេពធីតាលោត​ញាប់។

ដាវីន៖ (ខ្សឹប) ម៉ាក់… របស់…..ស៊ីណាន?

ការសម្លឹងរបស់ស៊ីណានស្រពោននិងគុំកួននៅពេលនាយ​មើលអ្នកម្តាយពីនេះទៅ។ គេមិនងាកមក តែរាងកាយគេ ដៃគេក្តាប់ សរសៃតាមគល់ករបស់គេរីកធំ​ដោយការទប់កំហឹង ជាសញ្ញាថា នាង​កំពុងស្ថិតក្នុងសភាពងាយរងគ្រោះ។

«គាត់មែនទេ!»

ប្រុស​លែង​ដៃពី​នាង គេដើរ​ទៅ​ជិតកញ្ចក់​និយាយតិចៗដោយ​សព្ទសំឡេង​​ខ្សឹប។

«ម្តាយខ្ញុំ ត្រូវគេប្លន់អស់! សូម្បីបុរសដែលគាត់ស្រលាញ់ជាងគេក៏ត្រូវស្លាប់ចោលគាត់! ក្រោយ​មក គាត់លំបាកតោកយ៉ាក លះបង់គ្រប់យ៉ាងដើម្បីឱ្យកូនបានរៀនសូត្រខ្ពស់! ជីវិតនេះ ម្តាយកូនយើងឆ្លងកាត់បែបណា មាន​តែ​ពីរនាក់យើងទេដែលដឹង!​»

«ម្តេចឯងមិនទៅរកខ្ញុំ?»

ប្រុសងាកខ្វាក ខណៈសេតនៅពីចម្ងាយ​ដកថយ ទុកឱ្យលោកប្រុសគេ​ដើរមក​ដោយ​ស្ងប់​ស្ងាត់​។

 ស៊ីណានសម្លក់ម៉ែនដាក្រហមភ្នែក​និងមុខមាត់ ឯដាវីនស្លេកស្លាំង​ដែលប៉ានាង​បានមកដល់​លឿន​ជាងការគិត។ ស្រីឈានមកក្បែរៗ​ខ្លាចៗ…..មិនដឹងថា តើតរុណី​ខ្លាច​ឪពុក​​ធ្វើអ្វីលើស៊ីណាន ឬប្រុសម្នាក់នេះ ធ្វើអ្វីប៉ានាងនោះទេ។

«អ្ហះ? ម្តេចនីនមិនមករកខ្ញុំ? នីនស្គាល់គ្រួសារខ្ញុំ ហេតុអីឯងមកនៅនឹងខ្ញុំយូរហើយ មិននិយាយការពិតចេញមក!»

បុរសចំណាស់និងប្រុសក្មេង​មានកំហឹង​និងការខូចចិត្តដូចគ្នា ខណៈវីនស្រែកវ៉ាសរត់ទៅពាំង​ខណៈ​ប្រុស​ស្អាត​ប្រុងលូកដៃមកទាញកអាវប៉ា​នាង​។

«ព្រោះគ្រួសារយើងមិនចង់បានជំនួយពីពួកចោរទេ! ហើយគ្រួសារយើង ត្រូវការយុត្តិធម៌បានជាពួក​អ្នក​ឯងធ្វើឱ្យម៉ាក់យើងនិយាយលែងរួច!»

ដាវីនរបូតដៃដែលខំទប់ចង្កេះស៊ីណាន។ នាងទន់ដៃជើងខណៈ​ខំសម្លឹងភ្នែកគេ ចង់​ដឹង​ថា​ពាក្យ​ចោទ​អស់​នេះ​គេបានពីណាមក​។ ប្រុសមិនសម្លឹងនាងសូម្បីមួយក្រឡេកណាទេ តែពាក្យពេចន៍របស់គេ​កំពុងក្លាយជាពាក្យពិឃាត​ មាណវីក៏នឹកដល់បណ្តាវាចាគ្រោតគ្រាតពេលរាងកាយប៉ះគ្នា «ប៉ា​របស់ព្រះនាង ធ្វើរឿង​ថោកទាបជាងខ្ញុំរាប់រយដងទៅទៀត!»។

ស្រីស្រក់ទឹកភ្នែកច្រោក​ដោយគ្មានវាចាចេញសូម្បីមួយម៉ាត់ណា។

«គាត់មិនអាចនិយាយ….ប៉ុន្តែបំណុលមានម្ចាស់…​បំណុលដែលយើងបាត់ទៅ ត្រូវតែសងវិញ​យ៉ាង​ពិត​ប្រាកដ​ពួក​អភិជន​ចោរ​!​»​

«ឈប់ទៅ!» ដាវីនស្រែកទាំងភ្នែកព្រិលលែងមើលមុខគេឃើញ។ ស្រីតូច​ព្យាយាម​ពង្រឹងឫកពាហើយ និយាយបន្ថែមដាច់ណាត់៖

«ឈប់និយាយអ្វីដែលមិនមែនជាការពិត!»

