ស្តាប់ទៅដូចជាស៊ីណានស្ថិតក្នុងស្ថានភាពមួយនៃជម្លោះគំនិតខ្លួនឯងយ៉ាងលំបាក។ យ៉ាងណា គេនេះមិនដែលមានចិត្តចង់ឱ្យដាវីនឈឺចាប់ទេ។
ចំពោះពាក្យសម្តីដ៏អាក្រក់ដែលគេបានប្រើជាមួយនាងពេលនេះ គេខ្លួនឯងដែលមានអារម្មណ៍មិនល្អ ប៉ុន្តែចូលជ្រៅទៅគឺស៊ីណាន រឹងទទឹងមិនចង់ក្លាយជាផ្នែកមួយនៃគ្រួសាររបស់ម៉ែនដា មិនថាតាមរយៈអាពាហ៍ពិពាហ៍ឬសម្ព័ន្ធភាពណាមួយក្តី។
អតីតកាលនិងអាពាហ៍ពិពាហ៍គ្រានេះហាក់ដូចជាស្មុគស្មាញ ព្រោះថាជាកាតព្វកិច្ចនៃកិច្ចសន្យាពីមុនៗ ក៏ដូចជាក្តីបំណងប្រាថ្នារបស់គេការពារខ្លួនពីផលវិបាកផ្លូវច្បាប់ក្រោយហេតុការណ៍ចាប់ពង្រត់ដាវីន។
តែស៊ីណានមិនបានដឹងឡើយថា ការធ្លាក់ខ្លួនឈឺភ្លាមៗរបស់ដាវីន មិនមែនកើតឡើងដោយសារសុខភាពនាងទេ ប៉ុន្តែដោយសាររបួសមួយជ្រៅក្នុងសតិអារម្មណ៍ដែលនាងបានដឹងអាថ៌កំបាំងជាច្រើនទៀតក្រោយវិលមកពីមន្ទីរពេទ្យ….
យប់ម្សិលមុនពេលចូលពេទ្យ….
សន្ធិយាគ្របដណ្តប់មកជាមួយភាពស្រពោនស្ងប់ស្ងាត់នៃវីឡាលោកម៉ែនដា។ ទម្ងន់នៃព្រឹត្តិការណ៍ពេញក្នុងថ្ងៃនេះ ដាក់បន្ទុកលើឧកញ៉ាជាខ្លាំង ជាពិសេសក្រោយពេលគាត់ឡូឡានិងបោកប្រាស់អីវ៉ាន់ក្នុងបន្ទប់ជាមួយជំនួយការគាត់ គឺសេត។
ដោយមិនអាចសំងំឱបក្តីងឿងឆ្ងល់ត្រឹមហ្នឹងបាន ដាវីនបានតាមទៅពីក្រោយប៉ានាងដែលលេបស្រាទាំងដបដល់យប់ជ្រៅ។
អ្វីម្យ៉ាង ធ្ងន់ហើយគំរាមកំហែងនាង បានបណ្តាលឱ្យនាងតាមដានពេលប៉ានិងម៉ាក់ប៉ះគ្នា។
«មាលា» សំឡេងរបស់ស្វាមីរូបនេះបង្កប់នូវភាពតានតឹង ដែលផ្ទុយស្រឡះពីអាកប្បកិរិយាស្ងប់ស្ងាត់កន្លងមក។
«លោកប្តីស្រវឹង?» ជំទាវដែលតែងតែស្រស់ស្អាត លាន់មាត់ពោលឡើងដោយភ្ញាក់ផ្អើល។ គាត់មានឈុតរលោងក្រហមស្រិល ដែលស្អាតចែងចាំងនៅយប់នេះ ព្រោះអ្នកមាលាចង់ប្រឈមមុខទាមទារចំណាប់អារម្មណ៍ពីប្តីមកវិញក្រោយលេចវត្តមានអ្នកស្រីនីន។
ដាវីនដែលលបស្តាប់ មិនដឹងពីរឿងពួកគេទាំងបីកាលពីអតីតកាលឡើយ ដឹងត្រឹមថា គ្រួសារនាងកំពុងក្រឡាប់ចាក់។
ជំទាវមាលា យប់នេះតែងកាយស្រស់ស្អាតយ៉ាងណាក៏មិនអាចធ្វើឱ្យឧកញ៉ាភ្លេចចោលទុក្ខកង្វល់បាននោះដែរ។
«នៅចាំយប់ដែលបងស៊ីន មិត្តរបស់ខ្ញុំស្លាប់ដែរលោកជំទាវ?»
ជំទាវមាលាភ្ញាក់ផ្អើល។ ភ្នែករបស់គាត់ព្រិចភ្នែក ហើយមាត់ធ្វើចលនាគ្មានពាក្យឆ្លើយ។ ចិត្តរបស់ដាវីនដែលលបស្តាប់ ហាក់ស្រពិចស្រពិល«ប៉ាស៊ីណាន?»។
«ហើយកើតអីមកសួររឿងចាស់ៗ?» ជំទាវមាលាមានភាពបារម្ភក្នុងសព្ទសំឡេង។
«ចាំអត់?» ម៉ែនដាផ្ទាន់ទាំងខាំមាត់សង្កត់សំឡេងហាក់ខឹង។
ភាពស្ងប់ស្ងាត់ធ្ងន់ធ្ងរកើតមានឡើងព្រោះខាងក្នុងបន្ទប់គ្មានសំឡេងឆ្លើយ។ ដោយក្តីបារម្ភស្រីតូចដើរទៅថែមបន្តិចដើម្បីលបមើលឱ្យកៀក។ សភាពជំទាវម៉ាក់របស់នាងអង្គុយគងជើងក្តោបមុខលើគ្រែ គឺសភាពថប់បារម្ភមួយមិនឱ្យសង្ស័យ ក៏មិនកើត។
«អូនធ្វើអីស៊ីន អូនដាក់ថ្នាំបំពុលក្នុងកាហ្វេគាត់?»