វាចាដាវីន​ ធ្វើឱ្យបុរសក្មេង​ញាក់ស្មាសើចដោយឈឺចាប់។ ស៊ីណាន​​ងាក​មក​រក​ស្រី​តូច ជាមួយកែវភ្នែក​ពោរពេញទោសៈ។ ម៉ែន​ដាទាញយកកូនស្រីដែលពេញ​ដោយទឹកភ្នែកមកទុកក្រោយខ្នង ហើយ​និយាយតិចៗមួយៗ៖

«មានរឿងអីមួយ…..យល់ច្រឡំ​!​»

ស៊ីណាន​ងាកមកវិញសម្លឹងគាត់ហើយសើចក្អាកក្អាយបញ្ជោះបន្សោក​។ បរិយាកាស​ប្រែជាស្ងប់ស្ងាត់ ខណៈអភិជនម៉ែនដារេភ្នែកសម្លឹង​ស្ត្រីដែលគេងស្ងៀមទន់ខ្សោយនៅខាងក្នុង។

«មួយជីវិតនេះ យើងទាំងបីនាក់ មិនក្បត់គ្នាទេ!»

គាត់វាចាតិចៗ តែអ្នកផ្សេងឮច្បាស់។  ស្របពេលដែលដាវីនកាន់តែខិតទៅជិតឪពុកជាមួយទឹកមុខបង្ហាញការចង់ដឹងឮបន្ថែមលាយឡំដោយក្តីបារម្ភនិងភាពច្របូកច្របល់  ស៊ីណាននិយាយបែរ​ខ្នង​​៖

«ពាក្យ​អស់​នេះ​មែន​ទេ​ ប៉ា​ម៉ាក់​ខ្ញុំ​ត្រូវ​ចាញ់បញ្ឆោតអស់ដីធ្លីទ្រព្យសម្បត្តិ!»

«ខ្ញុំឱ្យវិញទាំងអស់​…ក្រោយពីធ្វើDNAតេស្តហើយ….យើងសងឯងវិញគ្រប់យ៉ាង!»

ស៊ីណានទម្លាក់ភ្នែកសម្លឹងឥដ្ឋ​។

ឬមួយគេស្តាប់ច្រឡំ

ផ្ទុយទៅវិញ….

«ស៊ីណារ៉ា!» ម៉ែនដាចាប់ផ្តើមនិយាយក្នុងសំឡេង​នឹង​នរ​ «កូនមិត្តខ្ញុំ ដែល​ជាអនាគតកូន​ប្រសា​​ប្រុស​របស់ខ្ញុំ ឈ្មោះ ស៊ីណារ៉ា មិនមែនស៊ីណានទេ!»

ស៊ីណាន​ញញឹម​ឈឺៗ​ពេលងាកមកប្រឈមបុរស​ចំណាស់ នេះ​គេ​ទទួល​ស្គាល់​ថា​ គេ​មិន​មែន​ឈ្មោះ​ស៊ីណាន ឬគេមកក្លែងបន្លំ? ដាវីនសម្លឹងបុរសទាំងពីរទាំងវិលវល់។

ប៉ានាងនិយាយបន្ថែម៖

«ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកគ្រួសាររបស់ល្បងស៊ីន!  ក្រោយពេលគាត់ស្លាប់ ​នីន​​គេចពីខ្ញុំរហូតមក!»

«កុហក!»

ស៊ីណានខាំមាត់ព្យាយាមសម្លឹងជនចំណាស់ ដូចចង់ស្វែងរកល្បិចអ្វីដែលគាត់កំពុងសម្តែងនៅនឹងមុខកូនស្រី។

«ប៉ុន្តែ…​ខ្ញុំមិនបានរកឃើញនីនសោះ! ហេតុអ្វីគេត្រូវមកគេងនៅICU?»

 ភ្នែក​របស់ស៊ីណានរួមតូចជាមួយករិយាមិនលុះក្រោមល្បិចម៉ែន​ដាទេ។

«ប៉ាម៉ាក់ខ្ញុំធ្លាប់ចាញ់បោកមនុស្ស​ក្លែងក្លាយម្នាក់នេះហើយ ហេតុផល​អីខ្ញុំត្រូវចូលស៊ងថែមម្នាក់​ទៀត​?​​»

ស៊ីណាន ក្តាប់​កណ្តាប់​ដៃ​ទប់ចិត្ត​មួយដែលរំជើបរំជួល។ មាត់គេសួរតិចៗ៖

«អ៊ីចឹង​! រកខ្ញុំមិនឃើញ លើកប្រពន្ធខ្ញុំឱ្យអ្នកដទៃ?»

គេ​និយាយ​ហើយ​ដៀង​សម្លឹង​ស្រី​តូច​ដែល​តោង​ដៃ​ឪពុក​។

«ហើយពេលខ្ញុំលេចមុខមក ក៏សម្អាតខ្ញុំដោយចាប់ម្តាយខ្ញុំទៅ?»

ម៉ែនដា​នៅ​ស្ងាត់​ពេលកូនស្រីងាកសម្លឹងគាត់រង់ចាំចម្លើយ។

ស៊ីណានបាននិយាយបន្ថែម៖

«ម្តាយខ្ញុំរងទុក្ខមកប៉ុន្មានឆ្នាំហើយ ចុងក្រោយគាត់សម្រាន្តដូចគល់ឈើ នៅតែនាំគ្នាមកធ្វើបាបគាត់​?​»​

នៅ​ពេល​ដែល​ម៉ែនដាងាកទៅមើលបន្ទប់ខាងក្នុងដោយខូចចិត្ត ដាវីន​លបពិនិត្យ​មើលរូបរាងអ្នកម្តាយដ៏ស្រស់ស្អាតរបស់ស៊ីណាន​ដែលបិទភ្នែកក្នុងសន្តិភាព​។ សម្តីម្តាយនាង គឺលោកជំទាវមាលា​​លាន់មកក្នុងការចងចាំដ៏ឈឺមុត «កុំឱ្យខ្ញុំដឹង ថារឿងចាស់នៅមិនទាន់ចប់!​ បងឯងនិងនាងហ្នឹងសាហាយ​គ្នា​! ឥឡូវ​ចង់យកវាមកបន្តរឿងថោកៗជាមួយគ្នា?»។

ស្រីតូច​ដកថយ…..នាងវិលវល់ ហើយញាប់ញ័រ។

«ប៉ា​! ហេតុអ្វីមនុស្សនេះសំខាន់? ប៉ាយកអ្នកជំងឺ​ខាងក្នុងទៅមែនទេ? ហេតុអី?»

ម៉ែនដា​ងាកមកវិញ ចិត្តរបស់គាត់នៅវិលវល់ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗនិងការពិតដ៏ខ្មៅងងឹត ដែល​បាន​លង​បន្លាច​មក​ជា​យូរ​ហើយ​។ សេតទើបនឹងបានប្រាប់ថា ជំទាវមាលា ប្រពន្ធ​គាត់ ​បានចាត់​មនុស្ស​មួយក្រុមមក​ពង្រត់​នីន​ ម្តាយ​​របស់​​ស៊ីណាន​ ពី​កន្លែង​សុវត្ថិភាពដែលគាត់ដាក់ឱ្យស្នាក់​ព្យាបាល​បណ្តោះអាសន្ន។ ម៉ែនដាមិនដឹងថា ការប៉ុនប៉ងរបស់មាលាអំពីម្តាយស៊ីណាន​គឺដើម្បីរក្សាសុវត្ថិភាពឬអ្វីទេ តែអាចមានលើសពីនេះ ប្រសិន​ស្តាប់ពាក្យស៊ីណាននិយាយ។

ប៉ុន្តែ​ម៉ែន​ដាកំពុងឱ្យសេតសើរើហើយ ការពិតនឹងបាន​ដឹង​ក្នុងពេលមិនយូរ។ តែទោះអ្នកណា​ធ្វើអ្វី​ពី​ក្រោយ​អតីត​កាល​មួយ​ដែល​គាត់​មិន​ពាក់​ព័ន្ធ​ ក៏​គាត់​នៅ​តែ​មិន​អាចបដិសេធទំនួលខុសត្រូវផ្ទាល់ខ្លួនបីនេះ គឺ​លុយដែលចូលហ៊ុនគ្នា ពាក្យសន្យាពីមុន និងកាតព្វ​កិច្ច​ជំនួសមិត្ត​ដែលស្លាប់។

បុរសដកដង្ហើមធំ សម្រេចចិត្តចាត់វិធានការកែតម្រូវបញ្ហា​ឱ្យបច្ចុប្បន្ននេះប៉ះប៉ូវអនាគតនិងសងបំណុល​ពីអតីតកាល។

 បុរសមិនរវល់នឹងកូនស្រីដែលរង់ចាំចម្លើយទេ គាត់ងាកមកនិយាយជាមួយស៊ីណាន។

«ប្រសិនDNAបង្ហាញច្បាស់! ខ្ញុំ​នឹង​​រៀប​ចំ​​ឱ្យ​មាន​សំណង​សមរម្យបូកជាមួយរាល់​អត្ថប្រយោជន៍​​​ដែល​ជំពាក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមកនេះលើភាគហ៊ុនរកស៊ីពីមុន!  នេះមិនមែនគ្រាន់តែអំពីរឿងដីធ្លីល្បងស៊ីនទេ! តែជាមិត្តភាពនិងពាក្យសន្យា!​»

គាត់ងាកទៅសេត៖

«ឯងត្រូវធានាថា រកមេមេធាវីណាដែលអាចចាត់វិធានការលឿន!»