ដៃដែលដាវីនខ្ទប់មាត់ នាងទម្លាក់ភឹងមកស្មើចង្កេះ ព្រោះតែអស់កម្លាំងល្ហិតល្ហៃ។ ដោយទឹកមុខស្លេក ជំទាវស្ទុះក្រោកឈរប្រឈមនឹងប្តីដែលកំពុងចង្អុលមុខ។
ពេលជំទាវមាលាបើកភ្នែកធំៗទាំងតក់ស្លុតគ្មានពាក្យស្តី ប្តីនិយាយបន្ត៖
«ខ្ញុំបានធ្វើខុស! ខ្ញុំជាអ្នកនាំមិត្តខ្ញុំមកស្លាប់! យើងជំពាក់ស៊ីណាន ជាការពិត! ជំពាក់នីន! ខ្ញុំគួរតែយល់ដែរហេតុអីមិត្តខ្ញុំនៅសុខៗពុលស្លាប់នៅយប់នោះ គឺនៅកំពង់សោម!»
មាលាមុខរឹងរូសហើយខំផ្ចង់ទល់ទប់នឹងភាពភ័យខ្លាច តែគ្រប់យ៉ាងនេះជាចម្លើយស្រេចទៅហើយ។ ឧកញ៉ា ម៉ែន ដា ដកដង្ហើមធំ ស្មារបស់គាត់ធ្លាក់ចុះក្នុងទុក្ខព្រួយ វិប្បដិសារី និងកំហុសធ្ងន់។ គាត់និយាយរវើរវាយលាយជាតិសុរា៖
«ខ្ញុំមិនដឹងទេ មិនដឹងមែនបងស៊ីន! ខ្ញុំទើបតែដឹង…..!»
«ok!» ជំទាវស្រែកយំ ក៏ជាសំឡេងដែលបេះដូងដាវីនរលាយទៅក្នុងកម្លាំងអគ្គីដ៏ក្តៅមួយ។
«ខ្ញុំខុសម្នាក់ឯង! ហៅគេមកចាប់ខ្ញុំឬម៉េច?» ជំទាវនិយាយផងទ្រោបមុខផង «ចាំបានដែរ? ប្រសិនកាលណោះ ខ្ញុំមិនចាត់វិធានការណ៍ បងអាចរួចខ្លួនពីបំណុលអចលនទ្រព្យទាំងអស់ហ្នឹងដែរឧកញ៉ា?»
ប៉ានាងអង្គុយចុះក្បែរភរិយាដូចគ្មានវិញ្ញាណ។
ដាវីនដើរមួយៗទាំងមមើ។
ក្នុងផ្ទៃបន្ទប់ដ៏ស្ងប់ស្ងាត់សឹងគ្មានដង្ហើមនាងនិងប៉ានាង ជំទាវនិយាយតម្អូញទួញសោក៖
«ចាំបានទេ កាលនោះ យើងរលាយអស់ពីខ្លួន!….ហើយ…បងចូលគេងពេទ្យ….បងស៊ីនដឹងគ្រប់យ៉ាង! គាត់គ្មានចិត្តសោះ….ស្រាប់តែមកទារយកដីធ្លីទៅវិញ ព្រោះគាត់មិនចង់ប្រឈមហានិភ័យ! គិតថា គាត់ល្អនឹងយើង? បើខ្ញុំមិនចាត់ការគាត់…..!»
«ឈប់និយាយ…..!»
ប៉ានាងខ្ទប់ត្រចៀក ហើយងាកមកឃើញនាង។
ស្រីតូចបង្ហាញវត្តមានឱ្យពួកគាត់ឃើញ…ម៉ាក់នឹងប៉ានាងងើបមុខមកជាមួយកែវភ្នែកតក់ស្លុត។ ស្រីតូច បានលិចចូលបាត់ក្នុងភាពអាម៉ាស់ពិតប្រាកដមួយក្នុងពិភពលោកដ៏ក្លែងបន្លំដែលនាងមិនដឹងខ្លួនអស់ជាយូរមកហើយ។
«ដាវីន!»
ម៉ាក់នាងហៅ ហើយក្រោយមក ស្រីតូចគ្រវីក្បាលដើរថយក្រោយ។
«ម៉ាក់……ម៉ាក់អត់បានបំពុលសម្លាប់ប៉ាគេទេមែនទេ?» នាងនិយាយអួល ភ័យ និយាយសឹងមិនចង់ចេញសំឡេងហើយមានអារម្មណ៍ថា ញាក់ញ័រសព្ទសាច់ដល់ផ្ទៃឆ្អឹងខ្នង។
ខណៈលោកឧកញ៉ាមានភាពស្រឡាំងកាំង រាងកាយស្រីតូចដាវីនទន់លោងហើយស្រុញចុះ….