ចិត្ត​របស់​ស៊ីណាន​មាន​ជម្លោះគេហាក់ភាំងនិងពាក្យទាំងនេះ ខណៈម៉ែនដាបន្តដោយដកដង្ហើមវែង​ៗ៖

«​ទីពីរ បើកូនស្រីខ្ញុំព្រម ខ្ញុំនឹងគិតគូរឿងមង្គលការ​!»

ដាវីន​សម្លឹងមកស៊ីណានព្រោះនាងភាំង។ ប្រុសក្រឡេកមកនាង​ជាមួយភាពក្រអឺត​ក្រទមដូចជាចង់​ប្រាប់ថានាងតាមពិតជារបស់គេស្រាប់ហើយ តែមាត់គេរឹងរូស៖

«ចង់រួចខ្លួនពីច្បាប់?» គេនិយាយទៅម៉ែន​ដា តែភ្នែកមិនដកចោលស្រីក្រមុំទេ។ ភ្នែកទាំងបួនថ្ពក់រកគ្នាជាមួយការឈឺចាប់មួយជាសម្ងាត់។

«ស្រេចតែឯងគិត!» ម៉ែនដារឹងត្អឹង។

«ចុះបើខ្ញុំមិនព្រមរៀបការ?​» គេងើយចង្កាក្រអឺតហើយនិយាយពាក្យនេះ ទាំងភ្នែកសម្លឹងស្រីល្អ។ នាង​រលីងរលោង ខឹង ក្នាញ់ មានះ តែនាង​ចង់ដកភ្នែកចេញពីគេមិនបាន ព្រោះនាងចង់ដឹងថា គេនិយាយបញ្ឈឺប៉ានាងឬគេកំពុងជាន់ឈ្លីនាងលេង។

ម៉ែនដាគ្រហែម ចាកចេញមកឆ្ងាយពីផ្ទាំងកញ្ចក់ មកប្រឈម​ពីមុខ​ស៊ីណាន​ហើយនិយាយដោយសម្លឹងចំៗភ្នែកបុរសក្មេង​ដែលក្រអឺតក្រទម៖

«កូនស្រីខ្ញុំ មានតែមួយ ហើយនាងមិននៅយូរទេ! បើមិនមែនឯង យើងនឹងបើកទ្វារទទួលកូនប្រសាផ្សេង!»

គិតដល់រឿង​នេះ រឿងដែលថាមានប្រុសណាផ្សេងបានមកកន្លងប្រាណទេពធីតា ចិត្ត​ស៊ីណាន​​ក្តៅ​រំពើត។ ប្រុសងាកភ្នែកក្រហមនោះសម្លឹងព្រះនាងមួយឆ្វាច់ ចិត្តគេងងឹត​ឃើញតែមុខអភិជន​រមទម​ចរិតល្អឈ្មោះយុទ្ធម្នាក់នោះ។ ចំណែកឯ​ម៉ែនដា​បាន​ឃើញ​ច្បាស់​ពី​ស្នេហា​​ព្រេងនាយ​នៃគូនេះ។ គាត់លបបែរប​ន់ថា សូមឱ្យគាត់អាចកែចរិតក្មេងប្រុសរសាត់អណ្តែតម្នាក់នេះបាន។

«ទីបី​! យើងនឹង​រកការពិត ថាអ្នកណាទៅ ដែលធ្វើឱ្យនីនគេងស្ងៀម ហើយបើម្នាក់នោះធ្វើដើម្បីបន្លំអ្វីមួយ ផលប្រយោជន៍ យើងនឹងអូសវាចូលគុក!»

ស៊ីណានញញឹម​ឈឺចាប់។

ម៉ែនដា ប្រហែលកំពុងគិតថាគេនេះជាមនុស្សបន្លំ យកអ្នកស្រីនីនមកលេងសើចរកផល​ប្រយោជន៍​ហើយមើលទៅ។

«ធ្វើរឿងអាក្រក់ច្រើនពេក ពូកែ​ស្រមៃ​ឃើញរឿងអាក្រក់ៗមែន!» គេថាឱ្យ​។

ម៉ែនដា​មិនរវល់ខ្វល់ទេ គាត់ងាកហៅកូនស្រី​ទាំងសម្លឹងសភាពស្លៀកពាក់របស់នាង​ហើយបន្ទោស​តិចៗ៖

«ទៅផ្ទះវិញដាវីន! ទុករឿងDNA ឱ្យពូឯងធ្វើការ ហើយបើមនុស្ស​បន្លំឬមនុស្សពិតដឹងការច្បាស់ហើយ​ ចាំសម្រេចចិត្ត​ក៏បានដែរកូន! ប៉ា….ឈរខាងកូន!»

គាត់​ងាកប្រុងចាកចេញ តែត្រូវស៊ីណាន​ស្តីឱ្យពីក្រោយខ្នង៖

«ឈប់មកប៉ះពាល់ម្តាយខ្ញុំ!»

ម៉ែនដាចងចិញ្ចើម គាត់ងាកមកវិញហើយសន្សឹមៗរេមាត់ពន្យល់សន្សឹមៗហាក់ឌឺដងឱ្យប្រុសកំលោះ​៖

«គេជា​….​ប្រពន្ធ​មិត្តខ្ញុំដែលស្លាប់ ហើយយើងនៅមានហ៊ុនជាមួយគ្នា! ខ្ញុំមានសិទ្ធិទាមទារគេយកទៅថែទាំ! ចំណែកឯង ចង់ទាមទារសិទ្ធិជាកូនប្រុស ត្រូវតែឆ្លងកាត់តេស្ត​បញ្ជាក់!»

ស៊ីណានរេចង្កាសម្លឹងជនចំណាស់ គ្មានពាក្យឆ្លើយ ធ្វើឱ្យម៉ែនដាងក់ក្បាលឌឺ​។

«ធ្វើតាមហ្នឹងទៅ!» គាត់និយាយចុងក្រោយ​រួចនាំកូនស្រីចាកចេញ។

វគ្គ

អូនជារបស់បង

មិនយូរប៉ុន្មាន​ទេ គឺ​នៅព្រឹកបន្ទាប់ គេឃើញ​ស៊ីណាន​ដើរចេញពីបន្ទប់ពេទ្យជាមួយ ពូសេត ដែលជាជំនួយការលោកឧកញ៉ា ម៉ែន ដា។ លទ្ធផលតេស្ត DNA នៅក្នុងដៃ បុរសចំណាស់ ឯក្នុងបេះដូងរបស់ស៊ីណានធ្ងន់ដោយមនោសញ្ចេតនានិងការខ្វល់ខ្វាយ។

គេបានចាកចេញពីមនុស្ស​របស់គ្រួសារខាងស្រី ហើយធ្វើដំណើរទៅកាន់ ICU ដែលម្តាយនៅស្នាក់​។

សភាពរបស់គាត់នៅតែទន់ខ្សោយ តែស្ងប់ស្ងាត់សម្រាកមិនមានសម្ពាធ។

 «ម៉ាក់!» ប្រុសនិយាយយ៉ាងស្រទន់ ហើយចាប់ដៃម្តាយច្របាច់ «ម៉ែនដាបានលទ្ធផល​DNA ហើយ! តានោះគ្មានពាក្យនិយាយយកលេសទៀតទេ…! តែ….​ខ្ញុំ​មិន​ចង់​ក្លាយជាសមាជិក​​គ្រួសារចោរ​ទេ​ម៉ាក់​! ​ ប៉ុន្តែ….កូន​…​ចង់ប្រាប់ម៉ាក់….រឿងមួយ…..ក្មេងស្រីនោះ ​ខ្ញុំស្រាប់តែ…. ​ស្រលាញ់​គេ​​​ខ្លាំងណាស់ម៉ាក់! អត់មាន​ហេតុផលទេ! គេ….ជាមនុស្សស្រី….ដែលCleanបំផុតក្នុងលោកដ៏កខ្វក់នេះម៉ាក់​! គេមិនដឹងរឿងអីទាំងអស់! ខ្ញុំចង់នៅជា​មួយ ដាវីន ចង់ការពារគេ! ចង់ឱ្យគេញញឹម​ ខ្ញុំចង់​ធ្វើ​អ្វីៗគ្រប់យ៉ាង​ដែល​គេសមនឹងបានទទួលណាម៉ាក់!»។

ក្រឡេកភ្នែក ស៊ីណានបានឃើញនារីម្នាក់សក់គ្របស្មាឈរបែរខ្នង​នៅក្រៅ។ គេក្រោកមកហើយ​ដើរ​ចេញ​ពី​បន្ទប់​ ICU ។

«មករកអ្នកណា?»