—————-
ពេលនេះ ម៉ោងនេះ លើគ្រែពេទ្យនេះដាវីនឃើញខ្លួនឯងស្ថិតនៅលើជ្រុងដ៏ខ្ពស់មួយនៃជ្រោះជ្រៅ។ មាណវីតូច អាចរើសយករវាងជម្រើសត្រឹមពីរ គឺទីមួយ ស្លាប់ចោលវិបត្តិនេះ ការអាម៉ាស់អស់ទាំងនេះ ឬរស់នៅលាងបាបសម្រាប់ម្តាយ។ បេះដូងរបស់នាងលោតញាប់ញ័រនៅពេលស្តាប់ការបកស្រាយការពិតដ៏ឃោរឃៅរវាងគ្រួសារទាំងពីរ ដែលជាទម្ងន់ភ្នំបាបសង្កត់លើទ្រូងនាង។
ក្នុងហេតុផលអ្វីក៏ដោយ ម្តាយនាងគ្មានសិទ្ធិសម្លាប់អ្នកដទៃមកសង្គ្រោះបំណុលប្តីទេ។ នេះគឺស្មើនឹងគាត់បានលួចសម្បត្តិទ្រព្យអ្នកដទៃនិងជីវិតបង្គោលគ្រួសារមួយ ដែលធ្វើឱ្យស្ត្រីម្នាក់ ក្មេងប្រុសម្នាក់ត្រូវធ្លាក់នរកទាំងរស់។
«កូនសូមនៅនិយាយជាមួយគេតែពីរនាក់!»
ស្រីពោលតិចៗ លោកម៉ែនដានិងជំនួយការសេតដឹងច្បាស់ណាស់ថា នៅក្នុងពន្លឺស្រទន់នៃទឹកមុខរបស់ក្មេងស្រី ក្តីសោកសៅនិងភាពភ័យខ្លាចបានប្តូរមកជាការដោះស្រាយចម្រុះមួយ។
កំហុសអតីតកាលនេះ បានធ្វើឱ្យលោកម៉ែនដាត្រូវដើរចេញដោយគ្មានវាចា។ ទីនេះសល់តែស៊ីណាននិងចំណាប់ខ្មាំងតូច។ ប្រុសមើលឃើញភាពស្លក់ខ្មៅ ក្រោមភ្នែកនាង។
ផ្ទះនាងធំ តែពុំកក់ក្តៅសម្រាប់ស្រីឡើយ គេយល់! នៅជាមួយគេ ដាវីនមានសម្រស់ជាងនេះឆ្ងាយតាមដែលគេចាំបាន។
សំឡេងតែមួយគត់នៅទីនេះ គឺសំឡេងប៊ីបជាប់ៗគ្នានៃម៉ូនីទ័រនិងសន្ធឹកបេះដូងគូស្នេហ៍។ ជាមួយស្រមោលម្តងម្កាលនៃចលនាគិលានុបដ្ឋាយិកាដើរកាត់នៅខាងក្រៅកញ្ចក់ ប្រុសលូកដៃទាញរូតបិទវាំងនន។
ស៊ីណាន ខិតមកអង្គុយរឹតក្បែរ។
ដាវីនប្រតោងម្រាមដៃនាងជាប់នឹងភ្លៅក្នុងភួយ លាក់កំបាំងភាពតឹងតែងចិត្ត ឯភ្នែកស្រីសម្លឹងមើលបុរសដែលនាងសន្យាថានឹងរៀបការជាមួយគេ។
ស៊ីណានឈ្ងោកមើលក្រោម។ ច្រមុះគេស្រួច មាត់គេស្មើ មិនញញឹម ទឹកមុខមិនអាចអានបានយល់ឡើយ ដូចជាត្រជាក់ៗនិងរឹងដូចថ្មកែវ ដែលជាតំណាងនៃកំហឹងនៅក្នុងជីវិតរបស់គេ។ ដាវីនឃើញតែភាពសោកស្តាយដែលជីវិតគេត្រូវកំព្រា ហើយឆ្លងកាត់មកច្រើនណាស់ មុនពេលគេមកដល់ទីនេះ ទាមទារគ្រប់យ៉ាងពីប៉ានិងម៉ាក់នាងវិញ។
មិនឃើញតរុណីស្រដី ប្រុសបើកភ្នែកឡើងមកវិញ ហើយផ្ទាំងទឹកកកដ៏មុត ត្រជាក់តាមរយៈពន្លឺភ្នែកនាយបានធ្វើឱ្យនាងស្រៀវដល់ឆ្អឹងខ្នង។
ប្រុសប្រែខ្លួនយឺតៗ ចលនានីមួយៗដូចជាបានគណនារង្វាស់ពិតប្រាកដនៃទម្ងន់ឥរិយាបថរបស់គេដែលមានប្រៀបមកលើបេះដូងខាងស្រី។
«So?» ប្រុសចាប់ផ្តើមខ្លីដោយលើកចិញ្ចើមម្ខាង ហើយប្រើសព្ទសំឡេងទាបក្ងួរក្នុងគល់ក។ ដោយភាពជូរចត់ដែលឃើញនាងស្រពោន គេនិយាយដាក់ភ្នែកនាងតិចៗ៖
«ល្អទេ ដែលសុខចិត្តមកចងភ្ជាប់អនាគត ជាមួយមនុស្សម្នាក់ទាំងដែលដឹងថា គេនឹងធ្វើឱ្យយើងនេះវេទនា?»