នាងងាកមក ហើយ​បេះដូង​ប្រុសសឹងភាំងជាមួយសម្រស់របស់នាង​។

«ខ្ញុំ…ឌីណា! ខ្ញុំត្រូវមកមើលថែអ្នកស្រីនីន!»

ប្រុសចងចិញ្ចើមតិចៗ។ នាងមានបបូរមាត់ស៊ីជម្ពូ កែវភ្នែកខ្វល់ខ្វាយ ក្នុងទម្រង់មុខតូចច្រឡឹង​។ អាវសវែងរបស់នាង បណ្តាលឱ្យគេគិត។

«លោកឧកញ៉ាម៉ែនដា ឱ្យខ្ញុំទទួលការងារនេះជាមួយអង្គរក្សពីរ​នាក់ទៀត!»

ស៊ីណាន​ដៀងភ្នែកទៅរកបុរសមាឌធំពីរនាក់ដែលនៅរេរាម្នាក់ឆ្វេងម្នាក់ស្តាំបន្ទប់។ គេយល់ហើយ​ ក៏មាន​អារម្មណ៍មិនសប្បាយចិត្ត​ដំណាល​គ្នា​។

ស៊ីណាននិយាយដោយខំអត់ធ្មត់ដាក់នាង៖

«ទៅវិញទៅ! ម្តាយខ្ញុំ ខ្ញុំមើល!»

ដោយ​មាន​ភាព​ច្របូកច្របល់​និង​ការ​ខក​ចិត្ត​ក្នុង​សំឡេង​នាង នាររីតូចនេះ ខំ​សម្លឹង​មើលទឹកមុខស៊ីណាន​ហើយពោលអង្វរករ៖

«​កុំដេញខ្ញុំ! ខ្ញុំ​ត្រូវ​ការការងារនេះ ខ្ញុំត្រូវការ​ប្រាក់​ថ្លៃសាលា​ប្អូនៗ​ខ្ញុំ!»

 ស៊ីណាន មាន​អារម្មណ៍​ថាគ្រប់យ៉ាង​ត្រូវបានរៀបចំមកល្អិត ជាល្បិចអ្វីមួយ ហើយ​ចង់ឡោមព័ទ្ធ​ជីវិត​របស់គេ។  ទោះនាង​ស្អាតនិងមាន​សភាពគួរឱ្យអាណិត ប៉ុន្តែកំហឹង​បាន​ពុះ​កញ្ជ្រោលស្ងប់​ស្ងាត់​ក្រោមការលាក់កំបាំងនៃផ្ទៃមុខស្មើធេងរបស់នាយ​។

គ្រប់យ៉ាងគឺអំពីម៉ែនដា….​ស្រីស្អាត​បែបនេះ? អង្គរក្ស?

ប្រុសញាក់ស្មា​ដើរចេញពីនាង​ហើយខលភ្លាម៖

«យកមនុស្ស​របស់លោកឧកញ៉ាចេញឱ្យឆ្ងាយពីម៉ាក់ខ្ញុំ!»

សំឡេង​ម៉ែន​ដាតបមកវិញធម្មតាៗ​៖

«ឌីណា​​នៅ​ដើម្បី​មើល​ថែនីន!»

«អត់ត្រូវការទេ!»

«កុំរឹងរូស! ឯងត្រូវផ្តោតលើមង្គលការ! បើមាន​ពេល មកមើលគូដណ្តឹងក៏ល្អ​! គេនៅព្យាបាល​អាគារ​រំលងឯងតែពីរជួរទេ!» បេះដូងរបស់ស៊ីណានលោតញាប់​។

ដាវីនឈឺ?

ល្បិចអីទៀតហើយ?

តែ….រវាងសេចក្តីស្រលាញ់ដែលកំពុងកើនឡើងនិងកាតព្វកិច្ចដែលកំពុងដាក់លើស្មា​របស់គេ ប្រុសបានសម្លឹងមើលមកឌីណា។ ក្មេងស្រីម្នាក់នេះមិនមាន​វ័យលើសពីដាវីនពេកទេ តែនាងមានទឹក​មុខ​ហត់នឿយនិងអាការៈបារម្ភ។ នាង​​ទំនងជាគ្មានគ្រួសារកក់ក្តៅឬហិរញ្ញវត្ថុធានាដូចដាវីន​ឡើយ​។

ជាមួយការយល់ចិត្ត​ ស៊ីណាន​​ដើរមួយៗមករកស្ត្រីក្មេងដែលកំពុងបង្ហាញអាការៈភ័យៗ គេនិយាយ​តិចៗ៖

«កុំឱ្យដឹងថាមានល្បិច! ម៉ាក់ខ្ញុំគាត់បែបនេះហើយ ត្រូវល្អជាមួយគាត់!»

«ចាស!»

ឌីណានិយាយតបខ្លីជាមួយក្តីអំណរក្នុងកែវភ្នែក។

​ស៊ីណានសម្លឹងម្តាយបន្តិច​រួចងាកមកនាង​ហើយវាចា៖

«ចូលបាន!»

ប្រុសដៀងរកអង្គរក្សម្នាក់ ហើយ​ដើរសំដៅទៅ។

«ដាវីននៅឯណា?»

ស៊ីណាន​បានប្រញាប់ប្រញាល់ឆ្លងកាត់សាលមន្ទីពេទ្យនេះដោយ បេះដូងធ្ងន់ទៅដោយ​ការសង្ស័យ​​លាយឡំសេចក្តីបារម្ភ។

ពេលដែលគេឃើញម៉ែនដា​ឈរក្បែរសេត ក៏ជាពេលដែលម្តាយនាង​បើក​ទ្វារចេញមកដែរ។​ មួយក្រឡេកមើលទៅក្នុង  ​ភ្នែក​គេ​បាន​ចួប​ជាមួយ​ភ្នែកស្រពោនដែលដាវីនដែលសែន​ភ្ញាក់ផ្អើលពេលឃើញ​វត្តមានគេ។

ប្រុសមាន​អារម្មណ៍​ថា​ នាង​មានរឿងច្រើនចង់និយាយ ប៉ុន្តែ​ទីនេះ ម៉ោងនេះ គ្រប់យ៉ាង​​ត្រូវ​បាន​គ្រប​​ដណ្តប់​​ដោយ​កំហឹង​របស់លោកជំទាវ។

អ្នកមាលា​បោះ​ជំហាន​មក​រារាំង​ផ្លូវ​របស់ប្រុសស្អាត៖

«មាន​សិទ្ធិអីមកនៅហ្នឹង?»

ស៊ីណានលើកដៃឡើងមករារាំងឱ្យឈប់និយាយ ព្រោះគេ​ចង់​ព្យាយាមរក្សាភាពស្ងប់ស្ងាត់នៅនឹងមុខអ្នកជំងឺតូចខាងក្នុង។

 គេបង្ហាញទឹកមុខ​មាំដាក់ហើយឈាន​ចូលទៅដោយមិនស្ទាក់ស្ទើរ។

ដាវីនមើលទៅខ្សោយ​ ប៉ុន្តែមានពន្លឺនៃក្តីសង្ឃឹមនៅក្នុងភ្នែករបស់នាងនៅពេលពួកគេចួប​គ្នា​។

«ប៉ាម៉ាក់យើងធ្វើអីយើង?» ស៊ីណានសួរតិចៗដោយទាញកៅអីមកអង្គុយស្តាប់នាងដកដង្ហើមធំ​។  

«ខ្លួនជាអ្នកធ្វើឱ្យខ្ញុំឈឺ មិនមែនអ្នកណាទេ!»

ទម្ងន់នៃភាពច្របូកច្របល់បានគ្របមកលើបេះដូងកំលោះ​នេះ ខណៈគេដឹងថា នាង​ឈឺព្រោះសម្ពាធ​និងការចាប់បង្ខាំងប៉ុន្មានថ្ងៃមកនេះ។  ពន្លឺភ្នែកនាងស្រទន់ដោយសេចក្តីត្រូវការ ការយល់ចិត្ត និងការស្នើសុំតែ…

តើនេះជាស្នេហាពិតឬជាអ្វី? ឬមួយគ្រាន់តែជាការលេងសើច លេងល្បិចការពារគ្រួសារនាង?

ប្រុសចង់ចាប់ផ្តើម​និយាយប៉ុន្តែពាក្យពេចន៍អស់ទាំងនោះមិនធ្លាក់ចេញមកបានទេ។ ផ្ទុយទៅវិញ នៅតែស្លាក់ បណ្តាលឱ្យគូស្នេហ៍ស្ងៀមស្ងាត់ វង្វេងក្នុងគំនិតដែលហែកហួររវាងការចង់លួងលោមនាង និងភាពមិនច្បាស់លាស់ដែលគ្របដណ្តប់ក្នុងបេះដូងកម្សត់។

ភ្នែកបរិសុទ្ធ​នាំនារីតូច​បាន​ផ្លាស់ប្តូរទៅជាការព្រួយបារម្ភ នៅពេលដែលនាងឃើញ​ពីភាពស្ទាក់​ស្ទើរ​របស់​គេ។

«ប៉ាថា….»