«វេទនាកម្រិតណាទៅ?»
នាងវាចាតបមក….រឹងមាំ….ជ្រៅ….និងឈឺចាប់។ ទាំងបីយ៉ាងនេះ បញ្ចេញជាមួយពន្លឺភ្នែកនាងធ្វើឱ្យប្រុសគាំងបន្តិច។
បេះដូងរបស់ស៊ីណានញាប់ញ័រ ខណៈដាវីនសើចតិចៗទាំងងងឹតងងុលបន្តសំឡេងរអាក់រអួល៖
«ខ្ញុំសងវិញគ្រប់យ៉ាង ស៊ីណាន! អនាគតរបស់ខ្ញុំ រាងកាយខ្ញុំ កេរ្តិ៍ឈ្មោះ ជីវិត….គ្រប់យ៉ាងនៅចំពោះមុខនេះ យកទៅ ហើយឈប់….មកធ្វើអីប៉ាម៉ាក់ខ្ញុំ! លោកត្រូវសន្យា…»
«គ្មានពាក្យសន្យាអីថ្មីទេព្រះនាង! គ្មាន!»
គេខាំមាត់ពេលឃើញនាងឈឺចាប់។ ភ្នែកគេរលោង បបូរមាត់គេកាច ខាំ ហើយមុខគេខ្មៅ។ នាងមិនដកភ្នែកទៅណាទាំងអស់ កាន់តែមើលប្រុស នាងកាន់តែយល់ពីទំហំទុក្ខវេទនាដែលគេបានឆ្លងកាត់ក្នុងជាតិនេះ ហើយស្រីចង់ចែករំលែក ដកហូតយកខ្លះ បណ្តើរៗ ចេញពីស្មានិងបេះដូងខ្ទេចខ្ទាំរបស់គេ។
«បើគ្មានពាក្យអីនិយាយទេ ត្រៀម!»
គេក្រោក….ដោយងាកមកនិយាយបន្ថែម៖
«ត្រៀមធ្វើកូនក្រមុំកម្សត់បំផុតលើលោកនេះ….ហើយខ្ញុំនឹងតុបតែងជីវិតនាង….ឱ្យប៉ាម៉ាក់នាងបានឃើញ!»
ជាមួយការឈឺចាប់ពេញផ្ទៃមុខរបស់ស៊ីណានដែលនាងបានឃើញ ស្រីយល់ថា កាន់តែទប់នឹងគំនុំរបស់គេ នាងរឹតមានអារម្មណ៍កាន់តែធូរស្រាល គឺស្រាលដែលបានផ្តើមសងជំនួយម៉ាក់នាង។
នៅលើឡានចាកចេញ កំលោះម្នាក់នេះកំពុងតែពន់រែកនូវអារម្មណ៍សម្ងាត់ជាច្រើន។ ភ្នែកទាំងគូនេះមិនអាចរលុបចោលភាពរអាក់រអួលនៃកែវភ្នែកនិងបបូរមាត់ខាងស្រីបានទេ។
តើគេធ្វើបាបនាងទេ?
ប្រុសជាន់ហ្រ្វ័ងយ៉ាងរហ័ស ខាំមាត់បន្លប់ចិត្តទោរទន់របស់ខ្លួន។ មនោសញ្ចេតនានេះជាល្បិចមួយដែលគេមិនចង់លង់ឡើយ។
«មានអ្វីច្រើនជាងនេះទៀតព្រះនាង ដែលប៉ាម៉ាក់នាងត្រូវឱបដៃមើល ហើយធ្វើអីអត់បាន!»
ប្រុសកម្លាខ្លួនឯងជាមួយ ថ្គាមដែលតឹងភ្ជាប់សាច់ដុំកំហឹង។
«យើងនឹងទៅឌីហ្សាញអាវមែនទេ?»
ស្រីសរសេរមក។ ប្រុសក្រឡេកឃើញ ហើយជ្រួញចិញ្ចើម។ គេសើចបញ្ឈឺ រួចចុចនិយាយ៖
«ស្រមៃខ្ពស់ម៉េះ? ប្តីក្រណាស់ ទិញភ្នួងជនបទៗទៅបានហើយ!»
ធូរទ្រូងណាស់បានលេងសម្តីដាក់នាង ស្រាប់តែនាងសរសេរមកវិញ៖
«បាន! អូខេ!»
បានហើយ ថែមអូខេទៀត?
«កុំព្យាយាមបំប្លែងរឿងនេះ ឱ្យទៅជារឿងនិទានមនោសញ្ចេតនាព្រះនាង!» ស៊ីណានគិតទាំងមុខមាំ «ខ្ញុំនឹងរៀបការជាមួយយើង ឱ្យយើងពាក់ត្រកូលរបស់ខ្ញុំជាស្លាកដែលឃុំគ្រងជីវិតយើងមកជាចំណាប់ខ្មាំងរបស់ខ្ញុំ ព្រះនាង!» គេគិតទាំងញញឹមកាចៗ។
ប្រុសរ៉ឺយែចតឡានក្នុងចំណតផ្ទះតូចហើយក្រឡេកមើលសារអក្សរថ្មី «ល្ងាចនេះមែនទេ?» គេសើចហួសចិត្ត។ ជាមួយនឹង រូបរាងសង្ហា រឹងមានះ ទឹកមុខត្រជាក់ដូចមនុស្សចាស់ ភាពមិនអត់ឱន និងមិនព្រមចុះចាញ់គរទាញទ្វារបើក ហើយមាត់និយាយ៖
«ប្រញាប់ផ្សំដំណេក?»