«យើងនឹងរៀបការ​!» គេនិយាយបង្ហើយ។

បបូរមាត់នាងចំហ ភាំង តែនាងរំភើប។ ស៊ីណានសម្លឹងមើលទៅក្នុងភ្នែករបស់នាង ដោយមានអារម្មណ៍​ថា ជម្រៅនៃទំនាក់ទំនងរបស់ពួកគេ ហាក់លាយឡំជាមួយអ្វីមួយមុតៗ ហើយឈឺ៖

«ប៉ុន្តែ…..មិនបាច់អរទេព្រះនាង! មុននឹងក្រោយ ចប់ការងារ យើងនឹងលែងលះ!»

បេះដូង​​របស់​ស៊ីណាន​មាន​អារម្មណ៍ថាធ្ងន់ណាស់ ក្រោកមិនចង់រួចទេ ​នៅ​ពេល​គេ​និយាយពាក្យពីរម៉ាត់​ចុង​ក្រោយនោះ។

 សំឡេង​របស់​គេ​ទាប​និង​ឈឺៗ​។ ប្រុសបន្ត៖

 «ពេលហ្នឹង ព្រះនាង​នឹង​រក​ឃើញ​ your right man​ ហើយ​ខ្ញុំ​ក៏ដូច​គ្នា»

ទឹកមុខដាវីនបង្ហាញពី​បេះដូងដែលខ្ទេចខ្ទាំ ទោះណានាង​ដឹងថាគេនិយាយនេះបញ្ឈឺប៉ានាង​ក៏ដោយ​។ តូចបង្ខំខ្លួនឯងឱ្យរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែ​ការ​ឈឺចាប់​បញ្ចេញ​​ជ្រុល​ទៅ​ហើយ​​ក្នុង​ពន្លឺ​ភ្នែក​។

ស៊ីណាន​មើលទៅឆ្ងាយ ខណៈបេះដូងខ្លួនគេ​កំពុងឈឺ។

ប្រុស​មិន​ចង់​ធ្វើ​បាបចិត្ត​​នាង​ទេ ប៉ុន្តែ​​ក៏​ដឹង​ថា​អាពាហ៍ពិពាហ៍​នេះគ្រាន់តែ​ជា​មធ្យោបាយ​បញ្ចប់បំណុល​របស់ម៉ែន​ដា។

«ខ្ញុំស្មានថាឯងមកល្អជា!»

ប៉ានាងនិយាយនៅពេលដែល​កែវភ្នែករបស់ដាវីនរលោង​ទៅដោយ​ទឹក​ភ្នែក​។ បេះដូងរបស់នាងឈឺចាប់​ពេលនាងដឹងការពិតដ៏ឈឺចាប់ច្រើនឡើងៗ។

 ស៊ីណានមានអារម្មណ៍ថាទម្ងន់នៃភាពសោកសៅរបស់នាងបន្សល់ដំបៅមួយធំក្នុងទ្រូងនាយ តែ​គេ​នៅ​រឹង​ត្អឹង​និយាយ​តប​នឹង​ប៉ា​នាង​​៖

«នេះគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់គ្រប់ភាគី!  ព្រោះពាក្យសន្យា​ត្រូវតែធ្វើ​! បំណុលត្រូវតែ​សង! ​ការពិតត្រូវតែដឹង! តែបើមិនចង់ អាចមានវិធីផ្សេង….ដើរចូល​គុកពីបទបោកទំនុកចិត្ត ចំណែកកូនស្រី ឱ្យទទេក៏ខ្ញុំមិនយក!​»

ផាំង!

គេត្រូវមួយកំផ្លៀង!

ស៊ីណាន​ប្រុងលើកដៃតប ស្រាប់តែនាង​ឆ្លើយពីក្រោយទាំងយំសោក៖

«ខ្ញុំព្រម!»

ម៉ែន​ដាសោកសៅខ្ទប់បេះដូងដែលចុកចាប់។ ក្មេងប្រុសនេះរឹងរូសជាងអ្វីដែលគាត់គិត។ ស៊ីណាន​គ្មានពេលខ្វល់ទេ គេងាកទៅមើលនាង។ នារីក្រោកមកអង្គុយ ទាំងខ្សោយៗ។

នាង​ងក់ក្បាលសម្លឹងភ្នែកគេ៖

«ចង់ឱ្យខ្ញុំឈឺចាប់មែនទេ? ហើយសប្បាយចិត្ត? បាន! សរសេរទៅ!!! កុងត្រា​! ថាក្រោយរៀបការនេះ រឿងចាស់ ចប់ទាំងអស់! ប៉ាខ្ញុំមិនជំពាក់អីទៀតទេ!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*