លែងមានសារនាងទៀតហើយ។ ប្រុសដឹងដែរថា ពាក្យនេះនឹងធ្វើឱ្យនាងឈប់មាយាមករកគេ។ គេចង់ផ្ចង់ខ្លួនសម្រាក ក្នុងភាពស្ងប់ស្ងាត់មួយ។
ជាមួយចរន្តទឹកក្នុងបន្ទប់តូច ដែលនៅសល់ស្រមោលនិងក្លិនខ្លួននួនស្រី សង្រ្គាមរវាងអារម្មណ៍ល្អ ជាមួយគំនុំសងសឹក មិនស្រួលសម្រាប់បុរសម្នាក់នេះអត់ធន់ទេ។
ការសងសឹកនិងភាពទន់ភ្លន់នៃស្នេហាលើនួនល្អង បានធ្វើឱ្យបងញញឹមមិនចេញ ព្រោះវិលវល់។ ច្រត់ដៃទាំងពីរ សម្លឹងរាងកាយខ្លួនឯងដែលអាក្រាតក្រហមនិងរឹងមាំ ក្នុងផ្ទាំងកញ្ចក់។
«ឯងនឹងធ្វើបាបគេ ក្នុងផ្ទះនេះ ឃុំគ្រងជីវិតគេ រួចបំផ្លាញគេ?»
ប្រុសងើបមុខមកវិញ…..កញ្ចក់នៅពីមុខកំពុងឆ្លុះបញ្ចាំងពីបុរសម្នាក់ដែលមានកែវភ្នែកមុត ទឹកមុខស្រពោនដោយការហត់នឿយនិងការតតាំងយ៉ាងឈឺចាប់ជាមួយអារម្មណ៍ខ្លួនឯង។ គេនឹកដល់បណ្តាសន្ទនាញ៉ិកញ៉ក់ដាក់គ្នា…..«កុំបារម្ភអីព្រះនាង! មាណពមានវិធីផ្ទាល់ខ្លួនតាមការពារព្រះនាង!»«ក្រៅពីខ្លួន គ្មានអ្នកណាគេធ្វើអីខ្ញុំទាំងអស់!»។
«ខ្ញុំធ្វើអីយើងខ្លះ?» ប្រុសសួរទៅក្នុងកញ្ចក់ជាមួយនឹងតំណក់ទឹកដែលបានស្រក់ចេញពីសរសៃសក់សើម។ បុរសចាប់គែមថ្មម៉ាបតឹងជាងមុន។ កែងដៃរបស់គេប្រែជាបង្កើនចលនារំលេចសាច់ដុំដែលកំពុងតានតឹង។ សំណើមពីចំហាយទឹកផ្កាឈូក មិនបានធ្វើឱ្យទ្រូងនេះល្ហែល្ហើយបានឡើយ ព្រោះការអាណិតជ្រៅមួយ លាក់បាំងនៅក្នុងនោះ នៅក្នុងស្រោម«សងសឹក»។
«វីន!»
គេហៅនាងខ្សោយហើយបិទភ្នែក បែរខ្នងផ្អែកទៅនឹងធ្នើម៉ាប។ នៅតែអាចមានអារម្មណ៍ថា មានវត្តមានរបស់នាង ក្នុងផ្ទះនេះ។ ក្លិនក្រអូបរបស់ស្រី បីដូចជាផ្កាម្លិះ អណ្តែតនៅគ្រប់ជ្រុងនៃជីវិតគេ ប្រឆាំងនឹងហេតុផលនានាក្នុងលោកនេះ។
ការចងចាំនូវរាល់ការសម្លឹងពីតូចស្រី ជាក្រសែភ្នែកពោរពេញដោយការតស៊ូទៅនឹងការឈឺចាប់មួយដែលនាងមិនបានព្យាយាមលាក់។
ការសម្លឹងនោះ ក្រសែភ្នែកនោះបានលងបន្លាចគេ លើសពីតណ្ហាតែជាអារម្មណ៍នៃការហួងហែងចង់បានមកឱបក្រសោប យកជារបស់គេ….ជាកម្មសិទ្ធិផ្តាច់មុខ។
«យើង….ជារបស់ខ្ញុំ…..ព្រះនាង!»
គេវាចាតិចៗ ទាំងកែវភ្នែកក្រហម។
វគ្គ
កូនក្រមុំតូច
នៅក្នុងហាងកាហ្វេតូចមួយសម្រាប់អភិជន អ្នកស្រីជីរ៉ាបានណាត់ចួបបន្ទាន់ជាមួយជំទាវមាលាក្រោយបែកធ្លាយរឿងរៀបការបន្ទាន់ ឯកូនកំលោះមិនមែនយុទ្ធ។
«អ៊ីចឹងមាលា!» ជីរ៉ានិយាយដោយបង្វិលម្រាមដៃស្រាលៗលើពែងកាពូឈីណូ «ដំណឹងថាឯងលេបសម្តីជាការពិត?»
«ហ៊ឹម! គូដណ្តឹង! ភ្ជាប់ពាក្យពីក្មេង ប៉ាគេទើបតែរកឃើញ!»
«អូ? ហើយ….ហើយប្រសិនបើនេះជាការបញ្ចប់នៃអនាគតរបស់ដាវីន ក៏ឯងព្រម? មិនមែនឯងទេមាលា ខ្ញុំមិនជឿ! ឯងឯណា នឹងពេញចិត្តកូនប្រសាធ្វើការធម្មតាៗនៅធនាគារនោះ?»
សមថា មិត្តសម្លាញ់បានដឹងគ្រប់យ៉ាងពីស៊ីណានហើយ មាលាក៏លែងមានលេសអីមកយកមុខមាត់ មានតែរុញតាមដំណើររឿងទោះបីជាភាពមិនស្រួលមួយបានឆ្លងលើទឹកមុខ ក៏ជំទាវមាលានេះអាចបិទបាំងយ៉ាងរហ័សដោយស្នាមញញឹមក្លែងក្លាយដែលបានអនុវត្តមកជាប្រចាំ។
នាងលើកកែវមកផឹកដើម្បីពន្យាអារម្មណ៍មួយភ្លែតទើបឆ្លើយ៖
«ជីរ៉ា កុំបារម្ភ ប្តីកូនវីន ប្រហែលជាគ្នា….មិនទាន់មានឱកាសសាងកិត្យានុភាព! តែ…មិនយូរទេ!….គេមានសមត្ថភាព….ប៉ាគេជាដុកទ័រ….DNAខ្ពស់!»
«DNA??! ពិតណាស់» ជីរ៉ាធ្វើជាងក់ក្បាលឌឺដង ទាំងដែលភ្នែកទាំងគូបានប្រាប់មកថា ស្ត្រីអភិជនម្នាក់នេះនិយាយកុហកអារម្មណ៍ខ្លួនឯង។
ភាពស្ងប់ស្ងាត់របស់មាលាគឺលើសពីការខកចិត្ត មើលទៅប្រហែលជាជំទាវមានមហិច្ឆតានេះរងអ្វីម្យ៉ាង ហើយប្រហែលជាមានគំនាបធ្ងន់ បានជាជីរ៉ាមិនទាន់ហ៊ានដេញដោល។
នៅតាមផ្លូវ ជីរ៉ាម្នាក់នេះខលរកយុទ្ធភ្លាម។
«ម៉ាក់» កំលោះអភិជនយុទ្ធលើកហ្វូនមកទទួលនិងស្វាគមន៍ម្តាយចុងគេ ក្នុងសព្ទសំឡេងស្ងប់ស្ងាត់។
«កូនប្រុសខ្ញុំបានដឹងទេថា រឿងដាវីនដែលទារផ្តាច់ពាក្យពីកូន តាមពិតមកពីប្តីប្រពន្ធនោះស្លាក់ចំពោះអតីតកាលមិនមែនបេះដូងដាវីនទេ!»
«អតីតកាលអីទៅម៉ាក់?»
«ស៊ីណានប្រហែលមកទារសន្យាចាស់! គឺ….តាំងពីម៉ែនដានិងមាលានៅក្ររហាម!»
«ហ៊ឹម!» កំលោះមិនចូលចិត្តការនិយាយអស់នេះទេ គេធុញ «កូនរវល់បន្តិច រៀបឯកសារជិតប្រជុំ!» ពេលស្ត្រីកំពុងខកចិត្ត យុទ្ធបន្តក្នុងទឹកដមសំឡេងរឹងមាំ «សូមគ្រប់គ្នាគោរពការសម្រេចចិត្តរបស់ដាវីន! នេះជាជីវិតឯកជន!»
«អូ អូខេ!» ម្តាយចុងនិយាយទាំងសំឡេងតឹងព្រោះអាម៉ាស់។ ការហៅទូរសព្ទត្រូវបានបញ្ចប់ ប៉ុន្តែគំនិតរបស់អ្នកស្រីជីរ៉ាបានទៅរកកន្លែងផ្សេងរួចទៅហើយ។ ប្តូរទៅទូរសព្ទទីពីរ នាងបានចុចលេខផ្សេង។
«រ៉ានី!» ជីរ៉ា និយាយដោយមុខស្មើមិនសប្បាយចិត្ត «ខ្ញុំត្រូវការបញ្ជីស្រីអភិជនក្មេងៗ ខ្ញុំរកគូដណ្តឹងថ្មីដែលស័ក្តិសមនឹងកូនយុទ្ធ!»
នៅខាងជំទាវមាលាឯណេះវិញ មិនសប្បាយចិត្តជាខ្លាំង ប៉ុន្តែបើមិនស្វាមីគាត់ព្រមានថា យករឿងទាំងអស់ប្រាប់ប៉ូលិស ក៏គាត់មិនរៀបការកូនឱ្យស៊ីណានងាយដែរ។
មិនខុសគ្នាប៉ុន្មាន ពេលនេះដេវីឌបានសម្រុកចូលទៅក្នុងបន្ទប់ម្ដាយជាមួយកែវភ្នែកទាំងគូឆេះដោយភាពបន្ទាន់និងមិនសុខចិត្ត។
«ផែនដីរលំហើយមែនទេបានជាម៉ាក់ឱ្យដាវីនរៀបការជាមួយអាម្នាក់ហ្នឹង?» សំឡេងកូនប្រុសញាប់ញ័របង្ហាញថាគេមិនចង់ជឿ ហើយមានកំហឹងលើរឿងនេះ។ លោកជំទាវមាលា ងើបមុខពីកន្លែងអង្គុយក្បែរតុធំដែលនិយមទុកធ្វើការងារក្រុមហ៊ុន។ ជាមួយអាការៈស្ងប់ស្ងាត់បិទបាំងភាពចលាចលនៅក្នុងទ្រូង លោកជំទាវបិទTablet ដែលឆែកអំពីកម្មវិធីរៀបការខាងអ្នករៀបចំផ្ញើមក។
ពេលបានចួបនឹងភ្នែកខឹងឆ្ងល់របស់កូនប្រុស ជំទាវនិយាយបន្លប់៖
«ដេវីឌ នេះជាការចង់បានរបស់ដាវីន! ប៉ាកូន ក៏យល់ស្របដែរ ឈប់ឆោឡោទៅ!» ថ្គាមរបស់ដេវីឌក្តាប់ដោយភាពមិនជឿសោះឡើយ គេងក់ក្បាលរអ៊ូ៖
«បាត់ទៅពីរថ្ងៃ ហើយមកវិញ លេងអ៊ីចឹងហ្មង?»
ផ្ទៃមុខជំទាវមាលាបញ្ចេញទុក្ខព្រួយមួយយ៉ាងកម្រ មាត់គាត់ចរចា៖
«វីឌ នេះជារឿងស្មុគស្មាញ បើប្អូនសប្បាយចិត្ត….យើង….!»
«ទេ!»
គេនិយាយហើយចាកចេញយ៉ាងរហ័សឆ្ពោះទៅមន្ទីរពេទ្យរកប្អូនស្រីតែមួយគត់របស់គេ។
ព្រះអាទិត្យពេលព្រឹកបញ្ចេញពន្លឺស្រាលៗតាមបង្អួចនៃមន្ទីរពេទ្យដែលបំភ្លឺជញ្ជាំងពណ៌សក្បុស។ ដាវីនអង្គុយនៅលើគ្រែពេទ្យក្រឡេកមើលទៅលោកឪពុកដែលឈរបែរខ្នងក្នុងសួន។
ភ្លាមនោះ លេចស្រមោលដេវីឌបងប្រុសនាងចូលមកជាមួយការបន្លឺអន្ទះសាទទូច៖
«អាវីន! ស្តាប់បង! គ្មានការរៀបការអីទាំងអស់!»
ស្រីតូចធ្វើភ្នែកមូលក្លុំសម្លឹងកំហឹងរបស់បងប្រុស។
«បញ្ឈប់ហ្គេមឆ្កួតៗអស់នេះ ឥឡូវ!»
ដាវីនលេបទឹកមាត់។ មាណវីអាចមើលឃើញការតាំងចិត្តនៅក្នុងក្រសែភ្នែករបស់បងប្រុសជាមួយអារម្មណ៍ការពារដ៏តឹងរ៉ឹងមួយ។
ប៉ុន្តែ បងប្រុសម្នាក់នេះមិនដឹងរឿងអាស្រូវរបស់ម្តាយទេ ហើយនាងក៏គ្មានថ្ងៃលាតត្រដាងការពិតដែលបន្ថែមការឈឺចាប់ដល់ដេវីឌដែរ។
បើមិនមែនបំណុលគ្រួសារ និងហេតុផលដ៏ឈឺចាប់ជាច្រើននៅពីក្រោយអាពាហ៍ពិពាហ៍នេះ គ្រប់យ៉ាងមិនទុំជោររហ័សយ៉ាងនេះឡើយ។
ភាពស្ងាត់ស្ងៀមរបស់នាង ធ្វើឱ្យបងប្រុសសឹងថប់ដង្ហើម។ ដេវីឌដកដង្ហើមធំ៖
«មានរឿងអី?» គេឱនមកជិតហើយខ្សឹបតិចៗបំផុត «…ទោះបីជា…..ឯង….បាន….នៅជាមួយ…វា…ក៏…កុំបារម្ភ»
«ព្រោះថា សម័យនេះ គេងាយទិញប្តីមកបាន មិនថាអ៊ីចឹង?» ស៊ីណាននិយាយស្រាលៗខណៈឈានជើងចូលមកក្រោមទឹកមុខបារម្ភរបស់ដាវីន។
វីឌក្រោកមកឆ្វាច ប្អូនស្ទុះមកតាម។ ដាវីនឈរពាំងពីមុខបងប្រុស ខណៈខ្សែភ្នែកស្រទន់របស់រៀមសម្លឹងនាងមិនដកទៅណា។
វត្តមានរបស់គេទាំងស្ងប់ស្ងាត់ និងហាក់បង្កប់ទឹកមុខហួងហែង។
«ប្រាប់បងប្រុសយើងទៅ ថាយើងនេះ មិនមែនជាកម្មសិទ្ធរបស់គេទៀតទេ យើងមានអ្នកណាម្នាក់សម្រាប់ហួងហែងហើយ!»
ភ្នែករបស់ដាវីនសម្លឹងទៅស៊ីណាន ដែលបញ្ចេញការព្រមានក្នុងសព្ទសំឡេងស្ងាត់ៗ តែមានទឹកមុខស្រស់សង្ហាប្រាកដប្រជាឱ្យចិត្តនាងធូរស្រាលពីទុក្ខព្រួយក្នុងលោក។
ស្នេហានិងភាពស្និទ្ធមួយដែលកំពុងតែភ្លឺចែងចាំងរវាងពួកគេបានញ៉ាំងឱ្យដេវីឌស្ទាក់ស្ទើរចិត្តជាមួយនឹងសំណួរថា ពីរនាក់នេះស្រលាញ់គ្នាលឿនម៉្លេះ ឬពួកគេពិតជាស្គាល់គ្នាយូរហើយ? មិនសមទេ ប្អូនស្រីដ៏បរិសុទ្ធរបស់គេ។
«បងវីឌទៅសិនទៅណា៎!»
ដេវីឌសម្លក់ស៊ីណានហើយងាកមកងក់ក្បាលខូចចិត្ត ដែលអ្នកត្រូវបណ្តេញចេញគឺខ្លួនគេ។ បងប្រុសក៏ដើរថយក្រោយ ដោយក្រឡេកមើលខ្នងឪពុកដែលឈរធ្មឹងក្រៅបន្ទប់។
«អ៊ីចឹងការទៅ មិនបាច់ហៅបងប្រុសឯងទៅជូនពរទេ!» ស៊ីណានស្រែកដោយកំហឹងនៅខាងក្រៅមុនពេលគេបាត់ស្រមោលនៅក្នុងធម្មជាតិ។
ភាពស្ងៀមស្ងាត់បានផុសឡើងរវាងដាវីននិងស៊ីណាន ពេលដែលទ្វារបន្ទប់របូតបិទមកវិញ។ ស្រីម្នាក់ដ៏ស្រពោននេះ នាងមិនសម្លឹងមើលទៅឧក្រិដ្ឋជនភ្នែកស្រទន់ទៀតឡើយ។ នាងបែរខ្នងយករបស់របរហើយនិយាយ៖
«មកទទួលខ្ញុំមែនទេ! តស់!»
ក្នុងភាពតានតឹងនិយាយមិនចេញ ម៉ែនដាលែងអាចគ្រប់គ្រងលើជីវិតដាវីនទៀតហើយ។ ជាមួយការភ័យខ្លាចនិងវិប្បដិសារី នៃសេចក្តីស្លាប់របស់ស៊ីន ដាវីននឹងក្លាយជាសំណងទៅកាន់ស៊ីណាន។
នៅលើឡានពួកគេទុកឱ្យភាពស្ងប់ស្ងាត់កំដរគ្នា។ ប្រុសមានពាក្យជាច្រើនចង់និយាយតែគេខ្លាចថា សន្ទនានេះនឹងបង្កជាការឈឺចាប់រវាងគ្នា បានជាសម្រេចចិត្តនៅស្ងាត់ស្ងៀមមានសន្តិភាពដែលមានស្រីល្អនៅក្បែរ។
រយៈពេលយូរណាស់ រហូតនាងគេងលក់ហើយភ្ញាក់ឡើង ដាវីនឃើញខ្លួនឯងទៅកន្លែងមួយដែលជាមាត់បឹង ពេញដោយរុក្ខជាតិបៃតង។
ទីនេះ គ្មានអ្វីក្រៅពីភាពសុខសាន្តកំដរពេលវេលាពន់ព្រលប់។ ពេលពួកគេមកដល់ ខ្យល់ពេលល្ងាចបក់មកត្រសៀកនិងគន្ធាបុស្បាយ៉ាងផ្អែមល្ហែម។
ពន្លឺពណ៌មាសសែនកក់ក្តៅនៃការហៀបលារបស់ដួងព្រះទិនករបានត្រងត្រាប់មកផ្គាប់ទិដ្ឋភាពចុងក្រោយនៃថ្ងៃនេះធ្វើឱ្យស្រីមានអារម្មណ៍ថា នាងអាចភ្លេចទុក្ខព្រួយបានមួយខណៈ។
ដៃប្រុសបណ្តើរនាង ដើរជាមួយគ្នាក្នុងភាពស្ងៀមស្ងាត់ មានសំឡេងតែមួយគត់គឺស្លឹកឈើស្ងួត និងការបោកបក់នៃប្រភពទឹកក្បែរៗ។
ទឹកមុខមិងមាំងក្រោកពីគេងរបស់ដាវីនបានស្រទន់មកវិញបន្តិចម្តងៗ នៅពេលពួកគេចូលដល់របងឈើមួយកម្ពស់ត្រឹមចង្កេះនាង។
កូនផ្ទះស្នាក់ ស្ងាត់ហ៊ុមព័ទ្ធដោយដើមផ្កាម្លិះនិងរុក្ខជាតិហូបផ្លែ។ ប្រុសស្អាតស៊ីណាន ក្រឡេកមើលគូជីវិតដែលមានតែភាពទន់ខ្សោយក្នុងពន្លឺភ្នែក។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